1 សុភាសិតរបស់ព្រះបាទសាឡូម៉ូន ជាព្រះរាជបុត្រព្រះបាទដាវីឌ និងជាព្រះមហាក្សត្រស្រុកអុីស្រាអែល។ 2 សុភាសិតទាំងនេះផ្ដល់ឲ្យមនុស្សមានប្រាជ្ញា និងការចេះដឹង ដើម្បីយល់ពាក្យពេចន៍ប្រកបដោយអត្ថន័យជ្រៅជ្រះ 3 ព្រមទាំងបង្រៀនមនុស្សឲ្យចេះដឹង សុចរិត ត្រឹមត្រូវ និងមានចិត្តទៀងត្រង់។ 4 ដើម្បីបង្រៀនមនុស្សឆោតល្ងង់ឲ្យចេះប្រុងប្រយ័ត្ន ហើយឲ្យយុវជនស្គាល់ខុសស្គាល់ត្រូវ។ 5 សូមឲ្យអ្នកប្រាជ្ញបានស្តាប់ ហើយបង្កើនចំណេះដឹងរបស់ខ្លួនថែមទៀត សូមឲ្យអ្នកណាដែលមានយោបល់ បានដឹងពីផ្លូវដែលត្រូវដើរ 6 ព្រមទាំងឲ្យបានយល់ពាក្យសុភាសិត និងប្រស្នា អស់ទាំងពាក្យរបស់អ្នកប្រាជ្ញ និងពាក្យអាថ៌កំបាំងទាំងប៉ុន្មានផង។ 7 ការគោរពកោតខ្លាចព្រះអម្ចាស់ជាប្រភពនៃការចេះដឹង។ មនុស្សខ្លៅតែងតែមើលងាយតម្រិះប្រាជ្ញា និងការប្រៀនប្រដៅ។ 8 កូនអើយ ចូរស្ដាប់ឪពុកប្រៀនប្រដៅ ហើយត្រងត្រាប់ស្ដាប់ម្ដាយទូន្មាន 9 ដ្បិតដំបូន្មានរបស់ឪពុកម្ដាយនឹងកសាងចរិយាសម្បត្តិរបស់កូន ឲ្យបានល្អដូចមកុដ និងខ្សែកមាស។ 10 កូនអើយ បើមនុស្សមានបាបបបួលនាំឯង កុំព្រមតាមគេឡើយ។ 11 ប្រសិនបើពួកគេថា «ចូរមកជាមួយយើង យើងនឹងរង់ចាំឱកាសកម្ចាយឈាម យើងនឹងលបដោយសម្ងាត់ដើម្បីចាប់មនុស្សដែលឥតទោសដោយឥតហេតុ។ 12 យើងនឹងលេបគេទាំងរស់ ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយទាំងមូលផង ដូចជាពួកអ្នកដែលចុះទៅក្នុងរណ្តៅ។ 13 យើងនឹងរឹបអូស របស់មានតម្លៃគ្រប់យ៉ាង ក៏នឹងបំពេញលំនៅយើង។ 14 ចូរឯងចូលមកក្នុងពួកយើងចុះ យើងនឹងមានថង់ប្រាក់តែមួយប៉ុណ្ណោះ»។ 15 កូនអើយ សូមកូនកុំដើររួមផ្លូវជាមួយគេឡើយ ត្រូវឃាត់ជើងកូនមិនឲ្យចូលទៅក្នុង ផ្លូវច្រករបស់គេវិញ។ 16 ដ្បិតជើងគេរត់តាមតែការអាក្រក់ទេ គេក៏រហ័សនឹងកម្ចាយឈាមផង។ 17 ដ្បិតការដែលដាក់អន្ទាក់ នៅចំពោះសត្វស្លាបដែលវាមើលឃើញនោះ គឺឥតប្រយោជន៍ទេ។ 18 មនុស្សទាំងនេះរង់ចាំតែនឹងសម្លាប់ខ្លួនឯង ហើយក៏អែបលបដោយសម្ងាត់ ដើម្បីតែនឹងបំផ្លាញជីវិតខ្លួនគេវិញ។ 19 ផ្លូវនៃអស់អ្នកដែលលោភចង់បាន កម្រៃក៏យ៉ាងនោះដែរ សេចក្ដីនោះនឹងដកយកជីវិត ចេញពីអ្នកដែលបានកម្រៃបែបនោះ។ 20 ប្រាជ្ញាតែងបន្លឺឡើងនៅក្នុងផ្លូវ ក៏បញ្ចេញសំឡេងនៅទីធ្លា 21 ប្រាជ្ញាស្រែកប្រកាស នៅទីផ្លូវប្រសព្វទ្រហឹងអឺងកង និងនៅមាត់ទ្វារក្រុង ឯនៅខាងក្នុងទីក្រុង នោះក៏បញ្ចេញពាក្យថា 22 «មនុស្សឆោតល្ងង់អើយ តើនៅស្រឡាញ់សេចក្ដីឆោតល្ងង់ដល់កាលណាទៀត? ពួកមនុស្សចំអក គេនឹងចូលចិត្តខាងសេចក្ដីឡកឡឺយ តើមនុស្សកំឡៅនឹងចេះតែស្អប់ ដល់ការចេះដឹងដល់កាលណា? 23 ចូរអ្នករាល់គ្នាស្តាប់តាមនូវសេចក្តីកែរតម្រូវរបស់យើង នោះយើងនឹងចាក់វិញ្ញាណយើងទៅលើអ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាបានយល់ពាក្យរបស់យើង។ 24 ពីព្រោះយើងបានស្រែកហៅ តែអ្នករាល់គ្នាមិនព្រមស្តាប់ទេ យើងបានហុចដៃទៅ តែឥតមានអ្នកណារវល់សោះ។ 25 អ្នករាល់គ្នាក៏បោះបង់ចោល អស់ទាំងដំបូន្មានរបស់យើង ហើយមិនព្រមទទួលពាក្យបន្ទោសរបស់យើងដែរ។ 26 យើងនឹងសើចដែរ ក្នុងថ្ងៃដែលអ្នករាល់គ្នាត្រូវអន្តរាយ យើងនឹងចំអកឲ្យ ក្នុងកាលដែលអ្នករាល់គ្នា កើតមានសេចក្ដីភិតភ័យផង 27 កាលដែលសេចក្ដីភិតភ័យ មកលើអ្នករាល់គ្នា ដូចជាព្យុះសង្ឃរា ហើយសេចក្ដីអន្តរាយរបស់អ្នករាល់គ្នាមក ដូចជាខ្យល់កួច ក្នុងកាលដែលសេចក្ដីលំបាក និងសេចក្ដីទុក្ខព្រួយ មកគ្របសង្កត់លើអ្នករាល់គ្នា។ 28 ក្រោយមក គេនឹងអំពាវនាវដល់យើង តែយើងមិនព្រមឆ្លើយសោះ គេនឹងស្វែងរកយើងអស់ពីចិត្ត តែគេនឹងរកមិនឃើញឡើយ។ 29 ព្រោះពួកគេបានស្អប់ការចេះដឹង ហើយមិនបានរើសយកសេចក្ដីកោតខ្លាច ដល់ព្រះអង្គម្ចាស់ទេ។ 30 ពួកគេមិនបានយកចិត្តទុកដាក់ នឹងដំបូន្មានរបស់យើងឡើយ ក៏បានមើលងាយសេចក្ដីបន្ទោសរបស់យើងដែរ។ 31 ពួកគេនឹងស៊ីផលនៃផ្លូវរបស់ខ្លួនគេវិញ ហើយគេនឹងបានឆ្អែតដោយកិច្ចការរបស់ខ្លួន។ 32 ដ្បិតពួកឆោតល្ងង់នោះ ការថយទៅវិញរបស់គេនឹងសម្លាប់គេទៅ ហើយចំណែកមនុស្សកំឡៅ នោះសេចក្ដីសុខស្រួលរបស់គេ នឹងបំផ្លាញគេផងដែរ។ 33 ប៉ុន្តែអ្នកណាដែលស្តាប់តាមយើង នោះនឹងរស់ដោយសេចក្ដីសុខ ហើយនឹងមានសេចក្ដីសម្រាក ឥតភ័យខ្លាចចំពោះការអាក្រក់ឡើយ»។
1 កូនអើយ បើឯងទទួលពាក្យយើង ហើយប្រមូលពាក្យបណ្ដាំរបស់យើង ទុកនៅជាប់នឹងកូន 2 សូមឲ្យត្រចៀករបស់កូនស្តាប់តាមប្រាជ្ញា ហើយផ្ចង់ចិត្តឲ្យបានយល់ នឹងសេចក្តីចេះដឹងផង។ 3 ប្រសិនបើកូនស្រែកហៅរកចំណេះដឹង ព្រមទាំងបន្លឺសំឡេងឡើង សូមឲ្យបានយោបល់ 4 បើកូនខំរកដូចជារកប្រាក់ ហើយស្វែងរកដូចជារកកំណប់ទ្រព្យ 5 នោះកូននឹងបានយល់សេចក្ដីកោតខ្លាច ដល់ព្រះអម្ចាស់ ហើយកូននឹងអាចស្គាល់ពីប្រាជ្ញានៃព្រះជាម្ចាស់។ 6 ដ្បិតព្រះអម្ចាស់ប្រទានឲ្យមានប្រាជ្ញា នោះចេញពីព្រះឪស្ឋរបស់ព្រះអង្គមក គឺជាចំណេះដឹងហើយនិងយោបល់។ 7 ព្រះអង្គបម្រុងទុកសេចក្ដីដែលមានប្រាជ្ញា សម្រាប់មនុស្សសុចរិត ក៏ជាខែលដល់អស់អ្នក ដែលដើរក្នុងសេចក្ដីទៀងត្រង់ 8 ព្រះជាម្ចាស់បានរក្សាអស់ទាំងផ្លូវច្រកនៃសេចក្ដីយុត្តិធម៌ ហើយការពារផ្លូវរបស់ពួកបរិសុទ្ធរបស់ព្រះអង្គ។ 9 ក្រោយមក អ្នកនឹងបានយល់សេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ និងសេចក្ដីទៀងត្រង់ គឺគ្រប់ទាំងផ្លូវល្អ។ 10 ដ្បិតប្រាជ្ញានឹងចូលមកស្ថិតនៅក្នុងចិត្តកូន ហើយការចេះដឹងនឹងគាប់ចិត្តដល់ព្រលឹងកូនផង។ 11 ការចេះគិតពិចារណានឹងការពារកូន ហើយការដឹងខុសត្រូវនឹងថែរក្សាកូន។ 12 ការទាំងនោះនឹងជួយឲ្យកូនរួចពីផ្លូវអាក្រក់ ហើយពីពួកមនុស្ស ដែលតែងតែនិយាយពាក្យមិនពិត 13 ជាអ្នកដែលបោះបង់ចោលផ្លូវទៀងត្រង់ ដើម្បីនឹងដើរតាមផ្លូវងងឹតវិញ។ 14 ពួកគេមានចិត្តរីករាយដោយប្រព្រឹត្តការអាក្រក់ ហើយត្រេកអរដោយចិត្តមិនត្រង់ របស់មនុស្សអាក្រក់។ 15 ផ្លូវពួកគេសុទ្ធតែក្ងិចក្ងក់ ហើយបិទបាំងការទទួលខុសត្រូវ។ 16 ប្រាជ្ញានឹងយោបល់ជួយឲ្យកូនរួចពីស្រីកំផឹតក្បត់ និងសម្រស់ដោយប្រលោមដោយពាក្យផ្អែមល្ហែមរបស់នាង។ 17 នាងជាអ្នកដែលលះចោលគូសម្លាញ់ ដែលបានគ្នាពីក្រមុំកំលោះ ក៏ភ្លេចសេចក្ដីសញ្ញានៃព្រះរបស់ខ្លួន។ 18 ដ្បិតផ្ទះរបស់ស្ត្រីនោះ ទ្រេតទៅខាងសេចក្ដីស្លាប់ ហើយផ្លូវច្រករបស់នាង នាំទៅចំពោះពួកមនុស្សស្លាប់។ 19 ពួកអ្នកដែលទៅវានោះគ្មានអ្នកណាត្រឡប់មកវិញឡើយ ក៏មិនចាប់កាន់ផ្លូវច្រកនៃជីវិតដែរ។ 20 ដូច្នេះ ចូរកូនដើរក្នុងផ្លូវរបស់មនុស្សល្អ ព្រមទាំងរក្សាផ្លូវច្រកនៃពួកសុចរិត។ 21 ដ្បិតមនុស្សទៀងត្រង់នឹងអាស្រ័យនៅផែនដី ហើយមនុស្សគ្រប់លក្ខណ៍នឹងបាននៅជាប់។ 22 ប៉ុន្តែមនុស្សអាក្រក់នឹងត្រូវកាត់ចេញ ឲ្យសូន្យពីផែនដីវិញ ហើយមនុស្សប្រទូសរ៉ាយ និងត្រូវរំលើងចេញពីទីនេះ។
1 កូនអើយ ចូរកុំភ្លេចពាក្យទូន្មានរបស់យើងឡើយ ចូរប្រតិបត្តិតាមពាក្យដែលយើងបានផ្ដែផ្ដាំជានិច្ច។ 2 ដ្បិត ពាក្យរបស់យើងនឹងផ្ដល់ឲ្យកូនមានអាយុយឺនយូរ ប្រកបដោយសេចក្ដីសុខសាន្ត។ 3 ចូរកាន់ចិត្តភក្ដី និងចិត្តសច្ចៈជានិច្ច គឺត្រូវចារឹកគុណសម្បត្តិនេះជាប់ក្នុងចិត្ត ដូចពាក់គ្រឿងអលង្ការជាប់នៅនឹងកដែរ។ 4 ក្រោយមក កូននឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ គាប់ចិត្តមនុស្សផងទាំងពួង ហើយកូននឹងមានកេរ្តិ៍ឈ្មោះល្អ។ 5 កុំពឹងលើចំណេះចេះដឹងរបស់ខ្លួនឡើយ តែត្រូវទុកចិត្តលើព្រះអម្ចាស់ទាំងស្រុងវិញ។ 6 ចូរនឹកដល់ព្រះអម្ចាស់ក្នុងគ្រប់កិច្ចការដែលកូនធ្វើ នោះព្រះអង្គនឹងរៀបចំផ្លូវរបស់កូន។ 7 កុំចាត់ទុកខ្លួនកូនថាជាអ្នកមានប្រាជ្ញាឡើយ ប៉ុន្តែ ត្រូវគោរពកោតខ្លាចព្រះអម្ចាស់ ដោយងាកចេញពីការអាក្រក់។ 8 ការទាំងនេះគឺជាឱសថព្យាបាលខ្លួនឲ្យបានជាសះស្បើយពីជំងឺ។ 9 ចូរយកផលដំបូងពីផលដំណាំ និងសម្បត្តិដែលកូនរកបាន មកថ្វាយព្រះអម្ចាស់ ដើម្បីសម្តែងការគោរពចំពោះព្រះអង្គ។ 10 ដូច្នេះ កូននឹងមានស្រូវពេញជង្រុក ហើយមានស្រាទំពាំងបាយជូរដ៏បរិបូណ៌ហូរហៀរផង។ 11 កូនអើយ មិនត្រូវមើលងាយការប្រៀនប្រដៅរបស់ព្រះអម្ចាស់ឡើយ ហើយក៏មិនត្រូវធ្លាក់ទឹកចិត្តដែរ នៅពេលព្រះអង្គស្ដីបន្ទោស 12 ដ្បិតព្រះអម្ចាស់តែងតែប្រៀនប្រដៅអស់អ្នកដែលព្រះអង្គស្រឡាញ់ ដូចឪពុកវាយប្រដៅកូនជាទីស្រឡាញ់របស់ខ្លួន។ 13 អ្នកណារកប្រាជ្ញាឃើញ និងយល់ដឹងពីយោបល់ អ្នកនោះមានសុភមង្គលហើយ។ 14 ដ្បិតប្រាជ្ញាដែលកូនរកបាននេះគឺប្រសើរជាងមានប្រាក់ ហើយផ្ដល់ឲ្យបានចំណេញប្រសើរជាងមានមាសផងដែរ។ 15 ប្រាជ្ញាមានតម្លៃលើសត្បូង ហើយអ្វីៗទាំងអស់ដែលអ្នកប្រាថ្នាចង់បាន ពុំអាចមានតម្លៃស្មើនឹងប្រាជ្ញានេះឡើយ។ 16 ប្រាជ្ញាផ្ដល់ឲ្យមានអាយុយឺនយូរ ព្រមទាំងនាំឲ្យមានសម្បត្តិ និងកិត្តិយសដ៏រុងរឿងទៀតផង។ 17 ប្រាជ្ញាដឹកនាំមនុស្សឲ្យរស់នៅដោយសុខដុមរមនា និងសុខសាន្ត។ 18 ប្រាជ្ញាជាដើមឈើផ្ដល់ជីវិត សម្រាប់អស់អ្នកដែលបេះផ្លែបរិភោគ អ្នកណាមានប្រាជ្ញាជាប់ក្នុងខ្លួន អ្នកនោះនឹងរីករាយ។ 19 ព្រះអម្ចាស់បានបង្កើតផែនដី ដោយសារព្រះប្រាជ្ញាញាណ ហើយព្រះអង្គបានលាតសន្ធឹងផ្ទៃមេឃ ដោយសារព្រះតម្រិះរបស់ព្រះអង្គ។ 20 ដោយសារព្រះតម្រិះដ៏វាងវៃរបស់ព្រះអង្គ និងឲ្យពពកបង្អូរភ្លៀងចុះមក។ 21 កូនអើយ កុំឲ្យសេចក្ដីទាំងនេះ ចេញបាត់ពីភ្នែកកួនឡើយ ចូររក្សាសេចក្ដីដែលមានប្រាជ្ញា និងគំនិតវាងវៃ។ 22 ដូច្នេះ សេចក្ដីនោះនឹងបានជាជីវិត ដល់ព្រលឹងកូន ហើយជាគ្រឿងលម្អនៅករបស់កូនផង។ 23 នោះកូននឹងបានដើរតាមផ្លូវរបស់កូន ដោយសេចក្ដីសុខ ហើយជើងកូននឹងមិនចំពប់ឡើយ។ 24 ប្រសិនបើកូន អង្គុយចុះ នោះកូននឹងមិនភ័យខ្លាចអ្វីឡើយ កាលណាកូនចូលដេក នោះកូននឹងដេកលក់យ៉ាងស្កប់ស្កល់។ 25 កុំឲ្យនឹកខ្លាច ក្រែងលោមានហេតុភ័យ កើតមកឆាប់ភ្លាមនោះឡើយ ក៏កុំឲ្យខ្លាចការហិនវិនាសរបស់មនុស្សអាក្រក់ ក្នុងកាលដែលកើតមកនោះដែរ 26 ដ្បិតព្រះអម្ចាស់នឹងបានជាទីទុកចិត្តដល់កូន ព្រះអង្គនឹងរក្សាជើងកូនមិនឲ្យត្រូវជាប់ឡើយ។ 27 កាលណាកូនមានលទ្ធភាពអាចនឹងធ្វើបាន នោះមិនត្រូវបដិសេធនឹងអ្នក ដែលត្រូវការជំនួយពីកូនឡើយ។ 28 បើកាលណាកូនមានរបស់អ្វីនៅជិតកូន ដែលអ្នកជិតខាងត្រូវការ នោះកុំនិយាយឡើយថា ទៅសិនចុះ ស្អែកសឹមមក នោះខ្ញុំនឹងឲ្យ។ 29 កុំបង្កើតការអាក្រក់ទាស់នឹងអ្នកជិតខាងកូន ដែលអាស្រ័យនៅជិតកូន ដោយសុខសាន្តនោះឡើយ។ 30 បើមនុស្សណាមិនបានធ្វើប្រទូស្តដល់កូន នោះកុំឲ្យតតាំងនឹងគេដោយឥតហេតុឲ្យសោះ។ 31 កុំច្រណែននឹងមនុស្សច្រឡោតឡើយ ក៏កុំរើសយកផ្លូវប្រព្រឹត្តណាមួយរបស់គេដែរ។ 32 ដ្បិតមនុស្សវៀចជាទីខ្ពើមឆ្អើមដល់ព្រះអម្ចាស់ តែចំណែកមនុស្សទៀងត្រង់ ព្រះអង្គជាមិត្តនឹងគេវិញ។ 33 បណ្ដាសានៃព្រះអម្ចាស់ នោះនៅក្នុងផ្ទះរបស់មនុស្សអាក្រក់តែព្រះអង្គប្រទានពរដល់ទីលំនៅ របស់មនុស្ស សុចរិតវិញ។ 34 ព្រះអង្គតែងមើលងាយ ដល់ពួកអ្នកដែលមើលងាយតែព្រះអង្គផ្តល់ព្រះគុណចំពោះអ្នកបន្ទាបខ្លួនវិញ។ 35 មនុស្សមានប្រាជ្ញានឹងគ្រងបានសិរីល្អទុកជាមរតក តែសេចក្ដីអាម៉ាស់ខ្មាសនឹងបានជារង្វាន់ ដល់មនុស្សឆោតល្ងង់វិញ។
1 កូនអើយ ចូរស្ដាប់ពាក្យទូន្មានរបស់យើង ចូរប្រុងស្មារតី ដូច្នេះកូននឹងយល់ដឹងហើយនិងចំណេះផង។ 2 យើងបានបង្រៀនកូនអំពីការល្អ កុំបោះបង់ចោលសេចក្តីបង្រៀនរបស់យើងឡើយ។ 3 ពេលមុន យើងធ្លាប់ជាកូនរបស់ឪពុកយើង ហើយក៏ជាកូនសំណព្វរបស់ម្តាយយើងដែរ។ 4 ឪពុកយើងបានបង្រៀនយើងថា៖ «ចូរកូនចងចាំពាក្យរបស់ឪពុកទុកក្នុងចិត្ត ចូរប្រតិបត្តិតាមដំបូន្មានរបស់ឪពុក នោះកូននឹងមានជីវិត។ 5 ចូររកប្រាជ្ញា និងចំណេះដឹងឲ្យបាន មិនត្រូវបំភ្លេច ឬងាកចេញពីពាក្យរបស់ឪពុកឡើយ 6 កុំបោះបង់ប្រាជ្ញាឲ្យសោះ នោះប្រាជ្ញានឹងការពារកូន ចូរស្រឡាញ់ប្រាជ្ញា នោះប្រាជ្ញានឹងថែរក្សាកូន។ 7 ប្រភពនៃប្រាជ្ញាចាប់ផ្ដើមដូចតទៅ គឺត្រូវរកប្រាជ្ញាឲ្យបាន ហើយចំណាយអ្វីៗទាំងអស់ដែលកូនមាន ដើម្បីរកឲ្យបានការចេះដឹង។ 8 ចូរឱបរឹតប្រាជ្ញាឲ្យជាប់ក្នុងដួងចិត្ត នោះប្រាជ្ញានឹងលើកតម្កើងកូនឡើងយ៉ាងថ្លៃថ្នូរ។ 9 ប្រាជ្ញានឹងផ្ដល់ឲ្យកូនបានរុងរឿង គឺប្រៀបដូចជាមកុដ នឹងជាគ្រឿងអលង្ការដ៏ថ្លៃបំផុត សម្រាប់កូន»។ 10 កូនអើយ ចូរស្ដាប់ ហើយធ្វើតាមពាក្យរបស់យើង នោះកូននឹងមានអាយុវែង។ 11 យើងបានណែនាំកូនឲ្យស្គាល់របៀបរស់នៅប្រកបដោយប្រាជ្ញា និងបានអប់រំកូនឲ្យដើរតាមផ្លូវទៀងត្រង់។ 12 ពេលណាកូនដើរតាមផ្លូវនេះ នឹងគ្មានឧបសគ្គអ្វីមករារាំងកូនឲ្យជំពប់ដួលឡើយ។ 13 ចូរកាន់តាមសេចក្តីបង្រៀនរបស់យើង ដោយឥតលះបង់ចោលឡើយ ចូរថែរក្សាឲ្យជាប់ ដ្បិតដំបូន្មាននេះជាជីវិតរបស់កូន។ 14 មិនត្រូវចូលរួមក្នុងផ្លូវរបស់មនុស្សពាលឡើយ ហើយក៏មិនត្រូវយកតម្រាប់តាមមនុស្សអាក្រក់ដែរ។ 15 ចូរចៀសវាងដើរតាមផ្លូវនោះ ត្រូវដើរវាងឲ្យឆ្ងាយតាមផ្លូវផ្សេងវិញ។ 16 ដ្បិត ពួកគេមិនចូលដំណេកទេ ដរាបទាល់តែបានប្រព្រឹត្តអំពើអាក្រក់ជាមុនសិន គឺប្រសិនបើគេមិនបានធ្វើទុក្ខទោសអ្នកផ្សេងទេនោះ គេដេកមិនលក់ឡើយ។ 17 ដ្បិតគេចិញ្ចឹមជីវិតដោយសារអំពើទុច្ចរិត ហើយគេផឹកស្រាដែលបានមកដោយសារអំពើឃោរឃៅ។ 18 ប៉ុន្តែ ផ្លូវរបស់មនុស្សសុចរិតប្រៀបបីដូចជាពន្លឺអរុណរះ បញ្ចេញរស្មីកាន់តែភ្លឺឡើងៗ រហូតដល់ព្រះអាទិត្យពេញកម្ដៅ។ 19 ចំណែកផ្លូវរបស់ជនពាលវិញ ដូចទៅនឹងភាពងងឹតអន្ធការ គឺពួកគេមិនអាចមើលឧបសគ្គដែលធ្វើឲ្យខ្លួនជំពប់ដួលនោះឃើញឡើយ។ 20 កូនអើយ ចូរផ្ទៀងត្រចៀក ចូរត្រងត្រាប់ស្ដាប់ពាក្យទូន្មាន និងសេចក្តីបង្រៀនរបស់យើង។ 21 កុំបំភ្លេចពាក្យយើង គឺត្រូវរក្សាទុកឲ្យជាប់នៅក្នុងដួងចិត្តរបស់កូនផង។ 22 ដ្បិតពាក្យទាំងនេះនឹងផ្ដល់ជីវិត និងសុខភាពដល់រូបកាយអស់អ្នកដែលទទួលយក។ 23 ចូរកូនថែរក្សាចិត្តដោយប្រុងប្រយ័ត្ន ដ្បិតចិត្តគំនិតរបស់កូនយ៉ាងណា ជីវិតរបស់កូនក៏យ៉ាងនោះដែរ។ 24 ចូរទប់មាត់កុំឲ្យពោលពាក្យអាស្រូវឡើយ ហើយក៏កុំគ្រលាស់អណ្ដាតពោលពាក្យមួលបង្កាច់គេដែរ។ 25 ចូរឲ្យភ្នែកកូនមើលចំទៅមុខ ហើយត្របកភ្នែកឯងទៅត្រង់ទៅមុខដែរ។ 26 ត្រូវកំណត់ផ្លូវដែលជើងកូនដើរ ហើយផ្លូវរបស់កូននឹងមានសុវត្ថិភាព។ 27 កុំងាកបែរទៅខាងស្តាំ ឬខាងឆ្វេងឡើយ ត្រូវឲ្យជើងរបស់កូនងាកចេញពីសេចក្ដីអាក្រក់វិញ។
