1 នេះជាពាក្យរបស់លោកនេហេមា៖ ជាកូនរបស់លោកហាកាលា នៅខែមិគ្គសិរ ក្នុងឆ្នាំទីម្ភៃ គឺពេលដែលខ្ញុំស្ថិតនៅក្នុងកំផែងក្រុងស៊ូសាន 2 នោះមានបងប្អូនខ្ញុំម្នាក់ ឈ្មោះហាណានី និងអ្នកខ្លះទៀតបានមកពីយូដា ហើយខ្ញុំសួរពួកគេពីដំណើរពួកយូដាដែលបានភៀសខ្លួន គឺពួកអ្នកដែលនៅរួចជីវិតរស់ ចេញពីការជាប់ជាឈ្លើយ និងពីក្រុងយេរូសាឡិមផងដែរ។ 3 ពួកគេបាននិយាយមកខ្ញុំថា៖ «ពួកអ្នកដែលនៅតាមខេត្តនោះ គឺពួកអ្នកដែលរួចជីវិត ពីការជាប់ទោស ដែលកំពុងរងទុក្ខវេទនា និងក្ដីអាម៉ាស់ជាខ្លាំង ដោយសារកំផែងក្រុងយេរូសាឡិម ក៏ត្រូវបាក់បែក ហើយទ្វារក្រុងក៏ត្រូវបានគេដុតបំផ្លាញ»។ 4 កាលខ្ញុំបានឮពាក្យទាំងនេះ ខ្ញុំក៏អង្គុយយំ ហើយសោកសៅ អស់រយៈពេលពីរបីថ្ងៃ ទាំងតមអាហារ ហើយអធិស្ឋាននៅចំពោះព្រះនៃស្ថានសួគ៌។ 5 ខ្ញុំទូលព្រះអង្គថា៖ «ព្រះអម្ចាស់ ជាព្រះនៃស្ថានសួគ៌ គឺជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច ដែលរក្សាសេចក្ដីសញ្ញា និងសេចក្ដីស្រលាញ់ ដល់អស់អ្នកដែលស្រឡាញ់ព្រះអង្គ ហើយកាន់តាមបទបញ្ជារបស់ព្រះអង្គ។ 6 សូមព្រះអង្គផ្ទៀងព្រះកាណ៌ ហើយបើកព្រះនេត្រ ដើម្បីស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ ជាអ្នកបម្រើព្រះអង្គ ដែលឥឡូវនេះ ទូលបង្គំអធិស្ឋាននៅចំពោះព្រះអង្គទាំងយប់ទាំងថ្ងៃ ពីដំណើរប្រជាជនអុីស្រាអែល ជាអ្នកបម្រើព្រះអង្គ ដោយលន់តួអំពើបាបរបស់ប្រជាជនអុីស្រាអែល ដែលយើងខ្ញុំបានប្រព្រឹត្តទាស់នឹងព្រះអង្គ។ ទូលបង្គំ និងក្រុមគ្រួសាររបស់ឪពុកទូលបង្គំក៏បានប្រព្រឹត្តអំពើបាបដែរ។ 7 យើងខ្ញុំបានប្រព្រឹត្តនឹងព្រះអង្គយ៉ាងអាក្រក់ជាខ្លាំង ហើយយើង ឥតកាន់តាមបទបញ្ជា ច្បាប់ បញ្ញត្តិដែលព្រះអង្គ នឹងសេចក្តីបង្គាប់នៃព្រះអង្គ តាមរយៈលោកម៉ូសេ ជាអ្នកបម្រើព្រះអង្គ។ 8 សូមព្រះអង្គនឹកចាំពីព្រះបន្ទូល ដែលព្រះអង្គបានបង្គាប់មកលោកម៉ូសេ ជាអ្នកបម្រើព្រះអង្គថា បើអ្នករាល់គ្នាមិនស្មោះត្រង់ យើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នាឲ្យទៅនៅក្នុងចំណោមជនជាតិទាំងឡាយ 9 តែបើអ្នករាល់គ្នាត្រឡប់មករកយើងវិញ ហើយកាន់ និងប្រព្រឹត្តតាមបទបញ្ជារបស់យើង នោះទោះបើពួកនិរទេសរបស់អ្នកបានខ្ចាត់ខ្ចាយ ទៅនៅដល់ជើងមេឃបំផុតក៏ដោយ ក៏យើងនឹងប្រមូលគេពីទីនោះ ហើយនាំគេមកឯកន្លែងដែលយើងបានជ្រើសរើស ដើម្បីឲ្យឈ្មោះរបស់យើងតាំងជាប់នៅទីនោះ។ 10 ឥឡូវនេះពួកគេគឺជាអ្នកបម្រើ និងប្រជារាស្ត្រដែលព្រះអង្គបានរំដោះ ដោយព្រះចេស្តាដ៏អស្ចារ្យ និងដោយព្រះហស្តដ៏ខ្លាំងពូកែ។ 11 ព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ និងពាក្យអធិស្ឋានរបស់ពួកអ្នកបម្រើព្រះអង្គ ដែលពេញចិត្តនឹងកោតខ្លាចដល់ព្រះនាមរបស់ព្រះអង្គ។ សូមប្រោសប្រទានឲ្យទូលបង្គំមានជោគជ័យនៅថ្ងៃនេះ ហើយសូមប្រោសមេត្តាដល់ទូលបង្គំ នៅចំពោះមនុស្សនេះផង»។ នៅគ្រានោះ ខ្ញុំជាអ្នកថ្វាយពែងដល់ស្តេច។
1 នៅខែចេត្រ ក្នុងឆ្នាំទីម្ភៃ ក្នុងរជ្ជកាលព្រះបាទអើថាស៊ើកសេស ក្នុងពេលដែលមានស្រាទំពាំងបាយជូរដាក់នៅចំពោះស្តេច នោះខ្ញុំបានលើកស្រាថ្វាយស្ដេច។ ពីមុនមក ខ្ញុំមិនធ្លាប់មានទឹកមុខក្រៀមក្រំនៅចំពោះស្ដេចឡើយ។ 2 ប៉ុន្តែ ស្ដេចមានព្រះបន្ទូលសួរខ្ញុំថា៖ «ហេតុអ្វីបានជាមានទឹកមុខក្រៀមក្រំដូច្នេះ? អ្នកឥតមានឈឺអ្វីសោះ។ នេះគ្មានអ្វីក្រៅពីមានទុក្ខព្រួយនៅក្នុងចិត្តឡើយ»។ ពេលនោះ ខ្ញុំភ័យខ្លាចណាស់។ 3 ខ្ញុំថ្លែងទៅកាន់ស្តេចថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មគង់នៅជាដរាបតរៀងទៅ តើមិនឲ្យទូលបង្គំមានទឹកមុខក្រៀមក្រំម្ដេចបាន? បើទីក្រុងជាកន្លែងដែលមានផ្នូរបុព្វបុរសរបស់ទូលបង្គំ នៅតែបាក់បែក ហើយទ្វារក្រុងក៏ត្រូវបំផ្លាញដោយភ្លើងដែរ»។ 4 បន្ទាប់មកព្រះរាជាមានរាជឱង្ការមកខ្ញុំថា៖ «តើលោកចង់ឲ្យយើងធ្វើអ្វី?» ដូច្នេះ ខ្ញុំក៏អធិស្ឋានដល់ព្រះនៃស្ថានសួគ៌។ 5 ខ្ញុំក៏តបនឹងស្តេចថា «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ ហើយបើព្រះអង្គប្រណីសន្ដោសដល់ទូលបង្គំ នោះសូមព្រះករុណាចាត់ទូលបង្គំឲ្យទៅស្រុកយូដា គឺទៅទីក្រុងដែលមានផ្នូរបុព្វបុរសរបស់ទូលបង្គំ ដើម្បីឲ្យទូលបង្គំសង់កំផែងនោះឡើងវិញ»។ 6 ព្រះរាជាមានរាជឱង្ការមកខ្ញុំ (ទាំងមានអគ្គមហេសីគង់នៅក្បែរផង) «តើលោកត្រូវការរយៈពេលប៉ុន្មាន ហើយពេលណាទើបលោកត្រឡប់មកវិញ?» ដូច្នេះ កាលខ្ញុំបានកំណត់ពេលរួចហើយ ស្ដេចក៏សព្វព្រះហឫទ័យចាត់ខ្ញុំឲ្យទៅ។ 7 បន្ទាប់មក ខ្ញុំបានទូលទៅស្តេចថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមប្រទានរាជសារឲ្យទូលបង្គំ យកទៅជូនអស់លោកអភិបាលខេត្តនៅខាងនាយទន្លេ ដើម្បីឲ្យលោកទាំងនោះអនុញ្ញាតឲ្យទូលបង្គំធ្វើដំណើរឆ្លងកាត់ រហូតដល់ស្រុកយូដា។ 8 នោះគឺជារាជសារមួយច្បាប់ទៀតជូនលោកអេសាភ ដែលជាមេព្រៃរបស់ព្រះករុណា ដើម្បីឲ្យគាត់ផ្ដល់ឈើមកទូលបង្គំធ្វើធ្នឹមទ្វារបន្ទាយ ដែលនៅក្បែរព្រះវិហារ និងសម្រាប់ធ្វើកំផែងទីក្រុង ហើយសម្រាប់ធ្វើផ្ទះ ដែលទូលបង្គំត្រូវស្នាក់នៅផង»។ ដោយព្រោះតែព្រះហស្តដ៌ល្អរបស់ព្រះបានសណ្ឋិតលើខ្ញុំ ស្តេចក៏អនុញ្ញាតឲ្យ តាមសំណូមពររបស់ខ្ញុំ។ 9 ខ្ញុំបានទៅជួបអស់លោកអភិបាលខេត្តនានានៅខាងនាយទន្លេ ហើយជូនរាជសាររបស់ស្ដេចដល់ពួកលោក។ គ្រានោះ ស្ដេចបានចាត់ពួកមេទ័ព និងពលសេះ ឲ្យទៅជាមួយខ្ញុំដែរ។ 10 នៅពេលលោកសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម និងថូប៊ីយ៉ា ជាមន្ត្រីសាសន៍អាំម៉ូន បានឮដំណឹងនេះ ពួកគេមិនពេញចិត្តយ៉ាងខ្លាំងដែលមានអ្នកណាម្នាក់មករកផលប្រយោជន៍ជួយដល់ជនជាតិអុីស្រាអែល។ 11 ដូច្នេះ ខ្ញុំបានមកដល់ក្រុងយេរូសាឡិម ហើយនៅទីនោះរយៈពេលបីថ្ងៃ។ 12 ខ្ញុំក្រោកឡើងនៅពេលយប់ ហើយខ្ញុំបាននាំមនុស្សមួយចំនួនទៅជាមួយខ្ញុំ។ ខ្ញុំមិនបានប្រាប់អ្នកណាម្នាក់ពីអ្វីដែលព្រះជាម្ចាស់របស់ខ្ញុំ បានដាក់ក្នុងចិត្តខ្ញុំឲ្យធ្វើសម្រាប់ក្រុងយេរូសាឡិមឡើយ។ គ្មានសត្វណានៅជាមួយខ្ញុំឡើយ គឺមានតែសត្វមួយដែលខ្ញុំកំពុងជិះតែប៉ុណ្ណោះ។ 13 ខ្ញុំបានចេញទៅទាំងយប់ តាមទ្វារជ្រលងភ្នំ ឆ្ពោះទៅអណ្តូងនាគ និងទ្វារអាចម៍សត្វ ហើយបានពិនិត្យមើលកំផែងក្រុងយេរូសាឡិមដែលបាក់បែកនិងបើកចំហរ ហើយនិងទ្វារក្រុងដែលធ្វើពីឈឺ គឺត្រូវបានបំផ្លាញដោយភ្លើងឆេះ។ 14 បន្ទាប់មក ខ្ញុំបានបន្តដំណើរទៅដល់ទ្វារនៃប្រភពទឹក ហើយនិងស្រះរបស់ស្តេច។ ប៉ុន្តែកន្លែងនោះតូចចង្អៀតធ្វើឲ្យសត្វដែលខ្ញុំជិះពិបាកដើរឆ្លងកាត់។ 15 ដូច្នេះ ខ្ញុំក៏ឡើងទៅតាមជ្រោះទាំងយប់ ហើយពិនិត្យមើលកំផែង រួចខ្ញុំត្រឡប់ក្រោយ ចូលតាមទ្វារជ្រលងភ្នំ ហើយក៏វិលមកវិញ។ 16 ចំណែកពួកអ្នកគ្រប់គ្រងទីក្រុងពុំបានដឹងថាខ្ញុំទៅណា ឬបានធ្វើអ្វីទេ ហើយខ្ញុំមិនបានប្រាប់ពួកយូដា ពួកសង្ឃ ឬពួកអភិជន ពួកអ្នកគ្រប់គ្រង ឬពួកអ្នកឯទៀតដែលត្រូវបំពេញកិច្ចការនោះឡើយ។ 17 ខ្ញុំនិយាយទៅពួកគេថា៖ «អ្នករាល់គ្នាឃើញបញ្ហាអាក្រក់របស់ពួកយើងស្រាប់ហើយថា ក្រុងយេរូសាឡិមនៅតែបែកបាក់ ហើយទ្វារក្រុងត្រូវភ្លើងឆេះអស់ដែរ។ ចូរយើងនាំគ្នាមក សង់កំផែងក្រុងយេរូសាឡិមឡើងវិញ ដូច្នេះ យើងនឹងមិនមានភាពអាម៉ាស់ទៀតឡើយ»។ 18 រួចខ្ញុំបានប្រាប់គេពីព្រះហស្តដ៏ល្អរបស់ព្រះជាម្ចាស់នៃខ្ញុំ ដែលសណ្ឋិតលើខ្ញុំ និងពាក្យដែលស្តេចមានរាជឱង្ការមកកាន់ខ្ញុំ។ ពួកគេក៏ពោលឡើងថា៖ «ចូរយើងក្រោកឡើង ហើយនាំគ្នាសង់» ដូច្នេះ គេក៏ចម្រើនកម្លាំងគ្នាសម្រាប់កិច្ចការដ៏ប្រពៃនោះ។ 19 ប៉ុន្ដែ ពេលដែលសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម និងថូប៊ីយ៉ា ជាមន្ត្រីសាសន៍អាំម៉ូន ហើយកេសែម ជាសាសន៍អារ៉ាប់ បានឮដំណឹងនេះ ពួកគេនាំគ្នាសើចចំអក ហើយរិះគន់យើងថា៖ «តើអ្នករាល់គ្នាកំពុងធ្វើអ្វីហ្នឹង? តើអ្នករាល់គ្នាចង់បះបោរប្រឆាំងនឹងព្រះរាជាឬ?» 20 បន្ទាប់មកខ្ញុំក៏ឆ្លើយតបទៅគេថា៖ «ព្រះនៃស្ថានសួគ៌នឹងផ្ដល់ឲ្យពួកយើងឲ្យនូវជ័យជម្នះ។ ពួកយើងជាអ្នកបម្រើរបស់ព្រះអង្គ ហើយយើងនឹងក្រោកឡើងនាំគ្នាសាងសង់។ ប៉ុន្តែអ្នករាល់គ្នាវិញ គ្មានចំណែក គ្មានសិទ្ធិ ឬគុណបំណាច់អ្វីនៅក្រុងយេរូសាឡិមឡើយ»។
1 ក្រោយមក អេលីយ៉ាស៊ីប ជានាយកបូជាចារ្យ និងពួកបូជាចារ្យដែលជាបងប្អូនរបស់លោកបានក្រោកឡើង ហើយពួកគេបាននាំគ្នាសង់ទ្វារចៀមឡើង។ ពួកគេបានធ្វើពិធីញែកទ្វារនោះជាបរិសុទ្ធ ហើយដាក់ទ្វារនោះឡើង។ ពួកគេបានធ្វើពិធីញែកជាបរិសុទ្ធនោះ រហូតដល់ប៉មហាមេអា និងរហូតដល់ប៉ម ហាណានាល។ 2 នៅជិតលោក មានពួកអ្នកក្រុងយេរីខូរបានសង់ ហើយនៅជិតពួកគេមានសាគើរ ជាកូនប្រុសរបស់អ៊ីមរីបានសង់។ 3 កូនចៅរបស់សេណាអានាំគ្នាសង់ទ្វារមច្ឆា។ ពួកគេបានដាក់ធ្នឹមខ្លោងទ្វារ និងដាក់សន្លឹកទ្វារ និងគន្លឹះទ្វារ ព្រមទាំងរនុកទ្វារទៀតផង។ 4 លោកម្រេម៉ូតជាអ្នកដែលសាងសង់ផ្នែកបន្ទាប់។ លោកគឺជាចៅរបស់ហាកូស។ ហើយនៅជិតគាត់ មានមស៊ូឡាម បានជួសជុល។ គាត់ជាកូនរបស់បេរេគា និងជាចៅរបស់មសេសាបេល។ ហើយនៅជិតគាត់មានសាដុក បានជួសជុល។ គាត់ជាកូនរបស់ប្អាណា។ 5 ហើយនៅជិតពួកគេមានពួកត្កូអាបានជួសជុល ប៉ុន្ដែ ពួកអ្នកមានត្រកូលខ្ពស់របស់គេ មិនបានចូលរួមធ្វើការតាមពួកមេដឹកនាំរបស់ខ្លួនឡើយ។ 6 យ៉ូយ៉ាដា ជាកូនរបស់ផាសេហា និងមស៊ូឡាម ជាកូនរបស់បេសូឌា បានជួសជុលទ្វារចាស់។ គេដាក់ធ្នឹមខ្លោងទ្វារ និងសន្លឹកទ្វារ គន្លឹះទ្វារ ព្រមទាំងរនុកទ្វារផងដែរ។ 7 នៅជិតនឹងពួកគេទាំងនោះ មានមេឡាទា ជាអ្នកក្រុងគីបៀន និងយ៉ាដោន ជាអ្នកក្រុងមេរ៉ុន ពួកក្រុងគីបៀន និងពួកក្រុងមីសប៉ា ជាស្រុកដែលនៅក្រោមអំណាចរបស់អភិបាលខេត្តនានា នៅខាងនាយទន្លេ បានជួសជុល។ 8 នៅជាប់នឹងពួកគេ មានលោកអ៊ូស៊ាល ជាកូនរបស់លោកហារហាយ៉ា ដែលជាពួកជាងមាស បានជួសជុល ហើយនៅជាប់នឹងគាត់ មានលោកហាណានា