1 ទីក្រុងដែលធ្លាប់មាន មនុស្សច្រើនកុះករ ម្ដេចឥឡូវបែរជានៅឯកោ នាងដូចជាស្ត្រីមេម៉ាយទៅវិញ ជាក្រុងដ៏រុងរឿងក្នុងចំណោមប្រជាជាតិនានា ជាបុត្រីនៅកណ្ដាលខេត្តទាំងប៉ុន្មាន តែឥឡូវនេះ ត្រូវបានបង្ខំឲ្យទៅជាទាសករ។ 2 នាងយំឥតល្ហែនៅពេលយប់ ហើយទឹកភ្នែករហាមនៅលើថ្ពាល់ផង គ្មានមនុស្សដែលស្រឡាញ់នាងបានជួយដោះទុក្ខឡើយ ពួកមិត្តសម្លាញ់ទាំងអស់បានក្បត់នាងហើយ គេត្រឡប់ជាខ្មាំងសត្រូវវិញ។ 3 ដោយភាពក្រីក្រ និងការរងទុក្ខ ពួកយូដាបានទៅជាឈ្លើយ នាងអាស្រ័យនៅកណ្ដាលអស់ទាំងជនជាតិឥតបានសម្រាកទេ ពួកអ្នកបៀតបៀននាងបានតាមនាងទាន់ទាំងឃើញភាពអស់ សង្ឃឹមផង។ 4 ផ្លូវទៅកាន់ក្រុងស៊ីយ៉ូនយំទួញ ដ្បិតគ្មានអ្នកណាមកចូលរួមពិធីបុណ្យសោះ។ ទ្វារទីក្រុងទាំងប៉ុន្មាន នៅស្ងាត់ច្រៀប ហើយពួកសង្ឃក៏ថ្ងូរ ពួកក្រមុំៗមានទុក្ខក្រៀមក្រំ ហើយទីក្រុងទាំងមូលមានពេញដោយភាពជូរចត់។ 5 ពួកបច្ចាមិត្តរបស់នាងបានក្លាយជាម្ចាស់ និងពួកខ្មាំងសត្រូវមានសេចក្ដីចម្រើនឡើង។ ដ្បិតព្រះអម្ចាស់បានធ្វើទុក្ខនាង ដោយព្រោះអំពើរំលងដ៏ច្រើនរបស់នាង ពួកកូនចៅនាងត្រូវចាប់ទៅជាឈ្លើយ។ 6 សម្រស់នៃប្រជាជាតិក្រុងស៊ីយ៉ូន បានបាត់បង់ហើយ ពួកចៅហ្វាយរបស់នាងបានត្រឡប់ដូចជាប្រើស ដែលរកស្មៅមិនបាន ហើយពួកគេចេញទៅដោយល្វើយអស់កម្លាំង។ 7 ក្នុងថ្ងៃដែលរងទុក្ខវេទនា ហើយលំបាក ក្រុងយេរូសាឡិមនឹងនឹកចាំពីសេចក្ដីល្អទាំងប៉ុន្មាន ដែលធ្លាប់មានកាលពីដើម ក្នុងគ្រាដែលជនទាំងឡាយបានធ្លាក់ ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ ឥតមានអ្នកណាជួយសោះ នោះពួកខ្មាំងសត្រូវបានឃើញនាង ហើយបានចំអកឲ្យពីដំណើរដែលនាងបានជាប់គាំ។ 8 ក្រុងយេរូសាឡិមបានធ្វើបាបយ៉ាងធ្ងន់ ហេតុនោះបានជាត្រូវត្រឡប់ដូចជារបស់ស្មោកគ្រោក អស់អ្នកដែលធ្លាប់លើកមុខនាងឥឡូវគេមើលងាយវិញ ពីព្រោះគេបានឃើញកេរ្ដិ៍ខ្មាសនាង ហើយនាងកំពុងតែថ្ងូរ ហើយបែរថយក្រោយ 9 សេចក្ដីស្មោកគ្រោករបស់នាងនៅត្រង់ជាយសំពត់ នាងមិននឹកគិតពីអនាគតទេ នាងត្រូវធ្លាក់ចុះយ៉ាងយ៉ាប់យឺន ឥតមានអ្នកណានឹងជួយដោះទុក្ខឡើយ។ នាងស្រែកអំពាវនាវ «សូមទតមើល៍ សេចក្ដីវេទនារបស់ខ្ញុំម្ចាស់ចុះព្រះអម្ចាស់ ដែលខ្មាំងសត្រូវបានឈ្នះហើយ!»។ 10 ពួកខ្មាំងសត្រូវបានលូកដៃមកលើទ្រព្យសម្បតិ្តទាំងប៉ុន្មានដែលគាប់ចិត្ត នាងបានឃើញជនជាតិដទៃចូលទៅក្នុងទីបរិសុទ្ធរបស់នាង បើទោះជាទ្រង់បានផ្តាំទុកមិនឲ្យគេចូលទៅក្នុងជំនុំរបស់ព្រះអង្គឡើយ 11 ប្រជាជនទាំងអស់បានយំថ្ងូរ ដោយគេរកអាហារ ពួកគេបានឲ្យរបស់ដែលមានតំលៃទាំងប៉ុន្មាន ដើម្បីប្ដូរនឹងអាហារ សំរាប់រស់នៅវិញ។ មើល៍ សូមព្រះអម្ចាស់ពិចារណា ដ្បិតខ្ញុំម្ចាស់បានត្រឡប់ជាទាបថោកហើយ។ 12 អស់អ្នកដែលដើរកាត់តាមទីនេះ? សូមពិចារណាមើល បើមានសេចក្ដីទុក្ខព្រួយណា ដូចសេចក្ដីទុក្ខព្រួយរបស់ខ្ញុំនេះ ដែលព្រះអម្ចាស់បាននាំមកធ្វើទុក្ខដល់ខ្ញុំ នៅថ្ងៃនៃសេចក្ដីក្រោធដ៏សហ័សរបស់ទ្រង់។ 13 ទ្រង់បានចាត់ភ្លើងពីស្ថានដ៏ខ្ពស់ឲ្យចូលក្នុងឆ្អឹងខ្ញុំ ភ្លើងនោះក៏ឈ្នះផង