1 នេះជាដំណើរចាប់ផ្តើមអំពីដំណឹងល្អរបស់ព្រះយេស៊ូគ្រិស្ត ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់។ 2 ដូចបានកត់ត្រានៅក្នុងកណ្ឌគម្ពីរអេសាយដែលជាព្យាការីថា៖ «មើល៍ យើងបានចាត់អ្នកនាំសារមកចំពោះមុខអ្នករាល់គ្នា គឺជាម្នាក់ដែលនឹងរៀបចំផ្លូវសម្រាប់អ្នក។ 3 មានសំឡេងរបស់បុរសម្នាក់ស្រែកនៅទីរហោស្ថានថា៖ «ចូររៀបចំផ្លូវថ្វាយព្រះអម្ចាស់ និងតម្រង់ផ្លូវថ្វាយព្រះអង្គចុះ»។ 4 លោកយ៉ូហានបានមកដើម្បីធ្វើការជ្រមុជទឹក នៅទីរហោស្ថាន ហើយបង្រៀនអំពីពិធីជ្រមុជទឹក និងអំពីការប្រែចិត្ត ដើម្បីទទួលការលើកលែងទោសឲ្យរួចពីបាប។ 5 អ្នកស្រុកយូដាទាំងអស់ និងអ្នកក្រុងយេរូសាឡិមទាំងមូលនាំគ្នាចេញទៅរកលោក។ ពួកគេទទួលសារភាពអំពើបាបរបស់ខ្លួន ហើយលោកក៏ធ្វើពិធីជ្រមុជទឹកឲ្យពួកគេក្នុងទន្លេយ័រដាន់។ 6 លោកយ៉ូហានស្លៀកសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ ពាក់ខ្សែក្រវាត់ធ្វើពីស្បែក ហើយហូបកណ្ដូប និងទឹកឃ្មុំ។ 7 គាត់បានប្រកាសថា៖ «ម្នាក់ដែលនឹងមកតាមក្រោយខ្ញុំ គឺជាអ្នកដែលមានអំណាចជាងខ្ញុំ ហើយខ្ញុំមិនសមសូម្បីឱនចុះ ដើម្បីស្រាយខ្សែស្បែកជើងថ្វាយព្រះអង្គផង។ 8 ខ្ញុំបានជ្រមុជអ្នករាល់គ្នាដោយទឹក តែព្រះជាម្ចាស់នឹងជ្រមុជអ្នកទាំងអស់គ្នា ជាមួយព្រះវិញ្ញាណដ៏វិសុទ្ធវិញ»។ 9 ការនេះបានកើតឡើង ក្នុងពេលដែលព្រះយេស៊ូយាងមកពីភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ ព្រះអង្គបានទទួលពិធីជ្រមុជទឹកពីលោកយ៉ូហានក្នុងទន្លេយ័រដាន់។ 10 នៅពេលព្រះអង្គយាងឡើងពីទឹកមកភ្លាម ព្រះអង្គទតឃើញផ្ទៃមេឃបើកចំហ ហើយព្រះវិញ្ញាណយាងចុះដូចសត្វព្រាប។ 11 មានសម្លេងចេញពីលើមេឃមកថា៖ «ព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្ត និងព្រះអង្គណាស់»។ 12 ក្រោយមក ព្រះវិញ្ញាណក៏នាំព្រះយេស៊ូទៅទីរហោស្ថាន។ 13 ព្រះអង្គគង់នៅទីរហោស្ថានអស់រយៈពេលសែសិបថ្ងៃ ដើម្បីឲ្យសាតាំងបានល្បួង។ ព្រះអង្គគង់នៅជាមួយសត្វព្រៃ ហើយក៏មានពួកទេវតាបានបម្រើព្រះអង្គដែរ។ 14 ក្រោយពេល លោកយ៉ូហានត្រូវបានចាប់ខ្លួន ព្រះយេស៊ូបានយាងចូលទៅស្រុកកាលីឡេប្រកាសពីដំណឹងល្អរបស់ព្រះជាម្ចាស់ 15 ដោយមានបន្ទូលថា៖ «វេលាកំណត់បានមកដល់ហើយ ព្រះរាជ្យរបស់ព្រះជាម្ចាស់ក៏នៅជិតបង្កើយដែរ។ ចូរប្រែចិត្ត ហើយជឿនៅលើដំណឹងល្អចុះ»។ 16 នៅពេលព្រះយេស៊ូកំពុងយាងតាមសមុទ្រកាលីឡេ នោះព្រះអង្គបានទតឃើញលោកស៊ីម៉ូន និងលោកអនទ្រេ ជាប្អូនរបស់គាត់ដែលកំពុងតែបង់សំណាញ់ទៅក្នុងសមុទ្រ ដ្បិត ពួកគេជាអ្នកនេសាទត្រី។ 17 ព្រះយេស៊ូបានមានបន្តូលទៅកាន់ពួកគេថា៖ «ចូរមក ហើយដើរតាមខ្ញុំចុះ ហើយខ្ញុំនឹងធ្វើឲ្យអ្នកជាអ្នកនេសាទមនុស្សវិញ»។ 18 ហើយរំពេចនោះ ពួកគេក៏លះចោលសំណាញ់ ហើយដើរតាមព្រះយេស៊ូទៅ។ 19 គ្រាដែលព្រះយេស៊ូបានយាងឆ្ងាយពីទីនោះបន្តិច ព្រះអង្គបានទតឃើញលោកយ៉ាកុប និងលោកយ៉ូហានដែលត្រូវជាប្អូនរបស់គាត់ ពួកគេនៅក្នុងទូកកំពុងតែជួសជុលអួន អ្នកទាំងពីរជាកូនលោកសេបេដេ។ 20 ព្រះអង្គបានត្រាស់ហៅពួកគេ ពេលនោះពួកគេក៏លាចេញ ពីឪពុក លោកសេបេដេ ឲ្យនៅក្នុងទូកជាមួយពួកកូនឈ្នួល។ 21 បន្ទាប់មក នៅថ្ងៃសប្ប័ទ ពួកគេបានចូលក្រុងកាពើណិម ហើយព្រះយេស៊ូបានយាងចូលទៅក្នុងសាលាប្រជុំ និងបានបង្រៀន។ 22 ពួកគេមានការងឿងឆ្ងល់នឹងសេចក្តីបង្រៀនរបស់ព្រះអង្គ ដ្បិត ព្រះអង្គបង្រៀនពេញដោយអំណាច និងមិនដូចជាការបង្រៀនរបស់ពួកអាចារ្យទេ។ 23 នៅពេលនោះ មានបុរសម្នាក់ដែលនៅក្នុងសាលាប្រជុំរបស់ពួកគេ មានវិញ្ញាណអាក្រក់នៅស្រែកឡើងខ្លាំង 24 ដោយនិយាយថា៖ «ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតអើយ តើព្រះអង្គចង់ធ្វើអ្វីយើង? តើព្រះអង្គមកបំផ្លាញយើងមែនទេ? ខ្ញុំស្គាល់ព្រះអង្គហើយ។ ព្រះអង្គជាព្រះដ៏បរិសុទ្ធដែលមកពីព្រះជាម្ចាស់»។ 25 ព្រះយេស៊ូបានបង្គាប់ទៅវិញ្ញាណអាក្រក់ ដោយបន្ទូលថា៖ «ស្ងៀម ហើយចេញពីអ្នកនេះភ្លាម» 26 វិញ្ញាណអាក្រក់ក៏ធ្វើឲ្យបុរសនោះដួលចុះ ហើយវាចេញទៅ ទាំងស្រែកយ៉ាងខ្លាំងផង។ 27 មនុស្សគ្រប់គ្នាមានការអស្ចារ្យ ដូច្នេះពួកគេបានសួរគ្នាទៅវិញទៅមកថា៖ «តើការនេះគឺជាអ្វី? ជាការបង្រៀនថ្មី ជាមួយនឹងសិទ្ធិអំណាច? លោកបានបញ្ជាវិញ្ញាណអាក្រក់ ហើយវាស្តាប់បង្គាប់លោកទៀត 28 ដំណឹងអំពីព្រះយេស៊ូបានឮទៅដល់គ្រប់ទីកន្លែង ឮរហូតដល់តំបន់សំខាន់ៗរបស់ស្រុកកាលីឡេទៀតផង។ 29 ក្រោយចេញពីសាលាប្រជុំមក ពួកគេមកឯផ្ទះរបស់លោកស៊ីម៉ូន និងលោកអនទ្រេ លោកយ៉ាកុប និងលោកយ៉ូហានក៏ទៅជាមួយដែរ។ 30 ខណៈនោះម្តាយក្មេករបស់លោកសីុម៉ូនបានដេកឈឺជាមួយអាការក្តៅខ្លួន ហើយពួកសិស្សបានមកប្រាប់ព្រះយេស៊ូអំពីជំងឺរបស់គាត់។ 31 ព្រះអង្គបានយាងចូលទៅជិត ចាប់ដៃគាត់ឲ្យក្រោកឡើង គាត់ក៏បាត់គ្រុន ហើយគាត់បានចាប់ផ្តើមបម្រើពួកគេ។ 32 នៅល្ងាចនោះ បន្ទាប់ពីថ្ងៃលិច ពួកគេបាននាំអ្នកជំងឺ និងអ្នកដែលអារក្សចូលទាំងអស់មករកព្រះយេស៊ូ។ 33 អ្នកក្រុងទាំងប៉ុន្មានមកផ្ដុំគ្នានៅមាត់ទ្វារ។ 34 ព្រះអង្គបានប្រោសមនុស្សជាច្រើន ដែលមានជំងឺផ្សេងៗឲ្យជា ហើយព្រះអង្គដេញអារក្សជាច្រើនចេញពីមនុស្សផង ព្រះអង្គមិនអនុញ្ញាតឲ្យអារក្សនិយាយជាដាច់ខាត ព្រោះពួកវាស្គាល់ព្រះអង្គ។ 35 ព្រះយេស៊ូតើនឡើង នៅពេលព្រឹកព្រលឹម កាលដែលងងឹតនៅឡើយ ទ្រង់យាងចេញពីផ្ទះ ទៅកន្លែងមួយស្ងាត់ដោយឡែក ហើយអធិស្ឋាននៅទីនោះ។ 36 លោកស៊ីម៉ូន និងអ្នកដែលនៅជាមួយគាត់ នាំគ្នាតាមរកព្រះអង្គ។ 37 ក្រោយពេលដែលពួកគេរកព្រះអង្គឃើញហើយ គេទូលថា៖ «គ្រប់គ្នាបានស្វែងរកលោកគ្រូ»។ 38 ព្រះយេស៊ូបានមានព្រះបន្ទូលថា៖ «យើងត្រូវនាំគ្នាទៅភូមិផ្សេងទៀតដែលនៅជិតនេះ ខ្ញុំត្រូវប្រកាសដំណឹងល្អនៅទីនោះដែរ ដ្បិត ខ្ញុំបានមក ដើម្បីបំពេញការនេះឯង»។ 39 ព្រះអង្គបានយាងទៅគ្រប់ទីកន្លែងក្នុងស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អនៅតាមសាលាប្រជុំទាំងឡាយ ព្រមទាំងដេញអារក្សផង។ 40 មានមនុស្សឃ្លង់ម្នាក់ចូលមករកព្រះអង្គ គាត់លុតជង្គង់ចុះ ហើយទូលទៅព្រះអង្គថា៖ «បើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំឲ្យជាស្អាតផង»។ 41 ព្រះយេស៊ូមានព្រះហឫទ័យអាណិតអាសូរដល់គាត់ ព្រះអង្គក៏លូកព្រះហស្ដទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រមហើយ ចូរឲ្យជាស្អាតចុះ»។ 42 ខណៈនោះ ជំងឺឃ្លង់ក៏បានជា ហើយគាត់បានស្អាតឡើងវិញភ្លាម។ 43 ព្រះយេស៊ូបានដាស់តឿនដល់គាត់ហើយចាត់ឲ្យចេញទៅ។ ព្រះអង្គមានព្រះបន្ទូលថា៖ 44 «ចូរកុំនិយាយពីការនេះប្រាប់ឲ្យនរណាផ្សេងឡើយ តែចូរទៅបង្ហាញខ្លួនដល់លោកបូជាចារ្យ រួចថ្វាយតង្វាយ ដូចដែលលោកម៉ូសេបានបង្គាប់ទុក ដើម្បីជាទីបន្ទាល់បញ្ជាក់ថា អ្នកបានជាស្អាតមែន»។ 45 ប៉ុន្តែ បុរសនោះបានចេញទៅ ហើយចាប់់ផ្តើមប្រាប់រឿងនេះដល់គ្រប់គ្នានៅគ្រប់កន្លែងឲ្យបានដឹង ការនេះធ្វើឲ្យព្រះយេស៊ូមិនអាចយាងចូលទីក្រុងណាមួយដូចពីមុនទៀតឡើយ។ ដូច្នេះ ព្រះអង្គគង់នៅកន្លែងស្ងាត់ដោយឡែក ហើយមានមនុស្សពីគ្រប់ទិសទីនាំគ្នាមករកព្រះអង្គ។
1 បន្ទាប់ពីប៉ុន្មានថ្ងៃក្រោយមក ព្រះយេស៊ូយាងត្រឡប់មកក្រុងកាពើណិមវិញ ហើយអ្នកស្រុកឮដំណឹងថា ព្រះអង្គគង់នៅក្នុងផ្ទះ។ 2 ដូច្នេះ មានមនុស្សជាច្រើនបានមកជួបជុំគ្នា ហើយនៅទីនោះគ្មានកន្លែងទំនេរ សូម្បីតែនៅមាត់ទ្វារផ្ទះ ហើយព្រះយេស៊ូក៏ថ្លែងព្រះបន្ទូលទៅកាន់ពួកគេ។ 3 មានបុរសខ្លះ បានចូលមករកព្រះអង្គ គឺជាអ្នកនាំមនុស្សខ្វិនដៃ ខ្វិនជើងម្នាក់ មានបុរសបួនអ្នកបានសែងគាត់មករកព្រះអង្គ។ 4 នៅពេលពួកគេមិនអាចចូលទៅជិតព្រះអង្គ ដោយសារមនុស្សច្រើនពេក ដូច្នេះ គេក៏ចោះដំបូលផ្ទះចំពីលើកន្លែងដែលព្រះយេស៊ូគង់នៅ ហើយពួកគេបានសម្រូតមនុស្សខ្វិននៅលើគ្រែស្នែង ចុះតាមប្រឡោះនោះមក។ 5 ការឃើញពីជំនឿរបស់អ្នកទាំងនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ «កូនអើយ អំពើបាបរបស់អ្នកបានអត់ទោសហើយ»។ 6 ពួកអាចារ្យខ្លះដែលអង្គុយនៅទីនោះ បានរិះគិតក្នុងចិត្តថា៖ 7 «ហេតុដូចម្ដេចបានជាអ្នកនេះហ៊ាន និយាយពាក្យបែបនេះ? អ្នកនេះកំពុងតែប្រមាថព្រះជាម្ចាស់ហើយ ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើនរណាអាចអត់ទោសមនុស្សឲ្យរួចពីបាបបាន?»។ 8 ក្នុងខណៈនោះ ព្រះយេស៊ូជ្រាបនៅក្នុងវិញ្ញាណ អំពីអ្វីដែលពួកអាចារ្យកំពុងគិតក្នុងចំណោមពួកគេ។ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើហេតុអ្វីបានជាអ្នកកំពុងគិតបែបនេះនៅក្នុងចិត្ត? 9 បើខ្ញុំប្រាប់អ្នកពិការនេះថា៖ «ខ្ញុំអត់ទោសឲ្យអ្នករួចពីបាបហើយ» ឬថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកដើរទៅចុះ» តើឃ្លាមួយណាស្រួលនិយាយជាង»?។ 10 ប៉ុន្តែ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា បុត្រមនុស្សមានអំណាចនឹងអត់ទោសឲ្យមនុស្សលើផែនដីនេះ ឲ្យរួចពីបាបបាន» ព្រះអង្គមានបន្ទូលទៅកាន់អ្នកខ្វិនថា៖ 11 «ចូរក្រោកឡើង យកគ្រែរបស់អ្នកដើរទៅផ្ទះវិញទៅ»។ 12 មនុស្សខ្វិនក៏ក្រោកឈរឡើងភ្លាម យកគ្រែ និងស្នែងរបស់ខ្លួន ហើយដើរកាត់មុខមនុស្សទាំងអស់ចេញទៅ ដូច្នេះ ពួកគេគ្រប់គ្នាស្ញប់ស្ញែងយ៉ាងខ្លាំង ហើយបានលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ទាំងនិយាយថា៖ «យើងមិនដែលឃើញការអស្ចារ្យណាមួយដូចពេលនេះឡើយ»។ 13 ព្រះយេស៊ូបានយាងទៅតាមឆ្នេរសមុទ្រម្តងទៀត ហើយហ្វូងមនុស្សទាំងនោះ ក៏មករកព្រះអង្គ ហើយព្រះអង្គក៏បង្រៀនពួកគេ។ 14 កាលព្រះអង្គយាងកាត់តាមនោះ ព្រះអង្គទតឃើញលោកលេវី ជាកូនរបស់លោកអាល់ផាយ អង្គុយនៅកន្លែងយកពន្ធ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សូមមកតាមខ្ញុំ»។ លោកលេវីក៏ក្រោកឡើង ហើយដើរតាមព្រះអង្គ។ 15 ព្រះយេស៊ូសោយអាហារ នៅក្នុងផ្ទះលោកលេវី ហើយមានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើន មករួមតុជាមួយព្រះអង្គ និងពួកសិស្ស ដោយមានមនុស្សច្រើននាក់ណាស់ បានមកតាមព្រះអង្គ។ 16 ពេលពួកអាចារ្យ ដែលជាគណៈផារីស៊ី ឃើញព្រះយេស៊ូសោយអាហារ ជាមួយមនុស្សមានបាប ហើយនិងអ្នកទារពន្ធទាំងនោះ គេនិយាយទៅកាន់ពួកសិស្សថា៖ «ហេតុអ្វីបានជាលោកបរិភោគជាមួយអ្នកទារពន្ធ និងជាមួយមនុស្សបាបដូច្នេះ?»។ 17 កាលព្រះយេស៊ូបានឮពីការនេះ ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «មនុស្សដែលមានសុខភាពល្អ មិនត្រូវការគ្រូពេទ្យទេ មានតែអ្នកឈឺប៉ុណ្ណោះដែលត្រូវការគ្រូពេទ្យ។ ខ្ញុំមិនបានមករកមនុស្សសុចរិតទេ ប៉ុន្តែមករកមនុស្សដែលមានបាបវិញ»។ 18 ថ្ងៃមួយ ពួកសិស្សរបស់លោកយ៉ូហានបាទីស្ដ និងពួកសិស្សខាងគណៈផារីស៊ីនាំគ្នាតមអាហារ។ មានអ្នកខ្លះមកទូលសួរព្រះយេស៊ូថា៖ «តើហេតុអ្វីបានជា សិស្សរបស់លោកយ៉ូហាន និងសិស្សខាងគណៈផារីស៊ី តមអាហារ ប៉ុន្តែ សិស្សរបស់លោកមិនតមដូច្នេះ?»។ 19 ព្រះយេស៊ូបានឆ្លើយទៅពួកគេថា៖ «ក្នុងពិធីមង្គលការ នៅពេលកូនកម្លោះនៅជាមួយ តើភ្ញៀវអាចតមអាហារកើតឬ? ដរាបណាកូនកំលោះនៅជាមួយ គេមិនអាចតមអាហារឡើយ។ 20 ប៉ុន្តែវ ថ្ងៃនោះនឹងមកដល់ នៅពេលដែលកូនកម្លោះត្រូវចាកចេញពីពួកគេ អ៊ីចឹងនៅក្នុងថ្ងៃទាំងនោះពួកសិស្សរបស់ខ្ញុំ នឹងតមអាហារដែរ។ 21 មិនដែលមាននរណាយកក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ឡើយ បើធ្វើដូច្នេះ ក្រណាត់ថ្មីនឹងបណ្ដាលឲ្យសម្លៀកបំពាក់ចាស់រហែកលើសដើមទៅទៀត។ 22 គ្មាននរណាច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ឡើយ បើធ្វើដូច្នោះ ស្រានឹងធ្វើឲ្យថង់ស្បែកនោះធ្លាយ បណ្ដាលឲ្យខូចទាំងស្រា ទាំងថង់ស្បែកជាមិនខាន។ ផ្ទុយទៅវិញ ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី»។ 23 នៅថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងកាត់វាលស្រែ ពួកសិស្សរបស់ព្រះអង្គចាប់ផ្តើមនាំគ្នាដើរបណ្ដើរ បូតកួរស្រូវបណ្ដើរ។ 24 ពួកគណៈផារីស៊ី ទូលព្រះយេស៊ូថា៖ «មើលចុះ ហេតុអ្វីបានជាសិស្សរបស់លោកធ្វើការ ដែលបញ្ញត្តិហាមមិនឲ្យធ្វើ នៅក្នុងថ្ងៃសប្ប័ទដូច្នេះ?»។ 25 ព្រះអង្គបានឆ្លើយតបទៅគេវិញថា៖ «តើអ្នកមិនដែលអានអំពីអ្វីដែលព្រះបាទដាវីឌបានប្រព្រឹត្ត នៅពេលដែលទ្រង់ និងទាហានរបស់ព្រះអង្គមានត្រូវការ និងឃ្លានអាហារ 26 ព្រះបាទដាវីឌបានចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដែលលោកអបៀថើរធ្វើជាមហាបូជាចារ្យ។ ហើយយកនំប៉័ងដែលបានតាំងថ្វាយព្រះជាម្ចាស់ មកបរិភោគ ការធ្វើបែបនេះគឺខុសនឹងច្បាប់ សម្រាប់អ្នកដែលបរិភោគ លើកលែងតែបូជាចារ្យតែប៉ុណ្ណោះ លោកក៏ឲ្យនំប័ុងទៅពួកទាហានហូបដែរ តើមិនខុសទេឬ?»។ 27 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ព្រះជាម្ចាស់បានបង្កើតថ្ងៃសប្ប័ទសម្រាប់មនុស្ស ព្រះអង្គមិនបានបង្កើតមនុស្ស សម្រាប់ថ្ងៃសប្ប័ទឡើយ។ 28 ហេតុនេះហើយបុត្រមនុស្សជាព្រះអម្ចាស់ ហើយក៏ជាម្ចាស់លើថ្ងៃសប្ប័ទដែរ»។
