1 នេះជាសេចក្ដីប្រកាសអំពីក្រុងនីនីវេ។ សៀវភៅនេះចែងអំពីនិមិត្តហេតុដ៏អស្ចារ្យដែលលោកណាហ៊ូមជាអ្នកភូមិអែលកូស។ 2 ព្រះអម្ចាស់គឺជាព្រះប្រចណ្ឌ ព្រះអង្គក៏សងសឹក ព្រះ អម្ចាស់ សងសឹក ហើយក៏មានពេញដោយសេចក្ដីក្រោធព្រះអម្ចាស់សងសឹក ដល់ពួកអ្នកតតាំងនឹងព្រះអង្គ ហើយព្រះ អង្គរក្សាសេចក្ដីក្រោធ សម្រាប់ពួកខ្មាំងសត្រូវ។ 3 ព្រះ អម្ចាស់យឺតនឹងខ្ញាល់ ហើយមានព្រះចេស្តាយ៉ាងខ្លាំងព្រះអង្គមិនលើកលែងទោសដល់ខ្មាំងសត្រូវឡើយ។ ផ្លូវរបស់ព្រះអម្ចាស់ នៅក្នុងខ្យល់កួច ហើយក្នុងព្យុះសង្ឃរា ពពកទាំងឡាយជាធូលីហុយពីព្រះបាទរបស់ព្រះអង្គ។ 4 ព្រះអង្គគំរាមសមុទ្រ ឲ្យទៅជាដីគោក ព្រះអង្គធ្វើឲ្យទន្លេទាំងប៉ុន្មានរីងស្ងួតដែរ។ ចំណែកទឹកដីបាសាន ទៅជាខ្សោយរូមទាំងទឹកដីកើមែលដែរ ផ្កាព្រៃល្បាណូនក៏ស្រពោន។ 5 ភ្នំធំៗទាំងឡាយកក្រើកនៅចំពោះព្រះវត្តមានទ្រង់ ហើយភ្នំតូចទាំងប៉ុន្មានក៏រលាយ ផែនដី និងពិភពលោកទាំងមូល និងអ្វីៗទាំងអស់នៅក្នុងលោកនេះ និងដួលរលំនៅចំពោះព្រះវត្តមានទ្រង់។ 6 តើមានអ្នកណាអាចនឹងឈរនៅមុខ សេចក្ដីក្រោធព្រះអង្គបាន? តើអ្នកណានឹងធន់នៅបានក្នុងពេលដែល សេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះអង្គឆួលឡើង? សេចក្ដីក្រោធរបស់ព្រះអង្គក៏ចាក់ចេញដូចជាភ្លើង ហើយថ្មទាំងប៉ុន្មានក៏ត្រូវបែកខ្ចាយ ដោយសារព្រះអង្គ។ 7 ព្រះអម្ចាស់ល្អ ហើយជាទីពឹងមាំមួននៅថ្ងៃដ៏លំបាក ព្រះអង្គក៏ស្មោះត្រង់ដល់អស់អ្នកដែលជ្រកកោនក្នុងទ្រង់។ 8 ប៉ុន្តែ ព្រះអង្គនឹងបំផ្លាញពួកបច្ចាមិត្តរបស់សត្រូវ ឲ្យវិនាសសាបសូន្យ ដោយទឹកជំនន់ ហើយនឹងដេញពួកខ្មាំងសត្រូវរបស់ព្រះអង្គទៅក្នុងទីងងឹត។ 9 តើអ្នករាល់គ្នាគិតបង្កើតគម្រោង ទាស់នឹងព្រះអម្ចាស់? ព្រះអង្គនឹងធ្វើឲ្យវាវិនាសទៅ មិនឲ្យវាធ្វើទុក្ខជាលើកទីពីរទេ។ 10 ដ្បិតពួកគេនឹងត្រូវឆេះអស់រលីងដូចជាចំបើងស្ងួត ក៏ស្រវឹងដូចជាបានផឹកស្រាហើយ ពួកគេត្រូវបានលេបត្របាកដោយភ្លើង ដូចភ្លើងឆេះគំនរចំបើង។ 11 មានម្នាក់ដែលនឹងងើបឡើងចេញពីចំណោមអ្នក គឺនីនីវេ ដែលគិតគូរការអាក្រក់ទាស់នឹងព្រះអម្ចាស់ គឺជាអ្នកដែលប្រឹក្សាសុទ្ធតែអំពើអាក្រក់។ 12 នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់៖ «ទោះបីខ្មាំងសត្រូវមានចំនួនច្រើន និងមានកម្លាំងយ៉ាងណាក្ដី ពួកគេមុខជារលាយសូន្យ គ្មានសល់ឡើយ។ ប៉ុន្តែអ្នកវិញយូដាអើយ យើងបានបន្ទាបអ្នកម្តងហើយ តែយើងនឹងមិនបន្ទាបអ្នកទៀតទេ។ 13 ឥឡូវនេះ យើងនឹងបំបាក់នឹមរបស់គេចេញពីឯង ហើយបណ្ដាច់ចំណងឯងផង»។ 14 ព្រះអម្ចាស់បានផ្តល់សេចក្តីបង្គាប់អំពីអ្នក ក្រុងនីនីវេ «អ្នកនឹងមិនមានកូនចៅដើម្បីបន្តវេនឈ្មោះទៀតឡើយ។ យើងនឹងដកអស់ទាំងរូបឆ្លាក់ និងរូបសិត ចេញពីវិហាររបស់ព្រះទាំងប៉ុន្មានចេញពីរបស់ឯង។ យើងនឹងជីករណ្តៅដីហើយរៀបចំផ្នូរសម្រាប់ឯង ដ្បិតឯងគម្រក់ណាស់»។ 15 មើល៍! នៅលើភ្នំទាំងឡាយ ឃើញជើងរបស់អ្នកដែលនាំដំណឹងល្អមក គឺជាអ្នកដែលប្រកាសប្រាប់ពីសេចក្ដីសុខ ចូររក្សាថ្ងៃបុណ្យទាំងប៉ុន្មានរបស់ឯង យូដាចូរលាបំណន់ឯងចុះ ដ្បិតមនុស្សពាលនឹងមិនដែល ធ្វើទុក្ខឯងទៀតឡើយ គេត្រូវវិនាសអស់ទៅ»។
1 អ្នកដែលកម្ចាត់កម្ចាយបានឡើងមកទាស់នឹងឯងហើយ។ ចូរការពារបន្ទាយ ត្រូវយាមផ្លូវ ចូរក្រវាត់ចង្កេះឲ្យខែងរ៉ែង ហើយចម្រើនកម្លាំងទព័យ៉ាងសន្ធឹកចុះ។ 2 ដ្បិតព្រះអម្ចាស់កំពុងកសាងសេចក្ដីរុងរឿង របស់យ៉ាកុបឡើងវិញ ដូចជារាជ្យអុីស្រាអែលដែរ ដ្បិតពួកចោរប្លន់បានបំផ្លាញខ្នែង ទំពាំងបាយជូររបស់គេអស់។ 3 ខែលនៃមនុស្សខ្លាំងពូកែរបស់គេ ពណ៌ក្រហម ទាហានរបស់គេស្លៀកពាក់ពណ៌ក្រហមឆ្អៅ ចំណែក ឯរទេះចម្បាំងភ្លឺផ្លេកៗនៅថ្ងៃដែលគេប្រមូលផ្ដុំទ័ព ទាំងគ្រវីលំពែងដងកកោះ។ 4 រទេះចម្បាំងរត់យ៉ាងសម្បើមទៅតាមផ្លូវ រត់ចុះឡើងតាមផ្លូវ មានភាពដូចជាចន្លុះ ហើយរត់លឿនដូចជាផ្លេកបន្ទោរ។ 5 ម្នាក់ដែលនឹងមកបំផ្លាញអ្នកទៅជាចំណែកតូចៗ បានហៅជាមេទ័ព តែពួកគេភ័យញ័រនៅក្នុងចំណោមគេទាំងញ័រជើងផង ពួកគេប្រញាប់ប្រញាល់ដើម្បីវាយកំផែងក្រុង។ ខែលធំទាំងនេះគឺធ្វើសម្រាប់ការពារទ័ពប្រយុទ្ធទាំងនោះ។ 6 ទ្វារខាងទន្លេបានបង្ខំឲ្យរបើកឡើង ហើយដំណាក់ស្តេចក៏រលំចុះក្រោម។ 7 ព្រះនាងហ៊ូសាបត្រូវគេយកសំលៀកបំពាក់និងចាប់ជាឈ្លើយ ពួកបាវបម្រើស្រីរបស់ព្រះនាងក៏យំថ្ងូរដូចជាសត្វព្រាបទាំងគក់ទ្រូងផង។ 8 ក្រុងនីនីវេប្រៀបដូចជាអាងទឹកដែលធ្លាយ គឺមនុស្សបានរត់ភៀសខ្លួន ដូចជាទឹកបុកគំហុក។ គេឯទៀតស្រែកថា «ឈប់សិន ឈប់សិន» តែគ្មាននរណាមួយបែរក្រោយឡើយ។ 