1 កូនអើយ ចូរយកចិត្តទុកដាក់នឹងប្រាជ្ញារបស់យើង ហើយចាប់អារម្មណ៍ និងតម្រិះរបស់យើងផងដែរ 2 ដើម្បីឲ្យកូនស្គាល់ការរិះគិត និងការនិយាយស្ដីដឹងខុសត្រូវ។ 3 ដ្បិត ស្ត្រីក្បត់ប្ដីតែងតែនិយាយមាយាផ្អែមដូចទឹកឃ្មុំ ហើយមាត់រអិលដូចប្រេង 4 ប៉ុន្តែ តាមពិតស្ត្រីនោះប្រៀបបាននឹងផ្លែស្លែងដែលមានជាតិល្វីង ហើយមុតដូចដាវមុខពីរ។ 5 ស្ត្រីប្រភេទនេះបណ្ដាលឲ្យអ្នកត្រូវស្លាប់ ដ្បិតផ្លូវរបស់គេតម្រង់ទៅរកមច្ចុរាជ។ 6 ផ្លូវរបស់ស្ត្រីនេះមិននាំទៅកាន់ជីវិតទេ។ តែនាំឲ្យគេវង្វេង ដោយនាងមិនដឹងថាកំពុងតែធ្វើអ្វីនោះទេ។ 7 ឥឡូវនេះ កូនអើយ ចូរស្ដាប់យើង កុំងាកចេញពីពាក្យ ដែលចេញពីមាត់របស់យើងឡើយ។ 8 រក្សាផ្លូវរបស់កូនឲ្យឆ្ងាយពីស្ត្រីប្រភេទនេះ កុំទៅជិតមាត់ទ្វារផ្ទះរបស់គេឲ្យសោះ។ 9 ក្នុងផ្លូវនេះ អ្នកខ្លះអាចនឹងប្រមាថមាក់ងាយកេរ្តិ៍ឈ្មោះកូន ហើយមនុស្សគ្មានចិត្តមេត្តាបំផ្លាញជីវិតកូន 10 ក្រែងលោអ្នកដទៃមករឹបអូសយកទ្រព្យសម្បត្តិរបស់កូន ហើយអ្វីៗដែលកូនរកបានដោយកម្លាំងញើស ត្រូវធ្លាក់ក្នុងកណ្ដាប់ដៃរបស់អ្នកផ្សេង។ 11 នៅទីបំផុត កូនលែងមានកម្លាំងអ្វីទៀត ហើយកូននឹងស្រែកថ្ងូរដូចសត្វ។ 12 កូននឹងពោលថា «ហេតុអ្វីបានជាខ្ញុំស្អប់ដំបូន្មាន ហើយមិនយកចិត្តទុកដាក់ស្ដាប់ការប្រៀនប្រដៅដូច្នេះ! 13 ហេតុអ្វីបានជាខ្ញុំមិនស្ដាប់ពាក្យសម្ដីគ្រូ ហើយក៏មិនផ្ទៀងត្រចៀកស្ដាប់អ្នកបង្រៀនខ្ញុំដូច្នេះ។ 14 យើងស្ទើរតែនឹងចូលទៅក្នុងអស់ទាំងអំពើអាក្រក់ហើយ គឺនៅកណ្ដាលចំណោមមនុស្សនិងក្រុមជំនុំផង»។ 15 ចូរផឹកទឹកពីពាងរបស់ខ្លួនកូន ព្រមទាំងទឹកដែលហូរចេញពីអណ្តូងរបស់ខ្លួនផងដែរ។ 16 តើគួរឲ្យរន្ធទឹករបស់កូនហូរសាចចេញទៅក្រៅ ហើយគន្លងទឹករបស់កូនហូរទៅក្នុងផ្លូវឬ? 17 ត្រូវទុកសម្រាប់ខ្លួនកូនតែមួយប៉ុណ្ណោះ មិនមែនសម្រាប់មនុស្សដទៃ ជាមួយកូនផងនោះទេ។ 18 ចូរផ្ដល់សុភមង្គលឲ្យភរិយារបស់កូន ចូររួមរស់យ៉ាងសប្បាយជាមួយភរិយា ដែលកូនបានរៀបការតាំងពីកំលោះក្រមុំ។ 19 ភរិយារបស់កូនមានចរិយាសមសួនគួរឲ្យស្រឡាញ់ សម្រស់របស់នាងគួរជាទីគាប់ចិត្ត។ ចូរត្រេកត្រអាលនឹងសម្ផស្សរបស់នាង ចូរស្រឡាញ់នាងយ៉ាងអស់ពីចិត្តរហូតតទៅ។ 20 កូនអើយ ហេតុអ្វីបានជាកូនមានចិត្តស្រឡាញ់ប្រពន្ធរបស់គេទៅវិញ? ហេតុអ្វីបានជាកូនចង់សប្បាយជាមួយស្រីផ្សេងដូច្នេះ? 21 អ្វីៗដែលមនុស្សលោកប្រព្រឹត្ត ព្រះអម្ចាស់ជ្រាបទាំងអស់ ព្រះអង្គទតឃើញកិរិយាមារយាទរបស់គេ។ 22 កំហុសរបស់មនុស្សអាក្រក់ជាចំណងចងខ្លួន ហើយអំពើបាបជាអន្ទាក់ដែលធ្វើឲ្យខ្លួនគេរើពុំរួច។ 23 គេនឹងត្រូវស្លាប់ ព្រោះខ្វះការអប់រំ គេនឹងត្រូវវិនាស ព្រោះតែអំពើលេលាហួសល្បត់របស់ខ្លួន។
1 កូនអើយ ប្រសិនបើកូន រៀបចំទ្រព្យសម្បត្តិរបស់កូន ឲ្យទៅអ្នកជិតខាងរបស់កូន ប្រសិនបើកូនបានសន្យាឲ្យអ្នកណាខ្ចីហើយមិនបានស្គាល់ 2 ក្រោយមកកូន បានជាប់អន្ទាក់ ដោយសារពាក្យសន្យារបស់កូន គឺកូនបានត្រូវចាប់ហើយ ដោយពាក្យសម្ដីដែលចេញពីមាត់កូនមក។ 3 នោះកូនអើយ ចូរធ្វើដូច្នេះវិញ ហើយដោះខ្លួនឲ្យរួចចុះ ដ្បិតកូនបានធ្លាក់ទៅក្នុងកណ្ដាប់ដៃ នៃអ្នកជិតខាងរបស់កូនហើយ ដូច្នេះ ចូរទៅជួបអ្នកជិតខាងរបស់កូនភ្លាម ហើយអង្វរដោយការបន្ទាបខ្លួននៅចំពោះអ្នកជិតខាង។ 4 សូមកុំឲ្យភ្នែករបស់កូនដេក ហើយកុំត្របកភ្នែករបស់បិទឡើយ។ 5 គឺខំប្រឹងរើបម្រះឲ្យទាល់តែរួចខ្លួន ដូចឈ្លូស និងបក្សីខំប្រឹងរំដោះខ្លួន ឲ្យរួចពីអន្ទាក់របស់ព្រានដែរ។ 6 កូនកម្ជិលអើយ ចូរទៅមើលស្រមោច ហើយពិចារណាអំពីការរស់នៅរបស់វា រួចយកឲ្យមានប្រាជ្ញា។ 7 វាគ្មានអ្នកដឹកនាំ គ្មានមេកើយ ឬគ្មានអ្នកត្រួតត្រាទេ 8 ប៉ុន្តែនៅរដូវក្ដៅវាប្រមូលចំណី នៅរដូវចម្រូត វាសន្សំស្បៀងដែលវាអាចសុីបានទុក។ 9 កូនកម្ជិលអើយ តើកូននៅតែដេកដល់ណាទៀត? តើដល់អង្កាល់ទើបកូនភ្ញាក់ឡើង? 10 «កូនចង់ដេកថែមបន្តិច ចង់ដំអក់បន្តិច ដេកឱបដៃបន្តិច»។ 11 បើបែបនេះ កូននឹងខ្វះខាត ហើយធ្លាក់ខ្លួនក្រភ្លាម ដូចមានមកលួច ហើយមានតម្រូវការហើយត្រូវការជំនួយជាដរាប។ 12 អ្នកគឺជាមនុស្សឥតប្រយោជន៍ អ្នកនោះជាមនុស្សពាល រស់នៅជាមួយនឹងការនិយាយពាក្យមិនពិត 13 គេមិចភ្នែក ធ្វើជាសញ្ញាដោយលើកដៃលើកជើង ហើយនិងចង្អុលដោយម្រាមដៃរបស់គេដែរ។ 14 គេមានចិត្តពាលហើយរិះគិតធ្វើអាក្រក់គ្រប់ពេលវេលា ហើយគេនិងបង្កជំលោះ។ 15 ហេតុនេះ គេមុខជាវិនាសយ៉ាងទាន់ហន់ ព្រមទាំងត្រូវអន្តរាយមួយរំពេចរកអ្វីមកកែកុនពុំបាន។ 16 មានអំពើប្រាំមួយ ឬប្រាំពីរយ៉ាងផង ដែលព្រះអម្ចាស់មិនសព្វព្រះហឫទ័យ ដែលជាការគួរខ្ពើម ហើយព្រះជាម្ចាស់មិនអាចទ្រាំទ្របាន។ 17 ភ្នែកនៃអ្នកដែលមានឫកធំ ការពោលពាក្យកុហក ការបង្ហូរឈាមដល់មនុស្សស្លូតត្រង់ 18 ដួងចិត្តដែលរិះគិតធ្វើអំពើទុច្ចរិត ជើងដែលរត់ទៅប្រព្រឹត្តអំពើអាក្រក់ 19 ការធ្វើជាសាក្សីក្លែងក្លាយ ដែលពោលពាក្យមិនពិត និងការបង្កជំលោះបំបាក់បំបែកបងប្អូន។ 20 កូនរបស់យើងអើយ ចូរស្ដាប់ឱវាទរបស់យើង កុំចោលសេចក្តីបង្រៀនរបស់ម្ដាយកូនឡើយ។ 21 ចូរចងចាំទុកក្នុងចិត្ត ចូររក្សាជាប់នឹងខ្លួនដូចគ្រឿងអលង្ការ។ 22 ពេលកូនធ្វើដំណើរទៅណាមកណាដំបូន្មានទាំងនេះនឹងនាំផ្លូវកូន ការពារកូនក្នុងពេលដេកផង ហើយនិងបង្រៀនកូនថែមទៀតនៅពេលកូនភ្ញាក់ឡើង។ 23 ដ្បិតឱវាទប្រៀបបាននិងចង្កៀង សេចក្តីបង្រៀនដូចជាពន្លឺ ហើយការប្រៀនប្រដៅគឺជាផ្លូវដឹកនាំជីវិតរបស់កូន។ 24 ពាក្យដាស់តឿនទាំងនេះការពារកូន កុំឲ្យចាញ់បោកស្រីទុច្ចរិត កុំឲ្យចាញ់បញ្ឆោតពាក្យផ្អែមល្ហែមរបស់ស្ត្រីក្បត់ប្ដី។ 25 កុំមានចិត្តពុះកញ្ជ្រោលនិងសម្ផស្សរបស់ស្រីរបៀបនេះឡើយ ហើយក៏កុំបណ្ដោយឲ្យចិត្តអ្នកឈ្លក់វង្វេងទៅតាមកែវភ្នែករបស់គេដែរ។ 26 ដេកជាមួយស្រីពេស្យា គឺនាងចង់បាននំបុ័ងតែមួយដុំប៉ុណ្ណោះ ប៉ុន្តែប្រពន្ធរបស់អ្នកផ្សេងវិញ គឺនាងនឹងត្រូវការជីវិតរបស់អ្នក។ 27 តើមានមនុស្សណាអាចយកភ្លើងមកដាក់លើទ្រូង ហើយភ្លើងនោះមិនឆេះអាវរបស់អ្នកនោះទេ? 28 តើមានមនុស្សណាដែលអាចដើរលើរងើកភ្លើង ដោយមិនរលាកជើងរបស់គាត់ទេ? 29 ដូច្នេះ អ្នកដែលបានដេកជាមួយប្រពន្ធរបស់អ្នកជិតខាង គឺអ្នកដែលបានដេកជានាង នឹងត្រូវទទួលផលវិបាកជានិច្ច។ 30 គ្មានមនុស្សណានឹងចាប់ទោសដល់ ចោរលួចបើសិនដើម្បីគ្រាន់តែចម្អែតក្រពះដែលគាត់ឃ្លាននោះ។ 31 ប៉ុន្តែបើគេចាប់បានចោរនោះ គឺត្រូវតែសងមួយជាប្រាំពីរ នូវអ្វីដែលគាត់បានលួចទោះបើត្រូវចំណាយរបស់ដែលមានតម្លៃនៅក្នុងផ្ទះក៏ដោយ។ 32 អ្នកណាលួចប្រពន្ធគេ អ្នកនោះជាមនុស្សមិនចេះពិចារណា ដ្បិតប្រព្រឹត្តយ៉ាងនេះនាំតែវិនាសខ្លួនឯង។ 33 អ្នកនោះនឹងទទួលទោសបាត់បង់កិត្តិយស ហើយត្រូវខ្មាសនោះនឹងនៅជាមួយគេរហូត។ 34 ដ្បិតសេចក្តីប្រចណ្ឌរបស់ប្តីនាងគឺសាហាវណាស់ ហើយប្តីនឹងបានសងសឹកឥតត្រាប្រណីឡើយ។ 35 គាត់មិនព្រមទទួលសំណង ហើយគាត់ក៏មិនអត់ទោសឲ្យដែរ ទោះបីយកជំងឺចិត្តទៅសងច្រើនយ៉ាងណាក៏ដោយ។
1 កូនអើយ កុំភ្លេចពាក្យបណ្ដាំយើង ចូរចងចាំពាក្យដែលយើងទូន្មាន។ 2 ចូររក្សាពាក្យដែលយើងទូន្មាននេះ ទើបកូនមានជីវិត ចូររក្សាសេចក្តីបង្រៀនរបស់យើងទុកដូចជាកែវភ្នែក។ 3 ចូរចងចាំពាក្យរបស់ឪពុកគ្រប់ពេលវេលា ហើយចារឹកទុកក្នុងដួងចិត្តជានិច្ច។ 4 ចូរនិយាយដោយប្រាជ្ញា «អ្នកគឺជាប្អូនស្រីរបស់ខ្ញុំ» ហើយត្រូវហៅការចេះដឹងថាជាមិត្តសម្លាញ់ 5 ធ្វើដូច្នេះ កូនអាចគេចផុតពីស្ត្រីក្បត់ប្ដី និងគេចផុតពីប្រពន្ធគេ ដែលប្រសប់លួងលោម។ 6 ដ្បិតយើងបានមើលតាមបង្អួចផ្ទះរបស់យើង សម្លឹងទៅផ្លូវកែង។ 7 យើងឃើញមនុស្សដែលមិនសូវដឹងខុសត្រូវ យើងក៏ឃើញក្មេងកំលោះម្នាក់ គឺជាអ្នកគ្មានប្រាជ្ញាទាល់តែសោះ។ 8 ក្មេងកំលោះនោះដើរតាមផ្លូវមានផ្ទះលក់ដូរ ក្បែរកន្លែងដែលស្ត្រីក្បត់ប្ដីរស់នៅ ហើយដើរតម្រង់ទៅផ្ទះនាង។ 9 ពេលនោះ ជាពេលល្ងាច ថ្ងៃកំពុងលិច ហើយយប់ងងឹតក៏ជិតមកដល់។ 10 ស្ត្រីនោះចេញមកជួបអ្នកកំលោះ ទាំងស្លៀកពាក់ជារបៀបស្រីពេស្យា ដើម្បីទាក់ទាញចិត្តគេ។ 11 នាងពុះកញ្ជ្រោល ស្រើបស្រាល ឥតអៀនខ្មាស ទ្រាំនៅក្នុងផ្ទះមិនបានទេ។ 12 នាងនេះដើររកប្រុសនៅតាមដងផ្លូវ នៅតាមផ្សារ និងនៅគ្រប់កៀនកោះ។ 13 ដូច្នេះ នាងចាប់អ្នកកំលោះមកឱបរឹតនិងថើប ហើយនិយាយដោយមុខខឹងថា 14 «ថ្ងៃនេះ ខ្ញុំទើបនឹងថ្វាយយញ្ញបូជាអរព្រះគុណ ដើម្បីលាបំណន់។ 15 ហេតុនេះហើយបានជាខ្ញុំចេញមកជួបបង ដ្បិតខ្ញុំចង់ស្គាល់បងយូរហើយ ឥឡូវ ខ្ញុំជួបបងមែន។ 16 អូនបានរៀបចំគ្រែរួចហើយ ដែលមានភួយចម្រុះពណ៌ និងមានផាហ៊ុមល្អៗមកពីអេស៊ីប។ 17 អូនបានប្រោះទឹកអប់ និងគ្រឿងក្រអូបផ្សេងៗពីលើគ្រែនោះ។ 18 សូមមកចុះ ហើយផឹកស្រារួមស្នេហ៍យ៉ាងសប្បាយជាមួយគ្នា រហូតដល់ព្រឹកស្អែក។ 19 ដ្បិត ប្ដីអូនមិននៅផ្ទះទេ គាត់បានចេញដំណើរទៅកន្លែងឆ្ងាយទៅហើយ។ 20 គាត់យកប្រាក់មួយថង់ទៅជាមួយដល់ថ្ងៃពេញបូណ៌ ទើបគាត់វិលត្រឡប់មកផ្ទះវិញ»។ 21 នាងនិយាយបញ្ចុះបញ្ចូលយ៉ាងប៉ិនប្រសប់ អូសទាញអ្នកកំលោះដោយពាក្យសម្ដីផ្អែមល្ហែម។ 22 អ្នកកំលោះក៏ទៅតាមនាងភ្លាម ដូចគោដែលគេនាំទៅទីសត្តឃាត និងដូចមនុស្សឆ្កួតដែលបណ្ដោយឲ្យគេចងជើងចងដៃ យកទៅធ្វើទោស។ 23 អ្នកនោះប្រៀបបាននឹងសត្វស្លាប ហើរបោះពួយទៅរកអន្ទាក់ ដោយមិនដឹងថា ខ្លួនមានគ្រោះថ្នាក់ដល់ជីវិតទេ។ លុះត្រាតែមានព្រួញមកទម្លុះដល់បេះដូង។ 24 ឥឡូវនេះ កូនអើយ ចូរស្ដាប់យើង ចូរត្រងត្រាប់ស្ដាប់សេចក្ដីដែលដែលចេញពីមាត់របស់យើង។ 25 កុំបាក់ចិត្តទៅតាមស្ត្រីប្រភេទនេះឡើយ ហើយក៏កុំវង្វេងទៅសេពគប់ជាមួយផ្លូវរបស់នាងដែរ។ 26 ដ្បិត ស្ត្រីនេះបានធ្វើឲ្យមនុស្សវិនាសជាច្រើនហើយ សេចក្តីស្លាប់ដោយសារស្នាដៃនាងគឺមានច្រើនណាស់ដែរ។ 27 ផ្ទះរបស់នាងជាស្ថានមច្ចុរាជ គេបានចូលទៅក្នុងបន្ទុប់ដែលងងឺត នៃសេចក្តីស្លាប់។
1 តើប្រាជ្ញានេះចេញមកពីណា? តើមិនមែនចំណេះដឹងដែលបានចេញមកតាមសម្លេងនាងទេ? 2 នៅលើទីខ្ពស់ ក្បែរមាត់ផ្លូវ និងនៅត្រង់ផ្លូវបំបែក គឺនាងឈរពេញដោយប្រាជ្ញា។ 3 ក្បែរមាត់ទ្វារក្រុង នៅតាមផ្លូវចេញចូល ហើយនាងស្រែកឡើងថា។ 4 «មនុស្សរាល់គ្នាអើយ ពាក្យទាំងនេះគឺសម្រាប់អ្នក ហើយសម្លេងរបស់យើងគឺសម្រាប់កូនមនុស្សទាំងអស់។ 5 មនុស្សមិនដឹងខុសត្រូវអើយ ចូររៀនពីប្រាជ្ញា មនុស្សឥតប្រាជ្ញាអើយ អ្នកត្រូវខំឲ្យបានចំណេះដឹងដល់គំនិតផង។ 6 សូមស្ដាប់ ពីព្រោះយើងនឹងនិយាយសេចក្ដីសំខាន់ៗប្រាប់អ្នករាល់គ្នា ពេលមាត់យើងបើកគឺថ្លែងពីផ្លូវទៀងត្រង់។ 7 ដ្បិត យើងថ្លែងប្រាប់តែសេចក្ដីពិតប៉ុណ្ណោះ យើងមិនចូលចិត្តនិយាយសេចក្ដីអាក្រក់ឡើយ។ 8 ពាក្យទាំងអស់ដែលចេញពីមាត់យើងសុទ្ធតែទៀងត្រង់ គឺគ្មានពាក្យវៀចវេរ ឬបោកបញ្ឆោតទេ។ 9 ពាក្យទាំងនោះគឺសំដៅទៅរក អ្នកដែលនឹងយល់ដឹង ហើយពាក្យរបស់យើងនឹងធ្វើឲ្យមានសេចក្តីត្រឹមត្រូវដល់អ្នកដែលមានប្រាជ្ញាដែរ។ 10 ចូរទទួលដំបូន្មានខ្ញុំជាជាងទទួលប្រាក់ រីឯការចេះដឹងមានតម្លៃលើសមាសទឹកដប់ទៅទៀត។ 11 ដ្បិត ប្រាជ្ញាមានតម្លៃជាងត្បូងពេជ្រ គ្មានរបស់អ្វីមានតម្លៃស្មើនឹងប្រាជ្ញាឡើយ។ 12 យើង គឺជាប្រាជ្ញា រស់នៅជាមួយនិងការពិចារណា ហើយយើងមានតម្រិះរិះគិត ដោយសុភនិច្ឆ័យ។ 13 អ្នកគោរពកោតខ្លាចព្រះអម្ចាស់ តែងតែស្អប់អំពើអាក្រក់។ យើងមិនចូលចិត្ត ការអួតអាងនិងការព្រហើន របៀបអាក្រក់ និងការពោលពាក្យបោកបញ្ឆោតឡើយ។ យើងមិនចូលចិត្តទេ។ 14 យើងមានយោបល់ល្អ ហើយសម្លេងនៃប្រាជ្ញាដែរ យើងជាតួនៃប្រាជ្ញា ហើយយើងជាកម្លាំងដែរ។ 15 ស្ដេចនានាគ្រប់គ្រងទឹកដីបាន ដោយសារយើង អ្នកដឹកនាំទាំងឡាយ តែងច្បាប់ដ៏ត្រឹមត្រូវ។ 16 អ្នកធំទាំងឡាយត្រួតត្រាទឹកដី ដោយសារយើងហើយអ្នកទាំងនោះធ្វើការដ៏សុចរិត។ 17 យើងស្រឡាញ់អ្្នកណាដែលស្រឡាញ់យើង ហើយអ្នកណាដែលស្វែងរកយើង អ្នកនោះនឹងរកឃើញ។ 18 យើងផ្ដល់ទ្រព្យសម្បត្តិ និងសិរីរុងរឿង ភាពចម្រុងចម្រើន និងសេចក្ដីសុចរិតផងដែរ។ 19 ផលផ្លែរបស់យើងមានតម្លៃជាងមាសទឹកដប់ អ្វីៗដែលខ្ញុំផ្ដល់ឲ្យមានតម្លៃជាងប្រាក់សុទ្ធទៅទៀត។ 20 យើងនឹងដើរតាមមាគ៌ាដ៏សុចរិត និងប្រព្រឹត្តតាមផ្លូវយុត្តិធម៌។ 21 យើងផ្ដល់ទ្រព្យសម្បត្តិយ៉ាងបរិបូណ៌ ឲ្យដល់អ្នកដែលស្រឡាញ់យើង ក៏បំពេញមិនឲ្យចេះខ្វះអ្វីឡើយ។ 22 ព្រះអម្ចាស់បានបង្កើតយើងតាំងពីដើមដំបូងបង្អស់ គឺមុនអ្វីៗដែលព្រះអង្គបង្កើតមកទៅទៀត។ 23 ព្រះអង្គបានចាក់ប្រេងតែងតាំងយើង តាំងពីអស់កល្បរៀងមក គឺនៅគ្រាដំបូងបង្អស់ មុនកំណើតពិភពលោកទៅទៀត។ 24 កាលយើងកើតមក មិនទាន់មានសមុទ្រ ហើយក៏មិនទាន់មានប្រភពទឹកផងដែរ។ 25 ព្រះអង្គបង្កើតខ្ញុំមក មុនព្រះអង្គបង្កើតឲ្យមានភ្នំធំភ្នំតូចនិងជ្រលោងផ្សេងៗផងដែរ។ 26 ពេលយើងកើតមក គឺមុនពេលដែលព្រះអម្ចាស់បានបង្កើតផែនដីឬទីវាល ឬទោះបីធូលីដីដំបូងគេនៅផែនដីទៅទៀត។ 27 កាលព្រះអម្ចាស់លាតសន្ធឹងផ្ទៃមេឃ និងគូរវាសជើងមេឃពីលើមហាសមុទ្រ យើងក៏បាននៅទីនោះដែរ។ 28 កាលព្រះជាម្ចាស់បង្កើតពពកនៅលើទីខ្ពស់អាកាស ហើយកាលប្រភពទឹកផុសទាំងឡាយត្រូវបានបង្កើតរួច យើងក៏នៅទីនោះដែរ។ 29 កាលព្រះអង្គកំណត់ព្រំដែនសមុទ្រ ដើម្បីខណ្ឌទឹកកុំឲ្យហៀរចេញ កាលព្រះអង្គចាក់គ្រឹះផែនដីផងដែរនោះ យើងក៏បាននៅទីនោះជាមួយព្រះអង្គដែរ។ 30 នៅពេលនោះ យើងបានជាមេជាងជួយធ្វើការព្រះអង្គ ហើយយើងគឺជាអំណរព្រះអង្គ ពីមួយថ្ងៃទៅមួយថ្ងៃទៀត។ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ យើងតែងតែមានអំណរ។ 31 យើងមានអំណរនៅលើផែនដីដែលព្រះអង្គបានបង្កើត យើងមានអំណរកើតក្នុងចំណោមមនុស្សលោក។ 32 ឥឡូវនេះ កូនអើយ ចូរនាំគ្នាស្ដាប់យើង អ្នកណាប្រតិបត្តិតាមមាគ៌ារបស់ឪពុក អ្នកនោះពិតជាមានសុភមង្គល។ 33 ចូរស្ដាប់ដំបូន្មានរបស់យើង ដោយឥតធ្វេសប្រហែសឡើយ នោះកូននឹងទៅជាអ្នកមានប្រាជ្ញា។ 34 អ្នកណាស្ដាប់យើង ហើយឈរយាមមាត់ទ្វារខ្ញុំជារៀងរាល់ថ្ងៃ អ្នកនោះពិតជាមានពរហើយ។ 35 អ្នកណារកយើងឃើញ អ្នកនោះមានជីវិត ហើយព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងអ្នកនោះ។ 36 អ្នកណារកយើងមិនឃើញ អ្នកនោះធ្វើបាបខ្លួនឯង អ្នកណាស្អប់យើង អ្នកនោះស្រឡាញ់សេចក្ដីស្លាប់»។
