ខ្មែរ (Khmer): Unlocked Literal Bible - Khmer Print

Updated ? hours ago # views See on WACS
សាការី
សាការី
ជំពូក ១

1 នៅខែទីប្រាំបី នៃឆ្នាំទីពីរក្នុងរជ្ជកាលព្រះចៅដារីយូស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការី សាការី ត្រូវជាកូនលោកបេរេគា និងជាចៅរបស់លោកអ៊ីដោថា 2 «ព្រះអម្ចាស់​ក្រោធនឹងដូនតារបស់អ្នកខ្លាំងណាស់!​ 3 ចូរនិយាយប្រាប់ពួកគេថា ព្រះអម្ចាស់នៃពិភព​ទាំងមូលមានព្រះបន្ទូលយ៉ាងនេះថា៖ ចូរត្រលប់មករកយើងវិញ!​ ហើយយើងនឹងត្រលប់ទៅរកអ្នកវិញដែរ នេះគឺជាសេចក្ដីប្រកាសរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ 4 កុំធ្វើដូចដូនតារបស់អ្នកឡើយ​​​​ ជាពួកព្យាការីដែលបានស្រែកថា ​ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូច្នេះថា ចូលបែរចេញពីផ្លូវអាក្រក់ និង​ការប្រព្រឹត្តអំពើទុច្ចរិត!» ប៉ុន្តែពួកគេមិនស្ដាប់ និងមិនបានយកចិត្តទុកដាក់នឹងពាក្យរបស់យើងឡើយ នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 5 តើដូនតារបស់អ្នកនៅទីណា? តើពួកព្យាការីនៅទីណា តើពួកគេអាចនៅទីនេះជារៀងរហូតឬ? 6 ប៉ុន្តែពាក្យ និងបញ្ញត្តិ​ដែល​បានបង្គាប់ដល់ពួកព្យាការី ជាអ្នកបម្រើរបស់យើង តើពួកគេមិនបានវិលត្រលប់មកធ្វើតាមដូនតារបស់អ្នកវិញទេឬ? ដូច្នេះ ពួកគេបានប្រែចិត្តហើយនិយាយថា​ ព្រះអម្ចាស់នៃពិភពលោកទាំងមូល​ មានផែនការសម្រាប់ពួកយើង តាមផ្លូវនិងការប្រព្រឹត្តដែលយើងបានធ្វើយ៉ាងនោះដែរ ដូច្នេះព្រះអង្គ​បានធ្វើជាមួយយើងយ៉ាងនោះដែរ»។ 7 នៅថ្ងៃទីម្ភៃបួន នៃខែទីដប់មួយ ដែលត្រូវជាខែមាឃ ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស ព្រះបន្ទូលនៃព្រះអម្ចាស់បានមកដល់ ព្យាការី សាការី​ត្រូវជាកូនលោកបេរេគា និងជាចៅរបស់លោកអ៊ីដោថា ដោយព្រះបន្ទូលថា៖​​ 8 «នៅពេលយប់យើងបានមើលឃើញបុរសម្នាក់ដែលកំពុងជិះសេះពណ៍ក្រហម នៅកណ្ដាលដើមយីថោ ក្នុងជ្រលងភ្នំ ​ហើយនៅពីក្រោយគាត់មាន​សេះពណ៍ក្រហម ត្នោត និងស ជាច្រើនទៀត»។ 9 ខ្ញុំក៏បានពោលថា៖ «ព្រះជាម្ចាស់អើយ តើការទាំងនេះគឺជាអ្វីទៅ?» បន្ទាប់មកទេវតា​​ ដែលនិយាយជាមួយខ្ញុំប្រាប់ថា «យើងនឹងបង្ហាញអ្នកថាតើការទាំងអស់នេះគឺជាអ្វី»។ 10 បន្ទាប់មកបុរសដែលឈរនៅកណ្ដាលដើមយីថោ ​ និយាយថា «អ្នកទាំងអស់នេះជាអ្នកដែលព្រះអម្ចាស់បានបញ្ជូនមកឲ្យធ្វើដំណើរឆ្លងកាត់ផែនដី»។ 11 ពួកគេក៏ឆ្លើយប្រាប់ទៅកាន់ទេវតានៃព្រះអម្ចាស់ជាអ្នកដែលឈរនៅកណ្ដាលដើមយីថោថា​ «យើងបានធ្វើដំណើរឆ្លាងកាត់ផែនដី ក៏ឃើញផែនដីទាំងមូលនៅដោយស្ងប់ស្ងាត់​​ ហើយដោយសេចក្ដីសុខ»។ 12 បន្ទាប់មកទេវតានៃព្រះអម្ចាស់ក៏និយាយថា​ «ព្រះអម្ចាស់នៃពិភពទាំងមូលអើយ តើពេលណាទើបព្រះអង្គបង្ហាញការអាណិតមេត្តាដល់ក្រុងយេរូសាឡឹម ហើយនិងទីក្រុងផ្សេងៗទៀតនៃស្រុកយូដាទៅ?» 13 ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ទេវតាដែលនិយាយជាមួយខ្ញុំដោយពាក្យល្អៗ ហើយជាពាក្យកម្សាន្តចិត្ត។ 14 ដូច្នេះហើយ ទេវតាដែលនិយាយជាមួយខ្ញុំនោះក៏ប្រាប់ខ្ញុំថា «ចូរប្រកាសថា ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលទាំងនេះថា យើងបានប្រច័ណ្ឌយ៉ាងខ្លាំង ចំពោះក្រុងយេរូសាឡឹម និងភ្នំស៊ីយ៉ូន! 15 យើងពិតជាខឹងយ៉ាងខ្លាំង ចំពោះជនជាតិណាដែលអាងលើកម្លាំងខ្លួនឯង។ តែនៅពេលដែលយើងខឹងនឹងគេតិចតួច គេបែរជាបង្កើតគ្រោះមហន្តរាយកាន់តែខ្លាំងទៅវិញ។ 16 ហេតុនេះហើយ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលយ៉ាងនេះថា​ យើងនឹងវិលមកក្រុងយេរូសាឡឹមវិញដោយចិត្តអាណិតអាសូរ។ ដំណាក់របស់យើងនឹងត្រូវសង់ឡើងវិញ​ ហើយនឹងមានខ្សែវាស់លាតសន្ធឹងជុំវិញក្រុងយេរូសាឡឹម! 17 ចូរប្រកាសម្ដងទៀតថា ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលទាំងនេះថា ទីក្រុងរបស់យើងជាច្រើនផ្សេងទៀតនឹងមានភោគទ្រព្យហូរហៀរឡើងវិញ ហើយព្រះអម្ចាស់នឹង​សម្រាល​ទុក្ខ​ក្រុង​ស៊ីយ៉ូន​សា​ជា​ថ្មី ហើយ​ព្រះអង្គនឹង​ជ្រើស​រើស​ក្រុង​យេរូ‌សាឡឹម​ម្ដងទៀត»។ 18 ខ្ញុំក្រឡេកភ្នែកមើល​ទៅ ឃើញស្នែងបួន! 19 ខ្ញុំបានសួរទៅទេវតាដែលនិយាយជាមួយខ្ញុំថា «តើទាំងអស់នេះគឺជាអ្វី?» លោកក៏ប្រាប់ខ្ញុំថា «ទាំងអស់នេះគឺជាស្នែងដែល​មក​កម្ចាត់‌កម្ចាយ​ពួក​យូដា ពួក​អុីស្រា‌អែល និង​ពួក​ក្រុង​យេរូ‌សាឡិម»។ 20 បន្ទាប់មក ព្រះអម្ចាស់បង្ហាញខ្ញុំឲ្យឃើញជាងដែកបួននាក់។ 21 ខ្ញុំក៏សួរថា «តើមនុស្សទាំងអស់នេះមកធ្វើអ្វី?» ព្រះអង្គមានបន្ទូលថា «ទាំងការនេះគឺជាស្នែងដែលមកកម្ចាត់ពួកយូដា ដូច្នេះហើយគ្មានមនុស្សណាម្នាក់អាចតទល់នឹងពួកគេបានឡើយ។ ប៉ុន្តែ មនុស្សទាំងនេះមក ដើម្បី​បំភ័យ និង​កម្ទេច​ស្នែង​នៃ​ប្រជា‌ជាតិ​ណា​ដែល​បាន​ប្រើ​កម្លាំង​វាយ​ទឹកដី​យូដា និង​កម្ចាត់‌កម្ចាយ​គេ»។

