1 មានពរហើយអ្នកដែលមិនដើរតាមដំបូន្មានរបស់មនុស្សពាល ឬឈរតាមផ្លូវជាមួយមនុស្សមានបាប ឬអង្គុយជាមួយមនុស្សដែលចំអកឡកឡាយ។ 2 ប៉ុន្តែរីករាយជាមួយក្រឹត្យវិន័យនៃព្រះអម្ចាស់ ហើយសញ្ជឹងគិតអំពីក្រឹត្យវិន័យ ទាំងយប់ទាំងថ្ងៃ។ 3 អ្នកនោះប្រៀបបាននឹងដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលផ្ដល់ផលផ្លែតាមរដូវកាល ដែលមានស្លឹកមិនចេះស្លោកស្រពោន ការអ្វីដែលគាត់ធ្វើនឹងចម្រុងចម្រើនឡើង។ 4 ការរបស់មនុស្សពាលវិញ គឺមិនដូច្នោះឡើយ តែពួកគេប្រៀបបាននឹងអង្កាម ដែលត្រូវខ្យល់ផាត់បាត់ទៅ។ 5 មនុស្សពាលនឹងមិនអាចឈរក្នុងថ្ងៃជំនំុជម្រះបានឡើយ ហើយមនុស្សបាបក៏ពុំអាចស្ថិតនៅក្នុងចំណោម មនុស្សសុចរិតបានដែរ។ 6 ដ្បិតព្រះជាម្ចាស់ស្គាល់ផ្លូវរបស់មនុស្សសុចរិត ប៉ុន្តែរបស់មនុស្សពាលនឹងវិនាសអន្តរាយ។
1 តើហេតុអ្វីបានជាប្រជាជាតិទាំងឡាយនៅក្នុងភាពវឹកវរ ហើយហេតុអ្វីបានជាប្រជាជនរៀបផែនការដែលនឹង បរាជ័យនោះ? 2 ពួកស្តេចនៅលើផែនដីបានរួមគ្នាជាមួយនឹងពួកអ្នកដែលមានអំណាច បះបោរហើយប្រឆាំងនឹងព្រះអម្ចាស់ ព្រមទាំងទាស់ទៅនឹងព្រះមេស្សុី ដោយពោលថា៖ 3 «ចូរយើងនាំគ្នាបំបាក់នឹមរបស់ព្រះអង្គ ហើយគ្រវែងច្រវាក់របស់ព្រះអង្គចេញទៅ»។ 4 ព្រះអម្ចាស់ដែលគ្រងរាជ្យនៅស្ថានបរមសុខ ព្រះជាម្ចាស់អស់សំណើច និងចំអកឲ្យពួកគេ។ 5 ក្រោយមកព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេដោយព្រះពិរោធ ហើយធ្វើឲ្យពួកគេ ភ័យតក់ស្លុត ដោយសារព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ ដោយព្រះបន្ទូលថា៖ 6 «គឺយើងនេះហើយ ដែលបានអភិសេកស្ដេចរបស់យើងឲ្យឡើងគ្រងរាជ្យនៅលើភ្នំស៊ីយ៉ូន ជាភ្នំដ៏វិសុទ្ធរបស់យើង»។ 7 ខ្ញុំនឹងប្រកាសច្បាប់មួយរបស់ព្រះអម្ចាស់។ ព្រះអង្គមានព្រះ បន្ទូលមកកាន់ខ្ញុំថា៖ «អ្នកគឺជាបុត្ររបស់យើង! ថ្ងៃនេះយើងបានត្រឡប់ជាឪពុករបស់អ្នក។ 8 ចួលសូម នោះយើងនឹងប្រគល់ប្រជាជាតិនានា ឲ្យអ្នកទុកជាមត៌ក យើងក៏នឹងប្រគល់ផែនដីទាំងមូល ឲ្យអ្នកទុកជាកម្មសិទ្ធិដែរ។ 9 ព្រះអង្គនឹងបង្ក្រាបពួកគេដោយដំបងដែកហើយព្រះអង្គកម្ទេចគេ ដូចជាងស្មូនកម្ទេចភាជន៍»។ 10 ដ្បិតពេលនេះ ស្តេចទាំងឡាយអើយ ត្រូវដឹងនិងកែតម្រូវឡើង រួមទាំងអ្នកមានអំណាចទាំងឡាយផងដែលនៅលើផែនដីនេះផង។ 11 ចូលថ្វាយបង្គំដល់ព្រះអម្ចាស់ដោយកោតខ្លាច ហើយមានអំណរដោយញាប់ញ័រផង។ 12 ចូលថើបព្រះបុត្រឬព្រះជាម្ចាស់នឹងទ្រង់ព្រះពិរោធ នោះអ្នករាល់គ្នានឹងស្លាប់ក្នុងរបៀបដែលព្រះពិរោធបានឆេះឆួលឡើងក្នុងគ្រានោះ។ មានពរហើយអស់អ្នកដែលជ្រកកោនក្រោមម្លប់បារមីរបស់ព្រះជាម្ចាស់។
ទំនុកតម្កើង របស់ស្ដេចដាវីឌ ក្នុងគ្រាដែលទ្រង់រត់ភៀសចេញពីសម្ដេចអាប់សាឡុម ជាព្រះរាជបុត្រ។ 1 ព្រះអម្ចាស់ ខ្មាំងសត្រូវរបស់ទូលបង្គំមានគ្នាច្រើនណាស់! ហើយអ្នកដែលលើកគ្នាប្រឆាំងនឹងទូលបង្គំ ក៏មានគ្នាច្រើនដែរ។ 2 មានមនុស្សជាច្រើននិយាយថា «គ្មានជំនួយណាមកពីព្រះជាម្ចាស់សម្រាប់គាត់ឡើយ»។ សម្រាក 3 ប៉ុន្តែព្រះអម្ចាស់អើយ ព្រះអង្គគឺជាខែលការពារទូលបង្គំ ក៏ជាសិរីរុងរឿងរបស់ទូលបង្គំ ហើយព្រះអង្គគឺជាអ្នកលើកមុខទូលបង្គំឡើង។ 4 ខ្ញុំស្រែកដង្ហោយហៅរកព្រះអម្ចាស់យ៉ាងអស់ពីដួងចិត្ត ហើយព្រះអង្គឆ្លើយតបមកខ្ញុំវិញ ពីភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។ សម្រាក 5 ខ្ញុំទម្រេត នឹងដេកយ៉ាងស្កប់ស្កល់ ហើយខ្ញុំក៏បានភ្ញាក់ឡើងវិញ ដ្បិតព្រះអម្ចាស់បានការពារខ្ញុំ។ 6 ទោះបីមានមនុស្សម្នាដ៏ច្រើនអនេកអនន្ត លើកគ្នាពីគ្រប់ទីកន្លែង មកប្រឆាំងនឹងខ្ញុំយ៉ាងណាក្ដីក៏ខ្ញុំមិនភ័យខ្លាចដែរ។ 7 តើនឡើង ព្រះអម្ចាស់អើយ! សូមសង្គ្រោះទូលបង្គំផង ព្រះអម្ចាស់នៃទូលបង្គំអើយ! ដ្បិតព្រះអង្គនឹងវាយពួកខ្មាំងរបស់ទូលបង្គំ ព្រះអង្គនឹងបំបាក់ធ្មេញរបស់មនុស្សពាលដែរ។ 8 សេចក្តីសង្គ្រោះគឺបានមកពីព្រះអម្ចាស់។ សូមឲ្យព្រះពររបស់ព្រះអង្គបានដល់ប្រជារាស្ត្ររបស់ព្រះអង្គផង។ សម្រាក
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង កំដរដោយក្រុមតន្ដ្រីមានខ្សែ។ ទំនុករបស់ស្ដេចដាវីឌ។ 1 ព្រះជាម្ចាស់នៃសេចក្តីសុចរិតរបស់ទូលបង្គំអើយ! ពេលទូលបង្គំដង្ហោយរកព្រះអង្គនោះសូមព្រះអង្គតបនឹងទូលបង្គំផង ពេលទូលបង្គំមានទុក្ខធុរៈព្រះអង្គបានធ្វើឲ្យទូលបង្គំធូរស្បើយ។ សូមអាណិតមេត្តាទូលបង្គំ ហើយព្រះសណ្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំផង។ 2 មនុស្សទាំងឡាយអើយតើអ្នករាល់គ្នាជាន់ឈ្លីកិត្តិយសខ្ញុំដល់កាលណាទៀត? តើអ្នករាល់គ្នាចូលចិត្តចោទប្រកាន់ដោយឥតបានការនិងនិយាយកុហកមួលបង្កាច់ដល់កាលណាទៀត? សម្រាក 3 ប៉ុន្តែ ត្រូវដឹងថា ព្រះអម្ចាស់តែងតែប្រោសប្រណីមនុស្សស្មោះត្រង់ពេលណាខ្ញុំស្រែកអង្វររកព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ខ្ញុំជានិច្ច។ 4 បើអ្នកញាប់ញ័រក្នុងការភ័យក្លាច សូមកុំធ្វើបាប! តែត្រូវដេកគិតពិចារណា នៅក្នុងចិត្តរបស់អ្នកដោយស្ងៀមស្ងាត់ចុះ។ សម្រាក 5 ចូរថ្វាយយញ្ញបូជាដ៏សុចរិត ហើយពឹងផ្អែកលើព្រះអម្ចាស់ចុះ។ 6 មានមនុស្សជាច្រើននិយាយថា៖ «តើអ្នកណានឹងបង្ហាញយើងអំពីការល្អទៅ?» ព្រះអម្ចាស់អើយ សូមពន្លឺនៃព្រះភ័ក្រ្តរបស់ព្រះអង្គដល់យើងផង។ 7 ព្រះអង្គបានដាក់អំណរនៅក្នុងចិត្តទូលបង្គំ ច្រើនជាងអំណរដែលគេមាននៅពេលច្រូតស្រូវ និងបេះផ្លែទំពាំងបាយជូរដ៏បរិបូណ៌ទៅទៀត។ 8 ពេលទូលបង្គំចូលដំណេកនោះទូលបង្គំនឹងដេកលក់ដោយសុខសាន្ត ដ្បិត ឱព្រះអម្ចាស់អើយ មានតែព្រះអង្គទេដែលធ្វើឲ្យទូលបង្គំរស់នៅ ដោយសុខដុមរមនា។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ កំដរដោយខ្លុយ។ ទំនុករបស់ស្ដេចដាវីឌ។ 1 ព្រះអម្ចាស់អើយ! សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យរបស់ទូលបង្គំ! សូមទ្រង់ព្រះសណ្ដាប់សម្រែកឈឺចាប់ របស់ទូលបង្គំផង។ 2 ព្រះជាម្ចាស់ ជាព្រះមហាក្សត្រនៃទូលបង្គំអើយ សូមយកព្រះហឫទ័យទុកដាក់នឹងសូរសម្រែករបស់ទូលបង្គំផងដ្បិតទូលបង្គំអធិស្ឋានរកព្រះអង្គ។ 3 ព្រះអម្ចាស់អើយ! នៅពេលព្រឹក ព្រះអង្គព្រះសណ្ដាប់សំឡេងរបស់ទូលបង្គំ ទូលបង្គំចូលមកគាល់ ហើយនៅរង់ចាំព្រះអង្គ តាំងពីព្រលឹម។ 4 ការពិតណាស់ ព្រះអង្គមិនមែនជាព្រះដែលសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតនោះទេ មនុស្សអាក្រក់ពុំអាចនៅក្បែរព្រះអង្គបានឡើយ។ 5 ពួកអ្នកដែលមានអំនួតនឹងមិនអាចឈរក្នុងព្រះវត្តមានព្រះអង្គឡើយ ព្រះអង្គមិនសព្វព្រះហឫទ័យអស់អ្នកប្រព្រឹត្តអំពើទុច្ចរិតដែរ។ 6 ព្រះអង្គនឹងធ្វើឲ្យពួកកុហកវិនាសសាបសូន្យ។ ព្រះអម្ចាស់ស្អប់ខ្ពើមអ្នកបង្ហូរឈាម និងអ្នកមានល្បិចកល។ 7 ប៉ុន្តែ ទូលបង្គំវិញ ដោយសារតែសេចក្តីមេត្រីនិងភាពស្មោះត្រង់ដ៏អស្ចារ្យ ទូលបង្គំចូលមកក្នុងព្រះដំណាក់របស់ព្រះអង្គបាន ទូលបង្គំសូមក្រាបថ្វាយបង្គំព្រះអង្គ ដោយបែរមុខតម្រង់ទៅរកព្រះវិហារដ៏វិសុទ្ធ របស់ព្រះអង្គ។ 8 ព្រះអម្ចាស់អើយ! មានមនុស្សជាច្រើនប្រឆាំងនឹងទូលបង្គំ! សូមដឹកនាំទូលបង្គំឲ្យធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ សូមពង្រាបផ្លូវរបស់ព្រះអង្គនៅមុខទូលបង្គំផង។ 9 ដ្បិត អ្នកទាំងនោះគ្មានពាក្យពិតក្នុងម៉ាត់របស់គេទេ ពួកគេគិតតែចង់បំផ្លិចបំផ្លាញអណ្ដាតរបស់គេគ្រលាស់ចេញនូវពាក្យបញ្ចើចបញ្ចាលតែមានបង្កប់ទៅដោយពិសពុល សម្រាប់ប្រហារជីវិត។ 10 ព្រះជាម្ចាស់អើយ សូមដាក់ទោសគេទៅ! សូមឲ្យគេវិនាសអន្តរាយ ដោយសារគម្រោងការរបស់ខ្លួន គេបានប្រព្រឹត្តអំពើអាក្រក់ច្រើនរាប់មិនអស់ ព្រោះគេបះបោរប្រឆាំងនឹងព្រះអង្គ ដូច្នេះ សូមកាត់កាល់គេចោលទៅ។ 11 ប៉ុន្តែ អស់អ្នកដែលជ្រកកោនក្រោមម្លប់បារមីព្រះអង្គ គេនឹងមានអំណរ គេនឹងសប្បាយរីករាយរហូតតទៅ ហើយព្រះអង្គនឹងរក្សាការពារគេ អស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ។ 12 ដ្បិត ព្រះអម្ចាស់អើយ ព្រះអង្គប្រទានពរឲ្យមនុស្សសុចរិត ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ប្រៀបបាននឹងខែលការពារគេ។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង កំដរដោយក្រុមតន្ដ្រីមានខ្សែ និងពិណប្រាំបីខ្សែ។ ទំនុករបស់ស្ដេចដាវីឌ។ 1 ឱព្រះអម្ចាស់អើយ! សូមកុំដេញទូលបង្គំដោយព្រះពិរោធសូមកុំដាក់ទោសទូលបង្គំ ដោយការខ្ញាល់របស់ព្រះអង្គឡើយ។ 2 ព្រះអម្ចាស់អើយ សូមសេចក្តីមេត្តារបស់ព្រះអង្គបានមកលើទូលបង្គំ ដ្បិតទូលបង្គំខ្សោយណាស់ សូមប្រោសទូលបង្គំឲ្យជាផង ព្រះអម្ចាស់អើយ ដ្បិតរូបកាយទូលបង្គំទាំងមូលញ័រញាក់។ 3 ព្រលឹងរបស់ទូលបង្គំតប់ប្រមល់ជាខ្លាំង។ ប៉ុន្តែ ព្រះអម្ចាស់អើយ តើទុកឲ្យទូលបង្គំនៅក្នុងការនេះដល់កាលណាទៀត? 4 ព្រះអម្ចាស់អើយ សូមទ្រង់យាងមកវិញ ហើយសង្គ្រោះទូលបង្គំផង។ សូមរំដោះទូលបង្គំ ដោយព្រះហឫទ័យស្មោះត្រង់និងសម្ព័មេត្រីនេះផង! 5 ដ្បិតពេលស្លាប់ផុតទៅហើយ គ្មាននរណាអាចនឹកដល់ព្រះអង្គបានទៀតទេ។ ពុំដែលមាននរណាសរសើរតម្កើងព្រះអង្គ នឹងអរព្រះគុណដែរ។ 6 ទូលបង្គំស្រែកថ្ងូរ ហើយកាន់តែល្វើយទៅៗ។ រៀងរាល់យប់ ទូលបង្គំយំសោកនៅលើគ្រែ ហើយបង្ហូរទឹកភ្នែកជោកខ្នើយ។ 7 ភ្នែកទូលបង្គំក៏ប្រែទៅជាស្រវាំង ព្រោះតែបច្ចាមិត្តរបស់ទូលបង្គំ។ ទុក្ខកង្វល់បានធ្វើឲ្យទូលបង្គំស្លក់មុខ។ 8 សូមដកការនេះចេញពីទូលបង្គំទៅ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ ដ្បិតព្រះអម្ចាស់បានឮសម្រែកនៃការយំសោករបស់ខ្ញុំ។ 9 ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ឮពាក្យ ទទូចអង្វររបស់ខ្ញុំ ព្រះអម្ចាស់ទទួលពាក្យអធិស្ឋានរបស់ខ្ញុំហើយ។ 10 សូមឲ្យខ្មាំងសត្រូវទាំងប៉ុន្មានរបស់ខ្ញុំ ត្រូវអាម៉ាស់ និងញ័ររន្ធត់ ហើយឲ្យគេដកខ្លួនថយទៅវិញ ទាំងអៀនខ្មាសយ៉ាងខ្លាំង។
1 ទំនួញរបស់ស្ដេចដាវីឌ ព្រះអង្គសូត្រថ្វាយព្រះជាម្ចាស់ នៅពេលមានរឿងជាមួយមនុស្សម្នាក់ឈ្មោះគូស ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។ ព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ! ទូលបង្គំសូមយកព្រះអង្គធ្វើជាទីពឹងជ្រក សូមសង្គ្រោះទូលបង្គំ សូមរំដោះទូលបង្គំ ឲ្យរួចផុតពីអស់អ្នក ដែលបៀតបៀនទូលបង្គំផង។ 2 ទោះបី មានគេហែកទូលបង្គំ ដូចសត្វសិង្ហខាំរំពានាំយកទៅ ហើយគ្មានអ្នកណានឹងនាំទូលបង្គំទៅកន្លែងសុវត្តិភាពឡើយ។ 3 ព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ! ទូលបង្គំមិនដែលបានធ្វើតាមពាក្យរបស់សត្រូវរបស់ទូលបង្គំឡើយ ហើយក៏មិនដែលធ្វើអំពើទុច្ចរិតដោយដៃទូលបង្គំដែរ។ 4 ទូលបង្គំមិនដែលធ្វើអ្វីដែលខុសដល់អ្នកណា ដែលកំពុងនៅក្នុងសេចក្តីសុខសានជាមួយទូលបង្គំឡើយ ឬក៏ធ្វើឲ្យអ្នកណាម្នាក់ខ្មាស់ទោះបីជាអ្នកនោះជំទាស់និងទូលបង្គំ។ 5 បើសិនទូលបង្គំទូលមិនពិតទេ សូមឲ្យខ្មាំងសត្រូវដេញទាន់ និងប្រហារទូលបង្គំទៅចុះ ឲ្យគេជាន់ឈ្លីជីវិតទូលបង្គំនៅនឹងដី និងឲ្យគេយកកិត្តិយសរបស់ទូលបង្គំ ទៅទម្លាក់ក្នុងភក់ជ្រាំចុះ។ សម្រាក 6 តើនឡើង ព្រះអម្ចាស់អើយ សូមតើនឡើង សូមទ្រង់ព្រះពិរោធតបនឹងអំពើឃោរឃៅ របស់បច្ចាមិត្តទូលបង្គំ សូមជួយការពារទូលបង្គំផង ដ្បិតព្រះអង្គហ្នឹងហើយ ដែលបានតែងតាំងច្បាប់ឡើង។ 7 សូមឲ្យប្រទេសនានា នាំគ្នាមកជុំវិញព្រះអង្គ សូមព្រះអង្គគ្រប់គ្រងលើពួកគេទាំងអស់គ្នា។ 8 ព្រះអម្ចាស់ជាចៅក្រមវិនិច្ឆ័យប្រជារាស្ដ្រទាំងអស់ ព្រះអម្ចាស់អើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង ដ្បិតទូលបង្គំសុចរិត ហើយក៏ទៀងត្រង់ដែរ។ 9 សូមឲ្យការអាក្រក់នៃអំពើទុច្ចរិតឈានដល់ទីបញ្ឃប់ ប៉ុន្តែ សូមជួយមនុស្សសុចរិត ឲ្យមានចិត្តរឹងប៉ឹងឡើង ព្រះដ៏សុចរិតអើយ ព្រះអង្គឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស។ 10 ព្រះជាម្ចាស់ជាខែលរបស់ទូលបង្គំ ព្រះអង្គសង្គ្រោះអស់អ្នក ដែលមានចិត្តទៀងត្រង់។ 11 ព្រះជាម្ចាស់ គឺជាព្រះដ៏សុចរិតហើយយុតិ្តធ៌ម ព្រះជាម្ចាស់ដែលប្រឆាំងនឹងអំពើអាក្រក់រាល់ថ្ងៃផងដែរ។ 12 ប្រសិនបើ មនុស្សមិនប្រែចិត្ត ព្រះជាម្ចាស់នឹងសំលៀងមុខដាវ ហើយត្រៀមសម្រាប់ការប្រយុទ្ធ។ 13 ព្រះជាម្ចាស់ នឹងរៀបចំអាវុធដើម្បីប្រហារអ្នកនោះ ព្រមទាំងត្រៀមព្រួញភ្លើងចាំជាស្រេចផង។ 14 សូមគិតតែពីប្រព្រឹត្តអំពើទុច្ចរិត ហើយរិះគិតពីអំពើឧក្រិដ្ឋ អ្នកនោះនឹងបង្កើតបានការបោកបញ្ឆោត។ 15 អ្នកនោះនឹងជីករណ្ដៅកាន់តែជ្រៅទៅៗ អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្ដៅ ដែលខ្លួនជីកនោះជាមិនខាន។ 16 អំពើទុច្ចរិតដែលគេប្រព្រឹត្ត នឹងធ្លាក់មកលើក្បាលគេវិញ អំពើឃោរឃៅរបស់គេ ក៏នឹងធ្លាក់មកលើលលាដ៍ក្បាលគេវិញដែរ។ 17 ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គយុត្តិធ៌ម ខ្ញុំនឹងច្រៀងលើកតម្កើងព្រះនាមព្រះអម្ចាស់ ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង សម្រាប់ពិណពីក្រុងកាថ។ ទំនុករបស់ស្ដេចដាវីឌ។ 1 ព្រះអម្ចាស់ ជាអម្ចាស់របស់យើង! ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង ពាសពេញលើផែនដីទាំងមូល! ព្រះអង្គថ្កុំថ្កើងរុងរឿងលើសផ្ទៃមេឃទៅទៀត។ 2 ចេញពីពាក្យសរសើរតម្កើងរបស់ក្មេងៗ និងទារក ធ្វើជាកម្លាំងប្រយុទ្ធនឹងបច្ចាមិត្តរបស់ព្រះអង្គ ដើម្បីបង្ក្រាបខ្មាំងសត្រូវដ៏កាចសាហាវ ឲ្យវិនាសសាបសូន្យទៅ។ 3 ពេលទូលបង្គំសម្លឹងមើលផ្ទៃមេឃ ដែលជាស្នាព្រះហស្ដរបស់ព្រះអង្គ ហើយសម្លឹងមើលដូងច័ន្ទ និងហ្វូងតារាដែលព្រះអង្គដាក់នៅលើមេឃនោះ 4 អ្វីដែលសំខាន់នោះគឺមនុស្សមានឋានៈអ្វីបានជាព្រះអង្គនឹកគិតដល់គេដូច្នេះ តើបុត្រមនុស្សជាអ្វីបានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេយ៉ាងនេះ? 5 ប៉ុន្តែ ព្រះអង្គបានធ្វើឲ្យគេមានឋានៈទាបជាងទេវតាតែបន្តិចប៉ុណ្ណោះ ព្រះអង្គប្រទានសិរីរុងរឿងនិងកិត្តិយសដល់គេ។ 6 ព្រះអង្គបានតាំងគេឲ្យគ្រប់គ្រង លើស្នាព្រះហស្តរបស់ព្រះអង្គ ព្រះអង្គបានដាក់អ្វីៗទាំងអស់ ឲ្យនៅក្រោមជើងរបស់គេដែរ 7 អស់ទាំងចៀម ទាំងគោ និងសត្វព្រៃ 8 សត្វហើរលើអាកាស និងត្រីនៅក្នុងសមុទ្រ គឺសត្វផងទាំងពួងដែលហែលនៅបាតសមុទ្រ។ 9 ឱព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំអើយ ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿងពាសពេញលើផែនដីទាំងមូល!
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង តាមលំនាំបទកូនប្រុសស្លាប់។ ទំនុករបស់ស្ដេចដាវីឌ។ 1 ខ្ញុំនឹងអរព្រះគុណដល់ព្រះអម្ចាស់ អស់ពីដូងចិត្តរបស់ទូលបង្គំ ទូលបង្គំនឹងនិទានពីគ្រប់ការអស្ចារ្យដែលព្រះអង្គបានធ្វើ។ 2 ខ្ញុំនឹងអរសប្បាយ ហើយនិងរីករាយនៅក្នុងព្រះជាម្ចាស់ ហើយទូលបង្គំនឹងសរសើរតម្កើនដល់ព្រះនាមរបស់ព្រះអង្គដ៏ខ្ពស់បំផុត! 3 កាល ពួកខ្មាំងសត្រូវរបស់ទូលបង្គំថយទៅ គេជំពប់ដួល ហើយវិនាសនៅចំពោះព្រះអង្គ។ 4 ដ្បិតព្រះអង្គបានរក្សារឿងក្ដីដ៏ទៀងត្រង់ របស់ទូលបង្គំ ព្រះអង្គគង់នៅលើបល្ល័ង្កដោយយុត្តិធ៌ម! 5 ព្រះអង្គបានបន្ទោសជនជាតិផ្សេងៗ ព្រះអង្គបានបំបាត់មនុស្សអាក្រក់ឲ្យវិនាស ព្រះអង្គបានលុបឈ្មោះគេឲ្យបាត់ ជារៀងរហូត តទៅ។ 6 សត្រូវបានវិនាសអន្តរាយអស់កល្បជានិច្ច ព្រះអង្គបានដករំលើងទីក្រុងនានារបស់គេ សេចក្ដីនឹកចាំពីពួកគេក៏បាត់វិនាសទៅដែរ។ 7 ប៉ុន្តែ ព្រះអម្ចាស់នឹងគង់នៅអស់កល្បជានិច្ច ព្រះជាម្ចាស់ នឹងតាំងព្រះរាជ្យរបស់ព្រះអង្គសម្រាប់សេចក្តីយុត្តិធ៌ម។ 8 ព្រះជាម្ចាស់នឹងជំរុំជម្រះពិភពលោកនេះដោយសេចក្តីសុចរិត ហើយព្រះអង្គនឹងជំរុំជម្រះប្រជាជនទាំងឡាយដោយយុត្តិធម៌ដែរ។ 9 សូមព្រះអម្ចាស់ធ្វើជាបន្ទាយដ៏រឹងមាំការពារ អស់អ្នកដែលត្រូវគេជិះជាន់ គឺជាបន្ទាយការពារនៅពេលមានអាសន្ន។ 10 អស់អ្នកដែលស្គាល់ព្រះនាមព្រះអង្គ គេទុកចិត្តដល់ព្រះអង្គ ដ្បិត ព្រះអម្ចាស់អើយ ព្រះអង្គមិនបានបោះបង់អស់អ្នក ដែលស្វែងរកព្រះអង្គឡើយ។ 11 សូមលើកតម្កើនដល់ព្រះអម្ចាស់ ដែលគង់លើក្រុងស៊ីយ៉ូន ចូរថ្លែងប្រាប់ប្រជាជនទាំងឡាយ ពីស្នាព្រះហស្តរបស់ព្រះអង្គ។ 12 ដ្បិតព្រះអង្គនឹងដាក់ទោសអ្នកសម្លាប់គេ ព្រះអង្គនឹកចាំពីអ្នកទាំងនោះ ព្រះអង្គមិនភ្លេចសម្រែក របស់មនុស្សរងទុក្ខឡើយ។ 13 ព្រះអម្ចាស់អើយ សូមផ្តល់ក្តីមេត្តាដល់ទូលបង្គំផង សូមទតមើលទុក្ខលំបាករបស់ទូលបង្គំ ដោយសារអស់អ្នកដែលស្អប់ទូលបង្គំផង ព្រះអង្គនេះហើយដែលលើកទូលបង្គំឡើង ឲ្យរួចពីទ្វារនៃសេចក្ដីស្លាប់។ 14 អូរ! ដើម្បីឲ្យទូលបង្គំបានថ្លែងពី អស់ទាំងសេចក្ដីសរសើររបស់ព្រះអង្គ នៅមាត់ទ្វារទាំងប៉ុន្មាននៃកូនស្រីស៊ីយ៉ូន ហើយត្រេកអរ ក្នុងការសង្គ្រោះរបស់ព្រះអង្គ! 15 ប្រជាជាតិនានាបានផុង ទៅក្នុងរណ្តៅដែលគេបានជីក ជើងរបស់ពួកគេក៏ជាប់អន្ទាក់ ដែលខ្លួនគេបានបង្កប់ទុក។ 16 ព្រះអម្ចាស់បានបើកសម្តែងព្រះអង្គឲ្យស្គាល់ ព្រះអង្គបានសម្រេចដោយយុត្តិធម៌ មនុស្សអាក្រក់បានជាប់អន្ទាក់ ដោយការដែលដៃរបស់គេធ្វើ។ ប្រគំភ្លេង សម្រាក 17 មនុស្សអាក្រក់នឹងត្រូវវិលទៅរក ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ គឺគ្រប់ទាំងប្រជាជាតិដែលបានភ្លេចព្រះជាម្ចាស់។ 18 ដ្បិតមនុស្សលំបាកមិនត្រូវគេភ្លេចទេ ហើយសេចក្ដីសង្ឃឹមរបស់មនុស្សទ័លក្រ ក៏មិនត្រូវវិនាសបាត់ជានិច្ចដែរ។ 19 សូមតើនឡើង ព្រះអម្ចាស់អើយ សូមកុំឲ្យអ្នកដែលទាស់និងព្រះអង្គបានឈ្នះឡើយ សូមឲ្យប្រជាជាតិនានាទទួលការជំរុំជម្រះជាមួយព្រះអង្គ។ 20 ឱព្រះអម្ចាស់អើយ សូមឲ្យពួកគេភិតភ័យ សូមឲ្យប្រជាជាតិទាំងឡាយដឹងខ្លួនថា គេគ្រាន់តែជា មនុស្សប៉ុណ្ណោះ។ សម្រាក
1 ឱព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គគង់នៅឆ្ងាយយ៉ាងនេះ? តើហេតុអ្វីបានជាព្រះអង្គពួន នៅគ្រាដែលមានទុក្ខលំបាកដូច្នេះ? 2 ដោយព្រោះ មនុស្សពាលនាំគ្នាតាមធ្វើបាបមនុស្សទុគ៌ត ទាំងឥតអៀនខ្មាស ពួកគេប្រើកលល្បិចធ្វើឲ្យ មនុស្សទុគ៌តវិនាស។ 3 ដ្បិត មនុស្សដែលអាក្រក់និងចំអក ឡកឡាយ នៅក្នុងបំណងបោកប្រាស់របស់ពួកគេ ហើយគេនឹងឲ្យពរដល់អ្នកលោភលន់ ហើយនិងអ្នកដែលប្រមាថព្រះអម្ចាស់។ 4 មនុស្សអាក្រក់និយាយទាំងវាយឫកខ្ពស់ថា គេមិនដែលស្វែងរកព្រះជាម្ចាស់ទេ។ ហើយគេក៏មិនដែលគិតអំពីព្រះអង្គដែរ ដោយសារគេមិនដែរខ្វល់ពីព្រះជាម្ចាស់ទេ។ 5 គេមានសុវត្តិភាពគ្រប់ពេលជានិច្ច ប៉ុន្តែក្តីសុចរិតរបស់ព្រះអង្គនៅខ្ពស់ ហួសពីភ្នែករបស់គេ ហើយគេបូញមាត់ឡកឡាយដាក់បច្ចាមិត្តរបស់គេ។ 6 គេនិយាយក្នុងចិត្តថា «អញនឹងមិនត្រូវរង្គើឡើយ អញមិនជួបទុក្ខលំបាក ជារៀងរហូតគ្រប់ជំនាន់តទៅ»។ 7 មាត់របស់គេពេញទៅដោយបណ្តាសារ ការបោកប្រាស់ហើយនិងពាក្យជេរប្រមាថ អណ្ដាតគេមានតែពាក្យអពមង្គលនិងការបំផ្លាញ់។ 8 គេអង្គុយពួនស្ទាក់នៅតាមភូមិ នៅកន្លែងស្ងាត់កំបាំង គេសម្លាប់មនុស្សស្លូតត្រង់ ភ្នែកគេតាមឃ្លាំមើលមនុស្សដែលគ្មានទីពឹងអាង។ 9 គេពួនចាំនៅទីសម្ងាត់ ដូចសិង្ហសម្ងំនៅក្នុងរូង គេលបចាំចាប់មនុស្សក្រីក្រ។ គេចាប់មនុស្សក្រីក្រ ដោយទាញគេមកក្នុងអន្ទាក់របស់ខ្លួន។ 10 គេបំពានដោយអាក្រក់ហើយវាយដំឲ្យដេកចុះ រួចដួលទៅក្នុងអំណាចរបស់គេ។ 11 គេនិយាយក្នុងចិត្តថា «ព្រះជាម្ចាស់បានបំភេ្លច ដោយបិតព្រះភក្រ្ត័ ព្រះអង្គក៏នឹងមិនទូតលើគេដែរ»។ 12 ព្រះអម្ចាស់ អើយ សូមតើនឡើង! សូមលើកព្រះហស្តឡើង ព្រះជាម្ចាស់ អើយ! សូមកុំបំភ្លេចពួកអ្នកក្រក្រីឡើយ។ 13 ហេតុអ្វីបានជាមនុស្សពាលមិនទទួលព្រះអង្គ ហើយនិយាយក្នុងចិត្តថា «ព្រះអង្គនឹងមិនធ្វើអ្វីដល់អញទេ»? 14 ព្រះអង្គពិតជាទតឃើញ ដ្បិតព្រះអង្គទតមើលទុក្ខលំបាក និងការឈឺចាប់ ដើម្បីឲ្យព្រះអង្គបានទទួលគេ មកក្នុងព្រះហស្តព្រះអង្គ។ មនុស្សទុគ៌តផ្ញើខ្លួននឹងព្រះអង្គ ព្រះអង្គជាអ្នកជួយសង្គ្រោះជនកំព្រា។ 15 សូមព្រះអង្គបំបាក់ដៃមនុស្សអាក្រក់ និងមនុស្សពាល ធ្វើឲ្យគេទទួលខុសត្រូវសម្រាប់អ្វីដែលគេបានប្រព្រឹត្តអំពើអាក្រក់ ដើម្បីកុំឲ្យគេប្រព្រឹត្តអំពើពាលតទៅទៀត។ 16 ព្រះអម្ចាស់ជាមហាក្សត្រ ដ៏គង់នៅអស់កល្បជានិច្ច ជាតិសាសន៍ដទៃនឹងត្រូវវិនាសអស់ពីផែនដីរបស់ព្រះអង្គ។ 17 ឱព្រះអម្ចាស់អើយ ព្រះអង្គទ្រង់ព្រះសណ្ដាប់បំណង របស់មនុស្សលំបាក ព្រះអង្គនឹងលើកទឹកចិត្តគេ ហើយនឹងផ្ទៀងព្រះកាណ៌ស្ដាប់ ពាក្យអធិស្ឋានរបស់គេ 18 ព្រះអង្គរកយុត្តិធម៌ឲ្យជនកំព្រា និងមនុស្សដែលត្រូវគេសង្កត់សង្កិន ដើម្បីកុំឲ្យមនុស្សដែលនៅលើផែនដី អាចធ្វើទុក្ខបានទៀត។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ 1 ខ្ញុំយកព្រះអម្ចាស់ជាទីពឹងជ្រក តើអ្នកអាចនិយាយមកខ្ញុំបែបនេះវិញ «ចូររត់ទៅឯភ្នំរបស់ឯង ដូចជាសត្វហើរចុះ?» 2 ដ្បិតមើល៍! ពួកមនុស្សពាលគេយឹតធ្នូ គេដំឡើងព្រួញនៅជាប់នឹងខ្សែ ដើម្បីបាញ់ពីទីងងឹត ចំអស់អ្នកដែលមានចិត្តទៀងត្រង់។ 3 ដ្បិត បើគ្រឹះត្រូវបំផ្លាញ នោះតើមនុស្សសុចរិតនឹងអាចធ្វើអ្វីបាន? 4 ព្រះអម្ចាស់គឺគង់នៅក្នុងព្រះវិហារដែលបរិសុទ្ធ ព្រះនេត្រព្រះអង្គទតមើល ត្របកព្រះនេត្រទ្រង់ពិចារណា មើលពីកូនចៅនៃមនុស្សជាតិ។ 5 ព្រះអម្ចាស់ល្បងលមនុស្សសុចរិត ហើយនិងមនុស្សពាលដែរ តែព្រះអង្គមានព្រះអង្គស្អប់មនុស្ស ដែលចូលចិត្តធ្វើអំពើឃៅរឃៅ។ 6 ព្រះអង្គដាក់ទោសមនុស្សពាល ដោយធ្វើឲ្យមានរងើកភ្លើង និងស្ពាន់ធ័រ បង្អុរចុះមកលើពួកគេដូចជាភ្លៀង ហើយសូមឲ្យខ្យល់ក្ដៅ បក់បោកមកលើពួកគេដែរ។ 7 ដ្បិតព្រះអម្ចាស់ទ្រង់សុចរិត ព្រះអង្គសព្វព្រះហឫទ័យនឹងកិច្ចការណាដែលសុចរិត។ មនុស្សមានចិត្តទៀងត្រង់មុខជាបានឃើញព្រះភ័ក្ត្ររបស់ព្រះអង្គ។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង កំដរដោយពិណប្រាំបីខ្សែ។ ទំនុករបស់ស្ដេចដាវីឌ។ 1 ឱព្រះអម្ចាស់អើយ សូមជួយផង! ដ្បិតមនុស្សដែលកោតខ្លាចព្រះអង្គគេកំពុងតែបាត់អស់ទៅ ហើយមនុស្សស្មោះត្រង់ក៏កាន់តែបាត់បង់អស់ដែរ។ 2 គ្រប់គ្នានិយាយពាក្យគ្មានន័យទៅកាន់អ្នកជិតខាងខ្លួន គេនិយាយសុទ្ធតែពាក្យបញ្ចើចបញ្ចើដាក់គ្នា តែមានចិត្តមិនទៀង។ 3 សូមព្រះអម្ចាស់ដកពាក្យបញ្ចើចបញ្ចើពីមាត់គេទៅ ព្រមទាំងអណ្ដាតដែលអួតអាងយ៉ាងសម្បើម។ 4 អស់អ្នកដែលពោលថា «ដោយសារអណ្ដាតរបស់យើង យើងនឹងឈ្នះ បបូរមាត់របស់យើងស្រេចលើយើង តើអ្នកណាជាចៅហ្វាយលើយើងនោះ?» 5 «ដោយការធ្វើបាបមកលើជនក្រីក្រ ដោយសារតែសម្រែកនៃអ្នកត្រូវការជំនួយ យើងនឹងតើនឡើងឥឡូវ» នេះជាព្រះបន្ទូលនៃព្រះអម្ចាស់។ «យើងនឹងដាក់ពួកគេឲ្យនៅទីសុវត្ថិភាព ដែលគេស្វែងរកនោះ»។ 6 ព្រះបន្ទូលរបស់ព្រះអម្ចាស់គឺបរិសុទ្ធដូចប្រាក់ដែលគេបន្សុទ្ធក្នុងឡនៅលើដី ហើយបានសម្រង់អស់ប្រាំពីរដង។ 7 ឱព្រះអម្ចាស់អើយ ព្រះអង្គនឹងថែពួកគេ។ ព្រះអង្គនឹងការពារយើងដែលជារាស្រ្តព្រះអង្គ ចេញពីជំនាន់មនុស្សអាក្រក់នេះតរៀងទៅ។ 8 មនុស្សអាក្រក់ដើរគ្រប់ទីកន្លែង កាលណាមនុស្សលើកតម្កើងសេចក្ដីអាក្រក់ឡើង។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ 1 ឱព្រះអម្ចាស់អើយ! តើព្រះអង្គនៅតែភ្លេចទូលបង្គំ ដល់ពេលណា? តើព្រះអង្គនៅតែមិនព្រមទតមើល មកទូលបង្គំដល់កាលណាទៀត? 2 តើទូលបង្គំត្រូវមានកង្វល់ក្នុងចិត្ត ដល់ពេលណាទៅ? តើចិត្តទូលបង្គំត្រូវរងទុក្ខព្រួយ ទាំងយប់ ទាំងថ្ងៃដល់អង្កាល់? តើខ្មាំងសត្រូវមានជ័យជម្នះលើទូលបង្គំ ដល់កាលណាទៀត? 3 សូមទូតមើលទូលបង្គំហើយឆ្លើយតបនឹងទូលបង្គំផង ឳព្រះអម្ចាស់អើយ! សូមឲ្យភ្នែកទូលបង្គំបានភ្លឺឡើង ឬទូលបង្គំដេកក្នុងសេចក្តីស្លាប់វិញ។ 4 កុំឲ្យខ្មាំងសត្រូវរបស់ទូលបង្គំពោលថា៖ «យើងបានផ្តួលឯងហើយ» ដូច្នេះ សត្រូវរបស់ទូលបង្គំមិនអាចនិយាយថា «យើងបានយកឈ្នះលើបច្ចាមិត្តឡើយ» ការនេះ នឹងធ្វើឲ្យសត្រូវរីករាយ ពេលដែលទូលបង្គំដូលចុះ។ 5 ប៉ុន្តែ ទូលបង្គំបានទុកចិត្តនឹងសម្ព័ន្ឋមេត្រី ស្មោះត្រង់របស់ព្រះអង្គ ចិត្តទូលបង្គំនឹងត្រេកអរ ព្រោះសេចក្តីសង្គ្រោះរបស់ព្រះអង្គ។ 6 ទូលបង្គំនឹងច្រៀងថ្វាយព្រះអម្ចាស់ ព្រោះព្រះអង្គបានធ្វើការយ៉ាងសប្បុរសដល់ទូលបង្គំ។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ 1 មនុស្សល្ងីល្ងើនិយាយក្នុងចិត្តថា «គ្មានព្រះជាម្ចាស់ទាល់តែសោះ»។ ពួកគេនាំគ្នាប្រព្រឹត្តអំពើថោកទាប និងកិច្ចការផ្សេងៗគួរឲ្យស្អប់ខ្ពើមគឺគ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ។ 2 ព្រះអម្ចាស់បានទតមើលពីស្ថានសួគ៌ មកលើពួកកូនមនុស្សរកមើលក្រែងមានអ្នកណា ដែលមានគំនិតឈ្លាសវៃ ហើយស្វែងរកព្រះអង្គ។ 3 ពួកគេបានវង្វេងចេញឆ្ងាយ ពីព្រះជាម្ចាស់ ហើយនាំគ្នាប្រព្រឹត្តអំពើខិលខូច គ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង។ 4 ពួកគេមិនដឹងអ្វីឡើយ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត ជាពួកអ្នកដែលស៊ីប្រជារាស្ត្ររបស់យើងដូចជាស៊ីនំប័ុង ហើយមិនដែលអំពាវនាវរកព្រះអម្ចាស់ឡើយ។ 5 ពួកគេញាប់ញ័រជាមួយនឹងការភ័យខ្លាច ដ្បិតព្រះជាម្ចាស់គង់នៅជាមួយ និងចំណោមមនុស្សសុចរិត! 6 អ្នករាល់គ្នាបានធ្វើឲ្យមនុស្សក្រីក្របាត់បង់ សេចក្ដីសង្ឃឹមរបស់ខ្លួន ប៉ុន្តែ ព្រះអម្ចាស់ធ្វើជាជម្រករបស់គេវិញ។ 7 ឱ សូមឲ្យការសង្គ្រោះដល់ជនជាតិអុីស្រាអែលចេញពី ក្រុងស៊ីយ៉ូនមក! ពេលព្រះទ្រង់ប្រោស ឲ្យប្រជារាស្ត្រព្រះអង្គងើយមុខឡើងវិញ នោះសូមឲ្យយ៉ាកុបបានត្រេកអរ ហើយសូមឲ្យអុីស្រាអែលរីករាយឡើង!
ទំនុករបស់ស្ដេចដាវីឌ។ 1 ព្រះអម្ចាស់ តើនរណាអាចស្នាក់នៅក្នុងព្រះពន្លារបស់ព្រះអង្គបាន? តើនរណាអាចស្ថិតនៅលើភ្នំដ៏វិសុទ្ធ របស់ព្រះអង្គទៅ? 2 តើអ្នកណាដែលដើរដោយគ្មានសេចក្តីបន្ទោស ហើយធ្វើអ្វីដែលត្រូវនឹងនិយាយពីសេចក្តីពិតដែលចេញពីចិត្តនោះ។ 3 ជាអ្នកដែលមិននិយាយបង្កាច់ដោយអណ្ដាតខ្លួនហើយមិន ធ្វើអាក្រក់ដល់អ្នកផ្សេង ក៏មិនទាស់ជាមួយអ្នកជិតខាងខ្លួនឡើយ។ 4 ជាអ្នកដែលមានភ្នែកមើលមនុស្សពាល ដោយសេចក្ដីស្អប់ខ្ពើម ប៉ុន្តែលើកមុខអស់អ្នកដែលកោតខ្លាច ដល់ព្រះអម្ចាស់។ ជាអ្នកដែលគោរពពាក្យសម្បថរបស់ខ្លួន ឥតប្រែប្រួលឡើយ។ 5 ជាអ្នកដែលមិនយកការប្រាក់ពីអ្នកខ្ចីប្រាក់ខ្លួនឡើយ។ គាត់ក៏មិនទទួលសំណូកទាស់នឹងមនុស្ស ឥតទោសដែរ។ អ្នកណាដែលប្រព្រឹត្តយ៉ាងដូច្នេះ អ្នកនោះនឹងមិនរង្គើឡើយ។
កំណាព្យរបស់ស្ដេចដាវីឌ។ 1 ឱព្រះជាម្ចាស់អើយ សូមការពារទូលបង្គំផង ដ្បិតទូលបង្គំមកជ្រកកោនជាមួយព្រះអង្គហើយ។ 2 ទូលបង្គំ ទូលដល់ព្រះអម្ចាស់ «ព្រះអង្គគឺជាព្រះអម្ចាស់របស់ទូលបង្គំ ក្រៅពីព្រះអង្គ គ្មានអ្វីប្រសើរសម្រាប់ទូលបង្គំឡើយ។ 3 ចំណែកឯពួកបរិសុទ្ធនៅលើទឹកដីនេះ ពួកគេជាមនុស្សដ៏ប្រសើរ ដែលពេញចិត្តទូលបង្គំណាស់។ 4 ទុក្ខលំបាករបស់ពួកគេនឹងចម្រើនឡើង សម្រាប់អ្នកណាដែលស្វែងរកព្រះផ្សេងៗ។ ទូលបង្គំមិនបង្ហូរឈាម ថ្វាយដល់ព្រះទាំងនោះឡើយ ឬចេញឈ្មោះរបស់ព្រះទាំងនោះ ដោយបបូរមាត់ទូលបង្គំដែរ។ 5 ព្រះអម្ចាស់អើយ! ព្រះអង្គជាចំណែកមរតករបស់ទូលបង្គំ ហើយជាពែងរបស់ទូលបង្គំ។ អនាគតរបស់ទូលបង្គំស្ថិតក្នុងព្រះហស្តព្រះអង្គ។ 6 ខ្សែរង្វាស់បានធ្លាក់ នៅកន្លែងគាប់ចិត្តដល់ទូលបង្គំ ប្រាកដណាស់មរតកល្អដ៏ប្រសើរគឺជារបស់ទូលបង្គំ។ 7 ទូលបង្គំនឹងថ្វាយព្រះពរដល់ព្រះអម្ចាស់ ដែលទ្រង់ជួយគំនិតទូលបង្គំ ចិត្តទូលបង្គំដាស់តឿនទូលបង្គំនៅពេលយប់។ 8 ទូលបង្គំបានតាំងព្រះអម្ចាស់ នៅចំពោះមុខទូលបង្គំជានិច្ច ទូលបង្គំនឹងមិនរង្គើចេញពីព្រះហស្តស្តាំរបស់ព្រះអង្គឡើយ។ 9 ការនេះហើយបានធ្វើឲ្យចិត្តទូលបង្គំអរសប្បាយ ហើយកិត្តិយសនៃទូលបង្គំបានរីករាយឡើង។ ពិតប្រាកដណាស់ ទូលបង្គំនឹងរស់នៅសុខសប្បាយ។ 10 ដ្បិតព្រះអង្គមិនបោះបង់ព្រលឹងទូលបង្គំ នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ឡើយ។ ព្រះជាម្ចាស់នឹងមិនឲ្យអ្នកបរិសុទ្ធរបស់ព្រះអង្គ ឃើញសេចក្ដីពុករលួយដែរ។ 11 ព្រះអង្គបានបង្រៀនទូលបង្គំពីផ្លូវជីវិត នៅចំពោះព្រះអង្គមានអំណរពោរពេញ នៅព្រះហស្តស្តាំរបស់ព្រះអង្គមានសេចក្ដី រីករាយជាដរាបតទៅ!»
ពាក្យអធិស្ឋានរបស់ស្ដេចដាវីឌ។ 1 ឱព្រះអម្ចាស់អើយ សូមព្រះអង្គព្រះសណ្ដាប់ សេចក្ដីដែលទៀងត្រង់ សូមប្រុងស្តាប់ សម្រែករបស់ទូលបង្គំ! សូមផ្ទៀងព្រះកាណ៌ ស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ ដែលចេញពីបបូរមាត់គ្មានពុតនេះផង។ 2 សូមការសម្រេចក្ដីរបស់ទូលបង្គំ ចេញពីព្រះអង្គមក សូមព្រះនេត្រព្រះអង្គទតមើល សេចក្ដីទៀងត្រង់! 3 ប្រសិនបើ ព្រះអង្គបានល្បងមើលចិត្តទូលបង្គំ ព្រះអង្គបានពិចារណាមើល ទូលបង្គំនៅពេលយប់ ព្រះអង្គបានពិនិត្យមើលទូលបង្គំ ឥតឃើញមានបំណងអាក្រក់ឡើយ ទូលបង្គំបានសម្រេចចិត្តថា មិនឲ្យមាត់ទូលបង្គំមានបាបឡើយ។ 4 ចំណែកឯការរបស់មនុស្ស ទូលបង្គំបានចៀសចេញ ពីផ្លូវរបស់មនុស្សទទឹងច្បាប់ ដោយសារព្រះបន្ទូល ពីព្រះឱស្ឋរបស់ព្រះអង្គ។ 5 ទូលបង្គំបោះជំហានតាមផ្លូវច្រករបស់ព្រះ អង្គជាប់ជើងទូលបង្គំមិនឲ្យរអិលឡើយ។ 6 ឱព្រះជាម្ចាស់អើយ ទូលបង្គំបានអំពាវនាវរកព្រះអង្គ ដ្បិតព្រះអង្គនឹងឆ្លើយតបមកទូលបង្គំ ព្រះអង្គ សូមផ្អៀងព្រះកាណ៌ស្តាប់ទូលបង្គំ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យទូលបង្គំផង។ 7 ឱព្រះសង្គ្រោះនៃអស់អ្នក ដែលស្វែងរកទីពឹងជ្រក ក្រោមព្រះហស្តស្តាំរបស់ព្រះអង្គ ឲ្យរួចពីពួកបច្ចាមិត្តអើយ សូមសម្ដែងព្រះហឫទ័យសប្បុរស ដ៏អស្ចារ្យរបស់ព្រះអង្គផង! 8 សូមការពាររក្សាទូលបង្គំដូចប្រស្រីភ្នែកនៃព្រះអង្គ សូមបាំងទូលបង្គំក្រោមម្លប់ នៃចំអេងស្លាបរបស់ព្រះអង្គ 9 សូមឲ្យទូលបង្គំបានរួចពីមនុស្សអាក្រក់ ដែលសង្កត់សង្កិនទូលបង្គំ ជាសត្រូវ ដែលឡោមព័ទ្ធជុំវិញទូលបង្គំ។ 10 ចិត្តរបស់គេគ្មានសេចក្ដីអាណិតអាសូរទេ មាត់របស់គេពោលពាក្យយ៉ាងព្រហើន។ 11 ឥឡូវនេះ ពួកគេហ៊ុមព័ទ្ធជំហានរបស់ទូលបង្គំ គេសម្លក់សម្លឹងដើម្បីផ្ដួលយើងខ្ញុំឲ្យរាបដល់ដី។ 12 ពួកគេដូចជាសត្វសិង្ហ ដែលប្រុងតែនឹងហែកស៊ី ដូចជាកូនសិង្ហ ដែលលបចាំចាប់រំពា។ 13 ឱព្រះអម្ចាស់អើយ សូមក្រោកឡើង! សូមប្រឈមមុខនឹងគេ សូមផ្ដួលគេ ហើយរំដោះជីវិតទូលបង្គំ ឲ្យរួចពីមនុស្សអាក្រក់ ដោយសារដាវរបស់ព្រះអង្គ! 14 ឱព្រះអម្ចាស់អើយ សូមដេញពួកគេចេញពីចំណោម មនុស្សលោក ដោយឫទ្ធិបារមីរបស់ព្រះអង្គ សូមដាក់ទោសពួកគេ ឲ្យជីវិតពួកគេរងទុក្ខវេទនាយ៉ាងខ្លាំង តាំងពីកូនរហូតដល់ចៅ។ 15 ចំពោះទូលបង្គំវិញ ដោយទូលបង្គំប្រព្រឹត្តតាមសេចក្ដីសុចរិតទូលបង្គំនឹងបានឃើញព្រះភ័ក្ត្រព្រះអង្គ ពេលទូលបង្គំក្រោកពីដំណេក ទូលបង្គំបានស្កប់ចិត្ត ដោយព្រះអង្គគង់ជាមួយ។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង ទំនុករបស់ស្ដេចដាវីឌជាអ្នកបម្រើរបស់ព្រះអម្ចាស់ ជាពាក្យដែលស្ដេចច្រៀងថ្វាយព្រះអម្ចាស់ នៅថ្ងៃដែលព្រះអង្គបានរំដោះស្ដេច ឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវទាំងប៉ុន្មាន និងរួចពីកណ្ដាប់ដៃរបស់ស្ដេចសូល។ 1 ឱព្រះអម្ចាស់ ជាកម្លាំងនៃទូលបង្គំអើយ ទូលបង្គំស្រឡាញ់ព្រះអង្គ។ 2 ព្រះអម្ចាស់ ជាថ្មដា និងជាបន្ទាយរបស់ទូលបង្គំ ហើយជាអ្នករំដោះរបស់ទូលបង្គំមកទីសុវត្តិភាព ព្រះជាម្ចាស់នៃទូលបង្គំ ជាថ្មដាដែលទូលបង្គំពឹងជ្រក។ ព្រះអង្គជាខែលនៃទូលបង្គំ ជាស្នែងនៃការសង្គ្រោះរបស់ទូលបង្គំ និងជាជម្រកដ៏មាំមួនរបស់ទូលបង្គំ។ 3 ខ្ញុំអំពាវនាវរកព្រះអម្ចាស់ ដែលព្រះអង្គស័ក្ដិសមនឹងលើកសរសើរ យ៉ាងនោះខ្ញុំនឹងបានសង្គ្រោះ រួចពីពួកខ្មាំងសត្រូវរបស់ខ្ញុំ។ 4 ចំណងនៃសេចក្ដីស្លាប់បានរួបរឹតខ្ញុំ ហើយជំនន់នៃសេចក្ដីវិនាសបានបំភ័យខ្ញុំ។ 5 ចំណងនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏រឹតជុំវិញខ្ញុំអន្ទាក់នៃសេចក្ដីស្លាប់បានទាក់ខ្ញុំ។ 6 ក្នុងគ្រាដែលខ្ញុំមានទុក្ខវេទនា ទូលបង្គំបានអំពាវនាវដល់ព្រះអម្ចាស់ ខ្ញុំបានស្រែករកជំនួយដល់ព្រះជាម្ចាស់នៃខ្ញុំ។ ពីក្នុងព្រះវិហាររបស់ព្រះអង្គ ព្រះអង្គឮសំឡេងខ្ញុំ ហើយសម្រែកដែលខ្ញុំស្រែករកព្រះអង្គបានទៅដល់ព្រះកាណ៌របស់ព្រះអង្គ។ 7 ពេលនោះ ផែនដីបានកក្រើក ហើយរញ្ជួយ គ្រឹះភ្នំទាំងឡាយក៏ញាប់ញ័រ ហើយរំពើកឡើង ព្រោះព្រះអង្គក្រោធ។ 8 មានផ្សែងហុយចេញពីព្រះនាសាព្រះអង្គ ហើយមានភ្លើងបញ្ឆេះ ចេញពីព្រះឱស្ឋព្រះអង្គមក ក៏មានរងើកភ្លើងឆេះ ជាអណ្ដាតមកពីព្រះអង្គដែរ។ 9 ព្រះអង្គបានផ្អៀងផ្ទៃមេឃ ទ្រង់យាងចុះមក ដោយមានពពកយ៉ាងក្រាស់ នៅពីក្រោមព្រះបាទាផង។ 10 ព្រះអង្គយាងគង់លើចេរូប៊ីន ហើយហោះមក ព្រះអង្គគង់នៅលើវាយោ ដូចគង់នៅលើស្លាបបក្សី។ 11 ព្រះជាម្ចាស់បានបង្កើតភាពងងឹត និងជាពន្លានៅព័ទ្ធជុំវិញព្រះអង្គ ជាពពកខ្មៅក្រាស់ពេញដោយទឹក។ 12 ហើយមានព្រឹល និងរងើកភ្លើងធ្លាក់ចុះមក មានផ្លេកបន្ទោរចេញមកពីពពក ភ្លឺនៅខាងមុខព្រះអង្គ។ 13 ព្រះអម្ចាស់ធ្វើឲ្យមានផ្គរលាន់នៅលើមេឃ! ព្រះជាម្ចាស់ដ៏ខ្ពស់បំផុត ព្រះអង្គបន្លឺព្រះសូរសៀង។ 14 ព្រះអង្គបាញ់ព្រួញរបស់ព្រះអង្គ ទៅកម្ចាត់កម្ចាយពួកសត្រូវរបស់ព្រះអង្គ ហើយព្រះអង្គបាញ់ផ្លេកបន្ទោរទៅបំបាក់ពួកគេផងដែរ។ 15 ក្រោយមក ព្រះបន្ទូលគំរាមរបស់ព្រះអង្គ និងខ្យល់ព្យុះ ដែលបក់ចេញមកពីព្រះនាសារបស់ព្រះអង្គ បានធ្វើឲ្យបាតសមុទ្រលេចចេញមក ហើយគ្រឹះរបស់ផែនដីក៏លេចមកដែរ។ 16 ព្រះអង្គបានលាតព្រះហស្ដពីទីខ្ពស់មកកាន់ខ្ញុំ ព្រះអង្គស្រង់ខ្ញុំចេញឲ្យផុតពីទឹកមក។ 17 ព្រះអង្គបានរំដោះខ្ញុំឲ្យរួចផុតពី ខ្មាំងសត្រូវដ៏ខ្លាំង ហើយឲ្យខ្ញុំរួចផុតពីអ្នកដែលស្អប់ខ្ញុំ ដ្បិតទាំងអស់អ្នកនោះគឺខ្លាំងជាងខ្ញុំផង។ 18 ពួកគេមកដើម្បីនឹងទាស់ប្រឆាំងជាមួយទូលបង្គំ នៅថ្ងៃដែលទូលបង្គំពេញដោយទុក្ខព្រួយ តែព្រះអម្ចាស់ជាជំនួយរបស់ទូលបង្គំ! 19 ព្រះអង្គបានរំដោះខ្ញុំចេញទៅឯទីធំទូលាយ ព្រះអង្គសង្រោះខ្ញុំ ដ្បិតព្រះអង្គពេញចិត្តនឹងខ្ញុំ។ 20 ព្រះអម្ចាស់បានប្រទានរង្វាន់ដល់ខ្ញុំ ដោយព្រោះសេចក្ដីសុចរិតរបស់ខ្ញុំ ព្រះអង្គបានសងខ្ញុំ ដោយការត្រឹមត្រូវដែលដៃខ្ញុំធ្វើ។ 21 ដ្បិតខ្ញុំបានកាន់តាម អស់ទាំងផ្លូវរបស់ព្រះអម្ចាស់ ហើយមិនបែរចេញដោយសារតែការអាក្រក់ ពីព្រះជាម្ចាស់របស់ខ្ញុំឡើយ។ 22 ដ្បិតអស់ទាំងវិន័យដ៏សុចរិតរបស់ព្រះអង្គ បាននៅចំពោះមុខខ្ញុំ ហើយខ្ញុំមិនបានងាកចេញពីបញ្ញត្តិ របស់ព្រះអង្គទេ។ 23 ខ្ញុំក៏គ្មានសៅហ្មងនៅចំពោះព្រះអង្គ ហើយខ្ញុំបានរក្សាខ្លួនមិនឲ្យមានបាបឡើយ។ 24 ហេតុនេះ ព្រះអង្គបានប្រទានរង្វាន់ដល់ខ្ញុំ ដោយព្រោះអំពើសុចរិតរបស់ខ្ញុំ ហើយតាមអំពើបរិសុទ្ធ ដែលដៃខ្ញុំបានធ្វើ នៅចំពោះព្រះនេត្រព្រះអង្គ។ 25 ព្រះអម្ចាស់អើយ ព្រះអង្គសម្តែងព្រះហឫទ័យស្មោះត្រង់ចំពោះអ្នក ដែលមានចិត្តស្មោះត្រង់ ព្រះអង្គសម្តែងព្រះ ហឫទ័យ ស្មោះសរ ចំពោះអ្នកដែលមានចិត្តស្មោះសរ។ 26 ចំពោះអ្នកដែលមានចិត្តបរិសុទ្ធ ព្រះអង្គក៏សម្តែងថា ព្រះអង្គបរិសុទ្ធដែរ ចំពោះអ្នកដែលមានចិត្តមិនស្មោះត្រង់ ព្រះអង្គសម្តែងថាព្រះអង្គឈ្លាសវៃ។ 27 ប៉ុន្តែមនុស្សឆ្មើងឆ្មៃ ព្រះអង្គបានបន្ទាបគេចុះ ដ្បិតព្រះអង្គអុជប្រទីបទូលបង្គំឲ្យភ្លឺឡើង! 28 ព្រះអម្ចាស់ជាព្រះនៃទូលបង្គំ ព្រះអង្គបំភ្លឺសេចក្ដីងងឹតរបស់ទូលបង្គំ។ 29 ដ្បិតដោយសារព្រះអង្គ ទូលបង្គំអាចប្រហារសត្រូវទាំងកង ហើយដោយសារព្រះអង្គនោះទូលបង្គំអាចរត់រំលងកំផែងបាន។ 30 ដ្បិត ព្រះជាម្ចាស់ល្អឥតខ្ចោះ។ ព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់បរិសុទ្ធ! ព្រះអង្គជាខែលការពារអស់អ្នក ដែលមកជ្រកកោនជាមួយព្រះអង្គ។ 31 ដ្បិត តើអ្នកណាជាព្រះជាម្ចាស់? តើអ្នកណាជាសិលាគឺមានតែព្រះអង្គរបស់យើងទេ? 32 គឺជាព្រះដែលក្រវាត់ខ្ញុំដោយកម្លាំង ហើយធ្វើឲ្យផ្លូវរបស់ខ្ញុំបានគ្រប់លក្ខណ៍។ 33 ព្រះអង្គធ្វើឲ្យជើងខ្ញុំបានដូចជាជើងក្តាន់ ហើយដាក់ខ្ញុំឲ្យឈរនៅលើទីដ៏ខ្ពស់។ 34 ព្រះអង្គបង្ហាត់ដៃខ្ញុំឲ្យស្ទាត់ជំនាញសម្រាប់ធ្វើចម្បាំង ហើយឲ្យដៃខ្ញុំអាចយឹតធ្នូលង្ហិនបាន។ 35 ព្រះអង្គបានប្រទានខែលនៃការសង្គ្រោះ របស់ព្រះអង្គមកទូលបង្គំ។ ព្រះហស្តស្តាំរបស់ព្រះអង្គបានជួយទូលបង្គំ ហើយព្រះហឫទ័យស្រទន់របស់ព្រះអង្គ បានធ្វើឲ្យទូលបង្គំអស្ចារ្យ។ 36 ព្រះអង្គបានប្រទានឲ្យទូលបង្គំ មានកន្លែងធំទូលាយសម្រាប់ជំហានទូលបង្គំ ហើយជើងទូលបង្គំមិនបានរអិលភ្លាត់ឡើយ។ 37 ទូលបង្គំដេញតាមពួកខ្មាំងសត្រូវ ហើយក៏ទាន់គេ ក៏មិនងាកបែរក្រោយឡើយ រហូតទាល់តែគេវិនាស។ 38 ទូលបង្គំវាយពួកគេមិនឲ្យគេក្រោកឡើងវិញបានឡើយ ពួកគេដួលនៅក្រោមជើងទូលបង្គំ។ 39 ដ្បិតព្រះអង្គបានក្រវាត់ទូលបង្គំដោយកម្លាំងសម្រាប់ចម្បាំង ព្រះអង្គបានបង្ក្រាបអស់អ្នក ដែលលើកគ្នាទាស់នឹងទូលបង្គំ ឲ្យរាបនៅក្រោមទូលបង្គំ។ 40 ព្រះអង្គបានធ្វើឲ្យពួកគេបាក់ទ័ព រត់នៅមុខទូលបង្គំ ហើយទូលបង្គំបានប្រហារអស់អ្នក ដែលស្អប់ទូលបង្គំ។ 41 ពួកគេស្រែករកជំនួយ ប៉ុន្តែគ្មាននរណាអាចជួយគេបាន ពួកគេស្រែកទៅកាន់ព្រះអម្ចាស់ តែព្រះអង្គមិនបានជួយពួកគេទេ។ 42 ទូលបង្គំបានកម្ទេចពួកគេឲ្យហ្មត់ ដូចធូលីដីដែលត្រូវខ្យល់ផាត់ ទូលបង្គំបានបោសពួកគេ ដូចជាដីភក់នៅតាមផ្លូវ។ 43 ព្រះអង្គបានសង្រោះទូលបង្គំពីការបះបោរនៃមនុស្ស។ ព្រះអង្គបានធ្វើឲ្យទូលបង្គំជាប្រមុខនៃប្រជាជាតិផ្សេងៗ។ ប្រជាជនដែលទូលបង្គំមិនស្គាល់បានមកបម្រើដល់ទូលបង្គំ។ 44 នៅពេលពួកគេឮសម្លេងទូលបង្គំ នោះគេដ៏ស្តាប់តាម ទោះជាជនបរទេសក៏ត្រូវនៅក្រោមទូលបង្គំដែរ។ 45 ជនបរទេសបាក់ទឹកចិត្ត ហើយចេញពីទីជម្រករបស់គេមកទាំង ភ័យញាប់ញ័រ។ 46 ព្រះអម្ចាស់មានព្រះជន្មរស់នៅ សូមសរសើរតម្កើងព្រះអង្គ ដែលជាថ្មដានៃទូលបង្គំ សូមលើកតម្កើងព្រះអម្ចាស់ដ៏ជួយសង្គ្រោះរបស់ទូលបង្គំ 47 ព្រះអង្គដែលសងសឹកជំនួសទូលបង្គំ ហើយបង្ក្រាបប្រជាជាតិនានា ឲ្យចុះចូលនឹងទូលបង្គំ។ 48 ទូលបង្គំរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ! ព្រះអង្គបានលើកទូលបង្គំឡើងខ្ពស់ ជាងបច្ចាមិត្តរបស់ទូលបង្គំ! ព្រះអង្គរំដោះទូលបង្គំឲ្យរួចផុតពី មនុស្សឃោរឃៅ។ 49 ហេតុនេះហើយបានជាទូលបង្គំអរព្រះគុណដល់ព្រះអង្គក្នុងចំណោមប្រជាជាតិនានា ឱព្រះអម្ចាស់អើយ! ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះនាម របស់ព្រះអង្គ។ 50 ព្រះអង្គប្រទានជ័យជម្នះយ៉ាងធំដល់ស្តេច ដែលព្រះអង្គបានតែងតាំង ក៏សម្ដែងសម្ព័ន្ឋមេត្រីសប្បុរស ដល់អ្នកដែលព្រះអង្គបានចាក់ប្រេងតាំង គឺដល់ដាវីឌ និងពូជពង្សរបស់ទ្រង់។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ 1 ផ្ទៃមេឃថ្លែងអំពីសិរីរុងរឿងនៃព្រះជាម្ចាស់ អាកាសវេហាស៍ស្តែងអំពីស្នាព្រះហស្ដ របស់ព្រះអង្គ។ 2 ពីថ្ងៃមួយទៅថ្ងៃមួយទៀត យប់មួយដល់យប់មួយទៀតឲ្យបានដឹង។ 3 តែមិនមែនដោយប្រើភាសា ឬពាក្យសម្ដីទេ ហើយក៏មិនឮសូរស័ព្ទអ្វីដែរ។ 4 ប៉ុន្តែ ពាក្យរបស់វា បានឮលើផែនដីទាំងមូល ហើយសំឡេងរបស់វាលាន់ឮរហូតដល់ជើងមេឃ។ ព្រះជាម្ចាស់បានដំឡើងពន្លា សម្រាប់ព្រះអាទិត្យក្នុងចំណោមគេ។ 5 ព្រះអាទិត្យក៏រះឡើង ដូចជាកូនកំលោះចេញមកសំពះផ្ទឹម និងប្រៀបបីដូចជាវីរបុរសដ៏ខ្លាំងពូកែមួយរូប ចេញមករត់ប្រណាំងដោយអរសប្បាយ។ 6 ព្រះអាទិត្យបានលិចពីជើងមេឃម្ខាង ឆ្ពោះទៅជើងមេឃម្ខាងទៀត គ្មាននរណាអាចបំបាំងកម្ដៅរបស់ព្រះ អាទិត្យបានឡើយ។ 7 ក្រឹត្យវិន័យរបស់ព្រះអម្ចាស់ល្អគ្រប់លក្ខណ៍ បានកែព្រលឹងឡើងវិញ ទីបន្ទាល់របស់ព្រះអម្ចាស់នោះពិតប្រាកដ ក៏ធ្វើឲ្យមនុស្សខ្លៅល្ងង់មានប្រាជ្ញា។ 8 ព្រះឱវាទរបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវ ក៏ធ្វើឲ្យចិត្តរីករាយសប្បាយ បទបញ្ជារបស់ព្រះ អម្ចាស់ស្អាតបរិសុទ្ធ ក៏នាំបំភ្លឺមកដល់ភ្នែក។ 9 ការកោតខ្លាចដល់ព្រះអម្ចាស់ នោះស្អាតបរិសុទ្ធ ក៏ស្ថិតស្ថេរនៅជាដរាប វិន័យរបស់ព្រះអម្ចាស់សុទ្ធតែពិតត្រង់ ហើយសុចរិតគ្រប់ជំពូក! 10 សេចក្ដីទាំងនោះមានតម្លៃលើសជាងមាស លើសជាងមាសសុទ្ធជាច្រើនទៅទៀត ហើយវាក៏ផ្អែមជាងទឹកឃ្មុំ ហើយជាងដំណក់ ស្រក់ពីសំណុំផង។ 11 តាមរយៈការទាំងនេះបានបំភ្លឺទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ហើយដោយការប្រព្រឹត្តតាម ទូលបង្គំបានទទួលបានរង្វាន់។ 12 តើនរណាម្នាក់អាចមើលឃើញកំហុសដែលខ្លួនប្រព្រឹត្ត? សូមសម្អាតទូលបង្គំពីកំហុសដែលបានលាក់បាំង ផង។ 13 សូមរក្សាទូលបង្គំឲ្យរួចពីចិត្តអួតបំប៉ោង សូមកុំឲ្យចិត្តអួតបំប៉ោងនេះ បានគ្រប់គ្រងលើទូលបង្គំបានឡើយ។ ធ្វើដូច្នេះ ទូលបង្គំនឹងបានឥតសៅហ្មង ឥតជាប់ជំពាក់នឹងអំពើបាបដ៏ធ្ងន់នេះទេ។ 14 សូមឲ្យពាក្យសម្ដី ដែលចេញមកពីមាត់ទូលបង្គំ និងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំ បានជាទីគាប់ព្រះ ហឫទ័យ នៅចំពោះព្រះនេត្រព្រះអង្គ ដ្បិតទ្រង់ជាថ្មដា និងជាព្រះដ៏រស់ ។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ 1 សូមព្រះអម្ចាស់ជួយដល់ស្តេច នៅថ្ងៃមានចលាចល សូមព្រះនាមនៃព្រះជាម្ចាស់នៃលោកយ៉ាកុប ការពារព្រះករុណា 2 ហើយប្រទានជំនួយពីទីដែលបរិសុទ្ធ ជាជំនួយដល់ព្រះករុណាដែរពីក្រុងស៊ីយ៉ូនមក។ 3 សូមឲ្យព្រះអង្គនឹកឃើញតង្វាយ ទាំងប៉ុន្មានរបស់ព្រះរាជា ហើយសូមឲ្យព្រះអង្គគាប់ព្រះហឫទ័យ នឹងយញ្ញបូជាដែលស្ដេចបានថ្វាយ។ សម្រាក 4 សូមព្រះអង្គប្រទាននូវអ្វីៗមកព្រះរាជា តាមតែព្រះករុណាប្រាថ្នា និងធ្វើឲ្យផែនការរបស់ព្រះរាជាបានសម្រេចដែរ។ 5 នោះពួកយើងនឹងបានស្រែកហ៊ោដោយអំណរ នឹងជ័យជម្នះរបស់ព្រះករុណា នៅក្នុងព្រះនាមនៃព្រះជាម្ចាស់របស់យើងហើយលើកទង់ជ័យឡើង។ សូមព្រះអម្ចាស់ សម្រេចតាម អស់ទាំងសំណូមរបស់ព្រះករុណាផង។ 6 ឥឡូវនេះ ខ្ញុំដឹងហើយថា ព្រះអម្ចាស់នឹង ចាក់ប្រេងតាំងដល់អ្នកដែលព្រះអង្គបានសង្រោះ ព្រះអង្គនឹងឆ្លើយមកព្រះករុណាពីស្ថានសួគ៌ ដ៏បរិសុទ្ធរបស់ព្រះអង្គ ដោយឫទ្ធានុភាពនៃព្រះហស្តស្តាំដែលនឹងជួយព្រះករុណាផង។ 7 អ្នកខ្លះពឹងផ្អែកលើរទេះចម្បាំង អ្នកខ្លះទៀតពឹងផ្អែកលើទ័ពសេះរបស់ខ្លួន ប៉ុន្តែ យើងទុកចិត្តលើព្រះនាមព្រះអម្ចាស់ គឺជាព្រះអម្ចាស់របស់យើង។ 8 អ្នកទាំងនោះនឹងត្រូវបរាជ័យ ប៉ុន្តែយើងវិញ យើងនឹងឈរយ៉ាងរឹងប៉ឹងមាំមួន! 9 ព្រះអម្ចាស់អើយ សូមសង្គ្រោះព្រះរាជាផង! សូមជួយដល់យើងនៅពេលយើងទូលរកព្រះអង្គ។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ 1 ឱព្រះអម្ចាស់អើយ ព្រះរាជាត្រេកអរណាស់ ចំពោះឫទ្ធានុភាពរបស់ព្រះអង្គ ហើយព្រះរាជារីករាយជាខ្លាំង ចំពោះការសង្គ្រោះរបស់ព្រះអង្គ! 2 ព្រះអង្គប្រទានឲ្យព្រះរាជា បានទទួលអ្វីៗដែលស្តេចប្រាថ្នាចង់បាន គឺព្រះអង្គពុំបានបដិសេធពាក្យទូលអង្វររបស់ព្រះរាជាឡើយ។ សម្រាក 3 ដ្បិត ព្រះអង្គបានយាងមកជួបព្រះរាជា ព្រះអង្គបានយកមកុដមាសសុទ្ធ មកបំពាក់ព្រះសិរសារបស់ព្រះរាជា។ 4 ពេលព្រះរាជាទូលសូមជីវិត ព្រះអង្គបានប្រទានឲ្យស្ដេចមានជីវិត និងមានជន្មាយុយឺនយូរទៅមុខទៀត។ 5 សិរីល្អរបស់ព្រះរាជាធំអស្ចារ្យ ដោយសារការសង្គ្រោះរបស់ព្រះអង្គ ព្រះអង្គប្រទានឲ្យព្រះរាជាមានកិត្តិយស និងអានុភាព។ 6 ដ្បិតព្រះអង្គបានតាំងឲ្យព្រះរាជា មានព្រះពរជានិច្ចព្រះអង្គធ្វើឲ្យព្រះរាជាមានអំណរដ៏ពោរពេញ នៅចំពោះព្រះអង្គ។ 7 ព្រះរាជាពឹងផ្អែកលើព្រះអម្ចាស់ ហើយដោយសារព្រះហឫទ័យសប្បុរស ស្មោះត្រង់របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត រាជ្យរបស់ព្រះរាជានឹងមិនត្រូវរលំសោះឡើយ។ 8 ព្រះករុណានឹងចាប់ខ្មាំងសត្រូវទាំងប៉ុន្មាន របស់ព្រះអង្គ ព្រះអង្គនឹងប្រើអំណាចចាប់អស់អ្នកដែលស្អប់ព្រះអង្គ។ 9 នៅវេលាដែលព្រះករុណាយាងមកដល់ ទ្រង់នឹងធ្វើឲ្យគេបានដូចជាគុកភ្លើងដែលឆេះក្តៅ ព្រះយេហូវ៉ានឹងលបគេដោយ សេចក្ដីក្រោធរបស់ព្រះអង្គ ហើយភ្លើងនឹងឆេះបំផ្លាញគេអស់ទៅ។ 10 ព្រះករុណានឹងបំផ្លាញពូជវង្សរបស់គេ ឲ្យវិនាសបាត់ពីផែនដី ហើយកូនចៅរបស់គេ ពីកណ្ដាលពួកមនុស្សជាតិទៅដែរ។ 11 ដ្បិត ពួកគេឃុបឃិតគ្នាធ្វើបាបព្រះករុណា តែពួកគេគ្មានកម្លាំងអាចសម្រេច តាមគម្រោងការរបស់ខ្លួនបានឡើយ! 12 ដ្បិតព្រះករុណាបានធ្វើឲ្យពួកគេបរាជ័យ ហើយព្រះអង្គយឹតធ្នូបាញ់ពួកគេចំពីមុខ។ 13 ព្រះអម្ចាស់អើយ! សូមព្រះអង្គបានថ្កើងឡើងដោយឥទ្ធិឫទ្ធិរបស់ព្រះអង្គយើងខ្ញុំនឹងច្រៀងសរសើរ ពីព្រះចេស្តារបស់ព្រះអង្គ។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទ «ក្ដាន់ញីនៅពេលថ្ងៃរះ»។ ទំនុករបស់ស្ដេចដាវីឌ។ 1 ឱព្រះជាម្ចាស់នៃទូលបង្គំ ឱព្រះជាម្ចាស់នៃទូលបង្គំអើយ! តើហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំដូច្នេះ? ហេតុអ្វីបានជាព្រះអង្គគង់ឆ្ងាយមិនជួយទូលបង្គំ ឬស្តាប់ពាក្យស្រែកថ្ងូររបស់ទូលបង្គំដូច្នេះ? 2 ព្រះជាម្ចាស់អើយ ទូលបង្គំស្រែកអំពាវនាវនៅពេលថ្ងៃ ប៉ុន្តែព្រះអង្គមិនឆ្លើយតបទេ ហើយនៅពេលយប់ ទូលបង្គំក៏មិនបាននៅស្ងៀមដែរ! 3 ដ្បិត ព្រះអង្គបរិសុទ្ធ ដែលគង់នៅលើបល្ល័ង្ក ហើយជនជាតិអ៊ីស្រាអែលសរសើរតម្កើងព្រះអង្គ។ 4 បុព្វបុរសរបស់យើងតែងតែផ្ញើជីវិតលើព្រះអង្គ ពួកលោកផ្ញើជីវិតលើព្រះអង្គជានិច្ច ហើយព្រះអង្គក៏បានរំដោះពួកលោក។ 5 ពួកគេបានស្រែកអង្វររកព្រះអង្គ ហើយក៏បានសង្គ្រោះ។ ពួកគេនឹងមិនខកចិត្តសោះឡើយ។ 6 ប៉ុន្តែ ទូលបង្គំវិញ គឺគេចាត់ទុកជាជន្លេន មិនមែនជាមនុស្សនោះទេ មនុស្សម្នានាំគ្នាជេរប្រមាថ ហើយមាក់ងាយទូលបង្គំ។ 7 អស់អ្នកដែលឃើញទូលបង្គំ គេចំអកឲ្យទូលបង្គំគ្រប់ៗគ្នា គេពេបជ្រាយដាក់ទូលបង្គំ ព្រមទាំងគ្រវីក្បាលដាក់ទូលបង្គំផង។ 8 ពួកគេពោលថា «គាត់ផ្ញើវាសនាលើព្រះអម្ចាស់ហើយ ឲ្យព្រះអង្គរំដោះគាត់ទៅ បើព្រះអង្គស្រឡាញ់គាត់ ឲ្យព្រះអង្គសង្គ្រោះគាត់ទៅ»។ 9 ដ្បិត គឺព្រះអង្គដែលបាននាំយកទូលបង្គំ ចេញពីផ្ទៃម្តាយ មក ព្រះអង្គបានធ្វើឲ្យទូលបង្គំទុកចិត្តព្រះអង្គ តាំងពីទូលបង្គំនៅបៅដោះម្តាយនៅឡើយ។ 10 កាលពីទូលបង្គំកើតមក ព្រះអង្គបានទទួលទូលបង្គំធ្វើជាកូន ព្រះអង្គជាព្រះរបស់ទូលបង្គំ តាំងតែពីមុនពេល ដែលទូលបង្គំស្គាល់ពន្លឺថ្ងៃទៅទៀត។ 11 សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ ដ្បិតទុក្ខលំបាកបានមកជិតហើយ គ្មានអ្នកណាជួយទូលបង្គំទេ។ 12 មានគោឈ្មោលជាច្រើនបានឡោមព័ទ្ធទូលបង្គំ គឺគោឈ្មោលខ្លាំងៗពីស្រុកបាសាននៅជុំវិញទូលបង្គំ។ 13 ពួកវាហាមាត់ធំដាក់ទូលបង្គំ ដូចជាសិង្ហដែលគ្រហឹមបម្រុងនឹងហែកស៊ី។ 14 ទូលបង្គំត្រូវច្រួចចេញដូចជាទឹក ហើយអស់ទាំងឆ្អឹងនៃទូលបង្គំសណ្តកចេញពីគ្នា។ ចិត្តទូលបង្គំប្រៀបដូចជាក្រមួន ដែលរលាយនៅក្នុងខ្លួន។ 15 កម្លាំងទូលបង្គំស្ងួត ដូចអំបែងឆ្នាំង អណ្ដាតទូលបង្គំជាប់នៅក្រអូមមាត់ព្រះអង្គដាក់ទូលបង្គំ ចុះទៅក្នុងធូលីនៃសេចក្ដីស្លាប់។ 16 ដ្បិត មានពួកឆ្កែឡោមព័ទ្ធទូលបង្គំជុំវិញ មនុស្សអាក្រក់មួយហ្វូង ដើរក្រវែលជុំវិញទូលបង្គំ គេបានចាក់ទម្លុះដៃជើងទូលបង្គំ 17 ទូលបង្គំអាចរាប់ឆ្អឹងជំនីរ របស់ទូលបង្គំបានទាំងអស់។ គេសម្លក់សម្លឹងមកទូលបង្គំ។ 18 ពួកគេយកសម្លៀកបំពាក់ទូលបង្គំទៅចែកគ្នា និងនាំគ្នាចាប់ឆ្នោតយកអាវវែងរបស់ទូលបង្គំ ។ 19 ឱព្រះអម្ចាស់អើយ សូមកុំនៅឆ្ងាយពីទូលបង្គំឡើយ ព្រះអង្គជាកម្លាំងនៃទូលបង្គំ សូមឆាប់នឹងយាងមកជួយទូលបង្គំផង! 20 សូមសង្រ្គោះទូលបង្គំឲ្យរួចផុតពីមុខដាវ ហើយជួយជីវិតទូលបង្គំឲ្យរួចផុតពីចង្កូមរបស់ឆ្កែទាំងនេះ។ 21 សូមសង្គ្រោះទូលបង្គំឲ្យរួចផុតពីមាត់សិង្ហ និងពីស្នែងក្របីផង។ 22 ទូលបង្គំនឹងប្រកាសពីព្រះនាម របស់ព្រះអង្គឲ្យបងប្អូនទូលបង្គំស្គាល់ ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះអង្គនៅក្នុង អង្គប្រជុំ។ 23 អ្នកណាដែលកោតខ្លាចដល់ព្រះអម្ចាស់សូមសរសើរតម្កើងព្រះអង្គ! អ្នកណាដែលជាពូជពង្សយ៉ាកុប ចូរលើកតម្កើងព្រះអង្គ! អ្នកណាដែលជាពូជពង្សអុីស្រាអែលអើយ ចូរស្ញប់ស្ញែងនៅចំពោះព្រះអង្គចុះ! 24 ដ្បិត ព្រះអង្គមិនបានមើលងាយ ឬស្អប់ខ្ពើម មនុស្សក្រក្រីមានទុក្ខវេទនាឡើយ ព្រះអម្ចាស់មិនបានលាក់ព្រះភក្ត្រនឹងគេដែរ កាលអ្នកនោះបានទូលរកព្រះអង្គ ព្រះជាម្ចាស់ព្រះ សណ្ដាប់។ 25 សូមលើកតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំដ៏ធំ ទូលបង្គំនឹងលាបំណន់ នៅមុខអស់អ្នកគោរពកោតខ្លាចព្រះ អង្គ។ 26 អ្នកដែលទន់ទាបនឹងបានបរិភោគឆ្អែត អស់អ្នកដែលស្វែងរកព្រះអម្ចាស់ នឹងសរសើរតម្កើងព្រះអង្គ។ សូមឲ្យចិត្តអ្នករាល់គ្នារស់នៅជាដរាប។ 27 មនុស្សទាំងប៉ុន្មានដែលស្ថិតនៅតាមស្រុក ដាច់ស្រយាលនៃផែនដី នឹងនឹកឃើញពីព្រះអម្ចាស់ ប្រជាជាតិទាំងមូល នឹងនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ។ 28 ដ្បិត ព្រះរាជនៃព្រះអម្ចាស់ និងគ្រប់គ្រងលើប្រជាជាតិនានា។ 29 ពួកអ្នកធំទាំងប៉ុន្មាននៅលើផែនដី នាំគ្នាបរិភោគ ហើយក្រាបថ្វាយបង្គំព្រះអង្គ អស់អ្នកដែលកើតពីធូលីដី គឺមនុស្សលោកដែលតែងតែស្លាប់ក៏នឹងក្រាបថ្វាយបង្គំព្រះអង្គដែរ។ 30 នឹងមានពូជពង្សមួយគោរពប្រតិបត្តិ ដល់ព្រះអង្គ គេនឹងថ្លែងប្រាប់អំពីព្រះអម្ចាស់ ដល់មនុស្សជំនាន់ក្រោយ។ 31 ពួកគេនឹងមក ហើយប្រកាសអំពីសេចក្ដីសុចរិតរបស់ព្រះអង្គ ប្រាប់មនុស្សមួយពួក ដែលមិនទាន់កើតមកនៅឡើយថា គឺព្រះអង្គហើយដែលបានធ្វើការនោះ។
ទំនុកតម្កើង របស់ស្ដេចដាវីឌ។ 1 ព្រះអម្ចាស់គឺជាគង្វាលខ្ញុំ នោះខ្ញុំនឹងមិនខ្វះអ្វីសោះ។ 2 ព្រះជាម្ចាស់ឲ្យខ្ញុំដេកសម្រាកនៅលើវាលស្មៅខៀវខ្ចី ព្រះអង្គនាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ។ 3 ព្រះអង្គប្រទានជីវិតដល់ខ្ញុំឡើងវិញ ព្រះអង្គនាំខ្ញុំដើរក្នុងផ្លូវដ៏ត្រឹមត្រូវដោយយល់ដល់ព្រះកិត្តិនាមរបស់ព្រះអង្គ។ 4 ទោះបីជាទូលបង្គំដើរកាត់ជ្រលងភ្នំ នៃសេចក្ដីងងឹត ក៏ដោយ ក៏ទូលបង្គំមិនខ្លាចអ្វីសោះឡើយ ដ្បិតព្រះអង្គគង់នៅជាមួយទូលបង្គំព្រះអង្គការពារ និងរក្សាទូលបង្គំជានិច្ច ។ 5 ព្រះអង្គរៀបតុនៅមុខទូលបង្គំ ហើយនៅចំពោះខ្មាំងសត្រូវរបស់ទូលបង្គំ ព្រះអង្គចាក់ប្រេងលើក្បាលទូលបង្គំ ហើយពែងរបស់ទូលបង្គំដ៏ពេញហូរហៀរ។ 6 ប្រាកដជាព្រះអង្គប្រណីសន្ដោសទូលបង្គំ ជាមួយសម្ព័ន្ឋមេត្រីដ៏ស្មោះស្ម័គ្រជារៀងរាល់ថ្ងៃ អស់មួយជីវិតរបស់ទូលបង្គំ។ ហើយខ្ញុំនឹងរស់នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់យូអង្វែងជានិច្ច។
ទំនុកតម្កើង របស់ស្ដេចដាវីឌ។ 1 ផែនដីជារបស់ព្រះអម្ចាស់ ហើយអ្វីដែលមាននៅលើផែនដី ព្រមទាំងអស់អ្នក ដែលរស់នៅក្នុងពិភពលោកផង។ 2 ដ្បិតព្រះអង្គបានចាក់គ្រឹះផែនដីនៅលើសមុទ្រហើយបានតាំងវាយ៉ាងមាំនៅលើទន្លេនានា។ 3 តើអ្នកណាអាចឡើងទៅលើភ្នំ នៃព្រះអម្ចាស់បាន? តើអ្នកណាអាចឈរនៅទីបរិសុទ្ធ របស់ព្រះជាម្ចាស់បាន? 4 អ្នកដែលមានដៃស្អាត និងចិត្តបរិសុទ្ធ ជាអ្នកដែលមិនបណ្ដោយឲ្យព្រលឹងខ្លួន ទៅតាមសេចក្ដីភូតភរ ហើយមិនពោលពាក្យស្បថបំពានឡើយ។ 5 អ្នកនោះនឹងទទួលព្រះពរពីព្រះអម្ចាស់ និងសេចក្ដីសុចរិតពីព្រះអង្គ ដ៏ជួយសង្គ្រោះរបស់ខ្លួន។ 6 អ្នកទាំងនេះហើយជាពួកអ្នកដែលស្វែងរកព្រះអង្គ គឺអ្នកដែលស្វែងរកព្រះភក្ត្រនៃ ព្រះជាម្ចាស់របស់លោកយ៉ាកុប។ សម្រាក 7 ចូរងើបក្បាលឡើង និងគ្រប់ទាំងទ្វារ ចូរងើបឡើង ដើម្បីឲ្យមហាក្សត្រដ៏មានសិរីល្អ ទ្រង់យាងចូលមក។ 8 តើមហាក្សត្រដ៏មានសិរីរុងរឿងជាអ្នកណាទៅ? គឺព្រះអម្ចាស់ដ៏មានព្រះចេស្តា និងឥទ្ធិឫទ្ធិ ជាព្រះអម្ចាស់ដ៏មានឥទ្ធិឫទ្ធិក្នុងចម្បាំង។ 9 ចូរងើបក្បាលរបស់អ្នកឡើង! ឱទ្វារដ៏នៅអស់កល្បជានិច្ចអើយ ចូរបើកឡើង ដើម្បីឲ្យមហាក្សត្រដ៏ពេញសិរីរុងរឿង ព្រះអង្គយាងចូលមកក្នុង! 10 តើមហាក្សត្រដ៏មានសិរីរុងរឿងនេះជាអ្នកណា? គឺជាព្រះអម្ចាស់នៃពួកពលបរិវារ ព្រះអង្គហើយជាមហាក្សត្រ ដ៏មានសិរីល្អ។ សម្រាក
ទំនុករបស់ស្ដេចដាវីឌ។ 1 សូមថ្វាយជីវិតរបស់ទូលបង្គំ ទៅចំពោះព្រះអម្ចាស់! 2 ព្រះអម្ចាស់របស់ទូលបង្គំអើយ ទូលបង្គំទុកចិត្តលើព្រះអង្គ។ សូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់មុខ សូមកុំឲ្យខ្មាំងសត្រូវអាចមានជ័យជម្នះលើទូលបង្គំឡើយ។ 3 សូមឲ្យអ្នកដែលសង្ឃឹមលើព្រះអង្គនឹងមិនត្រូវខ្មាសឡើយ គឺមានតែអ្នកមានចិត្តមិនល្អ ដែលត្រូវខ្មាសវិញ។ 4 ព្រះអម្ចាស់អើយ សូមបង្ហាញរបៀបរបស់ព្រះអង្គ ព្រះអម្ចាស់អើយ សូមបង្រៀនទូលបង្គំអំពីផ្លូវច្រក របស់ព្រះអង្គផង។ 5 សូមនាំ ហើយបង្រៀនទូលបង្គំ ដ្បិតព្រះអង្គជាព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះអង្គរាល់ថ្ងៃ។ 6 ឱព្រះអម្ចាស់អើយ សូមនឹកចាំពីព្រះហឫទ័យហើយនិងសម្ព័ន្ឋមេត្រីដ៏ស្មោះត្រង់នៃព្រះអង្គផង ដ្បិតការទាំងនោះមានតាំងពីដើមហើយ។ 7 ឱព្រះអម្ចាស់អើយ! សូមកុំនឹកចាំអំពើបាបដែលទូលបង្គំប្រព្រឹត្តកាលនៅក្មេង ឬការបះបោរបស់ទូលបង្គំឡើយ សូមនឹកចាំអំពីសម្ព័ន្ឋមេត្រីដ៏ស្មោះត្រង់តាមរយៈ ការល្អរបស់ព្រះអង្គ។ 8 ព្រះអម្ចាស់គឺល្អហើយទៀងត្រង់ ហេតុនេះហើយបានជាព្រះអង្គបង្រៀនមនុស្សបាបឲ្យស្គាល់ផ្លូវ។ 9 ព្រះអង្គនាំមនុស្សបន្ទាបខ្លួន ឲ្យដើរតាមដ៏ត្រឹមត្រូវ ព្រះអង្គបង្រៀនគេឲ្យស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ។ 10 គ្រប់ទាំងផ្លូវរបស់ព្រះអម្ចាស់ សុទ្ធតែប្រកបដោយ ព្រះហឫទ័យស្រឡាញ់ និងសេចក្ដីស្មោះត្រង់ ចំពោះអស់អ្នកដែលកាន់តាមសម្ព័ន្ឋមេត្រី និងសេចក្ដីបន្ទាល់របស់ព្រះអង្គ។ 11 ឱព្រះអម្ចាស់អើយ ដោយយល់ដល់ព្រះនាមព្រះអង្គសូមអត់ទោសអំពើបាប ដ៏ធ្ងន់របស់ទូលបង្គំផង។ 12 តើមានអ្នកណាដែលកោតខ្លាចដល់ព្រះអម្ចាស់ឬទេ? ព្រះអម្ចាស់ នឹងបង្រៀនអ្នកនោះ ឲ្យស្គាល់ផ្លូវដែលគួរជ្រើសរើស។ 13 ជីវិតរបស់អ្នកនោះនឹងបានទទួលការដែលល្អ ហើយកូនចៅរបស់គេនឹងទទួលទឹកដីជាមរតក។ 14 មេត្រីភាពរបស់ព្រះអម្ចាស់ គឺសម្រាប់អស់អ្នកណាដែលកោតខ្លាចព្រះអង្គ ហើយព្រះអង្គធ្វើឲ្យគេស្គាល់ សម្ព័ន្ឋមេត្រីរបស់ព្រះអង្គ។ 15 ភ្នែកទូលបង្គំសម្លឹងទៅរក ព្រះអម្ចាស់ជានិច្ច ដ្បិតព្រះអង្គនឹងដោះជើងទូលបង្គំឲ្យរួចពីអន្ទាក់។ 16 សូមបែរមកទូលបង្គំ ហើយផ្តល់ក្តីមេត្តាឲ្យទូលបង្គំផង ដ្បិតទូលបង្គំនៅឯកោ ហើយពេញដោយទុក្ខព្រួយ។ 17 ទុក្ខព្រួយក្នុងចិត្តទូលបង្គំបានកើនឡើងជាខ្លាំង សូមនាំទូលបង្គំចេញពីការខ្វាល់ខ្វាយរបស់ទូលបង្គំផង! 18 សូមទតមើលទុក្ខវេទនា និងការនឿយព្រួយរបស់ទូលបង្គំ ហើយសូមអត់ទោសអំពើបាប របស់ទូលបង្គំផង។ 19 សូមព្រះអង្គទតចុះ ដ្បិតសត្រូវទូលបង្គំមានចំនួនច្រើនណាស់ ហើយគេស្អប់ទូលបង្គំ ដោយចិត្តសាហាវយ៉ាងណា។ 20 សូមការពារជីវិតរបស់ទូលបង្គំ ហើយរំដោះទូលបង្គំផង សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ ដ្បិតទូលបង្គំពឹងជ្រកក្នុងព្រះអង្គ។ 21 សូមឲ្យសេចក្ដីសុចរិត និងសេចក្ដីទៀងត្រង់រក្សាទូលបង្គំ ដ្បិតទូលបង្គំសង្ឃឹម នៅក្នុងព្រះអង្គហើយ។ 22 ឱព្រះជាម្ចាស់អើយ សូមរំដោះអុីស្រាអែលពីទុក្ខវេទនា ទាំងប៉ុន្មានរបស់ពួកគេផង!
ទំនុករបស់ស្ដេចដាវីឌ។ 1 ព្រះអម្ចាស់អើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង ដ្បិតទូលបង្គំបានដើរយ៉ាងត្រឹមត្រូវ ក៏បានទុកចិត្តនឹងព្រះអម្ចាស់ឥតល្អៀងឡើយ។ 2 ឱព្រះអម្ចាស់អើយ សូមពិនិត្យមើលទូលបង្គំ ហើយល្បងលទូលបង្គំ នឹងសាកចិត្តគំនិតរបស់ទូលបង្គំចុះ។ 3 ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ នៅនិងមុខភ្នែកទូលបង្គំ ហើយទូលបង្គំបានដើរតាម សេចក្ដីស្មោះត្រង់បស់ព្រះអង្គ។ 4 ទូលបង្គំមិនបានចូលរួមជាមួយពួកមនុស្សបោកបញ្ឆាត ក៏មិនបានសេពគប់ជាមួយមនុស្សមានពុតដែរ។ 5 ទូលបង្គំមិនចូលចិត្ត ពួកអ្នកដែលប្រព្រឹត្តការអាក្រក់ ហើយទូលបង្គំមិនអង្គុយរួមជាមួយ មនុស្សពាលដែរ។ 6 ព្រះអម្ចាស់អើយ ទូលបង្គំលាងដៃជាសម្គាល់ថា ទូលបង្គំគ្មានទោសទេ ហើយទូលបង្គំដើរជុំវិញអាសនារបស់ព្រះអង្គ 7 ដើម្បីស្រែកច្រៀងសរសើរតម្កើន និងរៀបរាប់ពីការអស្ចារ្យ របស់ព្រះអង្គ។ 8 ព្រះអម្ចាស់អើយ ទូលបង្គំស្រឡាញ់ ព្រះដំណាក់ដែលព្រះអង្គគង់នៅ និងកន្លែងដែលមានសិរីល្អរបស់ព្រះអង្គស្ថិតនៅ។ 9 សូមកុំផាត់ព្រលឹងទូលបង្គំចេញជាមួយអ្នកមានបាបឡើយ ឬកុំដកជីវិតទូលបង្គំ ជាមួយមនុស្សដែលកម្ចាយឈាមដែរ 10 ដៃរបស់អ្នកទាំងនោះ សុទ្ធតែជាប់មានអំពើអាក្រក់ ហើយដៃស្តាំរបស់គេពេញដោយសំណូក។ 11 ប៉ុន្តែ ទូលបង្គំវិញ ទូលបង្គំនឹងដើរ ដោយចិត្តទៀងត្រង់ សូមប្រោសលោះទូលបង្គំ ហើយផ្តល់ក្តីមេត្តាដល់ទូលបង្គំផង។ 12 ជើងទូលបង្គំឈរនៅលើដីរាបស្មើ ទូលបង្គំនឹងថ្វាយព្រះពរព្រះអម្ចាស់។
ទំនុករបស់ស្ដេចដាវីឌ។ 1 ព្រះអម្ចាស់ជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ តើខ្ញុំត្រូវខ្លាចនរណាទៀត? ព្រះអម្ចាស់ជាទីជម្រករបស់ជីវិតខ្ញុំ តើខ្ញុំត្រូវតក់ស្លុតឬ? 2 ពេលពួកបច្ចាមិត្ត និងខ្មាំងសត្រូវរបស់ខ្ញុំនាំគ្នាមកជិតខ្ញុំ ដើម្បីស៊ីសាច់ខ្ញុំ នោះគេនឹងជំពប់ដួល។ 3 ទោះបើមានពលទ័ពមកឡោមព័ទ្ធខ្ញុំ ក៏ចិត្តខ្ញុំមិនភ័យខ្លាចឡើយ ទោះបើមានចម្បាំងកើតឡើងទាស់នឹងខ្ញុំ ក៏ខ្ញុំនៅតែមានទំនុកចិត្តជានិច្ច។ 4 ខ្ញុំបានសូមសេចក្ដីតែមួយពីព្រះអម្ចាស់ ហើយនឹងស្វែងរកសេចក្ដីនោះឯង គឺឲ្យខ្ញុំបាននៅក្នុងដំណាក់របស់ព្រះអម្ចាស់ រាល់តែថ្ងៃអស់មួយជីវិតរបស់ខ្ញុំ ដើម្បីរំពឹងមើលសោភ័ណភាពរបស់ព្រះអម្ចាស់ ហើយពិនិត្យពិចារណានៅក្នុង ព្រះវិហាររបស់ព្រះអង្គ។ 5 ដ្បិត នៅក្នុងថ្ងៃដែលមានទុក្ខលំបាក ព្រះជាម្ចាស់នឹងបិតបាំងទូលបង្គំនៅក្រោមម្លប់របស់ព្រះអង្គ បិតបាំងដោយព្រះពន្លារបស់ព្រះអង្គ។ ព្រះអង្គនឹងលើកខ្ញុំដាក់លើថ្មដា។ 6 ដ្បិត ខ្ញុំបានងើបក្បាលឡើង ខ្ពស់ជាងខ្មាំងសត្រូវដែលនៅជុំវិញខ្ញុំ ហើយខ្ញុំនឹងថ្វាយយញ្ញបូជា នៅក្នុងព្រះពន្លារបស់ព្រះអង្គ ទាំងស្រែកដោយអំណរ ខ្ញុំនឹងច្រៀង ខ្ញុំនឹងលើកទំនុកថ្វាយព្រះអម្ចាស់! 7 ឱព្រះអម្ចាស់អើយ! សូមសណ្ដាប់ពេលទូលបង្គំទូលរកព្រះអង្គ សូមមេត្តាដល់ទូលបង្គំ និងឆ្លើយតបមកទូលបង្គំផង! 8 ឱព្រះអម្ចាស់អើយ! ចិត្តទូលបង្គំនឹកដល់ព្រះបន្ទូលរបស់ព្រះអង្គថា «ចូរស្វែងព្រះភ័ក្រ្តរបស់ព្រះអង្គ!» ទូលបង្គំស្វែងរកព្រះភ័ក្ត្រព្រះអង្គហើយ។ 9 សូមកុំបាំងព្រះភ័ក្រ្តព្រះអង្គពីទូលបង្គំឡើយ សូមកុំបង្វែរសេចក្តីកំហឹងរបស់ព្រះអង្គមកលើអ្នកបម្រើរបស់ព្រះអង្គឡើយ! ព្រះអង្គជាអ្នកជួយទូលបង្គំ ព្រះជាម្ចាស់នៃសេចក្តី សង្គ្រោះទូលបង្គំអើយ សូមកុំផាត់ទូលបង្គំចេញសូមកុំបោះបង់ចោលទូលបង្គំឡើយ! 10 បើទោះបីឪពុកម្តាយ បានបោះបង់ចោលទូលបង្គំ ព្រះអម្ចាស់នឹងទទួលទូលបង្គំទុក។ 11 ឱព្រះអម្ចាស់អើយ! សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ សូមនាំទូលបង្គំទៅតាមផ្លូវរាបស្មើ ដោយព្រោះតែខ្មាំងសត្រូវរបស់ទូលបង្គំ។ 12 សូមកុំប្រគល់ទូលបង្គំទៅតាមបំណងចិត្ត បច្ចាមិត្តរបស់ទូលបង្គំឡើយ ដ្បិតមានស្មរបន្ទាល់ក្លែងក្លាយ បានលើកគ្នាទាស់នឹងទូលបង្គំ ពីព្រោះដង្ហើមពួកគេចេញដោយពាក្យសាហាវ! 13 តើនឹងមានអ្វីកើតឡើងដល់ទូលបង្គំ បើទូលបង្គំមិនជឿថាព្រះអម្ចាស់ពេញដោយសេចក្ដីសប្បុរស នៅក្នុងទឹកដីរបស់មនុស្សកំពុងរស់នៅ? 14 ចូររង់ចាំចំពោះព្រះអម្ចាស់ ចូរមានកម្លាំង ហើយមានចិត្តក្លាហានឡើង ចូររង់ចាំព្រះអម្ចាស់ចុះ!
ទំនុករបស់ស្ដេចដាវីឌ។ 1 សម្រាប់ព្រះអង្គ ព្រះអម្ចាស់អើយ! ទូលបង្គំស្រែកឡើងអង្វរ ព្រះអង្គជាថ្មដានៃទូលបង្គំ សូមកុំប្រងើយនិងទូលបង្គំធ្វើអ្វី។ ប្រសិនបើព្រះអង្គមិនឆ្លើយចំពោះ ទូលបង្គំទេ នោះទូលបង្គំនឹងចូលរួមជាមួយអ្នកទាំងនោះដែលបានបញ្ចុះក្នុងផ្នូរហើយ។ 2 ពេលទូលបង្គំស្រែករកព្រះអង្គ ពេលទូលបង្គំលើកដៃឆ្ពោះទៅកាន់ទីបរិសុទ្ធ របស់ព្រះអង្គ សូមព្រះអង្គសណ្ដាប់ពាក្យទូលអង្វរ របស់ទូលបង្គំផង។ 3 សូមកុំរុញទូលបង្គំចេញជាមួយមនុស្សពាល ឬជាមួយពួកអ្នកដែលប្រព្រឹត្តអាក្រក់ ជាអ្នកដែលពោលពាក្យមេត្រីនឹងអ្នកជិតខាង តែមានពេញដោយការអាក្រក់នៅក្នុងចិត្តគេវិញ។ 4 សូមឲ្យដល់គេតាមអ្វីដែលគេធ្វើ ហើយតាមសេចក្ដីអាក្រក់នៃអំពើដែលគេប្រព្រឹត្ត សូមឲ្យគេទទួលតាមអំពើដែលដៃរបស់គេធ្វើ សូមតបស្នងឲ្យសមនឹងទោសរបស់គេ។ 5 ព្រោះគេមិនយកចិត្តទុកដាក់ នឹងកិច្ចការរបស់ព្រះអម្ចាស់ ឬនឹងស្នារព្រះហស្តរបស់ព្រះអង្គទេ ព្រះអង្គនឹងរំលំគេចុះ ក៏មិនសង់ឡើងវិញឡើយ។ 6 សូមថ្វាយព្រះពរដល់ព្រះអម្ចាស់! ព្រោះព្រះជាម្ចាស់ ព្រះសណ្ដាប់សំឡេងដែលខ្ញុំទូលអង្វរ 7 ព្រះអម្ចាស់ ជាកម្លាំង និងជាខែលការពារទូលបង្គំ នោះខ្ញុំទុកចិត្តដល់ព្រះអង្គ ហើយព្រះអង្គបានជួយខ្ញុំ។ ដូច្នោះ ចិត្តខ្ញុំរីករាយជាខ្លាំង និងសរសើរតម្កើង ដោយបទចម្រៀងរបស់ខ្ញុំ។ 8 ព្រះអម្ចាស់ការពារប្រជារាស្ដ្ររបស់ព្រះអង្គ ហើយព្រះអង្គជាទីពឹងជ្រកដល់អ្នកដែលព្រះអង្គបានចាក់ប្រេងតាំង។ 9 សូមសង្គ្រោះប្រជារាស្រ្តរបស់ព្រះអង្គ ហើយប្រទានពរដល់កូនចៅរបស់ព្រះអង្គ។ សូមធ្វើជាគង្វាលដល់គេនិងបីទ្រគេជា រៀងរហូតទៅ។
ទំនុកតម្កើង របស់ស្ដេចដាវីឌ។ 1 អស់ទាំងកូនព្រះជាម្ចាស់អើយ! ចូរនាំគ្នាតម្កើងព្រះអម្ចាស់ ចូរលើកតម្កើងសិរីរុងរឿង និងតេជានុភាពរបស់ព្រះអម្ចាស់ដែរ។ 2 ចូរថ្វាយសិរីល្អដល់ព្រះនាមព្រះអង្គ គឺឲ្យសមនិងព្រះអម្ចាស់។ សូមថ្វាយបង្គំព្រះអម្ចាស់ ដោយពាក់គ្រឿងលម្អបរិសុទ្ធ។ 3 ព្រះសូរសៀងរបស់ព្រះអម្ចាស់ លាន់ឮលើផ្ទៃទឹក ព្រះជាម្ចាស់ដ៏មានសិរីល្អព្រះអង្គបញ្ចេញផ្គរលាន់ គឺព្រះអម្ចាស់គង់លើផ្ទៃទឹក។ 4 ព្រះសូរសៀងរបស់ព្រះអម្ចាស់មានអំណាច ព្រះ សូរសៀងរបស់ព្រះអម្ចាស់ មានពេញដោយឫទ្ធានុភាព។ 5 ព្រះសូរសៀងរបស់ព្រះអម្ចាស់បំបាក់ដើមតាត្រៅ គឺព្រះអម្ចាស់បំបាក់ដើមតាត្រៅនៅភ្នំល្បាណូន។ 6 ព្រះអង្គធ្វើឲ្យភ្នំល្បាណូនលោតដូចជាកូនគោ ហើយឲ្យភ្នំស៊ីរាន លោតដូចជាគោព្រៃស្ទាវ។ 7 ព្រះសូរសៀងរបស់ព្រះអម្ចាស់ធ្វើឲ្យមាន អណ្ដាតភ្លើងផុសឡើង។ 8 ព្រះសូរ សៀងរបស់ព្រះអម្ចាស់ កក្រើកទីរហោស្ថាន ព្រះអម្ចាស់អង្រួនទីរហោស្ថានការដេស។ 9 ព្រះសូរសៀងរបស់ព្រះអម្ចាស់ អង្រួនក្តាន់ញីឲ្យកើតកូន ក៏ធ្វើឲ្យព្រៃឈើជ្រុះស្លឹកអស់រលីង ហើយនៅក្នុងព្រះវិហារព្រះអង្គ អ្វីៗសព្វសារពើ ស្រែកឡើងថា «សិរិរុងរឿង!» 10 ព្រះអម្ចាស់គ្រប់គ្រងលើទឹកជំនន់ ព្រះអម្ចាស់គង់ជាព្រះមហាក្សត្រ រហូតតទៅ។ 11 ព្រះអម្ចាស់បានប្រទានកម្លាំង ដល់ប្រជារាស្ត្រព្រះអង្គ ព្រះអម្ចាស់បានប្រទានពរ ឲ្យប្រជារាស្ត្រព្រះអង្គជាមួយសន្ដិភាព។
ទំនុកតម្កើង បទសម្រាប់ច្រៀងនៅពេលសម្ពោធព្រះវិហារ។ ទំនុករបស់ស្ដេចដាវីឌ។ 1 ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងលើកតម្កើនព្រះអង្គឡើង ដ្បិត ព្រះអង្គបានលើកទូលបង្គំឡើង ហើយមិនឲ្យសត្រូវរបស់ទូលបង្គំ អរសប្បាយមកលើទូលបង្គំឡើយ។ 2 ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ! ទូលបង្គំស្វែងរកសេចក្តីជំនួយពីព្រះអង្គ ហើយការប្រោសឲ្យជារបស់ព្រះអង្គ។ 3 ឱព្រះអម្ចាស់អើយ ព្រះអង្គបានស្រង់ព្រលឹងទូលបង្គំ ចេញពីចំណោមមនុស្សស្លាប់ ព្រះអង្គរក្សាទូលបង្គំឲ្យនៅមានជីវិតរស់ ពីការធ្លាក់ចុះទៅក្នុងរណ្តៅ។ 4 ឱពួកស្មោះត្រង់របស់ព្រះអង្គអើយ ចូរច្រៀងសរសើរព្រះអម្ចាស់ ចូរអរព្រះគុណពេលអ្នកនឹកដល់ព្រះនាមបរិសុទ្ធ របស់ព្រះអង្គ។ 5 ដ្បិតសេចក្ដីក្រោធរបស់ព្រះអង្គ នៅតែមួយភ្លែតទេ ប៉ុន្តែព្រះគុណរបស់ព្រះអង្គវិញ នៅអស់មួយជីវិត។ ទុក្ខសោកកើតមាននៅពេលយប់ តែព្រឹកឡើងនឹងមានអំណរឡើងវិញ។ 6 ទូលបង្គំបានពោល ដោយទំនុកចិត្តថា៖ «ទូលបង្គំនឹងមិនត្រូវរង្គើឡើយ»។ 7 ឱព្រះអម្ចាស់អើយ ព្រះអង្គបានធ្វើឲ្យភ្នំរបស់ទូលបង្គំ ឈរយ៉ាងរឹងមាំ ដោយព្រះគុណព្រះអង្គ តែពេលព្រះអង្គលាក់ព្រះភ័ក្ត្រ ទូលបង្គំមានចិត្តតក់ស្លុតជាខ្លាំង។ 8 ឱព្រះអម្ចាស់អើយ! ទូលបង្គំស្រែកអង្វរព្រះអង្គ ទូលបង្គំទទូចអង្វរព្រះអម្ចាស់។ 9 តើមានប្រយោជន៍អ្វី បើទូលបង្គំស្លាប់ ហើយចុះទៅក្នុងរណ្តៅនោះ? តើធូលីដីអាចសរសើរព្រះអង្គកើតឬ? តើគេអាច ថ្លែងរៀបរាប់ពីព្រះហឫទ័យ ស្មោះត្រង់របស់ព្រះអង្គកើតឬ? 10 ឱព្រះអម្ចាស់អើយ សូមព្រះអង្គព្រះសណ្ដាប់ ហើយប្រណី សន្ដោសទូលបង្គំផង ឱព្រះអម្ចាស់អើយ សូមធ្វើជាអ្នកជំនួយ ដល់ទូលបង្គំផងចុះ។ 11 ព្រះអង្គបានផ្លាស់ការយំសោករបស់ទូលបង្គំ ឲ្យទៅជាការលោតកញ្ឆេង ព្រះអង្គបានយកសម្លៀកបំពាក់កាន់ទុក្ខចេញ ហើយបំពាក់ឲ្យទូលបង្គំដោយចិត្តត្រេកអរវិញ។ 12 ដូច្នេះ ទូលបង្គំច្រៀងទំនុកតម្កើង ថ្វាយព្រះអង្គទូលបង្គំមិននៅស្ងៀមទេ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គរហូតតទៅ!
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុកតម្កើង របស់ស្ដេចដាវីឌ។ 1 ឱព្រះអម្ចាស់អើយ ទូលបង្គំសូមជ្រកកោនជាមួយព្រះអង្គ សូមកុំឲ្យទូលបង្គំត្រូវខកចិត្តឡើយ ឱព្រះដ៏សុចរិតអើយ សូមរំដោះទូលបង្គំ។ 2 សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ សូមមករំដោះទូលបង្គំជាប្រញាប់ សូមធ្វើជាថ្មដា និងជាកំពែងការពារទូលបង្គំ ហើយសង្គ្រោះទូលបង្គំផង។ 3 ដ្បិតព្រះអង្គជាថ្មដា ហើយជាបន្ទាយរបស់ទូលបង្គំដោយ យល់ដល់ព្រះនាមព្រះអង្គ សូមដឹកនាំផ្លូវទូលបង្គំផង។ 4 សូមដោះទូលបង្គំចេញពីអន្ទាក់ ដោយគេលួចលាក់ដើម្បីចាប់ទូលបង្គំ ដ្បិតព្រះអង្គជាជម្រករបស់ទូលបង្គំ។ 5 ទូលបង្គំសូមប្រគល់វិញ្ញាណទូលបង្គំ ទៅក្នុងព្រះហស្តព្រះអម្ចាស់ ជាព្រះដ៏ស្មោះត្រង់អើយ ព្រះអង្គបានប្រោសលោះទូលបង្គំ។ 6 ទូលបង្គំស្អប់អស់អ្នកណាដែលទុកចិត្តព្រះក្នុងលោកីយ ប៉ុន្តែទូលបង្គំទុកចិត្តព្រះអម្ចាស់វិញ។ 7 ទូលបង្គំនឹងត្រេកអរ ហើយរីករាយ នឹងព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ព្រោះព្រះអង្គបានឃើញទុក្ខវេទនារបស់ទូលបង្គំ ក៏ជ្រាបពីសេចក្ដីថប់ព្រួយនៃព្រលឹងទូលបង្គំដែរ។ 8 ព្រះអង្គមិនបានប្រគល់ទូលបង្គំ ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ។ ព្រះអង្គបានដាក់ជើងទូលបង្គំ នៅកន្លែងមួយធំទូលាយ។ 9 ឱព្រះអម្ចាស់អើយ សូមមេត្តាដល់ទូល បង្គំផង ដ្បិតទូលបង្គំមានទុក្ខព្រួយ ភ្នែកទូលបង្គំចុះខ្សោយដោយសោយសោក ព្រលឹងនិងរូបកាយទូលបង្គំក៏ដូចគ្នាដែរ។ 10 ដ្បិតជីវិតទូលបង្គំនឹងផុតទៅដោយទុក្ខព្រួយ ហើយឆ្នាំនៃអាយុទូលបង្គំថយទៅដោយស្រែកថ្ងូរ។ កម្លាំងទូលបង្គំចុះខ្សោយដោយសារបាបរបស់ទូលបង្គំ ហើយឆ្អឹងទូលបង្គំក៏ខ្សោះទៅដែរ។ 11 ដោយព្រោះខ្មាំងសត្រូវទាំងប៉ុន្មានរបស់ទូលបង្គំ ទូលបង្គំបានត្រឡប់ជាទីត្មះតិះដៀល ជាពិសេសចំពោះអ្នកជិតខាងរបស់ទូលបង្គំ ហើយជាហេតុគួរខ្លាចដល់ពួកអ្នក ដែលស្គាល់ទូលបង្គំ អស់អ្នកដែលឃើញទូលបង្គំនៅតាមផ្លូវ គេគេចមុខពីទូលបង្គំ។ 12 គេបានភ្លេចទូលបង្គំ ប្រៀបដូចជាមនុស្សស្លាប់ ទូលបង្គំបានត្រឡប់ដូចជាឆ្នាំងបាក់បែក។ 13 ដ្បិតទូលបង្គំបានឮពាក្យមិនល្អរបស់មនុស្សជាច្រើន ការភ័យខ្លាចមកពីគ្រប់ជ្រុងទាំងអស់គេឃុតឃិតគ្នាទាស់នឹងទូលបង្គំ។ គេគ្រោងនឹងដកជីវិតទូលបង្គំ។ 14 ប៉ុន្តែ ទូលបង្គំទុកចិត្តព្រះអង្គ ឱព្រះអម្ចាស់អើយ!ទូលបង្គំទូលថា «ព្រះអង្គគឺជាព្រះអម្ចាស់របស់ទូលបង្គំ»។ 15 វាសនារបស់ទូលបង្គំ ស្ថិតនៅក្នុងព្រះហស្តព្រះអង្គ។ សូមរំដោះទូលបង្គំ ចេញពីកណ្ដាប់ដៃ ខ្មាំងសត្រូវរបស់ទូលបង្គំ និងពីអស់អ្នកដែលបៀតបៀនទូលបង្គំផង។ 16 សូមឲ្យព្រះភ័ក្ត្រព្រះអង្គ ភ្លឺមកលើអ្នកបម្រើព្រះអង្គ សូមសង្គ្រោះទូលបង្គំ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។ 17 ឱព្រះអម្ចាស់អើយ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ ដ្បិតទូលបង្គំអំពាវនាវរកព្រះអង្គ សូមឲ្យពួកមនុស្សអាក្រក់ត្រូវខ្មាស សូមឲ្យគេដេកស្ងៀមនៅស្ថាន ឃុំព្រលឹងមនុស្សស្លាប់ទៅ។ 18 សូមឲ្យបបូរមាត់ភូតភរមិនអាចនិយាយបាន ជាបបូរមាត់ដែលពោលទាស់នឹងមនុស្សសុចរិត ដោយព្រហើន និងប្រមាថមើលងាយ។ 19 ឱព្រះហឫទ័យសប្បុរស របស់ព្រះអង្គបរិបូរក្រៃលែង ព្រះអង្គបានបម្រុងទុកសម្រាប់អស់អ្នកដែល កោតខ្លាចព្រះអង្គ សម្រាប់អស់អ្នកដែលពឹងជ្រកក្នុងព្រះអង្គ នៅចំពោះមុខពួកកូនមនុស្ស! 20 ព្រះអង្គលាក់គេក្នុងទីកំបាំង នៃព្រះវត្តមានព្រះអង្គឲ្យរួចពីឧបាយរបស់មនុស្ស ព្រះអង្គថែរក្សាគេនៅក្នុងព្រះពន្លារបស់ព្រះអង្គឲ្យរួចពីអណ្ដាតមិនល្អ។ 21 សូមថ្វាយព្រះពរដល់ព្រះអម្ចាស់ ដ្បិតព្រះអង្គបានសម្ដែងព្រះហឫទ័យសប្បុរស ដ៏អស្ចារ្យរបស់ព្រះអង្គ ដល់ទូលបង្គំ នៅក្នុងទីក្រុងដែលសត្រូវឡោមព័ទ្ធ។ 22 ទូលបង្គំបានពោលទាំងភ័យស្លន់ថា «ទូលបង្គំត្រូវកាត់ចេញពីព្រះនេត្ររបស់ព្រះអង្គ» ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ។ 23 គ្រប់អ្នកដែលតាមព្រះអង្គ គឺស្រលាញ់ព្រះអម្ចាស់។ ឱព្រះអម្ចាស់ ការពារមនុស្សស្មោះត្រង់ តែព្រះអង្គសងដល់មនុស្សព្រហើនជាបរិបូរណ៏។ 24 សូមរឹងមាំហើយទុកចិត្តចុះ គ្រប់គ្នាដែលទុកចិត្តលើព្រះអម្ចាស់ដើម្បីបានសង្រ្គោះ។
ទំនុករបស់ស្ដេចដាវីឌ។ ពាក្យកាព្យ។ 1 មានពរហើយ អ្នកដែលទទួលការអត់ទោស គឺជាអ្នកដែលបានគ្របបាំងអំពើបាបរបស់ខ្លួន។ 2 មានពរហើយ អ្នកដែលព្រះអម្ចាស់ មិនរាប់ថាមានទោស ជាអ្នកដែលគ្មានកលឧបាយក្នុងចិត្ត។ 3 ពេលទូលបង្គំចេះតែនៅស្ងៀម ឆ្អឹងទូលបង្គំបានខ្សោះទៅ ដោយសារទូលបង្គំស្រែកថ្ងូរជារៀងរាល់ថ្ងៃ។ 4 ដ្បិតព្រះហស្តព្រះអង្គបានសង្កត់ លើទូលបង្គំយ៉ាងធ្ងន់ ទាំងយប់ទាំងថ្ងៃ កម្លាំងទូលបង្គំខ្សោះល្វើយ ដូចទឹករីងស្ងួត ដោយកម្ដៅនៅរដូវប្រាំង។ សម្រាក 5 ទូលបង្គំបានសារភាពអំពើបាប របស់ទូលបង្គំ នៅចំពោះព្រះអង្គ ឥតលាក់លៀមអំពើទុច្ចរិតរបស់ទូលបង្គំឡើយ។ ទូលបង្គំពោលថា«ទូលបង្គំនឹងលន់តួអំពើរំលងរបស់ទូលបង្គំចំពោះព្រះយេហូវ៉ា»ហើយព្រះអង្គក៏បានអត់ទោសអំពើបាបឲ្យទូលបង្គំ។ សម្រាក 6 ដូច្នេះ ត្រូវឲ្យអស់អ្នកដែលកោតខ្លាចដល់ព្រះបានអធិស្ឋានដល់ព្រះអង្គ នៅពេលដែលអាចរកព្រះអង្គឃើញយ៉ាងនោះ កាលណាមានទឹកជំនន់ធំជន់ឡើង ប្រាកដជានឹងមិនលិចលង់ដល់អ្នកនោះឡើយ។ 7 ព្រះអង្គជាទីពួនជ្រករបស់ទូលបង្គំ ព្រះអង្គការពារទូលបង្គំ ឲ្យរួចពីទុក្ខលំបាក។ ព្រះអង្គហ៊ុមព័ទ្ធទូលបង្គំ ដោយចម្រៀងនៃជ័យជម្នះ។ សម្រាក 8 យើងនឹងបង្ហាត់បង្រៀនអ្នកឲ្យស្គាល់ផ្លូវដែលអ្នកត្រូវដើរ។ យើងនឹងទូន្មានអ្នកទាំងភ្នែកយើងមើលអ្នកជានិច្ច។ 9 កុំឲ្យអ្នកធ្វើដូចជាសេះ ឬលាកាត់ ដែលគ្មានការយល់ដឹង ដែលគេត្រូវដាក់បង្ខាំ ហើយនិងបង្ហៀរ ដើម្បីទប់វា ក្រែងវាមិនព្រមមករកអ្នកនោះឡើយ។ 10 មនុស្សអាក្រក់គេនឹងមានទុក្ខព្រួយជាច្រើន តែអ្នកណាដែលទុកចិត្តនឹងព្រះអម្ចាស់ នោះនឹងមានសេចក្ដីសប្បុរសនៅព័ទ្ធជុំវិញខ្លួន។ 11 ឱមនុស្សសុចរិតរាល់គ្នាអើយ ចូរមានចិត្តសប្បាយ ហើយរីករាយឡើង ក្នុងព្រះអម្ចាស់ចុះ អស់អ្នកដែលមានចិត្តទៀតត្រង់អើយចូរនាំគ្នាស្រែកឡើងដោយអំណរចុះ។
1 ឱមនុស្សសុចរិតអើយ! ចូររីករាយក្នុងព្រះអម្ចាស់ចុះ សូមសរសើរតម្កើងព្រះជាម្ចាស់ ដ៏សមគួរហើយក្នុងផ្លូវត្រឹមត្រូវ។ 2 ចូរអរព្រះគុណដល់ព្រះអម្ចាស់ដោយចាប់ស៊ុង ហើយលើកទំនុកថ្វាយព្រះអង្គ ដោយដេញពិណខ្សែដប់។ 3 ចូរច្រៀងបទថ្មីថ្វាយព្រះអង្គ ហើយប្រគំភ្លេងយ៉ាងពិរោះឲ្យឮរងំទាំងស្រែកដោយអំណរ។ 4 ដ្បិតព្រះបន្ទូលរបស់ព្រះអម្ចាស់ទៀងត្រង់ ហើយអស់ទាំងកិច្ចការរបស់ព្រះអង្គ ព្រះអង្គបានធ្វើដោយស្មោះត្រង់។ 5 ព្រះអង្គស្រឡាញ់សេចក្ដីសុចរិត និងយុត្តិធម៌ ផែនដីមានពេញដោយព្រះហឫទ័យសប្បុរស របស់ព្រះអម្ចាស់។ 6 ផ្ទៃមេឃកើតឡើងដោយសារព្រះបន្ទូល របស់ព្រះអម្ចាស់ ហើយអ្វីៗទាំងអស់នៅលើមេឃ ក៏កើតឡើងដោយសារខ្យល់ដង្ហើមចេញពីព្រះឧស្ឋរបស់ព្រះអង្គដែរ។ 7 ព្រះអង្គធ្វើឲ្យទឹកសមុទ្រផ្ដុំគ្នាឡើងជាគំនរ ព្រះអង្គយកទីជម្រៅដាក់ក្នុងឃ្លាំង។ 8 ចូរឲ្យផែនដីទាំងមូលកោតខ្លាចព្រះអម្ចាស់ ចូរឲ្យមនុស្សទាំងអស់នៅលើពិភពលោក កោតស្ញប់ស្ញែងព្រះអង្គ។ 9 ដ្បិតព្រះអង្គមានព្រះបន្ទូល នោះអ្វីៗក៏កើតមាន ព្រះអង្គបានបង្គាប់ នោះអ្វីៗក៏មាននៅ។ 10 ព្រះអម្ចាស់ធ្វើឲ្យការប្រឹក្សា របស់ជាតិសាសន៍នានា ទៅជាអសារឥតការ ព្រះអង្គធ្វើឲ្យគំនិតរបស់ប្រជាជនទាំងឡាយ អសារបង់។ 11 ផែនការរបស់ព្រះអម្ចាស់ នៅស្ថិតស្ថេរជារៀងរហូត ហើយគម្រោងការក្នុងព្រះហឫទ័យព្រះអង្គ សម្រាប់ គ្រប់ជំនាន់។ 12 មានពរហើយ ជាតិសាសន៍ណា ដែលយកព្រះអម្ចាស់ទុកជាព្រះរបស់ខ្លួន ជាប្រជាជនដែលព្រះអង្គបានជ្រើសរើស ទុកជាមរតករបស់ព្រះអង្គ! 13 ព្រះអម្ចាស់ទតមកពីលើស្ថានសួគ៌ ព្រះអង្គឃើញមនុស្សលោកទាំងអស់។ 14 ពីព្រះដំណាក់ជាកន្លែងគង់នៅរបស់ព្រះអង្គ ព្រះអង្គទតឃើញមនុស្សទាំងអស់ ដែលរស់នៅលើផែនដី។ 15 គឺព្រះអង្គហើយដែលបង្កើតចិត្ត របស់គេទាំងអស់គ្នា ក៏ពិចារណាមើលអស់ទាំងការដែលគេប្រព្រឹត្តដែរ។ 16 គ្មានស្តេចណាបានសង្គ្រោះ ដោយសារមានទ័ពច្រើននោះឡើយ ហើយមនុស្សខ្លាំងពូកែ ក៏មិនបានរួច ដោយសារកម្លាំងខ្លួនដែរ។ 17 សេះចម្បាំង មិនមែនជាទីសង្ឃឹម ឲ្យមានជ័យជម្នះឡើយ ក៏មិនអាចសង្គ្រោះដោយសារកម្លាំងដ៏ខ្លាំងរបស់វាបានដែរ។ 18 មើល៍ ព្រះនេត្ររបស់ព្រះអម្ចាស់ ទតមកលើអស់អ្នក ដែលកោតខ្លាចព្រះអង្គ គឺមកលើអស់អ្នកដែលសង្ឃឹម ដល់ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ 19 ដើម្បីឲ្យព្រះអង្គបានរំដោះព្រលឹងគេ ឲ្យរួចពីសេចក្ដីស្លាប់ ហើយការពារគេ ឲ្យបានរស់នៅក្នុងគ្រាអំណត់។ 20 យើងរង់ចាំចំពោះព្រះអម្ចាស់ ព្រះអង្គជាជំនួយ និងជាខែលរបស់យើងខ្ញុំ។ 21 ដ្បិតចិត្តរបស់យើងខ្ញុំ រីករាយក្នុងព្រះអង្គ ព្រោះយើងខ្ញុំទុកចិត្តដល់ព្រះនាមបរិសុទ្ធ របស់ព្រះអង្គ។ 22 ឱព្រះអម្ចាស់អើយ សូមឲ្យសេចក្ដីសប្បុរសរបស់ព្រះអង្គ នៅជាមួយយើង ដូចដែលយើងដាក់សង្ឃឹមក្នុងព្រះអង្គ។
ទំនុករបស់ស្ដេចដាវីឌ នៅគ្រាដែលទ្រង់ក្លែងធ្វើជាឆ្កួត នៅចំពោះអ័ប៊ីម៉្មាឡិច ហើយអ័ប៊ីម៉្មាឡិចក៏បណ្ដេញទ្រង់ចេញទៅ។ 1 ទូលបង្គំនឹងសរសើតម្កើងព្រះអម្ចាស់ គ្រប់ពេលវេលា ការសរសើរព្រះអង្គ នៅក្នុងមាត់ទូលបង្គំជានិច្ច។ 2 ចូរឲ្យមនុស្សរាបសារស្ដាប់ ហើយមានចិត្តត្រេកអរឡើង។ 3 ឱ សូមតម្កើងព្រះអម្ចាស់ជាមួយខ្ញុំ ចូរយើងនាំគ្នាលើកតម្កើងព្រះនាមព្រះអង្គជាមួយគ្នា។ 4 ខ្ញុំបានស្វែងរកព្រះអម្ចាស់ ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំ ក៏ជួយខ្ញុំយកឈ្នះការភ័យខ្លាចរបស់ខ្ញុំ។ 5 អ្នកណាសម្លឹងឆ្ពោះទៅព្រះអង្គ អ្នកនោះនឹងបានពោរពេញទៅដោយអំណរ ហើយនឹងមិនខកចិត្តសោះឡើយ។ 6 មនុស្សក្រលំបាកបានស្រែកឡើង ហើយព្រះអម្ចាស់សណ្ដាប់ នឹងសង្គ្រោះគេឲ្យរួច ពីទុក្ខលំបាកទាំងប៉ុន្មានរបស់គេ។ 7 ទេវតានៃព្រះអម្ចាស់ ចោមរោមជុំវិញអស់អ្នកដែល កោតខ្លាចព្រះអង្គ ហើយរំដោះគេឲ្យរួច។ 8 ឱសូមភ្លក់មើលឲ្យដឹងថា ព្រះអម្ចាស់ល្អចុះ។ មានពរហើយ មនុស្សណាដែលពឹងជ្រកក្នុងព្រះអង្គ។ 9 ឱពួកបរិសុទ្ធរបស់ព្រះអង្គអើយ ចូរកោតខ្លាចព្រះអម្ចាស់។ ដ្បិតអស់អ្នកដែលកោតខ្លាចព្រះអង្គ មិនខ្វះអ្វីឡើយ។ 10 ពួកសិង្ហស្ទាវ អាចជួបនឹងការខ្វះអាហារ ហើយអត់ឃ្លាន តែអស់អ្នកដែលស្វែងរកព្រះអម្ចាស់ នឹងមិនខ្វះគ្រប់ការល្អឡើយ។ 11 ឱ កូនទាំងឡាយអើយ ចូរនាំគ្នាមក ហើយស្តាប់ខ្ញុំនឹងបង្រៀនអ្នករាល់គ្នា ពីការកោតខ្លាចព្រះអម្ចាស់។ 12 តើមានអ្នកណាដែលចង់បានជីវិត ហើយស្រឡាញ់អាយុយឺនយូរដើម្បីឲ្យខ្លួនបានឃើញសេចក្ដីល្អឬទេ? 13 សូមរក្សាអណ្ដាតរបស់អ្នកពីសេចក្ដីអាក្រក់ និងបបូរមាត់ កុំពោលពាក្យបោកបញ្ឆោត។ 14 ចូរចៀសចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អវិញ។ ចូរស្វែងរកសេចក្ដីសុខ ហើយដេញតាមចុះ។ 15 ព្រះនេត្រព្រះអម្ចាស់ ទតឆ្ពោះទៅរកមនុស្សសុចរិតហើយព្រះកាណ៌ព្រះអង្គ ផ្ទៀងស្តាប់សម្រែករបស់គេ។ 16 ព្រះភ័ក្ត្រព្រះអម្ចាស់ទាស់ទទឹងនឹងពួកអ្នក ដែលប្រព្រឹត្តអាក្រក់ដើម្បីកុំឲ្យមនុស្សនៅលើផែនដី នឹកចាំពីពួកគេតទៅទៀត។ 17 ពេលមនុស្សសុចរិតស្រែកឡើង ព្រះអម្ចាស់ព្រះសណ្ដាប់ ហើយព្រះអង្គក៏រំដោះគេឲ្យរួច ពីគ្រប់ទុក្ខលំបាករបស់គេ។ 18 ព្រះអម្ចាស់គង់នៅជិត អ្នកដែលមានចិត្តខ្ទេចខ្ទាំ ហើយសង្គ្រោះអស់អ្នក ដែលមានវិញ្ញាណសោកសង្រេង។ 19 មនុស្សសុចរិតរងទុក្ខលំបាកជាច្រើន តែព្រះអម្ចាស់នាំចេញឲ្យរួចពីទុក្ខលំបាកទាំងឡាយ។ 20 ព្រះអង្គរក្សាអស់ទាំងឆ្អឹងរបស់អ្នកនោះ មិនឲ្យឆ្អឹងណាមួយត្រូវបាក់ឡើយ។ 21 អំពើអាក្រក់នឹងសម្លាប់មនុស្សពាល។ អស់អ្នកដែលស្អប់មនុស្សសុចរិតនឹងត្រូវទទួលទោស។ 22 ព្រះអម្ចាស់សង្គ្រោះជីវិតពួកអ្នកបម្រើរបស់ព្រះអង្គ។ ក្នុងចំណោមអស់អ្នក ដែលពឹងជ្រកក្នុងព្រះអង្គ គ្មានអ្នកណាម្នាក់នឹងត្រូវទោសឡើយ។
1 ទំនុករបស់ស្ដេចដាវីឌ។ ឱព្រះអម្ចាស់អើយ! សូមតតាំងនឹងអស់អ្នកដែលតតាំងនឹងទូលបង្គំ សូមតយុទ្ធនឹងអស់អ្នក ដែលតយុទ្ធនឹងទូលបង្គំផង។ 2 សូមយកខែលទាំងតូចទាំងធំ ហើយក្រោកឡើង ជួយទូលបង្គំផង។ 3 សូមប្រើលំពែង និងដែកពួយ ប្រហារពួកអ្នកដែលដេញតាមទូលបង្គំទៅ សូមមានព្រះបន្ទូលមកព្រលឹងទូលបង្គំថា យើងជាព្រះសង្គ្រោះអ្នក»។ 4 សូមឲ្យអ្នកដែលប៉ុនប៉ងដល់ជីវិតទូលបង្គំ ត្រូវខ្មាស ហើយបាក់មុខ សូមឲ្យអ្នកដែលប៉ុនប៉ងធ្វើបាបទូលបង្គំ ត្រូវដកខ្លួនថយ ហើយអៀនខ្មាស។ 5 សូមឲ្យគេបានដូចជាចំបើងដែលត្រូវខ្យល់ផាត់ ហើយឲ្យទេវតារបស់ព្រះអម្ចាស់បណ្ដេញគេចេញ។ 6 សូមឲ្យផ្លូវរបស់គេងងឹតសូន្យសុង ហើយរអិល ដូចឲ្យទេវតារបស់ព្រះអម្ចាស់ ដេញតាមគេផង។ 7 ដ្បិតគេបានបង្កប់អន្ទាក់ ដើម្បីចាប់ទូលបង្គំ ដោយឥតហេតុ គេបានជីករណ្តៅ ដើម្បីចាប់ជីវិតទូលបង្គំដោយឥតហេតុដែរ។ 8 សូមឲ្យគេជួបនឹងការហិនវិនាស ដោយមិនដឹងខ្លួន។ សូមឲ្យគេជាប់អន្ទាក់ដែលខ្លួនគេបានបង្កប់ទុក សូមឲ្យគេធ្លាក់ចូលអន្ទាក់នោះ ហើយវិនាសអន្តរាយទៅ។ 9 ពេលនោះ ព្រលឹងទូលបង្គំ នឹងអរសប្បាយក្នុងព្រះអម្ចាស់ ហើយត្រេកអរក្នុងការសង្គ្រោះរបស់ព្រះអង្គ។ 10 អស់ទាំងឆ្អឹងរបស់ទូលបង្គំនឹងពោលថា «ឱព្រះអម្ចាស់អើយ តើមានអ្នកណាដូចព្រះអង្គ ព្រះអង្គរំដោះមនុស្សក្រីក្រ ឲ្យរួចពីអ្នកដែលខ្លាំងជាងខ្លួន ទាំងជនក្រីក្រ និងកម្សត់ទុគ៌តឲ្យរួចពីអ្នកលូចប្លន់ពួកគេ?»។ 11 មានសាក្សីក្លែងក្លាយលើកគ្នាឡើង គេចោទសួរពីរឿងហេតុដែលទូលបង្គំមិនដឹង។ 12 ពួកគេយកការអាក្រក់ មកតបស្នងនឹងការល្អរបស់ទូលបង្គំ។ ទូលបង្គំឈឺចាប់ណាស់។ 13 កាលគេបានឈឺ នោះទូលបង្គំបានស្លៀកពាក់សំពត់ធ្មៃ ទូលបង្គំបានតមអាហារ និងទូលបង្គំឱនក្បាលអធិស្ឋានយ៉ាងអស់ពីចិត្ត។ 14 ទូលបង្គំបានប្រព្រឹត្ត ដូចប្រព្រឹត្តចំពោះបងប្អូនខ្លួនរបស់ទូលបង្គំ ទូលបង្គំបានកាន់ទុក្ខ ដូចនៅពេលម្តាយរបស់ទូលបង្គំស្លាប់។ 15 ប៉ុន្ដែ ពេលទូលបង្គំមានទុក្ខលំបាក ពួកគេអរសប្បាយ និងប្រមូលផ្ដុំគ្នា ហើយគេប្រមូលផ្ដុំគ្នាទាស់នឹងទូលបង្គំ ហើយទូលបង្គំមិនយល់ពីពួកគេឡើយ។ ពួកគេបានហែកហួរទូលបង្គំឥតឈប់ឈរ។ 16 គេប្រមាថមើលងាយទូលបង្គំឥតស្រាកស្រាន្ត ហើយសង្កៀតធ្មេញដាក់ទូលបង្គំ។ 17 ឱព្រះអម្ចាស់អើយ! តើព្រះអង្គធ្វើព្រងើយដល់កាលណាទៀត? សូមរំដោះព្រលឹងទូលបង្គំ ឲ្យរួចពីការវាយប្រហារបស់ពួកគេ ហើយសង្គ្រោះជីវិតទូលបង្គំ ឲ្យរួចពីពួកសិង្ហផង។ 18 ទូលបង្គំនឹងអរព្រះគុណព្រះអង្គ នៅក្នុងក្រុមជំនុំធំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ក្នុងចំណោមមនុស្សជាច្រើន។ 19 សូមកុំឲ្យពួកខ្មាំងសត្រូវរបស់ទូលបង្គំ អរសប្បាយដោយឈ្នះទូលបង្គំឡើយ ក៏កុំឲ្យអស់អ្នកដែលស្អប់ទូលបង្គំ បានចំអកដាក់ទូលបង្គំដែរ។ 20 ដ្បិតគេមិននិយាយដោយមេត្រីទេ គឺគេតែងតែបង្កើតពាក្យមួលបង្កាច់ ទាស់នឹងអស់អ្នកដែលស្ងប់ស្ងៀមនៅក្នុងស្រុក។ 21 គេហាមាត់យ៉ាងធំទាស់នឹងទូលបង្គំ ដោយពាក្យថា «អេ អេ! ភ្នែកយើងបានឃើញច្បាស់ហើយ»។ 22 ឱព្រះអម្ចាស់អើយ ព្រះអង្គទតឃើញស្រាប់ហើយ សូមកុំនៅស្ងៀម ឱព្រះអម្ចាស់អើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ។ 23 សូមតើនឡើង! សូមក្រោកឡើង ហើយការពារក្ដីឲ្យទូលបង្គំផង ឱព្រះជាព្រះអម្ចាស់នៃទូលបង្គំអើយ! សូមរកយុត្តិធម៌ឲ្យទូលបង្គំផង។ 24 ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ! សូមការពារទូលបង្គំ តាមសេចក្ដីសុចរិតរបស់ព្រះអង្គ សូមកុំឲ្យគេអរសប្បាយ ដោយឈ្នះទូលបង្គំឡើយ។ 25 សូមកុំឲ្យគេគិតក្នុងចិត្តថា «អេ យើងបានអ្វីដែលយើងចង់បានហើយ»។ សូមកុំឲ្យគេពោលថា «យើងបានលេបវាបាត់ហើយ»។ 26 អស់អ្នកដែលលើកគ្នាទាស់នឹងទូលបង្គំ សូមឲ្យគេហ៊ុមព័ទ្ធដោយភាពអាម៉ាស់ហើយបាក់មុខទៅ។ អស់អ្នកដែលអរសប្បាយនឹងទុក្ខលំបាករបស់ទូលបង្គំសូមឲ្យគេត្រូវខ្មាសហើយខូចឈ្មោះចុះ។ 27 តែអស់អ្នកដែលកាន់ខាងសេចក្ដីសុចរិត របស់ទូលបង្គំ សូមឲ្យគេបានស្រែកហ៊ោឡើងដោយអំណរ ហើយសប្បាយរីករាយវិញ សូមឲ្យគេបន្តពោលថា «ព្រះអម្ចាស់គួរតម្កើងឡើងព្រះអង្គសព្វព្រះហឫទ័យ ឲ្យអ្នកបម្រើព្រះអង្គបានចម្រុងចម្រើន»។ 28 ពេលនោះ អណ្ដាតទូលបង្គំនឹងថ្លែងអំពីសេចក្ដីសុចរិតរបស់ព្រះអង្គ ហើយសរសើរតម្កើងព្រះអង្គដរាបរាល់ថ្ងៃ។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ ជាអ្នកបម្រើព្រះអម្ចាស់។ 1 ការរំលងច្បាប់របស់មនុស្សអាក្រក់ សម្ដែងក្នុងចិត្តខ្ញុំថា នៅចំពោះភ្នែកគេគ្មានការកោតខ្លាចដល់ព្រះជាម្ចាស់ទេ។ 2 ដ្បិតនៅក្នុងភ្នែកគេ គេបញ្ជោរខ្លួនឯងថា អំពើទុច្ចរិតរបស់គេ មិនអាចមានអ្នកណា ឃើញ ឬស្អប់ឡើយ។ 3 ពាក្យដែលចេញពីមាត់គេ ពេញអំពើបាប និងពាក្យបោកបញ្ឆោត គេមិនចង់បានប្រាជ្ញា និងប្រព្រឹត្តល្អទៀតហើយ។ 4 គេគិតដើម្បីធ្វើបាប តាំងកំពុងនៅក្នុងដំណេកនៅឡើយ គេមិនព្រមបោះបង់អំពើអាក្រក់ឡើយ ដោយទទួលយកផង។ 5 ឱព្រះអម្ចាស់អើយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ខ្ពស់ដល់ផ្ទៃមេឃ ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ខ្ពស់ដល់ពពក។ 6 សេចក្ដីសុចរិតរបស់ព្រះអង្គ ប្រៀបដូចជាភ្នំនៃព្រះ ជំនុំជម្រះរបស់ព្រះអង្គ ប្រៀបដូចមហាសមុទ្រដ៏ជ្រៅ ឱព្រះអម្ចាស់អើយ ព្រះអង្គសង្គ្រោះ ទាំងមនុស្សលោក ទាំងសត្វផង។ 7 ឱព្រះជាម្ចាស់អើយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ថ្លៃវិសេសយ៉ាងណាទៅ! មនុស្សលោកនឹង ជ្រកក្រោមម្លប់នៃស្លាបរបស់ព្រះអង្គហើយ។ 8 គេនឹងបានឆ្អែត ដោយរបស់ដ៏បរិបូរក្នុងដំណាក់ព្រះអង្គ ហើយព្រះអង្គនឹងឲ្យគេផឹកពីទន្លេ នៃព្រះហឫទ័យសប្បុរសរបស់ព្រះអង្គដែរ។ 9 ដ្បិតប្រភពទឹកនៃជីវិតស្ថិតនៅជាមួយព្រះអង្គ យើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គដែរ។ 10 ឱសូមសម្ដែងព្រះហឫទ័យសប្បុរស ដល់អស់អ្នកដែលស្គាល់ព្រះអង្គផង ហើយសម្ដែងសេចក្ដីសុចរិតរបស់ព្រះអង្គ ដល់អ្នកដែលមានចិត្តទៀងត្រង់ផងចុះ។ 11 សូមកុំឲ្យជើងរបស់មនុស្សពាល ជាន់ឈ្លីទូលបង្គំឡើយ ក៏កុំឲ្យដៃគេ នាំយកទូលបង្គំចេញដែរ។ 12 ពួកអ្នកដែលប្រព្រឹត្តអាក្រក់ ត្រូវដួលចុះនៅទីនោះ គេត្រូវទម្លាក់ចុះ មិនអាចងើបឡើងវិញបានឡើយ។
ទំនុករបស់ស្ដេចដាវីឌ។ 1 កុំក្តៅចិត្ត ដោយព្រោះមនុស្ស ដែលប្រព្រឹត្តអាក្រក់ឡើយ ក៏កុំច្រណែននឹងពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិតដែរ 2 ដ្បិតពួកគេនឹងត្រូវស្រពោនដូចជាស្មៅ ហើយក៏ក្រៀមស្វិត ដូចតិណជាតិខៀវខ្ចីដែរ។ 3 ចូរទុកចិត្តដល់ព្រះអម្ចាស់ ហើយប្រព្រឹត្តអំពើល្អ នោះអ្នកនឹងបាននៅក្នុងស្រុក ហើយរស់នៅយ៉ាងសុខក្សេមក្សាន្ត។ 4 ចូរយកព្រះអម្ចាស់ជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។ 5 ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះអម្ចាស់ ចូរទុកចិត្តដល់ព្រះអង្គនោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។ 6 ព្រះអង្គនឹងឲ្យសេចក្ដីសុចរិត របស់អ្នកផ្សាយចេញដូចពន្លឺ ហើយអំពើយុត្តិធម៌របស់អ្នក ដូចពន្លឺនៅពេលថ្ងៃរសៀល។ 7 សូមស្ងប់ស្ងៀមនៅចំពោះព្រះអម្ចាស់ ហើយរង់ចាំព្រះអង្គដោយអំណត់ កុំរហ័សខឹងឡើយ ដែលចម្រុងចម្រើនក្នុងផ្លូវរបស់គេ ហើយនឹងមនុស្សដែលសម្រេចបាន តាមផ្លូវអាក្រក់របស់ខ្លួននោះឡើយ។ 8 សូមកុំរហ័សកំខឹង ហើយមានចិត្តក្ដៅក្រហាយ។ សូមកុំខ្វាល់ចិត្តពេក។ ការទាំងនោះគ្រានតែនាំយើងឲ្យមានបញ្ហាទេ។ 9 ព្រោះពួកអ្នកដែលប្រព្រឹត្តអាក្រក់ នឹងត្រូវកាត់ចេញ តែអស់អ្នកដែលរង់ចាំព្រះអម្ចាស់ នឹងបានទទួលទឹកដីជាមរតក។ 10 នៅតែបន្តិចទៀត មនុស្សអាក្រក់ នឹងលែងមានទៀតហើយ អ្នកនឹងខំរកមើលកន្លែងគេ តែគេមិននៅទីនោះទៀតដែរ។ 11 ប៉ុន្តែ មនុស្សទន់ទាប គេនឹងបានទទួលទឹកដីជាមរតក ហើយមានចិត្តរីករាយ ដោយសេចក្ដីសុខក្សេមក្សាន្តជាបរិបូរ។ 12 មនុស្សអាក្រក់គេបង្កើតគម្រោងការអាក្រក់ទាស់នឹងមនុស្សសុចរិត ហើយសម្ញែងធ្មេញដាក់មនុស្សសុចរិត។ 13 ព្រះអម្ចាស់សើចចំអក ដាក់មនុស្សអាក្រក់វិញ ដ្បិតព្រះអង្គជ្រាបថាថ្ងៃអន្សារបស់គេជិតមកដល់ហើយ។ 14 ពួកមនុស្សអាក្រក់បានហូតដាវជាស្រេច ហើយយឹតធ្នូរដើម្បីទម្លាក់មនុស្សទ័លក្រ និងមនុស្សកម្សត់ទុគ៌ត ព្រមទាំងសម្លាប់អស់អ្នកដែលកាន់តាមផ្លូវទៀងត្រង់។ 15 តែដាវរបស់គេនឹងចាក់ចូល ទៅក្នុងបេះដូងខ្លួនគេវិញ ហើយធ្នូររបស់គេនឹងត្រូវបែកបាក់។ 16 ទ្រព្យបន្តិចបន្តួចដែលមនុស្សសុចរិតមាន នោះប្រសើជាងទ្រព្យដ៏ច្រើន របស់មនុស្សអាក្រក់ជាច្រើននាក់។ 17 ដ្បិតដៃរបស់មនុស្សអាក្រក់នឹងត្រូវបាក់ តែព្រះអម្ចាស់ជួយមនុស្សសុចរិតវិញ។ 18 ព្រះអម្ចាស់បានជ្រាបអស់ទាំងថ្ងៃ របស់មនុស្សទៀងត្រង់ ហើយមរតករបស់គេនៅជាប់ជាដរាប។ 19 ពួកគេនឹងមិនត្រូវខ្មាសក្នុងគ្រាលំបាកឡើយ។ ហើយនៅវេលាអំណត់មកដល់ ពួកគេនឹងមានជាបរិបូរ។ 20 ប៉ុន្តែ មនុស្សអាក្រក់នឹងត្រូវវិនាស ហើយខ្មាំងសត្រូវរបស់ព្រះអម្ចាស់ ដូចជាវាលស្មៅខៀវខ្ចី ដែលនឹងសាបសូន្យទៅ គឺនឹងរលាយសូន្យទៅដូចជាផ្សែង។ 21 មនុស្សអាក្រក់ខ្ចីគេ តែមិនសងវិញឡើយ ឯមនុស្សសុចរិតវិញ មានចិត្តសទ្ធា ហើយចេះឲ្យទៅអ្នកដទៃ។ 22 ដ្បិតអស់អ្នកដែលទទួលព្រះពរដោយព្រះជាម្ចាស់ នឹងទទួលទឹកដីជាមរតក តែអស់អ្នកដែលព្រះអង្គដាក់បណ្ដាសាវិញ នឹងត្រូវកាត់ចោល។ 23 ព្រះអម្ចាស់តាំងជំហានរបស់មនុស្សឲ្យបានមាំមួនពេលព្រះអង្គសពព្រះហឫទ័យនឹងផ្លូវរបស់គេ។ ទោះបើគេជំពប់ជើង ក៏គេនឹងមិនដួលបោកក្បាលដែរ ដ្បិតព្រះអម្ចាស់ព្រះអង្គកាន់ដៃគេជាប់។ 24 ពីមុនខ្ញុំនៅក្មេង ហើយឥឡូវនេះចាស់ហើយតែមិនដែលឃើញព្រះបោះបង់ចោល មនុស្សសុចរិតឡើយក៏មិនដែលឃើញពូជពង្សរបស់គេ សុំទានអាហារដែរ។ 25 ពីមុនខ្ញុំនៅក្មេង ហើយឥឡូវនេះចាស់ហើយ តែមិនដែលឃើញព្រះបោះបង់ចោល មនុស្សសុចរិតឡើយ ក៏មិនដែលឃើញពូជពង្សរបស់គេ សុំទានអាហារដែរ។ 26 ពួកគេរមែងឲ្យរបស់ទៅអ្នកដទៃខ្ចីដោយចិត្តសទ្ធា ហើយកូនចៅរបស់គេជាមនុស្សមានពរ។ 27 ចូរបែរចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អវិញ ហើយអ្នកនឹងរស់នៅដោយសុខសាន្តជារៀងដរាប។ 28 ដ្បិតព្រះអម្ចាស់ស្រឡាញ់យុត្តិធម៌ ព្រះអង្គមិនបោះបង់ពួកបរិសុទ្ធរបស់ព្រះអង្គឡើយ។ ព្រះអង្គថែរក្សាគេជានិច្ច តែកូនចៅរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញ។ 29 មនុស្សសុចរិតនឹងទទួលទឹកដីជាមរតក ហើយរស់នៅក្នុងទឹកដីនោះជារៀងរហូត។ 30 មាត់របស់មនុស្សសុចរិត ពោលចេញជាប្រាជ្ញា ហើយអណ្ដាតរបស់គេ ស្រដីចេញជាពាក្យយុត្តិធម៌។ 31 ក្រឹត្យវិន័យនៃព្រះជាម្ចាស់របស់គេ នៅជាប់ក្នុងចិត្តគេ ហើយពេលគេដើរនឹងមិនដូលឡើយ។ 32 មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិត ហើយរកមធ្យោបាយសម្លាប់គេ។ 33 ប៉ុន្ដែ ព្រះអម្ចាស់មិនបោះបង់គេទៅក្នុង កណ្ដាប់ដៃរបស់មនុស្សអាក្រក់ឡើយ ក៏មិនឲ្យគេមានទោស នៅពេលត្រូវជំនុំជម្រះដែរ។ 34 ចូររង់ចាំព្រះអម្ចាស់ចុះ ហើយកាន់តាមផ្លូវរបស់ព្រះអង្គដែរ នោះព្រះអង្គនឹងលើកតម្កើងអ្នក ឲ្យគ្រប់គ្រងទឹកដីជាមរតក អ្នកនឹងឃើញមនុស្សអាក្រក់ត្រូវវិនាស។ 35 យើងបានឃើញមនុស្សអាក្រក់មានអំណាច ហើយលេចត្រដែតឡើង ដូចដើមតាត្រាវនៅភ្នំល្បាណូន។ 36 ប៉ុន្ដែ គេទៅបាត់ហើយមើល៍ គេមិននៅទៀតឡើយ ទោះបើយើងបានស្វែងរកគេ តែរកគេមិនឃើញសោះ។ 37 ហើយពិចារណាមើលមនុស្សទៀងត្រង់ចុះ ចូរចំណាំមើលមនុស្សឥតសៅហ្មង ទីបំផុតនៃមនុស្សទាំងនោះ នឹងបានសុខសាន្ត។ 38 មនុស្សមានបាប នឹងត្រូវវិនាសទៅជាមួយគ្នា ចុងបំផុតរបស់មនុស្សអាក្រក់ នឹងត្រូវកាត់ចេញ។ 39 ព្រះអម្ចាស់តែងតែសង្គ្រោះមនុស្សសុចរិត ហើយព្រះអង្គជាកំពែងការពារគេ នៅគ្រាលំបាក។ 40 ព្រះអម្ចាស់សង្គ្រោះ និងសង្គ្រោះពួកគេ ឲ្យរួចពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់ ព្រះអង្គសង្គ្រោះពួកគេ ពីព្រោះពួកគេ មកជ្រកកោនក្រោមម្លប់របស់ព្រះអង្គ។
ទំនុករបស់ស្ដេចដាវីឌ។ សម្រាប់ពិធីរំឭក។ 1 ឱព្រះអម្ចាស់អើយ សូមកុំដាក់ទោសទូលបង្គំឡើយហើយទោះបីព្រះអង្គព្រះពិរោធនឹងទូលបង្គំ ក៏សូមកុំធ្វើទារុណកម្មទូលបង្គំឡើយ។ 2 ដ្បិតព្រួញរបស់ព្រះអង្គ បានធ្វើឲ្យទូលបង្គំឈឺចុកចាប់ ព្រះហស្ដរបស់ព្រះអង្គបានសង្កត់ មកលើទូលបង្គំ។ 3 ក្នុងរូបកាយរបស់ទូលបង្គំគឺឈឺ ដោយព្រោះសេចក្ដីក្រោធរបស់ព្រះអង្គ ក៏គ្មានសេចក្ដីសុខនៅក្នុងឆ្អឹងទូលបង្គំដែរ ដោយព្រោះអំពើបាបរបស់ទូលបង្គំ។ 4 ដ្បិតអំពើទុច្ចរិតរបស់ទូលបង្គំ បានឡើងលិចក្បាលទូលបង្គំហើយក៏ដូចជាបន្ទុកយ៉ាងធ្ងន់ ដែលទូលបង្គំទ្រាំមិនបាន។ 5 របួសទូលបង្គំដំបៅរលួយ ហើយធុំក្លិនស្អុយ ដោយព្រោះគំនិតល្ងង់ខ្លៅរបស់ទូលបង្គំ 6 ទូលបង្គំចំកោងខ្លួន ហើយឈឺចុកចាប់ជាខ្លាំង ទូលបង្គំដើរទាំងមានទុក្ខពេញមួយថ្ងៃ។ 7 ដ្បិត ទូលបង្គំឈឺពីក្នុងពោះ ហើយគ្មានកន្លែងណាក្នុងរូបសាច់ទូលបង្គំ ដែលមិនឈឺនោះទេ។ 8 ទូលបង្គំចុះខ្សោយ ហើយខ្សោះល្វើយជាខ្លាំង ទូលបង្គំស្រែកថ្ងូរដោយព្រោះបេះដូងទូលបង្គំញាប់ញ័រ។ 9 ឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបអស់ទាំងចិត្តប៉ងប្រាថ្នា របស់ទូលបង្គំហើយ សំឡេងថ្ងូររបស់ទូលបង្គំ មិនកំបាំងនឹងព្រះអង្គទេ។ 10 បេះដូងទូលបង្គំកម្រើកជាខ្លាំង កម្លាំងទូលបង្គំក៏អន់ថយ ហើយភ្នែកទូលបង្គំ ក៏ស្រវាំងលែងមើលឃើញអ្វីដែរ។ 11 មិត្តសម្លាញ់ និងគូកនទូលបង្គំ គេឈរមើលទុក្ខវេទនារបស់ទូលបង្គំ ហើយបងប្អូនរបស់ទូលបង្គំ ក៏ឈរនៅឆ្ងាយដែរ។ 12 អស់អ្នកដែលស្វែងរកជីវិតទូលបង្គំ នាំគ្នាដាក់អន្ទាក់។ អស់អ្នកដែលប៉ងធ្វើឲ្យទូលបង្គំឈឺចាប់ នាំគ្នាពោលពាក្យមួលបង្កាច់ ហើយចេះតែរកកលល្បិច ពេញមួយថ្ងៃ។ 13 ប៉ុន្ដែ ទូលបង្គំមិនឮទេ ដូចជាមនុស្សថ្លង់ ក៏មិនហាមាត់និយាយបាន ដូចជាមនុស្សគ។ 14 ទូលបង្គំដូចជាមនុស្សដែលមិនឮសោះ ហើយក្នុងមាត់ទូលបង្គំ ក៏គ្មានពាក្យសម្ដីតបទៅគេវិញដែរ។ 15 ប៉ុន្ដែ ឱព្រះអម្ចាស់អើយ! ទូលបង្គំសង្ឃឹមដល់ព្រះអង្គ ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ គឺព្រះអង្គហើយដែលបានឆ្លើយ។ 16 ទូលបង្គំបានពោលដូចនេះ គឺកុំឲ្យសត្រូវរបស់ទូលបង្គំចំអឡដាក់ទូលបង្គំឡើយ។ ប្រសិនបើជើងទូលបង្គំរអិលដូល នោះគេនឹងធ្ចើការយ៉ាងអាក្រក់មកចំពោះយើង។ 17 ដ្បិត ទូលបង្គំជិតនឹងដួលហើយ និងការឈឺចាប់របស់ទូលបង្គំ នៅពីមុខទូលបង្គំជានិច្ច។ 18 ទូលបង្គំសូមលន់តួអំពើទុច្ចរិតរបស់ទូលបង្គំ ហើយសោកស្ដាយដោយព្រោះអំពើបាបរបស់ទូលបង្គំ។ 19 ប៉ុន្តែ ខ្មាំងសត្រូវរបស់ទូលបង្គំ គេស្វាហាប់ គេមានកម្លាំង ហើយអស់អ្នកដែលស្អប់ទូលបង្គំ ដោយឥតហេតុមានគ្នាជាច្រើន។ 20 ពួកគេប្រព្រឹត្តអំពើអាក្រក់ ស្នងនឹងអំពើល្អ គេចោទប្រកាន់ទូលបង្គំ ព្រោះទូលបង្គំខិតខំប្រព្រឹត្តអំពើល្អ។ 21 ឱព្រះអម្ចាស់អើយ សូមកុំបោះបង់ចោលទូលបង្គំឡើយ! ឱព្រះជាម្ចាស់នៃទូលបង្គំអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ។ 22 ឱព្រះអម្ចាស់ ជាព្រះសង្គ្រោះទូលបង្គំអើយ សូមយាងមកជួយទូលបង្គំជាប្រញាប់ផង។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ សម្រាប់លោកយេឌូថិន ។ ទំនុករបស់ស្ដេចដាវីឌ។ 1 ខ្ញុំបាននឹកថា «ខ្ញុំនឹងប្រយ័ត្នផ្លូវរបស់ខ្លួន ដើម្បីកុំឲ្យអណ្ដាតខ្ញុំមានបាប។ ដរាបណាមានមនុស្សអាក្រក់នៅចំពោះខ្ញុំ នឹងដាក់បង្ខាំទប់មាត់ខ្ញុំ»។ 2 ខ្ញុំរក្សាភាពស្ងៀម ឥតនិយាយស្ដី គឺបើទោះជាការល្អ ក៏ខ្ញុំមិននិយាយដែរ ហើយទុក្ខព្រួយរបស់ខ្ញុំក៏ជ្រួលឡើង។ 3 ចិត្តរបស់ខ្ញុំ ត្រឡប់ជាក្តៅនៅក្នុងខ្លួន ពេលខ្ញុំរំពឹងគិត នោះភ្លើងក៏ឆួលឡើង។ ហើយអណ្ដាតខ្ញុំពោលថា។ 4 ឱព្រះអម្ចាស់អើយ! សូមឲ្យទូលបង្គំដឹងពីជីវិតចុងក្រោយរបស់ទូលបង្គំ និងពីចំនួនថ្ងៃអាយុរបស់ទូលបង្គំផង។ ដើម្បីឲ្យទូលបង្គំសូមបង្ហាញទូលបង្គំដើម្បីឲ្យទូលបង្គំដឹងផង។ 5 មើល៍ ព្រះអង្គបានធ្វើឲ្យថ្ងៃអាយុរបស់ទូលបង្គំ មានប្រវែងតែប៉ុន្មានចំអាមដៃប៉ុណ្ណោះ ហើយជីវិតទូលបង្គំ ដូចជាឥតមានសោះនៅចំពោះព្រះអង្គ។ ពិតណាស់ មនុស្សលោកទាំងអស់ ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ សម្រាក 6 ជាការពិត មនុស្សមានជីវិត ប្រៀបដូចជាស្រមោល។ ប្រាកដមែន គេជ្រួលជ្រើមជាឥតប្រយោជន៍ គេបង្គរទ្រព្យសម្បត្តិទុក តែមិនដឹងថាអ្នកណានឹងទទួលនោះទេ។ 7 ឥឡូវនេះ ឱព្រះអម្ចាស់អើយ តើទូលបង្គំទន្ទឹងរង់ចាំអ្វីទៅ? ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំ។ 8 សូមសង្គ្រោះទូលបង្គំឲ្យរួចពីអំពើបាប របស់ទូលបង្គំផង សូមកុំឲ្យទូលបង្គំក្លាយជាទីត្មះតិះដៀល របស់មនុស្សល្ងីល្ងើឡើយ។ 9 ទូលបង្គំនៅស្ងៀម ឥតហើបមាត់សោះ ដ្បិតគឺព្រះអង្គហើយដែលបានធ្វើការនោះ។ 10 សូមដករំពាត់របស់ព្រះអង្គចេញពីទូលបង្គំផង ព្រះហស្ដព្រះអង្គវាយទូលបង្គំទ្រមទៅហើយ។ 11 ពេលព្រះអង្គវាយផ្ចាលមនុស្ស ដោយព្រោះអំពើបាបរបស់គេ ព្រះអង្គធ្វើឲ្យអ្វីៗដែលអ្នកនោះចូលចិត្ត វិនាសហិនហោចដូចកណ្ដៀរស៊ី ប្រាកដមែន មនុស្សលោកទាំងអស់ ប្រៀបបាននឹងមួយដង្ហើម។ សម្រាក 12 ឱព្រះអម្ចាស់អើយ! សូមស្តាប់ពាក្យ អធិស្ឋានរបស់ទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្តាប់សម្រែកទូលបង្គំផង សូមកុំព្រងើយកន្ដើយនឹងទឹកភ្នែកទូលបង្គំ ដ្បិតទូលបង្គំគ្រាន់តែជាអ្នកស្នាក់នៅ ជាភ្ញៀវរបស់ព្រះអង្គ ដូចបុព្វបុរសរបស់ទូលបង្គំទាំងអស់គ្នាដែរ។ 13 សូមបែរព្រះភក្ត្រចេញពីទូលបង្គំ ដើម្បីឲ្យទូលបង្គំបានញញឹមឡើងវិញ មុននឹងទូលបង្គំស្លាប់ទៅ»។
ទំនុករបស់គ្រូចម្រៀង។ ទំនុកតម្កើង របស់ស្ដេចដាវីឌ។ 1 ខ្ញុំបានរង់ចាំព្រះអម្ចាស់ដោយអំណត់ ព្រះអង្គក៏បានផ្អៀងព្រះកាណ៌ស្តាប់ខ្ញុំ និងឮសម្រែករបស់ខ្ញុំ។ 2 ព្រះអង្គបាននាំខ្ញុំចេញពីរណ្ដៅ នៃសេចក្ដីវិនាស ចេញពីភក់ជ្រាំ ហើយដាក់ជើងខ្ញុំនៅលើថ្មដា ធ្វើឲ្យជំហានខ្ញុំឈរយ៉ាងរឹងមាំ។ 3 ព្រះអង្គបានដាក់បទចម្រៀងថ្មីនៅក្នុងមាត់ខ្ញុំ ជាបទចម្រៀងនៃការសរសើរដល់ព្រះជាម្ចាស់នៃយើង មនុស្សជាច្រើននឹងឃើញ ហើយកោតខ្លាច គេនឹងទុកចិត្តដល់ព្រះអម្ចាស់។ 4 មានពរហើយ អ្នកណាដែលយកព្រះអម្ចាស់ ជាទីទុកចិត្ត ជាអ្នកដែលមិនបែរទៅរកមនុស្សអំនួត ឬទៅរកអស់អ្នកដែលវង្វេង ទៅតាមសេចក្ដីភូតភរ។ 5 ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ! ការអស្ចារ្យដែលព្រះអង្គបានធ្វើ មានច្រើនណាស់ ហើយព្រះអង្គក៏មានគំនិតគិតដល់យើងខ្ញុំដែរ គ្មានអ្នកណាអាចប្រៀបផ្ទឹម ស្មើនឹងព្រះអង្គបានឡើយ។ ប្រសិនបើទូលបង្គំនឹងប្រកាស រៀបរាប់ពីការអស្ចារ្យទាំងនោះ នោះមានច្រើនឥតគណនា មិនអាចរៀបរាប់អស់ឡើយ។ 6 ព្រះអង្គមិនចង់បានយញ្ញបូជា និងតង្វាយអ្វីទេ តែព្រះអង្គបានបើកត្រចៀកឲ្យទូលបង្គំស្តាប់ ព្រះអង្គមិនទាមទារតង្វាយដុត និងតង្វាយលោះបាបឡើយ។ 7 គ្រានោះ ទូលបង្គំពោលថា «មើល៍ ទូលបង្គំមកហើយ សេចក្ដីនេះមានចែងពីទូលបង្គំ នៅក្នុងគម្ពីរហើយ។ 8 ឱព្រះជាម្ចាស់នៃទូលបង្គំអើយ ទូលបង្គំរីករាយ នឹងធ្វើតាមព្រះ ហឫទ័យព្រះអង្គ ហើយក្រឹត្យវិន័យរបស់ព្រះអង្គ នៅក្នុងចិត្តទូលបង្គំ»។ 9 ទូលបង្គំបានប្រកាសដំណឹង ដ៏រីករាយអំពីការរំដោះរបស់ព្រះអង្គ នៅក្នុងក្រុមជំនុំធំ មើល៍ ឱព្រះអម្ចាស់អើយ! ព្រះអង្គជ្រាបហើយថា ទូលបង្គំមិនបានទប់មាត់ឡើយ។ 10 ទូលបង្គំមិនបានលាក់ការរំដោះរបស់ព្រះអង្គ ទុកក្នុងចិត្តឡើយ ទូលបង្គំបានថ្លែងប្រាប់ពីព្រះហឫទ័យស្មោះត្រង់ និងការសង្គ្រោះរបស់ព្រះអង្គវិញ ក៏មិនបានបិទបាំងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គ នៅក្នុងជំនុំធំដែរ។ 11 ឱព្រះអម្ចាស់អើយ សូមកុំបង្ខាំងព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គចំពោះទូលបង្គំឡើយ សូមព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ថែរក្សាទូលបង្គំជានិច្ច។ 12 ដ្បិតមានទុក្ខលំបាកច្រើនឥតគណនា ព័ទ្ធជុំវិញទូលបង្គំ អំពើទុច្ចរិតរបស់ទូលបង្គំ បានតាមទូលបង្គំទាន់ហើយទូលបង្គំ មើលអ្វីមិនឃើញទេ អំពើទាំងនោះច្រើនជាងសរសៃសក់ លើក្បាលទូលបង្គំទៅទៀត ហើយចិត្តទូលបង្គំ ក៏លែងមានសង្ឃឹមហើយ។ 13 ឱព្រះអម្ចាស់អើយ សូមព្រះអង្គសព្វព្រះហឫទ័យ សង្រ្គោះទូលបង្គំផង ឱព្រះអម្ចាស់អើយ សូមប្រញាប់នឹងជួយទូលបង្គំផង! 14 ចូលឲ្យពួកអ្នកដែលចង់ឆក់យកជីវិតទូលបង្គំ ត្រូវខ្មាស ហើយបាក់មុខទាំងអស់គ្នា។ សូមឲ្យអ្នកដែលប៉ងធ្វើឲ្យទូលបង្គំឈឺចាប់ ត្រូវដកខ្លួនថយ ហើយអាម៉ាស់មុខ។ 15 សូមឲ្យអស់អ្នកដែលនិយាយមកទូលបង្គំថា «អេ អេ» ឲ្យគេត្រូវញាប់ញ័រ ព្រោះតែភាពអាម៉ាស់របស់គេទៅ។ 16 ប៉ុន្តែ អស់អ្នកដែលស្វែងរកព្រះអង្គ សូមឲ្យគេបានអរសប្បាយ ហើយរីករាយក្នុងព្រះអង្គ សូមឲ្យអស់អ្នកដែលស្រឡាញ់ ការសង្គ្រោះរបស់ព្រះអង្គ បានពោលជានិច្ចថា «ព្រះអម្ចាស់ដ៏ប្រសើរឧត្តម»។ 17 ទូលបង្គំក្រីក្រ ហើយទុគ៌ត ប៉ុន្តែ ព្រះអម្ចាស់គិតគូរដល់ទូលបង្គំ។ ព្រះអង្គជាជំនួយ និងជាអ្នករំដោះទូលបង្គំ ឱព្រះជាម្ចាស់នៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុកតម្កើង របស់ស្ដេចដាវីឌ។ 1 មានពរហើយ អ្នកណាដែលយកចិត្តទុកដាក់ នឹងមនុស្សទន់ខ្សោយ ដ្បិតនៅថ្ងៃអាក្រក់ ព្រះអម្ចាស់នឹងសង្រ្គោះអ្នកនោះ។ 2 ព្រះអម្ចាស់នឹងទំនុកបម្រុង ហើយថែរក្សាជីវិតអ្នកនោះ អ្នកនោះមានពរនៅលើផែនដីនេះ ហើយព្រះអង្គមិនប្រគល់គេ ទៅក្នុងការដែលខ្មាំងសត្រូវចង់បាន។ 3 ព្រះអម្ចាស់ជួយអ្នកនោះ ពេលគេឈឺនៅលើគ្រែ គឺព្រះអង្គប្រោសគេ ឲ្យជាសះស្បើយពីគ្រប់ជំងឺផ្សេងៗ។ 4 ខ្ញុំទូលថា «ឱព្រះអម្ចាស់អើយ សូមមេត្តាទូលបង្គំ សូមប្រោសព្រលឹងទូលបង្គំឲ្យបានជា ដ្បិតទូលបង្គំបានធ្វើបាប ទាស់នឹងព្រះអង្គហើយ»។ 5 ខ្មាំងសត្រូវរបស់ទូលបង្គំ និយាយអាក្រក់ពីទូលបង្គំថា «តើពេលណាទើបវានឹងស្លាប់ហើយឈ្មោះវាត្រូវវិនាស?» 6 កាលណាគេមកសួរសុខទុក្ខទូលបង្គំ គេធ្វើពុតជាស្និទ្ធស្នាលនឹងទូលបង្គំ តែចិត្តគេវិញ គេគិតរកវិធីបំបាក់មុខទូលបង្គំ លុះគេចេញទៅក្រៅហើយ គេក៏និយាយបរិហារពីទូលបង្គំ។ 7 អស់អ្នកដែលស្អប់ទូលបង្គំ នាំគ្នាខ្សឹបខ្សៀវអំពីទូលបង្គំ គេប្រឌិតរឿងអាក្រក់ទាស់នឹងទូលបង្គំ។ 8 ពួកគេនិយាយថា «ជំងឺមើលមិនជាបានរួតរឹតវាហើយ វាដេករហូត មិនអាចក្រោកបានទេ»។ 9 សូម្បីតែមិត្តស្និទ្ធស្នាលរបស់ទូលបង្គំ ជាអ្នកដែលទូលបង្គំបានទុកចិត្ត ហើយបានបរិភោគអាហាររបស់ទូលបង្គំ ក៏បានលើកកែងជើងទាស់នឹងទូលបង្គំដែរ។ 10 ប៉ុន្ដែ ឱព្រះអម្ចាស់អើយ សូមមេត្តាទូលបង្គំ សូមលើកទូលបង្គំឡើងវិញ ដើម្បីឲ្យទូលបង្គំបានសងដល់គេវិញ។ 11 យ៉ាងនោះ ទូលបង្គំនឹងដឹងថា ព្រះអង្គសព្វព្រះហឫទ័យនឹងទូលបង្គំមែន ព្រោះសត្រូវរបស់ទូលបង្គំ មិនបានឈ្នះទូលបង្គំឡើយ។ 12 ប៉ុន្ដែ ព្រះអង្គបានលើកទូលបង្គំឡើង ដោយព្រោះទូលបង្គំទៀងត្រង់ ហើយព្រះអង្គបានតាំងទូលបង្គំ ឲ្យនៅចំពោះព្រះអង្គជារៀងរហូត។ 13 សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអុីស្រាអែល អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន! អាម៉ែន!។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ កំណាព្យរបស់កូនចៅលោកកូរេ។ 1 ឱព្រះជាម្ចាស់អើយ ទូលបង្គំប្រាថ្នាចង់បាន ព្រះអង្គ ដូចសត្វក្តាន់ប្រាថ្នារកទឹកហូរ។ 2 ទូលបង្គំស្រេកឃ្លានព្រះជាម្ចាស់ គឺព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ តើពេលណាទើបខ្ញុំអាចទៅជិត ដើម្បីថ្វាយបង្គំព្រះអង្គបាន? 3 ទឹកភ្នែកទូលបង្គំទាំងថ្ងៃទាំងយប់ គឺជាអាហារ ពេលសត្រូវ ទូលបង្គំពោលមកទូលបង្គំថា «តើព្រះរបស់ឯងនៅឯណា?» 4 ពេលព្រលឹងខ្ញុំគិត ខ្ញុំនឹកឃើញពីគ្រាដែលខ្ញុំ ទៅជាមួយមនុស្សមួយហ្វូង ហើយនាំមុខគេ ហែទៅកាន់ដំណាក់របស់ព្រះជាម្ចាស់ មានសម្លេងអរសប្បាយ និងបទចម្រៀងសរសើរតម្កើង គឺមហាជនដែលប្រារព្ធពិធីបុណ្យ។ 5 ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាធ្លាក់ចុះ? ហេតុអ្វីបានជាកំសត់ក្នុងខ្លួនដូច្នេះ? ចូរសង្ឃឹមដល់ព្រះជាម្ចាស់ ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត ព្រះអង្គជាសង្គ្រោះរបស់ខ្ញុំ។ 6 ព្រលឹងទូលបង្គំខ្សោយនៅក្នុងខ្លួន ហេតុនេះហើយបានជាទូលបង្គំ នឹកឃើញព្រះអង្គនៅក្នុងស្រុក ក្បែរទន្លេយ័រដាន់ ភ្នំហ៊ើរម៉ូន និងភ្នំមីតសារ។ 7 ទីជម្រៅហៅរកទីជម្រៅ ដោយសន្ធឹកនៃទឹកដែលធ្លាក់ពីភ្នំ អស់ទាំងរលក និងអង្កាញ់នៃទឹករបស់ព្រះអង្គ បានហូរគ្របមកលើទូលបង្គំ។ 8 នៅពេលថ្ងៃ ព្រះអម្ចាស់សម្ដែង ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ហើយនៅវេលាយប់ បទចម្រៀងរបស់ព្រះអង្គ នៅជាមួយទូលបង្គំ ជាពាក្យអធិស្ឋានដល់ព្រះជាម្ចាស់នៃជីវិតទូលបង្គំ។ 9 ខ្ញុំទូលដល់ព្រះជាម្ចាស់ដែលជាថ្មដារបស់ខ្ញុំថា «ហេតុអ្វីបានជាព្រះអង្គបំភ្លេចទូលបង្គំ? តើហេតុអ្វីបានជាទូលបង្គំត្រូវដើរទាំងទុក្ខព្រួយ ដោយព្រោះតែខ្មាំងសត្រូវ សង្កត់សង្កិនដូច្នេះ?» 10 ខ្មាំងសត្រូវចំអកឲ្យខ្ញុំ ប្រៀបដូចជាដាវ ចាក់ដោតនៅក្នុងឆ្អឹងរបស់ខ្ញុំ ហើយគេចេះតែពោលមកខ្ញុំជានិច្ចថា «តើព្រះរបស់ឯងនៅឯណា?» 11 ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាស្រយុត? ហេតុអ្វីបានជាកំសត់នៅក្នុងខ្លួនដូច្នេះ? ចូរមានសង្ឃឹមក្នុងព្រះជាម្ចាស់ ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត ព្រះអង្គជាព្រះសង្គ្រោះ និងជាព្រះជាម្ចាស់របស់ខ្ញុំ។
1 ឱព្រះអើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំ ហើយសូមកាន់ក្ដីទូលបង្គំទាស់នឹងមនុស្សអាក្រក់។ 2 ដ្បិតព្រះអង្គជាព្រះអម្ចាស់នៃកម្លាំងរបស់ទូលបង្គំ។ ហេតុអ្វីបានជាព្រះអង្គមិនទទួលទូលបង្គំ? ហេតុអ្វីបានជាទូលបង្គំត្រូវដើរទាំងទុក្ខព្រួយ ដោយព្រោះតែការសង្កត់សង្កិន របស់ខ្មាំងសត្រូវដូច្នេះ? 3 ឱសូមឲ្យពន្លឺ និងសេចក្ដីពិត មកនាំមុខទូលបង្គំ។ គឺនាំ ទូលបង្គំទៅកាន់ភ្នំបរិសុទ្ធ ហើយទៅកាន់ដំណាក់របស់ព្រះអង្គគង់នៅ។ 4 ពេលនោះ ទូលបង្គំនឹងចូលទៅរក អាសនារបស់ព្រះអង្គ គឺទៅជួបព្រះជាម្ចាស់ដែលជាអំណរ ដ៏លើសលប់របស់ទូលបង្គំ ឱព្រះជាម្ចាស់ ព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គដោយសំឡេងស៊ុង។ 5 ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាស្រយុត? ហេតុអ្វីបានជាកំសត់នៅក្នុងខ្លួនដូច្នេះ? ចូរមានសង្ឃឹមក្នុងព្រះជាម្ចាស់ ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត ព្រះអង្គសង្គ្រោះ និងជាព្រះរបស់ខ្ញុំ។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ កំណាព្យរបស់កូនចៅលោកកូរេ។ 1 ឱព្រះអើយ យើងបានឮផ្ទាល់នឹងត្រចៀក បុព្វបុរសយើងខ្ញុំ បានប្រាប់យើង អំពីកិច្ចការដែលព្រះអង្គបានធ្វើនៅជំនាន់របស់លោក គឺនៅសម័យមុនថា ព្រះអង្គបានបណ្តេញជនជាតិនានាចេញ។ 2 ដោយព្រះហស្តរបស់ព្រះអង្គផ្ទាល់ ហើយបានដាំអុីស្រាអែលជំនួសវិញ ព្រះអង្គបានធ្វើទោសជនជាតិទាំងនោះ តែបានធ្វើឲ្យអុីស្រាអែលពង្រីកទឹកដី។ 3 ដ្បិតគេមិនបានចាប់យកទឹកដីនោះ ដោយដាវរបស់ខ្លួនឡើយ ក៏មិនមែនដៃរបស់គេ ដែលសង្គ្រោះគេនោះដែរ គឺព្រះហស្តស្ដាំ និងព្រះពាហុរបស់ព្រះអង្គ ព្រមទាំងពន្លឺនៃព្រះភ័ក្ត្រព្រះអង្គវិញ ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងគេ។ 4 ឱព្រះជាម្ចាស់អើយ ព្រះអង្គជាមហាក្សត្ររបស់ទូលបង្គំ ព្រះអង្គបង្គាប់ឲ្យមានការសង្គ្រោះដល់ពួកយ៉ាកុប។ 5 តាមរយៈព្រះនាមព្រះអង្គ យើងខ្ញុំបានរុញផ្ដួលសត្រូវ ដោយសារព្រះនាមព្រះអង្គ យើងជាន់ឈ្លីពួកអ្នកដែលលើកគ្នា ទាស់នឹងយើង។ 6 ដ្បិតទូលបង្គំមិនទុកចិត្ត នឹងធ្នូរបស់ទូលបង្គំឡើយ ហើយដាវទូលបង្គំក៏មិនអាចសង្គ្រោះទូលបង្គំបានដែរ។ 7 ប៉ុន្ដែ ព្រះអង្គបានសង្គ្រោះយើងឲ្យរួចពីសត្រូវ ហើយធ្វើឲ្យអស់អ្នកដែលស្អប់យើងត្រូវខ្មាស។ 8 យើងខ្ញុំបានអួតពីព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ ហើយយើងនឹងអរព្រះគុណ ដល់ព្រះនាមព្រះអង្គ រហូតតទៅ។ សម្រាក 9 ប៉ុន្តែ ឥឡូវនេះ ព្រះអង្គបាន បោះបង់ចោលយើង ហើយ បានធ្វើឲ្យយើងបាក់មុខ ក៏មិនបានយាងចេញទៅជាមួយពលទ័ពរបស់យើងខ្ញុំទៀតដែរ។ 10 ព្រះអង្គបានធ្វើឲ្យយើងដកថយពីសត្រូវ ហើយអស់អ្នកដែលស្អប់យើងខ្ញុំ គេរឹបអូសយកទ្រព្យសម្បត្តិរបស់យើង។ 11 ព្រះអង្គធ្វើឲ្យយើងដូចជាចៀម ដែលគេយកទៅសម្លាប់ ក៏បានធ្វើឲ្យយើងខ្ចាត់ខ្ចាយទៅ នៅកណ្ដាលពួកជនជាតិដទៃ។ 12 ព្រះអង្គបានលក់ប្រជារាស្ត្រព្រះអង្គ យ៉ាងថោកបំផុតដោយមិនបានទារតម្លៃខ្ពស់ឡើយ។ 13 ព្រះអង្គធ្វើឲ្យយើងត្រឡប់ជាទីត្មះតិះដៀល ដល់ជនជាតិជិតខាងរបស់យើងខ្ញុំ ជាទីចំអកឡកឡាយដល់អស់ទាំងសាសន៍ ដែលនៅជុំវិញយើង។ 14 ព្រះអង្គធ្វើឲ្យយើងទៅជាពាក្យបង្អាប់ ក្នុងចំណោមសាសន៍ដទៃហើយជាទីសើចចំអកក្នុងចំណោមមនុស្សទាំងឡាយ។ 15 រាល់ថ្ងៃ ភាពអាប់យសរបស់ទូលបង្គំ នៅមុខទូលបង្គំជានិច្ច ហើយសេចក្ដីអាម៉ាស់បានគ្របមុខទូលបង្គំហើយ 16 ពីព្រោះសំឡេងរបស់ពួកអ្នក ដែលប្រមាថមើលងាយ នៅចំពោះខ្មាំងសត្រូវ និងពួកអ្នកដែលសងសឹង។ 17 ការទាំងអស់នេះបានធ្លាក់មកលើយើងខ្ញុំ ប៉ុន្តែ យើងខ្ញុំមិនបានភ្លេចព្រះអង្គឡើយ ក៏មិនបានក្បត់នឹងសេចក្ដីសញ្ញា របស់ព្រះអង្គដែរ។ 18 ចិត្តរបស់យើងមិនបានបែរក្រោយឡើយ ជំហានរបស់យើងក៏មិនបានឈានចេញពីផ្លូវ របស់ព្រះអង្គដែរ។ 19 ប៉ុន្តែ ព្រះអង្គបានបំបាក់យើង នៅកន្លែងដែលមានឆ្កែព្រៃ ហើយគ្របលើយើង ដោយម្លប់នៃសេចក្ដីស្លាប់។ 20 ប្រសិនបើយើងបានភ្លេច ព្រះនាមព្រះជាម្ចាស់របស់យើង ឬប្រទូលដៃទៅរកព្រះដទៃណាមួយ 21 នោះតើព្រះមិនទតឃើញទេឬអី? ដ្បិតព្រះអង្គជ្រាបពីសេចក្ដី ដែលលាក់ទុកនៅក្នុងចិត្ត។ 22 ដ្បិត ដោយព្រោះព្រះអង្គ យើងខ្ញុំត្រូវគេសម្លាប់វាល់ព្រឹកវាល់ល្ងាច ហើយក៏រាប់ទុកដូចជាចៀម ដែលត្រូវយកទៅសម្លាប់។ 23 ព្រះអម្ចាស់អើយ! សូមតើនឡើង ហេតុអ្វីបានជាព្រះអម្ចាស់ផ្ទំលក់ដូច្នេះ? សូមតើនឡើង កុំបោះចោលយើងខ្ញុំជារៀងរហូតឡើយ។ 24 ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភ័ក្ត្រ ហើយព្រះអង្គភ្លេចទុក្ខវេទនា និងសេចក្ដីថប់ព្រួយរបស់យើងខ្ញុំដូច្នេះ? 25 ដ្បិតព្រលឹងយើងខ្ញុំធ្លាក់ចុះដល់ដីហើយ ខ្លួនប្រាណរបស់យើងក៏ជាប់នៅនឹងដីដែរ។ 26 សូមតើនឡើង សូមយាងមកជួយយើងខ្ញុំផង! សូមលោះយើងខ្ញុំ ដោយយល់ដល់ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទផ្កាម្លិះ។ កំណាព្យរបស់កូនចៅលោកកូរេ។ ចម្រៀងស្នេហា។ 1 ចិត្តរបស់ខ្ញុំពេញហៀរដោយពាក្យពេជន៍ដ៏ល្អ ខ្ញុំលើកកំណាព្យរបស់ខ្ញុំថ្វាយព្រះមហាក្សត្រ អណ្ដាតខ្ញុំប្រៀបដូចជាប៉ាកការបស់កវីនិពន្ធ ដែលបានតែងទុករួចហើយ។ 2 ព្រះករុណាមានរូបសម្បត្តិល្អ លើសជាងបុរសទាំងអស់ បបូរមាត់ព្រះករុណាមានពេញដោយព្រះគុណ ហេតុនេះហើយបានជា ព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គជានិច្ច។ 3 ឱព្រះស្តេចដែលមានអំណាចអើយ សូមក្រវាត់ដាវរបស់ព្រះអង្គជាប់នឹងត្រគាក ឲ្យសមនឹងតេជានុភាពដ៏រុងរឿងរបស់ព្រះអង្គ។ 4 សូមយាងទៅដោយឥទ្ធិឫទ្ធិរបស់ព្រះករុណា ទាំងមានជ័យជម្នះ ដើម្បីការពារសេចក្ដីពិត ភាពស្លូតបូត និងសេចក្ដីសុចរិត សូមព្រះហស្តស្តាំរបស់ព្រះអង្គ បង្រៀនព្រះករុណា ពីការដែលគួរកោតខ្លាច។ 5 ព្រួញរបស់ព្រះអង្គ មុតចូលទៅក្នុងបេះដូងរបស់ខ្មាំងសត្រូវ សាសន៍ទាំងប៉ុន្មានដួលនៅក្រោម ព្រះករុណា។ 6 ឱព្រះជាម្ចាស់អើយ បល្ល័ង្ករបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ចរៀងរាបតទៅ។ ដំបងរាជ្យនៃរាជ្យព្រះអង្គ ជាដំបងរាជ្យសុចរិត ព្រះករុណាស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់អំពើទុច្ចរិត។ 7 ហេតុនេះហើយបានជាព្រះអង្គ គឺព្រះជាម្ចាស់នៃព្រះករុណា បានចាក់ប្រេងលើព្រះករុណា ជាប្រេងនៃសេចក្ដីត្រេកអរ លើសជាងមិត្តសម្លាញ់របស់ព្រះករុណាទៅទៀត។ 8 ព្រះពស្ត្រព្រះករុណាក្លិនក្រអូបដោយជ័រល្វីងទេស ក្រឹស្នា និងកំញាន មានសូរសព្ទតន្ត្រីចេញពីដំណាក់ភ្លុក ធ្វើឲ្យព្រះអង្គសប្បាយរីករាយ។ 9 មានបុត្រីស្តេចនៅក្នុងចំណោមស្ត្រីជាន់ខ្ពស់ របស់ព្រះករុណា ព្រះមហាក្សត្រិយានី ទ្រង់ពាក់ដោយមាសពីស្រុកអូភារ គង់នៅខាងស្តាំព្រះអង្គ។ 10 ឱបុត្រីអើយ ចូរស្តាប់ ហើយពិចារណា ចូរផ្ទៀងត្រចៀកស្តាប់ចុះ ចូរបំភ្លេចប្រជារាស្ត្ររបស់បុត្រី និងពួកដំណាក់បិតារបស់បុត្រីទៅ។ 11 បែបនេះព្រះមហាក្សត្រនឹងគាប់ព្រះហឫទ័យ ដោយសោភ័ណភាពរបស់បុត្រី ដ្បិតព្រះករុណាជាម្ចាស់របស់បុត្រី ចូរចុះចូលនឹងព្រះរាជាទៅ។ 12 បុត្រីនៃក្រុងទីរ៉ុសគឺពួកអ្នកមានស្ដុកស្ដម នឹងនាំតង្វាយមកថ្វាយព្រះនាង ដើម្បីផ្គាប់ផ្គុនព្រះនាង។ 13 ព្រះអង្គម្ចាស់ក្សត្រិយ៍ដែលនៅក្នុងក្រឡាបន្ទំ ព្រះបុត្រីមានពេញដោយសេចក្ដីរុងរឿង ព្រះភូសារបស់ព្រះនាងប៉ាក់លម្អដោយមាស។ 14 គេនឹងដង្ហែព្រះនាងមកថ្វាយព្រះករុណា ទាំងគ្រងព្រះភូសាចម្រុះពណ៌ ហើយពួកភីលៀងព្រហ្មចារីរបស់ព្រះនាង ហែហមពីក្រោយ។ 15 កាលពួកនាងចូលមកក្នុងព្រះដំណាក់ព្រះរាជា មានសំឡេងអបអរសាទរ យ៉ាងសប្បាយរីករាយ។ 16 ព្រះករុណានឹងបានរាជបុត្រ តពីអយ្យកោរបស់ព្រះអង្គ ព្រះករុណានឹងតាំងរាជបុត្រទាំងនោះ ជាអ្នកគ្រប់គ្រងលើផែនដីទាំងមូល។ 17 ទូលបង្គំនឹងធ្វើឲ្យមនុស្សលោក នឹកចាំពីព្រះនាមព្រះករុណា គ្រប់ជំនាន់តទៅ ហេតុនេះ ជាតិសាសន៍ទាំងឡាយ នឹងសរសើរព្រះករុណា អស់កល្បជាអង្វែងតរៀងទៅ។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទចម្រៀងរបស់កូនចៅលោកកូរេ។ បទសម្រាប់នារី។ 1 ព្រះជាម្ចាស់ទ្រង់ជាជម្រក និងជាបង្អែកដ៏រឹងមាំរបស់យើងព្រះវត្តមាននៃព្រះអង្គនៅចាំជួយ ក្នុងពេលមានអាសន្ន។ 2 ដូច្នេះ ហើយបានជាយើង មិនភ័យខ្លាចអ្វីឡើយ គឺទោះបីមានរញ្ជួយផែនដី ទោះបីភ្នំនានារលំធ្លាក់ទៅក្នុងសមុទ្រដែរ 3 ឮសូរសន្ធឹកសមុទ្របក់បោក បែកពពុះទឹកធ្វើឲ្យកក្រើកភ្នំនានាយ៉ាងណាក្ដី ក៏យើងមិនភ័យខ្លាចអ្វីដែរ។ សម្រាក 4 មានទន្លេមួយហូរនាំយកអំណរមកស្រោចស្រព ទីក្រុងរបស់ព្រះជាម្ចាស់ ដែលជាព្រះដំណាក់ ដ៏សក្ការៈនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត ។ 5 ព្រះជាម្ចាស់គង់នៅក្នុងទីក្រុង ហើយទីក្រុងនោះនឹងមិនរង្គើសោះឡើយ។ ព្រះអង្គនឹងសង្គ្រោះទីក្រុងនោះ តាំងពីពេលថ្ងៃរះ។ 6 ប្រជាជាតិនានាត្រូវញ័ររន្ធត់ នគរនានាត្រូវរង្គើ ព្រះជាម្ចាស់បន្លឺព្រះសូរសៀងរបស់ព្រះអង្គ ផែនដីក៏រលាយអស់ទៅ។ 7 ព្រះអម្ចាស់នៃពិភពទាំងមូល ទ្រង់គង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុបជាជម្រក ដ៏រឹងមាំសម្រាប់យើង។ សម្រាក 8 ចូរនាំមើលចុះ ស្នាព្រះហស្ដរបស់ព្រះអម្ចាស់ ព្រះអង្គបានធ្វើការដ៏អស្ចារ្យក្រៃលែង នៅលើផែនដីនេះ។ 9 ព្រះអង្គបញ្ឈប់សង្គ្រាម រហូតដល់ចុងបំផុតនៃផែនដី ព្រះអង្គបំបាក់ធ្នូ ហើយកាច់លំពែង ក៏ដុតរទេះចម្បាំងដោយភ្លើង។ 10 សូមនៅស្ងៀមចុះ ដោយដឹងថាយើងគឺជាព្រះជាម្ចាស់ យើងនឹងត្រូវបានលើកតម្កើងឡើងនៅក្នុងប្រជាជាតិផ្សេងៗ យើងនឹងបានថ្កើងឡើងនៅផែនដីដែរ។ 11 ព្រះអម្ចាស់នៃពិភពទាំងមូល គងនៅជាមួយ ព្រះរបស់លោកយ៉ាកុប ជាទីពឹង ជ្រករបស់យើង។ សម្រាក
ទំនុកពីសៀវភៅគ្រូចម្រៀង។ ទំនុករបស់កូនចៅលោកកូរេ។ 1 ប្រជាជនទាំងឡាយអើយ ចូរនាំគ្នាទះដៃអបអរសាទរ ចូរស្រែកច្រៀងថ្វាយព្រះដោយអំណរឡើង។ 2 ដ្បិតព្រះ អម្ចាស់ជាព្រះដ៏ខ្ពស់បំផុត ព្រះអង្គគួរស្ញែងខ្លាច ជាព្រះមហាក្សត្រដ៏ធំនៅលើផែនដីទាំងមូល។ 3 ព្រះអង្គបង្ក្រាបជាតិសាសន៍ទាំងឡាយ ឲ្យស្ថិតនៅក្រោមអំណាចយើង ហើយនជនជាតិ នៅក្រោមជើងយើង។ 4 ព្រះអង្គបានជ្រើសរើសមរតកឲ្យយើង គឺជាទីសិរីរុងរឿងរបស់លោកយ៉ាកុបជា អ្នកដែលព្រះអង្គស្រឡាញ់។ សម្រាក 5 ព្រះជាម្ចាស់បានយាងឡើង ដោយសំឡេងអបអរ គឺព្រះអម្ចាស់យាងទៅ ដោយសំឡេងត្រែ។ 6 ចូរច្រៀងសរសើរតម្កើងព្រះជាម្ចាស់ ចូរច្រៀងសរសើរ! ចូរច្រៀងសរសើរតម្កើងព្រះមហាក្សត្រនៃយើង ចូរច្រៀងសរសើរ។ 7 ដ្បិតព្រះអង្គជាព្រះមហាក្សត្រ លើផែនដីទាំងមូល ចូរច្រៀងសរសើរដោយសេចក្តីយល់ដឹង។ 8 ព្រះគ្រប់គ្រងលើជនជាតិនានា ព្រះគង់លើបល្ល័ង្កដ៏បរិសុទ្ធរបស់ព្រះអង្គ។ 9 ពួកអ្នកធំនៃប្រជាជនទាំងឡាយបានជួបជុំគ្នា រួមជាមួយប្រជារាស្ត្រនៃព្រះជាម្ចាស់ របស់លោកអ័ប្រាហាំ ដ្បិតខែលទាំងប៉ុន្មាននៅលើផែនដី ជារបស់ព្រះជាម្ចាស់ ហើយព្រះអង្គបានថ្កើងឡើងយ៉ាងអស្ចារ្យ។
បទចម្រៀង។ ទំនុករបស់កូនចៅលោកកូរេ។ 1 ព្រះអម្ចាស់ប្រសើរឧត្តម ហើយស័ក្ដិសមនឹងសរសើរតម្កើង នៅក្នុងទីក្រុង របស់ព្រះជាម្ចាស់នៃយើង និងភ្នំបរិសុទ្ធរបស់ព្រះជាម្ចាស់។ 2 គឺភ្នំស៊ីយ៉ូន ជាទីដ៏ខ្ពស់ ហើយស្រស់ស្អាត នៅទិសខាងជើង គឺជាទីក្រុងរបស់ព្រះមហាក្សត្រដ៏ធំ ជាទីអំណរដល់ផែនដីទាំងមូល។ 3 ព្រះជាម្ចាស់បានបើកឲ្យទីក្រុងទាំងមូលដឹងថា ព្រះជាម្ចាស់ជាកំពែងដ៏រឹងមាំរបស់ពួកគេ។ 4 ដ្បិតមើល៍ ស្ដេចទាំងឡាយបានលើកគ្នា ហើយនាំគ្នាឡើងមកព្រមគ្នា។ 5 កាលគេឃើញទីក្រុងនោះ ពួកគេក៏អស្ចារ្យក្នុងចិត្តនិងមានចិត្តតក់ស្លុត ហើយគេក៏គេចចេញទៅ។ 6 នៅទីនោះ គេកើតមានចិត្តភ័យញ័រ ហើយឈឺចាប់ដូចជាស្ត្រីដែលសម្រាលកូន។ 7 ព្រះអង្គបានបំបែកនាវាតើស៊ីសដោយខ្យល់ពីទិសខាងកើត។ 8 កាលយើងបានឮ នោះយើងក៏បានឃើញ ក្នុងទីក្រុងរបស់ព្រះអម្ចាស់នៃពិភពទាំងមូល គឺនៅក្នុងទីក្រុងរបស់ព្រះជាម្ចាស់នៃយើង ព្រះអង្គនឹងតាំងទីក្រុងនោះ ឲ្យរឹងមាំរហូតតទៅ។ សម្រាក 9 ឱព្រះជាម្ចាស់អើយ នៅកណ្ដាលព្រះវិហារ របស់ព្រះអង្គ យើងបាន រិះគិត អំពីព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។ 10 ឱព្រះជាម្ចាស់អើយ គឺព្រះនាមព្រះអង្គ បានសរសើរតម្កើង ក៏ទៅដល់ចុងបំផុតនៃផែនដី។ ព្រះហស្តស្តាំរបស់ព្រះអង្គ មានពេញដោយសេចក្ដីសុចរិត។ 11 សូមឲ្យភ្នំស៊ីយ៉ូនបានរីករាយឡើង សូមឲ្យពួកកូនស្រីស្រុកយូដាបានមានអំណរ ដោយព្រោះសេចក្ដីសុចរិតរបស់ព្រះអង្គ។ 12 ចូរដើរចុះឡើងក្នុងក្រុងស៊ីយ៉ូន ចូរដើរព័ទ្ធជុំវិញ ហើយរាប់ចំនួនប៉ម ក្នុងទីក្រុងនេះផង 13 ចូរពិចារណាមើលកំផែងក្រុងនេះទៅ ហើយពិនិត្យមើលជញ្ជាំងក្រុងនេះ ដើម្បីឲ្យអ្នកបានតំណាលប្រាប់មនុស្ស ជំនាន់ក្រោយផង។ 14 ដ្បិតព្រះជាម្ចាស់ គឺព្រះអង្គជាព្រះរបស់យើង អស់កល្បជានិច្ច ព្រះអង្គនឹងធ្វើជាអ្នកបង្ហាញផ្លូវដល់យើង រហូតដល់ស្លាប់។
ទំនុកពីសៀវភៅគ្រូចម្រៀង។ ទំនុករបស់កូនចៅលោកកូរេ។ 1 មនុស្សទាំងអស់អើយ ចូរស្តាប់សេចក្ដីនេះ គឺអ្នកទាំងអស់និងហើយដែលនៅក្នុងពិភព ចូរផ្ទៀងត្រចៀកស្តាប់ 2 គឺទាំងអ្នកធំ ទាំងអ្នកតូច ទាំងអ្នកមាន ទាំងក្រគ្រប់គ្នា។ 3 មាត់ខ្ញុំនឹងថ្លែងពីប្រាជ្ញា ហើយចិត្តខ្ញុំនឹងសញ្ជឹងគិតពីសេចក្តីដែលចេះដឹង។ 4 ខ្ញុំនឹងផ្ទៀងត្រចៀកស្តាប់ពាក្យប្រស្នា ខ្ញុំនឹងចាប់ផ្តើមពាក្យប្រស្នារបស់ខ្ញុំតាមសំឡេងស៊ុង។ 5 តើហេតុអ្វីបានជាខ្ញុំត្រូវភ័យខ្លាចក្នុងគ្រាអាក្រក់ ពេលឃើញអំពើទុច្ចរិត ដែលធ្វើទុក្ខបៀតបៀននៅព័ទ្ធជុំវិញខ្ញុំ? 6 តើហេតុអ្វីបានជាខ្ញុំត្រូវខ្លាច អស់អ្នកដែលទុកចិត្ត នឹងរបស់ទ្រព្យរបស់ខ្លួន ហើយអួតអាងពីចំនួនទ្រព្យសម្បត្តិរបស់គេ? 7 ប្រាកដមែន គ្មានអ្នកណាម្នាក់ អាចលោះជីវិតបងប្អូនរបស់ខ្លួនបានឡើយ ឬមិនអាចថ្វាយព្រះ ដើម្បីលោះជីវិតខ្លួនបានដែរ 8 ដ្បិតតម្លៃលោះជីវិត នោះថ្លៃណាស់ គ្មានអ្នកណាអាចនឹងបង់ថ្លៃនូវអ្វីដែលយើងជំពាក់បានទេ។ 9 គ្មានមនុស្សណាអាចរស់រហូតទេ ប៉ុន្តែរូបកាយគាត់នឹងមិនត្រូវឃើញរណ្ដៅមរណៈបានឡើយ។ 10 ដ្បិតគេឃើញហើយថា សូម្បីតែអ្នកប្រាជ្ញក៏ស្លាប់ដែរ មនុស្សល្ងង់ និងមនុស្សខ្លៅវិនាសទៅដូចគ្នា ហើយទុកចោលទ្រព្យសម្បត្តិរបស់ខ្លួនឲ្យអ្នក ដទៃ។ 11 ពួកគេគិតក្នុងចិត្តថា ពូជពង្សរបស់គេ នឹងនៅស្ថិតស្ថេរជានិច្ចទីលំនៅរបស់គេនឹងបន្តទៅគ្រប់ជំនាន់ ក៏ផ្ទេទ្រព្យដីធ្លីទៅតាមឈ្មោះរបស់គេ។ 12 ប៉ុន្តែ មនុស្សមិនស្ថិតស្ថេរនៅ ដោយមានកេរ្តិ៍ឈ្មោះទេ គេដូចជាសត្វតិរច្ឆានដែលត្រូវវិនាសទៅ។ 13 នេះហើយជាអនាគតរបស់មនុស្សល្ងង់ខ្លៅ មនុស្សនឹងបង្ហាញពីអ្វីដែលគេបាននិយាយ។ សម្រាក 14 គេដូចជាចៀមដែលឈានទៅនរក ហើយសេចក្ដីស្លាប់នឹងធ្វើជាអ្នកនាំមុខគេ។ ហើយមនុស្សទៀងត្រង់ នឹងជាន់ឈ្លីគេតាំងពីព្រលឹម រូបកាយរបស់គេនឹងត្រូវសូន្យទៅ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ឥតមានទីអាស្រ័យឡើយ។ 15 ប៉ុន្តែ ព្រះជាម្ចាស់ នឹងលោះព្រលឹងខ្ញុំ ពីអំណាចនៃ ស្ថានឃុំព្រលឹងមនុស្សស្លាប់ ដ្បិតព្រះអង្គនឹងទទួលខ្ញុំ។ សម្រាក់ 16 សូមកុំភ័យខ្លាចឡើយ ពេលអ្នកណាម្នាក់មានទ្រព្យ នឹងលើកមុខម៉ាត់ផ្ទះរបស់គេ កាន់តែចម្រើនឡើង។ 17 ដ្បិតកាលគេស្លាប់ទៅ គេមិនអាចយកអ្វីទៅបានទេ ហើយភាពរុងរឿងរបស់គេ នឹងមិនអាចទៅក្រោមជាមួយគេឡើយ។ 18 ក្នុងកាលដែលគេនៅរស់នៅឡើយ ហើយមនុស្សសរសើរដល់អ្នក ពេលអ្នកបានរស់សម្រាប់ខ្លួនឯង 19 ក៏គង់តែនឹងទៅតាមពួកដូនតារបស់ខ្លួន ដែលនឹងលែងឃើញពន្លឺទៀតឡើយ។ 20 មនុស្សដែលមានកេរ្តិ៍ឈ្មោះ តែឥតមានសេចក្តីយល់ដឹង ប្រៀបដូចជាសត្វតិរច្ឆានដែលវិនាស។
ទំនុករបស់លោកអេសាភ។ 1 ព្រះជាម្ចាស់ដ៏មានចេស្តា ព្រះអង្គគឺជាព្រះអម្ចាស់ ព្រះអង្គមានព្រះបន្ទូល ហើយព្រះអង្គកោះហៅផែនដី ចាប់តាំងពីទិសថ្ងៃរះ រហូតដល់ទិសថ្ងៃលិច។ 2 ព្រះជាម្ចាស់ភ្លឺចាំងចែងពីក្រុងស៊ីយ៉ូន ដែលជាទីក្រុងដ៏មាន សោភ័ណភាពគ្រប់លក្ខណ៍។ 3 ព្រះជាម្ចាស់នៃយើងយាងមក មិននៅស្ងៀមទេ មានភ្លើងឆេះនៅចំពោះព្រះអង្គ ហើយនៅព័ទ្ធជុំវិញព្រះអង្គ មានព្យុះសង្ឃរា។ 4 ព្រះអង្គកោះហៅផ្ទៃមេឃនៅខាងលើ និងផែនដី ដើម្បីជំនុំជម្រះប្រជារាស្ត្ររបស់ព្រះអង្គ៖ 5 «ចូរប្រមូលពួកអ្នកបរិសុទ្ធរបស់យើង ឲ្យមកជួបយើង គឺពួកអ្នកដែលបានតាំងសញ្ញាជាមួយយើង ដោយថ្វាយយញ្ញបូជា»។ 6 ផ្ទៃមេឃប្រកាសពីសេចក្ដីសុចរិតរបស់ព្រះអង្គ ដ្បិតព្រះអង្គផ្ទាល់ជាចៅក្រម។ សម្រាក 7 រាស្ត្ររបស់យើងអើយ ចូរស្តាប់ចុះ ហើយយើងនឹងពោលថា យើងជាព្រះអម្ចាស់ គឺជាព្រះជាម្ចាស់របស់អ្នក។ 8 យើងមិនមែនបន្ទោសអ្នក ដោយព្រោះយញ្ញបូជាដែលអ្នកថ្វាយនោះទេ ដ្បិតតង្វាយដុតរបស់អ្នក តែងតែនៅចំពោះយើងជានិច្ច។ 9 យើងមិនយកគោឈ្មោលពីផ្ទះរបស់អ្នក ឬពពែឈ្មោលពីក្រោលរបស់អ្នកឡើយ។ 10 ដ្បិតអស់ទាំងសត្វនៅក្នុងព្រៃ សុទ្ធតែជារបស់យើង ព្រមទាំងសត្វទាំងប៉ុន្មាននៅលើភ្នំទាំងពាន់ផង។ 11 យើងស្គាល់អស់ទាំងសត្វស្លាបនៅលើភ្នំហើយសត្វទាំងឡាយដែលរកស៊ីនៅទីវាល ក៏ជារបស់យើងដែរ។ 12 ប្រសិនបើយើងឃ្លាន យើងមិនបាច់ប្រាប់អ្នកឡើយ ព្រោះពិភពលោក និងរបស់ទាំងអស់ នៅក្នុងពិភពនេះជារបស់ យើង។ 13 តើយើងបរិភោគសាច់គោឈ្មោល ឬផឹកឈាម ពពែឬ? 14 ចូរថ្វាយយញ្ញបូជា ជាការអរព្រះគុណដល់ព្រះជាម្ចាស់ ហើយត្រូវលាបំណន់ ដែលអ្នកបានសន្យាដល់ព្រះដ៏ខ្ពស់បំផុតផង។ 15 នៅថ្ងៃមានទុក្ខលំបាក ចូរអំពាវនាវរកយើងចុះ យើងនឹងរំដោះអ្នកហើយអ្នកនឹងថ្វាយសិរិរុងរឿងដល់យើង»។ 16 ប៉ុន្ដែ សម្រាប់មនុស្សអាក្រក់ ព្រះអង្គមានព្រះបន្ទូលបែនេះ «តើអ្នកមានសិទ្ធិអ្វីនឹងសូត្រពីបញ្ញត្តិរបស់យើង ឬពីសេចក្ដីសញ្ញារបស់យើងជាប់នឹងមាត់ឯង 17 ដ្បិតអ្នកស្អប់សេចក្តីបង្រៀន ហើយមិនទទួលពាក្យយើងទៅហើយ? 18 ពេលអ្នកឃើញចោរ អ្នកក៏យល់ព្រមជាមួយគេ ហើយចូលដៃជាមួយពួកផិតក្បត់ទៀតផង។ 19 អ្នកបានប្រគល់មាត់របស់អ្នក ទៅបម្រើសេចក្ដីអាក្រក់ ហើយអណ្ដាតអ្នកតែងបង្កើតចេញ នូវពាក្យបោកប្រាស់។ 20 អ្នកអង្គុយនិយាយដើមបងប្អូនរបស់ខ្លួន អ្នកនិយាយបង្កាច់បងប្អូនបង្កើតខ្លួនឯង។ 21 អ្នកបានប្រព្រឹត្តអំពើទាំងនេះ តែយើងបាននៅស្ងៀម អ្នកស្មានថា យើងក៏ដូចតែអ្នកដែរ តែឥឡូវនេះ យើងបន្ទោសអ្នក ហើយយករឿងនេះមកដាក់នៅចំពោះមុខអ្នក។ 22 ដូច្នេះ អ្នករាល់គ្នាដែលភ្លេចព្រះជាម្ចាស់អើយ ចូរពិចារណាសេចក្ដីនេះចុះ ក្រែងយើងហែកអ្នកឲ្យខ្ទេច ហើយគ្មានអ្នកណានឹងមកជួយអ្នក។ 23 អ្នកណាដែលថ្វាយពាក្យអរព្រះគុណ ទុកជាយញ្ញបូជា អ្នកនោះលើកតម្កើងយើង ហើយយើងនឹងបង្ហាញការសង្គ្រោះរបស់ព្រះជាម្ចាស់ ដល់អ្នកណាដែលរៀបផ្លូវរបស់ខ្លួនឲ្យត្រង់»។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង ទំនុករបស់ស្ដេចដាវីឌ។ នៅពេលព្យាការីណាថានមកគាល់ស្ដេចដាវីឌ បន្ទាប់ពីស្ដេចបានប្រព្រឹត្តអំពើផិតក្បត់ជាមួយនាងបាតសេបា។ 1 ព្រះជាម្ចាស់ សូមមេត្តាដល់ទូលបង្គំផង ដោយយល់ដល់តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ហើយសូមលុបអំពើរំលងរបស់ទូលបង្គំចេញ តាមព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។ 2 សូមលាងទូលបង្គំឲ្យបានស្អាត ពីអំពើទុច្ចរិតរបស់ទូលបង្គំ ហើយ សូមសម្អាតទូលបង្គំពីអំពើបាបផង។ 3 ដ្បិតទូលបង្គំស្គាល់អំពើរំលង របស់ទូលបង្គំ ហើយអំពើបាបរបស់ទូលបង្គំ នៅចំពោះមុខទូលបង្គំជានិច្ច។ 4 ទូលបង្គំបានទាស់នឹងព្រះអង្គ គឺព្រះអង្គតែមួយគត់ ហើយបានប្រព្រឹត្តការអាក្រក់ នៅចំពោះព្រះនេត្រព្រះអង្គ ព្រះអង្គត្រឹមត្រូវ ពេលព្រះអង្គមានព្រះបន្ទូល គឺពាក្យកែតម្រូវ ហើយពេលព្រះអង្គក៏យុតិ្តធ៌មដែរ។ 5 មើល៍ ទូលបង្គំកើតមកក្នុងអំពើទុច្ចរិត ហើយទូលបង្គំមានបាបតាំងពីនៅក្នុងផ្ទៃម្ដាយមក។ 6 មើល៍ ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីពិត នៅក្នុងជម្រៅចិត្តទូលបង្គំ ហើយព្រះអង្គនឹងបើកឲ្យទូលបង្គំមានប្រាជ្ញា។ 7 សូមជម្រះទូលបង្គំដោយមែកហ៊ីសុប នោះទូលបង្គំនឹងបានជ្រះស្អាត សូមលាងសម្អាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងហិមៈ។ 8 សូមឲ្យទូលបង្គំបានឮពីសេចក្ដីត្រេកអរ និងសេចក្ដីរីករាយ សូមឲ្យឆ្អឹងដែលព្រះអង្គបានបំបាក់ អរសប្បាយឡើងវិញ។ 9 សូមបាំងព្រះភ័ក្ត្រព្រះអង្គ ចេញពីអំពើបាបរបស់ទូលបង្គំ ហើយលុបបំបាត់អំពើទុច្ចរិតទាំងប៉ុន្មាន របស់ទូលបង្គំផង។ 10 ឱព្រះអង្គអើយ សូមបង្កើតចិត្តបរិសុទ្ធ នៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង។ 11 សូមកុំបោះបង់ទូលបង្គំ ចេញពីព្រះវត្តមានព្រះអង្គ ហើយកុំដកយកព្រះវិញ្ញាណបរិសុទ្ធ របស់ព្រះអង្គ ចេញពីទូលបង្គំឡើយ។ 12 សូមប្រោសប្រទានឲ្យទូលបង្គំ មានអំណរចំពោះការសង្គ្រោះ របស់ព្រះអង្គឡើងវិញ ហើយសូមជួយទូលបង្គំ ឲ្យមានវិញ្ញាណដែលព្រមធ្វើតាម។ 13 នោះទូលបង្គំនឹងបង្រៀនពីផ្លូវរបស់ព្រះអង្គ ដល់មនុស្សដែលប្រព្រឹត្តអំពើរំលង ហើយមនុស្សបាបនឹងវិលត្រឡប់មករកព្រះអង្គវិញ។ 14 ឱព្រះជាម្ចាស់ នៃក្តីសង្គ្រោះរបស់ទូលបង្គំអើយ សូមរំដោះទូលបង្គំឲ្យរួចពីទោសកម្ចាយឈាម នោះអណ្ដាតទូលបង្គំនឹងស្រែកច្រៀង អំពីសេចក្ដីសុចរិតរបស់ព្រះអង្គ។ 15 ឱព្រះ អម្ចាស់អើយ សូមបើកបបូរមាត់ទូលបង្គំ នោះមាត់ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ។ 16 ដ្បិតព្រះអង្គមិនសព្្វព្រះហឫទ័យ នឹងយញ្ញបូជាទេ ប្រសិនបើទូលបង្គំត្រូវថ្វាយតង្វាយដុត នោះក៏ព្រះអង្គមិនសព្វព្រះហឫទ័យដែរ។ 17 យញ្ញបូជាដែលសព្វព្រះហឫទ័យព្រះជាម្ចាស់ គឺវិញ្ញាណខ្ទេចខ្ទាំ ឱព្រះជាម្ចាស់អើយ ព្រះអង្គមិនមើលងាយចិត្តខ្ទេចខ្ទាំ និងចិត្តសោកស្ដាយឡើយ។ 18 សូមព្រះអង្គប្រព្រឹត្តដោយសប្បុរស ដល់ក្រុងស៊ីយ៉ូន តាមព្រះហឫទ័យដ៏ល្អរបស់ព្រះអង្គ សូមសង់កំផែងក្រុងយេរូសាឡិមឡើងវិញផង។ 19 គ្រានោះ ព្រះអង្គមុខជាសព្វព្រះហឫទ័យ នឹងយញ្ញបូជាដែលថ្វាយដោយវិញ្ញាណត្រឹមត្រូវ ព្រមទាំងតង្វាយដុត គឺតង្វាយដុតទាំងមូលផង ដូច្នេះ គេនឹងថ្វាយគោឈ្មោលនៅលើអាសនារបស់ព្រះអង្គ។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ នៅគ្រាដែលលោកដូអេក ជាជនជាតិអេដុម ទៅទូលស្ដេចសូលថា ស្ដេចដាវីឌបានរត់ទៅជ្រកកោននឹងស្ដេចអហ៊ីម៉ាឡេក។ 1 ឱមនុស្សខ្លាំងពូកែអើយ ហេតុអ្វីបានជាអួតខ្លួនពីអំពើអាក្រក់ដូច្នេះ? ព្រះហឫទ័យសប្បុរសរបស់ព្រះ ស្ថិតស្ថេរអស់កល្បជានិច្ច។ 2 អណ្ដាតអ្នកបង្កើតជាសេចក្ដីវិនាស អ្នកប្រសប់ខាងបោកបញ្ឆោត ប្រៀបដូចជាកាំបិតកោរយ៉ាងមុត។ 3 អ្នកស្រឡាញ់ការអាក្រក់ ជាងការល្អ ហើយចូលចិត្តភូតភរ ជាងនិយាយការពិត។ សម្រាប 4 ឱអណ្ដាតបោកបញ្ឆោតអើយ អ្នកស្រឡាញ់អស់ទាំងពាក្យដែលនាំឲ្យវិនាស។ 5 ប៉ុន្តែ ព្រះនឹងបំផ្លាញអ្នករហូតតទៅ ព្រះអង្គនឹងចាប់យកអ្នកទៅ ហើយកន្ត្រាក់អ្នកចេញពីជំរំ ព្រះអង្គនឹងដកអ្នកចេញពីទឹកដី របស់មនុស្សរស់នេះ។ សម្រាក 6 មនុស្សសុចរិតនឹងឃើញ ហើយកោតខ្លាច គេនឹងសើចចំអកអ្នកប្រព្រឹត្តអំពើអាក្រក់នោះដោយពាក្យថា 7 «មើល៍ នេះនែ៎អ្នកដែលមិនបានយកព្រះជាទីពឹង គឺបានទុកចិត្តនឹងទ្រព្យសម្បត្តិ ដ៏ស្ដុកស្ដមរបស់ខ្លួន ហើយស្មានថាខ្លួនខ្លាំងពូកែ ដោយអំពើអាក្រក់»។ 8 តែខ្ញុំវិញ ខ្ញុំដូចជាដើមអូលីវខៀវខ្ចី នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ខ្ញុំទុកចិត្តនឹងព្រះហឫទ័យសប្បុរស របស់ព្រះជារៀងរហូតតទៅ។ 9 ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គជានិច្ច ដោយព្រោះកិច្ចការដែលព្រះអង្គបានធ្វើ ទូលបង្គំនឹងសង្ឃឹមដល់ព្រះនាមព្រះអង្គ ដ្បិតព្រះនាមព្រះអង្គល្អវិសេស នៅចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ កំដរដោយខ្លុយ។ កំណាព្យរបស់ស្ដេចដាវីឌ។ 1 មនុស្សល្ងង់ខ្លៅគិតក្នុងចិត្តថា «គ្មានព្រះទេ» គេជាមនុស្សខូចអាក្រក់ គេប្រព្រឹត្តអំពើដែលគួរស្អប់ខ្ពើម ឥតមានអ្នកណាម្នាក់ដែលប្រព្រឹត្តល្អសោះ។ 2 ព្រះទតមើលពីស្ថានសួគ៌ មកលើពួកកូនមនុស្ស ដើម្បីរកមើលក្រែងមានអ្នកណាដែលមានប្រាជ្ញា គឺអ្នកដែលស្វែងរកព្រះ។ 3 គេទាំងអស់គ្នាបានវង្វេងចេញគេត្រឡប់ជាពុករលួយទាំងអស់គ្នា គ្មានអ្នកណាមួយដែលប្រព្រឹត្តល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង។ 4 អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត តើគេគ្មានប្រាជ្ញាទេឬ? គេជាអ្នកដែលស៊ីប្រជារាស្ត្ររបស់យើង ដូចជាស៊ីអាហារ ហើយ មិនដែលអំពាវនាវរកព្រះសោះ។ 5 គេមានសេចក្ដីភ័យខ្លាចជាខ្លាំង គឺភ័យខ្លាច នៅកន្លែងដែលគ្មានហេតុភ័យខ្លាច ដ្បិតព្រះ នឹងកម្ចាត់កម្ចាយឆ្អឹង របស់ពួកអ្នកដែលបោះទ័ពទាស់នឹងអ្នក អ្នកនឹងធ្វើឲ្យគេអាម៉ាស់ ដ្បិតព្រះបដិសេធមិនទទួលគេឡើយ។ 6 ឱ សូមឲ្យការសង្គ្រោះដល់សាសន៍អុីស្រាអែល ចេញពីក្រុងស៊ីយ៉ូនមក! ពេលព្រះជាម្ចាស់នាំប្រជាជនរបស់ព្រះអង្គចេញពីភាពជាឈ្លើយ សូមឲ្យយ៉ាកុបបានត្រេកអរ ហើយសូមឲ្យអុីស្រាអែលរីករាយដែរ!
