ខ្មែរ (Khmer): Unlocked Literal Bible - Khmer Print

Updated ? hours ago # views See on WACS
ជនគណនា
ជនគណនា
ជំពូក ១

1 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេនៅក្នុងត្រសាលប្រជុំនៅទីរហោស្ថានភ្នំស៊ីណាយ។ ការនេះបានកើតឡើងនៅថ្ងៃទីមួយនៃខែទីពីរ នៅក្នុងអំឡុងឆ្នាំទីពីរបន្ទាប់ពីជនជាតិអ៊ីស្រាអែលបានចេញពីទឹកដីអេស៊ីប។ ព្រះអម្ចាស់បានមានបន្ទូលថា៖ 2 «ចូររាប់ចំនួនបុរសជនជាតិអ៊ីស្រាអែលទាំងអស់តាមអំបូរនីមួយៗ និងគ្រួសាររបស់ឪពុកពួកគេ។ ចូររាប់ពួកគេតាមឈ្មោះ។ ចូររាប់ប្រុសៗទាំងអស់ បុរសម្នាក់ៗ។ 3 គឺអ្នកដែលមានអាយុម្ភៃឆ្នាំ និងចាស់ជាង។ ចូររាប់មនុស្សទាំងអស់ដែលអាចប្រយុទ្ធបាន ដូចជាទាហានរបស់អ៊ីស្រាអែល។ អ្នក និងអ៊ើរ៉ុនត្រូវកត់ត្រាចំនួនបុរសនៅក្នុងអង្គភាពរបស់ពួកគេ។ 4 ក្នុងអំបូរនីមួយៗត្រូវមានបុរសម្នាក់ ដែលជាមេនៃអំបូរ ត្រូវបម្រើជាមួយអ្នក ក្នុងនាមជាអ្នកដឹកនាំកុលសម្ព័ន្ធរបស់គាត់។ អ្នកដឹកនាំនីមួយៗត្រូវនាំពួកប្រុសៗដែលជាអ្នកប្រយុទ្ធ ដើម្បីកុលសម្ព័ន្ធរបស់ខ្លួន។ 5 ឈ្មោះទាំងនេះគឺជាឈ្មោះរបស់អ្នកដឹកនាំដែលត្រូវចូលរួមប្រយុទ្ធជាមួយអ្នក។ មកពីកុលសម្ព័ន្ធរូបេន មានលោកអេលី‌ស៊ើរ ជា​កូន​របស់លោក​សេដេ‌អ៊ើរ 6 មកពី​កុល‌សម្ព័ន្ធ​លោកស៊ីម្មាន មានលោកស្លូមាល​ជា​កូន​របស់​លោកស៊ូរី‌សាដាយ។ 7 មកពី​កុល‌សម្ព័ន្ធ​យូដា មានលោកណាសូន​ ជា​កូន​របស់លោក​អមីណា‌ដាប់។ 8 មកពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ មានលោកនេថា‌​នេល​ ជា​កូន​របស់លោក​ស៊ូហារ។ 9 មកពី​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន មានលោកអេលាប​ ជា​កូន​របស់លោក​ហេឡូន។ 10 មកពី​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ដែលជាកូនប្រុស​របស់​លោកយ៉ូសែប មានលោកអេលី‌សាម៉ា ​ជា​កូនប្រុស​របស់​លោកអាំមី‌ហ៊ូដ មកពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ មាន​លោកកាម៉ា‌លាល​ ជា​កូន​របស់​លោកផ្តាស៊ើរ។ 11 មកពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន មាន​លោកអប៊ីដាន​ ជា​កូន​របស់​លោក​គីដា‌ហូនី។ 12 មកពី​កុល‌សម្ព័ន្ធ​ដាន់ មាន​លោកអហ៊ីយេ‌ស៊ើរ ​ជា​កូន​របស់​​លោកអាំមី‌សាដាយ។ 13 មកពី​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ មាន​លោកប៉ាគី‌ហ៊ាល​ ជា​កូន​របស់​​លោកអូក្រាន។ 14 មកពី​កុល‌សម្ព័ន្ធ​កាដ មាន​លោកអេលា‌សាប់ ​ជា​កូន​របស់​​លោកដេហូ‌អែល។ 15 មកពី​កុល‌សម្ព័ន្ធ​ណែប‌ថាលី មាន​លោកអហ៊ី‌រ៉ា​ ជា​កូន​របស់​​លោកអេណាន់។ 16 បុរសទាំងនេះគឺជាអ្នកដែលបានជ្រើសរើសពីប្រជាជន។ ពួកគេជាមេដឹកនាំនៃកុលសម្ព័ន្ធបុព្វបុរសរបស់ពួកគេ។ ពួកគេគឺជាអ្នកដឹកនាំរបស់អំបូរនៅក្នុងអ៊ីស្រាអែល។ 17 លោកម៉ូសេ និងលោកអ៊ើរ៉ុនបានយកបុរសទាំងនេះ ដែលបានកត់ឈ្មោះ 18 និងរួមជាមួយពួកប្រុសៗដែលបានប្រមូលពីសហគមន៍អ៊ីស្រាអែលទាំងអស់នៅក្នុងថ្ងៃទីមួយនៃខែទីពីរ។ ពេលនោះ បុរសម្នាក់ៗមានអាយុម្ភៃឆ្នាំឡើងទៅ បានបានបង្ហាញអត្តសញ្ញាណនៃវង្សត្រកូលរបស់ពួកគេ។ ពួកគេបានចុះឈ្មោះអំបូរ និងគ្រួសារ​ ព្រមទាំងតាមពូជពង្ស ដែលពីមកខ្សែស្រឡាយរបស់ពួកគេ។ 19 នោះ លោកម៉ូសេបានកត់ត្រាចំនួនរបស់ពួកគេនៅក្នុងទីរហោស្ថានស៊ីណាយ ដូច ព្រះអម្ចាស់បានបង្គាប់ដល់គាត់ឲ្យធ្វើ។ 20 មកពីពូជពង្សរបស់​​រូបេន ដែលត្រូវជា​កូន​ច្បង​របស់​លោក​អ៊ីស្រា‌អែល រាប់​តាម​ឈ្មោះរៀងខ្លួន និង ប្រុសៗ​ទាំង​អស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នឹង​អាច​ចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាម​អំបូរដូនតា និងតាម​គ្រួសារ​របស់ពួកគេ។ 21 មកពីកុលសម្ព័ន្ធរូបេន ពួកគេរាប់បុរសបានចំនួន ៤៦, ៥០០នាក់។ 22 មកពីពូជពង្សរបស់លោក​ស៊ីម្មាន រាប់​តាម​ឈ្មោះរៀងខ្លួន និង​ប្រុសៗ​ទាំង​អស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឬចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាម​អំបូរដូនតា និងតាម​គ្រួសាររបស់ពួកគេ។ 23 មក​ពីកុល‌សម្ព័ន្ធ​ស៊ីម្មាន​ ពួកគេរាប់បុរសបានចំនួន​ ៥៩, ៣០០ នាក់។ 24 មកពីពូជពង្សរបស់​លោក​កាដ រាប់​តាម​ឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និងចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។ 25 មកពី​កុល‌សម្ព័ន្ធ​​កាដ​ ពួកគេរាប់បុរស​បាន​ចំនួន ៤៥, ៦៥០ នាក់។ 26 មកពីពូជពង្សរបស់លោក​យូដា រាប់​តាមឈ្មោះរៀងខ្លួន និងបុរស​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឬចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។ 27 មកពី​កុល‌សម្ព័ន្ធ​​យូដា​ ពួកគេរាប់​បុរសបានចំនួន ៧៤, ៦០០ នាក់។ 28 មកពីពូជពង្សរបស់​លោក​អ៊ីសា‌ខារ រាប់​តាម​ឈ្មោះរៀងខ្លួន និងបុរសទាំងអស់ ​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឬចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។ 29 មកពី​កុល‌សម្ព័ន្ធ​​អ៊ីសា‌ខារ ពួកគេរាប់បុរសបានចំនួន ៥៤, ៤០០​នាក់។ 30 មកពីពូជពង្សរបស់​លោក​សាប់យូ‌ឡូន រាប់​តាមឈ្មោះរៀងខ្លួន និងបុរសទាំងអស់ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និងចាស់ជាង ដែល​អាច​ចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។ 31 មកពី​កុល‌សម្ព័ន្ធ​​សាប់យូ‌ឡូន​ ពួកគេរាប់បុរសបានចំនួន ៥៧, ៤០០ នាក់។ 32 មកពីពូជពង្សរបស់​លោក​អេប្រាអ៊ីម កូនប្រុសរបស់​លោក​យ៉ូសែបរាប់​តាម​ឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់ដែលមានអាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និងចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន ​គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។ 33 មកពីកុល‌សម្ព័ន្ធ​​អេប្រាអ៊ីម​ ពួកគេរាប់បុរសបានចំនួន ៤០, ៥០០ នាក់។ 34 មកពីពូជពង្សរបស់លោក​ម៉ាណា‌សេ រាប់​តាមឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និងចាស់ជាង ដែល​អាចចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។ 35 មកពី​កុល‌សម្ព័ន្ធ​​ម៉ាណា‌សេ ពួកគេរាប់បុរសបានចំនួន ៣២, ២០០ នាក់។ 36 មកពីពូជពង្សរបស់លោក​បេន‌យ៉ាមីន រាប់​តាមឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​ចាស់ជាង ដែលអាច​ចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។ 37 មកពី​កុល‌សម្ព័ន្ធ​​លោកបេន‌យ៉ាមីន​ ពួកគេរាប់បុរសបានចំនួន ៣៥, ៤០០ នាក់។ 38 មកពីពូជពង្សរបស់លោក​ដាន់ រាប់​តាម​ឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់ ​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​ចាស់ជាង ដែលអាច​ចេញទៅធ្វើសង្គ្រាម​បាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។ 39 មកពី​កុល‌សម្ព័ន្ធ​​ដាន់ ពួកគេរាប់បុរស​បាន​ចំនួន ៦២, ៧០០ នាក់។ 40 មកពីពូជពង្សរបស់លោក​អេ‌ស៊ើរ រាប់​តាមឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់ ​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ចាស់ជាង ដែល​អាច​ចេញទៅធ្វើសង្គ្រាមបាន គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។ 41 មកពី​កុល‌សម្ព័ន្ធ​​អេ‌ស៊ើរ ពួកគេរាប់បុរស​បាន​ចំនួន ៤១, ៥០០ នាក់។ 42 មកពីពូជពង្សរបស់​លោក​ណែប‌ថាលី រាប់​តាមឈ្មោះរៀងៗខ្លួន និងបុរសទាំងអស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និងចាស់ជាង ដែលអាចចេញទៅធ្វើសង្គ្រាមបាន ​គឺកត់ត្រាតាមអំបូរដូនតា និងគ្រួសាររបស់ពួកគេ។ 43 មកពី​កុល‌សម្ព័ន្ធ​​ណែប‌ថាលី ពួកគេរាប់បុរស​បាន​ចំនួន ៥៣, ៤០០ នាក់។ 44 លោកម៉ូសេ និងលោកអ៊ើរ៉ុនបានរាប់បុរសទាំងអស់នេះ ជាមួយនឹងបុរសទាំងដប់ពីរ ដែលនឹកនាំកុលសម្ព័ន្ធទាំងដប់ពីរបស់អ៊ីស្រាអែល។ 45 ដូច្នេះ បុរសទាំងអស់របស់អ៊ីស្រាអែលចាប់តាំងពីអាយុម្ភៃឆ្នាំឡើងទៅ និងចាស់ជាង មនុស្សទាំងអស់អាចចេញទៅធ្វើសង្គ្រាមបាន ត្រូវបានរាប់តាមគ្រួសារនីមួយៗរបស់ពួកគេ។ 46 ពួកគេរាប់បានបុរសចំនួន ៦០៣, ៥៥០ នាក់។ 47 ប៉ុន្តែ បុរសដែលមានពីពូជពង្សរបស់លេវីមិនបានរាប់ទេ 48 ពីព្រោះព្រះអម្ចាស់បានមានបន្ទូលនឹងលោកម៉ូសេថា៖ 49 «អ្នកមិនត្រូវរាប់កុលសម្ព័ន្ធលេវី ឬបូកបញ្ចូលពួកគេនៅក្នុងចំនួនសរុបរបស់ប្រជាជនអ៊ីស្រាអែលឡើយ។ 50 ផ្ទុយទៅវិញ ត្រូវតែងតាំងពួកលេវីឲ្យមើលថែព្រះពន្លានៃសម្ពន្ធមេត្រី និងថែរក្សាគ្រឿងបរិក្ខារ នៅក្នុងព្រះពន្លា និងអ្វីៗដែលនៅក្នុងព្រះពន្លានោះ។ ពួកលេវីត្រូវសែងព្រះពន្លា ហើយពួកគេត្រូវសែងគ្រឿងបរិក្ខាររបស់ព្រះពន្លាផងដែរ។ ពួកគេត្រូវថែរក្សាព្រះពន្លា ហើយត្រូវតាំងជំរំនៅជុំវិញព្រះពន្លាដែរ។ 51 នៅពេលព្រះពន្លាត្រូវរើសចេញទៅកន្លែងផ្សេងទៀត ពួកលេវីត្រូវរើព្រះពន្លាចេញ។ នៅពេលព្រះពន្លាត្រូវដំឡើង ពួកលេវីត្រូវដំឡើងវាវិញ។ អ្នកដទៃដែលចូលមកជិតព្រះពន្លា ត្រូវសម្លាប់ចោល។ 52 នៅពេលជនជាតិអ៊ីស្រាអែលដំឡើងត្រសាលរបស់ពួកគេ បុរសម្នាក់ៗត្រូវធ្វើធ្វើនៅជិតទង់ជ័យដែលជាកម្មសិទ្ធិរបស់អង្គភាពរបស់ខ្លួន។ 53 ប៉ុន្តែ ពួកលេវីត្រូវដំឡើងត្រសាលរបស់ពួកគេនៅជុំវិញព្រះពន្លានៃសម្ពន្ធមេត្រី ដើម្បីកុំឲ្យសេចក្តីក្រោធរបស់យើងធ្លាក់មកលើអ៊ីស្រាអែល។ ពួកលេវីត្រូវថែរក្សាព្រះពន្លានៃសម្ពន្ធមេត្រី»។ 54 ប្រជាជនអ៊ីស្រាអែលធ្វើតាមការនេះទាំងអស់។ ពួកគេធ្វើគ្រប់យ៉ាងតាមដែលព្រះអម្ចាស់បានបង្គាប់តាមរយៈលោកម៉ូសេ។

ជំពូក ២

1 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ និងលោកអ៊ើរ៉ុនម្តងទៀត។ ព្រះអង្គមានបន្ទូលថា៖ 2 «ជនជាតិអ៊ីស្រាអែលម្នាក់ៗត្រូវបោះជំរំនៅជុំវិញទង់ជ័យរៀងខ្លួន នៅក្បែរទង់ជ័យផ្ទះឪពុករបស់ពួកគេ។ ពួកគេនឹងបោះជំរំនៅជុំវិញត្រសាលប្រជុំនៅគ្រប់ជ្រុង។ 3 អស់អ្នកដែលបោះជំរំនៅខាងកើតត្រសាលប្រជុំ ជាកន្លែងថ្ងៃរះ គឺជាកុលសម្ព័ន្ធរបស់លោកយូដា ហើយពួកគេបោះជំរំតាមអង្គភាពរបស់ពួកគេ។ លោក​ណាសូន ជា​កូន​របស់​លោក​អមីណា‌ដាប់ គឺជាមេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​លោកយូដា។ 4 ចំនួនប្រជាជន​របស់​យូដា​មាន​ចំនួន ៧៤, ៦០០ នាក់។ 5 កុល‌សម្ព័ន្ធ​របស់អ៊ីសា‌ខារ​បានបោះ​ជំរំ​នៅជិតកុល‌សម្ព័ន្ធ​លោកយូដា។ លោកនេថា‌​នេល ជា​​កូន​របស់​​​លោកស៊ូហារគឺ​ជាមេ​ដឹក​នាំ​ទាហានរបស់​លោក​អ៊ីសា‌ខារ។ 6 អង្គ‌ភាព​របស់​គាត់​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៥៤, ៤០០ នាក់។ 7 កុល‌សម្ព័ន្ធ​របស់លោកសាប់យូ‌ឡូនត្រូវ បោះជំរំនៅជិត​លោកអ៊ីសា‌ខារ​។ លោក​អេលាប ជា​កូន​របស់​​លោកហេឡូន គឺជាមេ​ដឹក​នាំទាហាន​របស់​​លោកសាប់យូ‌ឡូន។ 8 អង្គ‌ភាព​របស់​គាត់​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៥៧, ៤០០ នាក់។ 9 ចំនួនប្រជាជនដែលនៅក្នុងជំរំរបស់លោកយូដាទាំងអស់មានចំនួន ១៨៦, ៤០០​ នាក់។ ពួកគេនឹងចេញដំណើរមុនគេ។ 10 នៅប៉ែកខាងត្បូងត្រូវតែជាជំរំរបស់លោករូបេននៅក្រោមទង់ជ័យរបស់ពួកគេ។ មេដឹកនាំជំរំរបស់លោករូបេនគឺលោក​អេលី‌ស៊ើរ ជា​កូន​របស់​​លោកសេដេ‌អើរ។ 11 អង្គ‌ភាព​របស់​គាត់​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៤៦, ៥០០ នាក់។ 12 លោកស៊ីម្មាន​បោះ​ជំរំ​នៅជិតលោក​រូបេន។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​លោកស៊ីម្មានគឺ​លោកស្លូមាល ជា​កូន​របស់​​ស៊ូរី‌សាដាយ។ 13 ​អង្គ‌ភាព​របស់​គាត់​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៥៩, ៣០០ នាក់។ 14 កុល‌សម្ព័ន្ធ​កាដនៅបន្ទាប់នោះ។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​កាដ គឺលោក​អេលី‌សាប ជា​កូន​របស់​លោក​ដេហ៊ូ‌អែល។ 15 ​អង្គ‌ភាព​របស់​គាត់​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៤៥, ៦៥០ នាក់។ 16 ចំនួនរបស់អ្នកដែលបានរាប់នៅក្នុងជំរំរបស់លោករូបេន ​សរុប​ទាំង​អស់​មាន​ចំនួន ១៥១, ៤៥០ នាក់។ ពួកគេនឹងចេញដំណើរជាអង្គភាពទីពីរ។ 17 បន្ទាប់មក ត្រសាលប្រជុំត្រូវចេញពីជំរំជាមួយពួកលេវី គឺនៅចំកណ្តាលនៃជំរំទាំងអស់។ ពួកគេត្រូវចេញពីជំរំតាមលំដាប់ ដូចដែលពួកគេបោះជំរំដែរ។ បុរសគ្រប់រូបត្រូវនៅក្នុងកន្លែងរបស់ខ្លួន និងទង់ជ័យរបស់ខ្លួនដែរ។ 18 អង្គភាពនៃជំរំរបស់អេប្រាអ៊ីមនៅក្រោមទងជ័យរបស់ពួកគេ។ មេដឹកនាំរបស់កុលសម្ព័ន្ធអេប្រាអ៊ីមគឺលោកអេលី‌សាម៉ា ត្រូវជា​កូន​របស់​លោកអាំមី‌ហ៊ូដ។ 19 អង្គភាព​របស់​គាត់មាន​ចំនួន ៤០, ៥០០ នាក់។ 20 បន្ទាប់ពី ពួកគេគឺកុលសម្ព័ន្ធម៉ាណាសេ។ មេដឹកនាំរបស់កុលសម្ព័ន្ធលោកម៉ាណាសេគឺលោក​កាម៉ា‌លាល ត្រូវជា​កូន​របស់​លោកផ្តាស៊ើរ។ 21 អង្គភាព​របស់​គាត់មាន​ចំនួន ៣២, ២០០ នាក់។ 22 បន្ទាប់មក កុលសម្ព័ន្ធបេនយ៉ាមីន។ មេដឹកនាំរបស់កុលសម្ព័ន្ធបេន​យ៉ា​មីន​គឺ​លោកអប៊ីដាន ត្រូវជា​កូន​របស់​លោកគីដា‌ហូនី។ 23 អង្គភាព​របស់​គាត់មាន​ចំនួន ៣៥, ៤០០ នាក់។ 24 អង្គភាពទាំងអស់ដែលបានរាប់នៅក្នុងជំរំរបស់កុលសម្ព័ន្ធអេប្រាអ៊ីមមានចំនួន ១០៨, ១០០។ ពួកគេចេញ​ដំណើរ​ជាអង្គភាព​ទី​បី។ 25 នៅប៉ែកខាងជើងជាជំរំអង្គភាពកុលសម្ព័ន្ធដាន់។ មេដឹកនាំរបស់កុលសម្ព័ន្ធដាន់ គឺលោក​អហ៊ី‌យេស៊ើរ ត្រូវជា​កូន​របស់លោក​អាំមី‌សាដាយ។ 26 អង្គភាព​របស់​គាត់​មាន​ចំនួន ៦២, ៧០០ នាក់។ 27 នៅកុលសម្ព័ន្ធអេ‌ស៊ើរ​បោះ​ជំរំ​នៅជិត​កុល‌សម្ព័ន្ធ​ដាន់។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ គឺលោក​ប៉ាគី‌ហ៊ាល ត្រូវជា​កូន​របស់លោក​អូក្រាន។ 28 អង្គភាព​របស់​គាត់​មាន​ចំនួន ៤១, ៥០០ នាក់។ 29 កុល‌សម្ព័ន្ធ​ណែប‌ថាលីនៅបន្ទាប់។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​ណែប‌ថាលី គឺ​លោកអហ៊ី‌រ៉ា ត្រូវជា​កូន​របស់​លោកអេណាន។ 30 អង្គភាព​របស់​គាត់​មាន​ចំនួន ៥៣, ៤០០ នាក់។ 31 អង្គភាពដែលនៅក្រោមទង់ជ័យរបស់ដាន់​ទាំងអស់​មាន​ចំនួន ១៥៧, ៦០០ នាក់។ ពួក​គេ​ចេញ​ទៅក្រោយ​គេ​បង្អស់ ​តាម​ទង់​របស់​ពួកគេ»។ 32 អ្នកទាំងនេះគឺជាជនជាតិអ៊ីស្រាអែល រាប់តាមចំនួននៃគ្រួសាររបស់ពួកគេ។ គឺរាប់អស់អ្នកដែលនៅក្នុងជំរំរបស់ពួកគេ តាមអង្គភាពរបស់ពួកគេមានចំនួន ៦០៣, ៥៥០។ 33 ប៉ុន្តែ លោកម៉ូសេ និងលោកអ៊ើរ៉ុនមិនបានរាប់ពួកលេវីដែលនៅក្នុងចំណោមជនជាតិអ៊ីស្រាអែលទេ។ ការនេះធ្វើតាម ដូចដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។ 34 ប្រជាជនអ៊ីស្រាអែលធ្វើគ្រប់យ៉ាងតាមដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។ ពួកគេបានបោះជំរំតាមទង់ជ័យរបស់ពួកគេ។ ពួកគេចេញពីជំរំតាមអំបូររបស់ពួកគេ ទៅតាមគ្រួសារដូនតារបស់ពួកគេ។

ជំពូក ៣

1 នេះគឺជាប្រវត្តិរបស់ពូជពង្សលោកអ៊ើរ៉ុន និងលោកម៉ូសេ ពេលព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេនៅលើភ្នំស៊ីណាយ។ 2 ឈ្មោះរបស់កូនប្រុសៗរបស់លោកអ៊ើរ៉ុនគឺ លោកណាដាប់ ជា​កូន​ច្បង លោកអប៊ី‌ហ៊ូវ លោកអេឡាសារ និង​លោកអ៊ីថា‌ម៉ារ។ 3 ទាំងនេះ​គឺជា​ឈ្មោះ​កូន​ប្រុសៗ​របស់​លោក​អើរ៉ុន គឺជាអ្នកដែល​ត្រូវបាន​តែង‌តាំង​ឲ្យ​បម្រើក្នុង​មុខងារ​ជា​បូជា‌ចារ្យ។ ប៉ុន្តែ លោក​ណាដាប់ និង​លោក​អប៊ី‌ហ៊ូវបាន​បាត់​បង់​ជីវិត​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អម្ចាស់ក្នុង​ពេលដែល​អ្នក​ទាំងពីរ​យក​ភ្លើង​ដែលមិនអាចទទួលយកបានចូល​ទៅ​ថ្វាយដល់​ព្រះ‌អម្ចាស់ នៅ​ទី​រហោ‌ស្ថាន​ស៊ីណៃ។ 4 លោក​ណាដាប់ និង​លោក​អប៊ី‌ហ៊ូវ​គ្មាន​កូន​ប្រុស​ទេ ដូច្នេះ មានតែលោក​អេ‌ឡា‌សារ និង​លោក​អ៊ីថា‌ម៉ារទេ ដែលបម្រើក្នុងមុខងារ​ជា​បូជា‌ចារ្យ ជាមួយលោក​លោក​អើរ៉ុន ជា​ឪពុករបស់ពួកគេ។ 5 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖ 6 «ចូរនាំកុលសម្ព័ន្ធលេវី ហើយឲ្យពួកគេឈរនៅចំពោះបូជាចារ្យអ៊ើរ៉ុន ដើម្បីឲ្យពួកគេបានជួយដល់គាត់។ 7 ពួកគេត្រូវមានភារកិច្ចជំនួសលោកអ៊ើរ៉ុន និងសហគមន៍ នៅខាងមុខត្រសាលប្រជុំ។ ពួកគេត្រូវបម្រើនៅក្នុងព្រះពន្លា។ 8 ពួកគេត្រូវថែទាំគ្រឿងបរិក្ខារទាំងអស់នៅក្នុងត្រសាលប្រជុំ ហើយពួកគេត្រូវជួយកុលសម្ព័​ន្ធអ៊ីស្រាអែល ដើម្បីបំពេញមុខងារបម្រើនៅក្នុងព្រះពន្លា។ 9 អ្នកត្រូវប្រគល់ពួកលេវីទៅលោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោក។ ដ្បិត យើងបានប្រគល់ពួកគេទាំងអស់ ឲ្យជួយលោកដើម្បីបម្រើជនជាតិអ៊ីស្រាអែល។ 10 អ្នកត្រូវតែងតាំងលោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោកឲ្យធ្វើជាបូជាចារ្យ ប៉ុន្តែ សម្រាប់ជនបរទេស ដែលចូលមកជិត ត្រូវសម្លាប់គេចោល»។ 11 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖ 12 «មើល៍ យើងបានញែកពួកលេវីចេញពីចំណោមប្រជាជនអ៊ីស្រាអែល។ យើងបានធ្វើការនេះ ជំនួសឲ្យយកកូនប្រុសច្បង ដែលកើតនៅក្នុងចំណោមប្រជាជនអ៊ីស្រាអែល។ ពួកលេវីគឺជាកម្មសិទ្ធិរបស់យើង។ 13 កូនច្បងទាំងអស់ជារបស់យើង។ នៅថ្ងៃដែលយើងបានប្រហារកូនច្បងនៅក្នុងទឹកដីអេស៊ីប យើងបានញែកកូនច្បងរបស់អ៊ីស្រាអែលដោយឡែកសម្រាប់យើង ទាំងមនុស្ស ទាំងសត្វ។ ពួកគេជាកម្មសិទ្ធិរបស់យើង។ យើងគឺជាព្រះអម្ចាស់»។ 14 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេនៅក្នុងទីរហោស្ថានស៊ីណាយ។ ព្រះអង្គមានបន្ទូលថា៖ 15 «ចូររាប់ពូជពង្សរបស់ពួកលេវីនៅតាមគ្រួសារនីមួយៗ នៅក្នុងផ្ទះរបស់ដូនតារបស់ពួកគេ។ ចូរជំរឿនប្រុសៗទាំងអស់ចាប់តាំងពីមួយខែឡើងទៅ»។ 16 លោកម៉ូសេបានរាប់ពួកគេ តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដូចដែលព្រះអង្គបានបង្គាប់ឲ្យធ្វើ។ 17 ឈ្មោះកូនប្រុសៗរបស់ពួកលេវីមានលោកគើសូន លោកកេហាត់ និងលោក​ម៉្រារី។ 18 កូន​ប្រុសៗរបស់​លោក​គើសូន ​មាន​លោកលីបនី និង​លោកស៊ី‌ម៉ៃ។ 19 ​អំបូរដែលមកពីកូនប្រុសរបស់​លោក​កេហាត់ មាន​លោកអាំរ៉ាម លោកយីតសារ លោកហេប្រូន និងលោក​អ៊ូ‌ស៊ាល។ 20 អំបូរ​ដែលមកពីកូនប្រុសរបស់លោកម៉្រារី​ មាន​លោកម៉ាលី និងលោក​មូស៊ី។ អ្នកទាំងនេះគឺជា​អំបូររបស់ពួកលេវី ដែលរាយនាមតាមអំបូរនីមួយៗ។ 21 អំបូរលោកលីបនី និង​អំបូរលោកស៊ី‌ម៉ៃ មកពីលោក​គើសូន។ អ្នកទាំងនេះមកពី​អំបូរ​លោកគើសូន។ 22 ពួកប្រុសៗទាំងអស់ដែលមានអាយុមួយខែឡើងទៅមាន​ទាំង​អស់ ៧៥០០ នាក់។ 23 អំបូរលោក​គើសូនត្រូវ​បោះ​ជំរំ​នៅ​ទិស​ខាង​លិចព្រះ‌ពន្លា ។ 24 លោក​អេលា‌សាប់ ជា​កូន​របស់​លោក​ឡាអែលត្រូវដឹកនាំអំបូរនៃពូជពង្សរបស់លោកគើសូន។ 25 គ្រួសាររបស់លោកគើសូន ត្រូវមើលខុសត្រូវនៅ​ក្នុង​ត្រសាលប្រជុំ បូករួមទាំងព្រះពន្លាផង។ ពួកគេត្រូវមើលថែព្រះពន្លា ​ក្រណាត់​បាំង​ពី​លើព្រះពន្លា និងវាំងនន​ដែលប្រើធ្វើជាច្រក​ចូល​ត្រសាលប្រជុំ។ 26 ពួកគេត្រូវមើលថែរនាំនៅ​ទី‌លាន វាំងនន​ច្រក​ចូល​ទី‌លាន​ ដែល​ស្ថិត​នៅ​ជុំ‌វិញ​ទីលាន ព្រះ‌ពន្លា និង​អាសនៈ ព្រម​ទាំងកន្លែងថ្វាយតង្វាយផង។ ពួក​គេ​មាន​ភារ‌កិច្ច​ថែ​ទាំ​ខ្សែចងត្រសាលប្រជុំ និងរបស់​ទាំងអស់នៅក្នុង​នោះផង។ 27 អំបូរទាំងនេះមកពីលោក​កេហាត់ គឺអំបូរលោក​អាំរ៉ាម អំបូរលោក​យីតសារ អំបូរ​លោកហេប្រូន និង​អំបូរ​លោកអ៊ូ‌ស៊ាល។ អំបូរទាំងអស់នេះ មកពីអំបូរលោកកេហាត់។ 28 ប្រុសៗទាំងអស់មានចំនួន ៨៦០០ នាក់ គឺរាប់ចាប់ពីអាយុមួយខែឡើងទៅ ដើម្បីមើលថែរបស់ដែលជាកម្មសិទ្ធិរបស់ព្រះអម្ចាស់។ 29 គ្រួសារដែលមកពីពូជពង្សរបស់លោកកេហាត់ ត្រូវបោះជំរំនៅប៉ែកខាងត្បូងនៃព្រះពន្លា។ 30 លោក​អេលី‌សាផាន ជា​កូន​របស់​លោក​អ៊ូ‌ស៊ាលត្រូវធ្វើជាមេដឹកនាំអំបូរលោកកេហាត់។ 31 ពួកគេត្រូវទទួល​ខុសត្រូវខាងហឹប​នៃ​សម្ពន្ធ‌មេត្រី តុ​ ជើង​ចង្កៀង កន្លែងថ្វាយតង្វាយ គ្រឿង​បរិក្ខារ​ដែលពួកគេប្រើប្រាស់នៅក្នុង​ទីបរិសុទ្ធ មានវាំងនន​ខាង​ក្នុង និង​របស់ផ្សេងៗ​ទៀត​ដែល​នៅ​ក្នុង​ទីបរិសុទ្ធ។ 32 លោក​អេ‌ឡា‌សារ ជា​កូន​របស់​លោក​បូជា‌ចារ្យ​អើរ៉ុនត្រូវធ្វើជាមេដឹកនាំលើអស់អ្នកដែលដឹកនាំពួកលេវី។ គាត់នឹង​មើល​ខុស​ត្រូវ​លើ​អស់​អ្នក​ដែល​បំពេញ​មុខងារ​ក្នុង​ទីបរិសុទ្ធ។ 33 អំបូរពីដែលមកពីលោក​ម៉្រារី​គឺ​អំបូរ​លោកម៉ាស់‌លី និងលោក​អំបូរម៉ូស៊ី។ 34 អំបូរទាំងនេះមកពីលោកម្រ៉ារី។ ប្រុសៗទាំងអស់មានចំនួន៦២០០ នាក់ ដែលបានរាប់ចាប់តាំងពីអាយុមួយខែឡើងទៅ។ 35 លោក​ស៊ូរី‌អែល ជា​កូន​របស់​លោក​អប៊ី‌ហែលត្រូវដឹកនាំអំបូរលោកម្រ៉ារី។ ពួក​គេ​ត្រូវបោះ​ជំរំ​នៅ​ខាង​ជើង​ព្រះ‌ពន្លា។ 36 ពូជពង្សរបស់លោកម្រ៉ារីត្រូវទទួលខុសត្រូវលើស៊ុមរបស់ព្រះពន្លា រនុក សសរ ជើងទ្រ ព្រម​ទាំង​បរិក្ខារ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​សម្រាប់​ប្រើ‌ប្រាស់​ជា​មួយ​គ្រឿង​ទាំង​នោះ បូករួមទាំង 37 សសរ និងបង្គោលរបស់ទីលានដែលនៅជុំវិញព្រះពន្លា ជើង​សសរ ចម្រឹង និង​ខ្សែ​ចង​ដែរ។ 38 លោកម៉ូសេ និងលោកអ៊ើរ៉ុន ព្រមទាំងកូនប្រុសៗរបស់គាត់ ត្រូវបោះជំរំនៅប៉ែកខាងកើតនៃព្រះពន្លា នៅខាងមុខត្រសាលប្រជុំ ទល់មុខនឹងថ្ងៃរះ។​ ពួកគេត្រូវទទួលខុសត្រូវលើការបំពេញភារកិច្ចនៅក្នុងទីបរិសុទ្ធ និងទទួលខុសត្រូវលើអ៊ីស្រាអែល។ ជនបរទេសណាដែលចូលមកក្នុងទីបរិសុទ្ធត្រូវសម្លាប់ចោល។ 39 លោកម៉ូសេ និងលោកអ៊ើរ៉ុនបានរាប់ប្រុសៗទាំងអស់នៅក្នុងអំបូរលោកលេវី ចាប់តាំងពីអាយុមួយខែឡើងទៅ ដូចដែលព្រះអម្ចាស់បានបង្គាប់។ ពួកគេរាប់បានប្រុសៗចំនួន ពីរម៉ឺនពីរពាន់នាក់។ 40 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេឲ្យ «ជំរឿនកូនច្បងរបស់ប្រជាជនអ៊ីស្រាអែលទាំងអស់ ដែលមានអាយុចាប់តាំងពីមួយខែឡើងទៅ។ ធ្វើបញ្ជីឈ្មោះរបស់ពួកគេ។ 41 អ្នកត្រូវនាំពួកគេលេវីមកឲ្យយើង ជំនួសកូនច្បងរបស់ប្រជាជនអ៊ីស្រាអែលទាំងអស់ និងហ្វូងសត្វរបស់ពួកលេវីដែរ ជំនួសឲ្យហ្វូងសត្វរបស់ពូជពង្សអ៊ីស្រាអែលដែរ យើងជាព្រះអម្ចាស់»។ 42 លោកម៉ូសេបានរាប់កូនច្បងរបស់ប្រជាជនអ៊ីស្រាអែលទាំងអស់ ដូចព្រះអម្ចាស់បានបង្គាប់ឲ្យលោកធ្វើ។ 43 លោកបានរាប់កូនប្រុសច្បងទាំងអស់តាមឈ្មោះ និងអាយុចាប់ពីមួយខែឡើងទៅ។ លោករាប់បានទាំងអស់ចំនួន ២២, ២៧៣​នាក់។ 44 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេម្តងទៀត។ ព្រះអង្គមានបន្ទូលថា៖ 45 «ចូរយកពួកលេវីជំនួស កូនច្បងដែលនៅក្នុងចំណោមប្រជាជនអ៊ីស្រាអែលទាំងអស់ ហើយត្រូវយកហ្វូងសត្វរបស់ពួកលេវីជំនួសហ្វូងសត្វរបស់ប្រជាជនដែរ។ ពួកលេវីជាកម្មសិទ្ធិរបស់យើង យើងគឺជាព្រះអម្ចាស់។ 46 អ្នកត្រូវប្រមូលប្រាក់ប្រាំសេកែល សម្រាប់ជាលោះកូនច្បងរបស់ប្រជាជនអ៊ីស្រាអែលដែលមានចំនួន ២៧៣នាក់ ដែលបានលើសចំនួនរបស់ពួកលេវី។ 47 អ្នកត្រូវប្រើប្រាក់សេកែលនៅក្នុងទីបរិសុទ្ធ តាមរង្វាល់របស់អ្នក។ ប្រាក់សេកែលមានតម្លៃស្មើម្ភៃកេរ៉ា។ 48 អ្នកត្រូវបង់ថ្លៃលោះដែលអ្នកត្រូវបង់សម្រាប់លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោក»។ 49 ដូច្នេះ លោកម៉ូសេបានប្រមូលប្រាក់បង់សម្រាប់លោះពីអស់អ្នកដែលើសពីចំនួននៃពួកលេវី។ 50 លោកម៉ូសេបានប្រមូលប្រាក់ពីកូនច្បងរបស់ប្រជាជនអ៊ីស្រាអែល។ លោកប្រមូលបានប្រាក់ចំនួន ១៣៦៥ សេកែល តាមទម្ងន់សេកែលនៅក្នុងទីបរិសុទ្ធ។ លោកម៉ូសេប្រគល់ប្រាក់លោះទៅលោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោក។ 51 លោកម៉ូសេបានធ្វើតាមអ្វីៗទាំងអស់ដែលព្រះអម្ចាស់បានបង្គាប់ឲ្យលោកធ្វើ ហើយបានធ្វើដូចដែលព្រះអម្ចាស់បានបង្គាប់ដល់លោក។

ជំពូក ៤

1 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ និងលោកអ៊ើរ៉ុន។ ព្រះអង្គមានបន្ទូលថា៖ 2 «ចូរធ្វើការរាប់ចំនួនប្រុសៗនៅក្នុងពូជពង្សរបស់លោកកេហាត់ ពីក្នុងចំណោមពួកលេវី តាមអំបូរ និងគ្រួសារដូនតារបស់ពួកគេ។ 3 ចូររាប់ចំនួនប្រុសៗទាំងអស់ដែលមានអាយុសាមសិប ទៅហាសិបឆ្នាំ។ ប្រុសៗទាំងនេះត្រូវចូលរួមបម្រើនៅក្នុងត្រសាលប្រជុំ។ 4 ពូជពង្សរបស់កេហាត់ត្រូវទទួលខុសត្រូវលើរបស់ដ៏បរិសុទ្ធបំផុតដែលបានបម្រុងទុកសម្រាប់យើងនៅក្នុងត្រសាលប្រជុំ។ 5 នៅពេលដែលជំរំរៀបនឹងចេញដំណើរទៅមុខទៀត លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោកត្រូវចូលទៅក្នុងព្រះពន្លា ហើយយកវាំងននដែលបែងចែកទីបរិសុទ្ធបំផុតពីទីបរិសុទ្ធចុុះ ហើយគ្របហឹបនៃទីបន្ទាល់ជាមួយនឹងវាំងនននោះ។ 6 ពួកគេត្រូវគ្របហឹបជាមួយនឹងស្បែកផ្សោត។ ពួកគេត្រូវលាតក្រណាត់ពណ៌ខៀវពីលើវា។ ពួកគេត្រូវស៊កឈើស្នែងដើម្បីសែងវា។ 7 ពួកគេត្រូវគ្របក្រណាត់ពណ៌ខៀវនៅតុនំប៉័ងដែលនៅចំពោះព្រះអម្ចាស់។ ពួកគេត្រូវដាក់ចាន ស្លាបព្រា ចាន និងថូតសម្រាប់ចាក់។ 8 នំប៉័ងត្រូវតែរក្សានៅលើតុជានិច្ច។ ពួកគេត្រូវគ្រប់របស់ទាំងនោះដោយក្រណាត់ពណ៌ក្រហម ហើយនិងស្បែកផ្សោតពីលើមួយជាន់ទៀត។ ពួកគេត្រូវស៊កឈើស្នែងសម្រាប់សែងតុនោះ។ 9 ពួកគេត្រូវយកក្រណាត់ពណ៌ខៀវ ហើយគ្របពីលើជើងចង្កៀង និងពីលើចង្កៀង ឃ្នាប​ប្រឆេះ ភាជន៍​ដាក់​កម្ទេច និង​ដប​ប្រេង​ទាំង​ប៉ុន្មាន សម្រាប់​ដុត​ចង្កៀង​នោះ។ 10 ពួកគេត្រូវដាក់ជើងចង្កៀង និងគ្រឿងបរិក្ខារទាំងអស់ទៅក្នុងស្បែកផ្សោត ហើយពួកគេត្រូវដាក់របស់ទាំងនោះប្រដាប់សម្រាប់សែង។ 11 ពួកគេត្រូវយកក្រណាត់ពណ៌ខៀវគ្របពីលើកន្លែងថ្វាយតង្វាយមាស។ ពួកគេត្រូវគ្របវាដោយស្បែកផ្សោត ហើយត្រូវស៊កឈើស្នែងដើម្បីសែងដែរ។ 12 ពួកគេត្រូវយកគ្រឿងបរិក្ខារទាំងអស់សម្រាប់បម្រើការនៅក្នុងទីបរិសុទ្ធ ហើយត្រូវបត់វាដាក់នៅក្នុងក្រណាត់ពណ៌ខៀវ។ ពួកគេត្រូវគ្របវាដោយស្បែកផ្សោត ហើយដាក់គ្រឿងបរិក្ខារទាំងអស់នោះនៅលើប្រដាប់សែង។ 13 ពួកគេត្រូវយកផេះចេញពីកន្លែងថ្វាយតង្វាយ ហើយយកក្រណាត់ពណ៌ខៀវគ្របពីលើកន្លែងថ្វាយតង្វាយនោះ។ 14 ពួកគេត្រូវដាក់គ្រឿងបរិក្ខារទាំងអស់ដែលពួកគេប្រើសម្រាប់កិច្ចការនៅកន្លែងថ្វាយតង្វាយនោះនៅនៅលើប្រដាប់សែង។ របស់របរទាំងនោះគឺគឺ​មាន​ភាជន៍​ដាក់​រងើក​ភ្លើង សម ប្រដាប់​ចូក ផើង និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ទៀត​សម្រាប់កន្លែងថ្វាយតង្វាយ។ ពួកគេត្រូវគ្របកន្លែងថ្វាយតង្វាយដោយ​ស្បែក​ផ្សោត​ ហើយត្រូវ​ស៊ក​ឈើស្នែង​សម្រាប់​សែងផង។ 15 ពេលលោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោកគ្របរបស់នៅក្នុងទីបរិសុទ្ធ និងគ្រឿងបរិក្ខារអស់ហើយ ហើយពេលជំរំរើទៅមុខទៀត នោះពូជពង្សរបស់កេហាត់ត្រូវចូលមកសែងរបស់នៅក្នុងទីបរិសុទ្ធនោះ។ ប្រសិនបើ ពួកគេបានសម្ភារបរិសុទ្ធ ពួកគេត្រូវស្លាប់។ នេះគឺជាកិច្ចការរបស់ពូជពង្សលោកកេហាត់ គឺសែងគ្រឿងបរិក្ខារនៅក្នុងត្រសាលប្រជុំ។ 16 លោកអេឡាសារ​ជា​កូន​របស់​បូជា‌ចារ្យ​អើរ៉ុន ទទួល​ខុស​ត្រូវ​លើ​ប្រេង​សម្រាប់​ចង្កៀង គ្រឿង​ក្រអូប តង្វាយ​ម្សៅ​ប្រចាំ និង​ប្រេង​សម្រាប់​ពិធី​លាប​ប្រេង។ លោក​ក៏​មើល​ខុស​ត្រូវ​លើ​ព្រះ‌ពន្លា​ទាំង​មូល និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ព្រះ‌ពន្លា ព្រម​ទាំង​ទីបរិសុទ្ធ និង​គ្រឿង​បរិក្ខារ​ផ្សេងៗ នៅ​ក្នុង​ទីបរិសុទ្ធដែរ»។ 17 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ និងលោកអ៊ើរ៉ុន។ ព្រះអង្គមានបន្ទូលថា៖ 18 «កុំអនុញ្ញាតឲ្យកុលសម្ព័ន្ធនៃអំបូរកេហាត់រើចេញពីក្នុងចំណោមពួកលេវីឡើយ។ 19 ចូរការពារពួកគេ ធ្វើបែបនេះ នោះពួកគេនឹងបានរស់ មិនត្រូវស្លាប់ឡើយ។ ពេលពួកគេចូលមកក្នុងទីបរិសុទ្ធបំផុត 20 ពួកគេមិនត្រូវចូលទៅក្នុងហើយមើលទីបរិសុទ្ធឡើយ ដ្បិត នៅពេលណាគេមើល​ ពួកគេនឹងស្លាប់មិនខាន។ លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោកត្រូវចាត់តាំងពួកកេហាត់ឲ្យធ្វើការរបស់ពួកគេ នៅធ្វើការនៅក្នុងភារកិច្ចពិសេសរបស់ពួកគេ»។ 21 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេម្តងទៀត។ ព្រះអង្គមានបន្ទូលថា៖ 22 «ចូររាប់ពូជពង្សរបស់លោក​គើសូនផងដែរ តាមគ្រួសារដូតារបស់ពួកគេ តាមអំបូររបស់ពួកគេ។ 23 ចូររាប់អស់អ្នកដែលមានអាយុសាមសិប ទៅហាសិបឆ្នាំ។ ចូររាប់ចំនួនពួកគេដែលចូលរួមបម្រើនៅក្នុងត្រសាលប្រជុំទាំងអស់។ 24 នេះគឺជាកិច្ចការអំបូរ​គើសូន ពេលពួកគេបម្រើ និងអ្វីដែលពួកគេសែង។ 25 ពួកគេត្រូវសែងវាំងននរបស់ព្រះពន្លា ត្រសាលប្រជុំ គម្របរបស់វា និងគម្របស្បែកផ្សោតដែលនៅលើវា ហើយនិងវាំងននសម្រាប់ច្រកចូលនៅក្នុងត្រសាលប្រជុំ។ 26 ពួកគេត្រូវសែងវាំងនននៃទីលានដែរ និងវាំងននសម្រាប់ច្រកចូលទ្វារទីលាន ដែលនៅជិតព្រះពន្លា និងជិតកន្លែងថ្វាយតង្វាយ ខ្សែចង និងគ្រឿងបរិក្ខារទាំងអស់សម្រាប់កិច្ចការបម្រើរបស់ពួកគេ។ អ្វីក្តីដែលត្រូវ​ធ្វើជាមួយនឹងការទាំងនេះ ពួកគេត្រូវធ្វើវា។ 27 លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់លោកគឺជាអ្នកចង្អុលបង្ហាញកិច្ចការពូជពង្សរបស់លោកគើសូន និងអ្វីៗដែលត្រូវដឹកជញ្ជូន ព្រមទាំងកិច្ចការទាំងអស់ដែលពួកគេបម្រើ។ អ្នកត្រូវចាត់តាំងពួកគេសម្រាប់ទំនួលខុសត្រូវរបស់ពួកគេទាំងអស់។ 28 នេះគឺជាកិច្ចការបម្រើអំបូររបស់ពូជពង្ស​គើសូន សម្រាប់ត្រសាលនៃការជួបជុំ។ លោក​អ៊ីថា‌ម៉ារ ជា​កូន​របស់​បូជា‌ចារ្យ​អើរ៉ុន ត្រូវដឹកនាំពួកគេនៅកិច្ចការរបម្រើរបស់ពួកគេ។ 29 អ្នកត្រូវរាប់អំបូរលោកម្រ៉ារី តាមអំបូររបស់ពួកគេ ហើយចាត់លំដាប់ពួកគេតាមគ្រួសារនៃដូនតារបស់ពួកគេ។ 30 ត្រូវរាប់ចាប់ពីអាយុសាមសិបឡើងទៅរហូតដល់អាយុហាសិបឆ្នាំ។ រាប់មនុស្សគ្រប់គ្នាដែលនឹងចូលរួម ហើយបម្រើនៅក្នុងត្រសាលប្រជុំ។ 31 នេះគឺជាទំនួលខុសត្រូវរបស់ពួកគេ និងកិច្ចការរបស់ពួកគេនៅក្នុងការបម្រើនៅត្រសាលប្រជុំ។ ពួកគេត្រូវមើលខុសត្រូវលើបន្ទះ​ក្ដារ​របស់​ព្រះ‌ពន្លា រនុក សសរ និង​ជើងទ្រ សសរ 32 និង​ជើង​ទ្រនៅ​ជុំ‌វិញ​ទី‌លាន ចម្រឹង ខ្សែ​សន្ធឹង ព្រម​ទាំង​គ្រឿង​បរិក្ខារ និង​អ្វីៗ​ទាំង​អស់​ដែល​ប្រើ‌ប្រាស់​ជា​មួយ។ ត្រូវ​រាយ​មុខ​ឈ្មោះ​របស់​ទាំង​នោះ ឲ្យ​ពួក​គេ​សែង។ 33 នេះគឺជាកិច្ចការបម្រើរបស់អំបូរនៃពូជពង្សលោកម្រ៉ារី និងអ្វីដែលពួកគេធ្វើសម្រាប់ត្រសាលប្រជុំនៅក្រោមការណែនាំរបស់លោកអ៊ីថា‌ម៉ារ កូនប្រុសរបស់បូជាចារ្យអ៊ើរ៉ុន»។ 34 លោកម៉ូសេ និងលោកអ៊ើរ៉ុន ព្រមទាំងអ្នកដឹកនាំនៅក្នុងសហគមន៍បានរាប់ពូជពង្សរបស់កេហាត់តាមអំបូរនៃគ្រួសារដូនតារបស់ពួកគេ។ 35 ពួកគេបានរាប់អំបូរកេហាត់ចាប់ពីអាយុសាមសិបឡើងទៅរហូតដល់ហាសិបឆ្នាំ។ ពួកគេរាប់មនុស្សគ្រប់គ្នាដេលចូលរួមដើម្បីបម្រើនៅក្នុងត្រសាលប្រជុំ។ 36 ពួកគេរាប់បានប្រុសៗទាំងអស់មានចំនួន ២, ៧៥០ នាក់ តាមអំបូររបស់ពួកគេ។ 37 លោកម៉ូសេ និងលោកអ៊ើរ៉ុនបានរាប់បុរសទាំងអស់ និងគ្រួសារនៃកេហាត់ដែលបម្រើនៅក្នុងត្រសាលប្រជុំ។ ធ្វើបែបនេះ ពួកគេបានស្តាប់បង្គាប់តាមអ្វីដែលព្រះអម្ចាស់បានបង្គាប់ដល់ពួកគេ ឲ្យធ្វើតាមរយៈលោកម៉ូសេ។ 38 ពូជពង្សរបស់លោកគើសូនត្រូវបានរាប់តាមអំបូររបស់ពួកគេ តាមគ្រួសារដូនតារបស់ពួកគេដែរ។ 39 ចាប់ពីអាយុសាមសិបឆ្នាំឡើងទៅរហូតដល់អាយុហាសិបឆ្នាំ គឺមនុស្សគ្រប់គ្នាដែលចូលរួមបម្រើនៅក្នុងត្រសាលប្រជុំ។ 40 ប្រុសៗទាំងអស់ដែលរាប់បានតាមអំបូររបស់ពួកគេ និងតាមគ្រួសារដូនតារបស់ពួកគេ មានចំនួន ២, ៦៣០នាក់។ 41 លោកម៉ូសេ និងលោកអ៊ើរ៉ុនបានរាប់អំបូរនៃពូជពង្សរបស់លោកគើសូន ដែលអាចបម្រើនៅក្នុងត្រសាលប្រជុំ។ ធ្វើបែបនេះ ពួកគេបានស្តាប់បង្គាប់តាមអ្វីដែលព្រះអម្ចាស់បានបង្គាប់ដល់ពួកគេឲ្យធ្វើតាមរយៈលោកម៉ូសេ។ 42 ពូជពង្សរបស់លោកម្រ៉ារីត្រូវបានរាប់តាមអំបូរ និងតាមគ្រួសារដូនតារបស់ពួកគេដែរ។ 43 ចាប់ពីអាយុសាមសិបឆ្នាំ រហូតដល់ហាសិបឆ្នាំ មនុស្សគ្រប់គ្នាដែលអាចចូលរួមបម្រើនៅក្នុងត្រសាលប្រជុំ។ 44 ប្រុសៗទាំងអស់ដែលរាប់បានតាមអំបូរ និងតាមគ្រួសារដូនតារបស់ពួកគេមានចំនួន ៣, ២០០ នាក់។ 45 លោកម៉ូសេ និងលោកអ៊ើរ៉ុនបានរាប់បុរសទាំងអស់នេះ នៅក្នុងពូជពង្សរបស់ម្រ៉ារី។ ធ្វើបែបនេះ ពួកគេបានស្តាប់បង្គាប់តាមអ្វីដែលព្រះអម្ចាស់បានបង្គាប់ដល់ពួកគេឲ្យធ្វើតាមរយៈលោកម៉ូសេ។ 46 ដូច្នេះ លោកម៉ូសេ និងលោកអ៊ើរ៉ុន ព្រមទាំងអ្នកដឹកនាំរបស់អ៊ីស្រាអែលបានរាប់ពួកគេលេវីទាំងអស់តាមអំបូរ នៅក្នុងគ្រួសារនៃដូនតារបស់ពួកគេ។ 47 ចាប់ពីអាយុសាមសិបឆ្នាំដល់ហាសិបឆ្នាំ។ ពួកគេរាប់មនុស្សគ្រប់គ្នាដែលអាចធ្វើការនៅក្នុងព្រះពន្លាបាន និងអ្នកដែលអាចសែង និងមើលថែសម្ភារនៅក្នុងត្រសាលប្រជុំដែរ។ 48 ពួកគេរាប់បានប្រុសៗចំនួន ៨, ៥៨០នាក់។ 49 លោកម៉ូសេបានរាប់មនុស្សម្នាក់ៗ ហើយបន្តរាប់តាមប្រភេទនៃការងារដែលតែងតាំងឲ្យពួកគេធ្វើតាមបង្គាប់របស់ព្រះអម្ចាស់។ គាត់បានរាប់មនុស្សម្នាក់ៗតាមប្រភេទនៃទំនួលខុសត្រូវដែលពួកគេអាចទទួលបាន។ ធ្វើបែបនេះ ពួកគេបានស្តាប់បង្គាប់តាមអ្វីដែលព្រះអម្ចាស់បានបង្គាប់ឲ្យពួកគេធ្វើតាមរយៈលោកម៉ូសេ។

