ខ្មែរ (Khmer): Unlocked Literal Bible - Khmer Print

Updated ? hours ago # views See on WACS
១ សាំយូអែល
១ សាំយូអែល
ជំពូក ១

1 មានបុរសម្នាក់ដែលរស់នៅភូមិរ៉ាម៉ាថែម-សូភីម នៃតំបន់ភ្នំអេប្រាអ៊ីម គាត់ឈ្មោះលោកអែលកាណា ជាកូនប្រុសរបស់លោកយេរ៉ូហាំ ជាចៅរបស់លោកអេលីហ៊ូវ ជាចៅទួតរបស់លោកថូហ៊ូវ និងជាចៅលួតរបស់លោកស៊ូភ ជាអ្នកកុលសម្ព័ន្ធអេប្រាអ៊ីម។ 2 លោកមានប្រពន្ធពីរនាក់ ប្រពន្ធទីមួយឈ្មោះនាងហាណា ហើយប្រពន្ធទីពីរឈ្មោះនាងពេនីណា។ នាងពេនីណាមានកូន តែនាងហាណាគ្មានកូនទេ។ 3 បុរសនេះបានចាកចេញពីក្រុងរបស់គាត់នៅឆ្នាំបន្ទាប់ ដើម្បីទៅថ្វាយបង្គំ និងថ្វាយតង្វាយដល់ព្រះអម្ចាស់នៃពួកពលបរិវានៅឯស៊ីឡូផង។ កាលនោះ លោកអេលីមានកូនប្រុសពីរនាក់ ម្នាក់ឈ្មោះហូបនី និងម្នាក់ទៀតឈ្មោះភីនេហាស ជាបូជាចារ្យរបស់ព្រះអម្ចាស់នៅទីនោះ។ 4 កាលថ្ងៃដែលលោកអែលកាណា ត្រូវថ្វាយដង្វាយរៀងរាល់ឆ្នាំបានមកដល់ ហើយលោកតែងឲ្យចំណែកនៃសាច់ខ្លះទៅនាងពីនេណា ភរិយារបស់គាត់ និងកូនប្រុសៗ និងកូនស្រីៗរបស់នាងផងដែរ។ 5 ចំណែកឯនាងហាណាវិញ លោកតែងឲ្យនាងទ្វេដង ពីព្រោះលោកស្រឡាញ់នាងហាណាជាង ថ្វីបើព្រះអម្ចាស់បានខ្ទប់ផ្ទៃនាងមិនឲ្យមានកូនក្តី។ 6 គូប្រជែងរបស់នាងបានបង្ករឿងនឹងនាងយ៉ាងខ្លាំងដើម្បីឲ្យនាងខឹង ដ្បិត ព្រះអម្ចាស់បានខ្ទប់ផ្ទៃនាងមិនឲ្យមានកូនបាន។ 7 រៀងរាល់ឆ្នាំនៅពេលនាងធ្វើដំណើរទៅព្រះដំណាក់នៃព្រះអម្ចាស់ជាមួយគ្រួសាររបស់នាង គូប្រជែងរបស់នាងតែងតែបង្ករឿងដាក់នាងជានិច្ច។ ហេតុដូច្នេះហើយ ទើបនាងយំ ហើយមិនទទួលទានអ្វីទាំងអស់។ 8 ឯលោកអែលកាណាជាប្តី តែងនិយាយទៅនាងថា ៖ «ហាណា ហេតុអ្វីអូនយំដូច្នេះ? ហេតុអ្វីអូនមិនទទួលទាន? ហេតុអ្វីបានជាចិត្តរបស់អូនមិនរីករាយ? តើបងមិនប្រសើរជាងអូនមានកូនប្រុសដប់នាក់ទេឬអី?» 9 ក្នុងឱកាសនោះ បន្ទាប់ពីទទួលទានអាហារ និងពិសាទឹកនៅឯសុីឡូរួច នាងហាណាក៏បានក្រោកឡើង។ លោកអេលីជា បូជាចារ្យកំពុងអង្គុយនៅកន្លែងរបស់គាត់ជិតមាត់ទ្វារចូលព្រះវិហារ របស់ព្រះអម្ចាស់នៅពេលនោះ។ 10 នាងតូចចិត្តយ៉ាងខ្លាំង ហើយនាងបានទូលអង្វរដល់ព្រះអម្ចាស់ទាំងទឹកភ្នែកហូរយ៉ាងជូរចត់។ 11 នាងបានស្បថដោយនិយាយថា៖ «ឱព្រះអម្ចាស់នៃពួកពលបរិវាអើយ បើព្រះអង្គទតមកខ្ញុំម្ចាស់ជាអ្នកបម្រើរបស់ព្រះអង្គដែលកំពុងមានទុក្ខនេះ សូមព្រះអង្គនឹកដល់ខ្ញុំម្ចាស់ សូមកុំភ្លេចខ្ញុំម្ចាស់ជាអ្នកបម្រើរបស់ព្រះអង្គឡើយ ប៉ុន្តែ សូមប្រទានកូនប្រុសមួយដល់ ខ្ញុំម្ចាស់វិញ នោះខ្ញុំម្ចាស់នឹងយកកូននោះមកថ្វាយព្រះអម្ចាស់ដើម្បីបម្រើព្រះអង្គអស់មួយជីវិត ហើយសក់របស់កូននោះនឹងមិនត្រូវកាត់ ឬកោរឡើយ»។ 12 ខណៈនាងនៅតែទូលនៅចំពោះព្រះអម្ចាស់នៅឡើយ លោកអេលីបានសម្លឹងមើលមាត់របស់នាង។ 13 នាងហាណាបាននិយាយនៅក្នុងចិត្តរបស់នាង បបូរមាត់របស់នាងហើបតិចៗ ប៉ុន្តែ មិនឮសម្លេងឡើយ។ ហេតុដូច្នេះហើយ ទើបលោកអេលីបានគិតថា នាងស្រវឹង។ 14 លោកអេលីបានមានប្រសាសន៍ទៅនាងថា៖ «តើនាងនៅស្រវឹងដល់កាលណាទៀត? ចូរឈប់ផឹកស្រាទៅ»។ 15 នាងហាណាបានតបថា៖ «ទេ លោកម្ចាស់ នាងខ្ញុំជាស្ត្រីរងទុក្ខ។ នាងខ្ញុំមិនស្រវឹង ក៏ពុំបានសេពសុរាដែរ ប៉ុន្តែ ខ្ញុំគ្រាន់តែទូលថ្វាយព្រះអម្ចាស់នូវភាពតានតឹងនៃព្រលឹងនាងខ្ញុំប៉ុណ្ណោះ។ 16 សូមកុំគិតអ្វីអាក្រក់ចំពោះនាងខ្ញុំឡើយ នាងខ្ញុំបាននិយាយចេញពីកង្វល់ដ៏លើសលប់របស់នាងខ្ញុំចេញមកទេតើ»។ 17 ក្រោយមក លោកអេលីក៏បានឆ្លើយដោយនិយាយថា៖ «ចូរត្រឡប់ទៅវិញដោយសុខសាន្តចុះ សូមព្រះជាម្ចាស់នៃអុី​ស្រាអែលប្រទានតាមសំណូមពរដែលនាងបានទូលសុំពីព្រះអង្គចុះ»។ 18 រួចនាងតបថា៖ «សូមឲ្យនាងខ្ញុំទទួលក្តីមេត្តានៅចំពោះមុខលោកផងចុះ»។ បន្ទាប់មកនាងក៏ចេញទៅ ហើយទទួលទាន ទឹកមុខរបស់នាងស្រស់បស់ គ្មានទុក្ខព្រួយទៀតទេ។ 19 ពួកគេបានក្រោកពីព្រឹកព្រលឹម ហើយបានថ្វាយបង្គំព្រះអម្ចាស់ រួចបានត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅឯរ៉ាម៉ា។ លោកអែលកាណា បានរួមរស់ជាមួយនាងហាណា ជាប្រពន្ធ ហើយព្រះអម្ចាស់ក៏បាននឹកចាំពីនាង។ 20 គ្រានោះក៏មកដល់ នាងហាណាបានមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ។ នាងបានហៅឈ្មោះកូននោះថា សាំយូអែល ដោយពោលថា៖ «ដោយព្រោះខ្ញុំបានទូលសុំកូននេះពីព្រះអម្ចាស់»។ 21 ជាថ្មីម្តងទៀត លោកអែលកាណាព្រមទាំងអ្នកផ្ទះរបស់លោកបាន ធ្វើដំណើរទៅថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ជាតង្វាយប្រចាំឆ្នាំ ហើយដើម្បីលាបំណន់របស់លោក។ 22 ប៉ុន្តែ នាងហាណាពុំបានទៅទេ ដោយនាងបានប្រាប់ទៅប្តីរបស់នាងថា៖ «ខ្ញុំនឹងមិនទៅទេ រហូតដល់កូននេះផ្តាច់ដោះសិន ទើបខ្ញុំយកកូនឡើងទៅដែរ ដូច្នេះ កូននេះនឹងបាននៅទីនោះជាមួយព្រះអម្ចាស់ជារៀងរហូត»។ 23 លោកអែលកាណាជាប្តីបានតបទៅនាងវិញថា៖ «ចូរធ្វើអ្វីដែលអូនគិតថាល្អចុះ។ ចូររង់ចាំរហូតដល់ផ្តាច់ដោះកូនចុះ ហើយសូមឲ្យព្រះអម្ចាស់សម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ»។ ដូច្នេះ នាងក៏បាននៅ រួចមើលថែកូនប្រុសរបស់នាងរហូតដល់ផ្តាច់ដោះ។ 24 ពេលនាងបានផ្តាច់ដោះកូន នាងក៏បានយកកូននោះតាម រួមទាំងកូនគោឈ្មោល៣ខួបទៅជាមួយ និងអាហារមួយថាំង ស្រាទំពាំងបាយជូរមួួយដបផង។ រួចបានធ្វើដំណើរទៅព្រះដំណាក់របស់ព្រះអម្ចាស់នៅឯស៊ីឡូ។ ពេលនោះកូននៅតូចនៅឡើយ។ 25 គេក៏បានយកកូនគោទៅសម្លាប់ ហើយយកកូននោះទៅជូនលោកអេលី។ 26 នាងបាននិយាយថា៖ «លោកម្ចាស់ ដូចលោកម្ចាស់នៅមានជីវិតនៅឡើយ គឺនាងខ្ញុំនេះហើយជាស្ត្រីដែលបានឈរជិតលោកហើយទូលអង្វរទៅព្រះអម្ចាស់។ 27 គឺទូលសុំកូននេះ ហើយព្រះអម្ចាស់បានប្រទានមកតាមពាក្យរបស់នាងខ្ញុំ 28 ខ្ញុំក៏យកកូននេះមកឲ្យនៅជាមួយព្រះអម្ចាស់អស់មួយជីវិតដែរ»។ បន្ទាប់មក លោកក៏បានថ្វាយបង្គំព្រះអម្ចាស់នៅទីនោះ។

ជំពូក ២

1 នាងហាណាបានអធិស្ឋានដោយនិយាយថា៖ «ព្រះអម្ចាស់ធ្វើឲ្យដួងចិត្តខ្ញុំម្ចាស់មានអំណរក្រៃលែង។ ស្នែងរបស់ខ្ញុំម្ចាស់ត្រូវបានលើកតម្កើងក្នុងព្រះអម្ចាស់។ មាត់របស់ខ្ញុំម្ចាស់អាចបើកឡើងតទល់នឹងសត្រូវរបស់ខ្ញុំម្ចាស់ ពីព្រោះខ្ញុំម្ចាស់មានអំណរក្នុងសេចក្តីសង្គ្រោះរបស់ព្រះអង្គ។ 2 គ្មាននរណាបរិសុទ្ធដូចព្រះអម្ចាស់ឡើយ គឺគ្មាននរណាដូចទ្រង់ឡើយ ហើយក៏គ្មានថ្មដាណាដូចព្រះជាម្ចាស់របស់យើងដែរ។ 3 ចូរកុំឲ្យមានអំនួតអួតបំបោងទៀតទៅ ក៏កុំពោលពាក្យក្រអឺតក្រទមចេញពីមាត់ផងដែរ។ ដ្បិត ព្រះអម្ចាស់គឺជាព្រះដែលជ្រាបគ្រប់ទាំងអស់ ហើយព្រះអង្គនឹងវាល់ទៅតាមអំពើដែលបានប្រព្រឹត្ត។ 4 ធ្នូរបស់អ្នកខ្លាំងពូកែព្រះអង្គនឹងកាច់បំបាក់ តែព្រះអង្គបំពាក់កម្លាំងដូចក្រវ៉ាត់ចង្កេះដល់អ្នកដែលភ្លាត់ដួលវិញ។ 5 អ្នកដែលធ្លាប់ឆ្អែតបែរជាខ្វះខាតស្វែងរកអាហារ រីឯអ្នកដែលឃ្លានវិញនឹងបានចម្អែតក្រពះ។ សូម្បី ស្ត្រីអារអាចសម្រាលបានកូនប្រាំពីរនាក់ ឯស្ត្រីដែលមានកូនជាច្រើន នឹងទៅជាស្លោកស្រពោនវិញ។ 6 ព្រះអម្ចាស់ដកជីវិត ហើយព្រះអង្គក៏ជាអ្នកប្រទានជីវិតដែរ។ ព្រះអង្គយកគេទៅស្ថានមនុស្សស្លាប់ ហើយក៏ជាអ្នកលើកគេពីស្លាប់បានដែរ។ 7 ព្រះអម្ចាស់ធ្វើឲ្យអ្នកមានទៅជាក្ររហាម ហើយលើកអ្នកខ្វះខាតឲ្យទៅជាមាន។ ព្រះអង្គជាអ្នកបន្ទាប និងជាអ្នកដែលលើកគេឡើង។ 8 ព្រះអង្គលើកអ្នកទាល់ក្រចេញពីធូលីដី។ ព្រះអង្គលើកអ្នកក្រខ្សត់ពីគំនរផេះ ហើយដាក់ឲ្យគេអង្គុយជាមួយអ្នកមានអំណាច ព្រមទាំងគ្រងរាជ្យលើកន្លែងដ៏កិត្តិយសផង។ ដ្បិត សសរគ្រឹះផែនដីជារបស់ព្រះអម្ចាស់ ហើយព្រះអង្គបានតាំងពិភពលោកនៅលើគ្រឹះនេះ។ 9 ព្រះអង្គនឹងការពារជើងមនុស្សស្មោះត្រង់របស់ព្រះអង្គ ប៉ុន្តែ មនុស្សអាក្រក់នឹងត្រូវវេទនាក្នុងភពសូន្យសុង ពីព្រោះគ្មានអ្នកណាទទួលជ័យជម្នះដោយកម្លាំងបាយឡើយ។ 10 អស់អ្នកដែលប្រឆាំងនឹងព្រះអម្ចាស់នឹងត្រូវបែកជាចំណែកតូចៗ ដ្បិត ព្រះអង្គនឹងបញ្ជាឲ្យរន្ទះបាញ់ប្រឆាំងនឹងអ្នកទាំងនោះពីស្ថានសួគ៌។ ព្រះអម្ចាស់នឹងជំនុំជម្រះរហូតដល់ទីបញ្ចប់នៃផែនដី ព្រះអង្គនឹងប្រទានអំណាចដល់ស្តេច ដែលព្រះអង្គបានចាក់ប្រេងអភិសេក»។ 11 ក្រោយមកលោកអែលកាណាក៏បានត្រឡប់ទៅផ្ទះរបស់លោកនៅឯរ៉ាម៉ា។ ឯកុមារតូចបាននៅបម្រើព្រះអម្ចាស់ជាមួយនឹងលោកបូជាចារ្យអេលីនៅទីនោះ។ 12 ពេលនេះកូនប្រុសៗរបស់លោកអេលីជាមនុស្សគ្មានបានការ។ ពួកគេពុំស្គាល់ព្រះអម្ចាស់ទេ។ 13 តាមទម្លាប់របស់ពួកបូជាចារ្យជាមួយប្រជាជនគឺដូច្នេះ នៅពេលមានអ្នកណា យកយញ្ញបូជាមកថ្វាយ បាវបម្រើរបស់បូជាចារ្យចូលមកទាំងមានសមមុខបីនៅនឹងដៃ ខណៈកំពុងចម្អិនសាច់នោះ។ 14 បាវនោះយកសមចាក់ក្នុងខ្ទះ ឆ្នាំង ថ្លាង ឬកំសៀវនោះ រួចចាក់សាច់នឹងសមយកទៅជាចំណែករបស់បូជាចារ្យទាំងអស់នោះ។ ពួកគេធ្វើដូច្នេះចំពោះជនជាតិអុីស្រាអែលដែលយកតង្វាយមកសុីឡូនោះគ្រប់ៗគ្នា។ 15 ការនោះកាន់តែអាក្រក់ឡើង គឺមុនពេលគេដុតខ្លាញ់ នោះបាវរបស់បូជាចារ្យបានចូលមក ហើយនិយាយទៅបុរសដែលកំពុងថ្វាយយញ្ញបូជាថា៖ «ចូរឲ្យសាច់ដែលត្រូវអាំងនោះមកបូជាចារ្យឯណេះ ព្រោះលោកនឹងមិនទទួលសាច់ដែលបានស្ងោររួចពីអ្នកទេ ប៉ុន្តែ លោកទទួលតែសាច់ឆៅប៉ុណ្ណោះ»។ 16 បើបុរសនោះនិយាយថា៖ «គេត្រូវតែដុតខ្លាញ់ជាមុនសិន រួចសូមលោកយកតាមចិត្តចុះ»។ នោះបាវរបស់បូជាចារ្យនឹងនិយាយថា៖ «ទេ ចូរឲ្យសាច់នោះមកយើងឥឡូវនេះ បើមិនដូច្នោះទេ យើងនឹងប្រើកម្លាំងបាយទាំងបង្ខំ»។ 17 អំពើបាបរបស់ពួកគេកាន់តែអាក្រក់ឡើងៗនៅចំពោះព្រះអម្ចាស់ ដោយពួកគេបានបន្ថោកតង្វាយរបស់ព្រះអម្ចាស់។ 18 ឯកុមារសាំយូអែលបាននៅបម្រើព្រះអម្ចាស់ ដោយស្លៀកពាក់ក្រណាត់ទេសឯកជាមួយនឹងអាវអេផូដផង។ 19 រៀងរាល់ឆ្នាំម្តាយរបស់កុមារបានធ្វើរ៉ូបតូចឲ្យ គឺនៅពេលដែលនាងបានឡើងមកថ្វាយយញ្ញបូជាប្រចាំឆ្នាំជាមួយប្តីរបស់នាង។ 20 លោកអេលីបានឲ្យពរលោកអែលកាណា និងប្រពន្ធដោយប្រសាសន៍ថា៖ «សូមព្រះអម្ចាស់ប្រទានឲ្យអ្នកមានកូនថែមទៀតតាមរយៈស្ត្រីនេះ ពីព្រោះតែការទូលសូមរបស់នាងដែលបានធ្វើចំពោះព្រះអម្ចាស់»។ ក្រោយមក ពួកគេក៏ត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។ 21 ព្រះអម្ចាស់បានជួយនាងហាណាម្តងហើយម្តងទៀត នាងក៏មានផ្ទៃពោះថែមទៀត។ នាងបានបង្កើតកូនប្រុសបីនាក់ និងកូនស្រីពីរនាក់ទៀត។ ឯកុមារសាំយូអែលក៏បានចម្រើនវ័យនៅចំពោះព្រះអម្ចាស់ដែរ។ 22 ពេលនោះ លោកអេលីកាន់តែចាស់ គាត់បានឮអំពីទង្វើអាក្រក់របស់កូនៗគាត់ចំពោះជនជាតិអីុស្រាអែលទាំងអស់ ហើយនិងអំពើដែលពួកគេបានដេកជាមួយស្រីៗដែលបម្រើនៅឯច្រកទ្វារចូលទៅកាន់ព្រះពន្លា។ 23 គាត់បានមានប្រសាសន៍ទៅពួកគេថា៖ «ហេតុអ្វីបានជាពួកគេធ្វើដូច្នេះ? យើងបានឮអំពើទាំងប៉ុន្មានដែលពួកឯងបានប្រព្រឹត្តពីមនុស្សទាំងអស់នេះ»។ 24 ទេ កូនអើយ អ្វីដែលយើងបានឮពីពួកឯងនោះ មិនល្អទេ។ ពួកឯងធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអម្ចាស់លែងស្តាប់តាមហើយ។ 25 «បើម្នាក់ប្រព្រឹត្តបាបចំពោះម្នាក់ទៀត នោះព្រះជាម្ចាស់នឹងជំនុំជម្រះឲ្យ ប៉ុន្តែ បើម្នាក់ប្រព្រឹត្តបាបប្រឆាំងនឹងព្រះអម្ចាស់វិញ តើនរណាជាអ្នករកខុសត្រូវឲ្យ?» ទោះយ៉ាងណា ពួកគេមិនស្តាប់តាមឪពុករបស់ពួកគេដែរ ពីព្រោះព្រះអម្ចាស់ចង់សម្លាប់ពួកគេហើយ។ 26 រីឯកុមារសាំយូអែលក៏បានចម្រើនវ័យ ហើយថែមទាំងបានគាប់ព្រះទ័យដល់ព្រះអម្ចាស់ និងចំពោះមនុស្សផងដែរ។ 27 មានមនុស្សរបស់ព្រះជាម្ចាស់បានចូលមកឯលោកអេលី ហើយមានប្រសាន៍ទៅគាត់ថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ តើយើងមិនបានសម្តែងខ្លួនយើងដល់ដូនតារបស់ឯង ខណៈពួកគេស្ថិតនៅស្រុកអេសីុប ជាទាសកររបស់ស្តេចផារ៉ោនទេឬអី? 28 យើងបានជ្រើសរើសឯងពីកុលសម្ព័ន្ធអីុស្រាអែលទាំងអស់ឲ្យធ្វើជាបូជាចារ្យរបស់យើង គឺឲ្យបម្រើអាសនារបស់យើង ហើយដុតគ្រឿងក្រអូប ទាំងពាក់អាវអេផូដនៅចំពោះមុខយើងផង។ យើងបានផ្តល់ចំណែកនៃយញ្ញបូជាទាំងអស់ដែលប្រជាជនអីុស្រាអែលបានយកមកឲ្យយើងជាមួយនឹងភ្លើងដល់ដូនតារបស់ឯង។ 29 ចុះហេតុដូចម្តេចបានជាឯងប្រមាថយញ្ញបូជា និងតង្វាយដែលយើងបានតម្រូវឲ្យមាននៅក្នុងដំណាក់របស់យើងដូច្នេះ? ហេតុអ្វីបានជាឯងលើកកូនប្រុសៗខ្ពស់ជាងយើង ដោយយកខ្លាញ់ និងចំណែកដ៏ល្អបំផុតនៃតង្វាយដែលប្រជាជនអីុស្រាអែលយកមកឲ្យយើងមកទុកខ្លួនឯង។ 30 នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ ជាព្រះរបស់អីុស្រាអែល យើងបានសន្យាថា គ្រួសាររបស់ឯង និងដូនតារបស់ឯងត្រូវដើរចំពោះយើងជារៀងរហូត។ ប៉ុន្តែ ពេលនេះ ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ យើងលុប​ចោល​សេចក្តីសន្យានេះហើយ ព្រោះយើងផ្តល់កិត្តិយសដល់អស់អ្នកដែលគោរពយើង ប៉ុន្តែ អស់អ្នកណាដែលមិនគោរពយើង យើងនឹងឈប់នឹកនាអ្នកនោះវិញដែរ។ 31 មើល គ្រាមួយនឹងមកដល់ គឺយើងនឹងធ្វើឲ្យកម្លាំងរបស់ឯង និងគ្រួសារឯងថមថយ ហើយគ្រួសាររបស់ឯងក៏ត្រូវបន្ថយអាយុផងដែរ។ 32 ឯងនឹងឃើញតែសេចក្តីទុក្ខព្រួយនៅក្នុងដំណាក់របស់យើង។ អ្វីៗដែលល្អនឹងត្រូវប្រទានឲ្យដល់កូនចៅអុីស្រាអែល ឯគ្រួសាររបស់ឯងនឹងលែងមានមនុស្សចាស់ទៀតហើយ។ 33 អស់អ្នកដែលយើងមិនបានកាត់ចេញពីអាសនារបស់យើង យើងនឹងឲ្យភ្នែករបស់គេទៅជាអន់ គេនឹងជួបតែការបាក់ទឹកចិត្តនៅក្នុងជីវិត។ ឯកូនចៅដែលកើតមកទៀតក្នុងគ្រួសាររបស់ឯងនឹងត្រូវស្លាប់។ 34 នេះជាទីសម្គាល់សម្រាប់អ្នក គឺវានឹងកើតទៅលើកូនប្រុសទាំងពីររបស់ឯង គឺហូបនី និងភីនេហាស។ ពួកគេទាំងពីរនឹងស្លាប់ក្នុងថ្ងៃតែមួយ។ 35 ឯយើង យើងនឹងលើកបូជាចារ្យដ៏ស្មោះត្រង់មួយរូបសម្រាប់យើង គេនឹងធ្វើតាមអ្វីដែលមាននៅក្នុងចិត្ត និងព្រលឹងរបស់យើង។ យើងនឹងឲ្យគ្រួសាររបស់គេរឹងមាំ ហើយគេនឹងបម្រើដល់ស្តេចដែលយើងបានតាំងឡើងជារៀងរហូត។ 36 អ្នកណាដែលនៅមានជីវិតពីក្នុងគ្រួសាររបស់ឯងនឹងមកលត់ជង្គង់នៅមុខអ្នកនោះដើម្បីសុំប្រាក់ និងអាហារពីអ្នកនោះដោយនិយាយថា៖ «សូមទុកឲ្យខ្ញុំធ្វើជាបូជាចារ្យម្នាក់ ដូច្នេះ ខ្ញុំនឹងមានអាហារបរិភោគ»។

ជំពូក ៣

1 កុមារសាំយូអែលបានបម្រើព្រះអម្ចាស់ជិតលោកអេលី។ នៅគ្រានោះ ព្រះអម្ចាស់កម្រមានព្រះបន្ទូល ហើយក៏កម្របើកឲ្យព្យាការីឃើញនិមិត្តអ្វីដែរ។ 2 ពេលនោះ ភ្នែករបស់លោកអេលីចុះអន់ថយមើលមិនច្បាស់ទេ លោកបានសម្រាកនៅលើគ្រែរបស់លោក។ 3 ចង្កៀងរបស់ព្រះជាម្ចាស់មិនទាន់រលត់នៅឡើយ ហើយកុមារសាំយូអែលកំពុងគេងនៅក្នុងព្រះវិហារនៃព្រះអម្ចាស់ ជាកន្លែងដែលបានតម្កល់ហឹបរបស់ព្រះជាម្ចាស់។ 4 ព្រះអម្ចាស់បានហៅកុមារសាំយូអែល ហើយកុមារសាំយូអែលបានតបវិញថា៖ «បាទ»។ 5 កុមារសាំយូអែលក៏បានរត់ទៅឯលោកអេលីទាំងនិយាយថា៖ «បាទ ខ្ញុំមកដល់ហើយលោកតា»។ លោកអេលីបានមានប្រសាសន៍ថា៖ «តាមិនបានហៅឯងទេ ចូរទៅគេងវិញចុះ»។ រួចកុមារសាំយូអែលបានត្រឡប់ទៅគេងវិញ។ 6 ព្រះអម្ចាស់បានហៅម្តងទៀតថា៖ «សាំយូអែល»។ កុមារសាំយូអែលក៏បានក្រោកឡើងរត់ទៅរកលោកអេលីទាំងនិយាយថា៖ «បាទលោកតា ខ្ញុំមកដល់ហើយ»។ លោកអេលីបានឆ្លើយវិញថា៖ «យើងមិនបានហៅឯងទេ កូនប្រុសអើយ ចូរទៅគេងវិញចុះ»។ 7 ពេលនោះកុមារសាំយូអែលមិនធ្លាប់ជួបព្រះអម្ចាស់ទេ ហើយក៏មិនធ្លាប់ទទួលសារអ្វីពីព្រះអម្ចាស់បើកសម្តែងដល់ខ្លួនដែរ។ 8 ព្រះអម្ចាស់បានហៅកុមារសាំយូអែលជាលើកទីបី រួចកុមារសាំយូអែលក៏បានក្រោកឡើងម្តងទៀត ហើយរត់ទៅលោកអេលីដោយនិយាយថា៖ «បាទលោកតា ខ្ញុំមកដល់ហើយ»។ នោះលោកអេលីយល់ឃើញថា គឺព្រះអម្ចាស់បានហៅក្មេងប្រុសនេះហើយ។ 9 រួចលោកអេលីបានប្រាប់កុមារសាំយូអែលថា ចូរទៅគេងវិញចុះ បើមានឮសម្លេងហៅឯងម្តងទៀត ឯងត្រូវឆ្លើយថា៖ «ព្រះអម្ចាស់អើយ សូមមានព្រះបន្ទូលមក ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គកំពុងចាំស្តាប់ហើយ»។ ដូច្នេះ កុមារសាំយូអែលក៏បានវិលទៅគេងវិញនៅកន្លែងរបស់ខ្លួន។ 10 ព្រះអម្ចាស់ក៏បានយាងមកគង់នៅទីនោះ ព្រះអង្គបានហៅដូចលើកមុនៗថា៖ «សាំយូអែល សាំយូអែលអើយ»។ នោះ កុមារសាំយូអែលបានទូលតបវិញថា៖ «សូមមានព្រះបន្ទូលមក ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គកំពុងចាំស្តាប់ហើយ»។ 11 ព្រះអម្ចាស់បានមានព្រះបន្ទូលទៅកុមារសាំយូអែលថា មើល យើងនឹងធ្វើឲ្យហេតុការណ៍ដ៏រន្ធត់មួយកើតឡើងនៅពេលដែលត្រចៀកគ្រប់គ្នាបានឮ។ 12 នៅថ្ងៃនោះ យើងនឹងប្រព្រឹត្តទាស់នឹងអេលីតាមអ្វីគ្រប់យ៉ាងដែលយើងបាននិយាយអំពីក្រុមគ្រួសាររបស់គាត់ គឺតាំងពីចាប់ផ្តើមរហូតដល់ទីបញ្ចប់។ 13 យើងធ្លាប់បានប្រាប់គាត់រួចហើយ ថាយើងនឹងជំនំុជម្រះគ្រួសាររបស់គាត់ គឺដោយសារអំពើបាបដែលគាត់បានដឹងច្បាស់រួចមកហើយ កូនប្រុសៗរបស់គាត់បាននាំបណ្តាសាមកដាក់លើខ្លួនឯង ហើយគាត់ក៏ពុំបានបញ្ឈប់ពួកគេទេ។ 14 ដោយព្រោះតែការនេះហើយ យើងបានស្បថចំពោះគ្រួសាររបស់អេលីថា បាបរបស់គ្រួសារគាត់នឹងមិនអាចអត់ឱនឲ្យដោយយញ្ញបូជា ឬដោយតង្វាយណាមួយបានឡើយ»។ 15 កុមារសាំយូអែលបានគេងលង់លក់រហូតដល់ព្រឹក បន្ទាប់មក ភ្ញាក់ឡើងកុមារបានបើកទ្វារព្រះដំណាក់របស់ព្រះអម្ចាស់។ ប៉ុន្តែកុមារសាំយូអែល ខ្លាចមិនហ៊ាននិយាយប្រាប់លោកអេលីអំពីនិមិត្តដែលបានឃើញនោះទេ។ 16 ក្រោយមក លោកអេលីបានហៅកុមារសាំយូអែលហើយសួរថា៖ «សាំយូអែល កូនអើយ»។ កុមារសាំយូអែលក៏បានតបវិញថា៖ «បាទលោកតា»។ 17 គាត់បានសួរថា៖ «តើព្រះអង្គបានមានបន្ទូលអ្វីខ្លះមកឯង? កុំលាក់បាំងនឹងតាឲ្យសោះ។ បើឯងលាក់នឹងតានូវពាក្យណាមួយដែលព្រះអង្គបានមានបន្ទូលនឹងឯង សូមឲ្យព្រះជាម្ចាស់ប្រព្រឹត្តចំពោះឯងដូច្នោះ ហើយរឹតតែលើសនោះទៀតចុះ»។ 18 កុមារសាំយូអែលបានប្រាប់គាត់គ្រប់យ៉ាង គឺមិនលាក់បាំងអ្វីឡើយ។ លោកអេលីបានមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ជាព្រះ សូមឲ្យព្រះអង្គប្រព្រឹត្តតាមតែព្រះអង្គគាប់ព្រះហប្ញទ័យចុះ»។ 19 សាំយូអែលបានចម្រើឡើង ហើយព្រះអង្គគង់ជាមួយ ទាំងធ្វើឲ្យសេចក្តីដែលបានថ្លែងទុកនោះកើតឡើងទាំងអស់។ 20 ជនជាតិអុីស្រាអែលទាំងអស់ ចាប់តាំងពីក្រុងដាន់រហូតដល់ក្រុងបៀរសេបា សុទ្ធតែបានដឹងថា សាំយូអែលគឺជាព្យាការីដែលព្រះអម្ចាស់បានរើសតាំង។ 21 ព្រះអម្ចាស់បានយាងមកនៅឯសុីឡូម្តងទៀត គឺព្រះអង្គបានសម្តែងព្រះបន្ទូលរបស់ព្រះអង្គដល់លោកសាំយូអែលនៅឯងសុីឡូនោះ។

ជំពូក ៤

1 ព្រះបន្ទូលរបស់ព្រះតាមរយៈលោកសាំយូអែលបានទៅដល់អុីស្រាអែលទាំងអស់។ គ្រានោះ អុីស្រាអែលបានចេញទៅច្បាំងនឹងពួកជនជាតិភីលីស្ទីន។ ពួកគេបានបោះជំរំទ័ពនៅឯអេបេនអេសុើរ ហើយពួកជនជាតិភីលីស្ទីនក៏បោះជំរំទ័ពនៅឯអាផេកដែរ។ 2 ពួកភីលីស្ទីនបានរៀបជួរទ័ពដើម្បីប្រយុទ្ធប្រឆាំងនឹងអុីស្រាអែល។ ការប្រយុទ្ធគ្នាក៏កើតឡើង អុីស្រាអែលបានចាញ់ទ័ពភីលីស្ទីន ហើយបានបាត់បង់ជីវិតអស់បួនពាន់នាក់នៅឯសមរភូមិ។ 3 អ្នកដែលរួចពីស្លាប់បានមកជំរំវិញ ពួកចាស់ទុំរបស់អុីស្រាអែលបាននិយាយថា «ហេតុអ្វីព្រះអម្ចាស់ធ្វើឲ្យយើងចាញ់នៅចំពោះមុខពួកភីលីស្ទីនថ្ងៃនេះ? ចូរយើងយកហឹបនៃសម្ពន្ធរបស់ព្រះអម្ចាស់ពីសុីឡូមកទីនេះ ដើម្បីឲ្យហឹបនោះនៅជាមួយពួកយើង ហើយយើងនឹងសុវត្ថិភាព រួចពីកណ្តាប់ដៃសត្រូវរបស់យើង»។ 4 ដូច្នេះ គេក៏បញ្ជូនមនុស្សទៅឯសីុឡូ ពួកគេបាននាំយកហឹបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់នៃពួកពលបរិវាដែលគង់ពីលើចេរូប៊ីន។ កូនប្រុសទាំងពីររបស់លោកអេលី គឺហូបនី និងភីនេហាស ក៏មកជាមួយហឹបនៃសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ដែរ។ 5 នៅពេលហឹបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់បានមកដល់ជំរំហើយ ទ័ពអុីស្រាអែលទាំងអស់បានស្រែកឡើងយ៉ាងខ្លាំងរហូតដល់ខ្ទរផែនដី។ 6 ពេលទ័ពភីលីស្ទីនបានឮសម្លេងស្រែកដូច្នេះ ពួកគេបាននិយាយគ្នាថា៖ «តើសម្រែករបស់ពួកសាសន៍ហេព្រេីរក្នុងជំរំនោះមានន័យដូចម្តេច»? បន្ទាប់មក ពួកគេបានដឹងថា ហឹបនៃព្រះអម្ចាស់បានមកដល់ជំរំហើយ។ 7 ពួកទ័ពភីលីស្ទីនបានភ័យខ្លាចជាខ្លាំងដោយនិយាយថា៖ «ព្រះរបស់ពួកវាបានមកដល់ជំរំហើយ»។ ខ្លះថា៖ «វេទនាហើយយើង! មិនដែលធ្លាប់មានដូច្នេះពីមុនទេ! 8 វេទនាហើយយើង! តើអ្នកណានឹងការពារពួកយើងពីអំណាចនៃព្រះដ៏ខ្លាំងក្លាទាំងនោះទៅ? ដ្បិត ព្រះទាំងនោះហើយ ដែលបានវាយប្រហារពួកអេសុីបឲ្យវិនាសដោយគ្រោះកាចផ្សេងៗនៅឯវាលរហោស្ថាន។ 9 ចូរមានកម្លាំងឡើង អូហ៎ ទ័ពភីលីស្ទីន បើមិនដូច្នោះទេ អ្នករាល់គ្នានឹងទៅជាទាសកររបស់ជនជាតិហេព្រើរ ដូចដែលពួកគេធ្លាប់ជាទាសករមិនខាន ចូររឹងប៉ឹងឡើង ហើយចេញទៅប្រយុទ្ធចុះ»។ 10 ទ័ពភីលីស្ទីនបានចេញមកប្រយុទ្ធ ហើយវាយទ័ពអុីស្រាអែលឲ្យចាញ់។ ពួកគេបានរត់បាក់ទ័ពទៅតាមផ្ទះរៀងៗខ្លួន មានទ័ពជាច្រើនទៀតត្រូវបានសម្លាប់ គឺមានទ័ពថ្មើជើងរបស់អុីស្រាអែលបីម៉ឺននាក់បានស្លាប់។ 11 ឯហឹបនៃព្រះជាម្ចាស់ក៏ត្រូវរិបអូស ហើយកូនប្រុសទាំងពីររបស់លោកអេលី គឺហូបនី និងភីនេហាស បានស្លាប់នៅទីនោះផងដែរ។ 12 មានបុរសម្នាក់ពីកុលសម្ព័ន្ធបេនយ៉ាមីនដែលរួចជីវិតពីសមរភូមិបានរត់មកដល់សុីឡូនៅថ្ងៃដដែលនោះ ទាំងសម្លៀកបំពាក់រហែកហើយក្បាលប្រលាក់។ 13 ពេលមកដល់នោះ លោកអេលីកំពុងតែអង្គុយនៅលើកៅអីរបស់លោកនៅជិតផ្លូវដើម្បីចាំមើល ពីព្រោះចិត្តរបស់គាត់អន្ទះអន្ទែងនឹងហឹបនៃព្រះជាម្ចាស់ណាស់។ ពេលបុរសនោះបានចូលដល់ទីក្រុង ក៏រៀបរាប់នូវហេតុការណ៍ ហើយអ្នកក្រុងទាំងមូលក៏បានស្រែកយំទាំងអស់គ្នា។ 14 ពេលលោកអេលីបានឮសម្រែកឡើងខ្លាំង លោកបាននិយាយថា «តើសម្រែកត្រហោយំនេះមានន័យដូចម្តេច?» បុរសនោះបានរត់ប្រញាប់មកឯលោកអេលី ដើម្បីប្រាប់គាត់។ 15 ពេលនោះលោកអេលី មានអាយុកៅសិបប្រាំបីឆ្នាំហើយ ភ្នែករបស់លោកងងឹត គាត់មើលមិនឃើញទេ។ 16 បុរសនោះបាននិយាយទៅលោកអេលីថា៖ «ខ្ញុំជាម្នាក់ដែលបានរត់រួចពីសមរភូមិ។ ខ្ញុំបានគេចរួចខ្លួននៅថ្ងៃនេះ»។ លោកអេលីបានសួរថា៖ «តើវាកើតឡើងយ៉ាងដូចម្តេច កូនប្រុសអើយ?» 17 បុរសដែលនាំដំណឹងនោះបានប្រាប់វិញថា៖ «ទ័ពអុីស្រាអែលបានរត់បាក់ទ័ពពីទ័ពភីលីស្ទីន។ ហើយថែមទាំងបានបាត់បង់ជីវិតយ៉ាងសម្បើមផង។ ឯកូនប្រុសទាំងពីររបស់លោក គឺហូបនី និងភីនេហាស ក៏បានស្លាប់ដែរ ហើយហឹបនៃព្រះជាម្ចាស់ត្រូវបានគេរិបអូសយកទៀត»។ 18 ខណៈបុរសនោះនិយាយអំពីហឹបនៃព្រះអម្ចាស់ នោះលោកអេលីក៏បានធ្លាក់ផ្ងាក្រោយពីកៅអីរបស់លោកនៅជិតក្លោងទ្វារ។ ករបស់គាត់បានបាក់ ហើយក៏ស្លាប់ ដោយព្រោះលោកចាស់ និងធ្ងន់ផង។ លោកបានដឹកនាំជនជាតិអុីស្រាអែលអស់រយៈពេលសែសិបឆ្នាំមកហើយ។ 19 ពេលនោះ កូនប្រសារស្រីរបស់លោក ដែលជាប្រពន្ធរបស់ភីនេហាសមានផ្ទៃពោះរៀបនឹងសម្រាល។ នាងបានឮដំណឹងថា ហឹបនៃព្រះជាម្ចាស់ត្រូវបានសត្រូវរឹបអូស ហើយឪពុកក្មេក និងប្តីបានស្លាប់ទៀត នោះនាងបានលុតជង្គង់ចុះរួចក៏សម្រាលកូន រូបកាយរបស់នាងមានការឈឺចាប់ក្រៃលែងនៅពេលនោះ។ 20 ខណៈនាងជិតដាច់ខ្យល់ស្លាប់ មានស្ត្រីៗមកមើល ហើយនិយាយទៅនាងថា៖ «កុំភ័យខ្លាចអ្វី ព្រោះនាងសម្រាលបានកូនប្រុសមួយហើយ»។ ប៉ុន្តែ នាងមិនបានតបតឬយកពាក្យរបស់គេនិយាយមកដាក់ក្នុងចិត្តទេ។ 21 នាងបានដាក់ឈ្មោះកូននោះថា អុីកាបុដ ដោយពោលថា៖ «សិរីរុងរឿងត្រូវបានដកចេញពីអុីស្រាអែលហើយ!» ដោយព្រោះហឹបនៃព្រះជាម្ចាស់ត្រូវគេកាន់កាប់ ដោយសារតែឪពុកក្មេក និងប្តីរបស់នាង 22 នាងបានពោលឡើងថា៖ «សិរីរុងរឿងបាន ចេញឆ្ងាយពីអុីស្រាអែល ពីព្រោះហឹបនៃព្រះជាម្ចាស់ត្រូវបានគេកាន់កាប់ហើយ»។