1 ព្រះយេស៊ូបានយាងចូលទៅក្នុងសាលាប្រជុំម្តងទៀត ហើយនៅក្នុងទីនោះមានបុរសម្នាក់ស្វិតដៃម្ខាង។ 2 មានអ្នកខ្លះខំសម្លឹងមើលព្រះអង្គយ៉ាងយកចិត្តទុកដាក់ ថាតើព្រះយេស៊ូប្រោសគាត់ឲ្យជានៅក្នុងថ្ងៃសប័្បទឬយ៉ាងណា បើដូច្នោះមែន ពួកគេនឹងចោទប្រកាន់ព្រះអង្គ។ 3 ព្រះយេស៊ូមានបន្ទូលទៅនឹងបុរសដែលមានស្វិដៃម្ខាងនោះថា៖ «ចូលក្រោកឈរឡើង ហើយឈរនៅទីនេះនៅក្នុងចំណោមមនុស្សគ្រប់គ្នាចុះ»។ 4 បន្ទាប់មក ព្រះអង្គក៏មានបន្ទូលទៅមនុស្សទាំងនោះថា៖ «តើមានច្បាប់ក្នុងការធ្វើការល្អ ឬក៏ជាការអាក្រក់នៅថ្ងៃសាប្ប័ទ? ត្រូវជួយសង្គ្រោះជីវិត ឬឲ្យសម្លាប់?» ប៉ុន្តែអ្នកទាំងនោះបានស្ងៀម។ 5 ព្រះយេស៊ូបានទតជុំវិញមើលទៅពួកគេ ទាំងមានព្រះហឫទ័យពិរោធ ហើយព្រះអង្គព្រួយព្រះហឫទ័យដោយសារពួកគេមានចិត្តរឹងរូស ព្រះអង្គមានបន្ទូលទៅកាន់បុរសស្វិតដៃម្ខាងនោះថា៖ «ចូរលាតដៃមើល៍!»។ បុរសនោះលាតដៃ ហើយដៃរបស់គាត់ក៏បានជា។ 6 ពួកខាងគណៈផារីស៊ីចេញពីសាលាប្រជុំ ហើយទៅពិគ្រោះជាមួយបក្សពួកស្ដេចហេរ៉ូដភ្លាម ដើម្បីរកមធ្យោបាយធ្វើគុតព្រះយេស៊ូ។ 7 ក្រោយមក ព្រះយេស៊ូជាមួយសិស្សរបស់ព្រអង្គ ចេញទៅឯសមុទ្រ ហើយបណ្តាជនយ៉ាងច្រើនដើរតាមព្រះអង្ គអ្នកទាំងនោះមកពីស្រុកកាលីឡេ និងពីស្រុកយូដា 8 ហើយពីក្រុងយេរូសាឡឹម ស្រុកអេដុម ហើយពួកអ្នកជិតទន្លេយ័រដាន់ ព្រមទាំងតំបន់ជុំវិញក្រុងទីរ៉ូស និងក្រុងស៊ីដូនផងដែរ។ នៅពេលពួកគេបានឮអំពីអ្វីបានធ្វើ ដូច្នេះហើយ មានបណ្តាជនជាច្រើនមករកព្រះអង្គ។ 9 ព្រះអង្គបានប្រាប់ដល់ពួកសិស្សរបស់ព្រះអង្គរៀបចំទូកតូចមួយឲ្យហើយសម្រាប់ព្រះអង្គ ពីព្រោះបណ្តាជនច្រើនពេក ក្រែងពួកគេប្រជ្រៀតគ្នាចោមរោមព្រះអង្គ។ 10 ដ្បិត ព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យជា ដូច្នេះហើយ មានអ្នកជំងឺជាច្រើនខំប្រឹងសម្រុកចូលមកជិត ដើម្បីពាល់ព្រះអង្គ។ 11 ហើយនៅពេលវិញ្ញាណអាក្រក់ឃើញព្រះអង្គ ពួកវាក៏ដួលចុះនៅចំពោះព្រះអង្គ ហើយស្រែកឡើងថា៖ «ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់»។ 12 ប៉ុន្តែ ព្រះយេស៊ូបានហាមពួកវាយ៉ាងម៉ឺងម៉ាត់ មិនឲ្យនិយាយប្រាប់គេថាព្រះអង្គជានរណាឡើយ។ 13 ព្រះយេស៊ូបានយាងឡើងទៅលើភ្នំ ហើយព្រះអង្គបានត្រាស់ហៅអស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យ ហើយពួកគេក៏បានចូលមករកព្រះអង្គ។ 14 ព្រះអង្គជ្រើសរើសដប់ពីរ (ជាអ្នកដែលព្រះអង្គហៅថាសាវ័ក) ដើម្បីឲ្យពួកគេនៅជាមួយព្រះអង្គ និងដើម្បីចាត់គេឲ្យទៅប្រកាសដំណឹងល្អ 15 ទាំងឲ្យពួកគេមានអំណាចដេញអារក្សផងដែរ។ 16 បន្ទាប់ពីនោះ ព្រះអង្គបានតែងតាំងអ្នកដប់ពីរនាក់នោះ គឺលោកស៊ីម៉ូនដែលព្រះអង្គដាក់ឈ្មោះថា៖ «ពេត្រុស» 17 លោកយ៉ាកុបជាកូនរបស់លោកសេបេដេ និងលោកយ៉ូហានជាប្អូនរបស់គាត់ ដែលព្រះយេស៊ូដាក់ឈ្មោះថា «បោនអ៊ើកេ» ប្រែថា «អ្នកដែលមានកូននៃផ្គរលាន់» 18 ហើយលោកអនទ្រេ លោកភីលីព លោកបារថូឡូមេ លោកម៉ាថាយ លោកថូម៉ាស លោកយ៉ាកុបជាកូនរបស់លោកអាល់ផាយ លោកថាដេ លោកស៊ីម៉ូនជាអ្នកជាតិនិយម 19 និងលោកយូដាសអ៊ីស្ការីយ៉ុតជាអ្នកក្បត់ព្រះអង្គ។ 20 កាលព្រះយេស៊ូយាងត្រឡប់មកផ្ទះវិញ បណ្ដាជនបានមកជួបជុំគ្នាម្តងទៀត ជាហេតុធ្វើឲ្យព្រះអង្គ និងពួកសិស្សមិនអាចហូបនំប័ុងបាន។ 21 ពេលគ្រួសាររបស់ព្រះអង្គបានឮដំណឹងនេះ ក៏នាំគ្នាធ្វើដំណើរមក ដើម្បីចាប់ព្រះអង្គយកទៅវិញ ព្រោះពួកគេថា៖ «ព្រះអង្គវង្វេងស្មារតីហើយ»។ 22 ពួកអាចារ្យដែលបានមកពីក្រុងយេរូសាឡឹមនិយាយថា៖ «អ្នកនេះមានបេលសេប៊ូលជាស្ដេចអារក្សនៅក្នុងខ្លួន ទើបគាត់អាចដេញអារក្សបាន»។ 23 ព្រះយេស៊ូបានហៅពួកគេមកឯព្រះអង្គ ហើយប្រាប់ពួកគេជាការបៀបធៀបថា «តើសាតាំងដេញសាតាំងបានដូចម្តេច? 24 ប្រសិនបើ នៅក្នុងនគរណាមួយបែកបាក់ទាស់ទែងគ្នាឯង នគរនោះពុំអាចស្ថិតស្ថេរបានឡើយ។ 25 ប្រើសិនបើ នៅក្នុងផ្ទះមានការទាស់ទែងគ្នានោះ ផ្ទះនោះនឹងមិនអាចស្ថិតស្ថេរបានឡើយ។ 26 ប្រសិនបើ សាតាំងវាក្រោកឡើងប្រឆាំងនឹងខ្លួនឯង បែកបាក់ទាស់ទែងនឹងខ្លួនឯង វាមិនអាចនៅស្ថិតស្ថេរឡើយ គឺវាមុខជាដល់ពេលបញ្ចាប់មិនខាន។ 27 គ្មាននរណាអាចចូលទៅក្នុងផ្ទះអ្នកខ្លាំងពូកែ ហើយប្លន់យកទ្រព្យសម្បត្តិរបស់គាត់បានឡើយ គឺត្រូវតែចងអ្នកខ្លាំងពូកែនោះជាមុនសិន ទើបអាចប្លន់យកទ្រព្យសម្បត្តិក្នុងផ្ទះគាត់របស់បាន។ 28 ខ្ញុំប្រាប់អ្នកជាប្រាកដថា បាបរបស់កូនមនុស្សទាំងអស់នឹងត្រូវអត់ទោសឲ្យ ព្រមទាំងពាក្យប្រមាថដែលពួកគេនិយាយផង 29 ប៉ុន្តែ អ្នកណាដែលប្រមាថទាស់នឹងព្រះវិញ្ញាណបរិសុទ្ធនឹងមិនអាចលើកលែងទោសឲ្យឡើយ ដ្បិតជាកំហុសនៃបាបដ៏នូវអស់កល្បជានិច្ច»។ 30 ព្រះយេស៊ូមានបន្ទូលបែបនេះ ដោយព្រោះពួកអាចារ្យបាននិយាយថា៖ «នៅក្នុងព្រះអង្គមានវិញ្ញាណអាក្រក់នៅក្នុងខ្លួន»។ 31 បន្ទាប់មក មាតា និងប្អូនៗប្រុសរបស់ព្រះអង្គ បានមកហើយឈរនៅខាងក្រៅផ្ទះ។ ហើយបានចាត់គេឲ្យចូលមកហៅព្រះអង្គ។ 32 បណ្តាជនដែលអង្គុយជុំវិញព្រះអង្គ ពួកគេទូលព្រះអង្គថា៖ «មាតាហើយ និងប្អូនៗប្រុសរបស់ព្រះអង្គមករកព្រះអង្គ ពួកគេនៅខាងក្រៅផ្ទះឯណោះ»។ 33 ព្រះអង្គបានឆ្លើយទៅពួកគេថា៖ «តើនរណាទៅជាបងប្អូនរបស់ខ្ញុំពិត?» 34 ព្រះអង្គទតមើលអស់អ្នកដែលអង្គុយនៅជុំវិញហើយមានបន្ទូលថា៖ «ឃើញទេ អ្នកទាំងអស់គ្នាហើយ គឺជាមាតា និងប្អូនៗប្រុសរបស់ខ្ញុំ! 35 ដ្បិត អ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះជាម្ចាស់ អ្នកនោះហើយជាបងប្អូនប្រុសស្រី និងមាតារបស់ខ្ញុំ»។
1 ម្តងទៀត ព្រះយេស៊ូចាប់ផ្តើមបង្រៀននៅក្បែរសមុទ្រ ហើយបណ្តាជនយ៉ាងច្រើនកុះករនៅជុំវិញព្រះអង្គ។ ព្រះអង្គឈានទៅក្នុងទូកដែលនៅលើទឹកសមុទ្រ ហើយព្រះអង្គក៏គង់ចុះនៅលើទូកនោះ។ បណ្តាជនទាំងអស់ក៏ឈរនៅលើឆ្នេរសមុទ្រ។ 2 ព្រះយេស៊ូបានបង្រៀនដល់ពួកគេដោយពាក្យប្រៀបធៀបជាច្រើន នៅក្នុងសេចក្តីបង្រៀនរបស់ព្រះអង្គ នេះគឺជាអ្វីដែលព្រះបានមានបន្ទូលដល់ពួកគេ។ 3 «ចូរស្តាប់ មានកសិករម្នាក់ចេញទៅព្រោះគ្រាប់ពូជរបស់គាត់។ 4 នៅពេលគាត់បានព្រោះគ្រាប់ពូជនោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វស្លាបមកចឹកសីុអស់ទៅ។ 5 ហើយមានគ្រាប់ពូជខ្លះទៀតបានធ្លាក់ទៅលើថ្ម ជាកន្លែងដែលមិនសូវមានដី។ គ្រាប់ពូជទាំងនោះក៏ដុះឡើងភ្លាម ដោយព្រោះតែគ្រាប់ពូជទាំងនោះមិនដីច្រើនទេ។ 6 ប៉ុន្តែ នៅពេលពន្លឺថ្ងៃរៈឡើង គ្រាប់ពូជនោះក៏ក្រៀមស្វិតអស់ ដោយព្រោះវាគ្មានឫសជ្រៅនៅក្នុងដី។ 7 និងគ្រាប់ពូជខ្លះទៀតធ្លាក់នៅក្នុងបន្លា។ ពេលបន្លាដុះឡើងខ្ទប់គ្រាប់ពូជទាំងនោះ ដែលធ្វើឲ្យគ្រាប់ពូជនោះមិនអាចបង្កើតផលបានឡើយ។ 8 មានគ្រាប់ពូជខ្លះទៀតបានធ្លាក់ទៅក្នុងដីល្អ ហើយវាក៏បង្កើតផលផ្លែដែលធំឡើង និងរីកចម្រើន គ្រាប់ពូជខ្លះបង្កើតបានពីមួយទៅជាសាមសិប ខ្លះទៀតពីមួយទៅជាហុកសិប ហើយនិងខ្លះទៀតពីមួយទៅជាមួយរយ»។ 9 បន្ទាប់មក ព្រះអង្គមានបន្ទូលថា៖ «អស់អ្នកណាដែលមានត្រចៀកស្តាប់ ចូលស្តាប់ចុះ!» 10 នៅពេលព្រះយេស៊ូនៅតែម្នាក់ឯង ពួកអ្នកដែលជិតដិតជាមួយព្រះអង្គ ហើយនិងពួកសាវកបានទូលសួរព្រះអង្គអំពីរឿងប្រៀបធៀបទាំងនោះ។ 11 ព្រះអង្គបានមានបន្ទូលទៅពួកគេថា៖ «ព្រះអង្គប្រទាំងដល់អ្នករាល់គ្នាដឹងពីសេចក្តីលាក់កំបាំងនៃព្រះរាជ្យរបស់ព្រះអង្គ។ ប៉ុន្តែសម្រាប់អស់អ្នកដែលនៅខាងក្រៅវិញ ព្រះអង្គនឹងមានបន្ទូលជាពាក្យបៀបធៀបវិញ 12 ទោះបីពួកគេមើល ពិតណាស់គឺមើល ប៉ុន្តែមើលមិនអាចឃើញទេ ហើយនៅពេលពួកគេស្តាប់ ពិតណាត់ពួកគេស្តាប់ ប៉ុន្តែពួកគេស្តាប់មិនអាចយល់ទេ ប៉ុន្តែ ប្រិសិនបើ ពួកគេប្រែចិត្តវិញ ព្រះជាម្ចាស់នឹងអត់ទោសឲ្យពួកគេ»។ 13 បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាមិនយល់ពាក្យប្រៀបធៀបនេះមែនទេ? បើដូច្នោះមែន ធ្វើម្ដេចឲ្យអ្នករាល់គ្នាយល់ពីពាក្យប្រៀបធៀបឯទៀតៗបាន? 14 កសិករដែលព្រោះគ្រាប់ពូជរបស់គាត់គឺជាអ្នកដែលព្រោះព្រះបន្ទូលដែរ។ 15 មនុស្សខ្លះបៀបដូចជាផ្លូវ ដែលមានព្រះបន្ទូលបានព្រោះធ្លាក់ទៅលើផ្លូវ ប៉ុន្តែ នៅពេលគាត់បានឮព្រះបន្ទូលហើយ សាតាំងក៏មកហើយឆក់យកព្រះបន្ទូលដែលបានព្រោះលើពួកគេទៅបាត់ភ្លាម។ 16 មនុស្សដែលបានទទួលគ្រាប់ពូជនៅលើដីមានថ្មក៏ដូច្នោះដែរ កាលបានឮព្រះបន្ទូលហើយ គេទទួលយកភ្លាមដោយអំណរ។ 17 ប៉ុន្តែ គេពុំទុកឲ្យព្រះបន្ទូលឲ្យចាក់ឫសនៅក្នុងខ្លួនគេទេ គឺគេជាប់នឹងគេតែមួយភ្លែតប៉ុណ្ណោះ។ នៅពេលមានទុក្ខវេទនា ឬការបៀតបៀនមកដល់ ដោយព្រោះតែព្រះបន្ទូល ពួកគេរវាតចិត្តភ្លាម។ 18 មនុស្សផ្សេងទៀត បានទទួលគ្រាប់ពូជនៅលើដីដែលមានបន្លា។ គេបានឮព្រះបន្ទូលដែរ 19 ប៉ុន្តែ ការខ្វល់ខ្វាយអំពីលោកីយ៍ ចិត្តមិនស្មោះត្រង់ហើយចង់បានទ្រព្យសម្បត្តិ និងចិត្តប៉ងប្រាថ្នាលើអ្វីផ្សេងរឹបរួតព្រះបន្ទូលមិនឲ្យបង្កើតផលបាន។ 20 រីឯអ្នកដែលបានទទួលគ្រាប់ពូជនៅលើដីដែលមានជីជាតិល្អ កាលបានឮព្រះបន្ទូលហើយ ក៏ទទួលយក និងបង្កើតផលផ្លែ មួយជាសាមសិប មួយជាហុកសិប អ្នកខ្លះទៀតបានមួយជាមួយរយ»។ 21 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «តើអ្នកយកចង្កៀងនៅក្នុងផ្ទះហើយដាក់នៅក្រោមធុងមែនទេ? ឬយកទៅដាក់នៅក្រោមគ្រែមែនទេ? ប៉ុន្តែ អ្នកនឹងយកវាទៅក្នុងផ្ទះហើយដាក់វានៅលើជើងចង្កៀងវិញ។ 22 ដិ្បត គ្មានអ្វីបិតបាំង ដែលមិនអាចបើកឲ្យដឹងបាននោះទេ ហើយក៏គ្មានអ្វីជាការសម្ងាត់ដែលមិនអាចបើកចំហបាននោះដែរ។ 23 ប្រសិនបើ អ្នកណាមានត្រចៀកស្តាប់ សូមឲ្យអ្នកនោះស្តាប់ចុះ!»។ 24 ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នជាមួយនឹងសេចក្ដី ដែលអ្នករាល់គ្នាបានឮនេះឲ្យមែនទែន ព្រះអង្គនឹងវាល់ឲ្យអ្នករាល់គ្នាតាមរង្វាល់ ដែលអ្នករាល់គ្នាវាល់ឲ្យអ្នកដទៃ ហើយព្រះអង្គនឹងបន្ថែមឲ្យអ្នករាល់គ្នាផង 25 ព្រោះអ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានឲ្យថែមទៀត តែអ្នកណាដែលគ្មាន ព្រះអង្គនឹងហូតយកអ្វីៗដែលអ្នកនោះមានដែរ»។ 26 ហើយព្រះអង្គក៏បានមានបន្ទូលទៀតថា៖ «ព្រះរាជ្យរបស់ព្រះជាម្ចាស់ គឺដូចបុរសម្នាក់ដែលព្រោះគ្រាប់ពូជទៅលើដី។ 27 ហើយអ្នកនោះដេកនៅពេលយប់ និងក្រោកនៅពេលថ្ងៃក្ដី គ្រាប់ពូជនៅតែមានពន្លកដុះឡើង ដោយគាត់ក៏មិនងដឹងថា គ្រាប់ពូជនោះដុះរបៀបណាដែរ។ 28 ដ្បិត ដីធ្វើឲ្យពូជបង្កើតផលដោយខ្លួនឯង ដំបូងមានពន្លកលេចឡើង បន្ទាប់មកក៏បែកជាកួរ ហើយចេញជាផ្លែ។ 29 លុះផ្លែនោះទុំ ភ្លាមៗគេក៏យកកណ្ដៀវមកច្រូត ដ្បិត ដល់រដូវចម្រូតហើយ»។ 30 ព្រះអង្គមានបន្ទូលម្តងទៀតថា៖ «តើយើងអាចប្រៀបធៀបព្រះរាជ្យរបស់ព្រះជាម្ចាស់ទៅនឹងអ្វី ឬ តើយើងប្រៀបធៀបទៅនឹងអ្វី ដើម្បីអាចពន្យល់ពីការនេះ? 31 ព្រះរាជ្យរបស់ព្រះជាម្ចាស់ប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាង កាលគេព្រោះលើដី គ្រាប់ពូជនោះល្អិតជាងគេទាំងអស់ក្នុងលោក។ 32 តែពេលព្រោះរួចហើយ គ្រាប់ពូជនោះក៏ដុះឡើងធំជាងដំណាំឯទៀតៗ ព្រមទាំងបែកមែកសាខា មានម្លប់ឲ្យបក្សាបក្សីមកពីអាកាស ធ្វើសំបុកជ្រកអាស្រ័យ»។ 33 ព្រះយេស៊ូមានព្រះបន្ទូលបៀបធៀបទាំងនេះទៅកាន់ពួកគេ ជាច្រើនគឺងាយឲ្យពួកគេយល់បាន។ 34 ហើយព្រះអង្គតែងតែមានព្រះបន្ទូលជាពាក្យប្រៀបធៀបទៅកាន់បណ្តាជន ប៉ុន្តែ ពេលនៅព្រះអង្គនៅដោយឡែកពីបណ្ដាជន ព្រះអង្គពន្យល់ការទាំងអស់នោះដល់ពួកសិស្សរបស់ព្រះអង្គផ្ទាល់។ 35 នៅថ្ងៃនោះ ពេលរសៀលចូលមកដល់ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរយើងឆ្លងទៅត្រើយម្ខាងទៀត»។ 36 ដូច្នេះ ពួកសិស្សបានចេញពីបណ្ដាជន ហើយទៅជាមួយព្រះយេស៊ូ ព្រះអង្គបានគង់នៅក្នុងទូកនោះជាមួយនឹងពួកគេ។ក៏មានទូកផ្សេងទៀតទៅជាមួយព្រះអង្គដែរ។ 37 ស្រាប់តែមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង ហើយរលកក៏បោកប៉ះនឹងទូក ដូច្នេះហើយ បណ្ដាលឲ្យទឹកចូលស្ទើរពេញ។ 38 ប៉ុន្តែ ព្រះយេស៊ូវិញ ព្រះអង្គផ្ទំលក់លើខ្នើយ នៅកន្សៃទូក។ ពួកសិស្សបានដាស់ព្រះអង្គ ហើយទូលទៅព្រះអង្គថា៖ «លោកគ្រូ យើងស្លាប់ឥឡូវហើយ លោកមិនបារម្ភទេឬ?»។ 39 ព្រះយេស៊ូតើនឡើង មានព្រះបន្ទូលបង្គាប់ទៅខ្យល់ព្យុះ និងមានបន្ទូលទៅកាន់សមុទ្រថា៖ «ស្ងប់ស្ងៀមទៅ!» ពេលនោះ ខ្យល់ព្យុះក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដែរ។ 40 បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាភ័យខ្លាចដូច្នេះ? អ្នករាល់គ្នាគ្មានជំនឿទេឬ?»។ 41 ពួកគេកោតស្ញប់ស្ញែងជាខ្លាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «តើលោកនេះជានរណាបានជាខ្យល់ព្យុះ និងសមុទ្រស្ដាប់បង្គាប់គាត់ដូច្នេះ?»។
1 ពួកគេបានឆ្លងទៅត្រើយម្ខាងនៃសមុទ្រ គឺដល់តំបន់របស់ពួកគេរ៉ាស៊ីន។ 2 នៅពេលព្រះយេស៊ូកំពុងឈានជើងចេញពីទូក រំពេចនោះស្រាប់តែមានបុរសម្នាក់ដែលមានវិញ្ញាណអាក្រ់ ដែលចេញពីផ្នូរបានមករកព្រះអង្គ។ 3 បុរសម្នាក់បានរស់ក្នុងផ្នូរខ្មោច គ្មានអ្នកណាអាចចាប់ចងគាត់បានឡើយ ទោះដាក់ច្រវាក់ក៏មិនជាប់ដែរ។ 4 ពួកគេដាក់ខ្នោះជើង និងយកច្រវាក់ចងគាត់ច្រើនដង ប៉ុន្តែ គាត់នៅតែកាច់បំបាក់ច្រវាក់ និងខ្នោះទាំងនោះជានិច្ច គ្មាននរណាអាចបង្ក្រាបគាត់ឡើយ។ 5 គាត់នៅតាមភ្នំ និងផ្នូរខ្មោច ជារៀងរាល់យប់ និងថៃ្ង ហើយគាត់ចេះតែស្រែក ព្រមទាំងយកថ្មមកអារដៃរបស់ខ្លួនឯង។ 6 នៅពេលដែលគាត់ឃើញព្រះយេស៊ូពីចម្ងាយ ក៏រត់រកព្រះអង្គ ហើយក្រាបចុះនៅចំពោះព្រះអង្គ។ 7 គាត់បានស្រែកឡើងដោយសម្លេងយ៉ាងខ្លាំងថា៖ «ឱព្រះយេស៊ូ ជាព្រះរាជបុត្រានៃព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតអើយ តើឲ្យទូលបង្គំធ្វើអ្វីជាមួយព្រះអង្គ? ទូលបង្គំសុំព្រះអង្គក្នុងព្រះនាមព្រះជាម្ចាស់ សូមមេត្តាកុំធ្វើទារុណកម្មទូលបង្គំអី»។ 8 នោះ ព្រះអង្គក៏បានមានបន្ទូលទៅវាថា៖ «នែ៎ វិញ្ញាណអាក្រក់ ចេញពីបុរសនេះភ្លាម!»។ 9 ព្រះអង្គបានសួរវាថា «តើឯងឈ្មោះអី?» វាក៏ទូលឆ្លើយជាមួយព្រះអង្គថា៖ «ទូលបង្គំឈ្មោះកងទ័ព ដ្បិតយើងយើងមានគ្នាច្រើន»។ 10 វាបានទទូចអង្វរ សូមកុំឲ្យព្រះអង្គបណ្ដេញពួកវាចេញពីស្រុកនោះឡើយ។ 11 គ្រានោះ មានជ្រូកមួយហ្វូងធំដែលកំពុងរកស៊ីនៅតាមជម្រាលភ្នំ។ 12 ហើយពួកវាបានអង្វរព្រះអង្គថា៖ «សូមបញ្ជូនពួកយើងទៅក្នុងហ្វូងជ្រូកទាំងនោះទៅ សូមឲ្យពួកយើងចូលទៅក្នុងហ្វូងជ្រូកទៅ»។ 13 ព្រះអង្គក៏អនុញ្ញាត ពេលនោះពួកវិញ្ញាណអាក្រក់ក៏ចេញ ហើយចូលទៅក្នុងហ្វូងជ្រូកនោះ ពួកវាក៏បោលចុះតាមជម្រាលភ្នំ តម្រង់ទៅសមុទ្រ ហើយជ្រូកទាំងអស់នោះប្រហែលពីរពាន់ក្បាល បានលង់ទឹកអស់ទៅ។ 14 ក្រោយមក ពួកអ្នកចិញ្ចឹមជ្រូក ក៏យករឿងនេះរត់ទៅរកអ្នកនៅទីក្រុង និងអ្នកនៅស្រុកស្រែ ហើយរាយការណ៍ពីអ្វីដែលបានកើតឡើង មនុស្សម្នាក៏នាំគ្នាមកមើលហេតុការណ៍នោះ ដូច្នេះហើយ អ្នកទាំងនោះក៏នាំគ្នាទៅមើលអំពីអ្វីដែលបានកើតឡើង។ 15 បន្ទាប់មក ពួកគេចូលមករកព្រះយេស៊ូ ឃើញបុរសដែលមានអារក្សចូលកាលពីមុន អង្គុយនៅទីនោះ ទាំងមានសម្លៀកបំពាក់ ហើយមានស្មារតីល្អ នោះពួកគេមានការភ័យខ្លាចជាខ្លាំង។ 16 អស់អ្នកដែលបានឃើញអ្វីដែលបានកើតឡើងជាមួយបុរសដែលមានអារក្សចូល បានប្រាប់គេអំពីហេតុការណ៍នោះយ៉ាងក្បោះក្បាយ ហើយពួកគេក៏បានប្រាប់ពួកគេពីហ្វូងជ្រូកដែរ។ 17 ក្រោយមកពួកគេក៏ចាប់ផ្តើមសុំឲ្យព្រះអង្គចាកចេញពីស្រុករបស់ពួកគេ។ 18 ពេលដែលព្រះយេស៊ូកំពុងចុះទូក បុរសដែលអារក្សចូលនោះក៏សុំរួមដំណើរជាមួយព្រះអង្គដែរ។ ប៉ុន្តែ ព្រះអង្គមិនអនុញ្ញាតឲ្យគាត់ទៅទេ 19 តែព្រះអង្គមានបន្ទូលទៅគាត់ថា៖ «ចូរទៅផ្ទះ និងគ្រួសាររបស់អ្នក ហើយប្រាប់ពួកគេអំពីអ្វីដែលព្រះជាម្ចាស់បានធ្វើសម្រាប់អ្នក និងពីសេចក្តីមេត្តាដែលព្រះអង្គផ្តល់ដល់អ្នកចុះ»។ 20 ហើយបុរសនោះក៏ចេញទៅ ហើយចាប់ផ្តើមប្រកាសពីការអស្ចារ្យដែលព្រះយេស៊ូបានធ្វើសម្រាប់ខ្លួន នៅក្នុងស្រុកដេកាប៉ូល ហើយពួកគេគ្រប់គ្នាមានការកោតស្ញប់ស្ញែងជាខ្លាំង។ 21 លើកនេះ នៅពេលព្រះយេស៊ូឆ្លងតាមទូកទៅត្រើយម្ខាងវិញ មានបណ្តាលជនជាច្រើនកុះករបានជួបជុំគ្នានៅជុំវិញព្រះអង្គ ដូចពេលដែលព្រះអង្គនៅសមុទ្រកាលីឡេដែរ។ 22 បន្ទាប់មកមានអ្នកដឹកនាំម្នាក់នៃសាលាប្រជុំ លោកមានឈ្មោះថា យ៉ៃរូសបានឃើញព្រះអង្គ គាត់ក្រាបទៀបព្រះបាទាព្រះអង្គ។ 23 គាត់បានទូលសូមម្តងហើយម្តងទៀត ដោយនិយាយថា៖ «កូនស្រីតូចរបស់ទូលបង្គំជិតស្លាប់ហើយ។ ទូលបង្គំសូមអង្វរព្រះអង្គ សូមយាងទៅដាក់ព្រះហស្តលើនាង ដើម្បីឲ្យនាងមានជីវិត ហើយបានជាសះស្បើយផងដែរ»។ 24 ព្រះយេស៊ូយាងទៅជាមួយគាត់ ក៏មានបណ្ដាជនជាច្រើនកុះករតាមព្រះអង្គទៅដែរ ទាំងប្រជ្រៀតគ្នាជុំវិញព្រះអង្គ។ 25 ខណៈនោះ មានម្នាក់ដែលធ្លាក់ឈាមអស់ដប់ពីរឆ្នាំ។ 26 នាងបានរស់នៅក្នុងការឈឺចាប់ និងចំណាយអស់ទ្រព្យសម្បតិ្តដែលនាងទៅលើគ្រូពេទ្យជាច្រើន ប៉ុន្តែ ជំងឺនោះមិនបានប្រសើរឡើងឡើយ តែកាន់តែធ្ងន់ជាងមុនទៀត។ 27 ពេលនាងបានឮគេនិយាយអំពីព្រះយេស៊ូ ក៏ចូលក្នុងចំណោមបណ្ដាជន ហើយពាល់ព្រះពស្ដ្ររបស់ព្រះអង្គពីខាងក្រោយ។ 28 ដោយនាងបាននិយាយថា៖ «បើខ្ញុំគ្រាន់បានពាល់អាវរបស់លោក ខ្ញុំនឹងបានជា»។ 29 ក្រោយពេលនាងបានពាល់ព្រះអង្គ ឈាមក៏ឈប់ធ្លាក់ភ្លាម រំពេចនោះនាងដឹងមានអារម្មណ៍ថា រូបកាយរបស់នាងបានជាសះស្បើយរោគនោះ។ 30 ភ្លាមៗនោះ ព្រះយេស៊ូជ្រាបថា មានឫទ្ធានុភាពហូរចេញពីព្រះអង្គ។ ព្រះយេស៊ូ បែររកមើលជុំវិញក្នុងបណ្តាជនទាំងនោះដោយបន្ទូលថា៖ «តើអ្នកណាបានពាល់អាវរបស់ខ្ញុំ?» 