1 នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ ថ្លែងមកកាន់លោកយ៉ូអែល ជាកូនរបស់លោកពេធូអែល។ 2 ពួកព្រឹទ្ធាចារ្យទាំងឡាយអើយ សូមស្តាប់ការនេះចុះ ពួកអ្នកស្រុកអើយ ចូរផ្ទៀងត្រចៀកស្ដាប់។ តើហេតុការណ៍បែបនេះដែលកើតមាន ក្នុងគ្រារបស់អ្នករាល់គ្នា ឬក្នុងជំនាន់ដូនតាអ្នករាល់គ្នាឬទេ? 3 សូមប្រាប់ការទាំងនេះដល់កូនរបស់អ្នក និងឲ្យកូនរបស់អ្នក ប្រាប់ដល់ចៅ រួចឲ្យចៅប្រាប់ដល់ជំនាន់ក្រោយៗទៀតផង។ 4 អ្វីៗដែលដង្កូវទុកឲ្យនៅសល់ នោះមានកណ្ដូបស៊ីបង្ហិន អ្វីៗដែលកណ្ដូបទុកឲ្យនៅសល់ នោះមានចង្រិតស៊ីបង្ហិន ហើយអ្វីៗដែលចង្រិតទុកឲ្យនៅសល់ នោះមានក្រាស៊ីបង្ហិន។ 5 ពួកអ្នកប្រមឹកអើយ ចូរភ្ញាក់ឡើង ហើយយំផង ពួកអ្នកដែលធ្លាប់ផឹកស្រាទំពាំងបាយជូរទាំងឡាយ ទ្រហោយំចុះ ដោយព្រោះតែស្រាទំពាំងបាយជូរផ្អែម គឺបានកាត់ចេញពីអ្នកទាំងអស់គ្នាហើយ។ 6 ត្បិត ជនជាតិមួយនឹងមករស់នៅលើទឹកដីរបស់ខ្ញុំ ពួកគេរឹងមាំហើយចំនួនរាប់មិនអស់។ ធ្មេញរបស់ពួកគេគឺជាធេញនៃសត្វសិង្ហ ក៏មានថ្គាមដូចថ្គាមរបស់សិង្ហញី។ 7 វាបានបំផ្លាញដើមទំពាំងបាយជូររបស់យើង ក៏បានស៊ីកម្ទេចដើមឧទម្ពររបស់យើង វាហែកសម្បកហើយគ្រវែងចោល វាធ្វើឲ្យមែកទាំងអស់ប្រែទៅជាពណ៌ស។ 8 ចូរកាន់ទុក្ខ ដូចស្រីក្រមុំដែលស្លៀកពាក់សំពត់ធ្មៃ យំសោកនឹងគូដណ្ដឹងរបស់នាងស្លាប់។ 9 ចំណែកតង្វាយម្សៅ និងតង្វាយច្រួច នោះបានផ្តាច់ចេញពីព្រះដំណាក់របស់ព្រះអម្ចាស់ហើយ។ ពួកសង្ឃដែលបម្រើការងារថ្វាយព្រះអម្ចាស់ នាំគ្នាកាន់ទុក្ខដែរ។ 10 ស្រែចម្ការត្រូវខូចបង់ ហើយស្រុកកំពុងសោយសោក ដ្បិតស្រូវត្រូវបំផ្លាញ។ ស្រាទំពាំងបាយជូរថ្មីក៏រីងហួត និងប្រេងក៏ខ្វះទៅដែរ។ 11 ពួកអ្នកធ្វើស្រែចម្ការអើយ ចូរស្រងាកចិត្តទៅ ពួកអ្នកធ្វើចម្ការទំពាំងបាយជូរអើយ ចូរទ្រហោយំចុះ ដោយព្រោះស្រូវសាលី និងស្រូវឱក។ ដ្បិតចម្រូតនៅស្រែចម្ការខូចអស់ហើយ។ 12 ដើមទំពាំងបាយជូរស្វិតក្រៀម ហើយដើមល្វាស្វិតស្រពោនអស់ហើយ ហើយដើមទទឹម ដើមលម៉ើ និងដើមសារី គឺអស់ទាំងដើមឈើនៅចម្ការ ក៏ស្វិតក្រៀមទៅដែរ។ អំណរក៏ស្ងួតពីមនុស្សលោកដែរ។ 13 ពួកសង្ឃអើយ! ចូរស្លៀកសំពត់ធ្មៃ ហើយពួកអ្នកដែលបម្រើនៅលើអាសនាអើយ ចូរទ្រហោរយំចុះ។ ពួកអ្នកបម្រើព្រះជាម្ចាស់អើយ ចូរនាំគ្នាចូលមក ចូរដេកឃ្លុំខ្លួនដោយសំពត់ធ្មៃពេញមួយយប់ចុះ។ ដ្បិតតង្វាយម្សៅ និងតង្វាយច្រួច ត្រូវដកហូតចេញពីព្រះដំណាក់ នៃព្រះរបស់អ្នករាល់គ្នាហើយ។ 14 ចូរតមអាហារឲ្យបានបរិសុទ្ធ ចូរប្រកាសឲ្យមានការប្រជុំក្នុងចំណោមអ្នកបរិសុទ្ធ។ ត្រូវប្រមូលពួកចាស់ទុំ និងពួកអ្នកស្រុកទាំងអស់ ឲ្យមកព្រះដំណាក់នៃព្រះអម្ចាស់ជាព្រះអង្គរបស់អ្នក ហើយស្រែកអំពាវនាវរកព្រះអម្ចាស់ផង។ 15 វេទនាហើយថ្ងៃនោះ ដ្បិតជាថ្ងៃនៃព្រះអម្វាស់ ជិតមកដល់ហើយ។ ថ្ងៃនោះនឹងមកដល់ដូចជាការបំផ្លាញ មកពីព្រះអង្គពេញដោយអំណាច។ 16 តើអាហារមិនបានរលាយបាត់ពីភ្នែករបស់យើង ហើយអំណរនិងការសប្បាយរីករាយ ពីព្រះដំណាក់របស់ព្រះជាម្ចាស់នៃយើងឬទេ? 17 គ្រាប់ពូជពង្រោះរលួយអស់នៅក្នុងដី ឃ្លាំងនៅទទេហើយជង្រុកស្រូវក៏រលំអស់ ព្រោះស្រូវស្វិតក្រៀមអស់ហើយ។ 18 សត្វទាំងប៉ុន្មានស្រែកយំ ហ្វូងគោស្រឡាំងកាំង ដ្បិតគ្មានស្មៅស៊ីសោះ ទាំងហ្វូងចៀមក៏ត្រូវរីងរៃដែរ។ 19 ព្រះអម្ចាស់អើយ ទូលបង្គំទូលអង្វរព្រះអង្គ។ ដ្បិតភ្លើងបានឆេះវាលស្មៅនៅទីរហោស្ថាន ហើយអណ្ដាតភ្លើងបានឆេះអស់ទាំងដើមឈើនៅវាលដែរ។ 20 សូម្បីតែសត្វនៅដីទាំងប៉ុន្មាន ក៏ដង្ហក់រកព្រះអង្គដែរ ព្រោះប្រភពទឹកទាំងប៉ុន្មានរីងស្ងួតទៅ ហើយភ្លើងក៏បានឆេះវាលស្មៅ នៅទីរហោស្ថានអស់ដែរ។
1 ចូរផ្លុំត្រែនៅក្រុងស៊ីយ៉ូន ហើយចូរធ្វើសូរសញ្ញានៅលើភ្នំបរិសុទ្ធរបស់យើង! ត្រូវឲ្យអ្នកស្រុកទាំងអស់ញាប់ញ័រនឹងភ័យខ្លាចផង ដ្បិតថ្ងៃរបស់ព្រះអម្ចាស់កំពុងតែមកហើយ ថ្ងៃនោះនៅជិតបង្កើយ។ 2 គឺជាថ្ងៃងងឹត ហើយមេឃស្រទំ ជាថ្ងៃមានពពក ហើយងងឹតយ៉ាងក្រាស់។ មានជនជាតិមួយយ៉ាងធំ ហើយខ្លាំងពូកែចូលមក ដូចពន្លឺថ្ងៃដែលទើបនឹងរះលាតត្រដាងលើភ្នំ តាំងពីដើមមកមិនដែលមានដូច្នេះឡើយ ហើយនៅពេលខាងមុខ គ្រប់ជំនាន់តរៀងទៅក៏មិនមានទៀតដែរ។ 