ជំពូក ៥

1 គ្រានោះ ពួកភីលីស្ទីនបានយកហឹបរបស់ព្រះជាម្ចាស់ទៅ ពួកគេបានយកពីអេបេនអេសុីរ ទៅដាក់នៅឯអាសដូឌ។ 2 ពួកភីលីស្ទីនបានយកហឹបរបស់ព្រះជាម្ចាស់ ទៅដាក់នៅក្នុងដំណាក់នៃព្រះដាកុនហើយដាក់នៅក្បែររូបសំណាកព្រះដាកុន។ 3 នៅព្រឹកថ្ងៃបន្ទាប់ អ្នកក្រុងអាសដូឌ បានឃើញព្រះដាកុនរលំមុខដល់ដីនៅចំពោះហឹបរបស់ព្រះអម្ចាស់។ ដូច្នេះ ពួកគេបានលើករូបព្រះដាកុនទៅដាក់កន្លែងដើមវិញ។ 4 ក៏ប៉ុន្តែ នៅព្រឹកបន្ទាប់ទៀតគេបានក្រោកឡើងពីព្រលឹម បានឃើញរូបព្រះដាកុននោះដួលមុខនឹងដីនៅចំពោះហឹបរបស់ព្រះអម្ចាស់ទៀត។ ក្បាលរបស់រូបព្រះដាកុន និងដៃទាំងពីរបានដាច់ចេញពីខ្លួននៅឯមាត់ទ្វារដំណាក់នោះ គឺនៅសល់តែដងខ្លួនរូបព្រះដាកុនប៉ុណ្ណោះ។ 5 ហេតុនេះហើយ មកទល់ថ្ងៃនេះពួកបូជាចារ្យ និងអស់អ្នកដែលមកដំណាក់នៃព្រះដាកុនមិនដើរជាន់លើមាត់ទ្វារដំណាក់របស់ព្រះដាកុននៅក្រុងអាសដូឌទេ។ 6 ព្រះហស្តរបស់ព្រះអម្ចាស់បានប្រហារអ្នកក្រុងអាសដូឌ។ ព្រះអង្គបានធ្វើឲ្យពួកគេអន្តរាយដោយដុះដុំសាច់ចំពោះអ្នកក្រុងអាសដូឌ និងអស់អ្នកដែលនៅតំបន់ជិតៗនោះ។ 7 ពួកអ្នកក្រុងអាសដូឌបានយល់ឃើញអំពីអ្វីដែលកំពុងកើតឡើង ដោយពួកគេនិយាយថា៖ «ហឹបរបស់ព្រះជាម្ចាស់នៃជនជាតិអីុស្រាអែលមិនត្រូវនៅជាមួយពួកយើងទេ ពីព្រោះព្រះហស្តរបស់ព្រះអង្គបានប្រហារយើង និងប្រឆាំងព្រះដាកុនរបស់យើងធ្ងន់ធ្ងរណាស់»។ 8 ដូច្នេះ ពួកគេបានអញ្ជើញអ្នកដឹកនាំភីលីស្ទីនទាំងអស់មកជួបជុំគ្នា ដោយចោទសួរទៅកាន់អ្នកដឹកនាំទាំងនោះថា៖ «តើយើងត្រូវធ្វើដូចម្តេចជាមួយនឹងហឹបនៃព្រះរបស់ជនជាតិអុីស្រាអែល?» ក្រុមអ្នកដឹកនាំទាំងនោះឆ្លើយថា៖ «ចូរយកហឹបនៃព្រះរបស់ជនជាតិអុីស្រាអែលនោះទៅដាក់នៅក្រុងកាដវិញ»។ ពួកគេក៏សែងហឹបរបស់ព្រះជាម្ចាស់របស់ជនជាតិអុីស្រាអែលត្រឡប់ទៅទីនោះ។ 9 កាលពួកគេបានយកទៅទីនោះហើយ ព្រះហស្តនៃព្រះអម្ចាស់ក៏នៅតែធ្វើឲ្យអ្នកក្រុងនោះអន្តរាយ គឺធ្វើឲ្យមានការភាន់ច្រឡំយ៉ាងខ្លាំងចំពោះអ្នកក្រុងនោះ។ ព្រះអង្គបង្កឲ្យអ្នកក្រុងនោះ ទាំងតូចទាំងធំកើតដុំសាច់លើពួកគេ។ 10 បន្ទាប់មក ពួកគេបានបញ្ជូនហឹបរបស់ព្រះជាម្ចាស់ទៅឯក្រុងអេក្រូន។ ប៉ុន្តែ ពេលហឹបរបស់ព្រះជាម្ចាស់មកដល់ក្រុងអេក្រូន នោះអ្នកក្រុងបានស្រែកឆោឡោថា៖ «គេបានយកហឹបរបស់ព្រះជាម្ចាស់របស់ជនជាតិអុីស្រាអែលមកដល់យើងហើយ ដើម្បីសម្លាប់យើង និងប្រជាជននៅទីនេះ»។ 11 ក្រោយមក ពួកគេបានអញ្ជើញពួកអ្នកដឹកនាំក្នុងស្រុកភីលីស្ទីនមកជុំគ្នា ហើយនិយាយទៅកាន់ពួកនោះថា៖ «ចូរបញ្ជូនហឹបនៃព្រះរបស់ជនជាតិអុីស្រាអែលចេញ ត្រូវឲ្យហឹបនេះត្រឡប់ទៅកន្លែងដើមវិញ ធ្វើដូច្នេះពួកយើង និងប្រជាជនរបស់យើងនឹងមិនស្លាប់ទេ»។ ដោយហេតុ ភាពជ្រួលច្របល់ស្លន់ស្លោផ្ទុះឡើងតាមទីក្រុង ប្ញទ្ធានុភាពនៃព្រះនេះធ្ងន់ធ្ងរពេកហើយ។ 12 អស់អ្នកដែលរួចពីស្លាប់ ត្រូវកើតដុំសាច់ ហើយសម្រែករបស់អ្នកក្រុងបានលាន់ឮដល់មេឃ។

ជំពូក ៦

1 គ្រានោះហឹបរបស់ព្រះអម្ចាស់ស្ថិតនៅលើទឹកដីភីលីស្ទីនអស់រយៈពេលប្រាំពីរខែ។ 2 ក្រោយមកពួកភីលីស្ទីនបានអញ្ជើញពួកបូជាចារ្យ និងពួកគ្រូទាយមក​​ហើយសួរថា៖ «តើយើងត្រូវប្រព្រឹត្តដូចម្តេចចំពោះហឹបរបស់ព្រះអម្ចាស់នេះ? សូមប្រាប់ពួកយើងនូវរបៀបបញ្ជូនហឹបនេះទៅកន្លែងដើមវិញយ៉ាងដូចម្តេច?» 3 ពួកបូជាចារ្យ និងគ្រូទាយបានឆ្លើយថា «បើអស់លោកបញ្ជូនហឹបរបស់ព្រះជាម្ចាស់របស់អុីស្រាអែលត្រឡប់ទៅវិញ កុំបញ្ជូនទៅដោយគ្មានតង្វាយឲ្យសោះ គឺត្រូវមានទាំងតង្វាយទទួលកំហុសដល់ព្រះអង្គទៅជាមួយដែរ។ នោះអស់លោកនឹងបានជាស្បើយពីគ្រោះកាច ហើយមុខជាដឹងថា មូលហេតុអ្វីបានជាព្រះហស្តរបស់ព្រះអង្គមិនដកចេញពីអស់លោករហូតមកដល់ពេលនេះ»។ 4 ពួកគេបានសួរតបវិញថា៖ «តើអ្វីទៅជាដង្វាយទទួលកំហុសដែលយើងត្រូវថ្វាយត្រឡប់ទៅព្រះអង្គវិញ?»។ ពួកគ្រូឆ្លើយថា៖ «ចូរធ្វើដុំសាច់មាសប្រាំដុំ កណ្តុរមាសប្រាំ លេខប្រាំនេះជាតំណាងឲ្យមេដឹកនាំនៃជនជាតិភីលីស្ទីនទាំងប្រាំរូប។ ដ្បិត ទាំងមេដឹកនាំ ទាំងពួកអស់លោកសុទ្ធបានរងគ្រោះកាចដូចគ្នា។ 5 អស់លោកត្រូវធ្វើគំរូដុំសាច់ និងកណ្តុរដែលរាតត្បាតក្នុងស្រុក ហើយថ្វាយសេរីល្អដល់ព្រះនៃជនជាតិអុីស្រាអែល។ ធ្វើដូច្នេះ ប្រហែលជាព្រះអង្គដកព្រះហស្តចេញពីព្រះ ពីស្រុក និងពីអស់លោក។ 6 ហេតុអ្វីបានជាអស់លោកធ្វើចិត្តរឹងរូសដូចជាជនជាតិអេសុីប និងស្តេចផារ៉ោនដែលបានធ្វើចិត្តរឹងរូសដូច្នេះ? ធ្វើដូច្នោះហើយ ដែលព្រះជាម្ចាស់នៃជនជាតិអុីស្រាអែលបានប្រព្រឹត្តចំពោះពួកគេយ៉ាងធ្ងន់ធ្ងរបែបនោះ។ តើមិនមែនជនជាតិអេសុី​បអនុញ្ញាតឲ្យពួកគេចាកចេញ ហើយពួកគេបានចាកចេញទៅទេឬអី? 7 ពេលនេះ ចូររៀបចំរទេះថ្មីមួយជាមួយ ហើយមេគោពីរក្បាលដែលនៅបំបៅកូន ជាគោមិនធ្លាប់ទឹមសោះ។ ចងគោនោះទឹមនឹងរទេះ ឯកូនរបស់វាត្រូវយកទៅក្រោលចេញពីមេដែលទឹមនោះ។ 8 រួចយកហឹបរបស់ព្រះអម្ចាស់មកដាក់លើរទេះនោះ។ ដាក់រូបដែលធ្វើពីមាសទាំងនោះ ដែលត្រូវបញ្ជូនទៅថ្វាយព្រះអង្គជាតង្វាយដឹងកំហុសនៅក្នុងប្រអប់មួយហើយដាក់ទៅម្ខាង។ បន្ទាប់មក ចូរបណ្តាយឲ្យវាចេញទៅដោយខ្លួនវាចុះ។ 9 ឯអស់លោក ចូរឃ្លាំមើល បើរទេះនោះតម្រង់ទៅឯបេតសេ‌ម៉េសដោយខ្លួនវា នោះមានន័យថា គឺព្រះអម្ចាស់ហើយដែលបានវាយប្រហារឲ្យមានមហន្តរាយដ៏សម្បើមនេះ។ ប៉ុន្តែ បើមិនដូច្នោះទេ គឺមិនមែនព្រះអង្គទេដែលវាយប្រហារពួកយើង តែគ្រោះកាចនោះបានកើតឡើងលើពួកយើងដោយឯកឯងវិញ»។ 10 ពួកគេបានធ្វើតាមអ្វីដែលបានបង្គាប់ ពួកគេបានយកមេគោដែលកំពុងបំបៅកូនដាក់ទឹមនឹងរទេះ ហើយយកូនវាទៅឯក្រោល។ 11 ពួកគេបានដាក់ហឹបរបស់ព្រះអម្ចាស់នៅលើរទេះ ជាមួយនឹងប្រអប់ដែលដាក់កណ្តុរមាស និងដុំសាច់មាសក្នុងនោះដែរ។ 12 គោបានតម្រង់ទៅឯបេតសេម៉េស។ គោបានដើរលើផ្លូវ ដើរទៅយឺតៗដោយមិនងាកទៅស្តាំ ឬទៅឆ្វេងឡើយ។ ពួកអ្នកដឹកនាំភីលីស្ទីនបានដើរតាមក្រោយរទេះទៅព្រំប្រទល់របស់បេតសេម៉េស។ 13 ខណៈនោះអ្នកនៅបេតសេម៉េសកំពុងប្រមូលផលស្រូវរបស់ពួកគេនៅជ្រលងភ្នំ។ ពេលពួកគេបានឃើញហឹបដូច្នេះ ពួកគេមានអំណរជាខ្លាំង។ 14 រទេះបានមកចម្ការរបស់លោកយ៉ូស្វេជាអ្នករស់នៅបេតសេម៉េស ហើយឈប់ទីនោះ។ នៅទីនោះមានផ្ទាំងថ្មធំមួយ ពួកគេបានដោះឈើរទេះនោះ ព្រមទាំងយកមេគោទាំងពីរនោះថ្វាយជាតង្វាយដុតដល់ព្រះអម្ចាស់ផង។ 15 ពួកលេវីបានយកហឹបរបស់ព្រះអម្ចាស់ និងប្រអប់ដែលដាក់កណ្តុរមាស និងដុំសាច់មាស ហើយដាក់នៅលើផ្ទាំងថ្មដ៏ធំនោះ។ ឯអ្នករស់នៅបេតសេម៉េសក៏បានថ្វាយតង្វាយដុត និងធ្វើយញ្ញបូជាក្នុងថ្ងៃតែមួយនោះផងដែរ។ 16 នៅពេលអ្នកដឹកនាំទាំងប្រាំរូបរបស់ពួកភីលីស្ទីនបានឃើញដូច្នេះ ពួកគេក៏បានវិលត្រឡប់ទៅឯក្រុងអេក្រូនវិញនៅថ្ងៃដដែរ។ 17 ទាំងនេះគឺជារូបដុំសាច់មាសដែលពួកភីលីស្ទីនដាក់មកជាមួយ ជាតង្វាយលុបលាងកំហុសដល់ព្រះអម្ចាស់៖ មួយសម្រាប់ក្រុងអាដូឌ មួយសម្រាប់ក្រុងកាសា មួយសម្រាប់ក្រុងអាសកាឡូន មួយសម្រាប់ក្រុងកាដ និងមួយទៀតសម្រាប់ក្រុងអេក្រូនផងដែរ។ 18 ឯកណ្តុរមាសទាំងប្រាំ ក៏ដូចជាចំនួននៃទីក្រុងទាំងប្រាំរបស់ស្រុកភីលីស្ទីនដែលស្ថិតនៅក្រោមការដឹកនាំនៃអ្នកដឹកនាំទាំងប្រាំរូបនោះដែរ គឺទាំងក្រុងដែលរឹងមាំ និងទាំងភូមិតូចៗ។ គេបានយកហឹបរបស់ព្រះអម្ចាស់ ទៅដាក់នៅជិតផ្ទាំងថ្មដ៏ធំសម្បើមនោះ ហើយថ្មនោះគឺជាបន្ទាល់អំពីហឹបនៅក្នុងចម្ការរបស់លោកយ៉ូស្វេ អ្នកបេតសេម៉េសរហូតដល់សព្វថ្ងៃនេះ។ 19 ព្រះអម្ចាស់បានប្រហារមនុស្សដែលរស់នៅបេតសេម៉េស ដោយសារតែពួកគេបានសម្លឹងមើលហឹបរបស់ព្រះអម្ចាស់។ ព្រះអង្គបានប្រហារពួកគេឲ្យស្លាប់ ៥០, ០៧០នាក់។ ពួកគេបានយំសោក ដោយពួកគេត្រូវបានព្រះអម្ចាស់ដាក់ទោស។ 20 អ្នករស់នៅបេតសេម៉េសខ្លះបាននិយាយថា៖ «តើមាននរណាអាចឈរនៅចំពោះព្រះអម្ចាស់បាន ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ? តើអ្នកណានឹងយកហឹបទៅឆ្ងាយពីយើងបាន?» 21 ពួកគេបានបញ្ជូនអ្នកនាំសារទៅឯអ្នកស្រុកគារយ៉ាតយ៉ារីម ដោយនិយាយថា៖ «ពួកភីលីស្ទីបានបញ្ជូនហឹបនៃព្រះអម្ចាស់មកវិញហើយ សូមអស់លោកអញ្ជើញមកយកទៅជាមួយអស់លោកវិញចុះ»។

ជំពូក ៧

1 អ្នកស្រុកគារយ៉ាតយ៉ារីមបានចុះមក ហើយយកហឹបរបស់ព្រះអម្ចាស់ ទៅឯផ្ទះរបស់លោកអប៊ីណាដាប់ នៅលើទួល។ ពួកគេបានជ្រើសរើសកូនប្រុសរបស់លោក គឺអេឡាសារ ឲ្យមើលថែហឹបរបស់ព្រះអម្ចាស់។ 2 ហឹបត្រូវបានទុកនៅឯគារយ៉ាតយ៉ារីមជាយូ គឺប្រហែលជាម្ភៃឆ្នាំ។ ឯពួកកូនចៅអុីស្រាអែលបានស្រែកអង្វរទៅរកព្រះអម្ចាស់វិញ។ 3 លោកសាំយូអែលបានមានប្រសាសន៍ទៅជនជាតិអុីស្រាអែលទាំងមូលថា៖ «បើអ្នករាល់គ្នាវិលមករកព្រះអម្ចាស់វិញឲ្យអស់ពីចិត្ត គឺត្រូវរើរូបព្រះនៃសាសន៍ដទៃ និងព្រះអាស្តារ៉ូតចេញពីចំណោមអ្នករាល់គ្នា ហើយបែរចិត្តរបស់អ្នករាល់គ្នាមករកព្រះអម្ចាស់ និងថ្វាយបង្គំព្រះអង្គតែមួយព្រះអង្គវិញ នោះព្រះអង្គនឹងសង្គ្រោះអ្នករាល់គ្នាពីកណ្តាប់ដៃពួកភីលីស្ទីនមិនខាន»។ 4 បន្ទាប់មក ពួកជនជាតិអុីស្រាអែលបានរើព្រះបាល និងព្រះអាស្តារ៉ូតចេញ ហើយបែរមកថ្វាយបង្គំព្រះអម្ចាស់តែមួយព្រះអង្គវិញ។ 5 លោកសាំយូអែលបានមានប្រសាសន៍ថា៖ «ចូរប្រមូលជនជាតិអុីស្រាអែលទាំងអស់មកមីសប៉ា ខ្ញុំនឹងទូលអង្វរដល់ព្រះអម្ចាស់សម្រាប់អ្នករាល់គ្នា»។ 6 ពួកគេបានប្រមូលគ្នីគ្នានៅឯមីសប៉ា និងបានយកទឹកមកចាក់នៅចំពោះព្រះអម្ចាស់។ នៅថ្ងៃនោះ ពួកគេនាំគ្នាតមអាហារ ហើយសារភាពថា៖ «ទូលបង្គំយើងខ្ញុំបានប្រព្រឹត្តបាបទាស់នឹងព្រះអម្ចាស់ហើយ»។ នៅទីនោះហើយ ដែលលោកសាំយូអែលបានដោះស្រាយវិវាទឲ្យ ហើយដឹកនាំរបស់ប្រជាជនអុីស្រាអែល។ 7 នៅពេលនោះ ពួកភីលីស្ទីនបានឮថា ប្រជាជនអុីស្រាអែលបានមកប្រមូលគ្នានៅឯមីសប៉ា នោះអ្នកដឹកនាំភីលីស្ទីនក៏បានវាយប្រហារអុីស្រាអែល។ ពេលប្រជាជនអុីស្រាអែលបានឮដូច្នេះ ពួកគេភ័យខ្លាចដល់ពួកភីលីស្ទីន។ 8 បន្ទាប់មក ពួកគេបាននិយាយទៅលោកសាំយូអែលថា៖ «សូមកុំបញ្ឈប់ការស្រែករកព្រះអម្ចាស់ជាព្រះរបស់យើងជំនួសពួកយើងឲ្យសោះ នោះព្រះអង្គនឹងសង្គ្រោះពួកយើងពីដៃរបស់ពួកភីលីស្ទីនមិនខាន»។ 9 លោកសាំយូអែលក៏បានយកកូនចៀមដែលកំពុងនៅបៅមកថ្វាយជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់។ រួចលោកបានស្រែកអង្វរព្រះអម្ចាស់សម្រាប់ជនជាតិអុីស្រាអែល ហើយព្រះអម្ចាស់ក៏បានឆ្លើយតបមកវិញផងដែរ។ 10 ខណៈលោកសាំយូអែលកំពុងថ្វាយតង្វាយដុត ពួកទ័​ពភីលីស្ទីនបានចូលមកដល់វាយជនជាតិអុីស្រាអែល។ ប៉ុន្តែ ព្រះអម្ចាស់បានបញ្ជាឲ្យកើតមានផ្គរលាន់ឮឡើងនៅថ្ងៃនោះប្រឆាំងនឹងពួកភីលីស្ទីនវិញ ជាហេតុធ្វើឲ្យពួកគេមានការភាន់ច្រឡំ ហើយក៏បានបាក់ទ័ពនៅចំពោះមុខជនជាតិអុីស្រាអែល។ 11 ទ័ពអុីស្រាអែលក៏បានចេញពីមីសប៉ា តាមសម្លាប់ពួកភីលីស្ទីនទៅដល់បេតកា។ 12 ក្រោយមក លោកសាំយូអែលបានយកថ្មមួយមកដាក់ចន្លោះមីសប៉ា និងសេន។ លោកបានដាក់ឈ្មោះកន្លែងនោះថា អេបេន អេសុើរ ដោយថ្លែងថា៖ «មកទល់ពេលនេះ ព្រះអម្ចាស់នៅតែជួយយើង»។ 13 ដូច្នេះ ពួកភីលីស្ទីនបានបញ្ឈប់ការឈ្លានពាន ហើយលែងចូលរាតត្បាតដល់ព្រំប្រទល់អុីស្រាអែលទៀតដែរ។ ព្រះហស្តរបស់ព្រះអម្ចាស់បានប្រឆាំងនឹងពួកភីលីស្ទីនរហូតអស់មួយជីវិតរបស់លោកសាំយូអែល។ 14 តំបន់ទាំងប៉ុន្មានដែលពួកភីលីស្ទីនបានវាទយកពីអុីស្រាអែលក៏ត្រូវបានមកអុីស្រាអែលវិញ គឺចាប់ពីក្រុងអេក្រុនមកដល់កាថ នោះគឺជាតំបន់ដែលបានយកមកកាន់កាប់វិញពីពួកភីលីស្ទីន។ ក្រោយនោះមក មានសុខសន្តិភាពរវាង ជនជាតិអុីស្រាអែល និងជនជាតិអាម៉ូរី។ 15 លោកសាំយូអែលបានរកខុសត្រូវឲ្យជនជាតិអុីស្រាអែលអស់មួយជីវិតរបស់លោក។ 16 រៀងរាល់ឆ្នាំ លោកបានធ្វើដំណើរទៅបេតអែល ទៅគីលកាល់ និងទៅមីសប៉ា។ លោកបានកាត់ក្តីឲ្យជនជាតិអុីស្រាអែលនៅតំបន់ទាំងអស់នេះ។ 17 ក្រោយមកលោកបានត្រឡប់ទៅរ៉ាម៉ាវិញ ពីព្រោះផ្ទះរបស់លោកនៅទីនោះ ហើយលោកក៏ជម្រះក្តីឲ្យកូនចៅអុីស្រាអែលនៅទីនោះផងដែរ លោកថែមទាំងបានសង់អាសនាមួយថ្វាយដល់ព្រះអម្ចាស់ទៀតផង។

ជំពូក ៨

1 នៅពេលលោកសាំយូអែលមានវ័យចាស់បន្តិច លោកបានតាំងឲ្យកូនប្រុសៗរបស់លោកជម្រះក្តីឲ្យជនជាតិអុីស្រាអែល។ 2 កូនប្រុសទីមួយរបស់លោកឈ្មោះ យ៉ូអែល ទីពីរឈ្មោះ អប៊ីយ៉ា។ ពួកគេទាំងពីរគឺជាចៅហ្វាយនៅឯបៀរសេបា។ 3 ប៉ុន្តែ កូនប្រុសរបស់លោក ពុំបានដើរក្នុងផ្លូវរបស់លោកទេ ផ្ទុយទៅវិញអ្នកទាំងពីរគិតពីចង់បាន។ ពួកគេទាំងពីរបានទទួលសំណូក ហើយកាត់ក្តីដោយអយុត្តិធម៌។ 4 ក្រោយមក ពួកចាស់ទុំអុីស្រាអែលបានប្រមូលគ្នា ហើយទៅឯលោកសាំយូអែលនៅរ៉ាម៉ា។ 5 ពួកគេបាននិយាយទៅលោកថា៖ «មើល លោកមានវ័យចាស់ហើយ ហើយកូនប្រុសៗរបស់លោកមិនដើរតាមផ្លូវរបស់លោកទេ។ ដូច្នេះ សូមជ្រើសរើសស្តេចមួយអង្គមក សម្រាប់ដឹកនាំពួកយើងខ្ញុំដូចជាប្រជាជាតិនានាផងដែរ»។ 6 ប៉ុន្តែ លោកសាំយូអែលមិនសប្បាយចិត្តពេលពួកគេនិយាយថា៖ «សូមជ្រើសរើសស្តេចមួយអង្គមក សម្រាប់ដឹកនាំពួកយើងខ្ញុំ»។ ដូច្នេះហើយ ទើបលោកសាំយូអែលទូលអង្វររកព្រះអម្ចាស់។ 7 ព្រះអម្ចាស់បានមានព្រះបន្ទូលមកលោកសាំយូអែលថា៖ «ចូរធ្វើតាមអ្វីៗគ្រប់យ៉ាងដែលពួកគេសុំអ្នកចុះ ពួកគេពុំបានបដិសេធអ្នកចោលទេ គឺពួកគេបដិសេធយើងជាមហាក្សត្រដឹកនាំពួកគេទេតើ។ 8 ពួកគេកំពុងប្រព្រឹត្តនៅពេលនេះ ដូចពួកគេបានប្រព្រឹត្តតាំងពីថ្ងៃដែលយើងបាននាំពួកគេចេញពីស្រុកអេសុីបដែរ គឺបោះបង់យើង ហើយទៅបំរើព្រះដទៃវិញ ដូច្នេះ ពួកគេក៏ប្រព្រឹត្តដូច្នោះដែរ។ 9 ចូរស្តាប់តាមពួកគេចុះ ប៉ុន្តែ ត្រូវព្រមានពួកគេឲ្យច្បាស់ ហើយឲ្យពួកគេដឹងថា ស្តេចនឹងត្រួតត្រាលើពួកគេ»។ 10 ដូច្នេះ លោកសាំយូអែលក៏ប្រាប់នូវព្រះបន្ទូលទាំងអស់របស់ព្រះអម្ចាស់ដល់ពួកអ្នកដែលសុំចង់បានស្តេចនោះ។ 11 លោកបានមានប្រសាសន៍ថា៖ «ស្តេចដែលនឹងសោយរាជ្យលើអ្នករាល់គ្នានឹងប្រព្រឹត្តដូច្នេះ ចំពោះអ្នករាល់គ្នា គឺស្តេចនឹងយកកូនប្រុសៗរបស់អ្នករាល់គ្នាឲ្យធ្វើជាទាហានសេះ និងអ្នកបររទេសចម្បាំងរបស់ស្តេច និងខ្លះជាទាហានផងដែរ។ 12 ស្តេចនឹងតាំងឲ្យមានមេបញ្ជាការលើទាហានរាប់ពាន់នាក់ និងមេបញ្ជាការលើហាសិបនាក់ផងដែរ។ ស្តេចនឹងចាត់អ្នកខ្លះឲ្យព្យួរដីស្រែរបស់ស្តេច ខ្លះឲ្យច្រូតកាត់ចម្រូតរបស់ស្តេច ខ្លះធ្វើអាវុធសម្រាប់សង្គ្រាម និងគ្រឿងបំពាក់រទេះចម្បាំង។ 13 ស្តេចនឹងយកកូនស្រីៗរបស់អ្នករាល់គ្នា ឲ្យផលិតទឹកអប់ ខ្លះចម្អិនម្ហូប និងខ្លះទៀតជាអ្នកដុតនំបុ័ង។ 14 ស្តេចនឹងយកអ្វីៗដែលល្អបំផុតពីស្រែ ពីចម្ការទំពាំងបាយជូរ ពីចម្ការអូលីវរបស់អ្នករាល់គ្នា ឲ្យទៅមន្ត្រីជារាជ្យបម្រើស្តេច។ 15 ស្តេចនេះយកមួយភាគដប់នៃផលដំណាំ ពីទំពាំងបាយជូររបស់អ្នករាល់គ្នាទៅឲ្យមន្ត្រី និងរាជ្យបម្រើរបស់ស្តេចទៀតផង។ 16 ស្តេចក៏នឹងយកបាវប្រុសស្រី និងបុរសដែលពេញកម្លាំងខ្លាំងបំផុតរបស់អ្នករាល់គ្នា ថែមទាំងយកលារបស់អ្នករាល់គ្នាឲ្យមកធ្វើការឲ្យស្តេច។ 17 ស្តេចនឹងយកមួយភាគដប់នៃពីហ្វូងសត្វ ហើយឯអ្នករាល់គ្នាធ្វើជាទាសកររបស់ស្តេចផងដែរ។ 18 ពេលថ្ងៃនោះមកដល់ អ្នករាល់គ្នានឹងស្រែកអង្វររកជំនួយព្រះអម្ចាស់ដោយសារស្តេចដែលអ្នករាល់គ្នាបានជ្រើសតាំងសម្រាប់ខ្លួនឯង ប៉ុន្តែ ព្រះអម្ចាស់នឹងមិនឆ្លើយតបនឹងអ្នករាល់គ្នាឡើយនៅថ្ងៃនោះឡើយ។ 19 ទោះយ៉ាងនោះក្តី ប្រជាជនមិនស្តាប់លោកសាំយូអែលទេ ពួកគេបាននិយាយថា៖ «ទេ! យើងត្រូវតែមានស្តេចមួយអង្គ 20 ធ្វើដូច្នេះ ពួកយើងនឹងបានដូចជាប្រជាជាតិនានាដែរ ហើយស្តេចនឹងដឹកនាំរកខុសត្រូវជូនពួកយើង ព្រមទាំងនាំមុខពួកយើងទៅច្បាំងនោះសមរភូមិផង»។ 21 ពេលលោកសាំយូអែលបានឮសំដីរបស់ប្រជាជន លោកក៏បានទូលទៅព្រះអម្ចាស់ម្តងទៀត។ 22 ព្រះអម្ចាស់បានតបទៅលោកសាំយូអែលវិញថា៖ «ចូរធ្វើតាមសម្តីពួកគេចុះ ចូររកមើលម្នាក់ឲ្យធ្វើជាស្តេចសម្រាប់ពួកគេទៅ»។ បន្ទាប់មក លោកសាំយូអែលក៏ប្រាប់ឲ្យប្រជាជនអុីស្រាអែលថា៖ «ចូរអ្នករាល់គ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញសិនចុះ»។

ជំពូក ៩

1 មានបុរសម្នាក់ពីកុលសម្ព័ន្ធបេនយ៉ាមីន ជាអ្នកមានឥទ្ធិពល គាត់ឈ្មោះថា គីស ជាកូនប្រុសរបស់លោកអបៀល ជាចៅរបស់លោកសេរោ និងជាចៅទួតរបស់លោកបេកូរ៉ា ហើយត្រូវជាចៅទួតរបស់លោកអភីយ៉ា ជាអ្នកក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។ 2 គាត់មានកូនប្រុសម្នាក់ឈ្មោះ សូល ជាបុរសមានរាងសង្ហា។ គ្មានបុរសណាក្នុងចំណោមប្រជាជនអុីស្រាអែលដែលសង្ហាជាងបុរសម្នាក់នោះឡើយ។ ពីស្មាឡើងលើ ជាមនុស្សដែលមានមាឌធំខ្ពស់ជាងអ្នកផ្សេងទាំងអស់។ 3 ពេលនោះ លារបស់លោកគីស ជាឪពុករបស់លោកសូលបានវង្វេង។ ដូច្នេះ លោកគីស បានប្រាប់ឲ្យកូនប្រុស គឺសូល ថា៖ «ចូរយកបាវម្នាក់ទៅជាមួយកូន ហើយក្រោកឡើងចេញទៅរកលាដែលវង្វេងបាត់នោះ»។ 4 លោកសូលបានធ្វើដំណើរដល់ភ្នំអេប្រាអុីម ហើយបានឆ្លងកាត់ស្រុកសាលីសា ប៉ុន្តែ មិនឃើញលាទាំងនោះទេ។ បន្ទាប់មក ក៏ឆ្លងកាត់ស្រុកសាលីម ក៏នៅតែមិនឃើញ។ ពេលបានឆ្លងកាត់ស្រុកបេនយ៉ាមីន ក៏ពុំមានដំណឹងអ្វីដែរ។ 5 ពេលបានមកដល់ទឹកដីស៊ូភ លោកសូលបានមានប្រសាសន៍ទៅបាវរបស់គាត់ដែលមកជាមួយថា៖ «តោះ យើងត្រឡប់ទៅវិញ ក្រែងឪពុកខ្ញុំលែងខ្វល់ខ្វាយនឹងលាទាំងនោះ ហើយបែរជាមកព្រួយបារម្ភពីយើងវិញ»។ 6 ប៉ុន្តែ បាវនោះបាននិយាយមកលោកវិញថា៖ «សូមស្តាប់ខ្ញុំសិន មានអ្នកជំនិតរបស់ព្រះជាម្ចាស់ម្នាក់រស់នៅក្នុងក្រុងនេះ។ គាត់ជាមនុស្សដែលគេគោរព ហើយអ្វីៗដែលលោកបាននិយាយសុទ្ធតែកើតឡើង។ តោះយើងគួរទៅទីនោះ ប្រហែលជាគាត់អាចប្រាប់យើងនូវផ្លូវណាដែលយើងគួរទៅ»។ 7 នោះលោកសូលក៏តបទៅបាវវិញថា៖ «បើយើងទៅ តើយើងមានអ្វីទៅជូនលោកនោះ? ព្រោះនំបុ័ងក៏អស់ពីថង់ ហើយយើងក៏គ្មានអំណោយអ្វីជូនអ្នកជំនិតរបស់ព្រះជាម្ចាស់ដែរ។ តើយើងមានអ្វី?» 8 បាវបានតបលោកសូលវិញថា៖ «នេះនែ៎ ខ្ញុំមានប្រាក់មួយកាក់ដែលអាចយកជូនអ្នកជំនិតរបស់ព្រះជាម្ចាស់បាន ដើម្បីសុំឲ្យគាត់ប្រាប់យើងនូវផ្លូវដែលយើងត្រូវទៅ»។ 9 (នៅក្នុងស្រុកអុីស្រាអែលកាលពីមុន នៅពេលនរណាម្នាក់ចង់ស្វែងរកព្រះហប្ញទ័យនៃព្រះជាម្ចាស់ អ្នកនោះនិយាយថា៖ «មក ចូរយើងទៅរកគ្រូទាយ»។ ដោយព្រោះព្យាការីសព្វថ្ងៃនេះ អ្នកពីមុនហៅថាជា គ្រូទាយ)។ 10 នោះលោកសូលបានមានប្រសាសន៍ទៅបាវថា៖ «និយាយល្អណាស់ តោះយើងចេញទៅ»។ ដូច្នេះ ពួកគេចេញដំណើរទៅក្រុងដែលអ្នកជំនិតរបស់ព្រះជាម្ចាស់ធ្លាប់រស់នៅ។ 11 ពេលទៅដល់ទីទួលនៃក្រុង ពួកគេឃើញនារីក្មេងៗកំពុងចេញមកដងទឹក លោកសូលនិងបាវបាននិយាយទៅពួកនាងថា៖ «តើមានគ្រូទាយនៅទីនេះឬទេ?» 12 ពួកនាងបានឆ្លើយថា៖ «ចា៎ មើល គាត់នៅនឹងមុខលោកស្រាប់ហើយ។ ចូរទៅប្រញាប់ ពីព្រោះគាត់កំពុងមកទីក្រុងថ្ងៃនេះហើយ ដោយប្រជាជនត្រូវថ្វាយយញ្ញបូជានៅលើទីទួលខ្ពស់ថ្ងៃនេះដែរ។ 13 ពេលលោកចូលដល់ក្រុង លោកនឹងឃើញគាត់ មុនពេលគាត់ឡើងទៅទទួលទានអាហារនៅទីទួលខ្ពស់នោះ។ ប្រជាជនមិនបរិភោគអ្វីទាំងអស់ទាល់តែលោកមកសិន ពីព្រោះគាត់ជាអ្នកថ្វាយយញ្ញបូជានោះ ក្រោយមកអ្នកដែលត្រូវបានអញ្ជើញអាចបរិភោគបាន។ ចូរចេញទៅចុះ នោះអស់លោកនឹងឃើញគាត់មិនខាន»។ 14 ឮដូច្នេះពួកគេបានចេញដំណើរទៅឯទីក្រុង ពេលចូលដល់ក្រុង ពួកគេបានឃើញលោកសាំយូអែលដើរតម្រង់មកពួកគេ ទៅឯទីទួលខ្ពស់នោះ។ 15 ពេលវេលារបស់លោកសូលបានមកដល់ ព្រះអម្ចាស់បានបើកសម្តែងដល់លោកសាំយូអែលដូចតទៅថា៖ 16 «ស្អែកពេលថ្មើនេះ យើងនឹងបញ្ជូនបុរសម្នាក់ពីទឹកដីបេនយ៉ាមីនមកឯអ្នក ហើយអ្នកនឹងចាក់ប្រេងតាំងបុរសនោះឲ្យធ្វើជាស្តេចលើប្រជាជនអុីស្រាអែល។ បុរសនេះនឹងរំដោះប្រជាជនរបស់យើងពីដៃរបស់ពួកភីលីស្ទីន។ ពីព្រោះយើងបានមើលឃើញ ហើយអាណិតដល់ប្រជាជនរបស់យើង ដោយសម្លេងទូលអង្វររបស់ពួកគេរកជំនួយបានមកដល់យើង»។ 17 ពេលលោកសាំយូអែលបានឃើញលោកសូល ព្រះអម្ចាស់បានប្រាប់គាត់ថា៖ «គឺបុរសនេះហើយដែលយើងបានប្រាប់អ្នក! បុរសនេះនឹងដឹកនាំប្រជាជនរបស់យើង»។ 18 បន្ទាប់មក លោកសូលបានចូលមកជិតលោកសាំយូអែលនៅឯខ្លោងទ្វារ ហើយបានមានប្រសាសន៍ថា៖ «សូមលោកប្រាប់ខ្ញុំពីផ្ទះគ្រូទាយផង តើនៅទីណា?» 19 លោកសាំយូអែលបានតបនឹងលោកសូលវិញថា៖ «គឺខ្ញុំហើយជាគ្រូទាយ។ ចូរឡើងទៅទីទួលខ្ពស់មុនខ្ញុំចុះ ព្រោះថ្ងៃនេះលោកនឹងរួមអាហារជាមួយខ្ញុំ។ ព្រឹកឡើងខ្ញុំនឹងអនុញ្ញាតឲ្យលោកទៅវិញ ហើយខ្ញុំនឹងប្រាប់លោកគ្រប់យ៉ាងដែលមាននៅនឹងគំនិតរបស់លោក។ 20 រឿងបាត់សត្វលាពីបីថ្ងៃមុននោះ កុំបារម្ភទៀតឡើយ ព្រោះគេបានរកឃើញពួកវាវិញហើយ។ តើមិនមែនលោកទេឬជាបំណងប្រាថ្នារបស់ជនជាតិអុីស្រាអែល? តើមិនមែនលោក និងគ្រួសាររបស់ឪពុកលោកទេឬអី?» 21 លោកសូលបានតបវិញថា «តើខ្ញុំមិនមែនមកពីកុលសម្ព័ន្ធបេនយ៉ាមីនទេឬអី ជាកុលសម្ព័ន្ធតូចជាងគេបំផុតរបស់អុីស្រាអែល? តើមិនមែនអំបូររបស់ខ្ញុំរឹតតែតូចជាងអំបូរផ្សេងៗនៃកុលសម្ព័ន្ធបេនយ៉ាមីនទេឬអី? ហេតុអ្វីបានជាលោកនិយាយមកដូចជាខ្ញុំនឹងអស្ចារ្យយ៉ាងនេះ?» 22 លោកសាំយូអែលបានយកលោកសូល និងបាវរបស់លោកទៅឯវាល ហើយដាក់នៅកន្លែងអង្គុយពីមុខអ្នកផ្សេងៗដែលត្រូវបានអញ្ជើញមកប្រមាណជាសាមសិបនាក់។ 23 លោកសាំយូអែលបានមានប្រសាសន៍ទៅអ្នកចម្អិនម្ហូបថា៖ «ចូរយកចំណែកដែលខ្ញុំបានប្រគល់ឲ្យអ្នក ដែលខ្ញុំនិយាយថា ចូរដាក់ដោយឡែកនោះ»។ 24 អ្នកចម្អិនក៏យកសាច់ភ្លៅដែលបានញែកទុកនោះ មកដាក់នៅមុខលោកសូល។ បន្ទាប់មក លោកសាំយូអែលបានមានប្រសាសន៍ថា៖ «មើល អ្វីដែលបានរក្សាទុកនោះត្រូវបានដាក់នៅមុខរបស់លោកហើយ។ ចូរពិសារចុះ ពីព្រោះ ចំណែកនេះ ត្រូវបានរក្សាទុក ចាំរហូតពេលនេះមកដល់ គឺតាំងពីពេលដែលខ្ញុំបាននិយាយថា ខ្ញុំបានអញ្ជើញមនុស្ស»។ នោះ លោកសូលបានបរិភោគអាហារជាមួយនឹងលោកសាំយូអែលនៅថ្ងៃនោះ។ 25 ពេលពួកគេបានចុះពីទីទួលខ្ពស់ចូលទីក្រុងវិញ លោកសាំយូអែលបានមានប្រសាសន៍ជាមួយលោកសូលនៅលើដំបូលផ្ទះ។ 26 ពេលថ្ងៃរះឡើង លោកសាំយូអែលបានហៅលោកសូលនៅលើដំបូលផ្ទះថា៖ «ចូរក្រោកឡើង នោះខ្ញុំអាចបញ្ជូនអ្នកឲ្យទៅ»។ លោកសូលបានក្រោកឡើង អ្នកទាំងពីរ ទាំងលោកសូល និងលោកសាំយូអែលបានចេញទៅឯផ្លូវ។ 27 កាលពួកលោកបានដើរដល់ជាយក្រុងហើយ លោកសាំយូអែលបានប្រាប់លោកសូលថា៖ «ឲ្យបាវលោកទៅមុនយើងចុះ» បាវក៏បានចេញទៅមុន «តែលោកត្រូវនៅទីនេះបន្តិចសិន នោះខ្ញុំនឹងប្រាប់ព្រះរាជសាររបស់ព្រះជាម្ចាស់ដល់លោក»។