ជំពូក ២

1 ក្រោយមកខ្ញុំក៏ក្រឡេកភ្នែកមើលឃើញបុរសម្នាក់ជាមួយខ្សែវាស់នៅក្នុងដៃរបស់លោក។ 2 ខ្ញុំក៏សួរថា «តើលោកអញ្ជើញទៅណា?» ដូច្នេះគាត់បាននិយាយមកកាន់ខ្ញុំថា «ទៅវាស់ក្រុងយេរូសាឡឹម ដើម្បីឲ្យដឹងប្រវែងទទឹង និងបណ្ដោយ»។ 3 បន្ទាប់មកទេវតាដែលបាននិយាយជាមួយខ្ញុំក៏ចាក់ចេញទៅ ហើយមានទេវតាមួយផ្សេងទៀតបានមកជួបលោក។ 4 ទេវតាទីពីរបាននិយាយទៅកាន់គាត់ថា «ចូររត់ទៅប្រាប់មនុស្សកំលោះនោះថា ក្រុងយេរូសាឡឹមនឹងទៅជាក្រុងដែលគ្មានកំផែង ពីព្រោះមានមនុស្ស និងសត្វរស់នៅជាច្រើន។ 5 ដ្បិត នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ យើងនឹងធ្វើជាកំផែងភ្លើងនៅជុំវិញក្រុង ហើយយើងនឹងត្រូវលើកតម្កើងនៅកណ្តាលក្នុងទីក្រុងផងដែរ។ 6 ចូរប្រញាប់‌! ភៀសខ្លួនចេញពីទឹកដីខាងជើងមក នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ យើងបានបែងចែកអ្នករាល់គ្នាដូចជាខ្យល់តាមទិសទាំងបួន! នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 7 ចូរងើបឡើង! គេចចេញពីពួកស៊ីយ៉ូនដែលរស់នៅជាមួយកូនស្រីក្រុង​បាប៊ីឡូនអើយ!» 8 ក្រោយមក ព្រះអម្ចាស់នៃពិភពទាំងមូល ប្រទានអំណាច និងបានចាត់ខ្ញុំឲ្យទៅប្រឆាំងនឹងប្រជាជាតិណាដែល បានប្លន់យកទឹកដីអ្នករាល់គ្នា អ្នកណាប៉ះពាល់អ្នករាល់គ្នា នោះគឺប៉ះពាល់ដល់ប្រស្រីភ្នែករបស់ព្រះហើយ​ បន្ទាប់មកព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា 9 «យើងនឹងលើកដៃរបស់យើងប្រហារពួកគេ ហើយពួកគេនឹងក្លាយទៅជាឈ្លើយនៃពួកទាសកររបស់ពួកគេវិញ»។ ពេលនោះគេនឹងដឹងថា ព្រះអម្ចាស់នៃពិភពទាំងមូលបានចាត់ឲ្យខ្ញុំមកមែន។ 10 «ប្រជា‌ជន​នៃ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ច្រៀង​​ដោយ​អំណរ ដ្បិត​យើង​មក​រក​អ្នក​ហើយ យើង​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នកហើយ! នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។ 11 ពេលនោះ ប្រជា‌ជន​ជា​ច្រើននឹង​ចូលរួមជាមួយព្រះ‌អម្ចាស់នៅថ្ងៃនោះ។ ព្រះអង្គមានព្រះបន្ទួលថា ពេល​នោះអ្នករាល់គ្នានឹងក្លាយទៅជាប្រជារាស្រ្តរបស់យើង ហើយ​យើង​នឹង​នៅ​កណ្ដាល​ឯង​រាល់​គ្នា» នោះអ្នក​នឹង​ទទួល​ស្គាល់​ថាព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​ចាត់​ខ្ញុំ​ឲ្យ​មក​រក​អ្នកមែន។ 12 ព្រះអម្ចាស់នឹងយកយូដាធ្វើជាមរតករបស់ព្រះអង្គ​​ ក្នុងទឹកដីដ៏វិសុទ្ធ ព្រះអង្គនឹងជ្រើសរើសក្រុងយេរូសាឡឹមម្ដងទៀត។ 13 ចូរស្ងៀមស្ងាត់ មនុស្សទាំងឡាយអើយ នៅចំពោះព្រះអម្ចាស់ ត្បិតព្រះអង្គតើនឡើងហើយយាងចេញពីព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គ!

ជំពូក ៣

1 បន្ទាប់មក ព្រះអម្ចាស់បានបង្ហាញខ្ញុំឲ្យឃើញ លោកមហាបូជាចារ្យយេសួរ ឈរនៅមុខទេវតានៃព្រះអម្ចាស់​ និងសាតាំងឈរនៅខាងស្ដាំ ដើម្បីតវ៉ានឹងលោក។ 2 ទេវតានៃព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់សាតាំងថា «សូមព្រះអម្ចាស់ផ្ដន្ទាទោសអ្នកសាតាំងអើយ សូមព្រះអម្ចាស់ ដែលបានជ្រើសរើសក្រុងយេរូសាឡឹម ផ្ដន្ទាទោសអ្នកហើយ! តើមិនមែនជាអង្កត់អុសដែលគេយកចេញពីភ្លើងទេឬអី?» 3 ចំណែកលោកយេសួរ ស្លៀកសម្លៀកបំពាក់កខ្វក់ ឈរនៅមុខទេវតា។ 4 ទេវតាពោលទៅកាន់អ្នកដែលឈរនៅពីមុខលោកថា «ចូរយកសម្លៀកបំពាក់កខ្វក់ចេញពីលោក»។ បន្ទាប់មក លោកពោលទៅកាន់ លោកយេសួរថា «ចូរមើល៍! ខ្ញុំបានដកអំពើ​ទុច្ចរិត​ចេញ​ពីអ្នក​ហើយ ខ្ញុំ​នឹង​‌ពាក់សម្លៀក​បំពាក់​ដ៏​រុងរឿង​ឲ្យអ្នកវិញ»។ 5 ទេវតាពោលឡើងថា «សូមឲ្យគេយកឈ្នូតស្អាតមកបំពាក់លើក្បាលរបស់លោក!» ដូច្នេះហើយ ពួកគេរៀបចំឈ្នូតស្អាតមួយលើក្បាលរបស់លោកយេសួរ និងស្លៀកពាក់ជូនលោក ដោយមានទេវតានៃព្រះអម្ចាស់ឈរនៅទីនោះដែរ។ 6 ក្រោយមក ទេវតានៃព្រះអម្ចាស់បង្គាប់លោកយេសួរយ៉ាងមុតមាំថា​ 7 «ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលយ៉ាងនេះថា​ ប្រសិនបើអ្នកនឹងដើរក្នុងផ្លូវរបស់យើង ហើយបើអ្នកនឹងរក្សាបញ្ញើររបស់យើង នោះអ្នកនឹងគ្រប់គ្រងដំណាក់របស់យើង និងរក្សាទីលានរបស់យើងដែរ ត្បិតយើងនឹងឲ្យអ្នកចូលរួមក្នុងចំណោមអ្នកដែលនៅពីមុខខ្ញុំដែរ។ 8 ចូរស្ដាប់ មហាបូជាចារ្យយេសួរ ព្រមទាំងពួកដៃគូររបស់អ្នកដែលរស់នៅជាមួយអ្នកផងដែរ! ត្បិតពួកគេគឺជាទីសម្គាល់ យើងនឹងនាំ ពន្លកជាអ្នកបម្រើរបស់យើងមក។ 9 ចូរមើល៍! ទៅកាន់ថ្មដែលយើងបានដាក់នៅពីមុខ េលោកយេសួរ។ ថ្មមួយមានភ្នែកប្រាំពីរ ហើយយើងនឹងចារអក្សរលើថ្មនោះ នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល ហើយយើងនឹងដកអំពើបាបចេញពីទឹកដីនេះនៅថ្ងៃណាមួយ។ 10 នៅថ្ងៃនោះ មនុស្សម្នាក់ៗនឹងអញ្ជើញអ្នកជិតខាងរបស់លោក ដើម្បីអង្គុយនៅក្រោមដើមទំពាងបាយជូរ និងដើមឧទម្ពររបស់លោក»។

ជំពូក ៤

1 បន្ទាប់មក ទេវតាដែលបាននិយាយជាមួយខ្ញុំពីមុនត្រលប់មកវិញហើយដាស់ខ្ញុំឲ្យភ្ញាក់ ដូចជាមនុស្សភ្ញាក់ពីដេក។ 2 លោកនិយាយមកកាន់ខ្ញុំថា «តើអ្នកបានឃើញអ្វី?» ខ្ញុំឆ្លើយថា «ខ្ញុំឃើញជើងចង្កៀងមួយធ្វើអំពីមាស មានទាំងចានប្រេងនៅពីលើវាផង។ ចង្កៀងប្រាំពីរនៅពីលើជើងចង្កៀងនោះ ហើយមានបញ្ឆេះចង្កៀងប្រាំពីរនៅលើចង្កៀងនីមួយៗ។ 3 មានដើមអូលីវពីរដើមនៅក្បែរនោះ មួយនៅខាងស្ដាំ ហើយមួយដើមទៀតនៅខាងឆ្វេងនៃចានប្រេងនោះ»។ 4 ខ្ញុំក៏សួរទៅកាន់ទេវតាដែលនិយាយជាមួយខ្ញុំម្ដងទៀតថា «តើរបស់ទាំងនេះមានន័យដូចម្ដេចទៅ លោកម្ចាស់?» 5 ទេវតាឆ្លើយមកកាន់ខ្ញុំវិញថា «តើអ្នកមិនស្គាល់របស់ទាំងនេះមានន័យថាយ៉ាងមិចទេឬ?» ខ្ញុំឆ្លើយថា «ទេ​​ លោកម្ចាស់»។ 6 ទេវតាក៏និយាយមកកាន់ខ្ញុំថា «នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់មកកាន់ លោក​សូរ៉ូ‌បាបិល​ថា មិនមែនដោយ​ឥទ្ធិ‌ឫទ្ធិ ឬ​ដោយ​អំណាច​ទេ ប៉ុន្តែដោយសារព្រះវិញ្ញាណរបស់យើងវិញ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូល។ 7 ភ្នំធំអើយ តើអ្នកជាអ្វី? នៅចំពោះមុខ សូរ៉ូ‌បាបិលអ្នកនឹងក្លាយទៅជាដីរាបស្មើវិញ ហើយលោកនឹងយកកំពូលថ្មមក​ ដើម្បីស្រែកថា ព្រះគុណ!​ ព្រះគុណដល់ថ្មនេះ!» 8 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំថា 9 «ដៃរបស់លោកសូរ៉ូ‌បា‌បិលបានចាក់គ្រឹះព្រះដំណាក់នេះ ហើយដៃរបស់លោកនឹងនាំការបង្ហើយនៃការសាងសង់ដែរ។ នោះគេនឹងដឹងថាព្រះអម្ចាស់នៃពិភពទាំងមូលបានបញ្ជូលខ្ញុំមកមែន។ 10 តើអ្នកណាដែលបានមើលងាយនៅថ្ងៃនៃកិច្ចការតូចនោះ? មនុស្សទាំងនេះនឹងសប្បាយរីករាយ ហើយនឹងឃើញថ្មប្រយោលនៅ​ក្នុង​ដៃ​របស់​លោកសូរ៉ូ‌បា‌បិល​។ (ចង្កៀងទាំងប្រាំពីរនេះគឺជាព្រះនេ្រតរបស់ព្រះអម្ចាស់ដែលទតមើលជុំវិញផែនដីទាំងមូល)»។ 11 បន្ទាប់មក ខ្ញុំក៏សួរទេវតាថា «តើដើមអូលីវទាំងពីរ ដែលនៅខាងស្ដាំ និងខាងឆ្វេងនៃជើងចង្កៀងនោះជាអ្វីទៅ?» 12 ខ្ញុំសួរលោកម្ដងទៀតថា​ «តើមែកអូលីវទាំងពីរនៅក្បែរបំពង់មាសដែលហូរចេញប្រេងមាសមកនេះជាអ្វីទៅ?» 13 លោកក៏និយាយមកកាន់ខ្ញុំថា «តើអ្នកមិនស្គាល់ទាំងនេះជាអ្វីទេឬ?» ខ្ញុំឆ្លើយថា «អត់ស្គាល់ទេ លោកម្ចាស់»។ 14 ដូច្នេះលោកនិយាយថា «ទាំងអស់នេះគឺជាកូនប្រុសនៃប្រេងអូលីវស្រស់ ជាអ្នកដែលឈរនៅពីមុខព្រះជាម្ចាស់នៃផែនដីទាំងមូល»។