3 មានភ្លើងឆេះបន្សុសនៅពីមុខវា ហើយខាងក្រោយវាក៏មានអណ្ដាតភ្លើងឆេះដែរ។ នៅពីមុខវា ផែនដីប្រៀបដូចជា សួនអេដែន តែខាងក្រោយវា ប្រៀបដូចជា ទីរហោស្ថានហួតហែង គ្មានរបស់អ្វីគេចផុតពីវាបានឡើយ។ 4 រូបរាងរបស់វាមើលទៅដូចជាសេះ ហើយពួកវាក៏រត់ដូចជាសេះចម្បាំងផងដែរ។ 5 ពួកវាកញ្ឆលឮសន្ធឹកដូចរទេះចម្បាំងនៅលើកំពូលភ្នំ គឺដូចសន្ធឹកអណ្ដាតភ្លើងដែលឆេះជញ្ជ្រាំង ហើយដូចជាកងទ័ពដ៏ខ្លាំងពូកែ ដែលរួចរាល់ក្នុងការចូលទៅច្បាំង។ 6 មនុស្សមានសេចក្ដីថប់ព្រួយនៅមុខគេ ហើយមុខអ្នកទាំងអស់នោះទៅជាស្លេកស្លាំង។ 7 ពួកគេសម្រុកទៅមុខដូចមនុស្សខ្លាំងពូកែ ក៏ឡើងកំផែងដូចមនុស្សថ្នឹកច្បាំង ម្នាក់ៗសម្រុកទៅមុខ ឥតងាកចេញពីផ្លូវរបស់ខ្លួនឡើយ។ 8 ម្យ៉ាងវិញទៀត ពួកគេមិនរុញគ្នាទៅវិញទៅមកទេ គឺម្នាក់ៗដើរតាមជួររៀងខ្លួនជានិច្ច ពួកគេវាយលុកទៅមុខបំបែកអ្នកការពារ ដោយរក្សាជួររបស់គេដ៏ដែរ។ 9 ពួកគេគំហុកចូលទៅក្នុងទីក្រុង ក៏រត់នៅលើកំផែង ហើយគេតោងឡើងទៅក្នុងផ្ទះទាំងប៉ុន្មាន ដោយគេចូលតាមបង្អួចដូចជាចោរ។ 10 ផែនដីកក្រើកនៅមុខគេ ផ្ទៃមេឃក៏ញ័ររន្ធត់ ព្រះអាទិត្យ និងព្រះចន្ទប្រែជាងងឹត ហើយផ្កាយទាំងប៉ុន្មានក៏លែងបញ្ចេញពន្លឺ។ 11 ព្រះអម្ចាស់បញ្ចេញព្រះសូរសៀង នៅមុខកងទ័ពរបស់ព្រះអង្គ ដ្បិតជំរំទ័ពរបស់ព្រះអង្គធំណាស់ អស់អ្នកដែលធ្វើតាមបញ្ជារបស់ព្រះអង្គ នោះមានច្រើនឥតគណនា ដ្បិតថ្ងៃរបស់ព្រះអម្ចាស់ជាថ្ងៃដ៏អស្ចារ្យ ហើយគួរស្ញែងខ្លាចណាស់។ តើអ្នកណាអាចរួចជីវិតពីវាបាន? 12 ព្រះអម្ចាស់បានមានព្រះបន្ទូលថា៖ ឥឡូវនេះ ចូរនាំគ្នាបែរមករកយើងឲ្យអស់ពីចិត្ត ទាំងតមអត់ទាំងយំសោក ហើយកាន់ទុក្ខផង។ 13 មិនគ្រាន់តែហែកអាវខ្លួនទេ គឺត្រូវយំក្នុងចិត្ត ហើយបែរមករកព្រះអម្ចាស់ជាព្រះរបស់អ្នកវិញ ដ្បិតព្រះអង្គប្រកបដោយព្រះគុណ និងព្រះហឫទ័យមេត្តាករុណា ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរសជាបរិបូរ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងការជំនុំជម្រះទេ។ 