ខ្មែរ (Khmer): Unlocked Literal Bible - Khmer Print

Updated ? hours ago # views See on WACS
១ ពង្សាវតាក្សត្រ
១ ពង្សាវតាក្សត្រ
ជំពូក ១

1 នៅពេលដែលស្តេចដាវីឌកាន់តែចាស់ជរាទៅ គេបានដណ្តប់ភួយឲ្យទ្រង់ ប៉ុន្តែ មិនបានធ្វើឲ្យទ្រង់កក់ក្តៅទេ។ 2 ដូច្នេះ អ្នកបម្រើរបស់ស្តេចបានទូលទៅកាន់ទ្រង់ថា៖ «ចូរយើងរកស្រីព្រហ្មចារីវ័យក្មេងម្នាក់ថ្វាយស្តេចជាចៅហ្វាយរបស់យើង។ ចូរឲ្យនាងបម្រើ និងមែលថែស្តេច។ ចូរឲ្យនាងដេកនៅក្នុងរង្វង់ដៃស្តេច ដូច្នេះ ស្តេចជាចៅហ្វាយរបស់យើងនឹងបានកក់ក្តៅ»។ 3 ដូច្នេះ គេបានរកស្រីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ដែលមាននៅក្នុងទឹកដីអ៊ីស្រាអែល។ ពួកគេរកបាននាងអប៊ី‌សាកជាអ្នក​ភូមិ​ស៊ូ‌ណែម ហើយបាននាំនាងមកថ្វាយស្តេច។ 4 នាងមានរូបឆោមស្រស់ស្អាតណាស់។ នាងបានបម្រើ និងថែរក្សាស្តេច ប៉ុន្តែ ស្តេចមិនបានរួមរស់ជាមួយនាងទេ។ 5 នៅពេលនោះ​សម្តេចអដូ‌នី‌យ៉ាជាកូនរបស់​នាង​ហាគីត បាន​លើក​ខ្លួន​ឡើងដោយនិយាយថា៖ «ខ្ញុំនឹងក្លាយជាស្តេច»។ ដូច្នេះ គាត់ក៏បានរៀបចំរទេះសេះ និងអ្នកជិះសេះដែលមានអ្នករត់ពីមុខគាត់ហាសិបនាក់។ 6 ឪពុករបស់គាត់មិនដែលបន្ទោសគាត់ដោយថា៖ «ហេតុអ្វីបានជាកូនធ្វើនេះ ឬធ្វើនោះឡើយ»? សម្តេចអដូនីយ៉ាក៏ជាបុរសសង្ហាម្នាក់ ដែលកើតបន្ទាប់ពីសម្តេចអាប់‌សា‌ឡុម។ 7 ​សម្តេចបាន​ពិភាក្សា​ជា​មួយ​លោក​យ៉ូអាប់ ជា​កូន​របស់លោក​សេរូយ៉ា និង​ជា​មួយ​លោក​បូជា‌ចារ្យ​អបៀ‌ថើរ។ ពួកគេបានតាម​សម្តេចអដូ‌នី‌យ៉ា​ ហើយបានជួយគាត់។ 8 ប៉ុន្តែ លោកបូជាចារ្យសាដុក លោក​បេណា‌យ៉ា ជា​កូន​របស់​​លោកយេហូ‌យ៉ាដា ព្យាការី​ណាថាន លោក​ស៊ី‌ម៉ៃ លោក​រេអ៊ី និងពួកបុរស​ដ៏​អង់‌អាច​របស់​​ព្រះបាទដាវីឌ មិន​បានដើរតាមសម្តេចអដូ‌នី‌យ៉ា​ទេ។ 9 សម្តេចអដូនីយ៉ាបានថ្វាយចៀម គោឈ្មោល និងកូនគោបំប៉ន នៅថ្ម​សូហេ‌លែត ដែលនៅក្រោយ​អេន‌រូកែល។ សម្តេចបានយាងព្រះរាមគឺបុត្រាទាំងអស់របស់ស្តេច និងបានអញ្ជើញអ្នកបម្រើរបស់ស្តេចទាំងអស់នៅស្រុកយូដាទាំងមូលផង។ 10 ប៉ុន្តែ សម្តេច​មិន​អញ្ជើញ​ព្យាការី​ណាថាន លោក​បេ‌ណា‌យ៉ា ពួក​បុរស​ដ៏​អង់‌អាច និងសម្តេច​សាឡូម៉ូន ជា​អនុជរបស់ស្តេចមកចូលរួមឡើយ។ 11 បន្ទាប់មក លោកណាថានបានទូលទៅព្រះនាងបេតសេបាជាមាតារបស់សម្តេចសាឡូម៉ូនថា៖ «តើព្រះនាងមិនបានឮថាសម្តេចអដូនីយ៉ាជាប្រុសរបស់ព្រះនាង​ហាគីតបានក្លាយជាស្តេចទាំងស្តេចដាវីឌជាចៅហ្វាយរបស់យើងមិនបានដឹងរឿងនេះទេឬអី? 12 ដូច្នេះ ទូលបង្គំសូមឲ្យយោបល់ដល់ព្រះនាង ដើម្បីឲ្យព្រះនាងអាចរក្សាជីវិតរបស់ព្រះនាង និងបុត្ររបស់ព្រះនាងសាឡូម៉ូនបាន។ 13 ចូរចូលទៅគាល់ស្តេចដាវីឌ ហើយទូលទ្រង់ថា៖ «ស្តេចដ៏ជាចៅហ្វាយ តើព្រះអង្គមិនបានស្បថនឹងអ្នកបម្រើរបស់ព្រះអង្គទេថា៖ «សម្តេចសាឡូម៉ូនជាបុត្ររបស់ព្រះនាងនឹងឡើងសោយរាជ្យបន្តពីយើង ហើយបុត្រនេះនឹងគង់លើបល្ល័ងយើងទេឬអី? តើហេតុអ្វីបានជាស​ម្តេចអដូនីយ៉ាឡើងសោយរាជ្យទៅវិញ? 14 ក្នុងពេលដែលនាងកំពុងទូលទៅស្តេច ទូលបង្គំនឹងនៅក្រោយព្រះនាង និងទូលពាក្យនេះឡើងម្តងទៀត»។ 15 ដូច្នេះ ព្រះនាងបាតសេបាបានទៅដំណាក់របស់ស្តេច។ ស្តេចកាន់តែជរាណាស់ហើយ ហើយព្រះនាង​អប៊ី‌សាក ជា​អ្នក​ភូមិ​ស៊ូ‌ណែមកំពុងបម្រើស្តេច។ 16 ព្រះនាងបាតសេបាបានក្រាប និងថ្វាយបង្គំនៅមុខស្តេច។ បន្ទាប់មក ស្តេចសួរថា៖ «តើនាងចង់បានអ្វី»? 17 ព្រះនាងក៏ទូលស្តេចថា៖ «ព្រះករុណា ព្រះអង្គបានស្បថនឹងអ្នកបម្រើរបស់ព្រះអង្គដោយមានព្រះអម្ចាស់ជាព្រះរបស់ព្រះអង្គជាសាក្សីថា៖​ «សម្តេចសាឡូម៉ូនជាបុត្ររបស់ព្រះនាងនឹងឡើងសោយរាជ្យបន្តពីយើង ហើយបុត្រនោះនឹងគង់លើបល្ល័ង្កយើង»។ 18 ឥឡូវនេះ មើលចុះ សម្តេចអដូនីយ៉ាគឺជាស្តេចហើយ ហើយព្រះអង្គដែលជាស្តេចមិនបានដឹងរឿងនេះនៅឡើយ។ 19 សម្តេចអដូនីយ៉ាបានថ្វាយគោឈ្មោល កូនគោបំប៉ន និងចៀមយ៉ាងច្រើន និងបានអញ្ជើញបុត្រទាំងអស់របស់ស្តេច លោកបូជាចារ្យយ​អបៀ‌ថើរ និង​លោក​មេ‌ទ័ព​យ៉ូអាប់ តែលោក​ពុំ​បាន​យាងសម្តេច​សាឡូម៉ូនជាអ្នកបម្រើរបស់ព្រះអង្គឲ្យចូលរួមទេ។ 20 សម្រាប់ព្រះអង្គវិញ លោកម្ចាស់ ភ្នែករបស់ប្រជាជនអ៊ីស្រាអែលគឺសម្លឹងមកលើព្រះអង្គ រង់ចាំឲ្យព្រះអង្គប្រាប់ពួកគេ ថាតើនរណានឹងត្រូវគង់លើបល្ល័ងបន្តពីព្រះអង្គ។ 21 ម៉្យាងវិញទៀងវានឹងកើតឡើង នៅពេលដែលស្តេចសោយទីវង្គតជាមួយបិតារបស់ស្តេច គេនឹងចាត់ទុកនាងខ្ញុំ និងកូនរបស់នាងខ្ញុំសាឡូម៉ូនជាឧក្រិដ្ឋជនមិនខាន។ 22 នៅពេលដែលព្រះនាងកំពុងទូលស្តេចនៅឡើយ លោកព្យាការីណាថានក៏ចូលមកដល់។ 23 អ្នកបម្រើរបស់ស្តេចទូលស្តេចថា៖ «លោកព្យាការីណាថាននៅទីនេះ»។ នៅពេលដែលលោកចូលមកចំពោះស្តេច លោកបានគោរពស្តេចដោយឱនមុខដល់ដីនៅចំពោះស្តេច។ 24 លោកណាថានទូលថា៖ «ស្តេចដ៏ជាចៅហ្វាយរបស់ទូលបង្គំអើយ តើព្រះអង្គធ្លាប់មានបន្ទូលថា៖ «សម្តេចអដូនីយ៉ានឹងគ្រងរាជតពីយើង ហើយសម្តេចអដូនីយ៉ានឹងគង់លើបល្ល័ងយើងដែរឬទេ»? 25 នៅថ្ងៃនេះ សម្តេចអដូនីយ៉ាបានចុះទៅ ហើយបានថ្វាយគោឈ្មោល កូនគោបំប៉ន និងចៀមជាច្រើន ហើយក៏បានអញ្ជើញបុត្រាទាំងឡាយរបស់ស្តេច ពួក​មេ‌ទ័ព និង​លោក​បូជា‌ចារ្យ​អបៀ‌ថើរ ទៅ​ចូល​រួម​ផង។ ពួកគេទាំងអស់បានបរិភោគ និងផឹកស្រាស្រវឹងនៅចំពោះមុខសម្តេច និងទូលថា៖ «សូមឲ្យស្តេចអដូនីយ៉ាមានព្រះជន្មយឺនយូ»! 26 ប៉ុន្តែ សម្រាប់ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ លោកបូជាចារ្យសាដុក លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា និងអ្នកបម្រើរបស់ព្រះអង្គ​សម្តេចសាឡូម៉ូន គឺសម្តេចមិនបានអញ្ជើញពួកយើងទេ។ 27 តើព្រះករុណាបានធ្វើការនេះដោយមិនបានប្រាប់ដល់យើងជាអ្នកបម្រើរបស់ព្រះអង្គឬ តើនរណាគួរអង្គុយលើបល្ល័ង្កតពីព្រះអង្គ»? 28 បន្ទាប់មក ព្រះបាទដាវីឌមានរាជឱង្ការថា៖​ «សូមហៅព្រះនាងបាតសេបាឲ្យត្រឡប់មកជួបយើងវិញ»។ ព្រះនាងក៏បានចូលមកគាល់ស្តេច ហើយបានឈរនៅមុខស្តេចផង។ 29 ស្តេចបានស្បថដោយមានរាជឱង្ការថា៖ «ព្រះអម្ចាស់មានព្រះជន្មរស់ គឺព្រះអង្គបានរំដោះយើងចេញពីបញ្ហា 30 ដូចដែលយើងបានសន្យាជាមួយព្រះនាងដោយនូវព្រះនាមព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលថា៖ «សាឡូម៉ូនជាបុត្ររបស់ព្រះនាងនឹងសោយរាជ្យបន្តពីយើង ហើយបុត្រនេះនឹងគង់លើបល្ល័ងរបស់យើង យើងនឹងធ្វើនៅថ្ងៃនេះ»។ 31 បន្ទាប់មក ព្រះនាងបាតសេបាក៏បានឱនមុខដល់ដីនៅចំពោះមុខស្តេចហើយទូលថា៖ «សូមឲ្យស្តេចដ៏ជាចៅហ្វាយមានព្រះជន្មគង់នៅរៀងរហូត»! 32 ព្រះបាទដាវីឌមានរាជឱង្ការថា៖​ «សូមហៅលោកបូជាចារ្យសាដុក លោកព្យាការីណាថាន និងលោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដាមកជួបយើង»។ ដូច្នេះពួកគេក៏មកគាល់ស្តេច។ 33 ស្តេចមានបន្ទូលទៅពួកគេថា៖ «សូមប្រមូលអ្នកបម្រើរបស់ចៅហ្វាយអ្នកទៅជាមួយអ្នករាល់គ្នា ហើយឲ្យសាឡូម៉ូនជិះលើលារបស់យើង ហើយដង្ហែទៅ​ប្រភព​ទឹក​គីហុន។ 34 សូមឲ្យលោកបូជាចារ្យសាដុក លោកព្យាការីណាថានចាក់ប្រេងតាំងតែសាឡូម៉ូនជាស្តេចលើសាសន៍អ៊ីស្រាអែល ហើយផ្លុំត្រែ និងប្រកាសថា៖ ​«សូមឲ្យស្តេចសាឡូម៉ូនមានព្រះជន្មយឺនយូរ»! 35 បន្ទាប់មក អ្នកត្រូវដើរតាមក្រោយបុត្រនោះ ហើយបុត្រនោះនឹងគង់លើបល្ល័ង្ករបស់យើង ហើយបុត្រនោះនឹងក្លាយជាស្តេចជំនួសយើង។ យើងបានតែងតាំងបុត្រនោះឲ្យគ្រប់គ្រងលើអ៊ីស្រាអែល និងយូដាទាំងមូល»។ 36 លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដាបានទូលទៅស្តេចវិញថា៖ «ចូរឲ្យការនេះបានសម្រេចចុះ! សូមឲ្យព្រះអម្ចាស់ ជាព្រះរបស់ស្តេចដ៏ជាចៅហ្វាយបានឲ្យការនេះកើតឡើង។ 37 សូមឲ្យព្រះអម្ចាស់គង់នៅជាមួយស្តេចសាឡូម៉ូន ដូចព្រះអង្គបានគង់ជាមួយព្រះករុណាដែរ និងធ្វើឲ្យបល្ល័ង្ករបស់សាឡូម៉ូនប្រសើរជាងបល្ល័ង្ករបស់ព្រះករុណាទៅទៀត»។ 38 ដូច្នេះ លោកបូជាចារ្យសាដុក ព្យាការី​ណាថាន និង​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីមចេញទៅ ហើយឲ្យស្តេចសាឡូម៉ូនគង់លើលារបស់ស្តេចដាវីឌ ពួកគេបាននាំសម្តេចទៅប្រភពទឹកគីហុន។ 39 លោកបូជាចារ្យសាដុកបានយកស្នែងដែលមានពេញដោយប្រេងចេញពីជំរំ ហើយចាក់ប្រេងអភិសេកលេីស្តេចសាឡូម៉ូន។ 40 បន្ទាប់មក គេក៏បានផ្លុំត្រែ ហើយមនុស្សទាំងអស់ស្រែកឡើងថា៖ «សូមស្តេចមានព្រះជន្មយឺនយូ»! បន្ទាប់មក មនុស្សជាច្រើនដើរតាមក្រោយស្តេច ហើយមានអ្នកផ្លុំខ្លុយ ហើយពួកគេមានអំណរដ៏ពោរពេញ ធ្វើឲ្យផែនដីញាប់ញ័រដោយសារសម្លេងរបស់ពួកគេ។ 41 សម្តេចអដូនីយ៉ា និងភ្ញៀវដែលនៅជាមួយសម្តេចបានឮរឿងនេះក្រោយពីពួកគេបានបញ្ចប់ការជប់លៀង។ នៅពេលដែលលោកយូអាប់បានឮសម្លេងត្រែ លោកនិយាយថា៖ «ហេតុអ្វីបានជាមានសម្លេងអឺងកងនៅក្នុងក្រុងដូច្នេះ»? 42 នៅពេលដែលលោកកំពុងនិយាយនៅឡើយ លោក​យ៉ូណា‌ថាន ជា​កូន​របស់​លោក​អបៀ‌ថើរបានចូលមក។ សម្តេចអដូនីយ៉ានិយាយថា៖ «សូមអញ្ជើញមក បើអ្នកជាមនុស្សអង់អាច​ និងនាំដំណឹងល្អមកមែន»។ 43 លោកយ៉ូណាថានបានឆ្លើយទៅសម្តេចអដូនីយ៉ាថា៖ «ស្តេចដាវីឌជាចៅហ្វាយរបស់យើងបានលើកសាឡូម៉ូនជាស្តេចហើយ 44 ហើយស្តេចបានបញ្ជូនបូជាចារ្យសាដុកទៅជាមួយលោកព្យាការី​ណាថាន និង​លោក​បេណា‌យ៉ា​ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពេលេ‌ធីម។ ពួកគេបានឲ្យសម្តេចសាឡូម៉ូនជិះលារបស់ស្តេចដាវីឌ។ 45 លោកបូជាចារ្យសាដុក ​និងព្យាការី​ណាថាន បានចាក់ប្រេងអភិសេកសម្តេចសាឡូម៉ូនជាស្តេចនៅប្រភពទឹកស៊ីហុន ហើយបានចេញពីទីនោះមកវិញដោយអំណរ ដូច្នេះហើយ បានជាក្រុងទាំងមូលឮសម្លេងអឺងកង។ នេះជាសម្លេងដែលសម្តេចបានឮ។ 46 សម្តេចសាឡូម៉ូនក៏បានគង់លើបល្ល័ង្ករាជ្យដែរ។ 47 លើសពីនេះទៅទៀត អ្នកបម្រើរបស់ស្តេចបានមកឲ្យពរដល់ស្តេចដាវីឌ ដោយនិយាយថា៖ «សូមឲ្យព្រះរបស់ស្តេចបានធ្វើឲ្យព្រះនាមរបស់សាឡូម៉ូនប្រសើរជាងនាមរបស់ព្រះអង្គ និងឲ្យបល្ល័ង្ករបស់បុត្រនេះប្រសើរជាងបល្ល័ង្ករបស់ព្រះអង្គដែរ។ បន្ទាប់មកស្តេចក៏បានថ្វាយបង្គំដល់គ្រែ។ 48 ស្តេចក៏បានទូលថា៖ «សូមឲ្យព្រះអម្ចាស់បានពរ គឺព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលបានឲ្យមនុស្សបានគង់លើបល្ល័ង្ករបស់់ទូលបង្គំនៅថ្ងៃនេះ ហើយឲ្យភ្នែករបស់ទូលបង្គំផ្ទាល់បានឃើញការនេះ»។ 49 បន្ទាប់មក ភ្ញៀវទាំងអស់របស់សម្តេចអដូនីយ៉ាក៏មានភាពភ័យខ្លាច។ ពួកគេបានក្រោកឡើង ហើយម្នាក់ៗទៅតាមផ្លូវរបស់គេរៀងៗខ្លួន។ 50 សម្តេចអដូនីយ៉ាភ័យខ្លាចសម្តេចសាឡូម៉ូន ហើយបានក្រោកឡើង រួចចេញទៅ និងបានតោងស្នែងរបស់អាសនាជាប់។ 51 បន្ទាប់មក មានគេមកប្រាប់សម្តេចសាឡូម៉ូនថា៖ «ឃើញទេ សម្តេចអដូនីយ៉ាបានភ័យខ្លាចសម្តេចសាឡូម៉ូនយ៉ាងខ្លាំង គឺគាត់បានតោងស្នែងរបស់អាសនា ហើយមានរាជឱង្ការថា៖ «ចូរឲ្យស្តេចសាឡូម៉ូនស្បថនឹងទូលបង្គំសិនមកថា ព្រះអង្គនឹងមិនធ្វើគត់អ្នកបម្រើរបស់ទ្រង់នឹងដាវឡើយ»។ 52 ព្រះបាទសាឡូម៉ូនបានទូលថា៖ «បើសម្តេចបង្ហាញថា ទ្រង់ជាមនុស្សសក្តិសមនឹងគោរពមែន នោះគ្មានសក់មួយសរសៃរបស់ទ្រង់ណានឹងត្រូវជ្រុះទៅដីឡើយ ប៉ុន្តែ បើរកឃើញថាទ្រង់បានប្រព្រឹត្តអំពើអាក្រក់វិញ នោះទ្រង់ត្រូវសុគត»។ 53 ដូច្នេះ ព្រះបាទសាឡូម៉ូនបានចាត់គេទៅនាំសម្តេចអដូនីយ៉ាចុះពីអាសនាមក។ សម្តេចបានមក ហើយថ្វាយបង្គំព្រះបាទសាឡូម៉ូន រួចស្តេចមានរាជឱង្ការទៅគាត់ថា៖ «ទៅដំណាក់របស់ទ្រង់ទៅ»។

ជំពូក ២

1 នៅថ្ងៃដែលស្តេចដាវីឌបានសោយទិវង្គតជិតមកដល់ ស្តេចបានបញ្ជាដល់ព្រះបាទសាឡូម៉ូនជាបុត្រារបស់ព្រះអង្គថា៖ 2 «បិតានឹងចាកចេញពីផែនដីនេះទៅ។ ចូរមានកម្លាំង ហើយត្រូវបង្ហាញថាខ្លួនបុត្រជាមនុស្សប្រុស។ 3 ត្រូវរក្សាបទបញ្ជារបស់ព្រះអម្ចាស់ជាព្រះរបស់បុត្រ ដើរតាមផ្លូវរបស់ព្រះអង្គ ហើយ​កាន់​តាម​ច្បាប់ តាម​បញ្ជា តាម​វិន័យ និង​ការសម្រេចព្រះទ័យ និងសម្ពន្ធមេត្រីរបស់ព្រះអង្គ ចូរប្រុងប្រយ័ត្នក្នុងការប្រព្រឹត្តតាមអ្វីដែលមាននៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ដូច្នេះ បុត្រនឹងចម្រុងចម្រើនក្នុងគ្រប់កិច្ចការដែលបុត្រធ្វើ និងគ្រប់ទាំងផ្លូវដែលបុត្រទៅ 4 ដូច្នេះ ព្រះអម្ចាស់នឹងបំពេញព្រះបន្ទូលរបស់ព្រះអង្គដែលព្រះអង្គមានបន្ទូលជាមួយនឹងបិតាថា៖ «បើបុត្រអ្នកប្រុងប្រយ័ត្ននឹងផ្លូវដែលគេដើរ គឺដើរតាមយើងដោយស្មោះត្រង់ ដោយអស់ពីចិត្ត និងពីព្រលឹងរបស់ពួកគេ នោះពូជពង្សរបស់អ្នកនឹងបានសោយរាជ្យលើបល្ល័ង្កនៅស្រុកអ៊ីស្រាអែលរហូតតទៅ។ 5 បុត្រ​ក៏បានដឹង​នូវ​អំពើ​ដែល​​លោកយ៉ូអាប់ ជា​កូន​របស់លោក​​សេរូយ៉ា បាន​ប្រព្រឹត្ត​ចំពោះ​បិតា និងអ្វីដែលគាត់បានប្រព្រឹត្តចំពោះមេទ័ពពីរនាក់របស់អ៊ីស្រាអែលដែរ គឺចំពោះលោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ និង​លោក​អម៉ា‌សា ជា​កូន​របស់​លោក​យេធើរ គឺគាត់បានសម្លាប់អ្នកទាំងពីរ។ គាត់បានបង្ហូរឈាមនៃសង្គ្រាមនៅពេលមានសន្តិភាព ហើយបានដាក់ឈាមនៃសង្គ្រាមនៅលើខ្សែក្រវាត់ជំុវិញចង្កេះរបស់គាត់ នឹងដាក់លើស្បែកជើង ដែលនៅនឹងជើងរបស់គាត់។ 6 សូមប្រព្រឹត្តជាមួយលោកយ៉ូអាប់ដោយប្រាជ្ញាដែលបុត្របានរៀន តែកុំបណ្តោយឲ្យគាត់ចូលទៅក្នុងផ្នូរដោយសុខសាន្តឡើយ។ 7 ទោះជាយ៉ាងណាក៏ដោយ សូមសម្តែងសេចក្តីមេត្តាដល់កូន​ប្រុសៗ​របស់​លោក​បាស៊ី‌ឡៃ ជា​អ្នក​ស្រុក​កាឡាដ ហើយសូមឲ្យពួកគេបរិភោគរួមតុជាមួយជាមួយបុត្រផង ព្រោះពួកគេបានមកជួយបិតានៅពេលដែលបិតារត់គេចពីអាប់‌សា‌ឡុមជាព្រះរាមរបស់បុត្រ។ 8 មើល លោក​ស៊ី‌ម៉ៃ ជា​កូន​របស់​លោក​កេរ៉ា ជា​អ្នក​ភូមិ​បា‌ហ៊ូ‌រីម ក្នុង​ទឹក​ដី​បេន‌យ៉ាមីននៅក្នុងចំណោមបុត្រ គេ​ជាអ្នក​​ដាក់​បណ្ដាសា​បិតាដោយកម្រោល គឺបានដាក់បណ្តាសាបិតានៅ​ពេល​បិតា​ភៀស​ខ្លួន​ទៅ​ដល់​ម៉ាហា‌ណែម។ លោកស៊ីម៉ៃបានមកជួបបិតានៅទន្លេយ័រដាន់ ហើយបិតាបានស្បថដោយនូវព្រះនាមព្រះអម្ចាស់ថា៖ «យើងនឹងសម្លាប់អ្នកដោយដាវ»។ 9 ឥឡូវនេះ កុំបណ្តោយឲ្យគាត់រួចខ្លួនពីការដាក់ទោសឡើយ។ បុត្រជាមនុស្សមានប្រាជ្ញា ហើយបុត្រប្រាកដជាដឹងថាត្រូវប្រព្រឹត្តជាមួយពួកគេយ៉ាងដូចម្តេច។ បុត្រនឹងឲ្យសក់ប្រផះរបស់គាត់ធ្លាក់ចុះទៅក្នុងផ្នូរជាមួយឈាមមិនខាន»។ 10 បន្ទាប់មក ដាវីឌក៏បានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយសពរបស់ស្តេចគេកប់នៅក្នុងក្រុងរបស់ស្តេចដាវីឌ។ 11 ស្តេចដាវីឌគ្រងរាជលើទឹកដីអ៊ីស្រាអែលបានសែសិបឆ្នាំ។ ទ្រង់បានសោយរាជ្យនៅហេប្រូនបានប្រាំពីរឆ្នាំ និងសាបសិបបីឆ្នាំនៅក្រុងយេរូសាឡឹម។​ 12 បន្ទាប់មកស្តេចសាឡូម៉ូនក៏បានគង់លើបល្ល័ង្ករបស់ដាវីឌជាបិតាទ្រង់ ហើយការគ្រប់គ្រង់របស់ទ្រង់គឺរឹងមាំខ្លាំងណាស់។ 13 បន្ទាប់មក សម្តេចអដូ‌នី‌យ៉ា ជា​បុត្ររបស់ព្រះ​នាង​ហាគីត បានចូលមកគាល់នាង​បាត‌សេ‌បា ជា​មាតា​របស់​ព្រះ‌បាទ​សាឡូម៉ូន។ ព្រះនាងនិយាយថា៖ «តើអ្នកមកដោយសន្តិភាពឬ»? សម្តេចបានទូលថា៖ «ទូលបង្គំមកដោយសន្តិភាពទេ»។ 14 បន្ទាប់មក សម្តេចបានទូលថា៖ «ទូលបង្គំមានរឿងមួយចង់ទូលដល់ព្រះនាង»។ ព្រះនាងបាតសេបាក៏មានប្រាប់ថា៖ «ចូរនិយាយមកចុះ»។ 15 សម្តេចអដូនីយ៉ាក៏បានទូលថា៖​ «ព្រះនាងជ្រាបហើយថា រាជាណាចក្រនេះធ្លាប់ជារបស់ទូលបង្គំ ហើយជនជាតិអ៊ីស្រាអែលទាំងអស់រំពឹងថាខ្ញុំនឹងក្លាយជាស្តេច។ ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរ អំណាចបានប្រគល់ដល់ព្រះរាមរបស់ទូលបង្គំ ដោយសារការនេះមកពីព្រះអម្ចាស់។ 16 ឥឡូវនេះ ទូលបង្គំមានសំណើរមួយពីអ្នក ហើយសូមកុំងាកឆ្ងាយពីមុខទូលបង្គំឡើយ»។ ព្រះនាងបាតសេបាប្រាប់ទៅសម្តេចថា៖ «ចូរមានរាជឱង្ការមកចុះ»។ 17 សម្តេចបានទូលថា៖ «សូមជួយទួលព្រះបាទសាឡូម៉ូនថា សូមកុំឲ្យស្តេចងាកចេញពីព្រះភក្រ្តរបស់ព្រះនាងឡើយឡើយ ដូច្នេះ ស្តេចនឹងឲ្យព្រះនាងអប៊ី‌សាក ជា​អ្នក​ភូមិ​ស៊ូ‌ណែម ឲ្យ​មក​ធ្វើ​ជា​មហេសី​របស់ទូលបង្គំ»។ 18 ព្រះនាងបាតសេបាឆ្លើយថា៖ «ល្អណាស់មាតានឹងទៅទូលស្តេច»។ 19 ដូច្នេះ នាងបាតសេបាបានទៅគាល់ព្រះបាទសាឡូម៉ូន ទៅទូលស្តេចជំនួសសម្តេចអដូនីយ៉ា។​ ស្តេចក៏មកជួបមាតា និងថ្វាយបង្គំមាតា។ បន្ទាប់មក ស្តេចក៏គង់លើបល្ល័ង្ក ហើយក៏មានបល្ល័ង្កមួយទៀតសម្រាប់មាតា។ ព្រះនាងក៏គង់នៅខាងស្តាំស្តេច។ 20 បន្ទាប់មក ព្រះនាងក៏ទូលស្តេចថា៖ «មាតាចង់សុំស្នើរឿងតូចមួយ សូមកុំបែរពីព្រះភក្រ្ត ចេញពីមាតាឡើយ»។ ស្តេចក៏ឆ្លើយថា៖ «ទូលមកចុះមាតា ទូលបង្គំនឹងមិនបែរពីព្រះភក្រ្កមាតាឡើយ»។ 21 ព្រះនាងទូលថា៖​ «ចូរឲ្យនាងអប៊ី‌សាក ជា​អ្នក​ភូមិ​ស៊ូ‌ណែម ឲ្យ​មក​ធ្វើ​ជា​មហេសី​របស់សម្តេចអដូនីយ៉ាដាជាព្រះរាមរបស់បុត្រផងបានទេ»។ 22 ព្រះបាទសាឡូម៉ូនឆ្លើយ និងទូលទៅមាតាថា៖ «ហេតុអ្វីបានជាមាតាសុំឲ្យព្រះនាងអប៊ី‌សាក ជា​អ្នក​ភូមិ​ស៊ូ‌ណែម សម្រាប់សម្តេចអដូនីយ៉ាបែបនេះ? ហេតុអ្វីបានជាមាតាមិនសុំនគរទាំងមូលឲ្យគាត់តែម្តងទៅ ដោយសារគាត់ជាព្រះរាមរបស់ទូលបង្គំស្រាប់ហើយ សម្រាប់ទ្រង់ ដ្បិត លោក​បូជា‌ចារ្យ​អបៀ‌ថើរ ព្រម​ទាំង​លោក​មេ‌ទ័ព​យ៉ូអាប់ ជា​កូន​អ្នក​ស្រី​សេរូយ៉ា​ទៅ»? 23 បន្ទាប់មក ព្រះបាទសាឡូម៉ូនក៏បានស្បថដោយនូវព្រះនាមរបស់ព្រះអម្ចាស់ថា៖ «សូមឲ្យព្រះជាម្ចាស់ដាក់ទោសទូលបង្គំ និងលើសនេះទៅទៀតចុះ ប្រសិនបើ សម្តេចអដូនីយ៉ាមិនបានប្រើពាក្យប្រឆាំងនឹងជីវិតរបស់ទ្រង់ផ្ទាល់។ 24 ដូច្នេះ ក្នុងព្រះនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ដែលបានបង្កើតទូលបង្គំ និងបានលើកទូលបង្គំឲ្យសោយរាជ្យលើបល្ល័ង្ករបស់ស្តេចដាវីឌជាបិតារបស់ទូលបង្គំ និងបានឲ្យទូលបង្គំសង់ដំណាក់មួយដូចដែលព្រះអង្គបានសន្យា ដូច្នេះ នៅថ្ងៃនេះ សម្តេចអដូនីយ៉ានឹងត្រូវតែស្លាប់»។ 25 ដូច្នេះ ព្រះ‌បាទ​សាឡូម៉ូនបានចាត់​លោក​បេ‌ណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ឲ្យ​ទៅរកសម្តេចអដូនីយ៉ា ហើយ​បានធ្វើគត់ស្តេចទៅ។ 26 បន្ទាប់មក ស្តេចទូលទៅ​លោក​បូជា‌ចារ្យ​អបៀ‌ថើរ​ថា៖ «ទៅ​អាណា‌ថោត​ ជាចម្ការរបស់អ្នកវិញទៅ។​ អ្នកគួរតែស្លាប់ ប៉ុន្តែ យើងមិនសម្លាប់អ្នកនៅពេលនេះទេ ព្រោះអ្នកបានសែងហឹបរបស់ព្រះអម្ចាស់ជាព្រះនៅមុខដាវីឌជាបិតាយើង និងបានរងទុក្ខលំបាកគ្រប់យ៉ាងជាមួយបិតាយើង»។ 27 ដូច្នេះ ព្រះបាទសាឡូម៉ូនបានដកដំណែងជាបូជាចារ្យពីលោកអបៀ‌ថើរ​ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានមានបន្ទូលទាក់ទងនឹងគ្រួសាររបស់លោកអេលីនៅស៊ីឡូ។ 28 បន្ទាប់មក លោកយ៉ូអាប់បានឮដំណឹងទាំងនេះ ព្រោះលោកយ៉ូអាប់ធ្លាប់គាំទ្រសម្តេចអដូនីយ៉ា ដូច្នេះ លោកមិនបានគាំទ្រសម្តេចអាប់‌សា‌ឡុមទេ។ ដូច្នេះ លោកយ៉ូអាប់បានគេចខ្លួនចូលទៅក្នុងជំរំរបស់ព្រះអម្ចាស់ ហើយបានតោងស្នែងអាសនាជាប់។ 29 គេបានមកប្រាប់ព្រះបាទសាឡូម៉ូនថាយ៉ូអាប់បានគេចខ្លួនចូលទៅក្នុងជំរំរបស់ព្រះអម្ចាស់ ហើយបានតោងស្នែងអាសនា។ បន្ទាប់មក ព្រះបាទសាឡូម៉ូនចាត់លោកលោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ដោយទូលថា៖ «ចូរទៅសម្លាប់គាត់ទៅ»។ 30 លោក​បេណា‌យ៉ាបានមកជំរំរបស់ព្រះអម្ចាស់ ហើយបាននិយាយជាមួយលោកយ៉ូអាប់ថា៖ «ស្តេចបញ្ជាឲ្យអ្នកចេញមក»។​​​​​​​​​​​​​​​​​​​​ លោកយ៉ូអាប់បានឆ្លើយថា៖ «ទេ ខ្ញុំសុខចិត្តស្លាប់នៅទីនេះ»។ ដូច្នេះលោកបេណា‌យ៉ាត្រឡប់ទៅកាន់ស្តេចរួចទូលថា៖​ «លោកយ៉ូអាប់ប្រាប់ថាគាត់ចង់ស្លាប់នៅលើអាសនា»។ 31 បន្ទាប់មក ស្តេចប្រាប់គាត់ថា៖ «ចូរធ្វើតាមអ្វីដែលគាត់បាននិយាយចុះ។ ចូរសម្លាប់​ ហើយដុតគាត់ចោលទៅ ធ្វើដូច្នេះដើម្បីដកឈាមចេញពីយើង និងពីគ្រួសារបិតាយើង ដែលលោកយូអាប់បានធ្វើដោយបង្ហូរឈាមគេដោយគ្មានហេតុផល។ 32 សូមឲ្យព្រះអម្ចាស់ឲ្យឈាមរបស់គាត់បានទៅលើក្បាលរបស់គាត់ ដោយសារតែគាត់បានវាយប្រហារមនុស្សសុចរិតពីរនាក់ ដែលប្រសើរជាងគាត់ ហើយគាត់បានសម្លាប់ពួកគេដោយដាវ គឺសម្លាប់​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ ជា​មេ‌ទ័ព​អ៊ីស្រា‌អែល និង​លោក​អម៉ា‌សា ជា​កូន​របស់​លោក​យេធើរ​ជា​មេ‌ទ័ព​យូដា ដោយមិនឲ្យស្តេចដាវីឌជាបិតារបស់យើងដឹងរឿងនេះ។ 33 ដូច្នេះ សូមឲ្យឈាមរបស់ពួកគេត្រឡប់ទៅលើក្បាលរបស់លោកយ៉ូអាប់ និងទៅលើកូនចៅរបស់គាត់ជារៀងរហូត។ ប៉ុន្តែ សូមព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ស្តេចដាវីឌ កូនចៅ និងគ្រួសារ និងរាជ្យបល្ល័ង្ករបស់ទ្រង់ បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅសម្រាប់ព្រះអម្ចាស់»។ 34 ដូច្នេះ លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដាបានឡើងទៅ និងសម្លាប់លោកយ៉ូអាប់ទៅ។ លោកបានកប់គាត់នៅក្នុងផ្ទះរបស់គាត់ផ្ទាល់នៅឯវាលរហោស្ថាន។ 35 ស្តេចបានឲ្យលោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដាគ្រប់គ្រងលើទាហានជំនួសលោកយ៉ូអាប់ និងឲ្យលោកសាដុកធ្វើជាបូជាចារ្យជំនួសអបៀ‌ថើរ។ 36 បន្ទាប់មក ស្តេចក៏បានហៅលោកស៊ីម៉ៃ ហើយបានទូលទៅគាត់ថា៖ «សូមសង់ផ្ទះមួយនៅក្រុងយេរូសាឡឹម ដើម្បីរស់នៅទីនេះ ហើយកុំទៅកន្លែងណាផ្សេងទៀតឡើយ។ 37 នៅថ្ងៃណាដែលអ្នកចេញទៅកន្លែងផ្សេង ហើយឆ្លងជ្រោះកេដ្រុន អ្នកប្រាកដជាស្លាប់មិនខាន។ ឈាមរបស់អ្នកនឹងនៅលើក្បាលរបស់អ្នកផ្ទាល់។ 38 ដូច្នេះ លោកស៊ីម៉ៃក៏បានទូលស្តេចថា៖ «អ្វីដែលព្រះអង្គមានបន្ទូលល្អណាស់។ ដូចអ្វីដែលចៅហ្វាយរបស់ទូលបង្គំធ្លាប់មានបន្ទូលដែរ ដូច្នេះ អ្នកបម្រើរបស់ព្រះអង្គនឹងធ្វើតាម»។ ដូច្នេះលោកស៊ីម៉ៃក៏ស្នាក់នៅក្រុងយេរូសាឡឹមអស់ជាច្រើនថ្ងៃ។ 39 ប៉ុន្តែ នៅចុងឆ្នាំទីបី អ្នកបម្រើរបស់លោកពីរនាក់បានរត់ទៅជ្រកកោណជាមួយស្ដេច​អគីស ជា​បុត្រ​របស់​ស្ដេច​ម៉ាកា នៅ​ក្រុង​កាថ។ ដូច្នេះ មានគេប្រាប់ស៊ីម៉ៃថា៖​ «យើងឃើញអ្នកបម្រើរបស់អ្នកនៅក្រុងកាថ»។ 40 បន្ទាប់មក លោកស៊ីម៉ៃក៏ឡើងជិះលើលារបស់លោក ហើយចេញដំណើរទៅគាល់ស្តេចអគីសនៅក្រុងកាថ ដើម្បីរកអ្នកបម្រើរបស់លោក។ គាត់បានទៅ ហើយនាំអ្នកបម្រើរបស់លោកពីក្រុងកាថមកវិញ។ 41 នៅពេលដែលមានគេប្រាប់ព្រះបាទសាឡូម៉ូនថាលោកស៊ីម៉ៃបានចេញពីក្រុងយេរូសាឡឹមទៅក្រុងកាថ ហើយបានត្រឡប់មកវិញ 42 ស្តេចបានឲ្យគេទៅហៅលោកស៊ីម៉ៃមក រួចប្រាប់គាត់ថា៖ «តើយើងមិនបានឲ្យអ្នកស្បថចំពោះព្រះនាមរបស់ព្រះអម្ចាស់ និងឲ្យអ្នកបញ្ជាក់ដោខ្លួនឯងទេថា៖​ «ត្រូវដឹងច្បាស់ថានៅថ្ងៃណាដែលអ្នកចេញក្រៅ ទៅកន្លែងផ្សេងទៀត អ្នកនឹងត្រូវស្លាប់មិនខានទេឬ»? បន្ទាប់មក អ្នកនិយាយនឹងយើងថា៖​ «អ្វីដែលព្រះអង្គមានបន្ទូលល្អណាស់»។ 43 ហេតុអ្វីបានជាអ្នកមិនរក្សាសេចក្តីសម្បថរបស់អ្នកចំពោះព្រះអម្ចាស់ និងមិនគោរពបទបញ្ជារដែលយើងដាក់ឲ្យអ្នកដូច្នេះ»? 44 ស្តេចក៏បានទូលទៅលោកស៊ីម៉ៃដែរថា៖ «អ្នកដឹងនៅក្នុងចិត្តរបស់អ្នកស្រាប់ពីការអាក្រក់ដែលអ្នកបានប្រព្រឹត្តចំពោះព្រះបាទដាវីឌជាបិតាយើង។​ ដូច្នេះព្រះអម្ចាស់នឹងឲ្យការអាក្រក់នេះត្រឡប់មកលើក្បាលរបស់អ្នកវិញ។ 45 ប៉ុន្តែ ព្រះបាទសាឡូម៉ូននឹងបានទទួលពរ ហើយបល្ល័ង្ករបស់ស្តេចដាវីឌនឹងនៅស្ថិតស្ថេចំពោះព្រះអម្ចាស់ជារៀងរហូត»។ 46 បន្ទាប់មក ស្តេចក៏ចេញបញ្ជាឲ្យលោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា។ លោកក៏ចេញក្រៅ រួចសម្លាប់លោកស៊ីម៉ៃទៅ។ ដូច្នេះ ព្រះបាទសាឡូម៉ូនបានកាន់អំណាចក្នុងដៃយ៉ាងរឹងមាំ។

