ខ្មែរ (Khmer): Unlocked Literal Bible - Khmer Print

Updated ? hours ago # views See on WACS
កណ្ឌគម្ពីរកិច្ចការ
កណ្ឌគម្ពីរកិច្ចការ
ជំពូក ១

1 សូម​ជម្រាប​មក​លោក​ថេវភីល សូម​ជ្រាប! ក្នុង​សៀវភៅ​ទី​មួយ​ដែលខ្ញុំ​បាន​រៀប​រាប់​អំពី​កិច្ចការទាំងប៉ុន្មាន ​​ដែល​ព្រះយេស៊ូ​បាន​ធ្វើ ហើយ​​បាន​បង្រៀនកន្លងមក 2 រហូត​ដល់​ថ្ងៃ​​​ដែលព្រះអង្គឡើង​ទៅ​ស្ថាន​បរមសុខ ​បន្ទាប់​ពី​ព្រះអង្គ​បាន​ផ្ដែផ្ដាំដល់​ក្រុម​សាវ័ក​ ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​តាម​រយៈ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ។ 3 ក្រោយ​ពេល​រង​ទុក្ខ​លំបាក​រួច​ហើយ ព្រះយេស៊ូ​បាន​បង្ហាញ​ព្រះអង្គតាម​របៀប​ផ្សេងៗ​ឲ្យ​សាវ័ក​ទាំង​នោះ​ឃើញ​ថា ព្រះអង្គ​មាន​ព្រះជន្ម​រស់​ពិត​មែន។ ព្រះអង្គ​ឲ្យ​គេ​ឃើញ​អស់​រយៈ​ពេល​សែសិប​ថ្ងៃ ព្រម​ទាំង​មាន​ព្រះបន្ទូល​អំពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​ផង។ 4 ព្រះអង្គ​ហាម​គេ​មិន​ឲ្យ​ចេញ​ទៅ​ណា​ឆ្ងាយ​ពី​ក្រុង​យេរូសាឡឹម​ឡើយ គឺពួកគេ​ត្រូវ​រង់ចាំតាម​​ព្រះបន្ទូល​សន្យា​របស់​ព្រះបិតា ហើយព្រះអង្គក៏មានបន្ទូលថា៖ ​«អ្នក​រាល់​គ្នាបានឮពីខ្ញុំ​ហើយ 5 ថាលោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជឲ្យពួកគេ​​ក្នុង​ទឹក ប៉ុន្តែនៅ​ប៉ុន្មាន​ថ្ងៃ​ទៀត អ្នក​រាល់​គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​វិញ»។ 6 ពួកគេ​ទូល​សួរ​ព្រះយេស៊ូ​ថា៖ «​ព្រះអម្ចាស់ តើ​ព្រះអង្គ​នឹង​ស្តារ​រាជាណាចក្រ​អ៊ីស្រាអែល​ឡើង​វិញ​នៅ​ពេល​នេះ​ឬ?»។ 7 ព្រះអង្គមានព្រះបន្ទូលតបថា៖ «ត្រង់​ឯ​ពេល​វេលា ​ដែល​ព្រះបិតា​បាន​កំណត់​ទុកដោយ​អំណាច​ព្រះអង្គ​ផ្ទាល់​នោះ អ្នក​រាល់​គ្នា​មិន​បាច់​ដឹង​ទេ។ 8 ប៉ុន្តែអ្នក​រាល់​គ្នា​នឹង​ទទួល​ឫទ្ធានុភាព​មួយ គឺ​ឫទ្ធានុភាព​នៃ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ខ្ញុំនៅ​ក្នុង​ក្រុង​យេរូសាឡឹម ក្នុង​ស្រុក​យូដា​ទាំង​មូល ក្នុង​ស្រុក​សាម៉ារី និង​រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី»។ 9 ពេលព្រះអម្ចាស់ព្រះយេស៊ូ​មាន​ព្រះបន្ទូល​​រួច​ហើយ ​ព្រះជាម្ចាស់​ក៏​លើក​ព្រះអង្គ​ឡើង​ទៅ​លើ​មេឃ ព្រម​ទាំង​មាន​ពពក​មក​បាំង​ព្រះអង្គ​បាត់​ពី​ភ្នែក​គេ​ទៅ ក្នុងពេលពួកសាវ័ក​កំពុង​តែសម្លឹង​មើល​ព្រះអង្គ។ 10 កាល​ពួក​គេ​កំពុង​តែ​សម្លឹង​មើល​ទៅ​ស្ថានបរមសុខ ពេល​ដែលព្រះអង្គ​យាង​ឡើង​ទៅ​នោះ ស្រាប់​តែ​មាន​បុរស​ពីរ​នាក់​ស្លៀក​​ពាក់​ស​ចូល​មក​ជិត​គេ 11 ពោល​ថា៖ «អ្នក​ស្រុក​កាលីឡេ​អើយ! ហេតុ​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​នៅ​តែ​ឈរ​សម្លឹង​មើល​ទៅ​ស្ថានបរមសុខដូច្នេះ? ព្រះយេស៊ូ​នោះហើយដែលព្រះជាម្ចាស់​បាន​លើក​ពី​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ឡើង​ទៅ​ស្ថាន​បរមសុខ​ហើយ ព្រះអង្គ​នឹង​យាង​ត្រឡប់​មក​វិញតាម​របៀប ​ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ទ្រង់​យាង​ឡើង​ទៅ​ស្ថាន​បរមសុខដូច្នេះ​ដែរ»។ 12 បន្ទាប់មកពួក​សាវ័ក​នាំ​គ្នា​វិល​ត្រឡប់​ពី​ភ្នំ​ដើម​អូលីវ ទៅ​ក្រុង​យេរូសាឡឹម​វិញ ជាដំណើរថ្ងៃសប្ប័ទ។ 13 លុះ​បាន​មក​ដល់​ផ្ទះ ពួកគេ​ឡើង​ទៅ​បន្ទប់​ខាង​លើជា​កន្លែង​ដែល​គេ​ធ្លាប់​ស្នាក់​នៅ។ ក្នុងចំណោមពួកគេ មាន​លោក​ពេត្រុស លោក​យ៉ូហាន លោក​យ៉ាកុប លោក​អនទ្រេ លោក​ភីលីព លោក​ថូម៉ាស លោក​បារថូឡូមេ លោក​ម៉ាថាយ លោក​យ៉ាកុប​ជា​កូន​លោក​អាល់ផាយ លោក​ស៊ីម៉ូន​ហៅ​អ្នក​ជាតិ​និយម និង​លោក​យូដាស​ជា​កូន​របស់​លោក​យ៉ាកុប។ 14 ពួក​គេ​រួម​ចិត្ត​គំនិត​គ្នា​ព្យាយាម​អធិស្ឋាន ក្នុងនោះក៏​មាន​ស្ត្រី​ឯ​ទៀតៗ មាន​នាង​ម៉ារីជា​មាតា​របស់​ព្រះយេស៊ូ និង​មាន​បង​ប្អូន​របស់​ព្រះអង្គ​ផង​ដែរ។ 15 លោក​ពេត្រុស​ក្រោក​ឈរ​ឡើង ​នៅ​កណ្ដាលចំណោម​​បង​ប្អូន​ប្រមាណ​មួយ​រយ​ម្ភៃ​នាក់​​ហើយ​និយាយ​ថា៖ 16 «បងប្អូនអើយ! ពិតជាសំខាន់ណាស់ដែលអត្ថបទ​គម្ពីរនឹងពេញលេញ ដូចព្រះវិញ្ញាណ​បាន​ថ្លែង​ទុក​ជា​មុន តាម​រយៈ​ព្រះបាទ​ដាវីឌអំពី​យូដាសជា​អ្នក​នាំ​គេ​មក​ចាប់​ព្រះយេស៊ូ។ 17 យូដាស​ជា​សមាជិក​មួយ​រូប​ក្នុង​ក្រុម​របស់​យើង ហើយ​បាន​ទទួល​ចំណែក​មុខងារ​រួម​ជា​មួយ​យើង​ដែរ។ 18 (ឥឡូវបុរសម្នាក់នេះបានទិញដីចំការមួយកន្លែងដោយប្រើ​ប្រាក់​ដែលគាត់បានមកពី​អំពើ​ទុច្ចរិតរបស់គាត់​ ក្រោយមក គាត់​ដួល​ផ្កាប់​មុខ​ធ្លាយ​ពោះ ចេញ​ពោះ​វៀន​មក​ក្រៅ។ 19 អ្នក​ក្រុង​យេរូសាឡឹម​ដឹង​រឿង​នេះ​គ្រប់ៗ​គ្នា ដូច្នេះ​បាន​ជា​គេ​ហៅ​ចម្ការ​នោះតាម​ភាសា​របស់​គេ​ថា “អាកិលដាម៉ា”​មាន​ន័យ​ថា «ចម្ការរ​ឈាម»)។ 20 ក្នុង​គម្ពីរ​ទំនុកតម្កើង​មាន​ចែង​ទុក​អំពី​ហេតុការណ៍​នេះ​ថា៖ «ចូរ​ឲ្យចម្ការ​របស់​អ្នក​នោះក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ កុំ​ឲ្យ​មាន​នរណា​រស់​នៅ​ទី​នោះ​ឡើយ។ និង​«ត្រូវ​ឲ្យម្នាក់​ទៀត​ទទួលយក​តំណែង​របស់​គាត់»។ 21 ហេតុ​នេះ ជាការសំខាន់ណាស់ ព្រះអង្គនោះហើយដែលបានគង់នៅជាមួួយយើងគ្រប់ពេល គឺជាព្រះអម្ចាស់យេស៊ូដែលបានយាងមក និងយាងឡើងទៅក្នុងចំណោមពួកយើង 22 ចាប់តាំងពីលោកយ៉ូហានបានធ្វើពិធីជ្រមុជទឹកឲ្យព្រះអង្គ រហូត​ដល់​ពេល​ព្រះជាម្ចាស់​លើក​យក​ព្រះអង្គ​ចេញ​ពី​យើង​ទៅ នេះជា​បន្ទាល់​អំពីការ​រស់​ឡើង​វិញរបស់ព្រះអង្គ»។ 23 គេ​បាន​នាំ​សិស្សពីរ​រូប​មក ម្នាក់​ឈ្មោះ​យ៉ូសែប ហៅ​បារសាបាស​ យូស្ទូស​ និង​ម្នាក់​ទៀត​ឈ្មោះ​ម៉ាត់ធាស។ 24 ពួកគេក៏​នាំ​គ្នា​អធិស្ឋាន​ថា៖ «បពិត្រ​ព្រះអម្ចាស់! ព្រះអង្គ​ជ្រាប​ចិត្ត​គំនិត​របស់​មនុស្ស​ទាំង​អស់ ហេតុ​នេះ សូម​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង​ថា ក្នុង​ចំណោម​បង​ប្អូន​ទាំង​ពីរ​រូប​នេះ តើ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​ជ្រើស​រើស​អ្នក​ណា 25 ឲ្យ​បំពេញ​មុខងារ​ជា​សាវ័ក​ជំនួស​យូដាស ដ្បិត​យូដាស​បាន​បោះ​បង់​មុខងារ​នេះ ទៅ​ឯ​កន្លែង​របស់​គាត់»។ 26 សិស្ស​នាំ​គ្នា​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​ម៉ាត់ធាស ហើយ​លោក​ម៉ាត់ធាស​ក៏​បាន​ចូល​រួម​ក្នុង​ក្រុម​សាវក​ដប់​មួយ​រូប​ទៀត។

ជំពូក ២

1 នៅ​បុណ្យ​ថ្ងៃ​ទី​ហាសិបបានមកដល់ ពួក​សិស្ស​ទាំង​អស់បានជួបជុំគ្នានៅ​កន្លែង​តែ​មួយ។ 2 រំពេច​នោះ ស្រាប់​តែ​មាន​ឮ​ស្នូរ​សន្ធឹក​ពី​លើ​មេឃដូចជាខ្យល់​បក់​បោក​យ៉ាង​ខ្លាំង ហើយវាក៏ចូលមក​ពេញ​ក្នុង​ផ្ទះទាំងអស់ជាកន្លែង​ដែល​គេកំពុងអង្គុយ។ 3 មាន​អណ្ដាត​ភ្លើង​បែកជាចំណែក​ចេញ​ពី​គ្នា ចុះ​មក​សណ្ឋិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត​លើ​ពួក​គេ​ម្នាក់ៗ។ 4 អ្នក​ទាំងអស់​នោះ​ក៏បានពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ ហើយ​ចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេងៗ​ពី​គ្នាតាម​ព្រះវិញ្ញាណ​ប្រោស​ប្រទាន​ឲ្យ។ 5 នៅសម័យកាល​នោះ មាន​ជន​ជាតិ​យូដា គឺជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់មក​ពី​ប្រជាជាតិនានាក្នុង​ពិភព​លោក​ទាំង​មូលចូលមកស្នាក់​នៅ​ក្រុង​យេរូសាឡឹម​។ 6 ពេល​ស្នូរ​សន្ធឹក​លាន់​ឮ​យ៉ាង​ខ្លាំង​នោះ មហាជន​នាំ​គ្នា​មក​មើល ហើយ​ភាន់ភាំង ពីព្រោះ​ពួកគេបាន​ឮ​ពួក​សិស្ស​និយាយ​ភាសាផ្សេងៗពីគ្នា។ 7 បណ្តាជនស្ងប់ស្ងែងនិង​ស្ងើច​សរសើរជាខ្លាំង​ទាំង​ពោល​ថា៖ «អ្នក​ទាំងនេះសុទ្ធ​តែ​ជា​អ្នក​ស្រុក​កាលីឡេ​មែនទេ? 8 ​ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​ឮ​គេ​និយាយ​ភាសា​របស់​យើង​រៀងៗ​ខ្លួន​ទៅ​វិញ​ដូច្នេះ? 9 គឺ​ទាំង​អ្នក​ស្រុក​ផាថុស ស្រុក​មេឌី ស្រុក​អេឡាំ ទាំង​អ្នក​ស្រុក​មេសូប៉ូតាមា ស្រុក​យូដា ស្រុក​កាប៉ាដូគា ស្រុក​ប៉ុនតុស ស្រុក​អាស៊ី 10 ស្រុក​ព្រីគា ស្រុក​ប៉ាមភីលា ស្រុក​អេស៊ីប ស្រុក​លីប៊ី​ដែល​នៅ​ក្បែរ​ស្រុក​គីរេន និង​អស់​អ្នក​មក​ពី​ក្រុង​រ៉ូម 11 ទាំង​ជន​ជាតិ​យូដា ទាំង​អ្នក​ចូល​សាសនា​យូដា ទាំង​អ្នក​មក​ពី​កោះ​ក្រែត ទាំង​ជន​ជាតិ​អារ៉ាប់ យើង​បាន​ឮ​គេ​ថ្លែង​អំពី​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់ ជា​ភាសា​យើង​ទាំង​អស់​គ្នា​ផ្ទាល់!»។ 12 បណ្តាជនស្ងប់ស្ងែងនិង មិន​ដឹង​គិត​យ៉ាង​ណា គេ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​ហេតុការណ៍​នេះ មាន​ន័យ​ដូច​ម្ដេច?»។ 13 ប៉ុន្តែ មាន​អ្នក​ខ្លះ​ទៀត​បែរ​ជា​និយាយ​ចំអក​ថា៖ «ពួក​អស់​ហ្នឹង​សុទ្ធ​តែ​ស្រវឹង​ស្រា​ទេ​តើ»។ 14 លោក​ពេត្រុស​ក៏​ក្រោក​ឈរ​ឡើង​ជា​មួយ​សាវក​ដប់​មួយ​រូប​ទៀត ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​បណ្ដាជន​ថា៖ «បង​ប្អូន​យូដា និង​បង​ប្អូន​ទាំង​អស់​ដែល​ស្នាក់​នៅ​ក្រុង​យេរូសាឡឹម​អើយ! សូម​បង​ប្អូន​ជ្រាប ហើយ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​របស់​ខ្ញុំ។ 15 អ្នក​ទាំង​នេះ​មិន​មែន​ស្រវឹង​ស្រា​ដូច​បង​ប្អូន​ស្មាន​នោះ​ទេ ព្រោះ​ទើប​តែ​ម៉ោង​បី​ប៉ុណ្ណោះ។ 16 ហេតុការណ៍​នេះ​ជាទំនាយ ដែល​ព្យាការីយ៉ូអែល​បាន​ថ្លែង​ទុក​មក​ថា៖ 17 «ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់ ព្រះអង្គ​នឹង​យក​វិញ្ញាណ​ព្រះអង្គមក​ចាក់​បង្ហូរលើ​មនុស្ស​លោក​។ កូន​ប្រុស​កូន​ស្រី​របស់​អ្នក​នឹង​ថ្លែង​ព្រះបន្ទូលពួក​យុវជន​នឹង​និមិត្ត​ឃើញ​ការ​អស្ចារ្យ ហើយ​ពួក​ចាស់​ទុំ​របស់​អ្នក​រាល់​គ្នានឹង​យល់​សុបិន​និមិត្ត។ 18 ក្នុងថ្ងៃនោះ ព្រះអង្គនឹងផ្តល់ព្រះ​វិញ្ញាណ​ ​បង្ហូរ​លើ​អ្នក​បម្រើទាំង​ប្រុស​ទាំង​ស្រីរបស់​ព្រះអង្គ ហើយពួក​គេ​នឹង​ថ្លែង​ព្រះបន្ទូល។ 19 ព្រះអង្គ​នឹង​សម្តែងឫទ្ធិបាដិហារិយ៍​នៅ​លើ​មេឃ និង​ទីសម្គាល់ផ្សេងៗ​នៅ​លើ​ផែនដី​ គឺ​មាន​ឈាម មាន​ភ្លើង និង​មាន​កំសួល​ផ្សែង។ 20 ព្រះអាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត​បាត់​រស្មី ព្រះចន្ទ​នឹង​ប្រែ​ទៅ​ជា​ឈាមនៅ​មុន​ថ្ងៃដ៏អស្ចារ្យ និង​រុងរឿង​ឧត្ដុង្គឧត្ដមពេលព្រះអង្គយាងមក 21 ពេល​នោះ អ្នក​ណា​អង្វរ​រក​ព្រះនាម​ព្រះអម្ចាស់ អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ»។ 22 បង​ប្អូន​អ៊ីស្រាអែល​អើយ សូម​ស្ដាប់​ពាក្យ​នេះ​ចុះ! ព្រះយេស៊ូជា​អ្នក​ភូមិ​ណាសារ៉ែត ព្រះជាម្ចាស់បានបង្ហាញព្រះយេស៊ូដល់អ្នក ដោយ​ព្រះអង្គ​បាន​សម្តែង​ការ​អស្ចារ្យ ឫទ្ធិបាដិហារិយ៍ និង​ទី​សម្គាល់ផ្សេងៗ នៅ​កណ្ដាល​ចំណោម​បង​ប្អូន​ដូច​បង​ប្អូន​បានដឹង​ហើយ។ 23 បង​ប្អូន​បាន​ចាប់​បញ្ជូន​លោក​យេស៊ូ​នេះ ទៅ​ឲ្យ​ពួក​ជន​ពាល​ឥត​សាសនា​ឆ្កាង​លោក ដូច​ព្រះជាម្ចាស់​បាន​កំណត់​ទុក ដោយ​ព្រះអង្គ​ជ្រាប​ជា​មុនថា ព្រះអង្គត្រូវសុគតដោយការជាប់ឆ្កាង។ 24 ប៉ុន្តែ ព្រះជាម្ចាស់​បាន​ប្រោស​លោកឲ្យរស់​ឡើង​វិញ និង​ដោះ​លែង​លោក​ឲ្យ​រួច​ពី​ទុក្ខ​លំបាក​នៃ​សេចក្ដី​ស្លាប់ ព្រោះ​សេចក្ដី​ស្លាប់​មិន​អាច​ឃុំ​លោក​ទុក​បាន​ឡើយ។ 25 ព្រះបាទ​ដាវីឌ ​មាន​រាជឱង្ការ​អំពី ​លោក​យេស៊ូ​នេះ​ថា៖ ទូលបង្គំ​បាន​ឃើញ​ព្រះអម្ចាស់នៅ​មុខ​ទូលបង្គំ​ជានិច្ច ព្រោះ​ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ទូលបង្គំមិន​ឲ្យទូលបង្គំ​ត្រូវ​ញាប់ញ័រ​ឡើយ។ 26 ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​ទូលបង្គំ​រីករាយទូលបង្គំ​ពោល​ពាក្យ​ដោយ​អំណរ ហើយ​សូម្បី​តែ​រូប​កាយ​របស់​ទូលបង្គំក៏​នឹង​សម្រាកដោយ​សេចក្ដី​សង្ឃឹម​ដែរ។ 27 ដ្បិត ​ព្រះអង្គ​នឹង​មិន​បោះ​បង់​ព្រលឹង​ទូលបង្គំ ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​បណ្ដោយ​ឲ្យសព​អ្នក​បម្រើ​របស់​ព្រះអង្គ​ត្រូវ​រលួយ​ដែរ។ ព្រះអង្គ​បាន​បង្ហាញ​អោយ​ទូលបង្គំ​ស្គាល់​ផ្លូវនៃជីវិត។ 28 ព្រះអង្គ​នឹង​ប្រទានឲ្យ​ទូលបង្គំមាន​សុភមង្គល​ដ៏​ពេញលេញដោយ​ព្រះអង្គ​គង់​ជា​មួយ​ទូលបង្គំ»​។ 29 «បង​ប្អូន​អើយ! ខ្ញុំ​សូម​ជម្រាប​បង​ប្អូនឲ្យ​បាន​ច្បាស់​អំពី​ព្រះបាទ​ដាវីឌ ជា​បុព្វបុរស​របស់​យើង​នោះ​ថា ព្រះអង្គ​បាន​សោយ​ទិវង្គត​ផុត​ទៅ​ហើយ គេ​បាន​បញ្ចុះ​ព្រះសព​របស់​ព្រះអង្គ រីឯ​ផ្នូរ​របស់​ព្រះអង្គ​ក៏​ស្ថិត​នៅ​ជា​មួយ​យើង​រហូត​ដល់​សព្វ​ថ្ងៃ​ដែរ។ 30 ដោយ​ព្រះបាទ​ដាវីឌ​ជា​ព្យាការី​មួយ​រូប​ទ្រង់​ជ្រាប​ថា ព្រះជាម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ជា​មួយ​ព្រះអង្គ​ថា នឹង​ប្រទាន​ឲ្យ​ព្រះរាជវង្ស​របស់​ទ្រង់​មួយ​អង្គ ឡើង​ស្នង​រាជ្យ។ 31 ព្រះបាទ​ដាវីឌ​បាន​ឈ្វេង​យល់​ជា​មុន​អំពីការរស់ឡើងវិញរបស់ព្រះគ្រិស្ដ​ គឺ​ទ្រង់​មាន​រាជឱង្ការ​ថា ព្រះជាម្ចាស់​ពុំ​ទុក​ព្រះគ្រិស្ដ​ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ទេ ហើយ​ក៏​មិន​ទុក​ឲ្យសព​ព្រះអង្គ​ត្រូវ​រលួយ​ដែរ។ 32 ព្រះជាម្ចាស់​បាន​ប្រោស​ព្រះ​យេស៊ូ​​ឲ្យ​រស់​ឡើង​វិញ ដោយយើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​សាក្សី។ 33 ព្រះជាម្ចាស់​បាន​លើក​លោក​យេស៊ូ​ឡើងគង់នៅខាងស្តាំព្រះវរបិតា ហើយបានទទួលព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ពី​ព្រះបិតាតាម​ព្រះបន្ទូល​សន្យា ​ហើយព្រះអង្គ​ចាក់​បង្ហូរ​ព្រះវិញ្ញាណ​នេះ​មក​លើ​យើង​ខ្ញុំ ដូច​បង​ប្អូន​បាន​ឃើញ​និង​ឮ​ស្រាប់។ 34 ព្រះបាទ​ដាវីឌ​ មិន​បាន​យាង​ឡើង​ទៅ​ស្ថាន​បរមសុខទេ តែ​ព្រះអង្គ​មាន​រាជឱង្ការ​ថា៖ «ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ​កាន់ព្រះអម្ចាស់​របស់​ខ្ញុំ​ថា សូម​គង់​ខាង​ស្ដាំ​យើង។ 35 ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះបាទា​របស់​ព្រះអង្គ»។ 36 ហេតុ​នេះ សូម​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​ដឹង​ជាក់​ច្បាស់​ថា លោក​យេស៊ូ​នេះ ដែល​បង​ប្អូន​បាន​ឆ្កាង ព្រះជាម្ចាស់​បាន​តែងតាំង​លោក​ឡើង​ជា​ព្រះអម្ចាស់ និង​ជា​ព្រះគ្រិស្ដហើយ»។ 37 នៅពេល​បណ្ដាជន​បាន​ឮ​សេចក្ដី​ទាំង​នេះ ពួក​គេ​រំជួល​ចិត្ត​ជា​ខ្លាំង ហើយ​សួរ​លោក​ពេត្រុស និង​សាវក​ឯ​ទៀតៗ​ថា៖ «បង​ប្អូន​អើយ! តើ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ដូច​ម្ដេច?»។ 38 លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «សូម​បង​ប្អូន​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ម្នាក់ៗ​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹកក្នុង​ព្រះនាម​ព្រះយេស៊ូគ្រិស្ដទៅ ដើម្បី​ព្រះជាម្ចាស់​លើកលែង​ទោស​បង​ប្អូន​អោយ​រួច​ពី​បាប ហើយ​បង​ប្អូន​នឹង​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ជា​អំណោយ​ទាន​របស់​ព្រះជាម្ចាស់ 39 ដ្បិត​ព្រះអង្គ​មាន​ព្រះបន្ទូល​សន្យា​ ចំពោះ​បង​ប្អូន​ទាំង​អស់​គ្នា ចំពោះ​កូន​ចៅ​របស់​បង​ប្អូន និង​ចំពោះ​អស់​អ្នក​ដែល​នៅ​ឆ្ងាយៗ​ទាំង​ប៉ុន្មាន​ដែរ តាម​តែ​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​ត្រាស់​ហៅ»។ 40 លោក​ពេត្រុស​បាន​ពន្យល់​បញ្ជាក់ និង​ដាស់​តឿន​ពួក​គេ ដោយ​ពាក្យពេចន៍​ជា​ច្រើន​ទៀត គឺ​លោក​មាន​ប្រសាសន៍​ថា៖ «សូម​បង​ប្អូន​ទទួល​ការ​សង្គ្រោះឲ្យ​រួច​ផុត​ពី​មនុស្ស​អាក្រក់​សម័យ​នេះ»។ 41 បន្ទាប់មកពួកគេបាន​ទទួល​ពាក្យ​របស់​លោក និងទទួល​ពិធី​ជ្រមុជ​ទឹក ហើយ​នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ប្រមាណ​បី​ពាន់​នាក់ចូល​មក​រួម​ជាមួយពួកសាវក។ 42 សិស្ស​ទាំង​នោះ​ព្យាយាម​ស្ដាប់​សេចក្ដី​បង្រៀន​របស់​ក្រុម​សាវក និងប្រកបគ្នា​ជា​បង​ប្អូនដោយធ្វើ​ពិធី​កាច់​នំបុ័ង និង​អធិស្ឋាន។ 43 មនុស្សម្នា​កោត​ស្ញប់ស្ញែង​គ្រប់ៗ​គ្នា ដ្បិត​ក្រុម​សាវក​បាន​សម្តែងឫទ្ធិបាដិហារិយ៍ និង​ធ្វើ​ទី​សម្គាល់​ផ្សេងៗ​ជា​ច្រើន។ 44 អស់​អ្នក​ដែល​បាន​ជឿ​លើ​ព្រះអម្ចាស់ មាន​ចិត្ត​គំនិត​តែ​មួយ ហើយ​យក​របស់​របរ​ដែល​ខ្លួន​មានមក​ដាក់​រួម​គ្នា​ទាំង​អស់។ 45 គេ​លក់​ទ្រព្យសម្បត្តិ និង​អ្វីៗ​ជា​របស់​ខ្លួន​យក​ប្រាក់​មក​ចែក​គ្នាតាមសេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ​ម្នាក់ៗ។ 46 ជា​រៀង​រាល់​ថ្ងៃ គេបន្ត​រួម​ចិត្ត​គំនិត​គ្នា​ធ្វើនៅព្រះវិហារនិងធ្វើ​ពិធី​កាច់​នំបុ័ង​នៅ​តាម​ផ្ទះ ព្រម​ទាំង​បរិភោគ​អាហារ​ជា​មួយ​គ្នា​យ៉ាង​សប្បាយ​រីករាយ និង​ដោយ​ចិត្ត​ស្មោះ​សរ​ផង។ 47 ពួកគេ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះជាម្ចាស់ ហើយ​ប្រជាជន​ទាំង​មូល​គោរព​រាប់​អាន​ពួក​គេ​ទាំង​អស់​គ្នា។ ព្រះអម្ចាស់​បន្ថែម​ចំនួន​អ្នក​ដែល​ព្រះអង្គ​បាន​សង្គ្រោះ មក​ក្នុង​ក្រុម​របស់​គេ​ជា​រៀង​រាល់​ថ្ងៃ។

ជំពូក ៣

1 ឥឡូវលោក​ពេត្រុស និង​លោក​យ៉ូហាន​បាន​ឡើង​ទៅ​ព្រះវិហារជា​មួយ​គ្នានៅម៉ោងប្រាំបួន។ 2 អ្នក​ពិការ​ជើង​ ពី​កំណើត​ម្នាក់ត្រូវបានគេសេងមក​ដាក់​នៅ​ខ្លោង​ទ្វារ​ព្រះវិហារ​ឈ្មោះ «ទ្វារ​លំអ» រៀងរាល់ថ្ងៃដើម្បី​សុំ​ទាន​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះវិហារ។ 3 ពេល​គាត់​ឃើញ​លោក​ពេត្រុស និង​លោក​យ៉ូហាន​កំពុង​ដើរ​ចូល​ព្រះវិហារ គាត់​ក៏​សុំ​ទានពីលោកទាំងពីរ។ 4 លោក​ពេត្រុស និង​លោក​យ៉ូហាន​សម្លឹង​មើល​មុខ​គាត់ រួច​និយាយ​ថា៖ «សូម​មើល​មក​យើង!»។ 5 គាត់​ក៏​ក្រឡេក​មើល​ទៅ​លោក​ទាំង​ពីរ ដោយ​សង្ឃឹម​ថានឹង​ទទួល​របស់អ្វីមួយពីពួកលោក។ 6 ប៉ុន្តែ លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ខ្ញុំ​គ្មាន​ប្រាក់ គ្មាន​មាស​ទេ តែ​អ្វីៗ​ដែល​ខ្ញុំ​មាន ខ្ញុំ​សុំ​ជូន​អ្នក។ ក្នុង​ព្រះនាម​ព្រះយេស៊ូគ្រិស្ដជា​អ្នក​ភូមិ​ណាសារ៉ែត សូមអ្នកក្រោក​ដើរ​ចុះ»។ 7 លោក​ចាប់​ដៃ​ស្ដាំ​គាត់​ឲ្យក្រោក​ឈរ​ឡើង។ រំពេច​នោះ​ជើង​របស់​គាត់ និង​សន្លាក់​ឆ្អឹងរឹងមាំ 8 គាត់​ក៏​ស្ទុះ​ឈរ​ឡើង ហើយ​ដើរ​បាន។ គាត់​ចូល​ក្នុង​ព្រះវិហារ​ជា​មួយ​សាវក​ទាំង​ពីរ​រូប ទាំង​ដើរ​ផង លោត​ផង និង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ផង។ 9 ប្រជាជន​ទាំង​អស់​បាន​ឃើញ​គាត់​ដើរ និង​ឮ​គាត់​សរសើរ​តម្កើង​ព្រះជាម្ចាស់ 10 គេ​បានដឹង​ថា​អ្នក​នោះ​ហើយ​ដែល​តែងតែ ​អង្គុយ​សុំ​ទាន​នៅ​ខ្លោង​ទ្វារ​ព្រះវិហារ​ឈ្មោះ «ទ្វារ​លំអ» គេ​ក៏​ទទួលការអស្ចារ្យ និងស្ងើចសរសើរអំពី​ហេតុការណ៍​ដែល​កើត​មាន​ដល់​គាត់។ 11 នៅពេលបុរស​នោះដើរតាម​លោក​ពេត្រុស និង​លោក​យ៉ូហាន​ ប្រជាជន​ទាំងអស់បានរត់មកជុំគ្នានៅថែវ​សាឡូម៉ូនដោយស្ញប់ស្ញែងជាខ្លាំង​។ 12 កាលលោក​ពេត្រុស​ឃើញ​ដូច្នោះ ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «បង​ប្អូន​អ៊ីស្រាអែល​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​បង​ប្អូន​ស្ញប់ស្ញែង​អំពី​ហេតុការណ៍​នេះ? ហេតុ​ដូច​ម្ដេច​បាន​ជា​បង​ប្អូន​សម្លឹង​មើល​មក​យើងមិនដាក់ភ្នែក​ដូច្នេះ? តើ​បង​ប្អូន​ស្មាន​ថា យើង​ខ្ញុំ​បាន​ប្រោស​បុរស​នេះ​ឲ្យដើរ​រួច មក​ពី​ឫទ្ធានុភាព​របស់​យើង​ខ្ញុំ​ផ្ទាល់ ឬ​មក​ពី​យើង​ខ្ញុំ​ចេះ​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់មែនទេ? 13 ព្រះជាម្ចាស់របស់​លោក​អប្រាហាំ របស់​លោក​អ៊ីសាក និង​របស់​លោក​យ៉ាកុប ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង​ទាំង​អស់​គ្នា ទ្រង់​បាន​ប្រទាន​សិរីរុងរឿង​មកលើ​ព្រះយេស៊ូ ជា​អ្នក​បម្រើ​ព្រះជាម្ចាស់។ ព្រះយេស៊ូត្រូវបានគេបញ្ជូន​ទៅ​ឲ្យ​គេ​កាត់​ទោស និងត្រូវបានគេបដិសេធ​មិន​ទទួល​ស្គាល់​ព្រះអង្គនៅ​ចំពោះ​មុខ​លោក​ពីឡាត នៅ​ពេល​ដែល​លោក​ពីឡាតចង់​ដោះ​លែង​ព្រះអង្គ​ទៀត​ផង។ 14 បណ្តាជនបាន​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ​ដ៏វិសុទ្ធ ជាព្រះ​ដ៏​សុចរិត ហើយ​បានទាមទារ​សុំ​អគេ​ដោះ​លែង​ឃាតក​រជំនួសព្រះអង្គទៅ​វិញ។ 15 បង​ប្អូន​បានធ្វើ​គុត​ម្ចាស់ប្រភព​នៃ​ជីវិត ដែលព្រះជាម្ចាស់បាន​ប្រោស​ឲ្យ​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយយើង​ខ្ញុំ​ជា​សាក្សី​អំពី​ហេតុការណ៍​នេះ។​ 16 ឥឡូវនេះ​ដោយសារជំនឿលើ​ព្រះនាម​ព្រះយេស៊ូ បុរស​ដែល​បង​ប្អូន​ឃើញនិង​ស្គាល់​នេះ​មាន​កម្លាំង​ឡើង​វិញ។ ដោយលោកបានជឿនោះហើយបានជាព្រះយេស៊ូគ្រិស្តផ្តល់មកលោកនូវសុខភាពពេញលេញដូចដែលបងប្អូនបានឃើញស្រាប់។ 17 បង​ប្អូន​អើយ ខ្ញុំ​ដឹង​ថា​បង​ប្អូន​ទាំង​អស់​គ្នា និង​ពួក​នាម៉ឺន​របស់​បង​ប្អូន​បាន​ប្រព្រឹត្ត​ដូច្នោះ ទាំង​មិន​ដឹង​ខ្លួន។ 18 ប៉ុន្តែ ព្រះជាម្ចាស់​បាន​ធ្វើ​ឲ្យហេតុការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​ព្រះអង្គ​ប្រកាស​ទុក​ជា​មុន តាម​រយៈ​ព្យាការី​ទាំង​អស់ គឺ​ថាព្រះគ្រិស្ដ​របស់​ព្រះអង្គ​នឹងត្រូវ​តែ​រង​ទុក្ខ​លំបាក ហើយព្រះអង្គឥឡូវនេះបានបំពេញកិច្ចការនោះមែន។ 19 ហេតុ​នេះ សូម​កែ​ប្រែ​ចិត្ត​គំនិត ហើយ​វិល​មក​រក​ព្រះជាម្ចាស់​ដើម្បី​ឲ្យព្រះអង្គ​លុប​អំពើបាប​របស់​បង​ប្អូន។ ព្រះអម្ចាស់​នឹង​ប្រទាន​ឲ្យ​បង​ប្អូន​បានទទួលព្រះវត្តមានរបស់ព្រះអង្គ 20 ព្រម​ទាំង​ប្រទាន​ព្រះគ្រិស្ដយេស៊ូ​មក​បង​ប្អូន ដូច​ព្រះអង្គបាន​គ្រោង​ទុក​ជា​មុន។ 21 ឥឡូវ​នេះ ព្រះយេស៊ូគ្រិស្ដ​គង់​នៅ​ឯ​ស្ថាន​បរមសុខ រហូត​ដល់​ព្រះជាម្ចាស់​រៀបចំ​អ្វីៗ​ទាំង​អស់​ឡើង​វិញ ដូច​ព្រះអង្គមាន​ព្រះបន្ទូល​ទុក តាម​រយៈ​ពួក​ព្យាការី​ដ៏វិសុទ្ធ​របស់​ព្រះអង្គ នៅ​ជំនាន់​ដើម​ស្រាប់។ 22 លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ព្រះអម្ចាស់​គឺជា​ព្រះ​របស់​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ឲ្យ​មាន​ព្យាការី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ចំណោម​បង​ប្អូន​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​ត្រូវ​ស្ដាប់​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​លោក​មាន​ប្រសាសន៍​ប្រាប់។ 23 រីឯ​អស់​អ្នក​ដែល​មិន​ព្រម​ស្ដាប់​ព្យាការី​នេះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជារាស្ត្រ។ 24 ពិតមែន ព្យាការី​ទាំង​ប៉ុន្មាន​ដែល​បាន​ថ្លែង​ព្រះបន្ទូលចាប់​តាំង​ពី​លោក​សាំយូអែល​​មកសុទ្ធ​តែ​បាន​ថ្លែង​ទុក​អំពី​សម័យកាលនេះ។ 25 បង​ប្អូន​ហ្នឹង​ហើយ​ជា​កូន​ចៅ​របស់​ព្យាការី ហើយ​បង​ប្អូន​ក៏​ចូល​រួម​ក្នុង​សម្ពន្ធមេត្រីដែល​ព្រះជាម្ចាស់​បាន​ធ្វើជា​មួយ​បុព្វបុរសដែរ ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​លោក​អប្រាហាំ​ថា៖ «ក្រុម​គ្រួសារ​ទាំង​អស់​នៅ​ផែនដី​នឹង​ទទួល​ពរ តាម​រយៈ​ពូជពង្ស​របស់​អ្នក។ 26 ព្រះជាម្ចាស់​បាន​ឲ្យអ្នកបម្រើ​របស់​ព្រះអង្គ​ងើប​ឡើង ហើយ​ចាត់​លោក​ឲ្យ​មក​រក​បង​ប្អូន​ទាំង​អស់​គ្នា​មុន​គេ​បង្អស់ ដើម្បី​ប្រទាន​ពរ​ដល់​បង​ប្អូន ដោយ​ណែនាំ​ម្នាក់ៗ​ឲ្យ​ងាក​ចេញ​ពី​អំពើ​ទុច្ចរិត»។

ជំពូក ៤

1 នៅពេលលោក​ពេត្រុស និង​លោក​យ៉ូហាន​កំពុង​តែ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ ស្រាប់​តែ​ពួក​បូជាចារ្យ មេ​កង​រក្សា​ព្រះវិហារ និង​ពួក​ខាង​គណៈសាឌូស៊ី​មក​ដល់។ 2 ពួក​គេ​ទាស់​ចិត្ត​ដោយព្រោះ​លោកពេត្រុស និងលោកយ៉ូហានកំពុងបង្រៀន​ប្រជាជន ហើយ​ប្រកាស​អំពីការរស់ឡើងវិញរបស់ព្រះយេស៊ូ​។ 3 ពួក​គេបានចាប់​សាវក​ទាំង​ពីរ​យក​ទៅ​ឃុំទុក​រហូត​ដល់​ព្រឹកស្អែក​ ដ្បិត​ពេល​នោះ​ល្ងាច​ណាស់​ហើយ។ 4 ប៉ុន្តែ បណ្តាជនភាគច្រើនដែល​បាន​ឮ​ព្រះបន្ទូលបាន​ជឿ ហើយ​ចំនួនអ្នកជឿមានប្រមាណ​ប្រាំ​ពាន់​នាក់។ 5 លុះ​ស្អែក​ឡើង ពួក​មេ​ដឹក​នាំ ពួក​ព្រឹទ្ធាចារ្យ និង​ពួក​អាចារ្យបានជួបជុំ​គ្នា​នៅ​ក្រុង​យេរូសាឡឹម។ 6 មានលោក​មហាបូជាចារ្យអាណ លោក​កៃផា លោក​យ៉ូហាន លោក​អលេក្សានត្រុស និង​ក្រុម​គ្រួសារ​របស់​នាយក​បូជាចារ្យ​ទាំង​អស់។ 7 លោក​ទាំង​នោះ​បាន​បញ្ជា​ឲ្យគេ​នាំ​លោក​ពេត្រុស និង​លោក​យ៉ូហាន​មក​ឈរ​នៅ​មុខ​អង្គ​ប្រជុំ រួច​សួរ​ថា៖ «អ្នក​បាន​ធ្វើ​ការ​នេះ​សម្អាង​លើ​អំណាច​អ្វី? ក្នុង​នាម​នរណា?» 8 ពេល​នោះ លោក​ពេត្រុស​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «សូម​ជម្រាប​អស់​លោក​ជា​អ្នក​ដឹក​នាំ​ប្រជាជន និង​អស់​លោក​ព្រឹទ្ធាចារ្យ។ 9 ថ្ងៃ​នេះ អស់​លោក​សួរ​ចម្លើយ​យើង​ខ្ញុំ ពី​អំពើ​ល្អ​ដែល​យើង​ខ្ញុំ​សង្គ្រោះ​អ្នក​ពិការ​ឲ្យ​បាន​ជាតាម​របៀប​ណា​? 10 សូម​អស់​លោក និង​ប្រជារាស្ត្រ​អ៊ីស្រាអែល​ទាំង​មូល​ជ្រាប​ថា បុរស​ដែល​ឈរ​នៅ​មុខ​អស់​លោក​ទាំង​មាន​សុខភាព​ល្អ​នេះ បាន​ជាដោយសារ​ព្រះនាម​ព្រះយេស៊ូគ្រិស្ដជា​អ្នក​ភូមិ​ណាសារ៉ែត ដែល​អស់​លោក​បាន​ឆ្កាង ហើយ​ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ 11 ព្រះយេស៊ូ គឺជាថ្ម​ដែល​លោក​ទាំង​អស់​គ្នា ​ជា​ជាង​សំណង់បាន​បោះ​ចោល ប៉ុន្តែព្រះអង្គបាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត​។ 12 ក្រៅ​ពី​ព្រះយេស៊ូ គ្មាន​នរណា​ម្នាក់​អាច​សង្គ្រោះ​មនុស្ស​បាន​ទាល់​តែ​សោះ ដ្បិត​នៅ​ក្រោម​មេឃ​នេះ ព្រះជាម្ចាស់​ពុំ​បាន​ប្រទាន​នាម​ណា​មួយ​ផ្សេង​ទៀត​មក​មនុស្ស ដើម្បី​សង្គ្រោះ​យើង​បាន​ឡើយ»។ 13 កាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ឃើញទឹកចិត្តក្លាហានរបស់​លោក​ពេត្រុស និង​លោក​យ៉ូហាន​ដូច្នេះ គេ​ងឿងឆ្ងល់​ណាស់ថា លោក​ទាំង​ពីរ​ជា​មនុស្ស​សាមញ្ញ ពុំ​ដែល​បាន​រៀន​សូត្រជ្រៅជ្រះទេ ​គ្រាន់តែដឹងថាលោក​ទាំង​ពីរ​ធ្លាប់​នៅ​ជា​មួយ​ព្រះយេស៊ូ។ 14 ពួក​គេក៏​រក​ពាក្យ​ឆ្លើយ​តប​វិញ​ពុំ​បាន​សោះ ដោយព្រោះបុរស​ដែល​បាន​ជា​ ក៏កំពុង​ឈរ​នៅ​ទីនោះដែរ។ 15 ពួក​គេ​ក៏​បញ្ជា​ឲ្យលោក​ទាំង​ពីរ​ចេញ​ពី​អង្គ​ប្រជុំ 16 ហើយ​ពិគ្រោះ​គ្នា​ថា៖ «តើ​យើង​គួរ​ធ្វើ​អ្វី​ដល់​អ្នក​ទាំង​ពីរ​នេះ? ដ្បិត​អ្នក​ក្រុង​យេរូសាឡឹម​ទាំង​មូល​ដឹង​ច្បាស់​ថា គេ​ធ្វើ​ទី​សម្គាល់​អស្ចារ្យ​មួយ​ដ៏​វិសេស ដែល​យើង​មិន​អាច​បដិសេធ​បាន។ 17 ដូច្នេះ ដើម្បី​កុំ​ឲ្យ​រឿង​នេះ​លេច​ឮ​ខ្ចរខ្ចាយ​ដល់​ប្រជាជនបន្ថែមទៀត យើងត្រូវ​ហាមប្រាម និង​គំរាម​អ្នកទាំងពីរនេះ កុំ​ឲ្យ​ប្រកាស​ប្រាប់​នរណា​អំពី​នាមនោះ​ត​ទៅ​ទៀត​ឡើយ»។ 18 ក្រុម​ប្រឹក្សា​ក៏​ហៅ​សាវក​ទាំង​ពីរ​មក ហើយ​ហាមប្រាម​មិន​ឲ្យនិយាយ និង​បង្រៀន​អំពី​ព្រះនាម​ព្រះយេស៊ូ​ទៀតជា​ដាច់​ខាត។ 19 លោក​ពេត្រុស និង​លោក​យ៉ូហាន មាន​ប្រសាសន៍​តប​ទៅ​គេ​វិញ​ថា៖ «សូម​អស់​លោក​ពិចារណា​មើល នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ គួរ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​តាម​បង្គាប់​អស់​លោក ឬ​ធ្វើ​តាម​បង្គាប់​របស់​ព្រះអង្គ? 20 យើង​ខ្ញុំ​ឈប់​និយាយ​អំពី​ហេតុការណ៍​ដែល​យើង​ខ្ញុំ​បាន​ឃើញ ​បាន​ឮ​នោះ​ពុំ​កើត​ទេ»។ 21 បន្ទាប់ពី​គំរាម​សា​ជា​ថ្មី​ទៀត ពួកគេក៏​ដោះ​លែងលោកពេត្រុស និងលោកយ៉ូហាន​។ ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​រក​ហេតុ ដើម្បី​ដាក់​ទោស​លោក​ទាំង​ពីរ​មិន​បាន ដ្បិត​ប្រជាជន​គ្រប់ៗ​គ្នាលើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ចំពោះ​ហេតុការណ៍​ដែល​កើត​មាន​នោះ​។ 22 រីឯ​បុរស​ដែល​បាន​ជា​ដោយ​ការ​អស្ចារ្យ​នោះ មាន​អាយុ​ជាង​សែសិប​ឆ្នាំ​ហើយ។ 23 ក្រោយ ​ពី​បាន​រួច​ខ្លួន​ហើយ លោក​ពេត្រុស និង​លោក​យ៉ូហាននាំ​គ្នា​ទៅ​ជួប​ពួក​បង​ប្អូន ហើយរៀប​រាប់​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ពួក​មហាបូជាចារ្យ និង​ពួក​ព្រឹទ្ធាចារ្យ​បាន​និយាយទៅពួកគេ។ 24 កាល​ពួក​គេ​ឮ​ដូច្នោះ គេ​រួម​ចិត្ត​គំនិត​គ្នា ហើយ​បន្លឺ​សំឡេង​ទូល​ព្រះជាម្ចាស់​ថា៖ «បពិត្រ​ព្រះ​ដ៏​ជា​ចៅហ្វាយ ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​អ្វីៗ​សព្វ​សារពើ​នៅ​ទី​នោះ 25 ព្រះអង្គ​មាន​ព្រះបន្ទូលតាមព្រះវិញ្ញាណ​ដ៏វិសុទ្ធ តាម​រយៈ​អ្នក​បម្រើ​របស់​ព្រះអង្គ គឺ​ព្រះបាទ​ដាវីឌ ជា​បុព្វបុរសយើង​ខ្ញុំ​ថា៖ «ហេតុ​អ្វី​បាន​ជា​ជាតិ​សាសន៍​ទាំងឡាយនាំ​គ្នា​បង្កើត​កោលាហលដូច្នេះ? ហេតុ​អ្វី​បាន​ជា​ប្រជារាស្ត្រ​នានាមាន​គំនិត​ឥត​ខ្លឹមសារ​ដូច្នេះ? 26 ព្រះអង្គមានព្រះបន្ទូលថា៖ «ពួក​ស្ដេច​នៅ​លើ​ផែនដី និង​ពួក​មេ​ដឹក​នាំ​ពួតដៃ រួម​គំនិត​គ្នា​ប្រឆាំង​នឹង​ព្រះអម្ចាស់ ហើយ​ប្រឆាំង​នឹង​ព្រះគ្រិស្ដរបស់​ព្រះអង្គ»។ 27 ប្រាកដ​មែន នៅ​ក្នុង​ក្រុង​នេះ ស្ដេច​ហេរ៉ូដ និង​លោក​ប៉ុនទាស-ពីឡាត រួមមាន​សាសន៍​ដទៃ​ទៀត និង​ប្រជារាស្ត្រ​អ៊ីស្រាអែល​សម​គំនិត​ផង បាន​រួម​គ្នា​ប្រឆាំង​នឹង​ព្រះយេស៊ូ​ជា​អ្នក​បម្រើ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ ដែល​ទ្រង់​បាន​ចាក់​ប្រេង​អភិសេក ។ 28 គេ​នាំ​គ្នា​ប្រព្រឹត្ត​ដូច​ព្រះអង្គ​បាន​កំណត់​ទុក​ជា​មុនដោយព្រះហស្ថទ្រង់ និង​ដោយ​ព្រះតម្រិះ​របស់​ព្រះអង្គ។ 29 ឥឡូវ​នេះ ឱ​ព្រះអម្ចាស់​អើយ សូម​ជ្រាប​សេចក្ដី​គំរាម​របស់​ពួក​គេ ហើយ​សូម​ប្រោស​ប្រទាន​អោយ​ពួក​អ្នក​បម្រើព្រះអង្គ​ ថ្លែង​ព្រះបន្ទូល​ដោយ​ចិត្ត​អង់អាច​ផង​ 30 សូម​សម្តែង​បារមី​ឲ្យ​អ្នក​ជំងឺ​បាន​ជា និងប្រទានទី​សម្គាល់ និង​ការអស្ចារ្យតាមរយៈព្រះនាម​ព្រះយេស៊ូជា​អ្នក​បម្រើ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ»។ 31 កាល​ពួក​គេ​ទូលអង្វរ​ព្រះជាម្ចាស់​ដូច្នោះ​រួច​ហើយ កន្លែង​ដែល​គេ​ជួបជុំ​គ្នា​នោះ​ក៏​រញ្ជួយ គេ​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ទាំង​អស់​គ្នា ហើយ​នាំ​គ្នា​ថ្លែង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដោយ​ចិត្តក្លាហាន។ 32 អ្នក​ជឿ​ទាំង​អំបាលម៉ាន​មាន​ចិត្ត​ថ្លើម​តែ​មួយ គ្មាន​អ្នក​ណា​ម្នាក់​នឹក​គិត​ថា ទ្រព្យសម្បត្តិ​ដែល​ខ្លួន​មាន​ជា​របស់​ខ្លួន​ផ្ទាល់​នោះ​ឡើយ គឺ​គេ​យក​មក​ដាក់​ជា​សម្បត្តិ​រួម​ទាំង​អស់។ 33 ក្រុម​សាវកបាន​ប្រកប​ដោយ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា ហើយ​នាំ​គ្នា​ផ្ដល់​សក្ខីភាព​អំពី​ព្រះអម្ចាស់យេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយព្រះជាម្ចាស់​ទ្រង់​សម្តែងព្រះហឫទ័យ​ប្រណីសន្ដោស​ដ៏​លើសលប់ដល់​ពួក​គេ​ទាំង​អស់​គ្នា។ 34 ក្នុង​ចំណោម​ពួក​គេ​គ្មាន​នរណា​ខ្វះ​ខាត​អ្វី​ឡើយ ព្រោះអស់​អ្នក​ដែល​មាន​ដី​ធ្លី ឬ​ផ្ទះ​សម្បែង​នាំ​គ្នា​លក់​ដី​ធ្លី និង​ផ្ទះ​នោះ 35 យក​ប្រាក់ មក​ជូន​ក្រុម​សាវក។ បន្ទាប់​មក អ្នក​ជឿ​ទាំង​អស់​គ្នា​ទទួល​ចំណែកតាម​សេចក្ដី​ត្រូវ​ការ​រៀងៗ​ខ្លួន។ 36 មាន​បុរស​ម្នាក់ឈ្មោះ​យ៉ូស្វេ ជា​ពួក​លេវី ស្រុក​កំណើត​នៅ​កោះ​គីប្រុស ក្រុម​សាវក​បាន​ដាក់​ឈ្មោះ​គាត់​ថា បារណាបាស (ដែលមានន័យថា ជាអ្នក​លើក​ទឹក​ចិត្ត​គេ) 37 ហើយគាត់​បាន​លក់​ចម្ការ​មួយរបស់​គាត់ ហើយ​យក​ប្រាក់​មក​ជូន​ក្រុម​សាវក​ដែរ។