31 ពួកសិស្សបានទូលតបទៅព្រះអង្គថា៖ «លោកគ្រូមានមនុស្សច្រើនណាស់ប្រជ្រៀតគ្នានៅជុំវិញលោកគ្រូ តែលោកគ្រូសួរថា៖ «តើនរណាពាល់ខ្ញុំ?» 32 ប៉ុន្តែ ព្រះយេស៊ូនៅតែទតមើលជុំវិញនោះថាតើនរណាបានពាល់ព្រះអង្គ។ 33 ស្រ្តីនោះ ដឹងពីអ្វីដែលបានកើតឡើងក្នុងនាង ហើយនាងក៏ភ័យរន្ធត់។ ស្រ្តីនោះក៏ចេញមកហើយក្រាបនៅចំពោះព្រះយេស៊ូ ដោយនិយាយប្រាប់ព្រះអង្គពីសេចក្តីពិត។ 34 ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «កូនស្រីអើយ ជំនឿរបស់នាងបានឲ្យបានបានជាហើយ។ ចូរទៅដោយសុខសាន្ត ហើយបានជាពីជំងឺនេះចុះ»។ 35 កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលនៅឡើយ មានគេមកពីផ្ទះលោកយ៉ៃរូស ជម្រាបគាត់ថា៖ «កូនស្រីរបស់លោកស្លាប់ហើយ។ ហេតុអីក៏នៅរំខានលោកគ្រូទៀត?»។ 36 ប៉ុន្តែ ព្រះយេស៊ូមិនយកព្រះហឫទ័យទុកដាក់នឹងពាក្យរបស់អ្នកទាំងនោះឡើយ តែព្រះអង្គមានព្រះបន្ទូលទៅលោកយ៉ៃរូសថា៖ «កុំខ្លាចអី! គ្រាន់តែជឿចុះបានហើយ!»។ 37 ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាទៅតាមព្រះអង្គឡើយ លើកលែងតែលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានដែលជាប្អូនរបស់លោកយ៉ាកុប។ 38 កាលទៅដល់ផ្ទះលោកយ៉ៃរូសដែលជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ ព្រះយេស៊ូទតឃើញមនុស្សម្នាជ្រួលច្របល់ ព្រមទាំងទ្រហោយំជាខ្លាំងផង។ 39 ក្រោយពេល ព្រះយេស៊ូចូលដល់ក្នុងផ្ទះ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាកើតទុក្ខ ហើយទ្រហោយំដូច្នេះ? នាងមិនស្លាប់ទេ គ្រាន់តែដេកលក់ប៉ុណ្ណោះ»។ 40 ពួកគេបានសើចចំអកដាក់ព្រះអង្គ។ ប៉ុន្តែព្រះយេស៊ូបានដេញពួកនោះទៅខាងក្រៅ ហើយយកឪពុកម្តាយ និងសិស្សនៅជាមួយព្រះអង្គ ទ្រង់បានយាងទៅកន្លែងដែលក្មេងស្រីនោះដេក។ 41 ព្រះអង្គបានចាប់ដៃក្មេងស្រីនោះ ហើយមានព្រះបន្ទូលទៅនាងថា៖ «តាលីថាគូមី!» ដែលអាចបកប្រែថា «នាងតូចអើយ ខ្ញុំប្រាប់នាងថា ចូរក្រោកឡើង»។ 42 រំពេចនោះ ក្មេងស្រីក៏ក្រោកឡើងដើរ (ដ្បិតនាងមានអាយុដប់ពីរឆ្នាំហើយ)។ ខណៈនោះ ធ្វើឲ្យពួកគេងឿងឆ្ងល់ដ៏លើសលុប ទៅនឹងការអស្ចារ្យនោះ 43 ប៉ុន្តែ ព្រះយេស៊ូហាមពួកគេមិនត្រូវប្រាប់រឿងនេះដល់នរណាឡើយ។ បន្ទាប់មក ព្រះអង្គប្រាប់គេឲ្យយកចំណីអាហារមកឲ្យក្មេងស្រីនោះបរិភោគ។
1 ព្រះយេស៊ូបានយាងចេញពីទីនោះត្រឡប់ទៅស្រុកកំណើតរបស់ព្រះអង្គវិញ ហើយពួកសាវកក៏បានទៅតាមព្រះអង្គដែរ។ 2 នៅថ្ងៃសប្ប័ទមកដល់ ព្រះអង្គបានបង្រៀន បណ្ដាជននៅក្នុងសាលាប្រជុំ។ មានមនុស្សជាច្រើនបានស្តាប់ព្រះអង្គបង្រៀន ហើយពួកគេមានការអស្ចារ្យក្នុងចិត្តជាខ្លាំង។ ពួកគេបាននិយាយថា៖ «តើគាត់បានសេចក្ដីបង្រៀនទាំងនេះមកពីណា?» «តើប្រាជ្ញាអ្វីដែលបានប្រទានឲ្យគាត់?» «តើគាត់អាចធ្វើការអស្ចារ្យទាំងអស់នេះបានដោយរបៀបណា?» 3 «តើគាត់មិនមែនជាកូនជាងឈើ ដែលត្រូវជាកូនប្រុសរបស់នាងម៉ារី ហើយត្រូវជាបងប្រុសរបស់លោកយ៉ាកុប លោកយ៉ូសែប លោកយូដាស និងលោកសុីម៉ូនទេឬអី?» «តើបងប្អូនស្រីរបស់គាត់មិនបានរស់នៅក្នុងភូមិជាមួយយើងទេឬអី?» ពួកគេបានរវាតចិត្តដោយសារព្រះយេស៊ូ។ 4 បន្ទាប់មក ព្រះយេស៊ូបានមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «ព្យាការីត្រូវបានគេគោរពនៅគ្រប់កន្លែង លើកលែងតែនៅក្នុងស្រុកកំណើត នៅក្នុងចំណោមសាច់ញាតិបងប្អូន និងនៅក្នុងផ្ទះរបស់គាត់តែប៉ុណ្ណោះ» 5 ព្រះអង្គមិនអាចធ្វើកិច្ចការអស្ចារ្យអ្វីបានទេ ទ្រង់គ្រាន់តែអាចដាក់ដៃលើអ្នកឈឺមួយចំនួន ហើយប្រោសគេឲ្យបានជាប៉ុណ្ណើ។ 6 ព្រះអង្គពិតជាមានការងឿងឆ្ងល់ចំពោះការមិនជឿរបស់ពួកគេ។ ហើយទ្រង់ក៏បានយាងចេញទៅបង្រៀននៅទៅជុំវិញ តាមភូមិនានា។ 7 ហើយទ្រង់បានហៅពួកសិស្សទាំងដប់ពីរមក ហើយឱ្យពួកគេចេញទៅពីរៗនាក់ ព្រមទាំងប្រទានអំណាចដល់ពួកគេឲ្យឈ្នះលើវិញ្ញាណអាក្រក់នានា 8 ហើយព្រះអង្គបានបង្គាប់ដល់ពួកគេ មិនឲ្យយកអ្វីទាំងអស់ទៅជាមួយសម្រាប់កាធ្វើដំណើររបស់ពួកគេឡើយ លើកលែងតែដំបង មិនត្រូវយកនំបុ័ង ថង់យាម និងមិនត្រូវយកលុយកាក់ មាសប្រាក់ជាប់នឹងខ្លួនឡើយ។ 9 ប៉ុន្តែ ត្រូវពាក់ស្បែកជើង និងមិនឲ្យពាក់អាវពីរបន្លាស់ឡើយ។ 10 ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅទីនោះរហូតដល់អ្នកចេញពីទីនោះ។ 11 ប្រសិនបើ នៅទីក្រុងណាមិនទទួល ឬក៏មិនស្ដាប់អ្នក ចូរចេញពីទីនោះ ហើយរលាស់ធូរលីដីចេញពីជើងរបស់អ្នកឲ្យអស់ដើម្បីជាបន្ទាល់ទាស់នឹងពួកគេវិញ»។ 12 ពួកសិស្សបានចេញទៅ ហើយប្រកាសឲ្យមនុស្សងាកបែរចេញពីបាបរបស់ពួកគេ។ 13 ពួកគេដេញវិញ្ញាណអាក្រក់ជាច្រើន ព្រមទាំងចាក់ប្រេងលាបលើអ្នកជំងឺជាច្រើន ហើយប្រោសពួកគេឲ្យបានជាសះស្បើយ។ 14 ព្រះបាទហេរ៉ូដបានឮពីកិច្ចការទាំងអស់នេះ ព្រោះព្រះនាមរបស់ព្រះយេស៊ូល្បីល្បាញ។ អ្នកខ្លះបាននិយាយថា៖ «លោកយូ៉ហានបាទីស្តបានរស់ឡើងវិញ ហេតុនេះហើយបានជាគាត់អាចធ្វើការអស្ចារ្យបានយ៉ាងនេះ» 15 ហើយមានអ្នកខ្លះនិយាយថា៖ «លោកគឺជាព្យាការីអេលីយ៉ា» នៅមានអ្នកខ្លះនិយាយថា៖ «លោកដូចជាព្យាការីកាលពីជំនាន់ដើម» 16 ប៉ុន្តែ នៅពេលស្ដេចហេរ៉ូដបានឮពីរឿងនេះ ទ្រង់មានបន្ទូលថា៖ «លោកនេះគឺជាយ៉ូហានដែលយើងបានបញ្ជាឲ្យគេកាត់ក្បាល ពេលនេះគាត់បានរស់ឡើងវិញ»។ 17 ស្ដេចហេរ៉ូដបានបញ្ចូនគេឲ្យចាប់លោកយ៉ូហានហើយឃុំឃាំងគាត់នៅក្នុងពន្ធធនាគារ ដោយសាតែទ្រង់ជឿតាមព្រះនាងហេរ៉ូឌាស (ដែលត្រូវជាមហេសីរបស់ស្ដេចភីលីព) ដោយសាតែទ្រង់បានរៀបអភិសេកជាមួយនាង។ 18 លោកយ៉ូហានទូលទៅស្ដេចហេរ៉ូដថា៖ «ទ្រង់គ្មានសិទ្ធិក្នុងការយកមហេសីរបស់អនុជទ្រង់ធ្វើជាមហេសីឡើយ» 19 ប៉ុន្តែ ព្រះនាងហេរ៉ូដាសបានខឹងនឹងលោក ហើយចង់សម្លាប់លោក ប៉ុន្តែ ព្រះនាងសម្លាប់មិនកើត។ 20 ព្រះបាទហេរ៉ូដកោតខ្លាចលោកយ៉ូហាន ព្រោះទ្រង់ជ្រាបថាលោកជាមនុស្សសុចរិត និងបរិសុទ្ធ ហើយទ្រង់ចង់ការពារលោក។ ស្ដេចសព្វព្រះហឫទ័យនឹងពាក្យលោកយូហានជាខ្លាំងតែទ្រង់ក៏ពិបាកព្រះហឫទ័យជាខ្លាំងដែរ។ 21 នៅក្នុងឱកាសបុណ្យចម្រើនព្រះជន្មរបស់ស្តេចហេរ៉ូដបានមកដល់ ទ្រង់ក៏បានរៀបចំពីធីជប់លៀងអាហារពេលល្ងាចជាមួយពួកមន្រ្តី ពួកមេទ័ព និងពួកអ្នកដឹកនាំនៅក្នុងស្រុកកាលីឡេ។ 22 បុត្រីរបស់ព្រះនាងហេរ៉ូដាសបានចេញមករាំ នៅមុខស្ដេច និងភ្ញៀវរបស់គាត់ ស្ដេច ព្រមទាំងភ្ញៀវទាំងអស់ពេញចិត្តជាខ្លាំង។ ស្ដេចបានមានបន្ទូលទៅនាងថា៖ «ចូរសុំនូវអ្វីដែលនាងចង់បានចុះ យើងនឹងឲ្យទៅនាង»។ 23 ស្ដេចបានស្បថនឹងនាងថា៖ «អ្វីក្តីដែលនាងសុំយើង យើងនឹងឲ្យនាង ទោះបីជាមួយនគរពាក់កណ្តាលក៏ដោយ»។ 24 នាងបានចេញទៅក្រៅហើយសួរមាតានាងថា៖ «តើគួរឲ្យខ្ញុំម្ចាស់ទូលសុំអ្វីពីព្រះអង្គ?» មាតារបស់នាងបង្គាប់ថា៖ «ចូរសុំក្បាលរបស់យ៉ូហានបាទីស្តមក» ។ 25 នាងក៏បានប្រញាប់ប្រញាល់ត្រឡប់ទៅកាន់ស្ដេចវិញ ហើយនាងក៏បានទូលទៅស្ដេចថា៖ «ខ្ញុំម្ចាស់ចង់ឲ្យព្រះអង្គប្រទានក្បាលរបស់យ៉ូហានបាទីស្តដាក់នៅលើថាសឥឡូវនេះ។ 26 ស្ដេចពិតជាព្រួយព្រះទ័យជាខ្លាំង តែព្រះអង្គមិនអាចបដិសេដនូវសំណើររបស់នាងបានឡើយ ព្រោះព្រះអង្គបានស្បថនៅចំពោះមុខភ្ញៀវទាំងអស់ដែលបានចូលរួមរួចហើយ។ 27 រួចស្ដេចក៏បានបញ្ចូនទាហាន ហើយបញ្ជាឲ្យគេនាំយកក្បាលរបស់លោកយ៉ូហានមក។ ទាហានបានចេញទៅ ហើយកាត់ក្បាលរបស់លោកយ៉ូហាននៅក្នុងពន្ធធនាគា។ 28 ទាហានបាននាំយកក្បាលរបស់លោកយ៉ូហានដោយដាក់នៅលើថាស ហើយឲ្យនាង ហើយនាងក៏យកទៅថ្វាយមាតារបស់នាង។ 29 កាលពួកសិស្សរបស់លោកយ៉ូហានបានឮរឿងនេះ ពួកគេបាននាំគ្នាមកយកសពរបស់លោកទៅបញ្ចុះក្នុងផ្នូរ។ 30 ពួកសាវកបានមក ហើយប្រាប់ព្រះយេស៊ូអំពីកិច្ចការទាំងអស់ដែលគេបានធ្វើ និងបានបង្រៀន។ 31 បន្ទាប់មកព្រះយេស៊ូបានមានបន្ទូលទៅកាន់ពួកគេថា៖ «ចូរនាំគ្នារកកន្លែងស្ងាត់សម្រាកសិនចុុះ»។ មានមនុស្សបានធ្វើដំណើរចេញចូលច្រើនពេក ធ្វើឲ្យព្រះយេស៊ូ និងពួកសាវ័កពុំអាចរកពេល សូម្បីតែហូបបាយក៏មិនបានផង។ 32 ព្រះយេស៊ូ និងពួកសាវ័កបានយាងចុះទូកទៅរកកន្លែងស្ងាត់ដាច់ដោយឡែកពីបណ្ដាជន ដើម្បីសម្រាក។ 33 ប៉ុន្តែ បណ្តាជនបានឃើញពួកគេ ហើយមានមនុស្សជាច្រើនបានចំណាំពួកសិស្ស ពួកគេបានរត់ទៅទីនោះទាំងអស់គ្នា ចេញពីទីក្រុងទៅដល់មុនពួកសិស្សផង។ 34 ពេលដែលព្រះយេស៊ូ និងពួកសិស្សបានចុះទូក ទ្រង់បានឃើញបណ្ដាជនជាច្រើន ហើយទ្រង់មានសេចក្ដីអាណិតអាសូរពន់ពេកព្រោះពួកគេប្រៀបបាននឹងចៀមដែលគ្មានអ្នកគង្វាល។ ដូចនេះព្រះអង្គក៏បង្រៀនពួកគេពីរឿងជាច្រើន។ 35 នៅពេលនោះថ្ងៃកាន់តែជ្រេណាស់ទៅហើយ ពួកសាវកបាននាំគ្នាចូលមកគាល់ព្រះយេស៊ូ ហើយទូលព្រះអង្គថា៖ «ទីកន្លែងនេះស្ងាត់ ហើយថ្ងៃកាន់តែជ្រេណាស់ទៅហើយ» 36 ព្រះយេស៊ូមានបន្ទូលទៅកាន់គេថា៖ «សូមឲ្យពួកគេត្រឡប់ទៅវិញ ហើយរកទិញអាហារនៅតាមភូមិជិតៗនេះសម្រាប់ពួកគេរៀងៗខ្លួន»។ 37 ប៉ុន្តែ ព្រះយេស៊ូបានឆ្លើយ ហើយមានព្រះបន្ទូលកាន់ទៅគេវិញថា៖ «ចូរ អ្នករាល់គ្នាកឲ្យអាហារពួកគេហូបផង»។ ពួកគេបានទូលព្រះអង្គថា៖ «តើយើងត្រូវយកប្រាក់ពីររយដួងទៅទិញនំប័ុង ហើយឲ្យពួកគេហូបមែនទេ?»។ 38 ព្រះអង្គមានបន្ទូលទៅកាន់ពួកគេថា៖ «ទៅមើល មើល៍! តើអ្នករាល់គ្នាមាននំប័ុងប៉ុន្មានដុំ?»។ កាលបានដឹងហើយពួកគេទូលទៅព្រះអង្គវិញថា៖ «យើងមាននំប័ុងប្រាំដុំ និងត្រីពីកន្ទុយ»។ 39 ព្រះយេស៊ូបានបង្គាប់ឲ្យមនុស្សទាំងអស់អង្គុយចុះជាក្រុមនៅលើស្មៅ។ 40 ពួកគេបានអង្គុយចុះជាក្រុម ក្រុមខ្លះមានមួយរយនាក់ ក្រុមខ្លះមានហាសិបនាក់។ 41 ព្រះយេស៊ូបានយកនំប័ុងប្រាំដុំ និងត្រីពីរកន្ទុយមក ហើយព្រះអង្គងើបព្រះភ័ក្ត្រឡើង សសើរតម្កើងព្រះជាម្ចាស់ ហើយកាច់នំប័ុងប្រទានឲ្យដល់ពួកសិស្សចែកបណ្ដាជនហូប។ ព្រះអង្គក៏បានប្រទានត្រីពីរកន្ទុយដល់ពួកគេដែរ។ 42 ពួកគេគ្រប់គ្នាហូបរហូតដល់ពួកគេបានឆ្អែត។ 43 ពួកសិស្សបានប្រមូលនំប័ុង និងត្រីដែលនៅសល់ដាក់បានពេញដប់ពីរល្អី។ 44 មានមនុស្សប្រុសចំនួនប្រាំពាន់នាក់ដែលបានហូបនំប័ុងនេះ។ 45 នៅរំពេចនោះព្រះយេស៊ូបានបង្គាប់ឲ្យពួកសិស្សចុះទូកឆ្លងទៅត្រើយម្ខាង ដើម្បីឆ្ពោះទៅភូមិបេតសៃដាមុនព្រះអង្គ ខណៈនោះព្រះអង្គបានប្រាប់ឲ្យបណ្ដាជនត្រឡប់ទៅវិញ។ 46 កាលបណ្ដាជនបានចេញទៅអស់ហើយ ព្រះយេស៊ូបានយាងទៅលើភ្នំ ដើម្បីអធិស្ឋាន។ 47 លុះពេលយប់មកដល់ទូកបានទៅដល់កណ្ដាលសមុទ្រ រីឯព្រះយេស៊ូគង់នៅលើគោកតែមួយព្រះអង្គឯង។ 48 ព្រះអង្គទតឃើញពួកគេប្រឹងអ៊ុំទូកយ៉ាងលំបាក ព្រោះពួកគេអ៊ុំបញ្ច្រាសខ្យល់។ នៅពេលជិតភ្លឺព្រះអង្គបានយាងនៅលើទឹកឆ្ពោះទៅកាន់ពួកគេ ហើយព្រះអង្គធ្វើដូចជាទៅហួសពួកគេ។ 49 ប៉ុន្តែ កាលពួកសិស្សបានឃើញព្រះអង្គយាងនៅលើទឹកដូច្នេះ ពួកគេស្មានថាជាខ្មោចលង ហើយនាំគ្នាស្រែកជាខ្លាំង។ 50 ដ្បតិ ពួកគេបានឃើញព្រះអង្គហើយពួកគេមានការភ័យរន្ធត់ជាខ្លាំង។ ពេលនោះព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «ចូរតាំងចិត្តក្លាហានឡើង ខ្ញុំទេតើ កុំខ្លាចអី!» 51 បន្ទាប់មកព្រះយេស៊ូយាងទៅលើទូកជាមួយពួកគេ ហើយខ្យល់ក៏បានស្ងប់។ 52 ពួកគេពិតជាឆ្ងល់ជាខ្លាំងពន់ពេកណាស់។ ដ្បិត ពួកគេមិនទាន់បានយល់អំពីរឿងនំប័ុងថាមានន័យយ៉ាងដូចម្តេចទេ មកពីពួកគេមានចិត្តរឹងរូស។ 53 កាលព្រះយេស៊ូ និងពួកសិស្សបានឆ្លងទៅដល់ទឹកដីនៃស្រុកគេនេសារ៉ែតហើយ ក៏ចតទូក។ 54 ពេលពួកគេចេញពីទូកមក មនុស្សម្នាបានស្គាល់ព្រះយេស៊ូភ្លាម 55 ហើយពួកគេបានរត់ទៅគ្រប់ច្រកល្ហកនៅក្នុងតំបន់ ហើយបានសែងអ្នកឈឺទៅកន្លែងដែលពួកគេឮថាព្រះអង្គគង់នៅ។ 56 គ្រប់ទីកន្លែងដែលព្រះយេស៊ូយាងទៅ ទោះនៅក្នុងភូមិ ក្នុងទីក្រុង ឬក៏នៅតាមទីជនបទក្តី ពួកគេបាននាំអ្នកជំងឺមកតាមផ្សារ។ ពួកគេទទូចអង្វរសុំគ្រាន់តែអនុញ្ញាតឲ្យពួកគេបានប៉ះជាយព្រះពស្ត្រព្រះអង្គប៉ុណ្ណោះ ហើយនៅពេលដែលពួកគេបានពាល់ព្រះអង្គ សុទ្ធតែបានជាសះស្បើយគ្រប់គ្នា។