ជំពូក ៣

1 ព្រះបាទសាឡូម៉ូនបានចងសម្ពន្ពមិត្តដោយរៀបការជាមួយកូនស្រីស្តេចផារោនជាស្តេចស្រុកអេស៊ីប។ ទ្រង់បាននាំកូនស្រីរបស់ស្តេចផារោនមកនៅក្នុងក្រុងរបស់ស្តេចដាវីឌរហូតដល់ទ្រង់បានសាងសង់ដំណាក់របស់ព្រះអង្គ ព្រះវិហារបស់ព្រះអម្ចាស់ និងជញ្ជាំងក្រុងយេរូសាឡឹមរួចរាល់។ 2 ប្រជាជនបានថ្វាយតង្វាយនៅទីខ្ពស់ៗ ដោយសារដំណាក់របស់ព្រះអម្ចាស់មិនទាន់សង់រួចរាល់សម្រាប់ព្រះនាមរបស់ព្រះអម្ចាស់នៅឡើយ។ 3 ព្រះបាទសាឡូម៉ូនបានបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះព្រះអម្ចាស់ដោយដើរតាមដំបូន្មានរបស់ស្តេចដាវីឌជាបិតា លើកលែងតែការថ្វាយតង្វាយដុត និងគ្រឿងក្រអូបនៅទីខ្ពស់ៗប៉ុណ្ណោះ។ 4 ស្តេចបាន​យាង​ទៅ​គីបៀន ដើម្បីថ្វាយតង្វាយនៅទីនោះ ព្រោះនៅទីនោះជាទីដ៏ខ្ពស់។ ព្រះបាទសាឡូម៉ូនបានថ្វាយតង្វាយដុតមួយពាន់នៅលើអាសនានោះ។ 5 ព្រះអម្ចាស់បានមកជួបព្រះបាទសាឡូម៉ូននៅ​​គីបៀនក្នុងសុបិន្តនៅពេលយប់ ព្រះអង្គមានបន្ទូលថា៖ «ចូរសូមមកចុះ! តើយើងគួរឲ្យអ្វីដល់អ្នក»? 6 ដូច្នេះ ព្រះបាទសាឡូម៉ូនទូលថា៖ «ព្រះអង្គបានបង្ហាញសម្ពន្ធមេត្រីអស្ចារ្យដ៏ស្មោះត្រង់ចំពោះអ្នកបម្រើរបស់ព្រះអង្គ គឺចំពោះស្តេចដាវីឌជាបិតារបស់ទូលបង្គំ ដោយសារតែទ្រង់បានដើរដោយទុកចិត្ត ដោយសេចក្តីសុចរិត និងដោយចិត្តស្មោះត្រង់។ ព្រះអង្គបានរក្សាសម្ពន្ធមេត្រីអស្ចារ្យដ៏ស្មោះត្រង់ ហើយបានប្រទានឲ្យបុត្រារបស់ដាវីឌបានគង់លើបល្ល័ង្ករបស់ស្តេចនៅថ្ងៃនេះដែរ។ 7 ឥឡូវនេះ ព្រះអម្ចាស់របស់ទូលបង្គំអើយ ព្រះអង្គបានឲ្យអ្នកបម្រើរបស់ព្រះអង្គឡើងសោយរាជ្យជំនួសស្តេចដាវីឌជាបិតារបស់ទូលបង្គំ ទោះបីជាទូលបង្គំនៅក្មេងក៏ដោយ។ ទូលបង្គំមិនដឹងថាត្រូវទៅក្រៅ ឬចូលក្នុងដូចម្តេចទេ។ 8 អ្នកបម្រើរបស់ព្រះអង្គនៅក្នុងចំណោមមនុស្សដែលព្រះអង្គបានជ្រើសរើស ជាមនុស្សដ៏អស្ចារ្យ ដែលមានចំនួនច្រើនដែលមិនអាចរាប់បាន។ 9 ដូច្នេះចូរឲ្យទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គមានដួងចិត្តដែលមានប្រាជ្ញ ដើម្បីអាចវិនិច្ឆ័យប្រជារាស្រ្តរបស់ព្រះអង្គ ដូច្នេះទូលបង្គំអាចញែកដាច់ពីគ្នារវាងការល្អ និងការអាក្រក់។ តើនរណាអាចវិនិច្ឆ័យប្រជារាស្រ្តដ៏អស្ចារ្យរបស់ព្រះអង្គបាន»? 10 សំណើរដែលព្រះបាទសាឡូម៉ូនទូលសូមនេះធ្វើឲ្យព្រះអម្ចាស់គាប់ព្រះហឫទ័យណាស់។ 11 ដូច្នេះ ព្រះជាម្ចាស់មានបន្ទូលទៅកាន់ស្តេចថា៖ ​«ដោយសារតែអ្នកបានសុំការនេះពីយើង ហើយមិនបានសុំឲ្យខ្លួនអ្នកមានអាយុវែង ឬឲ្យមានទ្រព្យសម្បត្តិស្តុកស្តម្ភ ឬសុំជីវិតរបស់ខ្មាំងសត្រូវរបស់អ្នកឡើយ ប៉ុន្តែ បានសុំការយល់ដឹង ដើម្បីគ្រប់គ្រងដោយយុត្តិធម៌វិញ 12 ឥឡូវនេះ យើងនឹងធ្វើតាមអ្វីដែលអ្នកបានសុំពីយើង។ យើងនឹងឲ្យអ្នកមានប្រាជ្ញា និងចិត្តដែលយល់ដឹង ដូច្នេះ នឹងគ្មាននរណាម្នាក់ប្រៀបនឹងអ្នកបានឡើយ ទោះបីជាអ្នកមុន ឬក្រោយអ្នកក្តី។ 13 យើងក៏នឹងប្រទានដល់អ្នកនូវអ្វីដែលអ្នកមិនបានសុំដែរ ទាំងទ្រព្យសម្បត្តិ និងកិត្តិយស ដូច្នេះនៅក្នុងថ្ងៃអាយុអ្នកនឹងគ្មានស្តេចឯណាប្រៀបាននឹងអ្នកឡើយ។ 14 បើអ្នកដើរនៅក្នុងផ្លូវរបស់យើង និងរក្សាច្បាប់ និងបញ្ញត្តិរបស់យើង ដូចជាបិតារបស់អ្នកបានធ្វើ នោះយើងនឹងឲ្យអ្នកបានអាយុវែង។ 15 បន្ទាប់មក ព្រះបាទសាឡូម៉ូនបានតើនឡើង ហើយបានដឹងថានោះជាយល់សុបិន។ ស្តេចបានត្រឡប់មកក្រុងយេរូសាឡឹមវិញ ហើយបានឈរនៅចំពោះហឹបនៃសម្ពន្ពមេត្រីរបស់ព្រះអម្ចាស់។ ស្តេចបានថ្វាយតង្វាយដុត និងតង្វាយមេត្រីភាព និងធ្វើពិធីជប់លៀងសម្រាប់អ្នកបម្រើទាំងអស់។ 16 បន្ទាប់មក មានស្ត្រីពេស្យាពីរនាក់បានមកគាល់ស្តេច និងបានឈរនៅចំពោះមុខស្តេច។ 17 ស្ត្រីម្នាក់ទូលថា៖ «បពិតព្រះករុណា ស្ត្រីនេះ និងទូលបង្គំបានរស់នៅក្នុងផ្ទះតែមួយ រួចទូលបង្គំ និងនាងបានសម្រាលកូនដូចគ្នានៅក្នុងផ្ទះនោះ។ 18 បីថ្ងៃក្រោយពីខ្ញុំម្ចាស់បានសម្រាលកូន នាងក៏បានសម្រាលកូនដែរ។ យើងរស់នៅជាមួយគ្នា។ ក្រៅពីយើងគ្មាននរណាម្នាក់ផ្សេងទៀតនៅក្នុងផ្ទះទេ មានតែយើងពីរនាក់ប៉ុណ្ណោះ។ 19 បន្ទាប់មក កូនរបស់ស្ត្រីនេះបានស្លាប់នៅពេលយប់ ដោយសារនាងកិនលើកូននោះ។ 20 ដូច្នេះ នាងក៏ក្រោកឡើងនៅពេលយប់ ហើយបានយកកូនពីក្បែរខ្ញុំម្ចាស់ទៅ នៅពេលដែលខ្ញុំម្ចាស់ដេកលក់ ហើយដាក់កូននោះនៅក្បែរទ្រូងនាង ហើយបានដាក់កូនដែលបានស្លាប់របស់នាងនៅក្បែរទ្រូងខ្ញុំម្ចាស់វិញ។ 21 នៅពេលដែលខ្ញុំម្ចាស់ក្រោកឡើងនៅពេលព្រឹកដើម្បីបំបៅកូន កូននោះបានស្លាប់ហើយ។ ប៉ុន្តែ នៅពេលដែលខ្ញុំម្ចាស់ពិនិត្យមើលកូននោះនៅពេលព្រឹក កូននោះមិនមែនជាកូនរបស់ខ្ញុំម្ចាស់ទេ គឺមិនមែនជាកូនបង្កើតរបស់ខ្ញុំម្ចាស់ទេ»។ 22 បន្ទាប់មក ស្ត្រីម្នាក់ទៀតទូលថា៖ «ទេ កូនដែលនៅរស់ជាកូនរបស់ខ្ញុំម្ចាស់ទេ ហើយកូនដែលស្លាប់ជាកូនរបស់នាងទៅវិញទេ»។ ស្ត្រីដំបូងបានទូលថា៖ «ទេ កូនដែលស្លាប់ជាកូនរបស់នាងទេ ហើយកូនដែលនៅរស់ជាកូនរបស់ខ្ញុំម្ចាស់ទេ»។ នេះជាអ្វីដែលពួកគេបានជជែកគ្នានៅចំពោះស្តេច។ 23 បន្ទាប់មក ស្តេចទូលថា៖ «ម្នាក់ៗនិយាយថា៖ «កូនដែលនៅរស់នេះជាកូនរបស់ខ្ញុំ ហើយកូនរបស់នាងគឺស្លាប់ហើយ» ហើយម្នាក់ទៀតនិយាយថា៖​ «ទេ កូនដែលស្លាប់ជាកូនរបស់នាង ហើយកូនរបស់ខ្ញុំជាកូនដែលនៅរស់»។ 24 ស្តេចទូលថា៖​ «ចូរយកដាវឲ្យយើង»។ ដូច្នេះ គេក៏បានយកដាវមកថ្វាយស្តេច។ 25 បន្ទាប់មក ស្តេចមានរាជឱង្ការថា៖ «ចូរកាប់កូនដែលនៅរស់ជាពីរចំណែក ហើយឲ្យពាក់កណ្តាលដល់ស្រ្តីនេះ ហើយពាក់កណ្តាលទៀតឲ្យស្ត្រីនោះ»។ 26 បន្ទាប់មក ស្រ្តីដែលមានកូននៅរស់បានទូលទៅស្តេច ដោយសារនាងមានចិត្តពេញទៅដោយក្តីមេត្តាសម្រាប់កូនរបស់នាង ហើយនាងទូលថា៖ «បពិតព្រះករុណា ចូរឲ្យកូនដែលនៅរស់ទៅនាងចុះ ហើយកុំសម្លាប់កូននេះឡើយ»។ ប៉ុន្តែ ស្ត្រីម្នាក់ទៀតទូលថា៖ «កូននេះមិនគួរជារបស់នាង ឬរបស់ខ្ញុំឡើយ។ យើងត្រូវចែកគ្នា»។ 27 បន្ទាប់មក ស្តេចឆ្លើយ និងមានរាជឱង្ការថា៖​ «ចូរឲ្យកូនដែលនៅរស់ដល់ស្ត្រីទីមួយទៅ ហើយកុំសម្លាប់កូននេះឡើយ។ នាងគឺជាម្តាយរបស់កូននេះ»។ 28 នៅពេលដែលប្រជាជនអ៊ីស្រាអែលបានឮពីការវិនិច្ឆ័យដែលស្តេចបានធ្វើ ពួកគេកោតខ្លាចស្តេច ដោយសារតែពួកគេបានឃើញពីប្រាជ្ញារបស់ព្រះជាម្ចាស់នៅក្នុងស្តេចចំពោះការវិនិច្ឆ័យនេះ។

ជំពូក ៤

1 ព្រះបាទសាឡូម៉ូនជាស្តេចលើអ៊ីស្រាអែលទាំងមូល។ 2 នេះជាមន្ត្រីទាំងអស់របស់ស្តេច៖ លោក​អសា‌រា ជា​កូន​របស់​លោក​សាដុកដែលជា​បូជា‌ចារ្យ។ 3 លោក​អេលី‌ហូរែប និង​លោក​អហ៊ី‌យ៉ា ជា​កូន​របស់​លោក​ស៊ីសា ជា​លេខា‌ធិការ។ លោក​យេហូ‌សាផាត ជា​កូន​របស់​លោក​អហ៊ី‌លូដ ជា​អ្នកកត់ត្រា។ 4 លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ​ទ័ព។ លោក​សាដុក និង​លោក​អបៀ‌ថើរ ជា​បូជា‌ចារ្យ។ 5 លោក​អសា‌រា ជា​កូន​របស់​លោក​ណាថាន់ ជា​ប្រមុខ​លើ​ពួក​អ្នកដឹកនាំ។ លោក​សាប៊ូដ ជា​កូន​របស់​លោក​ណាថាន ជា​បូជា‌ចារ្យ និង​ជា​មិត្ត​របស់​ស្ដេច។ 6 លោក​អហ៊ី‌សា​ជា​អ្នក​គ្រប់គ្រង់​​រាជ‌វាំង។ លោក​អដូ‌នីរ៉ាម ជា​កូន​របស់​លោក​អាប់‌ដា ជា​អ្នក​គ្រប់គ្រងលើប្រុសៗដែលត្រូវធ្វើការធ្ងន់ៗ។ 7 ព្រះបាទសាឡូម៉ូនមានអ្នកគ្រប់គ្រងដប់ពីរនាក់លើស្រុកអ៊ីស្រាអែលទាំងមូល ដែលបានរៀបចំអាហារសម្រាប់ស្តេច និងរាជវាំងទាំងមូល។ ម្នាក់ៗត្រូវផ្គត់ផ្គង់មួយខែក្នុងរយៈពេលមួយឆ្នាំ។ 8 នេះគឺជាឈ្មោះរបស់អ្នកទាំងនោះ៖ លោក​បេន-‌ហ៊ើរ​ជាអ្នកនៅ​តំបន់​ភ្នំ​អេប្រាអ៊ីម។ 9 លោក​បេន-‌ដេកើរ​នៅ​តំបន់​ម៉ាកាស ស្អាល‌ប៊ីម បេត‌សេ‌ម៉េស ហេឡូន និង​បេត‌ហាណាន 10 លោក​បេន-‌ហេសេឌ​នៅតំបន់​អារូ‌បូត (​ស្រុក​សូកូ និង​ស្រុក​អេភើរ​ទាំង​មូលក៏ជាកម្មសិទ្ធរបស់គាត់ដែរ) 11 លោក​បេន-‌អប៊ី‌ណា‌ដាប់ នៅ​ស្រុក​ដោរ​ទាំង​មូល (លោក​បាន​យកព្រះ‌នាង​ថាផាត ជា​បុត្រី​ព្រះ‌បាទ​សាឡូម៉ូនធ្វើជាប្រពន្ធ) 12 លោក​បាណា ជា​កូនប្រុសលោក​អហ៊ី‌លូដ នៅ​តំបន់​តាណាក់ និង​មេគី‌ដោ ព្រម​ទាំង​តំបន់​បេត‌សៀន​ទាំង​មូល ដែលនៅខាងក្រោយតំបន់សារ‌ថាន ដែល​ស្ថិត​នៅ​ខាង​ក្រោម​យេស‌រាល ​ពី​បេតសៀន​រហូត​ដល់​អេបិល-‌មហូ‌ឡា និង​រហូត​ទៅ​ដល់​ខាង​នាយ​យ៉ុក‌មាម 13 លោក​បេន-‌កេប៊ើរ​នៅ​រ៉ាម៉ូត ​កាឡាដ (លោក​គ្រប់‌គ្រង​ភូមិ​ទាំង​ប៉ុន្មាន​របស់​លោក​យ៉ាអ៊ារ ជា​កូន​របស់​លោក​ម៉ាណា‌សេ គឺ​ស្រុក​កាឡាដ និង​តំបន់​អើកុប ក្នុង​ស្រុក​បាសានក៏ជាកម្មសិទ្ធិរបស់លោកដែរ មាន​ក្រុង​ធំៗ​ចំនួន​ហុក‌សិប ជា​ទីក្រុង​មាន​កំពែង​ និង​មានគ្រោងទ្វារ​ធ្វើ​ពី​លង្ហិន។ 14 លោក​អហ៊ី‌ណា‌ដាប់ ជា​កូន​របស់​លោក​អ៊ីដោ នៅតំបន់​ម៉ាហា‌ណែម។ 15 លោក​អហ៊ី‌ម៉ាស់​នៅទឹក​ដី​ណែប‌ថាលី (លោក​បាន​រៀប​អាពាហ៍‌ពិពាហ៍​ជា​មួយ​ព្រះ​នាង​បាស‌ម៉ាត ជា​បុត្រី​របស់​ព្រះ‌បាទ​សាឡូម៉ូនធ្វើជាប្រពន្ធ) 16 លោក​បាណា ជា​កូន​របស់​លោក​ហ៊ូសាយ នៅទឹក​ដី​អេ‌ស៊ើរ និង​អាឡុត។ 17 លោក​យេហូ‌សាផាត ជា​កូន​របស់​លោក​បារូអានៅ​ទឹក​ដី​អ៊ីសា‌ខារ 18 លោក​ស៊ី‌ម៉ៃ ជា​កូន​របស់​លោក​អេឡា នៅ​ទឹក​ដី​បេន‌យ៉ាមីន 19 លោក​កេ‌ប៊ើរ ជា​កូន​របស់​លោក​អ៊ូរី នៅ​ស្រុក​កាឡាដ ព្រម​ទាំង​ទឹក​ដី​របស់​ស្តេច​ស៊ីហុន ស្ដេច​នៃ​ជន‌ជាតិ​អាម៉ូរី និង​ស្រុក​របស់ស្តេច​អុក ស្ដេច​ស្រុក​បាសាន ហើយគាត់ជាអ្នកគ្រប់គ្រងតែមួយគត់នៅក្នុងតំបន់នោះ។ 20 ស្រុកយូដា និងស្រុកអ៊ីស្រាអែលទាំងមូលមានមនុស្សច្រើនដូចខ្សាច់នៅមាត់សមុទ្រ។ ពួកគេបានស៊ី និងផឹក ហើយសប្បាយរីករាយ។ 21 ព្រះបាទសាឡូម៉ូនបានគ្រប់គ្រង់លើនគរទាំងឡាយចាប់ពីទន្លេ រហូតដល់ស្រុកភីលីស្ទីន និងដល់ព្រំប្រទល់ស្រុកអេស៊ីប។ ពួកគេបាននាំសួយសាអាករមកថ្វាយព្រះបាទសាឡូម៉ូននៅអស់មួយជីវិតរបស់ស្តេច។ 22 ស្បៀង​អាហារ​ប្រចាំ​ថ្ងៃ​សម្រាប់​ផ្គត់‌ផ្គង់​ក្នុង​វាំង​របស់​ព្រះ‌បាទ​សាឡូម៉ូន មានម្សៅ‌ម៉ដ្ដ​ប្រាំ​បួន​តោន ម្សៅ​ធម្មតា​ដប់​ប្រាំ​បី​តោន 23 គោ​បំប៉ន​ដប់​ក្បាល គោ​ធម្មតា​ម្ភៃ​ក្បាល ចៀម​មួយ​រយ​ក្បាល ​ប្រើស ឈ្លូស ក្ដាន់ និង​មាន់​ទា​បំប៉ន។ 24 ស្តេចបាន​ត្រួត‌ត្រា​លើតំបន់ទាំងមូលដែល​ស្ថិត​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​ ចាប់​ពី​​ធីព‌សា​រហូត​ដល់​​កាសា លើស្តេចទាំងប៉ុន្មាននៅខាងនាយ​ទន្លេ ហើយមាន​សុខ​សន្តិ‌ភាព​គ្រប់​ទិស‌ទីនៅជុំវិញទ្រង់។ 25 ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រា‌អែលរស់នៅដោយសន្តិភាព ចាប់​ពី​ក្រុង​ដាន់​រហូត​ដល់​ក្រុង​បៀរ‌សេបា មនុស្សរស់​នៅ​ដោយ​សុខ‌សាន្ត ក្រោម​ដើម​ទំពាំង‌បាយជូរ និង​ដើម​ឧទុម្ពរ​របស់​ខ្លួននៅថ្ងៃអាយុរបស់ព្រះបាទសាឡូម៉ូន។ 26 ព្រះ‌បាទ​សាឡូម៉ូន​មាន​សេះ​បួន​ម៉ឺន​ក្បាល សម្រាប់​រទេះ​ចម្បាំងរបស់ទ្រង់ និង​ពល​ទ័ព​សេះ​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​។ 27 អ្នកគ្រប់គ្រងទាំងអស់​ផ្គត់‌ផ្គង់​ស្បៀង​អាហារ សម្រាប់​ព្រះ‌បាទ​សាឡូម៉ូន និង​អស់​អ្នក​ដែល​បរិភោគ​រួម​តុ​ជា​មួយ​ស្តេច គឺម្នាក់មួយខែ។ ពួកគេមិនឲ្យ​ខ្វះ​ខាត​អ្វី​ឡើយ។ 28 ពួកគេក៏យក​​ស្រូវ និង​ចំបើង​សម្រាប់​សេះ ព្រម​ទាំង​សត្វ​ផ្សេងៗ​ទៀត​ដែល​ជា​ជំនិះ នៅ​តាម​កន្លែងត្រឹមត្រូវ ម្នាក់ៗនាំយកអ្វីៗដែលគេអាចយកមកបាន។ 29 ព្រះជាម្ចាស់បានប្រទានឲ្យព្រះបាទសាឡូម៉ូនមានប្រាជ្ញា និងការយល់ដឹងយ៉ាងខ្លាំង​ ដូចជាខ្សាច់នៅមាត់សមុទ្រ។ 30 ប្រាជ្ញារបស់ព្រះបាទសាឡូម៉ូនលើសជាងប្រាជ្ញារបស់ប្រជាជន ដែលរស់នៅទិសខាងកើត និងលើសជាងប្រាជ្ញារបស់អ្នកស្រុកអេស៊ីបទៅទៀត។ 31 ស្តេចមានប្រាជ្ញាលើសមនុស្ស​ទាំងអស់ គឺ​លើស​លោក​អេថាន ពី​អំបូរ​សេរ៉ា‌គីត លោក​ហេ‌ម៉ាន ព្រម​ទាំង​លោក​កាល់‌កូល និង​លោក​ដារ‌ដា ជា​កូន​របស់​លោក​ម៉ាហូល ភាពល្បីល្បាញរបស់ស្តេចបានឮដល់ជាតិសាសន៍នៅជុំវិញ។ 32 ស្តេចបានតែងសុភាសិតចំនួនបីពាន់ និងបទចម្រៀងមួយពាន់ប្រាំបទ។ 33 ស្តេចបានរៀបរាប់ពីរុក្ខជាតិទាំងឡាយតាំង​ពី​ដើម​តាត្រៅ​នៅ​ស្រុក​លីបង់ រហូត​ដល់​ដើម​ហ៊ីសុប​ដែល​ដុះ​នៅ​ក្រៅជញ្ជាំងក្រុងផង។ ស្តេចក៏បាន​ពន្យល់អំពី​សត្វ​ចតុប្បាទ សត្វ​ស្លាប សត្វ​លូន​វារ និង​ត្រីផងដែរ។ 34 មនុស្សមកពីគ្រប់ជាតិសាសន៍បានមកស្តាប់ប្រាជ្ញារបស់ព្រះបាទសាឡូម៉ូន។ ពួកគេគឺជាសេ្តចដែលមកពីប្រជាជាតិនៅលេីផែនដី។​

ជំពូក ៥

1 ស្តេច​ហ៊ីរ៉ាម ជា​ស្ដេច​ក្រុង​ទីរ៉ុសបានបញ្ជូនអ្នកបម្រើរបស់ទ្រង់មកគាល់ព្រះបាទសាឡូម៉ូន ដោយសារទ្រង់បានឮថាគេបានចាក់ប្រេងអភិសេកព្រះបាទសាឡូម៉ូនជាស្តេចតពីបិតារបស់ទ្រង់ ដោយសារតែស្តេចហ៊ីរ៉ាមតែតែស្រឡាញ់ស្តេចដាវីឌ។ 2 ព្រះបាទសាឡូម៉ូនក៏បានបញ្ជូនពាក្យទៅស្តេចហ៊ីរាមថា៖ 3 «ព្រះករុណាក៏ជ្រាបដែថាដាវីឌជាបិតាខ្ញុំមិនអាចសង់ដំណាក់សម្រាប់ព្រះនាមរបស់ព្រះអម្ចាស់ជាព្រះរបស់ព្រះអង្គបានទេ ដោយសារតែមានសង្គ្រាមជុំវិញទ្រង់ ក្នុងថ្ងៃនៃអាយុរបស់បិតាខ្ញុំព្រះអម្ចាស់បានឲ្យសត្រូវរបស់លោកស្ថិតនៅក្រោមបាតជើងលោក។ 4 ប៉ុន្តែឥឡូវនេះ ព្រះអម្ចាស់ជាព្រះរបស់ខ្ញុំបានឲ្យមានក្តីសុខសាន្តគ្រប់ទីកន្លែង។ គ្មានខ្មាំងសត្រូវ ហើយក៏គ្មានមហន្តរាយអ្វីដែរ។ 5 ដូច្នេះ ខ្ញុំចង់សង់ដំណាក់សម្រាប់ព្រះនាមព្រះអម្ចាស់ជាព្រះរបស់ខ្ញុំ ដូចដែលព្រះអម្ចាស់បានមានបន្ទូលមកកាន់ស្តេចដារីឌជាបិតារបស់ខ្ញុំថា៖ «បុត្រារបស់អ្នក គឺអ្នកដែលយើងឲ្យគង់លើបល្ល័ង្ករបស់អ្នក នឹងសង់ដំណាក់សម្រាប់នាមយើង»។ 6 ដូច្នេះ សូមបញ្ជាឲ្យគេកាប់ដើម​តាត្រៅ​នៅ​ភ្នំ​លីបង់សម្រាប់ខ្ញុំផង។ អ្នកបម្រើរបស់ខ្ញុំ និងចូលរួមជាមួយអ្នកបម្រើរបស់ព្រះករុណា ហើយខ្ញុំនឹងបង់ថ្លៃឲ្យព្រះករុណាសម្រាប់អ្នកបម្រើរបស់ព្រះករុណា ដូច្នេះពួកគេនឹងបានទទួលប្រាក់ឈ្នួលត្រឹមត្រូវតាមអ្វីដែលព្រះករុណាយល់ព្រមធ្វើ។ ដូចដែលព្រះករុណាជ្រាបហើយថាក្នុងចំណោមយើងគ្មាននរណាម្នាក់ដឹងរបៀបកាប់ឈើដូចអ្នកស្រុក​ស៊ីដូនទេ។ 7 នៅពេលដែលព្រះបាទហ៊ីរ៉ាមបានឮពាក្យរបស់ព្រះបាទសាឡូម៉ូន ទ្រង់មានអំណរយ៉ាងខ្លាំងរួចទូលថា៖ «សូមឲ្យព្រះអម្ចាស់បានប្រកបដោយព្រះពរនៅថ្ងៃនេះ ដែលបានប្រទានបុត្រាដ៏មានប្រាជ្ញាដល់ស្តេចដាវីឌ ដើម្បីដឹកនាំប្រជារាស្រ្តដ៏អស្ចារ្យនេះ»។ 8 ព្រះបាទហ៊ីរ៉ាមបានផ្ញើសារទៅព្រះបាទសាឡូម៉ូនថា៖ «ទូលបង្គំបានឮសារដែលព្រះករុណាបានផ្ញើមកទូលបង្គំហើយ។ ទូលបង្គំនឹងផ្គត់ផ្គង់ឈើតាត្រៅ និងឈើកកោះតាមដែលព្រះករុណាចង់បាន។ 9 អ្នកបម្រើរបស់ទូលបង្គំនឹងប្រមូលឈើចុះពីភ្នំលីបង់ទៅក្នុងសមុទ្រ ហើយទូលបង្គំនឹងចងឈើទាំងនោះជាក្បូនបណ្តែតតាមសមុទ្រទៅកាន់កន្លែងដែលព្រះករុណាបង្ហាញដល់ទូលបង្គំ។ ទូលបង្គំនឹងដាក់នៅកន្លែងនោះ ហើយព្រះករុណាអាចយកឈើទាំងនោះទៅ។ អ្វីដែលទូលបង្គំចង់បាន គឺសូមព្រះករុណាជួយផ្តល់អាហារដល់អ្នកបម្រើក្នុងព្រះរាជវាំងរបស់ទូលបង្គំផង»។ 10 ដូច្នេះ ព្រះបាទហ៊ីរ៉ាមបានថ្វាយ​ឈើ​កកោះ​ទាំង​ប៉ុន្មាន តាមការចង់បាន​របស់​ព្រះ‌បាទ​សាឡូម៉ូន។ 11 ព្រះ‌បាទ​សាឡូម៉ូន​បាន​ផ្ដល់​ស្រូវសាលី​ពីរមុឺនរង្វាល់ និង​ប្រេង​សុទ្ធ​ចំនួនពីរពាន់រង្វាល់សម្រាប់​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​ក្នុង​វាំង​របស់​ព្រះ‌បាទ​ហ៊ីរ៉ាម។ ព្រះបាទសាឡូម៉ូនបានផ្តល់ដល់ព្រះបានហ៊ីរ៉ាមពីមួយឆ្នាំទៅមួយឆ្នាំ។ 12 ព្រះអម្ចាស់បានផ្តល់ប្រាជ្ញាដល់ព្រះបាទសាឡូម៉ូន ដូចដែលព្រះអង្គបានសន្យា។ មានសន្តិភាពរវាងព្រះបាទសាឡូម៉ូន និងព្រះបាទហ៊ីរ៉ាម ហើយស្តចទាំងពីរក៏ចងសម្ពន្ធមេត្រីជាមួយគ្នា។​ 13 ព្រះបាទសាឡូម៉ូនបានកែនកម្លាំងចេញពីប្រជាជនអ៊ីស្រាអែលទាំងអស់។ អ្នកដែលបានកែនមានប្រុសៗចំនួនបីម៉ឺននាក់។ 14 ស្តេចបានបញ្ជូនពួកគេទៅភ្នំលីបង់ម្តងមួយម៉ីននាក់ដោយប្តូរវេនគ្នា។ មួយខែត្រូវនៅភ្នំលីបង់ហើយពីរខែត្រូវនៅផ្ទះ។ លោក​អដូ‌នីរ៉ាមជាអ្នកមើលខុសត្រូវលើអ្នកដែលធ្វើការទាំងនោះ។ 15 ព្រះបាទសាឡូម៉ូនមានអ្នកលីសែងចំនួនប្រាំពីរម៉ឺននាក់ និងអ្នកដាប់ថ្មនៅភ្នំចំនួនប្រាំបីម៉ឺននាក់ 16 ក្រៅពីមេក្រុម៣៣០០នាក់របស់ព្រះបាទសាឡូម៉ូន ដែលមើលខុសត្រូវលើការងារ និងជាអ្នកណែនាំដល់អ្នកធ្វើការ។ 17 ដូចដែលស្តេចបានបង្គាប់ ពួកគេបានគាស់ថ្មធំៗដែលមានគុណភាពល្អសម្រាប់ធ្វើជាគ្រឹះរបស់ព្រះវិហារ។ 18 ដូច្នេះអ្នកសាងសង់របស់ព្រះបាទសាឡូម៉ូន និងអ្នកសាងសង់របស់ព្រះបាទហ៊ីរ៉ាម ព្រមទាំង​ជាង​ពី​ស្រុក​កេបាល​បានដាប់​ថ្ម ហើយ​រៀបចំ​ត្រៀម​ឈើ និង​ថ្ម​សម្រាប់​សង់​ព្រះ‌វិហារ។

ជំពូក ៦

1 ដូច្នេះ ព្រះបាទសាឡូម៉ូនបានចាប់ផ្តើមសង់ព្រះវិហារសម្រាប់ព្រះអម្ចាស់។ ការនេះកើតឡើងនៅក្នុងឆ្នាំទី ៤៨០ ក្រោយពីជនជាតិអ៊ីស្រាអែលចេញពីទឹកដីស្រុកអេស៊ីប នៅក្នុងឆ្នាំទីបួននៃរាជ្យរបស់ព្រះបាទសាឡូម៉ូនលើទឹកដីអ៊ីស្រាអែល នៅក្នុងខែពិសាខ ដែល​ត្រូវ​ជា​ខែ​ទី​ពីរ។ 2 ព្រះ‌វិហារដែល​ព្រះ‌បាទ​សាឡូម៉ូន​សង់​ថ្វាយ​ព្រះ‌អម្ចាស់ មាន​បណ្ដោយ​ប្រវែង​ហុក‌សិប​ហត្ថ ទទឹង​ម្ភៃ​ហត្ថ និង​កម្ពស់​សាម‌សិប​ហត្ថ ។ 3 បន្ទប់​ល្វែង​នៅ​ខាង​មុខបន្ទប់ធំ​នៃ​ព្រះ‌វិហារ​មាន​បណ្ដោយ​ប្រវែង​ម្ភៃ​ហត្ថ ស្មើនឹង​ប្រវែង​ទទឹង​ព្រះវិហារ ហើយមានជម្រៅ​ដប់​ហត្ថនៅខាងមុខព្រះវិហារ។ សម្រាប់ព្រះវិហារ 4 ស្តេចបានធ្វើ​បង្អួច​ដែល​មាន​ដាក់គ្របរបស់វាដែលខាងក្រៅចង្អៀតជាងខាងក្នុង។ 5 នៅជាប់នឹងជញ្ជាំងបន្ទប់ធំ ស្តេចបានសង់បន្ទប់ជុំវិញ ទាំងបន្ទប់ខាងក្រៅ និងបន្ទប់ខាងក្នុង។ ស្តេចបានសង់បន្ទប់នៅជុំវិញទាំងសងខាង។ 6 ជាន់ក្រោមបំផុតមានបណ្តោយប្រាំហត្ថ នៅកណ្តាលមានបណ្តោយប្រាំមួយហត្ថ ហើយនៅជាន់ទីបីមានបណ្តោយប្រាំពីរហត្ថ។ ជញ្ជាំងខាងក្រៅព្រះវិហារស្តេចធ្វើជញ្ជាំងកម្រាស់ខុសគ្នានៅជុំវិញ ដូច្នេះមិនចាំបាច់ដាក់ធ្នឹមនៅក្នុងជញ្ជាំងព្រះវិហារទេ។ 7 ព្រះវិហារសង់ពីថ្មដែលបានរៀបចំរួចជាស្រេចនៅនឹងកន្លែង។ គ្មានឮសម្លេងញញួរ ពូថៅ ឬសម្ភារធ្វើពីដែកណាមួយនៅក្នុងព្រះវិហារក្នុងពេលកំពុងសាងសង់ឡើយ។ 8 នៅផ្នែកខាងត្បូងនៃព្រះវិហារមានច្រកចូលមួយនៅជាន់ផ្ទាល់ដី បន្ទាប់មក មានជណ្តើរមួយឡើងទៅជាន់កណ្តាល និងពីជាន់កណ្តាលទៅជាន់ទីបី។ 9 ដូច្នេះ ព្រះបាទសាឡូម៉ូនបានសង់ព្រះវិហារ និងបានបញ្ជប់ការសាងសង់ ស្តេចគ្របដណ្តប់វិហារទាំងមូលដោយធ្នឹម និងពិដានពីឈើតាត្រៅ។ 10 ស្តេចសង់បន្ទប់ខាងក្រៅទល់នឹងបន្ទប់ធំរបស់ព្រះវិហារ ផ្នែកនីមួយៗមានកម្ពស់ប្រាំហត្ថ ហើយបន្ទប់ទាំងនោះបានភ្ជាប់ជាមួយព្រះវិហារដោយឈើតាត្រៅ។ 11 ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់ព្រះបាទសាឡូម៉ូនដោយមានបន្ទូលថា៖ 12 «ទាក់ទងនឹងព្រះវិហារដែលអ្នកបានសង់នេះ បើអ្នកដើរតាមច្បាប់របស់យើង និងប្រព្រឹត្តដោយយុត្តិធម៌ ដោយរក្សាបញ្ញត្តរបស់យើង និងដើរតាមបញ្ញត្តនោះ នោះយើងនឹងសម្រេចពាក្យដែលយើងបានសន្យាជាមួយអ្នក ដែលយើងបានសន្យាជាមួយបិតារបស់អ្នក។ 13 យើងនឹងគង់នៅក្នុងចំណោមប្រជារាស្រ្តអ៊ីស្រាអែល និងមិនបោះបង់ពួកគេចោលឡើយ។ 14 ដូច្នេះ ព្រះបាទសាឡូម៉ូនបានសង់ព្រះវិហារ និងបានបញ្ចប់ការសាងសង់។ 15 បន្ទាប់មក ស្តេចក៏បានសង់ជញ្ជាំងខាងក្នុងនៃព្រះវិហារជាមួយឈើតាត្រៅ។ ចាប់ពីក្រោមរហូតដល់ពិដានរបស់ព្រះវិហារ ស្តេចបានពាសឈើនៅខាងក្នុង និងក្រាលក្តារកកោះនៅក្នុងព្រះវិហារដែរ។ 16 ស្តេចក៏បានសង់ផ្នែកខាងក្រោយព្រះវិហារមានប្រវែងម្ភៃហត្ថជាមួយក្តារឈើតាត្រៅចាប់ពីក្រោមរហូតដល់ពិដាន។ ស្តេចបានសង់បន្ទប់នេះជាបន្ទប់ខាងក្នុង ដែលជាទីសក្ការៈបំផុត។ 17 បន្ទប់ធំជាងគេ ដែលជាទីសក្ការៈ គឺនៅខាងមុខទីសក្ការៈបំផុតមានប្រវែងសែសិបហត្ថ។ 18 មានឈើតាត្រៅពាសនៅខាងក្នុងព្រះវិហារ ដែលឆ្លាក់​ជា​ក្បាច់​រចនា​រូប​ផ្កា​ក្រពុំ និង​រូប​ផ្កា​រីក។ គ្រប់ទាំងអស់មានពាសឈើតាត្រៅនៅខាងក្នុង។ នៅផ្នែកខាងក្នុងមិនអាចមើលឃើញថ្មឡើយ។ 19 ព្រះបាទសាឡូម៉ូនបានរៀបចំបន្ទប់ខាងក្នុង នៅក្នុងព្រះវិហារ ដើម្បីដាក់ហឹបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់។ 20 បន្ទប់ខាងក្នុងមានប្រវែងម្ភៃហត្ថ មានទទឹងម្ភៃហត្ថ និងកម្ពស់ម្ភៃហត្ថដូចគ្នា។ ព្រះបាទសាឡូម៉ូនបានពាសជញ្ជាំងដោយមាសសុទ្ធ និងពាសអាសនាដោយឈើតាត្រៅ។ 21 ព្រះបាទសាឡូម៉ូនបានពាសផ្នែកខាងក្នុងនៃព្រះវិហារជាមួយនឹងមាសសុទ្ធ ហើយស្តេចបានដាក់ច្រវ៉ាក់មាសមកឃាំងខាងមុខបន្ទប់ខាងក្នុង និងបានពាសខាងមុខនោះដោយមាស។ 22 ស្តេចបានពាសផ្នែកខាងក្នុងទាំងអស់ជាមួយមាសទាល់តែព្រះវិហារបានរួចរាល់។ ស្តេចក៏បានពាសមាសលើអាសនាទាំងមូល ដែលនៅបន្ទប់ខាងក្នុងដែរ។ 23 ព្រះបាទសាឡូម៉ូនបាន​ឲ្យ​គេ​ឆ្លាក់​រូប​ចេរូ‌ប៊ីន​ពីរ​ធ្វើ​អំពី​ឈើ​អូលីវ ចេរូ‌ប៊ីននីមួយៗមានកម្ពស់ដប់ហត្ថ សម្រាប់ដាក់នៅបន្ទប់ខាងក្នុង។ 24 ស្លាបមួយនៃចេរូប៊ីន​ទីមួយមានប្រវែងប្រាំហត្ថ ហើយស្លាបមួយទៀតក៏មានប្រវែងប្រាំហត្ថដែរ។ ដូច្នេះ ពីចុងស្លាបម្ខាងទៅចុងស្លាបម្ខាងមានប្រវែងដប់ហត្ថ។ 25 ចេរូប៊ីនមួយទៀតក៏មានប្រវែងស្លាបដប់ហត្ថដែរ។ ចេរូប៊ីនទាំងពីរមានប្រវែង និងរូបរាងដូចគ្នា។ 26 កម្ពស់របស់ចេរូប៊ីនទីមួយគឺដប់ហត្ថ ហើយចេរូប៊ីនមួយទៀតក៏មានកម្ពស់ដូចគ្នា។ 27 ព្រះបាទសាឡូម៉ូនបានដាក់ចេរូប៊ីននៅក្នុងបន្ទប់ខាងក្នុងបំផុត។ ស្លាបរបស់ចេរូប៊ីនត្រាដាង ដូច្នេះ ស្លាបរបស់ចេរូប៊ីនមួយប៉ះនឹងជញ្ជាំងម្ខាង ហើយស្លាបរបស់ចេរូប៊ីនមួយទៀតប៉ះជាមួយជញ្ជាំងម្ខាងទៀត។ ស្លាបរបស់ចេរូប៊ីនទាំងពីរប៉ះគ្នានៅចំណុចកណ្តាលនៃទីបរិសុទ្ធបំផុត។ 28 ព្រះបាទសាឡូម៉ូនបានពាសមាសលើចេរូប៊ីនទាំងពីរនោះ។ 29 ស្តេចបានឆ្លាក់តាម​ជញ្ជាំង​ព្រះ‌ដំណាក់​ទាំង​អស់ មានដូចជាក្បាច់​ចេរូ‌ប៊ីន ដើមត្នោត និងផ្កា‌រីក​ ទាំងបន្ទប់ខាងក្នុង និងបន្ទប់ខាងក្រៅ។ 30 ព្រះបាទសាឡូម៉ូនក្រាលមាសក្នុងព្រះវិហារ ទាំងបន្ទប់ខាងក្រៅ និងបន្ទប់ខាងក្នុង។ 31 ព្រះបាទសាឡូម៉ូនបានធ្វើទ្វារពីឈើអូលីវសម្រាប់ច្រកចូលទៅកាន់បន្ទប់ខាងក្នុង។ ក្រប​ទ្វារ​នោះ​មាន​កម្ពស់​មួយ​ភាគ​បួន​នៃ​ជញ្ជាំង។ 32 ដូច្នេះ ស្តេចបានធ្វើទ្វារពីរពីឈើអូលីវ ហើយបានឆ្លាក់រូបចេរ៉ូប៊ីម ដើមត្នោត និងផ្ការីកលើទ្វារទាំងនោះផង។ ស្តេចបានពាសទ្វារទាំងនោះដោយមាស និងពាសមាសលើចេរ៉ូប៊ីម និងលើដើមត្នោតផងដែរ។ 33 តាមវិធីនេះដែលព្រះបាទសាឡូម៉ូនបានសង់ច្រកចូលព្រះវិហារពីឈើអូលីវ​មាន​កម្ពស់​មួយ​ភាគ​បួន​នៃ​ជញ្ជាំង និងមានទ្វារពីរទៀតធ្វើពីឈើកកោះ។ 34 សន្លឹកទាំងពីររបស់ទ្វារនីមួយៗអាចបត់ចូលគ្នាបាន ហើយសន្លឹកពីរទៀតរបស់ទ្វារមួយទៀតក៏អាចបត់ចូលគ្នាបានដែរ។ 35 ស្តេចបានឆ្លាក់រូបចេរ៉ូប៊ីម ដើមត្នោត និងផ្ការីក និងបានពាសមាសលើចម្លាក់ទាំងនោះ។ 36 ស្តេចឲ្យគេសង់ទីលានខាងក្នុងជាមួយថ្មបីជាន់ និងឈើតាត្រៅមួយជាន់។ 37 គេបានចាក់គ្រឹះព្រះដំណាក់របស់ព្រះអម្ចាស់នៅក្នុងឆ្នាំទីបួន នៅក្នុងខែពិសាខ។ 38 នៅក្នុងឆ្នាំទីដប់មួយ នៅក្នុងខែកត្ដិក នៅក្នុងខែទីប្រាំបីព្រះវិហារបានសង់រួចរាល់គ្រប់ផ្នែកទាំងអស់តាមគម្រោង។ ព្រះបាទសាឡូម៉ូនបានចំណាយប្រាំពីរឆ្នាំក្នុងការសង់ព្រះវិហារ។