ព្រះអង្គបានដាក់មងសម្រាប់ចាប់ជើងខ្ញុំ និងបង្វែរខ្ញុំឲ្យទៅថយក្រោយ ក៏ធ្វើឲ្យខ្ញុំនៅស្ងាត់ ហើយល្វើយកំលាំង 14 ឯនឹមនៃអំពើរំលងរបស់ខ្ញុំ នោះគឺព្រះហស្តរបស់ព្រះអង្គបានចងជាប់ហើយ ឯអំពើទាំងនោះបានជំពាក់ជាប់គ្នា មកពាក់លើករបស់ខ្ញុំ ព្រះអង្គបានឲ្យកម្លាំងខ្ញុំស្បើយទៅ ព្រះអម្ចាស់បានប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃគេ ដែលខ្ញុំពុំអាចនឹងទាស់ប្រឆាំងបានឡើយ។ 15 ព្រះអម្ចាស់បានកំចាត់មនុស្សខ្លាំងពូកែ ដែលនៅការពារខ្ញុំ។ ទ្រង់ហៅកងទ័ពឲ្យទាស់នឹងពួកកំលោះៗប្រឆាំងនិងខ្ញុំ ទាំងកំទេចភាពរឹងមាំរបស់មនុស្ស។ ព្រះអម្ចាស់បានកម្ទេចជនជាតិយូដាដូចជាជាន់ធុងទំពាំងបាយជូរ 16 ព្រោះហេតុការណ៍ទាំងនេះបានជាខ្ញុំយំ ទឹកភ្នែកខ្ញុំហូរសស្រាក់ ដោយព្រោះអ្នកកម្សាន្តចិត្ត ដែលគួរមកលំហើយជីវិតខ្ញុំនោះនៅឆ្ងាយណាស់។ កូនចៅខ្ញុំត្រូវចោលស្ងាត់ដោយព្រោះពួកខ្មាំងសត្រូវបានឈ្នះហើយ។ 17 ក្រុងស៊ីយ៉ូនលូកដៃទៅ តែគ្មានអ្នកណានឹងជួយដោះទុក្ខសោះ ព្រះអម្ចាស់បានបង្គាប់ពីដំណើរយ៉ាកុបថា ត្រូវឲ្យពួកអ្នកដែលនៅជុំវិញ ធ្វើជាខ្មាំងសត្រូវនឹងគាត់ ក្រុងយេរូសាឡិមនៅកណ្ដាលគេ ទុកដូចជារបស់ស្មោកគ្រោក។ 18 ព្រះអម្ចាស់ដ៏សុចរិត ដ្បិតខ្ញុំបានបះបោរនឹងបញ្ញត្តិព្រះអង្គ សូមស្តាប់ជនជាតិទាំងឡាយ ហើយពិចារណាមើលសេចក្ដីទុក្ខព្រួយរបស់ខ្ញុំ ពួកក្រមុំៗ និងពួកកំលោះៗរបស់ខ្ញុំ គេបានទៅជាឈ្លើយអស់ហើយ 19 ខ្ញុំបានហៅមិត្តសំឡាញ់ខ្ញុំ តែគេបានបញ្ឆោតខ្ញុំវិញ ពួកបូជាចារ្យ និងព្រឹទ្ឋាចារ្យរបស់ខ្ញុំ បានវិនាសទៅក្នុងទីក្រុង កំពុងដែលគេរកអាហារដើម្បីចិព្ជឹាមជីវិត។ 20 សូមទតមើលព្រះអម្ចាស់ ដ្បិតខ្ញុំម្ចាស់មានសេចក្ដីវេទនា ដួងចិត្តខ្ញុំខ្លោចផ្សាជាខ្លាំង ដ្បិតខ្ញុំម្ចាស់បានបះបោរនិងទ្រង់ ហើយនៅខាងក្រៅ ដាវបង្អត់បង់ ហើយនៅឯផ្ទះក៏មានដូចជាសេចក្ដីស្លាប់ដែរ។ 21 ពួកគេបានឮថា ខ្ញុំម្ចាស់ថ្ងូរ តែគ្មានអ្នកណានឹងជួយដោះទុក្ខខ្ញុំម្ចាស់ទេ។ ពួកខ្មាំងសត្រូវទាំងប៉ុន្មាន បានឮដំណឹងពីសេចក្ដីលំបាករបស់ខ្ញុំម្ចាស់ ហើយគេសប្បាយចិត្តដោយព្រោះព្រះអង្គបានធ្វើយ៉ាងនេះ ។ ព្រះអង្គនឹងឲ្យថ្ងៃដែលព្រះអង្គបានប្រកាសប្រាប់នោះ បានមកដល់ នោះគេនឹងបានដូចជាខ្ញុំម្ចាស់វិញ។ 22 សូមឲ្យគ្រប់ទាំងអំពើទុច្ចរិតរបស់គេ បានលេចមក នៅចំពោះព្រះអង្គ ហើយសូមព្រះអង្គធ្វើដល់គេ ដូចជាព្រះអង្គបានធ្វើដល់ខ្ញុំម្ចាស់ ដោយព្រោះអស់ទាំងអំពើរំលងរបស់ខ្ញុំម្ចាស់ដែរ ដ្បិតខ្ញុំម្ចាស់ថ្ងូរជាច្រើន ហើយចិត្តខ្ញុំម្ចាស់ក៏ល្វើយផង។
1 ព្រះអម្ចាស់គ្របបាំងជនជាតិនៃក្រុងស៊ីយ៉ូនដោយពពក ក្នុងកាលដែលព្រះអង្គខ្ញាល់។ ព្រះអង្គធ្វើឲ្យភាពថ្កុំថ្កើងរបស់អុីស្រាអែល ចុះពីស្ថានសួគ៌មកដល់ដី ។ ព្រះអង្គមិននឹកចាំពីកំណល់កល់ព្រះបាទរបស់ព្រះអង្គ នៅថ្ងៃដែលព្រះអង្គខ្ញាល់នោះទេ។ 2 ព្រះអម្ចាស់បានលេបទីលំនៅរបស់យ៉ាកុបបាត់អស់ ឥតមានប្រណីឡើយ ក្នុងគ្រាដែលទ្រង់មានកំហឹង ព្រះអង្គបានរំលំទីមាំមួនទាំងប៉ុន្មានរបស់កូនស្រីយូដា