1 កាលពីដើម នៅទឹកដីអ៊ូស មានបុរសម្នាក់ឈ្មោះយ៉ូប ជាមនុស្សស្មោះត្រង់ និងសុចរិត លោកយ៉ូបគោរពកោតខ្លាចព្រះជាម្ចាស់ ហើយចៀសចេញពីការប្រព្រឹត្តអំពើអាក្រក់។ 2 លោកយ៉ូបមានកូនប្រុសប្រាំពីរនាក់ និងកូនស្រីបីនាក់ផងដែរ។ 3 លោកមានចៀមប្រាំពីរពាន់ក្បាល អូដ្ឋបីពាន់ក្បាល គោប្រាំរយនឹម និងលាប្រាំរយក្បាល ហើយលោកក៏មានអ្នកបម្រើជាច្រើនដែរ។ លោកជាមនុស្សមានឈ្មោះល្បីជាងគេ នៅលើទឹកដីខាងកើត។ 4 កូនប្រុសៗរបស់លោកតែងតែទៅជប់លៀងនៅផ្ទះរបស់ពួកគេ តាមវេនរៀងៗខ្លួន។ ពួកគេក៏អញ្ជើញបងប្អូនស្រីៗទៅចូលរួមបរិភោគជាមួយគេដែរ។ 5 ក្រោយពេលជប់លៀងហើយ លោកយ៉ូបតែងតែហៅកូនៗរបស់លោក មកធ្វើពិធីជម្រះកាយឲ្យបានវិសុទ្ធ។ លោកក្រោកពីព្រលឹម ថ្វាយតង្វាយដុត សម្រាប់កូនម្នាក់ៗ ដ្បិតលោកបាននិយាយថា៖ «ក្រែងកូនរបស់ទូលបង្គំប្រព្រឹត្តអំពើបាប ហើយប្រមាថព្រះជាម្ចាស់នៅក្នុងចិត្តរបស់គេ»។ លោកយ៉ូបតែងតែថ្វាយតង្វាយដុតជានិច្ច។ 6 ថ្ងៃមួយ ពួកកូនរបស់ព្រះអម្ចាស់ នាំគ្នាចូលមកគាល់នៅចំពោះ ព្រះវត្តមានព្រះអម្ចាស់។ មារសាតាំងក៏ស្ថិតនៅក្នុងចំណោមនោះដែរ។ 7 ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់មារសាតាំងថា៖ «តើអ្នកទើបនឹងមកពីណា?» មារសាតាំងទូលព្រះអម្ចាស់ដោយទូលថា៖ «ទូលបង្គំទើបនឹងដើរនៅលើផែនដី ទៅពេញលើផែនដីផង»។ 8 ព្រះអម្ចាស់សួរមារសាតាំងថា៖ «តើអ្នកសង្កេតឃើញយ៉ូប ជាអ្នកបម្រើរបស់យើងឬទេ? ដ្បិតលើផែនដី គ្មាននរណាម្នាក់ដូចយ៉ូបឡើយ គឺជាមនុស្សទៀងត្រង់ និងរកកន្លែងបន្ទោសគ្មាន ជាអ្នកកោតខ្លាចព្រះជាម្ចាស់ និងបែរចេញពីអំពើអាក្រក់»។ 9 ក្រោយមកសាតាំងឆ្លើយនិងព្រះអម្ចាស់វិញថា៖ «តើយ៉ូបពិតជាកោតខ្លាចព្រះអង្គដោយគ្មានហេតុឬ? 10 តើមិនមែនព្រះអង្គបានការពារគាត់ និងផ្ទះសំបែងរបស់គាត់ ព្រមទាំងអ្វីៗដែលគាត់មានទេឬ? ព្រះអង្គប្រទានពរឲ្យឲ្យចម្រើនក្នុងដៃដែលគាត់ធ្វើ ហើយក៏ប្រទានឲ្យហ្វូងសត្វរបស់គាត់ មានចំនួនច្រើនទឹកដីគាត់ដែរ។ 11 ប៉ុន្តែពេលនេះព្រះអង្គលូកព្រះហ័សបំផ្លាញអ្វីៗទាំងអស់ដែលគាត់មាន ហើយគាត់នឹងប្រមាថព្រះអង្គជាមិនខាន»។ 12 ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់សាតាំងថា៖ «មើល៍! អ្វីៗដែលយ៉ូបមាន ស្ថិតនៅក្នុងដៃឯងស្រាប់ហើយ។ ការមួយ ឯងអាចបំផ្លាញគាត់ តែកុំប៉ះពាល់រូបគាត់ផ្ទាល់ឲ្យសោះ»។ ក្រោមក សាតាំងបានចេញពីព្រះអម្ចាស់ទៅ។ 13 ថ្ងៃមួយ ពេលកូនប្រុសកូនស្រីរបស់លោកយ៉ូបកំពុងតែជប់លៀងបរិភោគនៅផ្ទះរបស់បងច្បង។ 14 នោះមានអ្នកបម្រើម្នាក់មកជម្រាបលោកថា៖ «យើងខ្ញុំកំពុងតែភ្ជួរស្រែជាមួយគោ ហើយហ្វូងលាក៏កំពុងតែស៊ីស្មៅនៅក្បែរនោះ។ 15 មានជនជាតិសេបាបានមក ហើយប្លន់យកហ្វូងសត្វរបស់លោកម្ចាស់ទៅ។ ពួកគេបានសម្លាប់អ្នកបម្រើផ្សេងទៀត ដោយដាវ។ មានតែខ្ញុំទេដែលរួចជីវិតហើយយកដំណឹងនេះមកជម្រាបលោក»។ 16 ពេលអ្នកបម្រើកំពុងតែនិយាយ ស្រាប់តែអ្នកបម្រើម្នាក់ទៀតមកដល់ ជម្រាបលោកថា៖ «មានរន្ទះបាញ់ពីលើមេឃ ឆេះហ្វូងចៀម និងអ្នកបម្រើផ្សេងទៀតស្លាប់អស់ហើយ។ មានតែខ្ញុំម្នាក់ដែលបានរួចជីវិត នាំដំណឹងនេះមកជម្រាបលោក»។ 17 អ្នកចម្រើកំពុងតែនិយាយ ក៏មានអ្នកបម្រើម្នាក់ទៀតមកដល់ ប្រាប់ថា៖ «មានជនជាតិខាល់ដេ លើកគ្នាមកជាបីក្រុម ហើយប្លន់យកហ្វូងអូដ្ឋទៅ។ សម្លាប់អ្នកបម្រើផ្សេងទៀតដោយមុខដាវ។ មានតែខ្ញុំម្នាក់ដែលបានរួចជីវិត នាំដំណឹងនេះមកជម្រាបលោក»។ 18 ពេលគាត់និយាយមិនទាន់ចប់ផង ស្រាប់តែមានអ្នកបម្រើម្នាក់ទៀតមកដល់ ប្រាប់ថា៖ «កូនប្រុស កូនស្រីរបស់លោកម្ចាស់ កំពុងជប់លៀងបរិភោគនៅផ្ទះបងច្បង។ 19 ស្រាប់តែមានខ្យល់ព្យុះបក់មកពីវាលរហោស្ថាន ប៉ះនឹងជ្រុងផ្ទះទាំងបួនទិស ផ្ទះក៏រលំសង្កត់យុវជនទាំងនោះ ស្លាប់អស់ហើយ។ មានតែខ្ញុំទេដែលបានរួចជីវិតហើយមកជម្រាបលោក»។ 20 ពេលនោះ លោកយ៉ូបក្រោកឡើង ហែកអាវធំរបស់លោក ហើយកោរសក់ បន្ទាប់មក លោកផ្ដួលខ្លួនដល់ដី ក្រាបថ្វាយបង្គំព្រះជាម្ចាស់។ 21 ទាំងពោលថា៖ «ខ្ញុំបានចាកចេញពីផ្ទៃម្ដាយមកខ្លួនទទេ ខ្ញុំក៏នឹងវិលត្រឡប់ទៅវិញខ្លួនទទេដែរ។ ព្រះអម្ចាស់ប្រទានអ្វីៗមកខ្ញុំ ហើយព្រះអង្គក៏ដកយកពីខ្ញុំវិញដែរ។ សូមលើកតម្កើងព្រះនាមព្រះអម្ចាស់»។ 22 ក្នុងស្ថានភាពទាំងនេះ លោកយ៉ូបពុំបានប្រព្រឹត្តអំពើបាប ឬពោលពាក្យចោទប្រកាន់ព្រះជាម្ចាស់ដែរ។
1 ក្រោយមកមានថ្ងៃមួយ ពេលពួកកូនព្រះជាម្ចាស់ នាំគ្នាចូលមកក្នុងព្រះវត្តមាន គាល់ព្រះអម្ចាស់។ សាតាំងក៏មកគាល់ព្រះអង្គជាមួយពួកគេនៅចំពោះព្រះអម្ចាស់ដែរ។ 2 ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់សាតាំងថា៖ «តើឯងទើបមកពីណា?» សាតាំងទូលឆ្លើយព្រះអម្ចាស់ថា៖ «ទូលបង្គំទើបនឹងមកពីដើរជុំវិញផែនដី ទៅពេញគ្រប់កន្លែងទាំងអស់»។ 3 ព្រះអម្ចាស់មានព្រះបន្ទូលទៅសាតាំងថា៖ «តើអ្នកសង្កេតឃើញយ៉ូប ជាអ្នកបម្រើរបស់យើងឬទេ? នៅលើផែនដីនេះ គ្មាននរណាម្នាក់ដូចយ៉ូបឡើយ គេជាមនុស្សទៀងត្រង់ និងរកកន្លែងបន្ទោសគ្មាន កោតខ្លាចព្រះជាម្ចាស់ ហើយបែរចេញពីការអាក្រក់។ យ៉ូបនៅតែស្មោះត្រង់ជានិច្ច ទោះឯងចង់ឲ្យយើងបំផ្លាញគេ ដោយឥតហេតុផលក៏ដោយ»។ 4 សាតាំងទូលឆ្លើយព្រះអម្ចាស់ថា៖ «ស្បែកទល់ស្បែក មនុស្សសុខចិត្តប្រគល់អ្វីៗទាំងអស់ដែលខ្លួនមាន ដើម្បីឲ្យរួចជីវិត។ 5 សូមលូកព្រះហស្ថធ្វើឲ្យរូបកាយគាត់ឈឺចាប់ នោះគាត់មុខជាប្រមាថព្រះអង្គមិនខាន»។ 6 ព្រះអម្ចាស់មានព្រះបន្ទូលទៅសាតាំងថា៖ «មើល! យ៉ូបស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នកស្រាប់ហើយ តែធ្វើយ៉ាងណាក៏ដោយ កុំប៉ះពាល់ដល់ជីវិតគេឲ្យសោះ»។ 7 ក្រោយមក សាតាំងចាកចេញពីព្រះវត្តមានព្រះអម្ចាស់ទៅ។ ហើយសាតាំងក៏ធ្វើឲ្យលោកយ៉ូបកើតដំបៅរីកពេញខ្លួន គឺចាប់ពីចុងជើងរហូតដល់ក្បាល។ 8 លោកយ៉ូបអង្គុយនៅក្នុងផេះ ហើយយកអំបែងឆ្នាំងមកកោសខ្លួន។ 9 ប្រពន្ធរបស់លោកយ៉ូបពោលថា៖ «តើបងនៅតាំងខ្លួនជាមនុស្សទៀងត្រង់ទៀតឬ? សូមប្រមាថព្រះជាម្ចាស់ ហើយស្លាប់ទៅ»។ 10 លោកយ៉ូបតបថា៖ «អូននិយាយដូចជាស្រីមិនដឹងខុសត្រូវ។ តើយើងទទួលតែការល្អពីព្រះជាម្ចាស់ ហើយមិនអាចទទួលអ្វីដែលអាក្រក់ឬ?» នៅក្នុងបញ្ហាទាំងអស់នេះ លោកយ៉ូបមិនបានធ្វើបាបជាមួយអណ្តាតរបស់គាត់ទេ។ 11 មិត្តភក្ដិបីនាក់របស់លោកយ៉ូប បានឮដំណឹងពីទុក្ខវេទនាដែលកើតមានចំពោះលោក ពួកគេចាកចេញពីទឹកដីរៀងៗខ្លួន អ្នកទាំងនោះ គឺលោកអេលីផាសជាជនជាតិថេម៉ាន លោកប៊ីលដាដជាជនជាតិស៊ូអា និងលោកសូផារជាជនជាតិណាអាម៉ា។ ពួកគេរៀបចំពេលដើម្បីមក ជួយលើកទឹកចិត្តលោក។ 12 ពេលក្រឡេកពីចម្ងាយ អ្នកទាំងបីមើលលោកយ៉ូបលែងស្គាល់ទៀតហើយ។ ដូច្នេះ ពួកគេនាំគ្នាទ្រហោយំ ហែកអាវធំរបស់ខ្លួន និងយកធូលីដីបាចនៅលើក្បាល។ 13 អ្នកទាំងបីអង្គុយផ្ទាល់នឹងដីជាមួយលោក អស់រយៈពេលប្រាំពីរថ្ងៃ ប្រាំពីរយប់។ គ្មាននិយាយអ្វីមួយម៉ាត់ទៅកាន់លោកឡើយ ព្រោះពួកគេឃើញលោកឈឺចាប់ជាខ្លាំងពេក។
1 បន្ទាប់មក លោកយ៉ូបបើកមាត់ ហើយដាក់បណ្ដាសាថ្ងៃកំណើតរបស់លោក។ 2 លោកបាននិយាយថា៖ 3 «សូមឲ្យថ្ងៃដែលខ្ញុំបានកើតមកនោះ វិនាសទៅ ចំណែកយប់វិញគាត់និយាយថា៖ កូនប្រុសម្នាក់ចាប់ផ្ទៃហើយនោះ ជាយប់អពមង្គល។ 4 សូមឲ្យថ្ងៃនោះប្រែទៅជាងងឹត ហើយកុំឲ្យព្រះជាម្ចាស់ ដែលគង់នៅស្ថានលើ ចងចាំពីថ្ងៃនោះ ហើយក៏កុំឲ្យមានពន្លឺថ្ងៃចាំងលើថ្ងៃនោះដែរ។ 5 សូមឲ្យភាពងងឹត និងភាពអន្ធការ គ្របបាំងថ្ងៃនោះ។ ហើយសូមឲ្យមានភាពអាប់អួរគ្របបាំង មកលើវាដែរ សូមឲ្យអ្វីដែលកើតនៅថ្ងៃនោះ ត្រឡប់ទៅជាខ្មៅ ពិតជាវេទនាទាំងអស់។ 6 ដ្បិតសម្រាប់យប់នោះវិញ ក៏សូមឲ្យភាពងងឹត គ្របបាំងវាដែរ។ សូមកុំឲ្យគេរាប់បញ្ចូលយប់នោះទៅក្នុង ខែ និងឆ្នាំឡើយ។ 7 មើល! សូមឲ្យយប់នោះប្រៀបបាននឹងស្ត្រីអារ ហើយក៏កុំឲ្យមានសម្រែកអរសប្បាយនៅយប់នោះដែរ។ 8 សូមឲ្យយប់នោះត្រូវបណ្ដាសា របស់គ្រូនក្ខត្តឫក្ស និងត្រូវបណ្ដាសារបស់គ្រូដាស់ស្ដេចក្រពើ។ 9 សូមឲ្យផ្កាយព្រឹកប្រែជាងងឹតសូន្យ យប់នោះរង់ចាំពន្លឺ តែមិនឃើញពន្លឺមកទេ ហើយក៏មិនឃើញអរុណរះដែរ 10 ដ្បិតយប់នោះពុំបានឃាត់ខ្ញុំមិនឲ្យកើត ហើយក៏មិនបានបញ្ចៀសទុក្ខលំបាកនេះ យកចេញពីភ្នែករបស់ខ្ញុំដែរ។ 11 ហេតុអ្វីបានជាខ្ញុំមិនបានស្លាប់ទៅតាំងពីនៅក្នុងផ្ទៃម្ដាយ? ហេតុអ្វីបានជាខ្ញុំមិនផុតដង្ហើមទៅ នៅពេលកើតចេញពីផ្ទៃម្ដាយ? 12 ហេតុអ្វីបានជាមានភ្លៅម្ដាយចាំទទួលខ្ញុំ? ហេតុអ្វីដោះអ្នកម្តាយចាំបំបៅខ្ញុំដូច្នេះ? 13 ដ្បិត បើខ្ញុំបានស្លាប់តាំងពីកាលនោះ ខ្ញុំនឹងបានដេកទៅយ៉ាងស្ងាត់។ ខ្ញុំបានសម្រាកយ៉ាងសុខស្រួលហើយ 14 ទោះបីជាស្ដេច និងមន្ត្រីទាំងប៉ុន្មាននៃផែនដី ជាអ្នកដែលបានកសាងផ្នូរ ទុកសម្រាប់ខ្លួន។ 15 ឬក៏ខ្ញុំមុខជាបានសម្រាកជាមួយពួកមេដឹកនាំ ដែលជាអ្នកមានមាសប្រាក់ពេញផ្ទះ។ 16 ឬប្រសិនបើខ្ញុំគ្មានជីវិត គឺដូចកូនរលូត ឬដូចកូនក្មេងដែលមិនធ្លាប់ឃើញពន្លឺថ្ងៃ នោះប្រសើរជាង។ 17 នៅក្នុងផ្នូរ មនុស្សអាក្រក់លែងមាន សកម្មភាពទៀតហើយ រីឯអ្នកដែលនឿយហត់ អស់កម្លាំងនឹងនាំគ្នាសម្រាក។ 18 អ្នកជាប់ឃុំឃាំងបានសុខក្សេមក្សាន្ត គឺគេលែងឮសំឡេងរបស់ឆ្មាំគុកទៀតហើយ។ 19 អ្នកតូច និងអ្នកធំ ស្ថិតនៅទីនោះជាមួយគ្នា ទាសករក៏លែងនៅក្រោមអំណាច ម្ចាស់របស់ខ្លួន។ 20 ហេតុអ្វីព្រះជាម្ចាស់ប្រទានឲ្យ មនុស្សដែលត្រូវវេទនា ស្គាល់ពន្លឺថ្ងៃ ហើយផ្ដល់ជីវិតឲ្យអ្នកដែលស្គាល់តែ ទុក្ខលំបាក 21 គេទន្ទឹងរង់ចាំសេចក្ដីស្លាប់ តែមិនឃើញសេចក្ដីស្លាប់មកទេ គេប្រាថ្នាចង់បានសេចក្ដីស្លាប់ ជាងទ្រព្យសម្បត្តិដែលកប់ទុក។ 22 ប្រសិនបើគេរកបានផ្នូរសម្រាប់ខ្លួន នោះគេមុខជាសប្បាយរីករាយត្រូវទេ? 23 ហេតុអ្វី បានជាពន្លឺត្រូវចាំងភ្លឺមកលើមនុស្ស ដែលផ្លូវត្រូវបាំងបិត ហើយព្រះជាម្ចាស់បានដាក់របងព័ទ្ធជុំវិញនោះ? 24 ដ្បិត ខ្ញុំបានស្រែកថ្ងូរ ជំនួសអាហារ សម្រែកឈឺចាប់របស់ខ្ញុំ ចេះតែហូរចេញមកដូចទឹក។ 25 ដ្បិតការអ្វីដែលខ្ញុំខ្លាច ការនោះកើតមានដល់ខ្ញុំ ហើយដែលខ្ញុំបារម្ភ គឺបានមករកខ្ញុំ។ 26 ខ្ញុំមិនបានស្ងប់ មិនបានសុខស្រួល ហើយក៏មិនបានសម្រាកដែរ គឺខ្ញុំឈឺចាប់ កើតឡើងលើរូបខ្ញុំជានិច្ច»។
1 លោកអេលីផាស ជាជនជាតិថេម៉ាន ពោលឡើងថា៖ 2 ប្រសិនបើយើងជូនយោបល់តែមួយម៉ាត់ តើលោកទ្រាំនឹងស្ដាប់បានទេ? ប៉ុន្តែ តើនរណាទ្រាំមិននិយាយកើត? 3 មើល! លោកបានទូន្មានមនុស្សជាច្រើន លោកមានមនុស្សឲ្យកម្លាំង ចិត្តឡើងវិញ។ 4 ពាក្យដែលលោកមានប្រសាសន៍ បានធ្វើឲ្យអ្នកដែលដួលអាចងើបឡើងវិញ លោកក៏បានធ្វើឲ្យអ្នកដែលទន់ជង្គង់ មាំមួនឡើងវិញ។ 5 ប៉ុន្តែបញ្ហាបានធ្វើឲ្យលោកបាក់ទឹកចិត្ត វាកើតឡើងដល់លោក ហើយលោកបានជួបទុក្ខដ៏ធ្ងន់។ 6 តើមិនមែនការកោតខ្លាច និងទំនុកចិត្ត ហើយក្តីស្មោះត្រង់នៃផ្លូវរបស់អ្នក ជាក្តីសម្ឃឹមរបស់អ្នកទេឬ? 7 សូមគិតពីការនេះ តើមនុស្សណាដែលនឹងវិនាស? តើពេលណាដែលមនុស្សទៀងត្រង់បានអន្តរាយនោះ? 8 តាមតែការមើលឃើញរបស់ខ្ញុំវិញ អ្នកដែលភ្ជួររាស់ហើយសាបព្រោះការអាក្រក់នឹងចូតកាត់ផលនោះវិញ។ 9 គឺពួកគេវិនាស ដោយសារព្រះពិរោធរបស់ ព្រះជាម្ចាស់ដែលបក់បោកមកលើពួកគេ ដូចព្យុះសង្ឃរា។ 10 ពួកគេស្រែកដូចសិង្ហ ហើយគ្រហឹមដូចខ្លា ហើយចង្កូមរបស់ពួកសិង្ហស្ទាវបានបាក់អស់។ 11 សិង្ហចាស់នឹងវិនាសទៅដោយអត់អាហារ កូនរបស់វានឹងខ្ចាត់ខ្ចាយទៅគ្រប់ទិសទី។ 12 ពេលនេះ ខ្ញុំបានឮសេចក្ដីមួយយ៉ាងស្ងាត់ៗ ហើយត្រចៀកខ្ញុំស្ដាប់ឮសំឡេងមួយ យ៉ាងស្រាលៗផង។ 13 ខ្ញុំឮសេចក្ដីនោះក្នុងសុបិននៅពេលយប់ គឺក្នុងពេលដែលមនុស្សដេកលង់លក់ឥតដឹងខ្លួន។ 14 ខ្ញុំភ័យខ្លាច និងរន្ធត់ ញាប់ញ័រសព្វគ្រប់ពេញរាង្គកាយ ដែលបានកើតដល់រូបខ្ញុំ ហើយឆ្អឹងរបស់ស្រៀវ។ 15 គឺហាក់ដូចជាមានខ្យល់បក់មកប៉ះនឹង ផ្ទៃមុខរបស់ខ្ញុំ ធ្វើឲ្យខ្ញុំព្រឺសម្បុរ។ 16 មានវិញ្ញាណឈរនៅក្បែរខ្ញុំ តែខ្ញុំមើលមិនស្គាល់ថាជានរណាទេ។ មានដូចជាស្រមោលមួយនៅចំពោះមុខខ្ញុំ ហើយក្នុងភាពស្ងប់ស្ងាត់នោះ ខ្ញុំឮសំឡេងមួយបន្លឺឡើងថា៖ 17 «តើមនុស្សដែលតែងតែស្លាប់ សុចរិតជាងព្រះជាម្ចាស់ឬ? តើមនុស្សនោះបរិសុទ្ធព្រះជាម្ចាស់ឬ? 18 មើល! បើព្រះជាម្ចាស់មិនទុកចិត្តអ្នកបម្រើរបស់ព្រះអង្គ និងព្រះអង្គចោតប្រកាន់ទេវតារបស់ព្រះអង្គ 19 នោះចំណង់បើមនុស្សដែលមានធាតុជាដីឥដ្ឋ កើតមកពីធូលីដី ហើយដែលគេអាចជាន់កម្ទេចដូចដង្កូវនេះ តើឲ្យព្រះអង្គទុកចិត្តដូចម្ដេចបាន? 20 ក្នុងរវាងពេល និងពេលល្ងាចមនុស្សត្រូវអន្តរាយ ហើយវិនាសសូន្យទៅ ដោយគ្មាននរណាចាប់អារម្មណ៍ឡើយ។ 21 តើមិនមែនខ្សែជីវិតរបស់ពួកគេត្រូវបានចប់ទេឬអី? គេស្លាប់ទៅ ទាំងមិនយល់អ្វីទាំងអស់។
1 ឥឡូវនេះ សូមលោកស្រែកចុះ តើមាននរណានឹងឆ្លើយតបមកលោក? តើលោកអាចហៅទេវតាណាមួយ ឲ្យមកជួយបានទេ? 2 ដ្បិតកំហឹងរមែងសម្លាប់មនុស្សល្ងីល្ងើ ការច្រណែនសម្លាប់អ្នកដែលផ្តេសផ្តាស។ 3 ខ្ញុំធ្លាប់ឃើញមនុស្សល្ងីល្ងើបានចាក់ឬស ប៉ុន្តែ រំពេចនោះ ខ្ញុំក៏ដាក់បណ្ដាសាផ្ទះរបស់គេ។ 4 កូនរបស់គាត់គឺនៅឆ្ងាយពីទីសុវត្តិភាព ពួកគេបុកចូលមកតាមទ្វារក្រុង។ ឥតមានអ្នកណានឹងជួយពួកគេឡើយ។ 5 ពួកមនុស្សអត់បាយនាំគ្នាមកសុី ភោគផលរបស់គេ ទោះបីមានបន្លាជុំវិញក៏ពួកគេសុីដែរ។ យកទ្រព្យសម្បត្តិធ្វើជារបស់គេ។ 6 ដ្បិតសេចក្តីវេទនាមិនមែនដុះចេញពីធូលីដីមកទេ ហើយបញ្ហាក៏មិនមែនដុះចេញពីដីមកដែរ។ 7 ផ្ទុយទៅវិញ មនុស្សកើតមក ដើម្បីរងទុក្ខវេទនា ដូចផ្កាភ្លើងដែលហើរទៅលើ។ 8 ប្រសិនបើខ្ញុំវិញ ខ្ញុំនឹងបែរទៅរកព្រះជាម្ចាស់ ខ្ញុំនឹងឲ្យពាក្យបណ្តាសាទៅចំពោះព្រះអង្គ 9 គឺព្រះជាម្ចាស់ដែលធ្វើការយ៉ាងធំ រកគិតមិនយល់ ជាការយ៉ាងអស្ចារ្យឥតគណនា។ 10 ព្រះអង្គបង្អុរភ្លៀងមកលើផែនដី ហើយឲ្យទឹកហូរមកក្នុងស្រែ។ 11 ព្រះជាម្ចាស់លើកមនុស្សទន់ទាបឡើង ហើយជួយសង្គ្រោះអ្នកដែលកាន់ទុក្ខ។ 12 ព្រះអង្គរំលាយគម្រោងការមនុស្សមានល្បិច មិនឲ្យគេសម្រេចគម្រោងការ របស់ខ្លួនបានឡើយ។ 13 ព្រះអង្គធ្វើឲ្យអ្នកប្រាជ្ញ ធ្លាក់ក្នុងល្បិចកិច្ចកលរបស់ខ្លួន ហើយធ្វើឲ្យយោបល់ដ៏ប៉ិនប្រសប់ របស់ពួកគេ ប្រែជាឥតន័យ។ 14 នៅពេលថ្ងៃ ពួកគេជំពប់ជើង ដូចដើរនៅពេលយប់ងងឹត ហើយពួកគេដើរស្ទាបៗ នៅកណ្ដាលថ្ងៃត្រង់ ដូចដើរនៅពេលយប់ដែរ។ 15 ប៉ុន្តែ ព្រះអង្គសង្គ្រោះអ្នកក្រីក្រ ឲ្យរួចផុតពីមុខដាវ ពីចង្កូម និងពីកណ្ដាប់ដៃដ៏ខ្លាំងពូកែរបស់ពួកគេ។ 16 ដូច្នេះ សេចក្ដីសង្ឃឹម មានដល់មនុស្សទន់ខ្សោយ តែព្រះអង្គបំបិទមាត់មនុស្សទុច្ចរិត។ 17 មើល! មានពរហើយអ្នកដែលព្រះជាម្ចាស់កែតម្រូវ មិនត្រូវមាក់ងាយការស្ដីបន្ទោសរបស់ព្រះជាម្ចាស់ឡើយ។ 18 ដ្បិតព្រះជាម្ចាស់ធ្វើឲ្យឈឺចាប់ ធ្វើឲ្យរបួស តែព្រះអង្គនឹងព្យាបាលមុខរបួសនោះ ដោយព្រះហស្ថរបស់ព្រះអង្គផ្ទាល់។ 19 ព្រះអង្គនឹងជួយលោកឲ្យរួចពីទុក្ខលំបាក ចំនួនប្រាំមួយដង នឹងទីប្រាំពីរផង គ្មានការអាក្រក់នឹងពាល់លោកបានឡើយ។ 20 នៅពេលកើតទុរ្ភិក្ស ព្រះអង្គរំដោះលោកពីសេចក្ដីស្លាប់ ហើយនៅពេលកើតសង្គ្រាម ព្រះអង្គរំដោះលោកពីមុខដាវ។ 21 ព្រះអង្គនឹងការពារលោកពីពាក្យ បរិហាររបស់អ្នកដទៃ ហើយលោកក៏នឹងមិនភ័យខ្លាចមហន្តរាយ ដែលកើតឡើងដែរ។ 22 លោកនឹងមិនញញើត នៅចំពោះមុខ មហន្តរាយ ការអត់ឃ្លាន សត្វសាហាវនៅផែនដីឡើយ។ 23 ដ្បិត ស្រែចម្ការរបស់លោកនឹងគ្មានដុំថ្ម ហើយគ្មានសត្វសាហាវដែលនៅស្រែចម្ការ នឹងសុខសាន្តជាមួយលោកដែរ។ 24 លោកនឹងមានសុវត្តិភាពនៅក្នុង ទីលំនៅរបស់លោក ហើយពេលលោកមើលទៅហ្វូងសត្វ ក៏មិនឃើញមានបាត់បង់ដែរ។ 25 លោកនឹងឃើញពូជពង្សរបស់លោក កើនចំនួនច្រើនឡើង កូនចៅរបស់លោកកើនចំនួន ដូចស្មៅដុះនៅតាមទីវាល។ 26 លោករស់បានអាយុវែង ស្កប់ស្កល់ ហើយលាចាកលោកនេះទៅ ដូចស្រូវទុំនៅរដូវចម្រូត។ 27 មើល! យើងបានសង្កេតមើលបញ្ហានេះ ហើយឃើញថាពិតជាកើតមានដូច្នេះមែន ចូរត្រងត្រាប់ស្ដាប់ ហើយយកជាមេរៀនចុះ»។
1 ពេលនោះលោកយ៉ូបឆ្លើយថា៖ 2 «ប្រសិនបើគេថ្លឹងការឈឺចាប់របស់ខ្ញុំ ប្រសិនបើគេយកទុក្ខលំបាករបស់ខ្ញុំដាក់លើជញ្ជីង! 3 ដ្បិតវាអាចធ្ងន់ជាងខ្សាច់ នៅតាមឆ្នេរសមុទ្រទៅទៀត។ ហេតុនេះហើយបានជាខ្ញុំនិយាយលែងរួច។ 4 ដ្បិតព្រួញរបស់ព្រះដ៏មានឫទ្ធានុភាពបាញ់ទម្លុះខ្ញុំ ពិសពុលរបស់ព្រួញទាំងនោះជ្រួតជ្រាប ពេញក្នុងសរពាង្គកាយរបស់ខ្ញុំ ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំភ័យញាប់ញ័រ ដូចមានសត្រូវតម្រៀបគ្នាជាក្បួនទ័ពវាយប្រហារខ្ញុំ។ 5 ពេលមានស្មៅខៀវខ្ចីស៊ី តើលាព្រៃដែលស្រែកឬទេ? ពេលមានចំបើងស៊ី តើគោចេះតែរោទ៍ដែរឬ? 6 តើគេអាចបរិភោគម្ហូបសាប ដោយមិនបង់អំបិលកើតឬ? តើផ្នែកសរបស់ពងមាន់មានរសជាតិដែរឬ? 7 ខ្ញុំមិនចង់បរិភោគអាហារទាំងនោះទេ ព្រោះជាអាហារដែលខ្ញុំស្អប់ខ្ពើម។ 8 សូមឲ្យសំណូមពររបស់ខ្ញុំបានសម្រេច ហើយសូមព្រះជាម្ចាស់ប្រោសប្រទាន តាមសេចក្ដីសង្ឃឹមរបស់ខ្ញុំ។ 9 គឺសូមព្រះជាម្ចាស់មេត្តាកិនកម្ទេចខ្ញុំ សូមព្រះអង្គលាតព្រះហស្ថ បង្ហើយអាយុជីវិតរបស់ខ្ញុំទៅចុះ! 10 ធ្វើដូច្នេះ ខ្ញុំដូចជាបានល្ហែ ហើយទោះបីខ្ញុំឈឺចាប់ដល់កម្រិតក្ដី ក៏ខ្ញុំមានអំណរសប្បាយដែរ ព្រោះខ្ញុំមិនបានបោះបង់ចោល ព្រះបន្ទូលរបស់ព្រះដ៏វិសុទ្ធឡើយ។ 11 តើកម្លាំងខ្ញុំមកពីណាដែលធ្វើឲ្យមានសង្ឃឹមនោះ? តើទីបញ្ចាប់របស់ខ្ញុំគ្រាន់តែពន្យាពេលជីវិតខ្ញុំឬ? 12 តើខ្ញុំមានកម្លាំងខ្ញុំដូចជាដូចថ្មឬ? ហើយរូបកាយខ្ញុំដូចលង្ហិនឬ? 13 ក្នុងខ្លួនខ្ញុំ ខ្ញុំលែងមានអ្វីជាទីពឹងឬជំនួយទៀតហើយ ហើយចំណេះដឹងរបស់ខ្ញុំបានរីងហួតអស់ហើយឬ? 14 អ្នកដែលរងទុក្ខគ្រាំគ្រា គួរតែទទួល ចិត្តមេត្តាករុណាពីមិត្តភក្ដិរបស់ខ្លួន បើមិនដូច្នេះទេ គេមុខជាលែងគោរព កោតខ្លាចព្រះជាម្ចាស់ ។ 15 ប៉ុន្តែ បងប្អូនរបស់ខ្ញុំបានធ្វើឲ្យខ្ញុំខកចិត្ត ដូចទឹកជ្រោះដែលរីង ដូចជ្រលងដងអូរដែលគ្មានទឹក។ 16 នៅចុងរដូវត្រជាក់ ទឹកអូរទាំងនោះប្រែជាល្អក់កករ ព្រោះតែព្រិល និងទឹកកករលាយ។ 17 នារដូវក្ដៅ អូរទាំងនោះរីងស្ងួតនៅនឹងកន្លែង ព្រោះតែកម្ដៅថ្ងៃ ហើយក៏រលាយនៅតាមកន្លែរបស់វាទៅ។ 18 ក្បួនអ្នកដំណើរតាមផ្លូវនោះ ពួកគេក៏បែរទៅម្ខាងដើម្បីទឹក ពួកគេចូលទៅវាលរហោស្ថាន ហើយវិនាសបាត់បង់អស់ទៅ។ 19 ក្បួនអ្នកដំណើរពីទឹកដីថេម៉ា នាំគ្នាសម្លឹងមើលអូរទាំងនោះ ក្បួនអ្នកដំណើរពីទឹកដីសេបានាំគ្នា សង្ឃឹមលើអូរទាំងនោះ។ 20 ប៉ុន្តែ ពួកគេត្រូវខូចចិត្ត ព្រោះតែទុកចិត្តលើអូរទាំងនោះ។ ពួកគេបានទៅដល់ទីនោះតែពួកគេត្រូវបានគេបោកប្រាស់។ 21 ដ្បិតពេលនេះ សម្លាញ់ទាំងអស់គ្នាមិនបានជួយអ្វីដល់ខ្ញុំទេ ពួកអ្នកឃើញខ្ញុំមានអាសន្ន ហើយបែរជាភ័យខ្លាច។ 22 តើខ្ញុំបាននិយាយទៅកាន់អ្នកអស់គ្នាថា យករបស់អ្វីមួយមកឲ្យខ្ញុំ? ឬយកប្រាក់របស់អស់មកជួយខ្ញុំឡើយ? 23 ខ្ញុំមិនដែលសុំអស់លោកជួយខ្ញុំ ឲ្យរួចផុតពីកណ្ដាប់ដៃរបស់បច្ចាមិត្ត ឬក៏សុំឲ្យលោះខ្ញុំពីកណ្ដាប់ដៃ នៃជំងឺរបស់ខ្ញុំឬ? 24 សូមប្រៀនខ្ញុំផង ហើយខ្ញុំនឹងនៅស្ងៀម សូមប្រាប់ខ្ញុំផង ដើម្បីឲ្យបានយល់ពីកំហុស។ 25 ពាក្យសម្ដីត្រឹមត្រូវ នោះពូកែបណ្ដាលយ៉ាងណា តើតែសេចក្ដីបន្ទោសរបស់អ្នករាល់គ្នា បានបន្ទោសអ្វីខ្លះដល់ខ្ញុំ? 26 ពាក្យដែលខ្ញុំនិយាយនេះ តើអស់លោកចង់បន្ទោសកន្លែងណា តើអស់លោកយល់ថាពាក្យសម្ដីរបស់ មនុស្សអស់សង្ឃឹម ឥតបានការឬ? 27 អស់លោកហ៊ានដល់ទៅចាប់ឆ្នោតយកក្មេងកំព្រា ហើយសូម្បីតែមិត្តសម្លាញ់ ក៏អស់លោកមិនញញើតនឹងលក់ដែរ។ 28 ឥឡូវនេះ ចូរបែរមកមើលមុខខ្ញុំឲ្យចំ ដ្បិត ពិតណាស់ខ្ញុំនិយាយបំផ្លើសត្រង់ណា។ 29 ខ្ញុំសូមអង្វរទៅចុះ កុំចោទខ្ញុំជ្រុលពេក ហើយក៏កុំអយុត្តិធម៌បែបនេះដែរ កុំចោទខ្ញុំជ្រុលពេក ខ្ញុំគ្មានកំហុសអ្វីសោះ។ 30 តើអណ្ដាតខ្ញុំដែលគ្រលាស់ចេញមកនូវពាក្យទុច្ចរិត ហើយមាត់របស់ខ្ញុំស្រដីចេញមក នូវពាក្យអពមង្គលឬទេ?
1 តើមនុស្សមិនបានធ្វើការលំបាកនៅលើផែនដីទេ? តើមនុស្សមិនបានដូចជាថ្ងៃ របស់អ្នកស៊ីឈ្នួលទេឬអី? 2 ដូចជាទាសករប្រាថ្នាជ្រកក្រោមម្លប់ ហើយអ្នកស៊ីឈ្នួលទន្ទឹងរង់ចាំប្រាក់ឈ្នូលយ៉ាងបែបនោះដែរ 3 ខ្ញុំក៏ទទួលការឈឺចាប់ជាច្រើនខែ ហើយរងទុក្ខសោកជាច្រើនយប់ បែបយ៉ាងនោះដែរ។ 4 ពេលខ្ញុំផ្តេកខ្លួនលូនចុះ នោះក៏ខ្ញុំនិយាយថា៖ តើពេលណាខ្ញុំនឹងក្រោកឡើង និងពេលណាទើបយប់នឹងបានឆ្លងផុត? ហើយខ្ញុំចេះតែប្រះខ្លួននិងងាកចុះឡើង រហូតដល់ទៀបភ្លឺឡើង។ 5 រូបកាយរបស់ខ្ញុំមានសុទ្ធតែដង្កូវ និងក្រមរ ស្បែករបស់ខ្ញុំប្រេះ ហើយរលួយស្អុយផង។ 6 អាយុជីវិតរបស់ខ្ញុំបោះពួយទៅមុខ លឿនជាងត្រល់របស់អ្នកត្បាញ ពេលណាអស់អំបោះ គ្មានអ្វីសង្ឃឹមទៀតដែរ។ 7 ព្រះជាម្ចាស់នឹកចាំផងថា ជីវិតរបស់ទូលបង្គំ ប្រៀបបាននឹងមួយដង្ហើមទេ ហើយភ្នែករបស់ទូលបង្គំ នឹងមើលអ្វីល្អមិនឃើញទេ។ 8 ព្រះអង្គទតមកទូលបង្គំ តែលែងឃើញទូលបង្គំទៀតហើយ ព្រះអង្គនឹងខំរកមើលទូលបង្គំ តែទូលបង្គំបាត់សូន្យទៅ។ 9 ពពកតែងតែរសាត់បាត់ទៅ រីឯអ្នកដែលចុះទៅស្ថានមនុស្សស្លាប់ ក៏ពុំអាចឡើងមកវិញបានដែរ។ 10 គេនឹងមិនវិលត្រឡប់មកផ្ទះវិញទេ ញាតិសន្ដានក៏លែងស្គាល់គេទៀតដែរ។ 11 ហេតុនេះ ទូលបង្គំមិនអាចបិតមាត់បានឡើយ ទូលបង្គំត្រូវតែនិយាយនៅពេលពិបាកចិត្ត ទូលបង្គំនឹងត្អូញត្អែរក្នុងការជូរល្វីញនៅក្នុងព្រលឹងរបស់ទូលបង្គំ។ 12 តើទូលបង្គំជាសមុទ្រ ឬជាសត្វរស់ក្នុងសមុទ្រ ដែលព្រះអង្គបានទូតមើលទូលបង្គំត្រូវទេ? 13 ទូលបង្គំពោលថា៖ គ្រែដែលខ្ញុំដំណេក ជួយឲ្យខ្ញុំបានល្ហែ រួចផុតពីការឈឺចាប់ 14 ដ្បិត ព្រះអង្គធ្វើឲ្យទូលបង្គំភ័យតក់ស្លុត ដោយយល់សប្ដិអាក្រក់ ព្រះអង្គធ្វើឲ្យទូលបង្គំញ័ររន្ធត់ ដោយឃើញសុបិននិមិត្តមិនល្អ។ 15 ទូលបង្គំចង់អត់ដង្ហើមស្លាប់ ជាជាងរស់ក្នុងរូបកាយដែលសល់តែឆ្អឹងនេះ។ 16 ស្អប់ជីវិតរបស់ទូលបង្គំណាស់ ទូលបង្គំមិនចង់រស់រហូតទេ សូមទុកទូលបង្គំឲ្យនៅតែឯង ដ្បិតជីវិតរបស់ទូលបង្គំគ្មានន័យអ្វីសោះ។ 17 តើមនុស្សលោកជាអ្វី បានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេ ព្រះអង្គនឹកគិតដល់គេបែបនេះ 18 ព្រះអង្គពិនិត្យមើលគេរៀងរាល់ព្រឹក ព្រះអង្គល្បងលគេគ្រប់ពេលវេលាពិតទេ? 19 តើព្រះអង្គនៅតែឃ្លាំមើលទូលបង្គំ ដល់កាលណាទៀត សូមទុកឲ្យទូលបង្គំមានពេល លេបទឹកមាត់ផង? 20 ព្រះអង្គដែលជាឆ្មាំយាមមនុស្សលោកអើយ ប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើបាបមែន តើទូលបង្គំបានធ្វើអ្វីទាស់នឹងព្រះអង្គ? ហេតុអ្វីបានជាព្រះអង្គចាត់ទុកទូលបង្គំ ដូចជាផ្ទាំងស៊ីប តើទូលបង្គំបានធ្វើអ្វីរំខានដល់ព្រះអង្គ? 21 តើព្រះអង្គលើកលែងទោសឲ្យទូលបង្គំ និងលុបលាងកំហុសរបស់ទូលបង្គំបានឬទេ? ដ្បិតបន្តិចទៀត ទូលបង្គំនឹងដេកលើដី ព្រះអង្គនឹងរកទូលបង្គំ តែទូលបង្គំសូន្យបាត់ទៅហើយ»។
1 លោកប៊ីលដាដ ជាជនជាតិស៊ូអា បានឆ្លើយតបថា៖ 2 «តើលោកនៅតែមានប្រសាសន៍បែបនេះ ដល់កាលណាទៀត? តើលោកបញ្ចេញពាក្យសម្ដី ដូចខ្យល់កំបុតត្បូងដល់កាលណាទៀត? តើព្រះជាម្ចាស់បង្ខូចយុត្តិធម៌ឬ? 3 តើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត បង្ខូចសេចក្ដីសុចរិតឬ? 4 ប្រសិនបើកូនប្រុសរបស់លោកប្រព្រឹត្ត អំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ ព្រះអង្គដាក់ទោសពួកគេ តាមកំហុសដែលខ្លួនបានប្រព្រឹត្ត។ 5 ប៉ុន្តែលោកវិញ គួរតែស្វែងរកព្រះអង្គ បើលោកអង្វរករព្រះដ៏មានឫទ្ធានុភាព ខ្ពង់ខ្ពស់បំផុត។ 6 បើលោកពិតជាបរិសុទ្ធ និងទៀងត្រង់មែន ព្រះអង្គមុខជាជួយលោក ហើយស្ដារស្ថានភាពរបស់លោក ឲ្យបានយុត្តិធម៌ឲ្យលោកដែរ។ 7 ទោះបីលោកបានចាប់ផ្តើមតូច តែនៅចុងក្រោយ ទុក្ខលំបាករបស់លោកនឹងប្រសើរឡើង។ 8 ហេតុនេះ សូមសាកសួរចាស់ទុំនៅជំនាន់មុន ហើយរំពឹងគិតអំពីបទពិសោធន៍ ដែលដូនតារបស់លោករៀនបាន។ 9 (ដ្បិតយើងជាមនុស្សទើបនឹងកើត យើងមិនដឹងអ្វីទាំងអស់ អាយុជីវិតរបស់យើងនៅលើផែនដីនេះ ប្រៀបដូចជាស្រមោល)។ 10 តើចាស់ទុំមិនបានបង្រៀនលោកទេ? តើចាស់ទុំនឹងមិនបានប្រាប់លោកពីអ្វីដែលនៅក្នុងចិត្តគេទេ? 11 តើដើមត្រែងអាចដុះនៅក្រៅត្រពាំង? ហើយដើមកក់អាចដុះនៅកន្លែង ដែលគ្មានទឹកបានឬ? 12 ពេលវានៅខៀវខ្ចី ទោះបីគ្មាននរណាកាត់ក៏ដោយ ក៏វាក្រៀមស្ងួត មុនតិណជាតិផ្សេងដែរ។ 13 ដូច្នេះ អស់អ្នកដែលបំភ្លេចព្រះជាម្ចាស់ ក៏ធ្លាក់ខ្លួនដូច្នោះដែរ សេចក្ដីសង្ឃឹមរបស់មនុស្សអាក្រក់ នឹងវិនាស។ 14 បង្អែករបស់គេត្រូវបាក់ អ្វីៗដែលគេទុកចិត្ត ប្រៀបដូចជាសំបុកពីងពាង។ 15 គេផ្អែកលើផ្ទះរបស់ខ្លួន តែផ្ទះរលំ គេខំប្រឹងតោងផ្ទះ តែផ្ទះមិននៅស្ថិតស្ថេរឡើយ។ 16 រុក្ខជាតិនៅក្រោមពន្លឺថ្ងៃពណ៌បៃតង ព្រោះសម្បូណ៌កម្ដៅថ្ងៃ ហើយបែកមែកសាខាពាសពេញឧទ្យាន។ 17 ឫសរបស់គេចាក់ស្រេះទៅក្នុងដីដែលមានថ្ម ហើយរុកទៅដល់ផ្ទាំងសិលា។ 18 ប៉ុន្តែ ពេលណាគេត្រូវរម្លើងចេញពីកន្លែង របស់ខ្លួនហើយនោះ សូម្បីតែញាតិសន្ដាន ក៏លែងរាប់រកគេទៀតដែរ។ 19 មើល! នេះគឺជា «អំណរ» ចេញពីការប្រព្រឹត្យរបស់មនុស្ស ហើយមានអ្នកផ្សេងទទួលកន្លែងជំនួសគេ។ 20 ព្រះជាម្ចាស់មិនបោះបង់ចោល មនុស្សគ្មានកំហុសឡើយ ហើយព្រះអង្គក៏មិនពង្រឹងអំណាចរបស់ អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ដែរ។ 21 បន្តិចទៀត ព្រះអង្គនឹងប្រទានឲ្យលោក សើចសប្បាយ ហើយឲ្យលោកបន្លឺសំឡេងបានវិញ។ 22 អស់អ្នកដែលស្អប់លោកនឹងត្រូវអាម៉ាស់ ហើយលំនៅរបស់មនុស្សអាក្រក់នឹង រលាយសូន្យ»។
1 លោកយ៉ូបមាននិយាយតបវិញថា៖ 2 «ពិតមែនហើយ ខ្ញុំដឹងថាប្រាកដជាកើត មានដូច្នោះ។ ប៉ុន្តែធ្វើដូចម្តេចឲ្យមនុស្សបានត្រឹមត្រូវជាមួយព្រះជាម្ចាស់បាន? 3 បើគេចង់ជជែកវែកញែកជាមួយព្រះអង្គ ក្នុងមួយពាន់សំណួរ សូម្បីតែមួយ ក៏មនុស្សពុំអាចឆ្លើយបានផង។ 4 ព្រះអង្គប្រកបទៅដោយព្រះប្រាជ្ញាញាណ និងមហិទ្ធិឫទ្ធិ តើអ្នកដែលប្រឆាំងនឹងព្រះអង្គ អាចកើតផងទេ? 5 ព្រះអង្គរើភ្នំទាំងឡាយ មិនឲ្យវាដឹងខ្លួន ព្រះអង្គក៏មិនប្រាប់អ្នកណា ដោយសារតែព្រះពិរោធ របស់ព្រះអង្គ 6 ហើយព្រះអង្គធ្វើឲ្យផែនដីកក្រើកនៅលើគ្រឹះរបស់វា ហើយសសររបស់វាក៏រញ្ជួយដែរ។ 7 ព្រះអង្គមានព្រះបន្ទូលទៅកាន់ថ្ងៃ នោះថ្ងៃមិនរះទេ ព្រះអង្គក៏ឃាត់ផ្កាយមិនឲ្យចាំងពន្លឺដែរ 8 ព្រះអង្គលាតសន្ធឹងផ្ទៃមេឃ ដោយគ្មាននរណាជួយ ព្រះអង្គយាងនៅលើរលកសមុទ្រ 9 ព្រះអង្គបានបង្កើតផ្កាយក្រពើ ផ្កាយនង្គ័ល និងផ្កាយកូនមាន់ ព្រមទាំងកញ្ចុំផ្កាយនៅទិសខាងត្បូង។ 10 ព្រះអង្គបានធ្វើការដ៏ធំអស្ចារ្យ ដែលពុំអាចយល់បាន ព្រមទាំងការដ៏ល្អវិសេសច្រើនឥតគណនា។ 11 ព្រះអង្គយាងមកក្បែរខ្ញុំ ក៏ខ្ញុំមើលព្រះអង្គមិនឃើញ ព្រះអង្គយាងទៅបាត់ ក៏ខ្ញុំមិនអាចយល់បាន។ 12 ពេលព្រះអង្គដកយកអ្វីទៅហើយ តើមាននរណាអាចឃាត់ព្រះអង្គបានទេ? ហើយក៏គ្មាននរណាអាចពោលទៅព្រះអង្គ ហេតុអ្វីបានជាព្រះអង្គធ្វើដូច្នេះ? 13 ពេលព្រះអង្គព្រះពិរោធហើយ ព្រះអង្គមិនប្រែព្រះហឫទ័យទេ ព្រះអង្គបង្ក្រាបសត្វសម្បើមនៅក្នុងសមុទ្រ និងបរិវាររបស់វា។ 14 ហេតុនេះ តើឲ្យខ្ញុំឆ្លើយតបទៅព្រះអង្គ ដូចម្ដេចបាន? តើខ្ញុំមានពាក្យអ្វីទូលទៅកាន់ព្រះអង្គ? 15 ទោះបីខ្ញុំសុចរិតក្ដី ក៏ខ្ញុំពុំអាចឆ្លើយនឹង ព្រះអង្គបានដែរ គឺខ្ញុំមានតែអង្វរសូមចៅក្រមរបស់ខ្ញុំ មេត្តាប្រណីសន្ដោសខ្ញុំប៉ុណ្ណោះ។ 16 ទោះបីព្រះអង្គឆ្លើយតបមកខ្ញុំ នៅពេលខ្ញុំស្រែកហៅព្រះអង្គក៏ដោយ ក៏ខ្ញុំមិនជឿថា ព្រះអង្គផ្ទៀងព្រះកាណ៌ ស្ដាប់ពាក្យទូលអង្វររបស់ខ្ញុំដែរ។ 17 ព្រះអង្គវាយប្រហារខ្ញុំ ដោយខ្យល់ព្យុះ ព្រះអង្គធ្វើឲ្យខ្ញុំមានរបួសកាន់តែច្រើន ដោយឥតហេតុផល។ 18 ព្រះអង្គមិនទុកឲ្យខ្ញុំមានពេលដកដង្ហើមទេ ដ្បិតព្រះអង្គធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងណាស់។ 19 ប្រសិនបើខ្ញុំចង់ប្រើកម្លាំងបាយ ព្រះអង្គមានឫទ្ធានុភាពជាង ប្រសិនបើខ្ញុំចង់ប្ដឹងរកយុត្តិធម៌ តើនរណាហៅព្រះអង្គមកកាត់ក្ដី? 20 ទោះបីខ្ញុំសុចរិតក្ដី ក៏ពាក្យសម្ដីរបស់ខ្ញុំដាក់ទោសខ្ញុំ ទោះបីខ្ញុំស្លូតត្រង់ក្ដី ក៏ពាក្យសម្ដីរបស់ខ្ញុំឲ្យខ្ញុំខុសដែរ។ 21 ខ្ញុំពិតជាមនុស្សស្លូតត្រង់ តែខ្ញុំមិនប្រាកដថាខ្លួនខ្ញុំស្លូតត្រង់ដែរ ខ្ញុំអស់ចិត្តនឹងជីវិតរបស់ខ្ញុំ។ 22 ណ្ហើយ បណ្ដោយតាមដំណើរទៅចុះ ហេតុនេះហើយបានជាខ្ញុំពោលថា ព្រះអង្គប្រហារ ទាំងមនុស្សស្លូតត្រង់ ទាំងមនុស្សអាក្រក់។ 23 ពេលមានមហន្តរាយអ្វីមួយកើតឡើងបណ្ដាល ឲ្យមនុស្សស្លូតត្រង់ស្លាប់ភ្លាមៗនោះ ព្រះអង្គសើចចំអកឲ្យគេ នៅពេលដែលគេវេទនា។ 24 ផែនដីធ្លាក់ទៅក្នុងកណ្ដាប់ដៃមនុស្សអាក្រក់ ព្រះជាម្ចាស់បិទភ្នែកចៅក្រមទាំងឡាយ បើព្រះអង្គមិនធ្វើបែបនេះទេ តើនរណាជាអ្នកធ្វើ? 25 ពេលវេលារបស់ខ្ញុំខិតទៅមុខ លឿនជាងអ្នកដែលរត់ទៅទៀត គឺពេលវេលានេះចេះតែរត់ទៅមុខ ដោយខ្ញុំមិនបានឃើញសុភមង្គលឡើយ។ 26 ពេលវេលារបស់ខ្ញុំអណ្ដែតទៅមុខ លឿនជាងនាវា ឬបោះពួយដូចខ្លែងហោះតម្រង់ទៅចាប់រំពា។ 27 ប្រសិនបើខ្ញុំពោលថា: ខ្ញុំនឹងបំភ្លេចការសោកសង្រេង ខ្ញុំនឹងធ្វើទឹកមុខរីករាយ ហើយខំប្រឹងសើចសប្បាយឡើងវិញ 28 នោះការឈឺចាប់ទាំងប៉ុន្មានរបស់ខ្ញុំ ធ្វើឲ្យខ្ញុំតក់ស្លុត ដ្បិតខ្ញុំដឹងថា ព្រះអង្គមិនចាត់ទុកខ្ញុំជា មនុស្សគ្មានទោសឡើយ។ 29 ទោះបីធ្វើយ៉ាងណា ក៏ខ្ញុំនៅតែមានទោស ដូច្នេះ តើខ្ញុំនៅតែខំប្រឹងដោះសាខ្លួនបានការអ្វី? 30 ទោះបីទូលបង្គំយកទឹកមកលាងខ្លួន ទោះបីទូលបង្គំយកសាប៊ូមកលាងដៃ 31 ព្រះអង្គបោះទូលបង្គំទៅក្នុងភក់ជ្រាំ ហើយសូម្បីតែសម្លៀកបំពាក់របស់ទូលបង្គំ ក៏ខ្ពើមទូលបង្គំដែរ។ 32 ព្រះអង្គមិនមែនជាមនុស្សដូចខ្ញុំដែលខ្ញុំអាចតវ៉ា និងហៅឡើងទៅតុលាការបានឡើយ។ 33 គ្មាននរណាអាចធ្វើជាអាជ្ញាកណ្ដាល សម្រុះសម្រួលរឿងរ៉ាវរវាង ព្រះអង្គ និងខ្ញុំបានទេ។ 34 សូមព្រះអង្គមេត្តាឈប់យកដំបងវាយខ្ញុំ សូមកុំឲ្យព្រះពិរោធរបស់ព្រះអង្គ ធ្វើឲ្យខ្ញុំញ័ររន្ធត់ទៀតឡើយ។ 35 ពេលនោះ ទើបខ្ញុំនិយាយស្ដីបាន ដោយលែងភិតភ័យ។ ប៉ុន្តែ តាមពិតពេលនេះ ខ្ញុំមិនអាចធ្វើវាបានទេ។
1 ខ្ញុំឆ្អែតចិត្តនឹងជីវិតណាស់ ខ្ញុំនឹងត្អូញត្អែររបស់ខ្ញុំ ដោយពាក្យជូរល្វីង ដោយឈឺចាប់ក្នុងចិត្ត។ 2 ខ្ញុំនឹងទូលព្រះជាម្ចាស់ថា សូមកុំដាក់ទោសទូលបង្គំឡើយ សូមប្រាប់ឲ្យទូលបង្គំដឹងផងថា ព្រះអង្គមានមូលហេតុអ្វី ចោទប្រកាន់ទូលបង្គំ។ 3 តើមាន ប្រយោជន៍អ្វី បានជាព្រះអង្គសង្កត់សង្កិនទូលបង្គំ ហើយបោះបង់ចោលស្នាព្រះហស្ថរបស់ព្រះអង្គ រួចបែរជាជួយជ្រោមជ្រែងផែនការ របស់មនុស្សអាក្រក់ទៅវិញ? 4 តើព្រះអង្គមានព្រះនេត្រ ហើយទតមើល តាមរបៀបដូចមនុស្សលោកដែរឬ? 5 តើចំនួនថ្ងៃរបស់ព្រះអង្គដូចចំនួនថ្ងៃ របស់មនុស្សលោក ហើយចំនួនឆ្នាំរបស់ព្រះអង្គ 6 ក៏ដូចជាចំនួនឆ្នាំ របស់មនុស្សលោកដែរឬ បានជាព្រះអង្គស្វែងរកកំហុសរបស់ទូលបង្គំ ហើយរុករកអំពើបាបរបស់ទូលបង្គំដូច្នេះ? 7 ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំគ្មានកំហុសអ្វីទេ ហើយក៏គ្មាននរណារំដោះទូលបង្គំឲ្យរួចផុតបាន? 8 ព្រះហស្ថទាំងពីរព្រះអង្គបានក្របជុំវិញទូលបង្គំជានិច្ច ក៏ប៉ុន្តែ ព្រះអង្គបែរជាវាយឲ្យទូលបង្គំវិនាសវិញ។ 9 ទូលបង្គំសូមអង្វរព្រះអង្គ ដែលព្រះអង្គបានសូនឆ្នៃទូលបង្គដូចដីឥត្ឋ តើព្រះអង្គនឹងឲ្យទូលបង្គទៅជាដីវិញឬ? 10 តើព្រះអង្គមិនបានចាក់ទូលបង្គំចេញដូចជាទឹកដោះ ហើយឲ្យទូលបង្គំកកខន់ ដូចជាផែនទឹកដោះទេឬ? 11 ព្រះអង្គបំពាក់ស្បែក និងសាច់ ពាសពេញរូបកាយទូលបង្គំ ព្រះអង្គបង្កើតឆ្អឹង និងសរសៃឲ្យទូលបង្គំ។ 12 ព្រះអង្គប្រទានជីវិត និងសម្តែងព្រះហឫទ័យ មេត្តាករុណាចំពោះទូលបង្គំ ព្រះអង្គថែរក្សាដង្ហើមជីវិតរបស់ទូលបង្គំ។ 13 ប៉ុន្តែ ទូលបង្គំដឹងច្បាស់នូវអ្វីៗ ដែលព្រះអង្គលាក់ទុកនៅក្នុងព្រះហឫទ័យ។ 14 បើទូលបង្គំប្រព្រឹត្តអំពើបាប ព្រះនឹងចំណាំទុក ហើយព្រះអង្គមិនព្រមលើកលែងទោស ឲ្យទូលបង្គំទាល់ទេ។ 15 ប្រសិនបើទូលបង្គំមនុស្សអាក្រក់ នោះទូលបង្គំពិតជាវេទនាមិនខាន ប្រសិនបើទូលបង្គំសុចរិត នោះក៏ទូលបង្គំមិនហ៊ានងើបមុខឡើងដែរ ទូលបង្គំត្រូវអាម៉ាស់ ហើយលិចលង់ទៅក្នុងទុក្ខវេទនា។ 16 ប្រសិនបើទូលបង្គំហ៊ានងើបមុខ ព្រះអង្គនឹងដេញតាមទូលបង្គំដូចសត្វសិង្ហ ព្រះអង្គនឹងសម្តែងការអស្ចារ្យមកលើទូលបង្គំ។ 17 ព្រះអង្គមានមូលហេតុថ្មីៗ មកចោទប្រកាន់ទូលបង្គំ ព្រះអង្គទ្រង់ព្រះពិរោធនឹងទូលបង្គំ ព្រះអង្គនឹងវាយទូលបង្គំជាពលទេវតារបស់ព្រះអង្គ។ 18 ព្រះអង្គឲ្យទូលបង្គំចេញពីផ្ទៃម្ដាយមកធ្វើអ្វី? បើទូលបង្គំស្លាប់តាំងពីក្នុងផ្ទៃ នោះគ្មាននរណាបានឃើញទូលបង្គំទេ។ 19 បើគេយកទូលបង្គំចេញពីផ្ទៃម្ដាយទៅកប់ក្នុងផ្នូរ នោះទូលបង្គំមិនដែលមានជីវិតទាល់តែសោះ។ 20 តើអាយុជីវិតរបស់ទូលបង្គំពិតជាខ្លីមែនឬ? សូមឈប់ទៅ នឹងសូមទុកឲ្យទូលបង្គំនៅម្នាក់ឯង ដើម្បីឲ្យទូលបង្គំមានពេលសម្រាកបន្តិច 21 មុននឹងទូលបង្គំធ្វើដំណើរទៅស្ថានងងឹត ដែលស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់ ឥតវិលត្រឡប់វិញឡើយ។ 22 កន្លែងងឹតជាងកណ្តាលយប់ ជាកន្លែងស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់ ជាកន្លែងដែលគ្មានរបៀបរៀបរយ ហើយសូម្បីតែពន្លឺនៅទីនោះក៏ងងឹតដែរ»។
1 លោកសូផារ ជាជនជាតិណាអាម៉ា ឆ្លើយឡើងថា៖ 2 «តើយើងគួរនៅស្ងៀម មិនតបនឹងពាក្យជាចំលើយឬ? តើសម្ដីរបស់អ្នកពូកែវោហារ អាចនឹងជឿបានទេ? ពាក្យព្រោកប្រាជ្ញរបស់លោក អាចធ្វើឲ្យមនុស្សម្នានៅស្ងៀមឬ? 3 ពេលលោកមើលងាយការបង្រៀនរបស់យើង តើមិនធ្វើឲ្យលោកអាម៉ាស់មុខទេឬអី? 4 ដ្បិតលោកបានទូលទៅព្រះជាម្ចាស់ថា សេចក្តីជំនឿទូលបង្គំគឺបរិសុទ្ធ ក៏គ្មានកំហុសនៅចំពោះព្រះជាម្ចាស់ដែរ។ 5 ប៉ុន្តែព្រះជាម្ចាស់បានមានបន្ទូល ដើម្បីទាស់ជាមួយនឹងទូលបង្គំ សូមព្រះអង្គថ្លែងប្រាប់លោកពីអាថ៌កំបាំង នៃព្រះប្រាជ្ញាញាណរបស់ព្រះអង្គ ដ្បិតព្រះអង្គពេញដោយប្រាជ្ញាដ៏អស្ចារ្យ។ 6 លោកនឹងដឹងថា ព្រះជាម្ចាស់ចង់បានអ្នក ច្រើនជាងអ្នកចង់បានខ្លួនឯងទៀត។ 7 តើលោកអាចស្វែងយល់ជម្រៅព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ? តើលោកជ្រាបពីឫទ្ធានុភាពឥតខ្ចោះទេ? 8 បញ្ហានោះគឺធំ ហើយខ្ពស់ជាងផ្ទៃមេឃ តើខ្ញុំអាចធ្វើអ្វីបាន? គឺវាជ្រៅជាងស្ថានឃុំព្រលឹងមនុស្សស្លាប់ទៀត តើខ្ញុំអាចដឹងអ្វី? 9 វាវែងជាងផែនដីទៅទៀត ហើយក៏ធំជាងសមុទ្រផង។ 10 បើព្រះអង្គយាងកាត់ទៅ ហើយកោះឃុំអ្នកណា ព្រមទាំងហៅប្រជុំជំនុំជម្រះ តើអ្នកណាអាចនឹងឃាត់ព្រះអង្គបាន? 11 ដ្បិតព្រះអង្គស្គាល់មនុស្សកំភូត ព្រះអង្គក៏ឃើញអំពើទុច្ចរិត តើព្រះអង្គមិនចាំពីរឿងនេះទេឬ? 12 ប៉ុន្តែមនុស្សល្ងីល្ងើនឹងមិនមានយោបល់សោះ លុះត្រាតែសត្វលាព្រៃកើតមកជាមនុស្ស។ 13 ប៉ុន្តែលោកគួរ តាំងចិត្តត្រឹមត្រូវឡើង ហើយលើកដៃរបស់លោកទៅរកព្រះជាម្ចាស់ 14 ព្រមទាំងបោះបង់សេចក្ដីអាក្រក់ ដែលនៅដៃរបស់លោកចេញ ប៉ុន្តែក្រោយមកលោកមិនដាក់ឲ្យមានអំពើទុច្ចរិតណា នៅក្នុងទីលំនៅរបស់លោកនោះឡើយ។ 15 ប្រាកដជាលោកនឹងងើបមុខឡើង ឥតមានប្រឡាក់ភាពអាម៉ាស់ទេ លោកនឹងបានមាំមួនឥតភ័យខ្លាចអ្វីឡើយ។ 16 ដ្បិតអ្នកនឹងភ្លេចសេចក្ដីវេទនារបស់អ្នកទៅ លោកនឹងនឹកចាំពីសេចក្ដីនោះ ដូចជាចាំពីទឹកដែលហូរបាត់ហើយ។ 17 ជីវិតរបស់លោកនឹងបានភ្លឺថ្លាជាងពេលថ្ងៃត្រង់ ប្រសិនបើមានសេចក្ដីងងឹត នោះនឹងបានដូចជាពេលព្រឹកវិញ។ 18 លោកនឹងមិនបារម្ភអ្វីសោះឡើយ ព្រោះលោកមានសង្ឃឹម។លោកលែងអាម៉ាស់ ហើយលោកនឹងសម្រាន្ដយ៉ាងសុខស្រួល។ 19 ពេលលោកសម្រាក គ្មាននរណាមករំខានលោកឡើយមនុស្សជាច្រើននឹងកោតសរសើរលោក។ 20 ប៉ុន្តែ ភ្នែករបស់ពួកមនុស្សអាក្រក់វិញ នឹងត្រូវងងឹតទៅ គេនឹងរកទីពឹងគ្មាន ហើយសេចក្ដីសង្ឃឹមរបស់គេ នឹងបានជាសេចក្ដីស្លាប់នោះ»។
1 ពេលនោះ លោកយ៉ូបឆ្លើយឡើងថា៖ 2 «គ្មានផ្លូវសង្ស័យឡើយ មានតែអ្នករាល់គ្នាទេដែលជាមនុស្ស ហើយប្រាជ្ញានឹងស្លាប់ទៅ ជាមួយអ្នករាល់គ្នាដែរ។ 3 ប៉ុន្តែ ខ្ញុំក៏យល់ដូចជាអ្នករាល់គ្នាដែរ ខ្ញុំមិនអន់ជាងអ្នករាល់គ្នាទេ។ តើនរណាមិនស្គាល់សេចក្ដីនេះទៅ? 4 ខ្ញុំជាទីសើចចំអកដល់មិត្តសម្លាញ់ខ្ញុំ ជាអ្នកដែលបានអំពាវនាវដល់ព្រះជាម្ចាស់ ហើយព្រះអង្គក៏ឆ្លើយតប គឺជាមនុស្សសុចរិតត្រឹមត្រូវ ដែលត្រូវគេសើចចំអកឲ្យ។ 5 ក្នុងគំនិតរបស់អ្នកដែលមានសេចក្ដីសុខ តែងមើលងាយចំពោះអ្នកវេទនា សេចក្ដីនោះប្រុងប្រៀបសម្រាប់អ្នកណា ដែលភ្លាត់ជើង។ 6 ទីលំនៅរបស់ពួកចោរចេះតែចម្រើន ហើយពួកអ្នកដែលធ្វើឲ្យព្រះ ថ្នាំងថ្នាក់ព្រះហឫទ័យ ក៏តែងមានសេចក្ដីសុខ គឺជាពួកអ្នកដែលទទួលតែអំណាច របស់ខ្លួនទុកជាព្រះជាម្ចាស់។ 7 ប៉ុន្តែ សួរសត្វតិរច្ឆានឥឡូវចុះ វានឹងបង្រៀនអ្នក ហើយសត្វស្លាប ដែលហើរលើអាកាស វានឹងប្រាប់ឲ្យអ្នកដឹង។ 8 ឬសួរទៅរុក្ខជាតិនៅលើផែនដីចុះ វានឹងបង្រៀនអ្នកដែរ ហើយសួរត្រីនៅសមុទ្រនឹងប្រកាសប្រាប់អ្នក។ 9 ក្នុងពួកសព្វទាំងនោះ តើមានមួយណាដែលមិនដឹងថា ព្រះហស្ថនៃព្រះអម្ចាស់បានបង្កើតទាំងអស់? 10 ដែលជីវិតនៃសត្វទាំងឡាយ សុទ្ធតែនៅក្នុងព្រះហស្ថរបស់ព្រះអង្គ ព្រមទាំងខ្យល់ដង្ហើមរបស់មនុស្សផង។ 11 ត្រចៀក តើមិនស្តាប់យល់ពាក្យសម្ដី ដូចជាមាត់ភ្លក់ឲ្យដឹងរសអាហារដែរទេឬ? 12 មនុស្សចាស់ៗតែងមានប្រាជ្ញា ហើយមនុស្សមានអាយុយឺនយូ ទើបមានយោបល់។ 13 នៅជាមួយព្រះជាម្ចាស់ មានទាំងប្រាជ្ញា និងឥទ្ធិឫទ្ធិផង ព្រះអង្គក៏មានព្រះតម្រិះ និងការយល់ដឹង។ 14 មើល! ព្រះអង្គរំលំ ហើយគេនឹងសង់ឡើងវិញមិនបាន ប្រសិនបើព្រះអង្គឃុំអ្នកណាទុកហើយ គ្មានអ្នកណាអាចនឹងដោះបានឡើយ។ 15 មើល! ប្រសិនបើព្រះអង្គទប់ទឹក នោះទាំងអស់ក៏រីងស្ងួតទៅ ប្រសិនបើព្រះអង្គបើក នោះក៏លិចលង់ផែនដីអស់។ 16 ក្នុងព្រះអង្គមានកម្លាំងឫទ្ធិ និងប្រាជ្ញា មនុស្សដែលគេឆបោក និងមនុស្សឆបោកគេ សុទ្ធតែនៅក្រោមអំណាចរបស់ព្រះអង្គ។ 17 ព្រះអង្គដឹកនាំពួកអ្នកជួយគំនិតទៅខ្លួនទទេ ហើយប្រគល់ពួកចៅក្រមទៅក្នុងសេចក្ដីល្ងីល្ងើ។ 18 ព្រះអង្គរំលាយអំណាចនៃពួកស្តេច ហើយចងខ្សែភ្ជាប់នៅចង្កេះផង។ 19 ព្រះអង្គដឹកនាំពួកសង្ឃទៅតែខ្លួនទទេ ហើយទម្លាក់ងារពួកមានអំណាចចុះ។ 20 ព្រះអង្គដកពាក្យសម្ដីពីពួកអ្នក ដែលគួរទុកចិត្តបាន ហើយក៏ដកយកយោបល់ពីពួកចាស់ទុំចេញ។ 21 ព្រះអង្គចាក់សេចក្ដីមើលងាយទៅលើពួកដែលមានទ្រព្យ ក៏បន្ធូរខ្សែក្រវាត់នៃពួកខ្លាំងពូកែ។ 22 ព្រះអង្គបើកអស់ទាំងសេចក្ដីជ្រៅជ្រះ ចេញពីងងឹតមក ក៏នាំយកសេចក្ដីស្លាប់ចេញមក ដាក់នៅពន្លឺដែរ។ 23 ព្រះអង្គចម្រើនជនជាតិទាំងប៉ុន្មាន ហើយក៏បំផ្លាញគេវិញ ព្រះអង្គពង្រីកឲ្យគេធំឡើង រួចក៏ដឹកនាំគេទៅជាឈ្លើយ។ 24 ព្រះអង្គដកប្រាជ្ញាចេញពីពួកអ្នកដឹកនាំ នៃប្រជាជាតិនានានៅលើផែនដីដែរ ហើយព្រះអង្គបណ្ដាលឲ្យគេដើរសាត់ព្រាត់ នៅទីរហោស្ថានដែលឥតមានផ្លូវសោះ។ 25 ពួកគេដើរក្នុងទីងងឹតឥតមានពន្លឺសោះ ព្រះអង្គក៏ធ្វើឲ្យគេដើរទ្រេតទ្រោត ដូចជាមនុស្សស្រវឹង។