ជំពួក ៥

1 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖ 2 «ចូរបង្គាប់ដល់ប្រជាជនអ៊ីស្រាអែលឲ្យបណ្តេញអ្នកណាដែលមានជំងឺឃ្លង់ និងអ្នកដែលមានជំងឺកាមរោគ ព្រមទាំងអ្នកដែលមិនស្អាតដោយសារប៉ះជាមួយសាកសពចេញពីជំរំ។ 3 មិនថាប្រុស ឬស្រីទេ អ្នកត្រូវបណ្តេញពួកគេចេញពីជំរំ។ ពួកគេមិនត្រូវធ្វើឲ្យជំរំមិនស្អាតឡើយ ព្រោះយើងរស់នៅក្នុងជំរំនោះ»។ 4 ប្រជាជនអ៊ីស្រាអែលក៏ធ្វើដូច្នោះ។ ពួកគេបានបណ្តេញអ្នកទាំងនោះចេញពីជំរំ ដូចព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។ ប្រជាជនអ៊ីស្រាអែលបានស្តាប់បង្គាប់ព្រះអម្ចាស់។ 5 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេម្តងទៀត។ ព្រះអង្គមានបន្ទូលថា៖ 6 «ចូរប្រាប់ដល់ជនជាតិអ៊ីស្រាអែល។ នៅពេលមនុស្សប្រុស ឬស្រ្តីណាប្រព្រឹត្តបាប ដូចជាប្រជាជនធ្វើដល់គ្នាទៅវិញទៅមក ហើយមិនស្មោះត្រង់ជាមួយយើង អ្នកនោះមានកំហុសហើយ។ 7 នៅពេលពួកគេសារភាពបាប ដែលខ្លួនបានធ្វើនោះ។​ អ្នកនោះត្រូវបង់ថ្លៃនៃអំពើបាបរបស់គាត់ ដោយបូកជាមួយតម្លៃមួយជាប្រាំបន្ថែម។ អ្នកនោះត្រូវប្រគល់ការនេះទៅអ្នកដែលគាត់បានធ្វើខុស។ 8 ប៉ុន្តែ ប្រសិនបើ អ្នកនោះមិនមានញាតិជិតស្និទដើម្បីទទួលសំណងទេ គាត់ត្រូវបង់ថ្លៃសម្រាប់កំហុសរបស់គាត់មកឲ្យយើង តាមរយៈបូជាចារ្យ ជាមួយនឹងចៀមឈ្មោលមួយ ទុកជាថ្លៃលោះបានគាត់។ 9 តង្វាយរបស់ជនជាតិអ៊ីស្រាអែលទាំងអស់ អ្វីដែលត្រូវញែកដោយឡែក ហើយត្រូវនាំទៅជូនបូជាចារ្យ ដោយប្រជាជនអ៊ីស្រាអែលផ្ទាល់នោះ នឹងត្រូវជាកម្មសិទ្ធិរបស់គាត់។ 10 តង្វាយរបស់មនុស្សគ្រប់រូបនឹងត្រូវជារបស់បូជាចារ្យ ប្រសិនបើ អ្នកណាម្នាក់ថ្វាយអ្វីមួយទៅឲ្យបូជាចារ្យ វានឹងក្លាយជាកម្មសិទ្ធិរបស់គាត់»។ 11 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេម្តងទៀត។ ព្រះអង្គមានបន្ទូលថា៖ 12 «ចូរប្រាប់ដល់ជនជាតិអ៊ីស្រាអែល ប្រាប់ពួកគេថា៖ «ឧបមាថា ប្រពន្ធរបស់បុរសម្នាក់បានបែរចេញពីគាត់ ហើយធ្វើបាបទាស់នឹងប្តីរបស់នាង។ 13 ហើយ ឧបមាថា មានបុរសម្នាក់ទៀតមកគេងជាមួយនាង។ នៅក្នុងករណីនេះ នាងបានប្រព្រឹត្តអំពើសៅហ្មងហើយ។ ទោះបីជាប្តីរបស់នាងមិនបានឃើញ ឬមិនដឹងក៏ដោយ ឬទោះបើគ្មាននរណាចាប់បាននៅអំពើ និងគ្មាននរណាធ្វើបន្ទាល់ទាស់នាងក៏ដោយ។ 14 លើសពីនេះ វិញ្ញាណនៃការប្រច័ណ្ឌអាចកើតមាននៅក្នុងប្តីរបស់នាងដែលប្រពន្ធបានប្រព្រឹត្តអំពើសៅហ្មង។ ប៉ុន្តែ វិញ្ញាណនៃការប្រច័ណ្ឌអាចកើតឡើងដោយមិនត្រឹមត្រូវទៅលើបុរសម្នាក់ នៅពេលប្រពន្ធរបស់គាត់មិនបានប្រព្រឹត្តអំពើសៅហ្មងក្តី។ 15 នៅក្នុងករណីនេះ បុរសអាចនាំប្រពន្ធរបស់ខ្លួនទៅរកបូជាចារ្យ។ ប្តីត្រូវបានតង្វាយច្រូចសម្រាប់នាង។ គាត់ត្រូវនាំយក​ម្សៅ​បី​គីឡូ​ក្រាម ជា​តង្វាយ​សម្រាប់​នាង​ទៅ​ជា​មួយ​ផង។ គាត់មិនត្រូវចាក់ប្រេង ឬគ្រឿងក្រអូបនៅលើវាឡើយ ព្រោះជាតង្វាយគ្រាប់ធញ្ញជាតិនៃ​ការ​ប្រច័ណ្ឌ និងតង្វាយគ្រាប់ធញ្ញជាតិសម្រាប់រម្លឹកពីបាប។ 16 បូជាចារ្យត្រូវនាំនាងមកជិត ហើយឲ្យនាងឈរនៅចំពោះព្រះអម្ចាស់។ 17 បូជាចារ្យត្រូវយកថូដែលមានទឹកបរិសុទ្ធ ហើយយកធូលីពីដែលនៅក្នុងព្រះពន្លាមក។ គាត់ត្រូវដាក់ដីនោះទៅក្នុងទឹក។ 18 បូជាចារ្យត្រូវឲ្យនាងនៅចំពោះព្រះអម្ចាស់ ហើយគាត់ត្រូវស្រាយចំណងសក់នៅលើក្បាលរបស់នាង។ គាត់ត្រូវដាក់ដៃរបស់នាងទៅលើតង្វាយគ្រាប់ធញ្ញជាតិនៃការរម្លឹក គឺជាតង្វាយគ្រាប់ធញ្ញជាតិនៃការសង្ស័យ។ បូជាចារ្យត្រូវកាន់ទឹកដែលល្វីងនៅក្នុងដៃរបស់គាត់ដែលអាចនាំបណ្តាសា។ 19 បូជាចារ្យត្រូវឲ្យស្ត្រីនោះស្បថ ហើយត្រូវនិយាយទៅនាងថា៖ «ប្រសិនបើ បើនាងគ្មានទំនាក់ទំនងផ្លូវភេទជាមួយបុរសណាទេ ហើយប្រសិនបើ នាងមិនបានដើរផ្លូវខុស ហើយប្រព្រឹត្តអំពើមិនស្អាតស្អំទេ ដូច្នេះ នាងមានសេរីភាពពីទឹកល្វីងនេះ ដែលអាចនាំបណ្តាសាដល់នាងហើយ។ 20 ប៉ុន្តែ ប្រសិនបើ នាងនៅក្រោមអំណាចរបស់ប្តី ហើយប្រសិនបើ នាងបានប្រព្រឹត្តអំពើសៅហ្មង ហើយប្រសិនបើ នាងបានដេកជាមួយបុរសផ្សេង 21 ដូច្នេះ (បូជាចារ្យត្រូវឲ្យនាងស្បថ ហើយអាចនាំបណ្តាសាដល់នាង ហើយបន្ទាប់មក គាត់ត្រូវបន្តនិយាយជាមួយនាងទៀត) ព្រះអម្ចាស់នឹងធ្វើឲ្យនាងទទួលបណ្តាសា ហើយនឹងបង្ហាញដល់ប្រជាជនរបស់នាងបានដឹង។ ការនេះនឹងកើតឡើង ប្រសិនបើ ព្រះអម្ចាស់នឹង​ធ្វើ​ឲ្យ​នាង​ក្លាយ​ទៅ​ជា​ស្ត្រី​អារ និង​ធ្វើ​ឲ្យ​នាង​ប៉ោង​ពោះ ហើយ​ប្រជា‌ជន​យក​ឈ្មោះ​នាង​ទៅ​ដាក់​បណ្ដាសា​គ្នា។ 22 ទឹកនេះដែលនឹងនាំបណ្តាសានឹងចូលទៅក្នុងពោះរបស់នាង ធ្វើ​ឲ្យ​ពោះ​នាង​ប៉ោង​ឡើង ហើយ​ភ្លៅ​នាង​រលួយ!»។ ហើយ​ស្ត្រី​នោះ​ត្រូវ​ឆ្លើយ​ថា៖ ចាស៎! សូមឲ្យការនោះបានកើតឡើងចុះ ប្រសិនបើ ខ្ញុំបានធ្វើខុសមែន។ 23 បូជាចារ្យត្រូវសរសេរបណ្តាសាទាំងនេះនៅលើក្រាំមួយ ហើយបន្ទាប់មក គាត់ត្រូវលាងសម្អាតបណ្តាសាដែលបានសរសេរដោយទឹកល្វីងនោះ។ 24 បូជាចារ្យត្រូវធ្វើទឹកល្វីងដែលនាំបណ្តាសាឲ្យស្រ្តីផឹក។ ទឹកដែលនាំបណ្តាសានឹងចូលទៅក្នុងនាង ហើយត្រឡប់ទៅជាល្វីង។ 25 បូជាចារ្យត្រូវយកតង្វាយធញ្ញជាតិជាតង្វាយនៃការប្រច័ណ្ឌចេញពីដៃរបស់ស្រ្តីនោះ។ គាត់ត្រូវលើកតង្វាយធញ្ញជាតិឡើងនៅចំពោះព្រះអម្ចាស់ ហើយយកវាមកកន្លែងថ្វាយតង្វាយ។ 26 បូជាចារ្យត្រូវយកតង្វាយធញ្ញជាតិមួយក្ដាប់ តំណាងឲ្យតង្វាយនោះ ហើយដុតវានៅលើកន្លែងថ្វាយតង្វាយ។ បន្ទាប់មក គាត់ត្រូវប្រគល់ទឹកល្វីងឲ្យស្រ្តីនោះផឹក។ 27 នៅពេលគាត់ប្រគល់ទឹកឲ្យនាងផឹក ហើយប្រសិនបើ នាងសៅហ្មងដោយសារនាងបានធ្វើបាបទាស់នឹងប្តីរបស់នាង នោះដែកដែលនាំបណ្តាសានឹងចូលទៅក្នុងនាង នឹងត្រឡប់ទៅជាល្វីង។ ស្ត្រី​នោះ​នឹង​ត្រូវ​បណ្ដាសា ហើយ​ប្រជា‌ជន​នឹង​យក​ឈ្មោះ​នាង​ទៅ​ដាក់​បណ្ដាសា​គ្នា។ 28 ប៉ុន្តែ ប្រសិន​បើ ​នាង​មិនបាន​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មងទេ ហើយប្រសិនបើ នាងជាមនុស្សស្តាតស្អំ ដូច្នេះ នាងនឹងបានរួចខ្លួន។ ហើយ​នាង​នឹង​មាន​កូន​ចៅបាន។ 29 នេះគឺជាច្បាប់នៃការប្រច័ណ្ឌ។ វាគឺជាច្បាប់សម្រាប់ស្ត្រីដែលវង្វេងពីប្តីរបស់នាង ហើយបានប្រព្រឹត្តអំពើសៅហ្មង។ 30 វាគឺជាច្បាប់សម្រាប់បុរសដែលមានវិញ្ញាណនៃការប្រច័ណ្ឌ ពេលគាត់ប្រច័ណ្ឌជាមួយប្រពន្ធរបស់គាត់។ គាត់ត្រូវនាំស្រ្តីនោះមកចំពោះព្រះអម្ចាស់ ហើយបូជាចារ្យត្រូវធ្វើតាមសេចក្តីដែលបានរៀបរាប់នៅក្នុងច្បាប់នៃការប្រច័ណ្ឌនេះគ្រប់យ៉ាង។ 31 បុរសនឹងមានសេរីភាពពីកំហុសដោយសារនាំប្រពន្ធរបស់គាត់មកកាន់បូជាចារ្យ។ ស្រី្តត្រូវត្រូវទទួលកំហុសដែលនាងបានធ្វើ»។

ជំពូក ៦

1 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖ 2 «ចូរប្រកាសដល់ប្រជាជនអ៊ីស្រាអែល។ ចូរប្រាប់ដល់ពួកគេថា៖ «ពេលបុរស ឬស្រ្តីណាម្នាក់បានញែកខ្លួនឯងសម្រាប់ព្រះអម្ចាស់ដោយសម្បថពិសេសជា​អ្នក​ណា‌សារីត គាត់ត្រូវ​ញែកខ្លួនឯងចេញពីស្រាទំពាំងបាយជូរ ហើយនឹងគ្រឿងស្រវឹង។ 3 គាត់មិនត្រូវផឹកទឹកទំពាំងបាយជូរ ឬហូបទំពាំងបាយជូរស្រស់ ឬទំពាំងបាយជូរក្រៀមក្តី។ 4 ក្នុងពេលដែលគាត់ញែកខ្លួនដល់យើង គាត់មិនត្រូវហូបអ្វីដែលធ្វើឡើងពីទំពាំងបាយជូរឡើយ បូករួមទាំងគ្រាប់ ឬសំបកវាដែរ។ 5 នៅក្នុងអំឡុងពេលដែលគាត់ស្ថិតនៅក្នុងសម្បថនៃការញែកខ្លួនថ្វាយព្រះ មិនត្រូវឲ្យគាត់ប្រើកំបិតកោរក្បាលរបស់គាត់ឡើយ រហូតដល់ថ្វៃកំណត់នៃការញែកខ្លួនដោយឡែកថ្វាយព្រះអម្ចាស់បានសម្រេច។ គាត់ត្រូវញែកខ្លួនដោយឡែកថ្វាយព្រះអម្ចាស់។ គាត់ត្រូវអនុញ្ញាឲ្យសក់គាត់នៅវែងនៅលើក្បាលរបស់គាត់។ 6 នៅក្នុងអំឡុងពេលដែលញែកខ្លួនថ្វាយព្រះអម្ចាស់ គាត់មិនត្រូវចូលទៅជិតមនុស្សស្លាប់ឡើយ។ 7 គាត់មិនត្រូវធ្វើឲ្យខ្លួនគាត់មិនស្អាតឡើយ ទោះបីជាសាកសពរបស់ឪពុក ម្តាយ បងប្អូនប្រុសស្រីរបស់គាត់ ស្លាប់ក្តី។ នេះដោយសារគាត់បានញែកខ្លួនគាត់ដោយឡែកថ្វាយព្រះជាម្ចាស់ មនុស្សគ្រប់គ្នាអាចស្គាល់គាត់ដោយសារគាត់មានសក់វែង។ 8 ក្នុងអំឡុងពេលដែលគាត់ញែកដោយឡែកថ្វាយព្រះអម្ចាស់ គាត់ត្រូវបរិសុទ្ធ ថ្វាយព្រះអម្ចាស់។ 9 ប្រសិនបើ នរណាម្នាក់ស្លាប់ភ្លាមៗនៅក្បែរគាត់ ហើយធ្វើឲ្យក្បាលរបស់គាត់សៅហ្មង នោះត្រូវឲ្យគាត់កោរសក់របស់គាត់នៅថ្ងៃនោះដើម្បីធ្វើឲ្យគាត់បរិសុទ្ធ ត្រូវកោរសក់របស់គាត់នៅថ្ងៃទីប្រាំពីរ។ 10 នៅថ្ងៃទីប្រាំបី គាត់ត្រូវយកសត្វព្រាបពីរ ឬលលកជំទើរពីរទៅឲ្យបូជាចារ្យនៅត្រង់ច្រកចូលត្រសាលប្រជុំ។ 11 បូជាចារ្យត្រូវថ្វាយសត្វមួយ ទុកជាតង្វាយលោះបាប ហើយសត្វមួយទៀតថ្វាយជាតង្វាយដុត។ តង្វាយទាំងនេះជាតង្វាយលោះបាបសម្រាប់គាត់ ដោយសារគាត់បានធ្វើបាបដោយព្រោះគាត់នៅជិតសាកសព។ គាត់ត្រូវញែកសក់របស់គាត់ម្តងទៀតនៅថ្ងៃនោះ។ 12 គាត់ត្រូវញែកខ្លួនគាត់ថ្វាយព្រះអម្ចាស់ សម្រាប់ថ្ងៃនៃការញែកជាបរិសុទ្ធរបស់គាត់។ គាត់ត្រូវនាំចៀមអាយុមួយឆ្នាំ ទុកជាតង្វាយលើកលែងទោស។ នៅថ្ងៃមុនពេល គាត់ធ្វើឲ្យខ្លួនគាត់សៅហ្មងមិនបាច់រាប់ទេ ដោយសារការដែលគាត់បានញែកដោយឡែកនោះត្រូវបានសៅហ្មងហើយ។ 13 នេះគឺជាច្បាប់សម្រាប់អ្នក​ណា‌សារីត ដ្បិត នៅពេលដែលគាត់បានញែកដោយឡែកនោះបានសម្រេចហើយ។ 14 គេត្រូវនាំគាត់ទៅឯច្រកចូលត្រសាលប្រជុំ។ គាត់ត្រូវនាំយកតង្វាយរបស់គាត់មកថ្វាយព្រះអម្ចាស់។​ គាត់ត្រូវថ្វាយចៀមឈ្មោលអាយុមួយឆ្នាំដែលល្អឥតខ្ចោះមួយជាតង្វាយដុត។ គាត់ត្រូវនាំយកចៀមញីមួយអាយុមួយឆ្នាំដែលល្អឥតខ្ចោះមកថ្វាយជាតង្វាយលោះបាប។ គាត់ត្រូវនាំយកចៀមឈ្មោលដែលល្អឥតខ្ចោះមួយមកថ្វាយជាតង្វាយមេត្រី។ 15 គាត់ត្រូវនាំយកនំប៉័ងមួយល្អីជានំប៉័ងឥតមេ នំ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត​លាយ​ជា‌មួយ​ប្រេង នំ​​ឥត​មេ​ប្រោះ​ដោយ​ប្រេង ព្រម​ទាំង​តង្វាយធញ្ញជាតិ និង​តង្វាយ​ច្រួច​មក​ជា‌មួយ​ផង។ 16 បូជាចារ្យត្រូវនាំពួកគេមកចំពោះព្រះអម្ចាស់។ គាត់ត្រូវថ្វាយតង្វាយលោះបាប និងតង្វាយដុតរបស់គាត់។ 17 ជាមួយនឹងនំប៉័ងឥតមេមួយល្អី គាត់ត្រូវយកចៀមឈ្មោលទុកជាយញ្ញបូជា ជាតង្វាយមេត្រីថ្វាយដល់ព្រះអម្ចាស់។ បូជាចារ្យត្រូវនាំទាំងតង្វាយធញ្ញជាតិ និងតង្វាយច្រូចផងដែរ។ 18 អ្នក​ណាសា‌រីតត្រូវកោរសក់របស់គាត់ដែលបានញែកជាបរិសុទ្ធថ្វាយព្រះជាម្ចាស់នៅត្រង់ច្រកចូលត្រសាលប្រជុំ។ គាត់ត្រូវយកសក់របស់គាត់ ហើយដុតវាដោយភ្លើងដែលនៅក្រោមយញ្ញបូជាតង្វាយមេត្រី។ 19 បូជាចារ្យត្រូវយកស្មាររបស់ចៀមទៅស្ងោរ និងដុំនំប៉័ងឥតមេមួយដុំចេញពីកន្រ្ទក់ និងនំឥតមេមួយដុំដែរ។ គាត់ត្រូវយកនំទាំងនោះទៅលើដៃរបស់អ្នកណាសារីត បន្ទាប់ពី គាត់បានកោរសក់របស់គាត់ ដែលបានញែកចេញជាបរិសុទ្ធហើយ។ 20 បូជាចារ្យត្រូវគ្រវីនំទាំងនោះទុកជាតង្វាយនៅចំពោះព្រះអម្ចាស់ ជាចំណែកបរិសុទ្ធសម្រាប់បូជាចារ្យ ជាមួយនឹងសាច់ទ្រូងដែលបានគ្រវី និងសាច់ភ្លៅដែលបាននាំយកមកសម្រាប់បូជាចារ្យ។ បន្ទាប់មក អ្នកណាសារីនអាចផឹកស្រាបាន។ 21 នេះគឺជាច្បាប់សម្រាប់អ្នកណាសារីតជាអ្នកដែលបានស្បថនឹងថ្វាយតង្វាយរបស់គាត់ដល់ព្រះអម្ចាស់ សម្រាប់ញែកខ្លួនរបស់គាត់ជាបរិសុទ្ធ។ អ្វីៗផ្សេងទៀត ដែលគាត់អាចតង្វាយ​ គាត់ត្រូវធ្វើតាមពាក្យដែលគាត់បានស្បថ ដើម្បីធ្វើតាមច្បាប់សម្រាប់អ្នកណាសារីតនោះ»។ 22 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេម្តងទៀត។ ព្រះអង្គមានបន្ទូលថា៖ 23 «ចូរប្រាប់លោកអ៊ើរ៉ុន និងកូនប្រុសៗ រ​បស់លោកថា៖ «អ្នកត្រូវនិយាយទៅកាន់ប្រជាជនអ៊ីស្រាអែលបែបនេះ។ អ្នកត្រូវនិយាយទៅពួកគេថា៖ 24 «សូមព្រះអម្ចាស់ប្រទានពរអ្នក ហើយការពារអ្នក។ 25 សូមព្រះអម្ចាស់បែរព្រះ‌ភក្ត្ររបស់ព្រះអង្គភ្លឺមកលើអ្នក និងផ្តល់ព្រះគុណដល់អ្នក។ 26 សូមព្រះអម្ចាស់ទតមកលើអ្នកដោយព្រះគុណ និងប្រទានសន្តិភាពដល់អ្នក»។ 27 នេះគឺជារបៀបដែលពួកគេត្រូវប្រកាសនាមរបស់យើងដល់ប្រជាជនអ៊ីស្រាអែល។ ដូច្នេះ យើងនឹងប្រទានពរដល់ពួកគេ»។

ជំពូក ៧

1 នៅថ្ងៃដែលលោកម៉ូសេបានសង់ព្រះពន្លារួចរាល់ហើយ លោកបានលាបប្រេងលើវា ហើយបានញែកវាដោយឡែកថ្វាយព្រះអម្ចាស់ ជាមួយនឹងគ្រឿងបរិក្ខារផ្សេងៗទៀត។ លោកត្រូវធ្វើដូចគ្នាជាមួយនឹងកន្លែងថ្វាយតង្វាយ និងគ្រឿងបរិក្ខារបស់វាទាំងអស់ដែរ។ លោកត្រូវលាបប្រេងលើរបស់ទាំងនោះ ហើយត្រូវញែករបស់ទាំងនោះថ្វាយព្រះអម្ចាស់។ 2 នៅថ្ងៃនោះ អ្នកដឹកនាំរបស់ប្រជាជនអ៊ីស្រាអែល ពួកមេលើគ្រួសារដូនតារបស់ពួកគេ បានថ្វាយយញ្ញបូជា។ បុរសទាំងនេះគឺជាដឹកនាំកុលសម្ព័ន្ធរបស់ខ្លួន។ ពួកគេមើលការខុសត្រូវក្នុងការរាប់ពួកប្រុសៗ។ 3 ពួកគបាននាំតង្វាយរបស់ពួកគេមកចំពោះព្រះអម្ចាស់។ ពួកគបាននាំរទេះ​មាន​ដំបូល​ប្រាំមួយ និង​គោ​ដប់ពីរ។ ពួកគេបាននាំយករទេះមួយសម្រាប់​អ្នក​ដឹក‌នាំ​ពីរ​នាក់ ហើយ​អ្នកដឹកនាំម្នាក់ៗ​ថ្វាយ​គោ​មួយ។ ពួកគេ​នាំ​យក​តង្វាយ​ទាំង​នេះ​មក​ថ្វាយ​នៅ​មុខ​ព្រះពន្លា។ 4 បន្ទាប់មក ព្រះអម្ចាស់បានមានបន្ទូលមកកាន់លោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖ «ចូរទទួលតង្វាយពីពួកគេ ហើយប្រើតង្វាយនោះសម្រាប់ការងារនៅក្នុងត្រសាលប្រជុំ។ 5 ចូរឲ្យតង្វាយនោះទៅពួកលេវី ទៅពួកគេម្នាក់ៗ តាមការងាររបស់ពួកគេ»។ 6 លោកម៉ូសេបានយករទេះ និងគោ ហើយលោកបានប្រគល់ទៅឲ្យពួកលេវី។ 7 លោកបានប្រគល់រទេះពីរ និងគោបួនទៅកូនចៅរបស់លោក​គើសុន តាមត្រូវការងាររបស់ពួកគេ។ 8 លោកបានប្រគល់រទេះបួន និងគោប្រាំបីដល់កូនចៅរបស់លោកចៅ​ម្រ៉ារី នៅក្រោមការមើលខុសត្រូវរបស់លោកអ៊ីថាម៉ារ ជា​កូន​ប្រុសរបស់បូជាចារ្យ​អើរ៉ុន។ លោកបានធ្វើបែបនេះ ដោយសារ​ នោះជាតម្រូវការការងាររបស់ពួកគេ។ 9 ប៉ុន្តែ លោកមិនបានប្រគល់របស់ទាំងនោះទៅកូនចៅរបស់លោកកេហាត់ទេ ដោយសារពួកគេមិនបានធ្វើការទាក់ទងនឹងរបស់ទាំងនេះ ដែលជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ព្រោះពួកគេសែងនៅលើស្មារបស់ពួកគេ។ 10 អ្នកដឹកនាំបានថ្វាយសម្ភាររបស់ពួកគេសម្រាប់ការឧទ្ទិសកន្លែងថ្វាយតង្វាយនៅថ្ងៃដែលលោកម៉ូសេបានលាបប្រេងនៅលើកន្លែងថ្វាយតង្វាយនោះ។ អ្នកដឹកនាំបានថ្វាយយញ្ញបូជានៅខាងមុខកន្លែងថ្វាយតង្វាយនោះ។ 11 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «អ្នកដឹកនាំម្នាក់ៗត្រូវថ្វាយយញ្ញបូជារបស់ខ្លួនសម្រាប់ការឧទិ្ទសកន្លែងថ្វាយតង្វាយនោះ»។ 12 នៅថ្ងៃទីមួយ ​លោក​ណា‌សូន ដែលជា​កូន​ប្រុសរបស់​លោក​អមីណា‌ដាប់ មកពី​កុល‌សម្ព័ន្ធ​យូដាបានថ្វាយយញ្ញបូជារបស់លោក។ 13 យញ្ញបូជារបស់លោកមាន​ថាស​ប្រាក់​មួយ ទម្ងន់​មួយ​រយ​សាម‌សិប​សេកែល ចាន‌គោម​ប្រាក់​មួយ ទម្ងន់​ចិត​សិប​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធមកថ្វាយ។ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយធញ្ញជាតិ។ 14 លោកបានប្រគល់ចានមាសដែលមានទម្ងន់ដប់សេកែលដាក់​ពេញ​ដោយ​កំញាន។ 15 លោកបានថ្វាយគោស្ទាវមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយឆ្នាំមួយទុកជាតង្វាយដុត។ 16 លោកត្រូវថ្វាយពពែឈ្មោលទុកជាតង្វាយលោះបាប។ លោកថ្វាយគោពីរ ចៀមឈ្មោលប្រាំ និងពពែឈ្មោលប្រាំ ព្រមទាំងកូនចៀមឈ្មោលប្រាំ ដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់តង្វាយមេត្រី។ 17 នេះគឺជាតង្វាយរបស់លោក​ណា‌សូន ដែលជា​កូន​ប្រុសរបស់​លោក​អមីណា‌ដាប់។ 18 នៅថ្ងៃទីពីរ លោកនេថា‌នេល ដែលជា​កូន​របស់​លោក​ស៊ូហារ ត្រូវជា​មេ​ដឹក​នាំមកពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ បាននាំ​យកយញ្ញបូជា​របស់​គាត់​មក​ថ្វាយ។ 19 យញ្ញបូជារបស់គាត់មាន​ថាស​ប្រាក់​មួយ ទម្ងន់​មួយ​រយ​សាម‌សិប​សេកែល ចាន‌គោម​ប្រាក់​មួយ ទម្ងន់​ចិត​សិប​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធមកថ្វាយ។ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយធញ្ញជាតិ។ 20 លោកក៏បានប្រគល់ចានមាសដែលមានទម្ងន់ដប់សេកែលដាក់​ពេញ​ដោយ​កំញាន។ 21 លោកបានថ្វាយគោស្ទាវមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយឆ្នាំមួយទុកជាតង្វាយដុត។ 22 លោកត្រូវថ្វាយពពែឈ្មោលទុកជាតង្វាយ លោះ បាប។ 23 លោកថ្វាយគោពីរ ចៀមឈ្មោលប្រាំ និងពពែឈ្មោលប្រាំ ព្រមទាំងកូនចៀមឈ្មោលប្រាំ ដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់តង្វាយមេត្រី។ នេះគឺជាយញ្ញបូជារបស់លោកលោកនេថា‌នេល ដែលជា​កូន​របស់​លោក​ស៊ូហារ។ 24 នៅថ្ងៃទីបី លោក​អេលាប ដែលជា​កូន​ប្រុសរបស់​លោក​ហេឡូន ត្រូវជា​មេ​ដឹក​នាំ​របស់​កូនចៅលោក​សាប់យូ‌ឡូនបានថ្វាយតង្វាយរបស់គាត់។ 25 យញ្ញបូជារបស់គាត់មាន​ ថាស​ប្រាក់​មួយ ទម្ងន់​១៣០​សេកែល និងចាន‌គោម​ប្រាក់​មួយ ទម្ងន់​ចិត​សិប​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធមកថ្វាយ។ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយធញ្ញជាតិ។ 26 គាត់ក៏បានប្រគល់ចានមាសដែលមានទម្ងន់ដប់​សេកែលដាក់​ពេញ​ដោយ​កំញានផងដែរ។ 27 លោកនាំយកគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយឆ្នាំមួយមកថ្វាយជាតង្វាយដុត។ 28 លោកបាននាំយកពពែឈ្មោលមួយមកថ្វាយទុកជាតង្វាយលោះបាប។ 29 លោក​នាំយកគោពីរ ចៀមឈ្មោលប្រាំ ពពែកឈ្មោលប្រាំ និងកូនចៀមឈ្មោលប្រាំដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះគឺជាយញ្ញបូជារបស់លោក​អេលាប ដែលជា​កូន​ប្រុសរបស់​លោក​ហេឡូន។ 30 នៅថ្ងៃទីបួន លោក​អេលី‌ស៊ើរ ជា​កូន​របស់​លោក​សេដេ‌អ៊ើរ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅលោក​រូបេន បានថ្វាយយញ្ញបូជារបស់ លោក។ 31 យញ្ញបូជារបស់ លោកមាន​ថាសប្រាក់មួយទម្ងន់១៣០សេកែល និង​ចាន​គោមប្រាក់មួយទម្ងន់ចិតសិបសេ​កែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធមកថ្វាយ។ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយធញ្ញ​ជាតិ។ 32 លោកក៏បានប្រគល់​ចានមាសដែលមានទម្ងន់​ដប់​សេកែល​ ដាក់​ពេញ​ដោយ​កំញានផងដែរ។ 33 លោកនាំយកគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយឆ្នាំមួយមកថ្វាយជាតង្វាយដុត។ 34 លោកបាននាំយកពពែឈ្មោលមួយមកថ្វាយទុកជាតង្វាយលោះបាប។ 35 លោកនាំយកគោពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលប្រាំដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះគឺជាយញ្ញបូជារបស់លោក​អេលី‌ស៊ើរ ជា​កូន​របស់​លោក​សេដេ‌អ៊ើរ។ 36 នៅថ្ងៃទីប្រាំ ​លោក​ស្លូមាល ដែលជា​កូន​របស់​លោក​ស៊ូរី‌សាដាយ ត្រូវជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​លោកស៊ីម្មាន បានថ្វាយយញ្ញបូជារបស់លោក។ 37 យញ្ញបូជារបស់ លោកមាន ថាសប្រាក់មួយទម្ងន់១៣០សេកែល និងចានគោមប្រាក់មួយទម្ងន់ចិតសិបសេ​កែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធមកថ្វាយ។ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយធញ្ញជាតិ។ 38 លោកក៏បានប្រគល់​ចានមាសដែលមានទម្ងន់ដប់​សេកែល ដាក់​ពេញ​ដោយ​កំញានផងដែរ។ 39 លោកនាំយកគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយឆ្នាំមួយមកថ្វាយជាតង្វាយដុត។ 40 លោកបាននាំយកពពែឈ្មោលមួយមកថ្វាយទុកជាតង្វាយលោះបាប។ 41 លោក​នាំយកគោពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលប្រាំដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះជាយញ្ញបូជារបស់លោក​ស្លូមាល ដែលជា​កូន​របស់​លោក​ស៊ូរី‌សាដាយ។ 42 នៅថ្ងៃទីប្រាំមួយ ​លោក​អេលា‌សាប់ ដែលជា​កូន​របស់​លោក​ដេហ៊ូ‌អែល ត្រូវជា​មេ​ដឹក​នាំ​របស់​កូនលោក​ចៅ​កាដ។ 43 យញ្ញបូជារបស់គាត់មានថាសប្រាក់មួយទម្ងន់​១៣០សេកែល និងចានគោមប្រាក់មួយ​ទម្ងន់ចិតសិបសេ​កែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធមកថ្វាយ។ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយធញ្ញជាតិ។ 44 លោកក៏បានប្រគល់​ចានមាសដែលមានទម្ងន់ដប់​សេកែល ដាក់​ពេញ​ដោយ​កំញានផងដែរ។ 45 លោកនាំយកគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយឆ្នាំមួយមកថ្វាយជាតង្វាយដុត។ 46 លោកបាននាំយកពពែឈ្មោលមួយមកថ្វាយទុកជាតង្វាយលោះបាប។ 47 លោកនាំយកគោពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលប្រាំដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះគឺជាយញ្ញបូជារបស់​លោក​អេលា‌សាប់ ដែលជា​កូន​របស់​លោក​ដេហ៊ូ‌អែល។ 48 នៅថ្ងៃទីប្រាំពីរ លោក​អេលី‌សាម៉ា ដែលជា​កូន​របស់​លោក​អាំមី‌ហ៊ូដ ត្រូវជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​អេប្រាអ៊ីមបានថ្វាយយញ្ញបូជារបស់លោក។ 49 យញ្ញបូជារបស់ លោកមានថាសប្រាក់មួយទម្ងន់​១៣០សេកែល និងចាន​គោម​ប្រាក់មួយ​ទម្ងន់ចិតសិបសេ​កែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធមកថ្វាយ។ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយធញ្ញជាតិ។ 50 លោកក៏បានប្រគល់​ចានមាសដែលមានទម្ងន់ដប់​សេកែល ដាក់​ពេញ​ដោយ​កំញានផងដែរ។ 51 លោកនាំយកគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយឆ្នាំមួយមកថ្វាយជាតង្វាយដុត។ 52 លោកបាននាំយកពពែឈ្មោលមួយមកថ្វាយទុកជាតង្វាយលោះបាប។ 53 លោក​នាំយកគោពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលប្រាំដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះគឺជាយញ្ញបូជារបស់​លោក​អេលី‌សាម៉ា ដែលជា​កូន​របស់​លោក​អាំមី‌ហ៊ូដ។ 54 នៅថ្ងៃទីប្រាំបី លោក​កាម៉ា‌លាល ដែលជា​កូន​របស់​លោក​ផ្ដាស៊ើរ ត្រូវជា​មេ​ដឹក​នាំ​របស់​កូន​ចៅលោក​ម៉ាណា‌សេ បានថ្វាយយញ្ញបូជារបស់គាត់។ 55 យញ្ញបូជារបស់ លោកមានថាសប្រាក់មួយទម្ងន់​១៣០សេកែល និងចាន​គោម​ប្រាក់មួយ​ទម្ងន់ចិតសិបសេ​កែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធមកថ្វាយ។ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយធញ្ញជាតិ។ 56 លោកក៏បានប្រគល់​ចានមាសដែលមានទម្ងន់ដប់​សេកែល ដាក់​ពេញ​ដោយ​កំញានផងដែរ។ 57 លោកនាំយកគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយឆ្នាំមួយមកថ្វាយជាតង្វាយដុត។ 58 លោកបាននាំយកពពែឈ្មោលមួយមកថ្វាយទុកជាតង្វាយលោះបាប។ 59 លោកនាំយកគោពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលប្រាំដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះគឺជាយញ្ញបូជារបស់​លោក​កាម៉ា‌លាល ដែលជា​កូន​របស់​លោក​ផ្ដាស៊ើរ។ 60 នៅថ្ងៃទីប្រាំបួន លោក​អប៊ីដាន ដែលជា​កូន​របស់​លោក​គីដា‌ហូនី ត្រូវជា​មេ​ដឹក​នាំ​របស់​កូន​ចៅលោក​បេន‌យ៉ាមីន បានថ្វាយយញ្ញបូជារបស់លោក។ 61 យញ្ញបូជារបស់លោកមានថាសប្រាក់មួយទម្ងន់​១៣០សេកែល និងចាន​គោម​ប្រាក់មួយ​ទម្ងន់ចិតសិបសេ​កែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធមកថ្វាយ។ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយធញ្ញជាតិ។ 62 លោកក៏បានប្រគល់​ចានមាសដែលមានទម្ងន់ដប់​សេកែល ដាក់​ពេញ​ដោយ​កំញានផងដែរ។ 63 លោកនាំយកគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយឆ្នាំមួយមកថ្វាយជាតង្វាយដុត។ 64 លោកបាននាំយកពពែឈ្មោលមួយមកថ្វាយទុកជាតង្វាយលោះបាប។ 65 លោកនាំយកគោពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលប្រាំដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះគឺជាយញ្ញបូជារបស់​លោក​លោក​អប៊ីដាន ដែលជា​កូន​របស់​លោក​គីដា‌ហូនី។ 66 នៅថ្ងៃទីដប់ ​លោក​អហ៊ីយេ‌ស៊ើរ ដែលជា​កូន​របស់​លោក​អាំមី‌សាដាយ ត្រូវជា​មេ​ដឹក​នាំ​របស់​កូន​ចៅលោក​ដាន់បានថ្វាយយញ្ញបូជារបស់ លោក។ 67 យញ្ញបូជារបស់ លោកមាន ថាសប្រាក់មួយទម្ងន់​១៣០ សេកែល និងចាន​គោម​ប្រាក់មួយ​ទម្ងន់ចិតសិបសេ​កែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធមកថ្វាយ។ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយធញ្ញជាតិ។ 68 លោកក៏បានប្រគល់​ចានមាសដែលមានទម្ងន់ដប់​សេកែល ដាក់​ពេញ​ដោយ​កំញានផងដែរ។ 69 លោកនាំយកគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយឆ្នាំមួយមកថ្វាយជាតង្វាយដុត។ 70 លោកបាននាំយកពពែឈ្មោលមួយមកថ្វាយទុកជាតង្វាយលោះបាប។ 71 លោកនាំយកគោពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលប្រាំដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះគឺជាយញ្ញបូជារបស់​​លោក​អហ៊ីយេ‌ស៊ើរ ដែលជា​កូន​របស់​លោក​អាំមី‌សាដាយ។ 72 នៅថ្ងៃទីដប់មួយ លោក​ប៉ាគី‌ហ៊ាល ដែលជា​កូន​របស់​លោក​អូក្រាន ត្រូវជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​លោកអេ‌ស៊ើរ បានថ្វាយយញ្ញបូជារបស់លោក។ 73 យញ្ញបូជារបស់លោកមានថាសប្រាក់មួយទម្ងន់​១៣០សេកែល និងចាន​គោម​ប្រាក់មួយ​ទម្ងន់ចិតសិបសេ​កែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធមកថ្វាយ។ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយធញ្ញជាតិ។ 74 លោកក៏បានប្រគល់​ចានមាសដែលមានទម្ងន់ដប់​សេកែល ដាក់​ពេញ​ដោយ​កំញានផងដែរ។ 75 លោកនាំយកគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយឆ្នាំមួយមកថ្វាយជាតង្វាយដុត។ 76 លោកបាននាំយកពពែឈ្មោលមួយមកថ្វាយទុកជាតង្វាយលោះបាប។ 77 លោកនាំយកគោពីរ ចៀមឈ្មោលប្រាំ ពពែរឈ្មោលប្រាំ និងកូនចៀមឈ្មោលប្រាំដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះគឺជាយញ្ញបូជារបស់​​លោក​ប៉ាគី‌ហ៊ាល ដែលជា​កូន​របស់​លោក​អូក្រាន។ 78 នៅថ្ងៃទីដប់ពីរ លោក​អហ៊ី‌រ៉ា ដែលជា​កូន​របស់​លោក​អេណាន ត្រូវជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​លោកណែប‌ថាលី បានថ្វាយយញ្ញបូជារបស់លោក។ 79 យញ្ញបូជារបស់លោកមានថាសប្រាក់មួយទម្ងន់​១៣០សេកែល និងចាន​គោម​ប្រាក់មួយ​ទម្ងន់ចិតសិបសេ​កែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធមកថ្វាយ។ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយធញ្ញជាតិ។ 80 លោកក៏បានប្រគល់​ចានមាសដែលមានទម្ងន់ដប់​សេកែល ដាក់​ពេញ​ដោយ​កំញានផងដែរ។ 81 លោកនាំយកគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយឆ្នាំមួយមកថ្វាយជាតង្វាយដុត។ 82 លោកបាននាំយកពពែឈ្មោលមួយមកថ្វាយទុកជាតង្វាយលោះបាប។ 83 លោកនាំយកគោពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលប្រាំដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះគឺជាយញ្ញបូជារបស់​​លោក​អហ៊ី‌រ៉ា ដែលជា​កូន​របស់​លោក​អេណាន។ 84 អ្នកដឹកនាំអ៊ីស្រាអែលទាំងអស់ត្រូវបានញែកដោយឡែកនៅថ្ងៃដែលលោកម៉ូសេបានលាបប្រេងកន្លែងថ្វាយតង្វាយ។ ពួកគេបានញែកថាសប្រាក់ដប់ពីរ ហើយចានមាសដប់ពីរ។ 85 ថាសប្រាក់នីមួយៗមានជម្ងន់ ១៣០ សេកែល និងហើយចានគោមនីមួយៗមានទម្ងន់ចិតសិបសេគែល។ ប្រាក់ទាំងអស់មានចំនួន ២៤០០ សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធមកថ្វាយ។ 86 ចានមាសដប់ពីរ ចាននីមួយៗពេញដោយគ្រឿងក្រអូប មានទម្ងន់ដប់សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធមកថ្វាយ។ ចានមាសទាំងអស់មានទម្ងន់ ១២០សេកែល។ 87 ពួកគេបានញែកសត្វទាំងអស់សម្រាប់តង្វាយដុត គឺមានគោឈ្មោលដប់ពីរ ចៀមឈ្មោលដប់ពីរ និងកូនចៀមឈ្មោលដប់ពីរដែលមានអាយុមួយឆ្នាំ។ ពួកគេបានថ្វាយតង្វាយធញ្ញជាតិរបស់ពួកគេ។ 88 ចេញពីហ្វូងសត្វរបស់ពួកគេ ពួកគេបានបាននាំយកគោឈ្មោលចំនួនម្ភៃបួន ចៀមឈ្មោលហុកសិប និងពពែឈ្មោលហុកសិប ព្រមទាំងកូនចៀមឈ្មោល៦០សិប ទុកជាយញ្ញបូជាសម្រាប់ជាតង្វាយមេត្រី។ នេះគឺជាការឧទិ្ទសថ្វាយកន្លែងថ្វាយយញ្ញបូជា បន្ទាប់ពីបានគេលាបប្រេងរួច។ 89 បន្ទាប់មក លោកម៉ូសេបានឡើងទៅក្នុងត្រសាលប្រជុំ ហើយទូលទៅកាន់ព្រះអម្ចាស់ ហើយបានឮសម្លេងព្រះអង្គមានបន្ទូលមកគាត់។ ព្រះអម្ចាស់មានបន្ទូលមកគាត់ ​ពី​លើ​គម្រប​ហឹប​នៃ​សម្ពន្ធមេត្រី ​ស្ថិត​នៅ​ចន្លោះ​ចេរូប៊ីន​ទាំង​ពីរ។ លោកបានសន្ទនា​ជា​មួយ​ព្រះអង្គ។

ជំពូក ៨

1 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖ 2 «ចូរប្រាប់លោកអ៊ើរ៉ុនថា៖ «ចង្កៀងទាំងប្រាំពីរត្រូវអុជនៅបំភ្លឺទៅខាងមុខជើងចង្កៀង ពេលអ្នកអុជវា»។ 3 លោកអ៊ើរ៉ុនបានធ្វើបែបនេះ។ លោកអុជចង្កៀងដែលនៅលើជើងចង្កៀង ដើម្បីឲ្យវាជះពន្លឺនៅខាងមុខវា ដូចព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។ 4 ជើងចង្កៀងត្រូវធ្វើបែបនេះឯង ហើយព្រះអម្ចាស់បានបង្ហាញគំរូដល់លោកម៉ូសេឲ្យធ្វើ។ ជើងចង្កៀងត្រូវបានរចនាពីមាសសុទ្ធ ចាប់តាំងពីជើងទ្រ រហូតដល់ចុងខាងលើរបស់វា មានឆ្លាក់ក្បាច់ពែងមានរាងដូចជាផ្កា។ 5 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេម្ដងទៀត។ ព្រះអង្គមានបន្ទូលថា៖ 6 «ចូរយកពួកលេវីពីក្នុងចំណោមប្រជាជនអ៊ីស្រាអែល ហើយត្រូវជម្រះពួកគេឲ្យបានស្អាត។ 7 ដូចធ្វើបែបនេះដល់ពួកគេ ដើម្បីជម្រះពួកគេឲ្យបានស្អាត ចូរប្រោះទឹកនៃការប្រោសលោះនៅលើពួកគេ។ ត្រូវឲ្យពួកគេកោររោមនៅលើរូបកាយរបស់ពួកគេទាំងមូល សម្អាតសម្លៀកបំពាក់របស់ពួកគេ ហើយត្រូវជម្រះសម្អាតពួកគេបែបនេះឯង។ 8 បន្ទាប់មក ឲ្យពួកគេនាំយកគោឈ្មោលស្ទាវមួយ ហើយនិង​តង្វាយ​ធញ្ញជាតិ គឺ​ម្សៅ​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង។ ត្រូវឲ្យពួកគេនាំ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​ទៀត ទុកជា​តង្វាយ​លោះ​បាប។ 9 អ្នកត្រូវនាំពួកលេវីមកនៅខាងមុខត្រសាលប្រជុំ និងនៅចំពោះប្រជាជននៅក្នុងសហគមន៍អ៊ីស្រាអែលទាំងមូល។ 10 នៅពេលអ្នកនាំពួកលេវីមកចំពោះព្រះអម្ចាស់ ប្រជាជនអ៊ីស្រាអែលត្រូវដាក់ដៃរបស់ពួកគេលើពួកលេវី។ 11 លោកអ៊ើរ៉ុនត្រូវថ្វាយពួកលេវីដល់ព្រះអម្ចាស់ ទុកដូចជាតង្វាយគ្រវីដែលមកពីប្រជាជនអ៊ីស្រាអែល ដើម្បីឲ្យពួកគេបានធ្វើការថ្វាយដល់ព្រះអម្ចាស់។ 12 ពួកលេវីត្រូវដាក់ដៃរបស់ពួកគេនៅលើក្បាលរបស់គោឈ្មោល។ អ្នកត្រូវថ្វាយគោមួយទុកជាតង្វាយលោះបាប ហើយគោមួយទៀតទុកជាតង្វាយដុតសម្រាប់យើង ដើម្បីលោះបានដល់ពួកលេវី។ 13 ត្រូវនាំពួកលេវីមកចំពោះលោកអ៊ើរ៉ុន និងនៅចំពោះកូនប្រុសៗរបស់លោក ហើយត្រូវលើកពួកគេឡើង ទុកដូចជាតង្វាយគ្រវីដល់យើង។ 14 អ្នកត្រូវញែកពួកលេវីពីចំណោមប្រជាជនអ៊ីស្រាអែល។ ពួកលេវីគឺជាកម្មសិទ្ធិរបស់យើង។ 15 បន្ទាប់មកទៀត ពួកលេវីត្រូវទៅបម្រើនៅត្រសាលប្រជុំ។ អ្នកត្រូវជម្រះពួកគេឲ្យស្អាត។ អ្នកត្រូវថ្វាយពួកគេទុកដូចជាតង្វាយគ្រវី។ 16 ធ្វើបែបនេះ ពួកលេវីនៅក្នុងចំណោមអ៊ីស្រាអែលទាំងអស់គឺជារបស់យើង។ ពួកគេនឹងធ្វើជាសំណងសម្រាប់កូនប្រុសដែលបានកើតមក គឺកូនច្បងនៃកូនចៅអ៊ីស្រាអែល។ យើងបានយកពួកលេវីសម្រាប់យើង។ 17 កូនច្បងទាំងអស់នៅក្នុងចំណោមអ៊ីស្រាអែលជារបស់យើង ទាំងមនុស្សទាំងសត្វ។ នៅថ្ងៃមួយ ដែលយើងបានយកជីវិតរបស់កូនច្បងទាំងអស់របស់ជនជាតិអេស៊ីប យើងបានញែកពួកគេដោយឡែកសម្រាប់យើង។ 18 យើងបានយកពួកលេវីពីក្នុងចំណោមប្រជាជនអ៊ីស្រាអែល ជំនួសឲ្យកូនច្បងទាំងអស់។ 19 យើងបានប្រគល់ពួកលេវីទុកជាអំណោយដល់លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់។ យើងបានយកពួកគេចេញពីចំណោមប្រជាជនអ៊ីស្រាអែល ដើម្បីធ្វើការជំនួសប្រជាជនអ៊ីស្រាអែលនៅក្នុងត្រសាលប្រជុំ។ យើងបានប្រគល់ពួកគេទុកដូចជាតង្វាយលោះបាបសម្រាប់ប្រជាជនអ៊ីស្រាអែល ដើម្បីកុំឲ្យមានគ្រោះកាចណាមួយអាចធ្វើទុក្ខដល់ប្រជាជន នៅពេលពួកគេចូលមកជិតទីបរិសុទ្ធ»។ 20 លោកម៉ូសេ លោកអ៊ើរ៉ុន និង​សហគមន៍​អ៊ីស្រាអែលទាំងមូលបានធ្វើការនេះជាមួយនឹងពួកលេវី។​ ពួកគេបានធ្វើតាមអ្វីៗគ្រប់យ៉ាងដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេទាក់ទងនឹងពួកលេវី។ ប្រជាជនអ៊ីស្រាអែលបានធ្វើការនេះជាមួយនឹងពួកគេ។ 21 ពួកលេវីបានជម្រះខ្លួនរបស់ពួកគេ ហើយសម្អាតសម្លៀកបំពាក់របស់ពួកគេ ហើយលោកអ៊ើរ៉ុនបានយកពួកគេមកទុកដូចជាតង្វាយគ្រវីថ្វាយព្រះអម្ចាស់ ហើយគាត់បានធ្វើពីធីលោះបាបដល់ពួកគេ ដើម្បីសម្អាតពួកគេ។ 22 បន្ទាប់ពីនោះ ពួកលេវីបានចូលទៅខាងក្នុង ដើម្បីបំពេញភារកិច្ចរបស់ពួកគេនៅក្នុងត្រសាលប្រជុំ នៅចំពោះលោកអ៊ើរ៉ុន និងនៅចំពោះកូនប្រុសៗរបស់លោកអ៊ើរ៉ុនដែរ។ ធ្វើបែបនេះ គឺធ្វើតាមអ្វីៗដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេទាក់ទងនឹងពួកលេវី។ ពួកគេបានប្រព្រឹត្តជាមួយពួកលេវីទាំងអស់បែបនេះឯង។ 23 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេម្តងទៀត។ 24 ព្រះអង្គមានបន្ទូលថា៖ «ការទាំងអស់នេះសម្រាប់ពួកលេវី ដែលមានអាយុម្ភៃប្រាំឆ្នាំ និងច្រើនជាង។ ពួកគេត្រូវចូលរួមក្នុងការបម្រើនៅក្នុងត្រសាលប្រជុំ។ 25 ពួកគេត្រូវឈប់បម្រើបែបនេះទៀត ពេលពួកគេមានអាយុហាសិបឆ្នាំ។ ពេលអាយុហាសិបហើយ ពួកគេមិនត្រូវបម្រើទៀតទេ។ 26 ពួកគេត្រូវជួយបងប្អូនរបស់ពួកគេដែលបន្ត ក្នុងការបម្រើនៅក្នុងត្រសាលប្រជុំ ប៉ុន្តែ ពួកគេមិនត្រូវបម្រើទៀតឡើយ។ ពួកគេត្រូវណែនាំពួកលេវីនៅក្នុងបញ្ហាទាំងអស់»។

ជំពូក ៩

1 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេនៅក្នុងទីរហោស្ថានស៊ីណាយ នៅខែមួយ នៅឆ្នាំទីពីរ បន្ទាប់ពី ពួកគេចេញពីទឹកដីអេស៊ីប។ ព្រះអង្គមានបន្ទូលថា៖ 2 «ចូរឲ្យប្រជាជនអ៊ីស្រាអែលកាន់តាមពិធីបុណ្យចម្លង​ នៅ​វេលា​ដែល​បាន​កំណត់ទុក។ 3 នៅថ្ងៃទីដប់បួន ខែនេះ នៅពេលល្ងាច អ្នកត្រូវកាន់តាមពិធីបុណ្យចម្លង​ នៅវេលាដែលបានកំណត់ទុក។ អ្នកត្រូវកាន់តាមវា ធ្វើតាមគ្រប់ទាំងបទបញ្ជា ហើយស្តាប់បង្គាប់តាមបញ្ញត្តិដែលទាក់ទងនឹងពិធីបុណ្យនេះ»។ 4 ដូច្នេះ លោកម៉ូសេបានប្រាប់ដល់ប្រជាជនអ៊ីស្រាអែល ឲ្យពួកគេកាន់តាមពិធីបុណ្យចម្លង។ 5 ដូច្នេះ ពួកគេក៏កាន់តាមពិធីបុណ្យចម្លងនៅក្នុងខែមួយ ថ្ងៃទីដប់បួនក្នុងខែនោះ​ នៅពេលល្ងាច នៅឯទីរហោស្ថានស៊ីណាយ។ ប្រជាជនអ៊ីស្រាអែលបានធ្វើគ្រប់យ៉ាងតាមដែលព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេឲ្យធ្វើ។ 6 មានបុរសមួយចំនួនដែលបានសៅហ្មងដោយសារបានប៉ះពាល់សាកសព។ ពួកគេមិនអាចចូលរួមពិធីបុណ្យចម្លងនៅថ្ងៃនោះទេ។ ពួកគេបានចូលមកចំពោះលោកម៉ូសេ និងលោកអ៊ើរ៉ុននៅថ្ងៃដដែលនោះ។ 7 អ្នកទាំងអស់នោះបាននិយាយមកកាន់លោកម៉ូសេថា៖ «យើងសៅហ្មងដោយសារសាកសពរបស់មនុស្សស្លាប់ម្នាក់។ ហេតុអ្វីបានជាលោកហាមយើងមិនឲ្យថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់នៅវេលាកំណត់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែលដូច្នេះ?»។ 8 លោកម៉ូសេមានប្រសាសន៍ទៅពួកគេថា៖ «ចាំខ្ញុំស្តាប់អ្វីដែលព្រះអម្ចាស់នឹងបង្គាប់អ្វីដល់អ្នករាល់គ្នាសិន»។ 9 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖ 10 «ចូរប្រាប់ប្រជាជនអ៊ីស្រាអែលថា៖ «ប្រសិនបើ នរណាម្នាក់នៅក្នុងចំណោមអ្នក ឬកូនចៅរបស់អ្នកមានភាពសៅហ្មងដោយសារសាកសពមួយ ឬធ្វើដំណើរឆ្ងាយ ពួកគេអាចចូលរួមពិធីបុណ្យចម្លងថ្វាយព្រះអម្ចាស់បានដែរ»។ 11 ពួកគេត្រូវ​ប្រារព្ធ​ពិធី​បុណ្យចម្លងនៅខែទីពីរនៅថ្ងៃទីបួននៅពេលល្ងាច។ ពួកគេត្រូវបរិភោគវាជាមួយនឹងនំប៉័ងឥតមេ និង​បន្លែ​ល្វីង។ 12 ពួកគេ​មិន​ត្រូវ​ទុក​អ្វី​ឲ្យ​សល់​រហូត​ដល់​ព្រឹក​ឡើយ ក៏​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​ដែរ។ ពួក​គេ​ត្រូវ​ធ្វើ​តាម​ច្បាប់​ទាំង​អស់​សម្រាប់​ពិធី​បុណ្យចម្លង។ 13 ប៉ុន្តែ បើនរណាម្នាក់មិនសៅហ្មង ហើយមិនធ្វើដំណើរទេ ប៉ុន្តែ អ្នកនោះមិនបានប្រារព្ធពិធីបុណ្យនេះទេ ត្រូវកាត់អ្នកនោះចេញពីប្រជាជនរបស់ខ្លួន ព្រោះគាត់មិនបានថ្វាយយញ្ញបូជាដែលព្រះអម្ចាស់បានតម្រូវនៅដែលបានវេលាកំណត់នៅក្នុងឆ្នាំនោះឡើយ។ អ្នកនោះត្រូវទទួលទោសនៃអំពើបាបរបស់ខ្លួន។ 14 ប្រសិនបើ ជនបរទេសនៅក្នុងចំណោមអ្នក ហើយបានប្រារព្ធពិធីបុណ្យចម្លង ដើម្បីការថ្វាយកិត្តិយសដល់ព្រះអម្ចាស់ គេអាចប្រារព្ធបាន ហើយធ្វើតាមបង្គាប់គ្រប់យ៉ាង កាន់តាមច្បាប់នៃពិធីបុណ្យចម្លង ហើយស្តាប់បង្គាប់តាមបញ្ញត្តិសម្រាប់ជនបរទេស និងសម្រាប់មនុស្សទាំងអស់ដែលកើតនៅក្នុងទឹកដីនេះ»។ 15 នៅថ្ងៃដែលព្រះពន្លាត្រូវបានដំឡើង ពពកបានគ្របបាំងព្រះពន្លា គឺត្រសាលនៃសម្ពន្ធមេត្រី។ នៅពេលល្ងាច ពពកបានគ្របលើព្រះពន្លា។ វាមានទ្រង់ទ្រាយដូចជាភ្លើងរហូតដល់ព្រឹក។ 16 វាបន្តនៅបែបនោះឯង។ ពពកបានគ្របបាំងព្រះពន្លា ហើយមានទ្រង់ទ្រាយដូចជាភ្លើងនៅពេលយប់។ 17 នៅពេលពពកហោះឡើងចេញពីព្រះពន្លា ប្រជាជនអ៊ីស្រាអែលនាំគ្នាចេញដំណើរ ដើម្បីបន្តដំណើររបស់ពួកគេបន្តទៀត។ នៅពេលណា ពពកឈប់ ប្រជាជននឹងបោះជំរំនៅទីនោះ។ 18 ប្រជាជនអ៊ីស្រាអែលនាំគ្នាធ្វើដំណើរ តាមបង្គាប់ព្រះអម្ចាស់ ហើយបោះជំរំក៏តាមបង្គាប់របស់ព្រះអម្ចាស់ដែរ។ នៅពេលពពកឈប់នៅលើព្រះពន្លា ពួកគេស្នាក់នៅក្នុងជំរំរបស់ពួកគេ។ 19 នៅពេលពពកបន្តនៅលើព្រះពន្លាជាច្រើនថ្ងៃ នោះប្រជាជនអ៊ីស្រាអែលធ្វើតាមបង្គាប់របស់ព្រះអម្ចាស់ ហើយមិនធ្វើដំណើរឡើយ។ 20 ពេលខ្លះ ពពកនៅកន្លែងដដែលពីរបីថ្ងៃនៅលើព្រះពន្លា។ នៅក្នុងករណីនេះ ពួកគេស្តាប់បង្គាប់តាមបញ្ជារបស់ព្រះអង្គ ពួកគេនាំគ្នាបោះជំរំ ហើយបន្ទាប់មក ពួកគេចេញដំណើរតាមបញ្ញារបស់ព្រះអង្គ។ 21 ពេលខ្លះ ពពកស្ថិតនៅលើជំរំតាំងពីល្ងាចរហូតដល់ព្រឹក។ នៅពេល ពពកហើរឡើងនៅពេលព្រឹក ពួកគេចេញដំណើរ។ ប្រសិនបើ វាបន្តនៅពីរបីថ្ងៃ ហើយមួយយប់ ពួកគេមិនចេញដំណើរឡើយ លើកលែងតែ ពពកហើរឡើង ទើបពួកគេបន្តដំណើរ។ 22 ប្រសិនបើ ពពកស្ថិតនៅលើព្រះពន្លាពីរបីថ្ងៃ មួយខែ ឬមួយឆ្នាំ ឬនៅយូរប៉ុណ្ណាក្តី ប្រជាជនអ៊ីស្រាអែលនាំគ្នាបន្តបោះជំរំនៅទីនោះ មិនចេញដំណើរឡើយ។ ប៉ុន្តែ នៅពេលពពកហើរឡើង ពួកគេក៏រៀបចំចេញដំណើររបស់ពួកគេទៀត។ 23 ពួកគេបានបោះជំរំតាមបង្គាប់របស់ព្រះអម្ចាស់ ហើយពួកគេចេញដំណើរតាមបង្គាប់របស់ព្រះអង្គ។ ពួកគេបានស្តាប់បង្គាប់តាមបញ្ជារបស់ព្រះអម្ចាស់ដែលបានប្រទានតាមរយៈលោកម៉ូសេ។

