ខ្មែរ (Khmer): Unlocked Literal Bible - Khmer Print

Updated ? hours ago # views See on WACS
របាក្សត្រទី ២
របាក្សត្រទី ២
ជំពូក ១

1 ព្រះបាទសាឡូម៉ូន ជាបុត្រព្រះបាទដាវីឌកាន់តែមានកម្លាំងរឹងមាំឡើងក្នុងរាជ្យរបស់ទ្រង់ ហើយព្រះអម្ចាស់បានចម្រើនឲ្យព្រះករុណាកាន់តែមានអំណាចខ្លាំងឡើង។ 2 ព្រះបាទសាឡូម៉ូនមានរាជឱង្ការទៅប្រជាជនអ៊ីស្រាអែលទាំងមូលចំពោះមេបញ្ជាការលើពាន់នាក់ មេកងលើរយនាក់ចៅហ្វាយចៅក្រម និងមេដឹកនាំទាំងអស់នៃជនជាតិអ៊ីស្រាអែលដែលជាប្រមុខនៃក្រុមគ្រួសារឪពុកគេ។ 3 ព្រះបាទសាឡូម៉ូននិងក្រុមជំនុំទាំងមូលនាំគ្នាទៅកាន់កន្លែងសក្ការៈតាមទួលខ្ពស់នៅគីបៀន ដ្បិតមានត្រសាលប្រជុំរបស់ព្រះជាម្ចាស់ដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គបានធ្វើនៅទីរហោស្ថាន នៅទីនោះ។ 4 ប៉ុន្តែព្រះបាទដាវីឌបាននាំយកហឹបរបស់ព្រះជាម្ចាស់ពីគារយ៉ាត់-យារីមដល់កន្លែងដែលទ្រង់បានត្រៀមទុក ព្រោះទ្រង់បានបោះត្រសាលនៅក្រុងយេរូសាឡិម។ 5 អាសនៈលង្ហិនធ្វើដោយលោកបេតសាលាល ជាកូនរបស់លោកយូរី និងជាចៅរបស់លោកហើរស្ថិតនៅទីព្រះពន្លារបស់ព្រះអម្ចាស់។ ព្រះបាទសាឡូម៉ូន និងក្រុមជំនុំទាំងមូលបានទៅដល់ទីនោះ។ 6 ព្រះបាទសាឡូម៉ូនឡើងទៅលើអាសនៈលង្ហិន នៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ដែលនៅត្រង់ត្រសាលប្រជុំ ហើយបានថ្វាយដង្វាយដុតទាំងមូលមួយពាន់នៅលើនោះ។ 7 ព្រះជាម្ចាស់បានយាងមកជួបព្រះបាទសាឡូម៉ូននៅយប់នោះ ហើយមានបន្ទូលទៅទ្រង់ថា៖ «ចូរសុំចុះ! តើទ្រង់ចង់ឲ្យយើងប្រទានអ្វីឲ្យទ្រង់?»។ 8 ព្រះបាទសាឡូមូ៉នបានទូលទៅព្រះជាម្ចាស់ថា៖ «ព្រះអង្គបានសម្តែងព្រះហប្ញទ័យស្មោះត្រង់នឹងសម្ពន្ធមេត្រីរបស់ព្រះអង្គចំពោះព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំ ហើយព្រះអង្គបានប្រទានឲ្យទូលបង្គំឡើងគ្រងរាជ្យជំនួសស្តេចផង។ 9 បពិត្រព្រះអម្ចាស់ដ៏ជាព្រះជាអម្ចាស់ ឥឡូវនេះ សូមសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាចំពោះព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំចុះ ដ្បិត ព្រះអង្គបានតែងតាំងទូលបង្គំឲ្យគ្រងរាជ្យលើប្រជាជនជាច្រើនដូចធូលីដី។ 10 សូមប្រទានប្រាជ្ញា និងចំណេះដល់ទូលបង្គំ ដើម្បីឲ្យទូលបង្គំដឹកនាំប្រជាជននេះ ដ្បិត តើនរណាអាចវិនិច្ឆ័យប្រជាជនរបស់ទ្រង់បាន? តើអ្នកណាអាចរាប់ក្រុមមនុស្សដែលមានចំនួនយ៉ាងច្រើននេះបាន?»។ 11 ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់ព្រះបាទសាឡូម៉ូនថា៖ «ការនេះស្ថិតនៅក្នុងដួងចិត្តរបស់ទ្រង់ ហើយទ្រង់មិនបានស្នើសុំទ្រព្យសម្បត្តិទ្រព្យ ឬកិត្តិយស ឬជីវិតអ្នកដែលស្អប់ទ្រង់ និងជីវិតដ៏វែងសម្រាប់ខ្លួនទ្រង់ទេ តែទ្រង់បានសុំប្រាជ្ញា និងចំណេះដឹងដល់ខ្លួនទ្រង់ផ្ទាល់ ដើម្បីឲ្យទ្រង់អាចគ្រប់គ្រងលើប្រជារាស្ត្ររបស់យើងដែលយើងបានតែងតាំងទ្រង់ឲ្យធ្វើជាស្តេចលើគេ។ ដូច្នេះ យើងនឹងប្រទានឲ្យទ្រង់!។ 12 ឥឡូវនេះ យើងនឹងផ្តល់ឲ្យយអ្នកនូវប្រាជ្ញា និងចំណេះដឹង យើងក៏ប្រទានឲ្យទ្រង់មានទ្រព្យសម្បតិ្តយ៉ាងច្រើន ព្រមទាំងកិត្តិយស ដែលទោះបើមុនទ្រង់​និងក្រោយទ្រង់មិនដែលមានស្តេចណាដូចជាទ្រង់ឡើយ។ 13 ស្តេចសាឡូម៉ូនយាងពីកន្លែងសក្ការៈតាមទួលខ្ពស់នៅគីបៀនគឺពីមុខត្រសាលប្រជុំ ត្រឡប់មកក្រុងយេរូសាឡិមវិញ ហើយស្តេចសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល។ 14 ព្រះបាទសាឡូម៉ូនប្រមូលរទេះចម្បាំង​ និងពលទ័ពសេះមកមានរទេះសេះចំនួន ១, ៤០០ គ្រឿង និងពលសេះចំនួនមួយម៉ឺនពីរពាន់នាក់ដែលស្តេចដាក់នៅក្នុងទីក្រុងជាមួយរទេះចម្បាំង និងនៅជាមួយស្តេចនៅក្រុងយេរូសាឡិម។ 15 ស្តេចបានធ្វើឲ្យមានមាសប្រាក់នៅក្រុងយេរូសាឡិមសម្បូរដូចដុំថ្ម ហើយធ្វើឲ្យឈើតាត្រៅសម្បូរដូចដើមកកោះដែលមាននៅតាមតំបន់ទំនាប។ 16 ពួកឈ្មួញរបស់ស្តេចបានទិញសេះពីស្រុកអេស៊ីប និងស្រុកគូសសម្រាប់ព្រះបាទសាឡូម៉ូន។ 17 ពួកគេនាំរទេះចម្បាំងមកពីស្រុកអេស៊ីបមានតម្លៃជាប្រាក់សុទ្ធប្រាំមួយរយស្លឹង និងសេះមួយតម្លៃ ១៥០ ស្លឹង។ ពួកគេក៏បានលក់ចេញទៅឲ្យស្តេចនៃជនជាតិហេតនិងជនជាតិស៊ីរី។

ជំពូក ២

1 ព្រះបាទសាឡូម៉ូនបញ្ជាឲ្យគេសង់ព្រះដំណាក់សម្រាប់ព្រះនាមរបស់ព្រះអម្ចាស់ និងកសាងរាជវាំងមួយសម្រាប់នគររបស់ព្រះអង្គ។ 2 ព្រះបាទសាឡូម៉ូនតែងតាំងមនុស្សប្រាំពីរម៉ឺននាក់ឲ្យលីសែង មនុស្សប្រាំបីម៉ឺននាក់ឲ្យធ្វើជាអ្នកកាប់ឈើនៅលើភ្នំ និងមានបុរសចំនួនបីពាន់ប្រាំមួយរយនាក់ឲ្យមើលការខុសត្រូវ។ 3 ព្រះបាទសាឡូឡូម៉ូនផ្ញើសារទៅព្រះបាទហ៊ីរ៉ាម ជាស្តេចនៅក្រុងទីរ៉ុសថា៖ «ព្រះករុណាបានបញ្ជូនឈើតាត្រៅឲ្យព្រះបាទដាវីឌជាបិតារបស់ទូលបង្គំដើម្បីសង់ព្រះដំណាក់ ដូច្នេះ សូមធ្វើការនេះជាមួយទូលបង្គំផង។ 4 មើល៍ ទូលបង្គំរៀបនឹងសង់ព្រះដំណាក់សម្រាប់ព្រះនាមព្រះអម្ចាស់ជាព្រះរបស់ទូលបង្គំ សម្រាប់ញែកថ្វាយដល់ព្រះនាមព្រះអង្គ សម្រាប់ដុតគ្រឿងក្រអូបនៅចំពោះព្រះភក្ត្រព្រះអង្គ សម្រាប់តម្កល់នំបុ័ងនៅចំពោះព្រះវត្តមានព្រះអង្គ និងសម្រាប់ថ្វាយតង្វាយដុតទាំងព្រឹក និងល្ងាច នៅថ្ងៃសប្ប័ទ និងថ្ងៃចូលខែថ្មី ព្រមទាំងពិធីបុណ្យសំខាន់ផ្សេងៗសម្រាប់ព្រះអម្ចាស់ជាព្រះរបស់យើង។ កូនចៅអ៊ីស្រាអែល និងធ្វើការនេះជារៀងរហូតទៅ។ 5 ព្រះដំណាក់ដែលទូលបង្គំនឹងសង់នោះមានទំហំធំណាស់ ដ្បិត ព្រះជាម្ចាស់របស់យើងព្រះអង្គធំធេង និងខ្ពង់ខ្ពស់ជាងព្រះឯទៀតៗ។ 6 ប៉ុន្ដែ តើអ្នកណាអាចនឹងសង់ព្រះដំណាក់ថ្វាយព្រះអង្គបាន? ដ្បិត សូម្បីសកលលោកទាំងមូល និងផ្ទៃមេឃដ៏ធំធេងក៏មិនល្មមនឹងឲ្យព្រះអង្គគង់នៅផង? តើទូលបង្គំជាអ្វីដែលអាចសង់ព្រះដំណាក់ថ្វាយព្រះអង្គបាន? គឺលើកលែងតែទុកសម្រាប់ថ្វាយតង្វាយនៅចំពោះព្រះភក្រ្តព្រះអង្គ 7 ដូច្នេះ សូមចាត់មនុស្សដែលប៉ិនប្រសប់ខាងធ្វើមាស ប្រាក់ លង្ហិនដែក ចេះជ្រលក់ក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម ​និងពណ៌ខៀវ ជាអ្នកដែលចេះឆ្លាក់ឈើគ្រប់ប្រភេទ។ គាត់នឹងនៅធ្វើជាមួយនឹងជាងជំនាញរបស់ទូលបង្គំនៅស្រុកយូដា និងក្រុងយេរូសាឡិមគឺជាអ្នកដែលព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំបានជ្រើសរើស ។ 8 សូមចាត់បញ្ជូនឈើតាត្រៅ ឈើកកោះ និងខ្លឹមចន្ទន៍ពីស្រុកលីបង់មកឲ្យទូលបង្គំផង ព្រោះទូលបង្គំដឹងថាពួកអ្នកបម្រើរបស់ព្រះករុណា ប្រសប់កាប់ឈើនៅស្រុកលីបង់ណាស់។ មើលអ្នកបម្រើរបស់ទូលបង្គំនឹងនៅធ្វើការជាមួយអ្នកបម្រើរបស់ព្រះករុណាដែរ 9 ដើម្បីកាប់ឈើឲ្យបានច្រើនសន្ធឹកសន្ធាប់សម្រាប់ទូលបង្គំ ដ្បិត ព្រះដំណាក់ដែលទូលបង្គំបម្រុងនឹងសង់នោះពិតជាធំស្កឹមស្កៃណាស់។ 10 ទូលបង្គំ​នឹង​ផ្ដល់ឲ្យដល់​អ្នក​បម្រើ​របស់​ព្រះករុណា​ដែល​កាប់​ឈើ​នេះ​នូវស្បៀង​ជា​ស្រូវ​ឱកប្រាំ​ពាន់​តោន ស្រូវសាឡី​ប្រាំ​​ពាន់​តោន ស្រា​ទំពាំង‌បាយជូរ​ប្រាំ​បី​ម៉ឺន​លីត្រ និង​ប្រេង​ប្រាំ​បី​ម៉ឺន​លីត្រ»។ 11 ព្រះបាទហ៊ីរ៉ាម ជាស្តេចក្រុងទីរ៉ុសបានសរសេរផ្ញើទៅព្រះបាទសាឡូម៉ូនថា៖ «ព្រះអម្ចាស់ពិតស្រឡាញ់ប្រជាជនរបស់ព្រះអង្គ ទើបព្រះអង្គតែងតាំងព្រះករុណាឲ្យធ្វើជាស្តេចលើពួកគេ»។ 12 លើសពីនេះទៀត ព្រះបាទហ៊ីរ៉ាមមានរាជឱង្ការថា៖ «សូមលើកតម្កើងព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលដែលបានបង្កើតផ្ទៃមេឃ និងផែនដីដែលបានប្រទានឲ្យព្រះបាទដាវីឌមានបុត្រាដែលប្រកបដោយប្រាជ្ញាវាងវៃ និងគំនិតយោបល់ដែលនឹងសង់ព្រះដំណាក់ថ្វាយព្រះអម្ចាស់ ព្រមទាំងរាជវាំងសម្រាប់នគ។ 13 ឥឡូវនេះ ទូលបង្គំបានបញ្ជូនបុរសដែលមានជំនាញ និងមានទេពកោសល្យជាមួយនឹងការយល់ដឹងគឺលោកហ៊ីរ៉ាម ជាអ្នកជំនាញរបស់ទូលបង្គំ។ 14 លោកជាកូនរបស់ស្ត្រីរបស់ដាន់។ ឪពុករបស់លោកជាបុរសមកពីក្រុងទីរ៉ុស។ លោកមានជំនាញខាងមាសប្រាក់លង្ហិនដែកថ្ម និងឈើ និងពណ៌ស្វាយ ពណ៌ខៀវ និងរោមចៀមពណ៌ក្រហម ព្រមទាំងក្រណាត់ធ្វើពីក្រណាត់សូត្រ។ លោកក៏មានជំនាញក្នុងការធ្វើចម្លាក់ និងឆ្លាក់រូបគ្រប់ប្រភេទ តាមគម្រោង។ សូមឲ្យគេទុកកន្លែងមួយឲ្យគាត់ក្នុងចំណោមអ្នកដែលមានជំនាញជាមនុស្សដែលព្រះបាទដាវីឌជាម្ចាស់របស់ទូលបង្គំ ហើយជាបិតារបស់ព្រះករុណាបានជ្រើសរើសចុះ។ 15 ឥឡូវនេះ ស្រូវសាលីស្រូវឱកប្រេង និងស្រាទំពាំងបាយជូរដែលព្រះករុណាជាម្ចាស់របស់ទូលបង្គំបានមានបន្ទូល សូមព្រះករុណាចាត់បញ្ជូនរបស់ទាំងនេះមកឲ្យពួកអ្នកបម្រើរបស់ព្រះករុណាចុះ។ 16 យើងខ្ញុំនឹងកាប់ឈើពីស្រុកលីបង់តាមចំនួនដែលព្រះករុណាត្រូវការ។ យើងខ្ញុំនឹងបញ្ជូនតាមក្បូនតាមសមុទ្រឆ្ពោះទៅក្រុងយ៉ុបប៉េ ហើយព្រះករុណាអាចដឹកវាទៅដល់ក្រុងយេរូសាឡិម»។ 17 ព្រះបាទសាឡូម៉ូនបានជំរឿនជនបរទេសទាំងអស់ដែលរស់នៅក្នុងស្រុកអ៊ីស្រាអែលតាមវិធីដែលព្រះបាទដាវីឌ ជាបិតារបស់ព្រះអង្គបានធ្វើ ហើយជំរឿនពួកគេ។ ពួកគេបានធ្វើជំរឿនឃើញមានចំនួន ១៥៣, ៦០០ នាក់។ 18 ស្តេចបានតែងតាំងប្រាំពីរម៉ឺននាក់ឲ្យធ្វើជាអ្នកលីសែង ប្រាំបីម៉ឺននាក់ធ្វើជាអ្នកកាប់ឈើនៅលើភ្នំនិង ៣៦០០ ឲ្យធ្វើជាអ្នកមើលការខុសត្រូវឲ្យគេធ្វើការ។

ជំពូក ៣

1 ព្រះបាទសាឡូម៉ូនបានចាប់ផ្តើមសង់ព្រះដំណាក់សម្រាប់ព្រះជាម្ចាស់នៅក្រុងយេរូសាឡិម នៅលើភ្នំម៉ូរីយ៉ា ជាកន្លែងដែលព្រះជាម្ចាស់បានលេចឲ្យព្រះបាទដាវីឌឃើញ។ ព្រះអង្គបានរៀបចំកន្លែងដែលព្រះបាទដាវីឌបានត្រៀមទុកគឺទីលានបោកស្រូវរបស់លោកអូរ៉ៅណា ជាជន​ជាតិ​យេ​ប៊ូស​។ 2 ទ្រង់បានចាប់ផ្តើមសាងសង់ព្រះដំណាក់នៃព្រះអម្ចាស់នៅថ្ងៃទីពីរក្នុងខែទីពីរនៃឆ្នាំទីបួននៃរាជរបស់ព្រះអង្គ។ 3 ឥឡូវនេះ នេះជាវិមាត្រនៃគ្រឹះដែលព្រះបាទសាឡូម៉ូនបានដាក់សម្រាប់ព្រះដំណាក់របស់ព្រះជា​ម្ចាស់​។ ដោយប្រើរង្វាស់បុរាណមានបណ្តោយប្រវែងហុកសិបហត្ថ និងទទឹងម្ភៃហត្ថ។ 4 បន្ទប់ល្វែងខាងមុខព្រះដំណាក់ព្រះអម្ចាស់មានប្រវែងម្ភៃហត្ថស្របតាមទទឹងអាគារ។ កម្ពស់របស់វាមានកម្ពស់ម្ភៃហត្ថ ហើយព្រះបាទសាឡូម៉ូនបានយកមាសសុទ្ធមកស្រោបបន្ទប់ខាងក្នុង។ 5 ស្តេចបានធ្វើពិដានពីឈើតាត្រៅនៅតាម​ជញ្ជាំង​បន្ទប់​ធំ ហើយស្រោបមាសមានគុណភាពល្អ ព្រមទាំងឲ្យគេឆ្លាក់ក្បាច់ដើមចាក និងច្រវាក់ផង។ 6 ស្តេចបានតុបតែងព្រះដំណាក់នៃព្រះអម្ចាស់ដោយត្បូងដ៏មានតម្លៃ និងមាសគឺជាមាសពីស្រុកផាវែម។ 7 ស្តេចឲ្យគេស្រោប មាសសុទ្ធនៅលើធ្នឹម ជញ្ជាំង ក្របទ្វារ និងសន្លឹកទ្វារ ព្រមទាំងឲ្យគេឆ្លាក់ចេរូប៊ីននៅលើជញ្ជាំងផង។ 8 ស្តេចបានសង់ទីបរិសុទ្ធបំផុត។ បណ្តោយរបស់វាត្រូវនឹងទទឹងនៃព្រះដំណាក់មានប្រវែងម្ភៃហត្ថ និងទទឹងម្ភៃហត្ថស្មើគ្នា។ ស្តេចឲ្យគេស្រោបមាសសុទ្ធចំនួនពីម៉ឺនប្រាំរយម្ភៃតម្លឹង។ 9 ទំងន់មាសសម្រាប់ធ្វើដែកគោលមានទម្ងន់ហាសិបតម្លឹង។ ស្តេចក៏ស្រោបផ្ទៃខាងលើរបស់វាដោយមាសដែរ។ 10 ស្តេចបានឆ្លាក់រូបចេរូប៊ីនពីរសម្រាប់បន្ទប់នៃទីបរិសុទ្ធបំផុត។ ពួកជាងបានស្រោបចេរូប៊ីនទាំងនោះដោយមាសសុទ្ធ។ 11 ស្លាបរបស់ចេរូប៊ីនទាំងពីរមានប្រវែងម្ភៃហត្ថ។ ស្លាបរបស់ចេរូប៊ីនមួយមានបណ្តោយប្រាំហត្ថទៅដល់ជញ្ជាំងបន្ទប់ ហើយស្លាបម្ខាងទៀតរបស់ចេរូប៊ីនមានប្រវែងប្រាំហត្ថទៅទល់នឹងស្លាបរបស់ចេរូប៊ីនទីពីរ។ 12 ស្លាបរបស់ចេរូប៊ីនមួយទៀតមានប្រវែងប្រាំហត្ថទៅទល់នឹងជញ្ជាំងបន្ទប់ ហើយស្លាបម្ខាងទៀតរបស់ចេរូប៊ីនមានប្រវែងប្រាំហត្ថទៅទល់នឹងស្លាបរបស់ចេរូប៊ីនទីមួយ។ 13 ស្លាបរបស់ចេរូប៊ីនទាំងពីរនេះលាតសន្ធឹងមានប្រវែងម្ភៃហត្ថ។ ចេរូប៊ីនឈរ និងជើងហើយបែរមុខទៅសាលធំ។ 14 ស្តេចធ្វើវាំងននពីក្រណាត់ពណ៌ខៀវពណ៌ស្វាយ ពណ៌ក្រហម និងក្រណាត់ទេសឯកហើយមានប៉ាក់ចេរូប៊ីននៅលើក្រណាត់នោះផង។ 15 ព្រះបាទសាឡូម៉ូនក៏បានធ្វើសសរពីរដែលមានកម្ពស់សាមសិបប្រាំហត្ថសម្រាប់ដាក់នៅខាងមុខព្រះដំណាក់ដែរ។ ក្បាលសសរនៅលើចុងសសរទាំងពីរមានកម្ពស់ប្រាំហត្ថ។ 16 ស្តេចបានឲ្យគេធ្វើក្បាច់ច្រវ៉ាក់នៅលើក្បាលសសរទាំងពីរ។ ស្តេចក៏ឲ្យគេធ្វើក្បាច់ផ្លែទទឹមចំនួនមួយរយភ្ជាប់នឹងក្បាច់ច្រវាក់។ 17 ស្តេចបានបញ្ឈរសសរទាំងពីរឡើងនៅខាងមុខព្រះវិហារគឺមួយនៅខាងស្ដាំ និងមួយទៀតនៅខាងឆ្វេង។ ស្តេចដាក់ឈ្មោះសសរនៅខាងស្តាំថាយ៉ាគីន និងសសរនៅខាងឆ្វេងថា បូអូស។

ជំពូក ៤

1 ស្តេចបានធ្វើអាសនៈលង្ហិនមួយ មានបណ្ដោយម្ភៃហត្ថទទឹងម្ភៃហត្ថ និងកម្ពស់ដប់ហត្ថ។ 2 ស្តេចបានធ្វើសមុទ្រមូលពីលង្ហិនដែលមានអង្កត់ផ្ចិតពីមាត់ម្ខាងទៅមាត់ម្ខាងប្រវែងដប់ហត្ថ។ សមុទ្រមានកម្ពស់ប្រាំហត្ថ ហើយសមុទ្រមានទំហំសាមសិបហត្ថជារង្វង់មូល។ 3 នៅខាងក្រោមគែមសមុទ្រមានរូបគោឈ្មោលគឺមួយហត្ថមានរូបគោដប់ ពាក់កណ្តាលខ្លួនជាប់ក្នុងសមុទ្រនៅពេលដែលសមុទ្ររលកចេញក្រៅ។ 4 សមុទ្រឈរលើគោចំនួនដប់ពីរ គោបីបែរទៅទិសខាងជើងបីបែរទៅទិសខាងលិចបីទៀតបែរមុខទៅទិសខាងត្បូង និងបីក្រឡេកមើលទៅទិសខាងកើត។ សមុទ្របានដាក់នៅខាងលើរូបគោទាំងនោះហើយគូទរបស់រូបគោទាំងនោះបែរចូលទៅខាងក្នុង។ 5 សមុទ្រមានកម្រាស់មួយទះដៃហើយមាត់របស់វាដូចមាត់ពែង ហើយមានរាងដូចជាផ្កាឈូករីក។ សមុទ្រនោះអាចផ្ទុកទឹកបានចំនួនបីពាន់អម្រែក។ 6 ស្តេចបានធ្វើអាងចំនួនដប់សម្រាប់លាងសម្អាត។ ស្តេចដាក់ប្រាំនៅខាងស្តាំ និងប្រាំនៅខាងឆ្វេង ហើយសម្ភារដែលត្រូវប្រើក្នុងការថ្វាយតង្វាយដុតត្រូវលាងសម្អាតនៅក្នុងអាងនោះ។ សមុទ្រគឺសម្រាប់ពួកបូជាចារ្យលាងសម្អាតខ្លួន។ 7 ស្តេចបានធ្វើជើងចង្កៀងដប់ អំពីមាស ទៅតាមក្បួនតម្រាអំពីជើងចង្កៀង ហើយយកទៅដាក់នៅក្នុងព្រះវិហារ ប្រាំនៅខាងស្តាំដៃ និងប្រាំទៀតនៅខាងឆ្វេងដៃ។ 8 ស្តេចបានធ្វើតុចំនួនដប់ ហើយបានយកទៅដាក់នៅក្នុងព្រះវិហារ ដោយដាក់ប្រាំនៅខាងស្តាំ និងប្រាំទៀតនៅខាងឆ្វេង។ ស្តេចក៏បានធ្វើផើងមាសចំនួនមួយរយដែរ។ 9 លើសពីនេះ ស្តេចបានបង្កើតទីធ្លាសម្រាប់ពួកបូជាចារ្យ និងទីធ្លាដ៏ធំមួយព្រមទាំងធ្វើទ្វារសម្រាប់ទីធ្លាទាំងនោះផង។ ស្តេចបានឲ្យគេស្រោបទ្វារទាំងនោះដោយលង្ហិន។ 10 ស្តេចដាក់សមុទ្រនៅខាងស្តាំព្រះដំណាក់នៅទិសខាងកើត ហើយបែរមុខទៅទិសខាងត្បូង។ 11 លោកហ៊ីរ៉ាមបានធ្វើផើងប៉ែល និងចានសម្រាប់ប្រោះឈាម។ លោកហ៊ីរ៉ាមបានបង្ហើយកិច្ចការដែលព្រះបាទសាឡូម៉ូនបានឲ្យធ្វើនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ 12 គឺមានសសរទាំងពីរ និងក្បាលសសររាងពងក្រពើដែលស្ថិតនៅលើសសរទាំងពីរព្រមទាំងក្បាប់តុបតែងលម្អទាំងពីឈុតសម្រាប់គ្របលើក្បាលសសរដែលមានរាងដូចចានគោម ដែលនៅលើសរទាំងពីរ។ 13 លោកបានធ្វើរូបផ្លែទទឹមចំនួនបួនរយសម្រាប់ការតុបតែងលម្អនៅលើក្បាលសសរទាំងពីរ គឺផ្លែទទឹមចំនួនពីរជួរភ្ជាប់ និងក្បាច់ក្រឡាសំណាញ់នីមួយៗ សម្រាប់គ្របក្បាលសសរដែលមានរាងដូចចានពងក្រពើទាំងពីរដែលស្ថិតនៅលើសសរនោះ។ 14 លោក​ហ៊ីរ៉ាម​ក៏​បាន​ធ្វើជើងទម្រ និង​អាង​ដាក់​លើជើងទម្រទាំង​នោះ 15 សមុទ្រមួយ និងរូបគោចំនួនដប់ពីរ នៅពីក្រោមសមុទ្រនោះ 16 ព្រមទាំងផើង ប៉ែល សមចាក់សាច់ ព្រមទាំងសម្ភារផ្សេងទៀត។ លោកហ៊ីរ៉ាមជាអ្នកជំនាញបានធ្វើសម្រាប់ព្រះបាទសាឡូម៉ូនសម្រាប់ប្រើក្នុងព្រះដំណាក់នៃព្រះអម្ចាស់ សុទ្ធតែធ្វើពីលង្ហិនយ៉ាងរលោង។ 17 ស្តេចបានឲ្យគេយករបស់ទាំងនោះទៅសិត និងដុតនៅក្នុងឡឥដ្ឋនៅវាលទំនាបទន្លេយ័ដាន់នៅត្រង់ចន្លោះស៊ូកូត និងសារ៉េថាន។ 18 ដូច្នេះ​ហើយ ព្រះបាទសាឡូម៉ូនបានធ្វើគ្រឿងប្រដាប់ទាំងអស់យ៉ាងបរិបូរ ហើយទំងន់លង្ហិនមិនអាចដឹងបានទេ។ 19 ព្រះបាទសាឡូម៉ូនបានធ្វើគ្រឿងសង្ហារិមទាំងអស់ដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ មានអាសនៈមាស និងតុដែលគេដាក់នំបុ័ងនៅទីនោះ។ 20 ជើងចង្កៀង និងចង្កៀងសម្រាប់ដុតនៅក្នុងបន្ទប់ខាងក្នុងត្រូវបានធ្វើឡើងពីមាសសុទ្ធ។ 21 ផ្កាភ្លើងចង្កៀង និងអណ្តាតភ្លើងចង្កៀងសុទ្ធតែធ្វើពីមាសសុទ្ធ។ រីឯតួចង្កៀង កន្លែងដាក់ប្រេងចង្កៀង ស្លាបព្រាចូកប្រឆេះចង្កៀង និងអាសនៈដុតគ្រឿងក្រអូបសុទ្ធតែធ្វើពីមាសសុទ្ធ។ 22 រីឯទ្វារចូលព្រះដំណាក់ ទ្វារចូលទៅក្នុងទីបរិសុទ្ធ ទ្វារខាងក្នុងចូលទៅទីបរិសុទ្ធបំផុត និងទ្វារព្រះដំណាក់គឺជាទ្វារនៃព្រះវិហារគឺសុទ្ធតែធ្វើពីមាសសុទ្ធទាំងអស់។

ជំពូក ៥

1 ពេលដែលកិច្ចការទាំងប៉ុន្មានដែលព្រះបាទសាឡូម៉ូនបានធ្វើសម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់បានចប់សព្វគ្រប់ហើយព្រះបាទសាឡូម៉ូនបានប្រមូលរបស់របរដែលព្រះបាទដាវីឌជាបិតាបានញែកទុកជាសក្ការៈថ្វាយព្រះជាម្ចាស់គឺមានមាស ប្រាក់ និងគ្រឿងសង្ហារិមផ្សេងៗ។ ព្រះបាទសាឡូម៉ូនបានយករតនៈសម្បត្តិទាំងនោះទៅដាក់ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ 2 ព្រះបាទសាឡូម៉ូនបានប្រមូលពួកព្រឹទ្ធាចារ្យនៃកូនចៅអ៊ីស្រាអែលទាំងអស់ដែលជាមេដឹកនាំនៃកុលសម្ព័ន្ធ និងមេដឹកនាំគ្រួសាររបស់ជនជាតិអ៊ីស្រាអែលនៅក្រុងយេរូសាឡិមឲ្យទៅដង្ហែរហឹបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ពីក្រុងដាវីឌគឺក្រុងស៊ីយ៉ូន។ 3 ប្រជាជនអ៊ីស្រាអែលទាំងអស់នាំគ្នាមកគាល់ព្រះរាជានៅក្នុងពិធីបុណ្យដែលត្រូវនឹងខែទីប្រាំពីរ។ 4 ពួកព្រឹទ្ធាចារ្យទាំងអស់នៃជនជាតិអ៊ីស្រាអែលនាំគ្នាមកហើយពួកលេវីក៏សែងហឹប។ 5 ពួកគេបានសែងហឹប ត្រសាលប្រជុំ និងគ្រឿងប្រដាប់ដ៏វិសុទ្ធដែលស្ថិតនៅក្នុងព្រះពន្លាមកជាមួយផង។ ពួកបូជាចារ្យដែលមកពីកុលសម្ព័ន្ធលេវីជាអ្នកដង្ហែរនាំរបស់ទាំងនេះមក។ 6 ព្រះបាទសាឡូម៉ូន និងសហគមន៍អ៊ីស្រាអែលទាំងមូលបានជួបជុំគ្នានៅមុខហឹបនៃសម្ពន្ធមេត្រី ហើយបានថ្វាយតង្វាយជាសត្វចៀម និងគោយ៉ាងច្រើនសន្ធឹកដែលមិនអាចរាប់បាន។ 7 ពួកបូជាចារ្យបាននាំហឹបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ទៅតម្កល់នៅបន្ទប់ខាងក្នុងនៃព្រះដំណាក់គឺនៅក្នុងទីបរិសុទ្ធបំផុតនៅក្រោមស្លាបរបស់ចេរូប៊ីន។ 8 ចេរូប៊ីនទាំងពីរត្រដាងស្លាបពីលើកន្លែងតម្កល់ហឹប ដើម្បីគ្របបាំងហឹប និងឈើស្នែង។ 9 ឈើស្នែងនោះវែងណាស់ដែលចុងរបស់វាត្រូវបានគេមើលឃើញពីទីបរិសុទ្ធនៅមុខបន្ទប់ខាងក្នុង ប៉ុន្តែ គេមិនអាចមើលឃើញពីខាងក្រៅបានទេ។ ហឹបនោះតម្កល់នៅទីនោះរហូតដល់សព្វថ្ងៃនេះ។ 10 នៅក្នុងហឹបនោះគ្មានអ្វីទេ គឺមានតែបន្ទះថ្មពីរផ្ទាំងដែលលោកម៉ូសេបានដាក់ គឺជាបន្ទះថ្មដែលគាត់ទទួលនៅភ្នំហោរ៉ែប នៅពេលដែលព្រះអម្ចាស់បានចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែលនៅពេលពួកគេចាកចេញពីស្រុកអេស៊ីបមក។ 11 នៅពេលដែលពួកបូជាចារ្យចេញពីទីបរិសុទ្ធ។ បូជាចារ្យទាំងអស់ដែលមានវត្តមានបានញែកខ្លួនជាបរិសុទ្ធថ្វាយព្រះអម្ចាស់ដោយមិនគិតពីក្រុមគ្រួសារវង្សត្រកូលទេ។ 12 ពួកលេវីដែលជាអ្នកចម្រៀងទាំងអស់រួមទាំងលោកអេសាភ លោកហេម៉ាន លោកយេឌូថុនព្រមទាំងកូនចៅ និងបងប្អូនរបស់គេសុទ្ធតែស្លៀកសម្លៀកបំពាក់ធ្វើពីក្រណាត់ទេសឯក និងលេងភ្លេងមានពិណ ​ស្គរ និងឃឹម ឈរនៅចុងអាសនៈខាងកើត។ នៅជាមួយពួកគេមានបូជាចារ្យ ១២០ នាក់ដែលផ្លុំត្រែ។ 13 នៅពេលអ្នកផ្លុំត្រែ និងអ្នកចម្រៀងបន្លឺសម្លេងច្រៀងឡើងជាសម្លេងតែមួយជាមួយគ្នា ដើម្បីសរសើរតម្កើងព្រះជាម្ចាស់។ ពួកគេបន្លឺសម្លេងត្រែដោយផ្លុំត្រែ និងឧបករណ៍ឯទៀតៗរួចនាំគ្នាសរសើរតម្កើងព្រះអម្ចាស់។ ពួកគេបានច្រៀងថា៖ «ដ្បិត ព្រះអម្ចាស់ទ្រង់ល្អ ហើយភាពស្មោះត្រង់របស់ព្រះអង្គនៅស្ថិតស្ថេរជារៀងរហូត»។ ពេលនោះ មានពពកបានមកគ្របដណ្តប់ពេញលើព្រះដំណាក់នៃព្រះអម្ចាស់។ 14 ពួកបូជាចារ្យពុំអាចឈរបំពេញមុខងារបានឡើយ ដ្បិត សិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញព្រះដំណាក់របស់ព្រះអង្គ។