ជំពូក ១០

1 លោកសាំយូអែលបានយកដបប្រេងមក ហើយចាក់ពីលើក្បាលរបស់លោកសូល រួចថើបលោក។ លោកបានមានប្រសាសន៍ថា៖ «តើមិនមែនព្រះអម្ចាស់ទេឬអី ជាអ្នករើសតាំងអ្នកឲ្យធ្វើជាអ្នកដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គ? 2 ពេលដែលលោកចាកចេញពីខ្ញុំទៅថ្ងៃនេះ លោកនឹងឃើញបុរសពីរនាក់នៅក្បែរផ្នូររបស់លោកស្រីរ៉ាជែល ពួកគេនឹងនិយាយប្រាប់អ្នកថា លាដែលលោកកំពុងស្វែងរកនោះ បានរកឃើញវិញហើយ»។ ខណៈនេះ ឪពុករបស់លោកលែងខ្វល់ខ្វាយនឹងលាទាំងនោះហើយ គឺគាត់ខ្វល់ខ្វាយពីលោកដោយនិយាយថា៖ «តើកូនប្រុសរបស់ខ្ញុំយ៉ាងដូចម្តេចហើយ?»។ 3 បន្ទាប់មក អ្នកដើរទៅឆ្ងាយបន្តិច នោះអ្នកនឹងដល់ដើមឈើតាបោរ។ នឹងមានបុរសបីនាក់ដែលទៅឯទីសក្ការៈរបស់ព្រះជាម្ចាស់នៅបេតអែលជួបអ្នក ពួកគេម្នាក់កាន់ពពែបី ម្នាក់ទៀតកាន់នំបុ័យបីដុំ និងម្នាក់ទៀតកាន់ថង់ស្រាទំពាំបាយជូរ។ 4 ពួកគេនឹងជម្រាបសួរអ្នក ហើយឲ្យនំបុ័ងពីរដុំដល់អ្នក រួចអ្នកត្រូវយកពីដៃរបស់ពួកគេ។ 5 បន្ទាប់មក អ្នកនឹងទៅដល់ទីទួលសក្ការៈរបស់ព្រះជាម្ចាស់ ដែលជាកន្លែងដាក់ទ័ពរបស់ពួកភីលីស្ទីន។ ពេលអ្នកទៅដល់ក្រុង អ្នកនឹងជួបព្យាការីមួយក្រុមចេញមកពីទីទួលខ្ពស់ជាមួយនឹងពិន ស្គរ ខ្លុយ និងចាប៉ីផង ពួកគេនឹងថ្លែងព្រះបន្ទូល។ 6 ព្រះវិញ្ញាណនៃព្រះអម្ចាស់នឹងយាងមកសណ្ឋិតលើអ្នក អ្នកក៏នឹងថ្លែងព្រះបន្ទូលជាមួយពួកគេផងដែរ ហើយអ្នកនឹងប្តូរទៅជាម្នាក់មួយផ្សេងទៀត។ 7 មើល ទីសម្គាល់ទាំងនេះនឹងកើតមានដល់អ្នក ចូរធ្វើអ្វីតាមតែអ្នកចង់ធ្វើចុះ ដ្បិត ព្រះជាម្ចាស់គង់នៅជាមួយអ្នកហើយ។ 8 ចូរទៅឯគីលកាល់មុនខ្ញុំចុះ ខ្ញុំនឹងចុះទៅឯអ្នកហើយថ្វាយតង្វាយដុត និងថ្វាយយញ្ញបូជាមេត្រីភាពនៅទីនោះ។ ចូររង់ចាំប្រាំពីរថ្ងៃ រហូតទាល់តែខ្ញុំទៅដល់ ហើយបង្ហាញអ្នកនូវអ្វីដែលអ្នកត្រូវធ្វើ។ 9 ពេល លោកសូលបែរខ្នងចាកចេញពីលោកសាំយូអែលទៅ ព្រះជាម្ចាស់បានប្រទានចិត្តមួយផ្សេងទៀតដល់លោក។ ហើយទីសម្គាល់ទាំងនោះបានកើតឡើងនៅថ្ងៃនោះ។ 10 ពេលពួកគេបានទៅដល់ទីទួល មានព្យាការីមួយក្រុមបានជួបពួកលោក ហើយព្រះវិញ្ញាននៃព្រះជាម្ចាស់បានយាងមកសណ្ឋិតលើលោក ហើយលោកក៏បានថ្លែងព្រះបន្ទូលជាមួយពួកគេផងដែរ។ 11 ពេលអស់អ្នកដែលធ្លាប់ស្គាល់លោកឃើញលោកថ្លែងព្រះបន្ទូលជាមួយក្រុមព្យាការី អ្នកទាំងនោះនិយាយគ្នាថា៖ «តើមានរឿងអ្វីកើតឡើងចំពោះកូនប្រុសលោកគីស? តើឥឡូវលោកសូលជាអ្នកក្នុងក្រុមព្យាការីដែរឬ?» 12 មានបុរសនៅស្រុកជាមួយបានឆ្លើយថា៖ «ដូច្នេះ តើនរណាជាឪពុករបស់ពួកគេ?» ដោយសារហេតុការណ៍ទាំងនេះ គេនិយាយថា៖ «តើសូលជាម្នាក់ក្នុងក្រុមព្យាការីដែរឬ?» 13 ពេលលោកបានបញ្ចប់ថ្លែងព្រះបន្ទូល លោកបានមកឯទីទួលខ្ពស់។ 14 ក្រោយមកឪពុកមាររបស់លោកសូលបានមានប្រសាសន៍មកលោក និងបាវលោកថា «តើពួកគេឯងបានទៅឯណា?» លោកបានតបថា «ទៅរកសត្វលា។ ពេលពួកយើងដឹងថា ពួកយើងមិនអាចរកវាឃើញទេ ពួកយើងបានទៅជួបលោកសាំយូអែល»។ 15 ឪពុកមារលោកសូលបានមានប្រសាសន៍ថា៖ «សូមប្រាប់ឪពុកមារផង តើលោកសាំយូអែលបានមានប្រសាសន៍អ្វីដល់ឯង»។ 16 លោកសូលបានតបទៅគាត់វិញថា៖ «លោកបានប្រាប់ពួកយើងជាច្រើនថា សត្វលាបានរកឃើញវិញហើយ»។ ប៉ុន្តែ លោកមិនបានប្រាប់រឿងរាជ្យសម្បត្តិដែលលោកសាំយូអែលបានមានប្រសាសន៍នោះទេ។ 17 ពេលនោះ លោកសាំយូអែលបានកោះហៅប្រជាជនឲ្យជួបជុំគ្នានៅចំពោះព្រះអម្ចាស់នៅឯមីសប៉ា។ 18 លោកបានថ្លែងទៅជនជាតិអុីស្រាអែលថា នេះជាអ្វីដែលព្រះអម្ចាស់ ជាព្រះរបស់អុីស្រាអែលមានព្រះបន្ទូលថា យើងបាននាំអុីស្រាអែលចេញពីអេសុីប ហើយយើងបានសង្គ្រោះអ្នករាល់គ្នាពីដៃរបស់ពួកអេសុីប និងពីដៃរបស់អាណាចក្រទាំងអស់ដែលបានយាយីអ្នករាល់គ្នា។ 19 ប៉ុន្តែ ថ្ងៃនេះ អ្នករាល់គ្នាបានបដិសេធយើងជាព្រះរបស់អ្នករាល់គ្នា ដែលសង្គ្រោះអ្នករាល់គ្នាពីទុក្ខភ័យ និងគ្រោះថ្នាក់ទាំងអស់របស់អ្នករាល់គ្នា តែអ្នករាល់គ្នាបែរជានិយាយទៅសាំយូអែលថា៖ «ចូររើសតាំងស្តេចមួយអង្គឲ្យដឹកនាំយើង។ ឥឡូវនេះ ចូរបង្ហាញខ្លួនអ្នករាល់គ្នានៅចំពោះព្រះអម្ចាស់ទៅតាមកុលសម្ព័ន្ធ និងតាមអំបូររបស់អ្នករាល់គ្នាចុះ»។ 20 ដូច្នេះ លោកសាំយូអែលបាននាំកុលសម្ព័ន្ធរបស់អុីស្រាអែលទាំងអស់ឲ្យចូលជិត ហើយបានរើសប៉ះចំកុលសម្ព័ន្ធបេនយ៉ាមីន។ 21 បន្ទាប់មក លោកបានឲ្យកុលសម្ព័ន្ធបេនយ៉ាមីនមកជិតតាមអំបូររបស់ពួកគេ បានរើសប៉ះចំអំបូរម៉ាទ្រី ហើយក៏រើសបានកូនរបស់លោកគីស គឺលោកសូល។ ប៉ុន្តែ ពេលគេទៅរកលោក គេមិនឃើញលោកទេ។ 22 បន្ទាប់មក ប្រជាជនចង់សាកសួរព្រះជាម្ចាស់ថែមទៀតថា៖ «តើមានបុរសណាផ្សេងនឹងមកឬទេ?» ព្រះអម្ចាស់បានមានព្រះបន្ទូលថា៖ «គេបានរត់ទៅពួននៅក្បែរឥវ៉ាន់ឯណោះ»។ 23 នោះគេបានរត់ទៅទីនោះ ហើយនាំលោកសូលពីទីនោះមក។ ពេលលោកឈរក្នុងចំណោមមនុស្ស លោកខ្ពស់ជាងគេទាំងអស់ តាំងពីស្មាឡើងទៅ។ 24 ក្រោយមកលោកសាំយូអែលបានប្រសាសន៍ទៅប្រជាជនថា៖ «តើអ្នករាល់គ្នាបានឃើញបុរសដែលព្រះជាម្ចាស់បានរើសនោះហើយឬនៅ? ក្នុងចំណោមប្រជាជនទាំងអស់គ្មាននរណាដូចលោកម្នាក់នេះទេ!» ប្រជាជនទាំងអស់បានស្រែកឡើងថា៖ «សូមឲ្យស្តេចមានអាយុយឺនយូរ!»។ 25 នោះ លោកសាំយូអែលបានប្រាប់ប្រជាជននូវច្បាប់ និងរបៀបរបបរបស់ស្តេច រួចកត់ទុកចូលក្នុងសៀវភៅមួយ ហើយដាក់នៅចំពោះព្រះអម្ចាស់។ ចុងក្រោយ លោកសាំយូអែលបានឲ្យប្រជាជនទាំងអស់ទៅផ្ទះរបស់គេរៀងៗខ្លួន។ 26 លោកសូលក៏បានទៅផ្ទះរបស់លោកនៅគីបៀរវិញដែរ ហើយក៏មានបុរសខ្លាំងខ្លះដែលព្រះជាម្ចាស់បានប៉ះពាល់ចិត្តបានទៅជាមួយលោកដែរ។ 27 ប៉ុន្តែ មានមនុស្សឥតបានការខ្លះនិយាយថា៖ «តើឲ្យបុរសនេះជួយសង្គ្រោះយើងយ៉ាងដូចម្តេច?» អ្នកទាំងនោះ ជាអ្នកស្អប់លោកសូល ហើយពុំបានយកអំណោយអ្វីឲ្យលោកឡើយ។ ប៉ុន្តែ លោកសូលមិនមាត់អ្វីទេ។

ជំពូក ១១

1 ព្រះបាទណាហាស ជាស្តេចរបស់ជនជាតិអាំម៉ូនបានដឹកនាំទ័ពព័ទ្ធក្រុងយ៉ាបេស ស្រុកកាឡាដ។ អ្នកក្រុងយ៉ាបេសទាំងអស់បាននិយាយទៅព្រះបាទណាហាសថា៖ «សូមចងសម្ព័ន្ធមេត្រីជាមួយពួកយើងខ្ញុំ យើងខ្ញុំនឹងគោរពបម្រើស្តេច»។ 2 ព្រះបាទណាហាស ជាស្តេចរបស់អាម៉ូនបានតបវិញថា៖ «យើងនឹងដាក់លក្ខ័ណប្រព្រឹត្តចំពោះអ្នករាល់គ្នា គឺត្រូវឲ្យយើងខ្វេះភ្នែកស្តាំទាំងអស់របស់អ្នករាល់គ្នា ដើម្បីធ្វើឲ្យអុីស្រាអែលទាំងអស់ត្រូវអាម៉ាស»។ 3 ក្រោយមក ពួកចាស់ទុំនៃក្រុងយ៉ាបេសបានទូលទៅស្តេចវិញថា៖ «សូមទុកពេលឲ្យយើងខ្ញុំប្រាំពីរថ្ងៃ ដើម្បីឲ្យយើងខ្ញុំអាចបញ្ជូនអ្នកនាំសារទៅគ្រប់តំបន់របស់អុីស្រាអែលសិន។ បើគ្មាននរណាជួយពួកយើងខ្ញុំទេ នោះយើងខ្ញុំនឹងប្រគល់ខ្លួនជូន»។ 4 អ្នកនាំសារបានមកដល់គីបៀរ ជាកន្លែងដែលលោកសូលរស់នៅ ហើយបានប្រាប់ប្រជាជននៅទីនោះនូវអ្វីដែលបានកើតឡើង។ ប្រជាជនទាំងអស់បានស្រែកយំជាខ្លាំង។ 5 ឯលោកសូលបានដឹកគោទៅឯវាល។ លោកសូលបានមានប្រសាសន៍ថា៖ «តើមានរឿងអ្វីកើតឡើងបានជាប្រជាជនស្រែកយំខ្លាំងដូច្នេះ?» គេបានប្រាប់លោកសូលនូវអ្វីដែលអ្នកក្រុងយ៉ាបេសបានប្រាប់។ 6 ពេលលោកសូលបានឮដូច្នេះ ព្រះវិញ្ញាណនៃព្រះជាម្ចាស់បានយាងមកសណ្ឋិតពីលើលោក ហើយលោកខឹងយ៉ាងខ្លាំង។ 7 លោកបានយកគោមួយនឹមមកកាត់ជាចំណែកតូចៗ ហើយផ្ញើទៅគ្រប់តំបន់នៃស្រុកអុីស្រាអែលទាំងមូលជាមួយនឹងអ្នកនាំសារ។ លោកបានមានប្រសាន៍ថា៖ «អ្នកណាដែលមិនចេញមកជាមួយខ្ញុំ សូល និងលោកសាំយូអែលទេ អ្នកនោះនឹងដូចជាចំណែកតូចៗរបស់សាច់គោនេះដូច្នេះដែរ»។ នោះភាពភ័យខ្លាចព្រះអម្ចាស់បានកើតមានលើប្រជាជន ពួកគេបានចេញមករួមគ្នាដូចមនុស្សតែម្នាក់។ 8 កាលលោកបានកែនពួកគេនៅបេសេកហើយ ឃើញថាមានទ័ពអុីស្រាអែលដល់ទៅ សាមសិបម៉ឺននាក់ ហើយជនជាតិយូដាមាន បីម៉ឺននាក់។ 9 ពួកគេបាននិយាយទៅអ្នកនាំសារដែលមកនោះថា៖ «ចូរទៅប្រាប់អ្នកក្រុងយ៉ាបេសនៃស្រុកកាឡាដដូចតទៅ ថ្ងៃស្អែកពេលថ្ងៃពេញកំដៅ អ្នករាល់គ្នានឹងបានរួចជាមិនខាន»។ ដូច្នេះ អ្នកនាំសារបានចេញទៅហើយប្រាប់អ្នកក្រុងយ៉ាបេស រួចពួកគេរីករាយជាខ្លាំង។ 10 ក្រោយមក អ្នកក្រុងយ៉ាបេសបានទូលទៅព្រះបាទណាហាសថា៖ «ថ្ងៃស្អែក ពួកយើងខ្ញុំនឹងប្រគល់ខ្លួនជូនស្តេច ហើយព្រះអង្គអាចធ្វើអ្វីតាមតែព្រះអង្គយល់ឃើញថាល្អចុះ»។ 11 ថ្ងៃបន្ទាប់ លោកសូលបានរៀបប្រជាជនជាបីក្រុម។ ពួកគេបានមកកណ្តាលជំរំទ័ពពេលព្រឹកដើម្បីឃ្លាំមើល ហើយក៏បានចេញទៅវាយប្រហារ និងបានជ័យជម្នះលើពួកអាម៉ូនរហូតដល់ថ្ងៃពេញកម្តៅ។ អ្នកដែលបានរួចជីវិត បានរត់គេចខ្លួន ហើយគ្មានអ្នករត់ទាំងគូដែលនៅរស់ទេ។ 12 ក្រោយមក ប្រជាជនបានជម្រាបលោកសាំយូអែលថា៖ «បើនរណាបាននិយាយថា តើឲ្យលោកសូលសោយរាជ្យលើពួកយើងឬ? ចូរនាំពួកនោះចេញមក យើងនឹងប្រហារជីវិតពួកគេ»។ 13 ប៉ុន្តែ ព្រះបាទសូលបានមានរាជឱង្ការថា៖ មិនត្រូវប្រហារជីវិតនរណាក្នុងថ្ងៃនេះឡើយ ពីព្រោះថ្ងៃនេះ ព្រះអម្ចាស់បានសង្គ្រោះអ៊ុីស្រាអែល»។ 14 លោកសាំយូអែលបានថ្លែងទៅប្រជាជនថា៖ «តោះ យើងនាំគ្នាទៅគីលកាល់ ហើយអភិសេកស្តេចជាថ្មីនៅទីនោះ»។ 15 ដូច្នេះប្រជាជនទាំងអស់បានធ្វើដំណើរទៅគីលកាល់ ហើយលើកលោកសូល ជាស្តេចនៅចំពោះព្រះអម្ចាស់នៅគីលកាល់នោះ។ នៅទីនោះ ពួកគេបានថ្វាយយញ្ញបូជាមេត្រីភាពនៅចំពោះព្រះអម្ចាស់ ទាំងព្រះបាទសូល ទាំងប្រជាជនបានពេញដោយអំណរជាខ្លាំង។

ជំពូក ១២

1 លោកសាំយូអែលបានថ្លែងទៅកាន់អុីស្រាអែលទាំងមូលថា៖ «ខ្ញុំបានស្តាប់តាមអ្នករាល់គ្នាគ្រប់យ៉ាង ហើយខ្ញុំក៏បានរើសស្តេចមួយអង្គសម្រាប់អ្នករាល់គ្នាផងដែរ។ 2 ពេលនេះ មានស្តេចមួយអង្គ នៅចំពោះអ្នករាល់គ្នាហើយ ខ្ញុំចាស់ហើយសក់ស្កូវថែមទៀត កូនប្រុសៗរបស់ខ្ញុំក៏នៅជាមូួយអ្នករាល់គ្នាដែរ។ ខ្ញុំបាននៅជាមួយអ្នករាល់គ្នាតាំងពីក្មេងរហូតមកដល់សព្វថ្ងៃនេះ។ 3 ខ្ញុំនៅទីនេះហើយ ចូររៀបរាប់ដល់ព្រះអម្ចាស់ប្រឆាំងនឹងខ្ញុំ និងស្តេចដែលព្រះអង្គបានតាំងឡើងនេះចុះ បើខ្ញុំបានយកគោរបស់អ្នកណា ឬបានយកលារបស់អ្នកណា ឬក៏បានកេងបន្លំរបស់អ្នកណា ហើយបានធ្វើឲ្យអ្នកណាមិនសប្បាយចិត្ត? ឬមួយខ្ញុំបានបិទភ្នែកទទួលសំណូកពីអ្នកណានោះ? ចូរធ្វើបន្ទាល់ប្រឆាំងនឹងខ្ញុំចុះ ហើយខ្ញុំនឹងទូទាត់សងអ្នករាល់គ្នាវិញ។ 4 ពួកគេនិយាយឡើងថា៖ «លោកពុំបានបោកបញ្ឆោតយើងខ្ញុំទេ មិនដែលនាំទុក្ខ ឬក៏មិនដែលលួចអ្វីពីអ្នកណាដែរ»។ 5 លោកបានតបវិញថា៖ «ថ្ងៃនេះ ព្រះអម្ចាស់ និងស្តេចដែលព្រះអង្គបានតាំងជាសាក្សីស្រាប់ គឺថាអ្នករាល់គ្នាគ្មានអ្វីទាស់នឹងខ្ញុំឡើយ»។ ពួកគេបានឆ្លើយវិញថា៖ «មែនហើយ ព្រះអម្ចាស់ជាសាក្សី»។ 6 លោកសាំយូអែលមានប្រសាសន៍ទៅប្រជាជនថា៖ «គឺព្រះអម្ចាស់ហើយ ជាអ្នកដែលរើសតាំងលោកម៉ូសេ និងលោកអើរ៉ុនឲ្យដឹកនាំដូនតារបស់អ្នករាល់គ្នាចេញពីអេសុីបមក។ 7 ពេលនេះ ចូរបង្ហាញខ្លួនមកចុះ ដើម្បីឲ្យខ្ញុំអាចរៀបរាប់នឹងអ្នករាល់គ្នានៅចំពោះព្រះអម្ចាស់អំពីការប្រព្រឹត្តដ៏សុចរិតទាំងអស់របស់ព្រះអម្ចាស់ ដែលព្រះអង្គបានប្រព្រឹត្តចំពោះអ្នករាល់គ្នា និងដូនតាអ្នករាល់គ្នា។ 8 កាលលោកយ៉ាកុបបានមកដល់អេសុីប ហើយបុព្វបុរសរបស់អ្នករាល់គ្នាស្រែកអង្វររកព្រះអម្ចាស់ នោះព្រះអម្ចាស់បានចាត់លោកម៉ូសេ និងលោកអើរ៉ុនឲ្យដឹកនាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីអេសុីបមក ហើយពួកគាត់បានតាំងលំនៅនៅទីនេះ។ 9 ប៉ុន្តែ ពួកលោកបានបំភ្លេចព្រះអម្ចាស់ជាព្រះរបស់ពួកលោក ព្រះអង្គក៏ប្រគល់ពួកលោកទៅឲ្យសុីសេរ៉ា ជាមេបញ្ជាការកងទ័ពរបស់ក្រុងហាសោរ ទៅក្នុងដៃរបស់ពួកភីលីស្ទីន និងទៅក្នុងដៃរបស់ស្តេចម៉ូអាប់ ពួកគេទាំងនេះហើយដែលបានវាយប្រហារបុព្វបុរសរបស់អ្នករាល់គ្នា។ 10 ពួកគេបានស្រែករកព្រះអម្ចាស់ថា យើងខ្ញុំបានប្រព្រឹត្តអំពើបាប ពីព្រោះយើងខ្ញុំបានបោះបង់ចោលព្រះអម្ចាស់ ទៅគោរពបម្រើព្រះបាល និងព្រះអាស្តារ៉ូត។ ប៉ុន្តែ ពេលនេះ សូមព្រះអង្គសង្គ្រោះយើងខ្ញុំពីដៃរបស់សត្រូវនៃយើងខ្ញុំផង នោះយើងខ្ញុំនឹងត្រឡប់មកបម្រើព្រះអង្គវិញ។ 11 ដូច្នេះ ព្រះអម្ចាស់បានចាត់លោកយេរូបាល លោកបេដាន លោកយ៉ែបថា និងលោកសាំយូអែល ហើយបានប្រគល់ជ័យជម្នះដល់អ្នករាល់គ្នាលើពួកសត្រូវទាំងអស់ដែលនៅជុំវិញអ្នករាល់គ្នា ហើយអ្នករាល់គ្នារស់នៅដោយសុវត្ថិភាព។ 12 ពេលអ្នករាល់គ្នាបានឃើញស្តេចណាហាសរបស់ពួកអាម៉ូនមកប្រហារអ្នករាល់គ្នា អ្នករាល់គ្នាបែរជានិយាយមកខ្ញុំថា ទេ! តែផ្ទុយទៅវិញ សូមឲ្យស្តេចមួយអង្គសោយរាជ្យលើពួកយើចុះ ខណៈដែលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាគឺជាស្តេចរបស់អ្នករាល់គ្នាទៅហើយនោះ។ 13 ឥឡូវនេះ មានស្តេចដែលអ្នករាល់គ្នាបានជ្រើសរើសហើយ ជាស្តេចដែលអ្នករាល់គ្នាបានសុំ ហើយដែលព្រះអម្ចាស់បានចង្អុលប្រាប់ពីស្តេចនោះ។ 14 បើអ្នករាល់គ្នាកោតខ្លាចព្រះអម្ចាស់ ចូរបម្រើព្រះអង្គ ស្តាប់តាមព្រះសូរសៀងព្រះអង្គ ហើយមិនត្រូវបះបោប្រឆាំងនឹងបញ្ជារបស់ព្រះអម្ចាស់ទេ ទាំងអ្នករាល់គ្នាទាំងស្តេចដែលសោយរាជ្យលើអ្នករាល់គ្នាត្រូវដើរតាមព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាចុះ។ 15 បើអ្នករាល់គ្នាមិនស្តាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ តែបែរជាបះបោប្រឆាំងនឹងបញ្ជារបស់ព្រះអម្ចាស់ នោះព្រះហស្តរបស់ព្រះអម្ចាស់នឹងប្រឆាំងនឹងអ្នករាល់គ្នា ដូចដែលប្រឆាំងនឹងបុព្វបុរសរបស់អ្នករាល់គ្នាដែរ។ 16 ទោះបីមកដល់ពេលនេះ ចូរបង្ហាញខ្លួនអ្នក ហើយចាំមើលកិច្ចការដ៏សម្បើមដែលព្រះអម្ចាស់នឹងធ្វើនៅចំពោះភ្នែករបស់អ្នករាល់គ្នាចុះ។ 17 តើមិនមែនពេលនេះជារដូវចម្រូតទេឬអី? មើល ខ្ញុំនឹងស្រែករកព្រះអម្ចាស់ នោះព្រះអង្គនឹងធ្វើឲ្យមានផ្គរ និងភ្លៀងមក។ នោះ អ្នករាល់គ្នានឹងដឹង ហើយឃើញពីភាពអាក្រក់របស់អ្នករាល់គ្នាធំប៉ុណ្ណា ដែលអ្នករាល់គ្នាបានប្រព្រឹត្តនៅចំពោះព្រះភក្ត្ររបស់ព្រះអម្ចាស់ ដោយទូលសុំស្តេចមួយអង្គសម្រាប់ខ្លួនអ្នករាល់គ្នា។ 18 ដូច្នេះ លោកសាំយូអែលបានស្រែករកព្រះអម្ចាស់ នៅថ្ងៃដដែលនោះ ព្រះអម្ចាស់បានធ្វើឲ្យមានផ្គរ និងភ្លៀងមក ហើយប្រជាជនទាំងអស់មានសេចក្តីស្ញែងខ្លាចដល់ព្រះអម្ចាស់ និងលោកសាំយូអែលជាខ្លាំង។ 19 ប្រជាជនទាំងអស់បាននិយាយទៅលោកសាំយូអែលថា៖ «សូមទូលអង្វរទៅព្រះអម្ចាស់ជាព្រះរបស់លោកសម្រាប់អ្នកបម្រើលោកផង នោះយើងខ្ញុំនឹងមិនត្រូវស្លាប់ឡើយ។ ដោយព្រោះ ពួកយើងបានបន្ថែមអំពើបាបដ៏អាក្រក់របស់យើងខ្ញុំ ដោយសុំស្តេចមួយអង្គសម្រាប់យើងខ្ញុំដូច្នេះ»។ 20 លោកសាំយូអែលឆ្លើយថា៖ «កុំភ័យខ្លាចអី អ្នករាល់គ្នាបានប្រព្រឹត្តអំពើអាក្រក់មែន ប៉ុន្តែ មិនត្រូវបែរចិត្តចេញពីព្រះអម្ចាស់ឡើយ តែត្រូវគោរពបម្រើព្រះអម្ចាស់ឲ្យអស់ពីចិត្តរបស់អ្នករាល់គ្នាចុះ។ 21 កុំងាកទៅរកអ្វីដែលគ្មានប្រយោជន៍ ឬមិនអាចសង្គ្រោះអ្នករាល់គ្នា ពីព្រោះរបស់ទាំងអស់នោះឥតប្រយោជន៍ទេ។ 22 ដោយយល់ដល់ព្រះនាមដ៏អស្ចារ្យរបស់ព្រះអង្គ ព្រះអម្ចាស់នឹងមិនបដិសេធប្រជាជនរបស់ព្រះអង្គឡើយ ពីព្រោះកាលដែលរើសអ្នករាល់គ្នាឲ្យទៅជាប្រជារាស្ត្ររបស់ព្រះអង្គ នោះគាប់ព្រះទ័យរបស់ព្រះអង្គ។ 23 ចំពោះខ្ញុំ ចូរកុំឲ្យខ្ញុំប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់ដោយលែងទូលអង្វរសម្រាប់អ្នករាល់គ្នាឡើយ។ ផ្ទុយទៅវិញ ខ្ញុំនឹងបង្រៀនអ្នករាល់គ្នានូវអ្វីដែលល្អ ហើយសុចរិត។ 24 ដោយគ្រាន់តែកោតខ្លាចព្រះអម្ចាស់ ហើយបម្រើព្រះអង្គក្នុងសេចក្តីពិតឲ្យអស់ពីចិត្តរបស់អ្នករាល់គ្នាចុះ។ ចូរនឹកចាំអំពីការអស្ចារ្យដែលបានធ្វើឡើងសម្រាប់អ្នករាល់គ្នា។ 25 ប៉ុន្តែ បើអ្នកនៅតែប្រព្រឹត្តអាក្រក់ ទាំងអ្នករាល់គ្នាទាំងស្តេចរបស់អ្នករាល់គ្នានឹងត្រូវវិនាសមិនខាន»។

ជំពូក ១៣

1 ព្រះបាទសូលបានឡើងគ្រងរាជ្យកាលពីព្រះជន្មសាមសិបព្រះវស្សា ហើយព្រះអង្គគ្រងរាជ្យសម្បត្តិលើអុីស្រាអែលរយៈពេលសែសិបឆ្នាំ 2 ព្រះអង្គបានជ្រើសរើសបុរសអុីស្រាអែលបីពាន់អ្នកធ្វើជាកងទ័ព។ មានទ័ពពីរពាន់នាក់នៅជាមួយព្រះអង្គនៅឯមីកម៉ាស់ និងតំបន់ទីទួលបែតអែល ខណៈនោះក៏មានទ័ពមួយពាន់នាក់នៅជាមួយសម្តេចយ៉ូណាថាន នៅឯគីបៀរ ទឹកដីបេនយ៉ាមីនដែរ។ ទ័ពដែលនៅសេសសល់ ស្តេចឲ្យទៅផ្ទះនិងត្រសាលរៀងៗខ្លួនវិញ។ 3 សម្តេចយ៉ូណាថានបានវាយយកលានដ្ឋានទ័ពរបស់ពួកភីលីស្ទីននៅឯគីបៀរ ហើយពួកភីលីស្ទីនក៏បានដឹងដំណឹងនេះដែរ។ បន្ទាប់មកព្រះបាទសូលបានផ្លុំត្រែឡើងលើទឹកដីទាំងមូល ដោយមានបន្ទូលថា៖ «ចូរឲ្យជនជាតិហេព្រេីរឮឡើង»។ 4 កាលជនជាតិអុីស្រាអែលទាំងអស់បានឮថាព្រះបាទសូលបានវាយឈ្នះលានដ្ឋានទ័ពរបស់ពួកភីលីស្ទីន ហើយអុីស្រាអែលបានក្លាយទៅជាក្លិនមិនស្រួលដល់ពួកភីលីស្ទីន ដូច្នេះ នោះទាហានបានប្រមូលគ្នាមកចូលរួមទាំងអស់គ្នាជាមួយព្រះបាទសូលនៅឯគីលកាល់។ 5 ពួកភីលីស្ទីនបានមកជួបជុំគ្នាដើម្បីវាយប្រឆាំងនឹងអុីស្រាអែលដោយមាន រទេះចម្បាំងបីពាន់គ្រឿង អ្នកបររទេះចម្បាំងប្រាំមួយពាន់នាក់ និងទាហានថ្មើជើងជាច្រើនដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ ពួកគេបានឡើងមកបោះជំរំនៅឯមីកម៉ាស់ ខាងកើតបេតអាវេន។ 6 ពេលទាហានអុីស្រាអែលបានឃើញថា ខ្លួនកំពុងវឹកវរហើយ ប្រជាជនមានការភ័យខ្លាច អ្នកខ្លះបានពួនក្នុងរូងភ្នំ តាមគុម្ពោត តាមក្រហែងថ្ម តាមអណ្តូង និងតាមអន្លុង។ 7 មានជនជាតិហេព្រេីរខ្លះបានរត់ឆ្លងទៅម្ខាងទៀតនៃទន្លេយ័រដាន់ ទៅឯស្រុកកាដ និងស្រុកកាឡាដ។ ប៉ុន្តែ ព្រះបាទសូលនៅតែគង់នៅឯគីលកាល់ ហើយទាហានទាំងអស់បានទៅតាមព្រះអង្គទាំងភ័យញាប់ញ័រ។ 8 ព្រះអង្គបានរង់ចាំដល់ទៅប្រាំពីរថ្ងៃ ជាពេលដែលលោកសាំយូអែលបានរៀបចំទុក។ ប៉ុន្តែ លោកសាំយូអែលពុំបានមកគីលកាល់ទេ ហើយទាហានខ្លះបានរត់ចោលព្រះបាទសូល។ 9 ព្រះបាទសូលបានមានរាជឱង្ការថា៖ «ចូរយកតង្វាយដុត និងតង្វាយមេត្រីភាពមកឲ្យយើង»។ បន្ទាប់មក ស្តេចបានថ្វាយតង្វាយដុត។ 10 ក្រោយព្រះអង្គថ្វាយតង្វាយដុតចប់សព្វគ្រប់យើង លោកសាំយូអែលបានមកដល់។ ព្រះបាទសូលបានចេញមកទទួលលោក ហើយជម្រាបសួរលោកផង។ 11 លោកសាំយូអែលបានមានប្រសាសន៍ថា៖ «តើព្រះអង្គបានធ្វើអ្វី?» ព្រះបាទសូលបានតបវិញថា៖ «កាលខ្ញុំបានឃើញពួកទាហានកំពុងរត់ចោលខ្ញុំ ហើយលោកពុំបានមកដល់ទាន់ពេលដែលបានកំណត់ទៀត ឯពួកទ័ពភីលីស្ទីនបានមកផ្តុំគ្នានៅឯមីកម៉ាស់ 12 ខ្ញុំក៏បាននិយាយថា ឥឡូវនេះ ពួកភីលីស្ទីននឹងចុះមកតទល់នឹងយើងនៅគីលកាល់នេះ ហើយខ្ញុំពុំអាចស្វែងរកព្រះហប្ញទ័យរបស់ព្រះអម្ចាស់ទៀត។ ដូច្នេះ ខ្ញុំក៏បង្ខំខ្លួនឯងថ្វាយតង្វាយដុតតែម្តងទៅ»។ 13 លោកសាំយូអែលបានតបនឹងព្រះបាទសូលវិញថា៖ «ព្រះអង្គបានប្រព្រឹត្តយ៉ាងទទឹងទិស ព្រះអង្គពុំបានស្តាប់តាមព្រះរាជបញ្ជារបស់ព្រះអម្ចាស់ជាព្រះរបស់ព្រះករុណាដែលបានប្រទានដល់ព្រះករុណាទេ។ បើមិនដូច្នោះទេ ព្រះអម្ចាស់នឹងតាំងរាជ្យរបស់ព្រះករុណាឲ្យដឹកនាំលើអុីស្រាអែលរហូតតទៅមិនខាន។ 14 ប៉ុន្តែ ពេលនេះ រាជ្យរបស់ព្រះអង្គនឹងមិនបន្តទៅមុខទៀតទេ។ ព្រះអម្ចាស់បានរកបុរសម្នាក់ផ្សេងទៀតចេញពីព្រះទ័យរបស់ព្រះអង្គផ្ទាល់ ហើយព្រះអម្ចាស់ក៏បានតាំងបុរសនោះជាអ្នកដឹកនាំលើប្រជារាស្ត្ររបស់ព្រះអង្គជំនួសវិញ ពីព្រោះព្រះករុណាពុំបានស្តាប់បង្គាប់អ្វីដែលព្រះអង្គបានបញ្ជាដល់ព្រះករុណាទេ»។ 15 បន្ទាប់មក លោកសាំយូអែលបានក្រោកឡើង ហើយចាកចេញពីគីលកាល់ឆ្ពោះទៅគីបៀរនៃទឹកដីបេនយ៉ាមីន។ ព្រះបាទសូលបានជំរឿនទាហានដែលមានវត្តមានជាមួយព្រះអង្គ ឃើញមានប្រាំមួយរយនាក់។ 16 ព្រះបាទសូល សម្តេចយ៉ូណាថានជាបុត្រារបស់ព្រះអង្គ និងទាហានដែលនៅសេសសល់ទាំងនោះ នៅចាំឯភូមិកេបានៃទឹកដីបេនយ៉ាមីន។ ប៉ុន្តែ ពួកភីលីស្ទីននៅតែបោះទ័ពនៅមីកម៉ាស់ដដែរ។ 17 មានអ្នកប្រយុទ្ធបីក្រុមចេញពីជំរំរបស់ពួកភីលីស្ទីន។ ក្រុមមួយតម្រង់ទៅឯក្រុងអូប្រា គឺទៅស្រុកស៊ូអាល។ 18 ក្រុមមួយទៀតតម្រង់ទៅក្រុងបេតហូរ៉ូន ហើយក្រុមមួយផ្សេងទៀតតម្រង់ទៅព្រំប្រទល់ម្ខាងនៃជ្រលងសេបោម ឯទីរហោស្ថាន។ 19 គេរកពុំឃើញមានជាងដែកណាម្នាក់នៅក្នុងស្រុកអុីស្រាអែលទាំងមូលនោះទេ ពីព្រោះពួកភីលីស្ទីននិយាយថា៖ «បើទុកឲ្យមានជាងដែក នោះ ជនជាតិហេព្រេីរនឹងធ្វើដាវ ឬលំពែងសម្រាប់ខ្លួនគេជាមិនខាន»។ 20 ប៉ុន្តែ ជនជាតិអុីស្រាអែលទាំងអស់ បានទៅស្រុកភីលីស្ទីនដើម្បីច្រុងផាលនង្គ័ល ផ្លែចប ផ្លែពូថៅ និងកណ្តៀវរបស់ពួកគេរៀងៗខ្លួន។ 21 កាលណោះតម្លៃពីរស្លឹងសម្រាប់ច្រុងផាលនង្គ័ល និងចប ឯតម្លៃមួយស្លឹងគឺ សំលៀងផ្លែពូថៅ និងតម្រង់រនាស់។ 22 ដូច្នេះ នៅថ្ងៃប្រឈមនឹងសមរភូមិ ពួកទាហានដែលនៅជាមូួយនឹងព្រះបាទសូល និងសម្តេចយ៉ូណាថានគ្មានដាវ ឬលំពែងនៅនឹងដៃ មានតែព្រះបាទសូល និងបុត្រារបស់ស្តេច គឺសម្តេចយ៉ូណាថានប៉ុណ្ណោះដែលមាន។ 23 ទ័ពរបស់ពួកភីលីស្ទីនខ្លះបានបញ្ជូនទៅច្រកមីកម៉ាស់។