ជំពូក ៥

1 បន្ទាប់មក ខ្ញុំក្រឡេកភ្នែកមកវិញ ខ្ញុំបានឃើញ ក្រាំងមួយកំពុងហោះ! 2 ទេវតានិយាយមកកាន់ខ្ញុំថា «តើអ្នកឃើញអ្វី?» ខ្ញុំឆ្លើយថា «ខ្ញុំឃើញក្រាំងមួយកំពុងហោះ បណ្ដោយម្ភៃហត្ថ និងទទឹងដប់ហត្ថ»។ 3 បន្ទាប់មក គាត់និយាយមកកាន់ខ្ញុំថា «នេះគឺជាបណ្ដាសារ ដែលកើតមាននៅក្នុងទឺកដីទាំាងមូល ផ្នែកម្ខាងនៃក្រាំងនេះសរសេរថា ត្បិតចោរនឹងត្រូវកាត់ចេញ ហើយផ្នែកម្ខាងទៀតសរសេរថា អស់អ្នកណាដែលស្បថបំពាននឹងត្រូវកាត់ចេញដែរ។ 4 ព្រះអម្ចាស់នៃពិភពទាំាំងមូលមានព្រះបន្ទូលថា យើងនឹងបញ្ជូន​បណ្ដាសារមក ដូច្នេះ បណ្ដាសារនេះនឹងចូលក្នុងផ្ទះពួកចោរ និងផ្ទះពួកអស់អ្នកដែលស្បថបំពានដោយឈ្មោះរបស់យើង។ បណ្ដាសារនឹងបន្ដរនៅផ្ទះរបស់ពួកគេ ហើយនិងធ្វើឲ្យផ្ទះគេ វិនាស​ ទាំងនៅលើនិងថ្មផងដែឬ»។ 5 បន្ទាប់មក ទេវតាដែលបាននិយាយជាមួយខ្ញុំក៏ចាក់ចេញទៅហើយនិយាយមកកាន់ខ្ញុំថា «ចូរបើកភ្នែករបស់អ្នកឡើង ហើយឃើញនូវអ្វីដែលចេញមកនោះ!» 6 ខ្ញុំឆ្លើយថា «តើនេះគឺជាអ្វី?» គាត់និយាយថា​ «នេះគឺជាកញ្ជើដែលចេញមក គឺជា អំពើទុច្ចរិតរបស់ពួកគេក្នុងទឹកដីទាំងមូល»។ 7 បន្ទាប់មក មានសំណរចេញមកពីកញ្ជើ ហើយមានស្រ្ដីម្នាក់នៅក្នុងកញ្ជើនោះ! 8 ទេវតាពោលថា «នេះគឺជាអំពើ ទុច្ចរិត!» លោកបានបោះនាងចូលទៅក្នុងកញ្ជើ​វិញ ហើយលោកបានបោះសំណរបិទមាត់កញ្ជើផង។ 9 ខ្ញុំក៏ក្រឡេកភ្នែករបស់ខ្ញុំ ឃើញស្ត្រីពីរនាក់ចេញជិតៗខ្ញុំ ហើយខ្យល់បក់មកប៉ះស្លាបរបស់ពួកនាង មានស្លាបដូចស្លាបសត្វក្រសា។ ពួកគេហោះឡើងចេញពីកញ្ជើរវាងផែនដី និងឋានសួគ៌។ 10 ខ្ញុំក៏និយាយទៅទេវតាដែលបាននិយាយជាមួយខ្ញុំថា «តើពួកគេយកកញ្ជើទៅកន្លែងណា?» 11 លោកនិយាយមកកាន់ខ្ញុំថា «ដើម្បីសាងសង់ប្រាសាទមួយនៅលើទឹកដីស៊ីណើរ ហើយនៅពេលដែលប្រាសាទរួចរាល់ ពួកនាងនឹងយកកញ្ជើទៅដាក់កន្លែងនោះ»។

ជំពូក ៦

1 ខ្ញុំក៏ក្រឡេកភ្នែករបស់ខ្ញុំ​មកវិញ ឃើញរទេះបួនចេញមកពីចន្លោះភ្នំពីរ ហើយភ្នំទាំងពីរនោះកើតឡើងពីលង្ហិន។ 2 រទេះទីមួយមានសេះពណ៌ក្រហម រទេះទីពីរមានសេះពណ៌ខ្មៅ 3 រទេះទីបីមានពណ៌ស រទេះទីបួនសេះមានស្នាមអុចពណ៌ប្រផេះ។ 4 ដូច្នេះ ខ្ញុំក៏ឆ្លើយដោយបាននិយាយទៅកាន់ទេវតាដែលជាអ្នកនិយាយជាមួយខ្ញុំថា «តើការទាំងនេះគឺជាអ្វីទៅ លោកម្ចាស់?» 5 ទេវតាក៏ឆ្លើយដោយនិយាយមកកាន់ខ្ញុំថា «នេះគឺជាខ្យល់ទាំងបួនទិសនៃឋានសួគ៌ ដែលចេញពីទីកន្លែងដែលពួកគេឈរនៅពីមុខព្រះជាម្ចាស់នៃផែនដីទាំងមូល។ 6 រទេះដែលមានសេះពណ៌ខ្មៅចេញទៅទឹកដីខាងជើង សេះពណ៌សចេញទៅទឹកដីខាងលិច ហើយសេះស្នាមអុចពណ៌ប្រផេះចេញទៅទឹកដីខាងត្បូង»។ 7 សេះខ្លាំងទាំងនេះបានចេញទៅហើយប្រឹងប្រែងរកផ្លូវដើម្បីធ្វើដំណើរឆ្លងកាត់ជុំវិញផែនដី ទេវតាក៏ពោលឡើងថា «ចូរចេញទៅ ហើយធ្វើដំណើរជុំវិញផែនដី!» ពួកគេបានចេញទៅជុំវិញផែនដីទាំងមូល។ 8 បន្ទាប់មក គាត់ហៅខ្ញុំហើយនិយាយមកកាន់ខ្ញុំថា «មើល៌ ទៅកាន់រទេះសេះដែលចេញទៅទឹកដីខាងជើង ពួកគេនឹង រំងាប់វិញ្ញាណរបស់យើងនៅទឹកដីខាងជើងនោះ»។ 9 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំថា 10 «ទទួលយកដង្វាយពីពួកអ្នកដែលជាប់ជាឈ្លើយ ពីលោកហែល‌ដាយិង លោកថូប៊ីយ៉ា និងយេដាយ៉ា ហើយនៅថ្ងៃនោះដដែលត្រូយកដង្វាយទៅផ្ទះរបស់យូ៉សៀល ជាកូនរបស់សេផានា ជាអ្នកដែលមកពីបាប៊ីឡូន។ 11 បន្ទាប់មក ទទួលយកមាស និងប្រាស់ ធ្វើជាមកុដដំពាក់លើក្បាលរបស់មហាបូជាចារ្យយេសួរ ជាកូនរបស់យូសាដាក់។ 12 ចូរប្រាប់លោកថា ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា បុរសនេះឈ្មោះរបស់លោកគឺ លំពង់ និងពន្លកដែលដុះចេញពីកន្លែងរបស់ខ្លួន​ ហើយលោកនឹងសាងសង់ព្រះវិហាររបស់ព្រះអម្ចាស់! 13 គឺលោកនោះហើយនឹងដែលជាអ្នកសាងសង់ព្រះវិហាររបស់ព្រះអម្ចាស់ ហើយនឹងតាំងភាពរុងរឿងឡើង ហើយនឹងអង្គុយគ្រប់គ្រង់លើបល្ល័ង្ករបស់លោក។ លោកនឹងក្លាយជាបូជាចារ្យលើបល្ល័ង្ករបស់លោក ហើយនិងការយល់ដឹងនៃសន្តិភាពដែលបានកើតឡើងរវាងការទាំងពីរនោះ។ 14 មកុដនឹងទុកដាក់នៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ដើម្បីគោរពដល់ ​លោកហែល‌ដាយ លោកថូប៊ីយ៉ា និងលោកយេដាយ៉ា​ ព្រមទាំងជា​ការរំឭកដើម្បីចិត្ដសប្បុរសនៃកូន​របស់​សេផា‌នា។ 15 បន្ទាប់មក អស់អ្នកណាដែលនៅឆ្ងាយនឹងមកសាងសង់ព្រះវិហារនៃព្រះអម្ចាស់ ដូច្នេះអ្នកនឹងដឹងថាព្រះអម្ចាស់នៃពិភពទាំងមូលបានបញ្ជូនខ្ញុំមកអ្នកមែន ការនេះនឹងកើតឡើង បើសិនស្តាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នកពិតប្រាកដមែន!»