ជំពូក ៦

1 ព្រះបាទសាឡូម៉ូនមានរាជឱង្ការថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ព្រះអង្គសព្វព្រះហឫទ័យនឹងគង់នៅក្នុងទីងងឹតដ៏ក្រាស់! 2 ប៉ុន្តែ ទូលបង្គំបានសង់ព្រះវិហារដ៏ថ្កុំថ្កើងនេះ ទុកជាព្រះដំណាក់សម្រាប់ទ្រង់គង់នៅជារៀងរហូតតទៅ»។ 3 បន្ទាប់មក ស្តេចក៏ងាកមកប្រទានពរដល់សហគមន៍អ៊ីស្រាអែលទាំងមូល ពេលដែលពួកគេកំពុងតែឈរនៅទីនោះទាំងអស់គ្នា។ 4 ស្តេចមានរាជឱង្ការថា៖ «សូមឲ្យព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលបានលើកតម្កើងឡើង ដ្បិត ទ្រង់បានសម្រេចតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាជាមួយព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំ ហើយព្រះអម្ចាស់មានបន្ទូលថា៖ 5 «ចាប់តាំងពីថ្ងៃដែលយើងនាំប្រជារាស្ត្ររបស់យើងចេញពីស្រុកអេស៊ីបមក យើងមិនបានជ្រើសរើសយកទីក្រុងណាចេញពីកុលសម្ព័ន្ធអ៊ីស្រាអែលទាំងប៉ុន្មានដើម្បីសង់ដំណាក់សម្រាប់នាមយើងឡើយ ហើយយើងក៏មិនបានជ្រើសរើសនរណាម្នាក់ឲ្យធ្វើជាមេដឹកនាំលើអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើងដែរ។ 6 តែយើងបានជ្រើសរើសក្រុងយេរូសាឡិមសម្រាប់នាមយើង និងបានជ្រើសរើសព្រះបាទដាវីឌឲ្យធ្វើជាអ្នកត្រួតត្រាលើអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង»។ 7 ព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំមានបំណងសង់ព្រះដំណាក់ថ្វាយព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។ 8 ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំថា៖ «ដែលឯងមានចិត្តចង់សង់ព្រះដំណាក់សម្រាប់នាមយើង នោះគឺជាការប្រសើរណាស់។ 9 ប៉ុន្តែ ទោះយ៉ាងណាក៏ដោយ ស្តេចមិនត្រូវសង់ដំណាក់សម្រាប់យើងឡើយ។ ផ្ទុយទៅវិញ បុត្រារបស់ទ្រង់ដែលជាសាច់ឈាមរបស់ទ្រង់នឹងត្រូវសង់ព្រះដំណាក់សម្រាប់នាមយើង»។ 10 ព្រះអម្ចាស់សម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ ព្រោះទូលបង្គំបានឡើងស្នងរាជ្យជំនួសព្រះបាទដាវីឌជាបិតារបស់ទូលបង្គំ ហើយទូលបង្គំញុំអង្គុយលើបល្ល័ង្ករបស់អ៊ីស្រាអែល ដូចព្រះអម្ចាស់បានសន្យា។ ទូលបង្គំបានសង់ព្រះដំណាក់ថ្វាយព្រះនាមព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។ 11 ទូលបង្គំបានតម្កល់ហឹបដែលជាសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ដែលព្រះអង្គបានធ្វើជាមួយជនជាតិអ៊ីស្រាអែល»។ 12 ព្រះបាទសាឡូម៉ូនឈរនៅមុខអាសនៈរបស់ព្រះអម្ចាស់នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូលហើយលើកព្រះហស្ដឡើង។ 13 ស្តេចបានធ្វើវេទិកាលង្ហិនមានបណ្តោយប្រាំហត្ថទទឹងប្រាំហត្ថនិងកំពស់បីហត្ថ។ ព្រះអង្គបានដាក់វានៅកណ្តាលទីធ្លា។ ព្រះអង្គឈរនៅលើនោះហើយលុតជង្គង់នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូល បន្ទាប់មក ព្រះអង្គលើកព្រះហស្ដឡើងទៅលើមេឃ។ 14 ស្តេចបានទូលថា៖ «ឱព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលអើយ នៅលើមេឃ ឬនៅលើផែនដីគ្មានព្រះណាដូចព្រះអង្គទេ ព្រះអង្គរក្សាសម្ពន្ធមេត្រី និងសម្តែងព្រះហប្ញទ័យស្មោះត្រង់ចំពោះអ្នកបម្រើរបស់ព្រះអង្គដែលដើរនៅមុខព្រះអង្គដោយអស់ពីចិត្ត។ 15 គឺព្រះអង្គដែលបានធ្វើសម្រេចចំពោះព្រះបាទដាវីឌអ្នកបម្រើទ្រង់ ហើយជាបិតារបស់ទូលបង្គំស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ មែនហើយ! ព្រះអង្គមានបន្ទូលដោយព្រះឱស្ឋទ្រង់ ហើយបានសម្រេចដោយព្រះហស្តរបស់ទ្រង់ដូចសព្វថ្ងៃនេះ។ 16 ឥឡូវនេះ ឱព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលអើយ! សូមធ្វើតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយអ្នកបម្រើរបស់ព្រះអង្គគឺព្រះបាទដាវីឌជាបិតារបស់ទូលបង្គំថា ប្រសិនបើ ពូជពង្សរបស់អ្នកប្រុងប្រយ័ត្ន និងដើរតាមមាគា៌របស់យើងដូចជាអ្នកបានដើរនៅចំពោះមុខយើង នោះពូជអ្នកនឹងមិនដែលអាកខាននឹងមានអ្នកអង្គុយនៅលើបល្ល័ង្ករបស់អ៊ីស្រាអែលឡើយ។ 17 បពិត្រព្រះជាម្ចាស់នៃជនជាតិអ៊ីស្រាអែលអើយ! ឥឡូវនេះ ទូលបង្គំសូមឲ្យទ្រង់សម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយព្រះបាទដាវីឌជាអ្នកបម្រើរបស់ព្រះអង្គផង។ 18 ប៉ុន្តែ តើព្រះអម្ចាស់ពិតជានឹងគង់នៅជាមួយមនុស្សនៅលើផែនដីទេ? ដ្បិត សូម្បីសកលលោកទាំងមូល និងផ្ទៃមេឃទាំងមូលមិនល្មមឲ្យទ្រង់គង់ផង ចុះទម្រាំព្រះដំណាក់ដែលទូលបង្គំសង់ថ្វាយនេះ តើរឹងរឹតតែចង្អៀតយ៉ាងណាទៅ! 19 ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ សូមមេត្តាស្តាប់ពាក្យទូលអង្វររបស់អ្នកបម្រើព្រះអង្គផង។ សូមស្តាប់សម្រែកយំ និងពាក្យអធិស្ឋានដែលអ្នកបម្រើរបស់ព្រះអង្គអធិស្ឋាននៅចំពោះព្រះភក្ត្រព្រះអង្គផង។ 20 សូមឲ្យព្រះនេត្រទ្រង់ទតមើលមកព្រះវិហារនេះទាំងយប់ទាំងថ្ងៃ គឺជាកន្លែងដែលព្រះអង្គបានសន្យាទុកសម្រាប់ព្រះនាមទ្រង់។ សូមទ្រង់ព្រះសណ្ដាប់ពាក្យដែលអ្នកបម្រើរបស់ទ្រង់អធិស្ឋាននៅទីនេះផង។ 21 ពេលណាយើងខ្ញុំអធិស្ឋាននៅកន្លែងនេះ សូមស្តាប់ពាក្យទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ និងជនជាតិអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គផង។ សូមស្តាប់ពីស្ថានសួគ៌ជាកន្លែងដែលព្រះអង្គគង់នៅ ហើយសូមអត់ទោសឲ្យយើងខ្ញុំផង។ 22 ប្រសិនបើ មនុស្សម្នាក់ធ្វើបាបទាស់នឹងអ្នកជិតខាង ហើយគេបង្ខំឲ្យស្បថហើយប្រសិនបើ គាត់ចូលមកស្បថនៅមុខអាសនៈក្នុងព្រះដំណាក់របស់ព្រះអង្គ 23 សូមព្រះអង្គមេត្តាស្តាប់ពីលើស្ថានសួគ៌ ហើយវិនិច្ឆ័យ និងសម្តែងសេចក្តីយុត្តិធម៌ដល់អ្នកបម្រើរបស់ព្រះអង្គផង! សូមសងសឹកដល់មនុស្សទុច្ចរិត សូមឲ្យអំពើអាក្រក់ធ្លាក់ទៅលើក្បាលរបស់គាត់ផ្ទាល់។ សូមប្រកាសសេចក្តីសុចរិត ស្លូតត្រង់ ដើម្បីផ្តល់រង្វាន់ដល់មនុស្សសុចរិតចំពោះភាពសុចរិតរបស់គាត់ផង។ 24 នៅពេលអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គត្រូវបរាជ័យចំពោះមុខខ្មាំង ដោយព្រោះពួកគេបានធ្វើបាបប្រឆាំងនឹងព្រះអង្គ ប្រសិនបើ ពួកគេវិលត្រឡប់មករកព្រះអង្គវិញ ហើយសសើរព្រះនាមព្រះអង្គ ព្រមទាំងអធិស្ឋាន និងទូលអង្វរសុំការអត់ទោសពីព្រះអង្គនៅក្នុងព្រះដំណាក់នេះ។ 25 សូមព្រះអង្គមេត្តាស្តាប់ពីលើមេឃហើយអត់ទោសឲ្យប្រជាជនអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គផង! សូមនាំពួកគេត្រឡប់ទៅស្រុកដែលព្រះអង្គបានប្រគល់ឲ្យពួកគេ និងដូនតារបស់ពួកគេផង។ 26 ពេលមេឃរាំងស្ងួតហើយគ្មានទឹកភ្លៀងព្រោះប្រជាជនបានធ្វើបាបទាស់ប្រឆាំងនឹងព្រះអង្គ ហើយព្រះអង្គបានដាក់ទោសពួកគេ ប្រសិនបើ​ ពួក​គេ​ទូល‌អង្វរ​ឆ្ពោះ​មក​ទី​នេះ ព្រមទាំង​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះអង្គ និង​លះ‌បង់​អំពើ​បាបចេញ 27 សូមស្តាប់នៅស្ថានបរមសុខហើយអត់ទោសឲ្យពួកអ្នកបំរើរបស់ព្រះអង្គ និងជនជាតិអ៊ីស្រាអែលដែលជាប្រជារាស្ត្ររបស់ព្រះអង្គផង ពេលព្រះអង្គណែនាំពួកគេឲ្យដើរតាមមាគ៌ាល្អដែលពួកគេគួរដើរ។ សូមបង្អុរភ្លៀងមកលើដីដែលព្រះអង្គបានប្រគល់ឲ្យប្រជាជនរបស់ព្រះអង្គទុកជាកេរមរតក។ 28 ​ឧបមាថាមានទុរ្ភិក្សនៅក្នុងស្រុក ឬមានជំងឺរោគរាតត្បាត ឬក្រា កណ្តូប ឬដង្កូវ ស៊ីដំណាំ ឬខ្មាំងសត្រូវចូលមកវាយយកក្រុងក្នុងទឹកដីរបស់ពួកគេ ឬមានរោគ ឬគ្រោះអាសន្នណាមួយកើតឡើង 29 ហើយប្រសិនបើ មាននរណាម្នាក់ ឬអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គអធិស្ឋាន និងទូលអង្វរ ដោយម្នាក់ៗដឹងអំពីគ្រោះកាច និងទុក្ខព្រួយក្នុងចិត្តរបស់ខ្លួន ហើយពេលគាត់លើកដៃមកកាន់ព្រះវិហារនេះ។ 30 សូមស្តាប់ពីស្ថានបរមសុខជាកន្លែងដែលព្រះអង្គគង់នៅ អត់ទោស និងឲ្យរង្វាន់ដល់មនុស្សម្នាក់ៗចំពោះគ្រប់ទាំងផ្លូវរបស់គាត់។ ព្រះអង្គស្គាល់ដួងចិត្តរបស់គាត់ពីព្រោះព្រះអង្គគឺមានតែព្រះអង្គដែលស្គាល់ដួងចិត្តរបស់មនុស្ស។។ 31 ដើម្បីឲ្យពួកគេគោរពកោតខ្លាចព្រះអង្គ ហើយឲ្យពួកគេដើរតាមមាគ៌ារបស់ព្រះអង្គជារៀងរាល់ថ្ងៃដែលពួកគេរស់នៅលើទឹកដីដែលព្រះអង្គបានប្រគល់ឲ្យបុព្វបុរសរបស់យើង។ 32 ជនបរទេសដែលមិនមែនជាកម្មសិទ្ធិរបស់ជនជាតិអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ ប៉ុន្តែ ជាអ្នកដែលឮពីព្រះនាមឧត្តុង្គឧត្តម ឫទ្ធានុភាព និងបារមីដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ​ ហើយនាំគ្នាមកអធិស្ឋានឆ្ពោះមកកាន់ព្រះដំណាក់នេះ។ 33 សូមស្តាប់ពីស្ថានបរមសុខជាកន្លែងដែលព្រះអង្គគង់នៅ សូមធ្វើអ្វីៗទាំងអស់ដែលជនបរទេសសុំមកទ្រង់ដើម្បីឲ្យប្រជាជនទាំងអស់នៅលើផែនដីស្គាល់ព្រះនាមរបស់ព្រះអង្គ និងគោរពកោតខ្លាចព្រះអង្គដូចជនជាតិអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គដែរ ហើយឲ្យគេដឹងថាព្រះដំណាក់ដែលទូលបង្គំបានសង់នេះត្រូវបានគេហៅតាមព្រះនាមរបស់ព្រះអង្គ។ 34 បើកាលណាប្រជារាស្ត្ររបស់ទ្រង់ចេញទៅច្បាំងនឹងខ្មាំងសត្រូវរបស់ពួកគេ ទោះបើទ្រង់បញ្ជូនគេទៅក្នុងរបៀបណាក៏ដោយ ហើយបើគេអធិស្ឋានទៅទ្រង់ឆ្ពោះទៅរកក្រុងដែលព្រះអង្គបានជ្រើសរើស និងចំពោះដំណាក់ដែលទូលបង្គំបានសង់សម្រាប់ព្រះនាមព្រះអង្គ។ 35 ពេលនោះសូមស្តាប់ពីលើមេឃចំពោះពាក្យអធិស្ឋាននិងពាក្យទូលអង្វររបស់ពួកគេ ហើយជួយពួកគេផង។ 36 បើកាលណាពួកគេធ្វើបាបទាស់នឹងទ្រង់ ដ្បិត គ្មាននរណាម្នាក់មិនធ្វើបាបឡើយ ហើយទ្រង់ព្រះពិរោធនឹងពួកគេហើយប្រគល់ពួកគេទៅឲ្យខ្មាំងសត្រូវ ដូច្នេះ ខ្មាំងសត្រូវនាំពួកគេទៅជាឈ្លើយនៅទឹកដីរបស់ពួកគេទោះបីនៅឆ្ងាយ ឬជិតក៏ដោយ។ 37 ប្រសិនបើ ពួកគេដឹងថាពួកគេស្ថិតនៅលើទឹកដីដែលពួកគេត្រូវនិរទេស ហើយពួកគេបានប្រែចិត្តហើយស្វែងរកជំនួយពីទ្រង់នៅក្នុងទឹកដីដែលពួកគេត្រូវជាប់ជាឈ្លើយនោះ។ បើកាលណាពួកគេនិយាយថាយើងបានធ្វើខុសហើយបានធ្វើបាប។ យើងបានប្រព្រឹត្តអាក្រក់។ 38 បើកាលណាពួកគេវិលត្រឡប់មករកទ្រង់វិញដោយអស់ពីដួងចិត្ត និងអស់ពីព្រលឹងរបស់ពួកគេនៅក្នុងទឹកដីដែលពួកគេបានចាប់យកជាឈ្លើយ ហើយពួកគេបានអធិស្ឋានទៅកាន់ទឹកដីរបស់ពួកគេដែលព្រះអង្គបានប្រគល់ឲ្យដូនតារបស់ពួកគេ និងឆ្ពោះទៅទីក្រុងដែលព្រះអង្គបានជ្រើសរើសហើយឆ្ពោះទៅកាន់ព្រះដំណាក់ដែលទូលបង្គំបានសង់សម្រាប់ព្រះនាមព្រះអង្គ។ 39 សូមស្តាប់ពីលើមេឃជាកន្លែងដែលទ្រង់គង់ ចំពោះពាក្យអធិស្ឋាននិងពាក្យទូលអង្វររបស់គេ ហើយជួយពួកគេផង។ សូមអត់ទោសឲ្យប្រជាជនរបស់ទ្រង់ដែលបានធ្វើបាបទាស់នឹងព្រះអង្គផង។ 40 បពិត្រព្រះនៃទូលបង្គំ ឥឡូវនេះ ទូលបង្គំសូមអង្វរព្រះអង្គ សូមព្រះអង្គបើកព្រះនេត្រហើយផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអធិស្ឋានដែលបានធ្វើឡើងនៅកន្លែងនេះ។ 41 បពិត្រព្រះអម្ចាស់ ឥឡូវនេះ សូមក្រោកឡើងយាងទៅជាមួយហឹបនៃឬទ្ធានុភាពរបស់ទ្រង់ ហើយសម្រាកក្នុងព្រះដំណាក់ព្រះអង្គ។ ឱព្រះអម្ចាស់អើយ! សូមឲ្យបូជាចារ្យរបស់ព្រះអង្គនាំគ្នាស្លៀកពាក់ដោយសេចក្តីសង្គ្រោះហើយសូមឲ្យប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គរីករាយចំពោះភាពល្អរបស់ព្រះអង្គ។ 42 សូមកុំងាកព្រះភក្រ្តចេញពីអ្នកដែលព្រះអង្គបានចាក់ប្រេងអភិសេកឡើយ។ សូមនឹកចាំអំពីការប្រព្រឹត្ដដ៏ស្មោះត្រង់របស់ព្រះអង្គចំពោះដាវីឌជាអ្នកបម្រើរបស់ព្រះអង្គ»។

ជំពូក ៧

1 ពេលព្រះបាទសាឡូម៉ូនអធិស្ឋានចប់សព្វគ្រប់ហើយស្រាប់តែមានភ្លើងធ្លាក់ពីលើមេឃមកបញ្ឆេះតង្វាយដុតទាំងមូល និងយញ្ញបូជា ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញក្នុងព្រះដំណាក់។ 2 ពួកបូជាចារ្យមិនអាចចូលក្នុងព្រះដំណាក់របស់ព្រះអម្ចាស់បានទេ ដ្បិត សិរីរុងរឿងរបស់ព្រះអង្គស្ថិតនៅពេញក្នុងព្រះដំណាក់របស់ព្រះអង្គ។ 3 ប្រជាជនអ៊ីស្រាអែលទាំងអស់នាំគ្នាសម្លឹងមើលពេលដែលភ្លើងឆេះ ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅលើព្រះដំណាក់។ ពួកគេក្រាបចុះឱនមុខដល់ដីនៅលើផ្ទាំងថ្មថ្វាយបង្គំ និងអរព្រះគុណព្រះអម្ចាស់។ ពួកគេនិយាយថា៖ «ព្រះអង្គម្ចាស់ទ្រង់ល្អ ហើយសេចក្តីស្មោះត្រង់របស់ព្រះអង្គនៅស្ថិតស្ថេរជារៀងរហូត»។ 4 ស្តេច និងប្រជាជនទាំងមូលបានថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់។ 5 ព្រះបាទសាឡូម៉ូនបានថ្វាយគោចំនួនពីរម៉ឺនពីរពាន់ក្បាលចៀមនិងពពែចំនួនមួយសែនពីរម៉ឺនក្បាល។ ដូច្នេះ ស្តេច និងប្រជាជនទាំងមូលបានធ្វើពិធីបុណ្យឆ្លងព្រះដំណាក់របស់ព្រះជាម្ចាស់។ 6 ពួកបូជាចារ្យឈរនៅទីនោះរៀងៗខ្លួន។ ពួកលេវីក៏មានឧបករណ៍តន្ត្រីរបស់ព្រះអម្ចាស់ដែលព្រះបាទដាវីឌបានធ្វើដើម្បីថ្លែងអំណរគុណដល់ព្រះអម្ចាស់ដោយច្រៀងថា៖ «ព្រះអង្គម្ចាស់ល្អ ហើយសេចក្តីស្មោះត្រង់របស់ព្រះអង្គនៅស្ថិតស្ថេរជារៀងរហូត»។ ពួកបូជាចារ្យទាំងអស់ក៏ផ្លុំត្រែនៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងមូល។ 7 ព្រះបាទសាឡូម៉ូនញែកកន្លែងមួយនៅកណ្ដាលទីលានស្ថិតនៅខាងមុខព្រះដំណាក់របស់ព្រះអម្ចាស់។ នៅទីនោះលោកថ្វាយតង្វាយដុតទាំងមូល និងខ្លាញ់របស់សត្វដែលថ្វាយជាយញ្ញបូជាមេត្រីភាព។ ពីព្រោះអាសនៈលង្ហិនដែលព្រះករុណាបានធ្វើពុំអាចនឹងថ្វាយតង្វាយ​ដុត តង្វាយម៉្សៅ នឹងខ្លាញ់របស់សត្វបានទេ។ 8 ព្រះបាទសាឡូម៉ូនប្រារព្ធពិធីបុណ្យនេះអស់រយៈពេលប្រាំពីរថ្ងៃ ហើយជនជាតិអ៊ីស្រាអែលទាំងមូលដែលនៅជាមួយបានប្រមូលផ្តុំគ្នាយ៉ាងឱឡារិក ចាប់ពីលីបូហាម៉ាត់រហូតដល់ទន្លេរនៅស្រុកអេស៊ីប។ 9 នៅថ្ងៃទីប្រាំបីពួកគេជួបជុំគ្នាយ៉ាងឱឡារិក ដ្បិត គេបានប្រារព្ធពិធីឧទ្ទិសឆ្លងអាសនៈចំនួនប្រាំពីរថ្ងៃ ហើយប្រារព្ធពិធីបុណ្យអស់រយៈពេលប្រាំពីរថ្ងៃ។ 10 នៅថ្ងៃទីម្ភៃបីនៃខែទីប្រាំពីរព្រះបាទសាឡូម៉ូនបានឲ្យប្រជាជនវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញដោយចិត្តរីករាយ និងអរសប្បាយព្រោះព្រះអម្ចាស់បានសម្តែងព្រះហប្ញទ័យសប្បុរសចំពោះព្រះបាទដាវីឌ ព្រះបាទសាឡូម៉ូន និងអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ។ 11 ព្រះបាទសាឡូម៉ូនបានបញ្ចប់ការសាងសង់ព្រះដំណាក់របស់ព្រះអម្ចាស់ និងរាជវាំងព្រះករុណា។ អ្វីៗទាំងអស់ដែលស្តេចចង់ធ្វើនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងក្នុងដំណាក់របស់ស្តេច​នោះព្រះបាទសាឡូម៉ូនទទួលជោគជ័យទាំងអស់។ 12 នៅយប់នោះ ព្រះអម្ចាស់បានសម្តែងឲ្យព្រះបាទសាឡូម៉ូនឃើញហើយមានបន្ទូលថា៖ «យើងបានស្តាប់ឮសេចក្ដីអធិស្ឋានរបស់អ្នកហើយ យើងបានជ្រើសរើសកន្លែងនេះទុកសម្រាប់ធ្វើជាកន្លែងថ្វាយយញ្ញបូជា។ 13 កាលណាយើងបង្ខាំងផ្ទៃមេឃមិនឲ្យមាន​ភ្លៀង កាលណាយើងបញ្ជាឲ្យសត្វកណ្តូបលេបត្របាក់ស្រុកនេះ ឬកាលណាយើងធ្វើឲ្យមានជំងឺរាតត្បាតប្រជាជនរបស់យើង 14 ប្រសិនបើ ប្រជារាស្ត្ររបស់យើងដែលហៅតាមនាមរបស់យើងនឹងបន្ទាបខ្លួនអធិស្ឋាន ស្វែងរកមុខយើងហើយងាកចេញពីមាគ៌ាអាក្រក់របស់ខ្លួន នោះយើងនឹងស្តាប់ពីស្ថានសួគ៌ ហើយអត់ទោសដល់គេព្រមទាំងព្យាបាលស្រុកគេឲ្យជាផង។ 15 ឥឡូវនេះ យើងនឹងបើកភ្នែកមើលហើយផ្ទៀងត្រចៀកស្តាប់ពាក្យអធិស្ឋាននៅទីនេះ។ 16 ឥឡូវនេះ យើងជ្រើសរើស និងញែកដំណាក់នេះទុកសម្រាប់នាមយើងរហូតតទៅ។ ភ្នែកនឹងដួងចិត្តរបស់យើងនឹងនៅទីនោះជារៀងរាល់ថ្ងៃ។ 17 រីឯអ្នកវិញ ប្រសិនបើ អ្នកដើរតាមមាគា៌យើងដូចព្រះបាទដាវីឌជាបិតារបស់ទ្រង់ដើរតាមអ្វីៗទាំងអស់ដែលយើងបានបង្គាប់ បើព្រះករុណានឹងកាន់តាមច្បាប់ និងក្រឹត្យវិន័យរបស់យើង 18 នោះយើងនឹងពង្រឹងរាជបល្ល័ង្ករបស់ទ្រង់ដូចយើងបានសន្យាជាមួយព្រះបាទដាវីឌ ជាបិតារបស់អ្នកថា៖ «ពូជពង្សរបស់ទ្រង់នឹងតែងតែមានម្នាក់ឡើងគ្រងរាជ្យនៅស្រុកអ៊ីស្រាអែល»។ 19 ប៉ុន្តែ ប្រសិនបើ អ្នកបែរចេញហើយបោះបង់ចោលច្បាប់ និងបទបញ្ជារបស់យើង ដែលយើងបានដាក់នៅចំពោះមុខអ្នក ហើយប្រសិនបើ អ្នកទៅគោរពបូជាព្រះដទៃព្រមទាំងក្រាបថ្វាយបង្គំ 20 នោះយើងនឹងដកពួកគេចេញពីដីដែលយើងបានប្រគល់ឲ្យពួកគេ។ ដំណាក់ដែលយើងបានញែកចេញសម្រាប់នាមយើង យើងនឹងបោះចោលឆ្ងាយពីយើង យើងនឹងធ្វើជាសុភាសិត និងកំប្លែងលេងសើចក្នុងចំណោមប្រជាជនទាំងអស់។ 21 ទោះបីព្រះដំណាក់នេះមានសភាពអ៊ូអរខ្លាំងណាស់នៅពេលនេះអ្នកណាដែលឆ្លងកាត់ទីនេះនឹងមានការភ្ញាក់ផ្អើល ហើយនឹងទទួលយកពុំខាន។ ពួកគេនឹងសួរថាហេតុអ្វីបានជាព្រះអម្ចាស់ធ្វើដូច្នេះចំពោះស្រុកនេះ និងព្រះដំណាក់នេះ? 22 នោះគេនឹងឆ្លើយថា៖ «ដោយព្រោះពួកគេបោះបង់ចោលព្រះអម្ចាស់ជាព្រះរបស់ពួកគេដែលបាននាំបុព្វបុរសរបស់ពួកគេឲ្យចាកចេញពីស្រុកអេស៊ីបមក»។ ពួកគេបែរទៅរកព្រះដទៃ និងក្រាបថ្វាយបង្គំព្រះទាំងនោះ។ ហេតុនេះហើយ បានជាព្រះអម្ចាស់ធ្វើឲ្យពួកគេរងទុក្ខវេទនាយ៉ាងនេះ»។

ជំពូក ៨

1 ម្ភៃឆ្នាំបន្ទាប់ពីព្រះបាទសាឡូម៉ូនបានសង់ព្រះដំណាក់របស់ព្រះអម្ចាស់ និងរាជដំណាក់របស់ព្រះអង្គហើយ។ 2 ព្រះបាទសាឡូម៉ូនបានសង់ក្រុងនានាដែលព្រះបាទហ៊ីរ៉ាមបានប្រគល់ឲ្យស្តេច ហើយទ្រង់ក៏ឲ្យជនជាតិអ៊ីស្រាអែលរស់នៅក្នុងក្រុងនោះវិញ។ 3 ព្រះបាទសាឡូម៉ូនវាយប្រហារ​ហាម៉ាត់សូបា ហើយវាយយកបានក្រុងនោះ។ 4 ស្តេចបានសង់ក្រុងតាម៉ូនៅទីរហោស្ថាន និងក្រុងដែលមានឃ្លាំងទាំងអស់ដែលស្តេចបានសង់នៅហាម៉ាត់។ 5 ស្ដេចបានសង់ក្រុងបេត‌ហូរ៉ូន​ខាងលើ និងបេត‌ហូរ៉ូន​ខាងក្រោម ជាក្រុងដែលមានកំពែងមានទ្វារ និងរនុក។ 6 ស្តេចបានសង់ក្រុងបាឡាត និងក្រុងឃ្លាំងទាំងអស់ដែលស្តេចមានហើយក្រុងសម្រាប់រទេះចម្បាំងទាំងអស់ និងក្រុងនានាសម្រាប់រទេះសេះ និងអ្វីៗដែលស្តេចចង់សង់នៅក្រុងយេរូសាឡិម លីបង់ និងទឹកដីទាំងអស់ក្រោមការគ្រប់គ្រងរបស់ស្តេច។ 7 ចំណែកឯ ប្រជាជនទាំងអស់ដែលនៅសេសសល់ពីជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពើរីស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូសដែលមិនមានចំណែកជាមួយពួកកូនចៅអ៊ីស្រាអែល 8 គឺជាពួកកូនចៅរប់គេដែលនៅសេសសល់នៅលើទឹកដីដែលប្រជាជនអ៊ីស្រាអែលពុំបានបំផ្លាញ នោះព្រះបាទសាឡូម៉ូនបានធ្វើឲ្យពួកគេក្លាយទៅជាកម្មករ ហើយបង្ខំឲ្យពួកគេធ្វើរហូតដល់សព្វថ្ងៃ។ 9 ប៉ុន្តែ ព្រះបាទសាឡូម៉ូនមិនបានបង្ខំប្រជាជនអ៊ីស្រាអែលឲ្យធ្វើការអ្វីឡើយ។ ផ្ទុយទៅវិញ ពួកគេបានក្លាយជាទាហានរបស់ព្រះអង្គ ជាមេបញ្ជាការ មេទ័ព និងជាមេបញ្ជាការកងទ័ពរទេះ និងទ័ពសេះរបស់ព្រះអង្គ។ 10 ពួកគេជាមេបញ្ជាការមេត្រួតត្រា របស់ស្តេចសាឡូម៉ូនមានចំនួន ២៥០ នាក់ជាអ្នកមើលខុសត្រូវលើអ្នកបំពេញការងារធ្វើជំរឿនប្រជាជន។ 11 ព្រះបាទសាឡូម៉ូននាំបុត្រីរបស់ស្តេចផារ៉ោនចេញពីក្រុងព្រះបាទដាវីឌឆ្ពោះទៅព្រះដំណាក់ដែលស្តេចបានសង់ថ្វាយព្រះ​នាង ដ្បិត ស្តេចមានរាជឱង្ការថា៖ «មហេសីរបស់យើងមិនត្រូវរស់នៅក្នុងដំណាក់របស់ព្រះបាទដាវីឌជាស្តេចស្រុកអ៊ីស្រាអែលឡើយ ដ្បិត ហឹបរបស់ព្រះអម្ចាស់មកដល់ទីណា ទីនោះជាកន្លែងបរិសុទ្ធ»។ 12 ក្រោយមក ព្រះបាទសាឡូម៉ូនថ្វាយតង្វាយដុតទាំងមូលថ្វាយព្រះអម្ចាស់នៅលើអាសនៈដែលព្រះអង្គបានសង់នៅខាងមុខទីលាន។ 13 ព្រះអង្គបានថ្វាយយញ្ញបូជាដូចតម្រូវតាមកាលវិភាគប្រចាំថ្ងៃ។ ព្រះអង្គបានថ្វាយតាមការណែនាំដែលមាននៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ គឺនៅថ្ងៃសប្ប័ទ ថ្ងៃបុណ្យចូលខែថ្មី និងបុណ្យសំខាន់ៗបីដងរៀងរាល់ឆ្នាំគឺពិធីបុណ្យនំបុ័ងឥតមេ ពិធីបុណ្យសប្តាហ៍ និងពិធីបុណ្យបារាំជាដើម។ 14 ដោយគោរពតាមរាជក្រឹត្យរបស់ព្រះបាទដាវីឌជាព្រះបិតា ព្រះបាទសាឡូម៉ូនបានតែងតាំងពួកបូជាចារ្យ និងពួកលេវីឲ្យបំពេញមុខងាររបស់ខ្លួនក្នុងគោលបំណងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងបំពេញមុខងារនៅចំពោះមុខពួកបូជាចារ្យតាមការកំណត់ប្រចាំថ្ងៃ។ ស្តេចបានតែងតាំងអ្នកយាមទ្វារតាមកងពលរបស់ពួកគេតាមខ្លោងទ្វារនីមួយៗ ដ្បិត ព្រះបាទដាវីឌ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់បានបញ្ជាឲ្យគេបំពេញមុខងារនេះ។ 15 ប្រជាជនពុំបានប្រព្រឹត្តខុសពីបទបញ្ជារបស់ស្តេច ស្តីអំពីបូជាចារ្យ និងពួកលេវី និងអំពីទ្រព្យសម្បត្តិព្រះដំណាក់ឡើយ។ 16 ព្រះបាទសាឡូម៉ូនបានបញ្ចប់កិច្ចការទាំងអស់ ចាប់តាំងពីការសង់គ្រឹះនៃព្រះដំណាក់របស់ព្រះអម្ចាស់រហូតដល់បានចប់សព្វគ្រប់។ ដំណាក់របស់ព្រះអម្ចាស់បានសង់រួចរាល់។ 17 បន្ទាប់មក ព្រះបាទសាឡូម៉ូនបានយាងទៅឯអេស៊ាន-កេប៊ើរ និងអេឡាតដែលនៅឆ្នេរសមុទ្រក្នុងស្រុកអេដុម។ 18 ព្រះបាទហ៊ីរ៉ាមបញ្ជូនសំពៅ និងនាយទាហានជើងទឹកដែលមានជំនាញខាងសមុទ្រ។ ពួកគេធ្វើដំណើរតាមទូកជាមួយពួកអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូនទៅដល់ស្រុកអូរភា។ ពួកគេបានយកមាសពីទីនោះចំនួន ១៥តោននាំទៅថ្វាយព្រះបាទសាឡូម៉ូន។

ជំពូក ៩

1 ពេលមហាក្សត្រីនៃស្រុកសេបាបានឮគេនិយាយអំពីកិត្តិនាមរបស់ព្រះបាទសាឡូម៉ូន ព្រះនាងក៏បានយាងមកដល់ក្រុងយេរូសាឡិម ដើម្បីល្បងប្រាជ្ញាជាមួយព្រះអង្គ។ ព្រះនាងយាងមកដោយមានពួករាជបម្រើជាច្រើនហែហមមកជាមួយ ហើយមានទាំងសត្វអូដ្ឋដឹកគ្រឿងក្រអូបមាស និងត្បូងពេជ្រមានតម្លៃជាច្រើនសន្ធឹក។ ពេលព្រះនាងចូលទៅគាល់ព្រះបាទសាឡូម៉ូន ព្រះនាងបានចោទសួរគ្រប់សំណួរទាំងអស់ដែលមានក្នុងចិត្តព្រះនាង។ 2 ព្រះបាទសាឡូម៉ូន ឆ្លើយសំណួរទាំងអស់របស់ព្រះនាងគ្មានអ្វីដែលពិបាកសម្រាប់សាឡូម៉ូនឡើយ គ្មានសំណួរណាដែលព្រះអង្គឆ្លើយមិនបាននោះទេ។ 3 ពេលមហាក្សត្រីស្រុកសេបាបានឃើញប្រាជ្ញារបស់ព្រះបាទសាឡូម៉ូន និងរាជវាំងដែលស្តេចបានសង់ 4 ព្រះស្ងោយនៅលើតុរបស់ស្តេច កន្លែងអង្គុយរបស់អ្នកបម្រើការងាររបស់ពួកអ្នកបម្រើនិងសម្លៀកបំពាក់របស់ពួកគេ អ្នកកាន់ពែងនិងសម្លៀកបំពាក់ពួកគេ ព្រមទាំងរបៀបដែលស្តេចថ្វាយតង្វាយដុតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នោះព្រះនាងកោតស្ញប់ស្ញែងយ៉ាងខ្លាំង។ 5 ព្រះនាងបានទូលព្រះរាជាថា៖ «ពិតមែនហើយរបាយការណ៍ដែលខ្ញុំម្ចាស់បានឮនៅក្នុងទឹកដីរបស់ខ្លួនខ្ញុំម្ចាស់ផ្ទាល់អំពីព្រះរាជឱង្ការ និងប្រាជ្ញារបស់ព្រះអង្គ។ 6 ខ្ញុំម្ចាស់មិនជឿអ្វីដែលខ្ញុំម្ចាស់បានឮទេ រហូតដល់ខ្ញុំម្ចាស់មកដល់ទីនេះ ហើយឥឡូវភ្នែកខ្ញុំម្ចាស់បានឃើញហើយ។ អ្វីដែលគេប្រាប់ខ្ញុំម្ចាស់មិនបានពាក់កណ្តាល អំពីប្រាជ្ញា និងទ្រព្យសម្បត្តិរបស់ព្រះករុណាទេ! ព្រះករុណាមានកេរ្តិ៍ឈ្មោះល្បីល្បាញលើសជាងខ្ញុំម្ចាស់ឮទៅទៀត។ 7 ប្រជាជន និងអ្នកបម្រើរបស់ស្តេចពិតជាមានសុភមង្គលណាស់ពីព្រោះពួកគេបាននៅជិត និងឮពីប្រាជ្ញារបស់ស្តេច។ 8 សូមលើកតម្កើងព្រះអម្ចាស់ជាព្រះរបស់ស្តេចដែលបានគាប់ព្រះហឫទ័យនឹងស្តេចហើយឲ្យស្តេចឡើងស្នងរាជ្យ ដើម្បីគ្រងរាជ្យជំនួសព្រះអម្ចាស់ជាព្រះរបស់ស្តេច។ ដោយសារព្រះរបស់ស្តេចស្រឡាញ់​ជនជាតិអ៊ីស្រាអែល ហើយចង់ឲ្យពួកគេស្ថិតស្ថេរជារៀងរហូតនោះព្រះអង្គបានតែងតាំងព្រះករុណាឲ្យឡើងគ្រងរាជ្យលើពួកគេ ដើម្បីឲ្យព្រះករុណាបានសោយរាជ្យដោយ សុចរិត និងយុត្តិធម៌»។ 9 ព្រះនាងបានថ្វាយមាសចំនួនបួន​តោន​ព្រមទាំងគ្រឿងក្រអូប និងត្បូងមានតម្លៃជាច្រើនដល់ព្រះរាជា។ ពុំដែលមានអ្នកណាយកគ្រឿងក្រអូបមកថ្វាយឲ្យដូចដែលព្រះមហាក្សត្រិយានីស្រុកសេបាបានថ្វាយព្រះបាទសាឡូម៉ូនទៀតឡើយ។ 10 ពួកមន្ត្រីរបស់ព្រះបាទហ៊ីរ៉ាម និងពួកមន្ត្រីរបស់ព្រះបាទសាឡូម៉ូនដែលបានដឹកមាសពីអូភាក៏នាំយកឈើខ្លឹមចន្ទន៍ និងត្បូងមានតម្លៃដែរ។ 11 ស្តេចបានយកឈើខ្លឹមចន្ទន៍សង់ធ្វើជណ្តើរឡើងព្រះដំណាក់របស់ព្រះអម្ចាស់ និងដំណាក់របស់ស្តេចព្រមទាំងពិណសម្រាប់អ្នកលេងភ្លេង។ ពីមុនមកគេពុំដែលបានឃើញឈើបែបនេះនៅស្រុកយូដាឡើយ។ 12 ព្រះបាទសាឡូម៉ូនថ្វាយអ្វីៗទាំងប៉ុន្មានដែលព្រះ ‌ នាងសព្វព្រះហឫទ័យព្រមទាំងអ្វីៗដែលព្រះព្រះ‌មហា‌ក្សត្រិ‌យានីសេបាទូលសូម លើសជាងអ្វីៗដែលព្រះនាងនាំមកថ្វាយទ្រង់ទៅទៀត។ ដូច្នេះ ព្រះនាងបានចាកចេញហើយយាងត្រឡប់ទៅស្រុករបស់ព្រះនាងវិញព្រមទាំងពួកអ្នកបម្រើរបស់ព្រះនាងផង។ 13 ព្រះ‌បាទ​សាឡូម៉ូន​ទទួល​មាស​ទម្ងន់​ម្ភៃ​ពីរតោនជារៀងរាល់ឆ្នាំ។ 14 ក្រៅពីមាសពាណិជ្ជករ និងឈ្មួញបានយកមកថ្វាយ។ ស្តេចទាំងប៉ុន្មាននៅស្រុកអារ៉ាប់ និងអភិបាលខេត្តទាំងអស់ក៏នាំយកមាសប្រាក់ទៅព្រះបាទសាឡូម៉ូនដែរ។ 15 ព្រះបាទសាឡូម៉ូនបានធ្វើខែលធំៗចំនួនពីររយខែដែលធ្វើពីមាស។ ខែលនីមួយៗត្រូវបានធ្វើឡើងដោយមាសចំនួនប្រាំមួយគីឡូក្រាម។ 16 ស្តេចក៏ធ្វើខែលតូចៗធ្វើអំពីមាសចំនួនបីរយខែលទៀតផងដែរ។ ខែលនីមួយៗធ្វើឡើងដោយមាសចំនួនមួយគីឡូក្រាមកន្លះ។ ស្តេចបានដាក់ខែលទាំងនោះនៅក្នុងវិមាននៃព្រៃលីបង់។ 17 ស្តេចបានធ្វើបល្ល័ង្កមួយដ៏ធំពីភ្លុកហើយស្រោបមាសសុទ្ធផង។ 18 បល្ល័ង្កមានជណ្តើរប្រាំមួយថ្នាក់ហើយកំពូលនៃបល្ល័ង្កស្ថិតនៅជុំក្រោយ។ មានដៃដាក់នៅសងខាងកៅអី ហើយមានរូបចម្លាក់តោពីរឈរនៅជាប់នឹងដៃកៅអីនោះ។ 19 មានរូបចម្លាក់តោដប់ពីរឈរនៅលើជណ្តើរ ដោយមួយនៅសងខាងនៃជណ្តើរទាំងប្រាំមួយ។ គ្មានបល្ល័ង្កដូចនេះនៅក្នុងនគរផ្សេងទៀតទេ។ 20 ពែងទាំងប៉ុន្មានរបស់ស្តេចសាឡូម៉ូនសុទ្ធតែធ្វើពីមាសហើយពែងសម្រាប់ផឹកនៅក្នុងដំណាក់ព្រៃស្រុកលីបង់ទាំងអស់សុទ្ធតែធ្វើពីមាសសុទ្ធ។ គ្មានប្រាក់ទេពីព្រោះប្រាក់មិនត្រូវបានគេចាត់ទុកថាមានតម្លៃឡើយ នៅរាជកាលព្រះបាទសាឡូម៉ូន។ 21 ព្រះរាជាមានសំពៅមួយនៅតាមឆ្នេរសមុទ្ររួមនឹងសំពៅរបស់ព្រះបាទហ៊ីរ៉ាម។ រៀងរាល់បីឆ្នាំម្តងកងនាវាបាននាំយកមាសប្រាក់ និងភ្លុកព្រមទាំងសត្វស្វាផង។ 22 ដូច្នេះ ព្រះបាទសាឡូម៉ូនមានទ្រព្យសម្បត្តិ និងប្រាជ្ញាលើសស្តេចទាំងអស់នៅលើពិភពលោក។ 23 មនុស្សទាំងអស់នៅលើផែនដីនាំគ្នាស្វែងរកវត្តមានរបស់ព្រះបាទសាឡូម៉ូន ដើម្បីស្តាប់រាជឱង្ការប្រកបដោយប្រាជ្ញាដែលព្រះជាម្ចាស់ប្រទានមកស្តេច។ 24 ជារៀងរាល់ឆ្នាំ អស់អ្នកដែលឡើងទៅសួរសុខទុក្ខស្តេច តែងនាំយកវត្ថុសួយសារអាករពីមាស ប្រាក់ សម្លៀកបំពាក់ គ្រឿងសាស្ត្រាវុធ គ្រឿងក្រអូប សេះ និងលាផង។ 25 ព្រះបាទសាឡូម៉ូនមានរទេះចម្បាំងចំនួនបួនពាន់សម្រាប់ពលទ័ពសេះ និងរទេះសេះ ហើយមានពលទ័ពសេះចំនួនមួយម៉ឺនពីរពាន់នាក់ ទ្រង់​ទុក​មួយ​ចំនួន​តាម​ក្រុង​នានា ដែល​ទ្រង់​បម្រុង​ទុក​សម្រាប់​ទ័ព​ទាំង​នោះ​ និង​មួយ​ចំនួន​ទៀត​ឲ្យ​​នៅ​ជា​មួយ​ព្រះអង្គក្នុង​ក្រុង​យេរូ‌សាឡិម។ 26 ស្តេចបានគ្រប់គ្រងលើស្តេចទាំងអស់ចាប់ពីទន្លេអឺប្រាតរហូតដល់ស្រុកភីលីស្ទីន និងរហូតដល់ព្រំប្រទល់ស្រុកអេស៊ីប។ 27 នៅក្រុងយេរូសាឡិម ស្តេចបានធ្វើឲ្យមានប្រាក់ដូចដុំថ្មនៅលើដី។ ទ្រង់បានធ្វើឲ្យមានឈើតាត្រៅច្រើនដូចដើមរាំងនៅតាមតំបន់ទំនាប។ 28 គេនាំសេះមកថ្វាយព្រះបាទសាឡូម៉ូនពីស្រុកអេស៊ីប និងពីស្រុកនានា។ 29 តើគេពុំបានសរសេរក្នុងសៀវភៅប្រវត្តិរបស់លោកណាថាន់ជាព្យាការីនៅក្នុងទំនាយរបស់អហ៊ីយ៉ាជាអ្នកស៊ីលូន និងនៅក្នុងសៀវភៅលោកអ៊ីដដូជាអ្នកមើលឆុតទាក់ទងនឹងលោកយេរ៉ូបោមជាកូនរបស់លោកនេបាតឬអី?។ 30 ព្រះបាទសាឡូម៉ូនសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូលនៅក្រុងយេរូសាឡិមរយៈពេលសែសិបឆ្នាំ។ 31 ព្រះបាទសាឡូម៉ូនសោយទិវង្គតជាមួយបុព្វបុរសរបស់ជនជាតិអ៊ីស្រាអែលហើយប្រជាជនក៏បញ្ចុះសពព្រះអង្គនៅក្រុងព្រះបាទដាវីឌជាបិតា។ ព្រះបាទរេហូបោមជាបុត្របានឡើងស្នងរាជ្យបន្ត។

ជំពូក ១០

1 ព្រះបាទរេហូបោមបានយាងទៅស៊ីគែមព្រោះប្រជាជនអ៊ីស្រាអែលទាំងអស់នាំគ្នាមកស៊ីគែម ដើម្បីចាក់ប្រេងអភិសេកស្តេច។ 2 លោកយេរ៉ូបោមជាកូនរបស់លោកនេបាតបានឮដំណឹងនេះ (ដ្បិត គាត់នៅស្រុកអេស៊ីបជាកន្លែងដែលគាត់បានរត់គេចពីព្រះភក្រ្តស្តេចសាឡូម៉ូន ហើយបានត្រឡប់មកវិញ)។ 3 ដូច្នេះ គេក៏ចាត់មនុស្សឲ្យទៅហៅលោកយេរ៉ូបោម និងជនជាតិអ៊ីស្រាអែលទាំងមូលមក ពួកគេទូលព្រះបាទ​រេហូ​បោម​ថា៖ 4 «បិតារបស់ព្រះករុណាបានធ្វើឲ្យនឹមរបស់យើងពិបាក។ ឥឡូវនេះ សូមធ្វើឲ្យការលំបាករបស់បិតារបស់ព្រះករុណបានស្រួលវិញ ហើយសម្រាលបន្ទុកដែលបិតារបស់ព្រះករុណាដាក់លើយើងនោះយើងនឹងបម្រើព្រះករុណា»។ 5 ព្រះ‌បាទរេហូបោមមានរាជឱង្ការ​ថា៖ «សូមមករកខ្ញុំម្តងទៀតបន្ទាប់ពីបីថ្ងៃក្រោយ»។ ដូច្នេះ ប្រជាជនក៏ចាកចេញទៅ។ 6 ព្រះបាទរេហូបោមបានប្រឹក្សាជាមួយពួកព្រឹទ្ធាចារ្យដែលបានឈរនៅចំពោះព្រះភក្ត្រព្រះបាទសាឡូម៉ូនជាបិតាកាលទ្រង់នៅមានព្រះជន្ម។ ទ្រង់បានមានរាជឱង្ការថា៖ «តើអស់លោកអាចណែនាំយើងឲ្យនាំចម្លើយដល់ប្រជាជនទាំងនេះដោយរបៀបណា?»។ 7 ពួកគេទូលស្តេចថា៖ «បើព្រះករុណាធ្វើល្អចំពោះប្រជាជននេះហើយធ្វើឲ្យពួកគេពេញចិត្តដោយបន្ទូលល្អៗពួកគេនឹងធ្វើជាអ្នកបម្រើរបស់ព្រះករុណាជានិច្ច»។ 8 ប៉ុន្តែ ព្រះបាទរេហូបោមបានបដិសេធយោបល់របស់ពួកព្រឹទ្ធាចារ្យ ហើយបានទៅស្វែងរកយោបល់ពីពួកយុវជនដែលធំឡើងពីវ័យកុមារជាមួយទ្រង់ដែលឈរនៅចំពោះទ្រង់។ 9 ស្តេចមានរាជឱង្ការទៅគេថា៖ «តើអ្នករាល់គ្នាមានយោបល់អ្វីមកយើង ដើម្បីឲ្យយើងឆ្លើយនឹងអស់អ្នកដែលនិយាយមកយើងថា៖ «សូមសម្រាលនឹមដែលព្រះបិតារបស់ព្រះករុណាដាក់លើយើងរាល់គ្នាផង?»។ 10 ពួកយុវជនដែលបានធំធាត់ជាមួយព្រះបាទរេហូបោមបានទូលទៅកាន់ព្រះករុណាថា៖ «នេះជារបៀបដែលព្រះករុណាគួរតែមានបន្ទូលទៅកាន់ប្រជាជនដែលបានទូលទ្រង់ថា ព្រះបាទសាឡូម៉ូនដែលជាបិតារបស់ព្រះករុណាបានដាក់បន្ទុកធ្ងន់លើគេ ប៉ុន្តែ សូមឲ្យព្រះករុណាធ្វើឲ្យវាស្រាលជាងនេះ។ ចូរប្រាប់ពួកគេថា ម្រាមកូនដៃរបស់យើងធំជាងភ្លៅបិតាយើងទៅទៀត។ 11 ទោះបី បិតាយើងដាក់បន្ទុកលើអ្នកយ៉ាងធ្ងន់ក៏ដោយយើងនឹងបន្ថែមនឹមរបស់អ្នករាល់គ្នាទៀត បិតាយើងដាក់ទោសអ្នករាល់គ្នាដោយរំពាត់ តែខ្ញុំនឹងដាក់ទោសអ្នករាល់គ្នាដោយខ្យាដំរីវិញ»។ 12 ដូច្នេះ នៅថ្ងៃទីបីលោកយេរ៉ូបោម និងប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាវិលមករកព្រះបាទរេហូបោមដូចស្តេចមានរាជឱង្ការថា៖ «សូមវិលមករកយើងវិញនៅថ្ងៃទីបី»។ 13 ព្រះបាទរេហូបោមបានមានរាជឱង្ការជាមួយពួកគេយ៉ាងធ្ងន់ៗមិនអើពើនឹងឱវាទរបស់ពួកព្រឹទ្ធាចារ្យឡើយ។ 14 ព្រះអង្គមានរាជឱង្ការទៅកាន់ពួកគេតាមយោបល់របស់ពួកយុវជនជំនិតទ្រង់ថា៖ «បិតាយើងដាក់បន្ទុកយ៉ាងធ្ងន់លើអ្នករាល់គ្នា ប៉ុន្តែ យើងនឹងបន្ថែមបន្ទុករបស់អ្នករាល់គ្នា បិតាយើងដាក់ទោសអ្នករាល់ដោយរំពាត់ តែយើងនឹងដាក់ទោសអ្នកដោយខ្យាដំរីវិញ»។ 15 ដូច្នេះ ស្តេចមិនស្តាប់ប្រជាជនទេព្រោះព្រះជាម្ចាស់បានសម្រេចតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលលោក​អហ៊ីយ៉ា ជាអ្នកស្រុកស៊ីឡូបានមានប្រសាសន៍ជាមួយលោកយេរ៉ូបោមជាកូនរបស់លោកនេបាត។ 16 ជនជាតិអ៊ីស្រាអែលទាំងមូលឃើញថាស្តេចមិនស្តាប់ពួកគេទេ ប្រជាជននាំគ្នាទូលស្តេចថា៖ «តើយើងមានចំណែកអ្វីខ្លះជាមួយព្រះបាទដាវីឌ? យើងពុំមានកេរមតកអ្វីពីកូនរបស់លោកអ៊ីសាយទេ! អ៊ីស្រាអែលអើយ! ចូរវិលត្រឡប់ទៅផ្ទះរៀងខ្លួនវិញទៅ! ឥឡូវនេះ ពូជពង្សរបស់ព្រះបាតដាវីឌអើយ! ចូរថែរក្សាខ្លួនឯងចុះ»។ ជនជាតិអ៊ីស្រាអែលទាំងអស់ក៏នាំគ្នាវិលត្រឡប់ទៅជំរំរបស់គេវិញ។ 17 ប៉ុន្តែ ប្រជាជនអ៊ីស្រាអែលដែលរស់នៅតាមក្រុងនានាក្នុងស្រុកយូដាវិញ ព្រះបាទរេហូបោមសោយរាជ្យលើពួកគេ។ 18 ព្រះបាទរេហូបោមបានចាត់លោកអាដូនីរ៉ាមដែលជាអ្នកមើលការខុសត្រូវលើការកំណែនប្រជាជនឲ្យទៅឯកុលសម្ព័ន្ធអ៊ីស្រាអែល ប៉ុន្តែ ជនជាតិអ៊ីស្រាអែលបានយកដុំថ្មគប់សម្លាប់លោក។ ព្រះបាទរេហូបោមបានឡើងរទេះភៀសខ្លួនយ៉ាងលឿនទៅក្រុងយេរូសាឡិមវិញ។ 19 ជនជាតិអ៊ីស្រាអែលបះបោរប្រឆាំងនឹងពូជពង្សដាវីឌរហូតមកដល់សព្វថ្ងៃ។