1 មើល! ភ្នែកខ្ញុំបានឃើញការទាំងនេះ ហើយត្រចៀកខ្ញុំក៏បានឮ ក៏បានយល់ដែរ។ 2 អ្វីៗដែលអ្នករាល់គ្នាដឹង ខ្ញុំក៏ដឹងដែរ ខ្ញុំមិនអន់ជាងអ្នករាល់គ្នាទេ។ 3 ទោះជាយ៉ាងណាក៏ដោយ ខ្ញុំចង់ទូលដល់ព្រះអង្គ ដ៏មានគ្រប់ព្រះចេស្តាថា ខ្ញុំមានហេតុផងជាមួយព្រះអង្គ។ 4 អ្នករាល់គ្នាសុទ្ធតែជាអ្នក បង្កើតសេចក្ដីពិតកុហក អ្នករាល់គ្នាជាគ្រូពេទ្យឥតប្រយោជន៍ទាំងអស់។ 5 ឱបើអ្នករាល់គ្នានឹងនៅស្ងៀមវិញទៅ នោះនឹងសម្ដែងថា អ្នករាល់គ្នាមានប្រាជ្ញាមែន។ 6 ដូច្នេះ ចូរស្តាប់ហេតុផលរបស់ខ្ញុំ ហើយផ្ទៀងត្រចៀកស្តាប់សេចក្ដីអង្វរ របស់បបូរមាត់ខ្ញុំសិន។ 7 តើអ្នករាល់គ្នានឹងនិយាយសេចក្ដីទុច្ចរិត ដោយយល់ដល់ព្រះ ព្រមទាំងសេចក្ដីកំភូតផងឬ? 8 តើលោកពិតជាបានបង្ហាញក្តីសបុរស្បុរសព្រះអង្គ? ហើយតាំងខ្លួនជាអ្នកកាន់ក្តីជំនួសព្រះអង្គឬ? 9 អ្នករាល់គ្នាសុខចិត្តឲ្យព្រះអង្គ ស្ទង់ចិត្តរបស់អ្នកឬទេ? តើអ្នករាល់គ្នាគិតបញ្ឆោតព្រះអង្គ ដូចជាបញ្ឆោតមនុស្សដែរ? 10 ព្រះអង្គនឹងទូទាត់ជាមួយនិងអ្នក ប្រសិនបើអ្នកធ្វើការហើយបង្ហាញថាអ្នកសម្លៀងពិត។ 11 តើមិនមែនតេជានុភាពរបស់ព្រះអង្គ ដែលបានធ្វើឲ្យ លោកស្ញែងខ្លាចទេឬអី? 12 តើមិនមែនភាពភ័យខ្លាច បានធ្លាក់លើលោកទេឬ? ការចងចាំរបស់អ្នកបានប្រាប់ថា ពាក្យសុភាសិតគ្រាន់តែជាសម្លេង និងរបងការពារក៏ធ្វើអំពីដីឥដ្ឋដែរ។ 13 សូមអស់លោកបានសុខសាន្ត និងសុមឲ្យខ្ញុំនៅម្នាក់ឯង រួចឲ្យខ្ញុំនិយាយផង សូមឲ្យផលវិបាកទាំងនោះកើតចំពោះខ្ញុំចុះ។ 14 ខ្ញុំនឹងយកសាច់ឈាម ព្រមទាំងធ្មេញរបស់ខ្ញុំផង ហើយខ្ញុំនឹងទទូលខុសត្រូវជីវិតរបស់ខ្ញុំដោយដៃខ្ញុំដែរ។ 15 មើល! បើព្រះអង្គសម្លាប់ខ្ញុំ នោះខ្ញុំលែងមានសង្ឃឹមទៀតទេ ប៉ុន្តែ ខ្ញុំនឹងការពារផ្លួវរបស់ខ្ញុំនៅចំពោះព្រះអង្គ។ 16 នេះគឺជាមូលហេតុដែលខ្ញុំអាចរួចជីវិត ដែលខ្ញុំមិនបាននៅចំពោះព្រះជាម្ចាស់ដូចជាមនុស្សទមិឡ។ 17 ព្រះជាម្ចាស់ស្តាប់ដោយព្រះទ័យទុកដាក់ សម្រាប់ពាក្យរបស់ទូលបង្គំ សូមឲ្យពាក្យដែលទូលបង្គំបានឮដល់ព្រះកាណ៌របស់ព្រះអង្គផង។ 18 មើល ឥឡូវនេះ! ទូលបង្គំបានរៀបសេចក្តីការពារជាលំដាប់ ទូលបង្គំដឹងហើយថាទូលបង្គំគ្មានកំហុសទេ។ 19 តើមានអ្នកណានឹងហ៊ានទាស់នឹងទូលបង្គំនៅមុខចៅក្រមទៅ? ប្រសិនបើមានមែន ហើយអាចរកឃើញថាទូលបង្គំខុស នោះទូលបង្គំនឹងនៅស្ងៀម ហើយព្រមប្រគល់ជីវិតរបស់ទូលបង្គំផង។ 20 ព្រះជាម្ចាស់បានធ្វើការពីរសម្រាប់ទូលបង្គំ ហើយទូលបង្គំនឹងបិតបាំងខ្លួនទូលបង្គំពីចំពោះព្រះអង្គឡើយៈ 21 សូមដកព្រះហស្ថនៃទុក្ខវេទនាចេញពីទូលបង្គំ ហើយសូមកុំឲ្យអំណាចព្រះអង្គធ្វើឲ្យទូលបង្គំភ័យខ្លាចដែរ។ 22 សូមមានបន្ទូលមកទូលបង្គំ ហើយទូលបង្គំនឹងឆ្លើយ ឬសូមឲ្យទូលបង្គំពោលទៅកាន់ព្រះអង្គ ហើយសូមឲ្យព្រះអង្គឆ្លើយនឹងទូលបង្គំផង។ 23 តើអំពើទុច្ចរិត និងអំពើបាប របស់ទូលបង្គំមានប៉ុន្មាន? សូមព្រះអង្គឲ្យទូលបង្គំ បានស្គាល់អស់ទាំងអំពើរំលង និងអំពើបាបរបស់ទូលបង្គំផង។ 24 ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្ត្រ ហើយទុកទូលបង្គំដូចជាសត្រូវរបស់ ព្រះអង្គដូច្នេះ? 25 ហេតុអ្វីព្រះអង្គវាយស្លឹកឈើដែលត្រូវខ្យល់ផាត់? ហើយដេញតាមចំបើងក្រៀមបែបនេះ? 26 ដ្បិតព្រះអង្គបានកត់ទុក សេចក្ដីជូរល្វីងទាស់នឹងទូលបង្គំ ហើយឲ្យទូលបង្គំទទួលមរតក នៃបាបដែលបានប្រព្រឹត្តកាលពីក្មេង។ 27 ព្រះអង្គដាក់ជើងទូលបង្គំជាប់នៅខ្នោះ ក៏ចំណាំមើលអស់ទាំងផ្លូវច្រកនៃទូលបង្គំ ហើយព្រះអង្គគូសព្រំដែន មិនឲ្យដានជើងទូលបង្គំរំលងឡើយ។ 28 ទូលបង្គំប្រៀបដូចជាឈើដែលខ្មូតស៊ីសុស ហើយដូចជាអាវ ដែលកន្លាត បានកាត់សុីអស់។
1 មនុស្សដែលកើតពីស្រី្តមក សុទ្ធតែមានអាយុខ្លី ហើយក៏មានសេចក្ដីទុក្ខលំបាក។ 2 មនុស្សចេញមកដូចជាផ្កា រួចត្រូវកាត់ដាច់ទៅ គេរួញថយបាត់ទៅ ដូចជាស្រមោល ឥតនៅស្ថិតស្ថេរដែរ។ 3 តើព្រះអង្គបានទតឃើញការទាំងនេះទេ? តើព្រះអង្គនឹងនាំទូលទូលបង្គំចូលទៅក្នុងទីជំនុំជម្រះរបស់ព្រះអង្គឬអី? 4 តើអ្នកណាអាចនឹងដកយករបស់ស្អាត ចេញពីរបស់ស្មោកគ្រោកបាន? គ្មានអ្នកណាធ្វើទេ។ 5 ថ្ងៃអាយុរបស់មនុស្សនោះបានកំណត់ស្រេច។ ហើយចំនួនខែនៃជីវិតរបស់គេ គឺនៅជាមួយនឹងព្រះអង្គហើយ ព្រះអង្គបានដាក់ព្រំខណ្ខ មិនឲ្យគេឆ្លងផុតឡើយ។ 6 សូមបែរព្រះភក្ត្រចេញពីគេទៅ ដើម្បីឲ្យគេបានសម្រាក ហើយគេនឹងរីករាយជាមួយថ្ងៃរបស់ខ្លួន ដូចជាកូនឈ្នួលផង។ 7 នឹងមានសង្ឃឹមដល់ដើមឈើ ប្រសិនបើវាត្រូវរលំចុះមក ហើយវានឹងអាចពន្លកមកវិញ គឺវាមិនខ្វះពន្លកចេញពីគល់ទេ។ 8 ហើយទោះបើឫសបានទៅជាចាស់នៅក្នុងដី ហើយគល់របស់វាក៏ងាប់នៅក្នុងដីដែរ 9 ប៉ុន្តែទោះបី មានទឹកក្លិនស្អុយក៏ដោយ វានៅតែបែកមែកដូចជាដើមថ្មីវិញ។ 10 ប៉ុន្តែមនុស្សស្លាប់វិញ គឺត្រឡប់ទៅជាខ្សោយ ហើយនិងឈប់ដកដង្ហើម ក្រោយពីនេះតើមនុស្សនឹងទៅទីណា? 11 ដូចជាទឹកបឹងដែលស្រកចុះ ហើយទឹកទន្លេក៏ហូរទៅ ហើយរីងស្ងួតដែរ 12 ដូច្នេះមនុស្សក៏ដេក ហើយមិនក្រោកឡើងយ៉ាងនោះដែរ។ រហូតដល់ផ្ទៃមេឃសូន្យបាត់ទៅ ពួកគេនឹងមិនភ្ញាក់ឡើងពីការដេកលក់របស់ពួកគេឡើយវិញ។ 13 ព្រះអង្គបានលាក់ទូលបង្គំ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ពីទុក្ខលំបាកផ្សេងៗ ហើយរក្សាទូលបង្គំនៅកន្លែងសម្ងាត់ រហូតដល់សេចក្ដីក្រោធរបស់ព្រះអង្គកន្លងបាត់ទៅ ហើយតម្រូវឲ្យមានពេលកំណត់ដល់ទូលបង្គំ ហើយនឹកចាំពីទូលបង្គំផង! 14 បើមនុស្សស្លាប់ទៅ តើនឹងមានជីវិត រស់ឡើងវិញម្ដងទៀតទេ? បើមាន ទូលបង្គំនឹងរង់ចាំអស់រវាង សង្គ្រាមវេទនារបស់ទូលបង្គំ ដរាបដល់កំណត់ដែលទូលបង្គំបានមកដល់។ 15 ព្រះអង្គនឹងហៅ ហើយទូលបង្គំនឹងតបឆ្លើយ។ ព្រះអង្គនឹងមានបំណងព្រះហឫទ័យ ដល់ស្នាដៃដែលព្រះអង្គបានធ្វើ។ 16 ដ្បិតយ៉ាងនោះ ព្រះអង្គនឹងមិនរាប់ អស់ទាំងជំហានរបស់ទូលបង្គំទេ ហើយក៏មិនពិនិត្យមើលអស់ទាំងអំពើបាប របស់ទូលបង្គំដែរ។ 17 អំពើរំលងរបស់ទូលបង្គំបានខ្ចប់បិទត្រាទុក ហើយព្រះអង្គបិទភ្ជាប់អំពើអាក្រក់ របស់ទូលបង្គំផង។ 18 ប៉ុន្តែ ទោះភ្នំដែលរលុះបាក់ចុះ នោះត្រូវខ្ទេចខ្ទីអស់ ហើយថ្មត្រូវខ្ចាត់ចេញពីកន្លែងទៅដែរ 19 ទឹកក៏ហូរបន្សឹកថ្ម ហើយជំនន់ក៏ហូរចម្រោះផែនដីដែរ។ គឺយ៉ាងនោះដែលព្រះអង្គបំផ្លាញ សេចក្ដីសង្ឃឹមរបស់មនុស្សផងដែរ។ 20 ព្រះអង្គវាយផ្តួលពួកគេជានិច្ច ហើយគេស្លាប់ទៅដែរ ព្រះអង្គបានផ្តូរមុខមាត់របស់ពួកគេ ហើយកម្ចាត់គេឲ្យស្លាប់ទៅ។ 21 ប្រសិនបើកូនចៅរបស់គេមានស្មោះត្រង់ ហើយមិនដឹងពីការនេះ និងត្រូវបន្ទាបខ្លួនចុះ នោះពួកគេនឹងបានឃើញវាទេ។ 22 គេដឹងតែឈឺចាប់លើខ្លួនគេ ហើយមានសេចក្ដីទុក្ខព្រួយតែក្នុងចិត្តខ្លួនឯងដែរ។
1 អេលីផាស ជនជាតិថេម៉ាន ឆ្លើយថា៖ 2 «តើគួរឲ្យអ្នកប្រាជ្ញឆ្លើយ ដោយសេចក្ដីចេះដឹងបែបឥតប្រយោជន៍ ឬបំពេញចិត្តដោយខ្យល់ពីខាងកើតឬ? 3 តើគួរនឹងជជែកដោយសម្ដីឥតតម្លៃ ឬដោយពាក្យអធិប្បាយ ដែលបង្កើតសេចក្ដីល្អមិនបានឬ? 4 អ្នកបំផ្លាញសេចក្ដីកោតខ្លាចដល់ព្រះជាម្ចាស់ ហើយនិងការសញ្ជឹងគិតដល់ព្រះអង្គផង 5 ដ្បិតសេចក្ដីអាក្រក់របស់អ្នកបង្រៀន ឲ្យមាត់អ្នកនិយាយចេញមក ហើយអ្នកប្រើពាក្យសម្ដី របស់មនុស្សអាក្រក់។ 6 គឺមាត់របស់អ្នកដាក់ទោសដល់ខ្លួនឯង មិនមែនជាខ្ញុំទេ បបូរមាត់របស់អ្នក ធ្វើបន្ទាល់ទាស់នឹងខ្លួនអ្នកដែរ។ 7 តើអ្នកជាមនុស្សដំបូងដែលកើតមកឬ? តើអ្នកបានលេចមកមុនអស់ទាំងភ្នំដែរឬ? 8 តើអ្នកបានឮសេចក្ដីប្រឹក្សាដ៏កំបាំងរបស់ព្រះជាម្ចាស់ឬ? តើអ្នកស្មានថា មានតែខ្លួនអ្នកមួយទេ ដែលមានប្រាជ្ញា? 9 តើអ្នកចេះអ្វីដែលពួកយើងមិនចេះ? តើអ្នកយល់អ្វីដែលពួកយើងមិនបានយល់នោះ? 10 ចំណែក យើងមានទាំងមនុស្សក្បាលសក់ស្កូវ និងមនុស្សអាយុច្រើនដែលចាស់ជាងឪពុករបស់អ្នកទៅទៀត។ 11 តើអ្នកបានចាត់ទុកការលួងចិត្តរបស់ព្រះជាម្ចាស់ថាតូចតាចពេក ឬជាពាក្យផ្អែមទនភ្លន់សម្រាប់អ្នកឬ? 12 ហេតុអ្វីបានជាចិត្តរបស់អ្នក នាំយកអ្នកទៅអញ្ចឹង? ហើយមិចភ្នែកដូច្នេះ 13 ហេតុអ្វីបានជាអ្នកបំបែរចិត្តទៅទាស់នឹងព្រះជាម្ចាស់ ហើយបញ្ចេញពាក្យយ៉ាងនេះ ពីមាត់របស់អ្នកមក? 14 តើមនុស្សជាអ្វីដែលអាចបានបរិសុទ្ធ? តើមនុស្សកើតមកពីមនុស្សស្រី អាចសុចរិតម្ដេចបាន? 15 មើល! ព្រះជាម្ចាស់មិនទុកចិត្ត នឹងពួកបរិសុទ្ធរបស់ព្រះអង្គ ហើយផ្ទៃមេឃក៏មិនបរិសុទ្ធ 16 នៅព្រះនេត្ររបស់ព្រះអង្គដែរ ចំណង់បើម្នាក់ដែលគួរតែខ្ពើម ហើយស្មោកគ្រោក ជាអ្នកដែលផឹកសេចក្ដីអាក្រក់ដូចជាទឹក! 17 ខ្ញុំនឹងបង្ហាញឲ្យអ្នកដឹង ចូរស្តាប់ចុះ ខ្ញុំនឹងថ្លែងប្រាប់ពីសេចក្ដី ដែលខ្ញុំបានឃើញហើយ 18 គឺជាសេចក្ដីដែលពួកអ្នកប្រាជ្ញបានពោលតមក តាំងតែពីបុព្វបុរសគេ ឥតលាក់ទុកឡើយ 19 ជាពួកតែមួយដែលបានគ្រប់គ្រងទឹកដី ឥតមានជនជាតិដទៃណា ចូលមកក្នុងពួកគេឡើយ។ 20 គឺថា មនុស្សអាក្រក់រមែងរងទុក្ខ ដោយឈឺចាប់គ្រប់មួយជីវិតរបស់គេ ឯអស់ចំនួនឆ្នាំគេបានលាក់ទុក សម្រាប់មនុស្សគំហកកំហែង។ 21 មានសូរគួរស្ញែងខ្លាចឮដល់ត្រចៀកគេ ក្នុងពេលដែលកំពុងតែចម្រើន នោះមេបំផ្លាញនឹងមកលើគេ។ 22 គេគ្មានសង្ឃឹមនឹងត្រឡប់ពីទីងងឹតមកវិញទេ ហើយដាវនៅរង់ចាំគេដែរ។ 23 គេដើរចេញទៅទីនេះផង ដើម្បីរកអាហារបរិភោគទាំងនិយាយថា «តើនៅឯណា?» គេដឹងប្រាកដថា វេលាលំបាកជិតមកដល់គេហើយ។ 24 ទុក្ខលំបាក និងសេចក្ដីចង្អៀតចិត្តមកបំភ័យពួកគេ ហើយយកឈ្នះគេ ដូចជាស្តេចដែលត្រៀមជាស្រេចសម្រាប់ច្បាំង។ 25 ពីព្រោះពួកគេបានលូកដៃទៅទាស់នឹងព្រះជាម្ចាស់ ហើយក៏ប្រព្រឹត្តដោយឆ្មើងឆ្មៃ នៅចំពោះព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្តាដែរ 26 ពួកមនុស្សអាក្រក់បានរត់ទៅទាស់នឹងព្រះអង្គ ហើយមានខែលបាំងយ៉ាងក្រាស់។ 27 ជាការពិតណាស់ ទោះបីមុខរបស់ពួកគេបាំងទៅដោយសាច់ធាត់ពេញ ហើយបានឡើងសាច់ចង្កេះផង 28 ពួកគេអាស្រ័យនៅក្នុងទីក្រុងស្ងាត់ឈឹង ក្នុងផ្ទះឥតមានមនុស្សនៅ ដែលហៀបនឹងរលំហើយ។ 29 គេនឹងមិនអាចទៅជាអ្នកមានទេ ហើយទ្រព្យសម្បត្តិគេក៏មិនគង់នៅដែរ នឹងមិនចម្រុងចម្រើននៅលើផែនដីដែរ។ 30 គេនឹងមិនអាចចេញពីទីងងឹតនោះបានទេ អណ្ដាតភ្លើងនឹងធ្វើឲ្យដើមស្វិតក្រៀម ដោយសារខ្យល់នៃព្រះជាម្ចាស់គេនឹងផាត់ទៅបាត់ដែរ។ 31 កុំឲ្យគេបញ្ឆោតខ្លួន ដោយទុកចិត្តនឹងការឥតប្រយោជន៍ឡើយ ដ្បិតសេចក្ដីនោះ គឺជារង្វាន់ដល់ពួកគេវិញ។ 32 ការនោះនឹងបានសម្រេច មុនពេលស្លាប់របស់ពួកគេ ហើយមែករបស់គេនឹងមិនខៀវស្រស់ទៀតទេ។ 33 គេនឹងរលាស់ជម្រុះផ្លែខ្ចីរបស់ខ្លួនអស់ទៅ ដូចជាដើមទំពាំងបាយជូរ ហើយនឹងឲ្យផ្កាខ្លួនជ្រុះចុះ ដូចជាដើមអូលីវដែរ។ 34 ដ្បិតពួកមនុស្សទមិឡល្មើស នឹងមិនអាចកើតផលបានោះទេ ហើយភ្លើងនឹងឆេះបន្សុសទីលំនៅរបស់ពួកគេដែរ។ 35 ពួកគេមានគភ៌បង្កើតជាសេចក្ដីអាក្រក់ ហើយក៏សម្រាលចេញមកជាអំពើទុច្ចរិត និងការបោកប្រាស់»។
1 នោះលោកយ៉ូបឆ្លើយឡើងថា៖ 2 «ខ្ញុំបានឮសេចក្ដីយ៉ាងនោះជាច្រើនហើយ អ្នករាល់គ្នាសុទ្ធតែជាអ្នកកម្សាន្តចិត្ត ដែលនាំឲ្យល្វើយវិញ។ 3 តើពេលណាពាក្យឥតប្រយោជន៍ទាំងនេះត្រឹមចប់? តើមានអ្វីសុខជាមួយអ្នករាល់គ្នា បានធ្វើឲ្យអ្នកឆ្លើយមកដូច្នេះ? 4 ខ្ញុំក៏អាចនិយាយដូចជាអ្នករាល់គ្នាបានដែរ ប្រសិនបើអ្នករាល់គ្នា ជួបនឹងស្ថានការដូចខ្ញុំ នោះខ្ញុំនឹងរកពាក្យមកទាស់នឹងអ្នករាល់គ្នា ព្រមទាំងគ្រវីក្បាលដាក់អ្នករាល់គ្នាដែរ។ 5 ប៉ុន្តែ ខ្ញុំនឹងបញ្ចេញពាក្យលើកទឹកចិត្ត ដល់អ្នករាល់គ្នាវិញ ហើយបបូរមាត់ខ្ញុំនឹងរកបន្ធូរទុក្ខ របស់អ្នករាល់គ្នា! 6 តែឥឡូវនេះ ទោះបើខ្ញុំនិយាយ ក៏សេចក្ដីទុក្ខព្រួយរបស់ខ្ញុំមិនថយចេញពីខ្ញុំដែរ ហើយបើនៅស្ងៀម តើវានឹងជួយអ្វីដល់ខ្ញុំ? 7 ប៉ុន្តែពេលនេះ ព្រះជាម្ចាស់បានធ្វើឲ្យខ្ញុំល្វើយទៅ ព្រះអង្គបានធ្វើឲ្យក្រុមគ្រួសាររបស់ខ្ញុំ វិនាសអស់ហើយ។ 8 ព្រះអង្គបានធ្វើឲ្យខ្ញុំនៅសល់តែស្បែក នឹងឆ្អឹង ដែលជាទីបន្ទាល់មួយទាស់នឹងខ្ញុំ ហើយអាការៈស្គមស្គាំងរបស់ខ្ញុំ ក៏ទាស់នឹងខ្ញុំដែរ គឺវាក្រោកឡើងធ្វើបន្ទាល់នៅមុខខ្ញុំ។ 9 ព្រះជាម្ចាស់បានហែកហួរខ្ញុំ ដោយសេចក្ដីក្រោធ របស់ព្រះអង្គ ព្រមទាំងស្អប់ខ្ញុំផង ព្រះអង្គសង្កៀតធ្មេញដាក់ខ្ញុំ ខ្មាំងសត្រូវរបស់ខ្ញុំ បានសំលៀងភ្នែកទាស់នឹងខ្ញុំ។ 10 ពួកគេបានហាមាត់គំរាមខ្ញុំ គេបានទះកំផ្លៀងនៅលើមុខរបស់ខ្ញុំ ហើយប្រមូលគ្នាដើម្បីនឹងទាស់ជាមួយខ្ញុំ។ 11 ព្រះជាម្ចាស់បានប្រគល់ខ្ញុំទៅមនុស្សទមិឡល្មើស ហើយបានបោះបង់ចោលខ្ញុំ ទៅក្នុងកណ្ដាប់ដៃនៃពួកអាក្រក់។ 12 ពីដើមខ្ញុំមានសេចក្ដីសុខ តែព្រះអង្គបានបំបាក់បំបែកខ្ញុំ។ ព្រះអង្គបានចាប់កញ្ចឹងកខ្ញុំ ទាំងបោកខ្ញុំកម្ទេចផង ព្រះអង្គបានបញ្ឈរខ្ញុំឡើង ទុកជាផ្ទាំងស៊ីបរបស់ព្រះអង្គ។ 13 ពួកពលធ្នូរបស់ព្រះអង្គឡោមព័ទ្ធខ្ញុំ ព្រះអង្គពុះចិត្តថ្លើមខ្ញុំជាពីរឥតត្រាប្រណីឡើយ ទាំងចាក់ទឹកប្រមាត់ខ្ញុំចុះដល់ដី។ 14 ព្រះអង្គចាក់ទម្លុះខ្ញុំម្ដងហើយម្ដងទៀត ព្រះអង្គក៏រត់ចូលមកលើខ្ញុំ ដូចជាមនុស្សខ្លាំងពូកែខាងសង្គៀម។ 15 ខ្ញុំបានដេរសំពត់ធ្មៃភ្ជាប់លើស្បែកខ្ញុំ ហើយបានដាក់កិតិ្តយសខ្ញុំចុះក្នុងធូលីដី។ 16 ខ្ញុំយំឡើងមុខរបស់ខ្ញុំក្រហម ហើយភ្នែកខ្ញុំត្រូវរូងខ្មៅ។ 17 ទោះបីជា ខ្ញុំគ្មានសេចក្ដីអាក្រក់ នៅក្នុងដៃខ្ញុំ ហើយសេចក្ដីអធិស្ឋានរបស់ខ្ញុំគឺបរិសុទ្ធ។ 18 ផែនដីអើយ កុំគ្របបាំងឈាមខ្ញុំឡើយ ហើយកុំឲ្យសម្រែករបស់ខ្ញុំ ឈប់សម្រាកបានឡើយ។ 19 ឥឡូវនេះ មើលចុះ ទីបន្ទាល់របស់ខ្ញុំនៅលើស្ថានសួគ៌ ហើយសាក្សីរបស់ខ្ញុំនៅលើស្ថានដ៏ខ្ពស់។ 20 ពួកមិត្តរបស់ខ្ញុំ គេឡកឡឺយដាក់ខ្ញុំ ប៉ុន្តែខ្ញុំស្រក់ទឹកភ្នែកនៅចំពោះព្រះជាម្ចាស់។ 21 ខ្ញុំត្រូវការមនុស្សម្នាក់ ធ្វើជាអ្នកកណ្ដាល រវាងមនុស្ស និងព្រះ ដូចជាមនុស្សម្នាក់ ដែលសម្រុះសម្រួល រវាងមិត្តសម្លាញ់របស់ខ្លួន! 22 ដ្បិតនៅមិនយូឆ្នាំទេ ពេលកំណត់នឹងមកដល់ នោះខ្ញុំនឹងទៅតាមផ្លូវ ដែលមិនត្រឡប់មកវិញឡើយ។
1 វិញ្ញាណខ្ញុំខ្ទេចខ្ទាំអស់ហើយ អាយុរបស់ខ្ញុំក៏បញ្ចាប់ដែរ ផ្នូរត្រៀមរួចសម្រាប់ខ្ញុំ។ 2 នៅជុំវិញខ្ញុំមានសុទ្ធតែមនុស្សឡកឡឺយ ហើយភ្នែកខ្ញុំត្រូវមើលសេចក្ដីចាក់រុក របស់គេជានិច្ច។ 3 សូមព្រះអង្គប្រោសមេត្តា ធានាឲ្យទូលបង្គំ ចំពោះព្រះអង្គផង បើពុំនោះ តើមានអ្នកណានឹងចាប់ដៃ យល់ព្រមនឹងទូលបង្គំបាន? 4 ព្រះជាម្ចាស់ ដ្បិតព្រះអង្គបានបង្ខាំងចិត្តគេចេញពីយោបល់ ហេតុនោះ ព្រះអង្គនឹងមិនតម្កើងគេនៅចំពោះទូលបង្គំឡើយ។ 5 គេលួងលោមមិត្តសម្លាញ់ខ្លួន ឲ្យតែបានទ្រព្យសម្បត្តិ ហើយភ្នែករបស់កូនគេកាន់តែងងឹត។ 6 ប៉ុន្តែ ព្រះអង្គបានធ្វើឲ្យខ្ញុំទៅជាសេចក្ដីប្រៀបធៀបដល់មនុស្ស ហើយគេស្តោះដាក់ចំមុខខ្ញុំ។ 7 ភ្នែកខ្ញុំក៏ស្រវាំង ដោយសេចក្ដីទុក្ខព្រួយ ហើយអវយវៈរូបកាយខ្ញុំទាំងអស់ ទុកដូចជាស្រមោលទទេ។ 8 មនុស្សទៀងត្រង់នឹងមានសេចក្ដីអស្ចារ្យ ពីដំណើរនេះហើយមនុស្សផូរផង់ គេនឹងលើកគ្នា ទាស់នឹងមនុស្សទមិឡល្មើស។ 9 ចំណែកអ្នកសុចរិត គេនឹងព្យាយាមក្នុងផ្លូវគេ ហើយអ្នកណាដែលមានដៃស្អាត អ្នកនោះនឹងមានកម្លាំងកាន់តែខ្លាំងឡើង។ 10 ចំណែកអ្នករាល់គ្នា សូមអញ្ជើញមកវិញ តែក្នុងពួកអ្នករាល់គ្នា ខ្ញុំមិនឃើញអ្នកណាមួយ ដែលមានប្រាជ្ញាឡើយ។ 11 អស់ទាំងថ្ងៃអាយុខ្ញុំបានកន្លងហួសទៅ គម្រោងការរបស់ខ្ញុំត្រូវរលាយ គឺអស់ទាំងបំណងរបស់ខ្ញុំបានកាត់ផ្តាច់ហើយ។ 12 ពួកឡកលើយ ធ្វើឲ្យយប់ទៅជាថ្ងៃ ពន្លឺនៅក្បែរងងឹតដែរ។ 13 ចាប់តាំងពីខ្ញុំបានសម្លឹងមើល ស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយខ្ញុំបានធ្វើឲ្យគ្រែធំនៅទីងងឹត 14 គ្រាខ្ញុំពោលដល់ផ្នូរថា ឯងជាឪពុកខ្ញុំ ហើយពោលទៅដង្កូវថា ឯងជាម្តាយ ឬជាបងប្អូនស្រីរបស់ខ្ញុំ 15 តើសេចក្ដីសង្ឃឹមរបស់ខ្ញុំនៅឯណា? តើមានអ្នកណាឃើញសេចក្ដីសង្ឃឹមរបស់ខ្ញុំទេ? តើវានឹងចុះទៅឯទ្វារ នៃស្ថានឃុំព្រលឹងមនុស្សស្លាប់? 16 តើយើងនឹងចុះទៅជាមួយគ្នា ចូលក្នុងធូលីដីឬ?»
1 បន្ទាប់មក ប៊ីលដាឌ ជនជាតិស៊ូអា ក៏ឆ្លើយឡើងថា៖ 2 «តើអ្នករាល់គ្នានឹងនៅតែ និយាយដល់កាលណាទៀត? ចូរពិចារណាចុះ រួចយើងនឹងនិយាយ។ 3 ហេតុអ្វីបានជាយើងត្រូវរាប់ទុក ដូចជាសត្វតិរច្ឆាន ហេតុអ្វីបានជាយើងទៅជាមនុស្សល្ងីល្ងើ នៅក្នុងភ្នែករបស់អ្នក? 4 អ្នកដែលហែកហួរខ្លួនដោយសេចក្ដីកំហឹង តើផែនដីត្រូវចោលស្ងាត់ដោយព្រោះអ្នក ឬថ្មត្រូវរើចេញពីកន្លែងរបស់វាឬ? 5 ពន្លឺនៃមនុស្សអាក្រក់នឹងរលត់ទៅ ហើយរងើកភ្លើងរបស់គេនឹងលែងភ្លឺ។ 6 ពន្លឺនៅក្នុងទីលំនៅគេនឹងត្រូវងងឹតវិញ ហើយចង្កៀងនៅពីលើគេនឹងរលត់ទៅ។ 7 អស់ទាំងជំហាននៃកម្លាំងគេនឹងកាន់តែអន់ថយ ហើយផែនការរបស់គេនឹងផ្តួលគេផងដែរ។ 8 ដ្បិតជើងខ្លួនគេនាំឲ្យគេជាប់សំណាញ់ គេដើរទៅរកអន្ទាក់ជានិច្ច។ 9 អន្ទាក់នឹងរូតជាប់កែងជើងគេ ហើយអន្ទាក់សាងនឹងវាត់ឡើងជាប់គេ។ 10 មានខ្សែរូតបង្កប់ក្នុងដីសម្រាប់ចាប់គេ ហើយមានអង្គប់រង់ចាំគេនៅផ្លូវ។ 11 សេចក្ដីស្ញែងខ្លាចនឹងបំភ័យគេនៅគ្រប់ទិស ហើយនឹងដេញតាមប្រកិតនៅកែងជើងគេ។ 12 ទ្រព្យរបស់គេទៅជាការអត់ឃ្លាន ហើយសេចក្ដីអន្តរាយនឹងប្រុងប្រៀប ជាស្រេចនៅខាងគេ។ 13 ជំងឺរោគាបានបំផ្លាញស្បែករបស់គេអស់ ហើយសេចក្ដីស្លាប់ក៏លេបត្របាក់ដៃជើងរបស់គេដែរ។ 14 គេនឹងត្រូវរលើងចេញពីទីលំនៅ ដែលបានយកជាទីពឹង ហើយនឹងត្រូវនាំទៅចំពោះស្តេច នៃសេចក្ដីស្ញែងខ្លាច។ 15 មនុស្សក្រៅវង្សត្រកូលរបស់គេ នឹងមកនៅក្នុងទីលំនៅគេវិញ ហើយនឹងមានស្ពាន់ធ័ររោយចុះមកលើ ទីអាស្រ័យរបស់គេ។ 16 ឫសគេនឹងត្រូវក្រៀមស្ងួតទៅ ហើយខាងលើមែករបស់គេនឹងត្រូវកាច់ចេញ។ 17 ទាំងសេចក្ដីនឹកចាំពីគេ នឹងសូន្យបាត់ពីផែនដីទៅ ហើយនឹងលែងឮនិយាយ ពីឈ្មោះគេតាមផ្លូវតទៅ។ 18 គេនឹងត្រូវដេញចេញពីពន្លឺទៅក្នុងទីងងឹត ហើយត្រូវប្រដេញចេញពីលោកីយផង។ 19 គេនឹងគ្មានកូន ឬចៅក្នុងវង្សត្រកូលរបស់គេ ឬអ្នកណានៅសល់ក្នុងកន្លែង ដែលគេអាស្រ័យនោះឡើយ។ 20 ពួកជំនាន់ក្រោយនឹងមានសេចក្ដីអស្ចារ្យ ពីប្រវត្តិរបស់គេ ដូចជាជំនាន់មុនបានភ័យខ្លាចដែរ។ 21 ជាការពិតណាស់ ផ្ទះរបស់មនុស្សអាក្រក់ នេះហើយជាកន្លែងរបស់អ្នក ដែលមិនស្គាល់ព្រះជាម្ចាស់»។
1 ពេលនោះ លោកយ៉ូបឆ្លើយថា៖ 2 «តើអ្នករាល់គ្នាធ្វើទុក្ខដល់ខ្ញុំ ហើយជាន់ឈ្លីខ្ញុំដោយពាក្យសម្ដី ដល់កាលណាទៀត? 3 មានដប់ដងហើយ ដែលអ្នករាល់គ្នាបានដៀលត្មះខ្ញុំ អ្នករាល់គ្នាមិនមានសេចក្តីខ្មាសសោះ ដែលធ្វើបាបខ្ញុំ។ 4 ប្រសិនបើខ្ញុំបានធ្វើខុសមែន កំហុសនោះនៅជាប់តែខ្លួនខ្ញុំទេ។ 5 ប្រសិនបើអ្នករាល់គ្នាចង់តម្កើងខ្លួន ឲ្យខ្ពស់ពីខ្ញុំ ហើយជជែកយកខុសត្រូវ ដើម្បីនឹងទាស់នឹងខ្ញុំ 6 ត្រូវដឹងថា គឺព្រះជាម្ចាស់ដែលបានផ្តួលខ្ញុំ ហើយបានព័ទ្ធខ្ញុំជុំវិញដោយសំណាញ់របស់ព្រះអង្គដែរ។ 7 មើល! ពេលខ្ញុំស្រែកថា "គេធ្វើបាបខ្ញុំហើយ" គ្មានអ្នកឆ្លើយសោះ។ ខ្ញុំស្រែករកជំនួយ តែគ្មានអ្នករកយុត្តិធម៌ឲ្យខ្ញុំឡើយ។ 8 ព្រះអង្គបានធ្វើរបងរាំងផ្លូវខ្ញុំ មិនឲ្យទៅណាបាន ក៏បានធ្វើឲ្យផ្លូវច្រករបស់ខ្ញុំប្រែជាងងឹត។ 9 ព្រះអង្គបានដោះកេរ្តិ៍ឈ្មោះខ្ញុំចេញ ព្រមទាំងយកមកុដចេញពីក្បាលខ្ញុំផង។ 10 ព្រះអង្គបានបំផ្លាញខ្ញុំគ្រប់ទិស ហើយខ្ញុំកំពុងតែវិនាសទៅ ឯសេចក្ដីសង្ឃឹមរបស់ខ្ញុំ ព្រះអង្គបានរំលើង ដូចជាដើមឈើ។ 11 ព្រះអង្គបានបង្កាត់សេចក្ដីក្រោធ របស់ព្រះអង្គទាស់នឹងខ្ញុំ ក៏រាប់ខ្ញុំ ទុកដូចជាសត្រូវនឹងព្រះអង្គ។ 12 ពលទ័ពរបស់ព្រះអង្គចូលមកព្រមៗគ្នា ហើយលើកផ្លូវឡើងមកទាស់នឹងខ្ញុំ ក៏បោះទ័ពព័ទ្ធជុំវិញទីលំនៅរបស់ខ្ញុំដែរ។ 13 ព្រះអង្គបានញែកពួកបងប្អូនខ្ញុំចេញឆ្ងាយពីខ្ញុំ ហើយពួកអ្នកដែលខ្ញុំស្គាល់ ក៏ត្រឡប់ទៅជាអ្នកដទៃទាំងអស់។ 14 ញាតិសន្តានខ្ញុំបានទុកខ្ញុំចោល ហើយមិត្តសម្លាញ់ដែលជិតស្និទ្ធ ក៏ភ្លេចខ្ញុំដែរ។ 15 ភ្ញៀវដែលធ្លាប់ស្នាក់ក្នុងផ្ទះខ្ញុំ ហើយនិងពួកស្រីបម្រើ បានចាត់ទុកខ្ញុំដូចជាមនុស្សចម្លែក ខ្ញុំដូចជាអ្នកដែលគេមិនធ្លាប់ស្គាល់។ 16 ខ្ញុំហៅអ្នកបម្រើខ្ញុំ តែវាមិនឆ្លើយសោះ ទោះបើខ្ញុំសូមអង្វរយ៉ាងណាក៏ដោយ។ 17 ដង្ហើមរបស់ខ្ញុំបានស្អប់ដល់ប្រពន្ធខ្ញុំ ហើយរូបកាយរបស់ខ្ញុំជាទីខ្ពើមដល់បងប្អូនដែលបានកើតពីម្តាយខ្ញុំ។ 18 ទោះទាំងកូនក្មេងក៏មើលងាយដល់ខ្ញុំ បើកាលណាខ្ញុំក្រោកឡើង នោះវា និយាយបង្កាច់ខ្ញុំ។ 19 ពួកមិត្តសម្លាញ់ជិតស្និទ្ធក៏ខ្ពើមឆ្អើមខ្ញុំ ហើយទាំងពួកអ្នកដែលខ្ញុំបានស្រឡាញ់ថ្នម ក៏ប្រែជាទាស់នឹងខ្ញុំវិញ។ 20 ខ្ញុំនៅតែស្បែក និងឆ្អឹង ហើយបានរស់ ដោយសារតែស្បែក និងធ្មេញប៉ុណ្ណោះ។ 21 អ្នករាល់គ្នា ជាសម្លាញ់ខ្ញុំអើយ សូមអាណិតខ្ញុំ សូមអាណិតខ្ញុំផង ដ្បិតព្រះហស្ថនៃព្រះជាម្ចាស់បានពាល់ខ្ញុំហើយ។ 22 ហេតុអ្វីបានជាអ្នករាល់គ្នា ធ្វើទុក្ខដល់ខ្ញុំដូចជាព្រះជាម្ចាស់ដែរ? ហេតុអ្វីបានអ្នកនៅមិនទាន់ឆ្អែតនឹងសាច់ខ្ញុំទៀត? 23 ឱប្រសិនបើពាក្យខ្ញុំបានសរសេរចុះ! ឱបើបានកត់ទុកក្នុងសៀវភៅមួយក្បាលនោះ! 24 គឺបានឆ្លាក់នៅនឹងថ្មដោយដែកឆ្លាក់ ហើយនឹងសំណទុកជារៀងរាបតទៅ! 25 ប៉ុន្តែ ខ្ញុំដឹងថា ព្រះដែលលោះខ្ញុំ ព្រះអង្គមានព្រះជន្មរស់នៅ ហើយនៅទីបំផុត ព្រះអង្គនឹងឈរនៅលើផែនដី 26 ក្រោយពីសម្បកកាយខ្ញុំរលាយទៅ នោះសាច់ឈាមខ្ញុំនឹងឃើញព្រះជាម្ចាស់។ 27 ខ្ញុំនឹងបានឃើញព្រះជាម្ចាស់ដោយភ្នែកខ្ញុំ មិនមែនអ្នកផ្សេងទេ។ ចិត្តខ្ញុំបានចុះចាញ់នៅក្នុងខ្លួនខ្ញុំ ដោយរង់ចាំពេលនោះ។ 28 ដូច្នេះ បើអ្នករាល់គ្នាពោលថា ចាំមើលយើងនឹងធ្វើទុក្ខវាយ៉ាងណា ហើយឃើញថា ដើមហេតុនោះគឺមកពីខ្ញុំ 29 យ៉ាងនោះត្រូវខ្លាចចំពោះដាវហើយ ដ្បិតសេចក្ដីក្តៅក្រហាយ នឹងនាំឲ្យមានទោសដោយដាវនោះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា មានសេចក្ដីយុត្តិធម៌ដែរ»។
1 ពេលនោះ សូផារ ជាជនជាតិណាអាម៉ា ឆ្លើយឡើងថា៖ 2 «គឺដោយហេតុនោះបានជាគំនិតខ្ញុំ បណ្ដាលឲ្យឆ្លើយ ដោយព្រោះសេចក្ដីរួសរាន់នៅក្នុងចិត្តខ្ញុំ។ 3 ខ្ញុំបានឮសេចក្ដីបន្ទោសនោះ ដែលជាសេចក្ដីទំនាស់ចិត្តខ្ញុំ តែវិញ្ញាណនៃសេចក្ដីចេះដឹងរបស់ខ្ញុំ បានឆ្លើយមកកាន់ខ្ញុំ។ 4 តើអ្នកមិនបានដឹងសេចក្ដីនេះទេឬ ថាតាំងពីចាស់បុរាណមក គឺពីកាលព្រះជាម្ចាស់បានដាក់មនុស្សឲ្យមាននៅផែនដី: 5 នោះជ័យជម្នះរបស់មនុស្សអាក្រក់គឺខ្លី ហើយសេចក្ដីរីករាយរបស់មនុស្សទមិឡល្មើស ក៏នៅតែមួយភ្លែតដែរឬ? 6 ទោះបើគេមានកម្ពស់ដល់ផ្ទៃមេឃ ហើយក្បាលគេលូតឡើងដល់ពពកក៏ដោយ 7 គង់តែនឹងត្រូវវិនាសទៅជានិច្ច ដូចជាលាមករបស់ខ្លួនគេដែរ ឯពួកអ្នកដែលធ្លាប់ឃើញគេ នោះនឹងសួរថា "តើគេនៅឯណា?" 8 គេនឹងហោះហើរទៅបាត់ដូចជាយល់សប្តិន ឥតមានអ្នកណាឃើញទៀតឡើយ គេនឹងត្រូវបណ្តេញទៅដូចជា ការស្រមើស្រមៃនៅពេលយប់។ 9 នោះភ្នែកដែលធ្លាប់ឃើញគេ នឹងមិនឃើញគេទៀតទេ ហើយទីកន្លែងរបស់គេនឹងលែងឃើញគេដែរ។ 10 កូនចៅគេនឹងសូមអង្វរដល់ពួកទាល់ក្រ ដៃរបស់ខ្លួនគេនឹងត្រូវប្រគល់ ទ្រព្យសម្បត្តិទៅវិញ។ 11 ឆ្អឹងគេពេញកម្លាំងដោយសណ្ឋាននៅក្មេង ប៉ុន្តែ នឹងត្រូវដេកចុះ ទៅក្នុងធូលីដី ជាមួយខ្លួនគេដែរ។ 12 ទោះបើសេចក្ដីអាក្រក់ មានរសផ្អែមនៅក្នុងមាត់គេ ទោះបើគេលាក់សេចក្ដីនោះនៅក្រោមអណ្ដាត 13 ទោះបើលៃលកសំចៃទុក មិនចង់លេបចុះទៅ គឺបៀមទុកនៅតែក្នុងមាត់ក៏ដោយ 14 គង់តែអាហារនៅក្នុងពោះគេបានប្រែ ទៅជាពិសនៃពស់ហនុមាននៅក្នុងខ្លួនគេដែរ។ 15 គេបានលេបទ្រព្យសម្បត្តិចូលទៅ ហើយនឹងត្រូវក្អួតចេញមកវិញ ព្រះជាម្ចាស់នឹងកម្ចាត់របស់ទាំងនោះ ចេញពីពោះគេ។ 16 គេនឹងជញ្ជក់ពិសរបស់ពស់ហនុមាន ហើយនឹងស្លាប់ដោយសារអណ្ដាតពស់វែក។ 17 គេនឹងលែងឃើញទឹកទន្លេ ទឹកឃ្មុំ និងទឹកដោះ ហូរដូចទឹកស្ទឹងទៀតហើយ។ 18 គេប្រគល់ឲ្យផ្លែឈើទៅអ្នកជិតខាងវិញ ហើយពួកគេទំពារលេបមិនបានទេ ទ្រព្យសម្បត្តិ នឹងមិនធ្វើឲ្យគេបានសប្បាយចិត្តឡើយ។ 19 ព្រោះគេបានសង្កត់សង្កិន ឥតរមិលដល់ពួកទាល់ក្រ ក៏បានរឹបជាន់យកផ្ទះមួយ ដែលខ្លួនមិនបានសង់ផង។ 20 គេមានចិត្តលោភលន់មិនចេះស្កប់ តែគេមិនអាចរក្សាទុកនូវអ្វីៗ ដែលគេពេញចិត្តនោះបានឡើយ។ 21 គេត្របាក់លេបអ្វីៗទាំងអស់ ឥតមានសល់ តែភាពចម្រុងចម្រើនរបស់គេ នឹងមិននៅស្ថិតស្ថេររហូតទេ។ 22 ក្នុងពេលកំពុងតសម្បូរសប្បាយ នោះគេបែរជាខ្វះខាតវិញ ទុក្ខវេទនាទាំងអស់នឹងគ្របសង្កត់លើគេ។ 23 នៅពេលដែលគេកំពុងតែបំពេញក្រពះ នោះព្រះជាម្ចាស់ស្រោចព្រះពិរោធដ៏ខ្លាំងក្លា របស់ព្រះអង្គទៅលើគេ ហើយព្រះអង្គធ្វើឲ្យភ្លៀងនៅពេលគេបរិភោគអាហារ។ 24 ទោះបីជាគេ រត់គេចពីអាវុធដែក នោះធ្នូរលង្ហិននឹងបាញ់ព្រួញទៅទម្លុះគេ។ 25 ប្រសិនបើគេដកព្រួញចេញពីខ្លួន នោះមុខដាវដ៏មុតនឹងចាក់ទម្លុះ រហូតដល់ថ្លើមរបស់គេ ការភ័យតក់ស្លុតនឹងកើតមានដល់គេ។ 26 អស់ទាំងសេចក្ដីងងឹត បានមកបង្ខូចទ្រព្យសម្បត្តិគេ នឹងមានភ្លើងដែលឥតមនុស្សផ្លុំ បានឆេះបំផ្លាញគេ ព្រមទាំងបន្សុសទាំងអស់ ដែលនៅសល់ក្នុងទីលំនៅរបស់គេ។ 27 ផ្ទៃមេឃក៏នឹងសម្ដែងពីអំពើទុច្ចរិតរបស់គេ ហើយទាំងផែនដី នឹងក្រោកឡើងទាស់នឹងគេដែរ។ 28 ទ្រព្យសម្បត្តិនៅក្នុងផ្ទះរបស់គេ នឹងចាកចេញទៅ ទាំងអស់នឹងហូរបាត់ទៅ នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់។ 29 នេះជាចំណែករបស់មនុស្សអាក្រក់ ត្រូវទទួលពីព្រះជាម្ចាស់ ជាមរតក ដែលព្រះអង្គចែកឲ្យដល់គេ»។
1 ក្រោយមកលោកយ៉ូប ឆ្លើយដោយនិយាយថា 2 «សូមស្តាប់ពាក្យខ្ញុំឲ្យបានច្បាស់ ហើយយកពាក្យនេះកម្សាន្តចិត្ត ជំនួសពាក្យអ្នកវិញ។ 3 សូមតាមខ្ញុំឲ្យទាន់ នោះខ្ញុំនឹងនិយាយ បន្ទាប់ពីខ្ញុំបាននិយាយ ចាំចំអកទៀតចុះ។ 4 ដ្បិតសម្រាប់ខ្ញុំ គឺជាការមិនសុខចិត្តជាមួយមនុស្សឬ? ហេតុអ្វីបានជាខ្ញុំមិនអាចទ្រាំបាននោះ? 5 សូមសម្លឹងមកខ្ញុំដោយភ្ញាក់ផ្អើល ហើយយកដៃមកបិទមាត់អ្នកផង។ 6 ពេលខ្ញុំគិតអំពីការឈឺចាប់របស់ខ្ញុំ គឺខ្ញុំវេទនាហើយភ័យខ្លាច និងញ័ររាង្គកាយផងដែរ។ 7 តើហេតុអ្វីបានជាមនុស្សអាក្រក់បន្តរស់នៅ រហូតដល់ចាស់ ហើយរឹងមាំនៅក្នុងអំណាចឬ? 8 ពូជពង្សរបស់ក៏បានតាំងទីរឹងមាំជាមួយពួកគេដោយតាមខ្សែរដែរ ហើយកូនចៅក៏បានចំរើនឡើង នៅចំពោះភ្នែករបស់គេដែរ។ 9 ផ្ទះរបស់ពួកគេបានរួចផុតពីការភ័យខ្លាច ម្យ៉ាងមួយទៀត ពួកគេរូចផុតពីរំពាត់របស់ព្រះជាម្ចាស់ដែរ។ 10 គោឈ្មោលរបស់គេជាន់មេឥតខាន គោញីក៏បង្កើតកូនឥតបានរលូតដែរ។ 11 គេឲ្យកូនតូចៗរបស់គេ ចេញទៅដូចជាហ្វូងចៀម ហើយកូនធំៗក៏លោតកញ្ឆាត់កញ្ឆេងផង។ 12 ពួកគេ រាល់គ្នាច្រៀងតាមចង្វាក់គែន និងស៊ុង ហើយក៏អរសប្បាយតាមសំឡេងខ្លុយ។ 13 ពួកគេបានចំណាយមួយថ្ងៃជាមួយទ្រព្យសម្បត្តិ ហើយគេបានធ្លាក់ទៅក្នុងស្ថាននរកដោយស្ងាត់ៗ។ 14 ពួកគេនិយាយទៅព្រះជាម្ចាស់ថា សូមចេញពីយើងទៅពីព្រោះយើងមិនចង់បានចំណេះដឹងពីព្រះអង្គទេ។ 15 តើព្រះចេស្តារ្យគឺជាអ្វី? ហេតុអ្វីបានជាយើងត្រូវថ្វាយបង្គំព្រះអង្គ? តើយើងបានអ្វីមកវិញបើយើងអធិស្ឋានរកព្រះអង្គ។ 16 មើល! តើទ្រព្យទាំងនោះដែលនៅក្នុងដៃទេឬអី? ខ្ញុំគ្មានអ្វីត្រូវធ្វើជាមួយនឹងយោបល់ របស់មនុស្សអាក្រកនោះទេ។ 17 តើប៉ុន្មានដងដែលចង្កៀងរបស់មនុស្សអាក្រក់ បានរលត់ទៅ ឬគ្រោះមហន្តរាយរបស់ពួកគេបានធ្លាក់មកលើគេនោះ? តើប៉ុន្មានដងដែលបានកើតឡើង គឺព្រះជាម្ចាស់បាននាំភាពទុក្ខសោក មកកាន់ពួកគេជាមួយសេចក្តីក្រោធនោះ? 18 តើប៉ុន្មានដង ដែលគេដូចជាចំបើងបណ្តោយខ្យល់ ហើយដូចជាអង្កាមដែលខ្យល់ព្យុះផាត់យកទៅនោះ? 19 អ្នកថា ព្រះជាម្ចាស់បានប្រមូលទុកអំពើទុច្ចរិត របស់មនុស្សសម្រាប់កូនចៅរបស់គេ តែសូមព្រះដាក់ទោសដល់ពួកគេនោះវិញ ដើម្បីឲ្យគេដឹងខ្លួន។ 20 ត្រូវឲ្យភ្នែករបស់អ្នកនោះ ឃើញសេចក្ដីវិនាសរបស់ខ្លួន ព្រមទាំងផឹកស្រូបសេចក្ដីក្រោធរបស់ព្រះ ដ៏មានគ្រប់ព្រះចេស្តាផង។ 21 តើគេខ្វល់អ្វីដល់ពួកវង្សរបស់ខ្លួន ដែលនៅជំនាន់ក្រោយ បើកាលណាចំនួនខែនៃជីវិតគេ បានផុតទៅហើយនោះ? 22 តើមានអ្នកណាបង្រៀនចំណេះដល់ព្រះជាម្ចាស់បាន ឃើញហើយថា គឺព្រះអង្គហើយ ដែលជំនុំជម្រះទាំងពួកអ្នកធំៗផង។ 23 អ្នកខ្លះរស់នៅយ៉ាងស្រណុក មានសេចក្ដីសុខ ក៏ស្លាប់បាត់ទៅ ក្នុងកាលដែលនៅមានកម្លាំងពេញប្រាណ។ 24 រូបកាយរបស់គេពេញទៅដោយទឹកដោះគោ ជាកញ្ចាក់ នៃឆ្អឹងរបស់គាត់ ហើសម្នើមធ្វើឲ្យធ្វើឲ្យមានសុខភាពល្អ។ 25 អ្នកខ្លះទៀតស្លាប់ទៅទាំងមានចិត្តជូរល្វីង មិនដែលស្គាល់បទពិសោធន៍នៃសេចក្ដីល្អឡើយ។ 26 ពួកគេដេកទៅក្នុងធូលីដី ហើយក៏មានដង្កូវចោះគេដូចគ្នា។ 27 មើល! ខ្ញុំស្គាល់គំនិតរបស់អ្នករាល់គ្នាហើយ ក៏យល់អ្វីដែលគិតធ្វើអាក្រក់ដល់ខ្ញុំដែរ។ 28 ដ្បិតអ្នករាល់គ្នានិយាយថា តើផ្ទះរបស់អ្នកធំនៅឯណាពេលនេះ? តើទីលំនៅរបស់មនុស្សអាក្រក់នៅទីណាដែរ? 29 តើអ្នករាល់គ្នាមិនបានសួរ ពួកអ្នកដំណើរទេឬអី? តើមិនបានស្គាល់គោលគំនិតរបស់គេដែលចង់ប្រាប់ទេ 30 គឺថា មនុស្សអាក្រក់ ត្រូវបម្រុងទុកដល់ថ្ងៃអន្តរាយ ហើយគេត្រូវនាំចេញទៅនៅថ្ងៃនៃសេចក្ដីក្រោធនោះទេ? 31 តើអ្នកណា នឹងដាក់ទោសដល់ផ្លួវរបស់មនុស្សអាក្រក់ នៅចំពោះមុខគេ? តើអ្នកណានឹងសងគេ តាមការដែលគេបានប្រព្រឹត្ត? 32 ប៉ុន្តែ នឹងត្រូវសែងគេនាំយកទៅឯទីបញ្ចុះសព្វ ហើយនឹងមានមនុស្សចាំយាមផ្នូរដែរ។ 33 គំនរដុំដីនៅច្រកភ្នំនឹងបានស្រួលដល់គេ ហើយមនុស្សទាំងអស់នឹងទៅតាមគេ ដូចជាមានមនុស្សឥតគណនា បានទៅមុខគេដែរ។ 34 តើអ្នករាល់គ្នាយកសេចក្ដីឥតប្រយោជន៍ មកកម្សាន្តចិត្តខ្ញុំធ្វើអី ចម្លើយរបស់អ្នករាល់គ្នាសុទ្ធតែកុហក?»
