1 ខ្ញុំ ប៉ូល និងធីម៉ូថេ គឺជាអ្នកបម្រើរបស់ព្រះគ្រិស្តយេស៊ូ សូមជម្រាបមកដល់អស់អ្នកដែលបានញែកសម្រាប់ព្រះគ្រិស្ដយេស៊ូនៅក្រុងភីលីព ព្រមទាំងអ្នកដឹកនាំ និងអ្នកបម្រើទាំងអស់។ 2 សូមព្រះគុណ និងសេចក្ដីសុខសាន្តបានផ្តល់ដល់បងប្អូន មកពីព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដ។ 3 ខ្ញុំតែងតែអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំជានិច្ច នៅពេលខ្ញុំនឹកគិតដល់បងប្អូន 4 ខ្ញុំតែងតែអធិស្ឋានសម្រាប់បងប្អូនដោយចិត្តរីករាយ ដែលខ្ញុំបានទូលអង្វរ។ 5 ខ្ញុំអរគុណដល់ព្រះជាម្ចាស់ សម្រាប់បងប្អូនដែលបានរួមចំណែកក្នុងការផ្សាយដំណឹងល្អ តាំងពីថ្ងៃដំបូងរហូតមកដល់សព្វថ្ងៃ។ 6 ខ្ញុំជឿជាក់ថា ក្នុងគ្រប់ការទាំងអស់ ដែលព្រះជាម្ចាស់បានផ្តើមការល្អនៅក្នុងបងប្អូន នោះព្រះអង្គនឹងបង្ហើយ រហូតដល់ថ្ងៃព្រះយេស៊ូគ្រិស្តយាងមក។ 7 ជាការត្រឹមត្រូវណាស់ ដែលខ្ញុំមានអារម្មណ៍បែបនេះជាមួយបងប្អូនទាំងអស់គ្នា ដោយសារតែបងប្អូនស្ថិតនៅក្នុងដួងចិត្តរបស់ខ្ញុំ។ បងប្អូនទាំងអស់គ្នាក្លាយជាគូកនរបស់ខ្ញុំ ដោយព្រះគុណរួមទាំងពេលដែលខ្ញុំនៅជាប់ឃុំឃាំង ហើយដើម្បីការពារ និងប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់។ 8 ព្រះជាម្ចាស់ជាសាក្សីស្រាប់ហើយថា ខ្ញុំស្រឡាញ់បងប្អូនទាំងអស់គ្នាយ៉ាងខ្លាំង ដោយចិត្តអាណិតមេត្តាមកពីព្រះគ្រិស្ដយេស៊ូ។ 9 នេះជាពាក្យអធិស្ឋានរបស់ខ្ញុំ សូមឲ្យបងប្អូនមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងឡើងៗ ធ្វើឲ្យបងប្អូនចេះដឹងច្បាស់ និងយល់សព្វគ្រប់ទាំងអស់។ 10 និងសូមឲ្យបងប្អូនចេះពិចារណាមើលថា ការអ្វីប្រសើរជាងគេ ដូច្នេះ នៅថ្ងៃព្រះគ្រិស្ដយាងមក បងប្អូននឹងបានវិសុទ្ធ គ្មានកំហុសអ្វីឡើយ។ 11 ហើយសូមឲ្យបងប្អូនបានពោរពេញដោយផលនៃសេចក្ដីសុចរិត ដែលមកពីព្រះយេស៊ូគ្រិស្ដ ដើម្បីលើកតម្កើងសិរីរុងរឿង និងសរសើរតម្កើងព្រះជាម្ចាស់។ 12 បងប្អូនអើយ ឥឡូវខ្ញុំចង់ប្រាប់ឲ្យបានដឹងថា អ្វីដែលបានកើតឡើងដល់រូបខ្ញុំក្នុងការបម្រើនោះ ដើម្បីចំណេញសម្រាប់ដំណឹងល្អវិញ។ 13 ការនេះបានឃើញយ៉ាងច្បាស់ នៅពេលដែលខ្ញុំជាប់ឃុំឃាំងព្រោះព្រះគ្រិស្តដូចជាពន្លឺដែលភ្លឺឲ្យទាំងអ្នកយាមព្រះរាជវាំង និងមនុស្សគ្រប់គ្នាបានឃើញផងដែរ។ 14 ដោយសារតែខ្ញុំជាប់ឃុំឃាំងនេះហើយ បងប្អូនភាគច្រើនបានទុកចិត្តលើព្រះអម្ចាស់ ហើយពួកគេក៏បានការលើកទឹកចិត្តក្លាហាន ក្នុងការប្រកាសព្រះបន្ទូលរបស់ព្រះ ដោយឥត្ខ្លាចឡើយ។ 15 មានបងប្អូនខ្លះប្រកាសដំណឹងល្អអំពីព្រះគ្រិស្ដ ដោយចិត្តច្រណែនឈ្នានីស ចង់ប្រណាំងប្រជែង តែបងប្អូនខ្លះទៀតថ្លែងព្រះបន្ទូលដោយមានបំណងល្អ។ 16 ក្រោយមក ពួកគេធ្វើដោយចេញពីក្តីស្រឡាញ់ និងដឹងថាព្រះអម្ចាស់បានដាក់ខ្ញុំកន្លែងនេះ ដើម្បីការពារដំណឹងល្អ។ 17 ប៉ុន្តែ អ្នកដែលផ្សាយដំណឹងពីមុនអំពីព្រះគ្រិស្ដ ដើម្បីធ្វើដោយគំនិតប្រកួតចង់ឈ្នះនោះវិញ គេមានគោលបំណងមិនល្អ។គេស្មានថានឹងធ្វើឲ្យខ្ញុំរឹងរឹតតែវេទនា ក្នុងពេលដែលខ្ញុំជាប់ឃុំឃាំង។ 18 តើហេតុអ្វីទៅ? ទោះជាវិធីណាក៏ដោយ បើទោះជាគេសម្តែងក្ដី ឬស្មោះសរក្ដី ក៏គេផ្សាយដំណឹងអំពីព្រះគ្រិស្ដដែរ ហើយខ្ញុំនឹងសប្បាយចិត្តអំពីការនេះ 19 ដ្បិត ខ្ញុំដឹងថា ការនេះនឹងធ្វើឲ្យខ្ញុំទទួលការសង្គ្រោះទៅវិញទេ ដោយបងប្អូនអធិស្ឋានទៅសម្រាប់ខ្ញុំ ហើយពីព្រះវិញ្ញាណរបស់ព្រះយេស៊ូគ្រិស្ដដល់ខ្ញុំផងដែរ។ 20 វាអាស្រ័យលើការទន្ទឹងរង់ចាំ និងយកចិត្តទុកដាក់របស់ខ្ញុំ ដោយសង្ឃឹមថា ខ្ញុំនឹងមិនត្រូវអាម៉ាស់មុខឡើយ។ ហើយនេះគឺជាមូលហេតុ ដែលខ្ញុំនៅតែមានចិត្តអង់អាច ឥតរង្គើ ទោះបីជាខ្ញុំត្រូវរស់ ឬស្លាប់ក្ដី ខ្ញុំនឹងលើកតម្កើងព្រះគ្រិស្ដក្នុងរូបកាយខ្ញុំ។ 21 សម្រាប់ខ្ញុំ បើរស់ ខ្ញុំរស់រួមជាមួយព្រះគ្រិស្ដ ហើយបើស្លាប់ នោះបានជាកម្រៃវិញ។ 22 ប៉ុន្តែ បើខ្ញុំរស់ខាងឯសាច់ឈាមទៀតនោះ ដូច្នេះ មានន័យថា អ្វីដែលខ្ញុំធ្វើនឹងបានផល។ ខ្ញុំមិនដឹងជាជ្រើសរើសយកផ្លូវណាឡើយទេ? ខ្ញុំពិតជាមិនដឹងមែន។ 23 សម្រាប់ខ្ញុំពិតជារារែករវាងការទាំងពីរនោះ។ ខ្ញុំប៉ងប្រាថ្នាចង់លាចាកលោកនេះទៅនៅជាមួយព្រះគ្រិស្ដ នោះគឺជាការប្រសើរជាង 24 ហើយបើខ្ញុំនៅរស់ក្នុងសាច់ឈាមនេះទៀតនោះជាប្រយោជន៍សម្រាប់បងប្អូនវិញ។ 25 ខ្ញុំជឿជាក់ដូច្នេះ ដោយដឹងថា ខ្ញុំនឹងបន្តរស់នៅ ហើយស្នាក់នៅជាមួយបងប្អូនទាំងអស់គ្នា ដើម្បីឲ្យបងប្អូនបានលូតលាស់ឡើង ហើយមានអំណរនៅក្នុងជំនឿ។ 26 ដ្បិត នៅក្នុងខ្ញុំបងប្អូនរីកចម្រើនថែមទៀត រួមជាមួយព្រះគ្រិស្ដយេស៊ូ ក្នុងពេលដែលខ្ញុំត្រឡប់មកវិញជួបបងប្អូនម្តងទៀត។ 27 សូមបងប្អូនកាន់កិរិយាមារយាទឲ្យបានសមរម្យ សម្រាប់ដំណឹងល្អរបស់ព្រះគ្រិស្ដ ដូច្នេះ ទោះបីជាខ្ញុំមកវិញ ឬមិនបានមកជួបបងប្អូនវិញក្ដី នោះខ្ញុំតែងតែឮដំណឹង ពីការដែលបងប្អូនមានជំហរមាំមួនដោយមានចិត្តគំនិតតែមួយ ព្រមទាំងរួមចិត្តថ្លើមគ្នាតយុទ្ធ ដើម្បីជំនឿលើដំណឹងល្អ ផងដែរ។ 28 សូមបងប្អូនកុំភ័យខ្លាយ នឹងពួកដែលជាសត្រូវ ហើយទាស់នឹងប្រការណាមួយឡើយ។ នេះជាសញ្ញាបញ្ជាក់ឲ្យឃើញថា ពួកគេនឹងត្រូវវិនាសអន្តរាយ រីឯបងប្អូនវិញ នឹងទទួលការសង្គ្រោះ ហើយការនេះកើតពីព្រះជាម្ចាស់មក។ 29 ដ្បិត ព្រះអង្គប្រណីសន្ដោសបងប្អូនឲ្យបម្រើព្រះគ្រិស្ដ ដោយមិនគ្រាន់តែជឿលើព្រះអង្គប៉ុណ្ណោះទេ ប៉ុន្តែ រួមទាំងរងទុក្ខលំបាករួមជាមួយព្រះអង្គទៀតដែរ 30 បងប្អូនបានតយុទ្ធរួមជាមួយខ្ញុំ ដូចបងប្អូនធ្លាប់បានឃើញខ្ញុំតយុទ្ធស្រាប់ហើយ ហើយដូចបងប្អូនឮថាខ្ញុំកំពុងតែតយុទ្ធនៅឡើយ។
1 ប្រសិនណាបើ មានការលើកទឹកចិត្តនៅក្នុងព្រះគ្រិស្ត ហើយប្រសិនណាមានការកម្សាន្តចិត្តមកពីក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយប្រសិនណាមានការប្រកបជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយប្រសិនណា បងប្អូនពិតជាមានចិត្តមេត្តាករុណា និងចិត្តអាណិតអាសូរ 2 ដូច្នេះ ចូរធ្វើឲ្យខ្ញុំពេញដោយអំណរ ដោយបងប្អូនមានការគិតតែមួយ មានសេចក្តីស្រឡាញ់តែមួយ មានការរួបរួមក្នុងឆន្ទៈតែមួយ ព្រមទាំងមានគោលបំណងតែមួយ។ 3 សូមកុំឲ្យមានភាពអាត្មានិយម ឬដោយអំនួតឥតប្រយោជន៍។ ផ្ទុយទៅវិញ ត្រូវបន្ទាបខ្លួន ហើយគិតថាអ្នកដទៃប្រសើរជាងខ្លួនជានិច្ច។ 4 បងប្អូនអើយ សូមកុំគិតតែពីតម្រូវការផ្ទាល់ខ្លួនឡើយ ប៉ុន្តែ ត្រូវគិតអំពីតម្រូវការរបស់អ្នកដទៃវិញ។ 5 បងប្អូន សូមគិតដូចជាព្រះគ្រិស្តយេស៊ូគិតដែរ។ 6 ព្រះអង្គមានឋានៈជាព្រះជាម្ចាស់ ប៉ុន្តែ ព្រះអង្គមិនបានគិតឲ្យស្មើនឹងព្រះជាម្ចាស់ឡើយ ដូចជាអ្វីដែលជាកម្មសិទ្ធរបស់ព្រះអង្គនោះទេ។ 7 ផ្ទុយទៅវិញ ព្រះអង្គបានលះបង់ទាំងអស់។ ព្រះជាម្ចាស់បានយកឋានៈជាអ្នកបម្រើ។ ព្រះអង្គបានបង្ហាញអំពីភាពជាមនុស្សដូចមនុស្សឯទៀតៗដែរ។ ព្រះអង្គត្រូវបានឃើញភាពជាមនុស្សដ៏សាមញ្ញរបស់ព្រះអង្គ។ 8 ព្រះជាម្ចាស់បានបន្ទាបខ្លួន និងស្តាប់បង្កាប់រហូតដល់ទីមរណា ដោយសុគតនៅលើឈើឆ្កាង។ 9 ដូច្នេះហើយបានជាព្រះជាម្ចាស់លើកតម្កើងព្រះយេស៊ូឡើងខ្ពង់ខ្ពស់បំផុត។ ព្រះជាម្ចាស់ក៏ប្រទាន ព្រះនាមដ៏ប្រសើរដល់ព្រះយេស៊ូ លើសពីនាមណាៗទាំងអស់។ 10 ព្រះជាម្ចាស់ធ្វើដូច្នេះ ដើម្បីអោយក្នុងនាមព្រះយេស៊ូ គ្រប់ទាំងជង្គង់នឹងលុតចុះ រួមទាំងជង្គង់អ្នកនៅស្ថានបរមសុខ ទាំងនៅលើផែនដី