1 ប្រាជ្ញាបានសង់ផ្ទះរបស់ខ្លួនរួចហើយគឺបានចាំងសសរទាំងប្រាំពីរស្រេចឡើងពីថ្ម។ 2 ក៏បានសម្លាប់សត្វសម្រាប់ជប់លៀង ព្រមទាំងលាយស្រាទំពាំងបាយជូរ និងរៀបតុស្រេចហើយផងដែរ។ 3 បានទាំងចាត់ពួកស្រីបម្រើក្រមុំៗឲ្យចេញទៅ ក៏ស្រែកប្រកាសនៅលើទីខ្ពស់បំផុតនៃទីក្រុង 4 «តើអ្នកណាដែលឆោតល្ងង់ខ្លះ? ចូរបែរចូលមកក្នុងទីនេះមក!» ឯចំណែកអ្នកណាដែលឥតមានយោបល់» គឺនិយាយទៅកាន់អ្នកដែលខ្វះប្រាជ្ញា។ 5 «ចូរមកបរិភោគអាហាររបស់យើង ហើយផឹកស្រាទំពាំងបាយជូរដែលយើងបានលាយហើយ។ 6 ចូរលះចោលសេចក្ដីល្ងង់ខ្លៅចេញនោះនឹងបានរស់នៅ រួចដើរក្នុងផ្លូវនៃការចេះដឹងផង។ 7 អ្នកណាស្ដីបន្ទោសមនុស្សវាយឫកខ្ពស់ អ្នកនោះនឹងត្រូវគេមើលងាយ អ្នកណាស្ដីបន្ទោសមនុស្សពាល អ្នកនោះនឹងត្រូវការនោះវិញ។ 8 កុំស្ដីបន្ទោសមនុស្សវាយឫកខ្ពស់ ក្រែងគេស្អប់អ្នក បើអ្នកស្ដីបន្ទោសមនុស្សមានប្រាជ្ញា គេនឹងស្រឡាញ់អ្នក។ 9 សេចក្ដីដែលអ្នកពោលទៅកាន់មនុស្សមានប្រាជ្ញា ធ្វើឲ្យគេកាន់តែមានប្រាជ្ញា សេចក្ដីដែលអ្នកបង្រៀនមនុស្សសុចរិត ធ្វើឲ្យគេកាន់តែចេះដឹងទៀត។ 10 ការកោតខ្លាចព្រះអម្ចាស់ជាដើមចមនៃប្រាជ្ញា ហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធ នោះគឺជាយោបល់។ 11 ដ្បិតដោយសារយើង នោះអស់ទាំងថ្ងៃរបស់កូន នឹងបានចម្រើនជាច្រើនឡើង ហើយអស់ទាំងឆ្នាំនៃអាយុកូន នឹងបានយឺនយូរទៅ។ 12 បើកូនមានប្រាជ្ញា នោះគឺមានសម្រាប់តែខ្លួនកូនទេ ឬបើកូនចំអក នោះមានតែកូនម្នាក់គត់ នឹងត្រូវរងភារៈនោះ»។ 13 ចំណែកពួកស្ត្រីដែលល្ងីល្ងើ គេតែងស្រែកឡូឡា ក៏ល្ងង់ខ្លៅឥតដឹងអ្វីសោះ។ 14 ពួកគេអង្គុយនៅមាត់ទ្វារផ្ទះរបស់ខ្លួនរបស់នាង ឬទីអង្គុយត្រង់ទីខ្ពស់នៃទីក្រុង។ 15 ដើម្បីហៅរកអស់អ្នកដែលដើរតាមទីនោះ ជាពួកអ្នកដែលដើរតម្រង់តាមផ្លូវរបស់ខ្លួនពួកគេ។ 16 «ចូលឲ្យអ្នកណាដែលឆោតល្ងង់ បែរមកទីនេះចុះ» ប្រាជ្ញានិយាយបបួលអស់អ្នក ដែលគ្មានយោបល់ថា។ 17 «ទឹកដែលលួចពីគេ នោះរមែងផ្អែម នំប័ុងដែលលួចគេ នោះក៏ឆ្ងាញ់ណាស់ដែរ»។ 18 ប៉ុន្តែ គេមិនដឹងថា ពួកមនុស្សស្លាប់មាននៅទីនោះ ឬថាភ្ញៀវរបស់ស្ត្រីនោះស្ថិតនៅក្នុង ទីជម្រៅនៃស្ថានឃុំព្រលឹងដែរនោះទេ។
1 សុភាសិតរបស់ព្រះបាទសាឡូម៉ូន។ កូនដែលមានប្រាជ្ញាគឺធ្វើឲ្យឪពុកសប្បាយចិត្ត ប៉ុន្តែកូនដែលល្ងង់គឺធ្វើឲ្យម្ដាយព្រួយចិត្ត។ 2 ទ្រព្យដែលរកបានដោយទុច្ចរិតមិនមានតម្លៃឡើយ ប៉ុន្តែធ្វើអ្វីដែលត្រឹមត្រូវ នោះនឹងរក្សាជីវិតពីស្លាប់បាន។ 3 ព្រះអម្ចាស់មិនបណ្ដោយឲ្យមនុស្សសុចរិតអត់ឃ្លានឡើយ ប៉ុន្តែព្រះអង្គនឹងធ្វើឲ្យខកចិត្តដល់មនុស្សទុច្ចរិតវិញ។ 4 មនុស្សដែលមានដៃខ្ជិលនាំឲ្យអ្នកទៅជាក្រ ប៉ុន្តែមនុស្សដែលមានដៃឧស្សាហ៍នាំឲ្យខ្លួនមានទ្រព្យ។ 5 កូនដែលមានប្រាជ្ញាប្រមូលស្បៀងទុកនៅរដូវចម្រូត ប៉ុន្តែនឹងមិនមានក្តីមេត្តាដល់អ្នកដែលគិតតែដេកនៅរដូវចម្រូតនោះទេ។ 6 អំណោយទានរបស់ព្រះជាម្ចាស់គឺបើកដល់ដៃមនុស្សសុចរិត ប៉ុន្តែមនុស្សពាលតែងតែនិយាយបិទបាំងអំពើឃោរឃៅរបស់ខ្លួន។ 7 មនុស្សតែងតែនឹកចាំដោយសប្បាយ ដល់មនុស្សសុចរិតជានិច្ច ប៉ុន្តែឈ្មោះរបស់មនុស្សទុច្ចរិត នឹងត្រូវបំភេ្លចចោលវិញ។ 8 មនុស្សមានប្រាជ្ញាតែងតែយកចិត្តទុកដាក់ស្ដាប់ដំបូន្មាន ចំណែកមនុស្សនិយាយទទឹងទទែងតែងតែរត់ទៅរកភាពអន្តរាយ។ 9 អ្នកដើរតាមផ្លូវទៀងត្រង់តែងតែបានសុខសាន្ត តែអ្នកដើរតាមផ្លូវវៀចវេរ នឹងត្រូវគេរកមុខឃើញ។ 10 អ្នកលាក់សេចក្ដីពិតរមែងធ្វើឲ្យអ្នកដទៃអំពល់ទុក្ខ ប៉ុន្តែមនុស្សនិយាយទទឹងទទែងតែងតែរត់ទៅរកភាពអន្តរាយ។ 11 ពាក្យសម្ដីរបស់មនុស្សសុចរិតជាប្រភពនៃជីវិត ចំណែកមនុស្សពាលតែងតែនិយាយបិទបាំងអំពើឃោរឃៅរបស់ខ្លួន។ 12 ចិត្តស្អប់រមែងបង្កជំលោះ ប៉ុន្តែចិត្តស្រឡាញ់រមែងគ្របបាំងកំហុសទាំងអស់។ 13 គេអាចសម្គាល់មនុស្សមានប្រាជ្ញា តាមរយៈពាក្យសម្ដីដ៏ឆ្លាតវាងវៃ ប៉ុន្តែមនុស្សនិយាយដោយឥតគិតពិចារណា រមែងត្រូវរំពាត់។ 14 អ្នកប្រាជ្ញតែងប្រមូលចំណេះទុកជាសម្បត្តិ ប៉ុន្តែពាក្យសម្ដីរបស់មនុស្សល្ងីល្ងើតែងនាំឲ្យវិនាសមួយរំពេច។ 15 ទ្រព្យសម្បត្តិរបស់អ្នកមាន ប្រៀបបាននឹងក្រុងមួយដែលមានកំពែងរឹងមាំ ប៉ុន្តែភាពទុគ៌តរបស់អ្នកក្រក្សត់ រមែងនាំឲ្យគេវិនាស។ 16 កម្រៃរបស់សុចរិតគឺនឹងនាំមនុស្សឲ្យបានជីវិតតែផលរបស់មនុស្សអាក្រក់ នឹងនាំអ្នកនោះទៅធ្វើបាបវិញ។ 17 អ្នកណាដែលស្តាប់តាមសេចក្ដីប្រៀនប្រដៅ នោះឈ្មោះថា ដើរក្នុងផ្លូវនៃជីវិតហើយ តែអ្នកណាដែលមិនព្រមទទួលសេចក្ដីកែតម្រូវ នឹងនាំទៅកាន់ក្តីវិនាស។ 18 អ្នកណាដែលលាក់សេចក្ដីសម្អប់ទុក គឺជាអ្នកកុហក ហើយអ្នកណាដែលនិយាយដើមគេ នោះជាមនុស្សល្ងីល្ងើ។ 19 អ្នកណាដែលនិយាយច្រើន នឹងមានកំហុសច្រើន ប៉ុន្តែអ្នកណាដែលឃាត់ទប់បបូរមាត់បាន នោះជាមនុស្សប្រព្រឹត្តដោយប្រាជ្ញា។ 20 អណ្ដាតរបស់មនុស្សសុចរិតប្រៀបបីដូចជាប្រាក់ដែលវិសុទ្ធ តែវាមានតម្លៃតិចណាស់ ក្នុងចិត្តរបស់មនុស្សអាក្រក់ ។ 21 បបូរមាត់របស់មនុស្សសុចរិត នឹងរក្សាមនុស្សជាច្រើន តែមនុស្សល្ងីល្ងើស្លាប់បាត់ទៅ ដោយការខ្វះយោបល់វិញ។ 22 ព្រះអំណោយទាននៃព្រះអម្ចាស់ នាំឲ្យមានទ្រព្យ ហើយព្រះអង្គមិនបន្ថែមការឈឺចាប់ឡើយ។ 23 មនុស្សល្ងីល្ងើប្រព្រឹត្តអាក្រក់ ដូចជាល្បែងលេងសប្បាយដល់គេ តែប្រាជ្ញា នោះតែងតែរីករាយជាមួយមនុស្សដែលមានចំណេះដឹងវិញ។ 24 សេចក្ដីដែលមនុស្សអាក្រក់ភ័យខ្លាច នោះនឹងកើតឡើងដល់គេជាការពិត ហើយសេចក្ដីដែលមនុស្សសុចរិត ប្រាថ្នាចង់បាន នោះនឹងបានបើកឲ្យដែរ។ 25 កាលណាខ្យល់គួចហួសបាត់ទៅ នោះមនុស្សអាក្រក់ឥតមានសល់ឡើយ តែមនុស្សសុចរិត មានឫសដ៏ស្ថិតស្ថេរនៅអស់កល្បវិញ។ 26 ម្ជូរធ្វើឲ្យស្រកៀរធ្មេញ ផ្សែងធ្វើឲ្យផ្សាភ្នែក រីឯកូនឈ្នួលកម្ជិលក៏ធ្វើឲ្យចៅហ្វាយមួម៉ៅដែរ។ 27 សេចក្ដីកោតខ្លាចដល់ព្រះអម្ចាស់ នោះចម្រើនថ្ងៃអាយុ តែអាយុរបស់មនុស្សអាក្រក់ នឹងខ្លីទៅ។ 28 ក្តីសង្ឃឹមរបស់មនុស្សសុចរិត នោះនាំឲ្យមានចិត្តរីករាយ តែសេចក្ដីទុកចិត្តរបស់មនុស្សអាក្រក់ នឹងសូន្យបាត់ទៅ។ 29 ផ្លូវព្រះអម្ចាស់ ជាបន្ទាយដល់មនុស្សទៀងត្រង់ តែសេចក្ដីវិនាសវិញ ជារបស់អស់អ្នកណាដែលប្រព្រឹត្តអំពើអាក្រក់។ 30 មនុស្សសុចរិត នឹងមិនត្រូវរង្គើឡើយ តែមនុស្សអាក្រក់ នឹងអាស្រ័យនៅផែនដីមិនបាន។ 31 មាត់របស់មនុស្សសុចរិត តែងបញ្ចេញផលផ្លែនៃប្រាជ្ញា ប៉ុន្តែអណ្ដាតមិនទៀងត្រង់ នឹងត្រូវបានកាត់ចេញ។ 32 បបូរមាត់របស់មនុស្សសុចរិត រមែងដឹងសេចក្ដីដែលគួរគប្បី តែមាត់របស់មនុស្សអាក្រក់ ពោលតែសេចក្ដីក្រវិចក្រវៀនវិញ។
1 ព្រះអម្ចាស់ស្អប់អ្នកបន្លំភ្នែកជញ្ជីង តែព្រះអង្គគាប់ព្រះហឫទ័យនឹងអ្នកដែលប្រើជញ្ជីងត្រឹមត្រូវ។ 2 អ្នកណាដែលមានអំនួត នឹងមិនត្រូវគេឲ្យតម្លៃទេ ប៉ុន្តែអ្នកណាដែលបន្ទាបខ្លួន គឺជាអ្នកដែលពេញដោយប្រាជ្ញា។ 3 ចិត្តទៀងត្រង់តែងតែនាំផ្លូវមនុស្សត្រឹមត្រូវ ប៉ុន្តែផ្លូវអាក្រក់តែងតែនាំទៅរកសេចក្តីវិនាស។ 4 នៅថ្ងៃព្រះអម្ចាស់វិនិច្ឆ័យទោស ទ្រព្យសម្បត្តិគ្មានប្រយោជន៍អ្វីទេ គឺមានតែសេចក្ដីសុចរិតប៉ុណ្ណោះ ទើបអាចជួយឲ្យរួចពីស្លាប់បាន។ 5 សេចក្ដីសុចរិតរបស់មនុស្សគ្មានកំហុស រមែងតម្រង់ផ្លូវរបស់ខ្លួន រីឯមនុស្សពាលវិញ តែងតែស្លាប់ដោយសារអំពើពាលរបស់ខ្លួន។ 6 សេចក្ដីទៀងត្រង់នៃអ្នកដែលគោរពកោតខ្លាចព្រះជាម្ចាស់ នឹងរក្សាពួកគេឲ្យបានសង្រ្គោះ ប៉ុន្តែមនុស្សវៀចវេរ តែងតែជាប់អន្ទាក់របស់ពួកគេខ្លួនឯង។ 7 នៅពេលមនុស្សពាលស្លាប់ ក្តីសង្ឃឹមរបស់គេនឹងត្រូវវិនាសដែរ ហើយក្តីសង្ឃឹមជាកម្លាំងរបស់គេក៏គ្មានន័យអ្វីដែរ។ 8 ពួកអ្នកសុចរិតនឹងរក្សាគេចេញពីសេចក្តីទុក្ខលំបាក ហើយការអាក្រក់ទាំងនោះ និងត្រូវធ្លាក់មកលើមនុស្សពាលវិញ។ 9 មនុស្សមានមាត់អាក្រក់គឺបំផ្លាញអ្នកជិតខាង ប៉ុន្តែមនុស្សសុចរិតវិញ តែងតែបានសង្គ្រោះ ដោយសារចំណេះដឹង។ 10 ពេលមនុស្សសុចរិតមានសុភមង្គល អ្នកក្រុងទាំងមូលនឹងសប្បាយរីករាយ ពេលមនុស្សអាក្រក់វិនាស ពួកគេបែរជានាំគ្នាស្រែកហ៊ោវិញ។ 11 តាមរយៈសេចក្តីល្អរបស់អ្នកដែល កោតខ្លាចព្រះជាម្ចាស់ ធ្វើឲ្យទីក្រុងរបស់ពួកគេកាន់តែរីកចំរើនឡើង ប៉ុន្តែតាមរយៈមាត់មិនល្អរបស់មនុស្សពាលវិញ នោះធ្វើឲ្យទីក្រុងធ្លាក់ចុះវិញ។ 12 អ្នកណាមើលងាយមិត្តរបស់ខ្លួន អ្នកនោះជាមនុស្សមិនចេះពិចារណាប៉ុន្តែមនុស្សមានចំណេះដឹងតែងតែនៅស្ងៀម។ 13 អ្នកនិយាយដើមគេមិនអាចរក្សារឿងសម្ងាត់ជិតឡើយ តែអ្នកដែលគេទុកចិត្តតែងតែលាក់រឿងសម្ងាត់ទាំងនោះបាន។ 14 កន្លែងណាដែលគ្មានអ្នកដឹកនាំមានប្រាជ្ញា ប្រជាជនតែងតែវិនាស ប៉ុន្តែជ័យជំនះគឺដែលមានទីប្រឹក្សា និងអ្នកឲ្យយោបល់ច្រើនៗ។ 15 អ្នកណាធានារ៉ាប់រងអ្នកដទៃ អ្នកនោះតែងតែកើតទុក្ខ រីឯអ្នកដែលមិនព្រមធានា តែងតែបានសុខ។ 16 ស្ត្រីរូបស្អាតតែងតែមានគេសរសើរ ប៉ុន្តែមនុស្សស្វាហាប់ តែងតែរកទ្រព្យបាន។ 17 អ្នកមានចិត្តសប្បុរសតែងតែធ្វើឲ្យខ្លួនមានសុភមង្គល ប៉ុន្តែមនុស្សឃោរឃៅរមែងធ្វើឲ្យរូបកាយរបស់ខ្លួនកាន់តែរងទុក្ខវេទនា។ 18 មនុស្សពាលរកបានតែសម្បត្តិក្ដៅក្រហាយ រីឯមនុស្សដែលសាបព្រោះសេចក្ដីសុចរិត រមែងទទួលផលដែលមិនចេះសាបសូន្យ។ 19 សេចក្ដីសុចរិតតែងតែនាំទៅកាន់ជីវិត ប៉ុន្តែអ្នកដែលដើរតាមផ្លូវអាក្រក់រមែងស្លាប់ខ្លួន។ 20 ព្រះអម្ចាស់ស្អប់មនុស្សមានចិត្តវៀចវេរ ប៉ុន្តែព្រះអង្គគាប់ព្រះហឫទ័យនឹងមនុស្សទៀងត្រង់។ 21 មនុស្សទុច្ចរិតត្រូវតែទទួលទោសជៀសមិនផុត រីឯពូជពង្សរបស់មនុស្សសុចរិតនឹងរួចជីវិត។ 22 ដូចជាស្ត្រីមានរូបស្អាតតែឥតគំនិត ប្រៀបដូចជាចិញ្ចៀនមាស ដែលគេយកទៅពាក់នៅច្រមុះជ្រូក។ 23 មនុស្សសុចរិតមានបំណងតែមួយគត់ គឺធ្វើអំពើល្អ ប៉ុន្តែសេចក្ដីប៉ងប្រាថ្នារបស់មនុស្សអាក្រក់រមែងធ្វើឲ្យខ្លួនទទួលទោស។ 24 មនុស្សមានចិត្តទូលាយរឹតតែមានទ្រព្យច្រើន រីឯមនុស្សកំណាញ់ធ្វើឲ្យខ្លួនកាន់តែក្រទៅៗ។ 25 មនុស្សមានចិត្តសទ្ធាតែងតែបានចម្រុងចម្រើន ប៉ុន្តអ្នកដាក់ទានទឹកឲ្យគេ តែងតែទទួលទឹកពីគេវិញ។ 26 អ្នកដែលទុកស្រូវក្នុងឃ្លាំង ដើម្បីដំឡើងថ្លៃតែងតែត្រូវប្រជាជនដាក់បណ្ដាសា រីឯអ្នកដែលសុខចិត្តលក់ស្រូវរបស់ខ្លួននឹងបានទទួលពរ។ 27 ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងអ្នកដែលព្យាយាមប្រព្រឹត្តល្អ រីឯអ្នកដែលគិតតែពីប្រព្រឹត្តអាក្រក់ តែងតែទទួលផលអាក្រក់។ 28 មនុស្សដែលពឹងផ្អែកលើទ្រព្យសម្បត្តិ មុខជាត្រូវអន្តរាយ ប៉ុន្តែមនុស្សសុចរិតប្រៀបបាននឹងស្លឹកឈើលាស់ខៀវខ្ចី។ 29 អ្នកណាធ្វើឲ្យគ្រួសាររបស់ខ្លួនមានទុក្ខកង្វល់ អ្នកនោះនឹងមិនទទួលផលអ្វីទាំងអស់។ មនុស្សល្ងីល្ងើនឹងធ្លាក់ខ្លួនទៅជាខ្ញុំបម្រើរបស់មនុស្សមានប្រាជ្ញា។ 30 អំពើដែលមនុស្សសុចរិតប្រព្រឹត្ត ប្រៀបបាននឹងដើមឈើផ្ដល់ជីវិត ហើយអ្នកប្រាជ្ញតែងតែទាក់ទាញចិត្តមនុស្ស។ 31 មនុស្សសុចរិតតែងតែទទួលរង្វាន់ នៅលើផែនដីនេះ រីឯមនុស្សអាក្រក់ និងមនុស្សបាប តែងតែទទួលផល តាមអំពើដែលគេប្រព្រឹត្ត។
1 អ្នកណាស្រឡាញ់ការប្រៀនប្រដៅ និងស្រឡាញ់ចំណេះដឹង ប៉ុន្តែអ្នកណាស្អប់ការកែតម្រូវគឺជាមនុស្សល្ងង់។ 2 ព្រះអម្ចាស់ ផ្តល់ព្រះគុណដល់មនុស្សល្អ ប៉ុន្តែព្រះជាម្ចាស់នឹងមិនផ្តល់ក្តីមេតា្តដល់ មនុស្សដែលដើរតាមផ្លូវអាក្រក់ឡើយ។ 3 គ្មានមនុស្សណាបានតាំងមាំមួនឡើង ដោយសារអំពើអាក្រក់ទេ ប៉ុន្តែមនុស្សសុចរិត មិនត្រូវរលើងឡើយ។ 4 ស្ត្រីមានចិត្តបរិសុទ្ធ នោះជាមកុដដល់ប្តី តែស្ត្រីណាដែលនាំឲ្យមានសេចក្ដីខ្មាស និងដូចជាជំងឺដែលបានចាក់ឬស នៅក្នុងឆ្អឹងរបស់ប្តីវិញ។ 5 គ្រប់ទាំងផែនការរបស់មនុស្សសុចរិត គឺសុទ្ធតែទៀងត្រង់ តែយោបល់របស់មនុស្សអាក្រក់ គឺជាការឆបោកវិញ។ 6 ពាក្យសម្ដីរបស់មនុស្សអាក្រក់ គឺរកតែរឿងនឹងរង់ចាំដើម្បីសម្លាប់ តែពាក្យរបស់មនុស្សទៀងត្រង់ នឹងជួយឲ្យគេបានជីវិត។ 7 បើមនុស្សអាក្រក់រលំ គេគ្មាននៅសល់អ្វីឡើយ តែពូជពង្សរបស់មនុស្សសុចរិតនៅស្ថិតស្ថេរជានិច្ច។ 8 មនុស្សដែលចេះត្រិះរិះពិចារណាតែងតែមានគេសរសើរ ប៉ុន្តែមនុស្សមានចិត្តមិនត្រង់តែងតែមានគេមើលងាយ។ 9 រស់នៅជាមនុស្សសាមញ្ញ ហើយមានអ្នកបម្រើតែម្នាក់ នោះប្រសើរជាងវាយឫកហ៊ឺហា តែខ្វះអាហារបរិភោគវិញ។ 10 មនុស្សសុចរិតតែងតែថែទាំសត្វរបស់ខ្លួន ប៉ុន្តែមនុស្សអាក្រក់វិញ គ្មានចិត្តមេត្តាករុណាសោះឡើយ។ 11 អ្នកខំប្រឹងធ្វើស្រែចម្ការ គឺតែងតែមានអាហារបរិភោគឆ្អែតគ្រប់គ្រាន់ ចំណែកអ្នកចូលចិត្តនិយាយឥតប្រយោជន៍ជាមនុស្សខ្វះការពិចារណា។ 12 មនុស្សពាលតែងតែលោភចង់បានទ្រព្យសម្បត្តិរបស់មនុស្សអាក្រក់ ប៉ុន្តែអ្វីៗដែលមនុស្សសុចរិតបានធ្វើផងនោះគឺចេញមកពីគេខ្លួនឯង។ 13 មនុស្សអាក្រក់ជាប់អន្ទាក់ ដោយសារតែពាក្យសម្ដីរបស់ខ្លួនចំណែកមនុស្សសុចរិតតែងតែរួចពីទុក្ខលំបាកវិញ។ 14 ផលចេញពីពាក្យដែលអ្នកនោះប្រើ បានបំពេញដល់គាត់នូវការល្អ គឺបានមកពីផលនៃដៃរបស់គាត់បានជារង្វាន់។ 15 ផ្លូវរបស់មនុស្សអាក្រក់គឺនៅត្រង់ចំពោះមុខ ប៉ុន្តែមនុស្សមានប្រាជ្ញា គឺស្តាប់យោបល់អ្នកដទៃ។ 16 មនុស្សខ្លៅឆាប់ច្រឡោតខឹង ចំណែកមនុស្សឆ្លាតតែងតែចេះទប់ចិត្ត។ 17 មនុស្សនិយាយការពិតរមែងធ្វើឲ្យមានភាពត្រឹមត្រូវ ចំណែកសាក្សីក្លែងក្លាយតែងតែធ្វើឲ្យមានមិនត្រឹមត្រូវ។ 18 អ្នកដែលនិយាយប៉បាច់ប៉ប៉ោចតែងតែធ្វើឲ្យអ្នកដទៃរបួស ដូចចាក់មួយដាវ ចំណែកពាក្យសម្ដីរបស់មនុស្សមានប្រាជ្ញាជាឱសថព្យាបាលមុខរបួស។ 19 ពាក្យពិតពីមាត់មានតម្លៃរហូត ប៉ុន្តែពាក្យភូតភរស្ថិតនៅតែមួយគ្រាខ្លីតែប៉ុណ្ណោះ។ 20 អ្នកដែលប៉ុនប៉ងធ្វើអំពើអាក្រក់តែងតែលាក់ចិត្តអាក្រក់ជានិច្ច ប៉ុន្តែអ្នកកសាងសន្តិភាពតែងតែមានក្តីសុខសាន្ត។ 21 គ្មានគ្រោះកាចណាកើតមានដល់មនុស្សសុចរិតទេ ប៉ុន្តែមនុស្សអាក្រក់វិញ តែងតែជួបប្រទះនិងទុក្ខលំបាក។ 22 ព្រះអម្ចាស់ស្អប់មនុស្សកុហក តែព្រះអង្គគាប់ព្រះហឫទ័យមនុស្សដែលរស់ជាមួយពាក្យស្មោះត្រង់។ 23 មនុស្សឆ្លាតមិនអួតពីចំណេះដឹងខ្លួនទេ ប៉ុន្តែមនុស្សខ្លៅចូលចិត្តអួតអាងអំពីអវិជ្ជារបស់ខ្លួន។ 24 មនុស្សឧស្សាហ៍នឹងក្លាយទៅជាមេគ្រប់គ្រង ចំណែកមនុស្សខ្ជិលច្រអូសនឹងធ្លាក់ខ្លួនជាអ្នកបម្រើវិញ។ 25 ការខ្វល់ខ្វាយតែងតែធ្វើឲ្យមនុស្សបាក់ទឹកចិត្ត ប៉ុន្តែពាក្យទន់ភ្លន់តែងតែធ្វើឲ្យមានអំណរឡើងវិញ។ 26 មនុស្សសុចរិតតែងតែនាំមិត្តសម្លាញ់របស់ខ្លួនឲ្យដើរតាមផ្លូវល្អ ចំណែកកិរិយារបស់មនុស្សអាក្រក់នាំឲ្យគេវង្វេងវិញ។ 27 ព្រានកម្ជិលគ្មានសាច់អាំងទេ ចិត្តឧស្សាហ៍ជាសម្បត្តិដ៏មានតម្លៃរបស់មនុស្ស។ 28 នៅក្នុងផ្លូវសុចរិតមានជីវិត ហើយផ្លូវនេះមិននាំមនុស្សទៅរកសេចក្ដីស្លាប់ឡើយ។