ជំពូក ៧

1 នៅពេលដែលព្រះចៅដារីយូសគ្រប់គ្រងបានបួនឆ្នាំ នៅក្នុងថ្ងៃទីបួននៃខែមិគ្គសិរ (ជាខែទីប្រាំបួន) ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់សាផានា។ 2 ប្រជាជននៅក្រុងបេតអែលបានបញ្ជូនលោកសារេស៉ុរ និងលោករេគេមមែឡេក ព្រមទាំងមនុស្សមួយក្រុម ដើម្បីទូលអង្វរទៅព្រះអម្ចាស់។ 3 ពួកគេនិយាយទៅកាន់ពួកបូជាចារ្យជាអ្នកដែលនៅព្រះដំណាក់របស់ព្រះអម្ចាស់នៃពិភពលោកទាំងមូល និងពួកព្យាការីថា «តើខ្ញុំត្រូវកាន់ទុក្ខនៅខែទីប្រាំដោយការតមអាហារ ដូចខ្ញុំធ្លាប់បានធ្វើជាច្រើនឆ្នាំមកហើយឬ?» 4 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលមកកាន់ខ្ញុំថា 5 «ចូរនិយាយប្រាប់ទៅមនុស្សគ្រប់គ្នា និងពួកបូជាចា្យដែលរស់នៅលើទឹកដីថា «នៅពេលដែលអ្នកតមហើយកាន់ទុក្ខនៅក្នុងខែទីប្រាំ និងខែទីប្រាំពីរ រយៈពេលចិតសិបឆ្នាំមកនេះ តើអ្នកពិតជាតមអាហារដើម្បីយើងមែនទេ? 6 នៅពេលដែលអ្នកបរិភោគអាហារ ឬផឹកតើអ្នកមិនបានបរិភោគអាហារ ឬផឹកដើម្បីខ្លួនឯមែនឬទេ? 7 តើទាំងនេះមិនមែនជាអ្វីដែលព្រះអម្ចាស់បានប្រកាសប្រាប់តាមរយៈមាត់របស់ព្យាការី នៅពេលដែលអ្នករស់នៅក្រុងយេរូសាឡឹម ហើយនៅជុំវិញក្រុងដោយភាពចម្រុងចម្រើន និងមានស្ថេរភាពតំបន់ណេកិប និងតំបន់ទំនាបខាងលិចទេឬអី?» 8 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសាការីថា 9 «ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា ចូរវិនិច្ឆ័យដោយយុត្តិធម៏ ចូរមានចិត្តសប្បុរស និងមានចិត្តមេត្តាអោយគ្នាទៅវិញទៅមក។ 10 មិនត្រូវជិះជាន់ដល់ស្ត្រីមេម៉ាយ ក្មេងកំព្រារ ជនបរទេស និងមនុស្សទ័លក្រឡើយ ហើយកុំឲ្យនរណាម្នាក់នៃអ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ចំពោះគ្នាទៅវិញទៅមកដែរ។ 11 ប៉ុន្តែពួកគេមិនព្រមយកចិត្តទុកដាក់ស្តាប់ទេ ពួកគេមានចិត្តរឹងរូស។ ពួកគេខ្ទប់ត្រចៀករបស់គេ ដូច្នេះពួកគេមិនអាចឮទេ។ 12 ពួកគេមានចិត្តរឹងរូសដូចជាថ្ម ដូច្នេះហើយពួកគេមិនអាចឮក្រឹត្យវិន័យ ឬព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូលឡើយ។ ព្រះអង្គបានចាត់ព្រះបន្ទូលទៅកាន់មនុស្សតាមរយៈព្រះវិញ្ញាណ​របស់ព្រះអង្គតាំងពីដើមមក​ម៉េ្លះ តាមរយះមាត់របស់ពួកព្យាការី។ ប៉ុន្ដែពួកគេបដិសេដមិនស្ដាប់ឡើយ ដូច្នេះហើយ ព្រះអម្ចាស់នៃពិភពទាំងមូល ព្រះពិរោធនឹងពួកគេយ៉ាងខ្លាំង។ 13 ការនេះកើតឡើងនៅពេលដែលព្រះអង្គហៅ តែពួកគេមិនស្ដាប់»។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា «ពួកគេនឹងហៅយើង ប៉ុន្ដែយើងនឹងមិនស្ដាប់ពួកគេឡើយ។ 14 ត្បិតយើងនឹងកម្ចាត់កម្ចាយគេដោយខ្យល់ព្យុះ ដល់អស់ទាំងប្រជាជាតិដែលពួកគេមិនធ្លាប់បានឃើញ ហើយទឹកដីនឹងទៅជាខូចបង់ដោយសារពួកគេ។ ដ្បិតគ្មាននរណាម្នាក់នឹងដើរកាត់ទឹកដីឬត្រលប់ទៅវិញឡើយ តាំងពីមនុស្សបានបង្កើតទឹកដីដោយរីករាយ ហើយគ្មានមនុស្សរស់នៅ»។

ជំពូក ៨

1 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលមកកាន់ខ្ញុំថា 2 «ព្រះអម្ចាស់នៃពិភពទាំងមូលមានបន្ទូលយ៉ាងនេះ យើងប្រចណ្ឌចំពោះក្រុងស៊ីយ៉ូនដោយចិត្តខ្នះខ្នែងយ៉ាងខ្លាំង ហើយប្រចណ្ឌកចំពោះក្រុងនេះដោយការក្រោធយ៉ាងខ្លាំង! 3 ព្រះអម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា យើងនឹងត្រលប់ទៅក្រុងស៊ីយ៉ូនវិញ ហើយនឹងរស់នៅកណ្ដាលក្រុងយេរូសាឡឹម ដ្បិតក្រុងយេរូសាឡឹមនឹងហៅថាជា ក្រុងនៃសេចក្ដីពិត ហើយភ្នំរបស់ព្រះអម្ចាស់នៃពិភពទាំងមូលនឹងហៅថាជា ភ្នំបរិសុទ្ធ! 4 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា​ មនុស្សចាស់ទាំងប្រុសទាំងស្រីនឹងអង្គុយនៅតាមផ្លូវនៃក្រុងយេរូសាឡឹម ហើយមនុស្សម្នាក់ៗនឹងត្រូវការឈើច្រត់នៅក្នុងដៃ ព្រោះដោយសារពួកគេមានវ័យចាស់ណាស់ទៅហើយ។ 5 តាមផ្លូវនៃក្រុងនឹងពេញទៅដោយក្មេងប្រុស និងក្មេងស្រីជាច្រើនលេងនៅតាមផ្លូវនោះ។ 6 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា បើសិនការនេះមើលទៅមិនសមនៅក្នុងភ្នែករបស់មនុស្សសំណល់នៅក្នុងថ្ងៃនោះ តើការនោះវាអាចទៅរួចនៅក្នុងភ្នែករបស់យើងដែរឬទេ? នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 7 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា ចូរមើល៍! យើងជាអ្នកសង្គ្រោះប្រជារាស្រ្ដរបស់យើងពីទឹកដីខាងកើត និងពីទឹកដីខាងលិច! 8 ដ្បិតយើងនឹងនាំពួកគេមកវិញ ហើយគេនឹងរស់នៅកណ្ដាលក្រុងយេរូសាឡឹ​ម ដូច្នេះហើយ ពួកគេនឹងក្លាយជាប្រជារាស្រ្ដយើងម្ដងទៀត ហើយយើងនឹងក្លាយជាព្រះជាម្ចាស់របស់ពួកគេដោយសេចក្ដីពិត និងសេចក្តីសុចរិត! 9 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា អស់អ្នកណាដែលបន្ដស្ដាប់ពាក្យទាំងប៉ុន្មានដែលបានចេញមកពីមាត់ពួកព្យាការីនៅពេលចាក់គ្រឹះសង់ដំណាក់យើង បានដាក់ដំណាក់នេះជារបស់យើង ព្រះអម្ចាស់នៃពិភពទាំងមូល ពង្រឹងដៃរបស់អ្នកនោះព្រះវិហារអាចសាងសង់បាន។ 10 ដ្បិតមុនថ្ងៃនោះគ្មានផលណាប្រមូលផ្ដុំគ្នាដោយនរណាម្នាក់ឡើយ ក៏គ្មានប្រយោជន៍សម្រាប់មនុស្ស ឬសត្វដែរ ហើយគ្មានក្តីសុខសាន្តសម្រាប់អ្នកដែលចេញចូលតាមនោះដែរ។ យើងបានធ្វើឲ្យគ្រប់គ្នាទាល់ជាមួយអ្នកជិតខាងរបស់គេផង។ 11 ប៉ុន្ដែ ឥឡូវនេះមិនដូចពីថ្ងៃមុនទៀតទេ យើងនឹងនៅជាមួយមនុស្សសំណល់ទាំងនេះ ហើយនេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ 12 ដ្បិតពូជនៃសន្តិភាពនឹងត្រូវសាបព្រោះ ដើមជំពាំងបាយជូរនឹងមានផ្លែឡើងវិញ ហើយផែនដីនឹងបង្កើតផលឲ្យ មេឃនឹងឲ្យទឹកសន្សើមដល់ពួកគេ ដ្បិតយើងនឹងធ្វើឲ្យសំណល់នៃមនុស្សទាំងអស់នេះទទួលការទាំងនេះទុកជាមរតក។ 13 អ្នកគឺជាគំរូដល់ប្រជាជាតិផ្សេងៗនៃបណ្ដាសា ពួកកូនចៅយូដា និងពួកកូនចៅអុីស្រាអែល។ ដូច្នេះយើងនឹងសង្គ្រោះអ្នកហើយអ្នកនឹងទទួលបានព្រះពរ។ កុំភ័យខ្លាចអី ចូរឲ្យដៃរបស់អ្នករឹងមាំឡើង! 14 ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា ដូចយើងបានបង្កគ្រោះអន្តរាយដល់អ្នក ដោយបុព្វបុរសរបស់អ្នកបញ្ឆេះកំហឹងរបស់យើង ដោយឥតនឹកស្ដាយ 15 ដូច្នេះហើយយើងនឹងគិតធ្វើល្អដល់ក្រុងយេរូសាឡឹម និងកូនចៅរបស់យូដា ម្ដងទៀតនៅថ្ងៃនេះ! ចូរកុំខ្លាចអ្វីឡើយ! 16 នេះគឺជាការងារដែលអ្នកត្រូវតែធ្វើ ចូរនិយាយសេចក្ដីពិតទៅកាន់អ្នកជិតខាង។ ចូរវិនិច្ឆ័យដោយសេចក្ដីពិត យុត្តិធម៍ និងដោយសន្ដិភាពនៅតាមច្រកទ្វារបស់អ្នក។ 17 ចូរកុំគិតធ្វើអំពើអាក្រក់នៅក្នុងចិត្តរបស់អ្នកទាល់ជាមួយអ្នកណាម្នាក់ឡើយ កុំស្រឡាញ់ការស្បថមិនត្រឹមត្រូវ យើងស្អប់ការទាំងអស់នោះ នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។ 18 បន្ទាប់មក ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលមកកាន់ខ្ញុំ 19 «ព្រះអម្ចាស់នៃពិភពទាំងមូលមានបព្រះបន្ទូលថា ការតបអាហារនៃខែទីបួន ខែទីប្រាំ ខែទីប្រាំពីរ និងខែទីដប់នឹងក្លាយជាពេលនៃអំណរ រីកររាយ និងពិធីបុណ្យ សប្បាយរីរាយសម្រាប់កូនចៅយូដា! ចូរស្រឡាញ់សេចក្ដីពិត និងក្តីសុខសាន្ត! 20 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា មនុស្សនឹងមកវិញម្ដងទៀត។ 21 ទោះបីអ្នកណាដែលរស់នៅក្រុងផ្សេងៗក៏ដោយ។ ប្រជាជននៃក្រុងមួយនឹងទៅហៅក្រុងមួយទៀតដោយនិយាយថា។ 22 «ចូរពួកយើងប្រញាប់ទូលអង្វរនៅចំពោះព្រះភក្រ័្តរបស់ព្រះអម្ចាស់ ហើយស្វែងរកព្រះអម្ចាស់នៃពិភពទាំងមូល! យើងខ្ញុំផ្ទាល់ក៏ទៅដែរ។ មនុស្សជាច្រើន និងប្រជាជាតិដែលខ្លាំងពូកែរជាច្រើននឹងទៅស្វែងរកព្រះអម្ចាស់នៃពិភពទាំងមូលនៅក្រុងយេរូសាឡឹម និងអង្វរដល់ព្រះអម្ចាស់! 23 ព្រះអម្ចាស់នៃពិភពងទាំងមូលមានព្រះបន្ទូលថា នៅក្នុងថ្ងៃនោះមានបុរសដប់នាក់មកពីគ្រប់ជនជាតិ និងគ្រប់ភាសានឹងចាប់កាន់ជាយអាវរបស់ជនជាតិយូដាម្នាក់ ហើយនិយាយថា ចូរឲ្យពួកយើងទៅជាមួយអ្នកផង ពីព្រោះយើងបានដឹងថាព្រះជាម្ចាស់គង់នៅជាមួយអ្នក!»