ជំពូក ៧

1 ព្រះបាទសាឡូម៉ូនចំណាយពេលសាមសិបឆ្នាំក្នុងការសង់វាំងរបស់ស្តេចផ្ទាល់។ 2 ស្តេចបានសង់វាំងពីឈើនៅស្រុកលីបង់។ វាំងនោះមានបណ្តោយមួយរយហត្ថ មានទទឹងហាសិបហត្ថ និងមានកំពស់សាមសិបហត្ថ។ វាំងនេះមានសសរធ្វើពីឈើតាត្រៅបួនជួរ ដែលមានធ្នឹមនៅលើសសរទាំងនោះ។ 3 ដំណាក់នោះបានធ្វើដំបូលពីឈើតាត្រៅដែលដាក់លើធ្នឹម។ ធ្នឹមទាំងនោះទ្រដោយសសរជាច្រើន។ មានធ្នឹមសែសិបប្រាំ មានដប់ប្រាំជួរ។ 4 មានធ្នឹមបីជួរ ហើយបង្អួចនីមួយៗនៅទល់មុខបង្អួចម្ខាងទៀត ទាំងអស់មានបីគូរ។ 5 ទ្វារ និងគ្របទ្វារទាំងអស់បានធ្វើជារៀងបួនជ្រុង ហើយបង្អួចគឺទល់មុខគ្នាបីគូរ។ 6 មានបន្ទប់់ល្វែងមួយដែលមានប្រវែងហាសិបហត្ថ និងទទឹងសាមសិបហត្ថ ដែលមានរាននៅខាងមុខ និងសសរ ហើយនឹងដំបូល។ 7 ព្រះបាទសាឡូម៉ូនបានសង់បន្ទប់ធំមួយដែលមានបល្ល័ង្ក ជាកន្លែងសម្រាប់កាត់ក្តី ជាបន្ទប់យុត្តិធម៌។​ បន្ទប់នោះ បានក្រាលដោយឈើតាត្រៅនៅខាងក្រោម។ 8 ដំណាក់របស់ព្រះបាទសាឡូម៉ូនដែលស្តេចគង់នៅ គឺស្ថិតក្នុងទីធ្លាមួយទៀតដែលជាដីរបស់រាជវាំង បានរចនាស្រដៀងគ្នា។ ស្តេចក៏បានសង់ដំណាក់ដូចគ្នានេះសម្រាប់បុត្រីរបស់ស្តេចផារោនដែលជាមហេសីរបស់ស្តេចដែរ។ 9 អគារទាំងនេះបានសង់ពីថ្មដ៏មានតម្លៃ បានវាស់វែងយ៉ាងផ្ចិតផ្ចង់ និងអារដំរឹមដោយរណា និងខាត់គ្រប់ជ្រុងទាំងអស់។​ ថ្មទាំងនេះបានប្រើតាំងពីគ្រឹះរហូតដល់ផ្នែកខាងលើបំផុត និងរហូតដល់លានខាងក្រៅផង។ 10 គ្រឹះបានសង់ឡើងដោយថ្មយ៉ាងធំ ជាថ្មមានតម្លៃ ដែលមានប្រវែងប្រាំបី និងដប់ហត្ថ។ 11 នៅផ្នែកខាងលើគឺមានថ្មម៉ាបយ៉ាងមានតម្លៃដែលកាត់តាមទំហំ និងមានធ្នឹមពីឈើតាត្រៅ។ 12 ទីធ្លាធំនៅជុំវិញវាំងមានបីជួរធ្វើពីថ្ម និងមួយជួរធ្វើពីឈើតាត្រៅដូចទីលាននៅខាងក្នុងព្រះវិហារបស់ព្រះអម្ចាស់ និងបន្ទប់ល្វែងរបស់ព្រះវិហារដែរ។ 13 ព្រះបាទសាឡូម៉ូនបានផ្ញើសារទៅលោកហ៊ីរ៉ាម​ ដើម្បីអញ្ជើញលោកពីក្រុង​ទីរ៉ុសមក។ 14 លោកហ៊ីរ៉ាមជា​កូន​របស់​ស្ត្រី​មេម៉ាយ​ម្នាក់ ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថាលី ហើយ​ឪពុក​ជា​អ្នក​ក្រុង​ទីរ៉ុស លោកជាជាងលង្ហិនដ៏ចំណានម្នាក់។ លោកហ៊ីរ៉ាមមានពេញដោយប្រាជ្ញា និងការយល់ដឹង រួមជាមួយជំនាញ ដើម្បីធ្វើការដ៏អស្ចារ្យជាមួយលង្ហិនសម្រាប់ស្តេច។ 15 លោកហ៊ីរ៉ាមបានរចនាសសរពីរពីលង្ហិន សសរនីមួយៗមានកម្ពស់ដប់ប្រាំបីហត្ថ និងបរិមាត្រដប់ពីរហត្ថ។ 16 គាត់​ធ្វើ​ក្បាល​សសរ​លង្ហិន​ពីរ​ដាក់​ខាង​លើ​សសរ​ទាំង​ពីរ។ ក្បាល​សសរ​នីមួយៗ​មាន​កម្ពស់​ប្រាំ​ហត្ថ។ 17 គាត់​សិត​លង្ហិន​ធ្វើ​ជា​ក្បាច់​ក្រឡា‌អួន និង​ច្រវាក់សម្រាប់​លម្អក្បាល​សសរ ក្បាល​សសរ​នីមួយៗ​មាន​កម្រង​ច្រវាក់​ប្រាំ‌ពីរ​។ 18 ដូច្នេះ លោកហ៊ីរ៉ាមបានឆ្លាក់ផ្លែទទឹមពីរជួរជុំវិញក្បាលសរសរនីមួយៗ ដើម្បីរចនាក្បាលសសរទាំងពីរនេះ។ 19 ក្បាលសសរខាងលើសសរបន្ទប់ល្វែងបានរចនាជាមួយផ្កាលីលី មានកម្ពស់បួនហត្ថ។ 20 ក្បាលសសរនៅលើសសរទាំងពីររួមទាំងក្បែរផ្នែកខាងលើមានផ្លែទទឹមពីររយជាជួរនៅជុំវិញ។ 21 លោកបានលើកសសរនេះឡើងនៅឯបន្ទប់ល្វែងព្រះវិហារ។ សសរនៅខាងស្តាំមានឈ្មោះថាយ៉ាគីន ហើយសសរនៅខាងឆ្វេងមានឈ្មោះថាបូអូស។ 22 នៅខាងលើបំផុតនៃសសរទាំងពីរនេះមានការរចនាដូចជាផ្កាលីលី។ ការរចនាសសរទាំងពីរបានធ្វើឡើងរបៀបនេះឯង។ 23 លោកហ៊ីរ៉ាមបានធ្វើអាងទឹកមូលមួយពីដែកចាក់ មានអង្គត់ផ្ចិតជុំវិញដប់ហត្ថ។ វាមានកម្ពស់ប្រាំហត្ថ និងមានបរិមាត្រជុំវិញសាមសិបហត្ថ។ 24 នៅមាត់ខាងលើនៃអាងទឹកនេះបានឆ្លាក់រូបផ្កាក្រពុំ ក្នុងមួយហត្ថមានផ្កាដប់ ក្បាច់ទាំងនោះបានចាក់ក្នុងពេលដែលគេចាក់អាងនោះ។ 25 អាងនេះនៅលើគោដប់ពីរក្បាល បីបែរទៅទិសខាងជើង បីបែរទៅទិសខាងលិច បីបែរទៅទិសខាងត្បូង និងបីទៀតបែរទៅទិសខាងខាងកើត។ អាងនោះបានដាក់នៅខាងលើគោទាំងអស់នោះ ហើយខ្លួនគោទាំងអស់បែរចូលក្នុង។ 26 អាងនោះមានកម្រាលក្រាស់ដូចមួយទះដៃ ហើយមាត់របស់អាងគឺបត់ដូចជាមាត់របស់ពែង ដូចជាផ្កាលីលីរីក។ អាងនោះអាចដាក់ទឹកបានពីពាន់អម្រែក។ 27 លោកហ៊ីរ៉ាមបានធ្វើជើងបញ្ឃរដប់ពីលង្ហិន។ ជើងបញ្ឈរនីមួយៗមានប្រវែងបួនហត្ថ និងទទឹងបួនហត្ថ ហើយកម្ពស់ពីរហត្ថ។ 28 ការងារធ្វើជើងបញ្ឈរនេះមានដូចតទៅ។ គេមានបន្ទះដាក់បញ្ឈរនៅចន្លោះគ្រោង 29 ហើយនៅលើបន្ទះ និងនៅលើគ្រោងនេះមានតោ គោ និងចេរ៉ូប៊ីម។ នៅខាងលើ និងនៅខាងក្រោមគោ និងតោមានក្បាច់រំយោល។ 30 នៅលើជើងបញ្ឈរនីមួយៗមានកង់លង្ហឹនបួន និងភ្លៅ ហើយជ្រុងទាំងបួនរបស់វាមានប្រដាប់ទ្រ។ ទម្របានចាក់ភ្ជាប់គ្នាទៅជ្រុងទាំងបួនរបស់វា។ 31 នៅមាត់ខាងលើមានរាងមូលដូចជើងតាងមានប្រវែងមួយហត្ថកន្លះ ហើយមានម្កុដឡើងទៅលើមួយហត្ថ។ នៅមាត់ខាងលើងនោះក៏មានចម្លាក់ដែរ ហើយបន្ទះទាំងនោះមានរាងបួនជ្រុង មិនមែនមូលទេ។ 32 កង់ទាំងបួនស្ថិតនៅក្រោមបន្ទះ ហើយតួ និងកង់របស់វា និងខ្លួនទាំងមូល គឺនៅក្នុងជើងបញ្ឈរនោះ។ កង់មានកម្ពស់មួយហត្ថកន្លះ។ 33 កង់ទាំងបួនមានរាងដូចកង់រទះចំបាំង។ ខ្លួនទាំងមូល ខ្នង កាំ និង​ដុំ ចាក់ធ្វើពីដែកទាំងអស់។ 34 មានជើងទម្របួននៅតាមជ្រុងរបស់ជើងបញ្ឈរនោះ បានភ្ជាប់ជាមួយតួ។ 35 នៅខាងលើជើងបញ្ឈនេះមានរង្វង់មូលមួយមានជម្រៅមួយហត្ថ ហើយនៅផ្នែកខាងលើជើងបញ្ឈរ ជើងទម្រ និងបន្ទះបានភ្ជាប់គ្នា។ 36 នៅផ្ទៃខាងលើជើងទ្រ និងនៅលើបន្ទះ លោកហ៊ីរ៉ាមបានឆ្លាក់រូបចេរ៉ូប៊ីម តោ និងដើមត្នោតនៅលើផ្ទៃដែលសេសសល់ ហើយមានរំយោទព័ទ្ធជុំវិញ។ 37 លោកបានធ្វើជើងបញ្ឈរដប់ដោយរបៀបនេះឯង។ ជើងបញ្ឈរទាំងអស់បានចាក់ដូចៗគ្នា ហើយមានទំហំដូចៗគ្នា និងមានទម្រង់ដូចៗគ្នា។ 38 លោកហ៊ីរ៉ាមបានធ្វើអាងលង្ហិនដប់។​ អាងនីមួយៗអាចដាក់ទឹកបានសែសិបអម្រែក។ អាងនីមួយៗមានកម្ពស់បួនហត្ថ ហើយគេដាក់អាងមួយនៅលើជើងបញ្ឈរនីមួយៗ។ 39 លោកបានដាក់ជើងបញ្ឈរប្រាំនៅខាងត្បូងទល់មុខព្រះវិហារ ហើយប្រាំទៀតដាក់ខាងជើងទល់មុខព្រះវិហារ។ លោកបានដាក់អាងធំនៅជ្រុងខាងកើត បែរមុខទៅខាងត្បូងព្រះវិហារ។ 40 លោក​ហ៊ីរ៉ាម​ធ្វើ​អាង ប្រដាប់​ចូក​ផេះ និង​ផើង​ដាក់​ឈាម។ បន្ទាប់មក លោកបានបញ្ចប់កិច្ចការទាំងប៉ុន្មានដែលលោកបានធ្វើថ្វាយព្រះបាទសាឡូម៉ូននៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ 41 គឺសសរពីរ ក្បាលសសរមូលពីសម្រាប់ដាក់លើសសរ និងក្បាច់ក្រឡាអួនពីរឈុត ដើម្បីគ្របពីលើក្បាលសសរដែលនៅខាងលើ។ 42 លោកបានធ្វើផ្លែទទឹមបួនរយសម្រាប់លម្អក្បាច់ក្រឡាអួន៖ មានផ្លែទទឹមពីរជួរសម្រាប់ក្បាច់ក្រឡាអួននីមួយៗដើម្បីដាក់លើក្បាលសសរដែលនៅលើសសរ 43 ជើងបញ្ឈរដប់ អាងដប់ដែលនៅលើជើងបញ្ឈរនោះ។ 44 លោកបានធ្វើអាងធំ និងគោដប់ពីរនៅក្រោមអាងនោះ 45 លោកក៏ធ្វើធុង​សម្រាប់​ដាក់​ផេះ ប្រដាប់​ចូក​ផេះ អាង និងរបស់របរផ្សេងទៀត។ លោកហ៊ីរ៉ាមធ្វើរបស់ទាំងនោះពីលង្ហិនរលោងសម្រាប់ព្រះបាទសាឡូម៉ូន សម្រាប់ព្រះវិហារបស់ព្រះអម្ចាស់។ 46 ស្តេចបានចាក់របស់ទាំងអស់នេះនៅវាលទំនាបទន្លេយ័រដាន់ នៅក្នុងពុម្ពដីឥតចន្លោះសិកូត និង​សារ‌ថាន។ 47 ព្រះបាទសាឡូម៉ូនមិនបានថ្លឹងគ្រឿងប្រដាប់ទាំងនោះទេ ដោយសារតែមានច្រើនពេក ដោយសារតែទំងន់របស់លង្ហិនទាំងនោះធ្ងន់ពេកមិនអាចកំណត់បាន។ 48 ព្រះបាទសាឡូម៉ូនបានធ្វើរបស់ដែលត្រូវការនៅក្នងព្រះវិហាររបស់ព្រះអម្ចាស់ពីមាស៖ មានអាសនាមាស និងតុនំប័ុងដែលដាក់តាំងនំប័ុង។ 49 ជើងចង្កៀង ប្រាំនៅខាងស្តាំ និងប្រាំទៀតនៅខាងឆ្វេង នៅខាងមុខបន្ទប់ខាងក្នុងពីមាសសុទ្ធ និងផ្កា ចង្កៀង និងដង្កៀបសុទ្ធតែធ្វើពីមាស។ 50 ពែង ចង្កៀង អាង ស្លាបព្រា និងកន្លែងថ្វាយគ្រឿងក្រអូបសុទ្ធតែធ្វើពីមាសសុទ្ធ។ ត្រចៀកទ្វារនៅបន្ទប់ខាងក្នុងដែលជាកន្លែងសក្ការៈបំផុត និងទ្វាររបស់បន្ទប់ធំនៃព្រះវិហារ សុទ្ធតែធ្វើពីមាស។ 51 តាមរបៀបនេះឯងដែលព្រះបាទសាឡូម៉ូនបានធ្វើសម្រាប់ដំណាក់របស់ព្រះអម្ចាស់ ហើយបានធ្វើរួចរាល់។ ដូច្នេះ ព្រះបាទសាឡូម៉ូនបាននាំរបស់ដែលស្តេចដាវីឌជាបិតាទ្រង់បានរៀបចំទុកមានប្រាក់ មាស គ្រឿងប្រដាប់ប្រដាផ្សេងៗ ហើយបានដាក់របស់ទាំងនោះនៅក្នុងឃ្លាំងនៃដំណាក់របស់ព្រះអម្ចាស់។

ជំពូក ៨

1 បន្ទាប់មក ព្រះបាទសាឡូម៉ូនបានអញ្ជើញពួកចាស់ទុំ ពួកអ្នកដឹកនាំកុលសម្ព័ន្ធ និងពួកមេដឹកនាំគ្រួសារទាំងអស់របស់ប្រជាជនអ៊ីស្រាអែល នៅចំពោះស្តេចឯក្រុងយេរូសាឡឹម ដើម្បីនាំហឹបនៃសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ពីក្រុងរបស់ស្តេចដាវីឌ​ ដែលនៅក្រុងស៊ីយ៉ូនមក។ 2 ប្រុសៗទាំងអស់របស់អ៊ីស្រាអែលបានមកជួបព្រះបាទសាឡូម៉ូននៅក្នុងពិធីបុណ្យ នៅក្នុងខែអស្សុជ ជាខែទីប្រាំពីរ។ 3 ពួកចាស់ទុំទាំងអស់របស់អ៊ីស្រាអែលបានមក ហើយពួកបូជាចារ្យបានសែងហឹប។ 4 ពួកគេបានយកហឹបរបស់ព្រះអម្ចាស់ តង់សម្រាប់ប្រជុំ និងរបស់របរបរិសុទ្ធដែលមាននៅក្នុងជំរំចេញទៅ។ ពួកបូជាចារ្យ និងពួកលេវីបានកាន់របស់ទាំងនោះ។ 5 ព្រះបាទសាឡូម៉ូននិងប្រជាជនអ៊ីស្រាអែលបានដើរនៅខាងមុខហឹប ហើយបានថ្វាយចៀម និងគោច្រើនឥតគណនា។ 6 ពួកបូជាចារ្យបាននាំយកហឹបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់មកដាក់នៅកន្លែងរបស់វា នៅក្នុងបន្ទប់ខាងក្នុងនៃព្រះដំណាក់ គឺកន្លែងបរិសុទ្ធបំផុត នៅក្រោមស្លាបចេរ៉ូប៊ីម។ 7 ចេរ៉ូប៊ីមបានត្រដាងស្លាបរបស់ពួកគេដល់កន្លែងដាក់ហឹប ហើយពួកគេបានគ្របហឹប និងដងសែងហឹបនៅពេលដែលពួកគេសែងមក។ 8 ដងវែងណាស់ ចុងរបស់វាហាក់បីដូចជាចាប់តាំងពីទីបរិសុទ្ធមក គឺចាប់ពីបន្ទប់នៅមុខទីបរិសុទ្ធបំផុត ប៉ុន្តែ គេមិនអាចមើលពីក្រៅមកឃើញឡើយ។ ហឹបនៅកន្លែងនោះចាប់ពីពេលនោះមកដល់សព្វថ្ងៃ។ 9 គ្មានអ្វីនៅក្នុងហឹបឡើយមានតែបន្ទះថ្មពីរបន្ទះដែលលោកម៉ូសេបានដាក់នៅភ្នំហោរែប នៅពេលដែលព្រះអម្ចាស់បានចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែល នៅពេលដែលគេចេញពីស្រុកអេស៊ីបមក។ 10 នៅពេលដែលពួកបូជាចារ្យចេញពីទីបរិសុទ្ធមកវិញ ក៏មានពពកពេញនៅក្នុងព្រះវិហារបស់ព្រះអម្ចាស់។ 11 ពួកបូជាចារ្យមិនអាចឈរបម្រើនៅទីនោះបានទេដោយសារតែពពក គឺសិរីរុងរឿងរបស់ព្រះអម្ចាស់បានបំពេញដំណាក់របស់ព្រះអង្គ។ 12 បន្ទាប់មក ព្រះបាទសាឡូម៉ូនមានបន្ទូលថា៖ «ព្រះអម្ចាស់ធ្លាប់មានបន្ទូលថាព្រះអង្គនឹងគង់នៅក្នុងភាពងងឹត 13 ប៉ុន្តែ ទូលបង្គំបានសង់ដំណាក់ដ៏អស្ចារ្យនោះជាកន្លែងសម្រាប់ព្រះអង្គគង់នៅអស់កល្បជានិច្ច»។ 14 បន្ទាប់មក ស្តេចបានត្រឡប់មកឲ្យពរដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ នៅពេលដែលពួកគេកំពុងឈរ។ 15 ស្តេចមានរាជឱង្ការថា៖ «សូមឲ្យព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែល បានទទួលសិរីល្អ ដែលទ្រង់បានមានបន្ទូលទៅកាន់បិតារបស់ទូលបង្គំ ហើយបានឲ្យការនេះបានសម្រេចរូបរាងឡើងដោយសារព្រះហស្តរបស់ព្រះអង្គផ្ទាល់ ដោយមានបន្ទូលថា៖ 16 «ចាប់ពីថ្ងៃដែលយើងបាននាំប្រជាជនអ៊ីស្រាអែលចេញពីស្រុកអេស៊ីប យើងមិនបានជ្រេីសរើសក្រុងចេញពីកុលសម្ព័ន្ធណាមួយរបស់អ៊ីស្រាអែលក្នុងការសង់ដំណាក់របស់យើង ដើម្បីឲ្យព្រះនាមរបស់យើងនៅទីនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយយើងបានជ្រើសរើសដាវីឌ ដើម្បីគ្រប់គ្រងលើប្រជាជនអ៊ីស្រាអែលរបស់យើង»។ 17 ឥឡូវនេះ ការនេះជាបំណងរបស់ដាវីឌជាបិតាខ្ញុំក្នុងការសង់ដំណាក់សម្រាប់ព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែល។ 18 ប៉ុន្តែ ព្រះអម្ចាស់បានមានបន្ទូលមកដាវីឌជាបិតារបស់ខ្ញុំថា៖ «អ្នកមានដួងចិត្តក្នុងការសាងសង់ដំណាក់សម្រាប់នាមរបស់យើង អ្នកបានគិតក្នុងចិត្តនោះល្អហើយ។ 19 អ្នកមិនអាចសង់ដំណាក់របស់យើងបានឡើយ ផ្ទុយទៅវិញ គឺបុត្ររបស់អ្នកដែលកើតពីអ្នកនឹងសង់ដំណាក់សម្រាប់នាមយើង»។ 20 ព្រះអម្ចាស់បានធ្វើតាមអ្វីដែលព្រះអង្គបានសន្យា គឺព្រះអង្គបានឲ្យខ្ញុំសោយរាជ្យបន្តពីដាវីឌជាបិតារបស់ខ្ញុំ ហើយខ្ញុំបានគង់លើបល្ល័ង្កនៃស្រុកអ៊ីស្រាអែល ដូចដែលព្រះអម្ចាស់បានសន្យា។ ខ្ញុំបានសង់ដំណាក់សម្រាប់ព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែល។ 21 ខ្ញុំបានសង់កន្លែងសម្រាប់ហឹបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ដែលព្រះអង្គបានចងជាមួយបុព្វបុរសរបស់យើង នៅពេលដែលព្រះអង្គបាននាំពួកគេចេញពីស្រុកអេស៊ីបមក»។ 22 ព្រះបាទសាឡូម៉ូនបានឈរនៅមុខអាសនារបស់ព្រះអម្ចាស់ នៅមុខប្រជាជនអ៊ីស្រាអែលទាំងអស់ ហើយបានលើកដៃឡើងទៅស្ថានសួគ៌។ 23 ស្តេចទូលថា៖ «ព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែល គ្មានព្រះឯណាដូចព្រះអង្គឡើយ ទោះបីជានៅស្ថានសួគ៌ ឬនៅផែនដីក្តី ព្រះអង្គបានរក្សាសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះត្រង់ជាមួយអ្នកបម្រើរបស់ព្រះអង្គ គឺដល់អស់អ្នកដែលដើរនៅមុខព្រះអង្គដោយអស់ពីចិត្តរបស់ពួកគេ 24 ព្រះអង្គបានរក្សាសម្ពន្ធមេត្រីនេះជាមួយដាវីឌជាបិតាទូលបង្គំជាមួយអ្វីដែលព្រះអង្គបានសន្យា។ មែនហើយព្រះអង្គបានមានបន្ទូលដោយផ្ទាល់ ហើយបានសម្រេចដោយព្រះហស្តរបស់ព្រះអង្គ ដូចនៅថ្ងៃនេះស្រាប់។ 25 បន្ទាប់មក ព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែល បានសម្រេចនូវអ្វី ដែលព្រះអង្គបានសន្យាដល់អ្នកបម្រើរបស់ព្រះអង្គគឺដាវីឌជាបិតាទូលបង្គំ នៅពេលដែលព្រះអង្គមានបន្ទូលថា៖ «ព្រះអង្គនឹងឲ្យពូជពង្សរបស់លោកអង្គុយលើបល្ល័ង្កស្រុកអ៊ីស្រាអែល ប្រសិនបើជាកូនចៅរបស់អ្នកប្រុងប្រយ័ត្នក្នុងការដើរក្នុងមាគារបស់យើង ដូចដែលអ្នកបានធ្វើ»។ 26 ឥឡូវនេះព្រះជាម្ចាស់របស់អ៊ីស្រាអែលអើយ ទូលបង្គំសូមអធិស្ឋានឲ្យសេចក្តីសន្យាដែលព្រះអង្គបានសន្យាជាមួយដាវីឌជាបិតារបស់ទូលបង្គំ បានក្លាយជាការពិតផង។ 27 ប៉ុន្តែ តើព្រះនឹងគង់នៅផែនដីនេះឬទេ? មើល សកលលោកទាំងមូល និងស្ថានសួគ៌មិនគ្រប់គ្រាន់សម្រាប់ឲ្យព្រះអង្គគង់នៅទេ ចុះទំរាំវិហារដែលទូលបង្គំបានសង់នេះ! 28 ប៉ុន្តែ សូមព្រះអង្គស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ និងសំណើរបស់ទូលបង្គំផង ព្រះអម្ចាស់ជាព្រះរបស់ទូលបង្គំ សូមស្តាប់នូវសម្រែក និងសេចក្តីអធិស្ឋានដែលអ្នកបម្រើរបស់ព្រះអង្គអធិស្ឋាននៅថ្ងៃនេះផង។ 29 សូមព្រះអង្គបើកព្រះនេត្រទតមើលព្រះវិហារនេះទាំងយប់ទាំងថ្ងៃ គឺជាកន្លែងដែលព្រះអង្គមានបន្ទូលថា៖ «នាម និងវត្តមានរបស់យើងនឹងនៅទីនេះ ដើម្បីស្តាប់សេចក្តីអធិស្ឋាន ដែលអ្នកបម្រើរបស់ព្រះអង្គអធិស្ឋាននៅកន្លែងនេះ។ 30 ដូច្នេះ សូមស្តាប់សំណើរបស់អ្នកបម្រើរបស់ព្រះអង្គ និងរបស់ប្រជាជនអ៊ីស្រាអែលរបស់ព្រះអង្គ នៅពេលដែលយើងអធិស្ឋាននៅកន្លែងនេះផង។ ពិតមែនហើយ សូមស្តាប់ពីកន្លែងដែលព្រះអង្គគង់នៅ ពីស្ថានសួគ៌ និងអត់ទោសឲ្យយើងខ្ញុំផង។ 31 បើនរណាម្នាក់បានប្រព្រឹត្តអំពើបាបប្រឆាំងនឹងបងប្អូនរបស់ខ្លួន ហើយតម្រូវឲ្យស្បថ ហើយបើគាត់មកស្បថនៅខាងមុខអាសនានៅក្នុងដំណាក់របស់ព្រះអង្គ 32 សូមព្រះអង្គផ្ទៀងព្រះការស្តាប់ពីស្ថានសួគ៌ និងវិនិច្ឆ័យអ្នកបម្រើរបស់ព្រះអង្គ ទាក់ទងនឹងការអាក្រក់របស់គេ នឹងសូមឲ្យអ្វីដែលគាត់បានធ្វើធ្លាក់មកលើក្បាលគាត់វិញ និងប្រកាសឲ្យយុត្តិធម៌ដល់មនុស្សសុច្ចរិតស្របតាមសេចក្តីសុច្ចរិតរបស់គាត់។ 33 នៅពេលដែលប្រជាជនអ៊ីស្រាអែលរបស់ព្រះអង្គត្រូវបានខ្មាំងសត្រូវវាយប្រហារដោយសារតែពួកគេបានប្រព្រឹត្តអំពើបាបប្រឆាំងនឹងព្រះអង្គ ហើយបើគេត្រឡប់មករកព្រះអង្គវិញ ដោយបានសារភាពអំពើបាបរបស់ពួកគេ ដោយអធិស្ឋាន ហើយសុំការអត់ទោសពីព្រះអង្គនៅក្នុងព្រះវិហារនេះ 34 សូមព្រះអង្គព្រះស​ណ្តាប់ពីនគរស្ថានសួគ៌ និងអត់ទោសបាបដល់ប្រជាជនអ៊ីស្រាអែលរបស់ព្រះអង្គផង សូមនាំគេត្រឡប់មកទឹកដីដែលព្រះអង្គបានប្រទានដល់បុព្វបុរសរបស់ពួកគេវិញផង។ 35 នៅពេលដែលផ្ទៃមេឃបិទ និងគ្មានភ្លៀងដោយសារមនុស្សបានប្រព្រឹត្តអំពើបាបប្រឆាំងនឹងព្រះអង្គ បើពួកគេមកអធិស្ឋាននៅទីនេះ ប្រកាសព្រះនាមរបស់ព្រះអង្គ ហើយចេញពីអំពើបាបរបស់ពួកគេ នៅពេលដែលព្រះអង្គបានផ្ចាញ់ផ្ចាលពួកគេ 36 ហើយអត់ទោសបាបដល់អ្នកបម្រើរបស់ព្រះអង្គ និងដល់ប្រជាជនអ៊ីស្រាអែល នៅពេលដែលព្រះអង្គបង្រៀនពួកគេឲ្យដើរផ្លូវល្អ ដែលពួកគេគួរដើរ។ សូមប្រទានទឹកភ្លៀងនៅលើទឹកដីរបស់ព្រះអង្គ ដែលព្រះអង្គបានប្រទានដល់ប្រជារាស្រ្តរបស់ព្រះអង្គជាមរតកផង។ 37 បើមានកើតអំណត់នៅលើទឹកដីនេះ ឬក៏មានគ្រោះមហន្តរាយ ជំងឺ​រាត‌ត្បាត ស្រូវ​ស្កក​មាន​ក្រា កណ្ដូប និង​ចង្រិត​ស៊ី​បង្ហិន​ស្រូវ ឬ​មាន​ខ្មាំង​សត្រូវ​មក​វាយប្រហារ​ទ្វារក្រុង នៅក្នុងទឹកដីនេះ ឬមាន​គ្រោះ​កាច និង​មាន​ជំងឺ​ផ្សេងៗ 38 ហើយបន្ទាប់មកមាននរណាម្នាក់ឬក៏ប្រជាជនអ៊ីស្រាអែលទាំងអស់អធិស្ឋានសុំ ដោយម្នាក់ៗខ្លោចផ្សានៅក្នុងចិត្តនៅពេលដែលពួកគេដាក់ដៃរបស់ពួកគេតម្រង់មកព្រះវិហារនេះ។ 39 សូមព្រះអង្គស្តាប់ពីស្ថានសួគ៌មក ពីកន្លែងដែលព្រះអង្គគង់នៅ សូមអត់ទោសដល់ពួកគេ ហើយប្រទានដល់ពួកគេនូវអ្វីដែលពួកគេបានធ្វើ ព្រះអង្គជ្រាបដួងចិត្តរបស់ពួកគេ ព្រោះមានតែព្រះអង្គមួយអង្គគត់ស្គាល់ជម្រៅចិត្តរបស់មនុស្ស។ 40 សូមធ្វើបែបនេះ ដើម្បីឲ្យពួកគេកោតខ្លាចព្រះអង្គនៅក្នុងពេលដែលពួកគេមានជីវិតរស់នៅក្នុងទឹកដីដែលព្រះអង្គបានប្រទានដល់បុព្វបុរសរបស់យើង។ 41 សរុបមកទាក់ទងនឹងជនបរទេស ដែលមិនមែនជាប្រជារាស្រ្តអ៊ីស្រាអែលរបស់ព្រះអង្គ៖ នៅពេលដែលគេមកពីប្រទេសឆ្ងាយដោយសារតែព្រះនាមព្រះអង្គ 42 ដោយសារតែពួកគេបានឮពីព្រះនាមដ៏អស្ចារ្យ ស្នាមព្រះហស្ត និងពីកិច្ចការរបស់ព្រះអង្គ នៅពេលដែលពួកគេមក និងអធិស្ឋាននៅក្នុងព្រះវិហារនេះ 43 សូមព្រះអង្គស្តាប់ពីស្ថានសួគ៌ ពីកន្លែងដែលព្រះអង្គគង់នៅ និងឆ្លើយតមនូវអ្វីដែលជនបរទេសនោះបានសុំពីព្រះអង្គផង។ សូមធ្វើដូច្នេះ ដើម្បីឲ្យមនុស្សទាំងអស់នៅលើផែនដីស្គាល់ព្រះនាមរបស់ព្រះអង្គ និងកោតខ្លាចព្រះអង្គ ដូចជាប្រជាជនអ៊ីស្រាអែលដែរ។ សូមធ្វើដូច្នេះ ដើម្បីឲ្យគេដឹងថាដំណាក់ ដែលទូលបង្គំសង់នេះមានព្រះអង្គគង់នៅមែន។ 44 នៅពេលដែលប្រជារាស្រ្តរបស់ព្រះអង្គចេញទៅសមរភូមិ ដើម្បីច្បាំងនឹងសត្រូវ ទោះបីព្រះអង្គបញ្ជូនពួកគេទៅតាមផ្លូវណាក៏ដោយ ហើយបើពួកគេអធិស្ឋានទៅរកព្រះអង្គ គឺទៅព្រះអម្ចាស់ ទៅកាន់ក្រុងដែលព្រះអង្គជ្រើសរើស និងទៅកាន់ដំណាក់ដែលទូលបង្គំបានសង់ដោយនូវព្រះនាមព្រះអង្គ។​ 45 សូមព្រះងង្គស្តាប់ពីនរគស្ថានសួគ៌រាល់ការអធិស្ឋាន និងការស្នើសុំរបស់ពួកគេ ហើយសូមជួយពួកគេផង។ 46 បើពួកគេប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គ រហូតគ្រប់គ្នាប្រព្រឹត្តបាប ហើយព្រះអង្គព្រះពិរោធនឹងពួកគេ ហើយព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ដូច្នេះ ខ្មាំងសត្រូវនឹងនាំពួកគេទៅឆ្ងាយហើយចាប់យកទឹកដីរបស់ពួកគេ ទោះបីជាទៅជិត ឬក៏ឆ្ងាយក្តី។ 47 បន្ទាប់មក បើពួកគេដឹងខ្លួនថាពួកគេនៅក្នុងទឹកដីដែលពួកគេជាប់ជាឈ្លើយ ហើយពួកគេប្រែចិត្ត និងស្វែងរកព្រះអង្គពីទឹកដីនោះ។ បើគេនិយាយថា៖ «យើង​​បាន​ប្រព្រឹត្ត​អំពើ​កំហុស និងអំពើបាប។ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់»។ 48 បើពួកគេត្រឡប់មករកព្រះអង្គវិញដោយអស់ពីចិត្ត និងពីព្រលឹងរបស់ពួកគេ នៅក្នុងទឹកដីដែលខ្មាំងសត្រូវរបស់ពួកគេបានកៀរពួកគេទៅជាឈ្លើយ ហើយបើពួកគេអធិស្ឋានទៅព្រះអង្គនៅទឹកដីរបស់ពួកគេ គឺទឹកដីដែលព្រះអង្គបានប្រទានដល់បុព្វបុរសរបស់ពួកគេ និងទៅកាន់ក្រុងដែលព្រះអង្គបានជ្រើសរើស និងទៅកាន់ដំណាក់ដែលទូលបង្គំបានសង់សម្រាប់ព្រះនាមព្រះអង្គ។ 49 សូមព្រះអង្គសណ្តាប់ពីនគរស្ថានសួគ៌មក គឺពីកន្លែងដែលព្រះអង្គគង់នៅ សូមស្តាប់ពាក្យអធិស្ឋាន និងការស្នើសុំរបស់ពួកគេ ហើយសូមព្រះអង្គរំដោះពួកគេផង។ 50 សូមអត់ទោសដល់ប្រជាជនរបស់ព្រះអង្គ ដែលបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គ និង​អំពើ​ទុច្ចរិត​ទាស់​នឹង​បញ្ញត្ត​របស់​ព្រះអង្គ។ សូមផ្តល់ក្តីមេត្តាលើពួកគេនៅចំពោះខ្មាំងសត្រូវរបស់ពួកគេដែលបានចាប់ពួកគេជាឈ្លើយ ដូច្នេះ សត្រូវរបស់ពួកគេនឹងមានក្តីមេត្តាដល់ប្រជារាស្រ្តរបស់ព្រះអង្គដែរ។ 51 ពួកគេជារាស្រ្តរបស់ព្រះអង្គ ដែលព្រះអង្គជ្រើសរើស ជាអ្នកដែលព្រះអង្គសង្គ្រោះចេញពីអេស៊ីបដូចជាចេញពីឡរំលាយដែកដែរ។ 52 ទូលបង្គំសូមអធិស្ឋានឲ្យព្រះនេត្ររបស់ព្រះអង្គបានបើក មើលឃើញការទូលសូមរបស់អ្នកបម្រើរបស់ព្រះអង្គ និងសំណូមពររបស់ប្រជារាស្ត្រអ៊ីស្រាអែលរបស់ព្រះអង្គ សូមស្តាប់ពួកគេនៅពេលដែលពួកគេស្រែករកព្រះអង្គ។ 53 ដោយសារតែព្រះអង្គញែកពួកគេចេញពីជាតិសាសន៍នានានៅលើផែនដី ដើម្បីធ្វើជារាស្រ្តរបស់ព្រះអង្គ និងទទួលព្រះបន្ទូលសន្យារបស់ព្រះអង្គ ដូចដែលព្រះអង្គបានពន្យល់តាមរយៈលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គ នៅពេលដែលព្រះអង្គនាំដូនតារបស់យើងចេញពីអេស៊ីបមក ព្រះអម្ចាស់អើយ។ 54 ដូច្នេះ នៅពេលដែលព្រះបាទសាឡូម៉ូនបានបញ្ជាប់ការអធិស្ឋានទាំងនេះ និងបានទូលសូមព្រះអម្ចាស់រួចមក ស្តេចក្រោកចេញពីអាសនារបស់ព្រះអម្ចាស់ ក្រោកពីការលុតជង្គង់ដោយដៃរបស់ស្តេចលើកឡើងទៅលើមេឃ។ 55 ស្តេចក្រោកឡើង ហើយឲ្យពរដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ឮៗថា៖ 56 «សូមឲ្យព្រះអម្ចាស់ប្រកបដោយព្រះពរ ដែលបានឲ្យបានជាជនអ៊ីិស្រាអែលបានសម្រាក ព្រះអង្គបានរក្សាសេចក្តីសន្យាទាំងអស់។ គ្មានពាក្យសន្យាណាមួយដែលព្រះអង្គសន្យាជាមួយម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គមិនបានសម្រេចនោះឡើយ ។ 57 សូមឲ្យព្រះអម្ចាស់ជាព្រះរបស់យើងគង់នៅជាមួយយើង ដូចដែលព្រះអង្គគង់នៅជាមួយបុព្វបុរសរបស់យើងដែរ។ សូមកុំឲ្យព្រះអង្គបោះបង់ចោលយើង ឬបំភ្លេចពួកយើងចោលឡើយ 58 ដូច្នេះព្រះអង្គអាចទាញចិត្តយើងទៅរកព្រះអង្គ ដើម្បីឲ្យយើងរស់ស្របតាមមាគា៌ផ្លូវរបស់ព្រះអង្គ និងរក្សាបញ្ញត្ត ច្បាប់ និងបទបញ្ជារបស់ព្រះអង្គ ដែលព្រះអង្គបានបង្គាប់ដល់ដូនតារបស់យើង។ 59 សូមឲ្យពាក្យទាំងអស់ដែលទូលបង្គំបាននិយាយ ដែលទូលបង្គំទូលសូមនៅមុខព្រះអម្ចាស់ បានឮដល់ព្រះអង្គជាព្រះរបស់ពួកយើងរាល់ថ្ងៃ និងរាល់យប់ ដូច្នេះ ព្រះអង្គអាចជួយអ្នកបម្រើរបស់ព្រះអង្គ និងជួយប្រជារាស្រ្តអ៊ីស្រាអែលរបស់ព្រះអង្គ នៅរាល់ថ្ងៃដែលត្រូវការ 60 នោះមនុស្សទាំងអស់នៅលើផែនដីនឹងដឹងថាព្រះអម្ចាស់ជាព្រះ ហើយគ្មានព្រះឯណាទៀតឡើយ! 61 ដូច្នេះ សូមឲ្យចិត្តរបស់អ្នករាល់គ្នាស្មោះត្រង់ចំពោះព្រះអម្ចាស់ជាព្រះរបស់យើង ដើរតាមច្បាប់ របស់ព្រះអង្គ និងរក្សាបទបញ្ញត្តរបស់ទ្រង់ ដូចជានៅថ្ងៃនេះ។ 62 ដូច្នេះ ស្តេច និងប្រជាជនអ៊ីស្រាអែល ដែលនៅជាមួយស្តេចបានថ្វាយយញ្ញបូជាទៅព្រះអម្ចាស់។ 63 ព្រះបាទសាឡូម៉ូនបានថ្វាយតង្វាយទៅព្រះអម្ចាស់ដូចតទៅ៖ ​ថ្វាយ​គោ​ចំនួន​ពីរ​ម៉ឺន​ពីរ​ពាន់​ក្បាល ចៀម​មួយ​សែន​ពីរ​ម៉ឺន​ក្បាល។ ច្នេះស្តេច និងប្រជាជនអ៊ីស្រាអែល ដែលនៅជាមួយស្តេចបានឧទ្ទិសថ្វាយព្រះដំណាក់នោះទៅព្រះអម្ចាស់។ 64 នៅថ្ងៃដដែលនោះ ស្តេចបានញែកទីធ្លារកណ្តាលនៅខាងមុខព្រះវិហារថ្វាយព្រះអម្ចាស់សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ និង​ខ្លាញ់​របស់​សត្វ​ដែល​ជា​យញ្ញ‌បូជា​មេត្រី‌ភាព ព្រោះអាសនា​លង្ហិន ដែលនៅចំពោះព្រះអម្ចាស់តូច​ពេក ពុំ​អាច​ដាក់​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ និង​ខ្លាញ់​របស់​សត្វ​ដែល​ជា​យញ្ញ‌បូជា​មេត្រី‌ភាពបានទេ។ 65 ដូច្នេះ ព្រះបាទសាឡូម៉ូនបានប្រកាសពិធីបុណ្យនៅពេលនោះ ហើយជនជាតិអ៊ីស្រាអែលដែលនៅជាមួយទ្រង់មានចំនួនដ៏ច្រើន គេមកពីក្រុង​ហា‌ម៉ាត់ រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប នៅមុខព្រះអម្ចាស់ជាព្រះរបស់យើងអស់រយៈពេលប្រាំពីរថ្ងៃ ហើយថែមប្រាំពីរថ្ងៃទៀត ទាំងអស់ដប់បួនថ្ងៃ។ 66 នៅថ្ងៃទីប្រាំបីស្តេចបានឲ្យបណ្តាជនចេញទៅ ហើយពួកគេបានឲ្យពរស្តេច និងត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយអំណរ និងមានដួងចិត្តសប្បាយដោយសារការល្អដែលព្រះអម្ចាស់បានប្រទានដល់ដាវីឌជាអ្នកបម្រើព្រះអង្គ និងដល់ប្រជារាស្រ្តអ៊ីស្រាអែលទាំងអស់ផង។