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ប្រគំជាមួយតន្ដ្រីដែលមានខ្សែ។ កំណាព្យរបស់ស្ដេចដាវីឌ នៅពេលដែលជនជាតិស៊ីភមកទូលស្ដេចសូលថា ស្ដេចដាវីឌនៅលាក់ខ្លួនជាមួយពួកគេ។ 1 ព្រះជាម្ចាស់អើយ សូមសង្គ្រោះទូលបង្គំ ដោយព្រះនាមរបស់ព្រះអង្គ សូមរកយុត្តិធម៌ឲ្យទូលបង្គំ ដោយឫទ្ធានុភាពរបស់ព្រះអង្គ។ 2 ព្រះជាម្ចាស់អើយសូមស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យរបស់ទូលបង្គំផង។ 3 ដ្បិតជនជាតិដទៃ លើកគ្នាមកប្រឆាំងនឹងទូលបង្គំ ហើយមនុស្សដេលគ្មានមេត្តាចង់ដកជីវិតទូលបង្គំ ពួកគេអត់មានព្រះជាម្ចាស់នៅពីមុខគេទេ។ សម្រាក 4 មើល៍ ព្រះជាម្ចាស់ជាជំនួយរបស់ទូលបង្គំ ព្រះអម្ចាស់ជាអ្នកទ្រទ្រង់ជីវិតទូលបង្គំ។ 5 ព្រះអង្គនឹងសងទៅខ្មាំងសត្រូវរបស់ទូលបង្គំ តាមអំពើអាក្រក់របស់គេ ដោយព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គ សូមបំផ្លាញពួកគេចុុះ! 6 ទូលបង្គំនឹងថ្វាយយញ្ញបូជាដល់ព្រះអង្គ ដោយតង្វាយស្ម័គ្រពីចិត្តព្រះអម្ចាស់អើយ ទូលបង្គំនឹងអរព្រះគុណដល់ព្រះនាមព្រះអង្គ ដ្បិតព្រះនាមព្រះអង្គល្អ។ 7 ដ្បិតព្រះអង្គបានរំដោះទូលបង្គំ ឲ្យរួចពីគ្រប់សេចក្ដីវេទនា ហើយភ្នែកទូលបង្គំបានឃើញខ្មាំងសត្រូវ របស់ទូលបង្គំត្រូវបរាជ័យ។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ប្រគំជាមួយតន្ត្រីដែលមានខ្សែ។ កំណាព្យរបស់ស្ដេចដាវីឌ។ 1 ឱព្រះអើយ សូមផ្ទៀងព្រះកាណ៌ ស្តាប់សេចក្ដីដែលទូលបង្គំអធិស្ឋាន សូមកុំពួនព្រះកាយនឹងពាក្យ ដែលទូលបង្គំទូលអង្វរឡើយ។ 2 សូមព្រះអង្គមេត្តាព្រះសណ្ដាប់ទូលបង្គំ ហើយឆ្លើយមកទូលបង្គំផង ទូលបង្គំអន្ទះអន្ទែង ហើយថ្ងូរ ដោយចិត្តថប់ព្រួយរបស់ទូលបង្គំ 3 ដោយព្រោះសំឡេងរបស់ខ្មាំងសត្រូវ និងការសង្កត់សង្កិនរបស់មនុស្សអាក្រក់។ ដ្បិតគេទម្លាក់អំពើទុច្ចរិតមកលើទូលបង្គំ ហើយគេចូលចិត្តឈ្នានីសនឹងទូលបង្គំដោយកំហឹង។ 4 ចិត្តទូលបង្គំអន្ទះសានៅក្នុងខ្លួន ហើយការភ័យខ្លាចចំពោះសេចក្ដីស្លាប់ បានគ្របសង្កត់លើទូលបង្គំ។ 5 ទូលបង្គំកើតមានចិត្តភ័យខ្លាច ហើយញាប់ញ័រ សេចក្ដីតក់ស្លុតបានញាំញីទូលបង្គំ។ 6 ទូលបង្គំពោលថា «ឱ ប្រសិនបើទូលបង្គំមានស្លាប ដូចជាព្រាបនោះ! ហើយទូលបង្គំនឹងហើរទៅឲ្យឆ្ងាយ នឹងបានសម្រាកផង។ 7 មើល៍ រួចហើយទូលបង្គំនឹងទៅឲ្យឆ្ងាយ ហើយទូលបង្គំនឹងស្នាក់នៅទីរហោស្ថានវិញ។ សម្រាក 8 ទូលបង្គំនឹងប្រញាប់ស្វែងរកទីជ្រកកោន ឲ្យរួចផុតពីខ្យល់គំហុក និងព្យុះសង្ឃរា»។ 9 ឱព្រះអម្ចាស់អើយ សូមបំផ្លាញគំនិតគេ សូមកុំឲ្យគេនិយាយស្ដាប់គ្នាបាន ដ្បិតទូលបង្គំបានឃើញអំពើឃោរឃៅ និងការឈ្លោះប្រកែកគ្នានៅក្នុងទីក្រុង។ 10 ទាំងថ្ងៃទាំងយប់ គេប្រព្រឹត្តយ៉ាងនោះ នៅលើកំផែងជុំវិញទីក្រុងហើយនៅក្នុងទីក្រុង មានសុទ្ធតែអំពើទុច្ចរិត និងភាពវឹកវរ។ 11 មានសេចក្ដីវិនាសនៅកណ្ដាលទីក្រុង ការសង្កត់សង្កិន និងការបោកប្រាស់ មិនចេះបាត់ពីទីផ្សារឡើយ។ 12 មិនមែនជាខ្មាំងសត្រូវទេដែលបំបាក់មុខខ្ញុំ បើជាខ្មាំងសត្រូវមែន នោះខ្ញុំអាចទ្រាំទ្របាន ក៏មិនមែនជាអ្នកស្អប់ខ្ញុំ ដែលលើកខ្លួនទាស់នឹងខ្ញុំដែរ បើជាអ្នកស្អប់ខ្ញុំមែន នោះខ្ញុំអាចពួនពីគេបាន។ 13 ប៉ុន្ដែ គឺអ្នកឯងវិញទេតើ ជាមនុស្សស្មើនឹងខ្ញុំ ជាគូកន និងជាសម្លាញ់ស្និទ្ធស្នាលរបស់ខ្ញុំ។ 14 យើងធ្លាប់ប្រឹក្សាគ្នាយ៉ាងផ្អែមល្ហែម ក្នុងដំណាក់ព្រះ យើងធ្លាប់ដើរជាមួយគ្នាក្នុងចំណោមបណ្ដាជន។ 15 សូមឲ្យសេចក្ដីស្លាប់ធ្លាក់លើគេ សូមឲ្យគេចុះទៅស្ថាន ឃុំព្រលឹងមនុស្សស្លាប់ទាំងរស់ ដ្បិតមានអំពើអាក្រក់នៅក្នុងទីលំនៅរបស់គេ និងនៅក្នុងចិត្តរបស់គេ។ 16 រីឯខ្ញុំវិញ ខ្ញុំនឹងអំពាវនាវដល់ព្រះ ហើយព្រះអម្ចាស់នឹងសង្គ្រោះខ្ញុំ។ 17 ខ្ញុំអធិស្ឋាន ហើយស្រែកថ្ងូរ ទាំងល្ងាច ទាំងព្រឹក ហើយទាំងថ្ងៃត្រង់ ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេងខ្ញុំ។ 18 ព្រះអង្គនឹងប្រោសព្រលឹងខ្ញុំ ឲ្យរួចពីសឹកសង្គ្រាម ដោយសុខសាន្ត ដ្បិតមានមនុស្សជាច្រើនលើកគ្នាទាស់ខ្ញុំ។ 19 ព្រះដែលគង់នៅតាំងពីអស់កល្ប ព្រះអង្គនឹងស្ដាប់ ហើយព្រះអង្គនឹងបំបាក់មុខគេ។ សម្រាក ពួកគេមិនប្រែចិត្ត ក៏មិនកោតខ្លាចព្រះជាម្ចាស់ដែរ។ 20 គូកនរបស់ខ្ញុំបានលូកដៃ ទាស់នឹងមិត្តសម្លាញ់ខ្លួន គេបានក្បត់ពាក្យសន្យារបស់ខ្លួន។ 21 សម្ដីរបស់គេរអិលជាងខ្លាញ់ តែចិត្តរបស់គេមានពេញដោយចម្បាំង ពាក្យរបស់គេទន់ភ្លន់ជាងប្រេង តែពាក្យទាំងនោះជាដាវដែលហូតជាស្រេច។ 22 ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះអម្ចាស់ នោះព្រះអង្គនឹងជួយទ្រទ្រង់អ្នក ព្រះអង្គនឹងមិនទុកឲ្យមនុស្សសុចរិត ត្រូវរង្គើឡើយ។ 23 ប៉ុន្តែ ព្រះអង្គ ឱព្រះអើយ ព្រះអង្គនឹងធ្វើឲ្យគេចុះ ទៅក្នុងរណ្តៅនៃសេចក្ដីវិនាស ពួកមនុស្សកម្ចាយឈាម និងជនបោកប្រាស់ នឹងរស់នៅមិនបានពាក់កណ្ដាលអាយុឡើយ តែទូលបង្គំវិញ ទូលបង្គំនឹងទុកចិត្ត ដល់ព្រះអង្គ។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទ «ព្រាបស្ងៀមស្ងាត់នៅស្រុកឆ្ងាយ»។ បទចម្រៀងរបស់ស្ដេចដាវីឌ នៅគ្រាដែលជនជាតិភីលីស្ទីនចាប់ព្រះអង្គនៅក្រុងកាដ។ 1 ឱព្រះអើយ សូមប្រណីសន្ដោសទូលបង្គំ ដ្បិតមនុស្សជាន់ឈ្លីទូលបង្គំហើយ គេវាយប្រហារ ហើយសង្កត់សង្កិន ទូលបង្គំរាល់ថ្ងៃ។ 2 ខ្មាំងសត្រូវរបស់ទូលបង្គំ ជាន់ឈ្លីទូលបង្គំរាល់ថ្ងៃ ដ្បិតមានមនុស្សជាច្រើនវាយប្រហារទូលបង្គំ ទាំងចិត្តអួតអាង។ ពេលទូលបង្គំភ័យខ្លាច ទូលបង្គំទុកចិត្តដល់ព្រះអង្គ។ 3 ពេលទូលបង្គំភ័យខ្លាច ទូលបង្គំទុកចិត្តដល់ព្រះអង្គ។ 4 នៅក្នុងព្រះ ខ្ញុំសរសើរតម្កើង ព្រះបន្ទូលព្រះអង្គ នៅក្នុងព្រះ ខ្ញុំទុកចិត្ត ខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ។ តើសាច់ឈាមអាចធ្វើអ្វីដល់ខ្ញុំបាន? 5 គេមួលបង្កាច់ពាក្យខ្ញុំវាល់ព្រឹកវាល់ល្ងាច អស់ទាំងគំនិតរបស់គេ សុទ្ធតែប៉ងធ្វើអាក្រក់ដល់ខ្ញុំ។ 6 គេរករឿងឈ្លោះប្រកែក គេពួនខ្លួន គេឃ្លាំមើលជំហានរបស់ខ្ញុំ ព្រោះគេរកឱកាសនឹងសម្លាប់ខ្ញុំ។ 7 តើគេនឹងគេចផុតដោយអំពើអាក្រក់ របស់គេបានឬ? ឱព្រះអើយ សូមទម្លាក់ប្រជាជនទាំងនោះ ដោយសេចក្ដីក្រោធរបស់ព្រះអង្គទៅ។ 8 ព្រះអង្គបានកត់ត្រាទុកអស់ការសាត់អណ្តែត របស់ទូលបង្គំ ក៏ដាក់ទឹកភ្នែកទូលបង្គំទុកក្នុងដបរបស់ព្រះអង្គ តើទឹកភ្នែកទាំងនោះ មិននៅក្នុងបញ្ជីព្រះអង្គទេឬ? 9 ពេលនោះ ខ្មាំងសត្រូវរបស់ទូលបង្គំនឹងដកថយ នៅថ្ងៃដែលទូលបង្គំស្រែករកព្រះអង្គ ហើយទូលបង្គំដឹងច្បាស់ថា ព្រះអង្គគង់ខាងទូលបង្គំ។ 10 នៅក្នុងព្រះ ខ្ញុំសរសើរតម្កើង ព្រះបន្ទូលព្រះអង្គ នៅក្នុងព្រះអម្ចាស់ ខ្ញុំសរសើរតម្កើងព្រះ បន្ទូលព្រះអង្គ 11 នៅក្នុងព្រះ ខ្ញុំទុកចិត្ត ខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ។ តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន? 12 ឱព្រះអើយ ទូលបង្គំត្រូវតែលាបំណន់ តាមពាក្យដែលទូលបង្គំបានបន់ដល់ព្រះអង្គ ទូលបង្គំនឹងថ្វាយតង្វាយអរព្រះគុណដល់ព្រះអង្គ។ 13 ដ្បិតព្រះអង្គបានរំដោះព្រលឹងទូលបង្គំឲ្យរួចពីស្លាប់ អើ ក៏បានជួយជើងទូលបង្គំមិនឲ្យដួលដែរ ដើម្បីឲ្យទូលបង្គំបានដើរនៅចំពោះព្រះ ក្នុងពន្លឺនៃជីវិត។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទ «សូមកុំបំផ្លាញ»។ ទំនុករបស់ស្ដេចដាវីឌ នៅគ្រាដែលទ្រង់ភៀសព្រះអង្គចេញពីស្ដេចសូលទៅពួននៅរូងភ្នំ។ 1 សូមអាណិតមេត្តាទូលបង្គំ ឱព្រះអើយ សូមអាណិតមេត្តាទូលបង្គំផង ដ្បិតព្រលឹងទូលបង្គំពឹងជ្រកក្នុងព្រះអង្គ ទូលបង្គំពឹងជ្រកនៅក្រោមម្លប់ នៃស្លាបរបស់ព្រះអង្គ រហូតទាល់តែព្យុះនៃសេចក្ដីអន្តរាយទាំងនេះ បានទៅបាត់។ 2 ទូលបង្គំនឹងស្រែករកព្រះដ៏ខ្ពស់បំផុត គឺរកព្រះដែលសម្រេចគោលបំណង របស់ព្រះអង្គដល់ទូលបង្គំ។ 3 ព្រះអង្គនឹងប្រទានការសង្គ្រោះមកខ្ញុំពីស្ថានសួគ៌ ព្រះអង្គនឹងធ្វើឲ្យអស់អ្នកដែលជាន់ឈ្លីទូលបង្គំ ត្រូវអាម៉ាស់។ សម្រាក ព្រះនឹងចាត់ព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គមក! 4 ព្រលឹងទូលបង្គំនៅកណ្ដាលហ្វូងសិង្ហ ទូលបង្គំដេកនៅកណ្ដាលអស់អ្នក ដែលចង់លេបត្របាក់ទូលបង្គំ ជាមនុស្សដែលមានធ្មេញជាលំពែង និងព្រួញ ជាអ្នកដែលមានអណ្ដាតជាដាវយ៉ាងមុត។ 5 ឱព្រះអើយ សូមឲ្យព្រះអង្គបានថ្កើងឡើង ខ្ពស់ជាងផ្ទៃមេឃ សូមឲ្យសិរីល្អរបស់ព្រះអង្គ គ្របដណ្ដប់លើផែនដីទាំងមូល។ 6 គេបានដាក់អន្ទាក់ដើម្បីទាក់ជើងទូលបង្គំ ព្រលឹងទូលបង្គំបានស្រុតចុះ។ គេបានជីករណ្តៅនៅពីមុខទូលបង្គំ តែខ្លួនគេបានធ្លាក់ទៅក្នុងរណ្តៅនោះវិញ! សម្រាក 7 ទូលបង្គំបានតាំងចិត្តជាស្រេច ឱព្រះអើយ ចិត្តទូលបង្គំបានតាំងជាស្រេចហើយ ទូលបង្គំនឹងច្រៀង ហើយទូលបង្គំនឹងស្មូត្រជាទំនុក។ 8 ឱព្រលឹងចូរភ្ញាក់ឡើង ឱពិណ និងស៊ុងរបស់ខ្ញុំអើយចូរភ្ញាក់ឡើង ខ្ញុំនឹងដាស់អរុណឲ្យរះឡើង។ 9 ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ ក្នុងចំណោមប្រជាជនទាំងឡាយ ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ នៅកណ្ដាលប្រជាជាតិនានា។ 10 ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ខ្ពស់ដល់ស្ថានសួគ៌ ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គខ្ពស់ដល់អាកាសវេហាស៍។ 11 ឱព្រះអើយ សូមឲ្យព្រះអង្គបានថ្កើងឡើង ខ្ពស់ជាងផ្ទៃមេឃ សូមឲ្យសិរីល្អរបស់ព្រះអង្គគ្របដណ្ដប់លើផែនដីទាំងមូល។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទ «សូមកុំបំផ្លាញ»។ ទំនុករបស់ស្ដេចដាវីឌ។ 1 អ្នករាល់គ្នាជាព្រះអើយ តើអ្នករាល់គ្នាពិតជាសម្រេច សេចក្ដីដែលត្រឹមត្រូវឬទេ? តើអ្នករាល់គ្នាកាត់ក្ដីឲ្យពួកកូនមនុស្ស ដោយទៀតត្រង់ឬទេ? 2 ទេ! ក្នុងចិត្តអ្នករាល់គ្នាបង្កើតរឿងអយុត្តិធម៌ ដៃអ្នករាល់គ្នាប្រព្រឹត្តអំពើឃោរឃៅនៅលើផែនដី។ 3 មនុស្សអាក្រក់វង្វេងតាំងពីក្នុងផ្ទៃម្តាយ គេវង្វេងតាំងពីកំណើត ហើយពោលពាក្យភូតភរ។ 4 គេមានពិស ដូចជាពិសពស់វែក ដូចជាពស់វែកតម្លង់ដែលខ្ទប់ត្រចៀក 5 ដើម្បីកុំឲ្យសំឡេងរបស់គ្រូអាយលម្ពាយ ទោះបើគ្រូនោះប៉ិនប្រសប់យ៉ាងណាក៏ដោយ។ 6 ឱព្រះអើយ សូមបំបាក់ធ្មេញនៅក្នុងមាត់គេ ឱព្រះអម្ចាស់ អើយ សូមកាច់ចង្កូមពួកសិង្ហស្ទាវទាំងនោះទៅ! 7 សូមឲ្យគេរលាយដូចជាទឹកហូរទៅបាត់ កាលណាគេតម្រង់ព្រួញរបស់គេ សូមឲ្យព្រួញទាំងនោះបាក់បែកទៅ។ 8 សូមឲ្យគេបានដូចជាខ្យងក្ដក់ ដែលរលាយទៅជាភក់ ដូចជាកូនរលូតដែលមិនឃើញពន្លឺថ្ងៃ។ 9 មុននឹងភ្លើងបន្លាឆេះក្ដៅដល់ឆ្នាំង សូមព្រះអង្គផាត់យកគេទាំងក្មេងទាំងចាស់ចេញទៅ។ 10 មនុស្សសុចរិតនឹងត្រេកអរដោយឃើញសេចក្ដីសងសឹក គេនឹងលាងជើងក្នុងឈាមរបស់មនុស្សអាក្រក់។ 11 មនុស្សនឹងពោលថា ប្រាកដជាមានរង្វាន់ សម្រាប់មនុស្សសុចរិតមែន ប្រាកដជាមានព្រះមួយព្រះអង្គ ដែលជំនុំជម្រះនៅលើផែនដីមែន។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទ «សូមកុំបំផ្លាញ»។ ទំនុករបស់ស្ដេចដាវីឌ។ នៅពេលដែលស្ដេចសូលចាត់គេឲ្យទៅព័ទ្ធដំណាក់ស្ដេចដាវីឌ ដើម្បីធ្វើគុតព្រះអង្គ។ 1 ឱព្រះនៃទូលបង្គំអើយ សូមរំដោះទូលបង្គំ ឲ្យរួចពីខ្មាំងសត្រូវរបស់ទូលបង្គំផង សូមការពារទូលបង្គំឲ្យរួចពីអស់អ្នកដែលលើកគ្នាទាស់នឹងទូលបង្គំ។ 2 សូមរំដោះទូលបង្គំឲ្យរួចពីអស់អ្នក ដែលប្រព្រឹត្តអាក្រក់ ហើយសង្គ្រោះទូលបង្គំឲ្យរួចពីមនុស្ស ដែលកម្ចាយឈាម។ 3 ដ្បិតមើល៍ ឱព្រះអម្ចាស់អើយ គេពួនស្ទាក់ចាំប្រហារជីវិតទូលបង្គំ ពួកមនុស្សខ្លាំងពូកែរករឿងទាស់នឹងទូលបង្គំ មិនមែនដោយព្រោះអំពើរំលង ឬអំពើបាបរបស់ទូលបង្គំឡើយ។ 4 ក៏មិនមែនដោយព្រោះកំហុសរបស់ទូលបង្គំដែរ គេរត់មក ហើយត្រៀមជាស្រេចហើយ។ សូមព្រះអង្គតើនឡើង សូមយាងមកជួយទូលបង្គំ ហើយទតមើលចុះ! 5 ឱ ព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូលអើយទ្រង់ជាព្រះនៃ ជនជាតិអុីស្រាអែល សូមតើនឡើង ហើយដាក់ទោស ជាតិសាសន៍ទាំងអស់នោះ សូមកុំប្រណីអ្នកណាម្នាក់ ក្នុងចំណោមអស់អ្នក ដែលក្បត់ដ៏ទុច្ចរិតទាំងនោះឡើយ។ សម្រាក 6 គេត្រឡប់មកវិញរាល់ល្ងាច ទាំងលូដូចជាឆ្កែ ហើយដើរក្រវែលជុំវិញទីក្រុង។ 7 មើល៍ គេបើកមាត់ជេរប្រមាថ បបូរមាត់របស់គេប្រៀបដូចជាដាវ ដ្បិតគេគិតថា «តើមានព្រះណានឹងស្ដាប់យើង?» 8 ប៉ុន្ដែ ឱព្រះអម្ចាស់អើយ ព្រះអង្គសើចចំអកឲ្យគេ ព្រះអង្គ ចំអកឲ្យជាតិសាសន៍ទាំងអស់នោះ។ 9 ឱព្រះដ៏ជាកម្លាំងនៃទូលបង្គំអើយ ទូលបង្គំសម្លឹងមើលទៅព្រះអង្គ ដ្បិត ឱព្រះអើយ ព្រះអង្គជាបន្ទាយរបស់ទូលបង្គំ។ 10 ព្រះរបស់ខ្ញុំ ព្រះអង្គនឹងយាងមករកខ្ញុំ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ព្រះនឹងឲ្យខ្ញុំឃើញខ្មាំងសត្រូវរបស់ខ្ញុំបរាជ័យ។ 11 សូមកុំសម្លាប់គេ ក្រែងប្រជារាស្ត្រទូលបង្គំភ្លេច ឱព្រះអម្ចាស់ដ៏ជាខែលនៃយើងខ្ញុំអើយ សូមធ្វើឲ្យគេរញ្ជួយដោយព្រះចេស្តាព្រះអង្គ ហើយច្រានទម្លាក់គេទៅ។ 12 ដ្បិតអំពើបាបដែលចេញពីមាត់របស់គេ និងពាក្យដែលចេញពីបបូរមាត់របស់គេ សូមឲ្យគេជាប់អន្ទាក់ ដោយសារអំនួតរបស់ខ្លួន។ ដ្បិតពាក្យជេរប្រទេចផ្ដាសា និងពាក្យភូតភរ ដែលគេបញ្ចេញមក។ 13 សូមបំផ្លាញគេដោយសេចក្ដីក្រោធរបស់ព្រះអង្គ សូមបំផ្លាញគេឲ្យអស់ កុំឲ្យមានទៀតឡើយ ដើម្បីឲ្យគេដឹងថា ព្រះគ្រប់គ្រងលើពួកយ៉ាកុប រហូតដល់ចុងបំផុតនៃផែនដី។ សម្រាក 14 គេត្រឡប់មកវិញរាល់ល្ងាច ទាំងលូដូចជាឆ្កែ ហើយដើរក្រវែលជុំវិញទីក្រុង។ 15 គេដើរចុះឡើងរកអាហារ ហើយគេគ្រហឹម ប្រសិនបើគេស៊ីមិនឆ្អែត។ 16 ឯទូលបង្គំវិញ ទូលបង្គំនឹងច្រៀង ពីឫទ្ធានុភាពរបស់ព្រះអង្គ ទូលបង្គំនឹងស្រែកច្រៀងពី ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ នៅពេលព្រឹក ដ្បិតព្រះអង្គជាបន្ទាយ និងជាជម្រកដល់ទូលបង្គំ នៅថ្ងៃដែលទូលបង្គំមានសេចក្ដីវេទនា។ 17 ឱព្រះដ៏ជាកម្លាំងនៃទូលបង្គំអើយ ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ ដ្បិត ឱព្រះអើយ ព្រះអង្គជាបន្ទាយរបស់ទូលបង្គំ ជាព្រះដែលសម្ដែងព្រះហឫទ័យ សប្បុរសដល់ទូលបង្គំ។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទ «ផ្កាម្លិះបន្ទាល់»។ បទចម្រៀងរបស់ស្ដេចដាវីឌ សម្រាប់ប្រៀនប្រដៅ។ រំឭកពីគ្រាដែលព្រះអង្គធ្វើសឹកជាមួយជនជាតិស៊ីរីនៅស្រុកមេសូប៉ូតាមា និងជនជាតិស៊ីរីនៅស្រុកសូបា ហើយនៅពេលដែលលោកយ៉ូអាប់វិលមកពីច្បាំងឈ្នះទ័ពអេដុមមួយម៉ឺនពីរពាន់នាក់ នៅវាលទំនាបអំបិល។ 1 ឱព្រះអើយ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ បានធ្វើឲ្យយើងខ្ញុំបាក់ទ័ព ព្រះអង្គខ្ញាល់នឹងខ្ញុំ ឱសូមស្រោចស្រង់យើងខ្ញុំឡើងវិញផង។ 2 ព្រះអង្គបានធ្វើឲ្យផែនដីរញ្ជួយ ព្រះអង្គបានហែកផែនដីឲ្យប្រេះចេញពីគ្នា សូមផ្សារទីប្រេះស្រាំឡើងវិញផង ដ្បិតផែនដីកំពុងតែរង្គើហើយ។ 3 ព្រះអង្គបានធ្វើឲ្យប្រជារាស្ត្រព្រះអង្គ ជួបការដ៏ពិបាក ព្រះអង្គបានធ្វើឲ្យយើងខ្ញុំផឹកស្រា ដែលនាំឲ្យយើងខ្ញុំវង្វេងស្មារតី។ 4 ព្រះអង្គបានប្រទានទង់ជ័យមួយ ដល់ពួកអ្នកដែលកោតខ្លាចព្រះអង្គ ដើម្បីឲ្យគេបានរត់ទៅទីនោះ រួចផុតពីមុខព្រួញ សំណៅហេព្រើរ ដោយព្រោះសេចក្ដីពិត។ សម្រាក 5 សូមសង្គ្រោះដោយព្រះហស្តស្តាំរបស់ព្រះអង្គ ហើយសូមឆ្លើយតបយើងខ្ញុំផង ដើម្បីឲ្យពួកស្ងួនភ្ងារបស់ព្រះអង្គបានរួចជីវិត។ 6 ព្រះទ្រង់មានព្រះបន្ទូលនៅក្នុងទីបរិសុទ្ធ របស់ព្រះអង្គថា «យើងនឹងបែងចែកក្រុងស៊ីគែមដោយអំណរ ហើយនឹងវាស់ជ្រលងភ្នំស៊ូកូថ។ 7 កាឡាតជាទឹកដីរបស់យើង ហើយម៉ាណាសេក៏ជាទឹកដីរបស់យើងដែរ អេប្រាអិមជាមួកដែករបស់យើង យូដាជាដំបងរាជ្យរបស់យើង។ 8 ម៉ូអាប់ជាអាងលាងសម្អាតរបស់យើង ហើយយើងនឹងបោះស្បែកជើងយើង ទៅលើស្រុកអេដុម យើងនឹងស្រែកប្រកាសជ័យជម្នះ លើភីលីស្ទីន»។ 9 តើអ្នកណានឹងនាំទូលបង្គំ ចូលទៅក្នុងទីក្រុងមាំមួនបាន? តើអ្នកណានឹងនាំទូលបង្គំចូលទៅស្រុកអេដុម? 10 ឱព្រះអើយ តើមិនមែនព្រះអង្គទេឬ ដែលបានបោះបង់ចោលយើងខ្ញុំ? ឱព្រះអើយ ព្រះអង្គមិនយាងចេញទៅជាមួយ កងទ័ពរបស់យើងខ្ញុំទៀតឡើយ។ 11 ឱសូមប្រោសប្រទានជំនួយឲ្យយើងខ្ញុំ ទាស់នឹងពួកសត្រូវផង ដ្បិតជំនួយរបស់មនុស្សឥតប្រយោជន៍ទេ។ 12 ដោយព្រះចេស្ដារបស់ព្រះ យើងខ្ញុំនឹងតស៊ូយ៉ាងរឹងប៉ឹង គឺព្រះអង្គហើយ ដែលនឹងជាន់ឈ្លី ពួកសត្រូវយើងខ្ញុំ។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ប្រគំុជាមួយតន្ដ្រីដែលមានខ្សែ។ ទំនុករបស់ស្ដេចដាវីឌ។ 1 ឱព្រះអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ សម្រែករបស់ទូលបង្គំសូមស្តាប់ពាក្យទូលបង្គំអធិស្ឋានផង 2 ពេលចិត្តទូលបង្គំអស់សង្ឃឹម ទូលបង្គំស្រែករកព្រះអង្គពីចុងផែនដី សូមនាំទូលបង្គំទៅកាន់ថ្មដា ដែលខ្ពស់ជាងទូលបង្គំ 3 ដ្បិតព្រះអង្គជាទីជ្រកកោនរបស់ទូលបង្គំ ជាប៉មយ៉ាងមាំតទល់នឹងខ្មាំងសត្រូវ។ 4 សូមឲ្យទូលបង្គំបានរស់នៅក្នុងព្រះពន្លា របស់ព្រះអង្គរហូតតទៅផង! សូមឲ្យទូលបង្គំបានជ្រកកោនក្រោមនៃស្លាបរបស់ព្រះអង្គផងដែរ។ សម្រាក 5 ដ្បិត ព្រះអង្គអើយ ព្រះអង្គបានឮសេចក្ដី ដែលទូលបង្គំទូលសូមហើយ ព្រះអង្គបានប្រោសប្រទានឲ្យទូលបង្គំនូវមរតកដែលព្រះអង្គបម្រុងទុកសម្រាប់អស់អ្នក ដែលកោតខ្លាចដល់ព្រះនាមព្រះអង្គ។ 6 សូមប្រទានឲ្យព្រះរាជា មានជន្មាយុយឺនយូរ សូមឲ្យឆ្នាំរបស់ព្រះរាជា ស្ថិតស្ថេរអស់ទាំងតំណតរៀងទៅ! សូមឲ្យព្រះរាជាគ្រងរាជ្យ នៅចំពោះព្រះរហូតតទៅ។ 7 សូមតាំងសេចក្ដីសប្បុរស និងសេចក្ដីពិត ឲ្យថែរក្សាព្រះរាជាផង។ 8 យ៉ាងនោះ ទូលបង្គំនឹងច្រៀងសរសើរ ព្រះនាមព្រះអង្គជាដរាប ទុកជាការលាបំណន់របស់ទូលបង្គំ រៀងរាល់ថ្ងៃ។
បទពីសៀវភៅរបស់គ្រូចម្រៀង។ សម្រាប់លោកយេឌូថិន ។ ទំនុករបស់ស្ដេចដាវីឌ។ 1 ព្រលឹងខ្ញុំរង់ចាំព្រះតែមួយព្រះអង្គ ដោយស្ងៀមស្ងាត់ ការសង្គ្រោះរបស់ខ្ញុំក៏មកតែពីព្រះអង្គដែរ។ 2 ព្រះអង្គតែមួយប៉ុណ្ណោះដែលជាថ្មដា និងជាព្រះសង្គ្រោះខ្ញុំ ជាបន្ទាយរបស់ខ្ញុំ ខ្ញុំនឹងមិនត្រូវរង្គើជាខ្លាំងឡើយ។ 3 តើអ្នករាល់គ្នានឹងព្រួតគ្នាវាយផ្ដួលមនុស្សម្នាក់ ទាំងចង់សម្លាប់គេដល់កាលណាទៀត? អ្នកនោះដូចជាកំផែងដែលទ្រេត ដូចជារបងដែលចង់រលំទៅហើយ។ 4 គម្រោងការរបស់គេ គឺដើម្បីធ្វើឲ្យអ្នកនោះ ធ្លាក់ពីតំណែងដ៏ខ្ពង់ខ្ពស់របស់ខ្លួនតែប៉ុណ្ណោះ គេចូលចិត្តនឹងសេចក្ដីភូតភរមាត់របស់គេឲ្យពរ តែនៅក្នុងចិត្ត គេប្រទេចផ្ដាសាវិញ។ សម្រាក 5 ឱព្រលឹងខ្ញុំអើយ ដ្បិតព្រះតែមួយព្រះអង្គគត់ ចូររង់ចាំដោយស្ងាត់ស្ញៀមចុះ ដ្បិតសេចក្ដីសង្ឃឹមរបស់ខ្ញុំ មកតែពីព្រះអង្គប៉ុណ្ណោះ។ 6 ព្រះអង្គតែមួយគត់ ដែលជាថ្មដា និងព្រះសង្គ្រោះខ្ញុំ ជាបន្ទាយរបស់ខ្ញុំ ខ្ញុំនឹងមិនត្រូវរង្គើឡើយ។ 7 ការសង្គ្រោះ និងសិរីល្អរបស់ខ្ញុំ ស្ថិតនៅលើព្រះ ឯថ្មដានៃកម្លាំងខ្ញុំ និងទីពឹងជ្រករបស់ខ្ញុំ ក៏នៅក្នុងព្រះដែរ។ 8 ឱប្រជាជនអើយ ចូរទុកចិត្តដល់ព្រះអង្គគ្រប់ពេលវេលាចូរថ្លែង រៀបរាប់នៅចំពោះព្រះអង្គចុះ ដ្បិតព្រះជាទីពឹងជ្រកសម្រាប់យើង។ សម្រាក 9 អស់អ្នកដែលទន់ទាប នៅតែមួយដង្ហើមទេ ឯអស់អ្នកដែលខ្ពង់ខ្ពស់ ក៏ជាសេចក្ដីបញ្ឆោតដែរ បើថ្លឹងគេនឹងជញ្ជីង នោះមានខ្ពស់ទាប តែទាំងអស់គ្នាស្រាលជាង ខ្យល់មួយដង្ហើមទៅទៀត។ 10 កុំទុកចិត្តនឹងការសង្កត់សង្កិនឡើយ ក៏កុំសង្ឃឹមឥតប្រយោជន៍លើការលួចប្លន់ដែរ ប្រសិនបើទ្រព្យសម្បត្តិចម្រើនឡើង សូមកុំឲ្យទុកចិត្តនឹងរបស់ទាំងនោះឲ្យសោះ។ 11 ខ្ញុំបានឮព្រះទ្រង់មានព្រះបន្ទូល មួយលើកជាពីរលើកថា ឫទ្ធិអំណាចជារបស់ព្រះ។ 12 ឱព្រះអម្ចាស់អើយ ព្រះហឫទ័យសប្បុរសជារបស់ព្រះអង្គដែរ ដ្បិតព្រះអង្គសងដល់មនុស្សទាំងអស់តាមអំពើដែលគេបានប្រព្រឹត្ត។
ទំនុករបស់ស្តេចដាវីឌ ក្នុងគ្រាដែលទ្រង់គង់នៅទីរហោស្ថានស្រុកយូដា។ 1 ឱព្រះជាម្ចាស់អើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងស្វែងរកព្រះអង្គអស់ពីចិត្ត ព្រលឹងទូលបង្គំស្រេកឃ្លានចង់បានព្រះអង្គ រូបសាច់ទូលបង្គំរឭកចង់បានព្រះអង្គ ដូចដីស្ងួតបែកក្រហែងដែលគ្មានទឹក។ 2 ទូលបង្គំបានឃើញព្រះអង្គនៅក្នុងទីបរិសុទ្ធ ទាំងសម្លឹងមើលព្រះចេស្ដា និងសិរីល្អរបស់ព្រះអង្គ។ 3 ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ វិសេសជាងជីវិត បបូរមាត់ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ។ 4 ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ដរាបអស់មួយជីវិតទូលបង្គំ ហើយទូលបង្គំនឹងប្រទូលដៃឡើង ក្នុងព្រះនាមព្រះអង្គ។ 5 ព្រលឹងទូលបង្គំនឹងបានស្កប់ស្កល់ ដូចបានបរិភោគខួរឆ្អឹង និងខ្លាញ់ ហើយមាត់ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គដោយ បបូរមាត់រីករាយ 6 ពេលទូលបង្គំនឹកដល់ព្រះអង្គនៅក្នុងដំណេក ហើយសញ្ជឹងគិតពីព្រះអង្គ នៅវេលាយាមយប់។ 7 ដ្បិតព្រះអង្គបានធ្វើជាជំនួយដល់ទូលបង្គំ ហើយនៅក្រោមម្លប់នៃស្លាបព្រះអង្គ ទូលបង្គំនឹងច្រៀងដោយអំណរ។ 8 ព្រលឹងទូលបង្គំតាមព្រះអង្គប្រកិត ព្រះហស្តស្តាំរបស់ព្រះអង្គ ក៏ទ្រទ្រង់ទូលបង្គំ។ 9 ប៉ុន្តែ អស់អ្នកដែលស្វែងរកបំផ្លាញជីវិតទូលបង្គំ នឹងត្រូវចុះទៅក្នុងជម្រៅនៃផែនដី 10 ពួកគេនឹងត្រូវប្រគល់ទៅក្នុងអំណាចដាវ គេនឹងបានជាអាហារដល់ឆ្កែព្រែ។ 11 ប៉ុន្តែ ព្រះរាជានឹងអរសប្បាយក្នុងព្រះវិញ អស់អ្នកដែលស្បថដោយព្រះនាមព្រះអង្គ នឹងមានចិត្តត្រេកអរឡើង ព្រោះមាត់របស់មនុស្សភូតកុហក នឹងត្រូវបិទ។
បទពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ 1 ឱព្រះអើយ សូមស្តាប់សំឡេងទូលបង្គំ ដែលទូលបង្គំពោលតម្អូញ សូមការពារជីវិតទូលបង្គំ ឲ្យរួចផុតពីការភ័យខ្លាចចំពោះ ពួកខ្មាំងសត្រូវផង។ 2 សូមលាក់ទូលបង្គំឲ្យរួចផុតពីផែនការសម្ងាត់ របស់ពួកមនុស្សអាក្រក់ និងពីពពួកមនុស្សដែលប្រព្រឹត្តអំពើទុច្ចរិត។ 3 ដែលបានសំលៀងអណ្ដាតដូចជាសំលៀងដាវ ហើយចោលពាក្យសម្ដីដ៏ជូរចត់របស់គេ ដូចជាព្រួញ 4 ដោយលបបាញ់ប្រហារមនុស្សទៀងត្រង់ គេបាញ់អ្នកនោះមិនឲ្យដឹងខ្លួន ឥតកោតក្រែងអ្វីឡើយ។ 5 គេជំរុញចិត្តគ្នាក្នុងបំណងអាក្រក់របស់គេ គេពិគ្រោះគ្នាអំពីការដាក់អន្ទាក់ ដោយស្ងាត់កំបាំង គេថា «តើអ្នកណាមើលយើងឃើញ? 6 តើអ្នកណាអាចរកឃើញថា យើងប្រព្រឹត្តអំពើឧក្រិដ្ឋ យើងបានរិះរកផែនការយ៉ាងល្អរួចរាល់ហើយ»។ ដ្បិតគំនិតខាងក្នុងចិត្តរបស់មនុស្ស ជ្រៅណាស់។ 7 ប៉ុន្តែ ព្រះជាម្ចាស់នឹងបាញ់គេដោយព្រួញរបស់ព្រះអង្គ មិនឲ្យគេដឹងខ្លួន ហើយគេនឹងត្រូវរបួស។ 8 អណ្ដាតរបស់គេនឹងនាំឲ្យគេវិនាសអស់អ្នកណាដែលឃើញគេ នឹងគ្រវីក្បាល។ 9 នោះមនុស្សលោកទាំងអស់នឹងភ័យខ្លាច គេនឹងប្រកាសប្រាប់ពីកិច្ចការរបស់ព្រះហើយពិចារណាពីកិច្ចការ ដែលព្រះអង្គបានធ្វើ។ 10 សូមឲ្យមនុស្សសុចរិតរីករាយក្នុងព្រះអម្ចាស់ ហើយពឹងជ្រកក្នុងព្រះអង្គ សូមអស់អ្នកណាដែលមានចិត្តទៀតត្រង់លើកតម្កើងព្រះអង្គ។
បទពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ ចម្រៀងតម្កើងព្រះជាម្ចាស់។ 1 ឱព្រះជាម្ចាស់អើយ យើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គ នៅក្រុងស៊ីយ៉ូន ហើយថ្វាយតង្វាយតាមពាក្យដែលយើងខ្ញុំ បានសន្យាចំពោះព្រះអង្គ។ 2 ព្រះអង្គតែងតែស្ដាប់ពាក្យទូលអង្វរ របស់មនុស្សលោកជានិច្ច ពួកគេ នឹងមករកព្រះអង្គទាំងអស់គ្នា។ 3 កំហុសរបស់ទូលបង្គំធ្ងន់ធ្ងរណាស់ មានតែព្រះអង្គទេ ដែលលើកលែងទោសឲ្យយើងខ្ញុំបាន។ 4 មានពរហើយអស់អ្នកណា ដែលព្រះអង្គជ្រើសរើស ហើយនាំចូលមកជិតព្រះអង្គ ដើម្បីឲ្យបានអាស្រ័យនៅក្នុងទីលានព្រះអង្គ។ យើងខ្ញុំនឹងបានស្កប់ចិត្តដោយសេចក្ដីល្អ នៃដំណាក់ព្រះអង្គ គឺជាព្រះវិហារដ៏បរិសុទ្ធរបស់ព្រះអង្គ។ 5 ឱព្រះនៃការសង្គ្រោះរបស់យើងខ្ញុំអើយ ព្រះអង្គឆ្លើយតបយើងខ្ញុំដោយឫទ្ធិបារមីគួរឲ្យស្ញែងខ្លាច និងដោយសេចក្ដីសុចរិត ព្រះអង្គជាសេចក្ដីសង្ឃឹម ដល់អស់ទាំងចុងបំផុតផែនដីនិងដល់ចុងសមុទ្រនៅទីឆ្ងាយ។ 6 ព្រះអង្គបានតាំងភ្នំទាំងឡាយឲ្យមាំមួន ដោយឥទ្ធិឫទ្ធិរបស់ព្រះអង្គ ព្រះអង្គក្រវាត់ដោយឫទ្ធានុភាព 7 ព្រះអង្គធ្វើឲ្យសូរសន្ធឹក នៃសមុទ្របានស្ងប់ឈឹង គឺសូរសន្ធឹកនៃរលក ការច្របូកច្របល់របស់ប្រជាជន។ 8 ដល់ម៉្លេះបានជាអស់អ្នក ដែលរស់នៅឯចុងបំផុតផែនដី ស្ញែងខ្លាចដោយឃើញ ទីសម្គាល់របស់ព្រះអង្គ។ ព្រះអង្គធ្វើឲ្យអស់អ្នក ដែលរស់នៅទិសខាងកើត និងទិសខាងលិចស្រែកហ៊ោរដោយអំណរ។ 9 ព្រះអង្គថែរក្សាផែនដី ហើយក៏ស្រោចស្រព ព្រះអង្គធ្វើឲ្យផែនដីមានភោគផល សម្បូរហូររហៀរ ទន្លេរបស់ព្រះមានពោរពេញទៅដោយទឹក ព្រះអង្គផ្គត់ផ្គង់ឲ្យគេមានស្រូវ ដ្បិតព្រះអង្គបានរៀបចំផែនដីមកដូច្នេះ។ 10 ព្រះអង្គស្រោចស្រពផែនដីជាបរិបូរ ក៏ពង្រាបដីអោយរាបស្មើ ហើយធ្វើឲ្យដីទន់ដោយទឹកភ្លៀង ក៏ប្រទានពរឲ្យគ្រាប់ពូជដុះឡើង។ 11 ព្រះអង្គប្រោសប្រទានឲ្យឆ្នាំ ប្រកបដោយភាពសម្បូរណ៍សប្បាយ ហើយផ្លូវរាជរថព្រះអង្គក៏ហូរហៀរ ដោយ ភោគផលបរិបូរដែរ។ 12 វាលស្មៅនៅទីរហោស្ថានមានសំណើមហូរហៀរ ហើយភ្នំនានាក៏ហ៊ុមព័ទ្ធដោយអំណរដែរ 13 វាលស្មៅប្រដាប់ខ្លួនដោយហ្វូងចៀម ជ្រលងភ្នំតាក់តែងខ្លួនដោយស្រូវដេរដាស ទីទាំងនោះស្រែកច្រៀងព្រមគ្នាដោយអំណរ។
បទពីសៀវភៅរបស់គ្រូចម្រៀង។ ចម្រៀងតម្កើងព្រះជាម្ចាស់។ ទំនុកតម្កើង ។ 1 ផែនដីទាំងមូលអើយ ចូរបន្លឺឡើងដោយអំណរថ្វាយព្រះចុះ 2 ចូរច្រៀងអំពីសិរីរុងល្អនៃព្រះនាមព្រះអង្គ ហើយថ្វាយការសរសើរដ៏រុងរឿងដល់ព្រះអង្គ។ 3 ចូរទូលដល់ព្រះថា «អស់ទាំងកិច្ចការរបស់ព្រះអង្គ គួរស្ញែងខ្លាចយ៉ាងណាទៅ! ខ្មាំងសត្រូវរបស់ព្រះអង្គ ចុះចូលចំពោះព្រះអង្គដោយព្រោះព្រះចេស្ដាដ៏ធំរបស់ព្រះអង្គ។ 4 ផែនដីទាំងមូលថ្វាយបង្គំព្រះអង្គ ហើយច្រៀងសរសើរដល់ព្រះអង្គ គេច្រៀងសរសើរដល់ព្រះនាមព្រះអង្គ»។ សម្រាក 5 ចូរមកមើលកិច្ចការដែលព្រះបានធ្វើចុះ! ព្រះអង្គគួរស្ញែងខ្លាច ក្នុងកិច្ចការដែលព្រះអង្គ បានធ្វើដល់ពួកកូនមនុស្ស។ 6 ព្រះអង្គធ្វើឲ្យសមុទ្រទៅជាដីគោក គេបានដើរឆ្លងកាត់ទន្លេ។នៅទីនោះ យើងខ្ញុំបានរីករាយក្នុងព្រះអង្គ។ 7 ដែលទ្រង់សោយរាជ្យ ដោយព្រះចេស្តាព្រះអង្គអស់កល្បជានិច្ចព្រះនេត្រព្រះអង្គរំពៃមើលអស់ទាំងសាសន៍ មិនត្រូវឲ្យពួកបះបោរតម្កើងខ្លួនឡើយ។ សម្រាក 8 ឱប្រជាជនទាំងឡាយអើយ ចូរលើកតម្កើងព្រះនៃយើង សូមបន្លឺសំឡេងសរសើរតម្កើងព្រះអង្គឡើង។ 9 ព្រះអង្គហើយដែលរក្សាព្រលឹងយើង ក្នុងចំណោមមនុស្សរស់ ក៏មិនឲ្យជើងយើងរអិលភ្លាត់ឡើយ។ 10 ដ្បិត ឱព្រះអើយ ព្រះអង្គបានល្បងលយើងខ្ញុំ ក៏បានលត់ដំយើងខ្ញុំ ដូចគេបន្សុទ្ធប្រាក់។ 11 ព្រះអង្គបាននាំយើងខ្ញុំឲ្យជាប់មងព្រះអង្គបានដាក់បន្ទុកយ៉ាងធ្ងន់ នៅលើខ្នងយើងខ្ញុំ។ 12 ព្រះអង្គបានបើកឲ្យមនុស្សជិះលើក្បាលយើងខ្ញុំ យើងខ្ញុំបានឆ្លងកាត់ភ្លើង និងឆ្លងកាត់ទឹក ប៉ុន្តែ ព្រះអង្គបាននាំយើងខ្ញុំចេញមកកន្លែងដែលមានបរិបូរណ៏។ 13 ទូលបង្គំនឹងយកតង្វាយដុត ចូលមកក្នុងដំណាក់ព្រះអង្គ ទូលបង្គំនឹងលាបំណន់ចំពោះព្រះអង្គ 14 ជាបំណន់ដែលបបូរមាត់ទូលបង្គំបានបន់ ហើយដែលមាត់ទូលបង្គំបានសន្យា នៅពេលទូលបង្គំមានអាសន្ន។ 15 ទូលបង្គំនឹងថ្វាយសត្វធាត់ៗ ជាតង្វាយដុតដល់ព្រះអង្គ ដោយក្លិនយញ្ញបូជារបស់ចៀមឈ្មោល ទូលបង្គំនឹងថ្វាយគោឈ្មោល និងពពែឈ្មោល។ 16 អស់អ្នកដែលកោតខ្លាចព្រះអើយ ចូរចូលមកស្តាប់ចុះ ខ្ញុំនឹងរៀបរាប់ប្រាប់ពីកិច្ចការ ដែលព្រះអង្គបានធ្វើដល់ខ្ញុំ។ 17 មាត់ខ្ញុំបានអំពាវនាវរកព្រះអង្គ ហើយអណ្ដាតខ្ញុំបានសរសើរតម្កើងព្រះអង្គ។ 18 ប្រសិនបើខ្ញុំលាក់អំពើទុច្ចរិតនៅក្នុងចិត្តនោះព្រះអម្ចាស់មិនស្តាប់ខ្ញុំឡើយ។ 19 ប៉ុន្តែ ព្រះពិតជាបានស្តាប់ខ្ញុំមែន ព្រះអង្គយកព្រះហឫទ័យទុកដាក់ ស្តាប់សំឡេងអធិស្ឋានរបស់ខ្ញុំ។ 20 សូមលើកតម្កើងព្រះ ព្រោះព្រះអង្គមិនបានបែរចេញពីសេចក្ដីអធិស្ឋានរបស់ខ្ញុំ ក៏មិនបានដកព្រះហឫទ័យសប្បុរសរបស់ព្រះអង្គចេញពីខ្ញុំដែរ។
ទំនុកជាបទចម្រៀង សម្រាប់មេភ្លេង ត្រូវលេងដោយប្រដាប់មានខ្សែ។ 1 សូមព្រះប្រណីសន្ដោសដល់យើង ហើយប្រទានពរយើង សូមព្រះភ័ក្ត្រព្រះអង្គរះលើយើងខ្ញុំ។ សម្រាក 2 ដើម្បីឲ្យមនុស្សលោកបានស្គាល់ផ្លូវរបស់ព្រះអង្គស្គាល់ព្រះចេស្ដាសង្គ្រោះរបស់ព្រះអង្គ នៅកណ្ដាលអស់ទាំងជាតិសាសន៍។ 3 ឱព្រះអើយ សូមឲ្យប្រជាជនទាំងឡាយ សរសើរតម្កើងព្រះអង្គ សូមឲ្យប្រជាជនទាំងអស់សរសើរតម្កើងព្រះអង្គ។ 4 សូមឲ្យជាតិសាស៍ទាំងឡាយបានអរសប្បាយ ហើយច្រៀងដោយអំណរ ដ្បិតព្រះអង្គជំនុំជម្រះប្រជាជនទាំងឡាយ ដោយយុត្តិធម៌ ហើយដឹកនាំជាតិសាសន៍នានានៅផែនដី។ 5 ឱព្រះអើយ សូមឲ្យប្រជាជនទាំងឡាយ សរសើរតម្កើងព្រះអង្គ សូមឲ្យប្រជាជនទាំងអស់សរសើរតម្កើងព្រះអង្គ។ 6 ផែនដីបានបង្កើតភោគផលចម្រើនឡើង ហើយព្រះគឺព្រះនៃយើងខ្ញុំ ព្រះអង្គនឹងប្រទានពរយើងខ្ញុំ។ 7 ព្រះជាម្ចាស់ នឹងប្រទានពរយើង សូមឲ្យមនុស្សទាំងអស់ដល់ចុងបំផុតផែនដី កោតខ្លាចព្រះអង្គ។
ទំនុកជាបទចម្រៀងរបស់ស្តេចដាវីឌ សម្រាប់មេភ្លេង។ 1 សូមព្រះក្រោកឡើង សូមឲ្យខ្មាំងសត្រូវរបស់ព្រះអង្គត្រូវខ្ចាត់ខ្ចាយ ហើយឲ្យអស់អ្នកដែលស្អប់ព្រះអង្គ រត់ចេញពីព្រះភ័ក្ត្រព្រះអង្គ! 2 សូមព្រះអង្គបណ្តេញគេចេញ ដូចផ្សែងដែលត្រូវខ្យល់ផាត់បាត់ទៅ សូមឲ្យមនុស្សអាក្រក់វិនាសបាត់នៅចំពោះព្រះ ដូចក្រមួនដែលរលាយនៅចំពោះភ្លើង។ 3 តែសូមឲ្យមនុស្សសុចរិតបានសប្បាយរីករាយ គេនឹងរីករាយនៅចំពោះព្រះ គេនឹងមានអំណរសប្បាយយ៉ាងខ្លាំង! 4 ចូរច្រៀងថ្វាយព្រះ ចូរច្រៀងសរសើរព្រះនាមព្រះអង្គ ចូរស្រែកច្រៀងថ្វាយព្រះអង្គ ដែលជិះរាជរថកាត់ទីរហោស្ថាន ព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់ ចូរសប្បាយរីករាយនៅចំពោះព្រះអង្គ។ 5 ព្រះដែលគង់ក្នុងដំណាក់ដ៏បរិសុទ្ធ ព្រះអង្គជាឪពុករបស់ក្មេងកំព្រា និងជាអ្នកការពារស្ត្រីមេម៉ាយ។ 6 ព្រះទ្រង់ប្រទានឲ្យមនុស្សឯកោ មានផ្ទះសំបែងរស់នៅ ព្រះអង្គនាំអ្នកជាប់ឃុំឃាំង ចេញទៅរកភាពចម្រុងចម្រើន តែពួកបះបោរវិញ នឹងរស់ក្នុងទឹកដីហួតហែង។ 7 ឱព្រះជាម្ចាស់អើយ កាលព្រះអង្គយាងនាំមុខ ប្រជារាស្ត្ររបស់ព្រះអង្គចេញទៅ កាលព្រះអង្គបានយាងកាត់ទីហោ ស្ថាន។ សម្រាក 8 នោះផែនដីរញ្ជួយ ហើយមេឃក៏បង្អុរភ្លៀង នៅចំពោះព្រះ គឺព្រះនៃភ្នំស៊ីណាយ នៅចំពោះព្រះ ជាព្រះនៃសាសន៍អុីស្រាអែល។ 9 ឱព្រះអើយ ព្រះអង្គបានបង្អុរភ្លៀងជាបរិបូរ ព្រះអង្គបានធ្វើឲ្យប្រជារាស្រ្តរបស់ព្រះអង្គ ដែលខ្សោះល្វើយ បានស្រស់បស់ឡើងវិញ។ 10 ប្រជារាស្ត្រព្រះអង្គរកបាន ទីអាស្រ័យក្នុងស្រុកនោះ ឱព្រះអើយ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ព្រះអង្គបានផ្គត់ផ្គង់មនុស្សកម្សត់ទុគ៌ត។ 11 ព្រះអម្ចាស់ប្រទានព្រះបន្ទូល ពួកស្ត្រីដែលប្រកាសដំណឹង នោះមានគ្នាច្រើនណាស់។ 12 ពួកស្តេចកងទ័ពរត់គេច គេរត់គេចទៅ! ស្ត្រីៗដែលនៅផ្ទះនាំគ្នាចែកជ័យភណ្ឌ។ 13 ទោះបើអ្នករាល់គ្នាបានដេក នៅកណ្ដាលក្រោលសត្វ គង់តែនឹងមានស្លាបសត្វព្រាប ដែលស្រោបដោយប្រាក់ហើយរោមវាក៏ស្រោបដោយមាសចែងចាំង។ 14 កាលព្រះដ៏មានព្រះចេស្តាបំផុត ព្រះអង្គកម្ចាត់កម្ចាយពួកស្តេចនៅស្រុកនោះ សូមឲ្យព្រឹលធ្លាក់នៅលើភ្នំសាលម៉ូន។ 15 ឱភ្នំនៃព្រះ ភ្នំបាសាន ឱភ្នំដែលមានកំពូលច្រើន ភ្នំបាសានអើយ។ 16 ឱភ្នំដែលមានកំពូលច្រើនអើយ ហេតុអ្វីបានជាមើលដោយច្រណែន នឹងភ្នំដែលព្រះសព្វព្រះហឫទ័យនឹងយក ជាលំនៅរបស់ព្រះអង្គដូច្នេះ? អើ ព្រះអម្ចាស់ នឹងគង់ នៅលើភ្នំនោះរហូតតទៅ។ 17 រាជរថរបស់ព្រះមានចំនួនរាប់លានរាប់កោដិ ព្រះអម្ចាស់គង់នៅកណ្ដាល គឺព្រះនៃភ្នំស៊ីណាយ ព្រះអង្គគង់ក្នុងទីបរិសុទ្ធ។ 18 ព្រះអង្គបានយាងឡើងទៅទីខ្ពស់ ទាំងនាំពួកឈ្លើយទៅជាមួយ ហើយទទួលសួយអាករពីប្រជាជន សូម្បីតែពីក្នុងចំណោមមនុស្សបះបោរ ដើម្បីឲ្យព្រះអម្ចាស់ដ៏ជាព្រះបានគង់នៅទីនោះ។ 19 សូមលើកតម្កើងព្រះអម្ចាស់ ដែលព្រះអង្គទទួលយកបន្ទុករបស់យើងរាល់ថ្ងៃ គឺជាព្រះជាទីសង្គ្រោះរបស់យើង។ សម្រាក 20 ព្រះនៃយើង គឺជាព្រះនៃការសង្គ្រោះ និងជួយរំដោះឲ្យរួចពីស្លាប់ គឺជាព្រះអម្ចាស់។ 21 តែព្រះនឹងវាយបំបែកក្បាល ខ្មាំងសត្រូវរបស់ព្រះអង្គ គឺថ្ងាសនៃអ្នកដែលចេះតែដើរ ក្នុងផ្លូវទុច្ចរិតរបស់ខ្លួន។ 22 ព្រះអម្ចាស់មានព្រះបន្ទូលថា «យើងនឹងនាំគេត្រឡប់ពីភ្នំបាសាន យើងនឹងនាំគេចេញពីបាតសមុទ្រមកវិញ 23 ដើម្បីឲ្យជើងអ្នករាល់គ្នា បានដើរលុយក្នុងឈាមរបស់គេ ឲ្យអណ្ដាតឆ្កែរបស់អ្នករាល់គ្នា មានចំណែកពីខ្មាំងសត្រូវទាំងនោះដែរ»។ 24 ឱព្រះអើយ គេបានឃើញក្បួនដំណើរ របស់ព្រះអង្គគឺក្បួនដំណើររបស់ព្រះនៃទូលបង្គំ មហាក្សត្រនៃទូលបង្គំយាងចូលទៅក្នុងទីបរិសុទ្ធ។ 25 ពួកចម្រៀងនៅខាងមុខពួកភ្លេងនៅខាងក្រោយ នៅកណ្ដាលមានពួកស្រីក្រមុំនាំគ្នាវាយក្រាប់។ 26 ឱអស់អ្នកដែលកើតពីពូជពង្ស អុីស្រាអែលអើយ ចូរលើកតម្កើងព្រះ នៅក្នុងក្រុមជំនុំធំ ចូរលើកតម្កើងព្រះអម្ចាស់។ 27 នៅទីនោះមានបេនយ៉ាមីន ជាកូនពៅបង្អស់ នាំមុខគេ ក្នុងចំណោមពួកគេ មានពួកមេដឹកនាំរបស់យូដា ពួកមេដឹកនាំរបស់សាប់យូឡូន និងពួកមេដឹកនាំរបស់ណែបថាលី។ 28 ឱព្រះអើយ សូមបង្ហាញឫទ្ធានុភាព របស់ព្រះអង្គមក ឱព្រះអើយ សូមបង្ហាញព្រះចេស្ដារបស់ព្រះអង្គ ជាព្រះចេស្ដាដែលព្រះអង្គ តែងតែប្រោសយើងខ្ញុំ។ 29 ដោយយល់ដល់ព្រះវិហាររបស់ព្រះអង្គ នៅក្រុងយេរូសាឡិម ពួកស្តេចនាំគ្នាយកតង្វាយមកថ្វាយព្រះអង្គ។ 30 សូមព្រះអង្គបន្ទោសសត្វព្រៃ ដែលរស់នៅកណ្ដាលដើមត្រែង និងហ្វូងគោឈ្មោល ព្រមទាំងកូនគោ នៃជនជាតិទាំងឡាយផងគ្រប់គ្នាមកក្រាបចុះ ហើយថ្វាយប្រាក់ទាំងដុំៗ ព្រះអង្គកម្ចាត់កម្ចាយប្រជាជនទាំងឡាយ ដែលចូលចិត្តនឹងសង្គ្រាម។ 31 ពួកមានត្រកូលខ្ពស់នឹងចេញពីស្រុកអេស៊ីប អ្នកអេធីយ៉ូពីនឹងលើកដៃទៅរកព្រះជាម្ចស់។ 32 ឱនគរទាំងឡាយនៅផែនដីអើយ ចូរច្រៀងថ្វាយព្រះ ឱចូរច្រៀងសរសើរដល់ព្រះអម្ចាស់។ សម្រាក 33 គឺដល់ព្រះអង្គដែលជិះរាជរថកាត់ផ្ទៃមេឃ គឺផ្ទៃមេឃពីបុរាណ មើល៍ ព្រះអង្គបញ្ចេញព្រះសូរសៀង គឺព្រះសូរសៀងយ៉ាងខ្លាំងក្រៃលែង។ 34 ចូរប្រកាសទទួលស្គាល់ព្រះចេស្តារបស់ព្រះ ឫទ្ធានុភាពរបស់ព្រះអង្គ គ្របដណ្ដប់លើអុីស្រាអែល ហើយព្រះចេស្តារបស់ព្រះអង្គ ក៏នៅលើផ្ទៃមេឃ។ 35 ព្រះដែលយាងមកពីទីបរិសុទ្ធរបស់ព្រះអង្គ ព្រះអង្គគួរឲ្យស្ញែងខ្លាច ព្រះអង្គប្រទានព្រះចេស្ដា និងកម្លាំងដល់ប្រជារាស្ត្រព្រះអង្គ សូមលើកតម្កើងព្រះជាម្ចាស់។
បទពីសៀវភៅរបស់គ្រូចម្រៀង។ បទ «ផ្កាម្លិះ»។ ទំនុករបស់ស្ដេចដាវីឌ។ 1 ឱព្រះជាម្ចាស់អើយ សូមសង្គ្រោះទូលបង្គំផង ដ្បិតទឹកបានឡើងដល់កទូលបង្គំហើយ។ 2 ទូលបង្គំផុងនៅក្នុងភក់ដ៏ជ្រៅ ជាកន្លែងដែលគ្មានទីឈរឡើយ ទូលបង្គំបានចូលទៅក្នុងទឹកជ្រៅ ហើយជំនន់ក៏បោកគ្របលើទូលបង្គំ។ 3 ទូលបង្គំល្វើយ ដោយសារសម្រែករបស់ទូលបង្គំ បំពង់កទូលបង្គំស្ងួតហើយ ភ្នែកទូលបង្គំទៅជាស្រវាំង ដោយសារទន្ទឹងរង់ចាំព្រះជាម្ចាស់នៃទូលបង្គំ។ 4 អស់អ្នកដែលស្អប់ទូលបង្គំដោយឥតហេតុ មានច្រើនជាងសក់ក្បាលរបស់ទូលបង្គំទៅទៀត អស់អ្នកដែលចង់បំផ្លាញទូលបង្គំ អស់អ្នកដែល វាយប្រហារទូលបង្គំដោយឥតរឿង មានកម្លាំងខ្លាំងណាស់ គេចាប់ឲ្យទូលបង្គំសងរបស់ដែលទូលបង្គំ មិនបានយកសោះ។ 5 ឱព្រះជាម្ចាស់អើយ ព្រះអង្គជ្រាបសេចក្ដីល្ងង់ខ្លៅ របស់ទូលបង្គំ កំហុសដែលទូលបង្គំបានប្រព្រឹត្ត ពុំអាចបិទបាំងនឹងព្រះអង្គឡើយ។ 6 ឱព្រះអម្ចាស់នៃពិភពទាំងមូល សូមកុំឲ្យអស់អ្នកដែលសង្ឃឹម ដល់ព្រះអង្គត្រូវខ្មាស ដោយព្រោះទូលបង្គំឡើយ ឱព្រះនៃអុីស្រាអែលអើយ សូមកុំឲ្យអស់អ្នកដែលស្វែងរកព្រះអង្គ ត្រូវបាក់មុខ ដោយព្រោះទូលបង្គំឲ្យសោះ។ 7 ដ្បិតគឺដោយយល់ដល់ព្រះអង្គហើយ បានជាទូលបង្គំទ្រាំទ្រពាក្យដំណៀល ហើយសេចក្ដីអាម៉ាស់បានគ្របមុខទូលបង្គំ។ 8 ទូលបង្គំបានត្រឡប់ដូចជាអ្នកដទៃ ចំពោះបងប្អូនទូលបង្គំ គឺដូចជាជនជាតិផ្សេង ចំពោះបងប្អូនពោះមួយ របស់ទូលបង្គំ។ 9 ដ្បិតសេចក្ដីឧស្សាហ៍ដល់ដំណាក់ព្រះអង្គ បានបំផ្លាញទូលបង្គំ ហើយដំណៀលទាំងប៉ុន្មាន របស់អស់អ្នកតិះដៀលព្រះអង្គ បានធ្លាក់មកលើទូលបង្គំ។ 10 កាលទូលបង្គំយំសោក ហើយដាក់ចិត្តតមអាហារ នោះធ្វើឲ្យគេតិះដៀលទូលបង្គំ។ 11 កាលទូលបង្គំយកសំពត់ធ្មៃ មកធ្វើជាសម្លៀកបំពាក់ នោះទូលបង្គំត្រឡប់ជាពាក្យ លេងសើចរបស់គេ។ 12 អស់អ្នកដែលអង្គុយនៅទ្វារក្រុង នាំគ្នានិយាយដើមទូលបង្គំ ហើយមនុស្សប្រមឹក យករឿងទូលបង្គំទៅធ្វើជាទំនុកច្រៀង។ 13 ប៉ុន្តែ ឯទូលបង្គំវិញ ឱព្រះអម្ចាស់អើយ ពាក្យអធិស្ឋានរបស់ទូលបង្គំ គឺតម្រង់ទៅឯព្រះអង្គ។ នៅពេលគាប់ព្រះហឫទ័យ ឱព្រះអើយ ដោយព្រះហឫទ័យសប្បុរសដ៏បរិបូររបស់ព្រះអង្គ សូមឆ្លើយតបមកទូលបង្គំផង ដោយការសង្គ្រោះដ៏ស្មោះត្រង់របស់ព្រះអង្គ។ 14 សូមរំដោះទូលបង្គំឲ្យរួចពីភក់ជ្រាំនេះ សូមឲ្យទូលបង្គំបានរួចពីខ្មាំងសត្រូវរបស់ទូលបង្គំ និងពីទឹកដ៏ជ្រៅនេះផង! 15 សូមកុំឲ្យជំនន់នេះពន្លិចទូលបង្គំ ឬទីជម្រៅលេបទូលបង្គំ ឬរណ្តៅបិទមាត់ គ្របពីលើទូលបង្គំឡើយ។ 16 ព្រះអម្ចាស់អើយ ដោយព្រះអង្គមានព្រះហឫទ័យសប្បុរស និងមេត្តាករុណា សូមឆ្លើយតបមកទូលបង្គំ ដោយព្រះហឫទ័យអាណិតមេត្តាដ៏ធំធេង សូមងាកមកទតមើលទូលបង្គំផង។ 17 សូមកុំលាក់ព្រះភ័ក្ត្រនឹងទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គឡើយ សូមមេត្តាឆ្លើយតបមកទូលបង្គំជាប្រញាប់ ដ្បិតទូលបង្គំកំពុងតែមានអាសន្ន។ 18 សូមយាងមកជិតទូលបង្គំ សូមលោះទូលបង្គំ ដោយព្រោះខ្មាំងសត្រូវរបស់ទូលបង្គំ សូមដោះទូលបង្គំឲ្យរួចផង។ 19 ព្រះអង្គជ្រាបពាក្យដំណៀលមកលើទូលបង្គំ ពីសេចក្ដីអាម៉ាស់ និងសេចក្ដីអាប់ឱនរបស់ទូលបង្គំ ព្រះអង្គស្គាល់បច្ចាមិត្តទាំងប៉ុន្មាន របស់ទូលបង្គំហើយ។ 20 ពាក្យដំណៀលបានញាំញីចិត្តទូលបង្គំ ដល់ម៉្លេះបានជាទូលបង្គំអស់សង្ឃឹម ទូលបង្គំសង្ឃឹមថានឹងមានគេអាណិត តែគ្មានសោះ ក៏ស្វែងរកអ្នកកម្សាន្តចិត្ត តែរកមិនបានឡើយ។ 21 គេឲ្យថ្នាំពុលមកទូលបង្គំជាអាហារ ហើយកាលទូលបង្គំស្រេក គេយកទឹកខ្មេះឲ្យទូលបង្គំផឹក។ 22 សូមឲ្យតុរបស់គេត្រឡប់ជាអន្ទាក់ដល់គេ ហើយកាលណាគេមានសេចក្ដីសុខ នោះសូមឲ្យទៅជាអង្គប់ដល់គេវិញ 23 សូមឲ្យភ្នែករបស់គេទៅជាងងឹត ដើម្បីកុំឲ្យគេមើលឃើញហើយសូមឲ្យចង្កេះគេញ័ររហូតទៅ។ 24 សូមចាក់សេចក្ដីក្ដៅក្រហាយ របស់ព្រះអង្គទៅលើគេ ហើយសូមឲ្យសេចក្ដីក្រោធ ដ៏សហ័សរបស់ព្រះអង្គតាមទាន់គេ។ 25 សូមឲ្យជំរំរបស់គេត្រូវចោលស្ងាត់ កុំឲ្យអ្នកណារស់នៅក្នុងជម្រករបស់គេឡើយ។ 26 ដ្បិតគេធ្វើទុក្ខបៀតបៀនអ្នក ដែលព្រះអង្គបានវាយ ហើយគេតំណាលពីការឈឺចាប់របស់អស់អ្នក ដែលព្រះអង្គបានវាយឲ្យរបួស។ 27 សូមដាក់ទោស បន្ថែមលើទោសគេថែមទៀត សូមព្រះអង្គកុំឲ្យគេរួចខ្លួនឡើយ។ 28 សូមលុបគេចេញពីបញ្ជីជីវិតទៅ សូមកុំរាប់ឈ្មោះគេក្នុងចំណោមមនុស្សសុចរិតឡើយ។ 29 ឯទូលបង្គំវិញ ទូលបង្គំវេទនា ហើយឈឺចាប់ ឱព្រះអើយ សូមឲ្យការសង្គ្រោះរបស់ព្រះអង្គ លើកទូលបង្គំដាក់លើទីខ្ពស់ផង! 30 ទូលបង្គំនឹងច្រៀងសរសើរព្រះនាមរបស់ព្រះជាម្ចាស់ ដោយបទចម្រៀង ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ដោយការអរព្រះគុណ។ 31 បែបនេះនឹងគាប់ព្រះហឫទ័យ ដល់ព្រះអម្ចាស់ ជាងការថ្វាយគោឈ្មោល ឬគោឈ្មោលដែលថ្វាយទាំងស្នែង និងក្រចកទៅទៀត។ 32 កាលមនុស្សទន់ទាបឃើញ គេនឹងសប្បាយរីករាយ។ អ្នករាល់គ្នាដែលស្វែងរកព្រះអើយ ចូរឲ្យចិត្តអ្នករាល់គ្នាស្រស់បស់ឡើង! 33 ដ្បិតព្រះអម្ចាស់ ព្រះសណ្ដាប់មនុស្សកម្សត់ទុគ៌ត ហើយមិនមើលងាយប្រជារាស្ត្រព្រះអង្គ ដែលជាប់ឃុំឃាំងឡើយ។ 34 សូមឲ្យផ្ទៃមេឃ និងផែនដី សរសើរតម្កើងព្រះអង្គ រួមទាំងសមុទ្រ និងអ្វីៗដែលនៅក្នុងនោះ សរសើរតម្កើងព្រះអង្គដែរ។ 35 ដ្បិតព្រះនឹងសង្គ្រោះក្រុងស៊ីយ៉ូន ហើយសង់ក្រុងទាំងឡាយរបស់យូដាឡើង ប្រជាជននឹងរស់នៅក្នុងទឹកដីនោះរួចកាន់កាប់ទឹកដីនោះជាមរតក 36 ពូជពង្សរបស់អ្នកបម្រើព្រះអង្គ នឹងគ្រប់គ្រងទឹកដីនោះជាមរតក ហើយអស់អ្នកដែលស្រឡាញ់ព្រះនាមព្រះអង្គ នឹងរស់នៅក្នុងទឹកដីនោះ។
បទពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ សម្រាប់ពិធីរំឭក។ 1 ឱព្រះអើយ សូមប្រញាប់មករំដោះទូលបង្គំ ឱព្រះអម្ចាស់អើយ សូមប្រញាប់មកជួយទូលបង្គំផង។ 2 សូមឲ្យអស់អ្នកដែលប៉ុនប៉ងជីវិតទូលបង្គំ ត្រូវអាម៉ាស់ ហើយអាប់ឱន សូមឲ្យអស់អ្នកដែលប្រាថ្នា ធ្វើឲ្យទូលបង្គំឈឺចាប់ ត្រូវដកខ្លួនថយ ហើយបាក់មុខទៅ។ 3 សូមឲ្យអស់អ្នកដែលចំអកថា៖ «ហាសហា ហាសហា!» ត្រូវដកខ្លួនថយ ព្រោះតែសេចក្ដីអាម៉ាស់របស់គេ។ 4 សូមឲ្យអស់អ្នកដែលស្វែងរកព្រះអង្គ មានចិត្តត្រេកអរ ហើយរីករាយក្នុងព្រះអង្គ សូមឲ្យអស់អ្នកដែលស្រឡាញ់ ការសង្គ្រោះរបស់ព្រះអង្គ ពោលជានិច្ចថា «ព្រះធំអស្ចារ្យ» 5 ចំណែកទូលបង្គំ ជាមនុស្សកម្សត់ទុគ៌ត ឱព្រះអើយ សូមប្រញាប់មករកទូលបង្គំផង ព្រះអង្គជាជំនួយ និងជាអ្នករំដោះទូលបង្គំ។ ឱព្រះអម្ចាស់អើយ សូមកុំបង្អង់ឡើយ។
1 ឱព្រះអម្ចាស់អើយ ទូលបង្គំពឹងជ្រកក្នុងព្រះអង្គ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។ 2 សូមរំដោះទូលបង្គំ ហើយសង្គ្រោះទូលបង្គំឲ្យរួច ដោយសេចក្ដីសុចរិតរបស់ព្រះអង្គ សូមផ្ទៀងព្រះកាណ៌ស្តាប់ទូលបង្គំ ហើយសង្គ្រោះទូលបង្គំផង! 3 សូមធ្វើជាថ្មដាជ្រកកោនដល់ទូលបង្គំ ជាកន្លែងដែលទូលបង្គំចូលមករកថ្មដានេះជានិច្ច ព្រះអង្គបានចេញបញ្ជាឲ្យសង្គ្រោះទូលបង្គំ ដ្បិតព្រះអង្គជាថ្មដា និងជាបន្ទាយរបស់ទូលបង្គំ។ 4 ឱព្រះនៃទូលបង្គំអើយ សូមសង្គ្រោះទូលបង្គំ ឲ្យរួចពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់ គឺឲ្យរួចពីកណ្ដាប់ដៃរបស់មនុស្សទុច្ចរិត និងការសាហាវនេះផង! 5 ដ្បិត ឱព្រះអម្ចាស់ អើយ ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំ ព្រះអង្គជាទីទុកចិត្តរបស់ទូលបង្គំ តាំងពីក្មេងមក។ 6 ទូលបង្គំពឹងផ្អែកលើព្រះអង្គតាំងពីកំណើត គឺព្រះអង្គហើយដែលបានយកទូលបង្គំ ចេញពីផ្ទៃម្តាយ ទូលបង្គំសរសើរតម្កើងព្រះអង្គជានិច្ច។ 7 ទូលបង្គំជាប្រផ្នូលដល់មនុស្សជាច្រើន តែព្រះអង្គជាជម្រកដ៏មាំមួនរបស់ទូលបង្គំ។ 8 មាត់ទូលបង្គំពេញដោយពាក្យ សរសើរតម្កើងព្រះអង្គ ហើយដោយពាក្យលើកតម្កើង ព្រះអង្គដរាបរាល់ថ្ងៃ។ 9 សូមកុំលះបង់ចោលទូលបង្គំ ក្នុងគ្រាដែលចាស់ជរា ហើយកុំបោះ បង់ចោលទូលបង្គំ ក្នុងគ្រាដែលកម្លាំងទូលបង្គំអន់ថយនេះឡើយ។ 10 ដ្បិតខ្មាំងសត្រូវរបស់ទូលបង្គំ និយាយដើមពីទូលបង្គំ ហើយអស់អ្នកដែលចាំមើលជីវិតទូលបង្គំ គេប្រឹក្សាគ្នា 11 គេពោលថា «ព្រះបានបោះបង់ចោលវាហើយ ចូរដេញតាម ហើយចាប់វាមក! ដ្បិតគ្មានអ្នកណាជួយរំដោះវាបានទេ»។ 12 ឱព្រះអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ ឱព្រះនៃទូលបង្គំអើយ សូមប្រញាប់មកជួយទូលបង្គំផង! 13 សូមឲ្យពួកអ្នកដែលចោទប្រកាន់ទូលបង្គំ ត្រូវអាម៉ាស់ ហើយវិនាសសូន្យទៅ សូមឲ្យអស់អ្នកដែលប្រាថ្នា ធ្វើឲ្យទូលបង្គំឈឺចាប់ គ្របដណ្ដប់ដោយពាក្យដំណៀល និងអាប់យស។ 14 រីឯទូលបង្គំវិញ ទូលបង្គំនឹងមានសង្ឃឹមជានិច្ច ហើយនឹងរឹតតែសរសើរតម្កើងព្រះអង្គថែមទៀត។ 15 មាត់ទូលបង្គំនឹងថ្លែងប្រាប់ពីកិច្ចការដ៏សុចរិត និងពីកិច្ចការសង្គ្រោះរបស់ព្រះអង្គដរាបរាល់ថ្ងៃ ដ្បិតកិច្ចការនោះមានចំនួនច្រើនឥតគណនា។ 16 ទូលបង្គំនឹងចូលមកដោយព្រះចេស្តារបស់ ព្រះអម្ចាស់ដ៏ជាព្រះ ហើយនឹងតំណាលពីសេចក្ដីសុចរិតរបស់ព្រះអង្គ គឺរបស់ព្រះអង្គតែមួយប៉ុណ្ណោះ។ 17 ឱព្រះអើយ ព្រះអង្គបានបង្រៀនទូលបង្គំ តាំងពីទូលបង្គំនៅក្មេងរហូតមក ហើយទូលបង្គំនៅតែប្រកាស ពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គដដែល។ 18 ឱព្រះអើយ សូមកុំលះបង់ចោលទូលបង្គំឡើយ ទោះជាទូលបង្គំចាស់សក់ស្កូវហើយក៏ដោយ ដើម្បីឲ្យទូលបង្គំបានប្រកាស ពីឫទ្ធានុភាពរបស់ព្រះអង្គ ដល់មនុស្សជំនាន់ក្រោយ គឺពីព្រះចេស្ដារបស់ព្រះអង្គ ដល់មនុស្សទាំងអស់ដែលត្រូវកើតមក។ 19 ឱព្រះអើយ សេចក្ដីសុចរិតរបស់ព្រះអង្គ ខ្ពស់ដល់ផ្ទៃមេឃ ព្រះអង្គបានធ្វើការដ៏ធំអស្ចារ្យជាច្រើន ឱព្រះអើយ តើមានអ្នកណាដូចព្រះអង្គ? 20 ព្រះអង្គបានធ្វើឲ្យទូលបង្គំ ឃើញសេចក្ដីវេទនា និងទុក្ខលំបាកជាច្រើន តែព្រះអង្គនឹងប្រោសឲ្យទូលបង្គំ មានជីវិតជាថ្មីឡើងវិញ ព្រះអង្គនឹងនាំទូលបង្គំឡើងចេញ ពីទីជម្រៅនៃផែនដីមកវិញ។ 21 ព្រះអង្គនឹងចម្រើនឲ្យទូលបង្គំ កាន់តែមានកិត្ដិយសឡើង ហើយកម្សាន្តចិត្តទូលបង្គំជាថ្មី។ 22 ឱព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គដោយពិណ ព្រោះព្រះ ហឫទ័យ ស្មោះត្រង់របស់ព្រះអង្គ ឱព្រះដ៏បរិសុទ្ធនៃជនជាតិអុីស្រាអែលអើយ ទូលបង្គំនឹងច្រៀងសរសើរ ដល់ព្រះអង្គដោយចាប់ស៊ុង។ 23 កាលទូលបង្គំច្រៀងសរសើរតម្កើងព្រះអង្គ បបូរមាត់ទូលបង្គំស្រែកហ៊ោដោយអំណរ ហើយព្រលឹងទូលបង្គំដែលព្រះអង្គបានលោះ ក៏បន្លឺសំឡេងឡើងដោយអំណរដែរ។ 24 ឯអណ្ដាតទូលបង្គំនឹងថ្លែង អំពីសេចក្ដីសុចរិតរបស់ព្រះអង្គដរាបរាល់ថ្ងៃ ដ្បិតអស់អ្នកដែលប្រាថ្នា ចង់ធ្វើឲ្យទូលបង្គំឈឺចាប់គេត្រូវអាម៉ាស់ ហើយអាប់យស។
ទំនុករបស់ស្តេចសាឡូម៉ូន។ 1 ព្រះជាម្ចាស់អើយ សូមប្រទានដល់ព្រះរាជានៅច្បាប់ដ៏សុចរិតរបស់ព្រះអង្គ ហើយសូមប្រទានសុចរិតរបស់ព្រះអង្គដល់បុត្រារបស់ព្រះរាជាផង។ 2 សូមឲ្យព្រះរាជាបានគ្រប់គ្រង លើប្រជារាស្ត្ររបស់ព្រះអង្គដោយសុចរិត ហើយគ្រប់គ្រងលើប្រជារាស្ត្រក្រីក្រ របស់ព្រះអង្គដោយយុត្តិធម៌។ 3 សូមឲ្យភ្នំធំៗផ្ដល់ភាពចម្រុងចម្រើន ដល់ប្រជារាស្ត្រ ហើយភ្នំតូចៗផ្ដល់ផលផ្លែជាសេចក្ដីសុចរិត។ 4 សូមឲ្យព្រះរាជាបានការពារក្ដីរបស់មនុស្សក្រីក្រ ក្នុងចំណោមប្រជារាស្ត្រ ជួយសង្គ្រោះពួកកូនរបស់មនុស្សកម្សត់ទុគ៌ត ហើយកម្ទេចពួកអ្នកជិះជាន់គេ ឲ្យខ្ទេចខ្ទីទៅ។ 5 សូមឲ្យគេបានកោតខ្លាចព្រះករុណា ក្នុងកាលដែលនៅមានព្រះអាទិត្យ ហើយដរាបណានៅមានព្រះច័ន្ទ គឺជារៀងរហូតគ្រប់ជំនាន់ផង។ 6 សូមឲ្យព្រះរាជាបានដូចជាភ្លៀងបង្អុរ មកលើវាលដែលច្រូតស្មៅហើយ គឺដូចជាភ្លៀងដែលស្រោចស្រពផែនដី។ 7 នៅក្នុងគ្រារបស់ព្រះរាជា សូមឲ្យសេចក្ដីសុចរិតរីកចម្រើនឡើង ហើយសូមឲ្យសេចក្ដីសុខសាន្តមានជាបរិបូរណ៏ ដរាបទាល់តែលែងមានព្រះចន្ទ។ 8 ចាប់តាំងពីសមុទ្រម្ខាង រហូតដល់សមុទ្រម្ខាង ហើយចាប់ពីទន្លេអឺប្រាត រហូតដល់ចុងបំផុតផែនដី។ 9 សូមឲ្យមនុស្សដែលរស់នៅទីរហោស្ថាន នាំគ្នាក្រាបចុះនៅចំពោះព្រះអង្គ ហើយខ្មាំងសត្រូវរបស់ព្រះអង្គ ក្រាបលិឍធូលីដី។ 10 សូមឲ្យស្ដេចទាំងឡាយនៅស្រុកតើស៊ីស និងកោះនានានាំសួយសាអាករមកថ្វាយព្រះអង្គ សូមឲ្យស្ដេចទាំងឡាយនៅស្រុកសេបា និងស្រុកសាបា នាំបណ្ណាការមកថ្វាយដែរ។ 11 សូមឲ្យស្ដេចទាំងប៉ុន្មានក្រាបចុះ នៅចំពោះព្រះអង្គ ហើយជាតិសាសន៍ទាំងអស់នាំគ្នាបម្រើព្រះអង្គ! 12 ដ្បិតព្រះរាជារំដោះមនុស្សកម្សត់ទុគ៌តឲ្យរួច ពេលគេស្រែករកព្រះអង្គ គឺទាំងមនុស្សក្រីក្រ និងអ្នកដែលគ្មានទីពឹង។ 13 ព្រះរាជាអាណិតអាសូរមនុស្សទន់ខ្សោយ និងមនុស្សកម្សត់ទុគ៌ត ហើយក៏សង្គ្រោះជីវិតមនុស្សកម្សត់ទុគ៌តនោះ។ 14 ព្រះរាជាលោះជីវិតពួកគេ ឲ្យរួចពីការសង្កត់សង្កិន និងអំពើឃោរឃៅ ឈាមរបស់គេ មានតម្លៃណាស់នៅចំពោះព្រះអង្គ។ 15 សូមឲ្យព្រះរាជាមានព្រះជន្មាយុយឺនយូរ ហើយសូមឲ្យគេយកតង្វាយជាមាស ពីស្រុកសេបា មកថ្វាយព្រះអង្គ សូមឲ្យមានមនុស្សអធិស្ឋានឲ្យព្រះរាជាជានិច្ច ហើយថ្វាយព្រះពរដល់ព្រះអង្គជាដរាបរាល់ថ្ងៃ។ 16 សូមឲ្យមានស្រូវជាបរិបូរណ៏នៅក្នុងស្រុក ភោគផលទាំងនោះទ្រេតចុះឡើងនៅលើកំពូលភ្នំ។ សូមឲ្យដើមឈើមានផលផ្លែ ដូចដើមឈើនៅភ្នំល្បាណូន ហើយសូមឲ្យមនុស្សចម្រើនឡើងនៅក្នុងទីក្រុង ដូចស្មៅនៅតាមទីវាល។ 17 សូមឲ្យព្រះនាមព្រះរាជាស្ថិតស្ថេរ អស់កល្បជានិច្ច សូមឲ្យកិត្តិនាមព្រះរាជា នៅគង់វង្សដូចព្រះអាទិត្យ សូមឲ្យមនុស្សម្នាបានពរដោយសារព្រះរាជា អស់ទាំងជនជាតិនឹងហៅព្រះរាជា ថាជាអ្នកមានពរ។ 18 សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃសាសន៍អុីស្រាអែលជាព្រះតែមួយព្រះអង្គគត់ ដែលធ្វើការដ៏អស្ចារ្យ។ 19 សូមលើកតម្កើងព្រះនាម ដ៏រុងរឿងរបស់ព្រះអង្គ អស់កល្បជានិច្ច សូមឲ្យផែនដីទាំងមូល មានពេញដោយសិរីល្អរបស់ព្រះអង្គ! អាម៉ែន ហើយអាម៉ែន។ 20 ពាក្យអធិស្ឋានរបស់ស្ដេចដាវីឌ ជាបុត្ររបស់លោកអ៊ីសាយ ចប់តែប៉ុណ្ណេះ។
ទំនុកតម្កើង របស់លោកអេសាភ។ 1 ប្រាកដមែន ព្រះល្អដល់អុីស្រាអែល គឺដល់អស់អ្នកដែលមានចិត្តបរិសុទ្ធ។ 2 ប៉ុន្តែទូលបង្គំវិញ ជើងទូលបង្គំសឹងតែនឹងជំពប់ដួល ជំហានទូលបង្គំហៀបតែនឹងរអិលទៅហើយ។ 3 ដ្បិតទូលបង្គំមានចិត្តច្រណែន នឹងមនុស្សអួតអាង ដោយឃើញមនុស្សអាក្រក់បានចម្រុងចម្រើន។ 4 ដ្បិតគេគ្មានឈឺចាប់អ្វីសោះរហូតដល់ស្លាប់ រូបកាយរបស់គេធាត់រលោង។ 5 គេមិនស្គាល់ទុក្ខលំបាកដូចមនុស្សឯទៀតឡើយ ក៏មិនដែលវេទនា ដូចមនុស្សដទៃដែរ។ 6 គេពាក់អំនួតរបស់គេ ដូចជាពាក់ខ្សែក ហើយគេពាក់ចិត្តឃោរឃៅ ដូចសម្លៀកបំពាក់។ 7 ភ្នែកគេលៀនចេញដោយមានសាច់ច្រើន ចិត្តគេហូរហៀរដោយគំនិតអាក្រក់។ 8 គេចំអកឡកឡាយ ហើយពោលពាក្យអាក្រក់ គេស្រែកគំរាមក្ដែងៗពីការសង្កត់សង្កិន។ 9 គេតាំងមាត់របស់គេទាស់នឹងស្ថានសួគ៌ ហើយអណ្ដាតគេបង្វិលទៅមកពេញលើផែនដី។ 10 ហេតុនេះហើយបានជាប្រជារាស្ត្រព្រះអង្គ ងាកទៅសរសើរគេហើយមិនឃើញថាគេមានកំហុសអ្វីឡើយ។ 11 គេពោលថា «ធ្វើដូចម្តេចឲ្យព្រះជ្រាបបាន? តើព្រះដ៏ខ្ពស់បំផុតមានព្រះតម្រិះដែរឬ?» 12 មើល៍ នេះហើយមនុស្សអាក្រក់ គេចេះតែសុខស្រួលជានិច្ច ទ្រព្យសម្បត្តិគេចេះតែចម្រើនឡើងរហូត។ 13 ជាការពិត ទូលបង្គំដែលបានរក្សាចិត្តឲ្យបរិសុទ្ធ ហើយលាងដៃឲ្យឥតមានសៅហ្មង នោះឥតប្រយោជន៍ទទេ។ 14 ដ្បិតទូលបង្គំជួបទុក្ខលំបាករាល់ថ្ងៃ ហើយត្រូវវាយផ្ចាលរាល់ព្រឹក។ 15 ប្រសិនបើទូលបង្គំពោលថា «ខ្ញុំនឹងនិយាយដូច្នេះដូចគេដែរ» នោះទូលបង្គំឈ្មោះថាបានក្បត់បងប្អូន ដែលជាកូនរបស់ព្រះអង្គមិនខាន។ 16 តែកាលទូលបង្គំគិតពិចារណា ចង់យល់ពីរឿងនេះ នោះពិបាកយល់ដល់ទូលបង្គំណាស់។ 17 រហូតទាល់តែទូលបង្គំបានចូលទៅក្នុង ទីបរិសុទ្ធរបស់ព្រះ នោះទើបទូលបង្គំយល់ពីចុងបញ្ចប់របស់គេ។ 18 តាមពិត ព្រះអង្គបានដាក់ឲ្យគេ ឈរនៅកន្លែងដ៏រអិល ព្រះអង្គធ្វើឲ្យគេធ្លាក់ទៅក្នុងសេចក្ដីវិនាស។ 19 គេត្រូវអន្តរធានទៅយ៉ាងឆាប់ដល់ម៉្លេះ គេត្រូវរលាយសូន្យទៅ ដោយហេតុគួរស្ញែង។ 20 គេប្រៀបដូចយល់សប្តិក្រោយពេលភ្ញាក់ឡើង ឱព្រះអម្ចាស់អើយ កាលព្រះអង្គតើនឡើង ព្រះអង្គមិនចង់ឃើញរូបគេឡើយ។ 21 ដ្បិត កាលទូលបង្គំកើតមានចិត្តជូរល្វីង កាលទូលបង្គំឈឺចាប់ក្នុងទ្រូង។ 22 នោះទូលបង្គំមិនយល់ ហើយល្ងង់ខ្លៅ ទូលបង្គំដូចជាសត្វតិរច្ឆាននៅចំពោះព្រះអង្គ។ 23 ប៉ុន្តែ ទូលបង្គំនៅជាប់ជាមួយព្រះអង្គជានិច្ច ព្រះអង្គកាន់ដៃស្តាំរបស់ទូលបង្គំ។ 24 ព្រះអង្គនាំទូលបង្គំ ដោយព្រះឱវាទរបស់ព្រះអង្គ ហើយនៅទីបំផុត ព្រះអង្គនឹងទទួលទូលបង្គំចូលទៅក្នុងសិរីល្អ។ 25 នៅស្ថានសួគ៌ តើទូលបង្គំមានអ្នកណា ក្រៅពីព្រះអង្គ? ហើយគ្មានអ្វីនៅលើផែនដី ដែលទូលបង្គំប្រាថ្នាចង់បានក្រៅពីព្រះអង្គឡើយ។ 26 សាច់ឈាម និងចិត្តទូលបង្គំ អាចនឹងសាបសូន្យទៅ ប៉ុន្តែ ព្រះជាកម្លាំងនៃចិត្ត និងជាចំណែករបស់ទូលបង្គំរហូតតទៅ។ 27 ដ្បិតមើល៍ អស់អ្នកដែលនៅឆ្ងាយពីព្រះអង្គ នឹងត្រូវវិនាស ព្រះអង្គបំផ្លាញអស់អ្នកដែលផិតក្បត់ព្រះអង្គ។ 28 ប៉ុន្តែ ទូលបង្គំវិញ ជាការប្រពៃណាស់ ដែលទូលបង្គំបាននៅជិតព្រះ ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ា ជាទីជ្រកកោន ដើម្បីឲ្យទូលបង្គំបានថ្លែងប្រាប់ ពីកិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គ។
កំណាព្យរបស់លោកអេសាភ។ 1 ឱព្រះអើយ ហេតុអ្វីបានជា ព្រះអង្គបោះបង់ចោលយើងខ្ញុំរហូតដូច្នេះ? ហេតុអ្វីបានជាសេចក្ដីខ្ញាល់ របស់ព្រះអង្គហុយផ្សែងទាស់នឹងហ្វូងចៀមនៅលើវាលស្មៅ របស់ព្រះអង្គ? 2 សូមនឹកចាំពីក្រុមជំនុំរបស់ព្រះអង្គ ដែលព្រះអង្គបានទិញតាំងពីបុរាណមក ជាអ្នកដែលព្រះអង្គបានលោះ យកមកធ្វើជាកុលសម្ព័ន្ធ នៃមរតករបស់ព្រះអង្គ សូមនឹកចាំពីភ្នំស៊ីយ៉ូន ជាកន្លែងដែលព្រះអង្គបានគង់នៅ។ 3 សូមព្រះអង្គលើកព្រះបាទមកកាន់កន្លែងដែល ចេះតែបាក់បែកជាប់រហូតនេះផង! ខ្មាំងសត្រូវបានបំផ្លាញអ្វីៗ នៅក្នុងទីបរិសុទ្ធអស់ហើយ។ 4 បច្ចាមិត្តរបស់ព្រះអង្គបានស្រែកហ៊ោ នៅកណ្ដាលទីបរិសុទ្ធរបស់ព្រះអង្គ គេបានលើកទង់របស់គេឡើងជាទីសម្គាល់។ 5 ពួកគេប្រៀបដូចជាមនុស្សលើកពូថៅ ប្រុងនឹងកាប់ព្រៃឈើ។ 6 ឥឡូវនេះ គេកម្ទេចអស់ទាំងក្បាច់ចម្លាក់ ដោយពូថៅ និងញញួរ។ 7 គេបានយកភ្លើងដុតទីបរិសុទ្ធរបស់ព្រះអង្គ គេបន្ទាបបន្ថោកព្រះដំណាក់នៃព្រះនាមព្រះអង្គ ហើយរំលំព្រះដំណាក់ព្រះអង្គឲ្យរាបចុះដល់ដី។ 8 គេគិតគ្នាថា «យើងនឹងបង្ក្រាបគេឲ្យរាប» គេដុតបំផ្លាញអស់ទាំងកន្លែងប្រជុំទាំងឡាយ។ 9 យើងខ្ញុំមិនឃើញមានទីសម្គាល់ របស់យើងខ្ញុំទៀតទេ ក៏គ្មានហោរាណាទៀតដែរ ហើយគ្មានអ្នកណាក្នុងចំណោមយើងខ្ញុំ ដែលដឹងថានៅយូរប៉ុណ្ណាឡើយ។ 10 ឱព្រះជាម្ចាស់អើយ តើឲ្យបច្ចាមិត្តត្មះតិះដៀល ដល់ពេលណា? តើឲ្យខ្មាំងសត្រូវប្រមាថព្រះនាមព្រះអង្គរហូតឬ? 11 ហេតុអ្វីបានជាព្រះអង្គឱបព្រះហស្តនៅស្ងៀមដូច្នេះ? គឺព្រះហស្តស្តាំរបស់ព្រះអង្គ សូមដកព្រះហស្តចេញពីព្រះឱរាព្រះអង្គមក ហើយបំផ្លាញគេទៅ។ 12 ប៉ុន្តែ ព្រះជាមហាក្សត្ររបស់ទូលបង្គំ តាំងតែពីបុរាណមក ក៏ប្រោសប្រទានការសង្គ្រោះនៅកណ្ដាលផែនដី។ 13 ព្រះអង្គបានញែកទឹកសមុទ្រ ដោយឫទ្ធានុភាពរបស់ព្រះអង្គ ព្រះអង្គបានបំបែកអស់ទាំងក្បាលនាគ នៅក្នុងទឹក។ 14 ព្រះអង្គបានកិនកម្ទេចក្បាលស្ដេចក្រពើ ហើយព្រះអង្គប្រទានសាច់វាដល់សត្វនានា ដែលរស់នៅទីរហោស្ថានជាអាហារ។ 15 ព្រះអង្គបានធ្វើឲ្យមានទឹកផុស និងទឹកជ្រោះចេញមក ក៏ធ្វើឲ្យទន្លេដែលហូរជានិច្ច ប្រែជារីងស្ងួត។ 16 ពេលថ្ងៃជារបស់ព្រះអង្គ ហើយពេលយប់ក៏ជារបស់ព្រះ អង្គដែរព្រះអង្គបានបង្កើតឲ្យមានពន្លឺ និងព្រះអាទិត្យ។ 17 ព្រះអង្គបានតាំងព្រំដែនទាំងប៉ុន្មាននៃផែនដី ហើយកំណត់ឲ្យមានរដូវក្តៅ និងរដូវត្រជាក់។ 18 ឱព្រះអម្ចាស់អើយ សូមទ្រង់នឹកចាំថា ខ្មាំងសត្រូវបានត្មះតិះដៀល ហើយសាសន៍មួយដែលល្ងីល្ងើ បានប្រមាថព្រះ នាមព្រះអង្គ។ 19 សូមកុំប្រគល់ព្រលឹងនៃសត្វលលករបស់ ព្រះអង្គដល់សត្វព្រៃ សូមកុំភ្លេចជីវិតមនុស្សកម្សត់របស់ព្រះអង្គ រហូតឡើយ។ 20 សូមយោគយល់ដល់សេចក្ដីសញ្ញារបស់ព្រះអង្គដ្បិតអស់ ទាំងទីងងឹតនៅផែនដី មានពេញដោយលំនៅនៃអំពើឃោរ ឃៅ។ 21 សូមកុំឲ្យពួកអ្នកដែលគេសង្កត់សង្កិន ត្រូវអាម៉ាស់ឡើយ សូមឲ្យមនុស្សក្រីក្រ និងមនុស្សកម្សត់ទុគ៌តបានសរសើរ តម្កើងព្រះនាមព្រះអង្គ។ 22 ឱព្រះអើយ សូមក្រោកឡើង សូមការពារកិត្តិនាមរបស់ព្រះអង្គ សូមនឹកចាំពីបែបយ៉ាងណា ដែលមនុស្សល្ងីល្ងើត្មះតិះដៀលព្រះអង្គ ជារៀងរាល់ថ្ងៃ។ 23 សូមកុំភ្លេចសម្រែកនៃខ្មាំងសត្រូវរបស់ព្រះអង្គ គឺសូរទ្រហឹងអឺងកងរបស់អស់អ្នកដែលលើកគ្នា ទាស់នឹងព្រះអង្គ ដែលចេះតែឮឡើងឥតឈប់ឈរ។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទ «សូមកុំបំផ្លាញ»។ ទំនុករបស់លោកអេសាភ។ ចម្រៀងតម្កើងព្រះជាម្ចាស់។ 1 ឱព្រះជាម្ចាស់អើយ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ យើងខ្ញុំអរព្រះគុណ ដោយព្រោះព្រះនាមព្រះអង្គស្ថិតនៅជិត យើងខ្ញុំរៀបរាប់ពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។ 2 ព្រះទ្រង់មានព្រះបន្ទូលថា «ដល់គ្រាដែលយើងកំណត់ យើងនឹងជំនុំជម្រះដោយយុត្តិធម៌។ 3 កាលផែនដី និងអស់ទាំងមនុស្ស នៅផែនដីរលាយទៅ គឺយើងដែលធ្វើឲ្យសសរផែនដី នៅតែរឹងមាំ»។ 4 ទូលបង្គំនិយាយទៅកាន់មនុស្សអំនួតថា «កុំអួតខ្លួនឡើយ» ហើយទៅកាន់មនុស្សអាក្រក់ថា «កុំលើកតម្កើងខ្លួនឲ្យសោះ។ 5 កុំលើកតម្កើងខ្លួនខ្ពស់ ឬនិយាយប្រហើនឡើយ»។ 6 ដ្បិតការលើកតម្កើង មិនមែនមកពីទិសខាងកើត ឬមកពីទិសខាងលិច ហើយក៏មិនមែនមកពីទីរហោស្ថានដែរ។ 7 គឺព្រះទេតើ ដែលព្រះអង្គជាចៅក្រម ព្រះអង្គបន្ទាបម្នាក់ចុះ ហើយលើកម្នាក់ទៀតឡើង។ 8 ដ្បិត ព្រះអម្ចាស់កាន់ពែងមួយនៅព្រះហស្ត ដែលមានស្រាកំពុងឡើងពពុះ ពែងនោះពេញដោយស្រាលាយជាស្រេច ព្រះអង្គនឹងចាក់បង្ហូរពីពែងនោះ ហើយមនុស្សអាក្រក់ទាំងប៉ុន្មាននៅផែនដី ត្រូវតែផឹកសម្រេងពីពែងនោះទាល់តែអស់។ 9 ចំណែកទូលបង្គំវិញ ទូលបង្គំនឹងប្រកាសពីកិច្ចការរបស់ព្រះអង្គជាដរាប ទូលបង្គំនឹងច្រៀងសរសើរដល់ព្រះ របស់លោកយ៉ាកុប។ 10 ព្រះជាម្ចាស់មានព្រះបន្ទូលថា «យើងនឹងកាត់ អស់ទាំងស្នែងរបស់មនុស្សអាក្រក់ចេញ តែយើងនឹងលើកស្នែង របស់មនុស្សសុចរិតឡើងវិញ»។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ប្រគំជាមួយតន្ត្រីដែលមានខ្សែ។ ទំនុករបស់លោកអេសាភ។ ចម្រៀងតម្កើងព្រះជាម្ចាស់។ 1 មនុស្សម្នាស្គាល់ព្រះនៅស្រុកយូដា ព្រះនាមព្រះអង្គធំអស្ចារ្យនៅទឹកដីអុីស្រាអែល។ 2 ព្រះពន្លារបស់ព្រះអង្គស្ថិតនៅក្រុងសាឡិម ព្រះដំណាក់ព្រះអង្គស្ថិតនៅក្រុងស៊ីយ៉ូន។ 3 នៅទីនោះ ព្រះអង្គបានបំបាក់ព្រួញ ធ្នូ ខែល ដាវ និងអស់ទាំងសស្ត្រាវុធចម្បាំង។ សម្រាក 4 ព្រះអង្គប្រកបដោយភាពរុងរឿង ហើយប្រសើរខ្ពង់ខ្ពស់ លើលជាងភ្នំរំពាទាំងប៉ុន្មាន។ 5 ពួកអ្នកដែលមានចិត្តក្លាហាន បានត្រឡប់ជារំពា គេបានដេកលង់លក់បាត់ស្មារតី ពួកអ្នកខ្លាំងពូកែទាំងប៉ុន្មាន មិនអាចលើកដៃច្បាំងបានឡើយ។ 6 ឱព្រះជាម្ចាស់នៃលោកយ៉ាកុបអើយ ពេលព្រះអង្គបន្ទោស នោះទាំងអ្នកជិះ ទាំងសេះក៏ស្រឡាំងកាំងទៅ។ 7 គឺព្រះអង្គ ព្រះអង្គហើយដែលគួរស្ញែងខ្លាច កាលសេចក្ដីក្រោធរបស់ព្រះអង្គឆួលឡើង តើអ្នកណាអាចឈរនៅចំពោះព្រះអង្គបាន? 8 ព្រះអង្គបានប្រកាសកាត់ទោសពីស្ថានសួគ៌មក ផែនដីក៏ភ័យខ្លាច ហើយនៅស្ងៀមឈឹង 9 នៅពេលព្រះក្រោកឡើងជំនុំជម្រះ ដើម្បីសង្គ្រោះមនុស្សទន់ទាបទាំងប៉ុន្មាន នៅលើផែនដី។ 10 ពិតប្រាកដជាសេចក្ដីក្រេវក្រោធរបស់មនុស្ស នឹងសរសើរតម្កើងព្រះអង្គ ឯសំណល់នៃសេចក្ដីក្រេវក្រោធ ព្រះអង្គនឹងពាក់ដូចជាខ្សែក្រវាត់។ 11 ចូរបន់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ហើយលាបំណន់នោះទៅ ចូរអស់អ្នកដែលនៅជុំវិញព្រះអង្គ យកតង្វាយមកថ្វាយព្រះអង្គ ដ៏គួរស្ញែងខ្លាច។ 12 ព្រះអង្គកាត់វិញ្ញាណរបស់ពួកហៅហ្វាយ ហើយពួកស្ដេចនៅលើផែនដី ស្ញប់ស្ញែងព្រះអង្គ។
បទពីសៀវភៅរបស់គ្រូចម្រៀង។ សម្រាប់លោកយេឌូថិន។ ទំនុករបស់លោកអេសាភ។ 1 ដ្បិង ខ្ញុំបន្លឺសំឡេងស្រែករកព្រះ គឺស្រែករកព្រះជាម្ចាស់យ៉ាងឮ ហើយព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់ខ្ញុំ។ 2 នៅថ្ងៃដែលខ្ញុំមានសេចក្ដីវេទនា ខ្ញុំស្វែងរកព្រះអម្ចាស់ នៅពេលយប់ ខ្ញុំប្រទូលដៃឡើងឥតឈប់ឈរ ព្រលឹងខ្ញុំមិនព្រមស្រាកស្រាន្តឡើយ។ 3 ពេលខ្ញុំនឹកដល់ព្រះជាម្ចាស់ ខ្ញុំស្រែកថ្ងូរ ពេលខ្ញុំសញ្ជឹងគិត វិញ្ញាណខ្ញុំក៏ល្វើយទៅ។ សម្រាក 4 ព្រះអង្គទល់ត្របកភ្នែកទូលបង្គំ ទូលបង្គំមានចិត្តតានតឹងជាខ្លាំង រកនិយាយមិនកើត។ 5 ទូលបង្គំពិចារណាពីសម័យចាស់បុរាណ ក៏នឹកចាំពីឆ្នាំទាំងឡាយដ៏យូរលង់កន្លងមក។ 6 ទូលបង្គំនឹកឃើញទំនុក ដែលធ្លាប់ច្រៀងនៅពេលយប់ ទូលបង្គំសញ្ជឹងគិតក្នុងចិត្ត ហើយវិញ្ញាណទូលបង្គំ ក៏ស្វះស្វែងរកចម្លើយ។ 7 តើព្រះអម្ចាស់នឹងបោះបង់ទូលបង្គំរហូតឬ? តើព្រះអង្គនឹងមិនផ្តល់ក្តីមេត្តាដល់ទូលបង្គំទេឬ? 8 តើព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ លែងមានរហូតហើយឬ? តើសេចក្ដីសន្យារបស់ព្រះអង្គ ខកខានរហូតហើយឬ? 9 តើព្រះជាម្ចាស់ភ្លេចសម្ដែងព្រះគុណហើយឬ? តើសេចក្តីក្រោធនៃព្រះអង្គបង្ខាំងព្រះហឫទ័យអាណិតអាសូរឬអី? សម្រាក 10 ពេលនោះ ទូលបង្គំគិតថា «នេះជាទុក្ខព្រួយរបស់ទូលបង្គំទេ ដែលយល់ថា ព្រះហស្តស្តាំ នៃព្រះដ៏ខ្ពស់បំផុតបានប្រែប្រួល»។ 11 ទូលបង្គំនឹងរំឭកពីកិច្ចការ របស់ព្រះអម្ចាស់ ទូលបង្គំនឹងនឹកចាំពីការអស្ចារ្យ ដែលព្រះអង្គបានធ្វើកាលពីជំនាន់ដើម។ 12 ទូលបង្គំនឹងសញ្ជឹងគិតពីអស់ទាំងកិច្ចការ របស់ព្រះអង្គ ហើយពិចារណាពីស្នាព្រះហស្ដដ៏អស្ចារ្យ របស់ព្រះអង្គ។ 13 ឱព្រះជាម្ចាស់អើយ ផ្លូវរបស់ព្រះអង្គ ជាផ្លូវបរិសុទ្ធ តើមានព្រះឯណាដែលធំឧត្តុងឧត្តម ដូចព្រះអង្គនៃយើង? 14 ព្រះអង្គជាព្រះដែលធ្វើការអស្ចារ្យ ព្រះអង្គបានសម្ដែងឲ្យស្គាល់ឫទ្ធានុភាព របស់ព្រះអង្គ នៅកណ្ដាលជាតិសាសន៍ផ្សេងៗ។ 15 ព្រះអង្គបានលោះប្រជារាស្ត្ររបស់ព្រះអង្គ ដោយព្រះពាហុរបស់ព្រះអង្គ គឺកូនចៅលោកយ៉ាកុប និងលោកយ៉ូសែប។ សម្រាក 16 ឱព្រះអើយ សមុទ្របានឃើញព្រះអង្គ គឺកាលសមុទ្របានឃើញព្រះអង្គ នោះក៏មានសេចក្ដីភិតភ័យ មែន ទីជម្រៅក៏ញាប់ញ័រដែរ។ 17 ពពកបានបង្អុលទឹកចេញមក ផ្ទៃមេឃក៏បញ្ចេញផ្គរលាន់ ហើយព្រួញរបស់ព្រះអង្គជះពន្លឺទៅគ្រប់ទិស។ 18 សូរសៀងផ្គរលាន់របស់ព្រះអង្គ នៅក្នុងខ្យល់ ផ្លេកបន្ទោររបស់ព្រះអង្គចាំងបំភ្លឺពិភពលោក ផែនដីក៏រញ្ជួយ ហើយញាប់ញ័រ។ 19 ផ្លូវរបស់ព្រះអង្គឆ្លងកាត់សមុទ្រ ផ្លូវច្រករបស់ព្រះអង្គឆ្លងកាត់មហាសាគរ តែគ្មានអ្នកណាឃើញដានព្រះបាទ របស់ព្រះអង្គឡើយ។ 20 ព្រះអង្គបាននាំប្រជារាស្ត្រព្រះអង្គ ដូចជាហ្វូងចៀម ដោយដៃរបស់លោកម៉ូសេ និងលោកអើរ៉ុន។
កំណាព្យរបស់លោកអេសាភ។ 1 រាស្រ្តរបស់ខ្ញុំអើយ ចូរប្រុងត្រចៀកស្តាប់សេចក្ដីបង្រៀនរបស់ខ្ញុំ ហើយផ្ទៀងត្រចៀកស្តាប់អស់ទាំងពាក្យ ដែលចេញពីមាត់ខ្ញុំចុះ។ 2 ខ្ញុំនឹងបើកមាត់បញ្ចេញជាសេចក្ដីប្រៀបធៀប ខ្ញុំនឹងបរិយាយប្រាប់អំពីសេចក្ដីលាក់កំបាំង ពីសម័យមុន។ 3 ជាសេចក្ដីដែលយើងធ្លាប់បានឮ និងធ្លាប់បានដឹង ជាសេចក្ដីដែលដូនតាយើងបានប្រាប់។ 4 យើងនឹងមិនលាក់សេចក្ដីទាំងនោះចំពោះកូនចៅ របស់គាត់ឡើយ យើងនឹងប្រាប់មនុស្សជំជាន់ក្រោយ អំពីអស់ទាំងស្នាព្រហស្តដ៏អស្ចារ្យ របស់ព្រះអម្ចាស់ អំពីឫទ្ធានុភាព និងការអស្ចារ្យ ដែលព្រះអង្គបានធ្វើ។ 5 ព្រះអង្គបានតាំងឲ្យមានទីបន្ទាល់ នៅក្នុងពួកយ៉ាកុប ក៏បានតម្រូវឲ្យមានក្រឹត្យវិន័យ នៅក្នុងពួកអុីស្រាអែល ជាច្បាប់ដែលព្រះអង្គបានបង្គាប់ បុព្វបុរសរបស់យើង ឲ្យបង្រៀនដល់កូនចៅតទៀត។ 6 ព្រះអង្គបង្គាប់បែបនេះដើម្បីឲ្យ គឺកូនចៅដែលនឹងកើតមកស្គាល់សេចក្ដីទាំងនោះ គេនឹងបន្តវេន ហើយប្រាប់ដល់កូនចៅរបស់គេទៀតដែរ។ 7 ក្រោយមក ពួកគេបានតាំងចិត្តសង្ឃឹមដល់ព្រះជាម្ចាស់ ហើយមិនភ្លេចពីកិច្ចការរបស់ព្រះអង្គឡើយ គឺគោរពតាមបទបញ្ជានៃព្រះអង្គ។ 8 បន្ទាប់មក ពួកគេបានដូចបុព្វបុរសរបស់គេ ជាជំនាន់មនុស្សរឹងរូស ហើយបះបោរ ជាជំនាន់មនុស្សដែលមិនបានតាំងចិត្ត ឲ្យទៀងត្រង់ ហើយវិញ្ញាណរបស់គេ មិនស្មោះចំពោះព្រះជាម្ចាស់នោះទេ។ 9 ចំណែក កូនចៅអេប្រាអិមដែលមានគ្រឿងធ្នូ ហើយក៏ប្រសប់បាញ់ ពួកគេបានដកថយនៅថ្ងៃធ្វើចម្បាំង។ 10 ពួកគេមិនបានកាន់តាមសេចក្ដីសញ្ញារបស់ព្រះជាម្ចាស់ទេ គឺមិនព្រមប្រព្រឹត្តតាមក្រឹត្យវិន័យ របស់ព្រះអង្គដែរ។ 11 ពួកគេបានភ្លេចកិច្ចការរបស់ព្រះអង្គ ភ្លេចការអស្ចារ្យទាំងឡាយ ដែលព្រះអង្គបានសម្ដែងដល់ពួកគេ។ 12 ព្រះអង្គបានធ្វើការចម្លែក នៅនឹងភ្នែកបុព្វបុរសរបស់គេ នៅទឹកដីអេស៊ីប នៅវាលសូអាន។ 13 ព្រះអង្គបានញែកសមុទ្រ ហើយឲ្យគេដើរឆ្លង ក៏បានធ្វើឲ្យទឹកឈរឡើងដូចកំផែង។ 14 នៅពេលថ្ងៃ ព្រះអង្គបាននាំពួកគេដោយពពក ហើយរាល់ពេលយប់ ព្រះអង្គបាននាំគេ ដោយពន្លឺភ្លើង។ 15 ព្រះអង្គបានបំបែកថ្មនៅទីរហោស្ថាន ហើយប្រទានឲ្យពួកគេមានផឹកទឹកជាបរិបូរណ៏ ដូចជាប្រភពទឹកផុសចេញដីមក។ 16 ព្រះអង្គបានធ្វើឲ្យមានទឹកចេញពីថ្ម ហើយក៏ហូរចុះមកដូចជាទឹកទន្លេ។ 17 ដ្បិត ពួកគេនៅតែប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ ដោយបះបោរប្រឆាំងនឹងព្រះជាម្ចាស់ដ៏ខ្ពស់បំផុត នៅទីរហោស្ថាន។ 18 ពួកគេបានល្បងលព្រះជាម្ចាស់នៅក្នុងចិត្តគេ ដោយទាមទារអាហារតាមអ្វិដែលពួកគេចង់បាន។ 19 ពួកគេបាននិយាយទាស់នឹងព្រះជាម្ចាស់ថា «តើព្រះអង្គអាចផ្គត់ផ្គង់អាហារឲ្យយើងបរិភោគ នៅទីរហោស្ថាននេះបានឬ? 20 មើល៍! ព្រះអង្គបានវាយថ្មឲ្យមានទឹកផុលចេញមក ដូចជាទឹកជ្រោះហូរហៀរមែន។ ក៏ប៉ុន្ដែ តើព្រះអង្គអាចប្រទាននំបុ័ង ឬផ្គត់ផ្គង់សាច់ឲ្យប្រជារាស្ត្រព្រះអង្គ បរិភោគបានដែរឬ?» 21 កាលព្រះអម្ចាស់បានឮ ព្រះអង្គក្រោធជាខ្លាំង ក៏មានភ្លើងឆួលឡើងទាស់នឹងពួកយ៉ាកុប សេចក្ដីក្រោធរបស់ព្រះអង្គ ទាស់នឹងពួកអុីស្រាអែល 22 ព្រោះគេមិនបានជឿដល់ព្រះជាម្ចាស់ ហើយមិនបានទុកចិត្តនឹងព្រះចេស្ដារបស់ព្រះអង្គ ដែលអាចសង្គ្រោះពួកគេបាន។ 23 ដ្បិត ព្រះអង្គបានបង្គាប់ផ្ទៃមេឃនៅខាងលើ ព្រះអង្គបានបើកទ្វារស្ថានសួគ៌។ 24 ហើយបង្អុរនំម៉ាណាឲ្យធ្លាក់មកលើគេដូចភ្លៀង ដើម្បីឲ្យគេបរិភោគ ព្រះអង្គប្រទានស្រូវពីស្ថានសួគ៌ដល់គេ។ 25 មនុស្ស បានបរិភោគនំប៉័ងរបស់ពួកទេវតា ព្រះអង្គប្រទានឲ្យគេមានអាហារជាបរិបូរណ៏។ 26 ព្រះអង្គបានធ្វើឲ្យខ្យល់ពីទិសខាងកើត បក់នៅលើមេឃ ហើយបាននាំខ្យល់ពីទិសខាងត្បូង ដោយព្រះចេស្តារបស់ព្រះអង្គ។ 27 ព្រះអង្គទម្លាក់សាច់មកលើគេ ដូចធូលីធ្លាក់ពីលើមេឃ គឺជាសត្វស្លាបជាច្រើន ដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ 28 ព្រះអង្គធ្វើឲ្យសត្វទាំងនោះ ធ្លាក់ចំកណ្ដាលជំរំរបស់គេ ជុំវិញកន្លែងដែលគេស្នាក់នៅ។ 29 ដូច្នេះ ពួកគេក៏បរិភោគឆ្អែតគ្រប់គ្នា។ ព្រះអង្គបានប្រទានឲ្យ តាមបំណងដែលគេចង់បាន។ 30 ប៉ុន្ដែ ចិត្តរបស់គេមិនទាន់ស្កប់ស្កល់ទេ ហើយកាលអាហារនោះ នៅក្នុងមាត់គេផងដែរ។ 31 សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ក៏ឆួលឡើងទាស់នឹងគេ ហើយប្រហារពួកអ្នកខ្លាំងពូកែជាងគេ។ ព្រះអង្គក៏ផ្តួលពួកយុវជនដែលពេញកម្លាំង ក្នុងចំណោមពួកអុីស្រាអែលផងដែរ។ 32 ទោះបើយ៉ាងនេះក៏ដោយ ក៏គេនៅតែប្រព្រឹត្តអំពើបាបដដែល គេមិនបានជឿការអស្ចារ្យរបស់ព្រះអង្គទេ។ 33 ដូច្នេះ ព្រះអង្គបានធ្វើឲ្យថ្ងៃរបស់គេ កន្លងបាត់ទៅ បានដូចជាមួយដង្ហើម ហើយឆ្នាំរបស់គេពេញដោយការភ័យខ្លាច។ 34 កាលព្រះអង្គប្រហារពួកគេ ទើបគេស្វែងរកព្រះអង្គ គេប្រែចិត្ត ហើយនាំគ្នាស្វែងរកព្រះ យ៉ាងអស់ពីចិត្ត។ 35 ពួកគេនឹកចាំថា ព្រះជាថ្មដារបស់ពួកគេ គឺព្រះដ៏ខ្ពស់បំផុត ព្រះអង្គជាអ្នកប្រោសលោះរបស់គេ។ 36 ប៉ុន្ដែ ពួកគេបានលើកបញ្ចើចព្រះអង្គ ដោយមាត់របស់គេ អណ្ដាតរបស់គេបានកុហកព្រះអង្គ។ 37 ដ្បិត ចិត្តរបស់គេមិនទៀងចំពោះព្រះអង្គទេ ហើយក៏មិនស្មោះត្រង់ ចំពោះសេចក្ដីសញ្ញាព្រះអង្គឡើយ។ 38 ព្រះអង្គវិញ គឺមានព្រះហឫទ័យ អាណិតអាសូរ ព្រះអង្គអត់ទោសអំពើទុច្ចរិតរបស់គេ ហើយមិនបានបំផ្លាញគេទេ។ ព្រះហឫទ័យរបស់ព្រះអង្គ ជាច្រើនលើកច្រើនដង មិនឲ្យសេចក្ដីក្រោធនៃព្រះអង្គ ឆួលឡើងទាំងអស់ឡើយ។ 39 ព្រះអង្គបាននឹកចាំថា គេគ្រាន់តែជាសាច់ឈាមប៉ុណ្ណោះ គឺជាខ្យល់ដែលបក់កន្លងហួសទៅ ឥតវិលមកវិញឡើយ។ 40 ប៉ុន្មានដងហើយដែលគេបះបោរនឹងព្រះអង្គ នៅក្នុងទីរហោស្ថាន ហើយធ្វើឲ្យព្រះអង្គព្រួយព្រះហឫទ័យ នៅទីហួតហែង! 41 គេបានល្បងលព្រះ ម្ដងហើយម្ដងទៀត គេបានរករឿងព្រះជាម្ចាស់ដ៏បរិសុទ្ធ នៃជនជាតិអុីស្រាអែល។ 42 គេមិនបាននឹកចាំពីព្រះចេស្ដារបស់ព្រះអង្គ ឬពីថ្ងៃដែលព្រះអង្គបានរំដោះគេពីខ្មាំងសត្រូវ 43 កាលព្រះអង្គបានសម្ដែងទីសម្គាល់ របស់ព្រះអង្គនៅអេស៊ីប និងការអស្ចារ្យនៅទីវាលសូអាន។ 44 ព្រះអង្គបានធ្វើឲ្យទន្លេ និងព្រែករបស់គេទៅជាឈាម ហើយគេមិនអាចផឹកពីទឹកនោះបានឡើយ។ 45 ព្រះអង្គបានចាត់ហ្វូងរុយមកបង្ហិនគេ ហើយកង្កែបមកបំផ្លាញគេ។ 46 ព្រះអង្គបានប្រគល់ដំណាំរបស់គេ ទៅឲ្យចង្រិតកាត់ ហើយភោគផលរបស់គេទៅឲ្យកណ្តូបស៊ី។ 47 ព្រះអង្គបានបំផ្លាញដើមទំពាំងបាយជូរ របស់គេដោយព្រឹល ហើយដើមឧទុម្ពររបស់គេដោយសន្សើមកក។ 48 ព្រះអង្គបានប្រគល់ហ្វូងគោរបស់គេឲ្យត្រូវព្រឹល ហើយឲ្យហ្វូងចៀមរបស់គេត្រូវរន្ទះបាញ់។ 49 ព្រះអង្គបានចាក់សេចក្ដីក្រោធ ដ៏សហ័សរបស់ព្រះអង្គទៅលើគេ។ ព្រមទាំងសេចក្ដីក្រោធ និងសេចក្ដីទុក្ខលំបាក រួមទាំងពលទេវតាមកបំផ្លាញគេផង។ 50 ព្រះអង្គបានធ្វើផ្លូវសម្រាប់សេចក្ដីក្រោធ របស់ព្រះអង្គ ព្រះអង្គមិនបានប្រណីព្រលឹងគេ ឲ្យរួចពីស្លាប់ឡើយ គឺបានប្រគល់ជីវិតគេទៅឲ្យគ្រោះកាច។ 51 ព្រះអង្គបានប្រហារអស់ទាំងកូនច្បង នៅអេស៊ីប គឺជាដើមកម្លាំងរបស់ហាំនៅក្នុងជំរំពួកគេ។ 52 ព្រះអង្គបាននាំរាស្ត្រព្រះអង្គ ចេញដូចជាចៀម ហើយបានដឹកនាំគេនៅក្នុងទីរហោស្ថាន ដូចជាហ្វូងសត្វ។ 53 ព្រះអង្គបាននាំគេដោយសុវត្តិភាព មិនឲ្យគេភ័យខ្លាចឡើយ តែសមុទ្របានគ្របលើខ្មាំងសត្រូវរបស់គេ។ 54 ព្រះអង្គបាននាំគេទៅកាន់ទឹកដីបរិសុទ្ធ របស់ព្រះអង្គ គឺទៅកាន់ភ្នំដែលព្រះហស្តស្តាំ របស់ព្រះអង្គបានឈ្នះ។ 55 ព្រះអង្គបានបណ្តេញជនជាតិនានា ចេញពីមុខពួកគេ ព្រះអង្គបានចែកទឹកដីទាំងនោះ ឲ្យគេទុកជាមរតក ក៏ឲ្យកុលសម្ព័ន្ធនៃអុីស្រាអែល រស់នៅក្នុងលំនៅរបស់ជនជាតិទាំងនោះ។ 56 ប៉ុន្តែ ពួកគេបានល្បងលព្រះជាម្ចាស់ដ៏ខ្ពស់បំផុត ហើយបះបោរទាស់នឹងព្រះអង្គ មិនធ្វើតាមបញ្ញត្តិរបស់ព្រះអង្គ។ 57 គឺពួកគេបានថយចេញ ហើយប្រព្រឹត្តដោយក្បត់ ដូចបុព្វបុរសរបស់គេ ដែលក្រឡាច់រមួលដូចជាធ្នូមិនត្រង់។ 58 ដ្បិត ពួកគេបានធ្វើឲ្យព្រះអង្គខ្ញាល់ ដោយទីខ្ពស់របស់គេ គេបណ្ដាលឲ្យព្រះអង្គប្រចណ្ឌ ដោយរូបព្រះរបស់គេ។ 59 កាលព្រះជាម្ចាស់ជ្រាប ព្រះអង្គក្រោធជាខ្លាំង ហើយព្រះអង្គមិនរវីរវល់េះនឹងអុីស្រាអែលសោះ។ 60 ព្រះអង្គលះចោលព្រះដំណាក់ព្រះអង្គនៅស៊ីឡូរជារោង ឧបោសថដែលព្រះអង្គធ្លាប់គង់នៅ កណ្ដាលមនុស្ស។ 61 ហើយប្រគល់ព្រះចេស្ដារបស់ព្រះអង្គ ឲ្យទៅជាឈ្លើយ គឺសិរីល្អរបស់ព្រះអង្គ ទៅក្នុងកណ្ដាប់ដៃខ្មាំងសត្រូវ។ 62 ព្រះអង្គបានប្រគល់រាស្ត្រព្រះអង្គ ទៅឲ្យដាវ ហើយព្រះអង្គក្រោធនឹងមរតក របស់ព្រះអង្គ។ 63 ភ្លើងបានឆេះបំផ្លាញពួកកំលោះរបស់ពួកគេ ស្ត្រីក្រមុំរបស់គេ គ្មានអ្នកណាចូលដណ្តឹង។ 64 ពួកសង្ឃរបស់គេបានដួលស្លាប់ដោយដាវ តែប្រពន្ធរបស់គេមិនបានយំសោកដែរ។ 65 ក្រោយមក ព្រះអម្ចាស់តើនឡើង ដូចគេភ្ញាក់ពីដំណេក ដូចមនុស្សខ្លាំងពូកែដែលស្រែកឡើង ដោយអំណាចស្រាទំពាំងបាយជូរ។ 66 ព្រះអង្គវាយបច្ចាមិត្តរបស់ព្រះអង្គ ឲ្យរត់ខ្ចាត់ខ្ចាយ ព្រះអង្គធ្វើឲ្យគេអាម៉ាស់អស់កល្បជានិច្ច។ 67 ព្រះអង្គមិនរវីរវល់នឹងរោងឧបោសថ របស់ពួកយ៉ូសែបឡើយ ក៏មិនបានជ្រើសរើសកុលសម្ព័ន្ធអេប្រាអិមដែរ។ 68 តែព្រះអង្គបានរើសកុលសម្ព័ន្ធយូដា និងភ្នំស៊ីយ៉ូនដែលព្រះអង្គស្រឡាញ់។ 69 ព្រះអង្គបានសង់ទីបរិសុទ្ធរបស់ព្រះអង្គ ដូចជាផ្ទៃមេឃដ៏ខ្ពស់ ដូចជាផែនដី ដែលព្រះអង្គបានតាំងឲ្យនៅជាប់ រហូតតទៅ។ 70 ព្រះអង្គបានជ្រើសរើសដាវីឌ ជាអ្នកបម្រើព្រះអង្គ ហើយបានយកលោកចេញពីក្រោលចៀម។ 71 ព្រះអង្គបានយកលោកចេញពីការឃ្វាលមេចៀមដែលមានកូន ឲ្យធ្វើជាគង្វាលដល់ពួកយ៉ាកុប ជារាស្ត្រព្រះអង្គ គឺពួកអុីស្រាអែលដែលជាមរតករបស់ព្រះអង្គ។ 72 ដាវិឌបានឃ្វាលពួកគេដោយចិត្តទៀងត្រង់ ហើយនាំផ្លូវគេដោយដៃប៉ិនប្រសប់។
ទំនុករបស់លោកអេសាភ។ 1 ព្រះជាម្ចាស់អើយ! ពួកជនជាតិដទៃ បានចូលរុករានក្នុងមរតករបស់ព្រះអង្គហើយ គេបានបង្អាប់ព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ ហើយបានបំផ្លាញក្រុងយេរូសាឡិម ឲ្យទៅជាគំនរថ្ម។ 2 គេបានប្រគល់សាកសពពួកអ្នកបម្រើព្រះអង្គ ទៅឲ្យសត្វហើរលើអាកាសធ្វើជាអាហារ គឺជាសាច់នៃពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ ដល់សត្វតិរច្ឆាននៅផែនដី។ 3 គេបានបង្ហូរឈាមរបស់អ្នកទាំងនោះ ដូចជាទឹកហូរនៅជុំវិញក្រុងយេរូសាឡិម ហើយគ្មានអ្នកណាបញ្ចុះសពពួកគេ។ 4 យើងខ្ញុំបានត្រឡប់ជាទីត្មះតិះដៀល ដល់អ្នកជិតខាង និងជាទីសើចចំអកឡកឡាយ ដល់អស់អ្នកដែលនៅជុំវិញយើងខ្ញុំ។ 5 ព្រះអម្ចាស់អើយ! តើដល់ពេលណាទៀត? តើព្រះអង្គខ្ញាល់រហូតឬ? តើព្រះហឫទ័យប្រចណ្ឌរបស់ព្រះអង្គ នៅតែឆេះដូចភ្លើងទៀតមែនទេ? 6 សូមចាក់សេចក្ដីក្រោធរបស់ព្រះអង្គ ទៅលើជនជាតិដែលមិនស្គាល់ព្រះអង្គ និងទៅលើនគរដែលមិនអំពាវនាវ ដល់ព្រះនាមព្រះអង្គនោះទៅ។ 7 ដ្បិតគេបានស៊ីបង្ហិនពួកយ៉ាកុប ហើយបំផ្លាញភូមិរបស់គេ។ 8 សូមកុំនឹកចាំអំពើទុច្ចរិត ដែលយើងខ្ញុំធ្វើពីដើមឡើយ សូមប្រញាប់សម្ដែងព្រះហឫទ័យអាណិតអាសូរ របស់ព្រះអង្គដល់យើងខ្ញុំផង ដ្បិតយើងខ្ញុំកំពុងតែអាប់ឱនណាស់។ 9 ព្រះអង្គសង្គ្រោះរបស់យើងខ្ញុំអើយ សូមជួយយើងខ្ញុំ ដ្បិត យល់ដល់សិរីល្អនៃព្រះនាមព្រះអង្គ សូមប្រាសយើងខ្ញុំឲ្យរួច ហើយអត់ទោសអំពើបាបរបស់យើងខ្ញុំផង ដោយយល់ដល់ព្រះនាមព្រះអង្គ។ 10 ហេតុអ្វីត្រូវឲ្យពួកជនជាតិដទៃប្រមាថថា «តើព្រះរបស់គេនៅឯណា?» សូមឲ្យការសងសឹក ចំពោះឈាមពួកអ្នកបម្រើព្រះអង្គ ដែលបានខ្ចាយនោះ បានដឹងច្បាស់ ក្នុងចំណោមពួកជនជាតិដទៃ នៅមុខយើងខ្ញុំផង។ 11 សូមឲ្យសំឡេងថ្ងូររបស់ពួកអ្នកទោស បានឮដល់ព្រះអង្គ ហើយដោយព្រះចេស្តាដ៏ធំរបស់ព្រះអង្គ សូមការពារអ្នកដែលមានទោសដល់ស្លាប់ ទាំងនោះផង។ 12 ព្រះអម្ចាស់អើយ! ការដែលអ្នកជិតខាងយើងខ្ញុំ បានត្មះតិះដៀលព្រះអង្គ សូមសងទៅលើខ្លួនគេមួយជាប្រាំពីរវិញ។ 13 ដូច្នេះ យើងខ្ញុំដែលជារាស្ត្រ និងជាហ្វូងចៀមនៅក្នុងវាលស្មៅរបស់ព្រះអង្គ នឹងអរព្រះគុណដល់ព្រះអង្គជារៀងរហូត។ យើងខ្ញុំនឹងពោលសរសើរតម្កើងព្រះអង្គ គ្រប់ជំនាន់។
បទពីសៀវភៅរបស់គ្រូចម្រៀង។ បទ«ផ្កាម្លិះ»។ សក្ខីភាព។ ទំនុកតម្កើង របស់លោកអេសាភ។ 1 សូមទតមើល៍! ព្រះដែលជាគង្វាលអុីស្រាអែល ជាព្រះជាម្ចាស់ដែលនាំមុខពួកយ៉ូសែប ដូចជា នាំហ្វូងចៀម ព្រះដែលគង់នៅកណ្ដាលចេរូប៊ីមអើយ សូមភ្លឺមកលើយើង! 2 សូមបណ្ដាលឥទ្ធិឫទ្ធិរបស់ព្រះ អង្គឡើង នៅចំពោះពួកអេប្រាអិម បេនយ៉ាមីន និងម៉ាណាសេ ហើយយាងមកសង្គ្រោះយើងខ្ញុំផង។ 3 ព្រះជាម្ចាស់អើយ សូមសាងយើងខ្ញុំមកវិញ សូមឲ្យព្រះភ័ក្ត្រនៃព្រះអង្គភ្លឺមកលើយើងខ្ញុំហើយយើងនឹងបានរួចជីវិត។ 4 ព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូលអើយ តើព្រះអង្គខ្ញាល់នឹងរាស្ត្រព្រះអង្គ ក្នុងការពួកគេអធិស្ឋានរកព្រះអង្គ ដល់ពេល ណាទៀត? 5 ព្រះអង្គបានប្រទាននំប៉័ងនៃទឹកភ្នែក ហើយឲ្យគេផឹកទឹកភ្នែកពេញរង្វាល់។ 6 ព្រះអង្គបានធ្វើឲ្យយើងខ្ញុំទៅជាដើមហេតុ នៃការទាស់ទែងគ្នា ដល់ពួកអ្នកជិតខាងយើងខ្ញុំ ហើយខ្មាំងសត្រូវរបស់យើងខ្ញុំ ពួកគេនាំគ្នាសើចចំអក។ 7 ព្រះជាម្ចាស់នៃពិភពទាំងមូល សូមស្អាងយើងឡើងវិញ សូមឲ្យព្រះភក្ត្រព្រះអង្គភ្លឺមកយើង នោះយើងខ្ញុំនឹងបានសង្រ្គោះ។ 8 ព្រះអង្គបានយកដើមទំពាំងបាយជូរមួយ ពីទឹកដីអេស៊ីបមក ព្រះអង្គបានបណ្តេញជនជាតិនានាចេញ ហើយបានដាំដើមទំពាំងបាយជូរនោះមក។ 9 ព្រះអង្គបានសម្អាតដីនោះយ៉ាងស្អាត ដើមទំពាំងបាយជូរក៏ចាក់ឫស ហើយដុះពាសពេញក្នុងស្រុក។ 10 ម្លប់ដើមទំពាំងបាយជូរ បានគ្របដណ្ដប់ទៅលើភ្នំនានា ហើយមែករបស់វាក៏គ្របលើដើមតាត្រៅនៃព្រះជាម្ចាស់។ 11 ដើមទំពាំងបាយជូរនោះបែកមែក រហូតទៅដល់សមុទ្រ ហើយពន្លករបស់វារហូតទៅដល់ទន្លេអឺប្រាត។ 12 ហេតុអ្វីបានជាព្រះអង្គ រំលំរបងចម្ការទំពាំងបាយជូរ ធ្វើឲ្យអស់អ្នកដែលដើរតាមនោះបេះផ្លែវា។ 13 ជ្រូកចេញពីព្រៃមកឈ្មុសបំផ្លាញ ហើយអស់ទាំងសត្វនៅទីវាល ក៏ស៊ីវាចម្អែតពោះដែរ។ 14 សូមព្រះអង្គបែរមកវិញ ព្រះជាម្ចាស់នៃពិភពទាំងមូលអើយ! ហើយទតមើលពីលើស្ថានសួគ៌មក សូមប្រោសប្រណីដើមទំពាំងបាយជូរនេះផង។ 15 គឺជាដើមដែលព្រះ ហស្តស្តាំរបស់ព្រះអង្គបានដាំ ជាពន្លកដែលព្រះអង្គធ្វើឲ្យលូតលាស់ឡើង។ 16 ត្រូវបានយកភ្លើង ដុតនឹងកាត់ចោល សូមឲ្យគេវិនាសដោយការនៃការបន្ទោសរបស់ព្រះអង្គផង។ 17 សូមឲ្យព្រះហស្តព្រះអង្គស្ថិតនៅលើ មនុស្សដែលនៅខាងស្ដាំព្រះហស្តព្រះអង្គ គឺកូនមនុស្សដែលព្រះអង្គបានធ្វើឲ្យមានកម្លាំងសម្រាប់អង្គ។ 18 ក្រោយមក យើងខ្ញុំនឹងមិនបែរចេញ ពីព្រះអង្គឡើយ សូមបង្ហាញដល់យើង នោះយើងខ្ញុំនឹងស្រែករកព្រះនាមរបស់ព្រះអង្គ។ 19 ព្រះអម្ចាស់ ជាព្រះជាម្ចាស់នៃពិភពទាំងមូលអើយ សូមសាងយើងមកវិញ សូមឲ្យព្រះភក្ត្រព្រះអង្គភ្លឺមកលើយើង នោះយើងនឹងបានសង្គ្រោះ។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ សម្រាប់ពិណពីស្រុកកាថ។ ទំនុករបស់លោកអេសាភ។ 1 ចូរស្រែកច្រៀងថ្វាយព្រះជាម្ចាស់ ដែលជាកម្លាំងរបស់យើង ចូរស្រែកដោយអំណរ ថ្វាយព្រះរបស់លោកយ៉ាកុប។ 2 ចូរច្រៀងចម្រៀង ហើយចាប់ស៊ុងយ៉ាងពីរោះ និងដេញពិណផង។ 3 ចូរផ្លុំត្រែនៅពេលចាប់ផ្ដើមខែខ្នើត នៅពេលខែពេញបូណ៌មី ជាថ្ងៃផ្តើមបុណ្យរបស់យើង។ 4 ដ្បិតនេះជាច្បាប់សម្រាប់អុីស្រាអែល ជាវិន័យរបស់ព្រះនៃយ៉ាកុប។ 5 ព្រះអង្គតាំងច្បាប់នោះ ទុកជាទីបន្ទាល់នៅក្នុងពួកយ៉ូសែប នៅពេលព្រះអង្គចេញទៅ វាយប្រហារទឹកដីអេស៊ីប ខ្ញុំបានឮសំឡេងមួយដែលខ្ញុំមិនស្គាល់ថា៖ 6 «យើងបានដោះបន្ទុកចេញពីស្មារបស់អ្នក ហើយក៏យកកញ្ច្រែងចេញពីដៃរបស់អ្នកដែរ។ 7 នៅក្នុងគ្រាមានទុក្ខវេទនា អ្នកបានអំពាវនាវ ហើយយើងបានជួយអ្នក យើងបានឆ្លើយតបដល់អ្នកពីទីសម្ងាត់នៃផ្គរ។ យើងបានល្បងលអ្នកនៅទឹកមេរីបា។ សម្រាក 8 ប្រជារាស្ត្ររបស់យើងអើយ! ចូរស្តាប់ ដ្បិត យើងបានដាស់តឿនអ្នក អុីស្រាអែលអើយ ប្រសិនបើអ្នកគ្រាន់តែស្តាប់តាមយើង! 9 មិនត្រូវឲ្យមានព្រះដទៃណា នៅក្នុងចំណោមអ្នកឡើយក៏មិនត្រូវក្រាបថ្វាយបង្គំព្រះ ជនជាតិដទៃណាដែរ។ 10 យើងជាព្រះអម្ចាស់ជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីទឹកសីអេស៊ីប ចូរហាមាត់អ្នកឲ្យធំ នោះយើងនឹងបំពេញដល់អ្នក។ 11 ប៉ុន្តែ រាស្ត្ររបស់យើង មិនបានស្តាប់តាមពាក្យយើង អុីស្រាអែលមិនព្រមស្តាប់បង្កាប់យើងទេ។ 12 ដូច្នេះ យើងក៏បណ្ដោយឲ្យគេ ទៅតាមចិត្តរឹងចចេសរបស់គេ ឲ្យគេប្រព្រឹត្តតាមគំនិតរបស់ខ្លួនគេ។ 13 ឱប្រសិនបើប្រជារាស្ត្ររបស់យើង ព្រមស្តាប់តាមយើង ឱប្រសិនបើអុីស្រាអែល ព្រមដើរតាមផ្លូវរបស់យើងនោះ។ 14 នោះយើងនឹងបង្ក្រាបខ្មាំងសត្រូវរបស់គេភ្លាម ហើយយើងនឹងបង្វែរដៃ ទៅទាស់នឹងបច្ចាមិត្តរបស់គេមិនខាន។ 15 សូមឲ្យអស់អ្នកដែលស្អប់ព្រះអម្ចាស់ នឹងក្រាបនៅចំពោះព្រះអង្គ! សូមឲ្យវាសនាអាក្រក់របស់គេ នៅជាប់នឹងគេរហូតទៅ។ 16 ប៉ុន្ដែ យើងនឹងចិញ្ចឹមអុីស្រាអែល ដោយស្រូវសាលីល្អបំផុតហើយនឹងចម្អែតអ្នកដោយទឹកឃ្មុំពីថ្មដា»។
ទំនុកតម្កើង របស់លោកអេសាភ។ 1 ព្រះជាម្ចាស់គង់ប្រថាប់នៅក្នុងអង្គប្រជុំ របស់ព្រះអង្គ ព្រះអង្គកាត់ក្ដីនៅក្នុងចំណោម ពួកព្រះទាំងឡាយ។ 2 តើអ្នករាល់គ្នានឹងជំនុំជម្រះដោយអយុត្តិធម៌ ហើយយល់មុខមនុស្សអាក្រក់ ដល់កាលណាទៀត? សម្រាក 3 ចូររកយុត្តិធម៌ឲ្យមនុស្សទន់ខ្សោយ និងក្មេងកំព្រាហើយគាំ ពារសិទ្ធិមនុស្សវេទនា និងមនុស្សទ័លក្រ។ 4 ចូរសង្គ្រោះមនុស្សទន់ខ្សោយ និងមនុស្សកម្សត់ទុគ៌ត ចូររំដោះគេឲ្យរួចពីកណ្ដាប់ដៃមនុស្សអាក្រក់។ 5 ពួកគេមិនដឹង ក៏មិនយល់អ្វីទាំងអស់ គេតែងដើរទៅមកក្នុងសេចក្ដីងងឹត អស់ទាំងគ្រឹះផែនដីក៏ត្រូវកក្រើករំពើក។ 6 យើងបានថ្លែងថា «អ្នករាល់គ្នាជាព្រះ អ្នករាល់គ្នាសុទ្ធតែជាកូននៃព្រះដ៏ខ្ពស់បំផុត។ 7 ទោះជាបែបនេះក្តី អ្នកនឹងត្រូវស្លាប់ដូចមនុស្សធម្មតា ហើយនឹងត្រូវដួលដូចជាអ្នកធំដែរ»។ 8 ព្រះជាម្ចាស់អើយ! សូមក្រោកឡើង ជំនុំជម្រះផែនដីនេះ ដ្បិតព្រះអង្គនឹងគ្រប់គ្រង លើជនជាតិទាំងអស់ទុកជាមរតក។
ចម្រៀងតម្កើងព្រះជាម្ចាស់។ ទំនុកតម្កើង របស់លោកអេសាភ។ 1 ព្រះជាម្ចាស់អើយ! សូមកុំនៅស្ងៀមឡើយ សូមកុំនៅព្រងើយ ហើយមិនកម្រើកដូច្នេះព្រះជាម្ចាស់។ 2 មើល៍ ខ្មាំងសត្រូវរបស់ព្រះអង្គកំពុងតែបានដែ និងអស់អ្នកដែលស្អប់ព្រះអង្គគេងើបក្បាលហើយ។ 3 ពួកគេប្រឹក្សាគ្នាបង្កើតឧបាយ ទាស់នឹងរាស្ត្រព្រះអង្គហើយ គិតគូរគ្នាទាស់នឹងអស់អ្នក ដែលព្រះអង្គការពារ។ 4 ពូកគេបាននិយាយថា «មក យើងនាំគ្នាបំផ្លាញជនជាតិនេះចេញ។ នោះគ្មានអ្នកណានឹកចាំ ឈ្មោះអុីស្រាអែលនេះឡើយ»។ 5 ដ្បិតគេបានរួមសមគំនិតគ្នា គេបានតាំងសញ្ញាទាស់នឹងព្រះអង្គ 6 ការនេះក៏រាប់រួមទាំងពួកជនជាតិអេដុម និងជនជាតិអុីស ម៉ាអែល ហើយនិងជនជាតិម៉ូអាប់ និងជនជាតិហាការេន ដែលផ្តុំគ្នាជាមួយ 7 ជនជាតិកេបាល ជនជាតិអាំម៉ូន និងជនជាតិ អាម៉ាឡេក ជនជាតិភីលីស្ទីន និងពួកអ្នកទីរ៉ុស។ 8 ស្រុកអាសស៊ើរក៏បានចូលរួមជាមួយគេដែរ ជនជាតិទាំងនោះចូលដៃជាមួយ គឺជាពួកកូនចៅឡុត។ សម្រាក 9 សូមប្រព្រឹត្តចំពោះពួកគេ ដូចព្រះអង្គបានប្រព្រឹត្តចំពោះជនជាតិ ម៉ាឌាន គឺដូចព្រះអង្គប្រព្រឹត្តចំពោះស៊ីសេរ៉ា និងយ៉ាប៊ីន នៅទន្លេគីសុន។ 10 ពួកគេបានវិនាសទៅនៅអេនដោរ ហើយបានត្រឡប់ដូចជាលាមកនៅដី។ 11 ធ្វើឲ្យពួកអ្នកមានត្រកូលខ្ពស់របស់គេ បានដូចជាអូរិប និងសៀបសូមឲ្យពួកអ្នកធំរបស់គេទាំងអស់ បានដូចជាសេបា និងសាលមូណា។ 12 ពួកគេបាននិយាាថា «ចូរយើងនាំគ្នាចាប់យកវាលស្មៅរបស់ព្រះជាម្ចាស់ ទុកជារបស់យើង»។ 13 ព្រះជាម្ចាស់នៃទូលបង្គំអើយ! សូមធ្វើឲ្យគេបានដូចជាធូលីដី ដូចជាចំបើងដែលត្រូវខ្យល់ផាត់យកទៅ។ 14 ដូចភ្លើងដែលឆេះព្រៃ ឬអណ្ដាតភ្លើងដែលឆាបឆេះភ្នំយ៉ាងណា។ 15 សូមដេញតាមគេដោយខ្យល់គំហុក របស់ព្រះអង្គ ហើយធ្វើឲ្យគេញ័ររន្ធត់ ដោយព្យុះសង្ឃរារបស់ព្រះអង្គយ៉ាងនោះផង។ 16 ព្រះអម្ចាស់អើយ! សូមគ្របមុខគេដោយសេចក្ដីអៀនខ្មាស ដើម្បីឲ្យគេស្វែងរកព្រះនាមព្រះអង្គ។ 17 សូមឲ្យគេត្រូវខ្មាស ហើយភ័យស្លុតរហូតទៅ សូមឲ្យគេវិនាសទៅទាំងអាប់យស។ 18 ដើម្បីឲ្យគេបានដឹងថា មានតែព្រះអង្គប៉ុណ្ណោះ ដែលមានព្រះនាមព្រះអម្ចាស់ ជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ សម្រាប់ពិណពីស្រុកកាថ។ ទំនុករបស់កូនចៅលោកកូរេ។ 1 ព្រះអម្ចាស់នៃពិភពទាំងអស់អើយ! ព្រះដំណាក់របស់ព្រះអង្គ គួរស្រឡាញ់ណាស់! 2 ព្រលឹងទូលបង្គំ ក៏នឹកដល់ទីលានរបស់ព្រះអម្ចាស់ បំណងចិត្តបានធ្វើឲ្យ ទូលបង្គំលើកតម្កើងព្រះអង្គ។ ដូងចិត្តហើយនិងសាច់ឈាមទូលបង្គំបានស្រែកឡើងទៅកាន់ព្រះដែលមានព្រះជន្មរស់។ 3 ព្រះអម្ចាស់នៃពិភពទាំងមូល ជាមហាក្សត្រ និងជាព្រះជាម្ចាស់នៃទូលបង្គំអើយ! សូម្បីតែសត្វចាបក៏មានលំនៅ ហើយសត្វត្រចៀកកាំ ក៏មានសម្បុកសម្រាប់ពួកវា ជាកន្លែងដែលដាក់កូនរបស់វា នៅក្បែរអាសនាព្រះអង្គ។ 4 មានពរហើយ អស់អ្នកដែលរស់នៅ ក្នុងដំណាក់របស់ព្រះអង្គ ពួកគេដ៏សរសើរតម្កើងព្រះអង្គជានិច្ច។ សម្រាក 5 មានពរហើយ អស់អ្នកដែលយកព្រះអង្គជាកម្លាំងរបស់ខ្លួន ជាអ្នកដែលរៀបចំចិត្ត ជាផ្លូវទៅកាន់ក្រុងស៊ីយ៉ូន។ 6 កាលគេដើរកាត់ជ្រលងបាកា គេធ្វើឲ្យជ្រលងនោះ ត្រឡប់ទៅកន្លែងមានប្រភពទឹក ហើយភ្លៀងដើមរដូវក៏គ្របដណ្ដប់ដោយពរដែរ។ 7 ពួកគេដើរទៅទាំងមានកម្លាំងខ្លាំងឡើងៗជានិច្ច គ្រប់គ្នាបង្ហាញខ្លួននៅចំពោះព្រះ ក្នុងក្រុងស៊ីយ៉ូន។ 8 ព្រះអម្ចាស់ ជាព្រះជាម្ចាសនៃពិភពទាំងមូលអើយ សូមស្តាប់ការអធិស្ឋានរបស់ទូលបង្គំ ព្រះនៃលោកយ៉ាកុបអើយ សូមផ្ទៀងព្រះកាណ៌ផង។ 9 ព្រះអង្គជាខែលនៃយើងខ្ញុំអើយ សូមទតមើល សូមទតចំមុខអ្នកដែលព្រះអង្គបានចាក់ប្រេងតាំងផង! 10 ដ្បិតមួយថ្ងៃនៅក្នុងព្រះលានរបស់ព្រះអង្គ ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត។ ទូលបង្គំស៊ូធ្វើជាអ្នកឈរនៅមាត់ទ្វារ ក្នុងដំណាក់របស់ព្រះជាម្ចាស់នៃទូលបង្គំជាជាងរស់នៅក្នុងលំនៅនៃសេចក្ដីអាក្រក់។ 11 ដ្បិតព្រះអម្ចាស់ដ៏ជាព្រះ ព្រះអង្គជាព្រះអាទិត្យ និងជាខែល ព្រះអម្ចាស់នឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ព្រះអង្គនឹងមិនសំចៃទុករបស់ល្អអ្វី ដល់អស់អ្នកដែលដើរដោយទៀងត្រង់ឡើយ។ 12 ព្រះអម្ចាស់នៃពិភពទាំងមូលអើយ មនុស្សដែលទុកចិត្តដល់ព្រះអង្គ អ្នកនោះមានពរហើយ។