ជំពូក ១០

1 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖ 2 «ចូរធ្វើត្រែប្រាក់ពីរ។ ធ្វើត្រែនោះពីប្រាក់ដោយមានក្បាច់រចនា។ អ្នកត្រូវប្រើត្រែនោះដើម្បីហៅសហគមន៍អ៊ីស្រាអែលមកជួបជុំជាមួយគ្នា ហើយហៅសហគមន៍ ដើម្បីឲ្យរើជំរំរបស់ពួកគេ។ 3 ពួកបូជាចារ្យត្រូវផ្លុំត្រែ ដើម្បីហៅ សហគមន៍ទាំងអស់មកជួបជុំគ្នានៅចំពោះអ្នកនៅត្រង់ព្រះពន្លា គឺនៅត្រង់ច្រកចូលត្រសាលប្រជុំ។ 4 ប្រសិនបើ ពួកបូជាចារ្យផ្លូវត្រែតែម្ដង ដូច្នេះ អ្នកដឹកនាំ មេនៃអំបូររបស់អ៊ីស្រាអែល ត្រូវប្រមូលគ្នាមកចំពោះអ្នក។ 5 នៅពេលអ្នកផ្លុំសម្លេងខ្លាំង ជំរំដែលនៅផ្នែកខាងកើតត្រូវចាប់ផ្តើមបន្តដំណើររបស់ពួកគេ។ 6 ពេលអ្នកផ្លុំសម្លេងខ្លាំងលើកទីពីរ អ្នកនៅក្នុងជំរំផ្នែកខាងត្បូង ពួកគេត្រូវចាប់ផ្តើមចេញដំណើរ។ ពួកគេត្រូវផ្លុំសម្លេងខ្លាំង សម្រាប់ការចេញដំណើររបស់ពួកគេ។ 7 នៅពេលសហគមន៍ប្រមូលផ្តុំជុំគ្នា ត្រូវផ្លុំត្រែ ប៉ុន្តែ​ មិនត្រូវផ្លុំដោយសម្លេងខ្លាំងឡើយ។ 8 កូនប្រុសៗរបស់លោកអ៊ើរ៉ុន ដែលបូជាចារ្យត្រូវជាអ្នកផ្លុំត្រែ។ នេះ​ជា​ច្បាប់​សម្រាប់​អ្នក​រាល់​គ្នា នៅគ្រប់​ជំនាន់ជារៀង​រហូត​តទៅ។ 9 នៅពេលអ្នករាល់គ្នាចេញទៅធ្វើសង្គ្រាមនៅក្នុងទឹកដីរបស់អ្នករាល់គ្នា ដើម្បីប្រឆាំងនឹងខ្មាំងសត្រូវដែលបង្កត់សង្កិនអ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នាត្រូវផ្លុំដាស់តឿនដោយប្រើត្រែ។ យើងជាព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ្នករាល់គ្នា​ នឹងនឹកចាំពីអ្នករាល់គ្នា ហើយនិងសង្គ្រោះអ្នករាល់គ្នាពីខ្មាំងសត្រូវរបស់អ្នករាល់គ្នា។ 10 នៅពេលអ្នករាល់គ្នាអបអរសាទរ ទោះបើបុណ្យធម្មតា ឬបុណ្យនៅដើមខែ អ្នកត្រូវផ្លុំត្រែពីលើតង្វាយដុត និងលើតង្វាយមេត្រីរបស់អ្នកសម្រាប់ព្រះជាម្ចាស់។ ការទាំងនេះ នឹងត្រូវធ្វើឡើងដើម្បីរំឮកអ្នករាល់គ្នាពីយើង ថាជាព្រះជាម្ចាស់របស់អ្នករាល់គ្នា។ យើងជាព្រះអម្ចាស់​ ជាព្រះជាម្ចាស់របស់អ្នករាល់គ្នា»។ 11 នៅឆ្នាំទីពីរ នៅក្នុងខែទីពីរ នៅថ្ងៃទីម្ភៃនៃខែនោះ ពពកបានហើរឡើងពីព្រះពន្លានៃសម្ពន្ធមេត្រី។ 12 ប្រជាជនអ៊ីស្រាអែលបានបន្តចេញដំណើរពីទីរហោស្ថានស៊ីណាយ។ ពពកបានឈប់នៅទីរហោស្ថានប៉ារ៉ាន។ 13 ពួកគេបានចាប់ផ្តើមធ្វើដំណើរលើកដំបូងរបស់ពួកគេ តាមសេចក្តីបង្គាប់ដែលព្រះជាម្ចាស់បានប្រទានមកតាមរយៈលោកម៉ូសេ។ 14 ជំរំដែលនៅក្រោមទង់ជ័យរបស់កូនចៅរបស់យូដាបានចេញដំណើរមុនគេ តាមអង្គភាពរបស់ពួកគេរៀងៗខ្លួន។ ​លោក​ណាសូន ជា​កូន​របស់​លោក​អមីណា‌ដាប់បានដឹកនាំទាហានរបស់យូដា។ 15 ​លោក​នេថា‌នេល ជា​កូន​របស់​លោក​ស៊ូហារបានដឹកនាំទាហាន​កុល‌​សម្ព័ន្ធ​​អ៊ីសា‌ខារ។ 16 លោក​អេលាប​ជា​កូន​របស់លោក​ហេឡូនដឹកនាំទាហាន​កុល‌សម្ព័ន្ធ​សាប់‌យូ‌ឡូន។ 17 កូន​ចៅរបស់លោក​គើសុន និង​កូន​ចៅ​របស់លោកម៉្រារី ជាអ្នកដែលមើលការខុសត្រូវលើព្រះ‌ពន្លា បានសែងព្រះពន្លា ហើយបានចេញ​ដំណើរ​ទៅ។ 18 បន្ទាប់​មក ទាហានដែលនៅក្រោមទង់​ជ័យនៃជំរំរបស់កុលសម្ព័ន្ធ​រូបេន​ចេញ​ដំណើរ​ជា​មួយ​កង‌ទ័ព​របស់​ខ្លួន។ 19 ​លោក​អេលី‌ស៊ើរ ជា​កូន​របស់​លោក​សេដេ‌អ៊ើរ ជាអ្នកដឹកនាំទាហានកុលសម្ព័ន្ធរូបេន។ 20 ​លោក​ស៊្លូ‌មាល ជា​កូន​របស់​លោក​ស៊ូរី‌សាដាយ ជាអ្នកដឹកនាំទាហាន​របស់​កុល‌សម្ព័ន្ធ​ស៊ីម្មាន។ ​លោក​អេលា‌សាប់ ជា​កូន​របស់​លោក​ដេអ៊ូ‌អែល ជាអ្នកដឹកនាំទាហានរបស់កុលសម្ព័ន្ធកាដ។ 21 កូន​ចៅ​កេហាត់​ចេញ​ដំណើរ​ទៅ។ ពួកគេបាន​សែងសម្ភារ​បរិសុទ្ធរបស់ទីសក្ការ​ទៅ​ជា​មួយ។ អ្នក​ឯ​ទៀតៗ​ត្រូវ​ដំឡើង​ព្រះ‌ពន្លា​មុន​កេហាត់​ទៅ​ដល់នៅជំរំបន្ទាប់។ 22 ទាហានដែលនៅក្រោមទង់ជ័យរបស់កូនចៅអេប្រាអ៊ីមបានចេញដំណើរបន្ទាប់ដែរ។ លោក​អេលី‌សាម៉ា ជា​កូន​របស់​លោក​អាំមី‌ហ៊ូដបានដឹកនាំទាហានរបស់កុលសម្ព័ន្ធអេប្រាអ៊ីម។ 23 លោក​កាម៉ា‌លាល ជា​កូន​របស់​លោក​ផ្ដាស៊ើរដឹកនាំទាហានកុលសម្ព័ន្ធកូនចៅរបស់លោកម៉ណាសេ។ 24 ​លោក​អប៊ីដាន ជា​កូន​របស់​លោក​គីដា‌ហូនីដឹកនាំទាហានកុលសម្ព័ន្ធរបស់កូនចៅលោក បេនយ៉ា​មីន​។ 25 ពួកទាហានដែលបានបោះជំរំនៅក្រោមទង់ជ័យរបស់កូនចៅលោកដាន់បានចេញដំណើរចុងក្រោយ។ លោក​អហ៊ីយេ‌ស៊ើរ ជា​កូន​របស់​លោក​អាំមី‌សាដាយ ដឹកនាំទាហានរបស់កុលសម្ព័ន្ធដាន់។ 26 លោក​ប៉ាគី‌ហ៊ាល ជា​កូន​របស់​លោក​អូក្រានដឹកនាំទាហានកុល‌សម្ព័ន្ធ​អេ‌ស៊ើរ។ 27 លោក​អហ៊ី‌រ៉ា ជា​កូន​របស់​លោក​អេណាន់ដឹកនាំទាហានកុលសម្ព័ន្ធកូនចៅរបស់លោកណែប‌ថាលី។ 28 នេះគឺជារបៀបដែលទាហានរបស់ប្រជាជនអ៊ីស្រាអែលចេញដំណើរ។ 29 លោកម៉ូសេបានបង្គាប់ដល់លោក​ហូបាប់ ជា​កូន​របស់​លោក​រេហួល ជន‌ជាតិ​ម៉ាឌាន។ លោករេហួល​ជា​ឪពុក​ប្រពន្ធ​របស់​លោកម៉ូសេ។ លោកម៉ូសេមានប្រសាសន៍ ហើយពោល​ថា៖ «ពួក​យើង​កំពុងធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទឹក​ដី ដែល​ព្រះ‌អម្ចាស់​បានប្រាប់ដល់​ពួក​យើង។ ព្រះអម្ចាស់មានបន្ទូលថា៖ «យើងនឹងប្រគល់វាដល់អ្នករាល់គ្នា»។ ចូរមកជាមួយយើង ហើយយើងនឹង​ផ្ដល់​​សុភមង្គលដល់អ្នក។ ព្រះអម្ចាស់បានសន្យាប្រទានសុភមង្គលដល់អ៊ីស្រាអែល»។ 30 ប៉ុន្តែ លោករេហួលមានប្រសាសន៍ទៅកាន់លោកម៉ូសេថា៖ «យើងមិនទៅជាមួយលោកទេ។ យើងនឹងទៅទឹកដីរបស់យើង​ និងប្រជាជនរបស់យើងវិញ។ 31 បន្ទាប់មក លោកម៉ូសេបានឆ្លើយថា៖ «សូមកុំទៅចោលពួកយើងឡើង។ លោកដឹងពីរបៀបនៃការបោះជំរំនៅក្នុងទីរហោស្ថាន។ លោកត្រូវមើលខុសលើពួកយើង។ 32 ប្រសិនបើ លោកទៅជាយើង យើងនឹងផ្តល់សុភមង្គលដល់លោកដូចព្រះអម្ចាស់បានផ្តល់សុភមង្គលដល់យើងដែរ។ 33 ពួកគេបានចេញដំណើរពីភ្នំរបស់ព្រះអម្ចាស់អស់រយៈពេលបីថ្ងៃ។ ហឹបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់បានចេញមុខពួកគេអស់រយៈពេលបីថ្ងៃ ដើម្បីស្វែងរកកន្លែងសម្រាប់ពួកគេក្នុងការសម្រាក។ 34 ពពករបស់ព្រះអម្ចាស់ស្ថិតនៅចំពីលើពួកគេ នៅពេលថ្ងៃ នៅពេលពួកគេធ្វើដំណើរ។ 35 នៅពេលណាគេសែងហឹបចេញដំណើរ លោកម៉ូសេពោលថា៖ «ព្រះអម្ចាស់អើយ សូមក្រោកឡើង។ សូម​កម្ចាត់កម្ចាយ​ខ្មាំង‌សត្រូវ​របស់​ព្រះ‌អង្គ​។ ចូរធ្វើឲ្យអ្នកដែលស្អប់ព្រះអង្គ ​រត់​ចេញ​ពីព្រះ‌អង្គ»។ 36 នៅពេលណាហឹបឈប់ លោកម៉ូសេពោលថា៖ «ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​គង់​ជា‌មួយ​ពួក​អ៊ីស្រា‌អែល​ទាំង​សល់​សែន​វិញ»។

ជំពូក ១១

1 នៅគ្រានោះ ប្រជាជននាំគ្នារអ៊ូរទាំពីទុក្ខលំបាករបស់ពួកគេ ហើយព្រះអម្ចាស់ក៏ឮ។ ព្រះអម្ចាស់បានឮពីប្រជាជន ហើយព្រះអង្គក៏មានសេចក្តីក្រោធឡើង។ ភ្លើងចេញពីព្រះអម្ចាស់មកបានឆេះនៅក្នុងចំណោមពួកគេ ហើយបានឆាប​ឆេះ​បំផ្លាញ​ផ្នែក​ខ្លះ​នៃ​ជាយ​ជំរំ។ 2 បន្ទាប់មក ប្រជាជនបានស្រែករកលោកម៉ូសេ ដូច្នេះ លោកម៉ូសេបានអធិស្ឋានរកព្រះអម្ចាស់ ហើយភ្លើងក៏លែងឆេះ។ 3 គេបានហៅកន្លែងនោះថាតាបេ‌រ៉ា ព្រោះភ្លើងរបស់ព្រះអម្ចាស់បានឆេះនៅកណ្តាលចំណោមពួកគេ។ 4 មានជនបរទេសខ្លះបានបោះជំរំនៅជាមួយកូនចៅអ៊ីស្រាអែល។ ពួកគេចង់បានអាហារដែលប្រសើរជាង ដើម្បីហូប។ ដូច្នេះ ប្រជាជនអ៊ីស្រាអែលបានចាប់ផ្តើមយំ ហើយនិយាយថា៖ «តើអ្នកនរណាឲ្យសាច់ដល់យើងហូប? 5 យើងនឹកចាំពីត្រីដែលយើងបានហូបនៅអេស៊ីបដោយសេរី ផ្លែត្រសក់ ឪឡឹក និងស្លឹក​ខ្ទឹម ខ្ទឹម​ក្រហម និងខ្ទឹម​ស​ដែរ។ 6 តែ​ឥឡូវ​នេះ អាហារដែលយើងចង់ហូប​លែងមានទៀតហើយ ព្រោះអ្វីដែលយើងឃើញ​គឺមាន​តែ​នំ​ម៉ាណា​នេះ​ប៉ុណ្ណោះ»។ 7 នំម៉ាណាមានរាងដូចជាគ្រាប់ល្ង។ មើលទៅរាងដូចជ័រឈើ​។​ ប្រជាជនដើរ ​ហើយប្រមូលវា។ 8 ពួកគេកិន​នឹង​ត្បាល់​កិន ឬ​បុក​ក្នុង​ត្បាល់​បុក រួច​ចម្អិន​ក្នុង​ឆ្នាំង​ធ្វើ​ជា​នំ។ វា​មាន​រស‌ជាតិ​ដូច​ជា​នំ​ដែល​គេ​ដុត​ដោយ​ប្រេង​អូលីវ។ 9 នៅពេលទឹកសន្សើមធ្លាក់នៅលើជំរំនៅពេលយប់ នំម៉ានាក៏ធ្លាក់មកដែរ។ 10 លោកម៉ូសេបានឮប្រជាជនយំនៅក្នុងគ្រួសាររបស់ពួកគេ ហើយបុរសគ្រប់រូបបាននៅត្រង់ច្រកចូលត្រសាលរបស់ពួកគេ។ ព្រះអម្ចាស់មានសេចក្តីក្រោធជាខ្លាំង ហើយនៅក្នុងក្រសែភ្នែករបស់លោកម៉ូសេ ការរអ៊ូរទាំរបស់ពួកគេមិនត្រូវទេ។ 11 លោកម៉ូសេបានទូលទៅព្រះអម្ចាស់ថា៖ «ហេតុអ្វីបានជាព្រះអង្គប្រព្រឹត្តនឹងអ្នកបម្រើរបស់ព្រះអង្គអាក្រក់យ៉ាងនេះ? ហេតុអ្វីបានជាព្រះអង្គមិនគាប់ព្រះហឫទ័យនឹងទូលបង្គំដូច្នេះ? ព្រះអង្គបានធ្វើឲ្យទូលបង្គំទទួលបន្ទុកនៃប្រជាជនទាំងនេះ? 12 តើទូលបង្គំជាអ្នកបង្កើតពួកគេមែនទេ បានជាព្រះអង្គមានបន្ទូលមកទូលបង្គំ បីទ្រពួកគេនៅលើទ្រូងរបស់ទូលបង្គំ ប្រៀបដូចជាឪពុកបីទ្រកូនដូច្នេះ?» តើគួរឲ្យទូលបង្គំបីទ្រពួកគេឲ្យទៅដល់ទឹកដីដែលព្រះអង្គបានស្បថជាមួយដូនតារបស់ពួកគេថានឹងប្រគល់ឲ្យពួកគេ? 13 តើឲ្យទូលបង្គំទៅរកសាច់ពីណាមកឲ្យដល់មនុស្សទាំងអស់នេះ? ពួកគេយំនៅចំពោះទូលបង្គំ ហើយនិយាយថា៖ «សូមឲ្យសាច់មកយើងខ្ញុំហូបផង»។ 14 ទូលបង្គំទ្រាំជាមួយមនុស្សទាំងអស់នេះតែម្នាក់ឯងលែងបានហើយ។ ពួកគេជាបន្ទុករបស់ទូលបង្គំខ្លាំងពេកហើយ។ 15 ប្រសិនបើ ព្រះអង្គប្រព្រឹត្តជាមួយទូលបង្គំបែបនេះ សូមសម្លាប់ទូលបង្គំចុះ ប្រសិនបើព្រះអង្គមេត្តាដល់ទូលបង្គំ ដូច្នេះ សូមដកយកទុក្ខលំបាកនេះចេញពីទូលបង្គំផង»។ 16 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេថា៖ «ចូរនាំពួកចាស់ទុំរបស់អ៊ីស្រាអែលចិតសិបនាក់មករកយើង។ ចូរប្រាកដថា ពួកគេគឺជាចាស់ទុំ និងជាអ្នកដឹកនាំរបស់ប្រជាជនមែន។ ចូរនាំពួកគេមកនៅត្រង់ត្រសាលប្រជុំ ដើម្បីឈរនៅទីនោះជាមួយអ្នក។ 17 យើងនឹងចុះមក ហើយនិយាយជាមួយអ្នកនៅទីនោះ។ យើងនឹងដកយកវិញ្ញាណខ្លះដែលនៅលើអ្នក ហើយវិញ្ញាណនោះនឹងនៅលើពួកគេ។ ពួកគេនឹងចែករំលែកបន្ទុករបស់ប្រជាជនពីអ្នក។ អ្នកមិនចាំបាច់ទទួលបន្ទុកតែម្នាក់ឯងទេ។ 18 ចូរប្រាប់ប្រជាជនឲ្យ «ចូរ​​ញែក​ខ្លួន​របស់អ្នករាល់គ្នាជា​បរិសុទ្ធ ​សម្រាប់​ថ្ងៃ​ស្អែក ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​ហូបសាច់ពិតប្រាកដមែន ដ្បិត​ អ្នក​រាល់​គ្នា​បាន​យំ​ ហើយ​ព្រះអម្ចាស់​បានឮ។ អ្នករាល់គ្នានិយាយថា៖ «តើ​អ្នក​ណា​នឹង​ឲ្យ​សាច់​មក​យើង​ហូប? ដ្បិត ​ពួក​យើង​នៅ​ស្រុក​អេស៊ីប នោះ​ប្រសើរ​ជាង»។ ដូច្នេះ ព្រះអម្ចាស់​នឹង​ប្រទាន​សាច់​មក ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​បរិ‌ភោគវា។ 19 អ្នកមិនគ្រាន់តែហូបសាច់តែមួយថ្ងៃ ពីរថ្ងៃ ប្រាំថ្ងៃ ដប់ថ្ងៃ ឬម្ភៃថ្ងៃឡើយ 20 ប៉ុន្តែ អ្នករាល់គ្នានឹងហូបសាច់ពេញមួយខែ រហូតទាល់តែសាច់នោះឡើងដល់ច្រមុះរបស់អ្នករាល់គ្នា។ វានឹងធ្វើឲ្យអ្នករាល់គ្នាធុញទ្រាន់ ដោយសារអ្នករាល់គ្នាបដិសេធព្រះអម្ចាស់ ដែលនៅក្នុងចំណោមអ្នករាល់គ្នា។ អ្នករាល់គ្នាយំនៅចំពោះព្រះអង្គ។ អ្នករាល់គ្នានិយាយថា៖ «ហេតុអ្វីបានជាយើងចាកចេញពីអេស៊ីប?»។ 21 បន្ទាប់មក លោកម៉ូសេមានប្រសាសន៍ថា៖ «ទូលបង្គំចំនួនប្រាំមួយសែននាក់ ហើយអ្នករាល់គ្នានិយាយថា៖ «យើងនឹងឲ្យសាច់ដល់ពួកគេហូប ពេញមួយខែ»។ 22 តើគួរឲ្យយើងសម្លាប់ហ្វូងចៀម និងហ្វូងសត្វ ដើម្បីចម្អែតពួកគេមែនទេ? តើយើងគួរចាប់ត្រីនៅក្នុងសមុទ្រ ដើម្បីចម្អែតពួកគេមែនទេ?» 23 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «តើព្រះហស្តរបស់យើងខ្លីមែនទេ? ឥឡូវនេះ អ្នករាល់គ្នានឹងឃើញ ថាតើពាក្យរបស់យើងពិតឬមិនពិត»។ 24 លោកម៉ូសេបានចាកចេញ ហើយបាននាំយកព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅប្រាប់ប្រជាជន។ គាត់បានប្រមូលពួកចាស់ទុំរបស់ប្រជាជនចំនួនចិតសិបនាក់ ហើយដាក់ឲ្យឈរនៅជុំវិញព្រះពន្លា។ 25 ព្រះអម្ចាស់បានយាងចុះមកនៅលើពពក ហើយមានបន្ទូលមកកាន់លោកម៉ូសេ។ ព្រះអម្ចាស់បានយកវិញ្ញាណខ្លះដែលនៅលើលោកម៉ូសេ ហើយបានដាក់វិញ្ញាណនោះនៅលើពួកចាស់ទុំទាំងចិតសិបនាក់។ នៅពេលព្រះវិញ្ញាណសណ្ឋិតលើពួកគេ ពួកគេបានថ្លែងទំនាយ ប៉ុន្តែ សម្រាប់តែឱកាសនោះតែប៉ុណ្ណោះ គ្មានម្តងទៀតទេ។ 26 មានបុរសពីរនាក់ស្ថិតនៅក្នុងជំរំ ឈ្មោះលោក​អែល‌ដាដ និង​ម្នាក់​ទៀត​ឈ្មោះ​លោកមីដាដ។ ព្រះវិញ្ញាណបានសណ្ឋិតលើពួកគេ។ ​ឈ្មោះរបស់ពួកគេបានសរសេរនៅ​ក្នុង​បញ្ជី​ ប៉ុន្តែ ពុំ​បាន​ទៅ​ពន្លា​​ទេ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេ​នាំ​គ្នា​ថ្លែង​ព្រះ‌បន្ទូល​នៅ​ក្នុង​ជំរំ។ 27 មានយុវជនម្នាក់នៅក្នុងជំរំបានរត់ ហើយប្រាប់លោកម៉ូសេថា៖ ​«លោក​អែល‌ដាដ និងលោកលោកមីដាដកំពុងថ្លែងទំនាយនៅក្នុងជំរំ»។ 28 លោកយ៉ូសេ្វ កូនប្រុសរបស់លោកនុន ជាអ្នកជំនួយលោកម៉ូសេ ជាម្នាក់នៃបុរសដែលបានជ្រើសរើស ប្រាប់លោកម៉ូសេថា៖ «លោក​ម្ចាស់របស់ខ្ញុំអើយ សូម​ឃាត់ពួកគេផង!»។ 29 លោកម៉ូសេមានប្រសាសន៍ទៅគាត់ថា៖ «តើអ្នកច្រណែនជំនួសខ្ញុំមែនទេ? ខ្ញុំប្រាថ្នាចង់ឲ្យប្រជារាស្រ្តរបស់ព្រះអម្ចាស់ទាំងអស់ជាព្យាការី ហើយព្រះអង្គអាចដាក់វិញ្ញាណរបស់ព្រះអង្គលើពួកគេគ្រប់គ្នា»។ 30 បន្ទាប់មក លោកម៉ូសេ ហើយពួកចាស់ទុំរបស់អ៊ីស្រាអែលបានត្រឡប់ទៅជំរំវិញ។ 31 បន្ទាប់មក ខ្យល់បានបក់ពីព្រះអម្ចាស់មក ហើយបាននាំសត្វក្រួចពីសមុទ្រមក។ សត្វក្រួចទាំងនោះបានហើរមកជិតជំរំ ចម្ងាយប្រហែលធ្វើដំណើរមួយថ្ងៃនៅខាងនេះ និងមួយថ្ងៃនៅខាងនោះ។ សត្វក្រួចនៅជុំវិញជំរំកម្ពស់ប្រហែលពីរហត្ថពីដី។ 32 ប្រជាជនរវល់នឹងចាប់សត្វក្រួចពេញមួយថ្ងៃ និងមួយយប់នោះ ហើយពេញមួយថ្ងៃបន្ទាប់។ គ្មាននរណាម្នាក់ប្រមូលបានតិចជាដប់បាវនៃសត្វក្រួចឡើយ។ ពួក​គេ​ហាល​សាច់​សត្វ​ក្រួច​ទាំង​នោះ ​ទុក​សម្រាប់​ខ្លួន​គេ​នៅ​ជុំ‌វិញ​ជំរំ។ 33 នៅពេលសាច់នៅក្នុងមាត់របស់ពួកគេ កំឡុងពេលដែលពួកគេកំពុងទំពារនៅនឹងមាត់របស់ពួកគេ ព្រះអម្ចាស់មានសេចក្តីក្រោធជាមួយពួកគេ។ ព្រះអង្គបានប្រហារប្រជាជនជាមួយនឹងគ្រោះកាច​មួយ​យ៉ាង​ធំ។ 34 គេហៅឈ្មោះកន្លែងនោះថា គីប្រូត-‌ហាតាវ៉ា ព្រោះនៅទីនោះ ពួកគេបានបញ្ចុះសពប្រជាជនដែល​មាន​ចិត្ត​លោភ​លន់។ 35 ប្រជាជនបានធ្វើដំណើរពី គីប្រូត-‌ហាតាវ៉ាទៅហាសិរ៉ូត ហើយ​ពួកគេក៏ស្នាក់នៅទីនោះ។

ជំពូក ១២

1 បន្ទាប់មក អ្នក​ស្រី​ម៉ារាម និង​លោក​អើរ៉ុនបាននិយាយប្រឆាំងនឹងលោកម៉ូសេ ដោយសារស្រី្តជនជាតិគូស ដែលលោកបានរៀបការជាមួយ។ 2 ពួកគេនិយាយថា៖ «តើព្រះអម្ចាស់មានបន្ទូលជាមួយតែលោកម៉ូសេទេឬអី? តើព្រះអង្គមិនបានមានបន្ទូលជាមួយយើងខ្ញុំទេឬ?» 3 ពេលនោះ ព្រះអម្ចាស់បានឮអ្វីដែលពួកគេនិយាយគ្នា។ លោកម៉ូសេជាមនុស្សបន្ទាបខ្លួន គឺជាអ្នកដែលបន្ទាបខ្លួនជាងគេបំផុតនៅលើផែនដី។ 4 រំពេញនោះ ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ លោកអ៊ើរ៉ុន និងអ្នកស្រីម៉ារាមថា៖ «ចូរអ្នកទាំងបីចេញមក​ឯ​ត្រសាលប្រជុំ»។ ដូច្នេះ ពួកគេ​ទាំងបីនាក់ក៏បានចេញមក។ 5 នោះ ព្រះអម្ចាស់បានយាងចុះមកនៅក្នុង​បង្គោល​ពពក។ ព្រះអង្គគង់នៅត្រង់ច្រកចូលត្រសាល ហើយបានមានបន្ទូលមកលោកអ៊ើរ៉ុន និងអ្នកស្រីម៉ារាម។ ពួកគេទាំងពីរនាក់ក៏ចេញមកខាងមុខ។ 6 ព្រះអម្ចាស់មានបន្ទូលថា៖ «ចូរស្តាប់ពាក្យរបស់យើង។ នៅពេលព្យាការីរបស់យើងនៅជាមួយអ្នក យើងនឹងបង្ហាញខ្លួនយើងដល់គាត់នៅក្នុងនិមិត្ត និងមានបន្ទូលទៅគាត់តាមរយៈសុបិន។ 7 លោកម៉ូសេជាអ្នកបម្រើយើងមិនដូច្នោះទេ។ លោកជាមនុស្សស្មោះត្រង់នៅក្នុងដំណាក់របស់យើង។ 8 យើងបាននិយាយជាមួយលោកម៉ូសេដោយផ្ទាល់ មិនមែនដោយនិមិត្ត ឬពាក្យប្រៀបធៀបឡើយ។​ លោកបានឃើញយើងទល់មុខ។ ដូច្នេះ ហេតុអ្វីបានជាអ្នកហ៊ាននិយាយប្រឆាំងជាមួយអ្នកបម្រើរបស់យើង គឺប្រឆាំងនឹងលោកម៉ូសេដូច្នេះ? 9 ព្រះអម្ចាស់ព្រះពិរោធទាស់នឹងពួកគេ ហើយបន្ទាប់មកព្រះអង្គបានចាកចេញពីពួកគេទៅ។ 10 ពពកបានអណ្ដែតចេញ​ពី​លើត្រសាល ហើយ​អ្នកស្រី​ម៉ារាម​ក៏កើត​ជំងឺឃ្លង់មួយរំពេច​ ខ្លួនរបស់អ្នកស្រី​សរ​ដូច​ជា​ហិមៈ។ នៅពេល​ដែល​លោក​អើរ៉ុន​បែរ​ទៅ​រក​អ្នកស្រី​ម៉ារាម​ គាត់​ក៏​បាន​ឃើញ​ថា​អ្នកស្រី​មាន​ជំងឺ​ឃ្លង់។ 11 លោក​អើរ៉ុន​មានប្រសាសន៍ទៅ​លោក​ម៉ូសេថា៖ «ឱ! លោកម្ចាស់របស់ខ្ញុំអើយ! សូម​កុុំ​ប្រកាន់ទោស​ទាស់​នឹង​យើង​​ខ្ញុំអី។ យើងខ្ញុំបាន​និយាយ​បែបឆោតល្ងង់​ ហើយយើង​ក៏​បាន​ធ្វើបាបដែរ។ 12 សូម​កុំឲ្យនាង​ដូច​ជាទារកទើប​នឹងកើត​ហើយ​ស្លាប់ទៅ​វិញ​ដែល​មាន​រូប​កាយ​រលួយ​ពាក់​កណ្តាល​ចេញ​ពី​ផ្ទៃម្តាយ​របស់​វាឡើយ។​ 13 ដូច្នេះ លោក​ម៉ូសេ​បាន​អំពាវនាវ​រក​ព្រះអម្ចាស់ ដោយ​លោក​បាន​ពោល​ថា៖ ​«​ឱ!​ ព្រះអម្ចាស់អើយ សូមមេត្តា​​ប្រោសនាង​ឲ្យ​បានជា​ផង»​។ 14 ព្រះអម្ចាស់​បាន​មាន​បន្ទូល​មក​លោក​​ម៉ូ​សេ​ថា៖​​ «​ប្រសិន​បើ ​ឪពុក​របស់​នាង​ស្ដោះ​ទឹក​មាត់​ដាក់លើ​មុខ​នាង នោះ​នាង​នឹង​ត្រូវ​អាម៉ាស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ ​ត្រូវ​បង្ខាំង​នាង​ទុក​នៅ​ខាង​ក្រៅ​ជំរំរយៈ​ពេល​ប្រាំពីរ​ថ្ងៃ​ដែរ រួច​ចាំនាំ​នាង​មក​វិញ»។ 15 ដូច្នេះ​ នាង​ម៉ារាម​ត្រូវបានគេបង្ខាំង​នៅ​ខាង​ក្រៅ​ជំរំ​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។​ ​ប្រជាជន​មិន​ធ្វើ​ដំណើរ​ឡើយ​ រហូត​ទាល់តែ​នាង​ម៉ារាម​ត្រឡប់​មក​វិញ។​ 16 បន្ទាប់ពីនោះមក ប្រជាជនបានធ្វើដំណើរពីហាសិរ៉ូត​ ហើយ​ទៅ​បោះ​ជំរំ​នៅ​ទី​រហោស្ថាន​ប៉ារ៉ាន។​

ជំពូក ១៣

1 បន្ទាប់មក ​ព្រះអម្ចាស់​បាន​មានបន្ទូល​មក​លោក​ម៉ូ​សេ​ថា​៖​ «ចូរ​ចាត់​មនុស្ស​ខ្លះ​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក​កា​ណាន​ ដែលយើង​បាន​ប្រទាន​ដល់​ប្រជាជន​អ៊ីស្រាអែល​។ 2 គឺ​ត្រូវ​ចាត់​មនុស្ស​ប្រុស​ម្នាក់​ពីកុលសម្ព័ន្ធនីមួយៗ​នៃ​ដូនតា​របស់ខ្លួន។ ហើយ​បុរស​ទាំងនោះ​ត្រូវ​ជា​មេដឹកនាំ​ក្នុង​ចំណោម​ពួក​គេ។​ 3 លោក​ម៉ូ​សេ​ក៏​បាន​ចាត់ពួក​គេ​ពី​ទី​រហោស្ថានប៉ារ៉ាន​ ដើម្បីឲ្ុពួកគេអាចធ្វើតាម​បង្គាប់​របស់​ព្រះអម្ចាស់​។ ពួក​គេ​ទាំងអស់​គ្នា​សុទ្ធ​តែ​ជា​មេ​ដឹកនាំ​ក្នុង​ចំណោម​ពួក​កូន​ចៅ​អ៊ីស្រាអែល​។​ 4 ទាំងនេះ​គឺ​ជា​ឈ្មោះ​របស់​ពួក​គេ​ៈ ពីកុលសម្ព័ន្ធ​រូបេន​ គឺលោក​សាំមួរ ជា​កូនប្រុស​របស់លោកសាគើរ។​ 5 ពីកុលសម្ព័ន្ធស៊ីម្មាន គឺលោក​សាផាត ជា​កូន​ប្រុស​របស់​លោក​ហូរី។ 6 ពី​កុលសម្ព័ន្ធយូដា គឺ​លោក​កាលែប ជា​កូន​ប្រុស​របស់​លោក​​យេ​ភូនេ។ 7 ពី​កុលសម្ព័ន្ធ​អ៊ីសាខា​ គឺលោក​យីកាល់ ជា​កូនប្រុស​របស់​លោក​យ៉ូសែប។ 8 ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម គឺលោក​​ហូសេ ជាកូន​​ប្រុស​របស់លោក​នូន។ 9 ពីកុលសម្ព័ន្ធ​បេនយ៉ាមីន គឺ​លោកប៉ាលធី​ ជា​កូនប្រុស​របស់​លោក​រ៉ាភូ។ 10 ពីកុល‌សម្ព័ន្ធ​សាប់យូ‌ឡូន គឺ​លោក​កាឌាល ជា​កូនប្រុស​របស់​លោក​សូឌី។ 11 ពីកុល‌សម្ព័ន្ធ​យ៉ូសែប (ដែលហៅថា ពីកុលសម្ព័ន្ធម៉ាណា‌សេ) គឺ​លោក​កាឌី ជា​កូន​ប្រុស​​របស់​លោក​ស៊ូស៊ី។ 12 ពីកុលសម្ព័ន្ធ​ដាន់ គឺ​លោក​អាំមាល ជា​កូន​ប្រុសរបស់​លោក​កេម៉ា‌លី។ 13 ពីកុល‌សម្ព័ន្ធ​អេស៊ើ គឺ​លោក​សេធើរ ជា​កូនប្រុស​របស់​លោក​មីកែល។ 14 ពីកុល‌សម្ព័ន្ធ​ណែប‌ថាលី គឺ​លោក​ណាប៊ី ជា​កូនប្រុស​របស់​លោក​វ៉ូប‌ស៊ី។ 15 ពីកុល‌សម្ព័ន្ធ​កាដ គឺ​លោក​កេ‌អួល ជា​កូន​ប្រុសរបស់​លោក​ម៉ាគី។ 16 ទាំងនេះ​​គឺជា​ឈ្មោះ​របស់​អស់អ្នក​​ដែល​លោក​ម៉ូ​សេ​បាន​ចាត់​ឲ្យ​ទៅ​ពិនិត្យ​មើល​ស្រុក។ លោក​ម៉ូសេ​បាន​ហៅ​លោក​ហូ​សេ​ ជា​កូន​ប្រុសរបស់លោក​នូនថា យូ៉ស្វេ​។​ 17 លោក​ម៉ូ​សេបានចាត់​ពួក​គេ​ឲ្យ​ទៅសង្កេត​មើល​ស្រុក​កាណាន។ លោក​បាន​ប្រាប់​ពួក​គេ​ថា​​៖​ «​ចូរ​ទៅតំបន់ណេកិប​ ហើយ​ឡើង​ទៅតាម​តំបន់ភ្នំ។ 18 ចូរ​ពិនិត្យ​មើល​ស្រុកនោះ​មាន​លក្ខណ​ដូច​ម្ដេច​។ ចូរសង្កេតមើល​ប្រជាជន​ដែលរស់នៅ​ទី​នោះ​ តើ​ពួក​គេ​ខ្លាំង​ពូកែ ឬក៏​ខ្សោយ​​ ហើយ​តើ​ពួក​គេ​មាន​គ្នា​ច្រើន​ ឬក៏​តិច​។ 19 ចូរពិ​និត្យ​​មើល​ថា តើស្រុក​ដែល​ពួក​គេ​រស់​នៅនោះ​មានលក្ខណ​ដូចម្ដេច ល្អ​ ឬ​អាក្រក់? តើ​ទី​​ក្រុង​​នៅ​ទីនោះយ៉ាងម៉េច?​ ​ជាជំរំ ​ឬទី​ក្រុងដែល​មានកំពែង​រឹងមាំ? 20 ចូរមើល​ថា​តើ ដី​យ៉ាង​ម៉េច​ដែរ តើ​ល្អ​សម្រាប់​ដាំ​ដំណាំ ឬ​ក៏​មិនល្អ? តើ​មាន​ដើម​ឈើច្រើន ឬក៏​អត់? ចូរ​មាន​ចិត្ត​ក្លា​ហាន ហើយ​ត្រូវ​នាំ​ផល​ពី​ស្រុក​នោះ​ខ្លះ​ត្រឡប់មកវិញផង​»។ ពេលនោះ ជា​រដូវ​ផ្លែ​ទំ​ពាំង​បាយ​ជូរ​ទុំ​ដំបូង​។ 21 ដូច្នេះ​ បុរស​ទាំងនោះ​បាន​ឡើង​ទៅ​សង្កេត​មើល​ស្រុកនោះ​ចាប់​ពី​ទី​រហោស្ថាន​ស៊ី​ន​រហូត​ដល់​រេហូប​ ដែល​នៅ​ជិត​ក្រុង​​ហាម៉ាត់។​ 22 ពួក​គេ​បាន​ធ្វើ​ដំណើរ​ឡើង​ពីតំបន់​ណេ​កិប​ទៅ​ដល់ក្រុង​ហេប្រូន។ នៅទី​នោះ​មាន​លោកអហ៊ី‌ម៉ាន ​លោកសេសាយ និង​​លោកតាល់‌ម៉ាយ ជាពូជពង្ស​​របស់​លោក​អណាក់​រស់​នៅ។​ ពេលនោះ ​ក្រុង​ហេប្រូន​បានសង់​ឡើង​មុន​ក្រុង​សូរ​អាន​នៅ​ស្រុក​អេស៊ីប​ប្រាំពីរឆ្នាំ។ 23 នៅ​ពេល​ដែ​ល​ពួក​គេ​ធ្វើ​ដំណើ​ទៅ​ដល់​ជ្រលង​អែសកុស ពួក​គេ​បាន​កាត់​យក​ផ្លែ​ទំពាំ​បាយជូរ​មួយចង្កោម។​ ពួក​គេយក​ដងរែកសែង​ចង្កោម​ទំពាំង​បាយជូរនោះដោយ​គ្នា​ពីរ​​នាក់។​ ពួកគេ​ក៏​យក​ផ្លែ​ទទឹម និង​ផ្លែ​ឧទុម្ពរ​​មក​ជាមួយ​ដែរ។​ 24 ​គេ​បាន​ដាក់ឈ្មោះ​កន្លែង​នោះថា​ ជ្រលង​អែស​កុស ដោយ​ព្រោះ​តែចង្កោម​ទំពាំង​បាយជូរ​ដែលពួ​ក​កូ​ន​ចៅ​អ៊ីស្រាអែល​បានកាត់នៅ​ទី​នោះ។​ 25 សែសិប​ថ្ងៃ​ក្រោយមក​ ពួក​គេ​ក៏​ត្រឡប់មកពី​សង្កេត​ស្រុកនោះ​វិញ។ 26 ពួគ​គេ​បាន​មក​ជួប​លោកម៉ូសេ​ លោក​អ៊ើរ៉ុន និង​សហគមន៍អ៊ីស្រាអែល​ទាំងមូល​នៅ​​ត្រង់​កាឌែស ក្នុង​ទីរហោស្ថាន​​ប៉ារ៉ាន។ ពួក​គេ​បាន​ប្រាប់ដំណឹង​ដល់ពួក​លោក​​ និង​សហគមន៍ទាំងមូល​ ហើយ​ក៏​បាន​បង្ហាញ​ផល​ផ្លែរបស់​ស្រុក​នោះផងដែរ។ 27 ពួក​គេ​បាន​ប្រាប់លោក​ម៉ូ​សេ​ថា៖ «ពួក​​យើង​បាន​ទៅ​ដល់​ស្រុក​ដែល​លោកបានចាត់​ពួក​យើង​ឲ្យ​ទៅ​ហើយ​។ ស្រុកនោះ​ពោររពេញ​ទៅ​ដោយ​ទឹក​ដោះ​ និង​ទឹកឃ្មុំ​ ហើយ​នេះ​ជា​ផលខ្លះ ពី​ស្រុក​នោះ។ 28 ប៉ុន្តែ ​មនុស្ស​ដែល​រស់​នៅ​ក្នុង​ស្រុកនោះ​ខ្លាំង​ពូកែ​ណាស់។ ទីក្រុង​សុទ្ធ​តែ​មាន​កំពែង​រឹងមាំ ហើយ​ក៏ធំ​ៗ​ណាស់។ ពួក​យើង​ក៏​បាន​ឃើញ​កូន​ចៅ​របស់​​លោក​អណាក់នៅទី​នោះ​ដែរ។ 29 ជនជាតិ​​អាម៉ាឡេក​រស់នៅ​តំបន់​ណេកិប ជន‌ជាតិ​ហេត ជន‌ជាតិ​យេប៊ូស និង​ជន‌ជាតិ​អាម៉ូរីសង់លំនៅ​តាម​តំបន់​ភ្នំ។ ចំណែក ​ជន‌ជាតិ​កាណាន​រស់​នៅ​ក្បែរ​សមុទ្រ និង​នៅ​តាមបណ្ដោយ​ទន្លេ​យ័រដាន់»។ 30 ពេលនោះលោកកាលែប​ប្រាប់​បណ្ដាជន​ដែល​​កំពុង​​នៅ​មុខ​លោក​ម៉ូសេឲ្យស្ងាត់​ ហើយ​លោក​​ក៏​និយាយ​ថា​៖ «​ចូរ​ពួ​ក​យើង​ឡើង​ទៅ​ចាប់​យក​ស្រុកនោះ​ទៅ ដ្បិត​ ពួក​យើង​ពិត​ជា​អាច​វាយ​ដណ្ដើម​យក​ស្រុកបាន​»។ 31 ប៉ុន្តែ​ អ្នកផ្សេងទៀត​ដែល​បាន​ទៅ​ជាមួយ​​លោក​បាននិយាយថា៖ «យើង​មិន​អាចច្បាំង​ជា​មួយពួកមនុស្ស​ទាំង​នោះបាន​​ទេ ពីព្រោះ​ពួក​គេ​ខ្លាំង​ពូកែ​ជាង​យើង»។ 32 ដូច្នេះ​ ពួកគេ​បាន​ចែក​ចាយ​ដំណឹង​ដែល​ធ្វើឲ្យ​កូ​ន​ចៅ​អ៊ីស្រាអែល​បាក់​ទឹកចិត្ត​អំពី​ស្រុកដែល​ពួ​គេ​បានទៅ​សង្កេត​មើល​នោះ។ ពួកគេ​បាន​និយាយ​ថា​៖​ «ស្រុក​ដែល​ពួក​យើង​បាន​សង្កេង​មើល​​នោះ​ គឺជា​ស្រុក​ដែល​ស៊ី​បង្ហិន​បង្ហោច​ប្រជាជនដែល​រស់​នៅ​ក្នុង​នោះ​។ មនុស្ស​ទាំង​អស់​ដែល​ពួកយើ​ង​បាន​ឃើញ​នោះ​សុទ្ធ​តែ​មានឌ​ធំៗ ហើយ​ខ្ពស់ៗ។ 33 យើង​បាន​ឃើញ​មនុស្សដែល​មាន​មាឌ​ធំ​សម្បើម ពួ​គេ​ជា​កូន​ចៅ​របស់លោក​អណាក់​ ជា​មនុស្ស​ដែល​កើត​ពី​នុស្ស​ដែល​មាន​មាឌ​ធំ​សម្បើម។ បើ​ប្រៀប​ធៀបនឹង​ពួ​គេ ពួកយើង​គឺ​ដូ​ច​ជា​សត្វ​កណ្ដូប​ ហើយ​ពួក​គេ​ក៏​មើល​ឃើញ​ពួក​​យើង​ដូច្នេះ​ដែរ»។

ជំពូក ១៤

1 នៅ​យប់​នោះ​ ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំងអស់បាន​ស្រែកយំ​យ៉ាង​ខ្លាំង។ 2 ហើយ​ពួក​គេ​ក៏រិះគន់​លោក​ម៉ូ​សេ និង​លោក​អ៊ើរ៉ុន​ជា​ខ្លាំង។ សហគមន៍​ទាំងមូល​បាន​និយាយទៅពួកលោកថា​៖ «​ទុក​ឲ្យ​ពួកយើង​​ស្លាប់​នៅ​ស្រុក​អេស៊ីប ​ឬនៅ​​ទី​​រហោស្ថានទៅប្រសើរជាង។ 3 ហេតុអ្វីបាន​ជា​ព្រះអម្ចាស់នាំពួកយើង​​មកស្រុក​នេះ ហើយ​ត្រូវ​ស្លាប់​ដោយ​សារ​ដាវ​ដូច្នេះ? ប្រពន្ធ និង​កូនៗ​របស់​ពួក​យើង​នឹង​ក្លាយ​ជា​ជន​រងគ្រោះ។ តើពួក​យើង​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ​​មិន​ល្អ​ជាង​ទេឬ? 4 ពួក​គេ​បាននិយាយគ្នាថា៖ «ចូរពួកយើង​ជ្រើស​រើស​អ្នក​ដឹកនាំ​ម្នាក់ផ្សេងទៀត​​ឲ្យ​ដឹកនាំ​ពួក​យើង​ត្រឡប់​ទៅ​ស្រុកអេស៊ីបវិញ»។ 5 នោះ​លោកម៉ូសេ​​ និងលោក​អ៊ើរ៉ុន​បាន​ឱនមុខ​ចុះនៅ​​ចំពោះ​មុខ​សហគមន៍​​កូន​ចៅ​អ៊ីស្រាអែល។ 6 លោក​យ៉ូស្វេ​កូនប្រុស​​របស់លោក​នូន និង​លោក​កាលែប​កូន​ប្រុស​របស់​លោក​​យេភូ‌នេដែល​បាន​ទៅ​សង្កេត​មើល​ស្រុកនោះ​ជា​មួយ​ពួក​គេ​ដែរ​ បាន​ហែកសម្លៀក​បំពាក់​របស់​ខ្លួន។ 7 ពួក​គេ​បាន​និយាយ​ទៅ​កាន់​សហគមន៍កូន​ចៅ​អ៊ីស្រាអែល​​ថា​៖​ «ស្រុកដែល​ពួកយើង​បាន​ដើរ​​ឆ្លង​កាត់ និងសង្កេតមើលនោះ​ជា​ស្រុក​​ល្អ​ខ្លាំង​ណាស់។​ 8 ប្រសិន​បើ ​ព្រះ​អម្ចាស់​សព្វ​ព្រះហឫទ័យ​នឹងយើង​ នោះ​ព្រះអង្គ​នឹង​នាំ​យើងចូល​ទៅក្នុង​​ស្រុកនោះ ហើយ​ព្រះអង្គ​នឹង​ប្រទាន​ស្រុកនោះ​ឲ្យ​យើងជា​មិខាន។ ស្រុកនោះ​ពោរ​ពេញទៅ​ដោយ​ទឹក​ដោះ និង​ទឹក​ឃ្មុំ។ 9 ប៉ុន្តែ​ មិន​ត្រូវ​បះ​បោរ​​ប្រឆាំង​នឹង​ព្រះអម្ចាស់​​ឡើយ ហើយ​ក៏កុំខ្លាចមនុស្ស​នៅ​ក្នុុង​ស្រុក​នោះ​ដែរ។ ពួក​យើង​នឹង​លេបស៊ី​ពួកគេ​យ៉ាង​ងាយ​ដូច​ជា​ស៊ី​ម្ហូបអាហារ។ រនាំង​​ការពារ​របស់​ពួក​គេ​​នឹង​ត្រូវ​រើ​ចេញ​ពី​ពួក​គេ ដ្បិត ​ព្រះអ​ម្ចាស់​គង់​ជា​មួយ​នឹង​យើង ដូច្នេះ ​កុំ​ខ្លាច​ពួក​កេ​ឡើយ»។ 10 ប៉ុន្ដែ ​សហគមន៍​ទាំង​មូល​គម្រាម​ចោល​ដុំថ្ម​សម្លាប់​ពួក​គេ​។ នៅ​ពេល​នោះ​សិ​រី​រុង​របស់​ព្រះអម្ចាស់បាន​លេច​ចេញ​មក​នៅ​ត្រសាលប្រជុំចំពោះ​មុខ​កូន​ចៅ​អ៊ីស្រាអែល​ទាំងអស់គ្នា។ 11 ព្រះអម្ចាស់​បានមាន​បន្ទូល​ទៅ​លោក​ម៉ូ​សេ​ថា​៖ «តើ​ប្រជាជន​នេះ​នឹង​មើល​ងាយ​យើង​ដល់​ពេល​ណាទៀត? តើ​ពួក​គេ​នៅ​តេ​មិន​ជឿ​ទុក​ចិត្ត​ដល់​យើង​​ដល់​ពេល​​ណា​​​ទោះ​បី​ជា​ទី​សម្គាល់​នៃ​អំណាច​របស់​យើង ដែល​យើង​បាន​ធ្វើ​នៅ​កណ្ដាល​ចំណោម​ពួក​គេផង​​នោះ? 12 យើង​នឹង​វាយ​ប្រហារ​ពួក​គេ​ដោយ​គ្រោះ​កាច​ ហើយ​នឹង​កាត់​​កាល់​ពួក​គេ​ រួច​យើង​នឹងបង្កើត​ប្រជាតិមួយដែល​ធំជាង ហើយ​ខ្លាំងពូកែ​ជាងពួក​គេ​ពី​ពូជ​ពង្សរបស់​អ្នក»។ 13 លោកម៉ូសេ​បាន​ទូលទៅ​ព្រះ​អម្ចាស់​​ថា​៖ «ប្រសិន​បើ​ ព្រះ​អង្គ​ធ្វើដូច្នេះ នោះ​ជនជាតិអេស៊ីបនឹង​ឮអំពីរឿង​នេះ ដ្បិត​​​ ព្រះ​​អង្គបាន​សង្គ្រោះ​ប្រជាជននេះពី​ពួក​គេ ដោយ​អំណាចចេស្តា​​របស់ព្រះអង្គ​។ 14 ពួក​គេ​នឹង​ប្រាប់​រឿង​នេះ​ដល់​មនុស្ស​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ។ ពួក​គេ​បាន​ឮថាព្រះអង្គ​គង់​ជា​មួយ​ប្រជាជននេះ គេ​បាន​ឃើញព្រះអង្គ​​មុខ​ទល់​នឹង​មុខ។ ពពករបស់​ព្រះ​អង្គឈរ​នៅពី​លើ​ប្រជាជននេះ​​។ ព្រះ​អង្គ​យាង​ពី​មុខ​ពួក​គេ​ដោយ​សរសរ​ពពក​នៅ​ពេល​ថ្ងៃ ហើយ​ដោយ​សរសរ​ភ្លើង​នៅ​ពេល​យប់។ ​ 15 ដូច្នេះ ប្រសិន​បើ​ព្រះអង្គ​សម្លាប់​ពួក​គេ​ ដូច​ជា​មនុស្ស​តែ​ម្នាក់​នោះ នោះ​ប្រជាជាតិទាំង​ឡាយ​ដែល​បាន​ឮល្បី​អំពី​ព្រះអង្គ​នឹង​នាំ​គ្នា​និយាយថា​៖ 16 «ព្រោះ​តែ​ព្រះ​អម្ចាស់​មិនអាច​នាំ​ប្រជាជន​នេះ​ចូល​ទៅ​ក្នុង​ទឹក​​ដី​ដែល​ព្រះអង្គ​បាន​ស្បថ​ថាប្រទាន​ឲ្យ​ដល់​ពួកគេបាន​ ទើបព្រះអង្គ​សម្លាប់ពួក​គេ​នៅ​ទី​រហោស្ថាន​អស់​»។ 17 ឥឡូវនេះ​ ទូល​បង្គំ​សូម​អង្វរ​ព្រះ​អង្គ សូម​ព្រះ​អង្គ​​ប្រើអំណាច​ចេស្ដា​ដ៏​ខ្លាំង​របស់​ព្រះអង្គ​។ ដ្បិត ​ព្រះអង្គ​បាន​មានបន្ទូល​ថា​៖ 18 «ព្រះអម្ចាស់​យឺតនឹងខ្ញាល់​ ហើយ​ពោរ​ពេញ​ទៅ​​​ដោយសេចក្តី​ស្មោះ​ត្រង់។ ព្រះអង្គតែង​តែ​​លើក​លែង​ទោស​ដល់​កំហុស និង​សេចក្តី​រំលង​។ ប៉ុន្តែ ព្រះអង្គ​មិនបំភ្លេច​​កំហុសនោះ​ទេ គឺ​ព្រះ​អង្គ​នឹង​ដាក់ទោស​អំពើបាប​របស់​ដូន​តា​ទៅ​លើ​កូនចៅរបស់​ពួក​គេ​បី​ទៅ​បួន​តំណ​។​ 19 ទូល​បង្គំ​សូម​​អង្វរ​ព្រះអង្គ សូម​ព្រះ​អង្គ​អត់​ទោស​ចំពោះ​អំពើ​បាប​របស់​ប្រជាជននេះ ដោយ​ព្រោះ​តែ​សេចក្តីស្មោះ​ត្រង់​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​ ដូចដែល​ព្រះ​អង្គ​តែងតែ​អត់ទោស​ដល់់ប្រជាជននេះ​តាំងពី​​ពេល​ដែលពួក​គេ​នៅក្នុង​ស្រុក​អេស៊ីប​រហូត​មក​​ដល់​ពេល​នេះ»។ 20 ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​ថា៖ «យើង​បាន​លើក​លែង​ទោស​ឲ្យ​ពួក​គេតាម​សំណូម​ព​របស់​អ្នក​ហើយ​ 21 ប៉ុន្តែ ​យើ​ង​ជា​ព្រះ​ដែល​មានព្រះជន្ម​គង់នៅ ហើយ​ផែន​ដី​ទាំង​មូល​ពេញ​ដោយ​សិរី​រុង​រឿង​របស់​យើង​ 22 នោះមនុស្ស​ទាំង​អស់នេះ​បាន​ឃើញ​សិរី​​រុុង​រឿង​ និង​ទី​សម្គាល់​នៃ​អំណាច​ដ៏​អស្ចារ្យរបស់​យើង​ ដែលយើង​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីប និង​នៅ​ក្នុង​ទី​រហោស្ថាន​ ប៉ុន្តែ ពួ​ក​គេ​នៅ​តែ​​ល្បងលយើងដល់​ទៅ​ដប់​ដង ហើយ​នៅ​តែ​មិនស្តាប់​តាម​សម្លេង​របស់​​យើង​។ 23 ដូច្នេះ​ យើង​សូម​ប្រកាស​ថា៖ ពួក​គេ​ពិត​ជានឹង​មិន​បាន​ឃើញស្រុក​ដែល​យើង​បាន​ស្បថ​ជា​មួយ​ដូន​តា​របស់​ពួក​គេ​ឡើយ។ អ្នកណា​ដែល​មើល​ងាយ​យើង នឹង​មិន​បាន​ឃើញ​ស្រុក​នោះ​ឡើយ។ 24 លើក​លែង​តែលោក​កាលែប​ជា​​អ្នក​បម្រើ​យើង ព្រោះ​លោកមាន​វិញ្ញាណ​ខុស​ពី​អ្នកផ្សេង​ ហើយ​​លោកបាន​ធ្វើ​តាម​យើង​គ្រប់​ជំពូក​ នោះយើង​នឹង​នាំ​លោក​ចូល​ក្នុង​ស្រុក​ដែល​លោក​បាន​ទៅ​​សង្កេត​មើល។ ពូជពង្ស​របស់​លោក​នឹង​បានកាន់​កាប់​​ស្រុកនោះ។ 25 (ជនជាតិ​អាម៉ាឡេក និង​ជនជាតិកាណាន​រស់​នៅ​តាម​ជ្រលង​ភ្នំ)។ ស្អែកនេះ ចូរ​ត្រឡប់​ទៅ​ទី​រហោស្ថានតាម​​ផ្លូវ​សមុទ្រ​កក់វិញ»។ 26 ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​លោក​ម៉ូសេ និង​លោក​​អ៊ើរ៉ុន។ ព្រះអង្គមានបន្ទូល​​ថា៖ 27 «តើយើង​ត្រូវ​ទ្រាំ​នឹង​សហគមន៍ដ៏អាក្រក់ដែល​តែង​តែរិះគន់យើងនេះ​ដល់​ពេល​ណា? យើង​​បាន​ឮ​ការ​​រអ៊ូរទាំរបស់​កូន​ចៅ​អ៊ីស្រាអែល​ទាស់នឹង​យើង​ហើយ។ 28 ចូរ​ប្រាប់​ពួក​គេ​ថា៖ នេះ​ជាព្រះបន្ទូលរបស់​ព្រអម្ចាស់! យើង​ជា​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​គង់​នៅ យើង​នឹង​ប្រព្រឹត្តិ​ចំពោះ​អ្នករាល់​គ្នា​ ដូច​ដែល​យើង​​គ្នា​បាន​ឮអ្នក​រាល់គ្នានិយាយ​។ 29 សាកសព​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវដួល​នៅ​ក្នុង​ទី​រហោស្ថាននេះ​ គឺអស់​អ្នក​ដែល​រអ៊ូរទាំទាស់​នឹង​យើង ជា​អ្នក​ដែលបានរាប់​ក្នុង​ពេល​​ធ្វើ​រាប់ចំនួនអ្នក​ដែល​មានអាយុ​ចាប់​ពី​ម្ភៃឆ្នាំ​ឡើង​ទៅ ។​ 30 អ្នក​រាល់​គ្នា​ពិត​ជា​នឹង​មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​សន្យា​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ឡើយ លើកលែង​តែ​លោកកាលែប​ជា​កូនប្រុស​របស់​លោកយេភូ‌នេ និងលោក​យ៉ូស្វេ ជា​កូន​ប្រុសរបស់​លោកនូន។ 31 ប៉ុន្តែ​ កូនចៅ​របស់​អ្នករាល់​គ្នា​ដែល​អ្នក​រាល់​គ្នា​បាន​និយាយ​ថា​នឹង​ក្លាយជា​ជន​រង​គ្រោះ​នោះ យើង​នឹង​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ទឹកដី​នោះ។ ពួក​គេ​នឹង​ស្គាល់​ស្រុក​​ដែល​អ្នក​រាល់​គ្នា​បានបដិសេធ​មិនទទួលយក។ 32 ចំណែកអ្នករាល់​គ្នាវិញ សាកសព​របស់​អ្នករាល់​គ្នា​នឹង​ដួល​នៅ​ក្នុងក្នុងទីរហោ​ស្ថាននេះ។ 33 កូន​ចៅ​របស់​អ្នករាល់​គ្នានឹង​ឃ្វាល​ហ្វូងចៀមក្នុង​ទី​ហោស្ថាននេះ​រយៈពេល​សែសិបឆ្នាំ។ ពួក​គេ​នឹង​ទទួលទោស​នៃ​អំពើ​បះ​បោរ​របស់​អ្នក​រាល់​គ្នា​រហូត​ទាល់​តែ​អ្នក​រាល់​គ្នា​ស្លាប់​ចោល​ឆ្អឹង​នៅ​ក្នុង​ទី​រហោស្ថាន​​នេះអស់។ 34 ដូចដែល​​អ្នករាល់​​គ្នាបានទៅ​សង្កេត​មើល​ស្រុកនោះ​រយៈ​ពេល​សែសិប​ថ្ងៃ នោះ​អ្នក​រាល់​គ្នានឹង​ទទួល​ទោស​នៃ​អំពើបាប​របស់​អ្នក​រាល់​គ្នា​រយៈ​ពេល​សែសិប​ឆ្នាំ​ដែរ​​ គឺ​មួយឆ្នាំ​ សម្រាប់មួយ​ថ្ងៃ​ នោះ​អ្នក​រាល់គ្នានឹង​ដឹង​ថា ការ​ដែលធ្វើ​ជា​ខ្មាំង​សត្រូវ​នឹងយើងនោះ​វា​យ៉ាង​ដូចម្ដេចទៅវិញ។ 35 យើង​​គឺជា​ព្រះអម្ចាស់​បាន​មាន​បន្ទូលយ៉ាងណា យើង​ពិត​ជា​នឹង​ធ្វើ​យ៉ាងនោះ​ដល់​សហគមន៍ដ៏អាក្រក់ដែលបាន​ប្រមូល​គ្នា​​បះបោរ​ទាស់​នឹង​យើង​នេះ។ ពួក​គេ​នឹង​ត្រូូវ​កាត់ចោល​ទាំងស្រុង ហើយ​នឹង​ស្លាប់​នៅ​ទី​នេះ​ទាំងអស់​គ្នា»។ 36 ដូច្នេះ ពួកអ្នកដែល​លោក​ម៉ូសេ​បានចាត់​ឲ្យ​ទៅសង្កេតមើល​ស្រុកនោះ​​បានស្លាប់ទាំងអស់​គ្នា​ដោយ​គ្រោះនៅ​ចំពោះ​ព្រះអម្ចាស់។ 37 អ្នកទាំង​នេះ​គឺ​ជាអ្នក​​ដែលត្រឡប់មកវិញ ហើយ​នាំ​ដំណឹង​អាក្រក់អំពី​​​ស្រុកនោះ​មក​​រាយការណ៍ ហើយ​បាន​ធ្វើ​ឲ្យ​សហគមន៍ទាំងមូល​រអ៊ូរទាំ​ទាស់​នឹង​លោក​ម៉ូសេ។ 38 ក្នុង​ចំណោម​មនុស្ស​ទាំងអស់​ដែល​បាន​ទៅមើល​ស្រុកនោះ មាន​តែ​លោក​យ៉ូស្វេជា​កូន​ប្រុស​របស់លោកនូន និង​លោក​កាលែប​ជា​កូន​ប្រុស​របស់លោក​យេភូនេទេដែល​នៅ​រស់។ 39 នៅពេល​ដែលលោកម៉ូសេ​បាន​ប្រាប់​ដំណឹង​នេះ​​ដល់់កូន​ចៅ​អ៊ីស្រាអែល​​ ពួក​គេទូញសោក​យ៉ាង​ខ្លាំង។ 40 ពួក​គេ​ក្រោក​ឡើង​​ពី​ព្រឹក​ព្រលឹម ហើយ​ឡើងទៅ​លើ​កំពូល​ភ្នំ ទាំង​​ពោលថា៖ «​មើល៍! ពួក​យើង​នៅទីនេះ​ យើង​​នឹង​ទៅ​កន្លែង​ដែល​ព្រះ​អម្ចាស់​បាន​សន្យា​ ដ្បិត ​ពួកយើង​បាន​ធ្វើ​បាប​មែន»។ 41 ប៉ុន្តែ ​លោក​ម៉ូសេ​បាន​មានប្រសាន៍ថា​៖ «ហេតុអ្វី​បានជាអ្នក​រាល់​បំពាន​​លើ​បញ្ជារបស់​ព្រះអម្ចាស់ដូច្នេះ? អ្នក​រាល់​គ្នា​នឹង​មិនបាន​សម្រេច​ឡើយ។ 42 សូម​កុំ​ទៅ​ឡើយ ដ្បិត​ ព្រះ​អម្ចាស់មិន​គង់​ជាមួយអ្នក​រាល់គ្នា​ដើម្បី​ការ​ពារ​អ្នក​រាល់​គ្នា​ពីការ​វាយ​ប្រហារ​ពី​សត្រូវ​​របស់​អ្នក​រាល់​គ្នា​ឡើយ។ 43 ជន​ជាតិអាម៉ាឡេក និង​ជនជាតិ​កាណាន​នៅទីនោះ ហើយ​អ្នក​រាល់​គ្នា​នឹង​ស្លាប់​ដោយ​សារ​​ដាវ​ ដ្បិត ​អ្នក​រាល់​គ្នា​បាន​ងា​កចេញ​ពីព្រះ​ជាម្ចាស់ហើយ។ ដូច្នេះ​ ព្រះអង្គ​នឹង​មិន​គង់​ជាមួយ​អ្នក​រាល់​គ្នា​ឡើយ»។ 44 ប៉ុន្តែ​ ពួក​គេ​នៅ​តែ​មានះ​ឡើង​ទៅ​ស្រុកភ្នំ តែ​លោក​ម៉ូសេ​ និង​ហឹប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអម្ចាស់បាន​ចាក​ចេញ​ពី​ជំរំ​ហើយ។ 45 ពេល​នោះ​ជនជាតិ​អាម៉ាឡេក​​​ និង​ជនជាតិ​កាណាន​​​ដែល​រស់​នៅ​តាម​តំបន់ភ្នំនោះបាន​ចុះមក។ ពួក​គេ​បាន​វាយ​ប្រហារ​ជនជាតិអ៊ីស្រាអែលឲ្យ​ចុះចាញ់​រហូត​ដល់ហោម៉ា។