ជំពូក ១៤

1 ថ្ងៃមួយ សម្តេចយ៉ូណាថាន ជាបុត្រាព្រះបាទសូលបានមានរាជឱង្ការទៅអ្នកកាន់គ្រឿងសឹកឲ្យសម្តេចថា៖ «តោះ ចូរយើងទៅឯជំរំរបស់ពួកភីលីស្ទីននៅឯម្ខាងណោះ»។ ប៉ុន្តែ សម្តេចមិនបានទូលបិតារបស់សម្តេចទេ។ 2 ព្រះបាទសូលបានគង់នៅឯជាយភូមិគីបៀរ គឺនៅក្រោមដើមទទឹមនៅមីក្រូន។ មានទ័ពប្រហែលជាប្រាំមួយរយនាក់នៅជាមួយស្តេច 3 រួមទាំងលោកអហុីយ៉ា ជាកូនរបស់លោកអហុីទូប (ជាប្អូនរបស់អុីកាបុដ) ជាចៅរបស់លោកភីនេហាស ដែលជាចៅទួតរបស់លោកអេលី ជាបូជាចារ្យរបស់ព្រះអម្ចាស់នៅឯសុីឡូ ដែលជាអ្នកពាក់អាវអេផូដ។ ពួកទាហានពុំបានដឹងថា សម្តេចយ៉ូណាថានយាងទៅណាទេ។ 4 នៅឯម្ខាងទៀតនៃច្រកដែលសម្តេចយ៉ូណាថានចង់ទៅដើម្បីឲ្យទៅដល់កន្លែងដាក់ទ័ពពួកភីលីស្ទីន មានថ្មរដិរដុបចោតទាំងសងខាង ដែលគេហៅថាបូសេសនិង​មួយទៀតហៅថា សេនេ។ 5 ចំណោតថ្មមួយនៅឯទិសខាងជើងខាងមុខមីកម៉ាស់ ហើយចំណោតថ្មម្ខាងទៀតនៅខាងត្បូងចំពីមុខកេបា។ 6 សម្តេចយ៉ូណាថានបានមានរាជឱង្ការទៅអ្នកកាន់គ្រឿងសឹករបស់សម្តេចថា៖ «តោះ ចូរយើងឆ្លងកាត់លានដ្ឋានទ័ពរបស់ពួកមិនកាត់ស្បែកទាំងនេះ។ ព្រះអម្ចាស់អាចនឹងធ្វើការជំនួសយើង ព្រោះគ្មានអ្វីដែលឃាត់ព្រះអម្ចាស់មិនឲ្យជួយបើមានមនុស្សតិច ឬច្រើនក្តី»។ 7 អ្នកកាន់គ្រឿងសឹករបស់សម្តេចបានតបវិញថា៖ «សូមសម្តេចធ្វើអ្វីតាមចិត្តរបស់សម្តេចចុះ។ សូមចេញទៅចុះ មើល ទូលបង្គំនៅជាមួយសម្តេចហើយ គឺដើម្បីធ្វើតាមបង្គាប់របស់សម្តេចទាំងអស់»។ 8 សម្តេចយ៉ូណាថានបានមានឱង្ការថា៖ «យើងនឹងឆ្លងទៅរកពួកគេ ហើយបង្ហាញខ្លួនចំពោះពួកគេ។ 9 បើពួកគេនិយាយមកយើងថា ចាំទីនោះសិនទៅ ពួកយើងនឹងទៅរកពួកឯង នោះយើងនឹងឈប់នៅត្រង់កន្លែងរបស់យើង គឺយើងមិនឆ្លងទៅរកពួកគេទេ។ 10 ប៉ុន្តែ បើពួកគេឆ្លើយឆ្លងមកយើងថា មករកពួកយើងមក នោះយើងនឹងឆ្លងទៅ ពីព្រោះព្រះអម្ចាស់បានប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់យើងហើយ។ នេះហើយគឺជាទីសម្គាល់សម្រាប់យើង»។ 11 ដូច្នេះ អ្នកទាំងពីរបានបង្ហាញខ្លួននៅឯលានដ្ឋានទ័ពរបស់ពួកភីលីស្ទីន។ ពួកទាហានភីលីស្ទីនបាននិយាយថា៖ «មើល ជនជាតិ​ហេព្រើរ​កំពុងតែចេញមកពីរន្ធដែលពួកគេបានរត់ពួនហើយ»។ 12 បន្ទាប់មក ទាហានក្នុងលានដ្ឋាននោះបានស្រែកហៅសម្តេចយ៉ូណាថាន និងអ្នកកាន់គ្រឿងសឹកឲ្យសម្តេចថា៖ «មករកពួកយើងមក យើងនឹងបង្ហាញពួកឯងខ្លះ»។ សម្តេចយ៉ូណាថានបានមានរាជឱង្ការទៅអ្នកកាន់គ្រឿងសឹករបស់សម្តេចថា៖ «មកតាមខ្ញុំ ពីព្រោះព្រះអម្ចាស់បានប្រគល់ពួកគេមកក្នុងដៃរបស់អុីស្រាអែលហើយ»។ 13 សម្តេចយ៉ូណាថានបានតោងឡើងដោយដៃនឹងជើងរបស់សម្តេច ឯអ្នកកាន់គ្រឿងសឹករបស់សម្តេចបានតាមពីក្រោយសម្តេច។ សម្តេចយ៉ូណាថានបានប្រហារជីវិតរបស់ពួកភីលីស្ទីនទាំងនោះនៅនឹងមុខ ហើយអ្នកកាន់គ្រឿងសឹករបស់សម្តេចក៏បានសម្លាប់ពួកនោះខ្លះនៅចំពោះមុខសម្តេចដែរ។ 14 មុនដំបូងសម្តេចយ៉ូណាថាន និងអ្នកកាន់គ្រឿងសឹករបស់សម្តេចបានស្លាប់ពួកគេប្រហែលម្ភៃនាក់ក្នុងទំហំដីមួយស្រែ។ 15 មានចលាចលនៅជំរំ នៅឯវាល និងក្នុងចំណោមពួកភីលីស្ទីន។ សូម្បីក្នុងលានដ្ឋាន និងអ្នកចម្បាំងរបស់ពួកគេក៏មានការភ័យខ្លាចដែរ។ ផែនដីបានជញ្ជួយភាពភ័យខ្លាចកើតឡើងយ៉ាងខ្លាំង។ 16 ក្រោយមក ពួកអ្នកឃ្លាំមើលរបស់ស្តេចសូលនៅឯគីបៀរនៃទឹកដីបេនយ៉ាមីនបានមើលឃើញថា ពួកទាហានរបស់ភីលីស្ទីនកំពុងរត់ប្រសាច ខ្លះរត់ទៅឯណេះ ខ្លះរត់ទៅឯណោះ។ 17 នោះព្រះបាទសូលមានបន្ទូលទៅទាហានដែលនៅជាមួយព្រះអង្គថា៖ «ចូររាប់គ្នាយើង តើបាត់អ្នកណាខ្លះ»។ ពេលពួកគេរាប់រួចហើយ គឺបាត់សម្តេចយ៉ូណាថាន និងអ្នកកាន់គ្រឿងសឹករបស់សម្តេច។ 18 ព្រះបាទសូលបានមានរាជឱង្ការទៅលោកអហុីយ៉ាថា៖ «ចូរយកហឹបរបស់ព្រះជាម្ចាស់មកទីនេះ»​ ព្រោះកាលណោះ ហឹបនោះស្ថិតនៅជាមួយប្រជាជនអុីស្រាអែល។ 19 ខណៈព្រះបាទសូលកំពុងមានរាជឱង្ការទៅបូជាចារ្យ ការវឹកវរនៅក្នុងជំរំរបស់ពួកភីលីស្ទីនកាន់តែបន្តខ្លាំងឡើង។ នោះព្រះបាទសូលមានរាជឱង្ការទៅបូជាចារ្យថា៖ «សូមដកដៃរបស់លោកចេញ»។ 20 ព្រះបាទសូល និងទាហានទាំងអស់ដែលនៅជាមួយស្តេចបានរួមកម្លាំងគ្នាហើយចេញទៅច្បាំង។ ដាវរបស់ពួកទាហានភីលីស្ទីនបានវាយប្រហារគ្នាឯង ហើយភាពភាន់ច្រឡំបានកើតឡើងក្នុងចំណោមពួកគេ។ 21 ជនជាតិហេព្រេីរខ្លះដែលពីមុនបាននៅជាមួយនឹងពួកភីលីស្ទីន និងធ្លាប់ជ្រកកោនក្នុងជំរំរបស់ពួកភីលីស្ទីននោះ បានរត់មករួមដៃជាមួយទាហានអុីស្រាអែល ជាមួយព្រះបាទសូល និងជាមួយសម្តេចយ៉ូណាថានវិញ។ 22 ពួកទាហានអុីស្រាអែលខ្លះដែលបានរត់គេចខ្លួននៅតាមភ្នំជិតអេប្រាអុីមបានឮថា ពួកភីលីស្ទីនបានរត់ភាសខ្លួន នោះពួកគេក៏ចេញមកដេញតាមប្រហារពួកនោះនៅក្នុងសមរភូមិដែរ។ 23 ថ្ងៃនោះ ព្រះអម្ចាស់បានសង្គ្រោះជនជាតិអុីស្រាអែល ហើយការវាយប្រហារគ្នាបានបន្តដល់បេតអាវេនទៀត។ 24 ថ្ងៃនោះ ទាហានអុីស្រាអែលមិនសប្បាយចិត្ត ដោយព្រះបាទសូលបានយកពួកគេខ្លះដាក់ក្រោមសម្បថថា៖ «អ្នកណាបរិភោគអាហារមុនពេលល្ងាចមកដល់ គឺមុនពេលយើងបានសងសឹកលើសត្រូវរបស់យើង អ្នកនោះមុខជាត្រូវបណ្តាសាមិនខាន»។ ដូច្នេះហើយ ពួកទាហាន គ្មាននរណាម្នាក់ហ៊ានភ្លក់អាហារអ្វីទាំងអស់។ 25 ក្រោយមក ពួកគេដើរចូលព្រៃ ហើយទីនោះមានទឹកឃ្មុំស្រក់មកលើដី។ 26 កាលពួកគេបានចូលក្នុងព្រៃ ទឹកឃ្ញុំបានស្រក់ចុះ ប៉ុន្តែ គ្មាននរណាហ៊ានយកម្រាមដៃរបស់ខ្លួនបៀកដាក់ចូលមាត់ឡើយ ព្រោះពួកគេខ្លាចសម្បថ។ 27 សម្តេចយ៉ូណាថានមិនបានឮបិតារបស់ទ្រង់បានចងពួកពលទាហានដោយសម្បថឡើយ សម្តេចក៏បានយកចុងដំបងដែលនៅក្នុងដៃមកជ្រលក់ចូលសំបុកឃ្មុំនោះ ហើយយកដៃបៀកមកដាក់ក្នុងមាត់របស់សម្តេច ហើយភ្នែករបស់សម្តេចក៏បានភ្លឺស្រស់ថ្លា។ 28 ក្រោយមក មានម្នាក់ក្នុងចំណោមនោះបានទូលឆ្លើយថា៖ «ព្រះបិតារបស់សម្តេចបានដាក់ពួកទាហានយ៉ាងតឹងរឹងជាមួយសម្បថថា៖ «អ្នកណាបរិភោគអាហារអ្វីនៅថ្ងៃនេះមុខជាត្រូវបណ្តាសាមិនខាន ដូច្នេះហើយ ទើបពួកទាហានខ្សោយដោយហេវហត់»។ 29 សម្តេចយ៉ូណាថានបានតបវិញថា៖ «ព្រះបិតារបស់ខ្ញុំបានបង្ករឿងហើយ។ មើលនេះ តើភ្នែករបស់ខ្ញុំបានភ្លឺថ្លាបែបណា ពីព្រោះខ្ញុំបានភ្លក់ទឹកឃ្មុំនឹងតែបន្តិចប៉ុណ្ណោះ។ 30 តើវាមិនប្រសើរជាងនេះទេឬអី បើទាហានបានបរិភោគដោយសេរីនៅថ្ងៃនេះ ពីអាហារនៃជយភណ្ឌបានពីសត្រូវដែលពួកយើងរកបាននោះ? ព្រោះពេលនេះអ្នកដែលប្រហារពួកសត្រូវមើលទៅមិនអស្ចារ្យសោះក្នុងចំណោមពួកភីលីស្ទីន»។ 31 ពួកគេបានវាយពួកភីលីស្ទីននៅថ្ងៃនោះ ពីមីកម៉ាស់រហូតដល់អាយ៉ាឡូន។ ទាហានបានអស់កម្លាំងជាខ្លាំង 32 ពួកគេបានប្រញាប់លោភទៅយកជ័យភណ្ឌ ដោយបានយកចៀម គោ និងកូនគោ រួចសម្លាប់សត្វទាំងនោះនៅនឹងដី ហើយបានបរិភោគទាំងមាននៅឈាមផង។ 33 ពួកគេបានទូលព្រះបាទសូលថា៖ «មើល ពួកគេបានប្រព្រឹត្តបាបទាស់នឹងព្រះអម្ចាស់ ដោយបរិភោគទាំងនៅឈាម»។ ព្រះបាទសូលបានមានរាជឱង្ការថា៖ «អ្នករាល់គ្នាប្រព្រឹត្តដោយមិនស្មោះត្រង់ទេ។ ចូររមៀលផ្ទាំងថ្មធំមួយមកឲ្យខ្ញុំឥឡូវនេះ 34 ហើយទៅហៅពួកទាហានដោយប្រាប់ទៅ ឲ្យពួកគេរាល់គ្នាយកគោ និងចៀមរៀងៗខ្លួនមក ហើយសម្លាប់នៅទីនេះ រួចបរិភោគចុះ។ កុំប្រព្រឹត្តបាបទាស់នឹងព្រះអម្ចាស់ដោយបរិភោគទាំងជាមួយឈាមឡើង»។ ដូច្នេះ ពួកគេបាននាំយកគោរៀងៗខ្លួនមកនៅយប់នោះ ហើយសម្លាប់នៅត្រង់ផ្ទាំងថ្មនោះ។ 35 ព្រះបាទសូលបានសង់អាសនាថ្វាយព្រះអម្ចាស់ ជាអាសនាដំបូងដែលស្តេចបានសង់ថ្វាយព្រះអម្ចាស់។ 36 បន្ទាប់មក ព្រះបាទសូលបានមានរាជឱង្ការថា៖ «ចូរយើងដេញតាមពួកភីលីស្ទីននៅយប់នេះ ហើយរឹបអូសពីពួកគេរហូតដល់ព្រឹក យើងមិនត្រូវទុកឲ្យពួកគេណាម្នាក់នៅមានជីវិតឡើយ»។ ពួកទាហានបានតបវិញថា៖ «ចូរប្រព្រឹត្តតាមតែព្រះអង្គយល់ថាល្អចុះ»។ ប៉ុន្តែ បូជាចារ្យមានប្រសាសន៍ថា៖ «យើងទូលសួរព្រះជាម្ចាស់សិន»។ 37 ព្រះបាទសូលបានទូលសួរព្រះជាម្ចាស់ថា៖ «តើគួរឲ្យទូលបង្គំដេញតាមពួកភីលីស្ទីនឬទេ? តើព្រះអង្គប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អុីស្រាអែលឬទេ?» ព្រះជាម្ចាស់មិនបានឆ្លើយតបនឹងស្តេចវិញទេនៅថ្ងៃនោះ។ 38 រួចមកព្រះបាទសូលមានរាជឱង្ការថា៖ «ចូរអស់អ្នកដឹកនាំរបស់ប្រជាជនមកទីនេះ សូមមើលថាតើមាននរណាបានប្រព្រឹត្តបាបបែបណាថ្ងៃនេះ។ 39 យើងសូមស្បថខណៈព្រះអម្ចាស់មានព្រះជន្មគង់នៅ ជាព្រះដែលសង្គ្រោះអុីស្រាអែលថា ទោះបីលោកយ៉ូណាថាន់ជាបុត្រាទូលបង្គំក្តី បើធ្វើបាប គឺត្រូវតែស្លាប់»។ ប៉ុន្តែ គ្មាននរណាម្នាក់ក្នុងចំណោមពួកទាហានហ៊ានឆ្លើយតបអ្វីទេ។ 40 បន្ទាប់មក ព្រះបាទបានមានបន្ទូលទៅទានហានអុីស្រាអែលទាំងអស់ថា៖ «អ្នករាល់គ្នាត្រូវឈរទៅម្ខាង ហើយយើងនឹងលោកយ៉ូណាថាននឹងឈរនៅម្ខាងទៀត»។ ទាហានបានទូលតបទៅព្រះបាទសូលវិញថា៖ «សូមធ្វើតាមតែព្រះករុណយល់ថាល្អចុះ»។ 41 ហេតុដូច្នេះហើយព្រះបាទសូលទូលទៅព្រះអម្ចាស់ជាព្រះរបស់អុីស្រាអែលថា៖ «សូមបង្ហាញយើងខ្ញុំផង»។ ពេលនោះគេចាប់ប៉ះចំព្រះបាទសូល និងសម្តេចយ៉ូណាថាន ឯពួកទាហានត្រូវបានរួចខ្លួន។ 42 បន្ទាប់មក ព្រះបាទសូលមានរាជឱង្ការថា៖ «ចូរសួរបន្តទៀតរវាងយើងនឹងលោកយ៉ូណាថានជាបុត្រារបស់យើង»។ នោះក៏ប៉ះចំសម្តេចយ៉ូណាថាន។ 43 ព្រះបាទសូលបានសួរសម្តេចយ៉ូណាថានថា៖ «ចូរប្រាប់បិតា តើបុត្របានធ្វើអ្វី»។ សម្តេចយ៉ូណាថានបានទូលស្តេចថា៖ «ទូលបង្គំបានភ្លក់ទឹកឃ្មុំបន្តិចពីចុងដំបងដែលនៅក្នុងដៃរបស់ទូលបង្គំ។ ទូលបង្គំនៅទីនេះហើយ ទូលបង្គំនឹងត្រូវស្លាប់»។ 44 ព្រះបាទសូលមានរាជឱង្ការថា៖ «បុត្រត្រូវតែស្លាប់ លោកយ៉ូណាថាន បើមិនធ្វើដូច្នេះទេ សូមព្រះជាម្ចាស់ដាក់ទោសបិតាឲ្យខ្លាំងចុះ!»។ 45 បន្ទាប់មក ទាហានបានទូលព្រះបាទសូលថា៖ «តើគួរឲ្យសម្តេចយ៉ូណាថានសុគតឬ ដ្បិតសម្តេចជាអ្នកបានសាងស្នាដៃនៃជ័យជម្នះសម្រាប់អុីស្រាអែល? សូមកុំឲ្យកើតដូច្នេះឡើយ! ទូលបង្គំសូមស្បថដោយនូវព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅថា នឹងគ្មានសក់មួយសសៃណារបស់សម្តេចជ្រុះដល់ដីឡើង ដ្បិត សម្តេចបានធ្វើការជាមួយព្រះជាម្ចាស់នៅថ្ងៃនេះ​» ដោយការសង្គ្រោះពីពួកទាហានសម្តេចមិនត្រូវបានសម្លាប់ឡើយ។ 46 នោះព្រះបាទសូលក៏បានឈប់ដេញតាមពួកភីលីស្ទីន ហើយពួកភីលីស្ទីនទាំងនោះបានទៅកន្លែងរបស់ខ្លួនវិញ។ 47 កាលព្រះបាទសូលបានចាប់ផ្តើមដឹកនាំជនជាតិអុីស្រាអែល ស្តេចបានច្បាំងនឹងសត្រូវទាំងអស់របស់ស្តេចដែលនៅជុំវិញ។ ស្តេចបានវាយជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិអេដុម ស្តេចទាំងប៉ុន្មានរបស់សូបា និងពួកភីលីស្ទីនផង។ សមរភូមិណាដែលស្តេចបានចេញទៅ ស្តេចតែងទទួលបានជ័យជម្នះ ដាក់ទោសលើសត្រូវទាំងនោះ។ 48 ស្តេចបានប្រព្រឹត្តដោយចិត្តក្លាហាន ហើយបានវាយឈ្នះលើពួកអាម៉ាឡេក។ ស្តេចបានរំដោះជនជាតិអុីស្រាអែលពីកណ្តាប់ដៃរបស់សត្រូវពួកគេ។ 49 បុត្រារបស់ព្រះបាទសូលមានដូចជា សម្តេចយ៉ូណាថាន សម្តេចយីសវី និងសម្តេចម៉ាលគីស៊ូអា។ បុត្រីរបស់ព្រះអង្គមានឈ្មោះដូចតទៅ បុត្រីច្បងគឺ ព្រះនាងម្រ៉ាប និងព្រះនាងមិកាល់ជាប្អូន។ 50 ព្រះជាយារបស់ព្រះបាទសូលគឺ ព្រះនាងអហុីណោម ជាកូនស្រីរបស់អហុីម៉ាស់។ មេបញ្ជាការទាហានរបស់ស្តេចគឺ លោកអប៊ីនើរ ជាកូនប្រុសរបស់លោកនើរ ដែលជាឪពុកមាររបស់ព្រះបាទសូល។ 51 លោកគីស ជាឪពុករបស់ព្រះបាទសូល ហើយលោកនែរ ជាឪពុករបស់លោកអប៊ីនើរ ដែលត្រូវជាកូនប្រុសរបស់លោកអបៀល។ 52 ព្រះបាទសូលបានប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយនឹងពួកភីលីស្ទីនរហូតនៅក្នុងជីវិត។ ពេលព្រះបាទសូលបានឃើញអ្នកណាខ្លាំង ឬក្លាហាន ស្តេចតែងយកអ្នកនោះមកជាមួយ។

ជំពូក ១៥

1 លោកសាំយូអែលបានទូលទៅព្រះបាទសូលថា៖ «ព្រះអម្ចាស់បានចាត់ខ្ញុំឲ្យមកចាក់ប្រេងតាំងឲ្យព្រះអង្គធ្វើជាស្តេចលើប្រជារាស្ត្រអុីស្រាអែលរបស់ព្រះអង្គ។ ឥឡូវនេះ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។ 2 នេះជាអ្វីដែលព្រះអម្ចាស់នៃពួកពលបរិវាមានព្រះបន្ទូល យើងបានកត់ត្រាទុកនូវអ្វីដែលជនជាតិអាម៉ាឡេកបានប្រព្រឹត្តចំពោះអុីស្រាអែល ដែលប្រឆាំងនឹងពួកគេនៅតាមផ្លូវ ខណះពួកគេកំពុងចាកចេញពីស្រុកអេសុីប។ 3 ដូច្នេះ ចូរចេញទៅឥឡូវនេះ ដើម្បីវាយប្រហារជនជាតិអាម៉ាឡេក ហើយត្រូវបំផ្លាញអ្វីៗទាំងអស់របស់ពួកគេ។ មិនត្រូវទុកចិត្តទុកជីវិតឲ្យពួកគេឡើយ ប៉ុន្តែ ត្រូវផ្តាច់ជីវិតទាំងប្រុសទាំងស្រី ទាំងក្មេង ទាំងទារក ទាំងគោ ចៀម អូដ្ឋ និងលា»។ 4 ព្រះបាទសូលបានកេនប្រជាជន ហើយរាប់ពួកគេនៅឯថេលែម ឃើញមានម្ភៃមឺុននាក់ ជាទ័ពថ្មើជើង ហើយមួយមឺុននាក់ទៀតជាទាហានដែលមកពីកុលសម្ព័ន្ធយូដា។ 5 ក្រោយមក ព្រះបាទសូលបានយាងមកឯក្រុងរបស់ពួកអាម៉ាឡេក ហើយរង់ចាំនៅឯជ្រលងភ្នំ។ 6 រួចព្រះបាទសូលបានមានបន្ទូលទៅជនជាតិកែនថា «ចូរថយចេញឲ្យឆ្ងាយពីចំណោមជនជាតិអាម៉ាឡេក ដើម្បីកុំឲ្យវិនាសជាមួយពួកនោះ។ ដោយព្រោះអ្នករាល់គ្នាបានប្រព្រឹត្តដោយសប្បុរសដល់ប្រជាជនអុីស្រាអែល ខណៈពួកគេបានចាកចេញពីស្រុកអេសុីប»។ ដូច្នេះ ពួកកែនក៏បានជន្លាសចេញពីពួកអាម៉ាឡែក។ 7 បន្ទាប់មក ព្រះបាទសូលបានចេញទៅវាយប្រហារជនជាតិអាម៉ាឡេក ចាប់ពីហាវីឡា រហូតដល់សើុរ ខាងកើតនៃស្រុកអេសុីប។ 8 ព្រះអង្គបានចាប់អកាក់ជាស្តេចរបស់ជនជាតិអាម៉ាឡេកទាំងរស់។ ស្តេចបានប្រហារជីវិតពួកគេទាំងអស់ដោយមុខដាវ។ 9 ប៉ុន្តែ ព្រះបាទសូល និងទាហានបានទុកជីវិតឲ្យស្តេចអកាក់ ហើយទុកចៀម គោ កូនគោបំប៉ន និងកូនចៀមដែលល្អបំផុត។ អ្វីៗដែលល្អ ពួកគេមិនបានបំផ្លាញចោលទេ។ ប៉ុន្តែ ពួកគេបានបំផ្លាញអ្វីៗទាំងអស់ដែលគ្មានប្រយោជន៍វិញ។ 10 ក្រោយមក ព្រះអម្ចាស់បានមានព្រះបន្ទូលមកលោកសាំយូអែលថា៖ 11 «យើងស្តាយណាស់ដែលបានតាំងឲ្យលោកសូលធ្វើជាស្តេច ពីព្រោះលោកសូលមិនបានស្តាប់តាមយើង ហើយមិនប្រព្រឹត្តតាមបញ្ជារបស់យើងទេ»។ លោកសាំយូអែលខឹងយ៉ាងខ្លាំង លោកបានទូលអង្វរព្រះអម្ចាស់ពេញមួយយប់នោះ។ 12 លោកសាំយូអែលបានក្រោកពីព្រលឹម ដើម្បីទៅជួបព្រះបាទសូលនៅព្រឹកនោះ។ គេបានប្រាប់លោកសាំយូអែលថា៖ «ព្រះបាទសូលបានយាងមកកើមែល ហើយបានធ្វើស្តូបមួយសម្រាប់ខ្លួននៅទីនោះ រួចបន្តដំណើរត្រឡប់ទៅគីលកាល់វិញ»។ 13 ដឹងដូច្នោះ លោកសាំយូអែលបានមកជួបព្រះបាទសូលហើយទូលស្តេចថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់ព្រះអង្គ! ខ្ញុំបានសម្រេចតាមព្រះរាជ្យបញ្ជារបស់ព្រះអម្ចាស់រួចហើយ»។ 14 លោកសាំយូអែលបានមានប្រសាសន៍ថា៖ «ចុះសម្រែកចៀម និងសម្លេងថ្ងូររបស់គោស្អីបានឮឡើងមកដល់ត្រចៀករបស់ខ្ញុំដូច្នេះ?» 15 ព្រះបាទសូលបានតបថា៖ «គឺសម្លេងសត្វដែលពួកទាហានបានយកមកពីពួកអាម៉ាឡេក។ ដោយពួកគេបានទុកនូវ ចៀម និងគោដែលល្អបំផុត ដើម្បីធ្វើយញ្ញបូជាដល់ព្រះអម្ចាស់ជាព្រះរបស់លោក។ អ្វីៗក្រៅពីនេះ ពួកយើងបានបំផ្លាញចោលទាំងស្រុងហើយ»។ 16 រួចលោកសាំយូអែលបាននិយាយទៅព្រះបាទសូលថា៖ «ឈប់សិន ខ្ញុំនឹងទូលព្រះអង្គនូវអ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូលមកទូលបង្គំកាលពីយប់មិញ»។ ព្រះបាទសូលបានតបវិញថា៖ «ចូរនិយាយមកចុះ!»។ 17 លោកសាំយូអែលមានប្រសាសន៍ថា៖ «ទោះបីព្រះអង្គមើលខ្លួនឯងថា តូចតាចក្តី តើមិនមែនព្រះអង្គត្រូវបានតាំងឲ្យដឹកនាំកុលសម្ព័ន្ធអីុស្រាអែលទេឬអី? ព្រះអម្ចាស់បានតាំងឲ្យព្រះអង្គធ្វើជាស្តេចលើអីុស្រាអែល 18 ហើយព្រះអម្ចាស់បានចាត់ឲ្យព្រះអង្គចេញទៅថា ចូរទៅ ហើយប្រហារពួកមនុស្សបាបទាំងស្រុង គឺពួកអាម៉ាឡេក ត្រូវវាយពួកគេរហូតឲ្យរាបដល់ដី។ 19 ចុះហេតុដូចម្តេចបានជាព្រះករុណាមិនស្តាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ តែបែរជាប្រមូលយកជយភណ្ឌ ហើយធ្វើរឿងអាក្រក់នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ដូច្នេះទៅវិញ?» 20 ព្រះបាទសូលបានឆ្លើយតបលោកសាំយូអែលវិញថា៖ «ខ្ញុំបានប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ហើយតើ ព្រមទាំងបានគោរពតាមរបៀបដែលព្រះអម្ចាស់ចាត់ខ្ញុំឲ្យចេញទៅដែរ។ ខ្ញុំបានចាប់ព្រះបាទអកាក់ស្តេចរបស់ពួកអាម៉ាឡេក រួចបានសម្លាប់ផ្តាច់ទាំងស្រុងពួកអាម៉ាឡេក។ 21 គឺទាហាន ដែលបានយកជយភណ្ឌ មានចៀម និងគោ ជារបស់ល្អបំផុតដែលបានញែកទុក ដើម្បីថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ជាព្រះរបស់លោកនៅគីលកាល់»។ 22 លោកសាំយូអែលបានទូលវិញថា៖ «តើព្រះអម្ចាស់គាប់ព្រះទ័យនឹងតង្វាយដុត ព្រមទាំងយញ្ញបូជាជាជាងការស្តាប់បង្គាប់ព្រះអម្ចាស់ឬ? ការគោរពប្រតិបត្តិតាម នោះប្រសើរជាងយញ្ញបូជា ហើយឯស្តាប់បង្គាប់ក៏ប្រសើរជាងការថ្វាយខ្លាញ់ចៀមឈ្មោលដែរ។ 23 ព្រោះការបះបោរ គឺស្មើនឹងអំពើបាបនៃការរកគ្រូទស្សទាយដែរ ឯការធ្វើចិត្តរឹងរូស គឺអាក្រក់ ហើយទុច្ចរិតទៀតផង។ ដោយព្រោះព្រះករុណាបានផាត់ព្រះបន្ទូលរបស់ព្រះអម្ចាស់ចោល នោះព្រះអង្គក៏បដិសេធព្រះករុណពីការធ្វើស្តេចដែរ»។ 24 ព្រះបាទសូលបានមានរាជឱង្ការមកលោកសាំយូអែលថា៖ «ខ្ញុំបានប្រព្រឹត្តបាបហើយ ព្រោះបានបំពានព្រះបញ្ជារបស់ព្រះអម្ចាស់ និងសំដីរបស់លោក ដោយខ្ញុំខ្លាចពួកទាហាន ហើយបានធ្វើតាមពួូកគេ។ 25 ឥឡូវនេះ សូមអត់ទោសឲ្យខ្ញុំផង ហើយមកជាមួយខ្ញុំវិញ ដូច្នេះ ខ្ញុំអាចថ្វាយបង្គំព្រះអម្ចាស់បាន»។ 26 លោកសាំយូអែលបានទូលព្រះបាទសូលថា៖ «ទូលបង្គំនឹងមិនទៅជាមួយព្រះករុណាវិញទេ ព្រោះព្រះករុណាបានបោះបង់ព្រះបន្ទូលរបស់ព្រះអម្ចាស់ហើយ ហើយព្រះអម្ចាស់ក៏បានបោះបង់ព្រះករុណាពីការធ្វើជាស្តេចលើជនជាតិអីុស្រាអែលវិញដែរ»។ 27 កាលលោកសាំយូអែលបានដើរចាកចេញនោះ ព្រះបាទសូលបានចាប់ជាយរ៉ូបរបស់លោកជាប់ ហើយវាបានរហែកផង។ 28 លោកសាំយូអែលបានទូលស្តេចថា៖ «ព្រះអម្ចាស់បានហែកអាណាចក្រអីុស្រាអែលពីព្រះករុណានៅថ្ងៃនេះហើយ រួចបានប្រគល់ដល់ម្នាក់ផ្សេងទៀត ដែលប្រសើរជាងព្រះករុណា។ 29 ហើយព្រះអម្ចាស់ដែលជាកម្លាំងរបស់អីុស្រាអែល មិនដែលកុហក មិនប្តូរព្រះទ័យដែរ ព្រះអង្គមិនមែនមនុស្ស ដែលដូរព្រះទ័យចុះឡើងទេ។ 30 ក្រោយមក ព្រះបាទសូលមានរាជឱង្ការថា៖ «ខ្ញុំពិតជាបានប្រព្រឹត្តបាបមែន។ ប៉ុន្តែ សូមទុកមុខឲ្យខ្ញុំនៅចំពោះមុខចាស់ទុំ និងចំពោះប្រជាជនអីុស្រាអែលផង។ សូមមកជាមួយខ្ញុំសិន ដើម្បីឲ្យខ្ញុំថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់លោកផង»។ 31 ដូច្នេះ លោកសាំយូអែលក៏មកជាមួយព្រះបាទសូល ហើយស្តេចបានថ្វាយបង្គំព្រះអម្ចាស់ពេលនោះ។ 32 បន្ទាប់មក លោកសាំយូអែលបានមានប្រសាសន៍ថា៖ «ចូរនាំព្រះបាទអកាក់ ជាស្តេចនៃជនជាតិអាម៉ាឡេកឲ្យខ្ញុំទីនេះ»។ គេបាននាំស្តេចអកាក់មកដល់ទាំងជាប់ច្រវ៉ាក់ រួចព្រះបាទអកាក់បានមានរាជឱង្ការថា៖ «ពិតណាស់ ការឈឺចាប់នោះបានកន្លងផុតទៅហើយ»។ 33 លោកសាំយូអែលបានតបវិញថា៖ «ដាវរបស់ឯងបានធ្វើឲ្យស្រីៗព្រាត់កូនយ៉ាងណា ម្តាយរបស់ឯងក៏នឹងព្រាត់កូនយ៉ាងនោះដែរ»។ នោះលោកសាំយូអែលបានកាប់ព្រះបាទអកាក់ជាកង់ៗនៅចំពេាះព្រះអម្ចាស់នៅឯគីលកាល់នោះទៅ។ 34 លោកសាំយូអែលបានធ្វើដំណើរទៅរ៉ាម៉ា ឯព្រះបាទសូលបានយាងទៅដំណាក់របស់ស្តេចនៅគីបៀរវិញ។ 35 លោកសាំយូអែលលែងជួបព្រះបាទសូលរហូតដល់ថ្ងៃដែលលោកលាចាកលោក ដោយលោកបានកាន់ទុកសម្រាប់ព្រះបាទសូល។ ព្រះអម្ចាស់បានសោកស្តាយដោយបានតាំងឲ្យព្រះបាទសូលឲ្យធ្វើជាស្តេចលើអីុស្រាអែល។

ជំពូក ១៦

1 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកសាំយូអែលថា៖ «តើអ្នកនៅកាន់ទុកសម្រាប់ព្រះបាទសូល ដែលយើងមិនឲ្យធ្វើជាស្តេចលើអុីស្រាអែលដល់កាលណាទៀត? ចូរបំពេញប្រេងក្នុងស្នែងរបស់អ្នកហើយចេញទៅ។ យើងនឹងចាត់អ្នកឲ្យទៅផ្ទះលោកអ៊ីសាយនៅភូមិបេថ្លេហិម ដ្បិត យើងបានជ្រើសរើសម្នាក់ឲ្យធ្វើជាស្តេចចេញពីចំណោមកូនប្រុសៗរបស់គាត់»។ 2 លោកសាំយូអែលបានទូលវិញថា៖ «តើឲ្យទូលបង្គំទៅយ៉ាងដូចម្តេច? បើព្រះបាទសូលជ្រាបពីរឿងនេះ នោះស្តេចមុខជាប្រហារជីវិតទូលបង្គំមិនខាន»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរយកគោស្ទាវមួយក្បាលទៅជាមួយអ្នកហើយនិយាយថា៖ ខ្ញុំមកនេះ ដើម្បីថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់។ 3 ចូរហៅលោកអ៊ីសាយឲ្យថ្វាយយញ្ញបូជា នោះយើងនឹងបង្ហាញអ្នកថាត្រូវធ្វើអ្វីទៀត។ យើងនឹងប្រាប់ដល់អ្នកត្រូវចាក់ប្រេងតាំងលើអ្នកណាដែលយើងនឹងប្រាប់»។ 4 លោកសាំយូអែលបានធ្វើតាមព្រះអម្ចាស់បង្គាប់ ហើយក៏បានចេញទៅភូមិបេថ្លេហិម។ ចាស់ទុំនៅក្រុងនោះមានការភិតភ័យបានចេញមកជួបលោក ទាំងនិយាយថា៖ «តើអ្នកមកនេះក្នុងបំណងសន្តិភាពឬ?» 5 លោកបានតបវិញថា៖ «មែនហើយ ដោយសន្តិភាពទេ ខ្ញុំមកនេះដើម្បីថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់»។ សូមរៀបចំខ្លួនរួចមកជាមួយខ្ញុំដើម្បីថ្វាយយញ្ញបូជា។ រួចមកលោកបានញែកលោកអ៊ីសាយម្ខាង និងកូនប្រុសៗរបស់លោកម្ខាង ដោយអញ្ជើញពួកគេថ្វាយយញ្ញបូជា។ 6 ពេលកូនៗរបស់គាត់បានមកដល់ លោកបានសម្លឹងទៅឯលោកអេលាប ដោយនិយាយក្នុងចិត្តថា មុខជាម្នាក់នេះហើយដែលព្រះអម្ចាស់បានតាំងឡើងនៅចំពោះព្រះអង្គ។ 7 ប៉ុន្តែ ព្រះអម្ចាស់បានមានព្រះបន្ទូលមកលោកសាំយូអែលថា៖ «កុំមើលតែរូបរាងខាងក្រៅ ឬកម្ពស់ ពីព្រោះយើងមិនបានរើសម្នាក់នេះទេ។ ដ្បិត ព្រះអម្ចាស់មិនទតមើលដូចមនុស្សសង្កេតទេ ដោយសារមនុស្សមើលតែសំបកក្រៅប៉ុណ្ណោះ ប៉ុន្តែ ព្រះអម្ចាស់ទតមើលដួងចិត្ត»។ 8 បន្ទាប់មក លោកអ៊ីសាយបានហៅលោកអប៊ីណាដាប់ ហើយឲ្យដើរចូលមកចំពោះលោកសាំយូអែល។ រួចលោកសាំយូអែលបានមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ក៏ពុំបានរើសម្នាក់នេះដែរ»។ 9 លោកអ៊ីសាយក៏បានឲ្យលោកសាម៉ាដើរកាត់ម្តង ប៉ុន្តែ លោកសាំយូអែលបានមានប្រសាសន៍ថា៖ «ម្នាក់នេះក៏ព្រះអម្ចាស់មិនបានជ្រើសរើសដែរ»។ 10 លោកអ៊ីសាយឲ្យកូនប្រុសទាំងប្រាំពីរនាក់ដើរទៅមុខលោកសាំយូអែល។ លោកសាំយូអែលបានថ្លែងទៅលោកអ៊ីសាយថា៖ «ព្រះអម្ចាស់ពុំរើសអ្នកទាំងអស់នេះទេ»។ 11 បន្ទាប់មក លោកសាំយូអែលបានសួរលោកអ៊ីសាយថា៖ «កូនប្រុសៗរបស់លោកនៅទីនេះអស់ហើយមែនទេ?» លោកបានតបថា៖ «នៅមានកូនពៅម្នាក់ទៀត ប៉ុន្តែ វាកំពុងឃ្វាលចៀម»។ លោកសាំយូអែលបានប្រាប់ថា៖ «ចាត់គេឲ្យទៅហៅវាមក បើមិនដូច្នោះទេ យើងនឹងមិនអង្គុយនៅទីនេះទេ»។ 12 លោកអ៊ីសាយបានចាត់ឲ្យទៅហៅកូននោះមក។ កូននោះមានរូបរាងសង្ហា មានថ្ពាល់ក្រហម និងភ្នែកយ៉ាងស្អាតផង។ ព្រះអម្ចាស់បានមានព្រះបន្ទូលថា៖ «ចូរទៅចាក់ប្រេងតាំងចុះ គឺម្នាក់នេះហើយ»។ 13 ក្រោយមក លោកសាំយូអែលបានយកស្នែងដែលដាក់ប្រេងនោះមក ហើយបានចាក់ប្រេងតាំងម្នាក់នោះនៅកណ្តាលពួកបងៗ។ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់បានយាងមកសណ្ឋិតពីលើដាវីឌចាប់តាំងពីថ្ងៃនោះមក រួចលោកសាំយូអែលបានក្រោកឡើង និងបន្តដំណើរទៅឯរ៉ាម៉ាវិញ។ 14 កាលនោះ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់បានយាងចេញពីព្រះបាទសូលហើយ ហើយមានវិញ្ញាណពីព្រះអម្ចាស់បានមកធ្វើឲ្យស្តេចច្របូកច្របល់វិញ។ 15 បាវបម្រើរបស់ព្រះបាទសូលបានទូលទ្រង់ថា៖ «មើល គឺវិញ្ញាណដែលមកពីព្រះអម្ចាស់បានមកដើម្បីបង្កបញ្ហាដល់ព្រះអង្គហើយ។ 16 សូមទ្រង់ចាត់បាវរបស់ទ្រង់ឲ្យទៅស្វែងរកអ្នកណាម្នាក់ដែលជំនាញលេងពិនថ្វាយព្រះអង្គ។ នៅពេលវិញ្ញាណនោះមកសណ្ឋិតលើព្រះអង្គ នោះត្រូវឲ្យអ្នកនោះលេងពិន រួចព្រះអង្គនឹងបានប្រសើរវិញ»។ 17 ព្រះបាទសូលបានចាត់អ្នកបម្រើថា៖ «ចូរស្វែងរកបុរសម្នាក់ដែលអាចលេងភ្លេងបានយ៉ាងល្អ ហើយយកគេមកឲ្យយើង»។ 18 រួចក៏មានយុវជនម្នាក់បានទូលស្តេចថា៖ «ខ្ញុំធ្លាប់ឃើញកូនប្រុសរបស់លោកអ៊ីសាយ អ្នកភូមិបេថ្លេហិមម្នាក់ គឺជាអ្នកជំនាញលេង ហើយ ជាក្មេងដែលក្លាហាន រឹងមាំ ជាអ្នកសង្គ្រាម ពូកែនិយាយ រួចសង្ហាថែមទៀត ហើយព្រះអម្ចាស់ក៏គង់ជាមួយយុវជននោះដែរ»។ 19 រួចព្រះបាទសូលក៏បានចាត់គេឲ្យទៅឯលោកអ៊ីសាយ និយាយថា៖ «ចូរប្រគល់កូនប្រុសរបស់លោក គឺដាវីឌ ដែលនៅឃ្វាលចៀមនោះមកយើង»។ 20 លោកអ៊ីសាយបានយកលាមួយមក ហើយបានដាក់នំបុ័ងផង មានទាំងស្រាទំពាំងបាយជូរ និងកូនពពែមួយ រួចឲ្យវាទៅជាមួយកូនប្រុសរបស់លោក គឺដាវីឌ ទៅឯព្រះបាទសូល។ 21 បន្ទាប់មក ដាវីឌបានមកឯព្រះបាទសូល ហើយនៅបម្រើស្តេច។ ព្រះបាទសូលពេញចិត្តនឹងដាវីឌយ៉ាងខ្លាំង ថែមទាំងបានតាំងឲ្យដាវីឌធ្វើជាអ្នកកាន់គ្រឿងសស្ត្រាវុធឲ្យស្តេចទៀតផង។ 22 ព្រះបាទសូលបានចាត់គេឲ្យទៅប្រាប់លោកអ៊ីសាយថា៖ «សូមទុកឲ្យដាវីឌនៅជាមួយយើងចុះ ព្រោះយើងគាប់ព្រះទ័យនឹងដាវីឌណាស់»។ 23 រាល់ពេលដែលវិញ្ញាណដែលមកពីព្រះជាម្ចាស់មកសណ្ឋិតលើព្រះបាទសូល ដាវីឌបានយកពិនមកលេង រួចព្រះបាទសូលបានស្រស់ស្រាយ និងប្រសើរឡើងវិញ ហើយវិញ្ញាណបានចាកចេញពីស្តេចទៅ។

