1 នេះជាចម្រៀងមួយ ក្នុងចំណោមចម្រៀងទំនុករបស់ស្តេចសាឡូម៉ូន។ 2 សូមឲ្យប្តីថើបខ្ញុំដោយស្និតស្នាល ដ្បិតសេចក្ដីស្រឡាញ់របស់បង វិសេសជាងស្រាទំពាំងបាយជូរទៅទៀត។ 3 ប្រេងអប់របស់បងក្រអូបណាស់ ហើយឈ្មោះរបស់បង ក៏ដូចជាប្រេងក្រអូបដែលចាក់ចេញ ហេតុនោះបានជាពួកព្រហ្មចារីសុទ្ធតែស្រឡាញ់បង 4 ខ្ញុំសូមដើរតាមបង ហើយយើងនឹងរត់។ ស្ដេចបាននាំខ្ញុំចូលទៅក្នុងបន្ទប់របស់ទ្រង់ យើងនឹងមានអំណរ ហើយរីករាយជាមួយព្រះអង្គ យើងនឹងចាំពីសេចក្ដីស្រឡាញ់របស់ព្រះអង្គ ជាជាងស្រាទំពាំងបាយជូរ គេស្រឡាញ់ព្រះអង្គនោះត្រឹមត្រូវណាស់។ ស្រ្តីនិយាយទៅកាន់ស្រ្តីផ្សេងទៀត 5 ពួកកូនស្រីក្រុងយេរូសាឡិមអើយ ខ្ញុំមានសម្បុរខ្មៅមែន តែគួរឲ្យស្រឡាញ់ ឧបមាដូចជាត្រសាលរបស់ពួកកេដារ ក៏ដូចជាវាំងននរបស់ស្តេចសាឡូម៉ូន។ 6 សូមកុំមើលខ្ញុំ ដោយព្រោះខ្ញុំជាមនុស្សខ្មៅ ដ្បិតខ្ញុំបានហាលថ្ងៃហើយ។ ម្តាយរបស់កូនប្រុសរបស់ខ្ញុំ បានខឹងនឹងខ្ញុំ ពួកគេបានឲ្យខ្ញុំថែរក្សាចម្ការទំពាំងបាយជូរ ឯចម្ការរបស់ខ្លួនខ្ញុំវិញ នោះមិនបានថែរក្សាទេ។ ស្រ្តីនិយាយទៅកាន់គួរស្នេហ៍របស់នាង 7 អ្នកដែលចិត្តខ្ញុំម្ចាស់ស្រឡាញ់អើយ សូមប្រាប់ខ្ញុំម្ចាស់ថា ព្រះអង្គឃ្វាលហ្វូងសត្វនៅត្រង់ណាផង តើនៅកន្លែងណាដែលឲ្យសម្រាកពេលថ្ងៃត្រង់? តើមានទំនងអ្វីឲ្យខ្ញុំម្ចាស់បានដូចជាស្រី ដែលត្រូវបាំងមុខ នៅជាមួយហ្វូងសត្វឬ? គួរសេ្នហ៍របស់នាងបានឆ្លើយទៅនាង 8 នាងដែលល្អលើសជាងគេក្នុងពួកស្រីៗអើយ បើមិនដឹងទេ មានតែចេញទៅតាមដានជើង របស់ហ្វូងសត្វទៅ ហើយឃ្វាលកូនពពែរបស់ឯង ក្បែរត្រសាលរបស់ពួកគង្វាលចុះ។ 9 ឱមាសសម្លាញ់អើយ យើងបានប្រៀបឯងដូចជាសេះ ទឹមរាជរថរបស់ផារ៉ោន។ 10 ថ្ពាល់ឯងស្រស់ល្អសមនឹងគ្រឿងតែងហើយកឯងផង ដែលប្រដាប់ដោយខ្សែដូច្នេះ។ 11 យើងនឹងធ្វើខ្សែកមាសដាំដោយប្រាក់ឲ្យឯង។ ស្រ្តីនិយាយមកកាន់ខ្លួននាង 12 កំពុងដែលស្ដេចគង់នៅតុ នោះប្រេងទេព្វិរូរបស់ខ្ញុំបានសាយក្លិនក្រអូបទៅ។ 13 ស្ងួនសម្លាញ់របស់ខ្ញុំជាកញ្ចប់កំញាន នៅដើមទ្រូងរបស់ខ្ញុំ។ 14 ស្ងួនសម្លាញ់របស់ខ្ញុំប្រៀបដូចជា កញ្ចុំផ្កាក្រពេនដល់ខ្ញុំ ដែលដុះនៅក្នុងចម្ការទំពាំងបាយជូរ ទឹកដីអេន កេឌី។ គួរស្នហ៍និយាយមកកាន់នាង 15 មើល ឯងស្រស់បស់ល្អ មាសសម្លាញ់អើយ មើលឯងស្រស់បស់ល្អណាស់ ភ្នែកឯងដូចជាភ្នែកព្រាប។ ស្ត្រីនិយាយទៅកាន់គួរសេ្នហ៍របស់នាង 16 មើល! ព្រះអង្គក៏ល្អ ស្ងួនសម្លាញ់អើយអើ ព្រះអង្គគួរស្រឡាញ់ណាស់។ 17 ដំណេករបស់យើងខៀវខ្ចី រតផ្ទះរបស់យើងជាដើមតាត្រៅ ហើយធ្នឹមរបស់យើងជាដើមកកោះ។
1 ខ្ញុំជាផ្កាកុលាបដែលដុះនៅវាលសារ៉ុន គ្រាន់តែជាផ្កាកំភ្លឹងដែលដុះនៅច្រកភ្នំ 2 មានបុរសខ្លះនិយាយមកកាន់នាងថា នាងគឺជាផ្កាដែលនៅក្នុងបន្លា ហើយនាងជាទីស្រឡាញ់របស់ខ្ញុំ ក្នុងចំណោមស្រីៗទាំងអស់ដែលនៅក្នុងទឹកដីរបស់ខ្ញុំ។ ស្រ្តីនិយាយមកកាន់ខ្លួននាង 3 ដូចដើមចន្ទន៍ដុះក្នុងចំណោមដើមឈើព្រៃ នាងគួរឲ្យស្រឡាញ់ណាស់នៅចំពោះពួកកម្លោះ។ ខ្ញុំពេញចិត្តអង្គុយនៅក្រោមម្លប់របស់បង ហើយផ្លែចន្ទន៍នេះមានរសជាតិផ្អែមឆ្ងាញ់។ 4 ម្ចាស់ជីវិតរបស់ខ្ញុំបាននាំខ្ញុំចូលទៅក្នុង ដំណាក់ស្រាទំពាំងបាយជូរ នៅពីលើខ្ញុំមានសរសេរថា សេចក្ដីស្នេហា។ ស្រ្តីនិយាយទៅកាន់នាងថា 5 សូមចម្អែតខ្ញុំ ដោយនំទំពាំងបាយជូរ សូមយកផ្លែចន្ទន៍មកឲ្យខ្ញុំទទួលទាន ដើម្បីមានកម្លាំងឡើងវិញ ដ្បិតខ្ញុំមានជំងឺស្នេហា។ ស្រ្តីនោះនិយាយមកកាន់ខ្លួនឯង 6 ដៃឆ្វេងរបស់បងដាក់ឲ្យខ្ញុំកើយ ហើយដៃស្ដាំរបស់បងឱបរឹតខ្ញុំ។ ស្រ្តីនិយាយមកកាន់ស្រ្តីផ្សេង 7 ខ្ញុំចង់ឲ្យអ្នកសន្យាកូនស្រីនៃក្រុងយេរូសាឡិមអើយ ដោយយកសត្វក្ដាន់ និងសត្វប្រើសធ្វើជាសាក្សីថា មុននឹងម្ចាស់ចិត្តរបស់ខ្ញុំបង្ហើយរួចរាល់ កុំមករំខាន់សេចក្តីស្នេហាយើងឡើយ។ ស្ត្រីនិយាយមកកាន់នាងខ្លួនឯង 8 ខ្ញុំឮសំនៀងម្ចាស់ជីវិតរបស់ខ្ញុំ! គាត់កំពុងតែមក ទាំងលោតផ្លោះគឺមកតាមជ្រលោងធំៗ។ 9 ម្ចាស់ជីវិតរបស់ខ្ញុំរត់លឿនដូចក្ដាន់ ឬប្រើសស្ទាវ មើល គាត់ឈរនៅខាងក្រៅផ្ទះ គាត់អើតតាមបង្អួច ហើយពិនិត្យមើលតាមចម្រឹង។ 10 ម្ចាស់ជីវិតរបស់ខ្ញុំបន្លឺសំឡេងមកខ្ញុំថា៖ អូនសម្លាញ់មាសបងអើយ ចូរក្រោកឡើង ស្រីស្រស់ស្អាតអើយ ចូរចេញមកជាមួយនឹងបង។ 11 មើល៍! ដ្បិតរដូវរងាបានកន្លងផុតទៅហើយ រីឯភ្លៀងក៏ឈប់បង្អុរមកទៀតដែរ។ 12 បុប្ផាទាំងឡាយរីកស្គុសស្គាយពាសពេញផែនដី ហើយជាពេលដែលបក្សាបក្សីយំខ្ញៀវខ្ញារ លលកបូលលាន់ឮពេញក្នុងទឹកដីរបស់យើងដែរ។ 13 ឧទុម្ពរចាប់ផ្ដើមផ្លែ ដើមទំពាំងបាយជូរមានផ្កា សាយក្លិនក្រអូប អូនសម្លាញ់មាសបងអើយ ចូរក្រោកឡើង ស្រីស្រស់ស្អាតអើយ ចូរចេញមក។ 14 ព្រលឹងមាសបងអើយ! ប្រៀបដូចជាព្រាបលាក់ខ្លួន នៅតាមក្រហែងថ្ម នៅតាមទីសម្ងាត់ ហើយក៏នៅតាមរូងភ្នំផងដែរ សូមបង្ហាញមុខឲ្យបងឃើញផង។ សូមបន្លឺសំឡេងឲ្យបងឮផង ដ្បិតសំឡេងរបស់អូនពីរោះ ហើយមុខរបស់អូនស្អាតណាស់»។ ស្រ្តីនិយាយទៅកាន់ស្រ្តីដូចគ្នា 15 ចូរនាំគ្នាចាប់កញ្ជ្រោងនោះមកឲ្យយើង កូនកញ្ជ្រោងទាំងនោះបំផ្លាញ ទំពាំងបាយជូររបស់យើង ដែលកំពុងតែចេញផ្កា។ 16 ម្ចាស់ចិត្តរបស់ខ្ញុំ ជាគូស្នេហ៍របស់ខ្ញុំ ហើយខ្ញុំក៏ជាគូស្នេហ៍របស់គាត់ដែរ គាត់ឃ្វាលហ្វូងសត្វ នៅតាមដើមក្រវាន់។ 17 ម្ចាស់ជីវិតអូនអើយ សូមវិលទៅវិញ ឲ្យបានមុនជំនោរពេលល្ងាច ហើយមុនពេលស្រមោលរលាយបាត់ទៅ។ សូមវិលទៅវិញឲ្យបានលឿនដូចក្ដាន់ និងប្រើសស្ទាវ នៅលើភ្នំដែលបែកគ្នា។