ជំពូក ១១

1 នៅពេលព្រះបាទរេហូបោមមកដល់ក្រុងយេរូសាឡិមព្រះអង្គបានប្រមូលទាហាន​ពីកុលសម្ពន្ធយូដា​ និងបេនយ៉ាមីនបានចំនួន ១៨០, ០០០ នាក់សុទ្ធសឹងជាទាហានដែលថ្នឹកច្បាំង ដែលបានជ្រើសរើស ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីស្រាអែលដើម្បីដណ្តើមរាជាណាចក្រមកវិញ។ 2 ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសេម៉ាយ៉ា ជាអ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ 3 «ចូរប្រាប់ព្រះបាទ រេហូបោម ជាបុត្ររបស់ព្រះបាទសាឡូម៉ូនជាស្តេចស្រុកយូដា ព្រមទាំងជនជាតិអ៊ីស្រាអែលទាំងអស់នៅស្រុកយូដានិងបេនយ៉ាមីនថា៖ 4 ព្រះអម្ចាស់មានបន្ទូលថា៖ «មិនត្រូវឲ្យអ្នករាល់គ្នា ចេញធ្វើសង្គ្រាមប្រឆាំងនឹងបងប្អូនរបស់អ្នករាល់គ្នាឡើយ។ អ្នករាល់គ្នាត្រូវវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ដ្បិត យើងជាអ្នកធ្វើឲ្យហេតុការណ៍នេះបានកើតឡើង»។ ពួកគេក៏ស្តាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយនាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ មិនបានច្បាំងជាមួយលោកយេរ៉ូបោមទេ។ 5 ព្រះបាទរេហូបោមបានគង់នៅក្រុងយេរូសាឡិម ហើយបានសង់ក្រុងដែលមានកំពែងការពារជាច្រើននៅស្រុកយូដា។ 6 ស្តេចបានសង់ក្រុងបេថ្លេហិម អេថាម ត្កូអា 7 បេតស៊ើរ សូកូ អាឌូឡាម 8 កាថ ម៉ារីសា ហ្សីប 9 អដូរ៉ាម ឡាគីស អាសេកា 10 សូរ៉ា អាយ៉ាឡូន និងហេប្រុន។ នេះជាក្រុងដែលមានកំពែងរឹងមាំក្នុងស្រុកយូដា និងបេនយ៉ាមីន។ 11 ស្តេចបានពង្រឹងបន្ទាយ និងដាក់មេបញ្ជាការត្រួតត្រាលើទីនោះ ព្រមទាំងមានស្តុកម្ហូប ប្រេងនិងស្រា។ 12 ស្តេចដាក់ខែល និងលំពែងនៅគ្រប់ក្រុងទាំងប៉ុន្មាន ហើយធ្វើឲ្យក្រុងទាំងនោះកាន់តែរឹងមាំ។ ដូច្នេះ ស្រុកយូដា និងស្រុកបេនយ៉ាមីនជាកម្មសិទ្ធិ និងស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។ 13 ពួកបូជាចារ្យ និងពួកលេវីដែលនៅស្រុកអ៊ីស្រាអែលទាំងមូលនាំគ្នាទៅឯព្រះបាទរេហូបោមពីទឹកដីរបស់គេរៀងខ្លួន។ 14 កុលសម្ព័ន្ធលេវីចាកចេញពីទឹកដី វាលស្មៅ និងទ្រព្យសម្បត្តិរបស់ពួកគេ ដើម្បីទៅស្រុកយូដា និងក្រុងយេរូសាឡិម ដ្បិត លោកយេរ៉ូបោម និងកូនៗ របស់គាត់បានបណ្តេញពួកគេចេញ ដូច្នេះ ពួកគេមិនអាចបំពេញមុខងារជាបូជាចារ្យថ្វាយព្រះអម្ចាស់បានទៀតឡើយ។ 15 លោកយេរ៉ូបោមបានតែងតាំងបូជាចារ្យដោយខ្លួនឯងសម្រាប់កន្លែងសក្ការៈតាមទួលខ្ពស់ៗ និងបានសិតរូបពពែឈ្មោល និងរូបកូនគោផងដែរ។ 16 ប្រជាជនមកពីគ្រប់កុលសម្ព័ន្ធអ៊ីស្រាអែលនាំគ្នាមកថ្វាយបង្គំរូបទាំងនោះ ចំណែក អស់អ្នកដែលមានចិត្តចង់ស្វែងរកព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ពួកគេមកក្រុងយេរូសាឡិម ដើម្បីថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ជាព្រះនៃដូនតារបស់គេ។ 17 ពួកគេបានពង្រឹងរាជាណាចក្រយូដា និងធ្វើឲ្យរាជ្យព្រះបាទរេហូបោមជាបុត្ររបស់ព្រះបាទសាឡូម៉ូនរឹងមាំអស់រយៈពេលបីឆ្នាំ ដ្បិត ក្នុងរយៈពេលបីឆ្នាំនោះ ពួកគេបានប្រព្រឹត្តតាមផ្លូវដ៏ត្រឹមត្រូវរបស់ព្រះបាទដាវីឌ ​និងព្រះបាទសាឡូម៉ូន។ 18 ព្រះបាទរេហូបោមបានរៀបអភិសេកជាមួយព្រះនាងម៉ាហាលៀត ជាបុត្រីរបស់អង្គម្ចាស់យេរីម៉ូត ត្រូវជាបុត្រាព្រះបាទដាវីឌ ព្រមទាំងព្រះនាងអប៊ីហែល ជាកូនស្រីលោកអេលៀប ដែលជាកូនប្រុសរបស់លោកអ៊ីសាយ។ 19 ព្រះនាងប្រសូតបានបុត្រាបីអង្គ គឺយេអ៊ូស សេម៉ារីយ៉ា និង សាហាំ។ 20 បន្ទាប់ពី ព្រះនាងម៉ាហាឡាត ព្រះបាទរេហូបោមបានរៀបអភិសេកជាមួយព្រះនាងម៉ាកាជាបុត្រីរបស់សម្តេចអាប់សាឡុម។ ព្រះនាងប្រសូតបានអាប៊ីយ៉ា អាតតៃ ស៊ីសា និងសេឡូមីត។ 21 ព្រះបាទរេហូបោមស្រឡាញ់ព្រះនាងម៉ាកាជាបុត្រីរបស់សម្តេចអាប់សាឡុមលើសជាងមហេសីឯទៀតៗ និងស្រីស្នំរបស់ព្រះអង្គទាំងអស់ (ដ្បិត ព្រះបាទរេហូបោមមានមហេសីដប់ប្រាំបីអង្គ និងស្រីស្នំហុកសិបនាក់ ហើយមានបុត្រាម្ភៃប្រាំបីអង្គ និងបុត្រីហុកសិបអង្គ)។ 22 ព្រះបាទរេហូបោមបានតែងតាំងសម្តេចអប៊ីយ៉ាជាបុត្ររបស់ព្រះនាងម៉ាកាឲ្យធ្វើជាមេដឹកនាំក្នុងចំណោមបងប្អូនរបស់គាត់។ ដ្បិត ស្តេចមានគំនិតចង់ឲ្យគាត់ស្នងរាជ្យបន្ត។ 23 ព្រះបាទរេហូបោមបានគ្រប់គ្រងដោយប្រាជ្ញា។ ព្រះករុណាបានចាត់បុត្រាឯទៀតៗទាំងអស់ទៅនៅទូទាំងស្រុកយូដា និងបេនយ៉ាមីនក្នុងក្រុងដែលមានកំពែងរឹងមាំ។ ស្តេចក៏បានផ្តល់អាហារដល់ពួកគេយ៉ាងបរិបូរហើយរកប្រពន្ធជាច្រើនសម្រាប់ពួកគេ។

ជំពូក ១២

1 ពេលរាជព្រះបាទរេហូបោមបានរឹងមាំហើយស្តេចមានកម្លាំងខ្លាំងក្លា នោះស្តេចក៏បោះបង់ចោលក្រឹត្យវិន័យរបស់ព្រះអម្ចាស់ហើយជនជាតិអ៊ីស្រាអែលទាំងមូលក៏ប្រព្រឹត្តតាមស្តេចដែរ។ 2 នៅឆ្នាំទីប្រាំនៃរជ្ជកាលព្រះបាទរេហូបោម ស្តេចស៊ីសាកជាស្តេចស្រុកអេស៊ីបបានលើកទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡិមព្រោះប្រជាជនបានក្បត់នឹងព្រះអម្ចាស់។ 3 ស្តេចយាងមកជាមួយរទេះចម្បាំងចំនួនមួយពាន់ពីររយពលសេះប្រាំមួយម៉ឺននាក់ និងពលទាហានយ៉ាងច្រើនសន្ធឹកបានមកជាមួយព្រះអង្គគឺពីប្រទេសអេស៊ីប ស្រុកលីប៊ី ស្រុកស៊ូកគីនិងស្រុកអេត្យូពី។ 4 ស្តេចបានយកក្រុងដែលមានកំពែងរឹងមាំក្នុងស្រុកយូដាហើយបានមកដល់ក្រុងយេរូសាឡិម។ 5 ពេលនោះ ព្យាការីសេម៉ាយ៉ាបានមកជួបព្រះបាទរេហូបោម និងមេដឹកនាំស្រុកយូដាដែលបានប្រមូលផ្ដុំគ្នានៅក្រុងយេរូសាឡិម ព្រោះតែព្រះបាទស៊ីសាកឡោមព័ទ្ធ។ លោកសេម៉ាយ៉ាមានប្រសាសន៍ថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «អ្នករាល់គ្នាបានបោះបង់ចោលយើង ដូច្នេះ យើងក៏ប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃរបស់លោកស៊ីសាកដែរ»។ 6 ពួកមេដឹកនាំនៃជនជាតិអ៊ីស្រាអែល និងស្តេចបានបន្ទាបខ្លួនហើយទូលថា៖ «ព្រះអម្ចាស់ពិតជាសុចរិត»។ 7 ពេលព្រះអម្ចាស់ឃើញថា ពួកគេបន្ទាបខ្លួនរបស់គេនៅចំពោះទ្រង់ នោះព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីសេម៉ាយ៉ាថា៖ «ពួកគេបានបន្ទាបខ្លួន ដូច្នេះ យើងនឹងមិនបំផ្លាញពួកគេទេ យើងនឹងសង្គ្រោះពួកគេចេញពីដៃស៊ីសាក់ហើយកំហឹងរបស់យើងក៏នឹងមិនហូរមកលើក្រុងយេរូសាឡិមដែរ។ 8 ទោះយ៉ាងណាពួកគេនឹងត្រូវចំណុះហើយធ្វើជាអ្នកបម្រើស៊ីសាក់ ដើម្បីឲ្យពួកគេយល់ថាការបម្រើយើងនិងបម្រើស្តេចប្រទេសដទៃខុសគ្នាយ៉ាងណា»។ 9 ដូច្នេះ ព្រះបាទស៊ីសាក់ជាស្តេចស្រុកអេស៊ីបបានលើកទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡិម ហើយរឹបអូសយកទ្រព្យសម្បត្តិនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់និងទ្រព្យសម្បត្តិនៅក្នុងព្រះដំណាក់របស់ស្តេច។ ស្តេចបានយកអ្វីគ្រប់យ៉ាងទៅ ព្រមខែលមាសដែលព្រះបាទសាឡូម៉ូនបានធ្វើដែរ។ 10 ព្រះបាទរេហូបោមបានធ្វើខែលលង្ហិនជំនួសវិញ ហើយប្រគល់វាទៅក្នុងកណ្តាប់ដៃរបស់មេទ័ពដែលយាមទ្វារចូលព្រះដំណាក់។ 11 គ្រប់​ពេល​ដែល​ស្ដេច​យាង​ចូល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ពួក​ទាហាន​នាំ​គ្នា​កាន់​ខែល​ទាំង​នោះអមដំណើរទៅ បន្ទាប់​មក ពួក​គេ​ប្រមូល​យក​ទៅ​ទុក​នៅ​ក្នុង​បន្ទប់​របស់​ពួកអ្នកយាមវិញ។ 12 ពេលព្រះបាទរេហូបោមបន្ទាបខ្លួននោះ ព្រះពិរោធរបស់ព្រះអម្ចាស់ងាកចេញពីព្រះអង្គដើម្បីមិនបំផ្លាញគេទាំងស្រុង។ ក្រៅពីនេះនៅមានការល្អខ្លះទៀតដែលត្រូវបានរកឃើញនៅស្រុកយូដា។ 13 ដូច្នេះ ព្រះបាទរេហូបោមបានពង្រឹងអំណាចនៅក្រុងយេរូសាឡិម ហើយស្តេចឡើងសោយរាជ្យ។ ព្រះបាទរេហូបោមមានអាយុសែសិបមួយឆ្នាំនៅពេលដែលទ្រង់ឡើងសោយរាជ្យ ហើយសោយរាជ្យអស់ដប់ប្រាំពីរឆ្នាំនៅក្រុងយេរូសាឡិម ជាទីក្រុងដែលព្រះអម្ចាស់បានជ្រើសរើសពីកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ ដើម្បីព្រះនាមព្រះអង្គនៅទីនោះ។ ព្រះមាតារបស់ស្តេចព្រះនាមណាអាម៉ា ជាជនជាតិអាំម៉ូន 14 ស្តេចបានប្រព្រឹត្ដអំពើអាក្រក់ ព្រោះទ្រង់គ្មានចិត្តចង់ស្វែងរកព្រះអម្ចាស់ទេ។ 15 ចំពោះរាជកិច្ច និងបញ្ហាផ្សេងទៀតដែលទាក់ទងនឹងព្រះបាទរេហូបោមគឺតាំងពីមុន និងចុងក្រោយ តើគេមិនបានសរសេរក្នុងសំណេររបស់ព្យាការីសេម៉ាយ៉ា និងអ៊ីដដូជាអ្នកមើលដែលមានកំណត់ហេតុអំពីពង្សប្រវត្តិ និងសង្គ្រាមរវាងព្រះបាទរេហូបោម និងលោកយេរ៉ូបោមទេឬអី? 16 ព្រះបាទរេហូបោមសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងក្រុងព្រះបាទដាវីឌ។ ព្រះបាទអប៊ីយ៉ាជាបុត្រឡើងស្នងរាជ្យ។

ជំពូក ១៣

1 នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះបាទយេរ៉ូបោម ព្រះបាទអប៊ីយ៉ាបានឡើងសោយរាជ្យលើស្រុកយូដា ។​ 2 ស្តេចសោយរាជ្យអស់រយៈពេលបីឆ្នាំនៅក្រុងយេរូសាឡិម។ ព្រះមាតារបស់ស្តេចមានព្រះនាមថាម៉ាកា ជាកូនស្រីរបស់លោកយូរីនៅគីបៀរ។ មានសង្គ្រាមរវាងព្រះបាទអប៊ីយ៉ា និងព្រះបាទយេរ៉ូបោម។ 3 ព្រះបាទអប៊ីយ៉ាបានចេញទៅច្បាំងជាមួយកងទ័ពដ៏ខ្លាំងពូកែ និងទាហានដ៏អង់អាចចំនួនបួនសែននាក់។ ព្រះបាទយេរ៉ូបោមបានដាក់ជួរទ័ពប្រយុទ្ធជាមួយនឹងកងទ័ពដែលបានជ្រើសរើស ប្រាំបីសែននាក់សុទ្ធតែជាទាហានខ្លាំង និងក្លាហាន។ 4 លោកអប៊ីយ៉ាបានឈរនៅលើភ្នំសៀរសារ៉ាមដែលស្ថិតនៅលើភ្នំអេប្រាអ៊ីមមានប្រសាសន៍ថា៖ «លោកយេរ៉ូបោម និងជនជាតិអ៊ីស្រាអែលទាំងមូលសូមស្តាប់ខ្ញុំ! 5 តើអ្នករាល់គ្នាមិនដឹងថាព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលបានប្រគល់ការគ្រប់គ្រងលើទឹកដីអ៊ីស្រាអែលឲ្យព្រះបាទដាវីឌ និងរាជវង្សតាមសម្ពន្ធមេត្រីរហូតតទៅទេឬអី? 6 ប៉ុន្តែ លោកយេរ៉ូបោមជាកូនរបស់លោកនេបាត ជាអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូនជាបុត្ររបស់ព្រះបាទដាវីឌបានក្រោកឡើងបះបោរប្រឆាំងនឹងម្ចាស់របស់ខ្លួន។ 7 មនុស្សពាល មនុស្សគ្មានប្រយោជន៍បានប្រមូលគ្នាមកឯគាត់។ ពួកគេបានមកតទល់នឹងព្រះបាទរេហូបោមជាបុត្ររបស់ព្រះបាទសាឡូម៉ូននៅពេលដែលស្តេចរេហូបោមនៅក្មេង ហើយគ្មានបទពិសោធន៍ ហើយមិនអាចទប់ទល់នឹងពួកគេបាន។ 8 ឥឡូវនេះ អ្នកនិយាយថាអ្នកអាចតតាំងនឹងអំណាចរបស់ព្រះអម្ចាស់ ដែលស្ថិតក្រោមការគ្រប់គ្រងបស់កូនចៅដាវីឌ។ អ្នកមានកងទ័ពដ៏ធំព្រមទាំងរូបកូនគោមាសដែលលោកយេរ៉ូបោមបានធ្វើដូចជាព្រះសម្រាប់អ្នករាល់គ្នា នៅជាមួយអ្នករាល់គ្នាទៀត។ 9 តើអ្នកមិនបានបណ្តេញពួកបូជាចារ្យរបស់ព្រះអម្ចាស់ជាកូនចៅរបស់លោកអើរ៉ុន និងពួកលេវីទេឬ? តើអ្នកមិនបានតែងតាំងបូជាចារ្យឲ្យខ្លួនអ្នកផ្ទាល់ដូចជនជាតិដទៃទេឬអី? អ្នកណាមកថ្វាយបង្គំដោយយកគោឈ្មោល និងចៀមឈ្មោលប្រាំពីរមកនោះក៏អាចធ្វើជាបូជាចារ្យនៃរូបទាំងនោះដែលមិនមែនជាព្រះទេ។ 10 រីឯយើងវិញ ព្រះអម្ចាស់គឺជាព្រះរបស់យើង ហើយយើងមិនបោះបង់ចោលព្រះអង្គឡើយ។ យើងមានបូជាចារ្យជាកូនចៅរបស់លោកអើរ៉ុននៅបម្រើព្រះអម្ចាស់ និងលេវីដែលបំពេញការងាររបស់ពួកគេ។ 11 ពួកគេថ្វាយតង្វាយដុតទាំងមូល និងគ្រឿងក្រអូបចំពោះព្រះអម្ចាស់​ទាំងព្រឹកទាំងល្ងាច។ ពួកគេក៏រៀបចំនំប៉័ងវត្តមាននៅលើតុសុទ្ធផងដែរ។ ពួកគេមានទំនោរនឹងជើងចង្កៀងមាស និងចង្កៀងរបស់ពួកគេ ដើម្បីឲ្យពួកគេដុតរៀងរាល់ល្ងាច។ យើងកាន់តាមបទបញ្ជារបស់ព្រះអម្ចាស់ជាព្រះនៃយើង ប៉ុន្តែ អ្នករាល់បានបោះបង់ចោលព្រះអង្គវិញ។ 12 មើល៍! ព្រះជាម្ចាស់គង់នៅជាមួយយើងនឹងដឹកនាំយើង ហើយពួកបូជាចារ្យរបស់ព្រះអង្គនៅទីនេះនាំគ្នាផ្លុំត្រែឡើងដើម្បីប្រកាសអាសន្នប្រឆាំងនឹងអ្នករាល់គ្នា។ ជនជាតិអ៊ីស្រាអែលអើយ! កុំធ្វើសង្គ្រាមប្រឆាំងនឹងព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នកឡើយ! ដ្បិត អ្នករាល់គ្នានឹងមិនអាចឈ្នះព្រះអង្គឡើយ!។ 13 ប៉ុន្តែ លោកយេរ៉ូបោមបានរៀបទ័ព​ពួនស្ទាក់នៅពីក្រោយពួកគេ។ កងទ័ពនៅខាងមុខហើយទ័ពពួនស្ទាក់នៅខាងក្រោយកងទ័ពយូដា។ 14 ពេលជនជាតិយូដាក្រឡេកមើលទៅក្រោយគេឃើញមានការប្រយុទ្ធនៅខាងមុខ និងនៅខាងក្រោយពួកគេ។ ពួកគេស្រែកអង្វររកព្រះអម្ចាស់ហើយពួកបូជាចារ្យផ្លុំត្រែឡើង។ 15 ពេលនោះ ប្រជាជននៅស្រុកយូដាស្រែកជយឃោស ពេលពួកគេស្រែកថា៖ ព្រះជាម្ចាស់បានវាយព្រះបាទយេរ៉ូបោម និងជនជាតិអ៊ីស្រាអែលទាំងមូលនៅចំពោះមុខព្រះបាទអប៊ីយ៉ា និងប្រជាជនយូដា។ 16 ប្រជាជនអ៊ីស្រាអែលរត់ភៀសខ្លួនពីមុខកងទ័ពយូដា ហើយព្រះជាម្ចាស់បានប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ពួកកងទ័ពយូដា។ 17 ព្រះបាទអប៊ីយ៉ា និងកងទ័ពបានសម្លាប់ពួកគេដោយមុខដាវ ហើយមានកងទ័ពអ៊ីស្រាអែលដែលបានជ្រើសរើសចំនួនប្រាំសែននាក់បានស្លាប់។ 18 នៅគ្រានោះជនជាតិអ៊ីស្រាអែលត្រូវគេបំបាក់មុខ។ ប្រជាជនយូដាទទួលជ័យជម្នះដោយសារពួកគេពឹងផ្អែកលើព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេ។ 19 ព្រះបាទអប៊ីយ៉ាដេញតាមលោកយេរ៉ូបោម ហើយបានដណ្ដើមយកក្រុងបេតអែលជាមួយភូមិជុំវិញ​ ក្រុងសេសាណា និងភូមិជុំវិញ និងក្រុងអេប្រូននិងភូមិជុំវិញ។ 20 នៅជំនាន់ព្រះបាទអប៊ីយ៉ា លោកយេរូ៉បោមមិនអាចពង្រឹងអំណាចឡើងវិញឡើយ ហើយព្រះអម្ចាស់បានប្រហារស្តេចឲ្យសោយទិវង្គតទៅ។ 21 ប៉ុន្តែ ព្រះ‌បាទ​អប៊ី‌យ៉ាវិញបាន​ពង្រឹង​អំណាច​យ៉ាង​រឹង‌មាំ។ ស្ដេច​មាន​មហេសី​ដប់‌បួន​អង្គ មាន​បុត្រា​ម្ភៃ​ពីរ​អង្គ និង​បុត្រី​ដប់​ប្រាំ​មួយ​អង្គ។ 22 រាជកិច្ចឯទៀតៗរបស់ព្រះបាទអប៊ីយា និងរាជឱង្ការបស់ស្តេចសុទ្ធតែមានកត់ត្រាទុកក្នុងអត្ថាធិប្បាយរបស់​ព្យាការី​អ៊ីដោ។

ជំពូក ១៤

1 ព្រះបាទអប៊ីយ៉ាបានសោយទិវង្គតទៅជាមួយបុព្វបុរសហើយគេបញ្ចុះសពស្តេចនៅក្រុងព្រះបាទដាវីឌ។ ព្រះបាទអេសាជាបុត្របានឡើងសោយរាជ្យជំនួស។ នៅរជ្ជកាលព្រះបាទអេសាប្រទេសជាតិបានសុខសាន្តត្រាណរយៈពេលដប់ឆ្នាំ។ 2 ព្រះបាទអេសាធ្វើអ្វីៗដែលគាប់ព្រះហឫទ័យព្រះអម្ចាស់ជាព្រះរបស់ខ្លួន។ 3 ស្តេចបានបំផ្លាញអាសនៈសាសន៍ដទៃ និងបានសម្អាតទីខ្ពស់ព្រមទាំងបានកម្ទេចសសរថ្ម និងរំលំបង្គោលព្រះអាសេរ៉ា។ 4 ស្តេចបានបញ្ជាឲ្យប្រជាជនយូដាស្វែងរកព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ខ្លួន និងប្រតិបត្តិតាមច្បាប់ និងក្រឹត្យវិន័យ។ 5 ស្ដេចដកកន្លែងសក្ការៈតាមទួលខ្ពស់ៗ និងអាសនៈសក្ការៈពីក្រុងទាំងប៉ុន្មានរបស់ស្រុកយូដាដែរ។ ប្រទេសជាតិមានសេចក្តីសុខសាន្តត្រាណ នៅក្នុងរាជ្ជកាលព្រះអង្គ។ 6 ស្តេចបានសង់ក្រុងដ៏រឹងមាំជាច្រើននៅស្រុកយូដា ដ្បិត ស្រុកទេសស្ងប់ស្ងៀម ហើយមិនមានសង្គ្រាមទេ ដ្បិត ព្រះអម្ចាស់បានប្រទានសេចក្តីសុខសាន្តដល់ព្រះអង្គ។ 7 ព្រះបាទអេសាមានរាជឱង្ការទៅកាន់កុលសម្ព័ន្ធយូដាថា៖ «ចូរយើងសង់ក្រុងទាំងនេះ ហើយធ្វើកំពែងព័ទ្ធជុំវិញ ព្រមទាំងប៉ម ទ្វារ និងរនុក។ ទឹកដីនេះនៅតែជាកម្មសិទ្ធិរបស់យើងដដែលព្រោះយើងបានស្វែងរកព្រះអម្ចាស់ជាព្រះនៃយើង ហើយព្រះម្ចាស់បានប្រទានឲ្យមានសុខសន្តិភាពនៅគ្រប់ទិសទីទាំងអស់។ ដូច្នេះ ពួកគេបានកសាងដោយជោគជ័យ។ 8 ព្រះបាទអេសាមានកងទ័ពដែលកាន់ខែល និងលំពែងពីកុលសម្ពន្ធយូដាមានទាហានចំនួន ៣០០, ០០០ នាក់ និងកុលសម្ព័ន្ធបេនយ៉ាមីនចំនួន ២៨០, ០០០ នាក់ដែលកាន់ខែល និងធ្នូ។ ពួកគេទាំងអស់សុទ្ធតែជាទាហានអង់អាចក្លាហាន។ 9 ព្រះបាទសេរ៉ាសជាស្តេចស្រុកអេត្យូពីបានលើកកងទ័ពមួយលាននាក់ និងរទេះចម្បាំងចំនួនបីរយគ្រឿង មកច្បាំងនឹងពួកយូដា ហើយបានឡើងមកដល់ម៉ារ៉េសា។ 10 ព្រះបាទអេសាក៏ចេញមកតទល់ហើយគេតម្រៀបជួរទ័ពត្រៀមច្បាំងនៅតាមជ្រលងភ្នំសេផាហានៅម៉ារេសា។ 11 ព្រះបាទអេសាស្រែកអង្វរព្រះអម្ចាស់ជាព្រះរបស់ទ្រង់ថា៖ «បពិត្រព្រះអម្ចាស់ ក្រៅពីព្រះអង្គ​ គ្មាននរណាម្នាក់អាច​ជួយ​អ្នក​ទន់​ខ្សោយ ឲ្យ​ត‌តាំង​នឹង​អ្នក​ខ្លាំង​ពូកែឡើយ។ ឱព្រះអម្ចាស់ជាព្រះរបស់យើងអើយសូមជួយយើងខ្ញុំផង! ព្រះអម្ចាស់អើយព្រះអង្គជាព្រះនៃយើងខ្ញុំ សូមកុំឲ្យមនុស្សទទួលជ័យជម្នះលើទ្រង់ឡើយ»។ 12 ព្រះអម្ចាស់វាយជនជាតិអេត្យូពីនៅចំពោះមុខព្រះបាទអេសា និងពួកយូដា។ ជនជាតិអេត្យូពីបានរត់ភៀសខ្លួន។ 13 ព្រះបាទអេសា និងពលទាហានដែលនៅជាមួយបានដេញតាមពួកគេឆ្ពោះទៅកេរ៉ា។ ជនជាតិអេត្យូពីជាច្រើនបានដួលស្លាប់ដែលមិនអាចក្រោកឡើងបាន ព្រោះពួកគេត្រូវបានបំផ្លាញនៅចំពោះមុខព្រះអម្ចាស់ និងកងទ័ពរបស់ព្រះអង្គ។ កងទ័ពបានរឹបអូសយកទ្រព្យសម្បត្តិជាជយភណ្ឌយ៉ាងច្រើន។ 14 កងទ័ពបានបំផ្លាញភូមិទាំងអស់នៅជុំវិញកេរ៉ា ដ្បិត ព្រះអម្ចាស់បានធ្វើឲ្យប្រជាជនភ័យខ្លាច។ កងទ័ពបានរឹបអូសយកភូមិទាំងអស់ហើយមានទ្រព្យសម្បត្តិច្រើនកុះករនៅក្នុងនោះ។ 15 កងទ័ពយូដាបានវាយកម្ទេចជំរំរបស់ពួកអ្នកគង្វាល ហើយពួកគេបានរឹបអូសយកហ្វូងចៀម និងសត្វអូដ្ឋយ៉ាងបរិបូរ រួចហើយនាំគ្នាត្រឡប់ទៅក្រុងយេរូសាឡិមវិញ។

ជំពូក ១៥

1 ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មកសណ្ឋិតលើលោកអសារាជាកូនរបស់លោកអូដេត។ 2 លោកបានចេញទៅជួបជាមួយព្រះបាទអេសាហើយទូលថា៖ «ឱព្រះបាទអេសា និងប្រជាជនយូដា និងបេនយ៉ាមីនទាំងមូលអើយសូមស្តាប់ខ្ញុំ! ព្រះអម្ចាស់គង់នៅជាមួយអ្នករាល់គ្នាក្នុងពេលដែលអ្នករាល់គ្នានៅជាមួយព្រះអង្គ ប្រសិនបើ អ្នកស្វែងរកព្រះអង្គនោះអ្នកនិងរកព្រះអង្គឃើញ ប៉ុន្តែ ប្រសិនបើ អ្នកបោះបង់ចោលព្រះអង្គនោះព្រះអង្គនឹងបោះបង់ចោលអ្នកវិញ។ 3 អស់រយៈពេលជាយូរមកហើយជនជាតិអ៊ីស្រាអែលគ្មានព្រះពិតគ្មានបូជាចារ្យបង្រៀនហើយក៏គ្មានក្រឹត្យវិន័យដែរ។ 4 ពេលណា​ពួកគេ​មានទុក្ខវេទនាពួកគេងាកមករកព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលហើយស្វែងរកព្រះអង្គ នោះព្រះអង្គឲ្យគេរកឃើញ។ 5 នៅគ្រានោះអ្នកណាដែលធ្វើដំណើរទៅឆ្ងាយ ឬមកវិញ អ្នកនោះគ្មានសន្តិភាពសម្រាប់គេទេ។ ផ្ទុយទៅវិញ ប្រជាជននៅលើទឹកដីទាំងអស់មានបញ្ហាដ៏ធំ។ 6 ពួកគេបែកបាក់គ្នា ប្រជាជាតិមួយទាស់នឹងប្រជាជាតិមួយ ហើយក្រុងមួយទាស់នឹងទីក្រុងមួយទៀត ដ្បិត ព្រះជាម្ចាស់បានធ្វើឲ្យពួកគេវឹកវរ ហើយរងទុក្ខវេទនាគ្រប់បែបយ៉ាង។ 7 ប៉ុន្តែ ចូរមានកម្លាំងហើយកុំធ្វើឲ្យដៃអ្នកទន់ខ្សោយឡើយ ព្រោះកិច្ចការរបស់អ្នកនឹងបានរង្វាន់»។ 8 កាលព្រះបាទអេសាបានឮពាក្យទាំងនេះដែលជាពាក្យទំនាយរបស់លោកអូដេតដែលជាព្យាការីបានធ្វើឲ្យស្តេចមានចិត្តអង់អាច ហើយបានបំផ្លាញអ្វីៗដែលគួរស្អប់ខ្ពើមចេញពីស្រុកយូដា និងបេនយ៉ាមីន ព្រមទាំងចេញពីក្រុងនានាដែលស្តេចដណ្តើមបានពីតំបន់ភ្នំអេប្រាអ៊ីម។ សេ្តចក៏សង់អាសនៈដែលស្ថិតនៅខាងមុខច្រកចូលព្រះដំណាក់របស់ព្រះ​អម្ចាស់​ឡើងវិញ។ 9 ស្តេចបានប្រមូលប្រជាជនយូដា និងបេនយ៉ាមីនព្រមទាំងអស់អ្នកដែលស្នាក់នៅជាមួយពួកគេគឺប្រជាជនមកពីអេប្រាអ៊ីមនិងម៉ាណាសេនិងពីស៊ីម្មាន។ ជនជាតិអ៊ីស្រាអែលយ៉ាងច្រើនបានវិលត្រឡប់ពីស្រុកអ៊ីស្រាអែលមកឯទ្រង់វិញ នៅពេលដែលពួកគេឃើញព្រះអម្ចាស់គង់នៅជាមួយ និងព្រះករុណា។ 10 ពួកគេប្រមូលផ្ដុំគ្នានៅក្រុងយេរូសាឡិមក្នុងខែទីបីក្នុងឆ្នាំទីដប់ប្រាំនៃរជ្ជកាលព្រះបាទអេសា។ 11 នៅគ្រានោះពួកគេបានថ្វាយយញ្ញបូជាពីរបស់ដែលពួកគេរឹបអូសយកបានថ្វាយដល់ព្រះអម្ចាស់គឺមានគោប្រាំពីររយក្បាល ចៀមនិងពពែប្រាំពីរពាន់ក្បាល។ 12 ពួកគេបានចូលក្នុងសម្ពន្ធមេត្រី ដោយបានតាំងចិត្ត និងស្វែងរកព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់គេអស់ពីចិត្ត និងអស់ពីព្រលឹង។ 13 អ្នកទាំងនោះព្រមព្រៀងគ្នាថា បើអ្នកណាមិនព្រមស្វែងរកព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលអ្នកនោះ ត្រូវទទួលទោសដល់ស្លាប់ទោះបីមនុស្សនោះជាអ្នកតូច ឬអ្នកធំក្ដី ឬទោះប្រុស ឬស្រីក្ដី។ 14 ពួកគេស្បថនឹងព្រះអម្ចាស់ដោយបន្លឺសម្លេងឮៗ ព្រមទាំងមានសម្លេងត្រែ និងស្នែងផង។ 15 ប្រជាជនយូដាទាំងអស់មានចិត្តរីករាយចំពោះពាក្យសម្បថនេះ ព្រោះពួកគេបានស្បថយ៉ាងអស់ពីចិត្ត ហើយពួកគេស្វែងរកព្រះជាម្ចាស់អស់ពីចិត្តហើយព្រះអង្គក៏បានឲ្យពួកគេរកឃើញដែរ។ ព្រះអម្ចាស់ក៏ប្រទានសេចក្តីសុខសាន្តដល់ពួកគេនៅគ្រប់ទិសទី។ 16 ព្រះបាទអេសាក៏បានដកលោកម៉ាកាដែលជាជីដូនរបស់ព្រះករុណាចេញពីដំណែងជាម្ចាស់ក្សត្រី ពីព្រោះព្រះនាងបានសង់បង្គោល និងធ្វើរូបគួរស្អប់ខ្ពើមនៃព្រះអាសេរ៉ា។ ព្រះបាទអេសាកាត់បង្គោល និងរូបដែលគួរស្អប់ខ្ពើមនោះ​កម្ទេចឲ្យទៅជាធូលីដី ហើយដុតវានៅជ្រោះ​កេ្រដូន។ 17 ប៉ុន្តែ ទីសក្ការៈនៅតាមទួលខ្ពស់មិនត្រូវបានយកចេញពីស្រុកអ៊ីស្រាអែលទេ។ ទោះយ៉ាងណា​ ស្ដេច​ស្រឡាញ់​ព្រះ‌អម្ចាស់​ដោយ​ស្មោះ​អស់​មួយ​ជីវិត​។ 18 ស្តេចបាននាំយកតង្វាយទាំងប៉ុន្មានដែលព្រះបិតារបស់ស្តេច និងស្តេចផ្ទាល់បានញែកជាសក្ការៈទៅដាក់ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់គឺប្រាក់ និងមាស។ 19 នៅក្នុងស្រុកទេសគឺគ្មានសង្រ្គាមទេ រហូតដល់ឆ្នាំទីសាមសិបប្រាំនៃរជ្ជកាលរបស់ព្រះបាទអេសា។

ជំពូក ១៦

1 នៅឆ្នាំទីសាមសិបប្រាំមួយនៃរជ្ជកាលព្រះបាទអេសាស្តេចបាសាជាស្តេចស្រុកអ៊ីស្រាអែលបានបះបោរយ៉ាងខ្លាំងប្រឆាំងនឹងស្រុកយូដាហើយបានសង់ក្រុងរ៉ាម៉ា ដើម្បីកុំឲ្យនរណាម្នាក់ចាកចេញ ឬចូលទៅក្នុងទឹកដីព្រះបាទអេសាដែលជាស្តេចស្រុកយូដា។ 2 ព្រះបាទអេសាបានយកមាស និងប្រាក់ចេញពីឃ្លាំងនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងក្នុងដំណាក់របស់ស្តេចហើយចាត់គេឲ្យទៅថ្វាយព្រះ‌បាទ​បេន-‌ហាដាឌ ជាស្តេចស្រុកអារ៉ាមដែលគ្រងរាជ្យនៅក្រុងដាម៉ាស។ ដោយទូលថា៖ 3 «សូមឲ្យមានកិច្ចព្រមព្រៀងរវាងទូលបង្គំ និងព្រះករុណាដូចជាព្រះបិតាទូលបង្គំ ព្រមទាំងបិតារបស់ព្រះករុណាដែរ។ ទូលបង្គំបានផ្ញើប្រាក់ និងមាសមកថ្វាយព្រះករុណា។ សូមព្រះករុណាផ្តាច់សម្ពន្ធមិត្តជាមួយបាសទៅ ដើម្បីកុំឲ្យស្តេចឡើងមកច្បាំងជាមួយទូលបង្គំឡើយ»។ 4 ព្រះ‌បាទ​បេន-‌ហាដាឌស្ដាប់តាមព្រះបាទអេសា ហើយចាត់មេបញ្ជាការកងទ័ពទាំងឡាយឲ្យទៅវាយយកក្រុងនានារបស់អ៊ីស្រាអែល។ ពួកគេបានវាយលុកក្រុងអ៊ីជុន ក្រុងដាន់ក្រុងអេបិលមៀមព្រមទាំងឃ្លាំងស្បៀងទាំងប៉ុន្មាននៅទឹកដីណេបថាលី។ 5 នៅពេលព្រះបាទបាសាឮដំណឹងនេះទ្រង់ក៏ឈប់សាងសង់កំពែងក្រុងរ៉ាម៉ាហើយទុកការងារនោះចោល។ 6 ពេលនោះ ព្រះបាទអេសាបានយកប្រជាជនយូដាទាំងអស់ទៅជាមួយ។ ពួកគេបានយកថ្ម និងឈើនៅរ៉ាម៉ាដែលព្រះបាទបាសាបានយកមកសាងសង់ក្រុង។ បន្ទាប់មក ស្តេចអេសាបានប្រើសម្ភារសំណង់នោះ ដើម្បីសាងសង់ក្រុងកេបា និងក្រុងមីសប៉ា។ 7 នៅគ្រានោះ លោកហាណានី ដែលជាគ្រូទាយបានចូលទៅគាល់ព្រះបាទអេសាជាស្តេចស្រុកយូដាហើយទូលថា៖ «ដោយព្រោះតែព្រះករុណាបានពឹងផ្អែកលើស្តេចស្រុកស៊ីរី និងមិនពឹងផ្អែកលើព្រះអម្ចាស់ជាព្រះរបស់ព្រះករុណា នោះកងទ័ពរបស់ស្តេចស្រុកស៊ីរីបានរួចផុត ពីព្រះហស្តព្រះករុណាហើយ។ 8 តើកាលជនជាតិអេត្យូពី និងប្រជាជនលីប៊ីលើកទ័ពមក តើគេមិនមានទ័ពដ៏ច្រើនសម្បើម មានរទេះចម្បាំង និងទ័ពសេះយ៉ាងច្រើនឬអី? ប៉ុន្តែ ដោយពឹងលើព្រះអម្ចាស់ នោះព្រះអង្គបានធ្វើឲ្យព្រះករុណាមានជ័យជម្នះលើពួកគេ។ 9 ដ្បិត ព្រះនេត្ររបស់ព្រះអម្ចាស់ពាសពេញលើផែនដីទាំងមូល ដើម្បីឲ្យព្រះអង្គសម្តែងព្រះចេស្ដាជួយអស់អ្នកដែលមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ។ ប៉ុន្តែ ក្នុងរឿងនេះ ព្រះករុណាបានធ្វើរឿងល្ងង់ខ្លៅហើយ។ ចាប់ពីពេលនេះទៅនឹងមានសង្គ្រាមកើតឡើងហើយ»។ 10 ពេលនោះព្រះបាទអេសាខឹងនឹងគ្រូទាយ ហើយបានមចាប់គាត់ដាក់គុកព្រោះព្រះករុណាខឹងនឹងគាត់អំពីបញ្ហានេះ។ នៅពេលជាមួយគ្នានោះ ព្រះបាទអេសាបានជិះជាន់ដល់ប្រជាជនមួយចំនួនដែរ។ 11 មើល! រាជកិច្ចរបស់ព្រះបាទអេសាតាំងពីដើមដល់ចប់មានកត់ត្រាទុកក្នុងសៀវភៅរបស់ស្តេចស្រុកយូដា និងស្តេចស្រុកអ៊ីស្រាអែល។ 12 ព្រះបាទអេសាមានជំងឺនៅក្នុងប្រអប់ជើង។ ជំងឺរបស់ព្រះករុណាធ្ងន់ធ្ងរណាស់។ ទោះបីយ៉ាងនេះក្តី ទ្រង់មិនបានស្វែងរកជំនួយពីព្រះអម្ចាស់ទេគឺស្វែងរកតែគ្រូពេទ្យប៉ុណ្ណោះ។ 13 ព្រះបាទអេសាសោយទិវង្គតទៅ​ជួប‌ជុំ​នឹង​ពួក​អយ្យ‌កោ នៅ​ឆ្នាំ​ទី​សែ‌សិប​មួយ​នៃ​រជ្ជ‌កាល​របស់​ស្ដេច។ 14 ពួកគេបានបញ្ចុះសពស្តេចនៅក្នុងផ្នូររបស់ទ្រង់ដែលស្តេចបានជីកនៅឯទីក្រុងដាវីឌ។ ពួកគេបានដាក់សព្វនៅលើគ្រែដែលពោរពេញទៅដោយក្លិនផ្អែម និងគ្រឿងក្រអូបផ្សេងៗដែលរៀបចំដោយអ្នកជំនាញអប់។ បន្ទាប់មក ពួកគេបានបង្កាត់ភ្លើងយ៉ាងខ្លាំង ជាការថ្វាយកិត្តិយសដល់ស្តេច។