ជំពូក ១៧

1 គ្រានោះ ពួកភីលីស្ទីនបានប្រមូលទ័ពដើម្បីធ្វើសង្គ្រាម។ ពួកគេបានប្រមូលគ្នានៅឯសូកូ ស្រុកយូដា។ ពួកគេបានបោះតង់នៅចន្លោះសូកូ និងអាសេកា គឺនៅតំបន់អេផេសដាំមីម។ 2 ព្រះបាទសូល និងទ័ពអ៊ីស្រាអែលបានប្រមូលគ្នា ហើយបោះតង់នៅក្នុងជ្រលងអេឡា រួចបានដាក់ទ័ពឲ្យចេញទៅតយុទ្ធនឹងពួកភីលីស្ទីន។ 3 ពួកភីលីស្ទីនបានឈរនៅលើភ្នំមួយម្ខាង ហើយអ៊ីស្រាអែលក៏បានឈរលើភ្នំម្ខាងទៀតដែលមានជ្រលងនៅកណ្តាលពួកគេទាំងពីរ។ 4 មានបុរសខ្លាំងម្នាក់បានចេញមកពីជំរំពួកភីលីស្ទីន ឈ្មោះថា កូលីយ៉ាត មកពីក្រុងកាថ ដែលមានកម្ពស់ប្រហែលបីម៉ែត្រ។ 5 បុរសនោះពាក់ពួកលង្ហិនលើក្បាល និងមានអាវក្រោះផង។ អាវនោះមានទម្ងន់ហាសិបប្រាំពីគីឡូក្រាម ជាអាវលង្ហិន។ 6 មានស្រោបលង្ហិនលើជើងទាំងពីរ និងស្ពាយលំពែងលង្ហិនលើស្មាផង។ 7 លំពែងនោះធំ មានចងខ្សែដើម្បីចោលដូចជាកីតម្បាញ។ ផ្លែលំពែងនោះ មានទម្ងន់ប្រាំពីគីឡូក្រាមធ្វើពីដែក និងមានម្នាក់ដែលកាន់ខែលដើរពីមុខផង។ 8 ម្នាក់នោះឈរ ស្រែកទៅទ័ពអ៊ីស្រាអែលថា៖ «ហេតុអ្វីបានជាពួកឯងចេញមកប្រយុទ្ធដូច្នេះ? យើងជាជនជាតិភីលីស្ទីន តើពួកឯងមិនមែនជាកញ្ជះរបស់ព្រះបាទសូលទេឬអី? ចូររើសបុរសម្នាក់ជាតំណាងពួកឯង ហើយចាត់វាឲ្យចេញមករកយើង។ 9 បើឃើញថា វាអាចវាយ ហើយសម្លាប់យើងបាន នោះយើងនឹងធ្វើជាកញ្ជះពួកឯង។ ប៉ុន្តែ បើយើងវាយ ហើយសម្លាប់វាបាន នោះពួកឯងត្រូវមកបម្រើយើងវិញ»។ 10 ជនភីលីស្ទីននោះបាននិយាយម្តងទៀតថា៖ «ថ្ងៃនេះ យើងចេញមកតតាំងនឹងទ័ពអ៊ីស្រាអែល។ ចូរចាត់ម្នាក់ចេញមក ដើម្បីវាយតទល់គ្នា»។ 11 កាលព្រះបាទសូល និងទាហានអ៊ីស្រាអែលទាំងអស់បានឮសំដីរបស់ទាហានភីលីស្ទីនោះ ពួកគេបានបាក់ទឹកចិត្ត ហើយភ័យញ័រ។ 12 កាលនោះដាវីឌជាកូនអ្នកអំបូរអេប្រាតា ក្នុងភូមិបេថ្លេហិម ស្រុកយូដា គឺជាកូនប្រុសលោកអ៊ីសាយ។ លោកអ៊ីសាយមានកូនប្រុសប្រាំបីនាក់។ ក្នុងរជ្ជកាលរបស់ព្រះបាទសូល លោកអ៊ីសាយមានវ័យចាស់ហើយក្នុងចំណោមប្រជាជន។ 13 មានកូនប្រុសច្បងបីនាក់របស់លោកបានទៅចូលរួមធ្វើសង្គ្រាមជាមួយព្រះបាទសូលដែរ។ អ្នកទាំងបីដែលទៅសមរភូមិនោះមានឈ្មោះថា លោកអេលាប លោកអប៊ីណាដាប់ និងលោកសាម៉ា។ 14 ដាវីឌ ជាកូនពៅគេបង្អស់ ឯបងបីនាក់បានទៅតាមព្រះបាទសូល។ 15 ដាវីឌបានធ្វើដំណើរចុះឡើងទៅឯព្រះបាទសូល និងត្រឡប់ទៅឃ្វាលចៀមរបស់ឪពុកវិញនៅឯបេថ្លេហិម។ 16 សែសិបថ្ងៃហើយ ដែលទាហានភីលីស្ទីនបានមកក្បែរនោះបង្ហាញខ្លួន ដើម្បីវាយប្រយុទ្ធទាំងព្រឹកទាំងល្ងាច។ 17 បន្ទាប់មក លោកអ៊ីសាយបានប្រាប់ដាវីឌ ជាកូនប្រុសថា៖ «ចូរយកលាជមួយថង់ និងនំប័ុងដប់ ទៅឲ្យបងៗរបស់ឯងនៅឯជំរំជាប្រញាប់។ 18 ហើយយកប្រូម៉ាស់ដប់ដុំទៅឲ្យមេទ័ពរបស់ពួកគេផង។ ចូរមើលថា តើបងៗរបស់ឯសុខសប្បាយទេ រួចត្រូវយកអ្វីមកបញ្ជាក់ដើម្បីឲ្យដឹងថាពួកគេសុខសប្បាយមកជាមួយផង។ 19 បងៗរបស់ឯងកំពុងនៅជាមួយព្រះបាទសូល ហើយទាហានអ៊ីស្រាអែលទាំងអស់ស្ថិតនៅជ្រលងភ្នំអេឡា ប្រយុទ្ធជាមួយពួកភីលីស្ទីន»។ 20 ដាវីឌបានក្រោកពីព្រលឹម រួចផ្ញើសត្វទាំងប៉ុន្មានទៅឲ្យគង្វាលម្នាក់ផ្សេងទៀត ទាំងបានយកស្បៀងរួចចាកចេញទៅតាមបង្គាប់របស់លោកអ៊ីសាយ។ ដាវីឌបានទៅជំរំ ខណៈពលទាហានបានចេញទៅសមរភូមិស្រែកហ៊ោ។ 21 បន្ទាប់មក ទាំងទាហានអ៊ីស្រាអែ​ល និងពួកភីលីស្ទីនបានចូលខ្សែត្រៀមដើម្បីប្រយុទ្ធ ក៏ផ្ទុះសង្គ្រាមឡើងរវាងពលទាហាន និងពលទាហាន។ 22 ដាវីឌបានទុករបស់របរនៅនឹងអ្នកមើលថែ រួចរត់ទៅឯកងទ័ព ហើយជម្រាបសួរបងៗ។ 23 ពេលបាននិយាយជាមួយបងៗ ទាហានដ៏ខ្លាំងរបស់ភីលីស្ទីន ជាអ្នកក្រុងកាថដែលមានឈ្មោះថា កូលីយ៉ាតបានចេញមកឈរនៅជួរមុខនៃទ័ពភីលីស្ទីនទាំងនិយាយប្រមាថដូចមុនៗ ហើយដាវីឌបានឮពាក្យសំដីទាំងនោះ។ 24 នៅពេលទ័ពអ៊ីស្រាអែលបានឃើញម្នាក់នោះចេញមកដូច្នេះ ក៏បានរត់គេចដោយមានការភិតភ័យ។ 25 ទាហានរបស់អ៊ីស្រាអែលបាននិយាយថា៖ «តើអ្នកបានឃើញបុរសម្នាក់ដែលបានចេញមកនោះទេ? វាបានមកដើម្បីប្រមាថដល់ជនជាតិអ៊ីស្រាអែល។ ស្តេចនឹងប្រទាននូវទ្រព្យសម្បត្តិជាច្រើនដល់អ្នកណាដែលអាចសម្លាប់វាបាន ថែមទាំងលើកបុត្រីឲ្យរៀបអភិសេកជាមួយអ្នកនោះទៀតផង មិនត្រឹមតែប៉ុណ្ណោះ គឺស្តេចឲ្យគ្រួសារអ្នកនោះបានរួចពន្ធនៅស្រុកអ៊ីស្រាអែលទាំងមូលដែរ»។ 26 ដាវីឌបាននិយាយទៅទាហានដែលឈរនៅក្បែរនោះថា៖ «តើនឹងទទួលបានអ្វីបើមានអ្នកអាចសម្លាប់ជនភីលីស្ទីនម្នាក់នេះ ហើយដកយកភាពអាប់ឱនរបស់អ៊ីស្រាអែលចេញ? តើជនភីលីស្ទីននេះជាស្អីបានជាហ៊ានមើលងាយកងទ័ពរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅដូច្នេះ?» 27 បន្ទាប់មក មានអ្នកនិយាយម្តងទៀតនូវអ្វីដែលបានប្រាប់ហើយមុននោះ «ជារង្វាន់ដែលត្រូវទទូលសម្រាប់អ្នកដែលអាចសម្លាប់ជនភីលីស្ទីននោះបាន»។ 28 អេលាបជាបងបានឮពេលដាវីឌនិយាយគ្នាជាមួយពួកទាហាន។ កំហឹងរបស់អេលាបបានឡើងកំដៅប្រឆាំងនឹងដាវីឌ ដោយនិយាយឡើងថា៖ «ហេតុអ្វីបានជាឯងមកទីនេះ? តើឯងបានទុកចៀមនឹងអ្នកណានៅឯទីវាល? យើងស្គាល់អំនួតរបស់ឯងហើយ គឺដឹងភាពរពិសក្នុងចិត្តឯង ដោយឯងមកទីនេះគឺដើម្បីមើលគេធ្វើសង្គ្រាមប៉ុណ្ណោះ»។ 29 ដាវីឌបានតបវិញថា៖ «តើខ្ញុំបានធ្វើខុសអី? គ្រាន់តែសួរទេតើ»។ 30 រួចមកគាត់ក៏ចេញពីបងបែរទៅរកអ្នកផ្សេង ហើយនិយាយបែបដដែលនោះទៀត។ អ្នកទាំងនោះក៏បានឆ្លើយដូចពីមុនដែរ។ 31 ពេលសំដីរបស់ដាវីឌបានឮទៅដល់ទាហានជាច្រើនហើយ ពួកគេបានរាយការណ៍សំដីទាំងនោះដល់ព្រះបាទសូល ទាំងនាំចូលគាល់ស្តេចផង។ 32 បន្ទាប់មក ដាវីឌបានទូលព្រះបាទសូលថា៖ «សូមកុំបណ្តោយបាក់ទឹកចិត្តទាហានឡើយ ទូលបង្គំនឹងចេញទៅវាយនឹងជនភីលីស្ទីននោះ»។ 33 ព្រះបាទសូលបានមានរាជឱង្ការទៅដាវីឌថា៖ «ឯងមិនអាចចេញទៅប្រឆាំងនឹងជនភីលីស្ទីននេះបានទេ ដ្បិត ឯងនៅក្មេងណាស់ តែឯវា វាជាអ្នកធ្វើសង្គ្រាមតាំងពីនៅក្មេងម្លេ៉ះ»។ 34 ប៉ុន្តែ ដាវីឌបានទូលទៅព្រះបាទសូលវិញថា៖ «ទូលបង្គំធ្លាប់មើលថែហ្វូងចៀមឪពុករបស់ទូលបង្គំ។ ពេលសឹង្ហ ឬខ្លាឃ្មុំចូលមកចាប់កូនចៀមណាមួយចេញពីហ្វូង ទូលបង្គំដេញតាម 35 ហើយប្រហារវា សង្គ្រោះចៀមនោះពីមាត់របស់វា។ កាលវាចូលមកចង់ត្របាក់ទូលបង្គំ នោះទូលបង្គំនឹងចាប់ពុកចង្កាវា វាយវា ហើយសម្លាប់វាផង។ 36 ទូលបង្គំបានសម្លាប់ទាំងសឹង្ហ និងខ្លាឃ្មុំ។ ឯជនមិនកាត់ស្បែកភីលីស្ទីននេះនឹងមានវាសនាដូចវាមួយមិនខាន ព្រោះវាបានប្រមាថកងទ័ពរបស់ព្រះដ៏មានព្រះជន្មគង់នៅ»។ 37 ដាវីឌបានបន្ថែមថា៖ «ព្រះអម្ចាស់បានសង្គ្រោះទូលបង្គំពីក្រញាំសឹង្ហ និងពីក្រញាំរបស់ខ្លាឃ្មុំ ព្រះអង្គមុខជាសង្គ្រោះទូលបង្គំពីដៃរបស់ជនភីលីស្ទីននេះដែរ»។ បន្ទាប់មក ព្រះបាទសូលបានមានរាជឱង្ការទៅដាវីឌថា៖ «បើដូច្នេះ ចូរទៅចុះ សូមព្រះអម្ចាស់គង់ជាមួយឯង»។ 38 ព្រះបាទសូលបានបំពាក់គ្រឿងសឹករបស់ស្តេចឲ្យដាវីឌ។ ស្តេចបានយកមួយលង្ហិនពាក់លើក្បាលដាវីឌ និងបានបំពាក់អាវក្រោះឲ្យទៀតផង។ 39 ដាវីឌបានយកដាវរបស់ស្តេចមក ប៉ុន្តែ មិនអាចដើរកើតឡើយ ពីព្រោះដាវីឌមិនដែលហ្វឹកហាត់ជាមួយនឹងគ្រឿងសឹកទាំងនោះទេ។ រួចដាវីឌបានទូលព្រះបាទសូលថា៖ «ទូលបង្គំមិនអាចចេញទៅសមរភូមិជាមួយនឹងគ្រឿងទាំងនេះបានឡើង ព្រោះទូលបង្គំមិនធ្លាប់ប្រើវា»។ ដូច្នេះ ក៏ទម្លាក់គ្រឿងទាំងនោះចុះវិញ។ 40 ដាវីឌបានយកតែរបស់របរខ្លួននៅជាប់នឹងដៃ ហើយរើសគ្រួសរលោងៗប្រាំគ្រាប់មកទុកក្នុងថង់អ្នកគង្វាលចៀម។ ដាវីឌបានត្រៀមដង្ហក់នៅនឹងដៃរួចហើយ ថែមទាំងទៅជិតដល់ជនភីលីស្ទីននោះ។ 41 ជនភីលីស្ទីនបានមកប្រកៀកនឹងដាវីឌ ជាមួយអ្នកនាំមុខដែលកាន់ខែលឲ្យផងដែរ។ 42 កាលជនភីលីស្ទីននោះស្វែងរកមើល វាបានឃើញដាវីឌ រួចបានមើលងាយដាវីឌ ដោយសារឃើញដាវីឌជាក្មេងប្រុសនៅតូច មានថ្ពាល់ក្រហម ហើយសង្ហាផងនោះ។ 43 ក្រោយមក ជនភីលីស្ទីននោះបាននិយាយទៅថា៖ «តើយើងជាឆ្កែឬបានជាឯងមកតយុទ្ធនឹងយើងដោយប្រើដំបងដូច្នេះ?» រួចជនភីលីស្ទីននោះបានដាក់បណ្តាសាដោយនាមព្រះរបស់ពួកគេ។ 44 ជនភីលីស្ទីននោះបាននិយាយជាមួួយដាវីឌថា៖ «មកនេះ មកទីនេះមក អញនឹងយកសាច់ឯងឲ្យក្អែកស៊ីលើមេឃ ហើយឲ្យសត្វដែលនៅតាមទីវាល»។ 45 ដាវីឌបានតបនឹងជនភីលីស្ទីននោះថា៖ «ឯងមកប្រយុទ្ធជាមូយយើងដោយប្រើដាវ លំពែង និងដែក ប៉ុន្តែ យើងវិញមករកឯងក្នុងព្រះនាមព្រះអម្ចាស់នៃពួកពលបរិវារ និងជាព្រះនៃកងទ័ពរបស់អ៊ីស្រាអែលដែលឯងបានប្រមាថនោះហើយ។ 46 ថ្ងៃនេះព្រះអម្ចាស់នឹងប្រទានជ័យជម្នះមកយើង ហើយយើងនឹងសម្លាប់ឯងចេញ ថែមទាំងកាត់ក្បាលឯងចេញពីខ្លួនទៀតផង។ ថ្ងៃនេះយើងនឹងយកសាសពរបស់ទ័ពភីលីស្ទីនឲ្យសត្វស្លាប់លើមេឃ និងសត្វព្រៃស៊ីជាអាហារ។ ធ្វើដូច្នេះ អ្វីៗដែលនៅផែនដីនឹងដឹងថា ពិតជាមានព្រះជាម្ចាស់ ជាព្រះនៅអ៊ីស្រាអែលប្រាកដមែន។ 47 ហើយពួកគេនឹងមុខជាដឹងថា ព្រះអម្ចាស់ពុំបានផ្តល់ជ័យជម្នះដោយសារមុខដាវ និងលំពែងទេ។ ពីព្រោះព្រះអម្ចាស់នឹងចេញធ្វើសង្គ្រាម ហើយព្រះអង្គ នឹងប្រគល់ពួកឯងមកក្នុងដៃរបស់យើងមិនខាន»។ 48 កាលជនភីលីស្ទីននោះបានក្រោកឡើង ហើយចេញមកប្រឆាំងនឹងដាវីឌ រួចដាវីឌបានរត់យ៉ាងលឿនទៅរកសត្រូវ ដើម្បីទៅជួបវា។ 49 ដាវីឌបានលូកដៃចូលក្នុងហោប៉ៅដើម្បីយកគ្រួសចេញមក រួចក្រវីក្រួសនោះ ទៅបុកថ្ងាស់ជនភីលីស្ទីននោះ រួចជននោះបានដួលមុខដល់ដី។ 50 ដាវីឌបានយកជ័យជម្នះលើជនភីលីស្ទីននោះដោយដង្ហក់ និងគ្រាប់គ្រួសតូចមួយ។ ដាវីឌបានចោលក្រួសនោះទៅលើជនភីលីស្ទីននោះ ហើយសម្លាប់វាបង់។ 51 ដាវីឌគ្មានដាវនៅនឹងដៃទេ ក្រោយមកដាវីឌបានរត់ទៅឈរពីមុខជនភីលីស្ទីននោះ និងយកដាវចេញពីស្រោម ហើយបានសម្លាប់ រួចថែមទាំងកាត់ក្បាលជននោះផង។ កាលពួកទាហានភីលីស្ទីនបានឃើញថា អ្នកក្លាហានរបស់ពួកគេបានបាត់បង់ជីវិតដូច្នេះ ពួកគេបានរត់ភាសខ្លួនអស់ទៅ។ 52 បន្ទាប់មក ពលទាហានរបស់អ៊ីស្រាអែល និងពួកយូដាបានក្រោកឡើងទាំងស្រែកខ្លាំងៗដេញតាមពួកភីលីស្ទីនទៅយ៉ាងឆ្ងាយ ដល់ជ្រលងភ្នំ ជាមាត់ទ្វាររបស់ក្រុងអេក្រូន។ សពរបស់ពួកភីលីស្ទីនដេករាលនៅតាមផ្លូវទៅស្អារ៉ែម រហូតដល់ក្រុងកាថ និងអេក្រូនផង។ 53 ពួកទាហានអ៊ីស្រាអែលបានត្រឡប់មកពីតាមដេញពួកភីលីស្ទីនវិញ ហើយថែមទាំងរឹបអូសយកអ្វីៗដែលនៅក្នុងជំរំពួកភីលីស្ទីននោះ។ 54 ដាវីឌបានយកក្បាលរបស់ជនភីលីស្ទីននោះ ហើយយកមកក្រុងយេរ៉ូសាឡិម រួចយកគ្រឿងធ្វើសង្គ្រាមរបស់វាដាក់នៅក្នុងត្រសាលរបស់ខ្លួន។ 55 កាលព្រះបាទសូលបានឃើញថា ដាវីឌបានវាយប្រហារជនភីលីស្ទីនដូច្នេះ ស្តេចមានរាជឱង្ការទៅអប៊ីនើរជាមេទ័ពថា៖ «លោកអប៊ីនើរ តើយុវជននោះជាកូនប្រុសរបស់អ្នកណា?» លោកអប៊ីនើរបានទូលតបវិញថា៖ «ទូលបង្គំមិនបានដឹងទេព្រះករុណា»។ 56 ស្តេចមានរាជឱង្ការថា៖ «ចូរសួរអ្នកផ្សេងទៀត ក្រែងគេអាចស្គាល់ក្មេងប្រុសនេះជាកូនប្រុសអ្នកណា»។ 57 ពេលដាវីឌបានត្រឡប់ពីសម្លាប់ជនភីលីស្ទីននោះវិញ លោកអប៊ីនើរបាននាំដាវីឌមកគាល់ព្រះបាទសូលជាមួយនឹងក្បាលរបស់ជនភីលីស្ទីននោះនៅនឹងដៃថែមទៀតផង។ 58 ព្រះបាទសូលមានរាជឱង្ការថា៖ «នែអ្នកកម្លោះ តើឯងជាកូនរបស់អ្នកណា? ដាវីឌបានទូលតបវិញថា៖ «ទូលបង្គំជាកូនប្រុសលោកអ៊ីសាយ ជាអ្នកបម្រើរបស់ព្រះករុណា ជាអ្នកភូមិបេថ្លហិម»។

ជំពូក ១៨

1 ក្រោយដាវីឌបានទូលព្រះបាទសូលរួចហើយ ដួងចិត្តរបស់សម្តេចយ៉ូណាថានបានពេញចិត្តនឹងដាវីឌ ថែមទាំងស្រឡាញ់ដាវីឌស្មើជីវិតផង។ 2 ព្រះបាទសូលបានយកដាវីឌឲ្យមកបម្រើស្តេចតាំងពីថ្ងៃនោះមក ស្តេចមិនអនុញ្ញាតឲ្យដាវីឌត្រឡប់ទៅផ្ទះរបស់ឪពុកខ្លួនវិញទេ។ 3 ក្រោយមក សម្តេចយ៉ូណាថានបានចងសម្ព័ន្ធមេត្រីមិត្តភាពជាមួយនឹងដាវីឌ ព្រោះសម្តេចយ៉ូណាថានពេញចិត្តនឹងដាវីឌស្មើនឹងជីវិត។ 4 សម្តេចយ៉ូណាថានបានយករ៉ូបដែលខ្លួនកំពុងស្លៀក រួមទាំងគ្រឿងសឹក ដូចជាដាវ ធ្នូ និងខ្សែក្រវ៉ាតទៅឲ្យដាវីឌថែមទៀតផង។ 5 ដាវីឌបានទៅគ្រប់ទីកន្លែងដែលព្រះបាទសូលបានចាត់ឲ្យទៅ ព្រមទាំងទទួលបានជោគជ័យទៀតផង។ ព្រះបាទសូលបានឲ្យដាវីឌត្រួតលើកងទ័ពទាំងអស់។ ប្រជាជន និងរាជ្យមប្រើទាំងអស់របស់ព្រះបាទសូលពេញចិត្តគ្រប់ៗគ្នា។ 6 កាលពួកគេបានត្រឡប់មកផ្ទះបន្ទាប់ពីមានជ័យជម្នះលើពួកភីលីស្ទីនវិញ ស្រីៗបានចេញមកពីតាមទីក្រុងទាំងអស់នៃស្រុកអ៊ីស្រាអែល ទាំងច្រៀង ទាំងរាំជាមួយក្រាប និងឧបករណ៍ភ្លេងជាច្រើនដោយអំណរ ដើម្បីជួបព្រះបាទសូល។ 7 ស្ត្រីៗបានច្រៀងប្រដាក់គ្នា រួចលេងភ្លេងផងដែរ។ ពួកគេបានច្រៀងថា៖ «ព្រះបាទសូលបានប្រហារសត្រូវរាប់ពាន់នាក់ ឯដាវីឌប្រហារបានមួយម៉ឺននាក់»។ 8 ព្រះបាទសូលមានកំហឹងជាខ្លាំង ដោយស្តេចមិនសព្វព្រះទ័យនឹងចម្រៀងដែលគេច្រៀងនោះទេ។ ស្តេចបានមានរាជឱង្ការថា៖ «គេបានរៀបរាប់ថា ដាវីឌបានប្រហារដល់មួយម៉ឺននាក់ ប៉ុន្តែ យើងវិញបានត្រឹមរាប់ពាន់នាក់ប៉ុណ្ណោះ។ តើវានឹងទទួលអ្វីលើសនឹងទៀត តើមិនមែននៅតែអំណាចប៉ុណ្ណោះទេឬអី?» 9 ចាប់ពីពេលនោះមក ព្រះបាទសូលបានកើតការសង្ស័យលើដាវីឌ។ 10 ថ្ងៃបន្ទាប់ វិញ្ញាណដ៏គ្រោះថ្នាក់ដែលមកពីព្រះជាម្ចាស់បានមកសណ្ឋិតលើព្រះបាទសូល ហើយស្តេចបានស្រែកឡូឡាពេញក្នុងដំណាក់។ ដូច្នេះ ដាវីឌបានយកឧបករណ៍មកលេង ដូចបានធ្វើសព្វដង។ 11 ព្រះបាទសូល មានលំពែងមួយនៅក្នុងដំណាក់ ស្តេចបានចោលលំពែងនោះ ដោយបានព្រះតម្រិះថា៖ «យើងនឹងដោតដាវីឌទៅនឹងជញ្ជាំង»។ ប៉ុន្តែ ដាវីឌបានគេចពីព្រះបាទសូល រួចខ្លួនដល់ទៅពីរដង។ 12 ព្រះបាទសូលបានភ័យខ្លាចនឹងដាវីឌ ពីព្រោះព្រះអម្ចាស់គង់នៅជាមួយដាវីឌ ព្រះអង្គលែងគង់នៅជាមួយព្រះបាទសូលទៀតហើយ។ 13 ដូច្នេះហើយ ព្រះបាទសូលបានដកដាវីឌចេញ ហើយតែងតាំងឲ្យដាវីឌធ្វើជាមេបញ្ជាការលើមួយពាន់នាក់ប៉ុណ្ណោះ ដាវីឌបានចេញចូលនៅចំពោះមុខប្រជាជនជានិច្ច។ 14 ដាវីឌបានកំពុងចម្រើនឡើង ដោយសារព្រះអម្ចាស់បានគង់ជាមួយលោក។ 15 កាលព្រះបាទសូលបានឃើញការរីកចម្រើនឡើងរបស់ស្តេច ព្រះអង្គបានក្រោកឡើង។ 16 ប៉ុន្តែ អស់ទាំងជនជាតិអ៊ីស្រាអែល និងយូដាបានជាប់ចិត្តនឹងដាវីឌ ដោយដាវីឌបានធ្វើកិច្ចការជាច្រើននៅកណ្តាលចំណោមពួកគេ។ 17 ក្រោយមក ព្រះបាទសូលបានមានរាជឱង្ការមកដាវីឌថា៖ «នេះនែ ជាបុត្រីច្បងគេបង្អស់របស់យើងឈ្មោះម្រ៉ាម។ យើងនឹងលើបុត្រនេះឲ្យឯង ដើម្បីឲ្យធ្វើជាប្រពន្ធឯង។ គ្រាន់តែមានកម្លាំងនិងចិត្តក្លាហានដើម្បីប្រយុទ្ធរួមជាមួយនឹងព្រះអម្ចាស់»។ ដោយព្រះបាទសូលបានគិតថា៖ «ចូរកំុឲ្យដៃរបស់យើងនៅលើវាឡើយ ប៉ុន្តែ ត្រូវទុកឲ្យដៃរបស់ពួកភីល្ទីនលើវាវិញចុះ»។ 18 ដាវីឌបានទូលព្រះបាទសូលថា៖ «តើទូលបង្គំជាអ្វី ហើយសាច់ញាតិទូលបង្គំជាអ្វី ឬគ្រួសារឪពុកទូលបង្គំជាអ្វីនៅស្រុកអុីស្រាអែលនេះដែលទូលបង្គំគួរតែជាបុត្រប្រសាររបស់ស្តេច?»។ 19 ប៉ុន្តែ កាលនោះ ពេលម្រ៉ាមជាបុត្រីរបស់ព្រះបាទសូលដែលត្រូវប្រទានឲ្យដាវីឌ តែនាងបែរជាត្រូវប្រទានឲ្យធ្វើជាប្រពន្ធរបស់អទ្រីអែល ជាអ្នកក្រុងមេហូឡាវិញ។ 20 ប៉ុន្តែ ព្រះនាងមិកាល់ជាបុត្រីរបស់ស្តេចសូលបានជំពាក់ព្រះទ័យនឹងដាវីឌ។ មានគេបានទូលស្តេចសូល ហើយការនេះត្រូវព្រះទ័យព្រះបាទសូលផងដែរ។ 21 រួចព្រះបាទសូលបានគិតថា៖ «យើងនឹងប្រគល់នាងឲ្យវា ដូច្នេះ នាងនឹងទៅជាអន្ទាក់ដល់វា ហើយពួកភីលីស្ទីននឹងលើកដៃប្រយុទ្ធនឹងវាមិនខាន»។ ហើយព្រះបាទសូលបានមានរាជឱង្ការទៅលោកដាវីឌជាលើកទីពីរថា៖ «ឯងនឹងក្លាយទៅជាបុត្រប្រសាររបស់យើង»។ 22 ព្រះបាទសូលបានបញ្ជាទៅរាជបម្រើថា៖ «ចូរនិយាយទៅលោកដាវីឌស្ងាត់ៗថា៖ «មើលចុះ ស្តេចគាប់ព្រះទ័យនឹងអ្នកណាស់ ហើយបាវរបស់ស្តេចទាំងប៉ុន្មានក៏ពេញចិត្តអ្នកដែរ។ ឥឡូវ ចូរឲ្យបានក្លាយជាកូនប្រសារប្រុសរបស់ស្តេចចុះ»។ 23 ក្រោយមក បាវបម្រើរបស់ស្តេចបាននិយាយសំដីទាំងនោះទៅលោកដាវីឌ ហើយលោកដាវីឌបាន​មានប្រសាសន៍ថា៖ «តើអ្នកយល់ថា ធ្វើជាបុត្រប្រសាររបស់ស្តេច ងាយខ្លាំងណាស់ឬ? ព្រេាះខ្ញុំជាមនុស្សក្រីក្រ ហើយគ្មានស័ក្តិយស 24 រួចបាវរបស់ព្រះបាទសូលបានរាយការណ៍គ្រប់ពាក្យសម្តីទាំងអស់របស់លោកដាវីឌ ដល់ព្រះបាទសូលវិញ។ 25 ព្រះបាទសូលបានមានរាជឱង្ការថា៖ «ចូរនិយាយទៅលោកដាវីឌថា ស្តេចមិនចង់បានចំណងដៃអ្វីទេ គ្រាន់តែយកស្បែកអង្គជាតិរបស់ពួកភីលីស្ទីន ដើម្បីសងសឹកខ្មាំងរបស់ស្តេចគ្រប់គ្រាន់ហើយ»។ កាលនោះ ព្រះបាទសូលបានរកឧបាយកលដើម្បីឲ្យលោកដាវីឌធ្លាក់ក្នុងដៃរបស់ពួកភីលីស្ទីន។ 26 ពេលរាជ្យបម្រើរបស់ស្តេចបានប្រាប់លោកដាវីឌនូវរាជសាររបស់ស្តេចហើយ នោះធ្វើឲ្យលោកដាវីឌមានកិត្តិយសដែលអាចធ្វើជាបុត្រប្រសារបស់ស្តេច។ 27 មុនផុតកំណត់សេចក្តីសន្យារបស់ស្តេចប៉ុន្មានថ្ងៃប៉ុណ្ណោះ លោកដាវីឌបានចេញទៅជាមួយគ្នីគ្នា ហើយបានសម្លាប់ពួកភីលីស្ទីនអស់ពីររយនាក់។ លោកដាវីឌបានយកស្បែកអង្គជាតិរបស់ពួកនោះមក រួចថ្វាយទៅស្តេចគ្រប់ចំនួន ដូច្នេះ លោកដាវីឌក៏បានក្លាយជាបុត្រប្រសារបស់ស្តេច។ ព្រះបាទសូលបានប្រទានព្រះនាងមិកាល់ឲ្យធ្វើជាភរិយារបស់លោកដាវីឌ។ 28 កាលព្រះបាទសូលបានឃើញ ហើយជ្រាបថា ព្រះអម្ចាស់គង់ជាមួយនឹងលោកដាវីឌ ហើយព្រះនាងមិកាល់ក៏ស្រឡាញ់លោកដាវីឌផងនោះ 29 ស្តេចកាន់តែខ្លាចលោកដាវីឌ។ ព្រះបាទសូលនៅតែចាត់ទុកលោកដាវីឌជាសត្រូវបន្តទៀត។ 30 ក្រោយមក ពួកមេដឹកនាំរបស់ភីលីស្ទីនបានចេញមកដើម្បីធ្វើសង្គ្រាមតាមទម្លាប់។ ឯលោកដាវីឌបានទទួលជ័យជម្នះច្រើនជាងរាជបម្រើរបស់ព្រះបាទសូលទៅទៀត ដូច្នេះហើយ បានជាឈ្មោះរបស់លោកដាវីឌកាន់តែល្បីជាខ្លាំង។

ជំពូក ១៩

1 ព្រះបាទសូលបានបញ្ជាទៅសម្តេចយ៉ូណាថានជាបុត្រា និងពួករាជបម្រើឲ្យសម្លាប់លោកដាវីឌចោល។ ប៉ុន្តែ សម្តេចយ៉ូណាថានជាបុត្រាព្រះបាទសូល មានការគោរពដល់លោកដាវីឌយ៉ាងខ្លាំង 2 ដូច្នេះ សម្តេចយ៉ូណាថានបានប្រាប់លោកដាវីឌថា៖ «ព្រះបិតារបស់ខ្ញុំ គឺព្រះបាទសូល មានបំណងចង់សម្លាប់លោក។ ហេតុដូច្នេះ ចូរប្រយ័ត្នព្រឹកស្អែក ហើយទៅលាក់ខ្លួននៅកន្លែងដែលសុវត្ថិភាពចុះ។ 3 ខ្ញុំនឹងចេញទៅឈរនៅជិតបិតារបស់ខ្ញុំនៅឯវាលកន្លែងដែលលោកនៅនោះ រួចខ្ញុំនឹងទូលបិតាអំពីលោក។ បើខ្ញុំមានព័ត៌មានអ្វីជាក់លាក់ ខ្ញុំនឹងប្រាប់អ្នក»។ 4 សម្តេចយ៉ូណាថានបានទូលពីស្នាដៃល្អៗរបស់លោកដាវីឌដល់បិតាថា៖ «សូមបិតាកុំធ្វើបានលោកដាវីឌជាអ្នកបម្រើរបស់ព្រះអង្គឡើយ។ ដ្បិត លោកដាវីឌពុំបានធ្វើអ្វីប្រឆាំងនឹងបិតាទេ ផ្ទុយទៅវិញអ្វីៗដែលលោកដាវីឌបានធ្វើ គឺនាំមកនូវផលប្រយោជន៍ដល់បិតាវិញ។ 5 លោកដាវីឌបានយកជីវិតរបស់ខ្លួន ទៅវាយសម្លាប់ពួកភីលីស្ទីន។ ព្រះអម្ចាស់បានប្រទានជ័យជម្នះដ៏សម្បើមដល់ជនជាតិអ៊ីស្រាអែលទាំងអស់។ ដូចបិតាបានឃើញ និងបានរីករាយព្រះទ័យស្រាប់ហើយ។ ហេតុអ្វីបិតាត្រូវប្រព្រឹត្តបែបនេះចំពោះមនុស្សគ្មានកំហុស ដោយសម្លាប់លោកដាវីឌទាំងគ្មានហេតុផលដូច្នេះទៅវិញ?»។ 6 ព្រះបាទសូលបានស្តាប់សម្តេចយ៉ូណាថាន ទាំងបានស្បថថា៖ «លោកដាវីឌនឹងមិនត្រូវស្លាប់ឡើង យើងស្បថដោយនូវព្រះជន្មរបស់ព្រះអម្ចាស់»។ 7 ក្រោយមកសម្តេចយ៉ូណាថានបានហៅលោកដាវីឌ ហើយរៀបរាប់រឿងទាំងអស់នោះដល់ដាវីឌ។ សម្តេចយ៉ូណាថានបាននាំលោកដាវីឌចូលគាល់ស្តេចសូល ដូចដែលធ្លាប់នៅគ្រាមុនៗដែរ។ 8 ក្រោយមកមានសង្គ្រាមទៀត លោកដាវីឌបានចេញទៅច្បាំងនឹងពួកភីលីស្ទីន ហើយឈ្នះដោយសម្លាប់ពួកនោះជាច្រើន។ មានពួកគេជាច្រើនបានរត់គេចពីលោកដាវីឌ។ 9 មានវិញ្ញាណដ៏គ្រោះថ្នាក់ពីព្រះអម្ចាស់បានមកឯព្រះបាទសូលខណះស្តេចកំពុងគង់នៅដំណាក់ទាំងកាន់លំពែងនៅព្រះហស្ត ហើយលោកដាវីឌកំពុងលេងពិន។ 10 ព្រះបាទសូលបានព្យាយាមចោលលោកដាវីឌឲ្យជាប់នឹងជញ្ជាំងដោយលំពែងនោះ ប៉ុន្តែ លោកដាវីឌបានគេចផុត ហើយរត់គេចពីព្រះបាទសូល ឯលំពែងក៏ទៅជាប់នឹងជញ្ជាំងទៅ។ លោកដាវីឌបានគេចខ្លួននៅយប់នោះ។ 11 ហើយព្រះបាទសូលបានបញ្ជូនអ្នកឃ្លាំមើលឲ្យទៅផ្ទះលោកដាវីឌ ក្រែងលោព្រឹកឡើងស្តេចអាចសម្លាប់លោកដាវីឌបាន។ ព្រះនាងមិកាល់ជាភរិយាលោកដាវីឌបានប្រាប់លោកដាវីឌថា៖ «បើបងមិនរត់យប់នេះទេ នោះបងមុខជាស្លាប់នៅថ្ងៃស្អែកមិនខាន»។ 12 ដូច្នេះ ព្រះនាងមិកាល់បានសម្រូតលោកដាវីឌតាមបង្អួច។ លោកដាវីឌបានរត់គេចចេញ រួចទៅលាក់ខ្លួន។ 13 ព្រះនាងមិកាល់បានយករូបបដិមាមកដាក់នៅលើគ្រែ រួចយកភួយដែលធ្វើពីរោមពពែគ្របលើក្បាល ហើយបានគ្របនឹងសម្លៀកបំពាក់។ 14 ពេលស្តេចបានបញ្ជូនអ្នកឃ្លាំមើលមកតាមដានលោកដាវីឌ ព្រះនាងបានប្រាប់ថា៖ «ដាវីឌឈឺហើយ»។ 15 រួចស្តេចបានបញ្ជូនអ្នកឃ្លាំមើលដោយបន្ទូលថា៖ «ចូរនាំដាវីឌពីគ្រែមកឲ្យយើង ដើម្បីឲ្យយើងសម្លាប់»។ 16 ពេលអ្នកតាមដានមកដល់ ឃើញតែរូបបដិមានៅលើគ្រែជាមួយខ្នើយដែលធ្វើពីរោមពពែនៅនឹងក្បាលទៅវិញ។ 17 ព្រះបាទសូលបានថ្លែងទៅព្រះនាងមិកាល់ថា៖ «ហេតុអ្វីបានជាបុត្របញ្ឆោតបិតា ដោយរំដោះសត្រូវបិតាឲ្យទៅ ហើយគេចខ្លួនដូច្នេះ?» ព្រះនាងមិកាល់បានទូលព្រះបាទសូលថា៖ «ដាវីឌបាននិយាយមកខ្ញុំម្ចាស់ថា ឲ្យបងចេញទៅចុះ បើមិនដូច្នោះទេ តើអូនចង់ឲ្យបងសម្លាប់អូនចោលឬ?»។ 18 លោកដាវីឌបានរត់គេចខ្លួន ហើយបានធ្វើដំណើរទៅរកលោកសាំយូអែលនៅឯម៉ារ៉ា និងបានរៀបរាប់ប្រាប់លោកទាំងអស់នូវអ្វីៗដែលព្រះបាទសូលបានប្រព្រឹត្តចំពោះខ្លួន​។ បន្ទាប់មក អ្នកទាំងពីរបានចាកចេញទៅស្នាក់នៅឯណាយ៉ូត។ 19 មានគេប្រាប់ព្រះបាទសូលថា៖ «ឃើញដាវីឌ នៅណាយ៉ូត ក្នុងភូមិរ៉ាម៉ា»។ 20 ក្រោយមក ព្រះបាទសូលបានបញ្ជូនមនុស្សឲ្យមកចាប់លោកដាវីឌ។ កាលពួកគេបានឃើញមានក្រុមព្យាការីនៅជាមួយដែរ ដែលកំពុងថ្លែងព្រះបន្ទូល ហើយមានលោកសាំយូអែលឈរនាំមុខគេផង ស្រាប់តែព្រះវិញ្ញាណនៃព្រះបានយាងមកសណ្ឋិតលើក្រុមមនុស្សរបស់ព្រះបាទសូល ហើយពួកគេក៏ស្លុងថ្លែងព្រះប​ន្ទូលដែរ។ 21 កាលរឿងនេះបានឮដល់ព្រះបាទសូល នោះស្តេចក៏ចាត់ឲ្យមនុស្សមួយក្រុមទៀតឲ្យទៅ រួចពួកគេក៏ស្លុងស្មារតីថ្លែងព្រះប​ន្ទូលដែរ។ ក្រោយមកព្រះបាទសូលបានបញ្ជូនមនុស្សក្រុមផ្សេងទៀតជាលើកទីបី តែពួកគេស្លុងស្មារតីថ្លែងព្រះបន្ទូលដូចក្រុមមុនៗដែរ។ 22 បន្ទាប់មក ព្រះបាទសូលបានយាងមករ៉ាម៉ា ហើយបន្តទៅឯអណ្តូងជ្រៅដែលនៅភូមិសេគូវដោយផ្ទាល់។ ស្តេចបានរាជឱង្ការសួរថា៖ «តើលោកសាំយូអែល និងដាវីឌនៅឯណា?» មានម្នាក់បានទូលស្តេចថា៖ «ឃើញពួកគេនៅឯណាយ៉ូត ក្នុងភូមិរ៉ាម៉ា»។ 23 ព្រះបាទសូលបានយាងទៅណាយ៉ូត ក្នុងភូមិរ៉ាម៉ា។ នោះព្រះវិញ្ញាណនៃព្រះបានយាងមកសណ្ឋិតលើស្តេច រួចស្តេចបានស្លុងស្មារតីថ្លែងព្រះបន្ទូលរហូតដល់ណាយ៉ូតក្នុងភូមិរ៉ាម៉ា។ 24 ស្តេចបានដោះព្រះភូសាចេញ ហើយថ្លែងព្រះបន្ទូលនៅចំពោះមុខលោកសាំយូអែល។ ស្តេចដេកដួលទាំងខ្លួនទទេទាំងថ្ងៃទាំងយប់។ ហេតុដូច្នេះ ហើយទើបគេសួរថា «តើស្តេចសូលចូលក្នុងព្យាការីដែរឬ?»។