1 ពួកខាងគណៈផារីស៊ី និងពួកអាចារ្យដែលបានមកពីក្រុងយេរូសាឡឹម នាំគ្នាទៅជួបព្រះយេស៊ូ។ 2 ពួកគេបានឃើញពួកសិស្សរបស់ព្រះអង្គមួយចំនួនហូបអាហារដោយដៃមិនស្អាតដែលមិនបានលាងជាមុនឡើយ។ 3 ដ្បិត ពួកផារីស៊ី និងសាសន៍យូដាមិនហូបឡើយ ទាល់តែបានសម្អាតដៃជាមុនសិន ដោយសារពួកគេកាន់តាមទំនៀមទម្លាប់ពីចាស់បុរាណ។ 4 នៅពេលដែលពួកផារីស៊ីត្រឡប់មកពីផ្សារវិញ ពួកគេមិនហូបទេ ទាល់តែពួកគេបានងូតទឹកជាមុនសិន ពួកគេកាន់ខ្ជាប់នូវទំនៀមទម្លាប់ផ្សេងៗដូចជា ពិធីលាងពែង លាងឆ្នាំង លាងថូ និងតុជាដើម ជាអ្វីៗដែលត្រូវប្រើសម្រាប់ហូបអាហារ។ 5 ពួកផារីស៊ី និងពួកអាចារ្យបានទូលសួរព្រះយេស៊ូថា៖ «តើហេតុអ្វីបានជាពួកសិស្សរបស់លោក មិនកាន់តាមទំនៀមទម្លាប់ចាស់បុរាណ ដោយនាំគ្នាហូបអាហាររបស់ពួកគេដោយដៃមិនស្អាតយ៉ាងដូច្នេះ?»។ 6 ប៉ុន្តែ ព្រះយេស៊ូមានបន្ទូលតបទៅពួកគេវិញថា៖ «ព្យាការីអេសាយបានថ្លែងទុកថា៖ «អ្នករាល់គ្នាជាមនុស្សមានពុត»។ 7 លោកបានថ្លែងថា៖ «ប្រជាជននេះគោរពយើងតែបបូរមាត់ប៉ុណ្ណោះ តែចិត្តគំនិតគេនៅឆ្ងាយពីយើងណាស់»។ 8 ដ្បិត អ្នករាល់គ្នាបានលះចោលបញ្ញតិ្តរបស់ព្រះជាម្ចាស់ ទៅកាន់តាមទំនៀមទម្លាប់របស់មនុស្សវិញ។ 9 ព្រះអង្គក៏មានបន្ទូលទៅកាន់ពួកគេថា៖ «អ្នករាល់គ្នាបោះបង់បទបញ្ញតិ្តរបស់ព្រះជាម្ចាស់ចោល ហើយបែរទៅកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាវិញ! 10 ដ្បិត លោកម៉ូសេបានផ្តាំថា៖ «ចូរគោរពប្រតិបត្តិឪពុកម្តាយខ្លួន ហើយបើអស់អ្នកណាដែលនិយាយពាក្យអាក្រក់់ពីឪពុកម្តាយខ្លួន អ្នកនោះនឹងត្រូវស្លាប់ជាមិនខាន»។ 11 ប៉ុន្តែ អ្នករាល់គ្នានិយាយថា៖ «បើអ្នករាល់គ្នានិយាយទៅកាន់ឪពុកម្តាយខ្លួននូវអ្វីៗដែលខ្ញុំអាចជួយឪពុកម្តាយបាន គឺពាក្យ គ័របាន់» «ដែលមានន័យថា ជាតង្វាយថ្វាយទៅព្រះជាម្ចាស់។ 12 នោះអ្នករាល់គ្នាមិនឲ្យគាត់ជួយឪពុកម្តាយ ក្នុងការធ្វើអ្វីទៀតសោះ។ 13 ហើយអ្នករាល់គ្នាក៏លើកព្រះបន្ទូលព្រះជាម្ចាស់ចោល ដោយសារទំនៀមទម្លាប់ដែលអ្នករាល់គ្នាបានបង្ហាត់បង្រៀនមក ហើយអ្នករាល់គ្នាក៏ធ្វើកិច្ចការផ្សេងៗទៀតដូចការនេះដែរ»។ 14 រួចព្រះអង្គបានហៅបណ្ដាជនដោយមានបន្ទូលទៅកាន់ពួកគេថា៖ «អ្នករាល់គ្នាសូមស្តាប់ខ្ញុំ ហើយឲ្យយល់ចុះ!។ 15 គ្មានអ្វីពីខាងក្រៅ ដែលចូលទៅក្នុងខ្លួនមនុស្សអាចធ្វើឲ្យស្មោកគ្រោកទេ តែអ្វីដែលចេញមកពីខ្លួនមនុស្សទេតើដែលធ្វើឲ្យស្មោកគ្រោកវិញ»។ 16 បើអ្នកណាមានត្រចៀកស្តាប់ ចូរឲ្យស្តាប់ចុះ។ 17 កាលព្រះយេស៊ូយាងចេញពីបណ្ដាជន ហើយចូលទៅក្នុងផ្ទះ ពួកសិស្សរបស់ព្រះអង្គនាំគ្នាទូលសួរព្រះអង្គពីពាក្យប្រៀបធៀបនោះ។ 18 ព្រះយេស៊ូមានបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាមិនទាន់យល់ទេឬអី? តើអ្នករាល់គ្នាមិនបានឃើញទេថា របស់អ្វីពីខាងក្រៅ ដែលចូលទៅក្នុងខ្លួនមនុស្សមិនបានធ្វើឲ្យស្មោកគ្រោកទេ 19 ដ្បិត អ្វីៗទាំងនោះមិនចូលដល់ក្នុងចិត្តទេ គឺវាចូលទៅក្នុងពោះហើយចេញមកវិញធ្លាក់ចូលទៅក្នុងបង្គន់»។ ព្រះយេស៊ូមានបន្ទូលបញ្ជាក់ប្រាប់គេថា គ្រប់ទាំងអាហារទាំងអស់សុទ្ធតែជារបស់ស្អាត។ 20 ព្រះអង្គបានមានបន្ទូលថា៖ «គឺជាអ្វីដែលចេញពីខ្លួនមនុស្សទេតើ ដែលធ្វើឲ្យស្មោកគ្រោកវិញ។ 21 ដ្បិត អ្វីដែលនៅខាងក្នុងមនុស្សគឺចេញពីចិត្តគេ គឺមានគំនិតស្នោកគ្រោក ដែលនាំឲ្យប្រព្រឹត្តិអំពើអាក្រក់ផ្សេងៗដូចជា អាសអាភាស លួចប្លន់ កាប់សម្លាប់គ្នា 22 អំពើកំផិតសហាយស្មន់ លោភលន់ចង់បានទ្រព្យអ្នកដទៃ កាចឃោឃៅ បោកបញ្ឆោតគេ កាមតុណ្ហា ច្រណែន មួលបង្កាច់ អំនួត និងសេចក្តីចម្កួត។ 23 សេចក្តីអាក្រក់ទាំងនេះហើយចេញពីខាងក្នុង ដែលធ្វើឲ្យមនុស្សស្មោកគ្រោកវិញ»។ 24 ព្រះអង្គក្រោកឡើង ហើយយាងចេញពីទីនោះឆ្ពោះទៅក្រុងទីរ៉ុស និងក្រុងស៊ីដូន។ រួចព្រះអង្គក៏យាងចូលទៅក្នុងផ្ទះមួយ ដោយទ្រង់មិនចង់ឲ្យនណារម្នាក់ដឹងថាទ្រង់គង់នៅទីនោះឡើយ តែមិនអាចលាក់ជិតបានឡើយ។ 25 ភ្លាមនោះ មានស្រី្តម្នាក់ដែលមានកូនស្រីត្រូវវិញ្ញាណអារក្សចូលបានឮគេនិយាយពីព្រះអង្គ ស្រ្តីនោះក៏មករកព្រះអង្គហើយលុតជង្គង់ក្រាមនៅទៀបព្រះបាទព្រះអង្គ។ 26 ស្រ្តីនោះជាសាសន៍ក្រិក កូនកាត់ស៊ីរ៉ុសភេនីស។ ស្រ្តីនោះទទូចអង្វរព្រះអង្គសុំឲ្យដេញវិញ្ញាណអាក្រក់នោះចេញពីកូនស្រីនាង។ 27 ព្រះអង្គមានបន្ទូលតបទៅនាងថា៖ «ចូរទុកឲ្យកូនៗហូបអាហារឆ្អែតជាមុនសិន ដ្បិត មិនគួរយកនំប៉័ងរបស់កូនទៅឲ្យឆ្កែស៊ីទេ»។ 28 ប៉ុន្តែនាងទូលព្រះអង្គថា៖ «មែនហើយព្រះអម្ចាស់ ប៉ុន្តែ ឆ្កែដែលនៅក្រោមតុនោះវាស៊ីតែកម្ទេចដែលជ្រុះពីកូនក្មេងប៉ុណ្ណោះ»។ 29 នោះព្រះអង្គមានបន្ទូលទៅនាងថា៖ «ដោយនាងបាននិយាយដូច្នោះហើយ ចូរនាងទៅវិញចុះ អារក្សបានចេញពីកូនស្រីនាងហើយ»។ 30 ពេលនាងត្រឡប់ទៅផ្ទះវិញក៏បានដឹងថាកូននាងកំពុងតែដេកសម្រាកនៅលើគ្រែ ហើយអារក្សនោះក៏បានចេញពីកូនមែន។ 31 បន្ទាប់មក ព្រះអង្គក៏យាងចេញពីក្រុងទីរ៉ុសកាត់តាមក្រុងស៊ីដូន និងស្រុកដេកាប៉ូល ឆ្ពោះទៅកាន់សមុទ្រកាលីឡេ។ 32 មានគេនាំមនុស្សថ្លង់ម្នាក់ ដែលពិបាកនិយាយមកឯព្រះអង្គ ហើយអង្វរឲ្យព្រះអង្គដាក់ព្រះហស្តលើគាត់។ 33 ព្រះអង្គក៏នាំគាត់ចេញពីបណ្តាជនទៅដោយឡែកពីពួកគេ ហើយព្រះអង្គក៏យកព្រះហស្តដាក់ក្នុងត្រចៀកគាត់ រួចបន្ទាប់ពីស្តោះទឹកព្រះឱស្ឋ ព្រះអង្គក៏ពាល់អណ្តាតគាត់។ 34 ព្រះអង្គបានងើបទតទៅលើមេឃ ហើយមានបន្ទូលថា៖ «អិបផាថា» ដែលមានន័យថា «ចូរបើកឡើង»! 35 ភ្លាមនោះត្រចៀកគាត់ក៏បានបើក អណ្តាតក៏គ្រលាស់បាន ហើយគាត់ក៏ចាប់ផ្តើមនិយាយយ៉ាងច្បាស់។ 36 ព្រះយេស៊ូមានព្រះបន្ទូលហាមពួកគេមិនឲ្យប្រាប់រឿងរ៉ាវដែលពួកគេបានដឹងដល់អ្នកណាម្នាក់ឡើយ ប៉ុន្តែ ពួកគេនៅតែប្រាប់រឿងរ៉ាវទាំងនោះដល់បណ្ដាជនដទៃ។ 37 ពួកគេងឿងឆ្ងល់យ៉ាងខ្លាំងហើយ និយាយថា៖ «លោកធ្វើគ្រប់កិច្ចការបានយ៉ាងល្អ សូម្បីតែមនុស្សថ្លង់ក៏លោកធ្វើបានស្ដាប់ឮ ហើយមនុស្សគក៏និយាយបាន»។
1 នៅថ្ងៃនោះ បណ្ដាជនបានមកជុំគ្នាយ៉ាងច្រើនកុះករជាថ្មីម្ដងទៀត ហើយពួកគេមិនមានអ្វីហូបឡើយ។ ព្រះយេស៊ូបានហៅពួកសិស្ស ហើយមានបន្ទូលទៅគេថា៖ 2 «ខ្ញុំមានចិត្តអាណិតអាសូរចំពោះបណ្ដាជនទាំងនេះណាស់ ពួកគេបាននៅជាមួយខ្ញុំអស់រយៈពេលបីថ្ងៃហើយ ហើយពេលនេះពួកគេគ្មានអ្វីសម្រាប់ហូបសោះ។ 3 បើខ្ញុំឲ្យពួកគេត្រឡប់ទៅផ្ទះវិញទាំងអត់អាហារដូច្នេះ ពួកគេប្រាកដជាហេវហត់តាមផ្លូវហើយ ដ្បិត មានមនុស្សខ្លះមកពីឆ្ងាយ» 4 ពួកសិស្សព្រះអង្គក៏ទូលទៅព្រះអង្គថា៖ «តើឲ្យយើងខ្ញុំទៅរកអាហារដើម្បីមកចម្អែតបណ្ដាជននៅក្នុងទីរហោស្ថានយ៉ាងនេះដូចម្តេចទៅ»? 5 ព្រះអង្គក៏តបទៅគេវិញថា៖ «តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មានដុំ?» ពួកគេទូលថា៖ «មានប្រាំពីរដុំ»។ 6 ព្រះអង្គក៏បង្គាប់ឲ្យបណ្តាជនអង្គុយនៅលើដី។ ព្រះអង្គយកនំប៉័ងទាំងប្រាំពីរនោះមកអរព្រះគុណហើយ កាច់ឲ្យពួកសិស្ស ហើយឲ្យចែកដល់បណ្តាជន។ 7 ពួកគេក៏មានត្រីតូចៗខ្លះដែរ ហើយកាលព្រះអង្គបានអរព្រះគុណហើយ ទ្រង់ក៏បង្គាប់ឲ្យលើកទៅឲ្យគេទៀត។ 8 ពួកគេហូបឆ្អែតគ្រប់គ្នា រួចគេប្រមូលបាននំប៉័ង និងត្រីដែលនៅសល់បានប្រាំពីរកន្រ្តក់។ 9 នៅគ្រានោះបណ្ដាជនទាំងអស់ប្រមាណជាបួនពាន់នាក់។ រួចព្រះអង្គបានឲ្យពួកគេត្រឡប់ទៅវិញ។ 10 រំពេចនោះស្រាប់តែព្រះអង្គយាងចុះទូកជាមួយពួកសិស្សឆ្ពោះទៅស្រុក ដាល់ម៉ានូថាទៅ។ 11 នោះពួកផារីស៊ីចេញមក ជជែកវែកញែកដើម្បីល្បងលព្រះអង្គ ដោយសុំឲ្យព្រះអង្គសម្តែងទីសម្គាល់ដ៏អសា្ចរ្យពីស្ថានសួគ៌ឲ្យគេបានឃើញផង។ 12 ព្រះយេស៊ូដកដង្ហើមក្នុងវិញ្ញាណរបស់ព្រះអង្គ ទាំងមានបន្ទូលថា៖ «ហេតុអ្វីបានជាមនុស្សជំនាន់នេះចង់ឃើញតែទីសម្គាល់ដូច្នេះ? ប្រាកដណាស់ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាប្រាកដថានឹងគ្មានទីសម្គាល់ណាបានប្រទានមកមនុស្សជំនាន់នេះឡើយ»។ 13 រួចព្រះអង្គក៏យាងចេញពីពួកគេ ហើយចុះទូកឆ្លងទៅឯត្រើយម្ខាងទៀតវិញ។ 14 ឯពួកសិស្សភ្លេចយកនំប៉័ងទៅជាមួយ។ ពួកគេមាននំប៉័ងតែមួយដុំប៉ុណ្ណោះនៅលើទូក។ 15 ព្រះយេស៊ូមានបន្ទូលរំលឹកដាស់តឿនពួកគេថា៖ «ចូរប្រុងប្រយ័ត្នមើល ហើយក៏ប្រយ័ត្ននឹងមេដំបែររបស់ពួកផារីស៊ី និងស្តេចហេរ៉ូដឲ្យមែនទែន»។ 16 ពួកសិស្សនាំគ្នារិះគិតពិចារណាថា៖ «នេះមកពីយើងគ្មាននំប៉័ងទេដឹង»។ 17 ព្រះយេស៊ូជ្រាបពីការនេះ នោះទ្រង់មានបន្ទូលទៅកាន់ពួកគេថា៖ «តើអ្នករាល់គ្នានៅរិះគិតពីការដែលគ្មាននំប៉័ង? តើអ្នករាល់គ្នាមិនទាន់គិតឃើញ? មិនទាន់យល់ទេឬអី? តើអ្នកមានចិត្តរឹងចចេសឬ? 18 អ្នករាល់គ្នាមានភ្នែក តែមើលមិនឃើញឬ? អ្នករាល់គ្នាក៏មានត្រចៀកតែស្តាប់មិនឮឬ? អ្នកមិនចាំទេឬអី? 19 ពីកាលខ្ញុំបានកាច់នំប៉័ងប្រាំដុំ ចែកឲ្យមនុស្សប្រាំពាន់នាក់ ហើយពីរបៀបដែលអ្នករាល់គ្នាបានប្រមូលចំណិតដែលសល់បានប៉ុន្មានកន្ត្រក»? ពួកគេឆ្លើយថា៖ «បានដប់ពីរ»។ 20 ហើយកាលដែលខ្ញុំបានកាច់នំប៉័ង៧ដុំ ឲ្យទៅមនុស្សបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលទុកបានប៉ុន្មាន? ពួកគេឆ្លើយ៖ «បានប្រាំពីរ» 21 ព្រះអង្គទូលសួរថា៖ «តើអ្នកនៅមិនយល់ទៀតមែនទេ»? 22 ព្រះយេស៊ូ និងពួកសិស្សក៏បានធ្វើដំណើរដល់ភូមិបេតសៃដា។ ពេលនោះមានគេនាំអ្នកពិកាភ្នែកមកឯងព្រះអង្គហើយសុំឲ្យព្រះអង្គពាល់គាត់។ 23 ព្រះយេស៊ូបានដឹកដៃអ្នកពិកាភ្នែកនោះចេញទៅក្រៅភូមិ។ រួចព្រះអង្គបានស្តោះព្រះឱស្ឋលើភ្នែកគាត់ ហើយដាក់ព្រះហស្តលើគាត់ ដោយសួរថា៖ «តើលោកបានឃើញអ្វីខ្លះ»? 24 គាត់ក៏បើកភ្នែកឡើងហើយនិយាយថា៖ «ខ្ញុំឃើញមនុស្សដើរ មើលទៅដូចជាដើមឈើអ៊ីចឹង»។ 25 រួចព្រះអង្គក៏ដាក់ព្រះហស្តលើភ្នែកគាត់ម្តងទៀត ហើយពេលនោះបុរសនោះក៏បានបើកភ្នែកមើល ហើយស្រាប់តែ បានភ្លឺឡើង ហើយមើលឃើញអ្វីៗច្បាស់ទាំងអស់។ 26 ព្រះយេស៊ូបានឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ហើយផ្តាំថា៖ «កុំចូលទៅក្នុងភូមិឲ្យសោះ»។ 27 ព្រះយេស៊ូ និងពួកសិស្សបានចេញពីទីនោះ ឆ្ពោះទៅភូមិទាំងប៉ុន្មាននៃក្រុងសេសារា-ភីលីព។ នៅតាមផ្លូវព្រះអង្គក៏មានបន្ទូលសួរពួកសិស្សរបស់ព្រះអង្គថា៖ «តើមនុស្សគ្រប់គ្នាគេនាំគ្នាថាខ្ញុំជានណា»? 28 ពួកគេក៏បានតូលទៅព្រះអង្គថា៖ «ព្រះអង្គជាលោកយ៉ូហានបាទីស្ត ខ្លះថា ជាព្យាការី អេលីយ៉ា ហើយខ្លះទៀតថា ព្រះអង្គជាព្យាការីមួយរូបដែរ»។ 29 ព្រះអង្គក៏សួរពួកគេទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើគិតថាខ្ញុំជានណា»? នោះពេត្រុសក៏ឆ្លើយថា៖ «ព្រះអង្គជាព្រះគ្រិស្ដ» 30 ព្រះយេស៊ូក៏ហាមពួកគេមិនឲ្យប្រាប់ការនេះទៅនណាម្នាក់ឡើយ។ 31 រួចព្រះអង្គក៏ចាប់ផ្តើមបង្រៀនពួកគេពីកូនមនុស្សត្រូវរងទុក្ខជាច្រើន ហើយ ត្រូវពួកចាស់ទុំ នាយកបូជាចារ្យ និងពួកអាចារ្យបដិសេធ ហើយព្រះអង្គត្រូវគេធ្វើគុតទៀត តែបីថ្ងៃក្រោយមក ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញ។ ព្រះអង្គក៏បានមានបន្ទូលបញ្ជាក់ពីការនេះយ៉ាងច្បាស់។ 32 នោះលោកពេត្រុសក៏នាំព្រះអង្គទៅក្រៅបន្តិច ហើយជំទាស់នឹងព្រះអង្គ។ 33 ប៉ុន្តែព្រះយេស៊ូក៏បែរមកទតពួកសិស្សរបស់ព្រះអង្គផ្សេងទៀត ហើយព្រះអង្គក៏បន្ទោសលោកពេត្រុសថា៖ «សាតាំងអើយ! ថយទៅក្រោយអញទៅ ដ្បិត គំនិតឯងមិនមែនជាគំនិតដែលមកពីព្រះជាម្ចាស់ទេ តែជាគំនិតរបស់មនុស្សលោកវិញ»។ 34 រួចព្រះអង្គក៏ត្រាស់ហៅមនុស្សម្នា និងពួកសិស្សមកប្រជុំគ្នា ហើយមានបន្ទូលថា៖ «ប្រសិនបើ អ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវលះកាត់ចិត្តខ្លួនចោល ហើយលីឈើឆ្កាងមកតាមខ្ញុំចុះ»។ 35 ដ្បិត អ្នកណាដែលចង់បានជីវិត នោះនឹងបាត់ជីវិតទៅ ហើយបើអ្នកណាដែលបាត់ជីវិតដោយព្រោះខ្ញុំ និងដំណឹងល្អនោះនឹងបានសង្គ្រោះវិញ។ 36 ដ្បិត បើអ្នកណាបានលោកីយ៍ទាំងមូល តែបាត់ជីវិតទៅ នោះមានប្រយោជន៍អ្វីដល់អ្នកនោះ? 37 តើឲ្យមនុស្សនឹងយកអ្វីទៅដូរ ដើម្បីឲ្យបានជីវិត? 38 អស់អ្នកណាដែលមានភាពអាម៉ាស់ដោយសារខ្ញុំ និងពាក្យរបស់ខ្ញុំ នៅក្នុងជំនាន់មនុស្សផិតក្បត់ និងមនុស្សបាបនេះ នោះកាលដែលបុត្រមនុស្សយាងមកនឹងមានសេចក្តីខ្មាសនឹងអ្នកនោះដូចគ្នាដែរ ដែលព្រះអង្គនឹងយាងមកប្រកបដោយសិរីរុងរឿងរបស់ព្រះបិតា និងពួកទេវតាវិសុទ្ធផង»។
1 ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាដកថា នឹងមានអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នានឹងមិនដែរស្គាល់សេចក្តីស្លាប់ឡើយ គេនឹងឃើញព្រះរាជ្យនៃព្រះជាម្ចាស់យាងចុះមកជាមួយនឹងអំណាចព្រះចេស្តា»។ 2 ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូបានយកលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានទៅលើភ្នំជាមួយព្រះអង្គ ដាច់ដោយឡែកតែពួកគេ។ ក្រោយមកព្រះអង្គក៏មានរូបរាងប្លែកនៅពីមុខពួកគេ។ 3 សម្លៀកបំពាក់របស់ព្រះអង្គប្រែជាសភ្លឺចាំងយ៉ាងអស្ចារ្យ គ្មានមនុស្សណានៅផែនដីនេះ អាចនឹងធ្វើឲ្យសដូចជាសម្លៀកបំពាក់នោះឡើយ។ 4 ក្រោយមក លោកអេលីយ៉ា និងលោកម៉ូសេបានលេចមកនៅចំពោះពួកគេ ហើយអ្នកទាំងពីរបានជជែកជាមួយព្រះយេស៊ូ។ 5 លោកពេត្រុស បានឆ្លើយដោយនិយាយទៅកាន់ព្រះយេស៊ូថា៖ «លោកគ្រូ គឺជាការល្អដែលយើងនៅទីនេះ ដូច្នេះ សូមឲ្យយើងសង់ផ្ទះបី មួយសម្រាប់លោកគ្រូ និងមួយសម្រាប់លោកម៉ូសេ ហើយ និងមួយទៀតសម្រាប់លោកអេលីយ៉ា»។ 6 (ដ្បិត គាត់មិនដឹងជាត្រូវនិយាយអ្វីទេ ដោយព្រោះពួកគេកំពុងភ័យ)។ 7 មានពពកមួយលេចមកគ្របបាំងពួកគាត់ទាំងបី។ ក្រោយមកមានសំឡេងចេញពីពពកមកថា៖ «នេះគឺជាបុត្រជាទីស្រឡាញ់របស់យើង សូមស្ដាប់តាមព្រះអង្គចុះ»។ 8 រំពេចនោះ ពេលដែលពួកគេមើលជុំវិញ គឺមិនឃើញមានអ្នកណានៅទីនោះទៀតហើយ ប៉ុន្តែគឺឃើញតែព្រះយេស៊ូមួយព្រះអង្គគត់។ 9 គ្រាដែលពួកគេចុះពីលើភ្នំមកវិញ ព្រះជាម្ចាស់បានបង្គាប់ហាមមិនឲ្យប្រាប់ការអ្វីដែលពួកគេបានឃើញដល់អ្នកណាឲ្យសោះ ដរាបដល់កូនមនុស្សបានរស់ឡើងវិញពីសេចក្តីស្លាប់សិន។ 10 ដូច្នេះ ហើយពួកគេក៏បានរក្សារឿងនោះ នៅក្នុងពួកគេ ប៉ុន្តែ ពួកគេបានជជែកគ្នានៅក្នុងចំណោមពួកគេអំពី «រស់់ចេញពីសេចក្តីស្លាប់ឡើងវិញ» មានន័យយ៉ាងម៉េច។ 11 ពួកគេទូលសួរព្រះអង្គថា៖ «ហេតុអ្វីពួកអាចារ្យនិយាយថាលោកអេលីយ៉ាត្រូវមកជាមុន»? 12 ព្រះអង្គតបទៅពួកគេថា៖ «លោកអេលីយ៉ាបានមកមុនមែន គឺដើម្បីស្តារអ្វីទាំងគ្រប់យ៉ាងឡើងវិញ។ ហេតុអ្វី បានជាមានសេចក្ដីចែងទុកមកថា កូនមនុស្ស ត្រូវតែរងទុក្ខលំបាកជាច្រើនដង និងត្រូវគេប្រព្រឹត្តឹដូចអ្នកគ្មានតម្លៃ? 13 ប៉ុន្ដែ ខ្ញុំប្រាប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមក ហើយពួកគេបានប្រព្រឹត្ដចំពោះគាត់តាមតែចិត្ដគេចង់ ដូចដែលមានចែងទុកអំពីគាត់»។ 14 ពេលពួកគេមកដល់ពួកសិស្សវិញ នោះក៏ឃើញមនុស្សកុះករ ហើយពួកអាចារ្យនៅជុំវិញពួកសិស្ស កំពុងតែប្រកែកគ្នា។ 15 ពេលពួកបណ្តាជនឃើញព្រះយេស៊ូភ្លាមក៏អស្ចារ្យ ហើយពួកគេនាំគ្នារត់ទៅស្វាគមន៍ព្រះអង្គ។ 16 ព្រះអង្គក៏សួរទៅពួកសិស្សថា៖ «តើអ្នកទាំងគ្នាកំពុងប្រកែកជាមួយពួកគេអំពីរឿងអ្វី»? 