ជំពូក ៩

1 នេះគឺសេចក្ដីប្រកាសរបស់ព្រះអម្ចាស់ អំពីទឹកដីរបស់ហាត្រាក និងដាម៉ាស។ ដ្បិតព្រះនេត្ររបស់ព្រះអម្ចាស់គឺនៅលើមនុស្សទាំងអស់ ព្រមទាំងកុលសម្ព័នទាំងអស់របស់អុីស្រាអែលផង។ 2 សេចក្ដីប្រកាសនេះក៏និយាយអំពីក្រុងហាម៉ាត ដែលព្រំប្រទល់ជាប់ និងក្រុងដាម៉ាស ហើយក៏និយាយអំពីទីរ៉ុស និងស៊ីដូនទោះបីជាពួកគេមានប្រាជ្ញាយ៉ាងណាក៏ដោយ។ 3 ក្រុងទីរ៉ុសបានសង់កំពែងមួយដ៏រឹងមាំសម្រាប់ខ្លួន ហើយបានប្រមូលប្រាក់ច្រើនដូចជាធូលីដី និងមាសល្អៗជាច្រើនដូចជាភក់នៅតាមផ្លូវ។ 4 មើល៍! ព្រះជាម្ចាស់នឹងបំបែកពួកគេ ហើយបំផ្លាញកម្លាំងនៅលើសមុទ្រ ដូច្នេះហើយពួកគេនឹងលេបត្របាក់ដោយសារភ្លើងវិញ។ 5 ក្រុងអាស្កាឡូននឹងឃើញ ហើយនឹងភ័យខ្លាច! ក្រុងកាសានឹងញាប់ញ័រជាខ្លាំង! ក្រុងអេក្រូននឹងបាត់បងសេចក្ដីសង្ឃឹមអស់! សេ្ដចនឹងលែងមាននៅក្រុងកាសា ហើយក្រុងអាស្កាឡូននឹងលែងមានមនុស្សរស់នៅទៀតដែរ! 6 ជនបរទេសជាច្រើននឹងធ្វើផ្ទះពួកគេនៅក្រុងអាស្តូឌ ហើយយើងនឹងយើងបំបាត់អំនួតរបស់ពួកគេពីភីលីស្ទីន។ 7 ដ្បិតយើងនឹងយកឈាមចេញពីមាត់របស់ពួកគេ ​និងដកអំពើដ៏អាក្រក់ចេញពីចន្លោះធ្មេញរបស់ពួកគេ។ នោះពួកគេនឹងក្លាយទៅជាមនុស្សសំណល់នៃព្រះជាម្ចាស់របស់យើង ដូចជាអំបូរយូដា ហើយក្រុងអេក្រូឌនឹងក្លាយទៅជាពួកក្រុងយេបូសដែរ។ 8 យើងនឹងបោះជំរុំទ័ពជុំវិញទឹកដីរបស់យើងដើម្បីទាស់និងសត្រូវ ដូច្នេះហើយគ្មាននរណាម្នាក់អាចដើរកាត់ឬត្រលបទៅវិញបានឡើយ ដ្បិតគ្មានការសង្កត់សង្កិនណានៅលើពួកគេទៀតឡើយ។ ដ្បិតយើងនឹងមើលថែរក្សាទឹកដីរបស់យើងដោយភ្នែករបស់យើងដោយផ្ទាល់! 9 កូនស្រីនៃក្រុងស៊ីយ៉ូនអើយ ចូរស្រែកដោយអំណរជាខ្លាំង! ស្រែកជាមួយសុភមង្គល កូនស្រីនៃក្រុងយេរូសាឡឹមអើយ! មើល៍! សេ្ដចរបស់អ្នកគឺនឹងមកនៅជាមួយអ្នកហើយ ជាមួយសេចក្ដីសុចរិតនឹងមកសង្គ្រោះអ្នក។ ព្រះអង្គបន្ទាប់ខ្លួន ហើយព្រះអង្គគង់នៅលើខ្នងសត្វលា ខ្នងកូនលា។​ 10 ហើយយើងនឹងដករទេះចេញពីស្រុកអេប្រាអ៊ីម​ ហើយដកសេះចេញពីក្រុងយេរូសាឡឹម និងធ្នូនឹងដកចេញពីចំបាំង ដ្បិតព្រះអង្គនឹងមានបន្ទូលពីក្តីសុខសាន្តចំពោោះប្រជាជាតិនានា អំណាចគ្រប់គ្រង់របស់ព្រះអង្គនឹងចាប់តាំងពីសមុទ្រម្ខាងទៅសមុទ្រម្ខាង ហើយពីទន្លេរហូតដល់ចុងផែនដី! 11 ចំណែកអ្នកវិញ ដោយព្រោះយល់ដល់លោកហិតនៃសម្ពន្ធមេត្រីរបស់យើងចំពោះអ្នក យើងនឹងដោះលែងអ្នកទោសឲ្យមានសេរីភាពចេញពីរណ្ដៅដែលគ្មានទឹក។ 12 អ្នកទោសនៃសេចក្ដីសង្ឃឹមអើយ ចូរត្រលប់ទៅរកកំផេងដែលរឹងមាំវិញ! ថ្ងែនេះយើងប្រកាសថាយើងនឹងសង់អ្នកមួយជាពីរវិញ 13 ដ្បិតយើងបានធ្វើឲ្យយូដាដូចជាធ្នូរបស់យើង។ យើងបានបំពេញព្រួញរបស់យើងជាមួយអ៊ីប្រាអ៊ីម។ ស៊ីយ៉ូនអើយ យើងបានតាស់តឿនកូនៗប្រុសរបស់អ្នក ប្រឆាំងនឹងជាមួយកូនៗប្រុសរបស់ជនជាតិក្រិក ដូចជាដាវរបស់អ្នកចំបាំង! 14 ព្រះអម្ចាស់នឹងលេចមកពួកគេ ហើយគ្រាប់ព្រួញរបស់ព្រះអង្គនឹងបាញ់ចេញមកដូចជាផ្លេកបន្ទោរ! ដ្បិតព្រះជាម្ចាស់ដ៏ជាព្រះរបស់យើងនឹងផ្លុំត្រែ ហើយនឹងរុលទៅមុខក្នុងព្យុះចេញពីថេម៉ាន។​ 15 ព្រះអម្ចាស់នៃពិភពទាំងមូលនឹងការពារពួកគេ ហើយពួកគេនឹងលាបត្របាក់ពួកគេ​ និងយកឈ្នះថ្មនៃខ្សែដង្ហក់។ បន្ទាប់មក​ ពួកគេនឹងផឹក ហើយស្រែកដូចជាមនុស្សស្រវឹងស្រា ហើយពួកគេនឹងពេញដោយស្រាដូចជាចាន ដូចជាជ្រុងអាសនៈ។ 16 ដូច្នេះ ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់ពួកគេនឹងសង្គ្រោះពួកគេនៅក្នុងថ្ងៃនោះ ពួកគេនឹងដូចជាហ្វូងចៀមនៃរាស្រ្តរបស់ព្រះអង្គ ពួកគេនឹងដូចជាគ្រឿងអលង្ការនៃមកុដមួយបំពាក់លើែទឹកដីរបស់ព្រះអង្គ។ 17 តើពួកគេនឹងទៅជាល្អ និងស្រស់ស្អាតយ៉ាងណាទៅ! ពួកកំលោះៗនឹងចម្រើនក្នុងការធ្វើស្រូវ និងស្រីៗក្រមុំចម្រើនខាងស្រាទំពាំងបាយជូរដែរ!

ជំពូក ១០

1 ចូរទូលសូមទឹកភ្លៀងពីព្រះអម្ចាស់នៅចុងរដូវ ព្រះអម្ចាស់ជាអ្នកដែលបង្កើតឲ្យមានខ្យល់ព្យុះ ហើយព្រះអង្គប្រទានទឹកភ្លៀងបរិបូរដល់មនុស្សគ្រប់គ្នា ហើយមានរុក្ខជាតិនៅក្នុងស្រែ។ 2 ចំណែក រូបព្រះក្លែងក្លាយនិយាយមិនពិត ពួកព្យាការីថ្លែងអំពីនិមត្តហេតុក្លែងក្លាយ សប្តិ​ក៏​សម្ដែង​ជា​សេចក្ដី​កំភូតក៏​កម្សាន្ត​ចិត្ត​ដោយ​សេចក្ដី​ឥត​ប្រយោជន៍​ដែរ ហេតុ​នោះ​បាន​ជា​គេ​ដើរ​តាម​ផ្លូវ របស់​ខ្លួន​ដូច​ជា​ហ្វូង​ចៀម​រង​ទុក្ខ ​ដោយ​ព្រោះ​គ្មាន​គង្វាល។ 3 សេចក្តីក្រោធរបស់យើងទាស់នឹងពួកអ្នកគង្វាល យើងនឹងដាក់ទោសដល់ពួកអ្នកដឹកនាំពពែឈ្មោលផងដែរ។ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងចូលរួមដើម្បីហ្វូងចៀមរបស់ព្រះអង្គ កូនចៅយូដា ហើយព្រះអង្គនឹងធ្វើឲ្យពួកគេដូចជាសេះចំបាំងរបស់ព្រះអង្គនៅក្នុងសង្គ្រាម! 4 នៅក្នុងចំណោមពួកគេនឹងមានអ្នកក្លាយជាសសរគ្រឹះយ៉ាងឯក ពួកគេនឹងក្លាយជាដែកគោល ពួកគេនឹងក្លាយជាធ្នូចំបាំង ពួកគេនឹងក្លាយជាអ្នកដឹកនាំទាំងអស់គ្នា។ 5 ពួកគេនឹងដូចជាអ្នកចំបាំងដែលជាន់ឈ្លីសត្រូវរបស់ពួកគេ​ដូចជា ភក់នៅតាមផ្លូវនៅក្នុងសង្គ្រាម ពួកគេនឹងបង្កើតសង្គ្រាម ដ្បិតព្រះអម្ចាស់គឺគង់នៅជាមួយពួកគេ ហើយពួកគេនឹងត្រូវអាម៉ាស់មុខអ្នកណាដែលជិះសេះចំបាំង។ 6 យើងនឹងពង្រឹងកម្លាំងកូនចៅយូដា និងសង្គ្រោះកូនចៅយូ៉សែប ដ្បិតយើងនឹងស្ដារពួកគេ និងមានក្ដីអាណិតអាសូរលើពួកគេ។ ពួកគេនឹងក្លាយជាប្រជាជនដែលយើងមិនបានបោះបង់ចោល ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ យើងនឹងឆ្លើយតបទៅកាន់ពួកគេវិញ។ 7 បន្ទាប់មក អេប្រាអ៊ីមនឹងដូចជាអ្នកចំបាំងម្នាក់ ហើយចិត្តរបស់ពួកគេនឹងរីករាយឡើង ដូចជាបានផឹកស្រា កូនៗរបស់ពួកគេនឹងមានចិត្តរីករាយ។ ចិត្តរបស់ពួកគេនឹងរីករាយជាមួយយើង! 8 យើងនឹងផ្លុំសម្លែងសម្រាប់ពួកគេ ហើយប្រមូលផ្ដុំពួកគេ ដ្បិតយើងនឹងរំដោះពួកគេ ហើយពួកគេនឹងត្រលប់ជាចម្រើនឡើងដូចកាលពីមុន! 9 យើងសាបព្រោះពួកគេក្នុងចំណោមមនុស្សនានា ប៉ុន្តែពួកគេនឹងចងចាំយើងពីចម្ងាយ ដូច្នេះហើយ ពួកគេ និងកូនចៅរបស់គេនឹងត្រលប់មករស់នៅវិញ។ 10 ដ្បិតយើងនឹងស្ដារពួកគេឡើងចេញពីទឹកដីអេស៊ីប ​និងប្រមូលផ្ដុំពួកគេចេញពី​អាស្ស៊ីរី។ យើងនឹងនាំពួកគេទៅស្រុកកាឡាដ និងស្រុក​លីបង់​រហូតទាល់តែគ្មានកន្លែងសស់ទៀតសម្រាប់ពួកគេ។ 11 យើងនឹងដើរកាត់សមុទ្រនៃទុក្ខវេទនារបស់ពួកគេ យើងនឹងវាយទឹករលកនៃសមុទ្រនោះ ហើយនឹងសម្ងួតជម្រៅទឹកទាំងអស់នៃទន្លេរនីលដែរ។ ឫទ្ធានុភាពនៃស្រុកអាស្ស៊ីរីនឹងត្រូវទម្លាក់ចុះ ហើយដំបងនៃអេស៊ីបនឹងបាត់ចេញពីជនជាតិអេស៊ីប។ 12 យើងនឹងពង្រឹងពួកគេឡើងដោយយើងផ្ទាល់ ហើយពួកគេនឹងដើរនៅក្នុងនាមរបស់យើង នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់។

ជំពូក ១១

1 ទឹកដីលីបង់អើយ ចូរបើទ្វាររបស់អ្នក ដ្បិតអាចមានភ្លើងឆេះ​ដើម​តាត្រៅរបស់អ្នក! 2 ដើមកកោះអើយ ចូរ​ស្រែក​ឲ្យ​អស់​ទំហឹង​ទៅ ដ្បិតដើម តាត្រៅដួលហើយ! ដើមឈើដ៏ល្អប្រណិតរលំអស់ហើយ! ឱដើមមៃសាក់នៅបាសានអើយ ចូរស្រែកឲ្យអស់ទំហឹងឡើង ពីព្រោះព្រៃស្រោងវិនាសអស់ហើយ។ 3 ពួកគង្វាលស្រែកទ្រហោយំ ដ្បិតសេចក្ដីរុងរឿងរបស់គេត្រូវបានបំផ្លាញហើយ! សំលេងនៃសិង្ហស្ទាវស្រែកឡើង ដ្បិតអំនួតនៃទន្លេយ័រដាន់ត្រូវបានហិនហោចអស់ហើយ! 4 នេះគឺជាអ្វីដែលព្រះអម្ចាស់ជាព្រះជាម្ចាស់របស់យើងមានព្រះបន្ទូល «ដូចអ្នកគង្វាល ឃ្វាលហ្វូងចៀមដែលទុកសម្រាប់សម្លាប់! 5 (អស់អ្នកណាដែលទិញចៀមយកទៅសម្លាប់ នោះគ្មានទោសទេ ហើយអ្នកលក់និយាយថា សូមថ្វាយព្រះពរដល់ព្រះអម្ចាស់! ខ្ញុំបានក្លាយជាអ្នកមានហើយ! ដ្បិតពួកអ្នកគង្វាលបានធ្វើការសម្រាប់ហ្វូងចៀម គ្មានម្ចាស់ណានឹកអាណិតចៀមនោះទេ)។ 6 ដ្បិតយើងនឹងមិនប្រណីដល់ប្រជាជននៅលើផែនដីទៀតទេ! នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ មើល៍! យើងនឹងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃអ្នកជិតខាង​ និងស្ដេចរបស់ពួកគេ ហើយពួកគេនឹងបំផ្លាញទឹកដី តែយើងនឹងមិនរំដោះនរណាម្នាក់ឲ្យរួចទេ»។ 7 ដូច្នេះយើងនឹងក្លាយជាអ្នកគង្វាលនៃហ្វូងចៀមដែលទុកសម្រាប់សម្លាប់នោះ គឺជាចៀមដែលវេទនាជាងគេ។ ខ្ញុំយកដំបងពីរ ដំបងមួយខ្ញុំហៅថា «ចំណងមេត្រី» និងដំបងមួយទៀតខ្ញុំហៅថា «មិត្តភាព»។​ 8 នេះគឺជារបៀបដែលខ្ញុំឃ្វាលហ្វូងចៀម។ ក្នុងមួយខែខ្ញុំកម្ចាត់អ្នកគង្វាលបីនាក់ ព្រោះខ្ញុំអត់ទ្រាំនឹងពួកគេលែងបាន ហើយពួកគេក៏ស្អប់ខ្ញុំវិញដែល។ 9 បន្ទាប់មកខ្ញុំក៏និយាយទៅកាន់ម្ចាស់ថា «ខ្ញុំនឹងលែងធ្វើការជាអ្នកគង្វាលសម្រាប់អ្នកទៀតហើយ។ ចៀមដែលងាប់ ចូរឲ្យពួកគេងាប់ ចៀមណាដែលត្រូវវិនាសឲ្យពួកវាវិនាសចុះ។ ចូរឲ្យចៀមដែលនៅសល់ឲ្យវាហែកគ្នាវាស៊ីទៅ»។ 10 ដូច្នេះខ្ញុំយកដំបងរបស់ខ្ញុំ «ចំណងមេត្រី» មកកាច់បំបាក់ចោល ដើម្បីផ្ដាច់សម្ពន្ធមេត្រីដែលខ្ញុំបានចង់ជាមួយពូជអំបូរខ្ញុំទាំងអស់។ 11 នៅថ្ងៃនោះសម្ពន្ធមេត្រីត្រូវបែកបាក់ ហើយអស់អ្នកណាដែលវេទនាជាងគេក្នុងចៀម និងចៀមដែលមើលមកខ្ញុំនឹងបានដឹងថាព្រះអម្ចាស់បានមានព្រះបន្ទូលពិតមែន។ 12 ខ្ញុំនិយាយទៅកាន់ពួកគេថា «បើសិនមើលទៅល្អចំពោះអ្នក ចូរបង់ប្រាក់ឈ្នូលមកឲ្យខ្ញុំ។ ប៉ុន្តែ បើសិនមើលទៅមិនល្អចំពោះអ្នក មិនបាច់បង់ទេ។ «ដូច្នេះ គេថ្លឹងប្រាក់សាមសិបស្លឹងទុកជាប្រាក់ឈ្នូលរបស់ខ្ញុំ។ 13 បន្ទាប់មក ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា «ចូរដាក់ប្រាក់ទៅក្នុងឃ្លាំង គឹជាតម្លៃដ៏ល្អឥតខ្ចោះដែលពួកគេឲ្យតម្លៃអ្នក!» ដូច្នេះខ្ញុំយកប្រាប់សាមសិមស្លឹង និងដាក់ប្រាក់នេះទៅក្នុងឃ្លាំងនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ 14 បន្ទាប់មក ខ្ញុំបំបាក់ដំបងទីពីររបស់ខ្ញុំ «មិត្តភាព» ដើម្បីផ្ដាច់ចំណងភាតរភាពរវាងពួកយូដា និងពួកអុីស្រាអែល។ 15 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា «ចូរយក​គ្រឿងប្រដាប់របស់អ្នកគង្វាលល្ងីល្ងើម្ដងទៀតទៅ! 16 ដ្បិតមើល៍! យើងនឹងឲ្យមានអ្នកគង្វាលមួយកើតឡើងនៅក្នុងទឹកដី។ អ្នកគង្វាលនោះនឹងមិនខ្វល់ខ្វាយចំពោះចៀមវិនាសឡើយ។ លោកនឹងមិនស្វែងរកចៀមដែលបាត់បង់​ ឬព្យាបាលចៀមដែលមានរបួលឡើយ។ លោកនឹងមិនឲ្យចំណីចៀមណាដែលសុខភាពល្អទេ ប៉ុន្ដែលោកនឹងបរិភោគសាច់របស់ចៀមធាត់ៗ ហើយលោកនឹងហែកក្រចករបស់ចៀមវិញ។ 17 វេទនាហើយដល់អ្នកគង្វាលគ្មានតម្លៃដែលបង់បោះហ្វូងចៀមចោល! សូមឲ្យដាវបានប្រហារដៃរបស់គេ និងភ្នែកខាងស្ដាំរបស់គេចុះ! សូមឲ្យដៃរបស់គេស្វិតលែងប្រើការ ហើយភ្នែកខាងស្ដាំរបស់គេទៅជាខ្វាក់វិញ!»