ជំពូក ១៧

1 ព្រះបាទយ៉ូសាផាតជាបុត្ររបស់ព្រះបាទអេសាបានឡើងស្នងរាជ្យជំនួសបិតា។ ព្រះបាទយ៉ូសាផាតបានពង្រឹងអំណាចខ្លួនឯងប្រឆាំងនឹងអ៊ីស្រាអែល។ 2 ស្តេចបានដាក់ទ័ពនៅតាមក្រុងទាំងប៉ុន្មានដែលមានកំពែងរឹងមាំនៅស្រុកយូដា និងឲ្យមានកងទ័ពនៅក្នុងស្រុកយូដា និងនៅតាមក្រុងនានានៅអេប្រាអ៊ីមដែលព្រះបាទអេសាជាបិតាបានកាន់កាប់។ 3 ព្រះអម្ចាស់គង់ជាមួយព្រះបាទយ៉ូសាផាតព្រោះព្រះករុណាបានដើរតាមមាគ៌ារបស់ព្រះបាទដាវីឌ ជាបិតាហើយមិនស្វែងរកព្រះបាលឡើយ។ 4 ព្រះករុណាបានពឹងលើព្រះជាម្ចាស់ជាព្រះរបស់ពួកអយ្យកោហើយគោរពតាមបទបញ្ជារបស់ព្រះអង្គ ដោយមិនដើរតាមផ្លូវរបស់ជនជាតិអ៊ីស្រាអែលទេ។ 5 ដូច្នេះ ព្រះអម្ចាស់បានពង្រឹងរាជ្យសម្បត្តិរបស់ស្តេចឲ្យរឹងមាំហើយជនជាតិយូដាទាំងអស់នាំសួយសារអាករទៅព្រះបាទយ៉ូសាផាត។ ស្តេចមានទ្រព្យសម្បត្ដិ និងកិត្តិយសច្រើនក្រៃលែង។ 6 ស្តេចមានព្រះហឫទ័យស្មោះត្រង់ចំពោះមាគ៌ារបស់ព្រះអម្ចាស់។ ស្តេចក៏បំផ្លាញកន្លែងសក្ការៈតាមទួលខ្ពស់ៗ និងដកបង្គោលព្រះអាសេរ៉ាចេញពីស្រុកយូដាទាំងអស់។ 7 នៅឆ្នាំទីបីនៃរជ្ជកាលរបស់ព្រះអង្គ ព្រះករុណាបានចាត់មន្ត្រីមានលោកបេនហែល លោកអូបាឌា លោកសាការី លោកនេថាណែល និងលោកមីកាយ៉ាទៅបង្រៀននៅតាមក្រុងនានាក្នុងស្រុកយូដា។ 8 ដោយមានពួកលេវីទៅជាមួយគឺ លោកសេម៉ាយ៉ា លោកណាថានៀ លោកសេបាឌា លោកអេសាហែល លោកសេមីរ៉ាម៉ូត លោកយេហូណាថាន លោកអដូនីយ៉ា លោកថូប៊ីយ៉ា និងលោកថូបាដូនីយ៉ា ហើយមានបូជាចារ្យនៅជាមួយពួកគេផងគឺបូជាចារ្យអេលីសាម៉ា និងបូជាចារ្យយ៉ូរ៉ាម។ 9 ពួកគេបង្រៀននៅស្រុកយូដាដោយមានសៀវភៅក្រឹត្យវិន័យរបស់ព្រះអម្ចាស់នៅជាមួយពួកគេ។ ពួកគេធ្វើដំណើរពាសពេញក្រុងទាំងប៉ុន្មានក្នុងស្រុកយូដាដើម្បីបង្រៀនប្រជាជន។ 10 ព្រះអម្ចាស់បានធ្វើឲ្យនគរទាំងប៉ុន្មាននៅជុំវិញស្រុកយូដាកើតមានការភ័យខ្លាច ដូច្នេះ ពួកគេពុំបានធ្វើសង្គ្រាមប្រឆាំងនឹងព្រះបាទយ៉ូសាផាតឡើយ។ 11 ជនជាតិភីលីស្ទីនខ្លះនាំយកអំណោយមកថ្វាយព្រះបាទយ៉ូសាផាត និងប្រាក់មកធ្វើជាសួយសារអាករ។ ជនជាតិអារ៉ាប់ក៏បាននាំហ្វូងសត្វចៀម ៧, ៧០០ ក្បាលនិងពពែ ៧, ៧០០ ក្បាល មកថ្វាយព្រះបាទយ៉ូសាផាតដែរ។ 12 ព្រះបាទយ៉ូសាផាតមានអំណាចខ្លាំងក្លាណាស់។ ស្ដេចបានសង់បន្ទាយ និងឃ្លាំងជាច្រើននៅក្នុងក្រុងនានានៅស្រុកយូដា។ 13 ស្តេចមានទ្រព្យសម្បត្ដិយ៉ាងច្រើននៅក្រុងនានាក្នុងស្រុកយូដា និងកងទ័ពដែលមានសុទ្ធតែជាមនុស្សអង់អាចក្លាហានក្នុងក្រុងយេរូសាឡិម។ 14 ​នេះជាបញ្ជីឈ្មោះតាម​ក្រុម​គ្រួសារ​របស់​ពួក​គេ ពី​កុល‌សម្ព័ន្ធ​យូដា មាន​មេ​បញ្ជា‌ការ​កង‌ពល ដូច​ត​ទៅ លោកអាណណា ជាមេបញ្ជាការហើយនៅជាមួយគាត់មានទាហានប្រយុទ្ធ ៣០, ០០០ នាក់។ 15 លោកយ៉ូហាណាន ជាមេបញ្ជាការជាមួយគាត់មានពលទាហាន ២៨០, ០០០ នាក់។ 16 លោកអម៉ាស៊ីយ៉ាជាកូនរបស់លោកស៊ីគ្រីដែលស្ម័គ្រចិត្តចង់បម្រើព្រះអម្ចាស់ ហើយនៅជាមួយគាត់មានទាហានចំនួន ២០០, ០០០ នាក់។ 17 ពីកូនចៅបេនយ៉ាមីនមាន៖ លោកអេលីយ៉ាដា នៅជាមួយគាត់មានឥស្សរជនក្លាហានចំនួន២០០, ០០០នាក់ ប្រដាប់អាវុធមានធ្នូនិងខែល។ 18 បន្ទាប់មក មានលោកយេហូសាបាត ហើយនៅជាមួយគាត់មានទាហានចំនួន១៨០, ០០០ នាក់សុទ្ធតែត្រៀមខ្លួនសម្រាប់ធ្វើសង្គ្រាម។ 19 អ្នក​ទាំង​នេះ​សុទ្ធ​តែ​នៅ​បម្រើ​ស្ដេច រួម​ទាំង​អ្នក​ឯ​ទៀតៗ ដែល​ស្ដេច​ដាក់​ឲ្យ​ប្រចាំ​ការ​នៅ​តាម​ក្រុង ដែល​មាន​កំពែង​រឹង‌មាំ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា។

ជំពូក ១៨

1 ព្រះបាទយ៉ូសាផាតមានទ្រព្យសម្បត្ដិយ៉ាងច្រើន និងកិត្តិយសយ៉ាងខ្លាំង។ ព្រះករុណាបានចងសម្ព័ន្ធភាពជាមួយព្រះបាទអហាប់ ដោយអភិសេកបុត្រាជាមួយបុត្រីព្រះបាទអហាប់។ 2 ប៉ុន្មានឆ្នាំក្រោយមកព្រះករុណាបានយាងទៅសួរសុខទុក្ខព្រះបាទអហាប់នៅក្រុងសាម៉ារី។ ព្រះបាទអហាប់បានសម្លាប់ចៀម និងគោជាច្រើនសម្រាប់ព្រះករុណា ពួកមន្រ្តីដែលមកជាមួយទ្រង់។ ព្រះបាទអហាប់ក៏បញ្ចុះបញ្ចូលឲ្យព្រះបាទយ៉ូសាផាតវាយប្រហាររ៉ាម៉ូតកាឡាតជាមួយទ្រង់ដែរ។ 3 ព្រះបាទអហាប់ជាស្តេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅព្រះបាទយ៉ូសាផាតស្តេចស្រុកយូដាថា៖ «តើព្រះករុណាសព្វព្រះហឫទ័យនឹងទៅច្បាំងជាមួយទូលបង្គំនៅរ៉ាម៉ូតកាឡាតឬទេ?» ព្រះបាទយ៉ូសាផាតឆ្លើយថា៖ «ទូលបង្គំក៏ដូចព្រះករុណាដែរ ហើយប្រជាជនរបស់ទូលបង្គំគឺដូចប្រជាជនរបស់ព្រះករុណាដែរ ទូលបង្គំនឹងទៅច្បាំងជាមួយព្រះករុណា»។ 4 ព្រះបាទយ៉ូសាផាតទូលស្តេចស្រុកអ៊ីស្រាអែលថា៖ «សូមស្វែងរកព្រះបន្ទូលរបស់ព្រះអម្ចាស់ជាមុនសិន»។ 5 ស្តេចស្រុកអ៊ីស្រាអែលប្រមូលពួកព្យាការីដែលមានចំនួនបួនរយនាក់ហើយមានរាជឱង្ការទៅពួកគេថា៖ «តើយើងត្រូវទៅវាយក្រុងរ៉ាម៉ូតនៅស្រុកកាឡាត ឬមិនត្រូវទៅ?»។ ពួកគេឆ្លើយថា៖ «ចូរទៅច្បាំងចុះ ដ្បិត ព្រះជាម្ចាស់នឹងប្រគល់វាទៅក្នុងកណ្តាប់ដៃរបស់ព្រះករុណាហើយ»។ 6 ព្រះបាទយ៉ូសាផាតមានរាជឱង្ការថា៖ «តើនៅទីនេះគ្មានព្យាការីរបស់ព្រះអម្ចាស់ទៀតដែលយើងអាចស្វែងរកយោបល់ទេឬ?»។ 7 ស្តេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «នៅមានបុរសម្នាក់ដែលយើងត្រូវស្វែងរកដំបូន្មានពីព្រះអម្ចាស់ គឺមីកាយ៉ាជាកូនរបស់លោកអ៊ីមឡា ប៉ុន្តែ ទូលបង្គំស្អប់គាត់ព្រោះគាត់មិនដែលថ្លែងសេចក្តីល្អអំពីទូលបង្គំទេ តែងតែអាក្រក់ជានិច្ច»។ ប៉ុន្តែ ព្រះបាទយ៉ូសាផាតមានរាជឱង្ការថា៖ «ព្រះករុណាមិនគួរមានបន្ទូលដូច្នោះទេ»។ 8 ស្តេចស្រុកអ៊ីស្រាអែលហៅនាយទាហានមកហើយមានរាជឱង្ការថា៖ «ចូរនាំមីកាយ៉ាជាកូនរបស់លោកអ៊ីមឡា ឲ្យមកជាប្រញាប់!»។ 9 ព្រះបាទអហាប់ជាស្ដេចនៃស្រុកអ៊ីស្រាអែល និងព្រះបាទយ៉ូសាផាតជាស្ដេចស្រុកយូដា ស្លៀកពាក់រុងរឿងកំពុងគង់លើបល្ល័ង្ក នៅព្រលានត្រង់ខ្លោងទ្វារក្រុងសាម៉ារី ហើយពួកព្យាការីទាំងអស់ក៏ទាយនៅចំពោះស្តេច។ 10 លោកសេដេគា ជាកូនរបស់លោក​ក្នាណាធ្វើស្នែងដែកហើយមានប្រសាសន៍ថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ ដោយស្នែងដែកនេះ អ្នកនឹងរុញច្រានជនជាតិស៊ីរីឲ្យវិនាសសូន្យទៅ។ 11 ពួកព្យាការីទាំងអស់សុទ្ធតែថ្លែងព្រះបន្ទូលដូចតទៅនេះថា៖ «ចូរវាយយកក្រុងរ៉ាម៉ូតនៅស្រុកកាឡាដចុះ ដ្បិត ព្រះអម្ចាស់ប្រគល់ក្រុងនោះទៅក្នុងកណ្តាប់ដៃរបស់ព្រះករុណាហើយ»។ 12 អ្នកនាំសារដែលបានទៅហៅលោកមីកាយ៉ាបាននិយាយទៅគាត់ថា៖ «មើលចុះពាក្យរបស់ពួកព្យាការីប្រកាសសេចក្តីល្អៗដល់ព្រះរាជាដោយសម្លេងតែមួយ ដូច្នេះ សូមឲ្យលោកជាម្នាក់នៅក្នុងចំណោមពួកគេដោយប្រកាសពីសេចក្តីល្អដល់ស្តេចចុះ»។ 13 លោកមីកាយ៉ាឆ្លើយថា៖ «ព្រះអម្ចាស់មានព្រះជន្មគង់នៅដូចព្រះជាម្ចាស់មានព្រះបន្ទូលមកខ្ញុំ»។ 14 ពេលគាត់ចូលគាល់ស្តេច នោះស្តេចមានរាជឱង្ការថា៖ «លោកមីកាយ៉ា តើយើងត្រូវទៅរ៉ាម៉ូតនៅស្រុកកាឡាតឬ?»។ លោកមីកាយ៉ាឆ្លើយថា៖ «ចូរវាយយកជ័យជម្នះចុះ ដ្បិត នឹងមានជ័យជម្នះធំណាស់!»។ 15 ព្រះរាជាមានរាជឱង្ការថា៖ «តើត្រូវឲ្យយើងប្រាប់អ្នកឲ្យស្បថប៉ុន្មានដង ដើម្បីកុំនិយាយអ្វីក្រៅពីសេចក្តីពិតក្នុងនាមព្រះអម្ចាស់?»។ 16 លោកមីកាយ៉ាមានប្រសាសន៍ថា៖ «ទូលបង្គំបានឃើញកងទ័ពអ៊ីស្រាអែលទាំងមូលខ្ចាត់ខ្ចាយនៅលើភ្នំដូចជាចៀមដែលគ្មានគង្វាលហើយព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អ្នកទាំងនេះគ្មានអ្នកគង្វាលទេ ចូរឲ្យម្នាក់ៗវិលត្រឡប់ទៅផ្ទះដោយសុខសាន្តចុះ»។ 17 ស្តេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាត​ថា​៖ «តើទូលបង្គំមិនបានប្រាប់ព្រះករុណាទេឬអីថា គាត់នឹងមិនថ្លែងព្រះ​បន្ទូល​ល្អអំពីទូលបង្គំទេ ប៉ុន្តែ មានតែការអាក្រក់ប៉ុណ្ណោះ?» 18 លោកមីកាយ៉ាមានប្រសាសន៍ថា៖ «ដូច្នេះ អ្នករាល់គ្នាត្រូវស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។ ខ្ញុំបានឃើញព្រះអម្ចាស់គង់លើបល្ល័ង្ករបស់ព្រះអង្គហើយកងទ័ពនៃស្ថានបរមសុខទាំងប៉ុន្មានឈរនៅខាងស្ដាំ និងខាងឆ្វេង។ 19 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «តើនរណានឹងល្បួងព្រះបាទអហាប់ជាស្តេចស្រុកអ៊ីស្រាអែល ដើម្បីឲ្យស្តេចឡើងទៅវាយ ហើយដួលស្លាប់នៅរ៉ាម៉ូតកាឡាត? ម្នាក់ទូលបែបនេះ ហើយម្នាក់ទូលនោះ។ 20 ពេលនោះមានវិញ្ញាណមួយចេញមកឈរនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ហើយទូលថា៖ «ខ្ញុំនឹងល្បួងព្រះអង្គ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «តើធ្វើដូចម្តេច?» 21 វិញ្ញាណនោះទូលព្រះអង្គថា៖ «ទូលបង្គំនឹងចាកចេញទៅហើយទូលបង្គំនឹងក្លាយទៅជាពាក្យកុហកនៅក្នុងមាត់ព្យាការីទាំងអស់»។ ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖ «អ្នកនឹងល្បួងវាហើយអ្នកក៏នឹងទទួលជោគជ័យដែរ។ ឥឡូវ ចូរទៅធ្វើអ៊ីចឹងចុះ»។ 22 ឥឡូវនេះ ព្រះអម្ចាស់បានដាក់វិញ្ញាណភូតកុហកនៅក្នុងមាត់ព្យាការីទាំងអស់របស់ព្រះករុណា ហើយព្រះអម្ចាស់បានដាក់ទោសមហន្តរាយដល់ព្រះករុណា។ 23 ពេលនោះសេដេគាជាកូនរបស់លោកកាណាណាបានឡើងមកទះកំផ្លៀងលោកមីកាយ៉ាទាំងពោលថា៖ «តើព្រះវិញ្ញាណរបស់ព្រះអម្ចាស់ចេញពីខ្ញុំទៅនិយាយនឹងអ្នកបែបណា?»។ 24 លោកមីកាយ៉ាមានប្រសាសន៍ថា៖ «មើល! អ្នកនឹងដឹងនៅថ្ងៃនោះ គឺពេលអ្នករត់ចូលបន្ទប់ខាងក្នុងដើម្បីលាក់ខ្លួន»។ 25 ស្តេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់អ្នកបម្រើខ្លះថា៖ «ចូរអ្នករាល់គ្នាចាប់លោកមីកាយ៉ា ហើយនាំវាទៅជួបលោកអាំម៉ូនជាចៅហ្វាយក្រុង និងសម្ដេច​យ៉ូអាសជាបុត្រារបស់យើង។ 26 ហើយត្រូវជម្រាប់សម្តេចថា៖ «ស្តេចមានរាជឱង្ការថា៖ «ចូរចាប់បុរសនេះយកទៅដាក់ក្នុងគុក ហើយចិញ្ចឹមគាត់ដោយនំបុ័ង និងទឹកបន្តិចបន្តួចប៉ុណ្ណោះរហូតដល់យើងត្រឡប់មកវិញដោយសុវត្ថិភាព»។ 27 លោកមីកាយ៉ាតបថា៖ «ប្រសិនបើ អ្នកវិលត្រឡប់មកវិញដោយសុវត្ថិភាព នោះព្រះអម្ចាស់មិនបានមានព្រះបន្ទូលមកខ្ញុំទេ»។ បន្ទាប់មក គាត់បន្ថែមទៀតថា៖ «ប្រជាជនទាំងអស់គ្នា ចូរស្តាប់សេចក្តីទាំងនេះចុះ»។ 28 ដូច្នេះ ព្រះបាទអហាប់ ស្តេចស្រុកអ៊ីស្រាអែល និងព្រះបាទយ៉ូសាផាត ជាស្តេចស្រុកយូដាបានឡើងទៅវាយយកក្រុងរ៉ាម៉ូត កាឡាត។ 29 ស្តេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅព្រះបាទយ៉ូសាផាតថា៖ «ទូលបង្គំនឹងបន្លំខ្លួន ហើយឡើងទៅច្បាំងតែព្រះករុណាត្រូវគ្រងព្រះពស្តទ្រង់ចុះ»។ ស្ដេចស្រុកអ៊ីស្រាអែលក្លែងខ្លួនធ្វើជាកងទ័ព ចូលទៅក្នុសមរភូមិ។ 30 ស្តេចស្រុកស៊ីរីបានបញ្ជាទៅមេបញ្ជាការរទេះចម្បាំងទាំងអស់ដោយមានរាជឱង្ការថា៖ «កុំវាយប្រហារពលទាហានធម្មតា ឬពលទាហានសំខាន់ឡើយ ផ្ទុយទៅវិញ ត្រូវវាយប្រហារតែស្តេចអ៊ីស្រាអែលប៉ុណ្ណោះ»។ 31 ពេលមេបញ្ជាការរទេះចម្បាំងបានឃើញព្រះបាទយ៉ូសាផាត ពួកគេក៏ពោលថា៖ «នុះ ជាស្តេចស្រុកអ៊ីស្រាអែល»។ ពួកគេក៏វិលមកវាយប្រហារព្រះករុណា តែព្រះបាទយ៉ូសាផាតស្រែកអង្វរព្រះអម្ចាស់ នោះព្រះអម្ចាស់ក៏ជួយទ្រង់។ ព្រះអម្ចាស់បានបង្វែរពួកគេចេញពីព្រះករុណា។ 32 កាលមេបញ្ជាការរទេះចម្បាំងទាំងនោះដឹងថាទ្រង់មិនមែនជាស្តេចអ៊ីស្រាអែលទេ នោះពួកគេក៏ឈប់ដេញតាម។ 33 ប៉ុន្តែ មានទាហានម្នាក់បានយឺតធ្នូរបស់ខ្លួនដោយចៃដន្យហើយបានបាញ់ត្រូវស្តេចអ៊ីស្រាអែលនៅចន្លោះនៃគ្រឿងសឹករបស់គាត់។ ព្រះបាទអហាប់ក៏មានរាជឱង្ការទៅអ្នកបើករទេះរបស់ព្រះអង្គថា៖ «ចូរនាំយើងចេញទៅ ដ្បិត យើងត្រូវរងរបួសធ្ងន់ណាស់! ។ 34 នៅថ្ងៃនោះចម្បាំងកាន់តែខ្លាំងឡើងៗ ហើយស្តេចស្រុកអ៊ីស្រាអែលនៅលើរទេះសេះឆ្ពោះទៅទល់នឹងកងទ័ពស៊ីរីរហូតដល់ល្ងាច។ ប្រហែលពេលដែលព្រះអាទិត្យលិច នោះស្តេចក៏សុគតទៅ។

ជំពូក ១៩

1 ព្រះបាទយ៉ូសាផាតជាស្តេចស្រុកយូដាបានវិលត្រឡប់ទៅព្រះដំណាក់ទ្រង់នៅក្រុងយេរូសាឡិមវិញដោយសុវត្ថិភាព។ 2 ពេលនោះលោកយេហ៊ូ ជាកូនរបស់ហាណានី ជាអ្នកមើលឆុតបានចេញទៅជួបស្តេចយ៉ូសាផាតទូលថា៖ «តើអ្នកគួរជួយមនុស្សអាក្រក់ឬ? តើអ្នកគួរស្រឡាញ់អ្នកដែលស្អប់ព្រះអម្ចាស់ឬ? ដោយព្រោះ ព្រះករុណាប្រព្រឹត្តការនេះនោះសេចក្តីក្រោធរបស់ព្រះបានទាស់នឹងព្រះករុណាហើយ 3 ទោះយ៉ាងណាក៏ដោយមានសេចក្តីល្អនៅក្នុងព្រះករុណាខ្លះដែរ គឺព្រះករុណាបានបំផ្លាញបង្គោលព្រះអាសេរ៉ាចេញពីទឹកដីហើយបានតាំងចិត្តដើម្បីស្វែងរកព្រះអម្ចាស់»។ 4 ព្រះបាទយ៉ូសាផាតគង់នៅក្រុងយេរូសាឡិម។ បន្ទាប់មក ស្តេចយាងចេញពីទៅសួរសុខទុក្ខប្រជាជន ចាប់ពីបៀរសេបារហូតដល់ភ្នំអេប្រាអ៊ីមហើយនាំពួកគេឲ្យវិលត្រឡប់មករកព្រះអម្ចាស់ជាព្រះនៃដូនតារបស់គេវិញ។ 5 ស្តេចបានតែងតាំងចៅក្រមនៅក្នុងស្រុកពាសពេញក្រុងទាំងប៉ុន្មានដែលមានកំពែងរឹងមាំក្នុងស្រុកយូដា។ 6 ព្រះករុណាមានរាជឱង្ការទៅពួកចៅក្រមថា៖ «ចូរពិចារណានូវអ្វីដែលអស់លោកគួរធ្វើ ព្រោះអស់លោកមិនវិនិច្ឆ័យមនុស្សទេ តែសម្រាប់ព្រះអម្ចាស់ ព្រះអម្ចាស់នឹងនៅជាមួយអ្នកក្នុងការវិនិច្ឆ័យ។ 7 ឥឡូវនេះសូមឲ្យការកោតខ្លាចព្រះអម្ចាស់មកលើអស់លោក សូមប្រយ័ត្នពេលណា អស់លោកវិនិច្ឆ័យទោសព្រោះព្រះអម្ចាស់ជាព្រះរបស់យើងគ្មានអំពើទុច្ចរិតណាមួយឡើយហើយក៏គ្មានការអនុគ្រោះ ឬទទួលសំណូកឡើយ»។ 8 លើសពីនោះ នៅក្រុងយេរូសាឡិម ព្រះបាទយេហូសាផាត បានតែងតាំងពួកលេវី និងពួកបូជាចារ្យ ព្រមទាំងមេដឹកនាំខ្លះៗនៃវង្សត្រកូលអ៊ីស្រាអែល ដើម្បីវិនិច្ឆ័យទោសចំពោះព្រះអម្ចាស់ និងដើម្បីដោះស្រាយជម្លោះ។ ពួកអ្នកទាំងនោះគេរស់នៅក្នុងក្រុងយេរូសាឡិម។ 9 ព្រះករុណាមានរាជឱង្ការទៅពួកគេថា៖ «អ្នករាល់គ្នាត្រូវគោរពកោតខ្លាចព្រះអម្ចាស់យ៉ាងស្មោះអស់ពីចិត្ត។ 10 ពេលណាមានវិវាទណាមួយពីបងប្អូនរបស់អស់លោកដែលរស់នៅទីក្រុងរបស់គេទោះបីទាក់ទងនឹងរឿងឃាតកម្មទោះបីទាក់ទងនឹងច្បាប់បទបញ្ជា ឬក្រឹត្យវិន័យក៏ដោយ​ អស់លោកត្រូវក្រើនរំឭកពួកគេ ដើម្បីកុំឲ្យពួកគេត្រូវមានទោសចំពោះព្រះអម្ចាស់ ឬសេចក្តីក្រោធរបស់ព្រះអម្ចាស់និងមកទាស់នឹងអស់លោក ហើយនឹងបងប្អូនរបស់អស់លោក។ ដូច្នេះ អស់លោកត្រូវធ្វើបែបនេះ នោះអស់លោកនឹងមិនមានកំហុសទេ។ 11 មើល! លោកអម៉ារីយ៉ា ជាមហាបូជាចារ្យដឹកនាំលើអ្នករាល់គ្នាក្នុងកិច្ចការទាំងអស់របស់ព្រះអម្ចាស់។ លោកសេបាឌាជាកូនរបស់លោកអ៊ីស្មាអែលជាមេដឹកនាំរបស់កុលសម្ព័ន្ធយូដា ជាអ្នកទទួលខុសត្រូវលើកិច្ចការទាំងអស់របស់ព្រះរាជា។ ពួកលេវីនឹងធ្វើជាអាជ្ញាធរសម្រាប់ជួយបម្រើការងាររបស់អ្នក។ ចូរតាំងចិត្តក្លាហាន និងគោរពតាមការណែនាំចុះ ហើយសូមឲ្យព្រះអម្ចាស់គង់ជាមួយមនុស្សល្អ»។

ជំពូក ២០

1 ក្រោយមកទៀត ប្រជាជនម៉ូអាប់ និងអាំម៉ូន ព្រមទាំងជនជាតិម៉ាអូន ខ្លះបានលើកទ័ពមកច្បាំងនឹងព្រះបាទយ៉ូសាផាត។ 2 មានអ្នកខ្លះមកទូលព្រះបាទយ៉ូសាផាតថា៖ «មានកងទ័ពយ៉ាងច្រើនកំពុងវាយលុកលើព្រះករុណាពីខាងនាយសមុទ្រស្លាប់គឺពីស្រុកអេដុម។ ពួក​គេ​មក​ដល់​ហាសា‌សូនតាម៉ារ គឺ​នៅ​អេន‌គេឌី»។ 3 ព្រះបាទយ៉ូសាផាតមានការភ័យខ្លាចហើយតាំងខ្លួនស្វែងរកព្រះអម្ចាស់។ ព្រះករុណាប្រកាសឲ្យតមអាហារនៅពាសពេញស្រុកយូដា។ 4 ប្រជាជនយូដាបានជួបជុំគ្នា ដើម្បីស្វែងរកព្រះអម្ចាស់។ ពួកគេមកពីគ្រប់ក្រុងទាំងអស់ក្នុងស្រុកយូដា ដើម្បីស្វែងរកព្រះអម្ចាស់។ 5 ព្រះបាទយ៉ូសាផាតឈរក្នុងអង្គប្រជុំនៃប្រជាជនយូដា និងប្រជាជនក្រុងយេរូសាឡិមនៅត្រង់ព្រះដំណាក់របស់ព្រះអម្ចាស់ទល់មុខទីធ្លាថ្មី។ 6 ស្តេចមានរាជឱង្ការថា៖ «បពិត្រព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំ តើព្រះអង្គមិនមែនជាព្រះដែលគង់នៅស្ថានបរមសុខឬអី? តើព្រះអង្គមិនមែនជាអ្នកគ្រប់គ្រងលើនគរទាំងប៉ុន្មាននៃប្រជាជាតិនានាទេឬ? ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ចេស្ដា និង​ឫទ្ធា‌នុភាព គ្មាន​នរណា​អាច​តទល់​នឹង​ព្រះអង្គ​បាន​ឡើយ!។ 7 ព្រះជាម្ចាស់អើយ តើព្រះអង្គមិនបានបណ្តេញប្រជាជនទាំងប៉ុន្មានចេញពីស្រុកនេះនៅចំពោះមុខអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គបានប្រទានទឹកដីនេះឲ្យកូនចៅលោកអប្រាហាំរហូតតទៅឬអី?។ 8 ពួក​គេ​បានរស់នៅក្នុងស្រុក ហើយបាន​សង់​ទីសក្ការៈ​មួយ​ថ្វាយ​ព្រះ‌នាម​របស់​ព្រះអង្គ ដោយ​ពោល​ថា៖ 9 «ប្រសិនបើ គ្រោះមហន្តរាយកើតមានមកលើយើងខ្ញុំ ដូចជាដាវ ការកាត់ទោស ជំងឺ ឬទុរ្ភិក្ស យើងនឹងឈរនៅមុខព្រះដំណាក់នេះ និងនៅចំពោះព្រះភក្រ្តព្រះអង្គ (ព្រោះព្រះនាមព្រះអង្គនៅក្នុងដំណាក់នេះ) ហើយយើងខ្ញុំនឹងស្រែកអង្វរព្រះអង្គដោយទុក្ខវេទនារបស់យើងខ្ញុំ នោះព្រះអង្គនឹងស្តាប់យើងខ្ញុំហើយជួយសង្គ្រោះយើងខ្ញុំ»។ 10 មើល! ឥឡូវនេះ ប្រជាជននៅស្រុកអាំម៉ូន ស្រុកម៉ូអាប់ និងភ្នំសៀរដែលព្រះអង្គមិនអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលវាយលុកបំផ្លាញនៅពេលដែលពួកគេចាកចេញពីស្រុកអេស៊ីបមក ផ្ទុយទៅវិញ ជនជាតិអ៊ីស្រាអែលបានងាកចេញពីពួកគេ ហើយមិនបានបំផ្លាញពួកគេឡើយ។ 11 សូមទតមើលពីរបៀបដែលពួកគេសងដល់យើងខ្ញុំ គឺពួកគេលើកគ្នាមកដើម្បីនឹងដេញពួកយើងខ្ញុំចេញពីទឹកដីដែលព្រះអង្គបានប្រគល់ឲ្យយើងខ្ញុំទុកជាមរតក។ 12 ឱព្រះនៃយើងខ្ញុំអើយ! តើព្រះអង្គមិនវិនិច្ឆ័យទោសពួកគេទេឬ? ដ្បិត យើងខ្ញុំគ្មានកម្លាំងនឹងតតាំងជាមួយកងទ័ពដ៏ធំដែលកំពុងលើកទ័ពមកច្បាំងនឹងយើងទេ។ យើងមិនដឹងថាត្រូវធ្វើយ៉ាងណាទេ ប៉ុន្តែយើងកំពុងសម្លឹងមើលទៅកាន់ព្រះអង្គ»។ 13 ប្រជាជនយូដាទាំងអស់បានឈរនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ជាមួយប្រពន្ធ និងកូនៗ របស់ពួកគេ។ 14 នៅពាក់កណ្តាលអង្គប្រជុំនោះព្រះវិញ្ញាណរបស់ព្រះអម្ចាស់មកសណ្ឋិតលើលោកយ៉ាហាសៀលជាកូនរបស់លោកសាការីត្រូវជាកូនរបស់លោកបេណាយ៉ាដែលជាកូនរបស់លោកយេអែលត្រូវជាកូនរបស់លោកម៉ាថានីយ៉ាជាពួកលេវីដែលជាកូនរបស់លោកអេសាភ។ 15 លោកយ៉ាហាសៀលមានប្រសាសន៍ថា៖ «អ្នកស្រុកយូដា​ទាំង​មូល និង​អ្នក​ក្រុង​យេរូ‌សាឡិម ព្រមទាំងព្រះករុណាយ៉ូសាផាតអើយ! សូមស្តាប់ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «កុំខ្លាចអ្វីឡើយ! កុំធ្លាក់ទឹកចិត្តដោយសារកងទ័ពដ៏ធំនេះ ដ្បិត ការប្រយុទ្ធមិនមែនស្រេចលើអ្នករាល់គ្នាទេ តែជារបស់ព្រះជាម្ចាស់វិញ។ 16 អ្នករាល់ត្រូវចុះទៅច្បាំងនឹងពួកគេនៅថ្ងៃស្អែក។ មើល! ពួកគេកំពុងឡើងមកតាមផ្លូវស៊ីស។ អ្នករាល់គ្នានឹងឃើញពួកគេនៅចុងជ្រលងជ្រោះនៅទល់មុខនឹងទីរហោស្ថានយេរួល។ 17 អ្នករាល់គ្នានឹងមិនចាំបាច់តយុទ្ធនៅក្នុងសង្រ្គាមនេះទេ។ ចូរឈរនៅជំហររបស់អ្នកហើយឃើញការសង្គ្រោះរបស់ព្រះអម្ចាស់នៅជាមួយអ្នក ស្រុកយូដា និងក្រុងយេរូសាឡិម។ កុំឲ្យខ្លាចកុំឲ្យធ្លាក់ទឹកចិត្ត។ ចូរចេញទៅច្បាំងនឹងពួកគេនៅថ្ងៃស្អែកទៅ ដ្បិត ព្រះអម្ចាស់គង់នៅជាមួយអ្នក»។ 18 ព្រះបាទយ៉ូសាផាតបានក្រាបចុះឱនមុខដល់ដី។ ប្រជាជនយូដា និងអ្នកក្រុងយេរូសាឡិមទាំងអស់នាំគ្នាក្រាបចុះថ្វាយបង្គំព្រះអម្ចាស់។ 19 ក្រុមលេវីដែលជាកូនចៅរបស់កេហាត់ និងលោកកូរ៉ានាំគ្នាក្រោកឈរឡើងសរសើរតម្កើងព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលដោយបន្លឺសម្លេងខ្លាំងៗ ។ 20 ព្រលឹមឡើង ពួកគេក្រោកឡើងចេញទៅទីរហោស្ថានត្កូអា។ ពេលពួកគេចេញទៅនោះ ព្រះបាទយ៉ូសាផាតក្រោកឈរឡើងហើយមានរាជឱង្ការថា៖ «ប្រជាជនយូដា និងប្រជាជនក្រុងយេរូសាឡិមអើយ! ចូរស្តាប់ខ្ញុំ! ចូរទុកចិត្តលើព្រះអម្ចាស់ជាព្រះរបស់អ្នកចុះ នោះ ព្រះអម្ចាស់ និងជួយអ្នករាល់គ្នា។ ចូរអ្នករាល់គ្នាទុកចិត្តលើព្យាការីរបស់ព្រះអង្គ ហើយអ្នករាល់គ្នានឹងទទួលជ័យជម្នះ»។ 21 នៅពេលដែលព្រះករុណាបានពិគ្រោះជាមួយប្រជាជនរួចហើយ ព្រះអង្គបានតែងតាំងអស់អ្នកដែលត្រូវច្រៀងថ្វាយព្រះអម្ចាស់ និងសរសើរតម្កើងសិរីរុងរឿងរបស់ព្រះអង្គនៅពេលដែលពួកកងទ័ពចេញទៅដោយពោលថា៖ «អរព្រះគុណព្រះអម្ចាស់ព្រោះភាពស្មោះត្រង់នៃសម្ពន្ធមេត្រីរបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ»។ 22 នៅពេលដែលពួកគេបន្លឺសម្លេងច្រៀងសសើរតម្កើង ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យមានអ្នកលបវាយប្រហារបង្កឲ្យ​កើត​វឹក‌វរ​នៅ​ក្នុង​ជួរ​ទ័ព​របស់​ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ម៉ូអាប់ និង​អ្នក​ស្រុក​ភ្នំ​សៀរ ជាអ្នកដែលឡើងមកច្បាំងនឹងជនជាតិយូដា​។​ ពួក​គេត្រូវបរាជ័យ​។ 23 ជនជាតិអាំម៉ូន និងម៉ូអាប់ក្រោកឡើងព្រួតគ្នាច្បាំងនឹងប្រជាជននៅភ្នំសៀរ ដើម្បីសម្លាប់ ហើយបំផ្លាញពួកគេ។ នៅពេលដែលពួកគេបានសម្លាប់ប្រជាជននៅភ្នំសៀររួចហើយពួកគេទាំងអស់គ្នាចាប់តាំងសម្លាប់គ្នាទៅវិញទៅមក។ 24 នៅពេលដែលកងទ័ពយូដាបានមកដល់កន្លែងពិនិត្យមើលទីរហោស្ថានពួកគេបានក្រឡេកមើលកងទ័ព។ មើលចុះ ពួកគេបានស្លាប់ហើយដួលទៅនឹងដី។ គ្មាននរណាម្នាក់បានរួចខ្លួនឡើយ។ 25 នៅពេលព្រះ‌បាទ​យ៉ូសា‌ផាត និង​ប្រជា‌ជន​របស់​ព្រះករុណា នាំ​គ្នា​រឹប​អូស​យក​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ទី​នោះ។ គេ​ឃើញ​មាន​របស់របរ សម្លៀក‌បំពាក់ ព្រម​ទាំង​វត្ថុ​ដ៏​មាន​តម្លៃ​ជា​ច្រើនដែលលើសពីអ្វីដែលពួកគេអាចយករួចសម្រាប់ខ្លួនឯង​។ ដោយ​ជយ‌ភណ្ឌ​ទាំង​នោះ​មាន​ច្រើន​ពេក ពួក​គេ​ត្រូវចំណាយ​ពេល​អស់​បី​ថ្ងៃ ដើម្បីប្រមូលជយភណ្ឌទាំងនោះ។ 26 នៅថ្ងៃទីបួនពួកគេបានជួបជុំគ្នានៅជ្រលងភ្នំបេរ៉ាកា។ នៅទីនោះគេសរសើរតម្កើងព្រះអម្ចាស់ ហេតុនេះហើយ បានជាគេហៅកន្លែងនោះថាជ្រលងភ្នំបេរ៉ាកា រហូតដល់សព្វថ្ងៃ។ 27 បន្ទាប់មក ប្រជាជនយូដា និងអ្នកក្រុងយេរូសាឡិមទាំងអស់ ដោយមានព្រះបាទយ៉ូសាផាតជាអ្នកយាងនាំមុខគេ វិលត្រឡប់ទៅក្រុងយេរូសាឡិមវិញដោយអំណរ ព្រោះព្រះអម្ចាស់បានធ្វើឲ្យគេមានជ័យជម្នះលើខ្មាំងសត្រូវ។ 28 ជនជាតិអ៊ីស្រាអែលនាំគ្នាមកក្រុងយេរូសាឡិម និងក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ដោយកាន់ស៊ុង ពិណនិងត្រែ។ 29 ព្រះអម្ចាស់បានធ្វើឲ្យនគរនៃប្រជាជាតិផ្សេងៗមានការភ័យខ្លាំងជាខ្លាំង ពេលគេឮនិយាយថា ព្រះអម្ចាស់បានច្បាំងនឹងខ្មាំងសត្រូវរបស់ជនជាតិអ៊ីស្រាអែល។ 30 ដូច្នេះហើយ បានជារាជ្យរបស់ព្រះបាទយ៉ូសាផាតមានសន្តិភាព ពីព្រោះព្រះជាម្ចាស់ជាព្រះរបស់ព្រះករុណាបានប្រទានសេចក្តីសុខសាន្តដល់ព្រះករុណាគ្រប់ទិសទី។ 31 ព្រះបាទយ៉ូសាផាតឡើងសោយរាជ្យលើស្រុកយូដា៖ ស្តេចឡើងគ្រងរាជ្យក្នុងព្រះជន្មាយុសាមសិបប្រាំព្រះវស្សា ហើយសោយរាជ្យនៅក្រុងយេរូសាឡិមអស់រយៈពេលម្ភៃប្រាំឆ្នាំ។ ព្រះមាតារបស់ ព្រះករុណាមានព្រះនាមថាអាស៊ូបា ជាកូនស្រីរបស់លោកស៊ីលហ៊ី។ 32 ស្តេចបានដើរតាមមាគ៌ារបស់ព្រះបាទអេសាជាបិតា ដោយឥតងាករេចេញឡើយ ស្តេចបានធ្វើអ្វីដែលគាប់ព្រះហប្ញទ័យព្រះអម្ចាស់។ 33 ទោះយ៉ាងណាកន្លែងខ្ពស់ៗ នៅតែមានដោយមិនត្រូវបានគេបំផ្លាញចេញឡើយ។ ប្រជាជនមិនបានតម្រង់ដួងចិត្តរបស់ពួកគេចំពោះព្រះនៃដូនតារបស់ពួកគេឡើយ។ 34 រាជកិច្ចផ្សេងៗរបស់ព្រះបាទយ៉ូសាផាតតាំងពីដើមដល់ចាប់ សុទ្ធតែមានកត់ទុកក្នុងសៀវភៅរបស់លោកយេហ៊ូ ជាកូនរបស់លោកហាណានីដែលបានកត់ទុកក្នុងសៀវភៅរបស់ស្ដេចស្រុកអ៊ីស្រាអែល។ 35 បន្ទាប់មក ព្រះបាទយ៉ូសាផាតជាស្តេចស្រុកយូដាបានចងសម្ព័ន្ធភាពជាមួយព្រះបាទអហាស៊ីយ៉ាជាស្តេចស្រុកអ៊ីស្រាអែលដែលប្រព្រឹត្តអំពើអាក្រក់ជាច្រើន។ 36 ស្តេចបានចងសម្ពន្ធមិត្ត ដើម្បីសង់ទូកទៅក្រុងតើស៊ីស។ ពួកគេបានសាងសង់ទូកនៅឯអេសូនគេបើរ។ 37 ពេលនោះលោកអេលាស៊ើរជាកូនរបស់លោកឌូដាវ៉ាហូ មកពីក្រុងម៉ារេសាបានទាយទាស់នឹងព្រះបាទយ៉ូសាផាត។ លោកមានប្រសាសន៍ថា៖ «ដោយព្រះករុណាបានចងសម្ព័ន្ធភាពជាមួយព្រះបាទអហាស៊ីយ៉ាព្រះអម្ចាស់បានបំផ្លាញគម្រោងការរបស់ព្រះករុណាហើយ»។ កប៉ាល់ទាំងនោះត្រូវបានខូចខាត ដូច្នេះ ពួកគេមិនអាចបើកបរទៅបានទេ។