1 លោកអេលីផាស ជនជាតិថេម៉ាន ឆ្លើយឡើងថា៖ 2 «តើមនុស្សមានប្រយោជន៍អ្វីសម្រាប់ព្រះជាម្ចាស់? តើមនុស្សមានប្រាជ្ញា មានប្រយោជន៍អ្វីសម្រាប់ព្រះជាម្ចាស់? 3 បើអ្នកជាមនុស្សសុចរិត តើមានអ្វីដែលជាសំអាងដល់ព្រះជាម្ចាស់? បើអ្នកកែផ្លូវអ្នកឲ្យត្រឹមត្រូវឡើង តើជាកម្រៃដល់ព្រះអង្គឬ? 4 តើដោយព្រោះតែអ្នកមានសេចក្ដី កោតខ្លាចដល់ព្រះជាម្ចាស់ បានជាព្រះអង្គបន្ទោសអ្នក ហើយយកអ្នកមកដាក់ទោសឬ? 5 តើមិនមែនអំពើអាក្រក់អ្នកធំទេឬ? ហើយអំពើទុច្ចរិតរបស់អ្នកក៏មិនចេះចប់ដែរឬ? 6 ដ្បិតអ្នកមានតម្រូវការ និងចង់បានសំណង ពីការខ្ចីរបស់បងប្អូនអ្នកដោយឥតហេតុ ហើយបានជំរឹតទាំងដោះយកខោអាវ ពីពួកគេផង។ 7 អ្នកមិនបានឲ្យទឹកដល់មនុស្សហេវផឹកឡើយ ក៏បានបង្អត់អាហារដល់មនុស្សឃ្លានដែរ 8 ទោះបីអ្នកជាមនុស្សខ្លាំងពូកែ បានជាម្ចាស់លើផែនដី ហើយជាមនុស្សមានស្មោះត្រង់ក្តី សូមរស់នៅជាមួយវាទៅ។ 9 អ្នកបានបណ្តេញស្ត្រីមេម៉ាយ ឲ្យទៅដោយដៃទទេ ហើយអ្នកបានបំបាក់ដៃរបស់ក្មេងកំព្រា។ 10 ហេតុនោះបានជាមានអន្ទាក់នៅព័ទ្ធជុំវិញអ្នក ហើយមានសេចក្ដីស្ញែងខ្លាចភ្លាមៗ មកបំភ័យអ្នក។ 11 មានសេចក្ដីងងឹតឲ្យអ្នកមើលមិនឃើញ ឬជាទឹកជន់សាយមកគ្របលើអ្នកវិញ។ 12 តើព្រះអង្គមិនគង់នៅជាន់ខ្ពស់ នៅស្ថានសួគ៌ទេឬ? ចូរមើលផ្កាយដ៏ខ្ពស់ទាំងប៉ុន្មាន ដែលជាខ្ពស់ដល់ណាទៅ! 13 អ្នកពោលថា តើព្រះជាម្ចាស់ជ្រាបអ្វីខ្លះ? តើព្រះអង្គអាចទតទម្លុះសេចក្ដីងងឹត មកជំនុំជម្រះបានដែរឬ? 14 មានពពកយ៉ាងក្រាស់នៅហ៊ុមព្រះអង្គជុំវិញ មិនឲ្យឃើញអ្វីឡើយ ហើយព្រះអង្គក៏យាងនៅតែលើផ្ទៃមេឃ។ 15 តើអ្នករក្សាទុកផ្លូវចាស់ ដែលមនុស្សអាក្រក់បានដើរហើយ 16 ជាពួកមនុស្សដែលត្រូវឆក់យកទៅមុនកំណត់ កន្លែងជ្រកកោនរបស់គេ បានហូរទៅបាត់ដូចជាទឹកជ្រោះ 17 គេបានទូលដល់ព្រះជាម្ចាស់ថា សូមយាងចេញពីយើងទៅ ហើយថា តើព្រះដ៏មានគ្រប់ព្រះចេស្តា អាចធ្វើអ្វីដល់យើងបាន? 18 ប៉ុន្តែ គឺព្រះអង្គដែលបានបំពេញផ្ទះគេ ដោយអស់ទាំងរបស់ល្អផង តែសូមឲ្យគំនិតនៃមនុស្សអាក្រក់ នៅឆ្ងាយពីខ្ញុំទៅ។ 19 ពួកមនុស្សសុចរិតក៏ឃើញ ហើយមានអំណរ ពួកមនុស្សផូរផង់នឹងសើចឡកឲ្យគេថា។ 20 ពួកអ្នកដែលបានលើកគ្នាទាស់នឹងយើង គេត្រូវសាបសូន្យហើយ សំណល់របស់គេ នោះភ្លើងបានឆេះអស់ទៅ។ 21 ពេលនេះ ចូរចុះសម្រុងជាមួយព្រះជាម្ចាស់ ហើយមានសេចក្ដីមេត្រីនឹងព្រះអង្គចុះ យ៉ាងនោះនឹងបានជាប្រយោជន៍ដល់អ្នក។ 22 ខ្ញុំសូមឲ្យអ្នកទទួលសេចក្ដីបង្រៀន ពីព្រះឧស្ឋរបស់ព្រះអង្គ ហើយប្រមូលទុកអស់ទាំងព្រះបន្ទូល នៃព្រះអង្គនៅក្នុងចិត្តចុះ។ 23 បើអ្នកវិលត្រឡប់មកឯព្រះ ដ៏មានគ្រប់ព្រះចេស្តាវិញ នោះនឹងបានតាំងឡើងហើយ គឺបើអ្នកកម្ចាត់អំពើទុច្ចរិតឲ្យឆ្ងាយចេញ ពីទីលំនៅរបស់អ្នក។ 24 ហើយបោះបង់ចោលទ្រព្យវិសេស របស់អ្នកទៅក្នុងធូលីដី ព្រមទាំងមាសពីទឹកដីអូភារទៅក្នុងថ្ម នៅបាតជ្រោះទឹកផង 25 នោះព្រះដ៏មានគ្រប់ព្រះចេស្តា ព្រះអង្គនឹងបានជាទ្រព្យវិសេស និងជាប្រាក់មានសាច់សុទ្ធដល់អ្នកហើយ។ 26 ដ្បិតយ៉ាងនោះឯងនឹងបានពេញចិត្ត ដោយសារព្រះដ៏មានគ្រប់ព្រះចេស្តាវិញ ក៏នឹងអាចងើបមុខមើលចំទៅឯព្រះអង្គផង។ 27 លោកនឹងអធិស្ឋានដល់ព្រះអង្គ ហើយព្រះអង្គនឹងទទួល យ៉ាងនោះឯងនឹងបានលាបំណន់របស់អ្នក។ 28 កាលណាលោកសម្រេចធ្វើការអ្វី នោះនឹងបានសម្រេចដូចបំណង និងមានពន្លឺភ្លឺមកលើផ្លូវរបស់អ្នកដែរ។ 29 ព្រះជាម្ចាស់ទម្លាក់មនុស្សមានអំនួត តែព្រះអង្គសង្គ្រោះមនុស្សទន់ទាប។ 30 សូម្បីតែមនុស្សមានទោសក៏ព្រះអង្គសង្រ្គោះដែរ ដូច្នេះ ព្រះអង្គនឹងជួយលោក តាមអំពើដ៏បរិសុទ្ធដែលលោកប្រព្រឹត្ត»។
1 បន្តិចមកលោកយ៉ូប ក៏ឆ្លើយដោយថា៖ 2 «ទោះបីថ្ងៃនេះការត្អូញត្អែររបស់ខ្ញុំពោពេញទៅដោយភាពជូរល្វីញ ហើយដៃរបស់ខ្ញុំបានជាធ្ងន់ដោយព្រោះតែសំលេងថ្ងូររបស់ខ្ញុំ។ 3 ដូច្នេះ ខ្ញុំនឹងដឹងថា ខ្ញុំគួរស្វែងរកព្រះអង្គ! ដូច្នេះ ខ្ញុំនឹងចូលទៅចំពោះព្រះរាជដំណាក់របស់ព្រះអង្គដែរ! 4 នោះខ្ញុំនឹងបានរៀបរាប់ពីដំណើរខ្ញុំ ដោយលំដាប់លំដោយទូលនៅចំពោះព្រះអង្គ ហើយនឹងប្រើមាត់របស់ខ្ញុំ ដើម្បីជជែកពីរឿងទាំងនោះ។ 5 ខ្ញុំនឹងអាចរៀនបានពីព្រះបន្ទូល ជាមួយនិងការឆ្លើយរបស់ព្រះអង្គ ហើយខ្ញុំនឹងបានយល់ព្រះអ្វីដែរព្រះជាម្ចាស់ មានបន្ទូលមកកាន់ខ្ញុំដែរ។ 6 តើព្រះអង្គបានប្រើអំណាចដ៏ធំមកតយុទ្ធនឹងខ្ញុំមែនឬ? មិនមែនទេ ព្រះអង្គបានប្រុងស្តាប់ខ្ញុំវិញ។ 7 នៅទីនោះ មនុស្សទៀងត្រង់នឹងប្រឹក្សាជាមួយព្រះអង្គបាន យ៉ាងនោះខ្ញុំនឹងបានរួចជាដរាប ពីអំណាចចៅក្រមដែលជំនុំជម្រះខ្ញុំ។ 8 មើល! ខ្ញុំដើរទៅទិសខាងកើត តែព្រះអង្គមិនបាននៅទីនោះ ខ្ញុំក៏ទៅទិសខាងលិច ក៏មិនឃើញព្រះអង្គនៅទីនោះដែរ។ 9 ខ្ញុំក៏ទៅទិសខាងជើង ជាកន្លែងដែលព្រះធ្វើការ តែខ្ញុំមិនអាចឃើញព្រះអង្គទេ ហើយនៅទិសខាងត្បូង ជាកន្លែងដែលព្រះអង្គពួនដើម្បីកុំឲ្យខ្ញុំរកព្រះអង្គឃើញ។ 10 ប៉ុន្តែ ព្រះអង្គស្គាល់ផ្លូវដើររបស់ខ្ញុំ ហើយកាលណាព្រះអង្គបានសាកលខ្ញុំស្រេចហើយ នោះខ្ញុំនឹងចេញមកដូចជាមាស។ 11 ជើងខ្ញុំបានដើរជាប់តាមជំហានព្រះអង្គ ខ្ញុំបានកាន់តាមផ្លូវព្រះអង្គ ឥតងាកបែរទៅខាងណាឡើយ។ 12 ខ្ញុំមិនដែលគេចចេញពីបទបញ្ជា នៃព្រះរឹមរបស់ព្រះអង្គទេ ខ្ញុំបានខំប្រមូលទុកព្រះបន្ទូល នៃព្រះឧស្ឋរបស់ព្រះអង្គ ជាជាងអាហារដែលខ្ញុំត្រូវការផង។ 13 ប៉ុន្តែ ព្រះអង្គមានគំនិតតែមួយ តើអ្នកណានឹងបំផ្លាស់បំប្រែ ព្រះហឫទ័យព្រះអង្គបាន? ការអ្វីដែលព្រះអង្គចង់ធ្វើ ព្រះអង្គក៏ធ្វើ។ 14 ដ្បិតព្រះអង្គធ្វើសម្រេចសេចក្ដី ដែលបានតម្រូវទុកសម្រាប់ខ្ញុំ ហើយមានសេចក្ដីយ៉ាងនោះជាច្រើនផងដែរ។ 15 ដូច្នេះ ខ្ញុំក៏ភ័យស្លុតនៅចំពោះព្រះអង្គ ពេលខ្ញុំនឹកគិតពីព្រះអង្គ នោះខ្ញុំខ្លាចព្រះអង្គណាស់។ 16 ដ្បិតព្រះជាម្ចាស់បានធ្វើឲ្យខ្ញុំស្រយុតចិត្ត ព្រះដ៏មានគ្រប់ព្រះចេស្តា ព្រះអង្គបានធ្វើឲ្យខ្ញុំស្ញែងខ្លាច។ 17 ក៏ប៉ុន្តែ ខ្ញុំមិនបាននៅស្ងៀម ដោយព្រោះសេចក្ដីងងឹត ហើយក៏គ្របមុខដោយព្រោះភាពអន្ធការ។
1 តើហេតុអ្វីបានជាពេលវេលា ដើម្បីជំនុំជម្រះមនុស្សអាក្រក់មិនបានរៀបចំទុកពីព្រះពេញដោយព្រះចេស្តារ្យ? តើហេតុអ្វីបានជាអ្នកដែរស្មោះត្រង់ចំពោះព្រះជាម្ចាស់ បានឃើញថ្ងៃជំនុំជម្រះមកដល់? 2 មានពួកមនុស្សអាក្រក់ដែលបានដកបង្គោលព្រំដែន គឺមានពួកមនុស្សអាក្រក់ដែលបានលូចយកហ្វូងចៀម ហើយនាំយកទៅឃ្វាលនៅក្នុងវាលស្មៅរបស់ពួកគេវិញ។ 3 ពួកគេពង្រត់សត្វលារបស់ពួកកូនកំព្រា គេទទួលបញ្ចាំយកគោរបស់ស្ត្រីមេម៉ាយ។ 4 ពួកគេបង្ខំមនុស្សកម្សត់ឲ្យចៀសចេញពីផ្លូវរបស់គេ មនុស្សក្រីក្រនៅផែនដី ក៏គេចពួនចេញពីពួកទាំងនោះ។ 5 មើល! អ្នកក្រីក្រទាំងនោះនាំគ្នាទៅធ្វើការ នៅទីវាលសត្វលា ក្នុងទីរហោស្ថាន ហើយស្វែរកអាហារដោយចិត្តទុកដាក់ ប្រហែលជានឹងបានអាហារសម្រាប់ខ្លួន និងកូនចៅរបស់គេ។ 6 ពួកអ្នកក្របានចូលទៅច្រូតនៅក្នុងស្រែរបស់អ្នកដទៃ នៅពេលយប់ ក៏បេះសន្សំផលទំពាំងបាយជូរ របស់មនុស្សអាក្រក់។ 7 ពួកគេ ដេកខ្លួនទទេមួយយប់ទាល់ភ្លឺ ឥតមានសម្លៀកបំពាក់ទេ ហើយពួកគេក៏គ្មានភួយនៅពេលរងាដែរ។ 8 ពួកគេត្រូវទទឹកភ្លៀងដែលមកពីភ្នំ ហើយដេកនៅក្បែនឹងថ្មដា ដោយសាពួកគេគ្មានទីជ្រកឡើយ។ 9 មានមនុស្សអាក្រក់ដែរបានឆក់យកកូនកំព្រាចេញពីដោះម្តាយទៅ អ្វីដែលពួកមនុស្សអាក្រក់បានធ្វើ គឺយកកូនអ្នកក្រទៅបញ្ចាំផងដែរ។ 10 ប៉ុន្តែ ពួកអ្នកក្រនឹងត្រូវដើរដោយស្ទើតែនៅខ្លួនទទេ ឥតមានសម្លៀកបំពាក់សោះ ហើយដោយព្រោះឃ្លាន បានជាត្រូវរែកជញ្ជូនកណ្ដាប់ស្រូវឲ្យអ្នកដទៃវិញ។ 11 ពួកអ្នកក្រត្រូវចម្រាញ់ធ្វើប្រេងនៅខាងក្នុងរបង របស់មនុស្សអាក្រក់ទាំងនោះ គេបម្រើស្រាទំពាំងបាយជូរដល់មនុស្សអាក្រក់ ប៉ុន្តែ ពួកគេកំពុងតែស្រែកទឹកខ្លាំង។ 12 នៅក្នុងទីក្រុងមានមនុស្សថ្ងូរ អ្នកដែលត្រូវរបួសក៏ស្រែកឡើង ប៉ុន្តែ ព្រះជាម្ចាស់មិនយកព្រះហឫទ័យទុកដាក់ នឹងពាក្យអង្វររបស់គេឡើយ។ 13 ពួកមនុស្សអាក្រក់ជាអ្នកដែលទាស់ប្រឆាំនឹងពន្លឺ គេមិនស្គាល់ផ្លូវនោះទេ ហើយកាន់ខ្ជាប់តាមផ្លូវច្រកទាំងនោះដែរ។ 14 មុនពេលព្រលឹមស្រាង ឃាតកក៏សម្លាប់អ្នកក្រីក្រ និងមនុស្សកម្សត់ទុគ៌ត ហើយនៅពេលយប់គេធ្វើដូចជាចោរ។ 15 រួចហើយ ភ្នែករបស់មនុស្សកំផិតក៏រង់ចាំពេលព្រលប់ គេនិយាយថា "គ្មានអ្នកណាឃើញខ្ញុំទេ"។ គេក៏បិទមុខចេញទៅ។ 16 នៅពេលងងឹតមនុស្សអាក្រក់ទម្លុះចូលផ្ទះ តែនៅពេលថ្ងៃ គេលាក់ខ្លួន គេមិនឲ្យឃើញពន្លឺឡើយ ដោយពួកគេមិនខ្វាលពីពន្លឺឡើយ។ 17 ដ្បិតពួកគេគិតថា ពេលភាពទទឹតគឺដូចពេលព្រឹក ហើយពួកគឺជាមិត្តសំឡាញ់ជាមួយនិងសេចក្តីវិនាស ក្នុងជំរៅនៃភាពងងឹត។ 18 គេអណ្តែតលើទឹកទៅបាត់យ៉ាងឆាប់ ចំណែករបស់គេនៅផែនដី មានតែបណ្ដាសាទេ គេមិនដែលបែរទៅ ចូលតាមផ្លូវចម្ការទំពាំងបាយជូរឡើយ។ 19 បែបដូចជាទឹកពីហិមៈរីងហួតទៅ ដោយរាំងស្ងួត និងក្តៅយ៉ាងណា នោះស្ថានឃុំព្រលឹងមនុស្សស្លាប់ លេបត្របាកមនុស្សមានបាបដែរ។ 20 ផ្ទៃម្តាយនឹងភ្លេចអ្នកនោះទៅ ហើយដង្កូវនឹងចោះគេយ៉ាងឆ្ងាញ់ គ្មានអ្នកណានឹកចាំពីគេទៀតទេ យ៉ាងនោះអំពើទុច្ចរិតនឹងត្រូវកាច់ផ្តាច់ ដូចជាដើមឈើ។ 21 មនុស្សអាក្រក់ បានធ្វើបាបស្ត្រីអារដែលមិនបង្កើតកូន ហើយគេក៏ធ្វើអំពើមិនល្អដល់ស្ត្រីមេម៉ាយផងដែរ។ 22 ព្រះជាម្ចាស់ធ្វើឲ្យពួកអ្នកធំទាំងនោះមានអាយុវែង ដោយសារព្រះចេស្តារបស់ព្រះអង្គ ចំណែកពួកអ្នកដែលគ្មានសង្ឃឹមក្នុងជីវិតនេះគេបានឡើងជាធំ។ 23 ព្រះអង្គប្រទានឲ្យគេបានសេចក្ដីសុខហើយគេពឹងពាក់លើសេចក្ដីនោះ តែព្រះនេត្ររបស់ព្រះអង្គទតឃើញអស់ទាំងផ្លូវរបស់គេ។ 24 ពួកមនុស្សទាំងនោះត្រូវបានលើកតម្កើងឡើង ក្នុងពេលតែមួយភ្លែតទេ គេនឹងត្រូវស្វិតក្រៀម ហើយហោះហើរ ទៅដូចជាមនុស្សដទៃទាំងអស់ គេត្រូវកាត់ចេញដូចជាគួរស្រូវដែរ។ 25 ប្រសិនបើមិនមែនដូច្នោះទេ នោះតើអ្នកណានឹងហ៊ានថាខ្ញុំកុហក តើអ្នកណាធ្វើឲ្យសម្ដីខ្ញុំនេះ ឥតខ្លឹមសារបាន?»
1 គ្រានោះ លោកប៊ីលដាឌ ជនជាតិស៊ូអា គាត់ឆ្លើយឡើងថា៖ 2 «ព្រះចេស្តា និងសេចក្ដីស្ញែងខ្លាចនៅជាមួយព្រះជាម្ចាស់ ហើយព្រះអង្គក៏ធ្វើឲ្យមានសេចក្ដីសុខ នៅស្ថានដ៏ខ្ពស់គឺស្ថានសួគ៌។ 3 តើចំនួនពលទ័ពព្រះអង្គ តើនឹងរាប់បានឬទេ? តើក្នុងចំណោមគេដែលមានពន្លឺដែលមិនចែងចាំងទេ? 4 ដូច្នេះ ធ្វើដូចម្តេចឲ្យមនុស្ស បានសុចរិតនៅចំពោះព្រះជាម្ចាស់បាន? ហើយធ្វើដូចម្ដេចឲ្យមនុស្ស ដែលកើតពីស្ត្រីមកបានបរិសុទ្ធហើយព្រះអង្គអាចទទួលយកបាន? 5 សូម្បីតែខែក៏មិនភ្លឺដែរ ហើយផ្កាយទាំងប៉ុន្មានក៏មិនជ្រះថ្លា នៅព្រះនេត្ររបស់ព្រះអង្គផង។ 6 ចុះចំណង់បើមនុស្សដែលមិនខុសពីដង្កូវ ហើយកូនមនុស្សដែលមិនខុសពីជន្លេន តើគេរឹតតែអន់យ៉ាងណាទៅទៀត!»
1 ក្រោយមក លោកយ៉ូបក៏ឆ្លើយដោយនិយាយថា៖ 2 «តើអ្នកបានជួយដល់មនុស្ស ដែលគ្មានអំណាច! ម្យ៉ាងវិញទៀត តើអ្នកអាចជួយដល់ដៃដែលគ្មានកម្លាំងបាន! 3 គួរឲ្យទាំងទូន្មានមនុស្សដែលគ្មានប្រាជ្ញា ដោយប្រើពាក្យនៃការចេះដឹងបាន! 4 តើអ្នកបានពោលពាក្យទាំងនេះដល់អ្នកណា? តើជាវិញ្ញាណរបស់អ្នកណា ដែលបណ្ដាលឲ្យអ្នកនិយាយ? 5 អស់អ្នកដែលស្លាប់ទៅហើយ នាំគ្នាញ័ររន្ធត់នៅពីក្រោមសមុទ្រ និងអ្វីៗដែលរស់នៅក្នុងសមុទ្រផង។ 6 ស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏អាក្រាតទទេនៅចំពោះព្រះជាម្ចាស់ ហើយទីជង្ហុកជ្រៅគ្មានអ្វីគ្របបាំងឡើយ។ 7 ព្រះអង្គត្រដាងទិសខាងជើងពីលើទីអាកាស ហើយក៏ព្យួរផែនដីនៅលើលំហដែលគ្មានអ្វីទាំងអស់។ 8 ព្រះជាម្ចាស់បានទប់ទឹកទុកនៅក្នុងពពកដ៏ក្រាស់របស់ព្រះអង្គ ទោះជាយ៉ាងណាក៏ដោយពពកមិនធ្លាយចុះក្រោមទេ។ 9 ព្រះជាម្ចាស់បានបាំងខាងមុខបល្ល័ង្កដោយព្រះច័ន្ទ ហើយត្រដាងពពករបស់ព្រះអង្គពីលើផង។ 10 ព្រះជាម្ចាស់បានធ្វើរបងព័ទ្ធជុំវិញទឹក ក្នុងចន្លោះពន្លឺ ហើយនឹងភាពងងឹតផងដែរ។ 11 សសរនៃផ្ទៃមេឃញញ័រ ហើយមានសេចក្ដីអស្ចារ្យ ដោយព្រះអង្គបញ្ជា។ 12 ព្រះជាម្ចាស់ធ្វើឲ្យសមុទ្រកម្រើកឡើង ដោយឥទ្ធិឫទ្ធិរបស់ព្រះអង្គ និងតាមរយៈព្រះប្រាជ្ញាញាណ ព្រះជាម្ចាស់វាយបែកខ្ចាយ។ 13 ព្រះអង្គតុបតែងផ្ទៃមេឃ ដោយសារព្រះវិញ្ញាណព្រះអង្គ ហើយព្រះហស្ថរបស់ព្រះអង្គ បានចាក់ទម្លុះពស់។ 14 ការទាំងនេះគ្រាន់តែជាកិច្ចខាងក្រៅ របស់ព្រះអង្គទេ ហើយយើងឮនិយាយពីព្រះអង្គ ជាសំឡេងខ្សាវៗយ៉ាងណាទៅ សំឡេងលាន់ឮពីឥទ្ធិឫទ្ធិរបស់ព្រះអង្គ តើអ្នកណានឹងយល់បាន?»
1 លោកយ៉ូបក៏បន្តសេចក្ដីអធិប្បាយ របស់លោកទៅទៀតថា៖ 2 «ការពិតណាស់ព្រះដ៏មានព្រះជន្មរស់នៅ ដែលព្រះអង្គបានដកសេចក្ដីយុត្តិធម៌ពីខ្ញុំចេញ គឺជាព្រះដ៏មានគ្រប់ព្រះចេស្តាដែលព្រះអង្គបានធ្វើឲ្យជីវិតខ្ញុំជូរចត់ 3 កាលខ្ញុំនៅមានដង្ហើមចេញចូល ហើយមានខ្យល់វិញ្ញាណ នៃព្រះជាម្ចាស់នៅក្នុងរន្ធច្រមុះខ្ញុំនៅឡើយ នេះគឺជាអ្វីដែលខ្ញុំនឹងធ្វើ។ 4 បបូរមាត់ខ្ញុំនឹងមិននិយាយការអាក្រក់ ហើយអណ្ដាតខ្ញុំក៏មិនបញ្ចេញ ពាក្យភូតភរឡើយ។ 5 ខ្ញុំនឹងមិនព្រមនិយាយថា អ្នកទាំងបីត្រូវនោះទេ រហូតដល់ខ្ញុំស្លាប់ នោះខ្ញុំនៅតែមិនបដិសេធ សេចក្តីត្រឹមត្រូវនិងស្មោះត្រង់ដែរ។ 6 ខ្ញុំនឹងប្រកាន់សេចក្ដីសុចរិតរបស់ខ្ញុំ ហើយខ្ញុំនឹងបោះបង់វាចោលឡើយ និងគំនិតខ្ញុំក៏មិនអាចទាញខ្ញុំចេញ ដរាបណាខ្ញុំនៅមានជីវិត។ 7 សូមឲ្យសត្រូវខ្ញុំបានរាប់ជាមនុស្សអាក្រក់ចុះ ហើយឲ្យអ្នកដែលទាស់នឹងខ្ញុំ បានរាប់ជាទុច្ចរិតផង។ 8 ដ្បិត តើអ្វីទៅដែលជាក្តីសង្ឃឹមរបស់មនុស្សទមិឡ នៅពេលព្រះជាម្ចាស់បដិសេធគេ និងពេលព្រះជាម្ចាស់ដកយកជីវិតរបស់គេនោះ? 9 តើព្រះជាម្ចាស់នឹងស្តាប់សម្រែកពេលពួកគេជួបបញ្ហាដែលឬទេ? 10 តើនៅពេលពួកទមិឡរីករាយជាខ្លាំង តើគេដែលនឹកឃើញព្រះជាម្ចាស់គ្រប់ពេលវេលាទេ? 11 ខ្ញុំនឹងបង្រៀនអ្នករាល់គ្នា អំពីព្រះហស្ថនៃព្រះជាម្ចាស់ ដែលមាននៅនឹងព្រះដ៏មានគ្រប់ព្រះចេស្តា ខ្ញុំមិនលាក់និងរាល់គ្នាទេ។ 12 មើល! អ្នករាល់គ្នាក៏បានឃើញសេចក្ដីទាំងនេះហើយ ហេតុអ្វីបានជាអ្នករាល់គ្នា នៅតែនិយាយសេចក្តីគ្មាប្រយោជន៍ទៀត? 13 នេះហើយគឺជាវាសនា ដែលមនុស្សអាក្រក់ជាមួយព្រះជាម្ចាស់ គឺជាសេចក្ដីដែលមនុស្សសង្កត់សង្កិន ត្រូវទទួលពីព្រះដ៏មានគ្រប់ព្រះចេស្តា 14 ប្រសិនបើកូនចៅគេបានចម្រើនជាច្រើនឡើង នោះគឺសម្រាប់តែដាវប៉ុណ្ណោះ ហើយពូជពង្សគេមិនបានបរិភោគឆ្អែតទេ។ 15 ពួកអ្នកដែលរួចជីវិត នឹងត្រូវស្លាប់ ដោយជំងឺរាតត្បាត ប្រពន្ធរបស់គេដែលនៅមេម៉ាយ នឹងមិនយំកាន់ទុក្ខឲ្យគេឡើយ។ 16 ទោះបើគេប្រមូលប្រាក់ទុកដូចជាធូលីដី ក៏ត្រៀមទុកសម្លៀកបំពាក់ដូចជាភក់ 17 នោះគេនឹងរៀបចំបាន តែគឺពួកសុចរិតជាអ្នកស្លៀកពាក់វិញ ហើយពួកអ្នកដែលគ្មានទោស គឺពួកគេនឹងគ្នាចែកប្រាក់ក្នុងចំណោមគ្នាទៅ។ 18 ផ្ទះដែលគេសង់ ប្រៀបដូចជាសំបុកកណ្ដៀរ ឬដូចខ្ទមរបស់ឆ្មាំចម្ការ។ 19 ពេលចូលដំណេក គេជាអ្នកមាន ប៉ុន្តែ នេះជាលើកចុងក្រោយហើយ ដ្បិតពេលភ្ញាក់ឡើង គេបាត់បង់ទ្រព្យសម្បត្តិអស់។ 20 ការភ័យខ្លាចធ្លាក់មកលើគេដូចទឹកជំនន់ ហើយនៅពេលយប់ ខ្យល់កួចនាំយកគេបាត់ទៅ។ 21 ខ្យល់ពីទិសខាងកើតបក់មក កន្ត្រាក់គេចេញបាត់ពីលំនៅរបស់ខ្លួន។ 22 ខ្យល់នោះបក់បោកទៅលើគេឥតត្រាប្រណី ធ្វើឲ្យគេខិតខំរត់គេចចេញ។ 23 អ្នកដទៃឃើញដូច្នេះ ក៏ទះដៃហ៊ោ ហើយនាំគ្នាចំអកនៅកន្លែង ដែលគេធ្លាប់រស់នៅ។
1 មានអណ្ដូងរ៉ែសម្រាប់ជីកយកប្រាក់ ហើយក៏មានកន្លែងបន្សុទ្ធមាសដែរ។ 2 គេយកដែកចេញពីដី ហើយយកលង្ហិនចេញមកពីថ្មដែរ។ 3 មនុស្សបានជីកចុះទៅខាងក្រោមជ្រៅដល់ទីងងឹត ដើម្បីស្វែងរកថ្ម ដែលកប់នៅបាតដីក្នុងទីងងឹតអន្ធការ។ 4 គេជីកអណ្ដូងរ៉ែឆ្ងាយពីកន្លែងមនុស្សរស់នៅ ជាកន្លែងដែលមនុស្សស្ទើតែភ្លេចថាគេដើរតាមនោះ។ គេសម្រូតខ្លួនចុះទៅក្នុងអណ្ដូងរ៉ែ ហើយយោលចុះយោលឡើងនៅទីនោះ គឺនៅឆ្ងាយពីមនុស្ស។ 5 ដីតែងតែផ្ដល់អាហារដល់មនុស្ស តែនៅខាងក្រោម ដូចជាត្រូវភ្លើងឆេះបំផ្លាញអស់។ 6 គេរកឃើញត្បូងនៅជាមួយថ្មក្នុងដី ហើយរកបានមាសក្នុងធូលីដី។ 7 សត្វត្មាតមិនស្គាល់ផ្លូវចូលទៅ ក្នុងអណ្ដូងរ៉ែនោះទេ ហើយសត្វរអាតក៏មើលមិនឃើញដែរ។ 8 សត្វដ៏ខ្លាំងពូកែមិនដែលចូលទៅក្នុងនោះទេ សត្វសិង្ហក៏មិនដែលដើរកាត់តាមនោះដែរ។ 9 មនុស្សបានដាក់ដៃលើថ្មដ៏រឹង ហើយរម្លើងភ្នំរហូតដល់បាតខាងក្រោមនៃភ្នំ។ 10 គេចោះរូងនៅក្នុងចំណោមថ្មដា ហើយភ្នែករបស់គេបានឃើញវត្ថុធាតុទាំងប៉ុន្មានដ៏មានតម្លៃ។ 11 គេទប់ប្រភពទឹកឲ្យរីងស្ងួត ដើម្បី ពួកគេនឹងនាំយកអ្វីៗដែលលាក់កំបាំង មកដាក់នៅដែលមានពន្លឺវិញ។ 12 តើគេអាចរកប្រាជ្ញាបាននៅទីណាបាន? តើការយល់ដឹងស្ថិតនៅកន្លែងណា? 13 មនុស្សលោកមិនស្គាល់តម្លៃរបស់ប្រាជ្ញាទេ ហើយប្រាជ្ញាក៏មិនស្ថិតនៅលើផែនដីដែរ។ 14 ទីជម្រៅពោលថា ប្រាជ្ញាមិននៅក្នុងខ្ញុំទេ មហាសមុទ្រពោលថា ប្រាជ្ញាក៏មិននៅជាមួយខ្ញុំដែរ។ 15 គេមិនអាចយកមាសសុទ្ធ ហើយយកប្រាក់ទៅទិញប្រាជ្ញាបានទេ។ 16 គេមិនអាចយកប្រាជ្ញាទៅថ្លឹងជាមួយ កែវមរកត ពេជ្រ ឬត្បូងកណ្ដៀងបានឡើយ។ 17 គ្មានមាស ឬពេជ្រណាផ្ទឹមស្មើនឹងប្រាជ្ញាទេ ហើយគេក៏មិនអាចយកប្រាជ្ញាទៅដូរជាមួយ ភាជន៍ដែលធ្វើពីមាសសុទ្ធដែរ។ 18 ផ្កាថ្ម និងគុជ រឹតតែផ្ទឹមនឹងប្រាជ្ញាមិនបាន ហើយមានប្រាជ្ញាប្រសើរជាងមាន កែវមុក្ដាទៅទៀត។ 19 ត្បូងជម្ពូរ័ត្នពីទឹកដីអេត្យូពីក៏មិនអាចប្រដូច ទៅនឹងប្រាជ្ញា ហើយប្រាជ្ញាមិនអាចយកទៅថ្លឹង ជាមួយមាសបានទេ។ 20 ដូច្នេះ តើប្រាជ្ញាមានប្រភពនៅទីណា? តើការយល់ដឹងស្ថិតនៅកន្លែងណាដែរ? 21 មនុស្សលោកមិនអាចមើលឃើញប្រាជ្ញាទេ ហើយក៏បានលាក់បាំងពីសត្វ ដែលហើរនៅលើមេឃដែរ។ 22 រណ្ដៅនៃសេចក្ដីវិនាស និងសេចក្តីស្លាប់ពោលថា យើងបានឮគេនិយាយពីប្រាជ្ញាដោយផ្ទាល់ត្រចៀក។ 23 មានតែព្រះជាម្ចាស់ទេដែលស្គាល់ផ្លូវ ហើយជ្រាបថា ប្រាជ្ញាស្ថិតនៅកន្លែងណា។ 24 ដ្បិតព្រះអង្គមើលធ្លុះរហូតដល់ទៅ ទីដាច់ស្រយាលនៃផែនដី និងទតឃើញអ្វីៗទាំងអស់នៅក្រោមមេឃ។ 25 ពេលណាព្រះអង្គកំណត់កម្លាំងរបស់ខ្យល់ និងទំហំរបស់ផ្ទៃទឹក។ 26 ព្រះជាម្ចាស់បានកំណត់ច្បាប់មួយ សម្រាប់ទឹកភ្លៀង ព្រមទាំងកំណត់ផ្លូវសម្រាប់ផ្លេកបន្ទោរ និងផ្គររួចស្រេចហើយ។ 27 ព្រះអង្គក៏ទតឃើញប្រាជ្ញា ព្រះអង្គលើកតម្លៃប្រាជ្ញានោះ ព្រះអង្គតាំងប្រាជ្ញាឡើង ហើយពិនិត្យពិច័យមើលយ៉ាងល្អិតល្អន់។ 28 ចំពោះមនុស្សវិញ ព្រះជាម្ចាស់មានបន្ទូលថា៖ មើល! ការកោតខ្លាចនៃព្រះអម្ចាស់ គឺជាប្រាជ្ញា ហើយញែកចេញពីការអាក្រក់ ក៏ជាប្រាជ្ញាដែរ។