ជំពូក ៥

1 ឥឡូវនេះមាន​បុរស​ម្នាក់​ឈ្មោះ អាណាណាស និងភរិយា​លោកឈ្មោះ​សាភីរ៉ាបាន​លក់​ដី​របស់​គាត់មួយចំណែក 2 ហើយ​សម​គំនិត​ជា​មួយ​ភរិយាទុក​ប្រាក់​មួយ​ចំណែក​សម្រាប់​ខ្លួន​ឯង រួច​យក​ប្រាក់​ដែល​នៅ​សល់​ទៅ​ជូន​ក្រុម​សាវក។ 3 ប៉ុន្តែលោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អាណាណាស​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​មារសាតាំង​នៅ​ពេញ​ក្នុង​ចិត្ត​អ្នក រហូត​ដល់​ទៅ​កុហក​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ ហើយ​ទុក​ប្រាក់​ដែល​លក់​ដី​បាន​នោះ​មួយ​ចំណែក​ដូច្នេះ? 4 កាល​ដើម​ឡើយ ដី​នោះ​ជា​កម្មសិទ្ធិ​របស់​អ្នក លុះ​អ្នក​បានលក់ហើយ ប្រាក់​ដែល​បាន​មក​នោះ​អ្នក​អាច​ប្រើប្រាស់​តាម​ចិត្ត! ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មាន​គំនិត​ប្រព្រឹត្ត​យ៉ាង​ហ្នឹង? អ្នក​បាន​កុហក​ព្រះជាម្ចាស់ ​មិន​មែន​កុហក​មនុស្ស​ទេ»។ 5 កាល​អាណាណាស​បាន​ឮ​ពាក្យ​នេះ ក៏​ដួល​ដាច់​ខ្យល់​ស្លាប់​ទៅ។ រីឯ​អស់​អ្នក​ដែល​បាន​ឮ​ដំណឹង​នេះ ក៏​ស្ញែង​ខ្លាច​ជា​ខ្លាំង។ 6 ពួក​យុវជន​នាំ​គ្នា​មក​រុំ​សព​អាណាណាស ហើយ​សែង​យក​ទៅ​កប់។ 7 ប្រមាណ​ជា​បី​ម៉ោង​ក្រោយ​មក ភរិយា​របស់​អាណាណាស​ចូល​មក​ដល់ ដោយ​មិន​បាន​ដឹង​ហេតុការណ៍​ដែល​កើត​មាន​នោះ​ឡើយ។ 8 លោក​ពេត្រុស​សួរ​នាង​ថា៖ «សូម​ប្រាប់​ខ្ញុំ​មក​មើល៍ តើ​ប្ដី​នាង និង​នាង​លក់​ដី​បាន​ប្រាក់​ប៉ុណ្ណេះ​មែន​ឬ?»។ នាង​ឆ្លើយ​ថា៖ «ចា៎ស! បាន​ប្រាក់​ប៉ុណ្ណឹង​មែន»។ 9 បន្ទាប់មក លោក​ពេត្រុស​ក៏​មាន​ប្រសាសន៍​ទៅ​នាង​ទៀត​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រួម​គំនិត​គ្នា​ល្បងល​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ដូច្នេះ? មើល៍! ពួក​អ្នក​ដែល​បាន​បញ្ចុះ​សព​ប្ដី​នាងមក​ដល់​នៅ​មាត់​ទ្វារ​ហើយ គេ​នឹង​សែង​នាង​យក​ទៅ​ដែរ»។ 10 រំពេច​នោះ នាង​ក៏​ដួល​នៅ​ទៀប​ជើង​របស់​លោក ហើយ​ដាច់​ខ្យល់​ស្លាប់​ទៅ។ ពេល​ពួក​យុវជន​ចូល​មក ឃើញ​នាង​ស្លាប់ទៅហើយ គេក៏​នាំ​គ្នា​យក​សព​នាង​ទៅ​បញ្ចុះនៅ​ក្បែរ​សព​ប្ដី​របស់​នាង។ 11 ក្រុមជំនុំ​ទាំង​មូល និង​អស់​អ្នក​ដែល​បាន​ឮ​ដំណឹង​នេះ ស្ញែង​ខ្លាច​ជា​ខ្លាំង។ 12 សាវក​បាន​នាំ​គ្នា​បានធ្វើ​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិបាដិហារិយ៍​ជា​ច្រើននៅ​ក្នុង​ចំណោម​ប្រជាជន។ អ្នក​ជឿ​ទាំង​អស់​រួម​ចិត្ត​គំនិត​គ្នា គេ​ឈរ​នៅ​តាម​ថែវ​សាឡូម៉ូន។ 13 ប៉ុន្តែ​គ្មាន​នរណា​ហ៊ាន​មក​ចូល​រួម​ជា​មួយ​ក្រុមសាវក​ឡើយ ទោះយ៉ាងណា​ប្រជាជន​កោត​សរសើរ​ពួកគេ​គ្រប់ៗ​គ្នា។ 14 មានបណ្ដាជន​ទាំង​ប្រុស​ទាំង​ស្រីកាន់តែច្រើនឡើងបាន​ជឿ​លើ​ព្រះអម្ចាស់។ 15 មនុស្សម្នា​បាន​សែង​អ្នក​ជំងឺ​មក​ដាក់​នៅ​តាម​ផ្លូវ ឲ្យ​ដេក​លើ​គ្រែ​ស្នែង លើ​កន្ទេល ប្រាថ្នា​យ៉ាង​ហោច​ណាស់ ​គ្រាន់​តែ​ឲ្យស្រមោល​លោក​ពេត្រុស​បាំង​លើ​អ្នក​ជំងឺ​ណា​ម្នាក់ នៅ​ពេល​ដែល​លោក​ដើរ​កាត់​តាម​នោះ​។ 16 មាន​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ពី​ភូមិ​នានានៅ​ជិត​ក្រុង​យេរូសាឡឹមទាំង​សែង​អ្នក​ជំងឺ និង​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​មក​ជា​មួយ​ផង អ្នក​ទាំង​នោះ​បាន​ជា​គ្រប់ៗ​គ្នា។ 17 ប៉ុន្តែ មានលោក​មហាបូជាចារ្យ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ទាំង​ប៉ុន្មាន គឺ​ពួក​ខាង​គណៈសាឌូស៊ីមាន​ចិត្ត​ច្រណែនជា​ខ្លាំង។ 18 គេ​លើក​គ្នា​មក​ចាប់​ក្រុម​សាវកយក​ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​សាធារណៈ។ 19 លុះ​ដល់​យប់ មាន​ទេវតារបស់​ព្រះអម្ចាស់មក​បើក​ទ្វារ​ពន្ធនាគារ​ឲ្យ​ក្រុម​សាវក​ចេញទាំង​ពោល​ថា៖ 20 «សូម​អញ្ជើញ​ទៅ​ឈរ​ក្នុង​ព្រះវិហារ ហើយ​ប្រកាស​ព្រះបន្ទូល​ទាំងឡាយណា ដែល​ផ្ដល់​ជីវិត​នេះ​ឲ្យ​ប្រជាជន​ស្ដាប់​ចុះ»។ 21 កាល​បាន​ឮ​ពាក្យ​ទេវតា ក្រុម​សាវក​នាំ​គ្នា​ចូល​ទៅ​ក្នុង​ព្រះវិហារ​តាំង​ពី​ព្រលឹម ហើយ​បង្រៀន​ប្រជាជន។ ប៉ុន្តែលោក​មហា​បូជាចារ្យ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោកបានកោះ​ហៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ និង​ក្រុមចាស់ទុំ​នៃ​ប្រជាជន​អ៊ីស្រាអែល​មក​ជួបជុំ​គ្នា រួច​ចាត់​អ្នក​យាម​ឲ្យ​ទៅ​នាំ​ក្រុម​សាវក​ពី​ពន្ធនាគារ​មក។ 22 ប៉ុន្តែ ពេល​ទៅ​ដល់​ទី​ឃុំឃាំង គេ​ពុំ​ឃើញ​ក្រុម​សាវកនោះ​ទេ គេ​នាំ​គ្នា​វិល​មក​វិញជម្រាប​ថា៖ 23 «យើង​ខ្ញុំ​ឃើញ​ទី​ឃុំឃាំង​នៅ​បិទ​ជិត​ល្អ​ណាស់ ហើយ​ពួក​អ្នក​យាម​ក៏​ឈរ​យាម​នៅ​ខាង​មុខ​ទ្វារ​ដែរ តែ​ពេល​យើង​ខ្ញុំ​បើក​ទ្វារ ពុំ​ឃើញ​មាន​នរណា​ម្នាក់​នៅ​ក្នុង​ទី​នោះ​សោះ»។ 24 កាល​មេ​កង​រក្សា​ព្រះវិហារ និង​ពួក​នាយក​បូជាចារ្យ​ឮ​ដូច្នោះ ពួកគេ​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា​អំពី​ក្រុម​សាវក និង​អំពី​ហេតុការណ៍​ដែលនឹង​កើត​ឡើង​នោះ​ឡើយ។ 25 ពេល​នោះ មាន​ម្នាក់​ចូល​មក​ជម្រាប​អង្គ​ប្រជុំ​ថា៖ «ពួក​អ្នក​ដែល​អស់​លោក​បាន​ចាប់​ឃុំឃាំង កំពុង​តែ​ឈរ​បង្រៀន​ប្រជាជន ក្នុង​ព្រះវិហារ​ឯណោះ»។ 26 មេ​កង​រក្សា​ព្រះវិហារ ក៏​នាំ​ទាហាន​ចេញ​ទៅ​ចាប់​ក្រុម​សាវក​បណ្ដើរ​មក តែ​ឥត​មាន​ធ្វើ​បាប​អ្វី​ទេ ព្រោះ​គេ​ខ្លាច​ប្រជាជន​យក​ដុំ​ថ្ម​គប់។ 27 លុះ​នាំ​ក្រុម​សាវក​មក​ដល់​ហើយ ពួកគេ​ក៏​ឲ្យ​ឈរ​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ លោក​មហាបូជាចារ្យ​សួរ​ក្រុម​សាវក​ថា៖ 28 «យើង​បាន​ហាមប្រាម​អ្នក​រាល់​គ្នាជាដាច់ខាត ថា​មិន​ឲ្យ​បង្រៀន​ប្រជាជន​ក្នុង​នាម​នេះ​ជា​ដាច់​ខាត តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​បង្រៀន​គេ​ពាសពេញ​ក្រុង​យេរូសាឡឹម​ទាំង​មូល​ទៅ​វិញ ហើយចង់​ទម្លាក់​កំហុស​នៃ​ការ​ប្រហារ​ជីវិត​បុរស​នោះមក​លើ​យើង​ថែម​ទៀត​ផង»។ 29 ប៉ុន្តែលោក​ពេត្រុស និង​សាវក​ឯ​ទៀតៗ​ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​ត្រូវ​ស្ដាប់​បង្គាប់​ព្រះជាម្ចាស់​ជា​ជាង​ស្ដាប់​បង្គាប់​មនុស្ស។ 30 ព្រះជាម្ចាស់​នៃ​បុព្វបុរស​របស់​យើង​​បាន​ប្រោស​លោក​យេស៊ូ ដែល​អស់​លោក​បាន​សម្លាប់ដោយ​ព្យួរ​នៅ​លើ​ឈើ​នោះឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ។ 31 ព្រះជាម្ចាស់​បាន​លើក​តម្កើងលោក​យេស៊ូ​ឡើងទៅគង់នៅខាងស្តាំព្រះបិតា ហើយ​តែងតាំង​លោក​ជា​ព្រះរាជបុត្រា និង​ជា​ព្រះសង្គ្រោះមួយអង្គ ដើម្បី​ឲ្យ​ប្រជារាស្ត្រ​អ៊ីស្រាអែល​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ព្រះជាម្ចាស់​លើកលែង​ទោស​ឲ្យពួកគេ​រួច​ពី​បាប។ 32 យើង​ខ្ញុំ​ជា​សាក្សី​អំពី​ហេតុការណ៍​ទាំង​នេះ ហើយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដែល​ព្រះជាម្ចាស់​ប្រទាន​ដល់​អស់​អ្នក​ស្ដាប់​បង្គាប់​ព្រះអង្គ ​ក៏ធ្វើ​ជា​សាក្សីបាន​ដែរ»។ 33 កាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ឮ​ដូច្នេះ ពួកគេ​ក្រេវក្រោធ​ជា​ខ្លាំង ហើយ​ចង់​សម្លាប់​ក្រុម​សាវក​។ 34 ប៉ុន្តែមាន​បុរស​ម្នាក់​ខាង​គណៈផារីស៊ីឈ្មោះ​កាម៉ាលាលជា​អ្នក​ប្រាជ្ញ​ខាង​វិន័យ ដែល​ប្រជាជន​គោរព​គ្រប់ៗ​គ្នាក្រោក​ឈរ​ឡើង​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ហើយសុំ​ឲ្យ​គេ​នាំ​ក្រុម​សាវក​ចេញ​ពី​ទី​នោះ​មួយ​ស្របក់។ 35 បន្ទាប់មក លោក​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ប្រជុំ​ថា៖ «អស់​លោក​ជា​ជន​ជាតិ​អ៊ីស្រាអែល​អើយ សូម​ប្រយ័ត្ន​ចំពោះ​អំពើ​ដែល​អស់​លោក​ប៉ុនប៉ង​នឹង​ធ្វើ​ដល់​អ្នក​ទាំង​នេះ។ 36 ក្នុង​ពេល​ថ្មីៗ​កន្លង​ទៅ មាន​ម្នាក់​ឈ្មោះ​ថឺដាស បាន​តាំង​ខ្លួន​ឡើង​ជា​វីរជន ហើយ​ប្រមូល​បាន​មនុស្ស​ប្រមាណ​ជា​បួន​រយ​នាក់។ ថឺដាស​ត្រូវ​គេ​ប្រហារ​ជីវិត រីឯ​ពួក​អ្នក​ដែល​ចូល​ដៃ​ជា​មួយ​គាត់ក៏​ត្រូវ​បែកខ្ញែក​គ្នា​អស់​គ្មាន​សល់។ 37 បន្ទាប់​ពីបុរសម្នាក់នោះ នៅ​ជំនាន់​ដែល​គេ​ជំរឿន​ប្រជាជន មាន​យូដាស​ជា​អ្នក​ស្រុក​កាលីឡេ បាន​លើក​ខ្លួន​ឡើងបញ្ចុះបញ្ចូល​មនុស្ស​ជា​ច្រើន​ឲ្យ​ទៅ​តាម​គាត់។ យូដាស​ក៏​ត្រូវ​គេ​ប្រហារ​ជីវិត​ដែរ ហើយ​អស់​អ្នក​ដែល​ចូល​ដៃ​ជា​មួយ​គាត់​ក៏​បែកខ្ញែក​គ្នា​អស់​ទៅ។ 38 ឥឡូវ​នេះ ខ្ញុំ​សូម​ជម្រាប​អស់​លោក​ថា សូម​កុំ​រវីរវល់​នឹង​អ្នក​ទាំង​នេះ​ទៀត​ធ្វើ​អ្វី លែង​គេ​​ទៅ​វិញ​ទៅ។ ប្រសិន​បើ​គម្រោងការ និង​កិច្ចការ​ដែល​គេ​ចាប់​ផ្ដើម​ធ្វើ​មាន​ប្រភព​ចេញ​មក​ពី​មនុស្ស នោះ​មុខ​ជា​រលាយ​សាប​សូន្យ​មិន​ខាន 39 ផ្ទុយ​ទៅ​វិញ បើ​កិច្ចការ​ទាំង​នោះ​មាន​ប្រភព​ចេញ​មក​ពី​ព្រះជាម្ចាស់ អស់​លោក​ពុំ​អាច​រំលាយ​បាន​ឡើយ។ ហេតុ​នេះ សូម​ប្រុង​ប្រយ័ត្ន ក្រែង​លោ​អស់​លោក​បែរ​ជា​ប្រឆាំង​ទាស់​នឹង​ព្រះជាម្ចាស់​ទៅ​វិញ»។ ពួកគេ​យល់​ស្រប​តាម​យោបល់​របស់​លោក​កាម៉ាលាល​ទាំង​អស់​គ្នា។ 40 បន្ទាប់មក គេ​ក៏​ហៅ​ក្រុម​សាវក​មក​វិញ ហើយ​បញ្ជា​ឲ្យ​វាយ​នឹង​រំពាត់ទាំង​ហាមប្រាម​មិន​ឲ្យប្រកាស​អំពី​ព្រះនាម​ព្រះយេស៊ូ​ទៀត រួច​លែង​ឲ្យ​ត្រឡប់​ទៅ​វិញ។ 41 ក្រុម​សាវក​ចាក​ចេញ​ពី​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ទាំង​អរ​សប្បាយ ដ្បិត​ព្រះជាម្ចាស់​បាន​ប្រទាន​ឲ្យ​គេ​មាន​កិត្តិយស ​រង​ទុក្ខ​ទោសព្រោះ​តែ​ព្រះនាម​ព្រះយេស៊ូ។ 42 ជា​រៀង​រាល់​ថ្ងៃ គេ​តែងតែ​បង្រៀន​ប្រជាជន និង​ផ្សព្វផ្សាយ​ដំណឹងល្អអំពី​ព្រះយេស៊ូគ្រិស្ដនៅ​ក្នុង​ព្រះវិហារ និង​នៅ​តាម​ផ្ទះឥត​ឈប់​ឈរ​ឡើយ។

ជំពូក ៦

1 រហូតមកដល់ពេលនោះ ចំនួន​សិស្ស​ចេះ​តែ​កើន​ឡើង​ជា​លំដាប់។ ជន​ជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រិក​នាំ​គ្នា​រអ៊ូរទាំ​ទាស់​នឹង​ជន​ជាតិ​យូដា​ដែល​និយាយ​ភាសា​ហេប្រឺ​ថា នៅ​ពេល​ចែក​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ ពួក​ហេប្រឺ​បានមើលរំលង​ស្ត្រី​មេម៉ាយ​។ 2 សាវក​ទាំង​ដប់ពីរ​រូប​ក៏​កោះ​ហៅ​ពួក​សិស្ស​ទាំង​អស់​មក ហើយ​មាន​ប្រសាសន៍​ថា៖ «មិន​គួរ​ឲ្យយើង​ខ្ញុំបោះបង់ចោល​ការ​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដើម្បី​ទៅ​បម្រើនៅតុអាហារ​ឡើយ។ 3 ហេតុ​នេះ បង​ប្អូន​អើយ សូម​​ជ្រើស​រើស​យក​បុរស​ប្រាំពីរ​រូប​ក្នុង​ចំណោម​បង​ប្អូន ​ដែល​​មាន​កេរ្តិ៍ឈ្មោះ​ល្អ ហើយ​ពោរពេញ​ដោយ​ព្រះវិញ្ញាណ និង​ប្រាជ្ញា​ឈ្លាស​វៃ យើង​ខ្ញុំ​នឹង​តែងតាំង​គេ​ឲ្យ​បំពេញ​មុខងារ​នេះ។ 4 រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​នឹង​គិត​តែ​ពី​អធិស្ឋាន និង​បម្រើព័ន្ធកិច្ចនៃ​ព្រះបន្ទូលប៉ុណ្ណោះ»។ 5 ពួក​សិស្ស​ទាំង​ប៉ុន្មាន​ពេញ​ចិត្ត​នឹង​សេចក្ដី​ស្នើ​នេះ​ណាស់ ដូច្នេះគេ​ក៏​ជ្រើស​យក​លោក​ស្ទេផានដែល​ពោរពេញ​ដោយ​ជំនឿ និង​​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ លោក​ភីលីព លោក​ប្រូខូរ៉ុស លោក​នីកាន័រ លោក​ទីម៉ូន លោក​ប៉ាមេណា និង​លោក​នីកូឡាសជា​អ្នក​ស្រុក​អន់ទីយ៉ូកដែល​ចូល​សាសនា​យូដា។ 6 ពួកអ្នកជឿ​នាំ​អ្នក​ទាំង​នោះ​មក​ជួប​ក្រុម​សាវក ក្រុម​សាវក​ក៏​នាំ​គ្នា​អធិស្ឋាន ហើយ​ដាក់​ដៃ​ពី​លើ​អ្នក​ទាំង​នោះ។ 7 ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ក៏​ឮ​សុសសាយ​កាន់​តែ​ខ្លាំង​ឡើងៗ ចំនួន​សិស្ស​នៅ​ក្រុង​យេរូសាឡឹម​បាន​កើន​ឡើង​យ៉ាងច្រើន​ឥត​គណនា ហើយ​មាន​ពួក​បូជាចារ្យ​ដ៏​ច្រើន​លើសលប់ សុខ​ចិត្តប្រតិបត្តិ​តាម​ជំនឿ​ដែរ។ 8 ​ឥឡូវលោក​ស្ទេផាន​បាន​ពោរពេញ​ដោយ​ព្រះគុណ និង​ឫទ្ធានុភាពហើយសម្តែង​ឫទ្ធិបាដិហារិយ៍ និង​ទី​សម្គាល់​ធំៗ​ក្នុង​ចំណោម​ប្រជាជន។ 9 តែមាន​អ្នក​ខ្លះ​ជា​សមាជិក​សាលា​ប្រជុំដែល​គេ​ហៅ​ថា «សាលា​ប្រជុំ​ពួក​អ្នក​ងារ​ពី​ដើម» និង​អ្នក​ខ្លះ​ពី​ចំណោម​អ្នក​ស្រុក​គីរេន អ្នក​ស្រុក​អលេក្សានទ្រា និង​អ្នក​ខ្លះ​ទៀត​ពី​ចំណោម​អ្នក​ស្រុក​គីលីគា និង​អ្នក​ស្រុក​អាស៊ី នាំ​គ្នា​ជជែកតវ៉ា​ជា​មួយ​លោក​ស្ទេផាន។ 10 ប៉ុន្តែ ពួកគេ​ពុំ​អាច​ជជែក​ឈ្នះ​លោក​ស្ទេផាន​ឡើយ ព្រោះ​លោក​មាន​ប្រសាសន៍​ប្រកប​ដោយ​ប្រាជ្ញា​មក​ពី​ព្រះវិញ្ញាណ។ 11 ដូច្នេះ អ្នក​ទាំង​នេះ​នាំ​គ្នា​សូក​មនុស្ស​ខ្លះ​ឲ្យ​និយាយ​ថា៖ «យើង​ខ្ញុំ​បាន​ឮ​អ្នក​នេះ ពោល​ពាក្យ​ប្រមាថ​លោក​ម៉ូសេ និង​ប្រមាថ​ព្រះជាម្ចាស់»។ 12 ពួកគេ​បាន​ធ្វើឲ្យមានការបះបោរក្នុង​ប្រជាជន និងពួក​ព្រឹទ្ធាចារ្យ ហើយ​ពួក​អាចារ្យ រួច​មក​ចាប់​លោក​ស្ទេផាន​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់។ 13 ពួកគេ​នាំ​សាក្សី​ក្លែងក្លាយ​មក​ចោទ​ប្រកាន់​លោក​ថា៖ «ជន​នេះ​ចេះ​តែ​និយាយ​ប្រឆាំង​នឹង​ព្រះវិហារ ប្រឆាំង​នឹង​ក្រឹត្យវិន័យឥត​ឈប់​ឈរ។ 14 ដ្បិតយើង​ខ្ញុំ​បាន​ឮ​គាត់​និយាយ​ថា ឈ្មោះ​យេស៊ូជា​អ្នក​ភូមិ​ណាសារ៉ែត នោះ​នឹង​រុះ​ព្រះវិហារ​ចោល ព្រម​ទាំង​ប្ដូរ​ប្រពៃណី​ដែល​លោក​ម៉ូសេ​បាន​ទុក​ឲ្យ​យើង​ខ្ញុំ​ថែម​ទៀត​ផង»។ 15 អស់​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​ប៉ុន្មាន សម្លឹង​មើល​មក​លោក​ស្ទេផាន​គ្រប់ៗ​គ្នា ហើយ​ឃើញ​មុខ​របស់​លោក​មាន​ទ្រង់​ទ្រាយ​ដូច​មុខ​របស់​ទេវតា។

ជំពូក ៧

1 លោក​មហាបូជាចារ្យ​មាន​ប្រសាសន៍​សួរ​ថា៖ «តើ​ពិត​ជា​ដូច្នេះ​មែន​ឬ?» 2 លោក​ស្ទេផាន​ឆ្លើយ​ឡើង​ថា៖ «សូម​ជម្រាប​អស់​លោក​ជា​បង​ប្អូន និង​ជា​ឪពុក សូម​ជ្រាប! កាលព្រះជាម្ចាស់​ប្រកប​ដោយ​សិរីរុងរឿង បាន​បង្ហាញ​​លោក​អប្រាហាំ​ជា​បុព្វបុរសរបស់​យើង ពេលលោករស់​នៅ​ឯ​ស្រុក​មេសូប៉ូតាមា គឺ​មុន​ពេល​លោក​ទៅ​នៅ​ស្រុក​ខារ៉ាន 3 ព្រះជាម្ចាស់​មាន​ព្រះបន្ទូលទៅលោក​ថា៖ «ចូរ​ចាក​ចេញ​ពី​ស្រុក​កំណើត​របស់​អ្នក និង​ញាតិសន្ដាន​របស់​អ្នក រួច​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ​ដែល​យើង​នឹង​បង្ហាញ​អ្នក»​។ 4 បន្ទាប់មក លោក​អប្រាហាំ​ក៏​ចាក​ចេញ​ពី​ស្រុក​ខាល់ដេ​ ទៅ​រស់​នៅ​ក្នុង​ស្រុក​ខារ៉ាន។ ក្រោយ​ពេល​ឪពុក​របស់​លោក​ទទួល​មរណភាព​ផុត​ទៅ ព្រះជាម្ចាស់​បាន​នាំ​លោក​ចេញ​ពី​ស្រុក​នោះ មក​នៅ​ស្រុក​ដែល​អស់​លោក​រស់​នៅ​សព្វ​ថ្ងៃ។ 5 ព្រះជាម្ចាស់​ពុំ​បាន​ប្រទាន​ដី​ធ្លី​ឲ្យលោក​ឡើយ គឺ​សូម្បី​តែ​ដី​ល្មម​នឹង​ដាក់​បាត​ជើង ក៏​ព្រះអង្គ​មិន​ប្រទាន​ឲ្យដែរ។ ប៉ុន្តែ ព្រះអង្គ​បាន​សន្យា​ថា នឹង​ប្រគល់​ស្រុក​នេះ​ទាំង​មូល​មក​ឲ្យ​លោក និង​ឲ្យពូជពង្ស​របស់​លោក​ដល់​ជំនាន់​ក្រោយៗ​ផង ទោះបីពេល​នោះ លោក​អប្រាហាំ​ពុំទាន់មាន​កូននៅឡើយក្តី។ 6 ព្រះជាម្ចាស់​មាន​ព្រះបន្ទូលទៅលោក​ថា ពូជពង្ស​របស់​លោក​នឹង​អាស្រ័យ​នៅ​លើ​ទឹក​ដី​បរទេសមួយរយៈ ហើយអ្នក​ស្រុក​នោះ​នឹង​យក​ពូជពង្ស​របស់​លោក ​ធ្វើ​ជា​ខ្ញុំ​បម្រើ ព្រម​ទាំង​ធ្វើ​ទុក្ខ​ទោស​គេអស់​រយៈ​ពេល​បួន​រយ​ឆ្នាំ។ 7 ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ទៀត​ថា៖ «ប៉ុន្តែ យើង​នឹង​ដាក់​ទោស​ជាតិ​សាសន៍​ណា ដែល​យក​ពូជពង្ស​របស់​អ្នក​ធ្វើ​ជា​ខ្ញុំ​បម្រើ។ ក្រោយ​មក ពូជពង្ស​របស់​អ្នក​នឹង​ចាក​ចេញ​ពី​ស្រុក​នោះ មក​គោរព​ថ្វាយបង្គំ​យើង​នៅទី​កន្លែង​នេះ»។ 8 បន្ទាប់​មក ព្រះជាម្ចាស់​បាន​ប្រោស​ប្រទាន​សម្ពន្ធមេត្រីឲ្យ​លោក​អប្រាហាំ ដោយ​យក​ពិធី​កាត់​ស្បែធ្វើ​ជា​សញ្ញា។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​អ៊ីសាក​កើត​បាន​ប្រាំ​បី​ថ្ងៃ លោក​អប្រាហាំ​ជា​ឪពុក បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ។ លោក​អ៊ីសាក​ក៏​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យលោក​យ៉ាកុប ហើយ​លោក​យ៉ាកុប​ក៏​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​បុព្វបុរស​ទាំង​ដប់ពីរ​រូប​។ 9 ពួក​បុព្វបុរស​មាន​ចិត្ត​ច្រណែនឈ្នានីស​នឹង​លោក​យ៉ូសែប ក៏​លក់​លោក​ឲ្យគេ​នាំ​យក​ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេស៊ីប។ ប៉ុន្តែ ព្រះជាម្ចាស់​គង់​ជា​មួយនិង​លោក 10 ហើយ​រំដោះ​លោកឲ្យ​រួច​ផុត​ពី​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន។ ព្រះអង្គ​ប្រទាន​ឲ្យ​លោក​មាន​ប្រាជ្ញា​វាងវៃ និង​គាប់​ព្រះហឫទ័យ​ព្រះចៅ​ផារ៉ោនជា​ស្ដេចនៃ​ស្រុក​អេស៊ីប។ ព្រះចៅ​ផារ៉ោន​បាន​តែងតាំង​លោក ឲ្យ​គ្រប់គ្រងលើ​ស្រុក​អេស៊ីប និង​ត្រួតត្រា​ព្រះរាជ​វាំង​ទាំង​មូល​ផង។ 11 ពេល​នោះ មាន​កើត​ទុរ្ភិក្ស​ពេញ​ទាំង​ស្រុក​អេស៊ីប និង​ស្រុក​កាណាន បណ្ដាល​ឲ្យ​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង បុព្វបុរស​របស់​យើង​រក​អ្វី​បរិភោគ​ពុំ​បាន​ឡើយ។ 12 ពេល​លោក​យ៉ាកុប​ឮ​ដំណឹង​ថា នៅ​ស្រុក​អេស៊ីប​មាន​ស្រូវ លោក​ក៏​ចាត់​ពួក​បុព្វបុរស​របស់​យើងឲ្យទៅ​ស្រុក​នោះ​ជា​លើក​ទី​មួយ។ 13 នៅ​លើក​ទី​ពីរ លោក​យ៉ូសែប​បាន​ប្រាប់​ឲ្យបង​ប្អូន​របស់​លោក ឲ្យ​បានស្គាល់​លោក ហើយ​ព្រះចៅ​ផារ៉ោន​ក៏​បាន​ជ្រាប​អំពី​ដើម​កំណើត​របស់​លោក​យ៉ូសែប​ដែរ។ 14 បន្ទាប់​មក លោក​យ៉ូសែប​បាន​ចាត់​គេឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុបជា​ឪពុក និង​ញាតិសន្ដាន​ទាំង​អស់ ដែល​មាន​គ្នា​ចិតសិប​ប្រាំ​នាក់​នោះ​មកស្រុកអេស៊ីប។ 15 លោក​យ៉ាកុប​ក៏​ចុះ​ទៅ​ស្រុក​អេស៊ីប ហើយ​លោក​ទទួល​មរណភាព​នៅទីនោះ ព្រមទាំងពួក​បុព្វបុរស​យើងក៏​ទទួល​មរណភាព​នៅ​ស្រុក​នោះ​ដែរ។ 16 គេ​បាន​ដឹក​សព​លោក​យ៉ាកុប និង​សព​ពួក​បុព្វបុរស​មក​បញ្ចុះ​នៅ​ភូមិ​ស៊ីគែមក្នុង​ផ្នូរ ​ដែល​លោក​អប្រាហាំ​បាន​ទិញ​ពី​កូន​របស់​លោក​ហេម័រនៅ​ភូមិ​ស៊ីគែម​នោះ។ 17 លុះ​ជិត​ដល់​ពេល​ព្រះជាម្ចាស់ត្រូវ​បំពេញ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​សន្យា​ជា​មួយ​លោក​អប្រាហាំ នោះជន​ជាតិ​របស់​យើង​បាន​កើន​ចំនួន​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ស្រុក​អេស៊ីប។ 18 រហូតដល់មាន​ស្ដេច​ថ្មី​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​អេស៊ីប ប៉ុន្តែស្តេចនោះ​មិន​ស្គាល់​លោក​យ៉ូសែប​ទេ។ 19 ស្ដេច​ថ្មី​នោះ​បាន​ប្រើ​ល្បិច​អាក្រក់បោកបញ្ឆោតបុព្វបុរស​យើង គឺ​​បាន​ធ្វើ​បាប​បុព្វបុរស​របស់​យើង រហូត​ដល់ថ្នាក់​បង្ខំ​ពួក​គាត់​ឲ្យ​យក​ទារក​តូចៗ​របស់​ខ្លួន​យកទៅ​​ចោល ដើម្បី​កុំ​ឲ្យ​មាន​ជីវិត​រស់​ត​ទៅ​មុខ​ទៀត។ 20 នៅជំនាន់ លោកម៉ូសេចាប់កំណើត ហើយ​លោក​ជា​ទារក​មួយ​ដ៏​ស្អាតជា​ទី​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់។ ឪពុកម្ដាយ​បាន​ចិញ្ចឹម​លោក​នៅ​ក្នុង​ផ្ទះ​អស់​រយៈ​ពេល​បី​ខែ។ 21 កាល​គេ​យកលោកទៅ​ចោល បុត្រី​របស់​ស្ដេច​ផារ៉ោន​បាន​រើស​លោក​យក​មក​ចិញ្ចឹម​បី​បាច់​ថែរក្សា ធ្វើ​ជា​កូន។ 22 លោក​ម៉ូសេ​បាន​ទទួល​ការ​អប់រំតាម​ចំណេះ​វិជ្ជា​ទាំង​ប៉ុន្មាន​ របស់​ជន​ជាតិ​អេស៊ីប លោក​មាន​សំនួនវោហារ​ពូកែ ហើយ​ប៉ិនប្រសប់​ធ្វើ​កិច្ចការ​ផ្សេងៗ​ផង។ 23 ប៉ុន្តែពេល​លោក​អាយុ​ប្រហែលសែសិប​ឆ្នាំ លោក​ក៏​បាន​សម្រេច​ចិត្ត​ទៅ​សួរ​សុខ​ទុក្ខ​ជន​ជាតិ​អ៊ីស្រាអែលជា​បង​ប្អូន​រួម​ជាតិ​របស់​លោក។ 24 លោក​បាន​ឃើញ​ជន​រួម​ជាតិ​របស់​លោក​ម្នាក់​ត្រូវ​គេ​ធ្វើ​បាប លោក​ក៏​ចេញ​មុខ​ការពារ ហើយ​សងសឹក​ជំនួស​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ដោយ​វាយ​សម្លាប់​ជន​ជាតិ​អេស៊ីប​នោះ​ទៅ។ 25 លោកបានគិត​ថា បង​ប្អូន​រួម​ជាតិ​របស់​លោក​នឹង​យល់​ថា ព្រះជាម្ចាស់​នឹង​ប្រើលោកមកសង្គ្រោះពួកគេ ប៉ុន្តែពួក​គេ​ពុំ​បាន​យល់​ដូច្នោះ​ឡើយ។ 26 នៅ​ថ្ងៃ​បន្ទាប់ លោក​ម៉ូសេ​បាន​ប្រទះ​ឃើញ​ជន​ជាតិ​អ៊ីស្រាអែល​ខ្លះ​កំពុង​វាយ​គ្នា លោក​ក៏​មាន​ប្រសាសន៍​សម្រុះសម្រួល​គេ​ថា៖ «អ្នក​រាល់​គ្នា​ជា​បង​ប្អូន​នឹង​គ្នា ហេតុ​ដូច​ម្ដេច​បាន​ជា​ធ្វើ​បាប​គ្នា​ឯង​ដូច្នេះ?» 27 ប៉ុន្តែម្នាក់​ដែល​ធ្វើ​បាប​បង​ប្អូនខ្លួន បាន​ច្រាន​លោក​ម៉ូសេ​ចេញ​ទាំង​ពោល​ថា៖ «នរណា​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅក្រម​ពី​លើ​យើង? 28 តើ​អ្នក​ចង់​សម្លាប់​ខ្ញុំ​ដូច​អ្នក​បាន​សម្លាប់​អេស៊ីប​ម្នាក់​ពី​ម្សិលមិញ​នោះ​ដែរ​ឬ?»​។ 29 លោក​ម៉ូសេក៏​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​ម៉ាឌាន ក្រោយពេលបានឮដូច្នេះ ហើយនៅ​ស្រុក​នោះលោក​បាន​កូន​ប្រុស​ពីរ​នាក់។ 30 សែសិប​ឆ្នាំ​កន្លង​មក​ទៀត មាន​ទេវតាមួយ​រូប​បាន​បង្ហាញ​ខ្លួន​ឲ្យលោក​ឃើញ នៅ​វាល​រហោស្ថាន​ភ្នំ​ស៊ីណៃ ក្នុង​អណ្ដាត​ភ្លើង​ដែល​កំពុង​ឆេះ​ក្នុងគុម្ពោត​មួយ។ 31 ពេលលោកបានឃើញអណ្តាតភ្លើងនោះ លោក​ងឿងឆ្ងល់ចំពោះ​ហេតុ​ដ៏​អស្ចារ្យ​​នោះ​ណាស់។ ពេល​លោក​ចូល​ទៅ​ជិតវាដើម្បី​ពិនិត្យ​មើល លោក​ក៏បាន​ឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​មានព្រះបន្ទូលថា៖ 32 «យើង​ជា​ព្រះជាម្ចាស់​នៃ​បុព្វបុរស​របស់​អ្នក គឺ​ជា​ព្រះ​របស់​អប្រាហាំ ព្រះ​របស់​អ៊ីសាក និង​ព្រះ​របស់​យ៉ាកុប»។ លោក​ម៉ូសេ​ភ័យ​ញ័រ​ជា​ខ្លាំង ពុំ​ហ៊ាន​សម្លឹង​មើល​ទេ។ 33 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​លោក​ថា៖ «ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​អ្នក​ឈរ​នេះ​ជា​កន្លែង​ដ៏វិសុទ្ធ។ 34 យើង​បាន​ឃើញ​ប្រជារាស្ត្រ​របស់​យើង​រង​ទុក្ខ​លំបាក​នៅ​ស្រុក​អេស៊ីប យើង​ក៏​បាន​ឮ​សម្រែកសោក​សៅ​របស់​គេ​ដែរ យើង​ចុះ​មក​ដើម្បី​រំដោះ​ពួក​គេ។ ចូរ​មក! យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ស្រុក​អេស៊ីប​ឥឡូវ​នេះ»។ 35 ជន​ជាតិ​អ៊ីស្រាអែល បាន​បដិសេធ​មិន​ទទួល​ស្គាល់​លោក​ម៉ូសេ​នេះ​ទេ ដោយ​ពោល​ថា៖ «នរណា​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅក្រម​លើ​យើង?»។ ក៏​ប៉ុន្តែ ព្រះជាម្ចាស់​បាន​ចាត់​លោក​ឲ្យ​ទៅក្នុង​ឋានៈ​ជា​មេ​ដឹក​នាំ និង​ជា​អ្នក​រំដោះ។ ព្រះជាម្ចាស់បានបញ្ជូនលោកដោយ​មាន​ជំនួយ​ពី​ទេវតា ដែល​បាន​បង្ហាញ​ខ្លួន​ឲ្យលោក​ឃើញ​ក្នុង​គុម្ពោត។ 36 លោក​ម៉ូសេ​នេះ​បាន​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពីអេស៊ីប បន្ទាប់ពីបានធ្វើការអស្ចារ្យ​ និង​ទី​សម្គាល់​ដ៏​អស្ចារ្យក្នុង​ស្រុក​អេស៊ីប នៅ​សមុទ្រ​ក្រហម និង​នៅ​វាល​រហោស្ថាន អស់​រយៈ​ពេល​សែសិប​ឆ្នាំ​ផង។ 37 លោក​ម៉ូសេ​នេះ​ហើយ ដែល​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល​ថា៖ «ព្រះជាម្ចាស់​នឹង​ធ្វើ​ឲ្យ​មាន​ព្យាការី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ចំណោម​បង​ប្អូន​របស់​អ្នក​រាល់​គ្នា»។ 38 ​លោក​ម៉ូសេ​នេះ​ហើយ ដែលបាន​ជួបជាមួយទេវតា​ក្នុង​វាល​រហោស្ថាន ​បាន​ថ្លែង​ព្រះបន្ទូល​មក​លោកនៅ​លើ​ភ្នំ​ស៊ីណៃដែរ។ លោកម៉ូសេនេះហើយដែលបាននៅជាមួយបុព្វបុរសយើង ហើយ​លោក​បាន​ទទួល​ព្រះបន្ទូល​ដែល​ផ្ដល់​ជីវិតយក​មក​ប្រគល់​ឲ្យ​យើង​ទាំង​អស់​គ្នា។ 39 លោកនេះហើយជាបុព្វបុរស​របស់​យើង ដែលបណ្តាជនបដិសេធ​មិន​ព្រម​ធ្វើតាម ហើយគេ​បែរ​ជា​នាំ​គ្នា​ជំទាស់​នឹង​លោក ហើយ​មាន​ចិត្ត​ចង់​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។ 40 ពេលនោះ ពួកគេបាននិយាយ​ទៅ​កាន់​លោក​អើរ៉ុន​ថា៖ «សូម​លោក​ឆ្លាក់​រូប​ចម្លាក់​ផ្សេងៗ​ធ្វើ​ជា​ព្រះ​ដឹក​នាំ​យើង ដ្បិត​លោក​ម៉ូសេដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ យើង​មិន​ដឹង​លោក​ទៅ​ជា​យ៉ាង​ណា​ហើយ​ទេ»។ 41 ដូច្នេះ ពេលនោះពួកគេ​ក៏​បាន​ឆ្លាក់​រូប​កូន​គោ​មួយ ហើយ​យក​យញ្ញបូជា​មក​ថ្វាយ​រូប​ចម្លាក់​នោះ រួច​នាំ​គ្នា​សប្បាយ​រីករាយ​ចំពោះ​វត្ថុ​ដែល​ជា​ស្នាដៃ​របស់​ខ្លួន។ 42 ប៉ុន្តែព្រះជាម្ចាស់​ឈប់​រវីរវល់​នឹងពួក​គេ ព្រះអង្គបណ្ដោយ​ឲ្យគេ​គោរព​ថ្វាយបង្គំ​ផ្កាយ​ទាំងឡាយ​នៅ​លើ​មេឃ ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ព្យាការី​ថា៖ «ប្រជារាស្ត្រ​អ៊ីស្រាអែល​អើយ! ក្នុង​អំឡុង​ពេល​សែសិប​ឆ្នាំ​នៅ​វាល​រហោស្ថាន តើ​អ្នក​រាល់​គ្នា​ដែល​បាន​យក​សត្វ ឬ​យញ្ញបូជា​អ្វី​មក​ឲ្យយើង​ឬ​ទេ? 43 អ្នក​រាល់​គ្នា​បាន​សែង​ខ្ទម​របស់​ព្រះ​ម៉ូឡុក និង​សែង​រូប​ផ្កាយ​តំណាង​ព្រះ​រេមផាន់របស់​អ្នក​រាល់​គ្នា និងរូប​សំណាក់​អស់​ទាំង​នោះ អ្នក​រាល់​គ្នា​បាន​ឆ្លាក់ដើម្បី​យក​មក​ថ្វាយបង្គំ ហើយយើង​នឹង​កៀរ​អ្នក​រាល់​គ្នា​យក​ទៅ​ឆ្ងាយ ហួស​ស្រុក​បាប៊ីឡូន​ទៅ​ទៀត»។ 44 នៅ​វាល​រហោស្ថាន បុព្វបុរស​របស់​យើង​មាន​ព្រះពន្លារបស់​ព្រះជាម្ចាស់​ សង់​ឡើងស្រប​តាម​ព្រះបន្ទូល ​ដែល​ព្រះជាម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ គឺលោកត្រូវយក​តាម​គំរូ​ដែល​លោក​បាន​ឃើញ។ 45 បុព្វបុរស​របស់​យើង​បាន​ទទួល​ព្រះពន្លា ដាក់​តៗ​គ្នា ហើយ​សែង​ចូល​ទៅ​ក្នុង​ទឹក​ដី ​ដែល​រឹប​យក​ពី​ជាតិ​សាសន៍​នានា ក្រោម​ការ​ដឹក​នាំ​របស់​លោក​យ៉ូស្វេ គឺ​ជា​ជាតិ​សាសន៍​ដែល​ព្រះជាម្ចាស់​បាន​ដេញ​ចេញ​ពី​មុខ​ពួក​គេ។ ព្រះពន្លា​នេះ​នៅ​គង់វង្ស​រហូត​ដល់​ជំនាន់​ព្រះបាទ​ដាវីឌ។ 46 ព្រះជាម្ចាស់​គាប់​ព្រះហឫទ័យ​នឹង​ព្រះបាទ​ដាវីឌ ព្រះបាទ​ដាវីឌ​ក៏​បាន​ទូល​សូម​អនុញ្ញាត​ពី​ព្រះអង្គ រក​ព្រះដំណាក់​មួយ​ថ្វាយ​ព្រះ​ជាម្ចាស់របស់​លោក​យ៉ាកុប។ 47 ប៉ុន្តែ ​ព្រះបាទ​សាឡូម៉ូន​ឯណោះ​វិញ​ទេ ដែល​បាន​សង់​ព្រះដំណាក់​នោះ។ 48 ទោះយ៉ាងណាក្តី ព្រះជាម្ចាស់​ដ៏​ខ្ពង់ខ្ពស់​បំផុត​មិន​គង់​នៅ​ក្នុង​ដំណាក់ ​ដែល​សង់​ឡើងដោយ​ដៃ​មនុស្ស​ឡើយ ដូច​ព្យាការី​បាន​ថ្លែង​ទុក​មក​ស្រាប់​ថា៖ 49 «ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែនដី​ក៏​ជា​កំណល់​ទ្រ​ជើង​យើង​ដែរ»។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «តើ​អ្នក​រាល់​គ្នា​នឹង​សង់​ដំណាក់​បែប​ណាឲ្យ​យើង​បាន? តើ​កន្លែង​ដែល​យើង​នឹង​សម្រាក​នោះ​នៅ​ឯ​ណា? 50 តើមិនមែន​យើង​ទេឬ​ដែល​បាន​បង្កើតអ្វីៗ​ទាំង​នោះ​មក?» 51 អស់​លោកមាន​ចិត្ត​រឹងរូស​អើយ! អស់​លោក​មាន​ចិត្ត មាន​ត្រចៀក​ដូច​សាសន៍​ដទៃ​ ចេះ​តែ​ជំទាស់​ប្រឆាំង​នឹង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ជានិច្ច គឺ​មិន​ខុស​ពី​បុព្វបុរស​របស់​អស់​លោក​ទេ។ 52 គ្មាន​ព្យាការី​ណា​ម្នាក់ដែល​បុព្វបុរស​របស់​អស់​លោក​មិន​បាន​បៀតបៀន​នោះ​ឡើយ។ បុព្វបុរស​របស់​អស់​លោក​បាន​សម្លាប់ ​អស់​អ្នក​ដែល​ប្រកាស​ទុក​ជា​មុន​ថា ព្រះជាម្ចាស់​ដ៏​សុចរិត​នឹង​យាង​មក។ ឥឡូវ​នេះ អស់​លោក​បាន​ចាប់​ព្រះអង្គ​នោះ​បញ្ជូន​ទៅ​ឲ្យ​គេ ហើយ​អស់​លោក​ធ្វើ​គុត​ព្រះអង្គ​ថែម​ទៀត​ផង។ 53 អស់​លោក​បាន​ទទួល​ក្រឹត្យវិន័យតាម​រយៈ​ទេវតា​ តែ​អស់​លោក​ពុំ​បាន​ប្រព្រឹត្ត​តាម​សោះ»។ 54 កាល​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ឮ​ដូច្នោះ គេ​ក្រេវក្រោធ​ជា​ខ្លាំង​គេ​សង្កៀត​ធ្មេញ​ដាក់​លោក​ស្ទេផាន។ 55 រីឯ​លោក​ស្ទេផាន​វិញ លោក​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ លោក​សម្លឹង​មើល​ទៅ​លើ​មេឃឃើញ​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ និង​ឃើញ​ព្រះយេស៊ូ​ឈរ​នៅ​ខាង​ស្ដាំ​ព្រះអង្គ។ 56 លោក​មាន​ប្រសាសន៍​ថា៖ «មើល​ហ្ន៎! ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ និង​ឃើញ​បុត្រ​មនុស្ស ឈរ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់»។ 57 ពួក​គេ​ស្រែក​ឡើង​យ៉ាង​ខ្លាំង​ទាំង​យក​ដៃ​ខ្ទប់​ត្រចៀក ហើយ​នាំ​គ្នា​ស្ទុះ​ទៅ​សង្គ្រប់​ពី​លើ​លោក។ 58 គេ​បណ្ដេញ​លោក​ចេញ​ពី​ទីក្រុង រួច​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក។ ​អ្នក​ដែល​បានឃើញក៏​យក​សម្លៀកបំពាក់​របស់​ខ្លួនដាក់នៅ​ក្បែរ​ជើង​យុវជន​ម្នាក់​ឈ្មោះ សូល។ 59 នៅ​ពេល​គេ​គប់​ដុំ​ថ្ម​សម្លាប់​នោះ លោក​ស្ទេផាន​ទូលអង្វរ​ថា៖ «ព្រះអម្ចាស់យេស៊ូ​អើយ​សូម​ទទួល​វិញ្ញាណ​របស់​ទូលបង្គំ​ផង»។ 60 បន្ទាប់​មក លោក​លុត​ជង្គង់​ចុះ ហើយ​បន្លឺ​សំឡេង​ខ្លាំងៗ​ថា៖ «ព្រះអម្ចាស់​អើយ! សូម​កុំ​ប្រកាន់​ទោស​គេ ព្រោះ​តែ​អំពើ​បាប​នេះ​អី»។ កាល​បាន​ទូល​ដូច្នោះ​ហើយ លោក​ក៏​ផុត​ដង្ហើម​ទៅ​។