ជំពូក ១៥

1 បន្ទាប់មក ​ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​ទៅ​លោក​ម៉ូ​សេ​ថា៖​ 2 «ចូរប្រាប់​ដល់​កូន​ចៅ​អ៊ីស្រាអែលថា នៅ​ពេល​អ្នក​រាល់​គ្នាចូូល​ទៅក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​រស់​​នៅ ​ដែល​​ព្រះអម្ចាស់​នឹង​​ប្រទាន​​ឲ្យ​អ្នក​រាល់​គ្នា​នោះ 3 ពេល​អ្នក​រាល់​គ្នា​រៀប​ចំ​តង្វាយ​ដោយ​ភ្លើង​ថ្វាយ​ព្រះ​អម្ចាស់នោះ ទោះបី​​ជា​តង្វាយ​ដុត​ ឬយញ្ញបូជា​លាបំណន់ ឬតង្វាយ​ស្ម័គ្រ​ចិត្ត​ ឬ​តង្វាយ​នៅ​ពេល​បុណ្យ​ផ្សេងៗ​ក្ដី នោះ​ត្រវ​ថ្វាយ​កូន​គោ ឬកូន​ចៀម​ ដើម្បី​ធ្វើ​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ជាទី​គាប់​ព្រះ​ហឫ​ទ័យ​ដល់​ព្រះអម្ចាស់​។​​ 4 អ្នករាល់​គ្នាដែល​​ត្រូ​វ​ថ្វាយ​​តង្វាយ​ដុុត​​​​ដល់ព្រះអម្ចាស់ ត្រូវ​យក​តង្វាយគ្រាប់​ធញ្ញជាតិ​ដែលមាន​ម៉្សៅ​ម៉ដ្ឋ​បី​គីឡូ​ក្រាមជាមួយប្រេងមួយលីត្រកន្លះមកជា​មួយ​ផង​​។ 5 ​និង​​ត្រូវ​យក​ស្រា​ទំពាំង​បាយ​ជូរ​មួយលីត្រកន្លះ​​សម្រាប់​ជា​តង្វាយ​ច្រូច​ សម្រាប់​ចៀម​នីមួយៗ​​​ដែល​អ្នករាល់​គ្នា​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ ឬថ្វាយ​យញ្ញបូជា​។ 6 ប្រសិន​បើ ​អ្នក​រាល់​គ្នា​ថ្វាយ​ចៀម​ឈ្មោល ត្រូ​វរៀប​ចំ​តង្វាយ​គ្រាប់​ធញ្ញជាតិ ដែលមានម៉្សៅ​ម៉ដ្ឋល្អប្រាំមួយគីឡូក្រាម​លាយជា​មួយ​ប្រេង​ពីរ​លីត្រ។ 7 សម្រាប់​តង្វាយ​ច្រូច​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ស្រា​ទំ​ពាំង​បាយ​ជូរពីរលីត្រ​។ វា​នឹង​ធ្វើ​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ដល់​ព្រះអម្ចាស់។​ 8 នៅពេលអ្នក​រាល់​​គ្នា​រៀបចំ​គោឈ្មោះ​មួយ​សម្រាប់ជា​តង្វាយ​ដុត​ទាំងមូល​ ឬជា​យញ្ញ​បូជា​ដើម្បីលាបំណន់ ឬ​ជា​តង្វាយ​មេ​ត្រី​ដល់ព្រះ​អម្ចាស់ 9 នោះ​អ្នក​រាល់​គ្នា​ត្រូវ​យក​តង្វាយ​​គ្រាប់​ធញ្ញជាតិ​ដែលមាន​ម៉្សៅមដ្ឋ​ល្អប្រាំ​បួន​គីឡូ​ក្រាមលាយជា​មួយ​នឹង​ប្រេង​បីលីត្រ មកថ្វាយ​ជាមួយ​គោ​ឈ្មោលនោះ។ 10 អ្នក​ក៏​ត្រូវ​ថ្វាយស្រាទំពាំង​បាយជូរបីលីត្រសម្រាប់ជា​​តង្វាយ​ច្រូច​ ដែល​ជាតង្វាយ​ដោយ​ភ្លើង ដើម្បី​ធ្វើ​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ដល់​ព្រះអម្ចាស់។ 11 ត្រូវ​ធ្វើ​របៀ​ប​នេះ​សម្រាប់រាល់គោឈ្មោល កូន​ចៀម ឬ​កូន​ពពែ​ សម្រាប់កូន​ចៀម​ឈ្មោល និង​កូន​ពពែ​ឈ្មោលនីមួយៗ។ 12 គ្រប់ទាំង​យញ្ញបូជា​ដែល​​អ្នករាល់​គ្នា​រៀប​ចំ និង​ថ្វាយ​​ត្រូវ​ធ្វើ​តាម​ដូច​ដែល​បាន​រៀប​រាប់​នៅ​​ទី​​នេះ។ 13 ជនជាតិ​អ៊ីស្រាអែល​ទាំងអស់​​ដែល​កើត​នៅ​ក្នុងស្រុក​ត្រូវ​ធ្វើ​ការ​ទាំង​នេះ​តាម​របៀបនេះ នៅ​ពេល​ដែល​នរណា​ម្នាក់នាំ​តង្វាយ​ដេោយភ្លើងដើម្បី​ធ្វើ​ឲ្យ​មាន​​ក្លិន​ឈ្ងុយ​ដែល​គាប់​ព្រះ​ហឫ​ទ័យ​ដល់​ព្រះ​អម្ចាស់។ 14 ប្រសិន​បើ​ មាន​ជន​បរទេស​កំពុង​​ស្នាក់​នៅ​ជា​មួយអ្នករាល់គ្នា ​ឬ​អ្នក​ណា​ដែល​រស់​នៅ​ជាមួយ​អ្នក​រាល់​គ្នា​ច្រើនតំណមកហើយ គេ​ត្រូវ​ថ្វាយ​តង្វាយ​ដែល​ធ្វើ​ដោយ​ភ្លើងដែល​ធ្វើ​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ដល់​ព្រះអម្ចាស់ នោះ​ពួក​គេ​ត្រូវ​ធ្វើ​ដូច​ជា​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដែរ។ 15 ត្រូវ​មាន​ច្បាប់តែមួយ​សម្រាប់​សហគមន៍ និង​សម្រាប់​ជន​បរទេស​ដែល​ស្នាក់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា គឺ​ជាច្បាប់​ដែលមិន​ប្រែប្រួល​សម្រាប់​កូន​​ចៅ​របស់​អ្នក​រាល់​គ្នា​នៅគ្រប់​ជំនាន់​តទៅ។ អ្នករាល់​គ្នា​ធ្វើយ៉ាង​ណា នោះ​អ្នកធ្វើ​ដំណើរ​ដែលស្នាក់​នៅ​ជាមួយ​អ្នក​រាល់​គ្នា​ក៏ត្រូវ​ធ្វើ​​យ៉ា​ងនោះ​ដែរ​។ ពួកគេ​​ត្រូវ​តែ​ប្រព្រឹត្តិដូច​អ្នក​​រាល់​គ្នា​ប្រព្រឹត្តិ​នៅចំពោះ​ព្រះអម្ចាស់ដែរ។ 16 ត្រូវ​មាន​ច្បាប់តែ​មួយ​ និង​បញ្ញត្តិ​តែមួយ​សម្រាប់​អ្នករាល់​គ្នា​ និងសម្រាប់​ជនជបរទេស​ដែល​ស្នាក់​នៅ​ជាមួយ​អ្នករាល់គ្នា»។ 17 ព្រះអម្ចាស់​បាន​មាន​បន្ទូល​មកលោក​ម៉ូសេម្តង​ទៀត។ ព្រះអង្គមានបន្ទូលថា៖​ 18 «ចូរ​ប្រាប់​ទៅ​កូន​ចៅ​អ៊ីស្រាអែល​ថា​ ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើ​ង​នឹង​យកអ្នក​រាល់​គ្នា​ទៅ 19 ហើយ​កាលណា​អ្នក​រាល់​គ្នា​បរិភោគ​អាហារ​របស់​​ស្រុកនោះ អ្នក​រាល់​ត្រូវ​ទុក​ខ្លះជា​តង្វាយ ថ្វាយ​ដល់យើង​។​ 20 អ្នករាល់​គ្នា​ត្រូវ​ញែក​ម៉្សៅ​ដែល​លាយដំបូង​មក​ធ្វើ​នំប៉័ងមួយ​ដុំសម្រាប់​ជា​តង្វាយ ដូច​ជា​តង្វាយ​ពី​ទីលាន​បោក​​ស្រូវដែរ​។ គឺ​អ្នក​​រាល់​គ្នា​ត្រូវ​​ធ្វើ​តាម​របៀប​នេះ​។ 21 អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ម៉្សៅ​ដែល​លាយ​ដំបូង​ដល់​យើង​នៅ​គ្រប់​ជំនាន់​តទៅ។ 22 ពេលខ្លះអ្នករាល់​​នឹង​ប្រព្រឹត្តិបាប​ដោយអចេតនា​​ គឺ​នៅ​​ពេ​ល​អ្នករាល់គ្នា​មិន​ធ្វើ​តាម​បញ្ញត្តិ​​ទាំងនេះ​ដែល​យើង​បាន​បង្គាប់លោកម៉ូសេ​ 23 គឺ​​គ្រប់ទាំង​សេចក្តី​ដែលយើង​បានបង្គាប់តាមរយៈលោកម៉ូសេ​ចាប់តាំង​ពី​ថ្ងៃ​ដែល​​យើង​​ចាប់ផ្តើមប្រទាន​បញ្ញាត្តិ​ដល់​​អ្នក​រាល់​គ្នា​រហូត​ដល់​គ្រប់​ជំនាន់​មនុស្ស​តទៅ។ 24 ក្នុង​​ករណីដែល​ប្រព្រឹត្តិ​អំពើបាប​ដោយ​អ​ចេតនា​ ហើយ​​សហគមន៍ក៏មិន​បាន​ដឹង​ នោះ​សហគមន៍ទាំងមូល​ត្រូវ​ថ្វាយគោស្ទាវមួយ​ជា​តង្វាយ​ដុត​ដើម្បី​ធ្វើ​ឲ្យ​មាន​ក្លិន​ឈ្ងុត​ដល់ព្រះ​អម្ចាស់។ ហើយ​ក៏​ត្រូវ​ថ្វាយ​តង្វាយ​គ្រាប់​ធញ្ញជាតិ​ និង​តង្វាយ​ច្រូច​ តាម​​បញ្ញត្តិ​បាន​បង្គាប់ និង​​ត្រូវ​ថ្វាយ​ពពែឈ្មោលមួយ​ទុកជា​តង្វាយ​លោះ​បាបដែរ។ 25 បូជា​​ចារ្យ​ត្រូវ​ធ្វើ​ពិធី​លោះបាប​សម្រាប់​​សហគមន៍​ប្រជាជនអ៊ីស្រាអែលទាំងមូល​។ ពួក​គេនឹង​ទទួលបានការ​លើកលែងទោសដោយព្រោះ​​តែអំពើបាប​ដោយអចេតនា​។​ ពួក​ត្រូវបាន​នាំ​យញ្ញបូជា​របស់​ពួកគេ ទុកជា​តង្វាយ​ធ្វើ​​ដោយ​ភ្លើង​​​ដល់យើង។​ ពួកត្រូវ​​​នាំ​តង្វាយ​លោះបាប​របស់ខ្លួនចំពោះយើង​សម្រាប់​អំពើ​បាប​ដោយ​អចេតនា​របស់ពួកគេ។ 26 ធ្វើដូច្នោះ សហគមន៍ប្រជាជនអ៊ីស្រាអែល​ទាំងមូល និងអំពើបាបរបស់​ជនបរទេស​​ដែល​ស្នាក់នៅ​​ជាមួយ​ពួក​គេ នឹង​បាន​ទទួល​ការ​លើកលែង​​ទោស ពីព្រោះ​មនុស្សទាំងអស់​បាន​ប្រព្រឹត្ត​ដោយ​អចេតនា។ 27 ប្រសិន​បើ​ មនុស្ស​ម្នាក់ប្រព្រឹត្តអំពើបាប​ដោយ​អចេតនា​​ នោះ​គេ​ត្រូវ​ថ្វាយ​ពពែញី​អាយុ​មួយ​ឆ្នាំជា​តង្វាយ​លោះ​បាប។ 28 បូជាចារ្យ​ត្រូវធ្វើពិធីលោះ​បាប​នៅចំពោះព្រះ​អម្ចាស់សម្រាប់​អ្នក​ដែល​បាន​ប្រព្រឹត្តអំពើបាប​ដោយអចេតនា​នោះ។ អ្្នក​នោះ​​នឹង​ទទួល​បាន​ការ​លើក​លែង​ទោស ​នៅ​ពេល​ដែល​ធ្វើពិធីលោះ​បាន​រួច​​ហើយ។ 29 អ្នកត្រូវ​មាន​ច្បាប់តែ​មួយសម្រាប់​អស់​អ្នក​​ដែល​បាន​ប្រព្រឹត្តអ្វី​មួយ​ដោយ​អចេតនា​ គឺ​ច្បាប់តែ​មួយ​សម្រាប់​អ្នក​ដែល​កើត​ក្នុង​ស្រុក​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រាអែល និង​សម្រាប់​ជន​បរទេស​ដែល​ស្នាក់​នៅ​ជា​មួយ​ពួក​គេ។ 30 ប៉ុន្ដែ ​បើ​អ្នក​​ណាប្រព្រឹត្ត​អំពើបាបដោយចេតនា ទោះបីគេកើតក្នុងស្រុក ឬជនបរទេសក្ដី គេបានប្រមាថមើលងាយយើង​ហើយ​។ 31 ដ្បិត ពួក​គេ​បាន​មើលងាយពាក្យ​របស់​យើង ក៏បំពានលើបញ្ជារបស់យើងដែរ គឺត្រូវ​កាត់អ្នក​​នោះ​ចោល។ អំពើបាបរបស់​គេ​ នឹងនៅពីលើគេ។ 32 នៅពេលដែលប្រជាជន​​អ៊ីស្រាអែលនៅក្នុងទីរហោស្ថាន​ ពួកគេបានឃើញបុរសម្នាក់​ដើររើសអុស​នៅថ្ងៃ​សប្ប័ទ​។ 33 ​​អ្នកដែលបានឃើញ​គាត់ ក៏នាំគាត់​មកជួប​លោក​ម៉ូសេ​ និងលោក​អ៊ើរ៉ុន ព្រមទាំងសហគមន៍​អ៊ីស្រា​អែលទាំងមូល។ 34 ពួកគេបានឃុំគាត់ទុក​ពីព្រោះពួកគេមិន​ដឹង​ច្បាស់ថា​តើ​ត្រូវធ្វើយ៉ាងដូចម្ដេច​ចំពោះគាត់។​ 35 នោះ​ព្រះ​​អម្ចាស់​​​បានមាន​បន្ទូលមក​លោក​ម៉ូសេ​ថា​៖ «បុរសម្នាក់នោះ​ត្រូវ​មាន​ទោស​ដល់ស្លាប់​។ សហគមន៍ទាំងមូលត្រូវ​យកដុំ​ថ្ម​គប់សម្លាប់អ្នក​​នោះ​នៅក្រៅជំរំ»។ 36 ដូច្នេះ​ សហគមន៍ទាំងមូលបាន​នាំ​អ្នក​​នោះ​ចេញទៅ​ខាងក្រៅ​ជំរំ ហើយចោលដុំថ្ម​សម្លាប់គាត់ដូចដែល​ព្រះ​​អម្ចាស់​​​បាន​បង្គាប់លោក​ម៉ូសេ​។ 37 ព្រះ​​អម្ចាស់​​​ក៏​មាន​បន្ទូលមក​លោក​ម៉ូ​សេ​ទៀត​ថា៖ 38 «ចូរ​ប្រាប់ដល់ដល់កូនចៅអ៊ីស្រា​អែលថា ហើយបង្គាប់ពួកគេថា ចូរ​ដេររំយោល​នៅ​ជាយ​អាវ​ ហើយភ្ជួរនឹងខ្សែពណ៌ខៀវដែលដេរនៅជាយ​​អាវនោះ​។ ពួកគេ​ត្រូវធ្វើបែបនេះនៅគ្រប់ជំនាន់មនុស្សតទៅ។ 39 ធ្វើដូច្នេះដើម្បីទុក​ជាការរំឭកពិសេស​សម្រាប់អ្នក​​រាល់គ្នា នៅ​ពេលដែលអ្នក​រាល់គ្នា​ក្រឡេកមើលរំយោលនោះ អ្នក​រាល់គ្នានឹងនឹកឃើញ​អស់ទាំងក្រឹត្យវិន័យរបស់យើងដែលអ្នក​រាល់គ្នា​ត្រូវ​ប្រព្រឹត្តតាម ដើម្បីកុំឲ្យ​អ្នក​​រាល់គ្នា​ប្រព្រឹត្ត​តាម​អំពើចិត្ត​ និងតាមភ្នែករបស់អ្នក​​រាល់គ្នា ហើយបង្ខូចខ្លួនរបស់អ្នក​​ឲ្យទៅវាឡើយ។​ 40 ធ្វើដូច្នេះដើម្បីឲ្យអ្នក​រាល់គ្នានឹកឃើញនៅក្នុងគំនិត ហើយប្រព្រឹត្តតាមគ្រប់ទាំងបញ្ញត្តិ​របស់​​យើង ហើយដើម្បីឲ្យអ្នក​រាល់គ្នាបានបរិសុទ្ធសម្រាប់យើងជាព្រះរបស់​អ្នក​រាល់គ្នា។ 41 យើងជាព្រះ​​អម្ចាស់​​ ជាព្រះ​​របស់​អ្នក​​​រាល់គ្នា​ដែលបាននាំអ្នក​រាល់គ្នាចេញពីស្រុកអេស៊ីប ដើម្បីធ្វើជាព្រះ​របស់​អ្នក​​រាល់គ្នា​។ យើងជាព្រះ​​អម្ចាស់​​ ជាព្រះ​​របស់​អ្នក​​​រាល់គ្នា។​

ជំពូក ១៦

1 លោក​កូរេ​ជា​កូន​ប្រុសរបស់លោក​យីតសារ ជា​ចៅ​របស់​លោក​កេហាត់ ក្នុង​កុល‌សម្ព័ន្ធ​លេវី ជាមួយលោក​ដាថាន និង​លោក​អប៊ី‌រ៉ាម ជា​កូនប្រុស​របស់​លោក​អេលាប ព្រម​ទាំង​លោក​អូន ជា​កូនប្រុស​របស់​លោក​ពេ‌ឡេត មក​ពី​កុល‌សម្ព័ន្ធ​រូបេន។​ 2 ពួកគេ​បាននាំគ្នា​ងើប​​បះបោរ​ប្រឆាំង​នឹង​លោក​ម៉ូសេ​ ដោយ​មានមនុស្ស​​ផ្សេងទៀត​ពី​​ប្រជាជន​អ៊ីស្រាអែលដែល​សុទ្ធតែ​ជា​មេដឹកនាំរបស់សហគមន៍​ និង​មនុស្សគ្រប់គ្នា​ស្គាល់ច្បាស់​​ ​ចំនួន​ពីររយ​ហាសិប​នាក់​បានចូល​រួមដែរ។ 3 ពួកគេ​បាន​ប្រមូល​ផ្ដុំគ្នា​តតាំង​ជាមួយ​លោក​ម៉ូសេ និង​លោក​អ៊ើរ៉ុន។ ពួកនោះ​បាន​និយាយ​ទៅលោកទាំងពីរ​ថា​៖ «ពួកលោកធ្វើជ្រុលពេកហើយ! សហគន៍​ទាំងមូល​សុទ្ធតែបានញែកដាច់ដោយឡែក ហើយ​ព្រះអម្ចាស់គង់​ក្នុង​ចំណោម​ពួកគេ​ដែរ។ ហេតុអ្វី​បាន​ជា​ពួកលោក​​ លើកខ្លួនឯង​ខ្ពស់ជាង​មនុស្ស​ផ្សេង​ទៀតក្នុង​សហគមន៍​របស់ព្រះអម្ចាស់ដូច្នេះ?» 4 នៅ​ពេល​ដែល​លោកម៉ូ​សេ​បាន​ឮដូច្នេះ លោក​បាន​ឱន​មុខ​​ចុះ។​ 5 លោក​បាននិយាយ​ទៅ​លោក​កូរេថា និង​អស់អ្នក​ដែល​នៅ​ជាមួយ​លោក​កូរេ​ថា​៖ «នៅ​ព្រឹក​នេះ​ ព្រះ​អម្ចាស់​នឹង​ធ្វើ​ឲ្យ​គ្រប់​​គ្នា​ដឹង​ថា តើ​អ្នក​ណា​ជា​របស់​ព្រះ​អង្គ ហើយ​អ្នកណា​ដែល​ត្រូវ​បាន​ញែក​ដាច់​ដោយ​ឡែក​​សម្រាប់ព្រះអង្គ​ ព្រះអង្គ​នឹង​នាំ​មនុស្ស​ទាំងនោះ​ចូល​ទៅ​ជិត​ព្រះអង្គ គឺអ្នកណា​ដែល​ព្រះ​អង្គជ្រើស​រើស​ ព្រះ​អង្គ​នឹង​នាំ​ចូល​ជិត​ព្រះ​អង្គ។ 6 សូមធ្វើ​បែបនេះ លោកកូរេ និង​បក្សពួក​របស់​អ្នក 7 គឺស្អែកនេះ​ ត្រូវ​យក​ពាន​មក​រៀងៗខ្លួនមក​ ហើយ​ដាក់ភ្លើង​ និង​គ្រឿងក្រអូប​ក្នុង​នោះ​នៅ​ចំពោះ​ព្រះអម្ចាស់។ អ្នកណា​ដែល​ព្រះ​អម្ចាស់ជ្រើសរើស​ អ្នកនោះ​នឹង​​ត្រូវ​បាន​ញែក​ដាច់ដោយ​ឡែក​សម្រាប់ព្រះអម្ចាស់។ ពូជពង្សដ៏អាក្រក់អើយ! អ្នករាល់គ្នា​ធ្វើជ្រុលពេកហើយ»។ 8 លោក​ម៉ូសេ​បាន​មានប្រសាសន៍​ទៅ​លោក​កូរេ​ទៀត​ថា៖ «ឥឡូវ​នេះ កូន​ចៅលេវី​អើយ! ​សូម​ស្ដាប់ខ្ញុំ 9 តើ​ការ​ដែល​ព្រះ​ជាម្ចាស់​បាន​ញែក​អ្នក​ដាច់ដោយ​ឡែក​ពី​សហគមន៍អ៊ីស្រាអែល​ នាំ​អ្នក​ចូលជិត​ព្រះអង្គ បម្រើកិច្ចការ​របស់ព្រះអង្គ​នៅ​ក្នុង​រោង​ឧបោសថ ហើយ​ឲ្យ​ឈរ​នៅ​មុខ​សហគមន៍​ដើម្បី​បម្រើ​ពួក​គេ​ ជា​ការ​តូច​តាច​ឬ? 10 ព្រះ​អង្គ​បាន​នាំ​អ្នក​​ និង​​ពូជពង្ស​របស់​លេវី​ជា​បងប្អូន​របស់អ្នកចូលជិត​ព្រះអង្គ ប៉ុន្តែ ​អ្នក​នៅ​តែ​ចង់​បាន​តំណែង​ជាបូជាចារ្យថែមទៀត​។ 11 ហេតុនេះហើយ​បាន​ជា​ អ្នក​ និង​បក្សពួក​របស់អ្នក​បាន​ប្រមូូលផ្ដុំគ្នា​ប្រឆាំង​នឹង​ព្រះអម្ចាស់។ ហេតុអ្វី​​បាន​ជាអ្នក​រអ៊ូរទាំប្រឆាំងនឹង​លោក​អ៊ើរ៉ុន ដែល​ជា​អ្នក​ស្ដាប់បង្គាប់ព្រះ​អម្ចាស់ដូច្នេះ?»។ 12 បន្ទាប់មក លោក​ម៉ូសេ​បាន​ឲ្យ​គេ​ទៅហៅលោក​ដាថាន និង​លោក​អប៊ី‌រ៉ាម ជា​កូន​របស់​លោក​អេលាប ប៉ុន្តែ លោក​ទាំង​ពីរ​និយាយ​ថា៖​ «ពួក​យើង​​មិន​ឡើង​ទៅទេ។ 13 តើ​ការ​ដែល​អ្នកបាន​នាំ​ពួកយើង​ចេញមក​ពីស្រុកដែល​សម្បូរ​ទៅ​ដោយ​ទឹក​ដោះ​ និង​ទឹក​ឃ្ញុំ ដើម្បី​សម្លាប់ពួកយើង​នៅ​ក្នុង​ទី​រហោស្ថាន​នេះ តើ​ជារឿង​តូច​តាច​ឬ? ឥឡូវ​នេះ ​អ្នក​​ចង់តាំង​ខ្លួន​អ្នក​ធ្វើជាអ្នក​ដឹកនាំយើងទៀត។ 14 លើស​ពី​នេះ​ទៀត អ្នក​មិន​បាន​នាំ​ពួក​យើង​ចូល​ទៅ​​ក្នុង​ស្រុក​ដែល​សម្បូរទៅដោយ​ទឹក​ដោះ និង​ទឹក​ឃ្មុំទេ ហើយ​ក៏​មិន​បាន​ឲ្យ​ស្រែ​ និង​ចម្ការទំពាំង​បាយជូរ​មក​ពួកយើង​ទុក​ជា​មរតកដែរ»។ 15 លោក​ម៉ូសេ​ខឹង​យ៉ាង​​ខ្លាំង ហើយ​បាន​ទូល​ដល់​​ព្រះអម្ចាស់ថា​៖​ សូមព្រះអង្គ​​កុំ​ទទួល​តង្វាយ​របស់ពួក​គេអី។ ទូលបង្គំ​មិន​បានយកសត្វលា​មួយ​ក្បាលពីពួកគេ​​ឡើយ ហើយ​ទួល​បង្គំក៏​មិន​បាន​ធ្វើ​ឲ្យពួក​គេ​ណា​ម្នាក់ឈឺចាប់ដែរ»។ 16 បន្ទាប់​មក​ លោក​ម៉ូសេ​បាន​មានប្រសាសន៍​ទៅ​លោក​កូរេ​ថា​៖ «ស្អែកនេះ អ្នក​ និង​​បក្ស​ពួក​របស់អ្នក​ទាំងអស់គ្នត្រូវ​ចូល​ទៅ​ចំពោះ​ព្រះអម្ចាស់​ គឺ​ទាំង​អ្នក ទាំងពួកគេ ព្រម​ទាំង​លោក​អ៊ើរ៉ុន​ផង​ដែរ។ 17 ម្នាក់ៗ​​ត្រូវ​យក​ពាន​របស់ខ្លួន​មក​ ហើយ​ដាក់ភ្លើង​នៅ​ក្នុង​នោះផង។ ​មនុស្ស​ម្នាក់​ៗ​ត្រូវ​យក​ពាន​របស់​ខ្លន​ចូល​ទៅ​ចំពោះ​ព្រះអម្ចាស់ គឺពីររយហាសិប​ពាន។ អ្នក​ និង​លោកអ៊ើរ៉ុន​ក៏​ត្រូវ​យក​ពាន​របស់ខ្លួនទៅ​ដែរ។ 18 ដូច្នេះ​ មនុស្ស​គ្រប់គ្នា​បានយកពាន​របស់ខ្លួនទាំង​ដាក់ភ្លើង​ ទាំងដាក់​គ្រឿង​ក្រអូបនៅ​ក្នុង​នោះមក​​ ហើយ​បាន​ឈរ​​នៅ​ច្រកទ្វារ​ចូលត្រសាលប្រជុំជាមួយលោក​ម៉ូ​សេ​ និង​លោក​អើ​រ៉ុន។ 19 លោកកូរេ​បាន​ប្រមូល​សហគមន៍ទាំងមូលប្រឆាំងនឹង​លោក​​ម៉ូសេ​ និង​​លោក​​អើរ៉ុន​នៅ​ច្រក​ទ្វារចូលត្រសាលជួបជុំ ពេល​នោះ​សិរី​រុង​រឿង​របស់​ព្រះអម្ចាស់បាន​លេច​មក​ឲ្យ​សហគមន៍ទាំង​មូល​បាន​ឃើញ។ ​ 20 បន្ទាប់មក ​ព្រះអម្ចាស់​បាន​​មាន​បន្ទូល​មក​លោកម៉ូសេ​ និង​លោ​​ក​អ៊ើរ៉ុនថា៖ 21 «ចូរញែកខ្លួនដោយឡែកចេញ​ពី​ចំណោម​សហគមន៍នេះ ដែល​​យើង​នឹង​បំផ្លាញពួក​គេ​ឲ្យ​វិនាស​​ឥឡូវនេះ»។ 22 លោក​ម៉ូ​សេ​ និង​លោកអ៊ើ​រ៉ូន​ឱនមុខ​ចុះ​ ហើយ​ទូល​​ថា៖ «ឱព្រះជាម្ចាស់អើយ! ព្រះអង្គ​ជា​ព្រះ​នៃ​វិញ្ញណរបស់​មនុស្ស​ទាំងអស់ បើ​មនុស្ស​​តែ​ម្នាក់​​ប្រព្រឹត្តអំពើបាប តើ​ព្រះអង្គ​ត្រូវ​ខឹងនឹង​សហគមន៍ទាំងមូល​ឬ?»​ 23 ព្រះអម្ចាស់​ឆ្លើយ​មក​លោក​ម៉ូសេវិញ។ ព្រះអង្គមានបន្ទូលថា៖ 24 «ចូរប្រាប់ទៅ​សហគមន៍នេះថា ចូរ​​នាំ​គ្នាចេញឲ្យ​ឆ្ងាយ​ពីត្រសាលរបស់លោក​កូរេ ត្រសាលរបស់លោកដាថាន និង​ត្រសាលរបស់លោកអប៊ី‌រ៉ាមទៅ»។ 25 នោះ​លោក​​ម៉ូសេ​បានក្រោកឡើង ហើយ​ដើរទៅរក​លោក​ដាថាន និង​លោក​​អប៊ី‌រ៉ាម ទាំងមាន​មេដឹកនាំ​របស់ជនជាតិអ៊ីស្រាអែលទៅជាមួយគាត់ដែរ។ 26 គាត់បានមានប្រសាសន៍ទៅសហគមន៍ទាំងមូលថា៖ «ឥឡូវនេះ​ ចូរនាំ​គ្នា​ចាកចេញពីត្រសាល​របស់ពួកមនុស្សអាក្រក់នេះ ហើយ​កុំប៉ះពាល់អ្វី​របស់ពួកគេឡើយ បើមិនដូច្នោះទេ អ្នករាល់គ្នា​ក៏នឹង​ត្រូវ​បំផ្លាញដោយ​ព្រោះអំពើបាបរបស់ពួក​គេដែរ។ 27 ដូច្នេះ​ សហគមន៍ដែលនៅជិត​នឹង​ត្រសាលរបស់លោកកូរេ លោក​​​ដាថាន និង​លោក​​អប៊ី‌រ៉ាមបានចាកចេញឆ្ងាយពីពួកគេ។ ​លោក​ដាថាន និង​លោក​​អប៊ី‌រ៉ាមបាន​ចេញមកឈរ​នៅច្រកទ្វារត្រសាលរបស់ខ្លូន ជាមួយ​នឹង​ប្រពន្ធ និង​កូនៗ​របស់ពួកគេ។ 28 នោះ ​លោក​ម៉ូសេ​បានមានប្រសាសន៍ថា៖ «តាមរយៈការនេះ​ អ្នករាល់គ្នា​នឹង​​ដឹងថា ព្រះអម្ចាស់បាន​ចាត់ខ្ញុំ​ឲ្យ​មក​ធ្វើ​ការ​ទាំងអស់នេះមែន ដ្បិត ខ្ញុំមិន​បាន​ធ្វើ​ការ​ទាំងនោះ​ដោយ​ចិត្តខ្លួន​ឯង​ឡើយ។ 29 ប្រសិន​បើ​ បុរស​ទាំងនេះ​ស្លាប់តាមបែបធម្មជាតិ ដូច​ជា​ការ​ស្លាប់ផ្សេងៗ​ដែលធ្លាប់កើតឡើង នោះ​បានន័យថា ព្រះអម្ចាស់មិនបានចាត់ខ្ញុំឲ្យមកទេ។ 30 ប៉ុន្តែប្រសិនបើ​ ព្រះអម្ចាស់ធ្វើ​ឲ្យ​ដី​បើកឡើង​​ហើយលេប​ពួក​គេ​ចូល​ដូច​ជា​ចូលក្នុងមាត់មួយយ៉ាងធំ ជាមួយ​នឹង​ក្រុមគ្រួសារទាំងអស់​របស់ពួកគេ ហើយ​បើ​ពួកគេ​ធ្លាក់ចូូល​ទាំង​រស់ទៅក្នុង​ស្ថានឃុំព្រលឹងមនុស្ស​ស្លាប់ នោះអ្នករាល់គ្នា​​ត្រូវ​យល់ថា បុរសទាំងនេះ​បាន​មើលងាយ​ព្រះអម្ចាស់» 31 ពេល​លោក​ម៉ូសេ​មានប្រសាសន៍ចប់ភ្លាម ដីនៅ​ពីក្រោម​មនុស្សទាំងនេះ​ក៏បើកឡើង។ 32 ផែនដីបានបើកមាត់របស់វា ហើយ​លេ​បពួកគេ ក្រុមគ្រួសាររបស់គេ និងម​នុស្សរបស់​លោកកូេរ ព្រមទាំងអ្វីទាំងអស់ដែលជាកម្មសិទ្ធិ​របស់ពួកគេ​​ចូលអស់ទៅ។ 33 ពួកគេ​ និង​មនុស្សទាំងអស់នៅក្នុង​គ្រួសារ​របស់ពួកគេបាន​ធ្លាក់ចូលទៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹងមនុស្ស​ស្លាប់ទាំងរស់។ ផែន​ដីបាន​បិទ​គ្របពីលើពួកគេ​ គឺពួកគេ​បាន​ស្លាប់បែបនេះ​ពីចំកណ្ដាលណោម​សហគមន៍។ 34 កូនចៅអ៊ីស្រាអែល​ទាំងអស់ដែលនៅជុំវិញ​ពួកគេ បាន​រត់គេច​ចេញពី​សម្រែក​​របស់ពួកគេ​​ ដោយ​ពោលថា៖ «ដីនឹង​លេប​ពួក​យើង​ចូលដែរ!»។ 35 ពេលនោះ ​អណ្ដាតភ្លើង​បាន​ចេញមកពីព្រះអម្ចាស់​មក​បញ្ឆេះមនុស្ស​ពីររយហាសិបនាក់ដែលកពុង​​តែថ្វាយ​គ្រឿងក្រអូប។ 36 ព្រះអម្ចាស់បាន​មាន​បន្ទូលមកលោកម៉ូសេ​ម្តងទៀត ដោយបន្ទូល​​ថា៖ 37 «ចូរប្រាប់ លោកអេឡាសារ កូនប្រុសរបស់បូជាចារ្យអ៊ើរ៉ុន ឲ្យគេ​យក​ពានចេញពីអណ្ដាតភ្លើង ដ្បិត​ ពាននេះត្រូវញែកដាច់ដោយឡែក​សម្រាប់យើង។ ហើយឲ្យគេយកកម្ទេច​ធ្យូងចោល​ឲ្យឆ្ងាយ 38 រួចត្រូវយកពាន​របស់អ្នកដែលស្លាប់ដោយព្រោះតែអំពើរបាបរបស់ខ្លួន ទៅ​ដំជា​បន្ទះសម្រាប់ស្រោបកន្លែងថ្វាយតង្វាយ។ ដ្បិត​ ពួកគេ​បាន​ថ្វាយ​របស់ទាំងនោះ​នៅចំពោះយើងហើយ ដូច្នេះ ​របស់ទាំងនេះ​ត្រូវ​បានញែក​ដោយ​ឡែក​សម្រាប់យើង។ វា​នឹង​បានជាទីសម្គាល់នៃវត្តមាន​របស់យើង​ចំពោះប្រជាជនអ៊ីស្រាអែល»។ 39 លោកបូជាចារ្យអេឡាសារបានយក​ពានលង្ហិន ជារបស់ដែលមនុស្ស​បាន​ឆេះភ្លើង​​ស្លាប់នេះធ្លាប់ប្រើ ទៅដំជាបន្ទះ​សម្រាប់គ្រប់ស្រោបអាសនា។ 40 ដើម្បីទុកជា​ការរំឭកដល់ប្រជាជនអ៊ីស្រាអែលថា ក្រៅពីកូន​ចៅ​របស់លោកអ៊ើរ៉ុន គ្មានអ្នកអាច​ចូលទៅដុត​គ្រឿងក្រអូបនៅ​ចំពោះព្រះអម្ចាស់បានឡើយ ដើម្បី​កុំឲ្យពួកគេបានដូចជាលោក​​កូរេ និងបក្សពួក​​របស់គាត់ ដូចដែលព្រះអម្ចាស់បានបង្គាប់តាម​រយៈលោកម៉ូសេ។ 41 ប៉ុន្តែ នៅ​ព្រឹកស្អែក​ឡើងសហគមន៍កូន​ចៅ​អ៊ីស្រា​​អែលទាំងមូល​បានរ​អ៊ូរទាំទាស់នឹងលោកម៉ូសេ និងលោក​អ៊ឺរ៉ុនទៀត។ ពួកគេ​បាន​ពោល​ថា៖ ​«​លោកបានសម្លាប់ប្រជារាស្ត្រ​របស់​​ព្រះ​​អម្ចាស់​​​»។ 42 នៅពេលដែល​ហសគមន៍ប្រមូលគ្នាប្រឆាំងនឹងលោកម៉ូសេ និងលោក​អើរ៉ុន ខណៈពេលដែលពួកគេបែរមុខមើលទៅត្រសាល​ប្រជុំ ហើយមើល៍! មានពពកគ្របពីលើត្រសាល​ជិត។ សិរីរុងរឿងរបស់ព្រះ​​អម្ចាស់​​​បានលេចមក 43 ហើយលោកម៉ូសេ និងលោកអើរ៉ុនបានមកឈរពីមុខត្រសាលប្រជុំនោះ។ 44 បន្ទាប់មក ព្រះ​​អម្ចាស់​​​បានមាន​បន្ទូល​មក​លោក​ម៉ូ​សេ​។ ព្រះអង្គមានបន្ទូលថា​៖ 45 «ចូរចេញឲ្យឆ្ងាយពីមុខ​សហគមន៍នេះ ដ្បិត យើងនឹងកម្ទេចពួកគេ​ឲ្យវិនាសភ្លាមនេះ»។ ពេលនោះ​ លោក​ម៉ូសេ​ និងលោក​​អើរ៉ុនបានឱនមុខក្រាបចុះ​ដល់ដី។ 46 លោកម៉ូសេបានប្រាប់ទៅលោក​​អើរ៉ុន​ថា៖ «ចូរយកពាន ហើយ​ដាក់​​ភ្លើងលើវា ដែលយកចេញពី​កន្លែងថ្វាយតង្វាយ ហើយ​ដាក់គ្រឿងក្រ​អូបក្នុងនោះ យកទៅសហគមន៍​ជា​ប្រញាប់ រួចធ្វើពិធីដោះបាប​ឲ្យពួកគេទៅ ពីព្រោះ សេចក្តីក្រោធកំពុងមកពីព្រះ​​អម្ចាស់។ គ្រោះកាច​ក៏បានចាប់ផ្ដើមហើយដែរ»។​​​ 47 ដូច្នេះ លោក​​អើរ៉ុនក៏បានធ្វើតាមការណែនាំរបស់លោកម៉ូសេ។ គាត់បានរត់ចូលទៅកណ្ដាលសហគមន៍​។ ​គ្រោះកាចក៏បានចាប់ផ្ដើមកើតឡើងភ្លាមមួយរំពេច រាលដាលពេញក្នុងចំណោមបណ្ដាជន។ ដូច្នេះ គាត់បានដាក់គ្រឿងក្រអូបចូលក្នុងពាន​ ហើយក៏ធ្វើពិធីដោះបាបឲ្យប្រជាជន។ 48 លោក​អើរ៉ុនឈរនៅចន្លោះរវាង​មនុស្សស្លាប់ និងមនុស្សរស់ ដោយធ្វើបែបនេះ គ្រោះកាច​ក៏បាត់ភ្លាម។ 49 ​​អ្នកដែលស្លាប់ដោយសារគ្រោះកាចមានចំនួនមួយម៉ឺនបួនពាន់ប្រាំពីររយនាក់ ដោយមិនគិតអ្នក​ស្លាប់ក្នុងពេលលោក​កូរេបះបោះទេ​។ 50 លោក​អើរ៉ុន​បានត្រឡប់ទៅលោកម៉ូសេនៅច្រកទ្វារចូលត្រសាលប្រជុំវិញ ហើយគ្រោះកាចក៏បាត់ដែរ​។​

ជំពូក ១៧

1 ព្រះអម្ចាស់បាន​មាន​បន្ទូល​មក​លោក​ម៉ូសេ។ ព្រះអង្គមានបន្ទូល​ថា៖ 2 «ចូរប្រាប់ទៅ​ប្រជាជន​អ៊ីស្រាអែល ឲ្យយកដំបង​មកពីមេដឹកនាំ​កុលសម្ព័ន្ធនីមួួយៗត្រូវយកដំបងមួយ ដំបងទាំង​អស់ចំនួន​ដប់ពីរមក​ឲ្យ​អ្នក។ ត្រូវ​សរសេរ​ឈ្មោះ​របស់ពួកគេម្នាក់នៅ​លើ​ដំបង​របស់ខ្លួន។ 3 អ្នកត្រូវ​សរសេ​រ​ឈ្មោះរបស់លោកអើរ៉ុននៅលើ​ដំបងរបស់កុលសម្ព័ន្ធ​លេវី។ ត្រូវ​មាន​ដំបង​មួយ​សម្រាប់មេ​ដឹកនាំ​ពីកុលសម្ព័ន្ធ​មួយ។ 4 អ្នក​ត្រូវ​ដាក់​ដំបង​ទាំងនោះនៅក្នុងត្រសាលប្រជុំ នៅពីមុខច្បាប់នៃសម្ពន្ធមេត្រី កន្លែង​ដែល​យើង​ជួប​អ្នក។ 5 ដំបងរបស់អ្នកណាដែល​យើង​ជ្រើសរើសនោះនឹង​ដុះពន្លកចេញ។ យើង​នឹង​ធ្វើឲ្យ​កូន​ចៅ​អ៊ីស្រាអែល​ឈប់​រអ៊ូរ​ប្រឆាំង​នឹង​យើង​​ទៀត។ 6 ដូច្នេះ លោក​ម៉ូសេ​បាន​មានប្រសាសន៍ទៅ​ប្រជាជន​អ៊ីស្រាអែល​ថា៖​​ «មេ​ដឹកនាំ​លើ​កុលសម្ព័ន្ធទាំងអស់ត្រូវ​ឲ្យ​ដំបងរបស់​​ខ្លួន​មកខ្ញុំ គឺមេដឹកនាំម្នាក់​​ឲ្យ​ដំបងមួយ ​​ពី​គ្រប់កុលសម្ព័ន្ធ​ ទាំងអស់មានដប់ពីរ​ដំបង​។ រី​ឯ​ដំបង​​របស់លោក​អើរ៉ុន​ក៏​ដាក់​​នៅ​ជាមួយ​ដំបងរបស់​​ពួក​គេ​ដែរ​។ 7 បន្ទាប់មក ​លោក​ម៉ូសេ​ក៏​​យក​ដំបងទាំងអស់ទៅដាក់​​នៅចំពោះព្រះ​អម្ចាស់ក្នុងត្រសាល​នៃច្បាប់សម្ពន្ធមេត្រី។​ 8 នៅថ្ងៃបន្ទាប់ លោក​ម៉ូសេ​បាន​ទៅ​ក្នុងត្រសាលនៃច្បាប់សម្ពន្ធមេត្រី ហើយ​មើល៍! ដំបងរបស់លោកអើរ៉ុន​សម្រាប់កុលសម្ព័ន្ធ​លេវី​បាន​ដុះពន្លក​។ គឺដុះពន្លក រួចចេញផ្កា​ មាន​ជា​ផ្លែ​អាល់ម៉ូនទុំ។ 9 រួច​លោក​​ម៉ូ​សេ​បាន​យក​ដំបងទាំងអស់ចេញពីចំពោះ​ព្រះអម្ចាស់ទៅបង្ហាញ​កូន​ចៅ​អ៊ីស្រាអែល​ ហើយ​ម្នាក់​​ៗ​សម្លឹង​មើល​ដំបង​របស់ខ្លួន។ 10 ព្រះអម្ចាស់បាន​មាន​បន្ទូល​មក​លោក​ម៉ូសេថា៖​ «ចូរដាក់ដំបង​របស់​អើរ៉ុននៅពីមុខច្បាប់នៃសម្ពន្ធមេត្រី។ ទុកដំបងនោះ​​ជា​ទីសម្គាល់នៃកំហុសរបស់មនុស្ស​បះបោរ ដើម្បី​ឲ្យ​អ្នក​​រាល់គ្នា​ឈប់​រអ៊ូ​ប្រឆាំងនឹង​យើង បើ​មិនដូច្នោះ​ទេ ពួក​គេ​នឹង​ស្លាប់»។ 11 លោក​​ម៉ូសេ​​បាន​ធ្វើ​តាម​ដូច​ដែល​ព្រះអម្ចាស់បង្គាប់គាត់។ 12 ប្រជាជន​អ៊ីស្រាអែល​បាន​និយាយទៅលោកម៉ូសេ​ថា៖ «ពួក​យើង​នឹងស្លាប់នៅទីនេះ។ ពួកយើង​​ទាំងអស់គ្នា​​ពិត​ជា​វិនាស​មិនខាន! 13 អ្នកណា​ដែល​ឡើងមក​ ហើយ​ចូល​ទៅ​ជិតព្រះពន្លារបស់ព្រះអម្ចាស់នឹង​ត្រូវស្លាប់។ តើពួកយើង​​ទាំងអស់គ្នា​​ត្រូវ​​វិនាស​មែនទេ?

ជំពូក ១៨

1 ព្រះអម្ចាស់បាន​មាន​បន្ទូល​មកលោក​អើរ៉ុនថា​៖ «អ្នក​​ និង​កូនចៅ​របស់អ្នក ព្រមទាំងវង្សានុវង្ស​នៃ​​ដូន​តា​របស់​អ្នកនឹង​ទទួល​ខុស​ត្រូវ​លើអស់ទាំង​អំពើបាប​ដែល​បាន​ធ្វើ​ទាស់នឹង​ទីបរិសុទ្ធ។ ប៉ុន្ដែ ​មាន​តែអ្នក និង​កូន​​ចៅ​របស់អ្នកប៉ុណ្ណោះ​ ទទួលខុស​ត្រូវ​ចំពោះ​អំពើបាប​របស់អស់អ្នក​ដែល​ទាក់ទង​នឹង​មុខងារ​ជា​បូជា‌ចារ្យ។ 2 ដោយ​សា​សមាជិក​​គ្រួសារនៃ​កុលសម្ព័ន្ធ​របស់លេវី ជា​កុលសម្ព័ន្ធ​នៃ​ដូន​តា​របស់អ្នក អ្នក​ត្រូវ​នាំ​​ពួក​គេ​មក​ជាមួយអ្នកផង ដើម្បី​ឲ្យពួក​គេ​អាច​ចូល​រូម​ជាមួយអ្នក និង​ជួយអ្នកនៅពេល​ដែល​អ្នក​ និង​កូន​ៗ​របស់អ្នក​បម្រើនៅ​ពីមុខត្រសាល​​នៃច្បាប់​សម្ពន្ធមេត្រី។ 3 ពួក​គេត្រូវ​បម្រើអ្នក និងកិច្ច​ការ​ទាំងអស់របស់​ត្រសាល។ ទោះបីជា​យ៉ា​​ង​ណាក៏ដោយ ពួក​គេ​មិន​ត្រូវចូល​ទៅ​ជិតអ្វី​​ៗ​នៅ​ក្នុង​ទី​បរិសុទ្ធ ឬអ្វី​ដែល​ទាក់ទងនឹង​អាសនាឡើយ ក្រែង​​លោក​ទាំងពួក​គេ ទាំងអ្នក​ត្រូវ​ស្លាប់។ 4 ពួកគេ​ត្រូវ​តែ​នៅ​ជាប់នឹងអ្នក ហើយ​មើលថែត្រសាលប្រជុំ គឺការ​ងារ​ទាំង​អស់​ទាក់​ទង​​នឹង​ព្រះពន្លា។ មិនត្រូវឲ្យជនបរទេសចូល​មកជិត​អ្នកឡើយ។ 5 អ្នកត្រូវ​ទទួល​ខុស​ត្រូវ​លើ​ការងារទាំង​អស់​ក្នុងទី​​បរិសុទ្ធ និងអាសនា ដើម្បី​កុំឲ្យ​​កំហឹង​របស់យើងមក​លើប្រជាជន​​អ៊ីស្រាអែលម្ដងទៀតឡើយ។ 6 មើល៍! យើង​គឺជាអ្នក​​បាន​ជ្រើសរើស​សមាជិកបងប្អូន​​របស់អ្នក គឺ​កុលសម្ព័ន្ធលេវីពី​ក្នុងចំណោម​កូនចៅអ៊ីស្រាអែល​​។ ពួក​គេ​​ជា​អំណោយរបស់​អ្នក ជា​តង្វាយ​ដល់យើង ដើម្បី​​ធ្វើ​កិច្ចការ​​ក្នុង​ត្រសាលប្រជុំ។ 7 ប៉ុន្តែ មានតែអ្នក និង​កូន​របស់អ្នកប៉ុណ្ណោះ ដែលត្រូវបំពេញការ​ងារ​​ជាបូជាចារ្យ​​ទាក់ទង​នឹង​អ្វីៗទាំងអស់របស់អាសនា និង​អ្វីៗទាំងអស់ខាងក្នុងវាំនន។ អ្នក​ត្រូវ​បំពេញ​ការ​ទទួល​ខុស​ត្រូវទាំងនោះ​ឲ្យ​បាន​។ យើង​ប្រទាន​ឲ្យ​អ្នក​មាន​មុខងារជាបូជាចារ្យ ទុកជា​អំណោយ។​ ជនបរទេសណាចូលទៅជិត ត្រូវតែ​សម្លាប់ចោល»។ 8 បន្ទាប់មក​ ព្រះអម្ចាស់មានបន្ទូលមកលោកអើរ៉ុនទៀតថា៖ «មើល៍! យើង​បានប្រទាន​ឲ្យ​អ្នក​មានភារកិច្ចមើល​ខុស​ត្រូវ​តង្វាយ​ដែល​ថ្វាយ​ដល់យើង និងតង្វាយ​បរិសុទ្ធ​ទាំង​អស់ដែល​​កូន​ចៅអ៊ីស្រាអែលថ្វាយដល់យើង។ យើង​ប្រគល់តង្វាយ​នេះឲ្យអ្នក​ និង​​កូន​ៗ​របស់អ្នកទុកជា​ចំណែក​​របស់អ្នក​ជា​រៀង​រហូត។ 9 ទាំងនេះជា​​របស់បរិសុទ្ធ​បំផុត​ដែល​មិនបានដុត គឺ​តង្វាយ​ទាំងអស់របស់ពួកគេ មានតង្វាយគ្រាប់ធញ្ញជាតិ តង្វាយ​លោះបាប តង្វាយសុំលើកលែងទោស តង្វាយទាំងនោះ​បរិសុទ្ធបំផុត​សម្រាប់អ្នក និង​កូន​ៗ​របស់អ្នក។ 10 តង្វាយ​​ទាំងនោះ​បរិសុទ្ធបំផុត ហើយ​បុរសទាំងអស់ត្រូវ​​បរិភោគ​តង្វាយនោះ​ ដ្បិត​ តង្វាយ​ទាំងនោះ​បរិសុទ្ធ​ចំពោះ​អ្នក​រាល់គ្នា។ 11 តង្វាយដែល​ជាចំណែក​​របស់អ្នក​​រាល់គ្នា​នោគឺ តង្វាយ​​ទាំងអស់ដែល​ប្រជាជន​អ៊ីីស្រាអែលយកមកថ្វាយ យើង​បានប្រគល់ឲ្យ​ដល់អ្នក ព្រមទាំង​កូន​​ប្រុស​កូូនស្រី​របស់អ្នក​ជា​រៀងរហូតទៅ។ នៅក្នុង​គ្រួសាររបស់អ្នក គ្រប់គ្នា​ដែ​ល​ធ្វើពិធីសម្អាតខ្លូនបរិសុទ្ធ អាច​បរិភោគ​តង្វាយ​​ទាំង​នេះ​បាន។ 12 អស់ទាំង​ប្រេងដ៏ល្អបំផុត ស្រា​ទំពាំង​បាយជូរថ្មីដ៏ល្អបំផុត គ្រាប់ធញ្ញជាតិ​ និង​ផល​ដំបូង​ទាំងអស់ដែល​ប្រជា​ជន​យក​មកថ្វាយយើង​ យើង​ក៏​ប្រគល់ឲ្យអ្នកដែរ​។ 13 ផលផ្លែទុំដំបង​បង្អស់​ពី​ចម្ការ​របស់ពួកគេ ដែល​ពួក​គេ​យក​មក​ថ្វាយយើង នឹងបាន​​ជា​របស់អ្នក​។​ គ្រប់គ្នា​ដែ​លស្អាតហើយអាច​បរិភោគ​តង្វាយ​​ទាំង​នេះ​បាន។ 14 អ្វីៗទាំងអស់ដែល​កូនចៅអ៊ីស្រាអែល​ថ្វាយ​ដាច់ដល់យើង​ នឹង​បាន​ជា​របស់អ្នក។ 15 កូន​​ដំបូង​ទាំងអស់​ដែល​កើត​ពី​ផ្ទៃ ដែល​ប្រជាជន​ថ្វាយ​ដល់​ព្រអម្ចាស់ ទាំង​កូន​របស់មនុស្ស​ ទាំង​​កូន​របស់សត្វ នឹង​បាន​ជា​របស់អ្នក។ ប៉ុន្តែ​ ប្រជាជន​ត្រូ​វទិញ កូនប្រុស​ច្បងរបស់មនុស្ស និង​កូន​ច្បងឈ្មោលរបស់សត្វទាំងអស់ដែល​មិន​ស្អាតទៅវិញ។ 16 កូនច្បង​ទាំងអស់ដែលប្រជាជន​ត្រូវ​ទិញយកទៅវិញ គឺ​ត្រូវ​មាន​អាយុ​ចាប់​ពី​មួយ​ខែឡើងទៅ​​។ ​ពួក​គេ​អាច​ទិញ​ត្រឡប់ទៅ​វិញ​ក្នុង​តម្លៃ​​ប្រាំ​​សេកែល តាម​ខ្នាត​ទម្ងន់​របស់ទី​បរិសុទ្ធ ដែល​ស្មើនឹង​ម្ភៃកេរ៉ា។​ 17 ប៉ុន្ដែ​ អ្នក​​មិន​ត្រូវឲ្យគេ​​ទិញកូន​ដំបូងរបស់​គោ ឬកូនដំបូង​របស់​ចៀម ឬកូនដំបូងរបស់ពពែមកវិញទេ។ សត្វទាំងនោះត្រូវញែកដាច់ដោយឡែក​សម្រាប់យើង។ ​អ្នក​ត្រូវ​ប្រោះឈាមរបស់វានៅលើ​អាសនា ហើយដុតខ្លាញ់របស់វាទុកជាតង្វាយធ្វើឡើង​ដោយភ្លើង ដើម្បីជាក្លិនឈ្ងុយដែលគាប់ព្រះ​ហឫទ័យដល់ព្រះ​​ព្រះ​​អម្ចាស់​​។ 18 រីឯសាច់របស់វាជាចំណែករបស់អ្នក ​​ដូចជាសាច់ដើមទ្រូងដែលគេថ្វាយជាតង្វាយ និងសាច់ភ្លៅស្តាំ គឺសាច់ទាំងនះនឹងបានជារបស់អ្នក​។ 19 គ្រប់ទាំងតង្វាយបរិសុទ្ធទាំងអស់ដែលប្រជាជន​អ៊ីស្រា​អែល​យកមក​ថ្វាយដល់ព្រះ​​អម្ចាស់​​ យើងប្រគល់ឲ្យអ្នក​ កូនប្រុសរបស់អ្នក​ និងកូនស្រីរបស់​អ្នក​​ដែលនៅជាមួយអ្នក​ជាចំណែកជារៀងរហូត។ នេះគឺជាសម្ពន្ធមេត្រីនៃ​អំបិលមួយដ៏នៅ​អស់កល្បជានិច្ច ជាសម្ពន្ធមេត្រីដែលនៅជាប់ជារៀងរហូតនៅចំពោះព្រះ​​អម្ចាស់​​សម្រាប់អ្នក​ និងពូជពង្សរបស់អ្នក​​ដែលនៅជាមួយអ្នក​។ 20 ព្រះ​​អម្ចាស់​​បានមានបន្ទូលមកលោក​អើរ៉ុនថា៖ «អ្នក​​នឹងគ្មានដីនៅក្នុងស្រុក​ទុកជារតកឡើយ ហើយក៏គ្មានចំណែកដីពីក្នុងចំណោមប្រជាជនដែរ។ យើងគឺជាចំណែក និងជាមរតករបស់​​អ្នក​​នៅក្នុងចំណោមប្រជាជន​អ៊ីស្រា​អែល។ 21 ចំពោះកូនចៅ​របស់ពួក​លេវីវិញ យើងប្រគល់​​មួយភាគដប់ពីភោគផល​ទាំងអស់របស់ជនជាតិ​អ៊ីស្រា​អែល ជាមរតករបស់​ពួកគេ​ ទុកជាថ្នូរនៃកិច្ច​ការដែលគេបម្រើនៅក្នុងត្រសាលប្រជុំ។ 22 ចាប់តាំងពីពេលនេះតទៅ ប្រជាជន​អ៊ីស្រា​អែលមិនត្រូវចូលមកជិតត្រសាលប្រជុំជាដាច់ខាត បើមិន​ដូច្នោះទេ គេត្រូវទ​ទួលខុសត្រូវចំពោះ​អំពើបាបរបស់ខ្លួន ហើយត្រូវស្លាប់។ 23 កុលសម្ព័ន្ធលេវីត្រូវធ្វើកិច្ចការរបស់​ត្រសាលប្រជុំ។ ពួកគេត្រូវទទួលខុសត្រូវលើ​​អស់ទាំងអំពើបាបទាក់នឹងត្រសាល។ នេះគឺជាច្បាប់ដែលមិនប្រែប្រូល​​នៅគ្រប់ជំនាន់មនុស្សរៀងរហូតទៅ។ ពួកគេ​មិនត្រូវមាន​ចំណែកមរតក​នៅក្នុងប្រជាជន​អ៊ីស្រា​អែលឡើយ​។ 24 សម្រាប់តង្វាយមួយភាគដប់របស់ជនជាតិអ៊ីស្រា​អែល ដែលពួកគេ​ថ្វាយដល់យើង គឺយើងប្រគល់ដល់ពួកលេវីទុកជាមរតកសម្រាប់ពួកគេ។ ពួកគេ​មិនត្រូវមានចំណែកមរតក​នៅក្នុងប្រជាជន​អ៊ីស្រា​អែលឡើយ​»។ 25 ព្រះ​​អម្ចាស់​​បានមានបន្ទូលមកលោកម៉ូសេថា៖ 26 «​អ្នក​ត្រូវប្រាប់ពួកលេវីថា នៅពេលដែលអ្នក​រាល់គ្នា​ទ​ទួល​តង្វាយ​មួយភាគដប់ពីប្រជាជន​អ៊ីស្រាអែល ដែល​យើងប្រគល់ឲ្យដល់អ្នក​រាល់គ្នាទុកជាមរតកនោះ អ្នក​រាល់គ្នាត្រូវថ្វាយមួយចំណែកដល់ព្រះ​​អម្ចាស់​​ គឺមួយភាគដប់នៃតង្វាយនោះ។ 27 តង្វាយរបស់​អ្នក​រាល់គ្នានោះគឺប្រៀបដូចជាតង្វាយមួយភាគដប់ពីស្រូវដែលបញ្ជាន់នៅ​ទីលាន និងស្រាទំពាំងបាយជូរពីកន្លែងគាបដែរ។ 28 ដូច្នេះ អ្នក​រាល់គ្នាក៏ត្រូវថ្វាយដល់ព្រះ​​អម្ចាស់ ​​ពីតង្វាយមួយភាគដប់ដែល​អ្នក​រាល់គ្នាទទួលពីប្រជាជនអ៊ីស្រា​អែល ហើយត្រូវប្រគល់តង្វាយនោះឲ្យទៅបូជាចារ្យអើរ៉ុន។ 29 ​អស់ទាំងតង្វាយដែលអ្នក​រាល់គ្នាបានទ​ទួល អ្នក​រាល់គ្នាត្រូវញែកថ្វាយដល់ព្រះ​​អម្ចាស់​​ គឺអ្នក​ត្រូវញែកតង្វាយល្អបំផុត និងបរិសុទ្ធបំផុតដែលបានប្រគល់ឲ្យមកអ្នក​។ 30 ដូច្នេះ អ្នកត្រូវប្រាប់ពួកគេថា៖ នៅពេល​អ្នកថ្វាយតង្វាយល្អបំផុត​ នោះត្រូវចាត់ទុក​ជា​ចំណែក​​របស់ពួកលេវី ដូចជា​ផល​បានពី​ទីលានបញ្ជាន់ និងផល​បានពីកន្លែងគាបដែរ។ 31 អ្នករាល់គ្នា និង​គ្រួសារ​របស់អ្នកអាច​បរិភោគតង្វាយទាំងនេះនៅកន្លែងណាក៏បាន ដ្បិត នោះជាកម្រៃដែលអ្នកទទួល​បាន​ពី​ការ​ងារ​របស់ខ្លួននៅក្នុងត្រសាលប្រជុំ។ 32 ប្រសិនបើ អ្នករាល់គ្នា​បាន​ថ្វាយចំណែកដ៏ល្អបំផុត​ដល់ព្រះអម្ចាស់ហើយ នោះ​អ្នក​នឹង​មិន​មានទោសដោយ​ព្រោះ​បរិភោគ​ និងផឹក​វាឡើយ។ ប៉ុន្ដែ ​អ្នក​មិន​ត្រូវ​បង្អាប់តង្វាយ​បរិសុុទ្ធរបស់កូន​ចៅ​អ៊ីស្រាអែល​​ឡើយ ក្រែងអ្នក​រាល់គ្នា​ត្រូវ​ស្លាប់»។

ជំពូក ១៩

1 ព្រះអម្ចាស់បាន​មាន​បន្ទូល​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន។ ព្រះអង្គមានបន្ទូល​ថា​៖ 2 «នេះ​គឺ​ជា​បញ្ញត្តិ ជាច្បាប់ដែល​យើង​បង្គាប់អ្នក​រាល់គ្នា៖ ចូរ​ប្រាប់ទៅ​ប្រជាជនអ៊ីស្រាអែលថា ពួកគេ​ត្រូវយក​​​គោញីពណ៌ក្រហមមួយ​ក្បាល​ដែលគ្មាន​ស្លាកស្នាម និងឥតមានខ្ចោះ ហើយ​មិនធ្លាប់ទឹមសោះមក។ 3 រួចត្រូវ​ប្រគល់គោញី​នោះ​ឲ្យទៅបូជាចារ្យ​អេឡាសារ។ គាត់ត្រូវ​យកវា​ទៅក្រៅជំរំ ហើយ​ឲ្យ​នរណាម្នាក់​សម្លាប់គោនោះ​នៅ​ចំពោះមុខគាត់។ 4 បូជាចារ្យអេឡាសារត្រូវ​យក​ម្រាមដៃ​គាត់ជ្រលក់ឈាមក្នុងគោនោះ​ ហើយ​ប្រោះ​ឈាមវា​ប្រាំពីរ​ដង​ទៅមុខ​ត្រសាលប្រជុំ។ 5 បន្ទាប់មក បូជាចារ្យម្នាក់ទៀត ត្រូវដុត​គោញីនោះ​នៅចំពោះមុខ​គាត់ គឺត្រូវ​ដុត​ទាំង​ស្បែក ទាំង​សាច់ ទាំង​ឈាម​ និង​លាមក​របសស់វា។ 6 បូជាចារ្យនោះ​​ត្រូវយកឈើ​តាត្រៅ មែកហ៊ីសុប និង​រោម​ចៀម​ជ្រលក់ពណ៌ក្រហម​មក ហើយបោះទៅកណ្ដាល​ភ្លើង​ដែល​កំពុង​ដុត​គោញីនោះ។ 7 បន្ទាប់មក​ គាត់ត្រូវ​បោក​សម្អាត​សម្លៀកបំពាក់របស់ខ្លួន ហើយងូតទឹកចេញ ទើបគាត់អាចចូលមកក្នុង​ជំរំវិញបាន តែបូជាចារ្យ​នោះ​នៅតែ​​សៅហ្មង​រហូត​ដល់ល្ងាច។ 8 បូជាចារ្យ​ដែលជាអ្នកដុត​គោញីនោះ ត្រូវ​បោកសម្អាតសម្លៀកបំពាក់របស់គាត់ក្នុងទឹក ហើយ​ត្រូវ​ងូត​ទឹកដែរ។ បូជាចារ្យ​នោះ​ក៏នៅតែ​​សៅហ្មង​រហូត​ដល់ល្ងាចដែរ។ 9 បន្ទាប់មក ​​ត្រូវ​ឲ្យមនុុស្ស​ម្នាក់ដែល​ឥតសៅហ្មង ប្រមូលផេះដែល​ដុតគោញីនោះ យកទៅដាក់នៅខាង​ក្រៅជំរំ​ត្រង់កន្លែង​ដែលស្អាត។ ត្រូវ​ទុកផេះ​នោះ​សម្រាប់​សហគមន៍ប្រជាជនអ៊ីស្រាអែល។ ពួកគេត្រូវ​លាយ​ផេះនោះជាមួយទឹកសម្រាប់ធ្វើពិធី​​សម្អាតពីអំពើបាប។ 10 អ្នកដែលប្រមូល​ផេះ​ដុតគោញីនោះ ត្រូវ​បោកសម្អាត​សម្លៀក​បំពាក់របស់ខ្លួនដែរ ហើយគេក៏​នៅតែ​​មិន​ស្អាត​រហូត​ដល់ល្ងាច។ នេះគឺច្បាប់​ដែលមិន​ប្រែប្រួល​សម្រាប់​ប្រជាជន​អ៊ីស្រាអែល និង​ជនបរទេស​ដែល​ស្នាក់នៅ​ជា​មួយ​ពួក​គេ​​​។ 11 អ្្នកណា​ដែលប៉ះពាល់សាកសពរបស់មនុស្សស្លាប់ណា​ម្នាក់ អ្នកនោះនឹង​​សៅហ្មង​រយៈពេល​ប្រាំពីរ​ថ្ងៃ។ 12 មនុស្សនោះ​ត្រូវ​ធ្វើពិធី​សម្អាតខ្លួន​នៅថ្ងៃទីបី និង​ថ្ងៃទីប្រាំពីរ​ នោះគាត់ទើប​លែងសៅហ្មង។ ប៉ុន្ដែ បើគាត់មិនធ្វើពិធីសម្អាតខ្លួននៅថ្ងៃទីបីទេ នោះនៅ​ថ្ងៃទីប្រាំពីរគាត់ក៏មិនបាត់សៅហ្មងដែរ។ 13 អ្នកណាដែលប៉ះពាល់សាកសព​មនុស្សស្លាប់ ហើយ​មិន​ធ្វើពិធីសម្អាតខ្លួនទេ អ្នកនោះ​បាន​ធ្វើឲ្យ​ព្រះពន្លារបស់ព្រះអម្ចាស់ទៅជាសៅហ្មងហើយ។ ត្រូវកាត់មនុស្សនេះចេញពីកូនចៅអ៊ីស្រាអែល ពីព្រោះទឹកសម្រាប់ធ្វើពិធី​សម្អាតខ្លួន​មិន​បាន​ប្រោះនៅ​លើគាត់ទេ។ គាត់​នៅតែសៅហ្មង​ ភាព​សៅ​​ហ្មងនៅ​​តែ​ស្ថិត​​នៅ​លើគាត់។ 14 នេះ​គឺជាច្បាប់សម្រាប់នៅពេល​មាននរណា​ម្នាក់ស្លាប់នៅ​ក្នុងផ្ទះ។ អ្នកណា​ដែលចូល​​ទៅ​ក្នុងផ្ទះ និង​​អ្នក​ណា​ដែល​នៅ​ក្នុង​ផ្ទះស្រាប់​ នោះ​នឹង​ត្រូវ​សៅហ្មង​ចំនួន​ប្រាពីរ​ថ្ងៃ។ 15 អស់ទាំង​ភាជនៈដែល​មិនបិទគម្របនឹង​ត្រូវសៅហ្មងដែរ។ 16 ដូចគ្នា​នឹង​អស់អ្នកណា​ដែល​នៅ​ក្រៅផ្ទះ ប៉ះពាល់សាសពដែល​ត្រូវ​គេសម្លាប់ដោយដាវ​ ប៉ះពាល់សាកសព​ផ្សេងៗ ឆ្អឹងរបស់មនុស្ស ឬប៉ះពាល់ផ្្នរខ្មោច អ្នកនោះ​នឹង​ត្រូវ​សៅហ្មង​ចំនួន​ប្រាពីរ​ថ្ងៃ។ 17 ចូរធ្វើ​បែបនេះសម្រាប់មនុស្សដែលសៅហ្មង៖​ ត្រូវ​យក​ផេះខ្លះពី​តង្វាយ​​ដុត​សម្រាប់លោះបាបមក​លាយជាមួយទឹក​ស្អាត​នៅក្នុង​ផើងមួយ។ 18 អ្នកណាម្នាក់ដែលឥតសៅហ្មង​ត្រូវយក​មែកហ៊ីស៊ុបជ្រលក់ក្នុង​ទឹកនោះយកទៅប្រោះលើផ្ទះ និង​​លើ​ភាជនៈទាំងអស់នៅក្នុង​ផ្ទះនោះ និងប្រោះលើមនុស្ស​ដែល​នៅ​ក្នុងផ្ទះនោះ ប្រោះលើអស់អ្នក​ដែល​ប៉ះពាល់ឆ្អឹងរបស់មនុស្ស​ដែល​ត្រូវ​​គេ​សម្លាប់ ប៉ះពាល់សាកសព ឬប៉ះពាល់ផ្នូរខ្មោច។ 19 មនុស្សដែល​ឥតសៅហ្មងត្រូវ​ប្រោះទឹកនោះលើមនុស្សសៅហ្មង​​នៅថ្ងៃទីបី និង​នៅថ្ងៃទីប្រាំពីរ។ នៅថ្ងៃទីប្រាំពីរ​ មនុស្ស​សៅហ្មងនោះត្រូវ​ធ្វើពិធី​សម្អាតខ្លួនឯង។ គាត់ត្រូវ​បោក​សម្អាត​សម្លៀកបំពាក់របស់គាត់ ហើយ​ត្រូវ​ងូតទឹក។ នៅ​ពេល​ល្ងាចនោះគាត់នឹង​លែងសៅហ្មង។ 20 ប៉ុន្តែ អ្នកណាដែលនៅតែ​សៅហ្មង ដែលបដិសេធមិន​ព្រមធ្វើ​ពិធី​សម្អាតខ្លួន ត្រូវកាត់អ្នកនោះចេញពីសហគមន៍ ពីព្រោះ​គេ​បាន​ធ្វើឲ្យទីបរិសុុទ្ធរបស់​ព្រះអម្ចាស់ទៅជាសៅហ្មង។ ទឹកសម្រាប់ធ្វើពិធី​សម្អាតខ្លួន​មិន​បាន​ប្រោះនៅ​លើគាត់ទេ គឺគាត់នៅតែសៅហ្មង។ 21 នេះ​គឺ​ជាច្បាប់សម្រាប់ការ​នេះ​ជា​រៀងរហូត​ទៅ។ អ្នកដែល​ប្រោះ​ទឹក​សម្រាប់ធ្វើ​ពិធី​សម្អាតខ្លួន ត្រូវ​បោកសម្អាត​សម្លៀក​បំពាក់របស់ខ្លួន។ អ្នកដែលប៉ះទឹកសម្រាប់ធ្វើពិធី​សម្អាតខ្លួន អ្នកនោះ​ត្រូវសៅហ្មង​រហូត​ដល់ល្ងាច។ 22 អ្វី​ក៏ដោយ​ដែល​មនុស្សសៅហ្មងប៉ះ នឹង​ត្រឡប់ជា​សៅហ្មងទាំងអស់។ ហើយ​អ្នកណា​ដែលប៉ះពាល់របស់នោះ អ្នកនោះនឹង​ត្រូវសៅហ្មង​រហូត​ដល់ល្ងាច។

ជំពូក ២០

1 ដូច្នេះ សហគមន៍ប្រជាជន​អ៊ីស្រា​​អែលទាំងមូលបានធ្វើដំណើរទៅទីរហោស្ថានស៊ីននៅ​ខែទីមួយ ហើយពួកគេបានស្នាក់នៅត្រង់កាដែស កន្លែងដែល​លោកស្រីម៉ារាមស្លាប់ ហើយគេ​បាន​បញ្ចុះសពនៅទីនោះ។ 2 ពេលនោះ មិន​មានទឹកសម្រាប់ សហគមន៍ប្រើប្រាស់ទេ ដូច្នេះ​ ពួក​គេ​ក៏បាន​ប្រមូល​គ្នា​ប្រឆាំង​នឹង​លោក​ម៉ូសេ​ និង​លោក​អើរ៉ុន។ 3 ប្រជាជននាំ​គ្នា​រអ៊ូរ​​ប្រឆាំងនឹង​លោក​ម៉ូ​សេ​​ ដោយ​ពោល​ថា៖ «ប្រសិន​បើ​ យើង​ខ្ញុំ​ស្លាប់​ជា​មួយ​បងប្អូន​របស់​យើង​ខ្ញុំ ដែល​បាន​ស្លាប់​នៅ​ចំពោះ​ព្រះ‌អម្ចាស់ នោះ​ប្រសើរ​ជាង! 4 ហេតុអ្វី​បានជាពួកលោក​​នាំ​សហគមន៍ រ​បស់​ព្រះអម្ចាស់មក​ក្នុង​ទី​រហោស្ថាន ដើម្បី​ឲ្យ​​ស្លាប់នៅទី​នេះ​ ជា​មួយ​នឹង​ហ្វូង​សត្វរបស់​ពួកយើង​ដូច្នេះ? 5 ហេុតអ្វី​បាន​ជា​ពួកលោក​ធ្វើ​ឲ្យ​ពួក​យើង​ចាក​ចេញពី​ស្រុកអេស៊ីប ដើម្បីនាំពួកយើង​មកកាន់ទឹក​ដី​ដ៏អាក្រក់បែបនេះ? ដ្បិត នៅទីនេះ​គ្មាន​គ្រាប់ពូជ គ្មានដើមល្វា គ្មាន​ដើមទំពាំង​បាយជូរ​ និង​ដើមទទឹម ហើយ​ក៏​គ្មាន​ទឹក​ផឹក​ដែរ»។ 6 ដូច្នេះ លោកម៉ូសេ​ និង​លោក​អើរ៉ុនបាន​ចេញទៅ​ឆ្ងាយពី​មុខ​ក្រុមជំនុំ។ ពួកលោក​​បាន​ទៅ​ឯ​មាត់ទ្វារ​ចូលត្រសាល​ប្រជុំ ហើយ​ក៏​ឱនមុ​ខចុះ។ នៅ​ពេល​នោះ​ សិរីរុង​រឿង​​របស់ព្រះ​អម្ចាស់​បាន​លេច​មកមក​ឲ្យ​ពួកលោក​ឃើញ។ 7 ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​លោក​ម៉ូសេ​​​ ដោយបន្ទូលថា៖ 8 «ចូរយកដំបង​មក ហើយ​ប្រមូល​សហគមន៍ឲ្យ​ជួបជុំគ្នា ទាំងអ្នក​ និងអើរ៉ុន​បងប្រុស​របស់អ្នកដែរ។ ហើយ​ចូរ​និយាយទៅថ្មនៅ​ចំពោះ​ភ្នែក​គេ ហើយ​បង្គាប់​ថ្មឲ្យ​មាន​ទឹកហូរ​ចេញមក។ អ្នកនឹង​ធ្វើឲ្យ​មាន​ទឹក​ចេញពីថ្មនោះ​សម្រាប់ពួក​គេ ហើយ​អ្នក​ត្រូវ​ឲ្យទឹក​នោះ​ទៅ​សហគមន៍ និង​ហ្វូង​សត្វ​របស់គេ​ផឹក»។ 9 ពេល​នោះ​ លោក​ម៉ូសេ​បាន​យក​ដំបង​ពី​ចំពោះ​ព្រះអម្ចាស់ ដូចដែលព្រះអម្ចាស់​បង្គាប់គាត់ឲ្យ​ធ្វើ។ 10 បន្ទាប់មក​ លោក​ម៉ូសេ និង​លោក​អើរ៉ុន បានប្រមូល​សហគមន៍ទាំងអស់មក​ជួបជុំគ្នានៅពីមុខ​ថ្មនោះ។ លោក​ម៉ូសេ​បានមានប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ឥឡូវនេះសូមស្ដាប់ខ្ញុំ ពួក​បះបោរអើយ! តើ​យើង​ត្រូវ​យក​ទឹកចេញពី​ថ្មី​នេះ​សម្រាប់​អ្នក​រាល់គ្នាឬ?» 11 រួច​លោក​ម៉ូសេ​បា​នលើកដំបង​វាយ​ថ្មនោះ​ពី​រ​ដង នោះ​ក៏​មាន​ទឹក​ជា​ច្រើន​ហូរ​ចេញ​ពី​ថ្មមក។ សហគមន៍បានផឹក​ទឹក​នោះ ហើយ​ហ្វូង​សត្វរបស់ពួក​គេ​ក៏ផឹកដែរ។ 12 បន្ទាប់មក ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​មក​លោក​ម៉ូសេ​ និង​លោក​អើរ៉ុនថា៖ «ពីព្រោះអ្នក​មិនបានទុក​ចិត្ត​យើង និង​មិន​បាន​លើកយើង​ជាបរិសុុទ្ធនៅ​ចំពោះ​ភ្នែក​កូន​ចៅ​អ៊ីស្រាអែល ពួកអ្នក​នឹង​មិន​បាននាំក្រុមជំនុំនេះ​ចូល​ទៅក្នុង​ទឹក​ដី​ដែល​យើង​បាន​ប្រគល់​ឲ្យអ្នកឡើយ។ 13 កន្លែង​នេះ​ត្រូវ​បាន​គេ​ហៅថា ទឹកមេរីបា ដ្បិត ​កូនចៅអ៊ីស្រា​អែល​បាន​តវ៉ា​​ជាមួយ​ព្រះអម្ចាស់ ហើយ​ព្រះអង្គ​បាន​សម្ដែង​អង្គទ្រង់ជាបរិសុទ្ធនៅ​ចំពោះ​ពួកគេ​។ 14 លោក​ម៉ូសេ​បាន​បញ្ជូន​អ្នក​នាំសារ​ពី​កាដែស​ឲ្យ​ទៅជួប​ស្ដេច​ស្រុក​អេដុម ហើយ​ទូល​​ស្ដេច​ថា៖ «កូនចៅអ៊ីស្រាអែល​ ជាបងប្អូន​របស់​ព្រះអង្គបាននិយាយបែប​នេះថា 15 ព្រះអង្គ​ជ្រាប​គ្រប់ទាំង​ការ​លំបាក​បាន​កើត​ឡើង​ចំពោះ​ពួកយើង ហើយ​ព្រះអង្គ​ក៏​ដឹងដែរថា ដូន​តា​​របស់​យើង​បាន​ចុះ​​ទៅ​ស្រុកអេស៊ីប និង​បាន​រស់​នៅ​ទី​នោះ​យ៉ាង​យូរ​។ នៅទីនោះ​ជន​ជាតិ​អេស៊ីបបាន​ប្រព្រឹត្តយ៉ាងសាហាវចំពោះ​ពួកយើង និង​ដូន​តារបស់​យើង​។ 16 នៅ​ពេល​ដែល​ពួក​យើង​បាន​អំពាវ​នាវ​រក​ព្រះអម្ចាស់ ព្រះអង្គបាន​ឮសម្លេង​របស់​យើង​ ហើយ​ព្រះអង្គបាន​ចាត់ទេវតានាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីបមក។ មើល៍! ឥឡូវនេះ ពួក​យើង​នៅ​កាដែស ជា​ក្រុង​នៅជាប់​នឹង​ព្រំប្រទល់ស្រុករបស់ព្រះអង្គ។ 17 យើង​ខ្ញុំសូមព្រះអង្គអនុញ្ញាតឲ្យយើង​ខ្ញុំ​ដើរ​ឆ្លង​កាត់ស្រុក​របស់​ព្រះអង្គផង។ ពួក​​យើង​នឹង​មិន​ដើរ​ឆ្លង​កាត់ស្រែ​ ឬចម្ការ​ទំពាំង​បាយជូរទេ ហើយ​​ក៏មិន​ផឹកទឹកពីអណ្ដូងរបស់ព្រះអង្គ​ដែរ។ ពួក​យើង​នឹង​ធ្វើ​ដំណើរ​តាម​ផ្លូវ​​ធំរបស់​ស្ដេច​ ហើយ​ក៏នឹង​មិន​ងាក​ទៅឆ្វេង ឬ​ទៅស្ដាំឡើយ រហូតទាល់តែ​ពួក​យើង​ឆ្លងផុតព្រំប្រទល់ស្រុករបស់ព្រះអង្គ»។ 18 ប៉ុន្ដែ ស្ដេច​ស្រុកអេដុមបាន​តបទៅគាត់ថា៖ «ពួក​លោក​មិនអាច​ដើរ​ឆ្លងកាត់ស្រុកនេះបានទេ បើ​អស់លោក​នៅតែដើរឆ្លងកាត់ យើងនឹង​មក​វាយ​ប្រហារ​អស់លោកដោយ​ដាវ​ជាមិនខាន»។​ 19 នោះ ​កូនចៅអ៊ីស្រាអែល​បានទូល​ស្ដេចទៀតថា៖ «ពួកយើង​គ្រាន់តែ​ដើរតាមផ្លូវធំទេ ប្រសិន​បើ ពួកយើង ឬ​ហ្វូងសត្វរបស់ពួកយើងផឹកទឹករបស់ព្រះអង្គ នោះពួកយើង​នឹង​ចេញថ្លៃសង។ សូម​គ្រាន់តែ​អនុញ្ញាតឲ្យ​​ពួកយើង​ដើរ​ឆ្លង​កាត់​ដោយ​ថ្មើរជើង​តែប៉ុណ្ណោះ គឺពួកយើង​មិ​​ន​ធ្វើអ្វី​ផ្សេងឡើយ»។​ 20 ប៉ុន្ដែ​ ស្ដេច​ស្រុកអេដុម​បាន​តប​ទៀតថា៖ «អស់លោក​មិនអាច​ដើរ​ឆ្លងកាត់ស្រុកនេះបានទេ»។ ដូច្នេះហើយ ​ស្ដេច​ស្រុកអេ​ដុម​បាន​លើកទ័ព​ជាច្រើន និង​អាវុធគ្រប់ដៃចេញទៅទាស់នឹង​​​ជនជាតិ​អ៊ីស្រាអែល​។ 21 ស្ដេច​ស្រុកអេដុមបាន​បដិសេធមិន​ឲ្យជនជាតិអ៊ីស្រាអែល​ឆ្លងកាត់​ស្រុក​របស់​ខ្លួនទេ​។ ហេតុនេះហើយបានជា ជនជាតិ​អ៊ីស្រាអែល​ចាកចេញពី​ស្រុកអេ​ដុម។ 22 ដូច្នេះ ​ប្រជាជន​​បាន​ធ្វើ​ដំណើរ​ចាក​ចាញ​ពី​កាដែស។ ប្រជាជន​អ៊ីស្រាអែល គឺសហគមន៍ទាំងមូល បាន​ទៅដល់ភ្នំ​​ហោរ។ 23 ព្រះអម្ចាស់​បាន​មាន​បន្ទូល​មកលោកម៉ូសេ និង​លោក​អើរ៉ុននៅ​ភ្នំ​ហោរជាប់ព្រំប្រទល់ស្រុកអេដុមថា៖ 24 «លោកអើរ៉ុនត្រូវ​ទៅជួបជុំ​នឹង​ដូន​តា​របស់​គាត់ហើយ ដ្បិត​ គាត់មិន​អាច​ចូលទៅក្នុង​ស្រុក​ដែលយើង​បានប្រគល់​ឲ្យ​កូនចៅ​អ៊ីស្រាអែល​ទេ។ នេះ​ព្រោះតែ​អ្នកទាំងពីរ​បាន​បះបោរ​ប្រឆាំង​នឹង​សំដីរបស់យើងនៅ​ត្រង់ទឹកមេរីបា។ 25 ចូរនាំលោក​អើរ៉ុន​ និង​លោកអេលាសារ កូនប្រុសរបស់គាត់ហើយនាំពួកគេឡើងមក​ភ្នំហោរ។ 26 ចូរដោះសម្លៀក​បំពាក់បូជាចារ្យពីខ្លួន​លោកអើរ៉ុន​ ហើយពាក់ឲ្យ​លោកអេលាសារកូន​ប្រុស​របស់គាត់។ ដ្បិត​ លោកអើរ៉ុន​ត្រូវ​ស្លាប់​ទៅ​ជួបជុំ​ជាមួយ​បងប្អូន​របស់គាត់នៅទីនោះ»។ 27 លោក​ម៉ូសេបាន​ធ្វើ​ដូច​​ដែល​ព្រះអម្ចាស់បង្គាប់គាត់។ ពួក​​គេ​បាន​ឡើង​ទៅភ្នំហោរនៅ​ចំពោះមុខ​សហគមន៍​ទាំងមូល។ 28 លោក​ម៉ូសេបាន​ដោះ​សម្លៀក​បំពាក់បូជាចារ្យពី​លោកអើរ៉ុន ហើយ​ពាក់ឲ្យ​លោកអេលាសារ​​កូន​ប្រុសរបស់លោកអើរ៉ុន។ លោក​អើរ៉ុន​បានស្លាប់នៅ​លើ​កំពូល​ភ្នំហោរនោះ។ បន្ទាប់មក​ លោក​​ម៉ូសេ និង​លោក​​អេលាសា​​បាន​ចុះពីលើភ្នំមក​វិញ។ 29 នៅពេល​សហគមន៍ទាំងមូល​បាន​ឃើញថា លោក​អើរ៉ុន​ស្លាប់ ប្រជាជនទាំងអស់​បាន​នាំ​គ្នា​​យំកាន់ទុក្ខ​សម្រាប់គាត់រយៈពេល​សាមសិបថ្ងៃ។

ជំពូក ២១

1 នៅ​ពេល​ដែលព្រះបាទ​អើរ៉ាត ជាស្ដេចជនជាតិ​កាណានដែល​រស់​នៅ​តំបន់ណេកិប បាន​​ឮ​ថាជនជតិ​​អ៊ីស្រាអែល​កំពុង​តែ​ធ្វើដំណើរ​តាមផ្លូវ​ស្រុកអថា‌រីម ស្ដេចក៏ចេញមក​ច្បាំង​​នឹងជនជតិអ៊ីស្រាអែល ហើយ​បាន​ចាប់ពួក​គេ​ខ្លះជា​ឈ្លើយ។ 2 ជនជតិអ៊ីស្រាអែល​បាន​ស្បថនឹងព្រះអម្ចាស់ថា៖ «ប្រសិន​បើ​ ព្រះអង្គ​ប្រទានឲ្យពួក​យើង​មាន​ជ័យ​ជម្នះលើជនជាតិនេះ នោះ​ពួកយើង​នឹង​បំផ្លាញ​ក្រុងទាំង​ប៉ុន្មានរបស់ពួកគេ​ឲ្យខ្ទេច»។ 3 ព្រះអម្ចាស់បាន​ស្តាប់តាមពាក្យ​របស់ជនជតិអ៊ីស្រាអែល ហើយ​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ពួក​គេ​មាន​ជ័យ​ជម្នះលើ​ជនជាតិ​កាណាន។ ជនជតិអ៊ីស្រាអែល​បាន​បំផ្លាញពួក​គេ និង​ទីក្រុងទាំង​ឡាយ​របស់ពួកគេអស់។ 4 ជនជតិ​អ៊ីស្រាអែល​បាន​ធ្វើដំណើរពីភ្នំហោរតាមផ្លូវ​​ទៅសមុទ្រ​កក់ដើម្បី​វាង​ស្រុកអេដុម ប៉ុន្ដែ នៅ​តាម​ផ្លូវប្រជាជន​បាក់ទឹកចិត្តជា​ខ្លាំង។ 5 ពេល​នោះប្រជាជន​ក៏​និយាយ​ប្រឆាំង​នឹង​ព្រះអម្ចាស់ និង​លោក​ម៉ូសេដោយ​ពោលថា៖ «ហេតុអ្វីបាន​ជាអ្នកនាំ​ពួកយើង​ចេញមកពី​​ស្រុកអេស៊ីបឲ្យ​ស្លាប់​នៅ​ទី​រហោស្ថានដូច្នេះ? នៅទី​នេះគ្មាន​នំប៉័ង គ្មានទឹក ហើយ​ពួក​យើង​ធុញ​នឹង​អាហារដ៏គម្រក់នេះ​​ណាស់»។ 6 នោះ ព្រះអម្ចាស់បាន​បញ្ជូន​ពស់ពិស​មក​ក្នុង​ចំណោម​ប្រជាជន។ ពស់បានចឹកប្រជាជន​ ហើយ​ប្រជាជន​ជា​ច្រើននាក់បានស្លាប់។ 7 ប្រជាជនបានមកជួប​លោកម៉ូសេ​ហើយ​និយាយថា៖​ «ពួក​យើង​បានធ្វើបាប ពីព្រោះពួកយើង​បាន​និយាយ​ប្រឆាំង​នឹង​ព្រះអម្ចាស់ និង​​លោក។ សូម​លោក​អធិស្ឋាន​ដល់ព្រះអម្ចាស់ សូមព្រះអង្គ​យក​ពស់​ទាំង​នេះ​ចេញ​ឲ្យ​ឆ្ងាយ​ពី​​ពួកយើង​ទៅ»។ ដូូច្នេះ​ លោក​ម៉ូសេក៏​បាន​អធិស្ឋាន​សម្រាប់ប្រជាជន។ 8 ព្រះអម្ចាស់បាន​មានបន្ទូលមក​លោកម៉ូសេថា៖ «ចូរធ្វើពស់មួយ ហើយ​ដាក់នៅ​លើ​បង្គោល។ អស់អ្នកណា​ដែល​ត្រូវពស់ចឹក បានមកមើល​ពស់នោះ គេ​នឹង​មិន​ស្លាប់ទេ»។ 9 ដូច្នេះ​ លោក​​ម៉ូសេ​បាន​ធ្វើ​ពស់ពី​​លង្ហិន ហើយ​​យក​វា​ទៅ​ដាក់នៅ​លើ​បង្គោលមួយ។ នៅពេល​ពស់ចឹក​​នរណាម្នាក់ ប្រសិនបើ គេ​បាន​សម្លឹងមើលពស់លង្ហិននោះ គេ​មិនស្លាប់ឡើយ។ 10 បន្ទាប់មក ប្រជាជនអ៊ីស្រាអែលក៏​បាន​បន្តធ្វើដំណើរទៀត ហើយ​បាន​ទៅ​បោះ​ជំរំនៅអូបូត។ 11 ពួក​គេ​បាន​ធ្វើ​ដំណើរ​ពី​ទីនោះ​ទៅ​បោះ​ជំរំ​នៅអី​យេអាបារីមក្នុងទីរហោរស្ថាន ដែល​ជាប់ព្រំប្រទល់ខាងកើត​ស្រុក​ម៉ូអាប់។ 12 ហើយ​ពួក​គេបានធ្វើ​ដំណើរ​ចេញពីទីនោះ ទៅបោះជំរំ​នៅ​ជ្រលង​ភ្នំ​សេរេឌ។ 13 បន្ទាប់មក ពួក​គេបាន​ធ្វើ​ដំណើ​រចេញពី​​ទីនោះទៀត ទៅ​បោះជំរំ​​នៅ​ត្រើយ​ម្ខាង​ស្ទឹង​​អើ‌ណូន ជាស្ទឹងដែល​ហូរ​ចេញ​ពី​ស្រុក​អាម៉ូរី កាត់​តាមទី​រហោ‌ស្ថាន។ ស្ទឹង​អើ​​ណូន​បង្កើ​ត​​បានជា​ព្រំប្រទល់​របស់ស្រុក​ម៉ូអាប់ គឺ​ជា​ព្រំប្រទល់រវាងស្រុកម៉ូអាប់ និង​ស្រុក​អាម៉ូរី។ 14 ហេតុ​នេះ​ហើយបានជា​មាន​គេនិយាយ​នៅក្នុង​សៀវភៅ​សង្គ្រាម​​របស់ព្រះអម្ចាស់ពី៖ «ស្ទឹង​វ៉ាហេប ក្នុង​ស្រុក​ស៊ូផា និង​ជ្រលងភ្នំ​​អើ‌ណូន 15 ព្រមទាំង​ជម្រាលភ្នំ​​ដែល​លជ្រាល​ទៅក្រុង​អើរ ហើយ​ចុះទៅ​រហូត​ដល់​ព្រំប្រទល់ស្រុក​ម៉ូូអាប់»។ 16 ពួក​គេ​បា​នធ្វើ​ដំណើរ​ចេញពី​ទី​នោះ ទៅបោះ​ជំរំ​នៅប្អៀរ គឺ​ត្រង់អណ្ដូង​​ទឹក​ដែល​ព្រះអម្ចាស់បាន​មាន​បន្ទូល​ទៅ​លោក​​ម៉ូសេថា៖ «ចូរ​ប្រមូល​ប្រជាជន​មកជួបជំុគ្នា យើង​នឹង​ឲ្យ​ទឹក​ពួក​គេ​»។ 17 បន្ទាប់មក​ ជនជាតិ​អ៊ីីស្រាអែល​បាន​ច្រៀង​ចម្រៀងថា៖ 18 «អណ្ដូង​អើយ! ចូរ​ផុស​ទឹក​ចេញមក! ចូរ​យើង​ច្រៀង​អំពីអណ្ដូងនោះ។ ជា​អណ្ដូង​ដែល​អ្នក​ដឹកនាំ​របស់​យើង​បាន​ជីក ជា​អណ្ដូង​​ដែលពួក​អ្នក​ត្រកូលខ្ពស់បាន​ជីក ដោយដំបងរាជ និង​ដំបងរបស់ពួក​គេ»។ បន្ទាប់មក​ ពួកគេ​បាន​ធ្វើ​ដំណើរពីទី​រហោស្ថាន​ទៅ​ដល់ម៉ាថាណា។ 19 ពី​​ម៉ាណាថា ពួក​គេ​បាន​ធ្វើ​ដំណើរទៅដល់ណា​ហា‌​លាល ពី​ណាហា‌លាល​ទៅ​បាម៉ុត 20 ពី​បាម៉ុត​ទៅ​ជ្រលង​ភ្នំ​ដែល​ស្ថិត​នៅ​វាល​ស្រុក​ម៉ូអាប់។ ទីនោះ​គឺជា​​កំពូល​​ភ្នំ​​ពី​ស្កា ដែល​មើលទៅ​ឃើញ​ទីរហោ‌ស្ថាន។ 21 បន្ទាប់មក​ ជនជាតិ​អ៊ីស្រា​អែលបានបានចាត់អ្នក​​នាំសារ​ទៅ​ព្រះបាទស៊ីហុនស្ដេចជនជាតិ​អាម៉ូរី ឲ្យទូលស្ដេចថា៖ 22 «សូម​​អនុញ្ញាត​ឲ្យយើងខ្ញុំដើរ​ឆ្លងកាត់ស្រុក​របស់​​ព្រះ​អង្គផង។ ពួក​យើងនឹងមិន​ងាក​មើល​ស្រែ​ ឬចម្ការទំពាំងបាយជូរទេ។ ពួកយើងក៏មិនផឹកទឹកពី​អណ្ដូងរបស់ព្រះ​​អង្គដែរ គឺពួកយើងនឹងដើរតាម​ផ្លូវធំរបស់​ស្ដេច​ រហូតទាល់តែពួកយើងបានដើរផុតព្រំប្រទល់ស្រុក​របស់​​ព្រះ​​អង្គ។ ​ 23 ប៉ុន្តែ ព្រះបាទស៊ីហុនមិន​​អនុញ្ញាតឲ្យជនជាតិ​អ៊ីស្រា​អែលដើរឆ្លងកាត់ព្រំស្រុករបស់​​ខ្លួនទេ។ លើសពីនោះទៀត ព្រះបាទស៊ីហុនបានប្រមូលកងទ័ពទាំងអស់របស់​ព្រះ​អង្គ​ទៅ​វាយប្រហារជនជាតិ​អ៊ីស្រា​អែលនៅទីរហោស្ថាន។ ស្ដេចបានមកច្បាំង​នឹង​ជនជាតិ​​អ៊ីស្រាអែលនៅត្រង់យ៉ាហាស់។ 24 ជនជាតិអ៊ីស្រា​អែលបានវាយប្រហារកងទ័ពរបស់​​ព្រះបាទ​ស៊ីហុនដោយមុខដាវ ហើយដណ្ដើមយកស្រុករបស់ពួកគេ​ចាប់ពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក គឺមក​ដល់ស្រុករបស់ជនជាតិ​អាំម៉ូន រីឯព្រំប្រទល់របស់​ជនជាតិអាំម៉ូន មានកំពែងរឹងមាំណាស់។ 25 ដូច្នេះ ជនជតិអ៊ីស្រា​អែលវាយយក​បានទីក្រុងទាំងអស់របស់​ជនជាតិ​អាម៉ូរី ហើយបានរស់នៅក្នុងក្រុងទាំងនោះ រួមទាំងក្រុងហែសបូន និងភូមិ​ទាំងអស់របស់​ក្រុងនោះផង។ 26 ក្រុងហែសបូន គឺជាទីក្រុងរបស់ព្រះបាទ​​ស៊ីហុន ជាស្ដេចរបស់​ជនជាតិ​អាម៉ូរី ដែលបានច្បាំងនឹង​​ស្ដេចមុន​របស់​ជនជាតិម៉ូ​អាប់។ ព្រះបាទស៊ីហុន បានវាយដណ្ដើមយកទឹកដីរបស់​ស្ដេចនោះរហូតដល់ស្ទឹង​អើណូន។ 27 ហេតុនេះហើយបានជាអស់អ្នកដែល​​សរសេរកកំណាព្យបានសរសេរថា៖ «ចូរមក​ក្រុងហែសបូន! ចូរសង់ទីក្រុង​របស់​​ព្រះបាទស៊ីហុនឡើងវិញ ចូរ​សង់ទីក្រុង​នេះម្ដងទៀត! 28 បន្ទាប់ពីមានភ្លើងឆេះពីក្រុង​ហែសបូន ​អណ្ដាតភ្លើងពីទីក្រុងរបស់ព្រះបាទ​ស៊ីហុនដែលឆេះបំផ្លាញ​ក្រុង​អើរ​របស់​​ស្រុកម៉ូ​អាប់ និងម្ចាស់នៃទីខ្ពស់​ៗរបស់ស្ទឹងអើណូន។ 29 ជនជាតិ​ម៉ូអាប់អើយ! អ្នកវេទនាហើយ! ប្រជាជន​របស់ព្រះ​កេម៉ូស​អើយ! អ្នក​វិនាស​ហើយ។ ព្រះ​នេះ​បាន​ធ្វើ​ឲ្យ​កូនប្រុសរបស់ខ្លួន​រត់ភៀស​ខ្លួន ហើយ​កូនស្រី​របស់​ខ្លួនត្រូ​វ​ក្លាយជាអ្នកទោសរបស់ព្រះបាទ​ស៊ីហុន ជា​ស្ដេច​របស់​ជនជាតិអាម៉ូរី។ 30 ប៉ុន្តែ​ ពួក​យើង​មាន​ជ័យ​ជម្នះ​លើ​ព្រះបាទស៊ីហុន។ ក្រុង​ហែសបូន​ត្រូវ​វិនាស​រហូត​ដល់ឌីបូន​។ យើង​បាន​កម្ទេច​ពួក​គេ​រហូត​ដល់ណូផា គឺ​​រហូត​ដល់មេឌី​បា»។ 31 ដូច្នេះ​ ជនជាតិ​អ៊ីស្រាអែល​បាន​រស់​នៅក្នុង​ស្រុក​របស់​ជនជាតិ​អាម៉ូរី។ 32 បន្ទាប់មក លោក​ម៉ូសេ​បាន​ចាត់មនុស្ស​ឲ្យទៅ​អង្កេតមើល​ក្រុងយ៉ាស៊ើរ។ ពួកគេបាន​ចាប់​យក​ភូមិទាំងឡាយ​របស់ក្រុង​នោះ​ ហើយ​ក៏​បាន​បណ្ដេញ​​ជនជាតិ​អាម៉ូរី​ចេញ​ពីទីនោះដែរ។ 33 បន្ទាប់មក​ ពួគ​គេ​បាន​ត្រឡប់មក​​វិញ​ ហើយ​បាន​ធ្វើ​ដំណើរ​ឡើងទៅ​ស្រុកបាសាន។ ព្រះបាទអុក ជា​ស្ដេច​នស្រុកបាសាន បានលើក​ទ័​ព​​ចេញ​មក​ច្បាំង​នឹងពូកគេនៅអេទ្រី។ 34 ពេលនោះ​ព្រះអម្ចាស់បាន​មាន​បន្ទូល​មកលោក​ម៉ូសេ​ថា៖ «កុំខ្លាច​គេឡើយ! ដ្បិត យើង​បាន​ឲ្យ​អ្នក​មាន​ជ័យ​ជម្នះ​លើ​ស្ដេចនេះ​ហើយ ហើយ​ក៏ប្រគល់​កងទ័ពទាំងអស់របស់​គេ និងស្រុក​របស់​គេឲ្យអ្នក​ដែរ។ ចូរប្រព្រឹត្តចំពោះ​គេ​ ដូច​ដែល​បាន​ប្រព្រឹត្ត​ចំពោះ​ព្រះបាទស៊ីហុន ស្ដេច​របស់ជនជាតិអាម៉ូរី​នៅ​ក្រុង​ហែសបូន​ដែរ។ 35 ដូចេ្នះ ​ពួក​គេ​បាន​សម្លាប់ស្ដេចនោះ និងកូន​ៗរបស់ស្ដេច ព្រមទាំង​កងទ័ព​របស់​ស្ដេច​ទាំង​អស់ចោល គឺ​​គ្មាន​នរ​ម្នាក់នៅ​រស់ឡើយ។ ហើយ​​ជនជាតិ​​អ៊ីស្រាអែល​បាន​ចាប់យក​ស្រុកនោះ។

ជំពូក ២២

1 ជនជាតិអ៊ីស្រាអែល​បានធ្វើ​ដំណើរ​ពីទីនោះ ទៅ​ដល់វាល​ទំនាប​​ស្រុកម៉ូអាប់ដែល​នៅជិត​ទីក្រុង​យេរ៉េខូ ស្ថិត​នៅត្រើយ​ម្វាង​នៃទន្លេ​យ័រដាន់ គឺទល់មុខ​នឹង​ទី​ក្រុង​យេរីខូ។ 2 ព្រះបាទបាឡាក់ជាបុត្រារបស់​ព្រះបាទ​ស៊ីបព័របាន​ឃើញអស់​ទាំង​ការ​ដែល​ជនជាតិ​អ៊ីស្រាអែល​​បាន​ធ្វើ​ចំពោះ​ជនជាតិអំម៉ូរី។ 3 ជន​ជាតិម៉ូអាប់ភ័យ​ខ្លាច​ប្រជាជននោះ​យ៉ាង​ខ្លាំង ហើយ​ក៏​ភ័យ​រន្ធត់ចំពោះជនជាតិ​អ៊ីស្រាអែល​ដែរ ព្រោះ​មាន​ចំនួ​ន​ច្រើន។ 4 ស្ដេច​របស់ជនជាតិម៉ូអាប់បាន​និយាយជា​មួយ​ពួក​ចាស់ទុំ​របស់​ជនជាតិ​ម៉ាឌាន​ថា៖ «ហ្វូង​មនុស្ស​ដ៏​ច្រើន​សន្ធឹកនេះ មុខ​ជា​បង្ហិន​អ្វីៗ​ដែល​មាន​នៅ​ជុំ‌វិញ​ពួក​យើង ដូច​គោ​ស៊ី​រំលីង​ស្មៅនៅ​ទីវាល​​មិន​ខាន»។ ​ នៅ​ពេល​នោះ ព្រះបាទ​​បាឡាក់ ជា​បុត្រា​របស់ព្រះបាទ​ស៊ីប‌ព័រ សោយ​រាជ្យ​នៅ​ស្រុក​ម៉ូអាប់។ 5 ស្ដេច​បានចាត់អ្នក​​នាំ​សារ​ទៅ​ជួប​លោក​បាឡាម ជា​កូនប្រុស​របស់​​លោកបេអ៊រ នៅ​ក្រុង​ពេថោ​ជាប់​មាត់​ទន្លេ​អើប្រាត​ ជា​ស្រុក​កំណើត​របស់​ជនជាតិ​លោក និងរបស់​ញាតិ​សន្តាន​របស់​លោក។ លោកបាន​ហៅ​ពួក​​គេ​មក​ ដោយ​ប្រាប់​ថា៖ «មើល៍! មាន​ជន‌ជាតិ​មួយ​ចេញ​មក​ពី​ស្រុក​អេស៊ីប នាំ​គ្នា​មក​នៅ​ពាស‌ពេញ​ផែនដី ហើយឥឡូវនេះ​​ ពួក​គេ​បោះ​ជំរំ​នៅ​ក្បែរ​ទឹក​ដី​របស់​យើង។ 6 ដូច្នេះ សូម​លោក​អញ្ជើញ​មក​ដាក់​បណ្ដាសា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង ព្រោះ​ពួក​គេ​ខ្លាំង​ពូកែ​ជាង​យើង។ ប្រហែល​ជា​យើងអាច​រៀបចំ​វាយ​ប្រហារ​​ពួក​គេ ហើយ​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក​នេះ​បាន ដ្បិត ​យើង​ដឹង​ថា ពេល​លោក​ឲ្យ​ពរ​អ្នក​ណា អ្នក​នោះ​នឹង​ទទួល​ពរ តែ​បើ​លោក​ដាក់​បណ្ដាសា​អ្នក​ណា អ្នក​នោះ​ពិត​ជា​ត្រូវ​បណ្ដាសា​មិន​ខាន»។ 7 ដូច្នេះ ​ពួកមេ​ដឹកនាំ​របស់​ជន‌ជាតិ​ម៉ូអាប់ និង​ចាស់​ទុំ​របស់​ជន‌ជាតិ​ម៉ាឌានទាំងអស់ក៏នាំ​គ្នា​ចេញ​ដំណើរ​ទៅ ទាំង​នាំ​យក​ជំនូន​សម្រាប់​ជូន​គ្រូ​ទាយ​ទៅ​ជា​មួយ​ផង។ ពួក​គេ​បាន​ទៅ​ដល់​ផ្ទះ​របស់​លោក​បាឡាម ហើយ​រៀប​រាប់​ប្រាប់​លោក​នូវ​ពាក្យ​​របស់​ព្រះ‌បាទ​បាឡាក់។ 8 លោក​បាឡាម​បានមានប្រសាសន៍ទៅ​ពួក​គេ​​ថា៖ «សូម​អស់លោក​ស្នាក់​នៅ​ទី​នេះ​មួយ​យប់​សិន ខ្ញុំ​នឹង​ជូន​ចម្លើយ​ដល់អស់​លោក​វិញ តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ»។ ដូច្នេះ ពួក​មេ​ដឹក​នាំ​របស់ជន‌ជាតិ​ម៉ូអាប់​ក៏​​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​លោក​បាឡាមនៅយប់នោះ។ 9 ព្រះ‌ជាម្ចាស់​យាង​មក​ជួប​លោក​បាឡាម ហើយមាន​ព្រះ‌បន្ទូល​ថា៖ «តើ​មនុស្ស‌​ដែលមក​ឯ​អ្នកទាំងនេះ​ជា​នរណា?»។ លោក​បាឡាម​ទូល​ព្រះ‌ជាម្ចាស់​ថា៖ 10 «​ព្រះបាទឡាក់ ជា​បុត្រា​របស់​ព្រះបាទ​ស៊ីប‌ព័រ​ ដែល​ជាស្ដេចរបស់ជនជាតិ​ម៉ូអាប់ បាន​ចាត់​ពួក​គេ​ឲ្យ​មក​ប្រាប់​ទូលបង្គំ​ថា៖ 11 មើល៍! មាន​ជន‌ជាតិ​មួយ​ចេញ​មក​ពី​ស្រុក​អេស៊ីប នាំ​គ្នា​មក​នៅ​ពាស‌ពេញ​ស្រុករបស់យើង។ ដូច្នេះ សូម​លោក​មក​ជួយ​ដាក់​បណ្ដាសា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង។ បើ​លោក​ដាក់​បណ្ដាសា​ពួក​គេ​នោះ ប្រហែល​ជា​យើង​អាច​រៀប​​ចំ​វាយប្រហារ​​ពួក​គេ និង​បណ្តេញ​ពួក​គេចេញ​បាន»។ 12 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​បាឡាម​ថា៖ «អ្នក​មិន​ត្រូវ​ទៅ​ជា​មួយ​ពួក​គេជា​ដាច់ខាត ហើយ​ក៏​មិន​ត្រូវ​ដាក់​បណ្ដាសា​ជនជាតិ​អ៊ីស្រាអែល​ដែរ ដ្បិត ​​ពួក​គេមាន​ពរ​ហើយ!»។ 13 លោក​បាឡាម​ក្រោក​ពី​ព្រលឹម ហើយ​បាន​ប្រាប់​ទៅ​ពួក​មេ​ដឹក​នាំរបស់​ព្រះបាទបាឡាក់​ថា៖ «សូមអស់​​លោក​វិល​ត្រឡប់ទៅ​ស្រុក​របស់​អស់​លោក​វិញ​ចុះ ព្រះ‌អម្ចាស់​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ជា​មួយ​អស់​លោក​ទេ»។ 14 មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ម៉ូអាប់​នាំ​គ្នា​វិល​ត្រឡប់ទៅគាល់ព្រះ​បាឡាក់​វិញ ទូលថា៖ «លោក​បាឡាម​មិន​ព្រម​មក​ជា​មួយ​ពួក​យើង​ទេ»។ 15 ព្រះបាទបាឡាក់​បាន​ចាត់​មេ​ដឹក​នាំ​ជាច្រើននាក់ឲ្យ​ទៅម្ដងទៀត សុទ្ធតែអ្នក​មាន​យស‌ស័ក្ដិ​ខ្ពស់​ជាង​មុន។ 16 ពួក​គេ​ទៅ​ជួប​​លោក​បាឡាម ហើយ​ប្រាប់ថា​៖ «ព្រះ‌បាទ​បាឡាក់ ជា​បុត្រ​របស់​ព្រះ‌បាទ​ស៊ីប‌ព័រ មាន​រាជ‌ឱង្ការ​ថា៖ «សូមកុំ​ឲ្យ​មាន​អ្វី​បង្អាក់​លោក​មិន​ឲ្យមកជួប​យើង​ឡើយ 17 ដ្បិត​ យើងនឹង​បង់ថ្លៃជូនលោក​ដ៏ច្រើនលើសលប់ ​ហើយ​យើង​នឹង​លើក​កិត្តិយស​លោកយ៉ាងខ្ពស់ អ្វីដែល​​លោក​បង្គាប់យើង​ឲ្យ​ធ្វើ​ យើង​សុខ​ចិត្ត​ធ្វើ​តាម​ទាំង​អស់ ដូច្នេះ សូម​លោក​អញ្ជើញ​មក​ដាក់​បណ្ដាសា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង»។ 18 លោក​បាឡាម​ឆ្លើយ​ទៅ​ពួកគេវិញ​ថា៖ «ទោះ​បី​ព្រះ‌បាទ​បាឡាក់​ប្រទាន​វាំង​របស់​ព្រះអង្គដែល​ពេញ​ទៅ​ដោយ​ប្រាក់ និងមាសមក​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​ពុំ​អាច​ល្មើស​​នឹង​បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ​ជា​ដាច់​ខាត ហើយ​ក៏​មិន​អាច​ធ្វើការតិច ឬច្រើនជាង​អ្វី​ដែ​ល​ព្រះអង្គបង្គាប់​ដល់ខ្ញុំដែរ។ 19 ឥឡូវ​នេះ យប់នេះសូម​អស់លោក​ចាំនៅ​ទីនេះ​​សិន ដើម្បី​​ឲ្យ​ខ្ញុំ​​ដឹង​បន្ថែមទៀត​នូវ​អ្វី​ដែល​ព្រះ‌អម្ចាស់​នឹង​មានបន្ទូលប្រាប់​ខ្ញុំ»។ 20 នៅ​​យប់ ព្រះ‌ជាម្ចាស់​យាង​មក​ជួប​លោក​បាឡាម មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ទាំង​នោះ​នាំ​គ្នា​មក​ហៅ​អ្នក​ដូច្នេះ ចូរ​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​គេ​ចុះ។ ប៉ុន្តែ ត្រូវ​ធ្វើ​តាម​សេចក្ដី​ណា​ដែល​យើង​នឹង​បង្គាប់​ឲ្យ​អ្នក​ធ្វើតែ​ប៉ុណ្ណោះ»។ 21 លោក​បាឡាម​ក្រោក​ឡើង​ពី​ព្រលឹម លោក​រៀបចំ​កែប​លា របស់គាត់ ហើយ​បាន​ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ម៉ូអាប់។ 22 ​ប៉ុន្តែ ​ព្រះ‌ជាម្ចាស់​ ពិរោធ​យ៉ាង​ខ្លាំង ព្រោះ​គាត់​ចេញ​ទៅ​ដូច្នេះ។ ទេវតា​របស់​ព្រះ‌អម្ចាស់​ឈរ​រាំង​ផ្លូវ​របស់​គាត់ ដូច​ជា​សត្រូវ​របស់​​គាត់ ពេល​ដែល​គាត់កំពុងជិះលើសត្វលា។ មាន​អ្នក​បម្រើ​របស់លោកបាឡាម​ពីរ​នាក់​រួម​ដំណើរ​ជា​មួយគាត់​ដែរ។ 23 លា​​បាន​ឃើញ​ទេវតា​របស់​ព្រះ‌អម្ចាស់​ឈរ​នៅ​កណ្ដាល​ផ្លូវ ទាំង​មានដាវហូតជាស្រេច​​កាន់​នៅ​ដៃ​ផង។ លា​ក៏​ងាក​ចេញ​ពី​ផ្លូវ ទៅ​ដើរ​នៅ​ក្នុង​ចម្ការ។ លោក​បាឡាម​វាយ​លា​ឲ្យ​មក​ដើរ​តាម​ផ្លូវ​វិញ។ 24 នោះទេវតា​របស់​ព្រះ‌អម្ចាស់​ឈរ​នៅ​កណ្ដាល​ផ្លូវតូចចង្អៀត​ ដែល​មាន​ចម្ការ​ទំពាំង‌បាយជូរ​នៅ​សង​ខាង ហើយ​សង​ខាង​ផ្លូវ​មាន​របង។ 25 ធ្វើ​ឲ្យ​ជើង​របស់​លោក​បាឡាម​គាប​ទៅ​នឹង​របង លោក​បាឡាម​ក៏​វាយ​វាទៀត។ 26 ទេវតា​របស់​ព្រះ‌អម្ចាស់​ទៅ​ឆ្ងាយ​បន្តិច ហើយឈរនៅត្រង់​កន្លែង​មាន​ច្រក​ចង្អៀត ដែល​ពុំ​អាច​វាង​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ឡើយ។ 27 លា​ឃើញ​ទេវតា​របស់​ព្រះ‌អម្ចាស់ វា​ក៏​ក្រាប​ចុះ ធ្វើ​ឲ្យ​លោក​បាឡាម​ខឹង​ជា​ខ្លាំង ហើយ​យក​ដំបង​វាយ​លាទៀត។ 28 ពេលនោះ ​​ព្រះ‌អម្ចាស់​បានបើក​មាត់​របស់​សត្វ​លា ធ្វើ​ឲ្យ​លា​នោះ​​ចេះ​និយាយ។ វា​និយាយ​ទៅ​លោក​បាឡាម​ថា៖ «តើ​ខ្ញុំ​ធ្វើ​អ្វី​លោក បាន​ជា​លោក​វាយ​ខ្ញុំ​ដល់​ទៅ​បី​ដង​ដូច្នេះ?»។ 29 លោក​បាឡាម​តប​ទៅ​លា​ថា៖ «មក​ពី​ឯង​​ធ្វើឆ្កួតៗ​ចំពោះ​អញ! ប្រសិន​បើ ​អញ​មាន​ដាវ​នៅ​ដៃ នោះ​អញ​មុខ​ជា​សម្លាប់​ឯង​បាត់ហើយ!»។ 30 លា​ឆ្លើយទៅ​លោកបាឡាមវិញ​ថា៖ «តើខ្ញុំមិនមែន​​ជា​លា​របស់​លោក ដែល​លោក​ធ្លាប់​ជិះពេញមួយជី​វិត​របស់​លោក​រហូត​មក​ទល់​ថ្ងៃ​នេះទេ​ឬ?​ តើ​ពី​មុនៗ​មក ខ្ញុំ​ធ្លាប់​ធ្វើ​បែប​នេះ​ចំពោះ​លោក​​ទេ?»។ លោក​បាឡាម​តប​ថា៖ «ទេ!»។ 31 ពេល​នោះ ព្រះ‌អម្ចាស់​បានបើកភ្នែក​​របស់យ​លោក​បាឡាម​មើល​ឃើញ​ទេវតា​របស់​ព្រះ‌អម្ចាស់​ដែល​ឈរ​រាំង​ផ្លូវ ទាំង​ដក​ដាវ​ជា​ស្រេចកាន់​​​​នៅ​ដៃ។ លោកបាឡាម​​ក៏ឱន​ក្បាល និង​​មុខ​របស់ខ្លួនចុះ។ 32 ទេវតា​របស់​ព្រះ‌អម្ចាស់​មានប្រសាសន៍​មក​លោក​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​វាយ​លា​របស់អ្នក​ដល់​ទៅ​បី​ដង​ដូច្នេះ? មើល៍! យើង​បាន​ចេញ​មក​ដូច​ជា​សត្រូវ​របស់​អ្នក ដ្បិត ទង្វើ​របស់អ្នកចំពោះ​យើង​នោះ​​អាក្រក់ខ្លាំងណាស់។ 33 សត្វលាវា​​​បាន​ឃើញ​យើង ហើយ​វា​ងាក​ចេញ​ពី​យើង​ដល់​ទៅ​បី​ដង ប្រសិន​បើ​ វា​មិន​ងាក​ចេញ​ពី​យើងទេ​នោះ ម្លេ៉ះ​យើងសម្លាប់​អ្នកបាត់ហើយ និង​ទុក​ជីវិត​ឲ្យ​វាវិញ»។ 34 លោក​បាឡាមមានប្រសាសន៍​​ទៅ​ទេវតា​របស់​ព្រះ‌អម្ចាស់​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដ្បិត​ ខ្ញុំ​មិន​បាន​ដឹង​ថា លោក​ម្ចាស់ឈរបាំង​​ផ្លូវ​ពី​មុខ​ខ្ញុំ​​ទេ។ ឥឡូវ​នេះ ប្រសិន​បើ ​លោក​មិន​ពេញ​ចិត្ត​ឲ្យ​ខ្ញុំ​ទៅ​ទេ នោះ​ខ្ញុំ​នឹង​​បក​ក្រោយ​វិញ»។ 35 ទេវតា​របស់​ព្រះ‌អម្ចាស់​មានប្រសាសន៍ទៅ​​លោក​បាឡាម​ថា៖ «ចូរ​ទៅ​ជា​មួយ​អ្នក​ទាំង​នោះ​ចុះ តែអ្នក​ត្រូវ​និយាយ​តាម​សេចក្ដី​ដែល​យើង​ប្រាប់​អ្នក​ប៉ុណ្ណោះ»។ ដូច្នេះ លោក​បាឡាម​ក៏​ទៅ​ជា​មួយ​ពួក​មេ​ដឹក​នាំ​របស់​ព្រះ‌បាទ​បាឡាក់។ 36 នៅ​ពេល​ដែលល​ព្រះ‌បាទ​បាឡាក់​បានឮថា​លោក​បាឡាម​មក​ដល់ហើយ ស្ដេច​ក៏​ចេញ​ទៅ​ទទួល​លោក​នៅ​ក្រុង​របស់​ស្រុក​ម៉ូអាប់ ដែល​នៅ​មាត់​ស្ទឹង​អើ‌ណូន ក្បែរ​ព្រំដែន។ 37 ព្រះ‌បាទ​បាឡាក់​មាន​រាជ‌ឱង្ការ​ទៅ​​លោក​បាឡាម​ថា៖ «តើ​យើងមិន​បាន​ចាត់​គេ​ឲ្យ​ជួប​លោក ដើម្បី​អញ្ជើញ​លោកមកទេ​ឬ? ហេតុ​អ្វី​បាន​ជា​លោក​មិន​ព្រម​មក​ជួប​យើង? តើ​យើង​មិន​អាច​លើក​កិត្តិយស​លោកបាន​​ឬ?»។ 38 ​លោក​បាឡាម​ឆ្លើយ​ទៅ​ស្ដេច​ថា៖ «មើល៍! ទូលបង្គំ​បានមកជួប​ព្រះ‌ករុណា​ហើយ។ ឥឡូវ​នេះ តើទូលបង្គំគ្មានសិទ្ធិនឹង​និយាយពាក្យ​អ្វីទេ​ឬ? ទូលបង្គំ​និយាយ​តែ​ពាក្យ​​ដែល​ព្រះ‌ជាម្ចាស់​ដាក់នៅ​ក្នុង​មាត់​របស់​ទូល​បង្គំ​តែ​ប៉ុណ្ណោះ»។ 39 លោក​បាឡាម​ក៏​ទៅ​ជា​មួយ​ព្រះ‌បាទ​បាឡាក់ រហូត​ដល់​ក្រុង​គារយ៉ាត់ហាសូត។ 40 ព្រះ‌បាទ​បាឡាក់​បាន​យក​គោ និង​ចៀម ធ្វើ​យញ្ញ‌បូជា ហើយ​ឲ្យ​សាច់​ខ្លះ​ទៅ​លោក​បាឡាម ព្រម​ទាំង​មេ​ដឹក​នាំ​ដែល​មក​ជា​មួយ​លោក។ 41 លុះ​ព្រឹក​ឡើង ព្រះ‌បាទ​បាឡាក់​បាន​នាំ​លោក​បាឡាម​ឡើង​ទៅ​ទី​ខ្ពស់របស់ព្រះបាល។ នៅ​កន្លែង​នោះ លោកបាឡាម​អាច​មើល​ឃើញ​តែជំរំខ្លះរបស់ប្រជា‌ជន​អ៊ីស្រា‌អែល​ប៉ុណ្ណោះ។