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់កូនចៅលោកកូរេ។ 1 ព្រះអម្ចាស់អើយ ព្រះអង្គគាប់ព្រះហឫទ័យនឹងទឹកដីរបស់ព្រះអង្គ ព្រះជាម្ចាស់បានលើកមុខពួកយ៉ាកុបឡើងវិញ។ 2 ព្រះអង្គបានអត់ទោសអំពើទុច្ចរិត ប្រជារាស្ត្រព្រះអង្គ ក៏បានគ្របបាំងអំពើបាប ទាំងប៉ុន្មានរបស់គេ។ សម្រាក 3 ព្រះអង្គបានដកសេចក្ដីក្រោធ ទាំងអស់របស់ព្រះអង្គចេញ ព្រះអង្គបានបែរចេញពីសេចក្ដីក្រោធ ដ៏សហ័សរបស់ព្រះអង្គ។ 4 ព្រះជាម្ចាស់នៃការសង្គ្រោះរបស់យើងខ្ញុំអើយ! សូមលើកមុខយើងខ្ញុំឡើងវិញផង សូមឈប់គ្នាន់ក្នាញ់ចំពោះយើងខ្ញុំទៅ។ 5 តើព្រះអង្គខ្ញាល់នឹងយើងខ្ញុំរហូតឬ? តើព្រះអង្គបន្លាយសេចក្ដីក្រោធរបស់ព្រះអង្គ គ្រប់ជំនាន់តទៅឬ? 6 តើព្រះអង្គមិនទទួលយើងខ្ញុំម្តងទៀតទេ? នោះប្រជារាស្ត្រព្រះអង្គ នឹងបានរីករាយក្នុងព្រះអង្គ។ 7 ព្រះអម្ចាស់អើយ សូមសម្ដែងព្រះហឫទ័យសប្បុរស របស់ព្រះអង្គដល់យើងខ្ញុំ ហើយប្រទានការសង្គ្រោះនៃព្រះអង្គ ដល់យើងខ្ញុំផង។ 8 ខ្ញុំនឹងស្តាប់សេចក្ដីដែលព្រះអម្ចាស់ដ៏ជាព្រះជាម្ចាស់ មានព្រះបន្ទូល ដ្បិតព្រះអង្គនឹងមានព្រះបន្ទូល ពីសេចក្ដីសុខសាន្ត ដល់ប្រជារាស្ត្រព្រះអង្គ ដល់ពួកបរិសុទ្ធរបស់ព្រះអង្គ។ ពួកគេនឹងមិនវិលត្រឡប់ ទៅរកសេចក្ដីចម្កួតទៀតឡើយ។ 9 ពិតប្រាកដជាការសង្គ្រោះរបស់ព្រះអង្គ នៅជិតអស់អ្នកដែលកោតខ្លាចព្រះអង្គ ដើម្បីឲ្យមានសិរីរុងរឿងនៅក្នុងទឹកដីរបស់យើង។ 10 សេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់ សេចក្ដីសុចរិត និងសេចក្ដីសុខសាន្ត ទាំងថើបគ្នាទៅវិញទៅមក។ 11 សេចក្ដីស្មោះត្រង់ដុះពន្លកចេញពីដី ហើយសេចក្ដីសុចរិតក៏មើលពីលើមេឃមក។ 12 ដ្បិត ព្រះអម្ចាស់នឹងប្រទានព្រះពរដ៏ប្រសើរ ហើយទឹកដីយើងនឹងបង្កើតភោគផល ចម្រើនឡើង។ 13 សេចក្ដីសុចរិតនឹងដើរនៅខាងមុខព្រះអង្គ ហើយរៀបផ្លូវសម្រាប់ជំហានព្រះអង្គ។
ពាក្យអធិស្ឋានរបស់ស្ដេចដាវីឌ។ 1 ព្រះអម្ចាស់អើយ សូមព្រះអង្គស្តាប់ ហើយឆ្លើយតបមកទូលបង្គំផង ដ្បិតទូលបង្គំទាល់ក្រ ហើយខ្វះខាត។ 2 សូមរក្សាកាពារទូលបង្គំ ដ្បិតទូលបង្គំស្មោះត្រង់ ព្រះជាម្ចាស់នៃទូលបង្គំ សូមសង្គ្រោះអ្នកបម្រើព្រះអង្គ ដែលទុកចិត្តដល់ព្រះអង្គផង។ 3 ព្រះអម្ចាស់អើយ សូមមេត្តាដល់ទូលបង្គំ ដ្បិតទូលបង្គំបានស្រែករកព្រះអង្គរាល់ថ្ងៃ។ 4 សូមបណ្ដាលឲ្យព្រលឹងអ្នកបម្រើព្រះអង្គ រីករាយឡើង ដ្បិត ព្រះអម្ចាស់អើយ ទូលបង្គំទូលទៅរកព្រះអង្គ។ 5 ដ្បិត ព្រះអម្ចាស់អើយ ព្រះអង្គល្អ ហើយតែងតែអត់ទោស ព្រះអង្គបង្ហាញក្តីមេត្តា ចំពោះអស់អ្នកណាដែលស្រែករកព្រះអង្គ។ 6 ព្រះអម្ចាស់ សូមស្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ សូមស្តាប់សម្រែកទូលអង្វររបស់ទូលបង្គំផង។ 7 នៅថ្ងៃទូលបង្គំមានសេចក្ដីវេទនា ទូលបង្គំបានស្រែករកព្រះអង្គ ដ្បិតព្រះអង្គឆ្លើយតបមកទូលបង្គំ។ 8 ព្រះអម្ចាស់អើយ ក្នុងចំណោមព្រះផ្សេងៗគ្មានព្រះណាដូចព្រះអង្គទេ។ គ្មានព្រះណាធ្វើការអស្ចារ្យដូចព្រះអង្គឡើយ។ 9 ព្រះអម្ចាស់អើយ អស់ទាំងជនជាតិដែលព្រះអង្គបានបង្កើត នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ហើយពួកគេនឹងលើកតម្កើងព្រះនាមព្រះអង្គ។ 10 ដ្បិតព្រះអង្គធំ ហើយធ្វើការយ៉ាងអស្ចារ្យ មានតែព្រះអង្គប៉ុណ្ណោះដែលជាព្រះជាម្ចាស់។ 11 ព្រះអម្ចាស់អើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ។ ទូលបង្គំនឹងដើរក្នុងសេចក្ដីពិតរបស់ព្រះអង្គ។ សូមបង្រួមចិត្តទូលបង្គំ ឲ្យកោតខ្លាចព្រះនាមព្រះអង្គ។ 12 ព្រះអម្ចាស់ ជាព្រះជាម្ចាស់នៃទូលបង្គំ ទូលបង្គំនឹងអរព្រះគុណព្រះអង្គយ៉ាងអស់ពីចិត្ត ហើយនឹងលើកតម្កើងព្រះនាមព្រះអង្គតទៅ។ 13 ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ មកដល់ទូលបង្គំ ដ៏អស្ចារ្យណាស់ ព្រះអង្គបានរំដោះព្រលឹងទូលបង្គំ ឲ្យរួចផុតពីស្ថានឃុំព្រលឹងមនុស្សស្លាប់។ 14 ព្រះជាម្ចាស់អើយ មនុស្សព្រហើនបានលើកគ្នា ទាស់នឹងទូលបង្គំហើយ។ មនុស្សច្រឡោតមួយក្រុមចង់ដកជីវិតទូលបង្គំ។ ពួកគេមិនបានគោរពព្រះអង្គនោះទេ។ 15 ប៉ុន្ដែ ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះប្រកបដោយព្រះហឫទ័យមេត្តា និងប្រណីសន្ដោស ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់។ 16 សូមបែរមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំ សូមប្រទានកម្លាំងរបស់ព្រះអង្គ ដល់អ្នកបម្រើព្រះអង្គ សូមសង្គ្រោះកូនរបស់ស្ត្រី ជាអ្នកបម្រើរបស់ព្រះអង្គផង។ 17 សូមសម្ដែងទីសម្គាល់មួយ ពីសេចក្ដីល្អដល់ទូលបង្គំ ដើម្បីឲ្យអស់អ្នកដែលស្អប់ទូលបង្គំបានឃើញ ហើយមានសេចក្ដីខ្មាស ដោយសារតែព្រះអង្គ ព្រះអម្ចាស់អើយ ព្រះអង្គបានជួយទូលបង្គំ ហើយបានកម្សាន្តចិត្តទូលបង្គំ។
ទំនុកតម្កើង របស់កូនចៅលោកកូរេ។ ចម្រៀងតម្កើងព្រះជាម្ចាស់។ 1 ព្រះអម្ចាស់បានសង់ទីក្រុងរបស់ព្រះអង្គ 2 នៅលើភ្នំបរិសុទ្ធ ព្រះអង្គស្រឡាញ់អស់ទាំងទ្វារក្រុងស៊ីយ៉ូន ជាជាងទីលំនៅទាំងប៉ុន្មានរបស់លោកយ៉ាកុប។ 3 ទីក្រុងរបស់ព្រះជាម្ចាស់អើយ មានគេនិយាយពីសេចក្ដីរុងរឿងរបស់អ្នក។ សម្រាក 4 ក្នុងចំណោមអស់អ្នកដែលស្គាល់ខ្ញុំ ខ្ញុំនឹងតំណាលពីរ៉ាហាប និងពីបាប៊ីឡូន។ មើល! ជនជាតិភីលីស្ទីន និងសាសន៍ទីរ៉ុស រួមទាំងជនជាតិអេត្យូពីដែរ គេនិយាយថា «ការនេះគឺបានកើតនៅទីនោះ»។ 5 គេនិយាយពីក្រុងស៊ីយ៉ូនថា «អ្នកនេះមួយ អ្នកនោះមួយ បានកើតនៅក្រុងនោះ ដ្បិតព្រះដ៏ខ្ពស់បំផុត ព្រះអង្គនឹងតាំងក្រុងនោះឲ្យមាំមួន»។ 6 កាលព្រះអម្ចាស់ចុះឈ្មោះជនជាតិទាំងនោះ ចូលក្នុងបញ្ជី ព្រះអង្គសរសេរថា «គេបានកើតមកក្នុងក្រុងនោះ»។ សម្រាក 7 ដូច្នេះ ពួកអ្នកចម្រៀង និងពួកអ្នករបាំ បាននិយាយទៅកាន់គ្នាថា «ប្រភពទឹករបស់ខ្ញុំទាំងប៉ុន្មាននៅក្នុងអ្នក»។
ទំនុកជាបទចម្រៀងរបស់កូនចៅកូរេ សម្រាប់មេភ្លេង។ ត្រូវលេងដោយខ្លុយ ជាសេចក្ដីបង្រៀនរបស់លោកហេម៉ាន អ្នកស្រុកអេសរ៉ាគីត។ 1 ព្រះអម្ចាស់ ជាព្រះសង្គ្រោះរបស់ទូលបង្គំអើយ ទូលបង្គំស្រែកអំពាវនាវនៅចំពោះព្រះអង្គ ទាំងយប់ទាំងថ្ងៃ។ 2 សូមឲ្យពាក្យអធិស្ឋានរបស់ទូលបង្គំ បានចូលឡើងទៅដល់ព្រះអង្គ សូមស្តាប់សម្រែក របស់ទូលបង្គំផង។ 3 ដ្បិតព្រលឹងទូលបង្គំមានពេញ ដោយសេចក្ដីវេទនា ហើយជីវិតទូលបង្គំខិតទៅជិត ស្ថានឃុំព្រលឹងមនុស្សស្លាប់ហើយ។ 4 គេរាប់ទូលបង្គំក្នុងចំណោមអ្នក ដែលចុះទៅក្នុងរណ្ដៅ ទូលបង្គំជាមនុស្សដែលគ្មានកម្លាំង។ 5 ដូចជាអ្នកដែលត្រូវគេបោះបង់ចោល នៅកណ្ដាលពួកមនុស្សស្លាប់ ដូចជាអ្នកដែលត្រូវគេសម្លាប់ ដែលដេកនៅក្នុងផ្នូរ ដូចជាអស់អ្នកដែលព្រះអង្គលែងនឹកនា ហើយត្រូវបានកាត់ចេញ ពីព្រះហស្តរបស់ព្រះអង្គ។ 6 ព្រះអង្គបានផ្តេកទូលបង្គំនៅក្នុងរណ្តៅដ៏ជ្រៅ នៅក្នុងទីងងឹត និងទីជម្រៅ។ 7 សង្កត់លើទូលបង្គំយ៉ាងធ្ងន់ ហើយព្រះអង្គធ្វើទុក្ខទូលបង្គំ ដោយអស់ទាំងរលករបស់ព្រះអង្គ។ សម្រាក 8 ព្រះអង្គបានធ្វើឲ្យគូកនរបស់ទូលបង្គំ គេចមុខពីទូលបង្គំ ក៏បានធ្វើឲ្យទូលបង្គំ ត្រឡប់ជាទីខ្ពើមឆ្អើមដល់គេ ទូលបង្គំត្រូវបង្ខាំង មិនអាចគេចចេញបានឡើយ។ 9 ភ្នែកទូលបង្គំស្រវាំងដោយសារទុក្ខព្រួយ ឱព្រះអម្ចាស់អើយ ទូលបង្គំអំពាវនាវរកព្រះអង្គរាល់ថ្ងៃ ទូលបង្គំបានប្រទូលដៃទៅរកព្រះអង្គ។ 10 តើព្រះអង្គធ្វើការអស្ចារ្យ សម្រាប់មនុស្សស្លាប់បានឬ? តើអ្នកដែលស្លាប់ទៅហើយ ងើបសរសើរព្រះអង្គដែរឬ? សម្រាក 11 តើគេថ្លែងពីព្រះហឫទ័យសប្បុរស របស់ព្រះអង្គនៅក្នុងផ្នូរ ឬពីព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ នៅទីហិនវិនាសកើតឬ? 12 តើមានអ្នកណាស្គាល់ការអស្ចារ្យរបស់ព្រះអង្គ នៅក្នុងទីងងឹត ឬសេចក្ដីសុចរិតរបស់ព្រះអង្គ នៅក្នុងទឹកដីដែលគេភ្លេចបាត់ទៅហើយដែរឬ? 13 ប៉ុន្តែ ព្រះអម្ចាស់អើយ ទូលបង្គំស្រែករកព្រះអង្គ នៅពេលព្រឹក ពាក្យអធិស្ឋានរបស់ទូលបង្គំ ចូលមកចំពោះព្រះអង្គ។ 14 ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គ បោះបង់ព្រលឹងទូលបង្គំចោល ហេតុអ្វីបានជាព្រះអង្គ លាក់ព្រះភ័ក្ត្រនឹងទូលបង្គំ? 15 ទូលបង្គំមានទុក្ខវេទនា ហើយជិតស្លាប់តាំងតែពីក្មេងមកម៉្លេះ ព្រះអង្គធ្វើឲ្យទូលបង្គំស្ញែងខ្លាច ទូលបង្គំតែលតោលគ្មានទីពឹង។ 16 សេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ បានគ្របលើទូលបង្គំ សេចក្ដីស្ញែងខ្លាចរបស់ព្រះអង្គ បានបំផ្លាញទូលបង្គំ។ 17 ពួកគេទាំងនោះបានឡោមព័ទ្ធទូលបង្គំ ដូចទឹកជំនន់ជារៀងរាល់ថ្ងៃ ក៏រួមគ្នារួបរឹតទូលបង្គំទាំងអស់។ 18 ព្រះអង្គបានធ្វើឲ្យមនុស្សជាទីស្រឡាញ់ និងមិត្តភក្ដិរបស់ទូលបង្គំ គេចមុខចេញពីទូលបង្គំ គូកនរបស់ទូលបង្គំបានទុកទូលបង្គំចោល ក្នុងទីងងឹត។
កំណាព្យរបស់លោកអេថាន ជាអ្នកស្រុកអេសរ៉ាគីត។ 1 ទូលបង្គំនឹងច្រៀងពីព្រះហឫទ័យសប្បុរស របស់ព្រះអម្ចាស់ ជារៀងរហូត មាត់ទូលបង្គំនឹងប្រកាស ពីព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ឲ្យមនុស្សគ្រប់ជំនាន់បានស្គាល់តរៀងទៅ។ 2 ដ្បិតទូលបង្គំបានទូលថា «ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ នៅជាប់អស់កល្បជានិច្ច ហើយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គរឹងមាំ ដូចផ្ទៃមេឃ»។ 3 «យើងបានតាំងសញ្ញាជាមួយអ្នក ដែលយើងបានជ្រើសរើស យើងបានស្បថជាមួយដាវីឌ ជាអ្នកបម្រើរបស់យើងថា។ 4 យើងនឹងតាំងពូជពង្សអ្នក ឲ្យនៅជាប់អស់កល្បជានិច្ច ក៏នឹងសង់បល្ល័ង្ករបស់អ្នក ឲ្យនៅគង់វង្សគ្រប់ជំនាន់តទៅ»។ 5 ព្រះអម្ចាស់អើយ សូមឲ្យផ្ទៃមេឃសរសើរពីការអស្ចារ្យរបស់ព្រះអង្គ សូមឲ្យព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ស្ថិតនៅក្នុងអង្គប្រជុំនៃពួកអ្នកបរិសុទ្ធ។ 6 ដ្បិតតើមានអ្នកណានៅលើមេឃ ដែលអាចប្រៀបផ្ទឹមនឹងព្រះអម្ចាស់បាន? ក្នុងចំណោមពួកស្ថានសួគ៌ តើមានអ្នកណាឲ្យដូចព្រះអម្ចាស់? 7 ជាព្រះដែលគួរស្ញែងខ្លាច នៅក្នុងអង្គប្រជុំរបស់ពួកអ្នកបរិសុទ្ធក៏គួរកោតខ្លាច លើសជាងអស់អ្នក នៅជុំវិញព្រះអង្គនោះ។ 8 ឱព្រះអម្ចាស់ ជាព្រះនៃពួកពលបរិវារអើយ តើមានអ្នកណាខ្លាំងពូកែដូចព្រះអង្គ? ឱព្រះអម្ចាស់អើយ ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ នៅព័ទ្ធជុំវិញព្រះអង្គ។ 9 ព្រះអង្គបង្ក្រាបអំនួតរបស់សមុទ្រ កាលណារលកកម្រើកឡើង ព្រះអង្គធ្វើឲ្យវាស្ងប់ទៅវិញ។ 10 ព្រះអង្គបានជាន់កម្ទេចពួករ៉ាហាប ដូចជាមនុស្សដែលគេវាយសម្លាប់ ព្រះអង្គបាន កម្ចាត់កម្ចាយខ្មាំងសត្រូវ ដោយព្រះពាហុដ៏មានឫទ្ធិ។ 11 ផ្ទៃមេឃជារបស់ព្រះអង្គ ផែនដីជារបស់ព្រះអង្គ ពិភពលោក និងអ្វីៗសព្វសារពើ នៅក្នុងពិភពលោក 12 គឺព្រះអង្គបានបង្កើតមកទាំងអស់។ ព្រះអង្គបានបង្កើតទិសខាងជើង និងទិសខាងត្បូង។ ឯភ្នំតាបោរ និងភ្នំហ៊ើរម៉ូន សរសើរតម្កើងព្រះនាមព្រះអង្គដោយអំណរ។ 13 ព្រះអង្គមានព្រះពាហុខ្លាំងពូកែ ព្រះហស្តព្រះអង្គមានឫទ្ធិខ្លាំង ព្រះហស្តស្តាំរបស់ព្រះអង្គខ្ពង់ខ្ពស់ណាស់។ 14 សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ គឺជាគ្រឹះនៃបល្ល័ង្ករបស់ព្រះអង្គ។ ព្រះហឫទ័យសប្បុរស និព្រះហឫទ័យស្មោះត្រង់ បាននៅពីមុខព្រះអង្គដែរ។ 15 មានពរហើយ ប្រជាជនណាដែលស្គាល់សម្រែក ដ៏សប្បាយរីករាយ ឱព្រះអម្ចាស់អើយ ជាអ្នកដែលដើរនៅក្នុងពន្លឺនៃព្រះភ័ក្ត្រព្រះអង្គ។ 16 គេមានចិត្តរីករាយ ដោយសារព្រះនាមព្រះអង្គ ដរាបរាល់ថ្ងៃ ហើយគេបានខ្ពស់មុខ ដោយសេចក្ដីសុចរិតរបស់ព្រះអង្គ។ 17 ដ្បិតព្រះអង្គជាសិរីល្អនៃកម្លាំងរបស់គេ យើងខ្ញុំបានថ្កុំថ្កើងដោយសារព្រះគុណ របស់ព្រះអង្គ។ 18 ដ្បិតខែលរបស់យើងខ្ញុំជារបស់ព្រះអម្ចាស់ ព្រះរាជារបស់យើងខ្ញុំជារបស់ព្រះដ៏បរិសុទ្ធ នៃជនជាតិអុីស្រាអែល។ 19 គ្រានោះ ព្រះអង្គមានព្រះបន្ទូលមកកាន់ អ្នកបរិសុទ្ធរបស់ព្រះអង្គ ក្នុងនិមិត្តមួយថា៖ «យើងបានផ្ដល់ជំនួយ ដល់អ្នកមួយដែលខ្លាំងពូកែ យើងបានលើកតម្កើងម្នាក់ ដែលយើងបានជ្រើសរើស ពីក្នុងចំណោមប្រជាជន។ 20 គឺយើងបានរកឃើញដាវីឌ ជាអ្នកបម្រើរបស់យើង យើងបានចាក់ប្រេងតាំងគេឡើង ដោយប្រេងដ៏បរិសុទ្ធរបស់យើង។ 21 ដៃយើងនឹងនៅជាមួយគេជានិច្ច ដើមដៃយើងនឹងចម្រើនកម្លាំងគេ។ 22 ខ្មាំងសត្រូវនឹងមិនមានប្រៀបលើគេបានឡើយ ហើយមនុស្សអាក្រក់ក៏នឹងមិន សង្កត់សង្កិនគេបានដែរ។ 23 យើងនឹងកម្ទេចបច្ចាមិត្តរបស់គេ ឲ្យដួលនៅមុខគេ ហើយនឹងប្រហារអស់អ្នកដែលស្អប់គេ។ 24 ចិត្តស្មោះត្រង់ និងចិត្តសប្បុរសរបស់យើង នឹងនៅជាមួយគេហើយក្នុងនាមរបស់យើង គេនឹងបានថ្កុំថ្កើង។ 25 យើងនឹងតាំងឲ្យគេមានអំណាចនៅលើសមុទ្រ ហើយឲ្យដៃស្តាំគេបានគ្រប់គ្រង លើអស់ទាំងទន្លេ។ 26 ដាវីឌនឹងអំពាវនាវរកយើងថា ព្រះអង្គជាព្រះវរបិតានៃទូលបង្គំ ជាព្រះនៃទូលបង្គំ ហើយជាថ្មដានៃការសង្គ្រោះ របស់ទូលបង្គំ។ 27 យើងនឹងតាំងគេឲ្យធ្វើជាកូនច្បងរបស់យើង ជាស្ដេចដ៏ខ្ពស់ជាងគេទាំងអស់នៅលើផែនដី។ 28 យើងនឹងបម្រុងទុកសេចក្ដីសប្បុរសរបស់យើង សម្រាប់ដាវីឌជានិច្ច ហើយសេចក្ដីសញ្ញារបស់យើង នឹងនៅជាប់ជាមួយគេ។ 29 យើងនឹងតាំងពូជពង្សរបស់គេ ឲ្យនៅជាប់ជារៀងរហូត ហើយឲ្យរាជបល្ល័ង្ករបស់គេ បាននៅជាប់ដូចជាផ្ទៃមេឃ។ 30 ប្រសិនបើកូនចៅរបស់ដាវីឌ បោះបង់ចោលក្រឹត្យវិន័យរបស់យើង ហើយមិនដើរតាមវិន័យរបស់យើង 31 ប្រសិនបើគេក្បត់បញ្ញត្តិរបស់យើង ហើយមិនកាន់តាមបទបញ្ញារបស់យើង 32 នោះយើងនឹងដាក់ទោសអំពើរំលងរបស់គេ ដោយដំបង ហើយអំពើទុច្ចរិតរបស់គេដោយស្នាមរំពាត់។ 33 ប៉ុន្តែ យើងនឹងមិនដកសេចក្ដីសប្បុរស របស់យើងចេញពីដាវីឌឡើយ ក៏មិនឲ្យសេចក្ដីស្មោះត្រង់របស់យើងខកខានដែរ។ 34 យើងនឹងមិនបំពានសេចក្ដីសញ្ញារបស់យើង ឬប្រែក្រឡាស់ពាក្យដែលបានចេញ ពីបបូរមាត់របស់យើងឡើយ។ 35 យើងបានស្បថដោយភាពបរិសុទ្ធរបស់យើង ម្តងជាសម្រេច យើងមិនកុហកនឹងដាវីឌឡើយ។ 36 ពូជពង្សដាវីឌនឹងស្ថិតស្ថេរនៅជារៀងរាបដរាប ហើយរាជបល្ល័ង្ករបស់គេនឹងគង់វង្ស នៅចំពោះយើងដូចព្រះអាទិត្យ។ 37 រាជបល្ល័ង្កនោះនឹងតាំងនៅជាប់ជារៀងរហូត ដូចព្រះច័ន្ទ ជាបន្ទាល់ដ៏ស្មោះត្រង់នៅលើមេឃ»។ សម្រាក 38 ប៉ុន្តែ ឥឡូវនេះ ព្រះអង្គបានបោះបង់ចោល ហើយបានកាត់កាល់គេ ព្រះអង្គខ្ញាល់នឹងអ្នក ដែលព្រះអង្គបានចាក់ប្រេងតាំង។ 39 ព្រះអង្គបានផ្ដាច់សេចក្ដីសញ្ញា ជាមួយអ្នកបម្រើព្រះអង្គ ក៏បានបង្អាប់មកុដរបស់គេ ដោយទម្លាក់ចុះទៅដី។ 40 ព្រះអង្គបានទម្លាយរបងទាំងប៉ុន្មាន របស់ព្រះរាជា ហើយបានបំផ្លាញទីមាំមួនអស់រលីង។ 41 អស់អ្នកដែលដើរតាមផ្លូវ ប្លន់យកអ្វីៗដែលព្រះរាជាមាន ព្រះរាជាបានត្រឡប់ជាទីត្មះតិះដៀល ដល់ពួកអ្នកជិតខាង។ 42 ព្រះអង្គបានលើកតម្កើងដៃស្តាំបច្ចាមិត្ត របស់ព្រះរាជា ក៏បានឲ្យខ្មាំងសត្រូវទាំងប៉ុន្មាន របស់ព្រះរាជាត្រេកអរ។ 43 ព្រះអង្គបានធ្វើឲ្យមុខដាវរបស់ព្រះរាជា ងាកបែរមកវិញ ហើយមិនបានធ្វើឲ្យព្រះរាជា ឈរមាំក្នុងចម្បាំងឡើយ។ 44 ព្រះអង្គបានធ្វើឲ្យភាពរុងរឿង របស់ព្រះរាជាសោះសូន្យទៅ ហើយទម្លាក់រាជបល្ល័ង្កទៅដី។ 45 ព្រះអង្គបានបង្រួញវ័យក្មេងរបស់ព្រះរាជាឲ្យខ្លី ហើយបានបង្គ្របព្រះរាជា ដោយសេចក្ដីអាម៉ាស់។ សម្រាក 46 ព្រះអម្ចាស់អើយ តើដល់កាលណាទៅ? តើព្រះអង្គនឹងលាក់អង្គទ្រង់រហូតឬ? តើសេចក្ដីក្រោធរបស់ព្រះអង្គ នឹងឆួលឆេះដូចជាភ្លើងដល់កាលណាទៀត? 47 សូមនឹកចាំថា អាយុជីវិតទូលបង្គំខ្លីណាស់! ដ្បិតជីវិតរបស់មនុស្សជាតិទាំងអស់ ដែលព្រះអង្គបានបង្កើតមក ឥតប្រយោជន៍ទេដឹង! 48 តើអ្នកណាអាចរស់នៅ ហើយមិនឃើញ សេចក្ដីស្លាប់នោះ? តើអ្នកណាអាចរំដោះព្រលឹងខ្លួន ឲ្យរួចពីអំណាចនៃស្ថាន ឃុំព្រលឹងមនុស្សស្លាប់បាន? សម្រាក 49 ឱព្រះអម្ចាស់អើយ ព្រះហឫទ័យសប្បុរស របស់ព្រះអង្គកាលពីដើម ជាសេចក្ដីដែលព្រះអង្គបានស្បថដល់ដាវីឌ ដោយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គនោះ ឥឡូវនេះ តើនៅឯណា? 50 ឱព្រះអម្ចាស់អើយ សូមនឹកចាំពីសេចក្ដីដែល គេត្មះតិះដៀលពួកអ្នកបម្រើព្រះអង្គ និងពីដំណើដែលទូលបង្គំ រងដំណៀលរបស់ប្រជាជន 51 ទាំងឡាយក្នុងទ្រូងទូលបង្គំផង។ព្រះអម្ចាស់អើយ ខ្មាំងសត្រូវបានយកដំណៀលនោះ មកត្មះតិះដៀលទូលបង្គំ គឺគេបានត្មះតិះដៀលអស់ទាំងជំហានរបស់អ្នក ដែលព្រះអង្គបានចាក់ប្រេងតាំង។ 52 សូមឲ្យព្រះអម្ចាស់បានប្រកបដោយព្រះពរ អស់កល្បជានិច្ច អាម៉ែន ហើយអាម៉ែន។
ពាក្យអធិស្ឋានរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះជាម្ចាស់។ 1 ព្រះអម្ចាស់អើយ ព្រះអង្គបានធ្វើជាទីលំនៅ របស់យើងខ្ញុំ នៅគ្រប់ជំនាន់។ 2 មុនពេលភ្នំទាំងឡាយបានកើតឡើង ឬមុនពេលព្រះអង្គបង្កើតផែនដី និងពិភពលោកមក ចាប់តាំងពីអស់កល្ប រហូតដល់អស់កល្ប គឺព្រះអង្គហើយជាព្រះជាម្ចាស់។ 3 ព្រះអង្គធ្វើឲ្យមនុស្សត្រឡប់ទៅជាធូលីដីវិញ ហើយមានព្រះបន្ទូលថា៖ «ឱពួកកូនមនុស្សអើយ ចូរវិលត្រឡប់ទៅវិញទៅ»។ 4 ដ្បិតនៅចំពោះព្រះនេត្រព្រះអង្គ មួយពាន់ឆ្នាំប្រៀបដូចជាថ្ងៃម្សិល ដែលកន្លងផុតទៅ ឬដូចជាយាមមួយក្នុងពេលយប់។ 5 ព្រះអង្គនាំយកគេទៅ ដូចជាទឹកជន់ ដូចជាដេកលក់មួយស្របក់ប៉ុណ្ណោះ គេដូចជាស្មៅដែលលាស់ឡើងនៅពេលព្រឹក។ 6 នៅពេលព្រឹកវាដុះចេញមក ហើយលាស់ឡើង នៅពេលល្ងាច វាស្រពោន ហើយក្រៀមស្វិតទៅ។ 7 ដ្បិតយើងខ្ញុំត្រូវវិនាសទៅ ដោយសេចក្ដីក្រោធរបស់ព្រះអង្គ ហើយសេចក្ដីក្រោធរបស់ព្រះអង្គ ធ្វើឲ្យយើងខ្ញុំញ័ររន្ធត់។ 8 ព្រះអង្គបានដាក់អំពើទុច្ចរិតរបស់យើងខ្ញុំ នៅចំពោះព្រះអង្គ ហើយដាក់អំពើបាបដែលយើងខ្ញុំប្រព្រឹត្ត ដោយលាក់កំបាំង ឲ្យនៅក្នុងពន្លឺនៃព្រះភក្ត្រព្រះអង្គ។ 9 ដ្បិតអស់ទាំងថ្ងៃអាយុរបស់យើងខ្ញុំកន្លងផុតទៅ ដោយសារសេចក្ដីក្រោធរបស់ព្រះអង្គ យើងខ្ញុំបង្ហើយអាយុរបស់យើងខ្ញុំ ដូចមួយដង្ហើម។ 10 អាយុជីវិតរបស់យើងខ្ញុំ បានត្រឹមតែចិតសិបឆ្នាំ ឬបើមានកម្លាំងច្រើន នោះបានប៉ែតសិបឆ្នាំ តែទោះជាយ៉ាងនោះក៏ដោយ ក៏ឆ្នាំទាំងនោះមានតែការនឿយលំបាក និងទុក្ខព្រួយទទេ អាយុយើងខ្ញុំកន្លងទៅយ៉ាងលឿន ហើយយើងខ្ញុំក៏ហើរទៅបាត់។ 11 តើអ្នកណាស្គាល់អំណាច នៃសេចក្ដីក្រោធរបស់ព្រះអង្គ? សេចក្ដីក្រោធរបស់ព្រះអង្គ ធ្វើឲ្យមនុស្សកោតខ្លាចព្រះអង្គ។ 12 ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះរាប់ថ្ងៃអាយុ របស់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តប្រកបដោយប្រាជ្ញា។ 13 ព្រះអម្ចាស់អើយ សូមវិលមកវិញ តើដល់កាលណាទៅ? សូមអាណិតមេត្តាពួកអ្នកបម្រើរបស់ព្រះអង្គផង! 14 ពេលព្រឹក សូមចម្អែតយើងខ្ញុំ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ដើម្បីឲ្យយើងខ្ញុំបានត្រេកអរ ហើយសប្បាយរីករាយអស់មួយជីវិត។ 15 សូមប្រទានឲ្យយើងខ្ញុំបានសប្បាយរីករាយ ឲ្យស្មើនឹងថ្ងៃជាច្រើនដែលព្រះអង្គ បានធ្វើទុក្ខយើងខ្ញុំ គឺឲ្យស្មើនឹងឆ្នាំជាច្រើន ដែលយើងខ្ញុំបានឃើញ សេចក្ដីអាក្រក់នោះដែរ។ 16 សូមសម្ដែងកិច្ចការរបស់ព្រះអង្គ ឲ្យពួកអ្នកបម្រើរបស់ព្រះអង្គបានឃើញ ហើយព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ ឲ្យកូនចៅរបស់គេឃើញផង។ 17 សូមឲ្យព្រះគុណនៃព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ បានសណ្ឋិតលើយើងខ្ញុំ ហើយតាំងកិច្ចការដែលដៃយើងខ្ញុំធ្វើ ឲ្យបានខ្ជាប់ខ្ជួន សូមតាំងកិច្ចការដែលដៃយើងខ្ញុំធ្វើ ឲ្យបានខ្ជាប់ខ្ជួនតទៅ។
1 អ្នកណាដែលរស់នៅក្រោមជម្រក នៃព្រះដ៏ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ ព្រះចេស្តា។ 2 ខ្ញុំនឹងពោលអំពីព្រះអម្ចាស់ថា «ព្រះអង្គជាទីពឹងពំនាក់ ជាបន្ទាយរបស់ទូលបង្គំ ជាព្រះនៃទូលបង្គំ ទូលបង្គំទុកចិត្តដល់ ព្រះអង្គ»។ 3 ដ្បិតព្រះអង្គនឹងរំដោះអ្នកឲ្យរួចពីអន្ទាក់ របស់នាយព្រាន និងពីជំងឺរាតត្បាតដែលនាំឲ្យអន្តរាយ។ 4 ព្រះអង្គនឹងក្រុងអ្នកដោយស្លាបរបស់ព្រះអង្គ ហើយអ្នកនឹងជ្រកនៅក្រោម ចំអេងស្លាបរបស់ព្រះអង្គ ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គជាខែល និងជាអាវក្រោះ។ 5 អ្នកនឹងមិនភ័យខ្លាចគ្រោះថ្នាក់ ដែលគួរឲ្យតក់ស្លុតនៅពេលយប់ឬព្រួញដែលហើរនៅពេលថ្ងៃ 6 ឬជំងឺរាតត្បាតដែលកើតមាននៅទីងងឹត ឬមហន្តរាយដែលបំផ្លាញ នៅពេលថ្ងៃត្រង់ឡើយ។ 7 ទោះបើមានមនុស្សមួយពាន់នាក់ ដួលស្លាប់នៅក្បែរអ្នក ហើយមួយម៉ឺននាក់នៅខាងដៃស្តាំអ្នកក្ដី ក៏ការនោះនឹងមិនមកជិតអ្នកឡើយ។ 8 អ្នកនឹងបានឃើញការតបស្នង ដល់មនុស្សអាក្រក់ ដោយភ្នែកតែប៉ុណ្ណោះ។ 9 ដ្បិត ដោយព្រោះអ្នកបានយក ព្រះអម្ចាស់ជាទីពឹងជ្រក គឺបានយកព្រះដ៏ខ្ពស់បំផុតជាទីលំនៅរបស់អ្នក។ 10 នោះនឹងគ្មានសេចក្ដីអាក្រក់ណា កើតមានដល់អ្នកឡើយ ក៏គ្មានគ្រោះកាចណាមកជិត ទីលំនៅរបស់អ្នកដែរ។ 11 ដ្បិតព្រះអង្គនឹងបង្គាប់ពួកទេវតា របស់ព្រះអង្គពីដំណើរអ្នក ឲ្យបានថែរក្សាអ្នក ក្នុងគ្រប់ទាំងផ្លូវរបស់អ្នក។ 12 ទេវតាទាំងនោះនឹងទ្រអ្នកដោយដៃ ក្រែងជើងអ្នកទង្គិចនឹងថ្ម។ 13 អ្នកនឹងដើរជាន់សត្វសិង្ហ និងពស់វែក ចំណែកសិង្ហស្ទាវ និងនាគ អ្នកអាចនឹងជាន់ឈ្លីដោយជើងបាន។ 14 ព្រះអម្ចាស់មានព្រះបន្ទូលថា «ដោយព្រោះគេបានយកយើងជាទីស្រឡាញ់ យើងនឹងរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ឈ្មោះយើង។ 15 កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។ 16 យើងនឹងឲ្យគេស្កប់ចិត្តដោយអាយុយឺនយូរ ហើយនឹងបង្ហាញឲ្យគេឃើញ ការសង្គ្រោះរបស់យើង។
1 ទំនុកតម្កើង។ ជាបទចម្រៀងសម្រាប់ថ្ងៃសប្ប័ទ។ នេះជាការប្រពៃណាស់ ដែលអរព្រះគុណដល់ព្រះអម្ចាស់ហើយច្រៀងសរសើរតម្កើងព្រះនាមព្រះអង្គ ឱព្រះដ៏ខ្ពស់បំផុតអើយ! 2 ដើម្បីប្រកាសអំពីព្រះហឫទ័យសប្បុរស របស់ព្រះអង្គនៅពេលព្រឹក និងអំពីព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គនៅពេលយប់ 3 ដោយប្រដាប់ភ្លេងមានខ្សែដប់ និងពិណា ដោយសូរចាប់ស៊ុងយ៉ាងរងំ។ 4 ដ្បិត ឱព្រះអម្ចាស់អើយ ព្រះអង្គបានឲ្យទូលបង្គំ រីករាយនឹងកិច្ចការរបស់ព្រះអង្គ ទូលបង្គំច្រៀងដោយអំណរ ចំពោះកិច្ចការដែលព្រះហស្តព្រះអង្គបានធ្វើ។ 5 ឱព្រះអម្ចាស់អើយ ស្នាព្រះហស្តរបស់ព្រះអង្គធំអស្ចារ្យណាស់ ព្រះតម្រិះរបស់ព្រះអង្គក៏ជ្រៅពន់ពេក។ 6 មនុស្សកំរោលមិនដឹងអ្វីទេ ហើយមនុស្សឆោតល្ងង់ ក៏មិនយល់សេចក្ដីនេះដែរ 7 ទោះជាមនុស្សអាក្រក់ដុះឡើងដូចជាស្មៅហើយមនុស្សប្រព្រឹត្តអំពើទុច្ចរិត លូតលាស់ឡើងក៏ដោយ ក៏គង់តែគេនឹងត្រូវវិនាសអន្តរាយជារៀងរហូត។ 8 ប៉ុន្តែ ព្រះអង្គវិញ ឱព្រះអម្ចាស់អើយ ព្រះអង្គជាព្រះដ៏ខ្ពស់អស់កល្បជានិច្ច។ 9 ដ្បិត ឱព្រះអម្ចាស់អើយ សូមទតមើលខ្មាំងសត្រូវរបស់ព្រះអង្គ មើល៍ ខ្មាំងសត្រូវរបស់ព្រះអង្គ នឹងត្រូវវិនាសទៅ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត នឹងត្រូវខ្ចាត់ខ្ចាយអស់។ 10 ប៉ុន្ដែ ព្រះអង្គបានតម្កើងស្នែង របស់ទូលបង្គំឡើង ដូចស្នែងគោព្រៃ ព្រះអង្គបានចាក់ប្រេងថ្មីមកលើទូលបង្គំ។ 11 ភ្នែកទូលបង្គំបានឃើញខ្មាំងសត្រូវ របស់ទូលបង្គំធ្លាក់ចុះ ហើយត្រចៀកទូលបង្គំក៏បានឮពីមហន្តរាយ របស់អស់អ្នកដែលប្រព្រឹត្តអាក្រក់ មកលើទូលបង្គំដែរ។ 12 មនុស្សសុចរិតនឹងលូតលាស់ឡើង ដូចដើមលម៉ើ ក៏ចម្រើនឡើង ដូចដើមតាត្រៅ នៅលើភ្នំល្បាណូន។ 13 គេដូចជាដើមឈើដែលដុះ នៅក្នុងដំណាក់នៃព្រះអម្ចាស់ គេលូតលាស់នៅក្នុងទីលានរបស់ព្រះជាម្ចាស់នៃយើង។ 14 ពួកគេនឹងនៅតែអាចបង្កើតផលក្នុងវ័យចាស់ គេនៅតែមានជ័រជាបរិបូរ ហើយនៅតែខៀវខ្ចីជានិច្ច 15 ដើម្បីសម្ដែងឲ្យឃើញថា ព្រះអម្ចាស់ទៀងត្រង់ ព្រះអង្គជាថ្មដារបស់ខ្ញុំ ហើយគ្មានអំពើទុច្ចរិតណា នៅក្នុងព្រះអង្គឡើយ។
1 ព្រះអម្ចាស់សោយរាជ្យ ព្រះអង្គគ្រងព្រះពស្ដ្រ ប្រកបដោយភាពថ្កុំថ្កើង ព្រះអម្ចាស់គ្រងព្រះពស្ដ្រ ព្រះអង្គក្រវាត់អង្គដោយឫទ្ធានុភាព ពិភពលោកបានតាំងឡើងយ៉ាងមាំមួន ឥតរង្គើសោះឡើយ។ 2 បល្ល័ង្ករបស់ព្រះអង្គបានតាំងនៅ តាំងពីបុរាណរៀងមកព្រះអង្គគង់នៅតាំងពីអស់កល្ប។ 3 ឱព្រះអម្ចាស់អើយ ជំនន់បានជន់ឡើង ជំនន់បានបន្លឺសំឡេងឡើង គឺជំនន់បានបន្លឺសំឡេងឡើង យ៉ាងគគ្រឹកគគ្រេង។ 4 ព្រះអម្ចាស់ដែលគង់នៅស្ថានដ៏ខ្ពស់ ព្រះអង្គមានមហិទ្ធិឫទ្ធិ ជាងសូរគ្រាំគ្រេងនៃមហាសាគរ គឺជាងរលកគំហុកនៃសមុទ្រ។ 5 ឱព្រះអម្ចាស់អើយ! បន្ទាល់របស់ព្រះអង្គសុទ្ធតែពិតប្រាកដ ភាពបរិសុទ្ធស័ក្ដិសមនឹងដំណាក់ព្រះអង្គ នៅអស់កល្ប។
1 ឱព្រះអម្ចាស់អើយ ព្រះអង្គជាព្រះនៃការសងសឹក ឱព្រះនៃការសងសឹកអើយ សូមភ្លឺមក។ 2 ឱចៅក្រមនៃផែនដីអើយ សូមក្រោកឡើង សូមសងដល់មនុស្សអំនួត ឲ្យសមនឹងអំពើរបស់គេ។ 3 ឱព្រះអម្ចាស់អើយ តើមនុស្សអាក្រក់នឹងនៅដល់កាលណា តើមនុស្សអាក្រក់នឹងតម្កើងខ្លួន ដល់កាលណាទៀត? 4 ពួកគេបង្ហូរចេញជាពាក្យព្រហើន អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់គេនាំគ្នាអួតអាង។ 5 ឱព្រះអ្្ចាស់អើយ គេញាំញីប្រជារាស្ត្ររបស់ព្រះអង្គ ហើយធ្វើទុក្ខមរតករបស់ព្រះអង្គ។ 6 គេសម្លាប់ស្ត្រីមេម៉ាយ និងពួកអ្នកស្នាក់អាស្រ័យ គេធ្វើឃាតក្មេងកំព្រា។ 7 ហើយគេពោលថា «ព្រះអម្ចាស់មើលមិនឃើញទេ ព្រះរបស់លោកយ៉ាកុបមិនរវីរវល់ឡើយ»។ 8 ឱមនុស្សកំរោលក្នុងបណ្ដាជនអើយ ចូរស្វែងយល់ទៅ! មនុស្សល្ងង់ខ្លៅអើយ តើពេលណាទើបអ្នករាល់គ្នាមានប្រាជ្ញា? 9 ព្រះអង្គដែលបានបង្កើតត្រចៀកមក តើព្រះអង្គមិនឮទេឬ? ព្រះអង្គដែលបានសូនធ្វើភ្នែក តើព្រះអង្គមើលមិនឃើញទេឬ? 10 ព្រះអង្គដែលវាយប្រដៅគ្រប់ទាំងជនជាតិ តើព្រះអង្គមិនវាយផ្ចាលទេឬ? ព្រះអង្គដែលបង្រៀនមនុស្សឲ្យមានចំណេះ។ 11 ព្រះអម្ចាស់ ព្រះអង្គជ្រាបគំនិតរបស់មនុស្សថា គេជាមនុស្សដែលនៅតែមួយដង្ហើមប៉ុណ្ណោះ។ 12 ឱព្រះអម្ចាស់អើយ មានពរហើយ មនុស្សណាដែលព្រះអង្គវាយផ្ចាល ហើយបង្ហាត់បង្រៀនតាមក្រឹត្យវិន័យ របស់ព្រះអង្គ។ 13 ដើម្បីប្រទានឲ្យគេបានសម្រាកនៅថ្ងៃអាក្រក់ ដរាបដល់គេជីករណ្តៅ ទុកសម្រាប់មនុស្សអាក្រក់។ 14 ដ្បិតព្រះអម្ចាស់នឹងមិនបោះបង់ចោល ប្រជារាស្ត្ររបស់ព្រះអង្គឡើយ ព្រះអង្គនឹងមិនបោះបង់មរតករបស់ព្រះអង្គ ចោលជាដាច់ខាត។ 15 ដ្បិតយុត្តិធម៌នឹងវិលមករកមនុស្សសុចរិតវិញ ហើយអស់អ្នកដែលមានចិត្តទៀងត្រង់ នឹងប្រព្រឹត្តតាម។ 16 តើអ្នកណាក្រោកឡើងជំនួសខ្ញុំ ដើម្បីទាស់នឹងមនុស្សអាក្រក់? តើអ្នកណាឈរឡើងជំនួសខ្ញុំ ដើម្បីនឹងអស់អ្នក ដែលប្រព្រឹត្តអំពើទុច្ចរិត? 17 ប្រសិនបើព្រះអម្ចាស់មិនបានជួយខ្ញុំទេ ព្រលឹងខ្ញុំមុខជាបានទៅនៅ ក្នុងស្ថានស្ងាត់ឈឹងភ្លាមមិនខាន។ 18 ឱព្រះអម្ចាស់អើយ កាលទូលបង្គំគិតថា «ជើងទូលបង្គំរអិលហើយ» នោះព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ជួយទ្រទូលបង្គំ។ 19 កាលទូលបង្គំមានកង្វល់ជាច្រើននៅក្នុងចិត្ត នោះការកម្សាន្តចិត្តរបស់ព្រះអង្គ ធ្វើឲ្យព្រលឹងទូលបង្គំបានរីករាយ។ 20 តើពួកមេនៃសេចក្ដីអាក្រក់ គឺអស់អ្នកដែលបង្កើតរឿងប្រទូសរ៉ាយ ដោយអាងមាត្រាច្បាប់ អាចមានសម្ព័ន្ធមិត្តជាមួយព្រះអង្គបានឬ? 21 ពួកគេលើកគ្នាទាស់នឹងជីវិតមនុស្សសុចរិត ហើយគេកាត់ទោសប្រហារជីវិត មនុស្សស្មោះត្រង់។ 22 ប៉ុន្តែ ព្រះអម្ចាស់ជាទីពឹងមាំមួននៃទូលបង្គំ ហើយព្រះជាម្ចាស់នៃទូលបង្គំព្រះអង្គជាថ្មដា និងជាជម្រកនៃទូលបង្គំ។ 23 ព្រះអង្គនឹងសងទៅគេវិញ តាមអំពើទុច្ចរិតរបស់គេ ហើយនឹងធ្វើឲ្យគេវិនាសសូន្យ ដោយសារអំពើអាក្រក់របស់គេ គឺព្រះអម្ចាស់ជាព្រះនៃយើងនឹងធ្វើឲ្យគេវិនាសសូន្យទៅ។
1 សូមមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់! ចូរស្រែកច្រៀងដោយអំណរ ថ្វាយព្រះជាម្ចាស់ដែលជាថ្មដាសង្គ្រោះយើង។ 2 ចូរយើងនាំគ្នាចូលមកចំពោះព្រះភ័ក្ត្រព្រះអង្គ ទាំងអរព្រះគុណ និងស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ។ 3 ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម ព្រះអង្គជាព្រះមហាក្សត្រ ដ៏ខ្ពង់ខ្ពស់លើសព្រះផ្សេងៗ។ 4 ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់ គឺចាប់តាំងពីបាតដីរហូតដល់ចុងកំពូលភ្នំ។ 5 សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ព្រោះព្រះអង្គបានបង្កើតសមុទ្រមក ផែនដីក៏ព្រះអង្គបានបង្កើតមកដែរ។ 6 ចូរនាំគ្នាមក យើងនឹងឱនកាយថ្វាយបង្គំព្រះអង្គ ចូរយើងក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដែលបានបង្កើតយើងមក។ 7 ដ្បិតព្រះអង្គជាព្រះនៃយើង យើងជាប្រជារាស្ត្រដែលព្រះអង្គថែរក្សា ជាហ្វូងចៀមដែលព្រះអង្គដឹកនាំ។ ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀង របស់ព្រះអង្គ! 8 មិនត្រូវតាំងចិត្តរឹងរូស ដូចកាលនៅមេរីបា ឬដូចកាលថ្ងៃនៅម៉ាសា ក្នុងទីរហោស្ថាននោះឡើយ។ 9 ជាគ្រាដែលបុព្វបុរសរបស់អ្នករាល់គ្នា បានល្បងលយើង ហើយសាកមើលយើង ទោះបើគេបានឃើញកិច្ចការ ដែលយើងធ្វើក៏ដោយ។ 10 យើងមានចិត្តឆ្អែតឆ្អន់នឹងមនុស្សជំនាន់នោះ អស់រយៈពេលសែសិបឆ្នាំ ហើយថា «គេជាប្រជាជនដែលមានចិត្តវង្វេង គេមិនស្គាល់ផ្លូវរបស់យើងឡើយ»។ 11 ហេតុនេះ យើងបានស្បថទាំងកំហឹង របស់យើងថា «ពួកគេមិនត្រូវចូលទៅក្នុងសេចក្ដីសម្រាក របស់យើងឡើយ»។
1 ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់ ឱផែនដីទាំងមូលអើយ ចូរច្រៀងថ្វាយព្រះអម្ចាស់។ 2 ចូរច្រៀងថ្វាយព្រះអម្ចាស់ចូរសរសើរតម្កើងព្រះនាមព្រះអង្គ ចូរប្រកាសពីការសង្គ្រោះរបស់ព្រះអង្គរាល់ថ្ងៃ។ 3 ចូរប្រកាសពីសិរីល្អរបស់ព្រះអង្គ ក្នុងចំណោមជនជាតិផ្សេងៗ និងពីការអស្ចារ្យរបស់ព្រះអង្គ ក្នុងចំណោមប្រជាជនទាំងឡាយ។ 4 ដ្បិតព្រះអម្ចាស់ប្រសើរឧត្តម ហើយគួរសរសើរក្រៃលែង ព្រះអង្គគួរជាទីស្ញែងខ្លាច លើសជាងអស់ទាំងព្រះ។ 5 ដ្បិតអស់ទាំងព្រះរបស់ប្រជាជនផ្សេងៗ សុទ្ធតែជារបស់ឥតប្រយោជន៍ តែព្រះអម្ចាស់វិញ ទ្រង់បានបង្កើតផ្ទៃមេឃ។ 6 កិត្តិយស និងតេជានុភាពស្ថិតនៅចំពោះព្រះអង្គ ឥទ្ធិឫទ្ធិ និងសោភ័ណភាព នៅក្នុងទីបរិសុទ្ធរបស់ព្រះអង្គ។ 7 ចូរលើកតម្កើងព្រះអម្ចាស់ អស់ទាំងពូជពង្សនៃប្រជាជនទាំងឡាយអើយ ចូរថ្វាយសិរីល្អ និងឫទ្ធានុភាពដល់ព្រះអម្ចាស់។ 8 ចូរថ្វាយសិរីល្អដល់ព្រះអម្ចាស់ ឲ្យស័ក្ដិសមនឹងព្រះនាមព្រះអង្គ។ ចូរនាំយកតង្វាយចូលមកក្នុងទីលាន របស់ព្រះអង្គ។ 9 ចូរថ្វាយបង្គំព្រះអម្ចាស់ ដោយពាក់គ្រឿងដ៏បរិសុទ្ធ ឱផែនដីទាំងមូលអើយ ចូរញាប់ញ័រនៅចំពោះព្រះអង្គចុះ។ 10 ចូរពោលនៅក្នុងចំណោមជាតិសាសន៍នានាថា«ព្រះអម្ចាស់ សោយរាជ្យ»។ ពិភពលោកបានតាំងឡើងយ៉ាងមាំមួន ឥតរង្គើសោះឡើយ។ ព្រះអង្គនឹងជំនុំជម្រះប្រជាជនទាំងឡាយ ដោយយុត្តិធម៌។ 11 ចូរឲ្យផ្ទៃមេឃរីករាយឡើង ហើយឲ្យផែនដីបានត្រេកអរ ចូរឲ្យសមុទ្រលាន់ឮកងរំពង ព្រមទាំងអ្វីៗសព្វសារពើនៅទីនោះដែរ។ 12 ចូរឲ្យស្រែចម្ការ និងអ្វីៗនៅទីនោះ សប្បាយរីករាយឡើង! នោះដើមឈើទាំងប៉ុន្មាននៅក្នុងព្រៃព្រឹក្សា នឹងច្រៀងដោយអំណរ 13 នៅចំពោះព្រះអម្ចាស់ដ្បិតព្រះអង្គយាងមក ដ្បិតព្រះអង្គយាងមកជំនុំជម្រះផែនដី។ ព្រះអង្គនឹងជំនុំជម្រះពិភពលោក ដោយសេចក្ដីសុចរិត ហើយជំនុំជម្រះប្រជាជនទាំងឡាយ ដោយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ។
1 ព្រះអម្ចាស់សោយរាជ្យ ចូរឲ្យផែនដីបានត្រេកអរ ចូរឲ្យកោះជាច្រើនរីករាយឡើង។ 2 មានពពកយ៉ាងក្រាស់ ហើយងងឹតនៅព័ទ្ធជុំវិញព្រះអង្គ សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ ជាគ្រឹះទ្រទ្រង់បល្ល័ង្ករបស់ព្រះអង្គ។ 3 មានភ្លើងចេញទៅនៅមុខព្រះអង្គ ហើយបញ្ឆេះបច្ចាមិត្តរបស់ព្រះអង្គ ដែលនៅជុំវិញ។ 4 ផ្លេកបន្ទោររបស់ព្រះអង្គក៏បំភ្លឺពិភពលោក ផែនដីក៏ឃើញ ហើយញាប់ញ័រ។ 5 ភ្នំទាំងឡាយរលាយដូចក្រមួន នៅចំពោះព្រះអម្ចាស់ គឺនៅចំពោះព្រះអម្ចាស់នៃផែនដីទាំងមូល។ 6 ផ្ទៃមេឃប្រកាសពីសេចក្ដីសុចរិតរបស់ព្រះអង្គ ហើយប្រជាជនទាំងអស់ ឃើញសិរីល្អរបស់ព្រះអង្គ។ 7 អស់អ្នកដែលថ្វាយបង្គំរូបឆ្លាក់នឹងត្រូវអាម៉ាស់ គឺជាអ្នកដែលអួតអាងពីរូបព្រះ ដែលឥតប្រយោជន៍របស់គេ ព្រះទាំងឡាយអើយ ចូរថ្វាយបង្គំព្រះអង្គ! 8 ព្រះអម្ចាស់ ក្រុងស៊ីយ៉ូនបានឮ ហើយរីករាយ ពួកកូនស្រីនៃជនជាតិយូដាមានចិត្តត្រេកអរ ដោយព្រោះការជំនុំជម្រះរបស់ព្រះអង្គ។ 9 ដ្បិត ឱព្រះអម្ចាស់អើយ ព្រះអង្គជាព្រះដ៏ខ្ពស់បំផុត។ នៅលើផែនដីទាំងមូល ព្រះអង្គបានថ្កើងឡើងលើសជាងព្រះទាំងនោះ។ 10 អស់អ្នកដែលស្រឡាញ់ព្រះអម្ចាស់អើយ ចូរស្អប់អំពើអាក្រក់! ព្រះអង្គការពារជីវិតពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ ព្រះអង្គរំដោះគេឲ្យរួចពីកណ្ដាប់ដៃ មនុស្សអាក្រក់។ 11 មានពន្លឺបានសាបព្រោះ សម្រាប់មនុស្សសុចរិត ហើយអំណរសម្រាប់មនុស្ស ដែលមានចិត្តទៀងត្រង់។ 12 ឱមនុស្សសុចរិតអើយ ចូរត្រេកអរក្នុងព្រះអម្ចាស់ ហើយអរព្រះគុណដល់ព្រះនាមបរិសុទ្ធ របស់ព្រះអង្គ។
1 សូមច្រៀងបទថ្មីថ្វាយព្រះអម្ចាស់ ដ្បិតព្រះអង្គបានធ្វើការយ៉ាងអស្ចារ្យ ព្រះហស្តស្តាំ និងព្រះពាហុដ៏បរិសុទ្ធរបស់ព្រះអង្គ បាននាំឲ្យព្រះអង្គមានជ័យជម្នះ។ 2 ព្រះអម្ចាស់បានសម្ដែងឲ្យស្គាល់ការសង្គ្រោះ របស់ព្រះអង្គ ព្រះអង្គបានបង្ហាញឲ្យជនជាតិនានា ឃើញសេចក្ដីសុចរិតរបស់ព្រះអង្គ។ 3 ព្រះអង្គបាននឹកចាំពីព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ដល់ពូជពង្សអុីស្រាអែល មនុស្សទាំងអស់រហូតដល់ចុងផែនដី បានឃើញការសង្គ្រោះរបស់ព្រះជាម្ចាស់នៃយើង។ 4 សូមបន្លឺសំឡេងដោយអំណរថ្វាយព្រះអម្ចាស់ ផែនដីទាំងមូលអើយ ចូរទម្លាយចេញជាបទចម្រៀងដោយអំណរ ហើយច្រៀងសរសើរចុះ។ 5 សូមច្រៀងបទសរសើរថ្វាយព្រះអម្ចាស់ ដោយចាប់ស៊ុង គឺដោយចាប់ស៊ុង និងដោយសំឡេងដ៏ពីរោះ។ 6 ដោយត្រែ និងសូរស្នែង ចូរបន្លឺសំឡេងដោយអំណរ នៅចំពោះព្រះអម្ចាស់ ជាព្រះមហាក្សត្រ។ 7 ចូរឲ្យសមុទ្រលាន់ឮកងរំពង ព្រមទាំងអ្វីៗសព្វសារពើនៅទីនោះដែរ ពិភពលោក និងអស់អ្នកដែលរស់នៅ ក្នុងពិភពលោកផង! 8 ចូរឲ្យទន្លេទាំងឡាយទះដៃ ចូរឲ្យភ្នំទាំងប៉ុន្មានច្រៀងជាមួយគ្នាដោយអំណរ។ 9 ព្រះអម្ចាស់ នឹងព្រះអង្គយាងមក ជំនុំជម្រះផែនដី ព្រះអង្គនឹងជំនុំជម្រះពិភពលោក ដោយសេចក្ដីសុចរិត ហើយប្រជាជាតិទាំងឡាយដោយយុត្តិធម៌។
1 ព្រះអម្ចាស់សោយរាជ្យ ចូរឲ្យប្រជាជនទាំងឡាយញាប់ញ័រ។ ព្រះអង្គគង់ពីលើចេរូប៊ីម ចូរឲ្យផែនដីកក្រើករំពើក។ 2 ព្រះអម្ចាស់ធំអស្ចារ្យនៅក្រុងស៊ីយ៉ូន ព្រះអង្គថ្កើងឡើងលើសជាតិសាសន៍ទាំងអស់។ 3 សូមឲ្យគេសរសើរតម្កើងព្រះនាមដ៏ធំហើយគួរឲ្យស្ញែងខ្លាចរបស់ព្រះអង្គ ដ្បិតព្រះអង្គបរិសុទ្ធ។ 4 ព្រះមហាក្សត្រដែលប្រកបដោយឫទ្ធានុភាព ព្រះអង្គស្រឡាញ់យុត្តិធម៌ ព្រះអង្គបានតាំងឲ្យមានសេចក្ដីទៀតត្រង់ ព្រះអង្គសម្រេចតាមសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងពួកយ៉ាកុប។ 5 ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះជាម្ចាស់នៃយើង ហើយថ្វាយបង្គំនៅទៀបព្រះបាទរបស់ព្រះអង្គ ដ្បិតព្រះអង្គបរិសុទ្ធ។ 6 លោកម៉ូសេ និងលោកអើរ៉ុន ក្នុងចំណោមពួកសង្ឃរបស់ព្រះអង្គ ហើយលោកសាំយូអែល ក៏នៅក្នុងចំណោមអស់អ្នក ដែលអំពាវនាវរកព្រះនាមព្រះអង្គ។ គេបានអំពាវនាវរកព្រះអម្ចាស់ ហើយព្រះអង្គក៏ឆ្លើយតបពួកលោក។ 7 ព្រះអង្គមានព្រះបន្ទូលមកកាន់ពួកលោក ពីក្នុងបង្គោលពពក ពួកលោកបានកាន់តាមសេចក្ដីបន្ទាល់ របស់ព្រះអង្គ ព្រមទាំងក្រឹត្យក្រមដែលព្រះអង្គ បានប្រទានដល់ពួកលោក។ 8 ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ ព្រះអង្គបានឆ្លើយតបដល់ពួកលោក ព្រះអង្គជាព្រះដែលអត់ទោសដល់ពួកលោក តែព្រះអង្គធ្វើទោសចំពោះកំហុស ដែលពួកលោកបានប្រព្រឹត្ត។ 9 ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះជាម្ចាស់នៃយើង ហើយថ្វាយបង្គំនៅឯភ្នំបរិសុទ្ធរបស់ព្រះអង្គចុះ ដ្បិតព្រះអម្ចាស់ជាព្រះនៃយើង ព្រះអង្គបរិសុទ្ធ។
ទំនុកសម្រាប់អរព្រះគុណ។ 1 មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងដោយអំណរថ្វាយព្រះអម្ចាស់។ 2 ចូរគោរពប្រតិបត្តិដល់ព្រះអម្ចាស់ដោយអរសប្បាយ ឲ្យចូលមកក្នុងព្រះវត្តមានព្រះអង្គ ដោយច្រៀងចម្រៀង។ 3 ត្រូវឲ្យដឹងថា ព្រះអ្ចាស់ជាព្រះជាម្ចាស់ គឺព្រះអង្គហើយដែលបានបង្កើតយើងមក ហើយយើងជារបស់ព្រះអង្គ យើងជាប្រជារាស្ត្ររបស់ព្រះអង្គ និងជាហ្វូងចៀមនៅក្នុងវាលស្មៅរបស់ព្រះអង្គ។ 4 ចូរនាំគ្នាចូលតាមទ្វារព្រះអង្គ ដោយអរព្រះគុណ ហើយចូលទៅក្នុងទីលានព្រះអង្គ ដោយសរសើរ ចូរអរព្រះគុណព្រះអង្គ ចូរសរសើរព្រះនាមព្រះអង្គ។ 5 ដ្បិតព្រះអម្ចាស់ល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ហើយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ក៏នៅស្ថិតស្ថេរគ្រប់ជំនាន់តទៅ។
ទំនុកតម្កើង របស់ស្ដេចដាវីឌ។ 1 ទូលបង្គំនឹងច្រៀងអំពីព្រះហឫទ័យសប្បុរស និងយុត្តិធម៌ ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ។ 2 ទូលបង្គំនឹងប្រព្រឹត្តតាមផ្លូវទៀងត្រង់។ តើពេលណាទើបព្រះអង្គយាងមករកទូលបង្គំ? ទូលបង្គំនឹងប្រព្រឹត្តដោយចិត្តទៀងត្រង់ នៅក្នុងផ្ទះទូលបង្គំ។ 3 ទូលបង្គំនឹងមិនតាំងអ្វីមួយដែលឥតប្រយោជន៍ នៅចំពោះភ្នែកទូលបង្គំឡើយ។ ទូលបង្គំស្អប់កិច្ចការរបស់អស់អ្នក ដែលងាកចេញពីព្រះ កិរិយាបែបនេះនឹងមិនជាប់នៅក្នុងខ្លួនទូលបង្គំឡើយ។ 4 ចិត្តវៀចវេរនឹងនៅឆ្ងាយពីទូលបង្គំ ទូលបង្គំនឹងមិនស្គាល់សេចក្ដីអាក្រក់ទេ។ អ្នកណាដែលមួលបង្កាច់ អ្នកជិតខាងខ្លួនដោយសម្ងាត់ ទូលបង្គំនឹងបំផ្លាញចេញ។ 5 ហើយអ្នកណាដែលមានឫកខ្ពស់ និងចិត្តឆ្មើងឆ្មៃ ទូលបង្គំនឹងទ្រាំមិនបានឡើយ។ 6 ទូលបង្គំនឹងមើលទៅមនុស្សស្មោះត្រង់ នៅក្នុងស្រុក ដោយសន្ដោស ដើម្បីឲ្យគេបានរស់នៅជាមួយទូលបង្គំ អ្នកណាដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់ អ្នកនោះនឹងបម្រើទូលបង្គំ។ 7 អ្នកណាដែលប្រព្រឹត្តដោយអំពើបោកបញ្ឆោត អ្នកនោះមិនអាចនៅក្នុងផ្ទះទូលបង្គំបានឡើយ អ្នកណាដែលនិយាយកុហក ក៏មិនអាចធន់នៅមុខទូលបង្គំបានដែរ។ 8 រាល់ព្រឹក ទូលបង្គំនឹងបំផ្លាញ មនុស្សអាក្រក់ទាំងប៉ុន្មាននៅក្នុងស្រុក ដោយកាត់មនុស្សដែលប្រព្រឹត្ត អំពើទុច្ចរិតទាំងអស់ចេញពីទីក្រុងរបស់ព្រះអម្ចាស់។