ជំពូក ៨

1 លោក​សូល​បាន​យល់​ស្រប​នឹង​ការ​សម្លាប់​លោក​ស្ទេផាន​ដែរ។ ក្រោយពីថ្ងៃនោះមក ចាប់ផ្តើមមានការបៀតបៀនជាខ្លាំង មកលើក្រុមជំនុំនៅក្រុង​យេរូសាឡឹម ហើយពួកអ្នក​ជឿ​ទាំង​ប៉ុន្មានបាន​បែកខ្ញែក​គ្នា​ពាសពេញ​ស្រុក​យូដា និង​ស្រុក​សាម៉ារី លើកលែង​តែ​ក្រុម​សាវក​។ 2 អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់ បាន​នាំ​គ្នា​បញ្ចុះ​សព​លោក​ស្ទេផាន និង​យំ​សោក​យ៉ាង​ខ្លាំង​ចំពោះលោក។ 3 រីឯ​លោក​សូល​វិញ លោក​ខំ​ប្រឹង​រំលាយ​ក្រុមជំនុំ លោកបានចូលពី​​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ចាប់​ពួក​អ្នក​ជឿ​ទាំង​ប្រុស​ទាំង​ស្រី​យក​ទៅ​ឃុំឃាំង។ 4 ប៉ុន្តែ ពួក​សិស្សដែល​បែកខ្ញែក​គ្នា​នោះ ពួកគេធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទាំងប្រកាសពី​ព្រះបន្ទូលផងដែរ។ 5 លោក​ភីលីព​បាន​ធ្វើ​ដំណើរ​ទៅឯ​ក្រុង​មួយ​នៅ​ស្រុក​សាម៉ារី ហើយ​ប្រកាស​ប្រាប់​អ្នក​ក្រុង​អំពី​ព្រះគ្រិស្ដ។ 6 នៅពេលបណ្តាជនជាច្រើនបានឮ និងឃើញពីទីសម្គាល់ដែលលោកភីលីពបានធ្វើ ពួក​គេនាំគ្នាមកស្តាប់លោកដែល​មាន​ប្រសាសន៍។ 7 ​មាន​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស​ជា​ច្រើនទាំង​ស្រែក​ខ្លាំងៗ និង​មាន​មនុស្ស​ខ្វិន មនុស្ស​ស្លាប់​ដៃ​ជើង​ជា​ច្រើន​បាន​ជា។ 8 ប្រជាជន​នៅ​ក្រុង​នោះមាន​អំណរ​សប្បាយ​ដ៏​លើសលប់។ 9 មាន​បុរស​ម្នាក់ ឈ្មោះ​ស៊ីម៉ូនរស់​នៅ​ក្នុង​ក្រុង​នោះ តាំង​ពី​មុន​លោក​ភីលីព​មក​ដល់​ម៉្លេះ។ គាត់​ជា​គ្រូ​មន្តអាគម ធ្វើ​ឲ្យ​ប្រជាជន​នៅ​ស្រុក​សាម៉ារី​ស្ងើច​សរសើរ​គាត់​ជា​ខ្លាំង ហើយ​គាត់​អួត​ខ្លួន​ថា​គាត់​ជា​មនុស្សសំខាន់​មួយ​រូប។ 10 ប្រជាជនសាសន៍សាម៉ារីទាំងអស់ ទាំងអ្នកតូចអ្នកធំ​ស្តាប់​គាត់​គ្រប់ៗ​គ្នា គេ​ពោល​ថា៖ «លោក​នេះ​ហើយ​ជា​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់​ ដែល​ជា​ឫទ្ធានុភាព​ដ៏​ឧត្ដុង្គឧត្ដម»។ 11 ប្រជាជន​បានស្តាប់​គាត់​ ព្រោះ​គាត់​បាន​សម្តែងមន្តអាគម​ឲ្យគេ​ស្ងើច​សរសើរ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ 12 ប៉ុន្តែ ពេលពួក​គេបាន​ជឿ​ដំណឹងល្អ​អំពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ និង​អំពី​ព្រះនាម​ព្រះយេស៊ូគ្រិស្ដ ដែល​លោក​ភីលីព​បានប្រកាស​ប្រាប់ ពួកគេ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹកទាំង​ប្រុសទាំង​ស្រី។ 13 សូម្បីតែលោក​ស៊ីម៉ូន​​ក៏​បាន​ជឿ​ដែរ ថែម​ទាំង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ ហើយ​គាត់​នៅ​ជាមួយ​នឹង​លោក​ភីលីព​ជានិច្ច។ ពេល​គាត់​បាន​ឃើញ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ធំៗ​ដែល​កើត​មាន​នៅ​ពេល​នោះ គាត់​បានស្ងើច​សរសើរ​យ៉ាង​ខ្លាំង។ 14 ក្រុម​សាវកនៅ​ក្រុង​យេរូសាឡឹម​បាន​ឮ​ដំណឹង​ថា អ្នក​ស្រុក​សាម៉ារី​នាំ​គ្នា​ទទួល​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ លោកក៏​ចាត់​លោក​ពេត្រុស និង​លោក​យ៉ូហាន​ឲ្យទៅ​ជួប​អ្នក​ទាំង​នោះ។ 15 ពេលទៅ​ដល់​ស្រុក​សាម៉ារី សាវក​ទាំង​ពីរ​បានអធិស្ឋានឲ្យ​ពួក​គេ​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ 16 ដ្បិត​ព្រះវិញ្ញាណ​ពុំ​ទាន់​យាង​ចុះ​មក​សណ្ឋិត​លើ​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​ពួក​គេ​នៅ​ឡើយ​ទេ គឺ​ពួកគេ​គ្រាន់​តែ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹកក្នុង​ព្រះនាម​ព្រះអម្ចាស់យេស៊ូ​ប៉ុណ្ណោះ។ 17 បន្ទាប់មក លោក​ពេត្រុស និង​លោក​យ៉ូហាន​បាន​ដាក់​ដៃលើ​គេ ហើយពួក​គេ​ក៏​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ។ 18 ពេល​លោក​ស៊ីម៉ូន​ឃើញ​ថា ព្រះជាម្ចាស់​ប្រទាន​ព្រះវិញ្ញាណ​មក​អ្នក​ជឿដោយ​សាវក​ដាក់​ដៃ​លើ​ដូច្នោះ គាត់​ក៏​យក​ប្រាក់​មក​ជូន​សាវក​ទាំង​ពីរ 19 ហើយ​ពោល​ថា៖ «សូម​លោក​ប្រគល់​ឲ្យ​ខ្ញុំ​មាន​អំណាច​នេះ​ផង ដើម្បី​ឲ្យ​ខ្ញុំ​ដាក់​ដៃ​លើ​អ្នក​ណា អ្នក​នោះ​នឹង​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដែរ»។ 20 តែលោក​ពេត្រុស​តប​ទៅ​គាត់​វិញ​ថា៖ «ចូរ​ឲ្យប្រាក់​របស់​អ្នក​វិនាស​អន្តរាយ​ជា​មួយ​អ្នក​ទៅ ព្រោះអ្នក​នឹក​ស្មាន​ថាអាច​យក​ប្រាក់​មក​ទិញ​ព្រះ​អំណោយ​ទាន​របស់​ព្រះជាម្ចាស់​បាន! 21 អ្នក​គ្មាន​ចំណែក គ្មាន​សិទ្ធិ​អ្វី​ក្នុង​កិច្ចការ​នេះ​ឡើយ ដ្បិត​ចិត្ត​របស់​អ្នក​មិន​ទៀង​ត្រង់​ចំពោះ​ព្រះជាម្ចាស់។ 22 ដូច្នេះ សូមអ្នក​លះបង់​ចិត្ត​គំនិត​អាក្រក់នេះ​ចោល​ទៅ ហើយ​ទូលសូម​ព្រះអម្ចាស់ ក្រែង​លោ​ព្រះអង្គ​លើកលែង​ទោស​ឲ្យ​អ្នក​ដែល​មាន​ចិត្ត​បែប​នេះ 23 ដ្បិត​ខ្ញុំ​ឃើញ​ថា​អ្នក​មានចិត្តពិសពល់​ ហើយ​ក៏​នៅ​ជាប់​ចំណង​អំពើ​ទុច្ចរិត​ដែរ»។ 24 លោក​ស៊ីម៉ូន​តប​ទៅ​វិញ​ថា៖ «សូម​លោក​ទូលអង្វរ​ព្រះអម្ចាស់​ឲ្យ​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​មាន​ហេតុ​អាក្រក់​ណា​មួយ​កើត​ឡើង​ចំពោះ​រូប​ខ្ញុំ ដូច​លោក​បានមាន​ប្រសាសន៍​នោះ​ឡើយ»។ 25 ក្រោយ​ពី​បាន​ផ្ដល់​សក្ខីភាព និង​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​រួច​ហើយ សាវក​ទាំង​ពីរ​រូប​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡឹម​វិញ ទាំង​ប្រកាសដំណឹងល្អ​ក្នុង​ភូមិ​ជា​ច្រើននៅ​ស្រុក​សាម៉ារី​។ 26 ទេវតារបស់​ព្រះអម្ចាស់​ពោល​មក​កាន់​លោក​ភីលីព​ថា៖ «សូម​ក្រោក​ឡើង ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង គឺតាម​ផ្លូវ​ចុះ​ពី​ក្រុង​យេរូសាឡឹម​ទៅ​ក្រុង​កាសា​ជា​ផ្លូវ​ស្ងាត់​នោះ​ទៅ»។ 27 លោក​ភីលីព​ក៏​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ។ នៅ​តាម​ផ្លូវ មាន​ជន​ជាតិ​អេត្យូពី​មួយ​រូបជា​មនុស្ស​កម្រៀវ លោក​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​មហាក្សត្រិយានី​កានដេស ដែល​គ្រង​រាជ្យ​នៅ​ស្រុក​អេត្យូពី ហើយ​លោក​ជា​អ្នក​កាន់​កាប់​ព្រះរាជទ្រព្យ​ទាំង​ប៉ុន្មាន។ លោក​បាន​មក​ថ្វាយបង្គំ​ព្រះជាម្ចាស់​នៅ​ក្រុង​យេរូសាឡឹម 28 ហើយលោក​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​វិញ​ ដោយ​ជិះ​រទេះ​សេះទាំង​អាន​គម្ពីរ​ព្យាការី​អេសាយ។ 29 ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​មក​លោក​ភីលីព​ថា៖ «ចូរ​ទៅ​មុខ រួច​ចូល​ទៅ​ជិត​រទេះ​សេះ​នោះ​ទៅ»។ 30 ដូច្នេះលោក​ភីលីព​ក៏​រត់​ទៅ​មុខ ហើយ​ឮ​មន្ត្រី​អេត្យូពី​អាន​គម្ពីរ​ព្យាការី​អេសាយ លោក​ភីលីព​សួរ​មន្ត្រី​នោះ​ថា៖ «តើ​លោក​យល់​សេចក្ដី​ដែល​លោក​កំពុង​តែ​អាន​នេះ​ឬ​ទេ?»។ 31 លោក​មន្ត្រី​តប​មក​វិញ​ថា៖ «ធ្វើ​ម្ដេច​ឲ្យ​ខ្ញុំ​យល់​បាន បើ​គ្មាន​នរណា​ពន្យល់​ណែនាំ​សោះ​នោះ?»។ លោក​ក៏​អញ្ជើញ​លោក​ភីលីព​ឡើង​ជិះ​រទេះ​សេះ​ជា​មួយ។ 32 រីឯ​អត្ថបទ​គម្ពីរ​ដែល​លោក​កំពុង​អាន​នោះ​ គឺថាលោក​ត្រូវ​គេ​នាំ​យក​ទៅ​ដូច​ជា​ចៀមដែល​គេ​នាំ​ទៅ​សម្លាប់ លោក​ពុំ​បាន​ហើប​មាត់​ទាល់​តែ​សោះ ​ប្រៀប​ដូច​ជា​កូន​ចៀម​ដែល​ស្ងៀម​ស្ងាត់នៅ​មុខ​អ្នក​កាត់​រោម។ 33 លោក​ត្រូវ​គេ​បន្ទាប​បន្ថោកហើយ​គេ​មិន​រក​យុត្តិធម៌​ជូន​លោក​ឡើយ។ គ្មាន​នរណា​អាច​តំណាល​អំពី​ពូជពង្ស របស់​លោក​បាន​ទេ ព្រោះ​គេ​បាន​ដក​ជីវិត​របស់​លោក ចេញ​ពី​ផែនដី​នេះ​បាត់​ទៅ​ហើយ»។ 34 មន្ត្រី​នោះ​សួរ​លោក​ភីលីព​ថា៖ «សូម​ប្រាប់​ខ្ញុំ​ផង តើ​ព្យាការី​មាន​ប្រសាសន៍​ដូច្នេះ សំដៅ​លើ​អ្នក​ណា? តើ​លោក​មាន​ប្រសាសន៍​អំពី​ខ្លួន​លោក​ផ្ទាល់ ឬ​មាន​ប្រសាសន៍​អំពី​អ្នក​ណា​ម្នាក់​ផ្សេង​ទៀត?»។ 35 លោក​ភីលីព​ក៏​ជំរាប​ជូន​ដំណឹងល្អ​អំពី​ព្រះយេស៊ូ​ប្រាប់​លោក ដោយ​ចាប់​ផ្ដើម​ពី​អត្ថបទ​គម្ពីរ​នោះ​ទៅ។ 36 លោក​ទាំង​ពីរ​ចេះ​តែ​បន្ត​ដំណើរ​ទៅ​មុខ។ លុះ​ដល់​កន្លែង​មួយ​មាន​ទឹក លោក​មន្ត្រី​មាន​ប្រសាសន៍​ថា៖ «ទី​នេះ​មាន​ទឹក តើ​មាន​អ្វី​ឃាត់​ខ្ញុំ មិន​ឲ្យ​ទទួល​ពិធី​ជ្រមុជ​ទឹក»។ 37 លោក​ភីលីព​មាន​ប្រសាសន៍​ទៅ​លោក​មន្ត្រី​ថា៖ «បើ​លោក​ជឿ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​នោះ លោក​អាច​ទទួល​ពិធី​ជ្រមុជ​ទឹក​បាន»។ លោក​មន្ត្រី​ឆ្លើយ​វិញ​ថា៖ «ខ្ញុំ​ជឿ​ហើយ​ថា ព្រះយេស៊ូគ្រិស្ដ​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់»។ 38 លោក​បញ្ជា​ឲ្យ​គេ​បញ្ឈប់​រទេះ​សេះ។ លោក​មន្ត្រី និង​លោក​ភីលីព​ចុះ​ទៅ​ក្នុង​ទឹក​ទាំង​ពីរ​នាក់ ហើយ​លោក​ភីលីព​ក៏​ជ្រមុជ​ទឹក​ជូន​មន្ត្រី​នោះ។ 39 កាល​លោក​ទាំង​ពីរ​ឡើង​ពី​ទឹក​មក​វិញ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បាន​លើក​លោក​ភីលីព​យក​ចេញ​បាត់​ទៅ លោក​មន្ត្រី​លែង​ឃើញ​លោក​ភីលីព​ទៀត​ហើយ។ លោក​មន្ត្រី​បន្ត​ដំណើរ​ទៅ​មុខ​ដោយ​ចិត្ត​ត្រេក​អរ​សប្បាយ។ 40 រីឯ​លោក​ភីលីព គេ​បែរ​ជា​ឃើញ​លោក​នៅ​ឯ​ក្រុង​អាសូត​ ហើយលោក​ធ្វើ​ដំណើរ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ទាំង​ផ្សព្វផ្សាយ​ដំណឹងល្អរហូត​ទៅ​ដល់​ក្រុង​សេសារា។

ជំពូក ៩

1 ​ប៉ុន្តែ លោក​សូល​គិត​តែ​ពី​គំរាមកំហែង និង​សម្លាប់​សិស្សរបស់​ព្រះអម្ចាស់​ជានិច្ច ហើយគាត់​ទៅ​ជួប​លោក​មហា​បូជាចារ្យ 2 រួចសុំ​លិខិត​អនុញ្ញាត​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​នានា​នៅ​ក្រុង​ដាម៉ាស ក្រែង​រក​ឃើញ​អ្នក​ខ្លះ​នៅ​ទី​នោះ ដែល​ដើរ​តាម​មាគ៌ា​របស់​ព្រះអម្ចាស់ ទោះ​ជា​ប្រុស ឬ​ស្ត្រី​ក្ដី គាត់​នឹង​ចាប់​ចង​នាំ​យក​មក​ក្រុង​យេរូសាឡឹម។ 3 ពេល​គាត់​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស​ហើយ ស្រាប់​តែ​មាន​ពន្លឺ​មួយ​ចាំង​ពី​ផ្ទៃ​មេឃ​មក​ជុំវិញ​គាត់ 4 រូចគាត់​ក៏​ដួល​ហើយ​ឮ​សូរ​សំឡេង​មួយ​ពោល​មក​គាត់​ថា៖ «សូល​អើយ​សូល​! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀតបៀន​ខ្ញុំ?»។ 5 លោក​សូល​សួរ​វិញ​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​ជា​នរណា?»។ សំឡេង​នោះ​ក៏​ឆ្លើយ​ឡើង​ថា៖ «ខ្ញុំ​ជា​យេស៊ូ​ដែល​អ្នក​កំពុង​តែ​បៀតបៀន​។ 6 ចូរ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ទីក្រុង នៅ​ទី​នោះ​នឹង​មាន​គេ​ប្រាប់​អ្នក​ថា ត្រូវ​ធ្វើ​អ្វី​ខ្លះ»។ 7 រីឯ​អស់​អ្នក​ដែល​បានធ្វើ​ដំណើរ​ជា​មួយ​លោក​សូល ​នាំ​គ្នាឈរ​ស្ងៀមរក​និយាយ​អ្វី​មិន​កើត ព្រោះ​គេ​បាន​ឮ​សំឡេង តែ​ពុំ​ឃើញ​មាន​នរណា​ឡើយ។ 8 លោក​សូល​ក្រោក​ឡើង ហើយនៅពេលគាត់បើកភ្នែក ស្រាប់តែ​គាត់​មើល​អ្វី​មិន​ឃើញ​សោះ។ គេ​ដឹក​ដៃ​គាត់នាំ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស។ 9 ក្នុង​រយៈ​ពេល​បី​ថ្ងៃ គាត់​មិន​អាច​មើល​ឃើញ ហើយ​ក៏​មិន​បានពិសា​បាយ​ពិសា​ទឹកដែរ។ 10 នៅ​ក្រុង​ដាម៉ាស មាន​សិស្ស​ម្នាក់​ឈ្មោះ​អាណាណាស។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​គាត់​ក្នុងនិមិត្តមួយថា៖ «អាណាណាស!»។ គាត់​ទូល​តប​ថា៖ «ក្រាប​ទូល​ព្រះអម្ចាស់!»។ 11 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​គាត់​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ឯ​ផ្លូវ​មួយ​ឈ្មោះ «ផ្លូវ​ត្រង់» សួរ​រក​ឈ្មោះ​សូល ជា​អ្នក​ស្រុក​តើសុស​នៅ​ក្នុង​ផ្ទះ​យូដាស នៅទីនោះគាត់​កំពុង​តែ​អធិស្ឋាន។ 12 សូលបាននិមិត្ត​ឃើញ​បុរស​ម្នាក់ ឈ្មោះ​អាណាណាស​ចូល​មក​ដាក់​ដៃលើ​គាត់ ដើម្បី​ឲ្យ​គាត់​មើល​ឃើញ​ឡើង​វិញ»។ 13 តែលោក​អាណាណាស​ទូល​ព្រះអង្គវិញ​ថា៖ «បពិត្រ​ព្រះអម្ចាស់! ទូលបង្គំ​បាន​ឮ​មនុស្ស​ជា​ច្រើន​និយាយ​ថា បុរស​នេះ​បាន​ធ្វើ​បាប​ប្រជារាស្ត្រ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ​នៅ​ក្រុង​យេរូសាឡឹម​ជាខ្លាំង។ 14 ​គាត់​បាន​ទទួល​ការ​អនុញ្ញាត​ពី​លោក​មហា​បូជាចារ្យ​ឲ្យ​មក​ទី​នេះ ដើម្បី​ចាប់​ចង​អស់​អ្នក​ដែល​អង្វរ​រក​ព្រះនាម​ព្រះអង្គ»។ 15 ប៉ុន្តែ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​គាត់​វិញ​ថា៖ «អញ្ជើញ​ទៅ​ចុះ! ដ្បិត​ខ្ញុំ​ជ្រើស​រើស​បុរស​នេះ ដើម្បី​ប្រើ​គាត់​ឲ្យ​ទៅ​ប្រាប់​ប្រជាជាតិ និង​ស្ដេច​នានា ព្រម​ទាំង​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែលឲ្យស្គាល់​ឈ្មោះ​ខ្ញុំ។ 16 ខ្ញុំ​នឹង​បង្ហាញ​ប្រាប់​គាត់​ឲ្យដឹង​ថា គាត់​ត្រូវ​រង​ទុក្ខ​លំបាក​ជា​ច្រើន ព្រោះ​តែ​ឈ្មោះ​របស់​ខ្ញុំ»។ 17 ដូច្នេះ លោក​អាណាណាស​ក៏​ចេញ​ទៅ ​ហើយបានចូលទៅក្នុងផ្ទះនោះ។ គាត់​ដាក់​ដៃ​លើ​លោក​សូល ហើយ​មាន​ប្រសាសន៍​ថា៖ «បង​សូល​អើយ! ព្រះអម្ចាស់យេស៊ូ​ដែល​បង​បាន​ឃើញនៅ​តាម​ផ្លូវ​បង​ធ្វើ​ដំណើរ​មក​នោះ ទ្រង់​បាន​ចាត់​ខ្ញុំ​មក ដើម្បី​អោយ​បង​អាច​មើល​ឃើញ​ឡើង​វិញ និង​អោយ​បង​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ»។ 18 រំពេច​នោះ មាន​អ្វី​មួយ​ដូច​ស្រកា​ត្រីជ្រុះ​ពី​ភ្នែក​លោក​សូល លោក​ក៏​មើល​ឃើញ​ឡើង​វិញ លោក​ក្រោក​ឡើង ហើយបានទទួល​ពិធី​ជ្រមុជ​ទឹក។ 19 បន្ទាប់​មក លោក​បរិភោគ​ម្ហូប​អាហារ ហើយ​មាន​កម្លាំង​ឡើង​វិញ។ លោកបានស្នាក់នៅជាមួយពួកសិស្សនៅក្រុងដាម៉ាសអស់ពេលបួនដប់ថ្ងៃ។ 20 លោក​ចាប់​ផ្ដើម​ប្រកាស​នៅ​ក្នុង​សាលា​ប្រជុំ​នានា​ភ្លាម​ថា ព្រះយេស៊ូ​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់។ 21 អស់​អ្នក​ដែល​បាន​ឮ​លោក​មាន​ប្រសាសន៍ នឹកស្ងើច គេ​ពោល​ថា៖ «លោក​នេះ​ហើយមែនទេ​ដែល​បាន​ធ្វើ​ទុក្ខ​បៀតបៀន ​អស់​អ្នក​ដែល​អង្វរ​រក​ឈ្មោះ​យេស៊ូនៅ​ក្រុង​យេរូសាឡឹម? គាត់​មក​ទី​នេះរក​ចាប់​ចង​គេ​នាំ​ទៅ​ជូន នាយក​បូជាចារ្យ​ទេ​តើ»។ 22 រីឯ​លោក​សូល​វិញ លោក​មាន​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​លោក​វែកញែក​ប្រាប់​សាសន៍​យូដា នៅ​ក្រុង​ដាម៉ាស​ដោយអះអាងច្បាស់ថា ព្រះយេស៊ូ​ពិត​ជា​ព្រះគ្រិស្ដ។ 23 ប៉ុន្មានថ្ងៃក្រោយមក ជន​ជាតិ​យូដា​បាន​សម​គំនិត​គ្នា​រក​សម្លាប់​លោក​សូល 24 តែ​លោក​បាន​ជ្រាប​គម្រោងការ​របស់​គេ។ ពួក​គេ​បាន​នាំ​គ្នា​ទៅ​ចាំ​នៅ​ទ្វារ​ក្រុង​ទាំង​យប់​ទាំង​ថ្ងៃដើម្បី​សម្លាប់​លោក។ 25 ប៉ុន្តែ នៅ​ពេល​យប់ ពួក​សិស្ស​របស់​លោក​បាន​ដាក់​លោក​ក្នុង​ជាល​មួយ សម្រូតលោក​ចុះ​ទៅ​ខាង​ក្រៅ​កំពែង​ក្រុង។ 26 កាល​លោក​សូល​មក​ដល់​ក្រុង​យេរូសាឡឹម លោក​ចង់​​ចូល​រួម​ជាមួយ​ពួក​សិស្ស តែ​ពួក​គេ​ខ្លាច​លោក​ទាំង​អស់​គ្នា ព្រោះ​គេ​ពុំ​ជឿ​ថា​លោក​ជា​សិស្ស​នោះ​ឡើយ។ 27 តែលោក​បារណាបាស​បាន​ទទួល​លោក ហើយ​នាំ​ទៅ​ជួប​ក្រុម​សាវកទាំង​រៀប​រាប់​អំពី​លោក​សូល​បាន​ឃើញ​ព្រះអម្ចាស់​នៅ​តាម​ផ្លូវ អំពី​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក ហើយ​នឹង​រៀប​រាប់​អំពី​លោក​សូល​មាន​ប្រសាសន៍​ដោយ​ចិត្ត​អង់អាច​ក្នុង​ព្រះនាម​ព្រះយេស៊ូនៅ​ក្រុង​ដាម៉ាស​ផង​ដែរ។ 28 ចាប់​តាំង​ពី​ពេល​នោះ​មក លោក​សូល​តែងតែ​ជួបក្រុមសាវក នៅពេលពួកគេចុះឡើង​ក្រុង​យេរូសាឡឹម​។ លោកបានមានប្រសាសន៍​ដោយ​ចិត្ត​អង់អាច​ក្នុង​ព្រះនាម​ព្រះអម្ចាស់​ថែម​ទៀត​ផង 29 ហើយលោក​បាន​ជជែក​វែកញែក​ជា​មួយ​សាសន៍​យូដាដែល​និយាយ​ភាសា​ក្រិក តែ​ពួក​គេ​បែរ​ជា​នាំ​គ្នា​ប៉ុនប៉ង​សម្លាប់​លោក​ទៅ​វិញ។ 30 កាល​ពួក​បង​ប្អូន​បាន​ជ្រាប​ដំណឹង​នេះ គេ​នាំ​លោក​ទៅ​ក្រុង​សេសារា ហើយ​បន្ទាប់​មកបញ្ជូនលោក​ទៅ​ក្រុង​តើសុស។ 31 ក្រុមជំនុំក្នុង​ស្រុក​យូដា ស្រុក​កាលីឡេ និង​ស្រុក​សាម៉ារីបាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត​។ ក្រុមជំនុំ​មាន​ជំហរ​កាន់​តែ​មាំមួន​ឡើងៗ ហើយពួក​គេ​រស់​នៅ​ដោយ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ព្រម​ទាំង​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់ ដោយ​មាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ជួយ​លើក​ទឹក​ចិត្ត​គេ​ផង។ 32 កាលលោក​ពេត្រុស​បាន​ធ្វើ​ដំណើរ​ទៅ​គ្រប់​ទី​កន្លែង។ លោក​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ប្រជាជន​ដ៏វិសុទ្ធ​នៅ​ក្រុង​លីដា។ 33 នៅ​ក្រុង​នោះ លោក​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អេណាស ឈឺ​ក្រោក​មិន​រួច គាត់​ដេក​ជាប់​នឹង​គ្រែ​ប្រាំ​បី​ឆ្នាំ​មក​ហើយ។ 34 លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អេណាស​អើយ! ព្រះយេស៊ូគ្រិស្ដ​ប្រោស​អ្នក​ឲ្យបាន​ជា​ហើយ។ ចូរ​ក្រោក​ឡើង រៀបចំ​គ្រែ​អ្នក​ទៅ!» ហើយលោក​អេណាស​ក៏​ក្រោក​ឡើង​ភ្លាម។ 35 អ្នក​ក្រុង​លីដា​ទាំង​អស់ និង​អ្នក​ស្រុក​នៅ​តំបន់​សារ៉ូន​បាន​ឃើញ​គាត់​ជា​ដូច្នេះ ពួកគេក៏​បែរ​ចិត្ត​គំនិត​មក​រក​ព្រះអម្ចាស់។ 36 នៅ​ក្រុង​យ៉ុបប៉េ មាន​ស្ត្រី​ម្នាក់ ឈ្មោះ​តេប៊ីថា ភាសា​ក្រិក​ថា «ឌ័រកាស» នាង​ជា​សិស្សដែរ នាង​តែង​ប្រព្រឹត្ត​អំពើ​ល្អ និង​ធ្វើ​ទាន​ជា​ច្រើន។ 37 នៅ​គ្រា​នោះ នាង​មាន​ជំងឺ ហើយ​ស្លាប់​ទៅ។ គេ​បាន​លាង​សព​របស់​នាង​តម្កល់​ទុក​នៅ​បន្ទប់​ខាង​លើ។ 38 ដោយសារក្រុង​លីដា​នៅ​ជិត​ក្រុង​យ៉ុបប៉េ ​ដូច្នេះពួក​សិស្ស​ឮ​ដំណឹង​ថា លោក​ពេត្រុស​ស្ថិត​នៅ​ឯ​ក្រុង​លីដា​នោះ គេ​ចាត់​បុរស​ពីរ​នាក់​ឲ្យ​ទៅ​អញ្ជើញ​លោក​ថា៖ «សូម​លោក​មេត្តា​ប្រញាប់​ធ្វើ​ដំណើរ​បង្ហួស​ទៅ​កន្លែង​យើង​ខ្ញុំ​ផង»។ 39 លោក​ពេត្រុស​ក៏​ចេញ​ដំណើរ​មក​ជា​មួយ​អ្នក​ទាំង​ពីរ​នោះ​ភ្លាម។ ពេល​លោក​មក​ដល់ គេ​បាន​អញ្ជើញ​លោក​ឡើង​ទៅ​បន្ទប់​ខាង​លើ ស្ត្រី​មេម៉ាយ​ទាំង​ប៉ុន្មាន​បាន​នាំ​គ្នា​ចូល​មក​ជិត​លោកទាំង​យំ​សោក និង​បង្ហាញ​អាវ​វែង និងអាវ​ក្រៅ​ដែល​នាង​ឌ័រកាស​បាន​ដេរ កាល​នាង​រស់​នៅ​ជា​មួយ​គេ​នៅ​ឡើយ។ 40 លោក​ពេត្រុស​សុំ​ឲ្យ​គេ​ចេញ​ទៅ​ក្រៅ​បន្ទប់ទាំង​អស់​គ្នា រួច​លោក​លុត​ជង្គង់​អធិស្ឋាន។ បន្ទាប់​មក លោក​បែរ​ទៅ​រក​សព មាន​ប្រសាសន៍​ថា៖ «តេប៊ីថា​អើយ ក្រោក​ឡើង!»។ ពេល​នោះ នាង​ក៏​បើក​ភ្នែក ហើយ​កាល​នាង​បាន​ឃើញ​លោក​ពេត្រុស នាង​ក្រោក​អង្គុយ។ 41 លោក​ចាប់​ដៃ​នាង​ឲ្យ​ក្រោក​ឈរ ហើយ​ហៅ​ពួក​អ្នក​ជឿ​ និង​ស្ត្រី​មេម៉ាយ​ឲ្យ​ចូល​មក​បង្ហាញ​នាង​ឌ័រកាស ដែល​មាន​ជីវិត​រស់​ឲ្យ​គេ​ឃើញ។ 42 អ្នក​ក្រុង​យ៉ុបប៉េ​ទាំង​ប៉ុន្មាន​បាន​ដឹង​រឿង​នេះ ហើយ​ច្រើន​នាក់​ជឿ​លើ​ព្រះអម្ចាស់។ 43 លោក​ពេត្រុស​ស្នាក់​នៅ​ក្រុង​យ៉ុបប៉េជា​យូរ​ថ្ងៃ​ត​ទៅ​ទៀត ក្នុង​ផ្ទះ​បុរស​ម្នាក់ឈ្មោះ​ស៊ីម៉ូនជា​អ្នក​សម្លាប់​ស្បែក​។

ជំពូក ១០

1 នៅ​ក្រុង​សេសារា មាន​បុរស​ម្នាក់​ឈ្មោះ​កូនេលាស ជា​នាយ​ទាហាន​ក្នុង​កង​វរសេនា​តូច​រ៉ូម៉ាំង​មួយ​ឈ្មោះ «កង​វរសេនា​តូច​អ៊ីតាលី»។ 2 គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​មូល ជា​អ្នក​គោរព​ប្រណិប័តន៍ និង​កោត​ខ្លាច​ព្រះជាម្ចាស់។ គាត់​តែង​ចែក​ទាន​ជា​ច្រើន​អោយ​ប្រជាជន ព្រម​ទាំង​ទូលអង្វរ​ព្រះជាម្ចាស់​គ្រប់​ពេល​វេលា។ 3 ថ្ងៃ​មួយ ប្រមាណ​ជា​ម៉ោង​ប្រាំបួន ​គាត់​បាន​និមិត្ត​ឃើញ​ទេវតា​មួយ​រូប​របស់​ព្រះជាម្ចាស់​យ៉ាង​ច្បាស់។ ទេវតា​នោះ​ពោលមកកាន់គាត់​ថា៖ «លោក​កូនេលាស​អើយ!»។ 4 លោក​កូនេលាស​សម្លឹង​មើល​ទៅ​ទេវតា ហើយ​មាន​ប្រសាសន៍​ទៅ​វិញទាំង​ភ័យ​ខ្លាច​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​មាន​ការ​អ្វី?»។ ទេវតា​ពោល​មក​គាត់​ថា៖ «ព្រះជាម្ចាស់​ស្តាប់​ពាក្យ​ទូលអង្វរ​របស់​លោក​ ហើយព្រះអង្គ​ក៏មិនភ្លេចអំពី​ទាន​ដែលលោកបានធ្វើចំពោះជនក្រីក្រ ជាតង្វាយនៅចំពោះព្រះវត្តមានព្រះជាម្ចាស់។ 5 សូមលោក​ចាត់​គេ​ឲ្យទៅ​ក្រុង​យ៉ុបប៉េ ឥឡូវ​នេះ អញ្ជើញ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ហៅ​ពេត្រុស​មក។ 6 គាត់​ស្នាក់​នៅ​ផ្ទះ​អ្នក​សម្លាប់​ស្បែក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ផ្ទះ​នោះ​នៅ​ក្បែរ​មាត់​សមុទ្រ»។ 7 កាល​ទេវតាដែល​បាន​និយាយ​ជា​មួយ​គាត់​ចេញ​ផុត​ទៅ លោក​កូនេលាស​ក៏​ហៅ​អ្នក​បម្រើ​ពីរ​នាក់ និង​ទាហាន​ម្នាក់​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់ ដែល​នៅ​ក្រោម​បញ្ជា​របស់​គាត់​ជា​យូរ​ហើយឲ្យ​ចូល​មក។ 8 លោក​បាន​រៀប​រាប់​ហេតុការណ៍​ទាំង​អស់​ប្រាប់​ពួក​គេ រួច​ចាត់ពួកគេ​ឲ្យទៅ​ក្រុង​យ៉ុបប៉េ។ 9 នៅ​ថ្ងៃ​បន្ទាប់ អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​យ៉ុបប៉េ។ ប្រមាណ​ជាម៉ោងប្រាំមួយ លោក​ពេត្រុស​ឡើង​ទៅ​អធិស្ឋាននៅ​លើ​ដំបូល​ផ្ទះ​។ 10 ពេល​នោះ លោក​ឃ្លានចង់រកអ្វីមក​ពិសា ប៉ុន្តែ កាល​គេ​កំពុង​តែ​រៀបចំ​ម្ហូប​ចំណី​ជូន​លោក​ពិសា លោកបានទទួលនូវនិមិត្តមួយ 11 ហើយលោក​បាន​លង់​ស្មារតីនិមិត្ត​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ឃើញ​វត្ថុ​ម្យ៉ាងចុះមក​ដូច​កម្រាល​តុ​មួយ​យ៉ាង​ធំ ដែល​មាន​ចង​ចុង​ជាយ​ទាំង​បួន​ជ្រុង​ចុះ​ពី​លើ​មក​ដល់​ដី។ 12 នៅ​លើ​កម្រាលនោះ មាន​សត្វ​ចតុប្បាទ​គ្រប់​ប្រភេទ មាន​សត្វ​លូន​វារ និង​បក្សាបក្សី។ 13 បន្ទាប់មក មាន​ព្រះ​សូរសៀង​មក​គាត់​ថា៖ «ពេត្រុស​អើយ! ចូរក្រោយឡើង រួច​សម្លាប់​សត្វ​ទាំង​នេះ​បរិភោគ​ទៅ!»។ 14 ប៉ុន្តែ លោក​ពេត្រុស​ទូល​ទៅ​វិញ​ថា៖ «ទេ ព្រះអម្ចាស់ ទូលបង្គំ​ពុំ​ដែល​ទទួល​ទាន​អ្វី​ដែល​វិន័យ​ហាម​ឃាត់​ ឬ​មិន​បរិសុទ្ធឡើយ»។ 15 ប៉ុន្តែ​ព្រះសូរសៀង​នោះ​ជា​លើក​ទី​ពីរមកកាន់លោក​ថា៖ «អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​ប្រោស​ឲ្យ​បរិសុទ្ធ​ហើយ ចូរ​កុំ​ចាត់​ទុក​ថាជាវិន័យ​ហាម​ឃាត់​នោះ​ឡើយ»។ 16 ហេតុការណ៍​នេះ​កើត​មាន​ដល់​ទៅ​បី​ដង នៅ​ទី​បំផុត វត្ថុ​នោះ​ក៏​ឡើង​ទៅ​លើ​មេឃ​វិញ​ភ្លាម​បាត់​ទៅ។ 17 ខណៈពេលដែលលោក​ពេត្រុស​កំពុងភាន់ភាំងអំពី​អត្ថន័យនៃនិមិត្ត ដែលលោកបានឃើញនោះ ស្រាប់​តែ​ពួក​អ្នក​ដែល​លោក​កូនេលាស​ចាត់​ឲ្យ​មក បាន​មក​ដល់​មាត់​ទ្វារ ទាំង​សាក​សួរ​រក​ផ្ទះ​របស់​លោក​ស៊ីម៉ូន។ 18 ព្ួកគេ​ស្រែក​សួរ​ថា៖ «លោក​ស៊ីម៉ូន​ហៅ​ពេត្រុស​ស្នាក់​ក្នុង​ផ្ទះ​នេះ​ឬ​ទេ?»។ 19 ពេល​លោក​ពេត្រុស​កំពុង​រិះគិត​អំពី​និមិត្ត​នោះ ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​មក​គាត់​ថា៖ «មាន​បុរស​បី​នាក់​កំពុង​សួរ​រក​អ្នក 20 ចូរ​ចុះ​ទៅ​ក្រោម​ រួចចេញ​ដំណើរ​ទៅ​ជា​មួយ​គេ​ភ្លាម​ កុំ​រារែក​ឡើយ ដ្បិត​យើង​នេះ​ហើយ​ដែល​បាន​ចាត់​គេ​ឲ្យ​មក»។ 21 លោក​ពេត្រុស​ក៏​ចុះ​ទៅ​ក្រោម មាន​ប្រសាសន៍​ទៅ​បុរស​ទាំង​​នោះ​ថា៖ «ខ្ញុំ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​រក! តើ​អ្នក​មក​មាន​ការ​អ្វី?»។ 22 ពួកគេ​ឆ្លើយ​ថា៖ «លោក​កូនេលាស ជា​នាយ​ទាហាន បាន​ចាត់​យើង​ឲ្យ​មក គាត់​ជា​មនុស្ស​សុចរិត គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ ហើយ​ជា​មនុស្ស​ម្នាក់​ដែល​ប្រជាជាតិ​យូដាសរសើរ​គ្រប់ៗ​គ្នា។ ទេវតា​ដ៏វិសុទ្ធ​មួយ​រូប​បាន​មក​ប្រាប់​គាត់​ឲ្យអញ្ជើញ​លោក​ទៅ​ផ្ទះ​គាត់ ដើម្បី​ស្ដាប់​លោក​មាន​ប្រសាសន៍»។ 23 លោក​ពេត្រុស​ក៏អញ្ជើញ​អ្នក​ទាំង​នោះ​ចូល​ក្នុង​ផ្ទះ​ឲ្យ​ស្នាក់​នៅ​ជា​មួយ។ ព្រឹក​ឡើង លោក​ក៏​ចេញ​ដំណើរ​ទៅ​ជា​មួយ​គេ​ទាំង​មាន​បង​ប្អូន​ខ្លះ​នៅ​ក្រុង​យ៉ុបប៉េជូន​ដំណើរ​​ផងដែរ។ 24 នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត ពួកគេបាន​ទៅ​ដល់​ក្រុង​សេសារា។ លោក​កូនេលាស​កំពុងរង់ចាំពួកគេ ហើយពេលនោះគាត់ក៏​បាន​អញ្ជើញ​ញាតិសន្ដាន និង​មិត្ត​ជិតដិត​មក​ផ្ទះ​របស់​គាត់ផងដែរ។ 25 ពេល​លោក​ពេត្រុស​មក​ដល់ លោក​កូនេលាស​ចេញ​ទៅ​ទទួល ក្រាប​ចុះ​ទៀប​ជើង​លោក។ 26 ប៉ុន្តែ លោក​ពេត្រុស​ចាប់​គាត់​ឲ្យ​ក្រោក​ឡើង​ទាំង​ពោល​ថា៖ «អញ្ជើញ​ក្រោក​ឡើង ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ​ទេ​តើ!»។ 27 ខណៈពេលលោក​សន្ទនា​ជា​មួយ​លោក​កូនេលាស​បណ្ដើរ ​ដើរចូលទៅក្នុងបណ្តើរ ​លោកបាន​ឃើញ​មនុស្ស​ជា​ច្រើន​នៅ​ជុំ​គ្នា 28 លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បង​ប្អូន​ជ្រាប​ឬ​ទេ វិន័យ​របស់​សាសនា​យូដា ហាម​មិន​ឲ្យសាសន៍​យូដា​ទាក់ទង​ជា​មួយ​ជន​បរទេស ឬ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គេ​ឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់​បាន​បង្ហាញ​ខ្ញុំ​ឲ្យ​ដឹង​ថា មិន​ត្រូវ​ប្រកាន់​នរណា​ម្នាក់​ថា ជា​មនុស្ស​ដែល​វិន័យ​ហាម​ឃាត់​មិន​ឲ្យ​ទាក់ទង ឬ​ជា​មនុស្ស​មិន​បរិសុទ្ធ​នោះ​ឡើយ។ 29 ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​មក​ភ្លាម ឥត​មាន​ជំទាស់​អ្វី​សោះ នៅ​ពេល​ដែល​បង​ប្អូន​ហៅ​ខ្ញុំ​មក។ ឥឡូវ​នេះ សុំ​ប្រាប់​ខ្ញុំ​មើល៍ បង​ប្អូន​ហៅ​ខ្ញុំ​មក​មាន​ការ​អ្វី?»។ 30 លោក​កូនេលាស​មាន​ប្រសាសន៍​ថា៖ «កាល​បួន​ថ្ងៃ​មុន ក្នុងពេលដដែលនេះ ​ខ្ញុំ​កំពុង​អធិស្ឋាន​ក្នុង​ផ្ទះ​ខ្ញុំ នៅ​ម៉ោង​ប្រាំបួន មាន​បុរស​ម្នាក់​ស្លៀក​សម្លៀកបំពាក់​ភ្លឺ​ត្រចះត្រចង់​មក​ឈរ​នៅ​មុខ​ខ្ញុំ 31 ហើយ​ពោល​ថា៖ «លោក​កូនេលាស​អើយ ព្រះជាម្ចាស់​ស្តាប់​ពាក្យ​ទូលអង្វរ​របស់​លោក​ហើយ រីឯ​ទាន​របស់​លោកក៏​ព្រះអង្គ​មិន​ភ្លេច​ដែរ។ 32 ឥឡូវ​នេះ ចូរ​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូនហៅ​ពេត្រុសនៅ​ក្រុង​យ៉ុបប៉េ​មក។ គាត់​ស្នាក់​នៅ​ផ្ទះ​របស់​លោក​ស៊ីម៉ូន​ជា​អ្នក​សម្លាប់​ស្បែក ផ្ទះ​នោះ​ស្ថិត​នៅ​មាត់​សមុទ្រ”។ 33 ខ្ញុំ​ក៏​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​ភ្លាម លោក​មក​ដូច្នេះ​ជា​ការ​ប្រពៃ​ណាស់។ ឥឡូវ​នេះ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ស្ថិត​នៅ​ទី​នេះ ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​រង់ចាំ​ស្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក»។ 34 ពេល​នោះ លោក​ពេត្រុស​ចាប់​ផ្ដើម​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ ខ្ញុំ​បាន​យល់​យ៉ាង​ច្បាស់​ហើយ​ថា ព្រះជាម្ចាស់​រាប់​រក​មនុស្ស​ទូទៅ​ឥត​រើស​មុខ​ឡើយ។ 35 ជាតិ​សាសន៍​ទាំង​ប៉ុន្មាន អ្នក​ណា​ក៏​ដោយ​ឲ្យ​តែ​គោរព​កោត​ខ្លាច​ព្រះអង្គ ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត ព្រះអង្គ​មុខ​ជា​គាប់​ព្រះហឫទ័យ​នឹង​អ្នក​នោះ​មិន​ខាន។ 36 អ្នកដឹងហើយថា ព្រះអង្គ​បាន​ប្រទាន​ព្រះបន្ទូល​មក​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែលនៅពេលព្រះអង្គបានប្រកាស​ដំណឹងល្អ អំពី​សេចក្ដី​សុខសាន្តតាម​រយៈ​ព្រះយេស៊ូគ្រិស្ដ​ជា​ព្រះអម្ចាស់ ​លើ​មនុស្ស​ទាំង​អស់ដល់ពួកគេ។ 37 បង​ប្អូន​ជ្រាប​ហេតុការណ៍​ដែល​កើត​ឡើង​នៅ​ស្រុក​យូដា​ទាំង​មូល​ស្រាប់​ហើយ ជា​ហេតុការណ៍​ដែល​បាន​ចាប់​ផ្ដើម​នៅ​ស្រុក​កាលីឡេ ក្រោយពេល​លោក​យ៉ូហានបាន​ប្រកាស​ឲ្យ​បណ្ដាជន​ទទួល​ពិធី​ជ្រមុជ​ទឹក 38 ដែលព្រះជាម្ចាស់​បាន​ចាក់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធនិង​ឫទ្ធានុភាពដោយបានអភិសេក​ព្រះយេស៊ូជា​អ្នក​ភូមិ​ណាសារ៉ែត។ បង​ប្អូន​ក៏​ជ្រាប​ដែរ​ថា ព្រះយេស៊ូ​បាន​យាង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ប្រព្រឹត្ត​អំពើ​ល្អ និង​ប្រោស​អស់​អ្នក​ដែល​ត្រូវ​មារ​សង្កត់សង្កិន​ឲ្យ​បាន​ជា ដ្បិត​ព្រះជាម្ចាស់​គង់​ជា​មួយ​ព្រះអង្គ។ 39 យើង​ជា​បន្ទាល់​អំពី​កិច្ចការ​ទាំង​អស់​ ដែល​ព្រះអង្គ​បាន​ធ្វើនៅ​ក្នុង​ដែន​ដី​របស់​ជន​ជាតិ​យូដា និង​នៅ​ក្រុង​យេរូសាឡឹម។ ពួក​គេ​បាន​នាំ​គ្នា​ធ្វើ​គុត​ព្រះអង្គ​ដោយ​ព្យួរ​នៅ​លើ​ឈើ។ 40 ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី និង​ប្រោស​ប្រទាន​ឲ្យ​ព្រះអង្គ​បង្ហាញ​ខ្លួន 41 ដល់​អស់​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស​ជា​មុន ឲ្យ​ធ្វើ​ជា​បន្ទាល់ប៉ុណ្ណោះ គឺ​យើង​ហ្នឹង​ហើយ​ជា​បន្ទាល់ ​ដែល​បាន​បរិភោគ​ជា​មួយ​ព្រះអង្គ ក្រោយ​ពេល​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ 42 ព្រះយេស៊ូ​បាន​បញ្ជា​ឲ្យ​យើង​ធ្វើ​ជា​បន្ទាល់ ​ប្រកាស​ប្រាប់​ប្រជាជន​ថា ព្រះជាម្ចាស់​បាន​តែងតាំង​ព្រះអង្គ​ឲ្យ​វិនិច្ឆ័យ​ទោសទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់។ 43 ព្យាការីទាំង​ប៉ុន្មាន​សុទ្ធ​តែ​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះយេស៊ូ​ថា អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ នឹង​ទទួល​ការ​លើកលែង​ទោស​ឲ្យរួច​ពី​បាបដោយសារ​ព្រះនាម​ព្រះអង្គ»។ 44 ពេលលោក​ពេត្រុស​កំពុង​មាន​ប្រសាសន៍នៅឡើយ​ ស្រាប់​តែ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធយាង​ចុះ​មក​សណ្ឋិត​លើ​អស់​អ្នក​ដែល​ស្ដាប់​លោក។ 45 ពួក​អ្នកដែលស្ថិតក្នុងក្រុមអ្នកជឿ ដែលបានកាត់ស្បែក​ក៏​មក​ជា​មួយ​លោក​ពេត្រុសដែរ ពួកគេស្ងើចសរសើរ ព្រោះជាម្ចាស់​បាន​ចាក់​បង្ហូរអំណោយទានរបស់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ ឲ្យមកសាសន៍​ដទៃ​ផងដែរ។ 46 ដ្បិត​គេ​បាន​ឮ​សាសន៍​ដទៃ​ទាំង​នោះ​និយាយ​ភាសា​ចំឡែក​អស្ចារ្យ ព្រម​ទាំង​លើក​តម្កើង​ព្រះជាម្ចាស់​ផង។ ពេល​នោះ លោក​ពេត្រុស​មាន​ប្រសាសន៍​ថា៖ 47 «គ្មាន​នរណា​អាច​ឃាត់​យើង មិន​ឲ្យ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​អស់​អ្នក ​ដែល​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ ដូច​ជា​យើង​បាន​ទទួល​ដែរ​នោះ​ទេ»។ 48 បន្ទាប់មក លោក​ក៏​បញ្ជា​ឲ្យ​គេ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​អ្នក​ទាំង​នោះ ក្នុង​ព្រះនាម​ព្រះយេស៊ូគ្រិស្ដ។ បន្ទាប់​មក ពួក​គេ​សុំ​ឲ្យ​លោក​ស្នាក់​នៅ​ជា​មួយ​គេ បាន​យូរ​ថ្ងៃ​បន្តិច​ទៀត។