1 លោកយ៉ូបរៀបរាប់សាជាថ្មីដោយនិយាយថា៖ 2 «ខ្ញុំប្រាថ្នាឲ្យបានដូចកាលពីមុន គឺនៅគ្រាដែលព្រះជាម្ចាស់មើលថែទាំខ្ញុំ 3 នៅគ្រាដែលចង្កៀងរបស់ព្រះអង្គបំភ្លឺខ្ញុំ ហើយខ្ញុំដើរកាត់ភាពងងឹតដោយពន្លឺរបស់ព្រះអង្គ។ 4 ពេលដែលខ្ញុំកំពុងតែចម្រុងចម្រើននោះ ព្រះជាម្ចាស់ជាមិត្តសម្លាញ់របស់ខ្ញុំ ព្រះជាម្ចាស់បានគង់នៅក្នុងទីលំនៅរបស់ខ្ញុំ។ 5 ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត គង់នៅជាមួយខ្ញុំ ហើយកូនចៅរបស់ខ្ញុំក៏នៅជុំវិញខ្ញុំដែរ 6 នោះហ្វូងសត្វរបស់ខ្ញុំផ្ដល់ទឹកដោះឲ្យខ្ញុំ យ៉ាងបរិបូណ៌ ចម្ការអូលីវរបស់ខ្ញុំ ផ្ដល់ប្រេងដ៏ច្រើនហូរហៀរមកខ្ញុំ! 7 ពេលខ្ញុំចេញទៅមាត់ទ្វារក្រុង ហើយពេលខ្ញុំអង្គុយកាត់ក្ដីក្នុងចំណោមពួកព្រឹទ្ធាចារ្យ 8 ពួកក្មេងយុវជនបានឃើញខ្ញុំ គេនាំគ្នាដកខ្លួនថយទៅទីឆ្ងាយដែរ ហើយពួកអ្នកចាស់ទុំនាំគ្នាក្រោកឈរឡើងនៅចំពោះខ្ញុំផងដែរ។ 9 ពួកមេដឹកនាំឈប់និយាយ យកដៃខ្ទប់មាត់ ហើយនៅស្ងៀម នៅពេលដែរខ្ញុំចូលទៅដល់ទីនោះ។ 10 សម្លេងរបស់ពួកអ្នកអភិជនក៏នៅស្ងៀមស្ងាត់ ហើយមាត់របស់ពួកគេក៏បិទ មិនហ៊ាននិយាយស្ដីអ្វីទៀតទេ។ 11 ដ្បិតនៅពេលត្រចៀក របស់ពួកគេបានឮខ្ញុំនិយាយ នោះពួកនឹងគេឲ្យពរខ្ញុំ ពេលភ្នែករបស់គេឃើញខ្ញុំ ពួកគេនឹងធ្វើសាក្សីហើយនឹងយល់ស្រប់តាមខ្ញុំដែរ 12 ដ្បិតពេលមនុស្សជួបទុក្ខលំបាកស្រែកឡើង នោះខ្ញុំជួយយកអាសាគេ ហើយខ្ញុំក៏បានជួយក្មេងកំព្រា និងអ្នកដែលគ្មានទីពឹងដែរ។ 13 អ្នកដែលហៀបនឹងស្លាប់ តែងឲ្យពរខ្ញុំ ហើយខ្ញុំបានលើកទឹកចិត្តស្ត្រីមេម៉ាយ ច្រៀងដោយអំណរសប្បាយផងដែរ។ 14 សេចក្ដីសុចរិតនៅជាប់ជាមួយខ្ញុំ ប្រៀបដូចជាសម្លៀកបំពាក់របស់ខ្ញុំ ហើយយុត្តិធម៌ក៏ប្រៀបដូចជាអាវធំ។ 15 ខ្ញុំធ្វើជាភ្នែករបស់មនុស្សខ្វាក់ និងជាជើងរបស់មនុស្សខ្វិន។ 16 ខ្ញុំធ្វើជាឪពុករបស់ជនក្រីក្រ ហើយខ្ញុំជួយរកខុសត្រូវឲ្យមនុស្ស ដែលខ្ញុំពុំស្គាល់ផង។ 17 ខ្ញុំបំបាក់ថ្គាមរបស់មនុស្សទុច្ចរិត ដណ្ដើមយកជនរងគ្រោះពីចង្កូមរបស់គេ។ 18 ពេលនោះ ខ្ញុំនិយាយថា៖ ខ្ញុំនឹងស្លាប់នៅក្នុងទីលំនៅរបស់ខ្ញុំ ហើយជីវិតរបស់នឹងបានវែងដូចចំនួនគ្រាប់ខ្សាច់។ 19 ហើយឫសរបស់ខ្ញុំនឹងចាក់ទៅរកទឹក ហើយនៅពេលយប់ មានសន្សើមធ្លាក់មកលើមែកផងដែរ។ 20 កិត្តិយសទាំងនេះតែងតែនៅជាមួយខ្ញុំជានិច្ច កម្លាំងរបស់ខ្ញុំចេះតែចម្រើនឡើងសាជាថ្មី ដូចខ្សែធ្នូដែលគេរឹតយ៉ាងតឹង។ 21 មនុស្សម្នាត្រងត្រាប់ស្ដាប់ពាក្យខ្ញុំ ពេលខ្ញុំផ្ដល់យោបល់ គេនៅស្ងៀមស្ងាត់។ 22 បន្ទាប់ពីខ្ញុំនិយាយផុតហើយនោះ គ្មាននរណាប្រកែកតវ៉ាទេហើយពាក្យខ្ញុំធ្លាក់ទៅលើគេ ដូចជាទឹកស្រក់លើពួកគេ។ 23 ពួកគេតែងតែរង់ចាំខ្ញុំ ដូចពួកគេរង់ចាំទឹកភ្លៀងដែរ ហើយពួកគេបានបើកមាត់យ៉ាងធំ ដើម្បីផឹកយកពាក្យរបស់ខ្ញុំ គឺដូចពួកគេទន្ទឹងរង់ចាំភ្លៀងចុងរដូវ។ 24 ពេលខ្ញុំញញឹមដាក់ពួកគេ ពួកគេមិនចង់ជឿទេ ពួកគេមិនបានបដិសេធពន្លឺដែលចេញពីមុខខ្ញុំទេ។ 25 ខ្ញុំសុខចិត្តធ្វើជាមេដឹកនាំរបស់ពួកគេ ខ្ញុំនឹងបង្ហាញផ្លូវពួកគេ ហើយខ្ញុំរស់នៅ ដូចស្ដេចដែលនៅជាកងទ័ពរបស់ខ្លួន និងដូចអ្នកលើកទឹកចិត្ត អស់អ្នកដែលកើតទុក្ខ។
1 ឥឡូវនេះ អស់អ្នកដែលនៅក្មេងជាងខ្ញុំ សើចចំអកឲ្យខ្ញុំ! ឪពុករបស់អ្នកទាំងនោះ សុទ្ធតែជាមនុស្សប្រើការមិនកើត សូម្បីតែប្រើឲ្យកៀងហ្វូងសត្វ ជាមួយឆ្កែរបស់ខ្ញុំ ក៏ខ្ញុំមិនទុកចិត្តដែរ។ 2 កម្លាំងដៃរបស់ឪពុកអ្នកទាំងនោះ ប្រើមិនកើតទេ តើធ្វើដូចម្តេចអាចជួយខ្ញុំបាន ហើយមនុស្សវ័យកាន់តែចាស់តើមិនវិនាសទេឬ? 3 ពួកគេស្គមដោយដោយការក្រីក្រ និងឃ្លានខ្លាំងពេក ពួកគេរត់ទៅវាលហួតហែង ដែលជាទីស្មសាន រាំងស្ងួតតាំងពីយូរយារមកហើយ។ 4 ពួកគេបោចស្លឹកឈើនៅតាមគុម្ពោត យកមកធ្វើជាអាហារ សូម្បីតែមើមក្ដួច ក៏ពួកគេបរិភោគដែរ។ 5 មនុស្សម្នាដេញអ្នកទាំងនោះចេញពីទីប្រជុំជន ហើយស្រែកពីក្រោយ ដូចស្រែកដេញចោរ។ 6 ពួកគេនាំគ្នារត់ទៅស្នាក់អាស្រ័យ នៅតាមជ្រលងភ្នំដ៏ចង្អៀតគួរព្រឺខ្លាច និងនៅតាមរូងភ្នំ តាមក្រហែងថ្ម។ 7 ពួកគេស្រែកនៅក្នុងគុម្ពោតព្រៃ ដូចសត្វធាតុ ហើយប្រជ្រៀតគ្នានៅក្រោមដើមផ្អាវ។ 8 ពួកគេគឺជាកូននៃមនុស្សល្ងង់ ហើយជាកូននៃមនុស្សមិនដឹងខ្យល់ ឥតពូជឥតអំបូរ ហើយពួកគេត្រូវបានអ្នកស្រុកដេញចេញពីទឹកដីរបស់គេផង។ 9 ប៉ុន្តែ ឥឡូវនេះ ពួកកូនចៅរបស់គេបែរជានាំគ្នា ច្រៀងឡកឡឺយ និងយកខ្ញុំមកនិយាយលេងសើច។ 10 ពួកគេខ្ពើមខ្ញុំ ហើយដើរវាងឆ្ងាយពីខ្ញុំ ពួកគេមិនញញើតនឹងស្ដោះទឹកមាត់ ដាក់មុខខ្ញុំផង។ 11 ដ្បិត ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំធ្លាក់ខ្លួនខ្សោយ ព្រះអង្គបន្ទាបបន្ថោកខ្ញុំ ហេតុនេះហើយបានជាពួកគេមើលងាយខ្ញុំ តាមចិត្តរបស់ពួកគេ។ 12 ជនពាលជាច្រើនប្រហារខ្ញុំពីខាងស្ដាំ ពួកគេទាត់ជើងខ្ញុំ ហើយសង្គ្រប់មកលើខ្ញុំ ដើម្បីកម្ទេចខ្ញុំផងដែរ។ 13 ពួកគេបានបំផ្លាញផ្លូវខ្ញុំ មិនឲ្យរត់រួច ពួកគេប្រាថ្នាធ្វើឲ្យខ្ញុំវិនាស ដោយមិនបាច់មាននរណាឃាត់ពួកគេបានឡើយ។ 14 ពួកគេលើកគ្នាសម្រុកមកលើខ្ញុំ ដូចកងទ័ពទម្លុះកំពែង សម្រុកចូលវាយក្រុងដ៏ធំមួយ ហើយនៅកណ្តាលនៃការបំផ្លាញនោះ គេបានរមៀលខ្លួនពួកគេមកលើខ្ញុំ។ 15 ការភ័យតក់ស្លុតក៏កើតមានដល់ខ្ញុំ កិត្តិយសដ៏រុងរឿងរបស់ខ្ញុំប៉ើងទៅតាមខ្យល់ ភាពចម្រុងចម្រើនរបស់ខ្ញុំរសាត់បាត់ ដូចពពក។ 16 ឥឡូវនេះ ជីវិតរបស់ខ្ញុំកំពុងតែរលត់ គ្មានអ្វីសម្រាលទុក្ខវេទនារបស់ខ្ញុំបានទេ។ 17 នៅពេលយប់ ការឈឺចាប់ស៊ីរូងឆ្អឹងរបស់ខ្ញុំឥតមានពេលល្ហែសោះឡើយ។ 18 ព្រះជាម្ចាស់បានជំរុញការឈឺចាប់ខ្លាំងពេក រហូតដល់ធ្វើឲ្យ សម្លៀកបំពាក់របស់ខ្ញុំ ហើយរឹតរួតខ្ញុំ ដូចកអាវរឹតកខ្ញុំ។ 19 ព្រះជាម្ចាស់បានបោះខ្ញុំទៅក្នុងភក់ជ្រាំ ខ្ញុំមិនខុសពីធូលីដី និងផេះទេ។ 20 ទូលបង្គំស្រែកអង្វរសូមព្រះអង្គជួយ តែព្រះអង្គមិនឆ្លើយមកទូលបង្គំទេ ពេលទូលបង្គំក្រោកឈរ ព្រះអង្គគ្រាន់តែសម្លឹងមកទូលបង្គំប៉ុណ្ណោះ។ 21 ព្រះអង្គប្រព្រឹត្តចំពោះទូលបង្គំយ៉ាងឃោរឃៅ ព្រះអង្គប្រហារទូលបង្គំ ជាមួយព្រះហស្ថដ៏ខ្លាំងពូកែ មកលើទួលបង្គំ។ 22 ព្រះអង្គលើកទូលបង្គំឡើង ហើយឲ្យខ្យល់ផាត់ទូលបង្គំយកទៅ ព្រមទាំងឲ្យខ្យល់ព្យុះបក់បោក មកលើទូលបង្គំផង។ 23 ដ្បិត ទូលបង្គំដឹងហើយថាព្រះអង្គនាំទូលបង្គំ ទៅរកសេចក្ដីស្លាប់ គឺនៅកន្លែងដែលរបស់ដែលមានជីវិតរស់នៅ។ 24 ទោះជាយ៉ាងណាក៏ដោយ តើមានអ្នកណាដែលខ្លួនជិតដួលហើយមិនលូកដៃ សុំរកជំនួយទេឬ? 25 តើនៅពេលជួយបញ្ហា ហើយមិនស្រែកហៅឲ្យគេជួយទែឬ? 26 ខ្ញុំសង្ឃឹមថាបានសុភមង្គល តែទុក្ខវេទនាបែរជាកើតមានដល់ខ្ញុំ ខ្ញុំទន្ទឹងរង់ចាំពន្លឺ តែសេចក្ដីងងឹតបែរជា កើតមានដល់ខ្ញុំទៅវិញ។ 27 ចិត្តរបស់ខ្ញុំតប់ប្រមល់ ឥតឈប់ឈរ ទុក្ខលំបាកកើតមានដល់ខ្ញុំរៀងរាល់ថ្ងៃ។ 28 មុខរបស់ខ្ញុំឡើងខ្មៅ តែមិនមែនដោយសារកម្ដៅថ្ងៃទេ ខ្ញុំក្រោកឈរនៅទីប្រជុំជន ស្រែកហៅគេឲ្យជួយ។ 29 ខ្ញុំបានក្លាយមកជាបងប្អូនរបស់ឆ្កែព្រៃ និងជាមិត្តសម្លាញ់របស់ខ្លែងស្រាក។ 30 ស្បែករបស់ខ្ញុំឡើងខ្មៅ ហើយបានធ្លាក់ចុះពីខ្ញុំដែរ ឆ្អឹងរបស់ខ្ញុំបានឆេះដោយសារកំដៅថ្ងៃ។ 31 សំលេងពិណរបស់ខ្ញុំលេងបានតែបទទំនួញ សំឡេងប៉ីរបស់ខ្ញុំបានត្រឹមតែកំដរ អស់អ្នកដែលយំកាន់ទុក្ខប៉ុណ្ណោះ។
1 ខ្ញុំបានតាំងសញ្ញានឹងភ្នែកខ្ញុំហើយ ដូច្នេះ ធ្វើដូចម្តេចឲ្យខ្ញុំមើលស្ត្រីក្រមុំ ដោយចាប់ចិត្តបាន? 2 ដ្បិតយ៉ាងនោះ តើនឹងមានចំណែកអ្វី ពីព្រះជាម្ចាស់ដ៏គង់នៅស្ថានលើ តើនឹងមានមរតកអ្វីពីព្រះដ៏មានគ្រប់ព្រះចេស្តា នៅស្ថានដ៏ខ្ពស់? 3 ខ្ញុំធ្លាប់គិតសេចក្ដីអន្តរាយដល់មនុស្សទុច្ចរិត ហើយជាសេចក្ដីវេទនាដល់ពួកអ្នក ដែលប្រព្រឹត្តអាក្រក់។ 4 តើព្រះអង្គមិនឃើញផ្លូវខ្ញុំ ហើយរាប់អស់ទាំងជំហាននៃខ្ញុំទេឬ? 5 បើខ្ញុំបានដើរដោយសេចក្ដីភូតភរ ហើយជើងខ្ញុំបានរហ័សទៅតាមសេចក្ដីល្បួង 6 សូមឲ្យព្រះថ្លឹងខ្ញុំ ដោយជញ្ជីងត្រឹមត្រូវ ដើម្បីឲ្យព្រះអង្គបានជ្រាបគំនិតទៀងត្រង់របស់ខ្ញុំ។ 7 ប្រសិនបើជើងខ្ញុំងាកចេញពីមាគ៌ាត្រឹមត្រូវ ប្រសិនបើចិត្តខ្ញុំបណ្ដោយឲ្យភ្នែកអូសទាញ ប្រសិនបើមានអំពើសៅហ្មងណាមួយ នៅជាប់នឹងដៃរបស់ខ្ញុំ 8 ពេលខ្ញុំសាបព្រោះអ្វី សូមឲ្យអ្នកផ្សេងមកទទួលយកផល ហើយសូមច្រូតកាត់ពីវាលស្រែខ្ញុំចុះ។ 9 បើចិត្តខ្ញុំបានចុះចូល នឹងសេចក្ដីលួងលោមរបស់ស្ត្រីណា ហើយខ្ញុំបានលបចាំនៅមាត់ទ្វារអ្នកជិតខាងខ្ញុំ 10 សូមឲ្យប្រពន្ធខ្ញុំបានកិនស្រូវឲ្យម្នាក់ទៀត ហើយសូមឲ្យអ្នកផ្សេងទៀតគោរពនាង។ 11 ដ្បិតប្រព្រឹត្តដូច្នោះជាអំពើមួយដ៏អាស្រូវបំផុត ជាអំពើដែលចៅក្រមត្រូវដាក់ទោស។ 12 ដ្បិត អំពើនេះប្រៀបបាននឹងភ្លើង ឆេះរាលដាល ដូចជាគ្រប់យ៉ាងដែលនៅស្ថានឃុំព្រលឹងមនុស្សស្លាប់ និងឆេះផលដំណាំរបស់ខ្ញុំទាំងអស់។ 13 បើខ្ញុំដែលមើលងាយ រឿងរបស់បាវប្រុសបាវស្រីខ្ញុំ ក្នុងកាលដែលវាបានតវ៉ានឹងខ្ញុំ 14 យ៉ាងនោះ តើខ្ញុំនឹងធ្វើដូចម្តេច ក្នុងកាលដែលព្រះក្រោកឡើង កាលណាព្រះអង្គពិចារណាសួរខ្ញុំ តើខ្ញុំនឹងឆ្លើយដល់ព្រះអង្គដូចម្តេច? 15 ព្រះដែលបានបង្កើតខ្ញុំនៅក្នុងពោះម្តាយ តើមិនបានបង្កើតបាវនោះដែរទេឬ? តើមិនមែនជាព្រះតែមួយ ដែលស្អាងយើងទាំងពីរនៅក្នុងផ្ទៃម្តាយទេឬ? 16 ប្រសិនបើ ខ្ញុំមិនដែលបដិសេធជួយជនក្រីក្រ ឬប្រសិនបើ ខ្ញុំបានធ្វើឲ្យស្ត្រីភ្នែក របស់ស្ត្រីមេម៉ាយហើមធំដោយការស្រែកយំ 17 ឬប្រសិនបើ ខ្ញុំមិនដែលបរិភោគអាហារតែម្នាក់ឯង ដោយមិនបានចែកឲ្យក្មេងកំព្រាទេ ដែលគ្មានឪពុកនោះ 18 ពីព្រោះតែ តាំងពីខ្ញុំនៅក្មេង ខ្ញុំបានបីបាច់ថែរក្សាពួកគេ រូបខ្ញុំបីដូចជាឪពុករបស់ពួកគេ ហើយខ្ញុំក៏បានណែនាំម្តាយគេដែរ ជាស្ត្រីមេម៉ាយ ដែលកើតពីផ្ទៃម្តាយរបស់ខ្ញុំដែរ។ 19 ប្រសិនបើខ្ញុំបានឃើញអ្នកណាវិនាសទៅ ដោយឥតមានអ្វីស្លៀកពាក់ ឬប្រសិនបើអ្នកក្រីក្រឥតមានសំលៀកបំពាក់ 20 ប្រសិនបើចិត្តរបស់ពួកគេមិនបានឲ្យពរដល់ខ្ញុំ ពីព្រោះគេមិនបានកក់ក្តៅដោយរោមចៀមរបស់ខ្ញុំនោះទេ 21 ប្រសិនបើខ្ញុំបានលើកដៃទាស់នឹងក្មេងកំព្រា ពីព្រោះតែខ្ញុំបានឃើញសេចក្តីជំនួយរបស់ខ្ញុំ នៅឯទ្វារទីក្រុង បើដូច្នេះខ្ញុំជាប់ទោសហើយ! 22 ប្រសិនបើបានធ្វើការនេះ សូមឲ្យដៃរបស់ខ្ញុំដាច់ចេញពីស្មា ហើយសូមឲ្យកំភួនដៃរបស់ខ្ញុំ បានបាក់ចេញពីគ្នា។ 23 ដ្បិតខ្ញុំភ័យខ្លាចព្រះជាម្ចាស់ដាក់ទោសណាស់ ខ្ញុំមិនអាចតទល់នឹងឫទ្ធិបារមីដ៏ថ្កុំថ្កើង របស់ព្រះអង្គបានឡើយ។ 24 ប្រសិនបើ ខ្ញុំបានយកមាសមកធ្វើជាទីសង្ឃឹម ហើយបើសិនខ្ញុំបាននិយាយថា ទៅស្វែងរកមាស «គឺមាសសុទ្ធបានក្លាយជាទីពឹងលើមាសហើយ» 25 បើសិនខ្ញុំរីករាយ ដោយព្រោះតែទ្រព្យសម្បត្តិស្ដុកស្ដម្ភ ដែលក្នុងដៃខ្ញុំមានទ្រព្យ នោះនឹងមកនូវការជាប់ទោសដល់ខ្ញុំវិញ! 26 ប្រសិនបើខ្ញុំបានឃើញព្រះអាទិត្យ ពេលកំពុងចាំងរស្មី ឬព្រះចន័្ទកំពុងតែដើរជាមួយពន្លឺ 27 ហើយបើបេះដូងរបស់ខ្ញុំស្ងាត់ៗក៏លង់ រហូតយកដៃមកដាក់លើមាត់ទាំងថើប ក្នុងបង្ហាញពីការថ្វាយបង្គំ ដល់ព្រះអាទិត្យនិងព្រះចន្ទ័នោះ 28 ការធ្វើបែបនេះគឺខ្ញុំបានជាប់ទោស ដោយការជំនុំជម្រះ គឺខ្ញុំបានបដិសេធព្រះជាម្ចាស់ដែលធំជាងអ្វីទាំងអស់។ 29 បើខ្ញុំដែលរីករាយសប្បាយ ដោយឃើញសេចក្ដីហិនវិនាស របស់អ្នកដែលស្អប់ខ្ញុំ ឬបំប៉ោងខ្លួនខ្ញុំឡើង នៅពេលទុក្ខវេទនាបានកើតឡើងជាមួយគេឡើយ បើបែរនេះខ្ញុំនឹងជាប់ទោសហើយ! 30 ប៉ុន្តែ គឺខ្ញុំមិនបានឲ្យមាត់របស់ខ្ញុំធ្វើបាប ដោយដាក់បណ្ដាសា ដល់ជីវិតគេឡើយ។ 31 ប្រសិនបើពួកមនុស្សនៅទីលំនៅខ្ញុំ មិនដែលបាននិយាយថា៖ «តើមានអ្នកណាដែលមិនបានឆ្អែត ដោយអាហាររបស់លោកយ៉ូប?» 32 (សូម្បីតែពួកអ្នកដំណើរបរទេស ក៏មិនបានសម្រាកនៅឯបន្ទុបក្នុងទីក្រុងដែរ ដ្បិតខ្ញុំបានបើកទ្វារទទួលគេឲ្យស្នាក់នៅដែរ) បើខ្ញុំមិនបានធ្វើការនោះទេ គឺខ្ញុំជាប់ទោសហើយ! 33 បើខ្ញុំបានគ្របបាំងអំពើរំលងរបស់ខ្ញុំ ដូចជាមនុស្សលោក ដោយលាក់សេចក្ដីអាក្រក់ដែលនៅក្នុងខ្លួនខ្ញុំ 34 (ពីព្រោះតែខ្លាចចំពោះហ្វូងមនុស្ស ហើយដោយសេចក្ដីមើលងាយរបស់គ្រួសារផ្សេងៗ បាននាំឲ្យខ្ញុំភ័យ ដល់ម៉្លេះបានជាខ្ញុំនៅស្ងៀម មិននិយាយចេញមកក្រៅទេ) ដូចនេះខ្ញុំនឹងជាប់ទោសហើយ! 35 ឱបើមានអ្នកណាមួយស្ដាប់ខ្ញុំ មើល ខ្ញុំចុះឈ្មោះហើយ សូមឲ្យព្រះដ៏មានគ្រប់ព្រះចេស្តា ឆ្លើយមកខ្ញុំចុះ ឱបើអ្នកដែលតតាំងនឹងខ្ញុំ បានធ្វើពាក្យថ្លែងការទៅ! 36 នោះប្រាកដជាខ្ញុំនឹងយកទៅដោយភ្ជាប់នឹងស្មា ហើយដាក់ពាក់នៅលើក្បាលដូចជាម្កដ។ 37 ខ្ញុំនឹងទូលព្រះអង្គពីចំនួនជំហានខ្ញុំ ហើយនឹងចូលទៅជិតព្រះអង្គ ដូចអ្នកធំផ្សេងទៀតដែរ។ 38 ប្រសិនបើដីស្រែរបស់ខ្ញុំស្រែកឡើងទាស់នឹងខ្ញុំ ហើយគន្លងទាំងប៉ុន្មានយំជាមួយគ្នា 39 បើខ្ញុំបានបរិភោគផលនៃដីនោះឥតបង់ថ្លៃ ឬបានធ្វើឲ្យម្ចាស់ដើមបង់ជីវិតនោះ 40 សូមឲ្យមានតែបន្លាដុះឡើង ជំនួសស្រូវភោជ្ជសាលី ហើយស្រងែជំនួសស្រូវឱកវិញចុះ»។ ពាក្យរបស់លោកយ៉ូបចប់តែប៉ុណ្ណេះ។
1 កាលមិត្តភក្ដិទាំងបីរូបរបស់លោកយ៉ូប ឃើញលោកប្រកាន់ជំហរថាខ្លួនសុចរិតដូច្នេះ ពួកគេក៏លែងឆ្លើយឆ្លងទៀត។ 2 ពេលនោះ លោកអេលីហ៊ូវ ជាកូនរបស់លោកបារ៉ាគាល ក្នុងអំបូរប៊ូសនៃត្រកូលរ៉ាម ក៏ចាប់ផ្ដើមខឹងជាខ្លាំង គាត់ខឹងនឹងលោកយ៉ូប ព្រោះលោកប្រកាន់ថាខ្លួនលោកសុចរិតជាងព្រះជាម្ចាស់ ។ 3 គាត់ក៏ខឹងនឹងមិត្តភក្ដិទាំងបីរបស់លោកយ៉ូបដែរ ព្រោះលោកទាំងបីពុំអាចរកពាក្យឆ្លើយទៅលោកវិញបាន ធ្វើហាក់ដូចជាព្រះជាម្ចាស់មានកំហុសមែន ។ 4 ពេលនេះលោកអេលីហ៊ូវក្មេងជាងគេ គាត់រង់ចាំនិយាយជាមួយលោកយ៉ូបក្រោយគេ។ 5 ប៉ុន្តែ ពេលគាត់ឃើញលោកទាំងបីគ្មានពាក្យអ្វីឆ្លើយទៅលោកយ៉ូបទៀតនោះ គាត់ក៏ខឹងជាខ្លាំង។ 6 លោកអេលីហ៊ូវ ជាកូនរបស់លោកបារ៉ាគាល ក្នុងអំបូរប៊ូស ពោលឡើងថា៖ «ខ្ញុំនៅក្មេង ហើយអស់លោកសុទ្ធតែជាចាស់ទុំ។ ហេតុនេះហើយបានជាខ្ញុំភ័យញាប់ញ័រ មិនហ៊ានជម្រាបអស់លោកពីចំណេះរបស់ខ្ញុំ។ 7 ខ្ញុំបាននិយាយថា មនុស្ស «មានអាយុវែង រមែងប្រសប់និយាយ អ្នករស់បានច្រើនឆ្នាំគួរបង្រៀនពីប្រាជ្ញា។ 8 ក៏ប៉ុន្តែ តាមពិត មានតែវិញ្ញាណនៅក្នុងមនុស្ស គឺខ្យល់ដង្ហើមមកពីព្រះដ៏មានឫទ្ធានុភាព ខ្ពង់ខ្ពស់បំផុតប៉ុណ្ណោះ ទើបផ្ដល់ឲ្យគេយល់ដឹងបាន។ 9 គឺមិនមែនដោយសារមនុស្សដែលមានប្រាជ្ញា ហើយក៏មិនមែនសារអាយុ ដែលអាចមានចំណេះដឹងនិង ការវិនិច្ឆ័យដែរ។ 10 ហេតុនេះ ខ្ញុំនឹងនិយាយទៅកាន់លោកម្ដង សូមស្តាប់ខ្ញុំ នោះខ្ញុំនឹងប្រាប់អំពីចំណេះដឹងរបស់ខ្ញុំ។ 11 មើល! ខ្ញុំបានផ្ទៀងត្រចៀកស្ដាប់ពាក្យ ដែលអស់លោកថ្លែង រហូតដល់អស់លោកវែកញែកអស់សេចក្ដី។ 12 ខ្ញុំបានផ្ចង់ចិត្តស្ដាប់អស់លោក ក៏ប៉ុន្តែ គ្មាននរណាម្នាក់ក្នុងចំណោមអស់លោក ជជែកឈ្នះលោកយ៉ូប ឬអាចឆ្លើយតបនឹងពាក្យរបស់គាត់វិញសោះ។ 13 ហេតុនេះ សូមកុំអះអាងថា អស់លោករកបានប្រាជ្ញានោះឡើយ! មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាច តទល់នឹងគាត់បាន គឺមិនមែនមនុស្សទេ។ 14 ដ្បិតលោកយ៉ូបពុំមានប្រសាសន៍មកកាន់ខ្ញុំផ្ទាល់ទេ ដូច្នេះ ខ្ញុំនឹងមិនឆ្លើយទៅគាត់វិញ តាមរបៀបដែលអស់លោកឆ្លើយនោះឡើយ។ 15 លោកយ៉ូបអើយ លោកទាំងបីនេះមិនហ៊ានឆ្លើយទៀតទេ ដ្បិតពួកគាត់រកពាក្យនិយាយពុំបាន។ 16 តើគួរឲ្យខ្ញុំរង់ចាំដែរ ពីព្រោះមិនឃើញពួកគាត់និយាយទេ ដោយពួកគាត់នៅស្ងៀម លែងឆ្លើយដូច្នេះទៀតហើយឬ? 17 ខ្ញុំសូមឆ្លើយតបទៅលោកវិញម្ដង ខ្ញុំក៏ចង់បង្ហាញចំណេះដឹងរបស់ខ្ញុំដែរ។ 18 ដ្បិត ខ្ញុំមានសេចក្ដីជាច្រើនដែលចង់និយាយ វិញ្ញាណដែលនៅក្នុងខ្ញុំ បានបង្ខំខ្ញុំដែរ។ 19 មើល! ទ្រូងរបស់ខ្ញុំមុខតែធ្លុះធ្លាយដូចថង់ស្បែក ដែលដាក់ស្រាទំពាំងបាយជូរថ្មី។ 20 ខ្ញុំសូមនិយាយ ដើម្បីឲ្យបានធូរទ្រូង ខ្ញុំត្រូវតែបើកមាត់ឆ្លើយទៅអស់លោកវិញ។ 21 ខ្ញុំមិនរើសមុខនរណាឡើយ ហើយខ្ញុំក៏មិនបញ្ចើចបញ្ចើនរណាម្នាក់ដែរ។ 22 ដ្បិត ខ្ញុំមិនចេះបញ្ចើចបញ្ចើទេ បើខ្ញុំធ្វើដូច្នេះ ព្រះដែលបង្កើតខ្ញុំមុខជា ដកជីវិតខ្ញុំយ៉ាងឆាប់មិនខាន។
1 ពេលនេះ លោកយ៉ូបអើយ! សូមស្ដាប់ពាក្យខ្ញុំ នឹងសូមស្ដាប់ពាក្យទាំងប៉ុន្មានរបស់ខ្ញុំ។ 2 មើល! ខ្ញុំរៀបចំពាក្យសម្ដី ហើយត្រៀមមាត់ជាស្រេចនឹងនិយាយ។ 3 ពាក្យខ្ញុំរបស់គឺដោយស្មោះត្រង់ ចេញពីចិត្ត មាត់របស់ខ្ញុំនិយាយចំណេះដឹងដែលបរិសុទ្ធ។ 4 ព្រះវិញ្ញាណនៃព្រះជាម្ចាស់បានសូនខ្ញុំឡើង ខ្យល់ដង្ហើមរបស់ព្រះដ៏មានឫទ្ធានុភាព ប្រទានឲ្យខ្ញុំមានជីវិត។ 5 សូមឆ្លើយមកខ្ញុំចុះ បើលោកអាចឆ្លើយបាន សូមរៀបចំពាក្យរបស់លោកមុនខ្ញុំចាប់ផ្តើម។ 6 មើល! ខ្ញុំក៏នៅខាងព្រះជាម្ចាស់ដែរ ព្រះអង្គបានសូនខ្ញុំពីដីឥដ្ឋ ដូចលោកដែរ។ 7 មើល! សូមកុំញាប់ញ័រនៅចំពោះមុខខ្ញុំឡើយ ហើយក៏មិនធ្វើឲ្យលោកភ័យខ្លាច ឬដាក់បន្ទុកលើលោកដែរ។ 8 ខ្ញុំបានឮពាក្យដែលលោកថ្លែងប្រាប់ ហើយខ្ញុំចងចាំ ឥតភ្លេចឡើយ គឺលោកពោលថា៖ 9 ខ្ញុំជាមនុស្សគ្មានទោស គ្មានបាប ខ្ញុំជាមនុស្សស្អាតស្អំដែរ ឥតមានកំហុសអ្វីទេ។ 10 មើល! ព្រះជាម្ចាស់រករឿងទាស់នឹងខ្ញុំ ព្រះអង្គចាត់ទុកខ្ញុំជាខ្មាំងសត្រូវ។ 11 ព្រះអង្គដាក់ខ្នោះជើងខ្ញុំ ព្រះអង្គឃ្លាំមើលគ្រប់ផ្លូវរបស់ខ្ញុំ។ 12 មើល! លោកមានប្រសាសន៍ដូច្នេះ មិនត្រូវទេ ចាំខ្ញុំពន្យល់លោក ដ្បិតព្រះជាម្ចាស់ធំជាងមនុស្សលោក។ 13 ហេតុអ្វីបានជាលោកចោទប្រកាន់ព្រះអង្គ? ព្រះអង្គមិនទទួលខុសត្រូវ សម្រាប់ការដែលព្រះអង្គបានធ្វើ។ 14 ព្រះជាម្ចាស់មានព្រះបន្ទូលតាមរបៀបផ្សេងៗ តែគ្មាននរណាចាប់អារម្មណ៍ទេ។ 15 តាមការយល់សប្ដិ តាមរយៈសុបិននិមិត្តនៅពេលយប់ ក្នុងពេលដែលមនុស្សកំពុងតែដេក លង់លក់នៅលើគ្រែផង 16 ព្រះអង្គក៏សម្តែងឲ្យគេស្គាល់ ហើយពួកគេមានការរន្ធត់ជាង ការសម្លុតទៅទៀត។ 17 ធ្វើដូច្នេះ ព្រះអង្គនាំមនុស្សឲ្យងាក ចេញពីអំពើបាប ហើយការពារមនុស្សកុំឲ្យមានអំនួត។ 18 ព្រះជាម្ចាស់រក្សាគេកុំឲ្យគេធ្លាក់ទៅក្នុងរណ្ដៅ និងការពារជីវិតគេ ឲ្យរួចពីក្តីស្លាប់។ 19 មនុស្សនឹងទទួលទោស នឹងជាមួយការឈឺចាប់នៅលើគ្រែរបស់គេ នឹងមានការឈឺចាប់ក្នុងឆ្អឹងមិនឈប់ 20 ដូច្នេះ គេបរិភោគអាហារលែងកើត ហើយក៏លែងដឹងរស់ជាតិអាហារដែរ។ 21 រូបកាយរបស់គេកាន់តែស្គមទៅៗ នៅសល់តែស្បែកដែលមើលស្ទើតែមិនឃើញ និងឆ្អឹងរបស់គេក៏ដូចគ្នាដែរ។ 22 ព្រលឹងគេកាន់តែខិតជិតរណ្ដៅ ជីវិតរបស់គេ ក៏ខិតទៅជិតដល់ក្តីវិនាសដែរ។ 23 ក៏ប៉ុន្តែ ប្រសិនបើមានទេវតាមួយណា ក្នុងចំណោមទេវតាមួយពាន់ មកបកស្រាយ និងបង្ហាញឲ្យអ្នកនោះ ស្គាល់ផ្លូវត្រឹមត្រូវ។ 24 ព្រះជាម្ចាស់មុខជាលើកលែងទោសឲ្យគេ ដ្បិតទេវតាអង្វរថា៖ សូមដោះលែងអ្នកនេះទៅ កុំឲ្យគេធ្លាក់ទៅក្នុងរណ្ដៅឡើយ ទូលបង្គំរកបានហេតុផល ដើម្បីរំដោះគេហើយ។ 25 ពេលនោះ សាច់ឈាមរបស់គេនឹងប្រែជា ស្រស់ស្អាតដូចគ្រានៅពីក្មេង ហើយគេនឹងបានដូចគ្រានៅវ័យជំទង់។ 26 ពេលគេទូលអង្វរព្រះជាម្ចាស់ ព្រះអង្គស្ដាប់គេ គេចូលទៅគាល់ព្រះអង្គដោយអំណរ ព្រះអង្គរាប់គេជាមនុស្សសុចរិតឡើងវិញ។ 27 ពេលនោះ គេនឹងច្រៀង នៅចំពោះមុខមនុស្សម្នាថា៖ ខ្ញុំបានប្រព្រឹត្តអំពើបាប ខ្ញុំបានវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ តែព្រះជាម្ចាស់ពុំបានដាក់ទោសខ្ញុំ ស្របតាមអំពើដែលខ្ញុំប្រព្រឹត្តនោះឡើយ។ 28 ព្រះជាម្ចាស់បានរំដោះខ្ញុំមិនឲ្យធ្លាក់ទៅក្នុងរណ្ដៅ ខ្ញុំនៅមានជីវិត ហើយមើលឃើញពន្លឺ។ 29 មើល! ព្រះជាម្ចាស់ធ្វើការទាំងនេះចំនួនពីរ ឬបីលើក ចំពោះមនុស្ស 30 ដើម្បីនាំគេឲ្យចេញផុតពីរណ្ដៅ ហើយឲ្យពន្លឺជីវិតចាំងចែងទៅលើគេផងដែរ។ 31 លោកយ៉ូបអើយ សូមត្រងត្រាប់ស្ដាប់ពាក្យខ្ញុំ! សូមលោកនៅស្ងៀមទៅ នោះយខ្ញុំនឹងនិយាយ។ 32 ប្រសិនបើលោកចង់ឆ្លើយ សូមឆ្លើយមកចុះ សូមមានប្រសាសន៍មក ដ្បិតខ្ញុំចង់រកយុត្តិធម៌ជូនលោក។ 33 បើគ្មានទេ សូមស្ដាប់ខ្ញុំ! សូមនៅស្ងៀមទៅ ខ្ញុំនឹងបង្រៀនលោកអំពីប្រាជ្ញា»។