ជំពូក ២១

1 ព្រះបាទយ៉ូសាផាតបានផ្ទំលក់ជាមួយបុព្វបុរសរបស់ស្តេចហើយគេបញ្ចុះសពស្តេចនៅក្រុងព្រះបាទដាវីឌ ព្រះបាទយ៉ូរ៉ាមជាបុត្របានឡើងស្នងរាជ្យ។ 2 ព្រះបាទយ៉ូរ៉ាមមានព្រះអនុជ ដែលត្រូវជាបុត្រព្រះបាទយ៉ូសាផាត គឺអសារា យេហ៊ីអែល សាការី អ័សារា មីកែល និងសេផាធា។ អ្នកទាំងនេះសុទ្ធតែជាបុត្រារបស់ព្រះបាទយ៉ូសាផាតស្តេចស្រុកអ៊ីស្រាអែល។ 3 ព្រះបិតារបស់ពួកគេបានប្រគល់មាសប្រាក់ និងរបស់មានតម្លៃជាច្រើនដល់ពួកគេហើយថែមទាំងក្រុងដែលមានកំពែងរឹងមាំនៅស្រុកយូដាទៀតផង។ ប៉ុន្តែ រាជបល្ល័ង្កបានប្រគល់ទៅព្រះបាទយ៉ូរ៉ាម ព្រោះព្រះករុណាជាបុត្រច្បង។ 4 កាលព្រះបាទយ៉ូរ៉ាមឡើងស្នងរាជ្យជំនួសបិតា ហើយពង្រឹងអំណាចជាស្តេចបានហើយ នោះស្តេចបានសម្លាប់ព្រះអនុជទាំងអស់ដោយមុខដាវនិងមេដឹកនាំអ៊ីស្រាអែលជាច្រើនរូបទៀត។ 5 ព្រះបាទយ៉ូរ៉ាមមានព្រះជន្មសាមសិបពីរឆ្នាំពេលឡើងសោយរាជ្យ ហើយសោយរាជ្យបានប្រាំបីឆ្នាំនៅក្រុងយេរូសាឡិម។ 6 ស្តេចបានដើរតាមមាគ៌ារបស់ស្តេចស្រុកអ៊ីស្រាអែលដូចជាស្តេចអហាប់ដែរ ព្រោះព្រះករុណាបានរៀបភិសេកជាមួយបុត្រីរបស់ព្រះបាទអហាប់ ហើយប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់។ 7 ទោះបីយ៉ាងណាក៏ដោយក៏ព្រះអម្ចាស់មិនសព្វព្រះហឫទ័យបំផ្លាញដំណាក់របស់ព្រះបាទដាវីឌដែរ ព្រោះតែសម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយព្រះបាទដាវីឌ។ ព្រះអម្ចាស់បានសន្យាថា ទ្រង់នឹងផ្តល់ជីវិតដល់ព្រះបាទដាវីឌ និងពូជពង្សទ្រង់ជានិច្ច។ 8 ក្នុងរាជ្ជកាលព្រះបាទយ៉ូរ៉ាម ពួកអេដុមបានបះបោរពីការគ្រប់គ្រងរបស់ជនជាតិយូដា ហើយពួកគេបានតែងតាំងស្តេចមួយអង្គឲ្យគ្រងរាជ្យលើគេ។ 9 ព្រះបាទយ៉ូរ៉ាមឆ្លងទន្លេជាមួយមេទ័ព និងរទេះចម្បាំងទាំងអស់។ នៅពេលយប់ទ្រង់តើនឡើងប្រយុទ្ធនឹងជនជាតិអេដុមដែលឡោមព័ទ្ធទ្រង់ និងមេបញ្ជាការកងរទេះចម្បាំងរបស់ព្រះករុណា។ 10 ដូច្នេះ ជនជាតិអេដុមបានបះបោរចេញពីការគ្រប់គ្រងរបស់យូដាចាប់តាំងពីពេលនោះមកទល់សព្វថ្ងៃ។ ក្រុងលីបណាក៏បានបះបោរប្រឆាំងនឹងអំណាចរបស់ស្តេចដែរ ព្រោះព្រះបាទយ៉ូរ៉ាមបានបោះបង់ចោលព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ខ្លួន។ 11 លើសពីនេះទៅទៀតព្រះបាទយ៉ូរ៉ាមក៏បានសង់កន្លែងខ្ពស់ៗនៅលើភ្នំនៃស្រុកយូដាដែរ ស្ដេចបានធ្វើឲ្យអ្នកក្រុងយេរូសាឡិមរស់នៅដូចស្ត្រីពេស្យា ហើយនាំពួកគេឲ្យបែរចេញពីព្រះជាម្ចាស់។ 12 សំបុត្ររបស់ព្យាការីអេលីយ៉ាបានមកដល់ព្រះបាទយ៉ូរ៉ាមទូលថា៖ «នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះរបស់ព្រះបាទដាវីឌ ជាបុព្វបុរសរបស់ព្រះករុណា ដ្បិត ព្រះករុណាមិនបានដើរតាមមាគ៌ារបស់ព្រះបាទយ៉ូសាផាត ជាបិតារបស់ព្រះករុណា ហើយក៏មិនដើរតាមមាគ៌ារបស់ព្រះបាទអេសាស្តេចស្រុកយូដាដែរ» 13 ប៉ុន្តែ បានដើរតាមផ្លូវស្តេចស្រុកអ៊ីស្រាអែលបានធ្វើឲ្យប្រជាជនយូដា និងអ្នកក្រុងយេរូសាឡិមធ្វើអំពើពេស្យាចារដូចព្រះបាទអហាប់ដែរ ហើយបានសម្លាប់បងប្អូនរបស់អ្នកនៅក្នុងគ្រួសារឪពុករបស់អ្នកដោយមុខដាវគឺជាអ្នកដែលពូកែជាងខ្លួន 14 មើល! ព្រះអម្ចាស់នឹងធ្វើឲ្យប្រជាជនរបស់អ្នកកូនប្រពន្ធ និងអ្នករាល់គ្នាមានជំងឺអាសន្នរោគយ៉ាងច្រើន។ 15 អ្នកនឹងមានជំងឺជាច្រើនដោយរោគាក្នុងពោះវៀនអ្នករហូតដល់ពោះវៀនធ្លាក់ចេញដោយសារជំងឺនេះពីមួយថ្ងៃទៅមួយថ្ងៃ។ 16 ព្រះអម្ចាស់បានទាស់នឹងព្រះបាទយ៉ូរ៉ាមដោយបានធ្វើឲ្យប្រជារាស្ត្ររបស់ស្តេចភីលីស្ទីន និងជនជាតិអារ៉ាប់ដែលនៅក្បែរ ជនជាតិអេត្យូពី។ 17 ពួកគេវាយលុកស្រុកយូដា ហើយឈ្លានស្រុកយូដាព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិទាំងអស់ដែលមាននៅក្នុងដំណាក់ស្តេច។ ពួកគេក៏បាននាំកូនប្រុសៗ និងមហេសីរបស់ស្តេចទៅជាមួយដែរ។ គ្មានកូនប្រុសណាម្នាក់ត្រូវបានទុកឲ្យនៅឡើយលើកលែងតែសម្តេច​សម្ដេច​អហា‌ស៊ីយ៉ា​ ជាបុត្រាពៅរបស់ព្រះករុណាប៉ុណ្ណោះ។ 18 បន្ទាប់មក ព្រះជាម្ចាស់បានវាយប្រហារស្តេច ដោយសារជំងឺពោះវៀន ដែលពុំអាចមើលជានោះ 19 លុះដល់ពេលកំណត់ ពីរឆ្នាំកន្លងផុតទៅពោះវៀនរបស់ស្តេចបានធ្លាក់ចេញដោយសារជំងឺហើយស្តេចបានសុគតដោយសារជំងឺយ៉ាងធ្ងន់ធ្ងរ។ ប្រជារាស្ត្ររបស់ព្រះអង្គពុំបានបូជាព្រះភ្លើងថ្វាយកិត្តិយសដល់ព្រះអង្គដូចជាបានធ្វើចំពោះបុព្វបុរសរបស់ស្តេចឡើយ។ 20 ស្តេចបានឡើងសោយរាជ្យនៅអាយុសាមសិបពីរព្រះវស្សា។ ស្តេចសោយរាជ្យនៅក្រុងយេរូសាឡិមអស់រយៈពេលប្រាំបីព្រះវស្សា។ ពេលស្តេចសោយទិវង្គតគ្មានអ្នកណាកាន់ទុក្ខឡើយ។ គេបញ្ចុះសពស្តេចនៅក្រុងព្រះបាទដាវីឌ តែមិនបញ្ចុះក្នុងផ្នូររបស់ស្តេចទេ។

ជំពូក ២២

1 ប្រជាជននៅក្រុងយេរូសាឡិមបានតែងតាំងព្រះបាទអហាស៊ីយ៉ា ជាបុត្រាពៅរបស់ព្រះបាទយ៉ូរ៉ាមឡើងស្នងរាជ្យ ព្រោះក្រុមមនុស្សដែលមកជាមួយជនជាតិអារ៉ាប់ចូលក្នុងជំរំបានសម្លាប់កូនប្រុសច្បងទាំងអស់របស់ស្តេច។ ដូច្នេះ ព្រះបាទអហាស៊ីយ៉ាជាបុត្ររបស់ព្រះបាទយ៉ូរ៉ាម និងជាស្តេចស្រុកយូដាបានឡើងស្នងរាជ្យ។ 2 កាលព្រះបាទអហាស៊ីយ៉ាឡើងសោយរាជ្យស្តេចមានជន្មាយុសែសិបពីរឆ្នាំព្រះវស្សា។ ស្តេចសោយរាជ្យបានមួយព្រះវស្សានៅក្រុងយេរូសាឡិម។ មាតារបស់ស្ដេចមានព្រះនាមថាអថាលា។ ព្រះនាងជាបុត្រីរបស់​ព្រះ‌បាទ​អូមរី។ 3 ស្តេចក៏ដើរតាមមាគ៌ារបស់ស្តេចអហាប់ ដោយព្រោះមានមាតាធ្វើជាអ្នកប្រឹក្សាយោបល់ក្នុងអំពើអាក្រក់។ 4 ព្រះបាទអហាស៊ីយ៉ាប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់​​ដូចដំណាក់របស់ស្តេចអហាប់ដែរ ព្រោះពួកគេជាអ្នកប្រឹក្សាយោបល់របស់ស្តេច បន្ទាប់ពីព្រះបិតារបស់ទ្រង់សោយទិវង្គតទៅ។ 5 ព្រះអង្គក៏ធ្វើតាមដំបូន្មានរបស់ពួកគេដែរ ព្រះករុណាបានយាងទៅជាមួយព្រះបាទយ៉ូរ៉ាមជាបុត្ររបស់ព្រះបាទអហាប់ជាស្ដេចស្រុកអ៊ីស្រាអែលដើម្បីច្បាំងនឹងព្រះបាទហាសែលជាស្ដេចស្រុកស៊ីរីនៅរ៉ាម៉ូតកាឡាដ។ ជនជាតិស៊ីរីបានធ្វើឲ្យព្រះបាទយ៉ូរ៉ាមរងរបួស។ 6 ព្រះបាទយ៉ូរ៉ាមបានត្រឡប់មកព្យាបាលរបួស នៅក្រុងយេសរាល ដ្បិត ស្តេចរងរបួសនៅក្រុងរ៉ាម៉ា ពេលដែលស្តេចឡើងទៅច្បាំងជាមួយព្រះបាទហាសែលជាស្តេចស្រុកស៊ីរី។ ព្រះបាទអហាស៊ីយ៉ាជាបុត្រព្រះ‌បាទ​យ៉ូរ៉ាម ជាស្តេចស្រុកយូដាបានយាងមកយេសរាលដើម្បីសួរសុខទុក្ខព្រះបាទយ៉ូរ៉ាមជាបុត្រព្រះបាទអហាប់ ព្រោះស្តេចកំពុងរងរបួសជាខ្លាំង។ 7 ពេលវេលនៃការកាត់ទោសព្រះបាទអហាស៊ីយ៉ាបានមកដល់ គឺនៅពេលដែលព្រះអម្ចាស់បានបណ្តាលឲ្យព្រះបាទអហាស៊ីយ៉ាចុះទៅសួរសុខទុក្ខព្រះបាទយ៉ូរ៉ាម។ ពេលទៅដល់ហើយស្តេចបានទៅជាមួយព្រះបាទយ៉ូរ៉ាមវាយលោកយេហ៊ូជាកូនរបស់លោកនីមស៊ីដែលព្រះអម្ចាស់បានជ្រើសរើសឲ្យបំផ្លាញរាជវង្សរបស់ព្រះបាទអហាប់។ 8 ពេលដែលលោកយេហ៊ូនាំការកាត់ទោសរបស់ព្រះអម្ចាស់មកលើរាជវង្សរបស់ព្រះបាទអហាប់ គាត់បានរកឃើញពួកអ្នកដឹកនាំសាសន៍យូដា កូនប្រុសៗរបស់ញាតិវង្សព្រះបាទអហាស៊ីយ៉ា ដែលកំពុងធ្វើការបម្រើព្រះបាទអហាស៊ីយ៉ា។ លោកយេហូ៊ូបានសម្លាប់ពួកគេទាំងអស់ចោល។ 9 លោកយេហ៊ូវស្វែងរកព្រះបាទអហាស៊ីយ៉ា​ ហើយពួកគេចាប់ព្រះករុណាបាននៅឯក្រុងសាម៉ារី ព្រមទាំងនាំទៅដល់លោកយេហ៊ូវហើយសម្លាប់ចោល។ គេបានបញ្ចុះសពស្តេច ដ្បិត គេពោលថា៖ «ទ្រង់ជាបុត្ររបស់ព្រះបាទយ៉ូសាផាតដែលស្វែងរកព្រះអម្ចាស់អស់ពីចិត្ត»។ ដូច្នេះ រាជវង្សរបស់ព្រះបាទអហាស៊ីយ៉ាគ្មានអំណាចគ្រប់គ្រងនគរទៀតទេ។ 10 ពេលព្រះនាងអថាលា ជាមាតារបស់ព្រះបាទអហាស៊ីយ៉ាជ្រាបថាបុត្រារបស់នាងសោយទិវង្គត ដូច្នេះ នាងក៏ក្រោកឡើងសម្លាប់រាជបុត្រទាំងអស់នៅក្នុងរាជវង្សយូដាចោល។ 11 ប៉ុន្តែ ព្រះនាងយេហូសាបាជាបុត្រីរបស់ស្តេចបានយកព្រះបាទយ៉ូអាសជាបុត្រារបស់ព្រះបាទអហាស៊ីយ៉ាហើយរត់ចេញពីក្នុងចំណោមបុត្រារបស់ស្តេចដែលត្រូវគេសម្លាប់។ ព្រះ‌នាង​បាន​នាំ​បុត្រ​នោះ ព្រម​ទាំង​មេ‌ដោះ​ទៅ​លាក់​នៅ​បន្ទប់​ដេក​មួយ។ ដ្បិត​ ម្ចាស់​ក្សត្រីយ៍​យេហូសាបា ជា​បុត្រី​របស់​ព្រះ‌បាទ​យ៉ូរ៉ាម ​ហើយ​ត្រូវ​ជា​ភរិយា​របស់​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា (ព្រះនាងជា​អនុជ​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា) បាន​លាក់​រាជ​កុមារ​ ពី​ព្រះ‌នាង​អថា‌លា​ ដើម្បីកុំឲ្យព្រះនាងអថាលាសម្លាប់រាជកុមារ។ 12 ព្រះរាជកុមារបានលាក់ខ្លួននៅក្នុងព្រះដំណាក់នៃព្រះអម្ចាស់ជាមួយពួកគេអស់រយៈពេលប្រាំមួយឆ្នាំ កំឡុងពេលដែលម្ចាស់ក្សត្រីអថាលាសោយរាជ្យលើស្រុកយូដា។

ជំពូក ២៣

1 នៅឆ្នាំទីប្រាំពី លោកបូជាចារ្យយេហូយ៉ាដាបានតាំងចិត្តក្លាហានហើយបានចុះកិច្ចព្រមព្រៀងជាមួយមេបញ្ជាការ គឺអ័សារាជាកូនរបស់យេរ៉ូហាំ លោកអ៊ីស្មាអែលរបស់យេហូហាណាន លោកអសារាជាកូនប្រុសរបស់លោកអូបេឌ​ លោកម៉ាសេយ៉ាជាកូនរបស់លោកអាដាយ៉ា និងលោកអេលីសាផាតជាកូនរបស់លោកស៊ីគ្រី។ 2 ពួកគេធ្វើដំណើរជុំវិញស្រុកយូដា ហើយប្រមូលពួកលេវី ពីក្រុងនានានៃស្រុកយូដាព្រមទាំងមេដឹកនាំក្រុមគ្រួសាររបស់អ៊ីស្រាអែលឲ្យមកជួបជុំគ្នានៅក្រុងយេរូសាឡិមវិញ។ 3 អង្គប្រជុំទាំងមូលបានចងសម្ពន្ធមេត្រីជាមួយព្រះរាជាក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ លោកយេហូយ៉ាដាមានប្រសាសន៍ថា៖ «មើលបុត្រារបស់ស្ដេចនឹងគ្រងរាជ្យដូចព្រះអម្ចាស់មានព្រះបន្ទូលអំពីពូជពង្សព្រះបាទដាវីឌ។ 4 នេះជាអ្វីដែលអ្នករាល់គ្នាត្រូវធ្វើ ក្នុងចំណោមអ្នករាល់គ្នាមានមួយភាគបីជាបូជាចារ្យ និងក្រុមលេវីដែលមកបំពេញមុខងារនៅថ្ងៃសប្ប័ទហើយត្រូវយាមនៅមាត់ទ្វារ។ 5 មួយភាគបីទៀតនឹងស្ថិតនៅក្នុងដំណាក់របស់ស្តេចហើយទីបីទៀតនឹងនៅមាត់ទ្វារគ្រឹះ។ ប្រជាជនទាំងអស់នឹងស្ថិតនៅក្នុងទីធ្លានៃព្រះដំណាក់របស់ព្រះអម្ចាស់។ 6 មិនត្រូវឲ្យនរណាម្នាក់ចូលក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ឡើយលើកលែងតែពួកបូជាចារ្យ និងពួកលេវីដែលបំពេញមុខងារបម្រើប៉ុណ្ណោះ។ ពួកគេអាចចូលពីព្រោះពួកគេត្រូវបានញែកចេញសម្រាប់ការនោះ។ ប៉ុន្តែ ប្រជាជនទាំងអស់ត្រូវគោរពតាមបទបញ្ជារបស់ព្រះអម្ចាស់។ 7 ពួកលេវីត្រូវឡោមព័ទ្ធព្រះរាជានៅគ្រប់តំបន់ គ្រប់ៗគ្នាមានកាន់អាវុធនៅដៃ។ អ្នកណាចូលទៅក្នុងព្រះដំណាក់ត្រូវឲ្យគេសម្លាប់ចោល។ ត្រូវនៅជាមួយស្តេចនៅពេលដែលទ្រង់យាងចូល និងពេលដែលទ្រង់យាងចេញទៅ។ 8 ដូច្នេះ ពួកលេវី និងជនជាតិយូដាទាំងអស់បំពេញមុខងារតាមរបៀបដែលបូជាចារ្យយេហូយ៉ាដាបានបញ្ជា។ ពួកគេម្នាក់ៗបានយកបុរសៗដែលជាអ្នកដែលត្រូវចូលបម្រើនៅថ្ងៃឈប់សម្រាក និងអ្នកដែលត្រូវឈប់បម្រើនៅថ្ងៃឈប់សម្រាកព្រោះលោកយេហូយ៉ាដាដែលជាបូជាចារ្យមិនបានបណ្តេញផ្នែកណាមួយរបស់ពួកគេទេ។ 9 លោកបូជាចារ្យយេហូយ៉ាដាបាននាំយកលំពែង និងខែលតូច និងធំដែលព្រះបាទដាវីឌបានបង្កើតក្នុងរជ្ជកាលរបស់ស្តេច ហើយដាក់នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ 10 លោកបូជាចារ្យយេហូយ៉ាដាបានដាក់កងទាហានទាំងអស់ដែលកាន់អាវុធពីផ្នែកខាងស្ដាំនៃព្រះវិហាររហូតដល់ផ្នែកខាងឆ្វេងនៃព្រះវិហារនៅក្បែរអាសនៈ និងទីសក្ការៈព្រមទាំងព័ទ្ធជុំវិញព្រះរាជា។ 11 គេបាននាំបុត្រារបស់ស្តេចមកបំពាក់មកុដរាជ្យ ហើយប្រគល់ឲ្យព្រះករុណានូវក្រឹត្យវិន័យនៃសម្ពន្ធមេត្រី។ បន្ទាប់មក លោកបូជាចារ្យយេហូយ៉ាដា និងកូនប្រុសរបស់គាត់បានចាក់ប្រេងអភិសេកព្រះករុណាឲ្យធ្វើជាស្តេច។ បន្ទាប់មក ពួកគេនិយាយថា៖ «សូមព្រះករុណាមានព្រះជន្មាយុយឺនយូរ» ។ 12 ពេលព្រះនាងអថាលាបានឮសម្លេងប្រជាជនរត់មក និងស្រែកហោរអបអររព្រះរាជា ព្រះនាងក៏យាងមកជួបប្រជាជននៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ 13 ហើយព្រះនាងក្រឡេកមើលទៅ ឃើញស្តេចថ្មីកំពុងឈរនៅក្បែរសសររបស់ស្តេចនៅមាត់ទ្វារ ហើយមានពួកមេបញ្ជាការ និងពួកអ្នកផ្លុំត្រែឈរនៅក្បែរស្តេច។ ប្រជាជននៅលើទឹកដីទាំងមូលនាំគ្នាអរសប្បាយ និងផ្លុំត្រែក្រុមចម្រៀងនាំគ្នាលេងឧបករណ៍តន្រ្តី និងដឹកនាំការច្រៀងសរសើរតម្កើងព្រះអម្ចាស់។ ព្រះនាង​អថាលាលា​ហែកព្រះភូសារបស់ព្រះនាងហើយស្រែកថា៖ «ក្បត់! ក្បត់ជាតិ!»។ 14 លោកបូជាចារ្យយេហូយ៉ាដាបាននាំមេបញ្ជាការកងទ័ពដែលត្រួតត្រាលើកងទ័ពមកហើយពោលទៅកាន់ពួកគេថា៖ «ចូរនាំព្រះនាងចេញពីទីនេះទៅ ហើយអ្នកដែលដើរតាមព្រះនាងត្រូវឲ្យគេសម្លាប់ដោយមុខដាវទៅ»។ លោកបូជាចារ្យបានបង្គាប់ថា៖ «កុំសម្លាប់ព្រះនាងនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ឡើយ» ។ 15 ពួកគេបានធ្វើដំណើរទៅរកព្រះនាងហើយនាំព្រះនាងចេញទៅតាមទ្វារសេះឆ្ពោះទៅឯដំណាក់ស្តេចហើយពួកគេបានធ្វើគត់ព្រះនាងទៅ។ 16 បន្ទាប់មក លោកយេហូយ៉ាដាបានចងសម្ពន្ធមេត្រីមួយរវាងខ្លួនគាត់ផ្ទាល់ ជាមួយនឹងប្រជាជនទាំងអស់ និងព្រះរាជាផង ដើម្បីឲ្យពួកគេធ្វើជាប្រជារាស្ត្ររបស់ព្រះអម្ចាស់។ 17 ប្រជាជនទាំងអស់នាំគ្នាទៅវិហាររបស់ព្រះបាល ហើយវាយកម្ទេចចោល។ ពួកគេបានកម្ទេចអាសនៈរបស់ព្រះបាល និងរូបសំណាកជាបំណែកៗ ហើយពួកគេបានសម្លាប់លោកម៉ាថាន់ ជាបូជាចារ្យរបស់ព្រះបាលនៅមុខអាសនៈទាំងនោះ។ 18 លោកយេហូយ៉ាដាបានតែងតាំងមន្រ្តីសម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ក្រោមការដឹកនាំរបស់ពួកបូជាចារ្យដែលជាពួកលេវីដែលព្រះបាទដាវីឌបានតែងតាំងសម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីថ្វាយតង្វាយដុតទាំងមូលចំពោះព្រះអម្ចាស់ដូចមានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ហើយច្រៀងដូចព្រះបាទដាវីឌបានណែនាំ។ 19 លោកបូជាចារ្យយេហូយ៉ាដាដាក់ឆ្មាំនៅមាត់ទ្វារព្រះដំណាក់របស់ព្រះអម្ចាស់ដូច្នេះ មិនត្រូវឲ្យនរណាម្នាក់ដែលមិនបរិសុទ្ធអាចចូលបានឡើយ។ 20 លោកបូជាចារ្យយេហូយ៉ាដាបាននាំយកមេបញ្ជាការ ពួកអភិជន ពួកអ្នកគ្រប់គ្រងប្រជាជន និងប្រជាជនទាំងមូលទៅជាមួយ។ លោកបានដង្ហែរស្តេចចេញពីព្រះដំណាក់របស់ព្រះអម្ចាស់។ ប្រជាជននាំគ្នាឆ្លងកាត់ទ្វារខាងលើចូលព្រះដំណាក់របស់ព្រះបាទដាវីឌ ហើយអង្គុយនៅលើបល្ល័ង្ករបស់ព្រះរាជា។ 21 ប្រជាជននៅស្រុកទាំងមូលសប្បាយចិត្តណាស់ ហើយទីក្រុងក៏ស្ងប់ស្ងាត់ដែរ។ រីឯព្រះនាងអថាលាវិញគេបានធ្វើគត់ព្រះនាងដោយមុខដាវ។

ជំពូក ២៤

1 ព្រះបាទយ៉ូអាសមានជន្មាយុប្រាំពីរព្រះវស្សានៅពេលដែលព្រះករុណាចាប់ផ្ដើមសោយរាជ្យ។ ស្តេចសោយរាជ្យអស់រយៈពេលសែសិបព្រះវស្សានៅក្រុងយេរូសាឡិម។ ព្រះមាតារបស់ព្រះករុណាព្រះនាមថាព្រះនាងស៊ីប ជាអ្នកស្រុកបៀរសេបា។ 2 ព្រះបាទយ៉ូអាសបានធ្វើអ្វីៗដែលគាប់ព្រះហប្ញទ័យព្រះអម្ចាស់អស់មួយជីវិតរបស់បូជាចារ្យយេហូយ៉ាដា។ 3 បូជាចារ្យយេហូយ៉ាដាបានអភិសេកមហេសី​ពីរ​អង្គ​​ថ្វាយ​ព្រះ‌បាទ​យ៉ូអាស ហើយ​ស្ដេច​បង្កើត​បាន​បុត្រា​បុត្រី​ជា​ច្រើន។ 4 ក្រោយមក ព្រះបាទយ៉ូអាសបានសម្រេចព្រះទ័យជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ឡើងវិញ។ 5 ព្រះករុណាបានប្រមូលពួកបូជាចារ្យ និងពួកលេវីឲ្យ ហើយមានរាជឱង្ការទៅពួកគេថា៖ «ចូរចេញទៅតាមក្រុងនានាក្នុងស្រុកយូដាជារៀងរាល់ឆ្នាំហើយប្រមូលប្រាក់ពីអ៊ីស្រាអែលទាំងអស់ ដើម្បីជួសជុលព្រះដំណាក់នៃព្រះរបស់អ្នក»។ ដំបូងពួកលេវីមិនបានធ្វើអ្វីទាំងអស់។ 6 ព្រះរាជាត្រាស់ហៅលោកយេហូយ៉ាដាជាមហាបូជាចារ្យមកហើយមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអ្នកមិនបង្ខំឲ្យពួកលេវីចេញទៅស្រុកយូដា និងក្រុងយេរូសាឡិមប្រមូលពន្ធដែលដែលគេត្រូវបង់ដូចដែលលោកម់ូសេជាអ្នកបម្រើព្រះបានបង្គាប់អំពីច្បាប់សម្រាប់ត្រសាលនៃសម្ពន្ធមេត្រី?» 7 ដ្បិត ព្រះនាងអថាលាជាស្ត្រីទុច្ចរិតបានបង្ខូចព្រះដំណាក់របស់ព្រះជាម្ចាស់ហើយ យករបស់ដ៏វិសុទ្ធទាំងប៉ុន្មាននៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ទប្រើប្រាស់សម្រាប់ព្រះបាល។ 8 ព្រះករុណាបានបញ្ជាឲ្យគេធ្វើហឹបមួយដាក់នៅខាងក្រៅទ្វារចូលព្រះដំណាក់របស់ព្រះអម្ចាស់។ 9 ពួកគេប្រកាសប្រាប់ប្រជាជននៅស្រុកយូដា និងក្រុងយេរូសាឡិមឲ្យប្រជាជនយកពន្ធដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះជាម្ចាស់បានបង្គាប់ជនជាតិអ៊ីស្រាអែលនៅទីរហោ​ស្ថាន​។ 10 មេដឹកនាំទាំងអស់ និងប្រជាជនទាំងមូលមានអំណរសប្បាយហើយយកប្រាក់មកដាក់ក្នុងហឹបរហូតដល់ហឹបទាំងអស់ត្រូវបានបំពេញ។ 11 លុះ​ដល់​ពេល​ដែល​​ពួក​លេវី​ត្រូវ​នាំ​ហឹបទៅ​ថ្វាយ​ព្រះ‌រាជាត្រួត​ពិនិត្យ​មើល​ គឺ​នៅ​ពេល​ដែល​គេ​ឃើញ​មាន​ប្រាក់​ច្រើន​នៅ​ក្នុង​ហឹប​ហើយ លោក​ស្មៀន​ហ្លួង និង​មន្ត្រីរបស់​មហា‌បូជា‌ចារ្យក៏​មក​យក​ប្រាក់​ចេញ​ពី​ហឹបនាំ​យក​ទៅដោយ​ទុក​ហឹប​នៅ​កន្លែង​ដើម​វិញ។ ពួកគេបានធ្វើបែបនេះពីមួយថ្ងៃទៅមួយថ្ងៃដោយប្រមូលប្រាក់បានយ៉ាងច្រើន។ 12 ព្រះរាជា និងលោកយេហូយ៉ាដាបានប្រគល់ប្រាក់ឲ្យពួកមេជាងដែលបំពេញការងារនៅព្រះដំណាក់របស់ព្រះអម្ចាស់។ ពួកគេបានជួលជាងថ្ម និងជាងឈើដើម្បីជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ព្រមទាំងជាងដែក និងលង្ហិនផង។ 13 ដូច្នេះ កម្មករបានធ្វើការនឿយហត់ ហើយការងារជួសជុលបានឈានទៅមុខ ហើយពួកគេបានសង់ព្រះដំណាក់របស់ព្រះ ‌ ជាម្ចាស់តាមលំនាំដើម និងពង្រឹងគុណភាពឡើងវិញ។ 14 ពេលពួកគេបានបញ្ចប់ពួកគេនាំយកប្រាក់ដែលនៅសល់ទៅថ្វាយព្រះរាជា និងលោកយេហូយ៉ាដា។ ប្រាក់នេះត្រូវបានប្រើ ដើម្បីធ្វើគ្រឿងសង្ហារិមសម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ដែលជាប្រដាប់ប្រដាប្រើប្រាស់ និងសម្រាប់តង្វាយផ្សេងៗដូចជាមាស និងប្រាក់។ ពួកគេបានថ្វាយតង្វាយដុតទាំងមូលនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ជារៀងរហូតអស់មួយជីវិតរបស់បូជាចារ្យយេហូយ៉ាដា។ 15 បូជាចារ្យយេហូយ៉ាដាមានវ័យចាស់ណាស់ទៅហើយ ហើយគាត់ក៏ស្លាប់ទៅ។ ពេលគាត់ស្លាប់ គាត់មានអាយុ ១៣០ ឆ្នាំ។ 16 គេបញ្ចុះសពលោកនៅក្រុងព្រះបាទដាវីឌជាមួយស្តេច ព្រោះលោកបានធ្វើអំពើល្អនៅអ៊ីស្រាអែល ចំពោះព្រះ និងក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ 17 បន្ទាប់ពី បូជាចារ្យយេហូយ៉ាដាបានទទួលមរណៈភាពទៅ ពួកមេដឹកនាំនៃស្រុកយូដាបានចូលមកគាល់ព្រះរាជា។ ព្រះរាជាក៏ស្តាប់តាមពួកគេ។ 18 ពួកគេបានបោះបង់ចោលព្រះដំណាក់របស់ព្រះអម្ចាស់ជាព្រះនៃដូនតារបស់ពួកគេហើយនាំគ្នាក្រាបថ្វាយបង្គំរូបព្រះអាសេរ៉ា និងព្រះក្លែងក្លាយ។ ព្រះជាម្ចាស់ព្រះពិរោធនឹងជនជាតិយូដា និងអ្នកក្រុងយេរូសាឡិមព្រោះតែការប្រព្រឹត្តខុសរបស់ពួកគេ។ 19 ព្រះអង្គបានចាត់ព្យាការី ឲ្យមករកគេដើម្បីនាំគេឲ្យវិលមករកព្រះអង្គវិញ។ ពួកព្យាការីបានផ្ដល់សក្ខីភាពប្រឆាំងនឹងប្រជាជនតែពួកគេមិនព្រមស្តាប់ទេ។ 20 ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមកសណ្ឋិតលើលោកសាការី ជាកូនរបស់លោកយេហូយ៉ាដាដែលជាបូជាចារ្យ។ លោកសាការីឈរនៅពីខាងលើប្រជាជន ហើយមានប្រសាសន៍ទៅគេថា៖ «ព្រះជាម្ចាស់មានព្រះបន្ទូលដូចតទៅ៖ ហេតុអ្វីបានជាអ្នកបំពានបទបញ្ជារបស់ព្រះអម្ចាស់? ដូច្នេះ អ្នករាល់គ្នាពុំអាចរីកចម្រើនបានឡើយ! ដោយព្រោះអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ នោះព្រះអង្គនឹងបោះបង់ចោលអ្នករាល់គ្នាវិញដែរ» 21 ប៉ុន្តែ ពួកគេបានឃុបឃិតគ្នាប្រឆាំងនឹងព្រះអង្គ។ គេបានយកដុំថ្មគប់សម្លាប់លោកនៅក្នុងទីធ្លាព្រះដំណាក់របស់ព្រះអម្ចាស់​។ 22 ព្រះបាទយ៉ូអាសជាព្រះរាជាមិនអើពើនឹងសេចក្តីសប្បុរសដែលលោកយេហូយ៉ាដាដែលជាឪពុករបស់សាការីបានធ្វើចំពោះព្រះករុណាទេ។ ផ្ទុយទៅវិញ ព្រះករុណាបានសម្លាប់កូនប្រុសរបស់យេហូយ៉ាដាទៅវិញ។ ពេលសាការីជិតផុតដង្ហើមហើយ លោកមានប្រសាសន៍ថា៖ «សូមព្រះអម្ចាស់មេត្តាមើលហើយហៅលោកឲ្យទទួលខុសត្រូវ»។ 23 នៅចុងឆ្នាំនោះ កងទ័ពស៊ីរីបានលើកទ័ពមកច្បាំងនឹងព្រះបាទយ៉ូអាស។ ពួកគេបានទៅដល់ស្រុកយូដា និងក្រុងយេរូសាឡិម។ ពួកគេបានសម្លាប់មេដឹកនាំទាំងអស់របស់ប្រជាជនយូដា ហើយបានរឹបអូសយកទ្រព្យសម្បត្តិពីពួកគេទៅថ្វាយស្តេចនៅក្រុងដាម៉ាស។ 24 កងទ័ពស៊ីរីបានមកជាមួយកងទ័ពតូចមួយប៉ុណ្ណោះ ប៉ុន្តែ ព្រះអម្ចាស់បានជួយពួកគេឲ្យមានជ័យជម្នះលើកងទ័ពដ៏ខ្លាំងពូកែ ដ្បិត ជនជាតិយូដាបានបោះបង់ចោលព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ខ្លួន។ ព្រះអម្ចាស់ប្រើពួកស៊ីរីឲ្យកាត់ទោសព្រះបាទយ៉ូអាស តាមរបៀបនេះ។ 25 នៅពេលដែលពួកស៊ីរីបានចាកចេញទៅនោះព្រះបាទយ៉ូអាសបានរងរបួសយ៉ាងធ្ងន់ធ្ងរ។ ពួកអ្នកបម្រើរបស់ព្រះអង្គបានឃុបឃិតគ្នាប្រឆាំងនឹងព្រះករុណា ព្រោះតែការដែលព្រះករុណាបានសម្លាប់លោកសាការីជាកូនប្រុសរបស់បូជាចារ្យយេហូយ៉ាដា។ ពួកគេបានធ្វើគុតព្រះករុណានៅលើគ្រែ ហើយព្រះករុណាក៏សុគតទៅ។ គេបញ្ចុះសពទ្រង់នៅក្រុងព្រះបាទដាវីឌ តែមិនបញ្ចុះក្នុងផ្នូររបស់ស្តេចទេ។ 26 ពួកអ្នកដែលបានឃុបឃិតប្រឆាំងនឹងព្រះករុណាគឺលោកសាបាបជាកូនរបស់លោកស៊ីម៉ាតជនជាតិអាំម៉ូន និងលោកយេហូសាបាប់ជាកូនរបស់លោកស៊ីមរិទ្ធជាជនជាតិម៉ូអាប់។ 27 ឥឡូវនេះ កំណត់ត្រាអំពីបុត្រាស្តេច​ បទទំនាយសំខាន់ៗដែលពួកព្យាការីបានថ្លែងពីព្រះករុណា និងការជួសជុលព្រះដំណាក់ព្រះអម្ចាស់ឡើងវិញ មើល សុទ្ធតែត្រូវបានកត់ត្រាទុកនៅក្នុងសៀវភៅរបស់ស្តេច។ ព្រះបាទអម៉ាស៊ីយ៉ាជាបុត្រឡើងស្នងរាជ្យ។

ជំពូក ២៥

1 ព្រះបាទអម៉ាស៊ីយ៉ា ឡើងគ្រងរាជ្យក្នុងជន្មាយុម្ភៃប្រាំឆ្នាំព្រះវស្សា។ ព្រះករុណាសោយរាជ្យម្ភៃប្រាំឆ្នាំនៅក្រុងយេ​រូសា​ឡិម​។ ព្រះមាតារបស់ព្រះអង្គព្រះនាមថា ព្រះនាងយេហូយ៉ាដានជាអ្នកក្រុងយេរូសាឡិម​។ 2 ស្តេចបានធ្វើអ្វីដែលគាប់ព្រះហប្ញទ័យ​ព្រះអម្ចាស់តែមិនមែនដោយចិត្តស្មោះត្រង់នោះទេ។ 3 ក្រោយ​ពី​ឡើង​គ្រង​រាជ្យ និង​ពង្រឹង​អំណាច​ហើយ ព្រះករុណា​ប្រហារ​ជីវិត​ពួក​មេ‌ទ័ព​ដែល​បាន​ធ្វើ​គុត​បិតា​របស់​ព្រះករុណា។ 4 ប៉ុន្តែ ព្រះករុណាមិនបានសម្លាប់កូនចៅរបស់ឃាតកឡើយ ប៉ុន្តែ បានធ្វើទៅតាមអ្វីដែលមានចែងក្នុងក្រឹត្យវិន័យក្នុងគម្ពីររបស់លោកម៉ូសេដូចព្រះអម្ចាស់បានបង្គាប់ថា៖ «ឪពុកមិនត្រូវស្លាប់ដោយព្រោះបាបកូនចៅទេ ហើយកូនចៅក៏មិនត្រូវស្លាប់ដោយព្រោះបាបឪពុកដែរ។ ផ្ទុយទៅវិញ មនុស្សគ្រប់រូបត្រូវស្លាប់ព្រោះតែអំពើបាបរបស់ខ្លួន»។ 5 លើសពីនេះទៅទៀត ព្រះបាទអម៉ាស៊ីយ៉ាបានប្រមូលផ្តុំប្រជាជនយូដាហើយបានចុះបញ្ជីពួកគេតាមផ្ទះរបស់ដូនតារបស់ពួកគេក្រោមការដឹកនាំរបស់មេទ័ព មេកង គឺពីកុលសម្ព័ន្ធយូដានិងបេនយ៉ាមីន។ ព្រះករុណា​បានជំរឿន​ប្រុសៗ​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឃើញ​មាន​ទាំង​អស់ ៣០០, ០០០​នាក់ ជា​ទាហាន​ដ៏​ចំណាន ដែលអាចចេញទៅធ្វើសង្រ្គាមបាន ជាអ្នកដែលអាចប្រើ​លំពែង ប្រើ​ខែល​បាន។ 6 ស្ដេច​​ជួល​ទាហាន​ដ៏​ពូកែ​អង់‌អាច​ចំនួន ១០០, ០០០ នាក់ពី​ស្រុក​អ៊ីស្រា‌អែល ដោយប្រាក់សុទ្ធមួយរយណែន។ 7 អ្នកជំនិតរបស់ព្រះជាម្ចាស់ចូលមកគាល់ស្តេច ហើយទូលថា៖ «បពិត្រព្រះរាជា សូមកុំឲ្យកងទ័ពអ៊ីស្រាអែលទៅជាមួយព្រះករុណាឡើយ ដ្បិតព្រះអម្ចាស់មិននៅជាមួយអ៊ីស្រាអែលទេព្រមទាំងប្រជាជនអេប្រាអ៊ីមផង។ 8 ប៉ុន្តែ ទោះបីអ្នកទៅហើយមានភាពក្លាហាន និងរឹងមាំក្នុងសមរភូមិក៏ដោយ តែនៅក្នុងសមរភូមិព្រះជាម្ចាស់នឹងបោះព្រះករុណាចុះ នៅចំពោះមុខខ្មាំងសត្រូវ ព្រោះព្រះជាម្ចាស់មានអំណាចជួយហើយមានអំណាចអាចទម្លាក់ចុះបាន»។ 9 ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​មានរាជឱង្កាទៅអ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «តើយើងត្រូវធ្វើអ្វីខ្លះចំពោះប្រាក់មួយរយណែនដែលខ្ញុំបានប្រគល់ឲ្យកងទ័ពអ៊ីស្រាអែល? អ្នកជំនិតរបស់ព្រះជាម្ចាស់ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អាចប្រទានឲ្យព្រះករុណាមានប្រាក់ច្រើនជាងនេះទៅទៀត»។ 10 ព្រះបាទអម៉ាស៊ីយ៉ាបានបំបែកទ័ពដែលមកពីអេប្រាអ៊ីម ហើយឲ្យគេត្រឡប់ទៅផ្ទះវិញ។ ដូច្នេះ ពួកគេខឹងនឹងពួកយូដាយ៉ាងខ្លាំង ហើយពួកគេវិលត្រឡប់ទៅផ្ទះវិញដោយកំហឹងយ៉ាងខ្លាំង។ 11 ព្រះបាទអម៉ាស៊ីយ៉ាមានចិត្តក្លាហាន ហើយនាំប្រជាជនឆ្ពោះទៅជ្រលងភ្នំអំបិល។ នៅទីនោះព្រះករុណាបានវាយឈ្នះអ្នកស្រុកភ្នំសៀរចំនួនមួយម៉ឺននាក់។ 12 កងទ័ពយូដាវាយហើយចាប់ទាហានមួយម៉ឺននាក់ទៀត។ ពួកគេបានយកទាហានទាំងនោះទៅខាងលើជ្រលងភ្នំហើយទម្លាក់ពួកគេចុះពីទីនោះ ដើម្បីឲ្យពួកគេបែកជាបំណែកៗ។ 13 ប៉ុន្តែ​ ទាហានដែលព្រះបាទអម៉ាស៊ីយ៉ាបានបញ្ជូនឲ្យត្រឡប់មកវិញ ដើម្បីកុំឲ្យគេទៅចូលរួមជាមួយព្រះករុណានៅក្នុងសមរភូមិ ពួកគេបានឈ្លានពានទីក្រុងនៅក្នុងស្រុកយូដាចាប់ពីក្រុងសាម៉ារីរហូតដល់ក្រុងបេតហូរ៉ុន។ ពួកគេបានសម្លាប់ប្រជាជនបីពាន់នាក់ និងបានរឹបអូសយកទ្រព្យសម្បត្តិជាច្រើន។ 14 ព្រះករុណាបាននាំព្រះរបស់ប្រជាជនសៀរហើយឲ្យគេតម្កល់រូបនោះធ្វើជាព្រះរបស់ព្រះករុណា។ ស្តេចក្រាបចុះនៅមុខរូបទាំងនោះហើយដុតគ្រឿងក្រអូបថ្វាយផង។ 15 ដូច្នេះ ព្រះអម្ចាស់ព្រះពិរោធចំពោះស្តេចអម៉ាស៊ីយ៉ា។ ព្រះអម្ចាស់បានចាត់ព្យាការីមួយរូបឲ្យមកទូលព្រះករុណាថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នានាំគ្នាស្វែងរកព្រះដែលមិនមែនជាព្រះ ហើយមិនអាចជួយសង្គ្រោះប្រជារាស្ត្ររបស់គេពីព្រះហស្ដរបស់ព្រះអង្គបានផង? 16 នៅពេលដែលព្យាការីកំពុងទូលជាមួយស្តេច នោះស្តេចមានរាជឱង្ការថា៖ «តើយើងបានតែងតាំងអ្នកឲ្យធ្វើជាទីប្រឹក្សារបស់ស្តេចឬ? ចូរឈប់ចុះ ដ្បិតអ្នកមិនគួរស្លាប់ទេ» បន្ទាប់មក ព្យាការីបានឈប់ហើយមានប្រសាសន៍ថា៖ «ទូលបង្គំដឹងថា ព្រះជាម្ចាស់បានសម្រេចព្រះទ័យបំផ្លាញព្រះករុណា ពីព្រោះព្រះករុណាបានធ្វើអំពើនេះ ហើយមិនបានស្តាប់តាមដំបូន្មានរបស់ទូលបង្គំ»។ 17 ព្រះបាទអម៉ាស៊ីយ៉ា ជាស្តេចស្រុកយូដាបានប្រឹក្សាជាមួយអ្នកប្រឹក្សាហើយចាត់គេឲ្យទៅជួបព្រះ‌បាទ​យ៉ូអាស ជាបុត្ររបស់​ព្រះ‌បាទ​យ៉ូអា‌ហាស ជាបុត្រ​របស់ព្រះ‌បាទ​យេហ៊ូវ ជាស្តេចស្រុកអ៊ីស្រាអែលថា៖ «មក! ចូរយើងជួបគ្នាមុខទល់មុខនៅក្នុងសមរភូមិ»។ 18 ប៉ុន្តែ ព្រះ‌បាទ​យ៉ូអាស ជាស្តេចស្រុកអ៊ីស្រាអែលបានចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទអម៉ាស៊ីយ៉ា ជាស្តេចស្រុកយូដាថា៖ «មានបន្លាមួយនៅស្រុកលីបង់បានផ្ញើសារទៅដើមឈើតាត្រៅនៅស្រុកលីបង់ដោយពោលថា៖ «ចូលើកកូនកូនស្រីរបស់អ្នកឲ្យធ្វើជាប្រពន្ធកូនប្រុសខ្ញុំ» ប៉ុន្តែ មានសត្វព្រៃនៅស្រុកលីបង់បានដើរកាត់ ហើយជាន់បន្លានោះខ្ទេចអស់។ 19 ព្រះករុណាមានរាជឱង្ការថា៖ «មើល យើងបានច្បាំងឈ្នះពួកអេដុម ព្រះករុណាកំពុងលើតម្កើងខ្លួនឯង។ ជ័យជម្នះបានធ្វើឲ្យព្រះករុណាមានអំនួត ប៉ុន្តែ សូមព្រះករុណាគង់នៅព្រះដំណាក់ចុះ ហេតុអ្វីបានជាព្រះករុណាចង់បង្កបញ្ហាដល់ខ្លួនឯង ហើយធ្វើឲ្យខ្លួនព្រះករុណា ព្រមទាំងពួកយូដាដែលនៅជាមួយបរាជ័យដូច្នេះ?»។ 20 ប៉ុន្តែ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ាមិនស្តាប់ទេ ព្រោះព្រឹត្តិការណ៍នេះមកពីព្រះជាម្ចាស់ ដើម្បីព្រះអម្ចាស់អាចប្រគល់ប្រជាជនយូដាទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវរបស់ពួកគេព្រោះពួកគេបានស្វែងរកដំបូន្មានពីព្រះនៃស្រុកអេដុម។ 21 ព្រះ‌បាទ​យ៉ូអាស ជាស្តេចស្រុកអ៊ីស្រាអែលលើកទ័ពមកវាយលុក ទ្រង់ និងព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជាស្តេចស្រុកយូដាបានជួបតទល់គ្នានៅក្រុង​បេត‌សេមែស នៅក្នុងស្រុកយូដា។ 22 ជនជាតិយូដាត្រូវបរាជ័យនៅមុខជនជាតិអ៊ីស្រាអែល ហើយកងទ័ពទាំងអស់នាំគ្នារត់ត្រឡប់ទៅផ្ទះវិញ។ 23 ព្រះ‌បាទ​យ៉ូអាស ជាស្តេចស្រុកអ៊ីស្រាអែលចាប់បានព្រះបាទអម៉ាស៊ីយ៉ាជាបុត្ររបស់ព្រះបាទយ៉ូអាសត្រូវជាបុត្ររបស់ព្រះបាទអហាស៊ីយ៉ា ជាស្តេចស្រុកយូដានៅក្រុង​បេត‌សេមែស។ ទ្រង់បាននាំស្តេចទៅក្រុងយេរូសាឡិម ហើយបានរំលំកំពែងក្រុងយេរូសាឡិមចាប់ពីទ្វារក្រុងអេប្រាអ៊ីមរហូតដល់ជ្រុងខ្លោងទ្វារ ដែលមានចម្ងាយបួនរយហត្ថ។ 24 ស្តេចបានយកមាស និងវត្ថុទាំងអស់ដែលមាននៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ទៅជាមួយលោកអូបេដ-អេដុមព្រមទាំងរបស់របរមានតម្លៃនៅក្នុងព្រះបរមរាជវាំងជាមួយពួកចំណាប់ខ្មាំងរួចវិលត្រឡប់ទៅក្រុងសាម៉ារីវិញ។ 25 ក្រោយពេលព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ហាស ស្ដេច​អ៊ីស្រា‌អែលសោយ​ទិវង្គត ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ស្ដេច​ស្រុក​យូដា មាន​ព្រះ‌ជន្ម​គង់​នៅ​បាន​ដប់​ប្រាំ​វស្សា​ទៀត។ 26 រាជ‌កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ស្ដេច​ស្រុក​យូដា និង​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។ 27 ចាប់តាំងពីពេលដែល ព្រះបាទអម៉ាស៊ីយ៉ាបានបោះបង់ចោលព្រះអម្ចាស់ ពួកមន្ត្រីចាប់ផ្តើមឃុបឃិតគ្នាប្រឆាំងនឹងព្រះអង្គនៅក្រុងយេរូសាឡិម។ ព្រះអង្គបានភៀសព្រះកាយទៅក្រុងឡាគីស ប៉ុន្តែ ពួកគេបានបញ្ជូនមនុស្សតាមព្រះករុណានៅក្រុងឡាគីស ហើយបានធ្វើគុតទ្រង់នៅទីនោះ។ 28 ពួកគេបាននាំព្រះសពដឹកលើសេះត្រឡប់មកវិញហើយបញ្ចុះសពព្រះករុណាជាមួយពួកបុព្វបុរសរបស់ព្រះករុណានៅឯក្រុងនៃស្រុកយូដា។