9 ចូរយកប្រាក់ជាជ័យភ័ណ្ឌ យកមាសជាជ័យភ័ណ្ឌចុះ ដ្បិតរបស់ទ្រព្យមិនចេះអស់មិនចេះហើយទេ សុទ្ធតែជាប្រដាប់ប្រដាយ៉ាងល្អវិសេស។ 10 ទីក្រុងនីនីវេនៅទទេ ក៏ខូចបង់ មនុស្សក៏រសាយចិត្តទៅ ទាំងទន់ជង្គង់ ញ័រខ្លួន ហើយមុខរបស់គេទាំងអស់គ្នាក៏ស្លេកស្លាំង។ 11 តើរូងសិង្ហនោះបាត់ទៅណាហើយ ប្រៀបដូចជាកន្លែងដែលចិញ្ចឹមពួកសិង្ហស្ទាវ សិង្ហឈ្មោល និងសិង្ហញីឲ្យដើរនៅទីនោះ ព្រមទាំងកូនសិង្ហ ឥតមានអ្នកណាបំភ័យវាឡើយ? 12 ឯសិង្ហឈ្មោល វាតែងតែហែករំពាល្មមចម្អែតកូនក៏ខាំកសត្វយកមកឲ្យញី ព្រមទាំងពាំសាច់សត្វមកដាក់ពេញក្នុងរូងវាទៀតផង។ 13 «មើល៍! យើងទាស់នឹងឯង នេះគឺជាការប្រកាសរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ យើងនឹងដុតអស់ទាំងរទេះចម្បាំងរបស់ឯង ឲ្យទៅជាផេះ ហើយដាវនឹងស៊ីកូនសិង្ហរបស់ឯង យើងនឹងបំបាត់ជ័យភ័ណ្ឌចេញពីទឹកដីរបស់ឯង ហើយគេនឹងលែងឭសំឡេងរបស់អ្នកនាំសារទៀតឡើយ»។
1 វេទនាដល់ទីក្រុងដែលប្រឡាក់ដោយឈាម! វាមានពេញដោយការកុហក និងការលួចប្លន់មិនឈប់ឈរ អំពើឃោរឃៅ គឺតែងតែកើតឡើងនៅក្នុងទីក្រុងនេះ។ 2 ប៉ុន្តែពេលនេះ មានតែសូរសម្លេងយំសោក ហើយនិងសម្លេងសូរសន្ធឹកកង់ សូរសេះបោល និងសូររឃុករឃាក់នៃរទេះចម្បាំងវិញ។ 3 មានកងទ័ពប្រយុទ្ធសេះបានសំរុកចូល ជាមួយដាវដែលភ្លឺចាំង ហើយលំពែងផ្លេកៗ មានសាកសពគរលើគ្នាយ៉ាងច្រើន មានមនុស្សស្លាប់យ៉ាងសន្ធឹក វាគ្មានទីបព្ចាប់ឡើយ អ្នកដែលវាយប្រហារគេបានជំពប់ដួលលើសាកសពនោះ។ 4 នេះគឺដោយព្រោះការកំផិតយ៉ាងសន្ធឹករបស់ស្រីពេស្យា ដែលមានរូបឆោមឆាយជាមេនៃអស់ទាំងអំពើអាបធ្មប់ ជាអ្នកដែលលក់ជនជាតិទាំងឡាយ ដោយសារការកំផិតរបស់វា ព្រមទាំងគ្រួមនុស្សផង ដោយសារអំពើអាបធ្មប់របស់វា។ 5 «មើល៍! យើងទាស់ប្រឆាំងនិងឯង នេះព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលថា យើងនឹងសើយសំពត់ឯងឡើងគ្របមុខឯង ហើយនឹងបង្ហាញឲ្យពួកជនជាតិទាំងប៉ុន្មាន ឃើញកាយអាក្រាត និងឲ្យអស់ទាំងនគរ ឃើញកេរ្តិ៍ខ្មាសរបស់ឯង។ 6 ហើយយើងនឹងបោះសេចក្តីកខ្វក់ គួរខ្ពើមទៅលើឯង ឲ្យឯងទៅជាស្មោកគ្រោក រួចនឹងតាំងឯងឲ្យមនុស្សមើលលេង។ 7 នោះអស់អ្នកណាដែលឃើញឯង និងគេចរត់ពីឯងទៅ ដោយពាក្យថា «ក្រុងនីនីវេបានត្រូវខូចបង់ហើយ តើអ្នកណានឹងយំសោក» តើនឹងរកអ្នកណាអាចជួយរំលែកទុក្ខអ្នកបាន?» 8 នីនីវេ! តើឯងវិសេសជាងក្រុងថេប ដែលនៅជាប់ទាំងទន្លេនីលហើយមានទឹកនៅព័ទ្ធជុំវិញនោះ ក៏មានសមុទ្រការពារ គឺសមុទ្រទុកជាកំផែងឬអី? 