ជំពូក ២០

1 ក្រោយមក លោកដាវីឌបានភាសខ្លួនពីណាយ៉ូតក្នុងភូមិរ៉ាម៉ា ដើម្បីមកជួបសម្តេចយ៉ូណាថានហើយមានប្រសាសន៍ថា៖ «ទូលបង្គំបានធ្វើអ្វីខុស? តើអ្វីជាអំពើទុច្ចរិតរបស់ទូលបង្គំ? តើទូលបង្គំបានប្រព្រឹត្តអ្វីខុសនឹងបិតារបស់ព្រះអង្គ បានជាទ្រង់ស្វះស្វែងចង់យកជីវិតទូលបង្គំបែបនេះ?» 2 សម្តេចយ៉ូណាថានបានថ្លែងទៅលោកដាវីឌវិញថា៖ «សូមកុំឲ្យមានរឿងនេះឡើយ ឯងនឹងមិនស្លាប់ទេ។ បិតារបស់ខ្ញុំធ្វើអ្វី ទោះកិច្ចការតូច ឬធំក្តី មិនដែលលាក់ខ្ញុំទេ។ ហេតុអ្វីបិតារបស់ខ្ញុំលាក់រឿងនេះនឹងខ្ញុំដូច្នេះ? មិនគួរយ៉ាងដូច្នេះសោះ»។ 3 រួចលោកដាវីឌបានស្បថម្តងទៀតថា៖ «បិតារបស់សម្តេចជ្រាបយ៉ាងច្បាស់ថា សម្តេចពេញចិត្តនឹងទូលបង្គំ។ ដោយព្រះអង្គមានបន្ទូលថា កុំឲ្យរឿងនេះដឹងដល់យ៉ូណាថាន បើមិនដូច្នោះទេទ្រង់មុខជាក្រៀមក្រំមិនខាន។ ប៉ុន្តែ ខ្ញុំសូមស្បថចំពោះព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ និងនៅមុខសម្តេចថា សេចក្តីស្លាប់នៅប្រគៀកនឹងទូលបង្គំណាស់»។ 4 បន្ទាប់មក សម្តេចយ៉ូណាថានមានរាជឱង្ការទៅលោកដាវីឌថា៖ «អ្វីក៏ដោយ ឲ្យតែអ្នកនិយាយចេញមក ខ្ញុំនឹងធ្វើឲ្យ»។ 5 លោកដាវីឌបានទូលតបវិញថា៖ «ស្អែកជាថ្ងៃបុណ្យដើមខែ តាមទម្លាប់ខ្ញុំត្រូវទទួលទានអាហាររួមតុជាមួយព្រះករុណា។ ប៉ុន្តែ សូមទុកឲ្យទូលបង្គំចេញទៅ នោះទូលបង្គំអាចលាក់ខ្លួនរហូតដល់ល្ងាចថ្ងៃទីបី។ 6 បើបិតារបស់សម្តេចរកទូលបង្គំ សូមទូលប្រាប់ព្រះអង្គវិញថា៖ «ដាវីឌបានសុំទូលបង្គំចេញទៅស្រុកកំណើត គឺបេថ្លេហិម ដើម្បីឲ្យទាន់ថ្វាយយញ្ញបូជាជាមួយគ្រួសារទាំងមូល»។ តែបើព្រះករុណាមានរាជឱង្ការថា មិនអីទេ នោះមានន័យថា ទូលបង្គំនឹងមានសេរីភាពហើយ។ 7 ប៉ុន្តែ បើព្រះករុណាខ្ញាល់ខ្លាំង នោះសម្តេចដឹងហើយថា ព្រះករុណាបានសម្រេចចង់ដកជីវិតទូលបង្គំហើយ។ 8 ហេតុដូច្នេះ សូមសម្តែងសេចក្តីសប្បុរសដល់ទូលបង្គំផង។ ព្រោះសម្តេចបានចងសម្ព័ន្ធមេត្រីជាមួយទូលបង្គំដោយនូវព្រះនាមព្រះអម្ចាស់ហើយ។ ប៉ុន្តែ បើសម្តេចឃើញថា ទូលបង្គំមានកំហុស សូមសម្លាប់ទូលបង្គំដោយផ្ទាល់មកចុះ មិនចាំបាច់យកទូលបង្គំទៅថ្វាយបិតារបស់ព្រះអង្គទេ»។ 9 សម្តេចយ៉ូណាថានបានថ្លែងថា៖ «សូមកុំគិតដូច្នេះអី! បើខ្ញុំដឹងថា បិតាបានសម្រេចធ្វើបាបឯង តើមិនឲ្យខ្ញុំប្រាប់ឯងទេឬអី?»។ 10 លោកដាវីឌក៏បានទូលសម្តេចយ៉ូណាថានវិញថា៖ «តើអ្នកណានឹងប្រាប់ទូលបង្គំ បើបិតារបស់សម្តេចតបនឹងសម្តេចយ៉ាងតឹងរឹងនោះ?» 11 សម្តេចយ៉ូណាថានបានឆ្លើយវិញថា៖ «មកនេះ ចូរយើងចេញទៅឯវាល»។ រួចអ្នកទាំងពីរក៏បានចេញទៅឯវាល។ 12 សម្តេចយ៉ូណាថានបានមានរាជឱង្ការទៅដាវីឌថា៖ «សូមឲ្យព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលធ្វើជាសាក្សី។ ពេលខ្ញុំទូលសួរបិតារបស់ខ្ញុំថ្ងៃស្អែកថ្មើរនេះ ឬនៅថ្ងៃទីបី ហើយមើល បើបិតាមានបំណងល្អចំពោះឯង តើមិនឲ្យខ្ញុំបញ្ជូនដំណឹងនេះឲ្យឯងដឹងទេឬ? 13 បើបិតារបស់ខ្ញុំនៅតែមានបំណងបំផ្លាញឯង ហើយខ្ញុំមិនចាត់គេឲ្យប្រាប់ឯងឲ្យដឹងទេ សូមព្រះអម្ចាស់ដាក់ទោសខ្ញុំឲ្យខ្លាំងមកចុះ ខ្ញុំនឹងឲ្យឯងចេញទៅមានសេរីភាព។ សូមព្រះអម្ចាស់គង់ជាមួយឯង ដូចព្រះអង្គធ្លាប់គង់ជាមួយបិតារបស់ខ្ញុំដែរ។ 14 បើខ្ញុំនៅមានជីវិតរស់ សូមឯងបង្ហាញសម្ពន្ធមេត្រីភាពយ៉ាងស្មោះត្រង់ដែលបានធ្វើនៅចំពោះព្រះអម្ចាស់ នោះខ្ញុំនឹងមិនស្លាប់ឡើយ។ 15 សូមកុំកាត់ចំណងភាពស្មោះត្រង់នៃសម្ពន្ធមេត្រីនេះពីពូជពង្សវត្សត្រកូលរបស់ខ្ញុំឡើយ បើទោះពេលណាព្រះអម្ចាស់បំផ្លាញសត្រូវទាំងអស់របស់ដាវីឌចេញពីផែនដីនេះក្តី»។ 16 ដូច្នេះ សម្តេចយ៉ូណាថានបានចងសម្ពន្ធមេត្រីជាមួយវង្សត្រកូលរបស់លោកដាវីឌដោយថ្លែងថា៖ «បើមិនដូច្នោះទេ សូមព្រះអម្ចាស់ទូទាត់រឿងនេះតាមរយៈដៃរបស់ខ្មាំងសត្រូវលោកដាវីឌចុះ»។ 17 សម្តេចយ៉ូណាថានបានស្នើឲ្យលោកដាវីឌស្បថម្តងទៀត ពីព្រោះតែសេចក្តីស្រឡាញ់របស់សម្តេចចំពោះលោកដាវីឌ ដោយសម្តេចពេញចិត្តលោកដាវីឌស្មើព្រះជន្មរបស់សម្តេចដែរ។ 18 សម្តេចថ្លែងទៅព្រះបាទដាវីឌថា៖ «ស្អែកជាថ្ងៃបុណ្យដើមខែ។ ឯងមុខជាខកខាន ពីព្រោះកន្លែងរបស់ឯងគ្មានអ្នកអង្គុយទេ។ 19 ពេលបានលាក់ខ្លួននៅទីនោះបីថ្ងៃហើយ ចូរចេញពីទៅនោះ ហើយទៅកន្លែងដែលឯងធ្លាប់លាក់ខ្លួនសិន គឺនៅក្បែរផ្ទាំងថ្មឈ្មោះអេសែល។ 20 ខ្ញុំនឹងបាញ់ព្រួញបីគ្រាប់ទៅក្បែរនោះ គឺដូចខ្ញុំបាញ់ទៅរកគោលដៅមួយអ៊ីចឹង។ 21 បន្ទាប់មក ខ្ញុំនឹងចាត់បាវម្នាក់ថា៖ «ចូរទៅរកគ្រាប់ព្រួញទាំងនោះមក។ បើខ្ញុំនិយាយប្រាប់វាថា៖ «ចូរមើលគ្រាប់ព្រួញនៅជិតឯងខាងនោះ ចូរយកមកណេះ» នោះចូរចេញមក ឯងមានសុវត្ថិភាព ដោយគ្មានគ្រោះថ្នាក់អ្វីទេ ខ្ញុំសូមស្បថដោយនូវព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ។ 22 ក៏ប៉ុន្តែ បើខ្ញុំនិយាយថាទៅបាវនោះថា មើល៍ គ្រាប់ព្រួញធ្លាក់ឆ្ងាយជាងឯង។ ដូច្នេះ ចូរឯងចេញទៅចុះ ដ្បិត ព្រះអម្ចាស់បានឲ្យឯងចេញទៅហើយ។ 23 អ្វីដែលយើងបាននិយាយព្រមព្រៀងគ្នានោះ មានព្រះអម្ចាស់ជាសាក្សីសម្រាប់យើងរហូតហើយ»។ 24 ក្រោយមក លោកដាវីឌបានលាក់ខ្លួននៅឯវាល។ ពេលបុណ្យដើមខែបានចូលមកដល់ នោះស្តេចគង់សោយព្រះស្ងោយ។ 25 ស្តេចគង់នៅកន្លែងដូចសព្វមួយដង នៅជិតជញ្ជាំង។ សម្តេចយ៉ូណាថានបានគង់នៅជិតនោះ លោកអប៊ីនើរអង្គុយនៅក្បែរស្តេចសូល។ ប៉ុន្តែ កន្លែងលោកដាវីឌ គ្មានអ្នកណាអង្គុយទេ។ 26 ព្រះបាទសូលពុំបានមានរាជឱង្ការអ្វីទេនៅថ្ងៃនោះ ពីព្រោះបានគិតថា៖ «មានអ្វីមិនស្រួលបានកើតឡើងដល់លោកដាវីឌហើយ។ លោកដាវីឌមិនបរិសុទ្ធទេ គឺពិតជាមិនបរិសុទ្ធមែន»។ 27 ប៉ុន្តែ នៅថ្ងៃបន្ទាប់ គឺបន្ទាប់ពីថ្ងៃបុណ្យដើមខែ កន្លែងរបស់លោកដាវីឌនៅតែគ្មានអ្នកអង្គុយដដែល។ ព្រះបាទសូលបានសួរសម្តេចយ៉ូណាថានជាបុត្រាថា៖ «ហេតុអ្វីកូនប្រុសរបស់លោកអ៊ីសាយមិនចូលរួមតុអាហារទាំងម្សិលមិញ ឬថ្ងៃនេះដូច្នេះ?» 28 សម្តេចយ៉ូណាថានបានទូលតបថា៖ «ដាវីឌបានសុំការអនុញ្ញាតពីទូលបង្គំដើម្បីទៅភូមិបេថ្លេហិម 29 ថា សូមអនុញ្ញាតឲ្យទូលបង្គំទៅ។ ព្រោះគ្រួសាររបស់ទូលបង្គំនឹងថ្វាយយញ្ញបូជានៅក្នុងក្រុង ហើយបងប្រុសរបស់ទូលបង្គំឲ្យទូលបង្គំទៅទីនោះ។ ពេលនេះ បើព្រះអង្គមិនយល់ទាស់ទេ សូមអនុញ្ញាតឲ្យទូលបង្គំទៅជួបជុំបងប្អូនរបស់ទូលបង្គំផង។ ដោយហេតុផលនេះហើយ ទើបដាវីឌមិនអាចមករួមតុអាហារជាមួយព្រះករុណា»។ 30 ព្រះបាទសូលខ្ញាល់យ៉ាងខ្លាំងនឹងសម្តេចយ៉ូណាថាន ដោយមានរាជឱង្ការទៅថា៖ «បុត្រឯងចង្រៃណាស់ អាបុត្រអត់ពូជ! ស្មានថាបិតាមិនដឹងថាឯងពេញចិត្តកូនអ៊ីសាយមែនទេ ឯងធ្វើបែបនេះនឹងធ្វើឲ្យខ្លួនអាម៉ាសទាំងមាតាឯងថែមទៀត។ 31 ដរាបណាកូនរបស់អ៊ីសាយនៅមានជីវិតលើផែនដីនេះ នោះឯងគ្មានថ្ងៃអាចឡើងគ្រងរាជ្យបានឡើយ។ ដូច្នេះពេលនេះ ចូរចាត់គេឲ្យទៅតាមចាប់វាមកឲ្យយើងវិញ វាត្រូវតែស្លាប់»។ 32 សម្តេចយ៉ូណាថានបានតបទៅបិតាវិញថា៖ «ដោយហេតុអ្វីទើបត្រូវដាវីឌមានទោសដល់ស្លាប់? តើដាវីឌបានធ្វើអ្វីខុស?» 33 ពេលនោះព្រះបាទសូលបានចោលលំពែងដាក់សម្តេចដើម្បីសម្លាប់ចោល។ 34 សម្តេចយ៉ូណាថានបានជ្រាបថា បិតាបានសម្រេចថាត្រូវសម្លាប់លោកដាវីឌចោលហើយ ដូច្នេះ សម្តេចបានក្រោកចេញពីតុទាំងកំហឹងដោយមិនបានសោយអ្វីទាំងអស់នៅថ្ងៃបុណ្យដើមខែនោះ ដោយសារស្តេចបានខ្ញាល់នឹងលោកដាវីឌ ហេតុនេះហើយ បិតារបស់ព្រះអង្គមិនបានទុកមុខឲ្យព្រះអង្គទេ។ 35 ពេលព្រឹកឡើង សម្តេចយ៉ូណាថានបានចាកចេញទៅឯវាលដើម្បីជួបលោកដាវីឌ ទាំងមានក្មេងម្នាក់នៅជាមួយសម្តេចផង។ 36 សម្តេចបានប្រាប់ក្មេងនោះថា ចូររត់ទៅរកគ្រាប់ព្រួញដែលខ្ញុំបាញ់។ ខណៈក្មេងនោះបានរត់ទៅ ព្រះអង្គបានបាញ់មួយគ្រាប់ផ្សេងទៀតឲ្យកាន់តែឆ្ងាយជាងក្មេងនោះ។ 37 ពេលក្មេងនោះទៅដល់កន្លែងគ្រាប់ព្រួញនោះ សម្តេចបានស្រែកទៅក្មេងនោះថា៖ «តើឯងរកឃើញគ្រាប់ព្រួញដែលធ្លាក់ឆ្ងាយជាងឯងទេ?»។ 38 ក្រោយមក សម្តេចយ៉ូណាថានបានស្រែកប្រាប់ក្មេងនោះទៀតថា៖ «ប្រញាប់ឡើង កុំបង្អង់នៅទីនោះឡើយ!» ហេតុនេះ ក្មេងនោះក៏បានប្រមូលគ្រាប់ព្រួញ រួចត្រឡប់មករកសម្តេចវិញ។ 39 ប៉ុន្តែ ក្មេងនោះមិនដឹងអ្វីទាំងអស់។ មានតែសម្តេចយ៉ូណាថាន និងលោកដាវីឌប៉ុណ្ណោះដែលដឹងរឿងនេះ។ 40 សម្តេចយ៉ូណាថានបានប្រទានអាវុធរបស់ព្រះអង្គទៅក្មេងនោះដោយបន្ទូលថា៖ «ចូរយកទៅឯក្រុងវិញចុះ»។ 41 ខណៈក្មេងនោះបានទៅបាត់ លោកដាវីឌបានក្រោកឈរឡើងនៅពីក្រោយពំនូកទម្លាក់មុខទៅដី ហើយឱនចុះបីដង។ ពួកគេបានថើបគ្នាទៅវិញទៅមក ហើយយំទាំងអស់គ្នា គឺលោកដាវីឌយំយ៉ាងខ្លាំង។ 42 សម្តេចយ៉ូណាថានមានរាជឱង្ការទៅលោកដាវីឌថា៖ «ចូរចេញទៅឲ្យបានសុខសាន្តចុះ ព្រោះយើងបានស្បថក្នុងព្រះនាមព្រះអម្ចាស់ហើយថា សូមព្រះអម្ចាស់ធ្វើជាសាក្សីរវាងយើងទាំងពីរ និងរវាងកូនចៅរបស់ខ្ញុំនិងកូនចៅរបស់ឯងរហូតតទៅ។ បន្ទាប់មក លោកដាវីឌបានក្រោកឡើងហើយបានចាកចេញទៅ​ ហើយសម្តេចយ៉ូណាថានបានត្រឡប់មកទីក្រុងវិញ។

ជំពូក ២១

1 ក្រោយមក លោកដាវីឌបានមកដល់ភូមិណូប ដើម្បីជួបបូជាចារ្យ​អហ៊ីម៉ាឡេក។ លោកអហ៊ីម៉ាឡេកបានមកជួបលោកដាវីឌទាំងភិតភ័យ ហើយមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាលោកនៅតែម្នាក់ឯង គ្មានអ្នកណានៅជាមួយដូច្នេះ?» 2 លោកដាវីឌបានតបទៅលោកអហ៊ីម៉ាឡេកជាបូជាចារ្យវិញថា៖ «ស្តេចបានចាត់ខ្ញុំឲ្យធ្វើបេសកកម្មមួយនេះថា៖ «មិនត្រូវឲ្យនរណាម្នាក់ដឹងពីកិច្ចការងារនៃបេសកកម្មដែលយើងចាត់ឲ្យឯង និងបង្គាប់ឲ្យធ្វើនេះទេ»។ ខ្ញុំក៏បានដឹកនាំទាហាននៅកន្លែងមួយផងដែរ។ 3 ឥឡូវ លោកមានអ្វីខ្លះ? សូមឲ្យនំបុ័ងប្រាំដុំមកខ្ញុំ ឬអ្វីដែលលោកមានមកខ្ញុំផង»។ 4 លោកបូជាចារ្យបានតបនឹងលោកដាវីឌវីញថា៖ «នៅទីនេះ គ្មាននំបុ័ងធម្មតាទេ ប៉ុន្តែ មាននំប័ុងតាំងថ្វាយព្រះជាម្ចាស់អាចទទួលទានបាន ប្រសិនបើទាហានទាំងនោះមិនបានប៉ះពាល់ជាមួយស្ត្រី»។ 5 លោកដាវីឌបានឆ្លើយតបនឹងបូជាចារ្យវិញថា៖ «មែនហើយ ជាធម្មតា មុនចេញទៅសមរភូមិយើងមិនបានប៉ះពាល់នឹងស្ត្រីណាទេ ហើយក្នុងកំឡុងបីថ្ងៃមកហើយយើងបាននៅដោយឡែកពីស្ត្រីៗ។ អ្វីៗដែលជារបស់បុរសៗ គឺត្រូវញែកចេញដាច់ បើទោះជាមានបេសកកម្មធម្មតាក៏ដោយ។ តើថ្ងៃនេះ ពួកយើងមិនញែកខ្លួនដោយឡែកទេឬអី!» 6 ឮដូច្នោះ បូជាចារ្យបានឲ្យនំបុ័ងតាំងថ្វាយព្រះជាម្ចាស់ដែលបានញែកដោយឡែកនោះ ដល់លោកដាវីឌ ព្រោះគ្មាននំបុ័ងអ្វីធម្មតាផ្សេងទៀតក្រៅពីនំបុ័ងតាំងថ្វាយព្រះជាម្ចាស់ ដែលត្រូវយកពីព្រះហស្តរបស់ព្រះអម្ចាស់ និងដើម្បីដូរដាក់នំបុ័ងក្តៅថ្មីបន្ទាប់ពីរើនំបុ័ងចាស់ចេញហើយ។ 7 ខណៈនោះ មានបាវម្នាក់របស់ស្តេចសូលក៏នៅទីនោះជាវេនបម្រើព្រះអម្ចាស់របស់គាត់ដែរនៅថ្ងៃនោះ។ លោកមានឈ្មោះថា ដូអេក ជាជនជាតិអេដុម ជាអ្នកគ្រប់គ្រងលើអ្នកមើលហ្វូងសត្វរបស់ព្រះបាទសូល។ 8 លោកដាវីឌបានមានប្រសាសន៍ទៅលោកអហ៊ីម៉ាឡេកថា៖ «តើលោកមានដាវ ឬលំពែងដែរឬទេ? ដោយសារស្តេចបានចាត់ខ្ញុំឲ្យបេសកកម្មនេះបន្ទាន់ ខ្ញុំពុំបានយកដាវ លំពែងរបស់ខ្ញុំមកជាមួយទេ»។ 9 បូជាចារ្យតបថា៖ «នៅទីនេះមានដាវរបស់កូលីយ៉ាត ជាទាហានរបស់ពួកភីលីស្ទីន ដែលលោកបានសម្លាប់នៅឯជ្រោះអេឡា ដែលរំុនឹងក្រណាត់ នៅពីក្រោយអាវអេផូដ​។ ប្រសិនបើ លោកចង់យកដាវនោះ ចូរយកទៅចុះ។​ ​​ព្រោះថាគ្មានអ្វីផ្សេងក្រៅពីនេះទេ»។ លោកដាវីឌបានតបវិញថា៖ «តើគ្មានដាវផ្សេងស្រដៀងនេះឬទេ បើមានសូមយកមកប្រគល់ឲ្យខ្ញុំនៅទីនេះចុះ»។ 10 នៅថ្ងៃដដែលនោះ លោកដាវីឌបានគេចខ្លួនពីព្រះបាទសូល ទៅជួបនឹងព្រះបាទអគីស នៅក្រុងកាថ។ 11 រាជបម្រើរបស់ព្រះបាទអគីសបានទួលប្រាប់ស្តេចថា៖ «តើនេះមិនមែនជាលោកដាវីឌ ជាស្តេចរបស់អ៊ីស្រាអែលទេឬអី។ មានមនុស្សច្រៀងតគ្នាទៅវិញទៅមកពីលោកដាវីឌនេះថា ព្រះបាទសូលបានសម្លាប់រាប់ពាន់ ឯលោកដាវីឌបានសម្លាប់សត្រូវរាប់ម៉ឺន»។ 12 លោកដាវីឌបានទទួលពាក្យទាំងនោះដាក់ក្នុងចិត្ត ហើយមានសេចក្តីភ័យខ្លាចចំពោះព្រះបាទអគីស ស្តេចក្រុងកាថជាខ្លាំង។ 13 លោកបានប្តូរកាយវិការនៅនឹងមុខពួកគេ ហើយធ្វើពុតជាលីលានៅពេលពួកនោះចាប់លោកផង។ លោកបានធ្វើជាគូសសញ្ញាផ្សេងៗនៅលើខ្លោងទ្វារ រួចបង្ហូរទឹកមាត់ចុះមកលើពុកចង្ការបស់ខ្លួនឯងទៀតផង។ 14 ឃើញដូច្នេះ ព្រះបាទអគីសបានថ្លែងទៅរាជបម្រើថា៖ «មើលចុះ ឯងឃើញទេ បុរសនេះឆ្កួតហើយ។ ហេតុអ្វីបានជាឯងយកមនុស្សបែបនេះមកជួបយើងដូច្នេះ? 15 តើយើងខ្វះមនុស្សបែបនេះណាស់ឬ បានជាឯងយកមនុស្សនេះមកសម្តែងកាយវិការលីលានៅចំពោះមុខយើងដូច្នេះ? ឯងមិនគួរយកមនុស្សបែបនេះមកក្នុងដំណាក់របស់យើងទេ?»។

ជំពូក ២២

1 លោកដាវីឌបានចាកចេញ ហើយភៀសខ្លួនទៅល្អាងភ្នំឈ្មោះអាឌូឡាំ។ ពេលបងៗ និងអ្នកផ្ទះរបស់ឪពុកលោកបានដឹងដំណឹងនេះ ពួកគេបានចុះទៅទីនោះដើម្បីជួបនឹងលោក។ 2 អស់អ្នកដែលមានទុក្ខព្រួយ អ្នកជាប់បំណុល អ្នកដែលខកចិត្តទាំងប៉ុន្មា​នបានមកជុំគ្នាជួបជាមួយលោកដាវីឌ។ លោកដាវីឌបានក្លាយជាអ្នកដឹកនាំលើពួកគេ ហើយពួកគេមានគ្នាប្រមាណ​បួន​រយនាក់ដែលនៅជាមួយលោកដាវីឌ។ 3 ក្រោយមក លោកដាវីឌបានចេញពីទីនោះទៅឯមីសប៉ា ក្នុងស្រុកម៉ូអាប់។ លោកបានទូលស្តេចម៉ូអាប់ថា៖ «សូមអនុញ្ញាតឲ្យឪពុកម្តាយទូលបង្គំទៅនៅជាមួយព្រះករុណារហូតដល់ទូលបង្គំជ្រាបព្រះទ័យរបស់ព្រះជាម្ចាស់ចំពោះទូលបង្គំយ៉ាងណាសិន»។ 4 នោះលោកបានទុកពួកគាត់នៅនឹងស្តេចម៉ូអាប់។ ឪពុកម្តាយរបស់លោកបាននៅជាមួយលោកគ្រប់ពេល ហើយលោកដាវីឌបានទៅជាទីដ៏មាំមួនសម្រាប់ពួកគេវិញ។ 5 រួចព្យាការីនៅកាដបានប្រាប់លោកដាវីឌថា៖ «កុំស្នាក់នៅទីដែលគិតថាមាំមួននេះឡើយ ចូរចាកចេញពីទីនេះទៅទឹកដីស្រុកយូដា»។ ដូច្នេះ លោកដាវីឌបានចាកចេញពីទីនោះ រួចបន្តដំណើរទៅឯព្រៃហារេកវិញ។ 6 នោះព្រះបាទសូលបានជ្រាបថា លោកដាវីឌបានដឹងរឿងនេះហើយ ទាំងពួកទាហាននៅជាមួយលោក។ កាលព្រះបាទសូលកំពុងតែគង់ក្រោមម្លប់ដើមម៉ៃសាក់នៅភូមិគីបៀរ ឯរ៉ាម៉ា ទាំងកាន់លំពែងក្នុងដៃផង ក៏មានបាវបម្រើជាច្រើនឈរជុំវិញស្តេចទៀតផង។ 7 ព្រះបាទសូលបានសួរបាវដែលឈរជិតនោះថា៖ «ឱពួកបេនយ៉ាមីនអើយចូលស្តាប់! តើកូនប្រុសរបស់អ៊ីសាយឲ្យស្រែ និងចម្ការទំពាំងបាយជូរទៅអ្នករាល់គ្នាឬ? តើវាជាអ្នកធ្វើឲ្យអស់លោកទៅជាមេទ័ពលើទាហានរាប់ពាន់នាក់ និងលើរាប់រយនាក់ឬ? 8 តើនោះមិនមែនជាថ្នូរឲ្យអ្នកដាក់អន្ទាក់ប្រឆាំងនឹងយើងទេឬ? គ្មាននរណាមករាយការណ៍ឲ្យយើងដឹង ពេលបុត្ររបស់យើងចងសម្ពន្ធមេត្រីជាមួយកូនប្រុសលោកអ៊ីសាយទេ។ គ្មាននរណាម្នាក់ស្តាយខ្ញុំទេ ហើយក៏នរណារាយការណ៍ប្រាប់យើងពីការដែលបុត្រយើងឃុបឃិតនឹងបាវរបស់យើង គឺជាមួយលោកដាវីឌ ដាក់អន្ទាក់មកយើងទេ។ ថ្ងៃនេះ វាលាក់ខ្លួន ហើយចាំស្ទាក់យើង ពួកវាត្រៀមវាយប្រហារយើង។ 9 ក្រោយមក លោកដូអេក ជាជនជាតិអេដុម ដែលឈរនៅជិតបាវបម្រើរបស់ព្រះបាទសូលទូលទៅស្តេចថា៖ «ទូលបង្គំបានឃើញកូនប្រុសរបស់លោកអ៊ីសាយមកឯភូមិណូប ជួបនឹងកូនរបស់លោកអហ៊ីទូប ឈ្មោះអហ៊ីម៉ាឡេក។ 10 លោកអហ៊ីម៉ាឡេកបានទូលទៅព្រះអម្ចាស់ដើម្បីជួយដល់លោកដាវីឌ ទាំងបានផ្តល់អាហារឲ្យ ជាមួយនឹងដាវរបស់កូលីយ៉ាត ជាទាហានរបស់ពួកភីលីស្ទីនផង»។ 11 បន្ទាប់មក ស្តេចក៏ចាត់ម្នាក់ឲ្យទៅកោះហៅលោកបូជាចារ្យ​អហ៊ីម៉ាឡេក នៅឯភូមិណូប ជាកូនរបស់លោកអហ៊ីទូប និងអ្នកផ្ទះរបស់ឪពុករបស់គាត់មក។​ ពួកគេទាំងអស់គ្នាបានមកជួបស្តេច។ 12 ស្តេចមានរាជឱង្ការថា៖ «ឱកូនលោកអហ៊ីទូបអើយ ចូរស្តាប់យើង»។ លោកអហ៊ីម៉ាឡេកបានទូលស្តេចវិញថា៖ «ក្រាបទូលព្រះអង្គ ទូលបង្គំនៅទីនេះហើយ»។ 13 ព្រះបាទសូលបានមានរាជឱង្ការថា៖ «ឱលោកហើយនិងកូនប្រុសរបស់លោកអ៊ីសាយអើយ ហេតុអ្វីបានជាលោកត្រឡប់មកប្រឆាំងនឹងយើងដូច្នេះ លោកបានផ្តល់នំបុ័ង និងដាវ ព្រមទាំងទូលអង្វរព្រះជាម្ចាស់ដើម្បីជួយលោកដាវីឌ លាក់វានៅកន្លែងដ៏កំបាំង គឺដើម្បីឲ្យលោកដាវីឌក្រោកឡើងប្រឆាំងនឹងយើងដូច្នេះ មើលវាធ្វើសព្វថ្ងៃចុះ?» 14 បន្ទាប់មក លោកអហ៊ីម៉ាឡេកបានឆ្លើយនឹងស្តេចវិញថា៖ «តើមានបាវបម្រើណាមួយរបស់ស្តេចដែលមានភាពស្មោះត្រង់ដូចជាលោកដាវីឌឬទេ លោកគឺជាបុត្រប្រសារបស់ស្តេច ហើយលើសពីកងការពារ និងត្រូវ​បានគេគោរពណាស់នៅក្នុងរាជ្យវង្សរបស់ព្រះអង្គ។ 15 តើនេះជាថ្ងៃទីមួយដែលទូលបង្គំបានអធិស្ឋានសូមព្រះជាម្ចាស់ជួយលោកឬ? កុំឲ្យទូលបង្គំធ្វើដូច្នេះឡើយ! សូមស្តេចកុំខ្ញាល់នឹងអ្នកបម្រើព្រះអង្គ និងពូជពង្សរបស់ទូលបង្គំឡើយ។ ពីព្រោះទូលបង្គំពុំបានដឹងរឿងអ្វីឡើយ»។ 16 ស្តេចបានតបវិញថា៖ «លោកមុខជាស្លាប់មិនខាន លោកអហ៊ីម៉ាឡេក​ គឺលោក ព្រមទាំងពូជពង្សរបស់លោកផងដែរ»។ 17 ស្តេចបានបញ្ជាកងការពារដែលនៅជុំវិញនោះថា៖ «ចូរប្រហារជីវិតបូជាចារ្យនៃព្រះអម្ចាស់។ ដោយព្រោះដៃរបស់ពួកគេក៏នៅខាងលោកដាវីឌដែរ ហើយដោយព្រោះពួកគេដឹងថា លោកដាវីឌបានគេចខ្លួន ប៉ុន្តែ មិនរាយការណ៍ដល់យើងទេ»។ ប៉ុន្តែ មនុស្សរបស់ស្តេចមិនចង់លើកដៃប្រហារជីវិតបូជាចារ្យរបស់ព្រះជាម្ចាស់ទេ។ 18 បន្ទាប់មកស្តេចបានមានបន្ទូលទៅលោកដូអេកថា៖ «ចូរទៅប្រហាជីវិតបូជាចារ្យទាំងនេះទៅ»។ លោកដូអេក ជាជនជាតិអេដុម ក៏បានបែរទៅសម្លាប់បូជាចារ្យទាំងនោះ គឺបានសម្លាប់អស់ប៉ែតសិបប្រាំនាក់ ជាអស់អ្នកដែលពាក់អាវអេផូដដែលធ្វើពីក្រណាត់ទេសឯកនៅថ្ងៃនោះ។ 19 ស្តេចបានសម្លាប់ទាំងមនុស្សប្រុសស្រី ទាំងក្មេង ទាំងទារក ទាំងគោ ទាំងលា និងចៀមនៅភូមិណូប ដែលរស់នៅក្នុងភូមិនោះ។ ស្តេចបានសម្លាប់ពួកគេទាំងអស់ដោយមុខដាវ។ 20 ក៏ប៉ុន្តែកូនប្រុសម្នាក់ក្នុងចំណោមកូនប្រុសៗរបស់លោកអហ៊ីម៉ាឡេក ដែលជាចៅរបស់លោកអហ៊ីទូប ឈ្មោះអបៀថើរ បានរត់គេចភៀសខ្លួនទៅតាមលោកដាវីឌ។ 21 លោកអបៀថើរបានប្រាប់លោកដាវីឌថា ព្រះបាទសូលបានសម្លាប់បូជាចារ្យរបស់ព្រះអម្ចាស់ជាច្រើន។ 22 លោកដាវីឌបានតបទៅលោកអបៀថើរវិញថា៖ «ខ្ញុំដឹងថា នៅថ្ងៃមួយនោះលោកដូអេកបាននៅទីនោះ ហើយបានឃើញខ្ញុំ រួចគាត់ពិតជាអ្នកប្រាប់ស្តេចសូល។ ដោយសារតែខ្ញុំ គ្រួសាររបស់ឪពុកលោកបានបាត់បង់ជីវិតទាំងអស់។ 23 ចូរនៅជាមួយខ្ញុំចុះ ហើយកុំភ័យខ្លាចអ្វីឡើយ។ ព្រោះអ្នកដែលចង់សម្លាប់លោក ក៏ចង់យកជីវិតរបស់ខ្ញុំដែរ។ លោកនៅជាមួយខ្ញុំ មានសុវត្ថិភាពហើយ»។