17 មានម្នាក់ដែលនៅក្នុងបណ្តាជន បានទូលឆ្លើយទៅកាន់ព្រះអង្គថា៖ «លោកគ្រូ ខ្ញុំបាននាំយកកូនប្រុសមករកលោក។ គឺគាត់មានវិញ្ញាណនៅក្នុងខ្លួនដែលមិនអាចធ្វើឲ្យគាត់អាចនិយាយបាន។ 18 នៅពេលវាចូលកូនខ្ញុំម្ដងៗ ហើយវាផ្ដួលកូនខ្ញុំឲ្យដួលចុះ ធ្វើឲ្យបែកពពុះមាត់ សង្កៀតធ្មេញ ហើយនិងរឹងខ្លួន។ ខ្ញុំបានសុំឲ្យពួកសិស្សលោកបណ្ដេញវាចេញពីកូនរបស់ខ្ញុំដែរ ប៉ុន្ដែពួកគេមិនអាចធ្វើបានទេ»។ 19 ព្រះជាម្ចាស់មានបន្ទូលតបទៅពួកគេថា៖ «តំណមនុស្សដែលគ្មានជំនឿអើយ តើឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? តើឲ្យខ្ញុំអត់ទ្រាំជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំក្មេងនោះមកកាន់ខ្ញុំចុះ»។ 20 ពួកគេក៏នាំយកក្មេងនោះទៅរកព្រះអង្គ។ ពេលវិញ្ញាណនោះឃើញព្រះយេស៊ូ វាក៏ធ្វើឲ្យក្មេងនោះដួលននៀលលើដី និងបែកពពុះមាត់ផងដែរ។ 21 ព្រះយេស៊ូបានសួរទៅកាន់ឪពុករបស់កូនថា៖ «តើការនេះបានកើតឡើងក្មេងនេះយូរប៉ុណ្ណាហើយ?» ឪពុកបានឆ្លើយថា៖ «តាំងតែពីតូចមក» 22 វាជារឿយៗធ្វើឲ្យកូនខ្ញុំដួលទៅលើភ្លើងឬទៅក្នុងទឹក ដើម្បីនឹងសម្លាប់កូនរបស់ខ្ញុំ។ ប្រសិនបើ លោកគ្រូអាចធ្វើអ្វីម៉្យាង សូមមេត្តាអាណិតយើង និងជួយពួកយើងផង»។ 23 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ប្រសិនបើ លោកអាចជួយបានឬ? អ្វីៗទាំងអស់នឹងកើតឡើងសម្រាប់អ្នកណាដែលជឿ»។ 24 ភ្លាមនោះឪពុករបស់កូននោះក៏ស្រែកឡើងដោយនិយាយថា៖ «ខ្ញុំជឿហើយ សូមជួយការមិនមានជឿរបស់ខ្ញុំផង»! 25 ពេលព្រះយេស៊ូបានឃើញបណ្តាលជនកំពុងរត់ទៅរកពួកគេ នោះព្រះអង្គក៏ដេញវិញ្ញាណអាក្រក់ ដោយបន្ទូលថា៖ «វិញ្ញាណគថ្លង់ យើងបង្គាប់ឯង ចូរចេញពីក្មេងនេះទៅ ហើយកុំចូលក្មេងនេះទៀត»។ 26 វាបានស្រែកឡើង ហើយធ្វើឲ្យក្មេងនោះប្រកាច់យ៉ាងខ្លាំង រួចហើយក៏ចេញទៅ។ ក្មេងប្រុសនោះមើលទៅដូចជាមនុស្សស្លាប់ ដូច្នេះ មនុស្សជាច្រើនបាននិយាយថា៖ «គាត់ស្លាប់ហើយ»។ 27 ប៉ុន្តែ ព្រះយេស៊ូបានលើកគាត់ឡើងដោយព្រះហស្ត ហើយក្មេងប្រុសក៏ឈរឡើង។ 28 ពេលព្រះយេស៊ូយាងចូលទៅក្នុងផ្ទះ ពួកសិស្សបានសួរព្រះអង្គស្ងាត់ៗថា៖ «ហេតុអ្វីបានជាយើងមិនដេញវាចេញបាន»? 29 ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «វិញ្ញាណប្រភេទនេះមិនអាចដេញបានទេ លើកលែងតែតាមរយៈពាក្យអធិស្ឋាន»។ 30 ពួកគេធ្វើដំណើរចាកចេញពីទីនោះ ឆ្លងកាត់ស្រុកកាលីឡេ។ ព្រះអង្គមិនចង់ឲ្យអ្នកណាដឹង ថាពួកគេនៅទីណានោះទេ 31 ដោយសារព្រះអង្គកំពុងតែបង្រៀនពួកសិស្សរបស់ព្រះអង្គ។ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «កូនមនុស្សនឹងត្រូវបានបញ្ជូនទៅក្នុងដៃមនុស្ស ហើយពួកគេនឹងសម្លាប់លោក។ កាលគេបានសម្លាប់ហើយ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញម្តងទៀត»។ 32 ប៉ុន្តែ ពួកគេមិនយល់ពីអ្វីដែលព្រះអង្គមានបន្ទូលឡើយ ហើយពួកគេក៏មិនហ៊ានសួរព្រះអង្គដែរ។ 33 ពួកគេក៏មកដល់ក្រុងកាពើណិម។ បន្ទាប់ពីព្រះអង្គយាងចូលក្នុងផ្ទះ ព្រះអង្គសួរទៅពួកគេថា៖ «តើពួកអ្នកបានជជែកគ្នាពីអ្វីនៅតាមផ្លូវ»? 34 ប៉ុន្តែ ពួកគេនៅស្ងៀម។ ដ្បិត ពួកគេបានប្រកែកគ្នានៅតាមផ្លូវ ក្នុងចំណោមពួកគេ អំពីអ្នកណានឹងក្លាយជាធំជាងគេ។ 35 ព្រះអង្គក៏គង់ចុះ ព្រះជាម្ចាស់ក៏ហៅពួកសិស្សទាំងដប់ពីរមក និងមានបន្ទូលទៅគេថា៖ «ប្រសិនបើ អ្នកណាចង់ធ្វើជាទីមួយ អ្នកនោះនឹងទៅក្រោយគេបង្អស់ និងជាអ្នកបម្រើដល់មនុស្សគ្រប់គ្នាដែរ»។ 36 ព្រះអង្គក៏យកក្មេងតូចម្នាក់មកដាក់នៅកណ្ដាលពួកគេ។ ព្រះជាម្ចាស់បានលើកក្មេងឡើង ដោយបន្ទូលថា 37 «អ្នកណាដែលទទួលក្មេងតូចម្នាក់នេះ គឺក្នុងឈ្មោះខ្ញុំ នោះគឺបានទទួលខ្ញុំ ហើយបើមានអ្នកណាទទួលខ្ញុំ នោះមិនមែនទទួលតែខ្ញុំទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ»។ 38 លោកយ៉ូហានបានទូលព្រះអង្គថា៖ «លោកគ្រូ យើងបានឃើញមនុស្សម្នាក់កំពុងបណ្ដេញអារក្សក្នុងនាមរបស់លោក ហើយយើងបានឃាត់គាត់ដែរ តែគាត់មិនតាមយើងសោះ»។ 39 ប៉ុន្តែ ព្រះយេស៊ូមានបន្ទូលថា៖ «សូមកុំហាមគាត់អី ដ្បិត គ្មានអ្នកណាដែលនឹងធ្វើការដ៏អស្ចារ្យ នៅក្នុងឈ្មោះខ្ញុំ ហើយបន្ទាប់មក និយាយអាក្រក់ពីខ្ញុំនោះទេ។ 40 អស់អ្នកណាដែលមិនប្រឆាំងនឹងយើងគឺនៅជាមួយពួកយើងហើយ។ 41 អ្នកណាដែលឲ្យទឹកអ្នករាល់គ្នាផឹក ទឹកមួយកែវដោយសារតែអ្នកជាកម្មសិទ្ធិរបស់ព្រះគ្រិស្ត ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គាត់នោះនឹងមិនបាត់រង្វន់របស់គាត់ឡើយ។ 42 អ្នកណាធ្វើឲ្យអ្នកតូចម្នាក់ក្នុងចំណោមអ្នកដែលជឿក្នុងខ្ញុំ ទាំងឲ្យជំពប់ដួល វាគួរឲ្យអ្នកនោះចងកនឹងត្បាល់ថ្មកិន ហើយឲ្យគេទម្លាក់ក្នុងសមុទ្រនោះប្រសើរជាង។ ប្រសិនបើ ដៃរបស់អ្នកបានធ្វើឲ្យជំពប់ សូមកាត់វាចោលចុះ។ 43 ប្រសើរជាងឲ្យអ្នកនោះចូលទៅក្នុងជីវិត ដោយពិការតែបើមានដៃទាំងពីរ បែបជាត្រូវធ្លាក់ទៅក្នុងស្ថាននរកដែលមានភ្លើងមិនចេះរលត់។ 44 ជាកន្លែងដែលមានដង្កូវមិនចេះងាប់ និងភ្លើងដែលឆេះមិនរលត់។ 45 ប្រសិនបើ ជើងរបស់អ្នកធ្វើឲ្យអ្នកជំពប់ សូមកាត់វាចេញទៅ។ គួរឲ្យអ្នកចូលទៅក្នុងជីវិតទាំងពិការ ប្រសើរជាងមានជើងទាំងពីរ ហើយត្រូវបោះចូលទៅក្នុងស្ថាននរក។ 46 ជាកន្លែងដែលមានដង្កូវមិនចេះងាប់ និងភ្លើងដែលឆេះមិនរលត់។ 47 ប្រសិនបើភ្នែករបស់អ្នកធ្វើឲ្យអ្នកជំពប់ សូមខ្វេះវាចោលចុះ។ គួរឲ្យអ្នកចូលទៅក្នុងនគរព្រះជាម្ចាស់មានភ្នែកតែម្ខាង ប្រសើរជាងមានភ្នែកមួយគូ ហើយត្រូវបោះចូលទៅក្នុងស្ថាននរក។ 48 គឺជាកន្លែងដែលមានដង្កូវមិនចេះងាប់ និងភ្លើងដែលឆេះមិនរលត់។ 49 ដ្បិត មនុស្សគ្រប់ៗគ្នា នឹងមានជាតិប្រៃដោយសារភ្លើង។ 50 អំបិលជារបស់ល្អ ប៉ុន្ដែ បើអំបិលបាត់ជាតិប្រៃហើយ តើនឹងយកអ្វីមកធ្វើឲ្យប្រៃឡើងវិញបាន? សូមឲ្យមានជាតិប្រៃនៅក្នុងចំណោមអ្នករាល់គ្នា ហើយរស់នៅជាមួយគ្នាដោយសុខសាន្តចុះ។
1 ព្រះយេស៊ូបានចាកចេញពីទីនោះ ហើយក៏យាងទៅដល់ស្រុកយូដា ហើយនិងទៅតាមតំបន់ទន្លេយ័រដាន់ ពួកបណ្តាលជនក៏មករកព្រះអង្គម្តងទៀត។ ព្រះអង្គក៏បង្រៀនពួកគេថែមទៀត ដូចដែលព្រះអង្គធ្លាប់ធ្វើកន្លងមក។ 2 ពួកផារីស៊ីបានមកដល់ព្រះអង្គដើម្បីល្បងហើយទូលសួរថា៖ «តើប្តីលែងប្រពន្ធរបស់គាត់ត្រូវច្បាប់ទេ?» 3 ព្រះអង្គក៏ឆ្លើយថា៖ «តើលោកម៉ូសេបង្គាប់អ្នករាល់គ្នាយ៉ាងដូចម្ដេចខ្លះ?» 4 ពួកគេបាននិយាយថា៖ «លោកម៉ូសេអនុញ្ញាតឲ្យបុរសសរសេរសំបុត្រលែងលះ រួចហើយលែងប្រពន្ធបាន»។ 5 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ដោយព្រោះតែចិត្តអ្នករាល់គ្នារឹងបានជាគាត់សរសេរច្បាប់បែបនេះឲ្យអ្នករាល់គ្នា»។ 6 ប៉ុន្តែ «ព្រះជាម្ចាស់បានបង្កើតពួកគេជាប្រុសជាស្រី តាំងពីដើមកំណើតនៃពិភពលោកមេ្ល៉ះ»។ 7 «ហេតុនេះហើយបានជាមនុស្សប្រុសនឹងចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយប្រពន្ធរបស់ខ្លួន 8 ហើយអ្នកទាំងពីរត្រឡប់ទៅជាសាច់តែមួយ។ ដូច្នេះ ពួកគេលែងពីរនាក់ទៀតហើយ គឺសាច់តែមួយវិញ។ 9 ដូច្នេះ កុំឲ្យមនុស្សបំបែកអ្វីដែលព្រះជាម្ចាស់បានផ្សំផ្គុំឡើយ»។ 10 ពេលពួកគេមកដល់ក្នុងផ្ទះ ពួកសិស្សសួរព្រះអង្គម្តងទៀតអំពីការនេះ។ 11 ព្រះអង្គមានបន្ទូលតបថា៖ «អ្នកណាលែងប្រពន្ធខ្លួន រួចរៀបការជាមយយស្ដ្រីម្នាក់ទៀត នោះផិតក្បត់នឹងប្រពន្ធហើយ។ 12 ប្រសិនបើប្រពន្ធលែងប្ដីខ្លួន រួចរៀបការនឹងបុរសម្នាក់ទៀត នោះនាងផិតក្បត់ហើយ»។ 13 ក្រោយមក មានគេនាំក្មេងៗមករកព្រះអង្គ ដើម្បីឲ្យព្រះអង្គពាល់ពួកគេ ប៉ុន្តែ ពួកសិស្សបានស្ដីបន្ទោសដល់ពួកគេ។ 14 ប៉ុន្តែ ពេលព្រះយេស៊ូទតឃើញ ព្រះអង្គមិនគាប់ព្រះហឫទ័យនឹងពួកគេមានបន្ទូលទៅពួកគេថា៖ «កុំឃាត់ពួកគេអី ចូរឲ្យក្មេងៗទាំងនេះមករកខ្ញុំចុះ ដ្បិត ព្រះរាជ្យនៃព្រះជាម្ចាស់ជារបស់មនុស្សដូចជាក្មេងៗទាំងនេះដែរ។ 15 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលមិនទទួលព្រះរាជ្យនៃព្រះជាម្ចាស់ដូចជាក្មេងៗតូចនេះទេ នឹងប្រាកដជាមិនអាចចូលក្នុងព្រះរាជ្យនៃព្រះជាម្ចាស់បានទេ»។ 16 ក្រោយមក ព្រះអង្គបានលើកពួកក្មេងៗមកក្នុងព្រះហស្តព្រះអង្គ ហើយឲ្យពរដល់ពួកគេ នៅពេលដែលព្រះអង្គដាក់ព្រះហស្តលើពួកគេ។ 17 ពេលព្រះអង្គកំពុងបន្តដំណើរតាមផ្លូវ មានបុរសបានរត់មករកព្រះអង្គហើយលុតជង្គង់នៅចំពោះព្រះជាម្ចាស់ ហើយទូលថា៖ «លោកគ្រូដ៏ល្អអើយ តើធ្វើដូចម្តេច ដើម្បីឲ្យបានទទួលបានជីវិតអស់កល្បជានិច្ច»? 18 ព្រះយេស៊ូឆ្លើយទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកហៅខ្ញុំគ្រូល្អដូច្នេះ? គ្មាននរណាល្អទេ លើកលែងតែព្រះមួយព្រះជាម្ចាស់តែមួយអង្គគត់។ 19 អ្នកបានស្គាល់ពីបញ្ញត្តិហើយ៖ មិនត្រូវសម្លាប់ឲ្យសោះ មិនត្រូវផិតក្បត់ឲ្យសោះ មិនត្រូវលួច មិនត្រូវធ្វើសាក្សីក្លែងក្លាយ មិនត្រូវកេងបន្លំ ហើយត្រូវគោរពឪពុកម្ដាយរបស់អ្នកឡើយ»។ 20 បុរសនោះឆ្លើយថា៖ «លោកគ្រូ ខ្ញុំបានស្តាប់បង្គាប់តាមបញ្ញត្តិ តាំងតែពីក្មេងមកមេ៉្លះ»។ 21 ព្រះយេស៊ូបានមើលទៅគាត់ដោយសេចក្តីស្រឡាញ់។ ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «ការមួយទៀតដែលអ្នកមិនទាន់ធ្វើ។ អ្នកត្រូវលក់របស់ទ្រព្យសម្បត្តិទាំងអស់ហើយចែកដល់អ្នកក្រចុះ នោះអ្នកនឹងទទួលសម្បត្តិនៃស្ថានសួគ៌វិញ។ រួចហើយដើតាមខ្ញុំចុះ»។ 22 ប៉ុន្តែ ដោយព្រោះប្រយោគនេះ ធ្វើឲ្យគាត់អស់សង្ឃឹមយ៉ាងខ្លាំង ហើយចេញទៅទាំងសោកសៅ ដោយព្រោះគាត់មានសម្បតិ្តច្រើនពេក។ 23 ព្រះយេស៊ូទតមើលជុំវិញហើយមានបន្ទូលទៅកាន់ពួកសិស្សថា៖ «អ្នកមានចូលទៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ពិបាកណាស់»! 24 ពួកសិស្សបានងឿងឆ្ងល់ជាមួយនឹងព្រះបន្ទូលរបស់ព្រះអង្គ។ ប៉ុន្តែ ព្រះយេស៊ូមានបន្ទូលទៅពួកគេម្តងទៀតថា៖ «កូនអើយ តើអ្នកមានចូលទៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ពិបាកយ៉ាងណាទៅ! 25 គឺសត្វអូដ្ឋដែលចូលតាមប្រហោងម្ជុល ងាយជាងដែលអ្នកមានចូលក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ទៅទៀត»។ 26 ពួកសិស្សកាន់តែងឿងឆ្ងល់ខ្លាំងឡើង ហើយក៏ជជែកគ្នាទៅវិញទៅមកថា៖ «តើអ្នកណាទៅដែលអាចបានសង្គ្រោះទៅ»? 27 ព្រះយេស៊ូទតទៅពួកគេហើយបន្ទូលថា៖ «មនុស្សមិនអាចធ្វើបានទេ ប៉ុន្តែព្រះជាម្ចាស់អាចធ្វើបាន។ ដ្បិត ព្រះជាម្ចាស់អាចធ្វើគ្រប់ការទាំងអស់បាន»។ 28 លោកពេត្រុសក៏ចាប់ផ្តើមទូលទៅព្រះអង្គថា៖ «មើល៍! ពួកយើងបានលះចោលគ្រប់យ៉ាងហើយមកតាមលោកគ្រូ»។ 29 ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្មានមានអ្នកណាចាកចេញពីផ្ទះ ឬបងប្អូនប្រុសស្រី ឬឪពុកម្តាយ ឬដីស្រែចម្ការ ដោយព្រោះខ្ញុំ និងដើម្បីដំណឹងល្អ 30 អ្នកនោះនឹងបានទទួលមួយជាមួយរយដងវិញគឺផ្ទះសម្បែង ហើយបងប្អូនប្រុសស្រី ហើយនិងឪពុកម្តាយ និងដីស្រែចម្ការនៅក្នុងលោកនេះ ជាមួយនឹងការបៀតបៀនដែលនឹងកើតឡើងក្នុងពិភពលោកខាងមុខ ហើយនិងជីវិតអស់កល្បជានិច្ច។ 31 ប៉ុន្តែ នឹងមានអ្នកខ្លះដែលមកមុន នឹងទៅជាក្រោយ ហើយអ្នកដែលក្រោយនឹងទៅជាមុនវិញ»។ 32 ពួកគេកំពុងធ្វើដំណើនៅតាមផ្លូវទៅក្រុងយេរូសាឡិម ព្រះយេស៊ូបានយាងទៅមុនពួកគេ។ ពួកសិស្សមានការអស្ចារ្យ ហើយនិងអ្នកដែលមកតាមក្រោយក៏មានការភ័យខ្លាច។ ក្រោយមក ព្រះយេស៊ូបាននាំពួកសិស្សទៅដោយឡែក ហើយក៏ចាប់ផ្តើមមានបន្ទូលប្រាប់អំពីអ្វីដែលនឹងត្រូវកើតឡើងមកលើព្រះអង្គនៅពេលឆាប់ៗនេះ។ 33 «មើល៍! ពួកយើងកំពុងធ្វើដំណើរទៅក្រុងយេរូសាឡិម ហើយកូនមនុស្សនឹងត្រូវគេប្រគល់ទៅដល់ក្រុមនាយកបូជាចារ្យ និងពួកអាចារ្យ។ ពួកគេនឹងកាត់ទោសប្រហារជីវិតលោក រួចប្រគល់លោកឲ្យទៅសាសន៍ដទៃ។ 34 ពួកគេនឹងចំអកឲ្យលោក ស្ដោះទឹកមាត់ដាក់លោក វាយនឹងខ្សែតី រួចសម្លាប់លោក។ ប៉ុន្ដែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។ 35 លោកយ៉ាកុប និងលោកយ៉ូហានជាកូនលោកសេបេដេបានចូលទៅជិតព្រះអង្គហើយទូលព្រះអង្គថា៖ «លោកគ្រូ យើងចង់ឲ្យលោកធ្វើតាមសំណូមរបស់យើង»។ 36 ព្រះអង្គមានបន្ទូលតបទៅពួកគេថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីដល់អ្នក? 37 ពួកគេបានទូលឆ្លើយថា៖ «សូមឲ្យយើងបានអង្គុយ ម្នាក់នៅខាងស្ដាំ និងម្នាក់ទៀតនៅខាងឆ្វេងលោក នៅក្នុងសិរីរុងរឿងរបស់លោកគ្រូផង»។ 38 ប៉ុន្តែ ព្រះយេស៊ូបានតបទៅពួកគេថា៖ «អ្នកមិនដឹងពីអ្វីដែលពួកអ្នកកំពុងសុំនោះទេ។ តើអ្នកអាចផឹកពីពែងដែលខ្ញុំផឹក និងទទួលពិធីជ្រមុជដែលខ្ញុំទទួលបានដែរឬទេ»? 39 ពួកគេបានទូលទៅព្រះអង្គថា៖ «ពួកយើងអាចធ្វើបាន»។ ព្រះយេស៊ូមានបន្ទូលទៅពួកគេម្តងទៀតថា៖ «អ្នកនឹងផឹកពីពែងដែលខ្ញុំផឹក ហើយទទួលពិធីជ្រមុជដែលខ្ញុំបានទទួលដែរ។ 40 ប៉ុន្តែ សម្រាប់អ្នកដែលត្រូវអង្គុយនៅខាងស្តាំ ឬនៅខាងឆ្វេងព្រះហសត្តរបស់ព្រះអង្គនោះមិនមែនខ្ញុំទេជាអ្នកសម្រេចនោះទេ គឺសម្រាប់តែអ្នកដែលព្រះជាម្ចាស់បានរៀបចំទុកឲ្យតែប៉ុណ្ណោះ»។ 41 ពេលពួកសិស្សដប់អ្នកទៀតបានឮពីការនេះ គេចាប់ផ្តើមខឹងយ៉ាងខ្លាំងជាមួយនឹងលោកយ៉ាកុប ហើយនិងលោកយ៉ូហាន។ 42 ព្រះយេស៊ូបានហៅពួកគេមករកព្រះអង្គហើយមានបន្ទូលថា៖ «អ្នករាល់គ្នាដឹងថា អ្នកដែលគេចាត់ទុកជាអ្នកគ្រប់គ្រងលើសាសន៍ដទៃ គឺត្រួតត្រាលើពួកគេ ហើយពួកអ្នកដែលមានតួនាទីធំរបស់គេ ក៏ប្រើសិទ្ធិអំណាចគ្រប់គ្រងលើពួកគេផងដែរ។ 43 ប៉ុន្តែ ការនេះមិនគួរមាននៅក្នុងអ្នករាល់គ្នានោះទេ។ អ្នកណាដែលចង់ធ្វើជាអ្នកធំក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាអ្នកបម្រើអ្នករាល់គ្នាវិញ 44 ហើយអ្នកណាប្រាថ្នាចង់ធ្វើជាទីមួយក្នុងចំណោមអ្នក គឺត្រូវធ្វើជាអ្នកបម្រើដល់មនុស្សគ្រប់គ្នាវិញ។ 45 ដ្បិត កូនមនុស្សមិនបានមកដើម្បីឲ្យគេបម្រើនោះទេ ប៉ុន្តែ ដើម្បីបម្រើវិញ ទាំងប្រគល់ជីវិតខ្លួនទុកជាថ្លៃលោះសម្រាប់មនុស្សជាច្រើនផង»។ 46 ពួកគេបានមកដល់ក្រុងយេរីខូរ។ គឺនៅពេលព្រះអង្គ និងពួកសិស្សព្រមទាំងបណ្តាជនជាច្រើន បានចាកចេញពីក្រុងយេរីខូរ ហើយមានអ្នកសុំទានម្នាក់ ពិការភ្នែក ឈ្មោះបារទីមេ ជាកូនប្រុសលោកទីមេកំពុងតែអង្គុយតាមដងផ្លូវ។ 47 ពេលគាត់បានឮថាព្រះយេស៊ូនៅស្រុកណាសារ៉ែត គាត់ក៏ចាប់ផ្តើមស្រែកឡើងដោយនិយាយថា៖ «ព្រះយេស៊ូជាពូជពង្សដាវីឌអើយ សូមមេត្ដាខ្ញុំផង»! 48 មានមនុស្សជាច្រើនបានស្តីបន្ទោសដល់គាត់ ដោយប្រាប់ឲ្យគាត់នៅស្ងៀម។ ប៉ុន្តែ គាត់នៅតែស្រែកខ្លាំងឡើងថា៖ «ពូជពង្សដាវីឌអើយ សូមមេត្ដាខ្ញុំផង»! 49 ព្រះយេស៊ូក៏ឈប់ ហើយមានបន្ទូលថា៖ «ចូរហៅគាត់មក!»។ ពួកគេក៏បានហៅបុរសពិការភ្នែកនោះមក ដោយនិយាយថា៖ «ចូរក្លាហាន! ហើយងើបឡើង! លោកគ្រូហៅអ្នកហើយ»។ 50 គាត់ក៏បោះអាវរបស់គាត់ចោល រួចលោតឡើង ហើយក៏ចូលមករកព្រះយេស៊ូ។ 51 ព្រះយេស៊ូបានតបទៅគាត់ដោយមានបន្ទូលថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីឲ្យដល់អ្នក?» បុរសពិការភ្នែកនោះបានទូលថា៖ «រ៉ាប៊ី ខ្ញុំចង់មើលឃើញ»។ 52 បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅកាន់គាត់ថា៖ «ទៅចុះ! ជំនឿបានធ្វើឲ្យអ្នកជាសះស្បើយហើយ»។ រំពេចនោះ គាត់ក៏បានមើលឃើញ ហើយគាត់ក៏រួមដំណើរជាមួយព្រះអង្គទៅ។