ជាអ្នកលាយគ្រឿងក្រអូប។ ពួកគេធ្វើឲ្យក្រុងយេរូសាឡិមបានមាំមួនឡើងវិញ រហូតដល់កំផែងធំ។ 9 នៅជាប់នឹងពួកគេ មានលោករេផាយ៉ា ជាកូនរបស់លោកហ៊ើរ បានជួសជុល។ គាត់ជាអ្នកគ្រប់គ្រងមួយចំហៀងនៃក្រុងយេរូសាឡិម ។ 10 នៅជាប់នឹងពួកគេមានលោកយេដាយ៉ា ជាកូនរបស់លោកហារូម៉ាប បានជួសជុលផ្នែកដែលនៅខាងមុខផ្ទះគាត់។ ហើយនៅជាប់នឹងគាត់ នោះមានលោកហាធូស ជាកូនរបស់លោកហាសាបនា បានជួសជុល។ 11 ម៉ាលគា ជាកូនរបស់លោកហារីម និងលោកហាស៊ូម ជាកូនរបស់លោកផាហាត ម៉ូអាប់ បានជួសជុលផ្នែកផ្សេងទៀត ហើយនិងប៉មឡភ្លើង។ 12 នៅជិតពួកគេមានលោកសាលូម ជាកូនរបស់ហាឡូហេស ជាអ្នកគ្រប់គ្រងមួយចំហៀងនៃក្រុងយេរូសាឡិម គឺគាត់ និងពួកកូនស្រីរបស់គាត់ បានជួសជុល។ 13 លោកហានូន និងអ្នកស្រុកសាណូអា បានជួសជុលទ្វារជ្រលងភ្នំ។ ពួកគេបានសង់ទ្វារនោះឡើងវិញ ហើយដាក់សន្លឹកទ្វារ គន្លឹះទ្វារ និងរនុកទ្វារ។ពួកគេ ក៏បានជួសជុលកំពែងប្រវែងមួយពាន់ហត្ថ រហូតដល់ទ្វារអាចម៍សត្វ។ 14 លោកម៉ាលគា កូនរបស់លោករេកាប ជាអ្នកគ្រប់គ្រងលើស្រុកបេត ហាកេរែម បានជួសជុលទ្វារសំរាម។ គាត់បានសង់ទ្វារ ហើយដាក់សន្លឹកទ្វារ គន្លឹះទ្វារ និងរនុកទ្វារផងដែរ។ 15 លោកសាលូនជាកូនលោកកុល ហូសេ ជាអ្នកគ្រប់គ្រងលើស្រុកមីសប៉ា បានជួសជុលទ្វារប្រភពទឹក។ គាត់បានសង់ទ្វារ ហើយប្រក់ដំបូល ដាក់សន្លឹកទ្វារ គន្លឹះទ្វារ និងរនុកទ្វារផងដែរ។ រួចគាត់សង់កំផែងស្រះស៊ីឡោម ដែលនៅក្បែរឧទ្យានស្តេច រហូតដល់ជណ្តើរដែលចុះពីទីក្រុងដាវីឌ។ 16 លោកនេហេមា ជាកូនរបស់លោកអាសប៊ូក និងជាអ្នកគ្រប់គ្រងលើសង្កាត់បេតស៊ើរមួយចំហៀង បានជួសជុលរហូតដល់ចំណុចមួយទល់មុខផ្នូរព្រះបាទដាវីឌ ហើយដល់ស្រះដែលគេបានជីក និងដល់ផ្ទះរបស់ពួកខ្លាំងពូកែ។ 17 នៅពីក្រោយគាត់ មានពួកលេវីបានជួសជុល រួមទាំងលោករេហ៊ូម ជាកូនរបស់លោកបានី ហើយនៅជាប់នឹងគាត់ មានលោកហាសាបយ៉ា ជាអ្នកគ្រប់គ្រងលើសង្កាត់កៃឡាមួយចំហៀង ដែលធ្វើការដើម្បីសង្កាត់របស់គាត់។ 18 បន្ទាប់ពីគាត់ មានពួកបងប្អូនរបស់គេបានជួសជុល រួមទាំងលោកបាវ៉ាយ ជាកូនរបស់លោកហេណាដាឌ និងជាអ្នកគ្រប់គ្រងលើសង្កាត់កៃឡាមួយចំហៀង។ 19 នៅជាប់នឹងគាត់ មានលោកអេស៊ើរ កូនរបស់លោកយេសួរ ជាអ្នកគ្រប់គ្រងលើស្រុកមីសប៉ា បានជួសជុលមួយផ្នែកទៀត ទល់មុខនឹងផ្លូវឡើងទៅឃ្លាំងគ្រឿងសស្ត្រាវុធ ត្រង់ជ្រុងកំផែង។ 20 បន្ទាប់ពីគាត់ មានលោកបារូក ជាកូនរបស់សាប់បាយ បានជួសជុលមួយផ្នែកទៀត ចាប់តាំងពីជ្រុងកំផែង រហូតដល់ទ្វារផ្ទះលោកអេលីយ៉ាស៊ីប ជាសម្ដេចសង្ឃ។ 21 បន្ទាប់ពីគាត់ មានលោកម្រេម៉ូត កូនរបស់លោកអ៊ូរីយ៉ា និងជាចៅរបស់លោកហាកូស បានជួសជុលមួយផ្នែកទៀត ចាប់តាំងពីទ្វារផ្ទះរបស់លោកអេលីយ៉ាស៊ីប រហូតដល់ចុងផ្ទះរបស់លោក។ 22 បន្ទាប់ពីគាត់ មានពួកសង្ឃ គឺពួកសង្ឃដែលនៅតំបន់ជុំវិញ បានជួសជុល។ 23 បន្ទាប់ពីអ្នកទាំងនោះ មានលោកបេនយ៉ាមីន និងលោកហាស៊ូបបានជួសជុលនៅមុខផ្ទះរបស់ពួកគេ។ បន្ទាប់មកទៀត មានលោកអ័សារា ជាកូនរបស់លោកម្អាសេយ៉ា និងជាចៅរបស់លោកអ័ណានា បានជួសជុលនៅក្បែរផ្ទះរបស់ខ្លួន។ 24 បន្ទាប់ពីគាត់ មានលោកប៊ីនុយ ជាកូនរបស់លោកហេណាដាឌ បានជួសជុលមួយផ្នែកទៀត គឺចាប់តាំងពីផ្ទះរបស់លោកអ័សារា រហូតដល់ជ្រុង និងរហូតដល់កាច់ជ្រុងកំផែង។ 25 លោកប៉ាឡាល ជាកូនរបស់លោកអ៊ូសាយ បានជួសជុលនៅមុខជ្រុងកំផែង និងប៉មដែលសន្ធឹងចេញពីព្រះរាជដំណាក់ស្តេចខាងលើ នៅទីធ្លារបស់ក្រុមអង្គរក្សស្ដេច។ បន្ទាប់ពីគាត់ មានលោកពេដាយ៉ា ជាកូនរបស់លោកប៉ារ៉ូសបានជួសជុល 26 ពួកអ្នកបម្រើព្រះវិហារ ដែលរស់នៅលើអូផែល បានជួសជុលចំណុចមួយនៅទល់មុខនឹងទ្វារទឹកខាងកើត និងប៉មដែលសន្ធឺងចេញនោះ។ 27 បន្ទាប់ពីគាត់ មានពួកអ្នកស្រុកត្កូអា បានជួសជុលមួយផ្នែកទៀត នៅទល់មុខនឹងប៉មធំដែលសន្ធឹងចេញរហូតដល់កំផែងអូផែល។ 28 ពួកសង្ឃបានជួសជុលនៅខាងលើទ្វារសេះ នៅខាងមុខផ្ទះរបស់គេរៀងខ្លួន។ 29 បន្ទាប់ពីអ្នកទាំងនោះ មានលោកសាដុក ជាកូនរបស់លោកអ៊ីមមើរ បានជួសជុលនៅខាងមុខផ្ទះរបស់គាត់។ បន្ទាប់ពីគាត់ មានលោកសេម៉ាយ៉ា កូនរបស់លោកសេកានា ជាឆ្មាំទ្វារខាងកើត បានជួសជុល។ 30 បន្ទាប់ពីគាត់ មានលោកហាណានា ជាកូនរបស់លោកសេលេមា និងលោកហានូន ជាកូនទីប្រាំមួយរបស់លោកសាឡាប បានជួសជុលមួយផ្នែកទៀត។ បន្ទាប់ពីគាត់ មានលោកមស៊ូឡាម ជាកូនរបស់លោកបេរេគា បានជួសជុលផ្នែកដែលនៅទល់មុខនឹងបន្ទប់ដេករបស់គាត់។ 31 បន្ទាប់ពីគាត់ មានលោកម៉ាលគា ជាម្នាក់ក្នុងចំណោមពួកជាងមាស បានជួសជុល រហូតដល់ផ្ទះរបស់ពួកអ្នកបម្រើព្រះវិហារ និងផ្ទះរបស់ពួកអ្នកជំនួញ ទល់មុខនឹង ទ្វារមីបកាឌ ហើយរហូតដល់បន្ទប់ខាងលើ ត្រង់ជ្រុងកំផែង។ 32 ពួកជាងមាស និងពួកអ្នកជំនួញបានជួសជុលមួយផ្នែកនៅចន្លោះបន្ទប់ខាងលើត្រង់ជ្រុងកំផែង និងទ្វារចៀម ។
1 នៅពេលដែើលោកសានបាឡាតបានឮថា ពួកយើងកំពុងសង់កំផែងឡើងវិញដូច្នេះ គាត់បានខឹងក្រេវក្រោធជាខ្លាំង ហើយគាត់ក៏បានចំអកឲ្យពួកយូដា។ 2 នៅមុខពួកបងប្អូនរបស់គាត់ និងនៅមុខពលទ័ពស្រុកសាម៉ារី គាត់និយាយថា៖ «តើពួកយូដាដែលទន់ខ្សោយទាំងនេះកំពុងធ្វើអ្វី? តើគេសង់កំផែងនេះឡើងវិញសម្រាប់ខ្លួនគេឬ? តើគេនឹងថ្វាយយញ្ញបូជាឬ? តើគេបង្ហើយកំផែងនេះក្នុងរយៈពេលមួយថ្ងៃឬ? តើគេយកថ្មពីគំនរសំរាម ដែលឆេះអស់ទៅហើយ មករៀបឡើងវិញកើតឬ? 3 លោកថូប៊ីយ៉ាសាសន៍អាំម៉ូន ដែលឈរក្បែរគាត់ហើយលោកក៏មានប្រសាសន៍ថា៖ «បើគ្រាន់តែមានកញ្ជ្រោងមួយឡើងពីលើសំណង់ដែលពួកគេកំពុងសង់នេះ កំផែងនោះមុខជារលំមិនខាន!» 4 ព្រះជាម្ចាស់នៃយើងអើយ សូមស្តាប់ចុះ ដ្បិតយើងខ្ញុំត្រូវបានគេមើលងាយណាស់។ សូមបង្វែរពាក្យតិះដៀលរបស់គេទៅលើក្បាលពួកគេវិញ ហើយសូមប្រគល់គេឲ្យសត្រូវរឹបអូសនៅក្នុងស្រុកដែលគេជាប់ជាឈ្លើយនោះទៅ។ 5 សូមកុំគ្របបាំងភាពទុច្ចរិតរបស់គេ ហើយកុំលុបអំពើបាបរបស់គេចេញពីព្រះនេត្ររបស់ព្រះអង្គឡើយ ដ្បិតគេបានបណ្ដាលឲ្យព្រះអង្គមានសេចក្ដីក្រោធ នៅចំពោះពួកអ្នកសង់កំផែងនេះឡើងវិញ។ 6 ដូច្នេះ ពួកយើងនាំគ្នាសង់កំផែងឡើង ហើយកំផែងក៏បានតភ្ជាប់គ្នាជុំវិញរហូតដល់បានកម្ពស់ពាក់កណ្ដាល ដ្បិតប្រជាជនបានធ្វើការយ៉ាងស្វាហាប់។ 7 ប៉ុន្ដែ កាលលោកសានបាឡាត និងលោកថូប៊ីយ៉ា ពួកអារ៉ាប់ និងពួកអាំម៉ូនហើយ ព្រមទាំងពួកអាសដូឌបានឮថា ការជួសជុលកំផែងក្រុងយេរូសាឡិមចេះតែបានចម្រើនឡើង ហើយថា កន្លែងបាក់បែកចាប់ផ្ដើមភ្ជិតឡើងវិញ នោះពួកគេខឹងជាខ្លាំង។ 8 ពួកគេទាំងអស់គ្នាក៏បឃុបឃិតគ្នាដើម្បីមកវាយក្រុងយេរូសាឡិម ហើយបង្កឲ្យមានការច្របូកច្របល់។ 9 ប៉ុន្តែ យើងក៏បានអធិស្ឋានដល់ព្រះជាម្ចាស់នៃយើង ហើយចាត់ចែងឲ្យមានអ្នកយាមល្បាត ដើម្បីការពារទាំងយប់ទាំងថ្ងៃដោយព្រោះការគំរាមកំហែងរបស់ពួកគេ។ 10 ពេលនោះ ជនជាតិយូដាបាននិយាយថា៖ «កម្លាំងរបស់អស់អ្នកដែលលីសែងចេះតែចុះខ្សោយ។ មានគំនរបែកបាក់ច្រើនពេក យើងពុំអាចសង់កំផែងឡើងវិញបានទេ»។ 11 ខ្មាំងសត្រូវរបស់យើងនិយាយថា៖ «ពួកគេនិងមិនដឹង ឬឃើញអ្វីដែលកើតឡើងទេ រហូតទាល់តែយើងចូលទៅក្នុងចំណោមពួកគេ ហើយសម្លាប់ពួកគេ ដើម្បីបញ្ឈប់កិច្ចការនោះ»។ 12 នៅគ្រានោះជនជាតិយូដាដែលរស់នៅក្បែរពួកគេនាំគ្នាធ្វើដំណើរមកពីគ្រប់ទិសទី ហើយបាននិយាយដល់ទៅដប់ដង ដោយព្រមានយើងអំពីគំរោងការដែលពួកគេកំពុងប្រឆាំងនឹងយើង។ 13 ដូច្នេះ ខ្ញុំក៏ដាក់ប្រជាជននៅកន្លែងទាបៗពីក្រោយកំផែង នៅកន្លែងដែលមើលឃើញច្បាស់។ ខ្ញុំក៏ដាក់ពួកគេតាមអំបូររបស់ពួកគេរៀងៗខ្លួនទាំងកាន់ដាវ កាន់លំពែង និងធ្នូរបស់គេ។ 14 កាលខ្ញុំបានត្រួតពិនិត្យមើលរួចហើយ ខ្ញុំក៏ក្រោកឡើង ហើយនិយាយទៅកាន់ពួកអភិជន និងពួកអ្នកគ្រប់គ្រង ព្រមទាំងប្រជាជនឯទៀតៗថា៖ «កុំខ្លាចពួកគេឡើយ។ ចូរនឹកចាំពីព្រះអម្ចាស់ ដែលទ្រង់ធំ ហើយដែលគួរឲ្យស្ញប់ស្ញែង។ ហើយត្រូវប្រយុទ្ធការពារពួកបងប្អូន កូនប្រុស កូនស្រី ប្រពន្ធ និងលំនៅដ្ឋានរបស់អ្នករាល់គ្នា»។ 15 កាលខ្មាំងសត្រូវរបស់យើងបានដឹង ពីផែនការរបស់គេត្រូវបានយើងដឹង ហើយព្រះអង្គបានរំលាយផែនការរបស់គេ នោះយើងទាំងអស់គ្នាក៏វិលទៅកំផែងក្រុង តាមកិច្ចការរបស់យើងរៀងៗខ្លួនវិញ។ 16 ដូច្នេះ ចាប់ពីថ្ងៃនោះមក ពួកអ្នកបម្រើរបស់ខ្ញុំពាក់កណ្ដាល បានធ្វើការសង់សាងកំផែងក្រុង ហើយពាក់កណ្ដាលទៀត កាន់លំពែង កាន់ខែល កាន់ធ្នូ និងពាក់អាវក្រោះ កំឡុងពេលដែលមេដឹកនាំ ក៏ឈរនៅពីក្រោយពួកយូដាទាំងអស់គ្នាដែរ។ 17 ពួកក្រុមជាងដដែលនោះ ដែលកំពុងសង់កំផែងក្រុង ហើយត្រូវលីសែង ហើយដឹកជញ្ជូនទៅដល់គោលដៅរបស់គេ។ គេធ្វើការដោយដៃម្ខាង ហើយដៃម្ខាងទៀតកាន់គ្រឿងសស្ត្រាវុធ។ 18 ចំណែកពួកជាងសង់ម្នាក់ៗ សុទ្ធតែស្ពាយដាវជាប់នឹងខ្លួន ហើយនេះជារបៀបដែរពួកគេធ្វើការ។ ចំណែកឯអ្នកដែលផ្លុំត្រែ គឺឈរនៅក្បែរខ្ញុំ។ 19 ខ្ញុំពោលទៅកាន់ពួកអភិជន ពួកអ្នកគ្រប់គ្រង និងប្រជាជនឯទៀតៗថា៖ «កិច្ចការនេះធំ ហើយនៅសល់កិច្ចការជាច្រើនទៀត យើងក៏នៅដាច់ពីគ្នានៅលើកំផែងទៀត។ 20 អ្នករាល់គ្នាគួរតែរុះរាន់ទៅកន្លែងដែលអ្នកឮសូរត្រែ ហើយប្រមូលគ្នានៅទីនោះ។ ព្រះជាម្ចាស់នៃយើងនឹងប្រយុទ្ធជំនួសយើង»។ 21 ដូច្នេះ យើងក៏បានខំប្រឹងធ្វើការ។ ពួកគេពាក់កណ្ដាលកាន់លំពែង ចាប់តាំងពីថ្ងៃរះ រហូតដល់ផ្កាយលេចចេញមក។ 22 នៅគ្រានោះ ខ្ញុំក៏ប្រាប់ប្រជាជនថា៖ «ត្រូវឲ្យគ្រប់គ្នា ព្រមទាំងពួកអ្នកបម្រើរបស់ខ្លួន ដេកនៅក្រុងយេរូសាឡិម ដើម្បីឲ្យគេជួយការពារយើងនៅពេលយប់ ហើយធ្វើការនៅពេលថ្ងៃ»។ 23 ដូច្នេះ ទោះជាខ្ញុំ ឬបងប្អូន ពួកអ្នកបម្រើរបស់ខ្ញុំ ឬពួកអ្នកការពារដែលមកតាមខ្ញុំក្តី គ្មានអ្នកណាបានដោះសម្លៀកបំពាក់ចេញឡើយ ហើយម្នាក់ៗនៃពួកយើងកាន់អាវុធជាប់ ទោះបីពួកគេទៅផឹកទឹកក៏ដោយ។