ជំពូក ២៦

1 ប្រជាជនយូដាទាំងអស់បានអភិសេកព្រះ‌បាទ​អូសៀសដែលមានព្រះជន្មាយុដប់ប្រាំមួយព្រះវស្សាឲ្យឡើងសោយរាជ្យជំនួសព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជាបិតា។ 2 គឺស្តេចដែលបានសង់ក្រុងអេឡាតហើយយកក្រុងនោះមកស្រុកយូដាឡើងវិញ។ បន្ទាប់ពីនោះ ព្រះរាជាបានផ្ទំលក់ជាមួយបុព្វបុរសរបស់ខ្លួន។ 3 ព្រះ‌បាទ​អូសៀសមានព្រះជន្មាយុដប់ប្រាំមួយព្រះវស្សាពេលឡើងសោយរាជ្យ។ ស្តេចសោយរាជ្យអស់រយៈពេលហាសិបពីរព្រះវស្សានៅក្រុងយេរូសាឡិម។ មាតារបស់ស្តេចមានព្រះនាមថាយេជីលា។ ព្រះនាងមកពីក្រុងយេរូសាឡិម។ 4 ស្តេចបានប្រព្រឹត្តត្រឹមត្រូវគាប់ព្រះហប្ញទ័យព្រះអម្ចាស់ដោយយកតម្រាប់តាមព្រះបាទអម៉ាស៊ីយ៉ា ជាបិតា។ 5 ស្តេចតាំងខ្លួនចង់ស្វែងរកព្រះជាម្ចាស់នៅជំនាន់លោកសាការី ដែលបានផ្តល់ដំបូន្មាន និងការណែនាំដល់ព្រះអង្គ។ ដរាបណាព្រះករុណាស្វែងរកព្រះអម្ចាស់ នោះព្រះជា​ម្ចាស់​ធ្វើឲ្យព្រះករុណាកាន់តែរីកចម្រើនឡើង។ 6 ព្រះ‌បាទ​អូសៀសចេញទៅច្បាំងនឹងពួកភីលីស្ទីន។ ព្រះករុណាបានរំលំកំពែងក្រុងកាថ ក្រុងយ៉ាបនេ និងក្រុងអាសដូឌ។ ស្តេចបានសង់ក្រុងនានាក្នុងស្រុកអាសដូឌ និងក្នុងស្រុកភីលីស្ទីន។ 7 ព្រះជាម្ចាស់បានជួយស្តេចប្រឆាំងនឹងជនជាតិភីលីស្ទីនប្រឆាំងនឹងជនជាតិអារ៉ាប់ដែលរស់នៅតំបន់ហ្គូបាអាល និងជនជាតិម៉ូន។ 8 ជនជាតិអាំម៉ូននាំគ្នាថ្វាយ​សួយសារ‌អាករ​មក​ថ្វាយ​ព្រះ‌បាទ​អូសៀស ហើយកិត្តិនាមរបស់ព្រះអង្គក៏ល្បីរហូតដល់ច្រកចូលស្រុកអេស៊ីប ព្រោះព្រះករុណាមានអំណាចយ៉ាងខ្លាំង។ 9 លើសពីនេះ ព្រះបាទអូសៀសបានសង់ប៉មនៅក្រុងយេរូសាឡិមនៅជ្រុងខ្លោងទ្វារ ច្រកទ្វារជ្រលងភ្នំ និងនៅកែងកំពែង ព្រមទាំងពង្រឹងឲ្យរឹងមាំ។ 10 ស្តេចបានសង់កន្លែងយាមនៅទីរហោស្ថានហើយជីកអណ្តូងជាច្រើនព្រោះ ស្តេចមានគោយ៉ាងច្រើននៅតំបន់ទំនាប និងនៅវាលទំនាប។ ស្តេចមានកសិដ្ឋាន និងអ្នកដាំទំពាំងបាយជូរនៅតាមតំបន់ភ្នំ និងនៅចម្ការដែលមានផ្លែផ្កាជាច្រើនពីព្រោះស្តេចចូលចិត្តធ្វើស្រែចម្ការ។ 11 លើសពីនេះ ព្រះអូសៀសមានកងទ័ពប្រយុទ្ធជាច្រើនដែលចេញទៅច្បាំងជាកងពលដែលបានរៀបចំឡើងតាមចំនួនរបស់ពួកគេដែលត្រូវបានជំរឿនដោយលោកយេអែលជាស្មៀន និងលោកម៉ាសេយ៉ាដែលជាមន្ដ្រីក្រោមអំណាចរបស់លោកហាណានាជាមេទ័ពរបស់ស្តេច។ 12 មេក្រុមទាំងអស់នៃក្រុមគ្រួសារតាមវង្សត្រកូលមានចំនួន ២, ៦០០ នាក់។ 13 ក្រោមអំណាចពួកគេមានទាហានមួយកងពលដែលមានចំនួន ៣០៧, ៥០០ នាក់ដែលធ្វើសង្គ្រាមដោយមានឫទ្ធានុភាពខ្លាំងក្លា ដើម្បីជួយស្ដេចប្រឆាំងនឹងខ្មាំងសត្រូវ។ 14 ព្រះបាទអូសៀសបានរៀបចំសម្រាប់ពួកគេ គឺសម្រាប់កងទ័ពទាំងអស់មានខែលលំពែងមួកដែកអាវក្រោះធ្នូ និងដង្ហក់បាញ់ថ្ម។ 15 នៅក្រុងយេរូសាឡិម ព្រះបាទអូសៀសឲ្យមនុស្សជំនាញផលិតគ្រឿងយន្ត ដើម្បីដាក់នៅលើប៉ម និងនៅសមរភូមិដែលអាចបាញ់ព្រួញ និងដុំថ្មធំៗ។ កិត្តិនាមរបស់ស្តេចល្បីល្បាញដល់ស្រុកឆ្ងាយៗ ដ្បិត ព្រះអម្ចាស់បានជួយយ៉ាងខ្លាំងរហូតដល់ព្រះករុណាមានកម្លាំងយ៉ាងខ្លាំងក្លា។ 16 ប៉ុន្តែ នៅពេលព្រះបាទអូសៀសក្លាយជាអ្នកមានអំណាច ព្រះករុណាមានចិត្តអំនួតធ្វើឲ្យស្តេចប្រព្រឹត្តអំពើអាក្រក់។ ស្តេចបានក្បត់ព្រះអម្ចាស់ជាព្រះរបស់ខ្លួន ដ្បិត ស្តេចបានចូលទៅក្នុងដំណាក់របស់ព្រះអម្ចាស់ ដើម្បីដុតគ្រឿងក្រអូបនៅលើអាសនៈសម្រាប់ដុតគ្រឿងក្រអូប។ 17 លោកបូជាចារ្យអសារាដើរចូលមកតាមក្រោយព្រះអង្គហើយមានបូជាចារ្យរបស់ព្រះអម្ចាស់ចំនួនប៉ែតសិបនាក់ដែលជាមនុស្សក្លាហានមកជាមួយលោកផង។ 18 ពួកគេបានប្រឆាំងនឹងព្រះបាទអូសៀសជាស្តេចហើយទូលថា៖ «មិនមែនតួនាទីព្រះករុណាទេ ដែលត្រូវដុតគ្រឿងក្រអូបថ្វាយព្រះអម្ចាស់ ប៉ុន្តែ គឺជាពួកបូជាចារ្យដែលជាកូនចៅរបស់លោកអើរ៉ុនដែលត្រូវបានគេតែងតាំងឲ្យដុតគ្រឿងក្រអូប។ ចូរព្រះករុណាចេញពីទីសក្ការៈទៅ។ ដ្បិត ព្រះករុណាមិនស្មោះត្រង់ហើយព្រះករុណានឹងមិនទទួលការសរសើរពីព្រះអម្ចាស់ទេ»។ 19 ​ពេលនោះព្រះបាទអូសៀសខ្ញាល់យ៉ាងខ្លាំង។ ព្រះករុណាកាន់ពានគ្រឿងក្រអូបនៅក្នុងព្រះហស្ត ដើម្បីដុតគ្រឿងក្រអូប។ ពេលស្តេចខឹងនឹងពួកបូជាចារ្យនោះមានឃ្លង់កើតលើថ្ងាសនៅមុខពួកបូជាចារ្យក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ក្បែរអាសនៈដុតគ្រឿងក្រអូប។ 20 លោកមហាបូជាចារ្យអសារា និងពួកបូជាចារ្យទាំងអស់សម្លឹងមើលទៅស្តេច ហើយ មើល មានរោគឃ្លង់នៅលើថ្ងាសរបស់ស្តេច។ ពួកគេបានដេញស្តេចចេញពីទីនោះយ៉ាងលឿន។ ស្តេចក៏ប្រញាប់ប្រញាល់ចេញទៅក្រៅ ព្រោះព្រះអម្ចាស់បានដាក់ទោសស្តេច។ 21 ព្រះបាទអូសៀស ក្លាយជាមនុស្សឃ្លង់រហូតដល់ថ្ងៃសោយទិវង្គតហើយបានគង់នៅក្នុងព្រះដំណាក់ដាច់ដោយឡែកចាប់តាំងពីស្តេចបានក្លាយជាមនុស្សឃ្លង់ ហើយ​មិន​អាច​ចូល​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​បាន​ឡើយ។ ព្រះបាទ​យ៉ូថាមជា​បុត្រា មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​រាជវាំង និង​ទទួល​បន្ទុក​គ្រប់‌គ្រង​ប្រជា‌ជន​នៅ​ក្នុង​ស្រុក។ 22 រាជកិច្ចផ្សេងទៀតដែលទាក់ទងនឹងព្រះបាទអ៊ូសៀសគឺមានរៀបរាប់នៅក្នុងសៀវភៅ ព្យាការីអេសាយជាកូនរបស់លោកអម៉ុសបានសរសេរ។ 23 ព្រះបាទអូសៀសបានផ្ទំលក់ជាមួយពួកបុព្វបុរស។ ពួកគេបានបញ្ចុះសពទ្រង់ជាមួយជីដូនជីតារបស់ស្តេចនៅក្នុងផ្នូរដែលជាកម្មសិទ្ធិរបស់ស្ដេចពីព្រោះពួកគេនិយាយថា ទ្រង់ជាមនុស្សឃ្លង់។ ព្រះបាទយ៉ូថាមជាបុត្រាស្នងរាជ្យបន្ត។

ជំពូក ២៧

1 ព្រះ‌បាទ​យ៉ូថាមមានព្រះជន្មាយុ ២៥ ព្រះវស្សានៅពេលដែលស្តេចចាប់ផ្ដើមសោយរាជ្យ។ ស្តេចសោយរាជ្យបានដប់ប្រាំមួយព្រះវស្សានៅក្រុងយេរូសាឡិម។ មាតាទ្រង់មានព្រះនាមយេរូ‌សា ជាកូនស្រីរបស់លោកសាដុក។ 2 ស្តេចបានធ្វើអ្វីៗដែលគាប់ព្រះហប្ញទ័យព្រះអម្ចាស់ដោយយកតម្រាប់តាមព្រះបាទអូសៀស ជាបិតា។ ស្តេចព្យាយាមមិនចូលទៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ទេ។ ប៉ុន្តែ ប្រជាជននៅតែមានអាកប្បកិរិយាអាក្រក់។ 3 ស្តេចបានសង់ខ្លោងទ្វារខាងលើនៃព្រះដំណាក់របស់ព្រះអម្ចាស់ហើយសង់នៅលើភ្នំអូផែល។ 4 លើសពីនេះ ស្តេចបានសង់ក្រុងនានានៅលើភ្នំនៃស្រុកយូដា និងសង់ព្រះដំណាក់នឹង ប៉មនៅក្នុងព្រៃផង។ 5 ស្តេចបានច្បាំងនឹងស្តេចជនជាតិអាំម៉ូន ហើយបានវាយឈ្នះពួកគេ។ នៅឆ្នាំដដែលនោះប្រជាជនអាំម៉ូន បានថ្វាយប្រាក់បួនតោនកន្លះ នឹងស្រូវសាលីមួយម៉ឺនរង្វាល់ ម៉្សៅមួយម៉ឺនរង្វាល់។ ប្រជាជន​អាំម៉ូន​បានថ្វាយសួយសារអាកដល់ស្តេចនៅឆ្នាំទីពីរ និងទីបី នៅចំនួនដដែល។ 6 ព្រះបាទយ៉ូថាមកាន់តែមានអំណាចខ្លាំងឡើងៗពីព្រោះស្តេចបានដើរតាមមាគា៌ដ៏ត្រឹមត្រូវចំពោះព្រះភក្ត្រព្រះអម្ចាស់ជាព្រះរបស់ព្រះករុណា។ 7 រាជកិច្ច និងបញ្ហាផ្សេងទៀតទាក់ទងនឹងព្រះបាទយ៉ូថាម សង្គ្រាម និងមាគា៌របស់ស្តេចទាំងអស់ត្រូវបានកត់ទុកក្នុងសៀវភៅរបស់ស្ដេចស្រុកអ៊ីស្រាអែល និងស្រុកយូដា។ 8 ព្រះករុណាមានជន្មាយុម្ភៃប្រាំព្រះវស្សា នៅពេលដែលស្តេចបានចាប់ផ្ដើមសោយរាជ្យ។ ស្តេចសោយរាជ្យបានដប់ប្រាំមួយព្រះវស្សានៅក្រុងយេរូសាឡិម។ 9 ព្រះបាទយ៉ូថាមបានផ្ទំលក់ជាមួយបុព្វបុរសរបស់ព្រះករុណាហើយគេបញ្ចុះសពស្តេចនៅក្រុងព្រះបាទដាវីឌ។ ព្រះបាទអេហាសជាបុត្របានឡើងសោយរាជ្យជំនួស។

ជំពូក ២៨

1 ព្រះ‌បាទ​អហាស​មានព្រះជន្មាយុម្ភៃព្រះវស្សា ពេលស្តេចឡើងសោយរាជ្យ ហើយសោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូសាឡិម។ ស្តេចមិនបានធ្វើអ្វីដែលគាប់ព្រះហប្ញទ័យព្រះអម្ចាស់ដូចព្រះបាទដាវីឌជាអយ្យកោរបស់ខ្លួនទេ។ 2 ស្តេចបានដើរតាមមាគ៌ារបស់ស្តេចស្រុកអ៊ីស្រាអែល ក៏បានបង្កើតរូបសំណាកដែកសម្រាប់ព្រះបាលផងដែរ។ 3 លើសពីនេះ ស្តេចបានដុតគ្រឿងក្រអូបនៅជ្រលងភ្នំបេនហ៊ីណម ហើយបានថ្វាយបុត្រជាយញ្ញបូជានៅក្នុងភ្លើងស្របតាមអំពើគួរឲ្យស្អប់ខ្ពើមរបស់ប្រជាជនដែលព្រះអម្ចាស់បានបណ្តេញចេញពីទឹកដីរបស់ពួកគេនៅចំពោះមុខជនជាតិអ៊ីស្រាអែលផង។ 4 ស្តេចបានធ្វើយញ្ញបូជា និងដុតគ្រឿងក្រអូបនៅកន្លែងសក្ការៈតាមទួលខ្ពស់ ៗនៅតាមភ្នំ និងនៅក្រោមដើមឈើបៃតង។ 5 ហេតុនោះ ព្រះអម្ចាស់ជាព្រះរបស់ព្រះ‌បាទ​អហាសបានប្រគល់ស្តេចទៅក្នុងកណ្តាប់ដៃរបស់ស្តេចស្រុកស៊ីរី។ កងទ័ពស៊ីរីបានវាយយកជ័យជម្នះលើស្តេច ហើយនាំអ្នកទោសដ៏ច្រើនកុះករចេញទៅឯក្រុងដាម៉ាស។ ព្រះ‌បាទ​អហាសក៏ត្រូវបានប្រគល់ទៅក្នុងកណ្តាប់ដៃរបស់ស្តេចអ៊ីស្រាអែលដែលបានវាយឈ្នះស្តេច។​ 6 លោកពេកា ជាកូនរបស់លោករេម៉ាលាបានសម្លាប់ទាហាននៅស្រុកយូដាចំនួនមួយម៉ឺនពីរពាន់នាក់ក្នុងមួយថ្ងៃ ពួកគេសុទ្ធតែជាមនុស្សក្លាហាន ពីព្រោះពួកគេបានបោះបង់ចោលព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេ។ 7 លោកស៊ីគ្រីជាអ្នកចម្បាំងខ្លាំងពូកែម្នាក់មកពីអេប្រាអ៊ីមបានសម្លាប់សម្ដេច​ម៉ាសេ‌យ៉ាជាបុត្រារបស់ស្តេច លោកអរីកាំជាមន្ដ្រីព្រះរមរាជវាំង និងលោក​អែល‌កាណា ជាអ្នកជំនិតនឹងព្រះរាជា។ 8 កងទ័ពអ៊ីស្រាអែលបានចាប់ចងប្រពន្ធកូនប្រុសស្រីចំនួន ២០០, ០០០ នាក់ពីយូដាជាញាតិសន្ដានខ្លួន។ ពួកគេក៏បានរឹបអូសយកទ្រព្យសម្បត្តិជាច្រើនដែលពួកគេបានដឹកត្រឡប់ទៅស្រុកសាម៉ារីវិញ។ 9 ប៉ុន្តែ មានព្យាការីរបស់ព្រះអម្ចាស់នៅទីនោះឈ្មោះរបស់គាត់គឺអូដេដ។ លោកចេញទៅទទួលទ័ពដែលចូលមកស្រុកសាម៉ារី។ លោកមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នកទ្រង់ព្រះពិរោធនឹងស្រុកយូដា ដូច្នេះ ព្រះអង្គបានប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នកតែអ្នកបានសម្លាប់ពួកគេដោយកំហឹងដែលឡើងដល់ស្ថានបរមសុខ។ 10 ឥឡូវនេះ អ្នករាល់គ្នាមានបំណងទុកមនុស្សប្រុសស្រីនៃស្រុកយូដា និងក្រុងយេរូសាឡិមឲ្យធ្វើជាខ្ញុំបម្រើរបស់អ្នករាល់គ្នា។ ប៉ុន្តែ តើអ្នកមិនមានបាបដែលបានធ្វើបាបនឹងព្រះអម្ចាស់ជាព្រះរបស់អ្នកទេឬ? 11 ឥឡូវនេះ ចូរស្តាប់យើងសូមបញ្ជូនពួកអ្នកដែលអ្នករាល់គ្នាបានចាប់យកទៅពីបងប្អូនរបស់អ្នករាល់គ្នាឲ្យវិលទៅវិញទៅ ដ្បិត ព្រះអម្ចាស់មានព្រះពិរោធចំពោះអ្នករាល់គ្នាខ្លាំងណាស់»។ 12 ពេលនោះ មានមេដឹកនាំរបស់កុលសម្ព័ន្ធអេប្រាអ៊ីមគឺលោកអសារាជាកូនរបស់យ៉ូហាណាន​ លោកបេរេគាជាកូនរបស់លោកមីសេលេម៉ូត លោកយេហ៊ីសគាជាកូនរបស់លោកសាលូម និងលោកអម៉ាសាជាកូនរបស់លោកហាដឡៃបានក្រោកឈរប្រឆាំងនឹងអស់អ្នកដែលវិលត្រឡប់មកពីសង្គ្រាម។ 13 ពួកលោកមានប្រសាសន៍ទៅពួកគេថា៖ «អ្នករាល់គ្នាមិនត្រូវនាំអ្នកទោសមកទីនេះទេ ដ្បិត អ្នករាល់គ្នាមានបំណងធ្វើបាបនឹងបន្ថែមអំពើបាបលើអំពើទុច្ចរិតរបស់យើងទាស់នឹងព្រះអម្ចាស់ ដ្បិត អំពើទុច្ចរិតរបស់យើងធំណាស់ ហើយមានសេចក្តីក្រោធយ៉ាងខ្លាំងប្រឆាំងនឹងអ៊ីស្រាអែល។ 14 ដូច្នេះ ពួកទាហានបានទុកអ្នកទោស និងរបស់បរជាជយភណ្ឌនៅចំពោះមុខពួកមេដឹកនាំ និងអង្គប្រជុំទាំងមូល។ 15 មនុស្សមួយចំនួនដែលបានជ្រើសរើសតាមឈ្មោះបានក្រោកឡើងចាប់ពួកអ្នកទោសហើយស្លៀកពាក់ឲ្យ អ្នកដែលអាក្រាតក្នុងចំណោមពួកគេ។ ពួកគេបានស្លៀកពាក់ឲ្យគេហើយឲ្យស្បែកជើងដល់ពួកគេផង។ ពួកគេឲ្យអាហារបរិភោគ និងទឹកផឹក។ ពួកគេបានព្យាបាលរបួសរបស់ពួកគេ ហើយដាក់អ្នកទន់ខ្សោយលើសត្វលា។ ពួកគេបាននាំពួកគេត្រឡប់ទៅគ្រួសាររបស់ពួកគេនៅក្រុងយេរីខូរ (ហៅថាទីក្រុងដើមលម៉ើ)។ បន្ទាប់មក ពួកគេបានវិលត្រឡប់ទៅស្រុកសាម៉ារីវិញ។ 16 នៅគ្រានោះ ព្រះបាទអហាសចាត់អ្នកនាំសារឲ្យទៅទូលស្តេចស្រុកអាស៊ីរីដើម្បីសុំឲ្យពួកគេជួយស្តេច។ 17 ព្រោះជនជាតិអេដុមចូលមកវាយយកស្រុកយូដា ហើយចាប់ប្រជាជននាំទៅជាឈ្លើយ។ 18 ជនជាតិភីលីស្ទីនក៏វាយលុកចូលក្រុងនានានៅតំបន់ទំនាប និងតំបន់ណេកិបនៃស្រុកយូដា។ ពួកគេដណ្ដើមយកក្រុងបេតសេមេស ក្រុងអៃយ៉ាឡូន ក្រុងកើឌើរ៉ូត ក្រុងសូខូជាមួយភូមិនានា ក្រុងធីមណា និងភូមិនានាព្រមទាំងគីមសូជាមួយភូមិនានា។ ពួកគេបាននាំគ្នាទៅរស់នៅកន្លែងទាំងនោះ។ 19 ព្រះអម្ចាស់ធ្វើឲ្យស្រុកយូដាទន់ខ្សោយដោយសារតែស្ដេចអេហាសជាស្ដេចអ៊ីស្រាអែល។ ស្តេចបានប្រព្រឹត្តអំពើអាក្រក់នៅស្រុកយូដាហើយប្រព្រឹត្ដអំពើបាបយ៉ាងធ្ងន់លើព្រះអម្ចាស់។ 20 ព្រះបាទទីកឡាត-‌ពេលេ‌ស៊ើរ ជាស្តេចស្រុកអាសស៊ើរបានលើកទ័ពចូលមកហើយធ្វើទុក្ខទោសស្តេចជាជាងគាំទ្រពង្រឹងកម្លាំងដល់ស្តេច។ 21 ព្រះ‌បាទ​អហាស​បានយកទ្រព្យសម្បត្តិពីព្រះដំណាក់របស់ព្រះអម្ចាស់ និងពីដំណាក់របស់ស្តេច និងពីផ្ទះពួកមេដឹកនាំដើម្បីថ្វាយដល់ស្តេចស្រុកអាស្ស៊ីរី។ ប៉ុន្តែ ការធ្វើបែបនេះមិនបានផ្តល់ផលប្រយោជន៍ដល់ស្តេចទេ។ 22 នៅគ្រាលំបាកស្តេចអេហាសបានធ្វើបាបនឹងព្រះអម្ចាស់កាន់តែខ្លាំងឡើងៗ។ 23 ស្តេចបានថ្វាយយញ្ញបូជាដល់ព្រះរបស់ក្រុងដាម៉ាសជាព្រះដែលបានវាយឈ្នះស្តេច។ ស្តេចមានរាជឱង្កាថា៖ «ដោយសារព្រះរបស់ស្តេចស្រុកស៊ីរីបានជួយពួកគេខ្ញុំនឹងថ្វាយយញ្ញបូជាដល់ពួកគេ ក្រែងលោកពួកគេអាចជួយខ្ញុំបាន» ។ ប៉ុន្តែ ពួកគេបានបំផ្លាញព្រះអង្គ និងអ៊ីស្រាអែលទាំងមូល។ 24 ព្រះបាទអេហាសបានប្រមូលគ្រឿងសង្ហារិមនៃព្រះដំណាក់របស់ព្រះជាម្ចាស់មកកាត់ជាចំណែកៗ ។ ស្តេចបានបិទទ្វារព្រះដំណាក់របស់ព្រះអម្ចាស់ ហើយស្តេចក៏សង់អាសនៈសម្រាប់ខ្លួនឯងនៅគ្រប់ជ្រុងនៃក្រុងយេរូសាឡិម។ 25 នៅតាមក្រុងនីមួយៗនៃស្រុកយូដាស្តេចបានសង់កន្លែងសក្ការៈតាមទួលខ្ពស់ៗ ដើម្បីធ្វើយញ្ញបូជាដល់ព្រះដទៃ។ ស្តេចបានធ្វើឲ្យព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ព្រះអង្គទ្រង់ព្រះពិរោធ។ 26 រាជកិច្ចទៀត និងការប្រព្រឹត្ដទាំងអស់របស់ទ្រង់តាំងបីដើម និងដល់ចប់ សុទ្ធត្រូវបានកត់ទុកក្នុងសៀវភៅរបស់ស្ដេចស្រុកយូដា និងអ៊ីស្រាអែល។ 27 ​ព្រះបាទអេហាសសោយទិវង្គតគេបានបញ្ចុះសពស្តេចនៅក្រុងយេរូសាឡិមតែគេពុំបានយកទៅបញ្ចុះក្នុងផ្នូររបស់ស្តេចអ៊ីស្រាអែលទេ។ ព្រះបាទហេសេគាជាបុត្រឡើងស្នងរាជ្យ។

ជំពូក ២៩

1 ព្រះបាទហេសេគាបានឡើងគ្រងនៅពេលព្រះករុណាមានព្រះជន្មាយុម្ភៃប្រាំព្រះវស្សាហើយសោយរាជ្យបានម្ភៃប្រាំបួនព្រះវស្សានៅក្រុងយេរូសាឡិម។ ព្រះមាតារបស់ព្រះអង្គមានព្រះនាមថា អប៊ីយ៉ា ជាកូនស្រីរបស់លោកសាការី ។ 2 ស្តេចបានធ្វើអ្វីដែលត្រឹមត្រូវគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចជាព្រះបាទដាវីឌ ជាព្រះបិតាដែរ។ 3 ក្នុងឆ្នាំទីមួយនៃរជ្ជកាលរបស់ស្តេចគឺក្នុងខែទីមួយព្រះបាទហេសេគាបានបើកទ្វារព្រះដំណាក់របស់ព្រះអម្ចាស់ហើយជួសជុលឡើងវិញ។ 4 ស្តេចបាននាំពួកបូជាចារ្យ និងពួកលេវីឲ្យមកហើយប្រមូលពួកគេចូលទីធ្លាខាងកើត។ 5 ព្រះករុណាមានរាជឱង្ការថា៖ «ពួកលេវីអើយ ចូរផ្ទៀងត្រចៀកស្តាប់យើង​ ចូរញែកខ្លួនឲ្យបានវិសុទ្ធហើយញែកព្រះដំណាក់របស់ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នកហើយដកការសៅហ្មងចេញពីទីសក្ការៈនៃព្រះចេញ។ 6 ដ្បិត ដូនតារបស់យើងបានប្រព្រឹត្តខុសនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ជាព្រះរបស់យើង។ ពួកគេបានបោះបង់ចោលព្រះអង្គ ហើយបានបែរមុខចេញពីកន្លែងដែលព្រះអម្ចាស់គង់នៅ។ 7 ពួកគេបិទទ្វារបន្ទប់ល្វែង និងដកចង្កៀងចេញ ពួកគេមិនបានដុតគ្រឿងក្រអូប ឬថ្វាយតង្វាយដុតនៅកន្លែងសក្ការៈដល់ព្រះនៃជនជាតិអ៊ីស្រាអែលទេ។ 8 ហេតុនេះ ព្រះអម្ចាស់ព្រះពិរោធនឹងស្រុកយូដាព្រមទាំងក្រុងយេរូសាឡិមព្រះអង្គធ្វើឲ្យស្រុកនេះក្លាយទៅជាទីគួរឲ្យស្ញែងខ្លាច និងគួរឲ្យស្អប់ខ្ពើមដូចអ្នកបានឃើញផ្ទាល់នឹងភ្នែក។ 9 ហេតុនេះហើយបានជាបុព្វបុរសរបស់យើងបានស្លាប់ដោយមុខដាវកូនប្រុសកូនស្រី និងភរិយារបស់យើងត្រូវជាប់ជាឈ្លើយ។ 10 ឥឡូវនេះ ខ្ញុំសម្រេចចិត្តចងសម្ពន្ធមេត្រីជាមួយព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល ដើម្បីឲ្យព្រះពិរោធរបស់ព្រះអម្ចាស់ឃ្លាតឆ្ងាយពីយើង។ 11 កូនប្រុសទាំងឡាយអើយ កុំខ្ជិលច្រអូសឡើយ ដ្បិត ព្រះអម្ចាស់បានជ្រើសរើសអ្នកឲ្យឈរនៅចំពោះព្រះភក្ត្រព្រះអង្គ ដើម្បីគោរពបម្រើព្រះអង្គ និងធ្វើជាអ្នកបម្រើរបស់ព្រះអង្គ និងដុតគ្រឿងក្រអូបផង»។ 12 ពួកលេវីបានក្រោកឡើង៖ លោក​ម៉ា‌ហាត់ ជាកូនរបស់លោកអម៉ា‌សាយ និងលោកយ៉ូអែល ជាកូនរបស់លោកអសារាក្នុងអំបូរកេហាត់ ក្នុងអំបូរម៉្រារីមានលោកគីស ជាកូនរបស់លោកអាបឌី និងលោកអសារា ជាកូនរបស់លោក​លោក​យេហា‌លែល។ ក្នុងចំណោមកូនចៅគើរ‌​សុន​គឺលោក​យ៉ូអា ជាកូនរបស់លោកស៊ីម៉្មា​ និងលោកអេដែនជាកូនរបស់លោកយ៉ូអា។ 13 កូនរបស់លោកអេលីសាផានគឺលោក​ស៊ីមរី និង​លោក​យី‌អែល។ ក្នុងអំបូរអេសាភ មានលោកសាការី និងលោកម៉ាថានា។ 14 កូនរបស់លោកហេម៉ានលោកយេហ៊ូ​អែល​ និងលោកស៊ីម៉ៃ និងកូនប្រុសៗរបស់យេឌូ‌ថិន​ មានលោកសេម៉ាយ៉ា និងលោក​អ៊ូ‌ស៊ាល។ 15 ពួកគេបានប្រមូលបងប្អូនរបស់ពួកគេហើយពួកគេបានញែកខ្លួនចេញហើយពួកគេបានចូលតាមបញ្ជារបស់ព្រះករុណាដើម្បីសម្អាតដំណាក់របស់ព្រះអម្ចាស់។ 16 ពួកបូជាចារ្យចូលទៅផ្នែកខាងក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ដើម្បីធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ។ ពួកគេបានយករបស់ទាំងប៉ុន្មានដែលមាននៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់ចូលទៅក្នុងទីធ្លានៃព្រះដំណាក់។ ពួកលេវីបានយកវាទៅកម្ទេចនៅជ្រោះ​កេដ្រូន។ 17 នៅថ្ងៃទីមួយនៃខែទីមួយ ពួកគេចាប់ផ្ដើមធ្វើពិធីជម្រះកាយ។ នៅថ្ងៃទីប្រាំបីនៃខែទីមួយពួកគេបានទៅដល់បន្ទប់ល្វែងរបស់ព្រះអម្ចាស់។ បន្ទាប់មក ពួកគេបានញែកព្រះដំណាក់របស់ព្រះអម្ចាស់អស់រយៈពេលប្រាំបីថ្ងៃទៀត។ នៅថ្ងៃទីដប់ប្រាំមួយនៃខែដំបូងពួកគេបានបញ្ចប់កិច្ចការងា។ 18 បន្ទាប់មក ពួកគេចូលទៅគាល់ព្រះបាទហេសេគានៅខាងក្នុងព្រះបរមរាជវាំងហើយទូលថា៖ «យើងខ្ញុំបានសម្អាតអាសនៈទាំងអស់របស់ព្រះអម្ចាស់គឺអាសនៈសម្រាប់ថ្វាយតង្វាយដុតទាំងមូលជាមួយគ្រឿងបរិក្ខារទាំងអស់ព្រមទាំងតុតម្កល់នំប៉័ងនៅចំពោះព្រះភក្ត្ររបស់ព្រះជាម្ចាស់រួមទាំងគ្រឿងបរិក្ខារទាំងអស់។ 19 ដូច្នេះ យើងបានត្រៀមទុកហើយយើងបានញែកអ្វីៗទាំងអស់ដែលស្តេចអហាសបានយកប្រើប្រាស់មិនស្មោះត្រង់ពេលស្តេចសោយរាជ្យក្នុងរជ្ជកាលស្តេច។ 20 ពេលនោះ ព្រះបាទហេសេគាក្រោកពីព្រលឹម ហើយប្រមូលអ្នកដឹកនាំទីក្រុង ព្រះករុណាឡើងទៅព្រះដំណាក់របស់ព្រះអម្ចាស់។ 21 ចៀមឈ្មោលប្រាំពីរនិងកូនពពែប្រាំពីរក្បាលមកថ្វាយជាយញ្ញបូជារំដោះបាបសម្រាប់ព្រះរាជា សម្រាប់ទីសក្ការៈ និងសម្រាប់ប្រជាជនយូដា។ ព្រះករុណាបញ្ជាដល់ពួកបូជាចារ្យដែលជាកូនចៅរបស់លោកអើរ៉ុនឲ្យថ្វាយតង្វាយទាំងនេះនៅលើអាសនៈរបស់ព្រះអម្ចាស់។ 22 ដូច្នេះ ពួកគេបានសម្លាប់គោ ហើយពួកបូជាចារ្យបានទទួលឈាមហើយប្រោះឈាមលើកន្លែងថ្វាយតង្វាយ។ ពួកគេបានសម្លាប់សត្វចៀមហើយប្រោះឈាមនៅលើកន្លែងថ្វាយតង្វាយ។ ពួកគេបានសម្លាប់កូនចៀមហើយប្រោះឈាមនៅលើកន្លែងថ្វាយតង្វាយ។ 23 គេនាំពពែឈ្មោលសម្រាប់ធ្វើយញ្ញបូជារំដោះបាបនៅចំពោះព្រះភក្រ្តស្តេច និងអង្គប្រជុំ។ ពួកគេបានដាក់ដៃលើពួកគេ។ 24 ពួកបូជាចារ្យបានសម្លាប់សត្វទាំងនោះហើយពួកគេបានថ្វាយយញ្ញបូជារំដោះបាបដោយមានឈាមរបស់សត្វនៅលើកន្លែងថ្វាយតង្វាយ ដើម្បីធ្វើពិធីលោះបាបឲ្យប្រជាជនអ៊ីស្រាអែលទាំងមូល។ ដ្បិត ព្រះករុណាបានបញ្ជឲ្យថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាលោះបាបសម្រាប់ប្រជាជនអ៊ីស្រាអែល។ 25 ព្រះបាទហេសេគាដាក់ពួកលេវីក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ដោយកាន់ស្គរនិងពិណដែលមានចែងទុកតាមបញ្ជារបស់ព្រះបាទដាវីឌ លោកកាដគ្រូទាយរបស់ស្តេច និងលោកណាថាន់ដែលជាព្យាការី។ 26 ពួកលេវីឈរជាមួយឧបករណ៍របស់ព្រះបាទដាវីឌ ហើយពួកបូជាចារ្យកាន់ត្រែ។ 27 ព្រះបាទហេសេគាបង្គាប់ឲ្យគេថ្វាយតង្វាយដុតទាំងមូលនៅលើកន្លែងថ្វាយតង្វាយ។ ពេលគេថ្វាយតង្វាយដុតចប់ហើយចម្រៀងសរសើរព្រះអម្ចាស់ចាប់ផ្តើមមានសម្លេងត្រែព្រមទាំងឧបករណ៍របស់ព្រះបាទដាវីឌជាស្តេចស្រុកអ៊ីស្រាអែល។ 28 អង្គប្រជុំទាំងមូលថ្វាយបង្គំព្រះអ្នកចម្រៀងច្រៀង និងអ្នកផ្លុំត្រែបន្លឺឡើង ហើយអ្វីៗទាំងអស់នេះបន្តរហូតដល់ដង្វាយដុតបានចប់សព្វគ្រប់។ 29 ក្រោយពីបានថ្វាយតង្វាយចប់សព្វគ្រប់ហើយ ស្តេច និងអស់អ្នកដែលនៅជាមួយស្តេចក្រាបថ្វាយបង្គំ។ 30 ព្រះបាទហេសេគាជាស្តេច និងមេដឹកនាំបានបញ្ជាឲ្យពួកលេវីច្រៀងសរសើរតម្កើងព្រះអម្ចាស់ដោយទំនុករបស់ព្រះបាទដាវីឌ និងលោកអេសាភ។ ពួកគេច្រៀងសរសើរដោយអំណរហើយពួកគេបានឱនក្បាលថ្វាយបង្គំ។ 31 ព្រះបាទសេគាមានរាជឱង្ការថា៖ «ឥឡូវនេះ អ្នកបានញែកខ្លួនចេញថ្វាយព្រះអម្ចាស់ ហើយបាននាំយកយញ្ញបូជានិងតង្វាយអរព្រះគុណដល់ព្រះដំណាក់របស់ព្រះអម្ចាស់»។ ក្រុមជំនុំបានថ្វាយយញ្ញបូជា និងយញ្ញបូជាអរព្រះគុណហើយអស់អ្នកដែលមានចិត្តស្មោះត្រង់បានយកតង្វាយដុតមកថ្វាយ។ 32 ចំនួនតង្វាយដុតដែលក្រុមជំនុំនាំមកថ្វាយនោះមានគោឈ្មោលចិតសិបក្បាល ចៀមឈ្មោលមួយរយក្បាល និងកូនចៀមឈ្មោលពីររយក្បាល។ អ្វីៗទាំងអស់នេះត្រូវថ្វាយជាតង្វាយដុតដល់ព្រះអម្ចាស់។ 33 តង្វាយដែលត្រូវថ្វាយសម្រាប់ការញែកជាបរិសុទ្ធមានគោឈ្មោលប្រាំមួយរយក្បាល និងចៀមបីពាន់ក្បាល។ 34 ប៉ុន្តែ ដោយពួកបូជាចារ្យមានមានគ្នាតិចពេក មិនអាចបកស្បែកដង្វាយដុតទាំងមូលបានទាំងអស់ ដូច្នេះ ពួកលេវីពួកគេបានជួយពួកគេរហូតដល់ធ្វើការហើយរហូតដល់ពួកបូជាចារ្យអាចធ្វើពិធីជម្រះខ្លួនឲ្យបានបរិសុទ្ធ ពីព្រោះពួកលេវីមានចិត្តខ្នះខ្នែង និងប្រុងប្រយ័ត្នក្នុងការញែកខ្លួនជាបរិសុទ្ធជាងពួកបូជាចារ្យ។ 35 លើសពីនេះ មានតង្វាយដុតជាច្រើនទៀត។ ពួកគេបានយកខ្លាញ់របស់សត្វដែលថ្វាយជាយញ្ញបូជាមេត្រីភាព និងស្រាសម្រាប់ធ្វើតង្វាយច្រួចថែមទៀតផង។ ដូច្នេះ ការគោរពព្រះដំណាក់របស់ព្រះអម្ចាស់បានរៀបរយ។ 36 ព្រះបាទហេសេគា និងប្រជាជនទាំងមូលមានចិត្តរីករាយ ដោយព្រោះព្រះជាម្ចាស់បានត្រៀមទុកសម្រាប់ប្រជាជន ដ្បិតការងារនេះបានធ្វើយ៉ាងលឿន។