1 ព្រះយេស៊ូ និងពួកសិស្សមកដល់ទីក្រុងយេរូសាឡិម មកជិតភូមិបេតផាសេ និងភូមិបេតថានីដែលនៅជិតភ្នំអូលីវ ហើយព្រះយេស៊ូបានបញ្ជូនសិស្សពីរនាក់របស់ទព្រះអង្គឲ្យទៅមុន 2 ដោយមានព្រះបន្ទូលទៅពួកគេថា៖ «ទៅភូមិនៅខាងមុខពួកយើង នៅពេលដែលអ្នកទៅដល់ភ្លាម អ្នកនឹងឃើញកូនលាមួយ ដែលមិនធ្លាប់មានអ្នកណាជិះនៅឡើយទេ។ ចូរស្រាយចំណង ហើយដឹកមកកាន់ខ្ញុំចុះ។ 3 ប្រសិនបើ មាននរណាសួរអ្នកថា៖ «ហេតុអ្វីបានជាអ្នកធ្វើដូច្នេះ?» អ្នកត្រូវឆ្លើយប្រាប់គេថា៖ «ព្រះជាម្ចាស់ត្រូវការវា ហើយព្រះអង្គនឹងឲ្យគេដឹកវាមកវិញ»។ 4 ពួកគេបានចេញទៅ ហើយឃើញកូនលាមួយដែលចងទុកនៅឯវាលក្បែរផ្លូវ រួចពួកគេក៏ស្រាយវា។ 5 អ្នកខ្លះដែលនៅទីនោះបាននិយាយទៅកាន់ពួកគេថា «តើអ្នកកំពុងធ្វើអ្វីហ្នឹង ម្ដេចក៏អ្នកស្រាយកូនលាអ៊ីចឹង?» 6 ពួកគេបាននិយាយទៅកាន់អ្នកនោះតាមពាក្យដែលព្រះយេស៊ូបានបង្គាប់ដល់គេ ហើយពួកគេក៏ឲ្យពួកគាត់ដឹកលានោះចេញទៅ។ 7 សិស្សទាំងពីរបានដឹកវាយកមកថ្វាយព្រះយេស៊ូ ហើយដោះអាវរបស់ខ្លួនក្រាលនៅលើខ្នងកូនលា ដើម្បីឲ្យព្រះយេស៊ូបាន ឡើងគង់លើកូនលានោះ។ 8 មានមនុស្សម្នាជាច្រើនបានយកអាវរបស់ខ្លួនក្រាលតាមដងផ្លូវ ហើយខ្លះទៀតយកមែកឈើដែលកាប់មកពីចំការមកក្រាលនៅលើផ្លូវផងដែរ។ 9 អស់អ្នកដែលដើរនៅពីមុខព្រះអង្គ ហើយនិងអ្នកដើរពីក្រោយព្រះអង្គនាំគ្នាស្រែកឡើងថា៖ «ហូសាណា សូមព្រះជាម្ចាស់ប្រទានព្រះពរដល់ព្រះអង្គដែលយាងមកក្នុងនាមព្រះអម្ចាស់ 10 សូមប្រទានពរដល់រាជ្យរបស់ព្រះបាទដាវីឌដែលកំពុងមកដល់ជាបិតារបស់យើង ហូសាណា ព្រះដ៏ខ្ពស់បំផុត»។ 11 បន្ទាប់មក ព្រះយេស៊ូយាងទៅដល់ក្រុងយេរូសាឡឹម ព្រះអង្គក៏យាងចូលទៅក្នុងព្រះវិហារ ហើយបានទតមើលសព្វគ្រប់ អស់ហើយ។ ពេលនោះល្ងាចណាស់ហើយព្រះអង្គក៏យាងទៅភូមិបេតថានីជាមួយនឹងសិស្សទាំងដប់ពីរនាក់វិញ។ 12 ថ្ងៃបន្ទាប់ ព្រះអង្គ និងពួកសិស្សបានត្រឡប់មកពីភូមិបេតថានីវិញ ពេលនោះព្រះអង្គក៏ឃ្លាន។ 13 ព្រះអង្គ ទតឃើញដើមឧទុម្ពរមួយដើមដែលមានស្លឹកពីចម្ងាយ ព្រះអង្គយាងទៅទតមើល ព្រះអង្គទតឃើញមានតែស្លឹកតែប៉ុណ្ណោះគ្មានផ្លែឡើយ ដ្បិត ពុំទាន់ដល់រដូវដើមឧទុម្ពរមានផ្លែនៅឡើយទេ។ 14 ព្រះអង្គក៏មានបន្ទូលទៅកាន់ ដើមឧទុម្ពរនោះថា៖ «គ្មាននរណាហូបផ្លែរបស់ឯងទៀតឡើយ»។ ពួកសិស្សរបស់ព្រះអង្គក៏បានឮព្រះបន្ទូលរបស់ព្រះអង្គដែរ។ 15 ព្រះយេស៊ូ និងពួកសិស្សបានមកដល់ក្រុងយេរូសាឡិម ព្រះអង្គក៏បានយាងចូលទៅក្នុងព្រះវិហារហើយព្រះអង្គបានដេញពួកអ្នកលក់ដូរ និងអ្នកទិញឲ្យចេញពីព្រះវិហារ។ ព្រះអង្គផ្តួលតុពួកអ្នកប្តូរប្រាក់ និងផ្តួលកៅអីរបស់អ្នកលក់ព្រាប។ 16 ព្រះអង្គមិនអនុញ្ញាតឲ្យនរណាលីសែងអីវ៉ាន់កាត់មុខព្រះវិហារឡើយ។ 17 ព្រះអង្គមានព្រះបន្ទូល និងប្រៀនប្រដៅពួកគេថា៖ «តើនៅក្នុងព្រះគម្ពីរមិនបានចែងថា៖ «ដំណាក់របស់យើងត្រូវធ្វើជាដំណាក់សម្រាប់ឲ្យសាសន៍ទាំងឡាយអធិស្ឋានទេឬអី?» ប៉ុន្តែ អ្នករាល់គ្នាបែរជាយកមកធ្វើជាសំបុកចោរទៅវិញ»។ 18 កាលនាយកបូជាចារ្យ និងពួកអាចារ្យបានឮរឿងទាំងនេះ ហើយ ពួកគេរកវិធីដើម្បីធ្វើគុតព្រះអង្គ។ ប៉ុន្តែ ពួកគេភ័យខ្លាចព្រះអង្គ ព្រោះតែបណ្តាជនទាំងអស់មានសេចក្តីអស្ចារ្យនឹងសេចក្តីបង្រៀនរបស់ព្រះអង្គណាស់។ 19 នៅពេលល្ងាចបានមកដល់ ព្រះយេស៊ូ និងពួកសិស្សក៏ចាកចេញពីទីក្រុង។ 20 នៅពេលព្រឹក ពួកគេធ្វើដំណើរតាមផ្លូវនោះ ពួកគេបានឃើញដើមឧទុម្ពរក្រៀមស្វិតតាំងពីចុងរហូតដល់ឬស។ 21 លោកពេត្រុសនឹកចាំព្រះបន្ទូលរបស់ព្រះយេស៊ូ ហើយក៏ទូលទៅព្រះអង្គថា៖ «លោកគ្រូ សូមមើលដើមឧទុម្ពរដែល លោកគ្រូបានដាក់បណ្តាសានោះ វាក្រៀមស្វិតហើយ»។ 22 ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «ចូរមានជំនឿលើព្រះជាម្ចាស់ចុះ 23 ខ្ញុំប្រាប់អ្នករាល់គ្នាឲ្យដឹងច្បាស់ថា បើអ្នកណានិយាយទៅកាន់ភ្នំនេះថា៖ «ចូរចេញទៅ ហើយទម្លាក់ខ្លួនរបស់អ្នកចូលក្នុងសមុទ្រទៅ» ហើយបើអ្នកនោះជឿនៅក្នុងចិត្តដោយឥតសង្ស័យថាព្រះជាម្ចាស់នឹងប្រទានឲ្យបានសម្រេចតាមពាក្យគេមែន។ 24 ដោយហេតុនេះ បានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីៗទាំងអស់ដែលអ្នករាល់គ្នាអធិស្ឋាន និងទូលសុំដោយចិត្តជឿ ថាអ្នកនឹងបានទទួល នោះព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នាជាពុំខាន។ 25 នៅពេលដែលអ្នកឈរអធិស្ឋាន ហើយបើមានទម្នាស់ជាមួយនឹងនរណាម្នាក់ នោះចូរអត់ទោសឲ្យគេទៅ ក៏ដូចជាព្រះបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខបានអត់ទោសនូវអំពើររំលងរបស់អ្នករាល់គ្នាដែរ»។ 26 «ប៉ុន្តែ បើអ្នករាល់គ្នាមិនអត់ទោសឲ្យគេទេ នោះព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ ក៏មិនអត់ទោសឲ្យអ្នករាល់គ្នាដែរ»។ 27 ពួកគេបានចូលទៅទីក្រុងយេរូសាឡឹមម្តងទៀត។ កាលព្រះយេស៊ូកំពុងយាងចូលក្នុងព្រះវិហារ នាយកបូជាចារ្យ ពួកអាចារ្យ និងពួកចាស់ទុំបាននាំគ្នាមកជួបព្រះអង្គ។ 28 ពួកគេបានទូលទៅកាន់ព្រះអង្គថា៖ «តើលោកធ្វើការទាំងនេះដោយអាងលើអំណាចអ្វី ហើយនរណាផ្ដល់អំណាចឲ្យលោកធ្វើការទាំងនេះ?» 29 ព្រះយេស៊ូបានមានបន្ទូលទៅកាន់ពួកគេថា៖ «ខ្ញុំសួរសំនួរដល់អ្នករាល់គ្នា ចូរប្រាប់ខ្ញុំ នោះខ្ញុំនឹងប្រាប់អ្នករាល់គ្នាវិញថា ខ្ញុំធ្វើការទាំងអស់នេះដោយអាងលើអំណាចអ្វី។ 30 សូមឆ្លើយប្រាប់ខ្ញុំមក តើនរណាចាត់លោកយ៉ូហានឲ្យមកធ្វើពិធីជ្រមុជ តើមកពីស្ថានបរមសុខ ឬមកពីមនុស្ស»? 31 ពួកគេក៏បានពិភាក្សា និងប្រកែកគ្នា ហើយនិយាយថា៖ «ប្រសិនបើ ពួកយើងនិយាយថា៖ «មកពីស្ថានបរមសុខ» នោះគាត់នឹងនិយាយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមិនព្រមជឿគាត់»? 32 ប៉ុន្តែ ប្រសិនបើ យើងនិយាយថា៖ «មនុស្សចាត់លោកឲ្យមក...» ។ ពួកគេភ័យខ្លាចមនុស្ស ព្រោះមនុស្សគ្រប់ៗគ្នាចាត់ទុក លោកយ៉ូហានជាព្យាការីពិតប្រាកដមែន។ 33 ដូច្នេះ ពួកគេក៏ឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ»។ នោះព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេវិញថា៖ «រីឯខ្ញុំវិញ ក៏មិនប្រាប់អ្នករាល់គ្នាដែរថា ខ្ញុំធ្វើការទាំងអស់នេះដោយអាងលើអំណាចអ្វីនោះ»។
1 បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅពួកគេជាពាក្យប្រៀបធៀបថា៖ «មានបុរសម្នាក់បានដាំទំពាំងបាយជូរមួយចម្ការ និងធ្វើរបងព័ទ្ធជុំវិញចម្ការនោះ ហើយជីករណ្តៅមួយ ដើម្បីបញ្ជាន់ផ្លែទំពាំងបាយជូរ។ គាត់បានសង់ខ្ទមមួយ ហើយក៏ប្រវាស់ឲ្យពួកកសិករមើលថែទាំ។ រួចគាត់ចាក់ចេញពីទីនោះទៅ។ 2 លុះដល់ទំពាំងបាយជូរទុំ គាត់បានចាត់អ្នកបម្រើម្នាក់ឲ្យទៅប្រមូលផលដែលជាចំណែករបស់គាត់ពីពួកអ្នកថែចម្ការ។ 3 ប៉ុន្តែពួកគេបានចាប់អ្នកបម្រើនោះ វាយដំហើយបណ្តេញគាត់ឲ្យត្រឡប់ទៅវិញដោយដៃទទេ។ 4 ម្ចាស់ចម្ការបានចាត់អ្នកបម្រើម្នាក់ទៀតឲ្យទៅម្តងទៀត នោះពួកអ្នកថែចម្ការនាំគ្នាវាយក្បាលអ្នកបម្រើនោះ ហើយជេស្តីទៀតផង។ 5 ម្ចាស់ចម្ការបានចាត់អ្នកបម្រើផ្សេងទៀតឲ្យទៅ នោះអ្នកថែចម្ការបានសម្លាប់អ្នកបម្រើម្នាក់នោះ។ ពួកអ្នកបម្រើផ្សេងៗទៀតក៏រងគ្រោះដូច្នោះដែរ ខ្លះត្រូវគេវាយដំ ហើយខ្លះទៀតត្រូវគេសម្លាប់។ 6 ម្ចាស់ចម្ការមានកូនប្រុសតែម្នាក់ដែលគាត់ស្រឡាញ់ខ្លាំងបំផុត គាត់បានចាត់កូនប្រុសរបស់គាត់ឲ្យទៅក្រោយគេបង្អស់ ដោយគាត់គិតថា៖ «ពួកអ្នកថែចម្ការទាំងនោះ និងគោរពកោតខ្លាចកូនប្រុសរបស់ខ្ញុំមិនខាន» 7 ប៉ុន្តែ ពួកអ្នកថែចម្ការទាំងនោះពិភាក្សាគ្នាថា៖ «បើយើងសម្លាប់កូនប្រុសម្ចាស់ចម្ការចោល នោះមរតកទាំងនេះនឹងក្លាយជារបស់ពួកយើងជាក់ជាមិនខាន»។ 8 ពួកគេបានចាប់កូនប្រុសម្ចាស់ចម្ការយកទៅសម្លាប់ រួចបោះទៅក្រៅចម្ការទំពាំងបាយជូរ។ 9 តើម្ចាស់ចម្ការនឹងធ្វើយ៉ាងដូចម្តេចចំពោះពួកអ្នកថែចម្ការទាំងនោះ? គាត់នឹងទៅហើយសម្លាប់ពួកអ្នកថែចម្ការនោះចោល រួចប្រគល់ចម្ការទំពាំងបាយជូរឲ្យទៅអ្នកផ្សេងទៀតវិញ។ 10 តើអ្នករាល់គ្នាធ្លាប់បានអានអត្ថបទក្នុងព្រះគម្ពីរទេឬអី? «ថ្មដែលពួកអ្នកសាងសង់ផ្ទះបោះបង់ចោល បានធ្វើឲ្យក្លាយជាគ្រឹះយ៉ាងរឹងមាំ។ 11 ព្រះជាម្ចាស់បានធ្វើការអស្ចារ្យនេះ នៅចំពោះភ្នែករបស់យើង»។ 12 ពួកមេដឹកនាំសាសន៍យូដារកវិធីចាប់ព្រះយេស៊ូ ប៉ុន្តែ ពួកគេខ្លាច បណ្តាជនព្រោះពួកគេបានដឹងថា ព្រះបន្ទូលរបស់ព្រះអង្គជាពាក្យប្រៀបធៀបទាស់នឹងពួកគេ។ ដូច្នេះហើយ ពួកគេក៏ចេញពីព្រះយេស៊ូទៅ។ 13 គេចាត់ពួកខាងផារីសុី និងពួកខាងស្តេចហេរ៉ូដខ្លះឲ្យទៅជិតព្រះយេស៊ូដើម្បីលបចាប់កំហុសនៅពេលព្រះអង្គមានព្រះបន្ទូល។ 14 គេនាំគ្នាមកទូលសួរព្រះអង្គថា៖ «លោកគ្រូ បង្រៀនសុទ្ធតែសេចក្តីពិតពីព្រះជាម្ចាស់ ហើយយើងដឹងថាលោកគ្រូ ពុំយោគយល់គំនិត ហើយក៏ពុំរើសមុខនរណាឡើយ។ តើវាជាការអាក្រក់ឬទេ ក្នុងការបង់ពន្ធថ្វាយដល់ព្រះចៅអធិរាជរ៉ូម? តើយើងគួរតែថ្វាយ ឬមិនថ្វាយ?» 15 ព្រះយេស៊ូជ្រាប ពីអំពីពុតត្បុតរបស់ពួកគេ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចង់ល្បងលខ្ញុំដូច្នេះ? សុំយកកាក់មួយមកឲ្យខ្្ញុំមើលមើល៍»។ 16 គេក៏យកកាក់មួយមកថ្វាយព្រះយេស៊ូ។ ព្រះអង្គមានបន្ទូលទៅកាន់ពួកគេថា៖ «តើកាក់នេះមានរូបដូចនរណា ឈ្មោះនរណា?» ពួកគេទូលឆ្លើយថា៖ «ឈ្មោះរបស់ស្តេចសេសារ» 17 ព្រះយេស៊ូក៏មានបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ស្តេចសេសារ ចូរថ្វាយទៅកាន់សេសារចុះ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយដល់ព្រះជាម្ចាស់វិញដែរ»។ ពួកគេមានការភ្ញាក់ផ្អើលនឹងព្រះយេស៊ូ។ 18 មានពួកសាឌូសុី ចូលមកគាល់ព្រះអង្គ ពួគគេមិនជឿថាមានការរស់ឡើងវិញនោះទេ។ ពួកគេទូលសួរទៅព្រះយេស៊ូថា៖ 19 «លោកគ្រូ លោកម៉ូសេបានសរសេរចែងទុកថា៖ «បើបុរសណាមានប្រពន្ធ ហើយស្លាប់ចោលប្រពន្ធទៅ តែគ្មានកូនសោះ នោះត្រូវឲ្យប្អូនប្រុសបុរសនោះ យកប្រពន្ធបងប្រុសទៅ ដើម្បីបន្តពូជឲ្យបងប្រុសរបស់ខ្លួន»។ 20 មានបងប្អូនប្រុសប្រាំពីរនាក់ បងគេបង្អស់បានការប្រពន្ធ ហើយក៏ស្លាប់ទៅតែគ្មានកូនសោះ។ 21 ប្អូនបន្ទាប់ក៏យកនាងហើយស្លាប់ទៅ ដោយគ្មានកូនសោះ ហើយប្អូនទីបីក៏ដូចគ្នាដែរ។ 22 បងប្អូនប្រុសទាំងប្រាំពីរនាក់សុទ្ធតែគ្មានកូនដូចគ្នា នៅទីបំផុត នាងក៏ស្លាប់ទៅដែរ។ 23 នៅពេលពួកគេរស់ឡើងវិញ តើនាងត្រូវបានទៅជាប្រពន្ធរបស់អ្នកណា? បើបងប្អូនប្រាំពីរនាក់សុទ្ធតែយកនាងធ្វើជាប្រពន្ធដូច្នេះ»។ 24 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «នេះជាការយល់ខុសហើយ ពីព្រោះអ្នករាល់គ្នាមិនស្គាល់បទគម្ពីរ ហើយមិនស្គាល់អំណាចរបស់ព្រះ? 25 នៅពេលដែលមនុស្សរស់ពីស្លាប់ឡើងវិញ គេមិនរៀបការជាប្តីប្រពន្ធទៀតឡើយ ប៉ុន្តែ ពួកគេនឹងដូចជាទេវតានៅឯសា្ថនបរមសុខ។ 26 ទាក់ទងនឹងរឿងមនុស្សស្លាប់រស់ឡើងវិញ តើអ្នករាល់គ្នាមិនធ្លាប់បានអានទាក់ទងនឹងគុម្ពបន្លានៅក្នុងគម្ពីលោកម៉ូសេឬទេ? ពីរបៀបដែលព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់លោក ហើយបន្ទូលថា៖ «យើងជាព្រះរបស់លោកអ័ប្រាហាំ ជាព្រះរបស់លោកអុីសាក នឹងជាព្រះរបស់លោកយ៉ាកុប?» 27 ព្រះអង្គមិនមែនព្រះនៃសេចក្តីស្លាប់ទេ ប៉ុន្តែ ជាព្រះរបស់មនុស្សរស់ឡើងវិញ អ្នករាល់គ្នាយល់ខុសហើយ»។ 28 មានអាចារ្យម្នាក់ចូលមកជិត គាត់ក៏ឮពួកគេជជែកគ្នា ហើយឃើញព្រះយេស៊ូបានឆ្លើយទៅពួកគេយ៉ាងត្រឹមត្រូវ។ គាត់ទូលសួរព្រះអង្គថា៖ «តើក្រឹត្យវិន័យមួយណាដែលសំខាន់ជាងគេ»? 29 ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «ក្រឹត្យវិន័យដែលសំខាន់ជាងគេគឺ «ឱអុីស្រាអែលអើយ ចូរស្តាប់ចុះ ព្រះអម្ចាស់មានតែមួយ ហើយជាព្រះរបស់យើងគ្រប់គ្នា។ 30 ត្រូវស្រឡាញ់ព្រះអម្ចាស់នៃអ្នករាល់គ្នា ឲ្យអស់អំពីចិត្ត អស់ពីព្រលឹង ហើយឲ្យអស់ពីគំនិត និងឲ្យអស់អំពីកម្លាំងអ្នករាល់គ្នា»។ 31 រីឯក្រឹត្យវិន័យទីពីរគឺ «អ្នករាល់គ្នាត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចជាខ្លួនឯង»។ ដ្បិត គ្មានក្រឹត្យវិន័យណាល្អជាងក្រឹត្យវិន័យទាំងនេះទេ»។ 32 រីឯអាចារ្យតបវិញថា៖ «ពិតហើយ លោកគ្រូ! លោកគ្រូមានប្រសាសន៍ត្រូវណាស់ ព្រះអង្គគឺជាព្រះតែមួយគត់ គ្មានព្រះឯណាក្រៅពីព្រះអង្គឡើយ។ 33 ត្រូវស្រឡាញ់ព្រះអង្គ ឲ្យអស់ពីចិត្ត អស់ពីប្រាជ្ញា អស់ពីព្រលឹង ឲ្យអស់ពីកម្លាំង ហើយស្រឡាញ់អ្នកជិតខាងឲ្យដូចខ្លួនឯង នោះគឺវិសេសជាងតង្វាយដុត និងជាយញ្ញបូជាទៅទៀត»។ 34 នៅពេលព្រះយេស៊ូឃើញថាគាត់ឆ្លើយប្រកបដោយការយល់ដឹងដូច្នេះ ព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ «អ្នកមិននៅឆ្ងាយពីនគរព្រះនោះទេ»។ បន្ទាប់មក គ្មាននរណាម្នាក់ហ៊ានទូលសួរព្រះយេស៊ូទៀតឡើយ។ 35 នៅពេលដែលព្រះយេស៊ូកំពុងតែបង្រៀននៅក្នុងព្រះវិហារ ព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាពួកអាចារ្យនិយាយថាព្រះយេស៊ូគ្រិស្តគឺជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ? 36 ព្រះបាទដាវីឌផ្ទាល់មានព្រះបន្ទូលដោយព្រះវិញ្ញាណបរិសុទ្ធថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះអម្ចាស់យើងខ្ញុំថា ចូរអង្គុយនៅខាងស្តាំយើង រហូតដល់យើងធ្វើឲ្យខ្មាំងសត្រូវរបស់ព្រះអង្គនៅក្រោមកំណល់ព្រះបាទរបស់ព្រះអង្គ»។ 37 ព្រះបាទដាវីឌផ្ទាល់ហៅព្រះគ្រិស្តថាជា «ព្រះអម្ចាស់» តើឲ្យព្រះគ្រិស្តជាព្រះរាជវង្សរបស់ព្រះអង្គបានដូចម្តេចកើត?» ពួកបណ្តាជនទាំងអស់ ស្តាប់ព្រះអង្គដោយអំណរ។ 38 នៅក្នុងការបង្រៀន ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ចូរប្រយ័ត្នជាមួយពួកអាចារ្យដែលដើរចុះឡើងដែលពាក់អាវវែងហើយគេចូលចិត្តការជម្រាបសួរដែលពួកគេបានទទួលនៅតាមផ្សារ។ 39 គេចូលចិត្តអង្គុយនៅកៅអីពួកមេដឹកនាំនៅក្នុងសាលប្រជុំ និងកន្លែងមេដឹកនាំនៅក្នុងពិធីបុណ្យ។ 40 គេលេបត្របាក់ផ្ទះស្ត្រីមេម៉ាយ ហើយគេធ្វើជាអ្នកអធិស្ឋានយូរដើម្បីឲ្យពួកបណ្តាជនឃើញ។ ពួកគេទាំងនោះនឹងទទួលការកាត់ទោសយ៉ាងធ្ងន់ជាងគេ»។ 41 ព្រះយេស៊ូគង់ទល់មុខហិបតង្វាយនៅក្នុងព្រះវិហារ ហើយព្រះអង្គទតមើលបណ្តាជនថ្វាយតង្វាយទៅក្នុងហិប។ មានអ្នកមានជាច្រើនដាក់ប្រាក់យ៉ាងច្រើន។ 42 ពេលនោះមានស្រ្តីមេម៉ាយក្រម្នាក់ បានមកហើយថ្វាយតង្វាយតែពីស្លឹង ដែលមានតម្លៃតែកន្លះសេន។ 43 ព្រះអង្គក៏ហៅពួកសិស្សមកហើយមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្ត្រីមេម៉ាយក្រនេះបានថ្វាយតង្វាយច្រើនជាងគេទាំងអស់ទៅក្នុងហិបតង្វាយ។ 44 ដ្បិត ពួកគេទាំងអស់គ្នាបានថ្វាយតង្វាយពីប្រាក់សំណល់របស់ពួកគេទេ។ រីឯស្រ្តីមេម៉ាយនេះវិញ បានថ្វាយតង្វាយពីភាពក្រីក្ររបស់នាង ហើយបានថ្វាយប្រាក់ទាំងអស់ដែលទុកសម្រាប់ចិញ្ចឹមជីវិតរបស់នាង»។