1 ទោះបីជាយ៉ាងណាក៏ដោយ លោកអេលីហ៊ូវបន្តទៀតថា៖ 2 សូមស្តាប់ពាក្យរបស់ខ្ញុំ លោកគឺជាអ្នកមានប្រាជ្ញា ស្តាប់ខ្ញុំ លោកដែលមានចំណេះដឹង។ 3 ដ្បិតត្រចៀកស្ដាប់យល់ពាក្យសម្ដី ដូចអណ្ដាតស្គាល់រសជាតិអាហារដែរ។ 4 សូមឲ្យយើងបានជ្រើសរើសអ្វីដែលត្រឹមត្រូវ សម្រាប់ខ្លួនយើង៖ ហើយក៏ស្វែងរកអ្វីដែលល្អសម្រាប់ខ្លួនយើងដែរ។ 5 ដ្បិត លោកយ៉ូបបាននិយាយថា៖ លោកគឺជាមនុស្សសុចរិត ប៉ុន្តែព្រះជាម្ចាស់បានយកសិទ្ធនោះចេញពីលោកវិញ។ 6 ការធ្វេសប្រហែស អំពីសេចក្តីត្រឹមត្រូវ របស់លោក ហើយគិតថាលោកគឺជាមនុស្សកុហកវិញ។ ហើយការឈឺចាប់នៃជំងឺ គឺមិនអាចព្យាបាលបាន ទោះបីលោកមិនមានបាបសោះ។ 7 តើមានអ្នកណាដូចជាលោកយ៉ូប ដែលបានផឹកទឹកនៃសេចក្តីឡកឡឺយ 8 តើអ្នកណាដែលទៅក្នុងពួកអ្នកដែលបានប្រព្រឹត្តសេចក្តីអាក្រក់ ហើយដើរជាមួយមនុស្សមានបាបឬ? 9 ដ្បិត គាត់បាននិយាយថា៖ ការនេះមិនបានប្រើដល់អ្នកមនុស្ស ដែលធ្វើការសព្វព្រះហឬទ័យដល់ព្រះជាម្ចាស់។ 10 ដូច្នេះសូមស្តាប់ដល់ខ្ញុំ លោកទាំងអស់សុទ្ធតែមានចំណោះដឹងៈ ព្រះជាម្ចាស់មិនដែលប្រព្រឹត្តអាក្រក់ឡើយ ហើយព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ក៏មិនដែលប្រព្រឹត្តអំពើបាបទេ។ 11 ព្រះអង្គតបស្នងចំពោះមនុស្សលោក តាមអំពើដែលខ្លួនប្រព្រឹត្ត ព្រះអង្គឲ្យម្នាក់ៗទទួលផល តាមរបៀបដែលខ្លួនរស់នៅ។ 12 ពិតមែនហើយ ព្រះជាម្ចាស់មិនប្រព្រឹត្ត អំពើអាក្រក់ជាដាច់ខាត ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត មិនប្រាសចាកយុត្តិធម៌ឡើយ។ 13 តើអ្នកណាជាអ្នកឲ្យអំណាចដល់ព្រះអង្គគ្រប់គ្រងផែនដី? តើអ្នកណាបានដាក់ផែនដីនេះឲ្យនៅក្រោមព្រះអង្គ? 14 បើសិនជាព្រះហឬទ័យព្រះអង្គសម្រាប់ខ្លួនព្រះអង្គទេ ហើយបើព្រះអង្គប្រមូលព្រះវិញ្ញាណ និងដង្ហើមមកវិញដើម្បីតែព្រះអង្គនោះ 15 ដូច្នេះមនុស្សនឹងពិតជាវិនាសទាំងអស់គ្នា ហើយមនុស្សក៏នឹងត្រឡប់ទៅជាធូលីដីវិញដែរ។ 16 ប្រសិនបើលោកមានប្រាជ្ញា សូមស្ដាប់ខ្ញុំ សូមផ្ទៀងស្ដាប់សេចក្ដីដែលខ្ញុំបាននិយាយ។ 17 តើព្រះជាម្ចាស់ស្អប់យុត្តិធម៌ អាចគ្រប់គ្រងផែនដីបានទេ? តើលោកហ៊ានថ្កោលទោសព្រះដ៏សុចរិត ជាព្រះចេស្តារ្យឬ? 18 មិនដែលមាននរណាហ៊ានបន្ទោសស្ដេចថា មនុស្សពាល ឬស្ដីឲ្យអ្នកធំថា មនុស្សទុច្ចរិត? 19 ព្រះជាម្ចាស់វិញ ព្រះអង្គមិនរើសមុខមេដឹកនាំឡើយ ហើយព្រះអង្គក៏មិនយោគយល់អ្នកមាន ជាងអ្នកក្រដែរ ដ្បិតព្រះអង្គបានបង្កើតពួកគេមកដូចគ្នា។ 20 ពួកគេនឹងបាត់បង់ជីវិតតែក្នុងមួយប៉ប្រិចភ្នែក នៅពាក់កណ្ដាលអធ្រាត្រ ញ៉បញ័រហើយវិនាសក្នុងផ្លួវគេ ពួកអ្នកធំនឹងត្រូវយកចេញ តែមិនមែនដោយដៃមនុស្សទេ។ 21 ដ្បិត ព្រះជាម្ចាស់ទតមើលផ្លូវរបស់មនុស្ស ព្រះជាម្ចាស់បានមើលគ្រប់ជំហានរបស់គេ។ 22 គ្មានភាពងងឹត ឬភាពអន្ធការណា បាំងអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត មិនឲ្យព្រះអង្គទតឃើញឡើយ។ 23 ព្រះអង្គមិនចាំបាច់ចំណាយពេលពិនិត្យពិច័យ មុននឹងនាំមនុស្សឲ្យមកឈរក្នុងទីកាត់ក្ដី របស់ព្រះអង្គ។ 24 ព្រះអង្គផ្ដួលរំលំអ្នកកាន់អំណាច ដោយមិនបាច់សួរនាំ ហើយព្រះអង្គតែងតាំងអ្នកផ្សេងជំនួស។ 25 ដ្បិតព្រះអង្គជ្រាបអំពើដែលពួកគេប្រព្រឹត្ត ព្រះអង្គផ្ដួលរំលំពួកគេឲ្យធ្លាក់ពីអំណាច ក្នុងពេលតែមួយយប់។ 26 ក្នុងការបើឲ្យគ្រប់គ្នាដឹង ព្រះអង្គប្រហារពួកគេនូវអំពើអាក្រក់របស់គេ ដូចវាយជនទុច្ចរិត 27 ព្រោះពួកគេងាកចេញពីការដើរតាមព្រះអង្គ ហើយបដិសេធចំណេះដឹង និងផ្លួវរបស់ព្រះអង្គ។ 28 ពួកគេធ្វើបាបជនក្រីក្រ រហូតដល់អ្នកទាំងនោះស្រែករកព្រះអង្គ ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់សម្រែកនេះ។ 29 ប្រសិនបើព្រះជាម្ចាស់នៅស្ងៀម តើនរណាហ៊ានថ្កោលទោសព្រះអង្គ? ប្រសិនបើព្រះអង្គលាក់ព្រះភ័ក្ត្រនោះ តើនរណាមើលព្រះអង្គឃើញ? ព្រះអង្គពិនិត្យមើលមនុស្សម្នាក់ ក៏ដូចជាប្រជាជាតិមួយដែរ 30 ដូច្នេះ មនុស្សទមិឡគឺមិនអាចគ្រប់គ្រង ហើយក៏មិនមានមនុស្សជាប់អន្ទាក់ឡើយ។ 31 មានម្នាក់ទូលព្រះជាម្ចាស់ថា៖ ទូលបង្គំបានរងទុក្ខទោសរួចហើយ នោះទូលបង្គំនឹងគ្មានបាបទៀតទេ 32 សូមបង្រៀនអ្វីដែលទូលបង្គំ មើលមិនឃើញ ហើយនាំឲ្យទូលបង្គំបានប្រព្រឹត្តអំពើបាប តែទូលបង្គំនឹងមិនធ្វើវាទៀតទេ។ 33 តើលោកគិតថា ព្រះជាម្ចាស់នឹងដាក់ទោសបាបរបស់មនុស្ស តើនេះជាអ្វីដែលលោកគិតថាព្រះអង្គបានធ្វើឬ? លោកនឹងឆ្លើយថា មិនមែនខ្ញុំ។ ដូច្នេះសូមនិយាយ អ្វីដែលលោកបានដឹងចុះ។ 34 មនុស្សមានសុភនិច្ឆ័យនឹងយល់ស្របជាមួយខ្ញុំ មនុស្សមានប្រាជ្ញានឹងចុះសំរុងជាមួយខ្ញុំថា៖ 35 លោកយ៉ូបនេះនិយាយមិនដឹងខុសត្រូវ ពាក្យសម្ដីរបស់គាត់គឺគ្មានប្រាជ្ញាទេ។ 36 សូមសួរចម្លើយលោកយ៉ូប រហូតដល់ចប់ចុងចប់ដើម ព្រោះគាត់និយាយដូចមនុស្សទុច្ចរិត។ 37 ដ្បិតគាត់បន្ថែមកំហុសមួយដ៏ធ្ងន់ ពីលើអំពើបាបរបស់ខ្លួន គាត់បានទះដៃក្នុងការឡកឡឺយនៅកណ្តាលយើង គឺគាត់ពោលពាក្យប្រឆាំងនឹងព្រះជាម្ចាស់»។
1 លោកអេលីហ៊ូវមានប្រសាសន៍ ទៀតថា៖ 2 «តើលោកស្មានថាលោកត្រូវទាំងស្រុងឬ? 3 ជាសិទ្ធរបស់លោកនៅចំពោះព្រះជាម្ចាស់ឬ? លោកបានទូលសួរថា៖ តើប្រើអ្វីសម្រាប់ខ្ញុំ? ខ្ញុំគួរសា្លប់ទៅបើខ្ញុំធ្វើបាបឬ? 4 ខ្ញុំសូមឆ្លើយទៅលោក ព្រមទាំងមិត្តភក្ដិរបស់លោកដែរ។ 5 សូមលោកសម្លឹងមើលទៅលើមេឃ សូមមើលទៅពពក ថាតើវាខ្ពស់ជាងលោកប៉ុនណា។ 6 បើលោកបានធ្វើបាប តើលោកធ្វើឲ្យព្រះអង្គអាម៉ាស់ដែរទេ? បើលោកបំពានលើវិន័យកាន់តែច្រើនឡើងៗ តើលោកបានធ្វើអ្វីដល់ព្រះជាម្ចាស់? 7 បើលោកជាមនុស្សសុចរិត តើបានផលអ្វីចំពោះព្រះអង្គ? តើព្រះអង្គទទួលអ្វីពីលោក? 8 តាមពិត អំពើអាក្រក់ដែលលោកប្រព្រឹត្ត ផ្ដល់តែទុក្ខទោសដល់មនុស្សដូចលោកប៉ុណ្ណោះ ហើយអំពើសុចរិតដែលលោកប្រព្រឹត្ត ក៏ផ្ដល់ផលប្រយោជន៍សម្រាប់តែកូនមនុស្សផ្សេង។ 9 ពេលមានការជិះជាន់សង្កត់សង្កិនច្រើន មនុស្សនឹងស្រែកថ្ងូរ ហើយពួកគេស្រែករកជំនួយ ពីអ្នកដែលមានអំណាច។ 10 តែគ្មាននរណានិយាយថា៖ តើព្រះជាម្ចាស់ដែលបានបង្កើតខ្ញុំ ហើយព្រះអង្គឲ្យទំនុកចំរៀង នៅពេលរាត្រី 11 ព្រះអង្គប្រៀនយើងឲ្យមានចំណេះ ជាងសត្វដែលរស់នៅលើដី ព្រះអង្គប្រទានឲ្យយើងមានប្រាជ្ញា ជាងបក្សាបក្សីដែលហើរនៅលើមេឃ? 12 ពេលគេស្រែករកព្រះអង្គ តែព្រះអង្គមិនឆ្លើយទេ ព្រោះតែអំនួត និងអំពើអាក្រក់របស់គេ។ 13 គេស្រែករកព្រះអង្គ តែឥតបានផលអ្វីឡើយ ព្រោះព្រះអង្គមិនព្រមស្ដាប់ ព្រះដ៏មានឫទ្ធានុភាព មិនរវីរវល់នឹងគេទេ។ 14 លោកពោលថា លោកមិនឃើញព្រះអង្គ លោកបានផ្ញើសំណុំរឿងទៅព្រះអង្គ ហើយលោកនៅរង់ចាំចំពោះព្រះអង្គ! 15 ធ្វើយ៉ាងណាឲ្យព្រះជាម្ចាស់ឆ្លើយមកកាន់លោក ប្រសិនបើលោកនិយាយថា ព្រះអង្គនឹងដាក់ទោសដោយសេចក្តីក្រោធ ហើយព្រះជាម្ចាស់ក៏មិនចាប់អារម្មណ៍និងមនុស្សអំនួតដែរ។ 16 ដូច្នេះ លោកយ៉ូបនិយាយសុទ្ធតែឥតបានការ លោកចេះតែពោលពាក្យសម្ដីដែលគ្មានប្រាជ្ញា»។
1 លោកអេលីហ៊ូវមានប្រសាសន៍ បន្តទៀតថា៖ 2 «សូមរង់ចាំបន្តិច ខ្ញុំនឹងពន្យល់ឲ្យលោកដឹង ដ្បិតខ្ញុំនៅមានសេចក្ដីខ្លះទៀតដែលត្រូវនិយាយ ដើម្បីការពារព្រះជាម្ចាស់។ 3 ខ្ញុំនាំយកចំណេះដឹងដ៏ជ្រៅជ្រះមកជម្រាបជូន ហើយខ្ញុំទទួលស្គាល់ថា សេចក្តីសុចរិតគឺជារបស់ព្រះជាម្ចាស់ ដែលបានបង្កើតខ្ញុំ។ 4 ដ្បិតសេចក្ដីដែលខ្ញុំនិយាយ មិនមែនខាងឯសាច់ឈាមទេ គឺខ្ញុំបានពេញវ័យនៅក្នុងចំណេះដឹង នៅជាមយួយលោក។ 5 ព្រះជាម្ចាស់ដ៏អស្ចារ្យ មិនមើលងាយនរណាម្នាក់ឡើយ ព្រះអង្គមានព្រះចេស្ដាដ៏ឧត្តុង្គឧត្ដម និងពេញដោយព្រះប្រាជ្ញាញាណ។ 6 ព្រះអង្គមិនទុកជីវិតឲ្យមនុស្សអាក្រក់ទេ ហើយព្រះអង្គតែងតែរកយុត្តិធម៌ឲ្យ មនុស្សក្រីក្រ។ 7 ព្រះអង្គមិនបែរព្រះភ័ក្ត្រចេញឆ្ងាយ ពីមនុស្សសុចរិតឡើយ ព្រះអង្គប្រទានឲ្យគេគ្រងរាជ្យ រួមជាមួយស្ដេចនានា ព្រមទាំងលើកតម្កើងគេថែមទៀតផង។ 8 ប្រសិនបើគេជាប់ច្រវាក់ ឬជាប់នៅក្នុងចំណងនៃទុក្ខលំបាក 9 គឺមកពីព្រះអង្គបង្ហាញឲ្យគេស្គាល់ អំពើដែលខ្លួនប្រព្រឹត្ត នៅពេលមានអំនួត គេបានបះបោរ ប្រឆាំងនឹងព្រះអង្គ។ 10 ព្រះអង្គជួយគេឲ្យយកចិត្តទុកដាក់ ស្ដាប់ដំបូន្មាន ព្រះអង្គណែនាំគេឲ្យលះបង់អំពើទុច្ចរិត។ 11 ប្រសិនបើគេសុខចិត្តស្ដាប់ ហើយគោរពចុះចូល គេមុខជាមានសុភមង្គល និងអំណរសប្បាយ រហូតដល់ថ្ងៃលាចាកលោកនេះទៅ។ 12 ប្រសិនបើគេមិនព្រមស្ដាប់ទេ គេមុខជាត្រូវវិនាសដោយមុខលំពែង គេនឹងរលត់វិញ្ញាណទៅ ទាំងអាប់ប្រាជ្ញា។ 13 មនុស្សទមិឡរមែងចូលចិត្តកំហឹង ពេលព្រះជាម្ចាស់យកច្រវាក់មកចងគេ នោះគេមិនស្រែកអង្វរព្រះអង្គឡើយ។ 14 ពួកគេស្លាប់ទៅ ទាំងខ្លួននៅក្មេង ជីវិតរបស់ពួកគេបានបញ្ចាប់ជាមួយ ចំណោមពូជកំផឹត។ 15 ក៏ប៉ុន្តែ ព្រះជាម្ចាស់ប្រើភាពទុគ៌ត ដើម្បីរំដោះជនក្រីក្រ ព្រះអង្គប្រើទុក្ខលំបាក ដើម្បីអប់រំគេ។ 16 ព្រះអង្គនឹងនាំលោកឲ្យចៀសផុតពី ភាពអាសន្ននេះ ព្រមទាំងប្រទានឲ្យលោកបានចម្រុងចម្រើន ហើយតុរបស់លោកនឹងពោរពេញដោយ ចំណីអាហារដ៏ឆ្ងាញ់ពិសា។ 17 ប៉ុន្តែ ដោយលោកវិនិច្ឆ័យដូចមនុស្សអាក្រក់ លោកនឹងទទួលទោស ស្របតាមយុត្តិធម៌ ចៀសមិនផុតឡើយ។ 18 សូមកុំបណ្ដោយឲ្យកំហឹងទាក់ទាញលោកចំអក ឬក៏ជាហេតុធ្វើឲ្យលោកបែរចេញផងដែរ។ 19 ទ្រព្យសម្បត្តិរបស់លោកពុំអាចជួយលោក ឲ្យរួចពីភាពអាសន្នបានទេ តើកម្លាំងដ៏ខ្លាំងរបស់លោក អាចជួយលោកបានទេ? 20 កុំរង់ចាំដល់ពេលយប់ ដើម្បីធ្វើបាបទាស់ជាមួយអ្នកផ្សេង ជាពេលដែល មនុស្សត្រូវវិនាសពីកន្លែងពួកគេ។ 21 ប៉ុន្តែ ចូរប្រយ័ត្ន ក្រែងលោកបែរទៅរកអំពើបាប ដោយព្រោះលោកបានល្បងពីសេចក្តីឈឺចាប់វិញ ដូច្នេះសូមនៅឲ្យឆ្ងាយអំពើបាប។ 22 មើល! ព្រះជាម្ចាស់លើកតម្កើង តាមរយៈព្រះចេស្ដារបស់ព្រះអង្គ តើនរណាអាចប្រៀនដូចព្រះអង្គបាន? 23 តើនរណាអាចបង្រៀនព្រះអង្គអំពីមាគ៌ារនៃព្រះជាម្ចាស់? តើនរណាអាចនិយាយថា៖ ព្រះអង្គធ្វើដូច្នេះ គឺមិនសុចរិតនោះទេ? 24 ហេតុនេះ សូមកុំភ្លេចលើកតម្កើង ស្នាព្រះហស្ថរបស់ព្រះអង្គ ដូចមនុស្សម្នាតែងតែច្រៀងលើកតម្កើង។ 25 មនុស្សលោកទាំងអស់មើលឃើញ ស្នាព្រះហស្ដនេះពីចម្ងាយ ហើយស្ងើចសរសើរគ្រប់ៗគ្នា។ 26 មើល! ព្រះជាម្ចាស់ជាព្រះដ៏ឧត្ដម ដែលយើងពុំអាចស្វែងយល់បានឡើយ ហើយយើងក៏ពុំអាចគិតអំពីព្រះជន្មាយុ របស់ព្រះអង្គបានដែរ។ 27 ដ្បិត ព្រះអង្គទាញយកដំណក់ទឹកមកមូលផ្ដុំគ្នា ជាចំហាយ និងទឹកភ្លៀង។ 28 កន្លែងពពកបង្អុរភ្លៀងចុះមកស្រោចស្រពបណ្ដាមនុស្សនៅលើផែនដី។ 29 ការពិត តើនរណាអាចយល់ពីដំណើរពពករសាត់ ព្រមទាំងផ្គរលាន់ក្នុងអាកាសវេហាស៍បាន? 30 ព្រះអង្គជះពន្លឺរស្មីនៅជុំវិញព្រះអង្គ តែព្រះអង្គធ្វើឲ្យមានភាពងងឹត នៅបាតសមុទ្រ។ 31 ព្រះអង្គគ្រប់គ្រងលើជនជាតិទាំងឡាយ ដោយប្រទានទឹកភ្លៀង និងផ្ដល់ឲ្យគេមានអាហារដ៏បរិបូណ៌។ 32 ព្រះអង្គកាន់ផ្លេកបន្ទោរនៅក្នុងព្រះហស្ថ ហើយបាញ់តម្រង់ទៅរកទិសដៅ។ 33 ព្រះអង្គប្រើផ្គរលាន់ ដើម្បីប្រកាសអំពីវត្តមានរបស់ព្យុះ ហើយគោក្របីក៏អាចឮពីសម្លេងទាំងនោះដែរ។
1 ការពិត បេះដូងខ្ញុំញ័ររន្ធត់ ចង់លោតចេញពីដើមទ្រង់ហើយ។ 2 ស្ដាប់ចុះ ចូរនាំគ្នាស្ដាប់ព្រះសូរសៀង ដែលលាន់ឮគគ្រឹកគគ្រេង គឺសំឡេងចេញមកពីព្រះឱស្ឋរបស់ព្រះអង្គ។ 3 ព្រះអង្គធ្វើឲ្យលាន់ឮពាសពេញផ្ទៃមេឃ ផ្លេកបន្ទោររបស់ព្រះអង្គភ្លឺរហូតទៅដល់ ទីដាច់ស្រយាលនៃផែនដី។ 4 បន្ទាប់មក ព្រះសូរសៀងដ៏រំពងរបស់ព្រះអង្គ លាន់ឮឡើងប្រកបដោយភាពថ្កុំថ្កើងរុងរឿង ហើយពេលព្រះអង្គបន្លឺព្រះសូរសៀងនោះ ព្រះអង្គបណ្ដោយឲ្យផ្លេកបន្ទោរ ជះពន្លឺដ៏ព្រោងព្រាត។ 5 ព្រះជាម្ចាស់បន្លឺព្រះសូរសៀងដ៏គួរស្ញប់ស្ញែង ព្រះអង្គធ្វើកិច្ចការដ៏អស្ចារ្យបំផុត ដែលយើងពុំអាចស្វែងយល់បាន។ 6 ព្រះអង្គបង្គាប់ឲ្យព្រឹលធ្លាក់មកលើផែនដី ព្រះអង្គបង្គាប់ឲ្យមានភ្លៀង។ 7 ពេលនោះ ព្រះអង្គបញ្ឈប់សកម្មភាព របស់មនុស្សទាំងអស់ ដើម្បីឲ្យគេទទួលស្គាល់ស្នាព្រះហស្ដ របស់ព្រះអង្គ។ 8 សត្វព្រៃនាំគ្នារត់ទៅរកជម្រក ហើយសំងំនៅក្នុងរូងរបស់វា។ 9 ខ្យល់ព្យុះបក់មកពីទិសខាងត្បូង ហើយខ្យល់ត្រជាក់បក់មកពីទិសខាងជើង។ 10 ដោយសារខ្យល់ដង្ហឹមរបស់ព្រះជាម្ចាស់ ទឹកប្រែជាកក ហើយផ្ទៃទឹកប្រែជារឹង។ 11 ជាការពិត ព្រះអង្គធ្វើឲ្យមានចំហាយនៅក្នុងពពក ហើយព្រះជាម្ចាស់បានធ្វើឲ្យពពកនោះជះពន្លឺដ៏ភ្លឺផ្លេក។ 12 ព្រះអង្គឲ្យពពករសាត់ទៅគ្រប់ទិសទី ស្របតាមព្រះហឫទ័យដែលព្រះអង្គប្រើវា ឲ្យទៅសព្វទីកន្លែងនៅលើផែនដី។ 13 ព្រះជាម្ចាស់ធ្វើការនេះឲ្យកើតឡើង ដើម្បីព្រះអង្គកែតម្រូវដល់មនុស្ស នៅលើផែនដី ឬសម្តែង ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។ 14 លោកយ៉ូបអើយ សូមស្ដាប់សេចក្ដីទាំងនេះ ហើយរិះគិតអំពីស្នាព្រះហស្ថ ដ៏អស្ចារ្យរបស់ព្រះអង្គ។ 15 សូមលោកសង្កេតឲ្យច្បាស់ថា តើព្រះជាម្ចាស់បញ្ជាធម្មជាតិទាំងនោះ និងបញ្ចេញផ្លេកបន្ទោរពីពពករបស់ព្រះអង្គ តាមរបៀបណា? 16 តើលោកដឹងឬទេថា ពពករក្សាលំនឹង នៅក្នុងអាកាសវេហាស៍ ដោយរបៀបណា ទាល់តែអ្នកមានប្រាជ្ញាប្រសើរឥតខ្ចោះទើបសម្រេចការអស្ចារ្យបែបនេះបាន? 17 ពេលធាតុអាកាសហប់ដោយសារខ្យល់ក្ដៅបក់មកពីទិសខាងត្បូង នោះលោកក៏ក្ដៅស្អុះស្អាប់ទៅហើយ? 18 ដូច្នេះ តើលោកអាចជួយព្រះជាម្ចាស់ ដើម្បីលាតសន្ធឹងអាកាសវេហាស៍ ដែលរឹងដូចកញ្ចក់ដ៏ភ្លឺរលើបបានដែរឬ? 19 សូមប្រាប់ឲ្យយើងដឹងអំពីសេចក្ដីដែល យើងត្រូវទូលព្រះអង្គផង យើងមិនដឹងជាត្រូវថ្លែងដូចម្ដេចទេ ព្រោះយើងជាមនុស្សល្ងិតល្ងង់។ 20 ខ្ញុំមិនចង់និយាយទៅកាន់ព្រះអង្គទេ ដ្បិតខ្ញុំមិនចង់ហុចឱកាសឲ្យព្រះអង្គបំផ្លាញខ្ញុំ។ 21 ឥឡូវនេះ មនុស្សមិនអាចមើលឃើញពន្លឺទៀតទេ ព្រោះព្រះអាទិត្យលាក់ខ្លួននៅពីក្រោយពពក ហើយមានខ្យល់បក់មកធ្វើឲ្យផ្ទៃមេឃ ប្រែជាស្រឡះ។ 22 មានពន្លឺពណ៌មាសចេញមកពីទិសខាងជើង ព័ទ្ធជុំវិញព្រះជាម្ចាស់ដ៏ថ្កុំថ្កើង និងគួរឲ្យស្ញែងខ្លាចណាស់។ 23 យើងមិនអាចរកព្រះដ៏មានឫទ្ធានុភាពបានឡើយ! ព្រះអង្គជាព្រះដ៏ឧត្ដម ពេញដោយព្រះចេស្ដា ព្រះអង្គមិនបានសង្កត់សង្កិនភាពយុត្តិធម៌ ហើយសុចរិតបំផុត។ 24 ដូច្នេះ មនុស្សដែលកោតខ្លាចព្រះអង្គ។ ព្រះអង្គមិនរវីរវល់នឹងអ្នកដែលតាំងខ្លួន ជាមនុស្សមានប្រាជ្ញាឡើយ»។
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ លោកយ៉ូបពីក្នុងខ្យល់ព្យុះដូចតទៅ៖ 2 «ម្ដេចក៏អ្នកបង្អាប់គម្រោងការរបស់យើង ដោយពោលពាក្យមិនដឹងខុសត្រូវដូច្នេះ? 3 ចូរប្រុងប្រៀបខ្លួនដូចមនុស្សអង់អាច យើងនឹងសួរអ្នក ហើយអ្នកត្រូវតែឆ្លើយឲ្យយើងដឹងផង។ 4 នៅពេលដែលយើងបង្កបង្កើតគ្រឹះនៃផែនដី នោះតើអ្នកនៅទីណា? ប្រសិនបើអ្នកដឹងសព្វគ្រប់ដូច្នេះ ចូរប្រាប់យើងមក។ 5 នរណាជាអ្នកកំណត់ទំហំផែនដី? នរណាជាអ្នកទាញខ្សែវាស់ផែនដីតើអ្នកអាចប្រាប់យើងបានទេ? 6 តើផែនដីចាក់គ្រឹះនៅលើអ្វី? តើនរណាបានបញ្ចុះថ្មដ៏សំខាន់ 7 ក្នុងពេលដែលផ្កាយព្រឹកស្រែកច្រៀងព្រមគ្នា ហើយពពួកទេវតាបន្លឺសំឡេងយ៉ាងសប្បាយ? 8 តើនរណាទប់សមុទ្រជាប់ នៅពេលដែល ទឹកជន់ជោរឡើងពីទីជម្រៅនៃផែនដី? 9 ពេលណាយើង បានយកពពកបិទបាំងសមុទ្រ ទុកដូចជាសម្លៀកបំពាក់ ហើយយកភាពងងឹតទុកមួយកន្លែងឬ? 10 យើងបានកំណត់ព្រំដែនឲ្យសមុទ្រ យើងបានទប់សមុទ្រជាប់ ដូចបិទទ្វារ និងខ្ទាស់រនុក។ 11 យើងបញ្ជាទៅសមុទ្រថា ចូរមកត្រឹមនេះ ប៉ុន្តែកុំទៅហួសដល់ខាងនោះ ចូរឲ្យរលកដ៏សាហាវរបស់ឯងឈប់ ត្រង់កន្លែងនេះ។ 12 តាំងពីអ្នកកើតមក តើអ្នកធ្លាប់បញ្ជា ឲ្យមានពេលព្រឹក ហើយកំណត់ពេលវេលាពេលព្រឹកនោះឲ្យមានថ្ងៃរះឡើង ដូច្នេះ អ្នកនឹងអាច កាន់ជាយផែនដីកុំឲ្យវិល 13 ធ្វើដូចនេះអ្នកនឹងអាច អង្រួនមនុស្សអាក្រក់ពីឲ្យធ្លាក់ចេញពីផែនដីបានត្រូវទេ? 14 ផែនដីទាំងមូលចាប់ផ្ដើមមានរូបរាង ដួចេជា ដីឥដ្ឋនៅក្រោមត្រា ហើយផែនដីមានភាពដូចជាពាក់អាវ។ 15 ចំណែកមនុស្សអាក្រក់ពន្លឺរបស់ពូកគេគឺត្រូវយកចេញពីគេ ដៃដែលធ្លាប់ធ្វើបាបអ្នកដទៃនឹងត្រូវបាក់។ 16 តើអ្នកបានទៅដល់ទីជម្រៅនៃទឹកហើយបាតនៃសមុទ្រទេ? 17 តើអ្នកធ្លាប់បានដើរនៅផ្នែកដែលទាបហើយនៅទីជ្រៅបំផុតទេ? ហើយតើទ្វារនៃស្ថានឃុំមនុស្សស្លាប់បានបង្ហាញដល់អ្នកទេ? 18 តើអ្នកធ្លាប់ឃើញម្លប់នៃសេចក្តីស្លាប់ទេ? តើអ្នកធ្លាប់បានយល់ពីទំហំនៃផែនដីដែរឬទេ? បើអ្នកដឹងពីការនេះសូមប្រាប់យើងផង។ 19 តើរបៀបនៃការសម្រាក់នៅកន្លែងពន្លឺ ក្នុងពេលងងឹត តើកន្លែងនោះនៅទីណា? 20 តើអ្នកអាចដឹកនាំពន្លឺហើយនិងភាពងងឹត ទៅកាន់កន្លែងការងារទាំងពីរនោះបានទេ? តើអ្នកអាចស្គាល់ផ្លូវទៅកន្លែទាំងនោះទេ? 21 មិនឆ្ងល់ទេបើអ្នកដឹងនោះ ដ្បិតអ្នកបានកើតមក ហើយថ្ងៃនៃអាយុរបស់អ្នកក៏វែងដែរ! 22 តើអ្នកធ្លាប់បានទៅដល់ឃ្លាំងដែលដាក់ហិមៈទេ ឬតើអ្នកធ្លាប់បានឃើញឃ្លាំងនៃព្រិល 23 ការទាំងនេះដែលយើងបានរក្សាទុក្ខសម្រាប់ពេលមានទុក្ខលំបាក ហើយនិងថ្ងៃវាយប្រហារហើយសង្គ្រាម? 24 តើបានពន្លឺចាំងចែងមកតាមផ្លូវណាហើយខ្យល់ដែលបក់ពីទិសខាងជើង មកលើផែនដីតាមផ្លូវណា តើអ្នកដឹងឬទេ? 25 តើអ្នកណាបានបង្កើតផ្លូវទឹកពេលមានភ្លៀងធ្លាក់ជន់ ឬអ្នកណាដឹងពីផ្លូវនិងទីកន្លែងដែលផ្ទុះផ្គរលាន់ 26 ដើម្បីនឹងបង្អុរជាភ្លៀងមកលើដី ជាកន្លែងដែលគ្មានមនុស្សរស់នៅ ហើយនិងលើវាលរហោស្ថានដ៏ស្ងាត់ជ្រងំ 27 ដើម្បីស្រោចស្រពដីរឹងស្ងួតនៅតាមទឹកដីដែល បែកក្រហែង និងធ្វើឲ្យមានតិណជាតិដុះឡើង? 28 តើភ្លៀងមានឪពុកឬទេ? នរណាផ្ដល់កំណើតឲ្យដំណក់ទឹកសន្សើម? 29 តើនរណាជាម្ដាយរបស់ទឹកដែលកក? តើអ្នកណាបានសម្រាលចេញជាសន្សើមកក ដែលធ្លាក់ចុះពីលើមេឃ? 30 ផ្ទៃទឹកទាំងឡាយប្រែជានៅនឹងថ្កល់ រឹងដូចថ្ម ហើយមហាសាគរក៏កកដែរ។ 31 តើអ្នកអាចផ្គុំកញ្ចុំផ្កាយនង្គ័លជាប់ជាមួយគ្នា ឬបំបែកផ្កាយកូនមាន់ចេញពីគ្នាបានដែរឬ? 32 តើអ្នកអាចធ្វើឲ្យចក្ររាសីលេចចេញមក តាមពេលកំណត់របស់វា និងនាំផ្លូវផ្កាយក្រពើទាំងធំ ទាំងតូចបានឬ? 33 តើអ្នកស្គាល់ច្បាប់នៅលើមេឃទេ? ហើយតើអ្នកអាចចាត់ចែងសណ្ដាប់ធ្នាប់នៅលើ និងគ្រប់គ្រងផែនដីបានឬទេ? 34 តើអ្នកអាចស្រែកឲ្យឭដល់ពពក ដូច្នេះមេឃនឹងធ្លាក់ភ្លៀងយ៉ាងច្រើនមកលើអ្នកឬទេ? 35 តើអ្នកអ្នកបញ្ជាផ្លេកបន្ទោរឲ្យបញ្ចេញ ពន្លឺរស្មី ហើយផ្លេកបន្ទោរនោះនិយាយថា ពួកយើងនឹងព្រមធ្វើតាមទេ? 36 តើនរណាធ្វើឲ្យសត្វមានប្រាជ្ញាដឹងជាមុន ថាដល់ពេលទឹកឡើង ហើយដឹងថារដូវវស្សាចូលមកដល់? 37 តើនរណាមានប្រាជ្ញាអាចរាប់ដុំពពកបានទេ? តើអ្នកណាអាចផ្អៀងអាងនៅលើមេឃ ឲ្យបង្ហូរទឹកចុះមក 38 ដើម្បីស្រោចស្រពធូលីដីឲ្យនៅផ្គុំគ្នា ហើយធ្វើឲ្យដីបែកក្រហែង មកនៅជាប់គ្នាវិញ។ 39 តើអ្នកឬដែលដេញចាប់សត្វមកចិញ្ចឹមសិង្ហញី និងផ្គត់ផ្គង់អាហារឲ្យកូនសិង្ហបាត់ឃ្លាន 40 នៅពេលដែលវាក្រាបក្នុងរូង ឬសំងំចាប់រំពានៅក្នុងព្រៃល្បោះ? 41 តើនរណាជាអ្នកផ្ដល់ចំណីឲ្យសត្វក្អែក នៅពេលដែលកូនវាស្រែកហៅព្រះជាម្ចាស់ ហើយហើរចុះហើរឡើង ព្រោះអត់អាហារ?