ពាក្យអធិស្ឋានរបស់ជនទុគ៌ត នៅពេលអស់សង្ឃឹម គេចូលមកទូលអង្វរព្រះអម្ចាស់។ 1 ព្រះអម្ចាស់អើយ សូមស្តាប់ ពាក្យអធិស្ឋានរបស់ទូលបង្គំ សូមឲ្យសម្រែកដែលទូលបង្គំអំពាវនាវ បានឮដល់ព្រះអង្គ។ 2 សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំ ក្នុងថ្ងៃដែលទូលបង្គំមានទុក្ខព្រួយឡើយ។ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ ក្នុងថ្ងៃដែលទូលបង្គំស្រែកអង្វរ សូមឆ្លើយមកទូលបង្គំជាប្រញាប់កុំខាន។ 3 ដ្បិតអស់ទាំងថ្ងៃនៃទូលបង្គំ រសាត់ទៅដូចជាផ្សែង ហើយអស់ទាំងឆ្អឹងរបស់ទូលបង្គំ ក៏ឆេះក្តៅដូចរងើកភ្លើង។ 4 ចិត្តទូលបង្គំទ្រោមចុះដូចជាស្មៅ ហើយក៏ស្រពោនទៅ ទូលបង្គំភ្លេចទាំងទទួលទានអាហារផង។ 5 ដោយព្រោះសម្រែកដែលទូលបង្គំថ្ងូរ ស្បែកទូលបង្គំនៅជាប់នឹងឆ្អឹងទៅហើយ។ 6 ទូលបង្គំប្រៀបដូចជាសត្វទីទុយនៅទីរហោស្ថាន គឺដូចជាសត្វទីទុយនៅទីស្មសាន។ 7 ទូលបង្គំនៅទន្ទឹងរង់ចាំ ដូចជាសត្វចាបគ្មានគូ នៅលើដំបូលផ្ទះ។ 8 ខ្មាំងសត្រូវរបស់ទូលបង្គំ ចំអកឡកឡាយទូលបង្គំរាល់ថ្ងៃហើយអស់អ្នកដែលស្អប់ទូលបង្គំ គេយកឈ្មោះទូលបង្គំទៅដាក់បណ្ដាសា។ 9 ទូលបង្គំទទួលទានផេះដូចជាអាហារ ហើយទូលបង្គំផឹកលាយជាមួយទឹកភ្នែក។ 10 ព្រោះតែសេចក្ដីថ្នាំងថ្នាក់ និងសេចក្ដីក្រោធរបស់ព្រះអង្គ ដ្បិតព្រះអង្គបានលើកទូលបង្គំឡើង ហើយបោះចោល។ 11 ថ្ងៃអាយុរបស់ទូលបង្គំ ប្រៀបដូចជាស្រមោលនៅពេលល្ងាច ហើយទូលបង្គំក្រៀមទៅដូចជាស្មៅ។ 12 ប៉ុន្តែ ឱព្រះជាម្ចាស់អើយ ព្រះអង្គតាំងរាជ្យអស់កល្បជានិច្ច ហើយមនុស្សគ្រប់ជំនាន់នឹកចាំពីព្រះអង្គតរៀងទៅ។ 13 ព្រះអង្គនឹងក្រោកឡើង ហើយអាណិតមេត្តាក្រុងស៊ីយ៉ូន ដ្បិតដល់ពេលប្រណីសន្ដោសក្រុងនេះហើយ ពេលកំណត់បានមកដល់ហើយ។ 14 ដ្បិតពួកអ្នកបម្រើរបស់ព្រះអង្គ ស្រឡាញ់ថ្មរបស់ក្រុងនេះ ហើយក៏ស្រណោះនឹងធូលីដី នៃការខូចបង់របស់ក្រុងនេះដែរ។ 15 ជាតិសាសន៍ទាំងឡាយ នឹងកោតខ្លាចព្រះនាមព្រះអម្ចាស់ ហើយស្តេចទាំងប៉ុន្មាននៅលើផែនដី នឹងកោតខ្លាចសិរីល្អរបស់ព្រះអង្គ។ 16 ដ្បិតព្រះអង្គសង់ក្រុងស៊ីយ៉ូនឡើងវិញ ព្រះអង្គនឹងលេចមកក្នុងសិរីល្អរបស់ព្រះអង្គ។ 17 នៅគ្រានោះ ព្រះជាម្ចាស់នឹងឆ្លើយតបពាក្យអធិស្ឋានដល់មនុស្ស ទ័លក្រ ព្រះជាម្ចាស់ក៏មិនបដិសេធពាក្យអធិស្ឋានរបស់ពួកគេដែរ។ 18 ហើយមនុស្សជំនាន់ក្រោយរបស់ពួកគេនឹងសរសើរតម្កើងព្រះអម្ចាស់ ការនេះនឹងត្រូវកត់ទុកសម្រាប់អនាគតរបស់មនុស្សជំនាន់ក្រោយផងដែរ។ 19 ដ្បិត ព្រះជាម្ចាស់បានទតពីទីបរិសុទ្ធដ៏ខ្ពស់ ព្រះអម្ចាស់ពិនិត្យមើលផែនដីពីស្ថានសួគ៌ 20 ដើម្បីឲ្យឮសេចក្តីអំនួតរបស់ពួកអ្នកទោស ក៏នឹងដោះលែងអស់អ្នកដែលជាប់ទោសដល់ស្លាប់ដែរ។ 21 ក្រោយមកមនុស្សនឹងប្រកាសពីព្រះនាមនៃព្រះអម្ចាស់ នៅក្នុងភ្នំសុីយូន ហើយបូជាចារ្យរបស់ព្រះអង្គ នៅក្រុងយេរ៉ូសាឡិម 22 នៅពេលមនុស្សហើយនិងព្រះរាជ្យនៃព្រះជាម្ចាស់នៅជាមួយគ្នា នោះគ្រប់គ្នានឹងបម្រើព្រះអម្ចាស់។ 23 ព្រះជាម្ចាស់ បានដកកម្លាំងទូលបង្គំនៅពេលពាក់កណ្តាលជីវិត។ ព្រះជាម្ចាស់បានធ្វើឲ្យជីវិតកាន់តែខ្លី។ 24 ខ្ញុំបានពោលថា «ព្រះជាម្ចាស់នៃទូលបង្គំអើយ សូមកុំដកជីវិតទូលបង្គំនៅពាក់កណ្តាលផ្លូវឡើយ ព្រះអង្គគឺជាអ្នកទំលាក់គ្រប់ជំនាន់មនុស្សចេញទៅ។ 25 ក្នុងសម័យបុរាណ ព្រះជាម្ចាស់បានរៀបចំផែនដីបានយ៉ាងល្អ ស្ថានសួគ៌គឺជាស្នារព្រះហស្ថរបស់ព្រះអង្គ។ 26 ពួកគេនឹងត្រូវវិនាស ប៉ុន្តែព្រះអង្គនៅគង់នៅជានិច្ច មនុស្សនឹងចាស់ដូចជាសម្លៀកបំពាក់ហើយនិងក្រណាត់ផងដែរ ព្រះជាម្ចាស់នឹងយកពួកគេចេញហើយគេនឹងវិនាសបាត់ជារៀងរហូត។ 27 ប៉ុន្តែព្រះជាម្ចាស់គង់នៅដដែល ហើយឆ្នាំនៃព្រះអង្គនឹងបញ្ចាប់ដែរ។ 28 កូនចៅរបស់អ្នកបម្រើរបស់ព្រះជាម្ចាស់នឹងរស់នៅទៅមុខទៀត ហើយជំនាន់ក្រោយរបស់ពួកគេក៏នឹងរស់ក្នុងព្រះវត្តមាននៃព្រះអង្គដែរ»។
ទំនុកតម្កើងនៃស្តេចដាវិឌ។ 1 ទូលបង្គំលើកសរសើរ ដល់ព្រះអម្ចាស់ពេញមួយជីវិតរបស់ទូលបង្គំ ហើយនឹងអ្វីទាំងអស់ដែលទូលបង្គំមាននៅក្នុងទូលបង្គំ ទូលបង្គំលើកតម្កើងដល់ព្រះនាមដ៏បរិសុទ្ធនៃព្រះអង្គ។ 2 ទូលបង្គំលើកតម្កើងដល់ព្រះអម្ចាស់ពេញមួយជីវិតរបស់ទូលបង្គំ ហើយទូលបង្គំនឹកចាំពីការល្អរបស់ព្រះអង្គផង។ 3 ព្រះជាម្ចាស់បានអត់ទោសបាបទាំងអស់ ដល់ទូលបង្គំ ហើយព្រះជាម្ចាស់បានប្រោសជំងឺគ្រប់យ៉ាងរបស់អ្នក។ 4 ព្រះជាម្ចាស់បានរំដោះអ្នកពីសេចក្តីវិនាស នឹងប្រទានម្កុដហើយនិងសម្ព័មេត្រីដ៏ស្មោះត្រង់ជាមួយសេចក្តីមេត្តាផងដែរ។ 5 ព្រះជាម្ចាស់សម្អាតជីវិតរបស់អ្នកជាមួយការល្អគ្រប់យ៉ាង ដូច្នេះយុវជនរបស់អ្នក នឹងបានលើកតម្កើងឡើងដូចជាសត្វឥន្រ្ទី។ 6 ព្រះអម្ចាស់ បានធើ្វអ្វីដែលត្រឹមត្រូវហើយនិងសេចក្តីយុតិ្តធម៌ សម្រាប់ពួកអ្នកដែលក្រីក្រ។ 7 ព្រះជាម្ចាស់បានបើកឲ្យមូសេបានស្គាល់ពីផ្លូវរបស់ព្រះអង្គ ហើយសម្រាប់មនុស្សជំនាន់របស់ជនជាតិ អុីស្រាអែលផងដែរ។ 8 ព្រះអម្ចាស់ពេញដោយក្តីមេត្តា និងព្រះគុណ ព្រះអង្គអត់ធ្មត់ ព្រះជាម្ចាស់មានក្តីសប្បុរសនិងភាពស្មោះត្រង់ដ៏អស្ចារ្យ។ 9 ព្រះជាម្ចាស់នឹងមិនវាយដំ ហើយនឹងតែងតែក្រោធនោះទេ។ 10 ព្រះជាម្ចាស់ មិនបានធ្វើនិងយើងតាមអ្វីដែល ជាអំពើបាបដែលយើងសមនឹងទទួលនោះទេ ឬសងមកយើងវិញនូវអ្វីតាមតម្រូវការនៃបាបរបស់យើងឡើយ។ 11 ដ្បិត ដូចជាផ្ទៃមេឃដែលខ្ពស់នៅលើផែនដីយ៉ាងណា ដូច្នេះសេចក្តីសប្បុរសរបស់ព្រះជាម្ចាស់ក៏អស្ចារ្យសម្រាប់ដល់អស់អ្នក ដែលលើកតម្កើងព្រះអង្គដែរ។ 12 ក៏ដូចជា ទិសខាងលិចឆ្ងាយពីទិសខាងកើតយ៉ាងណា នោះព្រះជាម្ចាស់ក៏នឹងលើកលែងទោសនៃអំពើបាបពីយើងបែបនោះដែរ។ 13 ដូចជាឪពុកមានក្តីមេត្តា ដល់កូនៗយ៉ាងណា ដូច្នោះ ព្រះអម្ចាស់ក៏មានក្តីមេត្តាដល់អស់អ្នកដែលលើកតម្កើងព្រះអង្គយ៉ាងនោះដែរ។ 14 ដ្បិត ព្រះជាម្ចាស់ ស្គាល់ពីការចាប់កំណើតរបស់យើង ព្រះអង្គដឹងថាយើងគឺជាដី។ 15 សម្រាប់មនុស្សពេលវេលារបស់គេដូចជាស្មៅ ព្រះជាម្ចាស់បានដាំឲ្យវាលូតលាស់ល្អ ដូចជាផ្កានៅតាមទីវាល។ 16 ពេលខ្យល់បកមកលើពួកវា នោះវាក៏បាត់អស់ទៅ ហើយក៏នឹងមិនមាននរណាអាចប្រាប់បានថា វាបានដុះនៅទីណាដែរ។ 17 ប៉ុន្តែ ភាពស្មោះត្រង់ដ៏សប្បុរសនៃព្រះអម្ចាស់ គឺមិនដែលបញ្ចប់បានឡើយដល់អ្នកណាដែលលើកតម្កើងព្រះអង្គ។ សេចក្តីសុចរិតរបស់ព្រះអង្គបានពន្លាតដល់ប្រជារាស្រ្តរបស់ព្រះអង្គ។ 18 ពួកគេបានរក្សាសេចក្តីសប្បុរសហើយនិងនឹកចាំពីសេចក្តីបង្រៀនក៏ធ្វើតាមផងដែរ។ 19 ព្រះអម្ចាស់បានសាងព្រះរាជ្យរបស់ព្រះអង្គនៅស្ថានសូគ៌ ហើយព្រះរាជ្យនៃនរគរបស់ព្រះអង្គគ្របគ្រង់លើមនុស្សទាំងអស់។ 20 ចូរថ្វាយព្រះពរព្រះអម្ចាស់ ពួកទេវតារបស់ព្រះអង្គអើយ! អស់លោកជាអ្នកខ្លាំងពូកែ ដែលប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ ក៏ស្តាប់តាមព្រះសូរសៀង នៃព្រះបន្ទូលរបស់ព្រះអង្គជានិច្ច។ 21 អស់ទាំងពួកពលបរិវាររបស់ព្រះអង្គ ពួកអ្នកបម្រើរបស់ព្រះអង្គ អ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គអើយ ចូរថ្វាយព្រះពរព្រះអម្ចាស់។ 22 អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គ នៅគ្រប់ទីកន្លែងដែលព្រះអង្គគ្រប់គ្រងអើយ ចូរថ្វាយព្រះពរព្រះអម្ចាស់ ព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះអម្ចាស់។
1 សូមសរសើរតម្កើងព្រះអម្ចាស់ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ព្រះអង្គជាព្រះដ៏ឧត្តុង្គឧត្ដមបំផុត នៅជុំវិញព្រះអង្គមានពេញទៅដោយពន្លឺរស្មី ដ៏រុងរឿងចិញ្ចែងចិញ្ចាច។ 2 ព្រះអង្គយកពន្លឺមកគ្របដណ្ដប់ជុំវិញព្រះអង្គ ព្រះអង្គលាតផ្ទៃមេឃធ្វើជាព្រះពន្លា។ 3 ព្រះអង្គបានសង់ព្រះដំណាក់ខ្ពស់ លើសផ្ទៃមេឃទៅទៀត ព្រះអង្គយកពពកធ្វើជាព្រះរាជរថ ព្រះអង្គប្រើខ្យល់ធ្វើជាជំនិះ។ 4 ព្រះអង្គយកខ្យល់ធ្វើជាអ្នកនាំសាររបស់ព្រះអង្គ ហើយយកអណ្ដាតភ្លើង ធ្វើជាអ្នកបម្រើរបស់ព្រះអង្គ។ 5 ព្រះអង្គបានដាក់ផែនដីនៅលើគ្រឹះរបស់វា មិនឲ្យផែនដីរង្គើសោះឡើយ។ 6 ព្រះអង្គបានគ្របផែនដីដោយទឹកជ្រៅ ដូចគ្របដោយអាវ មហាសាគរក៏ឡើងខ្ពស់ជាងភ្នំផង។ 7 ពេលព្រះអង្គបន្ទោស ទឹកទាំងនោះក៏រត់ចេញ ពេលមានសូរផ្គររបស់ព្រះអង្គ វាក៏រត់ទៅបាត់។ 8 ភ្នំទាំងឡាយងើបឡើង ហើយជ្រលងភ្នំទាំងប៉ុន្មានក៏ស្រុតចុះ ទៅរកកន្លែងដែលព្រះអង្គបានកំណត់ឲ្យវា។ 9 ព្រះអង្គបានដាក់ព្រំប្រទល់ កុំឲ្យទឹកហូររំលង ដើម្បីកុំឲ្យឡើងលិចផែនដីទៀត។ 10 ព្រះអង្គធ្វើឲ្យមានប្រភពទឹក ផុសឡើងនៅក្នុងជ្រោះ ទឹកទាំងនោះក៏ហូរតាមជ្រលងភ្នំ។ 11 សព្វសត្វទាំងឡាយនៅទីវាលផឹកទឹកនោះ ចំណែកលាព្រៃក៏បំបាត់សម្រេករបស់វាដែរ។ 12 ប៉ុន្តែបក្សាបក្សីហើរលើអាកាសធ្វើសម្បុក នៅក្បែរផ្លូវទឹកទាំងនោះ ហើយនាំគ្នាស្រែកខ្ញៀវខ្ញារនៅលើមែកព្រឹក្សា។ 13 ព្រះអង្គស្រោចស្រពភ្នំទាំងឡាយពីស្ថានដ៏ខ្ពស់ ហើយផែនដីស្កប់ស្កល់ដោយផល នៃស្នាព្រះហស្តព្រះអង្គ។ 14 ព្រះអង្គធ្វើឲ្យស្មៅដុះឡើងសម្រាប់សត្វ ហើយរុក្ខជាតិសម្រាប់មនុស្សដាំដុះ ដើម្បីឲ្យគេមានអាហារចេញពីផែនដី។ 15 ព្រះអង្គបង្កើតស្រាទំពាំងបាយជូរ ធ្វើឲ្យចិត្តមនុស្សបានរីករាយ មានប្រេងសម្រាប់ឲ្យមុខគេបានភ្លឺ និងអាហារសម្រាប់ផ្គុតផ្គង់ជីវិតរបស់គេផងដែរ។ 16 ដើមឈើទាំងប៉ុន្មានរបស់ព្រះអម្ចាស់ មានភ្លៀងជាបរិបូរណ៏ គឺដើមតាត្រៅនៅភ្នំល្បាណូន ជាដើមដែលព្រះអង្គបានដាំ។ 17 បក្សាបក្សីនាំគ្នាធ្វើសម្បុក។ សត្វកុកមានលំនៅរបស់វា នៅលើដើមកកោះ។ 18 ភ្នំខ្ពស់ៗជាកន្លែងសម្រាប់ពពែព្រៃ ហើយថ្មដានានាជាទីពឹងជ្រកនៃសត្វទន្សាយថ្ម។ 19 ព្រះអង្គបានតម្រូវព្រះច័ន្ទ ទុកសម្រាប់ជាទីកំណត់រដូវ ចំណែកព្រះអាទិត្យ ក៏ដឹងពេលដែលត្រូវលិចដែរ។ 20 ព្រះអង្គធ្វើឲ្យងងឹត ហើយនោះជារាត្រីកាល ជាពេលដែលសត្វនៅព្រៃទាំងប៉ុន្មាន សសៀរចេញមក។ 21 សិង្ហស្ទាវគ្រហឹមរកចាប់រំពា វាស្វែងរកអាហាររបស់វាពីព្រះជាម្ចាស់។ 22 កាលព្រះអាទិត្យរះឡើង វាក៏ដកខ្លួនថយ ចូលទៅដេកក្នុងរូងរបស់វាវិញ។ 23 ចំណែកមនុស្សចេញទៅធ្វើការរបស់ខ្លួន ហើយគេធ្វើការរហូតដល់ល្ងាច។ 24 ព្រះអម្ចាស់អើយ ស្នាព្រះហស្តរបស់ព្រះអង្គ មានច្រើនប្រការណាស់ ព្រះអង្គបានធ្វើការអស់នោះ ដោយព្រះប្រាជ្ញាញាណ ផែនដីមានពេញដោយអ្វីៗសព្វសារពើ ដែលព្រះអង្គបានបង្កើតមក។ 25 សមុទ្រដ៏ធំ ហើយទូលាយ នៅទីនោះមានមច្ឆាជាតិរស់រវើក ច្រើនឥតគណនា ជាសត្វមានជីវិត ទាំងតូច ទាំងធំ។ 26 មាននាវាបើកទៅមក ហើយមានសត្វធំសម្បើមដែលព្រះអង្គ បានបង្កើតមកឲ្យលេងនៅក្នុងសមុទ្រ។ 27 គ្រប់សត្វទាំងអស់នោះសង្ឃឹមលើព្រះអង្គ គឺឲ្យព្រះអង្គប្រទានចំណីដល់វាតាមពេលកំណត់។ 28 ពេលព្រះអង្គប្រទានចំណីឲ្យ វាក៏ទទួលយក ពេលព្រះអង្គលាព្រះហស្ត ពួកវាក៏បានឆ្អែត។ 29 ពេលព្រះអង្គលាក់ព្រះភ័ក្ត្រ វាក៏ថប់ព្រួយ កាលព្រះអង្គដកយកដង្ហើមរបស់វាចេញ វាក៏ស្លាប់ ហើយត្រឡប់ទៅជាធូលីដី។ 30 ពេលព្រះអង្គចាត់ព្រះវិញ្ញាណរបស់ព្រះអង្គទៅ ពួកវាក៏កើតឡើង ហើយព្រះអង្គធ្វើឲ្យផែនដី ស្រស់បស់ឡើងវិញ។ 31 សូមឲ្យសិរីល្អរបស់ព្រះអម្ចាស់ ស្ថិតស្ថេរអស់កល្បជានិច្ច សូមឲ្យព្រះអម្ចាស់រីករាយ នឹងស្នាព្រះហស្តរបស់ព្រះអង្គ។ 32 ព្រះអង្គទតមកផែនដី នោះផែនដីក៏ញាប់ញ័រ ហើយព្រះ អង្គពាល់ភ្នំ នោះភ្នំក៏ហុយផ្សែងឡើង។ 33 ខ្ញុំនឹងច្រៀងថ្វាយព្រះអម្ចាស់ជាដរាប ពេញមួយជីវិតរបស់ខ្ញុំ ខ្ញុំនឹងច្រៀងសរសើរដល់ព្រះរបស់ខ្ញុំ កាលខ្ញុំនៅមានជីវិត។ 34 សូមឲ្យការសញ្ជឹងគិតរបស់ខ្ញុំ បានគាប់ព្រះហឫទ័យដល់ព្រះអង្គ ដ្បិតខ្ញុំរីករាយក្នុងព្រះអម្ចាស់។ 35 សូមឲ្យមនុស្សបាបវិនាសបាត់ពីផែនដី ហើយកុំឲ្យមានមនុស្សអាក្រក់ទៀតឡើយ។ ខ្ញុំនឹងសរសើរតម្កើងដល់ ព្រះពរព្រះអម្ចាស់ ពេញមួយជីវិតេបស់ខ្ញុំ។ សូមសរសើរព្រះអម្ចាស់។
1 ចូរអរព្រះគុណដល់ព្រះអម្ចាស់ ចូរអំពាវនាវរកព្រះនាមព្រះអង្គ ចូរថ្លែងប្រាប់ពីស្នាព្រះហស្ដរបស់ព្រះអង្គ នៅកណ្ដាល ជនជាតិទាំងប៉ុន្មានចុះ។ 2 ចូរច្រៀងថ្វាយព្រះអង្គ ចូរច្រៀង សរសើរតម្កើងព្រះអង្គ ចូររៀបរាប់ពីការអស្ចារ្យទាំងប៉ុន្មានរបស់ព្រះអង្គ។ 3 ចូរខ្ពស់មុខនឹងព្រះនាមដ៏បរិសុទ្ធរបស់ព្រះអង្គចុះ ចូរឲ្យចិត្តនៃអស់អ្នកដែលស្វែងរកព្រះអម្ចាស់រីករាយឡើង។ 4 ចូរស្វែងរកព្រះអម្ចាស់ និងឫទ្ធានុភាពរបស់ព្រះអង្គ ចូរស្វែងរកព្រះវត្តមានរបស់ព្រះអង្គ ឥតឈប់ឈរ។ 5 ចូរនឹកចាំពីស្នាព្រះហស្ដដ៏អស្ចារ្យ ដែលព្រះអង្គបានធ្វើ ពីការអស្ចារ្យ និងការជំនុំជម្រះ ដែលព្រះអង្គបានសម្រេច 6 ឱពូជពង្សរបស់លោកអ័ប្រាហាំ ជាអ្នកបម្រើរបស់ព្រះអង្គ គឺកូនចៅរបស់លោកយ៉ាកុប ជាអ្នកដែលព្រះអង្គជ្រើសរើស។ 7 ព្រះអង្គជាព្រះជាម្ចាស់នៃយើង ព្រះនាមជាព្រះអម្ចាស់ ការជំនុំជម្រះរបស់ព្រះអង្គ ស្ថិតនៅលើផែនដីទាំងមូល។ 8 ព្រះអង្គនឹកចាំពីសេចក្ដីសញ្ញា របស់ព្រះអង្គជានិច្ច គឺជាព្រះបន្ទូលដែលព្រះអង្គបានបង្គាប់ ដល់មនុស្សមួយពាន់តំណ។ 9 ព្រះអង្គនឹកដល់សម្ព័ន្ធមេត្រី ដែលព្រះអង្គបានចងជាមួយលោកអប្រាហាំ ព្រមទាំងព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយលោកអ៊ីសាក។ 10 ហើយព្រះអង្គក៏បានបញ្ជាក់ ជាមួយលោកយ៉ាកុបទុកជាច្បាប់ គឺជាមួយលោកអុីស្រាអែល ទុកជាសេចក្ដីសញ្ញាអស់កល្បជានិច្ច។ 11 ព្រះអម្ចាស់មានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នក ទុកជាចំណែកមរតករបស់អ្នក»។ 12 ព្រះជាម្ចាស់បែបនេះ គឺកាលគេមានចំនួនតិច ហើយក៏គ្រាន់តែជាអ្នក ស្នាក់អាស្រ័យក្នុងស្រុកនោះ។ 13 ពួកគេធ្វើដំណើរចុះឡើង ពីស្រុកមួយទៅស្រុកមួយ ហើយពីនគរមួយទៅនគរមួយទៀត 14 ព្រះអង្គមិនបណ្ដោយឲ្យអ្នកណា សង្កត់សង្កិនគេឡើយ ដោយយល់ដល់ពួកគេ ព្រះអង្គបានបន្ទោសពួកស្តេច។ 15 ដោយព្រះបន្ទូលថា «កុំប៉ះពាល់ពួកអ្នកដែលយើង បានចាក់ប្រេងតាំងឡើយ កុំធ្វើបាបពួកហោរារបស់យើងឲ្យសោះ»។ 16 កាលព្រះអង្គបានបង្គាប់ ឲ្យមានអំណត់កើតឡើងក្នុងទឹកដី ហើយផ្តាច់អស់ទាំងអាហារ។ 17 ព្រះអង្គបានចាត់មនុស្សម្នាក់ឲ្យទៅមុនពួកគេ គឺលោកយ៉ូសែបដែលគេ បានលក់ទៅធ្វើជាបាវបម្រើ។ 18 ជើងរបស់លោកត្រូវរឹតរួតដោយចំណង ហើយមានច្រវាក់ដែកជាប់នៅក 19 ព្រះបន្ទូលរបស់ព្រះអម្ចាស់បានល្បងលលោករហូតទាល់តែសេចក្ដី ដែលលោកថ្លែងទុកបានសម្រេច។ 20 ស្តេចបានចាត់គេឲ្យទៅដោះលែងលោក គឺអ្នកគ្រប់គ្រងលើប្រជាជននានា បានដោះលោកឲ្យរួច។ 21 ស្ដេចបានតាំងលោកឲ្យធ្វើជាម្ចាស់លើព្រះដំណាក់ ហើយជាអ្នកគ្រប់គ្រងលើព្រះរាជទ្រព្យ ទាំងអស់របស់ទ្រង់ 22 ឲ្យមានអំណាចនឹងចាប់ចងពួកមន្ត្រីរបស់ស្តេចបានតាមចិត្ត ហើយនឹងបង្ហាត់បង្រៀនឲ្យពួកចាស់ទុំរបស់ស្តេចមានប្រាជ្ញា។ 23 ពេលនោះ អុីស្រាអែលក៏ចូលមកក្នុងស្រុកអេស៊ីប គឺយ៉ាកុបបានស្នាក់នៅក្នុងទឹកដីរបស់ហាំ។ 24 ព្រះអម្ចាស់បានឲ្យប្រជារាស្ត្រព្រះអង្គចម្រើនឡើង មានកូនចៅជាច្រើន ហើយឲ្យគេមានកម្លាំងជាងបច្ចាមិត្ត របស់គេ។ 25 ព្រះអង្គបានបង្វែរចិត្តគេ ឲ្យស្អប់ប្រជារាស្ត្រព្រះអង្គ ឲ្យគេប្រព្រឹត្តដោយកិច្ចកល មកកាន់អ្នកបម្រើព្រះអង្គ។ 26 ព្រះអង្គបានចាត់លោកម៉ូសេ ជាអ្នកបម្រើព្រះអង្គ និងលោកអើរ៉ុន ដែលព្រះអង្គបានជ្រើសរើស។ 27 លោកទាំងពីរបានសម្ដែងទីសម្គាល់ របស់ព្រះអង្គនៅកណ្ដាលពួកគេ និងការអស្ចារ្យនៅក្នុងទឹកដីរបស់ហាំ។ 28 ព្រះអង្គចាត់សេចក្ដីងងឹតមក ហើយធ្វើឲ្យស្រុកងងឹត ពួកលោកមិនបានទាស់ទទឹង នឹងព្រះបន្ទូលរបស់ព្រះអង្គទេ។ 29 ព្រះអង្គបានធ្វើឲ្យទឹកនៅស្រុកគេ ត្រឡប់ទៅជាឈាម ហើយធ្វើឲ្យត្រីនៅ ស្រុកគេទាំងប៉ុន្មានស្លាប់អស់។ 30 ស្រុកគេមានសត្វកង្កែបពេញដេរដាស សូម្បីតែនៅក្នុងក្រឡាបន្ទំរបស់ស្តេចក៏មានដែរ។ 31 ព្រះអង្គមានព្រះបន្ទូល នោះក៏មានរុយទាំងហ្វូងៗហើរមក ហើយក៏មានចៃនៅពាសពេញក្នុងស្រុករបស់គេ។ 32 ព្រះអង្គប្រទានព្រឹលឲ្យគេជំនួសភ្លៀង ហើយរន្ទះក៏បាញ់ឆេះពេញក្នុងទឹកដីរបស់គេ។ 33 ព្រះអង្គបានបំផ្លាញដើមទំពាំងបាយជូរ និងដើមល្វារបស់គេ ក៏បំបាក់ដើមឈើទាំងប៉ុន្មាន នៅក្នុងទឹកដីរបស់គេ។ 34 ព្រះអង្គមានព្រះបន្ទូល នោះក៏មានកណ្តូបហើរមក ហើយក៏មានចង្រិតច្រើនឥតគណនា។ 35 សត្វទាំងនោះស៊ីបំផ្លាញ អស់ទាំងដំណាំនៅក្នុងទឹកដីរបស់គេ ហើយស៊ីភោគផលដែលដុះចេញពីដីរបស់គេ។ 36 ព្រះអង្គបានប្រហារអស់ទាំងកូនច្បង នៅក្នុងទឹកដីគេ គឺជាផលដំបូងនៃកម្លាំងទាំងប៉ុន្មានរបស់គេ។ 37 ព្រះអង្គបាននាំអុីស្រាអែលចេញ ទាំងនាំយកប្រាក់ និងមាសទៅជាមួយ ក្នុងចំណោមកុលសម្ព័ន្ធរបស់គេ គ្មានអ្នកណាម្នាក់ជំពប់ដួលឡើយ។ 38 កាលគេបានចាកចេញទៅ ជនជាតិអេស៊ីបក៏អរសប្បាយ ដ្បិតគេភ័យខ្លាចពួកអុីស្រាអែលជាខ្លាំង។ 39 ព្រះអង្គបានលាតពពកជាម្លប់គ្របបាំងគេ ហើយប្រទានភ្លើងជាពន្លឺបំភ្លឺនៅពេលយប់។ 40 ពួកគេបានសុំ ហើយព្រះអង្គក៏នាំសត្វក្រួចមក ហើយប្រទានឲ្យគេមាននំប៉័ង ជាបរិបូរពីស្ថានសួគ៌។ 41 ព្រះអង្គបានបំបែកថ្មឲ្យទឹកផុលចេញមក ហើយទឹកក៏ហូរកាត់ទីហួតហែង ដូចទន្លេ។ 42 ដ្បិតព្រះអង្គនឹកចាំពីព្រះបន្ទូល ដ៏បរិសុទ្ធរបស់ព្រះអង្គ និងពីលោកអ័ប្រាហាំ ជាអ្នកបម្រើរបស់ព្រះអង្គ។ 43 ព្រះអង្គបាននាំប្រជារាស្ត្ររបស់ព្រះអង្គ ចេញមកដោយអំណរ ព្រះអង្គបាននាំពួកអ្នកដែលព្រះអង្គ បានជ្រើសរើសចេញមក ដោយច្រៀងចម្រៀង។ 44 ព្រះអង្គបានប្រគល់ទឹកដី របស់ជនជាតិនានាដល់គេ ហើយគេចាប់យកភោគផល ដែលប្រជាជនទាំងនោះបាននឿយហត់ 45 ដើម្បីឲ្យគេបានប្រតិបត្តិ តាមច្បាប់របស់ព្រះអង្គ ហើយប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ព្រះអង្គ។ សសើរព្រះអម្ចាស់។
1 សរសើរតម្កើងព្រះអម្ចាស់ ចូរអរព្រះគុណដល់ព្រះអម្ចាស់ ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរស របស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ 2 តើអ្នកណាអាចរៀបរាប់អំពីស្នាព្រះហស្ដ ដ៏អស្ចារ្យរបស់ព្រះអម្ចាស់ ឬប្រកាសអំពីការទាំងប៉ុន្មាន ដើម្បីសរសើរតម្កើងព្រះអង្គបាន? 3 មានពរហើយ អស់អ្នកដែលរក្សាសេចក្ដីយុត្តិធម៌ ជាអ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត គ្រប់ពេលវេលា។ 4 ព្រះអម្ចាស់អើយ ពេលព្រះអង្គសម្ដែងព្រះហឫទ័យ ប្រោសប្រណីដល់ប្រជារាស្ត្រព្រះអង្គ សូមនឹកចាំពីទូលបង្គំផង! ពេលព្រះអង្គសង្គ្រោះគេ សូមជួយទូលបង្គំផង។ 5 ទូលបង្គំបានឃើញភាពចម្រុងចម្រើន របស់ពួកអ្នកដែលព្រះអង្គបានជ្រើសរើស ហើយឲ្យទូលបង្គំបានសប្បាយរីករាយ រួមជាមួយជនជាតិរបស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំបានខ្ពស់មុខ រួមជាមួយមរតករបស់ព្រះអង្គ។ 6 ទាំងយើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំ បានប្រព្រឹត្តអំពើបាប យើងខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិត គឺយើងបានប្រព្រឹត្តអំពើអាក្រក់។ 7 កាលនៅទឹកដីអេស៊ីប បុព្វបុរសរបស់យើងខ្ញុំ មិនបានពិចារណាអំពីការដ៏អស្ចារ្យ របស់ព្រះអង្គទេ ក៏មិនបាននឹកចាំពីព្រះហឫទ័យសប្បុរស ដ៏បរិបូរណ៏របស់ព្រះអង្គដែរ គឺគេបានបះបោរនៅមាត់សមុទ្រ គឺនៅសមុទ្រក្រហម។ 8 ក៏ប៉ុន្ដែ ព្រះអង្គបានសង្គ្រោះគេ ដោយយល់ដល់ព្រះនាមព្រះអង្គដើម្បីឲ្យគេស្គាល់ព្រះចេស្តា ដ៏ខ្លាំងពូកែរបស់ព្រះអង្គ។ 9 ព្រះអង្គបានបន្ទោសសមុទ្រក្រហម សមុទ្រនោះក៏រីងទៅ ហើយព្រះអង្គបាននាំគេដើរកាត់ទីជម្រៅ ដូចដើរកាត់វាលខ្សាច់។ 10 ព្រះអង្គបានសង្គ្រោះគេ ពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ក៏រំដោះគេឲ្យរួចពីអំណាចរបស់ខ្មាំងសត្រូវ។ 11 ទឹកសមុទ្របានហូរគ្របលើបច្ចាមិត្តរបស់គេ គ្មានសល់អ្នកណាម្នាក់ឡើយ។ 12 ពេលនោះ គេក៏ជឿព្រះបន្ទូលរបស់ព្រះអង្គ ហើយនាំគ្នាច្រៀងសរសើរតម្កើងព្រះអង្គ។ 13 ប៉ុន្ដែ មិនយូរប៉ុន្មាន គេក៏ភ្លេចពីកិច្ចការរបស់ព្រះអង្គ ហើយមិនបានរង់ចាំស្តាប់ដំបូន្មាន របស់ព្រះអង្គឡើយ។ 14 ពួកគេមានចិត្តខ្មួលខ្មាញ់នៅទីរហោស្ថាន ហើយល្បងលព្រះនៅទីហួតហែង។ 15 ព្រះអង្គក៏បានប្រទានតាមសំណូមរបស់គេ តែក៏ចាត់ឲ្យមានជំងឺផ្សេងៗ នៅក្នុងរូបកាយរបស់គេវិញ។ 16 កាលមនុស្សក្នុងជំរំច្រណែននឹងលោកម៉ូសេ ហើយនឹងលោកអើរ៉ុន ជាអ្នកបរិសុទ្ធរបស់ព្រះអម្ចាស់។ 17 ផែនដីក៏ប្រេះហា ហើយស្រូបយកដាថាន រួចគ្របលើបក្សពួករបស់អ័ប៊ីរ៉ាមទៀតផង។ 18 ភ្លើងឆេះឡើងក្នុងបក្សពួករបស់គេ អណ្ដាតភ្លើងក៏ឆាបឆេះ មនុស្សអាក្រក់ទាំងនោះទៅ។ 19 ពួកគេបានធ្វើរូបកូនគោនៅភ្នំហោរែប ហើយនាំគ្នាក្រាបថ្វាយបង្គំរូប ដែលធ្វើពីលោហធាតុ។ 20 គេបានប្តូរយករូបដូចគោដែលស៊ីស្មៅ ជំនួសព្រះជាម្ចាស់ដែលប្រកបដោយសិរីល្អវិញ។ 21 គេបានភ្លេចព្រះជាម្ចាស់ដែលសង្គ្រោះគេ ជាព្រះដែលបានធ្វើការយ៉ាងដ៏ធំ នៅក្នុងទឹកដីអេស៊ីប។ 22 ព្រះអង្គបានធ្វើការយ៉ាងអស្ចារ្យនៅទឹកដីហាំ និងការគួរស្ញែងខ្លាចនៅសមុទ្រក្រហម។ 23 ដូច្នេះ ព្រះអង្គមានព្រះបន្ទូលថានឹងបំផ្លាញគេ ប៉ុន្តែ លោកម៉ូសេជាអ្នក ដែលព្រះអង្គបានជ្រើសរើស លោកបានឈរក្នុងទីបែកបាក់ នៅចំពោះព្រះអង្គ ដើម្បីបង្វែរសេចក្ដីក្រោធរបស់ព្រះអង្គចេញ ពីការបំផ្លាញដល់គេ។ 24 បន្ទាប់មក ពួកគេបានមើលងាយ ទឹកដីដ៏សប្បាយនោះ គេមិនបានជឿព្រះបន្ទូលសន្យាទេ 25 ពួកគេនាំគ្នារទូរទាំនៅក្នុងជំរំរៀងៗខ្លួន ហើយមិនស្តាប់តាមព្រះសូរសៀង របស់ព្រះអម្ចាស់ដែរ។ 26 ដូច្នេះ ព្រះអង្គក៏លើកព្រះហស្តឡើង ស្បថនឹងគេថា ព្រះអង្គនឹងធ្វើឲ្យគេដួលស្លាប់ នៅក្នុងទីរហោស្ថាន 27 ហើយឲ្យពូជពង្សរបស់គេដួលស្លាប់ នៅកណ្ដាលជនជាតិផ្សេង ព្រមទាំងកម្ចាត់កម្ចាយគេ ឲ្យទៅនៅពាសពេញស្រុករបស់ជនជាតិដទៃ។ 28 ពួកគេទៅភ្ជាប់ខ្លួន នឹងព្រះបាល-ពេអរ ហើយបានបរិភោគសំណែន ដែលបានថ្វាយទៅព្រះដែលគ្មានជីវិត។ 29 គេបានធ្វើឲ្យព្រះអម្ចាស់ខ្ញាល់ ដោយសារអំពើរបស់គេ ហើយគ្រោះកាចក៏កើតឡើង ក្នុងចំណោមពួកគេ។ 30 ក្រោយមក ភីនេហាសក៏ឈរឡើង ហើយធ្វើអន្តរាគមន៍ រួចគ្រោះកាចនោះក៏ស្ងប់ទៅវិញ។ 31 ការនោះបានរាប់ជាសុចរិតដល់ភីនេហាស ជារៀងរហូត ដល់មនុស្សគ្រប់ជំនាន់តមក។ 32 ពួកគេបានធ្វើឲ្យព្រះអង្គខ្ញាល់ នៅត្រង់ទឹកមេរីបាទៀត ហើយការនោះជាហេតុនាំឲ្យលោកម៉ូសេ មានទោសដោយសារតែពួកគេ។ 33 ពួកគេធ្វើឲ្យចិត្តលោកជូរល្វីង ហើយបបូរមាត់លោកក៏និយាយចេញមក ដោយមិនបានគិត។ 34 ពួកគេមិនបានបំផ្លាញប្រជាជនទាំងប៉ុន្មាន ដូចព្រះជាម្ចាស់បានបង្គាប់ទេ 35 តែគេបែរជាប្រព្រឹត្តច្របូកច្របល់ ជាមួយជនជាតិដទៃ ហើយរៀនប្រព្រឹត្តដូចពួកទាំងនោះទៅវិញ។ 36 ហើយគោរពប្រតិបត្តិរូបព្រះ របស់ជនជាិតដទៃទាំងនោះ ជាការដែលត្រឡប់ជាអន្ទាក់ដល់គេ។ 37 ពួកគេបានយកកូនប្រុសកូនស្រីរបស់គេ ទៅធ្វើយញ្ញបូជាឲ្យអារក្ស។ 38 គេបានបង្ហូរឈាមមនុស្សដែលគ្មានទោស គឺជាឈាមកូនប្រុសកូនស្រីរបស់ខ្លួន ដែលគេយកទៅធ្វើយញ្ញបូជា ឲ្យរូបព្រះនៅទឹកដិកាណាន ហើយទេកដីនោះក៏ត្រឡប់ជាស្មោកគ្រោក ដោយសារឈាម។ 39 ដូច្នេះ គេបានធ្វើឲ្យខ្លួនមានសៅហ្មង ដោយសារអំពើដែលប្រព្រឹត្ត ហើយបានក្បត់ព្រះដោយសារអំពើរបស់គេ។ 40 សេចក្ដីក្រោធរបស់ព្រះអម្ចាស់ បានឆួលឡើងទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គក៏ស្អប់ខ្ពើមមរតករបស់ព្រះអង្គ។ 41 ព្រះអង្គបានប្រគល់គេទៅក្នុងកណ្ដាប់ដៃ ជនជាតិដទៃ ដើម្បីឲ្យអស់អ្នកដែលស្អប់គេ បានគ្រប់គ្រងលើគេ។ 42 ខ្មាំងសត្រូវរបស់គេបានសង្កត់សង្កិនគេ ហើយបង្ក្រាបគេ ឲ្យនៅក្រោមអំណាចរបស់ខ្លួន។ 43 ព្រះអង្គបានរំដោះគេជាច្រើនលើកច្រើនគ្រា ប៉ុន្តែ គេនៅតែតាំងចិត្តបះបោរ ហើយគេបានធ្វើឲ្យខ្លួនឯងទាបថោក ដោយសារអំពើទុច្ចរិតរបស់ខ្លួន។ 44 ទោះជាដូច្នេះក្ដី ក៏ព្រះអង្គនៅតែយោគយល់ ពីទុក្ខព្រួយរបស់គេ នៅពេលព្រះអង្គឮសម្រែករបស់គេ។ 45 ដោយយល់ដល់ពួកគេ ព្រះអង្គនឹកចាំពីសេចក្ដីសញ្ញារបស់ព្រះអង្គ ហើយសម្ដែងព្រះហឫទ័យអាណិតអាសូរ ដោយព្រោះព្រះហឫទ័យសប្បុរស ដ៏បរិបូររបស់ព្រះអង្គ។ 46 ព្រះអង្គធ្វើឲ្យពួកអ្នកដែលចាប់ពួកគេយកទៅ ជាឈ្លើយ មានចិត្តអាណិតអាសូរដល់គេ។ 47 ឱព្រះអម្ចាស់ជាព្រះជាម្ចាស់នៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំផង សូមប្រមូលយើងខ្ញុំពីកណ្ដាល ជាតិសាសន៍ដទៃមកវិញ ដើម្បីឲ្យយើងខ្ញុំបានអរព្រះគុណ ដល់ព្រះនាមដ៏បរិសុទ្ធរបស់ព្រះអង្គ ហើយបានខ្ពស់មុខ ដោយសរសើរតម្កើងព្រះអង្គ។ 48 សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះជាម្ចាស់នៃអុីស្រាអែល ចាប់តាំងពីអស់កល្ប រហូតដល់អស់កល្បជានិច្ច។ ត្រូវឲ្យមនុស្សទាំងអស់ពោលថា «អាម៉ែន» សរសើរតម្កើងព្រះអម្ចាស់។
1 ឱចូរអរព្រះគុណដល់ព្រះអម្ចាស់ ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ 2 ត្រូវឲ្យអស់អ្នកដែលព្រះអម្ចាស់ បានប្រោសលោះ ពោលដូច្នេះ គឺអស់អ្នកដែលព្រះអង្គបានប្រោសលោះ ឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្ត។ 3 ហើយបានប្រមូលមកពីទឹកដីទាំងប៉ុន្មាន គឺពីទិសខាងកើត ពីទិសខាងលិច ពីទិសខាងជើង និងពីទិសខាងត្បូង។ 4 ពួកគេបានដើរសាត់អណ្តែតនៅក្នុង ទីរហោស្ថានដ៏ហួតហែង រកទីក្រុងណានឹងស្នាក់អាស្រ័យ នៅមិនបានឡើយ។ 5 ព្រលឹងគេក៏ហេវទៅ ដោយស្រេកឃ្លាន។ 6 គ្រានោះ គេស្រែករកព្រះអម្ចាស់ ដោយសេចក្ដីវេទនារបស់គេ ហើយព្រះអង្គក៏រំដោះគេឲ្យរួចពីទុក្ខលំបាក។ 7 ព្រះអង្គបាននាំគេតាមផ្លូវត្រង់ រហូតទាល់តែគេចូលដល់ទីក្រុង ដែលអាស្រ័យនៅបាន។ 8 ត្រូវឲ្យគេអរព្រះគុណដល់ព្រះអម្ចាស់ ដោយព្រោះព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ និងដោយព្រោះការដ៏អស្ចារ្យ របស់ព្រះអង្គដល់មនុស្សជាតិ។ 9 ដ្បិតព្រះអង្គប្រោសព្រលឹង ដែលស្រេកឲ្យបានស្កប់ ហើយព្រះអង្គចម្អែតព្រលឹងដែលឃ្លាន ដោយសេចក្ដីល្អ។ 10 អ្នកខ្លះអង្គុយនៅក្នុងទីងងឹត និងនៅក្នុងម្លប់នៃសេចក្ដីស្លាប់ ជាអ្នកទោសដែលជាប់ក្នុងសេចក្ដីវេទនា និងជាប់ច្រវាក់ 11 ដ្បិតគេបានបះបោរប្រឆាំង នឹងព្រះបន្ទូលរបស់ព្រះ ហើយបានមើលងាយដំបូន្មាន របស់ព្រះដ៏ខ្ពស់បំផុត។ 12 ហេតុនេះ ព្រះអង្គក៏បន្ទាបចិត្តគេ ដោយការនឿយហត់ គេដួលចុះ ហើយគ្មានអ្នកណាជួយបានឡើយ។ 13 ក្រោយមកពួកគេស្រែករកព្រះអម្ចាស់ ដោយសេចក្ដីវេទនារបស់គេ ហើយព្រះអង្គក៏រំដោះគេឲ្យរួចពីទុក្ខលំបាក។ 14 ព្រះអង្គបាននាំគេចេញពីទីងងឹត និងម្លប់នៃសេចក្ដីស្លាប់ ព្រមទាំងផ្ដាច់ចំណងរបស់គេចេញ។ 15 ត្រូវឲ្យគេអរព្រះគុណដល់ព្រះអម្ចាស់ ដោយព្រោះព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ និងដោយព្រោះការដ៏អស្ចារ្យរបស់ព្រះអង្គ ដល់មនុស្សជាតិ។ 16 ដ្បិតព្រះអង្គបានទម្លាយទ្វារលង្ហិន ហើយបំបាក់រនុកដែក។ 17 ពួកគេខ្លះល្ងីល្ងើ ព្រោះតែអំពើបាប ដែលគេបានប្រព្រឹត្ត ហើយដោយព្រោះអំពើទុច្ចរិតរបស់គេ បណ្ដាលឲ្យគេរងទុក្ខវេទនា។ 18 ពួកគេស្អប់ខ្ពើមអាហារគ្រប់មុខ ហើយគេចូលទៅជិតទ្វារនៃសេចក្ដីស្លាប់។ 19 គ្រានោះ គេស្រែករកព្រះអម្ចាស់ ដោយសេចក្ដីវេទនារបស់គេ ហើយព្រះអង្គក៏រំដោះគេឲ្យរួចពីទុក្ខលំបាក។ 20 ព្រះអង្គបានចាត់ព្រះបន្ទូលទៅប្រោសគេឲ្យជា ក៏រំដោះឲ្យគេរួចពីសេចក្ដីវិនាស។ 21 ត្រូវឲ្យគេអរព្រះគុណដល់ព្រះអម្ចាស់ ដោយព្រោះព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ និងដោយព្រោះការដ៏អស្ចារ្យរបស់ព្រះអង្គ ដល់មនុស្សជាតិ។ 22 ត្រូវឲ្យគេថ្វាយយញ្ញបូជានៃការអរព្រះគុណ ហើយប្រកាសពីស្នាព្រះហស្ដរបស់ព្រះអង្គ ដោយបទចម្រៀងយ៉ាងអរសប្បាយ។ 23 អ្នកខ្លះចុះនាវាដើរផ្លូវសមុទ្រ ប្រកបមុខរបរតាមមហាសាគរ។ 24 ពួកគេឃើញកិច្ចការរបស់ព្រះអម្ចាស់ គឺការដ៏អស្ចារ្យរបស់ព្រះអង្គនៅក្នុងសមុទ្រ។ 25 ដ្បិតព្រះអង្គបានបញ្ជា នោះក៏កើតមានខ្យល់ព្យុះ ដែលបណ្ដាលឲ្យរលកសមុទ្រកម្រើកឡើង។ 26 រលកទាំងនោះផាត់ឡើងដល់ផ្ទៃមេឃ ក៏ធ្លាក់ចុះទៅវិញដល់ទីជម្រៅ សេចក្ដីក្លាហានរបស់គេក៏រលាយ នៅក្នុងស្ថានភាពអាក្រក់។ 27 ពួកគេ ឃ្លេងឃ្លោងចុះឡើង ដើរទទ្រេតទទ្រោត ដូចមនុស្សស្រវឹង ហើយគេក៏ទាល់ប្រាជ្ញា។ 28 ក្រោយមក ពួកគេស្រែករកព្រះអម្ចាស់ ដោយសេចក្ដីវេទនារបស់គេ ហើយព្រះអង្គក៏រំដោះគេឲ្យរួចពីទុក្ខលំបាក។ 29 ព្រះអង្គធ្វើឲ្យព្យុះសង្ឃរានៅស្ងៀម ហើយធ្វើឲ្យរលកសមុទ្រស្ងប់។ 30 ពេលនោះ គេមានចិត្តរីករាយ ដោយព្រោះរលកស្ងប់ ហើយព្រះអង្គក៏នាំគេទៅដល់ជម្រក ដែលគេប្រាថ្នាចង់ទៅ។ 31 ត្រូវឲ្យគេអរព្រះគុណដល់ព្រះអម្ចាស់ ដោយព្រោះព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ និងដោយព្រោះការដ៏អស្ចារ្យរបស់ព្រះអង្គដល់មនុស្សជាតិ។ 32 ចូលឲ្យគេលើកតម្កើងព្រះអង្គ នៅក្នុងក្រុមជំនុំនៃប្រជាជន ហើយសរសើរតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំរបស់ពួកចាស់ទុំ។ 33 ព្រះអង្គធ្វើឲ្យទន្លេត្រឡប់ទៅជាទីរហោស្ថាន ឲ្យក្បាលទឹកប្រែទៅជាដីខ្សោះ 34 ឲ្យទឹកដីដែលមានផលផ្លែទៅជាដីប្រៃ ព្រោះតែអំពើអាក្រក់របស់អ្នកទីនោះ។ 35 ព្រះអង្គធ្វើឲ្យទីរហោស្ថានទៅជាអាងទឹក ហើយដីស្ងួតហួតហែងទៅជាប្រភពទឹក។ 36 ព្រះអង្គឲ្យមនុស្សអត់ឃ្លានទៅរស់នៅទីនោះ ហើយគេសង់ទីក្រុងសម្រាប់អាស្រ័យនៅ។ 37 គេធ្វើស្រែ និងធ្វើចម្ការទំពាំងបាយជូរ ហើយមានផលផ្លែចម្រើនឡើង។ 38 ព្រះអង្គប្រទានពរឲ្យគេចម្រើនឡើងជាច្រើន ហើយព្រះអង្គមិនឲ្យហ្វូងសត្វ របស់គេថយចុះឡើយ។ 39 ពួកគេត្រូវថយចុះវិញ ហើយត្រូវអាប់ឱន ដោយមានគេសង្កត់សង្កិន ធ្វើទុក្ខបុកម្នេញ ហើយឲ្យមានទុក្ខព្រួយ។ 40 ព្រះអង្គចាក់សេចក្ដីមើលងាយទៅលើពួកអ្នកធំ ហើយធ្វើឲ្យគេដើរសាត់ព្រាត់ នៅក្នុងទីស្ងាត់ឈឹង ដែលឥតមានផ្លូវ 41 ប៉ុន្តែ ព្រះអង្គលើកមនុស្សកម្សត់ទុគ៌តឡើង ឲ្យរួចពីសេចក្ដីវេទនា ហើយធ្វើឲ្យគ្រួសាររបស់គេ មានគ្នាច្រើនដូចហ្វូងសត្វ។ 42 មនុស្សទៀងត្រង់ឃើញដូច្នេះ គេមានចិត្តត្រេកអរ ហើយគ្រប់ទាំងមនុស្សទុច្ចរិតនឹងត្រូវបិទមាត់។ 43 អ្នកណាដែលមានប្រាជ្ញា ត្រូវឲ្យអ្នកនោះយកចិត្តទុកដាក់ចំពោះ សេចក្ដីទាំងនេះ ត្រូវឲ្យគេពិចារណាពីព្រះហឫទ័យសប្បុរសរបស់ព្រះអម្ចាស់។
បទចម្រៀង ជាទំនុករបស់ស្តេចដាវីឌ។ 1 ព្រះអង្គអើយ ចិត្តទូលបង្គំបានតាំងនៅមាំហើយ ទូលបង្គំនឹងច្រៀង ទូលបង្គំនឹងស្មូត្រទំនុកតម្កើងអោយអស់ពីចិត្តរបស់ទូលបង្គំដែរ។ 2 ឱពិណ និងស៊ុងអើយ ចូរភ្ញាក់ឡើង ខ្ញុំនឹងដាស់អរុណឲ្យរះឡើង។ 3 ព្រះអម្ចាស់អើយ ទូលបង្គំអរព្រះគុណដល់ព្រះអង្គ ក្នុងចំណោមប្រជាជនទាំងឡាយ ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ ក្នុងចំណោមជនជាតិនានា។ 4 ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ធំខ្ពស់ជាងផ្ទៃមេឃ ហើយសេចក្ដីពិតរបស់ព្រះអង្គ ក៏ខ្ពស់ដល់ពពកដែរ។ 5 ព្រះជាម្ចាស់អើយ សូមឲ្យព្រះអង្គបានថ្កើងឡើង ខ្ពស់ជាងផ្ទៃមេឃ សូមឲ្យសិរីល្អរបស់ព្រះអង្គ គ្របដណ្ដប់លើផែនដីទាំងមូល។ 6 ដើម្បីឲ្យពួកស្ងួនភ្ងារបស់ព្រះអង្គបានរួច សូមសង្គ្រោះដោយព្រះហស្តស្តាំរបស់ព្រះអង្គ ហើយឆ្លើយតបទូលបង្គំផង។ 7 ព្រះបានសន្យាក្នុងទីបរិសុទ្ធរបស់ព្រះអង្គថា៖ «យើងនឹងបែងចែកទឹកដីស៊ីគែមដោយអំណរ ហើយវាស់ជ្រលងភ្នំស៊ូកូថ។ 8 កាឡាតជាទឹកដីរបស់យើង ម៉ាណាសេជាទឹកដីរបស់យើង អេប្រាអិមជាមួកដែករបស់យើង យូដាជាដំបងរាជ្យរបស់យើង។ 9 ម៉ូអាប់ជាអាងលាងសម្អាតរបស់យើង ហើយយើងបោះស្បែកជើងទៅលើទឹកដីអេដុម យើងនឹងស្រែកប្រកាសជ័យជម្នះ ពីលើទឹកដីភីលីស្ទីន»។ 10 តើអ្នកណានឹងនាំទូលបង្គំ ចូលទៅក្នុងទីក្រុងមាំមួនបាន? តើអ្នកណានឹងនាំទូលបង្គំចូលទៅទឹកដីអេដុម? 11 ព្រះជាម្ចាស់អើយ តើមិនមែនព្រះអង្គទេឬ ដែលបានបោះបង់ចោលយើងខ្ញុំ? ព្រះជាម្ចាស់អើយ ព្រះអង្គមិនយាងចេញទៅជាមួយ កងទ័ពរបស់យើងខ្ញុំទៀតឡើយ។ 12 សូមប្រទានជំនួយឲ្យយើងខ្ញុំ ទាស់នឹងពួកសត្រូវផង ដ្បិតជំនួយរបស់មនុស្សឥតប្រយោជន៍ទេ។ 13 ដោយព្រះចេស្ដារបស់ព្រះអង្គ យើងខ្ញុំនឹងតស៊ូយ៉ាងរឹងប៉ឹង គឺព្រះអង្គហើយ ដែលនឹងជាន់ឈ្លី ពួកសត្រូវយើងខ្ញុំ។
ទំនុករបស់ព្រះបាទដាវីឌ សម្រាប់មេភ្លេង។ 1 ព្រះដែលទូលបង្គំសរសើរតម្កើងអើយ សូមកុំនៅស្ងៀមឡើយ 2 ដ្បិតមាត់របស់មនុស្សអាក្រក់ និងមាត់របស់មនុស្សបោកបញ្ឆោត បានហាឡើងទាស់នឹងទូលបង្គំហើយ គេនិយាយទាស់នឹងទូលបង្គំ ដោយអណ្ដាតភូតភរ។ 3 ពួកគេបានឡោមព័ទ្ធទូលបង្គំជុំវិញ ដោយពាក្យសម្អប់ ក៏តយុទ្ធនឹងទូលបង្គំ ដោយឥតហេតុ។ 4 ការស្នងនឹងសេចក្ដីស្រឡាញ់របស់ទូលបង្គំ ប៉ុន្តែ ទូលបង្គំនៅតែអធិស្ឋានជានិច្ច។ 5 ពួកគេប្រព្រឹត្តអំពើអាក្រក់នឹងទូលបង្គំ ស្នងនឹងអំពើល្អ ហើយមានសេចក្ដីសម្អប់ ស្នងនឹងសេចក្ដីស្រឡាញ់របស់ទូលបង្គំ។ 6 សូមតាំងមនុស្សអាក្រក់ម្នាក់ ឲ្យប្រឆាំងទាស់នឹងវា សូមឲ្យអ្នកចោទប្រកាន់ម្នាក់ ឈរនៅខាងស្តាំវា។ 7 ពេលវាត្រូវជំនុំជម្រះ សូមឲ្យវាជាប់មានទោស សូមឲ្យពាក្យអធិស្ឋានរបស់វា រាប់ជាអំពើបាបវិញ។ 8 សូមឲ្យថ្ងៃអាយុរបស់វារួញខ្លី សូមឲ្យមានម្នាក់ទៀតយកតំណែងរបស់វា។ 9 សូមឲ្យកូនចៅរបស់វាកំព្រាឪពុក ហើយឲ្យប្រពន្ធរបស់វាក្លាយជាស្រ្ដីមេម៉ាយ។ 10 សូមឲ្យកូនចៅរបស់វាក្លាយជាមនុស្ស អាវាសែដើរសុំទាន ហើយស្វែងរកអាហារ ឆ្ងាយពីទីលំនៅដែលរលំបាក់បែក។ 11 សូមឲ្យម្ចាស់បំណុលរឹបអូសអ្វីៗ ទាំងអស់ដែលវាមាន សូមឲ្យអ្នកក្រៅមកប្លន់យកផល នៃការនឿយលំបាករបស់វាទៅ។ 12 សូមកុំឲ្យមានអ្នកណាអាណិតមេត្តាដល់វាឡើយ ក៏កុំឲ្យមានអ្នកណាអាសូរ ដល់កូនកំព្រារបស់វាដែរ។ 13 សូមឲ្យពូជពង្សរបស់វាត្រូវកាត់ចេញ សូមលុបបំបាត់ឈ្មោះរបស់វា ចេញពីមនុស្សជំនាន់ក្រោយ។ 14 សូមព្រះអម្ចាស់នឹកចាំពី អំពើទុច្ចរិតរបស់បុព្វបុរសវា ហើយសូមកុំលុបអំពើបាប របស់ម្តាយវាចេញឡើយ។ 15 សូមឲ្យសេចក្ដីទាំងនោះ នៅចំពោះព្រះអម្ចាស់ជានិច្ច ដើម្បីឲ្យព្រះអម្ចាស់បានផ្តាច់គេចេញពីផែនដី។ 16 សូមឲ្យព្រះអម្ចាស់បានសម្តែងការនេះ ដ្បិតជននេះពុំបាននឹកសម្តែងចិត្តមេត្តាករុណាសោះ គេបានធ្វើបាបមនុស្សកម្សត់ទុគ៌ត ព្រមទាំងសម្លាប់អ្នកដែលមានចិត្ត សោកសង្រេងទៀតផង។ 17 វាចូលចិត្តជេរប្រទេច សូមឲ្យបណ្ដាសាធ្លាក់លើវាចុះ វាមិនចូលចិត្តនឹងការឲ្យពរទេ សូមឲ្យការជូនពរស្ថិតនៅឆ្ងាយពីវា។ 18 វាបានប្រដាប់ខ្លួនដោយការជេរប្រទេច ដូចជាពាក់អាវ សូមឲ្យការជេប្រទេចនោះ ចូលទៅក្នុងខ្លួនវាដូចជាទឹក ហើយចូលទៅក្នុងឆ្អឹងវាដូចជាប្រេង។ 19 សូមឲ្យការជេប្រទេចនោះ បានដូចជាសម្លៀកបំពាក់ ដែលហ៊ុមព័ទ្ធនៅជុំវិញខ្លួនវា ហើយដូចជាខ្សែក្រវាត់ ដែលរឹតនៅចង្កេះវាជានិច្ច»។ 20 សូមឲ្យការនេះបានជារង្វាន់ពីព្រះអម្ចាស់ ដល់ពួកអ្នកដែលចោទប្រកាន់ទូលបង្គំ គឺអស់អ្នកដែលនិយាយមូលបង្កាច់ ដល់ជីវិតទូលបង្គំ។ 21 ប៉ុន្ដែ ឱព្រះអម្ចាស់ ជាព្រះអើយ សូមប្រោសទូលបង្គំ ដោយយល់ដល់ព្រះនាមព្រះអង្គ ដោយព្រោះព្រះហឫទ័យសប្បុរស ដ៏ល្អរបស់ព្រះអង្គ សូមរំដោះទូលបង្គំផង។ 22 ដ្បិតទូលបង្គំជាមនុស្សក្រីក្រ ហើយទុគ៌ត ចិត្តនៅក្នុងខ្លួនទូល បង្គំក៏មានរបួសដែរ។ 23 ទូលបង្គំទៅបាត់ ដូចជាស្រមោលនៅពេលល្ងាច ទូលបង្គំត្រូវគេរលាស់ចេញ ដូចជារលាស់កណ្តូប។ 24 ក្បាលជង្គង់ទូលបង្គំញ័រ ដោយសារតមអាហារ ហើយរូបកាយទូលបង្គំសល់តែស្បែក និងឆ្អឹង។ 25 ទូលបង្គំបានត្រឡប់ជាទីត្មះតិះដៀលដល់គេ កាលណាគេឃើញទូលបង្គំ គេគ្រវីក្បាល។ 26 ព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ! សូមជួយទូលបង្គំផង សូមសង្គ្រោះទូលបង្គំ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។ 27 សូមឲ្យគេបានដឹងថា នេះជាព្រះហស្តរបស់ព្រះអង្គ ឱព្រះអម្ចាស់អើយ ព្រះអង្គហើយដែលបានធ្វើការនេះ។ 28 ទុកឲ្យគេជេរប្រទេចចុះ តែព្រះអង្គវិញនឹងប្រទានពរ! កាលណាគេងើបឡើង គេនឹងត្រូវខ្មាស តែឯអ្នកបម្រើព្រះអង្គវិញ នឹងអរសប្បាយ។ 29 សូមឲ្យពួកអ្នកចោទប្រកាន់ទូលបង្គំ ប្រដាប់ខ្លួនដោយសេចក្ដីអាប់យស សូមឲ្យគេឃ្លុំខ្លួនដោយសេចក្ដីអាម៉ាស់ដូចជាពាក់អាវ។ 30 មាត់ទូលបង្គំនឹងអរព្រះគុណ ដល់ព្រះអម្ចាស់យ៉ាងក្រៃលែង ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ នៅកណ្ដាលបណ្ដាជនទាំងឡាយ។ 31 ដ្បិតព្រះអង្គឈរនៅខាងស្តាំមនុស្សកម្សត់ទុគ៌ត ដើម្បីសង្គ្រោះគេឲ្យរួចផុតពីអស់អ្នក ដែលចង់កាត់ទោសដល់ព្រលឹងគាត់។
ទំនុករបស់ព្រះបាទដាវីឌ។ 1 ព្រះអម្ចាស់មានព្រះបន្ទូល មកកាន់ទូលបង្គំថា «ចូរអង្គុយនៅខាងស្តាំយើង រហូតដល់យើងដាក់ខ្មាំងសត្រូវរបស់អ្នក ឲ្យធ្វើជាកំណល់កល់ជើងអ្នក»។ 2 ព្រះអម្ចាស់សន្ធឹងដំបងរាជ្យដ៏មានឥទ្ធិឫទ្ធិ របស់ព្រះករុណា ចេញពីក្រុងស៊ីយ៉ូន សូមគ្រប់គ្រងនៅកណ្ដាលខ្មាំងសត្រូវ របស់ព្រះករុណា។ 3 ប្រជារាស្ត្ររបស់ព្រះកុរណា នឹងថ្វាយខ្លួនស្ម័គ្រពីចិត្ត នៅថ្ងៃដែលព្រះករុណាដឹកនាំក្បួនទ័ព នៅលើភ្នំបរិសុទ្ធ ពួកយុវជនរបស់ព្រះករុណា នឹងចូលមកគាល់ព្រះករុណា ដូចទឹកសន្សើម ដែលចេញពីផ្ទៃនៃបច្ចុប្បន្នកាល។ 4 ព្រះអម្ចាស់បានស្បថ ហើយព្រះអង្គនឹងមិនប្រែព្រះហឫទ័យឡើយថា «អ្នកជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកមិលគីស្សាដែក»។ 5 ព្រះអម្ចាស់ដែលគង់នៅខាងស្តាំព្រះករុណា ព្រះអង្គនឹងកម្ទេចស្តេចទាំងប៉ុន្មាន នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះអង្គ។ 6 ព្រះអង្គនឹងជំនុំជម្រះក្នុងចំណោម ជាតិសាសន៍ទាំងឡាយ ទាំងបំពេញក្រុងទាំងនោះដោយសាកសព ព្រះអង្គនឹងកម្ទេចមេដឹកនាំរបស់គេ នៅលើផែនដីទាំងមូល។ 7 ព្រះអង្គនឹងសោយទឹកពីជ្រោះតាមផ្លូវ ដូច្នេះ ព្រះអង្គនឹងងើបព្រះភ័ក្ត្រឡើងក្រោយពីជ័យជំនៈ។
1 ចូរសរសើរតម្កើងព្រះអម្ចាស់ ខ្ញុំនឹងលើកតម្កើងព្រះអម្ចាស់ យ៉ាងអស់ពីចិត្ត នៅក្នុងអង្គប្រជុំរបស់មនុស្សទៀងត្រង់។ 2 ព្រះអម្ចាស់បានធ្វើការអស្ចារ្យយ៉ាងឧត្ដុង្គឧត្ដម ហើយអស់អ្នកដែលពេញចិត្តនឹងស្នាព្រះហស្ដនេះ នាំគ្នាស្វែងយល់។ 3 ស្នាព្រះហស្ដរបស់ព្រះអង្គប្រកបទៅដោយ រស្មីភ្លឺចិញ្ចែងចិញ្ចាច សេចក្ដីសុចរិតរបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ។ 4 ព្រះអង្គបានធ្វើឲ្យមនុស្សនឹកចាំ ពីការអស្ចារ្យរបស់ព្រះអង្គ ព្រះអម្ចាស់ប្រកបដោយព្រះគុណ និងព្រះហឫទ័យមេត្តា ករុណា។ 5 ព្រះអង្គប្រទានអាហារដល់អស់អ្នក ដែលកោត ខ្លាចព្រះអង្គ ព្រះអង្គនឹកចាំពីសេចក្ដីសញ្ញា របស់ព្រះអង្គជាប់ជានិច្ច។ 6 ព្រះអង្គបានសម្ដែងព្រះចេស្តា នៃកិច្ចការរបស់ព្រះអង្គ ឲ្យប្រជារាស្ត្រព្រះអង្គឃើញ ដោយប្រទានឲ្យគេមានមរតក នៅគ្រប់ជាតិសាសន៍។ 7 ស្នាដៃព្រះហស្តរបស់ព្រះអង្គសុទ្ធតែស្មោះត្រង់ ហើយសុចរិត សេចក្តីបង្រៀនទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែគួរឲ្យជឿទុកចិត្ត។ 8 ក៏បានតាំងនៅជាប់អស់កល្បជានិច្ច ដើម្បីឲ្យមនុស្សប្រព្រឹត្តតាម ដោយស្មោះត្រង់ និងទៀងត្រង់។ 9 ព្រះអង្គបានប្រទានការប្រោសលោះ ដល់ប្រជារាស្ត្រព្រះអង្គ ព្រះអង្គបង្គាប់ឲ្យគេកាន់តាមសេចក្ដីសញ្ញា របស់ព្រះអង្គរហូតតទៅ ព្រះនាមរបស់ព្រះអង្គបរិសុទ្ធ ហើយគួរកោតស្ញប់ស្ញែង។ 10 ការគោរពដល់ព្រះអម្ចាស់ ជាដើមចមនៃប្រាជ្ញា អស់អ្នកដែលកាន់តាម តែងមានការយល់ដឹងល្អ ការសរសើរតម្កើងព្រះអង្គនៅជាប់អស់កល្បជានិច្ច។
1 ចូរសរសើរតម្កើងព្រះអម្ចាស់ មានពរហើយ អ្នកណាដែលកោតខ្លាច ព្រះអម្ចាស់ ហើយសប្បាយរីករាយជាខ្លាំង នឹងបទបញ្ជារបស់ព្រះអង្គ។ 2 ពូជពង្សរបស់អ្នកនោះនឹងខ្លាំងពូកែនៅក្នុងទឹកដី ជំនាន់មនុស្សទៀងត្រង់នឹងបានពរ។ 3 ភាពមានបាន និងទ្រព្យសម្បត្តិស្ថិតនៅក្នុងផ្ទះរបស់គេ ហើយសេចក្ដីសុចរិតរបស់អ្នកនោះ នៅជាប់ជាដរាប។ 4 មានពន្លឺភ្លឺឡើងក្នុងទីងងឹត សម្រាប់មនុស្សទៀងត្រង់ ជាអ្នកមានចិត្តប្រណីសន្ដោស មេត្តាករុណា និងសុចរិត។ 5 អ្នកណាដែលមានចិត្តទូលាយ ហើយឲ្យគេខ្ចី អ្នកនោះប្រព្រឹត្តយ៉ាងល្អប្រពៃ ជាអ្នកដែលធ្វើកិច្ចការរបស់ខ្លួនដោយយុត្តិធម៌។ 6 ដ្បិតមនុស្សសុចរិតមិនត្រូវរង្គើឡើយ គេតែងនឹកចាំពីអ្នកនោះជារៀងរហូត។ 7 អ្នកនោះនឹងមិនខ្លាចដំណឹងអាក្រក់ឡើយ គេមានចិត្តរឹងប៉ឹង ដោយទុកចិត្តដល់ព្រះអម្ចាស់។ 8 ចិត្តគេនឹងន គេនឹងមិនភ័យខ្លាចអ្វីឡើយ រហូតទាល់តែបានជ័យជម្នះ លើខ្មាំងសត្រូវរបស់គេ។ 9 គេបានចែកចាយដោយចិត្តទូលាយ គេបានឲ្យទៅមនុស្សក្រីក្រ សេចក្ដីសុចរិតរបស់គេនៅជាប់ជាដរាប គេនឹងបានខ្ពស់មុខ ទាំងមានកិត្តិយស។ 10 មនុស្សអាក្រក់ឃើញដូច្នេះ ពួកគេមានចិត្តខឹង គេសង្កៀតធ្មេញ ហើយរលាយបាត់ទៅ ចិត្តប្រាថ្នាចង់បានរបស់មនុស្សអាក្រក់នឹងវិនាស។
1 ចូរសរសើរតម្កើងព្រះអម្ចាស់។ ពួកអ្នកបម្រើនៃព្រះអម្ចាស់អើយ ចូរសរសើរតម្កើង ព្រះនាមព្រះអម្ចាស់ចុះ។ 2 សូមឲ្យព្រះនាមព្រះអម្ចាស់ ប្រកបដោយព្រះពរ ចាប់តាំងពីឥឡូវនេះ រហូតអស់កល្ប។ 3 ចាប់តាំងពីទីថ្ងៃរះ រហូតដល់ទីថ្ងៃលិច ព្រះនាមព្រះអម្ចាស់ត្រូវបានសរសើរតម្កើង។ 4 ព្រះអម្ចាស់គង់នៅខ្ពស់លើអស់ទាំងសាសន៍ ហើយសិរីល្អរបស់ព្រះអង្គ ខ្ពស់ជាងផ្ទៃមេឃ។ 5 តើមានអ្នកណាឲ្យដូចព្រះអម្ចាស់ ជាព្រះជាម្ចាស់នៃយើង? ព្រះអង្គគង់នៅស្ថានដ៏ខ្ពស់ 6 ព្រះអង្គឱនទតមើលផ្ទៃមេឃ និងផែនដី។ 7 ព្រះអង្គលើកមនុស្សក្រីក្រឡើងចេញពីធូលីដី ហើយមនុស្សកម្សត់ទុគ៌តចេញពីគំនរសំរាម 8 ដើម្បីតាំងឲ្យគេអង្គុយជាមួយពួកអ្នកធំ គឺជាមួយពួកអ្នកធំនៃប្រជារាស្ត្រព្រះអង្គ។ 9 ព្រះអង្គប្រទានឲ្យស្ត្រីអារមានផ្ទះសំបែង ហើយឲ្យនាងមានកូនដោយរីករាយ។ សរសើរតម្កើងដល់ព្រះអម្ចាស់!