1 នៅគ្រានោះ ពួកបរុស និងប្រពន្ធរបស់ពួកគេបានស្រែកជាខ្លាំងឡើងទាស់នឹងពួកបងប្អូនរបស់គេជាសាសន៍យូដា។ 2 ដ្បិតមានអ្នកខ្លះពោលថា៖ «យើងខ្ញុំ និងកូនប្រុស កូនស្រីរបស់យើងខ្ញុំ មានគ្នាជាច្រើន។ សូមឲ្យយើងខ្ញុំមានអាហារ ដើម្បីទទួលទាន ហើយរស់នៅផង»។ 3 មានអ្នកខ្លះទៀតនិយាយថា៖ «យើងខ្ញុំបានបញ្ចាំស្រែចម្ការ និងផ្ទះសំបែងរបស់យើងខ្ញុំអស់ហើយ សូមឲ្យយើងខ្ញុំមានអាហារទទួលទាន នៅគ្រាគ្រោះទុរ្ភិក្សនេះផង»។ 4 មានអ្នកខ្លះទៀតក៏បាននិយាយថា៖ «យើងខ្ញុំបានខ្ចីប្រាក់គេ ដើម្បីបង់ពន្ធថ្វាយស្តេចសម្រាប់ស្រែចម្ការរបស់យើង ។ 5 ប៉ុន្តែ យើងខ្ញុំ និងពួកបងប្អូនរបស់យើងខ្ញុំ មានសាច់ឈាមដូចគ្នា កូនចៅរបស់យើងខ្ញុំ ក៏ដូចជាកូនចៅរបស់ពួកគេដែរ។ យើងខ្ញុំត្រូវបង្ខំចិត្តលក់កូនប្រុស កូនស្រីរបស់យើងខ្ញុំឲ្យទៅធ្វើជាទាសកររបស់គេ។ ហើយកូនស្រីរបស់យើងខ្ញុំ ខ្លះក៏បានជាប់ជាទាសកររបស់គេរួចទៅហើយ។ យើងខ្ញុំទាល់ច្រកហើយ ដ្បិតស្រែចម្ការរបស់យើងខ្ញុំក៏ធ្លាក់ទៅក្នុងកណ្ដាប់ដៃអ្នកដទៃដែរ»។ 6 ខ្ញុំមានខឹងខ្លាំងណាស់ នៅពេលដែលខ្ញុំបានឮសម្រែករបស់ពួកគេ និងពាក្យទាំងអស់នេះ ។ 7 ខ្ញុំក៏បានគិតក្នុងចិត្ត ហើយបន្ទោសពួកអភិជន និងពួកអ្នកគ្រប់គ្រង។ ខ្ញុំបាននិយាយទៅពួកគេថា៖ «អ្នករាល់គ្នាកំពុងតែទារយកការប្រាក់ពីពួកបងប្អូនរបស់ខ្លួន»។ ខ្ញុំក៏រៀបចំឲ្យមានការប្រជុំមួយយ៉ាងធំទាស់នឹងពួកគេ 8 ហើយខ្ញុំនិយាយទៅគេថា៖ «យើងបានលោះពួកបងប្អូនរបស់យើងជាសាសន៍យូដា ដែលត្រូវគេលក់ទៅឲ្យសាសន៍ដទៃ តាមតែអាចធ្វើទៅបាន តែឥឡូវនេះ អ្នករាល់គ្នាបែរជាលក់ពួកបងប្អូនរបស់ខ្លួន ក្នុងចំណោមពួកគេត្រូវបានលក់មកវិញ!» គេក៏នៅស្ងៀម រកពាក្យឆ្លើយមិនបានឡើយ។ 9 ដូច្នេះ ខ្ញុំបាននិយាយថា៖ «អ្វីដែលអ្នកបានធ្វើនេះមិនល្អទេ។ តើអស់លោកមិនគួរដើរ ដោយការគោរពកោតខ្លាចដល់ព្រះជាម្ចាស់នៃយើង ដើម្បីទប់ស្កាត់កុំឲ្យសាសន៍ដទៃដែលជាខ្មាំងសត្រូវរបស់យើង ត្មះតិះដៀលយើងទេឬ? 10 ខ្ញុំ និងបងប្អូនរបស់ខ្ញុំ ព្រមទាំងពួកអ្នកបម្រើរបស់ខ្ញុំ ក៏បានឲ្យប្រាក់ និងស្រូវទៅពួកគេខ្ចីដែរ។ ប៉ុន្តែយើងគូរតែឈប់យកការពីពួកគេ។ 11 សូមប្រគល់ស្រែ ចម្ការទំពាំងបាយជូរ ចម្ការអូលីវ និងផ្ទះសំបែងរបស់គេ ទៅគេវិញនៅថ្ងៃនេះទៅ ព្រមទាំងកុំទារប្រាក់ ស្រូវ ទឹកទំពាំងបាយជូរ និងប្រេងដែលអស់លោកបានយកការពីគេនោះផង»។ 12 ពេលនោះ គេឆ្លើយថា៖ «យើងខ្ញុំនឹងប្រគល់អ្វីដែលយើងបានយកពីពួកគេឲ្យទៅពួកគេវិញ ហើយយើងក៏មិនទាមទាអ្វីពីពួកគេទៀតដែរ។ យើងខ្ញុំនឹងធ្វើតាមពាក្យដែលលោកមានប្រសាសន៍»។ បន្ទាប់មកខ្ញុំក៏ហៅពួកបូជាចារ្យមកហើយឲ្យអ្នកទាំងនោះស្បថថា ពួកគេនឹងធ្វើតាមពាក្យសន្យា។ 13 ខ្ញុំក៏រលាស់ថ្នក់អាវរបស់ខ្ញុំ ហើយពោលថា៖ «អ្នកណាមិនធ្វើតាមពាក្យសន្យានេះ សូមឲ្យព្រះរលាស់គ្រួសារ និងទ្រព្យសម្បតិ្តរបស់អ្នកណាដែលមិនធ្វើតាមសន្យា។ ដូច្នេះ សូមឲ្យគេរលាស់ចេញ ហើយនៅទទេ»។ អង្គប្រជុំទាំងមូលក៏ឆ្លើយឡើងថា "អាម៉ែន" ហើយសរសើរតម្កើងព្រះអម្ចាស់ ហើយប្រជាជនក៏ធ្វើតាមពាក្យដែលពួកគេបានសន្យា។ 14 ដូច្នេះ ចាប់តាំងពីពេលដែលខ្ញុំត្រូវបានតែងតាំងឲ្យធ្វើជាទេសាភិបាលរបស់ពួកគេនៅស្រុកយូដា គឺចាប់តាំងពីឆ្នាំទីម្ភៃ រហូតដល់ឆ្នាំទីសាមសិបពីរ ក្នុងរជ្ជកាលព្រះបាទអើថាស៊ើកសេស គឺរយៈពេលដប់ពីរឆ្នាំ នោះខ្ញុំ និងបងប្អូនរបស់ខ្ញុំ មិនបានទទួលទានរបបអាហារជាទេសាភិបាលឡើយ។ 15 តែពួកទេសាភិបាលដែលកាន់ស្រុកមុនខ្ញុំ បានដាក់បន្ទុកយ៉ាងធ្ងន់លើប្រជាជន ហើយបានប្រាក់ពីប្រជាជន សែសិបសេកែលសម្រាប់អាហារ និងស្រាប្រចាំថ្ងៃរបស់ពួកគេទៀតផង។ សូម្បីតែពួកអ្នកបម្រើរបស់គេ ក៏ធ្វើខ្លួនដូចជាម្ចាស់លើប្រជាជនដែរ។ តែខ្ញុំមិនបានធ្វើដូច្នោះទេ ដោយសារតែកោតខ្លាចដល់ព្រះជាម្ចាស់។ 16 ខ្ញុំក៏នៅតែបន្តកិច្ចការសង់កំផែង ហើយយើងក៏មិនបានទិញដីឯណាដែរ ហើយពួកអ្នកបម្រើរបស់ខ្ញុំទាំងប៉ុន្មានសុទ្ធតែបានរួមគ្នាមកជួយធ្វើកិច្ចការនេះ។ 17 នៅតុរបស់ខ្ញុំមានពួកយូដា និងពួកមន្ត្រី១៥០នាក់ និងអ្នកដែលមកជាមួយយើងជាច្រើនទៀត ពីពួកជនជាតិដទៃនៅជុំវិញយើង។ 18 ពេលនេះអ្វីដែលត្រូវរៀបចំក្នុងមួយថ្ងៃៗ គឺគោមួយ ចៀមសម្រាំងប្រាំមួយ ព្រមទាំងសត្វស្លាបដែរ ដែលគេរៀបចំឲ្យខ្ញុំ ហើយដប់ថ្ងៃម្ដង មានស្រាទំពាំងបាយជូរគ្រប់ប្រភេទជាបរិបូរទៀតផង ប៉ុន្តែ ទោះបើច្រើនដល់ម្លេះ ក៏ខ្ញុំមិនបានទាមទាររបបអាហារ ដោយអាងសិទ្ធិជាទេសាភិបាលឡើយ ព្រោះបន្ទុកដ៏ធ្ងន់ដល់ប្រជាជន។ 19 ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីការល្អរបស់ទូលបង្គំផង គឺការទាំងប៉ុន្មានដែលទូលបង្គំបានប្រព្រឹត្តចំពោះប្រជាជននេះ។
1 កាលលោកសានបាឡាត លោកថូប៊ីយ៉ា និងលោកកេសែម ជាសាសន៍អារ៉ាប់ ព្រមទាំងខ្មាំងសត្រូវរបស់យើងបានឮថា ខ្ញុំបានសង់កំផែងឡើង ហើយគ្មានកន្លែងបាក់បែកណានៅសល់ទៀត ទោះជាពេលនោះ ខ្ញុំមិនទាន់បានដាក់សន្លឹកទ្វារ តាមទ្វារនៅឡើយក៏ដោយ។ 2 លោកសានបាឡាត និងលោកកេសែម ចាត់គេមកជួបខ្ញុំ និយាយថា៖ «សូមមក យើងនឹងជួបគ្នានៅភូមិណាមួយ ក្នុងជ្រលងភ្នំអូណូរ»។ ប៉ុន្ដែ ពួកគេមានបំណងនឹងធ្វើបាបខ្ញុំ។ 3 ខ្ញុំក៏បានចាត់មនុស្សឲ្យទៅប្រាប់គេវិញថា៖ «ខ្ញុំកំពុងធ្វើកិច្ចការមួយយ៉ាងធំ ហើយខ្ញុំមិនអាចចុះទៅបានទេ។ ហេតុអ្វីបានជាខ្ញុំត្រូវឈប់ ដោយទុកការងារនេះចោល ហើយចុះទៅជួបលោកដូច្នេះ?» 4 ពួកគេបានចាត់មនុស្សមកប្រាប់ខ្ញុំតាមបែបដដែលនេះ ដល់ទៅបួនដង ហើយខ្ញុំក៏ឆ្លើយពាក្យដដែលទៅគេវិញ។ 5 លោកសានបាឡាតចាត់អ្នកបម្រើម្នាក់ឲ្យមកជួបខ្ញុំ តាមបែបដដែល ជាលើកទីប្រាំ មានទាំងកាន់សំបុត្រដែលបើកចំហនៅដៃផង។ 6 ក្នុងសំបុត្រនោះបានសរសេរថា៖ «មានឮដំណឹងនៅគ្រប់ទាំងសាសន៍ ហើយលោកកេសែម ជាសាក្សីថា លោក និងពួកយូដាមានបំណងនឹងបះបោរ ហេតុនេះហើយបានជាលោកសង់កំផែងនេះឡើង។ តាមពាក្យដែលគេនិយាយនេះ លោកចង់ឡើងធ្វើជាស្តេចរបស់គេ។ 7 លោកក៏បានតែងតាំងពួកហោរាឲ្យប្រកាសអំពីរូបលោក នៅក្រុងយេរូសាឡិមថា មានស្តេចមួយអង្គនៅស្រុកយូដាហើយ ដំណឹងនេះនឹងឮដល់ស្តេចមិនខាន។ ដូច្នេះ សូមមក យើងនឹងនិយាយជាមួយគ្នា»។ 8 ខ្ញុំតបទៅគាត់វិញថា៖ «គ្មានការបែបនេះកើតឡើងដូចជាលោករៀបរាប់ទេ គឺលោកបានប្រឌិតរឿងទាំងនេះ ដោយគំនិតខ្លួនឯងប៉ុណ្ណោះ»។ 9 ដ្បិតពួកគេមានបំណងនឹងគំរាមពួកយើង ដោយគិតថា «ពួកគេនឹងថយកម្លាំងដៃ ហើយលែងធ្វើការនោះតទៅទៀត»។ ប៉ុន្ដែ ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមចម្រើនកម្លាំងដៃទូលបង្គំផង។ 10 គ្រានោះ កាលខ្ញុំចូលទៅផ្ទះរបស់លោកសេម៉ាយ៉ា ជាកូនលោកដេឡាយ៉ា ដែលជាកូនលោកមហេថាបែល គាត់មិនអាចចេញពីផ្ទះបានទេ គាត់បានមានប្រសាសន៍ថា៖ «សូមយើងទៅជួបគ្នាក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺនៅក្នុងព្រះវិហា ហើយបិទទ្វារឲ្យជិតទៅ ដ្បិតគេនឹងមកសម្លាប់លោក ។ ពួកគេនឹងមកសម្លាប់លោក នៅពេលយប់»។ 11 ខ្ញុំឆ្លើយថា៖ «តើគួរឲ្យមនុស្សដូចខ្ញុំរត់គេចឬ? តើមនុស្សដូចខ្ញុំនេះ អាចចូលទៅក្នុងព្រះវិហារ ឲ្យរួចជីវិតឬ? ខ្ញុំមិនចូលទៅក្នុងព្រះវិហារទេ!» 12 ខ្ញុំយល់ឃើញថា ព្រះអម្ចាស់មិនបានចាត់គាត់ឲ្យធ្វើដូច្នោះឡើយ ប៉ុន្តែគាត់បានថ្លែងទំនាយនេះទាស់នឹងខ្ញុំ។ ព្រោះលោកថូប៊ីយ៉ា និងលោកសានបាឡាតបានជួលគាត់។ 13 ដ្បិតគេបានជួលគាត់ឲ្យធ្វើដូច្នេះ ដើម្បីឲ្យខ្ញុំភ័យខ្លាច ឲ្យខ្ញុំធ្វើតាម ហើយប្រព្រឹត្តអំពើបាប ប្រយោជន៍ឲ្យគេបានរឿងនឹងបង្ខូចឈ្មោះខ្ញុំ ហើយត្មះតិះដៀលខ្ញុំ។ 14 ព្រះអម្ចាស់នៃទូលបង្គំអើយ សូមនឹកចាំពីលោកថូប៊ីយ៉ា និងលោកសានបាឡាត តាមការទាំងនេះដែលគេបានប្រព្រឹត្ត ។ហើយសូមនឹកចាំពីនាងណូអាឌា ជាហោរា និងហោរាឯទៀតៗ ដែលចង់បំភ័យទូលបង្គំផង។ 15 ដូច្នេះ កំផែងបានសង់ចប់សព្វគ្រប់ នៅថ្ងៃទីម្ភៃប្រាំ ខែភទ្របទ គឺក្នុងរយៈពេលហាសិបពីរថ្ងៃ។ 16 កាលខ្មាំងសត្រូវរបស់យើងទាំងប៉ុន្មានបានឮដំណឹងនេះ សាសន៍ដទៃទាំងប៉ុន្មានដែលនៅជុំវិញយើងក៏ភ័យខ្លាច ហើយគេទ្រោមចុះជាខ្លាំងនៅចំពោះភ្នែករបស់ខ្លួន។ ដ្បិតគេយល់ឃើញថា កិច្ចការនេះកើតឡើងដោយសារជំនួយរបស់ព្រះជាម្ចាស់នៃយើង។ 17 ក្នុងគ្រានោះ ពួកអភិជនក្នុងជនជាតិយូដា បានផ្ញើសំបុត្រជាច្រើនទៅលោកថូប៊ីយ៉ា ក៏មានសំបុត្ររបស់លោកថូប៊ីយ៉ា ផ្ញើមកពួកគេវិញដែរ។ 18 ដ្បិតមានមនុស្សជាច្រើននៅស្រុកយូដា ជាប់ពាក់ព័ន្ធជាមួយគាត់ដោយសារពាក្យសម្បថ ព្រោះគាត់ជាកូនប្រសារបស់លោកសេកានា ជាកូនរបស់លោកអើរ៉ាស។ លោកយ៉ូហាណានជាកូនប្រុសរបស់គាត់ បានយកកូនស្រីរបស់លោកមស៊ូឡាម ជាកូនរបស់លោកបេរេគា ធ្វើជាប្រពន្ធ។ 19 ពួកគេក៏បាននិយាយពីអំពើល្អរបស់គាត់ នៅចំពោះមុខខ្ញុំ ហើយក៏នាំយកពាក្យរបស់ខ្ញុំទៅប្រាប់គាត់ដែរ។ លោកថូប៊ីយ៉ាបានផ្ញើសំបុត្រជាច្រើដើម្បីមកបំភ័យខ្ញុំ។