1 កូនដែលឆ្លាតនឹងស្តាប់សេចក្តីបង្រៀនរបស់ឪពុកខ្លួន តែអ្នកចំអកនឹងមិនស្តាប់ក៏មិនទទួលយកដែរ។ 2 ពីផលដែលចេញពីមាត់របស់អ្នកគឺមានអំណរហើយនឹងការល្អ ប៉ុន្តែអ្នកព្រហើនមិនព្រមស្ដាប់ការបន្ទោសហើយរកតែហឹង្សា។ 3 អ្នកណាដែលរវាំងមាត់របស់ខ្លួន នោះរមែងរក្សាជីវិតខ្លួន តែអ្នកណាដែលហាមាត់ធំ នោះនឹងត្រូវវិនាសទៅ។ 4 ព្រលឹងនៃមនុស្សខ្ជិលច្រអូសប្រាថ្នាចង់បាន តែមិនបានអ្វីសោះ ប៉ុន្តែព្រលឹងនៃមនុស្សឧស្សាហ៍ នោះនឹងបានសម្បត្តិជាបរិបូរវិញ។ 5 មនុស្សសុចរិតរមែងស្អប់ពាក្យភូតភរ តែមនុស្សអាក្រក់គេគួរខ្ពើមហើយមានសេចក្ដីខ្មាសផង។ 6 សេចក្ដីសុចរិតតែងតែការពារអ្នកណា ដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់ តែអំពើអាក្រក់តែងតែនាំនឹងជំរុញឲ្យមនុស្សបែរចុះចូលជាមួយបាបវិញ។ 7 អ្នកមានតែងតែអាងលើទ្រព្យ ដើម្បីធានាជីវិតរបស់ខ្លួន ប៉ុន្តែអ្នកដែលបានឲ្យទាំងអស់ ដែលខ្លួនមាន គ្មានអ្វីជាបន្ទុកឡើយ អ្នកនេះហើយជាសម្បត្តិពិតប្រាកដវិញ។ 8 ទ្រព្យសម្បត្តិរបស់អ្នកមាន នឹងទុកសម្រាប់លោះជីវិតរបស់គេ តែមនុស្សក្រ គេមិនដែលឮពាក្យគំរាមកំហែងទេ។ 9 មនុស្សសុចរិតប្រៀបដូចជាពន្លឺត្រចះត្រចង់ ប៉ុន្តែមនុស្សអាក្រក់ប្រៀបដូចជាចង្កៀងរលត់។ 10 ការវាយឫកធំតែងតែបង្កឲ្យមានទំនាស់ រីឯអ្នកដែលសុខចិត្តទទួលដំបូន្មានជាមនុស្សមានប្រាជ្ញា។ 11 ទ្រព្យរកបានរហ័ស បាត់បង់ក៏រហ័សដែរ ប៉ុន្តែទ្រព្យរកបានដោយសន្សំ រមែងកើនឡើងជាដរាប។ 12 ការអស់សង្ឃឹមតែងតែនាំឲ្យព្រួយចិត្ត រីឯការសម្រេចដូចបំណង ប្រៀបបាននឹងដើមឈើដែលមានជីវិត។ 13 អ្នកណាមើលងាយសេចក្តីបង្រៀន អ្នកនោះនឹងតែងតែមានការចុះចូលជាមួយកំហុស ប៉ុន្តែអ្នកដែលគោរពព្រះបន្ទូលតែងតែទទួលរង្វាន់។ 14 ការប្រៀនប្រដៅរបស់មនុស្សសុចរិតជាប្រភពនៃជីវិត ហើយការពារជីវិតឲ្យរួចពីអន្ទាក់នៃសេចក្ដីស្លាប់។ 15 អ្នកចេះគិតពិចារណាតែងតែមានគេគោរព ប៉ុន្តែមនុស្សដែលគេទុកចិត្តមិនបានតែងតែវិនាស។ 16 មនុស្សឆ្លាតរមែងគិតមុននឹងគូរ ប៉ុន្តែមនុស្សខ្លៅតែងតែលាតត្រដាងភាពល្ងីល្ងើរបស់ខ្លួន។ 17 អ្នកនាំសារដែលជាមនុស្សអាក្រក់ តែងតែធ្លាក់ខ្លួនអន្តរាយ ប៉ុន្តែទូតដ៏ស្មោះត្រង់តែងតែនាំសេចក្ដីសុខ។ 18 អ្នកដែលមិនទទួលការអប់រំរមែងធ្លាក់ខ្លួនក្រ ហើយត្រូវគេមើលងាយ រីឯអ្នកដែលសុខចិត្តទទួលការកែតម្រូវ តែងតែមានកិត្តិយស។ 19 សេចក្ដីប៉ងប្រាថ្នាដែលបានសម្រេច រមែងនាំឲ្យសប្បាយចិត្ត ប៉ុន្តែមនុស្សខ្លៅមិនចូលចិត្តលះបង់គំនិតអាក្រក់របស់ខ្លួនចោលទេ។ 20 ដើរជាមួយមនុស្សមានប្រាជ្ញានាំឲ្យខ្លួនមានប្រាជ្ញា តែសេពគប់ជាមួយមនុស្សខ្លៅ នាំឲ្យខ្លួនទៅជាមនុស្សអាក្រក់។ 21 ទុក្ខវេទនាគឺដេញតាមមនុស្សមានបាប ប៉ុន្តែមនុស្សសុចរិតតែងតែទទួលសុភមង្គលទុកជារង្វាន់។ 22 មនុស្សសប្បុរសតែងតែមានមរតកទុកចែកឲ្យកូនចៅ ប៉ុន្តែមនុស្សបាបតែងតែប្រមូលទ្រព្យទុកសម្រាប់មនុស្សសុចរិត។ 23 ស្រែចម្ការដែលជនក្រីក្រភ្ជួររាស់ តែងតែបង្កើតផលយ៉ាងបរិបូណ៌ ប៉ុន្តែ មានអ្នកខ្លះស្លាប់ ព្រោះតែខ្វះយុត្តិធម៌។ 24 អ្នកណាមិនសូវប្រើរំពាត់ អ្នកនោះមិនស្រឡាញ់កូនទេ ប៉ុន្តែអ្នកដែលស្រឡាញ់កូនតែងតែបង្រៀនប្រដៅដល់កូនៗ។ 25 មនុស្សសុចរិតតែងតែមានអាហារបរិភោគគ្រប់គ្រាន់ជាដរាប ប៉ុន្តែមនុស្សអាក្រក់តែងតែអត់ខ្វះខាត។
1 ស្ត្រីមានប្រាជ្ញាតែងតែកសាងគ្រួសាររបស់ខ្លួន ប៉ុន្តែស្ត្រីដែលគ្មានគំនិតតែងតែបំផ្លាញគ្រួសារ ដោយដៃរបស់នាងផ្ទាល់។ 2 អ្នកដែលដើរតាមផ្លូវទៀងត្រង់ តែងតែគោរពកោតខ្លាច ព្រះអម្ចាស់ ប៉ុន្តែអ្នកដែលដើរតាមផ្លូវវៀចវេរ តែងតែមើលងាយព្រះអង្គ។ 3 មនុស្សល្ងង់ខ្លៅហាមាត់និយាយតែពាក្យអួតអាងរបស់គេ ប៉ុន្តែពាក្យសម្ដីរបស់អ្នកប្រាជ្ញតែងតែការពារខ្លួន។ 4 អ្នកណាគ្មានគោភ្ជួរស្រែ អ្នកនោះក៏គ្មានស្រូវដាក់ក្នុងជង្រុកដែរ តែគេទទួលបានភោគផលច្រើន ដោយសារកម្លាំងរបស់គោ។ 5 សាក្សីគួរឲ្យទុកចិត្ត មិនដែលនិយាយកុហកទេ ប៉ុន្តែសាក្សីក្លែងក្លាយតែងតែនិយាយចេញនូវពាក្យកុហកគ្រប់យ៉ាង។ 6 មនុស្សព្រហើនខំស្វែងរកប្រាជ្ញា តែរកមិនបានទេ ប៉ុន្តែមនុស្សដែលមានចំណេះដឹងវិញ រកតម្រិះបានយ៉ាងងាយ។ 7 ចូរចៀសឲ្យឆ្ងាយពីមនុស្សខ្លៅ ព្រោះអ្នកនឹងមិនអាចឮពាក្យចេះដឹងចេញពីមាត់អ្នកនោះឡើយ។ 8 ប្រាជ្ញារបស់មនុស្សឆ្លាត គឺការយល់ច្បាស់នូវផ្លូវដែលខ្លួនកំពុងដើរ ប៉ុន្តែភាពល្ងីល្ងើរបស់មនុស្សខ្លៅ គឺកលល្បិចរបស់គេ។ 9 មនុស្សល្ងីល្ងើតែងសើចចំអក នឹងតង្វាយលើកលែងទោសតែមនុស្សទៀងត្រង់ នោះគាប់ព្រះហឫទ័យព្រះវិញ។ 10 ចិត្តដែលកើតទុក្ខរមែងឈឺចាប់តែម្នាក់ឯង ហើយពេលមានអំណរ អ្នកក្រៅពុំអាចរំលែកបានឡើយ។ 11 ផ្ទះរបស់មនុស្សអាក្រក់នឹងត្រូវរលំ ប៉ុន្តែជំរំរបស់មនុស្សទៀងត្រង់ នឹងចម្រុងចម្រើន។ 12 មនុស្សខ្លះយល់ថា ផ្លូវដែលខ្លួនដើរជាផ្លូវត្រឹមត្រូវ ក៏ប៉ុន្តែ នៅទីបំផុត ផ្លូវនោះនាំទៅរកសេចក្ដីស្លាប់។ 13 ការសើចសប្បាយអាចបង្កប់នូវទុក្ខលំបាកក្នុងចិត្ត ហើយនៅទីបំផុតអំណរសប្បាយ អាចក្លាយទៅជាទុក្ខព្រួយ។ 14 មនុស្សគ្មានសីលធម៌តែងតែទទួលផលពីអំពើដែលខ្លួនប្រព្រឹត្ត ប៉ុន្តែមនុស្សសប្បុរសរមែងទទួលផលគាប់ប្រសើរ។ 15 មនុស្សឆោតជឿពាក្យគេទាំងអស់ ប៉ុន្តែមនុស្សឆ្លាត មិនធ្វើអ្វីដោយឥតគិតពិចារណាឡើយ។ 16 មនុស្សមានប្រាជ្ញាតែងតែខ្លាច និងចៀសវាងប្រព្រឹត្តអំពើអាក្រក់ ប៉ុន្តែមនុស្សល្ងង់ខ្លៅឆាប់ប្រព្រឹត្តអំពើអាក្រក់ ព្រោះទុកចិត្តលើខ្លួន។ 17 អ្នករហ័សខឹងតែងតែប្រព្រឹត្តអំពើមិនត្រឹមត្រូវ ប៉ុន្តែអ្នកដែលមានកលល្បិច តែងតែធ្វើឲ្យគេស្អប់។ 18 មនុស្សឆោតតែងតែទទួលភាពល្ងីល្ងើទុកជាមរតក ប៉ុន្តែមនុស្សឆ្លាតរមែងទទួលយកការចេះដឹងទុកជាកិត្តិយស។ 19 មនុស្សអាក្រក់មុខជាឱនកាយ គោរពមនុស្សល្អ ហើយឈរចាំនៅមាត់ទ្វារផ្ទះរបស់មនុស្សសុចរិត។ 20 អ្នកក្រីក្រតែងតែមានគេស្អប់ សូម្បីតែអ្នកជិតដិតក៏មិនរាប់អានដែរ ប៉ុន្តែអ្នកមានវិញ គឺមានមិត្តច្រើនរាប់អានណាស់។ 21 អ្នកណាមើលងាយអ្នកដទៃ អ្នកនោះជាមនុស្សបាប ប៉ុន្តែអ្នកដែលមានចិត្តមេត្តាដល់ជនក្រីក្រ នឹងបានទទួលពរ។ 22 តើអស់អ្នកដែលមានបំណងអាក្រក់តែងតែត្រូវវង្វេងឬ? ប៉ុន្តែអ្នកដែលមានបំណងល្អរមែងទទួលបានចិត្តសប្បុរស និងស្មោះត្រង់ជានិច្ច។ 23 អ្នកណាធ្វើការ អ្នកនោះតែងតែទទួលប្រាក់ចិញ្ចឹមជីវិត ប៉ុន្តែអ្នកដែលពូកែព្រោកប្រាជ្ញរមែងធ្លាក់ខ្លួនក្រ។ 24 សម្បត្តិស្ដុកស្ដម្ភជារង្វាន់របស់មនុស្សមានប្រាជ្ញា តែមនុស្សល្ងង់ខ្លៅនៅតែល្ងង់ខ្លៅ។ 25 សាក្សីដែលគេទុកចិត្តតែងតែជួយសង្គ្រោះជីវិត តែសាក្សីមិនពិតគឺដកដង្ហើមចេញមកដោយការកុហក។ 26 អ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ អ្នកនោះមានទីបង្អែកដ៏រឹងមាំក្នុងព្រះជាម្ចាស់ ហើយការទាំងនោះគឺដូចជាធ្វើជម្រកដល់កូនចៅរបស់ពួកគេ។ 27 ការគោរពកោតខ្លាចព្រះអម្ចាស់ជាប្រភពនៃជីវិត ដូច្នេះ ហើយការពារខ្លួនឲ្យរួចផុតពីអន្ទាក់របស់សេចក្ដីស្លាប់។ 28 ព្រះមហាក្សត្របានរុងរឿងដោយសារមានប្រជារាស្ត្រ តែបើប្រជារាស្ត្រចុះអន់ថយ ស្ដេចក៏អស់អំណាចដែរ។ 29 អ្នកណាចេះអត់ធ្មត់ អ្នកនោះមានប្រាជ្ញាវាងវៃ ប៉ុន្តែអ្នកដែលរហ័សខឹង រមែងបង្ហាញនូវភាពលេលារបស់ខ្លួន។ 30 ចិត្តស្ងប់តែងតែធ្វើឲ្យមានសុខភាពល្អ ប៉ុន្តែចិត្តច្រណែននិន្ទា ប្រៀបដូចជាមហារីកនៅក្នុងឆ្អឹង។ 31 អ្នកណាសង្កត់សង្កិនជនក្រីក្រ អ្នកនោះប្រមាថព្រះជាម្ចាស់ដែលបានបង្កើតពួកគេ អ្នកណាជួយជនក្រីក្រ អ្នកនោះលើកតម្កើងព្រះអង្គវិញ។ 32 មនុស្សអាក្រក់តែងតែទទួលបរាជ័យ ដោយសារអំពើអាក្រក់របស់ខ្លួន ប៉ុន្តែមនុស្សសុចរិត ទោះបីក្នុងពេលស្លាប់ក្ដី ក៏នៅតែមានទីពឹងជានិច្ច។ 33 ប្រាជ្ញានៅក្នុងចិត្តគឺតែងតែនាំឲ្យចេះគិតពិចារណា ប៉ុន្តែមនុស្សខ្លៅមិនដែលមានប្រាជ្ញាទេ។ 34 សេចក្ដីសុចរិតតែងតែលើកតម្កើងប្រជាជាតិមួយ ប៉ុន្តែអំពើបាបរមែងធ្វើឲ្យជាតិសាសន៍ទាំងឡាយត្រូវអាម៉ាស់មុខ។ 35 ព្រះមហាក្សត្រតែងតែសព្វព្រះហឫទ័យនឹងមន្ត្រីណាដែលមានសុភនិច្ឆ័យ តែស្តេចខ្ញាល់នឹងមន្ត្រីដែលបង្កភាពអាម៉ាស់។
1 ចម្លើយទន់ភ្លន់រមែងបន្ថយកំហឹង ប៉ុន្តែសម្ដីគំរោះគំរើយតែងតែធ្វើឲ្យច្រឡោតខឹង។ 2 សម្ដីរបស់អ្នកមានប្រាជ្ញា រមែងធ្វើឲ្យអ្នកដទៃចង់ចេះដឹង ប៉ុន្តែមាត់របស់មនុស្សខ្លៅ សាបព្រោះតែសេចក្ដីល្ងីល្ងើ។ 3 ព្រះអម្ចាស់ទតឃើញសព្វអន្លើ ព្រះអង្គសង្កេតមើលទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់។ 4 ពាក្យនៃការព្យាបាលប្រៀបដូចជាដើមឈើនៃជីវិត ប៉ុន្តែសម្ដីបោកប្រាសនាំឲ្យធ្លាក់ចុះខាងវិញ្ញាណ។ 5 មនុស្សល្ងីល្ងើតែងតែមើលងាយការប្រៀនប្រដៅរបស់ឪពុក តែអ្នកដែលស្ដាប់តាមពាក្យកែតម្រូវជាមនុស្សឆ្លាត។ 6 ផ្ទះរបស់មនុស្សសុចរិតតែងមានសម្បត្តិច្រើន តែទ្រព្យដែលរកបានដោយអំពើអាក្រក់ រមែងនាំឲ្យកើតទុក្ខ។ 7 ពាក្យរបស់អ្នកមានប្រាជ្ញារមែងបណ្ដុះបណ្ដាលចេះដឹង តែមនុស្សខ្លៅវិញ គ្មានចិត្តធ្វើបែបនេះទេ។ 8 ព្រះអម្ចាស់មិនសព្វ ព្រះហឫទ័យ នឹងយញ្ញបូជារបស់មនុស្សអាក្រក់ឡើយ តែព្រះអង្គទទួលពាក្យអធិស្ឋានរបស់មនុស្សទៀងត្រង់វិញ។ 9 ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងផ្លូវរបស់មនុស្សអាក្រក់ទេ តែព្រះអង្គស្រឡាញ់អ្នកដែលស្វែងរកសេចក្ដីសុចរិត។ 10 អ្នកដែលងាកចេញពីមាគ៌ាល្អរមែងទទួលទោសជាទម្ងន់ ចំណែកអ្នកដែលស្អប់ការស្ដីប្រដៅតែងតែស្លាប់។ 11 ស្ថានមច្ចុរាជ និងនៅនរកអវិចី នឹងត្រូវបើកចំហរនៅចំពោះព្រះអម្ចាស់ តើចិត្តមនុស្សវិញ ព្រះអង្គរឹតតែជ្រាបយ៉ាងច្បាស់? 12 មនុស្សវាយឫកខ្ពស់មិនចូលចិត្តពាក្យកែតម្រូវទេ ហើយក៏មិនទៅសួរយោបល់ពីអ្នកមានប្រាជ្ញាដែរ។ 13 ចិត្តសប្បាយធ្វើឲ្យទឹកមុខរីករាយ តែចិត្តព្រួយធ្វើឲ្យទឹកមុខស្រងូតស្រងាត់។ 14 អ្នកមានចិត្តពិចារណាតែងតែស្វែងរកចំណេះ តែមនុស្សខ្លៅចូលចិត្តភាពល្ងីល្ងើ។ 15 ចំពោះមនុស្សកម្សត់ទុគ៌ត ថ្ងៃណាក៏ជាថ្ងៃអាក្រក់ដែរ តែមនុស្សសប្បាយចិត្ត ថ្ងៃណាក៏ជាថ្ងៃបុណ្យដែរ។ 16 ក្រទ្រព្យតែគោរពកោតខ្លាចព្រះអម្ចាស់ ប្រសើរជាងមានទ្រព្យច្រើន ហើយកើតទុក្ខកង្វល់។ 17 កន្លែងណាមានតែបន្លែបរិភោគ ហើយមានសេចក្ដីស្រឡាញ់ នោះប្រសើរជាងកន្លែងមានសាច់បរិភោគយ៉ាងឆ្ងាញ់ តែមានការស្អប់គ្នា។ 18 មនុស្សខឹងច្រើនតែងតែបង្កជំលោះ តែមនុស្សដែលចេះអត់ធ្មត់តែងតែសម្រុះសម្រួល កុំឲ្យមានការទាស់ទែងគ្នា។ 19 ផ្លូវរបស់មនុស្សខ្ជិលគឺដូចជាកន្លែងមួយដែលមានសុទ្ធតែបន្លា ប៉ុន្តែផ្លូវរបស់មនុស្សទៀងត្រង់រាបស្មើនឹងធំល្អ។ 20 កូនមានប្រាជ្ញាធ្វើឲ្យឪពុកសប្បាយចិត្ត ប៉ុន្តែមនុស្សល្ងីល្ងើតែងតែមើលងាយម្ដាយរបស់ខ្លួន។ 21 មនុស្សមិនដឹងខុសត្រូវតែងតែសប្បាយចិត្តនឹងភាពល្ងីល្ងើ ប៉ុន្តែមនុស្សចេះយល់គិតពិចារណារមែងដើរតាមផ្លូវទៀងត្រង់។ 22 ខ្វះការពិគ្រោះគ្នាគម្រោងការតែងតែបរាជ័យ មានទីប្រឹក្សាច្រើន គម្រោងការតែងតែសម្រេច។ 23 ពោលពាក្យត្រឹមត្រូវស្របនឹងកាលៈទេសៈ រមែងនាំឲ្យមានអំណរសប្បាយ។ 24 មនុស្សចេះគិតគូររមែងដើរតាមផ្លូវដែលឡើងទៅរកជីវិត ហើយចៀសវាងផ្លូវដែលចុះទៅរកសេចក្ដីស្លាប់។ 25 ព្រះអម្ចាស់រំលំផ្ទះរបស់មនុស្សអំនួត តែព្រះអង្គការពារដីធ្លីរបស់ស្ត្រីមេម៉ាយ។ 26 ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងគំនិតអាក្រក់ទេ តែព្រះអង្គគាប់ព្រះហឫទ័យនឹងពាក្យដែលហូរចេញពីចិត្តបរិសុទ្ធ។ 27 មនុស្សលោភលន់តែងតែនាំឲ្យមានវិបត្តិនៅក្នុងខ្លួន តែអ្នកដែលមិនព្រមទទួលសំណូក រមែងមានអាយុយឺនយូរ។ 28 បេះដូងរបស់មនុស្សសុចរិតតែងតែគិតពិចារណាមុននឹងឆ្លើយ ចំណែកមនុស្សអាក្រក់រមែងនិយាយចេញពីសេចក្តីអាក្រក់។ 29 ព្រះអម្ចាស់មិនអើពើនឹងមនុស្សអាក្រក់ទេ តែព្រះអង្គស្ដាប់ពាក្យអធិស្ឋានរបស់មនុស្សសុចរិត។ 30 ទឹកមុខដែលសម្តែងសេចក្ដីមេត្តាតែងនាំឲ្យមានអំណរ ហើយដំណឹងល្អរមែងលើកទឹកចិត្តឲ្យមានកម្លាំង។ 31 អ្នកណាយកចិត្តទុកដាក់ស្ដាប់តាមពាក្យស្ដីប្រដៅ ដែលនាំឲ្យមានជីវិត អ្នកនោះអាចរស់នៅក្នុងចំណោមមនុស្សមានប្រាជ្ញា។ 32 អ្នកណាបដិសេធការប្រៀនប្រដៅ អ្នកនោះបានប្រមាថជីវិតខ្លួនឯង តែអ្នកដែលស្ដាប់តាមពាក្យកែតម្រូវតែងតែរីកចំរើនខាងចំណេះដឹង។ 33 ការគោរពកោតខ្លាចព្រះអម្ចាស់តែងតែអប់រំខ្លួនឲ្យមានប្រាជ្ញា មុននឹងទទួលសិរីរុងរឿង។
1 ផែនការនៃដូងចិត្តគឺមកពីមនុស្ស ប៉ុន្តែសម្រាប់ព្រះអម្ចាស់ ចម្លើយគឺមកពីព្រះបន្ទូលនៃព្រះអង្គវិញ។ 2 មនុស្សរមែងនឹកស្មានថា អំពើទាំងអស់ដែលខ្លួនប្រព្រឹត្តសុទ្ធតែត្រូវ ប៉ុន្តែព្រះអម្ចាស់ឈ្វេងយល់ចិត្តគំនិតរបស់មនុស្ស។ 3 ចូរថ្វាយកិច្ចការដែលអ្នកធ្វើទៅព្រះអម្ចាស់ នោះគម្រោងការរបស់អ្នកមុខជាបានសម្រេច។ 4 ព្រះអម្ចាស់ធ្វើអ្វីៗសុទ្ធតែមានគោលដៅ គឺសូម្បីតែមនុស្សអាក្រក់ក៏ព្រះអង្គបានគ្រោងទុកសម្រាប់ទទួលទណ្ឌកម្មដែរ។ 5 ព្រះអម្ចាស់មិនសព្វព្រះហឫទ័យ នឹងមនុស្សមានចិត្តខ្ពស់ទេ តែព្រះអង្គពិតជាដាក់ទោសគេមិនខាន។ 6 ព្រះជាម្ចាស់លើកលែងទោសឲ្យអ្នកដែលមានចិត្តសប្បុរស និងចិត្តស្មោះត្រង់ ហើយ អ្នកគោរពកោតខ្លាចព្រះអម្ចាស់រមែងបែរចេញពីការអាក្រក់។ 7 កាលណាព្រះអម្ចាស់សព្វព្រះហឫទ័យនឹងកិរិយាមារយាទរបស់អ្នកណាម្នាក់ សូម្បីតែខ្មាំងសត្រូវរបស់គេក៏ព្រះអង្គផ្សះផ្សាឲ្យជានាគ្នាវិញដែរ។ 8 រកបានប្រាក់តិចដោយយុត្តិធម៌ ប្រសើរជាងរកបានប្រាក់ច្រើនដោយអយុត្តិធម៌។ 9 នៅក្នុងចិត្តមនុស្ស ដឹងពីផ្លូវដែលខ្លួនត្រូវដើរ តែព្រះអម្ចាស់ជាអ្នកណែនាំផ្លូវ។ 10 ស្ដេចតែងតែមានរាជឱង្ការក្នុងនាមព្រះជាម្ចាស់ ទ្រង់ជំនុំជម្រះក្ដីដោយឥតលម្អៀង។ 11 ជញ្ជីងដែលត្រឹមត្រូវគឺមកពីព្រះអម្ចាស់ ហើយរបស់ដែលត្រូវថ្លឹងទាំងនោះគឺជាកិច្ចការរបស់ព្រះជាម្ចាស់។ 12 ពេលស្ដេចប្រព្រឹត្តអំពើអាក្រក់ គឺជាភាពអាម៉ាស់ខ្លាំងណាស់ ដើម្បីឲ្យរាជ្យរបស់ទ្រង់ស្ថិតស្ថេបានគឺត្រូវសេចក្តីសុចរិតវិញ។ 13 ស្ដេចសព្វព្រះហឫទ័យនឹងអ្នកនិយាយសេចក្តីពិត ហើយស្រឡាញ់អ្នកនិយាយការត្រឹមត្រូវ។ 14 សេចក្ដីក្រោធរបស់ស្ដេចប្រៀបបាននឹងពេជ្ឈឃាតនាំគេយកទៅសម្លាប់ តែមនុស្សមានប្រាជ្ញាអាចទប់កំហឹងរបស់ស្ដេច។ 15 ព្រះភ័ក្ត្ររីករាយរបស់ស្ដេចរមែងផ្ដល់ជីវិត ហើយព្រះហឫទ័យសប្បុរសរបស់ស្ដេចប្រៀបបាននឹងទឹកភ្លៀងនៅដើមរដូវ។ 16 ស្វែងរកប្រាជ្ញាប្រសើរជាងរកមាស។ ស្វែងរកការចេះដឹងប្រសើរជាងរកប្រាក់។ 17 ផ្លូវរបស់មនុស្សទៀងត្រង់ស្ថិតនៅឆ្ងាយពីអំពើអាក្រក់ អ្នកណាចេះប្រយ័ត្នខ្លួន អ្នកនោះចេះរក្សាជីវិត។ 18 ការអំនួតគឺឈរនៅចំពោះភាពអន្តរាយ ចិត្តព្រហើនរមែងនាំឲ្យវិនាស។ 19 ដាក់ខ្លួនរស់នៅជាមួយជនក្រីក្រ ប្រសើរជាងចែកជយភណ្ឌជាមួយមនុស្សអួតអាង។ 20 អ្នកណាចេះគិតគូរមុននឹងធ្វើកិច្ចការអ្វីមួយ អ្នកនោះរមែងចម្រុងចម្រើន រីឯអ្នកដែលផ្ញើជីវិតលើព្រះអម្ចាស់រមែងមានសុភមង្គល។ 21 មនុស្សដែលចេះគិតពិចារណាជាមនុស្សឈ្លាសវៃ ចំណែកអ្នកដែលចេះនិយាយទន់ភ្លន់ គឺជាការបង្រៀនដ៏ល្អ។ 22 ការយល់ដឹងគឺប្រៀបដូចជាប្រភពនៃជីវិត សម្រាប់អ្នកចេះគិតគូរ ចំណែកជនល្ងង់ខ្លៅត្រូវវិនាស ដោយព្រោះតែភាពល្ងង់ខ្លៅរបស់ខ្លួន។ 23 មនុស្សដែលចេះពិចារណារមែងរិះគិតមុននឹងនិយាយ ហើយអ្វីៗដែលអ្នកនោះនិយាយ រមែងធ្វើឲ្យគេទុកចិត្ត។ 24 សម្ដីទន់ភ្លន់ប្រៀបបាននឹងទឹកឃ្មុំ មានរសជាតិឆ្ងាញ់ជាទីគាប់ចិត្ត ហើយផ្ដល់ការព្យាបាលដល់ឆ្អឹង។ 25 មនុស្សខ្លះយល់ថា ផ្លូវដែលខ្លួនដើរជាផ្លូវត្រឹមត្រូវ ប៉ុន្តែ នៅទីបំផុត ផ្លូវនោះនាំទៅរកសេចក្ដីស្លាប់។ 26 ការអត់ឃ្លានបង្ខំឲ្យមនុស្សធ្វើការ ដ្បិតក្រពះគេទាមទារ។ 27 មនុស្សចោលម្សៀតគិតតែពីប្រព្រឹត្តអំពើអាក្រក់ អណ្ដាតរបស់គេប្រៀបដូចជាភ្លើងឆេះបំផ្លាញ។ 28 មនុស្សទុយ៌សរមែងបង្កជំលោះ ហើយអ្នកអុជអាលរមែងបំផ្លាញមិត្តភាព។ 29 មនុស្សឃោរឃៅតែងតែបោកបញ្ឆោតមិត្តសម្លាញ់របស់ខ្លួន ដើម្បីនាំគេឲ្យដើរក្នុងផ្លូវដែលមិនល្អ។ 30 អ្នកណាបិទភ្នែក ហើយខាំបបូរមាត់ អ្នកនោះក៏ដូចជាបានប្រព្រឹត្តអំពើអាក្រក់ ដែលខ្លួនគ្រោងធ្វើវាឲ្យបានសម្រេច។ 31 សក់ស្កូវជាមកុដដ៏រុងរឿង មានតែមនុស្សសុចរិតទេ ដែលទទួលមកុដនេះតាមរស់ដ៏ត្រឹមត្រូវ។ 32 មនុស្សមិនចេះខឹងប្រសើរជាងវីរបុរស ចំណែកមនុស្សចេះទប់ចិត្ត ប្រសើរជាងអ្នកវាយយកបានទីក្រុងមួយ។ 33 មនុស្សតែងបោះឆ្នោតទៅក្នុងថ្នក់អាវ ប៉ុន្តែ ដែលសម្រេចទៅជាយ៉ាងណា នោះស្រេចនៅព្រះអម្ចាស់។