1 កាលអុីស្រាអែលចាកចេញពីស្រុកអេស៊ីប គឺកាលពូជពង្សរបស់យ៉ាកុប ចាកចេញពីជនជាតិមួយ ដែលមានភាសាចម្លែក 2 យូដាបានត្រឡប់ជាទីបរិសុទ្ធ គឺអុីស្រាអែលជានគររបស់ព្រះអង្គ។ 3 សមុទ្របានឃើញ ហើយក៏រត់បាត់ទៅ ទន្លេយ័រដាន់ក៏ដកថយ។ 4 ភ្នំធំៗនាំគ្នាលោតដូចចៀមឈ្មោល ហើយភ្នំតូចៗដូចកូនចៀម។ 5 ឱសមុទ្រអើយ ហេតុអ្វីបានជារត់គេចដូច្នេះ? ឱទន្លេយ័រដាន់អើយ ហេតុអ្វីបានជាដកថយ? 6 ឱភ្នំធំៗអើយ ហេតុអ្វីបានជាឯងលោតដូចចៀមឈ្មោល ឱភ្នំតូចៗអើយ ហេតុអ្វីបានជាលោត ដូចកូនចៀមដូច្នេះ? 7 ឱផែនដីអើយ ចូរញ័ររន្ធត់នៅចំពោះព្រះអម្ចាស់ គឺនៅចំពោះព្រះរបស់លោកយ៉ាកុប។ 8 ព្រះជាម្ចាស់ដែលធ្វើឲ្យថ្មដាប្រែទៅជាត្រពាំងទឹក គឺធ្វើឲ្យថ្មដ៏រឹងទៅជាប្រភពទឹក។
1 មិនមែនយើងខ្ញុំទេ ឱព្រះអម្ចាស់អើយ មិនមែនយើងខ្ញុំទេ តែព្រះនាមព្រះអង្គវិញ ដែលទទួលការលើកតម្កើង ដោយយល់ដល់ព្រះហឫទ័យសប្បុរស និងសេចក្ដីស្មោះត្រង់របស់ព្រះអង្គ។ 2 ហេតុអ្វីបានជាជនជាតិនានាពោលថា «តើព្រះរបស់ពួកគេនៅឯណា?» 3 ព្រះជាម្ចាស់នៃយើងខ្ញុំព្រះអង្គគង់នៅស្ថានសួគ៌ ព្រះអង្គធ្វើគ្រប់កិច្ចការ ដែលព្រះអង្គសព្វព្រះហឫទ័យ។ 4 ព្រះរបស់គេសុទ្ធតែជារូបសំណាក ធ្វើពីប្រាក់ និងមាស ជាស្នាដៃដែលមនុស្សធ្វើ។ 5 រូបទាំងនោះមានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ 6 មានត្រចៀក តែស្តាប់មិនឮ មានច្រមុះ តែធុំក្លិនមិនបាន។ 7 មានដៃ តែចាប់កាន់មិនបាន មានជើង តែមិនចេះដើរ រូបទាំងនោះមិនចេះបញ្ចេញសំឡេង តាមបំពង់កឡើយ។ 8 ពួកអ្នកដែលធ្វើ អស់អ្នកដែលទុកចិត្ត នឹងរូបទាំងនោះ នឹងបានដូចជារូបទាំងនោះដែរ។ 9 អុីស្រាអែលអើយ ចូរទុកចិត្តដល់ព្រះអម្ចាស់ ព្រះអង្គជាជំនួយ និងជាខែលរបស់អ្នក។ 10 ពួកវង្សអើរ៉ុនអើយ ចូរទុកចិត្តដល់ព្រះអម្ចាស់ ព្រះអង្គជាជំនួយ និងជាខែលរបស់អ្នក។ 11 អ្នករាល់គ្នាដែលគោរពដល់ព្រះអម្ចាស់អើយ ចូរទុកចិត្តដល់ព្រះអម្ចាស់ ព្រះអង្គជាជំនួយ និងជាខែលរបស់អ្នក។ 12 ព្រះអម្ចាស់បាននឹកចាំពីយើង ព្រះអង្គនឹងប្រទានពរយើងព្រះអង្គនឹងប្រទានពរពួកវង្សអុីស្រាអែល ព្រះអង្គនឹងប្រទានពរពួកវង្សអើរ៉ុន។ 13 ព្រះអង្គនឹងប្រទានពរអស់អ្នក ដែលកោតខ្លាចព្រះអម្ចាស់ ទាំងអ្នកតូច ទាំងអ្នកធំ។ 14 សូមព្រះអម្ចាស់ប្រទានពរ ឲ្យអ្នករាល់គ្នាបានចម្រើនឡើង គឺទាំងអ្នករាល់គ្នា ទាំងកូនចៅរបស់អ្នករាល់គ្នា។ 15 សូមឲ្យអ្នកបានពរពីព្រះអម្ចាស់ ជាព្រះដែលបានបង្កើតផ្ទៃមេឃ និងផែនដី។ 16 ស្ថានសួគ៌ គឺជារបស់ព្រះអម្ចាស់ ចំណែកផែនដីវិញ ព្រះអង្គបានប្រទានដល់មនុស្សជាតិ។ 17 មនុស្សស្លាប់មិនចេះសរសើរតម្កើង ព្រះអម្ចាស់ទេ ហើយអ្នកណាដែលចុះទៅស្ថានស្ងាត់ឈឹង ក៏មិនចេះសរសើរតម្កើងព្រះអង្គដែរ។ 18 ប៉ុន្តែ យើងវិញ នឹងថ្វាយព្រះពរព្រះអម្ចាស់ ចាប់តាំងពីឥឡូវនេះ រហូតអស់កល្ប។ សរសើរដល់ព្រះអម្ចាស់។
1 ខ្ញុំស្រឡាញ់ព្រះអម្ចាស់ ព្រោះព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេងខ្ញុំ និងពាក្យដែលខ្ញុំទូលអង្វរ។ 2 ដោយព្រោះព្រះអង្គបានផ្អៀងព្រះកាណ៌ស្តាប់ខ្ញុំ ដូច្នេះ ខ្ញុំនឹងអំពាវនាវរកព្រះអង្គអស់មួយជីវិត។ 3 អន្ទាក់នៃសេចក្ដីស្លាប់បាននៅជុំវិញខ្ញុំ ការឈឺចាប់នៃស្ថានឃុំព្រលឹងមនុស្សស្លាប់ បានរឹតរួតខ្ញុំ ខ្ញុំរងទុក្ខវេទនា ហើយថប់បារម្ភ។ 4 ខ្ញុំបានអំពាវនាវ ដល់ព្រះនាមព្រះអម្ចាស់ថា៖ «ឱព្រះអម្ចាស់អើយ ទូលបង្គំសូមអង្វរ សូមរំដោះព្រលឹងទូលបង្គំផង»។ 5 ព្រះអម្ចាស់ ប្រកបដោយព្រះហឫទ័យ ប្រណីសន្ដោស ហើយសុចរិត ព្រះនៃយើងប្រកបដោយ ព្រះហឫទ័យមេត្តា ករុណា។ 6 ព្រះអម្ចាស់ជួយការពារមនុស្សឆោតល្ងង់ កាលខ្ញុំត្រូវគេបន្ទាបបន្ថោក ព្រះអង្គបានសង្គ្រោះខ្ញុំ។ 7 ឱព្រលឹងខ្ញុំអើយ! ចូរបែរមករក ទីសម្រាករបស់ខ្លួនវិញទៅ ដ្បិតព្រះអម្ចាស់បានប្រព្រឹត្តនឹងអ្នក ដោយព្រះគុណហើយ។ 8 ដ្បិតព្រះអង្គបានរំដោះព្រលឹងខ្ញុំឲ្យរួចពីស្លាប់ ជូតទឹកភ្នែកឲ្យខ្ញុំហើយការពារជើងខ្ញុំមិនឲ្យជំពប់ដួល។ 9 ខ្ញុំនឹងដើរនៅចំពោះព្រះអម្ចាស់ នៅក្នុងទឹកដីរបស់មនុស្សរស់។ 10 ខ្ញុំបានជឿ ទោះជាពេលដែលខ្ញុំពោលថា៖«ខ្ញុំមាន ទុក្ខព្រួយខ្លាំងណាស់»។ 11 ខ្ញុំបានពោលទាំងប្រញាប់ប្រញាល់ថា «មនុស្សទាំងអស់សុទ្ធតែភូតកុហក»។ 12 តើខ្ញុំនឹងតបស្នងអ្វីដល់ព្រះអម្ចាស់ ចំពោះអស់ទាំងព្រះគុណ ដែលទ្រង់បានផ្តល់មកខ្ញុំ? 13 ខ្ញុំនឹងលើកពែងនៃការសង្គ្រោះឡើង ហើយអំពាវនាវរកព្រះនាមព្រះអម្ចាស់។ 14 ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះអម្ចាស់ នៅចំពោះមុខប្រជាជនទាំងប៉ុន្មាន របស់ព្រះអង្គ។ 15 ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះអម្ចាស់មានតម្លៃវិសេសណាស់ នៅចំពោះព្រះនេត្ររបស់ព្រះអង្គ។ 16 ព្រះអម្ចាស់អើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ កូនរបស់ស្ត្រីជាអ្នកបម្រើរបស់ព្រះអង្គ ព្រះអង្គបានស្រាយចំណងរបស់ទូលបង្គំហើយ។ 17 ទូលបង្គំនឹងថ្វាយយញ្ញបូជា នៃការអរព្រះគុណដល់ព្រះអង្គ ហើយអំពាវនាវរកព្រះនាមព្រះអម្ចាស់។ 18 ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះអម្ចាស់ នៅចំពោះមុខប្រជាជនទាំងប៉ុន្មានរបស់ព្រះអង្គ 19 នៅក្នុងព្រះលាននៃព្រះដំណាក់ របស់ព្រះអម្ចាស់ នៅកណ្ដាលអ្នក ក្រុងយេរូសាឡិមអើយ។ សរសើរព្រះអម្ចាស់។
1 ជនជាតិទាំងឡាយអើយ ចូរសរសើរតម្កើងព្រះអម្ចាស់ ប្រជារាស្ត្រទាំងប៉ុន្មានអើយ ចូរលើកតម្កើងព្រះអង្គ។ 2 ដ្បិតព្រះអង្គមានព្រះហឫទ័យ មេត្តាករុណាចំពោះយើងពន់ពេកក្រៃ ព្រះអម្ចាស់មានព្រះហឫទ័យស្មោះស្ម័គ្រ ចំពោះយើងរហូត។ សរសើរតម្កើងព្រះអម្ចាស់។
1 ចូរអរព្រះគុណដល់ព្រះអម្ចាស់ ដ្បិតព្រះអង្គល្អព្រះ ហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ 2 ចូរឲ្យអុីស្រាអែលពោលថា៖ «ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គស្ថិតស្ថេរអស់កល្បជានិច្ច»។ 3 ចូរឲ្យពូជពង្សរបស់លោកអើរ៉ុនពោលថា៖ «ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច»។ 4 ចូរឲ្យអស់អ្នកដែលកោតខ្លាចព្រះអម្ចាស់ ពោលថា៖ «ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច»។ 5 ខ្ញុំបានអំពាវនាវដល់ព្រះអម្ចាស់ ក្នុងសេចក្ដីវេទនារបស់ខ្ញុំ ព្រះអម្ចាស់បានឆ្លើយតបមកខ្ញុំ ហើយបានដោះខ្ញុំឲ្យមានសេរីភាព។ 6 ព្រះអម្ចាស់កាន់ខាងខ្ញុំ នោះខ្ញុំនឹងមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន? 7 ព្រះអម្ចាស់កាន់ខាងខ្ញុំ ហើយព្រះអង្គជាជំនួយរបស់ខ្ញុំ នោះខ្ញុំនឹងឃើញជ័យជម្នះឈ្នះលើ អស់អ្នកដែលស្អប់ខ្ញុំ។ 8 ស៊ូពឹងជ្រកក្នុងព្រះអម្ចាស់ ជាជាងទុកចិត្តដល់មនុស្ស។ 9 ស៊ូពឹងជ្រកក្នុងព្រះអម្ចាស់ ជាជាងទុកចិត្តដល់ពួកអ្នកធំ។ 10 ជាតិសាសន៍ទាំងប៉ុន្មានបានឡោមព័ទ្ធខ្ញុំ តែក្នុងព្រះនាមព្រះអម្ចាស់ ខ្ញុំនឹងបំផ្លាញគេចេញ។ 11 គេបានឡោមព័ទ្ធខ្ញុំ បានឡោមព័ទ្ធខ្ញុំគ្រប់ទិស តែក្នុងព្រះនាមព្រះអម្ចាស់ ខ្ញុំនឹងបំផ្លាញគេចេញ។ 12 គេបានឡោមព័ទ្ធខ្ញុំដូចឃ្មុំ តែគេត្រូវរលត់ទៅ ដូចភ្លើងដែលឆេះបន្លា ក្នុងព្រះនាមព្រះអម្ចាស់ ខ្ញុំនឹងបំផ្លាញគេចេញ។ 13 ពួកគេបានច្រានខ្ញុំយ៉ាងខ្លាំង ដើម្បីឲ្យខ្ញុំដួល តែព្រះអម្ចាស់បានជួយខ្ញុំ។ 14 ព្រះអម្ចាស់ជាកម្លាំង និងជាបទចម្រៀងរបស់ខ្ញុំ ព្រះអង្គបានត្រឡប់ជាការសង្គ្រោះរបស់ខ្ញុំ។ 15 នៅក្នុងជំរំរបស់មនុស្សសុចរិត មានចម្រៀងយ៉ាងសប្បាយរីករាយ អំពីការសង្គ្រោះ គឺព្រះហស្តស្តាំនៃព្រះអម្ចាស់សម្ដែងឥទ្ធិឫទ្ធិ។ 16 ព្រះហស្តស្តាំនៃព្រះអម្ចាស់បានថ្កើងឡើង ព្រះហស្តស្តាំនៃព្រះអម្ចាស់សម្ដែងឥទ្ធិឫទ្ធិ។ 17 ខ្ញុំនឹងមិនស្លាប់ទេ គឺខ្ញុំនឹងរស់នៅ ហើយរៀបរាប់អំពីស្នាព្រះហស្តនៃព្រះអម្ចាស់។ 18 ព្រះអម្ចាស់បានវាយផ្ចាលខ្ញុំយ៉ាងខ្លាំង តែមិនបានបណ្ដោយឲ្យខ្ញុំស្លាប់ទេ។ 19 សូមបើកទ្វារនៃសេចក្ដីសុចរិតឲ្យខ្ញុំ ដើម្បីឲ្យខ្ញុំបានចូលទៅ ហើយអរព្រះគុណដល់ព្រះអម្ចាស់។ 20 នេះហើយជាទ្វារនៃព្រះអម្ចាស់ មនុស្សសុចរិតនឹងចូលតាមទ្វារនេះ។ 21 ទូលបង្គំអរព្រះគុណព្រះអង្គ ដ្បិតព្រះអង្គបានឆ្លើយមកទូលបង្គំ ហើយបានត្រឡប់ជាការសង្គ្រោះរបស់ទូលបង្គំ។ 22 ថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯក។ 23 នេះហើយជាការដែលព្រះអម្ចាស់ធ្វើ ជាការដ៏អស្ចារ្យនៅភ្នែកនៃយើងខ្ញុំ។ 24 នេះគឺជាថ្ងៃដែលព្រះអម្ចាស់បានបង្កើត ចូរយើងមានអំណរ ហើយសប្បាយរីករាយក្នុងថ្ងៃនេះ។ 25 ឱព្រះអម្ចាស់អើយ យើងខ្ញុំទូលអង្វរព្រះអង្គ សូមសង្គ្រោះយើងខ្ញុំ! ឱព្រះអម្ចាស់អើយ យើងខ្ញុំទូលអង្វរព្រះអង្គ សូមប្រទានឲ្យយើងខ្ញុំមានជោគជ័យ! 26 សូមឲ្យព្រះអង្គដែលយាងមកក្នុងព្រះនាម ព្រះអម្ចាស់ បានប្រកបដោយព្រះពរ យើងសូមឲ្យពរអ្នករាល់គ្នា ពីក្នុងដំណាក់របស់ព្រះអម្ចាស់។ 27 ព្រះអម្ចាស់ជាព្រះ ព្រះអង្គបានប្រទានពន្លឺបំភ្លឺយើង ចូរចងយញ្ញបូជាភ្ជាប់នឹងស្នែងអាសនា ដោយខ្សែចុះ។ 28 ព្រះអង្គជាព្រះនៃទូលបង្គំ ហើយទូលបង្គំនឹងអរព្រះគុណដល់ព្រះអង្គ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងលើតម្កើងព្រះអង្គ។ 29 ចូរអរព្រះគុណដល់ព្រះអម្ចាស់ ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។
1 មានពរហើយ អស់អ្នកដែលផ្លូវប្រព្រឹត្ត របស់ខ្លួនបានគ្រប់លក្ខណ៍ ជាអ្នកដែលដើរតាមក្រឹត្យវិន័យ របស់ព្រះអម្ចាស់។ 2 មានពរហើយ អស់អ្នកដែលកាន់តាម សេចក្ដីបន្ទាល់របស់ព្រះអង្គ ជាអ្នកដែលស្វែងរកព្រះអង្គដោយអស់ពីចិត្ត។ 3 ជាអ្នកដែលមិនប្រព្រឹត្តអំពើទុច្ចរិត គឺដើរតាមផ្លូវរបស់ព្រះអង្គវិញ។ 4 ព្រះអង្គបានប្រកាសព្រះឱវាទរបស់ព្រះអង្គមក ដើម្បីឲ្យយើងខ្ញុំបានប្រតិបត្តិតាម ដោយយកចិត្តទុកដាក់។ 5 ឱប្រសិនបើផ្លូវទាំងប៉ុន្មានរបស់ទូលបង្គំ បានខ្ជាប់ខ្ជួន ដោយប្រតិបត្តិតាមច្បាប់របស់ព្រះអង្គទៅ! 6 នោះទូលបង្គំនឹងមិនត្រូវខ្មាសឡើយ ដោយភ្នែកទូលបង្គំបានសម្លឹងមើល បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ។ 7 កាលទូលបង្គំរៀនអស់ទាំងវិន័យ ដ៏សុចរិតរបស់ព្រះអង្គ នោះទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ដោយចិត្តទៀងត្រង់។ 8 ទូលបង្គំនឹងកាន់តាមច្បាប់របស់ព្រះអង្គ ឱសូមកុំបោះបង់ចោលទូលបង្គំសោះឡើយ។ 9 តើមនុស្សកំលោះធ្វើដូចម្ដេច ដើម្បីរក្សាផ្លូវដែលខ្លួនប្រព្រឹត្តឲ្យបានបរិសុទ្ធ? គឺដោយប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអង្គ។ 10 ទូលបង្គំបានស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត សូមកុំឲ្យទូលបង្គំវង្វេងចេញពីបទបញ្ជា របស់ព្រះអង្គឡើយ។ 11 ទូលបង្គំបានរក្សាព្រះបន្ទូលព្រះអង្គ ទុកនៅក្នុងចិត្តដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ។ 12 ព្រះ អម្ចាស់អើយ ព្រះអង្គមានពរ សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់របស់ព្រះអង្គផង។ 13 បបូរមាត់ទូលបង្គំប្រកាសពីគ្រប់ទាំងវិន័យ ដែលចេញមកពីព្រះឧស្ឋរបស់ព្រះអង្គ។ 14 ទូលបង្គំរីករាយនឹងផ្លូវប្រព្រឹត្ត តាមសេចក្ដីបន្ទាល់របស់ព្រះអង្គ ដូចជាទូលបង្គំរីករាយ នឹងទ្រព្យសម្បត្តិគ្រប់យ៉ាង។ 15 ទូលបង្គំនឹងសញ្ជឹងគិតពីសេចក្តីបង្រៀនរបស់ព្រះអង្គ ហើយភ្នែកទូលបង្គំសម្លឹងមើលផ្លូវរបស់ព្រះអង្គ។ 16 ទូលបង្គំមានចិត្តរីករាយនឹងច្បាប់របស់ព្រះអង្គ ទូលបង្គំមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។ 17 សូមប្រទានឲ្យអ្នកបម្រើរបស់ព្រះអង្គ បានប្រកបដោយគុណដើម្បីឲ្យទូលបង្គំបានរស់នៅ ហើយប្រតិបត្តិតាមព្រះ បន្ទូលរបស់ព្រះអង្គ។ 18 សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញការដ៏អស្ចារ្យនៅក្នុងក្រឹត្យវិន័យរបស់ព្រះអង្គ។ 19 ទូលបង្គំជាមនុស្សស្នាក់អាស្រ័យ បណ្ដោះអាសន្ននៅលើផែនដីសូមកុំលាក់បទបញ្ជារបស់ព្រះអង្គ នឹងទូលបង្គំឡើយ។ 20 ព្រលឹងទូលបង្គំសោកសង្រេង ដោយចង់បាន វិន័យរបស់ព្រះអង្គគ្រប់ពេលវេលា។ 21 ព្រះអង្គបន្ទោសមនុស្សព្រហើន ជាពួកអ្នកដែលត្រូវបណ្ដាសាជាពួកអ្នកដែលវង្វេងចេញពីបទបញ្ជា របស់ព្រះអង្គ។ 22 សូមដកយកដំណៀល និងការមើលងាយចេញពីទូលបង្គំ ដ្បិតទូលបង្គំបានកាន់តាមសេចក្ដីបន្ទាល់ របស់ព្រះអង្គហើយ។ 23 ទោះបីពួកអ្នកធំបានអង្គុយប្រឹក្សាគ្នា ទាស់នឹងទូលបង្គំក៏ដោយក៏អ្នកបម្រើរបស់ព្រះអង្គនៅតែសញ្ជឹងគិត ពីច្បាប់របស់ព្រះអង្គជានិច្ច។ 24 សេចក្ដីបន្ទាល់របស់ព្រះអង្គ ជាទីសប្បាយរីករាយរបស់ទូលបង្គំ ហើយសេចក្ដីបន្ទាល់ទាំងនោះ ជាដំបូន្មានដល់ទូលបង្គំ។ 25 ព្រលឹងទូលបង្គំជាប់ស្អិតនឹងធូលីដី សូមប្រទានឲ្យទូលបង្គំមានជីវិត តាមព្រះបន្ទូលរបស់ព្រះអង្គផង។ 26 ទូលបង្គំបានទូល អំពីផ្លូវប្រព្រឹត្តរបស់ទូលបង្គំ ព្រះអង្គបានឆ្លើយតបមកទូលបង្គំ សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់ របស់ព្រះអង្គផង។ 27 សូមឲ្យទូលបង្គំបានយល់ផ្លូវ នៃសេចក្តីបង្រៀនរបស់ព្រះអង្គ នោះទូលបង្គំនឹងសញ្ជឹងគិត អំពីការដ៏អស្ចារ្យរបស់ព្រះអង្គ។ 28 ព្រលឹងទូលបង្គំរលាយទៅ ដោយព្រោះទុក្ខព្រួយ សូមចម្រើនកម្លាំងទូលបង្គំ តាមព្រះបន្ទូលរបស់ព្រះអង្គផង។ 29 សូមដកផ្លូវភូតភរចេញឆ្ងាយពីទូលបង្គំ ហើយសូមប្រោសប្រទានក្រឹត្យវិន័យ របស់ព្រះអង្គដោយព្រះគុណផង។ 30 ទូលបង្គំបានរើសយកផ្លូវស្មោះត្រង់ ទូលបង្គំបានតាំងវិន័យរបស់ព្រះអង្គ នៅមុខទូលបង្គំ។ 31 ទូលបង្គំជាប់ចិត្តនឹងសេចក្ដីបន្ទាល់របស់ព្រះអង្គ ឱព្រះ អម្ចាស់អើយ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។ 32 ទូលបង្គំនឹងរត់តាមផ្លូវនៃបទបញ្ជារបស់ព្រះអង្គ ដ្បិតព្រះអង្គបានពង្រីកចិត្តទូលបង្គំ។ 33 ឱព្រះអម្ចាស់អើយ សូមបង្រៀនទូលបង្គំ ឲ្យស្គាល់ផ្លូវនៃច្បាប់របស់ព្រះអង្គ នោះទូលបង្គំនឹងកាន់តាមរហូតដល់ទីបំផុត។ 34 សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យទូលបង្គំបានកាន់តាម ក្រឹត្យវិន័យរបស់ព្រះអង្គ ទូលបង្គំនឹងប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត។ 35 សូមនាំទូលបង្គំទៅតាមផ្លូវច្រក នៃបទបញ្ជារបស់ព្រះអង្គ ដ្បិតទូលបង្គំមានចិត្តរីករាយ នឹងផ្លូវនោះណាស់។ 36 សូមធ្វើឲ្យចិត្តទូលបង្គំផ្អៀងទៅរក សេចក្ដីបន្ទាល់របស់ព្រះអង្គ កុំឲ្យផ្អៀងទៅរកសេចក្ដីលោភឡើយ។ 37 សូមបង្វែរភ្នែកទូលបង្គំកុំឲ្យមើលអ្វីៗ ដែលឥតប្រយោជន៍ ហើយប្រទានឲ្យទូលបង្គំមានជីវិតរស់នៅ តាមផ្លូវរបស់ព្រះអង្គ។ 38 សូមបញ្ជាក់ដល់អ្នកបម្រើព្រះអង្គតាម ព្រះបន្ទូលសន្យារបស់ព្រះអង្គ ជាសេចក្ដីដែលទុកសម្រាប់អស់អ្នក កោតខ្លាចព្រះអង្គ។ 39 សូមបង្វែរពាក្យដំណៀល ដែលទូលបង្គំខ្លាចនោះចេញ ដ្បិតវិន័យរបស់ព្រះអង្គសុទ្ធតែល្អទាំងអស់។ 40 មើល៍ ទូលបង្គំប្រាថ្នាចង់បាន ព្រះឱវាទរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានជីវិតរស់នៅ តាមសេចក្ដីសុចរិតរបស់ព្រះអង្គ។ 41 ព្រះអម្ចាស់អើយ សូមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ផ្សាយមកដល់ទូលបង្គំ គឺការសង្គ្រោះរបស់ព្រះអង្គ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ 42 នោះទូលបង្គំនឹងមានពាក្យឆ្លើយតបដល់អ្នកណា ដែលត្មះតិះដៀលទូលបង្គំ ដ្បិតទូលបង្គំទុកចិត្តដល់ព្រះបន្ទូលរបស់ព្រះអង្គ។ 43 សូមកុំដកព្រះបន្ទូលនៃសេចក្ដីពិត ចេញពីមាត់ទូលបង្គំ សោះឡើយ ដ្បិតទូលបង្គំសង្ឃឹមដល់វិន័យរបស់ព្រះអង្គ។ 44 ទូលបង្គំនឹងកាន់តាមក្រឹត្យវិន័យ របស់ព្រះអង្គជានិច្ច នៅអស់កល្បជានិច្ចរហូត។ 45 ទូលបង្គំនឹងដើរដោយមានសេរីភាព ដ្បិតទូលបង្គំបានស្វែងរកសេចក្តីបង្រៀនរបស់ព្រះអង្គ។ 46 ទូលបង្គំនឹងថ្លែងអំពីសេចក្ដីបន្ទាល់របស់ព្រះអង្គ នៅចំពោះពួកស្តេច ហើយនឹងមិនខ្មាសឡើយ 47 ដ្បិតទូលបង្គំមានចិត្តរីករាយ នឹងបទបញ្ជារបស់ព្រះអង្គ ជាសេចក្ដីដែលទូលបង្គំស្រឡាញ់។ 48 ទូលបង្គំនឹងលើកដៃប្រណម្យ ឆ្ពោះទៅបទបញ្ជារបស់ព្រះអង្គ ជាសេចក្ដីដែលទូលបង្គំស្រឡាញ់ ហើយទូលបង្គំនឹងសញ្ជឹងគិត អំពីច្បាប់របស់ព្រះអង្គ។ 49 សូមនឹកចាំពីសេចក្ដីដែលព្រះអង្គ មានព្រះបន្ទូលមកកាន់អ្នកបម្រើព្រះអង្គ ជាសេចក្ដីដែលនាំឲ្យទូលបង្គំមានសង្ឃឹម។ 50 នេះហើយជាសេចក្ដីកម្សាន្តចិត្តដល់ទូលបង្គំ ក្នុងវេលាដែលទូលបង្គំកើតទុក្ខព្រួយ គឺព្រះបន្ទូលព្រះអង្គប្រទាន ឲ្យទូលបង្គំមានជីវិត។ 51 មនុស្សព្រហើនចំអកមើលងាយ ទូលបង្គំជាពន់ពេក ប៉ុន្តែ ទូលបង្គំមិនបានបែរចេញ ពីក្រឹត្យវិន័យរបស់ព្រះអង្គឡើយ។ 52 ព្រះអម្ចាស់អើយ កាលទូលបង្គំនឹកដល់វិន័យ របស់ព្រះអង្គពីបុរាណ នោះចិត្តទូលបង្គំក៏បានធូរស្បើយ។ 53 កំហឹងបានតោងខ្ញុំដោយព្រោះមនុស្សអាក្រក់ ជាអ្នកដែលបោះបង់ចោល ក្រឹត្យវិន័យរបស់ព្រះអង្គ។ 54 ច្បាប់របស់ព្រះអង្គបានក្លាយជា បទចម្រៀងរបស់ទូលបង្គំ នៅក្នុងផ្ទះដែលទូលបង្គំស្នាក់អាស្រ័យ។ 55 ព្រះអម្ចាស់អើយ ទូលបង្គំនឹកដល់ព្រះនាមព្រះអង្គនៅពេលយប់ ហើយកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គ។ 56 ព្រះពរនេះបានធ្លាក់មកដល់ទូលបង្គំ ព្រោះទូលបង្គំបានប្រតិបត្តិតាម សេចក្តីបង្រៀនរបស់ព្រះអង្គ។ 57 ព្រះអម្ចាស់ជាចំណែករបស់ទូលបង្គំ ទូលបង្គំសន្យានឹងប្រតិបត្តិតាម ព្រះបន្ទូលព្រះអង្គ។ 58 ទូលបង្គំសូមអង្វរដល់ព្រះអង្គយ៉ាងអស់ពីចិត្ត សូមប្រណីសន្ដោសទូលបង្គំ តាមព្រះបន្ទូលរបស់ព្រះអង្គផង។ 59 កាលទូលបង្គំគិតអំពីផ្លូវប្រព្រឹត្តរបស់ខ្លួន នោះជើងទូលបង្គំក៏បែរទៅរក សេចក្ដីបន្ទាល់របស់ព្រះអង្គ។ 60 ទូលបង្គំប្រញាប់ប្រញាល់ ហើយមិនបង្អង់នឹង ប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គឡើយ។ 61 ទោះជាមនុស្សអាក្រក់ដាក់អន្ទាក់ ចាំចាប់ទូលបង្គំក៏ដោយ ក៏ទូលបង្គំមិនភ្លេចក្រឹត្យវិន័យ របស់ព្រះអង្គឡើយ។ 62 នៅពាក់កណ្ដាលអធ្រាត្រ ទូលបង្គំក្រោកឡើង ហើយសរសើរតម្កើងព្រះអង្គ ដោយព្រោះវិន័យដ៏សុចរិតរបស់ព្រះអង្គ។ 63 ទូលបង្គំជាមិត្តភក្តិនៃអស់អ្នក ដែលកោតខ្លាចព្រះអង្គ និងអស់អ្នកដែលកាន់តាម ការបង្រៀនរបស់ព្រះអង្គ។ 64 ផែនដីមានពេញដោយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ សូមបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គផង។ 65 ព្រះអម្ចាស់អើយ ព្រះអង្គបានប្រោសប្រណីអ្នកបម្រើព្រះអង្គតាមព្រះបន្ទូលរបស់ព្រះអង្គ។ 66 សូមបង្រៀនឲ្យទូលបង្គំចេះវិនិច្ឆ័យដឹងខុសត្រូវ ដ្បិតទូលបង្គំជឿដល់បទបញ្ជារបស់ព្រះអង្គ។ 67 ពីមុនទូលបង្គំបានវង្វេង ហើយក៏មានទុក្ខព្រួយ តែឥឡូវនេះ ទូលបង្គំប្រតិបត្តិតាម ព្រះបន្ទូលព្រះអង្គ។ 68 ព្រះអង្គល្អ ហើយធ្វើការល្អ សូមបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គ។ 69 មនុស្សព្រហើននាំគ្នាបង្ខូចឈ្មោះទូលបង្គំ ដោយពាក្យភូតភរ តែទូលបង្គំនឹងប្រតិបត្តិតាមព្រះឱវាទ របស់ព្រះអង្គយ៉ាងអស់ពីចិត្ត។ 70 ចិត្តរបស់គេស្ពឹក ដូចមនុស្សមានខ្លាញ់កក តែទូលបង្គំមានចិត្តរីករាយ នឹងក្រឹត្យវិន័យរបស់ព្រះអង្គ។ 71 ការដែលទូលបង្គំមានទុក្ខព្រួយ នោះជាការល្អដល់ទូលបង្គំ គឺដើម្បីឲ្យទូលបង្គំអាចរៀនច្បាប់របស់ព្រះអង្គ។ 72 ក្រឹត្យវិន័យដែលចេញពីព្រះឧស្ឋរបស់ព្រះអង្គ វិសេសដល់ទូលបង្គំ ជាជាងមាសប្រាក់ទាំងពាន់។ 73 ព្រះហស្តរបស់ព្រះអង្គបានបង្កើត និងបានសូនទូលបង្គំ សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យទូលបង្គំបានរៀនស្គាល់ បទបញ្ជារបស់ព្រះអង្គ។ 74 អស់អ្នកដែលកោតខ្លាចព្រះអង្គ នឹងឃើញទូលបង្គំ ហើយមានចិត្តត្រេកអំណរ ព្រោះទូលបង្គំបាន សង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។ 75 ព្រះអម្ចាស់អើយ ទូលបង្គំដឹងថា វិន័យរបស់ព្រះអង្គសុទ្ធតែសុចរិត ហើយថា ព្រះអង្គបានធ្វើឲ្យទូលបង្គំមានទុក្ខ ដោយសេចក្ដីស្មោះត្រង់របស់ព្រះអង្គទេ។ 76 សូមឲ្យព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ កម្សាន្តចិត្តទូលបង្គំ តាមសេចក្ដីដែលព្រះអង្គបានសន្យា ដល់អ្នកបម្រើរបស់ព្រះអង្គ។ 77 សូមសម្ដែងព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គដល់ទូលបង្គំ ដើម្បីឲ្យទូលបង្គំបានរស់នៅ ដ្បិតក្រឹត្យវិន័យរបស់ព្រះអង្គ ជាទីសប្បាយរីករាយរបស់ទូលបង្គំ។ 78 សូមឲ្យមនុស្សព្រហើនត្រូវខ្មាស ព្រោះគេបានប្រព្រឹត្តមួលបង្កាច់ទូលបង្គំ រីឯទូលបង្គំវិញ ទូលបង្គំនឹងសញ្ជឹងគិត អំពីព្រះឱវាទរបស់ព្រះអង្គ។ 79 សូមឲ្យអស់អ្នកដែលកោតខ្លាចព្រះអង្គ ងាកមករកទូលបង្គំ ដើម្បីឲ្យគេបានស្គាល់ សេចក្ដីបន្ទាល់របស់ព្រះអង្គ។ 80 សូមឲ្យចិត្តទូលបង្គំបានឥតសៅហ្មង តាមច្បាប់របស់ព្រះអង្គ ដើម្បីកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។ 81 ព្រលឹងទូលបង្គំដង្ហក់ចង់បាន ការសង្គ្រោះរបស់ព្រះអង្គ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។ 82 ភ្នែកទូលបង្គំស្រវាំងដោយចង់ឃើញ ព្រះបន្ទូលសន្យារបស់ព្រះអង្គ ទូលបង្គំសួរថា តើពេលណាទើបព្រះអង្គកម្សាន្តចិត្តទូលបង្គំ? 83 ដ្បិតទូលបង្គំបានត្រឡប់ដូចជា ថង់ស្បែកដែលត្រូវផ្សែង តែទូលបង្គំមិនភ្លេចបញ្ញត្តិរបស់ព្រះអង្គឡើយ។ 84 តើអ្នកបម្រើព្រះអង្គត្រូវស៊ូទ្រាំ ដល់កាលណាទៀត តើពេលណាទើបព្រះអង្គវិនិច្ឆ័យទោស អស់អ្នកដែលបៀតបៀនទូលបង្គំ? 85 មនុស្សព្រហើនបានជីករណ្តៅ ដើម្បីចាប់ទូលបង្គំ គេមិនរស់នៅតាមក្រឹត្យវិន័យរបស់ព្រះអង្គទេ។ 86 បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែពិតទាំងអស់ គេបៀតបៀនទូលបង្គំដោយឥតហេតុ សូមជួយទូលបង្គំផង។ 87 ពួកគេបានធ្វើឲ្យទូលបង្គំ ហៀបតែនឹងសូន្យបាត់ពីផែនដី ប៉ុន្តែ ទូលបង្គំមិនបានបោះបង់ចោល សេចក្តីបង្រៀនបស់ព្រះអង្គឡើយ។ 88 សូមប្រទានឲ្យទូលបង្គំមានជីវិតរស់នៅ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំបានប្រតិបត្តិតាមសេចក្ដីបន្ទាល់ ដែលចេញពីព្រះឧស្ឋរបស់ព្រះអង្គ។ 89 ព្រះអម្ចាស់អើយ ព្រះបន្ទូលរបស់ព្រះអង្គបានតាំងជាប់ នៅស្ថានសួគ៌រហូតអស់កល្បជានិច្ច។ 90 ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ នៅស្ថិតស្ថេរដល់មនុស្សគ្រប់ជំនាន់តរៀងទៅ ព្រះអង្គបានប្រតិស្ឋានផែនដី ហើយផែនដីក៏តាំងនៅជាប់។ 91 អ្វីៗទាំងអស់ស្ថិតស្ថេរនៅរហូតដល់សព្វថ្ងៃ ដោយសារច្បាប់របស់ព្រះអង្គ ដ្បិតអ្វីៗទាំងអស់សម្រាប់បម្រើព្រះអង្គ។ 92 ប្រសិនបើទូលបង្គំមិនបានរីករាយ នឹងក្រឹត្យវិន័យរបស់ព្រះអង្គនោះទូលបង្គំមុខជាវិនាស ទៅក្នុងសេចក្ដីទុក្ខព្រួយ របស់ទូលបង្គំមិនខាន។ 93 ទូលបង្គំនឹងមិនដែលភ្លេចសេចត្តីបង្រៀន របស់ព្រះអង្គឡើយ ដ្បិតព្រះអង្គបានប្រោសឲ្យទូលបង្គំមានជីវិត ដោយសារសេចក្តីបង្រៀនទាំងនេះ។ 94 ទូលបង្គំជារបស់ព្រះអង្គហើយ សូមសង្គ្រោះទូលបង្គំផង ដ្បិតទូលបង្គំបានស្វែងរក សេចក្តីបង្រៀនរបស់ព្រះអង្គ។ 95 មនុស្សអាក្រក់ពួនចាំសម្លាប់ទូលបង្គំ តែទូលបង្គំពិចារណាសេចក្ដីបន្ទាល់ របស់ព្រះអង្គ។ 96 ទូលបង្គំបានឃើញថា អ្វីៗទាំងអស់សុទ្ធតែមានដែនកំណត់ តែបទបញ្ជារបស់ព្រះអង្គធំទូលាយក្រៃលែង។ 97 ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គណាស់ហ្ន៎! ទូលបង្គំរំពឹងគិតអំពីក្រឹត្យវិន័យ នោះដរាបរាល់ថ្ងៃ។ 98 បទបញ្ជារបស់ព្រះអង្គ ធ្វើឲ្យទូលបង្គំមានប្រាជ្ញា លើសជាងខ្មាំងសត្រូវរបស់ទូលបង្គំ ដ្បិតបាននៅជាប់ជាមួយទូលបង្គំជានិច្ច។ 99 ទូលបង្គំមានយោបល់ជាងគ្រូទាំងប៉ុន្មាន របស់ទូលបង្គំទៅទៀត ដ្បិតទូលបង្គំសញ្ជឹងគិតពីសេចក្ដីបន្ទាល់របស់ព្រះ អង្គ។ 100 ទូលបង្គំយល់ដឹងជាងមនុស្សចាស់ដ្បិតទូលបង្គំ ប្រតិបត្តិតាម សេចក្តីបង្រៀនរបស់ព្រះអង្គ។ 101 ទូលបង្គំបានបង្ខាំងជើង ឲ្យវៀរចាកពីអស់ទាំងផ្លូវអាក្រក់ ដើម្បីនឹងប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ 102 ទូលបង្គំមិនបានបែរចេញ ពីវិន័យរបស់ព្រះអង្គឡើយ ដ្បិតព្រះអង្គបានបង្រៀនទូលបង្គំ។ 103 ព្រះបន្ទូលរបស់ព្រះអង្គ ផ្អែមដល់អណ្ដាតទូលបង្គំណាស់ហ្ន៎ គឺផ្អែមដល់មាត់ទូលបង្គំជាងទឹកឃ្មុំទៅទៀត! 104 ទូលបង្គំមានយោបល់ដោយសារ ការប្រៀនរបស់ព្រះអង្គ ហេតុនេះហើយបានជាទូលបង្គំ ស្អប់ដល់អស់ទាំងផ្លូវភូតភរ។ 105 ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវទូលបង្គំ។ 106 ទូលបង្គំបានស្បថ ហើយបានសម្រេចតាមថា ទូលបង្គំនឹងប្រតិបត្តិតាមវិន័យ ដ៏សុចរិតរបស់ព្រះអង្គ។ 107 ទូលបង្គំមានទុក្ខព្រួយខ្លាំងណាស់ ព្រះអម្ចាស់អើយ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមព្រះបន្ទូលរបស់ព្រះអង្គផង។ 108 ព្រះអម្ចាស់អើយ សូមទទួល តង្វាយស្ម័គ្រចិត្តរបស់ទូលបង្គំ ហើយសូមបង្រៀនទូលបង្គំ ឲ្យស្គាល់វិន័យរបស់ព្រះអង្គផង។ 109 ជីវិតទូលបង្គំមានអន្តរាយឥតឈប់ឈរ តែទូលបង្គំមិនភ្លេចក្រឹត្យវិន័យ របស់ព្រះអង្គឡើយ។ 110 មនុស្សអាក្រក់បានដាក់អន្ទាក់ ចាំចាប់ទូលបង្គំ ប៉ុន្តែ ទូលបង្គំមិនបានវង្វេងចេញ ពីការបង្រៀនរបស់ព្រះអង្គឡើយ។ 111 សេចក្ដីបន្ទាល់របស់ព្រះអង្គ ជាមរតករបស់ទូលបង្គំជាដរាបដ្បិតសេចក្ដីទាំងនោះ ធ្វើឲ្យចិត្តទូលបង្គំមានអំណរ។ 112 ទូលបង្គំដាក់ចិត្តដើម្បីធ្វើតាមច្បាប់ របស់ព្រះអង្គជាដរាប រហូតដល់ចុងបំផុត។ 113 ទូលបង្គំស្អប់មនុស្សដែលមានចិត្តពីរ តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។ 114 ព្រះអង្គជាទីពួនជ្រក និងជាខែលរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។ 115 អ្នករាល់គ្នាដែលប្រព្រឹត្តអាក្រក់អើយ ចូរថយចេញពីខ្ញុំទៅ ដើម្បីឲ្យខ្ញុំបានប្រតិបត្តិតាម បទបញ្ជារបស់ព្រះនៃខ្ញុំ។ 116 សូមទ្រទ្រង់ទូលបង្គំតាម ព្រះបន្ទូលរបស់ព្រះអង្គ ឲ្យទូលបង្គំបានរស់នៅ សូមកុំឲ្យទូលបង្គំត្រូវខ្មាស ដោយព្រោះសេចក្ដីសង្ឃឹមរបស់ទូលបង្គំឡើយ។ 117 សូមធ្វើជាបង្អែករបស់ទូលបង្គំ ឲ្យទូលបង្គំបានសេចក្ដីសុខ ហើយបានគោរពរាប់អានច្បាប់ របស់ព្រះអង្គជានិច្ច។ 118 ព្រះអង្គមិនរាប់រកអស់អ្នកដែលវង្វេងចេញ ពីច្បាប់របស់ព្រះអង្គ ដ្បិតឧបាយកលរបស់គេ ជាសេចក្ដីឥតប្រយោជន៍។ 119 ព្រះអង្គផាត់មនុស្សអាក្រក់បាត់ចេញពីផែនដី ដូចគេផាត់សំរាម ហេតុនេះហើយបានជាទូលបង្គំស្រឡាញ់ សេចក្ដីបន្ទាល់របស់ព្រះអង្គ។ 120 រូបកាយទូលបង្គំញ័រញាក់ ដោយកោតខ្លាចព្រះអង្គ ហើយទូលបង្គំភ័យខ្លាចការជំនុំជម្រះ របស់ព្រះអង្គ។ 121 ទូលបង្គំបានប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌ សូមកុំប្រគល់ទូលបង្គំទៅឲ្យពួកអ្នក ដែលសង្កត់សង្កិនឡើយ។ 122 សូមធានាឲ្យអ្នកបម្រើរបស់ព្រះអង្គ បានសេចក្ដីល្អ សូមកុំឲ្យមនុស្សព្រហើនសង្កត់សង្កិន ទូលបង្គំឡើយ។ 123 ភ្នែកទូលបង្គំស្រវាំង ដោយរង់ចាំមើល ការសង្គ្រោះទូលបង្គំរបស់ព្រះអង្គ និងរង់ចាំមើលព្រះបន្ទូលសន្យាដ៏សុចរិត របស់ព្រះអង្គបានសម្រេច។ 124 សូមប្រព្រឹត្តនឹងអ្នកបម្រើរបស់ព្រះអង្គ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ហើយសូមបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គ។ 125 ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានយោបល់ផង ដើម្បីឲ្យទូលបង្គំបានស្គាល់ សេចក្ដីបន្ទាល់របស់ព្រះអង្គ។ 126 នេះជាពេលដែលព្រះអម្ចាស់ ចាត់វិធានការហើយ ដ្បិតគេបានប្រព្រឹត្តល្មើស នឹងក្រឹត្យវិន័យរបស់ព្រះអង្គ។ 127 ទូលបង្គំស្រឡាញ់ បទបញ្ជារបស់ព្រះអង្គលើសជាងមាស គឺលើសជាងមាសសុទ្ធទៅទៀត។ 128 ដូច្នេះ ទូលបង្គំរាប់ថា សេចក្តីបង្រៀនទាំងប៉ុន្មានរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវទាំងអស់ ទូលបង្គំស្អប់គ្រប់ទាំងផ្លូវភូតភរ។ 129 សេចក្ដីបន្ទាល់របស់ព្រះអង្គសុទ្ធតែអស្ចារ្យ ហេតុនេះហើយបានជាព្រលឹងទូលបង្គំ ប្រតិបត្តិតាម។ 130 ការបើកសម្ដែងព្រះបន្ទូលរបស់ព្រះអង្គ ប្រទានឲ្យមានពន្លឺ ក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់។ 131 ទូលបង្គំហាមាត់ ដកដង្ហើមធំ ព្រោះទូលបង្គំចង់បានបទបញ្ជា របស់ព្រះអង្គណាស់។ 132 សូមបែរមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំ ដូចព្រះអង្គធ្លាប់ធ្វើដល់អស់អ្នក ដែលស្រឡាញ់ព្រះនាមព្រះអង្គផង។ 133 សូមរក្សាជំហានទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ហើយសូមកុំឲ្យអំពើទុច្ចរិតមានអំណាច លើទូលបង្គំឡើយ។ 134 សូមលោះទូលបង្គំឲ្យរួចពី ការសង្កត់សង្កិនរបស់មនុស្សដើម្បីឲ្យទូលបង្គំបានប្រតិបត្តិតាម ការបង្រៀនរបស់ព្រះអង្គ។ 135 សូមឲ្យព្រះភ័ក្ត្រព្រះអង្គ ភ្លឺមកលើអ្នកបម្រើរបស់ព្រះអង្គ ហើយសូមបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គផង។ 136 ទឹកភ្នែកទូលបង្គំហូររហាម ព្រោះគេមិនប្រតិបត្តិតាម ក្រឹត្យវិន័យរបស់ព្រះអង្គ។ 137 ព្រះអម្ចាស់អើយ ព្រះអង្គសុចរិត ហើយវិន័យរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ។ 138 ព្រះអង្គបានតាំងសេចក្ដីបន្ទាល់របស់ព្រះអង្គ ដោយសេចក្ដីសុចរិត និងដោយសេចក្ដីស្មោះត្រង់ទាំងអស់។ 139 ទូលបង្គំមានចិត្តឈឺឆ្អាលជាខ្លាំង ព្រោះបច្ចាមិត្តរបស់ទូលបង្គំបំភ្លេចព្រះបន្ទូលរបស់ព្រះអង្គ។ 140 ព្រះបន្ទូលសន្យារបស់ព្រះអង្គ បានសម្រិតសម្រាំងយ៉ាងល្អ ហើយអ្នកបម្រើរបស់ព្រះអង្គ ស្រឡាញ់ព្រះបន្ទូលនេះណាស់។ 141 ទូលបង្គំជាមនុស្សតូចតាច ហើយត្រូវគេមើលងាយ ប៉ុន្តែ ទូលបង្គំមិនភ្លេចសេចក្តីបង្រៀនរបស់ព្រះអង្គឡើយ។ 142 សេចក្ដីសុចរិតរបស់ព្រះអង្គ សុចរិតអស់កល្បជានិច្ច ហើយក្រឹត្យវិន័យរបស់ព្រះអង្គជាសេចក្ដីពិត។ 143 ទុក្ខលំបាក និងភាពតានតឹង បានគ្របសង្កត់ទូលបង្គំ តែបទបញ្ជារបស់ព្រះអង្គ ជាទីរីករាយដល់ទូលបង្គំ។ 144 សេចក្ដីបន្ទាល់របស់ព្រះអង្គ សុចរិតអស់កល្បជានិច្ច សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យទូលបង្គំនឹងបានរស់នៅ។ 145 ទូលបង្គំស្រែករកព្រះអង្គយ៉ាងអស់ពីចិត្ត ព្រះអម្ចាស់អើយ សូមឆ្លើយមកទូលបង្គំផង ទូលបង្គំនឹងប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។ 146 ទូលបង្គំអំពាវនាវរកព្រះអង្គ សូមសង្គ្រោះទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានកាន់តាម សេចក្ដីបន្ទាល់របស់ព្រះអង្គ។ 147 ទូលបង្គំក្រោកពីដំណេកមុនព្រលឹមស្រាង ហើយស្រែករកជំនួយ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។ 148 ភ្នែកទូលបង្គំមិនបានលង់លក់ នៅអស់ទាំងយាមយប់ ដើម្បីឲ្យទូលបង្គំបានសញ្ជឹងគិត អំពីព្រះបន្ទូលសន្យារបស់ព្រះអង្គ។ 149 ព្រះអម្ចាស់អើយ សូមស្តាប់សំឡេងទូលបង្គំ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមសេចក្ដីយុត្តិធម៌របស់ព្រះអង្គ។ 150 អស់អ្នកដែលបៀតបៀនទូលបង្គំ ដោយបំណងអាក្រក់ នាំគ្នាចូលមកជិត អ្នកទាំងនោះនៅឆ្ងាយពីក្រឹត្យវិន័យ របស់ព្រះអង្គ។ 151 ប៉ុន្ដែ ឱព្រះអម្ចាស់អើយ ព្រះអង្គគង់នៅជិត ហើយបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែពិតត្រង់។ 152 តាំងពីយូរមកហើយ ទូលបង្គំបានដឹង ដោយសារសេចក្ដីបន្ទាល់របស់ព្រះអង្គថា ព្រះអង្គបានតាំងសេចក្ដីទាំងនោះមក ឲ្យនៅអស់កល្បជានិច្ច។ 153 សូមទតមើលទុក្ខព្រួយរបស់ទូលបង្គំ ហើយរំដោះទូលបង្គំផង ដ្បិតទូលបង្គំមិនភ្លេចក្រឹត្យវិន័យ របស់ព្រះអង្គទេ។ 154 សូមការពាររឿងក្ដីរបស់ទូលបង្គំ ហើយលោះទូលបង្គំ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង។ 155 ការសង្គ្រោះស្ថិតនៅឆ្ងាយពីមនុស្សអាក្រក់ ដ្បិតគេមិនស្វែងរកច្បាប់របស់ព្រះអង្គទេ។ 156 ព្រះអម្ចាស់អើយ ព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គធំវិសេសណាស់ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមវិន័យរបស់ព្រះអង្គ។ 157 អស់អ្នកដែលបៀតបៀន ហើយបច្ចាមិត្តរបស់ទូលបង្គំមានគ្នាច្រើន ប៉ុន្តែ ទូលបង្គំមិនបានបែរចេញ ពីសេចក្ដីបន្ទាល់របស់ព្រះអង្គឡើយ។ 158 ទូលបង្គំមើលទៅមនុស្សក្បត់ដោយស្អប់ខ្ពើមព្រោះគេមិនប្រតិបត្តិតាម ព្រះបន្ទូលរបស់ព្រះអង្គទេ។ 159 សូមទតមើលថា ទូលបង្គំស្រឡាញ់ ព្រះឱវាទរបស់ព្រះអង្គយ៉ាងណា ព្រះអម្ចាស់អើយ សូមប្រទានឲ្យទូលបង្គំ មានជីវិតរស់ តាមព្រះហឫទ័យសប្បុរស របស់ព្រះអង្គ។ 160 បូករួមទាំងអស់ ព្រះបន្ទូលរបស់ព្រះអង្គ ជាសេចក្ដីពិត ហើយគ្រប់ទាំងវិន័យដ៏សុចរិតរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ 161 ពួកអ្នកធំបានបៀតបៀន ទូលបង្គំដោយឥតហេតុ ប៉ុន្តែ ចិត្តទូលបង្គំស្ញប់ស្ញែងនឹងព្រះបន្ទូល របស់ព្រះអង្គ។ 162 ទូលបង្គំរីករាយនឹងព្រះបន្ទូលរបស់ព្រះអង្គ ប្រៀបដូចជាមនុស្សដែលប្រទះនឹងរបឹបដ៏មានតម្លៃ។ 163 ទូលបង្គំស្អប់ ហើយខ្ពើមពាក្យភូតភរ តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។ 164 ទូលបង្គំសរសើរតម្កើងព្រះអង្គ មួយថ្ងៃប្រាំពីរដង ព្រោះតែវិន័យដ៏សុចរិតរបស់ព្រះអង្គ។ 165 អស់អ្នកដែលស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គ មានសេចក្ដីសុខដ៏លើសលប់ គ្មានអ្វីអាចធ្វើឲ្យគេជំពប់ដួលសោះឡើយ។ 166 ព្រះអម្ចាស់អើយ ទូលបង្គំសង្ឃឹមដល់ការសង្គ្រោះរបស់ព្រះអង្គ ហើយទូលបង្គំប្រព្រឹត្តតាម បទបញ្ជារបស់ព្រះអង្គ។ 167 ព្រលឹងទូលបង្គំប្រតិបត្តិតាម សេចក្ដីបន្ទាល់របស់ព្រះអង្គ ទូលបង្គំស្រឡាញ់សេចក្ដីបន្ទាល់នោះ យ៉ាងក្រៃលែង។ 168 ទូលបង្គំប្រតិបត្តិតាមសេចក្តីបង្រៀន និងសេចក្ដីបន្ទាល់របស់ព្រះអង្គ ដ្បិតផ្លូវដែលទូលបង្គំប្រព្រឹត្ត សុទ្ធតែនៅចំពោះព្រះអង្គទាំងអស់។ 169 ព្រះអម្ចាស់អើយ សូមឲ្យសម្រែករបស់ទូលបង្គំ បានចូលទៅដល់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានយោបល់ តាមព្រះបន្ទូលរបស់ព្រះអង្គផង។ 170 សូមឲ្យពាក្យអង្វររបស់ទូលបង្គំ បានចូលទៅដល់ព្រះអង្គ សូមរំដោះទូលបង្គំ តាមព្រះបន្ទូលរបស់ព្រះអង្គផង។ 171 បបូរមាត់ទូលបង្គំនឹងហូរចេញជាពាក្យសរសើរ ដ្បិតព្រះអង្គបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គ។ 172 អណ្ដាតទូលបង្គំនឹងច្រៀង អំពីព្រះបន្ទូលរបស់ព្រះអង្គ ដ្បិតគ្រប់ទាំងបទបញ្ជារបស់ព្រះអង្គ សុទ្ធតែសុចរិតទាំងអស់។ 173 សូមឲ្យព្រះហស្តរបស់ព្រះអង្គ បានប្រុងប្រៀបនឹងជួយទូលបង្គំ ដ្បិតទូលបង្គំបានជ្រើសរើសយក សេចក្តីបង្រៀនរបស់ព្រះអង្គ។ 174 ព្រះអម្ចាស់អើយ ទូលបង្គំចង់ឃើញការសង្គ្រោះរបស់ព្រះអង្គ ហើយក្រឹត្យវិន័យរបស់ព្រះអង្គ ជាទីរីករាយដល់ទូលបង្គំ។ 175 សូមឲ្យព្រលឹងទូលបង្គំរស់នៅ ហើយសរសើរតម្កើងព្រះអង្គ ហើយសូមឲ្យវិន័យរបស់ព្រះអង្គ ជួយទូលបង្គំផង។ 176 ទូលបង្គំបានវង្វេងទៅ ដូចចៀមដែលបាត់បង់ សូមយាងមករកអ្នកបម្រើរបស់ព្រះអង្គផង ដ្បិតទូលបង្គំមិនភ្លេចបទបញ្ជា របស់ព្រះអង្គឡើយ។
ទំនុកច្រៀងតាមថ្នាក់។ 1 កាលខ្ញុំមានទុក្ខព្រួយ ខ្ញុំអំពាវនាវរកព្រះអម្ចាស់ ហើយព្រះអង្គបានឆ្លើយតបមកខ្ញុំ។ 2 ព្រះអម្ចាស់អើយ សូមរំដោះទូលបង្គំឲ្យរួចពីបបូរមាត់ភូតភរ និងពីអណ្ដាតបោកបញ្ឆោតផង។ 3 អណ្ដាតបាកបញ្ឆោតអើយ តើត្រូវឲ្យអ្វីដល់ឯង ហើយតើត្រូវធ្វើអ្វីទៀតដល់ឯង? 4 គឺមានតែព្រួញដ៏មុតរបស់អ្នកចម្បាំង និងរងើកភ្លើងឈើដង្កោតែប៉ុណ្ណោះ។ 5 វេទនាដល់ខ្ញុំ ព្រោះខ្ញុំស្នាក់អាស្រ័យ នៅស្រុកមែសេក គឺដែលខ្ញុំរស់នៅក្នុងចំណោមលំនៅ របស់ជនជាតិកេដារដូច្នេះ។ 6 យូរណាស់ហើយ ខ្ញុំបានរស់នៅជាមួយអស់អ្នក ដែលស្អប់សេចក្ដីសុខ។ 7 ខ្ញុំស្វែងរកសេចក្ដីសុខ តែនៅពេលខ្ញុំនិយាយ គេចង់ប្រកាសសង្គ្រាមទៅវិញ។
ទំនុកច្រៀងតាមថ្នាក់ 1 ខ្ញុំងើបភ្នែកមើលទៅឯរកភ្នំ តើជំនួយរបស់ខ្ញុំមកពីណា? 2 ជំនួយរបស់ខ្ញុំមកតែពីព្រះអម្ចាស់ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។ 3 ព្រះអង្គនឹងមិនឲ្យជើងអ្នករអិលភ្លាត់ឡើយ ព្រះអង្គដែលថែរក្សាអ្នក ព្រះអង្គនឹងមិនផ្ទំរលីវឡើយ។ 4 មើល៍ ព្រះអង្គដែលរក្សាអុីស្រាអែល ព្រះអង្គនឹងមិនដែលងោកងុយ ក៏មិនដែលផ្ទំុលក់ឡើយ។ 5 ព្រះអម្ចាស់ជាព្រះដែលថែរក្សាអ្នក ព្រះអម្ចាស់ជាម្លប់នៅខាងស្តាំអ្នក។ 6 នៅពេលថ្ងៃ អ្នកនឹងមិនត្រូវព្រះអាទិត្យ ធ្វើទុក្ខឡើយ ហើយនៅពេលយប់ ក៏មិនត្រូវព្រះច័ន្ទធ្វើទុក្ខដែរ។ 7 ព្រះអម្ចាស់នឹងថែរក្សាអ្នក ឲ្យរួចពីគ្រប់ទាំងសេចក្ដីអាក្រក់ ព្រះអង្គនឹងថែរក្សាជីវិតរបស់អ្នក។ 8 ដំណើរដែលអ្នកចេញចូលទៅមក នោះព្រះអម្ចាស់នឹងថែរក្សា ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ។
ទំនុកច្រៀងតាមថ្នាក់ ជាបទរបស់ស្តេចដាវីឌ។ 1 ខ្ញុំមានអំណរណាស់ កាលគេប្រាប់ខ្ញុំថា៖ «មកយើង នាំគ្នាទៅដំណាក់ របស់ព្រះអម្ចាស់» 2 ក្រុងយេរូសាឡិមអើយ ជើងរបស់យើងឈរនៅក្នុងច្រកទ្វារ របស់អ្នកហើយ។ 3 យេរូសាឡិមអើយ អ្នកត្រូវបានសង់ឡើង ជាក្រុងមួយចងភ្ជាប់គ្នាយ៉ាងរឹងមាំ! 4 ជាកន្លែងដែលកុលសម្ព័ន្ធនានា គឺកុលសម្ព័ន្ធរបស់ព្រះអម្ចាស់ នាំគ្នាឡើងទៅតាមច្បាប់ របស់សាសន៍អុីស្រាអែល ដើម្បីអរ ព្រះគុណដល់ព្រះនាមព្រះអម្ចាស់។ 5 ដ្បិតនៅទីនោះ មានតាំងបល្ល័ង្កវិនិច្ឆ័យ ជាបល្ល័ង្កនៃរាជវង្សរបស់ព្រះបាទដាវីឌ។ 6 ចូរអធិស្ឋានសូមឲ្យក្រុងយេរូសាឡិម បានសេចក្ដីសុខ «សូមឲ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះ បានចម្រុងចម្រើន។ 7 សូមឲ្យមានសេចក្ដីសុខ នៅខាងក្នុងកំផែងរបស់អ្នក ហើយសូមឲ្យមានសន្ដិសុខ នៅក្នុងបន្ទាយរបស់អ្នក»។ 8 ដ្បិត ដោយយល់ដល់បងប្អូន និងញាតិមិត្តរបស់ខ្ញុំ ខ្ញុំនឹងពោលថា «សូមឲ្យមានសេចក្ដីសុខ នៅក្នុងអ្នក»។ 9 ដោយយល់ដល់ដំណាក់របស់ព្រះអម្ចាស់ ជាព្រះនៃយើង ខ្ញុំនឹងស្វែងរកសេចក្ដីល្អឲ្យអ្នក។
ទំនុកច្រៀងតាមថ្នាក់។ 1 ព្រះអង្គដែលសោយរាជ្យនៅស្ថានសួគ៌អើយ ទូលបង្គំងើបភ្នែកឡើងសម្លឹងទៅព្រះអង្គ។ 2 មើល៍ ភ្នែករបស់ពួកទាសា សម្លឹងមើលដៃចៅហ្វាយខ្លួន ហើយភ្នែករបស់ទាសីសម្លឹងមើលដៃ ចៅហ្វាយស្រីរបស់ខ្លួនយ៉ាងណា នោះភ្នែកយើងខ្ញុំក៏សម្លឹងមើលព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំយ៉ាងនោះដែរ រហូតដល់ព្រះអង្គប្រោសមេត្តាដល់យើង។ 3 ព្រះអម្ចាស់អើយ សូមមេត្តាប្រោសយើងខ្ញុំ សូមមេត្តាប្រោសយើងខ្ញុំផង ដ្បិតយើងខ្ញុំឆ្អែតឆ្អន់ នឹងការមើលងាយខ្លាំងណាស់។ 4 ព្រលឹងយើងខ្ញុំឆ្អែតឆ្អន់នឹងការចំអក របស់មនុស្សដែលមិនចេះខ្វល់ និងការមើលងាយរបស់មនុស្ស អំនួតខ្លាំងណាស់។
ទំនុកច្រៀងតាមថ្នាក់ ជាបទរបស់ស្តេចដាវីឌ។ 1 «ប្រសិន បើមិនមែនជាព្រះអម្ចាស់ ដែលកាន់ខាងយើងទេនោះ» សូមឲ្យអុីស្រាអែលពោលតាមឥឡូវនេះថា 2 «ប្រសិនបើមិនមែនជាព្រះអម្ចាស់ ដែលកាន់ខាងយើងទេនោះ ពេលខ្មាំងសត្រូវបានលើកគ្នាទាស់នឹងយើង 3 នោះគេច្បាស់ជានឹងលេបយើងទាំងរស់មិនខាន នៅពេលកំហឹងរបស់គេឆួលឡើងទាស់នឹងយើង។ 4 ទឹកជំនន់ច្បាស់ជាបោសយើងទៅបាត់ ទឹកជ្រោះនឹងគ្របលើយើង។ 5 ហើយទឹកគួចយ៉ាងខ្លាំងក៏នឹងពន្លិចយើងទៅដែរ»។ 6 សូមឲ្យព្រះអម្ចាស់បានប្រកបដោយព្រះពរ ដែលព្រះអង្គមិនបានប្រគល់យើងជារំពា ទៅឲ្យធ្មេញរបស់គេ។ 7 យើងបានរួចផុត ដូចបក្សីរួចពីអន្ទាក់របស់ព្រាន គឺអន្ទាក់គេបានធ្លុះធ្លាយ ហើយក៏យើងបានរួចផុត។ 8 ជំនួយរបស់យើង គឺនៅក្នុងព្រះនាមព្រះអម្ចាស់ ដែលព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី។
ទំនុកច្រៀងតាមថ្នាក់។ 1 អស់អ្នកដែលទុកចិត្តដល់ព្រះអម្ចាស់ ប្រៀបដូចជាភ្នំស៊ីយ៉ូនដែលមិនអាចរង្គើបានឡើយ គឺនៅជាប់ជារៀងរហូត។ 2 មានភ្នំនៅព័ទ្ធជុំវិញក្រុងយេរូសាឡិមយ៉ាងណា ព្រះអម្ចាស់ក៏គង់នៅព័ទ្ធជុំវិញ ប្រជា រាស្ត្ររបស់ព្រះអង្គ ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ យ៉ាងនោះដែរ។ 3 ដ្បិតដំបងនៃសេចក្ដីអាក្រក់នឹងមិនស្ថិត លើទឹកដិដែលជាចំណែក របស់មនុស្សសុចរិតឡើយប្រយោជន៍កុំឲ្យមនុស្សសុចរិត លូកដៃទៅប្រព្រឹត្តអំពើទុច្ចរិត។ 4 ព្រះអម្ចាស់អើយ សូមសម្ដែងសេចក្ដីល្អ ដល់អស់អ្នកដែលជាមនុស្សល្អ និងដល់អស់អ្នកដែលមានចិត្តទៀងត្រង់ផង។ 5 ប៉ុន្ដែ អស់អ្នកដែលងាកទៅរក ផ្លូវវៀចវេររបស់ខ្លួនវិញ ព្រះអម្ចាស់នឹងនាំគេចេញទៅ ជាមួយពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។ សូមឲ្យសេចក្ដីសុខគ្របដណ្ដប់លើអុីស្រាអែល!