ជំពូក ២៣

1 លោក​បាឡាម​បានទូលទៅ​ព្រះ‌បាទ​បាឡាក់​ថា៖ «សូម​ព្រះ‌ករុណា​ឲ្យ​គេ​សង់​កន្លែង​ថ្វាយ​តង្វាយ​ប្រាំ‌ពីរ​នៅ​ទី​នេះឲ្យទូលបង្គំ ហើយ​រៀបចំ​គោ​បា​ប្រាំ‌ពីរ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ ឲ្យ​ទូលបង្គំ​ផង»។ 2 ដូច្នេះ ព្រះ‌បាទ​បាឡាក់​ក៏​ធ្វើ​តាមសំណូមពរ​​របស់​លោក​បាឡាម។ ព្រះ‌បាទ​បាឡាក់ និង​លោក​បាឡាម​បាន​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ នៅ​លើ​កន្លែងថ្វាយ​តង្វាយ​​នីមួយៗ។ 3 បន្ទាប់មក លោក​បាឡាម​ទូលទៅ​ព្រះ​បាទ​បាឡាក់ទៀត​ថា៖ «សូម​ព្រះ‌ករុណា​គង់​នៅ​ក្បែរ​តង្វាយ​ដុត​របស់​ព្រះ‌ករុណា​នេះ​ហើយ ទូលបង្គំ​នឹង​ចេញ​ទៅ​ឆ្ងាយ​បន្តិច ប្រហែល​ព្រះ‌អម្ចាស់​យាង​មក​ជួប​ទូលបង្គំ។ ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ទូលបង្គំ​ នោះទូលបង្គំ​នឹងទូលដល់​ព្រះ‌ករុណា»។ ដូច្នេះ លោក​ក៏​ឡើង​ទៅ​លើ​កំពូល​ភ្នំត្រង់កន្លែង​ដែល​គ្មាន​ដើម​ឈើ។ 4 នៅ​ពេល​ដែ​ល​លោកបាឡាម​​នៅ​លី​កំពូលភ្នំ ព្រះជាម្ចាស់បាន​យាង​មក​ជួបលោក ហើយ​លោក​បាឡាមបាន​ទូល​​​ព្រះអង្គថា៖ «ទូលបង្គំ​បាន​សង់​កន្លែង​ថ្វាយ​តង្វាយ​​ប្រាំ‌ពីរ ហើយនៅ​លើកន្លែង​ថ្វាយ​តង្វាយនោះ​ទូលបង្គំ​បាន​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ»។ 5 ព្រះ‌អម្ចាស់បានដាក់ព្រះបន្ទូល​នៅ​ក្នុង​មាត់របស់​លោកបាឡាម ហើយ​ប្រាប់គាត់ថា៖ ចូរ​ត្រឡប់​ទៅ​ជួប​ព្រះបាទបាឡាក់​វិញ ហើយ​និយាយ​ប្រាប់គេ​ទៅ។ 6 ដូច្នេះ លោក​បាឡាម​ក៏ត្រឡប់​ទៅ​គាល់ព្រះ‌បាទ​បាឡាក់ ដែលកំពុង​គង់​នៅ​ក្បែរ​តង្វាយ​ដុតរបស់ទ្រង់ ដោយ​មានមេដឹកនាំ​ទាំង​អស់​របស់​ជន‌ជាតិ​ម៉ូអាប់​នៅ​ជា​មួយ​ដែរ។ 7 ​នោះ លោក​បាឡាម​ក៏ចាប់ផ្តើម​ថ្លែង​ដូច​ត​ទៅ៖ «ព្រះ‌បាទ​បាឡាក់​ហៅ​ទូលបង្គំមក​ពី​ស្រុក​អើរ៉ាម ស្ដេច​ស្រុក​ម៉ូអាប់​បាន​ហៅ​ទូលបង្គំ​​ពី​ភ្នំ​ទិស​បូព៌ា​ ហើប្រាប់ថា៖ «ចូរ​មក​ដាក់​បណ្ដាសា​​យ៉ាកុបឲ្យ​​យើង!» ពួក​គេបានប្រាប់ទៀតថា៖ «ចូរ​មក​ប្រទេច‌ផ្តាសា​កូន​ចៅ​អ៊ីស្រា‌អែល!» 8 តើ​ឲ្យ​ទូលបង្គំដាក់​បណ្ដាសា​អ្នក​ដែលព្រះ‌ជាម្ចាស់​មិន​ដាក់​បណ្ដាសា​ដូច​ម្ដេច​កើត? តើ​ឲ្យ​ទូលបង្គំ​​រារាំង​​​អ្នក​ដែលព្រះ‌អម្ចាស់​មិនរារាំង​ដូច​ម្ដេច​បាន? 9 ពី​លើ​កំពូល​ថ្ម​នេះ ទូលបង្គំ​ឃើញ​ពួក​គេ។​ ពី​លើ​កំពូល​ភ្នំ​នេះ ទូលបង្គំសម្លឹង​មើល​ពួក​គេ។ មើល៍! មានជន​ជាតិមួយដែល​រស់នៅតែម្នាក់ឯង ដោយ​មិន​ចាត់ទុកពួក​គេ​ដូចជនជាតិធម្មតាមួយទេ។ 10 តើ​នរណា​អាច​រាប់​ខ្សាច់របស់លោកយ៉ាកុប ឬរាប់​ចំនួនមួយ​ភាគ​បួន​របស់ជនជាតិអ៊ីស្រាអែល​បាន?​ សូម​ឲ្យ​ទូលបង្គំ​ស្លាប់​ដូច​មនុស្ស​សុចរិត​ម្នាក់ ហើយ​សូម​ឲ្យ​ជីវិត​របស់ទូលបង្គំ​ត្រូវ​បញ្ចប់​ដូច​ពួក​គេ​ដែរចុះ!»។ 11 ព្រះ‌បាទ​បាឡាក់​មាន​រាជឱង្កាទៅ​លោក​បាឡាម​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​ដូច្នេះ​ចំពោះ​យើង? យើង​បាននាំ​​លោក​មក ដើម្បី​ឲ្យ​ដាក់​បណ្ដាសា​ខ្មាំង​សត្រូវ​របស់​យើង ប៉ុន្តែ មើល៍! លោក​បែរ​ជា​ឲ្យ​ពរ​ពួក​គេ​ទៅ​វិញ!»។ 12 លោកបាឡាមបាន​ឆ្លើយ​ថា៖ «តើមិន​គួរ​ឲ្យទូលបង្គំប្រុង​ប្រយ័ត្ន​និយាយ​​តែ​អ្វី​ដែល​ព្រះ​អម្ចាស់ដាក់​ក្នុង​មាត់​របស់ទូលបង្គំទេឬ? 13 នោះ ​ព្រះ‌បាទ​បាឡាក់​មានរាជឱង្កា​ថា៖ «ដូច្នេះ​ សូម​លោក​មក​ជា​មួយ​យើង មាន​កន្លែង​មួយ​ទៀត ដែល​លោក​អាច​មើល​ឃើញ​ពួក​គេ​ច្បាស់។ លោកនឹង​​ឃើញ​ពួក​គេ​តែជិតៗ​ប៉ុណ្ណោះ គឺ​មិន​ឃើញ​ទាំង​អស់​ទេ។ នៅ​ទី​នោះ លោក​ត្រូវ​តែ​ដាក់​បណ្ដាសា​ពួក​គេ​ឲ្យ​យើង»។ 14 ស្ដេចក៏​នាំ​លោក​បាឡាម​ទៅ​វាល​សូភីម ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ពីសកា ហើយស្ដេចបាន​​សង់កន្លែង​ថ្វាយ​តង្វាយ​ប្រាំ‌ពីរនៅទីនោះ។ នៅ​លើ​លើ​កន្លែង​ថ្វាយ​តង្វាយ​នីមួយៗ ស្ដេច​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ។ 15 បន្ទាប់មក ​លោក​បាឡាមបាន​ទូល​​ស្ដេច​ថា៖ «សូម​ព្រះ‌ករុណា​គង់​នៅ​ទី​នេះ ក្បែរ​តង្វាយ​ដុត​របស់​ព្រះ‌ករុណា ពេលដែលទូលបង្គំ​ចេញ​ទៅ​ជួប​ព្រះ‌ជាម្ចាស់នៅទីនោះ»។ 16 ដូច្នេះ ព្រះ‌អម្ចាស់​យាង​មក​ជួប​លោក​បាឡាម ហើយ​បាន​ដាក់​ពាក្យ​នៅក្នុង​មាត់​របស់គាត់។ ព្រះអង្គ​បា​ន​មាន​បន្ទូលថា៖ «ចូរ​ត្រឡប់ទៅ​ជួប​​បាឡាក់​វិញ ដើម្បី​ប្រាប់ពាក្យ​របស់​យើង​ដល់​គេ»។ 17 លោក​បាឡាម​ក៏ត្រឡប់​ទៅ​ជួប​ព្រះ‌បាទ​បាឡាក់ ដែល​ឈរ​នៅ​ក្បែរ​តង្វាយ​ដុត ដោយ​មាន​ពួកមេដឹកនាំ​របស់​ជន‌ជាតិ​ម៉ូអាប់​​នៅ​ជា​មួយ​ផង។ ព្រះ‌បាទ​បាឡាក់​សួរ​គាត់​ថា៖ «តើព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ម្ដេច?»។ 18 លោក​បាឡាម​ចាប់ផ្តើម​ថ្លែង​ដូច​ត​ទៅ៖ «ឱព្រះ‌រាជា​បាឡាក់អើយ! សូម​ក្រោកឡើង! ហើយ​ស្ដាប់ទូលបង្គំ​ឲ្យ​ច្បាស់ ទាំង​ព្រះអង្គ និង​​​ព្រះ‌បាទ​ស៊ីប‌ព័របុត្រា​របស់ព្រះអង្គ។ 19 ព្រះ‌ជាម្ចាស់​មិន​មែន​មនុស្ស​​ទេ ព្រះ​អង្​គ​មិន​ចេះ​កុហក​ឡើយ ព្រះអង្គ​​ក៏​​មិន​​ចេះ​​ប្តូរ​គំនិត​របស់​ព្រះអង្គ​​ដូច​មនុស្សដែរ។ តើ​ព្រះអង្គ​បាន​សន្យាអ្វីមួយ​ ហើយ​ព្រះអង្គ​មិន​​ធ្វើតាម​ដែរឬទេ? តើ​ព្រះអង្គ​ធ្លាប់មានបន្ទូល​ថា​នឹង​ធ្វើអ្វីមួយ​ ហើយមិនបានធ្វើឬទេ? 20 មើល៍! ទូលបង្គំ​បាន​ទទួល​បញ្ជាឲ្យ​ពរ។ ព្រះជា​ម្ចាស់បាន​ប្រទាន​ព្រះពរហើយ​ ខ្ញុំមិនអាច​ឲ្យផ្លាស់ប្ដូរបានទេ។ 21 គ្មាន​ការលំបាកនៅ​ក្នុង​ពួក​យ៉ាកុបឡើយ ឬទុក្ខ​វេទនា​ណា​នៅក្នុងកូន​ចៅ​អ៊ីស្រា‌អែល​ដែរ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ គង់​នៅ​ជា​មួយ​ពួក​គេ ហើយពួក​គេ​ប្រកាស​ថា មហា‌ក្សត្រ​របស់​ពួក​គេគង់ក្នុងចំណោមពួកគេ។ 22 ព្រះ‌ជាម្ចាស់​បាន​នាំ​ពួក​គេ​ចាក​ចេញពី​ស្រុក​អេស៊ីបដោយ​ប្រើ​កម្លាំង​ដ៏​ខ្លាំង ដូច​សត្វ​រមាស។ 23 គ្មានមន្ត‌អាគម​​អាច​ធ្វើ​ប្រឆាំង​នឹងលោក​​យ៉ាកុប​បាន​ទេ ហើយ​ក៏គ្មាន​គ្រូ​ទាយណា​អាច​ធ្វើ​ឲ្យ​ជនជាតិ​អ៊ីស្រាអែល​ឈឺចាប់បានដែរ។​ នឹង​មាន​គេ​​ថ្លែងអំពី​លោកយ៉ាកុប និងជនជាតិអ៊ីស្រាអែលថា ចូរ​សម្លឹងមើលអ្វី​ដែល​ព្រះ‌ជាម្ចាស់​ធ្វើ​ចុះ! 24 មើល​ចុះ ប្រជា‌ជន​នេះ​ងើប​ឡើង​ដូច​សិង្ហ​ញី ពួក​គេ​ដូច​សិង្ហ​ឈ្មោលស្ទុះឡើង ហើយ​ចាប់រំពារ។ ​វា​មិន​ដេក​វិញ​ទេ​ ទាល់តែ​បាន​ស៊ីរំពារ ហើយ​ហុត​ឈាម​សត្វ​ដែល​វា​បាន​សម្លាប់។ 25 ពេលនោះ ព្រះ‌បាទ​បាឡាក់បាន​មាន​រាជ‌ឱង្ការ​មក​លោក​បាឡាម​ថា៖ «កុំ​ដាក់​បណ្ដាសា​ពួក​គេ ហើយក៏​​កុំ​ឲ្យ​ពរ​ពួកគេ​​ឡើយ!»។ 26 ប៉ុន្ដែ លោក​បាឡាម​តបទៅ​​ព្រះបាទបាឡាក់​ថា៖ «តើ​ទូលបង្គំមិន​​បាន​ទូល​ព្រះ‌ករុណា​រួច​ហើយទេឬ​ថា ទូលបង្គំ​ត្រូវ​​និយាយអ្វីដែល​ព្រះ‌អម្ចាស់​ប្រាប់ទូល​បង្គំ​ឲ្យ​និយាយ​»។ 27 ដូច្នេះ ​ព្រះ‌បាទ​បាឡាក់បាន​មាន​រាជ‌ឱង្ការ​មក​លោក​បាឡាម​ថា៖ «ឥឡូវនេះ សូម​អញ្ជើញ​មក យើង​នាំ​លោក​ទៅ​កន្លែង​មួយ​ទៀត។ នៅ​កន្លែង​នោះ ព្រះ‌ជាម្ចាស់​ប្រហែល​ជា​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​លោក​ដាក់​បណ្ដាសា​ពួក​គេឲ្យ​យើង»។ 28 ព្រះ‌បាទ​បាឡាក់​នាំ​លោក​បាឡាម​ទៅ​ដល់​កំពូល​ភ្នំ​ពេអ៊រ ដែលមើល​ទៅ​ឃើញទី​រហោ‌ស្ថាន។ 29 លោក​បាឡាម​ទូល​ព្រះ‌បាទ​បាឡាក់​ថា៖ «សូម​ព្រះ‌ករុណា​ឲ្យ​គេ​សង់កន្លែងថ្វាយប្រាំ‌ពីរ​នៅ​ទី​នេះ ហើយ​រៀបចំ​គោ​បា​ប្រាំ‌ពីរ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ»។ 30 ព្រះ‌បាទ​បាឡាក់​ក៏​ធ្វើ​តាម​អ្វី​​ដែលលោក​បាឡាមបាន​ប្រាប់។ ស្ដេចបាន​​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ​នៅ​លើ​កន្លែង​ថ្វាយ​តង្វាយ​នីមួយៗ។

ជំពូក ២៤

1 នៅ​ពេល​ដែល​លោក​បាឡាម​ឃើញ​ថា ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ប្រទាន​ពរ​ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល លោក​មិន​បាន​ចេញ​ទៅធ្វើ​ពិធី​មន្ដអាគមន​ដូច​មុនៗ​ទេ។ ផ្ទុយទៅវិញ ​លោក​សម្លឹង​មើល​ទៅ​រកទី​រហោ‌ស្ថាន។ 2 លោក​ងើបមុខ​ឡើង​ ឃើញ​ជន‌ជាតិ​អ៊ីស្រា‌អែល​បោះ​ជំរំ​តាម​កុល‌សម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​ក៏​យាង​មក​សណ្ឋិត​លើ​លោក​បាឡាម 3 លោក​បានទទួលព្រះ​បន្ទូល ​ហើយ​​ថ្លែង​ថា៖ «នេះ​ជា​ពាក្យ​របស់លោក​បាឡាម កូន​របស់​បេអ៊រ នេះ​ជាមនុស្ស​ម្នាក់​ដែល​បើក​ភ្នែក​យ៉ាង​ធំ។ 4 ជាអ្នកដែល​បាន​​​និយាយ ហើយ​ឮ​ព្រះ‌បន្ទូលរបស់​ព្រះ‌ជាម្ចាស់។ ជាអ្នកដែល​ឃើញ​និមិត្ត​ពី​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ទាំង​បាន​ក្រាបចុះនៅ​ចំពោះ​ព្រះអង្គ​ដោយ​ភ្នែករបស់ខ្លួន​នៅបើក។ 5 ​យ៉ាកុប​អើយ ពន្លា​របស់​លោក​ស្អាត​ណាស់! ​អ៊ីស្រា‌អែល​អើយ! ទី​លំ‌នៅ​របស់​អ្នក​ក៏​ស្អាត​ដែរ! 6 គឺ​ប្រៀប​ដូច​ជា​ជ្រលងភ្នំ វាលាតសន្ធឹង ដូច​សួន​ច្បារនៅជាប់​ទន្លេ ដូច​ដើម​ប្រទាលកន្ទុយក្រពើ ដែល​ព្រះ‌អម្ចាស់​បាន​ដាំ ដូច​ដើម​តាត្រៅនៅ​ជិត​ទឹក។ 7 ទឹក​នឹង​ហូរ​ចេញ​ពី​ធុង​របស់​គេ​ ហើយគ្រាប់​ពូជ​របស់​គេ​នឹងមានទឹកគ្រប់គ្រាន់។ ស្ដេច​របស់ពួក​គេ​នឹង​ខ្ពស់ជាង​ព្រះបាទ​អកាក់ ហើយនគរ​របស់​គេ​នឹង​បាន​ថ្កើនថ្កាន។ 8 ព្រះ‌ជាម្ចាស់​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប ដោយកម្លាំង​ដ៏​ខ្លាំង ដូច​សត្វ​រមាស។ ពួក​គេ​ស៊ីកម្ទេច​ប្រជា‌ជាតិ​នានា​ដែលច្បាំង​តតាំង​នឹង​ពួកគេ​។ គឺ​នឹង​បំបាក់​ឆ្អឹងសត្រូវជាបំណែក និង​បាញ់​ព្រួញ​ប្រហារអ្នក​ទាំង​នោះ​ដោយព្រួញទៀត​ផង។ 9 ពួក​គេ​ក្រាបដូច​សត្វ​សិង្ហឈ្មោលញី តើ​នរណា​ហ៊ានរំខាន​​ពួក​គេ? សូម​ឲ្យអស់អ្នក​ដែល​ឲ្យ​​ពរ​គេ​ បានទទួល​ពរ ហើយ​សូ​មឲ្យ​អស់អ្នក​ដែល​ដាក់​បណ្ដាគេ​ ​​ត្រូវ​បណ្ដាសា​ចុះ!»។ 10 ព្រះ‌បាទ​បាឡាក់​ខឹង​លោក​បាឡាមយ៉ាងខ្លាំង ស្ដេចបាន​ទះ​ព្រះ‌ហស្ដ​ខ្លាំងៗដោយ​កំហឹង រួចព្រះបាទឡាក់បាន​មាន​រាជឱង្ការទៅ​លោក​បាឡាម​ថា៖ «យើង​បាន​ហៅ​លោក​មក ដើម្បី​ឲ្យ​លោក​ដាក់​បណ្ដាសា​ខ្មាំង​សត្រូវ​របស់​យើង ប៉ុន្តែមើល៍! ​លោក​បែរ​ជា​ឲ្យ​ពរ​ពួក​គេ​រហូត​ដល់​បី​ដង​ទៅ​វិញ!។​ 11 ឥឡូវ​នេះ ចូរ​លោក​ចេញពី​យើង ហើយត្រលប់​ទៅ​ផ្ទះ​របស់​លោក​វិញ​ទៅ! យើង​បាន​និយាយ​ហើយថា យើងនឹង​ផ្ដល់​រង្វាន់ដ៏ធំដល់លោក​ ប៉ុន្តែ​ ព្រះ‌អម្ចាស់​រារាំង​លោក​មិន​ឲ្យ​ទទួលរង្វាន់​នេះ​ទេ!»។ 12 លោក​បាឡាមទូលឆ្លើយ​ទៅ​ព្រះបាទ​បាឡាក់​វិញ​ថា៖ «ទូលបង្គំ​បាន​ប្រាប់​អស់​អ្នក​នាំ​សារ​ដែល​ព្រះ‌ករុណា​ចាត់​ឲ្យ​ទៅ​ជួប​ទូលបង្គំ​រួច​ហើយ​ថា 13 ទោះ​បី​ ព្រះ‌បាទ​បាឡាក់​ប្រទាន​វាំង​របស់​ព្រះករុណា​ដែល​ពេញ​ទៅ​ដោយ​ប្រាក់ និងមាសមកទូលបង្គំ​ក្ដី ក៏ទូលបង្គំ​ពុំ​អាចនិយាយ​លើស​ពី​ព្រះបន្ទូល​​របស់​ព្រះ‌អម្ចាស់​បានទេ​ ហើយក៏​មិន​អាច​នាំ​ការល្អ ឬការអាក្រក់បានដែរ ឬក៏​អ្វីតាម​អំពើចិត្ត​របស់ទូលបង្គំទេ។ តើ​ទូលបង្គំមិនបាននិយាយ​ពាក្យ​ទាំងនេះទៅពួកគេទេឬ? 14 ឥឡូវ​នេះ ​ទូលបង្គំនឹង​ត្រឡប់​ទៅ​ជួប‌ជុំ​នឹង​ប្រជា‌ជន​របស់​ទូលបង្គំ​វិញ ប៉ុន្ដែ​ទូលបង្គំ សូមដាស់តឿនព្រះអង្គ​នូវអ្វី​ដែល​ជន‌ជាតិនេះ​​នឹង​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន​របស់​ព្រះ‌ករុណា នៅ​ពេល​ខាង​មុខ»។ 15 លោក​បាឡាម​ថ្លែង​ដូច​ត​ទៅ៖ «នេះ​ជា​ពាក្យ​របស់​បាឡាម កូន​របស់​បេអ៊រ ​ជាមនុស្ស​ម្នាក់​ដែល​បើក​ភ្នែក​យ៉ាង​ធំ 16 នេះ​ជា​ពាក្យ​របស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូលពី​ព្រះ‌ជាម្ចាស់​ ជា​អ្នក​ដែលទទួលប្រាជ្ញាពី​ព្រះ​ដ៏​ខ្ពស់​បំផុត ជាអ្នក​ដែល​បាន​ឃើញ​និមិត្តពី​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពស់​បំផុត ទាំង​បាន​ក្រាបចុះនៅ​ចំពោះ​ព្រះអង្គ​ដោយ​ភ្នែករបស់ខ្លួន​នៅបើក។ 17 ខ្ញុំ​ឃើញ​ព្រះ​អង្គ ប៉ុន្តែ​​ឥឡូវនេះ​ព្រះអង្គ​មិននៅ​ទី​នេះ​ទេ។ ខ្ញុំ​សម្លឹង​មើលព្រះអង្គ ប៉ុន្តែ ព្រះអង្គមិននៅ​ជិត​នេះ​ទេ។ មាន​ផ្កាយ​មួយ​រះ​ចេញ​ពី​លោកយ៉ាកុប​ ហើយ​មាន​ដំបង​រាជ្យ​មួយ​ចេញ​ពី​អ៊ីស្រា‌អែល។ ព្រះអង្គ​នឹង​​វាយ​បំបែក​ក្បាល​របស់​ពួក​មេ​ដឹកនាំ​ជនជាតិម៉ូអាប់ ហើយ​ប្រល័យ​កូន​ចៅ​ទាំង​អស់​របស់​សេត។ 18 ​ស្រុក​អេដុមនឹងត្រឡប់កេរអាកររបស់ជនជាតិអ៊ីស្រាអែល ហើយ​ស្រុក​សៀរ ដែល​ជា​សត្រូវរបស់ជនជាតិអ៊ីស្រា‌អែលនឹង​​ត្រឡប់ជា​កេរអាករ​របស់​ពួកគេ ដែលជនជាតិ​អ៊ីស្រាអែល​នឹង​វាយ​ដណ្ដើម​បាន​ដោយ​កម្លាំង។ 19 នឹង​មាន​ស្ដេចមួយ​អង្គ​ចេញ​ពី​យ៉ាកុបមក ជា​ស្ដេច​ដែល​​នឹងគ្រប់គ្រងលើទាំងអស់ ហើយ​ព្រះអង្គ​នឹង​ប្រល័យ​​អស់​អ្នកដែល​នៅ​សេស‌សល់​ក្នុង​ទី​ក្រុងរបស់ពួក​គេ»។ 20 បន្ទាប់មក លោកបាឡាម​បាន​សម្លឹង​មើល​ទៅព្រះបាទ​បាឡាក់​ថ្លែង​ថា៖ «ជនជាតិ​អាម៉ា‌ឡេក​ជា​ប្រជា‌ជាតិ​មួយ​ធំ​ជាង​គេ​មែន ប៉ុន្តែ នៅ​ទី​បំផុត ពួក​គេ​នឹង​ត្រូវ​វិនាស»។ 21 បន្ទាប់​មក លោកបា​ឡាម​បាន​សម្លឹង​មើលជន‌ជាតិ​កែន ហើយ​​ថ្លែង​ថា៖ «កន្លែង​ដែល​អ្នករស់នៅ​គឺ​​រឹង‌មាំណាស់ ហើយ​សំបុករបស់អ្នក​ក៏នៅ​ក្នុង​ថ្ម‌ដា។ 22 ក៏​ប៉ុន្តែ ជនជាតិកែន​នឹង​ត្រូវ​ភ្លើង​ឆាប‌ឆេះ ហើយ​ជនជាតិ​អាស‌ស៊ើរ​នឹង​នាំ​អ្នក​ទៅ​ជា​ឈ្លើយ!»។ 23 បន្ទាប់មក លោកបាឡាម​ថ្លែងទំនាយ​ទៀត​ចុងក្រោយថា៖ «ទេវនាហើយ តើអ្នកនឹង​​នៅ​រស់បានពេល​ដែល​ព្រះ​ជាម្ចាស់ធ្វើ​ការ​នេះ? 24 នឹង​មាន​សំពៅមក​​ពី​​ស្រុក​គីទីម ពួក​គេ​នឹង​វាយ​​ប្រ​ហារ​ជនជាតិ​អាស‌ស៊ើរ និងជនជាតិ​ហេប៊ើរ ក៏​ប៉ុន្តែ អ្នក​ទាំង​នោះ​ក៏​នឹងបញ្ចប់ដោយ​​សេចក្តី​​អន្តរាយ​ដែរ»។ 25 បន្ទាប់មក លោក​បាឡាម​ក្រោក​ឡើងចេញពីទីនោះ​ ត្រឡប់​ទៅ​ស្រុក​របស់​លោក​វិញ រីឯ​ព្រះ‌បាទ​បាឡាក់​ក៏​ចាក​ចេញ​ទៅ​ដែរ។

ជំពូក ២៥

1 ជន‌ជាតិ​អ៊ីស្រា‌អែល​ស្នាក់​នៅ​ស្រុកស៊ីទីម ហើយ​ពួកប្រុសៗ​​ចាប់ផ្ដើម​សាហាយ​​ស្មន់​ជា​មួយ​ស្ត្រី​ជនជាតិ​ម៉ូអាប់។ 2 ដ្បិត​ ជនជាតិ​ម៉ូអាប់បានអញ្ជើញ​ប្រជា‌ជន​អ៊ីស្រាអែល​​ថ្វាយ​យញ្ញ‌បូជាដល់​ព្រះ​របស់ពួក​​គេ។ បន្ទាប់​មក ពួក​គេ​នាំ​គ្នា​បរិភោគ ហើយ​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ។ 3 ពួកប្រុសៗរបស់​អ៊ីស្រា‌អែល​នាំ​គ្នាចូល​រួម​​ថ្វាយ​បង្គំព្រះ​បាល‌នៃស្រុកពេអ៊រ ​ព្រះ‌អម្ចាស់​ព្រះ‌ពិរោធ​ទាស់​នឹង​ពួក​គេយ៉ាងខ្លាំង។ 4 ព្រះ‌អម្ចាស់​បានមាន​ព្រះ‌បន្ទូល​មក​​លោក​ម៉ូសេ​ថា៖ «ចូរ​សម្លាប់​ពួក​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន​ ហើយ​ព្យួរពួក​គេ​ហាល​ថ្ងៃ​នៅ​ចំពោះមុខយើង ដើម្បី​ឲ្យ​ពិរោធ​របស់យើងអាច​បែរចេញ​ពី​ជន‌ជាតិ​អ៊ីស្រា‌អែល»។ 5 ដូចេ្នះ លោក​ម៉ូសេ​បានមាន​ប្រសាសន៍ទៅ​​ពួក​មេ​ដឹកនាំ​របស់​​ជន​អ៊ីស្រា‌អែល​ថា៖ «អ្នករាល់គ្នាត្រូវ​សម្លាប់ប្រជាជនរបស់ខ្លួន​ដែលចូលរូម​ថ្វាយ​បង្គំ​​ព្រះ​​ព្រះ​បាល‌ពេអ៊រ​ចោល​!»។ 6 ពេល​នោះ មាន​បុរសជាតិ​អ៊ីស្រា‌អែល​ម្នាក់​បាន​នាំ​ស្ត្រី​សាសន៍​ម៉ាឌាន​ម្នាក់ ចូល​មក​ក្នុង​ចំណោម​គ្រួ​សារ​របស់​ខ្លួន។ ការនេះ​​កើត​ឡើង​នៅ​មុខ​លោក​ម៉ូសេ និង​នៅ​មុខ​សហគមន៍ប្រជាជនអ៊ីស្រា‌អែល​ទាំង​មូល ក្នុង​ពេល​ពួក​គេ​កំពុង​តែ​យំ​សោក​នៅ​មាត់​ទ្វារ​ត្រសាល​​ប្រជុំ។ 7 នៅ​ពេល​ដែលលោក​ភីនេ‌ហាស ជា​កូន​របស់​លោក​អេឡាសារ ដែល​ត្រូវ​ជា​កូន​របស់​បូជា‌ចារ្យ​អើរ៉ុនឃើញដូច្នេះ គាត់ក៏​ក្រោក​ឡើង​ក្នុង​ចំណោម​​សហគមន៍ ទាំង​កាន់​លំពែង​នៅ​ដៃរបស់​​គាត់។ 8 គាត់​តាម​បុរស​ជនជាតិអ៊ីស្រាអែលនោះ​រហូត​ដល់​ក្នុង​ត្រសាល​​របស់​គេ ហើយ​យក​លំពែង​ចាក់​ទម្លុះ​អ្នក​ទាំង​ពីរ គឺ​បុរស​អ៊ីស្រា‌អែល និង​ស្ត្រី​នោះ។ ដូច្នេះ គ្រោះ​កាច​ដែល​កើត​មាន​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​ឈប់​ទៅ​វិញ។ 9 អ្នក​ដែលស្លាប់ក្នុង​គ្រោះ​កាច​នេះ​មាន​ចំនួន​ពីរ​ម៉ឺន​បួន​ពាន់​នាក់។ 10 ព្រះអម្ចាស់បាន​មាន​បន្ទូល​មក​លោក​ម៉ូសេ ហើយមានបន្ទូលថា៖ 11 «ភីនេ‌ហាស ជា​កូន​របស់បូជា​ចារ្យ​អេឡាសារ បាន​បង្វែរ​កំហឹង​​របស់​យើង​ចេញ​ពី​ប្រជាជន​អ៊ីស្រាអែល​ ពីព្រោះគាត់​បាន​ឈឺ​ឆ្អាលចំពោះ​ក្តី​ប្រចណ្ឌរបស់​យើងក្នុង​ចំណោម​ជនជាតិ​​អ៊ីស្រាអែល។ ដូច្នេះ យើង​មិន​បំផ្លាញកូន​ចៅ​អ៊ីស្រាអែល​ដោយព្រោះ​កំហឹង​របស់យើង​ទេ។ 12 ដូច្នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «មើល៍! យើងប្រទាន​សម្ពន្ធ‌មេត្រី​ដែល​ផ្ដល់​សន្តិ‌ភាពដល់ភីនេ‌ហាស ជា​កូន​របស់​អេឡាសារ ដែល​ជា​កូន​របស់​បូជា‌ចារ្យ​អើរ៉ុន 13 សម្រាប់​គេ​ និង​ពូជពង្សរបស់គេ​ដែល​មក​តាមក្រោយ។ នោះ​គឺ​ជា​សម្ពន្ធមេត្រីរបស់បូជាចារ្យ​ដ៏​នៅ​អស់កល្ប​ជានិច្ច ពី​ព្រោះ​គេ​បាន​ប្រចណ្ឌ​ជំនួស​​យើងជា​ព្រះរបស់គេ​។ គេ​បានធ្វើ​ពិធី​លោះបាបសម្រាប់ជនជាតិ​អ៊ីស្រាអែលហើយ​។​ 14 បុរស​ជនជាតិអ៊ីស្រា‌អែល ដែល​ត្រូវ​បាន​សម្លាប់​រួម​ជា​មួយ​ស្ត្រីជនជាតិ​​ម៉ាឌាន​នោះ ឈ្មោះ​ស៊ីមរី ជា​កូនប្រុស​របស់​លោក​សាលូវ និង​ជា​មេ​ដឹក​នាំ​របស់​អំបូរ​មួយ​នៃ​កុល‌សម្ព័ន្ធ​ស៊ីម្មាន។ 15 រីឯ​ស្ត្រី​ជនជាតិ​ម៉ាឌាន ដែល​ត្រូវ​បាន​សម្លាប់​នោះ ឈ្មោះ​នាង​កូសប៊ីជា​កូនស្រី​របស់​លោក​ស៊ើរ ដែល​ជា​មេ‌​លើ​កុលសម្ព័ន្ធ​មួយ និង​ជា​មេ​លើ​គ្រួសារ​មួយនៅ​ក្នុង​​ជន‌ជាតិ​ម៉ាឌាន។ 16 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​​លោក​ម៉ូសេ ដោយបន្ទូល​ថា៖ 17 «ចូរ​ចាត់​ទុក​ជន‌ជាតិ​ម៉ាឌាន​ជាសត្រូវ​ ហើយ​វាយ​ប្រហារ​ពួក​គេ​ទៅ 18 ដ្បិត​ ពួក​បាន​ចាត់ទុកអ្នក​​ជា​ខ្មាំង​សត្រូវ ទាំង​បោក​បញ្ឆោត​ផង។ ពួក​​គេ​បាននាំ​អ្នកចូល​ក្នុង​សេចក្តី​​អាក្រក​់ក្នុង​ព្រឹត្តិ‌ការណ៍​នៅ​ពេអ៊រ និង​រឿង​នាង​កូសប៊ី ជា​កូនស្រី​របស់​មេ​ដឹកនាំ​ជនជាតិ​ម៉ាឌាន ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​ថ្ងៃនៃគ្រោះ​កាច​ក្នុង​ព្រឹត្តិ‌ការណ៍​នៅ​ពេអ៊រ​នោះ»។

ជំពូក ២៦

1 បន្ទាប់​ពី​គ្រោះ​កាច​នោះ​មក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​​លោក​ម៉ូសេ និង​លោក​អេឡាសារ ជា​កូន​របស់​​បូជា‌ចារ្យ​អើរ៉ុន​ថា៖ 2 «ចូររាប់​ប្រជា‌ជន​ក្នុង​សហគមន៍ប្រជាជនអ៊ីស្រា‌អែល​ទាំង​មូល ដោយ​គិត​ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ តាម​អំបូរ​របស់​ពួក​គេ គឺ​អស់អ្នក​ដែល​អាចចេញ​ទៅ​ធ្វើ​សង្គ្រាម​​បាន»។ 3 ដូច្នេះ លោក​ម៉ូសេ និង​លោក​អេឡាសារ ក៏​ប្រាប់​ពួក​គេ​ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ដែល​នៅ​ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូថា៖ 4 «ចូរ​រាប់ចំនួន​ប្រជា‌ជន​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ដូចដែល​​​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ និងប្រជាជន​អ៊ីស្រា‌អែល ដែល​បាន​ចាក​ចេញ​​ពី​ស្រុក​អេស៊ីបមក​»។​ 5 ពីកុល‌សម្ព័ន្ធ​រូបេន​ ជាកូនច្បង​របស់​លោក​អ៊ីស្រាអែលគឺ តាមរយៈលោកហេណុកដែល​ជាកូន​ប្រុស​​របស់លោក កើត​បាន​ជា​អំបូរ​​ហេណុក តាមរយៈលោក​លោក​ប៉ាលូវ កើត​បាន​ជាអំ​បូរ​ហេលូវ។​ 6 តាមរយៈលោក​ហេស្រុន កើត​បាន​ជាអំបូរេស្រុន។​ តាមរយៈលោក​កើមី កើត​បាន​ជាអំបូរ​កើមី។ 7 ​ទាំង​នោះ​ជា​អំបូរ​នៃ​កូនចៅ​របស់​លោក​​រូបេន មាន​ចំនួន​ទាំង​អស់ ៤៣, ៧៣០ នាក់។ 8 លោក​​អេលាប ជា​​កូនប្រុស​របស់លោក​ប៉ាលូវ។ 9 កូន​ប្រុសរបស់​លោក​អេលាប គឺ​លោក​នេមូល លោកដាថាន និងលោក​អប៊ី‌រ៉ាម។ លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម នេះ​ហើយ​ចូល​ដៃ​ជា​មួយ​លោក​កូរេ ប្រឆាំង​លោក​ម៉ូសេ និង​លោក​អើរ៉ុន ហើយ​​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់នោះ។ 10 ផែនដីបានបើកមាត់របស់វា ​លេ​បពួកគេជាមួយ​​លោកកូរេ​ នៅ​ពេល​ដែល​​អ្នក​ដើរ​តាម​គាត់​ទាំងអស់​បាន​ស្លាប់។ នៅ​ពេល​នោះ​ភ្លើង​បាន​ឆេះបំផ្លាញ​ពួក​គេ អស់​ពីរ​រយ​ហា‌សិប​នាក់ ទុក​ជា​ការ​ព្រមាន​ដល់​ប្រជា‌ជន។ 11 ប៉ុន្តែ ​​ពូជពង្ស​របស់​លោក​កូរេ​ស្លាប់មិន​អស់​ទេ។ 12 កូន​ចៅ​របស់​លោក​ស៊ីម្មាន តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈលោក​យេមូ‌អែល បាន​ជា​អំបូរ​យេមូ‌អែល តាមរយៈ​លោក​យ៉ាមីន​ កើតបានជា​អំបូរ​យ៉ាមីន​ តាមរយៈ​លោកយ៉ា​គីន​ ​កើតបានជា​អំបូរ​យ៉ាគីន 13 តាមរយៈ​លោក​សេ‌រ៉ាស កើតបានជាអំបូរ​សេ‌រ៉ាស តាមរយៈលោក​សូល កើតបាន​​ជា​អំបូរ​​សូល។ 14 ទាំង​នេះជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​ស៊ីម្មាន ដែល​​រាប់បាន​មាន ២២, ២០០ នាក់។ 15 កូន​ចៅ​របស់​លោក​កាដ តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈ​លោក​សេផូន​ កើតបានជា​អំបូរ​សេផូន។ តាមរយៈ​លោក​ហាគី កើតបានជា​អំបូរហាគី។ 16 តាមរយៈ​លោក​អូសនី​​ កើតបានជា​អំបូរអូសនី​។ តាមរយៈ​លោក​អេរី​​ កើតបានជា​អំបូរអេរី។ 17 តាមរយៈលោក​អើរ៉ូដ កើតបានជាអំបូរអើរ៉ូដ។ តាមរយៈលោក​អើរេ‌លី​ ​កើតបានជាអំបូរអើរេ‌លី។ 18 ​ទាំងនេះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​កាដ ដែល​រាប់បាន​មាន ៤០, ៥០០ នាក់។ 19 កូន​របស់​លោក​យូដា​មាន​អ៊ើរ និងលោកអូណាន ក៏​ប៉ុន្តែ អ្នក​ទាំង​ពីរ​បាន​ស្លាប់​នៅ​ស្រុក​កាណាន។ 20 កូន​ចៅ​ឯ​ទៀតៗ​របស់​លោក​យូដា តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈលោក​សេឡា កើតបាន​ជាអំបូរ​សេឡា​។ តាមរយៈលោក​ពេរេស កើតបានជា​អំបូរ​ពេរេស។ តាមរយៈលោក​សេ‌រ៉ាស កើតបាន​ជាអំបូរ​សេរ៉ាស។ 21 កូន​ចៅ​របស់​ពេរេស តាមអំបូរ​របស់​ពួក​​គេ​មាន៖ តាមរយៈលោក​ហេស្រុន កើតបាន​ជាអំបូរ​ហេស្រុន។ តាមរយៈលោក​​ហាមូល បានជា​អំបូរ​​ហាមូល។ 22 ​ទាំងនេះជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​យូដា ដែលរាប់បានមាន ៧៦, ៥០០ នាក់។ 23 កូន​ចៅ​របស់​លោក​អ៊ីសា‌ខារ តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈលោកថូឡា ​កើតបាន​ជាអំបូរ​​ថូឡា។ តាមរយៈលោកពូវ៉ា​ កើតបាន​ជាអំបូរ​ពូវ៉ា។ 24 តាមរយៈលោក​យ៉ាស៊ូប កើតបានជា​អំបូរយ៉ាស៊ូប។ តាមរយៈលោក​ស៊ីម‌រ៉ូន កើតបាន​ជាអំបូរ​ស៊ីម‌រ៉ូន។ 25 ​ទាំង​នេះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ ដែលរាប់បាន​មាន ៦៤, ៣០០ នាក់។ 26 កូន​ចៅ​របស់​លោក​សាប់​យូឡូន តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈលោកសេរ៉ែដ​ កើតបានជា​អំបូរសេរ៉ែដ។​ តាម​រយៈលោកអេឡូន​ កើតបានជា​អំបូរអេឡូន។ តាមរយៈលោកយ៉ាលាល​ កើតបានជាអំបូរយ៉ាលាល។ 27 ​ទាំង​នេះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន ដែល​រាប់​បានមាន ៦០, ៥០០ នាក់។ 28 កូន​ចៅ​របស់​លោក​យ៉ូសែប តាម​អំបូរ​របស់​ពួក​គេ គឺ​លោកម៉ាណា‌សេ និងលោក​អេប្រាអ៊ីម។ 29 កូន​ចៅ​របស់​លោក​ម៉ាណា‌សេ តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈលោកម៉ាកៀរ​ កើតបានជាអំបូរម៉ាកៀរ (លោក​ម៉ាកៀរ គឺ​លោក​កាឡាដ) តាមរយៈលោកកាឡាដ កើតបានជា​អំបូរ​កាឡាដ។ 30 កូន​ចៅ​របស់​លោក​កាឡាដ​មាន៖ តាមរយៈលោកស៊ើរ កើតបានជាអំបូរស៊ើរ។ តាមរយៈលោក​ហេឡេក កើតបានជាអំបូរ​ហេឡេក។ 31 តាមរយៈលោកអាស‌រាល កើតបាន​ជាអំបូរ​អាស‌រាល។ តាមរយៈលោក​ស៊ីគែម កើតបានជា​អំបូរ​ស៊ីគែម។ 32 តាមរយៈលោកសេមី‌ដា កើតបានជាអំបូរ​សេមី‌ដា។ តាមរយៈលោកហេភើរ កើតបានជាអំបូរ​ហេភើរ។ 33 លោក​ស្លូផិ‌ហាត​ដែល​ត្រូវ​ជា​កូន​របស់​លោក​ហេភើរ គ្មាន​កូន​ប្រុស​ទេ គឺ​មាន​តែ​កូន​ស្រី។ កូន​ស្រី​របស់​លោក​ស្លូផិ‌ហាត​មាន៖ នាងម័សឡា នាងណូហា នាងហុកឡា នាងមីលកា និងនាង​ធើសា។ 34 ​ទាំងនេះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដែលរាប់បានមាន ៥២, ៧០០ នាក់។ 35 កូន​ចៅ​របស់​លោក​អេប្រាអ៊ីម តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈលោកស៊ូថេ‌ឡា​ កើតបានជាអំបូរ​​​ស៊ូថេ‌ឡា។​ តាមរយៈលោក​បេគើរ​ កើតបានជាអំបូរ​បេគើរ។ តាមរយៈលោក​ថាហាន កើតបានជាអំបូរ​ថាហាន។ 36 កូន​ចៅ​របស់​លោក​ស៊ូថេ‌ឡា​មាន៖ តាម​រយៈលោកអេរ៉ាន កើតបាន​ជា​អំបូរ​អេរ៉ាន។ 37 ​ទាំងនេះ​​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ដែលរាប់​បានមាន ៣២, ៥០០ នាក់។ 38 កូន​ចៅ​របស់​លោក​បេន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈលោក​​បេឡា​ កើតជា​បានជាអំបូរ​បេឡា។ តាមរយៈលោក​​អាស‌បែល កើតបានជាអំបូរ​អាស‌បែល។ តាមរយៈលោក​​អេហ៊ី‌រ៉ាម​ កើតបានជាអំបូរ​អេហ៊ី‌រ៉ាម។ 39 តាមរយៈលោក​​ស៊ូផាម​ កើតបានជាអំបូរ​ស៊ូផាម។ តាមរយៈលោក​​ហ៊ូផាម កើតបានជាអំបូរ​ហ៊ូផាម។ 40 កូន​​របស់​លោក​បេឡា​មាន​លោក​អើឌ និងលោក​ណាម៉ាន។ តាមរយៈលោក​អើឌ​ កើតបាន​ជា​អំបូរ​អើឌ។ តាមរយៈលោក​ណាម៉ាន កើតបាន​ជាអំបូរណាម៉ាន។ 41 ​ទាំងនេះជា​កូន​ចៅ​របស់​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ ​ដែលរាប់​បានមាន ៤៥, ៦០០ នាក់។ 42 កូន​ចៅ​របស់​លោក​ដាន់ តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈលោកហ៊ូស៊ីម កើតបានជា​អំបូរ​ហ៊ូស៊ីម។ អ្នក​ទាំង​នោះ​ជា​កូន​ចៅ​របស់​លោក​ដាន់​តាម​អំបូរ​របស់​ពួក​គេ។ 43 សរុប​អំបូរ​កូន​ចៅ​របស់​លោក​ហ៊ូស៊ីម ដែលរាប់​បាន​មាន​ ៦៤, ៤០០ នាក់។ 44 កូន​ចៅ​របស់​លោក​អេ‌ស៊ើរ តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈលោកយីមណា កើតបាន​ជាអំបូរ​យីមណា។ តាមរយៈលោក​យីសវី កើតបាន​ជាអំបូរ​យីសវី។ តាមរយៈលោក​បេរា កើតបាន​ជា​អំបូរ​បេរា។ 45 កូន​ចៅ​របស់​លោក​បេរ៉ា​មាន៖ តាមរយៈលោក​ហេប៊ើរ ​កើតបានជាអំបូរ​ហេប៊ើរ។ តាមរយៈលោក​ម៉ាល់‌គាល​ កើតបានជា​អំបូរ​ម៉ាល់‌គាល។ 46 កូន​ស្រី​របស់​លោក​អេ‌ស៊ើរ គឺ​នាង​សេរ៉ា។ 47 ​ទាំងនេះ​ជា​កូន​ចៅ​របស់​លោក​អេ‌ស៊ើរ តាម​អំបូរ​របស់​ពួក​គេ ដែលរាប់​បានមាន ៥៣, ៤០០ នាក់។ 48 កូន​ចៅ​របស់​លោក​ណែប‌ថាលី តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈលោកយ៉ាស៊ាល ​កើតបានជា​អំបូរ​យ៉ាស៊ាល។ តាមរយៈលោក​គូនី​ កើតបានជាអំបូរគូនី។ 49 តាមរយៈលោក​យេស៊ើរ​ កើតបាន​ជា​អំបូរ​យ៉ា‌ស៊ើរ។ តាមរយៈលោក​ស៊ីឡិម កើតបាន​ជាអំបូរ​ស៊ីឡិម។ 50 ​ទាំង​នេះ​ជា​កូន​ចៅ​របស់​លោក​ណែប‌ថាលី តាម​អំបូរ​របស់​ពួក​គេ ​ដែល​រាប់បានមាន ៤៥, ៤០០ នាក់។ 51 ចំនួន​សរុប​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​បាន​រាប់បាន មាន​ទាំង​អស់ ៦០១, ៧៣០ នាក់។ 52 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ 53 «ត្រូវ​ចែក​ទឹក​ដី​ឲ្យ​មនុស្ស​ទាំងនេះ​ទុក​ជា​កេរ‌មតក តាម​ចំនួនឈ្មោះ​របស់​ពួក​គេ។​ 54 កុល‌សម្ព័ន្ធ​ណាដែលធំជាងគេ​ត្រូវ​ចែក​មរតកឲ្យ​ច្រើន ហើយ​កុល‌សម្ព័ន្ធ​ដែលតូចជាងគេ​ ត្រូវ​ចែក​ឲ្យ​តិចដែរ។ អ្នកត្រូវ​ចែក​មរតក​ឲ្យ​គ្រប់គ្រួសារ តាម​ចំនួនប្រុសៗដែល​បាន​រាប់។ 55 ប៉ុន្តែ ការ​បែង​ចែក​ទឹក​ដី​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​ចាប់​ឆ្នោត។ គឺ​ពួកគេត្រូវ​បាន​ទទួល​ទឹក​ដី ដែល​បាន​បែង​ចែកតាម​កុល‌សម្ព័ន្ធ​នៃ​បុព្វ​បុរស​របស់​ខ្លួន។ 56 មរតករបស់ពួកគេនោះត្រូវ​បែងចែក​តាម​អំបូរធំ និងអំបូរតូច គឺត្រូវ​ចែក​ឲ្យ​ពួកគេដោយ​ការ​ចាប់​ឆ្នោត»។ 57 ចំណែក​ អំបូររបស់ពួក​លេវី​ដែល​បានរាប់តាម​អំបូរ​របស់​ពួក​គេ​មាន​ដូច​ត​ទៅ៖ តាមរយៈលោកគើរ‌សុន កើតបាន​ជា​អំបូរ​គើសុន។ តាមរយៈលោក​កេហាត់​ កើតបានជាអំបូរ​កេហាត់។ តាមរយៈលោក​ម៉្រារី កើតបាន​ជា​ពូជ‌អំបូរ​ម៉្រារី។ 58 អំបូរ​របស់ពួក​​លេវី​មាន​ អំបូរ​លីបនី អំបូរ​ហេប្រូន អំបូរ​ម៉ាស់‌លី អំបូរ​មូស៊ី និង​អំបូរ​កូរេ។ លោក​កេហាត់​ត្រូវ​ជាដូនតារបស់​លោក​អាំរ៉ាម។ 59 ភរិយា​របស់​លោក​អាំរ៉ាម​ឈ្មោះ​នាង​យ៉ូកិ‌បិត ជា​កូន​របស់លោក​លេវី​ដែល​កើត​នៅ​ស្រុក​អេស៊ីប។ នាង​បង្កើត​កូន​ជូន​លោក​អាំរ៉ាម​បី​នាក់ គឺ​លោក​អើរ៉ុន លោក​ម៉ូសេ និង​នាង​ម៉ារាម ជា​បង​ស្រី​របស់​ពួកគេ។ 60 លោក​អើរ៉ុន​បង្កើត​បាន​លោក​ណាដាប់ លោក​អប៊ី‌ហ៊ូវ លោក​អេឡាសារ និង​លោក​អ៊ីថា‌ម៉ារ។ 61 លោក​ណាដាប់ និង​លោក​អប៊ី‌ហ៊ូវ បាន​ស្លាប់ នៅ​ពេល​ពួកគេ​យក​ភ្លើង​មិន​សក្ការៈ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់។ 62 ចំនួនប្រុសៗដែល​គេ​រាប់បានមាន​ចំនួន ២៣, ០០០ នាក់ គឺប្រុសៗទាំងអស់ដែលមាន​អាយុ​មួយ​ខែ​ឡើង​ទៅ ។ ប៉ុន្តែ​ ពួកគេ​មិនត្រូវបាន​រាប់​បញ្ចូល​ជា​មួយ​កូនចៅ​អ៊ីស្រា‌អែល​ទេ ព្រោះ​ពួក​គេមិនបាន​ទទួល​​កេរ‌មតក ក្នុង​ចំណោម​ប្រជាជនអ៊ីស្រា‌អែលឡើយ។ 63 ទាំងនេះ​ជា​អស់អ្នក​ដែល​លោក​ម៉ូសេ និង​បូជា‌ចារ្យ​អេឡាសារ​បាន​រាប់។ ពួកគេបានរាប់ចំនួន​ប្រជាជនអ៊ីស្រាអែលនៅវាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។ 64 ប៉ុន្តែ ក្នុង​ចំណោម ពួកកូនចៅ​អ៊ីស្រាអែល​ទាំង​នេះ គ្មាន​នរណាម្នាក់ដែល​​លោក​ម៉ូសេ និង​បូជា‌ចារ្យ​អើរ៉ុន បាន​រាប់​លើក​មុន នៅ​ទី​រហោ‌ស្ថាន​ស៊ីណៃ​ឡើយ។ 65 ដ្បិត ​ព្រះ‌អម្ចាស់​បាន​មានព្រះបន្ទូល​ថា ពួក​គេ​នឹង​ត្រូវ​ស្លាប់​ក្នុង​ទី​រហោ‌ស្ថាន​ទាំង​អស់​គ្នា។ អស់អ្នកដែលបានរាប់នេះ មិន​មែន​ជា​អ្នក​ដែលនៅសល់ពី​ចំណោមពួកគេ​ទេ លើក‌​លែង​​តែ​លោក​កាលែប ជា​កូន​របស់​លោក​យេភូ‌នេ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន​ប៉ុណ្ណោះ។

ជំពូក ២៧

1 ពេល​នោះ ពួកកូន​ស្រី​របស់​លោក​ស្លូផិ‌ហាតនាំគ្នា​ចូល​មកជួបលោកម៉ូសេ។ លោក​ស្លូផិ‌ហាតជាកូនប្រុសរបស់​លោក​ហេភើរ លោក​ហេភើរជាកូនប្រុសរបស់​លោក​កាឡាដ លោក​កាឡាដជាកូនប្រុសរបស់លោក​ម៉ាកៀរ លោក​ម៉ាកៀរជា​កូនប្រុស​របស់លោក​ម៉ាណា‌សេ ក្នុង​អំបូរម៉ាណាសេ​ដែល​ត្រូវ​ជា​កូនប្រុស​របស់​លោក​យ៉ូសែប។ ទាំង​នេះជា​ឈ្មោះរបស់កូនស្រី​គាត់ គឺនាងម័សឡា នាងណូហា នាងហុកឡា នាមីលកា និង​នាងធើសា។ 2 ពួក​នាង​ចូល​មកឈរនៅចំពោះ​លោក​ម៉ូសេ បូជា‌ចារ្យ​អេឡាសារ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ និង​នៅចំពោះសហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល នៅ​មាត់​ទ្វារ​ត្រសាល​​ប្រជុំ។ ពួក​នាង​ពោល​ថា៖ 3 «ឪពុករបស់​យើង​ខ្ញុំ​បានស្លាប់ នៅ​ទី​​រហោ‌ស្ថាន តែ​គាត់​ពុំ​បាន​ចូល​ដៃ​ជា​មួយ​បក្ស​ពួក​របស់​លោក​កូរេដែល​ងើប​​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់​ឡើយ គឺ​គាត់​ស្លាប់ ព្រោះ​តែ​បាប​របស់​គាត់​ផ្ទាល់ ហើយ​គាត់​មិនមាន​កូន​ប្រុស​ទេ។ 4 ហេតុអ្វី​បានជាឈ្មោះរបស់ឳពុកយើងខ្ញុំត្រូវដកចេញពីចំណោមសមាជិកនៃអំបូររបស់គាត់ ព្រោះ​តែ​គាត់​គ្មាន​កូន​ប្រុស​នោះ​មែនទេ? ហេតុ​នេះ សូម​ប្រគល់​​ដី​មួយ​ចំណែក​ឲ្យ​យើង​ខ្ញុំ នៅ​ក្នុង​ចំណោម​បងប្អូន​របស់​ឪពុក​យើង​ខ្ញុំ​ផង»។ 5 ដូច្នេះ លោក​ម៉ូសេបាន​នាំ​ករណី​​របស់​ពួក​នាង​ទៅ​ទូល​ព្រះ‌អម្ចាស់។ 6 ព្រះ‌អម្ចាស់​បានមាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ 7 «កូន​ស្រី​របស់​ស្លូផិ‌ហាត​និយាយ​ត្រូវ​មែន។ អ្នកត្រូវ​ប្រគល់​ដី​ក្នុង​ចំណោម​បងប្អូន​របស់​ឪពុក​ពួក​នាង ឲ្យ​ពួក​នាងទុក​ជា​មរតកផង ហើយ​អ្នក​ត្រូ​វ​ប្រាកដថា​ មរតក​របស់​ឪពុក​ពួក​នាង នឹង​ត្រូវ​ប្រគល់ឲ្យពួក​នាង។ 8 អ្នក​ត្រូវ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច​ត​ទៅ៖ «ប្រសិន​បើ​ បុរស​ណា​ម្នាក់​ស្លាប់​ទៅ តែ​គ្មាន​កូន​ប្រុស​ទេ ត្រូវ​ប្រគល់​មរតក​របស់​អ្នក​នោះ​ទៅ​ឲ្យ​កូន​ស្រី​របស់​គាត់។ 9 ប្រសិន​បើ​ គាត់​គ្មាន​កូន​ស្រី​ទេ ត្រូវ​ប្រគល់​មរតក​ទៅ​ឲ្យ​បងប្អូន​របស់​គាត់។ 10 ប្រសិន​បើ​ គាត់​គ្មាន​បងប្អូន​ទេ ត្រូវ​ប្រគល់​មរតក​ឲ្យ​ទៅ​បងប្អូន​ឪពុក​គាត់។ 11 ប្រសិន​បើ​ ឪពុក​របស់​គាត់​គ្មាន​បងប្អូន​ទេ ត្រូវ​ប្រគល់​មរតក​នោះ​ទៅ​ឲ្យ​សាច់‌ញាតិ​ណា​ម្នាក់ ដែល​ជិត​ជាង​គេក្នុង​អំបូរ​របស់​គាត់ គឺ​អ្នក​នោះ​ហើយ​ដែល​ត្រូវ​ទទួល‌មរតកនេះ។ សេចក្តីនេះ​ ត្រូវ​ទុកជា​ច្បាប់បញ្ញត្តិសម្រាប់ប្រជាជនអ៊ីស្រាអែល ដូច​​ដែល​ព្រះ‌អម្ចាស់​បានបង្គាប់​មក​​ខ្ញុំ»។ 12 ព្រះ‌អម្ចាស់​បានមាន​ព្រះ‌បន្ទូល​មក​​លោក​ម៉ូសេ​ថា៖ «ចូរ​ឡើង​ទៅ​លើ​ភ្នំ​អាបា‌រីម ហើយ​សម្លឹង​មើល​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​ប្រជាជនអ៊ីស្រា‌អែល។ 13 បន្ទាប់ពី អ្នក​មើល​ឃើញ​ស្រុក​នេះហើយ អ្នកនឹង​ត្រូវ​ទៅ​ជួប‌ជុំ​នឹង​សាច់‌ញាតិ​របស់​អ្នក​វិញ ដូច​អើរ៉ុន​ជា​បង​របស់​អ្នក​ដែរ។ 14 ការនេះ​ព្រោះ​តែ​អ្នក​ទាំង​ពីរ​បាន​បះបោរ​ប្រឆាំង​នឹង​បញ្ជា​របស់​យើងនៅទី​រហោស្ថានស៊ីន។​ នៅទីនោះ ពេល​ដែល​មាន​ទឹកចេញ​ពីថ្មមមក ដោយសារ​តែ​អ្នក​ខឹង អ្នកមិន​បាន​លើកយើង​ជាបរិសុុទ្ធនៅ​ចំពោះ​ភ្នែក​អ្នកនៅក្នុងសហគមន៍ទាំងមូលឡើយ»។ គឺជា​ទឹកមេរីបា ​នៅ​ស្រុកកាដេស ក្នុងទី​រហោ‌ស្ថាន​ស៊ីន។ 15 បន្ទាប់មក លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ ហើយទូលថា៖ 16 «សូម​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​វិញ្ញណ​របស់​មនុស្ស​ទាំង​អស់ មេត្តា​តែង‌តាំង​មនុស្ស​ម្នាក់​ឲ្យ​ដឹក​នាំ​សហគមន៍​​ផង។ 17 គឺ​ជាអ្នកដែលនឹង​​ចេញ​ទៅ ហើយ​មកវិញ​នៅ​មុខ​ពួកគេ ជា​អ្នក​ដែល​នាំ​ពួក​គេ​ចេញទៅ ហើយ​​នាំ​ពួក​គេត្រឡប់មក​​វិញ ដើម្បី​កុំ​ឲ្យ​សហគមន៍​របស់​ព្រះ‌អង្គប្រៀប​បាន​នឹង​ហ្វូង​ចៀម ដែល​គ្មាន​គង្វាល​នោះ​ឡើយ»។ 18 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «ចូរ​នាំ​យ៉ូស្វេ ជា​កូន​របស់​នូន ជា​មនុស្ស​ដែល​មាន​វិញ្ញាណរបស់យើង​នៅ​​ជា​មួយ​មក ហើយ​ដាក់​ដៃ​របស់អ្នកលើ​គាត់។ 19 ចូរ​នាំ​គាត់​ទៅ​ឈរ​នៅ​មុខ​បូជា‌ចារ្យ​អេឡាសារ និង​នៅ​ចំពោះមុខ​សហគមន៍​ទាំង​មូល ហើយបង្គាប់​គាត់ នៅ​ចំពោះ​ភ្នែករបស់​ពួក​គេ។ 20 ចូរ​ផ្ទេរ​អំណាច​របស់​អ្នក​មួយ​ចំណែក​ដល់​គាត់ ដើម្បីឲ្យ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូលស្ដាប់បង្គាប់គាត់។ 21 គាត់​នឹង​ទៅ​​នៅ​មុខ​បូជា‌ចារ្យ​អេឡាសារ ដើម្បីឲ្យលោក​​អេឡាសារបាន​ស្វែង​រក​បំណង​ព្រះឫទ័យ​របស់យើងសម្រាប់គាត់ តាមរយៈ​ការ​សម្រេច​ចិត្ត​របស់​យូរីម។ គឺ​តាម​បង្គាប់របស់គាត់ប្រជាជន​នឹង​ចេញទៅ​ ហើយ​ត្រឡប់មកវិញ ទាំង​យ៉ូស្វេ និង​​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់ដែល​​នៅជា​មួយ​គាត់ គឺ​សហគមន៍​ទាំង​មូល»។ 22 ដូច្នេះ លោក​ម៉ូសេ​ក៏ធ្វើ​តាមដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​គាត់។ គាត់បាន​នាំ​លោក​យ៉ូស្វេ​មក​ឈរ​នៅ​ចំពោះ​មុខ​បូជា‌ចារ្យ​អេឡាសារ និង​សហគមន៍​ទាំង​មូល។ 23 គាត់បានដាក់ដៃ​លើ​លោក​យ៉ូស្វេ ហើយបង្គាប់ទៅលោកយ៉ូស្វេ ដូចដែល​​​ព្រះ‌អម្ចាស់​បានបង្គាប់គាត់ឲ្យ​ធ្វើ។