1 នៅពេលដែលព្រះយេស៊ូយាងចេញពីព្រះវិហារ សិស្សព្រះអង្គម្នាក់ទូលសួរព្រះអង្គថា៖ «លោកគ្រូ សូមមើលថ្ម និងអគារល្អៗអសា្ចរ្យណាស់» 2 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «តើអ្នកឃើញអគារធំៗទាំងនេះឬទេ? គ្មានថ្មណាមួយនៅត្រួតលើគ្នាទៀតឡើយ នឹងត្រូវបាក់ធ្លាក់ចុះមក»។ 3 នៅពេលដែលព្រះអង្គគង់នៅលើភ្នំដើមអូលេវទល់មុខព្រះវិហារ លោកពេត្រុស លោកយ៉ាកុប លោកយ៉ូហាន និងលោកអនទ្រេទូលសួរព្រះអង្គដោយសម្ងាត់ថា៖ 4 «សូមលោកគ្រូប្រាប់ពួកយើងឲ្យដឹងផង តើហេតុការទាំងនេះ និងកើតឡើងពេលណា? តើនឹងមានអ្វីជាសញ្ញានៅពេលព្រឹត្តការណ៍ទាំងនេះកើតឡើង»? 5 ព្រះយេស៊ូចាប់ផ្តើមមានព្រះបន្ទូលទៅពួកគេថា៖ «ចូរប្រុងប្រយ័ត្នកុំឲ្យនរណាម្នាក់នាំអ្នកឲ្យដើរផ្លូវខុសឡើយ។ 6 មានមនុស្សជាច្រើននឹងប្រើឈ្មោះខ្ញុំដោយពោលថា៖ «ខ្ញុំគឺជាព្រះគ្រិស្ត» ហើយពួកគេនឹងនាំមនុស្សជាច្រើនឲ្យដើរផ្លូវខុស។ 7 ពេលណាអ្នកឮពីសង្រ្គាម និងពាក្យចចាមអារាមនៃសង្រ្គាម ចូរកុំព្រួយបារម្ភអ្វីឡើយ ការទាំងនេះនឹងត្រូវកើតឡើង ប៉ុន្តែថ្ងៃចុងបញ្ចប់មិនទាន់មកដល់នៅឡើយទេ។ 8 នឹងមានជាតិសាសន៍មួយក្រោកឡើងទាស់នឹងជាតិសាសន៍មួយ ហើយមាននគរមួយទាស់នឹងនគរមួយទៀត។ នឹងមានរញ្ជួយដីនឹងគ្រោះទុរភិក្សកើតមានឡើងជាច្រើនកន្លែង។ ការទាំងនេះប្រៀបដូចជាការចាប់ផ្តើមនៃការឈឺចាប់ពេលសម្រាលកូន។ 9 ចូរឲ្យអ្នករាល់គ្នាប្រយ័ត្នខ្លួន។ ពួកគេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យក្រុមប្រឹក្សាហើយគេនឹងវាយដំអ្នកនៅក្នុងសាលាប្រជុំ។ អ្នកនឹងឈរចំពោះមុខទាំងទេសាភិបាល និងស្តេចដោយព្រោះធ្វើទីបន្ទាល់ពីនាមខ្ញុំ។ 10 ប៉ុន្តែ ដំណឹងល្អត្រូវតែប្រកាសដល់គ្រប់ជាតិសាសន៍ជាមុនសិន។ 11 នៅពេលពួកគេចាប់អ្នករាល់គ្នាបញ្ជូនទៅ ចូរកុំឲ្យអ្នករាល់គ្នាព្រួយបារម្ភអំពីអ្វីដែលអ្នកគួរនិយាយឡើយ។ អ្វីដែលអ្នកគួរនិយាយនៅពេលនោះនឹងប្រទានឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ គឺមិនមែនអ្នករាល់គ្នាជាអ្នកនិយាយនោះទេ។ 12 បងប្រុសនឹងចាប់បញ្ជូនប្អូនទៅឲ្យគេសម្លាប់ ហើយឪពុកបញ្ជូនកូនទៅឲ្យគេសម្លាប់។ កូនៗនឹងក្រោកឡើងទាស់ប្រឆាំងនឹងឪពុកម្តាយហើយទាំងបញ្ជូនឲ្យគេសម្លាប់ទៀតផង។ 13 មនុស្សនឹងស្អប់អ្នករាល់គ្នាដោយសារឈ្មោះរបស់ខ្ញុំ។ ប៉ុន្តែ អ្នកណាដែលស៊ូទ្រាំរហូតដល់ថ្ងៃបញ្ចប់ អ្នកនោះនឹងទទួលបានការសង្គ្រោះ។ 14 ពេលណាអ្នករាល់គ្នាឃើញ មនុស្សចង្រៃគួរឲ្យស្អប់ខ្ពើម ឈរនៅកន្លែងដែលមិនគួរឈរ (ចូរឲ្យអ្នកអានបានយល់ចុះ) 15 សូមឲ្យអស់អ្នកដែលរស់នៅក្នុងស្រុកយូដារត់គេចទៅនៅតាមភ្នំ សូមកុំឲ្យអ្នកដែលនៅលើដំបូលផ្ទះកុំចុះមកចូលផ្ទះ ឬយករបស់នៅក្នុងផ្ទះឡើយ 16 ហើយកុំឲ្យអ្នកដែលនៅចម្ការត្រឡប់មកយកអាវធំរបស់ខ្លួននៅផ្ទះវិញដែរ។ 17 សេចក្ដីវេទនានឹងមានដល់ស្រ្ដីណាមានកូន និងស្រ្តីណាដែលបំបៅកូននៅថ្ងៃនោះ! 18 ចូរអធិស្ន សូមកុំឲ្យហេតុការណ៍នេះកើតឡើងនៅក្នុងរដូវរងារឡើយ។ 19 ដ្បិត ពេលនោះជាពេលដែល មានទុក្ខវេទនាយ៉ាងខ្លាំង ដែលមិនធ្លាប់មានសោះតាំងពីព្រះបានបង្កើតពិភពលោកមករហូតដល់ឥឡូវនេះ ហើយវានឹងមិនកើតឡើងម្តងទៀតឡើយ។ 20 លុះត្រាតែព្រះជាម្ចាស់កាត់បន្ថយថ្ងៃខ្លះ ពុំដូច្នេោះទេនោះគ្មានសាច់ឈាមណាបានសង្គ្រោះឡើយ។ ប៉ុន្តែ ព្រះអម្ចាស់បានកាត់បន្ថយថ្ងៃខ្លះ ដោយយល់ដល់មនុស្សដែលព្រះជាម្ចាស់បានជ្រើសរើស។ 21 ប្រសិនបើ មាននរណាម្នាក់និយាយទៅកាន់អ្នកថា៖ «មើល៍! ព្រះគ្រិស្តនៅទីនេះ» ឬ «មើល៍! ព្រះគ្រិស្តនៅទីនោះ!» ចូរអ្នករាល់គ្នាកុំជឿឡើយ។ 22 ដ្បិត ព្រះគ្រិស្តក្លែងក្លាយ និងព្យាការីក្លែងក្លាយជាច្រើននឹងបង្ហាញខ្លួនពីទីសម្គាល់ និងការអស្ចារ្យជាច្រើន ដើម្បីបោកបញ្ឆោតមនុស្សរួមទាំងអ្នកដែលព្រះជាម្ចាស់បានជ្រើសរើសផង។ 23 ចូរប្រយ័ត្ន! ខ្ញុំបានប្រាប់ការទាំងនេះដល់អ្នករាល់គ្នាមុនពេលនឹងកើតឡើងហើយ។ 24 ប៉ុន្តែ បន្ទាប់ពីទុក្ខវេទនានៅថ្ងៃនោះហើយ ព្រះអាទិត្យនឹងប្រែក្លាយ ជាងងឹត ព្រះច័ន្ទនឹងមិនបញ្ចេញពន្លឺទៀតឡើយ 25 ផ្កាយទាំងឡាយនឹងធ្លាក់ចុះមកពីលើមេឃ ហើយអំណាចនានាដែលមកពីស្ថានសួគ៌នឹងកក្រើករញ្ជួយឡើង។ 26 ពេលនោះ ពួកគេនឹងឃើញកូនមនុស្សយាងមកក្នុងពពកជាមួយនឹងអំណាចដ៏ខ្លាំងអស្ចារ្យដែលប្រកបដោយសិរីរុងរឿង។ 27 ពេលនោះលោកនឹងចាត់ពួកទេវតារបស់លោក ហើយនឹងប្រមូលពួកអ្នកដែលព្រះបានជ្រើសរើសពីទិសទាំងបួន ពីជើងមេឃម្ខាងទៅជើងមេឃម្ខាង។ 28 ចូរអ្នករាល់គ្នារៀនពីមេរៀនដើមឧទុម្ពរ។ ពេលណា មែករបស់វាត្រឡប់ជាមានស្លឹកលាស់ឡើង នោះអ្នករាល់គ្នាដឹងថារដូវក្តៅជិតមកដល់ហើយ។ 29 ដូច្នោះហើយ នៅពេលអ្នករាល់គ្នាឃើញការទាំងនេះកើតឡើង នោះអ្នករាល់គ្នានឹងដឹងថាកូនមនុស្សជិតមកដល់ហើយ ក៏នៅជិតដល់មាត់ទ្វារផង។ 30 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សជំនាន់នេះនឹងមិនអាចឆ្លងផុតឡើយរហូតទាល់តែការទាំងនេះកើតឡើង។ 31 ផ្ទៃមេឃ និងផែនដីកន្លងផុតទៅ ប៉ុន្តែពាក្យរបស់ខ្ញុំនឹងមិនកន្លងផុតទៅណាឡើយ។ 32 ប៉ុន្តែ ទាក់ទងនឹងថ្ងៃណា ឬពេលណា គ្មាននរណាម្នាក់ដឹងឡើយ សូម្បីតែទេវតានៅស្ថានសួគ៌ ឬកូនមនុស្ស មិនជ្រាបផង ប៉ុន្តែ ព្រះបិតាជ្រាបពីការទាំងអស់នេះ។ 33 ចូរប្រយ័ត្ន! ហើយចាំយាមចុះ ពីព្រោះអ្នករាល់គ្នាមិនដឹងថាពេលវេលាណានឹងមកដល់ឡើយ។ 34 គឺដូចជាបុរសម្នាក់ដែលធ្វើដំណើរចាកឆ្ងាយពីផ្ទះរបស់គាត់ ហើយចាត់ឲ្យអ្នកបម្រើមើលការខុសត្រូវនៅក្នុងផ្ទះរបស់គាត់ ម្នាក់ៗមានការងារដែលគាត់ឲ្យធ្វើរៀងៗខ្លួន ហើយគាត់បញ្ជាឲ្យអ្នកចាំយាមជួយដាល់តឿនផង។ 35 ដូច្នេះ ចូរអ្នករាល់គ្នាប្រុងប្រៀបចុះ ពីព្រោះអ្នករាល់គ្នាមិនដឹងថាចៅហ្វាយនឹងមកផ្ទះវិញពេលណានោះទេ គឺអាចមកនៅពេលយប់ ពាក់កណ្តាលអា្រធាត ពេលមាន់រងាវ ឬនៅពេលព្រឹកព្រលឹមនោះទេ។ 36 ប្រសិនបើ ចៅហ្វាយមក នោះកុំឲ្យគាត់ឃើញថាអ្នកកំពុងដេកឡើយ។ 37 ពាក្យដែលខ្ញុំប្រាប់ទៅអ្នករាល់គ្នា ខ្ញុំក៏ប្រាប់អ្នកផ្សេងទៀតដែរ គឺចូរចាំយាមចុះ»!។
1 នៅពីរថ្ងៃ មុនពិធីបុណ្យរំលងមកដល់ និងបុណ្យនំប័ុងឥតមេ។ នាយកបូជាចារ្យ និងពួកអាចារ្យបាននាំគ្នាគិតដោយសម្ងាត់ដើម្បីចាប់ព្រះយេស៊ូ និងសម្លាប់ព្រះអង្គ។ 2 ដ្បិត ពួកគេបាននិយាយថា៖ «កុំធ្វើការនេះក្នុងកំឡុងពេលបុណ្យឡើយ វានឹងកើតចលាចល នឹងមានការបះបោរកើតឡើងក្នុងចំណោមប្រជាជន»។ 3 គ្រាដែលព្រះយេស៊ូនៅភូមិបេតថានី ក្នុងផ្ទះរបស់លោកស៊ីម៉ូនជាអ្នកមានជំងឺឃ្លង់ ព្រះយេស៊ូកំពុងសម្រាកនៅតុអាហារ មានស្រ្តីម្នាក់បានចូលមករកព្រះអង្គ ដោយកាន់ដបថ្មមួយដាក់ប្រេងទេព្វិរូសុទ្ធ ដែលមានតម្លៃបំផុត។ នាងបានបំបែកដបថ្ម ហើយចាក់ប្រេងនោះលើព្រះសិរសារបស់ព្រះអង្គ។ 4 ប៉ុន្តែ មានអ្នកខ្លះបានខឹង ពួកគេបានជំនុំគ្នាហើយនិយាយថា៖ «ហេតុអ្វីបានជានាងខ្ជះខ្ជាយបែបនេះ? 5 ប្រេងក្រអូបនេះបើលក់វិញគឺបានជាងបីរយដូង ហើយអានចែកឲ្យអ្នកក្របាន»។ ក្រោយមកពួកគេក៏ស្តីបន្ទោសដល់នាង។ 6 ប៉ុន្តែ ព្រះយេស៊ូមានបន្ទូលថា៖ «សូមឲ្យនាងនៅតែម្នាក់ឯងចុះ។ ហេតុអ្វីបានជាអ្នកចេះតែរំខាននាង? គឺនាងបានធ្វើការយ៉ាងល្អសម្រាប់ខ្ញុំ។ 7 អ្នកក្រនឹងនៅជាមួយអ្នករាល់គ្នាជានិច្ច ហើយនៅអ្នករាល់គ្នាមានបំណងចង់ធ្វើការល្អដល់ពួកគេពេលណាក៏បាន ប៉ុន្តែខ្ញុំវិញ អ្នករាល់គ្នាមិនបាននៅជាមួយខ្ញុំរហូតទេ។ 8 នាងបានធ្វើអ្វីដែលនាងអាចធ្វើបាន នាងបានលាបប្រេងលើរូបកាយរបស់ខ្ញុំ សម្រាប់បញ្ចុុះក្នុងផ្នូរ។ 9 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពេលណាដែលដំណឹងល្អបានប្រកាសនៅក្នុងពិភពលោកទាំងមូល អ្វីដែលស្រ្តីម្នាក់នេះបានធ្វើ នឹងមានគេនិយាយកិច្ចការដែលនាងបានធ្វើទុកជារំលឹកដល់នាង»។ 10 ក្រោយមក យូដាសអ៊ីស្ការីយ៉ុត ជាម្នាក់ក្នុងចំណោមសិស្សទាំងដប់ពីរ ចេញទៅជួបនាយកបូជាចារ្យ គាត់អាចនឹងប្រគល់ព្រះយេស៊ូឲ្យទៅពួកគេ។ 11 ពេលនាយកបូជាចារ្យបានឮការនោះ ពួកគេសប្បាយរីករាយ និងសន្យាថានឹងផ្តល់ប្រាក់ដល់គាត់។ គាត់ក៏ចាប់ផ្តើមរកឱកាសដើម្បីបញ្ជូនព្រះយេស៊ូទៅពួកគេ។ 12 នៅថ្ងៃទីមួយនៃបុណ្យនំប័ុងឥតមេ នៅពេលពួកគេយកចៀមមកថ្វាយយញ្ញបូជា ក្នុងបុណ្យរំលង ពួកសិស្សបាននិយាយទៅព្រះអង្គថា៖ «តើលោកគ្រូចង់ឲ្យពួកយើងរៀបចំពិធីនេះនៅទីណា ដ្បិតលោកនឹងបរិភោគអាហារបុណ្យចម្លងនោះ។ 13 ព្រះយេស៊ូបញ្ជូនសិស្សពីរនាក់ដោយបន្ទូលថា៖ «ចូលទៅឯទីក្រុង អ្នកនឹងជួបបុរសម្នាក់លីក្អមទឹក។ តាមគាត់ទៅ។ 14 ពេលគាត់ចូលដល់ក្នុងផ្ទះ អ្នកត្រូវតាមចូលទៅក្នុងផ្ទះដែរ ហើយនិយាយទៅម្ចាស់ដូចនេះ លោកគ្រូនិយាយថា៖ «តើបន្ទប់ទទួលភ្ញៀវជាកន្លែងដែលខ្ញុំជាមួយពួកសិស្សនឹងបរិភោគអាហារបុណ្យចម្លងនៅកន្លែងណា»? 15 ម្ចាស់ផ្ទះនឹងបង្ហាញបន្ទប់មួយយ៉ាងធំនៅជាន់ខាងលើ ដែលរៀបចំហើយជាស្រេច។ ចូលរៀបចំសម្រាប់ពួកយើងនៅទីនោះចុះ»។ 16 ពួកសិស្សក៏ចេញទៅក្នុងទីក្រុង។ ពួកគេក៏បានជួបគ្រប់យ៉ាងតាមដែលព្រះយេស៊ូមានបន្ទូលប្រាប់ពួកគេ ហើយពួកសិស្សក៏បានរៀបចំពិធីបរិភោគអាហារបុណ្យរំលងនៅទីនោះ។ 17 នៅវេលាល្ងាច ព្រះយេស៊ូបានយាងមកជាមួយសិស្សទាំងដប់ពីរ។ 18 ខណះពួកគេកំពុងតែសម្រាក និងបរិភោគ នៅឯតុអាហារ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ការពិតដែលខ្ញុំចង់ប្រាប់ដល់អ្នករាល់គ្នា និងមានម្នាក់ក្នុងចំណោមអ្នករាល់គ្នាដែលកំពុងបរិភោគជាមួយខ្ញុំនឹងក្បត់ខ្ញុំ។ 19 ពួកបង្ហាញពីភាពស្តោកស្តាយ ហើយគ្រប់គ្នាទូលទៅព្រះអង្គថា៖ «អ្នកដែលធ្វើការបែបនេះគឺមិនមែនជារូបខ្ញុំទេ»? 20 ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «គឺនៅក្នុងចំណោមសិស្សទាំងដប់ពីរ ដែលជាម្នាក់កំពុងជ្រលក់នំប័ុងក្នុងចានជាមួយនឹងខ្ញុំ។ 21 ដ្បិត កូនមនុស្សនឹងត្រូវចាកចេញទៅ ស្របតាមបទគម្ពីរដែលបានចែងអំពីរូបលោក។ ប៉ុន្តែ វេនាដល់អ្នកនោះ ដែលជាអ្នកនាំកូនមនុស្សយកទៅលក់! ប្រសិនបើ អ្នកមិនបានកើតមកនោះ ប្រសើរជាង»។ 22 នៅពេលពួកគេកំពុងហូបអាហារ ព្រះយេស៊ូបានយកនំប័ុង ហើយប្រទានពរ និងកាច់នំប័ុង។ ព្រះអង្គឲ្យទៅព្ួកគេដោយមានបន្ទូលថា៖ «សូមទទួល នេះគឺជារូបកាយខ្ញុំ។ 23 ព្រះយេស៊ូយកពែងមួយមក ហើយអរព្រះគុណ ហើយហុចឲ្យទៅសិស្ស ហើយពួកគេក៏ផឹកពីពែងនោះ។ 24 ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «នេះគឺជាឈាមនៃសម្ពន្ធមេត្រីរបស់ខ្ញុំ គឺជាឈាមដែលនឹងហូរចុះសម្រាប់មនុស្សជាច្រើន។ 25 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំនឹងមិនផឹកពីផលនៃទំពាំងបាយជូរម្តងម្តងទៀតឡើយ ដរាបដល់មួយដែលខ្ញុំនឹងផឹកជាថ្មី ម្តងទៀតគឺនៅក្នុងនគរព្រះ។ 26 ពេលពួកគេបានច្រៀងទំនុកតម្កើងព្រះរួចហើយ ព្រះអង្គ និងពួកសិស្សក៏ចេញទៅភ្នំអូលីវ។ 27 ព្រះយេស៊ូមានបន្ទូលទៅពួកសិស្សថា៖ «អ្នករាល់គ្នានឹងចាក់ចេញពីខ្ញុំ ដ្បិតមានសេចក្តីចែងទុកមកថា៖ «យើងនឹងវាយអ្នកគង្វាលហើយចៀមនឹងត្រូវខ្ចាត់ខ្ចាយ»។ 28 ប៉ុន្តែ ក្រោយមកខ្ញុំនឹងរស់ឡើងវិញ ហើយខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា។ 29 លោកពេត្រុសបានឆ្លើយទៅព្រះអង្គថា៖ «ទោះបីគ្រប់គ្នារត់ចោលព្រះអង្គ តែទូលបង្គំនឹងមិនបោះបង់ចោលព្រះអង្គឡើយ»។ 30 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា៖ «យប់នេះ មុនមាន់រងាវពីរដង អ្នកនឹងបដិសេធខ្ញុំបីដង»។ 31 ប៉ុន្តែលោកពេត្រុសបានទូលឆ្លើយថា៖ «ខ្ញុំនឹងមិនបដិសេធព្រះអង្គឡើយ បើទោះខ្ញុំត្រូវស្លាប់ក៏ដោយ»។ សិស្សដទៃក៏បានសន្យាដូចៗគ្នាផងដែរ។ 32 ព្រះអង្គ និងពួកសិស្សបានទៅដល់កន្លែងមួយ ឈ្មោះថាកេតសេម៉ានី ហើយព្រះយេស៊ូមានបន្ទូលទៅពួកសិស្សថា៖ «អង្គុយនៅទីនេះ ពេលខ្ញុំអធិស្ឋាន»។ 33 ព្រះអង្គយកលោកពេត្រុស លោកយ៉ាកុប និងលោកយូ៉ហានទៅជាមួយព្រះអង្គហើយចាប់ផ្ដើមព្រួយចិត្ត ព្រមទាំងកង្វល់ជាខ្លាំង។ 34 ព្រះអង្គមានបន្ទូលទៅកាន់សិស្សទាំងបីថា៖ «ព្រលឹងខ្ញុំសោកសង្រេងស្ទើរតែស្លាប់ហើយ។ អ្នករាល់គ្នានៅទីនេះ ដោយចាំយាម»។ 35 ព្រះយេស៊ូយាងទៅឆ្ងាយបន្តិច ក្រាបចុះដល់ដី ហើយព្រះអង្គអធិស្ឋាន ប្រសិនបើ អាចទៅរួចសូមឲ្យពេលដ៏លំបាកនេះនឹងឆ្លងផុតពីព្រះអង្គ។ 36 ព្រះអង្គមានបន្ទូលថា៖ «អ័ប្បា ឱព្រះបិតាអើយ គ្រប់កិច្ចការទាំងអស់ អាចកើតឡើងបានតាមរយៈព្រះជាម្ចាស់។ សូមដកចេញពែងនេះពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ តែសូមឲ្យតាមព្រះទ័យព្រះជាម្ចាស់វិញ»។ 37 ព្រះយេស៊ូត្រឡប់មកវិញ ឃើញពួកសិស្សកំពុងតែដេក នោះព្រះអង្គមានបន្ទូលទៅលោកពេត្រុស ស៊ីម៉ូនថា៖«ម្ដេចបានជាអ្នកដេកលក់ដូច្នេះ?» តើអ្នកមិនអាចចាំយាមតែមួយម៉ោងទេឬ? 38 សូមអធិស្ឋានចាំយាមនោះអ្នកនឹងមិនធ្លាក់ក្នុងក្តីល្បួងឡើយ។ ខាងឯវិញ្ញាណមានការប្រុងប្រៀបជាស្រេចមែន ប៉ុន្តែខាងឯសាច់ឈាមគឺខ្សោយវិញ។ 39 ព្រះយេស៊ូបានយាងទៅអធិស្ឋានម្តងទៀត ដោយប្រើពាក្យទូលអង្វរដដែល។ 40 ព្រះអង្គបានត្រឡប់មកវិញម្តងទៀត ហើយឃើញពួកសិស្សកំពុងដេក ដ្បិត ភ្នែករបស់ពួកគេងងុយពេកហើយក៏មិនដឹងថាមានអ្វីនឹងនិយាយទៅកាន់ព្រះអង្គ។ 41 ព្រះយេស៊ូយាងមកវិញជាលើកទីបីហើយមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នានៅតែដេក និងសម្រាកដល់កាលណាទៀត? បានហើយ ពេលកំណត់បានមកដល់ហើយ។ មើល៍! កូនមនុស្សត្រូវបានគេក្បត់ និងបញ្ជូនទៅឲ្យដៃរបស់មនុស្សមានបាប។ 42 ក្រោកឡើង តោះយើងទៅ ឃើញទេ ម្នាក់ដែលក្បត់ខ្ញុំនោះជិតមកដល់ហើយ»។ 43 ពេលព្រះយេស៊ូកំពុងតែមានបន្ទូល លោកយូដាស ជាម្នាក់នៃពួកសិស្សទាំងដប់ពីរ មានបណ្ដាជនមួយក្រុមកាន់ដាវ កាន់ដំបង ហើយពួកអ្នកទាំងនោះ គឺបានបញ្ជូនមកពីនាយកបូជាចារ្យ ពួកអាចារ្យ ហើយនិងពួកចាស់ទុំ។ 44 ពេលនោះ អ្នកក្បត់បានធ្វើជាសញ្ញាប្រាប់ថា៖ «អ្នកដែលខ្ញុំថើប គឺម្នាក់នឹងហើយ ចាប់គាត់ហើយនាំគាត់ចេញទៅ និងយាមឲ្យបានតឹងតែង។ 45 ពេលលោកយូដាសបានមកដល់ ភ្លាមគាត់បានទៅរកព្រះយេស៊ូហើយនិយាយថា៖ «លោកគ្រូ» ហើយលោកយូដាសថើបព្រះអង្គ។ 46 ក្រោយមកពួកគេក៏លូកដៃមកចាប់ព្រះអង្គ។ 47 ប៉ុន្តែ មានម្នាក់ដែលនៅទីនោះហូតដាវកាប់អ្នកបម្រើរបស់មហាបូជាចារ្យ ដាច់ស្លឹកត្រចៀកម្ខាង។ 48 ព្រះយេស៊ូមានបន្ទូលទៅពួកទាំងនោះថា៖ «តើអ្នករាល់គ្នាមកចាប់ខ្ញុំ ដូចជាអ្នកតាមចាប់ចោរ មានទាំងដាវ និងដំបងនៅនឹងដៃដូច្នេះ? 