1 ពេលយប់ នៅលើគ្រែ ខ្ញុំស្វែងរកម្ចាស់ចិត្តខ្ញុំ ខ្ញុំខំស្វែងរក ប៉ុន្តែ រកគាត់មិនឃើញសោះ ខ្ញុំស្រែកហៅគាត់ តែគាត់មិនឆ្លើយ។ 2 ខ្ញុំបាននិយាយមកកាន់ខ្លួនឯងថា៖ «ខ្ញុំក៏ក្រោកឡើង ដើរពាសពេញទីក្រុង ដើម្បីស្វែងរកម្ចាស់ចិត្តរបស់ខ្ញុំ»។ នៅតាមផ្លូវ នៅតាមផ្សារ ខ្ញុំស្វែងរកគាត់ តែរកពុំឃើញឡើយ។ 3 ពួកយាមល្បាតដែលដើរក្រវែលក្នុងទីក្រុង គេប្រទះនឹងខ្ញុំ ហើយខ្ញុំសួរគេថា «តើអ្នករាល់គ្នាបានឃើញម្ចាស់ដួងចិត្ត ដែលខ្ញុំស្រឡាញ់ឬទេ?» 4 ខ្ញុំបានដើរហួសពីគេបន្តិច ស្រាប់តែខ្ញុំជួបម្ចាស់ចិត្តរបស់ខ្ញុំ ខ្ញុំបានឱបគាត់ជាប់ មិនព្រមឲ្យគាត់ឃ្លាតទៅឡើយ ទាល់តែខ្ញុំបាននាំចូលទៅក្នុងផ្ទះរបស់ម្តាយខ្ញុំ គឺក្នុងបន្ទប់របស់អ្នកដែលមានគភ៌បង្កើតខ្ញុំមក។ ស្រ្តីនិយាយទៅកាន់ស្រ្តីម្នាក់ផ្សេង 5 កូនស្រីក្រុងយេរូសាឡិមអើយ ខ្ញុំឲ្យនាងរាល់គ្នាស្បថដោយមានពួកប្រើស និងពួកក្តាន់ជាសាក្សីថា នាងទាំងឡាយនឹងមិនអង្រួន ឬដាស់ស្ងួនសម្លាញ់របស់ខ្ញុំឡើយ ចាំទាល់តែម្ចាស់ចិត្តខ្ញុំយល់ស្រប។ ស្រីក្រមុំនិយាយទៅកាន់ខ្លួនឯង 6 តើអ្នកណាឡើងពីរហោស្ថានមក ហុយដូចជាផ្សែង មានក្លិនក្រអូបដោយខ្លឹមចន្ទន៍ និងកំញាន ព្រមទាំងមានម្សៅក្រអូបគ្រប់យ៉ាង របស់ពួកជំនួញដូច្នេះ? 7 នៅទីនោះ គឺជាគ្រែស្នែងរបស់ព្រះបាទសាឡូម៉ូន ដែលហែហមដោយទាហានដ៏អង់អាច ចំនួនហុកសិបនាក់ គឺជាទាហានដ៏អង់អាចជាងគេនៃកងទ័ពអុីស្រាអែល។ 8 ពួកគេទាំងនោះប្រដាប់អាវុធ ហើយពួកគេមានជំនាញក្នុងការធ្វើសឹកសង្គ្រាម។ ម្នាក់ៗស្ពាយដាវ ត្រៀមខ្លួនតទល់នឹង ភាពអាសន្ន នៅពេលយប់។ 9 ព្រះបាទសាឡូម៉ូនបានធ្វើគ្រែស្នែងមួយ ពីឈើដែលយកមកពីទឹកដីលីបង់។ 10 ស្ដេចបានធ្វើបង្គោលពីប្រាក់ បង្អែកពីមាស រីឯខ្នើយធ្វើពីក្រណាត់ពណ៌ក្រហមទុំ។ ផ្នែកខាងក្នុងលំអ ដោយក្រណាត់ប៉ាក់ ជាស្នាដៃរបស់ស្ត្រីៗក្រុងយេរូសាឡឹម ដែលបំពេញកិច្ចការនេះដោយចិត្តស្រឡាញ់។ 11 កូនស្រីនៅក្រុងស៊ីយ៉ូនអើយ ចូរនាំគ្នាចេញមកមើលព្រះបាទសាឡូម៉ូន ស្ដេចពាក់មកុដដែលមាតាបានបំពាក់ថ្វាយ នៅថ្ងៃស្ដេចរៀបអភិសេក ជាថ្ងៃដែលស្ដេចមានព្រះហឫទ័យរីករាយ។
1 អូនស្អាត់ណាស់! ម្ចាស់ស្នេហ៍បងអើយ អូនស្អាតណាស់។ នៅពីក្រោយស្បៃ កែវភ្នែករបស់អូនភ្លឺថ្លាដូចកែវចរណៃ។ សក់របស់អូន គឺដូចជាហ្វូងពពែចុះពីភ្នំ នៅទឹកដីកាឡាត។ 2 ធ្មេញរបស់អូន ដូចហ្វូងចៀមដែលគេទើបនឹងកាត់រោម ហើយនាំគ្នាឡើងពីអណ្ដូងទឹកមកវិញ។ វាសុទ្ធតែមានគូរបស់វាហើយគ្មានណាមួយនៅឯកោឡើយ។ 3 បបូរមាត់របស់អូនប្រៀបបាននឹង ខ្សែបូពណ៌ មាត់របស់អូនគួរឲ្យស្រលាញ់ នៅពីក្រោយស្បៃ ថ្ពាល់របស់អូន ក្រហមស្រស់ដូចផ្លែទទឹម។ 4 ករបស់អូនប្រៀបបាននឹងប៉មរបស់ស្ដេចដាវីឌ ដែលមានរាងមូល ហើយរលោង មានខែលរាប់ពាន់ព្យួរនៅលើប៉មនោះ គឺជាខែលរបស់ទាហានដ៏អង់អាច។ 5 សុដន់ទាំងពីររបស់អូនប្រៀបបាននឹងកូនភ្លោះ របស់ប្រើស ដែលស៊ីស្មៅនៅតាមដើមក្រវាន់។ 6 ខ្ញុំនឹងធ្វើដំណើរទៅភ្នំប្រេងទេព្វិរូ និងភ្នំគ្រឿងក្រអូប ឲ្យបានមុនជំនោរពេលល្ងាច ហើយមុនពេលស្រមោលរលាយបាត់ទៅ។ 7 ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់គ្រប់កន្លែងទាំងអស់ បណ្តូលចិត្តបងអើយ អូនរកកន្លែងបន្ទោសមិនបានឡើយ។ 8 កូនក្រមុំបងអើយ ចូរចេញដំណើរពីភ្នំលីបង់ទៅជាមួយបង។ ចូរចេញដំណើរពីភ្នំលីបង់នេះជាមួយបង ចូរមើលពីកំពូលភ្នំអាម៉ាណា កំពូលភ្នំសេនៀរ និងកំពូលភ្នំហ៊ើរម៉ូន ចូរចាកចេញពីលំនៅរបស់សិង្ហ និងពីភ្នំដែលជាលំនៅរបស់ខ្លារខិននេះទៅ។ 9 អូនស្រីសម្លាញ់ចិត្តបងអើយ អូនបានយកបេះដូងបងទៅហើយ ដោយសារការសម្លឹងរបស់អូនមករកបង និងដោយសារលំអខ្សែកតែមួយរបស់អូន អូនបានយក បេះដូងបងទៅហើយ។ 10 អូនស្រីសម្លាញ់អើយ ក្តីស្នេហារបស់អូនស្រស់ស្អាត់ណាស់ កូនក្រមុំបងអើយ! គឺប្រសើរជាង ស្រាទំពាំងបាយជូរ ហើយក្លិនរបស់អូន ក្រអូបជាងគ្រឿងក្រអូប ទាំងប៉ុន្មានទៅទៀត។ 11 កូនក្រមុំបងអើយ បបូរមាត់អូនមានរសជាតិផ្អែម ដូចទឹកដមរបស់ផ្កានៅក្រោមអណ្ដាតរបស់អូន ក៏មានរសជាតិផ្អែមដូចទឹកឃ្មុំ និងទឹកដោះគោហើយសម្លៀកបំពាក់របស់អូន មានក្លិនក្រអូប ដូចព្រៃព្រឹក្សានៅទឹកដីលីបង់។ 12 កូនក្រមុំបណ្តូលចិត្តបងអើយ អូនជាសួនឧទ្យានហើយអូនជាសូនដំណាំក៏ជាប្រភពទឹករបស់បងតែម្នាក់គត់។ 13 ក្លិនរបស់អូនប្រៀបបាននឹងក្លិនរបស់ ចម្ការទទឹម ដែលមានផ្លែយ៉ាងល្អវិសេស ចម្ការនោះក៏មានដាំដើមខ្លឹមចន្ទន៍ និងទេព្វិរូដែរ។ 14 ដើមទេព្វិរូ និងរមៀត ដើមចំប៉ី និងដើមសម្បុរល្វែង ព្រមទាំងដើមឈើទាំងអស់សម្រាប់ធ្វើគ្រឿងក្រអូប ជ័រល្វីងទេស ក្រស្នា និងឈើក្រអូបដ៏វិសេស គ្រប់យ៉ាង។ 15 អូនជាប្រភពទឹក ហូរស្រោចស្រពសួនឧទ្យាន អូនជាអណ្ដូងផ្ដល់ទឹករស់ និងជាទឹកជ្រោះដែលហូរចុះពីភ្នំលីបង់។ «ស្រី្តក្មេងនិយាយទៅកាន់ប្រុសដែលខ្លួនស្រឡាញ់» 16 ខ្យល់ពីទិសខាងជើងអើយ ចូរភ្ញាក់ឡើង ខ្យល់ពីទិសខាងត្បូងអើយ ចូរបក់មកលើសួនឧទ្យានរបស់ខ្ញុំ ដើម្បីឲ្យសាយក្លិនក្រអូប។ សូមម្ចាស់ចិត្តរបស់អូន ចូលមកក្នុងសួនឧទ្យានរបស់បង ហើយពិសាផ្លែឈើដ៏ល្អវិសេសរបស់សួននេះចុះ។
1 អូនស្រីសម្លាញ់ចិត្តបងអើយ បងចូលក្នុងសួនឧទ្យានរបស់បងហើយ កូនក្រមុំរបស់បងអើយ បងនឹងបេះផ្កាដែលមានក្លិនក្រអូបរបស់បង។ បងនឹងបរិភោគទឹកឃ្មុំរបស់បង បងនឹងផឹកស្រាទំពាំងបាយជូរ និងទឹកដោះគោរបស់បង។ មិត្តសម្លាញ់របស់ខ្ញុំអើយ សូមអញ្ជើញពិសាឲ្យបានស្រវឹងចុះ។ ស្រ្តីក្មេងនិយាយទៅកាន់ខ្លួនឯង 2 ខ្ញុំបានគេងលក់ទៅហើយ តែចិត្តរបស់ខ្ញុំបានភ្ញាក់នៅក្នុងសុបិន្ត។ ខ្ញុំឮម្ចាស់ជីវិតរបស់ខ្ញុំគោះទ្វារ ហៅខ្ញុំថា៖ «អូនស្រីសម្លាញ់ចិត្តបងអើយ ចូរបើកទ្វារឲ្យបងផង អូនជាទីស្រឡាញ់របស់បង អូនល្អឥតខ្ចោះ ដ្បិតក្បាលរបស់បងទទឹកជោក ដោយសន្សើមដែលធ្លាក់នៅពេលយប់»។ 3 «អូនដោះសម្លៀកបំពាក់ចេញទៅហើយ តើឲ្យអូនស្លៀកវិញដូចម្ដេចបាន? អូនទើបនឹងលាងជើង តើឲ្យអូនប្រឡាក់ជើងវិញដូចម្ដេចកើត?» 4 ម្ចាស់ចិត្តរបស់ខ្ញុំលូកដៃចូលមកតាមប្រហោងទ្វារ ធ្វើឲ្យចិត្តខ្ញុំរំភើបដោយសារតែរូបបង។ 5 ខ្ញុំក៏ស្ទុះឡើងទៅដើម្បីបើកទ្វារ ឲ្យស្នេហារបស់ខ្ញុំ ប្រេងក្រអូបហូរពីដៃ និងម្រាមដៃរបស់ខ្ញុំ បានស្រក់ជាប់ទៅលើគន្លឹះទ្វារ។ 6 ខ្ញុំបើកទ្វារឲ្យម្ចាស់ចិត្តរបស់ខ្ញុំ តែម្ចាស់ចិត្តបានបែរក្រោយ ហើយចាកចេញទៅបាត់។ បេះដូងរបស់ខ្ញុំបានស្លត់ ខ្ញុំត្រឡប់ទៅជាគាំង។ ខ្ញុំខំព្រឹងរកមើលគាត់ តែខ្ញុំមិនអាចរកគាត់ឃើញទេ ខ្ញុំស្រែករកគាត់ តែម្ចាស់ចិត្តមិនបានឆ្លើយតប។ 7 ពួកអ្នកយាមល្បាតទីក្រុងបានជួបខ្ញុំ ពួកគេវាយខ្ញុំ ពួកគេធ្វើឲ្យខ្ញុំរបួស ពួកអ្នកយាមកំពែងក្រុងយកស្បៃរុំខ្លួនចេញពីខ្ញុំ។ ស្រ្តីក្មេងនិយាយទៅកាន់ស្រ្តីនៅក្នុងទីក្រុង 8 កូនស្រីនៅក្រុងយេរូសាឡឹមអើយ សូមអ្នកសន្យាពួជាមួយខ្ញុំថា បើពួកនាងឃើញម្ចាស់ជីវិតរបស់ខ្ញុំ សូមប្រាប់គាត់ថាខ្ញុំបានឈឺដោយសារតែស្រឡាញ់គាត់។ ស្រ្តីនៅទីក្រុងបាននិយាយស្រ្តីក្មេងជាង 9 តើម្ចាស់ចិត្តរបស់នាងពិតជាល្អជាងប្រុសដទៃទៀត ហើយនាងពិតជាស្រីស្អាត់នៅក្នុងចំណោមមនុស្សស្រីមែនឬ? ហេតុអ្វីបានជាម្ចាស់ចិត្តវិសេសជាងអ្នកផ្សេង ដែលនាងឲ្យយើងសន្យាបែរនេះ? ស្រ្តីក្មេងនិយាយទៅកាន់ស្រ្តីនៅក្នុងទីក្រុង 10 ម្ចាស់ចិត្តរបស់ខ្ញុំ មានស្បែករលោង និងក្រហមព្រឿងៗ គាត់សង្ហាខ្លាំងណាស់ បើទោះយកបុរសមួយមុឺននាក់ មកធៀបក៏មិនស្មើរនឹងគាត់ដែរ។ 11 ក្បាលរបស់គាត់ប្រៀបបាននឹងមាសសុទ្ធ សក់របស់គាត់រួញដូចអង្គាសដី ហើយមានពណ៌ខ្មៅ ដូចសារិកាកែវ។ 12 ភ្នែករបស់គាត់ស្រស់ស្អាត ដូចសត្វព្រាបដែលស្ថិតនៅក្បែរមាត់ទឹក លាងសម្អាត់ដោយទឹកដោះគោ រង្វង់ភ្នែកចាំងដូចត្បូង។ 13 ថ្ពាល់របស់គាត់ប្រៀបបីដូចថ្នាល ដែលមានពេញដោយផ្កា សាយគន្ធពិដោរ។ បបូរមាត់របស់គាត់ប្រៀបដូចជាផ្កាក្រវាន់ ដែលបញ្ចេញក្លិនយ៉ាងក្រអូប។ 14 ដៃរបស់គាត់ប្រៀបបាននឹងកងមាស ដែលមានដាំត្បូង ខ្លួនរបស់គាត់ប្រៀបបាននឹងភ្លុក ព្រមទាំងមានដាំត្បូងកណ្ដៀងផង។ 15 ជើងរបស់គាត់ប្រៀបបាននឹងសសរ ដែលបញ្ឈរនៅលើជើងសសរធ្វើពីមាសសុទ្ធ គាត់មានរាងសង្ហាដូចភ្នំលីបង់ ហើយមានរូបល្អស្អាតដូចដើមតាត្រៅ។ 16 ពាក្យចេញពីមាត់គាត់គឺទន់ភ្លន់ គាត់ជាមនុស្សគួរឲ្យស្រឡាញ់។ កូនស្រីនៃយេរូសាឡិមអើយ! នេះគឺជាម្ចាស់ចិត្តរបស់ខ្ញុំ ហើយនេះវិញគឺជាមិត្តសម្លាញ់របស់ខ្ញុំ។