1 បរិភោគបាយកកតែមានសេចក្ដីសុខ ប្រសើរជាងជប់លៀងនៅផ្ទះមួយដែលមានតែការឈ្លោះគ្នា។ 2 អ្នកបម្រើឆ្លាតរមែងត្រួតត្រាលើកូនដ៏ថោកទាបរបស់ចៅហ្វាយ ហើយព្រមទាំងទទួលចំណែកមរតកក្នុងគ្រួសារនោះក្នុងនាមជាបងប្អូនផងដែរ។ 3 គេអាចស្គាល់តម្លៃមាស និងប្រាក់ ដោយសារដុតក្នុងភ្លើង ប៉ុន្តែព្រះជាម្ចាស់ពិនិត្យមើលដួងចិត្តវិញ។ 4 មនុស្សមានបំណងអាក្រក់រមែងយកចិត្តទុកដាក់ស្ដាប់ពាក្យអាក្រក់ ហើយមនុស្សកុហករមែងផ្ទៀងត្រចៀកស្ដាប់ពាក្យមួលបង្កាច់។ 5 អ្នកមើលងាយជនក្រីក្រ ដូចជាប្រមាថព្រះជាម្ចាស់ដែលបង្កើតគេ ប៉ុន្តែអ្នកសើចចំអកដាក់ជនរងគ្រោះនឹងត្រូវមានទោសដែរ។ 6 កូនចៅរមែងធ្វើឲ្យជីតាមានកិត្តិយស ឪពុកម្តាយក៏បាននាំកិត្តិយសមកឲ្យកូនៗផងដែរ។ 7 ពាក្យថ្លៃថ្នូរមិនសមជាសម្ដីរបស់មនុស្សល្ងីល្ងើទេ ហើយពាក្យកុហកក៏មិនសមចេញពីមាត់របស់អ្នកដឹកនាំដែរ។ 8 សំណូករាប់ដូចជាត្បូងមានតម្លៃ ដល់អ្នកណាដែលមាន ទោះបើជូនទៅខាងណាក៏ដោយ គង់តែសម្រេចការបាន។ 9 អ្នកចង់បានមិត្តភាពយូរអង្វែងតែងតែបំភ្លេចកំហុស ចំណែកអ្នកណាដែលរំឭកកំហុសច្រើនដង គឺនឹងធ្វើឲ្យមិត្តភាពរលាយ។ 10 ស្ដីប្រដៅមនុស្សចេះដឹងតែមួយម៉ាត់ មានប្រសិទ្ធភាពជាងវាយមនុស្សល្ងីល្ងើមួយរយដំបង។ 11 មនុស្សទុច្ចរិតគិតតែពីការបះបោរ ដូច្នេះ ពួកគេនឹងចាត់មនុស្សកំណាចឃោរឃៅឲ្យទៅទាស់ជាមួយអ្នកនោះ។ 12 ជួបមេខ្លាឃ្មុំព្រាត់កូន ប្រសើរជាងជួបមនុស្សល្ងីល្ងើដែលល្ងង់ហួស។ 13 អ្នកណាដែលបានធ្វើអំពើអាក្រក់តបស្នងនឹងអំពើល្អ ភាពអន្តរាយនៅមិនឆ្ងាយពីផ្ទះរបស់អ្នកនោះទេ។ 14 ម្នាក់ដែលចាប់ផ្តើមជំលោះប្រៀបបាននឹងទំលាយទំនប់ទឹក ដូច្នេះចូរដកខ្លួនថយមុនពេលដែលទំនប់ទឹកនោះផ្ទុះឡើង។ 15 អ្នកដែលចាត់ទុកមនុស្សអាក្រក់ថាគ្មានទោស និងអ្នកដែលចាត់ទុកមនុស្សត្រឹមត្រូវថាមានកំហុស ព្រះអម្ចាស់មិនសព្វព្រះហឫទ័យទេ។ 16 ហេតុអ្វីបានជាមនុស្សល្ងីល្ងើ យកប្រាក់មកទិញឲ្យបានប្រាជ្ញាទាំងខ្លួនមិនមានសមត្ថភាពរៀនឲ្យបានប្រាជ្ញាផងនោះ? 17 កល្យាណមិត្តតែងតែស្រឡាញ់គ្នាគ្រប់ពេលវេលា រីឯបងប្អូនវិញតែងតែចាំជួយគ្នាក្នុងពេលមានទុក្ខលំបាក។ 18 អ្នកណាធានាសងបំណុលជួសអ្នកដទៃ អ្នកនោះមិនចេះគិតពិចារណាទេ។ 19 អ្នកដែលចូលចិត្តសន្សំរឿងរមែងចូលចិត្តអំពើបាប អ្នកណាខ្លួនឯងកាន់តែខ្ពស់ ដល់ពេលធ្លាក់មកវិញនឹងធ្វើខ្លួនបាក់ឆ្អឹងជាមិនខាន។ 20 មនុស្សមានកលល្បិចមិនស្គាល់អ្វីដែលជាការល្អនោះទេ ហើយមនុស្សសម្ដីអាក្រក់រមែងជួបគ្រោះកាច។ 21 អ្នកណាបង្កើតកូនល្ងីល្ងើ អ្នកនោះស្គាល់តែទុក្ខព្រួយ ចំណែកឪពុករបស់មនុស្សលេលាមិនដែលស្គាល់អំណរសប្បាយទេ។ 22 ចិត្តសប្បាយរមែងនាំឲ្យជាសះស្បើយ ចំណែកចិត្តព្រួយរមែងធ្វើឲ្យរីងរៃដល់ឆ្អឹងវិញ។ 23 មនុស្សអាក្រក់លួចទទួលសំណូក ដើម្បីបង្ខូចផ្លូវត្រឹមត្រូវដែលយុត្តិធម៌។ 24 ប្រាជ្ញារមែងនៅក្បែរមនុស្សដែលមានចំណេះដឹង ចំណែកឯមនុស្សល្ងីល្ងើ គឺសម្លឹងមើលអ្វីដែលជាចុងបំផុតនៃផែនដីវិញ។ 25 កូនដែលភ្លីភ្លើធ្វើឲ្យឪពុកមានការព្រួយ និងធ្វើឲ្យម្ដាយដែលបានផ្តល់កំនើតដល់អ្នកនោះមានការជូរចត់។ 26 ដាក់ទោសមនុស្សសុចរិតជាការមិនល្អទេ ហើយវាយមនុស្សថ្លៃថ្នូរ ព្រោះតែគេមានចិត្តទៀងត្រង់ក៏មិនល្អដែរ។ 27 អ្នកណាទប់ពាក្យសម្ដីរបស់ខ្លួន អ្នកនោះជាមនុស្សចេះដឹង ប៉ុន្តែអ្នកតាំងចិត្តស្ងប់ស្ងៀមជាមនុស្សឈ្លាសវៃ។ 28 បើមនុស្សល្ងីល្ងើនៅស្ងៀម គេចាត់ទុកគាត់ជាមនុស្សមានប្រាជ្ញា បើគាត់បិទមាត់មិននិយាយអ្វី គេចាត់ទុកគាត់ជាមនុស្សឈ្លាសវៃ។
1 អ្នកណាមិនរវីរវល់នឹងអ្នកដទៃ អ្នកនោះគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ហើយបដិសេធយោបល់ទាំងប៉ុន្មានរបស់អ្នកឯទៀតៗ។ 2 ចំណែកមនុស្សល្ងីល្ងើគេឥតមាន សេចក្ដីរីករាយក្នុងយោបល់ទេ គឺចូលចិត្តតែសម្ដែងគំនិត ក្នុងចិត្តខ្លួនឯងចេញវិញ។ 3 ពេលមនុស្សអាក្រក់បានមកដល់ តែងតែនាំមកជាមួយនូវសេចក្តីអាម៉ាស់ជាប់ជាមួយពួកគេ។ 4 ពាក្យសម្ដីដែលចេញពីមាត់មនុស្ស ធៀបបានដូចជាទឹកជ្រៅ ហើយទីបញ្ចេញប្រាជ្ញាក៏ដូចជាជ្រោះទឹកហូរ។ 5 ការដែលយោគយល់ដល់មនុស្សអាក្រក់ ហើយការបង្វែរសេចក្ដីយុត្តិធម៌ ក្នុងការវិនិច្ឆ័យ នោះមិនល្អទេ។ 6 បបូរមាត់មនុស្សល្ងីល្ងើតែងតែស៊កចូលក្នុងសេចក្ដីឈ្លោះប្រកែកគ្នា ហើយមាត់វាត្រូវតែរំពាត់ទេ។ 7 មាត់របស់មនុស្សល្ងីល្ងើ ជាហេតុនាំឲ្យខ្លួនត្រូវវិនាសទៅ ហើយបបូរមាត់ក៏ជាអន្ទាក់ដល់ព្រលឹងខ្លួនដែរ។ 8 ពាក្យសម្ដីរបស់មនុស្សអុជអាល ធៀបដូចជាម្ហូបយ៉ាងឆ្ងាញ់មួយម៉ាត់ ដែលបានចូលទៅក្នុងពោះនៃរាងកាយ។ 9 អ្នកណាដែលធ្វេសប្រហែសនឹងការរបស់ខ្លួន ឈ្មោះថាជាបងប្អូនជាមួយអ្នកដែលបំផ្លាញ។ 10 ព្រះនាមព្រះអម្ចាស់ ជាប៉មាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសុវត្តិភាព។ 11 អ្នកមានទ្រព្យសម្បត្តិរបស់គេជាទីក្រុងមាំមួន ហើយតាមគំនិតរបស់គេ ក៏យល់ថាជាកំផែងយ៉ាងខ្ពស់ដែរ។ 12 មុនពេលនឹងត្រូវវិនាស ចិត្តរបស់មនុស្សកើតមានសេចក្ដីអំនួត តែសេចក្ដីរាបសា រមែងតែនាំមុខកិត្តិយសវិញ។ 13 អ្នកណាដែលឆ្លើយមុនដែលបានស្តាប់រឿង រាប់ជាការចម្កួតហើយក៏ជាសេចក្ដីខ្មាសដល់ខ្លួនផង។ 14 វិញ្ញាណរបស់មនុស្សទប់ទល់ខ្លួន ក្នុងគ្រាមានធុរៈឈឺ តែឯវិញ្ញាណបាក់បែក តើអ្នកណាទ្រាំបាន? 15 ចិត្តរបស់មនុស្សវាងវៃ តែងតែចម្រើនចំណេះដឹង ហើយការស្តាប់របស់មនុស្សដែលមានប្រាជ្ញា ក៏ស្វះស្វែងរកចំណេះដឹងដែរ។ 16 ជំនូនរបស់មនុស្ស រមែងបើកផ្លូវឲ្យដល់ខ្លួន នាំចូលទៅដល់ចំពោះអ្នកធំផង។ 17 អ្នកណាដែលនិយាយមុនគេក្នុងការក្តី មើលទៅដូចជាត្រឹមត្រូវហើយ តែគូក្តីរបស់អ្នកនោះមកដាក់សំនួរតបវិញដែរ។ 18 ការស្បថស្បែអាចបញ្ឈប់ជំលោះ ហើយអារកាត់រឿងរ៉ាវរវាងអ្នកមានអំណាចផង។ 19 ពេលបងប្អូនណាម្នាក់របួសផ្លូវចិត្ត នោះពិបាកចូលទៅជិតជាងវាយយកទីក្រុងមួយ ដែលមានកំពែងរឹងមាំទៅទៀត។ 20 ពីជំលោះប្រៀបបាននឹងរនុកទ្វារដែកមួយ មនុស្សអាចរកអាហារបាន ដោយសារពាក្យសម្ដី ហើយអ្វីៗដែលគេនិយាយធ្វើឲ្យគេអាចចិញ្ចឹមជីវិតបាន។ 21 សេចក្ដីស្លាប់ និងជីវិត ក៏នៅក្នុងអំណាចនៃអណ្ដាតដែរ អ្នកណាដែលចូលចិត្តប្រើអណ្តាត នោះនឹងស៊ីផលពីវាដែរ។ 22 អ្នកណាដែលរកបានប្រពន្ធឈ្មោះថាបានរបស់ល្អ ហើយបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់។ 23 អ្នកក្រពោលពាក្យអង្វរសូមក្តីមេត្តា តែអ្នកមានតបដោយពាក្យគំហកវិញ។ 24 អ្នកណាដែលមានមិត្តភក្តិច្រើនដែលមិនមានចិត្តស្មោះ អាចនាំឲ្យខ្លួនវិនាស ប៉ុន្តែ មានមិត្តសម្លាញ់តែម្នាក់ ដែលជិតស្និតជាងបងប្អូនទៅទៀត។
1 មនុស្សទាល់ក្រ ដែលដើរតាមផ្លូវទៀងត្រង់ វិសេសជាងមនុស្សដែលមានបបូរមាត់ចចើង និងចិត្តល្ងីល្ងើ។ 2 មួយទៀត ការដែលចិត្តឥតមានចំណេះ នោះមិនគួរគប្បីទេ ហើយអ្នកណាដែលរហ័សឈានទៅ នោះជ្រួសផ្លូវហើយ។ 3 សេចក្ដីចម្កួតរបស់មនុស្ស រមែងបង្ខូចផ្លូវរបស់ខ្លួន ហើយអ្នកនោះក៏អន់ចិត្តចំពោះព្រះអម្ចាស់ដែរ។ 4 ការដែលមានទ្រព្យសម្បត្តិ នាំឲ្យមានមិត្តភក្តិកើនឡើង តែមនុស្សក្រត្រូវញែកពីពួកមិត្តភក្តិ។ 5 សាក្សីភូតភរនឹងមិនរួចចាកទោសឡើយ ហើយអ្នកណាដែលពោលពាក្យកុហក ក៏គេចមិនរួចដែរ។ 6 មនុស្សជាច្រើនខំយកចិត្តមនុស្សសទ្ធា ហើយអ្នកណាក៏ដោយ ក៏ជាមិត្តសម្លាញ់នឹងអ្នកដែលចែកអំណោយទានដែរ។ 7 មនុស្សក្រីក្រ ត្រូវបានបងប្អូនស្អប់គាត់ ចុះបើមិត្តភក្តិ តើនឹងចេញឆ្ងាយពីអ្នកនោះ ជាជាងអម្បាលម៉ានទៅទៀត! ទោះជាខំតាមទៅអង្វរគេ តែពួកគេនៅតែគេចពីគាត់ដែរ។ 8 អ្នកណាដែលបានប្រាជ្ញា ជាអ្នកស្រឡាញ់ដល់ព្រលឹងខ្លួន អ្នកណាដែលរក្សាការចេះដឹងទុកនោះនឹងបានសេចក្ដីល្អ។ 9 សាក្សីភូតភរនឹងមិនរួចចាកពីទោសឡើយ ហើយអ្នកណាដែលពោលពាក្យកុហក នឹងត្រូវវិនាសទៅ។ 10 ការដែលអាស្រ័យនៅដោយរុងរឿង មិនសមនឹងមនុស្សល្ងីល្ងើទេ លើសពីនេះទៀតនោះ ទាសករក៏មិនសមមានអំណាចលើអ្នកធំដែរ។ 11 សតិបញ្ញារបស់មនុស្សធ្វើឲ្យយឺតនឹងខឹង ហើយអ្នកនោះក៏តែងបានលើកតម្កើង ដោយការមិនប្រកាន់ច្រើន។ 12 សេចក្ដីក្រោធរបស់ស្តេច ធៀបដូចជាសូរគ្រហឹមរបស់សិង្ហ តែសេចក្ដីសប្បុរសរបស់ស្ដេច ប្រៀបដូចជាទឹកសន្សើមនៅលើស្មៅ។ 13 កូនល្ងីល្ងើជាទីអន្តរាយដល់ឪពុក ហើយការឌុកដាន់របស់ប្រពន្ធ ក៏ដូចជាទឹកស្រក់តក់ៗមកជានិច្ច។ 14 ផ្ទះសម្បែង និងទ្រព្យសម្បត្តិ ជាមរតកមកពីឪពុក តែប្រពន្ធដែលឆ្លៀវឆ្លាត នោះហើយជាអំណោយទានមកពីព្រះអម្ចាស់។ 15 សេចក្ដីខ្ជិលច្រអូស តែងធ្វើឲ្យមនុស្សដេកលក់ ហើយអ្នកណាដែលមិនព្រមធ្វើការ នឹងត្រូវអត់ឃ្លាន។ 16 អ្នកណាដែលកាន់តាមក្រឹត្យវិន័យ នោះនឹងរក្សាជីវិតខ្លួន តែអ្នកណាដែលមិនប្រយ័ត្នក្នុងផ្លូវប្រព្រឹត្តរបស់ខ្លួន មុខជាត្រូវស្លាប់។ 17 អ្នកណាដែលមានចិត្តអាណិត ចែកដល់ពួកទាល់ក្រ នោះឈ្មោះថាថ្វាយឲ្យព្រះអម្ចាស់ខ្ចី ព្រះអង្គនឹងតបស្នងសងគុណអ្នកបានធ្វើ។ 18 ចូលប្រដៅដល់កូនរបស់អ្នក ក្នុងកាលដែលនៅមាន ដោយបំណងចិត្តសង្ឃឹមថា នឹងបានកូនល្អ កុំរង់ចាំដល់សេចក្តីស្លាប់មកដល់។ 19 អ្នកណាដែលមានចិត្តក្តៅខ្លាំង នោះនឹងត្រូវទទួលទោស ដ្បិតបើអ្នកជួយគាត់ឲ្យរួចម្តងហើយ នោះអ្នកនឹងត្រូវជួយជាលើកទីពីរ។ 20 ចូរស្តាប់ដំបូន្មាន ហើយទទួលការបង្រៀន ដើម្បីឲ្យមានប្រាជ្ញាសម្រាប់ជីវិតអ្នក។ 21 នៅក្នុងចិត្តមនុស្ស តែងមានគំនិតគិតធ្វើជាច្រើនយ៉ាង មានតែដំបូន្មានរបស់ព្រះអម្ចាស់ ដែលនឹងស្ថិតស្ថេរនៅ។ 22 សេចក្ដីស្មោះត្រង់គឺជាការចង់បានរបស់មនុស្ស ទោះបីជាអ្នកនោះក្រគឺវាប្រសើរជាងភូតភរ។ 23 សេចក្ដីកោតខ្លាចដល់ព្រះអម្ចាស់ ដឹកនាំឲ្យបានជីវិត ហើយអ្នកណាដែលមានសេចក្ដីនោះ នឹងមានចិត្តស្កប់ស្កល់ជានិច្ច ហើយក៏គ្មានសេចក្តីអាក្រក់ និងភាពអាម៉ាស់កើតឡើងដែរ។ 24 មនុស្សខ្ជិលច្រអូសគឺ ដល់ថ្នាក់ពេលបរិភោគអាហារមិនចង់យកបាយដាក់ចូលមាត់ផង។ 25 ចូរវាយមនុស្សចំអកមើលងាយ នោះមនុស្សល្ងង់ចេះប្រយ័ត្នឡើង ចូរបង្រៀនដល់អ្នកដែលចង់បានយោបល់ ដើម្បីឲ្យអ្នកនោះបានចំណេះដឹង។ 26 អ្នកណាដែលបំផ្លាញឪពុកខ្លួន ហើយបណ្តេញម្តាយចេញ នោះជាកូនដែលនាំឲ្យមានសេចក្ដីខ្មាស និងអាប់យស។ 27 កូនអើយ! បើអ្នកលែងស្ដាប់ការប្រៀនប្រដៅ អ្នកមុខជាវង្វេងចេញឆ្ងាយពីចំណេះដឹង។ 28 ជនថោកទាបធ្វើជាសាក្សីតែងតែប្រមាថយុត្តិធម៌ ព្រោះមនុស្សអាក្រក់គឺនិយាយតែពាក្យទុច្ចរិត។ 29 មនុស្សចំអកឡកឡឺយត្រូវតែទទួលទោស ប៉ុន្តែមនុស្សល្ងង់ខ្លៅត្រូវស៊ីផងពីការអាក្រក់វិញ។
1 ស្រាទំពាំងបាយជូរ ត្រូវជាមួយអ្នកចំអក ហើយការផឹកធ្វើឲ្យក្លាហាន អ្នកណាអនុញ្ញាតឲ្យគ្រឿងស្រវឹងដឹកមុខ មិនឆ្លាតទេ។ 2 សេចក្ដីស្ញែងខ្លាចរបស់ស្តេច ប្រៀបដូចជាសំឡេងគ្រហឹមរបស់សិង្ហ អ្នកណាធ្វើឲ្យស្តេចខ្ញាល់ គឺនឹងបាត់ជីវិតខ្លួនហើយ។ 3 ជាកិត្តិសព្ទសម្រាប់អ្នកជៀសចេញពីជំលោះ ប៉ុន្តែ គ្រប់ទាំងមនុស្សល្ងីល្ងើ គឺតែងតែរកឲ្យមានជំលោះ។ 4 មនុស្សខ្ជិលច្រអូសមិនព្រមភ្ជួររាស់ ដោយព្រោះនៅរងានៅឡើយ ដូច្នេះ គេនឹងត្រូវសុំទានក្នុងរដូវចម្រូត ហើយនឹងគ្មានអ្វីទាំងអស់។ 5 គោលបំណងដែលក្នុងចិត្តមនុស្សដូចទឹកដែលជ្រៅ តែមនុស្សដែលមានយោបល់ គេនឹងដងទឹកនោះចេញមក។ 6 មនុស្សជាច្រើន បានប្រកាសថាពួកគេជាអ្នកសប្បុរស តើអ្នកណានឹងរកមនុស្សដែលស្មោះត្រង់ម្នាក់បាន? 7 មនុស្សសុចរិតដើរតាមផ្លូវស្មោះត្រង់របស់ខ្លួន ហើយកូនចៅរបស់ពួកគេដែលធ្វើតាមនឹងបានពរផងដែរ។ 8 កាលណាស្ដេចប្រកបដោយយុត្តិធម៌គង់លើរាជ្យបល្ល័ង្ក ទ្រង់ពិចារណាឃើញអំពើអាក្រក់ភ្លាម។ 9 តើអ្នកណាអាចនិយាយបានថា «ខ្ញុំបានជម្រះចិត្តខ្ញុំឲ្យស្អាត តើខ្ញុំមានសេរីភាពពីបាបរបស់ខ្ញុំហើយ?» 10 ជញ្ជីងដែលមិនត្រឹមត្រូវ ហើយនិងការវ៉ាស់វែងមិនត្រឹមត្រូវ ព្រះអម្ចាស់ស្អប់ការទាំងពីរនេះ។ 11 សូម្បីតែយុវជនក៏អាចបង្ហាញឲ្យឃើញនូវកិរិយាល្អត្រឹមត្រូវរបស់គេ តាមអំពើដែលគេបានប្រព្រឹត្តដែរ។ 12 ត្រចៀកសម្រាប់ស្ដាប់ និងភ្នែកសម្រាប់មើល សុទ្ធតែព្រះអម្ចាស់បង្កើតអវៈជីវៈទាំងពីរនោះ។ 13 កុំល្មោភដេក ក្រែងលោត្រឡប់ជាទាល់ក្រ ចូរបើកភ្នែកឡើង នោះនឹងបានអាហារឆ្អែត។ 14 អ្នកដែលទិញថ្លែងថា «មិនល្អ! មិនល្អ!» ប៉ុន្តែ ពេលពួកទៅទីឆ្ងាយនោះក៏មានអួត។ 15 មាសក៏សម្បូណ៌ ពេជ្រក៏សម្បូណ៌ ប៉ុន្តែ ពាក្យសម្ដីប្រកបដោយប្រាជ្ញាមានតម្លៃលើសអ្វីៗទាំងអស់។ 16 ចូរទទួលបញ្ចាំអាវរបស់អ្នក ដែលធានាឲ្យអ្នកដទៃ ហើយទាររបស់បញ្ចាំពីអ្នកសន្យា នៅពេលគេដាក់បញ្ចាំជារបស់ស្រ្តី។ 17 អាហារសម្រាប់បោកបញ្ឆោតគឺមានរសជាតិផ្អែម ក្រោយមក អាហារនោះក្លាយទៅជាដុំគ្រួសក្នុងមាត់វិញ។ 18 យោបល់ល្អរមែងធ្វើឲ្យគម្រោងការបានសម្រេច ត្រូវរិះគិតឲ្យបានលំអិត មុននឹងធ្វើសង្គ្រាម។ 19 អ្នកនិយាយដើមគេរមែងបើកកកាយការសម្ងាត់ កុំសេពគប់ជាមួយអ្នកដែលនិយាយច្រើនពេក។ 20 ប្រសិនបើអ្នកណាប្រទេចបណ្តាសាឪពុកម្ដាយ ចង្កៀងរបស់អ្នកនោះនឹងរលត់ ហើយជួបទុក្ខលំបាកនៅក្នុងទីងងឹត។ 21 ចំណែកមរតកដែលដើមដំបូងបានយ៉ាងរួសរាន់ នោះដល់ចុងក្រោយមិនបានពរទេ។ 22 កុំនិយាយថា «យើងនឹងសងសឹកដល់អ្នកវិញ» ចូររង់ចាំព្រះអម្ចាស់ ហើយព្រះអង្គនឹងជួយសង្គ្រោះអ្នកវិញ។ 23 ព្រះអម្ចាស់ស្អប់ជញ្ជីង ហើយការវាស់វែងដែលមិនត្រឹមត្រូវ ពីព្រោះការទាំងនោះមិនល្អ។ 24 ជំហានរបស់មនុស្ស ស្រេចលើព្រះអម្ចាស់ ដូច្នេះធ្វើដូចម្តេចឲ្យមនុស្ស យល់ផ្លូវរបស់ខ្លួនបាន? 25 ការដែលនិយាយឥតប្រើការគិតថា «នេះជាតង្វាយថ្វាយព្រះហើយ» រួចកាលណាបានបន់ព្រះហើយ ទើបស៊ើបសួរជាក្រោយ នោះជាអន្ទាក់ដល់មនុស្សហើយ។ 26 ស្តេចដែលមានប្រាជ្ញាទ្រង់កម្ចាត់មនុស្សអាក្រក់ចេញ ហើយឲ្យកង់បញ្ជាន់ស្រូវកិនលើគេ។ 27 វិញ្ញាណរបស់មនុស្សជាចង្កៀងនៃព្រះអម្ចាស់ ក៏ស្ទង់មើលទៅគ្រប់ក្នុងចំណែកនៃរាងកាយ។ 28 សេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់ រមែងការពារស្តេច ហើយបល្ល័ង្ករាជ្យរបស់ស្ដេចស្ថិតស្ថេរនៅ ដោយសារសេចក្ដីស្រឡាញ់ដែរ។ 29 កម្លាំងជាអំនួតរបស់យុវជន រីឯសក់ស្កូវជាកិត្តិយសរបស់មនុស្សចាស់។ 30 របួសដ៏ឈឺចាប់ជាឱសថបំបាត់ភាពអាក្រក់ ហើយការវាយដំអាចធ្វើឲ្យមានការកែប្រែ រហូតដល់ជម្រៅចិត្ត។