ជំពូក ១១

1 ក្រុម​សាវក និង​បង​ប្អូន​នៅ​ស្រុក​យូដាឮ​ដំណឹង​ថា សាសន៍​ដទៃ​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែរ។ 2 កាល​លោក​ពេត្រុស​ឡើង​ទៅ​ដល់​ក្រុង​យេរូសាឡឹម​វិញ អ្នក​ជឿ​ដែល​ជា​សាសន៍​យូដា​នាំ​គ្នា​រិះ​គន់​លោក​ថា៖ 3 «លោក​បាន​ចូល​ក្នុង​ផ្ទះ​សាសន៍​ដទៃ ហើយ​ក៏​បាន​បរិភោគ​ជា​មួយ​ពួក​គេ​ថែម​ទៀត​ផង!»។ 4 ប៉ុន្តែ លោក​ពេត្រុស​ក៏​បានពន្យល់ក្បោះក្បាយ​ប្រាប់គេថា៖ 5 «កាល​ខ្ញុំ​កំពុងតែ​អធិស្ឋាននៅ​ក្រុង​យ៉ុបប៉េ ខ្ញុំ​ក៏លង់​ស្មារតីនិមិត្ត​ឃើញ​វត្ថុ​ម្យ៉ាង​ដូច​កំរាល​តុ​មួយ​យ៉ាង​ធំដែល​មាន​ចង​ចុង​ជាយ​ទាំង​បួន​ជ្រុង ចុះ​ពី​លើ​មក​ដល់​ខ្ញុំ។ 6 ពេល​ខ្ញុំ​ពិនិត្យ​យ៉ាង​ដិត​ដល់​ទៅ។ ខ្ញុំ​ឃើញ​មាន​សត្វ​ចតុប្បាទ សត្វ​ព្រៃ សត្វ​លូន​វារ និង​បក្សាបក្សី។ 7 បន្ទាប់មក ខ្ញុំ​ក៏​បាន​ឮ​ព្រះ​សូរសៀង​បញ្ជា​មក​ខ្ញុំ​ថា៖ «ពេត្រុស​អើយ! ចូរ​ក្រោកឡើង ហើយសម្លាប់​សត្វ​ទាំង​នេះ​បរិភោគ​ទៅ!»។ 8 ខ្ញុំ​ទូល​ទៅ​វិញ​ថា៖ «ទេ ព្រះអម្ចាស់ ទូលបង្គំ​ពុំ​ដែល​ទទួល​ទាន​អ្វី​ ដែល​វិន័យ​ហាម​ឃាត់ ឬ​មិន​បរិសុទ្ធនោះឡើយ។ 9 ព្រះ​សូរសៀង​នោះ​ក៏​បន្លឺ​ចុះ​ពី​លើ​មេឃ​មក ជា​លើក​ទី​ពីរ​ថា៖ «អ្វីៗ​ដែល​ព្រះជាម្ចាស់​​ប្រោស​ឲ្យបាន​បរិសុទ្ធ​ហើយ ចូរ​កុំ​ចាត់​ទុក​ថាជា​វិន័យ​ហាម​ឃាត់​នោះ​ឡើយ»។ 10 ហេតុការណ៍​នេះ​បាន​កើត​មាន​ដល់​ទៅ​បី​ដង ទើប​វត្ថុ​នោះ​ឡើង​ទៅ​លើ​មេឃ​វិញ​អស់។ 11 ពេល​នោះ ស្រាប់​តែ​មាន​បុរស​បី​នាក់ ដែល​គេ​ចាត់​ពី​ក្រុង​សេសារា​ឲ្យ​មក​រក​ខ្ញុំ បាន​ឈរនៅមុខ​ផ្ទះ​ ដែល​យើង​ស្នាក់​នៅ។ 12 ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​ប្រាប់​ខ្ញុំ​ឲ្យចេញ​ដំណើរ​ទៅ​ជា​មួយ​គេ កុំ​រារែក​ឡើយ។ ពេល​នោះ មាន​បង​ប្អូន​ប្រាំ​មួយ​នាក់បានរួមដំណើរជាមួយខ្ញុំ ហើយ​យើង​បាន​ទៅ​ដល់​ផ្ទះ​លោក​កូនេលាស។ 13 លោក​បាន​រៀប​រាប់​ប្រាប់​យើង​ថា លោក​បាន​ឃើញ​ទេវតា​ឈរ​នៅ​ក្នុង​ផ្ទះលោក ទាំង​ពោល​ថា៖ «សុំ​លោក​ចាត់​មនុស្ស​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉េ រក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ហៅ​ពេត្រុស។ 14 គាត់​នឹង​ប្រកាស​ព្រះបន្ទូល​ ដែល​ផ្ដល់​ការ​សង្គ្រោះ​ដល់​លោក និង​ក្រុម​គ្រួសារ​របស់​លោក​ទាំង​មូល»។ 15 នៅ​ពេល​ខ្ញុំ​ចាប់​ផ្ដើម​និយាយ ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​ពួក​គេ ដូច​ព្រះអង្គ​បាន​យាង​ចុះ​មក​សណ្ឋិត​លើ​យើងកាល​ពី​ដើម​ដំបូង​នោះ​ដែរ។ 16 ខ្ញុំ​ក៏​នឹក​ឃើញ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ថា៖ «លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​គេ​ក្នុង​ទឹក រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ»។ 17 ​បើ​ព្រះជាម្ចាស់​ប្រទាន​ព្រះអំណោយ​ទាន​ដល់​គេ ដូច​ព្រះអង្គ​ប្រទាន​មក​យើងដែល​ជឿ​លើ​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ដែរ​នោះ តើ​រូប​ខ្ញុំ​នេះ​មាន​អំណាច​អ្វី​នឹង​ឃាត់​ឃាំង​ព្រះជាម្ចាស់​បាន?» 18 កាល​ពួក​អ្នក​ជឿ​បាន​ឮ​សេចក្ដី​ទាំង​នេះ គេ​ក៏​ធូរ​ចិត្ត ហើយ​នាំ​គ្នា​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ទាំង​ពោល​ថា៖ «សូម្បី​តែ​សាសន៍​ដទៃ ក៏​ព្រះជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ទទួល​ជីវិត​ដែរ»។ 19 ក្រោយ​ពី​ជន​ជាតិ​យូដា​បាន​សម្លាប់​លោក​ស្ទេផាន​ហើយ ពួក​គេ​ក៏​បៀតបៀន​អ្នក​ជឿ ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ខ្ចាត់ខ្ចាយ អ្នក​ខ្លះ​ទៅ​ដល់​ស្រុក​ភេនីស អ្នក​ខ្លះ​ទៅ​ដល់​កោះ​គីប្រុស និង​អ្នក​ខ្លះ​ទៀត​ទៅ​ដល់​ក្រុង​អន់ទីយ៉ូក។ អ្នក​ជឿ​ទាំង​នោះបាន​ប្រកាស​ព្រះបន្ទូល​ដល់​សាសន៍​យូដា​តែប៉ុណ្ណោះ។ 20 ​ប៉ុន្តែ មាន​អ្នក​ជឿ​ខ្លះ​ពី​កោះ​គីប្រុស និង​ពី​ស្រុក​គីរេន​មក​ដល់​ក្រុង​អន់ទីយ៉ូក ក៏បានប្រកាសដំណឹងល្អ​អំពីព្រះអម្ចាស់យេស៊ូ ដល់​ពួក​អ្នក​ដែល​និយាយ​ភាសា​ក្រិកផងដែរ។ 21 ព្រះអម្ចាស់​បាន​ជួយ​ជ្រោមជ្រែង​គេ ហើយ​មាន​មនុស្ស​ដ៏​ច្រើន​លើសលប់​បាន​ជឿ ព្រម​ទាំង​បែរ​ចិត្ត​គំនិត​មក​រក​ព្រះអម្ចាស់​។ 22 ក្រុមជំនុំ​នៅ​ក្រុង​យេរូសាឡឹម​បាន​ឮ​ដំណឹង​នេះ ក៏​ចាត់​លោក​បារណាបាសឲ្យ​ទៅ​ក្រុង​អន់ទីយ៉ូក។ 23 ពេល​គាត់​ទៅ​ដល់ ហើយ​ឃើញ​ព្រះគុណ​របស់​ព្រះជាម្ចាស់​ដូច្នេះ គាត់​ត្រេក​អរ​សប្បាយ។ គាត់បាន​ទូន្មាន​ពួកគេគ្រប់គ្នានៅតែ​ឲ្យនៅតែ​ប្ដេជ្ញា​ចិត្តជាមួយព្រះអម្ចាស់​ជានិច្ច។ 24 លោក​បារណាបាស​ជា​មនុស្ស​ម្នាក់​មាន​ចិត្ត​សប្បុរសពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ និង​ដោយ​ជំនឿ ហើយបណ្ដាជន​ជា​ច្រើន​បាន​ទទួលជឿព្រះជាម្ចាស់។ 25 បន្ទាប់​មក​ទៀត លោក​បារណាបាស​ចេញ​ដំណើរ​ទៅ​រក​លោក​សូលនៅ​ក្រុង​តើសុស។ 26 កាល​បាន​ជួប​ហើយ គាត់​ក៏​នាំ​លោក​មក​ក្រុង​អន់ទីយ៉ូក។ លោក​ទាំង​ពីរ​បាន​រស់​នៅ​ជា​មួយ​ក្រុមជំនុំអស់​រយៈ​ពេល​មួយ​ឆ្នាំ​ ​ហើយ​បង្រៀន​បណ្ដាជន​ជា​ច្រើន​ផង។ នៅ​ក្រុង​អន់ទីយ៉ូក​នោះ​ហើយ ដែលគេហៅពួកសាវក «គ្រិស្ដបរិស័ទ» ដំបូងគេបង្អស់​។ 27 នៅ​គ្រា​នោះ មាន​ពួក​ព្យាការីធ្វើ​ដំណើរ​ចុះ​ពី​ក្រុង​យេរូសាឡឹម មក​ដល់​ក្រុង​អន់ទីយ៉ូក។ 28 ក្នុង​ចំណោម​ព្យាការី​ទាំង​នោះ មាន​ម្នាក់​ឈ្មោះ​អកាប៊ូស។ ដោយ​ព្រះវិញ្ញាណ​បាន​បំភ្លឺ គាត់​ក្រោក​ឡើង​ប្រាប់​ពួក​អ្នក​ជឿ​ឲ្យ​ដឹង​ថា បន្តិច​ទៀត​នឹង​មាន​កើត​ទុរ្ភិក្ស​នៅ​លើ​ផែនដី​ទាំង​មូល។ ទុរ្ភិក្ស​នោះ​ក៏​កើត​មាន​មែន គឺ​នៅ​ក្នុង​រជ្ជកាល​ព្រះចៅ​អធិរាជ​ក្លូឌាស​។ 29 ពួក​សិស្ស​នាំ​គ្នា​សម្រេច​ចិត្ត​ផ្ញើ​ជំនួយតាម​សមត្ថភាព​រៀងៗ​ខ្លួន ​ជូន​បង​ប្អូន​នៅ​ស្រុក​យូដា។ 30 ពួកគេ​បាន​ប្រមូល​ប្រាក់ ហើយ​ផ្ញើ​យក​ទៅ​ជូន​ពួក​ព្រឹទ្ធាចារ្យតាម​លោក​បារណាបាស និង​លោក​សូល​។

ជំពូក ១២

1 ឥឡូវនេះដល់ពេលដែលព្រះបាទ​ហេរ៉ូដបានលូកព្រះហស្ថ លើ​​សមាជិក​ខ្លះ​នៃ​ក្រុមជំនុំ ធ្វើដូច្នេះដើម្បីធ្វើបាបពួកគេ។ 2 ស្តេច​បាន​ឲ្យ​គេ​ប្រហារ​ជីវិត​លោក​យ៉ាកុប​ជា​បង​របស់​លោក​យ៉ូហានដោយដាវ។ 3 ដោយ​យល់​ឃើញ​ថា​ជន​ជាតិ​យូដា​ពេញ​ចិត្ត ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ចាប់​លោក​ពេត្រុស​ថែម​ទៀត។ ពេល​នោះ ជា​ពេល​បុណ្យ​នំបុ័ង​ឥត​មេ។ 4 បន្ទាប់ពី​ចាប់​លោក​ពេត្រុស​យក​ទៅ​ឃុំឃាំង​​ហើយ ស្ដេច​ក៏​បញ្ជា​ឲ្យ​ទាហាន​បួន​ក្រុមនៅ​យាម​លោក ក្នុង​ក្រុម​នីមួយៗ​មាន​គ្នា​បួន​នាក់ រូចព្រះបាទ​ហេរ៉ូដ​មាន​បំណង​នឹង​កាត់​ទោស​លោក​នៅ​មុខ​ប្រជាជនក្រោយ​បុណ្យ​ចម្លង។ 5 ដូច្នេះ លោក​ពេត្រុស​ក៏​ជាប់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង តែក្រុមជំនុំ​បាន​នាំ​គ្នា​ទូលអង្វរ​ព្រះជាម្ចាស់​ឥត​ស្រាកស្រាន្ត សូម​ព្រះអង្គ​ជួយ​លោក។ 6 នៅ​យប់​មុន​ពេល​ដែល​ព្រះបាទ​ហេរ៉ូដយក​លោក​ពេត្រុស​ទៅ​កាត់​ទោស លោក​សម្រាន្ដ​ទាំង​ជាប់​ច្រវាក់​ពីរ​ខ្សែ​ផង មាន​ទាហាន​ពីរ​នាក់​នៅ​អម​សង​ខាង ហើយ​ក៏​មាន​ទាហាន​យាម​នៅ​មាត់​ទ្វារ​ពន្ធនាគារ​ដែរ។ 7 ពេល​នោះ ទេវតា​របស់​ព្រះអម្ចាស់​មក​ដល់ ហើយ​មាន​ពន្លឺ​ភ្លឺ​ក្នុង​ទី​ឃុំឃាំង។ ទេវតា​ដាស់​លោក​ពេត្រុស ​ដោយ​កេះ​លោក​ពី​ចំហៀង ទាំង​ពោល​ថា៖ «សូម​ក្រោក​ឡើង​ជា​ប្រញាប់!» ហើយច្រវាក់​ក៏​របូត​ធ្លាក់​ពី​ដៃ​លោក។ 8 ទេវតា​ពោល​មក​កាន់​លោក​ថា៖ «សូម​ស្លៀកសម្លៀកបំពាក់ហើយ​ពាក់​ស្បែក​ជើង​ទៅ!» លោក​ក៏​ធ្វើ​តាម។ ទេវតា​ពោល​មក​លោក​ទៀត​ថា៖ «សូម​ពាក់​អាវ​ក្រៅ ហើយ​អញ្ជើញ​មក​តាម​ខ្ញុំ»។ 9 លោក​ពេត្រុស​ក៏​ចេញ​ពី​ទី​ឃុំឃាំងដើរ​តាម​ក្រោយ​ទេវតា​ទៅ។ លោក​ពុំ​នឹក​ស្មាន​ថា ការ​ដែល​ទេវតា​កំពុង​ធ្វើ​នេះ ជា​ការ​ពិត​ទេ។ លោក​ស្មាន​ថាលោកកំពុង​យល់សប្ដិ​។ 10 ទេវតា និង​លោក​ពេត្រុស​បាន​ឆ្លង​ផុត​កន្លែង​យាម​ទី​មួយ និង​កន្លែង​យាម​ទី​ពីរ ហើយ​មក​ដល់​ទ្វារ​ដែក ​ដែល​បែរ​ទៅ​រក​ទីក្រុង ទ្វារ​នោះ​របើកដោយខ្លួនវា​នៅ​មុខ​អ្នក​ទាំង​ពីរ។ អ្នក​ទាំង​ពីរ​ដើរ​ចេញក្រៅទ្វារក្រុង ហើយបានដើរទៅ​តាម​ដង​ផ្លូវ​មួយ រូចស្រាប់​តែ​ទេវតា​ចេញ​បាត់​ពី​លោក​ពេត្រុស​ទៅ។ 11 លោក​ពេត្រុស​បាន​ដឹង​ខ្លួនក៏​ពោល​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា​ហេតុការណ៍​នេះ​ជា​ការ​ពិត​មែន ព្រះអម្ចាស់​បាន​ចាត់​ទេវតា​របស់​ព្រះអង្គ​មក​ដោះ​លែង​ខ្ញុំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ហេរ៉ូដ និង​រួច​ពី​បំណង​ដែល​ប្រជាជន​យូដា​បម្រុង​ធ្វើ​មក​លើ​រូប​ខ្ញុំ»។ 12 ពេលលោកបានដឹងដូច្នោះ លោក​ក៏​ទៅ​ផ្ទះ​នាង​ម៉ារី​ជា​ម្ដាយ​យ៉ូហានហៅ​ម៉ាកុស ជា​កន្លែង​មាន​បង​ប្អូន​ជា​ច្រើន​កំពុង​ជួបជុំ​គ្នា​អធិស្ឋាន។ 13 នៅ​ពេល​លោក​គោះ​ទ្វារ មាន​ស្ត្រី​បម្រើ​ម្នាក់ ឈ្មោះ​នាង​រ៉ូដា​ចេញ។ 14 នាង​ស្គាល់​ថា​ជា​សំឡេង​របស់​លោក​ពេត្រុស។ ដោយ​នាង​ត្រេក​អរ​ខ្លាំង​ពេក នាង​ពុំ​បាន​បើក​ទ្វារ​ឲ្យ​ទេ នាង​បែរ​ជា​រត់​ចូល​ទៅ​ជូន​ដំណឹង​ប្រាប់​ពួក​បង​ប្អូន​ថា៖ «លោក​ពេត្រុស​មក​ដល់​ហើយ លោក​ឈរ​នៅ​មាត់​ទ្វារ»។ 15 គេ​នាំ​គ្នា​និយាយ​មក​កាន់​នាង​ថា៖ «នាង​ឆ្កួត​ហើយ!» ប៉ុន្តែ នាង​បាន​ប្រកែក​វិញ​ថា៖ «លោក​ពិត​ជា​មក​ដល់​មែន»។ ពួកគេនិយាយថា៖ «អ្នកនោះជាទេវតារបស់លោកពេត្រុសទេដឹង»។ 16 លោក​ពេត្រុស​នៅ​តែ​គោះ​ទ្វារ​ដដែល គេ​ក៏​ចេញ​ទៅ​បើក​ទ្វារ​ឲ្យ ហើយ​ពេល​ឃើញ​លោក គេ​ក៏ស្ញើចជា​ខ្លាំង។ 17 លោក​ពេត្រុស​ធ្វើ​សញ្ញា​ឲ្យ​គេ​នៅ​ស្ងៀម រួច​រៀប​រាប់​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ​លោក ឲ្យ​ចេញ​រួច​ពី​ទី​ឃុំឃាំង។ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «សូម​យក​ដំណឹង​នេះ​ទៅ​ជម្រាបលោក​យ៉ាកុប និង​ពួក​បង​ប្អូន​ផង»។ បន្ទាប់​មក លោក​បាន​ចេញ​ពី​ទី​នោះ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត។ 18 លុះ​ភ្លឺ​ឡើង ពួក​ទាហាន​នាំ​គ្នា​ជ្រួលច្របល់​យ៉ាង​ខ្លាំង ព្រោះ​មិន​ដឹង​ជា​លោក​ពេត្រុស​ទៅ​ណា​បាត់។ 19 ព្រះបាទ​ហេរ៉ូដ​បញ្ជា​ឲ្យ​គេ​រក​លោក តែ​រក​មិន​ឃើញ​សោះ ស្ដេច​ក៏​ឲ្យគេ​កាត់​ទោស​ពួក​អ្នក​យាម រួច​​​នាំ​យក​ទៅ​សម្លាប់។ បន្ទាប់​មក ស្ដេច​យាង​ចុះ​ពី​ស្រុក​យូដាទៅគង់​ប្រថាប់​នៅ​ក្រុង​សេសារា។ 20 ព្រះបាទ​ហេរ៉ូដ​ក្រោតនឹង​អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន។ អ្នក​ទាំង​នោះ​បាន​នាំគ្នា​ចូល​ទៅ​គាល់​ស្ដេច។ គេ​បាន​បញ្ចុះបញ្ចូល​លោក​បា្លសតុសជា​មហាតលិក​ឲ្យ​ជួយពួកគេ។ រួចគេ​ទូល​សូម​សន្តិភាព​ពី​ស្ដេច ដ្បិត​ស្រុក​របស់​គេ​ទទួល​ស្បៀង​អាហារ​ពី​នគរ​ព្រះបាទ​ហេរ៉ូដ។ 21 លុះ​ដល់​ថ្ងៃ​កំណត់ ព្រះបាទ​ហេរ៉ូដ​ទ្រង់​គ្រឿង​គង់​លើ​បល្ល័ង្ក ហើយ​មាន​ព្រះរាជឱង្ការទៅពួកគេ។ 22 ប្រជាជន​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «នេះ​ជា​ព្រះ​សូរសៀង​របស់​ព្រះ មិន​មែន​សំឡេង​របស់​មនុស្ស​ទេ!»។ 23 រំពេច​នោះ ស្រាប់​តែ​មាន​ទេវតា​របស់​ព្រះជាម្ចាស់​មក​ប្រហារ​ស្ដេច​ហេរ៉ូដ ព្រោះ​ទ្រង់​ពុំ​បាន​ថ្វាយ​សិរីរុងរឿង​ទៅ​ព្រះជាម្ចាស់។ ស្ដេច​ត្រូវ​ដង្កូវ​ចោះ ហើយ​ក៏​ផុត​ដង្ហើម​ទៅ។ 24 មនុស្សម្នា​បាន​ឮ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ហើយ​ចំនួន​អ្នក​ជឿ​បាន​កើន​ឡើង​ជា​លំដាប់​។ 25 រីឯ​លោក​បារណាបាស និង​លោក​សូល ក្រោយ​ពី​បាន​បំពេញ​បេសកកម្មរបស់​ខ្លួន​ចប់​សព្វ​គ្រប់​ហើយ លោក​វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡឹម​វិញដោយ​យក​លោក​យ៉ូហាន​ហៅ​ម៉ាកុសទៅ​ជា​មួយ​ផង។

ជំពូក ១៣

1 ក្នុង​ក្រុមជំនុំ​នៅ​ក្រុង​អន់ទីយ៉ូក មាន​ព្យាការី និង​គ្រូ​អាចារ្យខ្លះ។ រួម​មាន​លោក​បារណាបាស លោក​ស៊ីម្មាន​ហៅ​នីគើរ លោក​លូគាស​ជា​អ្នក​ស្រុក​គីរេន លោក​ម៉ាណាអេន ដែល​ត្រូវ​គេ​ចិញ្ចឹម​ជា​មួយ​ព្រះបាទ​ហេរ៉ូដ​ជា​ស្ដេច​អនុរាជ កាល​នៅ​ពី​ក្មេង និង​លោក​សូល។ 2 នៅ​ពេល​ដែល​អ្នក​ទាំង​នោះ​កំពុង​តែ​ធ្វើ​ពិធី​ថ្វាយបង្គំ​ព្រះអម្ចាស់ និង​តម​អាហារ ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ញែក​បារណាបាស និង​សូល​ចេញ​ដោយ​ឡែក ដ្បិត​យើង​បាន​ហៅ​អ្នក​ទាំង​ពីរ​ឲ្យមក​បំពេញ​កិច្ចការ​ដែល​យើង​នឹង​ដាក់​ឲ្យគេ​ធ្វើ»។ 3 ក្រោយ​ពី​បាន​នាំ​គ្នា​តម​អាហារ និង​អធិស្ឋាន​រួច​ហើយ គេ​បាន​ដាក់​ដៃ​លើ​លោក​ទាំង​ពីរ ហើយ​​លោកក៏​ចេញ​ទៅ។ 4 លោក​បារណាបាស និង​លោក​សូលបានធ្វើតាមព្រះវិញ្ញាណ​ដ៏វិសុទ្ធ លោកក៏បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​សេលើស៊ា ហើយ​ចុះ​សំពៅ​ទៅ​កោះ​គីប្រុស។ 5 ពេល​ទៅ​ដល់​ក្រុង​សាឡាមីន លោក​ទាំង​ពីរ​បាន​ប្រកាស​ព្រះបន្ទូល​ព្រះជាម្ចាស់ នៅ​ក្នុង​សាលា​ប្រជុំរបស់​ជន​ជាតិ​យូដា ដោយ​មាន​លោក​យ៉ូហានហៅម៉ាកុសបាន​​ជួយ​ផង។ 6 បន្ទាប់​មក លោក​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​កាត់​តាមកោះ​នោះ រហូត​ទៅ​ដល់​ក្រុង​ប៉ាផូស។ នៅ​ក្រុង​នោះ លោក​បាន​ជួប​គ្រូ​មន្តអាគមជន​ជាតិ​យូដា​ម្នាក់ ឈ្មោះ​បារយេស៊ូ​ជា​ព្យាការី​ក្លែងក្លាយ 7 គាត់​រស់​នៅ​ជា​មួយ​លោក​ស៊ើគាស-ប៉ូឡូស ដែល​ជា​រាជ​ប្រតិភូ​របស់​ព្រះចៅ​អធិរាជ​រ៉ូម៉ាំង ​ដែល​ជា​មនុស្ស​មាន​ប្រាជ្ញា។ លោក​ប្រតិភូ​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​បារណាបាស និង​លោក​សូល​មក ព្រោះ​លោក​មាន​បំណង​ចង់​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ 8 ប៉ុន្តែ អេលីម៉ាស (ភាសា​ក្រិក ប្រែ​ថា​គ្រូ​មន្តអាគម) ចេះ​តែ​ប្រឆាំង​នឹង​លោក​ទាំង​ពីរ ហើយ​រក​មធ្យោបាយ​ពង្វាង​លោក​ប្រតិភូឲ្យ​ងាក​ចេញ​ពី​ជំនឿ។ 9 រីឯលោក​សូល ដែល​ហៅ​ថា​ប៉ូល​​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ លោក​សម្លឹង​មើល​ទៅ​អេលីម៉ាស 10 ហើយ​មាន​ប្រសាសន៍​ថា៖ «នែ៎! ជន​ពោរពេញ​ទៅ​ដោយ​ពុតត្បុត និង​ល្បិច​កិច្ចកល​អើយ! អ្នក​ជា​កូន​របស់​មារ អ្នក​ជា​សត្រូវ​នឹង​អំពើ​សុចរិត​គ្រប់​យ៉ាង។ តើ​អ្នក​នៅ​តែ​ពង្វាង​គេ​អោយ​ងាក​ចេញ​ពី​មាគ៌ា​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះអម្ចាស់​ដល់​ណា​ទៀត? 11 ឥឡូវ​នេះ ព្រះបារមី​របស់​ព្រះអម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្វាក់​ភ្នែក លែង​ឃើញ​ពន្លឺ​ថ្ងៃ​អស់​មួយ​រយៈ»។ រំពេច​នោះ ស្រាប់​តែ​ភ្នែក​របស់​គាត់ក៏ដូចជាមានបាំង ហើយ​ងងឹត​មើល​អ្វី​ពុំ​ឃើញ។ គាត់​ដើរ​វិលវល់ រក​គេ​ជួយ​ដឹក​ដៃ។ 12 កាល​លោក​ប្រតិភូ​ឃើញ​ហេតុការណ៍​កើត​ឡើង​ដូច្នេះ លោក​ក៏​ជឿដោយស្ញប់ស្ញែង​នឹង​សេចក្ដី​ដែល​គេ​បង្រៀន​អំពី​ព្រះអម្ចាស់​ជាខ្លាំង។ 13 ឥឡូវនេះលោក​ប៉ូល និង​មិត្តភក្ដិ​របស់​លោក​បាន​ចុះ​សំពៅ​ពី​ក្រុង​ប៉ាផូស ឆ្ពោះ​ទៅ​ក្រុង​ពើកា ក្នុង​ស្រុក​ប៉ាមភីលា។ រីឯលោក​យ៉ូហាន​បាន​បែក​ចេញ​ពី​ពួក​គេ វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡឹម​វិញ។ 14 លោក​ប៉ូល និង​មិត្តភក្ដិ​របស់​លោក បាន​បន្ត​ដំណើរ​ពី​ក្រុង​ពើកា រហូត​ទៅ​ដល់​ក្រុង​អន់ទីយ៉ូក​ក្នុង​ស្រុក​ពីស៊ីឌា។ នៅ​ថ្ងៃ​សប្ប័ទ លោក​ទាំង​ពីរ​ចូល​ទៅ​អង្គុយ​ក្នុង​សាលា​ប្រជុំ។ 15 បន្ទាប់​ពី​បាន​អាន​គម្ពីរ​វិន័យនិង​គម្ពីរ​ព្យាការីរួច​ហើយ ពួក​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ សុំ​ឲ្យ​គេ​ជម្រាប​ពួក​លោក​ប៉ូល​ថា៖ «បង​ប្អូន​អើយ! បើ​បង​ប្អូន​មាន​ពាក្យ​អ្វី​លើក​ទឹក​ចិត្ត​ប្រជាជន សូម​មាន​ប្រសាសន៍​មក​ចុះ»។ 16 លោក​ប៉ូល​ក្រោក​ឡើង​លើក​ដៃ​ធ្វើ​សញ្ញា ហើយ​មាន​ប្រសាសន៍​ថា៖ «សូម​ជម្រាប​បង​ប្អូន​ជន​ជាតិ​អ៊ីស្រាអែល និង​បង​ប្អូន​ដែល​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ សូម​ជ្រាប! 17 ព្រះជាម្ចាស់​របស់​ជន​ជាតិ​អ៊ីស្រាអែល​បាន​ជ្រើស​រើស​បុព្វបុរស​របស់​យើង និង​ប្រទាន​ឲ្យ​ប្រជារាស្ត្រ​នេះ​បានកើន​ឡើង នៅ​ពេល​គេ​ស្នាក់​នៅ​ក្នុង​ប្រទេស​អេស៊ីប លោកបានលើកដៃជាសញ្ញា។ បន្ទាប់​មក ព្រះអង្គ​បាន​នាំ​គេ​ចេញ​ពី​ប្រទេស​នោះ ដោយ​ឫទ្ធិបារមី​របស់​ព្រះអង្គ។ 18 ព្រះអង្គ​បាន​ផ្គត់ផ្គង់​​គេ​អស់​រយៈ​ពេល​ប្រមាណ​សែសិប​ឆ្នាំនៅ​វាល​រហោស្ថាន។ 19 ក្រោយ​ពី​ព្រះអង្គ​រំលាយ​ជាតិ​សាសន៍​ទាំង​ប្រាំពីរ​នៅ​ស្រុក​កាណាន​រួច​ហើយ ព្រះអង្គ​បាន​ប្រទាន​ទឹក​ដី​នោះ​ឲ្យ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ធ្វើ​ជា​កម្មសិទ្ធិ។ 20 ហេតុការណ៍​ទាំង​នោះ​កើត​មាន​ក្នុង​អំឡុង​ពេល​ប្រមាណ​បួន​រយ​ហាសិប​ឆ្នាំមុន។ ក្រោយ​មក ព្រះអង្គ​ប្រទាន​ឲ្យមាន​អ្នក​គ្រប់គ្រង​រហូត​ដល់​ជំនាន់​ព្យាការី​សាំយូអែល។ 21 បន្ទាប់​មក​ទៀត គេ​បាន​នាំ​គ្នា​ទូល​សូម​ស្ដេច​មួយ​អង្គ ព្រះជាម្ចាស់​ក៏​ប្រទាន​ព្រះបាទ​សូល ជា​បុត្រ​របស់​លោក​គីស ក្នុង​កុលសម្ព័ន្ធបេនយ៉ាមីនឲ្យ​គ្រង​រាជ្យ​អស់​រយៈ​ពេល​សែសិប​ឆ្នាំ។ 22 ក្រោយ​ពី​បាន​ដក​រាជ្យ​ពី​ព្រះបាទ​សូល ព្រះជាម្ចាស់​ប្រទាន​អោយ​ព្រះបាទ​ដាវីឌ​ឡើង​គ្រង​រាជ្យ។ ព្រះអង្គ​ប្រទាន​សក្ខីភាព​អំពី​ព្រះបាទ​ដាវីឌ​នេះ​ថា៖ «យើង​រក​បាន​មនុស្ស​ម្នាក់ជា​ទី​គាប់​ចិត្ត​យើង​ណាស់ គឺ​ដាវីឌ​ជា​បុត្រ​របស់​អ៊ីសាយ ដ្បិត​ដាវីឌ​នឹង​បំពេញ​តាម​បំណង​ទាំង​ប៉ុន្មាន​របស់​យើង»។ 23 ចាប់តាំងពី​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ​នេះ​ហើយ ដែល​ព្រះជាម្ចាស់​ប្រទានឲ្យព្រះយេស៊ូ​កើត​មក និង​ធ្វើ​ជា​ព្រះសង្គ្រោះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ស្រប​តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ។ 24 ហេតុការណ៍នេះបានចាប់ផ្តើមមុនពេលព្រះយេស៊ូកើតមក នៅពេលលោក​យ៉ូហាន​បាន​ប្រកាស​ឲ្យជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​កែ​ប្រែ​ចិត្ត​គំនិត រូចទទួល​ពិធី​ជ្រមុជ​ទឹក។ 25 ពេល​លោក​យ៉ូហាន​បំពេញ​មុខងារ​របស់​លោកចប់​សព្វ​គ្រប់​ហើយ លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​នេះ​មិន​មែន​ជា​អ្នក ដែល​បង​ប្អូន​ទន្ទឹង​រង់ចាំ​នោះ​ទេ។ ប៉ុន្តែសូមស្តាប់់ មាន​លោក​ម្នាក់​មក​តាម​ក្រោយ​ខ្ញុំ ទោះបើ​ខ្ញុំ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈដ៏ខ្ពង់ខ្ពស់​របស់​លោក​ផង»។ 26 បង​ប្អូន​ជា​ពូជពង្ស​លោក​អប្រាហាំ និង​បង​ប្អូន​ដែល​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​អើយ! នេះហើយជា​ព្រះបន្ទូលស្តី​អំពី​ការ​សង្គ្រោះ ដែលបានផ្ញើមក​ឲ្យ​យើង​ទាំង​អស់​គ្នា​ 27 ដ្បិត​អ្នក​ក្រុង​យេរូសាឡឹម និង​ពួក​មេ​ដឹក​នាំ​របស់​គេពុំ​បាន​ដឹង​ថា​ព្រះយេស៊ូ​ជា​នរណា​ឡើយ ហើយគេ​បាន​កាត់​ទោស​ព្រះអង្គ ស្រប​នឹង​សេចក្ដី​ដែល​ព្យាការីថ្លែង​ទុក​មកដែល​គេ​អាននៅ​រៀង​រាល់​ថ្ងៃ​សប្ប័ទ។ 28 ទោះ​បី​គេ​រក​កំហុស​អ្វី​មក​កាត់​ទោស​លោក​មិន​ឃើញ​ក៏​ដោយ ក៏​គេ​នៅ​តែ​សុំ​ឲ្យ​លោក​ពីឡាត​ប្រហារ​ជីវិត​ព្រះអង្គ​ដែរ។ 29 កាល​គេ​បាន​ធ្វើ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​អំពី​ព្រះអង្គ​ចប់​សព្វ​គ្រប់​ហើយ គេ​ក៏​យក​ព្រះ​សព​ព្រះអង្គ​ចុះ​ពី​ឈើ​ឆ្កាង​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។ 30 ប៉ុន្តែ ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់​ឡើង​វិញ។ 31 ព្រះយេស៊ូ​បាន​បង្ហាញ​ខ្លួនឲ្យគេឃើញ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយឲ្យ​អស់​អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​ព្រះអង្គ ពី​ស្រុក​កាលីឡេ ទៅ​ក្រុង​យេរូសាឡឹមបានឃើញ ។ ឥឡូវ​នេះ អ្នក​ទាំង​នោះ​ធ្វើ​ជា​បន្ទាល់​របស់​ព្រះអង្គនៅ​ចំពោះ​មុខ​ប្រជាជន​។ 32 ដូច្នេះយើង​ខ្ញុំប្រាប់បងប្អូនអំពីដំណឹងល្អ ដែល​ព្រះជាម្ចាស់​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើង។ 33 ព្រះអង្គ​បាន​បំពេញសព្វគ្រប់សម្រាប់​យើង ដែល​ជា​ពូជពង្ស​របស់​បុព្វបុរសយើង ដោយ​ព្រះអង្គ​បាន​ប្រោស​ព្រះយេស៊ូ​ឲ្យ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ ដូច​មាន​ចែង​ទុក​ក្នុង​ទំនុកតម្កើង​ទី​ពីរ​ថា៖ «ព្រះអង្គ​ជា​បុត្រ​របស់​យើង ហើយថ្ងៃនេះយើងជាព្រះបិតារបស់ឯង​។ 34 ព្រះជាម្ចាស់​បាន​ប្រោស​ព្រះយេស៊ូ​ឲ្យ​មាន​ព្រះជន្ម​រស់​ឡើង​វិញពិត ដើម្បី​កុំ​ឲ្យ​ព្រះ​សព​ព្រះអង្គ​ត្រូវ​រលួយ​ឡើយ ហើយព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងឲ្យឯងបានវិសុទ្ធ និងទទួលព្រះពរគ្រប់យ៉ាងដូចដែលយើងបានសន្យាជាមួយដាវីឌ»។ 35 ហេតុ​នេះ​ហើយ​ព្រះជាម្ចាស់មានព្រះបន្ទូល ​ចែង​ទុក​ក្នុង​អត្ថបទ​គម្ពីរ​មួយ​ទៀត​ថា៖ «ព្រះអង្គ​មិន​បណ្ដោយ​ឲ្យសព​អ្នកបម្រើ ដ៏វិសុទ្ធ​របស់​ព្រះអង្គ​រលួយ​ឡើយ។ 36 ព្រះបាទ​ដាវីឌ​បាន​បម្រើព្រះជាម្ចាស់តាម​គម្រោងព្រះអង្គ​នៅ​ជំនាន់​នោះ រួច​ក៏សោយ​ទិវង្គត​ទៅ។ គេ​បាន​បញ្ចុះ​សព​ព្រះបាទ​ដាវីឌ​ក្នុង​ផ្នូរ ជា​មួយ​ព្រះអយ្យកោ ហើយ​សព​របស់​ទ្រង់​ក៏​បាន​រលួយ​អស់​ដែរ។ 37 ចំណែកឯ ព្រះយេស៊ូ​ដែល​ព្រះជាម្ចាស់​បាន​ប្រោស​ឲ្យមាន​ព្រះជន្ម​រស់​ឡើង​វិញ​នោះ ព្រះ​សព​របស់​ព្រះអង្គ​ពុំ​បាន​រលួយ​ទេ។ 38 ដូច្នេះ បង​ប្អូន​អើយ! សូម​បង​ប្អូន​ជ្រាប​ឲ្យ​ច្បាស់​ថា ព្រះជាម្ចាស់​លើកលែង​ទោស​ឲ្យ​បង​ប្អូន​រួច​ពី​បាប តាម​រយៈ​ព្រះយេស៊ូ។ 39 បង​ប្អូន​ពុំ​អាច​ទៅ​ជា​មនុស្ស​សុចរិត រួច​ផុត​អំពើ​បាប​ទាំង​ប៉ុន្មានដោយ ​គោរព​តាម​វិន័យ​របស់​លោក​ម៉ូសេ​បាន​ឡើយ។ បងប្អូនបានសុចរិតតាមរយៈព្រះយេស៊ូប៉ុណ្ណោះ។ 40 ហេតុ​នេះ ​សូម​បង​ប្អូន​ប្រយ័ត្នក្រែងអ្វី ​ដែល​ព្យាការីថ្លែង​ទុក​មកមិនបានកើតមានដល់អ្នក។ 41 «មើល៍ មនុស្ស​ដែល​ចេះ​តែ​មើលងាយ​គេ​អើយ! ចូរ​នាំ​គ្នា​មើល ហើយអ្នកនឹង​ងឿងឆ្ងល់ ហើយត្រូវ​វិនាស​បាត់​ទៅ​ចុះ! ដ្បិត​យើង​នឹង​ធ្វើ​កិច្ចការ​មួយ​នៅ​ជំនាន់របស់​អ្នក​រាល់​គ្នាជា​កិច្ចការ​ ដែល​អ្នក​រាល់​គ្នា​មិន​ជឿ ទោះ​បី​ជា​គេ​រៀប​រាប់​ប្រាប់​អ្នក​រាល់​គ្នាក៏​ដោយ»។ 42 ពេល​លោក​ប៉ូល និង​លោក​បារណាបាស​ចេញ​ពី​សាលា​ប្រជុំ ពួក​គេ​បាន​អញ្ជើញ​លោក​ឲ្យមាន​ប្រសាសន៍​អំពី​សេចក្ដី​ទាំង​នេះ ម្តងទៀតនៅ​ថ្ងៃ​សប្ប័ទ​ខាង​មុខ។ 43 លុះ​អង្គ​ប្រជុំ​​ចប់​ហើយ មាន​សាសន៍​យូដា និង​អ្នក​ចូល​សាសនា​យូដា​ជា​ច្រើន​នាក់ ដែល​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់ នាំ​គ្នា​ទៅ​តាម​លោក​ប៉ូល និង​លោក​បារណាបាស។ លោក​ទាំង​ពីរ​បាន​សន្ទនា​ជា​មួយ​ពួក​គេ ហើយ​ក្រើន​រំលឹក​គេឲ្យនៅ​ខ្ជាប់ខ្ជួន​នឹង​ព្រះគុណ​របស់​ព្រះជាម្ចាស់​ជានិច្ច។ 44 នៅ​ថ្ងៃ​សប្ប័ទ​បន្ទាប់​មក​ទៀត ប្រជាជន​នៅ​ក្រុង​នោះ​បាន​មក​ជួបជុំស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ស្ទើរ​តែ​ទាំង​អស់​គ្នា។ 45 ពេល​ជន​ជាតិ​យូដា​ឃើញ​មហាជន​ដូច្នោះ គេ​មាន​ចិត្ត​ច្រណែន​ជា​ខ្លាំង ក៏​នាំ​គ្នា​និយាយ​ជំទាស់​នឹង​ពាក្យ ​ដែល​លោក​ប៉ូល​មាន​ប្រសាសន៍ ហើយ​ថែម​ទាំង​ជេរ​ប្រមាថ​លោក​ទៀត​ផង។ 46 ​លោក​ប៉ូល និង​លោក​បារណាបាស​ក៏​មាន​ប្រសាសន៍​ទៅ​គេ ដោយ​ចិត្ត​អង់អាច​ថា៖ «សំខាន់ណាស់ដែលយើង​ខ្ញុំ​ត្រូវ​តែ​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដល់​បង​ប្អូនជាមុនសិន។ ប៉ុន្តែដោយ​បង​ប្អូន​បដិសេធ​មិន​ព្រម​ទទួល​ព្រះបន្ទូល​នេះ ហើយ​បង​ប្អូន​យល់​ឃើញ​ថា ខ្លួន​មិន​សម​នឹង​ទទួល​ជីវិត​អស់កល្ប​ជានិច្ច​ទេ​នោះ យើង​ខ្ញុំ​នឹង​ងាក​ទៅ​ប្រកាស​ដល់​សាសន៍​ដទៃ​វិញ 47 ដ្បិត​ព្រះអម្ចាស់​បាន​បង្គាប់​មក​យើង​ខ្ញុំ​ថា៖ «យើង​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ពន្លឺបំភ្លឺ​ជាតិ​សាសន៍​នានា និងឲ្យ​នាំ​ការ​សង្គ្រោះ​រហូត​ទៅ​ដល់ស្រុក​ដាច់ស្រយាល​នៃ​ផែនដី»។ 48 កាល​សាសន៍​ដទៃ​ឮ​ដូច្នោះ គេ​មាន​អំណរ​រីករាយ ហើយ​នាំ​គ្នា​សរសើរតម្កើង​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។ អស់​អ្នក​ដែល​ព្រះជាម្ចាស់​តម្រូវឲ្យ​ទទួល​ជីវិត​អស់កល្ប​ជានិច្ច ក៏​នាំ​គ្នា​ជឿ​ដែរ។ 49 ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​ឮ​សុសសាយ ក្នុង​ស្រុក​នោះ​ទាំង​មូល។ 50 ប៉ុន្តែ សាសន៍​យូដា​បាន​ញុះញង់​ស្ត្រីៗ​មាន​ឋានៈ​ខ្ពង់ខ្ពស់ ដែល​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់ និង​ញុះញង់​ពួក​នាម៉ឺន​នៅ​ក្រុង​នោះ ឲ្យ​លើក​គ្នា​ទៅ​បៀតបៀន​លោក​ប៉ូល និង​លោក​បារណាបាស ហើយ​ដេញ​លោក​ទាំង​ពីរ​ចេញ​ពី​ដែន​ដី​របស់​គេ​។ 51 លោក​ប៉ូល និង​លោក​បារណាបាស ក៏​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​របស់​លោក រួច​ធ្វើ​ដំណើរ​ទៅ​ក្រុង​អ៊ីកូនាម។ 52 ឯ​ពួក​សិស្សនៅ​អន់ទីយ៉ូក​វិញ គេ​បាន​ពោរពេញ​ដោយ​អំណរ និង​ពេញដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ។

ជំពូក ១៤

1 នៅ​ក្រុង​អ៊ីកូនាម លោក​ប៉ូល និង​លោក​បារណាបាស​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ជន​ជាតិ​យូដា ហើយ​មាន​ប្រសាសន៍​រហូត​ដល់​ជន​ជាតិ​យូដា និង​ជន​ជាតិ​ក្រិក​ដ៏​ច្រើន​លើសលប់​នាំ​គ្នា​ជឿ។ 2 ប៉ុន្តែ ជន​ជាតិ​យូដា​ដែល​មិន​ព្រម​ជឿ បាន​ញុុះញង់​សាសន៍​ដទៃ និង​ធ្វើឲ្យគេមានចិត្តទាស់នឹង​ពួក​បង​ប្អូន​។ 3 លោក​ប៉ូល និង​លោក​បារណាបាស​ស្នាក់​នៅ​ក្នុង​ក្រុង​អ៊ីកូនាម​ជា​យូរ​ថ្ងៃពោរពេញដោយឬទ្ធានុភាពមកពីព្រះជាម្ចាស់ ខណៈពេល​ព្រះអង្គបាន​បញ្ជាក់​ព្រះបន្ទូល​អំពី​ព្រះគុណ​របស់​ព្រះអង្គ។ ​ព្រះអង្គបានឲ្យលោក​ទាំង​ពីរ​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិបាដិហារិយ៍​ផ្សេងៗ។ 4 មនុស្សជាច្រើន​នៅ​ក្រុង​នោះ​បាន​បាក់​បែក​គ្នា អ្នក​ខ្លះ​កាន់​ខាង​សាសន៍​យូដា អ្នក​ខ្លះ​ទៀត​កាន់​ខាង​ក្រុម​សាវក។ 5 នៅពេលសាសន៍​ដទៃ និង​សាសន៍​យូដាបាន​សម​គំនិត​គ្នា​ជា​មួយ​ពួក​មេ​ដឹក​នាំ​របស់​គេ ចង់​ធ្វើ​បាប និង​ចង់​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ទាំង​ពីរ 6 លោក​ប៉ូល និង​លោក​បារណាបាស​ដឹងមុនពីសភាពការណ៍​មិន​ស្រួល ក៏​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​លូកៅនា គឺ​ទៅ​ក្រុង​លីស្ដ្រា និង​ក្រុង​ឌើបេ ព្រម​ទាំង​តំបន់​ដែល​នៅ​ជុំវិញ 7 ហើយប្រកាស​ដំណឹងល្អនៅ​ទី​នោះ។ 8 នៅ​ក្រុង​លីស្ដ្រា មាន​បុរស​ម្នាក់​ពិការ​ជើង​តាំង​ពី​កំណើត​មក ហើយគាត់​មិន​អាច​ដើរ​បាន​ឡើយ។ 9 គាត់​អង្គុយ​ស្ដាប់​លោក​ប៉ូល​មាន​ប្រសាសន៍។ លោក​ប៉ូល​សម្លឹង​មើល​គាត់ ហើយ​យល់​ឃើញ​ថា គាត់​មាន​ជំនឿ​គួរ​នឹង​ជា។​ 10 លោក​ក៏​មាន​ប្រសាសន៍​ទៅ​គាត់​ខ្លាំងៗ​ថា៖ «សុំ​ក្រោក​ឡើង ឈរ​ឲ្យ​ត្រង់!»។ បុរស​នោះ​ស្ទុះ​ក្រោក​ឈរ ដោយអាចលោតបាន និងដើរបានផង។ 11 ពេល​មហាជន​ឃើញ​ការ​អស្ចារ្យ​ដែល​លោក​ប៉ូល​បាន​ធ្វើ គេ​ក៏​នាំ​គ្នា​ស្រែក​ហ៊ោ​ជា​ភាសា​លូកៅនា​ថា៖ «ព្រះ​បាន​និម្មិត​ជា​មនុស្ស ចុះ​មក​គង់​ជា​មួយ​យើង​ហើយ!»។ 12 គេ​ហៅ​លោក​បារណាបាស​ថា «ព្រះ​សេយូស» និង​ហៅ​លោក​ប៉ូល​ថា «ព្រះ​ហ៊ើមេស»​ ព្រោះ​លោក​ជា​អ្នក​នាំ​ពាក្យ។ 13 បូជាចារ្យ​របស់​ព្រះ​សេយូស​ដែល​មាន​វិហារ​នោក្រៅ​ទីក្រុង បាន​ដឹក​គោ​ឈ្មោល​តុបតែង​លំអ​ដោយ​ភួង​ផ្កា មក​មាត់​ទ្វារ​ក្រុង ព្រោះ​គាត់​ចង់​ធ្វើ​បូជាយញ្ញ​រួម​ជា​មួយ​មហាជន។ 14 កាល​សាវកបារណាបាស និង​ប៉ូលបាន​ឮ​ដំណឹង​នេះ លោក​ក៏​ហែក​សម្លៀកបំពាក់​ ហើយ​ស្ទុះ​រត់​ទៅ​រក​ប្រជាជន ទាំង​ស្រែកយំ​ 15 ហើយពោល​ថា៖ «ហេតុ​អ្វី​បាន​ជា​បង​ប្អូន​នាំ​គ្នា​ធ្វើ​ដូច្នេះ? យើង​ខ្ញុំ​ក៏​ជា​មនុស្ស​ធម្មតា​ដូច​បង​ប្អូន​ដែរ។ យើង​ខ្ញុំ​នាំ​ដំណឹងល្អ​មក​ជម្រាបជូន​បង​ប្អូន ដើម្បី​បង​ប្អូន​ងាក​ចេញ​ពី​ការ​ថ្វាយបង្គំ​រូប​សំណាក់​ឥត​ប្រយោជន៍​នេះ ហើយ​បែរ​មក​រក​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​គង់​នៅ ​ជា​ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​អ្វីៗ​សព្វ​សារពើ​ដែល​មាន​នៅ​ទី​ទាំង​នោះ​ផង។ 16 នៅ​ជំនាន់​មុនៗ ព្រះអង្គ​បាន​បណ្ដោយ​ឲ្យ​ជាតិ​សាសន៍​នានាដើរ​តាម​មាគ៌ារបស់គេ​រៀងៗ​ខ្លួន។ 17 ក៏​ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះអង្គ​នៅ​តែបង្ហាញទីសម្គាល់ ដោយព្រះអង្គបានផ្តល់ក្តីសប្បុរសមកយើង ហើយទ្រង់បាន​ប្រទាន​ទឹក​ភ្លៀង​ពី​លើ​មេឃ និង​ប្រទាន​ភោគ​ផល​មក​បង​ប្អូន​តាម​រដូវ​កាល ធ្វើ​ឲ្យ​បង​ប្អូន​មាន​ម្ហូប​អាហារ​ដ៏​បរិបូណ៌ និង​មាន​អំណរ​សប្បាយ​ក្នុង​ចិត្ត​ផង»។ 18 ទោះ​បី​លោក​ទាំង​ពីរ​មាន​ប្រសាសន៍​ដូច្នេះ ក៏​លោក​រក​ឃាត់​មហាជន​មិន​ឲ្យធ្វើ​បូជាយញ្ញ​ជូន​លោក​សឹង​តែ​ពុំ​បាន។ 19 ប៉ុន្តែ មាន​ជន​ជាតិ​យូដា​មក​ពី​ក្រុង​អន់ទីយ៉ូក និង​ក្រុង​អ៊ីកូនាម បាន​ទាក់ទាញ​ចិត្ត​មហាជន​ឲ្យ​ចូល​ទៅ​ខាង​គេ។ ពួកគេ​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ប៉ូល រួច​អូស​យក​ទៅ​ចោល​នៅ​ខាង​ក្រៅ​ទីក្រុង ព្រោះ​គេ​នឹក​ស្មាន​ថា លោក​ស្លាប់​បាត់​ទៅ​ហើយ។ 20 ប៉ុន្តែ ក្រុម​សិស្ស​នាំ​គ្នា​មកឈរ​ជុំវិញ​លោក លោក​ក៏​ក្រោក​ឡើង វិល​ចូល​ទៅ​ទីក្រុង​វិញ។ លុះ​ស្អែក​ឡើង លោក​ចេញ​ដំណើរ​ទៅ​ក្រុង​ឌើបេ​ជា​មួយ​លោក​បារណាបាស។ 21 លោក​ប៉ូល និង​លោក​បារណាបាស​បាន​ផ្សព្វផ្សាយ​ដំណឹងល្អនៅ​ក្រុង​ឌើបេ ហើយ​ណែនាំ​មនុស្ស​ជា​ច្រើន​ឲ្យ​ក្លាយជា​សិស្ស។ បន្ទាប់​មក លោក​វិល​ទៅ​ក្រុង​លីស្ដ្រា ក្រុង​អ៊ីកូនាម និង​ក្រុង​អន់ទីយ៉ូក​វិញ។ 22 លោក​ដាស់​តឿន​ពួក​សិស្ស​ឲ្យតាំង​ចិត្ត​មាំមួន និង​លើក​ទឹក​ចិត្ត​គេឲ្យ​មាន​ជំនឿ​ខ្ជាប់ខ្ជួន ដោយ​មាន​ប្រសាសន៍​ថា៖ «យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​វេទនា​ជា​ច្រើន ដើម្បី​ឲ្យបាន​ចូល​ក្នុង​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់»។ 23 លោក​បាន​តែងតាំង​ពួក​ព្រឹទ្ធាចារ្យ​នៅ​តាម​ក្រុមជំនុំ​នីមួយៗ ហើយបាន​អធិស្ឋាន និង​តម​អាហារ​រួច​ហើយ លោក​ទាំង​ពីរ​ក៏​ផ្ញើ​ពួក​សិស្សទុក​នៅ​នឹង​ព្រះអម្ចាស់​ដែល​គេ​បាន​ជឿ។ 24 បន្ទាប់​មក​ទៀត លោក​ទាំង​ពីរ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ពីស៊ីឌាមក​ដល់​ស្រុក​ប៉ាមភីលា។ 25 លោក​បាន​ប្រកាស​ព្រះបន្ទូល​នៅ​ក្រុង​ពើកា រួច​លោក​នាំ​គ្នា​ចុះ​ទៅ​ក្រុង​អាតាលា។ 26 នៅ​ទី​នោះ លោក​នាំ​គ្នា​ចុះ​សំពៅវិល​ត្រឡប់​មក​ក្រុង​អន់ទីយ៉ូក​វិញ គឺ​នៅ​ក្រុង​អន់ទីយ៉ូក​នេះ​ហើយ ដែល​ក្រុមជំនុំ​បាន​ផ្ញើ​លោក​ទាំង​ពីរ​ទៅ​លើ​ព្រះហឫទ័យ​ប្រណីសន្ដោស​របស់​ព្រះជាម្ចាស់ ដើម្បី​បំពេញ​កិច្ចការ​ដែល​លោក​ទើប​នឹង​បាន​សម្រេច​នេះ។ 27 កាល​លោក​ទាំង​ពីរ​មក​ដល់ លោក​ប្រមូល​ក្រុមជំនុំ​ឲ្យ​មក​ជួបជុំ​គ្នា ហើយ​រៀប​រាប់​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ជា​មួយ​ពួក​លោក និង​រៀប​រាប់​អំពី​របៀប​ ដែល​ព្រះអង្គ​បើក​ផ្លូវ​ឲ្យសាសន៍​ដទៃបាន​ជឿ។ 28 លោក​ទាំង​ពីរ​ក៏ស្នាក់​នៅ​ទី​នោះជា​មួយ​ពួក​សិស្ស​អស់​រយៈ​ពេល​ជា​យូរ​។

ជំពូក ១៥

1 មាន​អ្នក​ខ្លះ​មក​ពី​ស្រុក​យូដានាំ​គ្នា​ប្រៀនប្រដៅ​ពួក​បង​ប្អូន​ថា៖ «ប្រសិន​បើ​បង​ប្អូន​មិន​ទទួល​ពិធី​កាត់​ស្បែកតាម​ទំនៀមទម្លាប់​របស់​លោក​ម៉ូសេ​ទេ នោះបង​ប្អូន​មិន​អាច​ទទួល​ការ​សង្គ្រោះ​បាន​ឡើយ»។ 2 ដោយហេតុនេះ លោក​ប៉ូល និង​លោក​បារណាបាស​បាន​ប្រកែក​ជំទាស់ និង​ជជែក​វែកញែក​ជា​មួយ​ពួក​គេ​យ៉ាង​ខ្លាំង។ ពួក​បង​ប្អូន​បាន​សម្រេច​ចិត្ត​ចាត់​លោក​ប៉ូល លោក​បារណាបាស និងបងប្អូនខ្លះទៀត​ឲ្យទៅ​ក្រុង​យេរូសាឡឹម ដើម្បី​​ទៅជម្រាបពួកសាវក និង​ក្រុម​ព្រឹទ្ធាចារ្យអំពី​រឿង​នេះ។ 3 ដូច្នេះ ក្រុមជំនុំ​បានបញ្ចូន​លោកទាំងពីរធ្វើដំណើរ​​ឆ្លង​កាត់​ស្រុក​ភេនីស ស្រុក​សាម៉ារី​ទាំង​ប្រកាសប្រាប់ពួកបងប្អូនថា​ សាសន៍​ដទៃ​បាន​បែរ​ចិត្ត​ មក​រក​ព្រះជាម្ចាស់។ ដំណឹង​នេះ​ធ្វើ​ឲ្យ​បង​ប្អូន​គ្រប់ៗ​គ្នា​ មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។ 4 កាល​មក​ដល់​ក្រុង​យេរូសាឡឹម​ហើយ ក្រុមជំនុំ ក្រុម​សាវក និង​ក្រុម​ព្រឹទ្ធាចារ្យ​នាំ​គ្នា​ទទួល​ពួក​លោក ហើយពួក​លោក​ក៏​ជម្រាប​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ជា​មួយ​ពួក​លោក។ 5 ពេល​នោះ មាន​បង​ប្អូន​ខ្លះ​ខាង​គណៈផារីស៊ី ​ដែល​ជឿ​ព្រះអម្ចាស់ក្រោក​ឈរ​ឡើង​ពោល​ថា ត្រូវ​តែ​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យសាសន៍​ដទៃ ហើយ​ត្រូវ​បង្គាប់​គេ​ឲ្យ​ប្រតិបត្តិ​តាម​វិន័យរបស់​លោក​ម៉ូសេ​ដែរ។ 6 ដូច្នេះក្រុម​សាវក និង​ក្រុម​ព្រឹទ្ធាចារ្យក៏​ប្រជុំ​គ្នាដើម្បី​ពិចារណា​សំណុំ​រឿង​នេះ។ 7 បន្ទាប់ពីមានការ​ជជែក​វែកញែក​គ្នា​យ៉ាង​ខ្លាំង ​លោក​ពេត្រុស​ក្រោក​ឈរ​ឡើង ហើយ​មាន​ប្រសាសន៍​ថា៖ «បង​ប្អូន​អើយ! បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះជាម្ចាស់​បាន​ជ្រើស​រើស​ខ្ញុំ ក្នុង​ចំណោម​បង​ប្អូន​តាំង​តែ​ពី​ថ្ងៃ​ដំបូង​មក​ម៉្លេះ ដើម្បី​ឲ្យ​ខ្ញុំ​ប្រកាស​ដំណឹងល្អដល់​សាសន៍​ដទៃ ឲ្យ​គេ​បាន​ឮ និង​បាន​ជឿ​។ 8 ព្រះជាម្ចាស់​ដែល​ឈ្វេង​យល់​ចិត្ត​គំនិត​​មនុស្ស ព្រះអង្គជាបន្ទាល់សម្រាប់ពួកគេ ដោយ​ប្រទាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធឲ្យ​គេ ដូច​ព្រះអង្គ​បាន​ប្រទាន​មក​យើង​ដែរ។ 9 ព្រះអង្គ​មិន​ចាត់​ទុក​ពួក​គេ​ផ្សេង​ពី​ពួក​យើង​ឡើយ គឺ​ព្រះអង្គបានសម្អាត​ចិត្ត​គេឲ្យ​បាន​បរិសុទ្ធដោយ​ជំនឿ។ 10 ហេតុ​ដូច​ម្ដេច​បាន​ជា​បង​ប្អូន​ល្បងលនឹងព្រះជាម្ចាស់​ដូច្នេះ? នឹម​​ដែល​បុព្វបុរស​របស់​យើង និង​ខ្លួន​យើង​ផ្ទាល់មិន​អាច​ទ្រាំទ្រ​បាន​ផង​នោះ ម្ដេច​ក៏​បង​ប្អូន​ចង់​យក​នឹមមក​ដាក់​លើ​ពួក​សិស្ស​? 11 ផ្ទុយទៅវិញ ​យើង​ជឿ​ថា ​ទាំង​សាសន៍​យើងទាំង​សាសន៍​គេ បាន​ទទួល​ការ​សង្គ្រោះ​ដោយសារ​ព្រះគុណ​របស់​ព្រះអម្ចាស់យេស៊ូ»។ 12 ពេល​នោះ អង្គ​ប្រជុំ​ទាំង​មូល​នៅ​ស្ងៀម​ស្ងាត់ ស្ដាប់​លោក​ប៉ូល និង​លោក​បារណាបាស មាន​ប្រសាសន៍​រៀប​រាប់​អំពី​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិបាដិហារិយ៍ ដែល​ព្រះជាម្ចាស់​បាន​សម្តែងនៅ​កណ្ដាល​ចំណោម​សាសន៍​ដទៃ​តាម​រយៈ​លោក។ 13 លុះ​លោក​ទាំង​ពីរ​មាន​ប្រសាសន៍​ចប់​ហើយ លោក​យ៉ាកុប​ក៏​មាន​ប្រសាសន៍​ឡើង​ថា៖ «បង​ប្អូន​អើយ សូម​ស្ដាប់​ខ្ញុំ។ 14 លោក​ស៊ីម៉ូន​បាន​រៀប​រាប់​ថា កាល​ពី​ដើម​ដំបូង ព្រះជាម្ចាស់​បានជួយសាសន៍ដទៃដោយសារព្រះគុណ ដើម្បីញែកពួកគេពីចំណោមមនុស្ស ឲ្យក្លាយ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​។ 15 រីឯ​ព្រះបន្ទូល​ដែល​ពួក​ព្យាការីបាន​ថ្លែង ក៏​ស្រប​នឹង​សេចក្ដី​នេះ​ដែរ ដូច​មាន​ចែង​ទុក​មក​ថា៖ 16 «បន្ទាប់ពីជាតិសាសន៍នានាបានឮដំណឹងល្អហើយ យើង​នឹង​វិល​ត្រឡប់មក​វិញ យើង​នឹង​សង់​ពន្លា​របស់​ដាវីឌ ដែល​រលំ​ទៅ​នោះ​ឡើង​វិញ យើង​នឹង​សង់​ដំណាក់​ដែល​បាក់​បែក​ខ្ទេចខ្ទី​ឡើង​វិញ 17 ពេល​នោះ មនុស្សម្នា​ដែល​នៅ​សល់នឹង​ស្វែង​រក​ព្រះអម្ចាស់ រូមទាំង​ជាតិ​សាសន៍​នានា​ផង។ 18 នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ដែលបានសម្តែងឲ្យ​មនុស្ស​លោក​ស្គាល់តាំង​ពី​ដើមមក។ 19 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​ធ្វើ​ឲ្យ​មាន​ឧបសគ្គ​ដល់​សាសន៍​ដទៃ ដែល​បាន​បែរ​ចិត្ត​វិល​មក​រក​ព្រះជាម្ចាស់​វិញ​នោះ​ឡើយ។ 20 ប៉ុន្តែ គួរ​យើង​សរសេរ​សំបុត្រ​ទៅ​ប្រាប់​គេ កុំ​ឲ្យ​បរិភោគ​ម្ហូប​អាហារ​ដែល​បាន​សែន​រូប​សំណាក់ កុំ​ឲ្យ​រួម​រស់​ជា​មួយ​គ្នាដោយ​ឥតបាន​រៀបការ​ កុំឲ្យ​បរិភោគ​សាច់​សត្វ​ដែល​គេ​សម្លាប់​ដោយ​ច្របាច់​ក និង​កុំ​ឲ្យ​បរិភោគ​ឈាម។ 21 ដ្បិត​តាំង​ពី​សម័យ​ដើម​រៀង​មក នៅ​តាម​ក្រុង​នីមួយៗ គេ​តែង​ប្រកាស​វិន័យរបស់​លោក​ម៉ូសេដោយ​អាន​គម្ពីរ​របស់​លោក រៀង​រាល់​ថ្ងៃ​សប្ប័ទនៅ​ក្នុង​សាលា​ប្រជុំ»។ 22 ពេល​នោះ ក្រុម​សាវក ក្រុម​ព្រឹទ្ធាចារ្យ និង​ក្រុមជំនុំ​ទាំង​មូល​យល់​ឃើញ​ថា គួរ​តែ​ជ្រើសយកយូដាស ហៅបារសាបាស និងលោកស៊ីឡាសដែលជាអ្នកដឹកនាំក្នុងក្រុមជំនុំ ហើយចាត់​ឲ្យ​ទៅ​ក្រុង​អន់ទីយ៉ូក​ជា​មួយ​លោក​ប៉ូល និង​លោក​បារណាបាស។ 23 ក្រុមជំនុំ​បាន​សរសេរសំបុត្រ​មួយ ​មាន​សេចក្ដី​ដូច​ត​ទៅ​នេះ៖​ «យើង​ខ្ញុំជា​សាវក ជា​ព្រឹទ្ធាចារ្យ និង​ជា​បង​ប្អូន សូម​ជម្រាប​សួរ​មក​បង​ប្អូន​ជា​សាសន៍​ដទៃ ដែល​រស់​នៅ​ក្រុង​អន់ទីយ៉ូក ស្រុក​ស៊ីរី និង​ស្រុក​គីលីគា!។ 24 យើង​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា មាន​ពួក​អ្នក​ខ្លះ​បានចេញពីយើង ដោយមិនបានប្រាប់យើងឲ្យដឹង និងបានរំខានដល់ការបង្រៀន ពួកគេបានធ្វើឲ្យអ្នកព្រួយចិត្ត។ 25 យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​សម្រេច​ចិត្ត​ ជ្រើស​រើស​យក​គ្នា​យើង​ខ្លះ ដោយចាត់​ឲ្យមក​ជួប​បង​ប្អូន​ជា​មួយ​លោក​ប៉ូល និង​លោក​បារណាបាស​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង 26 ជា​អ្នក​ដែល​បាន​សុខ​ចិត្ត​បូជា​ជីវិត​របស់​ខ្លួន បម្រើ​ព្រះយេស៊ូគ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង។ 27 ហេតុ​នេះ យើង​ខ្ញុំ​សុំ​ចាត់​លោក​យូដាស និង​លោក​ស៊ីឡាស​ឲ្យ​នាំ​ពាក្យ​ដដែល​នេះ យក​មក​ជម្រាប​បង​ប្អូន​ដោយផ្ទាល់។ 28 ព្រះវិញ្ញាណ​ដ៏វិសុទ្ធ និង​យើង​ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​យក​វិន័យ​ណា​ផ្សេង​ទៀត​ ដែល​មិន​ចាំបាច់មក​បង្ខំ​បង​ប្អូន​ឲ្យប្រតិបត្តិ​តាមក្រៅពីនេះឡើយ យើង​គ្រាន់​តែ​សុំ​ឲ្យ​បង​ប្អូន​ចៀស​វាង ​កុំ​ប្រព្រឹត្ត​ដូច​ត​ទៅ​នេះ 29 គឺ​កុំ​បរិភោគ​ម្ហូប​អាហារ​ដែល​សែន​រូប​សំណាក កុំ​បរិភោគ​ឈាម កុំ​បរិភោគ​សាច់​សត្វ​ដែល​គេ​សម្លាប់ដោយ​ច្របាច់​ក និង​កុំ​រួម​រស់​ជា​មួយ​គ្នា​ដោយ​មិន​រៀបការ។ ប្រសិន​បើ​បង​ប្អូន​ប្រតិបត្តិ​ដូច្នេះ​បាន នោះ​ប្រពៃ​ហើយ។ សូម​ឲ្យ​បង​ប្អូន​បាន​ប្រកប​ដោយ​សេចក្ដី​សុខ»។ 30 ពួក​អ្នក​តំណាង​ក៏​លា​គេចេញ​ដំណើរ​ទៅ​ដល់​ក្រុង​អន់ទីយ៉ូក ហើយ​ប្រមូល​អង្គ​ប្រជុំ រួច​ប្រគល់​សំបុត្រ​ជូន។ 31 នៅពេលគេ​បាន​អាន​សំបុត្ររួចហើយ ពួកគេមាន​អំណរ​សប្បាយ​គ្រប់ៗ​គ្នាចំពោះការ​លើក​ទឹក​ចិត្ត​នេះ។ 32 លោក​យូដាស និង​លោក​ស៊ីឡាស និង​ព្យាការីមាន​ប្រសាសន៍​ជា​ច្រើន បានលើក​ទឹក​ចិត្ត និង​ពង្រឹង​ជំនឿ​របស់​បង​ប្អូន។ 33 បន្តិច​ក្រោយ​មក ពួក​បង​ប្អូន​សុខ​ចិត្ត​ឲ្យលោក​ទាំង​ពីរ ​វិល​ត្រឡប់​ទៅ​ឯ​ក្រុមជំនុំ ដែល​បាន​ចាត់​គេ​ឲ្យ​មក​នោះ​វិញ ទាំង​ជូន​ពរ​ឲ្យ​លោក​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុខសាន្ត។ 34 ប៉ុន្តែ លោក​ស៊ីឡាស​សម្រេច​ចិត្ត​ស្នាក់​នៅ​ទី​នោះ​បន្ត​ទៅ​ទៀត។ 35 រីឯ​លោក​ប៉ូល និង​លោក​បារណាបាស រូមទាំងបងប្អូនឯទៀត ក៏​បាន​ស្នាក់​នៅ​ក្នុង​ក្រុង​អន់ទីយ៉ូក ទាំង​បង្រៀន និង​ផ្សព្វផ្សាយ​ដំណឹងល្អ​អំពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។ 36 ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ទៀត លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​បារណាបាស​ថា៖ «យើង​ត្រូវ​ត្រឡប់​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្អូន​នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ផ្សព្វផ្សាយ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់»។ 37 លោក​បារណាបាស​មាន​បំណង​នាំ​លោក​យ៉ូហាន ហៅ​ម៉ាកុស​ទៅ​ជា​មួយ​ដែរ 38 ប៉ុន្តែ លោក​ប៉ូល​យល់​ឃើញ​ថា​មិន​គួរ​នាំ​គាត់​ទៅ​ជា​មួយ​ឡើយ ព្រោះ​គាត់​បាន​រត់​ចោល​ពួក​លោក កាល​ពី​នៅ​ក្រុង​ប៉ាមភីលា គឺ​គាត់​មិន​បានបន្ត​ដំណើរជាមួយពួកលោកឡើយ។ 39 បន្ទាប់មកលោក​ទាំង​ពីរ​ក៏​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង រហូត​ដល់​ទៅ​បែក​ផ្លូវ​គ្នា។ លោក​បារណាបាស បាន​នាំ​លោក​ម៉ាកុស​ទៅ​ជា​មួយ រួច​ចុះ​សំពៅ​ឆ្ពោះ​ទៅ​កោះ​គីប្រុស។ 40 រីឯ​លោក​ប៉ូល លោក​នាំ​លោក​ស៊ីឡាស​ទៅ​ជា​មួយ ដោយ​ពួក​បង​ប្អូន​បាន​ផ្ញើ​លោក​ទៅ​លើ​ព្រះហឫទ័យ​ប្រណីសន្ដោស​របស់​ព្រះអម្ចាស់។ 41 លោក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ស៊ីរី និង​ស្រុក​គីលីគា​ទាំង​ពង្រឹង​ជំនឿ​ក្រុមជំនុំ​នានា​ផង។

ជំពូក ១៦

1 លោក​ប៉ូល​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ឌើបេ រួច​ទៅ​ដល់​ក្រុង​លីស្ដ្រា។ នៅ​ក្រុង​លីស្ដ្រា​នោះ មាន​សិស្សមួយ​ឈ្មោះ​ធីម៉ូថេនៅទីនោះ គាត់ជា​កូន​របស់​ស្ត្រី​សាសន៍​យូដា​ម្នាក់​ជា​អ្នក​ជឿ ឪពុក​គាត់​ជា​សាសន៍​ក្រិក។ 2 គាត់​មាន​កេរ្តិ៍ឈ្មោះ​ល្អ ក្នុង​ចំណោម​បង​ប្អូន​នៅ​ក្រុង​លីស្ដ្រា និង​បង​ប្អូន​នៅ​ក្រុង​អ៊ីកូនាម។ 3 លោក​ប៉ូល​មាន​បំណង​នាំ​គាត់​រួម​ដំណើរ​ទៅ​ជា​មួយលោក ដូច្នេះលោក​ក៏​យក​គាត់​មក​ធ្វើ​ពិធី​កាត់ស្បែក​ឲ្យ ព្រោះ​យោគយល់​ដល់​សាសន៍​យូដា​នៅ​ស្រុក​នោះ ដ្បិត​គេ​ដឹង​គ្រប់​គ្នា​ថា​ឪពុក​គាត់​ជា​សាសន៍​ក្រិក។ 4 ពេលពួកលោកធ្វើដំណើរតាម​ក្រុង​នានា លោក​បាន​ប្រាប់​អ្នក​ជឿ​ឲ្យដឹងអំពី​ការណែនាំ​របស់​ក្រុម​សាវក និង​ក្រុម​ព្រឹទ្ធាចារ្យដែលបានសរសេរនៅ​ក្រុង​យេរូសាឡឹម ហើយ​សុំ​ឲ្យ​គេ​អនុវត្ត​តាម។ 5 ដូច្នេះហើយបានជាក្រុមជំនុំ​នានាក៏​មាន​ជំនឿ​កាន់​តែ​មាំមួន​រៀង​រាល់​ថ្ងៃ ហើយ​មាន​គ្នា​កាន់​តែ​ច្រើន​ជា​លំដាប់។ 6 ព្រះវិញ្ញាណ​ដ៏វិសុទ្ធបាន​ប្រាម​លោកប៉ូល និងគ្នារបស់លោក មិន​ឲ្យ​ទៅ​ប្រកាស​ព្រះបន្ទូល​នៅ​ស្រុក​អាស៊ី​ទេ ហេតុ​នេះ​ហើយ​បាន​ជា​លោក​នាំ​គ្នា​ធ្វើ​ដំណើរ​កាត់​ស្រុក​ព្រីគា និង​ដែន​ដី​កាឡាទី។ 7 ពេល​ទៅ​ដល់​ជិត​ស្រុក​មីស៊ា ពួកគេ​មាន​បំណង​ទៅ​ស្រុក​ប៊ីធូនា ប៉ុន្តែព្រះវិញ្ញាណ​របស់​ព្រះយេស៊ូ​ពុំ​អនុញ្ញាត​ឲ្យ​ទៅ​ទេ។ 8 ដូច្នេះ លោក​ក៏​នាំ​គ្នា​ឆ្លង​កាត់​ស្រុក​មីស៊ា ទៅ​ដល់​ក្រុង​ត្រូអាស។ 9 នៅ​ពេល​យប់ លោក​ប៉ូល​បាន​និមិត្ត​ឃើញ​អ្នក​ស្រុក​ម៉ាសេដូន​ម្នាក់ឈរនៅទីនោះហៅលោក ហើយពោល​ថា៖ «សូម​លោក​ឆ្លង​មក​ស្រុក​ម៉ាសេដូន​ជួយ​យើង​ខ្ញុំ​ផង!»។ 10 ​ពេល​លោក​បាន​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ​នេះ​ហើយ យើង​​ក៏​រូតរះ​ចេញ​ដំណើរ​ទៅ​ស្រុក​ម៉ាសេដូន ព្រោះ​យើង​ជឿ​ជាក់​ថា ព្រះជាម្ចាស់​ត្រាស់​ហៅ​យើង​​ទៅ​ផ្សព្វផ្សាយ​ដំណឹងល្អ​ដល់​អ្នក​ស្រុក​នោះ។ 11 នៅ​ក្រុង​ត្រូអាស យើង​បាន​ចុះ​សំពៅធ្វើ​ដំណើរ​តម្រង់​ឆ្ពោះ​ទៅ​កោះ​សាម៉ូត្រាស​។ ស្អែក​ឡើង​យើង​បាន​ទៅ​ដល់​ក្រុង​នាប៉ូល។ 12 បន្ទាប់មក យើង​ចេញ​ដំណើរ​ពី​ក្រុង​នោះ​ឆ្ពោះ​ទៅ​ក្រុង​ភីលីពជា​ក្រុង​សំខាន់ជាងគេ​ក្នុង​ស្រុក​ម៉ាសេដូន ហើយ​ជា​ក្រុង​ដែល​ស្ថិត​នៅ​ក្នុង​ចក្រភព​រ៉ូម៉ាំង​ រូចយើង​បាន​ស្នាក់​នៅ​ក្រុង​នោះ​ជា​ច្រើន​ថ្ងៃ។ 13 នៅ​ថ្ងៃ​សប្ប័ទ យើង​បាន​ចេញ​ទៅ​ខាង​ក្រៅ​ទ្វារ​ក្រុង សំដៅ​ទៅ​មាត់​ស្ទឹង​មួយ យើងគិតថាកន្លែងនោះ យើងអាចអធិស្ឋាននៅទីនោះបាន។ យើង​ក៏​នាំ​គ្នា​អង្គុយ ហើយ​និយាយ​ជា​មួយ​ពួក​ស្ត្រី ​ដែល​មក​ជួបជុំ​គ្នា​នៅ​ទី​នោះ។ 14 មាន​ស្ត្រី​ម្នាក់​ដែល​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​ឈ្មោះ​លីឌា ជា​អ្នក​ស្រុក​ធាទេរ៉ា និង​ជា​ឈ្មួញ​ក្រណាត់​ពណ៌​ក្រហម​ដ៏​មាន​តម្លៃ។ ព្រះអម្ចាស់បានបើកចិត្តនាង ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ដែល​លោក​ប៉ូល​មាន​ប្រសាសន៍។ 15 បន្ទាប់​ពី​នាង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ​ជា​មួយ​ក្រុម​គ្រួសារនៅផ្ទះ​របស់​នាង​រួច​ហើយ នាង​បាន​អញ្ជើញ​យើង​ទៅ​ស្នាក់​នៅ​ផ្ទះ​នាង​ដោយ​ពោល​ថា៖ «បើ​លោក​យល់​ឃើញ​ថា នាង​ខ្ញុំ​ពិត​ជា​ជឿ​លើ​ព្រះអម្ចាស់​មែន សូម​អញ្ជើញ​ទៅ​ស្នាក់​នៅ​​ផ្ទះ​របស់​នាង​ខ្ញុំ​ទៅ»។ នាង​បាន​ទទូច​សុំ​ឲ្យ​យើង​យល់​ព្រម តាម​សេចក្ដី​អញ្ជើញ​របស់​នាង។ 16 មាន​ថ្ងៃ​មួយ ពេល​យើង​ធ្វើ​ដំណើរ​ទៅ​កន្លែង​អធិស្ឋាន មាន​ស្រី​បម្រើម្នាក់​មក​ជួប​យើង។ នាង​មាន​អារក្ស​ភីថង់​ចូល នាំ​ឲ្យ​នាង​ចេះ​ទាយ ធ្វើ​ឲ្យ​ពួក​ម្ចាស់​របស់​នាង​បាន​ទទួល​កំរៃ​យ៉ាង​ច្រើន ពីការទាយ។ 17 នាង​ដើរ​តាម​ក្រោយ​លោក​ប៉ូល និង​តាមយើង ​ទាំង​ស្រែក​ថា៖ «លោក​ទាំង​នេះ​ជា​អ្នក​បម្រើរបស់​ព្រះជាម្ចាស់​ដ៏​ខ្ពង់ខ្ពស់​បំផុត។ លោក​នាំ​ដំណឹង​អំពី​មាគ៌ា​នៃ​ការ​សង្គ្រោះ ​មក​ប្រាប់​អ្នក​រាល់​គ្នា»។ 18 នាងតែងតែ​ធ្វើ​ដូច្នេះជាយូរថ្ងៃហើយ។ ដោយ​លោក​ប៉ូល​ទាស់​ចិត្ត​ជា​ខ្លាំងនឹងនាង ក៏​ងាក​ទៅ​ក្រោយបញ្ជា​វិញ្ញាណ​អាក្រក់​ថា៖ «ក្នុង​ព្រះនាម​ព្រះយេស៊ូគ្រិស្ដ ចូរ​ចេញ​ពី​នាង​ទៅ!»។ វិញ្ញាណ​អាក្រក់​ក៏​ចេញ​ពី​នាង​ភ្លាម។ 19 កាល​ពួក​ម្ចាស់​របស់​ស្រី​បម្រើ​នោះ​ឃើញ​ថា លែង​មាន​សង្ឃឹម​នឹង​បាន​កំរៃ​អ្វី​ទៀត គេ​ក៏​នាំ​គ្នា​ចាប់​លោក​ប៉ូល និង​លោក​ស៊ីឡាស អូស​យក​ទៅ​ជូន​ចៅក្រម​នៅ​ទីសាធារណៈ។ 20 ចៅក្រម​នាំ​លោក​ទាំង​ពីរ​ទៅ​ជួប​ពួក​អាជ្ញាធរ ពោល​ថា៖ «ជន​ជាតិ​យូដា​ទាំង​នេះ​បង្ក​ឲ្យមាន​ចលាចល ​នៅ​ក្នុង​ក្រុង​យើង។ 21 គេ​នាំ​ទំនៀមទម្លាប់​ផ្សេងៗ​មក​ផ្សាយ​ប្រាប់​យើង ដែលមិនស្របច្បាប់សម្រាប់ជន​ជាតិ​រ៉ូម៉ាំង ក្នុងការ​ទទួល ឬ​អនុវត្ត​តាម​បាន​ឡើយ»។ 22 បណ្ដាជន​ក៏​លើក​គ្នា​មក​ប្រឆាំង​នឹង​លោក​ទាំង​ពីរ​ដែរ។ ពួក​អាជ្ញាធរ​បាន​បញ្ជា​ឲ្យគេ​ដោះ​សម្លៀកបំពាក់​លោក​ប៉ូល និង​លោក​ស៊ីឡាស​ចេញ រួច​បញ្ជាឲ្យ​វាយ​នឹង​រំពាត់។ 23 ក្រោយ​ពី​បាន​វាយ​លោក​ទាំង​ពីរ​ច្រើន​រំពាត់រួច​ហើយ គេ​ក៏​យក​លោក​ទៅ​ដាក់​ក្នុង​ទី​ឃុំឃាំង ទាំង​បញ្ជា​ឲ្យ​យាមកាម​យ៉ាងម៉ឺងម៉ាត់ផង។ 24 បន្ទាប់ពីឆ្មាំ​គុកបានឮបញ្ជានេះ គេ​ក៏​យក​លោក​ទាំង​ពីរ​ទៅ​ឃុំ​ក្នុង​គុក​ងងឹត និង​ដាក់​ខ្នោះ​ជើង។ 25 ប្រមាណ​ជា​ពាក់​កណ្ដាល​អធ្រាត្រ លោក​ប៉ូល និង​លោក​ស៊ីឡាសនាំ​គ្នា​អធិស្ឋាន និង​ច្រៀង​សរសើរ​តម្កើង​ព្រះជាម្ចាស់ រូចអ្នក​ទោស​ឯ​ទៀតៗ​ស្ដាប់​លោក​ទាំង​ពីរដែរ។ 26 រំពេច​នោះ ស្រាប់​តែ​មាន​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​កក្រើក​ដល់​គ្រឹះ​នៅទី​ឃុំឃាំង រំពេចនោះ ទ្វារ​គុក​ទាំង​ប៉ុន្មាន​ក៏​របើក​ឡើង​ភ្លាម រីឯ​ច្រវាក់​ដែល​គេ​ដាក់​អ្នក​ទោស​ក៏​របូត​ចេញ​អស់​ដែរ។ 27 ពេល​នោះ ឆ្មាំ​គុក​ភ្ញាក់​ឡើង ហើយបានឃើញទ្វារ​គុក​របើក​ គាត់​ក៏​ហូត​ដាវ​បម្រុង​នឹង​សម្លាប់​ខ្លួន ព្រោះ​នឹក​ស្មាន​ថា​អ្នក​ទោស​រត់​បាត់​អស់​ហើយ។ 28 ប៉ុន្តែ លោក​ប៉ូល​បាន​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «កុំ​ធ្វើ​បាប​ខ្លួនឯង​អី ព្រោះយើង​ទាំង​អស់​គ្នា​នៅ​ទី​នេះ​ទេ!»។ 29 ឆ្មាំ​គុក​សុំ​ឲ្យគេ​យក​ភ្លើង​មក រួច​ប្រញាប់ប្រញាល់​ចូល​ទៅ​ក្នុង​គុក ហើយគាត់​ក្រាប​ចុះ​នៅ​មុខ​លោក​ប៉ូល និង​លោក​ស៊ីឡាសទាំង​ញាប់ញ័រ 30 គាត់​នាំ​លោក​ទាំង​ពីរ​ចេញ​មក​ក្រៅ ពោល​ថា៖ «លោក​ម្ចាស់! តើ​ខ្ញុំ​ប្របាទ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​បាន​ទទួល​ការ​សង្គ្រោះ?»។ 31 លោក​តប​ទៅ​គាត់​វិញ​ថា៖ «សូម​ជឿ​លើ​ព្រះអម្ចាស់យេស៊ូ​ទៅ នោះ​ព្រះជាម្ចាស់​នឹង​សង្គ្រោះ​លោក ព្រម​ទាំង​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក​ផង​ដែរ»។ 32 លោក​ទាំង​ពីរ​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ប្រាប់​គាត់ រួមជាមួយ​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ផ្ទះ​គាត់។ 33 ពេល​នោះ ឆ្មាំ​គុក​នាំ​លោក​ទាំង​ពីរ​មក​លាង​ស្នាម​របួស​ទាំង​យប់ ហើយ​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ភ្លាម។ 34 គាត់​បាន​នាំ​លោកប៉ូល និងលោកស៊ីឡាស​ឡើង​ទៅ​ផ្ទះ​គាត់ រៀបចំ​ម្ហូប​អាហារ​ជូន រួចគាត់ និង​ក្រុម​គ្រួសារ​របស់​គាត់​មាន​អំណរ​យ៉ាងខ្លាំង ដោយ​បាន​ជឿ​លើ​ព្រះជាម្ចាស់។ 35 លុះ​ភ្លឺ​ឡើង ពួក​អាជ្ញាធរ​បាន​ចាត់​តម្រួតឲ្យ​ទៅ​ប្រាប់​ឆ្មាំ​គុក​ថា៖ «ចូរ​ដោះ​លែង​អ្នក​ទាំង​នោះ​ទៅ!»។ 36 ឆ្មាំ​គុក​បាន​នាំ​ដំណឹង​នេះ​ទៅ​ជម្រាប​លោក​ប៉ូល​ថា៖ «ពួក​អាជ្ញាធរ​បាន​ចាត់​គេ​មក​ប្រាប់​ឲ្យ​ដោះ​លែង​លោក​ហើយ ដូច្នេះសូម​លោក​ចេញ​ទៅ​ឲ្យបាន​សុខសាន្ត​ចុះ»។ 37 ប៉ុន្តែ លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​តម្រួត​ទាំង​នោះ​ថា៖ «យើង​ជា​ជន​ជាតិ​រ៉ូម៉ាំង​ គេ​បាន​វាយ​យើង​នឹង​រំពាត់​នៅ​មុខ​ប្រជុំ​ជន ដោយ​ពុំ​បាន​ជំនុំ​ជម្រះ​ជា​មុន ហើយ​ក៏​យក​យើង​មក​ដាក់​គុក​ទៀត។ តើពួកគេចង់​ដោះ​លែង​យើង​ដោយ​ស្ងាត់ៗឬ? ទេ មិន​បាន​ទេ! លោក​ទាំង​នោះ​ត្រូវ​តែ​មក​ដោះ​លែង​យើង​ផ្ទាល់​តែ​ម្ដង​ទើប​បាន»។ 38 ពួក​តម្រួត​នាំ​ពាក្យ​នេះ​ទៅ​ជម្រាប​ពួក​អាជ្ញាធរ។ កាល​ដឹង​ថា លោក​ប៉ូល និងលោកស៊ីឡាស​មាន​សញ្ជាតិ​រ៉ូម៉ាំង​ដូច្នេះ ពួក​អាជ្ញាធរ​ភ័យ​ខ្លាច​ជា​ខ្លាំង។ 39 ពួកអាជ្ញាធរ​សុំ​ទោស​លោក​ទាំង​ពីរ រួច​ដោះ​លែង​លោក និង​អង្វរ​ឲ្យលោក​ចាក​ចេញ​ពី​ក្រុង​នោះ​ផង។ 40 លោក​ប៉ូល និងលោកស៊ីឡាស​ចេញ​ពី​ទី​ឃុំឃាំងចូល​ទៅ​ផ្ទះ​របស់​នាង​លីឌា។ នៅពេលប៉ូល និងស៊ីឡាសបាន​ជួប​ពួក​បង​ប្អូន ពួកលោកក៏​លើក​ទឹក​ចិត្ត​គេ​ រួច​លោកទាំងពីរនាំ​គ្នា​ធ្វើ​ដំណើរ​ចេញ​ទៅ។

ជំពូក ១៧

1 លោក​ប៉ូល និង​លោក​ស៊ីឡាសធ្វើ​ដំណើរ​កាត់​ក្រុង​អាំភីប៉ូលី និង​ក្រុង​អប៉ុឡូនា ហើយ​ទៅ​ដល់​ក្រុង​ថេស្សាឡូនិក ដែលជាក្រុងមួយមាន​សាលា​ប្រជុំរបស់​សាសន៍​យូដា។ 2 លោក​ប៉ូល​បាន​ចូល​ទៅ​សាលា​ប្រជុំ​តាម​ទម្លាប់​របស់​លោក ព្រម​ទាំង​វែកញែក​គម្ពីរ​ជា​មួយ​ពួក​គេ​រាល់​ថ្ងៃ​សប្ប័ទក្នុង​អំឡុង​បី​សប្ដាហ៍។ 3 លោកបានបើកអត្ថបទគម្ពីរ ហើយ​បរិយាយ​ពន្យល់​ប្រាប់​គេ​ថា ជាការសំខាន់ណាស់ដែលព្រះគ្រិស្ដ​ត្រូវ​តែ​រង​ទុក្ខ​វេទនា និង​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ លោក​មាន​ប្រសាសន៍​ថា៖ «ព្រះយេស៊ូនេះហើយ ដែល​ខ្ញុំ​បាន​ជម្រាបប្រាប់​បង​ប្អូនថាជាព្រះគ្រិស្ត​»។ 4 ជន​ជាតិ​យូដា​ខ្លះ​យល់​ស្រប​តាម ហើយ​ចូល​មក​រួបរួម​ជា​មួយ​លោក​ប៉ូល និង​លោក​ស៊ីឡាស មាន​ទាំងជន​ជាតិ​ក្រិក ​ដែល​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ជាច្រើនអ្នក និង​មាន​ស្ត្រីៗ​ជា​ច្រើនក្នង​ចំណោម​អ្នក​ធំ​ក៏​ចូល​មក​រួបរួម​ដែរ។ 5 រីឯ​ជន​ជាតិ​យូដាដែលមិនទាន់ជឿ គេ​មាន​ចិត្ត​ច្រណែន ហើយ​ប្រមូល​ពួក​ពាល​ដែល​នៅ​តាម​ផ្លូវមក​បំបះបំបោរ​ប្រជាជន ឲ្យកើត​ចលាចល​ក្នុង​ក្រុង។ គេ​បាន​ទៅ​ផ្ទះ​លោក​យ៉ាសូន ក្នុង​គោល​បំណង​ចាប់​លោក​ប៉ូល និង​លោក​ស៊ីឡាស យក​ទៅ​ឲ្យ​ប្រជាជន​កាត់​ទោស។ 6 តែ​ដោយ​គេ​រក​លោក​ទាំង​ពីរ​មិន​ឃើញ គេ​ក៏​ចាប់​លោក​យ៉ាសូន និង​បង​ប្អូន​ខ្លះ​ទៀត អូស​យក​ទៅ​ជូន​លោក​អភិបាល​ក្រុង ទាំង​ស្រែក​ឡើង​ថា៖ «ពួក​ដែល​បង្ក​ការ​ជ្រួលច្របល់​ពេញ​ពិភព​លោក​ទាំង​មូល បាន​មក​ដល់​ទី​នេះ​ហើយ!។ 7 យ៉ាសូន​បាន​ទទួល​ពួក​គេ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​គាត់ ហើយអ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ខុស​នឹង​ព្រះរាជក្រឹត្យ​របស់​ព្រះចៅ​អធិរាជសេសារ ដ្បិត​ពួក​គេ​ប្រកាស​ថា មាន​ស្ដេច​មួយ​អង្គ​ទៀត នាម​យេស៊ូ»។ 8 ពាក្យ​នេះ​បាន​ធ្វើ​ឲ្យ​បណ្ដាជន និង​លោក​អភិបាល​ក្រុង​ខ្វល់​ចិត្ត។ 9 គេ​បាន​សុំ​ឲ្យ​លោក​យ៉ាសូន និង​អ្នក​ឯ​ទៀតៗ​បង់​ប្រាក់​ធានា ទើប​គេ​សុខ​ចិត្ត​ដោះ​លែង​ឲ្យ​ទៅ​វិញ។ 10 នៅយប់នោះ ពួក​បង​ប្អូន​បាន​បណ្ដោះ​លោក​ប៉ូល និង​លោក​ស៊ីឡាសឲ្យ​ចេញ​ដំណើរ​ទៅ​ក្រុង​បេរាភ្លាម។ លុះ​ទៅ​ដល់​ហើយ លោក​ទាំង​ពីរ​ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំរបស់​សាសន៍​យូដា។ 11 សាសន៍​យូដា​នៅ​ក្រុង​នេះ មាន​សន្ដាន​ចិត្ត​ល្អ​ជាង​សាសន៍​យូដា​នៅ​ក្រុង​ថេស្សាឡូនិក ដ្បិត​គេ​បាន​ទទួល​ព្រះបន្ទូល​ដោយ​ចិត្ត​ស្មោះ​សរ ហើយ​ពិនិត្យពិច័យ​មើល​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ដឹង​ថា សេចក្ដី​ដែល​លោក​ប៉ូល និង​លោក​ស៊ីឡាស​មាន​ប្រសាសន៍​ប្រាប់​គេ ពិត​ជា​ត្រឹម​ត្រូវ​មែន ឬ​យ៉ាង​ណា។ 12 ក្នុង​ចំណោម​ពួក​គេ​មាន​ច្រើន​នាក់​បាន​ជឿ ហើយ​មាន​ស្ត្រីៗ​អ្នក​មុខ​អ្នក​ការ​ជាតិ​ក្រិក និង​មាន​បុរស​ជា​ច្រើន​បាន​ជឿ​ដែរ។ 13 ប៉ុន្តែ កាល​សាសន៍​យូដា​នៅ​ក្រុង​ថេស្សាឡូនិក​ដឹង​ថា លោក​ប៉ូល​ផ្សព្វផ្សាយ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​នៅ​ក្រុង​បេរា​ដែរ​នោះ គេ​ក៏​នាំ​គ្នា​មក​បំបះបំបោរ​មហាជនឲ្យ​ជ្រួលច្របល់​ឡើង។ 14 ឃើញ​ដូច្នោះ ពួក​បង​ប្អូន​បាន​នាំ​លោក​ប៉ូល​ឆ្ពោះ​ទៅ​មាត់​សមុទ្រ​ភ្លាម រីឯ​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ​វិញ ស្នាក់​នៅ​ទី​នោះ​ដដែល។ 15 ពួក​អ្នក​ជូន​ដំណើរ​លោក​ប៉ូល បាន​មក​ជា​មួយ​លោក​រហូត​ដល់​ក្រុង​អាថែន។ នៅពេលពួកគេ​ត្រឡប់​ទៅ​វិញ គេ​នាំ​ពាក្យ​ផ្ដែផ្ដាំ​ពី​លោក​ប៉ូល ទៅ​ជម្រាបប​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេឲ្យ​មក​តាម​លោក​យ៉ាង​ប្រញាប់​បំផុត។ 16 ពេល​លោក​ប៉ូល​រង់ចាំ​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ នៅ​ក្រុង​អាថែន លោក​តឹង​ទ្រូង​ជា​ខ្លាំង ​ដោយ​ឃើញ​មាន​រូប​សំណាក់​ពាសពេញ​ក្នុង​ក្រុង​នេះ។ 17 ដូច្នេះលោក​បាន​ជជែក​សន្ទនា​ជា​មួយ​សាសន៍​យូដា និង​ជា​មួយ​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​រៀង​រាល់​ថ្ងៃ លោក​សន្ទនា​ជា​មួយ​អស់​អ្នក​ដែល​លោក​ជួប​នៅ​តាម​ទីសាធារណៈ​ក្នុង​ក្រុងនោះ។ 18 មាន​ទស្សនវិទូ​ខ្លះ​ខាង​អេពីគួរ និង​ខាង​ស្ដូអ៊ីក​ ក៏​បាន​ជួប​លោកដែរ​។​ អ្នកខ្លះ​ពោល​ថា៖ «តើ​អ្នក​ព្រោកប្រាជ្ញ​នេះ​ចង់​និយាយអំ​ពី​រឿង​អ្វី?» ខ្លះ​ទៀត​ពោល​ថា៖ «គាត់មើលទៅដូចជាអ្នកដែលប្រកាសប្រាប់មនុស្សពីព្រះចម្លែក»។ គេ​ពោល​ដូច្នេះ មក​ពី​ឮ​លោក​ប៉ូលប្រកាសអំពី​ព្រះយេស៊ូ និង​អំពី​ការ​រស់​ឡើង​វិញ​។ 19 គេ​ក៏​នាំ​លោក​យក​ទៅ​មុខ​សភា​ក្រុង នៅ​ទួល​អើរីយ៉ូស ហើយ​ពោល​មក​លោក​ថា៖ «តើ​លោក​អាច​ប្រាប់​​យើងឲ្យ​ដឹង អំពី​លទ្ធិ​ថ្មី​ដែល​លោក​បង្រៀន​នោះ​បាន​ទេ? 20 ដ្បិត​យើង​បាន​ឮ​លោក​ថ្លែង​រឿង​ចំឡែកៗ ដូច្នេះយើងពិតជាចង់ដឹងអត្ថន័យណាស់។ 21 អ្នក​ក្រុង​អាថែន និង​ជន​បរទេស​ឯ​ទៀតៗ ដែល​រស់​នៅ​ក្នុង​ក្រុង​នោះ មិន​ធ្វើ​អ្វី​ផ្សេង​ទៀត​ក្រៅ​ពី​និយាយ ឬ​ស្ដាប់​រឿង​ថ្មីៗ​។ 22 ដូច្នេះលោក​ប៉ូល​ក្រោក​ឈរនៅ​កណ្ដាល​អង្គ​ប្រជុំ​នៅ​ទួល​អើរីយ៉ូស ហើយ​មាន​ប្រសាសន៍​ថា៖ «អស់​លោក​ជា​អ្នក​ក្រុង​អាថែន​អើយ! ខ្ញុំ​សង្កេតឃើញអ្នកថា អស់លោកជាអ្នកកាន់សាសនាខ្ជាប់ខ្ជួនណាស់។ 23 ពេល​ខ្ញុំ​ដើរ​ក្នុង​ទីក្រុង ខ្ញុំ​ឃើញ​មាន​បូជនីយដ្ឋាន​ទាំង​ប៉ុន្មាន ​ដែល​អស់​លោក​គោរព​បូជា ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​អាសនៈ​មួយ​ដែល​មាន​ចារឹក​អក្សរ​ថា៖ «សូម​ឧទ្ទិស​ដល់​ព្រះ​ដែល​យើង​ពុំ​ស្គាល់»។ ខ្ញុំចង់ប្រកាសប្រាប់ថា អស់លោកថ្វាយបង្គំព្រះដែលអស់លោកពុំស្គាល់។ 24 ព្រះជាម្ចាស់​ដែល​បាន​បង្កើត​ពិភព​លោក និង​បង្កើត​អ្វីៗ​សព្វ​សារពើ​នៅ​ក្នុង​ពិភព​លោក​នេះ ព្រះអង្គ​ជា​ព្រះអម្ចាស់​នៃ​ស្ថាន​បរមសុខ និង​​ផែនដី ព្រះអង្គ​មិន​គង់​នៅ​ក្នុង​ព្រះវិហារ ដែល​មនុស្ស​សង់​នោះ​ឡើយ។ 25 ​ព្រះអង្គ​ក៏​មិន​ត្រូវ​ការ​ឲ្យ​មនុស្ស​បី​បាច់​ថែរក្សា​ព្រះអង្គ​ដែរ ព្រោះ​ព្រះអង្គ​ទេ​តើ​ដែល​បាន​ប្រទាន​ជីវិត ប្រទាន​ដង្ហើម និង​ប្រទាន​របស់​សព្វ​សារពើដល់​មនុស្ស។ 26 ព្រះអង្គ​ប្រទាន​ឲ្យប្រជាជាតិ​នានា កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់ ហើយ​ឲ្យ​គេ​រស់​នៅ​ពាសពេញ​លើ​ផែនដី​ទាំង​មូល ទាំង​កំណត់​រដូវ​កាល និង​កំណត់​ព្រំដែន​ឲ្យ​មនុស្ស​រស់​នៅ 27 ហេតុដូច្នេះបានជាគេគួរស្វែងរកព្រះជាម្ចាស់ ប្រហែល​ជា​គេ​នឹង​រក​ព្រះអង្គ​ឃើញ។ តាម​ពិត ព្រះជាម្ចាស់​មិន​គង់​នៅ​ឆ្ងាយ​ពី​យើង​ម្នាក់ៗ​ទេ។ 28 ដ្បិត​យើង​មាន​ជីវិត មាន​ចលនា និង​មាន​ភាវៈ​ជា​មនុស្សក្នុងព្រះអង្គ ដូចអ្នក​កវី​ម្នាក់របស់​អស់​លោក​តែង​ពោល​ថា៖ “យើង​ក៏​ជា​ពូជ​របស់​ព្រះអង្គ​ដែរ”។ 29 ហេតុ​នេះ ប្រសិន​បើ​យើង​ពិត​ជា​ពូជ​របស់​ព្រះជាម្ចាស់​មែន យើង​មិន​ត្រូវ​គិត​ថា ព្រះអង្គ​មាន​សណ្ឋាន​ដូច​រូប​សំណាក់ ធ្វើ​ពី​មាស ប្រាក់ ឬ​ថ្ម​ដែល​ជា​ក្បាច់​រចនាតាម​ការ​នឹក​ឃើញ​របស់​មនុស្ស​នោះ​ឡើយ។ 30 ដូច្នេះ ព្រះជាម្ចាស់​មិន​ប្រកាន់​ទោស​មនុស្សលោក ដែលប្រព្រឹត្តអំពើមិនគប្បីនោះឡើយ តែ​ឥឡូវ​នេះ ព្រះអង្គ​បង្គាប់ឲ្យ​មនុស្ស​ទាំង​អស់​រស់​នៅ​គ្រប់​ទី​កន្លែង បានកែ​ប្រែ​ចិត្ត​។ 31 ដ្បិត​ព្រះអង្គ​បាន​កំណត់​ថ្ងៃ​មួយ​ទុក ដើម្បី​វិនិច្ឆ័យ​ទោស​មនុស្ស តាម​សេចក្ដី​សុចរិត ដោយសារ​បុរស​ម្នាក់​ដែល​ព្រះអង្គ​បាន​តែងតាំង។ ព្រះអង្គ​បាន​ប្រោស​បុរស​នោះ​ឲ្យរស់​ឡើង​វិញទុក​ជា​ភស្ដុតាង​សម្រាប់​មនុស្ស​ទាំង​អស់»។ 32 កាល​ពួក​គេ​បាន​ឮ​សូរ​ពាក្យ “រស់​ឡើង​វិញ” ដូច្នេះ អ្នក​ខ្លះ​ក៏​ចំអក​អោយលោកប៉ូល អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «ចាំ​លើក​ក្រោយ យើង​នឹង​ស្ដាប់​លោក​មាន​ប្រសាសន៍​អំពី​រឿង​នេះ​ទៀត»។ 33 បន្ទាប់មក លោក​ប៉ូល​ក៏​ចាក​ចេញ​ពី​ចំណោម​ពួក​គេ។ 34 ប៉ុន្តែ មាន​អ្នក​ខ្លះ​បាន​មក​ចូល​រួម​ជា​មួយ​លោក​ហើយ​ជឿ រូមទាំងលោក​ឌេវនីស ជា​សមាជិក​សភា​ក្រុង នៅ​ទួល​អើរីយ៉ូស និង​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​នាង​ដាម៉ារីស ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​ផង។