ជំពូក ២៣

1 មានគេប្រាប់លោកដាវីឌថា៖ «មើល ពួកភីលីស្ទីនបានវាយប្រហារក្រុងកៃឡា ហើយប្លន់ពីកន្លែងបោកបែនស្រូវ»។ 2 ដូច្នេះ លកដាវីឌបានទូលអង្វរព្រះអម្ចាស់សុំជំនួយថា៖ «តើទូលបង្គំត្រូវចេញទៅ ហើយវាយប្រហារពួកភីលីស្ទីនទាំងនោះឬទេ?» ព្រះអម្ចាស់បានមានព្រះបន្ទូលទៅលោកដាវីឌវិញថា៖ «ចូរចេញទៅចុះ ហើយវាយប្រហារពួកភីលីស្ទីននោះ និងរំដោះក្រុងកៃឡាមកវិញចុះ»។ 3 មនុស្សរបស់លោកដាវីឌបានប្រាប់លោកដាវីឌថា៖ «យើងមានការភ័យខ្លាចនៅស្រុកយូដានេះទៅហើយ។ ចុះទម្រាំបើយើងចេញទៅឯក្រុងកៃឡាដើម្បីវាយពួកទាហានរបស់ភីលីស្ទីន តើមិនកាន់តែភ័យខ្លាចជាងនេះថែមទៀតទេឬអី?» 4 លោកដាវីឌក៏បានទូលសួរព្រះអម្ចាស់ដើម្បីជួយម្តងទៀត។ ព្រះអម្ចាស់បានតបវិញថា៖ «ចូរក្រោកឡើង ចុះទៅក្រុងកៃឡាចុះ។ ព្រោះយើងបានឲ្យឯងមានជ័យជម្នះលើពួកភីលីស្ទីនហើយ»។ 5 លោកដាវីឌ និងមនុស្សដែលនៅជាមួយលោកក៏បានចេញទៅក្រុងកៃឡា និងបានវាយជាមួយនឹងពួកភីលីស្ទីន។ លោកបាននាំយកហ្វូងសត្វរបស់ពួកគេមកវិញ ហើយបានសម្លាប់ពួកភីលីស្ទីនរង្គាលផង ហើយបានរំដោះអ្នកក្រុងកៃឡាមកវិញ។ 6 កាលលោកអបៀថើរ ជាកូនប្រុសរបស់លោកអហ៊ីម៉ាឡេក បានរត់ភៀសខ្លួនទៅចូលរួមជាមួយនឹងលោកដាវីឌ គឺលោកបានយកមកជាមួយនូវអាវអេផូដផងដែរ។ 7 មានគេបានទូលព្រះបាទសូលថា៖ «ដាវីឌបានទៅក្រុងកៃឡា»។ ស្តេចក៏បានមានរាជឱង្ការឡើងថា៖ «ព្រះជាម្ចាស់បានប្រគល់វាមកក្នុងដៃរបស់យើងហើយ។ ពីព្រោះវាបានចូលទៅក្នុងក្រុងដែលមានទ្វារ និងរនាំងផង»។ 8 ព្រះបាទសូលបានហៅកម្លាំងទាំងអស់បន្ថែមដើម្បីចេញទៅប្រយុទ្ធ ដោយចុះទៅក្រុងកៃឡា ព័ទ្ធចាប់លោកដាវីឌ និងមនុស្សរបស់លោកដាវីឌផង។ 9 លោកដាវីឌបានជ្រាបថា ព្រះបាទសូលបានរៀបអន្ទាក់ដើម្បីធ្វើបាបលោក លោកក៏បានប្រាប់ទៅលោកបូជាចារ្យអបៀថើរថា៖ «ចូរយកអាវអេផូដមក»។ 10 បន្ទាប់មក លោកដាវីឌបានទូលថា៖ «ឱព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែលអើយ ទូលបង្គំបានឮថា ព្រះបាទសូលបានមករកទូលបង្គំនៅឯក្រុងកៃឡានេះ ដើម្បីបំផ្លាញក្រុងនេះព្រោះតែទូលបង្គំ។ 11 តើអ្នកក្រុងកៃឡានេះនឹងប្រគល់ទូលបង្គំទៅក្នុងព្រះហស្តរបស់ស្តេចឬទេ? តើព្រះបាទសូលនឹងមកទីនេះដូចទូលបង្គំបានឮឬទេ? ឱព្រះអម្ចាស់ ជាព្រះនៃអ៊ីស្រាអែលអើយ ទូលបង្គំសូមអង្វរព្រះអង្គ សូមឆ្លើយមកទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គផង»។ ព្រះអម្ចាស់បានតបវិញថា៖ «ស្តេចនឹងចុះមកទីនេះ»។ 12 នោះ លោកដាវីឌបានសួរថា៖ «តើមនុស្សនៅក្រុងកៃឡានេះ នឹងប្រគល់ទូលបង្គំ និងមនុស្សដែលនៅជាមួយទូលបង្គំទៅព្រះហស្តរបស់ព្រះបាទសូលឬទេ?» ព្រះអម្ចាស់បានតបថា៖ «ពួកគេនឹងប្រគល់ឯងទៅ»។ 13 លោកដាវីឌ និងមនុស្សរបស់លោក ដែលមានគ្នាប្រមាណប្រាំមួយរយនាក់បានក្រោកឡើង ហើយចេញពីក្រុងកៃឡា ពួកគេចេញពីកន្លែងមួយ ទៅកន្លែងមួយទៀត។ មានគេទូលប្រាប់ព្រះបាទសូលថា លោកដាវីឌបានគេចខ្លួនពីក្រុងកៃឡាហើយ រួចស្តេចក៏ឈប់តាម។ 14 លោកដាវីឌបានស្នាក់នៅកន្លែងដ៏មាំមួននៅទីរហោស្ថាន គឺក្នុងស្រុកដែលនៅលើទីទួលនៃទីរហោស្ថានស៊ីភ។ ព្រះបាទសូលបានស្វែងរកលោកដាវីឌរៀងរាល់ថ្ងៃ ប៉ុន្តែ ព្រះជាម្ចាស់ពុំបានប្រគល់លោកទៅក្នុងដៃរបស់ស្តេចឡើយ។ 15 លោកដាវីឌបានជ្រាបថា ព្រះបាទសូលចេញមកតាមរកយកជីវិតរបស់លោកដូច្នេះ លោកបានស្នាក់នៅឯទីរហោស្ថានស៊ីភ នៅហូរ៉េសា។ 16 ឯសម្តេចយ៉ូណាថានជាបុត្រារបស់ ព្រះបាទសូលបានក្រោកឡើង ហើយចេញទៅជួបលោកដាវីឌនៅហូរ៉េសា ដើម្បីពង្រឹងលោកឲ្យខ្លាំងនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ថែមទៀត។ 17 សម្តេចបានមានរាជឱង្ការទៅលោកដាវីឌថា៖ «កុំភ័យខ្លាចអ្វីឡើយ។ បិតារបស់ខ្ញុំមិនអាចរកឯងឃើញទេ។ ឯងនឹងក្លាយជាស្តេចលើអ៊ីស្រាអែល ហើយខ្ញុំនឹងនៅជិតឯង។ បិតារបស់ខ្ញុំក៏បានដឹងរឿងនេះដែរ»។ 18 អ្នកទាំងពីរបានចងសម្ពន្ធមេត្រីនៅចំពោះព្រះអម្ចាស់។ លោកដាវីឌបន្តស្នាក់នៅហូរ៉េសាទៀត ឯសម្តេចយ៉ូណាថានបានត្រឡប់ទៅដំណាក់របស់ព្រះអង្គវិញ។ 19 អ្នករស់នៅទីរហោស្ថានស៊ីភបានមកទូលស្តេចសូលនៅឯគីបៀរថា៖ «លោកដាវីឌកំពុងលាក់ខ្លួនក្នុងចំណោមយើងខ្ញុំនៅហូរ៉េសា ជាកន្លែងដ៏មាំមួន គឺលើទួលហាគីឡា ដែលនៅខាងត្បូងយេស៊ីម៉ូន។ 20 សូមព្រះអង្គយាងមកឥឡូវនេះចុះ! សូមយាងមកទីនេះ តាមព្រះទ័យរបស់ព្រះអង្គ! ខាងទូលបង្គំយើងខ្ញុំនឹងប្រគល់លោកដាវីឌមកក្នុងព្រះហស្តរបស់ព្រះអង្គមិនខាន»។ 21 ព្រះបាទសូលមាន​បន្ទូលថា៖ «សូមព្រះអម្ចាស់ប្រទានពរអស់លោក ដោយអស់លោកមានការឈឺឆ្អាលសម្រាប់យើងដូច្នេះ។ 22 ចូរទៅមើលឲ្យប្រាកដចុះ! ចូររកវា និងឲ្យដឹងកន្លែងដែលវាកំពុងលាក់ខ្លួន ហើយមានអ្នកណាខ្លះបានឃើញវានៅទីនោះ។ មានគេបានប្រាប់យើងថា វាល្បិចខ្លាំងណាស់។ 23 ដូច្នេះ ចូរមើលឲ្យដឹងគ្រប់កន្លែងដែលវាលាក់ខ្លួន។ ត្រូវត្រឡប់មករកយើងជាមួយនឹងព័ត៌មានច្បាស់ការណ៍ នោះយើងនឹងទៅជាមួយពួកអ្នករាល់គ្នា។ បើវានៅទីនោះមែន យើងនឹងស្វែងរកវាគ្រប់រាប់ពាន់តំបន់ក្នុងស្រុកយូដាមិនខាន»។ 24 ពួកគេក៏បានចេញទៅដល់ទីរហោស្ថានស៊ីភមុនព្រះបាទសូល។ ឯពេលនេះ លោកដាវីឌ និងមនុស្សដែលនៅជាមួយលោកនៅឯទីរហោស្ថានម៉ាអូន ក្នុងអារ៉ាបា ខាងត្បូងយេស៊ីម៉ូនវិញ។ 25 ព្រះបាទសូល និងទាហានបានចេញទៅស្វែងរកលោក ប៉ុន្តែ លោកដាវីឌបានជ្រាបពីដំណឹងទាំងនោះ លោកក៏ចុះទៅទីទួលដែលសំបូរផ្ទាំងថ្ម ហើយលាក់ខ្លួននៅទីរហោស្ថានម៉ាអូននោះ។ ពេលព្រះបាទសូលដឹង ស្តេចក៏បានដេញតាមរកលោកដាវីឌនៅឯទីរហោស្ថានម៉ាអូនដែរ។ 26 ព្រះបាទសូលបានបន្តដំណើរនៅម្ខាងភ្នំ ហើយលោកដាវីឌ និងមនុស្សរបស់លោកក៏បន្តដំណើរនៅឯម្ខាងទៀតនៃភ្នំនោះដែរ។ លោកដាវីឌប្រញាប់ប្រញាលគេចឲ្យផុតពីព្រះបាទសូល។ កាល ព្រះបាទសូល និងទាហានបានកំពុងឡោមព័ទ្ធក្រុមលោកដាវីឌ ដើម្បីនឹងចាប់ពួកលោកហើយ 27 ស្រាប់តែមានអ្នកនាំសារម្នាក់ចូលមកទូលព្រះបាទសូលថា៖ «សូមព្រះអង្គប្រញាប់យាងទៅ ដ្បិត ពួកភីលីស្ទីនបានប្រមូលកម្លាំងវាយប្រហារចូលទឹកដីរបស់យើងហើយ»។ 28 ឮដូច្នេះ ព្រះបាទសូលបានបញ្ឈប់ការដេញតាមលោកដាវីឌ ហើយចេញទៅវាយពួកភីលីស្ទីនវិញ។ ហេតុដូច្នេះហើយ ទើបគេហៅកន្លែងនោះថា៖ «ផ្ទាំងថ្មគេចខ្លួន»។ 29 លោកដាវីឌបានចាកចេញពីទីនោះ ហើយបានស្នាក់នៅទីមាំមួនអេនគេឌី។

ជំពូក ២៤

1 ពេលព្រះបាទសូលយាងត្រឡប់ពីចម្បាំងជាមួយពួកភីលីស្ទីនវិញ មានគេទូលស្តេចថា៖ «ដាវីឌនៅឯទីរហោស្ថានអេនគេឌី»។ 2 នោះព្រះបាទសូលបានជ្រើសរើសទាហានពីអ៊ីស្រាអែលទាំងមូលចំនួនបីពាន់នាក់ឲ្យចេញទៅតាមរករកលោកដាវីឌ និងមនុស្សរបស់លោកនៅតំបន់ថ្មពពែព្រៃ។ 3 យាងមកតាមផ្លូវ ស្តេចបានឆ្លងកាត់ក្រោលចៀម ដែលមានល្អាងភ្នំមួយ។ ស្តេចបានចូលទៅក្នុងល្អាងនោះដើម្បីដោះទុក្ខសត្វ។ លោកដាវីឌ និងគ្នីគ្នារបស់លោកស្ថិតនៅក្នុងល្អាងនោះតែនៅជ្រៅទៅទៀតដែរ។ 4 មនុស្សរបស់លោកដាវីឌបានជម្រាបលោកថា៖ «នេះគឺជាថ្ងៃដែលព្រះអម្ចាស់បានមានព្រះបន្ទូលមកលោកហើយថា យើងនឹងប្រគល់ខ្មាំងសត្រូវរបស់ឯងមកក្នុងដៃរបស់ឯង ដើម្បីឲ្យឯងប្រព្រឹត្តចំពោះសត្រូវនោះតាមប្រាថ្នាចុះ»។ នោះលោកដាវីឌបានក្រោកឡើង ហើយលូនចូលទៅយ៉ាងស្ងាត់ ហើយបានកាត់ជាយព្រះភូសារបស់ព្រះបាទសូលមក។ 5 បន្ទាប់មក ចិត្តរបស់លោកដាវីឌបានធ្វើឲ្យលោកដាវីឌក្តៅក្រហាយ ពីព្រោះលោកបានកាត់ជាយព្រះភូសារបស់ស្តេច។ 6 លោកបាននិយាយទៅមនុស្សរបស់លោកថា៖ «សូមព្រះអម្ចាស់ឃាត់ខ្ញុំកុំឲ្យប្រព្រឹត្តដូច្នេះចំពោះម្ចាស់ ដែលព្រះអម្ចាស់បានចាក់ប្រេងតាំង គឺឃាត់ដៃរបស់ខ្ញុំមិនឲ្យប្រឆាំងនឹងស្តេចឡើយ តែឲ្យមើលទៅស្តេចថា ជាអ្នកដែលព្រះបានចាក់ប្រេងអភិសេកវិញ»។ 7 ដូច្នេះ លោកដាវីឌបានស្តីបន្ទោសមនុស្សរបស់លោកនឹងពាក្យសំដីទាំងនោះ ហើយមិនអនុញ្ញាតឲ្យពួកគេប៉ះពាល់ព្រះបាទសូលទេ។ ព្រះបាទសូលបានក្រោកឡើង ហើយចាកចេញបន្តដំណើរទៅមុខទៀត។ 8 បន្ទាប់មក លោកដាវីឌក៏បានក្រោកឈរឡើង ហើយចាកចេញពីល្អាងនោះ រួចស្រែកទៅព្រះបាទសូលថា៖ «ឱព្រះករុណាជាម្ចាស់របស់ទូលបង្គំអើយ»។ ពេលព្រះបាទសូលក្រលែកទៅក្រោយឃើញលោកដាវីឌបានឱនមុខក្រាបដល់ដី និងបានបង្ហាញការគោរពរបស់លោកដល់ស្តេច។ 9 លោកដាវីឌបានទូលស្តេចថា៖ «ហេតុអ្វីបានជាព្រះករុណាស្តាប់គេថា ដាវីឌចង់ធ្វើបាបព្រះករុណដូច្នេះ?»។ 10 ថ្ងៃនេះ ព្រះអង្គបានទតឃើញនឹងព្រះនេត្រហើយថា ព្រះអម្ចាស់ប្រគល់ព្រះករុណាមកក្នុងដៃរបស់ទូលបង្គំនៅក្នុងល្អាងនេះ។ ក៏មានអ្នកប្រាប់ឲ្យទូលបង្គំធ្វើឃាតព្រះអង្គដែរ តែទូលបង្គំបានទុកជីវិតឲ្យព្រះអង្គវិញ។ ដោយទូលបង្គំនិយាយថា ទូលបង្គំនឹងមិនលើកដៃប្រហារម្ចាស់របស់ទូលបង្គំឡើយ ដ្បិត ព្រះករុណាគឺជាអ្នកដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេក។ 11 ព្រះករុណាឃើញទេ សូមទតមើលជាយព្រះភូសារបស់ព្រះករុណាចុះ គឺស្ថិតក្នុងដៃរបស់ទូលបង្គំឯណេះ។ ហេតុផលពិតដែលទូលបង្គំបានកាត់ជាយព្រះភូសារបស់ព្រះករុណា ហើយមិនធ្វើឃាតព្រះករុណាដូច្នេះ ព្រះករុណាអាចនឹងដឹងថា ទូលបង្គំគ្មានបំណងអាក្រក់ ឬគ្មានអំពើក្បត់នៅក្នុងដៃទូលបង្គំឡើយ ហើយទូលបង្គំក៏ពុំបានធ្វើបាបប្រឆាំងនឹងព្រះករុណាដែរ សូម្បីតែ ព្រះអង្គកំពុងតាមប្រមាញ់យកជីវិតរបស់ទូលបង្គំក្តី។ 12 សូមព្រះអម្ចាស់រកយុត្តិធម៌រវាងទូលបង្គំ និងព្រះករុណាចុះ។ សូមព្រះអម្ចាស់ដាក់ទោសទូលបង្គំចុះ បើមានការនោះមែន ប៉ុន្តែ ទូលបង្គំមិនលើដៃប្រហារព្រះករុណាឡើយ។ 13 ដូចមានសុភាសិតបុរាណពោលថា៖ មនុស្សអាក្រក់មុខជាប្រព្រឹត្តអាក្រក់។ ប៉ុន្តែ ឯដៃរបស់ទូលបង្គំវិញ គឺមិនប្រឆាំងនឹងព្រះករុណាឡើយ។ 14 តើស្តេចរបស់អ៊ីស្រាអែលចេញមកប្រយុទ្ធនឹងអ្នកណា? តើព្រះករុណាតាមប្រមាញ់អ្នកណា? តាមឆ្កែងាប់ ឬតាមរកចៃឆ្កែប៉ុណ្ណោះ! 15 សូមព្រះអម្ចាស់ធ្វើជាចៅក្រម និងសម្រេចក្តីរវាងយើងទាំងពីរ ហើយសូមព្រះអង្គទតមើល ហើយការពារក្តីនេះដល់ទូលបង្គំ នោះព្រះអម្ចាស់នឹងអនុញ្ញាតឲ្យទូលបង្គំរួចខ្លួនពីព្រះហស្តរបស់ព្រះករុណ»។ 16 ពេលលោកដាវីឌបានបញ្ចប់នូវពាក្យទាំងនោះចំពោះព្រះបាទសូលហើយ​ នោះព្រះបាទសូលបានមានបន្ទូលថា៖ «នេះជាសម្លេងរបស់កូន ឬ​​​ ដាវីឌកូនប្រុសបិតា?» រួចព្រះបាទសូលព្រះកន្សែង។ 17 ស្តេចបានមានរាជឱង្ការទៅលោកដាវីឌទៀតថា៖ «បុត្រសុចរិតជាងបិតា ដោយបុត្របានប្រព្រឹត្តអំពើល្អចំពោះបិតា តបនឹងអំពើអាក្រក់ដែលបិតាបានប្រព្រឹត្តដាក់បុត្រ។ 18 បុត្របានប្រកាសថ្ងៃនេះនូវអំពើដ៏សប្បុរសដែលបុត្របានធ្វើចំពោះបិតា ដោយបុត្រមិនបានសម្លាប់បិតានៅពេលព្រះអម្ចាស់បានប្រគល់បិតាទៅក្នុងកណ្តាប់ដៃរបស់បុត្រក្តី។ 19 កាលណាគេឃើញសត្រូវរបស់ខ្លួនហើយ គេនឹងមិនទុកឲ្យសត្រូវនោះរួចខ្លួនឡើយ។ សូមព្រះអម្ចាស់ប្រទានរង្វាន់ល្អដល់បុត្រដោយព្រោះទង្វើដែលបុត្របានប្រព្រឹត្តចំពោះបិតាថ្ងៃនេះ។ 20 ឥឡូវ បិតាជ្រាបច្បាស់ថា បុត្រនឹងទៅជាស្តេច ហើយរាជ្យអាណាចក្ររបស់អ៊ីស្រាអែលនឹងគង់វង្សក្រោមការគ្រប់គ្រងរបស់បុត្រមិនខាន។ 21 សូមបុត្រស្បថនឹងបិតាដោយនូវព្រះនាមព្រះអម្ចាស់ថា បុត្រនឹងមិនកាត់ផ្តាច់ពូជពង្សវង្សត្រកូលរបស់បិតាទេ ហើយបុត្រនឹងមិនបំផ្លាញព្រះនាមបិតាចេញពីក្រុមគ្រួសាររបស់បិតាដែរ»។ 22 ក្រោយមក ព្រះបាទសូលបានត្រឡប់ទៅព្រះដំណាក់វិញ ប៉ុន្តែ លោកដាវីឌ និងទាហានដែលនៅជាមួយបានឡើងទៅទីមាំមួនវិញ។

ជំពូក ២៥

1 ពេលនោះ លោកសាំយ៉ូអែលបានស្លាប់ទៅហើយ។ កូនចៅអ៊ីស្រាអែលទាំងអស់បានមកជួបជុំគ្នា ហើយកាន់ទុក្ខដល់គាត់ រួចបានបញ្ចុះគាត់ក្នុងផ្ទះរបស់គាត់នៅរ៉ាម៉ា។ ឯលោកដាវីឌបានចុះទៅឯទីរហោស្ថានបារ៉ាសនវិញ។ 2 មានបុរសម្នាក់នៅម៉ាអូន ដែលមានដីធ្លីជាច្រើននៅកើមែល។ បុរសនោះជាអ្នកមានស្ដុកស្ដម្ភ គាត់មានចៀមបីពាន់ក្បាល និងពពែមួយពាន់ក្បាល។ ពេលនោះ គាត់កំពុងកោររោមចៀមរបស់គាត់នៅភូមិកើមែល។ 3 គាត់មានឈ្មោះថា ណាបាល ហើយប្រពន្ធរបស់គាត់ឈ្មោះ អប៊ីកែល។ ប្រពន្ធជាស្ត្រីដែលមានប្រាជ្ញាវាងវៃ ហើយរូបសម្រស់ស្អាតល្អ។ ឯបុរសនោះ ជាមនុស្សឆេវឆាវ ហើយអាក្រក់។ គាត់ជាអ្នកមកពីអំបូរលោកកាលែប។ 4 លោកដាវីឌនៅឯទីរហោស្ថានបានឮថា លោកណាបាលកំពុងកោររោមចៀមរបស់លោក។ 5 ដូច្នេះ លោកដាវីឌក៏បានចាត់យុវជនរបស់លោកទៅជួបដប់នាក់។ លោកដាវីឌបានប្រាប់ទៅយុវជនទាំងនោះថា៖ «ចូរចេញដំណើរទៅឯភូមិកើមែល ទៅជួបលោកណាបាល ហើយជម្រាបសួរលោកក្នុងនាមខ្ញុំផងចុះ។ 6 អ្នករាល់គ្នាត្រូវនិយាយទៅលោកថា សូមលោកមានអាយុវែង។ សូមឲ្យលោកនិងគ្រួសារបានប្រកបដោយក្តីសុខសាន្ត ហើយអ្វីៗដែលលោកមានបានចម្រើនឡើងដែរ។ 7 ខ្ញុំឮថា លោកកំពុងកោររោមចៀម។ កាលគង្វាលរបស់លោកនៅជាមួយពួកយើង ពួកគេមានសុវត្ថិភាពណាស់ ហើយពួកគេក៏ពុំដែលបាត់អ្វីកាលពួកគេនៅឯកើមែលដែរ។ 8 សូមលោកសួរពួកគេមើលចុះ នោះគេនឹងនិយាយការពិតជូនលោកមិនខាន។ ឥឡូវនេះ សូមលោកមេត្តាដល់យុវជនរបស់ខ្ញុំនៅចំពោះមុខលោកនេះផង ដោយយើងបានមកជួបលោកនៅថ្ងៃបុណ្យនេះ។ សូមមេត្តាផ្តល់នូវអ្វីដែលលោកមានដល់យុវជនទាំងនេះ និងដល់ខ្ញុំ ដាវីឌនេះផងចុះ»។ 9 ពេលយុវជនរបស់លោកដាវីឌបានមកដល់ ពួកគេបានរៀបរាប់ដល់លោកណាបាលក្នុងនាមលោកដាវីឌ ហើយពួកគេក៏រង់ចាំចម្លើយមកវិញ។ 10 លោកណាបាលបានឆ្លើយតបនឹងយុវជនរបស់លោកដាវីឌវិញថា៖ «តើលោកដាវីឌជានរណា តើកូនប្រុសរបស់លោកអ៊ីសាយជានរណា? សព្វថ្ងៃនេះមានបាវបម្រើជាច្រើនបានរត់គេចពីចៅហ្វាយរបស់ខ្លួន។ 11 តើចង់ឲ្យយើងយកនំប័ុង និងទឹករបស់យើង ថែមទាំងយកសាច់ដែលយើង​បានត្រៀមទុកសម្រាប់អ្នកកោររោមទៅឲ្យមនុស្សដែលយើងមិនដឹងមកពីណាឬ?» 12 ឮដូច្នោះហើយ យុវជនទាំងនោះបានត្រឡប់ទៅវិញ ហើយបានរៀបរាប់គ្រប់យ៉ាងដល់លោកដាវីឌ។ 13 លោកដាវីឌបានប្រាប់ទៅអ្នកដែលនៅជាមួយថា៖ «អ្នកទាំងអស់គ្នា ចូរស្ពាយដាវចេញមក»។ មនុស្សទាំងអស់ក៏បានស្ពាយដាវរៀងៗខ្លួន។ លោកដាវីឌក៏ដូច្នោះដែរ។ លោកដាវីឌបានយកមនុស្សប្រហែលបួនរយនាក់ឲ្យមកតាម ហើយបានទុកពីររយនាក់ផ្សេងទៀតឲ្យមើលថែសម្ភារៈ។ 14 ប៉ុន្តែ មានបាវម្នាក់បានមកជម្រាបលោកស្រីអប៊ីកែល ជាប្រពន្ធរបស់លោកណាបាលថា៖ «លោកដាវីឌបានចាត់អ្នកនាំសារឲ្យទៅទីរហោស្ថានដើម្បីសួរសុខទុក្ខចៅហ្វាយរបស់យើង តែលោកបានជេរប្រមាថពួកគេទៅវិញ។ 15 តាមពិតពួកគេជាមនុស្សល្អដល់យើងណាស់។ យើងមានសុវត្ថិភាពល្អ ហើយមិនដែលបាត់បង់អ្វីឡើយពេលណាយើងបាននៅជាមួយពួកគេនៅឯទីវាល។ 16 ពួកគេជាជញ្ជាំងដែលការពារពួកយើងទាំងថ្ងៃទាំងយប់ គ្រប់ពេលដែលយើងឃ្វាលហ្វូងចៀមនៅជាមួយពួកគេ។ 17 ហេតុដូច្នេះ សូមទានជ្រាប ហើយពិចារណាថា តើលោកស្រីគួរធ្វើដូចម្តេច ព្រោះផលវិបាកដ៏អាក្រក់មកដល់ចៅហ្វាយរបស់យើង និងគ្រួសារទាំងមូលមិនខាន។ លោកណាបាលជាមនុស្សដែលគ្មានហេតុផល ហើយអាក្រក់ចំពោះអ្នកដទៃណាស់»។ 18 ភ្លាមនោះ លោកស្រីអប៊ីកែលបានប្រញាប់ប្រញាលយកនំបុ័ងពីររយដុំ ស្រាទំពាំងបាយជូរពីរដប ចៀមប្រាំក្បាលដែលបានរៀបចំហើយ លាជប្រាំតៅ ទំពាំងបាយជូរក្រៀមមួយរយកញ្ចប់ ព្រមទាំងនំដែលធ្វើពីផ្លែឧទម្ពរពីររយដុំ ដាក់លើខ្នងលា។ 19 លោកស្រីបាននិយាយទៅបាវបម្រើថា៖ «ចូរចេញទៅមុនខ្ញុំ ហើយខ្ញុំនឹងចេញទៅតាមក្រោយពួកឯង»។ ប៉ុន្តែ លោកស្រីមិនបានប្រាប់ប្តីលោកស្រី គឺលោកណាបាលទេ។ 20 ខណៈលោកស្រីបានជិះលាចុះតាមចង្កេះភ្នំ លោកដាវីឌ និងមនុស្សរបស់លោកក៏បានចុះតម្រង់មកលោកស្រីដែរ ហើយលោកស្រីបានជួបពួកគេ។ 21 លោកដាវីឌបានមានប្រសាសន៍ថា៖ «ខ្ញុំបានការពារអ្វីៗរបស់គាត់នៅឯទីរហោស្ថានដោយឥតប្រយោជន៍ គាត់មិនបានបាត់បង់អ្វីដែលជារបស់ទ្រព្យគាត់ទេ តែគាត់បែជាប្រព្រឹត្តអាក្រក់តបនឹងអំពើល្អទៅវិញ។ 22 សូមព្រះជាម្ចាស់ដាក់ទោសដាវីឌខ្ញុំនេះចុះ ហើយឲ្យរឹតតែធ្ងន់ចុះ បើខ្ញុំទុកជីវិតឲ្យប្រុសៗណាដែលនៅផ្ទះរបស់គាត់នៅរស់ដល់ព្រឹក»។ 23 ពេលលោកស្រីអប៊ីកែលបានឃើញលោកដាវីឌ លោកស្រីបានប្រញាប់ប្រញាល់ចុះពីខ្នងលា ហើយក្រាបនៅមុខលោកដាវីឌ ទាំងមុខ ហើយខ្លួនក្រាបដល់ដី។ 24 លោកស្រីបានក្រាបនឹងជើងរបស់លោកដាវីឌ ហើយនិយាយថា៖ «នាងខ្ញុំខុសហើយ លោកម្ចាស់។ សូមទុកឲ្យខ្ញុំជាបាវបម្រើរបស់លោកនិយាយទៅលោកសិន សូមស្តាប់ពាក្យខ្ញុំ ជាអ្នកបម្រើលោកម្ចាស់ផង។ 25 សូមលោកម្ចាស់កុំរវីរវល់នឹងមនុស្សអត់បានការ លោកណាបាលនេះឡើយ គាត់គឺដូចឈ្មោះរបស់គាត់អីចឹង។ លោកណាបាលជាឈ្មោះរបស់គាត់ ហើយភាពលីលាក៏នៅជាមួយគាត់ដែរ។ ប៉ុន្តែ ខ្ញុំជាអ្នកបម្រើរបស់លោកពុំបានជួបនឹងយុវជនរបស់លោកម្ចាស់ដែលចាត់ឲ្យមកទេ។ 26 លោកម្ចាស់អើយ ឥឡូវនេះ ដោយនូវព្រះជន្មរបស់ព្រះអម្ចាស់ និងលោកម្ចាស់ផ្ទាល់ដែលកំពុងមានជីវិត គឺថា ព្រះអម្ចាស់បានឃាត់លោកម្ចាស់មិនឲ្យបង្ហូរឈាម ហើយមិនឲ្យសងសឹកដោយដៃលោកម្ចាស់ផ្ទាល់ទេ សូមឲ្យសត្រូវរបស់លោកម្ចាស់ និងអស់អ្នកដែលចង់ប្រព្រឹត្តអាក្រក់ចំពោះលោកម្ចាស់ បានដូចជាលោកណាបាលចុះ។ 27 សូមលោកម្ចាស់ទទួលជំនូនដែលអ្នកបម្រើរបស់លោកម្ចាស់បានយកមកជូនលោកម្ចាស់ បានដល់យុវជនរបស់លោកម្ចាស់ចុះ។ 28 សូមអត់ទោសចំពោះសេចក្តីរំលងរបស់អ្នកបម្រើរបស់លោកម្ចាស់នេះផង ព្រះអម្ចាស់នឹងមុខជាធ្វើឲ្យលោកម្ចាស់រឹងមាំ ពីព្រោះលោកម្ចាស់បានចេញទៅច្បាំងរួមជាមួយនឹងព្រះអម្ចាស់ ហើយគ្មានអំពើអាក្រក់ណាមួយដែលមានក្នុងលោកម្ចាស់អស់មួយជីវិតឡើយ។ 29 មានអ្នកដែលក្រោកតាមយកជីវិតរបស់លោកម្ចាស់ ប៉ុន្តែ ព្រះអម្ចាស់ជាព្រះរបស់លោកតាមការពារលោកជាប់ជានិច្ច ព្រះអង្គនឹងគប់ជីវិតរបស់ខ្មាំងសត្រូវលោកម្ចាស់ដូចគប់ខ្សែដង្ហក់ដែរ។ 30 ព្រះអម្ចាស់នឹងបំពេញសេចក្តីសន្យាគ្រប់យ៉ាងដែលព្រះអង្គបានសន្យានឹងលោកម្ចាស់ ហើយនឹងតាំងលោកឲ្យធ្វើជាអ្នកដឹកនាំលើអ៊ីស្រាអែលមិនខាន។ 31 សូមកុំឲ្យនេះក្លាយជាបន្ទុកដ៏ធ្ងន់សម្រាប់លោក ដោយបានបង្ហូរឈាមមនុស្សគ្មានកំហុស ឬដោយព្រោះលោកម្ចាស់បានព្យាយាមសង្គ្រោះខ្លួនឯងឡើយ។ កាលណាព្រះអម្ចាស់ធ្វើការទាំងនោះចំពោះលោកម្ចាស់ហើយ សូមនឹកចាំពីអ្នកបម្រើរបស់លោកនេះផង»។ 32 លោកដាវីឌបានប្រសាសន៍ទៅលោកស្រីអប៊ីកែលថា៖ «សូមព្រះអម្ចាស់ជាព្រះនៃអ៊ីស្រាអែលបានតម្កើងឡើង ព្រះអង្គបានចាត់នាងឲ្យមកជួបខ្ញុំថ្ងៃនេះប្រាកដមែន។ 33 នាងបានប្រកបដោយប្រាជ្ញា និងមានពរហើយ ​ដោយនាងបានទប់ខ្ញុំជាប់ថ្ងៃនេះពីការបង្ហូរឈាម និងពីការសងសឹកដោយផ្ទាល់ដៃរបស់ខ្ញុំ! 34 ជាការពិត គឺព្រះអម្ចាស់ជាព្រះនៃអ៊ីស្រាអែលដែលមានព្រះជន្មគង់នៅបានឃាត់ខ្ញុំមិនឲ្យប៉ះពាល់នាងមែន។ បើនាងមិនប្រញាប់មកជួបខ្ញុំទេ មុខជាគ្មានមនុស្សប្រុសណាម្នាក់មានជីវិតរស់រានដល់ព្រឹកឡើង សូម្បីតែទារក»។ 35 ដូច្នេះ លោកដាវីឌព្រមទទួលជំនូនពីដៃលោកស្រីដែលបាននាំយកមកជូនលោក ហើយនិយាយថា៖ «ចូរត្រឡប់ទៅផ្ទះរបស់នាងវិញដោយសុខសាន្តចុះ ខ្ញុំព្រមស្តាប់សំដីរបស់នាង ហើយទទួលតាមពាក្យនាងហើយ»។ 36 លោកស្រីអប៊ីកែលបានត្រឡប់មកលោកណាបាលវិញ។​ គាត់បានធ្វើពិធីជប់លៀងយ៉ាងធំ ដូចជប់លៀងស្តេច លោកណាបាលមានចិត្តរីករាយយ៉ាងខ្លាំង ព្រោះលោកបានស្រវឹងជោកជាំ។ ហេតុដូចនេះ លោកស្រីមិនបាននិយាយអ្វីជាមួយគាត់រហូតដល់ព្រឹកឡើង។ 37 ពេលព្រឹកឡើង ជាតិស្រាបានសាបអស់ពីលោកណាបាល ប្រពន្ធរបស់លោកបានជម្រាបលោកនូវរឿងរ៉ាវទាំងអស់នោះ លោកក៏គាំងបេះដូង នៅស្តូកស្តឹងដូចថ្ម។ 38 ប្រមាណជាដប់ថ្ងៃក្រោយមកព្រះអម្ចាស់បានប្រហារលោកណាបាល ហើយបានស្លាប់ទៅ។ 39 ពេលលោកដាវីឌបានឮដំណឹងថា លោកណាបាលបានស្លាប់ ក៏បានមានប្រសាសន៍ថា៖ «សូមសរសើរតម្កើងព្រះអម្ចាស់ ដែលបានរកយុត្តិធម៌រវាងទូលបង្គំ និងណាបាល ហើយបានឃាត់ទូលបង្គំមិនឲ្យប្រព្រឹត្តអាក្រក់។ ដ្បិត ព្រះអង្គបានឆ្លើយតបអំពើអាក្រក់របស់លោកណាបាលធ្លាក់លើក្បាលរបស់គាត់វិញ»។ ក្រោយមកលោកដាវីឌបានចាត់អ្នកបម្រើឲ្យទៅនិយាយនឹងលោកស្រីអប៊ីកែល ស្នើឲ្យលោកស្រីធ្វើជាភរិយារបស់លោក។ 40 ពេលអ្នកបម្រើរបស់លោកដាវីឌបានមកដល់ជួបលោកស្រីអប៊ីកែលនៅភូមិកើមែល ពួកគេបាននិយាយទៅលោកស្រីថា៖ «លោកដាវីឌបានចាត់យើងខ្ញុំឲ្យមកជួបលោកស្រី សូមឲ្យលោកស្រីធ្វើជាភរិយារបស់លោក»។ 41 លោកស្រីបានក្រោកឡើង ឱនមុខដល់ដីហើយនិយាយថា៖ «មើល អ្នកបម្រើស្រីរបស់លោកម្ចាស់ គឺគ្រាន់តែជាអ្នកបម្រើដែលលាងជើងឲ្យពួកអ្នកបម្រើរបស់លោកម្ចាស់ប៉ុណ្ណោះ»។ 42 លោកស្រីក៏ប្រញាប់ក្រោកឡើង ជិះលើខ្នងលាទាំងមានបាវបម្រើស្រីប្រាំនាក់ទៀតទៅជាមួយផង រួចបានទៅតាមអ្នកនាំសាររបស់លោកដាវីឌ ហើយបានក្លាយជាភរិយារបស់លោក។ 43 លោកដាវីឌក៏បានយកនាងអហ៊ីណោម ពីស្រុកយេសរាលធ្វើជាភរិយាដែរ។ ពួកនាងទាំងពីរបានក្លាយជាភរិយារបស់លោក។ 44 ហើយព្រះបាទសូលក៏ធ្លាប់បានលើកព្រះនាងមិកាល់ជាបុត្រីឲ្យធ្វើជាភរិយារបស់លោកដាវីឌដែរ តែក្រោយមកបានលើកនាងឲ្យទៅលោកប៉ាល់ធី ជាកូនរបស់លោកឡាអ៊ីស ជាអ្នកស្រុកកាលីម។

ជំពូក ២៦

1 ពួកអ្នករស់នៅទីរហោស្ថានស៊ីភបានមកជួបព្រះបាទសូលនៅឯគីបៀរទូលស្តេចថា៖ «លោកដាវីឌកំពុងលាក់ខ្លួននៅលើទួលហាគីឡា ទល់មុខនឹងវាលយេស៊ីម៉ូន»។ 2 ព្រះបាទសូលបានក្រោកឡើងចេញទៅទីរហោស្ថានស៊ីភ ដោយបានជ្រើសរើសយកទាហានបីពាន់នាក់ពីអ៊ីស្រាអែលទៅជាមួយដើម្បីតាមរកដាវីឌនៅឯទីរហោស្ថានស៊ីភ។ 3 ព្រះបាទសូលបានបោះជំរំនៅលើទួលហាគីឡាដែលនៅពីមុខវាលយេស៊ីម៉ូន។ ប៉ុន្តែ លោកដាវីឌកំពុងនៅឯវាលរហោស្ថាន ហើយបានឃើញថា ព្រះបាទសូលកំពុងមកតាមរកចាប់លោកនៅឯទីរហោស្ថាន។ 4 ដូច្នេះ លោកដាវីឌក៏បានចាត់អ្នកស៊ើបការណ៍ឲ្យទៅស៊ើប ហើយបានដឹងថា ព្រះបាទសូលពិតជាបានមកមែន។ 5 លោកដាវីឌបានក្រោកឡើង ហើយចេញទៅកន្លែងដែលព្រះបាទសូលបានបោះជំរំ លោកបានឃើញទីតាំងដែលស្តេចផ្ទំ និងកន្លែងលោកអប៊ីនើរ ជាកូនរបស់លោកនើរ ជាមេទ័ពរបស់ស្តេចសម្រាកដែរ។ ព្រះបាទសូលផ្ទំនៅក្នុងជំរំហើយទាហានបោះជំរំនៅជំវិញស្តេច ដេកទាំងអស់គ្នា។ 6 លោកដាវីឌបាននិយាយទៅលោកអហ៊ីម៉ាឡេក ជាជនជាតិហេត និងលោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា ដែលជាប្អូនរបស់លោកយ៉ូអាប់ថា៖ «តើមានអ្នកណាហ៊ានទៅជំរំព្រះបាទសូលជាមួយខ្ញុំ?» លោកអប៊ីសាយបានតបថា៖ «ខ្ញុំនឹងចុះទៅជាមួយលោក»។ 7 ដូច្នេះ លោកដាវីឌ និងលោកអប៊ីសាយបានចេញទៅជំរំទាហ៊ាននោះទាំងយប់។ ព្រះបាទសូលកំពុងផ្ទំក្នុងជំរំ ដែលមានលំពែងដោតជាប់នឹងដីជិតក្បាលដំណេកស្តេចផង។ ឯលោកអប៊ីនើរ និងទាហានដេកនៅជុំវិញស្តេច។ 8 លោកអប៊ីសាយបានប្រសាន៍ទៅលោកដាវីឌថា៖ «ថ្ងៃនេះ ព្រះជាម្ចាស់បានប្រគល់ខ្មាំងសត្រូវរបស់លោកមកក្នុងដៃលោកហើយ។ ឥឡូវនេះ សូមលោកអនុញ្ញាតឲ្យខ្ញុំដោតស្តេចឲ្យជាប់នឹងដីជាមួយនឹងលំពែងតែមួយដងលំពែងប៉ុណ្ណោះ។ ខ្ញុំនឹងមិនដោតស្តេចជាលើកទីពីរទេ»។ 9 លោកដាវីឌបានមានប្រសាសន៍ទៅលោកអប៊ីសាយវិញថា៖ «កំុសម្លាប់ស្តេចឲ្យសោះ ព្រោះគ្មាននរណាលើកដៃសម្លាប់អ្នកដែលព្រះអម្ចាស់ចាក់ប្រេងអភិសេក រួចមិនទទួលទោសនោះទេ»។ 10 លោកដាវីឌបានបន្តថា៖ «ដោយព្រះអម្ចាស់មានព្រះជន្មគង់នៅ គឺព្រះអម្ចាស់ជាអ្នកយកជីវិតស្តេចផ្ទាល់ ឬទុកឲ្យស្តេចរស់នៅឲ្យអស់ជីវិត ឬធ្វើឲ្យស្តេចអស់ជីវិតនៅពេលចេញសមរភូមិចុះ។ 11 សូមព្រះអម្ចាស់ឃាត់ខ្ញុំមិនឲ្យខ្ញុំលើកដៃប្រហារអ្នកដែលព្រះអង្គបានចាក់ប្រេងអភិសេកឡើយ ប៉ុន្តែ ពេលនេះ សូមលោកចូលទៅយកតែលំពែង និងថូទឹកដែលនៅក្បាលដំណេករបស់ស្តេច ហើយយើងចេញទៅវិញ»។ 12 ដូច្នេះ លោកដាវីឌបានយកលំពែង និងថូទឹកពីក្បាលដំណេកព្រះបាទសូល ហើយអ្នកទាំងពីរក៏បានចាកចេញទៅ។ គ្មានអ្នកណាម្នាក់បានឃើញអ្នកទាំងពីរ ឬដឹងរឿងនេះទេ ក៏គ្មានអ្នកណាម្នាក់ភ្ញាក់ ព្រោះអ្នកទាំងអស់នោះលង់លក់ទាំងអស់ ដោយសារព្រះអម្ចាស់បានធ្វើឲ្យពួកគេលង់លក់ខ្លាំង។ 13 បន្ទាប់មក លោកដាវីឌបានឆ្លងទៅម្ខាងហើយឈរលើកំពូលភ្នំពីចម្ងាយដែលឆ្ងាយពីជំរំពួកគេ។ 14 លោកដាវីឌបានស្រែកទៅទាហាន និងលោកអប៊ីនើរជាកូនរបស់លោកនើរថា៖ «លោកអប៊ីនើរអើយ ហេតុអ្វីមិនឆ្លើយតបដូច្នេះ?» លោកអប៊ីនើរបានឆ្លើយថា៖ «តើអ្នកជាអ្នកណា បានជាហ៊ានស្រែកមកព្រះរាជាដូច្នេះ?» 15 លោកដាវីឌបានប្រសាសន៍ទៅលោកអប៊ីនើរថា៖ «តើលោកមិនមែនជាអ្នកក្លាហានទេឬ? តើមាននរណាខ្លាំងដូចលោកនៅស្រុកអ៊ីស្រាអែល? ហេតុអ្វីពេលនេះលោកពុំបានការពារចៅហ្វាយរបស់លោក គឺព្រះរាជាឲ្យល្អដូច្នេះ? ព្រោះមានគេបានចូលទៅក្នុងជំរំដើម្បីធ្វើឃាតព្រះរាជា ជាចៅហ្វាយរបស់លោក។ 16 លោកធ្វើនេះមិនល្អទេ។ ខ្ញុំជម្រាបលោកដោយនូវព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅថា លោកសមតែស្លាប់ ពីព្រោះលោកពុំបានការពារចៅហ្វាយរបស់ខ្លួន ដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេកឲ្យល្អទេ។ ឥឡូវ ចូររកមើល ឯណាទៅលំពែង និងថូទឹកនៅក្បាលដំណេកស្តេច?» 17 ព្រះបាទសូលចាំសម្លេងរបស់លោកដាវីឌ រួចមានបន្ទូលថា៖ «នេះជាសម្លេងឯងឬ បុត្របិតា?» លោកដាវីឌបានឆ្លើយថា៖ «មែនហើយ នេះជាសម្លេងទូលបង្គំ។ 18 ហេតុអ្វីបានជាទ្រង់តាមទូលបង្គំដូច្នេះ? តើទូលបង្គំបានធ្វើអ្វី? តើដៃទូលបង្គំបានប្រព្រឹត្តអាក្រក់អ្វី? 19 ហេតុនេះ ទូលបង្គំសូមទ្រង់ព្រះសណ្តាប់ពាក្យរបស់ទូលបង្គំជាអ្នកបម្រើរបស់ទ្រង់ចុះ។ បើព្រះអម្ចាស់ជាអ្នកធ្វើរឿងនេះចង់ប្រហារទូលបង្គំ សូមឲ្យព្រះអង្គទទួលយកតង្វាយរបស់ទូលបង្គំផង ប៉ុន្តែ បើជាមនុស្សជាអ្នកដុកដាន់វិញ សូមពួកគេត្រូវបណ្តាសានៅចំពោះព្រះភក្ត្ររបស់ព្រះអម្ចាស់ ព្រោះពួកគេបានបណ្តេញទូលបង្គំចេញ ដើម្បីមិនឲ្យទូលបង្គំចេញពីស្រុកកំណើតដែលព្រះអម្ចាស់បានប្រទានឲ្យ គឺពួកគេបាននិយាយថា ចេញទៅថ្វាយបង្គំព្រះដទៃទៅ។ 20 ហេតុដូច្នេះ សូមកុំឲ្យគេកំចាយឈាមទូលបង្គំលើដីដែលឆ្ងាយពីព្រះវត្តមានរបស់ព្រះអម្ចាស់ឡើយ ដោយស្តេចនៃអ៊ីស្រាអែលបានដេញតាមប្រហារទូលបង្គំដូចតាមប្រមាញ់ចៃមួយនៅលើភ្នំដូច្នោះដែរ»។ 21 បន្ទាប់មក ព្រះបាទសូលមានរាជឱង្ការឡើងថា៖ «បិតាបានខុសហើយ។ មករកបិតាវិញមក ដាវីឌបុត្របិតា។​ បិតាលែងធ្វើបាបបុត្រទៀតហើយ ពីព្រោះជីវិតបិតាមានតម្លៃចំពោះបុត្រដល់ថ្ងៃនេះ។ មើល បិតាបានធ្វើទាំងល្ងិតល្ងង់ ហើយបានប្រព្រឹត្តកំហុសមួយយ៉ាងធំ»។ 22 លោកដាវីឌបានឆ្លើយតបវិញថា៖ «មើលចុះ នេះជាលំពែងរបស់ស្តេច! សូមបញ្ជូនយុវជនម្នាក់ឲ្យឆ្លងមកយក ហើយប្រគល់ជូនទ្រង់វិញចុះ។ 23 សូមព្រះអម្ចាស់ឆ្លើយតបនឹងម្នាក់ៗតាមសេចក្តីសុចរិត និងភាពស្មោះត្រង់របស់អ្នកនោះចុះ ពីព្រោះព្រះអម្ចាស់បានប្រគល់ទ្រង់មកក្នុងដៃទូលបង្គំថ្ងៃនេះ ប៉ុន្តែ ទូលបង្គំមិនប្រហារមនុស្សដែលព្រះអង្គបានអភិសេកឡើយ។ 24 សូមមើលចុះ ជីវិតរបស់ទ្រង់មានតម្លៃខ្លាំងប៉ុណ្ណាក្នុងកែវភ្នែកទាំងពីររបស់ទូលបង្គំថ្ងៃនេះ ដូច្នេះ សូមឲ្យជីវិតរបស់ទូលបង្គំមានតម្លៃនៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ដែរ ហើយសូមព្រះអម្ចាស់សង្គ្រោះទូលបង្គំចេញពីបញ្ហាទាំងអស់ផង»។ 25 បន្ទាប់មក ព្រះបាទសូលមានរាជឱង្ការទៅលោកដាវីឌថា៖ «សូមឲ្យបុត្របានពរណាលោកដាវីឌ! បុត្រពិតជាធ្វើកិច្ចការដ៏សម្បើម ហើយទទួលជោគជ័យមិនខាន»។ លោកដាវីឌក៏បានចាកចេញទៅ ហើយព្រះបាទសូលបានត្រឡប់ទៅរាជ្យវាំងវិញដែរ។