1 តើអ្នកដឹងទេថាវេលាណាដែលពពែព្រៃ នៅភ្នំថ្មសម្រាលកូន? តើអ្នកចំណាំបានពេលដែលក្តាន់ញីទម្លាក់កូនឬទេ? 2 តើអ្នកអាចកំណត់ដឹងថាវាត្រូវមានទម្ងន់ប៉ុន្មានខែបានទេ? តើអ្នកអាចដឹង ពេលដែលសត្វទាំងនោះនឹងកើតកូនមកឬទេ? 3 ពួកវាបានក្រាបចុះ រួចហើយបង្កើតកូនចេញមក ហើយក្រោយមក ក៏បញ្ចាប់ការឈឺចាប់។ 4 កូនរបស់វាក៏មានកម្លាំងមាំមួន ហើយចម្រើនធំឡើងនៅតាមទីវាល ហើយពួកវាចាកចេញពីមេវាទៅ ឥតវិលត្រឡប់មកវិញឡើយ។ 5 តើនរណាផ្ដល់សេរីភាពឲ្យដល់សតុ្វលាព្រៃ? តើអ្នកណាបានស្រាយចំណងរឲ្យវា 6 យើងបានឲ្យវារស់នៅតាមព្រៃល្បោះ ហើយជម្ររបស់ពួកវាគឺកន្លែងដីដែលមានជាតិប្រៃ? 7 វាមិនដែលស្គាល់ទីក្រុងដ៏អ៊ូអរ ហើយក៏មិនដែលឮសំឡេងម្ចាស់ណា ស្រែកដាក់វាដែរ។ 8 ពយកវារកចំណីនៅតាមដងភ្នំជាវាលរបស់វា នៅទីនោះវាស្វែងរកស្លឹកឈើខៀវខ្ចីមកធ្វើជាចំណី។ 9 តើគោព្រៃចូលចិត្តធ្វើការបម្រើអ្នក ហើយចង់ដេកនៅក្នុងក្រោលគោរបស់អ្នកឬទេ? 10 ជាមួយនិងរំពាត់ តើអ្នកអាចយកខ្សែមកចងគោព្រៃ បង្ខំវាឲ្យភ្ជួរស្រែបានឬទេ? តើវាសុខចិត្តអូសរនាស់ឲ្យអ្នកនៅតាមជ្រលងភ្នំឬទេ? 11 តើអ្នកអាចទុកចិត្តវា ព្រោះតែវាមានកម្លាំងដ៏ខ្លាំងក្លាឬ? តើអ្នកនឹងទុការអាររបស់អ្នកឲ្យពួកវាធ្វើបានទេ? 12 តើអ្នកអាចទុកចិត្តវាឲ្យដឹកស្រូវ យកទៅលានបោកបែន ហើយនាំភោគផលទៅដាក់ជង្រុកបានឬទេ? 13 សត្វអូទ្រីស ទទះស្លាបយ៉ាងមានអំនួត ក៏ប៉ុន្តែ ពួកវាទាំងពីរក៏បានហើរទៅរកគូរស្នេហ៍របស់វា? 14 ដ្បិតវាពងចោលនៅលើដី ហើយបង្កប់ពងនោះឲ្យក្ដៅនៅក្នុងដី 15 ដោយពួកវាមិននឹកស្មានថា គេអាចដើរពីលើ ឬមានសត្វព្រៃមកជាន់កម្ទេចឡើយ។ 16 វាតឹងតែងជាមួយកូនរបស់វា ធ្វើហាក់បីដូចជាមិនមែនកូនទាំងនោះមិនមែនរបស់វា។ វាខំប្រឹងពង ទោះបីមិនបានការ ក៏វាមិនខ្វល់ខ្វាយអ្វីដែរ 17 ដ្បិតព្រះជាម្ចាស់បានធ្វើឲ្យវាខ្វះប្រាជ្ញា ហើយគ្មានក៏គ្មានប្រាជ្ញាដែរ។ 18 ប៉ុន្តែ ពេលវាក្រោកឡើង រត់បោះពួយទៅមុខ វាសើចមើលងាយសត្វសេះ និងអ្នកជិះសេះនោះផង។ 19 តើអ្នកឬដែលផ្ដល់កម្លាំងឲ្យដល់សេះ? តើអ្នកឬដែលធ្វើឲ្យមានក្រណាត់ដែលដាក់នៅនឹងក ហើយសរសេរឈ្មោះរបស់វាដែរនោះ? 20 តើអ្នកឬដែលធ្វើឲ្យវាចេះលោតដូចកណ្ដូប? សម្រែករបស់វាគឺដូចញាប់ញ័រណាស់។ 21 វាបោលនៅតាមជ្រលងភ្នំ ហើយបញ្ចេញកម្លាំង សម្រុកទៅរកសមរភូមិ។ 22 វាមិនចេះភ័យខ្លាច ឬតក់ស្លុតហើយមិនរាថយនៅចំពោះមុខដាវនោះដែរ។ 23 សំឡេងបំពង់ព្រួញ សន្ធឹកលំពែង ហើយនិងស្ន បានលាន់ឮនៅលើខ្លួនវាដែរ។ 24 វាលោត វាកញ្ជ្រោល វាបោះពួយទៅមុខ ហើយពេលឮគេផ្លុំស្នែងវាពុំអាចនៅស្ងៀមមួយកន្លែងបានទេ។ 25 កាលណាឮគេផ្លុំស្នែង វាស្រែកឡើងដោយសប្បាយរីករាយ វាស្រង់ក្លិនចម្បាំងពីចម្ងាយ ហើយក៏ស្គាល់សំឡេងរបស់មេទ័ព និងសម្រែកប្រកាសពីការធ្វើសឹកដែរ។ 26 តើសត្វប្រមង់សំកាំងស្លាប តម្រង់ទៅទិសខាងត្បូង ដើម្បីឲ្យរោមស្លាបដុះឡើងសាជាថ្មី ដោយសារគំនិតយោបល់របស់អ្នកឬ? 27 តើសត្វឥន្ទ្រីហើរឡើងទៅលើ ហើយដាក់កូនរបស់វានៅតាមទីខ្ពស់ៗ តាមបញ្ជារបស់អ្នកឬ? 28 វាស្នាក់នៅតាមថ្ម វាយកក្រហែងថ្មនៅតាមកំពូលភ្នំដ៏ខ្ពស់ៗ ធ្វើជាកំពែងការពារខ្លួន។ 29 ពីទីដ៏ខ្ពស់នោះ វាសម្លឹងចាំចាប់រំពាធ្វើជាអាហារ វាអាចមើលឃើញពីចម្ងាយ។ 30 កូនរបស់វាជញ្ជក់ឈាម ទីណាមានសាកសព វាស្ថិតនៅទីនោះ»។
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ លោកយ៉ូបទៀតថា៖ 2 «តើអ្នកដែលមានប្រាជ្ញា នឹងពូកែទាស់ទែង អាចកែតម្រូវ ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតបានទេ? អ្នកដែលទាស់នឹងព្រះជាម្ចាស់ សូមឲ្យគាត់ឆ្លើយចុះ»។ 3 លោកយ៉ូបទូលព្រះអម្ចាស់ថា៖ 4 «មើល៍! ទូលបង្គំជាមនុស្សទន់ទាបណាស់ តើឲ្យទូលបង្គំឆ្លើយទៅព្រះអង្គវិញ ដូចម្ដេចបាន? 5 ទូលបង្គំនឹងយកដៃខ្ទប់មាត់។ ទូលបង្គំបាននិយាយម្ដងរួចមកហើយ ទូលបង្គំមិននិយាយទៀតទេ ហើយទូលបង្គំក៏បាននិយាយជាលើកទីពីរដែរ ទូលបង្គំនឹងគ្មានអ្វីនិយាយទៀតទេ»។ 6 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូបពី ក្នុងខ្យល់ព្យុះថា៖ 7 «ចូររៀបចំខ្លួនឲ្យបានដូចមនុស្សអង់អាច យើងនឹងសួរអ្នកហើយអ្នកត្រូវតែឆ្លើយទៅនឹងសំនួរយើងដែរ។ 8 តើអ្នកពិតជាបាននិយាយថា យើងមិនយុត្តិធម៌មែនទេ? តើអ្នកចង់ថ្កោលទោសយើង ដើម្បីបង្ហាញថាអ្នកជាមនុស្សសុចរិតឬ? 9 តើដៃរបស់អ្នកមានចេស្តាដូចព្រះជាម្ចាស់ទេ? តើអ្នកមានសំឡេងដូចផ្គរលាន់ដូចព្រះអង្គទេ? 10 អ្នកមានភាពថ្កុំថ្កើង និងភាពឧត្តុង្គឧត្ដម ហើយពោរពេញទៅពន្លឺរស្មីដ៏រុងរឿងដ៏អស្ចារ្យ។ 11 ចូរក្រឡេកមើលមនុស្សមានអំនួត ហើយជះកំហឹងដ៏ខ្លាំងក្លារបស់អ្នកលើពួកគេនឹងបង្ក្រាបគេចុះ។ 12 ចូរក្រឡេកមើលមនុស្សដែលមានអំនួត ហើយបំបាក់ពួកគេដែរ ចូរជាន់ឈ្លីមនុស្សអាក្រក់នៅនឹងកន្លែងគេទៅ។ 13 ចូរយកពួកគេទៅកប់នៅក្នុងធូលីដីជាមួយគ្នា ចូរឃុំពួកគេទុកក្នុងរណ្ដៅងងឹត។ 14 ពេលនោះ យើងនឹងទទួលស្គាល់ថាអ្នកពិតជាខ្លាំងមែន ដោយដៃស្តាំរបស់អ្នកនោះនឹងអាចសង្គ្រោះខ្លួនបានហើយ។ 15 ចូរមើលទៅសត្វដំរីទឹក ដែលយើងបានបង្កើតមកដូចជាអ្នកដែរ វាស៊ីស្មៅដូចសត្វគោ។ 16 មើល៍! កម្លាំងរបស់វាស្ថិតនៅត្រង់ចង្កេះ អំណាចដ៏ខ្លាំងក្លារបស់វាស្ថិតនៅត្រង់សាច់ដុំពោះ។ 17 កន្ទុយរបស់វារឹងដូចដើមតាត្រៅ សរសៃភ្លៅរបស់វាឡើងដូចពួរពាក់ព័ន្ធគ្នា។ 18 ឆ្អឹងរបស់វាប្រៀបបាននឹងបំពង់លង្ហិន ហើយឆ្អឹងជំនីររបស់វាដូចចម្រឹងដែក។ 19 វាជាស្នាព្រះហស្ថដ៏វិសេសរបស់ព្រះជាម្ចាស់។ 20 មានតែព្រះជាម្ចាស់ដែលបង្កើតវា ដែលអាចបង្ក្រាបវាបាន។ ដ្បិត វាស៊ីស្មៅនៅតាមភ្នំ ជាកន្លែងដែល សត្វព្រៃទាំងប៉ុន្មានប្រឡែងគ្នា។ 21 វាដេកនៅក្រោមស្លឹកឈូក ហើយសំងំនៅតាមដើមត្រែង ក្នុងត្រពាំង។ 22 ម្លប់ស្លឹកឈូកបាំងលើវា ដើមចាកនៅតាមដងស្ទឹងព័ទ្ធជុំវិញវា។ 23 ទោះបីទឹកហូរយ៉ាងខ្លាំងក្ដី ក៏វាមិនបារម្ភ ទោះបីទឹកទន្លេយ័រដាន់ជន់ឡើងលិចមាត់ច្រាំង ក៏វាមិនព្រួយដែរ។ 24 តើមាននរណាអាចចាប់វាបានដោយប្រើសន្ទូចទេ ឬទម្លុះច្រមុះ របស់វាតាមរយៈអន្ទាកបានទេ?
1 តើអ្នកអាចយកសន្ទូចទៅស្ទូចស្ដេចក្រពើបានទេ? ហើយយកខ្សែទៅចងអណ្ដាត របស់វាបានឬ? 2 តើអ្នកអាចយកកន្លុះទៅដាក់ច្រមុះវា ហើយយកដែកសន្ទូច ចោះថ្គាមរបស់វាបានទេ? 3 តើវានឹងអង្វរដល់អ្នកឬ? តើវានឹងនិយាយមកអ្នកដោយទន់ភ្លន់ឬ? 4 តើវាចេះចុះខសន្យាជាមួយអ្នកដោយសន្តិភាព ហើយអ្នកអាចប្រើប្រាស់វាបានជារៀងរហូតឬទេ? 5 តើអ្នកអាចលេងជាមួយវា ដូចលេងសត្វចាបបានទេ? 6 តើអ្នកអាចចងវា ទុកឲ្យកូនអ្នកបម្រើស្រីរបស់អ្នកបានទេ? តើពួកអ្នកនេសាទអាចចាប់វាបានទេ? ហើយអ្នកលក់អាចយកវាដាក់ដេញថ្លៃបានទែ? 7 តើអ្នកអាចយកជន្លួញមកចាក់ទម្លុះស្បែកវា ហើយយកស្នចាក់ត្រីមកចាក់ក្បាលវាបានឬ? 8 ចូរលូកដៃពាល់វាមើល៍ ពេលអ្នកគិតដល់ការប្រយុទ្ធជាមួយនឹងវា នោះអ្នកមុខជាលែងហ៊ានពាល់វាជាប់ទៀតមិនខាន។ 9 មើល៍! អ្នកណាប្រាថ្នាចង់ចាប់វា អ្នកនោះកុហកហើយ តើធ្លាប់មានអ្នកណាអាចចាប់វាឲ្យនៅស្ងៀមនៅដីបានទេ? 10 បើគ្មាននរណាម្នាក់ហ៊ានតទល់នឹងវាដូច្នេះ តើនរណាអាចប្រឈមមុខនឹងយើងបាន? 11 គ្មាននរណាឲ្យរបស់មកយើងខ្ចី ហើយយើងត្រូវសងទៅគេវិញនោះឡើយ ដ្បិតអ្វីៗទាំងអស់នៅលើផែនដីនេះ សុទ្ធតែជាកម្មសិទ្ធិរបស់យើង។ 12 មកដល់ត្រឹមពេលនេះ យើងមិនទាន់បានថ្លែង អំពីអវយវៈ កម្លាំង និងសរីរាង្គដ៏ល្អ របស់ក្រពើនៅឡើយទេ។ 13 តើនរណាអាចពន្លាត់ស្បែកវាបាន? តើនរណាហ៊ានប៉ះពាល់ចង្កូមរបស់វា? 14 តើនរណាហ៊ានបើកមាត់របស់វា? ដ្បិតវាមានធ្មេញគួរឲ្យស្ញែងខ្លាចណាស់មែនទេ? 15 ស្រកាដ៏សង្ហា ហើយមាំរបស់វា តភ្ជាប់គ្នា ទៅវិញទៅមកយ៉ាងស្អិតល្មួត។ 16 ស្រការបស់វានៅភ្ជាប់គ្នាយ៉ាងជិត សូម្បីតែខ្យល់ក៏ពុំអាចឆ្លងកាត់បានផង។ 17 ស្រកានីមួយៗតភ្ជាប់គ្នាយ៉ាងមាំ ដែលពុំអាចបំបែកចេញពីគ្នាបានឡើយ។ 18 កាលណាវាព្រួសទឹកចេញមក នោះមានបែកជាពន្លឺ ភ្នែករបស់វាភ្លឺដូចជាពេលថ្ងៃរះ។ 19 មានភ្លើងចេញពីមាត់របស់វា ហើយផ្កាភ្លើងក៏ហើរចេញមកដែរ។ 20 មានផ្សែងហុយចេញតាមច្រមុះរបស់វា ដូចផ្សែងហុយចេញពីថ្លាងដែលកំពុងពុះ។ 21 ខ្យល់ដង្ហើមរបស់វាអាចបង្កាត់ភ្លើងបាន ហើយក៏មានអណ្ដាតភ្លើងផុសចេញពី ក្នុងមាត់របស់វាដែរ។ 22 ករបស់វាមានកម្លាំងណាស់ ធ្វើឲ្យអស់អ្នកដែលឃើញវា ចូលមកជិត ភ័យខ្លាចជាខ្លាំង។ 23 សាច់ស្រទាប់របស់វានៅជាប់គ្នាយ៉ាងរឹងមាំ ដែលមិនអាចផ្ដាច់ចេញពីគ្នាបានទេ។ 24 បេះដូងរបស់វារឹងដូចដុំថ្ម គឺរឹងដូចត្បាល់ថ្មផងដែរ។ 25 ពេលណាវាក្រោកឡើង សូម្បីតែអ្នកខ្លាំងពូកែក៏ភ័យតក់ស្លុតដែរ ហើយរត់ចេញទៅ ទាំងបាក់ស្បាត។ 26 ប្រសិនបើគេយកដាវ លំពែង ស្ន និងព្រួញ ឬអាវុធផ្សេងទៀត មកចាក់ទម្លុះវា ក៏មិនមុតហើយធ្វើអ្វីមិនបានដែរ។ 27 ដ្បិតពួកវាបានគិតថា ដែកដូចជាចំបើង ហើយលង្ហិនដូចជាឈើពុក។ 28 ព្រួញមិនដែលធ្វើឲ្យវាដកខ្លួនថយទេ រីឯថ្មដែលគេបាញ់ពីខ្សែដង្ហក់ ក៏ប្រៀបដូចជាចំបើងសម្រាប់វាដែរ។ 29 វាមើលមកព្រនង់ដូចជាចំបើង ហើយមិនញញើតនឹងសន្ធឹកស្នឡើយ។ 30 ចំណែកក៏តូចរបស់វាមុតដូចអំបែងឆ្នាំង ធ្វើឲ្យមានដាននៅលើភក់ដូចដានរនាស់។ 31 វាធ្វើឲ្យទឹកនៅក្នុងមហាសាគរ ពុះកញ្ជ្រោលដូចទឹកពុះនៅក្នុងថ្លាង ហើយធ្វើឲ្យសមុទ្រប្រៀបដូចជា ឆ្នាំងរម្ងាស់ទឹកអប់។ 32 វាធ្វើឲ្យមានដានរលោងនៅពីក្រោយវា គឺប្រៀបបីដូចជាសក់របស់ចាស់ព្រឹទ្ធាចារ្យ។ 33 នៅលើផែនដីនេះ គ្មានសត្វណាដូចវាឡើយ យើងបង្កើតវាមក មិនខ្លាចអ្វីទាំងអស់។ 34 វាមិនញញើតនឹងមើលទៅសត្វដ៏សម្បើមៗ ដ្បិតវាជាស្ដេចលើសត្វសាហាវទាំងអស់»។
1 លោកយ៉ូបទូលព្រះអម្ចាស់ថា៖ 2 «ទូលបង្គំដឹងថា ព្រះអង្គអាចធ្វើគ្រប់កិច្ចការទាំងអស់បាន ហើយគ្មានការអ្វីធ្វើឲ្យព្រះអង្គ ឈប់បានឡើយ។ 3 ព្រះអង្គមានព្រះបន្ទូលមកទូលបង្គំថា ម្ដេចក៏អ្នកសង្ស័យលើគម្រោងការរបស់យើង ដោយពោលពាក្យឥតខ្លឹមសារដូច្នេះ? ដ្បិត ទូលបង្គំបានថ្លែងនូវសេចក្ដី ដោយពុំដឹងខ្លួន គឺជាអ្វីដែលលើសពីការយល់ដឹង ដែលទូលបង្គំមិនបានដឹងពីមុន។ 4 ព្រះអង្គមានព្រះបន្ទូលទៀតថា ចូរស្ដាប់សេចក្ដីដែលយើងថ្លែង យើងនឹងសួរអ្នក ហើយអ្នកត្រូវតែឆ្លើយ។ 5 កាលពីមុន ទូលបង្គំគ្រាន់តែបានឮគេនិយាយ អំពីព្រះអង្គ ឥឡូវនេះ ទូលបង្គំឃើញព្រះអង្គ ផ្ទាល់នឹងភ្នែកតែម្ដង។ 6 ហេតុនេះ ទូលបង្គំសូមសារភាពកំហុស ហើយដាក់ខ្លួន ដោយក្រាបនៅក្នុងធូលីដី និងផេះ»។ 7 ក្រោយពេលព្រះអម្ចាស់មានព្រះបន្ទូលទាំងនេះមកកាន់លោកយ៉ូបហើយ ព្រះអង្គមានព្រះបន្ទូលទៅកាន់លោកអេលីផាសជាជនជាតិថេម៉ានថា៖ «យើងខឹងនឹងអ្នក ព្រមទាំងមិត្តភក្ដិទាំងពីររបស់អ្នកខ្លាំងណាស់ ដ្បិតអ្នកពុំបានថ្លែងអំពីយើង ដោយត្រឹមត្រូវដូចយ៉ូប ជាអ្នកបម្រើរបស់យើងឡើយ។ 8 ដូច្នេះ ចូរយកគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរ ទៅជួបយ៉ូប ជាអ្នកបម្រើរបស់យើង ហើយថ្វាយជាតង្វាយដុតទាំងមូល សម្រាប់អ្នកចុះ។ យ៉ូប ជាអ្នកបម្រើរបស់យើង យើងនឹងទទួលពាក្យអធិស្ឋានគាត់ ហើយយើងមិនសងតាមអ្វីដែលាបនប្រព្រឹត្តឡើយ អ្នកមិនបាននិយាយអ្វីដែលត្រឹមត្រូវ ដូចយ៉ូបអ្នកបម្រើយើងបាននិយាយ»។ 9 លោកអេលីផាសជាជាជនជាតិថេម៉ាន លោកប៊ីលដាដជាជាជនជាតិស៊ូអា និងលោកសូផារជាជាជនជាតិណាអាម៉ានាំគ្នាចាកចេញទៅ ហើយធ្វើតាមសេចក្ដីដែលព្រះអម្ចាស់បានបង្គាប់ ហើយព្រះអម្ចាស់ក៏ទទួលលោកយ៉ូប។ 10 ពេលលោកយ៉ូបទូលអង្វរឲ្យមិត្តរបស់លោក ព្រះអម្ចាស់ប្រោសប្រណីលោកឲ្យបានចម្រុងចម្រើនឡើងវិញ។ ព្រះអម្ចាស់ប្រទានទ្រព្យឲ្យលោកពីរដងច្រើនលើសមុន។ 11 បងប្អូនប្រុសស្រីទាំងប៉ុន្មានរបស់លោក និងញាតិមិត្តទាំងអស់ដែលលោកធ្លាប់ស្គាល់ នាំគ្នាមកសួរសុខទុក្ខលោក ហើយបរិភោគអាហាររួមជាមួយលោក នៅក្នុងផ្ទះរបស់លោក។ ពួកគេសម្តែងការអាណិតអាសូរ និងសម្រាលទុក្ខលោក ព្រោះតែទុក្ខវេទនាទាំងប៉ុន្មានដែលព្រះអម្ចាស់បានបណ្ដាលឲ្យកើតមានដល់លោក។ ពួកគេយកប្រាក់មួយណែនម្នាក់ ព្រមទាំងកងមាសម្នាក់មួយ មកជូនលោក។ 12 ព្រះអម្ចាស់ ប្រទានពរដល់លោកយ៉ូបលើកនេះ ច្រើនជាងមុនទៅទៀត គឺលោកមានចៀមមួយម៉ឺនបួនពាន់ក្បាល អូដ្ឋប្រាំមួយពាន់ក្បាល គោមួយពាន់នឹម និងលាញីមួយពាន់ក្បាល។ 13 លោកមានកូនប្រុសប្រាំពីរនាក់ និងកូនស្រីបីនាក់។ 14 លោកដាក់ឈ្មោះកូនស្រីទីមួយថា យេមីម៉ា កូនស្រីទីពីរ កេស៊ីយ៉ា និងកូនស្រីទីបី កេរេន ហាពូក។ 15 នៅក្នុងទឹកដីនោះទាំងមូល គ្មាននារីណាមានរូបឆោមល្អស្អាត ដូចកូនស្រីរបស់លោកយ៉ូបទេ។ លោកយ៉ូប ជាឪពុក ក៏បានចែកមត៌កឲ្យនាងទាំងបី ដូចបងប្អូនប្រុសៗទាំងប្រាំពីរនាក់ដែរ។ 16 ក្រោយមក លោកយ៉ូបរស់បាន ១៤០ឆ្នាំទៀត លោកបានឃើញកូនចៅរបស់លោករហូតដល់បួនតំណ។ 17 បន្ទាប់ពីមានអាយុយឺនយូរសម្បូរសប្បាយមក លោកយ៉ូប ក៏លាចាកលោកទៅ។