14 តើនរណានឹងដឹង? ប្រហែលជាព្រះអង្គនឹងលើកលែងទោស ហើយចាត់ព្រះទានពរមកដល់អ្នករាល់គ្នា ជំនួសឲ្យបណ្ដាសា។ គឺឲ្យមានតង្វាយម្សៅ និងតង្វាយច្រួច សម្រាប់ថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក។ 15 ចូរផ្លុំត្រែឡើងនៅក្រុងស៊ីយ៉ូន ចូរញែកពេលចេញសម្រាប់តមអត់ ចូរហៅអ្នកបរិសុទ្ធមកប្រជុំគ្នា។ 16 ចូរប្រមូលប្រជាជន ចូរញែកក្រុមជំនុំចេញជាបរិសុទ្ធ ចូរប្រជុំពួកចាស់ទុំ ចូរប្រមូលកូនក្មេង ព្រមទាំងកូនដែលនៅបៅដោះមកផង។ ត្រូវឲ្យប្តីថ្មោងថ្មីចេញពីបន្ទប់មក ហើយប្រពន្ធថ្មោងថ្មីចេញពីវាំងននមកដែរ។ 17 ចូរឲ្យពួកបូជាចារ្យ ជាពួកអ្នកបម្រើរបស់ព្រះអម្ចាស់ យំនៅចន្លោះច្រកចូល និងអាសនា។ ត្រូវឲ្យគេពោលថា «ព្រះអម្ចាស់អើយ សូមមេត្តដល់ប្រជារាស្ត្ររបស់ព្រះអង្គផង សូមកុំឲ្យគេមាក់ងាយមរតករបស់ព្រះអង្គ ឲ្យពួកជនជាតិដទៃបានគ្រប់គ្រងលើគេឡើយ។ តើមានទំនងអ្វីឲ្យគេនិយាយគ្នា នៅកណ្ដាលជនជាតិទាំងឡាយថា តើព្រះរបស់គេនៅឯណាវិញ?» 18 ដ្បិត ព្រះអម្ចាស់ប្រចណ្ឌ ចំពោះទឹកដីរបស់ព្រះអង្គហើយមានព្រះហឫទ័យអាណិតអាសូរ ដល់ប្រជារាស្ត្ររបស់ព្រះអង្គ។ 19 ព្រះអម្ចាស់ឆ្លើយតបនឹងប្រជារាស្ត្ររបស់ព្រះអង្គថា «មើល៍ យើងនឹងផ្ញើស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេងមកអ្នករាល់គ្នា។ អ្នករាល់គ្នានឹងបានស្កប់ចិត្ត យើងនឹងមិនធ្វើឲ្យអ្នកទៅជាទីត្មះតិះដៀល ក្នុងចំណោមជនជាតិទាំងផ្រេងៗ។ 20 យើងនឹងដកយកកងទ័ពនៅទិសខាងជើង ចេញឆ្ងាយពីអ្នករាល់គ្នា យើងនឹងបណ្តេញគេទៅទឹកដីមួយដែលហួតហែង ហើយស្ងាត់ច្រៀប ក៏បោះទ័ពជួរមុខរបស់គេទៅក្នុងសមុទ្រខាងកើត ហើយទ័ពជួរក្រោយ ទៅក្នុងសមុទ្រខាងលិច។ ក្លិនស្អុយអសោចរបស់គេនឹងសាយឡើង»។ ដ្បិតគេបានធ្វើការយ៉ាងអស្ចារ្យ។ 21 ទឹកដីអើយ កុំភ័យខ្លាច! ចូរត្រេកអរ ហើយសប្បាយរីករាយឡើង ដ្បិតព្រះអម្ចាស់បានធ្វើការយ៉ាងអស្ចារ្យ។ 22 សត្វទាំងឡាយនៅទីវាលអើយ កុំភ័យខ្លាច! ដ្បិតវាលស្មៅនៅទីរហោស្ថានកំពុងលាស់ខៀវខ្ចី ហើយដើមឈើទាំងប៉ុន្មានក៏មានផ្លែ ដើមឧទម្ពរ និងដើមទំពាំងបាយជូរ ក៏ចេញផ្លែជាបរិបូរដែរ។ 23 ពួកកូនក្រុងស៊ីយ៉ូនអើយ ចូរអរសប្បាយ ចូរត្រេកអរក្នុងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាចុះ ដ្បិតព្រះអង្គប្រទានភ្លៀងដំបូងមកតាមខ្នាតត្រឹមត្រូវ ព្រះអង្គបង្អុរឲ្យភ្លៀងធ្លាក់ចុះ សម្រាប់អ្នករាល់គ្នា គឺជាភ្លៀងដើមរដូវ និងភ្លៀងចុងរដូវដូចកាលពីមុន។ 24 ក្នុងទីលានបោកស្រូវ នឹងមានពេញដោយស្រូវសាលី ហើយធុងទាំងប៉ុន្មាននឹងពេញហូរហៀរ ដោយស្រាទំពាំងបាយជូរ និងប្រេងផងដែរ។ 25 យើងនឹងសងអ្នករាល់គ្នាវិញ នូវឆ្នាំទាំងប៉ុន្មាន ដែលត្រូវកណ្តូបចង្រិត ដង្កូវនិងក្រាស៊ីបង្ខូច គឺជាកងទ័ពធំរបស់យើង ដែលយើងបានចាត់មក ក្នុងចំណោមអ្នករាល់គ្នា។ 26 អ្នករាល់គ្នានឹងបរិភោគជាបរិបូរ ហើយឆ្អែតស្កប់ស្កល់ រួចសរសើរតម្កើងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដែលព្រះអង្គបានប្រព្រឹត្តនឹងអ្នកយ៉ាងអស្ចារ្យ។ ប្រជារាស្ត្ររបស់យើងនឹងមិនត្រូវអាម៉ាស់ទៀតឡើយ។ 27 អ្នករាល់គ្នានឹងដឹងថា យើងគង់នៅកណ្ដាលជនជាតិអីុស្រាអែល ហើយថា យើងនេះ គឺព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា គ្មានព្រះណាទៀតឡើយ ប្រជារាស្ត្ររបស់យើងនឹងមិនត្រូវអាម៉ាស់ទៀតដែរ។ 28 ក្រោយមកទៀត យើងនឹងចាក់បង្ហូរ ព្រះវិញ្ញាណរបស់យើងទៅលើមនុស្សទាំងអស់ កូនប្រុសកូនស្រីរបស់អ្នកនឹងថ្លែងព្រះបន្ទូល ពួកចាស់ៗរបស់អ្នកនឹងយល់សប្តិឃើញ ហើយពួកកំលោះៗរបស់អ្នកនឹងឃើញនិមិត្ត។ 29 សូម្បីតែពួកអ្នកបម្រើប្រុសស្រី ក៏យើងនឹងចាក់បង្ហូរព្រះវិញ្ញាណ របស់យើងទៅលើពួកគេដែរ។ 30 យើងនឹងសម្ដែងការអស្ចារ្យនៅលើមេឃ និងនៅលើផែនដី គឺជាឈាម ភ្លើងនិងកម្សួលផ្សែង។ 31 ព្រះអាទិត្យនឹងប្រែទៅជាងងឹត ព្រះចន្ទនឹងទៅជាឈាម គឺមុនថ្ងៃដ៏អស្ចារ្យ ហើយគួរស្ញែងខ្លាចរបស់ព្រះអម្ចាស់មកដល់។ 32 ការនោះនឹងកើតឡើង អស់អ្នកដែលអំពាវនាវរកព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ ដ្បិតនៅភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡិម នោះនឹងមានអស់អ្នកដែលរត់គេច ដូចព្រះអម្ចាស់បានមានព្រះបន្ទូលហើយ ក្នុងចំណោមពួកអ្នកដែលបានរួចជីវិត គឺជាអស់អ្នកដែលព្រះអម្ចាស់ត្រាស់ហៅ។