ជំពូក ៣០

1 ព្រះបាទហេសេគាបានចាត់អ្នកនាំសារឲ្យទៅស្រុកអ៊ីស្រាអែល និងយូដាទាំងមូលហើយបានសរសេរសំបុត្រទៅលោកអេប្រាអ៊ីម និងលោកម៉ាណាសេ ដើម្បីឲ្យពួកគេចូលមកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡិម ដើម្បីធ្វើពិធីបុណ្យចម្លងថ្វាយព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។​ 2 ព្រះរាជា ព្រមទាំងមេដឹកនាំ និងអង្គប្រជុំទាំងមូលនៅក្រុងយេរូសាឡិមបានពិភាក្សាគ្នាដោយសម្រេចចិត្តធ្វើពិធីបុណ្យចម្លងនៅខែទីពីរ។ 3 គេពុំអាចប្រារព្ធពិធីនេះបានភ្លាមៗទេព្រោះពួកបូជាចារ្យពុំទាន់បានញែកខ្លួនឲ្យបានវិសុទ្ធគ្រប់ចំនួននៅឡើយ ហើយប្រជាជនក៏ពុំបានជួបជុំគ្នានៅក្រុងយេរូសាឡិមដែរ។ 4 សំណើនេះហាក់ដូចជាត្រឹមត្រូវចំពោះព្រះភក្ត្រព្រះមហាក្សត្រ និងអង្គប្រជុំទាំងមូល។ 5 ពួកគេបានយល់ព្រមឲ្យប្រជាជនអ៊ីស្រាអែលទាំងមូលប្រកាសចាប់តាំងពីក្រុងបៀរសេបារហូតដល់ក្រុងដាន់ថា ប្រជាជនគួរនាំគ្នាប្រារព្ធពិធីបុណ្យចម្លងថ្វាយព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលនៅក្រុងយេរូសាឡិម។ ពីព្រោះពួគេមិនមានកំណត់អំពីចំនួនមនុស្សដែលចូលរួមឡើយ។ 6 ដូច្នេះ គេនាំព្រះរាជសាររបស់ព្រះរាជានិងសំបុត្រមេដឹកនាំទាំងអស់ទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងមូលតាមបញ្ជារបស់ព្រះរាជា។ ពួកគេប្រកាសថា៖ «ជនជាតិអ៊ីស្រាអែលអើយ! ចូរនាំគ្នាវិល​ត្រឡប់មករកព្រះអម្ចាស់ជាព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែលវិញ ដើម្បីឲ្យព្រះអង្គវិលត្រឡប់ទៅរកអ្នករាល់គ្នាដែលនៅសេសសល់​ពីកណ្តាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរី។ 7 កុំធ្វើដូចដូនតាអ្នក ឬបងប្អូនរបស់អ្នកដែលបានធ្វើខុសចំពោះព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេឡើយ ដូច្នេះ ព្រះអង្គបានប្រគល់ពួកគេឲ្យវិនាសដូចអ្នករាល់គ្នាឃើញស្រាប់។ 8 កុំធ្វើដូចជាដូនតារបស់អ្នកឡើយ។ ផ្ទុយទៅវិញ ចូរប្រគល់ខ្លួនឲ្យព្រះអម្ចាស់ហើយ ចូលទៅក្នុងទីសក្ការៈរបស់ព្រះអង្គដែលព្រះអង្គបានញែកជារៀងរហូតហើយថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នក ដើម្បីឲ្យព្រះពិរោធរបស់ព្រះអង្គបែរចេញពីអ្នក។ 9 ប្រសិនបើ អ្នករាល់គ្នាវិលត្រឡប់ទៅរកព្រះអម្ចាស់វិញ បងប្អូន​​ និងកូនចៅរបស់អ្នកមុខជាអាណិតអាសូរចំពោះអស់អ្នកដែលនាំពួកគេទៅជាឈ្លើយ ហើយពួកគេនឹងវិលត្រឡប់មកស្រុកនេះវិញ។ ដ្បិត ព្រះអម្ចាស់ជាព្រះរបស់អ្នកមានព្រះហប្ញទ័យ​ប្រណីសន្តោស ហើយមិនងាកមុខចេញពីអ្នកទេ ប្រសិនបើអ្នកវិលត្រឡប់មករកព្រះអង្គវិញ»។ 10 អ្នកនាំសារឆ្លងពីក្រុងមួយទៅក្រុងមួយនៅទូទាំងតំបន់អេប្រាអ៊ីម និងម៉ាណាសេរហូតដល់សាប់យូឡូន ប៉ុន្តែ ប្រជាជនសើចចំអក ហើយមើលងាយដល់ពួកគេ។ 11 ទោះយ៉ាងណា មានមនុស្សខ្លះនៅក្រុងអេស៊ើរ ម៉ាណាសេ និងសាប់យូឡូនបានបន្ទាបខ្លួន ហើយបានមកដល់ក្រុងយេរូសាឡិម។ 12 ព្រះហស្តរបស់ព្រះជាម្ចាស់បានមកស្ថិតលើជនជាតិយូដា ដើម្បីឲ្យគេមានចិត្តតែមួយបំពេញតាមបញ្ជារបស់ស្តេច និងមេដឹកនាំតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ 13 មានមនុស្សជាច្រើនដែលបានប្រមូលផ្តុំគ្នា ជាអង្គប្រជុំដ៏ធំមួយនៅក្រុងយេរូសាឡិម ដើម្បីប្រារព្ធពិធីបុណ្យនំបុ័ងឥតមេនៅខែទី ២ ។ 14 ពួកគេក្រោកឡើងដកហូតអាសនៈនានានៅក្រុងយេរូសាឡិម និងអាសនៈសម្រាប់ដុតគ្រឿងក្រអូប ពួកគេបានបោះទៅក្នុងជ្រោះកេដ្រូន។ 15 គេសម្លាប់កូនចៀមសម្រាប់បុណ្យចម្លងនៅថ្ងៃទីដប់បួននៃខែទីពីរ។ ពួកបូជាចារ្យ និងពួកលេវីមានចិត្តអៀនខ្មាស ដូច្នេះ ពួកគេបានញែកខ្លួន​ រួចហើយនាំយកតង្វាយដុតទៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ 16 ពួកគេបានឈរនៅកន្លែងរបស់ពួកគេតាមការបែងចែករបស់ពួកគេដោយធ្វើតាមការណែនាំដែលបានចែងនៅក្នុងច្បាប់របស់លោកម៉ូសេ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់។ ពួកបូជាចារ្យប្រោះឈាមដែលពួកគេទទួលពីដៃរបស់ពួកលេវី។ 17 ពីព្រោះក្នុងក្រុមជំនុំមានមនុស្សជាច្រើនដែលមិនបានធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ។ ហេតុនេះហើយ បានជាពួកលេវីសម្លាប់កូនចៀមធ្វើពិធីបុណ្យចម្លងសម្រាប់អ្នកគ្រប់គ្នាដែលពុំបានញែកខ្លួនជាបរិសុទ្ធហើយមិនអាចថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់បាន។ 18 ក្នុងចំណោមប្រជាជនដ៏ច្រើននេះភាគច្រើនមកពីលោកអេប្រាអ៊ីម លោកម៉ាណាសេ លោកអ៊ីសាខា និងលោកសាប់យូឡូនដែលមិនបានធ្វើពិធីជម្រះខ្លួនឲ្យបានបរិសុទ្ធនៅឡើយទេ តែពួកគេបានបរិភោគអាហារបុណ្យចម្លង ផ្ទុយពីសេចក្តីណែនាំដែលបានសរសេរទុកមក។ ព្រះបាទហេសេគាបានអធិស្ឋានឲ្យពួកគេដោយពោលថា៖ «សូមព្រះអម្ចាស់ប្រណីសន្តោសមនុស្សទាំងអស់ 19 ដែលពួកគេមានចិត្តចង់ស្វែងរកព្រះជាម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេទោះបីពួកគេមិនបានញែកខ្លួនឲ្យបានស្អាតស្អំតាមកម្រិតនៃទីសក្ការៈក៏ដោយ»។ 20 ដូច្នេះព្រះអម្ចាស់ព្រះសណ្តាប់ពាក្យរបស់ព្រះបាទហេសេគា ហើយបានប្រោសប្រជាជនឲ្យបានជា។ 21 ប្រជាជនអ៊ីស្រាអែលដែលមានវត្តមាននៅក្រុងយេរូសាឡិមបានប្រារព្ធពិធីបុណ្យនំបុ័ងឥតមេអស់រយៈពេលប្រាំពីរថ្ងៃដោយមានអំណរយ៉ាងខ្លាំង។ រៀងរាល់ថ្ងៃពួកលេវី និងពួកបូជាចារ្យនាំគ្នាសរសើរតម្កើងព្រះអម្ចាស់ដោយច្រៀងចម្រៀង និងលេងឧបករណ៍តន្ត្រីយ៉ាងខ្លាំងថ្វាយព្រះអម្ចាស់។ 22 ព្រះបាទហេសេគាមានរាជឱង្ការលើកទឹកចិត្តប្រជាជនលេវីទាំងអស់ដែលយល់អំពីមុខងាររបស់ព្រះអម្ចាស់។ ដូច្នេះ ពួកគេបរិភោគជារៀងរាល់ថ្ងៃរយៈពេលប្រាំពីរថ្ងៃដោយថ្វាយយញ្ញបូជាមេត្រីភាព និងលន់តួបាបនៅចំពោះព្រះអម្ចាស់ជាព្រះរបស់ដូនតារបស់គេ។ 23 បន្ទាប់មក អង្គប្រជុំទាំងមូលបានសម្រេចចិត្តប្រារព្ធពិធី ៧ ថ្ងៃទៀតហើយពួកគេក៏ធ្វើដូច្នេះដោយអំណរ។ 24 ដ្បិតព្រះបាទហេសេគា ជាស្តេចស្រុកយូដាបានថ្វាយគោឈ្មោលមួយពាន់ក្បាល និងចៀមប្រាំពីរពាន់ក្បាល។ មេដឹកនាំបានប្រគល់គោបាមួយពាន់ក្បាលចៀម និងពពែមួយម៉ឺនក្បាលឲ្យក្រុមជំនុំ។ មានបូជាចារ្យមួយចំនួនធំបានធ្វើពិធីញែកខ្លួនឲ្យបានបរិសុទ្ធនៅចំពោះព្រះអម្ចាស់។ 25 ក្រុមជំនុំទាំងប៉ុន្មាននៅស្រុកយូដាពួកបូជាចារ្យលេវី និងប្រជាជនទាំងអស់ដែលមកជួបជុំគ្នានៅស្រុកអ៊ីស្រាអែលព្រមទាំងជនបរទេសដែលមកពីទឹកដីអ៊ីស្រាអែលនិងប្រជាជននៅស្រុកយូដាសុទ្ធតែសប្បាយរីករាយ។ 26 នៅក្រុងយេរូសាឡិមមានអំណរសប្បាយជាខ្លាំង ព្រោះតាំងពីជំនាន់ព្រះបាទសាឡូម៉ូនជាបុត្ររបស់ព្រះបាទដាវីឌជាស្តេចស្រុកអ៊ីស្រាអែលមិនដែលមានសេចក្តីអំណរបែបនេះនៅក្រុងយេរូសាឡិមទេ។ 27 ពួកបូជាចារ្យ ពួកលេវីក៏ក្រោកឡើងប្រទានពរដល់ប្រជាជន។ សម្លេងរបស់គេ នឹងសេចក្តីអធិស្ឋានរបស់គេបានឮដល់ស្ថានសួគ៌ គឺជាកន្លែងបរិសុទ្ធ ជាកន្លែងដែលព្រះអម្ចាស់គង់នៅ។

ជំពូក ៣១

1 ក្រោយពីការទាំងអស់នេះបានចប់សព្វគ្រប់ហើយ ប្រជាជនអ៊ីស្រាអែលទាំងអស់ដែលនៅទីនោះ បាននាំគ្នាចេញដំណើរទៅតាមក្រុងនានានៅស្រុកយូដា ហើយបានវាយបំបែកបង្គោលថ្ម ព្រមទាំងបានរំលំបង្គោលព្រះអាសេរ៉ា ហើយពួកគេបានរំលំកន្លែងសក្ការៈបូជា និងអាសនៈនៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងស្រុកយូដា និងស្រុកបេនយ៉ាមីន ព្រមទាំងនៅក្នុងស្រុកអេប្រាអ៊ីម និងស្រុកម៉ាណាសេ។ បន្ទាប់មកជនជាតិអ៊ីស្រាអែលទាំងអស់វិលត្រឡប់ទៅផ្ទះ និងក្រុងរៀងៗខ្លួនវិញ។ 2 ព្រះបាទហេសេគាចាត់តាំងពួកបូជាចារ្យ និងពួកលេវីឲ្យបំពេញមុខងារតាមក្រុមរបស់ខ្លួនរៀងៗខ្លួន ហើយម្នាក់ៗត្រូវបានតែងតាំងឲ្យបំពេញមុខងាររបស់ខ្លួនទាំងពួកបូជាចារ្យ និងពួកលេវីរៀងៗខ្លួន។ ស្តេចតែងតាំងពួកគេឲ្យតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព បម្រើការងារ ការអរព្រះគុណ និងសរសើរនៅមាត់ទ្វារព្រះវិហារព្រះម្ចាស់។ 3 ព្រះ‌រាជា​បាន​យក​រាជ‌ទ្រព្យ​មួយ​ចំណែក សម្រាប់​បង់​ចំណាយ​ទៅ​លើ​តង្វាយ​ដុត​ទាំង​មូល ដែល​ត្រូវ​ថ្វាយ​នៅ​ពេល​ព្រឹក នៅ​ពេល​ល្ងាច នៅ​ថ្ងៃ​សប្ប័ទ នៅ​បុណ្យ​ដើម​ខែ និង​បុណ្យ​​សំខាន់ៗ​ផ្សេង​ទៀត ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់។ 4 លើសពីនេះ ស្តេចបានចេញរាជបញ្ជាឲ្យប្រជាជនដែលរស់នៅក្រុងយេរូសាឡិមត្រូវចែកចំណែករបស់ដល់បូជាចារ្យ និងពួកលេវី ដើម្បីឲ្យពួកគេផ្ចង់ស្មារតីធ្វើតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់។ 5 ក្រោយពីទទួលបានបញ្ជានេះ ប្រជាជនអ៊ីស្រាអែលបានយកផលដំបូងនៃស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង ទឹកឃ្មុំ និងពីអ្វីៗដែលពួកគេបានច្រូតពីចម្ការរបស់ពួកគេទាំងអស់មកថ្វាយ។ ពួកគេបានយកមួយភាគដប់នៃអ្វីៗទាំងអស់។ ដែលជាបរិមាណដ៏អស្ចារ្យ។ 6 ជនជាតិអ៊ីស្រាអែល និងជនជាតិយូដាដែលរស់នៅតាមក្រុងនានានៅក្នុងស្រុកយូដាបាននាំយកដង្វាយជាគោ និង​ចៀម​មកថ្វាយជាតង្វាយមួយភាគដប់ថ្វាយព្រះអម្ចាស់ជាព្រះរបស់ពួកគេ ហើយពួកគេ​ដាក់​តង្វាយ​ទាំង​នោះ​ជា​ច្រើន​គំនរ។ 7 ពួកគេ​បាន​ចាប់​ផ្ដើម​ប្រមូល​តង្វាយ​មក​ដាក់​ជា​គំនរ ចាប់​ពី​ខែ​ទី​បី រហូត​ដល់​ខែ​ទី​ប្រាំ‌ពីរ។ 8 ពេលព្រះ‌បាទ​ហេ‌សេគា និង​អ្នកដឹកនាំបានឃើ​គំនរ​តង្វាយ​ទាំង​នោះ ពួកគេនាំ​គ្នា​អរ​ព្រះ‌គុណដល់​ព្រះ‌អម្ចាស់ និង ដល់​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គគឺ​ជនជាតិអ៊ីស្រា‌អែល។ 9 បន្ទាប់មក ព្រះបាទហេសេគាបានសាកសួរពួកបូជាចារ្យ និងពួកលេវីអំពីគំនរទាំងនេះ។ 10 លោកអសារា ជានាយកបូជាចារ្យនៃក្រុមគ្រួសារលោកសាដុកឆ្លើយថា៖ «ចាប់តាំងពីប្រជាជនចាប់ផ្តើមនាំតង្វាយចូលព្រះដំណាក់របស់ព្រះអម្ចាស់យើងបានបរិភោគហើយមាននៅសល់ជាច្រើនហើយនៅសល់ជាច្រើនទៀត ដ្បិតព្រះអម្ចាស់ប្រទានពរដល់ប្រជារាស្ត្ររបស់ព្រះអង្គ។ អ្វីដែលនៅសេសសល់គឺចំនួនដ៏ច្រើននៅទីនេះ។ 11 ព្រះបាទហេសេគាបានចេញរាជបញ្ជាឲ្យគេរៀបចំឃ្លាំងក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ 12 នោះ ពួកគេបានស្មោះត្រង់ក្នុងការនាំយកតង្វាយផ្សេងៗ មួយភាគដប់ និងអ្វីៗដែលជាកម្មសិទ្ធិរបស់ព្រះអម្ចាស់។ លោកកូណានា ជាលេវី គឺជាអ្នកមើលខុសត្រូវលើពួកគេ ហើយលោកស៊ីម៉ៃជាបងប្អូនរបស់គាត់ជាអ្នកកាន់តំណែងទីពីរ។ 13 លោក​យេហ៊ី‌អែល លោក​អសា‌ស៊ា លោក​ណា‌ហាត លោក​អេសា‌អែល លោក​យេរី‌ម៉ុត លោក​យ៉ូសា‌បាដ លោក​អេលាល លោក​យីស‌ម៉ាគា លោក​ម៉ា‌ហាត និង​លោក​បេណា‌យ៉ា ​ធ្វើ​ការ​នៅ​ក្រោម​បញ្ជា​របស់​លោក​កូណា‌នា និង​លោក​ស៊ី‌ម៉ៃ ជា​ប្អូន តាមការតែងតាំងរបស់ព្រះបាទហេសេគាជាស្តេច និងលោកអសារាជាអ្នកមើលខុសត្រូវលើព្រះដំណាក់របស់ព្រះជាម្ចាស់។ 14 លោក​កូរេ ជា​កូន​របស់​លោកអ៊ីមណា​ពី​ពួក​លេវី ដែល​ជា​ឆ្មាំ​ខ្លោង​ទ្វារ​ខាង​កើត ទទួល​បន្ទុក​លើ​តង្វាយ​ស្ម័គ្រ‌ចិត្ត ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់ ហើយ​លោក​ក៏​ទទួល​ភារ‌កិច្ច​ចែក​ស្បៀង​អាហារ ដែល​ប្រជា‌ជន​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ និង​តង្វាយ​សក្ការៈបំផុត​ឯ​ទៀតៗ​ដែរ។ 15 លោក​មាន​សហការី នៅ​តាម​ក្រុង​នានា​របស់​បូជា‌ចារ្យ សហការី​ទាំង​នោះ​មាន​លោក​អេដែន លោក​មីន‌ីយ៉ា‌មីន លោក​យេសួរ លោក​សេម៉ា‌រា លោក​អម៉ា‌រា និង​លោក​សេកា‌នា ជាអ្នក​ជួយ​ចែក​ស្បៀង​អាហារ​យ៉ាង​ស្មោះ​ត្រង់​ដល់​បូជា‌ចារ្យ ទាំង​តូច ទាំង​ធំ​តាម​ជាន់​ថ្នាក់។ 16 ពួក​គេ​​ចែក​ស្បៀង​អាហារ​ឲ្យពួកប្រុសៗដែលមានអាយុ​បី​ឆ្នាំ​ឡើង​ទៅ​ គឺអស់​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជីដូនតារបស់ពួកគេ ដែលបានចូលទៅក្នុងដំណាក់របស់ព្រះអម្ចាស់ ​ ដូចដែលលបានតម្រូវតាមវេនប្រចាំថ្ងៃ ដើម្បីធ្វើការងារនៅក្នុងមុខងាររបស់ពួកគេ និងការបែងចែករបស់ពួកគេ។ 17 ពួកគេចែកជូនដល់ពួកបូជាចារ្យស្របតាមបញ្ជីបុព្វបុរសរបស់ខ្លួន និងចែកជូនកុលសម្ព័ន្ធលេវីដែលមានអាយុពីម្ភៃឆ្នាំឡើងទៅស្របតាមមុខងារ និងក្រុមគ្រួសាររបស់ខ្លួន។ 18 ពួកគេរាប់បញ្ចូលទាំងកូនតូចៗប្រពន្ធកូន និងកូនស្រីរបស់ពួកគេពាសពេញសហគមន៍ ព្រោះពួកគេស្មោះត្រង់ក្នុងការរក្សាខ្លួនឲ្យបានបរិសុទ្ធ។ 19 ចំណែក ពួកបូជាចារ្យដែលជាកូនចៅរបស់លោកអើរ៉ុនដែលរស់នៅតាមវាលស្រែក្នុងភូមិជាកម្មសិទ្ធិទីក្រុងរបស់ពួកគេ ឬនៅតាមទីក្រុងនីមួយៗគេបានជ្រើសរើសបុរសមួយចំនួនតាមឈ្មោះ ដើម្បីចែកចំណែកឲ្យប្រុសៗក្នុងចំណោមពួកបូជាចារ្យ និងអស់អ្នកដែលមានឈ្មោះកត់ទុកនៅក្នុងបញ្ជីរបស់ដូនតារបស់ពួកគេ ដូចពួកអ្នកដែលនៅក្នុងចំណោមកុលសម្ព័ន្ធលេវីដែរ។ 20 ព្រះបាទបានហេសេគាធ្វើអ្វីៗទាំងអស់ក្នុងស្រុកយូដា។ ស្តេចបានសម្រេចអ្វីៗដែលល្អត្រឹមត្រូវ និងស្មោះត្រង់នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ជាព្រះរបស់ព្រះអង្គ។ 21 នៅក្នុងគ្រប់កិច្ចការទាំងអស់ដែលស្តេចចាប់ផ្តើមធ្វើ ក្នុងការបម្រើនៅក្នុងព្រះដំណាក់ព្រះអម្ចាស់ និង ក្រឹត្យវិន័យ និងបទបញ្ញត្តិនានា ស្តេចបានធ្វើវាយ៉ាងអស់ពីព្រះហឫទ័យ ហើយស្តេចបានទទួលជោគជ័យ។

ជំពូក ៣២

1 ក្រោយ​ការទាំងនេះមក បន្ទាប់ពីព្រះ‌បាទ​ហេ‌សេគាបង្ហាញភក្ដី‌ភាព​ចំពោះ​ព្រះ‌ជាម្ចាស់​នោះ​មក ព្រះបាទ​សាន‌ហេ‌រីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​មក ហើយបានចូលមកក្នុងស្រុក​យូដា។ ស្តេចបានបោះជំរំ ហើយបានវាយប្រហារសែសិបទីក្រុង ស្តេចមានគោលបំណង់ចង់ចាប់យកដើម្បីព្រះអង្គផ្ទាល់។ 2 កាលព្រះបាទហេសេគាបានឃើញថាព្រះបាទសានហេរីបមកដល់ហើយមានបំណងធ្វើសង្គ្រាមនឹងក្រុងយេរូសាឡិម។ 3 ស្តេចបានពិគ្រោះយោបល់ជាមួយមេដឹកនាំ និងអ្នកដែលមានអំណាចរបស់ព្រះអង្គឲ្យបញ្ឈប់ប្រភពទឹកដែលនៅខាងក្រៅទីក្រុង ពួកគេបានជួយធ្វើការនោះ។ 4 មានមនុស្សជាច្រើនបានប្រមូលផ្ដុំគ្នាហើយបញ្ឈប់ប្រភពទឹក និងប្រឡាយទាំងអស់ដែលហូរកាត់តំបន់នោះ។ ពួកគេនិយាយថា៖ «ហេតុអ្វីបានជាត្រូវទុកឲ្យស្តេចស្រុកអាស្ស៊ីរីមានទឹកច្រើនប្រើ?»។ 5 ព្រះបាទហេសេគាមានចិត្ដក្លាហាននិងសង់កំពែងទាំងអស់ដែលបាក់បែក។ ស្តេចបានសង់ប៉មខ្ពស់ៗ និងជញ្ជាំងមួយទៀតនៅខាងក្រៅ។ ស្តេចក៏បានពង្រឹងក្រុងមីលឡូនៅក្នុងក្រុងព្រះបាទដាវីឌដែរ ហើយស្តេចក៏ធ្វើគ្រឿងសព្វាវុធ និងខែលយ៉ាងច្រើន។ 6 ស្តេចបានតែងតាំងមេបញ្ជាការយោធាលើប្រជាជន។ ស្តេចបានប្រមូលពួកគេមកជួបនៅតាមផ្លូវធំ នៅមាត់ទ្វារក្រុងហើយមានរាជឱង្កាលើកទឹកចិត្ដពួកគេ។ ស្តេចមានរាជឱង្កាថា៖ 7 «ចូរមានកម្លាំងនិងចិត្តក្លាហានឡើង។ កុំភ័យខ្លាច កុំធ្លាក់ទឹកចិត្ត ព្រោះតែស្តេចស្រុកអាស្ស៊ីរី និងកងទ័ពទាំងមូលដែលនៅជាមួយទ្រង់ឡើយ ដ្បិត មានម្នាក់ដែលនៅជាមួយយើងដែលធំជាងអ្នកដែលនៅជាមួយស្តេចទៅទៀត។ 8 ​ស្តេច​មាន​តែ​កម្លាំង​មនុស្ស​លោក​ប៉ុណ្ណោះ ប៉ុន្តែ ព្រះអម្ចាស់ជាព្រះនៃយើង គង់ជាមួយយើង ដើម្បីជួយយើង ហើយយើងនឹងប្រយុទ្ធនៅក្នុងសមរភូមិរបស់យើង។ ជនជាតិអ៊ីស្រាអែលទទួលការកំសាន្តចិត្តដោយព្រោះពាក្យរបស់ព្រះបាទហេសេគា ជាស្ដេចស្រុកយូដា។ 9 បន្ទាប់មក ព្រះបាទសានហេរីប ជាស្តេចស្រុកអាស្ស៊ីរីបានចាត់អ្នកបម្រើរបស់ព្រះអង្គឲ្យទៅក្រុងយេរូសាឡិម (ដ្បិត ស្តេច និងពួកពលទ័ពបាននៅទីក្រុងឡាគីសហើយ) ដើម្បីចូលគាល់ ព្រះបាទហេសេគា ជាស្តេចស្រុកយូដា និងកងទ័ពយូដាទាំងមូលដែលនៅក្រុងយេរូសាឡិម។​ លោកមានប្រសាសន៍ថា៖ 10 «នេះជាអ្វីដែលព្រះបាទសាន​ហេរីប​ជាស្ដេចស្រុកអាស្ស៊ីរីមានរាជឱង្ការថា៖ «តើអ្នកពឹងផ្អែកលើអ្វី ដើម្បីទ្រាំទ្រនឹងការឡោមព័ទ្ធក្រុងយេរូសាឡិម? 11 តើព្រះបាទហេ‌សេគាមិនបាន​បញ្ឆោត​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ស្លាប់ ដោយ​អត់​បាយ អត់​ទឹក ដោយ​ស្ដេច​ប្រាប់​ថា៖ «ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើងនឹង​រំដោះ​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​មិន​ខាន? 12 តើមិនមែនព្រះបាទ​ហេ‌សេគា​ ដែល​បាន​បំផ្លាញ​ទីសក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ព្រម​ទាំង​កម្ទេច​អាសនៈ​របស់​ព្រះ‌អម្ចាស់ ហើយ​បង្គាប់​ឲ្យ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡិម គោរព​ថ្វាយ‌បង្គំ​អាសនៈ​តែ​មួយ ហើយ​ដុត​គ្រឿង​ក្រអូប​តែ​លើ​អាសនៈ​មួយ​នោះវិញទេឬអី? 13 តើអ្នក​រាល់​គ្នា​មិនដឹង​ទេឬ​អីថា​ យើង និង​ដូនតា​របស់​យើង​ប្រព្រឹត្ត​បែប​ណា ចំពោះ​ជាតិ​សាសន៍​ដទៃ​ទៀត​លើ​ផែនដី​នេះ? តើ​ព្រះ​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ​បាន​រំដោះ​ស្រុក​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​ឬ​ទេ? 14 ក្នុង​ចំណោម​ព្រះ​របស់​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​ដូនតា​របស់​យើង​បំផ្លាញ​ តើមាន​ព្រះ​ណា​មួយ​អាច​រំដោះ​ប្រជា‌ជន​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​? តើ​ព្រះ​របស់​អ្នក​រាល់​គ្នា​​អាច​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ឬអី? 15 ឥឡូវនេះ មិន​ត្រូវ​ឲ្យ​ស្ដេច​ហេ‌សេគា​បញ្ឆោត​អ្នក​រាល់​គ្នា នៅ​ពេល​នេះ កុំ​ជឿ​តាមសំដី​របស់​ស្ដេច​បែប​នេះ​ឡើយ! ដ្បិត​គ្មាន​ព្រះ​របស់​ប្រជា‌ជាតិ​ណា​មួយ ឬ​នគរ​ណា​មួយ អាច​រំដោះ​ប្រជា‌ជន​របស់​ខ្លួនឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង ឬ​ដូនតា​របស់​យើង​បាន​ឡើយ។ តើព្រះ​​របស់​អ្នក​រាល់​គ្នា​អាច​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ដោយរបៀបណា?»។ 16 ពួករាជបម្រើរបស់ព្រះបាទសានហេរីបបាននិយាយប្រមាថព្រះអម្ចាស់ដ៏ជាព្រះ និងព្រះបាទហេសេគា ជាអ្នកបម្រើរបស់ព្រះអង្គថែមទៀត។ 17 ព្រះបាទសានហេរីបក៏បានសរសេរសំបុត្រផ្សេងៗ ដើម្បីប្រមាថមើលងាយព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល និងឲ្យគេនិយាយប្រឆាំងនឹងព្រះអង្គដែរ។ ស្តេចមានរាជឱង្កាថា៖ «ដូចជាព្រះរបស់ប្រជាជាតិនានានៅលើទឹកដីដែលមិនបានរំដោះប្រជាជនរបស់ខ្លួនឲ្យរួចពីកណ្តាប់ដៃរបស់យើង ដូច្នេះ ព្រះនៃព្រះបាទហេសេគានឹងមិនរំដោះប្រជាជនរបស់ព្រះអង្គឲ្យរួចពីកណ្តាប់ដៃរបស់យើងឡើយ»។ 18 ពួកគេបាននាំ​គ្នា​ស្រែក​ប្រកាស​យ៉ាង​ខ្លាំងៗ​ជា​ភាសា​យូដា ទៅកាន់ប្រជាជននៅក្នុងក្រុងយេរូសាឡិម ដែល​ស្ថិត​នៅ​តាម​កំពែង​ ដើម្បីធ្វើឲ្យភ័យ​ខ្លាច និង​តក់‌ស្លុត ដើម្បី​ឲ្យ​ពួក​គេ​ងាយ​ចូល​វាយ​យក​ទីក្រុង។ 19 ពួកគេបាននិយាយអំពីព្រះនៃក្រុងយេរូសាឡិម ដូចដែលពួកគេបាននិយាយអំពីព្រះរបស់ប្រជាជាតិនានានៅលើផែនដីដែលគ្រាន់តែជាស្នាដៃរបស់មនុស្សប៉ុណ្ណោះ។ 20 ព្រះបាទហេសេគាជាស្ដេច និងព្យាការីអេសាយជាកូនរបស់លោកអម៉ុសបានអធិស្ឋានព្រោះតែរឿងនេះ ហើយគាត់បានស្រែកទៅទៅស្ថានសួគ៌។ 21 ព្រះអម្ចាស់បានចាត់ទេវតាមួយរូបដែលបានសម្លាប់ទាហានដ៏ខ្លាំងពូកែមេទ័ព និងនាយទាហាននៅក្នុងជំរំ។ ដូច្នេះ ព្រះបាទ​សានហេរីបបានវិលត្រឡប់ទៅស្រុករបស់ស្តេចវិញដោយភាពអាម៉ាស់។ ពេលដែលស្តេចចូលទៅក្នុងវិហារនៃព្រះរបស់ស្តេច នោះបុត្រារបស់ស្តេចបានធ្វើគុតស្តេចដោយដាវ។ 22 ព្រះអម្ចាស់បានសង្គ្រោះព្រះបាទហេសេគា និងប្រជាជននៅក្រុងយេរូសាឡិមពីកណ្តាប់ដៃរបស់ព្រះបាទសានហេរីបជាស្តេចស្រុកអាស្ស៊ីរីនិងពីកណ្តាប់ដៃរបស់អ្នកដទៃ ហើយឲ្យពួកគេមានសន្តិភាពនៅគ្រប់ទិសទី តាមរបៀបនេះឯង។ 23 មានមនុស្សជាច្រើននាំតង្វាយមកថ្វាយព្រះអម្ចាស់នៅក្រុងយេរូសាឡិម ព្រមទាំងយកអំណោយដ៏មានតម្លៃមកថ្វាយព្រះបាទហេសេគា ជាស្តេចស្រុកយូដាទៀតផង ចាប់តាំងពីពេលនោះមក ព្រះអង្គត្រូវបានលើកតម្កើងនៅចំពោះមុខប្រជាជាតិទាំងអស់។ 24 នៅគ្រានោះ ្រពះបាទហេសេគាបានប្រឈួនជាទម្ងន់ហៀបតែនឹងសុគត។ ស្តេចបានអធិស្ឋានទូលអង្វរទៅកាន់ព្រះអម្ចាស់ ហើយព្រះអម្ចាស់មានបន្ទូលមកស្តេចព្រមទាំងប្រទានទីសម្កាល់មួយ ដើម្បីបញ្ជាក់ថាស្តេចនឹងទទួលការព្យាបាល។ 25 ប៉ុន្តែ ព្រះបាទហេសេគាមិនបានតបស្នងសងគុណព្រះអម្ចាស់ចំពោះជំនួយដែលព្រះអង្គបានជួយនោះទេ។ ដូច្នេះ ព្រះពិរោធបានធ្លាក់មកលើស្តេច និងប្រជាជននៅស្រុកយូដា និងក្រុងយេរូសាឡិមយ៉ាងខ្លាំង។ 26 ទោះយ៉ាងណា​ ព្រះបាទហេសេគាបានបន្ទាបខ្លួនចំពោះអំនួតនៅក្នុងចិត្តរបស់ស្តេច ទាំងស្តេច ទាំងប្រជាជននៅក្រុងយេរូសាឡិម​ ហេតុដូច្នេះហើយបានជាសេចក្តីក្រោធរបស់ព្រះអម្ចាស់មិនកើតមានដល់ពួកគេក្នុងជំនាន់ស្តេចហេសេគាឡើយ។ 27 ព្រះបាទហេសេគាមានទ្រព្យសម្បត្ដិនិងកិត្ដិយសជាច្រើន។ ស្តេចបានសាងសង់នូវឃ្លាំងសម្រាប់ដាក់ប្រាក់ មាសត្បូងមានតម្លៃ និងគ្រឿងទេស ខែលនិងវត្ថុមានតម្លៃគ្រប់ប្រភេទ។ 28 ស្តេចក៏មានឃ្លាំងសម្រាប់ស្រូវ ស្រាទំពាំងបាយជូរថ្មីប្រេង និងក្រោលសម្រាប់សត្វគ្រប់ប្រភេទ។ ស្តេចក៏មានទាំងវាលស្មៅសម្រាប់ហ្វូងសត្វផង។ 29 ព្រះករុណា​បាន​សង់​ក្រុង​ផ្សេងៗ ហើយ​ស្ដេច​មាន​ហ្វូង​សត្វ​ជា​ច្រើន គឺ​ហ្វូង​គោ និង​ហ្វូង​ចៀម ដ្បិត​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ព្រះករុណាមាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ស្ដុក‌ស្ដម្ភ​បំផុត។ 30 ព្រះបាទហេសេគាដដែលបានទប់ទឹកទន្លេគីហូននៅខាងលើ ហើយបានបង្ហូរឆ្ពោះទៅទិសខាងលិចនៃក្រុងព្រះបាទដាវីឌ។ ព្រះបាទហេសេគាទទួលជោគជ័យក្នុងគ្រប់គម្រោងរបស់ទ្រង់ទាំងអស់។ 31 ទោះយ៉ាងណា នៅពេលដែលឯកអគ្គរដ្ឋទូតដែលស្តេចនៃស្រុកបាប៊ីឡូនបានចាត់ឲ្យមកសួរព័ត៌ដល់ទ្រង់ដែលបានស្គាល់អំពីទីសម្គាល់ដ៏អស្ចារ្យដែលកើតមាននៅក្នុងស្រុក នោះព្រះជាម្ចាស់បានទុកស្តេចឲ្យនៅតែឯង ដើម្បីល្បងលស្តេច ដើម្បីឲ្យដឹងពីអ្វីទាំងអស់នៅក្នុងចិត្តរបស់ស្តេច។ 32 ចំពោះរាជកិច្ចផ្សេងទៀតដែលទាក់ទងនឹងព្រះបាទហេសេគា រួមទាំងសកម្មភាពនៃភក្ដីភាពនៃសម្ពន្ធមេត្រី អ្នកអាចឃើញថាវាត្រូវគេសរសេរនៅក្នុងសៀវភៅនិមិត្តរបស់ព្យាការីអេសាយ ជាកូនរបស់លោកអម៉ុស និងនៅក្នុងសៀវភៅស្តេចយូដា និងអ៊ីស្រាអែល។ 33 ព្រះបាទហេសេគាសោយទិវង្គតជាមួយបុព្វបុរសរ ហើយគេបញ្ចុះសពស្តេចនៅលើទីខ្ពស់នៅទីបញ្ចុះសពពូជពង្សព្រះបាទដាវីឌ។ ប្រជាជនយូដា និងអ្នកក្រុងយេរូសាឡិមទាំងមូលនាំគ្នាគោរពនឹងកាន់ទុក្ខចំពោះទទួលមរណភាពរបស់ស្តេច។ ព្រះបាទម៉ាណាសេជាបុត្របានឡើងស្នងរាជ្យបន្ត។