1 ស្ត្រីដែលមានរូបឆោមល្អដាច់គេអើយ តើម្ចាស់ចិត្តរបស់នាងទៅទីណា? តើម្ចាស់ចិត្តរបស់នាងទៅតាមផ្លួវណា? នោះយើងនឹងស្វែងរកគាត់ជាមួយនាងដែរ? ស្រី្តក្មេងបាននិយាយទៅកាន់ខ្លូននាង 2 ម្ចាស់ចិត្តរបស់ខ្ញុំបានទៅសួនឧទ្យានរបស់គាត់ ឆ្ពោះទៅថ្នាល ដែលមានពេញដោយផ្កាសាយគន្ធពិដោរ គាត់ទៅឃ្វាលហ្វូងសត្វរបស់គាត់ ព្រមទាំងបេះផ្កាក្រវាន់ផង។ 3 ម្ចាស់ចិត្តរបស់ខ្ញុំជាគូស្នេហ៍របស់ខ្ញុំ ហើយខ្ញុំក៏ជាគូស្នេហ៍របស់គាត់ដែរ គាត់ឃ្វាលហ្វូងសត្វនៅតាមដើមក្រវាន់។ ស្រ្តីដែលជាម្ចាស់ស្នេហ៍និយាយទៅកាន់នាង 4 ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់ គឺស្អាតដូចក្រុងធើសា ស្រស់ដូចក្រុងយេរូសាឡឹម ហើយអូនដូចហ្វូងតារាគួរឲ្យស្ញប់ស្ញែង។ 5 កុំសម្លឹងមើលមកបងដូច្នេះ ដ្បិតកែវភ្នែករបស់អូនធ្វើឲ្យបងភាំងស្មារតី។ សក់របស់អូនដូចហ្វូងពពែ ចុះពីភ្នំនៅទឹកដីកាឡាត។ 6 ធ្មេញរបស់អូនមានពណ៌ស ដូចហ្វូងចៀមដែលឡើងពីកន្លែងលាងទឹកមកវិញ។ គឺសុទ្ធតែមានគូរបស់វា ហើយគ្មានណាមួយនៅឯកោឡើយ។ 7 នៅពីក្រោយស្បៃ ថ្ពាល់របស់អូនក្រហមស្រស់ដូចផ្លែទទឹម។ ម្ចាស់ស្នេហ៍របស់នាងនិយាយមកកាន់នាង 8 ស្ដេចមានមហេសី ហុកសិបនាក់ មានស្រីស្នំ ប៉ែតសិបនាក់ ព្រមទាំងយុវនារីឯទៀតៗច្រើនឥតគណនា។ 9 បណ្តូលចិត្តបងអើយ ទោះជាយ៉ាងណាក៏ដោយ ចំពោះបងវិញ មានតែអូនមួយប៉ុណ្ណោះដែលជាគូកំណាន់ចិត្ត អូនល្អឥតខ្ចោះ អូនជាកូនតែមួយគត់របស់ម្ដាយ ជាកូនសម្លាញ់ចិត្តរបស់ម្ដាយ។ ពេលកូនស្រីទាំងឡាយបានឃើញនាង ក៏ពោលថា នាងគឺជាស្រី្តដែរបានពរ ពួកមហេសី និងពួកស្រីស្នំ ក៏កោតសរសើរនាងដែរ។ មហេសី និងស្រីស្នំនិយាយ 10 «តើស្ត្រីដែលមានសម្ផស្ស ដូចពេលអរុណរះ មានរូបឆោមល្អដូចព្រះច័ន្ទ មានពន្លឺរស្មីដូចព្រះអាទិត្យ ហើយដូចហ្វូងតារាគួរឲ្យស្ញប់ស្ញែងនេះ ជានរណា?» ម្ចាស់ស្នេហ៍របស់បុរសនិយាយមករកគាត់ 11 ខ្ញុំបានចុះទៅចម្ការដែលមានដាំដើមឈើស៊ីផ្លែ ដើម្បីមើលកូនឈើដែលទើបនឹងដុះ មើលទំពាំងបាយជូរដែលទើបនឹងពន្លក មើលដើមទទឹម ក្រែងលោមានផ្កា។ 12 ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង ដែលនាមអារម្មណ៍ថាបានជិៈរទះរបស់ព្រះមហាក្សត្រ។ ម្ចាស់ចិត្តរបស់ស្រ្តីនិយាយមករកនាង 13 នាងជាស្រ្តីដែល្អឥតខ្ចោះអើយ! សូមត្រឡប់មក ត្រឡប់មកចុះ ដើម្បីឲ្យបងបានសំឡឹងមើលអូន។ (ស្រ្តីវ័យក្មេងនិយាយទៅកាន់ម្ចាស់ចិត្តរបស់នាង) តើហេតុអ្វីបានជាបងជក់ចិត្តលើរូបអូន ស្រ្តីដែលល្អឥតខ្ចោះ ប្រសិនបើអូនបានរាំ រវាងអ្នករាំនៃខ្សែរទាំងពីរជួរនោះឬ?