1 ព្រះហឫទ័យរបស់ស្ដេចប្រៀបបាននឹងទឹកនៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ ព្រះជាម្ចាស់បង្វែទៅខាងណាតាមតែព្រះអង្គចង់។ 2 មនុស្សគ្រប់ៗរូបតែងយល់ថា អំពើដែលខ្លួនប្រព្រឹត្តសុទ្ធតែត្រឹមត្រូវ ប៉ុន្តែព្រះអម្ចាស់ទេ ដែលឈ្វេងយល់ចិត្តរបស់មនុស្ស។ 3 ព្រះអម្ចាស់សព្វព្រះហឫទ័យចំពោះយុត្តិធម៌ និងសេចក្ដីទៀងត្រង់ ជាងការថ្វាយយញ្ញបូជាទៅទៀត។ 4 កែវភ្នែកក្រអឺតក្រទម និងចិត្តព្រហើន បង្ហាញឲ្យឃើញនូវអំពើបាបរបស់មនុស្សអាក្រក់។ 5 អ្នកដែលធ្វើការអ្វីមួយដោយពិចារណាយ៉ាងហ្មត់ចត់ គឺទទួលបានសម្បត្តិ ប៉ុន្តែអ្នកដែលធ្វើអ្វីមួយដោយតក់ក្រហល់ តែងតែជួបក្រីក្រ។ 6 ការដែលប្រមូលទ្រព្យសម្បត្តិ ដោយសារអណ្ដាតភូតភរ នោះជាចំហាយទឹកដែលផាត់ទៅមក និងជាអន្ទាក់នៃសេចក្ដីស្លាប់។ 7 សេចក្ដីច្រឡោតរបស់មនុស្សអាក្រក់ នឹងបោសខ្លួនគេចេញទៅដោយព្រោះគេមិនព្រមប្រព្រឹត្តតាមសេចក្ដីយុត្តិធម៌សោះ។ 8 ផ្លូវរបស់មនុស្សដែលមានទោសគឺថោកទាប ចំណែកមនុស្សបរិសុទ្ធ គឺគេធ្វើអ្វីដែលត្រឹមត្រូវ។ 9 ស៊ូរស់នៅតាមសំយាបផ្ទះ ជាជាងរស់នៅក្នុងផ្ទះជាមួយប្រពន្ធពូកែឈ្លោះ។ 10 ចំណង់របស់មនុស្សអាក្រក់ប្រាថ្នាតែការអាក្រក់ សូម្បីអ្នកជិតខាងក៏មិនមានក្តីមេត្តានោះក្នុងក្រសែភ្នែករបស់គេដែរ។ 11 ពេលមនុស្សចំអកមើលងាយជាប់ទោស នោះមនុស្សល្ងង់នឹងមានប្រាជ្ញាឡើង កាលណាមនុស្សមានប្រាជ្ញាបានទទួលសេចក្ដីប្រៀនប្រដៅ នោះគេកាន់តែមានចំណេះដឹង។ 12 មនុស្សសុចរិតរមែងពិចារណាមើលពីផ្ទះរបស់មនុស្សអាក្រក់ ឃើញថាគេក៏នាំឲ្យពួកអាក្រក់វិនាសផងដែរ។ 13 អ្នកណាធ្វើជាថ្លង់ មិនឮសម្រែករបស់មនុស្សក្រីក្រ គេក៏នឹងស្រែកហៅឲ្យគេជួយ នឹងគ្មាននរណាឲ្យចម្លើយដែរ។ 14 ជំនូនដែលជូនដោយសម្ងាត់ តែងតែរំងាប់កំហឹង រីឯអំណោយដែលជូនដោយលាក់ការណ៍ ក៏ធ្វើឲ្យស្ងប់កំរោលដែរ។ 15 ការដែលប្រព្រឹត្តដោយយុត្តិធម៌ នោះជាអំណរដល់មនុស្សសុចរិត តែនោះជាសេចក្ដីវិនាសដល់មនុស្ស ដែលប្រព្រឹត្តទុច្ចរិតវិញ។ 16 មនុស្សណាដែលវង្វេងចេញពីផ្លូវនៃប្រាជ្ញា គេនឹងសម្រាកនៅក្នុងចំណោម មនុស្សស្លាប់។ 17 អ្នកណាដែលចូលចិត្តតែការលេងសើច នោះនឹងត្រូវទៅជាមនុស្សទាល់ក្រ អ្នកណាដែលចូលចិត្តតែស្រា និងប្រេង មិនអាចក្លាយជាអ្នកមានទេ។ 18 មនុស្សអាក្រក់ គឺសម្រាប់ជាថ្លៃលោះមនុស្សសុចរិត ហើយមនុស្សក្បត់ក៏សម្រាប់មនុស្សស្មោះត្រង់ដែរ។ 19 ស៊ូរស់នៅក្នុងវាលរហោស្ថាន ជាជាងរស់នៅជាមួយប្រពន្ធពូកែឈ្លោះ ហើយឆាប់ខឹង។ 20 ទ្រព្យសម្បត្តិ និងវត្ថុដ៏មានតម្លៃ ស្ថិតនៅក្នុងផ្ទះរបស់អ្នកប្រាជ្ញ ប៉ុន្តែមនុស្សល្ងីល្ងើវិញរមែងបង្ហិនទ្រព្យសម្បត្តិផង។ 21 អ្នកដែលស្វែងរកសេចក្ដីសុចរិត និងសេចក្ដីសប្បុរសតែងតែមានអាយុវែង ជួបប្រទះនឹងសេចក្ដីសុចរិត ហើយទទួលកិត្តិយស។ 22 មនុស្សមានប្រាជ្ញាអាចវាយដណ្ដើមយកបានទីក្រុងរបស់អ្នកខ្លាំងពូកែ ហើយកម្ទេចកំពែង ដែលជាទីទុកចិត្តរបស់អ្នកទាំងនោះផង។ 23 អ្នកដែលប្រយ័ត្នមាត់និងពាក្យសម្ដី នោះនឹងរក្សាពួកគេឲ្យផុតពីបញ្ហា។ 24 មនុស្សមានអំអួត និងព្រហើន តែងតែ «ចំអក» នឹងអួតពីឈ្មោះរបស់គេនឹងទង្វើអួតបំប៉ោងរបស់ខ្លួន។ 25 បំណងរបស់មនុស្សខ្ជិលរមែងធ្វើឲ្យខ្លួនស្លាប់ព្រោះគេមិនព្រមធ្វើការ។ 26 មនុស្សខ្លះគិតតែពីលោភចង់បាន ប៉ុន្តែមនុស្សសុចរិតវិញ តែងតែធ្វើទានដោយមិនគិតអ្វីសម្រាប់ខ្លួនឡើយ។ 27 ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជារបស់មនុស្សអាក្រក់ទេ ដ្បិតពួកគេយកមកថ្វាយដោយបំណងអាក្រក់។ 28 សាក្សីក្លែងក្លាយរមែងវិនាស ប៉ុន្តែអ្នកដែលដឹងរឿងច្បាស់ ទើបអាចនិយាយបាន។ 29 មនុស្សអាក្រក់រមែងមានមុខក្រាស់ ប៉ុន្តែមនុស្សស្មោះត្រង់ នៅតែរក្សាផ្លូវដ៏ត្រឹមត្រូវរបស់ពួកគេ។ 30 គ្មានប្រាជ្ញា ហើយនិងការចេះដឹងណា ឬយោបល់ណាអាចទាស់ប្រឆាំងជាមួយនឹងព្រះអម្ចាស់បានឡើយ។ 31 គេរៀបទ័ពសេះសម្រាប់ថ្ងៃប្រយុទ្ធ តែជ័យជម្នះគឺជារបស់ព្រះអម្ចាស់។
1 មានកេរ្តិ៍ឈ្មោះល្អជាជាងមានទ្រព្យសម្បត្តិស្ដុកស្ដម្ត មានគេរាប់អានច្រើនប្រសើរជាងមានមាសប្រាក់។ 2 អ្នកមាន និងអ្នកក្រ ជាមនុស្សដូចគ្នា ដ្បិតព្រះអម្ចាស់បានបង្កើតមនុស្សទាំងអស់។ 3 មនុស្សឆ្លាតឃើញគ្រោះកាចមកដល់ គេលាក់ខ្លួន មនុស្សឥតគំនិតឱនក្បាលដើរទៅមុខ ហើយត្រូវបង់ខាតធ្ងន់។ 4 មនុស្សរាបសារតែងតែគោរពកោតខ្លាចព្រះអម្ចាស់ គេនឹងទទួលទ្រព្យសម្បត្តិ កិត្តិយស និងមានអាយុវែង។ 5 នៅលើផ្លូវអំពើអាក្រក់របស់សេចក្តីកុហក មានសុទ្ធតែបន្លា និងអន្ទាក់ អ្នកណាដែលស្រឡាញ់ជីវិតតែងតែដើរជៀសឆ្ងាយពីផ្លូវទាំងនោះ។ 6 ចូរអប់រំកូនក្មេងឲ្យមានទម្លាប់ល្អ តាំងពីតូច គេនឹងរក្សាទម្លាប់នេះរហូតដល់ចាស់។ 7 អ្នកមានគ្រប់គ្រងលើអ្នកក្រ ចំណែកដែលជំពាក់គេគឺជាទាសកររបស់ម្ចាស់បំណុល។ 8 អ្នកសាបព្រោះអំពើអាក្រក់ តែងតែចូតកាត់ការលំបាក ហើយអ្វីដែលខ្លួនខំប្រមូលទុកនឹងរលាយបាត់អស់ទៅ។ 9 មនុស្សមានភ្នែកសប្បុរសតែងតែទទួលព្រះពរ ដ្បិតគេចែកអាហារដល់ជនក្រីក្រ។ 10 បំបាត់មនុស្សចំអកឡកឡឺយ ជំលោះក៏បាត់អស់ដែរ ការឈ្លោះប្រកែក និងការមើលងាយត្រួវបញ្ចាប់។ 11 អ្នកដែលស្រឡាញ់ចិត្តបរិសុទ្ធ ហើយមានពាក្យសម្ដីសុភាពរាបសារ អ្នកនោះនឹងបានគាប់ព្រះហឫទ័យស្ដេច។ 12 ព្រះនេត្រនៃព្រះអម្ចាស់តែងតែទតលើអ្នកដែលមានចំណេះដឹង តែព្រះអង្គផ្ចាញ់ផ្ចាលពាក្យសម្ដីរបស់មនុស្សពាល។ 13 មនុស្សកម្ជិលតែងពោលថា «មានសត្វសិង្ហមួយនៅតាមផ្លូវ! ខ្ញុំនឹងត្រូវស្លាប់ដោយតែវានៅទីនោះជាមិនខាន»។ 14 ពាក្យសម្ដីរបស់ស្ត្រីក្បត់ប្ដីជាអន្ទាក់មួយគួរឲ្យខ្លាច ព្រះអម្ចាស់មិនសព្វព្រះហឫទ័យ ចំពោះអ្នកដែលជាប់ក្នុងអន្ទាក់នោះ។ 15 កូនក្មេងតែងតែជំពាក់ចិត្តជាមួយភាពល្ងង់ខ្លៅ ការវាយប្រដៅនឹងនាំវាឲ្យចេញឆ្ងាយពីភាពល្ងីល្ងើនោះ។ 16 អ្នកដែលជួបទុក្ខលំបាកត្រូវគេសង្កត់សង្កិនមុខជាបានចម្រើន ឬអ្នកដែលមានទ្រព្យ នឹងត្រឡប់ទៅជាធ្លាក់ខ្លួនក្រវិញ។ 17 ចូរផ្ទៀងត្រចៀកស្ដាប់ដល់ពាក្យអ្នកដែលមានប្រាជ្ញា ចូរយកចិត្តទុកដាក់នឹងការយល់ដឹងរបស់យើង 18 ដ្បិតអ្នកនឹងសប្បាយចិត្ត ដោយចងចាំការទាំងនោះនៅក្នុងអ្នក ហើយពាក្យនៃប្រាជ្ញានោះគឺនៅក្នុងមាត់របស់អ្នកដែរ។ 19 ដូច្នេះអ្នកបានទុកចិត្តដល់ព្រះអម្ចាស់ ដែលយើងបានបង្រៀនប្រាជ្ញាទាំងនោះដល់អ្នក ។ 20 តើយើងមិនបានកត់ត្រាទុក ឲ្យអ្នកសាមសិបដងនូវឱវាទ និងចំណេះដឹង។ 21 ដើម្បីឲ្យអ្នកស្គាល់ការត្រឹមត្រូវ និងសេចក្តីពិត ហើយដូច្នេះអ្នកអាចផ្ដល់ចម្លើយដ៏ពិតប្រាកដដល់ អ្នកដែលបានចាត់អ្នកឲ្យមកឬ? 22 កុំបំពានលើមនុស្សក្រីក្រដោយសារតែគ្នាទន់ខ្សោយ ឬកុំសង្កត់សង្កិនជនក្រីក្រតាមទ្វារក្រុងឡើយ 23 ដ្បិតព្រះអម្ចាស់នឹងរកយុត្តិធម៌ឲ្យពួកគេ ហើយព្រះជាម្ចាស់នឹងដកយកជីវិតអ្នកនោះ ដែលបានធ្វើដាក់មនុស្សក្រីក្រ។ 24 កុំសេពគប់នឹងមនុស្សឆាប់ខឹង ហើយអ្នកក៏មិនគួររួមគំនិតជាមួយមនុស្សកំរោលដែរ 25 ឬអ្នកនឹងយកតម្រាប់តាមគេ ហើយនាំឲ្យជីវិតរបស់អ្នកត្រូវវិនាសទៅដែរ។ 26 កំុឲ្យអ្នកចូលដៃជាមួយមនុស្ស ដែលពូកែដាក់ចំណងនោះដែរ ឬសន្យាសងបំណុលជួសអ្នកដទៃឡើយ។ 27 បើអ្នកគ្មានអ្វីសងទេ តើមានអ្វីអាចបញ្ឈប់ការដកហូតយកគ្រែដេករបស់អ្នកទៅបាននោះ? 28 កុំដកបង្គោលព្រំចម្ការ ដែលឪពុករបស់អ្នកបានបោះទុករួចហើយ។ 29 តើអ្នកបានឃើញម្នាក់ដែលមានជំនាញការងារទេ? អ្នកនោះអាចចូលបម្រើស្ដេច គឺគេមិនស្ថិតក្នុងចំណោមមនុស្សគ្មានកេរ្តិ៍ឈ្មោះឡើយ។
1 កាលណាអ្នកអង្គុយរួមតុជាមួយអ្នកធំ ចូលសង្គេតមើលថាមានអ្វីនៅចំពោះមុខអ្នក 2 បើដឹងខ្លួនថាអ្នកជាមនុស្សល្មោភអាហារ ចូរយកកាំបិតដាក់ឲ្យចំបំពងករបស់អ្នកទៅ។ 3 កុំលោភចង់បានម្ហូបឆ្ងាញ់របស់គេ ក្រែងលោម្ហូបនោះជាគ្រឿងបញ្ឆោតអ្នក។ 4 កុំខំប្រឹងធ្វើការដើម្បីទ្រព្យសម្បត្តិពេក ត្រូវឆ្លាតដោយដឹងថាពេលណាគួរសម្រាកដែរ។ 5 តើអ្នកតាមសម្លឹងមើលតែទ្រព្យសម្បត្តិឬ? ដ្បិតប្រាក់នឹងហើរបាត់ចេញទៅ ដូចឥន្ទ្រីកំពុងហើរឡើងទៅលើមេឃដែរ។ 6 កុំរួមតុជាមួយមនុស្សដែលមានកែវភ្នែកអាក្រក់ ហើយកុំបរិភោគអាហារឆ្ងាញ់របស់គេឲ្យសោះ 7 ដ្បិតចិត្តរបស់គេមិនដូចសម្ដីរបស់គេទេ គេពោលថា «សូមអញ្ជើញពិសា!» ប៉ុន្តែ តាមពិត ចិត្តគេមិនស្មោះត្រង់ជាមួយអ្នកឡើយ។ 8 ក្រោយមក អ្នកនឹងខ្ជាក់អាហារនោះចោល ហើយពាក្យសរសើររបស់អ្នកនឹងឥតប្រយោជន៍។ 9 កុំបង្រៀនមនុស្សល្ងង់ ដ្បិតគេនឹងមិនឲ្យតម្លៃពាក្យប្រកបដោយប្រាជ្ញារបស់អ្នក។ 10 កុំដកបង្គោលព្រំចម្ការចាស់ឡើយ ហើយក៏កុំបង្ខិតចូលទៅក្នុងដីរបស់កូនកំព្រាដែរ 11 ដ្បិតព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពនឹងការពារគេ ព្រះអង្គប្រឆាំងនឹងអ្នក ដើម្បីរកយុត្តិធម៌ឲ្យគេ។ 12 ចូរយកចិត្តទុកដាក់ទទួលមកការបង្រៀន ហើយស្ដាប់ពាក្យនៃសេចក្ដីដែលចេះដឹង។ 13 កុំរុញរានឹងវាយប្រដៅកូនឡើយ ដ្បិតបើសិនអ្នកវាយវានឹងរំពាត់ ក៏វាមិនស្លាប់ដែរ។ 14 អ្នកត្រូវតែវាយគេនិងរំពាត់ អ្នកនឹងជួយការពារជីវិតគាត់ពីស្ថានឃុំព្រលឹងមនុស្សស្លាប់។ 15 កូនអើយ បើក្នុងកូនមានប្រាជ្ញា នោះយើងក៏សប្បាយចិត្តណាស់។ 16 បើកូនពោលពាក្យត្រឹមត្រូវ នោះយើងនឹងរឹតតែពេញដោយអំណរយ៉ាងខ្លាំង។ 17 កុំឲ្យចិត្តអ្នកធ្វើតាមមនុស្សបាប តែត្រូវបន្តកោតខ្លាចព្រះអម្ចាស់ រៀងរាល់ថ្ងៃវិញ។ 18 ពិតណាស់ កូននឹងមានអនាគតភ្លឺស្វាង ហើយមិនអស់សង្ឃឹមឡើយ។ 19 កូនអើយ ចូរស្ដាប់យើង នោះនឹងបានប្រាជ្ញា ហើយដឹកនាំចិត្តរបស់កូនទៅតាមផ្លូវត្រឹមត្រូវ។ 20 កុំសេពគប់នឹងមនុស្សប្រមឹក ឬមនុស្សល្មោភស៊ីឡើយ។ 21 ដ្បិតមនុស្សប្រមឹក និងមនុស្សល្មោភស៊ី នឹងធ្លាក់ខ្លួនក្រ ហើយមនុស្សខ្ជិលច្រអូសរមែងខ្វះសម្លៀកបំពាក់។ 22 ចូរស្ដាប់ឪពុករបស់អ្នក ដែលគាត់បង្កើតអ្នកមក ហើយកុំមើលងាយម្ដាយ ក្នុងកាលដែលគាត់ចាស់ជរា។ 23 ចូរស្វែងរកសេចក្ដីពិត ហើយរក្សាទុកនៅក្នុងអ្នក ចូរស្វែងរកប្រាជ្ញា ការអប់រំ ហើយនិងចំណេះដឹងចុះ។ 24 ឪពុករបស់មនុស្សសុចរិតតែងតែមានអំណរដ៏លើសលប់ ហើយមានកូនជាអ្នកប្រាជ្ញក៏សប្បាយចិត្តដល់ឪពុកដែរ។ 25 ចូរធ្វើឲ្យឪពុកម្ដាយសប្បាយចិត្ត ព្រោះតែកូន ហើយសូមឲ្យម្ដាយដែលបានបង្កើតកូនមក មានអំណរជាខ្លាំងដែរ។ 26 កូនអើយ ចូរទុកចិត្តលើយើង ហើយសូមឲ្យចិត្តកូនពិចារណាពីផ្លូវរបស់យើងចុះ។ 27 ស្រីពេស្យាប្រៀបបាននឹងរណ្ដៅដ៏ជ្រៅ ចំណែកប្រពន្ធវិញប្រៀបបាននឹងអណ្ដូងដ៏ចង្អៀត។ 28 ស្រីនោះចាំស្ទាក់នៅតាមផ្លូវ ដូចចោរស្ទាក់ចាំប្លន់ វាធ្វើឲ្យប្រុសជាច្រើនក្បត់ប្រពន្ធ។ 29 តើអ្នកណាពិបាកចិត្ត? តើអ្នកណាកើតទុក្ខព្រួយ? តើអ្នកណាទាស់ទែងគ្នា? តើអ្នកណាត្អូញត្អែរ? តើអ្នកណាត្រូវរបួសឥតហេតុ? តើអ្នកណាមានភ្នែកក្រហម? 30 គឺអ្នកវក់នឹងស្រា អ្នកដែលចូលចិត្តស្រាខ្លាំង។ 31 កុំចាប់ចិត្តនឹងស្រាដែលមានពណ៌ក្រហម ធ្វើឲ្យកែវភ្លឺថ្លា ហើយហូរចូលក្នុងបំពង់កយ៉ាងស្រួលនោះ។ 32 នៅទីបំផុត ស្រានោះធ្វើឲ្យអ្នកឈឺចាប់ដូចពស់អាសិរពិស។ 33 ភ្នែករបស់អ្នកព្រឹល មើលអ្វីៗឃើញសុទ្ធតែចម្លែកទាំងអស់ ហើយអ្នកនឹងនិយាយឥតដឹងខុសត្រូវ។ 34 អ្នកនឹងប្រៀបដូចជាមនុស្សដេកនៅកណ្ដាលសមុទ្រ និងដូចមនុស្សដេកនៅលើចុងក្ដោងសំពៅ។ 35 «គេនឹងបុកខ្ញុំ» អ្នកនឹងពោលថា៖ «បើគេវាយខ្ញុំ ក៏ខ្ញុំមិនឈឺ។ បើគេសំពងខ្ញុំ ក៏ខ្ញុំមិនដឹងខ្លួនដែរ។ តើពេលណាខ្ញុំដឹងខ្លួន? ខ្ញុំនឹងទៅរកផឹកទៀត»។