1 កាលកំផែងបានសង់ឡើងរួចរាល់ ហើយខ្ញុំបានដាក់សន្លឹកទ្វារ រួចបានតែងតាំងឲ្យមានពួកឆ្មាំទ្វារ ពួកចម្រៀង និងពួកលេវីស្រេចហើយ 2 ខ្ញុំបានប្រគល់អំណាចគ្រប់គ្រងលើក្រុងយេរូសាឡិម ឲ្យហាណានី ជាប្អូនប្រុសរបស់ខ្ញុំ និងហាណានា ជាមេបន្ទាយ ដ្បិតគាត់ជាមនុស្សស្មោះត្រង់ ក៏កោតខ្លាចដល់ព្រះជាម្ចាស់លើសជាងមនុស្សជាច្រើន។ 3 ខ្ញុំបានប្រាប់គេថា៖ «មិនត្រូវបើកទ្វារក្រុងយេរូសាឡិម មុនថ្ងៃបញ្ចេញកម្ដៅឡើយ។ ហើយកាលគេកំពុងនៅឈរចាំយាម ត្រូវបិទទ្វារ ហើយខ្ទាស់រនុក។ ក្នុងចំណោមអ្នកក្រុងយេរូសាឡិម ត្រូវចាត់តាំងឲ្យមានពួកអ្នកយាម ខ្លះតាមប៉ុស្ដិ៍យាមរបស់គេ ហើយខ្លះទៀតនៅមុខផ្ទះរបស់គេរៀងខ្លួន»។ 4 ទីក្រុងនេះធំហើយទូលាយ ប៉ុន្តែប្រជាជនក្នុងក្រុងនោះ មានចំនួនតិច ហើយផ្ទះសំបែងមិនទាន់បានសង់នៅឡើយ។ 5 ព្រះជាម្ចាស់នៃខ្ញុំបានបណ្ដាលចិត្តខ្ញុំឲ្យប្រមូលពួកអភិជន ពួកអ្នកគ្រប់គ្រង និងប្រជាជនមកជួបជុំគ្នា ដើម្បីចុះបញ្ជីតាមពង្សាវតារ។ ខ្ញុំបានរកឃើញបញ្ជីពង្សាវតារនៃអស់អ្នកដែលបានត្រឡប់មកមុនគេ ហើយខ្ញុំឃើញមានឈ្មោះកត់ទុកក្នុងបញ្ជីនោះដូចតទៅ។ 6 «នេះជាប្រជាជននៅក្នុងអាណាខេត្ត ដែលចេញពីសណ្ឋានជាឈ្លើយ ជាអ្នកដែលព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូនបាននាំទៅជាឈ្លើយ។ ពួកគេបានវិលត្រឡប់មកក្រុងយេរូសាឡិម និងស្រុកយូដាវិញ គឺមកកាន់ក្រុងរបស់គេរៀងខ្លួន។ 7 ពួកទាំងនោះបានមកជាមួយលោកសូរ៉ូបាបិល លោកយេសួរ លោកនេហេមា លោកអ័សារា លោករ៉ាអាមា លោកណាហាម៉ានី លោកម៉ាដេកាយ លោកប៊ីលសាន លោកមីសពេរែត លោកប៊ីកវ៉ាយ លោកនេហ៊ូម និងលោកប្អាណា។ នេះជាចំនួនបុរសក្នុងចំណោមប្រជាជនអីុស្រាអែល ដែលមានដូចតទៅនេះ។ 8 កូនចៅរបស់លោកប៉ារ៉ូសមាន ២ ១៧២ នាក់។ 9 កូនចៅរបស់លោកសេផាធាមាន ៣៧២ នាក់ ។ 10 កូនចៅរបស់លោកអើរ៉ាសមាន ៦៥២ នាក់។ 11 កូនចៅរបស់លោកផាហាត-ម៉ូអាប់ ខាងកូនចៅរបស់លោកយេសួរ និងលោកយ៉ូអាប់ មាន ២៨១៨ នាក់។ 12 កូនចៅរបស់លោកអេឡាំមាន ១២៥៤ នាក់។ 13 កូនចៅរបស់លោកសាធូរមាន ៨៤៥ នាក់។ 14 កូនចៅរបស់លោកសាកាយមាន ៧៦០ នាក់។ 15 កូនចៅរបស់លោកប៊ីនុយមាន ៦៤៨ នាក់។ 16 កូនចៅរបស់លោកបេបាយមាន ៦២៨ នាក់។ 17 កូនចៅរបស់អាសកាឌមាន ២ ៣២២ នាក់។ 18 កូនចៅរបស់លោកអ័ដូនីកាមមាន ៦៦៧ នាក់។ 19 កូនចៅរបស់លោកប៊ីកវ៉ាយមាន ២០៦៧ នាក់។ 20 កូនចៅរបស់លោកអេឌីនមាន ៦៥៥ នាក់។ 21 ពួកកូនចៅរបស់លោកអេធើ ខាងលោកហេសេគាមាន ៩៨ នាក់។ 22 កូនចៅរបស់លោកហាស៊ូមមាន ៣២៨ នាក់។ 23 កូនចៅរបស់លោកបេសាយមាន ៣២៤ នាក់។ 24 កូនចៅរបស់លោកហារេបមាន ១១២ នាក់។ 25 កូនចៅគីបៀនមាន ៩៥ នាក់។ 26 ពួកបេថ្លេហិម និងពួកនថូផាមាន ១៨៨ នាក់។ 27 ពួកអ្នកស្រុកអាណាថោតមាន ១២៨ នាក់។ 28 ពួកអ្នកស្រុកបេត-អាសម៉ាវែតមាន ៤២ នាក់។ 29 ពួកអ្នកក្រុងគារយ៉ាត់-យារីម កេភីរ៉ា និងប្អៀរ៉ុត មាន ៧៤៣ នាក់។ 30 ពួកក្រុងរ៉ាម៉ា និងកេបាមាន ៦២១ នាក់។ 31 ពួកអ្នកក្រុងមីកម៉ាសមាន ១២២ នាក់។ 32 ពួកក្រុងបេត-អែល និងអៃយមាន ១២៣ នាក់។ 33 ពួកអ្នកក្រុងនេបូរមួយទៀតមាន ៥២ នាក់។ 34 កូនចៅរបស់លោកអេឡាំមួយទៀតមាន ១ ២៥៤ នាក់។ 35 កូនចៅរបស់លោកហារីមមាន ៣២០ នាក់ុ។ 36 កូនចៅរបស់លោកយេរីខូរមាន ៣៤៥ នាក់។ 37 កូនចៅរបស់លោកឡូឌ ហាឌីឌ និងលោកអូណូរមាន ៧២១ នាក់។ 38 កូនចៅរស់លោកសេណាអាមាន ៣ ៩៣០ នាក់។ 39 ឯពួកសង្ឃគឺ កូនចៅរបស់លោកយេដាយ៉ា ខាងវង្សរបស់លោកយេសួរមាន ៩៧៣ នាក់។ 40 កូនចៅរបស់លោកអ៊ីមមើរមាន ១០៥២ នាក់។ 41 កូនចៅរបស់លោកផាសហ៊ើរមាន ១២៤៧ នាក់។ 42 កូនចៅរបស់លោកហារីមមាន ១០១៧ នាក់។ 43 ឯពួកលេវីគឺ កូនចៅរបស់លោកយេសួរ កូនចៅរបស់លោកកាឌមាល កូនចៅរបស់លោកប៊ីនុយ និងកូនចៅរបស់លោកហូដាវាមាន ៧៤ នាក់។ 44 ឯពួកចម្រៀងគឺ កូនចៅរបស់លោកអសាភមាន ១៤៨ នាក់។ 45 ពួកកូនចៅរបស់ឆ្មាំទ្វារគឺ កូនចៅរបស់លោកសាលូម កូនចៅរបស់លោកអេធើ កូនចៅរបស់លោកថាលម៉ូន កូនចៅរបស់លោកអ័កគូប កូនចៅរបស់លោកហាធីថា និងកូនចៅរបស់លោកសូបាយ មាន ១៣៨ នាក់។ 46 ឯពួកអ្នកបម្រើព្រះវិហារ មានកូនចៅរបស់លោកស៊ីហា កូនចៅរបស់លោកហាស៊ូផា និងកូនចៅរបស់លោកថាបាអូត។ 47 កូនចៅរបស់លោកកេរ៉ូស កូនចៅរបស់លោកស៊ីយ៉ាហា កូនចៅរបស់លោកផាដូន។ 48 កូនចៅរបស់លោកលេបាណា កូនចៅរបស់លោកហាកាបា កូនចៅរបស់លោកសាលម៉ាយ។ 49 កូនចៅរបស់លោកហាណាន កូនចៅរបស់លោកគីដេល កូនចៅរបស់លោកកាហារ។ 50 កូនចៅរបស់លោករីអាយ៉ា កូនចៅរបស់លោករេស៊ីន កូនចៅរបស់លោកនេកូដា។ 51 កូនចៅរបស់លោកកាសាម កូនចៅរបស់លោកអ៊ូសា កូនចៅរបស់លោកផាសេហា។ 52 កូនចៅរបស់លោកបេសាយ កូនចៅរបស់លោកមេហ៊ូនីម កូនចៅរបស់លោកនេភូស៊ីម។ 53 កូនចៅរបស់លោកបាកប៊ូក កូនចៅរបស់លោកហាគូផា កូនចៅរបស់លោកហាហ៊ើរ។ 54 កូនចៅរបស់លោកបាសលូត កូនចៅរបស់លោកមេហ៊ីដា កូនចៅរបស់លោកហាសា។ 55 កូនចៅរបស់លោកបាកូស កូនចៅរបស់លោកស៊ីសេរ៉ា កូនចៅរបស់លោកថាម៉ា។ 56 កូនចៅរបស់លោកនេស៊ីយ៉ា និងកូនចៅរបស់លោកហាធីផា។ 57 កូនចៅរបស់លោកពួកអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន កូនចៅរបស់លោកសូថាយ កូនចៅរបស់លោកសូផេរេត កូនចៅរបស់លោកពេរូដា។ 58 កូនចៅរបស់លោកយ្អាឡា កូនចៅរបស់លោកដាកុន កូនចៅរបស់លោកគីដេល។ 59 កូនចៅរបស់លោកសេផាធា កូនចៅរបស់លោកហាធីល កូនចៅរបស់លោកផូកេរេត ពីសេបែម និងកូនចៅរបស់លោកអាំម៉ូន។ 60 ពួកអ្នកបម្រើព្រះវិហារ ហើយនិងកូនចៅរបស់លោក ពួកអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន សរុបទាំងអស់មាន ៣៩២ នាក់។ 61 ពួកអ្នកដែលចេញពីក្រុងធេល មែឡា ធេល ហារេសា កេរូប អ័ដាន និងអ៊ីមមើរ។ តែពួកគេពុំអាចនឹងបង្ហាញពីពង្សាវតារ ឬជីដូនជីតារបស់ខ្លួន ថាជាពូជអ៊ីស្រាអែល ឬមិនមែន។ 62 គឺកូនចៅរបស់លោកដេឡាយ៉ា កូនចៅរបស់លោកថូប៊ីយ៉ា និងកូនចៅរបស់លោកនេកូដា ទាំងអស់មាន ៦៤២ នាក់។ 63 ខាងពួកបូជាចារ្យ មានកូនចៅរបស់លោកហាបាយ៉ា កូនចៅរបស់លោកហាគូស កូនចៅរបស់លោកបារស៊ីឡាយ (ដែលបានយកកូនស្រីរបស់លោកបារស៊ីឡាយ នៅស្រុកកាឡាត ធ្វើជាប្រពន្ធ ហើយក៏ត្រូវហៅតាមឈ្មោះរបស់គេ)។ 64 អ្នកទាំងនោះរកនាមត្រកូលតាមបញ្ជីពង្សាវតាររបស់ខ្លួនមិនឃើញទេ ដូច្នេះ ពួកគេត្រូបាត់បង់វចេញពីការងារជាសង្ឃ ទុកដូចជាសង្ឃដែលមិនបរិសុទ្ធ។ 65 ហើយក្រោយមក លោកទេសាភិបាលប្រាប់ពួកគេថា គេមិនត្រូវបរិភោគអាហារសក្ការៈបំផុតឡើយ រហូតទាល់តែបានលើកឡើងជាមួយបូជាចារ្យម្នាក់ ជាមួយយូរីម និងធូមីម ។ 66 ក្រុមជំនុំទាំងអស់គ្នាមានចំនួន ៤២ ៣៦០ នាក់ 67 ដោយឥតរាប់បញ្ចូលអ្នកបម្រើប្រុសស្រីរបស់ពួកគេគឺមានចំនួន ៧៣៣៧ នាក់ទេ។ ពួកគេមានពួកចម្រៀងទាំងប្រុសទាំងស្រីចំនួន ២៤៥ នាក់។ 68 សេះរបស់គេមាន ៧៣៦ ក្បាល លាកាត់មាន ២៤៥ ក្បាល 69 អូដ្ឋមាន ៤៣៥ ក្បាល និងលាមាន ៦ ៧២០ ក្បាល។ 70 អ្នកខ្លះមកពីក្នុងចំណោមពួកអ្នកដឹកនាំមេគ្រួសារមួយចំនួន បានថ្វាយតង្វាយសម្រាប់ការងារនេះ។ លោកទេសាភិបាល បានថ្វាយដាក់ក្នុងឃ្លាំង ជាមាសចំនួន មួយពាន់តម្លឹង ពែងមាស ហាសិប សម្លៀកបំពាក់ពួកបូជាចារ្យ ប្រាំរយសាមសិបសម្រាប់។ 71 មានពួកមេដឹកនាំគ្រួសារមួយចំនួន បានថ្វាយមាសចំនួន ពីរមឿនតម្លឹង និងប្រាក់ចំនួនពីរពាន់ពីររយណែន ដាក់ក្នុងឃ្លាំងសម្រាប់ការសាងសង់។ 72 ប្រជាជនដែលនៅសេសសល់បានថ្វាយមាសចំនួនពីរមឿនតម្លឹង ហើយប្រាក់ចំនួនពីរពាន់ពីរណែន ព្រមទាំងសម្លៀកបំពាក់ពួកបូជាចារ្យ ហុកសិបប្រាំពីរ សម្រាប់។ 73 ដូច្នេះ ពួកបូជាចារ្យ ពួកលេវី ពួកឆ្មាំទ្វារ ពួកចម្រៀង ប្រជាជនខ្លះ ពួកអ្នកបម្រើនៅព្រះវិហារ និងអ៊ីស្រាអែលទាំងអស់រស់នៅក្នុងទីក្រុងរបស់ពួកគេ។ តាមរយៈ ខែទីប្រាំពីរ ដែលប្រជាជនអុីស្រាអែលបានរៀបចំឡើងវិញនៅក្នុងទីក្រុងទាំងឡាយរបស់ពួកគេ»។
1 ប្រជាជនទាំងអស់បានមកជួបជុំគ្នានៅទីធ្លាខាងមុខទ្វារទឹក ដោយមានចិត្តតែមួយ។ ហើយគេសុំឲ្យលោកបូជាចារ្យអែសរ៉ាយកគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេ ដែលព្រះអម្ចាស់បានបង្គាប់មកពួកអីុស្រាអែល។ 2 នៅថ្ងៃទីមួយនៃខែទីប្រាំពីរ លោកបូជាចារ្យអែសរ៉ាក៏យកក្រឹត្យវិន័យមកខាងមុខក្រុមជំនុំទាំងប្រុសទាំងស្រី និងអស់អ្នកដែលអាចស្ដាប់យល់បាន។ 3 លោកអានក្នុងគម្ពីរនោះ នៅខាងមុខទីធ្លា ដែលស្ថិតនៅមុខទ្វារទឹក តាំងពីព្រលឹម រហូតដល់ថ្ងៃត្រង់ នៅចំពោះប្រជាជនទាំងប្រុសទាំងស្រី ព្រមទាំងអស់អ្នកដែលអាចយល់បាន ហើយគេក៏ផ្ទៀងត្រចៀកស្តាប់គម្ពីរក្រឹត្យវិន័យនោះ។ 4 បន្ទាប់មកលោកបូជាចារ្យអែសរ៉ាឈរលើវេទិកាធ្វើពីឈើ ដែលគេបានធ្វើសម្រាប់ការនោះ។ លោកម៉ាធិធា លោកសេម៉ា លោកអ័ណាយ៉ា លោកអ៊ូរីយ៉ា លោកហ៊ីលគីយ៉ា និងលោកម្អាសេយ៉ា ឈរនៅខាងស្តាំដៃរបស់លោក ហើយលោកពេដាយ៉ា លោកមីសាអែល លោកម៉ាលគា លោកហាស៊ូម លោកហាសបាដាណា លោកសាការី និងលោកមស៊ូឡាម ឈរនៅខាងឆ្វេងដៃរបស់លោក។ 5 លោកបូជាចារ្យអែសរ៉ាបើកគម្ពីរ នៅចំពោះភ្នែកប្រជាជនទាំងអស់ ដ្បិតលោកនៅខ្ពស់ជាងគេ ហើយពេលលោកបើកគម្ពីរឡើង ប្រជាជនទាំងអស់ក៏ក្រោកឈរ។ 6 លោកអែសរ៉ាលើកតម្កើងព្រះអម្ចាស់ ជាព្រះដ៏អស្ចារ្យ ហើយប្រជាជនក៏ឆ្លើយថា "អាម៉ែន! អាម៉ែន!" ទាំងប្រទូលដៃឡើង រួចឱនក្បាល ហើយក្រាបចុះមុខដល់ដី ថ្វាយបង្គំព្រះអម្ចាស់។ 7 ចំណែក លោកយេសួរ លោកបានី លោកសេរេប៊ីយ៉ា លោកយ៉ាមីន លោកអ័កគូប លោកសាបថាយ លោកហូឌា លោកម្អាសេយ៉ា លោកកេលីថា លោកអ័សារា លោកយ៉ូសាបាឌ លោកហាណាន លោកពេឡាយ៉ា ជាពួកលេវី ជួយពន្យល់ក្រឹត្យវិន័យដល់ប្រជាជន នៅពេលប្រជាជនកំពុងឈរតាមកន្លែងរបស់គេ។ 8 ពួកគេអានគម្ពីរ ក្នុងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ យ៉ាងច្បាស់ៗ ហើយគេបកស្រាយន័យ ដើម្បីឲ្យប្រជាជនយល់សេចក្ដីដែលបានអាន។ 9 លោកនេហេមាដែលជាទេសាភិបាល និងអែសរ៉ាដែលជាបូជាចារ្យ និងពណ្ឌិតខាងច្បាប់ ព្រមទាំងពួកលេវីដែលបង្រៀនប្រជាជន ពោលទៅកាន់ប្រជាជនទាំងមូលថា៖ «ថ្ងៃនេះជាថ្ងៃបរិសុទ្ធសម្រាប់ព្រះអម្ចាស់ដែលជាព្រះរបស់អ្នកគ្រប់គ្នា។ មិនត្រូវកាន់ទុក្ខ ឬយំសោកអ្វីឡើយ»។ ដ្បិតប្រជាជនទាំងឡាយយំ ពេលគេឮពាក្យក្នុងក្រឹត្យវិន័យ។ 10 បន្ទាប់មក លោកនេហេមាបន្តមានប្រសាសន៍ទៅគេថា៖ «ចូរនាំគ្នាទៅបរិភោគអាហារ ហើយរកអ្វីដែលផ្អែមៗផឹកទៅ សូមយកមួយចំណែកជូនអ្នកណាដែលគ្មានអ្វីរៀបចំផង ដ្បិតថ្ងៃនេះជាថ្ងៃបរិសុទ្ធសម្រាប់ព្រះជាម្ចាស់នៃយើង។ មិនត្រូវកើតទុក្ខឡើយ ដ្បិតអំណររបស់ព្រះអម្ចាស់ ជាកម្លាំងរបស់អ្នករាល់គ្នា»។ 11 ដូច្នេះ ពួកលេវីបានលួងលោមប្រជាជនឲ្យនៅស្ងៀម ដោយពាក្យថា៖ «ចូរអ្នករាល់គ្នាស្ងាត់ស្ងៀមទៅ ដ្បិតថ្ងៃនេះជាថ្ងៃបរិសុទ្ធ មិនត្រូវកើតទុក្ខឡើយ»។ 12 បន្ទាប់មកប្រជាជនទាំងអស់ក៏នាំគ្នាទៅបរិភោគអាហារ និងស្រា ព្រមទាំងជូនអាហារដល់គ្នា ហើយនាំគ្នាសប្បាយរីករាយជាខ្លាំង ព្រោះគេបានយល់ព្រះបន្ទូលដែលបានប្រកាសប្រាប់ពួកគេ។ 13 នៅថ្ងៃទីពីរ ពួកអ្នកដឹកនាំនៃបុព្វបុរសក្នុងចំណោមប្រជាជនទាំងអស់ ព្រមទាំងពួកបូជាចារ្យ និងពួកលេវី បាននាំគ្នាមកអែសរ៉ា