ជំពូក ១៨

1 ក្រោយ​មក លោក​ប៉ូល​បាន​ចាក​ចេញ​ពី​ក្រុង​អាថែន ហើយធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​កូរិនថូស។ 2 នៅ​ក្រុង​នោះ លោក​បាន​ជួប​ជន​ជាតិ​យូដា​ម្នាក់ ឈ្មោះ​អគីឡា ជា​អ្នក​ស្រុក​ប៉ុនតុស និងនាង​ព្រីស៊ីល​ជា​ភរិយា អ្នកទាំងពីរទើប​នឹង​មក​ពី​ស្រុក​អ៊ីតាលី ព្រោះ​ព្រះចៅ​អធិរាជ​ក្លូឌាស បាន​ចេញ​បញ្ជា​អោយ​ជន​ជាតិ​យូដា​ទាំង​អស់​ចាក​ចេញ​ពី​ក្រុង​រ៉ូម។ លោក​ប៉ូល​បានទៅជួប​អ្នក​ទាំង​ពីរ 3 ហើយ​ស្នាក់​នៅ និង​ធ្វើ​ការ​ជា​មួយ​គេ ព្រោះ​លោក​មាន​មុខ​របរ​ដូច​គ្នា គឺ​ត្បាញ​ក្រណាត់​សសម្រាប់​បោះ​ជំរំ។ 4 ដូច្នេះ រៀង​រាល់​ថ្ងៃ​សប្ប័ទ លោកប៉ូល​តែងតែ​មាន​ប្រសាសន៍​ក្នុង​សាលា​ប្រជុំ។ លោក​ណែនាំទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក​ឲ្យ​ជឿ។ 5 កាល​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេធ្វើ​ដំណើរ​ពី​ស្រុក​ម៉ាសេដូន​មក​ដល់​ហើយ លោក​ប៉ូល​ក៏​ចំណាយ​ពេល​ទាំង​អស់​របស់​លោក ដើម្បី​ប្រកាស​ព្រះបន្ទូល។ លោក​បាន​បញ្ជាក់​ប្រាប់​សាសន៍​យូដា​ថា ព្រះយេស៊ូ​ពិត​ជា​ព្រះគ្រិស្ដ។ 6 ពេលសាសន៍​យូដា​បាន​ប្រឆាំង និងជេរ​ប្រមាថ​លោក លោក​ក៏​រលាស់​ធូលី​ដី​ពី​អាវ​របស់​លោកទាំង​មាន​ប្រសាសន៍​ថា៖ «បើ​អ្នក​រាល់​គ្នា​វិនាស​បាត់​បង់​នោះ គឺ​មក​តែ​ពី​កំហុស​របស់​អ្នក​រាល់​គ្នា​ផ្ទាល់​ប៉ុណ្ណោះ​ គ្មាន​ជាប់​ជំពាក់​អ្វី​ជា​មួយ​ខ្ញុំ​ទេ។ ​ចាប់​ពី​ពេល​នេះ ខ្ញុំ​នឹង​ទៅ​រក​សាសន៍​ដទៃ​វិញ»។ 7 ដូច្នេះ លោក​ក៏​ចាក​ចេញ​ពី​ទី​នោះឆ្ពោះ​ទៅ​ផ្ទះ​បុរស​ម្នាក់ ឈ្មោះ​យូស្ទូសជា​អ្នក​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់។ ផ្ទះ​គាត់​នៅ​ជាប់​នឹង​សាលា​ប្រជុំ។​ 8 លោក​គ្រីសប៉ុស ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ និង​ក្រុម​គ្រួសារ​របស់​លោក​វិញ ក៏​ជឿ​លើ​ព្រះអម្ចាស់​ដែរ។ មាន​អ្នក​ក្រុង​កូរិនថូស​ជា​ច្រើន​ទៀត បាន​ស្ដាប់​លោក​ប៉ូល​ហើយ​ជឿ ព្រម​ទាំង​ទទួល​ពិធី​ជ្រមុជ​ទឹក​ផងដែរ។ 9 យប់​មួយ លោក​ប៉ូល​និមិត្ត​ឃើញ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​លោក​ថា៖ «កុំ​ខ្លាច​អី! ត្រូវ​និយាយ​ត​ទៅ​ទៀត កុំ​នៅ​ស្ងៀម​ឡើយ។ 10 ដ្បិត​យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​ហើយ ពុំ​មាន​នរណា​អាច​ធ្វើ​បាប​អ្នក​បាន​ទេ ព្រោះ​នៅ​ក្រុង​នេះ មាន​មនុស្ស​ជា​ច្រើន​ជា​ប្រជារាស្ត្រ​របស់​យើង»។ 11 លោក​ប៉ូល​ស្នាក់​នៅ​ក្រុង​កូរិនថូស អស់​រយៈ​ពេល​មួយ​ឆ្នាំ​ប្រាំ​មួយ​ខែ លោក​បង្រៀន​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដល់​អ្នក​ក្រុង​នោះ។ 12 នៅ​គ្រា​ដែល​លោក​កាលីយ៉ូ​កាន់​តំណែង​ជា​រាជ​ប្រតិភូ​របស់​ព្រះចៅ​អធិរាជ​រ៉ូម៉ាំង​នៅ​ស្រុក​អាខៃ សាសន៍​យូដា​បាន​សម​គំនិត​គ្នា​ប្រឆាំង​នឹង​លោក​ប៉ូល ហើយ​នាំ​លោក​យក​ទៅ​សាលា​កាត់​ក្ដី 13 ទាំង​ចោទ​ថា៖ «ជន​នេះ​បញ្ចុះបញ្ចូល​មនុស្សម្នា​ឲ្យគោរព​ថ្វាយបង្គំ​ព្រះជាម្ចាស់ តាម​របៀប​មួយ​ខុស​ច្បាប់»។ 14 ពេល​លោក​ប៉ូល​បម្រុង​នឹង​ហា​មាត់​និយាយ លោក​កាលីយ៉ូ​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​យូដា​ថា៖ «ជន​ជាតិ​យូដា​អើយ ប្រសិន​បើ​រឿង​នេះ​ទាក់ទង​នឹង​បទឧក្រិដ្ឋ ឬ​បទ​ល្មើស​ណា​មួយ​នោះ ខ្ញុំ​មុខ​ជា​សុខ​ចិត្ត​ស្ដាប់​អ្នក​រាល់​គ្នា​មិន​ខាន។ 15 តែបើ​ជា​រឿង​ជជែក​វែកញែក​ស្ដី​អំពី​ពាក្យពេចន៍ អំពី​ឈ្មោះ ឬ​អំពី​ធម៌​វិន័របស់​អ្នក​រាល់​គ្នា​ទេ​នោះ ចូរ​ដោះ​ស្រាយ​ខ្លួន​ឯង​ទៅ។ ខ្ញុំ​មិន​ព្រម​កាត់​ក្ដី​ឲ្យ​អ្នក​រាល់​គ្នា​អំពី​រឿង​នេះ​ឡើយ»។ 16 លោក​ក៏​ដេញ​ពួក​គេ​ចេញ​ពី​សាលា​កាត់​ក្ដី។ 17 ពេល​នោះ ពួក​គេ​នាំ​គ្នា​ចាប់​លោក​សូស្តែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ មក​វាយ​នៅ​មុខ​សាលា​កាត់​ក្ដី តែ​លោក​កាលីយ៉ូ​មិន​អើពើ​ទេ។ 18 បន្ទាប់ពីលោក​ប៉ូល​បាន​ស្នាក់​នៅ​ក្រុង​កូរិនថូស​ជា​យូរ​ថ្ងៃក្រោយ​មក លោក​ក៏​ជម្រាប​លា​ពួក​បង​ប្អូន រូចចុះ​សំពៅ​ឆ្ពោះ​ទៅ​ស្រុក​ស៊ីរី ដោយ​មាន​នាង​ព្រីស៊ីល និង​លោក​អគីឡា​ជូន​ដំណើរ​ទៅ​ជា​មួយ​ដែរ។ លោក​បាន​កោរ​សក់​លា​បំណន់មុនពេលលោកចាកចេញ នៅ​កំពង់ផែ​កេងគ្រា។ 19 លុះ​មក​ដល់​ក្រុង​អេភេសូ លោក​ប៉ូល​ក៏​ជម្រាបលា​នាង​ព្រីស៊ីល និង​លោក​អគីឡា។ លោក​បាន​ចូល​ទៅ​សាលា​ប្រជុំ ហើយ​សន្ទនា​ជា​មួយ​សាសន៍​យូដា។ 20 ពួក​គេ​បាន​អង្វរ​សុំ​ឲ្យ​លោកប៉ូល​ស្នាក់​នៅ​ទី​នោះ​មួយ​រយៈទៀត តែ​លោកមិនព្រមទេ។ 21 លោក​ជម្រាបលា​គេ​ទាំង​ពោល​ថា៖ «ប្រសិន​បើ​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ ​ខ្ញុំ​នឹង​វិល​មក​រក​បង​ប្អូន​វិញ» រួច​លោក​ចុះ​សំពៅ​ចេញ​ពី​ក្រុង​អេភេសូ​។ 22 កាលធ្វើ​ដំណើរ​មក​ដល់​ក្រុង​សេសារា លោក​បាន​ឡើង​ទៅ​សួរ​សុខ​ទុក្ខ​ក្រុមជំនុំយេរូសាឡឹម ហើយលោក​បន្ត​ដំណើរ​ទៅ​ដល់​ក្រុង​អន់ទីយ៉ូក។ 23 ក្រោយ​ពី​បាន​ស្នាក់​នៅ​ក្រុង​អន់ទីយ៉ូកយូរ​បន្តិច​មក លោក​ក៏​ចេញ​ដំណើរបន្តទៀត ដោយ​ឆ្លង​កាត់​ស្រុក​កាឡាទី និង​ស្រុក​ព្រីគា ហើយបានលើកទឹកចិត្តពួកសិស្សនៅទីនោះផង។ 24 ឥឡូវមាន​ជន​ជាតិ​យូដា​ម្នាក់ ឈ្មោះ​អប៉ូឡូស មានកំណើតជា​អ្នក​ស្រុក​អលេក្សានទ្រា បាន​មក​នៅ​ក្រុង​អេភេសូ។ គាត់​ជា​មនុស្ស​មាន​វោហារ ហើយ​ស្គាល់​គម្ពីរ​យ៉ាង​ល្អិតល្អន់។ 25 គាត់​បាន​ទទួល​ការ​អប់រំ​អំពី​មាគ៌ា​របស់​ព្រះអម្ចាស់។ គាត់​ប្រកាស​ព្រះបន្ទូល ហើយ​ប៉ិនប្រសប់​បង្រៀន​គេ​យ៉ាង​ច្បាស់​លាស់​ អំពី​ព្រះយេស៊ូ​ដោយ​ចិត្ត​ឧស្សាហ៍​មោះមុត ​ប៉ុន្តែគាត់​​ដឹង​ត្រឹម​តែ​ពិធី​ជ្រមុជ​ទឹករបស់​លោក​យ៉ូហាន​ប៉ុណ្ណោះ។ 26 គាត់​បាន​បង្រៀន​គេ​ក្នុង​សាលា​ប្រជុំដោយ​ចិត្ត​អង់អាច។ កាល​នាង​ព្រីស៊ីល និង​លោក​អគីឡា​បាន​ឮ​គាត់​បង្រៀន​ដូច្នេះ ក៏​អញ្ជើញ​គាត់​ទៅ​ជា​មួយ ព្រម​ទាំង​ពន្យល់​គាត់ឲ្យ​រឹត​តែ​ស្គាល់​មាគ៌ា​របស់​ព្រះជាម្ចាស់​ថែម​ទៀត។ 27 ដោយ​លោក​អប៉ូឡូស​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​អាខៃ ពួក​បង​ប្អូន​ក៏​នាំ​គ្នា​លើក​ទឹក​ចិត្ត​គាត់​អោយ​ទៅ ថែម​ទាំង​សរសេរ​សំបុត្រ​ទៅ​ជំរាប​ពួក​សិស្សនៅ​ស្រុក​នោះអោយ​ទទួល​ស្វាគមន៍គាត់​ផង។ លុះ​ទៅ​ដល់ គាត់​បាន​ខ្នះខ្នែង​ជួយ​អស់​អ្នក​នៅ​ទី​នោះ​ដែល​បាន​ទទួល​ជឿ ដោយសារ​ព្រះគុណ​របស់​ព្រះជាម្ចាស់។ 28 ដ្បិត​គាត់​ចេះ​ផ្ចាញ់​សាសន៍​យូដា​នៅ​មុខ​ប្រជុំ​ជន​ទាំង​អស់ និង​វែកញែក​គម្ពីរ បញ្ជាក់​ប្រាប់​គេ​ថា ព្រះយេស៊ូ​ពិត​ជា​ព្រះគ្រិស្ដ​មែន។

ជំពូក​ ១៩

1 ពេល​ដែល​លោក​អប៉ូឡូស​នៅ​ក្រុង​កូរិនថូស លោក​ប៉ូល​បាន​ឆ្លង​កាត់​តំបន់​ខ្ពង់​រាប ហើយធ្វើ​ដំណើរ​មក​ដល់​ក្រុង​អេភេសូ លោក​បាន​ជួប​សិស្សខ្លះ 2 ហើយ​សួរ​ថា៖ «កាល​បង​ប្អូន​ចាប់​ផ្ដើម​ជឿ​នោះ តើ​បង​ប្អូន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធហើយ​ឬ​នៅ?»។ គេ​តប​មក​លោក​វិញ​ថា៖ «យើង​ខ្ញុំ​មិន​ដែល​ទាំង​ឮ​ថា មាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ផង»។ 3 លោកប៉ូល​សួរ​គេ​ទៀត​ថា៖ «ដូច្នេះ តើ​បង​ប្អូន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹកណា?»។ គេ​តប​ថា៖ «ពិធី​ជ្រមុជ​ទឹក​របស់​លោក​យ៉ូហាន»។ 4 លោក​ប៉ូល​ក៏​មាន​ប្រសាសន៍​ថា៖ «លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​អស់​អ្នក​ដែល​កែ​ប្រែ​ចិត្ត​គំនិត ទាំង​មាន​ប្រសាសន៍​ប្រាប់​ប្រជាជន​ឲ្យ​ជឿ​លើ​ព្រះអង្គ​ ដែល​យាង​មក​ក្រោយ​លោក គឺ​ព្រះយេស៊ូ​នេះ​ហើយ»។ 5 ក្រោយ​បាន​ឮ​លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នោះ ពួក​សិស្ស​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​ព្រះនាម​ព្រះអម្ចាស់យេស៊ូ។ 6 លោក​ប៉ូល​បាន​ដាក់​ដៃ​លើ​គេ ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ក៏​យាង​មក​សណ្ឋិត​លើ​គេ ហើយ​គេ​នាំ​គ្នា​និយាយ​ភាសា​ចំឡែក​អស្ចារ្យ និង​ថ្លែង​ព្រះបន្ទូល​ផង។ 7 អ្នក​ទាំង​នោះ​មាន​គ្នា​ទាំង​អស់​ប្រមាណ​ដប់ពីរ​នាក់។ 8 លោក​ប៉ូល​បាន​ចូល​ទៅ​សាលា​ប្រជុំ ហើយ​មាន​ប្រសាសន៍​ដោយ​ចិត្ត​អង់អាចអស់ពេល​បី​ខែ ទាំងសន្ទនា​ជា​មួយ​ពួក​គេ​ និង​ខិតខំ​ណែនាំ​ពួក​គេ​ឲ្យ​ជឿលើ​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់។ 9 ប៉ុន្តែ ដោយ​សាសន៍យូដា​ខ្លះ​នៅ​តែ​មាន​ចិត្ត​មានះ​មិន​ព្រម​ជឿ ថែម​ទាំង​ប្រមាថ​មាគ៌ា​របស់​ព្រះអម្ចាស់​នៅ​មុខ​ប្រជុំ​ជន​ផង​។ ដូច្នេះលោក​ប៉ូលក៏​ចាក​ចេញ​ពី​ពួក​គេ រូចនាំ​សិស្ស​ទៅ​ដាច់​ឡែក ហើយ​បង្រៀន​គេ​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​សាលា​ទីរ៉ាណុស។ 10 លោក​បាន​បង្រៀន​គេ​អស់​ពេល​ពីរ​ឆ្នាំ គឺ​រហូត​ទាល់​តែ​អ្នក​ស្រុក​អាស៊ី​ទាំង​អស់ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក បាន​ឮ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។ 11 ព្រះជាម្ចាស់​បាន​ធ្វើ​ការ​អស្ចារ្យ​ដ៏​ធំៗ​ជា​ច្រើនតាម​រយៈ​លោក​ប៉ូល 12 ហើយសូម្បី​តែគេ​យក​ក្រណាត់ ឬ​កន្សែង​ដែល​បាន​ប៉ះ​លោក​ប៉ូលមក​ដាក់​ពី​លើ​អ្នក​ជំងឺ អ្នក​ជំងឺ​នឹង​បាន​ជា ហើយ​វិញ្ញាណ​អាក្រក់​ក៏​នឹង​ចេញ​ពី​គេ​ទៅ​ដែរ។ 13 មាន​គ្រូ​ដេញ​វិញ្ញាណ​អាក្រក់​ជាតិ​យូដា​ខ្លះ តែង​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ ពួកគេចង់​ដេញ​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្សដោយ​ប្រើ​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ គឺ​គេ​និយាយ​ទៅ​វិញ្ញាណ​អាក្រក់​ថា៖ «យើង​បញ្ជា​ពួក​ឯង ក្នុង​ព្រះនាម​ព្រះយេស៊ូ​ដែល​លោក​ប៉ូល​ប្រកាស ចូរ​ចេញ​ទៅ»។ 14 កូន​ប្រុស​ទាំង​ប្រាំពីរ​របស់​លោក​ស្កេវ៉ាដែល​ជា​នាយក​បូជាចារ្យ​របស់​សាសន៍​យូដា ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ។ 15 វិញ្ញាណ​អាក្រក់​បាន​តប​មក​អ្នក​ទាំង​នោះ​វិញ​ថា៖ «យើង​ស្គាល់​ព្រះយេស៊ូ ហើយ​ក៏ស្គាល់លោក​ប៉ូល​ដែរ ចុះ​ឯង​រាល់​គ្នា​វិញ​ជា​នរណា?»។ 16 អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​បាន​ស្ទុះ​មក​សង្កត់​ពួក​គេ​ជាប់ ហើយ​វិញ្ញាណ​អាក្រក់​មាន​កម្លាំង​ជាង រហូត​ទាល់​តែ​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​រត់​ចេញ​ពី​ផ្ទះ របូត​ខោ របូត​អាវ និង​ត្រូវ​របួស​ទៀត​ផង។ 17 មនុស្សម្នា​នៅ​ក្រុង​អេភេសូ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក បាន​ដឹង​រឿង​នេះ ហើយ​ខ្លាច​គ្រប់ៗ​គ្នា ដូច្នេះគេ​នាំគ្នាលើក​តម្កើង​ព្រះនាម​ព្រះអម្ចាស់យេស៊ូ។ 18 មាន​អ្នក​ជឿ​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​មក​ទទួល​សារភាព​ជា​សាធារណៈនូវ​អំពើ​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត​។ 19 ​អស់​អ្នក​ដែល​ធ្លាប់​ប្រព្រឹត្ត​អំពើ​អាបធ្មប់ ក៏​បាន​យក​ក្បួន​តម្រា​របស់​ខ្លួន​មក​ដុត​ចោល នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា​ផង។ គេ​បាន​គិតគូរ​របស់​ទាំង​នោះ ឃើញ​ថា​មាន​តម្លៃ​ប្រាំ​ម៉ឺន​ដួង។ 20 ដូច្នេះ​ព្រះបន្ទូល​រីក​ចំរើន និង​មាន​ប្រសិទ្ធភាព​កាន់​តែ​ខ្លាំង​ឡើងៗ។ 21 ក្រោយ​លោកប៉ូលបានបំពេញព័ន្ធកិច្ចរបស់លោកហើយ ព្រះវិញ្ញាណ​ណែនាំ​លោក​ប៉ូល​ឲ្យសំរេច​ចិត្ត​ទៅ​ក្រុង​យេរូសាឡឹម ដោយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃ។ លោក​មាន​ប្រសាសន៍​ថា៖ «កាល​ណា​ទៅ​ដល់​ស្រុក​នោះ​ខ្ញុំ​ត្រូវ​តែ​ទៅ​ក្រុង​រ៉ូម​ទៀត»។ 22 លោក​បាន​ចាត់​សហការី​របស់​លោក​ពីរ​រូប គឺ​លោក​ធីម៉ូថេ និង​លោក​អេរ៉ាស្ទុសឲ្យទៅ​ស្រុក​ម៉ាសេដូន​មុន។ ប៉ុន្តែលោក​ស្នាក់​នៅ​ក្នុង​ស្រុក​អាស៊ី​មួយ​រយៈ​ពេល​សិន។ 23 នៅ​គ្រា​នោះ មាន​កើត​ការ​បះបោរ​មួយ​យ៉ាង​ខ្លាំង​ព្រោះ​តែ​មាគ៌ា​របស់​ព្រះអម្ចាស់។ 24 មាន​ជាង​ចម្លាក់​ម្នាក់​ឈ្មោះ​ដេមេទ្រាស ដែល​បាន​ធ្វើ​រូប​វិហារ​របស់​ព្រះនាង​ឌីអានពី​ប្រាក់ ហើយ​គាត់​បាន​ផ្ដល់​កំរៃ​ជា​ច្រើន​ដល់​ពួក​កូន​ជាង។ 25 គាត់​បាន​ប្រមូល​កូន​ជាង​របស់​គាត់ និង​អស់​អ្នក​ដែល​មាន​មុខ​ជំនួញដូច​គ្នា​មក រួច​ពោល​ថា៖ «បង​ប្អូន​អើយ បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា យើង​បាន​រកកំរៃបានច្រើនក៏​ដោយសារ​តែ​មុខ​ជំនួញនេះ។ 26 បង​ប្អូន​ក៏​បាន​ឃើញ​បាន​ឮ​ដែរ​ថា ឈ្មោះ​ប៉ូល​នោះ​បញ្ចុះបញ្ចូល​នាំ​មហាជន​ឲ្យ​ទៅ​តាម​គាត់ មិន​ត្រឹម​តែ​នៅ​ក្រុង​អេភេសូ​នេះ​ប៉ុណ្ណោះ​ទេ គឺ​សឹង​តែ​ពេញ​ស្រុក​អាស៊ី​ទាំង​មូល​ថែម​ទៀត​ផង។ លោក​ពោល​ថា រូប​ព្រះ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស មិន​មែន​ជា​ព្រះ​ឡើយ។ 27 វាមិនត្រឹមតែជាគ្រោះថ្នាក់នោះទេ តែវានឹងធ្វើឲ្យមុខជំនួញរបស់យើងគ្មានគេត្រូវការ ថែម​ទាំង​ធ្វើ​ឲ្យ​ព្រះវិហារ​នៃ​ព្រះនាង​ឌីអាន គ្មានតម្លៃទៀតទេ។ ​បន្ទាប់មក កិត្តិនាម​របស់​ព្រះនាងដែល​អ្នក​ស្រុក​អាស៊ី និង​សកល​លោក​ទាំង​មូល​ធ្លាប់​ថ្វាយបង្គំ មុខ​ជាអន់ថយទៀត»។ 28 កាល​បាន​ឮ​ពាក្យ​នេះ​ហើយ គេ​ខឹង​យ៉ាង​ខ្លាំង ក៏​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ព្រះនាង​ឌីអាន​ជា​ព្រះ​របស់​អ្នក​ក្រុង​អេភេសូ ទ្រង់​ប្រសើរ​ឧត្ដម!»។ 29 ទីក្រុងទាំងមូល​កើត​វឹកវរ​ ហើយគេនាំគ្នាស្រូតដើរ​តម្រង់​ទៅ​លាន​មហោស្រព។​ ពួកគេ​អូស​ទាញអ្នកមកជាមួួយលោកប៉ូល គឺ​លោក​កៃយុស និង​លោក​អើរីស្ដាក​ជា​អ្នក​ស្រុក​ម៉ាសេដូនឲ្យទៅជាមួយដែរ។ 30 លោក​ប៉ូល​មាន​បំណង​ទៅ​ជួប​ប្រជាជន ប៉ុន្តែពួក​សិស្ស​បាន​ឃាត់​លោក​មិន​ឲ្យ​ទៅ​។ 31 សូម្បី​តែ​មន្ត្រី​ក្រុង​ខ្លះ​ដែល​ជា​មិត្តភក្ដិ​របស់​លោក ក៏​បាន​ចាត់​គេ​ឲ្យទៅ​ជម្រាប​លោក មិន​ឲ្យ​ទៅ​លាន​មហោស្រព​ដែរ។ 32 អ្នក​ខ្លះ​ស្រែក​យ៉ាង​នេះ អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ ដ្បិត​មាន​កើត​ច្របូកច្របល់​ពេញ​អង្គ​ប្រជុំ​ទាំង​មូល ហើយ​មាន​អ្នក​ខ្លះ​មិន​ដឹង​ថា ​គេ​មក​ប្រជុំ​គ្នា​រឿង​អ្វី​ផង។ 33 ពេល​នោះ ជន​ជាតិ​យូដា​បាន​រុញ​បុរស​ម្នាក់ ឈ្មោះ​អលេក្សានត្រុស​ឲ្យ​ចេញ​ពី​ក្នុង​ចំណោម​បណ្ដាជន ឡើង​ទៅ​ឈរ​នៅ​ខាង​មុខ។ អលេក្សានត្រុស​ក៏​លើក​ដៃ​ធ្វើ​សញ្ញា ព្រោះ​គាត់​ចង់​ឆ្លើយនៅ​មុខ​ប្រជាជន។ 34 ប៉ុន្តែកាល​ប្រជាជន​ឃើញ​ថា គាត់​ជា​ជន​ជាតិ​យូដា គេ​ក៏​ស្រែក​ឡើងដោយសម្លេងតែមួយ​ព្រម​គ្នា​អស់​រយៈ​ពេល​ជិត​ពីរ​ម៉ោង​ថា៖ «ព្រះនាង​ឌីអាន​ជា​ព្រះ​របស់​អ្នក​ក្រុង​អេភេសូ ទ្រង់​ប្រសើរ​ឧត្ដម!»។ 35 នៅ​ពេលលោក​លេខាធិការ​ក្រុង​បាន​ឃាត់​បណ្ដាជន ​ឲ្យ​នៅ​ស្ងៀម​ដោយ​ពោល​ថា៖ «បង​ប្អូន​ជា​អ្នក​ក្រុង​អេភេសូ​អើយ! តើ​នរណា​មិន​ដឹង​ថា ក្រុង​អេភេសូជា​ក្រុង​របស់​ព្រះនាង​ឌីអាន​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម និង​ជា​ក្រុង​ដែល​មាន​រូប​សំណាក់ធ្លាក់​ចុះ​ពី​ស្ថានសួគ៌​មក​នោះ? 36 ត្រង់​នេះ​គ្មាន​នរណា​អាច​ជំទាស់​បាន​ទេ សូម​បង​ប្អូន​នៅ​ស្ងៀម​ទៅ កុំ​ប្រព្រឹត្ត​ដោយ​ឥត​ពិចារណា​ដូច្នេះ។ 37 បង​ប្អូន​បាន​នាំ​អ្នក​ទាំង​នេះ​មកទីនេះ ដែលពួកគេ​មិន​បាន​ប្លន់​ព្រះវិហារ ឬ​ក៏​ពោល​ពាក្យ​អ្វី​ប្រមាថ​ព្រះនាង​របស់​យើង​ទេ។ 38 ប្រសិន​បើ​លោក​ដេមេទ្រាស និង​ពួក​ជាង​ដែល​នៅ​ជា​មួយ​គាត់​មាន​រឿង​អ្វី​ទាស់​នឹង​នរណា ត្រូវ​នាំ​ពាក្យ​បណ្ដឹង​មក​ជូន​អស់​លោក​ជា​រាជ​ប្រតិភូ រក​យុត្តិធម៌​ឲ្យ​នៅ​ថ្ងៃ​ជំនុំ​ជម្រះ​ទៅ។ 39 ប្រសិន​បើ​បង​ប្អូន​ចង់​តវ៉ា​អំពី​រឿង​អ្វី​ទៀត​នោះ ចាំ​ដល់​ពេល​មាន​អង្គ​ប្រជុំ​ពេញ​ច្បាប់ គេ​នឹង​ដោះ​ស្រាយ​ជូន។ 40 បើ​មិន​ដូច្នោះ​ទេ សុំ​ប្រយ័ត្ន ក្រែង​យើង​ត្រូវ​ជាប់​ចោទ​ថា​ជា​អ្នក​បះបោរ ព្រោះ​តែ​រឿងរ៉ាវ​ដែល​កើត​មាន​ឡើង​នៅ​ថ្ងៃ​នេះ។ គ្មានមូលហេតុណាសម្រាប់ការប្រជុំនេះទេ ហើយយើងក៏មិនអាចពន្យល់បាន»។ 41 គាត់​មាន​ប្រសាសន៍​ដូច្នេះ​រួច​ហើយ ក៏​ប្រាប់​អង្គ​ប្រជុំ​ឲ្យបញ្ចប់។

ជំពូក​ ២០

1 បន្ទាប់ពីចលាចលនោះបានបញ្ចប់ លោក​ប៉ូល​ក៏​ហៅ​ពួក​សិស្ស​មក​លើក​ទឹក​ចិត្ត រួច​ជំរាប​លាពួក​គេ ធ្វើ​ដំណើរ​ទៅ​ស្រុក​ម៉ាសេដូន។ 2 លោក​ធ្វើ​ដំណើរ​កាត់​ស្រុក​នោះ ទាំង​មាន​ប្រសាសន៍​លើក​ទឹក​ចិត្ត​អ្នក​ជឿ​យ៉ាង​ច្រើន​ផង។ បន្ទាប់​មក លោក​ក៏​បាន​ទៅ​ដល់​ស្រុក​ក្រិក។​ 3 លោក​ស្នាក់​នៅ​ស្រុក​នោះ​អស់​រយៈ​ពេល​បី​ខែ។ ពេល​លោក​ហៀប​នឹង​ចុះ​សំពៅ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ស៊ីរី ជន​ជាតិ​យូដា​បាន​ឃុប​ឃិត​គ្នា​ប៉ុនប៉ង​ធ្វើ​បាប​លោក។ លោក​ជ្រាប​ដូច្នេះ ក៏​សម្រេចចិត្ត​វិល​ត្រឡប់​ទៅ​វិញ កាត់​តាម​ស្រុក​ម៉ាសេដូន។ 4 អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​លោក​នៅ​ពេល​នោះ មាន​លោក​សូប៉ាត្រុស កូន​របស់​លោក​ពីរូស ជា​អ្នក​ស្រុក​បេរា លោក​អើរីស្ដាក និង​លោក​សេគុនដុស ជា​អ្នក​ស្រុក​ថេស្សាឡូនិក លោក​កៃយុស​ជា​អ្នក​ស្រុក​ឌើបេ លោក​ធីម៉ូថេ ព្រម​ទាំង​លោក​ទីឃីកុស និង​លោក​ត្រូភីម ជា​អ្នក​ស្រុក​អាស៊ី​ផង។ 5 បង​ប្អូន​ទាំង​នេះ​បាន​ចេញ​ដំណើរ​ទៅ​មុន​ហើយ​រង់ចាំ​យើង​នៅ​ក្រុង​ត្រូអាស។ 6 ចំណែក​ឯ​យើង​វិញ ក្រោយ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​មេ យើង​ចេញ​ពី​ក្រុង​ភីលីព​ទៅតាម​សំពៅ ហើយប្រាំ​ថ្ងៃ​ក្រោយ​មក យើង​ក៏​បាន​ទៅ​ដល់​ក្រុង​ត្រូអាស ជួបជុំ​នឹង​ពួក​គេ រួច​ស្នាក់​នៅ​ទី​នោះ​ប្រាំពីរ​ថ្ងៃ។ 7 នៅ​ថ្ងៃ​ទី​មួយ​ក្នុង​សប្ដាហ៍​នោះ​យើង​បាន​ជួបជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​កាច់​នំបុ័ង លោក​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ប្រជុំ។ ​លោក​ប៉ូល​ត្រូវ​ចេញ​ដំណើរ​នៅ​ថ្ងៃ​បន្ទាប់ ហើយ​អធិប្បាយ​រហូត​ដល់​ពាក់​កណ្ដាល​អធ្រាត្រ។ 8 ក្នុង​បន្ទប់​ដែល​យើង​ប្រជុំ​គ្នា​នៅ​ជាន់​ខាង​លើ មាន​ចង្កៀង​ជា​ច្រើន។ 9 ពេល​លោក​ប៉ូល កំពុង​តែ​មាន​ប្រសាសន៍ យ៉ាង​យូរ​នោះ យុវជន​ម្នាក់​ឈ្មោះ អ៊ើទីកុស អង្គុយ​នៅ​លើ​មាត់​បង្អួច ហើយ​លង់លក់ ក៏​ដាច់ផ្ងារ​ធ្លាក់​ពី​ជាន់​ទី​បី​មកក្រោម។ ពេល​គេ​លើក​គាត់​ឡើង គាត់​ស្លាប់បាន​​ទៅ​ហើយ។ 10 លោក​ប៉ូល​ក៏ចុះ​ទៅ​ខាងក្រោម ឱន​ពី​លើ​អ៊ើទីកុស ត្រកង​គាត់​លើក​ឡើង​ទាំង​ពោល​ថា៖ «សូម​បង​ប្អូន​កុំ​បារម្ភ​ឲ្យ​សោះ គាត់​នៅ​រស់​ទេ!»។ 11 ពេលលោក​ឡើង​ទៅ​ខាងលើ​វិញ ​ក៏​ធ្វើ​ពិធី​កាច់​នំបុ័ង និង​បរិភោគ។ បន្ទាប់​មក លោក​មាន​ប្រសាសន៍​បន្ត​ទៅ​ទៀត​យ៉ាង​យូរ រហូត​ដល់​ភ្លឺ ទើប​លោក​ចេញ​ដំណើរ​ទៅ។ 12 ពួកគេ​បាន​នាំយក​យុវជន​ដែល​នៅរស់មាន​ជីវិត​នោះ​ត្រឡប់ទៅ​វិញ ហើយ​ពួក​គេ​ធូរបាន​ស្រាល​ក្នុង​ចិត្ត​ឥត​ឧបមា។ 13 រីឯ​យើង​វិញ យើង​បាន​ចុះ​សំពៅ​ទៅ​មុន​ធ្វើ​ដំណើរ​ដល់​ក្រុង​អាសុស ដើម្បី​ចាំ​លោក​ប៉ូល​នៅ​ទី​នោះ ដូច​លោក​បាន​គ្រោង​ទុក ព្រោះ​លោក​ចង់​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង។ 14 កាល​លោក​បាន​មក​ជួបជុំ​ជា​មួយ​ពួក​យើង​នៅ​ក្រុង​អាសុស​ហើយ យើង​ក៏​ទទួល​លោក​មក​ក្នុង​សំពៅ រួច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​មីទូឡែន។ 15 យើង​បាន​ចេញ​ពី​ទី​នោះ បន្ត​ដំណើរ​តាម​សមុទ្រ ទៅ​ដល់​ទន្ទឹម​នឹង​កោះ​ឃីយ៉ូស​នៅ​ថ្ងៃ​បន្ទាប់។ នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត យើង​ទៅ​ដល់​កោះ​សាម៉ូស ហើយ​នៅ​ថ្ងៃ​ទី​បី​យើង​ក៏​បាន​ទៅ​ដល់​ក្រុង​មីលេត។ 16 លោក​ប៉ូល​សម្រេច​ចិត្ត​មិន​ចូល​ក្រុង​អេភេសូ​ទេ ដើម្បី​កុំ​ឲ្យ​យឺត​ដំណើរ​នៅ​ស្រុក​អាស៊ី ដ្បិត​លោក​ប្រញាប់​ចង់​ទៅ​ដល់​ក្រុង​យេរូសាឡឹម ដើម្បីឲ្យទាន់​បុណ្យ​ថ្ងៃ​ទី​ហាសិប​ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន។ 17 លោក​ប៉ូល​បាន​ចាត់​គេ​ពី​ក្រុង​មីលេត ឲ្យ​ទៅ​អញ្ជើញ​ពួក​ព្រឹទ្ធាចារ្យ​នៃ​ក្រុមជំនុំ​នៅ​ក្រុង​អេភេសូ​។ 18 លុះ​គេ​បាន​មក​ដល់​ហើយ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បង​ប្អូន​ជ្រាប​ស្រាប់​ហើយតាំង​ពី​ថ្ងៃ​ដំបូង ​ដែល​ខ្ញុំ​បាន​ទៅ​ដល់​ស្រុក​អាស៊ីអំពីពេលវេលាដែលខ្ញុំមានជាមួយអ្នក។ 19 ខ្ញុំ​បាន​បម្រើ​ព្រះអម្ចាស់ ដោយ​ចិត្ត​សុភាពរាបសា ទាំង​ទឹក​ភ្នែក ទាំង​លំបាកដោយសារជន​ជាតិ​យូដាបាន​ឃុបឃិត​គ្នា​ប៉ុនប៉ង​ធ្វើ​បាប​ខ្ញុំ។ 20 ខ្ញុំ​បាន​ជម្រាប និង​បង្រៀន​បង​ប្អូន តាម​ទី​សាធារណៈ និង​តាម​ផ្ទះ នូវ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​សារប្រយោជន៍​ដល់​បង​ប្អូន ឥត​មាន​លាក់លៀម​ត្រង់​ណា​សោះ​ឡើយ 21 ខ្ញុំ​បាន​ធ្វើ​ជា​បន្ទាល់​ឲ្យ​ទាំង​សាសន៍​យូដា​ទាំង​សាសន៍​ក្រិក កែ​ប្រែ​ចិត្ត​គំនិត​មក​រក​ព្រះជាម្ចាស់ និង​មាន​ជំនឿ​លើ​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ផង។ 22 ឥឡូវ​នេះ ព្រះវិញ្ញាណ​បាន​ទាក់ទាញ​ចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡឹម ហើយ​ខ្ញុំ​មិន​ដឹង​ថា នឹង​មាន​ហេតុការណ៍​អ្វី​កើត​មាន​ដល់​ខ្ញុំ នៅ​ក្រុង​នោះ​ឡើយ 23 គឺ​ខ្ញុំ​គ្រាន់​តែ​ដឹង តាម​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​បញ្ជាក់​ប្រាប់ ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ថា ខ្ញុំ​នឹង​ត្រូវ​គេ​ចាប់​ចង ហើយ​នឹង​ត្រូវ​រង​ទុក្ខ​វេទនា។ 24 ប៉ុន្តែខ្ញុំ​មិន​ខ្វល់​នឹង​ជីវិត​របស់​ខ្ញុំ​ទេ ឲ្យតែ​ខ្ញុំ​បាន​បង្ហើយ​មុខងារ និងសម្រេច​កិច្ចការ​ដែល​ព្រះអម្ចាស់យេស៊ូ​បាន​ប្រទាន​ឲ្យខ្ញុំ​ធ្វើ គឺ​ផ្ដល់​សក្ខីភាព អំពី​ដំណឹងល្អ​នៃ​ព្រះគុណ​របស់​ព្រះជាម្ចាស់។ 25 ឥឡូវ​នេះ​ ខ្ញុំ​ដឹង​ថាខ្ញុំស្ថិតនៅ​ក្នុង​ចំណោម​បង​ប្អូន​ទាំង​អស់​គ្នា ​ទាំង​ប្រកាស​ដំណឹងល្អអំពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ ប៉ុន្តែ បង​ប្អូន​នឹង​លែង​ឃើញ​មុខ​ខ្ញុំ​ទៀត​ហើយ។ 26 ហេតុ​នេះ​បាន​ជា​ខ្ញុំ​ផ្ដល់​សក្ខីភាព​ឲ្យ​បង​ប្អូន​ដឹង​នៅ​ថ្ងៃ​នេះ​ថា ប្រសិន​បើ​មាន​ម្នាក់​ក្នុង​ចំណោម​បង​ប្អូន​ត្រូវ​វិនាស មិន​មែន​មក​ពី​កំហុស​របស់​ខ្ញុំ​ទេ។ 27 ដ្បិត​ខ្ញុំ​បាន​ជម្រាប​បង​ប្អូនអំពីគម្រោងការ​ទាំង​មូល​ របស់​ព្រះជាម្ចាស់​រួច​ហើយ ឥត​មាន​លាក់លៀម​ត្រង់​ណា​សោះ។ 28 ដូច្នេះ សូម​បង​ប្អូន​ថែរក្សា​ខ្លួន​ឯង និង​ថែរក្សា​ក្រុម​អ្នក​ជឿ​ទាំង​មូល​ផង ព្រោះ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​បាន​ផ្ទុកផ្ដាក់​ឲ្យ​បង​ប្អូន ​ធ្វើ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នេះ ដើម្បី​ឲ្យ​បង​ប្អូន​ថែរក្សា​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់ ដែល​ព្រះអង្គ​បាន​លោះ​មក ដោយសារ​ព្រះលោហិត​របស់​ព្រះអង្គ​ផ្ទាល់។ 29 ខ្ញុំ​ដឹង​ច្បាស់​ថា ពេល​ខ្ញុំ​ចេញ​ផុត​ទៅ នឹង​មាន​មនុស្ស​ចិត្ត​សាហាវ​ដូច​ចចក នាំ​គ្នា​ចូល​មក​ក្នុង​ចំណោម​បង​ប្អូន គេ​នឹង​ធ្វើ​បាប​ក្រុម​អ្នក​ជឿ​ឥត​ត្រា​ប្រណី​ឡើយ 30 ថែម​ទាំង​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បង​ប្អូន​នាំ​គ្នា​ពោល​ពាក្យ​បញ្ឆោតដើម្បី​ទាក់ទាញ​ពួក​សិស្ស​ឲ្យ​ទៅ​តាម​គេ​ទៀត​ផង។ 31 ហេតុ​នេះ សូម​បង​ប្អូន​ប្រុង​ស្មារតី​ឲ្យ​មែន​ទែន ដោយ​នឹក​ចាំ​ថា ខ្ញុំ​បាន​ដាស់​តឿន​បង​ប្អូន​គ្រប់ៗ​រូប ​ទាំង​ទឹក​ភ្នែក​ក្នុង​រវាង​បី​ឆ្នាំ ទាំង​យប់ ទាំង​ថ្ងៃ ឥត​មាន​ឈប់​ឡើយ។ 32 ឥឡូវ​នេះ ខ្ញុំ​សូម​ផ្ញើ​បង​ប្អូន​នឹង​ព្រះជាម្ចាស់ ហើយ​ផ្ញើ​នឹង​ព្រះបន្ទូល​នៃ​ព្រះគុណ​របស់​ព្រះអង្គ។ មាន​តែ​ព្រះអង្គ​ទេ ដែល​អាច​កសាង​បង​ប្អូន​ឡើង​ជា​ក្រុមជំនុំ ព្រម​ទាំង​ឲ្យបង​ប្អូន​ទទួល​មត៌ក រួម​ជា​មួយ​ប្រជាជន​ដ៏វិសុទ្ធ។ 33 ខ្ញុំ​មិន​ដែល​ចង់​បាន​មាស ប្រាក់ ឬ​សម្លៀកបំពាក់​អ្វី​ពី​នរណា​ឡើយ។ 34 បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​ធ្វើ​ការ​ដោយ​ផ្ទាល់​ដៃ ដើម្បី​ផ្គត់ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ និង​សេចក្ដី​ត្រូវ​ការ​របស់​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ។ 35 ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់​ខ្ញុំ​តែងតែ​ប្រាប់​អោយ​បង​ប្អូន​ដឹង​ថា ត្រូវ​តែ​ធ្វើ​ការ​នឿយហត់​បែប​នេះ​ឯង ដើម្បី​ជួយ​ទំនុក​បម្រុង​អស់​អ្នក​ដែល​ក្រខ្សត់ ហើយ​ត្រូវ​ចង​ចាំ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់យេស៊ូ​ថា៖ «បើ​ឲ្យ នោះ​នឹង​បាន​ពរ​ច្រើន​ជាង​ទទួល»។ 36 បន្ទាប់ពី លោក​មាន​ប្រសាសន៍​ដូច្នេះ​រួច​ហើយ ក៏​លុត​ជង្គង់​ចុះ​អធិស្ឋាន​ជា​មួយ​ពួក​គេ​ទាំង​អស់​គ្នា។ 37 ពួក​ព្រឹទ្ធាចារ្យ​ទាំង​នោះ នាំ​គ្នា​ទ្រហោ​យំ​ឱប​ក​លោក​ប៉ូល ហើយ​ថើប​គាត់​ទៀត​ផង។ 38 ជា​ពិសេស ពួកគេ​ព្រួយ​ចិត្ត​មក​ពី​លោក​ប៉ូល​មាន​ប្រសាសន៍​ថា ពួកគេ​នឹង​លែង​ឃើញ​មុខ​លោក​ទៀត​ហើយ។ បន្ទាប់​មក ពួកគេ​ក៏​ជូន​ដំណើរ​លោក​រហូត​ដល់​សំពៅ។

ជំពូក ២១

1 ក្រោយ​ពី​បាន​លា​ពួក​គេហើយ យើង​បានចេញ​សំពៅ​តម្រង់​ឆ្ពោះ​ទៅ​កោះ​កូស។ នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​ទៅ​ដល់​ទីក្រុងកោះ​រ៉ូដូស ហើយ​ចេញ​ពី​កោះ​រ៉ូដូស ទៅ​ដល់​ក្រុង​ប៉ាតារ៉ា។ 2 នៅពេលយើងឃើញមាន​សំពៅ​មួយ​ត្រូវ​ទៅ​ស្រុក​ភេនីស យើង​ក៏​ចុះ​សំពៅ​នោះ​បន្តដំណើរទៀត។ 3 ពេល​មក​ជិត​ដល់​កោះ​គីប្រុស យើង​វាង​តាម​ខាង​ត្បូង បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​ស៊ីរី និង​បាន​ចូល​ចត​កំពង់ផែ​ក្រុង​ទីរ៉ុសដើម្បី​យក​ទំនិញ​ចេញ​ពី​សំពៅ។ 4 យើង​បាន​ជួប​ពួក​សិស្សនៅ​ទី​នោះ ហើយ​ស្នាក់​នៅ​ជា​មួយ​ពួក​គេអស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ ដោយ​ព្រះវិញ្ញាណ​សម្តែងឲ្យ​គេ​ដឹង គេ​បាន​ឃាត់​លោក​ប៉ូល មិន​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូសាឡឹម​ឡើយ។ 5 លុះ​ប្រាំពីរ​ថ្ងៃ​នោះ​កន្លង​ផុត​ទៅ យើង​ត្រូវ​ចេញ​ដំណើរ​ទៅ​មុខ​ទៀត ហើយបង​ប្អូន​ទាំង​អស់ ព្រម​ទាំង​ភរិយា និង​កូន​ចៅ​របស់​គេជូន​ដំណើរ​យើងរហូត​ដល់​​ក្រៅ​ទីក្រុង។ យើង​នាំ​គ្នា​លុត​ជង្គង់ អធិស្ឋាន​នៅ​មាត់​សមុទ្រ។ 6 បន្ទាប់​មក យើង​បាន​ជម្រាប​លា​គ្នា រួច​ចុះ​សំពៅ។​ រីឯ​ពួក​គេ​វិញ ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន។ 7 ពេលយើង​បាន​ចាកចេញពី​ក្រុង​ទីរ៉ុស​មក យើងក៏មកដល់​ក្រុង​ផ្ទោឡេម៉ៃស៍។ យើង​បាន​ចូល​ទៅ​ជម្រាប​សួរ​ពួក​បង​ប្អូន​នៅ​ក្រុង​ផ្ទោឡេម៉ៃស៍ និង​ស្នាក់​នៅ​ជា​មួយ​ពួក​គេ​មួយ​ថ្ងៃ។ 8 នៅ​ថ្ងៃ​បន្ទាប់ យើង​បន្ត​ដំណើរ​ដល់​ក្រុង​សេសារា។ យើង​បាន​ចូល​ផ្ទះ​លោក​ភីលីព ជា​អ្នក​ផ្សាយ​ដំណឹងល្អ និង​ជា​ម្នាក់​នៅ​ក្នុង​ចំណោម​ក្រុម​ប្រាំពីរ​រូប​ ហើយ​យើង​ក៏​ស្នាក់​នៅ​ផ្ទះ​គាត់។ 9 លោក​ភីលីព​មាន​កូន​ក្រមុំ​បួន​នាក់​ដែល​ថ្លែង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ 10 យើង​ស្នាក់​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ រួចពេល​នោះមាន​ព្យាការី​មួយ​រូប​ឈ្មោះ​អកាប៊ូសបានធ្វើ​ដំណើរ​មក​ពី​ស្រុក​យូដា។ 11 គាត់​មក​ជួប​យើង ហើយ​យក​ខ្សែ​ក្រវាត់​លោក​ប៉ូល​មក​ចង​ជើង​ចង​ដៃ​របស់​ខ្លួន​ទាំង​ពោល​ថា៖ «ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​មាន​ព្រះបន្ទូល​ថា នៅ​ក្រុង​យេរូសាឡឹម​សាសន៍​យូដា​នឹង​ចង​ដៃ​ចង​ជើង​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​ដូច្នេះ​ដែរ ហើយ​ថែម​ទាំង​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ​ផង»។ 12 កាល​បាន​ឮ​ពាក្យ​នេះហើយ ទាំង​យើង ទាំង​បង​ប្អូន​ដែល​នៅ​ក្រុង​នោះ ក៏​អង្វរ​លោក​ប៉ូល​មិន​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូសាឡឹម​ឡើយ។ 13 ប៉ុន្តែ លោក​ប៉ូល​តប​មក​វិញ​ថា៖ «ហេតុ​អ្វី​បាន​ជា​បង​ប្អូន​នាំ​គ្នា​យំ ព្រម​ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ដូច្នេះ? ខ្ញុំ​បាន​ប្រុង​ប្រៀប​ខ្លួន​រួច​ស្រេច​ហើយ មិន​ត្រឹម​តែ​ឲ្យ​គេ​ចង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ឲ្យ​គេ​សម្លាប់​នៅ​ក្រុង​យេរូសាឡឹម ព្រោះ​តែ​ព្រះនាម​របស់​ព្រះអម្ចាស់យេស៊ូ​ទៀត​ផង»។ 14 ដោយ​យើង​ពុំ​អាច​ឃាត់​លោក​បាន​ទេ​នោះ យើង​ក៏​ឈប់​អង្វរ​លោក ហើយ​ពោល​ថា៖ «សូម​ឲ្យបាន​សម្រេច​តាម​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់​ចុះ»។ 15 ក្រោយ​ពី​បាន​ស្នាក់​នៅ​ទី​នោះ​យូរ​បន្តិច​មក យើង​រៀបចំ​ខ្លួន​ទៅ​ក្រុង​យេរូសាឡឹម។ 16 ពួក​សិស្ស​នៅ​ក្រុង​សេសារា​ខ្លះ បាន​រួម​ដំណើរ​ជា​មួយ​យើង។ ហើយ​នាំ​យើង​ទៅ​ស្នាក់​នៅ​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ​ម៉្នាសុន ជា​អ្នក​កោះ​គីប្រុស និង​ជា​សិស្ស​តាំង​ដើម​ដំបូង​មក។ 17 ពេល​ទៅ​ដល់​ក្រុង​យេរូសាឡឹម ពួក​បង​ប្អូន​បាន​ទទួល​យើងដោយរីករាយ។ 18 នៅ​ថ្ងៃ​បន្ទាប់ លោក​ប៉ូល​បានធ្វើដំណើរជា​មួយ​យើង​ទៅ​ផ្ទះ​លោក​យ៉ាកុប ​ហើយពួក​ព្រឹទ្ធាចារ្យ​ទាំង​អស់ក៏​ជួបជុំ​គ្នា​នៅ​ទី​នោះ​ដែរ។ 19 លោក​បាន​ជម្រាប​សួរ​ពួក​បង​ប្អូន​​ហើយ លោក​ប៉ូល​រៀប​រាប់​យ៉ាង​ល្អិតល្អន់​អំពី​កិច្ចការ ​ដែល​ព្រះអម្ចាស់​បាន​ធ្វើក្នុង​ចំណោម​សាសន៍​ដទៃតាម​រយៈ​ព័ន្ធកិច្ច​របស់​លោក។ 20 ពេល​បាន​ឮ​លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នេះ គេ​នាំ​គ្នា​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ហើយ​ពោល​មក​កាន់​លោក​ថា៖ «បង​អើយ! បង​ឃើញ​ទេ មាន​ជន​ជាតិ​យូដា​រាប់​ម៉ឺន​នាក់​បាន​ជឿ។ ​បង​ប្អូន​ទាំង​នោះរក្សា​ក្រឹត្យវិន័យ​ខ្លាំង​ណាស់។ 21 ប៉ុន្តែ គេ​បាន​ឮ​ដំណឹង​ថា បង​បាន​បង្រៀន​ជន​ជាតិ​យូដា​ទាំង​អស់ ​ដែល​រស់​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ មិន​ឲ្យ​ប្រតិបត្តិ​តាម​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេទេ គឺ​បង​ប្រាប់​គេ​មិន​ឲ្យ​ធ្វើ​ពិធី​កាត់​ស្បែក​កូន​ចៅ និង​មិន​ឲ្យ​កាន់​តាម​ទំនៀមទម្លាប់​ចាស់ឡើយ។ 22 តើយើង​ត្រូវ​ធ្វើ​ដូច​ម្ដេចវិញ? គេ​មុខ​ជា​ដឹង​ថា​បង​នៅ​ទី​នេះ​មិន​ខាន។ 23 សូម​ធ្វើ​តាម​យោបល់​យើង​ចុះ ដ្បិត​គ្នា​យើង​បួន​នាក់​មាន​ជាប់​បំណន់។ 24 សូម​បង​នាំ​គេ​ទៅ ហើយ​ធ្វើ​ពិធី​ជម្រះ​កាយឲ្យ​បាន​វិសុទ្ធ​ជា​មួយ​គេ ព្រម​ទាំង​ចេញ​ប្រាក់​ឲ្យគេ​កោរ​សក់​ផង ដើម្បី​ឲ្យ​មនុស្សម្នា​ដឹង​គ្រប់​គ្នា​ថា ដំណឹង​ដែល​គេ​បាន​ឮ​អំពី​បង​នោះ​មិន​ពិត​ទេ ផ្ទុយ​ទៅ​វិញ ​បង​ក៏​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​ដែរ។ 25 រីឯ​សាសន៍​ដទៃ​ដែល​បាន​ជឿ​នោះ យើង​បាន​សរសេរ​សេចក្ដី​ដែល​យើង​បាន​សម្រេច​ជូន​ទៅ​គេ​រួច​ហើយ ថា​កុំ​ឲ្យ​បរិភោគ​សាច់​ដែល​បាន​សែន​រូប​សំណាក់ កុំ​បរិភោគ​ឈាម កុំ​បរិភោគ​សាច់​សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក និង​កុំ​រួម​រស់​ជា​មួយ​គ្នា​ដោយ​ឥត​រៀបការ​»។ 26 នៅ​ថ្ងៃ​បន្ទាប់ លោក​ប៉ូល​បាន​នាំ​បង​ប្អូន​ទាំង​បួន​នាក់​នោះ​ទៅ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ​ជា​មួយ​លោក។ លោក​ក៏​ចូល​ទៅ​ក្នុង​ព្រះវិហារ ប្រាប់​គេ​អំពី​ពេល​កំណត់​ដែល​ពិធី​ជម្រះ​កាយឲ្យ​បានវិសុទ្ធ​នេះ​នឹង​ត្រូវ​ចប់ និង​ពេល​កំណត់​ដែល​ម្នាក់ៗ​ត្រូវ​ថ្វាយ​តង្វាយ។ 27 លុះ​រយៈ​ពេល​មួយ​សប្ដាហ៍​នោះ​ជិត​ផុត មាន​ជន​ជាតិ​យូដា​មក​ពី​ស្រុក​អាស៊ី បាន​ឃើញ​លោក​នៅ​ក្នុង​ព្រះវិហារ ក៏​បះបោរ​បណ្ដាជន​ទាំង​មូល​ឲ្យ​នាំ​គ្នា​ចាប់​លោក។ 28 ពួក​គេ​ស្រែក​ឡើង​ថា៖ «បង​ប្អូន​ជន​ជាតិ​អ៊ីស្រាអែល​អើយ សូម​ជួយ​ផង! ជន​នេះ​ហើយ​ដែល​បាន​ប្រៀនប្រដៅ​មនុស្សម្នា ​នៅ​គ្រប់​ទី​កន្លែង​ឲ្យ​ប្រឆាំង​នឹង​ប្រជារាស្ត្រ​អ៊ីស្រាអែល ប្រឆាំង​នឹង​ក្រឹត្យវិន័យ ហើយ​ប្រឆាំង​នឹង​ព្រះវិហារ។ គាត់​ថែម​ទាំង​បាន​នាំ​សាសន៍​ក្រិក​ចូល​មក​ក្នុង​ព្រះវិហារ គឺ​បង្អាប់បង្អោន​ទី​កន្លែង​ដ៏វិសុទ្ធ​នេះ»។ 29 គេ​ថា​ដូច្នេះ មក​ពី​គេ​បាន​ឃើញ​លោក​ត្រូភីម ជា​អ្នក​ក្រុង​អេភេសូរ នៅ​ជា​មួយ​លោក​ប៉ូល​ក្នុង​ទីក្រុង ហើយ​គេ​ស្មាន​ថា លោក​បាន​នាំ​គាត់​ចូល​ក្នុង​ព្រះវិហារ​ដែរ។ 30 ពេល​នោះ មាន​កើត​ចលាចល​ពេញ​ទីក្រុង ប្រជាជន​នាំ​គ្នា​រត់​មក​ពី​គ្រប់​ទិសទី ហើយពួកគេ​បាន​ចាប់​លោក​ប៉ូល​អូស​ចេញ​ពី​ព្រះវិហារ រួច​បិទ​ទ្វារ​ភ្លាម។ 31 នៅ​ពេល​ដែល​ពួក​គេ​បម្រុង​នឹង​សម្លាប់​លោក​ប៉ូល ដំណឹង​អំពី​ចលាចល​នៅ​ក្រុង​យេរូសាឡឹម​ក៏​បាន​ឮ​ទៅ​ដល់​មេ​បញ្ជា​ការ​កង​ទាហាន​រ៉ូម។ 32 ភ្លាមនោះ គាត់​នាំ​កូន​ទាហាន និង​នាយ​ទាហាន រត់​ទៅ​កាន់​បណ្ដាជន​។ កាល​ប្រជាជន​បាន​ឃើញ​មេ​បញ្ជា​ការ និង​ពួក​ទាហាន គេ​ឈប់​វាយ​លោក​ប៉ូល។ 33 បន្ទាប់មក មេ​បញ្ជា​ការ​បាន​ចូល​ទៅ​ជិត ហើយ​ចាប់​លោក ព្រម​ទាំង​បញ្ជា​គេ​ឲ្យដាក់​ច្រវាក់​ពីរ​ថែម​ទៀត​ផង រួច​ទើប​សាក​សួរ​ថា លោក​ប៉ូល​នេះ​ជា​នរណា ហើយបាន​ធ្វើ​អ្វីខ្លះ។ 34 ក្នុង​ចំណោម​បណ្ដាជន​មាន​អ្នក​ខ្លះ​ស្រែក​យ៉ាង​នេះ អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ។ ដោយ​មាន​សំឡេង​អឺងកង​ពេក លោក​មេ​បញ្ជា​ការ​ពុំ​អាច​ដឹង​រឿង​ហេតុ​ច្បាស់​លាស់​ឡើយ គាត់​ក៏​បញ្ជា​គេ​ឲ្យ​នាំ​លោក​ប៉ូល​ទៅ​បន្ទាយ។ 35 ពេល​លោក​ប៉ូល​មក​ដល់​ជណ្ដើរ​បន្ទាយ ពួក​ទាហាន​នាំ​គ្នា​សែង​លោក ព្រោះ​បណ្ដាជន​ចង់វាយលោក។ 36 បណ្តាជនមក​តាម​ទាំង​កម្រោល និង​ស្រែក​ថា៖ «សម្លាប់​គាត់ចោល​ទៅ!»។ 37 នៅ​ពេល​គេ​ហៀប​នឹង​នាំ​លោក​ប៉ូល​ចូល​ទៅ​ក្នុង​បន្ទាយ លោក​មាន​ប្រសាសន៍​ទៅ​មេ​បញ្ជា​ការ​ថា៖ «តើ​ខ្ញុំ​មាន​សិទ្ធិ​និយាយ​ជា​មួយ​លោក​បន្តិច​បាន​ឬ​ទេ?»។ មេ​បញ្ជា​ការ​ពោល​មក​លោក​ថា៖ «តើអ្នក​ចេះ​និយាយ​ភាសា​ក្រិក​ដែរមែនទេ? 38 ដូច្នេះ អ្នក​មិន​មែន​ជា​ជន​ជាតិ​អេស៊ីប​ ដែល​បាននាំការ​បះបោរ​ប្រជាជន​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ហើយ​នាំ​ពួក​ឧទ្ទាម​បួន​ពាន់​នាក់ ចូល​ព្រៃ​នោះ​ទេ​ឬ?»។ 39 លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ខ្ញុំ​ជា​ជន​ជាតិ​យូដា កើត​នៅ​ក្រុង​តើសុស ជា​ក្រុង​ដ៏​ល្បីល្បាញ​ក្នុង​ស្រុក​គីលីគា​! សូម​លោក​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់​ប្រជាជន​នេះ​ផង»។ 40 លោក​មេ​បញ្ជា​ការ​ក៏​អនុញ្ញាតឲ្យ រូចលោក​ប៉ូល​ឈរ​នៅ​លើ​កាំ​ជណ្ដើរ ហើយ​លើក​ដៃ​ធ្វើ​សញ្ញា​ទៅ​ប្រជាជន។ នៅពេលនោះបណ្តាជនក៏ស្ងប់ស្ងាត់ ហើយ​លោក​មាន​ប្រសាសន៍​ទៅ​គេ​ជា​ភាសា​ហេប្រឺ​ថា៖