ជំពូក ៩

1 ក្រោយពីព្រះបាទសាឡូម៉ូនបានបញ្ចប់ការសង់ដំណាក់របស់ព្រះអម្ចាស់ ​និងវាំងរបស់ស្តេច ហើយក្រោយពីស្តេចសម្រេចបាននូវអ្វីដែលស្តេចចង់ធ្វើរួចមកហើយ 2 ព្រះអម្ចាស់បានយាងមកជួបព្រះបាទសាឡូម៉ូនជាលើកទីពីរ ដូចដែលព្រះអង្គបានមកជួបស្តេចនៅគីបៀនដែរ។ 3 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកកាន់ស្តេចថា៖ «យើងបានឮសេចក្តីអធិស្ឋាន និងការទូលអង្វរបស់អ្នកដែលអ្នកបានសុំពីយើងហើយ។ យើងបានញែកដំណាក់នេះ គឺដំណាក់ដែលអ្នកបានសង់សម្រាប់យើង ដើម្បីឲ្យនាមយើងនៅទីនេះជារៀងរហូត។ ភ្នែក និងដួងចិត្តរបស់យើងនឹងនៅទីនោះគ្រប់ពេល។ 4 សម្រាប់អ្នក បើអ្នកដើរនៅចំពោះយើងដូចជាដាវីឌជាបិតារបស់អ្នកបានដើរដោយចិត្តស្មោះត្រង់ និងដោយសុច្ចរិត ដោយស្តាប់បង្គាប់គ្រប់ទាំងបទបពាា្ជដែលយើងបានបង្គាប់អ្នក និងរក្សាច្បាប់ និងវិន័យរបស់យើង 5 នោះយើងនឹងឲ្យរាជ្យរបស់អ្នកនៅលើអ៊ីស្រាអែលនៅគង់វង្សរហូតទៅ ដូចជាយើងបានសន្យាជាមួយដាវីឌជាបិតារបស់អ្នកថា៖ «កូនចៅរបស់អ្នកនឹងសោយរាជ្យលើអ៊ីស្រាអែលរៀងរហូតតទៅ»។ 6 ប៉ុន្តែ បើអ្នកបែរឆ្ងាយពីយើង ទោះបីជាអ្នក ឬកូនរបស់អ្នកក្តី ហើយមិនរក្សាបញ្ញត្ត និងច្បាប់របស់យើងដែលយើងបានប្រគល់ដល់អ្នក ហើយបើអ្នកទៅថ្វាយបង្គំព្រះផ្សេង និងឱនក្បាលនៅចំពោះព្រះទាំងនោះ 7 នោះយើងនឹងដកអ៊ីស្រាអែលចេញពីទឹកដីដែលយើងបានប្រគល់ដល់ពួកគេ ហើយដំណាក់ដែលយើងបានញែកសម្រាប់នាមយើងនេះមិនខាន យើងនឹងរំលាយចោលពីមុខយើង ហើយអ៊ីស្រាអែលនឹងត្រូវគេមើលងាយ និងចំអកឲ្យក្នុងចំណោមមនុស្សទាំងឡាយ។ 8 វិហារនេះនឹងត្រូវខ្ទេចខ្ទីអស់ ហើយអស់អ្នកដែលបានដើរឆ្លងកាត់ទីនេះនឹងរន្ធត់ និងហួសចិត្ត។ ពួកគេនឹងសួរគ្នាថា៖ «តើហេតុអ្វីបានជាព្រះអម្ចាស់ធ្វើបែបនេះជាមួយនឹងទឹកដី និងដំណាក់មួយនេះ»? 9 អ្នកផ្សេងទៀតនឹងឆ្លើយថា៖ «ដោយសារពួកគេបោះបង់ព្រះអម្ចាស់ជាព្រះរបស់ពួកគេចោល ជាព្រះដែលនាំបុព្វបុរសរបស់ពួកគេចេញពីទឹកដីអេស៊ីប ហើយពួកគេទៅគោរពព្រះដទៃ និងឱនក្បាលចំពោះព្រះទាំងនោះ និងថ្វាយបង្គំផង។ ហេតុនេះហើយបានជាព្រះអម្ចាស់បាននាំមហន្តរាយទាំងអស់នេះមកលើពួកគេ»។ 10 នៅចុងឆ្នាំទីម្ភៃ ដែលព្រះបាទសាឡូម៉ូនបានបញ្ចប់ការសង់អគារទាំងពីរនោះ គឺព្រះវិហាររបស់ព្រះអម្ចាស់ និងវាំងរបស់ស្តេច។ 11 ឥឡូវនេះ ព្រះបាទហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុសបានថ្វាយឈើតាត្រៅ ឈើកកោះ និងមាសដល់ព្រះបាទសាឡូម៉ូន តាមដែលស្តេចត្រូវការ ដូច្នេះ ព្រះបាទសាឡូម៉ូនបានប្រទានក្រុងម្ភៃនៅក្នុងទឹកដីកាលីឡេដល់ស្តេចហ៊ីរ៉ាម។ 12 ព្រះបាទហ៊ីរ៉ាមយាងពីក្រុងទីរ៉ុស ដើម្បីទតមើលក្រុងដែលព្រះបាទសាឡូម៉ូនបានថ្វាយដល់ទ្រង់ ប៉ុន្តែស្តេចមិនពេញចិត្តទេ។ 13 ដូច្នេះព្រះបាទហ៊ីរ៉ាមទូលថា៖ «តើក្រុងទាំងនេះឬដែលព្រះអង្គប្រទានដល់ទូលបង្គំ»? ព្រះ‌បាទ​ហ៊ីរ៉ាម​ហៅ​ក្រុង​ទាំង​នោះ​ថា «កាបួល» ដែលគេហៅរហូតមកដល់សព្វថ្ងៃនេះ។ 14 ព្រះបាទហ៊ីរ៉ាមបានបញ្ជូនមាស១២០ហាបមកថ្វាយព្រះបាទសាឡូម៉ូន។ 15 ខាងក្រោមនេះជាមូលហតុដែលព្រះបាទសាឡូម៉ូនបានកែនមនុស្សមកធ្វើការ៖​ ដើម្បីសង់ព្រះវិហារបស់ព្រះអម្ចាស់ និងវាំងរបស់ព្រះអង្គ សង់នៅមីឡូ​ និងសង់ជញ្ជាំងក្រុងយេរូសាឡឹម ក្រុង​ហា‌សោរ ក្រុង​មេគី‌ដោ និង​ក្រុង​កេស៊ើរ។ 16 ផារោនជាស្តេចស្រុកអេស៊ីបបាន​វាយ​ដណ្ដើម​យក​ក្រុង​កេស៊ើរ។ ស្តេចបានដុតក្រុងនោះ និងសម្លាប់ជនជាតិកាណាននៅក្នុងក្រុងនោះ។ បន្ទាប់មក ព្រះចៅផារោនបានឲ្យក្រុងនោះទៅបុត្រីរបស់ទ្រង់ ដែលជាមហេសីរបស់ព្រះបាទសាឡូម៉ូន ជាអំណោយថ្ងៃមង្គលការ។ 17 ដូច្នេះ ព្រះបាទសាឡូម៉ូនបានសង់ក្រុងកេស៊ើរ ក្រុង​បេត‌ហូ‌រ៉ូន ផ្នែក​ខាង​ក្រោមឡើងវិញ 18 ក្រុង​បាឡាត ក្រុង​ថាត់‌ម៉ោរ ដែល​នៅ​តំបន់​វាល​រហោ‌ស្ថាន​ក្នុងទឹកដីស្រុកយូដា 19 និងក្រុងដែលជាឃ្លាំងដែលជាកម្មសិទ្ធិរបស់ទ្រង់ និងក្រុងសម្រាប់ដាក់រទេះចំបាំង និងក្រុងសម្រាប់ទ័ពសេះ និងអ្វីៗដែលស្តេចសព្វព្រះទ័យសង់នៅក្នុងក្រុងយេរូសាឡឹម នៅស្រុក​លីបង់ និងនៅក្នុងទឹកដីដែលទ្រង់គ្រប់គ្រង។ 20 ដោយសារមនុស្សទាំងអស់​ដែល​នៅ​សេស‌សល់​ពី​ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ហេត ជន‌ជាតិ​ពេរេ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស ដែលមិនមែនជាប្រជាជន​អ៊ីស្រា‌អែល​ 21 កូនចៅរបស់ពួកគេដែលបានបន្តរស់នៅក្នុងទឹកដីនេះ គឺអស់អ្នកដែលជនជាតិអ៊ីស្រាអែលមិនអាចបំផ្លាញបានទាំងស្រុង ព្រះបាទសាឡូម៉ូនបានឲ្យពួកគេធ្វើការយ៉ាងធ្ងន់ ដែលពួកគេនៅមានរហូតដល់សព្វថ្ងៃ។ 22 ទោះជាយ៉ាងណាក៏ដោយ ព្រះបាទសាឡូម៉ូនមិនបានបង្ខំឲ្យជនជាតិអ៊ីស្រាអែលធ្វើការធ្ងន់ឡើយ។ ផ្ទុយទៅវិញពួកគេបានក្លាយជាទាហានរបស់ស្តេច ជាអ្នកគ្រប់គ្រង ជាអ្នកមើលខុសត្រូវ ជាមេបញ្ជាការរទេះចំបាំង និងអ្នកជិះសេះរបស់ស្តេច។ 23 អ្នកទាំងនេះក៏ជាមេបញ្ជាការ ដែលបានគ្រប់គ្រងលើអ្នកមើលខុសត្រូវលើអ្នកធ្វើការថ្វាយព្រះបាទសាឡូម៉ូនមាន ៥៥០នាក់ សុទ្ធតែជាអ្នកដែលមើលខុសត្រូវលើអ្នកធ្វើការ។ 24 បុត្រីរបស់ព្រះចៅផារោនផ្លាស់ពីក្រុងរបស់ព្រះបាទដាវីឌទៅឯដំណាក់ដែលព្រះបាទសាឡូម៉ូនបានសង់ថ្វាយព្រះនាង។ ក្រោយមក ព្រះបាទសាឡូម៉ូនបានសង់នៅមីឡូ។ 25 ព្រះបាទសាឡូម៉ូនបានថ្វាយតង្វាយមួយឆ្នាំបីដង មានតង្វាយដុត តង្វាយមេត្រីភាពនៅលើអាសនាដែលបានសង់ថ្វាយព្រះអម្ចាស់ បានដុតគ្រឿងក្រអូបនៅលើអាសនាដែលនៅចំពោះព្រះអម្ចាស់។​ ដូច្នេះ ព្រះអង្គបានបញ្ចប់ការសង់ព្រះវិហារ ហើយឥឡូវនេះ បានដាក់ឲ្យប្រើប្រាស់។ 26 ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ​សំពៅ​នៅ​អេស៊ាន-‌គេប៊ើរ ជិត​ក្រុង​អេឡាត ដែល​នៅ​មាត់​សមុទ្រ​កក់​ក្នុងទឹកដី​អេដុម។ 27 ព្រះបាទហ៊ីរ៉ាមបានបញ្ជូនអ្នកបម្រើរបស់ស្តេចទៅជួបកងទ័ពជើងទឹករបស់ព្រះបាទសាឡូម៉ូន ជាអ្នកដែលស្ទាត់ជំនាញខាងសមុទ្រ ជាមួយអ្នកបម្រើផ្ទាល់របស់ព្រះបាទសាឡូម៉ូន។ 28 ពួកគេបានទៅដល់ស្រុក​អូភារជាមួយអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន។ ពីទីនោះពួកគេបាននាំយកមាស ៤២០ហាបថ្វាយព្រះបាទសាឡូម៉ូន។

ជំពូក ១០

1 នៅពេលដែលព្រះនាងសេបា បានឮពីភាពល្បីល្បាញរបស់ព្រះបាទសាឡូម៉ូនទាក់ទងនឹងព្រះនាមរបស់ព្រះអម្ចាស់ ព្រះនាងបានមកសាកល្បងជាមួយនឹងសំណួរដ៏ពិបាកៗ។ 2 ព្រះនាងមកក្រុងយេរូសាឡឹមជាមួយក្បួនដង្ហែយ៉ាងវែង ជាមួយអូដ្ឋដែលមានដឹកគ្រឿងក្រអូប មានមាសជាច្រើន និងថ្មមានតម្លៃជាច្រើនដែរ។ នៅពេលដែលព្រះនាងមកដល់ ព្រះនាងបានទូលព្រះបាទសាឡូម៉ូននូវអ្វីដែលមាននៅក្នុងចិត្តព្រះនាង។ 3 ព្រះបាទសាឡូម៉ូនបានឆ្លើយគ្រប់សំណួរដែលព្រះនាងបានសួរ។ គ្មានសំណួរអ្វីមួយដែលព្រះនាងសួរហើយព្រះបាទសាឡូម៉ូនឆ្លើយមិនបាននោះទេ។ 4 នៅពេលដែលព្រះនាងសេបាបានឃើញពីប្រាជ្ញារបស់ព្រះបាទសាឡូម៉ូន ឃើញវាំងដែលស្តេចបានសង់ 5 អាហារនៅលើតុរបស់ស្តេច ការអង្គុយរបស់អ្នកបម្រើស្តេច ការងាររបស់អ្នកបម្រើស្តេច និងសំលៀកបំពាក់របស់ពួកគេ និងពួក​មហា‌តលិក និងរបៀបក្នុងការថ្វាយតង្វាយដុតនៅក្នុងដំណាក់របស់ព្រះអម្ចាស់ នោះព្រះនាងក៏ភ្លេចដកដង្ហើម។ 6 ព្រះនាងទូលទៅស្តេចថា៖ «អ្វីដែលខ្ញុំម្ចាស់បានឮពីពាក្យសំដី និងពីប្រាជ្ញារបស់ព្រះអង្គនៅក្នុងទឹកដីរបស់ខ្ញុំម្ចាស់ជាការពិតមែន។ 7 ខ្ញុំម្ចាស់មិនជឿលើអ្វីដែលខ្ញុំម្ចាស់បានឮទេ រហូតដល់ខ្ញុំម្ចាស់បានមកដល់ទីនេះ ហើយឥឡូវនេះ ភ្នែករបស់ខ្ញុំម្ចាស់បានឃើញហើយ។ អ្វីដែលគេបាននិយាយពីប្រាជ្ញា និងទ្រព្យសម្បត្តិរបស់ព្រះអង្គមិនដល់ពាក់កណ្តាលផង! ព្រះអង្គពិតជាល្បីដូចដែលខ្ញុំម្ចាស់បានឮពីព្រះអង្គមែន។ 8 មហេសីទាំងអស់របស់ទ្រង់ពិតជាមានពរមែន អ្នកបម្រើរបស់ព្រះអង្គពិតជាមានពរដែលអាចនៅតែឈចំពោះព្រះអង្គ ព្រោះគេបានឮពីប្រាជ្ញារបស់ព្រះអង្គ។ 9 សូមសរសើរតម្កើងព្រះអម្ចាស់ជាព្រះរបស់ព្រះអង្គ ដែលបានដាក់អំណរនៅក្នុងព្រះអង្គ ដែលបានដាក់ព្រះអង្គនៅលើបល្ល័ង្កស្រុកអ៊ីស្រាអែល។ ដោយសារព្រះអម្ចាស់ស្រឡាញ់អ៊ីស្រាអែលរហូតទៅ ព្រះអង្គបានឲ្យទ្រង់ក្លាយជាស្តេច ដើម្បីឲ្យទ្រង់បានគ្រងរាជ្យដោយយុត្តិធម៌ និងដោយសេចក្តីសុចរិត។ 10 ព្រះនាងបានថ្វាយមាស ១២០ហាប រួម​ជា​មួយ​គ្រឿង​ក្រអូប និង​ត្បូង​យ៉ាង​ច្រើន​ផង។ មិនដែលមានអ្នកណាបានថ្វាយគ្រឿងក្រអូបដ៏ច្រើនដូចដែលព្រះនាងសេបាបានថ្វាយទៅព្រះបាទសាឡូម៉ូននោះឡើយ។ 11 ទាហានជើងទឹករបស់ព្រះបាទហ៊ីរ៉ាម ដែលបាននាំមាសពីស្រុកអូភារ ក៏​បានដឹក​ឈើ​ខ្លឹមចន្ទន៍ និង​ត្បូង​យ៉ាង​ច្រើន​មក​ដែរ។ 12 ស្តេចបានយកឈើខ្លឹមចន្ទន៍មកធ្វើជាសសររបស់ព្រះវិហាររបស់ព្រះអម្ចាស់ និងវាំងរបស់ស្តេច​ និងធ្វើជា​ពិណ និង​ឃឹមសម្រាប់អ្នកចម្រៀងដែរ។​ មិនដែលមានឈើខ្លឹមចន្ទន៍ណាល្អដូចឈើនេះ ដែលបានឃើញ ឬបាននាំមកស្រុកអ៊ីស្រាអែលទៀតឡើយ។ 13 ព្រះបាទសាឡូម៉ូនបានប្រទានអ្វីៗគ្រប់យ៉ាងដល់ព្រះនាងសេបា គឺគ្រប់អ្វីដែលព្រះនាងចង់បាន អ្វីក៏ដោយឲ្យតែព្រះនាងសុំពីលើអ្វីដែលព្រះបាទសាឡូម៉ូនបានប្រទានដល់ព្រះនាងនៅក្នុងវាំង។ ដូច្នេះ ព្រះនាងក៏បានត្រឡប់ទៅទឹកដីរបស់ព្រះនាងជាមួយអ្នកបម្រើរបស់ព្រះនាងវិញ។ 14 ឥឡូវនេះ មាសដែលគេបានថ្វាយដល់ព្រះបាទសាឡូម៉ូនក្នុងមួយឆ្នាំ គឺ៦៦៦ហាប 15 ក្រៅពីមាសដែលអ្នកជំនួញ និងឈ្មួញបានថ្វាយស្តេច។ ស្ដេច​ទាំង‌អស់​នៃ​ស្រុក​អារ៉ាប់ និង​ពួក​អ្នកដឹកនាំនៅក្នុងប្រទេសក៏បានយកមាស និងប្រាក់មកថ្វាយព្រះបាទសាឡូម៉ូនដែរ។ 16 ព្រះ‌បាទ​សាឡូម៉ូន​ឲ្យ​គេ​ធ្វើ​ខែល​ធំៗ​ពី​មាស​ចំនួន​ពីរ​រយ។ ខែល​នីមួយៗ​មាន​ទម្ងន់​ប្រាំ​មួយ​រយតម្លឹង។ 17 ស្តេចក៏ធ្វើខែលតូចៗបីរយពីមាសដែរ។ ខែលនិមួយៗមានទម្ងន់ប្រាំមួយនាលិ ស្តេចបានដាក់របស់ទាំងនោះនៅក្នងវាំងស្រុកលីបង់។ 18 បន្ទាប់មក ស្តេចបានធ្វើបល្ល័ង្កមួយយ៉ាងធំពីភ្លុក និងស្រោបដោយមាសសុទ្ធ។ 19 មានជណ្តើរប្រាំមួយកាំឡើងទៅលើបល្ល័ង្ក ហើយនៅខាងក្រោយបល្ល័ង្កនោះមានរាងមូល។ មានកំណល់ដៃនៅសងខាង ហើយមានតោពីរនៅខាងមុខកំណល់ដៃនោះ។ 20 មានតោដប់ពីរនៅលើជណ្តើរ មានម្ខាងប្រាំមួយ។ គ្មានបល្ល័ង្កណាមួយក្នុងនគរផ្សេងដូចបល្ល័ង្កនេះឡើយ។​ 21 ពែងដែលព្រះបាទសាឡូម៉ូនប្រើសុទ្ធតែធ្វើពីមាស ហើយពែងនៅក្នុងវាំងឯព្រៃស្រុកលីបង់សុទ្ធតែធ្វើពីមាសសុទ្ធ។​ គ្មានអ្វីមួយធ្វើពីប្រាក់ទេ ព្រោះប្រាក់ក្នុងរាជ្យព្រះបាទសាឡូម៉ូនគេមិនរាប់ថាជារបស់មានតម្លៃទេ។ 22 ស្តេចមានកងទ័ពជើងទឹកដែលចេញសំពៅទៅសមុទ្រ ជាមួយនឹងកងទ័ពជើងទឹករបស់ព្រះបាទហ៊ីរ៉ាម។ រៀងរាល់បីឆ្នាំម្តងកងទ័ពជើងទឹកបាននាំមាស ប្រាក់ និង ភ្លុក ក្ងោក និង​ស្វាផងដែរ។ 23 ព្រះបាទសាឡូម៉ូនមានទ្រព្យសម្បត្តិ និងប្រាជ្ញាលើស្តេចណាៗទាំងអស់។ 24 មនុស្សនៅផែនដីទាំងមូលចង់ជួបព្រះបាទសាឡូម៉ូន ដើម្បីឮពីប្រាជ្ញារបស់ស្តេច ដែលព្រះជាម្ចាស់បានដាក់ក្នុងចិត្តរបស់ស្តេច។ 25 អ្នកដែលបានមកជួបស្តេចបាននាំសួយសារអាករ ភាជន៍ធ្វើពីប្រាក់ និងមាស សំលៀកបំពាក់ គ្រឿង​សស្ត្រា‌វុធ គ្រឿង​ក្រអូប សេះ និង​លា ពីមួយឆ្នាំទៅមួយឆ្នាំ។ 26 ព្រះបាទសាឡូម៉ូនបានប្រមូលរទេះចម្បាំង និងទ័ពសេះ។ ស្តេចមានរទេះចម្បាំង១៤០០ និងទ័ពសេះមួយម៉ឺនពីរពាន់នាក់ ដែលស្តេចបានឲ្យពួកគេនៅក្រុងដែលដាក់រទេះចម្បាំង និងនៅជាមួយព្រះអង្គផ្ទាល់នៅក្រុងយេរូសាឡឹម។ 27 ស្តេចមានប្រាក់នៅក្នុងក្រុងយេរូសាឡឹមច្រើនដូចថ្មនៅតាមផ្លូវ។ ព្រះអង្គមាន​ឈើ​តាត្រៅ​សម្បូរ​ដូចដើមឧទុម្ពរ ដែល​ដុះ​នៅ​តាម​វាល​ទំនាប។ 28 ព្រះបាទសាឡូម៉ូនមានសេះ ដែលទិញពីអេស៊ីប និងពីគីលី‌គាមក។ ឈ្មួញរបស់ស្តេចបានទិញសេះទាំងនោះទាំងហ្វូង តាមតម្លៃក្នុងមួយហ្វួងៗ។ 29 រទេះសម្បូរបានទិញមកពីស្រុកអេស៊ីប មួយថ្លៃ ៦០០ស្លឹងជាប្រាក់ ហើយសេះមួយថ្លៃ១៥០ស្លឹង។ ​សេះ និង​រទេះទាំងនេះ គឺលក់ទៅឲ្យស្ដេច​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​ហេត និង​ស្ដេច​នៃ​ជន‌ជាតិ​អារ៉ាមដែរ។

ជំពូក ១១

1 ព្រះបាទសាឡូម៉ូនបានស្រឡាញ់ស្រី្តជនជាតិបរទេសជាច្រើននាក់៖ មានបុត្រីរបស់ស្តេចផារោន ស្ត្រីជនជាតិ​ម៉ូអាប់ ជនជាតិ​អាំម៉ូន ជនជាតិ​អេដុម ជនជាតិស៊ីដូន និង​ជនជាតិ​ហេត 2 ជាជាតិដែលព្រះអម្ចាស់បានមានបន្ទូលហាមជនជាតិអ៊ីស្រាអែលថា៖ «កុំឲ្យរៀបការជាមួយពួកគេ ហើយកុំឲ្យពួកគេរៀបការជាមួយកូនស្រីៗរបស់អ្នករាល់គ្នា ដោយសារពួកគេនឹងទាក់ទាញចិត្តអ្នករាល់គ្នាទៅព្រះរបស់ពួកគេ»។ ប៉ុន្តែ ព្រះបាទសាឡូម៉ូនស្រឡាញ់ស្ត្រីទាំងនេះ។ 3 ព្រះបាទសាឡូម៉ូនមានមហេសី៧០០នាក់ និងស្រីស្នំ៣០០នាក់។ មហេសីទាំងឡាយរបស់ស្តេចបានឲ្យចិត្តរបស់ស្តេចងាកឆ្ងាយពីព្រះអម្ចាស់។ 4 នៅពេលដែលព្រះបាទសាឡូម៉ូនចាស់ទៅ មហេសីរបស់ស្តេចបានបង្វែរចិត្តរបស់ស្តេចទៅព្រះរបស់ពួកគេ ដួងចិត្តរបស់ស្តេចមិនបានចុះចូលជាមួយព្រះជាម្ចាស់ជាព្រះទាំងស្រុងទេ គឺមិនដូចព្រះបាទដាវីឌជាបិតារបស់ស្តេចឡើយ។ 5 ព្រះ‌បាទ​សាឡូម៉ូន​បានដើរតាម​ព្រះ​អាសថា‌រ៉ូត ជា​ព្រះ​របស់​ជន‌ជាតិ​ស៊ីដូន និង​ព្រះ​មីលកូម ជារូប​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​ជន‌ជាតិ​អាំម៉ូន។ 6 ព្រះបាទសាឡូម៉ូនបានធ្វើអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ស្តេចមិនបានដើរតាមព្រះអម្ចាស់ទាំងស្រុងឡើយ មិនដូចព្រះបាទដាវីឌជាបិតារបស់ស្តេចឡើយ។ 7 បន្ទាប់មក ព្រះបាទសាឡូម៉ូនបាន​សង់ទីខ្ពស់​មួយ​នៅ​លើ​ភ្នំ សម្រាប់ព្រះ​កេម៉ូស​នៅ​ទល់​មុខ​ក្រុង​យេរូ‌សាឡឹម ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​ជន‌ជាតិ​ម៉ូអាប់ និង​ព្រះ​ម៉ូឡុក ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​ជន‌ជាតិ​អាំម៉ូន។ 8 ស្តេចក៏បានសង់ទីខ្ពស់​សម្រាប់មហេសីបរទេសរបស់ស្តេចដែរ ដែលជាកន្លែងថ្វាយគ្រឿងក្រអូប និងយញ្ញបូជាទៅព្រះរបស់ពួកគេនៅកន្លែងនោះ។ 9 ព្រះអម្ចាស់បានពិរោធនឹងព្រះបាទសាឡូម៉ូនយ៉ាងខ្លាំង ដោយសារស្តេចបានបែរព្រះទ័យចេញពីព្រះអង្គ ជាព្រះរបស់អ៊ីស្រាអែល ទោះបីជាស្តេចបានជួបជាមួយព្រះអង្គពីរដង 10 ហើយព្រះអង្គបានបង្គាប់ស្តេចអំពីរឿងទាំងនេះ ដែលថាស្តេចមិនអាចដើរតាមព្រះដ៏ទៃជាដាច់ខាត។ ប៉ុន្តែ ព្រះបាទសាឡូម៉ូនមិនបានធ្វើតាមការបង្គាប់របស់ព្រះអម្ចាស់ឡើយ។ 11 ដូច្នេះហើយ បានជាព្រះអម្ចាស់មានបន្ទូលមកកាន់សាឡូម៉ូនថា៖ «ដោយសារអ្នកធ្វើការទាំងនេះ ហើយមិនបានរក្សាសម្ពន្ធមេត្រី និងច្បាប់របស់យើង ដែលយើងបានបង្គាប់ដល់អ្នក យើងនឹងហែករាជ្យរបស់អ្នក និងឲ្យដល់អ្នកបម្រើរបស់អ្នក។ 12 ទោះជាយ៉ាងណាក៏ដោយ ដោយយល់ដល់ព្រះបាទដាវីឌជាបិតារបស់អ្នក យើងនឹងមិនធ្វើការនេះកើតឡើងក្នុងថ្ងៃអាយុរបស់អ្នកទេ ប៉ុន្តែ យើងនឹងហែកនៅក្នុងដៃបុត្ររបស់អ្នក។ 13 យើងនឹងមិនហែកអាណាចក្រទាំងអស់ឡើយ យើងនឹងឲ្យកុលសម្ព័ន្ធមួយទៅកូនរបស់អ្នក ដោយយល់ដល់ព្រះបាទដាវីឌជាអ្នកបម្រើរបស់យើង និងយល់ដល់ក្រុងយេរូសាឡឹម ដែលយើងបានជ្រើសរើស។ 14 បន្ទាប់មក ព្រះអម្ចាស់បណ្តាលឲ្យមានគូវិវាទរបស់ព្រះបាទសាឡូម៉ូនងើបឡើង គឺលោក​ហាដាឌ ជា​អ្នកស្រុក​អេដុម។ 15 លោកជា​រាជ‌វង្ស​របស់​ស្ដេច​ស្រុក​អេដុម។ នៅពេលដែលព្រះបាទដាវីឌគង់នៅអេដុំ លោកយ៉ូអាប់ជាមេទ័ពបានឡើងទៅដុតសាកសពបុរសទាំងអស់ដែលបានលោកសម្លាប់រួចហើយនៅស្រុកអេដុម។ 16 និងទាហានអ៊ីស្រាអែលនៅទីនោះប្រាំមួយខែរហូតបានសម្លាប់បុរសៗទាំងអស់នៅស្រុកអេដុម។​ 17 ប៉ុន្តែ លោកហាដាឌអ្នកបម្រើរបស់ឪពុកលោកបាននាំលោកជាមួយអ្នកស្រុកអេដុមផ្សេងទៀតទៅស្រុកអេស៊ីបតាំងពីលោកនៅក្មេងនៅឡើយ។​ 18 ពួក​គេ​ចាក​ចេញ​ពី​ស្រុក​ម៉ាឌាន​ទៅ​ដល់​ស្រុក​ប៉ារ៉ាន ពួក​គេ​នាំប្រុសៗជា​មួយពួកគេ ទៅ​ស្រុក​អេស៊ីប ទៅជួបព្រះចៅផារោនជាស្តេចស្រុកអេស៊ីប។ ស្តេចបានឲ្យ​ផ្ទះ​សំបែង និង​អាហារ​ ព្រម​ទាំង​ដី‌ធ្លី​ឲ្យ​លោក​ទៀត​ផង។ 19 ស្តេចផារោនពេញចិត្តនឹងលោកហាដាឌយ៉ាងខ្លាំង ដូច្នេះ ស្តេចក៏លើប្អូនថ្លៃរបស់ស្តេចឲ្យធ្វើជាភរិយាលោក ជាប្អូនស្រីរបស់ព្រះ‌មហា‌ក្សត្រិយានី​ថាផ្នេស។ 20 ប្អូនស្រីរបស់ព្រះ‌មហា‌ក្សត្រិ‌យានី​ថាផ្នេសបានបង្កើតកូនប្រុសមួយឲ្យលោកាហាដាឌ។ ពួកគេបានដាក់ឈ្មោះថាកេនូ‌បាត។ ព្រះ‌មហា‌ក្សត្រិ‌យានី​ថាផ្នេសបានចិញ្ចឹមកូននោះនៅក្នុងវាំងរបស់ព្រះចៅផានរោន។ ដូច្នេះ កេនូបាតរស់នៅក្នុងវាំងស្តេចផារោន។ 21 នៅពេលដែលលោកនៅស្រុកអេស៊ីបនៅឡើយ លោកហាដាឌបានឮថាស្តេចដាវីឌបានសុគតហើយ ហើយលោកមេទ័ពយ៉ូអាប់បានស្លាប់ហើយដែរ នោះលោកក៏បានទូលទៅស្តេចផារោនថា៖ «ចូរឲ្យទូលបង្គំចេញទៅស្រុករបស់ទូលបង្គំវិញផង»។ 22 បន្ទាប់មក ស្តេចផារោនមានរាជឱង្ការទៅគាត់ថា៖ «តើអ្នកនៅជាមួយយើងមានខ្វះខាតអ្វីទៀត ដែលធ្វើឲ្យអ្នកចង់ទៅស្រុករបស់អ្នកវិញ»? លោកហាដាឌទូលថា៖ «មិនមានអ្វីខ្វះខាតអ្វីទេព្រះអង្គ តែសូមអនុញ្ញាត្តិឲ្យទូលបង្គំទៅផង»។ 23 ព្រះជាម្ចាស់ក៏ឲ្យមានម្នាក់ទៀតងើបឡើងប្រឆាំងនឹងព្រះបាទសាឡូម៉ូនដែរ គឺលោក​រេសោន ជា​កូន​របស់​លោក​អេលីយ៉ាដា ដែលបានរត់ពីព្រះ‌បាទ​ហាដា-‌រេស៊ើរ ជា​ស្ដេច​ស្រុក​សូបាជាចៅហ្វាយរបស់ខ្លួន។ 24 លោករេសោនបានប្រមូលមនុស្សប្រុសជាច្រើនមកជាមួយលោក ហើយលោកក្លាយជាមេក្រុមលើក្រុមតូចនោះ នៅពេលដែលស្តេចដាវីឌបានវាយប្រហារក្រុមរបស់លោករេសោនជាអ្នកស្រុកស្រុក​សូបា។ អ្នកស្រុកសូបាទាំងនោះបានរត់ទៅក្រុងដាម៉ាស ហើយរស់នៅទីនោះ ហើយលោករេសោនបានគ្រប់គ្រងក្រុងដាម៉ាស។ 25 លោកជាសត្រូវរបស់អ៊ីស្រាអែលក្នុងរាជ្យរបស់ព្រះបាទសាឡូម៉ូន គឺលោកតែងតែធ្វើទុក្ខបុកម្នេញអ៊ីស្រាអែល។ លោករេសោន ​ តែងតែ​ស្អប់​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុកអារ៉ាម។​ 26 លោក​យេរ៉ូ‌បោម​ជា​កូន​របស់​លោក​នេបាតមកពីកុល‌សម្ព័ន្ធ​អេប្រាអ៊ីម នៅ​ស្រុក​សេរេ‌ដា ជាអ្នកគ្រប់គ្រង់របស់​ព្រះ‌បាទ​សាឡូម៉ូន ម្ដាយ​របស់​លោក​ឈ្មោះ​សេរូ‌អា ជា​ស្ត្រី​មេម៉ាយក៏​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេចដែរ។ 27 មូលហេតុដែលធ្វើឲ្យលោកប្រឆាំងនឹងស្តេច ព្រោះព្រះបាទសាឡូម៉ូនបានសង់កន្លែងមួយនៅមីឡូ និងជួសជុលកំពែង​បាក់​បែក​នៅ​ក្រុងព្រះ‌បាទ​ដាវីឌជា​បិតារបស់ទ្រង់។ 28 លោកយេរ៉ូបោមជាមនុស្សដ៏អង់អាច។ ព្រះបាទសាឡូម៉ូនបានឃើញថាលោកជាបុរសវ័យក្មេងដែលក្លៀវក្លា ដូច្នេះហើយ ស្តេចបានឲ្យលោកគ្រប់គ្រងលើអ្នកធ្វើការក្នុងគ្រួសាររបស់លោកយ៉ូសែប។ 29 នៅក្នុងពេលនោះ នៅពេលដែលលោកយេរ៉ូបោមចេញពីក្រុងយេរូសាឡឹមលោកព្យាការី​អហ៊ី‌យ៉ា ជា​អ្នក​ភូមិ​ស៊ីឡូ បានជួបលោកនៅតាមផ្លូវ។ លោកអហ៊ីយ៉ាបានស្លៀកសំលៀកបំពាក់ថ្មី ហើយលោកទាំងពីរបានដើរជាមួយគ្នានៅវាលស្រែ។ 30 បន្ទាប់មក លោកអហ៊ីយ៉ាបានដោះអាវនោះមកហែកជាដប់ពីរចំណែក។ 31 លោកមានប្រសាសន៍ទៅកាន់លោកយេរ៉ូបោមថា៖ «សូមយកដប់ចំណែក ព្រោះព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖ «មើល យើងនឹងហែកអាណាចក្រចេញពីដៃរបស់ព្រះបាទសាឡូម៉ូន ហើយយើងនឹងប្រគល់កុលសម្ព័ន្ធដប់ដល់អ្នក 32 (ប៉ុន្តែ ព្រះបាទសាឡូម៉ូននឹងនៅសល់មួយកុលសម្ព័ន្ធ ដោយយល់ដល់ព្រះបាទដាវីឌជាអ្នកបម្រើរបស់យើង គឺក្រុងដែលយើងបានជ្រើសរើសចេញពីកុលសម្ព័ន្ធអ៊ីស្រាអែល) 33 ដោយសារតែគេបាន​បោះ‌បង់​ចោល​យើង ទៅ​ថ្វាយ‌បង្គំ​អាសថា‌រ៉ូត​ជា​ព្រះ​នៃ​ជន‌ជាតិ​ស៊ីដូន កេម៉ូស​ជា​ព្រះ​នៃ​ជន‌ជាតិ​ម៉ូអាប់ និង​មីលកូម​ជា​ព្រះ​របស់​ជន‌ជាតិ​អាំម៉ូន។ ពួកគេមិនបានដើរនៅក្នងផ្លូវរបស់យើង មិនបានធ្វើអ្វីដែលត្រឹមត្រូវនៅក្នុងភ្នែករបស់យើង មិនរក្សាច្បាប់ និងបញ្ញត្តរបស់យើង ដូចព្រះបាទដាវីឌជាបិតារបស់គេឡើយ។ 34 ទោះជាយ៉ាងណាក៏ដោយ យើងមិនដករាជ្យទាំងមូលចេញពីដៃរបសសាឡូម៉ូនឡើយ។ ផ្ទុយទៅវិញ យើងនឹងឲ្យសាឡូម៉ូនគ្រងរាជ្យអស់មួយជីវិត ដោយសារយល់ដល់ព្រះបាទដាវីឌជាអ្នកបម្រើដែលយើងបានជ្រើសរើស ជាអ្នកដែលរក្សាបញ្ញាត្ត និងច្បាប់របស់យើង។ 35 ប៉ុន្តែ យើងនឹងដករាជ្យពីបុត្ររបស់ព្រះបាទសាឡូម៉ូន ហើយយើងនឹងប្រគល់ឲ្យអ្នក ដប់កុលសម្ព័ន្ធ។ 36 យើងនឹងឲ្យកុលសម្ព័ន្ធមួយដល់បុត្ររបស់ព្រះបាទសាឡូម៉ូន ដូច្នេះ ព្រះបាទដាវីឌជាអ្នកបម្រើរបស់យើងនឹងនៅមានចង្កៀងចំពោះយើងនៅក្រុងយេរូសាឡឹម ជាក្រុងដែលយើងបានជ្រើសរើស ដើម្បីដាក់នាមរបស់យើង។ 37 យើងនឹងប្រគល់ដល់អ្នក ហើយអ្នកនឹងគ្រប់គ្រង ដើម្បីសម្រេចតាមអ្វីដែលយើងចង់បាន ហើយអ្នកនឹងក្លាយជាស្តេចលើជនជាតិអ៊ីស្រាអែល។​ 38 បើអ្នកស្តាប់តាមអ្វីដែលយើងបង្គាប់អ្នក ហើយបើអ្នកដើរតាមមាគារបស់យើង ហើយធ្វើរឿងត្រឹមត្រូវនៅក្នុងភ្នែករបស់យើង ដោយរក្សាច្បាប់ និងបញ្ញត្តរបស់យើង ដូចដែលព្រះបាទដាវីឌជាអ្នកបម្រើរបស់យើងបានធ្វើ នោះយើងនឹងនៅជាមួយអ្នក និងកសាងគ្រួសាររបស់អ្នក ដូចយើងបានធ្វើសម្រាប់ព្រះបាទដាវីឌ ហើយយើងនឹងប្រគល់អ៊ីស្រាអែលឲ្យអ្នក។ 39 យើងនឹងដាក់ទោសកូនចៅរបស់ព្រះបាទដាវីឌ តែមិនរហូតនោះទេ»។ 40 ដូច្នេះ ព្រះបាទសាឡូម៉ូនព្យាយាមសម្លាប់លោកយេរ៉ូបោម។ ប៉ុន្តែ លោកយេរ៉ូបោមបានភាសខ្លួនទៅស្រុកអេស៊ីប ទៅជួបព្រះបាទស៊ីសាក់ ជា​ស្ដេច​ស្រុក​អេស៊ីប ហើយលោកនៅស្រុកអេស៊ីបរហូតដល់ព្រះបាទសាឡូម៉ូនសោយទិវង្គត។ 41 និយាយពីរឿងទាក់ទងនឹងព្រះបាទសាឡូម៉ូន អ្វីដែលស្តេចបានធ្វើ និងប្រាជ្ញារបស់ស្តេច តើមិនបានសរសេរទុកនៅក្នុងសៀវភៅប្រវត្តិរបស់ទ្រង់ទេឬអី? 42 ព្រះបាទសាឡូម៉ូនបានគ្រងរាជ្យលើទឹកដីអ៊ីស្រាអែលអស់សែសិបឆ្នាំ។ 43 ស្តេចបានសុគតរួមជាមួយពួកបុព្វបុរសរបស់ស្តេច ហើយគេបានបញ្ចុះសពទ្រង់នៅក្នុងក្រុងស្តេចដាវីឌជាបិតាទ្រង់។ ព្រះ‌បាទ​រេហូ‌បោម​ជា​បុត្រ​ឡើង​ស្នង​រាជ្យបន្ត។