1 មើល៍! នៅថ្ងៃនោះ និងនៅវេលានោះ កាលយើងបានស្ដារស្រុកយូដា និងក្រុងយេរូសាឡិម ដូចដើមឡើងវិញ 2 នោះយើងនឹងប្រមូលជនជាតិទាំងអស់ ហើយនាំគេចុះទៅក្នុងជ្រលងភ្នំយេហូសាផាត នៅទីនោះយើងនឹងជំនុំជម្រះទោសពួកគេ ដោយព្រោះប្រជារាស្ត្ររបស់យើង គឺអុីស្រាអែលជាមរតករបស់យើង ដែលគេកម្ចាត់កម្ចាយទៅគ្រប់ទីកន្លែង ហើយគេបានបែងចែកទឹកដីរបស់យើង។ 3 គេយកប្រជារាស្ត្ររបស់យើងទៅចាប់ឆ្នោតចែកគ្នា គេដោះដូរក្មេងប្រុសយកស្រីពេស្យា ហើយគេលក់ក្មេងស្រី ដើម្បីទិញស្រាផឹក ហើយក៏ស្រវឹងដោយស្រានោះ។ 4 តើហេតុអ្វីបានជាអ្នកខឹងនឹងយើង ក្រុងទីរ៉ុស ក្រុងស៊ីដូន និងតំបន់នានាទាំងប៉ុន្មាននៅស្រុកភីលីស្ទីនអើយ? តើអ្នករាល់គ្នាគិតសងសឹកនឹងយើងឬ? ប្រសិនបើអ្នករាល់គ្នាសងយើង នោះយើងនឹងទម្លាក់ទៅលើក្បាលអ្នកវិញភ្លាមមួយរំពេច។ 5 ដ្បិតអ្នករាល់គ្នាបានយកប្រាក់ និងមាសរបស់យើង ហើយបានដឹកយកសម្បត្តិដ៏មានតម្លៃរបស់យើង ទៅទុកនៅក្នុងវិហាររបស់អ្នក។ 6 អ្នកបានលក់ប្រជាជនយូដា និងអ្នកក្រុងយេរូសាឡិមឲ្យពួកជនជាតិក្រិក ដើម្បីយកគេចេញទៅឆ្ងាយពីព្រំដែនរបស់ខ្លួន។ 7 មើល៍! យើងនឹងដាស់គេឡើង ឲ្យចេញពីទីកន្លែងដែលអ្នកបានលក់គេទៅ ហើយនឹងសងអំពើនោះ ទៅលើក្បាលរបស់អ្នករាល់គ្នាវិញ។ 8 យើងនឹងលក់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា ទៅក្នុងកណ្ដាប់ដៃរបស់ប្រជាជនយូដាវិញ ហើយគេនឹងលក់វាទៅឲ្យពួកសេបា គឺដល់ជនជាតិមួយដែលនៅឆ្ងាយ ដ្បិតព្រះអម្ចាស់បានមានព្រះបន្ទូលហើយ។ 9 ចូរប្រកាសការនេះក្នុងចំណោមជនជាតិទាំងឡាយថា៖ សូមត្រៀមខ្លួនចូលច្បាំង ចូរដាស់មនុស្សខ្លាំងពូកែឡើង ត្រូវឲ្យពួកទាហានទាំងប៉ុន្មានចូលមកជិត ត្រូវឲ្យគេនាំគ្នាឡើងមក។ 10 ចូរដំដែកផាលនង្គ័លរបស់អ្នករាល់គ្នាធ្វើជាដាវ ហើយដង្កាវរបស់អ្នករាល់គ្នាធ្វើជាលំពែងទៅ ត្រូវឲ្យអ្នកខ្សោយពោលថា «ខ្ញុំខ្លាំងពូកែ»។ 11 ពួកជនជាតិទាំងឡាយដែលនៅព័ទ្ធជុំវិញអើយ ចូរប្រញាប់មកប្រជុំគ្នា។ ព្រះអម្ចាស់ សូមឲ្យពួកខ្លាំងពូកែរបស់ព្រះអង្គចុះមក។ 12 ត្រូវឲ្យជនជាតិទាំងប៉ុន្មានភ្ញាក់ឡើង ហើយមកឯជ្រលងភ្នំយេហូសាផាត ដ្បិតនៅទីនោះ យើងនឹងអង្គុយជំនុំជម្រះ ជនជាតិទាំងប៉ុន្មានដែលនៅព័ទ្ធជុំវិញ។ 13 ចូរដាក់កណ្តៀវទៅ ដ្បិតចម្រូតទុំហើយ ចូរមកជាន់ផ្លែចុះ ដ្បិតធុងបញ្ជាន់ផ្លែពេញហើយ ធុងត្រងទឹកទំពាំងបាយជូរក៏ពេញហៀរដែរ ដ្បិតអំពើអាក្រក់របស់គេសម្បើមណាស់។ 14 នៅទីនោះមានមនុស្សមួយហ្វូង ហើយមនុស្សទាំងនោះនៅជ្រលងភ្នំនៃការជំនុំជម្រះទោស ដ្បិតថ្ងៃរបស់ព្រះអម្ចាស់ជិតដល់ហើយ នៅក្នុងច្រកភ្នំនៃកាត់ទោស។ 15 ព្រះអាទិត្យ និងព្រះចន្ទងងឹតសូន្យ ហើយផ្កាយទាំងប៉ុន្មានក៏លែងភ្លឺដែរ។ 16 ព្រះអម្ចាស់នឹងស្រែកគ្រហឹមពីភ្នំស៊ីយ៉ូន ហើយបញ្ចេញព្រះសៀងពីក្រុងយេរូសាឡិម ផ្ទៃមេឃ និងផែនដីកក្រើករំពើក តែព្រះអម្ចាស់ជាជម្រកដល់ប្រជារាស្ត្ររបស់ព្រះអង្គ ជាទីមាំមួនដល់ប្រជាជនអុីស្រាអែល។ 17 «យ៉ាងនោះ អ្នករាល់គ្នានឹងដឹងថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងគង់នៅភ្នំស៊ីយ៉ូន ជាភ្នំបរិសុទ្ធរបស់យើង ក្រុងយេរូសាឡិមនឹងបានបរិសុទ្ធ ហើយគ្មានអ្នកដទៃណាដើរកាត់ទៀតឡើយ។ 18 នៅគ្រានោះ ភ្នំធំៗនឹងស្រក់ស្រាទំពាំងបាយជូរផ្អែម ហើយភ្នំតូចៗនឹងហូរដោយទឹកដោះ អស់ទាំងជ្រោះនៅទឹកដីយូដានឹងមានទឹកហូរ ហើយនឹងមានក្បាលទឹកមួយ ហូរចេញពីព្រះដំណាក់របស់ព្រះអម្ចាស់ មកស្រោចស្រពជ្រលងភ្នំស៊ីទីម។ 19 ទឹកដីអេស៊ីប នឹងទៅជាស្ងាត់ច្រៀប ហើយស្រុកអេដុមនឹងទៅជាទីរហោស្ថាន ព្រោះតែអំពើឃោរឃៅដែលគេ បានប្រព្រឹត្តចំពោះប្រជាជនយូដា ដ្បិតគេបានកម្ចាយឈាមមនុស្សស្លូតត្រង់ នៅលើទឹកដីរបស់គេ។ 20 ប៉ុន្តែ យូដានឹងរស់នៅរហូតតទៅ ហើយក្រុងយេរូសាឡិមដែរ គឺគ្រប់ជំនាន់តរៀងទៅ។ 21 យើងនឹងសងសឹកឲ្យឈាមរបស់គេ គឺឈាមដែលយើងមិនទាន់បានសងសឹកឲ្យនៅឡើយ» ដ្បិតព្រះអម្ចាស់គង់នៅក្រុងស៊ីយ៉ូន។