ទំនុកច្រៀងតាមថ្នាក់។ 1 កាលព្រះអម្ចាស់បានលើកមុខ ក្រុងស៊ីយ៉ូនឡើងវិញ យើងរាល់គ្នាបានដូចជាមនុស្ស ដែលយល់សប្តិ។ 2 ក្រោយមក មាត់យើងបានពេញដោយ សំណើចក្អាកក្អាយ ហើយអណ្ដាតយើងក៏ពេញដោយ សម្រែកអរសប្បាយ នោះក្នុងចំណោមជាតិតសាសន៍នានា មានគេពោលថា «ព្រះអម្ចាស់បានធ្វើការ យ៉ាងធំសម្រាប់ពួកគេ»។ 3 ព្រះអម្ចាស់បានធ្វើការយ៉ាងធំសម្រាប់យើងមែន ហើយយើងក៏អរសប្បាយ! 4 ព្រះអម្ចាស់អើយ សូមលើកមុខយើងខ្ញុំឡើងវិញ ដូចជាទឹកជ្រោះនៅតំបន់ណេកិបផង។ 5 អស់អ្នកដែលសាបព្រោះទាំងស្រក់ទឹកភ្នែក គេនឹងច្រូតបានវិញទាំងសម្រែកអរសប្បាយ។ 6 អ្នកដែលកណ្ដៀតពូជសម្រាប់សាបព្រោះ ចេញទៅទាំងយំ គេនឹងវិលត្រឡប់មកវិញ ទាំងសម្រែកអរសប្បាយ ព្រមទាំងយកកណ្ដាប់មកជាមួយផង។
ទំនុកច្រៀងតាមថ្នាក់ ជាបទរបស់ស្តេចសាឡូម៉ូន។ 1 ប្រសិនបើព្រះអម្ចាស់មិនសង់ផ្ទះទេ អស់អ្នកដែលសង់នឹងធ្វើការជាឥតប្រយោជន៍។ ប្រសិនបើព្រះអម្ចាស់មិនថែរក្សាទីក្រុងទេ អ្នកយាមល្បាតនឹងខំប្រឹងយាម ជាឥតប្រយោជន៍។ 2 ការដែលអ្នករាល់គ្នាក្រោកឡើងតាំងពីព្រលឹម ហើយក្រចូលដេកនៅពេលយប់ ព្រមទាំងខំប្រឹងរកស៊ីចិញ្ចឹមជីវិតយ៉ាងពិបាក នោះជាការឥតប្រយោជន៍ ដ្បិតព្រះអង្គប្រោសប្រទានឲ្យពួកស្ងួនភ្ងារបស់ព្រះអង្គបានដេកលក់។ 3 មើល៍ កូនចៅជាមរតកមកពីព្រះអម្ចាស់ ហើយផលដែលកើតពីផ្ទៃ ជារង្វាន់ដែលព្រះអង្គប្រទាន។ 4 កូនប្រុសៗដែលកើតមកកាលឪពុកនៅក្មេង នោះប្រៀបដូចជាព្រួញ នៅក្នុងដៃរបស់មនុស្សខ្លាំងពូកែ។ 5 មានពរហើយអ្នកណា ដែលមានព្រួញពេញបំពង់។ អ្នកនោះនិយាយ នឹងខ្មាំងសត្រូវនៅមាត់ទ្វារក្រុង គេនឹងមិនត្រូវខ្មាសឡើយ។
ទំនុកច្រៀងតាមថ្នាក់។ 1 មានពរហើយអស់អ្នកដែលកោតខ្លាចព្រះអម្ចាស់ ជាអ្នកដែលដើរតាមផ្លូវរបស់ព្រះអង្គ។ 2 អ្នកនឹងបានបរិភោគផល ចេញពីកម្លាំងដៃរបស់អ្នក អ្នកនឹងមានពរ ហើយមានសេចក្ដីសុខ។ 3 ប្រពន្ធរបស់អ្នកនឹងបានដូចជា ដើមទំពាំងបាយជូរមានផ្លែ នៅក្នុងផ្ទះរបស់អ្នក កូនៗរបស់អ្នកនឹងបានដូចជា ដើមអូលីវនៅជុំវិញតុរបស់អ្នក។ 4 មើល៍ មនុស្សដែលកោតខ្លាចព្រះអម្ចាស់ នឹងមានពរបែបនេះឯង។ 5 សូមព្រះអម្ចាស់ប្រទានពរអ្នកពីក្រុងស៊ីយ៉ូន សូមឲ្យអ្នកបានឃើញភាពចម្រុងចម្រើន របស់ក្រុងយេរូសាឡិម អស់មួយជីវិតរបស់អ្នក។ 6 សូមឲ្យអ្នកបានឃើញចៅរបស់អ្នកដែរ។ សូមឲ្យសេចក្ដីសុខគ្របដណ្ដប់លើអ៊ីស្រាអែល!
ទំនុកច្រៀងតាមថ្នាក់។ 1 «តាំងពីខ្ញុំនៅក្មេង គេបានធ្វើទុក្ខខ្ញុំជាច្រើនដង» សូមឲ្យអុីស្រាអែលពោលតាមឥឡូវនេះថា។ 2 «តាំងពីខ្ញុំនៅក្មេង គេបានធ្វើទុក្ខខ្ញុំជាច្រើនដង តែគេមិនបានឈ្នះខ្ញុំឡើយ។ 3 ពួកអ្នកភ្ជួរបានភ្ជួរលើខ្នងខ្ញុំ គេបានធ្វើគន្លងរបស់គេឲ្យវែង។ 4 ប៉ុន្ដែ ព្រះអម្ចាស់សុចរិត ព្រះអង្គបានផ្ដាច់ចំណង របស់មនុស្សអាក្រក់ចេញ។ 5 សូមឲ្យអស់អ្នកដែលស្អប់ក្រុងស៊ីយ៉ូនត្រូវខ្មាស ហើយត្រឡប់ថយក្រោយទៅ។ 6 សូមឲ្យគេបានដូចជាស្មៅ ដែលដុះនៅលើដំបូលផ្ទះ ដែលស្វិតក្រៀមទៅ មុនពេលវាលូតលាស់ឡើង 7 ជាស្មៅដែលមិនបានពេញមួយក្ដាប់ ក្នុងដៃរបស់អ្នកច្រូត ក៏មិនបានពេញដៃរបស់អ្នក ដែលចងជាកណ្ដាប់ដែរ។ 8 ហើយសូមកុំឲ្យអស់អ្នកដែលដើរតាមទីនោះ ពោលថា៖ «សូមឲ្យព្រះពរនៃព្រះអម្ចាស់ ស្ថិតនៅលើអ្នក! យើងឲ្យពរអ្នក ក្នុងព្រះនាមព្រះអម្ចាស់»។
ទំនុកច្រៀងតាមថ្នាក់។ 1 ព្រះអម្ចាស់អើយ ពីក្នុងទីដ៏ជ្រៅ ទូលបង្គំស្រែករកព្រះអង្គ។ 2 ឱព្រះអម្ចាស់អើយ សូមស្តាប់សំឡេងទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យទូលអង្វរ របស់ទូលបង្គំផង។ 3 ព្រះអម្ចាស់ ប្រសិនបើព្រះអង្គកត់ចំណាំអំពើទុច្ចរិត ឱព្រះអម្ចាស់អើយ តើអ្នកណាអាចធន់នៅបាន? 4 ប៉ុន្តែ ព្រះអង្គមានព្រះហឫទ័យអត់ទោស ដើម្បីឲ្យគេបានកោតខ្លាចព្រះអង្គ។ 5 ទូលបង្គំរង់ចាំព្រះអម្ចាស់ ព្រលឹងទូលបង្គំរង់ចាំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។ 6 ព្រលឹងទូលបង្គំរង់ចាំព្រះអម្ចាស់ខ្លាំងជាងពួកអ្នកយាមរង់ចាំឲ្យបានដល់ពេលព្រឹកទៅទៀត។ 7 អុីស្រាអែលអើយ ចូរសង្ឃឹមដល់ព្រះអម្ចាស់។ ដ្បិតមានសេចក្ដីសប្បុរសនៅនឹងព្រះអម្ចាស់ ហើយមានសេចក្ដីប្រោសលោះ ជាបរិបូរនៅនឹងព្រះអង្គ។ 8 ព្រះអង្គនឹងលោះអុីស្រាអែលឲ្យរួចពីគ្រប់ទាំងអំពើទុច្ចរិតរបស់គេ។
ទំនុកច្រៀងតាមថ្នាក់ ជាបទរបស់ស្តេចដាវីឌ។ 1 ព្រះអម្ចាស់ អើយ ទូលបង្គំគ្មានចិត្តអំនួតឡើយ ហើយភ្នែកទូលបង្គំក៏មិនមើលដោយឆ្មើងឆ្មៃដែរ ទូលបង្គំមិនយកចិត្តទុកដាក់នឹងការធំៗ និងអ្វីដែលអស្ចារ្យហួសល្បត់ទូលបង្គំឡើយ។ 2 ទូលបង្គំបានរម្ងាប់ចិត្ត ហើយធ្វើឲ្យព្រលឹងទូលបង្គំស្ងប់ ដូចកូនក្មេងដែលនៅជាប់នឹងទ្រូងម្តាយ គឺព្រលឹងនៅក្នុងខ្លួនទូលបង្គំ ដូចកូនក្មេងដែលបៅឆ្អែតស្កប់ស្កល់។ 3 អុីស្រាអែលអើយ ចូរសង្ឃឹមដល់ព្រះអម្ចាស់ ចាប់តាំងពីឥឡូវនេះ រហូតអស់កល្ប។
ទំនុកច្រៀងតាមថ្នាក់។ 1 ព្រះអម្ចាស់ សូមនឹកចាំពីព្រះបាទដាវីឌ និងពីគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់លោក។ 2 ពីដំណើរដែលលោកបានស្បថ ចំពោះព្រះអម្ចាស់ គឺបានស្បថចំពោះព្រះដ៏ខ្លាំងពូកែ របស់លោកយ៉ាកុបថា។ 3 លោកបាននិយាយថា៖ «ទូលបង្គំនឹងមិនចូលទៅក្នុងផ្ទះរបស់ទូលបង្គំ ឬឡើងទៅដេកនៅលើគ្រែរបស់ទូលបង្គំដែរ 4 ទូលបង្គំនឹងមិនព្រមឲ្យភ្នែកទូលបង្គំដេក ឬឲ្យត្របកភ្នែកទូលបង្គំលង់លក់ឡើយ 5 ទាល់តែទូលបង្គំរកបានទីកន្លែងមួយ ថ្វាយព្រះអម្ចាស់ គឺជាព្រះពន្លាសម្រាប់ព្រះដ៏ខ្លាំងពូកែ របស់លោកយ៉ាកុប»។ 6 មើល៍ យើងខ្ញុំបានឮថា ហិបរបស់ព្រះអង្គនៅភូមិអេប្រាតា យើងក៏បានរកឃើញហិបនេះនៅវាលយ៉ាអើរ។ 7 សូមឲ្យយើងខ្ញុំចូលទៅក្នុងព្រះពន្លារបស់ព្រះអង្គ សូមឲ្យយើងខ្ញុំក្រាបថ្វាយបង្គំ នៅទៀបកំណល់ព្រះបាទរបស់ព្រះអង្គ។ 8 ព្រះអម្ចាស់ សូមក្រោកឡើង សូមព្រះអង្គយាងចូលទៅក្នុងទីសម្រាក របស់ព្រះអង្គ ព្រមទាំងហិបនៃព្រះចេស្តារបស់ព្រះអង្គផង។ 9 សូមឲ្យពួកសង្ឃរបស់ព្រះអង្គបានប្រដាប់កាយ ដោយសេចក្ដីសុចរិត ហើយឲ្យពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ ស្រែក ហ៊ោដោយអំណរ។ 10 ដោយយល់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គសូមកុំបោះបង់អ្នកដែលព្រះអង្គ បានចាក់ប្រេងតាំងឡើយ។ 11 ព្រះអម្ចាស់បានស្បថនឹងព្រះបាទដាវីឌ ដោយសេចក្ដីពិត ដែលព្រះអង្គនឹងមិនប្រែប្រួលឡើយថា៖ «ក្នុងចំណោមកូនប្រុសៗ ដែលកើតចេញពីខ្លួនអ្នក យើងនឹងតាំងម្នាក់ឲ្យអង្គុយលើបល្ល័ង្ករបស់អ្នក។ 12 ប្រសិនបើកូនៗរបស់អ្នកកាន់តាម សេចក្ដីសញ្ញារបស់យើង និងសេចក្ដីបន្ទាល់ដែលយើងនឹងបង្រៀនដល់គេ នោះកូនៗរបស់គេក៏នឹងអង្គុយលើបល្ល័ង្ក របស់អ្នកជារៀងរហូតដែរ»។ 13 ដ្បិតព្រះអម្ចាស់បានជ្រើសរើសក្រុងស៊ីយ៉ូន ព្រះអង្គសព្វព្រះហឫទ័យចង់បានក្រុងនេះ សម្រាប់ជាលំនៅរបស់ព្រះអង្គ។ 14 «នេះជាទីសម្រាករបស់យើងរហូតតទៅ យើងនឹងអាស្រ័យនៅទីនេះ ដ្បិតយើងមានចិត្តចង់បានក្រុងនេះ។ 15 យើងនឹងឲ្យពរក្រុងនេះមានអ្វីៗជាបរិបូរណ៏ យើងនឹងឲ្យអ្នកក្រនៅក្រុងនេះ មានអាហារបរិភោគឆ្អែតស្កប់ស្កល់។ 16 ពួកសង្ឃរបស់ក្រុងនេះ យើងនឹងតាក់តែងដោយសេចក្ដីសង្គ្រោះហើយពួកបរិសុទ្ធនៅក្រុងនេះ នឹងស្រែកហ៊ោដោយអំណរ។ 17 នៅទីនេះ យើងនឹងធ្វើឲ្យស្នែង របស់ដាវីឌដុះពន្លកឡើង យើងបានរៀបចំចង្កៀងមួយសម្រាប់អ្នក ដែលយើងបានចាក់ប្រេងតាំង។ 18 យើងនឹងគ្របដណ្ដប់ខ្មាំងសត្រូវរបស់គេ ដោយសេចក្ដីខ្មាស តែនៅលើក្បាលលោកវិញ នឹងមានមកុដដ៏រុងរឿង»។
ទំនុកច្រៀងតាមថ្នាក់។ 1 មើល៍ ការដែលបងប្អូនរស់នៅជាមួយគ្នា ដោយចិត្តព្រមព្រៀងនោះជាការល្អ ហើយសមគួរយ៉ាងណាទៅ! 2 គឺធៀបដូចជាប្រេងដ៏វិសេសដែលចាក់លើក្បាល ក៏ហូរចុះមកដល់ពុកចង្កា គឺជាពុកចង្ការបស់លោកអើរ៉ុន រួចស្រក់ទៅដល់ជាយអាវរបស់លោកផង។ 3 ក៏ធៀបដូចជាទឹកសន្សើមនៅលើភ្នំហ៊ើរម៉ូន ដែលធ្លាក់មកលើភ្នំនៃក្រុងស៊ីយ៉ូន ដ្បិតនៅទីនោះ ព្រះអម្ចាស់បានបង្គាប់ឲ្យមានព្រះពរ គឺជាជីវិតដែលនៅអស់កល្បជានិច្ច។
ទំនុកច្រៀងតាមថ្នាក់។ 1 មក អស់អ្នកបម្រើរបស់ព្រះអម្ចាស់ ដែលឈរនៅក្នុងព្រះដំណាក់របស់ព្រះអង្គ នៅពេលយប់អើយ ចូរថ្វាយព្រះពរព្រះអម្ចាស់។ 2 ចូរប្រណម្យដៃទៅឯទីបរិសុទ្ធ ហើយថ្វាយព្រះពរព្រះអម្ចាស់។ 3 សូមព្រះអម្ចាស់ ដែលព្រះអង្គបង្កើតផ្ទៃមេឃ និងផែនដី ប្រទានពរអ្នករាល់គ្នាពីក្រុងស៊ីយ៉ូន។
1 ចូរសរសើរតម្កើងព្រះអម្ចាស់។ ចូរសរសើរតម្កើងព្រះនាមព្រះអម្ចាស់ ឱពួកអ្នកបម្រើរបស់ព្រះអម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើង 2 អ្នករាល់គ្នាដែលឈរនៅក្នុងដំណាក់របស់ ព្រះអម្ចាស់គឺនៅក្នុងទីព្រះលាននៃព្រះដំណាក់របស់ព្រះជា ម្ចាស់នៃយើងអើយ។ 3 ចូរសរសើរតម្កើងព្រះអម្ចាស់ ដ្បិតព្រះអម្ចាស់ល្អ ចូរច្រៀងថ្វាយព្រះនាមព្រះអង្គ ដ្បិតនេះជាទីដ៏សប្បាយរីករាយ។ 4 ដ្បិតព្រះអម្ចាស់ បានជ្រើសរើសយ៉ាកុប សម្រាប់ព្រះអង្គ គឺអុីស្រាអែល ទុកជាកម្មសិទ្ធិរបស់ព្រះអង្គផ្ទាល់។ 5 ដ្បិតខ្ញុំដឹងថា ព្រះអម្ចាស់ធំអស្ចារ្យ ហើយថា ព្រះអម្ចាស់របស់យើង ព្រះអង្គខ្ពស់លើសអស់ទាំងព្រះ។ 6 ព្រះអម្ចាស់ធ្វើការអ្វី ដែលព្រះអង្គសព្វព្រះហឫទ័យ នៅលើមេឃ និងនៅផែនដី នៅក្នុងសមុទ្រ និងអស់ទាំងទីជម្រៅ។ 7 ព្រះអង្គហើយដែលធ្វើឲ្យពពកឡើងពីចុងផែនដី ព្រះអង្គធ្វើឲ្យមានផ្លេកបន្ទោរសម្រាប់ភ្លៀង ក៏បញ្ចេញខ្យល់ពីឃ្លាំងរបស់ព្រះអង្គមកដែរ។ 8 ព្រះអង្គហើយដែលបានប្រហារ អស់ទាំងកូនច្បងរបស់សាសន៍អេស៊ីប ទាំងមនុស្ស ទាំងសត្វ។ 9 អេស៊ីបអើយ ព្រះអង្គបានចាត់ទីសម្គាល់ និងការអស្ចារ្យ ឲ្យចូលទៅកណ្ដាលឯង គឺឲ្យទាស់នឹងផារ៉ោន និងមហាតលិកទាំងប៉ុន្មានរបស់ទ្រង់។ 10 ព្រះអង្គបានប្រហារជាតិសាសន៍ជាច្រើន ហើយសម្លាប់ពួកស្តេចដ៏ខ្លាំងពូកែ 11 គឺស៊ីហុន ជាស្តេចសាសន៍អាម៉ូរី និងអុក ជាស្តេចនៅទឹកដីបាសាន ហើយអស់ទាំងនគរនៅស្រុកកាណាន។ 12 ព្រះអង្គបានប្រគល់ស្រុករបស់គេទុកជាមរតក គឺជាមរតកដល់អុីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។ 13 ព្រះអម្ចាស់អើយ ព្រះនាមរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ព្រះអម្ចាស់អើយ ព្រះកិត្តិនាមរបស់ព្រះអង្គ ក៏ស្ថិតស្ថេរជារៀងតទៅ។ 14 ដ្បិតព្រះអម្ចាស់នឹងវិនិច្ឆ័យ ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ហើយមានព្រះហឫទ័យអាណិតអាសូរ ដល់ពួកអ្នកបម្រើរបស់ព្រះអង្គ។ 15 ព្រះរបស់សាសន៍ដទៃសុទ្ធតែជារូប ធ្វើពីប្រាក់ និងមាស ដែលជាស្នាដៃរបស់មនុស្ស។ 16 រូបទាំងនោះមានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ 17 មានត្រចៀក តែស្តាប់មិនឮ ក៏គ្មានខ្យល់ដង្ហើមនៅក្នុងមាត់ដែរ។ 18 អស់អ្នកដែលធ្វើរូបទាំងនោះ នឹងត្រឡប់ដូចជារូបនោះឯង ហើយអស់អ្នកដែលទុកចិត្តនឹងរូបទាំងនោះ ក៏នឹងត្រឡប់ដូចជារូបទាំងនោះដែរ។ 19 ពូជពង្សអុីស្រាអែលអើយ ចូរថ្វាយព្រះពរព្រះអម្ចាស់ ឱពូជពង្សអើរ៉ុនអើយ ចូរថ្វាយព្រះពរព្រះអម្ចាស់។ 20 ឱពូជពង្សលេវីអើយ ចូរថ្វាយព្រះពរព្រះអម្ចាស់ អស់អ្នកដែលកោតខ្លាចព្រះអម្ចាស់អើយ ចូរថ្វាយព្រះពរព្រះអម្ចាស់។ 21 សូមឲ្យព្រះអម្ចាស់បានប្រកបដោយព្រះពរ ពីក្រុងស៊ីយ៉ូន គឺព្រះអង្គដែលគង់នៅក្រុងយេរូសាឡិម។ សរសើរតម្តើងព្រះអម្ចាស់។
1 សូមអរព្រះគុណដល់ព្រះអម្ចាស់ ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ 2 សូមអរព្រះគុណដល់ព្រះដ៏ធំលើអស់ទាំងព្រះ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ 3 សូមអរព្រះគុណដល់ព្រះអម្ចាស់ ដ៏ធំលើអស់ទាំងព្រះអម្ចាស់ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ 4 គឺដល់ព្រះអង្គដែលធ្វើការអស្ចារ្យធំៗ តែមួយព្រះអង្គឯង ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច 5 គឺដល់ព្រះអង្គដែលបានបង្កើតផ្ទៃមេឃ ដោយប្រាជ្ញាញាណ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ 6 គឺដល់ព្រះអង្គដែលបានក្រាលផែនដីនៅលើទឹក ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច 7 គឺដល់ព្រះអង្គដែលបានបង្កើតតួពន្លឺធំៗ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ 8 គឺព្រះអាទិត្យ ឲ្យគ្រប់គ្រងនៅពេលថ្ងៃ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច 9 ព្រះច័ន្ទ និងហ្វូងផ្កាយ ឲ្យគ្រប់គ្រងនៅពេលយប់ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ 10 គឺដល់ព្រះអង្គដែលបានប្រហារ អស់ទាំងកូនច្បងរបស់ពួកអេស៊ីព្ទ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច 11 ព្រះអង្គបាននាំអុីស្រាអែល ចេញពីក្នុងចំណោមពួកគេ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច 12 ដោយព្រះហស្តខ្លាំងពូកែ និងព្រះពាហុលើកសម្រេច ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ 13 គឺដល់ព្រះអង្គដែលបានញែក សមុទ្រក្រហមចេញជាពីរ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច 14 ព្រះអង្គឲ្យសាសន៍អុីស្រាអែល ដើរកាត់កណ្ដាលសមុទ្រនោះ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច 15 តែព្រះអង្គបានបោះទម្លាក់ផារ៉ោន ព្រមទាំងពលទ័ពរបស់ស្ដេច ទៅក្នុងសមុទ្រក្រហម ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ 16 គឺដល់ព្រះអង្គដែលបាននាំប្រជារាស្ត្រ របស់ព្រះអង្គដើរកាត់ទីរហោស្ថាន ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច 17 គឺដល់ព្រះអង្គដែលបានប្រហារស្ដេចធំៗ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ 18 ព្រះអង្គបានសម្លាប់ពួកស្តេចដ៏ខ្លាំងពូកែ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច 19 គឺស៊ីហុន ជាស្តេចនៃសាសន៍អាម៉ូរី ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គស្ថិតស្ថេរអស់កល្បជានិច្ច 20 និងអុក ជាស្តេចស្រុកបាសានដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ 21 ហើយប្រគល់ស្រុករបស់គេ ទុកជាមរតក ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច 22 គឺជាមរតកដល់អុីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ 23 គឺព្រះអង្គហើយដែលបាននឹកចាំពីយើង កាលយើងនៅក្នុងសណ្ឋានទាបថោកនៅឡើយ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ 24 ហើយបានសង្គ្រោះយើងឲ្យរួចពីខ្មាំងសត្រូវ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច 25 ព្រះអង្គជាព្រះដែលប្រទានអាហារ ដល់អស់ទាំងសាច់ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ 26 សូមអរព្រះគុណដល់ព្រះនៃស្ថានសួគ៌ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។
1 យើងបានអង្គុយចុះ នៅមាត់ទន្លេទឹកដីបាប៊ីឡូន យើងបានយំ ដោយនឹករឭកដល់ក្រុងស៊ីយ៉ូន។ 2 នៅទីនោះ យើងបានព្យួរស៊ុងរបស់យើង នៅដើមចាក។ 3 ដ្បិតនៅទីនោះ ពួកអ្នកដែលនាំយើង ទៅជាឈ្លើយ បានសុំឲ្យយើងច្រៀង គឺពួកអ្នកដែលធ្វើទុក្ខយើង គេបានសុំឲ្យយើងលេង ឲ្យគេបានអរសប្បាយ គេពោលថា «ចូរច្រៀងបទមួយរបស់ក្រុងស៊ីយ៉ូន ឲ្យយើងស្តាប់ផង»។ 4 តើឲ្យយើងច្រៀងបទរបស់ព្រះអម្ចាស់ នៅក្នុងប្រទេសដទៃដូចម្តេចកើត? 5 ក្រុងយេរូសាឡិមអើយ ប្រសិនបើខ្ញុំភ្លេចអ្នក សូមឲ្យដៃស្តាំរបស់ខ្ញុំភ្លេចជំនាញរបស់វាទៅចុះ។ 6 ប្រសិនបើខ្ញុំមិននឹកដល់អ្នកទេ ប្រសិនបើខ្ញុំមិនដាក់ក្រុងយេរូសាឡិម ឲ្យខ្ពស់លើសជាងអំណរដ៏ខ្ពស់បំផុតរបស់ខ្ញុំទេ នោះសូមឲ្យអណ្ដាតខ្ញុំ ស្អិតជាប់នឹងក្រអូមមាត់ខ្ញុំទៅចុះ។ 7 ព្រះអម្ចាស់អើយ សូមនឹកចាំពីពួកអេដុម នៅថ្ងៃដែលក្រុងយេរូសាឡិមដួលរលំ គេពោលថា៖ «ចូររំលំវា ចូររំលំវាទៅ រំលំវាឲ្យដល់គ្រឹះទៅ»។ 8 កូនស្រីក្រុងបាប៊ីឡូនអើយ ឯងនឹងត្រូវវិនាសមិនខាន មានពរហើយ អ្នកណាដែលសងដល់ឯង តាមអំពើដែលឯងបានប្រព្រឹត្តចំពោះយើង។ 9 មានពរហើយ អ្នកណាដែលនឹងចាប់កូនតូចរបស់ឯង ទៅបោកនឹងថ្ម។
ទំនុករបស់ស្ដេចដាវីឌ 1 ព្រះអម្ចាស់អើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គ យ៉ាងអស់ពីចិត្តរបស់ទូលបង្គំ ទូលបង្គំច្រៀងសរសើរព្រះអង្គ នៅចំពោះព្រះទាំងឡាយ។ 2 ទូលបង្គំក្រាបថ្វាយបង្គំ តម្រង់ទៅឯព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ ហើយអរព្រះគុណដល់ព្រះនាមព្រះអង្គ ដោយព្រោះព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ដ្បិតព្រះអង្គបានលើកតម្កើង ព្រះបន្ទូលរបស់ព្រះអង្គ ខ្ពស់លើសជាងព្រះនាមរបស់ព្រះអង្គទៅទៀត។ 3 នៅថ្ងៃដែលទូលបង្គំបានអំពាវនាវ ព្រះអង្គបានឆ្លើយតបមកទូលបង្គំ ព្រះអង្គបានចម្រើនកម្លាំងចិត្តទូលបង្គំ។ 4 ព្រះអម្ចាស់អើយ អស់ទាំងស្តេចនៅផែនដី នឹងអរព្រះគុណដល់ព្រះអង្គ ដ្បិតគេបានឮព្រះបន្ទូល ដែលចេញពីព្រះឧស្ឋរបស់ព្រះអង្គ។ 5 ហើយគេនឹងច្រៀងពីផ្លូវរបស់ព្រះអម្ចាស់ ដ្បិតសិរីល្អរបស់ព្រះអម្ចាស់ នោះធំក្រៃលែង។ 6 ដ្បិតទោះបើព្រះអម្ចាស់ខ្ពស់ ក៏ព្រះអង្គនៅតែគិតដល់មនុស្សទន់ទាបជានិច្ច តែឯមនុស្សឆ្មើងឆ្មៃវិញ ព្រះអង្គស្គាល់គេពីចម្ងាយ។ 7 នៅពេលទូលបង្គំដើរនៅកណ្ដាលទុក្ខវេទនា ព្រះអង្គរក្សាការពារជីវិតទូលបង្គំ ព្រះអង្គលើកព្រះហស្តឡើង ទាស់នឹងសេចក្ដីក្រេវក្រោធ របស់ខ្មាំងសត្រូវទូលបង្គំ ហើយព្រះហស្តស្តាំរបស់ព្រះអង្គរំដោះទូលបង្គំ។ 8 ព្រះអម្ចាស់នឹងសម្រេចគោលបំណង របស់ព្រះអង្គដល់ទូលបង្គំ ព្រះអម្ចាស់អើយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ សូមកុំបោះបង់ចោលស្នាព្រះហស្ត របស់ព្រះអង្គឡើយ។
ទំនុករបស់ស្ដេចដាវីឌ ដែលទ្រង់លើកសម្រាប់មេភ្លេង។ 1 ព្រះអម្ចាស់អើយ ព្រះអង្គបានពិនិត្យមើលទូលបង្គំ ហើយបានស្គាល់ទូលបង្គំ។ 2 ព្រះអង្គជ្រាបពេលដែលទូលបង្គំអង្គុយចុះនិងពេលដែលទូលបង្គំក្រោកឡើង ព្រះអង្គយល់គំនិតរបស់ទូលបង្គំតាំងពីចម្ងាយ។ 3 ព្រះអង្គពិនិត្យពិចារណាផ្លូវច្រករបស់ទូលបង្គំ និងទីដេកសម្រាករបស់ទូលបង្គំ ហើយស្គាល់អស់ទាំងផ្លូវប្រព្រឹត្តរបស់ទូលបង្គំ។ 4 ដ្បិត ព្រះអម្ចាស់អើយ សូម្បីតែពាក្យសម្ដីមិនទាន់មាន នៅអណ្ដាតទូលបង្គំនៅឡើយ នោះព្រះអង្គក៏ជ្រាបគ្រប់ជំពូកទៅហើយ។ 5 ព្រះអង្គបានព័ទ្ធទូលបង្គំជិត ពីមុខពីក្រោយហើយបានដាក់ព្រះហស្តលើទូលបង្គំ។ 6 ការជ្រាបច្បាស់បែបនេះអស្ចារ្យពេកសម្រាប់ទូលបង្គំ គឺខ្ពស់ណាស់ ទូលបង្គំមិនអាចយល់បានឡើយ។ 7 តើទូលបង្គំនឹងទៅឯណា ឲ្យផុតពីព្រះវិញ្ញាណរបស់ព្រះអង្គបាន? តើទូលបង្គំនឹងរត់ទៅឯណា ឲ្យផុតពីព្រះវត្តមានរបស់ព្រះអង្គបាន? 8 ប្រសិនបើទូលបង្គំឡើងទៅស្ថានសួគ៌ ព្រះអង្គគង់នៅទីនោះ ប្រសិនបើទូលបង្គំរៀបដំណេក នៅស្ថានឃុំនៅព្រលឹងមនុស្សស្លាប់ ព្រះអង្គគង់នៅទីនោះ។ 9 ប្រសិនបើទូលបង្គំពាក់ស្លាបហោះ ទៅទិសព្រះអាទិត្យរះ ហើយទៅរស់នៅឯទីបំផុតនៃសមុទ្រ។ 10 ក៏គង់តែព្រះហស្តរបស់ព្រះអង្គ នឹងនាំទូលបង្គំនៅទីនោះ ហើយព្រះហស្តស្តាំរបស់ព្រះអង្គ នឹងក្តាប់ទូលបង្គំជាប់។ 11 ប្រសិនបើទូលបង្គំពោលថា៖ «ប្រាកដជាភាពងងឹតនឹងគ្របពីលើខ្ញុំ ហើយពន្លឺដែលនៅជុំវិញខ្ញុំ នឹងត្រឡប់ទៅជាយប់» 12 នោះសូម្បីតែភាពងងឹត ក៏លាក់ពីព្រះអង្គមិនបានឡើយ គឺយប់ភ្លឺដូចជាថ្ងៃ ដ្បិតភាពងងឹត និងពន្លឺ ស្មើគ្នានៅចំពោះព្រះអង្គ។ 13 ដ្បិតគឺព្រះអង្គហើយដែលបានបង្កើត ចិត្តថ្លើមទូលបង្គំ ហើយបានផ្សំគ្រឿងទូលបង្គំនៅក្នុងផ្ទៃម្តាយ។ 14 ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតទូលបង្គំមក គួរឲ្យស្ញប់ស្ញែង ហើយអស្ចារ្យ ស្នាព្រះហស្តរបស់ព្រះអង្គសុទ្ធតែអស្ចារ្យព្រលឹងទូលបង្គំដឹងច្បាស់ណាស់។ 15 កាលទូលបង្គំបានកកើតឡើងក្នុងទីកំបាំង គឺបានចាក់ស្រេះយ៉ាងស្មុគស្មាញ ក្នុងទីជ្រៅនៃផែនដី នោះគ្រោងកាយរបស់ទូលបង្គំ មិនកំបាំងនឹងព្រះអង្គឡើយ។ 16 ព្រះនេត្ររបស់ព្រះអង្គ បានឃើញធាតុនៃទូលបង្គំ តាំងពីទូលបង្គំមិនទាន់មានរូបរាងនៅឡើយ។ គ្រប់ទាំងអស់សុទ្ធតែបានកត់ទុក ក្នុងបញ្ជីរបស់ព្រះអង្គ គឺអស់ទាំងថ្ងៃអាយុដែលបានតម្រូវ ឲ្យទូលបង្គំរស់នៅ មុននឹងមានថ្ងៃទាំងនោះមកដល់ទៅទៀត។ 17 ព្រះជាម្ចាស់ ព្រះតម្រិះរបស់ព្រះអង្គ មានតម្លៃវិសេសដល់ទូលបង្គំណាស់ គឺមានច្រើនឥតគណនា! 18 ប្រសិនបើទូលបង្គំខំប្រឹងរាប់ នោះមានច្រើនជាងគ្រាប់ខ្សាច់ទៅទៀត កាលណាទូលបង្គំភ្ញាក់ឡើង នោះទូលបង្គំនៅជាមួយព្រះអង្គដដែល។ 19 ព្រះជាម្ចាស់ សូមទ្រង់ប្រហារមនុស្សអាក្រក់ទៅមនុស្សកម្ចាយឈាមអើយ ចូរថយចេញពីខ្ញុំទៅ។ 20 គេពោលពាក្យអាក្រក់ទាស់នឹងព្រះអង្គ ហើយខ្មាំងសត្រូវរបស់ព្រះអង្គ ចេញព្រះនាម ព្រះអង្គជាអសារឥតការ។ 21 ព្រះអម្ចាស់អើយ តើទូលបង្គំមិនបានស្អប់អស់អ្នក ដែលស្អប់ព្រះអង្គទេឬ? តើទូលបង្គំមិនបានខ្ពើមអស់អ្នក ដែលលើកគ្នាទាស់នឹងព្រះអង្គទេឬ? 22 ទូលបង្គំស្អប់អ្នកទាំងនោះពេញទីហើយ ទូលបង្គំចាត់ទុកពួកគេជាខ្មាំងសត្រូវ របស់ទូលបង្គំ។ 23 ព្រះជាម្ចាស់អើយ សូមពិនិត្យមើលទូលបង្គំ ហើយស្គាល់ចិត្តទូលបង្គំផង! សូមល្បងមើលទូលបង្គំ ដើម្បីឲ្យស្គាល់គំនិតទូលបង្គំ។ 24 សូមទតមើល ប្រសិនបើមានអំពើអាក្រក់ណា នៅក្នុងទូលបង្គំ ហើយនាំទូលបង្គំ តាមផ្លូវដ៏នៅអស់កល្បជានិច្ចផង។
ទំនុករបស់ស្តេចដាវីឌ សម្រាប់មេភ្លេង។ 1 ព្រះអម្ចាស់អើយ សូមប្រោសទូលបង្គំ ឲ្យរួចពីមនុស្សអាក្រក់សូមការពារទូលបង្គំ ឲ្យរួចពីមនុស្សឃោរឃៅ។ 2 ជាអ្នកដែលគិតគូរបង្កើត សេចក្ដីអាក្រក់នៅក្នុងចិត្ត ហើយចេះតែញុះញង់ឲ្យមានចម្បាំងជានិច្ច។ 3 គេបានសំលៀងអណ្ដាតរបស់គេ ឲ្យស្រួចដូចជាអណ្ដាតពស់ ហើយនៅក្រោមបបូរមាត់របស់គេ មានសុទ្ធតែពិសពស់ហនុមាន។ សម្រាក 4 ព្រះអម្ចាស់អើយ សូមការពារទូលបង្គំ ឲ្យរួចពីកណ្ដាប់ដៃមនុស្សអាក្រក់ សូមរក្សាទូលបង្គំឲ្យរួចពីមនុស្សឃោរឃៅ ជាអ្នកដែលគិតនឹងធ្វើឲ្យទូលបង្គំ ភ្លាត់ជើងដួល។ 5 អ្នកអួតអាងបានដាក់អន្ទាក់ចង់ចាប់ទូលបង្គំ គេបានលាតមង ទាំងមានខ្សែចាំរូត ហើយគេដាក់អង្គប់តាមផ្លូវ ចាំចាប់ទូលបង្គំ។ សម្រាក 6 ខ្ញុំទូលព្រះអម្ចាស់ថា៖ «ព្រះអង្គជាព្រះនៃទូលបង្គំ ឱព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យ ដែលទូលបង្គំ ទូលអង្វរផង»។ 7 ព្រះអម្ចាស់ ជាព្រះអម្ចាស់នៃ ទូលបង្គំអើយ ព្រះអង្គជាកម្លាំងនៃការសង្គ្រោះរបស់ទូលបង្គំ ព្រះអង្គបានគ្របក្បាលទូលបង្គំ នៅថ្ងៃសឹកសង្គ្រាម។ 8 ព្រះអម្ចាស់អើយ សូមកុំឲ្យចិត្តប៉ងប្រាថ្នារបស់មនុស្សអាក្រក់ បានសម្រេចឡើយ ក៏កុំឲ្យកិច្ចកលរបស់គេបានលឿនទៅមុខដែរ ក្រែងគេអួតខ្លួន។ សម្រាក 9 អស់អ្នកដែលឡោមព័ទ្ធទូលបង្គំ សូមឲ្យអំពើអាក្រក់នៃបបូរមាត់របស់គេ បានធ្លាក់ទៅលើគេវិញទៅ។ 10 សូមឲ្យមានរងើកភ្លើងឆេះធ្លាក់ទៅលើគេ ហើយឲ្យគេត្រូវបោះទៅក្នុងភ្លើង គឺទៅក្នុងរណ្តៅយ៉ាងជ្រៅ ងើបឡើងវិញមិនរួចឡើយ។ 11 សូមកុំឲ្យមនុស្សដែលមួលបង្កាច់គេ តាំងនៅជាប់លើផែនដីឡើយ សូមឲ្យសេចក្ដីអាក្រក់ដេញតាម មនុស្សឃោរឃៅយ៉ាងលឿនទៅ។ 12 ទូលបង្គំដឹងថា ព្រះអម្ចាស់នឹងកាន់ក្ដី របស់មនុស្សមានទុក្ខវេទនា ហើយរកយុត្តិធម៌ឲ្យមនុស្សកម្សត់ទុគ៌ត។ 13 ប្រាកដហើយ មនុស្សសុចរិត នឹងអរព្រះគុណដល់ព្រះនាមព្រះអង្គ ហើយមនុស្សទៀងត្រង់ នឹងរស់នៅក្នុងព្រះវត្តមានព្រះអង្គ។
ទំនុករបស់ស្ដេចដាវីឌ។ 1 ព្រះអម្ចាស់អើយ ទូលបង្គំបានអំពាវនាវរកព្រះអង្គ សូមប្រញាប់យាងមករកទូលបង្គំ ពេលទូលបង្គំអំពាវនាវរកព្រះអង្គ សូមផ្ទៀងព្រះកាណ៌ស្តាប់សំឡេងទូលបង្គំផង។ 2 សូមឲ្យពាក្យអធិស្ឋានរបស់ទូលបង្គំ បានដូចជាគ្រឿងក្រអូបនៅចំពោះព្រះអង្គ ហើយការលើកដៃប្រណម្យរបស់ទូលបង្គំ បានដូចជាយញ្ញបូជានៅពេលល្ងាច។ 3 ព្រះអម្ចាស់អើយ សូមការពារមាត់ទូលបង្គំ សូមថែរក្សាទ្វារបបូរមាត់របស់ទូលបង្គំផង។ 4 សូមកុំឲ្យចិត្តទូលបង្គំ ល្អៀងទៅខាងសេចក្ដីអាក្រក់ណា ដើម្បីប្រព្រឹត្តអំពើអាក្រក់ជាមួយមនុស្ស ដែលប្រព្រឹត្តអំពើទុច្ចរិត ហើយសូមកុំឲ្យទូលបង្គំទទួលទាន ចំណីឆ្ងាញ់របស់គេឡើយ។ 5 សូមឲ្យមនុស្សសុចរិតវាយទូលបង្គំចុះ នោះនឹងបានជាគុណ សូមឲ្យគេប្រដៅទូលបង្គំ នោះនឹងបានដូចជា ប្រេងលាបលើក្បាលទូលបង្គំ សូមកុំឲ្យក្បាលទូលបង្គំប្រកែកឡើយ។ ក៏ប៉ុន្តែ ទូលបង្គំនៅតែបន្ដអធិស្ឋាន ទាស់នឹងអំពើអាក្រក់របស់មនុស្សទុច្ចរិត។ 6 កាលពួកចៅក្រមរបស់គេ ត្រូវបោះទម្លាក់ទៅក្នុងក្រហែងថ្ម នោះគេនឹងឮពាក្យរបស់ទូលបង្គំ ដ្បិតពាក្យទាំងនោះគួរឲ្យរីករាយចិត្ត។ 7 ពួកគេនឹងនិយាយថា «កាលគេភ្ជួរ ហើយបំបែកដីយ៉ាងណានោះឆ្អឹងយើងខ្ញុំក៏នឹងត្រូវខ្ចាត់ខ្ចាយ នៅមាត់នៃស្ថានឃុំព្រលឹងមនុស្សស្លាប់»។ 8 ប៉ុន្ដែ ព្រះអម្ចាស់ ជាព្រះអម្ចាស់អើយ ភ្នែកទូលបង្គំសម្លឹងទៅរកព្រះអង្គ ទូលបង្គំស្វែងរកទីពឹងជ្រកនៅក្នុងព្រះអង្គ សូមកុំទុកឲ្យទូលបង្គំនៅតែលតោលឡើយ។ 9 សូមការពារទូលបង្គំឲ្យរួចពីអន្ទាក់ ដែលគេបានដាក់សម្រាប់ចាប់ទូលបង្គំ និងពីអង្គប់របស់ពួកអ្នក ដែលប្រព្រឹត្តអំពើអាក្រក់ផង។ 10 សូមឲ្យមនុស្សអាក្រក់ ធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួនគេ តែឲ្យទូលបង្គំវិញនឹងបានរួចផុត។
ទំនុករបស់ស្តេចដាវីឌ ក្នុងគ្រាដែលស្ដេចស្ថិតនៅក្នុងរអាងថ្ម ជាពាក្យអធិស្ឋាន។ 1 ខ្ញុំស្រែករកព្រះអម្ចាស់ដោយសំឡេងរបស់ខ្ញុំ គឺដោយសំឡេងរបស់ខ្ញុំ ដែលខ្ញុំទូលអង្វរដល់ព្រះអម្ចាស់។ 2 ខ្ញុំបង្ហូរទំនួញរបស់ខ្ញុំនៅចំពោះព្រះអង្គ ខ្ញុំទូលរៀបរាប់ពីទុក្ខលំបាករបស់ទូលបង្គំ នៅចំពោះព្រះអង្គ។ 3 កាលវិញ្ញាណទូលបង្គំបានអន់ថយនៅក្នុងខ្លួន ព្រះអង្គជ្រាបពីផ្លូវរបស់ទូលបង្គំ តាមផ្លូវច្រកដែលទូលបង្គំដើរ គេបានបង្កប់អន្ទាក់ចាំចាប់ទូលបង្គំ។ 4 សូមទតទៅខាងស្តាំមើល៍ ដ្បិតគ្មានអ្នកណាអើពើនឹងទូលបង្គំទេ ទូលបង្គំគ្មានទីពឹងជ្រក គ្មានអ្នកណារវីរវល់នឹងព្រលឹងទូលបង្គំឡើយ។ 5 ព្រះអម្ចាស់អើយ ទូលបង្គំបានអំពាវនាវរកព្រះអង្គ ទូលបង្គំពោលថា៖ «ព្រះអង្គជាទីពឹងជ្រករបស់ទូលបង្គំ ជាចំណែករបស់ទូលបង្គំ នៅក្នុងទឹកដីរបស់មនុស្សរស់។ 6 សូមប្រុងស្តាប់ពាក្យអំពាវនាវរបស់ទូលបង្គំ ដ្បិតទូលបង្គំត្រូវអាប់ឱនណាស់ហើយ សូមរំដោះទូលបង្គំឲ្យរួច ពីពួកអ្នកដែលបៀតបៀនទូលបង្គំ ដ្បិតគេខ្លាំងពូកែជាងទូលបង្គំ។ 7 សូមនាំព្រលឹងទូលបង្គំចេញពីគុកផង ដើម្បីឲ្យទូលបង្គំបានអរព្រះគុណ ដល់ព្រះនាមព្រះអង្គ។ មនុស្សសុចរិតនឹងនៅព័ទ្ធជុំវិញទូលបង្គំ ព្រោះព្រះអង្គនឹងប្រោសប្រណីដល់ទូលបង្គំ។
ទំនុករបស់ស្ដេចដាវីឌ។ 1 ព្រះអម្ចាស់អើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យអធិស្ឋាន របស់ទូលបង្គំផង សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យទូលអង្វរ របស់ទូលបង្គំ។ សូមឆ្លើយតបមកទូលបង្គំ ដោយព្រះហឫទ័យស្មោះត្រង់ និងដោយសេចក្ដីសុចរិតរបស់ព្រះអង្គ! 2 សូមកុំឲ្យកើតក្ដីក្ដាំនឹងអ្នកបម្រើ របស់ព្រះអង្គឡើយ ដ្បិតនៅចំពោះព្រះអង្គ គ្មានមនុស្សរស់ណាម្នាក់ សុចរិតឡើយ។ 3 ដ្បិតខ្មាំងសត្រូវបានបៀតបៀនព្រលឹងទូលបង្គំ គេបានជាន់ឈ្លីជីវិតទូលបង្គំចុះដល់ដី គេបានធ្វើឲ្យទូលបង្គំអង្គុយនៅក្នុងទីងងឹត ដូចអស់អ្នកដែលបានស្លាប់ជាយូរមកហើយ។ 4 ហេតុនេះហើយបានជាវិញ្ញាណ នៅក្នុងទូលបង្គំចុះខ្សោយ ហើយចិត្តនៅក្នុងទូលបង្គំក៏ញាប់ញ័រ។ 5 ទូលបង្គំនឹកចាំពីសម័យចាស់បុរាណ ក៏សញ្ជឹងគិតអំពីអស់ទាំងកិច្ចការ ដែលព្រះអង្គបានធ្វើ ទូលបង្គំពិចារណាអំពី ស្នាព្រះហស្តរបស់ព្រះអង្គ។ 6 ទូលបង្គំលើកដៃប្រណម្យដល់ព្រះអង្គ ព្រលឹងទូលបង្គំស្រេកឃ្លានចង់បានព្រះអង្គ ដូចជាដីហួតហែង។ សម្រាក 7 ព្រះអម្ចាស់អើយ សូមឆ្លើយមកទូលបង្គំជាប្រញាប់! វិញ្ញាណទូលបង្គំអន់ថយហើយ។ សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំឡើយ ក្រែងទូលបង្គំត្រឡប់ដូចជាអស់អ្នក ដែលចុះទៅក្នុងរណ្តៅ។ 8 សូមឲ្យទូលបង្គំបានឮព្រះហឫទ័យសប្បុរស របស់ព្រះអង្គ នៅពេលព្រឹក ដ្បិតទូលបង្គំទុកចិត្តដល់ព្រះអង្គ។ សូមប្រោសឲ្យទូលបង្គំ ស្គាល់ផ្លូវដែលទូលបង្គំត្រូវដើរ ដ្បិតទូលបង្គំលើកព្រលឹងទូលបង្គំ ទៅរកព្រះអង្គ។ 9 ព្រះអម្ចាស់អើយ សូមរំដោះទូលបង្គំឲ្យរួចផុតពីខ្មាំងសត្រូវ របស់ទូលបង្គំ ទូលបង្គំរត់មកពឹងជ្រកក្នុងព្រះអង្គ។ 10 សូមបង្រៀនទូលបង្គំឲ្យធ្វើតាម ព្រះហឫទ័យរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះនៃទូលបងំ្គ។ សូមឲ្យព្រះវិញ្ញាណដ៏ល្អរបស់ព្រះអង្គ ដឹកនាំទូលបង្គំឲ្យដើរនៅលើដីរាបស្មើ។ 11 ព្រះអម្ចាស់អើយ សូមរក្សាការពារជីវិតទូលបង្គំ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ! សូមនាំព្រលឹងទូលបង្គំចេញពីទុក្ខវេទនា ដោយសេចក្ដីសុចរិតរបស់ព្រះអង្គ។ 12 ហើយដោយព្រះហឫទ័យសប្បុរស របស់ព្រះអង្គ ព្រះអង្គនឹងកាត់ខ្មាំងសត្រូវរបស់ទូលបង្គំចេញ ហើយបំផ្លាញបច្ចាមិត្តទាំងប៉ុន្មាន នៃព្រលឹងទូលបង្គំ ដ្បិតទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ។
ទំនុករបស់ស្ដេចដាវីឌ។ 1 សូមឲ្យព្រះអម្ចាស់ ជាថ្មដានៃទូលបង្គំ បានប្រកបដោយព្រះពរ ជាព្រះដែលបង្ហាត់ដៃទូលបង្គំឲ្យចេះធ្វើសង្គ្រាម ហើយម្រាមដៃទូលបង្គំឲ្យចេះច្បាំង។ 2 ព្រះអង្គជាថ្មដា និងជាបន្ទាយរបស់ទូលបង្គំ ជាប៉មយ៉ាងខ្ពស់ ហើយជាអ្នកដែលរំដោះទូលបង្គំ ក៏ជាខែលរបស់ទូលបង្គំ ហើយទូលបង្គំពឹងជ្រកនៅក្នុងព្រះអង្គ គឺជាព្រះដែលបានដាក់ជនជាតិនានានៅក្រោមអំណាចទូលបង្គំ។ 3 ព្រះអម្ចាស់អើយ តើមនុស្សជាអ្វីបានជាព្រះអង្គ យកចិត្តទុកដាក់នឹងគេ តើកូនមនុស្សជាអ្វីបានជាព្រះអង្គ នឹកគិតដល់គេដូច្នេះ? 4 មនុស្សប្រៀបបាននឹងខ្យល់មួយដង្ហើមប៉ុណ្ណោះ ថ្ងៃអាយុរបស់គេប្រៀបបាននឹងស្រមោល ដែលតែងតែរសាត់បាត់ទៅ។ 5 ព្រះអម្ចាស់អើយ សូមផ្អៀងផ្ទៃមេឃ ហើយយាងចុះមក សូមពាល់ភ្នំទាំងប៉ុន្មាន ដើម្បីឲ្យមានផ្សែងហុយឡើង។ 6 សូមបញ្ចេញផ្លេកបន្ទោរ ហើយកម្ចាត់កម្ចាយពួកគេ សូមបាញ់ព្រួញរបស់ព្រះអង្គ ទៅបំបាក់ទ័ពពួកគេ។ 7 សូមលាព្រះហស្តចុះពីស្ថានលើមក សូមសង្គ្រោះ ហើយរំដោះទូលបង្គំ ឲ្យរួចផុតពីទឹកដ៏ធំ គឺពីកណ្ដាប់ដៃពួកសាសន៍ដទៃ។ 8 ដែលមាត់របស់គេពោលតែពាក្យកុហក ហើយដៃស្តាំរបស់គេ ជាដៃស្ដាំនៃសេចក្ដីកុហក។ 9 ព្រះជាម្ចាស់ ទូលបង្គំនឹងច្រៀងបទថ្មីថ្វាយព្រះអង្គ ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ ដោយដេញពិណខ្សែដប់ 10 ព្រះអង្គហើយដែលប្រទានឲ្យ ពួកស្តេចមានជ័យជម្នះ ក៏សង្គ្រោះដាវីឌជាអ្នកបម្រើព្រះអង្គ ឲ្យរួចពីដាវដ៏សាហាវ។ 11 សូមសង្គ្រោះ ហើយរំដោះទូលបង្គំ ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកសាសន៍ដទៃ ដែលមាត់របស់គេពោលតែពាក្យកុហក ហើយដៃស្តាំរបស់គេ ជាដៃស្ដាំនៃសេចក្ដីភូតភរ។ 12 សូមឲ្យកូនប្រុសៗរបស់យើង បានដូចជារុក្ខជាតិ ដុះលូតលាស់ពេញកម្លាំង ក្នុងវ័យនៅក្មេងរបស់គេ ហើយកូនស្រីៗរបស់យើង បានដូចជាថ្មសីមា ដែលដាប់ធ្វើតាមរបៀបព្រះរាជវាំង។ 13 សូមឲ្យជង្រុករបស់យើងបានពេញ ដោយស្បៀងអាហារគ្រប់មុខ សូមឲ្យហ្វូងចៀមរបស់យើង កើតកូនទាំងពាន់ទាំងម៉ឺន ចម្រើនឡើងនៅតាមវាលស្មៅ។ 14 សូមឲ្យគោស្ទាវរបស់យើងមានកម្លាំងខ្លាំង គ្មានសត្រូវចូលរុករាន ឬលួចចាប់យកទៅឡើយ ហើយសូមកុំឲ្យមានសម្រែកភ័យអាសន្ន នៅតាមផ្លូវរបស់យើងដែរ។ 15 មានពរហើយប្រជាជនណា ដែលមានព្រះពរដូច្នេះធ្លាក់មក មានពរហើយប្រជាជនណា ដែលយកព្រះអម្ចាស់ទុកជាព្រះរបស់ខ្លួន។
ទំនុកជាបទសរសើររបស់ស្តេចដាវីឌ។ 1 ព្រះដ៏ជាមហាក្សត្រនៃទូលបង្គំអើយ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ហើយសូមថ្វាយព្រះពរព្រះនាមព្រះអង្គ អស់កល្បជានិច្ច។ 2 ទូលបង្គំនឹងថ្វាយព្រះពរព្រះអង្គជារៀងរាល់ថ្ងៃ ហើយសរសើរតម្កើងព្រះនាមព្រះអង្គ អស់កល្បជានិច្ច។ 3 ព្រះអម្ចាស់ធំ ហើយគួរសរសើរតម្កើងយ៉ាងក្រៃលែង ភាពធំអស្ចារ្យរបស់ព្រះអង្គ នោះរកយល់មិនបាន។ 4 មនុស្សជំនាន់មួយនឹងសរសើរ ពីស្នាព្រះហស្ដរបស់ព្រះអង្គ ប្រាប់មនុស្សជំនាន់មួយទៀត ហើយគេនឹងប្រកាសពីកិច្ចការ ដ៏អស្ចារ្យរបស់ព្រះអង្គ។ 5 ទូលបង្គំនឹងសញ្ជឹងគិតអំពីឫទ្ធានុភាព ដ៏រុងរឿងឧត្តម និងអំពីការដ៏អស្ចារ្យរបស់ព្រះអង្គ។ 6 គេនឹងថ្លែងប្រាប់ពីឫទ្ធានុភាពនៃស្នាព្រះហស្ដ ដ៏គួរឲ្យស្ញប់ស្ញែងរបស់ព្រះអង្គ ហើយទូលបង្គំនឹងប្រកាស ពីភាពធំអស្ចារ្យរបស់ព្រះអង្គ។ 7 គេនឹងបញ្ចេញព្រះកិត្តិនាមនៃព្រះហឫទ័យ សប្បុរសជាបរិបូររបស់ព្រះអង្គ ហើយគេនឹងស្រែកច្រៀង ពីសេចក្ដីសុចរិតរបស់ព្រះអង្គ។ 8 ព្រះអម្ចាស់ប្រកប ដោយព្រះហឫទ័យប្រណីសន្ដោស និងអាណិតអាសូរ ព្រះអង្គយឺតនឹងខ្ញាល់ ហើយពោរពេញដោយ ព្រះហឫទ័យសប្បុរស។ 9 ព្រះអម្ចាស់ល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យអាណិតអាសូររបស់ព្រះអង្គ គ្របលើអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក។ 10 ព្រះអម្ចាស់អើយ អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គ នឹងអរព្រះគុណដល់ព្រះអង្គ ហើយអស់ទាំងពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ នឹងថ្វាយព្រះពរព្រះអង្គ។ 11 គេនឹងថ្លែងពីសិរីល្អនៃព្រះរាជ្យរបស់ព្រះអង្គ ហើយរៀបរាប់ពីព្រះចេស្ដារបស់ព្រះអង្គ។ 12 ដើម្បីឲ្យពួកកូនមនុស្សស្គាល់ ពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ និងពីសិរីល្អដ៏រុងរឿងនៃព្រះរាជ្យរបស់ព្រះអង្គ។ 13 ព្រះរាជ្យរបស់ព្រះអង្គ ជារាជ្យដ៏ស្ថិតស្ថេរអស់កល្បជានិច្ច ហើយអំណាចរបស់ព្រះអង្គ ក៏នៅស្ថិតស្ថេរគ្រប់ជំនាន់តរៀងទៅ។ 14 ព្រះអម្ចាស់ទ្រទ្រង់អស់អ្នកដែលដួល ក៏លើកអស់អ្នកដែលត្រូវឱនចុះ ឲ្យងើបឡើងវិញ។ 15 ភ្នែករបស់មនុស្សទាំងអស់ទន្ទឹងរង់ចាំព្រះអង្គ ដ្បិតព្រះអង្គប្រទានអាហារឲ្យគេ តាមពេលកំណត់។ 16 ព្រះអង្គលាព្រះហស្ត ព្រះអង្គប្រទានឲ្យជីវិតទាំងឡាយ ឲ្យឆ្អែតបានស្កប់ស្កល់។ 17 ព្រះអម្ចាស់សុចរិតក្នុងគ្រប់ទាំងផ្លូវរបស់ព្រះអង្គ ក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការ របស់ព្រះអង្គដែរ។ 18 ព្រះអម្ចាស់គង់នៅជិតអស់អ្នក ដែលអំពាវនាវរកព្រះអង្គ គឺដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ ដោយពិតត្រង់។ 19 ព្រះអង្គបំពេញតាមចិត្តប៉ងប្រាថ្នារបស់អស់អ្នក ដែលកោតខ្លាចព្រះអង្គ ព្រះអង្គក៏ឮសម្រែករបស់គេ ហើយសង្គ្រោះគេ។ 20 ព្រះអម្ចាស់ការពារអស់អ្នក ដែលស្រឡាញ់ព្រះអង្គ តែព្រះអង្គនឹងបំផ្លាញ អស់ទាំងមនុស្សអាក្រក់វិញ។ 21 មាត់ទូលបង្គំនឹងពោលពាក្យ សរសើរតម្កើងព្រះអម្ចាស់ ហើយសូមឲ្យមនុស្សទាំងអស់ ថ្វាយព្រះពរដល់ព្រះនាមដ៏បរិសុទ្ធ របស់ព្រះអង្គ អស់កល្បជានិច្ច។
1 សរសើរតម្តើងព្រះអម្ចាស់! ឱព្រលឹងខ្ញុំអើយ ចូរសរសើរតម្កើងព្រះអម្ចាស់។ 2 ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត ខ្ញុំនឹងច្រៀងសរសើរដល់ព្រះជាម្ចាស់របស់ខ្ញុំ កាលខ្ញុំនៅមានជីវិតនៅឡើយ។ 3 កុំឲ្យទុកចិត្តនឹងអ្នកធំ ឬទុកចិត្តនឹងមនុស្សលោក ដែលមិនអាចសង្គ្រោះអ្នកណាបាននោះឡើយ។ 4 កាលគេផុតដង្ហើមទៅ គេវិលត្រឡប់ទៅជាដីវិញ នៅថ្ងៃនោះឯង គំនិតរបស់គេ ក៏សូន្យបាត់ទៅដែរ។ 5 មានពរហើយអ្នកណាដែលមានព្រះ របស់យ៉ាកុបជាជំនួយរបស់ខ្លួន ជាអ្នកដែលសង្ឃឹមដល់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន។ 6 ជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងសមុទ្រ និងអ្វីៗសព្វសារពើ នៅស្ថានទាំងនោះ ព្រះអង្គរក្សាសេចក្ដីពិតត្រង់ជារៀងរហូត។ 7 ព្រះអង្គរកយុត្តិធម៌ឲ្យពួកអ្នក ដែលត្រូវគេសង្កត់សង្កិន ព្រះអង្គប្រទានអាហារដល់អស់អ្នក ដែលស្រេកឃ្លាន។ ព្រះអម្ចាស់ដោះលែងអ្នកជាប់ឃុំឃាំង 8 ព្រះអម្ចាស់ប្រោសភ្នែកមនុស្សខ្វាក់ឲ្យមើលឃើញ ព្រះអម្ចាស់លើកអស់អ្នកដែលត្រូវឱនចុះ ឲ្យងើបឡើងវិញ ព្រះអម្ចាស់ស្រឡាញ់មនុស្សសុចរិត។ 9 ព្រះអម្ចាស់ការពារពួកអ្នកស្នាក់អាស្រ័យ ព្រះអង្គទ្រទ្រង់ក្មេងកំព្រា និងស្ត្រីមេម៉ាយ តែឯផ្លូវរបស់មនុស្សអាក្រក់វិញ ព្រះអង្គនាំទៅរកសេចក្ដីវិនាស។ 10 ព្រះអម្ចាស់នឹងសោយរាជ្យអស់កល្បជានិច្ច ឱក្រុងស៊ីយ៉ូនអើយ ព្រះរបស់អ្នក នឹងសោយរាជ្យគ្រប់ជំនាន់តរៀងទៅ។ សរសើរតម្កើងព្រះអម្ចាស់។
1 ចូរសរសើរតម្កើងព្រះអម្ចាស់ ដ្បិតការដែលច្រៀងសរសើរដល់ព្រះនៃយើង ជាការប្រពៃណាស់ ដ្បិតនេះជាទីដ៏សប្បាយរីករាយ ហើយចម្រៀងសរសើរតម្កើង ស័ក្ដិសមណាស់។ 2 ព្រះអម្ចាស់សង់ក្រុងយេរូសាឡិមឡើងវិញ ព្រះអង្គប្រមូលអុីស្រាអែល ដែលខ្ចាត់ខ្ចាយឲ្យត្រឡប់មកវិញ។ 3 ព្រះអង្គប្រោសអ្នកដែលមានចិត្តខ្ទេចខ្ទាំ ឲ្យបានជា ព្រះអង្គរុំរបួសឲ្យគេ។ 4 ព្រះអង្គកំណត់ចំនួនផ្កាយ ហើយព្រះអង្គដាក់ឈ្មោះឲ្យផ្កាយទាំងនោះ។ 5 ព្រះអម្ចាស់របស់យើងធំអស្ចារ្យ ហើយមានពេញដោយព្រះចេស្ដា ប្រាជ្ញាញាណរបស់ព្រះអង្គ មិនអាចវាស់ស្ទង់បានឡើយ។ 6 ព្រះអម្ចាស់លើកមនុស្សរាបសា តែព្រះអង្គបន្ទាបមនុស្សអាក្រក់ដល់ដី។ 7 ចូរច្រៀងថ្វាយព្រះអម្ចាស់ ដោយពាក្យអរព្រះគុណ ចូរលើកទំនុកថ្វាយព្រះនៃយើង ដោយចាប់ស៊ុង។ 8 ព្រះអង្គបិទបាំងផ្ទៃមេឃដោយពពក ព្រះអង្គរៀបចំឲ្យមានភ្លៀងសម្រាប់ផែនដី ព្រះអង្គធ្វើឲ្យមានស្មៅដុះនៅលើភ្នំ។ 9 ព្រះអង្គប្រទានឲ្យសត្វពាហនៈមានអាហារ ហើយក៏ប្រទានឲ្យកូនក្អែកដែលយំដែរ។ 10 ព្រះអង្គមិនសព្វព្រះហឫទ័យនឹងកម្លាំងសេះទេ ក៏មិនរីករាយនឹងជើងមនុស្សដែរ។ 11 តែព្រះអម្ចាស់សព្វព្រះហឫទ័យ នឹងអស់អ្នកដែលកោតខ្លាចព្រះអង្គ គឺនឹងអស់អ្នកដែលសង្ឃឹមដល់ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។ 12 ក្រុងយេរូសាឡិមអើយ ចូរសរសើរតម្កើងព្រះអម្ចាស់ ក្រុងស៊ីយ៉ូនអើយ ចូរសរសើរតម្កើងព្រះរបស់អ្នក។ 13 ដ្បិតព្រះអង្គពង្រឹងរនុកទ្វារឯងឲ្យរឹងមាំ ព្រះអង្គប្រទានពរកូនចៅដែលរស់នៅក្នុងឯង។ 14 ព្រះអង្គធ្វើឲ្យមានសេចក្ដីសុខ នៅក្នុងព្រំដែនរបស់ឯង ព្រះអង្គចម្អែតឯង ដោយស្រូវសាលីយ៉ាងល្អបំផុត។ 15 ព្រះអង្គចាត់ព្រះរាជបញ្ជារបស់ព្រះអង្គមកផែនដី ព្រះបន្ទូលរបស់ព្រះអង្គក៏រត់ទៅយ៉ាងរហ័ស។ 16 ព្រះអង្គប្រទានឲ្យមានព្រឹលសក្បុស ដូចរោមចៀម ព្រះអង្គបាចសាចសន្សើម កកដូចផេះ។ 17 ព្រះអង្គបោះទឹកកករបស់ព្រះអង្គមកជាដុំៗ តើអ្នកណាអាចទ្រាំនឹងធាតុអាកាសត្រជាក់ របស់ព្រះអង្គបាន? 18 ព្រះអង្គចាត់ព្រះបន្ទូលទៅ ហើយទាំងអស់ក៏រំលាយទៅ ព្រះអង្គធ្វើឲ្យខ្យល់របស់ព្រះអង្គបកមក ហើយទឹកនោះក៏ហូរ។ 19 ព្រះអង្គប្រកាសព្រះបន្ទូល របស់ព្រះអង្គដល់យ៉ាកុប គឺច្បាប់ និងវិន័យរបស់ព្រះអង្គដល់អុីស្រាអែល។ 20 ព្រះអង្គមិនបានប្រព្រឹត្តដូច្នេះ ចំពោះសាសន៍ដទៃណាឡើយ គេមិនស្គាល់វិន័យរបស់ព្រះអង្គទេ។ សរសើរតម្តើងព្រះអម្ចាស់។
1 ចូរសរសើរតម្កើងព្រះអម្ចាស់ នៅស្ថានបរមសុខ អ្នករាល់គ្នាដែលស្ថិតនៅស្ថានដ៏ខ្ពស់បំផុតអើយ ចូរសរសើរតម្កើងព្រះអង្គ។ 2 ទេវតាទាំងអស់អើយ ចូរសរសើរតម្កើងព្រះអង្គ ពពួកទេវតាទាំងប៉ុន្មានអើយ ចូរសរសើរតម្កើងព្រះអង្គ។ 3 ព្រះអាទិត្យ និងព្រះចន្ទអើយ ចូរសរសើរតម្កើងព្រះអង្គ អស់ទាំងផ្កាយដ៏ភ្លឺអើយ ចូរសរសើរតម្កើងព្រះអង្គ។ 4 ផ្ទៃមេឃដ៏ខ្ពស់បំផុតអើយ ចូរសរសើរតម្កើងព្រះអង្គ ហើយឯងដែរ អស់ទាំងទឹក ដែលនៅពីលើមេឃអើយ។ 5 ចូរឲ្យអ្វីៗសព្វសារពើសរសើរតម្កើង ព្រះនាមព្រះអម្ចាស់ ដ្បិតព្រះអង្គបានចេញបង្គាប់ នោះអ្វីៗទាំងអស់ក៏បានកើតមក។ 6 ព្រះអង្គបានតាំងរបស់ទាំងនោះ ឲ្យនៅជាប់អស់កល្បជានិច្ច ព្រះអង្គបានដាក់ចេញជាច្បាប់ ហើយច្បាប់នោះមិនអាចកន្លងបាត់ឡើយ។ 7 ចូរសរសើរតម្កើងព្រះអម្ចាស់ចេញពីផែនដី ឯងដែលជាសត្វដ៏សម្បើមនៅក្នុងសមុទ្រ និងទីជម្រៅទាំងប៉ុន្មាន 8 ភ្លើង និងព្រឹល ហិមៈ និងចំហាយទឹក ខ្យល់ព្យុះដែលសម្រេចតាម ព្រះបន្ទូលរបស់ព្រះអង្គ។ 9 ភ្នំធំភ្នំតូចទាំងឡាយ ដើមឈើដែលមានផ្លែ និងដើមតាត្រៅទាំងប៉ុន្មាន 10 សត្វព្រៃ និងសត្វស្រុកទាំងប៉ុន្មាន សត្វលូនវារ ព្រមទាំងសត្វហើរដែរ។ 11 ស្តេចនៅផែនដី និងប្រជារាស្ត្រទាំងឡាយ អ្នកធំ និងអ្នកគ្រប់គ្រងនៅផែនដី 12 យុវជន និងយុវនារី មនុស្សចាស់ ព្រមទាំងកូនក្មេងដែរ។ 13 ចូរឲ្យទាំងអស់សរសើរតម្កើង ព្រះនាមព្រះអម្ចាស់ ដ្បិតមានតែព្រះនាមព្រះអង្គប៉ុណ្ណោះ ត្រូវលើកតម្កើង តេជានុភាពរបស់ព្រះអង្គ ខ្ពស់ជាងផែនដី និងផ្ទៃមេឃ។ 14 ព្រះអង្គបានលើកស្នែងឲ្យប្រជារាស្ត្រព្រះអង្គ ព្រះអង្គជាទីសរសើរដល់ អស់ទាំងពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ ដល់ប្រជាអុីស្រាអែល ដែលនៅជិតដិតនឹងព្រះអង្គ។ សរសើរព្រះអម្ចាស់។
1 សរសើរព្រះអម្ចាស់។ ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់ ចូរច្រៀងសរសើរព្រះអង្គ នៅក្នុងអង្គប្រជុំរបស់អ្នកជឿព្រះអង្គ។ 2 ចូរឲ្យអុីស្រាអែលរីករាយក្នុងព្រះដែលបង្កើតខ្លួន ចូរឲ្យពួកកូននៃក្រុងស៊ីយ៉ូនបានត្រេកអរ នឹងព្រះមហាក្សត្ររបស់ខ្លួន។ 3 គួរឲ្យគេសរសើរតម្កើងព្រះនាមព្រះអង្គ ដោយលោតកញ្ឆេង គួរឲ្យគេច្រៀងថ្វាយព្រះអង្គ ដោយវាយក្រាប់ និងចាប់ស៊ុង។ 4 ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យ នឹងប្រជារាស្ត្រព្រះអង្គ ព្រះអង្គតាក់តែងមនុស្សរាបសា ដោយការសង្គ្រោះ។ 5 ចូរឲ្យពួកអ្នកបរិសុទ្ធរីករាយឡើងនឹងសិរីល្អ ចូរឲ្យគេច្រៀងដោយអំណរ ក្នុងដំណេករបស់ខ្លួន។ 6 សូមឲ្យមានការសរសើរតម្កើងយ៉ាងខ្ពស់ ពីព្រះនៅក្នុងមាត់របស់គេ ហើយឲ្យមានដាវមុខពីរ នៅជាប់នឹងដៃរបស់គេដែរ 7 ដើម្បីសម្រេចការសងសឹក ដល់ជនជាតិដទៃទាំងនោះ និងដាក់ទោសដល់ប្រជាជនទាំងឡាយ។ 8 ប្រយោជន៍នឹងដាក់ច្រវាក់ដល់ពួកស្តេចរបស់គេ ហើយដាក់ខ្នោះដែក ដល់ពួកអ្នកមានត្រកូលខ្ពស់របស់គេ។ 9 ដើម្បីសម្រេចការវិនិច្ឆ័យដល់ជនជាតិទាំងនោះ ដូចជាបានចែងទុកមកហើយ ការនេះជាកិត្តិយស ដល់អស់អ្នកបរិសុទ្ធរបស់ព្រះអង្គ។ សរសើរព្រះអម្ចាស់។
1 ចូរសរសើរតម្កើងព្រះអម្ចាស់ ចូរសរសើរតម្កើងព្រះ នៅក្នុងទីបរិសុទ្ធរបស់ព្រះអង្គ ចូរសរសើរតម្កើងព្រះអង្គនៅក្នុងលំហអាកាស ជាទីសម្ដែងព្រះចេស្តារបស់ព្រះអង្គ។ 2 ចូរសរសើរតម្កើងព្រះអង្គ ដោយព្រោះស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ ចូរសរសើរតម្កើងព្រះអង្គ ឲ្យសមនឹងភាពអស្ចារ្យក្រៃលែងរបស់ព្រះអង្គ។ 3 ចូរសរសើរតម្កើងព្រះអង្គដោយសូរត្រែ ចូរសរសើរតម្កើងព្រះអង្គដោយដេញពិណ និងចាប់ស៊ុង។ 4 ចូរសរសើរតម្កើងព្រះអង្គដោយវាយក្រាប់ ហើយលោតកញ្ឆេង ចូរសរសើរតម្កើងព្រះអង្គ ដោយប្រដាប់មានខ្សែ និងខ្លុយ។ 5 ចូរសរសើរតម្កើងព្រះអង្គដោយវាយឈិងឲ្យឮរងំ ចូរសរសើរតម្កើងព្រះអង្គ ដោយវាយឈឹងឮសូររំពង។ 6 គួរឲ្យអ្វីៗទាំងអស់ដែលមានជីវិត បានសរសើរតម្កើងព្រះអម្ចាស់។ សរសើរតម្កើងព្រះអម្ចាស់។