ជំពូក ១២

1 លោក​រេហូ‌បោម​បាន​​ទៅ​ស៊ី‌គែម ដោយសារប្រជាជនអ៊ីស្រាអែលទាំងអស់បានមកទីនោះ ដើម្បីអភិសេកលោកជាស្តេច។ 2 នៅពេលដែល​លោក​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ឮ​ដំណឹង​នេះ (កាលនោះលោកនៅស្រុកអេស៊ីបនៅឡើយ គឺនៅកន្លែងដែលលោកភាសខ្លួនពីស្តេចសាឡូម៉ូន) គាត់បានស្នាក់នៅស្រុកអេស៊ីប។ 3 ដូច្នេះ គេក៏បានបញ្ជូនមនុស្សទៅហៅលោក បន្ទាប់មក ​លោក​យេរ៉ូ‌បោម និងប្រជាជនអ៊ីស្រាអែលបានទូលទៅព្រះ‌បាទ​រេហូ‌បោមថា៖ 4 «បិតារបស់ព្រះករុណាបានដាក់នឹមយ៉ាងធ្ងន់លើយើងរាល់គ្នា។ ឥឡូវនេះ ចូរសម្រាលការងារដ៏លំបាក ដែលបិតារបស់ព្រះករុណាបានដាក់លើយើង នោះយើងនឹងបម្រើព្រះអង្គ»។ 5 ព្រះ‌បាទ​រេហូ‌បោមមានរាជឱង្ការទៅពួកគេថា៖ «សូមទៅបីថ្ងៃសិនទៅ បន្ទាប់មក ចាំត្រឡប់មករកយើងវិញ»។ ដូច្នេះ ពួកគេក៏ចេញទៅ។ 6 ព្រះ‌បាទ​រេហូ‌បោមបានពិភាក្សាជាមួយពួកចាស់ទុំដែលធ្លាប់បានបម្រើព្រះបាទសាឡូម៉ូនជាបិតាទ្រង់កាលនៅមានព្រះជន្ម ហើយនិយាយថា៖ «តើអ្នកចង់ឲ្យយើងនិយាយជាមួយប្រជាជននេះយ៉ាងដូចម្តេច»? 7 ពួកគេបានទូលទៅស្តេចថា៖ «បើព្រះករុណាបម្រើប្រជាជននៅថ្ងៃនេះ គឺបម្រើអ្នកទាំងនេះ ហើយឆ្លើយពាក្យល្អៗទៅពួកគេ នោះពួកគេនឹងបម្រើព្រះករុណាជារៀងរហូត»។ 8 ប៉ុន្តែ ព្រះ‌បាទ​រេហូ‌បោមបានព្រងើយកន្តើយជាមួយយោបល់របស់ពួកចាស់ទុំ ដែលបានទូលដល់ស្តេច ហើយស្តេចបានពិភាក្សាជាមួយប្រុសៗដែលបានធំធាត់ឡើងជាមួយស្តេច និងឈរនៅចំពោះមុខស្តេច។​ 9 ស្តេចបានរាជឱង្ការទៅពួកគេថា៖ «តើអ្នកទាំងអស់គ្នាមានយោបល់ដូចម្តេច ដើម្បីឲ្យយើងអាចឆ្លើយទៅប្រជាជន ដែលបានទូលយើងថា៖ «សូមសម្រាលបន្ទុកដែលបិតារបស់ព្រះករុណាដាក់មកលើយើង?» 10 ប្រុសៗដែលបានធំធាត់ឡើងជាមួយព្រះ‌បាទ​រេហូ‌បោមបានទូលទៅស្តេចថា៖ «សូមព្រះករុណាមានរាជឱង្ការទៅប្រជាជនទាំងនេះដែលបានប្រាប់ព្រះករុណាថា ព្រះបាទសាឡូម៉ូនជាបិតារបស់ព្រះករុណាបានដាក់បន្ទុកធ្ងន់លើពួកគេ ប៉ុន្តែ សូមព្រះករុណាសម្រាលបន្ទុកនេះ។ ព្រះករុណាគួរទូលទៅពួកគេថា៖ «កូនដៃរបស់យើងក្រាស់ជាងចង្កេះរបស់បិតាយើង។ 11 ដូច្នេះឥឡូវនេះ ទោះបីជាបិតារបស់យើងបានដាក់បន្ទុកធ្ងន់លើអ្នករាល់គ្នា នោះយើងនឹងបន្ថែមបន្ទុកលើអ្នករាល់គ្នាថែមទៀត។ បិតារបស់យើងបានពិន័យអ្នករាល់គ្នាជាមួយនឹងរំពាត់ ប៉ុន្តែ យើងនឹងពិន័យអ្នករាល់គ្នាជាមួយនឹងខ្យាដំរី»។ 12 ដូច្នេះ ព្រះ‌បាទ​រេហូ‌បោម និងប្រជាជនទាំងអស់បានមកជួបរេហូបោមនៅថ្ងៃទីបី ដូចដែលស្តេចបានប្រាប់ពួកគេថា៖ «ចូរមកជួបយើងនៅថ្ងៃទីបី»។ 13 ស្តេចបានឆ្លើយទៅពួកគេយ៉ាងឈ្លើយ និងបានបដិសេធយោបល់របស់ពួកចាស់ទុំដែលបានថ្វាយយោបល់ស្តេច។ 14 ស្តេចបានប្រាប់ប្រជាជននូវពាក្យដែលប្រុសៗបានទូលស្តេចថា៖​ «បិតារបស់យើងបានដាក់បន្ទុកធ្ងន់លើអ្នករាល់គ្នា នោះយើងនឹងបន្ថែមបន្ទុកលើអ្នករាល់គ្នាថែមទៀត។ បិតារបស់យើងបានពិន័យអ្នករាល់គ្នាជាមួយនឹងរំពាត់ ប៉ុន្តែ យើងនឹងពិន័យអ្នករាល់គ្នាជាមួយនឹងខ្យាដំរីវិញ»។ 15 ដូច្នេះ ស្តេចមិនបានស្តាប់ប្រជាជនឡើយ ដ្បិត ​ព្រះ‌អម្ចាស់​បណ្ដាល​ឲ្យ​មាន​ការណ៍​ប្រែ‌ប្រួល ស្រប​តាម​ព្រះ‌បន្ទូលតាមរយៈព្យាការី​អហ៊ី‌យ៉ា ​ដែល​ព្រះអង្គ​បាន​ថ្លែង​មក​កាន់​លោក​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាតនៅ​ស៊ីឡូ។ 16 នៅពេលដែលជនជាតិអ៊ីស្រាអែលឃើញថាស្តេចមិនស្តាប់ពួកគេដូច្នេះ ប្រជាជនបានទូលទៅស្តេចវិញថា៖ «តើយើងមានចំណែកអ្វីជាមួយព្រះបាទដាវីឌ? ពួក​យើង​ក៏​គ្មាន​ចំណែក​មរតក​អ្វី​រួម​ជា​មួយកូន​របស់​លោក​អ៊ីសាយ​ដែរ! ទៅជំរំរបស់អ្្នកវិញទៅអ៊ីស្រាអែលអើយ។ ឥឡូវនេះ ចូរមើលគ្រួសារបស់អ្នកចុះ»។ ដូច្នេះ ជនជាតិអ៊ីស្រាអែលបានទៅជំរំរបស់ពួកគេវិញ។​ 17 ប៉ុន្តែ សម្រាប់ជនជាតិអ៊ីស្រាអែលដែលនៅក្នុងក្រុងទាំងឡាយរបស់យូដា លោករេហូបោមក្លាយជាស្តេចលើពួកគេ។ 18 ព្រះ‌បាទ​រេហូ‌បោម​ចាត់បញ្ជូន​លោក​អដូ‌រ៉ាមទៅធ្វើជា​អ្នកគ្រប់គ្រង​លើ​អ្នកធ្វើការ តែជនជាតិអ៊ីស្រាអែល​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក។ ព្រះ‌បាទ​រេហូ‌បោម​ក៏​ប្រញាប់‌ប្រញាល់​ឡើង​រទេះចំបាំងរបស់​ខ្លួន​ចូល​ក្រុង​យេរូ‌សាឡឹម​។ 19 ដូច្នេះ​ អ៊ីស្រា‌អែល​បះ‌បោរ​ប្រឆាំង​នឹងពូជពង្សព្រះ‌បាទ​ដាវីឌ រហូត​ដល់​សព្វ​ថ្ងៃ។ 20 នៅពេលដែលប្រជាជនអ៊ីស្រាអែលបានឮថាព្រះបាទយេរ៉ូបោមបានត្រឡប់មកវិញ ពួកគេក៏បានចាត់គេឲ្យទៅហៅទ្រង់មកក្នុងចំណោមពួកគេ ហើយលើកទ្រង់ជាស្តេចលើអ៊ីស្រាអែល។ គ្មាននរណាម្នាក់បានដើរតាមគ្រួសាររបស់ព្រះបាទដាវីឌទេ លើកលែងតែកុលសម្ព័ន្ធយូដា។ 21 នៅពេលដែលព្រះបាទរេហូបោមមកដល់ក្រុងយេរូសាឡឹម ទ្រង់បានកោះហៅកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីន គេជ្រើសរើសបានមនុស្សប្រុស ១៨០០០០ដែលជាទាហាន ដើម្បីប្រយុទ្ធជាមួយអ៊ីស្រាអែល ដើម្បីស្តាររាជ្យរបស់ព្រះបាទរេហូបោមជាបុត្ររបស់ព្រះបាទសាឡូម៉ូនឡើងវិញ។ 22 ប៉ុន្តែ ព្រះជាម្ចាស់មានបន្ទូលតាមរយៈលោកសេម៉ាយ៉ា ជាអ្នកជំនិតរបស់ព្រះអង្គថា៖ 23 «ចូរទូលព្រះបាទរេហូបោមជាបុត្ររបស់ព្រះបាទសាឡូម៉ូន ជាស្តេចស្រុកយូដា និងទៅកាន់កុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីន និប្រជាជនទាំងអស់ថា 24 ព្រះអម្ចាស់មានបន្ទូលថា៖ «អ្នកមិនត្រូវប្រយុទ្ធ ឬវាយប្រហារអ៊ីស្រាអែលជាបងប្អូនរបស់អ្នកឡើយ។ ម្នាក់ៗត្រូវត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ព្រោះរឿងនេះយើងជាអ្នកធ្វើឲ្យកើតឡើង»។ ដូច្នេះ ពួកគេបានស្តាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយត្រឡប់ទៅវិញ ហើយពួកគេបានស្តាប់បង្គាប់ព្រះបន្ទូលរបស់ព្រះអង្គ។ 25 បន្ទាប់ មកព្រះ‌បាទ​យេរ៉ូ‌បោម​បាន​សង់​ក្រុង​ស៊ី‌គែម នៅ​លើ​ភ្នំ​អេប្រាអ៊ីម ហើយ​គង់​នៅ​ទី​នោះ។ ស្ដេច​បាន​ចេញ​ពី​ស៊ី‌គែម​ទៅ​សង់​ក្រុង​ពេនួល។ 26 ព្រះបាទយេរ៉ូបោមបានគិតនៅក្នុងចិត្តថា៖ «ឥឡូវនេះរាជ្យនេះនឹងត្រឡប់ទៅរាជ្យវង្សរបស់ស្តេចដាវីឌវិញ។ 27 បើប្រជាជនទាំងអស់នេះឡើងទៅថ្វាយតង្វាយនៅក្នុងព្រះវិហារបស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹម នោះដួងចិត្តរបស់ប្រជាជននឹងត្រឡប់ទៅចៅហ្វាយរបស់ពួកគេ គឺទៅស្តេចរេហូបោមជាស្តេចស្រុកយូដាវិញមិនខាន»។ 28 ដូច្នេះ ព្រះបាទយេរ៉ូបោមបាន​រិះគិតរកមធ្យោ‌បាយ​មួយ គឺ​ឲ្យ​គេ​ធ្វើ​រូប​គោ​មាស​ពីរ ហើយស្តេចនិយាយទៅប្រជាជនថា៖ «បើអ្នកទៅក្រុងយេរូសាឡឹមនោះឆ្ងាយពេកសម្រាប់អ្នករាល់គ្នា។ មើល៍! អ៊ីស្រាអែលអើយ ទាំងនេះជាព្រះរបស់អ្នក ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីបមក»។ 29 ស្តេចបានដាក់គោមួយនៅបេតអែល និងមួយទៀតនៅដាន់។ 30 ដូច្នេះ អំពើនេះក្លាយជាអំពើបាប។ មនុស្សបានទៅឯរូបគោមួយនេះ ឬមួយនោះរហូតដល់ដាន់។ 31 ព្រះបាទយេរ៉ូបោមបានសង់ផ្ទះជាច្រើននៅតាមទីខ្ពស់ៗ ហើយបានរើសបូជាចារ្យពីចំណោមមនុស្សទាំងអស់ ដែលមិនមែនជាកូនចៅរបស់លេវី។ 32 ព្រះបាទយេរ៉ូបោមបានរៀបចំពិធីបុណ្យនៅក្នុងខែទីប្រាំបី នៅក្នុងថ្ងៃទីដប់ប្រាំក្នុងខែនោះ ដូចជាថ្ងៃបុណ្យនៅស្រុកយូដាដែរ រួចស្តេចក៏ឡើងទៅលើអាសនា។ ស្តេចបានធ្វើបែបនេះនៅបេតអែល គឺបានថ្វាយយញ្ញបូជាដល់រូបគោ ដែលស្តេចបានធ្វើ ហើយស្តេចបានដាក់បូជាចារ្យ ដែលទ្រង់បានរើសនៅបេតអែលដែរ។ 33 ព្រះបាទយេរ៉ូបោមបានឡើងទៅអាសនា ដែលស្តេចបានធ្វើនៅបេតអែលនៅក្នុងថ្ងៃទីដប់ប្រាំក្នុងខែទីប្រាំបី គឺនៅក្នុងខែដែលស្តេចបានរៀបចំទុកដោយខ្លួនឯង ស្តេចបានប្រារព្ធពិធិបុណ្យសម្រាប់ប្រជាជនអ៊ីស្រាអែល ហើយស្តេចបានឡើងទៅលើអាសនានោះ ដើម្បីដុតគ្រឿងក្រអូប។

ជំពូក ១៣

1 មានអ្នកបម្រើរបស់ព្រះអម្ចាស់មកពីយូដានាំព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅបេតអែល។ ព្រះបាទយេរ៉ូបោមកំពុងគង់នៅក្បែរអាសនា ដើម្បីដុតគ្រឿងក្រអូប។ 2 លោកបានប្រកាសប្រឆាំងនឹងសាសនាដោយព្រះបន្ទូលរបស់ព្រះអម្ចាស់ថា៖ «អាសនាអើយ អាសនាអើយ! នេះជាអ្វីដែលព្រះអម្ចាស់បានមានបន្ទូល៖ «មើលកូនប្រុសមួយនាមថាស្តេចយ៉ូសៀសនឹងកើតក្នុងគ្រួសាររបស់ស្តេចដាវីឌ នៅលើអាសនានេះយើងនឹង​យកពួកបូជាចារ្យនៅតាមទីខ្ពស់ៗមកថ្វាយយញ្ញបូជា គឺ​ពួក​បូជា‌ចារ្យ​ដែល​ធ្លាប់​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនានេះ។ គេ​ក៏​យក​ឆ្អឹង​របស់​មនុស្ស​មក​ដុត​នៅ​លើ​អាសនានេះ​ដែរ»។ 3 បន្ទាប់មក អ្នកបម្រើរបស់ព្រះអម្ចាស់បានឲ្យទីសម្គាល់មួយនៅថ្ងៃនោះដែរ ថា៖ «នេះជាទីសម្គាល់ដែលព្រះអម្ចាស់មានបន្ទូល៖ «មើល៍! អាសនានេះនឹងខ្ទេចខ្ទីអស់ ហើយផះនៅលើអាសនានេះនឹងត្រូវខ្ចាត់ខ្ចាយអស់ដែរ»។ 4 នៅពេលដែលស្តេចបានឮពីអ្វីដែលអ្នកបម្រើរបស់ព្រះអម្ចាស់បានប្រកាសប្រឆាំងនឹងអាសនានៅបេតអែល ព្រះបាទយេរ៉ូបោមបានលើកដៃពីអាសនាមកនិយាយថា៖ «ចូរចាប់ជននេះភ្លាម»។ ដូច្នេះ ដៃដែលបានចង្អុលប្រឆាំងនឹងអ្នកបម្រើរបស់ព្រះអម្ចាស់បានស្ងួត ដូច្នេះ ស្តេចមិនអាចដកដៃនេោះមកវិញបានឡើយ។ 5 (អាសនាក៏បានបាក់បែក ហើយផះនៅលើអាសនានោះក៏ខ្ចាត់ខ្ចាយពីអាសនាដែរ ស្របតាមអ្វីដែលអ្នកបម្រើរបស់ព្រះអម្ចាស់បានរៀបរាប់ពីព្រះបន្ទូលរបស់ព្រះអម្ចាស់មែន)។ 6 ព្រះបាទយេរ៉ូបោមបាននិយាយទៅកាន់អ្នកបម្រើរបស់ព្រះអម្ចាស់ថា៖ «សូម​លោក​ជួយ​ទូល‌សុំការប្រណីសណ្តោសពី​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​លោក និងសូម​អធិស្ឋាន​ឲ្យ​ខ្ញុំ​ផង ដើម្បី​ឲ្យ​ដៃ​របស់​ខ្ញុំ​ត្រឡប់ដូចធម្មតាវិញ»។ ដូច្នេះ អ្នកម្រើរបស់ព្រះអម្ចាស់បានអធិស្ឋានទៅព្រះអម្ចាស់ ហើយ​ដៃ​របស់​ស្តេចបាន​ត្រឡប់ដូចធម្មតាវិញ គឺបានដូចពីមុន។ 7 ស្តេចទូលទៅអ្នកបម្រើរបស់ព្រះអម្ចាស់់ថា៖ «សូមអញ្ជើញមកក្នុងដំណាក់របស់យើង ដើម្បីសម្រាក យើងនឹងផ្តល់រង្វាន់ជូនលោក។ 8 អ្នកបម្រើរបស់ព្រះជាម្ចាស់ បានទូលទៅស្តេចថា៖ «ទោះបីជាព្រះអង្គប្រគល់ទ្រព្យរបស់ព្រះអង្គពាក់កណ្តាលមកទូលបង្គំ ក៏ទូលបង្គំមិនទៅជាមួយព្រះអង្គដែរ ទូលបង្គំមិនបរិភោគ ឬផឹកទឹកនៅកន្លែងនេះដាច់ខាត 9 ព្រោះព្រះអម្ចាស់បានបញ្ជាដោយព្រះបន្ទូលរបស់ព្រះអង្គថា៖ «អ្នកមិនត្រូវបរិភោគនំប័ុង ឬផឹកទឹក ហើយកុំឲ្យត្រឡប់មកតាមផ្លូវដដែលឡើយ»។ 10 ដូច្នេះ អ្នកបម្រើរបស់ព្រះអម្ចាស់ក៏ទៅតាមផ្លូវមួយផ្សេងទៀត ហើយមិនបានទៅផ្ទះរបស់លោកវិញទេ គឺតាមផ្លូវដែលលោកបានមកបេតអែលឡើយ។ 11 មានព្យាការីចាស់ម្នាក់រស់នៅបេតអែល ហើយកូនប្រុសៗរបស់លោកបានមកប្រាប់លោកពីរឿងគ្រប់យ៉ាងដែលអ្នកបម្រើរបស់ព្រះអម្ចាស់បានធ្វើនៅបេតអែល។ កូនប្រុសៗរបស់លោកក៏បានប្រាប់លោកពីអ្វីៗដែលអ្នកបម្រើរបស់ព្រះអម្ចាស់បានទូលស្តេចដែរ។ 12 គាត់ក៏បានប្រាប់ពួកគេវិញថា៖ «តើគាត់ទៅតាមផ្លូវណា»? កូនប្រុសៗរបស់គាត់បានដឹងពីផ្លូវរបស់អ្នកបម្រើរបស់ព្រះអម្ចាស់បានទៅស្រុកយូដាវិញ។ 13 ដូច្នេះ លោកក៏បានប្រាប់កូនប្រុសៗរបស់លោកថា៖ «សូមចងកែបលាឲ្យពុក»។ ដូច្នេះ ពួកគេក៏បានចងកែបលាឲ្យលោក ហើយលោកបានជិះលានោះចេញទៅ។ 14 លោកព្យាការីចាស់នោះបានទៅតាមក្រោយអ្នកបម្រើរបស់ព្រះអម្ចាស់ ហើយបានជួបលោកកំពុងអង្គុយក្រោមដើមជ្រៃ ហើយលោកបាននិយាយទៅគាត់ថា៖​ «តើអ្នកជាអ្នកបម្រើរបស់ព្រះអម្ចាស់ដែលមកពីស្រុកយូដានោះមែនទេ»? គាត់បានឆ្លើយថា៖​ «ខ្ញុំហ្នឹងហើយ»។ 15 បន្ទាប់មក លោកព្យាការីចាស់នោះមានប្រសាសន៍ថា៖​ «សូមមកផ្ទះ ហើយហូបជាមួយខ្ញុំសិន»។ 16 នោះ អ្នកបម្រើរបស់ព្រះអម្ចាស់បានឆ្លើយថា៖​ «ខ្ញុំនឹងមិនត្រឡប់ទៅជាមួយអ្នកឡើយ ហើយខ្ញុំក៏មិនបរិភោគជាមួយអ្នកនៅកន្លែងនេះដែរ 17 ព្រោះព្រះអម្ចាស់បានហាមខ្ញុំដោយមានបន្ទូលថា៖ «អ្នកមិនត្រូវបរិភោគ ឬផឹកទឹកនៅទៅនោះឡើង ហើយក៏មិនត្រូវត្រឡប់ទៅតាមផ្លូវដដែលដែរ។ 18 ដូច្នេះ ព្យាការីចាស់នោះបាននិយាយទៅគាត់ថា៖ «ខ្ញុំក៏ជាព្យាការីដូចលោកដែរ ហើយមានទេវតាមួយរូបបាននាំព្រះបន្ទូលរបស់ព្រះអម្ចាស់មកប្រាប់ខ្ញុំថា៖ «សូមនាំគាត់ត្រឡប់មកផ្ទះរបស់អ្នក នោះគាត់នឹងអាចបរិភោគ និងផឹកទឺកផង»។ ប៉ុន្តែ លោកបានកុហកអ្នកបម្រើរបស់ព្រះអម្ចាស់។ 19 ដូច្នេះ អ្នកបម្រើរបស់ព្រះអម្ចាស់បានត្រឡប់ទៅជាមួយព្យាការីចាស់នោះវិញ ហើយបានបរិភោគនៅក្នុងផ្ទះលោក និងបានផឹកទឹកផងដែរ។ 20 នៅពេលដែលពួកគេកំពុងអង្គុយនៅតុ ព្រះជាម្ចាស់មានបន្ទូលតាមរយៈព្យាការីដែលនាំលោកមកវិញ 21 ហើយគាត់បានយំដាក់អ្នកបម្រើរបស់ព្រះអម្ចាស់មកពីស្រុកយូដាថា៖​ «ព្រះអម្ចាស់មានបន្ទូលថា៖ «ដោយសារតែអ្នកមិនស្តាប់បង្គាប់ពាក្យរបស់ព្រះអម្ចាស់ និងមិនបានរក្សាបញ្ញត្តដែលព្រះអម្ចាស់ជាព្រះរបស់អ្នកផ្តល់មកអ្នក 22 ប៉ុន្តែ អ្នកបានត្រឡប់មកវិញ ហើយបានបរិភោគអាហារ និងផឹកទឹកនៅកន្លែងនេះ គឺកន្លែងដែលព្រះអម្ចាស់បានហាមអ្នកមិនឲ្យបរិភោគ ឬផឹកទឹកឡើយ ដូច្នេះ សពរបស់អ្នកនឹងត្រូវបញ្ចុះនៅក្នុងផ្នូររបស់ឪពុករបស់អ្នក»។ 23 ក្រោយពេលដែលលោកបរិភោគអាហារ និងបានផឹកទឹករួចមក លោកព្យាការីបានចងកែបលារបស់អ្នកបម្រើរបស់ព្រះអម្ចាស់ គឺបុុរសដែលបានមកជាមួយលោក។ 24 នៅពេលដែលអ្នកបម្រើរបស់ព្រះអម្ចាស់ចេញបាត់ទៅ មានតោមួយបានមកជួបលោកនៅតាមផ្លូវ ហើយបានសម្លាប់លោកទៅ សពរបស់លោកបាននៅតាមផ្លូវនោះ។ បន្ទាប់មក លានោះបានឈរនៅក្បែរសាកសព ហើយតោនោះក៏បានឈរនៅក្បែរនោះដែរ។ 25 នៅពេលដែលមនុស្សម្នាឆ្លងកាត់ហើយឃើញសាកសពនៅលើផ្លូវ ហើយមានតោនៅឈរក្បែរនោះផង ពួកគេក៏បានមកប្រាប់ដល់អ្នកក្រុងដែលលោកព្យាការីចាស់នោះរស់នៅ។ 26 នៅពេលដែលលោកព្យាការី ដែលបាននាំអ្នកនោះត្រឡប់មកវិញបានឮពីរឿងនេះ លោកបាននិយាយថា៖ «នោះគឺជាសពរបស់អ្នកបម្រើរបស់ព្រះអម្ចាស់ ដែលមិនបានស្តាប់បង្គាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។ ដូច្នេះហើយ បានជាព្រះជាម្ចាស់ឲ្យតោសម្លាប់គាត់ តោបានហែក និងសម្លាប់គាត់ ដូចដែលព្រះបន្ទូលរបស់ព្រះអម្ចាស់បានព្រមានគាត់មែន»។ 27 ដូច្នេះ លោកព្យាការីចាស់នោះបានប្រាប់ទៅកូនប្រុសៗរបស់គាត់ថា៖ «ចូរចងកែបលាឲ្យពុក» ហើយពួកគេបានចងឲ្យគាត់។ 28 គាត់បានចេញទៅហើយឃើញសពនៅក្បែរផ្លូវ ហើយលា​ និងតោឈនៅក្បែរនោះ។ តោមិនបានស៊ីសពនោះទេ ក៏មិនបានខាំលាដែរ។ 29 លោកព្យាការីបានលើកសពរបស់អ្នកបម្រើរបស់ព្រះអម្ចាស់ដាក់នៅលើលា ហើយនាំត្រឡប់មកវិញ។ លោកបានមកក្រុងរបស់លោកវិញ ដើម្បីកាន់ទុក្ខ និងកប់សព្វបុរសនោះ។ 30 លោកបានកប់សព្វនោះនៅក្នុងផ្នូររបស់លោកផ្ទាល់ ហើយពួកគេក៏កាន់ទុក្ខដោយនិយាយថា៖​ «ប្អូន​អើយ ម្ដេច​ក៏​វេទនា​ម៉េ្លះ!»។ 31 បន្ទាប់មក ក្រោយពីលោកបានកប់គាត់រួចហើយ លោកព្យាការីចាស់នោះបានមានប្រសាសន៍ទៅកូនប្រុសៗរបស់គាត់ថា៖ «នៅពេលដែលពុកស្លាប់ទៅសូមកប់ពុកនៅក្នុងផ្នូរដែលបានកប់អ្នកបម្រើរបស់ព្រះអម្ចាស់នេះ។ សូមដាក់ឆ្នឹងពុកនៅក្បែរឆ្នឹងរបស់គាត់។ 32 ព្រោះព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលលោកប្រកាស ប្រឆាំងនឹងអាសនានៅបេអែល និងប្រឆាំងនឹងកន្លែងទាំងឡាយនៅទីខ្ពស់នៅក្នុងក្រុងសាសន៍សាម៉ារី នឹងកើតឡើងដូច្នោះមែន»។ 33 ក្រោយមកទៀតព្រះបាទយេរ៉ូបោមមិនបានបែរពីអំពើអាក្រក់ដែលស្តេចបានធ្វើឡើយ ប៉ុន្តែ នៅតែបន្តតែងតាំងឲ្យមានបូជាចារ្យនៅតាមទីខ្ពស់ៗពីក្នុងចំណោមជនជាតិអ៊ិីស្រាអែល។ បើអ្នកណាចង់បម្រើនោះស្តេចក៏តែងតាំងជាបូជាចារ្យភ្លាម។ 34 ការនេះក្លាយជាអំពើបាបនៅក្នុងគ្រួសារព្រះបាទយេរ៉ូបោម ហើយធ្វើឲ្យគ្រួសាររបស់លោកត្រូវវិនាស ហើយត្រូវបំបាត់ចោលពីផែនដី។

ជំពូក ១៤

1 នៅពេលនោះ​ព្រះបាទអប៊ី‌យា​ជាបុត្ររបស់ព្រះបាទយេរ៉ូបោមឈឺធ្ងន់។ 2 ព្រះបាទយេរ៉ូបោមមានរាជឱង្ការទៅមហេសីថា៖ «ចូរក្រោកឡើង ហើយក្លែងខ្លួន ដូច្នេះ គ្មាននរណាម្នាក់ចំណាំអូនជាមហេសីបងបានទេ ហើយចូរទៅស៊ីឡូ ព្រោះលោកបូជាចារ្យអហ៊ី‌យ៉ានៅទីនោះ គាត់ជាម្នាក់ដែលធ្លាប់និយាយពីបង ធ្លាប់និយាយថាបងនឹងក្លាយជាស្តេចលើប្រជាជនទាំងនេះ។ 3 ចូរ​យក​នំបុ័ង​ដប់​ដុំ និង​នំ​ខ្លះ ព្រម​ទាំង​ទឹក​ឃ្មុំ​មួយ​ដប​ទៅ​ជា​មួយ​ផង ហើយត្រូវ​ទៅ​ជួប​លោក លោកអហ៊ី‌យ៉ា។ លោក​មុខ​ជា​ប្រាប់​ឲ្យ​អូនបាន​ដឹង​ថានឹងមានអ្វីកើតឡើងចំពោះកូននេះ»។ 4 មហេសីរបស់ព្រះបាទយេរ៉ូបោមបានធ្វើតាម នាងបានធ្វើដំណើរទៅស៊ីឡូ ហើយបានទៅផ្ទះរបស់លោកអហ៊ី‌យ៉ា។ ឥឡូវនេះ លោកអហ៊ី‌យ៉ាមិនអាចមើលឃើញទេ លោកមិនអាចមើលឃើញដោយសារលោកមានវ័យចាស់ហើយ។ 5 ព្រះអម្ចាស់មានបន្ទូលមកកាន់លោកអហ៊ី‌យ៉ាថា៖ «មើល មហេសីរបស់ស្តេចយេរ៉ូបោមបានមកសុំយោបល់ពីអ្នកទាក់ទងនឹងកូនរបស់នាង ព្រោះកូននោះឈឺ។ សូមប្រាប់នាងនូវអ្វីដែលយើងប្រាប់អ្នក​ ព្រោះនៅពេលដែលនាងមក នាងនឹងធ្វើដូចជានាងជាស្រី្តម្នាក់ធម្មតា»។ 6 នៅពេលដែលលោកអហ៊ី‌យ៉ាបានឮសម្លេងជើងរបស់នាងនៅពេលដែលនាងចូលមកដល់ទ្វារ លោកនិយាយថា៖ «សូមអញ្ជើញចូល មហេសីរបស់ព្រះបាទយេរ៉ូបោមអើយ។ ហេតុអ្វីបានជានាងបន្លំខ្លួនធ្វើជាអ្នកផ្សេងដូច្នេះ?​ ខ្ញុំនឹងនាំដំណឹងអាក្រក់មកដល់នាង។ 7 សូមទៅប្រាប់ព្រះបាទយេរ៉ូបោមថាព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖ «យើងបានលើកអ្នកពីក្នុងចំណោមមនុស្ស ដើម្បីឲ្យអ្នកធ្វើជាអ្នកគ្រប់គ្រងលើប្រជារាស្រ្តអ៊ីស្រាអែលរបស់យើង។ 8 យើងបានហែករាជ្យពីគ្រួសាររបស់ស្តេចដាវីឌ ហើយបានប្រគល់ឲ្យអ្នក តែអ្នកមិនដូចស្តេចដាវីឌជាអ្នកបម្រើរបស់យើងទេ ស្តេចដាវីឌបានរក្សាបញ្ញត្តរបស់យើង និងដើរតាមយើងអស់ពីចិត្ត ទៅធ្វើអ្វីដែលត្រឹមត្រូវក្នុងភ្នែកយើង។ 9 ផ្ទុយទៅវិញ អ្នកបានប្រព្រឹត្តអាក្រក់ គឺអាក្រក់ជាងអស់អ្នកដែលនៅមុនអ្នកទៅទៀត។ អ្នកបានសូនធ្វើព្រះដទៃ ហើយអ្នកបានសូនរូបពីលោហៈ ដើម្បីឲ្យយើងមានកំហឹង ហើយបានបែរខ្នងដាក់យើង។ 10 ដូច្នេះ មើល យើងនឹងនាំគ្រោះមហន្តរាយមកលើគ្រួសាររបស់អ្នក យើងនិងកាត់អ្នកចេញពីប្រុសៗកូនចៅអ៊ីស្រាអែល ទោះពីជាអ្នកជា ឬអ្នកងារក្តី ហើយអ្នកនឹងត្រូវដាច់ចេញពីគ្រួសាររបស់អ្នក ប្រៀបដូចនរណាម្នាក់ដុតសំរាមរហូតទាល់តែឆេះខ្ទេចអស់ដែរ។ 11 អស់អ្នកនៅក្នុងគ្រួសាររបស់អ្នក​ ដែលស្លាប់នៅទីក្រុងនឹងត្រូវឆ្កែស៊ី ហើយអស់អ្នកដែលស្លាប់នៅវាលស្រែនឹងត្រូវសត្វស្លាបចឹកស៊ី យើងជាព្រះអម្ចាស់ជាអ្នកនិយាយ»។ 12 ដូច្នេះ មហេសីស្តេចយេរ៉ូបោមអើយ ត្រឡប់ទៅផ្ទះរបស់អ្នកវិញចុះ នៅពេលដែលជើងរបស់នាងជាន់ក្រុងភ្លាម កូននាងអប៊ីយ៉ានឹងត្រូវស្លាប់។ 13 គ្រប់ជនជាតិអ៊ីស្រាអែលនឹងកាន់ទុក្ខសម្រាប់កូននោះ ហើយគេនឹងបញ្ចុះសពកូននោះ។ កូននោះជាមនុស្សតែម្នាក់គត់ពីគ្រួសាររបស់ព្រះបាទយេរ៉ូបោម ដែលត្រូវបានកប់ក្នុងផ្នូរ ព្រោះមានតែនៅក្នុងកូននោះប៉ុណ្ណោះពីចំណោមគ្រួសាររបស់យេរ៉ូបោម ដែលព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលរកឃើញការល្អខ្លះ។ 14 ព្រះអម្ចាស់នឹងលើកស្តេចមួយអង្គទៀតនៅក្នុងស្រុកអ៊ីស្រាអែលដែលនឹងបំផ្លាញគ្រួសាររបស់យេរ៉ូបោមនៅថ្ងៃនោះ។ ថ្ងៃនោះគឺឥឡូវនេះ។ 15 ព្រះ‌អម្ចាស់​នឹង​វាយ​ប្រហារជន‌ជាតិ​អ៊ីស្រា‌អែល ពេល​នោះ ពួក​គេ​ប្រៀប​ដូច​ជា​ដើម​ត្រែង​ដែល​ញ័រ​នៅ​ក្នុង​ទឹក ហើយព្រះអង្គនឹងដកអ៊ីស្រាអែលចេញពីទឹកដីដ៏ល្អ ដែលព្រះអង្គបានប្រទានដល់ដូនតារបស់ពួកគេ។ ព្រះអង្គ​នឹង​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​ទៅ​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ព្រោះ​ពួក​គេ​ធ្វើ​បង្គោល​ព្រះ​អា‌សេ‌រ៉ា ដែល​បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់ព្រះពិរោធ។ 16 ព្រះអង្គនឹងបោះបង់អ៊ីស្រាអែលចោល ដោយសារអំពើបាបរបស់ព្រះបាទយេរ៉ូបោម គឺអំពីេបាបដែលស្តេចបានប្រព្រឹត្ត និងតាមរយៈការដឹកនាំរបស់ស្តេច ដែលនាំឲ្យអ៊ីស្រាអែលប្រព្រឹត្តអំពើបាប»។​ 17 ដូច្នេះ មហេសីរបស់ព្រះបាទយេរ៉ូបោមបានចេញទៅ ហើយបានមកដល់ក្រុង​ធើសា។ នៅពេលដែលនាងបានមកដល់មាត់ទ្វារក្រុង កូនរបស់នាងក៏បានស្លាប់។ 18 ប្រជាជនអ៊ីស្រាអែលទាំងអស់បានកប់កូននោះ និងកាន់ទុក្ខកូននោះ ស្របតាមអ្វីដែលព្រះអម្ចាស់មានបន្ទូលតាមរយៈលោកហោរាអហ៊ីយ៉ាជាអ្នកបម្រើរបស់ព្រះអង្គ។ 19 មានរឿងមួយទៀតទាក់ទឹងនឹងស្តេចយេរ៉ូបោម គឺរបៀបដែលស្តេចធ្វើសង្គ្រាម និងរបៀបដែលស្តេចសោយរាជ្យ រឿងទាំងនោះបានសរសេរនៅក្នុងសៀវភៅព្រឹត្តិការណ៍ស្តេចអ៊ីស្រាអែល។ 20 ព្រះបាទយេរ៉ូបោមបានសោយរាជ្យអស់ម្ភៃពីរឆ្នាំ ហើយបន្ទាប់មក ស្តេចបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ស្តេច ហើយបុត្ររបស់ស្តេច គឺព្រះបាទណាដាប់បានសោយរាជ្យបន្តពីព្រះអង្គ។ 21 ឥឡូវនេះ ព្រះបាទរេហូបោមជាបុត្ររបស់ព្រះបាទសាឡូម៉ូនបានសោយរាជ្យនៅស្រុកយូដា។ ព្រះបាទរេហូបោមមានព្រះជន្មសែសិបវស្សានៅពេលស្តេចឡើងសោយរាជ្យ ហើយស្តេចសោយរាជ្យបានដប់ប្រាំពីរឆ្នាំនៅក្រុងយេរូសាឡឹម ជាក្រុងដែលព្រះអម្ចាស់បានជ្រើសរើសចេញពីកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល ដើម្បីដាក់ព្រះនាមព្រះអង្គ។ មាតារបស់ស្តេចគឺនាង​ណា‌អា‌ម៉ា ជា​ជន‌ជាតិ​អាំម៉ូន។ 22 អ្នកក្រុងយូដាបានប្រព្រឹត្តអំពើអាក្រក់នៅក្នុងព្រះនេត្រព្រះអម្ចាស់ ពួកគេបានធ្វើឲ្យព្រះអង្គប្រច័ណ្ឌជាមួយអំពើបាបដែលពួកគេបានប្រព្រឹត្ត លើសជាងអ្វីៗដែលដូនតារបស់ពួកគេបានប្រព្រឹត្តទៅទៀត។ 23 ពួកគេក៏បានសង់កន្លែងខ្ពស់ៗសម្រាប់ខ្លួនពួកគេ មានទាំង​​ស្តូប និង​បង្គោល​ព្រះ​អា‌សេ‌រ៉ា នៅ​តាម​​ភ្នំខ្ពស់ៗ និង​នៅ​ក្រោម​ដើម​ឈើពណ៌បៃតង។ 24 នៅលើទឹកដីអ៊ីស្រាអែលក៏មានអំពើពេស្យាចាបែបសាសនាដែរ។ ពួកគេបានប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមដូចជាតិសាសន៍នានាដែលព្រះអម្ចាស់បានបណ្តេញចេញពីមុខប្រជាជនអ៊ីស្រាអែលដែរ។ 25 វាកើតឡើងនៅក្នុងឆ្នាំទីប្រាំក្នុងរាជ្យរបស់ព្រះបាទរេហូបោម នៅពេលដែលព្រះចៅស៊ី‌សាក់ជាស្តេចស្រុកអេស៊ីបវាយក្រុងយេរូសាឡឹម។ 26 ស្តេចបានយកទ្រព្យនៅក្នុងដំណាក់របស់ព្រះអម្ចាស់ និងទ្រព្យរបស់ស្តេចទៅទាំងអស់។ ស្តេចបានយកអ្វីៗទៅទាំងអស់ ស្តេចក៏បានយកខែលមាសដែលព្រះបាទសាឡូម៉ូនបានធ្វើទៅដែរ។ 27 ព្រះបាទរេហូបោមបានធ្វើខែលពីលង្ហិនជំនួសខែលមាសទាំងនោះ ហើយបានប្រគល់របស់ទាំងនោះទៅក្នុងដៃរបស់មេដឹកនាំរបស់អ្នកយាម ដែលយាមនៅមាត់ទ្វារវាំងស្តេច។ 28 នៅពេលដែលស្តេចចូលទៅក្នុងដំណាក់របស់ព្រះអម្ចាស់ នោះអ្នកយាមត្រូវកាន់ខែលទាំងនោះ បន្ទាប់មកពួកគេត្រូវយកមកទុកក្នុងឃ្លាំងយាមវិញ។ 29 មានរឿងផ្សេងទៀតទាក់ទងនឹងព្រះបាទរេហូបោម អ្វីដែលស្តេចបានធ្វើ តើមិនបានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចទេឬ? 30 តែងតែ​មាន​សង្គ្រាម​​រវាងព្រះ‌បាទ​រេហូ‌បោម និង​ព្រះ‌បាទ​យេរ៉ូ‌បោមជានិច្ច។ 31 ដូច្នេះ ព្រះបាទរេហូបោមបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ស្តេច ហើយសពរបស់ស្តេចបានបញ្ចុះនៅក្នុងក្រុងរបស់ព្រះបាទដាវីឌ។ មាតា​របស់​ស្ដេច​មាន​នាម​ថា ណា‌អា‌ម៉ា ជា​ជន‌ជាតិ​អាំម៉ូន។ ព្រះ‌បាទ​អប៊ី‌យ៉ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យបន្តពីទ្រង់។