ជំពូក ២៨

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មកលោក​ម៉ូសេ​ថា៖ 2 «ចូរ​បង្គាប់ប្រជាជន​អ៊ីស្រា‌អែលថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​យញ្ញ​បូជា​ដល់យើង​តាម​ពេល​ដែល​​បានកំណត់ គឺតង្វាយម្ហូបអាហារ​​ដែល​ធ្វើ​ដោយ​ភ្លើង​ ដើម្បី​ធ្វើ​ឲ្យ​​មាន​ក្លិន​ឈ្ងុយដល់យើង។ 3 ហើយអ្នក​ក៏ត្រូវ​ប្រាប់ពួក​គេ​ដែរ​ថា៖​ នេះជា​តង្វាយ​​ធ្វើ​ដោយ​ភ្លើង​ដែល​អ្នករាល់គ្នាត្រូវយក​មក​ថ្វាយ​ដល់ព្រះអម្ចាស់ គឺ​កូន​ចៀម​ឈ្មោលពីរ​ដែល​មាន​អាយុ​មួយ​ខួប ឥតមាន​ខ្ចោះ មក​ថ្វាយ​ជាតង្វាយ​ដុត​ជា​ប្រចាំ។ 4 ត្រូវ​ថ្វាយ​ចៀមមួយ​នៅពេលព្រឹក ហើយ​ចៀមមួយ​ទៀតត្រូវ​ថ្វាយ​នៅ​ពេល​ល្ងាច។ 5 ហើយ​អ្នករាល់គ្នាក៏​ត្រូវ​យក​ម្សៅ​ម៉ដ្ដល្អ​​បី​គីឡូ​ក្រាមជា​តង្វាយ​គ្រប់ធញ្ញជាតិ លាយ​ជា​មួយ​ប្រេង​មួយលីត្រកន្លះមក​ថ្វាយ​ផងដែរ។ 6 នេះ​ជា​តង្វាយ​ដុត​​ដែល​ត្រូវ​ថ្វាយ​ជា​ប្រចាំ ដែល​បាន​បង្គាប់មកលោក​ម៉ូសេនៅ​លើ​ភ្នំ​ស៊ីណៃ គឺ​ជា​តង្វាយ​ធ្វើ​ដោយភ្លើងថ្វាយ​ដល់ព្រះអម្ចាស់ ដើម្បី​ធ្វើឲ្យ​មាន​ក្លិន​ឈ្ងុយ​។ 7 ចំណែក តង្វាយច្រូច​ដែល​ត្រូវ​ធ្វើជា​មួយ​នោះ គឺត្រូវ​យក​ស្រា​មួយ​លីត្រកន្លះមក​ថ្វាយ​ជា​មួយ​កូន​ចៀម​នីមួយៗ​ផង​ដែរ។ អ្នក​ត្រូវ​តង្វាយ​ច្រូច‌ ពី​​ស្រា​ខ្លាំង​នៅ​ក្នុង​ទីសក្ការថ្វាយ​ដល់ព្រះអម្ចាស់។ 8 ​ត្រូវ​ថ្វាយ​ចៀម​មួយ​ទៀត​​នៅ​ពេល​ល្ងាច ជា​មួយ​តង្វាយគ្រាប់ធញ្ញជាតិ ដូចជាថ្វាយ​នៅ​ពេល​ព្រឹក​ដែរ។ ហើយអ្នកក៏​ត្រូវថ្វាយ​តង្វាយ​ច្រូចជាមួយដែរ គឺជាតង្វាយ​ដោយ​ភ្លើង ដើម្បី​ធ្វើឲ្យ​មាន​ក្លិនឈ្ងុយ​សម្រាប់ព្រះ‌អម្ចាស់»។ 9 នៅ​ថ្ងៃ​សប្ប័ទអ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​កូន​ចៀម​ឈ្មោលអាយុ​មួយ​ឆ្នាំ​ចំនួន​ពីរ​ ​ឥត​មាន​ខ្ចោះ ​ជា​មួយ​ម្សៅ​ម៉ដ្ដល្អប្រាំមួយគីឡូក្រាម ជា​តង្វាយ​គ្រាប់ធញ្ញជាតិ លាយ​ជា​មួយ​ប្រេង និង​តង្វាយ​ច្រួច។ 10 នេះ​ជា​តង្វាយ​ដុត​ដែល​ត្រូវ​ថ្វាយរៀង​រាល់​ថ្ងៃ​សប្ប័ទ បន្ថែមពីលើតង្វាយ​ដុត និងតង្វាយ​ច្រូចដែល​ថ្វាយ​ប្រចាំ​ថ្ងៃ»។ 11 «នៅ​រៀងរាល់​​ដើម​ខែ អ្នកត្រូវ​​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះអម្ចាស់។ គឺអ្នក​ត្រូវ​ថ្វាយកូន​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​​ប្រាំពីរ ឥត​មានខ្ចោះ​ អាយុ​មួយ​ឆ្នាំ 12 ហើយ​អ្នក​ក៏​ត្រូវ​ថ្វាយ​ម្សៅ​​ម៉ដ្ដ​ល្អប្រាំបួនគីឡូក្រាម ទុក​ជា​តង្វាយ​គ្រាប់ធញ្ញជាតិ លាយ​ជា​មួយ​​ប្រេង សម្រាប់​គោ​ឈ្មោលមួយ ហើយ​ម្សៅ​​ម៉ដ្តល្អ​ប្រាំមួយគីឡូក្រាម ទុកជា​តង្វាយ​គ្រាប់ធញ្ញជាតិ លាយ​ជា​មួយ​​ប្រេង សម្រាប់កូន​ចៀម​ឈ្មោល​មួយ។ 13 ហើយ​អ្នក​ក៏​ត្រូវ​ថ្វាយម្សៅ​ម៉ដ្ដល្អបីគីឡូក្រាម លាយ​ដោយ​ប្រេង ទុក​ជា​តង្វាយ​ម្សៅ​សម្រាប់​កូន​ចៀម​ឈ្មោលមួយ។ នេះ​ជា​តង្វាយ​ដុត ដើម្បី​ធ្វើឲ្យ​មាន​​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌អម្ចាស់។ 14 តង្វាយ​ច្រូច​របស់ប្រជាជន ត្រូវ​ជាស្រា​បីលីត្រកន្លះសម្រាប់គោឈ្មោលមួយ និង​​ស្រាបី​​លីត្រ​សម្រាប់ចៀម​ឈ្មោលមួយ ហើយ​ស្រា​ពីរ​លីត្រ​សម្រាប់កូន​ចៀម​មួយ។ នេះ​ជា​តង្វាយ​ដុត​ដែល​ត្រូវ​ថ្វាយ​រាល់​ខែ គឺ​ក្នុង​មួយ​ឆ្នាំៗ​ត្រូវ​ថ្វាយ​រៀង​រាល់​ខែ។​ 15 ហើយត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ទៀតដល់ព្រះអម្ចាស់ ទុកជាតង្វាយ​រំដោះ​បាប ​​ សម្រាប់ថែម​ពី​លើ​តង្វាយ​ដុត​ជាប្រចាំ និង​តង្វាយ​ច្រូចផង។ 16 នៅ​ក្នុងឡុងថ្ងៃ​ទី​ដប់‌បួន​នៅ​ខែ​ទី​មួយ ជា​ថ្ងៃ​បុណ្យ​ចម្លងរបស់​ព្រះ‌អម្ចាស់។ ថ្ងៃ​ទី​ដប់​ប្រាំ​ក្នុង​ខែ​នោះ ជា​ថ្ងៃ​​បុណ្យ។ 17 អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំប៉័ង​ឥត​មេ ក្នុង​រយៈពេល​ប្រាំ‌ពីរ​ថ្ងៃ គឺចាប់ពីថ្ងៃទីដប់ប្រាំនៅក្នុងខែនេះ។ 18 នៅ​ថ្ងៃ​ទី​មួយ ត្រូវ​ជួប‌ជុំបរិសុទ្ធដើម្បី​ថ្វាយ‌​កិត្តិយសដល់​ព្រះ‌អម្ចាស់។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ នៅ​ថ្ងៃ​នោះ។ 19 អ្នករាល់គ្នាត្រូវ​ថ្វាយ​យញ្ញ​បូជាធ្វើ​ដោយភ្លើងដល់​ព្រះ‌អម្ចាស់។ អ្នក​ត្រូវ​ថ្វាយ​កូន​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​ប្រាំពីរ ​អាយុ​មួយឆ្នាំ​ ​ឥត​មាន​ខ្ចោះ។​ 20 អ្នកក៏ត្រូវ​ថ្វាយ​តង្វាយ​គ្រាប់ធញ្ញជាតិ គឺ​ជា​ម្សៅ​ង​ម៉ដ្ត​ល្អប្រាំបួន​គីឡូវក្រាម លាយ​ដោយ​ប្រេង សម្រាប់​គោ​ឈ្មោលមួយ ហើយ​ប្រាំមួយគីឡូក្រាម សម្រាប់​ចៀម​ឈ្មោល​មួយ 21 និងបីគីឡូក្រាម ​សម្រាប់​កូន​ចៀម​មួយៗ​ក្នុង​កូន​ចៀម​ទាំង​ប្រាំពីរ​នោះ 22 ហើយ​ពពែ​ឈ្មោល​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប ដើម្បី​ធ្វើ​ពិធី​លោះ​បាប​ឲ្យ​អ្នក​រាល់​គ្នា។ 23 អ្នករាល់គ្នា​ត្រូវ​ថ្វាយ​សត្វ​ទាំង​នេះថែម​ពី​លើ​តង្វាយ​ដុត​ជាប្រចាំ ដែល​អ្នក​រាល់​គ្នា​ថ្វាយ​នៅ​ពេល​ព្រឹក។ 24 អ្នក​ត្រូវ​ថ្វាយយញ្ញបូជាទាំងនេះ​រៀង​រាល់​ថ្ងៃ រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ នៃបុណ្យ​ចម្លង គឺ​តង្វាយម្ហូបអាហារ​ដែលធ្វើ​ដោយ​ភ្លើង ដើម្បីបាន​ជា​ក្លិនឈ្ងុយដល់ព្រះអម្ចាស់។ ត្រូវ​ថ្វាយ​តង្វាយ​នេះ​ថែម​ពី​លើ​តង្វាយ​ដុត​ជាប្រចាំ និង​តង្វាយ​​ច្រូច​ជា​មួយផង។ 25 នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ​នៃ​ពិធី​បុណ្យ ត្រូវ​ជួប‌ជុំ​ជាបរិសុទ្ធដើម្បី​ថ្វាយ​កិត្តិ​យស​ដល់​ព្រះ‌អម្ចាស់។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ»។ 26 ​ហើយថ្ងៃប្រមូល​ផល​ដំបូង នៅ​ពេល​​អ្នក​រាល់​គ្នាថ្វាយ​តង្វាយ​គ្រាប់ធញ្ញជាតិដល់​ព្រះ‌អម្ចាស់ ក្នុង​ឱកាស​បុណ្យប្រចាំសប្ដាហ៍របស់អ្នករាល់គ្នា គឺអ្នក​រាល់គ្នា​ត្រូវ​មាន​ការ​ជួប‌ជុំ​បរិសុទ្ធដើម្បី​ថ្វាយ​កិត្តិយស​ដល់ព្រះអម្ចាស់ ហើយ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វីឡើយ។ 27 អ្នករាល់គ្នា​ត្រូវថ្វាយតង្វាយ​ដុត​ ដើម្បីធ្វើឲ្យ​មាន​ក្លិន​ឈ្ងុយសម្រាប់ព្រះអម្ចាស់។ អ្នករាល់គ្នា​ត្រូវ​ថ្វាយ​គោ​ស្ទាវ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយឆ្នាំ​ចំនួន​ប្រាំ‌ពីរ 28 ហើយ​​ត្រូវ​ថ្វាយតង្វាយ​គ្រាប់ធញ្ញជាតិជា​មួយដែរ គឺ​ម៉្សៅម៉ដ្ដល្អ លាយជាមួយប្រេង។ ម៉្សៅម៉ដ្ដល្អប្រាំបួនគីឡូក្រាម លាយជាមួយប្រេងសម្រាប់គោឈ្មោលមួយ និង​ប្រាំមួយគីឡូក្រាមសម្រាប់ចៀមឈ្មោលមួយ។ 29 ត្រូវថ្វាយ​ម៉្សៅម៉ដ្ដល្អ​បីគីឡូក្រាម លាយ​ជាមួយប្រេងសម្រាប់កូន​​ចៀម​នីមួយៗ​ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំ‌ពីរ។ 30 ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ ដើម្បី​ធ្វើ​ពិធី​លោះ​បាប​ឲ្យ​អ្នក​រាល់​គ្នា។ 31 នៅពេល​អ្នក​រាល់គ្នា​ថ្វាយ​សត្វ​ដែល​ឥតមានខ្ចោះ​ទាំងនេះ ជាមួយ​នឹង​​តង្វាយច្រូចរបស់ពួកគេ នោះគឺជា​តង្វាយ​​ថែមពីលើ ​តង្វាយ​ដុត​ជាប្រចាំ និង​តង្វាយ​គ្រាប់ធញ្ញជាតិ​»។

ជំពូក ២៩

1 នៅខែទីប្រាំពីរ ​ថ្ងៃ​ទី​មួយ​នៃ​ខែនោះ ត្រូវ​ជួប‌ជុំបរិសុទ្ធ​ ដើម្បី​ថ្វាយ​កិត្តិយស​ដល់​ព្រះ‌អម្ចាស់។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ ព្រោះ​ជាថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ត្រូវផ្លុំត្រែ។ 2 អ្នករាល់គ្នាថ្វាយ​ជា​តង្វាយ​ដុត​ ដើម្បី​ធ្វើឲ្យ​មាន​ក្លិន​ឈ្ងុយ​សម្រាប់​ព្រះ‌អម្ចាស់ គឺត្រូវ​ថ្វាយគោ​ស្ទាវ​ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយឆ្នាំចំនួន​ប្រាំ‌ពីរ សត្វទាំងនោះត្រូវ​ឥតមាន​ខ្ចោះ​។ 3 ត្រូវ​ថ្វាយ​តង្វាយ​ទាំងនោះ​​ជា​មួយ​តង្វាយ​គ្រាប់ធញ្ញជាតិ គឺម្សៅ​ម៉ដ្តល្អប្រាំបួនគីឡូក្រាម លាយ​ជាមួយ​​ប្រេង​សម្រាប់​គោមួយ ប្រាំមួយគីឡូក្រាម សម្រាប់​ចៀម​ឈ្មោល 4 និង​បីគីឡូក្រាម សម្រាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំ‌ពីរ។ 5 ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​លោះ​ដោះ​បាប ដើម្បី​ធ្វើ​ពិធី​លោះ​បាប​ឲ្យ​អ្នក​រាល់​គ្នា។ 6 ចូរថ្វាយ​តង្វាយទាំងនេះ​នៅក្នុង​ខែទីប្រាំពីរ​​ ថែម​ពី​លើ​តង្វាយ​ដុតទាំងអស់ដែល​អ្នករាល់គ្នា​ធ្វើ​នៅ​ររៀងរាល់ដើមខែ​ដែលមានតង្វាយពិសេស និង​តង្វាយគ្រាប់ធញ្ញជាតិជាមួយផង។ តង្វាយ​ទាំងនេះ​ ថែមពីលើតង្វាយដុតជាប្រចាំ ​​​តង្វាយគ្រាប់ធញ្ញជាតិ ព្រមតង្វាយច្រូច។ នៅពេល​អ្នករាល់គ្នា​ថ្វាយ​តង្វាយទាំងនេះ​ អ្នករាល់គ្នា​​បាន​ធ្វើ​តាម​ច្បាប់ដែលបាន​ចែង ដើម្បី​​ធ្វើ​​ឲ្យ​​មានក្លិនឈ្ងុយ ដែល​ជា​តង្វាយធ្វើ​​ដោយភ្លើង​ថ្វាយ​ដល់ព្រះអម្ចាស់។ 7 នៅ​ថ្ងៃ​ទី​ដប់​ក្នុង​ខែ​ទី​ប្រាំ‌ពីរ​ អ្នក​រាល់គ្នា​ត្រូវ​មាន​ការ​ជួប‌ជុំ​បរិសុទ្ធមួយ ដើម្បី​ថ្វាយ​កិត្តយសដល់ព្រះអម្ចាស់។ អ្នករាល់គ្នាត្រូវ​បន្ទាបខ្លួនឯង ហើយមិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ។ 8 អ្នករាល់គ្នាត្រូវ​​ថ្វាយតង្វាយដុត ដើម្បី​​បង្កើត​ឲ្យ​មាន​​ក្លិនឈ្ងុយសម្រាប់ព្រះអម្ចាស់ គឺគោ​ស្ទាវ​ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ឆ្នាំ​​​ចំនួន​ប្រាំ‌ពីរ សត្វទាំងនោះ​ត្រូវឥតមាន​ខ្ចោះ។ 9 អ្នករាល់គ្នាត្រូវ​ថ្វាយ​តង្វាយទាំងនោះជា​​មួយ​​នឹងតង្វាយ​គ្រាប់ធញ្ញជាតិ គឺម៉្សៅម៉ដ្ឋល្អលាយ​ជា​មួយ​ប្រេង ម៉្សៅម៉ដ្ដល្អប្រាំបួនគីឡូក្រាមសម្រាប់​គោឈ្មោល ម៉្សៅម៉ដ្ដល្អប្រាំមួយគីឡូក្រាម សម្រាប់​ចៀម​ឈ្មោល 10 និងម៉្សៅម៉ដ្ដល្អបីគីឡូក្រាម សម្រាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំ‌ពីរ។ 11 អ្នក​រាល់គ្នា​ក៏​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយលោះ​បាប ថែម​ពី​លើ​តង្វាយ​លោះ​បាបដែល​ធ្វើក្នុង​ពិធីលោះ​បាប តង្វាយ​ដុត​ជាប្រចាំ និង​តង្វាយ​គ្រាប់ធញ្ញជាតិ ព្រម​ទាំងតង្វាយ​ច្រូ​ច»។ 12 នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​ក្នុង​ខែ​ទី​ប្រាំ‌ពីរ អ្នករាល់គ្នា​ត្រូវ​មាន​ការ​ជួប‌ជុំ​បរិសុទ្ធ ដើម្បី​​ថ្វាយ‌កិត្តិយសដល់​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​​ឡើយ គឺ​ត្រូវ​ធ្វើ​ពិធីបុណ្យ​ថ្វាយ​ព្រះអម្ចាស់រយៈពេល​ប្រាំ‌ពីរ​ថ្ងៃ។ 13 អ្នករាល់គ្នា​ត្រូវថ្វាយ​​តង្វាយ​ដុតជា​យញ្ញ​បូជាដែលធ្វើដោយភ្លើង ដើម្បីបង្កើតឲ្យ​មាន​ក្លិនឈ្ងុយសម្រាប់ព្រះអម្ចាស់ គឺត្រូវថ្វាយ​គោ​ស្ទាវ​ឈ្មោល​ដប់​បី ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយឆ្នាំ​ចំនួន​ដប់‌បួន។ សត្វ​ទាំងនេះ​ត្រូវឥតមានខ្ចោះ។ 14 អ្នកត្រូវ​ថ្វាយ​តង្វាយទាំងនោះជា​មួួយ​នឹង​តង្វាយ​គ្រាប់ធញ្ញជាតិ គឺម៉្សៅម៉ដ្ដ​ល្អប្រាំបួនគីឡូក្រាម​​សម្រាប់​គោ​នីមួយៗ ក្នុង​ចំណោម​គោ​ទាំង​ដប់​បី ប្រាំមួយគីឡូក្រាម សម្រាប់​ចៀម​ឈ្មោល​នីមួយៗ ក្នុង​ចំណោម​ចៀម​ឈ្មោល​ទាំង​ពីរ 15 និង​បីគីឡូក្រាម សម្រាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ដប់‌បួន។ 16 អ្នក​រាល់គ្នា​ក៏​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយលោះ​បាប ថែម​ពី​លើ​តង្វាយដុត​ជាប្រចាំ និង​តង្វាយ​គ្រាប់ធញ្ញជាតិ ព្រម​ទាំងតង្វាយ​ច្រូ​ច»។ 17 នៅ​ថ្ងៃ​ទី​ពីរ នៃថ្ងៃជួបជុំ ត្រូវ​ថ្វាយគោ​ស្ទាវ​ឈ្មោល​​ដប់ពីរ ចៀម​ឈ្មោល​ពីរ កូន​ចៀម​ឈ្មោល​ដប់បួន អាយុ​មួយឆ្នាំ​ សត្វ​ទាំងនោះត្រូវ​ឥតមានខ្ចោះ។ 18 អ្នកត្រូវ​ថ្វាយ​តង្វាយទាំងនោះជា​មួួយ​នឹង​តង្វាយ​គ្រាប់ធញ្ញជាតិ និង​តង្វាយ​ច្រូចសម្រាប់គោឈ្មោលទាំងអស់ សម្រាប់ចៀមឈ្មោលទាំងអស់ និងកូនចៀមឈ្មោលទាំងអស់ផងដែរ​ តាមចំនួនតង្វាយ​ដូច​ដែល​បាន​បង្គាប់។ 19 អ្នក​រាល់គ្នា​ក៏​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយលោះ​​បាប ថែម​ពី​លើ​តង្វាយដុត​ជាប្រចាំ និង​តង្វាយ​គ្រាប់ធញ្ញជាតិ ព្រម​ទាំងតង្វាយ​ច្រូ​ច»។ 20 នៅ​ថ្ងៃ​ទី​បី នៃថ្ងៃជួបជុំ ត្រូវ​ថ្វាយ​គោ​ស្ទាវ​ឈ្មោល​​ដប់មួយ ចៀម​ឈ្មោល​ពីរ កូន​ចៀម​ឈ្មោល​ដប់បួន អាយុ​មួយ​ឆ្នាំ​ សត្វ​ទាំងនោះត្រូវ​ឥតមានខ្ចោះ។​ 21 អ្នកត្រូវ​ថ្វាយ​តង្វាយទាំងនោះជា​មួួយ​នឹង​តង្វាយ​គ្រាប់ធញ្ញជាតិ និង​តង្វាយ​ច្រូចសម្រាប់គោឈ្មោលទាំងអស់ សម្រាប់ចៀមឈ្មោលទាំងអស់ និងកូនចៀមឈ្មោលទាំងអស់ផងដែរ​ តាមចំនួនតង្វាយ​ដូច​ដែល​បាន​បង្គាប់។ 22 អ្នក​រាល់គ្នា​ក៏​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយលោះ​​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជាប្រចាំ និង​តង្វាយ​គ្រាប់ធញ្ញជាតិ ព្រម​ទាំងតង្វាយ​ច្រូ​ច»។ 23 នៅ​ថ្ងៃ​ទី​បួន នៃថ្ងៃជួបជុំ ត្រូវ​ថ្វាយ​គោ​ស្ទាវ​ឈ្មោល​​ដប់ ចៀម​ឈ្មោល​ពីរ កូន​ចៀម​ឈ្មោល​ដប់បួន អាយុ​មួយ​ឆ្នាំ សត្វ​ទាំងនោះត្រូវ​ឥតមានខ្ចោះ។​ 24 អ្នកត្រូវ​ថ្វាយ​តង្វាយទាំងនោះជា​មួួយ​នឹង​តង្វាយ​គ្រាប់ធញ្ញជាតិ និង​តង្វាយ​ច្រូចសម្រាប់គោឈ្មោលទាំងអស់ សម្រាប់ចៀមឈ្មោលទាំងអស់ និងកូនចៀមឈ្មោលទាំងអស់ផងដែរ​ តាមចំនួនតង្វាយ​ដូច​ដែល​បាន​បង្គាប់។ 25 អ្នក​រាល់គ្នា​ក៏​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយលោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជាប្រចាំ និង​តង្វាយ​គ្រាប់ធញ្ញជាតិ ព្រម​ទាំងតង្វាយ​ច្រូ​ច»។ 26 នៅ​ថ្ងៃ​ទី​ប្រាំ នៃថ្ងៃជួបជុំ ត្រូវ​ថ្វាយ​គោ​ស្ទាវ​ឈ្មោល​​ប្រាំបួន ចៀម​ឈ្មោល​ពីរ កូន​ចៀម​ឈ្មោល​ដប់បួន អាយុ​មួយ​ឆ្នាំ សត្វ​ទាំងនោះត្រូវ​ឥតមានខ្ចោះ។​ 27 អ្នកត្រូវ​ថ្វាយ​តង្វាយទាំងនោះជា​មួួយ​នឹង​តង្វាយ​គ្រាប់ធញ្ញជាតិ និង​តង្វាយ​ច្រូចសម្រាប់គោឈ្មោលទាំងអស់ សម្រាប់ចៀមឈ្មោលទាំងអស់ និងកូនចៀមឈ្មោលទាំងអស់ផងដែរ​ តាមចំនួនតង្វាយ​ដូច​ដែល​បាន​បង្គាប់។ 28 អ្នក​រាល់គ្នា​ក៏​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជាប្រចាំ និង​តង្វាយ​គ្រាប់ធញ្ញជាតិ ព្រម​ទាំងតង្វាយ​ច្រូ​ច»។ 29 នៅ​ថ្ងៃ​ទី​ប្រាំមួយ នៃថ្ងៃជួបជុំ ត្រូវ​ថ្វាយ​គោ​ស្ទាវ​ឈ្មោល​​ប្រាំបី ចៀម​ឈ្មោល​ពីរ កូន​ចៀម​ឈ្មោល​ដប់បួន អាយុ​មួយ​ឆ្នាំ​ សត្វ​ទាំងនោះត្រូវ​ឥតមានខ្ចោះ។​ 30 អ្នកត្រូវ​ថ្វាយ​តង្វាយទាំងនោះជា​មួួយ​នឹង​តង្វាយ​គ្រាប់ធញ្ញជាតិ និង​តង្វាយ​ច្រូចសម្រាប់គោឈ្មោលទាំងអស់ សម្រាប់ចៀមឈ្មោលទាំងអស់ និងកូនចៀមឈ្មោលទាំងអស់ផងដែរ​ តាមចំនួនតង្វាយ​ដូច​ដែល​បាន​បង្គាប់។ 31 អ្នក​រាល់គ្នា​ក៏​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជាប្រចាំ និង​តង្វាយ​គ្រាប់ធញ្ញជាតិ ព្រម​ទាំងតង្វាយ​ច្រូ​ច»។ 32 នៅ​ថ្ងៃ​ទី​ប្រាំពីរ នៃថ្ងៃជួបជុំ ត្រូវ​ថ្វាយ​គោ​ស្ទាវ​ឈ្មោល​​ប្រាំពីរ ចៀម​ឈ្មោល​ពីរ កូន​ចៀម​ឈ្មោល​ដប់បួន អាយុ​មួយ​ឆ្នាំ សត្វ​ទាំងនោះត្រូវ​ឥតមានខ្ចោះ។​ 33 អ្នកត្រូវ​ថ្វាយ​តង្វាយទាំងនោះជា​មួួយ​នឹង​តង្វាយ​គ្រាប់ធញ្ញជាតិ និង​តង្វាយ​ច្រូចសម្រាប់គោឈ្មោលទាំងអស់ សម្រាប់ចៀមឈ្មោលទាំងអស់ និងកូនចៀមឈ្មោលទាំងអស់ផងដែរ​ តាមចំនួនតង្វាយ​ដូច​ដែល​បាន​បង្គាប់។ 34 អ្នក​រាល់គ្នា​ក៏​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជាប្រចាំ និង​តង្វាយ​គ្រាប់ធញ្ញជាតិ ព្រម​ទាំងតង្វាយ​ច្រូ​ច»។ 35 នៅ​ថ្ងៃ​ទី​ប្រាំបី​អ្នក​រាល់គ្នា​ត្រូវ​មាន​ការ​ជួបជុំ​មុត‌មាំ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​​ឡើយ។​ 36 អ្នក​រាល់គ្នា​ត្រូវ​ឲ្យ​ថ្វាយ​តង្វាយ​ដុត​ ទុកជា​តង្វាយ​ដែល​ធ្វើ​ដោយភ្លើង ដើម្បី​ធ្វើ​ឲ្យ​មាន​ក្លិនឈ្ងុយសម្រាប់​ព្រះ‌អម្ចាស់។ អ្នក​រាល់គ្នាត្រូវថ្វាយ​គោ​ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោលប្រាំពីរ អាយុ​មួយឆ្នាំ សត្វ​ទាំងនោះត្រូវ​ឥតមានខ្ចោះ។ 37 អ្នករាល់គ្នា​ត្រូវ​ថ្វាយ​តង្វាយ​គ្រាប់ធញ្ញជាតិ និង​តង្វាយ​ច្រូច​របស់ពួកគេ​ សម្រាប់គោឈ្មោល សម្រាប់ចៀមឈ្មោល​​ និង​សម្រាប់កូន​ចៀមឈ្មោល តាមចំនួនតង្វាយ​ដូច​ដែល​បាន​បង្គាប់។ 38 អ្នក​រាល់គ្នា​ក៏​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ​លោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជាប្រចាំ និង​តង្វាយ​គ្រាប់ធញ្ញជាតិ ព្រម​ទាំងតង្វាយ​ច្រូ​ច»។ 39 ទាំងនេះ​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ ក្នុង​ឱកាស​ពិធី​បុណ្យ​ដែល​បានកំណត់របស់​អ្នក​រាល់​គ្នា។ ត្រូវ​ថ្វាយ​ទាំងនេះ​ថែម​ពី​លើ​តង្វាយ​លា​បំណន់ និងតង្វាយ​ស្ម័គ្រ​ចិត្ត។ អ្នក​រាល់គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ទាំងនេះ​ ទុក​តង្វាយ​ដុត តង្វាយ​គ្រាប់ធញ្ញជាតិ តង្វាយ​ច្រូច និង​តង្វាយ​មេត្រី»។ 40 លោក​ម៉ូសេ​ថ្លែង​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​នូវ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោកឲ្យ​ប្រាប់។

ជំពូក ៣០

1 លោក​ម៉ូសេ​បានមានប្រសាសន៍​ទៅ​​មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​នានា​របស់ប្រជាជន​អ៊ីស្រា‌អែល​។ លោកមានប្រសាន៍ថា៖ «នេះ​ជា​អ្វី​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក។ 2 នៅពេល​ដែ​ល​នរណា​ម្នាក់បន់​ដល់​ព្រះ‌អម្ចាស់ ឬ​​ស្បថ​ភ្ជាប់​ខ្លួន​ដោយ​សម្បថ​ជា​មួយនឹង​សេចក្តី​សន្យា​ណា​មួយ អ្នក​នោះ​មិន​ត្រូវ​ក្បត់​ពាក្យ​ខ្លួន​ឡើយ។ អ្នក​នោះ​ត្រូវ​រក្សា​ពាក្យ​សន្យា គឺ​ត្រូវ​តែ​ធ្វើ​តាម​អ្វីៗ​ទាំ​ង​​អស់ដែល​ចេញ​ពី​មាត់​ខ្លួន។ 3 នៅ​ពេល​ស្ដ្រីក្មេង​ម្នាក់​ដែល​​កំពុង​រស់​នៅ​ក្នុង​ផ្ទះ​របស់​ឪពុក​ខ្លួន ​បន់​ដល់ព្រះ‌អម្ចាស់ ហើយ​ចង​ខ្លួន​របស់នាង​ជាមួយ​នឹង​ការ​​សន្យា​មួយ 4 ប្រសិន​បើ​ ឪពុក​របស់​នាង​បាន​ដឹង​ពី​បំណន់​ និង​ការ​សន្យា​ដែល​នាង​បាន​ចងខ្លួន​នាង​​ជាមួយ តែ​គាត់មិននិយាយ​អ្វីសោះ នោះ​បំណន់​ទាំង​ប៉ុន្មានរបស់នាង​​នៅ​ជាប់ដដែល។ គ្រប់ទាំង​ការ​​សន្យា​ដែល​នាង​បាន​ចង​ខ្លួន​នាង​ជាមួយគឺ​នៅ​តែ​ដដែល។ 5 ប៉ុន្ដែ ប្រសិនបើ​ឪពុក​របស់នាងបាន​ឮ​អំពីពាក្យសម្បថ និង​ការ​សន្យានោះ​ ហើយ​គាត់មិននិយាយអ្វីសោះដល់នាងសោះ ​នោះ​បំណន់​ និង​ការ​សន្យា​របស់នាង​ទាំង​ប៉ុន្មានរបស់នាង​​ដែល​នាង​បាន​យក​មកដាក់លើ​ខ្លួន នៅ​ជាប់ដដែល។ 6 ប៉ុន្តែ​ ប្រសិនបើ​ឪពុករបស់នាង​បាន​ឮអស់ទាំងពាក្យសម្បថដែល​នាង​បាន​ធ្វើ និងការសន្យា​ដែល​នាង​បាន​ចង​ខ្លួន​របស់នាង​ជាមួយ ហើយ​គាត់មិន​យល់ស្របជាមួយ​នាងនៅ​ថ្ងៃដដែល​នោះទេ នោះពាក្យ​ទាំងនោះ​មិន​បាន​នៅជាប់ទេ។ ព្រះអម្ចាស់​អភ័យទោស​ឲ្យ​នាង​ ដ្បិត ​​ឪពុករបស់នាង​មិន​យល់ស្របទេ។ 7 ប្រសិន​បើ ​នាង​រៀបការ ជាមួយ​បុរស​ណា​ម្នាក់ ក្នុង​​ពេល​ដែល​នាង​នៅ​ជាប់​បំណន់​នោះ ឬ​បើ​នាង​ប្រញាប់ប្រញាល់ធ្វើ​ការ​សន្យា ដែលនាង​ត្រូវតែបំពេញ​ កាតព្វកិច្ចនោះ​នៅ​ជាប់នឹង​នាង។ 8 ប្រសិនបើ ប្តី​របស់នាង​ឃាត់នាង​​នៅ​ថ្ងៃ​ដែលគាត់ឮអំពី​រឿងនោះ នោះ​គាត់បាន​លុប​សម្បថដែល​នាង​​បាន​ធ្វើ​ដោយ​សំដី​ដ៏រហ័ស​ចេញ​​ពីមាត់នាង ដែល​នាង​បាន​ចងខ្លួន​នាងជាមួយនោះ​ហើយ។ ​ព្រះ‌អម្ចាស់នឹង​ដោះលែង​នាង។ 9 ប៉ុន្តែ ​ស្ត្រី​មេ​ម៉ាយ​ប្ដី​ស្លាប់ ឬ​ស្ត្រី​មេ​ម៉ាយ​ប្ដី​លែង​វិញ អ្វី​ៗ​ទាំង​អស់ដែល​នាង​បាន​ចង់​ខ្លួន​របស់នាង​ជាមួយ នោះ​នឹង​នៅ​ជាប់ទាស់នឹង​នាង​ដដែល។ 10 ប្រសិន​បើ ​​ស្ត្រី​ម្នាក់បន់​នៅ​ក្នុង​ផ្ទះ​ប្តី​របស់នាង ឬ​ភ្ជាប់​ខ្លួន​នាង​ទៅ​នឹង​សម្បថ​ណាមួយ 11 ហើយ​ប្ដី​របស់​នាង​ឮអំពី​សម្បថ​នេះ តែ​គាត់មិន​បាន​និយាយអ្វី​ដល់នាង​​ទេ ក៏មិនឃាត់នាង​ផង នោះបំណន់ទាំងអស់របស់​នាង និងកាតព្វកិច្ច​ដែល​នាង​ត្រូវ​តែបំពេញនោះ​ គឺនៅជាប់ដដែល។​ 12 ក៏​ប៉ុន្តែប្រសិន​បើ ​​ប្ដី​របស់​នាង​លុប​ការ​​ទាំងនោះ​នៅ​ថ្ងៃ​ដែល​គាត់​ឮអំពី​វាចោល នោះ​អ្វីក៏​ដោយ​ដែល​ចេញ​ពី​បបូរ​មាត់​របស់នាង​ អំពី​បំណន់ និង​​ការ​សន្យា​ នោះ​​នឹង​មិន​ជាប់ទៀត​ទេ។ ដោយ​ប្ដី​របស់នាង​បាន​លុប​វាចោលអស់ហើយ។ ព្រះអម្ចាស់​នឹង​ដោះ​លែង​នាង។ 13 គ្រប់ទាំង​បំណន់ និង​សម្បថដែល​ស្ដ្រីម្នាក់បាន​ចងខ្លួន​របស់នាង​ជាមួយដើម្បីបដិសេធខ្លួន​នាងអំពីរឿងអ្វីមួយ អាចទទួលយល់ព្រម ឬលុបចោល​ដោយ​​ប្ដី​របស់នាង។ 14 ប៉ុន្ដែ​ ប្រសិនបើ ​ប្តី​មិន​បាននិយាយអ្វីសោះដល់នាង​មួយ​ថ្ងៃហើយមួយ​ថ្ងៃទៀត នោះបានន័យថា​គាត់ទទួល​យល់ព្រមតាមអស់ទាំងបំណន់របស់នាង​ ហើយ​ក៏​ចង​ការ​សន្យា​ដែល​នាង​បានធ្វើដែរ។ គាត់ទទួល​​យល់ព្រម​ ព្រោះ​គាត់មិន​បាន​​និយាយអ្វីទាល់តែសោះដល់នាងនៅក្នុងពេល​ដែល​គាត់ឮពាក្យ​ទាំងនោះ។ 15 ច្រើនថ្ងៃក្រោយមក ប្រសិន​បើ​ប្ដី​ព្យាយាម​លុបបំណន់របស់ប្រពន្ធខ្លួន​ ដែល​ខ្លូនបាន​ឮ នោះគាត់​ត្រូវ​ទទួល​ខុស​ត្រូ​វចំពោះ​អំពើបាបរស់នាង»។ 16 ទាំងនេះ​ជា​ច្បាប់​ដែល​ព្រះ‌អម្ចាស់​បង្គាប់​លោក​ម៉ូសេឲ្យ​ប្រកាស​ស្ដី​អំពី​ទំនាក់‌ទំនង​រវាង​ប្ដី និង​ប្រពន្ធ រវាង​ឪពុក និង​កូន​ស្ដ្រីក្នុងពេលដែល​នាង​នៅ​ជាយុវជននៅ​ក្នុង​ផ្ទះ​ឪពុករបស់នាងនៅឡើយ។

ជំពូក ៣១

1 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេថា៖ 2 «ចូរ​សងសឹក​ចំពោះ​ជនជាតិ​ម៉ាឌាន សម្រាប់អ្វី​ដែល​​ពួកគេ​បាន​ធ្វើ​ចំពោះ​ជនជាតិអ៊ីស្រាអែលដែរ។ បន្ទាប់ពីធ្វើការនេះរួចហើយ អ្នក​នឹង​ស្លាប់ ហើយ​នឹង​បាន​ទៅជួបជុំ​បងប្អូន​របស់អ្នក។ 3 ដូច្នេះ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​​ប្រជា‌ជន​។ លោកមានប្រសាន៍ថា៖ «ចូរ​ឲ្យ​ប្រុសៗ​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​រៀបចំ​ខ្លួន​ប្រដាប់​អាវុធសម្រាប់ធ្វើសង្គ្រាម ចេញ​ទៅ​វាយ​ប្រហារ​ជន‌ជាតិ​ម៉ាឌាន ដើម្បី​សម្រេចការសង‌សឹក​របស់​ព្រះ‌អម្ចាស់លើពួកគេ។ 4 ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ត្រូវ​ចាត់​ពល​ទាហាន​មួយ​ពាន់​នាក់ទៅ​ធ្វើ​សង្គ្រាម»។ 5 ដូច្នេះ ពួកប្រុសៗជនជាតិ​អ៊ីស្រាអែល​ដែល​​ជ្រើស​រើស​ពី​កុល‌សម្ព័ន្ធ​នីមួយៗ ក្នុងមួយកុលសម្ព័ន្ធមួយពាន់នាក់ សម្រាប់ធ្វើសង្គ្រាមនោះ គឺមាន​ទាហាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់»។ 6 បន្ទាប់មក លោក​ម៉ូសេ​ចាត់​ទាហាន​ទាំង​នោះ​ទៅ​ច្បាំង គឺមួយ​ពាន់នាក់ពី​កុលសម្ព័ន្ធនីមួយៗ ហើយ​ចាត់​បូជា‌ចារ្យ​ភីនេ‌ហាស ជា​កូន​របស់​​បូជា‌ចារ្យអេឡាសារ និង​របស់ខ្លះពី​កន្លែងបរិសុទ្ធ ព្រម​ទាំង​​ត្រែរបស់គាត់​សម្រាប់​ផ្លុំ​ជាសញ្ញាទៅ​ជា​មួយ​ដែរ។ 7 ពួក​គេ​លើក​ទ័ព​ទៅ​វាយ​ប្រហារ​ជន‌ជាតិ​ម៉ាឌាន ដូចដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។ ពួក​គេសម្លាប់​ប្រុសៗ​ទាំង​អស់របស់ជនជាតិម៉ាឌាន 8 ហើយ​ក៏​បាន​សម្លាប់ស្ដេច​ម៉ាឌាន​ទាំង​អស់ គឺ​ព្រះបាទ​អេវី ព្រះបាទ​រេគេម ព្រះបាទ​ស៊ើរ ព្រះបាទ​ហើរ និង​ព្រះបាទ​រេបា ហើយ​គេ​ក៏​បាន​សម្លាប់​លោក​បាឡាម ជា​កូន​របស់​លោក​បេអ៊រ ដោយ​​ដាវ​ដែរ។ 9 កងទ័ពអ៊ីស្រាអែល​បាន​ចាប់ស្ដ្រីជនជាតិ​ម៉ាឌា​ន​ និងងកូនៗ​របស់​គេ​មក​ជា​ឈ្លើយ ព្រមទាំង​ហ្វូង​គោ ហ្វូង​ចៀម និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់ពួកគេ​ដែរ។ ពួក​គេ​បាន​យក​របស់ទាំងនោះ​ទុកជយភណ្ឌ។ 10 ពួក​អ៊ីស្រាអែល​ក៏​បាន​ដុត​ទីក្រុង និងជំរំទាំងអស់របស់ពួក​គេ ដែល​ពួក​គេ​កំពុងរស់នៅចោល​ផងដែរ។ 11 ពួកគេបានប្រមូលយកជយភណ្ឌទាំងអស់ និងអ្នកទោស ទាំងមនុស្សទាំងសត្វមក។ 12 បន្ទាប់មក ពួកគេបានយកអ្នកទោស ជយភណ្ឌ និងអ្វីៗទាំអស់ដែលពួកគេចាប់យកបានទៅឲ្យលោកម៉ូសេ និងបូជា‌ចារ្យអេឡាសារ ព្រម​ទាំងសហគមន៍ប្រជាជនអ៊ីស្រា‌អែលទាំងមូល។ ពួកគេបាននាំជយភណ្ឌទាំងនេះទៅកាន់ជំរំនៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។ 13 លោកម៉ូសេ បូជា‌ចារ្យអេឡាសារ និងមេដឹកនាំទាំងអស់របស់សហគមន៍ បានចេញមកជួបពួកគេនៅក្រៅជំរំ។ 14 ប៉ុន្ដែ លោកម៉ូសេខឹងនឹងពួកមេ‌ទ័ព ពួកមេបញ្ជាការកង‌ពាន់ និងពួកមេបញ្ជាការកង‌រយ ដែលត្រឡប់មកពីច្បាំងនោះ។ 15 លោកបានសួរទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាទុកជីវិតឲ្យស្ត្រីទាំងនេះ? 16 មើល៍! ស្ត្រីទាំងនេះហើយដែលធ្វើតាមដំបូន្មានរបស់លោកបាឡាម នាំឲ្យប្រជាជនអ៊ីស្រា‌អែលធ្វើបាបទាស់នឹងព្រះ‌អម្ចាស់ អំពីហេតុការណ៍នៅក្រុងពេអរ ក្នុងពេលដែលគ្រោះកាចកើតឡើងនៅក្នុងសហគមន៍របស់ព្រះ‌អម្ចាស់នោះ។ 17 ឥឡូវនេះ ចូរសម្លាប់ក្មេងប្រុសទាំងអស់ ក្នុងចំណោមក្មេងតូចៗ ហើយសម្លាប់ស្ត្រីទាំងប៉ុន្មានដែលធ្លាប់បានរួមរស់ជាមួយប្រុសៗចោលភ្លាម។ 18 ប៉ុន្តែ ត្រូវទុកជីវិតឲ្យស្ត្រីក្មេងៗដែលមិនធ្លាប់រួមដំណេកជាមួយបុរសណាសោះ សម្រាប់អ្នករាល់គ្នា។ 19 អ្នករាល់គ្នាត្រូវបោះជំរំនៅខាងក្រៅជំរំកូនចៅអ៊ីស្រាអែលរយៈពេលប្រាំ‌ពីរថ្ងៃ។ ក្នុងចំណោមអ្នករាល់គ្នា អស់អ្នកដែលបានសម្លាប់នរណាម្នាក់ ឬអស់អ្នកដែលបានប៉ះ‌ពាល់​សាក‌សព ត្រូវធ្វើពិធីជម្រះខ្លួនរបស់អ្នកនៅថ្ងៃទីបី និងថ្ងៃទីប្រាំ‌ពីរ គឺទាំងអ្នករាល់គ្នា ទាំងអ្នកទោស។ 20 ត្រូវធ្វើពិធីជម្រះសម្លៀក‌បំពាក់ទាំងអស់ វត្ថុទាំងប៉ុន្មានធ្វើពីស្បែកសត្វ និងពីរោមពពែ ព្រមទាំងអ្វីៗទាំងអស់ដែលធ្វើពីឈើដែរ»។ 21 បូជា‌ចារ្យ​អេឡាសារបាន​មានប្រសាសន៍ទៅពួក​ទាហាន​ដែល​បាន​ចេញ​ទៅ​ធ្វើ​សង្គ្រាម​ថា៖ «នេះ​ជា​​ក្រឹត្យ‌វិន័យ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​លោក​ម៉ូសេ។ 22 មាស ប្រាក់ លង្ហិន ដែក ស្ពាន់ និង​សំណ 23 និងវត្ថុ​ទាំង​ប៉ុន្មាន​ដែល​ដុត​មិន​ឆេះ ចូរ​​ដាក់វា​ដុត​នៅ​ក្នុង​ភ្លើង នោះ វា​នឹង​បាន​ស្អាត។ អ្នក​​រាល់គ្នាត្រូវ​​សម្អាតវត្ថុទាំងនោះជាមួយ​ទឹក​​សម្រាប់ធ្វើ​ពិធីសម្អាត។ រីឯ​វត្ថុ​ទាំង‌ឡាយ​ណា​ដែល​ពុំ​អាច​ដុត អ្នករាល់គ្នា​ត្រូវ​លាង​នៅ​ក្នុង​ទឹក។ 24 ត្រូវបោក​សម្អាត​​សម្លៀក‌បំពាក់​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ស្អាត។ បន្ទាប់​មក អ្នក​រាល់​គ្នា​អាច​ចូល​មក​ក្នុង​ជំរំរបស់កូនចៅ​អ៊ីស្រាអែល​វិញបាន»។ 25 បន្ទាប់មក​ ព្រះ‌អម្ចាស់​បានមាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ ដោយមានបន្ទូល​ថា៖ 26 «ចូរ​អ្នករាប់​​ជយ‌ភណ្ឌ​ដែល​រឹប​អូស​បាន​ ​ទាំង​​មនុស្ស និង​សត្វ។ ទាំង​អ្នក និង​បូជា‌ចារ្យ​អេឡាសារ ព្រម​ទាំង​មេ​ដឹក​នាំ​របស់​សហគមន៍ ត្រូវ​បែង​ចែក​ជយ‌ភណ្ឌ​នេះជាពីរ​ចំណែក 27 គឺ​ត្រូវ​បែងចែក​រវាងទាហាន​ដែល​ចេញ​ទៅ​ច្បាំង និង​សហគមន៍​ទាំង​មូលដែលមិន​បាន​ចេញទៅច្បាំង។ 28 ត្រូ​​វ​ដក​ពន្ធពីចំណែក​របស់​អ្នក​ទៅ​ច្បាំង​មួយ​ផ្នែកសម្រាប់យើង។ ពន្ធ​នេះ​គឺ​ក្នុង​ចំណោម​ប្រាំ​រយ​ ត្រូវ​ញែក​ទុកមួយ ទាំងមនុស្ស ​ហ្វូង​គោ ហ្វូង​លា ​ហ្វូង​ចៀម ឬហ្វូង​ពពែ។ 29 ត្រូវ​យក​ចំណែក​ពន្ធ​ពី​​ពួកអ្នក​ដែល​ចេញ​ទៅ​ច្បាំងនេះ ប្រគល់​ឲ្យ​បូជា‌ចារ្យ​អេឡាសារ ទុក​ជា​តង្វាយសម្រាប់ថ្វាយដល់យើង។ 30 ហើយ​ជយ‌ភណ្ឌពាក់កណ្ដាល​ដែល​ត្រូវ​បាន​ជា​ចំណែក​របស់​ជនជាតិ​អ៊ីស្រា‌អែល ត្រូវ​យក​មួយ​ភាគ​ហា‌សិប គឺ​ពី​ចំនួន​មនុស្ស ​ពី​ហ្វូង​គោ ហ្វូង​លា ហ្វូង​ចៀម និង​ពីហ្វូង​ពពែ។ ចូរ​ប្រគល់​ចំណែក​ទាំងនេះ​ទៅ​ឲ្យ​ពួក​លេវី ដែល​ទទួល​ភារ‌កិច្ច​បម្រើ​ការ‌ងារ​នៅ​ក្នុង​ព្រះពន្លា​របស់​ព្រះ‌អម្ចាស់»។ 31 ដូច្នេះ លោក​ម៉ូសេ និង​បូជា‌ចារ្យ​អេឡាសារ បាន​ធ្វើដូច​​ដែល​ព្រះ‌អម្ចាស់​បានបង្គាប់​មក​លោក​ម៉ូសេ។ 32 ជយ‌ភណ្ឌ​ដែល​សល់ពី​កង‌ទ័ព​រឹប​អូស​យក​បានមាន ​ចៀម​ចំនួន ៦៧៥, ០០០ ក្បាល 33 គោចំនួន ៧២. ០០០​ក្បាល 34 លា​ចំនួន ៦១, ០០០ ក្បាល 35 និង​ស្ត្រី​ដែលមិន​ធ្លាប់រួម​ដំណេក​ជាមួយ​បុរសសោះចំនួន ៣២, ០០០​នាក់។ 36 ជយភណ្ឌពាក់កណ្ដាលដែលទុកសម្រាប់ពួក​​ទាហានមាន ចៀមចំនួន ៣៣៧, ៥០០ ក្បាល។ 37 ក្នុង​ចំនួន​នេះ ចំណែក​របសស់ព្រះអម្ចាស់មានចៀមចំនួន ៦៧៥ ​ក្បាល។ 38 គោចំនួន ៣៦, ០០០ ក្បាល ក្នុង​គោចំនួន​នេះ ៧២​ក្បាលជាពន្ធ​របស់​ព្រះ‌អម្ចាស់។ 39 សត្វលាចំនួន ៣០, ៥០០ ក្បាល ក្នុង​ចំនួន​នេះ សត្វលា៦១​ក្បាល​ជារបស់​ព្រះ‌អម្ចាស់។ 40 ​មនុស្សស្រីចំនួន ១៦, ០០០ នាក់ ក្នុង​ចំនួន​នេះ ៣២ នាក់ពន្ធរបស់​ព្រះ‌អម្ចាស់។ 41 លោក​ម៉ូសេបាន​យកពន្ធដែល​សម្រាប់ថ្វាយ​ដល់ព្រះអម្ចាស់ ​ប្រគល់​ទៅ​បូជា‌ចារ្យ​អេឡាសារ ដូចដែល​ព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ 42 ហើយ​ជយ‌ភណ្ឌ​ចំនួន​ពាក់​កណ្ដាល​របស់ប្រជា‌ជន​អ៊ីស្រា‌អែល ដែលលោក​ម៉ូសេ​បានយក​ពីពួក​ទាហានដែលចេញទៅច្បាំង 43 ​​ចំណែក ពាក់កណ្ដាល​​របស់​សហគមន៍ គឺ​មានចៀមចំនួន ៣៣៧, ៥០០ ក្បាល 44 សត្វគោចំនួន៣៦, ០០០ ក្បាល 45 សត្វលាចំនួន ៣០, ៥០០ ក្បាល 46 និង​មនុស្ស្រ​​ស្រី​​ ១៦, ០០០ នាក់។ 47 ពី​ចំនួន​ពាក់​កណ្ដាល​នៃចំណែក​របស់ប្រជា‌ជន​អ៊ីស្រា‌អែល​នេះ លោក​ម៉ូសេ​យក​មនុស្ស​ម្នាក់ ឬ​សត្វ​មួយ​ក្បាល ពី​ចំណោម​មនុស្ស ឬ​សត្វ​ហា‌សិប។ គាត់បាន​ប្រគល់ពួក​គេ​ឲ្​ទៅ​ពួក​លេវី ដែល​ទទួល​ភារ‌កិច្ច​បម្រើ​ការ‌ងារ​នៅក្នុងព្រះពន្លារបស់​ព្រះ‌អម្ចាស់ ដូច​​ដែល​ព្រះអម្ចាស់បង្គាប់​គាត់ឲ្យធ្វើ។ 48 ពួក​មេ‌ទ័ព មេ​បញ្ជា​ការ​កង‌​ពាន់ និង​មេ​បញ្ជា​ការ​កង‌រយ នាំ​គ្នា​ចូល​មក​ជិត​លោក​ម៉ូសេ។ 49 ពួកគេបាន​និយាយ​ទៅ​លោក​ថា៖ «អ្នក​បម្រើ​របស់លោក​បាន​រាប់​ចំនួន​ទាហាន ដែល​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​យើង​ខ្ញុំ ពុំ​ឃើញ​មាន​បាត់​នរណា​ម្នាក់​សោះ​ឡើយ។ 50 យើង​ខ្ញុំ​បាន​យកតង្វាយរបស់​ព្រះអម្ចាស់មក ជាអ្វីដែល​ពួកទាហាន​ម្នាក់ៗ​យកមកបាន គឺ​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស គឺ​មាន​ខ្សែ‌ក ខ្សែ​ដៃ ចិញ្ចៀនត្រា ក្រវិល និង​បន្តោង​ខ្សែ‌ក មក​ថ្វាយ​ព្រះ‌អម្ចាស់ ទុក​ជា​តង្វាយ​លោះ​​បាប សម្រាប់​យើង​ខ្ញុំ​ទាំង​អស់​គ្នា នៅ​ចំពោះ​ព្រះអម្ចាស់»។ 51 លោក​ម៉ូសេ និង​បូជា‌ចារ្យ​អេឡាសារ ក៏​ទទួល​យកមាស និង​​​គ្រឿង​អលង្ការ​ដែល​ធ្វើដោយដៃ​ទាំងអស់​ពី​ពួក​គេ។ 52 មាស​ដែល​ពួក​មេ​បញ្ជា​ការ​កង‌ពាន់ និង​មេ​បញ្ជា​ការ​កង‌រយ យក​មក​ថ្វាយ​ព្រះ‌អម្ចាស់ មាន​ទម្ងន់​ទាំង​អស់​ ១៦, ៧៥០ សេកែល។ 53 រីឯ​ពល​ទាហាន​វិញ ម្នាក់ៗ​បាន​យក​ជយ‌ភណ្ឌ​ទុក​សម្រាប់​ខ្លួន​ឯង​ផ្ទាល់។ 54 លោក​ម៉ូសេ និង​បូជា‌ចារ្យ​អេឡាសារ បាន​ទទួល​មាស​របស់​ពួក​មេ​បញ្ជា​ការ​កង‌ពាន់ និង​មេ​បញ្ជា​ការ​កង‌រយ។ ពួកលោក​បាន​យក​ទៅ​ដាក់​នៅ​ក្នុង​ត្រសាល​ប្រជុំទុក​ជា​ទី​រំឭក​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ចំពោះ​ព្រះអង្គ។