ជំពូក ២៧

1 លោកដាវីឌបានមានប្រសាសន៍ក្នុងចិត្តថា៖ «ថ្ងៃណាមួយ ព្រះបាទសូលមុខជាសម្លាប់ខ្ញុំមិនខាន គ្មានអ្វីប្រសើរជាងរត់ភៀសខ្លួនចូលទៅស្រុកភីលីស្ទីនទេ នោះព្រះបាទសូលនឹងបោះបង់ការតាមរកខ្ញុំនៅក្នុងទឹកដីអ៊ីស្រាអែលនេះមិនខាន ដោយហេតុនេះ ខ្ញុំនឹងគេចខ្លួនពីព្រះហស្តរបស់ស្តេចទើបរួចជីវិត»។ 2 លោកដាវីឌបានក្រោកឡើង និងចេញទៅជាមួយនឹងមនុស្សដែលនៅជាមួយខ្លួនទាំងប្រាំមួយរយនាក់ ឆ្ពោះទៅរកស្តេចអគីស ជាបុត្ររបស់ព្រះបាទម៉ាអុក ស្តេចក្រុងកាថ។ 3 លោកដាវីឌបានរស់នៅជាមួយនឹងស្តេចអគីសនៅក្រុងកាថ ទាំងលោក និងអ្នកនៅជាមួយលោកបានតាំងទីលំនៅទីនោះ។ លោកដាវីឌក៏បានយកប្រពន្ធទាំងពីរទៅជាមួយដែរ មាននាងអហ៊ីឡោម អ្នកស្រុកយ៉េសរាល និងនាងអប៊ីកែល អ្នកភូមិកើមែល ដែលជាអតីតប្រពន្ធរបស់លោកណាបាល។ 4 មានគេទូលប្រាប់ព្រះបាទសូលថា លោកដាវីឌបានភៀសខ្លួនទៅនៅក្រុងកាថ ស្តេចក៏លែងតាមរកលោកដាវីឌតទៅទៀត។ 5 លោកដាវីឌបានទូលស្តេចអគីសថា៖ «បើព្រះអង្គគាប់ព្រះទ័យ សូមទ្រង់ប្រទានតំបន់ណាមួយនៃទីក្រុងក្នុងស្រុកនេះដល់ពួកទូលបង្គំរស់នៅផង មិនគួរឲ្យទូលបង្គំយើងខ្ញុំរស់នៅជាមួយស្តេចក្នុងក្រុងរបស់ស្តេចឡើយ»។ 6 ឮដូច្នេះ ព្រះបាទអគីសបានប្រទានក្រុងស៊ីគឡាក់ឲ្យនៅថ្ងៃនោះ។ ហេតុដូច្នេះហើយ ក្រុងស៊ីគឡាក់ជាកម្មសិទ្ធិរបស់ស្តេចយូដាមកដល់សព្វថ្ងៃនេះ។ 7 លោកដាវីឌបានស្នាក់នៅក្នុងស្រុកភីលីស្ទីនអស់រយៈពេលមួយឆ្នាំបួនខែពេញ។ 8 លោកដាវីឌ និងអ្នកដែលនៅជាមួយលោកបានទៅវាយប្រហារជាច្រើនកន្លែង ដោយទៅលុកលុយជនជាតិកេស៊ូរី ទឹកដីរបស់ពួកកេស៊ើរ និងទឹកដីរបស់ពួកអាម៉ាឡេក។ ជនជាតិទាំងនោះបានតាំងទីលំនៅចាប់តាំងពីស្រុកស៊ើរ រហូតដល់ស្រុកអេស៊ីប។ ពួកគេរស់នៅតំបន់ទាំងនោះតាំងសម័យបុរាណមកមេ្ល៉ះ។ 9 លោកដាវីឌបានវាយលុកទឹកដីនោះ ហើយមិនទុកឲ្យមនុស្សប្រុសស្រីណាម្នាក់នៅជីវិតឡើយ លោកដាវីឌក៏បានប្រមូលចៀម គោ លា អូដ្ឋ និងសម្លៀកបំពាក់រួចត្រឡប់មកជួបព្រះបាទអគីសវិញ។ 10 ព្រះបាទអគីសបានមានរាជឱង្ការសួរថា៖ «តើឯងបានចេញទៅវាយតំបន់ណាខ្លះថ្ងៃនេះ?» លោកដាវីឌទូលឆ្លើយវិញថា៖ «ទៅវាយភាគខាងត្បូងយូដា» ឬ «វាយភាគខាងត្បូងស្រុករបស់ពួកយេរ៉ាម្អែល» ឬ «វាយនៅភាគខាងត្បូងពួកកែន»។ 11 លោកដាវីឌមិនទុកជីវិតមនុស្សប្រុសស្រីហើយនាំមកក្រុងកាថឡើយ គឺដោយគិតថា មិនចង់ឲ្យអ្នកទាំងនោះនិយាយអ្វីពីពួកយើង ហើយលោកដាវីឌធ្វើនេះឬធ្វើនោះឡើយ»។ នេះជារបៀបដែលលោកដាវីឌប្រព្រឹត្តកាលលោកកំពុងរស់នៅស្រុកភីលីស្ទីន។ 12 ដូច្នេះ ព្រះបាទអគីសបានជឿជាក់លើលោកដាវីឌដោយគិតថា៖ «លោកដាវីឌបានធ្វើឲ្យប្រជាជនអ៊ីស្រាអែលរបស់ខ្លួនស្អប់ខ្ពើមយ៉ាងខ្លាំង ដូច្នេះ លោកដាវីឌនឹងនៅធ្វើជាអ្នកបម្រើរបស់យើងជារៀងរហូត»។

ជំពូក ២៨

1 ថ្ងៃទាំងនោះក៏បានមកដល់ គឺពួកភីលីស្ទីនបានប្រមូលគ្នាដើម្បីវាយប្រហារអ៊ីស្រាអែល។ ព្រះបាទអគីសបានថ្លែងទៅដាវីឌថា៖ «លោកជ្រាបច្បាស់ហើយថា លោកនឹងទៅចម្បាំងជាមួយនឹងយើង គឺទាំងលោក និងអ្នកដែលនៅជាមួយលោក»។ 2 លោកដាវីឌបានទូលព្រះបាទអគីសវិញថា៖ «ទ្រង់ជ្រាបថាទូលបង្គំជាអ្នកបម្រើទ្រង់អាចធ្វើអ្វីថ្វាយទ្រង់ស្រាប់ហើយ»។ ព្រះបាទអគីសបានមានរាជឱង្ការតបថា៖ «ដូច្នេះ យើងនឹងតែងតាំងលោកឲ្យធ្វើជាកងការពារយើងជារៀងរហូត»។ 3 ពេលនោះ លោកសាំយូអែលបានលាចាកលោកហើយ ហើយអ៊ីស្រាអែលទាំងមូលបាននាំគ្នាកាន់ទុក្ខលោក និងបានបញ្ចុះលោកនៅក្នុងភូមិរ៉ាម៉ា ជាកន្លែងកំណើតរបស់លោក។ ឯព្រះបាទសូលបានហាមមិនឲ្យមានអ្នកណាខាបព្រលឹង ឬវិញ្ញាណនៅក្នុងស្រុកឡើយ។ 4 ក្រោយមក ពួកភីលីស្ទីនបានប្រមូលគ្នាមកបោះជំរំនៅស៊ូណែម ហើយព្រះបាទសូលក៏បានកែនទ័ពនៅអ៊ីស្រាអែលទាំងអស់ផងដែរ រួចទៅបោះជំរំនៅគីលបោ។ 5 នៅពេលព្រះបាទសូលបានឃើញទ័ពរបស់ភីលីស្ទីន ស្តេចភ័យខ្លាចជាខ្លាំង ហើយស្តេចមានព្រះហប្ញទ័យរន្ធត់ជាខ្លាំង។ 6 ស្តេចបានទូលអង្វរសុំជំនួយពីព្រះអម្ចាស់ ប៉ុន្តែ ព្រះអម្ចាស់ពុំបានឆ្លើយតបស្តេចវិញទេ ទោះតាមសុបិន្ត តាមយូរីម ឬតាមព្យាការីក្តី។ 7 បន្ទាប់មក ព្រះបាទសូល​បានបញ្ជាដល់រាជ្យបម្រើថា៖ «ចូរទៅរកមេមត់់ដែលអាចខាបព្រលឹងមនុស្សស្លាប់ ហើយយើងនឹងទៅសួរដើម្បីឲ្យដឹងថាត្រូវធ្វើដូចម្តេច»។ ពួករាជ្យបម្រើបានទូលស្តេចថា៖ «មើល មានស្ត្រីម្នាក់នៅអេនដោរដែលអាចនិយាយជាមួយព្រលឹងអ្នកស្លាប់បាន»។ 8 ព្រះបាទសូលបានក្លែងខ្លួនឯង ដោយស្លៀកពាក់ជាមនុស្សផ្សេងទៀតហើយបានចេញទៅជាមួយនឹងមនុស្សពីរនាក់ទៀតដើម្បីទៅឯស្ត្រីនោះទាំងយប់។ ស្តេចបានមានរាជឱង្ការថា៖ «សូមទាយឲ្យខ្ញុំ ខ្ញុំសូមអង្វរ គឺហៅវិញ្ញាណឲ្យឡើងមក តាមឈ្មោះដែលខ្ញុំប្រាប់»។ 9 ស្ត្រីនោះបានតបទៅស្តេចវិញថា៖ «មើល តើលោកមិនជ្រាបទេឬថា ព្រះបាទសូលបានប្រព្រឹត្តដូចម្តេចខ្លះ គឺស្តេចបានហាមប្រាមមិនឲ្យនរណាខាបវិញ្ញាណមនុស្សស្លាប់លើទឹកដីនេះទេ។ ដូច្នេះ ហេតុអ្វីបានជាលោកមកអង្គុយដាក់អន្ទាក់យកជីវិតរបស់ខ្ញុំយ៉ាងនេះ ឬមួយលោកចង់ធ្វើឲ្យអស់ជីវិតឬ?» 10 ព្រះបាទសូលបានស្បថដោយនូវព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់មានព្រះជន្មគង់នៅយ៉ាងណា នាងនឹងគ្មានទោសអ្វីដោយសារការនេះទេ»។ 11 បន្ទាប់មក ស្ត្រីនោះបាននិយាយថា៖ «តើចង់ឲ្យខ្ញុំហៅអ្នកណាឲ្យឡើងមក?» ព្រះបាទសូលបានមានរាជឱង្ការតបថា៖ «សូមខាបហៅលោកសាំយូអែលឲ្យខ្ញុំ»។ 12 ពេលនេះ ស្ត្រីនោះបានឃើញលោកសាំយូអែល ហើយបានស្រែកដោយសម្លេងខ្លាំង និងបាននិយាយទៅព្រះបាទសូលថា៖ «ហេតុអ្វីបានជាទ្រង់បោកប្រាស់ខ្ញុំម្ចាស់ដូច្នេះ? គឺព្រះករុណាគឺជាព្រះបាទសូលទេតើ»។ 13 ស្តេចបានថ្លែងទៅស្ត្រីនោះថា៖ «កុំខ្លាចអ្វី តើនាងបានឃើញអ្វី?» នាងបានទូលព្រះបាទសូលថា៖ «ខ្ញុំម្ចាស់បានឃើញមានម្នាក់កំពុងចេញពីផែនដី»។ 14 ស្តេចបានមានរាជឱង្ការសួរស្ត្រីនោះថា៖ «តើលោកនោះមានទ្រង់ទ្រាយបែបណា?» ស្ត្រីនោះបានតបវិញថា៖ «មានបុរសចំណាស់ម្នាក់កំពុងតែមក លោកស្លៀកពាក់រ៉ូប»។ ព្រះបាទសូលបានយល់ឃើញថា នោះគឺលោកសាំយូអែលហើយ ស្តេចក៏ឱនមុខដល់ដី និងសម្តែងសេចក្តីគោរព។ 15 លោកសាំយូអែលបានទូលសួរព្រះបាទសូលថា៖ «ហេតុអ្វីបានជាព្រះករុណារំខានទូលបង្គំ ហើយហៅទូលបង្គំឡើងមកដូច្នេះ?» ព្រះបាទសូលតបវិញថា៖ «ខ្ញុំបានថប់បារម្ភជាខ្លាំងដោយពួកភីលីស្ទីនបានប្រមូលគ្នាមកវាយប្រហារ ហើយព្រះជាម្ចាស់បានបោះបង់ខ្ញុំចោល ព្រះអង្គពុំឆ្លើយតបនឹងខ្ញុំទៀតទេ សូម្បីតែតាមរយៈព្យាការី ឬតាមសុបិន្តក្តីក៏គ្មានដែរ។ ហេតុដូច្នេះហើយ ទើបខ្ញុំហៅលោកឡើងមកដើម្បីប្រាប់ខ្ញុំថា ខ្ញុំគួរធ្វើបែបណា»។ 16 លោកសាំយូអែលបានមានប្រសាសន៍ឡើងថា៖ «ព្រះករុណាសួរទូលបង្គំធ្វើអ្វី តាំងពីព្រះអម្ចាស់បោះបង់ព្រះករុណាមក ព្រះអង្គបានត្រឡប់ទៅជាសត្រូវរបស់ព្រះករុណាហើយទេតើ?» 17 ព្រះអម្ចាស់បានប្រព្រឹត្តដូច្នេះស្របតាមព្រះបន្ទូលរបស់ព្រះអង្គដែលគួរធ្វើហើយ។ ព្រះអម្ចាស់បានហែករាជ្យអាណាចក្រពីព្រះហស្តរបស់ព្រះកុរណា រួចបានប្រទានឲ្យអ្នកផ្សេងទៀត គឺដាវីឌ។ 18 ពីព្រោះព្រះករុណាពុំបានស្តាប់បង្គាប់ព្រះសូរ្យសៀងរបស់ព្រះអម្ចាស់ទេ ហើយក៏ពុំបានធ្វើតាមព្រះពិរោធរបស់ព្រះអង្គទៅលើជនជាតិអាម៉ាឡេកដែរ ហេតុដូច្នេះ ទើបព្រះអង្គប្រព្រឹត្តបែបនេះចំពោះព្រះករុណា។ 19 លើសពីនេះទៅទៀត ព្រះអម្ចាស់បានប្រគល់អ៊ីស្រាអែល ព្រមទាំងព្រះករុណាទៅក្នុងដៃរបស់ពួកភីលីស្ទីនថែមទៀតផង។ ថ្ងៃស្អែក ព្រះករុណា ព្រមទាំងបុត្រនឹងមកនៅជាមួយទូលបង្គំហើយ។ ព្រះអម្ចាស់ក៏ប្រគល់កងទ័ពអ៊ីស្រាអែលទៅក្នុងដៃរបស់ពួកភីលីស្ទីនដែរ»។ 20 បន្ទាប់មក ព្រះបាទសូលបានដួលទាំងជំហរភ្លាមៗទៅលើដី ហើយបានតក់ស្លុតជាខ្លាំងពីព្រោះពាក្យទាំងប៉ុន្មានរបស់លោកសាំយូអែល។ ស្តេចគ្មានកម្លាំងកំហែងទៀតទេ ព្រោះស្តេចពុំបានសោយព្រះស្ងោយអស់ជាច្រើនថ្ងៃច្រើនយប់។ 21 ស្ត្រីនោះបានមកឯព្រះបាទសូល ហើយបានឃើញទ្រង់តក់ស្លុតជាខ្លាំង នាងបានទូលទ្រង់ថា៖ «ខ្ញុំម្ចាស់ជាអ្នកបម្រើទ្រង់បានស្តាប់ និងធ្វើតាមព្រះបន្ទូលទ្រង់ហើយ ទូលបង្គំបានដាក់ជីវិតនៅក្នុងព្រះហស្តទ្រង់ និងបានស្តាប់តាមរាជបញ្ជាទាំងប៉ុន្មានដែលទ្រង់បានបង្គាប់ហើយ។ 22 ហេតុដូច្នេះពេលនេះ ខ្ញុំម្ចាស់សូមអង្វរទ្រង់ សូមព្រះសន្តាប់ខ្ញុំម្ចាស់ជាអ្នកបម្រើទ្រង់ សូមអនុញ្ញាតឲ្យខ្ញុំម្ចាស់រៀបចំព្រះស្ងោយបន្តិចបន្តួចជូនទ្រង់។ សូមទ្រង់សោយសិន ដើម្បីប្រមូលកម្លាំងហើយអាចយាងត្រឡប់ទៅវិញ»។ 23 ប៉ុន្តែ ព្រះបាទសូលបានបដិសេធថា៖ «យើងមិនសោយអាហារនេះទេ»។ តែពួករាជបម្រើទ្រង់ ទាំងស្ត្រីនោះបានទទូចស្តេច ហើយស្តេចក៏ព្រមតាមពាក្យពួកគេ។ ដូច្នេះ ស្តេចបានក្រោកពីដី ហើយគង់នៅលើគ្រែវិញ។ 24 ស្ត្រីនោះបានយកកូនគោដែលបំប៉នក្នុងផ្ទះ ហើយនាងបានប្រញាប់ទៅសម្លាប់វា រួចយកម្សៅមកច្របាច់ដើម្បីធ្វើនំបុ័ងឥតមេជាមួយ។ 25 នាងបានយកមកថ្វាយស្តេចសូល និងពួករាជបម្រើទ្រង់ ហើយពួកគេបានទទួលទានទាំងអស់គ្នា។ បន្ទាប់ពី ទទួលរួចក៏បានក្រោកឡើង ហើយចាកចេញពីទីនោះទាំងយប់។

ជំពូក ២៩

1 គ្រានោះ ពួកភីលីស្ទីនបានប្រមូលគ្នាទាំងអស់មកបោះទ័ពនៅអាផេក ឯអ៊ីស្រាអែលក៏បានមកបោះជំរំនៅក្បែរប្រភពទឹកនៅយេសរាល។ 2 ពួកអ្នកដឹកនាំពួកភីលីស្ទីនបានដឹកនាំទ័ពទាំងរាប់រយ និងរាប់ពាន់នាក់ចេញទៅ ហើយលោកដាវីឌទាំងអ្នកដែលនៅជាមួយលោកនៅជាមួយទ័ពជួរក្រោយជាមួយព្រះបាទអគីស។ 3 បន្ទាប់មក មានអ្នកដឹកនាំភីលីស្ទីនបានសួរថា៖ «តើពួកហេព្រើរទាំងនេះមកធ្វើអ្វីនៅទីនេះ?» ព្រះបាទអគីសបានតបទៅអ្នកដឹកនាំរបស់ពួកភីលីស្ទីននោះថា៖ «គឺលោកដាវីឌ ជាអ្នកបម្រើរបស់ព្រះបាទសូល ដែលជាស្តេចអ៊ីស្រាអែល បានមករស់នៅជាមួយយើងប៉ុន្មានឆ្នាំនេះមកហើយ ហើយយើងមិនដែលឃើញលោកមានកំហុសម្តងណាទេរហូតមកដល់ថ្ងៃនេះ»។ 4 ប៉ុន្តែ អ្នកដឹកនាំនោះខឹងនឹងព្រះបាទអគីស ដោយបាននិយាយថា៖ «មិនត្រូវឲ្យអ្នកនេះចូលរួមជាមួយយើងទេ ឲ្យវាត្រឡប់ទៅកន្លែងដើមវាវិញទៅ កុំឲ្យវាចូលរួមច្បាំងជាមួយយើងជាដាច់ខាត។ ធ្វើដូច្នេះវានឹងមិនក្លាយជាសត្រូវរបស់យើងនៅ​​​​ឯសមរភូមិឡើយ។ តើធ្វើដូចម្តេចថា គេនឹងជានាជាមួយចៅហ្វាយចាស់របស់គេវិញនោះ? តើវានឹងមិនសម្លាប់ពួកមនុស្សរបស់យើងទេឬអី? 5 តើនេះមិនមែនជាលោកដាវីឌដែលគេនាំគ្នារាំ និងច្រៀងតគ្នាទៅវិញទៅមកថា៖ «ព្រះបាទសូលបានសម្លាប់រាប់ពាន់នាក់ ឯលោកដាវីឌសម្លាប់បានរាប់ម៉ឺននាក់ទេឬអី?»។ 6 ភ្លាមនោះព្រះបាទអគីសបានហៅលោកដាវីឌ ហើយមានរាជឱង្ការថា៖ «ដោយព្រះអម្ចាស់មានព្រះជន្មគង់នៅ លោកពិតជាល្អនឹងខ្ញុំ ហើយទាំងចេញទៅប្រយុទ្ធ ទាំងត្រឡប់មកវិញ លោកគ្មានកំហុសអ្វីទេតាំងពីលោកទើបមកនៅជាមួយយើង និងរហូតមកដល់ថ្ងៃនេះ។ ទោះយ៉ាងណាក្តី មេដឹកនាំមិនពេញចិត្តនឹងលោកទេ។ 7 សូមលោកត្រឡប់ទៅវិញដោយសុខសាន្តចុះ ធ្វើដូច្នេះលោកនឹងមិនធ្វើឲ្យមេដឹកនាំភីលីស្ទីនមិនសប្បាយចិត្តឡើយ»។ 8 លោកដាវីឌបានទូលទៅព្រះបាទអគីស​វិញថា៖ «តើទូលបង្គំបានធ្វើអ្វីខុស? តើទ្រង់បានទតឃើញទូលបង្គំជាអ្នកបម្រើទ្រង់មានកំហុសអ្វីតាំពីដំបូងរហូតមកទល់ពេលនេះ ហើយនិងពេលចេញទៅវាយប្រយុទ្ធនឹងសត្រូវរបស់ទ្រង់?» 9 ព្រះបាទអគីសបានតបវិញថា៖ «យើងជ្រាបហើយថា លោកគ្មានកំហុសអ្វីទាំងអស់។ នៅចំពោះមុខយើង លោកដូចជាទេវតានៃព្រះ ប៉ុន្តែ ទោះយ៉ាងនេះក្តី មេដឹកនាំភីលីស្ទីនបាននិយាយថា៖ «មិនត្រូវឲ្យអ្នកនេះទៅចម្បាំងជាមួយយើងជាដាច់ខាត»។ 10 ដូច្នេះ ចូរក្រោកពីព្រលឹមជាមួយនឹងបាវបម្រើរបស់យើងឯទៀតដែលបានមកជាមួយលោក ហើយភ្លឺឡើងចូរចេញដំណើរទៅចុះ»។ 11 លោកដាវីឌបានក្រោកពីព្រលឹម ទាំងលោក និងមនុស្សដែលនៅជាមួយចាកចេញពេលព្រឹក ត្រឡប់ទៅទឹកដីភីលីស្ទីនវិញ។ ឯពួកទ័ពភីលីស្ទីនបានបន្តដំណើរឡើងទៅយេសរាលតទៀត។

ជំពូក ៣០

1 គ្រានោះមកដល់នៅថ្ងៃទីបី ពេលដែលលោកដាវីឌ និងអស់អ្នកដែលនៅជាមួយបានមកដល់ស៊ីគឡាក់ ពួកអាម៉ាឡេកបានមករាតត្បាតតំបន់ណេកិប និងស៊ីគឡាក់។ ពួកនោះបានវាយប្រហារក្រុងស៊ីគឡាក់និងដុតចោលថែមទៀត 2 រួចបានកៀរស្រីៗ និងគ្រប់គ្នាដែលនៅទីនោះទៅទាំងតូចទាំងធំ។ ពួកគេពុំបានសម្លាប់អ្នកណាម្នាក់ទេ ប៉ុន្តែ កៀរយកទៅជាមួយពួកគេប៉ុណ្ណោះ។ 3 ពេលលោកដាវីឌ និងអ្នកដែលនៅជាមួយបានមកដល់ទីក្រុង ក្រុងនោះត្រូវបានដុតឆេះទៅហើយ ប្រពន្ធ និងកូនប្រុសស្រីរបស់ពួកគេក៏ត្រូវគេចាប់យកទៅទៀត។ 4 នោះ លោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោកបានស្រែកយំរហូតអស់កម្លាំងលែងយំកើតទៀត។ 5 ប្រពន្ធទាំងពីររបស់លោកដាវីឌក៏ត្រូវគេចាប់យកទៅដែរ គឺនាងអហ៊ីណោម អ្នកស្រុកយេសរាល និងនាងអប៊ីកែលជាអតីតប្រពន្ធសពណាបាល អ្នកភូមិកើមែល។ 6 លោកដាវីឌបានព្រួយជាខ្លាំង ដោយមនុស្សដែលនៅជាមួយនិយាយគ្នាបម្រុងចោលលោកនឹងថ្ម ពីព្រោះពួកគេមានភាពជូរចត់ក្នុងវិញ្ញាណរបស់ខ្លួនខ្លាំងពេក ម្នាក់ៗបារម្ភពីកូនប្រុសកូនស្រីរបស់ខ្លួន ប៉ុន្តែ ព្រះអម្ចាស់ជាព្រះរបស់លោកដាវីឌបានពង្រឹងកម្លាំងលោកឡើងវិញ។ 7 លោកដាវីឌបានមានប្រសាសន៍ទៅលោកអបៀថើរជាកូនរបស់លោកអហ៊ីម៉ាឡេកថា៖ «សូមយកអាវអេផូឌមកឲ្យខ្ញុំ»។ លោកអបៀថើរក៏យកអាវអេផូដមកជូនលោកដាវីឌ។ 8 លោកដាវីឌបានទូលអង្វរដល់ព្រះអម្ចាស់ដើម្បីបង្ហាញផ្លូវថា៖ «បើទូលបង្គំទៅតាមពួកទាហានទាំងនោះ តើទូលបង្គំតាមទាន់ពួកគេដែរឬទេ?» ព្រះអម្ចាស់បានឆ្លើយតបវិញថា៖ «ចូរទៅតាមចុះ ឯងមុខជាតាមទាន់ ថែមទាំងយកអ្វីៗទាំងអស់ត្រឡប់មកវិញមិនខាន»។ 9 ដូច្នេះ លោកដាវីឌបានចេញទៅជាមួយនឹងមនុស្សដែលនៅជាមួយទាំងប្រាំមួយរយនាក់ ពួកគេបានទៅដល់ទឹកជ្រោះបេសោរ ហើយមនុស្សមួយក្រុមត្រូវទុកចាំនៅទីនោះ។ 10 ប៉ុន្តែ លោកដាវីឌនៅតែបន្តដេញតាម ទៅជាមួយមនុស្សបួនរយនាក់ប៉ុណ្ណោះ ព្រោះពីររយនាក់ត្រូវទុកឲ្យចាំនោះទីនោះ ដោយពួកគេអស់កម្លាំងមិនអាចឆ្លងទឹកជ្រោះបេសោរនោះបាន។ 11 ពួកគេបានឃើញជនជាតិអេស៊ីបម្នាក់នៅឯវាលរួចនាំយកមកឯលោកដាវីឌ ពួកគេបាននំប័ុងមកឲ្យទទួលទាន ហើយបុរសនោះបានទទួលទាន រួចគេក៏បានយកទឹកមកជូនថែមទៀត។ 12 គេយកនំដែលធ្វើពីឧទុម្ពរក្រៀម និងទំពាំងបាយជូរក្រៀមមកជូនផងដែរ គាត់បានទទួលទានរួចមានកម្លាំងឡើងវិញ។ គាត់អត់អាហារ អត់ទឹកទទួលអស់បីថ្ងៃបីយប់មកហើយ។ 13 លោកដាវីឌបានសួរគាត់ថា៖ «តើលោកជានរណា ហើយមកពីណា?» គាត់បានតបវិញថា៖ «ខ្ញុំជាជនជាតិអេស៊ីប ជាបាវបម្រើរបស់ជនជាតិអាម៉ាឡេក ចៅហ្វាយរបស់ខ្ញុំបានបោះបង់ខ្ញុំចោលបីថ្ងៃហើយ ដោយសារខ្ញុំឈឺ។ 14 យើងបានទៅរាតត្បាតនៅតំបន់ណេកិបរបស់ជនជាតិកេរេធីម ជាទឹកដីរបស់ជនជាតិយូដា និងណេកិប ស្រុកកាលែប ហើយបានដុតក្រុងស៊ីគឡាក់ទៀតផង»។ 15 លោកដាវីឌបានសួរទៀតថា៖ «តើលោកអាចនាំខ្ញុំទៅរកក្រុមរាតត្បាតនោះបានឬទេ?» ជនជាតិអេស៊ីបនោះបានឆ្លើយថា៖ «សូមស្បថនឹងព្រះជាម្ចាស់ថា លោកនឹងមិនសម្លាប់ខ្ញុំ ឬប្រគល់ខ្ញុំទៅក្នុងដៃម្ចាស់របស់ខ្ញុំវិញទេ នោះខ្ញុំនឹងជូនលោកដេញតាមក្រុមរាតត្បាតនោះ»។ 16 ពេលជនជាតិអេស៊ីបនោះបាននាំលោកដាវីឌទៅដល់ទីនោះ ពួកចោរទាំងនោះបានរស់នៅពាសពេញទីនោះ ទាំងស៊ីផឹក និងរាំផងដោយព្រោះអ្វីៗដែលបានប្លន់យកមកពីស្រុកភីលីស្ទីន និងស្រុកយូដានោះ។ 17 នៅថ្ងៃបន្ទាប់ លោកដាវីឌវាយលុកពួកគេតាំងពីព្រឹករហូតដល់ល្ងាច។ គ្មាននរណាម្នាក់រួចឡើយ លើកលែងតែយុវជនបួនរយនាក់ដែលបានជិះអូដ្ឋគេចខ្លួននោះចេញ។ 18 លោកដាវីឌបានយកមកវិញនូវអ្វីៗដែលពួកអាម៉ាឡេកបានប្លន់យកទៅទាំងអស់ ហើយបានរំដោះប្រពន្ធទាំងពីររបស់លោកមកដែរ។ 19 គ្មានអ្វីបាត់បង់ទេ ទាំងតូចទាំងធំ ក៏គ្មានកូនប្រុសស្រីត្រូវបានបាត់បង់ដែរ។ ប៉ុន្តែ ថែមទាំងបានជយភណ្ឌមកវិញសម្រាប់ខ្លួនថែមទៀតផង។ លោកដាវីឌបានប្រមូលគ្រប់បែបយ៉ាង។ 20 លោកដាវីឌបានរឹបអូសទាំងចៀមទាំងគោ ដែលមានអ្នកដឹកសត្វទាំងនោះផង។ ពួកគេបាននិយាយថា៖ «ជយភណ្ឌទាំងនេះជារបស់ដាវីឌ»។ 21 លោកដាវីឌបានមកជួបអ្នកដែលអស់កម្លាំងរងចាំនៅក្បែរទឹកជ្រោះបេសោរទាំងពីររយនាក់នោះ។ កាលបានឃើញលោកដាវីឌ ពួកគេបានចេញមកទទួលលោកដាវីឌ និងអស់អ្នកដែលត្រឡប់មកវិញជាមួយនឹងលោក។ ពេលលោកដាវីឌមកដល់ពួកគេ លោកបានសួរសុខទុក្ខពួកគេ។ 22 មានមនុស្សអាក្រក់មិនបានការមួយចំនួនក្នុងចំណោមអស់អ្នកដែលបានទៅជាមួយលោកដាវីឌបានមានប្រសាសន៍ថា៖ «ដោយពួកអ្នកទាំងនេះមិនបានទៅជាមួយពួកយើង យើងមិនគួរចែកជយភណ្ឌឲ្យពួកគេទេ។ គឺគ្រាន់តែប្រគល់ប្រពន្ធ និងកូនៗហើយឲ្យពួកគេចេញទៅ នោះគ្រប់គ្រាន់ហើយ»។ 23 ភ្លាមនោះ លោកដាវីឌបានមានប្រសាសន៍ថា៖ «អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តដូច្នេះឡើយ បងប្អូនអើយ តើព្រះអម្ចាស់បានប្រទានអ្វីខ្លះមកយើង។ ព្រះអង្គបានការពារយើង ហើយប្រគល់ពួកចោររាតត្បាតទាំងនោះមកក្នុងដៃរបស់យើងហើយ។ 24 មិនត្រូវស្តាប់តាមពាក្យអ្នកទាំងនេះឡើយ។ ដូច្នេះ ជយភណ្ឌត្រូវចែកជូនអ្នកគ្រប់គ្នាដែលទៅច្បាំង ហើយក៏ត្រូវជូនដល់អ្នកដែលរងចាំឥវ៉ានទាំងនេះដែរ គឺពួកគេម្នាក់ៗមានចំណែករៀងៗខ្លួន»។ 25 តាំងពីថ្ងៃនោះមក គេបានធ្វើតាមរហូតដល់បច្ចុប្បន្ននេះ ដោយសារ លោកដាវីឌបានធ្វើការនេះទៅជាច្បាប់សម្រាប់អ៊ីស្រាអែល។ 26 ពេលលោកដាវីឌបានមកដល់ ស៊ីគឡាក់វិញ លោកបានផ្ញើជយភណ្ឌខ្លាំងជូនចាស់ទុំស្រុកយូដាដែលជាមិត្តរបស់លោកទាំងមានប្រសាសន៍ថា៖ «មើលនេះ ទាំងនេះគឺជា ជយភណ្ឌដែលបានមកពីសត្រូវរបស់ព្រះអម្ចាស់»។ 27 លោកក៏បានផ្ញើខ្លះទៀតទៅចាស់ទុំនៅបេតអែល ទៅទិសខាងត្បូងនៃរ៉ាម៉ូត ចាស់ទុំនៅតំបន់យ៉ាទៀរ 28 ចាស់ទុំដែលរស់នៅអារ៉ូអ៊ើរ អ្នកនៅស៊ីភម៉ូត ចាស់ទុំដែលនៅអែលធេម៉ូទាំងគ្នាផងដែរ។ 29 លោកក៏បានផ្ញើជូនចាស់ទុំដែលរស់នៅរ៉ាកាលក្រុងយេរ៉ាម្អែល និងនៅក្រុងកែនផង 30 ចាស់ទុំនៅឯហោម៉ានិងចាស់ទុំដែលរស់នៅឯកោរអាសាន ចាស់ទុំដែលរស់នៅអាថាក 31 ជូនអស់អ្នកដែលនៅហេប្រូន និងជូនអស់អ្នកដែលនៅគ្រប់ទីកន្លែងដែលលោកដាវីឌ និងមនុស្សដែលនៅជាមួយលោកបានធ្លាប់ឆ្លងកាត់។

ជំពូក ៣១

1 ពេលនោះពួកភីលីស្ទីនបានវាយប្រហារអ៊ីស្រាអែល។ ទាហានរបស់អ៊ីស្រាអែលបានរត់បាក់ទ័ពនៅចំពោះមុខពួកភីលីស្ទីន ហើយបានបាត់បង់ជីវិតនៅលើភ្នំគីលបោ។ 2 ទ័ពភីលីស្ទីនបានដេញតាមព្រះបាទសូល និងបុត្រារបស់ស្តេច។ ពួកភីលីស្ទីនបានសម្លាប់សម្តេចយ៉ូណាថាន សម្តេចអប៊ីណាដាប់ និងសម្តេចម៉ាល់គីស៊ូអា។ 3 សង្គ្រាមកាន់តែធ្ងន់ធ្ងរប្រឆាំងព្រះបាទសូល ហើយទ័ពបាញ់ព្រួញបានតាមទាន់ព្រះបាទសូល។ ស្តេចបានតក់ស្លុតជាខ្លាំងដោយបានឃើញពួកគេដេញយ៉ាងដូច្នេះ។ 4 បន្ទាប់មក ព្រះបាទសូលបានថ្លែងទៅអ្នកកាន់គ្រឿងសឹកស្តេចថា៖ «ចូរដកដាវរបស់ឯង ហើយចាក់សម្លាប់យើងចុះ។ យើងមិនចង់ឃើញហេតុការកំពុងតាមយើងបែបនេះទេ ចូរចាក់យើងមក»។ ប៉ុន្តែអ្នកកាន់គ្រឿងសឹករបស់ស្តេចនោះមិនហ៊ានទេ ដោយភ័យខ្លាចខ្លាំងពេក។ ដូច្នេះព្រះបាទសូលបានហូតដាវហើយផ្តួលខ្លួនឯងនឹងមុខដាវ 5 អ្នកកាន់គ្រឿងសឹកនោះឃើញព្រះបាទសូលសោយទិវង្គតដូច្នេះ ក៏ផ្តួលខ្លួនលើដាវរួចក៏ស្លាប់ទៅជាមួយស្តេចដែរ។ 6 ដូច្នេះ ព្រះបាទសូល និងបុត្រាទាំងបី ព្រមទាំងអ្នកកាន់គ្រឿងសឹករបស់ស្តេច រួមទាំងអ្នកនៅសមរភូមិទាំងអស់បានស្លាប់ក្នុងថ្ងៃដូចគ្នា។ 7 ពេលទ័ពអ៊ីស្រាអែលដែលនៅម្ខាងទៀតនៃជ្រលងភ្នំ និងអស់អ្នកដែលនៅឯនាយម្ខាងទៀតនៃទន្លេយ័រដាន់បានឃើញថា ទាហានអ៊ីស្រាអែលបានរត់បាក់ទ័ព ហើយព្រះបាទសូលព្រមទាំងបុត្រារបស់ស្តេចបានសោយទិវង្គត ពួកគេបានបោះបង់ទីក្រុងរបស់ខ្លួន រួចគេចខ្លួនទៅ។ ឯពួកភីលីស្ទីនបានមករស់នៅក្នុងទីក្រុងរបស់ពួកគេ។ 8 ថ្ងៃបន្ទាប់ ពួកភីលីស្ទីនបានចេញមកប្រមូលរបស់របរចេញពីសព ហើយពួកគេបានឃើញសាកសពរបស់បុត្រាទាំងបីរបស់ស្តេចសូល និងព្រះបាទសូលនៅលើភ្នំគីលបោ។ 9 ពួកគេបានកាត់ក្បាលរបស់ស្តេច ហើយដកគ្រឿងសឹករបស់ស្តេចចេញ រួចបានបញ្ជូនទៅគ្រប់តំបន់នៃស្រុកភីលីស្ទីន ហើយនាំដំណឹងនេះទៅតាមវិហារនៃព្រះរបស់ពួកគេ និងដល់ប្រជាជនផង។ 10 ពួកគេបានដាក់គ្រឿងសឹករបស់ស្តេចនៅក្នុងវិហាររបស់ព្រះអាស្តារ៉ូត យកសាកសពរបស់ទ្រង់ទៅចងផ្ជាប់នឹងជញ្ជាំងទីក្រុងបេតសាន។ 11 អ្នកក្រុងយ៉ាបេស ក្នុងស្រុកកាឡាដបានឮដំណឹងពីអ្វីដែលពួកភីលីស្ទីនបានធ្វើចំពោះព្រះបាទសូល 12 អ្នកប្រយុទ្ធទាំងអស់បានក្រោកឡើង ហើយចេញទៅទាំងយប់ រួចបានយកព្រះសពរបស់ព្រះបាទសូល និងបុត្រាពីជញ្ជាំងក្រុងបេតសានមកវិញ។ ពួកគេបានត្រឡប់ទៅក្រុងយ៉ាបេស ហើយយកសពទៅបូជានៅទីនោះ។ 13 ក្រោយមក ពួកគេបានយកធាតុទៅបញ្ជុះនៅក្រោមដើមជ្រៃមួយនៅក្នុងយ៉ាបេស ហើយបានតមអាហារប្រាំពីរថ្ងៃ។