1 ម្ចាស់ក្សត្រីអើយ! អូនពាក់ស្បែកជើងដូច្នេះស្អាតណាស់ ចង្កេះរបស់អូនរាងមូល ដូចខ្សែកដែលមានបំពាក់ត្បូង ដែលជាស្នាដៃរបស់មេជាងដ៏ចំណានបំផុត។ 2 ផ្ចិតរបស់អូនមានរាងដូចពែង ពេញទៅដោយស្រាដ៏ឈ្ងុយឆ្ងាញ់ជានិច្ច។ ពោះរបស់អូនប្រៀបបាននឹងគំនរស្រូវសាលី ដែលមានផ្កាក្រវាន់លំអជុំវិញ។ 3 សុដន់ទាំងពីររបស់អូន ប្រៀបបាននឹងកូនភ្លោះ របស់ប្រើស។ 4 ករបស់អូនប្រៀបបាននឹងប៉មធ្វើពីភ្លុក ភ្នែករបស់អូនភ្លឺថ្លាដូចទឹកត្រពាំង នៅក្រុងហេសបូន ដែលស្ថិតនៅក្បែរទ្វារបាត-រ៉ាប៊ីម។ ច្រមុះរបស់អូនប្រៀបបាននឹងប៉មលីបង់ ដែលបែរទៅរកក្រុងដាម៉ាស។ 5 ក្បាលរបស់អូនស្ថិតនៅពីលើដងខ្លួន ដូចភ្នំកើមែល សរសៃសក់របស់អូនពណ៌ស្វាយ។ ព្រះរាជា គាប់ព្រះហឫទ័យនឹង ផ្នួងសក់របស់អូនណាស់។ 6 ម្ចាស់ស្នេហ៍របស់បង បងពេញចិត្ត និងអូនខ្លាំង អូនល្អស្អាត គួរឲ្យស្រឡាញ់ណាស់។ 7 កំពស់របស់អូនល្អស្អាតដូចដើមទន្លាប់ សុដន់របស់អូនក៏ដូចផ្លែទន្លាប់ដែរ។ បងគិតថា «បងចង់ឡើងដើមទន្លាប់នេះ ហើយខ្ញុំនឹងតោងមែករបស់វា»។ 8 សូមឲ្យសុដន់របស់អូនប្រៀបបាននឹង ចង្កោមទំពាំងបាយជូរ ហើយឲ្យដង្ហើមរបស់អូនសាយក្លិនក្រអូបដូចផ្លែចន្ទន៍។ 9 មាត់របស់អូនប្រៀបបាននឹងស្រាទំពាំងបាយជូរ យ៉ាងឆ្ងាញ់ សូមឲ្យស្រាទំពាំងបាយជូរនេះ ហូរមកសម្រាប់ម្ចាស់ចិត្តអូន ហើយស្រក់លើបបូរមាត់និងធ្មេញរបស់យើង។ ស្រ្តីវ័យក្មេងនិយាយមករកម្ចាស់ចិត្តនាង 10 អូនប្រគល់រូបកាយជូនម្ចាស់ចិត្តរបស់អូន ហើយគាត់ចង់បានខ្ញុំណាស់។ 11 ម្ចាស់ចិត្តអូនអើយ សូមអញ្ជើញមក យើងទៅចម្ការជាមួយគ្នា យប់នេះ យើងសម្រាកនៅតាមភូមិ។ 12 ព្រលឹមស្រាងឡើង យើងទៅចម្ការទំពាំងបាយជូរ ដើម្បីមើល ក្រែងលោទំពាំងបាយជូរពន្លកឡើង ហើយចេញផ្កា រួចយើងមើល ក្រែងលោដើមទទឹមមានផ្កា។ នៅទីនោះ អូននឹងប្រគល់ស្នេហាជូនបង។ 13 ផ្លែស្នេហ៍ សាយក្លិនយ៉ាងក្រអូប នៅមាត់ទ្វារកន្លែងយើងសម្រាក មានផ្លែដ៏ល្អវិសេសគ្រប់មុខ គឺទាំងផ្លែចាស់ និងផ្លែថ្មី ម្ចាស់ចិត្តអូនអើយ អូនរក្សាផ្លែទាំងនោះទុកជូនបង។
1 ប្រសិនបើបងជាបងប្រុសរបស់អូន ដែលបៅដោះម្ដាយរបស់អូន។ ពេលអូនជួបបងនៅខាងក្រៅ អូននឹងថើបបង ហើយគ្មាននរណាមើលងាយអូនទេ។ 2 អូននឹងនាំបងចូលទៅក្នុងផ្ទះរបស់ម្ដាយអូន ហើយបងនឹងបង្រៀនអូនអំពីសេចក្ដីស្រឡាញ់។ ហើយអូននឹងយកស្រាដ៏ឈ្ងុយឆ្ងាញ់ព្រមទាំងទឹកដមផ្លែទទឹមជូនបងពិសា។ (ស្រ្តីវ័យក្មេងនិយាយមករកខ្លួនឯង) 3 ដៃឆ្វេងរបស់បងដាក់ឲ្យខ្ញុំកើយ ហើយដៃស្ដាំរបស់បងបបោសអង្អែលខ្ញុំ។ (ស្រ្តីនិយាយទៅកាន់ស្រី្តផ្សេងទៀត) 4 កូនក្រមុំនៅក្រុងយេរូសាឡឹមអើយ ខ្ញុំសូមឲ្យពួកនាងស្បត់ថា សូមកុំរំខាន់ក្តីស្នេហារបស់យើង រហូតដល់រសស្នេហ៍យើងបានចប់សិន។ (ស្រ្តីនៃយេរូសាឡិមបាននិយាយ) 5 តើស្ត្រីដែលឡើងទៅវាលរហោស្ថាន ហើយផ្អែកលើម្ចាស់ចិត្តរបស់នាង នោះជានរណា?