ព្រះអង្គបានពង្រាបទីទាំងនោះដល់ដី ទាំងបន្ទាបបន្ថោកទាំងនគរ និងពួកចៅហ្វាយផង។ 3 នៅពេលដែលព្រះអង្គខ្ញាល់ ព្រះអង្គបានកាត់ស្នែងរបស់អុីស្រាអែល ក៏ដកព្រះហស្តស្តាំចេញពីមុខខ្មាំងសត្រូវ ហើយបានបញ្ឆេះទឹកដីយ៉ាកុប ដូចជាភ្លើងឆាបឆេះគ្រប់ទិសទី។ 4 ដូចជាខ្មាំងសត្រូវយឹតធ្នូចំពោះយើង ដូចជាអ្នកតតាំង។ ក៏បានប្រហារជីវិតទាំងអស់ដែលគាប់ភ្នែក ឯនៅក្នុងត្រសាលនៃជនជាតិស៊ីយ៉ូន ព្រះអង្គបានចាក់សេចក្ដីក្រោធរបស់ព្រះអង្គ ចេញដូចជាភ្លើង។ 5 ព្រះអម្ចាស់ត្រឡប់ដូចជាខ្មាំងសត្រូវ ហើយបានលេបអុីស្រាអែលបាត់ទៅ ព្រះអង្គបានលេបអស់ទាំងដំណាក់របស់គេ ហើយបំផ្លាញទីមាំមួនទាំងប៉ុន្មាន ព្រមទាំងចម្រើនការសោកសៅ និងការយំទួញក្នុងប្រជាជាតិយូដាជាច្រើនឡើង។ 6 ព្រះអង្គបានកន្ត្រាក់យកព្រះពន្លារបស់ព្រះអង្គ ចេញដោយកម្លាំង ទុកដូចជាខ្ទមសួនច្បារ ក៏បានបំផ្លាញកន្លែងប្រជុំរបស់ព្រះអង្គចោល ព្រះអម្ចាស់ធ្វើឲ្យពួកក្រុងស៊ីយ៉ូនភ្លេចពិធីបុណ្យ និងថ្ងៃសប្ប័ទ ហើយក្នុងសេចក្ដីក្រោធរបស់ព្រះអង្គ នោះបានស្អប់ខ្ពើមដល់ស្តេច និងសង្ឃផង។ 7 ព្រះអម្ចាស់បានបោះបង់អាសនារបស់ព្រះអង្គចោលហើយ បានខ្ពើមឆ្អើមចំពោះទីបរិសុទ្ធរបស់ព្រះអង្គដែរ ព្រះអង្គបានប្រគល់កំផែងព្រះរាជវាំងទាំងប៉ុន្មានទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ គេបានស្រែកហ៊ោនៅក្នុងព្រះវិហារនៃព្រះអម្ចាស់ដូចនៅថ្ងៃបុណ្យធំមួយ។ 8 ព្រះអម្ចាស់បានសម្រេចនឹងបំផ្លាញកំផែងក្រុង នៃប្រជាជាតិស៊ីយ៉ូន ។ ក៏បានលាតខ្សែរង្វាស់ហើយ ឥតដកព្រះហស្តចេញពីការបំផ្លាញឡើយ ព្រះអង្គបានបណ្ដាលឲ្យទាំងរបង និងកំពែងបានសោកសង្រេង និងរោយរៀវជាមួយគ្នា ទាំងបោះចេញទៅ 9 ទ្វារទីក្រុងទាំងប៉ុន្មានបានស្រុតចុះក្នុងដី ព្រះអង្គបានបំបាក់រនុកផង។ស្តេច និងពួកចៅហ្វាយ គេនៅកណ្ដាលពួកជនជាតិដ៏ទៃទាំងប៉ុន្មាន ឃ្លាតផុតពីក្រឹត្យវិន័យ ទាំងពួកព្យាការីក៏លែងឃើញការជាក់ស្តែង ពីព្រះអម្ចាស់ទៀតដែរ។ 10 ពួកចាស់ទុំរបស់ប្រជាជនក្រុងស៊ីយ៉ូនអង្គុយផ្ទាល់ដី ទាំងស្ងៀមស្ងាត់។ ពួកគេបានបាចធូលីដីលើក្បាល ហើយស្លៀកបាវកាន់ទុក្ខ។ ស្រីក្រមុំនៃក្រុងយេរូសាឡិម ដើរឱនមុខទៅដីយ៉ាងអាម៉ាស់។ 11 ទឹកភ្នែករបស់ខ្ញុំហូររហាម ចិត្តខ្ញុំក៏ខ្លោចផ្សា ថ្លើមប្រមាត់ខ្ញុំក៏ខ្ទេចខ្ទាំ ហើយត្រូវស្រលុងចុះដល់ដីផង ដោយព្រោះកូនតូចនឹងកូនស្រីនៃជនជាតិខ្ញុំ ហើយដោយព្រោះ កូនតូចនឹងកូនដែលនៅបៅដោះវាសន្លប់ទៅនៅតាមផ្លូវទីក្រុង។ 12 ពួកគេសួរដល់ម្តាយថា«តើអង្ករ និងស្រាទំពាំងបាយជូរនៅឯណា?» វាក៏សន្លប់ទៅតាមផ្លូវនៃទីក្រុង ដូចជាមនុស្សរបួស វាដាច់ខ្យល់នៅលើទ្រូងម្តាយ។ 13 តើត្រូវឲ្យខ្ញុំនិយាយអ្វី ប្រជាជននៃក្រុងយេរូសាឡិម? តើឲ្យខ្ញុំធៀបអ្នកដូចជាអ្វី ដើម្បីនឹងកម្សាន្តចិត្តអ្នកបាន ប្រជាជននៃក្រុងស៊ីយ៉ូន? ដ្បិតការអន្តរាយធំដូចជាសមុទ្រ ហើយតើអ្នកណានឹងមើលឲ្យជាបាន? 14 ពួកព្យាការីបានឃើញការជាក់ស្តែងក្លែងក្លាយ ហើយផ្តេសផ្តាស គេមិនបានបើកឲ្យឃើញអំពើទុច្ចរិតឡើយ ពួកគេនៅតែជាឈ្លើយ គឺគេបានឃើញតែសេចក្ដីកំភូត និងសេចក្ដីដែលបណ្ដាលឲ្យត្រូវនិរទេសវិញប៉ុណ្ណោះ។ 15 អស់អ្នកណាដែលដើរហួសផ្លូវទៅ គេទះដៃឡកឡឺយឲ្យអ្នកវិញ គេធ្វើស៊ីសស៊ូស ហើយគ្រវីក្បាលដល់ប្រជាជនក្រុងយេរូសាឡិម ដោយពាក្យថា «តើទីក្រុងនេះឬ ដែលមនុស្សហៅថា«ជាទីស្អាតល្អបំផុត» ហើយជាទីរីករាយដល់ផែនដីទាំងមូលនោះ?» 