​ជំពូក ៣២

1 នៅពេលនេះ កូន​ចៅ​រូបេន និងកូន​ចៅ​កាដ មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន​។ នៅពេល​ពួក​គេ​​ឃើញ​ថា​ស្រុក​យ៉ា‌ស៊ើរ និង​ស្រុក​កាឡាដ ជា​កន្លែង​ល្អ​សម្រាប់​ហ្វូង​សត្វ​ 2 ដូច្នេះ កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន បានមក​មក​ប្រាប់​លោក​ម៉ូសេ និងបូជា‌ចារ្យ​អេឡាសារ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ​របស់​សហគមន៍​ថា៖ 3 «នេះ​គឺជា​បញ្ជីរ​នៃ​ទី​កន្លែង​ដែល​ពួក​​យើង​បាន​ធ្វើ​ការ​សង្កេតមើល គឺក្រុង​អាថា‌រ៉ូត ក្រុងឌីបូន ក្រុងយ៉ា‌ស៊ើរ ក្រុងនីមរ៉ា ក្រុងហែស‌បូន ក្រុងអេឡា‌លេ ក្រុង​​សេបាំ ក្រុង​នេបូ និងក្រុង​បេអូន។ 4 ទាំងនេះ​ជា​​ស្រុកដែល​ព្រះ‌អម្ចាស់​វាយ​យក​បាននៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រា‌អែល ហើយ​ស្រុកទាំងនោះជា​កន្លែង​​ដ៏​ល្អ​សម្រាប់​ហ្វូង​សត្វ។ ​យើង​ខ្ញុំ​ជាអ្នក​បម្រើ​លោក មាន​ហ្វូង​សត្វ​ច្រើន​ណាស់»។ 5 ពួក​គេនិយាយ​ទៀត​ថា៖ «ប្រសិនបើ ​លោកមេត្តាយើងខ្ញុំ សូមលោក​ប្រគល់​ស្រុក​នេះ​ឲ្យ​យើង​ខ្ញុំ​ជាអ្នក​បម្រើលោកមក។ ​មិន​បាច់​ឲ្យ​យើង​ខ្ញុំ​ឆ្លង​ទន្លេ​យ័រដាន់​ទេ»។ 6 លោក​ម៉ូសេ​បានឆ្លើយ​ទៅ​កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន​វិញ​ថា៖ «តើគួរ​ឲ្យ​បងប្អូនរបស់អ្នករាល់គ្នា​ចេញ​​ទៅ​ធ្វើ​សង្គ្រាម ហើយអ្នក​រាល់​រស់ទី​នៅ​ទី​នេះ​ឬ? 7 ហេតុអ្វី​បាន​ជា​អ្នក​បំបាក់ទឹកចិត្ត​ប្រជាជន​អ៊ីស្រាអែល​លែង​ចង់​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​ពួក​គេដូច្នេះ? 8 ឪពុក​របស់​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ធ្វើ​ដូច្នេះដែរ​ នៅ​ពេល​ខ្ញុំ​ចាត់​ពួក​គេ ពីស្រុក​កាដេសបារនា​ឲ្យ​ទៅ​ពិនិត្យ​មើល​ស្រុក​។ ពួក​គេ​បាន​ឡើង​ទៅ​ដល់​ជ្រលង​ភ្នំ​អេស‌កុល 9 បាន​ឃើញ​ស្រុកនោះ ពួក​គេ​បានធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាក់​ទឹក​ចិត្ត ហើយ​ពួក​គេ​ក៏បដិសេធមិនព្រម​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​ពួក​គេនោះឡើយ។ 10 នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​​ព្រះ‌ពិរោធជាខ្លាំង។ ព្រះអង្គ​បាន​ស្បថ​ថា៖ 11 «អស់​អ្នក​ដែល​បាន​ចេញ​ពី​ស្រុក​អេស៊ីបមក ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នឹង​មិន​ឃើញ​ទឹក​ដី ដែល​យើង​បានស្បថ​ប្រគល់​ឲ្យ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប​ឡើយ ពីព្រោះ​ពួក​គេ​ពុំ​បាន​ដើរ​តាម​យើងដោយ​អស់ពី​ចិត្តទេ លើកលែង​តែ​ 12 កាលែប ជា​កូន​របស់​យេភូ‌នេ ជា​ជន‌ជាតិ​គេណាស និង​យ៉ូស្វេ ជា​កូន​របស់​នូន។ គឺ​មាន​តែកាលែប និង​យ៉ូស្វេទេ ដែល​បាន​​បាន​ដើរ​តាម​ដោយ​ចិត្ត​ស្មោះ​»។ 13 ដូច្នេះ ​ព្រះ‌ពិរោធ​របស់ព្រះអម្ចាស់ បាន​ឆេះឡើងទាស់នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល​។ ​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ដើរ​វិល‌វល់ នៅ​ក្នុង​ទី​រហោ‌ស្ថាន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ រហូត​ទាល់​តែ​មនុស្ស​មួយ​ជំនាន់ដែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់នៅ​​ចំពោះ​ព្រះនេត្ររបស់ព្រះអង្គត្រូវវិនាសអស់។ 14 មើល៍! អ្នក​រាល់​គ្នា​បាន​ងើបឡើង​នៅកន្លែង​​ឪពុក​របស់​អ្នក​រាល់​គ្នាហើយ គឺ​​មនុស្ស​បាបមាន​កាន់តែច្រើន ដើម្បី​បន្ថែមលើ​កំហឹង​ដ៏​​ខ្លាំង​របស់​ព្រះ‌អម្ចាស់​ចំពោះជន‌ជាតិ​អ៊ីស្រា‌អែល​កាន់​តែ​ខ្លាំង​។ 15 ប្រសិន​បើ ​អ្នក​រាល់​គ្នា​បែរចេញលែង​ដើរ​តាម​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​បណ្ដោយ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​រស់​នៅ​ក្នុង​ទី​រហោ‌ស្ថានម្ដង​ទៀត ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ឲ្យ​ជា‌ជន​នេះ​ត្រូវ​វិនាស​ទាំង​អស់!»។ 16 ដូច្នេះ ពួក​គេ​បាន​ចូល​មក​ជិត​លោក​ម៉ូសេ ហើយ​ប្រាប់ថា៖ «សូមអនុញ្ញាតិ​ឲ្យ​យើង​​ខ្ញុំ​សង់​របង​នៅ​ទី​នេះ សម្រាប់​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ ហើយ​សង់​ក្រុង​សម្រាប់​គ្រួសារ​របស់​យើង​ខ្ញុំ។ 17 ទោះបី​ជា​យ៉ាងណា​ក៏​ដោយ យើង​ខ្ញុំនឹង​រៀបចំ​ខ្លួន​ជាស្រេច​និងប្រដាប់ដោយ​អាវុធទៅ​ជាមួយ​កូនចៅ​អ៊ីស្រា‌អែល រហូត​ទាល់​តែ​យើង​ខ្ញុំ​នាំ​ពួក​គេ​ចូល​ទៅ​ដល់​ទឹក​ដី​របស់​ពួក​គេ។ ប៉ុន្ដែ ​កូន​ចៅ​របស់​យើង​ខ្ញុំ​នឹង​រស់​នៅ​ក្នុង​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ ការពារ ពី​ព្រោះ​នៅ​មាន​ជនជាតិផ្សេងទៀត​ដែល​​រស់​នៅ​ក្នុង​​ស្រុក​។ 18 ​យើង​ខ្ញុំ​មិន​វិល​ត្រឡប់​មកផ្ទះវិញឡើយ ទាល់តែ​កូន​ចៅ​អ៊ីស្រាអែល​គ្រប់គ្នា​​បានទទួល​​មរតក​របស់​គេ​រៀងៗ​ខ្លួន​។ 19 យើង​ខ្ញុំ​នឹង​មិន​ទទួល​ទឹក​ដី​នៅ​ខាងត្រើយ​ម្ខាង​នៃ​ទន្លេ​យ័រដាន់ ទុក​ជា​មរតក ពីព្រោះ​មរតករបស់យើង​ខ្ញុំនៅខាង​កើត​ទន្លេ​យ័រ​ដាន់នេះហើយ»។ 20 លោក​ម៉ូសេបានឆ្លើយ​ទៅ​ពួកគេ​​ថា៖ «ប្រសិន​បើ​ អ្នក​រាល់​គ្នា​ធ្វើ​តាមអ្វី​ដែល​អ្នករាល់​គ្នា​និយាយ​​មែន គឺ​បើ​អ្នក​រាល់​គ្នា​ត្រៀម​ខ្លួន​ធ្វើសង្គ្រាម នៅ​ចំពោះ​ព្រះ‌អម្ចាស់ 21 ហើយ​ពួក​​អ្នក​ទាំង​អស់​គ្នា​ដែល​ប្រដាប់​អាវុធ បាន​ឆ្លង​ទន្លេ​យ័រដាន់ នៅ​ចំពោះ​​ព្រះ‌អម្ចាស់ រហូត​ទាល់​តែ​ព្រះអង្គ​បណ្ដេញ​ខ្មាំង​សត្រូវ​ចេញ​ពីមុខ​ព្រះអង្គ​អស់ 22 ហើយ​ស្រុក​នោះ​បាន​ទទួល​ចុះ​ចាញ់​នៅ​ចំពោះ​ព្រះ‌អម្ចាស់ នោះ​​អ្នក​រាល់​គ្នា​អាច​ត្រឡប់ទៅ​​​វិញបាន។ ​អ្នក​រាល់គ្នា​នឹង​គ្មានទោស​នៅ​ចំពោះ​ព្រះ‌អម្ចាស់ និង​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែលឡើយ។ ហើយស្រុកនេះ​នឹង​បាន​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា នៅ​ចំពោះព្រះ‌អម្ចាស់។ 23 ប៉ុន្ដែ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ធ្វើ​ដូច្នេះ​ទេ មើល៍! អ្នក​រាល់​គ្នាមានបាប​ទាស់​នឹង​ព្រះ‌អម្ចាស់ហើយ។ ត្រូវដឹង​ថា អំពើបាបរបស់អ្នករាល់គ្នា​នឹង​តាម​ទាន់អ្នក​រាល់គ្នា។ 24 ចូរ​សង់​ក្រុង​សម្រាប់គ្រួសារ​របស់​អ្នក​រាល់​គ្នា និង​សង់ក្រោល​សម្រាប់​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា រួច​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​រាល់​គ្នា​បាននិយាយ​​នោះ​ចុះ!»។ 25 កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន បានប្រាប់​លោក​ម៉ូសេ​ថា៖ «អ្នក​បម្រើ​លោកនឹង​ធ្វើ​តាម​ពាក្យ​ដែល​លោក​ម្ចាស់​បង្គាប់។ 26 ចំណែក ​កូន​ចៅ ប្រពន្ធ ព្រម​ទាំង​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​យើង​ខ្ញុំ​នឹង​នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​កាឡាដ​នេះ 27 ហើយ​អ្នកបម្រើរបស់លោក នឹ​​​ង​ឆ្លង​ទៅ​​នៅ​ចំពោះ​ព្រះ‌អម្ចាស់ដើម្បី​ធ្វើ​​សង្គ្រាម គឺ​ប្រុសៗទាំងអស់នឹង​ប្រដាប់អាវុធជាស្រេច​​សម្រាប់ធ្វើសង្គ្រាមតាម​បង្គាប់របស់​លោក​ម្ចាស់»។ 28 លោក​ម៉ូសេ​បាន​ចេញ​បញ្ជា​ទៅ​បូជា‌ចារ្យ​អេឡាសារ លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន និង​មេ​ដឹក​នាំ​អំបូរ​​ក្នុង​កុល‌សម្ព័ន្ធ​របស់​ប្រជាជន​អ៊ីស្រា‌អែល។ 29 លោក​ម៉ូ​សេ​បាន​មានប្រសាសន៍ទៅ​​ពួក​គេ​ថា៖ «ប្រសិន​បើ ​កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន ឆ្លង​ទន្លេ​យ័រដាន់​ជា​មួយ​អ្នក​រាល់​គ្នា ហើយប្រុសៗទាំង​អស់ដែល​ប្រដាប់​អាវុធ​ដើម្បីធ្វើសង្គ្រាម​​នៅ​ចំពោះ​ព្រះ‌អម្ចាស់ ហើយប្រសិនបើ អ្នក​រាល់​គ្នា​ដណ្ដើម​យក​បាន​ស្រុក​នោះ​ហើយ ចូរ​ប្រគល់​ទឹក​ដី​នៅ​ស្រុក​កាឡាដ​ឲ្យ​ពួក​គេ ទុក​ជា​កម្មសិទ្ធិ​ចុះ។ 30 ក៏​ប៉ុន្តែ ប្រសិន​បើ​​ ពួក​គេ​មិន​ប្រដាប់​អាវុធឆ្លង​​ទៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទេ នោះពួក​គេនឹង​​ទទួល​បាន​កម្មសិទ្ធិ​ក្នុង​ស្រុក​កាណាន​ជា​មួយ​អ្នក​រាល់​គ្នាវិញ»។ 31 ដូចេ្នះ កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​នឹង​ធ្វើ​តាម​អ្វីដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​យើង​ខ្ញុំជាអ្នកបម្រើ​របស់លោក។ 32 យើង​ខ្ញុំ​នឹង​ប្រដាប់​អាវុធ ឆ្លង​ទៅ​ស្រុក​កាណាន​នៅ​ចំពោះ​​ព្រះ‌អម្ចាស់ តែ​ទឹក​ដី​ដែល​ជា​ចំណែក​មរតករបស់យើងខ្ញុំ នឹង​នៅ​ឯ​ត្រើយ​ទន្លេ​យ័រដាន់​នេះ»។ 33 ដូច្នេះ​ លោក​ម៉ូសេ​ក៏ប្រគល់​នគរ​របស់​ព្រះបាទស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី និង​នគរ​របស់​ព្រះបាទអុក ជា​ស្តេច​បាសាន ដល់​កូន​ចៅ​កាដ និង​​កូន​ចៅ​រូបេន ហើយ​ដល់ពាក់កណ្ដល​នៃចំនួនមនុស្ស​ក្នុង​កុលសម្ព័ន្ធរ​ម៉ាណាសេ ​កូនលោក​យ៉ូសែប។ គាត់បាន​ឲ្យស្រុកនោះ​ដល់ពួកគេ​ ហើយគាត់បាន​​ចែក​តាម​ចំនួន​ទី​ក្រុង​ដែលមាន​​ព្រំ​ប្រទល់ ព្រម​ទាំង​ទី​ក្រុងទាំង​ប៉ុន្មានដែល​នៅក្នុង​ស្រុក​​ជុំវិញ​ពួកគេ​។ 34 កូន​ចៅ​កាដ​បាន​សង់​ក្រុង​ឌីបូន ក្រុងអាថា‌រ៉ូត ក្រុងអារ៉ូ‌អ៊ើរ 35 ក្រុងអាត្រូតសូផាន ក្រុងយ៉ា‌ស៊ើរ ក្រុងយ៉ុក‌បិហា ក្រុងបេត‌នីមរ៉ា 36 និង​ក្រុងបេតហារ៉នឡើង​វិញ ដែល​សុទ្ធ‌សឹង​ជា​ក្រុង​មាន​កំពែង​រឹង‌មាំ និងធ្វើក្រោល​សម្រាប់​​ហ្វូង​សត្វ​ពួកគេ​ផងដែរ។ 37 កូន​ចៅ​រូបេន​បាន​សង់​ក្រុង​ហែស‌បូន ក្រុងអេឡា‌លេ ក្រុងគារយ៉ា‌ថែម 38 ក្រុងនេបូ និងក្រុង​បាលមេយ៉ូន ដែល​គេ​បាន​ដូរ​ឈ្មោះ ព្រម​ទាំង​ក្រុង​ស៊ីបម៉ាឡើងវិញ។ ពួក​គេ​ដាក់​ឈ្មោះ​ថ្មី​ឲ្យ​ក្រុង​ទាំងឡាយ ដែល​ពួក​គេ​បាន​សង់។ 39 ពូជ‌ពង្ស​របស់​លោក​ម៉ាកៀរ ជា​កូន​របស់​លោក​ម៉ាណា‌សេ បាន​ឡើង​ទៅ​ស្រុក​កាឡាដ ហើយ​ដណ្ដើម​យក​បាន​ទឹក​ដីនោះពី​ជន‌ជាតិ​អាម៉ូរី​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ។ 40 បន្ទាប់មក លោក​ម៉ូសេ​បាន​ប្រគល់​ស្រុក​កាឡាដ​ឲ្យ​​លោក​ម៉ាកៀរ ជា​កូន​របស់​លោក​ម៉ាណា‌សេ ហើយកូនចៅ​របស់​ពួក​គេ​ក៏​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ។ 41 លោក​យ៉ាអៀរ ជា​កូន​របស់​លោក​ម៉ាណា‌សេ បានចេញ​ទៅ​​វាយ​ដណ្ដើម​យក​​ក្រុង​នានា ហើយ​ដាក់​ឈ្មោះ​​ក្រុងទាំង​នោះ​ថា​ហាវ៉ុតយ៉ាអៀរ។ 42 លោក​ណូបាស​បានចេញទៅ​វាយ​ដណ្ដើម​យកក្រុង​កេណាត និង​ភូមិ​នៅ​ជុំ‌វិញ ហើយ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា ក្រុង​ណូបាស តាម​ឈ្មោះ​របស់​គាត់។

ជំពូក ៣៣

1 នេះជា​ការ​ធ្វើ​ដំណើររបស់កូនចៅ​អ៊ីស្រា‌អែល ​បន្ទាប់ពី​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប តាមក្រុមទ័ព​របស់ពួក​គេ​ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ម៉ូសេ និង​លោក​អើរ៉ុន។ 2 លោក​ម៉ូសេ​បាន​កត់‌ត្រា​ទុក​ពីកន្លែង​មួយ​ទៅកន្លែង​​មួយ ដែល​ពួក​គេ​ធ្វើ​ដំណើរ​តាម​បង្គាប់​របស់​ព្រះ‌អម្ចាស់។ នេះជា​ការធ្វើ​ដំណើរបស់ពួក​គេ​ពីកន្លែង​មួយ​ទៅកន្លែង​​មួយ៖ 3 ពួក​គេ​បានធ្វើ​ដំណើរ​​ចេញ​​ពី​ក្រុង​រ៉ាម‌សេស នៅ​កំឡុង​ខែ​ទី​មួយ គឺនៅថ្ងៃទីដប់ប្រាំ ខែទីមួយ។ នៅ​ព្រឹកព្រលឹមបន្ទាប់​ពីពិធី​បុណ្យ​ចម្លង​មួយ​ថ្ងៃ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ចេញ​ដោយ​មាន​សេរី‌ភាព នៅ​ចំពោះ​មុខ​ជន‌ជាតិ​អេស៊ីបទាំង​អស់។ 4 ការ​នេះកើត​​ឡើងក្នុង​ពេលដែល​ជន‌ជាតិ​អេស៊ីបកំពុង​​បញ្ចុះ​សព​កូន​ច្បង​ទាំង​អស់​របស់​ពួក​គេ ដែល​ព្រះ‌អម្ចាស់​សម្លាប់នៅ​ក្នុង​ចំណោម​ពួក​គេ​ ហើយ​ព្រះ‌អម្ចាស់ក៏​បាន​ដាក់ទោស​ដល់​អស់​ទាំង​ព្រះ​របស់​ពួកគេ​ដែរ។ 5 ប្រជាជន​អ៊ីស្រា‌អែលបាន​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​រ៉ាម‌សេស​ មក​បោះ​ជំរំ​នៅ​ស៊ូកូត។ 6 ពួក​គេ​ចាក​ចេញ​ពី​ស៊ូកូត មក​បោះ​ជំរំ​នៅ​អេថាម ដែល​ស្ថិត​នៅ​ជាយ​ទី​រហោ‌ស្ថាន។ 7 ពួក​គេ​ចាក​ចេញ​ពី​អេថាម វាង​ទៅ​ពីហា‌ហ៊ីរ៉ុត ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​បាលសេ‌ផុន ហើយ​កន្លែង​ដែល​ពួកគេ​​បោះ​ជំរំ​នោះ​ទល់​មុខ​នឹង​មីគ‌ដូល។ 8 បន្ទាប់មក ពួក​គេ​ចាក​ចេញ​ពីមុខពីហា‌ហ៊ីរ៉ុត ឆ្លង​កាត់​កណ្ដាល​សមុទ្រ ឆ្ពោះ​ទៅ​​ទី​រហោ‌ស្ថាន។ ពួក​គេ​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ក្នុង​ទីរហោ‌ស្ថាន​អេថាម មក​បោះ​ជំរំ​នៅ​ម៉ារ៉ា។ 9 ពួក​គេ​ចាក​ចេញ​ពី​ម៉ារ៉ា​ មក​ដល់​អេលីម។ នៅ​អេលីម​នេះ​មាន​ប្រភព​ទឹក​ចំនួន​ដប់‌ពីរ និង​ដើមលម៉ើ​ចិត‌សិប​ដើម ពួក​គេ​ក៏​បោះ​ជំរំ​នៅ​ទី​នោះ។ 10 ពួក​គេ​ចាក​ចេញ​ពី​អេលីម ទៅ​បោះ​ជំរំ​នៅ​ក្បែរ​សមុទ្រ​កក់។ 11 ពួក​គេ​ចាក​ចេញ​ពី​សមុទ្រ​កក់ មក​បោះ​ជំរំ​នៅ​ទី​រហោ‌ស្ថាន​ស៊ីន។ 12 ពួក​គេ​ចាក​ចេញ​ពីទី​រហោ‌ស្ថាន​ស៊ីន មក​បោះ​ជំរំ​នៅ​ដូបកា។ 13 ពួក​គេ​ចាក​ចេញ​ពី​ដូបកា មក​បោះ​ជំរំ​នៅ​អាលូស។ 14 ពួក​គេ​ចាក​ចេញ​ពី​អាលូស មក​បោះ​ជំរំ​នៅ​រេផិ‌ឌីម។ នៅ​កន្លែង​នោះគេ​រក​ទឹក​ឲ្យប្រជា‌ជន​រក​ទឹក​ផឹក​មិន​បាន​ទេ។ 15 ពួក​គេ​ចាក​ចេញ​ពី​រេផិ‌ឌីម មក​បោះ​ជំរំ​នៅ​ទី​រហោ‌ស្ថាន​ស៊ីណៃ។ 16 ពួក​គេ​ចាក​ចេញ​ពី​ទី​រហោ‌ស្ថាន​ស៊ីណៃ មក​បោះ​ជំរំ​នៅ​គីប្រូតហាត់‌តាវ៉ា។ 17 ពួក​គេ​ចាក​ចេញ​ពី​គីប្រូតហាត់‌តាវ៉ា មក​បោះ​ជំរំ​នៅ​ហាសិ‌រ៉ូត។ 18 ពួក​គេ​ចាក​ចេញ​ពី​ហាសិ‌រ៉ូត មក​បោះ​ជំរំ​នៅ​រីតម៉ា។ 19 ពួក​គេ​ចាក​ចេញ​ពី​រីតម៉ា មក​បោះ​ជំរំ​នៅ​រីម៉ូពេរេស។ 20 ពួក​គេ​ចាក​ចេញ​ពី​រីម៉ូន-ពេរេស មក​បោះ​ជំរំ​នៅ​លីបណា។ 21 ពួក​គេ​ចាក​ចេញ​ពី​លីបណា មក​បោះ​ជំរំ​នៅ​រីសា។ 22 ពួក​គេ​ចាក​ចេញ​ពី​រីសា មក​បោះ​ជំរំ​នៅ​កេហេ‌ឡាថា។ 23 ពួក​គេ​ចាក​ចេញ​ពី​កេហេ‌ឡាថា មក​បោះ​ជំរំ​នៅ​ភ្នំ​សេភើរ។ 24 ពួក​គេ​ចាក​ចេញ​ពី​ភ្នំ​សា‌ភើរ មក​បោះ​ជំរំ​នៅ​ហារ៉ា‌ដា។ 25 ពួក​គេ​ចាក​ចេញ​ពី​ហារ៉ា‌ដា មក​បោះ​ជំរំ​នៅ​ម៉ាកហេ‌ឡូត។ 26 ពួក​គេ​ចាក​ចេញ​ពី​ម៉ាកហេ‌ឡូត មក​បោះ​ជំរំ​នៅ​តាហាត់។ 27 ពួក​គេ​ចាក​ចេញ​ពី​តាហាត់ មក​បោះ​ជំរំ​នៅ​តារ៉ាស។ 28 ពួក​គេ​ចាក​ចេញ​ពី​តារ៉ាស មក​បោះ​ជំរំ​នៅ​មីតកា។ 29 ពួក​គេ​ចាក​ចេញ​ពី​មីតកា មក​បោះ​ជំរំ​នៅ​ហាស្មូ‌ណា។ 30 ពួក​គេ​ចាក​ចេញ​ពី​ហាស្មូ‌ណា មក​បោះ​ជំរំ​នៅ​ម៉ូសេ‌រ៉ូត។ 31 ពួក​គេ​ចាក​ចេញ​ពី​ម៉ូសេ‌រ៉ូត មក​បោះ​ជំរំ​នៅ​បេនេយ៉ាកាន។ 32 ពួក​គេ​ចាក​ចេញ​ពី​បេនេយ៉ាកាន មក​បោះ​ជំរំ​នៅ​ហោគីត‌កាត់។ 33 ពួក​គេ​ចាក​ចេញ​ពី​ហា‌គីត‌កាត់ មក​បោះ​ជំរំ​នៅ​យ៉ុត‌បាថា។ 34 ពួក​គេ​ចាក​ចេញ​ពី​យ៉ុត‌បាថា មក​បោះ​ជំរំ​នៅ​អាប្រូ‌ណា។ 35 ពួក​គេ​ចាក​ចេញ​ពី​អាប្រូ‌ណា មក​បោះ​ជំរំ​នៅ​អេស៊ានគេប៊ើរ។ 36 ពួក​គេ​ចាក​ចេញ​ពី​អេស៊ានគេប៊ើរ មក​បោះ​ជំរំ​នៅ​ទី​រហោ‌ស្ថាន​ស៊ីន នៅ​ត្រង់កាដេស។ 37 ពួក​គេ​ចាក​ចេញ​ពី​កាដេស មក​បោះ​ជំរំ​នៅ​ភ្នំ​ហោរ ដែល​នៅ​ជាយ​​ស្រុក​អេដុម។ 38 ​បូជា‌ចារ្យ​អើរ៉ុន​បាន​ឡើង​ទៅ​លើ​ភ្នំ​ហោរ តាម​បង្គាប់​របស់​ព្រះ‌អម្ចាស់ ហើយ​គាត់​បាន​ស្លាប់​នៅ​ទី​នោះ ក្នុង​ឆ្នាំ​ទី​សែ‌សិប បន្ទាប់មក ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប នៅ​ថ្ងៃ​ទី​មួយ ខែ​ទី​ប្រាំ។ 39 ពេល​លោក​អើរ៉ុន​ស្លាប់នៅ​លើ​ភ្នំ​ហោរ គាត់​មាន​អាយុ​មួយ​រយ​ម្ភៃ​បី​ឆ្នាំ។ 40 ស្ដេច​ក្រុង​អើរ៉ាត គឺ​ស្ដេច​ជន‌ជាតិ​កាណាន​ដែល​រស់​នៅ​ទី​រហោស្ថានខាង​​ត្បូង ក្នុង​ស្រុក​កាណាន បាន​ឮ​​ថា​កូន​ចៅ​អ៊ីស្រា‌អែល​មកដល់ទីនោះ។ 41 ពួកគេ​​ក៏​ចេញ​ពី​ភ្នំ​ហោរ​ មកបោះជំរំ​នៅ​ត្រង់​សាល‌ម៉ូណា​។ 42 ពួកគេ​ចាកចេញ​ពី​សាល‌ម៉ូណា ​មក​បោះជំរំ​​នៅ​​ពូណូន។ 43 ពួកគេចាក​ចេញ​ពី​ពូណូន ​មក​បោះជំរំ​នៅ​អូបូត។ 44 ពួក​គេ​ចាក​ចេញ​ពី​អូបូត មក​បោះ​ជំរំ​នៅ​អ៊ីយេអាបា‌រីម ដែល​នៅ​ជាយ​ស្រុក​ម៉ូអាប់។ 45 ពួក​គេ​ចាក​ចេញ​ពី​អ៊ីយេអាបា‌រីម មក​បោះ​ជំរំ​នៅ​ឌីបូនកាដ។ 46 ពួក​គេ​ចាក​ចេញ​ពី​ឌីបូនកាដ មក​បោះ​ជំរំ​នៅ​អាល់ម៉ូនឌីប្លា‌ថែម។ 47 ពួក​គេ​ចាក​ចេញ​ពី​អាល់ម៉ូនឌីប្លា‌ថែម មក​បោះ​ជំរំ​នៅ​តំបន់​ភ្នំ​អាបា‌រីម ទល់​មុខ​នឹង​ក្រុង​នេបូរ។ 48 ពួក​គេ​ចាក​ចេញ​ពី​តំបន់​ភ្នំ​អាបា‌រីម មក​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ជិត​ទន្លេ​យ័រដាន់ នៅ​ក្រុង​យេរីខូ។ 49 ពួក​គេ​បោះ​ជំរំ​ជិត​ទន្លេ​យ័រដាន់ ចាប់​ពី​បេតយេស៊ី‌ម៉ូត រហូត​ដល់​អេ‌បិលស៊ី‌ទីម ក្នុង​វាល​ទំនាប​ស្រុក​ម៉ូអាប់។ 50 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​​លោក​ម៉ូសេ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ នៅ​ក្រុង​យេរីខូ ដោយមានបន្ទូលថា៖ 51 «ចូរ​ប្រាប់​ប្រជា‌ជន​អ៊ីស្រា‌អែល​ថា៖ «នៅ​ពេល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​កាណាន 52 នោះ​ អ្នក​រាល់​គ្នា​ត្រូវ​បណ្ដេញ​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ​ឲ្យ​អស់​ពី​មុខ​អ្នក​រាល់គ្នា។ អ្នក​រាល់គ្នាត្រូវ​​បំផ្លាញ​រូប​ឆ្លាក់​ទាំងអស់របស់​ពួក​គេ។ អ្នក​រាល់គ្នាត្រូវ​​បំផ្លាញ​រូប​សិតទាំងអស់របស់​ពួក​គេ ព្រម​ទាំងកម្ទេច​​​​​​ទីខ្ពស់ៗ​ទាំងអស់​របស់ពួក​គេ​​ផងដែរ។ 53 អ្នក​រាល់​គ្នា​ត្រូវ​ចាប់​យក​ស្រុក​នោះ​ទុក​ជាកម្មសិទ្ធិ ហើយ​រស់នៅទីនោះ ពីព្រោះយើង​បាន​ឲ្យអ្នករាល់គ្នា ទុក​ជា​កម្មសិទ្ធិហើយ។ 54 អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ស្រុក​នោះ ទុក​ជា​មរតក ដោយ​ចាប់​ឆ្នោត តាមអំបូរ​​នីមួយៗ។ អំបូរ​ណា​ដែល​ធំជាង​គេ ត្រូវ​ឲ្យ​ចំណែក​ដី​ធំជាង​គេដែរ ហើយអំបូរ​ណា​តូច​ជាងគេ ត្រូវ​ចំណែក​ដី​តូចជាង​គេដែរ។ បើចាប់ឆ្នោត​ប៉ះ​ចំ​អំបូរ​ណា ដីនោះនឹងបាន​ជា​កម្មសិទ្ធិរបស់អំបូរនោះ។ ​អ្នក​រាល់​គ្នា​ទទួលមរតកតាម​ឈ្មោះ​កុល‌សម្ព័ន្ធដូនតា​​របស់​អ្នក​រាល់​គ្នា។ 55 ប៉ុន្ដែ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បណ្ដេញ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទេ នោះ​ប្រជាជនដែល​អ្នករាល់គ្នា​អនុញ្ញាតិ​ឲ្យ​រស់នៅ​នោះ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​កម្ទេច​ឈើ​នៅ​ក្នុង​ភ្នែក​របស់​អ្នក​រាល់​គ្នា និង​ជាបន្លា​ជាប់​នៅ​ចំហៀង​របស់​អ្នក​រាល់​គ្នា គឺ​ពួក​គេ​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​រាល់​គ្នាលំបាក នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​​រស់​នៅនោះ។ 56 ត្រូវ​​ដឹងថា យើង​ប្រព្រឹត្តចំពោះ​ជនជាតិនោះយ៉ាងណា នោះ​យើង​នឹង​ប្រព្រឹត្តចំពោះអ្នករាល់គ្នា​យ៉ាងនោះះដែរ»។

ជំពូក ៣៤

1 ព្រះ‌អម្ចាស់​បានមាន​ព្រះ‌បន្ទូល​មក​​លោក​ម៉ូសេ ដោយបន្ទូល​ថា៖ 2 «ចូរ​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែលថា៖ «ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​កាណាន ជាស្រុកដែល​ត្រូវ​បាន​ជាកម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា គឺ​ស្រុក​កាណាន និងព្រំ‌ប្រទល់របស់វា 3 គឺព្រំប្រទល់ខាង​ត្បូង​គិត​ចាប់​ពី​ទី​រហោ‌ស្ថាន​ស៊ីន ជាប់​នឹង​ស្រុក​អេដុម​។ ព្រំប្រទល់​ខាងកើតឈៀងខាងត្បូងនឹងបញ្ចប់នៅចុងខាងត្បូងនៃសមុទ្រអំបិល។ 4 រួច​បត់​ទៅ​ខាង​ត្បូង​ចាប់ពី​ទួល​ក្រា‌ប៊ីម ឆ្លង​កាត់​ទី​រហោ‌ស្ថាន​ស៊ីន ហើយ​ពី​ទី​នោះ​បន្តទៅ​ដល់​ខាង​ត្បូង​កាដេសបារនា និងបន្តរហូតដល់​ទៅ​ហាសាអាដា ហួសទៅដល់​អាសម៉ូន 5 ពីទីនោះ ព្រំប្រទល់​​ត្រូវ​បត់ពីអាសម៉ូន ឆ្ពោះ​​​ទៅ​​ស្ទឹង​ស្រុក​អេស៊ីបរហូត​​ទៅ​ទល់​នឹង​សមុទ្រ។ 6 ព្រំ‌ប្រទល់​ខាង​លិច នោះគឺ​តាម​បណ្ដោយ​សមុទ្រ​ធំ។ នេះ​ត្រូវ​បាន​ជា​ព្រំ​ដែន​ខាង​លិច​របស់អ្នក​រាល់​គ្នា។ 7 ព្រំ‌ប្រទល់​ខាង​ជើង​របស់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់គ្នា​ត្រូវ​កំណត់​នោះគឺ​ចាប់ពី​សមុទ្រ​ធំ រហូត​ដល់​ភ្នំ​ហោរ។ 8 ហើយពី​ភ្នំ​ហោរ រហូតដល់​ក្រុង​ហា‌ម៉ាត់ ហើយ​បន្ត​​ទៅ​ដល់​សេដាដ។ 9 ហើយ​ព្រំ‌ប្រទល់​នេះ​ត្រូវ​បន្ត​ទៅ​ដល់​ស៊ីប្រុន រួច​បញ្ចប់នៅហាសារអេណាន។ នេះ​ត្រូវជា​ព្រំ‌ប្រទល់​ខាង​ជើង​របស់​អ្នក​រាល់​គ្នា។ 10 បន្ទាប់មក អ្នករាល់គ្នា​ក៏​ត្រូវ​កំណត់​ព្រំ‌ប្រទល់​ខាង​កើត​របស់​អ្នក​រាល់​គ្នាចាប់​ពី​ហាសារអេណាន​ទៅ​សេផាម។ 11 ហើយពីព្រំ‌ប្រទល់ខាងកើត​នេះ​ត្រូវ​ចុះ​ពី​សេផាម​ទៅ​រីម‌ឡា ដែល​នៅ​ខាង​កើត​អា‌យ៉ីន រួច​បន្ដ​ចុះ​ទៅ​តាមបណ្ដោយ​ត្រើយ​ខាង​កើត​សមុទ្រ​គេនេ‌សារ៉ែត 12 រួច​បន្ដចុះទៅក្រោមរហូតដល់ព្រំដែន​ខាង​កើតនៃ​សមុទ្រ​អំបិល។ នេះ​គឺ​ជា​ស្រុក​របស់​អ្នក​រាល់គ្នា​ដែល​​​ព្រំ‌ប្រទល់ជុំវិញ​»។ 13 បន្ទាប់មក លោក​ម៉ូសេ​បានបង្គាប់ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយប្រាប់ថា៖ «នេះ​ហើយ​ជា​ស្រុកដែលអ្នក​រាល់គ្នា​នឹង​បាន​​ទទួល​ដោយ​ការ​ចាប់ឆ្នោត ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​ប្រគល់​ដល់​​កុល‌សម្ព័ន្ធ​ប្រាំ​បួន និង​កុល‌សម្ព័ន្ធ​​ពាក់​កណ្ដាលទៀត។ 14 ចំណែក កុលសម្ព័ន្ធ​នៃ​កូន​ចៅ​រូបេន តាមរយៈការ​បែង​ចែក​មរតក​​ក្នុ​ងកុលសម្ព័ន្ធនៃ​ដូនតារបស់ពួកគេ និង​កុល‌សម្ព័ន្ធ​កូន​ចៅ​កាដ តាមរយៈការ​បែង​ចែក​មរតក​​ក្នុ​ង​កុលសម្ព័ន្ធនៃ​ដូនតារបស់ពួកគេ ព្រមទាំង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​ទៀត បាន​ទទួល​ទឹក​ដី​​របស់​ពួក​គេ​អស់ហើយ។ 15 កុល‌សម្ព័ន្ធ​ទាំង​ពីរ និង​កុល‌សម្ព័ន្ធ​​ពាក់​កណ្ដាល បាន​ទទួល​ទឹក​ដី​ជា​ចំណែរបស់​ខ្លួន នៅ​ផ្នែក​ខាងលើ​​ទន្លេ​យ័រដាន់ ខាងលិច​​ក្រុង​យេរីខូ ​គឺបែរមុខ​ទៅ​ទិស​ខាងកើត»។ 16 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​​ម៉ូសេ ដោយមានបន្ទូល​ថា៖ 17 «​ឈ្មោះ​ពួក​អ្នក​ដែល​ត្រូវ​ចែក​ស្រុក​នោះ ទុក​ជា​មរតក​សម្រាប់អ្នក​រាល់​គ្នា នោះ​គឺ​បូជា‌ចារ្យ​អេឡាសារ ​និង​យ៉ូស្វេ​ជា​កូន​នូន 18 ហើយអ្នក​​ត្រូវ​ជ្រើសរើសមេដឹកនាំម្នាក់​ពី​គ្រប់​កលុសម្ព័ន្ធ ដើម្បី​​បែងចែកទឹកដីឲ្យ​អំបូររបស់ពួក​គេ។ 19 ទាំងនេះ​ជា​​ឈ្មោះរបស់ពួក​គេ​៖ ពីកុល‌សម្ព័ន្ធ​យូដា លោកកាលែប គឺ​កូន​របស់​លោកយេភូ‌នេ។ 20 ពី​កុល‌សម្ព័ន្ធកូនចៅ​របស់​ស៊ីម្មាន គឺលោកសាំយូ‌អែល ជា​កូន​របស់​លោកអាំមី‌ហ៊ូដ ។ 21 ពីកុល‌សម្ព័ន្ធ​បេន‌យ៉ាមីន គឺលោកអេលី‌ដាដ ជា​កូន​របស់​លោក​គីស‌ឡូន ។ 22 មេ​ដឹក​នាំ​ពីកុល‌សម្ព័ន្ធកូន​ចៅ​​ដាន់ គឺលោកប៊ូ ជា​កូន​របស់លោក​យុក‌លី​។ 23 ពីកូនចៅ​របស់យ៉ូសែប មេដឹកនាំកូនចៅនៃកុល‌សម្ព័ន្ធ​ម៉ាណា‌សេ គឺលោកហានាល ជា​កូន​របស់​លោកអេផូដ។ 24 មេដឹកនាំពីកុល‌សម្ព័ន្ធនៃកូន​ចៅ​របស់​អេប្រាអ៊ីម គឺលោកកេម‌យួល ជា​កូន​របស់លោក​ស៊ីបតាន ។ 25 មេដឹកនាំពីកុល‌សម្ព័ន្ធនៃកូន​ចៅ​របស់​សាប់យូ‌ឡូន គឺលោកអេលី‌សាផាន ជា​កូន​របស់លោក​ប៉ាណាក់។ 26 មេដឹកនាំពីកុល‌សម្ព័ន្ធនៃកូន​ចៅ​របស់​អ៊ីសា‌ខារ គឺលោកប៉ាល‌ទាល ជា​កូន​របស់​លោកអាស្សាន។ 27 មេដឹកនាំពីកុល‌សម្ព័ន្ធនៃកូន​ចៅ​របស់​អេ‌ស៊ើរ គឺលោកអហ៊ី‌ហ៊ូដ ជា​កូន​របស់លោក​សេឡូ‌មី ។ 28 មេដឹកនាំពី​កុល‌សម្ព័ន្ធ​នៃកូន​ចៅ​របស់​ណែប‌ថាលី គឺលោកពេដា‌ហិល ជា​កូន​របស់លោក​អាំមី‌ហ៊ូដ»។ 29 ព្រះអម្ចាស់​បង្គាប់អ្នក​ទាំងនេះ​ឲ្យ​បែង​ចែកទឹកដីនៃ​ស្រុក​កាណាន ចែកឲ្យកុលសម្ព័ន្ធ​នីមួយៗ​របស់ជនជាតិ​​​អ៊ីស្រា‌អែលទុកជា​មរតក។

ជំពូក ៣៥

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​​លោក​ម៉ូសេ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ជិតទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ ដោយបន្ទូលថា៖ 2 «ចូរ​បង្គាប់ប្រជាជន​អ៊ីស្រា‌អែល​ឲ្យ​ប្រគល់​ទឹកដីខ្លះដែល​ជា​ចំណែករបស់ពួកគេឲ្យ​ពួក​លេវី​ផង។ ពួក​គេ​ត្រូវឲ្យ​ក្រុងដើម្បី​ពួកលេវីបាន​រស់នៅ ហើយ​​វាលស្មៅ​នៅ​ជុំ‌វិញ​ក្រុង​ទាំង​នោះ​​ផង​ដែរ។ 3 ដូច្នេះ ពួកលេវី​នឹង​មាន​ក្រុងទាំងនេះ​សម្រាប់​រស់​នៅ។ ចំណែក វាលស្មៅនឹង​បាន​សម្រាប់​ហ្វូង​សត្វ និង​សម្រាប់​សត្វ​ពាហនៈ​ឯ​ទៀតៗរបស់ពួកគេ ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​គេ។ 4 វាលស្មៅនៅ​ជុំ‌វិញ​ទីក្រុងដែល​​ប្រគល់​ឲ្យ​ពួក​លេវីនោះ ត្រូវ​​គិត​ចាប់​ពី​កំពែង​ក្រុង​ចេញ​ទៅ​ក្រៅ ចម្ងាយ​មួយ​ពាន់​ហត្ថគ្រប់ទិសទាំងអស់។ 5 អ្នករាល់គ្នា​ត្រូវវាស់ខាងក្រៅទីក្រុង​នៅទិស​ខាងកើតពីរ​ពាន់ហត្ថ​ នៅទិស​ខាង​ត្បូងពីរពាន់​ហត្ថ​នៅ​ នៅ​ទិស​ខាង​លិចពីរពាន់​ហត្ថ​ និងនៅទិស​ខាង​ជើង​​ពីរពាន់​ហត្ថ​។ នេះ​ជា​វាលស្មៅសម្រាប់ក្រុង​របស់​ពួក​គេ។ ​ទីក្រុង​ត្រូវ​ស្ថិត​នៅ​ចំ​កណ្ដាល​ដី​នោះ។ 6 ​ទី​ក្រុង​ទាំង​ប្រាំមួយ ដែល​អ្នក​រាល់​គ្នា​ឲ្យ​ដល់​ពួក​លេវី នោះ​ត្រូវ​ឲ្យ​មាន​ទី​ក្រុង​សម្រាប់ជាជម្រក។ អ្នក​រាល់គ្នា​ត្រូវ​ទុក​កន្លែងទាំងនេះ​សម្រាប់​ឲ្យ​អ្នក​ណា​ដែល​សម្លាប់​មនុស្ស​បាន​រត់​ភៀសខ្លួនទៅ។ 7 អ្នករាល់គ្នា​ត្រូវ​ឲ្យ​ទី​ក្រុង​សែសិបពីរ​​​​ទៀតដល់ពួក​គេ​។ ដូច្នេះ ​ទី​ក្រុងទាំងអស់​ដែល​ត្រូវ​ឲ្យ​ដល់​ពួក​លេវី នោះ​មានចំនួនសែសិបប្រាំបី។ អ្នក​រាល់គ្នា​​ក៏ត្រូវ​ប្រគល់វាលស្មៅសម្រាប់ក្រុងនីមួួៗផងដែរ។ 8 កុល‌សម្ព័ន្ធធំជាង​គេ​របស់កូន​ចៅ​​អ៊ីស្រា‌អែល​ គឺ​កុល‌សម្ព័ន្ធដែល​​មាន​ដី​ច្រើន ត្រូវ​ប្រគល់​ក្រុង​ឲ្យ​​ច្រើន ហើយ​កុល‌សម្ព័ន្ធតូច ត្រូវ​ឲ្យ​ក្រុង​តិច​»។ ​កុល‌សម្ព័ន្ធនីមួយៗត្រូវប្រគល់ឲ្យ​ពួក​លេវី តាម​ចំណែក​ដែល​ពួក​គេ​ទទួល​បាន។ 9 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​​លោក​ម៉ូសេ ដោយបន្ទូល​ថា៖ 10 «ចូរ​ប្រាប់ប្រជាជន​អ៊ីស្រា‌អែលថា៖ «នៅពេល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​កាណាន​រួច​ហើយ 11 នោះអ្នក​រាល់គ្នា​ត្រូវ​​ជ្រើស​រើស​យក​ក្រុង​ខ្លះ​សម្រាប់ទុកជាកន្លែង​ឲ្យអ្នកណា​ដែលបាន​សម្លាប់មនុស្ស​ដោយ​អចេតនា​ភៀសខ្លួន​មក​ជ្រក។ 12 ក្រុង​ទាំង​នោះ​ជា​ជម្រក​របស់​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​អ្នក​សង‌សឹក។ ធ្វើ​ដូច្នេះ អ្នក​ដែលត្រូេវ​ជាប់ចោទនោះនឹង​មិន​ត្រូវ​សម្លាប់មុន​ពេល​ឈរ​​កាត់​ក្ដីនៅ​ចំពោះ​មុខសហគមន៍ឡើយ។ 13 អ្នក​​រាល់គ្នា​ត្រូ​វ​ជ្រើសរើស​ក្រុង​ប្រាំ​មួយ​សម្រាប់ធ្វើ​ជា​ក្រុង​ជម្រក។ 14 ​អ្នក​ត្រូវ​ផ្តល់ឲ្យក្រុង​ជម្រក​បី​​ស្ថិត​នៅ​ឯនាយ​ទន្លេ​យ័រដាន់ និងក្រុង​បី​ទៀត​នៅ​ក្នុង​ស្រុក​កាណាន។ ក្រុង​ទាំង​នេះ​គឺ​សម្រាប់ជា​ក្រុង​ជម្រក។ សម្រាប់ប្រជាជនអ៊ីស្រា‌អែល សម្រាប់​ជន​បរ‌ទេស និង​សម្រាប់អស់អ្នក​​កំពុង​រស់​នៅ​ជា​មួយអ្នក​រាល់​គ្នា។ 15 ក្រុង​ទាំង​ប្រាំមួយ​នេះ​គឺសម្រាប់ទុកជាកន្លែង​ឲ្យអ្នកណា​ដែលបាន​សម្លាប់មនុស្ស​ដោយ​អចេតនា​ភៀសខ្លួន​មក​ជ្រក។ 16 ប៉ុន្ដែ ​ប្រសិន​បើ​ជនជាប់ចោទ​នោះ ​យក​របស់​អ្វី​មួយ​ធ្វើ​ពី​ដែក វាយ​ជនរងគ្រោះ​​ ហើយប្រសិនបើ​ជនរងគ្រោះនោះស្លាប់ ជនជាប់ចោទ​នោះ​គឺជា​ឃាតក។ គេ​ត្រូវ​តែ​ទទួល​ទោស​ដល់ស្លាប់។ 17 ប្រសិន​បើ ​ជនជាប់ចោទនោះ​កាន់​ដុំ​ថ្ម​វាយជនរងគ្រោះ ដែល​អាច​ធ្វើ​ឲ្យ​ជនរងគ្រោះ​ស្លាប់បាន ហើយប្រសិនបើ​ជនរងគ្រោះនោះ​ស្លាប់ ជនជាប់ចោទ​នោះ​គឺជា​ឃាតក។ គេ​ត្រូវ​តែ​ទទួល​ទោសដល់ស្លាប់។ 18 ប្រសិន​បើ​ជនជាប់ចោទយក​របស់​អ្វី​មួយ​ធ្វើ​ពី​ឈើ វាយ​អ្នក​​វាយគ្រោះ​ ដែល​អាច​ធ្វើ​ឲ្យ​ជនរងគ្រោះ​ស្លាប់បាន ហើយប្រសិនបើ​ ជនរងគ្រោះនោះស្លាប់ ជនជាប់ចោទនោះ គឺជា​ឃាតក។ គេ​ត្រូវ​តែ​ទទួល​ទោសដល់ស្លាប់។ 19 ​អ្នក​ដែល​ត្រូវ​សង‌សឹក​នឹង​​ឈាម នោះ​ត្រូវ​តែ​សម្លាប់ឃាតកនោះ​វិញ។ នៅ​ពេល​អ្នក​សងសឹក​ជួប​ប្រទះ​ឃើញ​អ្នក​នោះ​វេលាណា​​ អ្នក​​ត្រូវ​សង‌សឹក​នឹង​​ឈាមនោះ​ត្រូវ​តែ​សម្លាប់ឃាតកនោះ 20 ប្រសិនបើ​អ្នក​នោះ​បានវាយ​គេ​ដោយ​ចិត្ត​ស្អប់ ឬ​បានលប​ចោល​គេ​នឹង​អ្វីមួយ ដែល​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ស្លាប់ 21 ឬ​បាន​វ៉ៃ​គេនឹង​ដៃ​​ដោយ​ចិត្តស្អប់ ដែល​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ស្លាប់ នោះ​ជន​ជាប់ចោទ​ដែល​វ៉ៃ​គេ​នោះ ត្រូវ​តែ​ទទួល​ទោស​ដល់ស្លាប់។​ គេ​គឺ​ជា​ឃាតក ​អ្នក​ដែល​ត្រូវ​សង‌សឹក​នឹង​ឈាមនោះ​ត្រូវ​សម្លាប់ឃាតក​នោះ​វិញ ក្នុង​វេលា​ដែល​ជួប​ឃាតកនោះ។ 22 ប៉ុន្តែ ប្រសិន​បើ​ជនជាប់ចោទស្រាប់តែវាយ​ជនរងគ្រោះដោយ​អចេតនា ទាំងគ្មានចិត្តសម្អប់សោះ ឬ​មិន​​បាន​លបចោល​របស់​អ្វី​មួយ​ទៅ​លើ​ជនរងគ្រោះ 23 ដែល​អាច​ធ្វើ​ឲ្យ​ជនរង​គ្រោះ​​ស្លាប់ ជនជាប់ចោទ​នោះ​មិន​មែន​ជា​​សត្រូវ​របស់ជនរងគ្រោះទេ គាត់គ្មានបំណង​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ឈឺចាប់ទេ។ ប៉ុន្តែ​ នេះ​ជាអ្វី​ដែល​អ្នក​រាល់គ្នាត្រូវ​ធ្វើ បើជនរងគ្រោះនោះ​ស្លាប់។ 24 ក្នុងករណីសហគមន៍​ត្រូវ​សម្រុះ‌សម្រួល​រវាង​ជន​ជាប់ចោទ និង​អ្នកសង‌សឹកនឹង​ឈាម តាម​មូលដ្ឋានច្បាប់ 25 សហគមន៍​ត្រូវ​រំដោះ​ជនជាប់ចោទនោះ ពី​កណ្ដាប់​ដៃ​របស់​អ្នក​សង‌សឹកនឹង​ឈាម។ សហគមន៍​ត្រូវ​នាំ​អ្នក​នោះ​វិល​ត្រឡប់​ទៅ​ក្រុង​ជម្រក ដែល​ខ្លួន​បាន​រត់​ភៀស​ខ្លួន​ទៅ ហើយគាត់ត្រូវ​រស់​នៅ​ក្នុង​ក្រុង​នោះ រហូត​ដល់​ពេល​មហា​បូជា‌ចារ្យ ដែល​បាន​តែង‌តាំង​ដោយ​ប្រេងបរិសុទ្ធក្នុងជំនាន់នោះស្លាប់។ 26 ប៉ុន្ដែ ប្រសិន​បើ​ជនជាប់ចោទ​ចេញ​ហួសព្រំប្រទល់ក្រុង​​ជម្រកដែលខ្លួនរត់ភៀសខ្លួន​ទៅនោះ 27 ហើយ​អ្នក​សង​សឹក​នឹង​ឈាម​ ជួប​គាត់​នៅ​ខាង​ក្រៅ​ព្រំប្រទល់ក្រុង​ជម្រក រួច​សម្លាប់​គាត់ជនជាប់ចោទ អ្នក​សង‌សឹកនឹងឈាម​នោះ​គ្មាន​ទោសជាឃាតកទេ។ 28 នេះ​ព្រោះ​តែ​ជនជាប់ចោទត្រូវ​រស់​នៅ​ក្នុង​ក្រុង​ជម្រក រហូត​ដល់​មហា​បូជា‌ចារ្យ​ស្លាប់។ បន្ទាប់ពី​មហា​បូជា‌ចារ្យ​ស្លាប់ ទើប​ជនជាប់ចោទអាច​វិល​ត្រឡប់ទៅស្រុក​ដែល​គាត់មាន​លំ‌នៅ‌ដ្ឋាន​របស់​ខ្លួន​វិញបាន។ 29 ទាំងនេះជា​ច្បាប់បញ្ញត្តសម្រាប់អ្នក​រាល់​នៅ​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។ 30 អ្នក​ណា​ក៏​​ដោយ​ដែល​សម្លាប់មនុស្ស​ម្នាក់ គេត្រូវ​សម្លាប់​ឃាតក​នោះវិញ នៅ​ពេល​ដែលមាន​សាក្សី​ជា​ច្រើន​ធ្វើ​បន្ទាល់។ ប៉ុន្តែ បើ​មាន​សាក្សី​តែ​ម្នាក់ គេ​មិន​អាចសម្លាប់ជននោះ​បាន​ឡើយ។ 31 អ្នក​រាល់គ្នាក៏មិន​ត្រូ​វទទួល​សំណូក​អ្វី​នឹង​លោះ​ជីវិតឃាតករដែល​ជាប់ចោទ​ពី​បទ​មនុស្ស​ឃាតឡើយ។ ត្រូវ​​តែ​សម្លាប់​អ្នក​នោះ​កុំ​ខាន 32 ក៏​មិន​ត្រូវ​ទទួល​សំណូក​អ្វី​នឹង​លោះ​អ្នក​ដែល​បាន​រត់​ទៅ​ជ្រក​ក្នុង​​ក្រុងជម្រកនោះដែរ។ អ្នក​រាល់គ្នា​មិនត្រូវឲ្យគេ​​​ត្រឡប់​មក​នៅ​ក្នុង​ស្រុក​របស់គាត់វិញ រហូត​ដល់​មមហា​បូជា‌ចារ្យ​ស្លាប់។ 33 មិន​ត្រូវ​បំពុល​ស្រុក​ដែល​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​តាមរបៀប​នេះ​ឡើយ ដ្បិត​​ ឈាម​របស់ឃាតកនឹង​បំពុល​ស្រុកនោះ​។ គ្មាន​តង្វាយធួន​ណាអាចលោះ​ស្រុកនោះបានឡើយ នៅពេល​ឈាម​បាន​ស្រក់លើ​ស្រុកនោះហើយ គឺមាន​តែ​ឈាម​នៃ​អ្នក​ដែល​បាន​កម្ចាយ​ឈាម​នោះ​ប៉ុណ្ណោះ​។ 34 ដូច្នេះ ​អ្នក​រាល់គ្នានមិន​ត្រូវ​ធ្វើ​ឲ្យ​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​រស់​នៅទៅ​ជា​សៅ‌ហ្មង​ឡើយ ពី​​ព្រោះ​យើង​ក៏​នៅ​ក្នុងស្រុកនោះ​ដែរ។ ដ្បិត​ យើង​ជា​ព្រះ‌អម្ចាស់ ដែលរស់នៅក្នុង​ចំណោមកូន​ចៅអ៊ីស្រា‌អែល»។

ជំពូក ៣៦

1 បន្ទាប់មក ពួកមេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​ផ្សេងៗ​នៃ​អំបូរ​កាឡាដ ជា​កូន​របស់​លោក​ម៉ាកៀរ (ជាកូន​របស់លោក​ម៉ាណា‌សេ​) ដែល​មក​ពី​អំបូរ​​​កូន​ចៅ​របស់​លោក​យ៉ូសែប បាន​ចូល​មក ហើយ​បាន​និយាយនៅចំពោះ​​លោក​ម៉ូសេ និងនៅ​ចំពោះ​មុខ​ពួក​មេ​ដឹកនាំ​ ដែលជា​មេ​លើកុលសម្ព័ន្ធ​របស់ប្រជាជន​អ៊ីស្រា‌អែលថា៖ 2 «ព្រះ‌អម្ចាស់​បាន​បង្គាប់​លោក ដែល​ជា​ម្ចាស់របស់យើង​ខ្ញុំ ឲ្យ​ប្រគល់​ចំណែក​​ដី​​​ដល់ប្រជាជន​អ៊ីស្រា‌អែល ដោយ​ការចាប់​ឆ្នោត។ ហើយព្រះ‌អម្ចាស់ក៏បាន​បង្គាប់លោក ឲ្យប្រគល់​​ទឹក​ដី​ជា​ចំណែក​របស់​លោក​ស្លូផិ‌ហាត ជា​បងប្អូន​របស់​យើង​ខ្ញុំ ទៅ​ឲ្យ​កូន​ស្រី​របស់​គាត់​ដែរ។ 3 ប៉ុន្ដែ ប្រសិន​បើ​កូនស្រី​របស់គាត់​រៀបការ​ជា​មួយ​កូន​ប្រុស​របស់​កុល‌សម្ព័ន្ធ​ណា​មួយ​ទៀត​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នោះចំណែក​ទឹក​ដី​របស់​ពួក​នាង​នឹង​​ត្រូវ​កាត់​ចេញ​ពី​​ចំណែក​មរតក​នៃ​ដូនតា​របស់​យើង​ខ្ញុំ។ ដីនោះនឹង​ត្រូវបន្ថែម​នៅ​ក្នុង​ចំណែក​កុល‌សម្ព័ន្ធដែល​នាង​បាន​ទៅ​ចូល​រួម​ជា​មួយ។ ក្នុង​ករណីនោះ ដីនោះ​នឹង​ត្រូវ​ដកចេញ​​ពីចំណែកមរតក​របស់យើងខ្ញុំ។ 4 ហើយ​ក្នុង​ករណីនោះ​ នៅ​ពេល​​ឆ្នាំ​នៃមេត្តា​ករុណារបស់​ប្រជាជនអ៊ីស្រា‌អែលមក​ដល់ នោះ​ចំណែកមរតករបស់​ពួក​នាង​នឹង​ត្រូវដាក់ចូលក្នុង​ចំណែកម​​រតកនៃ​​កុល‌សម្ព័ន្ធ​ដែល​ពួក​នាង​បានចូលរួម។ ដូច្នេះ ចំណែកមរតករបស់ពួកនាង​នឹង​ត្រូវដកចេញពីចំណែក​រមតកនៃ​​ដូនតា​របស់​យើង​ខ្ញុំ»។ 5 ដូច្នេះ លោកម៉ូសេ​បាន​បង្គាប់​ដល់​ប្រជាជន​អ៊ីស្រា‌អែល តាម​ព្រះបន្ទូលរបស់​ព្រះ‌អម្ចាស់ថា៖ «អ្វី​ដែល​កុលសម្ព័ន្្ធ​របស់កូន​ចៅ​លោកយ៉ូសែប​គេ​បាន​និយាយ​នៅពេល​នេះ គឺ​​ត្រឹមត្រូវ។ 6 នេះ​ជា​អ្វី​​ដែល​ព្រះ‌អម្ចាស់បាន​បង្គាប់ ពី​ដំណើរ​នៃ​ពួក​កូន​ស្រី​ស្លូផិហាត។ ព្រះអង្គ​បាន​មាន​បន្ទូល​ថា៖ «ចូរ​​ឲ្យ​ពួក​​គេ​រៀបការជាមួយ​អ្នក​ណា​ដែល​គេ​គិត​ថា​ល្អបំផុត ប៉ុន្តែ គេ​ត្រូវរៀប​ការ​ជាមួយអ្នក​នៅ​​ក្នុង​កុលសម្ព័ន្ធ​នៃ​ឪពុករបស់ពួក​គេ​តែប៉ុណ្ណោះ»។ 7 មិន​ត្រូវ​ឲ្យ​​មានមរតក​របស់​កូន​ចៅ​អ៊ីស្រា‌អែល ប្ដូរពី​កលសម្ព័ន្ធមួយ ទៅកុលសម្ព័ន្ធមួយទៀតឡើយ។​ ​​ប្រជាជនអ៊ីស្រា‌អែលម្នាក់ៗ ត្រូវ​នៅ​ជាប់​នឹង​ចំណែក​មរតកនៃ​កុលសម្ព័ន្ធដូនតា​របស់ខ្លួន។ 8 ​កូន​ស្រី​ទាំងអស់របស់​ប្រជាជន​អ៊ីស្រាអែល​​ដែល​មាន​ចំណែក​មរតក​ក្នុងកុលសម្ព័ន្ធរបស់នាង នោះ​នាងត្រូវ​តែ​រៀបការ​​ជាមួយ​នរណា​ម្នាក់ដែល​ស្ថិតនៅ​ក្នុង​​កុលសម្ព័ន្ធឪពុក​​របស់​នាង​។ ធ្វើ​បែប​នេះ​ គឺ​ដើម្បី​ឲ្យ​ប្រជាជន​អ៊ីស្រា‌អែល​បាន​គ្រប់គ្រង​មរតករពី​ដូនតា​របស់​ពួក​គេ 9 មិនត្រូវមាន​ចំណែក​មរតក​ណា​មួយ ប្ដូរពី​កុលសម្ព័ន្ធមួយ ទៅកុលសម្ព័ន្ធមួយទៀតឡើយ។ កុលសម្ព័ន្ធ​នៃ​ប្រជាជន​អ៊ីស្រាអែល​ទាំងអស់ត្រូវថែរក្សា​ចំណែកមរតករបស់ខ្លួន។ 10 ដូច្នេះ ពួក​កូន​ស្រីរបស់លោក​ស្លូផិហាត​ក៏​ធ្វើ​ដូច​ដែលព្រះ‌អម្ចាស់បាន​បង្គាប់​មក​លោកម៉ូសេ 11 នាង​​ម័សឡា នាង​ធើសា នាង​ហុកឡា នាង​មីលកា និងនាង​​ណូហា ជា​កូន​ស្រី​របស់​លោកស្លូផិហាត បានរៀបការ​ជាមួយកូនចៅ​របស់ម៉ាណាសេ។ 12 ពួក​គេ​បានរៀប​ការ​​ចូល​ទៅ​ក្នុងអំបូរ​នៃ​​កូន​ចៅ​របស់លោកម៉ាណាសេ ជា​កូន​លោកយ៉ូសែប។ ដូច្នេះ មរតក​របស់ពួក​គេ​ក៏​​នៅ​តែស្ថិត​​ក្នុង​កុលសម្ព័ន្ធនៃ​អំបូររបស់​ឪពុក​ពួកគេ។ 13 ទាំងនេះ​គឺ​ជា​​បញ្ញត្ត និង​ច្បាប់​​ដែល​ព្រះ‌អម្ចាស់​បានប្រទាន​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល តាយរយៈ​លោកម៉ូសេ នៅ​វាលទំនាប​ស្រុក​ម៉ូអាប់ ជិត​ទន្លេ​យ័រដាន់ នៅ​ក្រុង​យេរីខូ។