ជំពូក ១៥

1 នៅក្នុងឆ្នាំទីដប់ប្រាំបីនៅក្នុងរាជ្យព្រះបាទយេរ៉ូបោមជាកូនរបស់​លោក​នេបាត ព្រះ‌បាទ​អប៊ី‌យ៉ា​ចាប់ផ្តើមឡើង​សោយ‌រាជ្យ​នៅ​ស្រុក​យូដា។ 2 ស្តេចសោយរាជ្យបានបីឆ្នាំនៅក្រុងយេរូសាឡឹម។ មាតា​របស់​ស្ដេច គឺនាង​ថា​ម៉ាកា ជា​កូនស្រីរបស់អប៊ី‌សាឡុម។ 3 ស្តេចបានប្រព្រឹត្តអំពើបាបគ្រប់យ៉ាងដែលបិតារបស់ស្តេចបានប្រព្រឹត្តមុនព្រះអង្គ ព្រះហឫទ័យរបស់ស្តេចមិនបានថ្វាយព្រះអម្ចាស់ជាព្រះរបស់ព្រះអង្គ ដូចស្តេចដាវីឌជាបុព្វបុរសរបស់លោកធ្លាប់ធ្វើឡើយ។ 4 យ៉ាងណាមិញ ដោយយល់ដល់ស្តេចដាវីឌ ព្រះអម្ចាស់ជាព្រះរបស់ស្តេចបានឲ្យស្តេចមានចង្កៀងមួយនៅក្រុងយេរូសាឡឹមដោយលើកបុត្ររបស់ស្តេចឲ្យឡើងសោយរាជ្យក្រោយព្រះអង្គ ដើម្បីពង្រឹងយេរូសាឡឹម។ 5 ព្រះជាម្ចាស់ធ្វើបែបនេះមកពីព្រះបាទដាវីឌបានធ្វើរឿងត្រឹមត្រូវនៅក្នុងព្រះនេត្រព្រះអង្គ នៅពេញមួយជីវិតរបស់ស្តេច ស្តេចមិនបានងាកចេញពីផ្លូវដែលព្រះអង្គបង្គាប់ស្តេចឡើយ លើកលែងតែរឿងរបស់លោកអ៊ូរីជនជាតិហេតមួយចេញ។​ 6 ឥឡូវនេះ មានសង្គ្រាមរវាងព្រះបាទរេហូបោម និងព្រះបាទយេរ៉ូបោមនៅក្នុងថ្ងៃនៃជីវិតរបស់លោកអប៊ីយ៉ា។ 7 មានរឿងផ្សេងទៀតទាក់ទងនឹងព្រះបាទអប៊ីយ៉ា អ្វីដែលស្តេចបានធ្វើ តើមិនមានសរសេរទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចទេឬអី? តែងតែមានសង្គ្រាមរវាងអប៊ីយ៉ា និងយេរូបោមជានិច្ច។ 8 ព្រះបាទអប៊ីយ៉ាបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ស្តេច ហើយគេបានបញ្ចុះទ្រង់នៅក្នុងក្រុងរបស់ព្រះបាទដាវីឌ។ ព្រះ‌បាទ​អេសា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យបន្ត។ 9 នៅក្នុងឆ្នាំទីម្ភៃនៃរាជ្យរបស់ព្រះបាទយេរ៉ូបោមជាស្តេចស្រុកអ៊ីស្រាអែល ព្រះ‌បាទ​អេសាចាប់ផ្តើមសោយរាជ្យនៅស្រុកយូដា។ 10 ស្តេចបានសោយរាជ្យអស់រយៈពេលសែសិបមួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា​ម៉ាកា ជាកូនស្រីរបស់អប៊ី‌សាឡុម។ 11 ព្រះ‌បាទ​អេសាបានប្រព្រឹត្តត្រឹមត្រូវចំពោះព្រះនេត្ររបស់ព្រះអម្ចាស់ ដូចជាព្រះបាទដាវីឌជាបុព្វបុរសរបស់ស្តេចដែរ។ 12 ស្តេចបានបំផ្លាញពួកពេស្យាចាបែបសាសនាចោលនៅក្នុងទឹកដីទាំងមូល ហើយបានបំផ្លាញរូបព្រះដែលបុព្វបុរសរបស់ស្តេចបានធ្វើ។ 13 ស្ដេច​បាន​ហូត​តំណែងរបស់ម្ចាស់ក្សត្រី​ពី​ព្រះ‌នាង​ម៉ាកា ជីដូនរបស់ស្តេច ព្រោះ​ព្រះនាង​បាន​កសាងសរសរព្រះ​អា‌សេ‌រ៉ាដ៏​គម្រក់​មួយ។ ព្រះ‌បាទ​អាសាកម្ទេចសសរដ៏​គម្រក់​នោះ រួច​យក​ទៅ​ដុត​ចោល​នៅ​ជ្រោះ​កេដ្រូន។ 14 ប៉ុន្តែ នៅតាមទីទួលខ្ពស់ៗមិនបានបំផ្លាញចោលទេ។ ទោះជាយ៉ាងណាក៏ដោយដួងចិត្តរបស់ព្រះបាទអាសាបានថ្វាយទៅព្រះជាម្ចាស់ទាំងស្រុងពេញមួយជីវិតរបស់ស្តេច។​ 15 ស្តេចបាននាំរបស់ដែលបិតារបស់ស្តេចបានញែកទុកមកក្នុងដំណាក់របស់ព្រះអម្ចាស់​ គឺរបស់ផ្ទាល់ខ្លួនរបស់ព្រះអង្គផ្ទាល់ដែលបានញែកទុក គឺមានប្រាក់ មាស និងរបស់របរផ្សេងៗទៀត។ 16 តែងតែមានសង្គ្រាម​ទៅវិញទៅ​មករវាងព្រះ‌បាទ​អេសា និង​ព្រះ‌បាទ​បាសា​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ក្នុងរាជ្យរបស់​ស្ដេច​ទាំង​ពីរ។ 17 ព្រះបាទបាសាជាស្រេចស្រុកអ៊ីស្រាអែល បានប្រព្រឹត្តដោយកំហឹងប្រឆាំងជាមួយជនជាតិយូដា ហើយបានសង់​ក្រុង​រ៉ាម៉ា ដូច្នេះ ស្តេចមិនអនុញ្ញាត្តិឲ្យនរណាម្នាក់ចេញ ឬចូលទៅក្នុងអាណាចក្ររបស់ព្រះបាទអាសាស្តេចស្រុកយូដាបានឡើយ។ 18 បន្ទាប់មក ព្រះបាទអាសាបានយកប្រាក់ និងមាសទាំងអស់ដែលនៅសេសសល់ក្នុងឃ្លាំងឯដំណាក់របស់ព្រះអម្ចាស់ និងក្នុងឃ្លាំងវាំងស្តេច។ ស្តេចបានទុករបស់ទាំងនោះនៅជាមួយអ្នកបម្រើរបស់ស្តេច ហើយបានផ្ញើរបស់ទាំងនោះទៅព្រះ‌បាទ​បេន-‌ហា‌ដាដ ជា​បុត្រ​របស់​ព្រះ‌បាទ​ថាប‌រីម៉ូន ដែល​ត្រូវ​ជា​បុត្រ​របស់​ព្រះ‌បាទ​ហេស‌យ៉ូន ស្ដេច​ស្រុកអារ៉ាម ដែល​គង់​នៅ​ក្រុង​ដាម៉ាស។ ស្តេចទូលទៅ​ថា៖ 19 «សូមឲ្យមានសម្ពន្ធមេត្រីរវាងព្រះករុណា និងទូលបង្គំ ដូចដែលបិតាទូលបង្គំមានជាមួយបិតាព្រះកុរណាដែរ។ មើល៍ ទូលបង្គំបានផ្ញើអំណោយទាំងនេះមានប្រាក់ និងមាសមកព្រះករុណា។​ សូមផ្តាច់សម្ពន្ធមេត្រីជាមួយបាសាស្តេចស្រុកអ៊ីស្រាអែលទៅ ដូច្នេះ កុំឲ្យស្តេចនោះធ្វើទុកទូលបង្គំឡើយ»។ 20 ព្រះ‌បាទ​បេនហា‌ដាដ​ស្តាប់តាមព្រះ‌បាទ​អេសា ហើយបានបញ្ជូនមេទ័ពរបស់ខ្លួន ឲ្យវាយប្រហាក្រុងនានាក្នុងស្រុកអ៊ីស្រាអែល។ ពួក​គេ​វាយ​យក​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ ក្រុង​អេបិល-‌បេត-‌ម៉ាកា ព្រម​ទាំង​តំបន់​គីនេ‌រ៉ែត​ទាំង​មូល និងទឹកដី​ស្រុក​ណែប‌ថាលី។ 21 នៅពេលដែលព្រះបាទបាសាបានឮរឿងនេះស្តេចក៏ឈប់សាងសង់ក្រុងរ៉ាម៉ា ហើយត្រឡប់ទៅក្រុង​ធើសាវិញ​។ 22 បន្ទាប់មក ព្រះបាទអាសាបានធ្វើសេចក្តីប្រកាសនៅក្នុងស្រុកយូដាទាំងមូល។ គ្រប់គ្នាទាំងអស់បានដឹង។ ពួកគេបានយកថ្ម និងឈើចេញពីក្រុងរ៉ាម៉ា ដែលព្រះបាទបាសាបានសាងសង់ក្រុងនោះឡើង។ ស្តេច​អេសា​យក​ថ្ម និង​ឈើ​ទាំង​នោះ​ទៅ​សង់​ក្រុង​កេបា ក្នុង​ទឹក​ដី​បេន‌យ៉ាមីន និង​ក្រុង​មីសប៉ា។ 23 រឿងផ្សេងៗទៀតទាក់ទាងនឹងព្រះបាទអាសា និងភាពល្បីល្បាញរបស់ស្តេច គ្រប់អ្វីដែលស្តេចបានធ្វើ គ្រប់ក្រុងដែលស្តេចបានសង់ តើមិនមានកត់ត្រាទុកក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយូដាទេឬ? ប៉ុន្តែនៅពេលដែលស្តេចចាស់ទៅទ្រង់មានជំងឺឈឺជើង។ 24 បន្ទាប់មក ព្រះបាទអាសាបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ស្តេច ហើយគេបានបញ្ចុះស្តេចនៅក្នុងក្រុងរបស់ព្រះបាទដាវីឌជាបិតាទ្រង់។ ព្រះ‌បាទ​យ៉ូសា‌ផាត ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យបន្ត។ 25 ព្រះបាទ​ណាដាប់ ជា​បុត្រ​ព្រះ‌បាទ​យេរ៉ូ‌បោមចាប់ផ្តើមសោយរាជ្យនៅទឹកដីអ៊ីស្រាអែលនៅក្នុងឆ្នាំទីពីរនៃរាជ្យរបស់ព្រះបាទអាសាស្តេចស្រុកយូដា ស្តេចបានសោយរាជ្យលើអ៊ីស្រាអែលបានពីរឆ្នាំ។ 26 ស្តេចបានប្រព្រឹត្តអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ហើយស្តេចបានដើរតាមបិតាទ្រង់ និងដើរតាមអំពើបាបរបស់ខ្លួន ដែលស្តេចបាននាំអ៊ីស្រាអែលឲ្យធ្លាក់ក្នុងអំពើបាប។ 27 លោក​បាសា​ជា​កូន​របស់​លោក​អហ៊ី‌យ៉ា ក្នុងគ្រួសារ​អ៊ីសា‌ខារ បាន​ក្បត់​ព្រះ‌បាទ​ណាដាប់ លោកបាសាធ្វើ​គុត​ស្ដេច​នៅ​គីប‌ថោន ដែលជា​ក្រុង​របស់​ពួក​ភីលីស្ទីន នៅពេលដែល​ស្ដេច និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​កំពុង​ឡោម‌ព័ទ្ធ​ក្រុង​គីប‌ថោននោះ។ 28 នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា លោក​បាសា​ធ្វើ​គុត​ព្រះបាទណាដាប់ ហើយ​ឡើង​សោយ​រាជ្យ​ជំនួស។ 29 នៅពេលភ្លាមៗដែលលោកបានសោយរាជ្យ ព្រះបាទបាសាបានសម្លាប់មនុស្សទាំងអស់នៅក្នុងគ្រួសាររបស់យេរ៉ូបោម។​ ស្តេចមិនទុកឲ្យកូនចៅណាម្នាក់របស់យេរ៉ូបោមនៅរស់ឡើយ ស្តេចបានសម្លាប់សាច់សាលោហិតនៅក្នុងវាំងដោយរបៀបនេះឯង​ ស្រមតាមអ្វីដែលព្រះអម្ចាស់បានមានបន្ទូលតាមរយៈលោកអហ៊ីយ៉ាជាអ្នកស្រុកស៊ីឡូមែន 30 ដោយាសាតែអំពើបាបដែលយេរ៉ូបោមបានប្រព្រឹត្ត និងដោយសារស្តេចបាននាំឲ្យអ៊ីស្រាអែលប្រព្រឹត្តអំពើបាប ព្រោះស្តេចបានធ្វើឲ្យព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលព្រះពិរោធ។ 31 រឿងផ្សេងទៀតដែលទាក់ទងនឹងព្រះបាទណាដាប់ និងគ្រប់អ្វីដែលស្តេចបានធ្វើ តើមិនមានកត់ត្រាទុកក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចទេឬ? 32 តែងតែមានសង្គ្រាមរវាងព្រះ‌បាទ​អាសា និង​ព្រះ‌បាទ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែលជានិច្ចនៅក្នុងជីវិតរបស់ស្តេច។​ 33 នៅក្នុងឆ្នាំទីបីនៃរាជ្យរបស់ព្រះបាទអាសាស្តេចស្រុកយូដា ព្រះ‌បាទ​បាសា ជា​កូន​របស់​លោក​អហ៊ី‌យ៉ា បាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល នៅ​ក្រុង​ធើសា អស់​រយៈ​ពេល​ម្ភៃ​បួន​ឆ្នាំ។ 34 ស្តេចបានប្រព្រឹត្តអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ និងដើរតាមមាគា៌របស់ព្រះបាទយេរ៉ូបោម និងអំពើបាបខ្លួនឯងផ្ទាល់ ដែលនាំអ៊ីស្រាអែលទៅក្នុងអំពើបាប។

ជំពូក ១៦

1 ព្រះបន្ទូលរបស់ព្រះអម្ចាស់មកតាមរយៈលោក​យេហ៊ូវ ជា​កូន​របស់​លោក​ហាណា‌នី​ថា៖ 2 «ទោះបីជាយើងបានលើកអ្នកឡើងពីធូលី​ ហើយបានឲ្យអ្នកធ្វើជាអ្នកដឹកនាំលើប្រជាជនអ៊ីស្រាអែលក៏ដោយ ក៏អ្នកនៅតែដើរតាមផ្លូវរបស់យេរ៉ូបោម ហើយបានធ្វើឲ្យប្រជាជនអ៊ីស្រាអែលប្រព្រឹត្តអំពើបាប នាំឲ្យយើងពិរោធដោយសារអំពើបាបរបស់ពួកគេ។ 3 ឃើញទេ យើងនឹងកំទេចបាសា និងគ្រួសាររបស់គេចោល ហើយយើងនឹងធ្វើឲ្យគ្រួសាររបស់អ្នកដូចជាគ្រួសារបស់យេរ៉ូបោមកូនរបស់នេបាតដែរ។ 4 ឆ្កែនឹងស៊ីគ្រប់គ្នានៅក្នុងគ្រួសាររបស់បាសាដែលបានស្លាប់នៅក្នុងក្រុង ហើយបក្សីនឹងចឹកស៊ីអ្នកដែលស្លាប់នៅឯវាលស្រែ»។ 5 រឿងរាវរបស់ព្រះបាទបាសា ជាមួយអ្វីដែលស្តេចធ្វើ និងភាពល្បីល្បាញរបស់ស្តេច តើមិនបានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចអ៊ីស្រាអែលទេឬ? 6 ព្រះបាទបាសាបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ព្រះអង្គ ហើយគេ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​ធើសា ហើយព្រះ‌បាទ​អេឡា ជា​បុត្ររបស់ទ្រង់បាន​ឡើង​ស្នង​រាជ្យបន្ត។ 7 ដូច្នេះ តាមរយៈលោកព្យាការី​យេហ៊ូវ ជា​កូន​របស់​លោក​ហាណា‌នី ព្រះអម្ចាស់បានមានបន្ទូលមកប្រឆាំងព្រះបាទបាសា និងគ្រួសាររបស់ស្តេចទាំងពីរនេះដោយសារអំពើរអាក្រក់ដែលស្តេចបានធ្វើ នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ដូច្នេះធ្វើឲ្យព្រះអង្គព្រះពិរោធ ហើយព្រះអង្គបំផ្លាញគ្រួសាររបស់ស្តេចដូចព្រះអង្គបំផ្លាញគ្រួសាររបស់ព្រះបាទយេរ៉ូបោមដែរ និងដោយសារតែស្តេចបានសម្លាប់គ្រួសារបស់ព្រះបាទយេរ៉ូបោមទាំងអស់។ 8 នៅក្នុងឆ្នាំទីម្ភៃប្រាំមួយនៃរាជ្យរបស់ព្រះបាទអាសាជាស្តេចស្រុកយូដា ព្រះ‌បាទ​អេឡា ជា​បុត្រ​របស់​ព្រះ‌បាទ​បាសា បាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​ធើសា ស្តេចសោយរាជ្យបាន​ពីរ​ឆ្នាំ។ 9 មាន​អ្នកបម្រើរបស់​ស្ដេច​ម្នាក់ឈ្មោះ​លោក​ស៊ីមរី ជា​មេទ័ព​កង​រទេះ​ចម្បាំង​​ពាក់​កណ្ដាល បានប្រឆាំងនឹង​ព្រះ‌បាទ​អេឡា។ ឥឡូវនេះ ស្តេច​ស្នាក់​នៅ​ក្រុង​ធើសា កំពុង​សោយ​ស្រា​ស្រវឹង នៅ​ក្នុង​ផ្ទះ​របស់​លោក​អើសា ដែល​ជា​អ្នក​គ្រប់គ្រងនៅក្រុងធើសា។ 10 លោកស៊ីមរីចូលទៅក្នុង វាយប្រហារ​ និងសម្លាប់ស្តេចទៅ នៅក្នុងឆ្នាំទីម្ភៃប្រាំពីរនៃរាជ្យរបស់ព្រះបាទអាសាស្តេចស្រុកយូដា ហើយលោកក្លាយជាស្តេចបន្តពីព្រះបាទស៊ីមរី។ 11 នៅពេលដែលព្រះបាទស៊ីមរីចាប់ផ្តើមសោយរាជ្យ និងបានគង់លើបល្ល័ង្ក ស្តេចបានសម្លាប់គ្រួសារបស់ប្រះបាទបាសាទាំងអស់។ ស្តេចមិនទុកឲ្យនរណាម្នាក់នៅក្នុងគ្រួសារ ឬមិត្តភ័ក្ររបស់ព្រះបាទបាសានៅរស់ឡើយ។ 12 ដូច្នេះ ព្រះបាទស៊ីមរីបំផ្លាញគ្រួសារទាំងមូលរបស់ព្រះបាទបាសា ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលបានមានបន្ទូលប្រឆាំងនឹងព្រះបាទបាសាតាមរយៈលោកព្យាការីយេហ៊ូវ 13 ដោយសារអំពើបាបរបស់ស្តេចផ្ទាល់ និងអំពើបាបដែល​ព្រះ‌បាទ​អេឡាជា​បុត្របាន​ប្រព្រឹត្ត និងការដែលពួកគេបាននាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាប ដូច្នេះ ពួកគេបានធ្វើឲ្យព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលព្រះពិរោធជាមួយរូបព្រះរបស់ពួកគេ។ 14 រឿងផ្សេងទៀតដែលទាក់ទងនឹងព្រះបាទអេឡា និងអ្វីដែលស្តេចបានធ្វើ តើមិនបានកត់ត្រាទុកក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចអ៊ីស្រាអែលទេឬ? 15 នៅក្នុងឆ្នាំទីម្ភៃប្រាំពីរនៃរាជ្យរបស់ព្រះបាទអាសាស្តេចស្រុកយូដា ព្រះបាទស៊ីមរីសោយរាជ្យបានប្រាំពីរថ្ងៃនៅក្រុង​ធើសា។ ឥឡូវនេះ​ទាហាន​បានបោះជំរំ នៅ​ជិត​ក្រុង​គីប‌ថោន ដែលជាក្រុងរបស់ពួក​ភីលីស្ទីន។ 16 នៅពេលដែលពួកទ័ពបានបោះជំរំនៅទីនេះពួកគេឮគេនិយាយថា៖ «លោកស៊ីមរីបានក្បត់ ហើយបានសម្លាប់ស្តេចហើយ»។ ដូច្នេះ ថ្ងៃនោះនៅក្នុងជំរំ អ៊ីស្រាអែលទាំងមូលបានប្រកាសឲ្យលោក​មេ‌ទ័ព​អូមរីធ្វើជាស្តេចលើស្រុកអ៊ីស្រាអែល។ 17 លោក​អូមរីក៏​ចេញ​ពី​ក្រុង​គីប‌ថោនជាមួយជនជាតិ​អ៊ីស្រា‌អែល​ ​មក​ឡោម‌ព័ទ្ធ​ក្រុង​ធើសា។ 18 ដូច្នេះ នៅពេលដែលព្រះបាទអ៊ូមរីបានឃើញថាទីក្រុងត្រូវបានគេគ្រប់គ្រង ស្តេច​ក៏​យាង​ចូល​ក្នុង​ប៉ម​មួយ​នៅជាប់​ក្នុង​វាំងរបស់ស្តេច រួច​យក​ភ្លើង​ដុតខ្លួនឯងនៅក្នុង​ប៉ម ហើយ​បានសុគតក្នុងភ្លើងនោះទៅ។ 19 នេះដោយសារអំពើបាបដែលស្តេចបានធ្វើជាអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ដោយសារស្តេចដើរតាមមាគា៌របស់ព្រះបាទយេរ៉ូបោម និងដោយសារអំពើបាបរបស់ស្តេចខ្លួនឯងផ្ទាល់ ស្តេចក៏នាំអ៊ីស្រាអែលឲ្យប្រព្រឹត្តបាបដែរ។ 20 រឿងរាវដែលទាក់ទាងនឹងព្រះបាទស៊ីមរី និងអំពើក្បត់ដែលស្តេចបានធ្វើ តើមិនមានកត់ត្រាទុកក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចអ៊ីស្រាអែលទេឬ? 21 បន្ទាប់មក ប្រជាជនអ៊ីស្រាអែលបានបែងចែកជាពីរ។ ប្រជាជនពាក់កណ្តាល់ដើរតាមលោកលោក​ធីបនី ជា​កូន​របស់​លោក​គីណាត ដែលឡើង​ជា​ស្ដេច ពាក់កណ្តាលទៀតដើរតាមលោក​អូមរី​។ 22 ប៉ុន្តែ អ្នកដែលដើរតាមលោកអូមរីខ្លាំងជាងអ្នកដែលដើរតាមលោកធីបនីជាកូនរបស់លោកគីណាត។ ដូច្នេះ លោកធីបនីបានស្លាប់ ហើយលោកអូមរីឡើងគ្រងរាជ្យ។ 23 ព្រះបាទអ៊ូមរីសោយរាជ្យលើអ៊ីស្រាអែលក្នុងឆ្នាំទីសាមសិបប្រាំ នៃរាជ្យរបស់ព្រះបាទអាសាស្តេចស្រុកយូដា ហើយស្តេចសោយរាជ្យបានដប់ពីរឆ្នាំ។ ស្តេចសោយរាជ្យនៅក្រុង​ធើសាបានប្រាំមួយឆ្នាំ។ 24 ស្ដេច​ទិញ​ភ្នំ​សាម៉ារី​ពី​លោក​សេមើរតម្លែជាប្រាក់ពីរហាប។ ស្តេចបានសង់ក្រុងនៅលើភ្នំនោះ ហើយបានហៅក្រុងនោះថាសាម៉ារី ក្រោយពីក្រុងនោះធ្លាប់មានឈ្មោះថាសេមើរ ដែលជាម្ចាស់ភ្នំ។ 25 ព្រះបាទអ៊ូមរីបានប្រព្រឹត្តអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ហើយបានប្រព្រឹត្តអាក្រក់ជាងអ្នកដែលសោយរាជ្យមុនស្តេចទៅទៀត។ 26 ដោយសារស្តេចដើរតាមមាគា៌របស់ព្រះបាទយេរ៉ូបោមជាកូនរបស់នេបាត និងអំពើបាបរបស់ស្តេចផ្ទាល់ដែលនាំអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាប ធ្វើឲ្យព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលព្រះពិរោធដោយសារតែរូបព្រះដ៏គ្មានតម្លៃទាំងអស់នោះ។ 27 រឿងរាវរបស់ព្រះបាទអ៊ូមរី អ្វីដែលស្តេចបានធ្វើ និងភាពល្បីល្បាញដែលស្តេចបានបង្ហាញ តើមិនមានកត់ត្រានៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកអ៊ីស្រាអែលទេឬ​? 28 ដូច្នេះ ព្រះបាទអ៊ូមរីបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ស្តេច ហើយគេបានបញ្ចុុះស្តេចនៅស្រុកសាម៉ារី ហើយព្រះ‌បាទ​អហាប់ ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យបន្ត។ 29 នៅក្នុងឆ្នាំទីសាមសិបប្រាំបីនៃរាជ្យរបស់ព្រះបាទអាសាស្តេចស្រុកយូដា ព្រះ‌បាទ​អហាប់ ជា​បុត្ររបស់ព្រះបាទអ៊ូមរីបាន​ឡើង​ស្នង​រាជ្យលើស្រុកអ៊ីស្រាអែល។ ព្រះ‌បាទ​អហាប់ ជា​បុត្ររបស់អ៊ូមរីសោយរាជ្យលើអ៊ីស្រាអែលក្នុងក្រុងសាម៉ារីបានម្ភៃពីរឆ្នាំ។ 30 ព្រះ‌បាទ​អហាប់ ជា​បុត្ររបស់អ៊ូមរីបានប្រព្រឹត្តអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់លើសស្តេចណាៗទាំងអស់ដែលសោយរាជ្យមុនស្តេច។ 31 ស្តេចព្រះ‌បាទ​អហាប់មិនគ្រាន់តែដើរតាមអំពើបាបរបស់ព្រះបាទយេរ៉ូបោមជាកូនរបស់នេបាតប៉ុណ្ណោះទេ គឺ​ទ្រង់​បាន​រៀប​អភិ‌សេក​ជា​មួយ​ព្រះ‌នាង​យេសិ‌បិល ជា​បុត្រី​របស់​ព្រះ‌បាទ​អេត‌បាល ជា​ស្ដេច​ស្រុក​ស៊ីដូន ហើយ​ដើរតាម និង​ថ្វាយ‌បង្គំ​ព្រះ​បាល ព្រមទាំងឱនក្បាលនៅចំពោះព្រះនោះទៀតផង។ 32 ស្តេចបានសង់អាសនាសម្រាប់ព្រះបាល នៅក្នុងវិហាររបស់ព្រះបាល ដែលស្តេចបានសង់នៅសាម៉ារី។ 33 ព្រះបាទអហាប់ក៏បានសង់សសរព្រះអាសេរ៉ាផងដែរ។ ព្រះបាទអហាប់បានប្រព្រឹត្តអាក្រក់មែនទែនធ្វើឲ្យព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលព្រះពិរោធយ៉ាងខ្លាំងលើសជាងស្តេចមុនៗទៅទៀត។ 34 ក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់ព្រះបាទអហាប់ លោក​ហ៊ីអែល​ជា​អ្នក​ស្រុក​បេត‌អែល សង់​កំពែង​ក្រុង​យេរីខូ​ឡើង​វិញ។ លោកហ៊ីអែលបានចាក់គ្រឹះក្រុង នោះ​គាត់បានបង់ថ្លៃជីវិតអប៊ី‌រ៉ាម​ជា​កូន​ប្រុស​ច្បង ហើយ​កាល​គាត់​ដាក់​ទ្វារ​ក្រុង​ឡើង នោះ​សេគូប​ជា​កូន​ប្រុស​ពៅ​ក៏​ស្លាប់​ដែរ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង តាម​រយៈ​លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នូន។

ជំពូក ១៧

1 លោក​អេលីយ៉ា​ជា​អ្នក​ភូមិ​ធេស‌ប៊ី ក្នុង​ស្រុក​កាឡាដ ទូល​ព្រះ‌បាទ​អហាប់​ថា៖ «ដោយសារព្រះអម្ចាស់ជាព្រះរបស់អ៊ីសា្រអែលមានព្រះជន្មគង់នៅ ជាព្រះដែលទូលបង្គំបម្រើ នៅប៉ុន្មានឆ្នាំនោះនឹង​គ្មាន​សន្សើម ឬភ្លៀងឡើយរហូតទាល់តែទូលបង្គំសុំឲ្យមាន»។ 2 ព្រះបន្ទូលរបស់ព្រះអម្ចាស់មកដល់លោកអេលីយ៉ាថា៖ 3 «ចូរចេញពីទីនោះទៅភាគខាងកើតទៅ ហើយ​ពួន​សំងំ​នៅ​ក្បែរ​ជ្រោះ​កេរីត ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់។ 4 អ្នកនឹងផឹកទឹកជ្រោះ ហើយយើងនឹងឲ្យក្អែកចិញ្ចឹមអ្នកនៅទីនោះ»។ 5 ដូច្នេះ លោកអេលីយ៉ាបានធ្វើតាមព្រះបន្ទូលរបស់ព្រះអម្ចាស់បានបង្គាប់មកលោក។ លោកបានទៅរស់នៅ​ជ្រោះ​កេរីត ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់។ 6 សត្វក្អែកបាននាំនំប័ុងនឹងសាច់ឲ្យលោកនៅពេលព្រឹក ហើយយកនំប័ុង និងសាច់មកឲ្យលោកនៅពេលល្ងាច ហើយលោកផឹកទឹកជ្រោះនោះ។ 7 ប៉ុន្តែ ក្រោយមកទឹកជ្រោះនោះក៏រីងអស់ ព្រោះគ្មានភ្លៀងសោះនៅក្នុងតំបន់នោះ។ 8 ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់លោកថា៖ 9 «ចូរក្រោកឡើង ហើយចេញទៅសា‌រិប‌តា ជា​ក្រុង​របស់​ជន‌ជាតិ​ស៊ីដូន ហើយ​ស្នាក់​អាស្រ័យ​នៅ​ទី​នោះ​ចុះ។ មើល យើង​នឹង​បង្គាប់​ឲ្យ​ស្ត្រី​មេម៉ាយ​ម្នាក់​នៅទីនោះផ្គត់‌ផ្គង់​អ្នក»។ 10 ដូច្នេះ គាត់ក៏ក្រោកឡើង ហើយចេញទៅសារិបតា ហើយនៅពេលដែលលោកមកដល់ទ្វារក្រុងមានស្រ្តីមេម៉ាយម្នាក់កំពុងតែរើសអុស។ ដូច្នេះ លោកបានហៅនាងដោយនិយាយថា៖ «សូមដងទឹកពីក្នុងពាងឲ្យខ្ញុំបន្តិច ខ្ញុំនឹងផឹកទឹកនោះ»។ 11 នៅពេលដែលនាងចេញទៅដងទឹក គាត់បានហៅនាងមក ហើយនិយាយថា៖ «សូមយកនំប័ុងមួយដុំក្នុងដៃនាងមកឲ្យខ្ញុំ»។ 12 នាងតមថា៖ «ក្នុងព្រះនាមព្រះអម្ចាស់ដែលមានព្រះជន្មរស់ នាងខ្ញុំសូមជម្រាបលោកថានាងខ្ញុំគ្មាននំប័ុងទេ ប៉ុន្តែ នាងខ្ញុំមានតែអាហារបន្តិចនៅក្នុងក្រឡ និងមានប្រេងបន្តិចនៅក្នុងដបប៉ុណ្ណោះ។ លោកឃើញទេ ខ្ញុំកំពុងរើសអុស ដូច្នេះ នាងខ្ញុំនឹងទៅចម្អិនសម្រាប់នាងខ្ញុំ និងកូនប្រុសរបស់នាងខ្ញុំ ហើយយើងនឹងបរិភោគរួចយើងនឹងស្លាប់»។ 13 លោកអេលីយ៉ាមានប្រសាសន៍ថា៖ «កុំឲ្យខ្លាចឡើយ។ ចូរចេញទៅធ្វើតាមដែលនាងបាននិយាយចុះ ប៉ុន្តែ ចូរធ្វើនំប័ុងឲ្យខ្ញុំបន្តិចសិន ហើយយកវាមកឲ្យខ្ញុំ។ បន្ទាប់មក សឹមធ្វើសម្រាប់ខ្លួននាង និងកូនរបស់នាងចុះ។ 14 ព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖​ «ក្រឡអាហារនឹងមិនត្រូវអស់ឡើយ ហើយដបប្រេងក៏មិនឈប់ហូរដែរ រហូតដល់ថ្ងៃដែលព្រះអម្ចាស់ប្រទានទឹកភ្លៀងមកលើផែនដី»។ 15 ដូច្នេះ នាងក៏បានធ្វើដូចដែលលោកអេលីយ៉ាបានប្រាប់នាង។ នាង និងលោកអេលីយ៉ា ព្រមទាំងអ្នកដែលនៅក្នុងផ្ទះនាងបានបរិភោគបានយ៉ាងច្រើនថ្ងៃ។ 16 ក្រឡអាហារមិនដែលអស់ឡើយ ហើយដបប្រេងក៏មិនឈប់ហូរដែរ ដូចព្រះបន្ទូលដែលព្រះអម្ចាស់បានមានបន្ទូលតាមរយៈលោកអេលីយ៉ាមែន។ 17 ក្រោយមកទៀតកូនរបស់ស្រ្តីនោះឈឺ គឺស្រ្តីដែលជាម្ចាស់ផ្ទះ។ កូននោះឈឺធ្ងន់ណាស់ ធ្វើឲ្យកូននោះផុតដង្ហើម។ 18 ដូច្នេះ ម្តាយរបស់កូននោះបាននិយាយទៅកាន់លោកអេលីយ៉ាថា៖​ «តើអ្នកមានរឿងអ្វីជាមួយនាងខ្ញុំ អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ? តើអ្នកមកជួបខ្ញុំដើម្បីរំឭកពីអំពើបាបរបស់នាងខ្ញុំ ហើយសម្លាប់កូនរបស់នាងខ្ញុំឬ»? 19 បន្ទាប់មក លោកអេលីយ៉ាឆ្លើយទៅនាងថា៖ «សូមឲ្យកូនរបស់នាងមក»។ គាត់ក៏បានយកកូននោះពីដៃរបស់នាង ហើយបានយកនាងទៅបន្ទប់ខាងលើដែលលោកស្នាក់នៅ ហើយលោកបានដាក់កូននោះនៅលើគ្រែរបស់លោក។ 20 លោកបានស្រែករកព្រះអម្ចាស់ដោយទូលថា៖ «ព្រះអម្ចាស់ជាព្រះរបស់ទូលបង្គំអើយ តើព្រះអង្គនាំមហន្តរាយមកលើស្រ្តីដែលទូលបង្គំស្នាក់នៅជាមួយនេះដោយសម្លាប់កូនរបស់នាងបែបនេះឬ»? 21 បន្ទាប់មកលោកក៏ទ្រោមពីលើកូននោះបីដង លោកបានស្រែករកព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់ជាព្រះរបស់ទូលបង្គំអើយ ទូលបង្គំសូមអង្វរព្រះអង្គ សូមឲ្យជីវិតរបស់ក្មេងនេះត្រឡប់មកគាត់វិញផង»។ 22 ព្រះអម្ចាស់បានស្តាប់ឮសម្លេងរបស់លោកអេលីយ៉ា ជីវិតរបស់ក្មេងនោះបានត្រឡប់មកក្មេងនោះវិញ ហើយគាត់ក៏រស់ឡើងវិញ។ 23 លោកអេលីយ៉ាបានយកក្មេងនោះចេញពីបន្ទប់របស់គាត់មកក្រោមផ្ទះ លោកបានប្រគល់ក្មេងនោះឲ្យម្តាយរបស់ក្មេងនោះវិញ ដោយមានប្រសាសន៍ថា៖​ «ឃើញទេ កូនរបស់អ្នកនៅរស់ទេ»។ 24 ស្ត្រីនោះបាននិយាយជាមួយលោកអេលីយ៉ាថា៖ «ឥឡូវនេះ ខ្ញុំដឹងហើយថា លោកជាអ្នកជំនិតរបស់ព្រះអម្ចាស់ ហើយដឹងថាព្រះបន្ទូលនៅក្នុងមាត់របស់លោកពិតជាត្រឹមត្រូវមែន»។