16 ពួកខ្មាំងសត្រូវទាំងប៉ុន្មាន បានហាមាត់ធំដាក់អ្នក គេធ្វើស៊ីសស៊ូស ហើយសង្កៀតធ្មេញដោយពាក្យថា«យើងបានលេបវាបាត់ហើយ! ទាំងនេះជាអ្វីដែលយើងកំពុងរង់ចាំ! យើងនិងរស់នៅដើម្បីមើលវា!»។ 17 ព្រះអម្ចាស់បានសំរេចកិច្ចការដែលព្រះអង្គគ្រងនិងធ្វើ ព្រះអង្គបានសម្រេចតាមព្រះបន្ទូលរបស់ទ្រង់។ គឺព្រះអង្គបានរំលំ ឥតត្រាប្រណី ហើយបានធ្វើឲ្យខ្មាំងសត្រូវមានអំណរពីដំណើររបស់អ្នក ព្រះអង្គបានលើកតម្កើងស្នែងរបស់ខ្មាំងសត្រូវអ្នកវិញ។ 18 ចិត្តរបស់គេបានស្រែកអំពាវនាវរកព្រះអម្ចាស់ កំផែងនៃក្រុងស៊ីយ៉ូន! ចូរឲ្យមានទឹកភ្នែកហូរសស្រាក់ដូចជាទន្លេទាំងថ្ងៃទាំងយប់ចុះ កុំឲ្យឈប់សម្រាកឡើយ កុំឲ្យភ្នែកអ្នកឈប់ផ្អាកឲ្យសោះ។ 19 ចូរក្រោកឡើង ចូរបន្លឺ សំឡេងទាំងយប់ មុនពេលដែលមេឃភ្លឺឡើង! ចូរថ្លែងទុក្ខព្រួយថ្វាយព្រះអម្ចាស់ ដោយឥតលាក់លៀមអ្វីឡើយ។ ចូរលើកដៃឡើងអង្វរព្រះអង្គ សូមទ្រង់ប្រណីសន្ដោសជីវិតក្មេងៗ ដែលដេកដួលព្រោះអត់ឃ្លាន នៅគ្រប់ទាំងផ្លូវ»។ 20 សូមទតមើលព្រះអម្ចាស់ ទាំងពិចារណាមើលការទាំងនេះ តើត្រូវឲ្យពួកស្រីៗ ស៊ីកូនខ្លួន ដែលនៅក្នុងផ្ទៃម្តាយ គឺជាកូនដែលពួកគេបានថែរក្សារឺ? តើពួកបូជាចារ្យ និងពួកព្យាការីនឹងត្រូវគេសម្លាប់នៅក្នុងទីបរិសុទ្ធ នៃព្រះអម្ចាស់ឬ? 21 ទាំងពួកជំទង់ និងពួកចាស់ៗ សុទ្ធតែដេកនៅតាមផ្លូវ ឯពួកក្រមុំ និងពួកកំលោះៗរបស់ខ្ញុំម្ចាស់ គេបានដួលស្លាប់ដោយដាវ ព្រះអង្គបានប្រហារជីវិតគេ ទាំងកាប់សម្លាប់ឥតត្រាប្រណីដល់ពួកគេឡើយ។ 22 ព្រះអង្គបានហៅប្រមូល ដូចជានៅថ្ងៃបុណ្យ អំពើភេរវកម្មមាននៅជុំវិញខ្ញុំ ក្នុងថ្ងៃនៃសេចក្ដីខ្ញាល់របស់ទ្រង់ គ្មានអ្នកណារត់រួច ឬគេចផុតឡើយ ពួកកូនដែលខ្ញុំបានបីក្រសោបនៅដៃ ហើយបានបីបាច់ចិញ្ចឹមមកនោះខ្មាំងសត្រូវវាបានបំផ្លាញអស់ហើយ។
1 ខ្ញុំជាមនុស្សដែលបានឃើញសេចក្ដីវេទនា ដោយដំបងនៃសេចក្ដីក្រោធរបស់ព្រះអង្គ 2 ព្រះអង្គបាននាំខ្ញុំចេញទៅ ឲ្យដើរក្នុងសេចក្ដីងងឹត ជាជាងក្នុងពន្លឺ 3 ពិតប្រាកដណាស់ព្រះអង្គបានបែរព្រះហស្ត មកទាស់នឹងខ្ញុំម្តងហើយ ម្តងទៀត ឥតស្រាកស្រានឡើយ។ 4 ព្រះអង្គបានធ្វើឲ្យសាច់ និង ស្បែកខ្ញុំរោយរៀវទៅ ហើយបានបំបាក់ឆ្អឹងខ្ញុំផង។ 5 ព្រះអង្គបានសាងសង់របងឃុំឃាំងខ្ញុំ ហើយបានឡោមព័ទ្ធខ្ញុំដោយភាពជូរល្វីង និងការដែលនឿយលំបាក 6 ព្រះអង្គឲ្យខ្ញុំរស់នៅកន្លែងងងឹត ដូចពួកដែលបានស្លាប់ជាយូរមកហើយ។ 7 ព្រះអង្គបានធ្វើជព្ជាាំងព័ទ្ធជុំវិញខ្ញុំ មិនឲ្យចេញទៅក្រៅឡើយ ក៏ចាក់ច្រវ៉ាក់ចងខ្ញុំយ៉ាងធ្ងន់ 8 ទោះបើខ្ញុំខំស្រែកហៅរកជំនួយ ក៏ទ្រង់មិនព្រមទទួលសេចក្ដីអធិស្ឋានរបស់ខ្ញុំឡើយ។ 9 