ជំពូក ២២

1 «បង​ប្អូន និង​ចាស់​ទុំ​ទាំង​អស់​គ្នា​អើយ សូម​ស្ដាប់​ពាក្យ​ដោះសា​របស់​ខ្ញុំ​សិន!»។ 2 កាល​ពួក​គេ​ឮ​លោក​ប៉ូល​មាន​ប្រសាសន៍​ជា​ភាសា​ហេប្រឺ​ដូច្នេះ គេ​រឹត​តែ​ស្ងៀម​ស្ងាត់​ថែម​ទៀត។ លោក​ប៉ូល​មាន​ប្រសាសន៍​ថា៖ 3 «ខ្ញុំ​ជា​ជន​ជាតិ​យូដាម្នាក់កើត​នៅ​ក្រុង​តើសុសក្នុង​ស្រុក​គីលីគា ប៉ុន្តែ ខ្ញុំ​បាន​មក​រស់​នៅ​ក្រុង​យេរូសាឡឹម​នេះ​តាំង​ពី​កុមារ ខ្ញុំ​បាន​ទទួល​ការ​អប់រំតាម​ក្រឹត្យវិន័យ​នៃ​បុព្វបុរស​របស់​យើង​យ៉ាង​តឹងរ៉ឹង​ពី​សំណាក់​លោក​កាម៉ាលាល។ ខ្ញុំ​បាន​ខ្នះខ្នែង​បម្រើ​ព្រះជាម្ចាស់ ដូច​បង​ប្អូន​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ។ 4 ខ្ញុំ​ធ្លាប់​បៀតបៀន​អស់​អ្នក​ដែល​ដើរ​តាម​មាគ៌ា​របស់​ព្រះអម្ចាស់ រហូត​ដល់​សម្លាប់​គេ ហើយ​ចាប់​ចង​មនុស្ស​ប្រុស​ស្រី​យក​ទៅ​ឃុំឃាំង​ទៀត​ផង 5 ដូច​មាន​​មហា​បូជាចារ្យ និង​ក្រុម​ព្រឹទ្ធាចារ្យជា​សាក្សី​ស្រាប់។ ខ្ញុំ​បាន​ទទួល​លិខិត​ពី​លោក​ទាំង​នោះ​យក​ទៅ​ជូន​បង​ប្អូន​នៅ​ក្រុង​ដាម៉ាស ដ្បិត ខ្ញុំ​ទៅ​ទី​នោះ​ដើម្បី​ចាប់​ចង​ពួក​អ្នក​ដែល​ដើរ​តាម​មាគ៌ា​នេះ យក​មក​ធ្វើ​ទោស​នៅ​ក្រុង​យេរូសាឡឹម។ 6 ពេល​ខ្ញុំ​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស​ប្រមាណ​ជា​ថ្ងៃ​ត្រង់ ស្រាប់​តែ​មាន​ពន្លឺ​មួយ​ដ៏​ភ្លឺ​ត្រចះត្រចង់ ចាំង​ពី​ផ្ទៃ​មេឃ​មក​ជុំវិញ​ខ្ញុំ។ 7 ខ្ញុំ​ក៏​ដួល ហើយ​ឮ​សំឡេង​មួយ​ពោល​មក​ខ្ញុំ​ថា៖ «សូល​អើយ សូល! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀតបៀន​ខ្ញុំ​ដូច្នេះ?»។ 8 ខ្ញុំ​បាន​សួរ​វិញ​ថា៖ «លោក​ម្ចាស់​អើយ តើ​លោក​ជា​នរណា?»។ សំឡេង​នោះ​ឆ្លើយ​មក​ខ្ញុំ​ថា៖ «ខ្ញុំ​ជា​យេស៊ូ អ្នក​ស្រុក​ណាសារ៉ែត ដែល​អ្នក​កំពុង​តែ​បៀតបៀន»។ 9 រីឯ​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​ជា​មួយ​ខ្ញុំ ក៏​បាន​ឃើញ​ពន្លឺ​នោះ​ដែរ តែ​មិន​បាន​ឮ​ព្រះ​សូរសៀង​ទេ។ 10 ខ្ញុំ​ក៏​សួរ​ថា៖ «ព្រះអម្ចាស់​អើយ តើ​ទូលបង្គំ​ត្រូវ​ធ្វើ​ដូច​ម្ដេច?»។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ក្រុង​ដាម៉ាស​ទៅ នៅ​ទី​នោះ គេ​នឹង​ប្រាប់​អ្នក​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះជាម្ចាស់​បង្គាប់​អោយ​អ្នក​ធ្វើ»។ 11 ដោយ​ខ្ញុំ​ពុំ​អាច​មើល​អ្វី​ឃើញ ព្រោះ​តែ​ពន្លឺ​រស្មី​ដ៏​រុង​រឿង​នោះ អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ​បាន​ដឹក​ដៃ​នាំ​ខ្ញុំ​ទៅ​ក្រុង​ដាម៉ាស។ 12 នៅ​ក្រុង​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​អណាណាស ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​ស្រប​តាម​ក្រឹត្យវិន័យ ហើយ​ជន​ជាតិ​យូដា​នៅ​ក្រុង​ដាម៉ាស​គោរព​រាប់​អាន​គាត់​គ្រប់ៗ​គ្នា។ 13 គាត់​មក​ឈរ​ជិត​ខ្ញុំ ហើយ​ពោល​ថា៖ «បង​សូល​អើយ! សូម​ឲ្យបង​មើល​ឃើញ​វិញ​ចុះ!»។ រំពេច​នោះ ភ្នែក​ខ្ញុំ​ក៏​ភ្លឺ​ឡើង ហើយ​ខ្ញុំ​មើល​ឃើញ​គាត់។ 14 គាត់​មាន​ប្រសាសន៍​ថា «ព្រះ​នៃ​បុព្វបុរស​របស់​យើង បាន​ជ្រើស​រើស​បង ដើម្បី​ឲ្យ​បង​ស្គាល់​ព្រះហឫទ័យ​របស់​ព្រះអង្គ ឲ្យ​បង​បាន​ឃើញ​ព្រះ​ដ៏​សុចរិត​ និង​ឲ្យ​បង​បាន​ឮ​ព្រះបន្ទូល​របស់​ព្រះអង្គ​ផ្ទាល់​តែ​ម្ដង។ 15 ​បង​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ព្រះអង្គនៅ​មុខ​មនុស្ស​ទាំង​អស់ អំពី​ហេតុការណ៍​ដែល​បង​បាន​ឃើញ និងសេចក្ដី​ដែល​បង​បាន​ឮ។ 16 ឥឡូវនេះ តើ​បង​នៅ​បង្អែបង្អង់​ដល់​កាល​ណា​ទៀត? សូម​ក្រោក​ឡើង ទទួល​ពិធី​ជ្រមុជ​ទឹក ហើយហៅរក​ព្រះនាម​ព្រះអង្គ​ទៅ ដើម្បី​ព្រះអង្គ​លាង​បាប​ឲ្យ»។ 17 ខ្ញុំ​វិល​មក​ដល់​ក្រុង​យេរូសាឡឹម​វិញ ហើយ​នៅ​ពេល​ខ្ញុំ​កំពុង​អធិស្ឋាន​ក្នុង​ព្រះវិហារ ខ្ញុំ​លង់​ស្មារតីឃើញ​និមិត្តមួយ។ 18 ខ្ញុំឃើញព្រះអង្គម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ប្រញាប់​ចាក​ចេញ​ពី​ក្រុង​យេរូសាឡឹម​ភ្លាម​ទៅ ដ្បិត​ អ្នក​ក្រុង​នេះ​មិន​ព្រម​ទទួល​សក្ខីភាព​ដែល​អ្នក​និយាយ​អំពី​យើង​ទេ»។ 19 ខ្ញុំ​ទូល​ថា៖ «បពិត្រ​ព្រះអម្ចាស់ អ្នក​ទាំង​នោះ​បាន​ដឹង​ស្រាប់​ហើយ​ថា ទូលបង្គំ​ធ្លាប់​ចូល​ទៅ​សាលា​ប្រជុំនានា ចាប់​អស់​អ្នក​ដែល​ជឿ​ព្រះអង្គ​យក​ទៅ​ឃុំឃាំង និង​វាយដំ​ទៀត​ផង។ 20 នៅ​ពេល​គេ​សម្លាប់​លោក​ស្ទេផាន ​ដែល​ជា​បន្ទាល់​របស់​ព្រះអង្គ ទូលបង្គំ​ក៏​នៅ​ទី​នោះ ហើយ​បាន​យល់​ស្រប​ជា​មួយ​ពួក​គេ ទាំង​នៅ​យាម​សម្លៀកបំពាក់​របស់​ពួក​អ្នក ​ដែល​ប្រហារ​ជីវិត​លោក​ផង​ដែរ»។ 21 ពេល​នោះ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ទៅ​ចុះ ដ្បិត​ យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​រក​សាសន៍​ដទៃ​ដែល​នៅ​ឆ្ងាយៗ»។ 22 បណ្ដាជន​បាន​ស្ដាប់​លោក​ប៉ូល​មាន​ប្រសាសន៍​មក​ដល់​ត្រឹម​នេះ ក៏​ស្រែក​ឡើង​ថា៖ «សូម​សម្លាប់​មនុស្ស​បែប​នេះ​ចោល​ទៅ កុំ​ទុក​ឲ្យនៅ​រស់​ឡើយ!»។ 23 នៅពេលគេ​នាំ​គ្នា​ស្រែក ទាំង​បោះ​អាវ​របស់​ខ្លួន និង​បាច​ធូលី​ដី​ឡើង​លើ​ទៀត​ផងនោះ 24 លោក​មេ​បញ្ជា​ការ​បង្គាប់​ឲ្យគេ​នាំ​លោក​ប៉ូល​ ចូល​ទៅ​ក្នុង​បន្ទាយ និង​ឲ្យគេ​វាយ​សួរ​ចម្លើយ ចង់​ដឹង​មូល​ហេតុ​ដែល​នាំ​ឲ្យ​បណ្ដាជន​ស្រែក​ប្រឆាំង​នឹង​លោក​បែប​នេះ។ 25 នៅ​ពេល​គេ​កំពុង​យក​ខ្សែ​ចង​លោក លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​កាន់​នាយ​ទាហាន​ម្នាក់​នៅ​ជិត​នោះ​ថា៖ «តើ​អស់​លោក​មាន​សិទ្ធិ​វាយ​អ្នក​ដែល​មាន​សញ្ជាតិ​រ៉ូម ដោយ​មិន​កាត់​ទោស​ជា​មុន​ឬ!»។ 26 នាយ​ទាហាន​ឮ​ពាក្យ​នេះ ក៏​ទៅ​ជម្រាបលោក​មេ​បញ្ជា​ការ​ថា៖ «តើ​លោក​គិត​ធ្វើ​អី​ហ្នឹង បុរស​នោះ​ជា​ជន​ជាតិ​រ៉ូមទេ​តើ»។ 27 លោក​មេ​បញ្ជា​ការ​មក​សួរ​លោក​ប៉ូល​ថា៖ «សុំ​ប្រាប់​ខ្ញុំ​មើល៍ តើ​អ្នក​ជា​ជន​ជាតិ​រ៉ូមមែន​ឬ?»។ លោក​ឆ្លើយ​ថា៖ «បាទ ខ្ញុំ​ជា​ជន​ជាតិ​រ៉ូម៉ាំង​មែន»។ 28 លោក​មេ​បញ្ជា​ការ​ក៏​មាន​ប្រសាសន៍​ទៀត​ថា៖ «ខ្ញុំ​បាន​ចំណាយ​ប្រាក់​ជា​ច្រើន ដើម្បី​ឲ្យបាន​សញ្ជាតិ​រ៉ូម»។ លោក​ប៉ូល​តប​ថា៖ «រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​សញ្ជាតិ​រ៉ូម តាំង​ពី​កំណើត​មក​ម៉្លេះ»។ 29 ពួក​អ្នក​ដែល​បម្រុង​នឹង​សួរ​ចម្លើយ​លោក នាំ​គ្នា​ដក​ខ្លួន​ថយ​ពី​ទី​នោះ​ភ្លាម រីឯ​លោក​មេ​បញ្ជា​ការ​ក៏​ភិតភ័យ​ដែរ នៅ​ពេល​ដឹង​ថា​លោក​ប៉ូល​មាន​សញ្ជាតិ​រ៉ូម​ដូច្នេះ ព្រោះ​គាត់​បាន​ឲ្យ​គេ​ដាក់​ច្រវាក់​លោក។ 30 នៅ​ថ្ងៃ​បន្ទាប់ ដោយ​លោក​មេ​បញ្ជា​ការ​ចង់​ដឹង​ច្បាស់​នូវ​មូល​ហេតុ ដែល​នាំ​ឲ្យ​ជន​ជាតិ​យូដា​ចោទ​ប្រកាន់​លោក​ប៉ូល គាត់​ក៏​ឲ្យ​គេ​ដោះ​ច្រវាក់​ចេញ​ពី​លោក។ គាត់​បញ្ជា​ឲ្យ​​នាយក​បូជាចារ្យ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​មូល​ជួបជុំ​គ្នា ហើយ​ឲ្យ​នាំ​លោក​ប៉ូល​ចុះ​មក​ឈរ​នៅ​មុខ​អង្គ​ប្រជុំ។

ជំពូក ២៣

1 លោក​ប៉ូល សម្លឹង​មើល​ទៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ហើយ​មាន​ប្រសាសន៍​ថា៖ «បង​ប្អូន​អើយ ខ្ញុំបានរស់នៅនៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់រហូត​មក​ទល់​ថ្ងៃ​នេះ មនសិកា​ត្រឹម​ត្រូវ​ទាំង​អស់»។ 2 លោក​មហា​បូជាចារ្យអណាណាសបង្គាប់​ឲ្យ​អស់​អ្នក​ដែល​ឈរ​ក្បែរ​លោក​ប៉ូល ទះ​មាត់​លោក។ 3 លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​លោក​មហា​បូជាចារ្យ​ថា៖ «ព្រះជាម្ចាស់​នឹង​វាយកំពែង​ទ្រុឌទ្រោម​លាប​ពណ៌​ស​​ជា​មិន​ខាន។ តើលោក​អង្គុយ​កាត់​ក្ដី​ខ្ញុំ​តាម​ក្រឹត្យវិន័យ តែ​លោក​បែរ​ជា​បង្គាប់​ឲ្យគេ​ទះ​ខ្ញុំ ខុស​នឹង​ក្រឹត្យវិន័យ​ទៅ​វិញមែនទេ?»។ 4 ពួក​អ្នក​ដែល​នៅ​ទី​នោះ​ពោល​ថា៖ «អ្នក​ហ៊ាន​ប្រមាថ​លោក​មហា​បូជាចារ្យ​របស់​ព្រះជាម្ចាស់​ផង​ឬ?»។ 5 លោក​ប៉ូល​តប​វិញ​ថា៖ «បង​ប្អូន​អើយ​ខ្ញុំ​និយាយ​ដូច្នេះ មក​ពី​ខ្ញុំ​មិន​បាន​ដឹង​ថា លោក​ជា​មហា​បូជាចារ្យ​ទេ។ ដ្បិត ​មាន​សេចក្តីចែង​ទុក​មកថា៖ «អ្នក​មិន​ត្រូវ​និយាយ​អាក្រក់​ពី​អ្នក​ដឹក​នាំ​ប្រជាជាតិ​របស់​អ្នក​ឡើយ»។ 6 លោក​ប៉ូល​ជ្រាប​ថា នៅ​ក្នុង​អង្គ​ប្រជុំ មាន​មួយ​ផ្នែក​ជា​អ្នក​ខាង​គណៈសាឌូស៊ី និង​មួយ​ផ្នែក​ទៀត​ខាង​គណៈផារីស៊ី លោក​ក៏​មាន​ប្រសាសន៍​ខ្លាំងៗ​នៅ​កណ្ដាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ថា៖ «បង​ប្អូន​អើយ ខ្ញុំ​ជា​អ្នក​ខាង​គណៈផារីស៊ី ហើយ​​ខ្ញុំ​ក៏​ជាកូនរបស់​អ្នក​ខាង​គណៈផារីស៊ី​ដែរ ដោយព្រោះ​ខ្ញុំសង្ឃឹមចង់បាន​ការរស់ឡើងវិញពីសេចក្តីស្លាប់ ដែលខ្ញុំកំពុងទទួលបានវិនិច្ឆ័យទោសនេះ»។ 7 លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ពួក​ខាង​គណៈផារីស៊ី និង​ពួក​ខាង​គណៈសាឌូស៊ី ឈ្លោះ​ប្រកែក​គ្នា​ធ្វើ​ឲ្យ​បែកខ្ញែក​អង្គ​ប្រជុំ។ 8 ពួក​ខាង​គណៈសាឌូស៊ី​ពុំ​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ និង​ពុំ​ជឿ​ថា​មាន​ទេវតា ឬ​មាន​អារក្ស​ទេ រីឯ​ពួក​ខាង​គណៈផារីស៊ី​វិញ​គេ​ជឿ​ថា​មាន​ទាំង​អស់។ 9 ពេល​នោះ គេ​នាំ​គ្នា​ស្រែក​ឡូឡា ហើយ​អាចារ្យ​ខ្លះ​ពី​ខាង​គណៈផារីស៊ី​ក្រោក​ឡើង​ប្រកែក​តវ៉ា​យ៉ាង​ខ្លាំង​ថា៖ «យើង​ពុំ​ឃើញ​បុរស​នេះ​មាន​កំហុស​អ្វី​ឡើយ ប្រហែល​ជា​មាន​អារក្ស ឬ​ទេវតាណា​មួយ​បាន​និយាយ​មក​កាន់​គាត់​ទេ ​មើល​ទៅ?»។ 10 ដោយ​ឃើញ​អង្គ​ប្រជុំ​ឈ្លោះ​ប្រកែក​គ្នា​កាន់​តែ​ខ្លាំង​ឡើងៗ លោក​មេ​បញ្ជា​ការ​ក៏​បញ្ជា​ឲ្យ​កង​ទាហាន​ចុះ​មក នាំ​លោក​ប៉ូល​ចេញ​ពី​កណ្ដាល​ចំណោម​ពួក​គេ ចូល​ទៅ​ក្នុង​បន្ទាយ ព្រោះ​គាត់​ខ្លាច​គេ​ហែកហួរ​សម្លាប់​លោក។ 11 នៅ​យប់​បន្ទាប់ ព្រះអម្ចាស់​យាង​ចូល​មក​ជិត​លោក​ប៉ូល រួច​មាន​ព្រះបន្ទូល​ថា៖ «កុំខ្លាចអ្វីឡើយ! អ្នក​ត្រូវ​តែ​ផ្ដល់​សក្ខីភាព​នៅ​ក្រុង​រ៉ូម ដូច​អ្នក​បាន​ផ្ដល់​សក្ខីភាព​អំពី​ខ្ញុំនៅ​ក្រុង​យេរូសាឡឹម​នេះ​ដែរ»។ 12 នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត ជន​ជាតិ​យូដា​បាន​ឃុបឃិត​គ្នា ហើយ​ស្បថស្បែ​ថា​នឹង​មិន​បរិភោគ ឬ​ផឹក​អ្វី​ឡើយ ដរាប​ណា​មិន​បាន​សម្លាប់​លោក​ប៉ូល​សិន​ទេ​នោះ។ 13 អស់​អ្នក​ដែល​បាន​ឃុបឃិត​គ្នា​នេះ មាន​ចំនួន​ជាង​សែសិប​នាក់។ 14 គេ​បាន​នាំ​គ្នា​ទៅ​ជួប​ពួក​នាយក​បូជាចារ្យ និង​ពួក​ព្រឹទ្ធាចារ្យ​ជំរាប​ថា៖ «យើង​ខ្ញុំ​បាន​ស្បថស្បែ​ថា ​នឹង​មិន​ប៉ះពាល់​ម្ហូប​អាហារ​អ្វី​ឡើយ ដរាប​ណា​មិន​បាន​សម្លាប់​ប៉ូល​សិន​។ 15 ដូច្នេះ ឥឡូវនេះសូម​ចុះ​សម្រុង​ជា​មួយ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ ហើយ​សុំ​ឲ្យលោក​មេ​បញ្ជា​ការ​នាំ​ប៉ូល​មក ​ធ្វើ​ហាក់​ដូច​ជា​អស់​លោក​ចង់​ពិនិត្យពិច័យ​មើល​សំណុំ​រឿង​របស់​គាត់ឲ្យ​បាន​ដិត​ដល់​ថែម​ទៀត។ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​បាន​ប្រុង​ប្រៀប​ខ្លួន​រួច​ស្រេច​ហើយ ដើម្បី​សម្លាប់​គាត់ មុន​នឹង​គាត់​មក​ជិត​ដល់»។ 16 ប៉ុន្តែ ក្មួយ​ប្រុស​របស់​លោក​ប៉ូល​បាន​ដឹង​កលល្បិច​នេះ ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​ជម្រាប​លោក​ប៉ូល​ឲ្យ​បាន​ជ្រាប។ 17 លោក​ប៉ូល​ហៅ​នាយ​ទាហាន​ម្នាក់​មក​ប្រាប់​ថា៖ «សូម​នាំ​យុវជន​នេះ​ទៅ​ជួប​លោក​មេ​បញ្ជា​ការ​ទៅ ដ្បិត ​គេ​មាន​រឿង​មួយ​ជម្រាប​លោក»។ 18 ដូច្នេះ នាយ​ទាហាន​ក៏នាំ​យុវជន​នោះ​ទៅ​ជួប​លោក​មេ​បញ្ជា​ការ រួចជម្រាបថា៖ «អ្នក​ទោស​ឈ្មោះ ប៉ូល​បាន​ហៅ​ខ្ញុំ​បាទ ហើយ​សុំ​ឲ្យ​ខ្ញុំ​បាទ​នាំ​យុវជន​នេះ​មក​ជួប​លោក ព្រោះ​គេ​មាន​រឿង​មួយ​ជម្រាបប្រាប់លោក»។ 19 លោក​មេ​បញ្ជា​ការ​ដឹក​ដៃ​យុវជន​នោះ នាំ​ចេញ​ទៅ​ដាច់​ឡែក​ពី​គេ សួរ​ថា៖ «តើ​ក្មួយ​មាន​រឿង​អ្វី​ចង់​ប្រាប់​ខ្ញុំ?»។ 20 យុវជន​នោះ​ជម្រាប​ថា៖ «ជន​ជាតិ​យូដា​បាន​ព្រម​ព្រៀង​គ្នា​ថា នឹង​មក​សុំ​លោកឲ្យបញ្ជូន​លោក​ប៉ូល​ទៅ​ជួប​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នៅ​ថ្ងៃ​ស្អែក ដោយ​យក​លេស​ថា ក្រុម​ប្រឹក្សា​ចង់​ពិនិត្យ​មើល​សំណុំ​រឿង​របស់​គាត់​ ឲ្យ​បាន​ដិត​ដល់​ថែម​ទៀត។ 21 សូម​លោក​កុំ​ជឿ​អ្នក​ទាំង​នោះ​ឡើយ ព្រោះ​មាន​ពួក​គេ​ជាង​សែសិប​នាក់​ ពួន​ស្ទាក់​ចាំ​ចាប់​គាត់។ គេ​បាន​ស្បថស្បែ​ថា​នឹង​មិន​បរិភោគ ឬ​ផឹក​អ្វី​ឡើយ ដរាប​ណា​មិន​បាន​សម្លាប់​លោក​ប៉ូល​សិន​ទេ​នោះ។ ឥឡូវ​នេះ គេ​ប្រុង​ប្រៀប​រួច​រាល់​អស់​ហើយ គេ​នៅ​ចាំ​តែ​ការ​យល់​ស្រប​ពី​លោក​ប៉ុណ្ណោះ»។ 22 លោក​មេ​បញ្ជា​ការ​បាន​ប្រាប់​យុវជន​នោះ​ត្រឡប់​ទៅ​វិញ ទាំង​ផ្ដែផ្ដាំ​មិនឲ្យ​និយាយ​ប្រាប់​នរណា​ថា ​ខ្លួន​បាន​ជម្រាបគាត់​អំពី​រឿង​នេះ​ឡើយ។ 23 បន្ទាប់​មក លោក​បាន​ហៅ​នាយ​ទាហាន​របស់​លោកពីរ​រូប​មក​ប្រាប់​ថា៖ «សុំ​លោក​រៀបចំ​ពល​ថ្មើរ​ជើង​ពីរ​រយ​នាក់ ពល​សេះ​ចិតសិប​នាក់ និង​ពល​កាន់​លំពែង​ពីរ​រយ​នាក់ ដើម្បី​ចេញ​ដំណើរ​ទៅ​ក្រុង​សេសារា។ អ្នកនឹងចេញដំណើរ នៅ​វេលា​ម៉ោង​បីយប់»។ 24 សុំ​រៀបចំ​សេះជា​ជំនិះ សម្រាប់​លោក​ប៉ូល​ផង ដើម្បី​នាំ​គាត់​ទៅ​ជួប​លោក​ទេសាភិបាល​ភេលិចដោយ​សុខសាន្ត»។ 25 លោក​មេ​បញ្ជា​ការ​បាន​សរសេរ​សំបុត្រ​មួយ ដូច​ត​ទៅ​នេះ៖ 26 «ខ្ញុំ​បាទ​ឈ្មោះ​ក្លូឌាស លូស៊ា សូម​ជម្រាប​មក​ឯកឧត្ដម​ភេលិច ជា​ទេសាភិបាល សូម​ទាន​ជ្រាប។ 27 ជន​ជាតិ​យូដា​បាន​នាំ​គ្នា​ចាប់​បុរស​នេះ បម្រុង​នឹង​សម្លាប់​ចោល។ កាល​ខ្ញុំ​បាទ​ដឹង​ថា គាត់​ជា​ជន​ជាតិ​រ៉ូម ​ខ្ញុំ​បាទ​ឲ្យ​ទាហាន​ទៅ​ធ្វើ​អន្តរាគមន៍​រំដោះ​គាត់​មក។ 28 ​ខ្ញុំ​បាទ​ចង់​ដឹង​មូល​ហេតុ ​ដែល​នាំ​ឲ្យ​គេ​ចោទ​ប្រកាន់​គាត់ ដូច្នេះខ្ញុំ​បាទ​ក៏​នាំ​គាត់​ទៅ​ជួប​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់របស់​ពួក​គេ។ 29 ខ្ញុំ​បាទ​បាន​ឃើញ​ថា ពួក​គេ​គ្រាន់​តែ​ចោទ​ប្រកាន់​គាត់ អំពី​បញ្ហា​​ទាក់ទង​ទៅ​នឹង​ធម៌​វិន័យ​របស់​គេ​ប៉ុណ្ណោះ គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ដែល​ត្រូវ​មាន​ទោស​ដល់​ជីវិត ឬ​ត្រូវ​ជាប់​ឃុំឃាំង​ឡើយ។ 30 បន្ទាប់​មក មាន​គេ​ប្រាប់​ខ្ញុំ​បាទ​ថា ជន​ជាតិ​យូដា​បាន​ឃុបឃិត​គ្នា​ប៉ុនប៉ង​សម្លាប់​គាត់ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បាទ​បញ្ជូន​គាត់​មក​ឯកឧត្ដម​ភ្លាម ហើយ​ខ្ញុំ​បាទ​បាន​ប្រាប់​អស់​អ្នក​ដែល​ចោទ​ប្រកាន់​គាត់ ឲ្យ​នាំ​ពាក្យ​បណ្ដឹង​មក​ជូន​ឯកឧត្ដម​តែ​ម្ដង»។ 31 ពួក​ទាហាន​យក​លោក​ប៉ូល​មក ហើយ​នាំ​ទៅ​ក្រុង​អាន់ទីប៉ាទ្រីស​ទាំង​យប់តាម​បញ្ជា​ដែល​គេ​បាន​ទទួល។ 32 នៅ​ថ្ងៃ​បន្ទាប់ គេ​បាន​វិល​ត្រឡប់​មក​បន្ទាយ​វិញដោយ​ទុក​តែ​ពល​សេះ​ឲ្យ​បន្ត​ដំណើរ​ជា​មួយ​លោក​ប៉ូល។ 33 លុះ​ទៅ​ដល់​ក្រុង​សេសារា ពួក​ពល​សេះ​បាន​យក​សំបុត្រ​ទៅ​ជូន​លោក​ទេសាភិបាល និង​ប្រគល់​លោក​ប៉ូល​ជូន​ផង​ដែរ។ 34 ពេលលោក​ទេសាភិបាល​អាន​សំបុត្រ​រួច​ហើយ គាត់ក៏​សួរ​លោក​ប៉ូល​ថា​មក​ពី​ស្រុក​ណា។ កាល​លោក​ជ្រាប​ថា លោក​ប៉ូល​ជា​អ្នក​ស្រុក​គីលីគា 35 ​ហើយលោក​មាន​ប្រសាសន៍​ថា៖ «ចាំ​ពួក​ចោទ​ប្រកាន់​អ្នក​មក​ដល់​សិន ទើប​យើង​សួរ​ចម្លើយ»។ បន្ទាប់​មក លោក​បង្គាប់​ឲ្យ​គេ​យក​លោក​ប៉ូល​ទៅ​ឃុំ​ទុក​ ក្នុង​វិមាន​របស់​ព្រះបាទ​ហេរ៉ូដ។

ជំពូក ២៤

1 ប្រាំ​ថ្ងៃ​ក្រោយ​មក លោក​មហា​បូជាចារ្យ​អាណាណាស និង​ពួក​ព្រឹទ្ធាចារ្យ​មួយ​ចំនួនបាន​ធ្វើ​ដំណើរ​មក​ដល់ មាន​ទាំង​មេធាវី​ម្នាក់​ឈ្មោះ​ទើទូលុសមក​ជា​មួយ​ផង។ ពួក​គេ​បាន​ប្ដឹង​ទៅ​លោក​ទេសាភិបាល ចោទ​ប្រកាន់​លោក​ប៉ូល។ 2 គេ​ហៅ​លោក​ប៉ូល​មក ហើយ​លោក​ទើទូលុស​ចោទ​ប្រកាន់​លោក ដូច​ត​ទៅ​នេះ៖ «សូម​គោរព​ឯកឧត្ដម​ភេលិច​សូម​ទាន​ជ្រាប ​ដោយសារ​តែ​ឯកឧត្ដម និង​ដោយ​ការ​កែ​ទម្រង់​ផ្សេងៗ ដែល​ឯកឧត្ដម​បាន​ធ្វើ​ជា​ប្រយោជន៍​ដល់​ប្រជាជាតិ​នេះ យើង​ខ្ញុំ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​គ្រប់​យ៉ាង ក្រោម​ការ​គ្រប់គ្រង​ដ៏​ប៉ិនប្រសប់​របស់​ឯកឧត្ដម 3 ដូច្នេះ យើង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្ដមភេលិច ដែល​បាន​ប្រទាន​អ្វីៗ​នៅ​គ្រប់​ទី​កន្លែង និង​គ្រប់​ពេល​វេលា​មក​យើង​ខ្ញុំ។ 4 ដូច្នេះ ខ្ញុំ​បាទ​មិន​ចង់​រំខាន​ឯកឧត្ដម​វែង​ឆ្ងាយ​ទៀត​ទេ ខ្ញុំ​បាទ​គ្រាន់​តែ​អង្វរ​ឯកឧត្ដម សូម​មេត្តា​ស្ដាប់​យើង​ខ្ញុំ​តែ​បន្តិច​ប៉ុណ្ណោះ។ 5 យើង​ខ្ញុំ​យល់​ឃើញ​ថា​ជន​នេះ​ជា​មនុស្ស​ចង្រៃ​ឧត្បាត បង្ក​​ចលាចល​ក្នុង​ចំណោម​ជន​ជាតិ​យូដា​ទាំង​អស់​ នៅ​លើ​ពិភព​លោក​ទាំង​មូល។ គាត់​ជា​មេ​ដឹក​នាំ​ពួក​ខាង​គណៈ​ណាសារ៉ែត​។ 6 គាត់​ថែម​ទាំង​បាន​បន្តុះបង្អាប់​ព្រះវិហារទៀត​ផង ហេតុ​នេះ​បាន​ជា​យើង​ខ្ញុំ​ចាប់​គាត់ យើង​ខ្ញុំ​ចង់​កាត់​ទោស​គាត់​តាម​ក្រឹត្យវិន័យ​របស់​យើង​ខ្ញុំ។ 7 ប៉ុន្តែ លោក​មេ​បញ្ជា​ការ​លូស៊ា​បាន​ប្រើ​កម្លាំង ធ្វើ​អន្តរាគមន៍​យ៉ាង​ខ្លាំង​ដណ្ដើម​យក​គាត់​ពី​យើង​ខ្ញុំ ហើយ​បាន​បង្គាប់​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ជន​នេះ ​មក​ជួប​ឯកឧត្ដម​។ 8 សូម​ឯកឧត្ដម​សួរ​គាត់​ផ្ទាល់​តែ​ម្ដង​ទៅ ឯកឧត្ដម​មុខ​ជា​ជ្រាប​មូល​ហេតុ​ទាំង​អស់ ​ដែល​យើង​ខ្ញុំ​ចោទ​ប្រកាន់​គាត់​នោះ​មិន​ខាន»។ 9 ជន​ជាតិ​យូដា​បាន​គាំទ្រ​ពាក្យ​ចោទ​ប្រកាន់​នេះ និង​បញ្ជាក់​ថា ពិត​ជា​ត្រឹម​ត្រូវ​មែន។ 10 ពេល​នោះ លោក​ទេសាភិបាល​បាន​ធ្វើ​សញ្ញា​ប្រាប់​លោក​ប៉ូលឲ្យ​មាន​ប្រសាសន៍ លោក​ប៉ូល​ក៏​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាទ​ដឹង​ថា ឯកឧត្ដម​ជា​អ្នក​គ្រប់គ្រង​លើ​ប្រជាជាតិ​នេះ ច្រើន​ឆ្នាំ​មក​ហើយ ដូច្នេះ ខ្ញុំ​បាទ​សូម​ឆ្លើយ​ការពារ​ខ្លួន ទាំង​ទុក​ចិត្ត។ 11 ខ្ញុំ​បាទ​បាន​ធ្វើ​ដំណើរ​ទៅ​ថ្វាយបង្គំ​ព្រះជាម្ចាស់​នៅ​ក្រុង​យេរូសាឡឹមកាល​ដប់ពីរ​ថ្ងៃ​កន្លង​ទៅ​នេះ សូម​ឯកឧត្ដម​ស៊ើបសួរ​មើល​ចុះ។ 12 ទោះ​បី​នៅ​ក្នុង​ព្រះវិហារ​ក្ដី នៅ​ក្នុង​សាលា​ប្រជុំ ឬ​នៅ​ក្នុង​ទីក្រុង​ក្ដី គ្មាន​នរណា​ម្នាក់​បាន​ឃើញ​ខ្ញុំ​បាទ​ជជែក​វែកញែក​ជា​មួយ​គេ ឬ​ក៏​បង្ក​​ចលាចល​ក្នុង​ចំណោម​បណ្ដាជន​ឡើយ។ 13 អស់​លោក​ទាំង​នេះ​គ្មាន​ភស្ដុតាង​អ្វី មក​បញ្ជាក់​ពាក្យ​ចោទ​ប្រកាន់​របស់​ខ្លួន ជូន​ឯកឧត្ដម​ទាល់​តែ​សោះ។ 14 ប៉ុន្តែ ខ្ញុំ​បាទ​សូម​ជម្រាប​ឯកឧត្ដម​ថា ខ្ញុំ​បាទ​គោរព​ប្រណិប័តន៍​ព្រះ​នៃ​បុព្វបុរស ខ្ញុំ​បាទ​ដើរតាម​មាគ៌ា​មួយ ​ដែល​លោក​ទាំង​នេះ​ចោទ​ថា​ជា​គណៈ​ខុស​ឆ្គង។ ខ្ញុំ​បាទ​ជឿ​សេចក្ដី​ទាំង​ប៉ុន្មាន ​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​វិន័យ និង​គម្ពីរ​ព្យាការី។ 15 ​ខ្ញុំ​បាទ​សង្ឃឹម​ទុកចិត្តព្រះជាម្ចាស់ ដូច​លោក​ទាំង​នេះ​ដែរ​ថា ព្រះអង្គ​នឹង​ប្រោស​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត​ឲ្យ​រស់​ឡើង​វិញ។ 16 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បាទ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា ឲ្យ​មាន​ចិត្ត​ស្អាត​បរិសុទ្ធគ្រប់​ចំពូក​ចំពោះ​ព្រះជាម្ចាស់ និង​ចំពោះ​មនុស្ស​លោក។ 17 ខ្ញុំ​បាទ​បាន​ចាក​ចេញ​ពី​ក្រុង​យេរូសាឡឹម​ជា​ច្រើន​ឆ្នាំ ហើយ​ខ្ញុំ​បាទ​វិល​ត្រឡប់​មក​វិញ ដើម្បី​ជួយ​ជន​រួម​ជាតិ​របស់​ខ្ញុំ​បាទ និង​ថ្វាយ​តង្វាយ​ទៅ​ព្រះជាម្ចាស់​ផង។ 18 នៅ​ពេល​ពួក​គេ​ឃើញ​ខ្ញុំ​បាទ​ធ្វើ​ពិធី​ជម្រះ​កាយឲ្យ​បាន​បរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ មាន​សាសន៍​យូដា​ខ្លះ​មក​ពី​ស្រុក​អាស៊ី​ដែរ តែ​ឥត​មាន​ការ​ប្រជុំ​បណ្ដាជន ឬ​កើត​វឹកវរ​អ្វី​ឡើយ។ 19 ពួកអ្នកទាំងនោះគួរតែនៅចំពោះលោកឥឡូវនេះ ហើយ​ចោទ​ប្រកាន់​ខ្ញុំ​បាទ ប្រសិន​បើ​គេ​មាន​រឿង​ហេតុ​ណា​មួយ​ទាស់​នឹង​ខ្ញុំ​បាទមែន។ 20 ខ្ញុំ​បាទ​ឈរ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ស្រាប់​ហើយ បើ​អស់​លោក​ដែល​នៅ​ទី​នេះ បាន​ឃើញ​ខ្ញុំ​បាទ​មាន​ទោស​អ្វី សូម​ថា​មក​ចុះ 21 លើកលែង​តែ​ពាក្យ​ដែល​ខ្ញុំ​បាទ​បាន​និយាយ​យ៉ាង​ខ្លាំងៗ​នៅ​កណ្ដាល​ចំណោម​ពួក​គេ​ថា៖ «បង​ប្អូន​យក​ខ្ញុំ​មក​កាត់​ទោស​នៅ​ថ្ងៃ​នេះ ព្រោះ​តែ​ខ្ញុំ​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ»។ 22 បន្ទាប់មក លោក​ភេលិច​ក៏​បាន​ជ្រាប​ច្បាស់​លាស់ ​អំពី​មាគ៌ា​របស់​ព្រះអម្ចាស់​ដែរ។ លោក​ប្រាប់​ពួក​គេ​ឲ្យ​ត្រឡប់​ទៅ​វិញ ដោយ​ពោល​ថា៖ «ពេល​លោក​មេ​បញ្ជា​ការ​លូស៊ា​មក​ដល់ ខ្ញុំនឹងវិនិច្ឆ័យសំណុំរឿងរបស់លោក»។ 23 លោក​បញ្ជា​ឲ្យ​គេ​យក​លោក​ប៉ូល​ទៅ​ឃុំ តែ​លោក​ទុក​ឲ្យ​លោក​ប៉ូល​មាន​សេរីភាព​ខ្លះៗ​ដែរ ព្រម​ទាំង​បើក​ឲ្យ​អ្នក​ជិតដិត​នឹង​លោក​ប៉ូល​ ចូល​ទៅ​ជួយ​ទំនុក​បម្រុង​លោក​ថែម​ទៀត​ផង។ 24 ប៉ុន្មាន​ថ្ងៃ​ក្រោយមក លោក​ភេលិច​បាន​មក​ជា​មួយ​ភរិយា​របស់​លោក គឺ​ម្ចាស់ក្សត្រីយ៍​ទ្រូស៊ីល​ជា​ជន​ជាតិ​យូដា លោក​ឲ្យ​គេ​ទៅ​ហៅ​លោក​ប៉ូល​មក ហើយ​ស្ដាប់​លោក​ប៉ូល​មាន​ប្រសាសន៍​អំពី​ជំនឿ​លើ​ព្រះគ្រិស្ដយេស៊ូ។ 25 ប៉ុន្តែ កាល​លោក​ប៉ូល​វែកញែក​អំពី​សេចក្ដី​សុចរិត អំពី​ការ​ទប់​ចិត្ត​នឹង​តណ្ហា និង​អំពី​ការ​វិនិច្ឆ័យ​ទោស​នៅ​អនាគត​កាល លោក​ភេលិច​ភិតភ័យ ហើយ​ពោល​ទៅ​លោក​ប៉ូល​ថា៖ «ឥឡូវ​នេះ ចូរ​អ្នក​ត្រឡប់​ទៅ​វិញ​សិន​ចុះ។ កាល​ណា​ខ្ញុំ​មាន​ពេល ខ្ញុំ​នឹង​ហៅ​អ្នក​មក​ទៀត»។ 26 ក្នុងពេលដដែលនោះ លោក​ភេលិច​សង្ឃឹម​ថា​នឹង​បាន​ទទួល​ប្រាក់​ពី​លោក​ប៉ូល ហេតុ​នេះ​ហើយ​បាន​ជា​លោក​ចាត់​គេ​ឲ្យ​ទៅ​ហៅ​លោក​ប៉ូល មក​សន្ទនា​ជា​មួយលោក​ជា​រឿយៗ។ 27 ពីរ​ឆ្នាំ​ក្រោយ​មក លោក​ពរគាស-ភេស្ទុស ចូល​កាន់​តំណែង​ជំនួស​លោក​ភេលិច។ ដោយ​លោក​ភេលិច​ចង់​យក​ចិត្ត​សាសន៍​យូដា លោក​បាន​ទុក​លោក​ប៉ូល​ឲ្យនៅ​ជាប់​ឃុំឃាំង​ដដែល។

ជំពូក ២៥

1 បន្ទាប់​ពី​បាន​ទៅ​ដល់​ស្រុក​នោះ​បី​ថ្ងៃ លោក​ភេស្ទុស​ធ្វើ​ដំណើរ​ពី​ក្រុង​សេសារាឆ្ពោះ​ទៅ​ក្រុង​យេរូសាឡឹម។ 2 ​នាយក​បូជាចារ្យ និង​ពួក​អ្នក​ធំ​នៃ​ជន​ជាតិ​យូដា​បាន​នាំ​គ្នា​ទៅ​ជួប​លោក ដើម្បី​ប្ដឹង​ពី​លោក​ប៉ូល។ ពួក​គេ​បាន​ទទូច 3 និង​សុំ​ឲ្យ​លោក​ភេស្ទុស ​មេត្តា​អនុគ្រោះ​បញ្ជូន​លោក​ប៉ូល​មក​ក្រុង​យេរូសាឡឹម ព្រោះ​ពួក​គេ​បាន​ឃុបឃិត​គ្នា​ថា​នឹង​ពួន​ស្ទាក់ចាំ​សម្លាប់​លោក​តាម​ផ្លូវ។ 4 ប៉ុន្តែ លោក​ភេស្ទុស​តប​ទៅ​វិញ​ថា លោក​ប៉ូល​ជាប់​ឃុំឃាំង​នៅ​ក្រុង​សេសារា​ឯណោះ រីឯ​ខ្លួន​លោក​ផ្ទាល់ លោក​ក៏​ត្រូវ​ត្រឡប់​ទៅ​វិញក្នុង​ពេល​បន្តិច​ទៀត​ដែរ។ 5 លោក​មាន​ប្រសាសន៍​ថា៖ «សុំ​ឲ្យ​អ្នក​ដែល​មាន​សមត្ថភាព​ក្នុង​ចំណោម​អស់​លោក អញ្ជើញ​ទៅ​ជា​មួយ​ខ្ញុំ ហើយ​បើ​ឃើញ​ថាបុរស​នោះ​មាន​កំហុស​អ្វី សុំ​ចោទ​ប្រកាន់​គាត់​ទៅ»។ 6 លោក​ភេស្ទុស​ស្នាក់​នៅ​ជា​មួយ​ពួក​គេបួន​ដប់​ថ្ងៃ​ រួច​លោក​ចុះ​ទៅ​ក្រុង​សេសារា​វិញ។ នៅ​ថ្ងៃ​បន្ទាប់ លោក​បាន​អង្គុយ​នៅ​ទី​កាត់​ក្ដី ហើយ​បង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ូល​មក។ 7 ពេល​លោក​ប៉ូល​មក​ដល់ ជន​ជាតិ​យូដា​ដែល​មក​ពី​ក្រុង​យេរូសាឡឹមបាន​នាំ​គ្នា​ចោមរោម​លោក ហើយ​ចោទ​ប្រកាន់​យ៉ាង​ធ្ងន់ៗ​ជា​ច្រើន តែ​គេ​ពុំ​អាច​បង្ហាញ​ភស្ដុតាង​អ្វី​​ទេ។ 8 លោក​ប៉ូល​មាន​ប្រសាសន៍​ការពារ​ខ្លួន​ថា៖ «ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​នឹង​វិន័យ​របស់​សាសន៍​យូដា ខុស​នឹង​ព្រះវិហារ ឬ​ក៏​ខុស​នឹង​ព្រះចៅ​អធិរាជ​ឡើយ»។ 9 ដោយ​លោក​ភេស្ទុស​ចង់​យក​ចិត្ត​ជន​ជាតិ​យូដា លោក​មាន​ប្រសាសន៍​មក​កាន់​លោក​ប៉ូល​ថា៖ «តើ​អ្នក​ចង់​ឡើង​ទៅ​ក្រុង​យេរូសាឡឹមឲ្យ​គេ​កាត់​ក្ដី​អ្នក ​អំពី​រឿង​ទាំង​នេះ​នៅ​ចំពោះ​មុខ​ខ្ញុំ​ឬ​ទេ?»។ 10 លោក​ប៉ូល​តប​ថា៖ «ខ្ញុំ​បាទ​ឈរ​នៅ​មុខ​តុលាការ​របស់​ព្រះចៅ​អធិរាជ​ដូច្នេះ គឺ​ទី​នេះ​ហើយ​ដែល​ឯកឧត្ដម​ត្រូវ​កាត់​ក្ដី​ឲ្យ​ខ្ញុំ​បាទ។ ខ្ញុំ​បាទ​ពុំ​បាន​ធ្វើ​អ្វី​ខុស​នឹង​សាសន៍​យូដា​ទេ ដូច​ឯកឧត្ដម​ជ្រាប​ច្បាស់​ហើយ។ 11 ប្រសិន​បើ ​ខ្ញុំ​បាទ​មាន​ទោស​អ្វី ឬ​បាន​ប្រព្រឹត្ត​អ្វី​ខុស សម​នឹង​មាន​ទោស​ដល់​ជីវិត​នោះ ខ្ញុំ​បាទ​មិន​រួញរា​នឹង​ស្លាប់​ទេ។ ប៉ុន្តែ ប្រសិន​បើ​ពាក្យ​ដែល​លោក​ទាំង​នេះ​ចោទ​ខ្ញុំ​បាទ​មិន​ពិត​ទេ គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ប្រគល់​ខ្ញុំ​បាទ​ទៅ​ឲ្យគេ​ឡើយ។ ខ្ញុំ​បាទ​សូម​ឡើង​ទៅ​ព្រះចៅ​អធិរាជ​វិញ»។ 12 បន្ទាប់ពីលោក​ភេស្ទុស​ពិភាក្សា​ជា​មួយ​ក្រុម​ប្រឹក្សា លោកមាន​ប្រសាសន៍​ថា៖ «អ្នក​បាន​សុំ​ឡើង​ទៅ​ព្រះចៅ​អធិរាជ ដូច្នេះ អ្នក​នឹង​ទៅ​ជួប​ព្រះចៅ​អធិរាជ!»។ 13 ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ទៀត ព្រះបាទ​អគ្រីប៉ា និង​ម្ចាស់​ក្សត្រីយ៍​បេរេនីស យាង​មក​ដល់​ក្រុង​សេសារាដើម្បី​សួរ​សុខ​ទុក្ខ​លោក​ភេស្ទុស។ 14 ដោយ​ស្ដេច​គង់​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ លោក​ភេស្ទុស​ក៏​ទូល​ស្ដេច​ពី​រឿង​លោក​ប៉ូល​ថា៖ «លោក​ភេលិច​បាន​ទុក​បុរស​ម្នាក់នៅ​ក្នុង​ទី​ឃុំឃាំង។ 15 កាល​ទូលបង្គំ​ទៅ​ក្រុង​យេរូសាឡឹម ពួក​នាយក​បូជាចារ្យ និង​ពួក​ព្រឹទ្ធាចារ្យនៃ​សាសន៍​យូដា​ បាន​នាំ​គ្នា​ប្ដឹង​ពី​គាត់ដោយ​សុំ​ឲ្យ​ទូលបង្គំ​កាត់​ទោស​គាត់។ 16 ទូលបង្គំ​បាន​ប្រាប់​លោក​ទាំង​នោះ​វិញ​ថា ជន​ជាតិ​រ៉ូមមិនមានទំនៀមទម្លាប់បបញ្ជូន​នរណា​ម្នាក់ ​ទៅ​ឲ្យ​គេ​សម្លាប់ ដោយ​មិន​បាន​ជួប​ជា​មួយ​អ្នក​ដើម​ចោទ និងមិនមានឱកាស​ឆ្លើយ​ការពារ​ខ្លួន​ចំពោះ​ពាក្យ​ចោទ​ជា​មុន​សិន​នោះ​ឡើយ។ 17 ដូច្នេះ លោក​ទាំង​នោះ​នាំ​គ្នា​មក​ទី​នេះ ហើយ​នៅ​ថ្ងៃ​បន្ទាប់ ទូលបង្គំ​មិនរង់ចាំអ្វីទេ ហើយបាន​អង្គុយ​នៅ​ទី​កាត់​ក្ដី និង​ឲ្យ​គេ​នាំ​បុរស​នោះ​មក។ 18 ពួក​ដើម​ចោទ​ក៏ឈរ​នៅ​ទី​កាត់​ក្ដី​ដែរ រួចចោទគាត់ តែ​ទូលបង្គំ​គិតថាគេ​ពុំ​បាន​ចោទ​គាត់​ពី​អំពើ​អាក្រក់​ណា​មួយឡើយ។​ 19 ពួកគេមាន​តែ​ជជែក​វែកញែក​អំពី​រឿង​សាសនា​របស់​គេ និង​អំពី​បុរស​ម្នាក់​ឈ្មោះ​យេស៊ូដែល​បាន​ស្លាប់ ដោយលោក​ប៉ូលអះអាង​ថាលោកយេស៊ូរស់ឡើងវិញហើយ។ 20 ចំណែក​ឯ​ទូលបង្គំ​វិញ ទូលបង្គំ​មិន​ដឹង​ជា​ត្រូវ​គិត​ដូច​ម្ដេច ចំពោះ​ការ​ជជែក​វែកញែក​បែប​នេះ ទូលបង្គំ​បាន​សួរ​គាត់​ថាតើ គាត់ចង់​ទៅ​ក្រុង​យេរូសាឡឹមឲ្យ​គេ​កាត់​ក្ដី​អំពី​រឿង​ទាំង​នេះ​ឬ​ទេ។ 21 តែ​លោក​ប៉ូល​បាន​សុំ​ឡើង​ទៅ​ព្រះចៅអធិរាជ ដើម្បី​សុំ​ឲ្យព្រះអង្គ​កាត់​ក្ដី។ ទូលបង្គំ​ចេញ​បញ្ជា​ឲ្យ​គេ​ឃុំ​គាត់​ទុក រហូត​ដល់​ពេល​ទូលបង្គំ​នឹង​បញ្ជូន​គាត់​ទៅ​ព្រះចៅ​អធិរាជ»។ 22 ព្រះបាទ​អគ្រីប៉ា មាន​រាជឱង្ការ​ទៅ​លោក​ភេស្ទុស​ថា៖ «ខ្ញុំ​ក៏​ចង់​ស្ដាប់​បុរស​នោះ​និយាយ​ដែរ»។ លោក​តប​វិញ​ថា៖ «ព្រះករុណា​អាច​ស្ដាប់​គាត់​នៅ​ថ្ងៃ​ស្អែក»។ 23 លុះ​ស្អែក​ឡើង ព្រះបាទ​អគ្រីប៉ា និង​ម្ចាស់ក្សត្រីយ៍​បេរេនីស បាន​យាង​ចូល​ក្នុង​សាលសវនាការ​យ៉ាង​អធិកអធម ដោយ​មាន​ពួក​នាយ​ទាហាន​ជាន់​ខ្ពស់ និង​ពួក​នាម៉ឺន​ធំៗ​នៅ​ក្រុង​នោះហែហម​មក​ជា​មួយ​ផង។ គេ​នាំ​លោក​ប៉ូល​មក​តាម​បញ្ជា​របស់​លោក​ភេស្ទុស។ 24 លោក​ភេស្ទុស​មាន​ប្រសាសន៍​ថា៖ «សូម​ទូល​ព្រះរាជា និង​ជម្រាប​អស់​លោក ដែល​នៅ​ទី​នេះ។ បុរស​ដែល​ព្រះរាជា និង​អស់​លោក​ឃើញ​នេះ ជា​អ្នក​ដែល​ជន​ជាតិ​យូដា​ទាំង​មូល ទាំង​នៅ​ក្រុង​យេរូសាឡឹម ទាំង​នៅ​ក្រុង​នេះ បាន​នាំ​គ្នា​មក​ជួប​ខ្ញុំ ហើយ​ស្រែក​ថា គាត់​មិន​ត្រូវ​រស់​ត​ទៅ​ទៀត​ទេ។ 25 ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​យល់​ឃើញ​ថា​គាត់​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស ដែល​ត្រូវ​មាន​ទោស​ដល់​ជីវិត​នោះ​ឡើយ ប៉ុន្តែ ដោយ​ខ្លួន​គាត់​ផ្ទាល់បាន​សុំ​ឡើង​ទៅ​ព្រះចៅ​អធិរាជ ខ្ញុំ​ក៏​សម្រេច​ចិត្ត​បញ្ជូន​គាត់​ទៅ​ព្រះអង្គ។ 26 តែខ្ញុំ​គ្មាន​មូល​ហេតុ​អ្វី​ច្បាស់​លាស់ ដើម្បី​សរសេរ​សេចក្ដី​រាយការណ៍​ថ្វាយ​ព្រះចៅអធិរាជ អំពី​សំណុំ​រឿង​គាត់​ទាល់​តែ​សោះ។ ហេតុ​នេះ​ហើយ ​បាន​ជា​ខ្ញុំ​ឲ្យគេ​នាំ​គាត់​មក​ជួប​អស់​លោក ជា​ពិសេស ជួប​ព្រះ​ចៅអគ្រីប៉ាផ្ទាល់ ហេតុនេះខ្ញុំ​នឹង​មាន​មូល​ហេតុ សរសេរ​សេចក្ដី​រាយការណ៍​បាន។ 27 គ្មានមូលហេតុណាដែលខ្ញុំត្រូវបញ្ជូន ហើយមិនបានបញ្ជាក់អំពីពាក្យចោទទៅជាមួួយផងនោះដែរ»។