ហើយទាំងនៅក្រោមដីផងដែរ។ 11 ព្រះជាម្ចាស់ធ្វើដូច្នេះ ដើម្បីឲ្យគ្រប់ទាំងអណ្តាតបានប្រកាសថា ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងដល់ព្រះបិតា។ 12 ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ ដូចបងប្អូនតែងតែស្ដាប់បង្គាប់ជារៀងដរាបមក គឺមិនត្រឹមតែពេលដែលខ្ញុំនៅជាមួយបងប្អូននោះទេ ប៉ុន្តែឥឡូវនេះទាំងគ្មានរូបខ្ញុំអ្នកបានធ្វើច្រើនជាងនោះផង សូមបងប្អូនខំប្រឹងធ្វើការ ទាំងគោរពកោតខ្លាច និងញាប់ញ័រ ស្របតាមការសង្គ្រោះដែលបងប្អូនបានទទួល 13 ដ្បិត ព្រះជាម្ចាស់ទេតើ ដែលបានធ្វើការក្នុងបងប្អូន ទាំងឆន្ទៈហើយនិងការប្រព្រឹត្តដ៏សប្បុរសរបស់ព្រះអង្គ។ 14 ចូរធ្វើការទាំងអស់ដោយគ្មានការរអ៊ូរទាំ ឬដោយតវ៉ាឡើយ។ 15 ចូរប្រព្រឹត្តបែបនេះ នោះបងប្អូនបានល្អឥតខ្ចោះ ឥតសៅហ្មងជាបុត្ររបស់ព្រះជាម្ចាស់ ដែលឥតមានកំហុស។ ចូរប្រព្រឹត្តក្នុងបែបនេះ បងប្អូនបានជះពន្លឺក្នុងចំណោមពួកគេ ដូចពន្លឺដែលបំភ្លឺពិភពលោកក្នុងចំណោមមនុស្សអាក្រក់ និងខិលខូចនៅជំនាន់នេះ។ 16 ចូរតោងព្រះបន្ទូលនៃជីវិត ធ្វើដូច្នេះហើយ ខ្ញុំមានហេតុនឹងថ្វាយសិរីល្អនៅថ្ងៃព្រះគ្រិស្ដយាងមក។ ដ្បិត ខ្ញុំនឹងបានដឹងថា ខ្ញុំមិនបានរត់ និងខំធ្វើការដោយនឿយហត់នោះ មិនឥតប្រយោជន៍ឡើយ។ 17 ទោះបីខ្ញុំត្រូវបង្ហូរឈាមទុកជាតង្វាយ ដាក់លើយញ្ញបូជា និងពីលើការបម្រើនៃជំនឿរបស់បងប្អូន ខ្ញុំមានអំណរណាស់ ហើយខ្ញុំក៏សប្បាយចិត្តរួមជាមួយបងប្អូនទាំងអស់គ្នាដែរ។ 18 រីឯបងប្អូនវិញ ចូរឲ្យបងប្អូនមានអំណរ ហើយសប្បាយចិត្តរួមជាមួយខ្ញុំផង។ 19 ខ្ញុំសង្ឃឹមក្នុងព្រះអម្ចាស់យេស៊ូ នឹងចាត់លោកធីម៉ូថេមករកបងប្អូន ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យខ្ញុំបានទទួលការលើកទឹកចិត្ត ដោយទទួលដំណឹង និងឮដំណឹងពីបងប្អូន 20 ដ្បិត ខ្ញុំមិនមានអ្នកណាផ្សេងទៀត ដែលមានឥរិយាបថដូចជាគាត់ ហើយជាអ្នកដែលយកចិត្តទុកដាក់សម្រាប់បងប្អូន។ 21 ដ្បិត អ្នកផ្សេងវិញ ពួកគេគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឯង គេមិនគិតពីប្រយោជន៍របស់ព្រះយេស៊ូគ្រិស្ដទេ។ 22 បងប្អូនដឹងអំពីទឹកចិត្តរបស់គាត់ហើយ ព្រោះគាត់ដូចកូនដែលមប្រើឪពុក ហើយគាត់បានបម្រើរួមជាមួយខ្ញុំ ក្នុងដំណឹងល្អ។ 23 ដូច្នេះ ខ្ញុំសង្ឃឹមថានឹងចាត់គាត់មករកបងប្អូនក្នុងពេលឆាប់ៗ នៅពេលខ្ញុំបានដឹងថារឿងរបស់ខ្ញុំរៀបរយហើយ។ 24 ប៉ុន្តែ ខ្ញុំជឿជាក់ក្នុងព្រះអង្គម្ចាស់ ថារូបខ្ញុំផ្ទាល់នឹងបានទៅរកបងប្អូនក្នុងពេលឆាប់ៗនេះ។ 25 ប៉ុន្តែ ខ្ញុំគិតថា ត្រូវតែចាត់លោកអេប៉ាប្រូឌីត ដើម្បីត្រឡប់ទៅបងប្អូនវិញជាចាំបាច់។ គាត់គឺជាបងប្អូនរបស់ខ្ញុំ ហើយក៏ជាសហការី និងជាទាហានរបស់ព្រះជាម្ចាស់ ហើយក៏ជាអ្នកនាំសំបុត្ររបស់អ្នករាល់គ្នា គាត់ជាម្នាក់ដែលបម្រើសេចក្តីត្រូវការរបស់ខ្ញុំ។ 26 ដ្បិត គាត់មានទុក្ខព្រួយជាខ្លាំង ហើយគាត់ទទឹងរង់ចាំឲ្យតែដល់ពេលត្រឡប់ទៅបងប្អូនទាំងអស់គ្នា ហើយបងប្អូនក៏ធ្លាប់ឮថាគាត់បានឈឺដែរ។ ជាការពិតនោះគាត់បានឈឺធ្ងន់មែន រហូតក្បែរនឹងស្លាប់ផង។ 27 ក៏ប៉ុន្តែ ព្រះជាម្ចាស់អាណិតគាត់ ព្រះអង្គមិនត្រឹមតែអាណិតគាត់ទេ ព្រះអង្គក៏អាណិតខ្ញុំដែរ ដើម្បីកុំឲ្យខ្ញុំមានទុក្ខត្រួតពីលើទុក្ខ។ 28 ដូច្នេះហើយ បានជាខ្ញុំខំខ្នះខ្នែងចាត់គាត់ឲ្យមកជួបបងប្អូន ដើម្បីឲ្យបងប្អូនមានអំណរសប្បាយ ដោយឃើញគាត់សារជាថ្មី ហើយឲ្យខ្ញុំផ្ទាល់ឈប់ព្រួយចិត្ត។ 29 សូមទទួលគាត់នៅក្នុងព្រះអង្គម្ចាស់ និងការអរសប្បាយបំផុត។ សូមគោរពមនុស្សដូចជាគាត់នេះផង។ 30 ដ្បិត គាត់ជិតបាត់បង់ជីវិត ព្រោះតែកិច្ចការរបស់ព្រះគ្រិស្ដ។ គឺគាត់បានស៊ូប្ដូរជីវិតដើម្បីបម្រើខ្ញុំ ហើយបំពេញអ្វីដែលបងប្អូនមិនអាចធ្វើក្នុងការបម្រើដល់ខ្ញុំ។
1 ជាចុងក្រោយ បងប្អូនអើយ ចូរអរសប្បាយនៅក្នុងព្រះអង្គម្ចាស់ចុះ។ ដ្បិត ខ្ញុំមិនធុញទ្រាន់ក្នុងការសរសេរសេចក្តីទាំងនេះមកបងប្អូនម្តងទៀតទេ។ 2 ពីព្រោះសេចក្តីទាំងនេះនឹងការពារបងប្អូនឲ្យមានសុវត្ថិភាព។ ចូរប្រយ័ត្ននឹងពួកឆ្កែ ចូរប្រយ័ត្ននឹងពួកអ្នកដែលធ្វើការអាក្រក់ ចូរប្រយ័ត្ននឹងពួកអ្នកកាត់ស្បែក។ 3 សម្រាប់ពួកយើង យើងគឺជាអ្នកដែលកាត់ស្បែកពិត។ គឺជាអ្នកដែលថ្វាយបង្គំដោយព្រះវិញ្ញាណនៃព្រះជាម្ចាស់។ ពួកយើងគឺជាអ្នកពឹងអាងនៅលើព្រះគ្រិស្តយេស៊ូ ហើយយើងមិនពឹងអាងខាងឯសាច់ឈាមទេ។ 4 ទោះបីយ៉ាងនេះក្តី ខ្ញុំផ្ទាល់ក៏ហេតុនឹងពឹងអាងខាងឯសាច់ឈាមដែរ។ បើមាននរណាគិតថាគេបានពឹងអាងលើសាច់ឈាមនោះ ហើយខ្ញុំនេះអាចនឹងពឹងអាងច្រើនជាងគេផង។ 5 ពេលខ្ញុំកើតបានប្រាំបីថ្ងៃ ខ្ញុំបានទទួលពិធីកាត់ស្បែក ខ្ញុំជាសាសន៍អ៊ីស្រាអែលក្នុងកុលសម្ពន្ធបេនយ៉ាមីន ខ្ញុំជាជនជាតិហេប្រឺ កើតពីសាសន៍ហេប្រឺ ហើយបើពឹងអាចខាងក្រឹត្យវិន័យវិញ ខ្ញុំក៏នៅខាងពួកផារីស៊ីដែរ។ 6 ខាងឯសេចក្តីឧស្សាហ៍ គឺខ្ញុំបានបៀតបៀនដល់ក្រុមជំនុំ ចំពោះសេចក្តីសុចរិតវិញ ខ្ញុំបាននៅក្រោមក្រឹត្យវិន័យ ហើយក៏គ្មានកន្លែងបន្ទោសបានផង។ 7 ប៉ុន្តែ អ្វីៗដែលខ្ញុំធ្លាប់គិតថាមានតម្លៃចំពោះខ្ញុំនោះ ខ្ញុំចាត់ទុកទាំងអស់ថាឥតបានការទៅវិញ ព្រោះតែព្រះគ្រិស្ដ។ 8 ចំពោះមុខ ខ្ញុំបានចាត់ទុកគ្រប់របស់ទាំងអស់ជាឥតប្រយោជន៍ ដោយព្រោះតែខ្ញុំបានស្គាល់ព្រះគ្រិស្តយេស៊ូជាអម្ចាស់របស់ខ្ញុំ ជាអ្វីដែលមានតម្លៃវិសេសវិសាលណាស់។ ដ្បិត ដោយសារតែព្រះអង្គ ខ្ញុំសុខចិត្តបោះបង់ចោលអ្វីៗទាំងអស់។ ខ្ញុំចាត់ទុកអ្វីៗទាំងអស់ដូចជាសំរាម ឲ្យតែខ្ញុំបានព្រះគ្រិស្ត 9 គេនឹងឃើញខ្ញុំនៅក្នុងព្រះអង្គ។ ខ្ញុំមិនបានទៅជាសុចរិតដោយខ្ញុំខំប្រព្រឹត្តតាមក្រឹត្យវិន័យនោះទេ។ ផ្ទុយទៅវិញ ដែលខ្ញុំបានរាប់ជាសុចរិតដោយសារជំនឿក្នុងព្រះគ្រិស្ត និងសេចក្តីសុចរិតបានមកពីព្រះជាម្ចាស់ តាមរយៈជំនឿ។ 10 ឥឡូវនេះ ខ្ញុំគឺចង់ស្គាល់ព្រះគ្រិស្ដ និងស្គាល់ឫទ្ធានុភាពដែលបានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ហើយចូលរួមជាមួយព្រះអង្គក្នុងទុក្ខលំបាកដែរ។ ហើយឲ្យបានដូចព្រះអង្គដែលសុគត 11 ដើម្បីឲ្យខ្ញុំមានជីវិតរស់ឡើងវិញ ប្រសិនបើអាចរស់ឡើងវិញបាន។ 12 វាមិនមែនជាការពិតទេ ដែលថាខ្ញុំបានទទួលការទាំងនេះរួច ឬបានគ្រប់លក្ខណៈហើយ។ ខ្ញុំកំពុងតែបន្តទៅមុខ ដើម្បីចាប់សេចក្តីនោះឲ្យបាន ដ្បិត ខ្លួនខ្ញុំផ្ទាល់ក៏ត្រូវព្រះគ្រិស្ដយេស៊ូចាប់ខ្ញុំដើម្បីសេចក្តីនោះដែរ។ 13 បងប្អូនអើយ ខ្លួនខ្ញុំផ្ទាល់ ក៏យល់ឃើញថា ខ្ញុំបានទៅដល់គោលដៅនៅឡើយទេ។ ប៉ុន្តែ មានការមួយ ដែលខ្ញុំបំភ្លេចអ្វីៗទាំងអស់ដែលកន្លងទៅ ដើម្បីផ្ចង់ចិត្តឆ្ពោះទៅខាងមុខវិញ។ 14 ខ្ញុំរត់តម្រង់ទៅរកគោលដៅ ដើម្បីឲ្យបានទទួលរង្វាន់ពីព្រះជាម្ចាស់ដែលបានត្រាស់ហៅពីស្ថានបរមសុខនៅក្នុងអង្គព្រះគ្រិស្ដយេស៊ូ។ 15 យើងទាំងអស់គ្នាដែលជាមនុស្សគ្រប់ពេញវ័យ សូមឲ្យយើងគិតបែបនេះ ប្រសិនបើ បងប្អូនមានការគិតអំពីអ្វីមួយផ្សេង ព្រះជាម្ចាស់នឹងបង្ហាញបងប្អូន ឲ្យដឹងពីការនោះដែរ។ 16 ទោះបីជាយ៉ាងណាក៏ដោយ ឬមានអ្វីកើតឡើងក៏ដោយ យើងត្រូវតែទៅមុខជានិច្ច ហើយសូមឲ្យតោងជាប់នឹងសេចក្តីទាំងនោះផង។ 17 បងប្អូនអើយ ចូរយកតម្រាប់តាមខ្ញុំ។ ចូរសម្លឹងមើលអស់អ្នកដែលដើរជាគំរូ ដែលបានដាក់ឲ្យបងប្អូនឃើញនៅក្នុងយើង។ 18 ដ្បិត មានមនុស្សជាច្រើន ដែលខ្ញុំតែងតែប្រាប់ដល់បងប្អូនជាញយដង ហើយឥឡូវខ្ញុំកំពុងប្រាប់បងប្អូន