ជំពូក ១៨

1 ដូច្នេះ ច្រើនថ្ងៃក្រោយមកទៀត ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់លោកអេលីយ៉ា នៅក្នុងឆ្នាំទីបីនៃគ្រោះរាំងស្ងួតថា៖ «ទៅបង្ហាញខ្លួនឲ្យស្តេចអហាប់បានឃើញ ហើយយើងនឹងបញ្ជូនទឹកភ្លៀងមកលើផែនដី»។ 2 លោកអេលីយ៉ាក៏ទៅបង្ហាញខ្លួនឲ្យស្តេចអហាប់ឃើញ ពេល​នោះ មាន​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំង​នៅ​ក្រុង​សា‌ម៉ារី។ 3 ព្រះបាទ​អហាប់​បានហៅលោក​អូបា‌ឌា ដែលជាអ្នកមើលខុសត្រូវក្នុងវាំង។ លោកអូបាឌាគោរពព្រះអម្ចាស់ណាស់ 4 ព្រោះនៅពេលដែលម្ចាស់​ក្សត្រី​យេសិ‌បិល​សម្លាប់ព្យាការីរបស់ព្រះអម្ចាស់ លោកអូបាឌាបានយកព្យាការីមួយរយនាក់ទៅលាក់ក្នុងរូងភ្នំ មួយកន្លែងសាសិបនាក់ ហើយបានចិញ្ចឹមពួកគេដោយនំប័ុង និងទឹក។ 5 ស្តេចអហាប់មានរាជឱង្ការទៅកាន់លោកអូបាឌាថា៖ «ចូរចេញទៅទឹកដីទាំងមូល ទៅកន្លែងដែលមានប្រភពទឹក និងជ្រោះ។ ប្រហែលជាយើងអាចរកស្មៅបាន ហើយសង្គ្រោះសេះ និងលាឲ្យនៅមានជីវិត ដូច្នេះ យើងនឹងមិនបាត់បង់សត្វទាំងអស់ឡើយ»។ 6 ដូច្នេះ ពួកគេបានចែកតំបន់គ្នាដើរមើល ហើយស្វែងរកទឹក។ ស្តេចអហាប់បានទៅផ្លូវមួយ ហើយលោកអូបាឌាទៅផ្លូវមួយទៀត។ 7 នៅពេលដែលលោកអូបាឌានៅតាមផ្លូវ លោកអេលីយ៉ាបានជួបលោកដោយចៃដន្យ។ លោកអូបាឌាចំណាំលោកបាន ហើយបានក្រាបមុខដល់ដី។ លោកមានប្រសានស៍ថា៖ «តើលោកអេលីយ៉ា ដែលជាម្ចាស់របស់ខ្ញុំមែនទេ?» 8 លោកអេលីយ៉ាក៏បានឆ្លើយទៅលោកថា៖ «គឺខ្ញុំមែន។ សូមទៅប្រាប់ចៅហ្វាយរបស់លោកថា៖ «មើល លោកអេលីយ៉ានៅទីនេះ»។ 9 លោកអូបាឌាក៏ឆ្លើយថា៖​ «តើខ្ញុំបានប្រព្រឹត្តបាបអ្វី បានជាលោកចង់ប្រគល់អ្នកបម្រើរបស់លោកទៅក្នុងដៃរបស់ស្តេចអហាាប់ ឲ្យស្តេចសម្លាប់ខ្ញុំដូច្នេះ? 10 ដោយសារព្រះអម្ចាស់មានព្រះជន្មគង់នៅ ខ្ញុំសូមប្រាប់លោកថាគ្មានជាតិសាសន៍ណាមួយ ឬអាណាចក្រណាដែលចៅហ្វាយរបស់ខ្ញុំមិនបានបញ្ជូនមនុស្សទៅស្វែងរកលោកនោះទេ។ នៅពេលដែលជាតិសាសន៍ ឬអាណាចក្រណាមួយនិយាយថា៖ «លោកអេលីយ៉ាមិននៅទីនេះទេ» នោះ ស្តេចអហាប់បានឲ្យគេស្បថថាពួកគេមិនអាចរកលោកឃើញទេ។ 11 តែឥឡូវនេះ លោកបែរជានិយាយថា៖ «សូមទៅប្រាប់ចៅហ្វាយរបស់អ្នកថា លោកអេលីយ៉ានៅទីនេះទៅវិញ»។ 12 នៅពេលដែលខ្ញុំចេញទៅ តែព្រះវិញ្ញាណរបស់ព្រះអម្ចាស់បានយកលោកនៅកន្លែងដែលខ្ញុំមិនដឹង។ បន្ទាប់មក ខ្ញុំទៅទូលស្តេចអហាប់ ហើយស្តេចរកអ្នកមិនឃើញ នោះស្តេចមុខជាសម្លាប់ខ្ញុំមិនខាន។ ខ្ញុំជាអ្នកបម្រើលោក បានថ្វាយបង្គំព្រះអម្ចាស់តាំងពីខ្ញុំនៅក្មេងម្លេ៉ះ។ 13 តើគ្មាននរណាបានប្រាប់លោកទេ លោកម្ចាស់អើយ ថាខ្ញុំបានធ្វើអ្វីនៅពេលដែលនាងយេសិបិលបានសំលាប់ព្យាការីទាំងឡាយរបស់ព្រះអម្ចាស់ គឺពីរបៀបដែលខ្ញុំបានលាក់ព្យាការីរបស់ព្រះអម្ចាស់មួយរយនាក់នៅក្នុងរូងភ្នំ ក្នុងមួយកន្លែងហាសិបនាក់ និងបានចិញ្ចឹមពួកគេដោយនំប័ុង និងទឹកទេឬ? 14 ឥឡូវនេះ លោកបាននិយាយមកខ្ញុំថា៖​ «ចូរទៅប្រាប់ចៅហ្វាយរបស់អ្នកថាលោកអេលីយ៉ានៅទីនេះ ដូច្នេះ លោកនឹងសម្លាប់ខ្ញុំមិនខាន»។ 15 បន្ទាប់មកលោកអេលីយ៉ាឆ្លើយតបថា៖​ «ដោយសារព្រះអម្ចាស់មានព្រះជន្មគង់នៅ ដែលខ្ញុំឈរនៅមុខព្រះអង្គ ខ្ញុំសូមប្រាប់អ្នកថា នៅថ្ងៃនោះខ្ញុំនឹងបង្ហាញខ្លួនឲ្យស្តេចអហាប់ឃើញ»។ 16 ដូច្នេះ លោកអូបាឌាបានទៅជួបស្តេចអហាប់ ហើយបានទូលស្តេចនូវអ្វីដែលលោកអេលីយ៉ាបាននិយាយ។ បន្ទាប់មក ស្តេចបានទៅជួបលោកអេលីយ៉ា។ 17 បន្ទាប់មក ស្តេចអហាប់បានជួបលោកអេលីយ៉ា ដោយទូលទៅលោកថា៖​ «តើពិតជាលោកមែនឬ? តើលោកជាម្នាក់ដែលនាំបញ្ហាដល់អ៊ីស្រាអែលនោះមែនទេ!»។ 18 លោកអេលីយ៉ាឆ្លើយថា៖ «ទូលបង្គំមិនបាននាំបញ្ហាដល់អ៊ីស្រាអែលទេ ប៉ុន្តែគឺព្រះអង្គ និងក្រុមគ្រួសាររបស់ព្រះអង្គវិញទេដែលនាំឲ្យមានបញ្ហាដោយសារតែបានបោះបង់ចោលបទបញ្ជារបស់ព្រះអម្ចាស់ និងដោយការដើរតាមព្រះបាល។ 19 ឥឡូវនេះ ចូរនាំពាក្យ ដើម្បីប្រមូលប្រជាជនទាំងអស់មកជួបជុំគ្នានៅលើ​ភ្នំ​កើមែល មាន​ព្យាការី​របស់​ព្រះ​បាល​ទាំង​បួន​រយ​ហា‌សិប​នាក់ និង​ព្យាការី​របស់​ព្រះ‌អា‌សេ‌រ៉ា​ទាំង​បួន​រយ​នាក់ ដែល​បរិភោគ​រួម​តុជាមួយម្ចាស់​ក្សត្រី​យេសិ‌បិល»។ 20 ដូច្នេះ ស្តេចអហាប់បានបញ្ជូនពាក្យទៅប្រជាជនអ៊ីស្រាអែល ហើយបានប្រមូលព្យាការីទាំងអស់មកជួបជុំគ្នានៅលើភ្នំ​កើមែល។ 21 លោកអេលីយ៉ាមកជិតប្រជាជនអ៊ីស្រាអែល និងនិយាយថា៖ «តើអ្នកត្រូវការពេលប៉ុន្មាន ដើម្បីផ្លាស់ប្តូរគំនិតរបស់អ្នក? បើព្រះអម្ចាស់ជាព្រះ ចូរដើរតាមទ្រង់ចុះ។ ប៉ុន្តែ បើព្រះបាលជាព្រះវិញ ចូរដើរតាមព្រះបាលចុះ»។ ប៉ុន្តែ ប្រជាជនមិនបានឆ្លើយតបទៅលោកទេ។ 22 បន្ទាប់មក លោកអេលីយ៉ាបាននិយាយទៅប្រជាជនថា៖ «ចំណែកខ្ញុំ ខ្ញុំមានតែម្នាក់ឯង​ ដែលជាព្យាការីរបស់ព្រះអម្ចាស់ ប៉ុន្តែ ព្យាការីរបស់ព្រះបាលមាន ៤៥០នាក់។ 23 ដូច្នេះ ចូរយកគោបាពីរមក។ សូមឲ្យពួកគេជ្រើសរើសយកគោបាមួយសម្រាប់ខ្លួនពួកគេ ហើយចូរកាប់ជាចំរៀកៗ ហើយដាក់នៅលើឈើ ប៉ុន្តែ មិនត្រូវដាក់ភ្លើងនៅខាងក្រោមទេ។ បន្ទាប់មក ខ្ញុំនឹងរៀបចំគោបាមួយទៀត និងដាក់លើឈើ និងមិនដាក់ភ្លើងនៅខាងក្រោមទេ។ 24 បន្ទាប់មក ចូរអ្នកប្រកាសហៅឈ្មោះព្រះរបស់អ្នកចុះ ហើយខ្ញុំនឹងអំពាវនាវរកព្រះនាមរបស់ព្រះអម្ចាស់ ហើយបើព្រះណាឆ្លើយតបដោយភ្លើង នោះព្រះអង្គជាព្រះមែន»។ ដូច្នេះ មនុស្សទាំងអស់ឆ្លើយថា៖ «ល្អណាស់»។​ 25 ដូច្នេះ លោកអេលីយ៉ានិយាយទៅព្យាការីរបស់ព្រះបាលថា៖ «ចូរជ្រើសរើសយកគោបាមួយសម្រាប់ខ្លួនអ្នក ហើយរៀបចំវាមុនចុះ ដោយសារអ្នកមានគ្នាច្រើន។ បន្ទាប់មក ចូរប្រកាសហៅនាមព្រះរបស់អ្នក ប៉ុន្តែ មិនត្រូវដាក់ភ្លើងខាងក្រោមឡើយ»។ 26 ពួកគេបានយកគោបាដែលលោកបានឲ្យពួកគេ ហើយរៀបចំគោនោះ ហើយពួកគេបានស្រែករកនាមរបស់ព្រះបាលតាំងពីព្រលឹម ដល់ថ្ងៃត្រង់ ដោយនិយាយថា៖​ «ព្រះបាលអើយ ចូរស្តាប់យើងផង»។ ប៉ុន្តែ គ្មានសម្លេងក៏គ្មាននរណាម្នាក់ឆ្លើយដែរ។ ពួកគេបានរាំជុំវិញអាសនាដែលពួកគេបានធ្វើ។ 27 នៅថ្ងៃត្រង់លោកអេលីយ៉ាបានចំអកដាក់ពួកគេ ហើយនិយាយថា៖ «សូមស្រែកឲ្យឮៗទៅ! គាត់គឺជាព្រះ! ប្រហែលជាទ្រង់កំពុងគិត ឬកំពុងរំដោះខ្លួន ឬទ្រង់កំពុងតែធ្វើដំណើរ ឬប្រហែលជាទ្រង់កំពុងតែដេកលក់ ហើយកំពុងក្រោកឡើង»។ 28 ដូច្នេះ ពួកគេស្រែកកាន់តែឮឡើងៗ ហើយពួកគេបានកាត់សាច់ខ្លួនឯងជាមួយដាវ និងលំពែង ដូចដែលពួកគេធ្លាប់ធ្វើ រហូតដល់ឈាមប្រលាក់ខ្លួនជោគ។ 29 កន្លងអស់កន្លះថ្ងៃហើយ ពួកគេនៅតែទាយរហូតដល់ម៉ោងថ្វាយយញ្ញបូជាពេលល្ងាច ប៉ុន្តែនៅតែគ្មានសម្លេងឬនរណាម្នាក់ឆ្លើយតបឡើយ គ្មាននរណាម្នាក់ចាប់អារម្មណ៍នឹងការប្រកូកប្រកាសរបស់ពួកគេឡើយ។ 30 បន្ទាប់មក លោកអេលីយ៉ានិយាយទៅប្រជាជនទាំងអស់ថា៖ «ចូរមកជិតខ្ញុំ» ហើយពួកគេក៏ចូលមកជិតលោក។ បន្ទាប់មក លោកក៏រៀបចំអាសនារបស់ព្រះអម្ចាស់ដែលបានខ្ទេចខ្ទីអស់ឡើងវិញ។ 31 លោកអេលីយ៉ាបានយកថ្មដប់ពីរដុំ ថ្មនីមួយៗតំណាងឲ្យកុលសម្ព័ន្ធមួយនៃកូនៗរបស់លោកយ៉ាកុប ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់លោកយ៉ាកុបថា៖​ «អ៊ីស្រាអែលនឹងជាឈ្មោះរបស់អ្នក»។ 32 ជាមួយថ្មដែលលោកបានសង់អាសនានៅក្នុងព្រះនាមរបស់ព្រះអម្ចាស់ ហើយលោកបានជីកស្នាមភ្លោះជុំវិញអាសនានោះធំល្មមដាក់គ្រាប់ស្រូវពីររង្វាល់។ 33 លោកក៏បានរៀបចំឈើសម្រាប់ដុត ក៏បានកាប់គោជាដុំៗ ហើយលោកបានដាក់ចំណែកគោទាំងនោះនៅលើឈើ។ លោកបានមានប្រសាសន៍ថា៖​ «សូមយកទឹកបួនពាងមកចាក់លើតង្វាយដុត និងលើឈើ»។ 34 បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ «ចូរធ្វើបែបនោះម្តងទៀត» ហើយពួកគេបានចាក់ទឹកម្តងទៀត។ លោកបានមានប្រសាសន៍ម្តងទៀតថា៖ «សូមធ្វើចាក់ទឹកលើទីបី» ហើយពួកគេបានចាក់ទឹកជាលើកទីបី។ 35 ទឹកបានហៀរជុំវិញអាសនា ហើយបានពេញរណ្តៅផង។ 36 ការនេះកើតឡើងនៅពេលដែលត្រូវថ្វាយយញ្ញបូជាពេលល្ងាច ដែលលោកព្យាការីអេលីយ៉ាបានមកជិត ហើយនិយាយថា៖ «ព្រះអម្ចាស់ជាព្រះរបស់លោកអាបា្រហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែល សូមឲ្យគ្រប់គ្នាដឹងនៅថ្ងៃនេះថា ព្រះអង្គជាព្រះនៅក្នុងស្រុកអ៊ីស្រាអែល ហើយគេដឹងថាទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ហើយឲ្យពួកគេដឹងថាទូលបង្គំបានធ្វើរឿងទាំងនេះតាមព្រះបន្ទូលរបស់ព្រះអង្គ។ 37 សូមស្តាប់ទូលបង្គំ ព្រះអម្ចាស់អើយ សូមស្តាប់ទូលបង្គំ ដើម្បីឲ្យប្រជាជនទាំងនេះដឹងថាព្រះអង្គជាព្រះអម្ចាស់ ជាព្រះ ហើយឲ្យគេដឹងថាព្រះអង្គនឹងបែរត្រឡប់ចិត្តរបស់ពួកគេម្តងទៀតទៅព្រះអង្គវិញ»។ 38 បន្ទាប់ មកភ្លើងរបស់ព្រះអម្ចាស់បានមកដុតបពេ្ឆោះទាំងតង្វាយ ទាំងឈើ ទាំងថ្ម និងដី ហើយធ្វើឲ្យទឹកនៅក្នុងរណ្តៅនោះរីងអស់។ 39 នៅពេលដែលប្រជាជនទាំងអស់បានឃើញការនេះ ពួកគេបានក្រាបមុខដល់ដី ហើយនិយាយថា៖ «ព្រះអម្ចាស់ ជាព្រះ! ព្រះអម្ចាស់ជាព្រះ»! 40 ដូច្នេះ លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់ពួកគេថា៖ «ចូរនាំព្យាការីរបស់ព្រះបាលមកទីនេះ។ កុំឲ្យពួកគេណាម្នាក់រត់រួចឡើយ»។ ដូច្នេះពួកគេបាននាំអ្នកទាំងនោះមក រួចលោកអេលីយ៉ាបាន​នាំ​ពួក​គេ​ទៅ​កាន់​ជ្រោះ​គីសូន រួច​លោក​ក៏​សម្លាប់ពួកគេទាំង​អស់​នៅ​ទី​នោះ​ទៅ។​ 41 លោកអេលីយ៉ាទូលទៅព្រះបាទអហាប់ថា៖ «ចូរព្រះករុណាក្រោកឡើង រួចសោយអាហារ និងទឹកចុះ ព្រោះមានសម្លាប់ភ្លៀងយ៉ាងខ្លាំង»។ 42 ដូច្នេះ ព្រះបាទអហាប់បានក្រោឡើង សោយអាហារ និងទឹក។ បន្ទាប់មក លោកអេលីយ៉ាបានឡើងទៅលើកំពូល​ភ្នំ​កើមែល លោកបានក្រាបមុខដល់ដី ហើយបានឱនក្បាលនៅចន្លោះជង្គង់ទាំងពីររបស់លោក។ 43 លោកបាននិយាយទៅអ្នកបម្រើរបស់លោកថា៖ «ចូរឡើងទៅមើសមុទ្រឥឡូវនេះមើល»។ អ្នកបម្រើរបស់លោកក៏ឡើងទៅមើល ហើយបាននិយាយថា៖ «គ្មានអ្វីទាំងអស់»។ ដូច្នេះ លោកអេលីយ៉ាមានប្រសាសន៍ថា៖ «សូមទៅប្រាំពីរដងទៀត»។ 44 នៅលើកទីប្រាំពីរអ្នកបម្រើរបស់លោកនិយាយថា៖ «មើលមានពពកមួយដុំឡើងពីសមុទ្រមក គឺតូចប៉ុនបាតដៃ»។ លោកអេលីយ៉ាក៏មានប្រសាសន៍ថា៖ «សូមទៅប្រាប់ព្រះបាទអហាប់ថា៖ «សូមឡើងរាជរថរបស់ព្រះអង្គ និងចេញដំណើរទៅមុនភ្លៀងនឹងបញ្ឈប់ព្រះអង្គ»។ 45 បន្តិចក្រោយមក ផ្ទៃមេឃប្រែជាខ្មៅជាមួយពពក និងខ្យល់ ហើយក៏មានភ្លៀងយ៉ាងខ្លាំង។ ព្រះបាទអហាប់បានជិះ និងចេញទៅយេសរាល 46 ប៉ុន្តែ ព្រះហស្តរបស់ព្រះអម្ចាស់បាននៅលើលោកអេលីយ៉ា។ លោកបានក្រវាត់អាវរបស់លោកនៅនឹងចង្កេះ ហើយបានរត់នៅមុខព្រះបាទអហាប់ទៅច្រកក្រុងយេសរាល។

ជំពូក ១៩

1 ព្រះបាទអហាប់បានប្រាប់នាងយេសិបិលពីអ្វីៗទាំងអស់ដែលលោកអេលីយ៉ាបានធ្វើ និងពីរបៀបដែលលោកបានសម្លាប់ពួកព្យាការីទាំងនោះដោយដាវ។ 2 បន្ទាប់មក ព្រះនាងយេសិបិលបានឲ្យគេទៅប្រាប់លោកអេលីយ៉ាថា៖ «សូមឲ្យព្រះជាម្ចាស់បានប្រព្រឹត្តជាមួយខ្ញុំលើសជាងនេះទៅទៀត បើខ្ញុំមិនបានធ្វើឲ្យជីវិតរបស់លោកដូចជាជីរិតរបស់អស់អ្នកដែលបានស្លាប់នៅថ្ងៃស្អែកពេល​ថ្មើរ​នេះ»។ 3 នៅពេលដែលលោកអេលីយ៉ាបានឮបែបនេះ លោកក៏ក្រោកឡើងហើយរត់យករួចជីវិត ហើយមកដល់បៀរ-‌សេបា ក្នុង​ស្រុក​យូដា លោក​ទុក​អ្នក​បម្រើរបស់លោក​នៅ​ទី​នោះ។ 4 ប៉ុន្តែ លោកបានទៅវាលរហោស្ថានចម្ងាយដើរមួយថ្ងៃ ហើយបានមកអង្គុយនៅក្រោមដើមឈើ។ លោកសុំឲ្យលោកបានស្លាប់ ហើយលោកនិយាយថា៖ «វាគ្រប់គ្រាន់ហើយព្រះអម្ចាស់អើយ សូមដកយកជីវិតទូលបង្គំទៅ ព្រោះទូលបង្គំមិនប្រសើរជាងបុព្វបុរសរបស់ទូលបង្គំដែលបានស្លាប់នោះទេ»។ 5 ដូច្នេះ លោកក៏បានផ្តេកខ្លួននៅក្រោមដើមឈើដែលមានផ្ការីកនោះទៅ។ រំពេចនោះ មានទេវតាមកប៉ះលោក ហើយនិយាយនឹងលោកថា៖ «សូមក្រោកឡើង ហើយបរិភោគចុះ»។ 6 លោកអេលីយ៉ាបានមើល ហើយនៅជិតក្បាលរបស់លោកមាននំប័ុងដែលបានដុតក្តៅៗ និងមានទឹកមួយបំពង់។ ដូច្នេះ លោកក៏បានបរិភោគ និងផឹក រួចក៏ផ្តេកខ្លួនម្តងទៀត។ 7 ទេវតារបស់ព្រះអម្ចាស់បានមកជាលើកទីពីរ ហើយបានប៉ះលោកដោយនិយាយថា៖ «សូមក្រោកឡើងហើយបរិភោគ ព្រោះការធ្វើដំណើរនឹងច្រើនជ្រុលសម្រាប់អ្នក»។ 8 ដូច្នេះ លោកក៏ក្រោកឡើង ហើយបានបរិភោគ និងផឹកទឹក ហើយលោកបានធ្វើដំណើរដោយមានកំលាំងពីអាហារនោះអស់រយៈពេលសែសិបយប់ សែសិបថ្ងៃទៅភ្នំ​ហោរែប ជា​ភ្នំ​របស់​ព្រះ‌ជាម្ចាស់។ 9 លោកបានទៅរូងភ្នំទីនោះ និងស្នាក់នៅក្នុងរូងនោះ។ បន្ទាប់មកព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់លោកថា៖ «អេលីយ៉ាអើយ តើអ្នកកំពុងធ្វើអ្វីនៅទីនេះ»? 10 លោកអេលីយ៉ាឆ្លើយថា៖ «ទូលបង្គំប្រឹងខ្នះខ្នែងសម្រាប់ព្រះអម្ចាស់ខ្លាំងណាស់ ព្រះអង្គជាព្រះនៃពិភពទាំងមូល ដោយសារជនជាតិអ៊ីស្រាអែលបានផ្តាច់សម្ពន្ធមេត្រីរបស់ព្រះអង្គ ពួកគេបានបំផ្លាញអាសនារបស់ព្រះអង្គ ហើយបានសំលាប់ព្យាការីរបស់ព្រះអង្គដោយដាវ។ ឥឡូវនេះមានតែទូលបង្គំម្នាក់គត់នៅមានជីវិត ហើយគេក៏ព្យាយាមយកជីវិតទូលបង្គំទៀត»។ 11 ព្រះអម្ចាស់តមថា៖ «ចូរចេញទៅក្រៅ ហើយឈរនៅលើភ្នំនៅមុខយើង»។ បន្ទាប់មក ព្រះអម្ចាស់យាងឆ្លងកាត់តាមនោះ ហើយមានខ្យល់យ៉ាងខ្លាំងបក់ប៉ះភ្នំ ហើយបានបំបែកថ្្មជាបំណែកនៅមុខព្រះអម្ចាស់ ប៉ុន្តែ ព្រះអម្ចាស់មិនបាននៅក្នុងខ្យល់នោះទេ។ បន្ទាប់មក ក្រោយពីមានខ្យល់ រញ្ជួយដីក៏មកដល់ ប៉ុន្តែព្រះអម្ចាស់មិននៅក្នុងរញ្ជួយដីនោះទេ។ 12 បន្ទាប់មក ក្រោយពីមានរញ្ជួយដី ក៏មានភ្លើងមកដែរ ប៉ុន្តែ ព្រះអម្ចាស់មិនគង់នៅក្នុងភ្លើងនោះទេ។ បន្ទាប់ពី មានភ្លើង ក៏មានសម្លេងតូចមួយបានមក។​ 13 នៅពេលដែលលោកអេលីយ៉ាបានឮសម្លេងលោកបានយកអាវធំរបស់លោកគ្របមុខ ដើរចេញក្រៅ ហើយបានឈរនៅមាត់រូង។ បន្ទាប់មក សម្លេងនោះមកឯលោកដោយនិយាយថា៖ «អេលីយ៉ាអើយតើអ្នកកំពុងធ្វើអ្វីនៅទីនេះ»? 14 លោកអេលីយ៉ាឆ្លើយថា៖ «ទូលបង្គំប្រឹងខ្នះខ្នែងសម្រាប់ព្រះអម្ចាស់ខ្លាំងណាស់ ព្រះអង្គជាព្រះនៃពិភពទាំងមូល ដោយសារជនជាតិអ៊ីស្រាអែលបានផ្តាច់សម្ពន្ធមេត្រីរបស់ព្រះអង្គ ពួកគេបានបំផ្លាញអាសនារបស់ព្រះអង្គ ហើយបានសម្លាប់ពួកព្យាការីរបស់ព្រះអង្គដោយដាវ។ ឥឡូវនេះ មានតែទូលបង្គំម្នាក់គត់នៅមានជីវិត ហើយគេក៏ព្យាយាមយកជីវិតទូលបង្គំទៀត»។ 15 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកកាន់គាត់ថា៖ «ចេញទៅតាមផ្លូវរបស់អ្នកទៅវាលរហោស្ថានដាម៉ាស ហើយនៅពេលដែលអ្នកមកដល់ អ្នកត្រូវតែតែងតាំង​ហាសែល​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ស្រុកអរ៉ាម 16 ហើយអ្នកនឹងតែងតាំងយេហ៊ូវ ជា​កូន​របស់​នឹម​ស៊ី ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រា‌អែល រួច​ចាក់​ប្រេង​តែង‌តាំង​លោកអេលីសេ ជា​កូន​របស់លោក​សាផាត នៅ​អេបិល-មហូ‌ឡា ឲ្យ​ធ្វើ​ជា​ព្យាការី​ជំនួសកន្លែង​អ្នក។ 17 វានឹងកើតឡើងដូច្នេះថា លោកយេហូវនឹងសម្លាប់អ្នកដែលរត់គេចពីហាសែល ហើយលោកអេលីសេនឹងសម្លាប់អ្នកដែលរត់គេចពីយេហូវ។ 18 ប៉ុន្តែ យើងនឹងទុកប្រជាជនរបស់យើងប្រាំពីរពាន់នាក់នៅក្នុងស្រុកអ៊ីស្រាអែល គឺអស់អ្នកដែលមិនបានលុតជង្គង់ ដើម្បីថ្វាយបង្គំព្រះបាលឡើយ ហើយមាត់របស់អ្នកទាំងនោះក៏មិនបានថើបព្រះនោះដែរ»។ 19 ដូច្នេះ លោកអេលីយ៉ាបានចេញពីទីនោះ ហើយជួបលោកអេលីសេជាកូនរបស់លោកសាផាត កំពុង​តែ​ភ្ជួរ​ស្រែជាមួយនឹងគោដប់ពីរនឹមនៅមុខលោក ហើយគាត់ផ្ទាល់កំពុងភ្ជួរគោដប់ពីរនឹម។​ លោកអេលីយ៉ាបានដើរទៅជួបលោកអេលីសេហើយបានទម្លាក់អាវធំរបស់លោកលើគាត់។ 20 បន្ទាប់មក លោកអេលីសេបានទុកគោចោល ហើយបានរត់តាមលោកអេលីយ៉ាទៅ ហើយនិយាយថា៖ «សូមឲ្យខ្ញុំថើបឪពុកម្តាយរបស់ខ្ញុំសិន ហើយបន្ទាប់មក ខ្ញុំនឹងដើរតាមលោក»។ បន្ទាប់មក លោកអេលីយ៉ាក៏បានមានប្រសាសន៍ទៅគាត់វិញថា៖ «ចូរត្រឡប់ទៅវិញចុះ តែសូមគិតអំពីអ្វីដែលខ្ញុំបានធ្វើដល់អ្នក»។ 21 ដូច្នេះ លោកអេលីសេបានត្រឡប់ពីលោកអេលីយ៉ាមកវិញ ហើយបានយកនង្គ័ល និងសម្លាប់គោ ហើយបានចម្អិនសាច់នោះដោយប្រើនង្គ័លជាអុសដុត។ បន្ទាប់មក លោកបានឲ្យសាច់នោះទៅប្រជាជន ហើយពួកគេក៏បានបរិភោគទៅ។ បន្ទាប់មក លោកក៏ក្រោកឡើង ទៅតាមលោកអេលីយ៉ា ហើយក៏បម្រើលោក។

ជំពូក ២០

1 ព្រះ‌បាទ​បេនហា‌ដាដ ជា​ស្ដេច​ស្រុក​អារ៉ាមបានប្រមូលកងទ័ពទាំងអស់មក។ ព្រះអង្គ​មាន​ស្ដេច​សម្ពន្ធ‌មិត្តចំនួនសាមសិបពីរអង្គទៀតជាមួយនឹងព្រះអង្គ ហើយមានសេះ និងរទេះចម្បាំងជាច្រើន។ ស្តេចឡើងទៅឡោមព័ទ្ធក្រុងសាមារី ហើយវាយក្រុងនោះ។ 2 ស្តេចបានចាត់អ្នកនាំសារទៅកាន់ទីក្រុង គឺទៅកាន់ព្រះបាទអហាប់ជាស្តេចស្រុកអ៊ីស្រាអែល ហើយទូលថា៖ «ព្រះបាទបេនហា‌ដាដទូលថា៖ 3 «ប្រាក់ និងមាសរបស់ព្រះករុណាជារបស់ទូលបង្គំ។ ហើយមហេសី និងបុត្រទាំងអស់ឥឡូវនេះក៏ជារបស់ទូលបង្គំដែរ»។ 4 ស្តេចស្រុកអ៊ីស្រាអែលឆ្លើយថា៖ «ចូរឲ្យបានដូចព្រះករុណមានរាជឱង្ការចុះ ស្តេចដ៏ជាចៅហ្វាយ។ ទូលបង្គំ និងអ្វីៗដែលទូលបង្គំមានជារបស់ព្រះករុណា»។ 5 អ្នកនាំសារមកម្តងទៀតហើយនិយាយថា៖ «ព្រះបាទបេនហា‌ដាដមានរាជឱង្ការថា៖ «យើងចាត់ឲ្យគេទូលព្រះករុណាថា អ្នកត្រូវតែប្រគល់មាស ប្រាក់ មហេសី និងបុត្ររបស់ព្រះករុណាដល់យើង។ 6 ប៉ុន្តែ យើងនឹងបញ្ជូនអ្នកបម្រើរបស់យើងទៅជួបព្រះករុណានៅថ្ងៃស្អែកថ្មើរនេះ​ ហើយពួកគេនឹងចូលទៅត្រួតពិនិត្យដំណាក់របស់ព្រះករុណា និងផ្ទះរបស់អ្នកបម្រើព្រះកុរណា។ ពួកគេនឹងប្រមូលដោយដៃគេផ្ទាល់នូវអ្វីដែលគេពេញចិត្ត»។ 7 បន្ទាប់មក ស្តេចស្រុកអ៊ីស្រាអែលបានកោះហៅចាស់ទុំទាំងអស់ ហើយនិយាយទៅពួកគេថា៖ «សូមកត់ត្រាទុក ហើយដឹងថាអ្នកនេះកំពុងរកបញ្ហាដាក់ខ្លួនហើយ។ គេបាននាំសារមកយើង ដើម្បីយកមហេសីយើង បុត្រយើង ប្រាក់ និងមាស ហើយនិងមិនបានបដិសេដនឹងគេទេ»។ 8 ពួកចាស់ទុំទាំងអស់ និងប្រជាជនទាំងអស់ទូលទៅព្រះបាទអហាប់ថា៖ «កុំឲ្យស្តាប់គេ ឬយល់ព្រមជាមួយសំណើនោះឡើយ»។ 9 ដូច្នេះ ព្រះបាទអហាប់បានទូលទៅអ្នកនាំសាររបស់ព្រះបាទបេនហា‌ដាដថា៖ «ចូរប្រាប់ទៅស្តេចដ៏ជាចៅហ្វាយរបស់យើងថា៖ «យើងយល់ព្រមគ្រប់យ៉ាងដែលព្រះអង្គនឹងបញ្ជូនអ្នកបម្រើរបស់ព្រះអង្គមកលើកទីមួយ ប៉ុន្តែ យើងមិនអាចទទួលយកសំណើទីពីរបានដាច់ខាត»។ ដូច្នេះ អ្នកនាំពាក្យបានចេញទៅហើយនាំពាក្យទាំងនេះទៅព្រះបាទបេនហា‌ដាដវិញ។ 10 បន្ទាប់មក ព្រះបាទបេនហា‌ដាដបាននាំសារត្រឡប់មកព្រះបាទអហាប់វិញថា៖ «សូមឲ្យព្រះទាំងឡាយបានប្រព្រឹត្តជាមួយយើង ហើយក៏លើសទៅទៀត បើផេះនៅស្រុកសាមារីនឹងគ្រប់គ្រាន់សម្រាប់ប្រជាជនដែលដើរតាមយើងមានមួយក្តាប់ម្នាក់នោះ»។ 11 ស្តេចស្រុកអ៊ីស្រាអែលបានឆ្លើយថា៖​ «សូមប្រាប់ព្រះបាទបេនហា‌ដាដថា៖ «គ្មាននរណាម្នាក់​ដែល​ទើបតែចេញ​ទៅ​ច្បាំង នឹងអួត‌អាង​ដូច​អ្នក​ច្បាំង​ឈ្នះ​នោះ​ឡើយ»។ 12 នៅពេលដែលព្រះបាទបេនហា‌ដាដបានឮសារនេះនៅពេលដែលស្តេចកំពុងផឹកស្រា គឺស្តេច និងស្តេចជាច្រើនទៀតដែលនៅក្រោមស្តេចដែលនៅក្រោមតង់។ ព្រះបាទបេនហា‌ដាដបានបញ្ជាជាទៅអ្នកបម្រើរបស់ទ្រង់ថា៖ «សូមតម្រង់ជួរតាមតួនាទីដើម្បីធ្វើសង្គ្រាម»។ ដូច្នេះ ពួកគេបានរៀបចំខ្លួនតាមតួនាទី ហើយវាយប្រហារក្រុង។ 13 បន្ទាប់មក មានព្យាការីម្នាក់បានចូលមកគាល់ព្រះបាទអហាប់ជាស្តេចស្រុកអ៊ីស្រាអែល ហើយទូលថា៖ «ព្រះអម្ចាស់មានបន្ទូលថា៖ «តើអ្នកមានឃើញទាហានដ៏អង់អាចទាំងនេះទេ? មើល យើងនឹងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃអ្នកនៅថ្ងៃនេះ ហើយអ្នកនឹងដឹងថាយើងជាព្រះអម្ចាស់»។ 14 ព្រះបាទអហាប់ទូលថា៖ «តើតាមរយៈអ្នកណា»។ ព្រះអម្ចាស់ទូលថា៖ «តាមរយៈអ្នកដឹកនាំវ័យក្មេងម្នាក់ដែលជាអ្នកគ្រប់គ្រងស្រុក»។ បន្ទាប់មក ព្រះបាទអហាប់ទូលថា៖ «តើនរណាជាអ្នកចាប់ផ្តើមក្នុងសង្គ្រាមនោះ»? ព្រះអម្ចាស់ឆ្លើយថា៖ «គឺអ្នក»។ 15 បន្ទាប់មក ព្រះបាទអហាប់រាប់អ្នកគ្រប់គ្រងស្រុកឃើញថាមាន ២៣២នាក់។ បន្ទាប់ពីនាក់នោះ ស្តេចក៏ឲ្យគេរាប់ទាហានទាំងអស់ ទាហានអ៊ីស្រាអែលទាំងអស់មានប្រាំពីរពាន់អ្នក។ 16 ពួកគេបានចេញដំណើរនៅថ្ងៃត្រង់។ ព្រះបាទបេនហាដាដបានផឹកស្រាស្រវឹងនៅក្នុងតង់ ទាំងស្តេច និងស្តេចទាំងសាមសិបពីអង្គទៀត ដែលគាំទ្រស្តេច។ 17 អ្នកដឹកនាំវ័យក្មេងដែលជាអ្នកគ្រប់គ្រងស្រុកបានចេញទៅមុន។ បន្ទាប់មក ពួកអ្នកស៊ើបការណ៍ដែលស្តេចបានចាត់ទៅបានមកប្រាប់ស្តេចថា៖ «មានមនុស្សជាច្រើនចេញពីស្រុកសាម៉ារីមកហើយ»។ 18 ព្រះបាទបេនហាដាដទូលថា៖ «មិនថាគេមកដោយសន្តិភាពឬដោយចង់បង្កសង្គ្រាមទេ ចូរទុកជីវិតឲ្យគេ»។ 19 ដូច្នេះ អ្នកដឹកនាំវ័យក្មេងដែលជាអ្នកគ្រប់គ្រងស្រុកទាំងនោះបានចេញមក ហើយពួកទាហានតាមពួកគេ។ 20 ពួកគេបានសម្លាប់សត្រូវ ហើយពួកអារ៉ាមបានគេចខ្លួន។ ពួកអ៊ីស្រាអែលបានដេញតាមពួកគេ។ ព្រះបាទបេនហាដាដជាស្តេចស្រុកអារ៉ាមបានគេចខ្លួនដោយជិះសេះ ជាមួយមេទ័ពសេះផ្សេងទៀត។ 21 បន្ទាប់មក ស្តេចរបស់អ៊ីស្រាអែលចេញមក ហើយវាយប្រហារទ័ពសេះ និងរទោះសេះ និងបានសម្លាប់ពួកអារ៉ាមឲ្យបរាជ័យយ៉ាងធ្ងន់ធ្ងរ។ 22 ដូច្នេះ លោកព្យាការីបានមកជួបស្តេចអ៊ីស្រាអែល ហើយបានទូលស្តេចថា៖ «ចូរចេញទៅ ពង្រឹងកម្លាំងរបស់ទ្រង់ ហើយត្រូវដឹងថាត្រូវរៀបចំផែនការយ៉ាងណា ព្រោះនៅឆ្នាំក្រោស្តេចស្រុកអារ៉ាមនឹងឡើងមកវាយអ្នកម្តងទៀត»។ 23 អ្នកបម្រើរបស់ស្តេចអារ៉ាមបានទូលទៅស្តេចថា៖ «ព្រះរបស់ពួកគេជាព្រះនៃភ្នំទាំងឡាយ។ ដោយហេតុនេះហើយបានជាពួកគេខ្លាំងជាងយើង។ ប៉ុន្តែឥឡូវនេះ ចូរយើងរៀបផែនការវាយពួកគេម្តងទៀត ហើយច្បាស់ណាស់ថាយើងនឹងខ្លាំងជាងពួកគេ។ 24 ដូច្នេះ ស្តេចត្រូវធ្វើបែបនេះ៖ ចូរដកតំណែងស្តេចទាំងអស់ ហើយឲ្យមេទ័ពជំនួសកន្លែងពួកគេ។ 25 សូមបង្កើតកងទ័ពដូចជាកងទ័ពដែលស្តេចបានបាត់បង់ សេះ និងរទេះចំបាំងស្មើមុន ដូច្នេះយើងនឹងអាចរៀបផែនការវាយពួកគេបាន។ នោះយើងនឹងមានប្រៀបជាងគេមិនខាន»។ ដូច្នេះ ព្រះបាទបេនហាដាដស្តាប់តាមយោបល់របស់ពួកគេហើយបានធ្វើតាមពួកគេ។ 26 នៅដើមឆ្នាំថ្មី ព្រះបាទបេនហាដាដប្រមូលជនជាតិអារ៉ាម ហើយឡើងទៅក្រុង​អាផែក ដើម្បីវាយជនជាតិអ៊ីស្រាអែល។ 27 ប្រជាជនអ៊ីស្រាអែលបានប្រមូលគ្នា ហើយបានវាយប្រឆាំងពួកគេវិញ។ ប្រជាជនអ៊ីស្រាអែលបានបោះជំរំនៅមុខពួកគេដូច ជាពពែពីរហ្វូងតូចៗ ប៉ុន្តែជនជាតិអារ៉ាមបាននៅពេញនៅក្នុងតំបន់នោះ។ 28 បន្ទាប់មក អ្នកជំនិតរបស់ព្រះអម្ចាស់បានមកជិត ហើយបានទូលទៅស្តេចស្រុកអ៊ីស្រាអែលថា៖ «ព្រះអម្ចាស់មានបន្ទូលថា៖ «ដោយសារតែជនជាតិអារ៉ាមបាននិយាយថាព្រះអម្ចាស់ជាព្រះនៃភ្នំទាំងឡាយ ប៉ុន្តែ ទ្រង់មិនមែនជាព្រះនៃជ្រលងទាំងឡាយឡើយ ហើយអ្នកនឹងដឹងថាយើងជាព្រះអម្ចាស់»។ 29 ដូច្នេះ ជនជាតិអារ៉ាមបានបោះជំរំទល់មុខគ្នាអស់រយៈពេលប្រាំពីរថ្ងៃ។ បន្ទាប់មក នៅថ្ងៃទីប្រាំពីរការប្រយុទ្ធចាប់ផ្តើម។ ប្រជាជនអ៊ីស្រាអែលបានសម្លាប់ទ័ពថ្មើរជើងជនជាតិអារ៉ាមអស់ ១០០, ០០០នាក់ក្នុងរយៈពេលមួយថ្ងៃ។ 30 អ្នកផ្សេងទៀតគេចខ្លួនទៅអាផែក ទៅក្នុងក្រុង ហើយជញ្ជាំងក្រុងបានបាក់រលំនៅលើមនុស្ស ២៧, ០០០នាក់ដែលនៅសល់។ ព្រះបាទបេនហាដាដបានគេចខ្លួនទៅក្នុងក្រុង ចូលទៅក្នុងបន្ទប់ខាងក្នុង។ 31 អ្នកបម្រើរបស់ព្រះបាទបេនហាដាដបានទូលទៅស្តេចថា៖ «ចូរមើលឥឡូវនេះ យើងបានឮថាស្តេចស្រុកអ៊ីស្រាអែលជាស្តេចដែលមានព្រះទ័យមេត្តា។ ដូច្នេះ ទូលបង្គំ​ទាំង​អស់​គ្នា​នឹង​យក​បាវ​មក​ស្លៀក ហើយ​យក​ខ្សែ‌ពួរ​មក​ពាក់​ក្បាលរបស់យើង រួច​នាំ​គ្នា​ចេញ​ទៅ​បង្ហាញ​ខ្លួន​ចំពោះ​ស្ដេច​អ៊ីស្រា‌អែល។ ​ប្រហែល​ជា​ស្ដេច​នឹង​ទុក​ជីវិត​ព្រះ‌ករុណា»។ 32 ដូច្នេះ ពួកគេបានយក​បាវ​មក​ស្លៀក ហើយ​យក​ខ្សែ‌ពួរ​មក​ពាក់​ក្បាល រួច​នាំ​គ្នា​ចេញ​ទៅ​បង្ហាញ​ខ្លួន​ចំពោះ​ស្ដេច​អ៊ីស្រា‌អែល ហើយទូលថា៖​ «ព្រះបាទបេនហាដាដជាអ្នកបម្រើរបស់ព្រះករុណាទូលថា៖ សូមទុកជីវិតឲ្យទូលបង្គំផង»។ ព្រះបាទអហាប់បានទូលថា៖ «តើស្តេចនៅទីនោះនៅរស់ទៀតឬ? ស្តេចជាបងប្អូនរបស់យើង»។ 33 ឥឡូវនេះ អ្នកទាំងនោះបានទទួលសញ្ញាពីព្រះបាទអហាប់ ដូច្នេះ ពួកគេបានឆ្លើយទូលវិញភ្លាមៗថា៖ «ក្រាបទូល បងប្អូនរបស់ព្រះករុណានៅរស់នៅឡើយ»។ បន្ទាប់មក ព្រះបាទអហាប់ទូលថា៖ «ចូរទៅនាំស្តេចមក»។ បន្ទាប់មក ព្រះបាទបេនហាដាបានមកជួបស្តេច ហើយព្រះបាទអហាប់បានឲ្យបេនហាដាដជិះក្នុងរាជរថជាមួយទ្រង់។ 34 ព្រះបាទបេនហាដាដបានទូលទៅព្រះបាទអហាប់ថា៖ «ទូលបង្គំនឹងប្រគល់ក្រុងទាំងឡាយដែលបិតាទូលបង្គំបានយកពីបិតាព្រះករុណា ហើយព្រះអង្គអាចបង្កើតផ្សារសម្រាប់ព្រះអង្គផ្ទាល់នៅក្រុងដាម៉ាស ដូចដែលបិតាទ្រង់បានធ្វើនៅក្រុងសាម៉ារីដែរ»។ ដូច្នេះ ព្រះបាទអហាប់បានចងសម្ពន្ធមេត្រីជាមួយទ្រង់ ហើយអនុញ្ញាតិឲ្យស្តេចត្រឡប់ទៅវិញ។ 35 មានបុរសម្នាក់ជាកូនរបស់ព្យាការីម្នាក់ បាននិយាយជាមួយព្យាការីម្នាក់ទៀតដោយព្រះបន្ទូលរបស់ព្រះអម្ចាស់ថា៖ «សូមវាយខ្ញុំមក»។ ប៉ុន្តែ បុរសនោះបដិសេដមិនវាយលោកទេ។ 36 បន្ទាប់មក លោកព្យាការីបាននិយាយជាមួយព្យាការីម្នាក់ទៀតថា៖ «ដោយសារអ្នកមិនស្តាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ នៅពេលដែលអ្នកចេញពីខ្ញុំទៅ នោះសត្វតោនឹងសម្លាប់អ្នកមិនខាន»។ នៅពេលដែលបុរសនោះចេញទៅភ្លាម មានតោមួយមកសម្លាប់គាត់។ 37 បន្ទាប់មក លោកព្យាការីនោះបានជួបបុរសម្នាក់ទៀតហើយនិយាយថា៖ «សូមវាយខ្ញុំមក»។ ដូច្នេះ បុរសនោះក៏វាយលោកធ្វើឲ្យលោកមានរបួស។ 38 បន្ទាប់មក លោកព្យាការីនោះបានចេញទៅ ហើយរង់ចាំស្តេចនៅតាមផ្លូវ គាត់បានក្លែងខ្លួន ដោយរំមុខរបស់គាត់ជិត។​ 39 នៅពេលដែលស្តេចយាងមកតាមនោះ ព្យាការីនោះបានស្រែកឡើងថា៖ «អ្នកបម្រើរបស់ព្រះអង្គបានចេញទៅសមរភូមិ ហើយមានទាហានម្នាក់បានឈប់ ហើយបាននាំសត្រូវម្នាក់មកឲ្យទូលបង្គំហើយនិយាយថា៖ «ចូរមើលបុរសនេះផង។ ប៉ុន្តែ ក្រោយមកគាត់ក៏រត់បាត់ ដូច្នេះ ជីវិតរបស់អ្នកនឹងត្រូវសងសម្រាប់ជីវិតអ្នកនោះ ឬក៏អ្នកត្រូវបង់ប្រាក់មួយដួង»។ 40 ដោយសារអ្នកបម្រើរបស់ព្រះករុណាជាប់រវល់ទៅនេះទៅនោះ ទាហានរបស់សត្រូវក៏បានគេចខ្លួនបាត់»។ បន្ទាប់មក ស្តេចអ៊ីស្រាអែលបាននិយាយថា៖ «នេះជាទោសដែលអ្នកត្រូវទទួល គឺអ្នកត្រូវសម្រេចចិត្តខ្លួនឯង»។ 41 បន្ទាប់ មកលោកព្យាការីបានដោះក្រណាត់បាំងមុខលោកចេញ ហើយស្តេចស្រុកអ៊ីស្រាអែលបានស្គាល់ថាលោកជាព្យាការីម្នាក់។ 42 លោកព្យាការីបានទូលស្តេចថា៖ «ព្រះអម្ចាស់បានមានបន្ទូលថា៖ «ដោយសារតែអ្នកបានដោះលែងមនុស្សដែលយើងត្រូវសម្លាប់ពីក្នុងដៃអ្នក នោះជីវិតរបស់អ្នកត្រូវសងសម្រាប់ជីវិតរបស់អ្នកនោះ ហើយប្រជាជនរបស់អ្នក សម្រាប់ប្រជាជនរបស់គេ»។ 43 ដូច្នេះ ស្តេចស្រុកអ៊ីស្រាអែលបានវិលទៅដំណាក់របស់ស្តេចវិញទាំងមួម៉ៅ និងខឹង ហើយស្តេចក៏មកដល់ស្រុកសាម៉ារី។