ព្រះអង្គបានបង្ខាំងផ្លូវរបស់ខ្ញុំដោយជពា្ជាំង ទាំងដាក់ថ្មរាំងផ្លូវ ហើយក៏បានពង្វាងផ្លូវខ្ញុំ។ 10 ព្រះអង្គប្រៀបដូចជាខ្លាឃ្មុំ ដែលលបសង្គ្រុប ហើយដូចជាសិង្ហពួនចាំប្រហារខ្ញុំ 11 ព្រះអង្គបានបង្វែរផ្លូវរបស់ខ្ញុំ ក៏ហែកខ្ញុំខ្ទេចខ្ទី ហើយឲ្យខ្ញុំនៅកណ្ដោចកណ្ដែង។ 12 ព្រះអង្គបានយឺតធ្នូ ហើយដាក់ខ្ញុំទុកជារង្វង់សម្រាប់បាញ់ព្រួញ។ 13 ព្រះអង្គទម្លុះក្រលៀនខ្ញុំ ជាមួយតួព្រួញពីបំពង់ 14 ខ្ញុំបានទៅជាទីសំណើច ដល់ជនជាតិទាំងឡាយរបស់ខ្ញុំ ហើយជាវត្ថុកំប្លែងរបស់គេជានិច្ចរាល់ថ្ងៃ។ 15 ព្រះអង្គបានចម្អែតខ្ញុំ ដោយសេចក្ដីជូរចត់ ព្រមទាំងបង្ខំខ្ញុំឲ្យផឹកស្លែងផង។ 16 ព្រះអង្គបានបំបាក់ធ្មេញខ្ញុំដោយក្រួស ហើយរុញខ្ញុំឲ្យធ្លាក់ដល់ដីផេះ 17 ព្រលឹងរបស់ខ្ញុំបានចេញឆ្ងាយពីសេចក្ដីសុខ ខ្ញុំបានភ្លេចអស់ទាំងសុភមង្គលជាអ្វីហើយ 18 ខ្ញុំក៏ពោលថា៖ «សេចក្តីអត់ធន់របស់ខ្ញុំបាត់អស់ហើយ សេចក្ដីសង្ឃឹមលើព្រះអម្ចាស់ក៏លែងមានដែរ»។ 19 សូមនឹកចាំពីទុក្ខលំបាក និងសេចក្ដីវេទនារបស់ខ្ញុំ ត្បិតផ្លែស្លែងនិងជូរល្វីងដ៏ម្ល៉េះ។ 20 ខ្ញុំបន្តចងចាំបាននៅឡើយថា ហើយក៏ឱនចុះនៅក្នុងខ្លួនខ្ញុំ។ 21 តែខ្ញុំនឹកចាំពីសេចក្ដីទាំងនេះ បានជាខ្ញុំមានសេចក្ដីសង្ឃឹម។ 22 គឺជាសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ មិនចេះចប់សេចក្ដីមេត្តាករុណារបស់ព្រះអង្គមិនចេះផុតឡើយ 23 សេចក្ដីទាំងនោះចេះតែថ្មីរៀងរាល់ព្រឹក សេចក្ដីស្មោះត្រង់របស់ព្រះអង្គធំណាស់។ 24 «ព្រះអម្ចាស់ជាមរតករបស់ខ្ញុំ» ខ្ញុំបានពោលថា ដូច្នេះហើយទើបខ្ញុំមានសង្ឃឹមដល់ទ្រង់។ 25 ព្រះអម្ចាស់ល្អដល់អស់អ្នកដែលរង់ចាំព្រះអង្គ គឺដល់អស់អ្នកណាដែលស្វែងរកព្រះអង្គ។ 26 វាជាការល្អ ដែលរង់ចាំសេចក្ដីសង្គ្រោះរបស់ព្រះអម្ចាស់ ។ 27 ជាការល្អដែលមនុស្សទទួលរងនឹម ក្នុងកាលដែលនៅវ័យក្មេងនៅឡើយ។ 28 ឲ្យគាត់អង្គុយតែឯង ហើយនៅស្ងៀម នៅពេលដែលទ្រង់ដែលដាក់លើគាត់។ 29 ចូរអោយគាត់ដាក់មាត់ចុះក្នុងធូលីដី ប្រហែលជាមានទីសង្ឃឹម។ 30 ចូរឲ្យថ្ពាល់គាត់ទៅឲ្យដល់អ្នកដែលចង់ទះគាត់ចុះ ហើយឲ្យគាត់ទ្រាំឲ្យបានពេញ ដោយសេចក្ដីត្មះតិះដៀល។ 31 ដ្បិតព្រះអម្ចាស់មិនបោះបង់ចោលជាដរាបទេ។ 32 ទោះបើទ្រង់ធ្វើទុក្ខក៏ដោយ គង់តែទ្រង់ នឹងអាណិតមេត្តាដោយសេចក្ដីស្រឡាញ់ដ៏បរិបូរណ៏ដែរ 33 ទ្រង់មិនមានព្រះហឫទ័យក្នុងការធ្វើទុក្ខ ឬឲ្យមនុស្សជាតិត្រូវវេទនានោះទេ។ 34 ពួកគេបានជិះជាន់ពួកអ្នកទោសនៅលើផែនដី 35 មនុស្សបានបដិសេដសេចក្ដីយុត្តិធម៌ពីវត្តមាននៅចំពោះព្រះដ៏ខ្ពស់បំផុត។ 36 ឬបំភាន់ភាពយុត្តធម៌ពីមនុស្ស នោះជាការដែលព្រះអម្ចាស់ មិនអនុញ្ញាតិឡើយ។ 37 តើនរណាអាចធ្វើឲ្យការនេះកើតឡើងបាន គឺទ្រង់ទេតើដែលអាចថ្លែងទំនាយ ហើយការនោះកើតឡើងបានជាពិត? 38 ចំពោះសេចក្តីសុខ រឺ ទុក្ខ តើមិនមែនចេញពីព្រះឧស្ឋ របស់ព្រះដ៏ខ្ពស់បំផុតមកទេឬ? 39 ហេតុដូច្នេះហើយកុំឲ្យមនុស្សរស់នៅបានត្អូញត្អែរឡើយ? ហេតុអីបានជាមនុស្សមានបាបបានត្អូញត្អែរពីការផ្តន្ទាទោសគេទៅវិញ? 