(ស្ត្រីវ័យក្មេងនិយាយទៅរកម្ចាស់ចិត្តនាង) អូនបានដាស់បង នៅក្រោមដើមចន្ទន៍ ជាកន្លែងដែលមាតារបស់បងមានគភ៌ ហើយបង្កើតបងមក។ 6 សូមចារឹករូបអូនក្នុងដួងចិត្តរបស់បង ដើម្បីកុំឲ្យភ្លេចឡើយ ដ្បិតសេចក្ដីស្រឡាញ់មានកម្លាំងដូច សេចក្ដីស្លាប់។ សេចក្ដីស្នេហាប្រៀបដូចស្ថានមនុស្សស្លាប់ សេចក្ដីស្នេហានេះឆាបឆេះ ដូចភ្លើងដែលមិនដែលមានភ្លើងណាដូចភ្លើងនេះឡើយ។ 7 មហាសាគរពុំអាចពន្លត់ភ្លើង នៃសេចក្ដីស្នេហាបានឡើយ រីឯទន្លេទាំងប៉ុន្មានក៏ពុំអាចពន្លិចសេចក្ដីស្នេហាបានដែរ។ បើសិនអ្នកណាយកទ្រព្យសម្បត្តិ ទាំងប៉ុន្មានរបស់ខ្លួនទិញសេចក្ដីស្នេហា អ្នកនោះជាមនុស្សគួរឲ្យស្អប់ខ្ពើម។ (បងប្រុសរបស់ស្រ្តីនិយាយគ្នាក្នុងចំណោមគេ) 8 យើងនៅមានប្អូនស្រីម្នាក់ តែនាងមិនទាន់ពេញរូបរាងនៅឡើយទេ តើយើងអាចធ្វើអ្វីសម្រាប់ប្អូនស្រីរបស់យើង នៅថ្ងៃដែលនាងសន្យាថានឹងរៀបចំមង្គលការនោះ? 9 ប្រសិនបើនាងជាកំពែងក្រុងមួយ នោះយើងនឹងសង់ប៉មពីប្រាក់ការពារនាង។ ប្រសិនបើនាងជាទ្វារក្រុង នោះយើងនឹងយកបន្ទះឈើតាត្រៅមកបាំងនាង។ (ស្រ្តីវ័យក្មេងនិយាយមកខ្លួនឯង) 10 ខ្ញុំជាកំពែងក្រុងមួយ សុដន់របស់ខ្ញុំប្រៀបបាននឹងប៉មរបស់ក្រុងនេះ ដុច្នេះខ្ញុំផ្ដល់ក្ដីសុខដល់ភ្នែករបស់ម្ចាស់ចិត្តខ្ញុំ។ (ស្រ្តីវ័យក្មេងនិយាយមករកខ្លួនឯង) 11 ព្រះបាទសាឡូម៉ូនមានចម្ការទំពាំងបាយជូរមួយ នៅបាលហាម៉ូន។ ស្ដេចបានប្រគល់ចម្ការនោះឲ្យអ្នកថែរក្សា មើលខុសត្រូវ។ ម្នាក់ៗត្រូវយកចេញពីផងប្រាក់មួយពាន់ស្លឹងថ្វាយ។ 12 បពិត្រព្រះបាទសាឡូម៉ូន ព្រះករុណាទទួលយកប្រាក់មួយពាន់ស្លឹងនេះ តែទុកពីររយស្លឹងឲ្យអ្នកថែរក្សាចម្ការ។ រីឯចម្ការទំពាំងបាយជូររបស់ខ្ញុំ ខ្ញុំរក្សាទុកខ្លួនឯង។ (ម្ចាស់ចិត្តរបស់នាងនិយាយមករកនាង) 13 អូនសម្លាញ់ដែលស្ថិតនៅក្នុងសួនឧទ្យានអើយ មានគេលួចស្ដាប់សំឡេងរបស់អូន ចូរបន្លឺសំឡេងឲ្យបងឮផង។ (ស្រ្តីវ័យក្មេងនិយាយទៅកាន់ម្ចាស់ចិត្តនាង) 14 សម្លាញ់ចិត្តអូនអើយ លឿនឡើង សូមរត់យ៉ាងលឿនដូចក្ដាន់ និងប្រើសស្ទាវ រត់នៅលើភ្នំដែលពោរពេញដោយគន្ធពិដោរ។