ជំពូក ២១

1 មួួយរយៈកន្លងទៅ លោក​ណា‌បោតជាអ្នក​ក្រុង​យេស‌រាល​មាន​ចម្ការ​ទំពាំង​បាយ‌ជូរ​មួយ នៅ​ជិត​រាជ‌វាំង​ព្រះ‌បាទ​អហាប់ ជា​ស្ដេច​នៅ​ក្រុង​សាម៉ារី។ 2 ព្រះបាទអហាប់បាននិយាយទៅលោកណាបោតថា៖ «ចូរឲ្យចម្ការទំពាំងបាយជូរនេះមកឲ្យយើង ដូច្នេះ យើងអាចយកវាទៅធ្វើជាច្បារបន្លែ ព្រោះដីនេះនៅជិតវាំងរបស់យើង។ ជាការផ្លាស់ប្តូរ យើងនឹងឲ្យចម្ការទំពាំងបាយជូរល្អជាងនេះដល់អ្នក ឬក៏យើងអាចចេញលុយឲ្យអ្នកតាមតម្លៃរបស់វា បើអ្នកចង់បាន។​ 3 លោកណាបោតទូលព្រះបាទអហាប់ថា៖ «ព្រះអម្ចាស់បានហាមមិនឲ្យទូលបង្គំលក់ដីដែលជាមរតករបស់បុព្វបុរសទូលបង្គំនេះដល់ព្រះករុណាឡើយ»។ 4 ដូច្នេះ ព្រះបាទអហាប់ចេញទៅវាំងវិញដោយមួម៉ៅ និងខឹងសម្បារដោយសារតែចម្លើយរបស់លោកណាបោតជាអ្នកស្រុកយេសរាលបានទូលស្តេចថា៖ «ព្រះអម្ចាស់បានហាមមិនឲ្យទូលបង្គំលក់ដីដែលជាមរតករបស់បុព្វបុរសទូលបង្គំនេះដល់ព្រះករុណាឡើយ»។ ស្តេចក៏បានទម្រេតនៅលើក្រឡាបន្ទំរបស់ទ្រង់ បែរមុខចេញ ហើយមិនសោយអ្វីទាំងអស់។ 5 ព្រះនាងយេសិបិលជាមហេសីស្តេចបានមកជួបស្តេច ហើយទូលទៅស្តេចថា៖ «ហេតុអ្វីបានជាព្រះករុណាក្រៀមក្រំម្លេ៉ះ ហើយព្រះអង្គមិនសោយអ្វីទាំងអស់ដូច្នេះ»?​ 6 ស្តេចតបទៅនាងថា៖ «យើងបាននិយាយជាមួយណាបោតជាអ្នកស្រុកយេសរាល ហើយបាននិយាយទៅគាត់ថា៖ «ចូរលក់ចម្ការទំពាំងបាយជូរឲ្យយើង ឬក៏អ្នកអាចដូរជាមួយចម្ការទំពាំងបាយជូររបស់យើងក៏បាន»។ បន្ទាប់មក គាត់ទូលយើងថា៖ «ទូលបង្គំមិនឲ្យចម្ការទំពាំងបាយជូររបស់ទូលបង្គំដល់ព្រះអង្គឡើយ»។ 7 ដូច្នេះ នាងយេសិបិលជាព្រះមហេសីស្តេចបានទូលទៅស្តេចថា៖ «តើព្រះករុណាមិននៅតែគ្រប់គ្រងលើស្រុកអ៊ីស្រាអែលទេឬ»? ចូរតើនឡើងហើយសោយព្រះស្ងោយចុះ ចូរស្តេចមានចិត្តសប្បាយឡើង។ ខ្ញុំម្ចាស់នឹងយកចម្ការទំពាំងបាយជូររបស់ណាបោតជាអ្នកស្រុកយេសរាលមកថ្វាយព្រះអង្គ»។ 8 ដូច្នេះ ព្រះនាងយេសិបិលបានសរសេរសំបុត្រនៅក្នុងនាមព្រះបាទអហាប់ បានបោះត្រារបស់ស្តេច បានផ្ញើសំបុត្រនោះទៅពួកចាស់ទុំ និងទៅពួកអ្នកមានដែលបានអង្គុយជាមួយស្តេចក្នុងអង្គប្រជុំ និងអ្នកដែលរស់នៅជិតលោកណាបោត។ 9 ព្រះនាងសរសេរសំបុត្រថា៖ «សូមប្រកាសធ្វើពិធីបុណ្យ ហើយឲ្យលោកណាបោតអង្គុយនៅកន្លែងពិសេសជាងគេ។ 10 ហើយចូរដាក់មនុស្សមិនស្មោះត្រង់ពីរនាក់ជាមួយលោកដែរ ហើយឲ្យពួកគេចោទប្រកាន់គាត់ថា៖ «អ្នកបានដាក់បណ្តាសារព្រះអម្ចាស់ និងដាក់បណ្តាសារស្តេច»។ បន្ទាប់មក ចូរយកគាត់ចេញក្រៅ ហើយសម្លាប់គាត់នឹងដុំថ្មទៅ។ 11 ដូច្នេះ បុរសនៅក្រុងរបស់គាត់ ពួកចាស់ទុំ និងពួកអ្នកមានដែលនៅជិតក្រុងរបស់ណាបោត បានធ្វើដូចជានាងយេសិបិលបានរៀបរាប់ប្រាប់ពួកគេ ដូចដែលបានសរសេរនៅក្នុងសំបុត្រដែលនាងបានផ្ញើទៅពួកគេ។ 12 ពួកគេបានប្រកាសពិធីបុណ្យ ហើយឲ្យលោកណាបោតអង្គុយនៅកន្លែងកិត្តិយស។ 13 អ្នកមិនស្មោះត្រង់ពីរនាក់បានមកអង្គុយមុខលោកណាបោត ពួកគេបានចោទប្រកាន់លោកនៅមុខមនុស្សគ្រប់គ្នាថា៖ «លោកណាបោតបានដាក់បណ្តាសារទាំងព្រះអម្ចាស់ ទាំងមនុស្ស»។ បន្ទាប់មក គេយកលោកចេញក្រៅក្រុងហើយបានគប់សម្លាប់លោកដោយដុំថ្ម។ 14 បន្ទាប់មក ពួកចាស់ទុំបានផ្ញើពាក្យទៅព្រះនាងយេសិបិលថា៖ «លោកណាបោតបានត្រូវគេគប់នឹងថ្ម ហើយលោកបានស្លាប់ហើយ»។ 15 ដូច្នេះ នៅពេលដែលនាងយេសិបិលបានឮថាលោកណាបោតបានត្រូវគេគប់សម្លាប់នឹងថ្មរួចមក ព្រះនាងបានទូលទៅព្រះបាទអហាប់ថា៖ «ចូរក្រោកឡើង ហើយយកមរតករបស់ណាបោតជាអ្នកស្រុកយេសរាលទៅ ដែលលោកធ្លាប់បដិសេធមិនព្រមលក់ឲ្យព្រះអង្គ ដោយសារលោកមិននៅរស់ទៀតទេ លោកបានស្លាប់ហើយ»។ 16 នៅពេលដែលស្តេចអហាប់បានឮថាលោកណាបោតបានស្លាប់ហើយ ស្តេចក៏ក្រោកឡើង ហើយចុះទៅចម្ការទំពាំងបាយជូររបស់លោកណាបោតជាអ្នកស្រុកយេសរាល ហើយយកជាកម្មសិទ្ធិរបស់ទ្រង់ផ្ទាល់។ 17 នៅពេលដែលព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់លោកអេលីយ៉ាជាអ្នក​ភូមិ​ធេស‌ប៊ី‌ថា៖ 18 «ចូរក្រោកឡើង និងចេញទៅជួបអហាប់ជាស្តេចស្រុកអ៊ីស្រាអែល ដែលគង់នៅស្រុកសាម៉ារី។ ស្តេចគង់នៅចម្ការរបស់លោកណាបោត ជាកន្លែងដែលស្តេចបានយកជារបស់ខ្លួន។ 19 អ្នកត្រូវនិយាយជាមួយស្តេច ហើយទូលថា ព្រះអម្ចាស់មានបន្ទូលថា៖ «តើអ្នកបានសម្លាប់ហើយរឹបអូសយកមរតករបស់គេដូច្នេះឬ»?​ បន្ទាប់មក អ្នកត្រូវប្រាប់គាត់ថាព្រះអម្ចាស់មានបន្ទូលថា៖ «នៅកន្លែងដែលឆ្កែបានលិតឈាមរបស់ណាបោត នៅកន្លែងនោះឆ្កែនឹងលិតឈាមរបស់អ្នកដែរ មែនហើយគឺឈាមរបស់អ្នក»។ 20 ព្រះបាទអហាប់បានមានរាជឱង្ការទៅលោកអេលីយ៉ាថា៖​ «តើអ្នកបានមកយើងទៀតហើយឬ សត្រូវរបស់យើងអើយ»? លោកអេលីយ៉ាឆ្លើយថា៖​ «ទូលបង្គំមកជួបព្រះករុណា ព្រោះព្រះករុណាបានលក់ខ្លួនរបស់ទ្រង់ទៅធ្វើការអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់។ 21 ព្រះអម្ចាស់មានបន្ទូលនេះមកព្រះករុណា៖ «មើល យើងនឹងនាំគ្រោះមហន្តរាយមកលើអ្នក យើង​នឹង​លុប​បំបាត់​ពូជ‌ពង្ស​របស់​អ្នក យើង​កាត់អ្នកចេញពីប្រុសៗក្នុង​ក្រុម​គ្រួសារ​របស់អ្នក ទាំង​អ្នក​ងារ ទាំង​អ្នក​ជានៅ​ស្រុក​អ៊ីស្រា‌អែល។ 22 យើងនឹងធ្វើឲ្យគ្រួសាររបស់អ្នកដូចជាគ្រួសាររបស់ស្តេចយេរ៉ូបោម កូននេបាត និង​ដូចគ្រួសាររបស់​បាសា ជា​កូន​របស់​អហ៊ី‌យ៉ា​ដែរ ព្រោះ​អ្នក​ធ្វើ​ឲ្យ​យើង​ខឹង ព្រម​ទាំង​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​បាប​»។ 23 ព្រះអម្ចាស់ក៏បានមានបន្ទូលទាក់ទងនឹងព្រះនាងយេសិបិលថា៖ «ឆ្កែនិងស៊ីព្រះនាងយេសិបិលនៅខាងក្រោយកំពែងក្រុងយេសរាល»។ 24 គ្រប់គ្នាដែលនៅក្នុងគ្រួសាររបស់ស្តេចអហាប់ ហើយបានស្លាប់នៅក្នុងក្រុង ឆ្កែនឹងស៊ីអ្នកនោះ ហើយបក្សីនឹងស៊ីអ្នកដែលបានស្លាប់នៅទីវាល»។ 25 គ្មាននរណាម្នាក់ដូចអហាប់ឡើយ ដែលបានលក់ខ្លួនទៅធ្វើអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ដែលមានព្រះនាងយេសិបិលជាមហេសីជាអ្នក​ញុុះញង់ក្នុងការប្រព្រឹត្តបាប។​ 26 ព្រះបាទអហាប់បានធ្វើរឿងគួរឲ្យស្អប់ខ្ពើមដោយថ្វាយបង្គំរូបព្រះ ដូចដែលពួកអាម៉ូរីបានធ្វើ គឺអស់អ្នកដែលព្រះអម្ចាស់បានបណ្តេញពួកគេចេញពីមុខប្រជាជនអ៊ីស្រាអែល។ 27 នៅពេលដែលព្រះបាទអហាប់បានឮពាក្យទាំងនេះ ស្តេចបានហែកសំលៀកបំពាក់ ហើយបានស្លៀកបាវ និងតមអាហារ ហើយស្ដេច​ស្លៀក​បាវ ហើយក្រៀមក្រំយ៉ាងខ្លាំង។​ 28 បន្ទាប់មក ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់អេលីយ៉ា ជា​អ្នក​ភូមិ​ធេស‌ប៊ី‌ថា៖ 29 «តើអ្នកឃើញទេថាព្រះបាទអហាប់បានបន្ទាបខ្លួននៅមុខយើង? ដោយសារស្តេចបានបន្ទាបខ្លួននៅមុខយើង យើងនឹងមិននាំមហន្តរាយមកក្នុងរាជ្យរបស់ស្តេចទេ ប៉ុន្តែ យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន​ចំពោះ​ពូជ‌ពង្ស​របស់​គេ នៅ​ជំនាន់​ក្រោយវិញ»។

ជំពូក ២២

1 បីឆ្នាំបានកន្លងផុតទៅដោយគ្មានសង្គ្រាមរវាងស្រុកអារ៉ាម និងស្រុកអ៊ីស្រាអែល។ 2 បន្ទាប់មក នៅក្នុងឆ្នាំទីបីព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា បានទៅជួបស្ដេច​ស្រុក​អ៊ីស្រា‌អែល។ 3 ឥឡូវនេះ ស្តេចស្រុកអ៊ីស្រាអែលបានរាជឱង្ការទៅអ្នកបម្រើរបស់ស្តេចថា៖ «តើអ្នកដឹងទេថាក្រុង​រ៉ាម៉ូត ​កាឡាដ ជា​របស់​យើង ប៉ុន្តែ យើងមិនធ្វើអ្វីសោះដើម្បីយកទឹកដីនោះពីកណ្តាប់ដៃរបស់ស្តេចស្រុកអារ៉ាម»? 4 ដូច្នេះ ស្តេចបានទូលព្រះបាទយ៉ូសាផាតថា៖ «តើព្រះករុណានឹងទៅជាមួយទូលបង្គំទៅធ្វើសង្គ្រាមនៅក្រុង​រ៉ាម៉ូត ​កាឡាដឬទេ»? ព្រះបាទយ៉ូសាផាតឆ្លើយតបទៅស្តេចស្រុកអ៊ីស្រាអែលថា៖ «ទូលបង្គំក៏ដូចព្រះករុណាដែរ ប្រជាជនរបស់ទូលបង្គំ ក៏ដូចជាប្រជាជនរបស់ទូលបង្គំដែរ ហើយសេះរបស់ទូលបង្គំ ក៏ដូចជាសេះរបស់ព្រះករុណាដែរ»។ 5 ព្រះបាទយ៉ូសាផាតទូលទៅស្តេចស្រុកអ៊ីស្រាអែលថា៖ «សូមស្វែងរកការនែនាំពីព្រះបន្ទូលរបស់ព្រះអម្ចាស់សម្រាប់អ្វីដែលព្រះករុណាគួរធ្វើជាមុនសិនទៅ»។ 6 បន្ទាប់មក ស្តេចស្រុកអ៊ីស្រាអែលបានប្រមូលពួកព្យាការីមក មានបួនរយនាក់ ហើយបាននិយាយជាមួយពួកគេថា៖ «តើយើងគួចេញទៅក្រុង​រ៉ាម៉ូត​ ​កាឡាដ ឬ​មិន​ត្រូវ​ទៅ»? ពួកគេទូលថា៖​ «ត្រូវតែប្រយុទ្ធ ព្រោះព្រះអម្ចាស់បានប្រគល់ទឹកដីនេះមកក្នុងព្រះហស្តរបស់ព្រះករុណាហើយ»។ 7 ប៉ុន្តែ ព្រះបាទយ៉ូសាផាតទូលថា៖​ «តើនៅទីនេះមិនមានព្យាការីរបស់ព្រះអម្ចាស់ផ្សេងទៀតដែលយើងអាចសុំយោបល់ឬទេ»? 8 ស្តេចស្រុកអ៊ីស្រាអែលបានទូលទៅយ៉ូសាផាតថា៖ «មានបុរសម្នាក់ទៀតដែលយើងអាចសុំយោបល់ពីព្រះអម្ចាស់ គឺលោកមីកា‌យ៉ា ជា​កូន​របស់​លោក​យីមឡា ប៉ុន្តែ យើងស្អប់អ្នកនោះដោយសារតែគាត់មិនដែលទាយអ្វីល្អអំពីយើងទេ ផ្ទុយទៅវិញគឺមានតែការលំបាក»។ ប៉ុន្តែ ព្រះបាទយ៉ូសាផាតទូលថា៖ «សូមព្រះករុណាកុំមានបន្ទូលបែបនេះ»។ 9 បន្ទាប់មក ស្តេចស្រុកអ៊ីស្រាអែលបានហៅអ្នកគ្រប់គ្រង ហើយចេញបញ្ជាថា៖​ «ចូរទៅនាំមីកា‌យ៉ា ជា​កូន​របស់​លោក​យីមឡាមកឥឡូវនេះ»។ 10 ឥឡូវនេះ ព្រះបាទអហាប់ជាស្តេចស្រុកអ៊ីស្រាអែល និងព្រះបាទយ៉ូសាផាតជាស្តេចស្រុកយ៉ូដាបានគង់លើបល្ល័ង្កម្នាក់មួយ បានគ្រង់សំលៀកបំពាក់រុងរឿង នៅទីវាលនៅច្រកទ្វារក្រុងសាម៉ារី ហើយពួកព្យាការីបានថ្លែងទំនាយនៅមុខស្តេច។ 11 លោក​សេ‌ដេ‌គា ជា​កូន​របស់​លោក​ក្នាណា បាន​ធ្វើ​ស្នែងពី​ដែក ហើយ​ពោល​ថា៖ «ព្រះអម្ចាស់មានបន្ទូលថា៖ «ដោយសារស្នែងនេះ អ្នកនឹងដេញពួកអារ៉ាមរហូតដល់ពួកគេវិនាសអស់»។ 12 បន្ទាប់មក ព្យាការីទាំងអស់បាននិយាយដូចគ្នា៖ «ចូរវាយក្រុង​រ៉ាម៉ូត ​កាឡាដ​ចុះ យើងនឹងឈ្នះ ដោយសារព្រះអម្ចាស់នឹងប្រទានទឹកដីនេះមកក្នុងព្រះហស្តរបស់ព្រះករុណាមិនខាន»។ 13 អ្នកនាំពាក្យដែលទៅហៅលោកមីកាបាននិយាយជាមួយលោកថា៖ «ឥឡូវនេះចូលមើល ពាក្យរបស់ព្យាការីទាំងអស់បានប្រកាសរឿងល្អទៅស្តេចដោយសម្លេងតែមួយ។ សូមឲ្យពាក្យរបស់លោកដូចពាក្យរបស់អ្នកទាំងនោះផង ហើយសូមបា្រប់រឿងល្អផង»។ 14 លោកមីកាឆ្លើយថា៖ «ព្រះអម្ចាស់មានព្រះជន្មគង់នៅ នេះជាអ្វីដែលព្រះអម្ចាស់មានបន្ទូលមកខ្ញុំ ខ្ញុំនឹងនិយាយបែបនោះ»។ 15 នៅពេលដែលលោកបានមកជួបស្តេច ស្តេចបានមានរាជឱង្ការទៅលោកថា៖ «មីកាអើយ តើយើងគួរទៅក្រុងរ៉ាម៉ូត ​កាឡាដដើម្បីធ្វើសង្គ្រាម ឬអត់»? លោកមីកាទូលឆ្លើយថា៖​ «ទៅវាយចុះ នោះនឹងឈ្នះមិនខាន។ ព្រះអម្ចាស់នឹងប្រទានមកក្នុងព្រះហស្តរបស់ព្រះករុណា»។ 16 បន្ទាប់មក ស្តេចបានមានរាជឱង្ការទៅលោកថា៖ «តើយើងត្រូវឲ្យអ្នកស្បថប៉ុន្មានដង ដើម្បីឲ្យអ្នកប្រាប់ការពិតនៅក្នុងព្រះនាមរបស់ព្រះអម្ចាស់»?​ 17 ដូច្នេះលោកមីកាទូលថា៖ «ទូលបង្គំឃើញអ៊ីស្រាអែលបាក់ទ័ពនៅលើភ្នំ ដូចជាចៀមគ្មានអ្នកគង្វាល ហើយព្រះអម្ចាស់មានបន្ទូលថា៖ «ចៀមទាំងនេះគ្នានអ្នកគង្វាលឡើយ។ ចូរឲ្យអ្នកទាំងនេះត្រឡប់ទៅផ្ទះវិញដោយសន្តិភាពចុះ»។ 18 ដូច្នេះ ស្តេចស្រុកយូដា បានមានព្រះបន្ទូលទៅព្រះបាទយ៉ូសាផាតថា៖ «តើទូលបង្គំមិនបានទូលព្រះករុណាទេឬអីថាអ្នកនេះមិនដែលទាយល្អទាក់ទងនឹងទូលបង្គំទេ ប៉ុន្តែ ទាយតែពីមហន្តរាយ»?​ 19 បន្ទាប់មក លោកមីកាទូលថា៖​ «ដូច្នេះ សូមស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់៖ ទូលបង្គំឃើញព្រះអម្ចាស់គង់លើបល្ល័ង្ក ហើយអ្នកបម្រើទាំងអស់នៅនគរស្ថានសួគ៌ឈរនៅជិតព្រះអង្គ នៅខាងស្តាំ និងនៅខាងឆ្វេងព្រះអង្គ។ 20 ព្រះអម្ចាស់មានបន្ទូលថា៖ «តើនរណាចង់ល្បួងព្រះបាទអហាប់ ដើម្បីឲ្យស្តេចឡើងទៅ ហើយបរាជ័យនៅ​ក្រុង​រ៉ាម៉ូត ​កាឡាដ? មានម្នាក់និយាយបែបនេះ ហើយម្នាក់ទៀតនិយាយបែបនោះ។ 21 បន្ទាប់មក មានវិញ្ញាណមួយបានមកឈរនៅមុខព្រះអម្ចាស់ ហើយនិយាយថា៖ «ទូលបង្គំនឹងល្បួងស្តេច»។ ព្រះអម្ចាស់មានបន្ទូលមកអ្នកនោះថា៖ «តើដោយរបៀបណា»? 22 វិញ្ញាណនោះឆ្លើយតបថា៖ «ទូលបង្គំនឹងចេញទៅ ហើយក្លាយជាវិញ្ញាណកុហកនៅក្នុងមាត់របស់ពួកព្យាការីទាំងនេះ»។ ព្រះអម្ចាស់មានបន្ទូលថា៖ «ចូរទៅល្បួងស្តេចចុះ ហើយអ្នកនឹងបានជោគជ័យ។ ចូរទៅឥឡូវនេះ ហើយធ្វើបែបនោះចុះ»។ 23 ឥឡូវនេះ ព្រះអម្ចាស់បានដាក់វិញ្ញាណកុហកនៅក្នុងមាត់របស់ពួកព្យាការីទាំងអស់របស់ព្រះករុណា ហើយព្រះអម្ចាស់បានសម្រេចឲ្យមានមហន្តរាយនេះដល់ព្រះករុណា»។ 24 បន្ទាប់មក លោក​សេ‌ដេ‌គា ជា​កូន​របស់​លោក​ក្នាណា ឡើងមកទះកំផ្លៀងលោកមីកា ហើយនិយាយថា៖ «តើអ្នកដឹងដោយរបៀបណាថាព្រះវិញ្ញាណរបស់ព្រះអម្ចាស់ចេញពីយើងទៅនិយាយជាមួយអ្នក»? 25 លោកមីកាមានប្រសាស​ន៍ថា៖ «មើល អ្នកនឹងដឹងនៅថ្ងៃដែលអ្នករត់ចូលទៅបន្ទប់ខាងក្នុងដើម្បីលាក់ខ្លួន»។ 26 ស្តេចស្រុកអ៊ីស្រាអែលបានទូលទៅអ្នកបម្រើរបស់ព្រះអង្គថា៖ «ចូរ​ចាប់​លោក​មីកា‌យ៉ា​នាំ​យក​ទៅ​​ឲ្យ​លោក​អាំម៉ូន ជា​អ្នកគ្រប់គ្រង់ក្រុង និង​ទៅ​ព្រះបាទយ៉ូអាស ជា​បុត្រ​របស់​យើង​ទៅ។ 27 ចូរប្រាប់ទៅពួកគេថា៖ «ស្តេចទូលថា៖ «ចូរដាក់បុរសនេះក្នុងគុក ហើយឲ្យនំប័ុងគាត់តែបន្តិច និងទឹកបន្តិចបានហើយ រហូតយើងបានត្រឡប់មកវិញដោយសុខសាន្ត»។ 28 បន្ទាប់មក លោកមីកាទូលថា៖ «បើព្រះករុណាបានត្រឡប់មកវិញដោយសុខសាន្តមែននោះព្រះអម្ចាស់មិនបានមានបន្ទូលមកទូលបង្គំទេ»។ បន្ទាប់មក លោកបន្ថែមថា៖ «ចូរស្តាប់ពាក្យទាំងអស់នេះចុះប្រជាជនទាំងអស់អើយ»។ 29 ដូច្នេះ ស្តេចអហាប់ជាស្តេចស្រុកអ៊ីស្រាអែល និងព្រះបាទយ៉ូសាផាតជាស្តេចស្រុកយ៉ូដាបានឡើងទៅក្រុង​រ៉ាម៉ូត ​កាឡាដ។ 30 ស្តេចស្រុកអ៊ីស្រាអែលបានទូលទៅព្រះបាទយ៉ូសាផាតថា៖ «ទូលបង្គំនឹងក្លែងខ្លួនធ្វើជាទាហាន ហើយចេញទៅសមរភូមិ ប៉ុន្តែ សូមព្រះករុណាគ្រងសំលៀកបំពាក់រាជវាំងចុះ»។ ដូច្នេះ ស្តេចស្រុកអ៊ីស្រាអែលក្លែងខ្លួនធ្វើជាទាហាន ហើយចេញទៅសមរភូមិ។ 31 ឥឡូវនេះ ស្តេចអារ៉ាមបានបញ្ជាមេបញ្ជាការទាំងសាបសិបពីរនៃទ័ពរទេះចម្បាំងរបស់ស្តេចថា៖ ចូរកុំឲ្យវាយប្រហារពួកគេទាហានធម្មតាឡើយ។ ផ្ទុយទៅវិញ ចូរវាយប្រហារតែស្តេចស្រុកអ៊ីស្រាអែលបានហើយ»។ 32 នៅពេលដែលពួកមេបញ្ជាការឃើញព្រះបាទយ៉ូសាផាតពួកគេនិយាយថា៖ «នេះហើយជាស្តេចស្រុកអ៊ីស្រាអែល»។ ពួកគេបានត្រឡប់ទៅវាយប្រហារស្តេច ដូច្នេះព្រះបាទយូសាផាតក៏ស្រែកឡើង។ 33 នៅពេលដែលពួកមេបញ្ជាការបានឃើញថាលោកមិនមែនជាស្តេចស្រុកអ៊ីស្រាអែល ពួកគេក៏ឈប់ដេញតាមទ្រង់ទៅ។ 34 ប៉ុន្តែ មានបុរសម្នាក់បានបាញ់ធ្នូព្រាវទៅ ហើយចំលើស្តេចអ៊ីស្រាអែលត្រង់ចន្លោះអាវក្រោះ។ បន្ទាប់មក ព្រះបាទអហាប់បាននិយាយទៅអ្នកបើករាជរថថា៖ «ចូរត្រឡប់ក្រោយ ហើយនាំយើងចេញពីសមរភូមិ ព្រោះយើងមានរបួសជាទម្ងន់»។ 35 សមរភូមិនោះកាន់តែអាក្រក់ទៅៗនៅថ្ងៃនោះ ហើយស្តេចនៅលើរាជរថប្រឈមមុខនឹងពួកអារ៉ាម។​ ស្តេចសុគតនៅពេលល្ងាច។ ឈាមរបស់ទ្រង់ចេញពីរបួសរបស់ស្តេចមករហូតដល់ក្រោមរាជរថ។​ 36 បន្ទាប់មក នៅពេលថ្ងៃជិតលិច មានម្នាក់ស្រែកប្រកាសដល់ពួកទាហានទាំងអស់ថា៖ «គ្រប់គ្នាគួរត្រឡប់ទៅផ្ទះវិញ ហើយគ្រប់គ្នាគួរតែទៅកន្លែងរបស់ខ្លួនវិញ!»។ 37 ដូច្នេះ ស្តេចអហាប់បានសុគត ហើយគេនាំសពទ្រង់ទៅស្រុកសាម៉ារី ហើយគេបានបញ្ចុះសពទ្រង់នៅទីនោះ។ 38 ពួកគេបានលាងសម្អាតរាជរថដោយទឹកអាងនៅសាម៉ារី ហើយឆ្កែក៏បានលិតឈាមរបស់ទ្រង់ (នេះជាកន្លែងដែលស្ត្រីពេស្យាងូតទឹក) គឺស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់បានប្រកាស។ 39 រឿងរ៉ាវទាក់ទងនឹងស្តេចអហាប់ អ្វីដែលស្តេចបានធ្វើ ដំណាក់ធ្វើពីភ្លុកដែលស្តេចបានសង់ និងក្រុងទាំងប៉ុន្មានដែលស្តេចបានសង់ តើមិនមានកត់ត្រាទុកក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកអ៊ីស្រាអែលទេឬអី? 40 ដូច្នេះ ព្រះបាទអហាប់បានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យបន្ត។ 41 បន្ទាប់មក ព្រះបាទយ៉ូសាផាតកូនរបស់ព្រះបាទអាសាចាប់ផ្តើមគ្រងរាជលើស្រុកយូដានៅក្នុងឆ្នាំទីបួននៃរាជ្យរបស់ព្រះបាទអហាប់ជាស្តេចស្រុកអ៊ីស្រាអែល។ 42 ព្រះបាទយ៉ូសាផាតមានព្រះជន្មសាមសិបប្រាំឆ្នាំនៅពេលដែលព្រះអង្គចាប់ផ្តើមសោយរាជ្យ ហើយស្តេចសោយរាជ្យនៅក្រុងយេរូសាឡឹមអស់ម្ភៃប្រាំឆ្នាំ។ មាតា​របស់​ស្ដេច​មាន​នាម​ថា អស៊ូ‌បា ជា​កូន​របស់​លោក​ស៊ីល‌ហ៊ី។ 43 ស្តេចដើរតាមមាគា៌របស់ព្រះបាទអាសាជាបិតាទ្រង់ ស្តេចមិនបានបែរឆ្ងាយពីមាគា៌នោះទេ ស្តេចធ្វើអ្វីៗដែលត្រឹមត្រូវនៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់។ ប៉ុន្តែ នៅតាមទីខ្ពស់ស្តេចមិនបានបំផ្លាញចោលឡើយ។ ប្រជាជននៅតែបន្តថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូបនៅតាមទីខ្ពស់ៗដដែល។ 44 ព្រះបាទយ៉ូសាផាតបានរក្សាសន្តិភាពជាមួយស្តេចស្រុកអ៊ីស្រាអែល។ 45 រឿងរ៉ាវផ្សេងទៀតដែលទាក់ទងនឹងព្រះបាទយ៉ូសាផាត និងភាពល្បីល្បាញដែលស្តេចបានបង្ហាញ និងរបៀបដែលស្តេចចេញទៅសមរភូមិ តើមិនមានកត់ត្រាទុកក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយូដាទេឬអី? 46 ស្តេចបានបំផ្លាញចោលពួកពេស្យាចារបែបសាសនាចេញពីទឹកដីនោះ គឺអ្នកដែលនៅសេសសល់ពីភ្នែករបស់បិតាទ្រង់គឺព្រះបាទអាសា។ 47 នៅស្រុកអេដុំគ្មានស្តេចទេ ប៉ុន្តែ មានតែអ្នកគ្រប់គ្រងម្នាក់នៅទីនេះ។ 48 ព្រះបាទយ៉ូសាផាតបានសង់នាវាសមុទ្រ ពួកគេចេញទូកទៅអូភារដើម្បីរកមាស ប៉ុន្តែ ពួកគេមិនបានចេញទៅទេ ព្រោះសំពៅបានលិចនៅឯ​ក្រុង​អេស៊ាន-‌គេប៊ើរ។ 49 បន្ទាប់មក ព្រះបាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​អហាប់ទូលទៅព្រះបាទយ៉ូសាផាតថា៖ «ចូរឲ្យអ្នកបម្រើរបស់ទូលបង្គំចេញទូកជាមួយអ្នកបម្រើរបស់ព្រះករុណា»។ ប៉ុន្តែ ព្រះបាទយ៉ូសាផាតមិនអនុញ្ញាត្តិឡើយ។ 50 ព្រះបាទយ៉ូសាផាតបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបានបញ្ជុះសពទ្រង់នៅក្នុងក្រុងរបស់ព្រះបាទដាវីឌដែលជាបុព្វបុរសរបស់ស្តេច ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យបន្ត។ 51 ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​អហាប់ចាប់ផ្តើមគ្រងរាជលើស្រុកអ៊ីស្រាអែលនៅស្រុកសាម៉ារីនៅក្នុងឆ្នាំទីដប់ប្រាំពីរនៃរាជ្យរបស់ព្រះបាទយ៉ូសាផាតជាស្តេចស្រុកយូដា ហើយស្តេចសោយរាជ្យបានពីរឆ្នាំលើស្រុកអ៊ីស្រាអែល។​ 52 ស្តេចបានប្រព្រឹត្តអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ហើយបានដើរតាមមាគា៌របស់បិតា និងមាតាទ្រង់ និងដើរតាមមាគា៌របស់ព្រះបាទយេរ៉ូបោមជាកូននេបាត ដែលនាំឲ្យអ៊ីស្រាអែលប្រព្រឹត្តអំពើបាប។ 53 ស្តេចបានបម្រើព្រះបាល និងថ្វាយបង្គំព្រះនោះ ធ្វើឲ្យព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលព្រះពិរោធ ដូចដែលបិតារបស់ស្តេចបានធ្វើដែរ។