ជំពូក ១២

1 នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ថ្លែងអំពីទឹកដីអុីស្រាអែល ព្រះអម្ចាស់ជាព្រះដែលបានលាតស្ធឹងផ្ទៃមេឃ​ និងចាក់គ្រឹះផែនដី ជាព្រះដែលបង្កើតវិញ្ញាណនៅក្នុងខ្លួនមនុស្ស មានព្រះបន្ទូលថា 2 «មើល៍! យើងជាអ្នកធ្វើឲ្យក្រុងយេរូសាឡឹមទៅក្នុងពែងបណ្ដាលឲ្យប្រជាជនដែលនៅជុំវិញក្រុងភ្ញាក់ផ្អើល។ ការនេះនឹងដូចជាពេលដែលជនជាតិយូដាឡោមព័ទ្ធប្រឆាំងនឹងក្រុងយេរូសាឡឹមដែរ។ 3 នៅក្នុងថ្ងៃនោះ យើងនឹងបង្កើតថ្មដែលធ្ងន់ឲ្យក្រុងយេរូសាឡឹមដល់ប្រជាជនគ្រប់គ្នា។ អ្នកណាមួយដែលព្យាយាមលើកថ្មនោះនឹងឈឺចាប់ខ្លួនឯងវិញយ៉ាងខ្លាំង ហើយប្រជាជាតិទាំងអស់នៅលើផែនដីនឹងប្រមូលផ្ដុំគ្នាប្រឆាំងនឹងទីក្រុងនោះវិញ។ 4 ព្រះអម្ចាស់មានព្រះបន្ទូលថា នៅក្នុងថ្ងៃនោះយើងនឹងប្រហារទាំងអស់ណាដែលភ័យខ្លាំង និងអស់ទាំងអ្នកជិះសេះណាដែលឆ្គួតលីលា។ យើងនឹងពេញចិត្តលើសេះរបស់ក្រុងយេរូសាឡឹមដែលនឹងប្រហារអស់ទាំងសេះរបស់កងទ័ពណាដែលខ្វាក់។ 5 បន្ទាប់មក ពួកមេដឺកនាំរបស់យូដានឹងនិយាយនៅក្នុងចិត្តរបស់ពួកគេថា ប្រជាជននៃក្រុងយេរូសាឡឹមជាកម្លាំងរបស់ពួកយើង ព្រោះព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះរបស់ពួកគេ។ 6 នៅថ្ងៃនោះ យើងនឹងបង្កើតមេដឹកនាំនៃពួកយូដាដូចជា ផើងភ្លើងនៅកណ្ដាលឈើ និងដូចជាភ្លើងពិលនៅកណ្ដាលស្រូវឈរ ដ្បិតពួកគេនឹងប្រើប្រាស់ប្រជាជននៅជុំវិញទាំងអស់នៅខាងឆ្វាង​ និងខាងស្ដាំ។ ក្រុងយេរូសាឡឹមនឹងរស់នៅក្នុងទីក្រុងរបស់ខ្លួនវិញ»។ 7 ព្រះអម្ចាស់នឹងសង្គ្រោះត្រសាលរបស់ពួកយូដាជាមុន ដូច្នេះហើយកិត្ដិយសរបស់កូនចៅរបស់ព្រះបាទដាវិឌ និងកិត្ដិយសរបស់អ្នកដែលរស់នៅក្រុងយេរូសាឡឹមមិនអាចធំជាងពួកយូដានោះទេ។ 8 នៅថ្ងៃនោះ ព្រះអ​ម្ចាស់នឹងធ្វើជាអ្នកការពាររបស់ប្រជាជនរបស់ក្រុងយេរូសាឡឹម ហើយនៅថ្ងៃនៅក្នុងចំណោមពួកគេ​នោះអស់អ្នកណាដែលខ្សោយនោះនឹងបានដូចជាព្រះបាទដាវិឌ ហើយពូជពង្សរបស់ព្រះបាទដាវិឌនឹងបានដូចជាព្រះ ដូចជាទេវតានៃព្រះអម្ចាស់នៅពីមុខពួកគេ។ 9 នៅថ្ងៃនោះយើងនឹងចាប់ផ្ដើមបំផ្លាញប្រជាជាតិទាំងអស់ណាប្រឆាំងនឹងក្រុងយេរូសាឡឹម។ 10 ប៉ុន្តែ យើងនឹងចាក់បង្ហូរវិញ្ញាណនៃសេចក្ដីមេត្តា និងទូលអង្វរដល់ពូជពង្សរបស់ព្រះបាទដាវិឌ ហើយនិងប្រជាជនរបស់ក្រុងយេរូសាឡឹម ដូច្នេះហើយពួកគេនឹងមើលមកយើង ជាមា្នក់ដែលពួកគេបានចាក់ទំលុះ។ ពួកគេនឹងកាន់ទុក្ខសម្រាប់ខ្ញុំ ដូចជាមនុស្សម្នាក់ដែលកាន់ទុក្ខសម្រាប់កូនប្រុសរបស់គាត់តែមួយ ពួកគេនឹងសោកសង្រេងយ៉ាងឈឺផ្សាសម្រាប់ព្រះអង្គ ដូចជាគេសោកសង្រេងការស្លាប់របស់កូនប្រុសច្បង។ 11 នៅថ្ងៃនោះទុក្ខសោកនៅក្រុងយេរូសាឡឹមនឹងបានដូចជាទុក្ខសោក ព្រះហាដាដ រីម៉ូននៅវាលមេគីដោ។ 12 ផែនដីនឹងត្រូវកាន់ទុក្ខ អំបូរនីមួយៗបែងចែកចេញពីអំបូរផ្សេងៗទៀត។ អំបូររបស់ព្រះបាទដាវិឌនឹងត្រូវបែងចែកចេញពីគ្នា ហើយប្រពន្ធរបស់ពួកគេនឹងត្រូវបែងចែកដោយឡែកពីបុរស។ 13 អំបូររបស់កូនចៅលាវីនឹងត្រូវបែងចែកដោយឡែក ហើយប្រពន្ធរបស់ពួកគេនឹងត្រូវចែកដោយឡែកពីបុរស។ អំបូររបស់ស៊ីម៉ៃ នឹងត្រូវបែងចែកដោយឡែក ហើយប្រពន្ធរបស់ពួកគេនឹងត្រូវចែកដោយឡែកពីបុរស។ 14 គ្រប់អំបូរទាំងអស់ដែលសល់ពី អំបូរនីមួយៗនោះនឹងត្រូវបែងចែកដោយឡែក និងប្រពន្ធនឹងត្រូវចែកចេញដោយឡែកពីបុរសដែរ»។

ជំពូក ១៣

1 «នៅថ្ងៃនោះប្រភពទឹកនឹងត្រូវបើកសម្រាប់ពូជពង្សរបស់ព្រះបាទដាវិឌ និងប្រជាជនក្រុងយេរូសាឡឹម សម្រាប់អំពើបាប និងអំពើសៅហ្មងរបស់ពួកគេ។ 2 នៅថ្ងៃនោះ យើងនឹងកាត់ផ្ដាច់ឈ្មោះរបស់ព្រះក្លែងក្លាយចេញពីទឹកដី​ ដូច្នេះពួកគេនឹងមិនអាចចាំតទៅទៀតឡើយ នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ យើងនឹងធ្វើឲ្យពួកព្យាការីក្លែងក្លាយ និងវិញ្ញណមិនបរិសុទ្ធរបស់ពួកគេចេញពីទឹកដីផងដែរ។ 3 ប្រសិនបើអ្នកណាម្នាក់នៅតែបន្តទាយទៀត នោះឪពុក និងម្ដាយដែលបង្កើតគេនឹងនិយាយប្រាប់គេថា «អ្នកនឹងមិនអាចរស់ទេ ពីព្រោះអ្នកនិយាយកុហកនៅក្នុងព្រះនាមរបស់ព្រះអម្ចាស់! បន្ទាប់មកឪពុក និងម្តាយដែលបង្កើតលោកនឹងចាក់ទំលុះគេនៅពេលគាត់ប្រកាសព្រះបន្ទូលរបស់ព្រះ។ 4 នៅថ្ងៃនោះ ព្យាការីនីមួយៗ​នឹងត្រូវអាម៉ាសវិញ ព្រោះតែនិមិត្តរបស់ពួកគេពេលដែលប្រកាសព្រះបន្ទូលរបស់ព្រះ។ ពួកព្យាការីទាំងអស់នេះនឹងមិនអាចពាក់អាវរោមសត្វ ដើម្បីបោកបញ្ឆោតមនុស្សបានទៀតទេ។ 5 ដ្បិតម្ន្ាក់ៗនឹងនិយាយថា «ខ្ញុំមិនជាព្យាការីទេ! ខ្ញុំគឺជាមនុស្សដែលអ្នកស្រែ​ ធ្វើស្រែជាការងាររបស់ខ្ញុំតាំងពីខ្ញុំនៅកំលោះមកម្លេ៉ះ! 6 បុ៉ន្តែគេនឹងនិយាយមកគាត់ថា តើស្នាមរបួសនៅលើទ្រូងរបស់អ្នកគឺជាអ្វី៉? ហើយគាត់នឹងឆ្លើយថា ខ្ញុំមានរបួសនៅក្នុងផ្ទះមិត្តភក្តិរបស់ខ្ញុំ»។ 7 «ដាវអើយ! ចូរភ្ញាក់ឡើងប្រឆាំងនឹងអ្នកគង្វាលរបស់យើង ជាមនុស្សដែលឈរនៅក្បែរយើង នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ចូរប្រហារអ្នកគង្វាល ហើយហ្វូងចៀមនឹងខ្ចាត់ខ្ចាយ! ដ្បិតយើងនឹងបែរដៃរបស់យើងប្រហារចៀមតូចៗវិញ។ 8 បន្ទាប់មក នៅទឹកដីទាំងមូល មនុស្សពីរភាគបីនឹងត្រូវវិនាសអស់! ហើយមានមនុស្សតែមួយភាគបីដែលនឹងនៅសល់ នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 9 យើងនឹងនាំមនុស្សមួយភាគបីនោះទៅដាក់ក្នុងភ្លើង​ ហើយសម្រិតសម្រាំងពួកគេដូចជាប្រាក់ដែលស្លរហើយ យើងនឹងសាកល្បងពួកគេដូចជាមាសដែលសាកល្បងហើយ។ ពួកគេនឹងហៅឈ្មោះរបស់យើង ហើយយើងនឹងឆ្លើយទៅកាន់ពួកគេថា​ «នេះគឺជាប្រជារាស្រ្តរបស់យើង!» ហើយពួកគេនឹងនិយាយថា «ព្រះអម្ចាស់គឺជាព្រះរបស់ពួកយើងខ្ញុំ!»