49 ពេលដែលខ្ញុំនៅជាមួយអ្នករាល់ថ្ងៃហើយខ្ញុំបានបង្រៀននៅព្រះវិហារនោះ ហេតុអ្វីអ្នករាល់គ្នាមិនចាប់ខ្ញុំ។ ប៉ុន្តែ ការនេះគឺកើតឡើង ដើម្បីឲ្យសម្រេចតាមបទគម្ពីរដែលបានចែង»។ 50 សិស្ស និងអ្នកឯទៀតបានបោះបង់ព្រះអង្គរត់ទៅកន្លែងផ្សេងៗពីគ្នា។ 51 មានកំលោះម្នាក់ដែល ស្លៀកសំពត់មួយផ្ទាំងរំបិទបាំងកាយ បានដើរតាមព្រះយេស៊ូ។ ក្នុងពេលដែលពួកអ្នកទាំងនោះចាប់ព្រះអង្គ 52 អ្នកកំលោះនេះបានរត់ចោលសំពត់រត់ទៅទាំងខ្លួនទទេ។ 53 ពួកគេបាននាំព្រះយេស៊ូទៅជួបមហាបូជាចារ្យ។ គឺមានការប្រជុំគ្នាជាមួយព្រះអង្គ ដូចជា នាយកបូជាចារ្យ ពួកចាស់ទុំ ពួកអាចារ្យ។ 54 គ្រានោះ លោកពេត្រុសទៅតាមព្រះអង្គពីចម្ងាយ គឺឆ្ងាយរហូតដល់ខាងក្នុងទីធ្លាដំណាក់មហាបូជាចារ្យ។ លោកពេត្រុសបានអង្គុយជាមួយអ្នកយាមដែលកំពុងតែអាំងភ្លើង។ 55 ពេលនោះ នាយកបូជាចារ្យ និងក្រុមប្រឹក្សាជាន់ខ្ពស់ នាំគ្នារកពាក្យចោទប្រកាន់ព្រះយេស៊ូ ដើម្បីកាត់ទោសប្រហារជីវិតព្រះអង្គ ប៉ុន្តែ ពួកគេរកមិនឃើញទេ។ 56 មនុស្សជាច្រើនបានប្រឌិតរឿងក្លែងក្លាយចោទប្រកាន់ព្រះអង្គ ប៉ុន្តែ ពាក្យចោទទាំងនោះមិនមានការព្រមព្រៀងគ្នាទេ។ 57 អ្នកខ្លះបានឈរឡើងហើយធ្វើទីបន្ទាល់ក្លែងក្លាយទាស់នឹងព្រះអង្គ ដោយនិយាយថា៖ 58 «យើងបានឮអ្នកនេះនិយាយថា នឹងបំផ្លាញព្រះវិហារដែលបានសង់ដោយដៃ ហើយនិងសង់ឡើងវិញក្នុងពេលតែបីថ្ងៃ គឺមិនមែនដោយដៃមនុស្សនោះទេ។ 59 ទោះយ៉ាងណាក៏ដោយទីបន្ទាល់ទាំងនោះនៅតែមិនស្របគ្នាដែរ។ 60 មហាបូជាចារ្យក៏ឈរឡើងក្នុងចំណោមពួកគេ ហើយទូលសួរព្រះយេស៊ូថា៖ «ហេតុអ្វីបានឯងមិនព្រមឆ្លើយ? តើសក្ខីភាពរបស់អ្នកទាំងនោះបានទាស់ជាមួយឯង? 61 ប៉ុន្តែ ព្រះយេស៊ូនៅតែស្ងាត់ស្ងៀម ហើយមិនឆ្លើយអ្វីឡើយ។ មហាបូជាចារ្យជាន់ខ្ពស់សួរសំនួរព្រះអង្គថា៖ «តើឯងគឺជាព្រះគ្រិស្ត ហើយជាព្រះបុត្រនៃព្រះដ៏មានពរមែនទេ?» 62 ព្រះយេស៊ូបានឆ្លើយថា៖ «គឺខ្ញុំនេះហើយ អ្នករាល់គ្នានឹងឃើញកូនមនុស្សនឹងអង្គុយខាងស្តាំដៃពេញដោយឫទ្ធានុភាព និងយាងមកជាមួយពពកនៅលើមេឃ»។ 63 មហាបូជាចារ្យបានហែកអាវរបស់លោកហើយមានប្រាសាន៍ថា៖ «តើពួកយើងនៅត្រូវការសាក្សីណាទៀត? 64 អ្នករាល់គ្នាបានឮពាក្យប្រមាថដល់ព្រះជាម្ចាស់ហើយ។ តើអស់លោកគិតយ៉ាងណាដែរ»? ពួកគេបានសម្រេចចិត្តទាំងអស់គ្នា កាត់ទោសប្រហារជីវិតព្រះយេស៊ូទេ។ 65 អ្នកខ្លះនាំគ្នាស្ដោះទឹកមាត់ដាក់ព្រះអង្គ ពួកគេគ្របព្រះភ័ក្ត្រព្រះអង្គ វាយតប់ព្រះអង្គ ហើយសួរព្រះអង្គថា៖ «ទាយមើល៍»! ពួកទាហានចាប់ព្រះយេស៊ូមកទះកំផ្លៀងព្រះអង្គ។ 66 ពេលលោកពេត្រុសនៅខាងក្រោមនៃទីធ្លា មានស្រ្តីម្នាក់ដែលជាអ្នកបម្រើរបស់មហាបូជាចារ្យបានមករកលោក។ 67 គឺនាងបានឃើញពេត្រុសកំពុងតែឈរអាំងភ្លើង ហើយនាងក៏សម្លឹងមើលលោកយ៉ាងជិតបំផុត។ រួចនាងក៏និយាយថា៖ «អ្នកឯងក៏ជាអ្នកនៅជាមួយយេស៊ូ ជាអ្នកភូមិណាសារ៉ែតដែរ»។ 68 ប៉ុន្តែ ពេត្រុសបានបដិសេធ ដោយនិយាយថា៖ «ខ្ញុំមិនដែលស្គាល់ហើយក៏មិនយល់អំពីអ្វីដែលអ្នកកំពុងនិយាយនេះទេ»។ ក្រោមមកពេត្រុសក៏ចេញពីទីធ្លានោះទៅ។ 69 ប៉ុន្តែ មានស្ត្រីបម្រើម្នាក់ដែលនៅទីនោះ ហើយក៏ឃើញលោក ចាប់ផ្តើមនិយាយប្រាប់អ្នកដែលកំពុងឈរនៅទីនោះម្តងទៀតថា៖ «បុរសនេះគឺជាម្នាក់នៃពួកគេ»! 70 ប៉ុន្តែ លោកពេត្រុសបានដិសេធម្តងទៀត។ បន្តាប់ពីនោះបន្តិច ពួកអ្នកដែកឈរនៅទីនោះបាននិយាយទៅលោកពេត្រុសថា៖ «ប្រាកដណាស់អ្នកគឺជាម្នាក់នៃពួកគេ ដ្បិត អ្នកក៏ជាអ្នកស្រុកកាលីឡេដែរ»។ 71 ប៉ុន្តែ ពេត្រុសចាប់ផ្តើមដាក់បណ្តាសាខ្លួនលោកឲ្យចេញពីការចោត ដោយស្បថថា៖ «ខ្ញុំមិនដែលស្គាល់បុរស ដែល អស់លោកកំពុងនិយាយទេ»។ 72 រំពេចនោះមាន់ក៏ចាប់ផ្តើមរងាវជាលើកទីពីរ។ ក្រោយមក លោកពេត្រុសនឹកចាំពីពាក្យដែលព្រះយេស៊ូបានមានបន្ទូលមកកាន់គាត់ថា៖ «មុនមាន់រងាវពីរដង អ្នកនឹងបដិសេធខ្ញុំបីដង» ហើយលោកក៏ក្រាប់ចុះហើយយំសោកស្តាយជាខ្លាំង។
1 ព្រឹកព្រលឹមស្រាង នាយកបូជាចារ្យប្រជុំគ្នាជាមួយ ពួកចាស់ទុំ ហើយនិងពួកអាចារ្យ និងពួកប្រឹក្សាជាន់ខ្ពស់របស់យូដា ទាំងមូល។ ក្រោយមក ពួកគេក៏ចងព្រះយេស៊ូ ហើយនាំព្រះអង្គ។ បន្ទាប់មកពួកគេក៏ប្រគល់ព្រះអង្គឲ្យទៅលោកពីឡាត។ 2 លោកពីឡាតទូលសួរទៅកាន់ព្រះយេស៊ូ៖ «តើអ្នកជាស្ដេចយូដាមែនទេ?» ព្រះអង្គឆ្លើយទៅលោកវិញថា៖ «លោកនិយាយត្រូវហើយ»។ 3 ពួកបូជាចារ្យបានយករឿងជាច្រើនមកចោទប្រកាន់ព្រះយេស៊ូ។ 4 លោកពីឡាតទូលសួរព្រះអង្គម្តងទៀតថា៖ «ហេតុអ្វីបានជាអ្នកមិនឆ្លើយយ៉ាងដូច្នេះ? ឃើញទេទាំងនេះសុទ្ធតែជាពាក្យចោទដែលនាំយកមកដើម្បីទាស់នឹងអ្នក!» 5 ប៉ុន្តែ ព្រះយេស៊ូមិនបានឆ្លើយទៅលោកពីឡាតទៀតឡើយ ដូច្នេះ ធ្វើឲ្យលោកមានការងឿងឆ្ងល់។ 6 ក្នុងពេលនោះគឺជាពេលនៃបុណ្យរំលង លោកពីឡាតតែងតែដោះលែងអ្នកទោសឲ្យទៅពួកគេ គឺជាម្នាក់ដែលពួកគេបានធ្វើការស្នើសុំ។ 7 មានម្នាក់ដែលជាអ្នកទោសបះបោរដែលសម្លាប់មនុស្សម្នាក់នៅពេលកើតចលាចល បុរសនេះមានឈ្មោះថា បារ៉ាបាស។ 8 បណ្តាជន ក៏នាំគ្នាទៅជួបលោកពីឡាតហើយចាប់ផ្តើមសុំឲ្យលោកធ្វើការដោះលែងសម្រាប់ពួកគេ ដូចអ្វីដែលលោកធ្លាប់បានធ្វើពីមុន។ 9 លោកពីឡាតឆ្លើយទៅពួកគេហើយនិយាយថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្តេចនៃយូដាមែនទេ?» 10 ដ្បិត មកពីលោកដឹងថានាយកបូជាចារ្យបញ្ជូនព្រះយេស៊ូមកលោក ព្រោះពួកគេមានចិត្តច្រណែន។ 11 ហើយនាយកបូជាចារ្យ បានជំរុញឲ្យពួកបណ្តាជនស្រែកឡើងឲ្យដោះលែងបារ៉ាបាសជំនួសព្រះអង្គវិញ។ 12 លោកពីឡាតបានឆ្លើយទៅពួកគេដោយនិយាយថា៖ «បើដូច្នេះ តើឲ្យខ្ញុំត្រូវធ្វើយ៉ាងម៉េចជាមួយស្តេចរបស់សាសន៍យូដានេះ»? 13 ពួកគេក៏ស្រែកឡើងម្តងទៀតថា៖ «ឆ្កាងគាត់ទៅ!» 14 លោកពីឡាតនិយាយទៅពួកគេថា៖ «តើគាត់បានធ្វើអ្វីខុស»? ប៉ុន្តែ ពួកគេកាន់តែស្រែកឡើងខ្លាំង ហើយខ្លាំងទៀត «ឆ្កាងគាត់ទៅ» 15 ដោយលោកពីឡាតចង់ឲ្យពួកបណ្តាជនពេញចិត្ត ដូច្នេះ លោកក៏បានលែងបារ៉ាបាសឲ្យទៅពួកគេ។ បន្ទាប់ពីបញ្ជាឲ្យគេវាយព្រះយេស៊ូនឹងរំពាត់រួចហើយ លោកប្រគល់ទៅឲ្យគេឆ្កាង។ 16 ពួកទាហានបណ្ដើរព្រះយេស៊ូទៅក្នុងទីធ្លាបន្ទាយ (ដែលជាទីបញ្ជាការរដ្ឋាភិបាល) ហើយហៅកងទាហានទាំងមូលមក។ 17 គេយកអាវពណ៌ក្រហមទុំមកពាក់ឲ្យព្រះយេស៊ូ រួចយកបន្លាមកក្រងធ្វើភួង បំពាក់ជាមកុដលើព្រះសិរសាព្រះអង្គ។ 18 ពួកគេផ្តើមសំពះព្រះអង្គ ទាំងនិយាយថា៖ «សូមថ្វាយបង្គំ ស្ដេចនៃសាសន៍យូដា!»។ 19 ពួកគេយកដើមត្រែងវាយព្រះសិរសាព្រះអង្គ គេស្ដោះទឹកមាត់ដាក់ព្រះអង្គ។ ហើយពួកគេបានលុតជង្គង់ ធ្វើដូចជាថ្វាយបង្គំព្រះអង្គថែមទៀតផង។ 20 ក្រោយពីបានប្រមាថមើលងាយព្រះអង្គរួចហើយ ពួកគេដោះអាវពណ៌ក្រហមចេញ យកព្រះពស្ដ្ររបស់ព្រះអង្គមកពាក់ថ្វាយព្រះអង្គវិញ រួចនាំយកទៅឆ្កាង។ 21 ពួកគេបានបង្ខំដល់អ្នកដំណើរម្នាក់ ដែលទើបតែមកពីចម្ការ ដើម្បីឲ្យឮឈឺឆ្កាងថ្វាយព្រះយេស៊ូ បុរសនោះមានឈ្មោះថា ស៊ីម៉ូន អ្នកស្រុកគីរេ ជាឪពុករបស់អលេក្សានត្រុស និងរូភូស។ 22 ពួកទាហានបាននាំព្រះយេស៊ូទៅដល់កន្លែងមួយហៅថា គាល់កូថា (ដែលប្រែថា «ភ្នំលលាដ៍ក្បាល»)។ 23 គេយកស្រាទំពាំងបាយជូរលាយជាមួយជ័រល្វីងទេស មកថ្វាយព្រះអង្គ ប៉ុន្តែ ព្រះយេស៊ូមិនផឹកឡើយ។ 24 ពួកគេក៏ឆ្កាងព្រះអង្គ ហើយយកសម្លៀកបំពាក់របស់ព្រះអង្គមកចាប់ឆ្នោតចែកគ្នា ដើម្បីឲ្យដឹងថាអ្នកណាចាប់បានអ្វី។ 25 នៅម៉ោងប្រាំបួនព្រឹកដែលគេបានឆ្កាងព្រះអង្គ។ 26 នៅលើបានសរសេរកាត់ទោសព្រះអង្គ «ស្ដេចសាសន៍យូដា»។ 27 ក្នុងពេលនោះគឺគេបានឆ្កាងចោរពីរផងដែរ ម្នាក់នៅខាងស្តាំរបស់ព្រះអង្គហើយម្នាក់ទៀតនៅខាងឆ្វេង។ 28 អ្វីដែលកើតឡើងនេះ គឺស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា៖ «ព្រះអង្គត្រូវគេរាប់បញ្ចូលជាមួយមនុស្សអាក្រក់»។ 29 អ្នកដំណើរដែលឆ្លងកាត់ទីនោះ បានប្រមាថព្រះអង្គ ក្រវីក្បាលរបស់គេហើយនិយាយថា «អ័ហា! អ្នកដែលចង់រុះព្រះវិហារចោល ហើយសងឡើងវិញក្នុងពេលពីរថ្ងៃអើយ 30 ចូរសង្គ្រោះខ្លួនឯងទៅ ហើយចុះពីលើឈើឆ្កាងមក!» 31 ក្នុងរបៀបនោះឯង មហាបូជាចារ្យក៏បានប្រមាថព្រះអង្គ នៅក្នុងចំណោមពួកគេដែរ រួមជាមួយពួកអាចារ្យដោយនិយាយថា៖ «អ្នកនេះធ្លាប់សង្គ្រោះអ្នកដទៃ ប៉ុន្តែ ពេលនេះមិនអាចជួយខ្លួនឯងបាន។ 32 សូមឲ្យព្រះគ្រិស្ត ជាស្តេចនៃអ៊ីស្រាអែល ចុះពីឈើឆ្កាងនោះមក ដូច្នេះយើងនឹងបានឃើញ ហើយនិងបានជឿផង» ហើយអ្នកដែលគេបានឆ្កាងជាមួយព្រះអង្គក៏បានប្រមាថព្រះយេស៊ូដែរ។ 33 នៅពេលថ្ងៃត្រង់ ភាពងងឹតបានគ្រប់បាំងនៅលើផែនដីទាំងមូលរហូតដល់ម៉ោងបី។ 34 នៅរសៀលម៉ោងបីព្រះយេស៊ូបានស្រែកឡើង ជាមួយសម្លេងដ៏ខ្លាំង «អេឡយ អេឡយ ឡាម៉ាសាបាច់ថានី»? ពាក្យនេះប្រែថា «ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំដូច្នេះ»? 35 អ្នកដែលកំពុងតែឈរក្បែនោះ ក៏បានឮព្រះបន្ទូលរបស់ព្រះអង្គ ហើយនិយាយថា៖ «មើល៍! គាត់កំពុងតែហៅលោកអេលីយ៉ា»។ 36 មានម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់ទឹកខ្មេះជោក រុំជាប់នៅចុងត្រែងមួយដើម ហុចថ្វាយព្រះអង្គសោយ។ ទាំងនិយាយថា៖ «សូមមើល ប្រសិនបើលោកអេលីយ៉ាមកយកអ្នកនេះចុះពីឈើឆ្កាង»។ 37 ក្រោយមកព្រះយេស៊ូបានបន្លឺសម្លេងយ៉ាងខ្លាំង រួចព្រះអង្គក៏សុគត។ 38 វាំងនននៅក្នុងព្រះវិហារ រហែកជាពីរ តាំងពីលើរហូតដល់ក្រោម។ 39 ពេល នាយទាហានរ៉ូមដែលឈរនៅខាងមុខព្រះយេស៊ូ បានឃើញព្រះអង្គសុគតបែបយ៉ាងដូច្នេះ ហើយនិយាយថា៖ «ជាការពិតណាស់ លោកពិតជាព្រះរាជបុត្រនៃព្រះមែន»។ 40 ក៏មានស្រី្តម្នាក់ដែលឃើញពីចម្ងាយ។ ក្នុងចំណោមស្ត្រីទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារី (ជាម្ដាយរបស់យ៉ាកុប ក្មេងជាង និងយ៉ូសេ) ហើយសាឡូមេផង។ 41 ពេលព្រះយេស៊ូនៅស្រុកកាលីឡេ ពួកស្រ្តីទាំងនោះបានតាម និងបម្រើព្រះអង្គផង។ មានស្ត្រីផ្សេងទៀតជាច្រើនបានឡើងមកក្រុងយេរូសាឡិមជាមួយព្រះអង្គដែរ។ 42 នៅពេលល្ងាចបានមកដល់ ដោយព្រោះវាគឺជាថ្ងៃនៃការរៀបចំ ហើយក៏ជាមួយថ្ងៃមុនថ្ងៃសប្ប័ទដែរ 43 លោកយ៉ូសែបជាអ្នកស្រុកអើរីម៉ាថេមកដល់ទីនោះ។ លោកជាអ្នកដែលមានការគោរពច្រើន ក្នុងក្រុមប្រឹក្សាជាន់ខ្ពស់ គឺជាអ្នកដែលរង់ចាំព្រះរាជ្យរបស់ព្រះជាម្ចាស់ដែរ។ លោកមានចិត្តក្លាហានហ៊ានទៅជួបលោកពីឡាត សុំយកព្រះសពព្រះយេស៊ូ។ 44 លោកពីឡាតនឹកឆ្ងល់ណាស់ ដោយឮថាព្រះយេស៊ូបានសុគត លោកហៅនាយទាហានមកសួរឲ្យដឹងថា បើសិនព្រះយេស៊ូសុគត។ 45 ពេលលោកពីឡាតបានដឹងពីពួកទាហាប្រាប់ថា ព្រះយេស៊ូបានសុគតហើយ លោកក៏ឲ្យគេប្រគល់ព្រះសពទៅលោកយ៉ូសែប។ 46 លោកយ៉ូសែបទិញក្រណាត់សំពត់ទេសឯក។ លោកបានយកព្រះអង្គចុះពីលើឈើឆ្កាងមក ហើយរុំនឹងក្រណាត់ រួចដាក់ក្នុងរូងថ្មមួយដែលគេដាប់ធ្វើជាផ្នូរ។ បន្ទាប់មក លោកប្រមៀលថ្មមួយដុំបិទមាត់ផ្នូរ។ 47 នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីជាម្ដាយយ៉ូសេ នាំគ្នាមើលកន្លែងដែលគេបញ្ចុះព្រះសពព្រះអង្គ។
1 ពេលថ្ងៃសប្ប័ទកន្លងផុតទៅ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារីជាម្ដាយ លោកយ៉ាកុប និងនាងសាឡូមេ បានទិញគ្រឿងក្រអូប យកទៅអប់សពព្រះយេស៊ូ។ 2 ពេលថ្ងៃបានរះ នៅពេលព្រលឹម ក្នុងថ្ងៃទីមួយនៃអាទិត្យនោះ ពួកនាងក៏បានទៅឯផ្នូរ។ 3 ពួកស្រ្តីបាននិយាយគ្នាទៅវិញទៅមកថា៖ «តើបាននរណាជួយប្រមៀលថ្មចេញពីមាត់ផ្នូរឲ្យយើង?» 4 ពេលពួកនាងងើយមើលទៅ ក៏ឃើញថ្មត្រូវបានរមៀលចេញពីផ្លូវ ហើយថ្មនោះគឺវាធំណាស់។ 5 ពួកនាងបានចូលទៅក្នុងផ្នូរហើយឃើញ កម្លោះម្នាក់សម្លៀកបំពាក់ពណ៌ស អង្គុយនៅខាងស្តាំ ហើយពួកនាងភ័យស្រឡាំងកាំង។ 6 អ្នកកម្លោះនិយាយទៅពួកគេថា៖ «សូមកុំខ្លាចអី។ អ្នករាល់គ្នាមករកព្រះយេស៊ូ ជាអ្នកស្រុកណាសារ៉ែត ដែលត្រូវបានឆ្កាង។ ព្រះអង្គបានរស់ឡើងវិញហើយ! ព្រះអង្គមិននៅទីនេះទេ។ សូមមើលនេះជាកន្លែងដែលគេដាក់ព្រះសព របស់ព្រះអង្គ។ 7 ប៉ុន្តែសូមទៅ ប្រាប់ដល់ពួកសិស្ស ហើយនិងពេត្រុសថា ព្រះអង្គបានទៅស្រុកកាលីឡេមុនហើយ។ នៅទីនោះអ្នករាល់គ្នានឹងឃើញព្រះអង្គ ដូចដែលព្រះអង្គបានប្រាប់អ្នករួចហើយ»។ 8 ពួកស្រ្តីក៏នាំគ្នារត់ចេញពីផ្នួរ ទៅទាំងញ័ររន្ធត់ និងមានភាពងឿងឆ្ងល់។ ពួកគាត់មិនបាននិយាយប្រាប់អ្នកណាឡើយ ដោយព្រោះពួកគេភ័យខ្លាំង។ 9 ព្រឹកព្រលឹមនៅថ្ងៃទីមួយនៃអាទិត្រនោះ បន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើយវិញ ព្រះយេស៊ូបានបង្ហាញខ្លួនមុនគេឲ្យនាងម៉ារីជាអ្នកស្រុកម៉ាដាឡាឃើញ គឺអ្នកដែលព្រះអង្គបានដេញអារក្សប្រាំពីរចេញពីនាង។ 10 នាងបានចេញហើយប្រាប់អ្នកទាំងនោះដែលធ្លាប់នៅជាមួយព្រះអង្គ ក្នុងពេលពួកគេកំពុងតែកាន់ទុក្ខហើយយំសោកផង។ 11 ពួកគេបានឮថាព្រះអង្គមានព្រះជន្មរស់ ហើយនាងបានឃើញព្រះអង្គផ្ទាល់ផងដែរ ប៉ុន្តែពួកគេមិនបានជឿឡើយ។ 12 បន្ទាប់ពីការនោះ ព្រះយេស៊ូបង្ហាញឲ្យពួកគេពីរនាក់បានឃើញ តាមបែបមួយផ្សេងទៀត ក្នុងពេលពួកអ្នកទាំងពីរនោះធ្វើដំណើរទៅតាមស្រុកស្រែ។ 13 ពួកនាក់ទាំងពីរបានទៅប្រាប់ពួកសិស្សឯទៀត ប៉ុន្តែពួកសិស្សនៅមិនជឿពួកគេទេ។ 14 ក្រោយមកព្រះយេស៊ូបានបង្ហាញឲ្យពួកទាំងដប់មួយឃើញ នៅពេលពួកសិស្សកំពុងហូបនៅតុអាហារ ហើយព្រះអង្គបន្ទោសគេ ព្រោះគេគ្មានជំនឿ ហើយមានចិត្តរឹងរូស ដែលមិនជឿអស់អ្នកដែលបានឃើញព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ 15 ព្រះអង្គមានបន្ទូលទៅគេថា៖ «សូមចេញទៅក្នុងពិភពលោកទាំងមូល ហើយប្រកាសដំណឹងល្អ ដល់មនុស្សទាំងអស់ចុះ។ 16 អស់អ្នកដែលជឿហើយធ្វើពិធីជ្រមុចទឹកនឹងបានសង្គ្រោះ ហើយអ្នកណាមិនជឿវិញនឹងត្រូវជាប់ទោស។ 17 ទីសម្គាល់ទាំងនេះនឹងទៅតាមអស់អ្នកដែលជឿ ដោយឈ្មោះខ្ញុំពួកគេនឹងដេញអារក្ស។ ពួកគេនឹងនិយាយនៅក្នុងភាសាថ្មីដែរ។ 18 ពួកគេនឹងចាប់កាន់ពស់ជាមួយដៃរបស់គេដែរ និងបើគេផឹកអ្វីពុលក៏មិនធ្វើឲ្យពួកគេឈឺដែរ។ ពួកគេនឹងដាក់ដៃលើអ្នកឈឺនោះនឹងបានទទួលបានជាសះស្បើយ។ 19 បន្ទាប់ពីព្រះអម្ចាស់មានបន្ទូលទៅគេរួចហើយ ព្រះអង្គក៏បានលើកឡើងទៅស្ថានសួគ៌ ហើយគង់នៅខាងស្តាំព្រះហស្តនៃព្រះជាម្ចាស់។ 20 ពួកសិស្សបានក៏ចេញទៅប្រកាសគ្រប់ទីកន្លែង ព្រះអម្ចាស់ធ្វើការរួមជាមួយគេ ហើយបញ្ជាក់ព្រះបន្ទូលដោយទីសម្គាល់ដែលបានទៅជាមួយគេផងដែរ។