1 កុំច្រណែនជាមួយនឹងមនុស្សអាក្រក់ ហើយកុំសេពគប់ជាមួយពួកគេដែរ។ 2 ពួកគេគិតតែប្រព្រឹត្តអំពើឃោរឃៅ ហើយពោលពាក្យបង្កើតបញ្ហា។ 3 ដោយសារប្រាជ្ញា គេសង់ផ្ទះបាន ដោយសារចំណេះដឹង គេធ្វើឲ្យផ្ទះនោះរឹងមាំ។ 4 ហើយដោយសារតម្រិះ គេធ្វើឲ្យបន្ទប់មានពេញទៅដោយវត្ថុដ៏មានតម្លៃ ជាទីគាប់ចិត្ត។ 5 អ្នកប្រាជ្ញតែងតែមានកម្លាំង ហើយអ្នកចេះដឹងមានកម្លាំងកាន់តែខ្លាំងឡើង។ 6 ដ្បិតមុននឹងធ្វើសង្គ្រាម ត្រូវរិះគិតឲ្យបានដិតដល់ មានទីប្រឹក្សាច្រើននឹងនាំឲ្យមានជោគជ័យ។ 7 មនុស្សខ្លៅឈោងពុំដល់ប្រាជ្ញាទេ នៅឯទីទ្វារក្រុងគេនឹងមិនបើកមាត់និយាយឡើយ។ 8 អ្នកនោះគឺគិតតែពីធ្វើការអាក្រក់ ហើយគេនាំគ្នាហៅមនុស្សនេះទុយ៌ស។ 9 មនុស្សល្ងង់ខ្លៅគិតតែពីធ្វើអំពើបាប មនុស្សគ្រប់គ្នាស្អប់មនុស្សឡកលើយបែបនេះ។ 10 ប្រសិនបើអ្នកត្រឡប់ទៅជាខ្សោយជាមួយការភ័យខ្លាច ព្រោះកម្លាំងរបស់អ្នកទន់ខ្សោយពេក។ 11 ចូរជួយសង្គ្រោះអស់អ្នកដែលគេកាត់ទោសប្រហារជីវិត ហើយខំប្រឹងរំដោះអស់អ្នកដែលគេនាំទៅសម្លាប់ផង។ 12 ប្រសិនបើអ្នកថា «មើល៍! យើងមិនបានដឹងទេ» តើមិនមែនព្រះអង្គទេ ដែលថ្លឹងមើលចិត្ត និងជ្រាបទាំងអស់? តើមិនមែនព្រះអង្គទេដែលថែរក្សាព្រលឹងអ្នក ក៏ស្គាល់អ្នកច្បាស់? ហើយតើព្រះអង្គមិនសងដល់មនុស្សទាំងឡាយ តាមការដែលគេប្រព្រឹត្តទេឬ? 13 កូនអើយ ចូរបរិភោគទឹកឃ្មុំចុះ ដ្បិតគឺវាល្អ ហើយសំណុំឃ្មុំដែលមានឱជារស់ផ្អែមដល់មាត់កូនផងដែរ។ 14 គឺយ៉ាងនោះ ដែលកូននឹងដឹងថាប្រាជ្ញាក៏ល្អ ដល់ព្រលឹងកូនដែរ បើកូនរកប្រាជ្ញានោះឃើញ នោះគឺក្ដីសង្ឃឹមរបស់កូន ដែលនឹងមិនត្រូវកាត់បង់ឡើយ។ 15 មនុស្សអាក្រក់អើយ កុំលបចាំវាយប្រហារនឹងលំនៅ របស់មនុស្សសុចរិតឡើយ។ កុំបំផ្លាញទីស្នាក់នៅរបស់គេឲ្យសោះ! 16 ដ្បិតមនុស្សសុចរិត ទោះបើគេដួលដល់ប្រាំពីរដងក៏ដោយ គង់តែនឹងក្រោកឡើងវិញ តែមនុស្សអាក្រក់ត្រូវទម្លាក់ ទៅក្នុងសេចក្ដីអន្តរាយ។ 17 កុំឲ្យមានចិត្តរីករាយ ក្នុងកាលដែលខ្មាំងសត្រូវរបស់អ្នកដួលចុះឡើយ ក៏កុំឲ្យមានចិត្តសប្បាយ ក្នុងកាលដែលគេត្រូវទម្លាក់ទៅដែរ 18 ក្រែងព្រះអម្ចាស់ទតឃើញ ហើយការនោះមិនគាប់ដល់ព្រះហឫទ័យ រួចព្រះអង្គបង្វែរសេចក្ដីក្រោធចេញពីព្រះអង្គ។ 19 កុំក្ដៅចិត្តនឹងមនុស្សប្រព្រឹត្តអំពើអាក្រក់ ហើយក៏កុំច្រណែននឹងមនុស្សអាក្រក់ឲ្យសោះ។ 20 ដ្បិតមនុស្សអាក្រក់គ្មានអនាគតភ្លឺស្វាងទេ ហើយចង្កៀងរបស់មនុស្សអាក្រក់នឹងរលត់។ 21 កូនអើយ ចូរគោរពព្រះអម្ចាស់ និងគោរពស្ដេច កុំចូលដៃនឹងអ្នកបះបោរជាមួយ ព្រះអម្ចាស់ហើយនិងស្តេចឡើយ 22 ដ្បិតពួកគេនឹងត្រូវវិនាសយ៉ាងទាន់ហន់ ហើយគ្មាននរណាដឹងថា តើព្រះអម្ចាស់ ឬស្ដេច ការដាក់ទោសមិនបានកើតឡើងព្រះអង្គទេឬអី? 23 អ្នកប្រាជ្ញពោលទៀតថា៖ គឺថាការដែលយោគយល់ខាងអ្នកណាក្នុងរឿងក្តី នោះមិនល្អទេ។ 24 អ្នកណាដែលនិយាយឲ្យមនុស្សអាក្រក់ថា «អ្នកជាមនុស្សសុចរិត» នោះបណ្ដាជននឹងប្រទេចបណ្តាសាដល់អ្នកនោះ ហើយអស់ទាំងជនជាតិនឹងស្អប់ខ្ពើមអ្នកនោះដែរ។ 25 តែអ្នកណាដែលបន្ទោសដល់មនុស្សអាក្រក់វិញ គេនឹងពេញចិត្តចំពោះអ្នកនោះ ហើយនឹងមានពរយ៉ាងវិសេស មកស្ថិតលើអ្នកនោះដែរ។ 26 អ្នកណាដែលតបឆ្លើយ ដោយពាក្យត្រឹមត្រូវ នោះគេនឹងថើបអ្នកនោះដោយបបូរមាត់។ 27 ចូរត្រៀមខ្លួនអ្នកនៅខាងក្រៅចុះ ហើយរៀបចំសម្រាប់ខ្លួន នៅឯវាលជាមុនសិន ទើបសង់ផ្ទះឯងឡើងជាក្រោយ។ 28 កុំឲ្យធ្វើបន្ទាល់ទាស់នឹងអ្នកជិតខាង ដោយឥតហេតុឡើយ ក៏កុំឲ្យបញ្ឆោតដោយបបូរមាត់អ្នក។ 29 កុំនិយយាយដូច្នេះ៖ «យើងនឹងប្រព្រឹត្តដល់គេ ដូចជាគេបានប្រព្រឹត្តដល់យើងដែរ យើងនឹងសង់ដល់អ្នកនោះតាមការ ដែលគេបានប្រព្រឹត្តរួចហើយ»។ 30 យើងបានដើរក្បែរចម្ការ របស់មនុស្សខ្ជិលច្រអូស ហើយក្បែរដំណាំទំពាំងបាយជូរ របស់មនុស្សដែលឥតមានប្រាជ្ញា។ 31 មានបន្លាដុះគ្របពេញ ហើយដីនោះដេរដាសដោយព្រៃទ្រុបទ្រុល ឯរបងក៏រលំដែរ។ 32 នោះយើងបានរំពឹងមើល ហើយពិចារណាដោយល្អិត យើងយល់ឃើញ ហើយទទួលសេចក្ដីបង្រៀនថា។ 33 ដេកបន្តិច ងោកបន្តិច ឱបដៃសម្រាកបន្តិច 34 ហើយសេចក្ដីក្រីក្ររបស់អ្នក និងលោមកដល់ដូចជាចោរប្លន់ ព្រមទាំងសេចក្ដីខ្វះខាត ដូចជាទាហាន។
1 នេះជាសុភាសិតរបស់ព្រះបាទសាឡូម៉ូន ចម្លងឡើងដោយមន្ត្រីនៃព្រះបាទហេសេគា ជាស្ដេចយូដា។ 2 សិរីរុងរឿងរបស់ព្រះជាម្ចាស់ស្ថិតនៅលើគម្រោងការដ៏លាក់កំបាំង តែសិរីរុងរឿងរបស់ស្ដេចស្ថិតនៅលើការស្វែងរក។ 3 ផ្ទៃមេឃខ្ពស់យ៉ាងណា ផែនដីទាបយ៉ាងណា ព្រះហឫទ័យរបស់ស្ដេចក៏ដូច្នោះដែរ គ្មាននរណាអាចដឹងនោះទេ។ 4 ត្រូវបណ្តេញយកអាចម៍ប្រាក់ ហើយចេញពីដែកផង ជាងក៏អាចធ្វើគំរូសម្រាប់ឆ្លាក់ក្បាច់ប្រាក់នោះផង។ 5 បើស្ដេចចង់ពង្រឹងរាជសម្បត្តិនោះ ត្រូវតែដកមនុស្សអាក្រក់ចេញឲ្យឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គហើយកសាងអាណាចក្រដ៏ត្រឹមត្រូវ។ 6 កុំធ្វើព្រហើននៅចំពោះព្រះភ័ក្ត្រស្ដេច ហើយក៏កុំឈរនៅកន្លែងរបស់អ្នកមានតួនាទីធំទាំងនោះដែរ។ 7 អ្នកធំទាំងនោះនិយាយឲ្យអ្នកបែបនេះល្អជាង «សូមអញ្ជើញមកចុះ» ប្រសើរជាងគេបំបាក់មុខអ្នកនៅចំពោះមុខអ្នកធំ។ តើអ្នកជាសាក្សី 8 កុំប្រញាប់នាំគេឡើងតុលាការ។ ព្រោះអ្វីដែលអ្នកនឹងធ្វើចុងក្រោយ តើពេលដែលអ្នកជិតខាងបានដាក់ក្តីអាម៉ាស់ដល់អ្នកនោះ? 9 បើមានទំនាស់ជាមួយអ្នកជិតខាង ចូរជជែកគ្នារកខុសត្រូវទៅ តែកុំបង្ហើបសេចក្ដីដែលអ្នកក្រៅបានខ្សឹបប្រាប់អ្នកឡើយ 10 ឬអ្នកផ្សេងដែលបានដឹងឮពីអ្នក គេនឹងដៀលដល់អ្នក ដោយការរៀបរាប់របស់ពួកគេ ហើយអ្នកត្រូវអាម៉ាស់ផង។ 11 ពាក្យសម្ដីដែលនិយាយចំពេល គឺដូចជាផ្លែប៉ោមមាស ឆ្លាក់ភ្ជាប់នឹងក្បាច់ប្រាក់។ 12 អ្នកដែលចេះស្តីបន្ទោសដោយប្រាជ្ញា ដល់ត្រចៀកដែលព្រមស្តាប់តាម នោះធៀបដូចជាក្រវិលមាស និងគ្រឿងលម្អមាសសុទ្ធ។ 13 អ្នកនាំសារស្មោះត្រង់ ប្រៀបដូចជាត្រជាក់នៃហិមៈនៅរដូវចម្រូត ដល់អ្នកដែលបានចាត់គាត់ឲ្យទៅ ដ្បិតអ្នកនោះបាននាំជីវិតមកឲ្យចៅហ្វាយខ្លួន។ 14 អ្នកណាដែលអួត ដោយពាក្យកំភូត ពីការដែលខ្លួនឲ្យ នោះទុកដូចជាពពក និងខ្យល់ដែលឥតមានភ្លៀង ស្មើទៅនិងមិនបានឲ្យវិញ។ 15 ដោយការអត់ធ្មត់ នោះទើបនឹងបន្ទន់ចិត្តដល់អ្នកគ្រប់គ្រងបានពាក្យស្រទន់នឹងការលួងលោមអាចបំបាក់ឆ្អឹងបាន។ 16 បើអ្នករកបានទឹកឃ្មុំ កុំបរិភោគច្រើនហួស បើមិនដូច្នេះទេ អ្នកនឹងធុញ ហើយចង់ក្អួតមកវិញផង។ 17 ចូរកុំទៅផ្ទះអ្នកជិតខាងញឹកញាប់ពេក ក្រែងគេធុញទ្រាន់ ហើយពួកគេក៏អាចនឹងស្អប់អ្នកផងដែរ។ 18 អ្នកណាចោទប្រកាន់អ្នកដទៃទាំងបំពាន អ្នកនោះប្រៀបដូចជាវាយគេនឹងព្រនង់ កាប់គេនឹងដាវ ឬបាញ់គេនឹងព្រួញមុតស្រួច។ 19 នៅពេលមានគ្រាអាសន្ន ទុកចិត្តលើមនុស្សក្បត់ ប្រៀបដូចជាបរិភោគអាហារនៅពេលធ្មេញរង្គើ ឬឈរលើជើងកំបាក់។ 20 អ្នកណាដែលច្រៀងចម្រៀង ឲ្យមនុស្សកើតទុក្ខបានស្តាប់ នោះដូចអ្នកដែលបានដោះអាវនៅរដូវរងា ឬដូចជាចាក់ទឹកខ្មេះទៅលើមុខរបួសដែរ។ 21 បើសត្រូវឯងឃ្លាន ចូរឲ្យវាស៊ីចុះ បើវាស្រេក ត្រូវឲ្យវាផឹកផង។ 22 ដ្បិតយ៉ាងនោះនឹងបានដូចជាបង្គររងើកភ្លើងនៅលើក្បាលវា ហើយព្រះអម្ចាស់នឹងប្រទានរង្វាន់ដល់អ្នកផង។ 23 ខ្យល់ខាងជើងរមែងនាំភ្លៀងមក ហើយអណ្ដាតដែលនិយាយដើមគេ ក៏នាំឲ្យគេមានមុខមួម៉ៅដូច្នោះដែរ។ 24 ស៊ូនៅក្នុងទីកៀនមួយនៅលើដំបូលផ្ទះ ជាជាងនៅក្នុងផ្ទះធំទូលាយជាមួយស្ត្រី ដែលចេះតែរករឿង។ 25 ទឹកបានត្រជាក់ដល់ព្រលឹងមនុស្ស ល្វឹងល្វើយជាយ៉ាងណាដំណឹងល្អដែលមកពីស្រុកឆ្ងាយ ក៏យ៉ាងនោះដែរ។ 26 មនុស្សសុចរិតដែលចុះចាញ់ ចំពោះមនុស្សអាក្រក់ នោះធៀបដូចជារន្ធទឹកល្អក់ ក៏ដូចជាក្បាលទឹកដែលខូចហើយដែរ។ 27 បើបរិភោគទឹកឃ្មុំច្រើនពេក នោះមិនល្អទេ ហើយបើស្វែងរកកិត្តិសព្ទដល់ខ្លួន នោះក៏ជាបន្ទុកយ៉ាងធ្ងន់ដែរ។ 28 បើអ្នកណាដែលមិនចេះគ្រប់គ្រង លើចិត្តរបស់ខ្លួន នោះធៀបដូចជាទីក្រុងដែលរលំ ហើយឥតមានកំផែង។
1 លើកមនុស្សខ្លៅមិនគួរផ្តល់កិត្តិយសទេ គឺប្រៀបដូចជាមេឃធ្លាក់ព្រឹល នៅរដូវក្ដៅ និងដូចភ្លៀងនៅរដូវចម្រូត។ 2 ការដែលចាបហើរទៅបាត់ ហើយសត្វត្រចៀកកាំចេះតែហើរទៅដូច្នេះការដាក់បណ្ដាសាដោយឥតហេតុផល គ្មានបានការអ្វីទេ។ 3 មានត្មោងសម្រាប់សេះ មានបង្ហៀរសម្រាប់លា ហើយរំពាត់ក៏សម្រាប់ខ្នងមនុស្សល្ងីល្ងើដែរ។ 4 កុំឲ្យឆ្លើយតបនឹងមនុស្សល្ងីល្ងើតាមសេចក្ដីចម្កួតរបស់គេឡើយ ឬមួយអ្នកនឹងអាចដូចជាពួកគេដែរ។ 5 ចូរឆ្លើយតបនឹងមនុស្សល្ងីល្ងើ ឲ្យចំនឹងសេចក្ដីចម្កួតរបស់គេទៅ ដូច្នេះគេនឹងមិនគិតថាខ្លួនមានប្រាជ្ញា ដូចគេធ្លាប់គិតមកនោះទេ។ 6 អ្នកណាដែលបានផ្ញើដំណឹងតាមមនុស្សល្ងង់ គឺដូចជាកាប់ផ្តាច់ជើងរបស់ខ្លួន ហើយត្រូវមិនស្កប់ចិត្តដែរ។ 7 សុភាសិតដែលចេញពីមាត់មនុស្សខ្លៅ ពុំមានខ្លឹមសារអ្វីទេ គឺដូចជើងរបស់អ្នកពិការ ដែលប្រើការមិនកើត។ 8 លើកតម្កើងមនុស្សខ្លៅ ប្រៀបដូចជាយកគ្រាប់ក្រួសមកចងនឹងដង្ហក់។ 9 សុភាសិតចេញពីមាត់មនុស្សខ្លៅ ប្រៀបដូចជាបន្លាដែលមនុស្សប្រមឹកកាន់នៅក្នុងដៃ។ 10 ចៅហ្វាយណាជួលមនុស្សខ្លៅ ឬមនុស្សដែលមិនធ្លាប់ស្គាល់ឲ្យមកធ្វើការ តែងតែធ្វើឲ្យគេអំពល់ទុក្ខគ្រប់គ្នា។ 11 មនុស្សល្ងង់មិនចោលក្បួនរបស់ខ្លួនទេ គឺដូចឆ្កែដែលតែងតែត្រឡប់មកស៊ីកំអួតរបស់វាដែរ។ 12 តើអ្នកឃើញនរណាម្នាក់ អួតខ្លួនថាជាមនុស្សមានប្រាជ្ញាតាមការយល់របស់គេទេ? អ្នកល្ងង់អាចមានសង្ឃឹមជាងអ្នកអំនួតនោះទៀត។ 13 មនុស្សកម្ជិលនិយាយថា «មានសិង្ហមួយនៅលើផ្លូវ! ហើយមានសិង្ហមួយនៅតាមទីវាល!» 14 ទ្វារតែងតែវិលជាប់នឹងត្រចៀកទ្វារ ចំណែកមនុស្សកម្ជិលនៅដេកជាប់នឹងគ្រែជានិច្ច។ 15 មនុស្សខ្ជិលច្រអូសលូកដៃក្នុងចាន តែពុំយកម្ហូបមកដាក់ក្នុងមាត់ទេ ដោយនិយាយថាអត់កម្លាំង។ 16 មនុស្សខ្ជិលនឹកស្មានថាខ្លួនមានប្រាជ្ញា លើសមនុស្សប្រាំពីរនាក់ ដែលមានពេញដោយចំណេះ។ 17 អ្នកណាដែលកំពុងតែដើរតាមផ្លូវ ព្រមទុកឲ្យខ្លួនក្តៅក្រហាយ ដោយការឈ្លោះប្រកែករបស់អ្នកដទៃ នោះធៀបដូចជាមនុស្សដែលចាប់ត្រចៀកឆ្កែ។ 18 ដូចជាមនុស្សឆ្កួត ដែលបាញ់ព្រួញកំពុងឆេះ 19 គឺជាមនុស្សដែលបញ្ឆោតអ្នកជិតខាងរបស់ខ្លួន ដោយនិយាយថា «ខ្ញុំគ្រាន់តែធ្វើលេងទេតើ?» 20 ទីណាដែលខ្វះឧស ភ្លើងក៏រលត់ ហើយទីណាដែលគ្មានអ្នកនិយាយដើម ក៏គ្មានការទាស់ទែងគ្នាដែរ។ 21 មនុស្សដែលចេះតែរករឿង គឺអុចអាលឲ្យមានទាស់ទែងគ្នា ដូចជាដាក់ធ្យូងនៅលើរងើកភ្លើង ហើយដូចជាដាក់ឧសនៅលើភ្លើងដែរ។ 22 ពាក្យសម្ដីរបស់អ្នកនិយាយដើម ធៀបដូចជាចំណីដែលឆ្ងាញ់ បានចូលទៅក្នុងពោះរបស់មនុស្ស។ 23 សម្ដីផ្អែមល្ហែម តែចិត្តអាក្រក់ ធៀបដូចជាភាជនៈដីស្រោបដោយអាចម៍ប្រាក់។ 24 អ្នកណាដែលស្អប់គេ នោះរមែងក្លែងពាក្យដោយបបូរមាត់ នោះក៏ប្រមូលទុកសេចក្ដីបញ្ឆោតនៅក្នុងចិត្តដែរ។ 25 កាលណាអ្នកនោះពោលពាក្យល្អ នោះកុំឲ្យជឿឲ្យសោះ ដ្បិតនៅក្នុងចិត្តគេមានសេចក្ដីគួរស្អប់ខ្ពើមប្រាំពីរមុខ។ 26 ការសម្អប់របស់គេបានគ្របបាំង ដោយពុតមាយាក៏ដោយ តែអាក្រក់របស់គេ នឹងសម្ដែងចេញឲ្យច្បាស់ នៅចំពោះមនុស្សទូទៅ។ 27 អ្នកណាជីករណ្ដៅ អ្នកនោះនឹងត្រូវធ្លាក់ក្នុងរណ្ដៅ ហើយអ្នកណាប្រមៀលថ្ម អ្នកនោះនឹងត្រូវថ្មរមៀលកិនវិញ។ 28 អណ្ដាតភូតភរ នោះរមែងស្អប់ដល់ពួកអ្នក ដែលវាបានធ្វើទុក្ខនោះ ហើយមាត់បញ្ចើចតែងតែបណ្ដាលឲ្យវិនាស។
1 កុំឲ្យអួតពីថ្ងៃស្អែកឡើយ ដ្បិតអ្នកនឹងមិនដឹងថានឹងមានអ្វីកើតឡើងនោះទេ។ 2 សូមឲ្យអ្នកដទៃសរសើរអ្នកវិញ តែមិនមែនចេញពីមាត់អ្នកនោះទេ គឺអ្នកដែលមិនស្គាល់គ្នាប្រសើរជាង ពីមាត់របស់អ្នក។ 3 សូមគិតថា ថ្មក៏ធ្ងន់ ហើយដីខ្សាច់ក៏ធ្ងន់ដែរ ប៉ុន្តែ កំហឹងរបស់មនុស្សល្ងីល្ងើរឹតតែធ្ងន់លើសនេះទៅទៀត។ 4 កំរោលរបស់មនុស្សឃោរឃៅណាស់ ហើយកំហឹងរបស់មនុស្សប្រៀបបាននឹងទឹកជន់បាក់ទំនប់ តែចិត្តប្រច័ណ្ឌតើអ្នកណាអាចទ្រាំបាន? 5 ជាល្អបើមានការស្តីបន្ទោសដោយបើកចំហរ ជាងលាក់បាំងដោយស្រឡាញ់។ 6 ការធ្វើឲ្យឈឺដោយស្មោះត្រង់ ពីមិត្តគឺមិនអីទេ តែសត្រូវអ្នកនឹងថើបអ្នក ជាមួយនឹងការបោកប្រាស់វិញ។ 7 អ្នកឆ្អែតឃើញសំបុកទឹកឃ្មុំក៏មិនចង់បរិភោគដែរ ប៉ុន្តែអ្នកឃ្លាន ទោះជាអាហារដែលល្វីងជូរចត់ក៏ផ្អែមដែរ។ 8 ដូចមនុស្សដែលវង្វេងឆ្ងាយពីស្រុកកំណើត ប្រៀបដូចជាសត្វចាបហើរវង្វេងសំបុករបស់វាដែរ។ 9 ប្រេងលាប និងទឹកអប់ តែងធ្វើឲ្យចិត្តរីករាយ តែភាពផ្អែមល្អែមមិត្តសម្លាញ់រឹតតែប្រសើរលើសជាងនោះទៅទៀត។ 10 កុំឲ្យបោះបង់ចោលមិត្តភក្តិរបស់ខ្លួន និងមិត្តភក្តិរបស់ឪពុកឡើយ ក៏កុំចាំតែរត់ទៅផ្ទះរបស់បងប្អូនក្នុងគ្រា ដែលអ្នកមានទុក្ខព្រួយ។ អ្នកជិតខាងនោះវិសេស ជាងបងប្អូនដែលនៅឆ្ងាយបងប្អូនដែលនៅឆ្ងាយទៅទៀត។ 11 កូនអើយ ចូរមានប្រាជ្ញាឡើង ហើយយើងនឹងសប្បាយចិត្ត ដើម្បីឲ្យយើងអាចនឹងអួតពីកូន នៅចំពោះអស់អ្នកដែលបានចំអកមកលើយើង។ 12 កាលមនុស្សឆ្លាតឃើញគ្រោះកាចមកដល់ គេលាក់ខ្លួន ប៉ុន្តែមនុស្សឥតគំនិតឱនក្បាលដើរទៅមុខ និងរងទុក្ខដោយសារតែវា។ 13 បើមានគេមកធានាសងបំណុលជំនួសនរណាម្នាក់ ចូរទារយកអាវធំរបស់គេទុកជារបស់បញ្ចាំ ព្រោះគេបានធានាមនុស្សដែលអ្នកមិនស្គាល់។ 14 បើមាននរណាម្នាក់ស្រែកឲ្យពរអ្នកជិតខាងរបស់ខ្លួន តាំងពីព្រឹកព្រលឹមដោយសម្លេងខ្លាំងៗ គេចាត់ទុកការធ្វើបែបនេះជាបណ្ដាសាទៅវិញ! 15 ស្ត្រីពូកែឈ្លោះប្រៀបបាននឹងទទឹក ដែលបង្ហូរមិនចេះឈប់ នៅថ្ងៃមានភ្លៀង។ 16 នរណាចង់ឃាត់នាង ក៏ដូចជាចង់ឃាត់ខ្យល់ ឬចង់យកដៃចាប់ប្រេងដែរ។ 17 ដែករមែងសំលៀងដែកយ៉ាងណា មនុស្សក៏សំលៀងគ្នាទៅវិញទៅមកយ៉ាងនោះដែរ។ 18 អ្នកថែដើមឧទុម្ពរនឹងបានបរិភោគផ្លែ ហើយអ្នកណាដែលការពារចៅហ្វាយខ្លួន នឹងទទួលបានការសរសើរ។ 19 ទឹកគឺអាចឆ្លុះមើលមុខរបស់មនុស្សបាន ដូច្នេះចិត្តរបស់មនុស្សគឺត្រូវយកមនុស្សទៅពិនិត្យដែរ។ 20 ស្ថានមនុស្សស្លាប់ និងរណ្ដៅមច្ចុរាជ គឺមិនដែលចេះស្កប់ចិត្ត ភ្នែកបស់មនុស្សក៏មិនចេះស្កប់ដែរ។ 21 គេអាចស្គាល់តម្លៃមាស និងប្រាក់ ដោយដុតក្នុងភ្លើង ហើយមនុស្សវិញ គេអាចស្គាល់តម្លៃដោយសារកេរ្តិ៍ឈ្មោះ។ 22 ទោះបីដាក់មនុស្សខ្លៅនៅក្នុងត្បាល់ ហើយយកអង្រែមកបុកដូចគេបុកអង្ករក៏ដោយ ក៏គេពុំអាចយកភាពខ្លៅចេញពីអ្នកនោះបានដែរ។ 23 ចូរស្គាល់ចៀមនីមួយៗរបស់អ្នកឲ្យបានច្បាស់ ចូរថែទាំហ្វូងសត្វរបស់អ្នកឲ្យបានដិតដល់ 24 ទ្រព្យសម្បត្តិមិនស្ថិតស្ថេរគង់វង្ស។ តើមរតកអាចនៅស្ថិតស្ថេរ សម្រាប់មនុស្សគ្រប់ជំនាន់ដែរឬទេ? 25 ចូរកាត់ស្មៅនៅក្នុងចម្ការ ទុកជាចំណីសម្រាប់សត្វ ពេលស្មៅថ្មីកំពុងដុះ ត្រូវទៅប្រមូលស្មៅសម្រាប់ចៀម។ 26 អ្នកអាចមានសម្លៀកបំពាក់ ដោយសាររោមចៀមរបស់អ្នក ហើយចៀមធ្វើឲ្យចំការមានតម្លៃផងដែរ។ 27 ចូរយកទឹកដោះរបស់ពពែ ធ្វើជាអាហារចិញ្ចឹមជីវិតអ្នក និងគ្រួសាររបស់អ្នក ព្រមទាំងស្រីបម្រើរបស់អ្នកផងដែរ។