40 ចូរយើងពិនិត្យពិច័យ ហើយល្បងលផ្លូវដែលយើងប្រព្រឹត្ត រួចបែរចិត្តទៅឯព្រះអម្ចាស់វិញចុះ។ 41 ចូរឲ្យយើងតម្រង់ចិត្ត ជាមួយដៃរបស់យើង ទៅឯព្រះអម្ចាស់ដែលគង់នៅស្ថានសួគ៌។ 42 យើងខ្ញុំបានប្រព្រឹត្តល្មើស ព្រមទាំងបះបោរ ហើយព្រះអង្គមិនបានអត់ទោសឲ្យទេ។ 43 ព្រះអង្គបានឃ្លុំអង្គទ្រង់ ដោយសេចក្ដីក្រោធ ទាំងដេញតាមយើងខ្ញុំ ព្រះអង្គបានប្រហារជីវិតឥតប្រណីសោះឡើយ។ 44 ព្រះអង្គបាំងអង្គទ្រង់ក្នុងពពក ដើម្បីមិនឲ្យសេចក្ដីអធិស្ឋានណាចូលទៅដល់បានឡើយ។ 45 ព្រះអង្គបានធ្វើឲ្យយើងខ្ញុំទៅជាកាកសំរាម និងទទួលការបដិសេដក្នុងចំណោមប្រជាជាតិ។ 46 ពួកខ្មាំងសត្រូវទាំងប៉ុន្មានបានដាក់បណ្តាសាយើងខ្ញុំ 47 សេចក្ដីបំផ្លាញ និងសេចក្ដីវិនាស បានមកដល់យើងខ្ញុំ គឺជាសេចក្ដីភ័យខ្លាចនិងការបំផ្លិចបំផ្លាញផង។ 48 ភ្នែករបស់ខ្ញុំបានយំឥតឈប់ ដោយព្រោះតែមហន្តរាយនៃជនជាតិខ្ញុំ។ 49 ទឹកភ្នែកខ្ញុំនឹងហូរសស្រាក់ ឥតឈប់ឈរ ឥតស្រាកឡើយ។ 50 ទាល់តែព្រះអម្ចាស់ព្រមទតមកពីស្ថានសួគ៌ដែរ។ 51 ភ្នែកខ្ញុំធ្វើឲ្យចិត្តខ្ញុំកើតទុក្ខ ដោយព្រោះតែជនជាតិនៃក្រុងរបស់ខ្ញុំ។ 52 គេដេញតាមខ្ញុំដូចតាមប្រមាញសត្វស្លាប អស់ពួកអ្នកដែលជាខ្មាំងសត្រូវនឹងខ្ញុំ ដោយឥតហេតុផលទេ។ 53 គេបានកាត់ជីវិតខ្ញុំចេញ ហើយបានទាំងបោះថ្មមកពីលើខ្ញុំផង 54 មានទឹកហូរមកលិចក្បាលខ្ញុំ នោះខ្ញុំបានថា «ខ្ញុំស្លាប់ហើយ»។ 55 ទូលបង្គំបានអំពាវនាវដល់ព្រះនាម របស់ព្រះអម្ចាស់ពីក្នុងទីជម្រៅនៃគុកងងឹត។ 56 ព្រះអង្គក៏ឮសំឡេងរបស់ទូលបង្គំ «សូមកុំគេចព្រះកាណ៌ព្រះអង្គចេញពីការថ្ងូរ និងសម្រែករបស់ទូលបង្គំឡើយ» 57 នៅថ្ងៃដែលទូលបង្គំបានអំពាវនាវដល់ព្រះអង្គ នោះព្រះអង្គបានយាងមកជិត ហើយមានព្រះបន្ទូលថា «កុំឲ្យខ្លាចឡើយ»។ 58 ព្រះអង្គបានកាន់ក្តីខាងទូលបង្គំ ហើយបានសង្គ្រោះជីវិតរបស់ទូលបង្គំផង។ 59 ព្រះអម្ចាស់បានទតឃើញកំហុសដែលគេបានធ្វើដល់ទូលបង្គំ សូមជំនុំជម្រះក្តីរបស់ទូលបង្គំចុះ។ 60 ព្រះអង្គបានឃើញការសងសឹកទាំងប៉ុន្មានរបស់គេ និងអស់ទាំងកិច្ចកល ដែលគេធ្វើដល់ទូលបង្គំដែរ។ 61 ព្រះអង្គបានឮពាក្យប្រមាថរបស់គេ និងអស់ទាំងកិច្ចកល ដែលគេគិតធ្វើដល់ទូលបង្គំហើយ។ 62 ក៏ឮពាក្យសម្ដីរបស់ពួកអ្នកលើកគ្នា ទាស់នឹងទូលបង្គំ ហើយជ្រាបការដែលគេគិត ទាស់នឹងទូលបង្គំជានិច្ចដែរ។ 63 សូមព្រះអង្គទតក្នុងកាលដែលគេអង្គុយចុះ ហើយក្រោកឡើងផង ពួកគេនាំគ្នាច្រៀងឡកឡឺយដាក់ទូលបង្គំហើយ។ 64 ព្រះអង្គនឹងសងដល់គេ ដ្បិតទ្រង់ជាព្រះអម្ចាស់ ឲ្យស្របតាមការដែលគេប្រព្រឹត្ត។ 65 ព្រះអង្គនឹងធ្វើឲ្យចិត្តគេអាម៉ាស់ សូមដាក់បណ្ដាសាដល់គេទៅ! 66 ព្រះអង្គនឹងដេញតាមគេ ដោយសេចក្ដីក្រោធ ហើយបំផ្លាញគេឲ្យសូន្យ ចេញពីក្រោមស្ថានរបស់ព្រះអម្ចាស់ទៅ។