ជំពូក ១៤

1 មើល៍! ថ្ងៃរបស់ព្រះអម្ចាស់នឹងមកដល់ នៅពេលដែលចោរប្លន់ដណ្ដើមរបស់អ្នកនឹងចែកគ្នានៅកណ្ដាលអ្នក។ 2 ដ្បិតយើងនឹងប្រមូលគ្រប់ប្រជាជាតិ ប្រឆាំងនឹងក្រុងយេរូសាឡឹម ដើម្បីធ្វើសង្គ្រាម ហើយទីក្រុងនឹងត្រូវគេយកបាន។ ផ្ទះសំបែងជាច្រើននឹងត្រូវប្លន់ដណ្ដើមយក ហើយស្រីៗនឹងត្រូវគេរំលោភ។ មនុស្សពាក់កណ្ដាលក្រុងនឹងកៀរទៅជាឈ្លើយ ប៉ុន្ដែប្រជាជនដែលនៅនៅសល់នឹងមិនបានបណ្ដេញចេញពីទីក្រុងទេ។ 3 ប៉ុន្តែ ព្រះអម្ចាស់នឹងយាងចេញមក ហើយប្រកាសសង្គ្រាមប្រឆាំងនឹងប្រជាជាតិទាំងនោះ ដូចជាព្រះអង្គប្រកាសសង្គ្រាមនៅក្នុងថ្ងៃចម្បាំង។ 4 នៅក្នុងថ្ងៃនោះ ព្រះបាទនៃព្រះអម្ចាស់នឹងឈរនៅលើភ្នំអូលីវ ដែលនៅក្បែរក្រុងយេរូសាឡឹមនៅភាគខាងកើត។ ភ្នំអូលីវនឹងត្រូវពុះពាក់កណ្តាលនៅចន្លោះខាងកើត និងលិចក្បែរជ្រលងភ្នំដ៏ធំ ហើយពាក់កណ្ដាលទៀតនឹងត្រូវត្រលប់ឆ្ពោះទៅរកទិសខាងជើង និងម្ខាងទៀតទៅទិសខាងត្បូង។ 5 បន្ទាប់មក អ្នកនឹងរត់គេចខ្លួនទៅខាងក្រោមជ្រលងភ្នំនៅចន្លោះភ្នំរបស់ព្រះអម្ចាស់ ដ្បិតជ្រលងភ្នំនេះនៅចន្លោះភ្នំទាំងនោះនឹងលាតសន្ធឹងទៅដល់អាសែល។ អ្នកនឹងរត់គេចខ្លួនដូចជាអ្នកបានគេចខ្លួនចេញពីការរញ្ជួយដីនៅជំនាន់អូសៀល ជាស្ដេចរបស់យូដា។ បន្ទាប់មក ព្រះអម្ចាស់ជាព្រះរបស់យើងនឹងយាងមក ហើយប្រជាជនដ៏វិសុទ្ធទាំងអស់នឹងមកជាមួយព្រះអង្គដែរ។ 6 នៅថ្ងៃនោះ នឹងលែងមានពន្លឺថ្ងៃ ប៉ុន្តែមិនត្រជាក់ ឬទឹកសន្សើមឡើយ។ 7 នៅថ្ងៃនោះ ជាថ្ងៃដែលមានតែព្រះអម្ចាស់ទើបជ្រាប ពេលនោះនឹងលែងមានថ្ងៃ ឬយប់ទៀតហើយ ដ្បិតពេលល្ងាចនឹងទៅជាម៉ោងពេលថ្ងៃវិញ។ 8 នៅថ្ងៃនោះ ទឹករស់នឹងហូរចេញមកពីក្រុងយេរូសាឡឹម។ ពាក់កណ្ដាលនៃទឹករស់នឹងហូរទៅសមុទ្រខាងកើត និងពាក់កណ្ដាលទៀតហូរទៅសមុទ្រខាងលិច នៅរដូវក្ដៅ និងរដូវរងារ។ 9 ព្រះអម្ចាស់នឹងក្លាយទៅជាស្ដេចលើផែនដីទាំងមូល។ នៅថ្ងៃនោះ ព្រះអម្ចាស់នឹងធ្វើជាព្រះតែមួយអង្គគត់ ហើយមានតែព្រះនាមរបស់ព្រះអង្គតែមួយដែរ។ 10 ទឹកដីទាំងមូលនឹងដូចជាតំបន់ អារ៉បា ចាប់ពីកេបារហូរដល់រីម៉ូនខាងត្បូងក្រុងយេរូសាឡឹម។ ក្រុងយេរូសាឡឹមនឹងនៅតែបន្តលើកឡើង ​និងនៅតែនៅលើកន្លែងរបស់ខ្លួនដដែល ចាប់ពីទ្វារបេនយ៉ាមីនដល់កន្លែងដែលមានទ្្វារកាលពីមុន ​រហូតដល់ជ្រុងទ្វារ ហើយចាប់ពីប៉មហាណានាល ដល់កន្លែងជាន់ផ្លែនទំពាំងបាយជូររបស់ស្ដេច។ 11 ប្រជាជននឹងរស់នៅក្នុងក្រុងយេរូសាឡឹម ហើយនឹងគ្មាននរណាអាចមកបំពេញការបំផ្លាញពីព្រះជាម្ចាស់ប្រឆាំងនឹងពួកគេឡើយ។ ក្រុងយេរូសាឡឹមនឹងរស់នៅដោយសុខសាន្ត។ 12 ការនេះនឹងទៅជាគ្រោះកាច ដែលព្រះអម្ចាស់នឹងវាយប្រហារដល់មនុស្សណាដែលបានប្រកាសសង្គ្រាមប្រឆាំងនឹងក្រុងយេរូសាឡឹម សាច់របស់គេនិងរលួយ សូម្បីតែពួកគេកំពុងឈរដោយជើងរបស់ពួកគេក៏ដោយ។ ភ្នែករបស់ពួកគេនឹងរលួយនៅក្នុងរន្ធរបស់ពួកគេ ហើយអណ្ដាតនឹងរលួយនៅក្នុងមាត់របស់គេពួកគេ។ 13 នៅថ្ងៃនោះ ភាពភ័យខ្លាចយ៉ាងខ្លាំងនៃព្រះអម្ចាស់នឹងមកនៅក្នុងចំណោមពួកគេ។ ម្នាក់ៗនឹងចាប់ដៃអ្នកផ្សេងទៀត ហើយនឹងលើកដៃឡើងប្រឆាំងនឹងដៃរបស់ម្នាក់ផ្សេងដែរ។ 14 ពួកយូដានឹងវាយប្រឆាំងក្រុងយេរូសាឡឹមដែរ។ ពួកគេនឹងប្រមូលទ្រព្យសម្បត្តិរបស់ប្រជាជាតិទាំងអស់ដែលនៅជុំវិញ ដូចជាមាស ប្រាក់ និងសម្លៀកបំពាក់ល្អៗយ៉ាងច្រើនក្រៃលែង។ 15 គ្រោះកាចនឹងអាចកើតមានចំពោះសេះ លាកូនកាត់ អូដ្ឋ លា និងគ្រប់ទាំងសត្វអស់ដែលនៅក្នុងជំរំនឹងអាចទទួលរងគ្រោះកាចដូចគ្នាដែរ។ 16 បន្ទាប់មក គ្រោះកាចនឹងកើតមានដល់ប្រជាជាតិណាដែលនៅតែមកប្រឆាំងក្រុងយេរូសាឡឹម ដែលនឹងទៅរាល់ឆ្នាំដើម្បីថ្វាយបង្គំព្រះមហាក្សត្រ ព្រះអម្ចាស់នៃពិភពទាំងមូល ហើយនិងរក្សាទុកពីធីបុណ្យបារាំជំនួសវិញ។ 17 គ្រោះកាចនឹងកើតបើសិនមានអ្នកណាម្នាក់ពីគ្រប់ប្រជាជាតិទាំងអស់លើផែនដីទាំងមូលមិនឡើងទៅក្រុងយេរូសាឡឹមដើម្បីថ្វាយបង្គំព្រះមហាក្សត្រ ព្រះអម្ចាស់នៃពិភពទាំងមូលនោះ ព្រះអម្ចាស់នឹងមិនបង្ហូរទឹកភ្លៀងដល់ពួកគេឡើយ។ 18 បើសិនប្រជាជាតិនៃប្រទេសអេស៊ីបមិនឡើងទៅ នោះពួកគេនឹងមិនទទួលបានទឹកភ្លៀងឡើយ។ គ្រោះកាចដែលមកពីព្រះអម្ចាស់នឹងប្រហារដល់ប្រជាជាតិណាដែលមិនឡើងទៅ បន្តរក្សារពីធីបុណ្យបារាំ។ 19 ការដាកទោសនេះគឺសម្រាប់ទឹកដីអេស៊ីប និងការដាក់ទោសចំពោះប្រជាជាតិទាំងអស់ណាដែលមិនឡើងទៅដើម្បីរក្សារពីធីបុណ្យបារាំ។ 20 ប៉ុន្តែនៅថ្ងៃនោះ កណ្ដឹងនៃសេះនឹងស្រែកឡើងថា «ចូរញែកដោយឡែកថ្វាយព្រះអម្ចាស់» ហើយថ្លាងទាំងប៉ុន្មានដែលនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់នឹងបានដូចជាចាននៅពីមុខអាសនៈដែរ។ 21 គ្រប់ទាំងឆ្នាំងទាំងអស់ដែលនៅក្នុងក្រុងយេរូសាឡឹម និងយូដានឹងត្រូវញែកជាចំណែកៗសម្រាប់ព្រះអម្ចាស់នៃពិភពទាំងមូល ហើយអស់អ្នកណាដែលនាំយញ្ញបូជានឹងបរិភោគពីថ្លាង និងស្ងោរសាច់នៅក្នុងឆ្នាំងនេះ។ នៅថ្ងៃនោះពួកអ្នកជំនួញនឹងលែងមាននៅក្នុងព្រះដំណាក់នៃព្រះអម្ចាស់នៃពិភពទាំងមូលទៀតហើយ។