1 មនុស្សអាក្រក់នឹងរត់ បើទោះជាមិនមានអ្នកដេញពីក្រោយក៏ដោយ តែមនុស្សសុចរិតវិញនិងក្លាហានឈរដូចសិង្ហ។ 2 ពេលណាមានការរំជើបរំជួលកើតឡើងក្នុងទឹកដី នឹងមានមេដឹកនាំជាច្រើនដែរ ប៉ុន្តែ មានមនុស្សឈ្លាសវៃ ហើយចេះដឹង គេនឹងនៅទីនោះសម្រាប់ពេលវែងឆ្ងាយ។ 3 អ្នកក្រដែលជួបទុក្ខលំបាក នឹងត្រូវអ្នកក្រផ្សេងទៀតវាយធ្វើបាបហើយបោះចោលមិនឲ្យអាហារ។ 4 អ្នកណាដែលបោះបង់ច្បាប់នឹងសរសើរមនុស្សអាក្រក់វិញ តែបើអ្នកដែលរក្សាច្បាប់ពិតនឹងទាស់ជាមួយមនុស្សអាក្រក់។ 5 មនុស្សអាក្រក់នឹងមិនស្គាល់យុត្តិធម៌ឡើយ ប៉ុន្តែអ្នកណាដែលកោតក្លាចព្រះអម្ចាស់នឹងអាចយល់គ្រប់រឿង។ 6 ជាការប្រសើរបើអ្នកក្រដើរក្នុងផ្លូវត្រឹមត្រូវ ហើយអ្នកមានដែលដើរក្នុងផ្លូវថោកទាបរបស់គេ។ 7 អ្នកដែលរក្សាច្បាប់ គឺជាកូនដែលមានចំណេះដឹង តែអ្នកដែលមិនរក្សាច្បាប់ហើយធ្វើតាមតែចិត្ត នោះនឹងនាំសេចក្តីអាម៉ាស់ដល់ឪពុករបស់ខ្លួនវិញ។ 8 អ្នកណាប្រមូលទ្រព្យសម្បត្តិ ដោយចងការប្រាក់ហួសកម្រិត ធនធានរបស់អ្នកនោះនឹងធ្លាក់ទៅក្នុងដៃរបស់មនុស្ស ដែលមានចិត្តមេត្តាចំពោះជនក្រីក្រ។ 9 បើមាននរណាម្នាក់បែរត្រចៀកចេញ ពីការឭក្រឹត្យវិន័យ ទោះពាក្្យអធិស្ឋានរបស់គេក៏មិនស្ថិតស្ថេរដែរ។ 10 អ្នកណានាំមនុស្សទៀងត្រង់ឲ្យដើរតាមផ្លូវអាក្រក់ អ្នកនោះនឹងធ្លាក់ក្នុងរណ្ដៅដែលខ្លួនបានជីក រីឯអ្នកដែលគ្មានកំហុស នឹងទទួលបានមរតកដ៏ប្រសើរ។ 11 អ្នកមានទ្រព្យរមែងស្មានថាខ្លួនមានប្រាជ្ញា តែអ្នកក្រដែលឈ្លាសវៃ អាចផ្ចាញ់អ្នកមាននោះបាន។ 12 កាលណាមនុស្សសុចរិតឡើងកាន់អំណាច ប្រជាជនទាំងអស់នឹងមានកិត្តិយស ប៉ុន្តែ ពេលមនុស្សទុច្ចរិតឈ្នះគេនឹងរត់ពួនគ្រប់ៗគ្នា។ 13 អ្នកណាលាក់កំហុសរបស់ខ្លួន អ្នកនោះពុំអាចចម្រើនឡើងបានឡើយ រីឯអ្នកដែលសារភាពកំហុស ហើយឈប់ប្រព្រឹត្តអាក្រក់ទៀតនោះ ព្រះជាម្ចាស់នឹងអាណិតមេត្តា។ 14 អ្នកណាប្រយ័ត្នខ្លួន មិនប្រព្រឹត្តអំពើអាក្រក់ អ្នកនោះមានសុភមង្គលហើយ រីឯអ្នកកាន់ចិត្តរឹងរូសមុខជាជួបនឹងទុក្ខលំបាក។ 15 មនុស្សអាក្រក់គ្រប់គ្រងលើប្រជាជនក្រីក្រ ដូចនឹងសិង្ហរោទ៍ ឬដូចខ្លាឃ្មុំប្រុងសង្គ្រប់។ 16 អ្នកដឹកនាំស្រុកដែលគ្មានប្រាជ្ញា តែងតែសង្កត់សង្កិនប្រជារាស្ត្រកាន់តែខ្លាំងឡើងៗ ប៉ុន្តែអ្នកមិនចូលចិត្តនឹងទ្រព្យដែលរកបានដោយអយុត្តិធម៌ មុខជាមានអាយុវែង។ 17 មនុស្សដែលមានទោស ជាអ្នកកម្ចាយឈាមគេ នោះនឹងរត់ចុះទៅក្នុងរណ្តៅ កុំឲ្យអ្នកណាឃាត់វាឡើយ។ 18 អ្នកដែលដើរតាមផ្លូវទៀងត្រង់រមែងបានសុខសាន្ត ប៉ុន្តែអ្នកដែលដើរតាមផ្លូវវៀចវេរ មុខជាធ្លាក់ទៅក្នុងផ្លូវនោះមិនខាន។ 19 អ្នកណាដែលធ្វើស្រែខ្លួន នោះនឹងបានអាហារជាបរិបូរ តែអ្នកណាដែលជាប់តាមមនុស្សឥតប្រយោជន៍ នោះនឹងបានការក្រក្រីវិញ។ 20 មនុស្សស្មោះត្រង់នឹងបានពរច្រើន តែអ្នកណាដែលប្រញាប់ប្រញាល់ ឲ្យបានជាអ្នកមាន នោះនឹងមិនរួចចាកពីទោសឡើយ។ 21 មិនត្រូវកាត់ក្ដីដោយរើសមុខឡើយ ក៏ប៉ុន្តែ មានចៅក្រមខ្លះកាត់ក្ដីដោយអយុត្តិធម៌ ដើម្បីដូរអាហារ។ 22 មនុស្សលោភលន់គិតតែពីខំប្រឹងស្វែងរកទ្រព្យសម្បត្តិ ដោយឥតដឹងថា ភាពក្រីក្រកំពុងមករកគេទេ។ 23 អ្នកណាដែលស្ដីបន្ទោសនរណាម្នាក់ ថ្ងៃក្រោយ អ្នកនោះនឹងដឹងគុណដល់គាត់ លើសជាងអ្នកដែលប្រើអណ្តាតនិយាយបញ្ជោរ។ 24 អ្នកណាលួចទ្រព្យឪពុកម្ដាយ ដោយគិតថា «គ្មានបាបទេ» អ្នកនោះមិនខុសពីចោរប្លន់ឡើយ។ 25 អ្នកមានចិត្តលោភលន់រមែងបង្ករជំលោះ តែអ្នកដែលទុកចិត្តលើព្រះអម្ចាស់ តែងតែបានចម្រើនឡើង។ 26 អ្នកណាទុកចិត្តលើខ្លួនឯង អ្នកនោះជាមនុស្សល្ងង់ខ្លៅ តែអ្នកដែលដើរដោយប្រាជ្ញា នឹងរក្សាខ្លួនពីគ្រោះថ្នាក់។ 27 អ្នកណាចែកទានដល់ជនក្រីក្រ នឹងមិនខ្វះខាតអ្វីឡើយ តែអ្នកដែលមិនរវល់នឹងអ្នកក្រ តែងតែទទួលបណ្ដាសាជាច្រើន។ 28 ពេលមនុស្សអាក្រក់ឈរឡើង មនុស្សនឹងរត់ពួនគ្រប់ៗគ្នា ប៉ុន្តែ ពេលពួកនោះវិនាស មនុស្សសុចរិតនឹងកើនចំនួនឡើង។
1 មនុស្សម្នាក់ដែលបានទទួលការស្តីបន្ទោស តែបើអ្នកនោះនៅតែរឹងរូសនឹងធ្វើឲ្យបាក់ក ហើយពិបាកនឹងព្យាបាលណាស់។ 2 កាលណាមានមនុស្សសុចរិតច្រើនគ្រប់គ្រងស្រុក ប្រជារាស្ត្ររមែងមានអំណរ ប៉ុន្តែបើមនុស្សអាក្រក់កាន់កាប់អំណាចវិញ ប្រជារាស្ត្រនឹងស្រែកថ្ងូរ។ 3 អ្នកដែលស្រឡាញ់ប្រាជ្ញាតែងតែធ្វើឲ្យឪពុកសប្បាយចិត្ត តែអ្នកដែលសេពគប់ជាមួយស្រីពេស្យារមែងបង្ហិនទ្រព្យសម្បត្តិ។ 4 ស្ដេចប្រកបដោយយុត្តិធម៌តែងតែធ្វើឲ្យទឹកដីបានចម្រើន តែស្ដេចដែលមានចិត្តអាក្រក់ រមែងធ្វើឲ្យទឹកដីហិនហោច។ 5 អ្នកណាបញ្ជោរអ្នកជិតខាង អ្នកនោះដូចជាដាក់អន្ទាក់ជើងខ្លួនឯង។ 6 មនុស្សអាក្រក់រមែងធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន ប៉ុន្តែមនុស្សសុចរិតតែងតែមានអំណរសប្បាយ។ 7 មនុស្សសុចរិតតែងតែយល់ពីបញ្ហារបស់ជនក្រីក្រ ប៉ុន្តែមនុស្សអាក្រក់ មិនយល់ពីបញ្ហាទាំងនោះទេ។ 8 មនុស្សចំអកឡកឡឺយរមែងបង្កឲ្យមានភ្លើងឆេះពេញទីក្រុង តែមនុស្សមានប្រាជ្ញា តែងតែធ្វើឲ្យចលាចលនោះស្ងប់ទៅវិញ។ 9 ពេលមនុស្សមានប្រាជ្ញាទាស់គ្នា ជាមួយមនុស្សល្ងង់ខ្លៅ គាត់ខឹង ឬសើចក្ដី ហើយគាត់មិនបានស្ងប់ចិត្តទេ។ 10 ពួកឃាតករមែងស្អប់មនុស្សទៀងត្រង់ តែមនុស្សសុចរិតតែងតែចូលចិត្តមនុស្សទៀងត្រង់នោះវិញ។ 11 មនុស្សល្ងង់ខ្លៅរមែងបញ្ចេញកំហឹងរបស់ខ្លួនឲ្យគេឃើញ ប៉ុន្តែ មនុស្សមានប្រាជ្ញាតែងតែចេះទប់ចិត្ត។ 12 កាលណាចៅហ្វាយចូលចិត្តស្ដាប់ពាក្យភូតភរ កូនចៅនឹងក្លាយទៅជាមនុស្សអាក្រក់ជាងដើម។ 13 អ្នកក្រីក្រហើយនិងមនុស្សរងទុក្ខលំបាក គឺដូចគ្នា ព្រះអម្ចាស់បានបើកភ្នែកមនុស្សទាំងពីរនោះភ្លឺឡើង។ 14 ប្រសិនបើស្តេចនឹងកាត់ទោសដល់ពួកអ្នកក្រដោយផ្អែកលើសេចក្តីពិត នោះបល្ល័ង្កព្រះអង្គនឹងស្ថិតនៅជារៀងរហូត។ 15 រំពាត់ហើយនិងការបង្រៀនដោយប្រាជ្ញា តែកូនដែលមិនព្រមទទួលការប្រដៅពីម្តាយ នឹងធ្វើឲ្យមានអាម៉ាស់។ 16 ពេលមនុស្សអាក្រក់នៅក្នុងអំណាច អំពើអាក្រក់នោះកាន់តែរីកចម្រើន ប៉ុន្តែមនុស្សសុចរិតនឹងឃើញការដួលចុះរបស់មនុស្សអាក្រក់ដែរ។ 17 សូមបង្រៀនកូនអ្នកនោះអ្នកនឹងបានសម្រាក ពួកគេនឹងនាំភាពរីករាយមកកាន់ជីវិតរបស់អ្នក។ 18 កន្លែងណាដែលគ្មានការថ្លែងពីនិមិត្តទេ នោះមនុស្សនឹងវង្វេងទៅគ្រប់ទីកន្លែង ប៉ុន្តែអ្នកណាដែលរក្សាក្រឹត្យវិន័យនោះនឹងបានពរវិញ។ 19 ទាសករគឺមិនអាចកែតម្រូវដោយពាក្យ ដ្បិតទោះបីជាគេយល់ក៏ដោយនៅតែមិនបានចម្លើយនោះទេ។ 20 តើបើឃើញអ្នកម្នាក់ដែលមានពាក្យមិនល្អ? បើអញ្ចឹងមែនមនុស្សអាក្រក់គឺប្រសើរជាងអ្នកនោះទៅទៀត។ 21 បើអ្នកណាទំរើសអ្នកបម្រើរបស់ខ្លួនតាំងពីក្មេង ចុងក្រោយអ្នកនឹងរកឃើញថាមានបញ្ហាច្រើន។ 22 មនុស្សឆាប់ខឹងរមែងបង្កជំលោះ ហើយអ្នកដែលចិត្តកំរោលជាចៅហ្វាយ រមែងប្រព្រឹត្តអំពើបាបច្រើន។ 23 អំនួតរបស់មនុស្សនាំឲ្យគាត់បាក់មុខ ប៉ុន្តែអ្នកណាដែលបន្ទាបខ្លួនខាងឯវិញ្ញាណនឹងបានទទួលការលើកតម្កើង។ 24 អស់អ្នកណាដែលរួមស្អប់ទៅលើជីវិតរបស់ខ្លួនឯងវិញ នឹងមិនស្តាប់ឮអ្វី ក៏មិននិយាយអ្វីដែរ។ 25 ការខ្លាចដល់មនុស្សគឺនឹងត្រូវជាប់អន្ទាក់ ប៉ុន្តែអ្នកណាដែលបានទុកចិត្តលើព្រះអម្ចាស់នឹងបានទទួលការជួយគាំទ្រវិញ។ 26 មនុស្សជាច្រើនតែងស្វែងរកមុខអ្នកគ្រប់គ្រង ប៉ុន្តែព្រះអម្ចាស់វិញនឹងទទួលក្តីយុត្តិធម៌សម្រាប់មនុស្សវិញ។ 27 មនុស្សទុច្ចរិតគឺ មិនចូលចិត្តមនុស្សសុចរិតនោះទេ ប៉ុន្តែហើយអ្នកណាដែលប្រព្រឹត្តដោយទៀងត្រង់ នោះក៏ជាទីស្អប់ខ្ពើមដល់មនុស្សអាក្រក់ដែរ។
1 នេះជាពាក្យទូន្មានរបស់លោកអេគើរ ជាកូនរបស់លោកយ៉ាកេ គឺសេចក្ដីដែលលោកថ្លែងទៅកាន់លោកអ៊ីធាល និងលោកយូកាល។ 2 ជាការពិត ខ្ញុំជាមនុស្សល្ងង់ជាងគេទាំងអស់ ខ្ញុំគ្មានតម្រិះខាងលោកីយ៍នេះទេ។ 3 ខ្ញុំមិនបានរៀនអំពីប្រាជ្ញាទេ តែខ្ញុំស្គាល់ចំណេះដឹង អំពីព្រះជាម្ចាស់ដ៏វិសុទ្ធ។ 4 តើអ្នកណាបានឡើងទៅឯស្ថានសួគ៌ រួចត្រឡប់ចុះមកវិញ? តើអ្នកណាបានកើបប្រមូលខ្យល់ក្តាប់នៅដៃអាវ? តើអ្នកណាបានដកក្របួចអស់ទាំងទឹក នៅក្នុងថ្នក់អាវរបស់ខ្លួនបាន? តើអ្នកណាបានប្រតិស្ឋានចុងផែនដីទាំងប៉ុន្មាន? តើព្រះអង្គនោះមានព្រះនាមជាអ្វី? ហើយព្រះរាជបុត្រារបស់ព្រះអង្គ តើមានព្រះនាមជាអ្វី? ពិតណាស់អ្នកនឹងដឹង! 5 គ្រប់ទាំងព្រះបន្ទូលអាចទុកចិត្តបាន ព្រះជាម្ចាស់ជាខែលការពារអស់អ្នកណា ដែលនៅក្រោមព្រះគុណរបស់ព្រះអង្គ។ 6 កុុំឲ្យថែមអ្វីទៅលើព្រះបន្ទូលព្រះអង្គឡើយ ព្រោះព្រះជាម្ចាស់នឹងទូទាត់ជាមួយអ្នក ហើយអ្នកនឹងមានឈ្មោះថាអ្នកកុហកផងដែរ។ 7 ព្រះអម្ចាស់អើយ! ទូលបង្គំទូលសូមការពីរ នឹងសម្រេចឲ្យនោះផង មុនពេលទូលបង្គំស្លាប់ 8 សូមដកការឥតប្រយោជន៍និងការកុហកពីទូលបង្គំ។ សូមកុំឲ្យទូលបង្គំក្រពេក ឬក៏មានពេកដែរ គឺសូមប្រទានឲ្យទូលបង្គំមានអាហារគ្រប់គ្រាន់បានហើយ។ 9 ដ្បិតទូលបង្គំមានទ្រព្យច្រើនពេក ទូលបង្គំចេញឆ្ងាយពីព្រះអង្គ ដោយពោលថា«តើព្រះអម្ចាស់ជានរណា?» ឬបើទូលបង្គំក្រពេក ទូលបង្គំបែរជាលួចគេ ហើយបង្អាប់ព្រះនាមព្រះជាម្ចាស់។ 10 កុំមួលបង្កាច់អ្នកបម្រើនៅចំពោះចៅហ្វាយឡើយ បើមិនដូច្នេះអ្នកបម្រើនោះដាក់បណ្ដាសាអ្នក ហើយអ្នកត្រូវទទួលទោស។ 11 មនុស្សជំនាន់ខ្លះដាក់បណ្ដាសាឪពុក ហើយមិនដែលដឹងគុណម្ដាយដែរ។ 12 មានមនុស្សខ្លះស្មានថា ខ្លួនជាមនុស្សបរិសុទ្ធ ក៏ប៉ុន្តែ គេមិនដែលជម្រះអំពើសៅហ្មងចេញពីខ្លួនឡើយ។ 13 មានមនុស្សជំនាន់ខ្លះ ភ្នែករបស់ពួកគេមើលទៅកាន់ទីខ្ពស់ ហើយមើលងាយអ្នកដទៃដោយប្រើក្រខ្សែភ្នែកធំៗ! 14 មានមនុស្សខ្លះមានធ្មេញមុតដូចដាវ ថ្គាមដូចកាំបិត គេប្រុងតែត្របាក់លេបមនុស្សក្រីក្រឲ្យវិនាសសូន្យពីផែនដី ហើយលុបបំបាត់មនុស្សមានទុក្ខលំបាកឲ្យអស់ពីចំណោមមនុស្សលោក។ 15 ឈ្លើងមានកូនញីពីរ ពួកវាស្រែកថា «សូមឲ្យហើយ សូមឲ្យ» មានការបីមុខ ដែលមិនចេះស្កប់ចិត្ត ក៏មានទីបួនផង គឺមិនដែលនិយាយថា៖ «ល្មមហើយ» 16 គឺស្ថានមច្ចុរាជ ស្ត្រីដែលអារ ទឹកដីដែលមិនចេះស្កប់ជាមួយនឹងទឹក ហើយភ្លើងដែលឆេះមិនចេះអស់មិនចេះហើយក៏មិនដែលនិយាយថា «ល្មមហើយ!» 17 អ្នកណាមើលងាយឪពុក ហើយមិនស្ដាប់បង្គាប់ម្ដាយទេ អ្នកនោះនឹងត្រូវក្អែកនៅទឹកជ្រោះចោះភ្នែក ហើយត្រូវត្មាតស៊ីសាច់។ 18 មានការបីយ៉ាង ដែលគួរឲ្យអស្ចារ្យសម្រាប់ទូលបង្គំ ហើយមានទីបួនផងដែលទូលបង្គំមិនអាចយល់ៈ 19 គឺផ្លូវដែលឥន្រ្ទីហើរលើមេឃ ផ្លូវដែលសត្វពស់លូនលើថ្ម ហើយជាផ្លូវសំពៅនៅកណ្ដាលសមុទ្រ និងផ្លូវដែលនាំឲ្យបុរសទៅរកស្រីក្រមុំ។ 20 ស្ត្រីផិតក្បត់ តែងតែប្រព្រឹត្តដូចតទៅនេះ គឺនាងបរិភោគ រួចជូតមាត់ ទាំងពោលថា «ខ្ញុំមិនបានប្រព្រឹត្តអំពើអាក្រក់អ្វីទេ»។ 21 នៅក្រោមការទាំងបីយ៉ាង ដែលធ្វើឲ្យក្រឡាប់ផែនដី ហើយនៅក្រោមការទីបួន ដែលផែនដីទ្រាំមិនបាន។ 22 ទាសករដែលបានឡើងសោយរាជ្យ មនុស្សល្ងង់មានអាហារបរិភោគគ្រប់គ្រាន់។ 23 ស្ត្រីចិត្តអាក្រក់មានប្ដី និងអ្នកបម្រើយកប្ដីរបស់ចៅហ្វាយស្រី។ 24 មានសត្វបួនយ៉ាង ដែលតូចជាងគេនៅលើផែនដី តែជាសត្វមានប្រាជ្ញាវាងវៃ គឺ: 25 ស្រមោចជាសត្វដែលគ្មានកម្លាំង តែចេះប្រមូលអាហារគរទុកនៅរដូវក្ដៅ 26 ទន្សាយជាសត្វខ្សោយមិនអស្ចារ្យអីទេ តែពួកវាចេះធ្វើរូងនៅក្រោមផ្ទាំងថ្ម។ 27 កណ្ដូបជាសត្វគ្មានស្ដេច តែចេះលើកគ្នាជាក្រុមជាពួក ដូចកងទ័ពដ៏មានរបៀបរៀបរយ។ 28 ជីងចក់ជាសត្វដែលគេអាចចាប់បាននឹងដៃ តែពួកវារស់នៅក្នុងវាំងរបស់ស្ដេច។ 29 មានបីមុខ ដែលមានដំណើររុងរឿងក៏មានបួនផង ដែលមានដំណើរយ៉ាងល្អ 30 គឺសិង្ហជាសត្វខ្លាំងពូកែ លើសជាងអស់ទាំងពួកសត្វ វាមិនព្រមចៀសផ្លូវដល់សត្វណាឡើយ 31 សេះចម្បាំង ពពែឈ្មោល ហើយមហាក្សត្រជាអ្នកដែលមានទាហាននៅក្បែរជានិច្ច។ 32 បើឯងបានប្រព្រឹត្តបែបចម្កួត ដោយលើកតម្កើងខ្លួនឡើង ឬបើអ្នកបានគិតនឹងប្រព្រឹត្តការអាក្រក់ ចូរយកដៃខ្ទប់មាត់ចុះ។ 33 បើអ្នកចម្រាញ់ទឹកដោះគោ អ្នកនឹងបានខ្លាញ់ទឹកដោះ បើវាយច្រមុះ នឹងចេញឈាម ហើយបើបញ្ឆេះកំហឹង នឹងបង្កឲ្យមានជំលោះ។
1 ព្រះបន្ទូលរបស់ព្រះបាទលេមយួល ជាសេចក្ដីទូន្មាន ដែលទ្រង់បានទទួលពីមាតា។ 2 កូនអើយ តើហេតុអ្វី តើនេះគឺអ្វី ជាកូនដែលនៅក្នុងផ្ទៃរបស់យើង? តើកូនត្រូវការអ្វី ជាកូននៃសម្បថរបស់យើង? 3 កុំឲ្យកម្លាំងរបស់អ្នកទៅកាន់ស្រ្តី ឬផ្តល់ឲ្យអ្នកដែលនឹងបំផ្លាញស្តេចឡើយ។ 4 លេមយួលអើយ មិនគួរឲ្យពួកស្តេច គឺមិនគួរឲ្យព្រះករុណា សោយស្រាទំពាំងបាយជូរ ក៏មិនគួរឲ្យអ្នកដឹកនាំពោលសួរថា៖ «តើគ្រឿងស្រវឹងដែលខ្លាំងនៅទីណាដែរ?» 5 ក្រែងផឹកទៅហើយ នោះភ្លេចបញ្ញត្តិច្បាប់ ហើយបង្វែរពីការត្រឹមត្រូវ នឹងមិនបានជួយដល់មនុស្សខ្វះខាត។ 6 គួរឲ្យគ្រឿងស្រវឹងទៅអ្នកទោសជិតស្លាប់ និងឲ្យស្រាទៅអ្នកដែលកើតទុក្ខកង្វល់វិញ។ 7 ដ្បិតកាលណាគេផឹក គេនឹងភ្លេចភាពក្រីក្រ ហើយលែងនឹកឃើញទុក្ខព្រួយរបស់ពួកគេទៀត។ 8 ចូរនិយាយជំនួសអ្នកដែលមិនអាចនិយាយបាន ហើយរកយុត្តិធម៌ឲ្យអស់អ្នកដែលគ្មាននរណាការពារ។ 9 ចូរបើកមាត់វិនិច្ឆ័យតាមសេចក្ដីសុចរិត ហើយសម្រេចសេចក្ដីយុត្តិធម៌ ដល់មនុស្សកម្សត់ទុគ៌ត និងមនុស្សក្រលំបាកដែរ។ 10 ស្ត្រីគ្រប់លក្ខណ៍ តើអ្នកណានឹងរកបាន? ដ្បិតស្ត្រីយ៉ាងនោះមានតម្លៃ ជាជាងពួកត្បូងទទឹមទៅទៀត។ 11 ដួងចិត្តរបស់ប្តីនាងនឹងទុកចិត្តចំពោះនាង ហើយមិនត្រូវខ្វះខាតអ្វីឡើយ។ 12 នាងធ្វើការល្អសម្រាប់ប្តី ក៏មិនដែលប្រព្រឹត្តការអាក្រក់ពេញមួយជីវិតនាង។ 13 នាងខិតខំរកអំបោះ និងសូត្រ យកមកត្បាញរវៃយ៉ាងដោយដៃ យ៉ាងសប្បាយរីករាយ។ 14 នាងគឺដូចជាអ្នកនាំអាហារមកពីឆ្ងាយ ដូចនាវាដឹកទំនិញ។ 15 នាងក្រោកពីព្រលឹម រៀបចំបាយទឹកឲ្យអស់អ្នកដែលរស់នៅក្នុងផ្ទះ ហើយចាត់ចែងការងារឲ្យស្រីបម្រើរបស់ខ្លួនបានធ្វើ។ 16 នាងពិចារណាមើលចម្ការមួយ ហើយក៏ទិញទុក រួចយកផលនៃស្នាដៃនាង ទៅដាំដំណាំទំពាំងបាយជូរ។ 17 នាងទម្លាប់ចង្កេះឲ្យមានកម្លាំង ហើយឲ្យដៃបានខ្លាំងឡើងដែរ។ 18 នាងឃើញកិច្ចការរបស់នាងដែលអាចបានចម្រើនឡើង នាងធ្វើការទាំងយប់ ក្រោមពន្លឺចង្កៀងដែលមិនរលត់។ 19 នាងកាន់ខ្នាររវៃអំបោះដោយដៃរបស់នាង ហើយរួចនាងបោះត្រល់ត្បាញផង។ 20 នាងចែកទានទៅដល់មនុស្សក្រីក្រ ហើយជួយជនខ្វះខាតជាមួយនិងដៃដែលពេញក្តីសប្បុរស។ 21 នៅរដូវរងា នាងមិនភ័យបារម្ភអ្វីឡើយ ដ្បិតអ្នកនៅក្នុងផ្ទះរបស់នាង សុទ្ធតែមានសម្លៀកបំពាក់យ៉ាងកក់ក្ដៅគ្រប់ៗគ្នា។ 22 នាងត្បាញកម្រាលគ្រាលសម្រាប់ខ្លួនឯង នាងមានសម្លៀកបំពាក់ល្អៗដែលមានពណ៌ស្វាយស្រស់។ 23 ស្វាមីរបស់នាងជាមនុស្សដែលគេស្គាល់គោរពរាប់អាន គាត់ចូលរួមក្នុងក្រុមព្រឹទ្ធាចារ្យរបស់ទីក្រុង។ 24 នាងក៏ធ្វើអាវខ្លូតទេសសម្រាប់លក់ ហើយធ្វើខ្សែក្រវាត់ឲ្យដល់អ្នកជំនួញ។ 25 នាងមានកម្លាំង និងមានកិត្តិយសថ្លៃថ្នូរ នាងសើចសប្បាយជាមួយ ពេលវេលាដែលនឹងមកដល់។ 26 នាងពោលដោយប្រាជ្ញានិងក្រឹត្យវិន័យ ហើយនៅអណ្ដាតនាងមានសេចក្ដីសប្បុរស។ 27 នាងពិនិត្យមើលអស់ទាំងរបៀប របស់ពួកផ្ទះនាងយ៉ាងល្អ ឥតដែលបរិភោគអាហារ ដោយសេចក្ដីកម្ជិលឡើយ។ 28 កូនរបស់នាងទាំងប៉ុន្មានក្រោកឈរឡើង គោរពដល់ម្តាយ ថាជាអ្នកមានពរ ប្តីនាងក៏សរសើរដល់នាងដោយពោលថា៖ 29 «មានស្រីៗជាច្រើនបានប្រព្រឹត្ត ដោយគ្រប់លក្ខណ៍ តែនាងបានវិសេសលើសជាងគេទាំងអស់»។ 30 រូបឆោមឆាយជាសេចក្ដីបញ្ឆោត ហើយមុខស្រស់ល្អក៏ឥត ប្រយោជន៍ដែរ តែស្ត្រីណាដែលកោតខ្លាចដល់ព្រះអម្ចាស់ នាងនឹងទទួលការសរសើរ។ 31 សូមផ្តល់ឲ្យនាងនូវផលនៃដៃរបស់នាង សូមឲ្យកិច្ចការរបស់នាង បានជាទីសរសើរដល់នាងនៅទ្វារក្រុង។