ទាំងទឹកភ្នែកដូចជាសត្រូវនៃឈើឆ្កាងរបស់ព្រះគ្រិស្ដ។ 19 ដល់ទីបំផុត អ្នកទាំងនោះត្រូវវិនាសអន្តរាយ។ គេយកក្រពះធ្វើជាព្រះ យកកេរ្តិ៍ខ្មាសធ្វើជាកិត្តិយស។ ពួកគេគិតតែពីអ្វីៗដែល នៅលើផែនដីនេះតែប៉ុណ្ណោះ។ 20 ប៉ុន្តែ សញ្ជាតិរបស់យើងគឺនៅក្នុងស្ថានបរមសុខ ហើយយើងនៅទន្ទឹងរង់ចាំព្រះសង្គ្រោះ គឺព្រះអម្ចាស់យេស៊ូគ្រិស្ដ។ 21 ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយដ៏ថោកទាបរបស់យើងនេះ ឲ្យបានដូចព្រះកាយប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ដោយមហិទ្ធិឫទ្ធិ ដែលធ្វើឲ្យព្រះអង្គបង្ក្រាបអ្វីទាំងអស់នៅក្រោមអំណាចរបស់ព្រះអង្គ។
1 បងប្អូនជាទីស្រឡាញ់ ខ្ញុំពិតជាចង់ជួបអ្នករាល់គ្នាខ្លាំងណាស់ បងប្អូនជាអំណរសប្បាយ និងជាមកុដរបស់ខ្ញុំ សំឡាញ់ខ្ញុំអើយ សូមឈរឲ្យបានរឹងពឹងនៅក្នុងព្រះអម្ចាស់។ 2 ខ្ញុំសូមទូន្មាននាងអ៊ើរ៉ូឌា និងនាងស៊ុនទីចថា ចូរមានចិត្តគំនិតតែមួយ ក្នុងព្រះអម្ចាស់។ 3 ហើយខ្ញុំក៏សូម បងប្អូនដែលជាមិត្តដ៏ស្មោះត្រង់ សូមជួយនាងទាំងពីរនាក់នេះផង។ ដ្បិត នាងធ្លាប់បានធ្វើការរួមជាមួយខ្ញុំ ដើម្បីផ្សាយដំណឹងល្អ ជាមួយលោកក្លេមេន ព្រមទាំងអ្នកផ្សេងទៀត ដែលពួកគេមានឈ្មោះនៅក្នុងបញ្ជីជីវិតផងដែរ។ 4 ចូរអរសប្បាយក្នុងព្រះអម្ចាស់ចុះ។ ម្តងទៀតនិយាយថា ចូរអរសប្បាយឡើង។ 5 ចូរបង្ហាញឲ្យមនុស្សទាំងអស់ស្គាល់ចិត្តសប្បុរសរបស់បងប្អូន។ ព្រះអម្ចាស់ជិតយាងមកដល់ហើយ។ 6 សូមកុំខ្វល់ខ្វាយនឹងអ្វីឡើយ។ ផ្ទុយទៅវិញ ក្នុងគ្រប់ការទាំងអស់ គឺតាមរយៈពាក្យអធិស្ឋាន និងទូលអង្វរ ទាំងការអរព្រះគុណព្រះអង្គផង 7 ហើយ សេចក្ដីសុខសាន្តរបស់ព្រះជាម្ចាស់ ដែលហួសពីការយល់របស់មនុស្សនឹងស្ថិតជាប់ក្នុងចិត្តគំនិតបងប្អូន ដែលក្នុងអង្គព្រះគ្រិស្ដយេស៊ូ។ 8 ជាទីបញ្ចប់ បងប្អូនអើយ សូមបងប្អូនគិតតែអំពីអ្វីៗដែលពិត ហើយអ្វីដែលថ្លៃថ្នូរ និងអ្វីដែលសុចរិត រួមទាំងអ្វីដែលបរិសុទ្ធ ហើយអ្វីដែលគួរឲ្យស្រឡាញ់ ហើយអ្វីដែលគួរឲ្យគោរព ហើយប្រសិនបើ មានអ្វីដែលល្អឥតខ្ចោះ គួរឲ្យកោតសរសើរ សូមបងប្អូនគិតអំពីការទាំងនេះ។ 9 សេចក្ដីដែលបងប្អូនបានរៀន បានទទួល និងបានឮហើយឃើញនៅក្នុងខ្ញុំ សូមប្រព្រឹត្តតាមការទាំងនោះចុះ ហើយព្រះជាម្ចាស់នៃសេចក្តីសុខសាន្តនឹងគង់ជាមួយអ្នករាល់គ្នា។ 10 ខ្ញុំមានអំណរក្នុងព្រះអម្ចាស់យ៉ាងខ្លាំង ដោយដឹងថា បងប្អូនបានបារម្ភដល់ខ្ញុំជាថ្មីម្តងទៀត។ មែនហើយ បងប្អូនក៏បានធ្លាប់នឹកគិតដល់ខ្ញុំដែរ តែបងប្អូនគ្មានឱកាសនឹងសម្តែងទឹកចិត្តរបស់បងប្អូនដើម្បីជួយដល់ខ្ញុំទេ។ 11 ខ្ញុំនិយាយដូច្នេះ មិនមែនមកពីខ្ញុំខ្វះខាតនោះទេ។ ដ្បិត ខ្ញុំបានរៀនឲ្យចេះស្កប់ចិត្ត ក្នុងគ្រប់កាលៈទេសៈទាំងអស់។ 12 ខ្ញុំស្គាល់អ្វីទៅដែលជាភាពទ័លក្រ ហើយខ្ញុំក៏ស្គាល់ពីការដែលមានបរិបូរដែរ។ ខ្ញុំបានអប់រំចិត្តក្នុងគ្រប់របៀបទាំងអស់ និងគ្រប់ទីកន្លែង គឺថា ទោះបីហូបឆ្អែត ឬអត់ឃ្លានក្ដី មានបរិបូរ ឬខ្វះខាតក្ដី ខ្ញុំស្កប់ចិត្តជានិច្ច។ 13 ខ្ញុំអាចធ្វើគ្រប់ការទាំងអស់បាន ដោយព្រះអង្គដែលប្រទានកម្លាំងឲ្យខ្ញុំ។ 14 ទោះជាយ៉ាងណាក៏ដោយ បងប្អូនបានធ្វើប្រសើរហើយដែលបានរួមជាមួយខ្ញុំក្នុងពេលដែលខ្ញុំជួបទុក្ខលំបាក។ 15 ឱបងប្អូននៅក្រុងភីលីពអើយ បងប្អូនដឹងហើយថា តាំងពីខ្ញុំបានចាប់ផ្ដើមផ្សាយដំណឹងល្អ នៅពេលខ្ញុំបានចាកចេញពីស្រុកម៉ាសេដូនមកនោះ ក្រៅពីបងប្អូន គ្មានក្រុមជំនុំណាជួយផ្គត់ផ្គងខ្ញុំនោះទេក្រៅពីបងប្អូន។ 16 កាលខ្ញុំនៅក្រុងថេស្សាឡូនិក បងប្អូនបានផ្ញើជំនួយ តាមសេចក្ដីត្រូវការរបស់ខ្ញុំជាច្រើនលើក។ មិនមែនមានន័យថា ខ្ញុំឃើញតែពីជំនួយរបស់បងប្អូននោះទេ។ 17 តែខ្ញុំឃើញអំពីផលផ្លែ ការរីកចម្រើន និងភាពច្បាស់លាស់របស់បងប្អូនវិញ។ 18 ខ្ញុំបានទទួលគ្រប់ទាំងអស់ ហើយខ្ញុំមានបរិបូរផងដែរ។ ឥឡូវនេះ ខ្ញុំមានរឹតតែច្រើន ដោយបានទទួលអំណោយពីបងប្អូន តាមរយៈលោកអេប៉ាប្រូឌីត។ អំណោយទាំងនេះប្រៀបបីដូចជាក្លិនក្រអូបឈ្ងុយឈ្ងប់ ជាយញ្ញបូជាដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ។ 19 ព្រះជាម្ចាស់របស់ខ្ញុំនឹងបំពេញសេចក្ដីត្រូវការគ្រប់យ៉ាងរបស់បងប្អូន ស្របតាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ព្រះគ្រិស្ដយេស៊ូ។ 20 ឥឡូវនេះ សូមលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ និងព្រះបិតារបស់យើងដ៏អស់កល្បជារៀងរហូតតទៅ។ អាម៉ែន! 21 សូមជម្រាបសួរបងប្អូនរួមជំនឿនៅក្នុងអង្គព្រះគ្រិស្ដយេស៊ូទាំងអស់។ បងប្អូនដែលនៅជាមួយខ្ញុំ សូមជម្រាបសួរមកដល់បងប្អូនទាំងអស់គ្នាដែរ។ 22 ហើយអ្នកជឿទាំងអស់ក៏ជម្រាបសួរបងប្អូន ជាពិសេស បងប្អូនដែលជាអ្នករាជការរបស់ព្រះចៅអធិរាជ ក៏សូមជម្រាបសួរមកបងប្អូនដែរ។ 23 សូមព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ដគង់នៅជាមួយវិញ្ញាណរបស់បងប្អូន។