1 ម្ដេចក៏មាសប្រែជាស្រអាប់ ហើយមាសសុទ្ធប្រែជាបាត់បង់រស្មី! ថ្មបរិសុទ្ឋទាំងប៉ុន្មាននៅរាយប៉ាយ គ្រប់ទីកន្លែង ទាំងនៅតាមផ្លូវ 2 កូនប្រុសនៃអុីស្រាអែលដ៏មានតម្លៃថ្លៃដូចជាមាស ប៉ុន្តែឥឡូវនេះពួកគេគ្មានតំលៃជាជាងក្អមដីឡើយ ដូចជាកិច្ចការរបស់ជាងស្មូនដូច្នេះ! 3 សូម្បីតែឆ្កែព្រៃ ក៏ចេះបំបៅដោះឲ្យកូនដែរ តែប្រជាជនខ្ញុំវិញ បែជាមានចិត្តខ្មៅ សាហាវ ដូចជាសត្វអូទ្រុស នៅទី រហោស្ថាន។ 4 អណ្ដាតរបស់កូនតូចៗ ស្រេកទឹកខះក ក្មេងៗនាំគ្នាយំទារកអាហារ តែគ្មានអ្នកណាឲ្យវាឡើយ។ 5 ពួកអ្នកដែលធ្លាប់មានអាហារថ្លៃៗបរិភោគ ឥឡូវបែរជាត្រូវដាច់ពោះនៅតាមផ្លូវ ពួកអ្នកដែលធ្លាប់ស្លៀកពាក់រុងរឿង ក៏បែរជាកាយសំរាមដើម្បីបរិភោគវិញ។ 6 ដ្បិតអំពើទុច្ចរិតរបស់ជនជាតិខ្ញុំធ្ងន់ជាង អំពើបាបរបស់ក្រុងសូដុមទៅទៀត ដែលត្រូវបានបំផ្លាញក្នុងមួយរំពេច ឥតមានដៃអ្នកណាមកជួយទាន់ឡើយ។ 7 ពួកអ្នកដឹកនាំជាមនុស្ស ដែលបរិសុទ្ធជាងហិមៈ សស្អាតជាងទឹកដោះគោ ខ្លួនរបស់គេក្រហមជាងត្បូងទទឹមទៅទៀត ក៏ភ្លឺដូចជាត្បូងកណ្តៀង។ 8 ឥឡូវនេះ រូបរាងរបស់គេខ្មៅជាងធ្យូង គ្មានអ្នកណាស្គាល់គេតាមផ្លូវទេ ស្បែកជាប់នឹងឆ្អឹង ស្វិតក្រៀមដូចជារំកាច់ឈើ។ 9 អស់អ្នកដែលស្លាប់ដោយមុខដាវ គឺរីករាយជាងពួកអ្នក ដែលស្លាប់ដោយស្រេកឃ្លាន ដែលវិនាសបន្តិចម្តងៗទៅ ដោយ ភាពខ្វះខាតស្បៀងអាហារ។ 10 មនុស្សស្រីដែលធ្លាប់មានចិត្តទន់សន្តោស បានស្ងោរកូនខ្លួនស៊ី ដោយដៃខ្លួនឯង កូនៗទាំងនោះជាអាហាររបស់គេ ក្នុងគ្រាដែលប្រជាជាតិខ្ញុំត្រូវបានបំផ្លាញ។ 11 ព្រះអម្ចាស់បង្ហាញសេចក្តីក្រោធយ៉ាងខ្លាំង ព្រះអង្គបានចាក់សេចក្ដីកំហឹងដ៏សហ័សរបស់ទ្រង់។ ព្រះអង្គបានបង្កាត់ភ្លើងដុតក្រុងស៊ីយ៉ូន ឲ្យឆេះរហូតដល់គ្រិះផង។ 12 ពួកស្តេចទាំងឡាយនៅផែនដី ព្រមទាំងមនុស្សដែលនៅក្នុងពិភពលោកនេះ គេមិនបានជឿថាពួកបច្ចាមិត្ត និងពួកខ្មាំងសត្រូវ រឺគូប្រជែង អាចចូលតាមទ្វារក្រុងយេរូសាឡិមបានទេ។ 13 ការនេះកើតឡើងដោយព្រោះតែអំពើបាបរបស់ពួកព្យាការី និងអំពើទុច្ចរិតរបស់ពួកបូជាចារ្យ ជាពួកអ្នកដែលបានកម្ចាយឈាម មនុស្សសុចរិតនៅក្នុងទីក្រុង។ 14 ពួកគេដើរតែលតោលនៅតាមផ្លូវដូចជាមនុស្សខ្វាក់ ពួកគេប្រឡាក់សុទ្ធតែឈាម បានជាគ្មានអ្នកណាហ៊ានពាល់សម្លៀកបំពាក់របស់គេឡើយ។ 15 «ចៀសចេញ! មនុស្សមិនស្អាត! មនុស្សទាំងឡាយស្រែកដាក់គេថា «ចៀស! ចូរចៀសឲ្យឆ្ងាយទៅ! កុំមកប៉ះពាល់អ្វីឡើយ!» គេរត់ទៅហើយដើរសាត់អណ្តែតប្រជាជាតិមួយ ទៅប្រជាជាតិមួយទៀត «តែគ្មានអ្នកណាឲ្យគេអាស្រ័យនៅឡើយ»។ 16 ព្រះអម្ចាស់បានរកវិធីកម្ចាត់កម្ចាយគេទៅ ព្រះអង្គមិនព្រមទតមើលគេទៀតទេ គ្មាននរណាគោរពប្រតិបត្តិដល់ពួកបូជាចារ្យ រឺក៏អាណិតដល់ពួកចាស់ទុំដែរ។ 17 ភ្នែករបស់យើងឡើងផ្សា ដោយទន្ទឹងរង់ចាំជំនួយ យើងឃ្លាំចាំមើល ហើយចាំមើលទៀត តែគ្មានប្រជាជាតិណាមួយមក ជួយសង្គ្រោះសោះ។ 18 គេដេញតាមយើងគ្រប់ជំហាន បានជាយើងរកចេញទៅផ្លូវមិនបាន។ ទីបញ្ចប់របស់យើងកាន់តែជិតមកដល់ កំណត់យើងក៏សម្រេច ដ្បិតចុងបំផុតរបស់យើងបានមកដល់ហើយ។ 19 ពួកអ្នកដែលដេញតាមយើង គេរហ័សជាងឥន្ទ្រីនៅលើអាកាសទៅទៀត គេបានដេញយើងឲ្យទៅលើភ្នំ ក៏លបចាំយើងនៅទីរហោស្ថាន។ 20 ខ្យល់ដង្ហើមដែលដកតាមរន្ធច្រមុះ គឺព្រះអម្ចាស់បានចាក់ប្រេងតាំង ព្រះអង្គត្រូវគេចាប់ចូលក្នុងអង្គប់ ហើយដែលយើងធ្លាប់ពោលថា «យើងខ្ញុំសូមជ្រកក្រោមម្លប់ដ៏ត្រជាក់របស់ព្រះអង្គ ក្នុងចំណោមពួកជនជាតិដទៃ»។ 21 ចូរមានចិត្តរីករាយ ហើយសប្បាយឡើង ប្រជាជាតិ អេដុម ដែលជាអ្នកអាស្រ័យនៅទឹកដីអ៊ូស ដ្បិតអ្នកត្រូវទទួលពែងនៃទុក្ខលំបាក ទាំងស្រវឹងហើយនៅខ្លួនអាក្រាតវិញ។ 22 ជនជាតិក្រុងស៊ីយ៉ូនអើយ ទោសនៃអំពើទុច្ចរិតរបស់អ្នកគ្រប់ចំនួនហើយ ព្រះអង្គនឹងមិនបន្តឲ្យអ្នកទៅជាឈ្លើយឡើយ តែគឺជាជនជាតិអេដុមវិញ ព្រះអង្គនឹងធ្វើទោសចំពោះអំពើទុច្ចរិតរបស់អ្នកវិញ ព្រះអង្គនឹងមិនគ្របបាំងអំពើបាបរបស់អ្នកឡើយ។
1 សូមនឹកចាំពីយើងខ្ញុំព្រះអម្ចាស់ អ្វីដែលកើតមានឡើងដល់យើងរាល់គ្នា ទាំងគេឃើញពីភាពអាម៉ាស់ 2 កេរ្ត៍អាកររបស់យើងក្លាយជារបស់អ្នកដ៏ទៃ ឯផ្ទះសំបែងរបស់យើងខ្ញុំ ក៏ក្លាយជារបស់ជនបរទេស។ 3 យើងក្លាយជាកូនកំព្រាឪពុកម្តាយ ហើយម្តាយយើងទៅជាមេម៉ាយវិញ។ 4 យើងត្រូវចំណាយប្រាក់ដើម្បីផឹកទឹករបស់ខ្លួន ហើយក៏ត្រូវចំណាយប្រាក់សំរាប់ទិញអុសរបស់ខ្លួនឯងដែរ។ 5 អស់ពួកដែលដេញតាមនោះនៅពីក្រោយខ្នងយើងខ្ញុំជានិច្ច យើងខ្ញុំពិតជាអស់កម្លាំង និងឥតមានពេលសម្រាកឡើយ។ 6 យើងបានដាក់ខ្លួនទៅសុំពួកជនជាតិអេស៊ីប និងពួកជនជាតិអាសស៊ើរ ដើម្បីឲ្យបានអាហារបរិភោគគ្រប់គ្រាន់។ 7 ដូនតារបស់យើងបានធ្វើបាប តែគាត់បានស្លាប់អស់ហើយ ដោយព្រោះកំហុសគាត់បានសាង យើងខ្ញុំត្រូវរងទ្រាំវិញ។ 8 ពួកអ្នកបម្រើបានធ្វើជាចៅហ្វាយលើយើងខ្ញុំ ឥតមានអ្នកណានឹងរំដោះយើងខ្ញុំ ឲ្យរួចពីកណ្ដាប់ដៃគេឡើយ។ 9 យើងខ្ញុំរកអាហារបានដោយប្រថុយជីវិត ចំពោះមុខដាវនៅទីរហោស្ថាន។ 10 ស្បែកយើងខ្ញុំក្តៅដូចជាជើងក្រាន ព្រោះតែការអត់ឃ្លាន។ 11 ពួកស្រ្តីត្រូវបានគេចាប់រំលោភនៅក្រុងស៊ីយ៉ូន និងពួកក្រមុំៗនៅតាមទីក្រុងក្នុងទឹកដីយូដា។ 12 ឯពួកចៅហ្វាយត្រូវបានគេចងដៃព្យួរ ហើយគ្មាននរណាគោរពចាស់ទុំទៀតទេ។ 13 ពួកយុវជនត្រូវបានបង្ខំឲ្យលីសែងត្បាល់កិន ហើយគេប្រើកូនក្មេងឲ្យលីឈើដ៏ធ្ងន់ រហូតដល់ជំពន់ដួល។ 14 លែងមានពួកព្រឹទ្ឋាចារ្យនៅទ្វារក្រុងទៀតហើយ រីឯពួកយុវជនក៏ឈប់លេងភ្លេងទៀតដែរ។ 15 អំណរបានចាកចេញបាត់ពីចិត្តខ្ញុំហើយ រីឯការលោតកញ្ឆេងរបស់យើងខ្ញុំ ក៏ត្រឡប់ទៅជាការសោយសោកវិញ។ 16 មកុដបានធ្លាក់ចុះពីក្បាលយើង វរហើយ ព្រោះខ្ញុំបានធ្វើបាប!។ 17 ហេតុនេះបានជាចិត្តខ្ញុំខ្លោចផ្សា ហើយភ្នែកយើងខ្ញុំក៏ត្រឡប់ទៅជាងងឹត ដោយព្រោះការទាំងនេះដែរ 18 ដ្បិតភ្នំស៊ីយ៉ូនត្រូវចោលស្ងាត់ មានតែឆ្កែចចកដើរប៉ុណ្ណោះ។ 19 ប៉ុន្តែព្រះអង្គ គឺជាព្រះអម្ចាស់ ដែលគង់នៅអស់កល្បជានិច្ច បល្ល័ង្ករបស់ព្រះអង្គស្ថិតស្ថេរ ពីតំណមនុស្សមួយ ទៅតំណមនុស្សមួយទៀត។ 20 ហេតុអ្វីបានជាព្រះអង្គភ្លេចយើងខ្ញុំរហូត? ហេតុអ្វីព្រះអង្គបោះបង់ចោលយើងយូរយ៉ាងនេះ? 21 សូមនាំយើងខ្ញុំឲ្យវិលមកវិញ ព្រះអម្ចាស់អើយ នោះយើងខ្ញុំនឹងបានស្តាឡើងវិញ សូមកែជីវិតរបស់យើង ដូចកាលពីដើម 22 ឬក៏ព្រះអង្គបានបោះបង់ចោលយើងខ្ញុំហើយ តើព្រះអង្គខ្ញាល់នឹងយើងខ្ញុំហួសកម្រិតបែបនេះរឺ។