ជំពូក ៣៣

1 កាលព្រះបាទម៉ាណាសេឡើងសោយរាជ្យ ពេលទ្រង់មានព្រះជន្មដប់ពីរព្រះវស្សា។ ស្តេចសោយរាជ្យបានហាសិបប្រាំព្រះវស្សា នៅក្រុងយេរូសាឡិម។ 2 ស្តេចប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ ដូចអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ដែលព្រះអម្ចាស់បានបណ្តេញចេញពីមុខជនជាតិអ៊ីស្រាអែល។ 3 ស្តេចបានសង់កន្លែងសក្ការៈតាមទួលខ្ពស់ៗ ដែលព្រះបាទហេសេគា ជាបិតាបានរំលំចោល​ ស្តេចបានសង់អាសនៈទាំងនោះសម្រាប់ព្រះបាលឡើងវិញ ស្តេចបានសង់បង្គោលព្រះអាសេរ៉ា ហើយក្រាបថ្វាយបង្គំផ្កាយទាំងអស់នៅលើមេឃក៏ក្រាបថ្វាយបង្គំរូបទាំងនោះផង។ 4 ព្រះបាទម៉ាណាសេបានសង់អាសនៈសក្ការៈនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ទោះបីព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងយកក្រុងយេរូសាឡិម ទុកជាកន្លែងសម្រាប់នាមយើងរហូតតទៅ»។ 5 ស្តេចបានសង់អាសនៈសម្រាប់ផ្កាយទាំងអស់នៅលើមេឃក្នុងទីធ្លាពីរនៃព្រះដំណាក់របស់ព្រះអម្ចាស់។ 6 ស្ដេច​បាន​យក​បុត្រា​ទៅ​ធ្វើ​បូជា‌យញ្ញ​នៅ​ក្នុង​ជ្រលង​ភ្នំ​ហ៊ីន‌ណម ស្ដេច​រក​គ្រូ​មើល​ជោគ‌រាសី ប្រព្រឹត្ត​មន្ត‌អាគម និង​អំពើ​អាប‌ធ្មប់ ព្រម​ទាំង​តែង‌តាំង​ឲ្យ​មាន​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ទស្សន៍‌ទាយ​ផង។ ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ខ្លាំង​ឡើងៗ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ធ្វើ​ឲ្យ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ។ 7 ស្តេចបានយករូបចម្លាក់របស់ព្រះអាសេរ៉ា ដែលស្តេចបានធ្វើទៅដាក់នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មានព្រះបន្ទូលមកព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន ជាបុត្រអំពីព្រះដំណាក់នេះ ដោយមានព្រះបន្ទូលថា៖ «យើងគង់នៅក្នុងដំណាក់នេះ និងនៅក្រុងយេរូសាឡិម ជាកន្លែងដែលយើងបានជ្រើសរើសពីកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ សម្រាប់នាមយើងជារៀងរហូត។ 8 យើងនឹងមិនដកពួកគេចេញពីទឹកដីដែលយើងបានឲ្យដល់បុព្វបុរសរបស់គេឡើយ ប្រសិនបើ ពួកគេយកចិត្តទុកដាក់តែនឹងកាន់តាមអ្វីៗដែលយើងបានបង្គាប់ឲ្យពួកគេធ្វើ ហើយកាន់តាមច្បាប់ក្រឹត្យវិន័យដែលយើងបានប្រគល់ឲ្យលោកម៉ូសេ»។ 9 ព្រះបាទម៉ាណាសេបាននាំអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡិមឲ្យធ្វើបាបលើសជាងប្រជាជាតិនានាដែលព្រះអម្ចាស់បានបំផ្លាញនៅចំពោះមុខជនជាតិអ៊ីស្រាអែល។ 10 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទម៉ាណាសេ និងប្រជាជនរបស់ព្រះអង្គតែពួកគេមិនយកចិត្តទុកដាក់ស្តាប់ទេ។ 11 ព្រះអម្ចាស់បាននាំមេបញ្ជាការកងទ័ពរបស់ស្តេចស្រុកអាស្ស៊ីរីដែលបានចាប់យកព្រះបាទម៉ាណាសេដាក់ច្រវាក់ចងដៃស្តេចហើយនាំគាត់ទៅស្រុកបាប៊ីឡូន។ 12 ពេលព្រះបាទម៉ាណាសេរងទុក្ខវេទនា ស្តេចអង្វរព្រះអម្ចាស់ជាព្រះរបស់ព្រះអង្គ ហើយបន្ទាបខ្លួនយ៉ាងខ្លាំងនៅចំពោះមុខព្រះនៃបុព្វបុរសរបស់ទ្រង់។ 13 ស្តេចបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ហើយទូលអង្វរព្រះជាម្ចាស់នោះព្រះជាម្ចាស់សណ្ដាប់ពាក្យអង្វររបស់ស្តេចហើយនាំស្តេចវិលត្រឡប់ទៅក្រុងយេរូសាឡិមវិញឲ្យឡើងគ្រងរាជ្យ។ ពេលនោះ ព្រះបាទម៉ាណាសេដឹងថា ព្រះអម្ចាស់ជាព្រះជាម្ចាស់។ 14 បន្ទាប់មក ព្រះបាទម៉ាណាសេបានសង់កំពែងខាងក្រៅឆ្ពោះទៅក្រុងដាវីឌ នៅខាងលិចគីហូននៅជ្រលងភ្នំរហូតដល់ច្រកចូលទ្វារត្រី។ ស្តេចបានសង់ព័ទ្ធជុំវិញភ្នំអូភែល ហើយលើកកំពែងឡើងដល់កម្ពស់មួយយ៉ាងខ្ពស់។ ស្តេចបានតែងតាំងមេបញ្ជាការដ៏ក្លាហាននៅក្នុងក្រុងដែលមានកំពែងរឹងមាំក្នុងស្រុកយូដា។ 15 ស្តេចបានយករូបព្រះដទៃចេញពីព្រះដំណាក់របស់ព្រះអម្ចាស់ និងអាសនៈទាំងអស់ដែលស្តេចបានសង់នៅលើភ្នំនៃព្រះដំណាក់របស់ព្រះអម្ចាស់ និងនៅក្រុងយេរូសាឡិមយកទៅបោះចោលនៅខាងក្រៅទីក្រុង។ 16 ស្តេចបានសង់អាសនៈរបស់ព្រះអម្ចាស់ឡើងវិញ ហើយបានថ្វាយយញ្ញ ‌ បូជាមេត្រីភាព និងតង្វាយអរព្រះគុណនៅលើអាសនៈនោះ។ ស្តេចបានមានរាជបញ្ជាឲ្យប្រជាជនយូដាគោរពបម្រើព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល។ 17 ទោះជាយ៉ាងណា ប្រជាជននៅតែបន្តធ្វើយញ្ញបូជានៅកន្លែងសក្ការៈតាមទួលខ្ពស់ៗដដែលតែថ្វាយព្រះអម្ចាស់ជាព្រះរបស់គេប៉ុណ្ណោះ។ 18 រាជកិច្ច និងបញ្ហាផ្សេងទៀតទាក់ទងនឹងព្រះបាទម៉ាណាសេ ការអធិស្ឋានទូលអង្វរដល់ព្រះរបស់ស្តេច និងសំដីរបស់ពួកគ្រូទាយដែលបាននិយាយជាមួយស្តេចក្នុងនាមព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល សុទ្ធតែមានកត់ត្រាទុកនៅក្នុងសៀវភៅប្រវត្តិស្តេចស្រុកអ៊ីស្រាអែល។ 19 នៅក្នុងកំណត់ត្រានោះមាន​ពាក្យ​ដែល​ស្ដេច​អធិស្ឋាន និង​របៀប​ដែល​ព្រះ‌ជាម្ចាស់​ឆ្លើយ​តប​មក​វិញ ព្រម​ទាំង​អំពើ​បាប និង​ចិត្ត​មិន​ស្មោះ​ត្រង់​របស់​ស្ដេច កន្លែង​ផ្សេងៗ​ដែល​ស្ដេច​សង់​ទីសក្ការៈ​តាម​ទួល​ខ្ពស់ៗហើយ​សង់​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា និង​រូប​បដិមា មុន​ពេល​ដែល​ស្ដេច​សារ‌ភាព​អំពើ​បាប​នោះ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ពួកព្យាការី។ 20 ព្រះបាទម៉ាណាសេសោយបានចូលទិវង្គតជាមួយបុព្វបុរស គេយកសពទៅបញ្ចុះនៅឯដំណាក់ស្តេចផ្តាល់។ ព្រះបាទអាំម៉ូនជាបុត្រាបានឡើងសោយរាជ្យជំនួស។ 21 ព្រះបាទអាំម៉ូនមានជន្មាយុម្ភៃពីរព្រះវស្សា ពេលចាប់ផ្ដើមសោយរាជ្យ។ ស្តេចសោយរាជ្យបានពីរឆ្នាំនៅក្រុងយេរូសាឡិម។ 22 ស្តេចបានប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ ដូចព្រះបាទម៉ាណាសេ ជាបិតាបានធ្វើ។ ព្រះបាទអាំម៉ូនបានថ្វាយយញ្ញបូជាដល់រូបចម្លាក់ទាំងអស់ដែលព្រះបាទម៉ាណាសេ ជាបិតាបានធ្វើ។ 23 ស្តេចពុំបានបន្ទាបខ្លួនចំពោះព្រះអម្ចាស់ ដូចព្រះបាទម៉ាណាសេ ជាបិតាបានធ្វើនោះទេ។ ផ្ទុយទៅវិញ ព្រះបាទអាំម៉ូនបានប្រព្រឹត្តកាន់តែអាក្រក់ឡើងៗ ។ 24 ពួករាជបម្រើរបស់ស្តេចបានឃុប​ឃិត​គ្នាប្រឆាំងនឹងស្តេច ហើយធ្វើគុតស្តេចនៅក្នុងព្រះរាជដំណាក់។ 25 ប៉ុន្តែ ប្រជាជននៅស្រុកនោះបានសម្លាប់អស់អ្នកដែលបានឃុបឃិតគ្នាប្រឆាំងនឹងស្តេចអាំម៉ូន ហើយតែងតាំងព្រះបាទយ៉ូសៀសជាបុត្រឲ្យឡើងស្នងរាជ្យជំនួសវិញ។

ជំពូក ៣៤

1 ព្រះបាទយ៉ូសៀសមានព្រះជន្មប្រាំបីព្រះវស្សា ពេលស្តេចឡើងសោយរាជ្យ ហើយសោយរាជ្យបានសាមសិបមួយព្រះវស្សានៅក្រុងយេរូសាឡិម។ 2 ស្តេចបានប្រព្រឹត្តអំពើសុចរិត ដែលជាទីគាប់ព្រះះឫទ័យព្រះជាម្ចាស់ ដោយបានប្រព្រឹត្តគំរូព្រះបាទដាវីឌ ជាអយ្យកោ ដោយឥតបែរទៅស្តាំ ឬទៅឆ្វេងឡើយ។ 3 ឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្តេច នៅពេលដែលស្តេចនៅក្មេងនៅឡើយ ស្តេចចាប់ផ្តើមស្វែងរកព្រះរបស់ព្រះបាទដាវីឌដែលជាបុព្វបុរសរបស់ស្តេច។ នៅឆ្នាំទីដប់ពីរស្តេចចាប់ផ្តើមសម្អាតស្រុកយូដា និងក្រុងយេរូសាឡិម ពីកន្លែងខ្ពស់ៗ បង្គោលព្រះអាសេរ៉ា រូបចម្លាក់ និងរូបបដិមាករផ្សេងៗ។ 4 ប្រជាជនបានរំលំអាសនៈរបស់ព្រះបាលនៅ​ចំពោះ​ព្រះ‌ភក្ត្រព្រះករុណា ហើយ​កម្ទេច​ស្កាក​សម្រាប់​ដុត​គ្រឿង​ក្រអូបដែល​ស្ថិត​នៅ​លើ​នោះ​ផង។ ស្ដេច​បាន​បំបាក់​បង្គោល​របស់​ព្រះ‌អា‌សេ‌រ៉ាព្រម​ទាំង​កម្ទេច​រូប​បដិមា និង​រូប​ចម្លាក់​ឯ​ទៀតៗ​ដែល​គេ​សិត​ធ្វើឲ្យ​ក្លាយ​ទៅ​ជា​ធូលីរួច​យក​ទៅ​ចាក់​លើ​ផ្នូរ​របស់​អស់​អ្នក​ដែល​បាន​ធ្វើ​យញ្ញ‌បូជា​នៅ​មុខ​រូប​ទាំង​នោះ។ 5 ស្តេចបានដុត​ធាតុ​របស់​ពួក​បូជា‌ចារ្យ​នៃ​ព្រះ​ដទៃនៅ​លើ​អាសនៈ​របស់​គេ។ ស្ដេច​ធ្វើ​ដូច្នេះដើម្បីសម្អាត​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម​ឲ្យ​ស្អាត។ 6 ស្តេចក៏បានធ្វើដូចគ្នានៅក្រុងម៉ាណាសេ អេប្រាអ៊ីម និងស៊ីម្មាន និងរហូតដល់ទឹកដីណែថាលី និងនៅតាមគំនរបាក់បែកដែលព័ទ្ធជុំវិញផង។ 7 ស្តេចបានកម្ទេច​បង្គោល​របស់​ព្រះ‌អា‌សេ‌រ៉ា និង​រូប​បដិមាឲ្យ​ទៅ​ជា​ធូលី​ដី ហើយ​កម្ទេច​ស្កាក​សម្រាប់​ដុត​គ្រឿង​ក្រអូបនៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល រួច​ស្តេចបានយាង​ទៅ​ក្រុង​យេរូ‌សាឡិម​វិញ។ 8 នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលរបស់ស្តេចក្រោយពេលដែលព្រះបាទយ៉ូសៀសបានសម្អាតស្រុក និងព្រះវិហាររួចហើយ ស្តេចបានចាត់លោកសាផានជាកូនរបស់លោកអសាលា និងលោកម៉ាសេយ៉ា ជាអភិបាលក្រុង និងលោកយ៉ូអា ជាកូនរបស់លោកយ៉ូអាហាស ជាលេខាធិការឲ្យជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ជាព្រះរបស់ស្តេច។ 9 ពួកគេបានទៅជួបលោកហ៊ីលគីយ៉ាជាមហាបូជាចារ្យហើយបានប្រគល់ប្រាក់ដែលបានយកមកក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ដែលពួកលេវីជាអ្នកយាមទ្វារបានមកប្រមូលពីម៉ាណាសេ និងអេប្រាអ៊ីម មកពីជនជាតិអ៊ីស្រាអែលទាំងអស់ដែលនៅសេសសល់ ព្រមទាំងពីប្រជាជនយូដា បេនយ៉ាមីន និងប្រជាជននៅក្រុងយេរូសាឡិមទាំងមូល។ 10 ពួកគេបានប្រគល់ប្រាក់ទៅឲ្យពួកមេជាងត្រួតត្រាលើការជួសជុលព្រះវិហាររបស់ព្រះអម្ចាស់។ អ្នកទាំងនោះបានយកប្រាក់នោះបង់ថ្លៃឈ្នួលឲ្យកម្មករដែលជួសជុល និងស្តារព្រះដំណាក់របស់ព្រះអម្ចាស់ឡើងវិញ។ 11 ពួកគេបានបង់ថ្លៃឈ្នួលដល់ពួក​ជាង​ឈើ ជាង​សំណង់ និង​សម្រាប់​ទិញ​ថ្ម‌ដាប់ និង​ឈើសម្រាប់​ប្រើ​ជា​ធ្នឹម ផ្លាន ហើយ​សម្រាប់​ជួស‌ជុល​អាគារ​ផ្សេងៗ ដែល​ស្ដេច​ស្រុក​យូដា​ជំនាន់​មុនៗ​បាន​បំផ្លាញ។ 12 ពួកអ្នកទាំងនោះបានធ្វើកិច្ចការនេះដោយស្មោះត្រង់។ អ្នកមើលខុសត្រូវលើកិច្ចការពួកគេគឺលោកយ៉ាហាត់និងលោកអូបាឌាជាពួកលេវី ក្នុងអំបូរម៉្រារី លោកសាការី និងលោកមេស៊ូឡាមកពីកូនចៅរបស់លោកកេហាត់។ ពួកលេវីឯទៀតៗដែលសុទ្ធតែជាអ្នកលេងភ្លេងដ៏ពូកែបានដឹកនាំកម្មករយ៉ាងជិតស្និត។ 13 ពួកលេវីមានភារកិច្ចមើលខុសត្រូវលើអស់អ្នកដែលលីសែងគ្រឿងសំណង់ និងមនុស្សឯទៀតៗដែលធ្វើការតាមរបៀបផ្សេងៗ។ មានពួកលេវីខ្លះដែលជាលេខាធិការអ្នកគ្រប់គ្រង និងអ្នកយាមទ្វារផង។ 14 ពេល​គេ​យក​ប្រាក់ ដែល​ប្រជា‌ជន​ថ្វាយ​ជា​តង្វាយ​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ចេញ​មក នោះ​លោក​មហា‌បូជា‌ចារ្យ​ហ៊ីល‌គីយ៉ា​រក​ឃើញ​គម្ពីរ‌វិន័យ ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​តាម​រយៈ​លោក​ម៉ូសេ។ 15 បូជា‌ចារ្យ​ហ៊ីល‌គីយ៉ាមានប្រសាសន៍ទៅលោកសាផានជាស្មៀនថា៖ «ខ្ញុំបានរកឃើញសៀវភៅក្រឹត្យវិន័យនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់»។ លោកហ៊ីលគីយ៉ាបានយកសៀវភៅនោះឲ្យទៅលោកសាផាន។ 16 លោកសាផានយកសៀវភៅទៅថ្វាយព្រះរាជា ហើយទូលស្តេចថា៖ «បពិត្រព្រះករុណា! យើងខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គបានធ្វើអ្វីទាំងអស់តាមព្រះរាជបញ្ជា។ 17 ពួកគេបានដកប្រាក់ដែលរកបាននៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ហើយប្រគល់ទៅក្នុងកណ្តាប់ដៃរបស់ពួកអ្នកត្រួតត្រា និងអ្នកធ្វើការរួចរាល់ហើយ។ 18 លោកសាផានជាស្មៀនបានទូលព្រះរាជាថា៖ «បូជាចារ្យហ៊ីលគីយ៉ាបានប្រគល់សៀវភៅមួយឲ្យទូលបង្គំ»។ បន្ទាប់មក លោកសាផានបានអាននៅក្នុងនោះថ្វាយព្រះរាជា។ 19 កាលព្រះរាជាបានឮសេចក្តីទាំងប៉ុន្មានដែលមានចែងនៅក្នុងក្រឹត្យវិន័យ ស្តេចក៏ហែកព្រះភូសាទ្រង់។ 20 ស្តេចបានបញ្ជា​ទៅ​លោក​ហ៊ីល‌គី‌យ៉ា លោក​អហ៊ី‌កាម​ ជា​កូន​របស់​លោក​សា‌ផាន លោក​អាប់‌ដូន ​ជា​កូន​របស់​លោក​មីកា‌យ៉ា លោក​សា‌ផាន ​ជា​ស្មៀន​ហ្លួង និង​លោក​អសា‌យ៉ា​ ជា​រាជ​បម្រើ​ថា៖ 21 «សូម​អស់​លោក​អញ្ជើញ​ទៅ​ទូល​សួរ​ព្រះ‌អម្ចាស់​ឲ្យ​យើង និង​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ក្នុង​ស្រុក​អ៊ីស្រា‌អែល និង​យូដាពី​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​គម្ពីរ​ដែល​ទើប​រក​ឃើញ​នេះ​ផង។ ព្រះ‌អម្ចាស់​មុខ​ជា​ព្រះ‌ពិរោធ​នឹង​យើង​ខ្លាំង​ណាស់ ដ្បិត​ ពួក​ដូនតា​របស់​យើង​មិន​បាន​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដើម្បី​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ទេ»។ 22 ដូច្នេះ លោកហ៊ីលគីយ៉ា និងអ្នកដែលព្រះរាជាបានបញ្ជា ពួកគេបានទៅឯលោកស្រីហ៊ូលដា ជាព្យាការិនីដែលជាភរិយារបស់លោកសាលូមជាកូនរបស់លោកតូហាត់ ជាកូនរបស់លោកហាសរ៉ា គឺជាអ្នកថែរក្សា​សម្លៀក‌បំពាក់​បូជា‌ចារ្យ (នាងរស់នៅក្រុងយេរូសាឡិមនៅសង្កាត់ទីពីរ) ហើយពួកគេបាននិយាយជាមួយនាងអំពីរឿងនេះ។ 23 នាងឆ្លើយទៅពួកគេថា៖ «នេះគឺជាអ្វីដែលព្រះអម្ចាស់ជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូល៖ ចូរប្រាប់បុរសដែលចាត់អ្នកឲ្យមករកខ្ញុំថា៖ 24 នេះគឺជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូល៖ «យើងនឹងធ្វើឲ្យមានគ្រោះមហន្តរាយកើតឡើងនៅលើទីនេះ និងប្រជាជននេះ ស្របតាមគ្រប់ទាំងបណ្ដាសាដែលមានចែងទុកក្នុងសៀវភៅដែលគេបានអាននៅចំពោះមុខស្តេចយូដា។ 25 ព្រោះពួកគេបានបោះបង់ចោលយើង ហើយបានដុតគ្រឿងក្រអូបដល់ព្រះឯទៀតៗ ដើម្បីឲ្យយើងខឹងនឹងអំពើទាំងប៉ុន្មានដែលពួកគេបានប្រព្រឹត្ត។ ដូច្នេះ កំហឹងរបស់យើងនឹងចាក់លើកន្លែងនេះ ហើយវានឹងមិនត្រូវរលត់ឡើយ។ 26 ប៉ុន្តែ ចំពោះស្តេចស្រុកយូដាដែល​ចាត់​អស់​លោក​ឲ្យ​មក​ទូល​សួរ​ព្រះ‌អម្ចាស់​ ចូរ​ទៅ​ប្រាប់​ស្ដេច​ស្រុក​យូដាថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «អ្នក​បាន​ស្ដាប់​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ហើយ។ 27 ព្រោះអ្នកមានចិត្តទន់ភ្លន់ ហើយអ្នកបន្ទាបខ្លួននៅចំពោះព្រះនៅពេលអ្នកឮព្រះបន្ទូលរបស់ព្រះអង្គប្រឆាំងនឹងកន្លែងនេះ និងប្រជាជននៅទីនោះ ដោយព្រោះអ្នកបន្ទាបខ្លួននៅចំពោះមុខយើងហើយបានហែកសម្លៀកបំពាក់របស់អ្នកហើយយំនៅចំពោះមុខយើង នោះយើងក៏បានស្តាប់អ្នកដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។ 28 មើល! យើងនឹងប្រមូលអ្នកទៅជួបបុព្វបុរសរបស់អ្នក។ អ្នកនឹងត្រូវប្រមូលទៅក្នុងផ្នូររបស់អ្នកដោយសុខសាន្ដ ហើយភ្នែកអ្នកនឹងមិនឃើញគ្រោះមហន្តរាយដែលយើងនឹងនាំមកលើកន្លែងនេះ និងប្រជាជននៅក្រុងនោះឡើយ»។ អ្នកទាំងនោះក៏នាំពាក្យនេះមកទូលស្តេច។ 29 ព្រះរាជាចាត់អ្នកនាំសារឲ្យទៅ ហើយនាំចាស់ទុំទាំងអស់នៅស្រុកយូដានិងក្រុងយេរូសាឡិមមកជុំគ្នា។ 30 បន្ទាប់មក ព្រះរាជាយាងឡើងទៅព្រះដំណាក់របស់ព្រះអម្ចាស់ព្រមទាំងប្រជាជននៅស្រុកយូដា និងអ្នកក្រុងយេរូសាឡិមពួកបូជាចារ្យ ពួកលេវី និងប្រជាជនទាំងមូលចាប់ពីអ្នកធំដល់តូច។ បន្ទាប់មក ស្តេចបានអានឲ្យគេស្តាប់គ្រប់ទាំងពាក្យទាំងអស់នៃសៀវភៅសម្ពន្ធមេត្រីដែលគេបានរកឃើញនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ 31 ស្តេចបានឈរនៅកន្លែងរបស់ខ្លួនហើយបានចងសម្ពន្ធមេត្រីនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ដើម្បីដើរតាមព្រះអម្ចាស់និងប្រតិបត្តិតាមបទបញ្ជា ដំបូន្មាន និងលក្ខន្តិកៈរបស់ព្រះអង្គដោយអស់ពីដួងចិត្តនិងពីព្រលឹងរបស់ព្រះអង្គ ដើម្បីនឹងស្តាប់តាមគ្រប់សេចក្តីនៅក្នុងសៀវភៅនេះ។ 32 ព្រះករុណាបានបញ្ជាឲ្យអស់អ្នកដែលរស់នៅនៅក្រុងយេរូសាឡិម និង​បេនយ៉ា​មីន​ឈរនៅជាប់នឹងសម្ពន្ធមេត្រី។ ប្រជាជន​នៅ​ក្រុងយេរូសាឡិមបានប្រព្រឹត្ដដោយគោរពចំពោះកិច្ចព្រមព្រៀងរបស់ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេ។ 33 ព្រះបាទយ៉ូសៀសបានបំផ្លាញរបស់ដ៏គួរស្អប់ខ្ពើមចេញពីទឹកដីដែលជាកម្មសិទ្ធិរបស់ជនជាតិអ៊ីស្រាអែល។ ស្តេចបានឲ្យប្រជាជនអ៊ីស្រាអែលទាំងអស់ថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់គេ។ អស់មួយជីវិតរបស់ពួកគេពួកគេមិនងាកចេញពីព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេឡើយ។

ជំពូក ៣៥

1 ព្រះបាទយ៉ូសៀសបានធ្វើបុណ្យចម្លងថ្វាយព្រះអម្ចាស់នៅក្រុងយេរូសាឡិម ហើយពួកគេបានសម្លាប់កូនចៀមសម្រាប់បុណ្យចម្លងនៅថ្ងៃទីដប់បួននៃខែទីមួយ។ 2 ស្តេចបាន​តែង‌តាំង​ពួក​បូជា‌ចារ្យឲ្យ​បំពេញ​មុខងារ​របស់​ខ្លួន ហើយ​បានលើកទឹកចិត្ត​ពួក​គេនៅក្នុងការ​បម្រើ​ការ‌ងារ​នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌អម្ចាស់។ 3 ស្តេចមានរាជឱង្ការទៅកាន់ពួកលេវីជាអ្នកបង្រៀនជនជាតិអ៊ីស្រាអែលទាំងមូល និងជាអ្នកដែលបានញែកខ្លួនថ្វាយព្រះអម្ចាស់ថា៖ «សូមដាក់ហឹបដ៏សក្ការៈក្នុងព្រះដំណាក់ដែលព្រះបាទ​សាឡូម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌជាស្តេចស្រុកអ៊ីស្រាអែលបានសង់។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​សែង​ហឹប​នេះ​ទៀត​ទេ ឥឡូវ​នេះ ចូរ​ថ្វាយបង្គំព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​បម្រើ​អ៊ីស្រា‌អែល​ ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ទៅ។ 4 ចូររៀបចំខ្លួនតាមឈ្មោះវង្សត្រកូល និងក្រុមរបស់អ្នករាល់គ្នាស្របតាមការណែនាំរបស់ព្រះបាទដាវីឌ ជាស្តេចស្រុកអ៊ីស្រាអែល និងព្រះបាទសាឡូម៉ូនជាបុត្ររបស់ទ្រង់។ 5 ចូរឈរនៅទីបរិសុទ្ធ នៅតាមកន្លែងរបស់អ្នករាល់គ្នា តាមតំណវង្សត្រកូលដូនតានិងបងប្អូនរបស់អ្នករាល់គ្នា តាមតំណកូនចៅនៃប្រជាជន និងនៅតាមកន្លែងរបស់អ្នករាល់គ្នាជាមួយក្រុមរបស់អ្នករាល់គ្នានៅក្នុងវង្សត្រកូលរបស់ពួកលេវី។ 6 ចូរសម្លាប់កូនចៀមសម្រាប់បុណ្យចម្លង ហើយញែកខ្លួនឲ្យបានវិសុទ្ធ ចូររៀបចំកូនចៀមសម្រាប់បងប្អូនរបស់អ្នករាល់គ្នា ចូរធ្វើឲ្យស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ប្រទានមកតាមរយៈលោកម៉ូសេ»។ 7 ព្រះ‌បាទ​យ៉ូសៀសបានប្រទានកូនចៀម និងកូនពពែចំនួនបីម៉ឺនក្បាលពីហ្វូងសត្វសម្រាប់ធ្វើយញ្ញបូជាក្នុងពិធីបុណ្យចម្លង។ ស្តេចក៏ប្រទានគោបីពាន់ក្បាល ទាំងនេះជាសម្បត្ដិរបស់ព្រះរាជាផ្ទាល់។ 8 ពួកអ្នកដឹកនាំរបស់ស្តេចក៏បានថ្វាយតង្វាយស្ម័គ្រចិត្តដល់ប្រជាជន ពួកបូជាចារ្យ និងពួកលេវីដែរ។ លោកហ៊ីលគីយ៉ា លោកសាការី និងលោកយេហ៊ីអែលដែលជាអ្នកទទួលខុសត្រូវក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់បានប្រគល់ជូនពួកបូជាចារ្យសម្រាប់ពិធីបុណ្យចម្លងនូវកូនគោចំនួន ២, ៦០០ ក្បាល និងគោឈ្មោលចំនួនបីរយក្បាល។ 9 ហើយលោក​កូណា‌នា លោក​សេម៉ាយ៉ា និង​លោក​នេថា‌នេល ជា​ប្អូន​របស់​លោក ព្រម​ទាំង​លោក​ហាសាប‌៊ីយ៉ា លោក​យេហ៊ីអែល និង​លោក​យ៉ូសា‌បាដ ជា​អ្នក​ដឹក​នាំ​ពួក​លេវី ក៏យក​កូនគោ ៥, ០០០​ក្បាល ព្រម​ទាំង​គោឈ្មោល ៥០០​ក្បាល ប្រគល់​ជូន​ពួក​លេវី សម្រាប់​ពិធី​បុណ្យ​ចម្លង។ 10 ដូច្នេះ​ ​​គេរៀបចំពិធីបូជា ហើយពួកបូជាចារ្យឈរនៅកន្លែងរបស់ខ្លួនជាមួយពួកលេវីតាមមុខងាររបស់គេស្របតាមបញ្ជារបស់ស្តេច។ 11 ពួកគេបានសម្លាប់កូនចៀមនៃបុណ្យចម្លង​ ហើយពួកបូជាចារ្យប្រោះឈាមដែលពួកគេទទួលពីដៃរបស់ពួកលេវី ចំណែក ពួកលេវីធ្វើការពន្លះស្បែកកូនចៀម។ 12 គេ​ដាក់​សាច់​ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដោយ​ឡែក សម្រាប់ចែក​ទៅ​ក្រុម​គ្រួសារ​ផ្សេងៗ​របស់​ប្រជា‌ជន ដើម្បី​ឲ្យ​ពួក​គេ​ថ្វាយ​ព្រះ‌អម្ចាស់ ដូច​មាន​ចែង​ទុក​ក្នុងកណ្ឌ​គម្ពីរ​របស់​លោក​ម៉ូសេ។ ពួកគេបានធ្វើដូចគ្នាជាមួយគោឈ្មោលដែរ។ 13 ពួកគេ​អាំង​សាច់​កូន​ចៀម​ដែល​ថ្វាយ​សម្រាប់​ពិធី​បុណ្យ​ចម្លង​នៅ​លើ​ភ្លើងស្រប​តាម​ការណែនាំ។ ចំណែក​ តង្វាយ​សក្ការៈ​វិញ ពួកគេ​ចម្អិន​ក្នុង​ឆ្នាំង ថ្លាង និង​ខ្ទះ រួច​ប្រញាប់‌ប្រញាល់​ចែក​ជូន​ប្រជា‌ជន​ទាំង​អស់។ 14 បន្ទាប់មក ពួកគេរៀបចំតង្វាយសម្រាប់ខ្លួនពួកគេផ្ទាល់ និងសម្រាប់ពួកបូជាចារ្យ ពីព្រោះពួកបូជាចារ្យដែលជាកូនចៅរបស់លោកអើរ៉ុននាំគ្នាថ្វាយតង្វាយដុត និងខ្លាញ់រហូតដល់ពេលយប់។ ដូច្នេះ ពួកលេវីបានរៀបចំតង្វាយសម្រាប់ខ្លួនឯង និងពួកបូជាចារ្យដែលជាកូនចៅរបស់លោកអើរ៉ុន។ 15 ក្រុមចម្រៀងដែលជាកូនចៅរបស់លោកអេសាភ បាននៅកន្លែងរបស់គេ ស្របតាមការណែនាំរបស់ព្រះបាទដាវីឌលោកអេសាភ លោកហេម៉ានព្រមទាំងលោកយេឌូថុនជាព្យាការីរបស់ព្រះរាជា។ ពួកគេមិនចាំបាច់ចាកចេញពីកន្លែងទេពីព្រោះពួកលេវីដែលជាបងប្អូនរបស់ពួកគេបានរៀបចំម្ហូបសម្រាប់ពួកគេ។ 16 នៅគ្រានោះ គេបំពេញកិច្ចការរបស់ព្រះអម្ចាស់ទាំងមូលសម្រាប់ការអបអរពិធីបុណ្យចម្លង និងថ្វាយតង្វាយដុតទាំងមូលនៅលើអាសនៈរបស់ព្រះអម្ចាស់ស្របតាមបញ្ជារបស់ស្តេចយ៉ូសៀស។ 17 ប្រជាជនអ៊ីស្រាអែលដែលបានចូលរួមបានបន្តប្រារព្ធពិធីបុណ្យចម្លង និងពិធីបុណ្យនំបុ័ងឥតមេអស់រយៈពេលប្រាំពីរថ្ងៃ។ 18 តាំងពីជំនាន់ព្យាការីសាំយូអែលគ្មាននរណាម្នាក់ធ្វើពិធីបុណ្យចម្លងបែបនេះនៅស្រុកអ៊ីស្រាអែលឡើយ ហើយក៏មិនដែលមានស្តេចអង្គណាធ្វើពិធីបុណ្យចម្លងដូចព្រះបាទយ៉ូសៀសរួមជាមួយពួកបូជាចារ្យ ពួកលេវី និងប្រជាជនយូដា ជនជាតិអ៊ីស្រាអែលដែលមានវត្តមាន និងប្រជាជននៅក្រុងយេរូសាឡិមដែរ។ 19 គេ​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​នេះ ​នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូ‌សៀស។ 20 ក្រោយហេតុការណ៍ទាំងនេះ គឺក្រោយពេលដែលព្រះបាទយ៉ូសៀសជួសជុលព្រះវិហាររួចរាល់ហើយ ព្រះបាទផារ៉ោននេកោ ជាស្តេចស្រុកអេស៊ីបបានលោកទទ័ពទៅច្បាំងជាមួយក្រុងកើកេមីស នៅទន្លេអឺប្រាត ពេលនោះព្រះបាទយ៉ូសៀសបានឡើងទៅស្ទាក់ផ្លូវទ្រង់។ 21 ប៉ុន្តែ ព្រះបាទ​នេ‌កោ​បានបញ្ជូនឯកអគ្គរដ្ឋទូតឲ្យមកទូលស្តេចថា៖ «បពិត្រ ស្តេចស្រុកយូដាអើយ! តើទូលបង្គំបានធ្វើអ្វីដល់ព្រះករុណា? ថ្ងៃនេះ ទូលបង្គំមិនមកច្បាំងនឹងព្រះករុណាទេ ប៉ុន្តែ គឺប្រឆាំងនឹងផ្ទះដែលទូលបង្គំកំពុងធ្វើសង្គ្រាមវិញ។ ព្រះជាម្ចាស់បង្គាប់ឲ្យទូលបង្គំទៅជាប្រញាប់ ដូច្នេះ សូមកុំរាំងស្ទះផ្លូវទូលបង្គំអី ដ្បិត ព្រះអម្ចាស់គង់ជាមួយទូលបង្គំ ក្រែងលោទ្រង់ប្រហារព្រះករុណាឲ្យវិនាស»។ 22 ទោះយ៉ាងណា ព្រះបាទយ៉ូសៀសបានបដិសេធ និងមិនងាកចេញឡើយ។ ស្តេចក្លែងខ្លួន ដើម្បីប្រយុទ្ធជាមួយស្តេច។ ស្តេចមិនបានស្តាប់សំដីរបស់ព្រះបាទនេកោដែលចេញពីព្រះឱស្តរបស់ព្រះជាម្ចាស់ទេ។ ដូច្នេះ ស្តេចឡើងទៅប្រយុទ្ធនៅជ្រលងភ្នំមេគីដោ។ 23 ទាហានបានបាញ់ត្រូវព្រះបាទ​យ៉ូសៀស ហើយស្តេចបានមានរាជឱង្ការទៅកាន់ពួករាជបម្រើថា៖ «ចូរនាំយើងចេញទៅ ដ្បិត យើងញុំត្រូវរបួសធ្ងន់ណាស់»។ 24 ពួករាជបម្រើនាំស្តេចចុះពីលើរទេះសេះ ហើយដាក់ក្នុងរទេះចម្បាំងមួយទៀតរបស់ស្តេច។ ពួកគេបាននាំស្តេចទៅក្រុងយេរូសាឡិម ជាកន្លែងដែលស្តេចសោយទិវង្គត។ ស្តេចត្រូវបានគេបញ្ចុះនៅក្នុងផ្នូរនៃបុព្វបុរសរបស់ស្តេច។ ប្រជាជននៅស្រុកយូដា និងក្រុងយេរូសាឡិមនាំគ្នាកាន់ទុក្ខព្រះបាទយ៉ូសៀស។ 25 លោកយេរេមាបានទួញសោកចំពោះព្រះបាទយ៉ូសៀស។ អ្នកចម្រៀងប្រុសស្រីទាំងអស់នាំគ្នាយំទួញអំពីព្រះបាទយ៉ូសៀសរហូតដល់សព្វថ្ងៃ។ បទចម្រៀងទាំងនេះក្លាយជាទម្លាប់នៅអ៊ីស្រាអែល មើល! គេសរសេរជាបទចម្រៀងសោកសៅផង។ 26 ចំពោះកិច្ចការឯទៀតៗដែលទាក់ទងនឹងព្រះបាទយ៉ូសៀស និងអំពើល្អដែលព្រះអង្គបានប្រព្រឹត្ដដោយកាន់តាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់។ 27 កិច្ចការទាំងប៉ុន្មានដែលស្តេចបានធ្វើតាំងពីដើមដល់ចប់សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្តេចស្រុកយូដា និងស្តេចស្រុកអ៊ីស្រាអែល។

ជំពូក ៣៦

1 ក្រោយមក ប្រជាជននៅក្នុងទឹកដីស្រុកយូដាបានអភិសេកព្រះបាទ​យ៉ូអាហាស​ជាបុត្រព្រះបាទយ៉ូសៀស ឲ្យគ្រងរាជ្យជាស្តេចនៅក្រុងយេរូសាឡិម ជំនួសបិតា។ 2 ព្រះបាទយ៉េអាហាស មានជន្មាយុម្ភៃបីព្រះវស្សា ពេលស្តេចឡើងគ្រងរាជ្យ ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡិម។ 3 ស្តេចស្រុកអេស៊ីបទម្លាក់ស្តេចពីរាជសម្បត្តិនៅក្រុងយេរូសាឡិម ហើយ បានពិន័យប្រាក់ចំនួន៣តោនកន្លះ និងមាសកន្លះតោន។ 4 ស្តេចស្រុកអេស៊ីបបានតែងតាំងព្រះបាទអេលាគីមឲ្យគ្រប់គ្រងជាស្តេចនៅស្រុកយូដា និងក្រុងយេរូសាឡិម ហើយបានប្តូរទៅជាព្រះនាមយេហូយ៉ាគីម។ បន្ទាប់មក ស្តេចបាននាំព្រះបាទយេហូគីម ត្រូវជាព្រះរៀមរបស់ព្រះបាទយ៉ូអាហាស ហើយនាំស្តេចទៅស្រុកអេស៊ីប។ 5 ព្រះបាទយេហូយ៉ាគីមមានព្រះជន្មម្ភៃប្រាំព្រះវស្សា ពេលឡើងសោយរាជ្យ ហើយសោយរាជ្យបានដប់មួយព្រះវស្សានៅក្រុងយេរូសាឡិម។ ស្តេចបានប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ជាព្រះរបស់ព្រះករុណាឡើយ។ 6 ព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូនលើកទ័ពមកវាយស្តេចហើយចាប់ស្តេចដាក់ច្រវាក់ដើម្បីនាំទៅស្រុកបាប៊ីឡូន។ 7 ព្រះបាទនេប៊ូក្នេសារបានយកវត្ថុខ្លះៗនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ទៅក្រុងបាប៊ីឡូន ហើយដាក់ក្នុងវាំងរបស់ទ្រង់នៅឯស្រុកបាប៊ីឡូន។ 8 ចំពោះបញ្ហាផ្សេងទៀតដែលទាក់ទងនឹងព្រះបាទយេហូយ៉ាគីម និងអំពើគួរស្អប់ខ្ពើមដែលស្តេចបានធ្វើ និងអ្វីដែលត្រូវបានគេប្រឆាំងនឹងស្តេចនោះមានកត់ទុកក្នុងសៀវភៅរបស់ស្តេចស្រុកយូដា និងអ៊ីស្រាអែល។ បន្ទាប់មក ព្រះបាទ​យេហូយ៉ាគីនជាបុត្របានឡើងសោយរាជ្យជំនួស។ 9 ព្រះបាទយេហូយ៉ាគីនមានព្រះជន្មប្រាំបីព្រះវស្សា នៅពេលដែលទ្រង់ចាប់ផ្ដើមសោយរាជ្យ។ ស្តេចសោយរាជ្យបានបីខែដប់ថ្ងៃនៅក្រុងយេរូសាឡិម។ ស្តេចប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់។ 10 នៅរដូវផ្ការីក ព្រះបាទនេប៊ូក្នេសាបានចាត់មនុស្សឲ្យទៅចាប់ទ្រង់ ព្រមទាំងទ្រព្យសម្បត្ដិដ៏មានតម្លៃពីព្រះដំណាក់របស់ព្រះអម្ចាស់នាំយកទៅក្រុងបាប៊ីឡូន។​ រួចហើយតែងតាំងព្រះបាទសេដេគាឲ្យគ្រងរាជ្យលើស្រុកយូដា និងក្រុងយេរូសាឡិមជំនួសវិញ។ 11 ពេលព្រះបាទសេដេគាឡើងសោយរាជ្យទ្រង់មានជន្មាយុម្ភៃមួយព្រះវស្សា ហើយស្តេចសោយរាជ្យបានដប់មួយព្រះវស្សានៅក្រុងយេរូសាឡិម។ 12 ស្តេចបានប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ជាព្រះរបស់ខ្លួនឡើយ។ ស្តេចពុំបានបន្ទាបខ្លួននៅចំពោះមុខព្យាការីយេរេមាដែលថ្លែងព្រះបន្ទូលរបស់ព្រះអម្ចាស់ឡើយ។ 13 ព្រះបាទសេដេគាក៏បានបះបោរប្រឆាំងនឹងព្រះបាទនេប៊ូក្នេសាដែលឲ្យ​ស្ដេច​ស្បថ​ក្នុង​នាម​ព្រះ‌ជាម្ចាស់ថានឹងរក្សាភក្ដីភាពចំពោះស្តេច​។ ប៉ុន្តែ ព្រះបាទសេដេគារឹងរូស ហើយធ្វើឲ្យចិត្តរឹងចចេសមិនងាកមករកព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលទេ។ 14 លើសពីនេះទៅទៀតមេដឹកនាំបូជាចារ្យ និងប្រជាជនទាំងអស់សុទ្ធតែមិនស្មោះត្រង់ហើយពួកគេបានប្រតិបត្តិតាមការស្អប់ខ្ពើមរបស់ប្រជាជាតិនានា។ ពួកគេបានបន្ទាបបន្ថោកព្រះដំណាក់របស់ព្រះអម្ចាស់ដែលព្រះអង្គបានញែកទុកជាបរិសុទ្ធនៅក្រុងយេរូសាឡិម។ 15 ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់ពួកគេបានចាត់អ្នកនាំសាររបស់ព្រះអង្គឲ្យមកទូលស្តេចម្តងហើយម្តងទៀត ព្រោះព្រះអង្គមានព្រះហឫទ័យអាណិតអាសូរដល់ប្រជារាស្ត្ររបស់ព្រះអង្គ និងកន្លែងដែលព្រះអង្គគង់នៅ។ 16 ប៉ុន្តែ ពួកគេចំអកមើលងាយអ្នកនាំសាររបស់ព្រះជាម្ចាស់ គេមើលងាយព្រះបន្ទូលរបស់ព្រះអង្គ ហើយចំអកមើលងាយព្យាការីរបស់ព្រះអង្គរហូតទាល់តែព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គរហូតដល់គ្មាននរណាអាចជួយបាន។ 17 ដូច្នេះ ព្រះ‌អម្ចាស់​បាន​ចាត់​ស្ដេច​នៃ​ជន‌ជាតិ​ខាល់ដេ ឲ្យ​លើក​ទ័ព​មក​វាយ​ពួក​គេ។ ស្ដេច​នោះ​សម្លាប់​យុវជន​របស់​ពួក​គេ​នៅ​ក្នុង​ព្រះ‌វិហារ ហើយ​សម្លាប់​រង្គាល​ប្រជា‌ជន​ទាំង​អស់ ឥត​សំចៃ​នរណា​ម្នាក់​ឡើយ គឺ​សម្លាប់​យុវជន​ទាំង​ប្រុស ទាំង​ស្រី និង​មនុស្ស​ចាស់​ជរា​សក់​ស្កូវផង។ ព្រះជាម្ចាស់បាន​ប្រគល់​ពួក​គេ​ទាំង​អស់​គ្នាទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​នោះ។ 18 គ្រឿងសង្ហារិមរបស់ព្រះដំណាក់របស់ព្រះជាម្ចាស់ទាំងធំទាំងតូចទាំងទ្រព្យរបស់ព្រះដំណាក់របស់ព្រះអម្ចាស់ព្រមទាំងទ្រព្យសម្បត្ដិរបស់ស្តេច និងនាម៉ឺនសព្វមុខមន្ត្រីត្រូវបាននាំយកទៅស្រុកបាប៊ីឡូន។ 19 ពួកគេបានដុតបំផ្លាញព្រះដំណាក់របស់ព្រះជាម្ចាស់ហើយរំលំកំពែងក្រុងយេរូសាឡិម និងដុតវិមាននានាព្រមទាំងបំផ្លាញរបស់របរទាំងអស់ដែលមាននៅក្នុងក្រុងនោះចោលផង។ 20 ព្រះបាទនេប៊ូក្នេសាក៏កៀរប្រជាជនដែលនៅសេសសល់ទៅស្រុកបាប៊ីឡូន។ ពួកគេបានក្លាយជាអ្នកបម្រើព្រះអង្គ និងរាជវង្សានុវង្សព្រះអង្គរហូតដល់ថ្ងៃចក្រភពពើស៊ីមកគ្រប់គ្រង។ 21 ហេតុការណ៍នេះកើតមានស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលមានចែងទុកក្នុងគម្ពីរព្យាការីយេរេមាថា រហូតដល់ស្រុកនេះបានសម្រាកនៅថ្ងៃសប្ប័ទ។ វាបានរក្សាថ្ងៃឈប់សម្រាករបស់វាដរាបណាវាត្រូវបានគេបោះបង់ចោល ដើម្បីគ្រប់រយៈពេលចិតសិបឆ្នាំ។ 22 នៅឆ្នាំទីមួយនៃរជ្ជកាលព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ដើម្បីឲ្យព្រះបន្ទូលប្រស់ព្រះអម្ចាស់តាមរយៈមាត់របស់ព្យាការីយេរេមាបានសម្រេច ព្រះអម្ចាស់បានជំរុញទឹកចិត្តព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ដូច្នេះ ស្តេចចេញព្រះរាជសារប្រកាសនៅពេញក្នុងអាណាចក្ររបស់ព្រះអង្គ។ ស្តេចមានរាជឱង្កាថា៖ 23 «នេះជាព្រះរាជសារ របស់ព្រះបាទស៊ីរូស ជាស្តេចនៃអាណាចក្រពើស៊ី ស្តេចមានរាជឱង្ការថា៖ «ព្រះអម្ចាស់ជាព្រះនៃស្ថានបរមសុខបានប្រទានឲ្យយើងនូវអាណាចក្រទាំងប៉ុន្មាននៅលើផែនដី។ ព្រះអង្គបានបញ្ជាឲ្យយើងសង់ព្រះដំណាក់មួយនៅក្រុងយេរូសាឡិមដែលស្ថិតនៅស្រុកយូដា។ ក្នុងចំណោមអ្នករាល់គ្នាអ្នកណាជាប្រជារាស្រ្តរបស់ព្រះអម្ចាស់សូមឲ្យព្រះអម្ចាស់ជាព្រះរបស់អ្នកស្ថិតនៅជាមួយអ្នក។ ចូរឲ្យអ្នកនោះក្រោកឡើងត្រឡប់ទៅស្រុកវិញចុះ»។