ជំពូក ២៦

1 ព្រះចៅ​អគ្រីប៉ា​មាន​រាជឱង្ការ​ទៅ​លោក​ប៉ូល​ថា៖ «អ្នក​មាន​សិទ្ធិ​និយាយ​ការពារ​ខ្លួន​នៅ​ពេល​នេះ​បាន»។ បន្ទាប់មក លោក​ប៉ូល​លើក​ដៃ​ឡើងមាន​ប្រសាសន៍​ថា៖ 2 «បពិត្រ​ព្រះរាជា ទូលបង្គំ​មាន​កិត្តិយស​ធំ​ណាស់ ​អាច​ឆ្លើយ​ការពារ​ខ្លួននៅ​ចំពោះ​ព្រះភក្ត្រ​ព្រះករុណា​ថ្ងៃ​នេះ អំពី​ពាក្យ​បណ្ដឹង​ទាំង​ប៉ុន្មាន​ដែល​សាសន៍​យូដា​ចោទ​ទូលបង្គំ 3 ដ្បិត ​ព្រះករុណា​ជ្រាប​យ៉ាង​ច្បាស់ អំពី​ទំនៀមទម្លាប់​ផ្សេងៗ​របស់​សាសន៍​យូដា និង​អំពី​សេចក្ដី​ដែល​គេ​និយម​ជជែក​វែកញែក។ ហេតុ​នេះ សូម​ព្រះអង្គ​មេត្តា​ព្រះសណ្ដាប់​ទូលបង្គំ ដោយ​អនុគ្រោះ​ផង។ 4 ជន​ជាតិ​យូដា​ទាំង​មូល​ស្គាល់​ប្រវត្តិ​របស់​ទូលបង្គំ តាំង​ពី​ក្មេង​មក​ស្រាប់​ហើយ។ 5 ពួកគេ​ក៏​ដឹង​ថា​តាំង​ពី​ដើម​មក ទូលបង្គំ​រស់​នៅ​កណ្ដាល​ចំណោម​ជន​ជាតិ​របស់​ទូលបង្គំ និង​នៅ​ក្រុង​យេរូសាឡឹម​របៀប​ណា​ដែរ។ គេ​បាន​ស្គាល់​ទូលបង្គំតាំង​ពី​យូរ​មក​ហើយ ពី​ដើមទូលបង្គំ​ជា​អ្នក​ខាង​គណៈផារីស៊ី ដែល​ជា​គណៈ​តឹងរ៉ឹង​ជាង​គេ​ក្នុង​សាសនា​របស់​យើង។ 6 ប៉ុន្តែ ឥឡូវ​នេះ គេ​យក​ទូលបង្គំ​មក​វិនិច្ឆ័យ​ទោស ព្រោះ​តែ​សេចក្ដី​សង្ឃឹម​លើ​ព្រះបន្ទូល ដែល​ព្រះជាម្ចាស់​បាន​សន្យា​ជា​មួយ​បុព្វបុរសរបស់​យើង។ 7 កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​យើង ​នាំ​គ្នា​គោរព​បម្រើ​ព្រះជាម្ចាស់ទាំង​យប់ទាំង​ថ្ងៃ ឥត​ឈប់​ឈរ ដោយ​សង្ឃឹម​ថា ព្រះបន្ទូល​សន្យា​នេះនឹង​បាន​សម្រេច។ បពិត្រ​ព្រះរាជា ជន​ជាតិ​យូដា​បាន​ចោទ​ប្រកាន់​ទូលបង្គំ ព្រោះ​តែ​សេចក្ដី​សង្ឃឹម​នេះ​ហើយ។ 8 ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អស់​លោក​យល់​ថា ការ​ដែល​ព្រះជាម្ចាស់​ប្រោស​មនុស្ស​ស្លាប់ឲ្យ​រស់​ឡើង​វិញ ជា​ការ​មួយ​មិន​គួរ​ឲ្យជឿ​ដូច្នេះ? 9 ចំណែក​ឯ​ទូលបង្គំ​ផ្ទាល់ ពី​ដើម​ទូលបង្គំ​យល់​ឃើញ​ថា ត្រូវ​តែ​ប្រឆាំង​នឹង​ព្រះនាម​ព្រះយេស៊ូ ជា​អ្នក​ភូមិ​ណាសារ៉ែត​គ្រប់​យ៉ាង​ទាំង​អស់។ 10 ​ទូលបង្គំ​បាន​ប្រព្រឹត្ត​ដូច្នេះ នៅ​ក្រុង​យេរូសាឡឹម​មែន គឺ​ទូលបង្គំ​បាន​ទទួល​ច្បាប់​អនុញ្ញាត​ពី​ក្រុម​នាយក​បូជាចារ្យ ដើម្បី​ចាប់​អស់​អ្នក​ដែល​ជឿ​លើ​ព្រះអម្ចាស់​ជា​ច្រើន​នាក់ ​យក​ទៅ​ឃុំឃាំង។ នៅ​ពេល​គេ​សម្លាប់​អ្នក​ទាំង​នោះ ទូលបង្គំ​ក៏​យល់​ស្រប​ជា​មួយ​ដែរ។ 11 ទូលបង្គំ​តែង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំនានា​ជា​ញឹក​ញាប់ ដើម្បី​ធ្វើ​ទុក្ខ​ទោស​អ្នក​ទាំង​នោះ បង្ខំ​ឲ្យគេ​លះបង់​ចោល​ជំនឿ​របស់​ខ្លួន។ ទូលបង្គំ​ខឹង​គេ​ជា​ខ្លាំង​ពន់​ពេក រហូត​ដល់​ទៅ​តាម​បៀតបៀន​គេ​ក្នុង​ក្រុង​នានានៅ​បរទេស​ផង។ 12 ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស​ ទាំង​ទទួល​អំណាច និង​ការ​អនុញ្ញាត​ពី​ក្រុម​នាយក​បូជាចារ្យ។ 13 បពិត្រ​ព្រះរាជា នៅ​តាម​ផ្លូវ ប្រមាណ​ជា​ថ្ងៃ​ត្រង់ ទូលបង្គំ​បាន​ឃើញ​ពន្លឺ​មួយ​ភ្លឺ​ជាង​ពន្លឺ​ថ្ងៃ​ទៅ​ទៀត ​ចាំង​ពី​លើ​មេឃ​មក​លើ​ទូលបង្គំ និង​លើ​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​ទូលបង្គំ។ 14 ពេល​នោះ យើង​ខ្ញុំ​ដួល​ទាំង​អស់​គ្នា ហើយ​ទូលបង្គំ​បាន​ឮ​សំឡេង​ពោល​មក​កាន់​ទូលបង្គំ​ជា​ភាសា​ហេប្រឺ​ថា៖ «សូល!​ សូល​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀតបៀន​ខ្ញុំ? អ្នក​ខំ​ប្រឹង​តយុទ្ធ​នឹង​ខ្ញុំ ដូច​គោ​ជល់​នឹង​ជន្លួញ​ដូច្នេះ​​មិន​កើត​ទេ»។ 15 ទូលបង្គំ​បាន​តប​ទៅ​វិញ​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​ជា​នរណា?»។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ទូលបង្គំ​វិញ​ថា៖ «ខ្ញុំ​ជា​យេស៊ូ​ដែល​អ្នក​កំពុង​តែ​បៀតបៀន។ 16 ចូរ​ក្រោក​ឈរ​ឡើង ខ្ញុំ​បង្ហាញ​ខ្លួន​ឲ្យ​អ្នក​ឃើញ មក​ពី​ខ្ញុំ​បាន​ជ្រើស​រើស​អ្នក​ឲ្យបម្រើ ព្រម​ទាំង​ធ្វើ​ជា​បន្ទាល់​អំពី​ហេតុការណ៍​ ដែល​ខ្ញុំ​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​ពេល​នេះ និង​ហេតុការណ៍​ឯ​ទៀតៗ ដែល​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​ពេល​ខាង​មុខ។ 17 ខ្ញុំ​បាន​រំដោះ​អ្នក​ឲ្យ​រួច​ពី​សាសន៍​អ៊ីស្រាអែល និង​សាសន៍​ដទៃ។ ខ្ញុំ​ចាត់​អ្នក​ឲ្យទៅ​រក​សាសន៍​ទាំង​នោះ 18 ដើម្បី​បើក​ភ្នែក​គេ​ឲ្យ​ភ្លឺ ឲ្យ​គេ​ងាក​ចេញ​ពី​សេចក្ដី​ងងឹត​បែរ​មក​រក​ពន្លឺ និង​ងាក​ចេញ​ពី​អំណាច​របស់​សាតាំង បែរ​មក​រក​ព្រះជាម្ចាស់​វិញ ព្រម​ទាំង​ទទួល​ការ​អត់ទោស​ឲ្យ​រួច​ពី​បាប និង​ទទួល​មរតក​រួម​ជា​មួយ​អស់​អ្នក ​ដែល​ព្រះជាម្ចាស់​ប្រោស​ឲ្យបាន​វិសុទ្ធដោយ​មាន​ជំនឿ​លើ​ខ្ញុំ»។ 19 បពិត្រ​ព្រះរាជា ទូលបង្គំ​ពុំ​បាន​ជំទាស់​នឹង​ការ​អស្ចារ្យ ​ដែល​ទូលបង្គំ​និមិត្ត​ឃើញ​នោះ​ឡើយ។ 20 ទូលបង្គំ​បាន​ប្រាប់​ប្រជាជន​នៅ​ក្រុង​ដាម៉ាស​មុន​គេ​បង្អស់ បន្ទាប់​មក ប្រាប់​ប្រជាជន​នៅ​ក្រុង​យេរូសាឡឹម ​នៅ​ស្រុក​យូដា​ទាំង​មូល ហើយ​ប្រាប់​សាសន៍​ដទៃ​ឲ្យ​កែ​ប្រែ​ចិត្ត​គំនិត និង​បែរ​មក​រក​ព្រះជាម្ចាស់ ដោយ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​បញ្ជាក់​ថា គេ​ពិត​ជា​កែ​ប្រែ​ចិត្ត​គំនិត​មែន។ 21 ​ហេតុ​នេះ​ហើយ​បាន​ជា​សាសន៍​យូដា​នាំ​គ្នា​ចាប់​ទូលបង្គំ​នៅ​ក្នុង​ព្រះវិហារ ព្រម​ទាំង​ប៉ុនប៉ង​ប្រហារ​ជីវិត​ទូលបង្គំ​ផង។ 22 ប៉ុន្តែ ដោយ​ព្រះជាម្ចាស់​ជួយ​ទូលបង្គំ​រហូត​មក​ទល់​ថ្ងៃ​នេះ បាន​ជា​ទូលបង្គំ​នៅ​តែ​ផ្ដល់​សក្ខីភាព​អំពី​ព្រះអង្គនៅ​ចំពោះ​មុខ​អ្នក​តូច និង​អ្នក​ធំ។ ទូលបង្គំ​ពុំ​បាន​និយាយ​អ្វី​ក្រៅ​ពី​សេចក្ដី​ដែល​ពួក​ព្យាការី និង​លោក​ម៉ូសេបាន​ថ្លែង​ទុក​អំពី​ហេតុការណ៍​ ដែល​ត្រូវ​តែ​កើត​មាន​នោះ​ឡើយ 23 ពោល​គឺ​ព្រះគ្រិស្ដបាន​រង​ទុក្ខ​លំបាក ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់ ទ្រង់​នឹង​ប្រទាន​ដំណឹង​អំពី​ពន្លឺ​នៃ​ការ​សង្គ្រោះ ប្រាប់​សាសន៍​យូដា និង​សាសន៍​ដទៃ»។ 24 កាល​លោក​ប៉ូល​កំពុង​មាន​ប្រសាសន៍​ការពារ​ខ្លួន​ដូច្នេះ លោក​ភេស្ទុស​ក៏​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំង​ថា៖ «ប៉ូល​អើយ! អ្នក​វង្វេង​ស្មារតី​ហើយ! គឺ​អ្នក​រៀន​សូត្រ​ច្រើន​ពេក បាន​ជា​ត្រឡប់​ទៅ​ជា​វង្វេង​ស្មារតី​ដូច្នេះ»។ 25 លោក​ប៉ូល​តប​វិញ​ថា៖ «សូម​ជម្រាប​ឯកឧត្ដម​ភេស្ទុស ខ្ញុំ​បាទ​មិន​មែន​វង្វេង​ស្មារតី​ទេ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាទ​និយាយ​តែ​ពាក្យ​ពិត មាន​ន័យ​ត្រឹម​ត្រូវ។ 26 ព្រះរាជា​ក៏​ជ្រាប​អំពី​ហេតុការណ៍​ទាំង​នេះ រួច​ស្រេច​ទៅ​ហើយ​ដែរ ខ្ញុំ​បាទ​ហ៊ាន​និយាយ​នៅ​ចំពោះ​មុខ​ព្រះអង្គ ដោយ​ឥត​ភ័យ​ខ្លាច​ឡើយ ដ្បិត​ខ្ញុំ​បាទ​ជឿ​ជាក់​ថា ព្រះរាជា​ជ្រាប​ទាំង​អស់ ព្រោះ​ហេតុការណ៍​នេះ​មិន​មែន​កើត​ឡើង​ស្ងាត់ៗ នៅ​កៀន​កោះ​ណា​មួយ​ឡើយ។ 27 បពិត្រ​ព្រះរាជា តើ​ព្រះអង្គ​ជឿ​ពួក​ព្យាការី​ឬ​ទេ? ទូលបង្គំ​ដឹង​ថា ព្រះអង្គ​ពិត​ជា​ជឿ​មែន»។ 28 ព្រះបាទ​អគ្រីប៉ា​មាន​រាជឱង្ការ​ទៅ​លោក​ប៉ូល​ថា៖ «នៅ​តែ​បន្តិច​ទៀត អ្នក​មុខ​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​គ្រិស្ដបរិស័ទ​ហើយ!»។ 29 លោក​ប៉ូល​ទូល​តប​វិញ​ថា៖ «ទោះ​បី​នៅ​តែ​បន្តិច​ទៀត ឬ​យូរ​ទៀត​ក្ដី ទូលបង្គំ​អង្វរ​ព្រះជាម្ចាស់ សូម​ទ្រង់​ប្រោសប្រណី មិន​ត្រឹម​តែ​ដល់​ព្រះរាជា​ប៉ុណ្ណោះ​ទេ គឺ​ដល់​អស់​លោក​ដែល​កំពុង​ស្ដាប់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ សូម​ឲ្យព្រះរាជា និង​អស់​លោក​បាន​ដូច​ទូលបង្គំ​ដែរ លើកលែង​តែ​ការ​ជាប់​ច្រវាក់​នេះ​ចេញ»។ 30 បន្ទាប់មកព្រះរាជា លោក​ទេសាភិបាល ព្រម​ទាំង​ម្ចាស់ក្សត្រីយ៍​បេរេនីស និង​អ្នក​ឯ​ទៀតៗ​ដែល​អង្គុយ​នៅ​ទី​នោះ បាន​នាំ​គ្នា​ក្រោក​ឡើង 31 ហើយ​ចាក​ចេញ​ទៅ​ទាំង​និយាយ​គ្នា​ថា៖ «បុរស​នេះ​ពុំ​បាន​ធ្វើ​អ្វី​ខុស​​ត្រូវ​មាន​ទោស​ដល់​ជីវិត ឬ​ត្រូវ​ជាប់​ច្រវាក់​ឡើយ»។ 32 ព្រះបាទ​អគ្រីប៉ា​មាន​រាជឱង្ការ​ទៅ​កាន់ លោក​ភេស្ទុស​ថា៖ «ប្រសិន​បើ​បុរស​នេះ​មិន​បាន​សុំ​ឡើង​ទៅ​ដល់​ព្រះចៅ​អធិរាជ​ទេ​នោះ យើង​អាច​ដោះ​លែង​គាត់​បាន»។

ជំពូក ២៧

1 នៅ​ពេលនោះ ​គេសម្រេចថាយើងគួរ​ចុះ​សំពៅ​ចេញ​ដំណើរ​ទៅ​ស្រុក​អ៊ីតាលី គេ​ប្រគល់​លោក​ប៉ូល និង​អ្នក​ទោស​ខ្លះ​ទៀត​ទៅ​នាយ​ទាហាន​ម្នាក់​ឈ្មោះ​លោក​យូលាស ក្នុង​កងទ័ព​របស់​ព្រះមហាក្សត្រាធិរាជ។ 2 យើង​បាន​ចុះ​សំពៅ​ដែល​មក​ពី​ក្រុង​អាដ្រាមីត រួច​ចេញ​ដំណើរ​ទៅ។ សំពៅ​នោះ​ត្រូវ​ចូល​ចត​នៅ​ស្រុក​អាស៊ី។ លោក​អើរីស្ដាក​ជា​អ្នក​ស្រុក​ម៉ាសេដូន ដែល​រស់​នៅ​ក្រុង​ថេស្សាឡូនិក ក៏​បាន​រួម​ដំណើរ​ជា​មួយ​យើង​ដែរ។ 3 នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​មក​ដល់​ក្រុង​ស៊ីដូន ហើយលោក​យូលាស​មាន​ចិត្ត​សប្បុរស​ចំពោះ​លោក​ប៉ូល​ណាស់ ​គាត់​អនុញ្ញាត​ឲ្យ​លោក​ប៉ូល​ទៅ​ផ្ទះ​មិត្តភក្ដិ ដើម្បី​ឲ្យ​គេ​មើលថែលោក។ 4 បន្ទាប់​មក​ទៀត យើង​បាន​ចេញ​សំពៅ​ពី​ក្រុង​នោះ សសៀរ​តាម​បណ្ដោយ​កោះ​គីប្រុស ព្រោះ​បញ្ច្រាស​ខ្យល់។ 5 បន្ទាប់មកយើង​បាន​ឆ្លង​សមុទ្រ​ជិត​ស្រុក​គីលីគា និង​ស្រុក​ប៉ាមភីលា ហើយ​មក​ដល់​ក្រុង​មីរ៉ា ក្នុង​ស្រុក​លូគា។ 6 នៅ​ក្រុង​នោះ លោក​នាយ​ទាហាន​រក​បាន​សំពៅ​មួយ មក​ពី​ស្រុក​អលេក្សានទ្រា ហើយ​ត្រូវ​ចេញ​ទៅ​ស្រុក​អ៊ីតាលី។ គាត់​ក៏​នាំ​យើង​ចុះ​សំពៅ​នោះ។ 7 សំពៅ​ទៅ​មុខ​សន្សឹមៗ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​បាន​មក​ដល់​ទន្ទឹម​នឹង​ក្រុង​គ្នីដូសដោយលំបាក​បំផុត ដោយ​ខ្យល់​បក់​មក​ពី​មុខ យើង​ក៏​បត់​សំពៅ​ទៅ​រក​ជ្រោយ​សាលម៉ូន សសៀរ​តាម​បណ្ដោយ​កោះ​ក្រែត​វិញ។ 8 យើង​បន្ត​ដំណើរ​យ៉ាង​លំបាកតាម​បណ្ដោយ​កោះ​នោះ ហើយ​ក៏​បាន​មក​ដល់​កន្លែង​មួយ​ឈ្មោះ «កំពង់​ស្អាត» ដែល​នៅ​ជិត​ក្រុង​ឡាសេ។ 9 យើង​បាន​ប្រើពេលជា​ច្រើន​ថ្ងៃ ហើយ​ឥឡូវជាដំណើរមួយដែលពេេញដោយគ្រោះថ្នាក់ ដ្បិត​​ថ្ងៃ​ពិធី​បុណ្យ​តម​អាហារក៏ហួសហើយដែរ។ ដូច្នេះ លោក​ប៉ូល​ជូន​យោបល់​គេ​ថា៖ 10 «ខ្ញុំ​យល់​ថា​បើ​យើង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​នោះ គ្រោះ​ថ្នាក់​ណាស់ មិន​ត្រឹម​តែ​ធ្វើឲ្យ​ខូច​ខាត​ទំនិញ និង​សំពៅ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​យើង​ទៀត​ផង»។ 11 ប៉ុន្តែ លោក​នាយ​ទាហាន​បាន​ទុក​ចិត្ត​អ្នក​បើក​សំពៅ និង​នាយ​សំពៅ​ជាង​ពាក្យ​របស់​លោក​ប៉ូលបានប្រាប់។ 12 ដោយ​សារកំពង់ផែ​នោះ​ ពុំមែន​ជា​កន្លែង​ស្រួល​ស្នាក់​អាស្រ័យនៅ​រដូវ​រងា អ្នក​សំពៅ​ភាគ​ច្រើន ​បាន​សម្រេច​ចិត្ត​​ចេញ​សំពៅ​ទៅ​មុខ​ទៀត។ ប្រសិន​បើ​ អាច​ធ្វើ​បាន គេ​ចង់​ទៅ​ដល់​ក្រុង​ភេនីច ជា​កំពង់ផែ​មួយ​នៅ​កោះ​ក្រែត ដែល​បែរ​ទៅ​រក​ទិស​និរតី និង​ទិស​ពាយ័ព្យ​ ដើម្បី​ស្នាក់​នៅ​ទី​នោះ​ក្នុង​រដូវ​រងា។ 13 ពេល​នោះ មាន​ខ្យល់​បក់​មក​តិចៗ​ពី​ទិស​ខាង​ត្បូង ពួក​គេ​យល់​ឃើញ​ថា​ជា​ឱកាស​ល្អ​សម្រាប់គម្រោងការ​របស់​គេ គេ​ក៏​នាំ​គ្នា​ស្រាវ​យុថ្កា ហើយ​ចេញ​សំពៅ​សសៀរៗ​កោះ​ក្រែត​ទៅ។ 14 ប៉ុន្តែ បន្តិច​ក្រោយ​មក មាន​ខ្យល់​ព្យុះ​មួយ​យ៉ាង​ខ្លាំងឈ្មោះ «ខ្យល់​ព្យុះ​អ៊ើរ៉ាគ្លីដូន»​ បក់​បោកនៅកោះនោះ 15 នាំទាំង​សំពៅ​ទៅ​តាម​ខ្យល់ព្យុះ ហើយ​ដោយ​យើង​ពុំ​អាច​ធ្វើ​ឲ្យសំពៅ​បើក​បញ្ច្រាស​ខ្យល់​វិញ​បាន យើង​ក៏​បណ្ដោយ​សំពៅឲ្យ​រសាត់​ទៅ​តាម​ខ្យល់​ទៅ។ 16 ពេល​មក​ដល់​ខាង​ត្បូង​កោះ​តូច​មួយ​ឈ្មោះ​កោះ​ក្លូដេ យើង​បាន​លើក​សំប៉ាន​ឡើង​ទាំង​ពិបាក។ 17 បន្ទាប់​មក យើង​យក​ខ្សែពួរសម្រាប់​ប្រើ​នៅ​គ្រា​មាន​អាសន្ន ​មក​ចង​ព័ទ្ធ​ជុំវិញ​សំពៅ ការពារ​កុំ​ឲ្យ​ធ្លាយ។ យើង​ក៏​បាន​ទម្លាក់​ឈើ​បណ្ដែត​ចុះ​ដែរ ក្រែង​លោ​សំពៅ​ទៅ​កឿង​នៅ​ឈូង​សមុទ្រ​សៀរទីស​ រួច​ហើយ​ទុក​ឲ្យ​សំពៅ​រសាត់​ទៅ​តាម​ខ្យល់។ 18 នៅ​ថ្ងៃ​បន្ទាប់ ​ដោយ​ខ្យល់​ព្យុះ​បក់​បោក​មក​ខ្លាំង​ពេក គេ​បាន​ទម្លាក់​ទំនិញ​ចោល។ 19 នៅ​ថ្ងៃ​ទី​បី ​ពួក​អ្នក​សំពៅក៏​បោះ​គ្រឿង​ប្រដាប់​សំពៅ​ចោល​ដែរ។ 20 នៅពេលមិនអាចមើលឃើញព្រះអាទិត្យ ឬ​ផ្កាយ​ ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​ដោយ​ខ្យល់​ព្យុះ​នៅ​តែ​មាន​សន្ទុះ​ខ្លាំង​ដដែល នៅ​ទី​បំផុត យើង​ក៏​លែង​មាន​សង្ឃឹម​ថា​នឹង​បាន​រួច​ជីវិត។ 21 ពេលពួកគេ​ពុំ​បាន​បរិភោគ​អ្វី​ជា​យូរ​ថ្ងៃ​មក​ លោក​ប៉ូល​ក៏​ក្រោក​ឈរនៅ​កណ្ដាល​ចំណោមអស់​អ្នក​ដែល​នៅ​ក្នុង​សំពៅ ហើយ​មាន​ប្រសាសន៍​ថា៖ «បើ​បង​ប្អូន​ស្ដាប់​ខ្ញុំ ហើយ​មិន​ចាក​ចេញ​ពី​កោះ​ក្រែត​មក​ទេ​នោះ បង​ប្អូន​ពិត​ជា​មិន​ត្រូវ​អន្តរាយ​ខូច​ខាត​ដូច្នេះ​ឡើយ។ 22 ប៉ុន្តែ ខ្ញុំសូមលើកទឹកចិត្តបងប្អូន សូមមានចិត្តក្លាហានឡើងព្រោះ គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​បង​ប្អូន​ត្រូវ​បាត់​បង់​ជីវិត​ឡើយ គឺ​មាន​តែ​សំពៅ​ប៉ុណ្ណោះ​ទេ ​ដែល​ត្រូវ​អន្តរាយ។ 23 ដ្បិត​យប់មិញ ​មាន​ទេវតា​របស់​ព្រះជាម្ចាស់ដែល​ខ្ញុំ​ជឿ និង​គោរព​បម្រើបាន​មក​ជិត​ខ្ញុំ 24 ប្រាប់​ថា៖ «ប៉ូល​អើយ​កុំ​ខ្លាច​អី! ដ្បិត​ អ្នក​ត្រូវ​តែ​បាន​ទៅ​ឈរ​នៅ​មុខ​ព្រះចៅ​អធិរាជ ហើយ​ដោយ​ព្រះជាម្ចាស់​ប្រោសប្រណី​អ្នក ព្រះអង្គ​នឹង​សង្គ្រោះ​អស់​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​អ្នក​ ឲ្យ​បាន​រួច​ជីវិត​ផង​ដែរ»។ 25 ហេតុ​នេះ​បង​ប្អូន​អើយ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង ដ្បិត​ ខ្ញុំ​ជឿ​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់​ថា នឹង​បាន​សម្រេច​ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល​មែន។ 26 សំពៅ​យើង​នឹង​ត្រូវ​ទៅ​កឿងនៅ​កោះ​ណា​មួយជាក់ជា​ពុំ​ខាន»។ 27 សំពៅ​យើង​បាន​រសាត់​អណ្ដែត​លើ​ផ្ទៃ​សមុទ្រ​អាឌ្រា អស់​រយៈ​ពេល​ដប់បួន​ថ្ងៃ​មក​ហើយ។ ពេល​នោះ ប្រមាណ​ជា​ពាក់​កណ្ដាល​អធ្រាត្រ ពួក​អ្នក​សំពៅ​នឹក​សង្ស័យ​ថា ប្រហែល​ជា​មក​ជិត​ដល់​ដី​គោក​ហើយ។ 28 គេ​បោះ​ខ្សែ​សម្ទង់​ទៅ​ក្នុង​ទឹក​ឃើញ​ថា មាន​ជម្រៅ​សាមសិប​ប្រាំពីរ​ម៉ែត្រ។ លុះ​ទៅ​មុខ​បន្តិច គេ​បោះ​ខ្សែ​សម្ទង់​ទៅ​ក្នុង​ទឹក​ម្ដង​ទៀត ឃើញ​ថា​មាន​ជម្រៅម្ភៃ​ប្រាំ​បី​ម៉ែត្រ។ 29 ដោយ​ខ្លាច​ក្រែង​សំពៅ​រសាត់​ទៅ​ប៉ះ​នឹង​ថ្ម ពួក​គេ​ទម្លាក់​យុថ្កា​បួន នៅ​ខាង​កន្សៃ ហើយអធិស្ឋាន​ទន្ទឹង​រង់ចាំ​ភ្លឺឆាប់។ 30 ពួក​អ្នក​សំពៅ​ចង់​រត់​ចោល​សំពៅ គេ​ក៏​នាំ​គ្នា​សម្រូត​សំប៉ាន​ចុះ​ទៅ​ក្នុង​សមុទ្រ ដោយ​យក​លេស​ថា ​គេ​ចង់​ទាញ​យុថ្កា​ទៅ​ដាក់​នៅ​ខាង​ក្បាល​សំពៅ​វិញ។ 31 លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​នាយ​ទាហាន និង​កូន​ទាហាន​ថា៖ «ប្រសិន​បើ ​អ្នក​ទាំង​នេះ​មិន​នៅ​ក្នុង​សំពៅ​ទេ អស់​លោក​ប្រាកដ​ជា​ពុំ​អាច​រួច​ជីវិត​បាន​ឡើយ»។ 32 ពួក​ទាហាន​ក៏​កាប់​ផ្ដាច់​ខ្សែ ទម្លាក់​សំប៉ាន​នោះ​ទៅ​ក្នុង​សមុទ្រ​បាត់​ទៅ។ 33 លុះ​ទៀប​ភ្លឺ លោក​ប៉ូល​អញ្ជើញ​គេ​ទាំង​អស់​គ្នា​ឲ្យ​បរិភោគ​អាហារ ដោយ​មាន​ប្រសាសន៍​ថា៖ «បង​ប្អូន​បាន​ទ្រាំ​តម​អាហារ​អស់​រយៈ​ពេល​ដប់បួន​ថ្ងៃ​មក​ហើយ បង​ប្អូន​ពុំ​បាន​ពិសា​អ្វី​សោះ។ 34 ដូច្នេះ សូម​បង​ប្អូន​អញ្ជើញ​ពិសា​ទៅដើម្បី​ឲ្យ​បាន​រួច​ជីវិត ដ្បិត​នៅ​ក្នុង​ចំណោម​បង​ប្អូន សូម្បី​តែ​សក់​មួយ​សរសៃ​របស់​បង​ប្អូ ក៏​មិន​បាត់​ផង»។ 35 លោក​មាន​ប្រសាសន៍​ដូច្នោះ​ហើយ ក៏​យក​នំបុ័ង​មក​អរ​ព្រះគុណ​ព្រះជាម្ចាស់​នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា រួច​លោក​កាច់​បរិភោគ។ 36 ពេល​នោះ អ្នក​ដែល​នៅ​ក្នុង​សំពៅ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ គេ​ក៏​បរិភោគ​ទាំង​អស់​គ្នា។ 37 នៅ​ក្នុង​សំពៅ​នោះ យើង​មាន​គ្នា​ទាំង​អស់​ពីរ​រយ​ចិតសិប​ប្រាំ​មួយ​នាក់។ 38 កាល​បរិភោគ​ឆ្អែត​ហើយ គេ​ក៏​លើក​បាវ​ស្រូវ​ទម្លាក់​ទៅ​ក្នុង​សមុទ្រដើម្បី​ឲ្យ​ស្រាល​សំពៅ។ 39 លុះ​ភ្លឺ​ឡើង អ្នក​សំពៅ​មើល​ស្រុក​នោះ​មិន​ស្គាល់​ទេ ​គេ​ឃើញ​តែ​ឆក​សមុទ្រដែល​មាន​វាល​ខ្សាច់ រូចគេ​បាន​សម្រេចចិត្ត​ចូល​សំពៅ​ទៅ​បង្កឿង​នៅ​ទី​នោះ ប្រសិន​បើ​ អាច​ចូល​ទៅ​បាន។ 40 ដូច្នេះគេ​ក៏​ស្រាយ​ខ្សែ​យុថ្កា​ទម្លាក់​ចោល​ទៅ​ក្នុង​សមុទ្រ ព្រម​ទាំង​ស្រាយ​ខ្សែ​ចង្កូត​ចោល​ផង​ដែរ រួច​គេ​លើក​ក្ដោង​ខាង​មុខ​ឡើងឲ្យត្រូវខ្យល់​សំពៅ​ចូល​ទៅ​រក​ច្រាំង។ 41 ប៉ុន្តែ សំពៅ​បាន​បុក​ខ្សាច់ ដែល​នៅ​ចន្លោះ​ខ្សែ​ទឹក​ពីរបណ្ដាល​ឲ្យសំពៅ​កឿង​នៅ​ទី​នោះ។ ក្បាល​សំពៅ​នៅ​ជាប់​នឹង​ថ្កល់ រីឯ​កន្សៃ​វិញបាន​ត្រូវ​បាក់​បែក ដោយ​ទឹក​រលក​បក់​បោក​ផ្ទប់​មក​យ៉ាង​ខ្លាំង។ 42 ពួក​ទាហាន​មាន​បំណង​សម្លាប់​អ្នក​ទោស​ទាំង​អស់​ចោល ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​ហែល​ទឹក​គេច​ខ្លួន​បាន​ឡើយ។ 43 ប៉ុន្តែ ដោយ​នាយ​ទាហាន​ចង់​សង្គ្រោះ​ជីវិត​លោក​ប៉ូល គាត់​ក៏​ជំទាស់​នឹង​គោល​បំណង​របស់​កូន​ទាហាន​ទាំង​នោះ។ គាត់​បាន​បញ្ជា​ឲ្យអស់​អ្នក​ដែល​ចេះ​ហែល​ទឹក ​លោត​ទៅ​ក្នុង​ទឹកហែល​ទៅ​រក​គោក​មុន។ 44 រីឯ​អ្នក​មិន​ចេះ​ហែល​ទឹក ត្រូវ​តោង​បន្ទះ​ក្ដារ ឬ​តោង​បំណែក​សំពៅ​ហែល​ទៅ​តាម​ក្រោយ។ ធ្វើ​ដូច្នេះ គេ​បាន​ទៅ​ដល់​ដី​គោក​ដោយ​សុខសាន្ត​គ្រប់ៗ​គ្នា។

ជំពូក ២៨

1 កាល ពួកយើង​បាន​រួច​ជីវិត​ហើយ យើង​ដឹង​ថា កោះ​នោះ​ឈ្មោះ កោះ​ម៉ាល់ត៍។ 2 អ្នក​កោះ​នោះ​បាន​ទទួល​យើង​ដោយ​ចិត្ត​សប្បុរសរក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន ដោយអញ្ជើញ​យើង​ទាំង​អស់​គ្នា ​មក​ជុំវិញ​ភ្នក់​ភ្លើង​មួយ​យ៉ាង​ធំ​ដែល​គេ​បាន​ដុត ដ្បិត​ពេល​នោះ​មាន​ភ្លៀង​ធ្លាក់ ហើយ​ធាតុ​អាកាស​ក៏​ត្រជាក់​ណាស់​ផង។ 3 លោក​ប៉ូល​រើស​មែក​ឈើ​មួយ​កង​មក​បោះ​ក្នុង​ភ្លើង ស្រាប់​តែ​មាន​ពស់​វែក​មួយ​លូន​ចេញ​មក ដោយ​កំដៅ​ភ្លើង ហើយ​ខាំ​ដៃ​លោក​ជាប់។ 4 កាល​អ្នក​កោះ​នោះ​ឃើញ​ពស់​ខាំ​ដៃ​លោក​ជាប់​ដូច្នេះ ក៏​និយាយ​គ្នា​ថា៖ «អ្នក​នេះ​ពិត​ជា​បាន​សម្លាប់​គេ​ហើយ ទោះ​បី​គាត់​ទើប​នឹង​រួច​ខ្លួន​ពី​សមុទ្រ​នោះ​ក៏​ដោយ ក៏​ព្រះអង្គ​យុត្តិធម៌​មិន​ទុកឲ្យ​គាត់​នៅ​រស់​រាន​មាន​ជីវិត​ដែរ»។ 5 លោក​ប៉ូល​បាន​រលាស់​ពស់​នោះ​ទម្លាក់​ទៅ​ក្នុង​ភ្លើង តែ​លោក​ពុំ​ឈឺ​ចុក​ចាប់​អ្វី​ទេ។ 6 អ្នក​កោះ​នោះ​រង់ចាំ​មើល​លោក​ប៉ូល ហើម​ខ្លួន ឬ​ក៏​ត្រូវ​ដាច់​ខ្យល់​ស្លាប់។ ប៉ុន្តែ ក្រោយ​ពី​ចាំ​មើល​អស់​រយៈ​ពេល​យ៉ាង​យូរ​មក គេ​ឃើញ​ថា​គ្មាន​ហេតុ​អាក្រក់​កើត​ដល់​លោក​សោះ ពួកគេ​ក៏​ផ្តូរគំនិត ហើយ​បែរ​ជា​ពោល​ថា លោក​ប៉ូល​ជា​ព្រះជាម្ចាស់​វិញ។ 7 នៅ​ជិត​នោះ មាន​ដី​មួយ​កន្លែង ដែល​ជា​កម្មសិទ្ធិ​របស់​មេកន្ទ្រាញ​កោះ ឈ្មោះ​ពូព្លាស។ គាត់​បាន​ទទួល​យើង​ឲ្យ​ស្នាក់​នៅ យ៉ាង​រាក់ទាក់​ចំនួន​បី​ថ្ងៃ។ 8 ឪពុក​របស់​លោក​ពូព្លាស​ សម្រាន្ដ​នៅ​លើ​គ្រែ ព្រោះ​គាត់​គ្រុន​ផង និងរាកមួល​ផង។ លោក​ប៉ូល​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​គាត់ ហើយ​អធិស្ឋាន​ដាក់​ដៃ​ពី​លើ និង​ប្រោស​គាត់​ឲ្យបាន​ជា។ 9 អ្នក​ជំងឺ​ឯ​ទៀតៗ​នៅ​លើ​កោះ​ឃើញ​គាត់​ជា​ដូច្នេះ គេ​ក៏​នាំ​គ្នា​មក​ដែរ ហើយ​បាន​ជា​ទាំង​អស់​គ្នា។ 10 ពួក​គេ​បាន​សម្តែងការ​គោរព​គ្រប់​យ៉ាងចំពោះ​យើង។ នៅ​ពេល​យើងរៀបចំ​ចេញ​ដំណើរ ពួក​គេ​បាន​ជួយ​ឧបត្ថម្ភ​នូវ​អ្វីៗ​ដែល​យើង​ត្រូវ​ការ។ 11 បី​ខែ​ក្រោយ​មក យើង​ចុះ​សំពៅ​មួយ​ឈ្មោះ «ឌីអូស្គួរ» ជា​សំពៅ​មក​ពី​ក្រុង​អលេក្សានទ្រា ដែល​បាន​ចត​នៅ​កោះ​នោះ​ក្នុង​អំឡុង​ពេល​រដូវ​រងា។ 12 លុះ​មក​ដល់​ក្រុង​ស៊ីរ៉ាគូស យើង​បាន​ស្នាក់​នៅ​ទី​នោះ​បី​ថ្ងៃ។ 13 បន្ទាប់​មក យើង​បាន​សសៀរ​តាម​ឆ្នេរ​សមុទ្រទៅ​ដល់​ក្រុង​រេគាម។ ស្អែក​ឡើង មាន​ខ្យល់​បក់​មក​ពី​ទិស​ខាង​ត្បូង ហើយ​ក្នុង​រវាង​តែ​ពីរ​ថ្ងៃ យើង​មក​ដល់​ក្រុង​ពូទីយ៉ូលី។ 14 នៅ​ក្រុង​នោះ យើង​បាន​ជួប​ពួក​បង​ប្អូន គេ​អញ្ជើញ​យើង​ឲ្យ​ស្នាក់​នៅ​ជា​មួយ​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ យើងក៏បន្តដំណើរទៅ​កាន់​ក្រុង​រ៉ូម។ 15 ពួក​បង​ប្អូន​នៅ​ក្រុង​រ៉ូម​ដឹង​ដំណឹង​អំពី​យើង ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​រហូត​ទៅ​ដល់​ផ្សារ​អាប់ភាស និង​ភូមិ​ផ្ទះ​សំណាក​បី​ខ្នង ដើម្បី​ទទួល​យើង។ កាល​លោក​ប៉ូល​ឃើញ​បង​ប្អូន​ទាំង​នោះ លោក​បាន​អរ​ព្រះគុណ​ព្រះជាម្ចាស់ដោយចិត្ត​ក្លាហាន​។ 16 លុះ​យើង​មក​ដល់​ក្រុង​រ៉ូម​ហើយ អាជ្ញាធរ​អនុញ្ញាត​ឲ្យលោក​ប៉ូល​ស្នាក់នៅ​ផ្ទះ​មួយតាម​បំណង​ចិត្ត​របស់លោក តែពួក​គេ​ដាក់​ទាហាន​ម្នាក់​ឲ្យ​នៅ​យាម​លោក​។ 17 បី​ថ្ងៃ​ក្រោយ​មក លោក​ប៉ូល​អញ្ជើញ​អ្នក​មុខ​អ្នក​ការក្នុង​ចំណោម​ជន​ជាតិ​យូដា​ ឲ្យ​មក​ជួប​លោក។ លុះ​គេ​មក​ជួបជុំ​គ្នា​ហើយ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បង​ប្អូន​អើយ ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​ប្រឆាំង​នឹង​ប្រជាជាតិ​យើង ឬ​ក៏​ទាស់​នឹង​ប្រពៃណី​បុព្វបុរស​យើង​ទេ តែ​គេ​បាន​ចាប់​ខ្ញុំ​ឃុំឃាំង​នៅ​ក្រុង​យេរូសាឡឹម និង​បញ្ជូន​ខ្ញុំ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​រ៉ូម។ 18 កាល​ពួក​រ៉ូម​សួរ​ចម្លើយ​ខ្ញុំ​រួច​រាល់​ហើយ គេ​ចង់​ដោះ​លែង​ខ្ញុំ​វិញ ព្រោះ​គេ​ពុំ​ឃើញ​ខ្ញុំ​មាន​កំហុស​អ្វី គួរ​នឹង​មាន​ទោស​ដល់​ជីវិត​នោះ​ឡើយ។ 19 ប៉ុន្តែ ជន​ជាតិ​យូដា​បាន​នាំ​គ្នា​ជំទាស់ ជា​ហេតុ​បង្ខំ​ឲ្យ​ខ្ញុំ​សុំ​ឡើង​មក​ដល់​ព្រះចៅ​អធិរាជ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​គ្មាន​គោល​បំណង​នឹង​ចោទ​ប្រកាន់​ប្រជាជាតិ​របស់​ខ្ញុំ​ទេ។ 20 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ជួប និង​សុំ​និយាយ​ជា​មួយ​បង​ប្អូន ដ្បិត​ខ្ញុំ​ជាប់​ចំណងព្រោះ​តែ​សេចក្ដី​សង្ឃឹម​របស់​ជន​ជាតិ​អ៊ីស្រាអែល​»។ 21 អ្នក​ទាំង​នោះ​តប​វិញ​ថា៖ «យើង​ពុំ​បាន​ទទួល​សំបុត្រ​អ្វី​ពី​ស្រុក​យូដាស្ដី​អំពី​លោក​ឡើយ ហើយ​ក៏​គ្មាន​បង​ប្អូន​ណា​ម្នាក់​មក​រាយការណ៍ ឬ​និយាយ​អាក្រក់​ពី​លោក​ដែរ។ 22 យើង​ចង់​ស្ដាប់​លោក​មាន​ប្រសាសន៍​អំពី​គំនិត​របស់​លោក ព្រោះ​យើង​ដឹង​ថា​មាន​គេ​ជំទាស់​នឹង​គណៈ​របស់​លោក​នៅ​គ្រប់​ទី​កន្លែង»។ 23 ពួកគេ​បាន​ណាត់​ពេល​ជួប​លោក​ប៉ូល​ម្ដង​ទៀតនៅថ្ងៃមួយ ហើយមាន​មនុស្ស​ច្រើន​ជាង​មុន​មក​ផ្ទះ​លោក​ប៉ូល។ លោក​បាន​វែកញែក និង​ធ្វើ​ជា​បន្ទាល់​អំពី​ព្រះរាជ្យរបស់​ព្រះជាម្ចាស់​ប្រាប់​គេ​តាំង​ពី​ព្រឹក ​រហូត​ដល់​ល្ងាច ដោយ​លើក​យក​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ និង​គម្ពីរ​ព្យាការីមក​ពន្យល់​បញ្ជាក់​ប្រាប់​គេ​អំពី​ព្រះយេស៊ូ។ 24 មាន​ពួក​គេ​មួយ​ផ្នែក ​បាន​ជឿ​ពាក្យ​ដែល​លោក​មាន​ប្រសាសន៍ តែ​មួយ​ផ្នែក​ទៀត​ពុំ​ព្រម​ជឿ​ទេ។ 25 ដោយ​ពួក​គេ​ចាក​ចេញ​ពី​ទី​នោះ​ទៅ​ទាំង​ខ្វែង​គំនិត​គ្នា លោក​ប៉ូល​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​មាន​ព្រះបន្ទូល​មក​កាន់​បុព្វបុរស​យើង តាម​រយៈ​ព្យាការី​អេសាយ​ពិត​ជា​ត្រូវ​មែន។ 26 ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ទៅ​រក​ប្រជារាស្ត្រ​នោះ ហើយ​ប្រាប់​ពួក​គេ​ថា អ្នក​រាល់​គ្នា​ស្ដាប់​ឮ​មែន តែ​ពុំ​យល់​ទេ អ្នក​រាល់​គ្នា​មើល​មែន តែ​ពុំ​ឃើញ​ដែរ។ 27 ដ្បិត​ចិត្ត​របស់​ប្រជារាស្ត្រ​នេះ​រឹង​ណាស់ គេ​បាន​នាំ​គ្នាខ្ទប់​ត្រចៀក ហើយ​បិទ​ភ្នែក។ ពួកគេមើលឃើញនឹងភ្នែក ហើយឮនឹងត្រចៀក តែមិន​យល់ ហើយ​ក៏​មិន​ចង់​កែ​ប្រែ​ចិត្ត​គំនិត​ដែរ ក្រែង​លោ​យើង​ប្រោស​គេ​ឲ្យបាន​ជា»​។ 28 ហេតុ​នេះ សូម​បង​ប្អូន​ជ្រាប​ថា ព្រះជាម្ចាស់​បាន​ប្រទាន​ព្រះបន្ទូល​និយាយពី​ការ​សង្គ្រោះ​របស់​ព្រះអង្គ ​ឲ្យសាសន៍​ដទៃ​វិញ ព្រោះ​គេ​មុខ​ជា​ស្ដាប់​មិន​ខាន។ 29 កាល​លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ជន​ជាតិ​យូដា​ក៏​ចេញ​ទៅ ទាំង​ជជែក​គ្នា​យ៉ាង​ខ្លាំង​ផង។ 30 លោក​ប៉ូលបាន​ស្នាក់​នៅ​ផ្ទះ​ ដែល​លោក​បាន​ជួល​នោះ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ ហើយ​លោក​តែង​ទទួល​អស់​អ្នក​ដែល​មក​ជួប​លោក។ 31 លោក​បាន​ប្រកាស​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ និង​បង្រៀន​គេ​អំពី​ព្រះយេស៊ូគ្រិស្ដ​ដោយ​ចិត្ត​អង់អាច ហើយ​គ្មាន​អ្វី​មក​រារាំង​លោក​ឡើយ។