ដើម្បីសិក្សាព្រះបន្ទូលនៅក្នុងក្រឹត្យវិន័យ។ 14 ពួកគេឃើញមានសេចក្ដីចែងទុកក្នុងក្រឹត្យវិន័យ ជាសេចក្ដីដែលព្រះអម្ចាស់បានបង្គាប់មកតាមរយៈលោកម៉ូសេថា ពួកកូនចៅអុីស្រាអែលត្រូវនៅក្នុងជំរុំនៅក្នុងវេលាបុណ្យនៃខែទីប្រាំពីរ 15 ពួលគេត្រូវយកដំណឹងនេះទៅប្រកាសប្រាប់នៅគ្រប់ទាំងក្រុងរបស់គេ និងនៅក្រុងយេរូសាឡិមថា៖ «ចូរចេញទៅឯភ្នំ ហើយកាប់យកមែកអូលីវស្រុក និងអូលីវព្រៃ មែកយីថោ ធាងចាក និងមែកឈើឯទៀតៗដែលមានស្លឹកច្រើន មកធ្វើក្រសាលតាមសេចក្ដីដែលបានចែងទុក»។ 16 ដូច្នេះ ប្រជាជនក៏ចេញទៅកាប់យកមែកទាំងនោះមកធ្វើក្រសាល នៅលើដំបូលផ្ទះរបស់គេរៀងៗខ្លួន នៅទីធ្លាផ្ទះរបស់គេ នៅទីលាននៃព្រះដំណាក់របស់ព្រះ នៅទីធ្លាត្រង់ទ្វារទឹក និងនៅទីធ្លាត្រង់ទ្វារអេប្រាអិម។ 17 គឺអស់អ្នកដែលបានវិលត្រឡប់ពីសណ្ឋានជាឈ្លើយ បានធ្វើក្រសាលគ្រប់ៗគ្នា ហើយគេស្នាក់នៅក្នុងក្រសាលទាំងនោះ។ ដ្បិតតាំងពីគ្រាលោកយ៉ូស្វេ ជាកូនរបស់លោកនុន រហូតដល់ថ្ងៃនោះ ប្រជាជនអីុស្រាអែលមិនដែលបានធ្វើពិធីអបអរអ្វីឡើយ ដូច្នេះ ពួកគេមាសេចក្ដីរីករាយជាខ្លាំង។ 18 ដូច្នេះរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃដំបូង រហូតដល់ថ្ងៃចុងបំផុត លោកបូជាចារ្យអែសរ៉ាក៏អាននៅក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះជាម្ចាស់។ ពួកគេប្រារព្ធពិធីបុណ្យនោះអស់រយៈពេលប្រាំពីរថ្ងៃ ហើយនៅថ្ងៃទីប្រាំបី មានការប្រជុំយ៉ាងឱឡារិក តាមបញ្ញត្តិ។
1 លុះដល់ថ្ងៃម្ភៃបួនក្នុងខែដដែលនោះ ប្រជាជនអុីស្រាអែលបានជួបប្រជុំគ្នា ទាំងតមអាហារ ដោយស្លៀកសំពត់ធ្វើពីថង់ ហើយយកដីរោយលើក្បាល។ 2 អស់អ្នកដែលជាពូជពង្សអុីស្រាអែល បានញែកខ្លួនចេញពីជនជាតិដទៃទាំងអស់។ ពួកគេបានឈរឡើង លន់តួអំពើបាបរបស់ខ្លួន និងអំពើទុច្ចរិតនៃបុព្វបុរសរបស់គេផងដែរ។ 3 ពួកគេឈរតាមកន្លែងរបស់ពួកគេរៀងៗខ្លួន ហើយអានក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ។ សម្រាប់បួនភាគបួននៅថ្ងៃនោះ ពួកគេលន់តួអំពើបាប និងថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់ពួកគេ។ 4 ពេលនោះ លោកយេសួរ លោកបានី លោកកាឌមាល លោកសេបានា លោកប៊ូននី លោកសេរេប៊ីយ៉ា លោកបានី និងលោកកេណានី ឈរលើថ្នាក់ជណ្តើររបស់ពួកលេវី ហើយបន្លឺសំឡេងអំពាវនាវដល់ព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ពួកគេ។ 5 បន្ទាប់មក ពួកលេវី លោកយេសួរ លោកកាឌមាល លោកបានី លោកហាសាបនា លោកសេរេប៊ីយ៉ា លោកហូឌា លោកសេបានា និងលោកពេថាហ៊ីយ៉ា មានប្រសាសន៍ថា៖ «ចូរក្រោលឈរឡើង ហើយសរសើព្រះនាមព្រះអម្ចាស់ជារៀងដរាបតទៅ»។ «សូមឲ្យពួកគេលើកតម្កើងព្រះនាមដ៏រុងរឿងរបស់ព្រះអង្គ បានប្រកបដោយព្រះពរ ជាព្រះនាមដែលថ្កើងឡើងខ្ពស់លើសជាងអស់ទាំងពរ និងការសរសើរគ្រប់ទាំងអស់»។ 6 ព្រះអង្គគឺជាព្រះអម្ចាស់។ ព្រះអង្គតែមួយ។ ព្រះអង្គបានបង្កើតផ្ទៃមេឃ គឺអស់ទាំងជាន់នៃផ្ទៃមេឃ ព្រមទាំងពិភពទាំងមូល ក៏បានបង្កើតផែនដី និងអ្វីៗទាំងអស់នៅលើផែនដី ហើយសមុទ្រ និងអ្វីៗទាំងអស់នៅក្នុងសមុទ្រ។ ព្រះអង្គប្រទានជីវិតឲ្យរបស់ទាំងអស់នោះ ហើយពួកពលបរិវារនៅលើមេឃ ថ្វាយបង្គំព្រះអង្គ។ 7 ព្រះអង្គគឺជាព្រះអម្ចាស់ ជាព្រះជាម្ចាស់ដែលបានជ្រើសរើសលោកអាប់រ៉ាម ព្រមទាំងនាំលោកចេញពីក្រុងអ៊ើររបស់ពួកជនជាតិខាល់ដេ ហើយប្រទានឲ្យលោកមាននាមថា អ័ប្រាហាំ។ 8 ព្រះអង្គបានឃើញថា លោកមានចិត្តស្មោះត្រង់នៅចំពោះព្រះអង្គ ហើយព្រះអង្គក៏បានតាំងសញ្ញានឹងលោក ថានឹងប្រទានស្រុករបស់ពួកជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិយេប៊ូស និងជនជាតិគើកាស៊ីពូជពង្សរបស់លោក។ ព្រះអង្គក៏បានសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ ដ្បិតព្រះអង្គសុចរិត។ 9 ព្រះអង្គបានទតឃើញទុក្ខវេទនារបស់បុព្វបុរសយើងខ្ញុំនៅស្រុកអេស៊ីប ហើយបានឮសម្រែករបស់គេនៅសមុទ្រក្រហម។ 10 ព្រះអង្គបានប្រទានទីសម្គាល់ និងការអស្ចារ្យទៅលើផារ៉ោន ហើយពួកមហាតលិក និងប្រជាជននៃស្រុកនោះទាំងអស់ ដ្បិតព្រះអង្គជ្រាបថា គេបានប្រព្រឹត្តនឹងបុព្វបុរសរបស់យើងដោយចិត្តព្រហើន។ ប៉ុន្តែព្រះអង្គបានធ្វើឲ្យព្រះនាមព្រះអង្គល្បីល្បាញ រហូតដល់សព្វថ្ងៃ។ 11 ព្រះអង្គបានញែកសមុទ្រចេញពីគ្នានៅចំពោះមុខពួកគេ ឲ្យពួកគេដើរឆ្លងកាត់កណ្ដាលសមុទ្រ លើដីគោក ហើយព្រះអង្គបានទម្លាក់ពួកអ្នកដែលដេញតាមទៅក្នុងទីជម្រៅ ដូចជាបោះថ្មទៅក្នុងមហាសាគរ។ 12 ព្រះអង្គបាននាំពួកគេ ដោយសារបង្គោលពពកនៅពេលថ្ងៃ ហើយនៅពេលយប់ ដោយបង្គោលភ្លើងដើម្បីបំភ្លឺផ្លូវដែលពួកគេត្រូវដើរ។ 13 ព្រះអង្គបានយាងចុះមកលើភ្នំស៊ីណាយ ហើយមានព្រះបន្ទូលមកកាន់ពួកគេពីលើមេឃ ប្រទានឲ្យពួកគេមានបញ្ញត្តិដ៏ត្រឹមត្រូវ និងក្រឹត្យវិន័យដ៏ពិត ព្រមទាំងច្បាប់ និងបទបញ្ជាផ្សេងទៀត។ 14 ព្រះអង្គបានធ្វើឲ្យពួកគេស្គាល់ថ្ងៃសប្ប័ទដ៏បរិសុទ្ធរបស់ព្រះអង្គ ហើយប្រទានឲ្យពួកគេមានបទបញ្ញត្តិ និងច្បាស់តាមរយៈលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។ 15 ព្រះអង្គបានប្រទាននំបុ័ងពីលើមេឃមកចម្អែតពួកគេ ហើយធ្វើឲ្យមានទឹកហូរចេញពីថ្មមកឲ្យពួកគេផឹក ក៏បានបង្គាប់ឲ្យគេចូលទៅចាប់យកទឹកដី ដែលព្រះអង្គបានស្បថថានឹងឲ្យដល់ពួកគេ។ 16 ប៉ុន្តែ ពួកគេ គឺដូនតារបស់យើងខ្ញុំ បានប្រព្រឹត្តដោយចិត្តព្រហើន និងរឹងរូស ហើយមិនស្តាប់តាមបញ្ញត្តិរបស់ព្រះអង្គទេ។ 17 គេមិនព្រមស្ដាប់បង្គាប់ឡើយ ក៏មិនខ្វល់ពីការអស្ចារ្យដែលព្រះអង្គបានធ្វើក្នុងចំណោមពួកគេទេ គឺពួកគេមានចិត្តរឹងរូស ហើយបះបោរ គេបានតែងតាំងមេដឹកនាំ ដើម្បីវិលទៅរកភាពជាទាសករវិញ។ ប៉ុន្តែតែព្រះអង្គជាព្រះដែលមានពេញទៅដោយការអត់ទោស ប្រណីសន្ដោស ហើយមេត្តាករុណា យឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរសជាបរិបូរ។ ព្រះអង្គមិនបោះបង់ចោលពួកគេឡើយ។ 18 ទោះជាពេលដែលពួកគេបានសូនធ្វើរូបកូនគោមាសមួយ ហើយនិយាយថា នេះជាព្រះរបស់យើង ដែលបាននាំយើងឡើងពីទឹកដីអេស៊ីប ហើយគេបានប្រមាថព្រះអង្គយ៉ាងខ្លាំង 19 ដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គមិនបានបោះបង់ចោលពួកគេនៅទីរហោស្ថានឡើយ។ បង្គោលពពកមិនបានថយចេញ លែងនាំផ្លូវពួកគេនៅពេលថ្ងៃឡើយ ហើយបង្គោលភ្លើងក៏មិនលែងបំភ្លឺពួកគេនៅពេលយប់ ដើម្បីបង្ហាញផ្លូវដែលគេត្រូវដើរនោះដែរ។ 20 ព្រះអង្គបានប្រទានព្រះវិញ្ញាណដ៏ល្អរបស់ព្រះអង្គ មកបង្រៀនពួកគេ ហើយប្រទាននំម៉ាណាឲ្យពួកគេបរិភោគ ព្រមទាំងប្រទានទឹកឲ្យពួកគេផឹកមិនដែលខកខានឡើយ។ 21 ព្រះអង្គបានចិញ្ចឹមគេនៅទីរហោស្ថានរយៈពេលសែសិបឆ្នាំ ពួកគេមិនខ្វះខាតអ្វីឡើយ។ សម្លៀកបំពាក់របស់ពួកគេក៏មិនដែលសឹក ហើយជើងរបស់ពួកគេក៏មិនធ្លាប់ហើមដែរ។ 22 ព្រះអង្គបានប្រទាននគរ និងជនជាតិនានាដល់ពួកគេ ហើយចែកស្រុកទាំងអស់ដល់ពួកគេ។ ដូច្នេះ ពួកគេដណ្ដើមយកបានទឹកដីរបស់ព្រះបាទស៊ីហុន ជាស្ដេចក្រុងហែសបូន និងទឹកដីរបស់ព្រះបាទអុក ជាស្តេចស្រុកបាសាន។ 23 ព្រះអង្គបានធ្វើឲ្យកូនចៅរបស់ពួកគេកើនចំនួនច្រើនឡើងដួងដារាដែលនៅលើមេឃ ហើយព្រះអង្គបាននាំពួកគេចូលទៅក្នុងទឹកដីដែលព្រះអង្គបានមានបន្ទូលទៅកាន់បុព្វបុរសរបស់ពួកគេ ឲ្យពួកគេចូលទៅហើយគ្រប់គ្រង។ 24 ដូច្នេះ កូនចៅរបស់ពួកគេក៏ចូលទៅកាន់កាប់ទឹកដីនោះ ហើយព្រះអង្គបានបង្ក្រាបជនជាតិកាណាន។ ព្រះអង្គបានប្រគល់ជនជាតិនោះទៅក្នុងដៃរបស់ពួកគេ ព្រមទាំងស្តេចរបស់គេ និងប្រជាជននៃទឹកដីនោះ ដើម្បីជនជាតិអ៊ីស្រាអែលធ្វើអ្វីទៅចិត្តរបស់ពួកគេចង់។ 25 ពួកគេចាប់យកបានទីក្រុងដែលមានកំផែងការពារ និងទឹកដីដែលមានជីជាតិ ក៏បានចាប់យកផ្ទះដែលមានពេញដោយរបស់ល្អគ្រប់មុខ និងអណ្តូងដែលជីកស្រាប់ ចម្ការទំពាំងបាយជូរ ដំណាំអូលីវ និងដើមឈើស៊ីផ្លែយ៉ាងច្រើនមុខបរិបូរ។ ដូច្នេះហើយ ពួកគេបានបរិភោគឆ្អែត ហើយត្រឡប់ជាមានសាច់ឈាម ក៏មានចិត្តរីករាយ ដោយសារព្រះហឫទ័យសប្បុរសដ៏ធំរបស់ព្រះអង្គ។ 26 បន្ទាប់មកពួកគេក៏មានចិត្តរឹងចចេស ហើយបះបោរនឹងព្រះអង្គ។ ពួកគេបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះអង្គទៅក្រោយខ្នង ។ ពួកគេបានសម្លាប់ព្យាការីរបស់ព្រះអង្គ ដែលបានទូន្មានឲ្យគេវិលមករកព្រះអង្គវិញ។ ហើយពួកគេបាននាំគ្នាប្រមាថព្រះអង្គយ៉ាងខ្លាំង។ 27 ហេតុនេះហើយបានជាព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ ដែលញាំញីសង្កត់សង្កិនគេ។ តែកាលពួកគេកើតមានសេចក្ដីវេទនា ពួកគេក៏ស្រែករកព្រះអង្គ ហើយព្រះអង្គស្ដាប់ពួកគេពីស្ថានសួគ៌ ហើយព្រះអង្គប្រទានឲ្យពួកគេមានពួកអ្នកសង្គ្រោះ មកសង្គ្រោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ពួកសត្រូវ ដោយព្រះហឫទ័យមេត្តាករុណាដ៏ធំក្រៃលែងរបស់ព្រះអង្គ។ 28 ប៉ុន្ដែ ក្រោយពីពួកគេមានសេចក្ដីស្រាកស្រាន្តហើយ ពួកគេចាប់ផ្ដើមប្រព្រឹត្តអំពើអាក្រក់នៅចំពោះព្រះអង្គទៀត ហើយព្រះអង្គក៏បោះបង់ចោលពួកគេ នៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីឲ្យខ្មាំងសត្រូវមានអំណាចលើពួកគេ។ ប៉ុន្តែ កាលពួកគេបានងាកបែរ ហើយស្រែកអំពាវនាវរកព្រះអង្គ ព្រះអង្គស្ដាប់ពួកគេពីស្ថានសួគ៌ ហើយប្រោសឲ្យពួកគេរួចជាច្រើនដង តាមព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។ 29 ព្រះអង្គបានទូន្មានពួកគេ ដើម្បីនាំពួកគេមករកក្រឹត្យវិន័យព្រះអង្គវិញ។ តែពួកគេបានប្រព្រឹត្តដោយចិត្តព្រហើន មិនព្រមស្តាប់តាមបទបញ្ជារបស់ព្រះអង្គទេ។ ពួកគេបានប្រព្រឹត្តអំពើបាបទាស់នឹងវិន័យរបស់ព្រះអង្គ អ្នកណាប្រព្រឹត្តតាម អ្នកនោះនឹងបានរស់នៅដោយសេចក្ដីនោះឯង ។ហើយពួកគេបែរស្មាដ៏រឹងចចេស ក៏តាំងករបស់គេរឹង មិនព្រមស្តាប់បង្គាប់ឡើយ។ 30 ព្រះអង្គបានទ្រាំទ្រនឹងពួកគេជាច្រើនឆ្នាំ ហើយបានទូន្មានពួកគេ ប្រទានព្រះវិញ្ញាណរបស់ព្រះអង្គតាមរយៈព្យាការីរបស់ព្រះអង្គ។ ប៉ុន្តែពួកគេមិនព្រមយកត្រចៀកស្តាប់នោះទេ។ ដូច្នេះ ព្រះអង្គក៏បានប្រគល់ពួកគេ ទៅក្នុងកណ្ដាប់ដៃរបស់ប្រជាជនដែលរស់នៅស្រុកទាំងនោះ។ 31 ប៉ុន្តែ ដោយព្រោះព្រះហឫទ័យមេត្តាករុណាដ៏ក្រៃលែងរបស់ព្រះអង្គ ព្រះអង្គមិនបានធ្វើឲ្យពួកគេវិនាសសាបសូន្យ ឬបោះបង់ចោលពួកគេឡើយ ដ្បិតព្រះអង្គគឺជាព្រះជាម្ចាស់ដ៏មានព្រះហឫទ័យប្រណីសន្តោស ហើយមេត្តាករុណា។ 32 ដូច្នេះ ព្រះជាម្ចាស់នៃយើង ជាព្រះដ៏ធំ ហើយមានឫទ្ធានុភាព គួរឲ្យស្ញែងខ្លាច ជាព្រះដែលរក្សាសេចក្ដីសញ្ញា និងសេចក្ដីសប្បុរសអើយ សូមកុំឲ្យសេចក្ដីទេវនាទាំងប៉ុន្មាន ដែលបានកើតមានដល់យើងខ្ញុំ ព្រមទាំងស្តេច ម្ចាស់ក្សត្រី ពួកសង្ឃ ពួកបូជាចារ្យ បុព្វបុរសរបស់យើងខ្ញុំ និងប្រជារាស្ត្រទាំងប៉ុន្មានរបស់ព្រះអង្គ ចាប់ពីគ្រារបស់ពួកស្តេចស្រុកអាសស៊ើរ រហូតដល់សព្វថ្ងៃនេះ ។ 33 ប៉ុន្តែ ព្រះអង្គសុចរិតក្នុងគ្រប់ទាំងការទាំងអស់ដែលបានកើតមានដល់យើងខ្ញុំ ដ្បិតព្រះអង្គបានប្រព្រឹត្តដោយស្មោះត្រង់ តែឯយើងខ្ញុំវិញ បានប្រព្រឹត្តយ៉ាងទុច្ចរិត 34 ពួកស្តេចរបស់យើងខ្ញុំ ពួកមេរបស់យើងខ្ញុំ ពួកសង្ឃរបស់យើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំ មិនបានកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គទេ ក៏មិនបានយកចិត្តទុកដាក់នឹងបទបញ្ជា ព្រមទាំងការព្រមានដែលព្រះអង្គបានប្រទានដល់ពួកគេឡើយ។ 35 ទោះជាពេលដែលគេរស់នៅក្នុងនគររបស់ខ្លួន ព្រះអង្គប្រទានឲ្យគេមានអស់ទាំងសេចក្ដីល្អក្រៃលែង ហើយនៅក្នុងស្រុកដ៏ធំទូលាយ មានជីជាតិ ដែលព្រះអង្គបានដាក់នៅមុខគេ ក៏គេមិនបានគោរពប្រតិបត្តិដល់ព្រះអង្គ ឬងាកបែរចេញពីអំពើទុច្ចរិតរបស់ពួកគេទេ។ 36 ឥឡូវនេះពួកយើងខ្ញុំបានក្លាយជាបាវបម្រើនៅក្នុងទឹកដីដែលព្រះអង្គបានប្រទានដល់បុព្វបុរសរបស់យើងខ្ញុំដើម្បីរីករាយ និងបរិភោគផលផ្លែ និងសេចក្ដីល្អនៅក្នុងស្រុកនោះ។ 37 ភោគផលដ៏សម្បូរហូរហៀររបស់ស្រុកនេះ បែរជាទុកសម្រាប់ពួកស្តេច ដែលព្រះអង្គបានតាំងឲ្យគ្រប់គ្រងលើយើងខ្ញុំ ដោយព្រោះអំពើបាបរបស់យើងខ្ញុំ។ ស្តេចទាំងនោះត្រួតត្រាលើរាងកាយយើងខ្ញុំ និងហ្វូងសត្វរបស់យើងខ្ញុំ តាមអំពើចិត្តរបស់គេ។ ហើយយើងខ្ញុំមានទុក្ខវេទនាជាខ្លាំង។ 38 ដោយមានហេតុការណ៍ទាំងអស់នេះ យើងខ្ញុំក៏តាំងសញ្ញាមួយយ៉ាងមាំមួនជាលាយលក្ខណ៍អក្សរ។ ហើយមានពួកម្ចាស់ក្សត្រី ពួកលេវី និងពួកបូជាចារ្យរបស់យើងខ្ញុំ ជាអ្នកបោះត្រាលើសេចក្ដីសញ្ញានោះ»។
1 នៅលើឯកសារដែលបានបោះត្រានោះ មានឈ្មោះ លោកនេហេមា ជាទេសាភិបាល ជាកូនលោកហាកាលា និងលោកសេដេគា។ 2 លោកសេរ៉ាយ៉ា លោកអ័សារា លោកយេរេមា។ 3 លោកផាសហ៊ើរ លោកអ័ម៉ារា លោកម៉ាលគា។ 4 លោកហាធូស លោកសេបានា លោកម៉ាលូក 5 លោកហារីម លោកម្រេម៉ូត លោកអូបាឌា 6 លោកដានីយ៉ែល លោកគីនេថោន លោកបារូក 7 លោកមស៊ូឡាម លោកអ័ប៊ីយ៉ា លោកមីយ៉ាមីន 8 លោកម្អាស៊ា លោកប៊ីលកាយ លោកសេម៉ាយ៉ា។ អ្នកទាំងនេះសុទ្ធតែជាពួកបូជាចារ្យ។ 9 ពួកលេវីមាន លោកយេសួរ ជាកូនរបស់លោកអ័សានា និងលោកប៊ីនុយ មកពីអំបូរលោកហេណាដាឌ លោកកាឌមាល 10 និងពួកអ្នកដែលដើរតាមពួកលេវីមាន លោកសេបានា លោកហូឌា លោកកេលីថា លោកពេឡាយ៉ា លោកហាណាន 11 លោកមីកា លោករេហុប លោកហាសាបយ៉ា។ 12 លោកសាគើរ លោកសេរេប៊ីយ៉ា លោកសេបានា 13 លោកហូឌា លោកបានី និងលោកបេនីនូ។ 14 ពួកមេដឹកនាំលើប្រជាជនមាន លោកប៉ារ៉ូស លោកផាហាត ម៉ូអាប់ លោកអេឡាំ លោកសាធូរ លោកបានី 15 លោកប៊ូននី លោកអាសកាឌ លោកបេបាយ 16 លោកអ័ដូនីយ៉ា លោកប៊ីកវ៉ាយ លោកអេឌីន 17 លោកអេធើ លោកហេសេគា លោកអ័ស៊ើរ 18 លោកហូឌា លោកហាស៊ូម លោកបេសាយ 19 លោកហារីប លោកអ័ណាថូត លោកនេបាយ 20 លោកម៉ាកពីអាស លោកមស៊ូឡាម លោកហេស៊ារ 21 លោកមសេសាបេល លោកសាដុក លោកយ៉ាដួរ 22 លោកពេឡាធា លោកហាណាន លោកអ័ណាយ៉ា 23 លោកហូសេ លោកហាណានា លោកហាស៊ូប 24 លោកហាឡូហេស លោកពីឡាហា លោកសូបេក 25 លោករេហ៊ូម លោកហាសាបណា លោកម្អាសេយ៉ា 26 លោកអ័ហ៊ីយ៉ា លោកហាណាន លោកអ័ណាន 27 លោកម៉ាលូក លោកហារីម និងលោកប្អាណា។ 28 ចំណែកប្រជាជនដែលនៅសេសសល់មាន ពួកបូជាចារ្យ ពួកលេវី ពួកឆ្មាំទ្វារ ពួកចម្រៀង ពួកអ្នកបម្រើព្រះវិហារ និងអស់អ្នកដែលបានញែកខ្លួនចេញពីប្រជាជនដែលរស់នៅស្រុកទាំងនោះ ដើម្បីធ្វើតាមក្រឹត្យវិន័យរបស់ព្រះ ព្រមទាំងប្រពន្ធ និងកូនប្រុសកូនស្រីរបស់ពួកគេ គឺអស់អ្នកដែលមានចំណេះ និងការយល់ដឹង 29 ពួកគេបានចូលរួមជាមួយពួកបងប្អូនរបស់ពួកគេ ពួកអភិជនរបស់ពួកគេ ពួកគេស្បថឲ្យត្រូវបណ្ដាសាដល់ខ្លួន ប្រសិនបើគេមិនបានកាន់តាមក្រឹត្យវិន័យរបស់ព្រះ ដែលបានប្រទានមកដោយសារលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ ហើយរក្សា និងប្រព្រឹត្តតាមគ្រប់ទាំងបទបញ្ជារបស់ព្រះជាម្ចាស់ជាព្រះអម្ចាស់នៃយើង ព្រមទាំងច្បាប់ និងបញ្ញត្តិរបស់ព្រះអង្គ។ 30 យើងបានសន្យាថាមិនឲ្យកូនស្រីរបស់យើងទៅឲ្យប្រជាជនដែលនៅក្នុងស្រុកនេះ ឬយកកូនស្រីរបស់គេមកឲ្យកូនប្រុសរបស់យើងឡើយ។ 31 យើងក៏បានសន្យាថា ប្រសិនបើជនជាតិដែលនៅក្នុងទឹកដីនោះ យកទំនិញ ឬស្រូវអង្ករមកលក់នៅថ្ងៃសប្ប័ទ យើងនឹងមិនព្រមទិញពីគេនៅថ្ងៃសប្ប័ទ ឬនៅថ្ងៃបរិសុទ្ធណាឡើយ។ ជារៀងរាល់ឆ្នាំទីប្រាំពីរ យើងនឹងទុកដីឲ្យនៅទំនេរ ព្រមទាំងលើកលែងបំណុលគ្រប់ទាំងអស់តាមរយៈជនជាតិយូដា។ 32 យើងក៏បានទទួលយកច្បាប់ ដើម្បីបង់មួយភាគក្នុងបី ក្នុងមួយសេកែលរាល់ឆ្នាំ សម្រាប់ការងារព្រះវិហាររបស់ព្រះជាម្ចាស់នៃយើង 33 គឺថ្វាយនំបុ័ងតាំងទុក តង្វាយម្សៅដែលថ្វាយជាប្រចាំ និងតង្វាយដុតដែលនៅថ្ងៃសប្ប័ទ ថ្ងៃចូលខែ និងពិធីជប់លោងដែលបានកំណត់ វត្ថុបរិសុទ្ធ តង្វាយលោះបាប សម្រាប់ធ្វើពិធីរំដោះបាបពួកអុីស្រាអែល និងសម្រាប់អស់ទាំងកិច្ចការក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់នៃយើង។ 34 យើងជាពួកបូជាចារ្យ ពួកលេវី និងប្រជាជន បានចាប់ឆ្នោតពីដំណើរតង្វាយជាអុស។ ដើម្បីយកមកក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់នៃយើង តាមវង្សរបស់ឪពុកយើង តាមពេលកំណត់ គឺរៀងរាល់ឆ្នាំ សម្រាប់ដុតនៅលើអាសនារបស់ព្រះអម្ចាស់ជាព្រះនៃយើង ដូចមានសេចក្ដីចែងទុកក្នុងក្រឹត្យវិន័យ។ 35 យើងសន្យានឹងយកផលដំបូងពីស្រែចម្ការរបស់យើង និងផលដំបូងពីផ្លែឈើគ្រប់មុខ មកឯព្រះដំណាក់នៃព្រះអម្ចាស់ ជារៀងរាល់ឆ្នាំ។ 36 ដូចដែលមានសេចក្ដីចែងទុកក្នុងក្រឹត្យវិន័យ យើងបានសន្យាថានឹងនាំកូនច្បងរបស់យើង កូនដំបូងនៃសត្វ និងកូនដំបូងនៃហ្វូងគោ ហ្វូងចៀមរបស់យើង មកឯព្រះដំណាក់របស់ព្រះជាម្ចាស់នៃយើង គឺនាំមកជូនពួកបូជាចារ្យដែលបម្រើនៅក្នុងព្រះដំណាក់របស់ព្រះនៃយើង។ 37 យើងនឹងយកផលនៃម្សៅលាយដំបូង និងតង្វាយលើកចុះឡើង ផ្លែឈើគ្រប់មុខ ស្រាទំពាំងបាយជូរ និងប្រេង មកជូនពួកពូជាចារ្យ ទៅក្នុងឃ្លាំងនៃព្រះដំណាក់របស់ព្រះនៃយើង។ យើងក៏យកតង្វាយមួយភាគក្នុងដប់នៃផលពីដីរបស់យើង មកជូនពួកលេវី ដ្បិតនៅក្នុងទីក្រុងទាំងប៉ុន្មាន គឺពួកលេវីហើយដែលប្រមូលតង្វាយមួយភាគដប់ពីគ្រប់កន្លែងដែលយើងធ្វើការ។ 38 បូជាចារ្យមួយរូប ដែលជាពូជពង្សរបស់លោកអើរ៉ុន នឹងនៅជាមួយពួកលេវី នៅពេលពួកលេវីទទួលយកតង្វាយមួយភាគក្នុងដប់នោះ។ ហើយពួកលេវីត្រូវយកមួយភាគក្នុងដប់ ពីតង្វាយមួយភាគក្នុងដប់នោះ ទៅឯព្រះដំណាក់របស់ព្រះនៃយើង ដាក់ក្នុងបន្ទប់ ជាឃ្លាំងនៃព្រះដំណាក់។ 39 ដ្បិតប្រជាជនអុីស្រាអែល និងពួកកូនចៅលេវី ត្រូវយកតង្វាយលើកចុះឡើង ពីស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេងមកដាក់ក្នុងឃ្លាំង ជាកន្លែងដែលរក្សាទុកគ្រឿងសក្ការៈ ហើយពួកបូជាចារ្យដែលបម្រើការងារ ពួកឆ្មាំទ្វារ និងពួកចម្រៀងក៏ស្ថិតនៅទីនោះដែរ។ យើងនឹងមិនបោះបង់ចោលព្រះដំណាក់របស់ព្រះជាម្ចាស់នៃយើងឡើយ។
1 ពួកមេដឹកនាំរបស់ប្រជាជនរស់នៅក្នុងក្រុងយេរូសាឡិម ហើយប្រជាជនឯទៀត គេចាប់ឆ្នោតយកម្នាក់ ក្នុងចំណោមដប់នាក់ ឲ្យមករស់នៅក្រុងយេរូសាឡិម ជាទីក្រុងបរិសុទ្ធ ហើយប្រាំបួននាក់ទៀត ឲ្យរស់នៅតាមទីក្រុងឯទៀតៗ។ 2 បន្ទាប់មកប្រជាជនបានជូនពរមនុស្សទាំងអស់ដែលលះបង់មករស់នៅក្រុងយេរូសាឡិម។ 3 នេះជាពួកមេនៅក្នុងខេត្ត ដែលរស់នៅក្រុងយេរូសាឡិម។ ទោះជានៅតាមក្រុងនានានៃយូដា គ្រប់គ្នារស់នៅលើទឹកដីជាកេរអាករ តាមក្រុងរបស់គេរៀងខ្លួន គឺទាំងពួកអុីស្រាអែល ពួកបូជាចារ្យ ពួកលេវី ពួកអ្នកបម្រើព្រះវិហារ និងកូនចៅរបស់ពួកអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន។ 4 អ្នកដែលរស់នៅក្នុងក្រុងយេរូសាឡិម មានកូនចៅយូដា និងកូនចៅបេនយ៉ាមីនខ្លះ។ កូនចៅយូដា មានលោកអ័ថាយ៉ា ជាកូនរបស់លោកអ៊ូស៊ីយ៉ា ដែលជាកូនរបស់លោកសាការី លោកសាការីជាកូនរបស់លោកអ័ម៉ារា លោកអ័ម៉ារាជាកូនរបស់លោកសេផាធា លោកសេផាធាជាកូនរបស់លោកម៉ាលេលាល ក្នុងពូជពង្សពេរេស។ 5 លោកម្អាសេយ៉ា ជាកូនរបស់លោកបារូក ដែលជាកូនរបស់លោកកុល-ហូសេ លោកកុល-ហូសេជាកូនរបស់លោកហាសាយ៉ា លោកហាសាយ៉ាជាកូនរបស់លោកអ័ដាយ៉ា លោកអ័ដាយ៉ាជាកូនរបស់លោកយ៉ូយ៉ារីប លោកយ៉ូយ៉ារីបជាកូនរបស់លោកសាការី លោកសាការីជាកូនរបស់លោកស៊ីឡូនី។ 6 កូនចៅរបស់ពេរេសទាំងប៉ុន្មាន ដែលរស់នៅក្រុងយេរូសាឡិមមានចំនួន៤៦៨នាក់។ ពួកគេគឺបុរសក្លាហាន។ 7 ទាំងនេះគឺជាកូនចៅបេនយ៉ាមីន មានលោកសាលូវ ជាកូនរបស់លោកមស៊ូឡាម ដែលជាកូនរបស់លោកយ៉ូអេឌ លោកយ៉ូអេឌជាកូនរបស់លោកពេដាយ៉ា លោកពេដាយ៉ាជាកូនរបស់លោកកូឡាយ៉ា លោកកូឡាយ៉ាជាកូនរបស់លោកម្អាសេយ៉ា លោកម្អាសេយ៉ាជាកូនរបស់លោកអ៊ីធាល លោកអ៊ីធាលជាកូនរបស់លោកយេសាយ៉ា 8 ពួកគេទាំងនោះបានទៅតាមគាត់ មានលោកកាបាយ និងលោកសាឡាយ ទាំងអស់មាន ៩២៨ នាក់។ 9 លោកយ៉ូអែល ជាកូនរបស់លោកស៊ីកគ្រី ជាអ្នកមើលខុសត្រូវលើពួកគេ ហើយយូដាជាកូនរបស់លោកសេនួរ ជាអ្នកមើលខុសត្រូវរងលើទីក្រុង។ 10 ក្នុងចំណោមពួកសង្ឃមាន លោកយេដាយ៉ា ជាកូនរបស់លោកយ៉ូយ៉ារីប និងលោកយ៉ាគិន។ 11 លោកសេរ៉ាយ៉ា ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាកូនរបស់លោកមស៊ូឡាម លោកមស៊ូឡាមជាកូនរបស់លោកសាដុក លោកសាដុកជាកូនរបស់លោកមេរ៉ាយ៉ូត លោកមេរ៉ាយ៉ូតជាកូនរបស់លោកអ័ហ៊ីទូប ដែលជាមេគ្រប់គ្រងលើព្រះដំណាក់របស់ព្រះជាម្ចាស់ 12 និងជំនួយការពួកគេ ដែលធ្វើការនៅក្នុងព្រះដំណាក់ ទាំងអស់មាន ៨២២ នាក់ ហើយមានលោកអ័ដាយ៉ា ជាកូនរបស់លោកយេរ៉ូហាំ ដែលជាកូនរបស់លោកពេឡាលា លោកពេឡាលាជាកូនរបស់លោកអាំស៊ី លោកអាំស៊ីជាកូនរបស់លោកសាការី លោកសាការីជាកូនរបស់លោកផាសហ៊ើរ លោកផាសហ៊ើរជាកូនរបស់លោកម៉ាលគា។ 13 និងបងប្អូនរបស់គាត់ ដែលជាកំពូលលើពូជវង្សរបស់ឪពុក ទាំងអស់មាន ២៤២ នាក់ បន្ទាប់មក មានលោកអ័ម៉ាសាយ ជាកូនរបស់លោកអ័សារាល ដែលជាកូនរបស់លោកអ័ហាសាយ លោកអ័ហាសាយជាកូនរបស់លោកមស៊ីលេម៉ូត លោកមស៊ីលេម៉ូតជាកូនរបស់លោកអ៊ីមមើរ 14 ព្រមទាំងបងប្អូនរបស់គេ ជាអ្នកខ្លាំងពូកែមានចិត្តក្លាហាន ទាំងអស់មាន ១២៨ នាក់ ឯអ្នកដែលគ្រប់គ្រងលើគេ គឺលោកសាបឌាល ជាកូនរបស់លោកកេដូលីម។ 15 ក្នុងចំណោមពួកលេវីមាន លោកសេម៉ាយ៉ា ជាកូនរបស់លោកហាស៊ូប ដែលជាកូនរបស់លោកអាសរីកាមលោកអាសរីកាមជាកូនរបស់លោកហាសាបយ៉ា លោកហាសាបយ៉ាជាកូនរបស់លោកប៊ូននី 16 ព្រមទាំងលោកសាបថាយ និងលោកយ៉ូសាបាឌ ជាមេនៃពួកលេវី ដែលគ្រប់គ្រងលើការងារខាងក្រៅព្រះដំណាក់របស់ព្រះជាម្ចាស់។ 17 មានលោកម៉ាថានា ជាកូនរបស់លោកមីកា ដែលជាកូនរបស់លោកសាបឌី លោកសាបឌីជាកូនរបស់លោកអេសាភ ដែលជាមេដឹកនាំក្នុងការអរព្រះគុណ និងការអធិស្ឋាន និងលោកបាកប៊ូគា ជាមេដឹកនាំរងក្នុងចំណោមបងប្អូនរបស់គាត់ ហើយលោកអាប់ដា ជាកូនរបស់លោកសាំមួរ ដែលជាកូនរបស់លោកកាឡាល លោកកាឡាលជាកូនរបស់លោកយេឌូថិន។ 18 ពួកលេវីទាំងប៉ុន្មាន ដែលនៅក្នុងក្រុងបរិសុទ្ធមានចំនួន ២៨៤ នាក់។ 19 ពួកឆ្មាំទ្វារមាន លោកអ័កគូប លោកថាលម៉ូន និងបងប្អូនរបស់គេ ដែលចាំយាមនៅមាត់ទ្វារផ្សេងៗ ទាំងអស់មាន ១៧២ នាក់។ 20 ពួកអុីស្រាអែលឯទៀតៗ ពួកសង្ឃ និងពួកលេវី រស់នៅតាមទីក្រុងទាំងប៉ុន្មានក្នុងស្រុកយូដា។ គ្រប់គ្នារស់នៅតាមទឹកដីជាមរតករបស់គេរៀងខ្លួន។ 21 ពួកអ្នកបម្រើព្រះវិហារ រស់នៅលើភ្នំអូផែល ហើយលោកស៊ីហា និងលោកគីសប៉ា ជាអ្នកគ្រប់គ្រងលើពួកអ្នកបម្រើព្រះវិហារ។ 22 អ្នកដែលគ្រប់គ្រងលើពួកលេវី នៅក្រុងយេរូសាឡិម គឺលោកអ៊ូស៊ី ជាកូនរបស់លោកបានី ដែលជាកូនរបស់លោកហាសាបយ៉ា លោកហាសាបយ៉ាជាកូនរបស់លោកម៉ាថានា លោកម៉ាថានាជាកូនរបស់លោកមីកា ជាពូជពង្សលោកអេសាភ ដែលជាពួកចម្រៀង គេគ្រប់គ្រងលើកិច្ចការក្នុងព្រះដំណាក់របស់ព្រះ។ 23 ដ្បិតមានរាជបញ្ជាមួយពីស្តេច ស្ដីអំពីដំណើរពួកគេ ឲ្យផ្គត់ផ្គង់ស្បៀងអាហារដល់ពួកចម្រៀង តាមដែលគេត្រូវការរាល់ថ្ងៃ ស្របតាមច្បាប់ដែលបានកំណត់ទុក។ 24 លោកពេថាហ៊ីយ៉ា ជាកូនរបស់លោកមសេសាបេល ក្នុងពូជពង្សលោកសេរ៉ាស ជាកូនរបស់លោកយូដា លោកជាអ្នកជំនិតរបស់ស្តេច ក្នុងគ្រប់ទាំងកិច្ចការដែលទាក់ទងនឹងប្រជាជន។ 25 ភូមិទាំងប៉ុន្មាន និងស្រែចម្ការដែលនៅជុំវិញ មានប្រជាជនយូដាខ្លះ រស់នៅត្រង់គារយ៉ាត់-អើបា និងភូមិនានាដែលនៅជុំវិញ ហើយនៅឌីបូន និងភូមិនានាដែលនៅជុំវិញ នៅយេកាបសៀល និងភូមិនានាដែលនៅជុំវិញ។ 26 នៅម៉ូឡាដា និងបេត-ផាលែត។ 27 នៅហាសា ស៊ូអាល នៅបៀរ សេបា និងភូមិនានាដែលនៅជុំវិញ។ 28 មានប្រជាជនយូដាខ្លះរស់នៅស៊ីកឡាក់ នៅមេកូណា និងភូមិនានាដែលនៅជុំវិញ។ 29 នៅអេន រីម៉ូន នៅសូរ៉ាស់ នៅយ៉ារមុត។ 30 សាណូអា អាឌូឡាម និងភូមិនានាដែលនៅជុំវិញក្រុងទាំងនោះ ឡាគីស និងស្រែចម្ការដែលនៅជុំវិញ ហើយអាសេកា និងភូមិនានាដែលនៅជុំវិញ។ ដូច្នេះ គេបានតាំងទីលំនៅ ចាប់តាំងពីបៀរ-សេបា រហូតដល់ជ្រលងភ្នំហ៊ីនណម។ 31 កូនចៅបេនយ៉ាមីនក៏បានរស់នៅ ចាប់តាំងពីកេបារៀងទៅ គឺនៅមីកម៉ាស អៃយ បេត អែល និងភូមិនានាដែលនៅជុំវិញ។ 32 នៅអាណាថោត ណូប ហាណានា 33 ហាសោរ រ៉ាម៉ា គីថែម។ 34 ហាឌីឌ សេបោម នេបាឡាត។ 35 ឡូឌ អូណូរ និងជ្រលងភ្នំរបស់ពួកជាងរចនា។ 36 ពួកលេវីខ្លះដែលរស់នៅស្រុកយូដា ត្រូវបានតម្រូវឲ្យទៅរស់នៅស្រុកបេនយ៉ាមីន។
1 នេះគឺជាពួកបូជាចារ្យ និងពួកលេវី ដែលឡើងមកជាមួយលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកយេសួរមាន លោកសេរ៉ាយ៉ា លោកយេរេមា លោកអែសរ៉ា 2 លោកអ័លោកម៉ារា លោកម៉ាលូក លោកហាធូស 3 លោកសេកានា លោករេហ៊ូម ហើយនិងលោកម្រេម៉ូត។ 4 មានលោកអ៊ីដោ លោកគីនេថោន លោកអ័ប៊ីយ៉ា 5 លោកមីយ៉ាមីន លោកម្អាឌា លោកប៊ីលកា 6 6លោកសេម៉ាយ៉ា លោកយ៉ូយ៉ារីប លោកយេដាយ៉ា 7 លោកសាលូវ លោកអ័ម៉ុក លោកហ៊ីលគីយ៉ា និងលោកយេដាយ៉ា។ លោកទាំងនេះសុទ្ធតែជាមេដឹកនាំលើពួកសង្ឃ និងលើពួកបងប្អូនរបស់គេ ក្នុងគ្រាលោកយេសួរ។ 8 ពួកលេវីមាន លោកយេសួ រលោកប៊ីនុយ លោកកាឌមាល លោកសេរេប៊ីយ៉ា លោកយូដា និងលោកម៉ាថានា ដែលរួមជាមួយបងប្អូនរបស់លោក ទទួលខុសត្រូវខាងចម្រៀងអរព្រះគុណ។ 9 លោកបាកប៊ូគា និងលោកអ៊ូនី និងបងប្អូនរបស់លោក ឈរបំពេញមុខងារនៅទល់មុខនឹងលោកទាំងនោះ។ 10 លោកយេសួរ ជាឪពុករបស់លោកយ៉ូយ៉ាគីម លោកយ៉ូយ៉ាគីមជាឪពុករបស់លោកអេលីយ៉ាស៊ីប លោកអេលីយ៉ាស៊ីបជាឪពុករបស់លោកយ៉ូយ៉ាដា។ 11 លោកយ៉ូយ៉ាដា ជាឪពុករបស់លោកយ៉ូណាថាន ហើយលោកយ៉ូណាថាន ជាឪពុករបស់លោកយ៉ាដួរ។ 12 នៅគ្រាលោកយ៉ូយ៉ាគីម ទាំងនេះគឺជាពួកសង្ឃដែលជាមេដឹកនាំលើពូជវង្សរបស់ពួកគេមានៈ លោកមេរ៉ាយាជាមេដឹកនាំខាងលោកសេរ៉ាយ៉ា លោកហាណានាជាមេដឹកនាំខាងលោកយេរេមា 13 លោកមស៊ូឡាមជាមេដឹកនាំខាងលោកអែសរ៉ា លោកយ៉ូហាណានជាមេដឹកនាំខាងលោកអ័ម៉ារា 14 លោកយ៉ូណាថានជាមេដឹកនាំខាងលោកមេលីគូរ ហើយលោកយ៉ូសែបជាមេដឹកនាំខាងលោកសេបានា។ 15 ខាងលោកហារីម មានលោកអ័ឌណាជាមេដឹកនាំ ខាងលោកមេរ៉ាយ៉ូត មានលោកហេលកាយជាមេដឹកនាំ។ 16 ខាងលោកអ៊ីដោ មានលោកសាការីជាមេដឹកនាំ ខាងលោកគីនេថោន មានលោកមស៊ូឡាមជាមេដឹកនាំ។ 17 ខាងលោកអ័ប៊ីយ៉ា មានលោកស៊ីកគ្រីជាមេដឹកនាំនៃពូជពង្សមីនយ៉ាមីន។ ខាងលោកម៉ូអាឌា មានលោកពីលថាយជាមេដឹកនាំ។ 18 ខាងលោកប៊ីលកា មានលោកសាំមួរជាមេដឹកនាំ ខាងលោកសេម៉ាយ៉ា មានលោកយ៉ូណាថានជាមេដឹកនាំ។ 19 ខាងលោកយ៉ូយ៉ារីប មានលោកម៉ាថ្នាយជាមេដឹកនាំ ខាងលោកយេដាយ៉ា មានលោកអ៊ូស៊ីជាមេដឹកនាំ 20 ខាងលោកសាឡាយ មានលោកកាឡាយជាមេដឹកនាំ ខាងលោកអ័ម៉ុក មានលោកហេប៊ើរជាមេដឹកនាំ។ 21 ខាងលោកហ៊ីលគីយ៉ា មានលោកហាសាបយ៉ាជាមេដឹកនាំ ហើយខាងលោកយេដាយ៉ា មានលោកនេថានេលជាអ្នកដឹកនាំគ្រួសារយេដាយ៉ា។ 22 ចំណែកពួកលេវី ក្នុងគ្រាលោកអេលីយ៉ាស៊ីប លោកយ៉ូយ៉ាដា លោកយ៉ូហាណាន និងលោកយ៉ាដួរ នោះបានកត់ឈ្មោះពួកដែលជាកំពូលលើពូជពង្សរបស់គេ ព្រមទាំងពួកបូជាចារ្យ រហូតដល់រជ្ជកាលព្រះបាទដារីយុស ជាស្តេចសាសន៍ពើស៊ី។ 23 ពួកកូនចៅលេវី ដែលជាអ្នកដឹកនាំលើពូជពង្សរបស់គេ បានកត់ត្រាទុកក្នុងសៀវភៅរបាក្សត្រ រហូតដល់គ្រាលោកយ៉ូហាណាន ជាកូនរបស់លោកអេលីយ៉ាស៊ីប។ 24 ពួកមេដឹកនាំក្នុងពួកលេវីមាន លោកហាសាបយ៉ា លោកសេរេប៊ីយ៉ា និងលោកយេសួរ ជាកូនរបស់លោកកាឌមាល ទទួលបន្ទុករួមជាមួយពួកបងប្អូនរបស់គេ ដែលឈរទល់មុខនឹងពួកគេ ដើម្បីសរសើរតម្កើង និងអរព្រះគុណ ស្របតាមបង្គាប់របស់ព្រះបាទដាវីឌ ជាអ្នកសំណព្វរបស់ព្រះ តាមពួក តាមវេនរបស់ខ្លួន។ 25 លោកម៉ាថានា បាកប៊ូគា លោកអូបាឌា លោកមស៊ូឡាម លោកថាលម៉ូន និងលោកអ័កគូប ជាឆ្មាំទ្វារដែលចាំយាមនៅឃ្លាំង ត្រង់មាត់ទ្វារ។ 26 អ្នកទាំងនេះបានបម្រើក្នុងគ្រាលោកយ៉ូយ៉ាគីម ជាកូនរបស់លោកយេសួរ ដែលជាកូនរបស់លោកយ៉ូសាដាក និងក្នុងគ្រាលោកនេហេមា ជាទេសាភិបាល និងលោកអែសរ៉ា ដែលជាបូជាចារ្យ និងជាស្មៀន។ 27 នៅពេលធ្វើពិធីបុណ្យឆ្លងកំផែងក្រុងយេរូសាឡិម គេស្វែងរកពួកលេវីពីគ្រប់កន្លែងទាំងអស់ដែលពួករស់នៅ នាំមកឯក្រុងយេរូសាឡិម ដើម្បីធ្វើពិធីបុណ្យឆ្លងដោយអំណរ ព្រមទាំងមានចម្រៀងអរព្រះគុណ មានច្រៀងអមដោយឈិង ពិណ និងស៊ុង។ 28 កូនចៅរបស់ពួកអ្នកចម្រៀង គេបានប្រមូលផ្ដុំគ្នាពីស្រុកជុំវិញក្រុងយេរូសាឡិម និងពីភូមិនានារបស់ពួកនថូផា។ 29 ពួកគេក៏មកពីបេត-គីលកាល ពីតំបន់កេបា និងអាសម៉ាវែតដែរ ដ្បិតពួកអ្នកចម្រៀងបានសង់ភូមិរបស់ខ្លួន នៅជុំវិញក្រុងយេរូសាឡិម។ 30 ពួកបូជាចារ្យ និងពួកលេវីបានធ្វើពិធីសម្អាតខ្លួនឲ្យបានបរិសុទ្ធ ហើយក៏បានធ្វើពិធីសម្អាតប្រជាជន ព្រមទាំងទ្វារ និងកំផែង ឲ្យបានបរិសុទ្ធដែរ។ 31 ពេលនោះ ខ្ញុំបាននាំពួកមេដឹកនាំរបស់សាសន៍យូដាឡើងទៅលើកំផែង ហើយតែងតាំងឲ្យមានក្រុមចម្រៀងពីរក្រុមធំៗ ដែលពោលពាក្យអរព្រះគុណ។ ក្រុមមួយដើរនៅលើកំផែងទៅខាងស្តាំ ឆ្ពោះទៅកាន់ទ្វារអាចម៍សត្វ។ 32 មានលោកហូសាយ៉ា និងពួកមេដឹកនាំយូដាពាក់កណ្ដាល ដើរតាមពីក្រោយក្រុមនោះ។ 33 បន្ទាប់មក មានលោកអ័សារា លោកអែសរ៉ា លោកមស៊ូឡាម។ 34 លោកយូដា លោកបេនយ៉ាមីន លោកសេម៉ាយ៉ា និងលោកយេរេមា។ 35 ហើយកូនចៅពួកបូជាចារ្យខ្លះដែលកាន់ត្រែ មានលោកសាការី ជាកូនរបស់លោកយ៉ូណាថាន ដែលជាកូនរបស់លោកសេម៉ាយ៉ា លោកសេម៉ាយ៉ាជាកូនរបស់លោកម៉ាថានា ម៉ាថានាជាកូនរបស់លោកមីកាយ៉ា លោកមីកាយ៉ាជាកូនរបស់លោកសាគើរ លោកសាគើរជាកូនរបស់លោកអេសាភ។ 36 មានពួកបងប្អូនរបស់លោកសាការី គឺសេម៉ាយ៉ា លោកអ័សារាល លោកមីឡាឡាយ លោកគីឡាឡាយ លោកម៉ាអាយ លោកនេថានេល លោកយូដា និងលោកហាណានី ដែលកាន់ប្រដាប់ភ្លេងរបស់ព្រះបាទដាវីឌ ជាអ្នកសំណព្វរបស់ព្រះ។ ហើយមានហោរាអែសរ៉ា ជាអ្នកនាំមុខពួកគេ។ 37 ពេលមកដល់ទ្វារក្បាលទឹក ដែលស្ថិតនៅពីមុខគេ គេឡើងតាមជណ្តើរក្រុងព្រះបាទដាវីឌ តាមកន្លែងឡើងទៅលើកំផែង ពីលើដំណាក់របស់ព្រះបាទដាវីឌ រហូតទៅដល់ទ្វារទឹកដែលនៅខាងកើត។ 38 ក្រុមចម្រៀងមួយទៀត ដែលពោលពាក្យអរព្រះគុណ ចេញទៅម្ខាងទៀត។ ហើយខ្ញុំក៏ដើរតាមក្រោយពួកគេ មានទាំងប្រជាជនពាក់កណ្ដាលនៅលើកំផែង ពីលើប៉មគុកភ្លើង រហូតដល់កំផែងធំ 39 ហើយពីលើទ្វារអេប្រាអិម និងត្រង់ទ្វារចាស់ ទ្វារត្រី ប៉មហាណានាល និងប៉មហាមេអា រហូតដល់ទ្វារចៀម រួចគេឈប់នៅត្រង់ទ្វារពួកអ្នកយាម។ 40 ដូច្នេះ អស់អ្នកដែលពោលពាក្យអរព្រះគុណទាំងពីរក្រុម ឈរនៅក្នុងព្រះដំណាក់របស់ព្រះ ហើយខ្ញុំ និងពួកអ្នកគ្រប់គ្រងដែលនៅជាមួយខ្ញុំក៏ឈប់នៅទីនោះ។ 41 ហើយបន្ទាប់មកពួកបូជាចារ្យ មានលោកអេលាគីម លោកម្អាសេយ៉ា លោកមីនយ៉ាមីន លោកមីកាយ៉ា លោកអេលីយ៉ូណាយ លោកសាការី និងលោកហាណានា ដែលជាអ្នកកាន់ត្រែ។ 42 ហើយក៏មានលោកម្អាសេយ៉ា លោកសេម៉ាយ៉ា លោកអេលាសារ លោកអ៊ូស៊ី លោកយ៉ូហាណាន លោកម៉ាលគា លោកអេឡាំ និងលោកអេស៊ើរដែរ។ ពួកអ្នកចម្រៀង ក៏ស្រែកច្រៀងជាមួយលោកយីសរ៉ាហ៊ា ដែលជាអ្នកនាំមុខរបស់គេ។ 43 នៅថ្ងៃនោះ គេថ្វាយយញ្ញបូជាយ៉ាងសន្ធឹក ហើយមានចិត្តសប្បាយរីករាយ ដ្បិតព្រះជាម្ចាស់ធ្វើឲ្យគេអរសប្បាយជាខ្លាំង។ ឯស្រ្ដី និងក្មេងៗ ក៏សប្បាយរីករាយដែរ។ ដូច្នេះអំណរលាន់ឮចេញពីក្រុងយេរូសាឡិមទៅយ៉ាងឆ្ងាយ។ 44 នៅថ្ងៃនោះ គេបានតែងតាំងមនុស្សឲ្យគ្រប់គ្រងលើបន្ទប់ឃ្លាំង ដែលសម្រាប់ទុកតង្វាយលើកចុះឡើង តង្វាយផលដំបូង និងតង្វាយមួយភាគក្នុងដប់ ដើម្បីប្រមូលចំណែក ដែលក្រឹត្យវិន័យបានតម្រូវឲ្យទុកសម្រាប់ពួកបូជាចារ្យ និងពួកលេវី។ ពីស្រែចម្ការដែលនៅជុំវិញក្រុង មកទុកក្នុងបន្ទប់ឃ្លាំងទាំងនោះ។ ដ្បិតពួកយូដាមានអំណរចំពោះពួកបូជាចារ្យ និងពួកលេវី ដែលបំពេញមុខងាររបស់ខ្លួន។ 45 ពួកគេបំពេញមុខងារបម្រើតាមបង្គាប់របស់ព្រះនៃគេ និងធ្វើពិធីសម្អាតឲ្យបានបរិសុទ្ធ ឯពួកអ្នកចម្រៀង និងពួកឆ្មាំទ្វារក៏ធ្វើដូច្នោះដែរ តាមបង្គាប់របស់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន ជាព្រះរាជបុត្រា។ 46 ដ្បិតកាលពីដើម ក្នុងគ្រាព្រះបាទដាវីឌ និងលោកអេសាភ មានគ្រូដឹកនាំលើពួកអ្នកចម្រៀង មានចម្រៀងសរសើរតម្កើង និងអរព្រះគុណដល់ព្រះជាម្ចាស់។ 47 នៅគ្រាលោកសូរ៉ូបាបិល និងលោកនេហេមា ពួកអុីស្រាអែលទាំងអស់ ជូនចំណែកអាហារដល់ពួកអ្នកចម្រៀង និងពួកឆ្មាំទ្វារ ជារៀងរាល់ថ្ងៃ។ ហើយគេញែកមួយចំណែកជូនពួកលេវី ហើយពួកលេវីក៏ញែកមួយចំណែក ជូនកូនចៅលោកអើរ៉ុនដែរ។
1 នៅថ្ងៃនោះ គេអានគម្ពីរលោកម៉ូសេឲ្យប្រជាជនស្ដាប់។ ហើយគេប្រទះឃើញសេចក្ដីដែលចែងទុកមកថា ពួកជនជាតិអាំម៉ូន និងពួកជនជាតិម៉ូអាប់ មិនត្រូវចូលទៅក្នុងក្រុមជំនុំនៃព្រះឡើយ។ 2 ដ្បិតពួកគេមិនបានយកនំប៉័ង និងទឹកមកទទួលពួកកូនចៅអុីស្រាអែលទេ ប៉ុន្តែពួកគេបានជួលលោកបាឡាម ឲ្យមកដាក់បណ្ដាសាដល់ពួកគេវិញ។ ប៉ុន្តែ ព្រះអម្ចាស់នៃយើងបានបង្វែរបណ្ដាសា ឲ្យទៅជាព្រះពរវិញ។ 3 កាលប្រជាជនបានឮក្រឹត្យវិន័យនេះភ្លាម គេក៏ញែកជនជាតិអុីស្រាអែល ចេញពីពួកជនជាតិដទៃ។ 4 មុនហេតុការណ៍នេះ សង្ឃអេលីយ៉ាស៊ីប ត្រូវបានតែងតាំងឲ្យមើលខុសត្រូវលើបន្ទប់នានាក្នុងព្រះដំណាក់របស់ព្រះនៃយើង។ ហើយលោកគឺជាសាច់ញាតិនឹងលោកថូប៊ីយា។ 5 លោកអេលីយ៉ាសុីបបានរៀបចំបន្ទប់មួយធំសម្រាប់លោកថូប៊ីយា ជាបន្ទប់ដែលពីដើមគេដាក់តង្វាយម្សៅ កំញាន គ្រឿងប្រដាប់ទាំងប៉ុន្មាន និងតង្វាយមួយភាគក្នុងដប់ ពីស្រូវ ទឹកទំពាំងបាយជូរ និងប្រេង ដែលគេយកមកថ្វាយតាមបង្គាប់ សម្រាប់ពួកលេវី ពួកអ្នកចម្រៀង និងពួកឆ្មាំទ្វារ ព្រមទាំងតង្វាយលើកចុះឡើង សម្រាប់ពួកបូជាចារ្យ។ 6 ប៉ុន្តែការនេះកើតឡើង ខ្ញុំមិនបាននៅក្រុងយេរូសាឡិមទេ។ ដ្បិតនៅឆ្នាំទីសាមសិបពីរ ក្នុងរជ្ជកាលព្រះបាទអើថាស៊ើកសេស ជាស្តេចបាប៊ីឡូន ខ្ញុំបានវិលទៅគាល់ស្តេច។ រួចក្រោយយូរបន្តិចមក ខ្ញុំក៏បានសូមរាជានុញ្ញាតដើម្បីចាកចេញពីស្តេច។ 7 ហើយវិលមកក្រុងយេរូសាឡិមវិញ។ ហើយពេលនោះ ខ្ញុំឃើញអំពើអាក្រក់ដែលលោកអេលីយ៉ាស៊ីបបានប្រព្រឹត្ត ដោយរៀបចំបន្ទប់មួយសម្រាប់លោកថូប៊ីយ៉ា នៅក្នុងទីលានព្រះដំណាក់របស់ព្រះជាម្ចាស់។ 8 ខ្ញុំបានខឹងខ្លាំងណាស់ ហើយខ្ញុំក៏យកប្រដាប់ប្រដានៅក្នុងផ្ទះទាំងប៉ុន្មាន ដែលជារបស់លោកថូប៊ីយ៉ា បោះចេញទៅខាងក្រៅបន្ទប់។ 9 បន្ទាប់មក ខ្ញុំបង្គាប់ឲ្យគេសម្អាតបន្ទប់ រួចខ្ញុំយកគ្រឿងប្រដាប់នៃព្រះដំណាក់របស់ព្រះ ព្រមទាំងតង្វាយម្សៅ និងកំញាន ទៅដាក់នៅទីនោះជំនួសវិញ។ 10 ខ្ញុំក៏យល់ឃើញថា គេមិនបានចែកចំណែកឲ្យពួកលេវីទេ ដូច្នេះ ពួកលេវី និងពួកអ្នកចម្រៀង ដែលត្រូវបំពេញមុខងារបម្រើ គេក៏នាំគ្នាវិលទៅធ្វើស្រែចម្ការរបស់ខ្លួនវិញ។ 11 ដូច្នេះ ខ្ញុំបានបន្ទោសពួកមេគ្រប់គ្រងថា៖ «ហេតុអ្វីបានជាព្រះដំណាក់របស់ព្រះជាម្ចាស់្រូវបានបោះបង់ចោលដូច្នេះ?» ខ្ញុំក៏ប្រមូលពួកលេវី ហើយដាក់ពួកគេឲ្យបំពេញតួនាទីរបស់ខ្លួនវិញ។ 12 ពេលនោះ ពួកយូដាទាំងអស់ ក៏យកស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង មកដាក់ក្នុងឃ្លាំងវិញ។ 13 ខ្ញុំបានតែងតាំងលោកបូជាចារ្យសេលេមា លោកសាដុក និងពេដាយ៉ា ជាពួកលេវីឲ្យមើលការខុសត្រូវលើឃ្លាំងទាំងនោះ។ ហើយក៏មានហាណាន ជាកូនសាគើរ ដែលជាកូនម៉ាថានា ដ្បិតអ្នកទាំងនោះគេរាប់ជាមនុស្សស្មោះត្រង់។ ហើយការងាររបស់គេ គឺជាអ្នកចែកចំណែកពួកដល់បងប្អូនរបស់ខ្លួន។ 14 ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីទូលបង្គំអំពីដំណើរនេះផង ហើយសូមកុំបំភ្លេចការល្អដែលទូលបង្គំបានធ្វើ សម្រាប់ព្រះដំណាក់របស់ព្រះអង្គនៃទូលបង្គំ និងសម្រាប់កិច្ចការរបស់ព្រះអង្គឡើយ។ 15 នៅគ្រានោះ ខ្ញុំបានឃើញមនុស្សខ្លះនៅស្រុកយូដាកំពុងជាន់ធុងផ្លែទំពាំងបាយជូរ នៅថ្ងៃសប្ប័ទ ព្រមទាំងដឹកកណ្ដាប់ស្រូវចូលមកផ្ទុកលើសត្វលា ដោយស្រាទំពាំងបាយជូរ ផ្លែទំពាំងបាយជូរ ផ្លែល្វា និងរបស់ឯទៀតៗដែលធ្ងន់ ដែលគេដឹកមកក្នុងក្រុងយេរូសាឡិម នៅថ្ងៃសប្ប័ទនោះ។ ខ្ញុំបានធ្វើប្រឆាំងទាស់ដល់ពួកគេ នៅថ្ងៃដែលគេលក់ស្បៀងអាហារនោះ។ 16 ក៏មានមនុស្សពីទីក្រុងទីរ៉ុស ដែលរស់នៅក្នុងទីក្រុងយេរូសាឡិមដែលគេតែងយកត្រី និងទំនិញគ្រប់មុខមកលក់ក្នុងថ្ងៃសប្ប័ទឲ្យពួកកូនចៅយូដានៅក្រុងយេរូសាឡិម។ 17 ដូច្នេះ ខ្ញុំបន្ទោសពួកអភិជននៃជនជាតិយូដាថា៖ «ម្តេចបានជាអ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ ដោយមើលងាយថ្ងៃសប្ប័ទដូច្នេះ? 18 តើបុព្វបុរសរបស់អ្នករាល់គ្នា មិនបានប្រព្រឹត្តបែបនេះទេឬ? ហើយព្រះជាម្ចាស់នៃយើងមិនបាននាំអស់ទាំងសេចក្ដីអាក្រក់នេះមកលើយើង និងមកលើទីក្រុងនេះទេឬ? ឥឡូវនេះ អ្នករាល់គ្នាមើលងាយថ្ងៃសប្ប័ទ ហើយនាំឲ្យមានសេចក្ដីក្រោធធ្លាក់មកលើពួកអ៊ីស្រាអែលថែមទៀតផង»។ 19 កាលចាប់ផ្ដើមងងឹតនៅទ្វារក្រុងយេរូសាឡិម នៅល្ងាចថ្ងៃសប្ប័ទ ខ្ញុំបង្គាប់ឲ្យគេបិទទ្វារ ហើយហាមមិនឲ្យគេបើក រហូតដល់ផុតថ្ងៃសប្ប័ទ។ ខ្ញុំដាក់អ្នកបម្រើរបស់ខ្ញុំខ្លះនៅតាមទ្វារក្រុង ដើម្បីកុំឲ្យអ្នកណាយកបន្ទុកអ្វីចូលមកនៅថ្ងៃសប្ប័ទឡើយ។ 20 ដូច្នេះ ពួកឈ្មួញ និងពួកអ្នកលក់ដូរទំនិញគ្រប់ប្រភេទ ក៏ដេកនៅខាងក្រៅក្រុងយេរូសាឡិមមួយយប់ ឬពីរយប់ដែរ។ 21 ប៉ុន្ដែ ខ្ញុំបានព្រមានពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាដេកនៅក្រៅកំផែងក្រុងដូច្នេះ? ប្រសិនបើអ្នករាល់គ្នានៅតែធ្វើដូច្នេះទៀត ខ្ញុំនឹងចាប់អ្នករាល់គ្នាមិនខាន» ចាប់តាំងពីពេលនោះមកពួកគេក៏លែងមកនៅថ្ងៃសប្ប័ទទៀត។ 22 បន្ទាប់មក ខ្ញុំបង្គាប់ពួកលេវី ឲ្យពួកគេធ្វើពិធីសម្អាតខ្លួនជាបរិសុទ្ធ ហើយឲ្យគេមកចាំយាមនៅតាមទ្វារក្រុង ដើម្បីញែកថ្ងៃសប្ប័ទជាបរិសុទ្ធ។ ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីទូលបង្គំក្នុងការនេះផង ហើយសូមអាណិតមេត្តាទូលបង្គំ ដោយព្រះហឫទ័យសប្បុរសដ៏ធំធេងរបស់ព្រះអង្គចំពោះទូលបង្គំ។ 23 នៅគ្រានោះ ខ្ញុំក៏ឃើញពួកយូដាខ្លះ ដែលបានរៀបការជាមួយស្ដ្រីជនជាតិអាសដូឌ អាំម៉ូន និងជនជាតិម៉ូអាប់។ 24 ហើយកូនរបស់ពួកគេពាក់កណ្ដាលនិយាយភាសាអាសដូឌ។ គ្មាននរណាម្នាក់ចេះនិយាយភាសាយូដាទេ គឺពួកគេនិយាយតាមតែភាសារបស់ជនជាតិដទៃទេ។ 25 ខ្ញុំបានស្ដីបន្ទោសពួកគេ ហើយខ្ញុំដាក់បណ្ដាសាពួកគេ ហើយវាយពួកគេខ្លះ ក៏បោចសក់ពួកគេទៀតផង។ ខ្ញុំចាប់ឲ្យគេស្បថ ក្នុងព្រះនាមរបស់ព្រះជាម្ចាស់ ដោយនិយាយថា៖ «ពួកអ្នកមិនគួរលើកកូនស្រី ទៅឲ្យកូនប្រុសរបស់គេ ឬយកកូនស្រីរបស់គេ មកឲ្យកូនប្រុសរបស់ខ្លួន ឬសម្រាប់ខ្លួនឡើយ។ 26 តើព្រះបាទសាឡូម៉ូន ជាស្តេចនៃអុីស្រាអែល មិនបានប្រព្រឹត្តអំពើបាប ដោយសារតែស្ត្រីជនជាតិដទៃទេឬ? ក្នុងចំណោមសាសន៍ជាច្រើន គ្មានស្តេចណាមួយដូចព្រះបាទសាឡូម៉ូនឡើយ ព្រះជាម្ចាស់របស់ទ្រង់បានស្រឡាញ់ទ្រង់ ព្រះបានតាំងទ្រង់ឲ្យធ្វើជាស្តេចលើជនជាតិអុីស្រាអែលទាំងមូល។ ប៉ុន្តែ ស្ត្រីជនជាតិដទៃបានអូសទាញស្ដេចឲ្យប្រព្រឹត្តអំពើបាប។ 27 ដូច្នេះ តើត្រូវឲ្យយើងស្តាប់តាមអ្នករាល់គ្នា ហើយប្រព្រឹត្តអំពើអាក្រក់យ៉ាងធ្ងន់ ហើយប្រព្រឹត្តរំលងនឹងព្រះជាម្ចាស់នៃយើង ដោយរៀបការនឹងស្ដ្រីជនជាតិដទៃដូច្នេះឬ?» 28 លោកយ៉ូយ៉ាដា ជាកូនរបស់លោកអេលីយ៉ាស៊ីប ជាសម្ដេចបូជាចារ្យ មានកូនប្រុសម្នាក់ដែលត្រូវជាកូនប្រសាររបស់លោកសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម។ ហេតុនេះ ខ្ញុំក៏បណ្តេញអ្នកនោះចេញឆ្ងាយពីខ្ញុំ។ 29 ព្រះជាម្ចាស់នៃទូលបង្គំអើយ សូមនឹកចាំពីពួកគេ ព្រោះគេបានបង្អាប់ការងារជាបូជាចារ្យ និងសេចក្ដីសញ្ញារបស់ពួកបូជាចារ្យ និងពួកលេវី។ 30 ដូច្នេះហើយ ខ្ញុំបានញែកសម្អាតពួកគេពីគ្រប់ទាំងជនជាតិដទៃ ហើយក៏ចាត់ចែងការងារដែលពួកបូជាចារ្យ និងពួកលេវីត្រូវបំពេញឡើងវិញ តាមកិច្ចការរបស់គេរៀងខ្លួន។ 31 ហើយខ្ញុំបានរៀបចំឲ្យមានតង្វាយអុស តាមពេលកំណត់ និងសម្រាប់ផលដំបូងដែរ។ ព្រះជាម្ចាស់នៃទូលបង្គំអើយ សូមនឹកចាំពីទូលបង្គំ សម្រាប់សេចក្ដីល្អផង។