9 ទឹកដីអេត្យូពី និងទឹកដីអេស៊ីប ជាកម្លាំងដែលមិនចេះសាបសូន្យរបស់គេ រីឯអ្នកទឹកដីពូថ និងអ្នកទឹកដីលីប៊ី ក៏ជាពួកសម្ព័ន្ឋមិត្តរបស់គេដែរ។ 10 ទោះបីបោះបង់យ៉ាងនេះក្ដី នាងក៏ទៅជាឈ្លើយដែរ ទារករបស់គេត្រូវខ្មាំងជាន់សម្លាប់នៅតាមផ្លូវ ពួកអ្នកធំរបស់គេត្រូវខ្មាំងចាប់ឆ្នោតចែកគ្នា មេដឹកនាំរបស់គេជាប់ច្រវាក់ទាំងអស់គ្នា។ 11 ឯងនិងត្រូវស្រវឹងដូច្នោះដែរ អ្នកនឹងព្យាយាមលាក់ខ្លួន ហើយនឹងស្វែងរកទីកន្លែងពួន ឲ្យរួចផុតពីខ្មាំងសត្រូវ។ 12 អស់ទាំងបន្ទាយរបស់ឯងនឹងដូចជាដើមល្វា ដែលមានផ្លែទុំជាដំបូង បើអ្នកណាអង្រួន នោះផ្លែក៏ជ្រុះចូលក្នុងមាត់របស់អ្នកដែលស៊ី។ 13 មើល៍ នៅក្នុងចំណោមពួកស្រីៗរបស់ពួកអ្នក ទ្វារនៃទឹកដីឯងបើកចំហសម្រាប់ខ្មាំងសត្រូវ ភ្លើងបានឆេះរនុកអ្នកអស់ទៅហើយ។ 14 ចូរដងទឹកទុកសម្រាប់ពេលដែលសត្រូវឡោមព័ទ្ធឯងជុំជិត ត្រូវរៀបចំបន្ទាយឯងឲ្យមាំមួនឡើង ចូរចុះទៅលាយដីឥដ្ឋ ហើយជួសជុលឡឥដ្ឋឲ្យមាំមួន។ 15 ភ្លើងនឹងឆេះបន្សុសអ្នកគ្មានសល់ ហើយនឹងមានដាវកាត់អ្នកផងដែរ។ គឺវានឹងស៊ីបង្ហិនអ្នកដូចជាកណ្តូប។ ចូរចម្រើនគ្នាឲ្យច្រើនឡើងដូចកណ្តូបទៅ ត្រូវឲ្យមានគ្នាច្រើនដូចជាកណ្តូបផង។ 16 អ្នកបានចម្រើនពួកជំនួញរបស់ឯង ឲ្យមានច្រើនជាងផ្កាយនៅលើមេឃ តែពួកគេដូចជាកណ្តូបតូចៗ ក៏ត្រូវបានដង្កូវស៊ីបង្ហិននៅលើដី រួចទៅបាត់ហើយ។ 17 ពួកចៅហ្វាយរបស់ឯងប្រៀបដូចជាកណ្តូប ហើយពួកមេទ័ពរបស់ឯងក៏ដូចជាហ្វូងកណ្តូប ដែលទំក្នុងរបងនៅពេលថ្ងៃរងា។ ប៉ុន្តែ កាលណាថ្ងៃរះឡើង នោះវាហើរទៅបាត់ ទៅកន្លែងណាក៏មិនដឹងដែរ។ 18 ស្តេចជនជាតិអាស្សុីរី ពួកគង្វាលរបស់អ្នក គេដេកលក់អស់ហើយ ការគ្រប់គ្រង់ដែលពេញដោយកុហកនិងដួលទៅ ប្រជាជនរបស់អ្នកត្រូវកំចាត់កំចាយទៅលើភ្នំ ឥតមានអ្នកណានឹងប្រមូលគេឡើយ។ 19 គ្មានអ្វីអាចព្យាបាលអ្នកឲ្យបាត់របួសឡើយ ព្រោះរបួសអ្នកធ្ងន់ណាស់។ គ្រប់គ្នាដែលឮដំណឹងពីអ្នក គេទះដៃអរសប្បាយដាក់អ្នកដែរ។ តើមានអ្នកណាដែលបានគេចពីអំពើកំណាច របស់អ្នកបាននោះ?